សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
អែសរ៉ា

ពាក្យលំនាំ

អែសរ៉ា

ពាក្យ​លំនាំ

គម្ពីរ​អែសរ៉ា រៀប‌រាប់​ប្រវត្តិ​ជន​ជាតិ​អ៊ីស្រា‌អែល បន្ត​ពី​គម្ពីរ​របា‌ក្សត្រ​ទី​១ និង​ទី​២ ហើយ​ចង​ក្រង​ឡើង​ក្នុង​គោល​គំនិត​តែ​មួយ និង​ទស្សនៈ​តែ​មួយ​ដូច​គម្ពីរ​របា‌ក្សត្រ​ដែរ។
គម្ពីរ​នេះ​ចាប់​ផ្តើម​ដោយ​រៀប‌រាប់​អំពី​រាជា‌នុញ្ញាត​របស់​ព្រះ‌ចៅ​ស៊ីរូស ឲ្យ​ជន​ជាតិ​យូដា​វិល​ត្រឡប់​ទៅ​សង់​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ (ចំពូក ១)។ ពេល​នោះ ជន​ជាតិ​យូដា​ដែល​ជាប់​ជា​ឈ្លើយ​សឹក នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​វិញ (ចំពូក ២)។ សកម្ម‌ភាព​ដំបូង​បង្អស់​ដែល​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​ដំឡើង​អាសនៈ ហើយ​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ‌អម្ចាស់​ឡើង​វិញ (ចំពូក ៣)។ ប៉ុន្តែ ពួក​គេ​បាន​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​ពី​សំណាក់​បច្ចា‌មិត្ត​មួយ​ចំនួន ដែល​តម្រូវ​ឲ្យ​មាន​ទំនាក់‌ទំនង​តាម​សំបុត្រ​ជា​មួយ​រដ្ឋ‌បាល​ពែរ្ស រហូត​ទាល់​តែ​ជន​ជាតិ​យូដា​ទទួល​លិខិត​បញ្ជាក់​ពី​ព្រះ‌ចៅ​អធិ‌រាជ ក្នុង​ការ​សាង​សង់​នេះ (ចំពូក ៤‑៦)។
ប្រមាណ​មួយ​សតវត្ស​កន្លង​មក គឺ​ផ្នែក​ទី​ពីរ​នៃ​គម្ពីរ​នេះ មាន​រៀប‌រាប់​អំពី​លោក​បូជា‌ចារ្យ​អែសរ៉ា ទទួល​រាជា‌នុញ្ញាត​ពី​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ដើម្បី​រៀប‌ចំ​សកម្ម‌ភាព​ផ្នែក​ខាង​ជំនឿ​សាសនា នៅ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ។
ខ្លឹមសារ​នៃ​កណ្ឌ​គម្ពីរ​អែសរ៉ា​សង្កត់​ទៅ​លើ​ជំនឿ​មុត‌មាំ និង​ជីវិត​បរិសុទ្ធ ដែល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​ត្រូវ​តែ​ប្រកាន់​យក ហើយ​បង្ហាញ​អំពី​ទឹក​ចិត្ត​ក្លា‌ហាន និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​បូជា‌ចារ្យ​មួយ​រូប ដើម្បី​ណែ‌នាំ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មាន​ជំនឿ​ត្រឹម‌ត្រូវ​លើ​ព្រះ‌ជាម្ចាស់​ឡើង​វិញ។

មាតុ‌ភូមិ‌និវត្តន៍​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល

ព្រះ‌ចៅ​ស៊ីរូស​អនុញ្ញាត​ឲ្យ​សង់​ព្រះ‌វិហារ​ឡើង​វិញ
 ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស ព្រះ‌អម្ចាស់​បាន​ជំរុញ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ចៅ​ស៊ីរូស​ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​តាម‌រយៈ​លោក​យេរេមី មាន​សេចក្ដី​ដូច​ត​ទៅ៖
 «ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែន‌ដី​មក​ឲ្យ​យើង​គ្រប់‌គ្រង។ ព្រះ‌អង្គ​បញ្ជា​ឲ្យ​យើង​សង់​ព្រះ‌ដំណាក់​មួយ នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះ‌អង្គ។  ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ សូម​ឲ្យ​អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ សូម​ឲ្យ​ព្រះ​របស់​គេ​គង់​នៅ​ជា​មួយ​គេ។  ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ទោះ​បី​រស់​នៅ​ទី​ណា​ក៏​ដោយ ប្រជាជន​នៅ​ទី​នោះ​ត្រូវ​តែ​ផ្តល់​វិភាគ‌ទាន​ដល់​ពួក​គេ ជា​ប្រាក់ មាស ទ្រព្យ‌សម្បត្តិ និង​សត្វ ព្រម​ទាំង​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ផង»។
 ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀប‌ចំ​ខ្លួន​ទៅ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។  អ្នក​ជិត​ខាង​របស់​ពួក​គេ​យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ‌សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​តង្វាយ​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។
 គ្រឿង​បរិក្ខារ​ផ្សេងៗ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ​រឹប​អូស​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន​នោះ ព្រះ‌ចៅ​ស៊ីរូស​ប្រគល់​មក​វិញ។  ព្រះ‌ចៅ​ស៊ីរូស​បញ្ជា​ឲ្យ​លោក​មីត្រេ‌ដាត ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ‌ទ្រព្យ យក​របស់​ទាំង​នោះ​ប្រគល់​ជូន​លោក​សេស‌បាសា ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា។  គ្រឿង​បរិក្ខារ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ចាន​មាស​ចំនួន​សាម‌សិប ចាន​ប្រាក់​ចំនួន​មួយ​ពាន់ កាំបិត​ចំនួន​ម្ភៃ​ប្រាំ​បួន ១០ ពែង​មាស​ចំនួន​សាម‌សិប ពែង​ប្រាក់​គុណ‌ភាព​លេខ​ពីរ​ចំនួន​បួន‌រយ​ដប់ និង​វត្ថុ​ផ្សេងៗ​ទៀត​ចំនួន​មួយ​ពាន់។ ១១ សរុប​ទាំង​អស់ វត្ថុ​ធ្វើ​ពី​មាស និង​ប្រាក់ មាន​ចំនួន​ប្រាំ‌ពាន់​បួន‌រយ។ លោក​សេស‌បាសា​បាន​នាំ​វត្ថុ​ទាំង​នោះ​ទៅ​ជា​មួយ នៅ​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​ជាប់​ជា​ឈ្លើយ ចាក‌ចេញ​ពី​ក្រុង​បាប៊ីឡូន វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។
ចំនួន​ប្រជាជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ
(នេហេមី ៧.៦-៧២)
ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។  អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បា‌បិល លោក​យ៉ូស៊ូអា លោក​នេហេមី លោក​សេរ៉ាយ៉ា លោក​រេឡាយ៉ា លោក​ម៉ាដេកាយ លោក​ប៊ីលសន លោក​មីសប៉ារ លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:
 កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២១៧២​នាក់
 កូន​ចៅ​របស់​លោក​សេផា‌ទីយ៉ា​មាន ៣៧២​នាក់
 កូន​ចៅ​របស់​លោក​អរ៉ាមាន ៧៧៥​នាក់
 កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យ៉ូស៊ូអា និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន ២៨១២​នាក់
 កូន​ចៅ​របស់​លោក​អេឡាំ​មាន ១២៥៤​នាក់
 កូន​ចៅ​របស់​លោក​សាធូ​មាន ៩៤៥​នាក់
 កូន​ចៅ​របស់​លោក​សូកៃ​មាន ៧៦០ នាក់
១០ កូន​ចៅ​របស់​លោក​បានី​មាន ៦៤២​នាក់
១១ កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៣​នាក់
១២ កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ១២២២​នាក់
១៣ កូន​ចៅ​របស់​លោក​អដូ‌នី‌កាំ​មាន ៦៦៦​នាក់
១៤ កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ាយ​មាន ២ ០៥៦​នាក់
១៥ កូន​ចៅ​របស់​លោក​អឌីន​មាន ៤៥៤​នាក់
១៦ កូន​ចៅ​របស់​លោក​អធែរ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យេហ៊ីស‌គីយ៉ា​មាន ៩៨​នាក់
១៧ កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៣ នាក់
១៨ កូន​ចៅ​របស់​លោក​យ៉ូរ៉ា​មាន ១១២​នាក់
១៩ កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ២២៣ នាក់
២០ កូន​ចៅ​របស់​លោក​គីបបារ​មាន ៩៥​នាក់
២១ អ្នក​ភូមិ​បេថ្លេ‌ហិម​មាន ១២៣​នាក់
២២ អ្នក​ភូមិ​នេតូផា​មាន ៥៦​នាក់
២៣ អ្នក​ភូមិ​អាណា‌តូត​មាន ១២៨​នាក់
២៤ អ្នក​ភូមិ​អាសម៉ា‌វិត​មាន ៤២​នាក់
២៥ អ្នក​ក្រុង​គៀរីយ៉ាត-‌អារីម កេភីរ៉ា និង​បេរ៉ូត​មាន ៧៤៣​នាក់
២៦ អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់
២៧ អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់
២៨ អ្នក​ក្រុង​បេត‌អែល និង​អៃ​មាន ២២៣​នាក់
២៩ អ្នក​ភូមិ​ណាបូ​មាន ៥២​នាក់
៣០ កូន​ចៅ​របស់​លោក​ម៉ាក‌ប៊ីស​មាន ១៥៦​នាក់
៣១ កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត​មាន ១២៥៤​នាក់
៣២ កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់
៣៣ អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ​មាន ៧២៥​នាក់
៣៤ អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់
៣៥ អ្នក​ក្រុង​សេណា​មាន ៣៦៣០​នាក់
៣៦ ក្រុម​បូជា‌ចារ្យ ជា​កូន​ចៅ​លោក​យេដាយ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យ៉ូស៊ូអា​មាន ៩៧៣​នាក់
៣៧ កូន​ចៅ​របស់​លោក​អ៊ីមែរ​មាន ១ ០៥២​នាក់
៣៨ កូន​ចៅ​របស់​លោក​ប៉ាសួរ​មាន ១២៤៧​នាក់
៣៩ កូន​ចៅ​របស់​លោក​ហារីម​មាន ១ ០១៧​នាក់។
៤០ ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យ៉ូស៊ូអា កូន​ចៅ​របស់​លោក​កាដ‌មី‌អែល និង​កូន​ចៅ​របស់​លោក​ហូដា‌វីយ៉ា​មាន ៧៤​នាក់
៤១ ក្រុម​ចម្រៀង​ជា​កូន​ចៅ​របស់​លោក​អសាភ​មាន ១២៨​នាក់
៤២ ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សាលូម កូន​ចៅ​របស់​លោក​អធែរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អាក‌គូប កូន​ចៅ​របស់​លោក​ហាធីថា និង​កូន​ចៅ​របស់​លោក​សូបាយ​មាន ១៣៩​នាក់
៤៣ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូផា កូន​ចៅ​របស់​លោក​ថាបូត ៤៤ កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ាហា កូន​ចៅ​របស់​លោក​ប៉ាដូន ៤៥ កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកាបា កូន​ចៅ​របស់​លោក​អាក‌គូប ៤៦ កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាមឡៃ កូន​ចៅ​របស់​លោក​ហាណន ៤៧ កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហា កូន​ចៅ​របស់​លោក​រេយ៉ា ៤៨ កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូដា កូន​ចៅ​របស់​លោក​កាសាម ៤៩ កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ប៉ាសេអា កូន​ចៅ​របស់​លោក​បេសាយ ៥០ កូន​ចៅ​របស់​លោក​អស្នា កូន​ចៅ​របស់​លោក​មេអ៊ូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម ៥១ កូន​ចៅ​របស់​លោក​បាគ‌ប៊ូគ កូន​ចៅ​របស់​លោក​ហាគូបា កូន​ចៅ​របស់​លោក​ហាហួរ ៥២ កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ីដា កូន​ចៅ​របស់​លោក​ហារសា ៥៣ កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ីសេរ៉ា កូន​ចៅ​របស់​លោក​ថាម៉ា ៥៤ កូន​ចៅ​របស់​លោក​នេស៊ីយ៉ា កូន​ចៅ​របស់​លោក​ហាធីផា ៥៥ កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេរេត កូន​ចៅ​របស់​លោក​ពេរូដា ៥៦ កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារកុន កូន​ចៅ​របស់​លោក​គីដិល ៥៧ កូន​ចៅ​របស់​លោក​សេផា‌ទីយ៉ា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ប៉ូកេ‌រិត-ហា‌សេ‌បា‌អ៊ីម និង​កូន​ចៅ​របស់​លោក​អមី។ ៥៨ សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។
៥៩ រីឯ​អស់​អ្នក​ដែល​មក​ពី​តេល-‌មេឡា តេល-‌ហារ‌សា កេរូប-អាដូន និង​អ៊ីមែរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូន‌តា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ ៦០ កូន​ចៅ​របស់​លោក​ដេឡាយ៉ា កូន​ចៅ​របស់​លោក​តូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូដា ដែល​មាន​ចំនួន ៦៥២​នាក់។
៦១ ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ មាន​កូន​ចៅ​របស់​លោក​ហូបាយ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ី‌ឡាយ ដែល​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។ ៦២ អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ* ដែល​ពុំ​អាច​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​ឡើយ។ ៦៣ លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក‌សួរ​អ៊ូរីម និង​ទូមីម*​ជា​មុន​សិន។
៦៤ សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២៣៦០​នាក់ ៦៥ ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន ៧៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២០០ នាក់។ ៦៦ មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល ៦៧ អូដ្ឋ ៤៣៥​ក្បាល និង​លា ៦៧២០​ក្បាល។
៦៨ ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។ ៦៩ ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ‌ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ‌ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ‌រយ​សាម‌សិប​សម្រាប់។ ៧០ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជាជន ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។
ការ​សង់​អាសនៈ​ឡើង​វិញ
 លុះ​ដល់​ខែ​ទី​ប្រាំ​ពីរ ជន​ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។  លោក​យ៉ូស៊ូអា ជា​កូន​របស់​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​លោក​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បា‌បិល ជា​កូន​របស់​លោក​សាល‌ធាល និង​បង‌ប្អូន​របស់​លោក នាំ​គ្នា​សង់​អាសនៈ​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដូច​មាន​ចែង​ទុក​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។  ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ‌ខ្លាច​ចំពោះ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក ទាំង​ល្ងាច។  បន្ទាប់​មក ជន​ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​រៀង‌រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ។  ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍ តង្វាយ​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់។  ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ​ពីរ ពួក​គេ​ចាប់​ផ្តើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ ទោះ‌បី​គ្រឹះ​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។
 ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្តល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ាផា យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស។  នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ លោក​សូរ៉ូ‌បា‌បិល ជា​កូន​របស់​លោក​សាល‌ធាល លោក​យ៉ូស៊ូអា ជា​កូន​លោក​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ​ជា​បង‌ប្អូន​របស់​លោក ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្តើម​សង់​ព្រះ‌ដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។  លោក​យ៉ូស៊ូអា និង​កូន ព្រម​ទាំង​បង‌ប្អូន​របស់​លោក គឺ​មាន​លោក​កាដ‌មី‌អែល និង​កូន​របស់​លោក ដែល​មក​ពី​អំបូរ​ហូដា‌វីយ៉ា កូន​ចៅ​របស់​លោក​ហេណា‌ដាដ ព្រម​ទាំង​កូន និង​ក្រុម​លេវី​ឯ​ទៀតៗ​ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​អស់​អ្នក​ដែល​សាង​សង់​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់។
១០ នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ គេ​សុំ​ឲ្យ​អស់​លោក​បូជា‌ចារ្យ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​បង្គាប់​ទុក។ ១១ ពួក​គេ​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​លើក​តម្កើង និង​អរ‌ព្រះ‌គុណ​ព្រះ‌អម្ចាស់ថា៖
«ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល
ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប‌ជានិច្ច!»។
ប្រជាជន​ទាំង​មូល​ក៏​ស្រែក​ជយ‌ឃោស សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់១២ មាន​បូជា‌ចារ្យ​ជា​ច្រើន ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ព្រះ‌ដំណាក់​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។ ១៣ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជាជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជាជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។
ការ​ប្រឆាំង​នឹង​ការ​សាង​សង់​ព្រះ‌វិហារ​ឡើង​វិញ
ពេល​បច្ចា‌មិត្ត​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ នាំ​គ្នា​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល  នោះ​ពួក​គេ​នាំ​គ្នា​មក​ជួប​លោក​សូរ៉ូ‌បា‌បិល និង​អស់​លោក​ជា​មេ​ក្រុម​គ្រួសារ ហើយ​ជម្រាប​ថា៖ «ពួក​យើង​ចង់​សាង​សង់​ជា​មួយ​អស់​លោក ដ្បិត​ពួក​យើង​ក៏​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​អស់​លោក ដូច​ជា​អស់​លោក​ដែរ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អង្គ តាំង​ពី​ជំនាន់​ដែល​ព្រះ‌ចៅ​អេសារ-‌ហាដូន ជា​ស្តេច​ស្រុក​អាស្ស៊ីរី នាំ​ពួក​យើង​មក​ទី​នេះ»។
 ប៉ុន្តែ លោក​សូរ៉ូ‌បា‌បិល លោក​យ៉ូស៊ូអា និង​អស់​លោក​ឯ​ទៀតៗ ជា​មេ​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ត្រូវ​ចូល​រួម​ជា​មួយ​ពួក​យើង ក្នុង​ការ​សាង​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ​របស់​ពួក​យើង​ទេ មាន​តែ​ពួក​យើង​ប៉ុណ្ណោះ​ដែល​ត្រូវ​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដូច​ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស បាន​បញ្ជា​ដល់​ពួក​យើង»។
 ពេល​នោះ អ្នក​ស្រុក​នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជាជន​យូដា​បាក់​ទឹក​ចិត្ត ព្រម​ទាំង​បំភ័យ​ពួក​គេ​មិន​ឲ្យ​សាង​សង់​ទៀត។  អ្នក​ស្រុក​ទាំង​នោះ​បាន​សូក‌ប៉ាន់​ពួក​ទី​ប្រឹក្សា​របស់​ស្តេច ឲ្យ​រា‌រាំង​គម្រោង​ការ​របស់​ជន​ជាតិ​យូដា តាំង​ពី​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស រហូត​ដល់​រជ្ជ‌កាល​ព្រះ‌ចៅ​ដារី‌យូស ជា​ស្តេច​ស្រុក​ពែរ្ស។
 នៅ​ដើម​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ែរ‌សេស អ្នក​ស្រុក​នោះ​បាន​ផ្ញើ​សារ​មួយ​ថ្វាយ​ស្តេច ដើម្បី​ចោទ​ប្រកាន់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។
 នៅ​រជ្ជ‌កាល​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ជា​ស្តេច​ស្រុក​ពែរ្ស លោក​ប៊ីសឡាំ លោក​មីត្រេ‌ដាត លោក​តាបេ‌អែល និង​បក្ស‌ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ជា​ស្តេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។
 លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស​ស្តី​អំពី​ក្រុង​យេរូ‌សាឡឹម។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖
«ទូល‌បង្គំ​យើង​ខ្ញុំ រេហ៊ូម ជា​ទេសា‌ភិបាល និង​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហ‌ការី​គ្រប់​រូប​នៃ​តំបន់​ឌីន អាផា‌សាតាក់ តារប៉ែល អាផា‌រ៉ាស អេរិក បាប៊ីឡូន ស៊ូសា ដេហា អេឡាំ ១០ និង​ប្រជាជន​ឯ​ទៀតៗ​ដែល​ព្រះ‌បាទ​អាស្នាប៉ា ជា​ស្តេច​ដ៏​ប្រសើរ​ឧត្ដម​បាន​កៀរ​ឲ្យ​មក​រស់​នៅ​ក្នុង​ក្រុង​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។»
១១ សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ថ្វាយ​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស មាន​ដូច​ត​ទៅ៖ «ទូល‌បង្គំ​យើង​ខ្ញុំ​ជា​ប្រជាជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។
១២ សូម​ព្រះ‌ករុណា​ជ្រាប​ថា ជន​ជាតិ​យូដា​ដែល​ត្រឡប់​ពី​នគរ​របស់​ព្រះ‌ករុណា មក​ដល់​ក្រុង​យេរូ‌សាឡឹម ក្នុង​ចំណោម​យើង​ខ្ញុំ កំពុង​តែ​នាំ​គ្នា​សង់​ក្រុង​អាក្រក់ និង​បះ‌បោរ​នេះ​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​កំពែង​ក្រុង ព្រម​ទាំង​កំពុង​ចាក់​គ្រឹះ​ទៀត​ផង។ ១៣ សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង ពួក​គេ​មុខ​ជា​ឈប់​បង់​ពន្ធដារ សួយ‌សារ‌អាករ និង​ពន្ធ​ផ្លូវ ធ្វើ​ឲ្យ​ព្រះ‌ករុណា​ខាត​បង់​រាជ‌ទ្រព្យ​មិន​ខាន។ ១៤ ដោយ​យើង​ខ្ញុំ​ជ្រក​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ ទុក​ឲ្យ​គេ​បង្អាប់​កិត្តិ‌យស​របស់​ព្រះ‌ករុណា​ឡើយ ដូច្នេះ ទើប​យើង​ខ្ញុំ​ផ្ញើ​ដំណឹង​ទាំង​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។ ១៥ សូម​ព្រះ‌ករុណា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ ដែល​អយ្យកោ​របស់​ព្រះ‌ករុណា​ចង​ក្រង​ទុក នោះ​ព្រះ‌រាជា​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែង‌តែ​បះ‌បោរ​ជា‌និច្ច ព្រម​ទាំង​បង្ក​ឲ្យ​មាន​វិបត្តិ​ដល់​ព្រះ‌មហា​ក្សត្រ និង​ទេសា‌ភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក ប្រជាជន​នៅ​ក្រុង​នេះ​តែង‌តែ​បង្ក​ឲ្យ​មាន​ចលនា​បះ‌បោរ​ជា‌និច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​អស់។ ១៦ ទូល‌បង្គំ​យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង នោះ​ព្រះ‌ករុណា​នឹង​បាត់‌បង់​ទឹក​ដី នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ជា​មិន​ខាន»។
ចម្លើយ​របស់​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស
១៧ ព្រះ‌រាជា​ផ្ញើ​សារ​តប​វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហ‌ការី​គ្រប់​រូប​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត សូម​ជ្រាប។
១៨ សារ​ដែល​អស់​លោក​ផ្ញើ​មក​យើង​នោះ គេ​បាន​បក​ប្រែ និង​អាន​ឲ្យ​យើង​ស្ដាប់​សព្វ​គ្រប់​ហើយ។ ១៩ យើង​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូ‌សាឡឹម​តែង‌តែ​បង្ក​ចលនា​បះ‌បោរ និង​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ស្តេច​ជា‌និច្ច។ ២០ កាល​ពី​ដើម នៅ​ក្រុង​យេរូ‌សាឡឹម​នេះ មាន​ស្តេច​ខ្លាំង​ពូកែ គ្រប់‌គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយ‌សារ‌អាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។ ២១ ឥឡូវ​នេះ ចូរ​អស់​លោក​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​កិច្ច‌ការ​របស់​ខ្លួន​ទៅ។ ដរាប​ណា​គ្មាន​បញ្ជា​ពី​យើង​ទេ គេ​មិន​ត្រូវ​សង់​ក្រុង​នោះ​ឡើង​វិញ​ជា​ដាច់​ខាត។ ២២ សូម​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច‌ការ​នេះ​ឲ្យ​បាន​ដិត​ដល់ ក្រែង​លោ​ផល​អាក្រក់​កាន់​តែ​រីក​ធំ​ឡើង នាំ​ឲ្យ​ខាត​បង់​រាជ‌ទ្រព្យ»។
២៣ កាល​គេ​អាន​រាជ‌សារ​របស់​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស​ឲ្យ​លោក​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហ‌ការី​គ្រប់​រូប ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​ជន​ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។
ជន​ជាតិ​យូដា​នាំ​គ្នា​សង់​ព្រះ‌វិហារ​ជា​បន្ត​ទៀត
២៤ ជន​ជាតិ​យូដា​ផ្អាក​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ដារី‌យូស ជា​ស្តេច​ស្រុក​ពែរ្ស។
ព្យាការី​ហាកាយ និង​ព្យាការី​សាការី ជា​កូន​របស់​លោក​អ៊ីដូ បាន​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ទៅ​ថ្លែង​ប្រាប់​ជន​ជាតិ​យូដា​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ស្រុក​យូដា។  គ្រា​នោះ លោក​សូរ៉ូ‌បា‌បិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​យ៉ូសា‌ដាក ក៏​នាំ​គ្នា​ងើប​ឡើង សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ ដោយ​មាន​ព្យាការី​របស់​ព្រះ‌ជាម្ចាស់​ជួយ​គាំ‌ទ្រ​ផង។
 គ្រា​ដដែល​នោះ លោក​ថាត‌ណាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូស‌ណាយ ព្រម​ទាំង​សហ‌ការី នាំ​គ្នា​មក​ជួប​ជន​ជាតិ​យូដា ហើយ​សួរ​ថា៖ «តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ។  ចូរ​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​សង់​នេះ​ឲ្យ​យើង​មក!»។  ប៉ុន្តែ ព្រះ‌ជាម្ចាស់​តាម​ការ‌ពារ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន​ជាតិ​យូដា។ ក្នុង​ពេល​ដែល​គេ​បញ្ជូន​សំណុំ​រឿង​ថ្វាយ​ព្រះ‌ចៅ​ដារី‌យូស ហើយ​រង់‌ចាំ​ចម្លើយ​វិញ​នោះ គេ​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ។
 សារ​ដែល​លោក​ថាត‌ណាយ ជា​ទេសា‌ភិបាល និង​លោក​សេថា-‌បូស‌ណាយ ព្រម​ទាំង​ពួក​រាជការ ជា​សហ‌ការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត ផ្ញើ​ថ្វាយ​ព្រះ‌ចៅ​ដារី‌យូស  មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ថ្វាយ​ចំពោះ​ព្រះ‌ចៅ​ដារី‌យូស សូម​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន!
 សូម​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ស្រុក​យូដា ហើយ​ទៅ​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ​ដ៏​ប្រសើរ​ឧត្ដម។ ពួក​គេ​យក​ថ្ម​ធំៗ​មក​សង់​ព្រះ‌ដំណាក់ និង​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង ធ្វើ​ជា​ធ្នឹម។ គេ​ធ្វើ​កិច្ច‌ការ​នេះ​យ៉ាង​ម៉ត់‌ចត់ ហើយ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។
យើង​ខ្ញុំ​បាន​សួរ​ពួក​ព្រឹទ្ធា‌ចារ្យ​ថា “តើ​នរណា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួស‌ជុល​ជញ្ជាំង​ឡើង​វិញ?”។ ១០ យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​ពួក​គេ​ដែរ ដើម្បី​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ដឹក​នាំ​កិច្ច‌ការ​នោះ យក​មក​ថ្វាយ​ព្រះ‌ករុណា។ ១១ ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ* និង​ផែន‌ដី ពួក​យើង​សង់​ព្រះ‌ដំណាក់​នេះ​ឡើង​វិញ គឺ​ព្រះ‌ដំណាក់​ដែល​ស្តេច​មួយ​អង្គ​ដ៏​ប្រសើរ​ឧត្ដម នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​សង់​តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។ ១២ ប៉ុន្តែ ដូន‌តា​របស់​ពួក​យើង បាន​ធ្វើ​ឲ្យ​ព្រះ​នៃ​ស្ថាន​បរម‌សុខ​ព្រះ‌អង្គ​ព្រះ‌ពិរោធ ហើយ​ព្រះ‌អង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ជន​ជាតិ​ខាល់ដេ និង​ជា​ស្តេច​ស្រុក​បាប៊ីឡូន។ ព្រះ‌ចៅ​នេប៊ូ‌កានេសារ បាន​បំផ្លាញ​ព្រះ‌ដំណាក់​នេះ ហើយ​កៀរ​ប្រជាជន​ទៅ​ស្រុក​បាប៊ីឡូន។ ១៣ ប៉ុន្តែ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​ស្រុក​បាប៊ីឡូន ស្តេច​បាន​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ។ ១៤ កាល​ពី​មុន​ព្រះ‌ចៅ​នេប៊ូ‌កានេសារ បាន​រឹប​អូស​យក​គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​ពី​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ក្រុង​បាប៊ីឡូន។ ក្រោយ​មក ព្រះ‌ចៅ​ស៊ីរូស​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ ចេញ​ពី​វិហារ​នៅ​ក្រុង​បាប៊ីឡូន ប្រគល់​ឲ្យ​លោក​សេស‌បាសា ដែល​ស្តេច​បាន​តែង‌តាំង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា។ ១៥ ស្តេច​ក៏​បាន​បង្គាប់​ឲ្យ​លោក​យក​គ្រឿង​បរិក្ខារ​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។ ១៦ ដូច្នេះ លោក​សេស‌បាសា​បាន​មក​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នៅ​តែ​សង់​ព្រះ‌ដំណាក់ តែ​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ”។
១៧ ឥឡូវ​នេះ ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫ‌ទ័យ សូម​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ​របស់​រាជ‌ទ្រព្យ​នៃ​ស្តេច​ស្រុក​បាប៊ីឡូន​ដើម្បី​បញ្ជាក់​ថា ព្រះ‌ចៅ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​មែន​ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​ផង»។
ចម្លើយ​របស់​ព្រះ‌បាទ​ដារី‌យូស
 ព្រះ‌ចៅ​ដារី‌យូស​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ឯក‌សារ​រាជ‌ទ្រព្យ ដែល​គេ​រក្សា​ទុក​ក្នុង​មន្ទីរ​តម្កល់​ឯក‌សារ​នៅ​ក្រុង​បាប៊ីឡូន។  គេ​រក​ឃើញ​ក្រាំង​មួយ​នៅ​អេក‌បា‌តាន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នៃ​អាណា‌ខេត្ត​ម៉ែដ។ ក្នុង​ក្រាំង​នោះ​មាន​ចែង​ដូច​ត​ទៅ៖ «កំណត់​ហេតុ:
 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ស្តេច​បាន​ចេញ​រាជ‌បញ្ជា​មួយ​ស្តី​អំពី​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ ត្រូវ​សង់​ព្រះ‌ដំណាក់​ឡើង​វិញ​នៅ​លើ​គ្រឹះ​ចាស់ ទុក​ជា​កន្លែង​ថ្វាយ​យញ្ញ‌បូជា។ ព្រះ‌ដំណាក់​នេះ​ត្រូវ​មាន​កម្ពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ហុក‌សិប​ហត្ថ។  គេ​ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជួរ​ឆ្លាស់​គ្នា​នឹង​ឈើ​មួយ​ជួរ។ រីឯ​ប្រាក់​ចំណាយ​លើ​ការ​សង់ ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ។  គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដែល​ស្តេច​នេប៊ូ‌កានេសារ បាន​រឹប​អូស​យក​ពី​ព្រះ‌វិហារ នៅ​ក្រុង​យេរូ‌សាឡឹម​មក​ក្រុង​បាប៊ីឡូន​នោះ ត្រូវ​តែ​នាំ​ទៅ​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ដាក់​នៅ​កន្លែង​ដើម​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់»។  ព្រះ‌ចៅ​ដារី‌យូស​ផ្ញើ​រាជ‌សារ​ទៅ​លោក​ថាត‌ណាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូស‌ណាយ ព្រម​ទាំង​ពួក​រាជការ ជា​សហ‌ការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត មាន​សេចក្ដី​ដូច​ត​ទៅ៖
«សុំ​អស់​លោក​កុំ​រវី‌រវល់​នឹង​រឿង​នេះ​ឡើយ។  ទុក​ឲ្យ​ជន​ជាតិ​យូដា​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ​ចុះ។ ត្រូវ​ឲ្យ​ទេសា‌ភិបាល និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ជន​ជាតិ​យូដា សង់​ព្រះ‌ដំណាក់​ត្រង់​កន្លែង​ដើម។  សុំ​អស់​លោក​ជួយ​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ជន​ជាតិ​យូដា ក្នុង​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជ‌ទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធ‌អាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត មក​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់‌ខាន​ឡើយ។  សុំ​អស់​លោក​ផ្គត់‌ផ្គង់​អ្វីៗ​ដែល​ក្រុម​បូជា‌ចារ្យ នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​ការ​ជា​រៀង‌រាល់​ថ្ងៃ គឺ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម សម្រាប់​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ចំពោះ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ ព្រម​ទាំង​ស្រូវ អំបិល ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង តាម​សំណូម​ពរ​របស់​ក្រុម​បូជា‌ចារ្យ កុំ​បី​អាក់‌ខាន​ឡើយ។ ១០ ធ្វើ​ដូច្នេះ ពួក​គេ​អាច​ថ្វាយ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​គេ​ទូល‌អង្វរ សូម​ឲ្យ​ព្រះ‌រាជា និង​រាជ‌បុត្រ មាន​ជន្មាយុ​យឺន‌យូរ។ ១១ ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​សេចក្ដី​ដែល​យើង​បង្គាប់​ទេ ត្រូវ​ដក​ឈើ​ពី​ផ្ទះ​របស់​អ្នក​នោះ បញ្ឈរ​ឡើង​សម្រាប់​ដោត​គេ ហើយ​យក​ផ្ទះ​របស់​គេ​ធ្វើ​ជា​កន្លែង​បន្ទោរ‌បង់​ផង។ ១២ សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដែល​តាំង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​នៅ​ទី​នោះ ទម្លាក់​ស្តេច ឬ​ប្រជាជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សម្រេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡឹម។
យើង​ដារី‌យូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។
១៣ លោក​ថាត‌ណាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូស‌ណាយ ព្រម​ទាំង​ពួក​សហ‌ការី នាំ​គ្នា​អនុវត្ត​តាម​រាជ‌បញ្ជា​របស់​ព្រះ‌ចៅ​ដារី‌យូស​យ៉ាង​ម៉ត់‌ចត់​បំផុត។
ពិធី​បុណ្យ​ឆ្លង​ព្រះ‌វិហារ
១៤ ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន​ជាតិ​យូដា​បន្ត​ការ​សាង​សង់​ព្រះ‌វិហារ​ដោយ​ជោគ‌ជ័យ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​ហាកាយ និង​ព្យាការី​សាការី ជា​កូន​របស់​លោក​អ៊ីដូ បាន​ថ្លែង។ ពួក​គេ​បង្ហើយ​ការ​សាង​សង់​ព្រះ‌វិហារ ស្រប​តាម​បញ្ជា​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល និង​ស្រប​តាម​រាជ‌ក្រឹត្យ​របស់​ព្រះ‌ចៅ​ស៊ីរូស ព្រះ‌ចៅ​ដារី‌យូស និង​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ជា​ស្តេច​ស្រុក​ពែរ្ស។ ១៥ គេ​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យូស។ ១៦ ជន​ជាតិ​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជាជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដោយ​អំណរ។ ១៧ ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នេះ ពួក​គេ​យក​គោ​បា​មួយ‌រយ​ក្បាល ចៀម​ឈ្មោល​ពីរ‌រយ​ក្បាល និង​កូន​ចៀម​ចំនួន​បួន‌រយ​ក្បាល មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល។ គេ​ក៏​បាន​ថ្វាយ​ពពែ​ឈ្មោល​ដប់‌ពីរ​ក្បាល តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ ១៨ គេ​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខ‌ងារ ដែល​ពួក​គេ​បំពេញ​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។
ជន​ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​ចម្លង
១៩ អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។ ២០ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ ហើយ​ពួក​គេ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ពួក​គេ​អារ ក​កូន​ចៀម​នៃ​ពិធី​បុណ្យ​ចម្លង សម្រាប់​ប្រជាជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ សម្រាប់​ក្រុម​បូជា‌ចារ្យ ជា​បង‌ប្អូន និង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។ ២១ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ នាំ​គ្នា​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​រួម​ជា​មួយ​អស់​អ្នក ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​ភាព​សៅ‌ហ្មង*​របស់​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល​វិញ។ ២២ ពួក​គេ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​នេះ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​យ៉ាង​សប្បាយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពួក​គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ គឺ​ព្រះ‌អង្គ​ដូរ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌ចៅ​អធិ‌រាជ​ឲ្យ​មេត្តា​ចំពោះ​ពួក​គេ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ក្នុង​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។

សកម្ម‌ភាព​របស់​លោក​បូជា‌ចារ្យ​អែសរ៉ា

លោក​បូជា‌ចារ្យ​អែសរ៉ា
 ក្រោយ​មក ក្នុង​រជ្ជ‌កាល​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ជា​ស្តេច​ស្រុក​ពែរ្ស មាន​បូជា‌ចារ្យ​មួយ​រូប ឈ្មោះ​អែសរ៉ា ជា​កូន​របស់​លោក​សេរ៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌រីយ៉ា ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា  ជា​កូន​របស់​លោក​សាលូម ជា​កូន​របស់​លោក​សាដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប  ជា​កូន​របស់​លោក​អម៉ា‌រីយ៉ា ជា​កូន​របស់​លោក​អសា‌រីយ៉ា ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត  ជា​កូន​របស់​លោក​សេរ៉ាហ៊ីយ៉ា ជា​កូន​របស់​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​ប៊ូគី  ជា​កូន​របស់​លោក​អប៊ីសួ ជា​កូន​របស់​លោក​ភីនេ‌អាស ជា​កូន​របស់​អេឡាសារ ជា​កូន​របស់​មហា‌បូជា‌ចារ្យ​អរ៉ុន។  លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ីឡូន លោក​ជា​បណ្ឌិត​ខាង​វិន័យ ហើយ​ស្គាល់​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ​យ៉ាង​ជ្រៅ​ជ្រះ គឺ​គម្ពីរ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​លោក។  នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ប្រជាជន​អ៊ីស្រា‌អែល​មួយ​ចំនួន ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។  នៅ​គ្រា​នោះ លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស។  លោក​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ីឡូន នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក។ ១០ លោក​អែសរ៉ា​ខិត‌ខំ​រៀន​សូត្រ និង​កាន់​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​បង្រៀន​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។
រាជ‌សារ​របស់​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស
១១ ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស​ប្រគល់​រាជ‌សារ​មួយ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ លោក​មាន​នាទី​ចម្លង​ព្រះ‌បន្ទូល​នៃ​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​អ៊ីស្រា‌អែល។ រាជ‌សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖
១២ «យើង អ័រតា‌ស៊ែរ‌សេស ជា​ព្រះ‌មហា​ក្សត្រ​លើ​មហា‌ក្សត្រ​ទាំង​អស់
ផ្ញើ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ
១៣ យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណា‌ចក្រ​របស់​យើង គឺ​ប្រជាជន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក‌ចេញ​ទៅ​ជា​មួយ​លោក។ ១៤ យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ​ពីរ​នាក់ ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​គម្ពីរ‌វិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។ ១៥ យើង​ក៏​ចាត់​លោក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ​ពីរ​រូប សម្រេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ ១៦ លោក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណា‌ខេត្ត​បាប៊ីឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជាជន និង​បូជា‌ចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ១៧ លោក​ត្រូវ​លៃ‌លក​យក​ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក នៅ​ក្រុង​យេរូ‌សាឡឹម។ ១៨ ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ លោក និង​បង‌ប្អូន​របស់​លោក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ត្រឹម‌ត្រូវ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​អស់​លោក។ ១៩ ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ ២០ ប្រសិន​បើ​លោក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សម្រាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​លោក ចូរ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​ទៅ​ចំណាយ​ចុះ។
២១ យើង ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់‌ខាន​ឡើយ។ ២២ ពួក​គេ​នឹង​ប្រគល់​ជូន​លោក​រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាម‌សិប​តោន ស្រា​ទំពាំង‌បាយ‌ជូរ​បួន‌ពាន់​លីត្រ ប្រេង​អូលីវ​បួន‌ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។ ២៣ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បង្គាប់ ស្តី​អំពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួស‌រាន់ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​នគរ ឬ​រាជ‌វង្ស​របស់​យើង។ ២៤ មួយ​វិញ​ទៀត យើង​សុំ​ប្រាប់​អស់​លោក​ឲ្យ​ដឹង​ថា អស់​លោក​គ្មាន​សិទ្ធិ​ទារ​ពន្ធដារ សួយ‌សារ‌អាករ និង​ពន្ធ​ផ្លូវ ពី​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​អ្នក​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ឬ​អ្នក​បំពេញ​ការ‌ងារ​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើយ។
២៥ ចំពោះ​លោក​អែសរ៉ា​វិញ យោង​តាម​គម្ពីរ​ដែល​បង្ហាញ​អំពី​ព្រះ‌ប្រាជ្ញា‌ញាណ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នោះ ចូរ​តែង‌តាំង​ចៅ‌ក្រម និង​អ្នក​គ្រប់‌គ្រង ដើម្បី​កាត់​ក្តី​ឲ្យ​ប្រជាជន ដែល​រស់​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត គឺ​អស់​អ្នក​ដែល​ស្គាល់​គម្ពីរ‌វិន័យ​នៃ​ព្រះ​របស់​លោក​ហើយ។ លោក​ក៏​ត្រូវ​តែ​បង្ហាត់​បង្រៀន​អស់​អ្នក​ដែល​មិន​ស្គាល់​វិន័យ​ដែរ។ ២៦ អ្នក​ណា​មិន​គោរព​តាម​វិន័យ​នៃ​ព្រះ​របស់​លោក ហើយ​មិន​គោរព​តាម​ច្បាប់​របស់​ស្តេច​ឲ្យ​បាន​ម៉ត់‌ចត់​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស សម​តាម​ការ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ទទួល​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​និរទេស ឬ​ត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ឬ​ត្រូវ​ជាប់​ពន្ធ‌នាគារ»។
លោក​អែសរ៉ា​អរ‌ព្រះ‌គុណ​ព្រះ‌ជាម្ចាស់
២៧ លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង ដែល​ព្រះ‌អង្គ​ជំរុញ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌រាជា ឲ្យ​មាន​បំណង​លើក​កិត្តិ‌យស​ព្រះ‌ដំណាក់​នៃ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ ២៨ ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌មហា​ក្សត្រ ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ព្រះ‌រាជា​ទៀត​ផង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។
បញ្ជី​រាយ​នាម​អស់​អ្នក​ដែល​វិល​ត្រឡប់​ទៅ​ជា​មួយ​លោក​អែសរ៉ា
១​ «នេះ​ជា​បញ្ជី​រាយ​នាម​មេ​ក្រុម​គ្រួសារ ដែល​វិល​ត្រឡប់​ពី​ស្រុក​បាប៊ីឡូន​មក​ជា​មួយ​ខ្ញុំ ក្នុង​រជ្ជ‌កាល​ព្រះ‌ចៅ​អ័រតា‌ស៊ែរ‌សេស:
 ក្នុង​អំបូរ​ភីនេ‌ហាស​មាន​លោក​គែរសូម។ ក្នុង​អំបូរ​អ៊ីតាម៉ារ​មាន​លោក​ដានីអែល។ ក្នុង​អំបូរ​ដាវីឌ​មាន​លោក​ហាត់ទូស។  ក្នុង​អំបូរ​សេកា‌នីយ៉ា និង​អំបូរ​ប៉ារ៉ូស មាន​លោក​សាការី ហើយ​មាន​មនុស្ស​ប្រុស ១៥០ នាក់​នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​ប៉ាហាត់-‌ម៉ូអាប់ មាន​លោក​អេលី‌យ៉ូណៃ ជា​កូន​របស់​លោក​សេរ៉ាយ៉ា ហើយ​មាន​មនុស្ស​ប្រុស ២០០ នាក់​នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​សាទូ​មាន​លោក​សេកា‌នីយ៉ា ជា​កូន​របស់​លោក​យ៉ាស៊ី‌អែល ហើយ​មាន​មនុស្ស​ប្រុស ៣០០ នាក់​នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​អឌីន​មាន​លោក​អេបេដ ជា​កូន​របស់​លោក​យ៉ូណាថាន ហើយ​មាន​មនុស្ស​ប្រុស ៥០ នាក់​នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​អេឡាំ​មាន​លោក​យេសាយ៉ា ជា​កូន​របស់​លោក​អថាលីយ៉ា ហើយ​មាន​មនុស្ស​ប្រុស ៧០ នាក់​នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​សេផា‌ទីយ៉ា​មាន​លោក​សេបា‌ឌីយ៉ា ជា​កូន​របស់​លោក​មីកា‌អែល ហើយ​មាន​មនុស្ស​ប្រុស ៨០ នាក់​នៅ​ជា​មួយ​លោក។  ក្នុង​អំបូរ​យ៉ូអាប់​មាន​លោក​អូបា‌ឌីយ៉ា ជា​កូន​របស់​លោក​យេហ៊ី‌អែល ហើយ​មាន​មនុស្ស​ប្រុស ២១៨ នាក់​នៅ​ជា​មួយ​លោក។ ១០ ក្នុង​អំបូរ​បានី​មាន​លោក​សេឡូ‌មីត ជា​កូន​របស់​យ៉ូស៊ី‌ភីយ៉ា ហើយ​មាន​មនុស្ស​ប្រុស ១៦០ នាក់ នៅ​ជា​មួយ​លោក។ ១១ ក្នុង​អំបូរ​បេបៃ​មាន​លោក​សាការី ជា​កូន​របស់​លោក​បេបៃ ហើយ​មាន​មនុស្ស​ប្រុស ២៨ នាក់​នៅ​ជា​មួយ​លោក។ ១២ ក្នុង​អំបូរ​អាស‌កាដ​មាន​លោក​យ៉ូហាណន ជា​កូន​របស់​លោក​ហាក់‌កា‌ថាន ហើយ​មាន​មនុស្ស ១១០ នាក់​នៅ​ជា​មួយ​លោក។ ១៣ ក្នុង​អំបូរ​អដូនីកាំ​មាន​លោក​អេលី‌ផេ‌លេត លោក​យេអែល និង​លោក​សេម៉ាយ៉ា​ដែល​ក្មេង​ជាង​គេ ហើយ​មាន​មនុស្ស​ប្រុស ៦០ នាក់​នៅ​ជា​មួយ។ ១៤ ក្នុង​អំបូរ​ប៊ីគ‌វ៉ាយ​មាន​លោក​អ៊ូថាយ និង​លោក​សាកួរ ហើយ​មាន​មនុស្ស​ប្រុស ៧០ នាក់​នៅ​ជា​មួយ​លោក»។
ការ​រៀប‌ចំ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម
១៥ «ខ្ញុំ​បាន​ប្រមូល​បណ្តា‌ជន​ទាំង​នោះ នៅ​ជិត​ព្រែក​ដែល​ហូរ​ឆ្ពោះ​ទៅ​ស្រុក​អាហាវ៉ា ហើយ​យើង​បោះ​ជំរំ​នៅ​ទី​នោះ​អស់‌រយៈ​ពេល​បី​ថ្ងៃ។ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​តែ​ប្រជាជន និង​ក្រុម​បូជា‌ចារ្យ គឺ​ពុំ​ឃើញ​មាន​ក្រុម​លេវី​ទេ។ ១៦ ដូច្នេះ ខ្ញុំ​បាន​ចាត់​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ គឺ​មាន​លោក​អេលី‌យេ‌ស៊ែរ លោក​អរីអែល លោក​សេម៉ាយ៉ា លោក​អែល‌ណា‌ថាន លោក​យ៉ារីប លោក​អែល‌ណា‌ថាន លោក​ណាថាន លោក​សាការី និង​លោក​មេស៊ូឡាំ ព្រម​ទាំង​លោក​យ៉ូយ៉ារីប និង​លោក​អែល‌ណា‌ថាន អ្នក​បង្រៀន​វិន័យ ១៧ ខ្ញុំ​បាន​បង្គាប់​លោក​ទាំង​នោះ​ឲ្យ​ទៅ​ជួប​លោក​អ៊ីដូ ដែល​ជា​មេ​ដឹក​នាំ​នៅ​តំបន់​កាស៊ី‌ភីយ៉ា។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​លោក​អ៊ីដូ និង​បង‌ប្អូន​លោក ជា​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ​ដែល​រស់​នៅ​តំបន់​កាស៊ី‌ភីយ៉ា ដើម្បី​ឲ្យ​ពួក​គេ​នាំ​មនុស្ស​មក​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង។ ១៨ ដោយ​ព្រះ​ដ៏​សប្បុរស​បាន​ដាក់​ព្រះ‌ហស្ដ​លើ​យើង ពួក​គេ​នាំ​លោក​សេរេ‌ប៊ីយ៉ា​មក​ឲ្យ​ពួក​យើង។ គាត់​ជា​បុរស​ម្នាក់​ដែល​មាន​សុភ‌និច្ឆ័យ ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាលី ដែល​ត្រូវ​ជា​កូន​របស់​លោក​លេវី ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។ គាត់​នាំ​កូន​ប្រុស និង​បង‌ប្អូន​របស់​គាត់​មក​ជា​មួយ​ដែរ ដែល​មាន​ចំនួន ១៨ នាក់។ ១៩ បន្ទាប់​មក មាន​លោក​ហាសា‌ប៊ីយ៉ា និង​លោក​យេសាយ៉ា​ពី​អំបូរ​មេរ៉ារី ព្រម​ទាំង​បង‌ប្អូន និង​កូនៗ​របស់​ពួក​គេ ដែល​មាន​ចំនួន ២០ នាក់។ ២០ បន្ទាប់​មក​ទៀត មាន​ក្រុម​បម្រើ​ព្រះ‌វិហារ​ចំនួន ២២០ នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។ ពួក​គេ​ជា​កូន​ចៅ​របស់​អស់​អ្នក​ដែល​ព្រះ‌បាទ​ដាវីឌ និង​មេ​ដឹក​នាំ តែង‌តាំង​ឲ្យ​ជួយ​ធ្វើ​ការ​ក្រុម​លេវី។
២១ នៅ​ក្បែរ​ព្រែក​អាហាវ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​ឲ្យ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត ហើយ​ឲ្យ​ទ្រព្យ‌សម្បត្តិ​របស់​យើង​បាន​គង់‌វង្ស​ផង។
២២ ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ព្រះ‌រាជា​ប្រទាន​កង‌ទ័ព‌សេះ សម្រាប់​ការ‌ពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​ទូល​ព្រះ‌រាជា​ថា ព្រះ​នៃ​យើង​សម្ដែង​ព្រះ‌ចេស្ដា និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ការ‌ពារ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ពិរោធ​ដាក់​ទោស​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌អង្គ។ ២៣ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពួក​យើង។
២៤ បន្ទាប់​មក ខ្ញុំ​ញែក​បូជា‌ចារ្យ​ដប់‌ពីរ​រូប​ពី​ចំណោម​មេ​ដឹក​នាំ​របស់​ក្រុម​បូជា‌ចារ្យ គឺ​មាន​លោក​សេរេ‌ប៊ីយ៉ា និង​លោក​ហាសា‌ប៊ីយ៉ា ព្រម​ទាំង​បង‌ប្អូន​របស់​ពួក​លោក​ដប់​រូប​ទៀត។ ២៥ ខ្ញុំ​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ផ្សេងៗ មួយ​ចំណែក​ជូន​អស់​លោក​ទាំង​នោះ គឺ​ចំណែក​ញែក​ចេញ​ពី​តង្វាយ​ដែល​ព្រះ‌រាជា ទី​ប្រឹក្សា មន្ត្រី​របស់​ស្តេច និង​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ស្រុក​បាន​ថ្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ ២៦ ខ្ញុំ​បាន​ប្រគល់​ប្រាក់​ជូន​លោក​ទាំង​នោះ​ចំនួន​ម្ភៃ​តោន វត្ថុ​ធ្វើ​អំពី​ប្រាក់​ចំនួន​បី​តោន មាស​បី​តោន ២៧ ពែង​មាស​ចំនួន​ម្ភៃ ដែល​មាន​តម្លៃ​ជា​មាស​មួយ​ពាន់​តម្លឹង ព្រម​ទាំង​ផើង​ពីរ​ធ្វើ​ពី​លង្ហិន​ដ៏​រលើប ដែល​មាន​តម្លៃ​ដូច​មាស​ដែរ។ ២៨ បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​កាន់​បូជា‌ចារ្យ​ទាំង​នោះ​ថា: “អស់​លោក​បាន​ញែក​ខ្លួន​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ រីឯ​វត្ថុ​ទាំង​នេះ​ក៏​សក្ការៈ​ដែរ។ ប្រាក់ និង​មាស​នេះ​សុទ្ធ‌សឹង​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុព្វ‌បុរស​នៃ​អស់​លោក។ ២៩ សូម​យក​ចិត្ត​ទុក​ដាក់​ថែ‌រក្សា​វត្ថុ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូ‌សាឡឹម។ នៅ​ទី​នោះ អស់​លោក​ត្រូវ​ថ្លឹង​វត្ថុ​ទាំង​នេះ នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​បន្ទប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់”។
៣០ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ទទួល​យក​មាស ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង»។
ការ​មក​ដល់​ក្រុង​យេរូ‌សាឡឹម
៣១ «នៅ​ថ្ងៃ​ទី​ដប់‌ពីរ ក្នុង​ខែ​ទី​មួយ ពួក​យើង​បាន​ចាក‌ចេញ​ពី​ព្រែក​អាហាវ៉ា ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​តាម​ផ្លូវ ព្រះ​នៃ​យើង​បាន​ដាក់​ព្រះ‌ហស្ដ​ការ‌ពារ​យើង មិន​ឲ្យ​មាន​ខ្មាំង​សត្រូវ​មក​យាយី ឬ​ត្រូវ​ចោរ​ប្លន់​ឡើយ។ ៣២ ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម យើង​នាំ​គ្នា​សម្រាក​ចំនួន​បី​ថ្ងៃ។ ៣៣ នៅ​ថ្ងៃ​ទី​បួន យើង​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង រួច​ប្រគល់​ជូន​លោក​បូជា‌ចារ្យ​មេរេម៉ុត ជា​កូន​លោក​អ៊ូរីយ៉ា។ នៅ​ជា​មួយ​លោក មាន​លោក​អេឡាសារ ជា​កូន​របស់​លោក​ភីនេ‌អាស ព្រម​ទាំង​មាន​លោក​យ៉ូសា‌បាដ ជា​កូន​របស់​លោក​យ៉ូស៊ូអា និង​លោក​ណូអា‌ឌីយ៉ា ជា​កូន​របស់​លោក​ប៊ីនូអ៊ី ដែល​ជា​ក្រុម​លេវី។ ៣៤ គេ​បាន​រាប់​ចំនួន និង​ថ្លឹង​វត្ថុ​ទាំង​នោះ ព្រម​ទាំង​កត់‌ត្រា​ទម្ងន់​សរុប ទុក​ជា​លាយ‌លក្ខណ៍​អក្សរ​ផង។
៣៥ អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​គោ ១២​ក្បាល សម្រាប់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ចៀម​ឈ្មោល ៩៦​ក្បាល កូន​ចៀម ៧៧​ក្បាល និង​ពពែ​ឈ្មោល ២០​ក្បាល ជា​តង្វាយ​រំដោះ​បាប។ ពួក​គេ​ដុត​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះ‌អម្ចាស់៣៦ បន្ទាប់​មក គេ​បាន​ប្រគល់​រាជ​ក្រឹត្យ​ជូន​អស់​លោក​ឧបរាជ និង​ទេសា‌ភិបាល តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ អស់​លោក​ទាំង​នោះ​បាន​ជួយ​គាំ‌ទ្រ​ជន​ជាតិ​អ៊ីស្រា‌អែល និង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់»។
ជន​ជាតិ​យូដា​ដែល​រៀប‌ការ​ជា​មួយ​សាសន៍​ដទៃ
 ក្រោយ​ពី​នោះ​មក ពួក​មេ​ដឹក​នាំ​មក​ប្រាប់​ខ្ញុំ​ថា “ប្រជាជន​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​នានា ដែល​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច​សាសន៍​ទាំង​នោះ​ដែរ គឺ​មាន​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អេស៊ីប និង​ជន​ជាតិ​អាម៉ូរី។  ពួក​គេ និង​កូន​ប្រុស​របស់​គេ បាន​យក​កូន​ស្រី​របស់​ជន​ជាតិ​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​ដ៏‌វិសុទ្ធ លាយ​ជា​មួយ​ជាតិ​សាសន៍​នៅ​ក្នុង​ស្រុក​នោះ។ ពួក​មេ​ដឹក​នាំ និង​ពួក​គ្រប់‌គ្រង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ក្បត់​នេះ​មុន​គេ”។
 ពេល​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ហែក​អាវ​ធំ និង​សម្លៀក‌បំពាក់​របស់​ខ្ញុំ ខ្ញុំ​បោច​សក់ និង​បោច​ពុក​ចង្កា​ខ្លួន​ឯង ហើយ​អង្គុយ​កើត​ទុក្ខ។  អស់​អ្នក​ដែល​ខ្លាច​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដាក់​ទោស​ជន​ជាតិ​យូដា​ជាប់​ជា​ឈ្លើយ ដែល​ត្រឡប់​មក​វិញ ហើយ​ប្រព្រឹត្ត​អំពើ​ក្បត់​បែប​នេះ ក៏​នាំ​គ្នា​មក​អង្គុយ​ជុំ‌វិញ​ខ្ញុំ​ដែរ។ ខ្ញុំ​អង្គុយ​បែប​នេះ រហូត​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច។
 លុះ​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀក‌បំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ  ដោយ​ទូល‌អង្វរ​ថា៖
«ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ! ទូល‌បង្គំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់! ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ខ្មាស​មិន​ហ៊ាន​សម្លឹង​ទៅ​រក​ព្រះ‌អង្គ​ទេ ដ្បិត​កំហុស​របស់​យើង​ខ្ញុំ​កើន​កាន់​តែ​ច្រើន​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ទៅ​ទៀត។ រីឯ​អំពើ​បាប​របស់​យើង​ខ្ញុំ​ក៏​គរ​ឡើង​ជា​ច្រើន រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។  តាំង​ពី​ជំនាន់​ដូន‌តា​របស់​យើង​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់។ ដោយ‌សារ​តែ​អំពើ​អាក្រក់​នេះ​ហើយ បាន​ជា​ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ ស្តេច​របស់​យើង​ខ្ញុំ និង​បូជា‌ចារ្យ​របស់​យើង​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​របស់​ប្រជា‌ជាតិ​នានា។ ពួក​គេ​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​មុខ​ដាវ កៀរ​យើង​ខ្ញុំ​យក​ទៅ​ជា​ឈ្លើយ រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់​ដូច​សព្វ​ថ្ងៃ។  ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​ប្រណី‌សន្ដោស​មក​លើ​យើង​ខ្ញុំ ដោយ​ប្រោស​ប្រទាន​ឲ្យ​ប្រជាជន​មួយ​ចំនួន​នៅ​សេស‌សល់ ហើយ​មក​រស់​នៅ​ក្នុង​ទឹក​ដី​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ ទោះ‌បី​យើង​ធ្លាក់​ខ្លួន​ជា​ទាសករ​ក្តី ក៏​ព្រះ​នៃ​យើង​ខ្ញុំ​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​ភ្លឺ​ភ្នែក និង​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ធូរ‌ស្រាល​ឡើង​វិញ។  យើង​ខ្ញុំ​ជា​ទាសករ​មែន ប៉ុន្តែ ព្រះ​នៃ​យើង​ខ្ញុំ​ពុំ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ​ឡើយ។ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​យើង​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ពែរ្ស គឺ​ព្រះ‌អង្គ​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​ឡើង​វិញ ជួស‌ជុល​កន្លែង​បាក់‌បែក ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​មាន​ទី​ជម្រក​ដ៏​រឹង‌មាំ​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។
១០ ឥឡូវ​នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ក្រោយ​ពី​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ តើ​ឲ្យ​យើង​ខ្ញុំ​ពោល​ដូច​ម្ដេច? ដ្បិត​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ទេ ១១ គឺ​បទ‌បញ្ជា​ដែល​ព្រះ‌អង្គ​ប្រទាន​ដល់​យើង​ខ្ញុំ តាម‌រយៈ​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ​ជា​មុន​ថា “ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ ជា​ស្រុក​មិន​បរិសុទ្ធ ដ្បិត​ជាតិ​សាសន៍​ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយ គួរ​ស្អប់​ខ្ពើម​ពាស‌ពេញ​ក្នុង​ស្រុក។ ១២ ដូច្នេះ មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​ឲ្យ​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ដទៃ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​ពួក​គេ​ដែរ។ ទោះ‌បី​ពួក​គេ​បាន​សុខ និង​ចម្រុង​ចម្រើន​ក្តី កុំ​រវី‌រវល់​នឹង​ពួក​គេ​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​បរិភោគ​ភោគ‌ផល​ដ៏​ល្អៗ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទុក​ទឹក​ដី​នេះ​ជា​កេរ‌មត៌ក ឲ្យ​កូន​ចៅ​របស់​អ្នក​រហូត​ត​រៀង​ទៅ”។
១៣ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​បែប​នេះ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់​របស់​យើង​ខ្ញុំ។ ប៉ុន្តែ ព្រះ‌អង្គ​ពុំ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ឲ្យ​សម​នឹង​កំហុស​របស់​យើង​ខ្ញុំ​ឡើយ គឺ​ព្រះ‌អង្គ​បាន​ទុក​ឲ្យ​ពួក​យើង​ខ្ញុំ​មួយ​ចំនួន​នៅ​សេស‌សល់។ ១៤ យើង​ខ្ញុំ​ពុំ​អាច​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដោយ​ទៅ​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ទៀត​ទេ។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អង្គ​មុខ​ជា​ព្រះ‌ពិរោធ​ទាស់​នឹង​ពួក​យើង​ខ្ញុំ រហូត​បំផ្លាញ​យើង​ខ្ញុំ​ឲ្យ​វិនាស​សូន្យ ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​ឡើយ។ ១៥ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សុចរិត ហេតុ​នេះ​ហើយ បាន​ជា​ព្រះ‌អង្គ​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​សេស‌សល់។ យើង​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ទាំង​មាន​បាប។ ធម្មតា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ មិន​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ឡើយ»។
១០
ជន​ជាតិ​អ៊ីស្រា‌អែល​លែង​ប្រពន្ធ​ដែល​ជា​សាសន៍​ដទៃ
 ពេល​លោក​អែសរ៉ា​ក្រាប​នៅ​មុខ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ លោក​ទូល‌អង្វរ និង​លន់‌តួ​បាប ទាំង​សម្រក់​ទឹក​ភ្នែក ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន ទាំង​ប្រុស ទាំង​ស្រី និង​ក្មេង នាំ​គ្នា​មក​ជុំ‌វិញ​លោក ហើយ​យំ​សោក​យ៉ាង​ខ្លាំង។  ពេល​នោះ លោក​សេកា‌នីយ៉ា ជា​កូន​របស់​លោក​យេហ៊ី‌អែល និង​ជា​ពូជ‌ពង្ស​របស់​លោក​អេឡាំ ជម្រាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជាជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​តែ​មាន​សង្ឃឹម។  យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ‌បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​គម្ពីរ‌វិន័យ​ចុះ។  សូម​លោក​ក្រោក​ឡើង ហើយ​បំពេញ​កិច្ច‌ការ​របស់​លោក​ចុះ យើង​ខ្ញុំ​គាំ‌ទ្រ​លោក។ សូម​លោក​មាន​ចិត្ត​ក្លាហាន​ឡើង រួច​សម្រេច​កិច្ច‌ការ​នេះ​ទៅ»។
 លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកា‌នីយ៉ា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។  បន្ទាប់​មក លោក​អែសរ៉ា​ចាក‌ចេញ​ពី​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណន ដែល​ជា​កូន​លោក​អេលី‌យ៉ា‌ស៊ីប។ នៅ​ទី​នោះ លោក​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​លោក​នៅ​តែ​សោក‌សង្រេង ដោយ‌សារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។
 បន្ទាប់​មក​ទៀត គេ​ចេញ​ប្រកាស​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ​នោះ ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។  អ្នក​ណា​មិន​ព្រម​មក ក្នុង‌រយៈ​ពេល​បី​ថ្ងៃ តាម​សេចក្ដី​សម្រេច​របស់​មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ គេ​នឹង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ ហើយ​បណ្តេញ​គាត់​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល។
ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ា‌មីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជាជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទី‌ធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។ ១០ លោក​បូជា‌ចារ្យ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​មាន​ទោស។ ១១ ឥឡូវ​នេះ ចូរ​លន់‌តួ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ញែក​ខ្លួន​ចេញ​ពី​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​សាសន៍​ដទៃ​ផង»។
១២ សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក! ១៣ ប៉ុន្តែ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន ហើយ​ជា​រដូវ​ភ្លៀង​ផង ដូច្នេះ យើង​ខ្ញុំ​មិន​អាច​នៅ​ខាង​ក្រៅ​បាន​ទេ។ មួយ​វិញ​ទៀត កិច្ច‌ការ​នេះ​ពុំ​អាច​សម្រេច​ក្នុង‌រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ឡើយ ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ចំណោម​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ។ ១៤ សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទី‌ក្រុង​របស់​យើង ហើយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​ព្រឹទ្ធា‌ចារ្យ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​ព្រះ‌ពិរោធ​របស់​ព្រះ​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។
១៥ មាន​តែ​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អសាអែល និង​លោក​យ៉ាស៊ីយ៉ា ជា​កូន​របស់​លោក​ទីកវ៉ា​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ការ​សម្រេច​នេះ ដោយ​មាន​ការ​គាំ‌ទ្រ​ពី​សំណាក់​លោក​មេស៊ូឡាំ និង​លោក​សាប់‌ថាយ ពី​ក្រុម​លេវី។ ១៦ ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ យល់​ស្រប​ទាំង​អស់​គ្នា។ លោក​បូជា‌ចារ្យ​អែសរ៉ា​បាន​ជ្រើស‌រើស​មេ​ក្រុម​គ្រួសារ​ក្នុង​អំបូរ​នីមួយៗ តាម​ឈ្មោះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​ចូល​រួម​ពិនិត្យ​មើល​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ដប់។ ១៧ នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ គេ​បង្ហើយ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​អស់​អ្នក ដែល​រៀប‌ការ​នឹង​ស្ត្រី​សាសន៍​ដទៃ​នោះ។
បញ្ជី​ឈ្មោះ​ជន​ជាតិ​យូដា​ដែល​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ
១៨ ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ ដែល​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​មាន: កូន​ចៅ​លោក​យ៉ូស៊ូអា កូន​ចៅ​លោក​យ៉ូសា‌ដាក និង​កូន​ចៅ​របស់​បង‌ប្អូន​គាត់ គឺ​លោក​ម៉ាសេយ៉ា លោក​អេលី‌យេ‌ស៊ែរ លោក​យ៉ារីប និង​លោក​កេដេ‌លីយ៉ា។ ១៩ ពួក​គេ​បាន​សន្យា​ថា​នឹង​លែង‌លះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ថ្វាយ​ចៀម​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ២០ បន្ទាប់​មក មាន​កូន​ចៅ​លោក​អ៊ីមែរ គឺ​លោក​ហាណានី និង​លោក​សេបា‌ឌីយ៉ា ២១ កូន​ចៅ​លោក​ហារីម គឺ​លោក​ម៉ាសេយ៉ា លោក​អេលីយ៉ា លោក​សេម៉ាយ៉ា លោក​យេហ៊ី‌អែល និង​លោក​អសា‌រីយ៉ា ២២ កូន​ចៅ​លោក​ប៉ាសួរ គឺ​លោក​អេលី‌យ៉ូណៃ លោក​ម៉ាសេយ៉ា លោក​អ៊ីស្មា‌អែល លោក​នេតា‌នេ‌អែល លោក​យ៉ូសា‌បាដ និង​លោក​អេឡាសារ។
២៣ ក្នុង​ចំណោម​ក្រុម​លេវី​មាន​លោក​យ៉ូសា‌បាដ លោក​ស៊ីម៉ៃ លោក​កេឡាយ៉ា ហៅ​កេលីតា លោក​ប៉េតាយ៉ា និង​លោក​អេលី‌យេ‌ស៊ែរ។
២៤ ក្នុង​ចំណោម​ក្រុម​ចម្រៀង​មាន​លោក អេលី-‌យ៉ា‌ស៊ីប។ ក្នុង​ចំណោម​ក្រុម​យាម​ទ្វារ​មាន​លោក​សាលូម លោក​ថេលេម និង​លោក​អ៊ូរី។
២៥ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល: កូន​ចៅ​លោក​ប៉ារ៉ូស​មាន​លោក​រ៉ាមីយ៉ា លោក​អ៊ីស៊ីយ៉ា លោក​ម៉ាល់‌គីយ៉ា លោក​មីយ៉ា‌មីន លោក​អេឡាសារ លោក​ម៉ាល់‌គីយ៉ា និង​លោក​បេណាយ៉ា។ ២៦ កូន​ចៅ​លោក​អេឡាំ​មាន​លោក​ម៉ាថា‌នីយ៉ា លោក​សាការី លោក​យេហ៊ី‌អែល លោក​អាប់ឌី លោក​យេរេ‌ម៉ុត និង​លោក​អេលីយ៉ា។ ២៧ កូន​ចៅ​លោក​សាធូ​មាន​លោក​អេលី‌យ៉ូណៃ លោក​អេលី‌យ៉ា‌ស៊ីប លោក​ម៉ាថា‌នីយ៉ា លោក​យេរេ‌ម៉ុត លោក​សេបាដ និង​អស៊ីសា។ ២៨ កូន​ចៅ​លោក​បេបៃ​មាន​លោក​យ៉ូហាណន លោក​ហាណា‌នីយ៉ា លោក​សាបៃ និង​លោក​អាត់ឡៃ។ ២៩ កូន​ចៅ​លោក​បានី​មាន​លោក​មេស៊ូឡាំ លោក​ម៉ាលូក លោក​អដាយ៉ា លោក​យ៉ាស៊ូប លោក​សេអាល់ និង​លោក​យេរេម៉ុត។ ៣០ កូន​ចៅ​លោក​ប៉ាហាត់-‌ម៉ូអាប់​មាន លោក​អាដណា លោក​កេឡាល លោក​បេណាយ៉ា លោក​ម៉ាសេយ៉ា លោក​ម៉ាថា‌នីយ៉ា លោក​បេសា‌លេអែល លោក​ប៊ីនូអ៊ី និង​លោក​ម៉ាណាសេ។ ៣១ កូន​ចៅ​លោក​ហារីម​មាន​លោក​អេលី‌យេ‌ស៊ែរ លោក​យីស៊ីយ៉ា លោក​ម៉ាល់‌គីយ៉ា លោក​សេម៉ាយ៉ា លោក​ស៊ីម៉ូន ៣២ លោក​បេន‌យ៉ា‌មីន លោក​ម៉ាលូក និង​លោក​សេម៉ា‌រីយ៉ា។ ៣៣ កូន​ចៅ​លោក​ហាស៊ូម​មាន​លោក​ម៉ាត់ណៃ លោក​ម៉ាត់‌តាថា លោក​សេបាដ លោក​អេលី‌ផេ‌លេត លោក​យេរេម៉ៃ លោក​ម៉ាណាសេ និង​លោក​ស៊ីម៉ៃ។ ៣៤ កូន​ចៅ​លោក​បានី​មាន លោក​ម៉ាដាយ លោក​អាំរ៉ាម លោក​អ៊ូអែល ៣៥ លោក​បេណាយ៉ា លោក​បេឌី‌យ៉ា លោក​កេលូ‌ហ៊ូ ៣៦ លោក​វ៉ានីយ៉ា លោក​មេរេម៉ុត លោក​អេលី‌យ៉ា‌ស៊ីប ៣៧ លោក​ម៉ាថា‌នីយ៉ា លោក​ម៉ាត់ណៃ លោក​យ៉ាសៃ ៣៨ លោក​បានី លោក​ប៊ីនូអ៊ី លោក​ស៊ីម៉ៃ ៣៩ លោក​សេឡេ‌មីយ៉ា លោក​ណាថាន លោក​អដាយ៉ា ៤០ លោក​ម៉ាក់ណាដបៃ លោក​សាសៃ លោក​សារ៉ៃ ៤១ លោក​អសា‌រេ‌អែល លោក​សេឡេ‌មីយ៉ា លោក​សេម៉ា‌រីយ៉ា ៤២ លោក​សាលូម លោក​អម៉ា‌រីយ៉ា និង​លោក​យ៉ូសែប។ ៤៣ កូន​ចៅ​លោក​នេបូ​មាន​លោក​យេអែល លោក​ម៉ាធី‌ធីយ៉ា លោក​សេបាដ លោក​សេប៊ីណា លោក​យ៉ាត់ដៃ លោក​យ៉ូអែល និង​លោក​បេណាយ៉ា។ ៤៤ អ្នក​ទាំង​នេះ​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​មួយ​ចំនួន​មាន​កូន​ទៀត​ផង៕
540 Views

Theme: Overlay by Kaira