សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីអេសេគីអែល

ពាក្យលំនាំ

ព្យាការី​អេសេ‌គីអែល

(អេសេ‌គាល)

ពាក្យ​លំនាំ

លោក​អេសេ‌គីអែល​ជា​បូជា‌ចារ្យ​មួយ​រូប បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាជន ដែល​ត្រូវ​កង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌កានេសារ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក នៅ​គ្រា​ដែល​ស្តេច​នេះ​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម​ជា​លើក​ទី​មួយ នៅ​ឆ្នាំ ៥៩៧ មុន​គ្រីស្ត‌សករាជ។ ប្រមាណ​បួន​ឆ្នាំ​កន្លង​មក​ទៀត ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​លោក​ឲ្យ​ធ្វើ​ជា​ព្យាការី ដើម្បី​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទៅ​ថ្លែង​ប្រាប់​ប្រជាជន គឺ​ទាំង​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ទាំង​អ្នក​ដែល​នៅ​សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ​នៅ​ឆ្នាំ ៥៨៧ មុន គ.ស. លោក​ប្រកាស​អំពី​ការ​សម្រាល​ទុក្ខ និង​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។
យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​អេសេ‌គីអែល​ជា​បួន​ផ្នែក​សំខាន់ៗ:
១. ព្រះ‌បន្ទូល​ស្តី​ប្រដៅ​ជន​ជាតិ​អ៊ីស្រា‌អែល មុន​ពេល​ស្រុក​រលំ​ជា​លើក​ទី​ពីរ (ចំពូក ១‑២៤)។
២. ព្រះ‌បន្ទូល​ស្តី​អំពី​ការ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា​ដែល​បាន​បោក​បញ្ឆោត និង​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ជាតិ​អ៊ីស្រា‌អែល (ចំពូក ២៥‑៣២)។
៣. ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ក្រោយ​ពេល​អ៊ីស្រា‌អែល​បែក​ស្រុក មាន​ខ្លឹមសារ​ជា​ពាក្យ​លើក​ទឹក​ចិត្ត​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ (ចំពូក ៣៣‑៣៩)។
៤. និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​ព្រះ‌វិហារ​ថ្មី (ចំពូក ៤០-៤៨)។
ព្យាការី​អេសេ‌គីអែល​ប្រើ​និមិត្ត​អស្ចារ្យ​ជា​ច្រើន​ដែល​លោក​បាន​ឃើញ ដើម្បី​បញ្ជាក់​សេចក្ដី​ដែល​លោក​ប្រកាស។ ក្នុង​ឋានៈ​លោក​ជា​បូជា‌ចារ្យ សេចក្ដី​ដែល​លោក​ប្រកាស សង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ‌វិហារ ប៉ុន្តែ លោក​ក៏​អះ‌អាង​ថា ព្រះ‌អម្ចាស់​មិន​ត្រឹម​តែ​គង់​ក្នុង​ទី‌សក្ការៈ​នៅ​ក្រុង​យេរូ‌សាឡឹម​ប៉ុណ្ណោះ​ទេ ព្រះ‌អង្គ​ក៏​គង់​នៅ​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​ដែរ (សូម​អាន ១១.១៦)។ លោក​ប្រកាស​ហៅ​ប្រជាជន​គ្រប់​រូបៗ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ដោយ​សង្កត់​ថា មនុស្ស​ម្នាក់ៗ​មាន​ភារ‌កិច្ច​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត (ចំពូក ១៨) គឺ​មិន​មែន​សហគមន៍​ទេ​ដែល​ទទួល​ខុស​ត្រូវ។ តាម‌រយៈ​និមិត្ត‌ហេតុ អំពី​ឆ្អឹង​របស់​មនុស្ស​មក​ផ្គុំ​គ្នា​សា​ជា​ថ្មី ហើយ​មាន​ជីវិត​រស់​ឡើង​វិញ (ចំពូក ៣៧) លោក​ប្រកាស​ថា ព្រះ‌ជាម្ចាស់​នឹង​ស្តារ​ស្ថាន‌ភាព​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​នាំ​គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ពួក​គេ​វិញ (១១.១៤-២០, ៣៦.១-៣៨)។

ព្យាការី​អេសេ‌គីអែល

(អេសេ‌គាល)

ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម

លោក​អេសេ‌គីអែល​និមិត្ត​ឃើញ​សិរី‌រុង​រឿង​ព្រះ‌អម្ចាស់
 នៅ​ឆ្នាំ​ទី​សាម‌សិប ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​បួន ពេល​ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​កេបារ ជា​មួយ​ប្រជាជន ដែល​គេ​កៀរ​មក​ជា​ឈ្លើយ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់។
 នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​ ក្រោយ​គេ​ចាប់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​មក​ជា​ឈ្លើយ  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​អេសេ‌គីអែល ជា​កូន​របស់​លោក​បូជា‌ចារ្យ​ប៊ូស៊ី នៅ​ស្រុក​ខាល់ដេ ជិត​ទន្លេ​កេបារ។ ពេល​នោះ ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​លោក។
 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះ‌ត្រចង់។  នៅ​ខាង​ក្នុង​ពពក​នោះ មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស។  សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។  ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។  នៅ​ក្រោម​ស្លាប​ទាំង​បួន មាន​ដៃ​ដូច​ដៃ​មនុស្ស លាត​សន្ធឹង​ទៅ​រក​ទិស​ទាំង​បួន ដូច​មុខ និង​ស្លាប​ដែរ។  ស្លាប​របស់​សត្វ​ទាំង​នោះ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក។ សត្វ​ទាំង​បួន​ហើរ​តម្រង់​ទៅ​មុខ​ជា‌និច្ច ឥត​ងាក​រេ​ឡើយ។ ១០ សត្វ​នីមួយៗ​មាន​មុខ​បួន នៅ​ផ្នែក​ខាង​មុខ​មាន​ភិន‌ភាគ​ដូច​មនុស្ស ផ្នែក​ខាង​ស្តាំ​ដូច​សិង្ហ ផ្នែក​ខាង​ឆ្វេង​ដូច​គោ និង​ផ្នែក​ខាង​ក្រោយ​ដូច​ឥន្ទ្រី។ ១១ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​ត្រដាង​ទៅ​លើ ហើយ​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក រីឯ​ស្លាប​ពីរ​ទៀត​ហ៊ុម‌ព័ទ្ធ​រូប​កាយ។ ១២ សត្វ​នីមួយៗ​ហើរ​តម្រង់​ទៅ​មុខ​ឥត​ងាក​រេ​ឡើយ តាម​វិញ្ញាណ​ជំរុញ​ឲ្យ​ទៅ។ ១៣ នៅ​ចន្លោះ​សត្វ​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​គប់​ភ្លើង ហើយ​ភ្លើង​នោះ​ធ្វើ​ចលនា​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ទាំង​បញ្ចេញ​ពន្លឺ​រស្មី​ភ្លឺ​ផ្លេក។ ១៤ សត្វ​ទាំង​បួន​ហើរ​ចុះ​ឡើង លឿន​ដូច​រន្ទះ។
១៥ ពេល​ខ្ញុំ​សម្លឹង​មើល​សត្វ​ទាំង​បួន ខ្ញុំ​ឃើញ​មាន​កង់​នៅ​ដី ចំ​ពី​មុខ​សត្វ​ទាំង​បួន។ ១៦ កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ ហើយ​កង់​មួយ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។ ១៧ ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ។ ១៨ កង់​នោះ​មាន​កម្ពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង​នៅ​ពាស‌ពេញ។ ១៩ ពេល​សត្វ​ទាំង​បួន​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ ពេល​សត្វ​ទាំង​បួន​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ដែរ។ ២០ សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ តាម​វិញ្ញាណ​ជំរុញ​ឲ្យ​ទៅ ហើយ​កង់​ក៏​ហោះ​ឡើង​ទៅ​ដែរ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។ ២១ ពេល​សត្វ​ទៅ​មុខ កង់​ក៏​ទៅ​មុខ ពេល​សត្វ​ឈប់ កង់​ក៏​ឈប់ ពេល​សត្វ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។
២២ នៅ​លើ​ក្បាល​សត្វ​នីមួយៗ​មាន​ដូច​ជា​លំហ​អាកាស ដែល​ចាំង​ពន្លឺ​រស្មី​ដ៏​ភ្លឺ​ថ្លា​ពី​លើ​ក្បាល​សត្វ​ទាំង​នោះ។ ២៣ នៅ​ក្រោម​លំហ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​សំកាំង​យ៉ាង​ត្រង់​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ស្លាប​ពីរ​ទៀត​ហ៊ុម‌ព័ទ្ធ​ជុំ‌វិញ​ខ្លួន។ ២៤ ពេល​សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ ខ្ញុំ​ឮ​សន្ធឹក​ស្លាប​ដូច​សូរ‌ស័ព្ទ​មហា​សាគរ និង​ដូច​ព្រះ‌សូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ សន្ធឹក​ស្លាប​នោះ​ក៏​លាន់​ឮ​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ដូច​សន្ធឹក​កង‌ទ័ព។ នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ក៏​ទម្លាក់​ស្លាប​ចុះ។ ២៥ មាន​សំឡេង​មួយ​លេច​ឮ​ពី​លំហ​អាកាស ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​បួន នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ទម្លាក់​ស្លាប​ចុះ។
២៦ នៅ​លើ​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។ ២៧ ខ្ញុំ​ក៏​បាន​ឃើញ​ពន្លឺ​ក្រហម​ឆ្អៅ ភ្លឺ​ដូច​ភ្លើង​នៅ​ជុំ‌វិញ ហើយ​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ឡើង​ទៅ​លើ និង​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម ក៏​មាន​ដូច​ជា​ពន្លឺ​ភ្លើង​ដ៏​ភ្លឺ​ត្រចះ‌ត្រចង់​ព័ទ្ធ​ជុំ‌វិញ​ដែរ។ ២៨ ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ព័ទ្ធ​ជុំ‌វិញ​នោះ ដូច​ឥន្ទធនូ នៅ​ថ្ងៃ​មាន​ភ្លៀង គឺ​ដូច​ជា​រស្មី​នៃ​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី ហើយ​ខ្ញុំ​ឮ​សំឡេង​មួយ​ពោល​មក​កាន់​ខ្ញុំ។
ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​អេសេ‌គីអែល
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ក្រោក​ឈរ​ឡើង យើង​ចង់​និយាយ​ជា​មួយ​អ្នក»។  ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌វិញ្ញាណ​ក៏​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​បាន ហើយ​ស្ដាប់​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​ទៅ​រក​ប្រជា‌ជាតិ​ដែល​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង​រហូត​ដល់​សព្វ​ថ្ងៃ ដូច​ដូន‌តា​របស់​ពួក​គេ​ដែរ។  ពួក​គេ​ជា​កូន​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស​ទៀត​ផង។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ពួក​គេ ហើយ​ត្រូវ​និយាយ​ថា: “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់”។  ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្តី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។  រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ កុំ​ខ្លាច​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ខ្លាច​ពាក្យ​ដែល​ពួក​គេ​ប្រកែក​តវ៉ា​នឹង​អ្នក​ដែរ ដ្បិត​ពួក​នោះ​ប្រៀប​ដូច​ជា​បន្លា និង​អញ្ចាញ អ្នក​នឹង​អង្គុយ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ដូច​ខ្យា‌ដំរី។ កុំ​ខ្លាច​ពាក្យ​របស់​ពួក​គេ ហើយ​ក៏​កុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​ទឹក​មុខ​របស់​ពួក​គេ​ឡើយ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។  ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្តី -ដ្បិត​ពួក​គេ​ជា​មនុស្ស​បះ‌បោរ - អ្នក​ត្រូវ​តែ​នាំ​ពាក្យ​យើង​ទៅ​ប្រាប់​ពួក​គេ។  កូន​មនុស្ស​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់! កុំ​មាន​ចិត្ត​រឹង‌រូស​ដូច​ពូជ​បះ‌បោរ​នេះ​ឡើយ ចូរ​ហា​មាត់ ហើយ​បរិភោគ​អាហារ​ដែល​យើង​នឹង​ឲ្យ​អ្នក​នៅ​ពេល​នេះ»។
 ពេល​នោះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ដៃ​មួយ​កាន់​ក្រាំង​ហុច​មក​ឲ្យ​ខ្ញុំ។ ១០ ដៃ​នោះ​បើក​ក្រាំង នៅ​ចំពោះ​មុខ​ខ្ញុំ ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ដែល​កត់‌ត្រា​សុទ្ធ​តែ​ពាក្យ​សំណោក ពាក្យ​ទំនួញ និង​ពាក្យ​ត្អូញ‌ត្អែរ។
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ឲ្យ​នេះ រួច​ទៅ​ប្រៀន‌ប្រដៅ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ»។  ខ្ញុំ​ក៏​ហា​មាត់ ហើយ​ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ក្រាំង​នោះ។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ប្រគល់​ឲ្យ​យ៉ាង​ឆ្អែត​ចុះ!»។ ខ្ញុំ​ក៏​ទទួល​ទាន​ក្រាំង​នោះ ដែល​មាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​ខ្ញុំ។
 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ​ចុះ!  យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល គឺ​មិន​មែន​ឲ្យ​ទៅ​រក​សាសន៍​ដទៃ ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ពិបាក​យល់​នោះ​ទេ។  យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន  គឺ​យើង​ចាត់​អ្នក​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែល​មិន​ចង់​ស្ដាប់​អ្នក ព្រោះ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​មនុស្ស​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស។  ប៉ុន្តែ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​មានះ ដើម្បី​ឲ្យ​អ្នក​ត​តាំង​នឹង​ចិត្ត​មានះ​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង ដើម្បី​ត​តាំង​នឹង​ចិត្ត​រឹង​របស់​ពួក​គេ។  យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង​ដូច​ពេជ្រ ហើយ​រឹង​ជាង​ដុំ​ថ្ម​ទៅ​ទៀត។ កុំ​ខ្លាច​ពួក​គេ កុំ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​ជា​ពូជ​បះ‌បោរ»។
១០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្ត ហើយ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​ថ្លែង​ប្រាប់។ ១១ ចូរ​ទៅ​ជួប​ប្រជាជន​របស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​ឈ្លើយ រួច​និយាយ​ជា​មួយ​ពួក​គេ ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្តី ចូរ​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។
១២ ពេល​នោះ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង‌កង​ពី​ក្រោយ​ខ្ញុំ​ថា «សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌អង្គ!»។ ១៣ ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។ ១៤ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​យក​ទៅ ខ្ញុំ​ទៅ​ទាំង​ខឹង​មួម៉ៅ តែ​ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ជំទាស់​មិន​បាន។ ១៥ ខ្ញុំ​ទៅ​ដល់​តេល-‌អាវីវ ក្បែរ​ទន្លេ​កេបារ គឺ​កន្លែង​ដែល​ប្រជាជន​ជាប់​ជា​ឈ្លើយ​ស្នាក់​នៅ។ ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ ទាំង​មិន​ដឹង​ខ្លួន អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។

១៦ លុះ​ប្រាំ​ពីរ​ថ្ងៃ​កន្លង​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៧ «កូន​មនុស្ស​អើយ! យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ កាល​ណា​អ្នក​ឮ​ពាក្យ​របស់​យើង ចូរ​យក​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។ ១៨ ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​នឹង​ត្រូវ​ស្លាប់!”។ ប្រសិន​បើ​អ្នក​មិន​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន ប្រសិន​បើ​អ្នក​មិន​ទូន្មាន​គេ​ឲ្យ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​បាន​រួច​ជីវិត​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​អំពើ​បាប​របស់​ខ្លួន តែ​យើង​នឹង​ដាក់​ទោស​អ្នក។ ១៩ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ទូន្មាន​មនុស្ស​អាក្រក់ តែ​គេ​មិន​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន រីឯ​អ្នក​វិញ អ្នក​នឹង​បាន​រួច​ជីវិត។ ២០ ប្រសិន​បើ​មនុស្ស​សុចរិត​ម្នាក់​ងាក​ចេញ​ពី​ផ្លូវ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត យើង​នឹង​ធ្វើ​ឲ្យ​គេ​ជំពប់​ជើង​ដួល ហើយ​គេ​នឹង​ស្លាប់​ពុំ‌ខាន។ គេ​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ដោយ​អ្នក​មិន​បាន​ទូន្មាន​គេ។ គ្មាន​នរណា​នឹក​ឃើញ​អំពើ​សុចរិត​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ឡើយ តែ​យើង​នឹង​ដាក់​ទោស​អ្នក។ ២១ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ទូន្មាន​មនុស្ស​សុចរិត កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ហើយ​បើ​គេ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ​នោះ គេ​នឹង​មាន​ជីវិត​ត​ទៅ​មុខ​ទៀត ព្រោះ​តែ​អ្នក​បាន​ទូន្មាន​គេ ចំណែក​ឯ​អ្នក​វិញ អ្នក​នឹង​បាន​រួច​ជីវិត»។

ព្រះ‌អម្ចាស់​ឲ្យ​លោក​អេសេ‌គីអែល​នៅ​ស្ងៀម​ស្ងាត់
២២ ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ​សា​ជា​ថ្មី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជ្រលង​ភ្នំ នៅ​ទី​នោះ យើង​នឹង​និយាយ​ជា​មួយ​អ្នក»។ ២៣ ខ្ញុំ​ក៏​ក្រោក​ឡើង ចេញ​ទៅ​ជ្រលង​ភ្នំ ហើយ​ខ្ញុំ​ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​នៅ​ទី​នោះ ដូច​ខ្ញុំ​ធ្លាប់​ឃើញ​នៅ​ជិត​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ ២៤ ព្រះ‌វិញ្ញាណ​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​បិទ​ទ្វារ សំងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទៅ។ ២៥ កូន​មនុស្ស​អើយ ពួក​គេ​នឹង​បោះ​ខ្សែ‌ពួរ​លើ​អ្នក ពួក​គេ​នឹង​យក​ខ្សែ​នោះ​ចង​អ្នក ហើយ​អ្នក​ពុំ​អាច​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ទៀត​ឡើយ។ ២៦ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត ហើយ​ក៏​ពុំ​អាច​ស្តី​បន្ទោស​ពួក​គេ​បាន​ដែរ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។ ២៧ ប៉ុន្តែ ពេល​ណា​យើង​និយាយ​ទៅ​កាន់​អ្នក យើង​នឹង​បើក​មាត់​របស់​អ្នក ដើម្បី​ឲ្យ​ពោល​ទៅ​ពួក​គេ​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់”។ មាន​អ្នក​ខ្លះ​ចង់​ស្ដាប់ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចង់​ស្ដាប់​ទេ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ»។
ការ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម
 «កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទីក្រុង​យេរូ‌សាឡឹម​នៅ​លើ​ឥដ្ឋ​នោះ។  បន្ទាប់​មក ចូរ​ដាក់​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ព្រម​ទាំង​សង់​ប៉ម និង​លើក​ទួល​ឡើង​សម្រាប់​វាយ​លុក​ក្រុង​នោះ​ផង។ ចូរ​ដាក់​ទី​តាំង​ទ័ព និង​ដាក់​គ្រឿង​សាស្ត្រា‌វុធ​ដ៏​ធំៗ ត្រៀម​ជុំ‌វិញ​ទីក្រុង ដើម្បី​ទម្លុះ​កំពែង។  ចូរ​យក​បន្ទះ​ដែក​មួយ​មក​ធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​ពី​ក្រុង​នោះ។ ចូរ​សម្លឹង​ទៅ​រក​ទីក្រុង ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ទុក​ជា​ទី​សម្គាល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា ខ្មាំង​សត្រូវ​នឹង​ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។
 រីឯ​អ្នក​វិញ ចូរ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​បាប​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​លើ​ខ្លួន​អ្នក​ដែរ។ អ្នក​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​ពួក​គេ​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។  យើង​ឲ្យ​អ្នក​ដេក​ដូច្នេះ បី‌រយ​កៅ‌សិប​ថ្ងៃ ស្មើ​នឹង​ចំនួន​ឆ្នាំ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​តាម​របៀប​នេះ។  ពេល​អ្នក​ដេក​ផ្អៀង​ខាង​ឆ្វេង​គ្រប់​ចំនួន​ថ្ងៃ​ហើយ ចូរ​ដេក​ផ្អៀង​ខាង​ស្តាំ​ម្ដង។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន​ជាតិ​យូដា​ចំនួន​សែ‌សិប​ថ្ងៃ គឺ​មួយ​ថ្ងៃ​ស្មើ​នឹង​មួយ​ឆ្នាំ។  អ្នក​ត្រូវ​សម្លឹង​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ដែល​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ​ប្រកាស​ប្រឆាំង​នឹង​ក្រុង​នេះ​ក្នុង​នាម​យើង។  យើង​នឹង​យក​ខ្សែ‌ពួរ​ចង​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​អាច​ប្រែ​ពី​ម្ខាង​ទៅ​ម្ខាង រហូត ដល់​គ្រប់​ចំនួន​ថ្ងៃ ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង។
ចូរ​យក​ម្សៅ‌មី អង្ករ កន្ទក់ សណ្តែក គ្រាប់​ពោត និង​ល្ង មក​លាយ​ក្នុង​ចាន​តែ​មួយ ហើយ​ដុត​ធ្វើ​នំបុ័ង​សម្រាប់​បរិភោគ ក្នុង‌រយៈ​ពេល​បី‌រយ​កៅ‌សិប​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។ ១០ ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រូវ​បរិភោគ​អាហារ​នេះ​ដោយ​កម្រិត គឺ​មួយ​ថ្ងៃ​ពីរ​ខាំ​កន្លះ។ ១១ រីឯ​ទឹក​ក៏​ត្រូវ​កម្រិត​ដែរ គឺ​ក្នុង​អំឡុង​ពេល​នោះ មួយ​ថ្ងៃ​ផឹក​យ៉ាង​ច្រើន​មួយ​លីត្រ។ ១២ អ្នក​ត្រូវ​បរិភោគ​នំ​ធ្វើ​ពី​ម្សៅ​អង្ករ ដែល​អ្នក​យក​លាមក​របស់​មនុស្ស​មក​ប្រើ​សម្រាប់​ដុត​នំ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា»។
១៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​យើង​បណ្តេញ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក៏​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ»។
១៤ ខ្ញុំ​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ទូល‌បង្គំ​តែង​តែ​ចៀស‌វាង​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​សៅហ្មង គឺ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ ទូល‌បង្គំ​មិន​ធ្លាប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​ឡើយ ហើយ​ទូល‌បង្គំ​ក៏​មិន​បរិភោគ​សាច់​សត្វ​មិន​បរិសុទ្ធ​ដែរ»។ ១៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «បើ​ដូច្នេះ យើង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លាមក​គោ​ជំនួស​លាមក​មនុស្ស សម្រាប់​ដុត​នំបុ័ង»។ ១៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ! យើង​នឹង​បំបាត់​នំបុ័ង​ឲ្យ​អស់​ពី​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​បរិភោគ​អាហារ ដោយ​មាន​កម្រិត ទាំង​ព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​វាល់ ទាំង​ខ្លោច‌ផ្សា។ ១៧ ពួក​គេ​នឹង​ខ្វះ​អាហារ ខ្វះ​ទឹក ហើយ​ខ្លោច‌ផ្សា​ទាំង​អស់​គ្នា ពួក​គេ​នឹង​ត្រូវ​វិនាស ដោយ‌សារ​អំពើ​បាប​របស់​ខ្លួន»។
ព្រះ‌ជាម្ចាស់​ដាក់​ទោស​អ៊ីស្រា‌អែល
 «កូន​មនុស្ស​អើយ ចូរ​យក​ដាវ​មួយ​យ៉ាង​មុត មក​ធ្វើ​កាំបិត​កោរ ហើយ​កោរ​សក់ និង​កោរ​ពុក​មាត់ ពុក​ចង្កា​របស់​អ្នក រួច​យក​ជញ្ជីង​មក​ថ្លឹង បែង​ចែក​ជា​ច្រើន​ចំណែក។  ចូរ​យក​មួយ​ភាគ​បី​ទៅ​ដុត​កណ្ដាល​ទីក្រុង នៅ​ពេល​ផុត​កំណត់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​នោះ ចូរ​យក​មួយ​ភាគ​បី​ទៀត​ទៅ​កាប់​នឹង​ដាវ​ជុំ‌វិញ​ទីក្រុង ហើយ​បាច​មួយ​ភាគ​បី​ឲ្យ​ប៉ើង​ទៅ​តាម​ខ្យល់។ យើង​នឹង​យក​ដាវ​ដេញ​វាយ​ពី​ក្រោយ។  ត្រូវ​យក​មួយ​ចំនួន​តូច​មក​ចង​នឹង​ជាយ​សម្លៀក‌បំពាក់​របស់​អ្នក។  បន្ទាប់​មក ចូរ​យក​ចំណែក​ខ្លះ​ពី​ចំនួន​តូច​នោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​មាន​ភ្លើង​មួយ​ចេញ​ពី​ក្នុង​នោះ​មក​ប្រឆាំង​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល»។
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ក្រុង​យេរូ‌សាឡឹម! យើង​បាន​ដាក់​ក្រុង​នេះ​នៅ​កណ្ដាល​ប្រជា‌ជាតិ​ទាំង‌ឡាយ និង​មាន​នគរ​ផ្សេងៗ​នៅ​ជុំ‌វិញ។  ប៉ុន្តែ អ្នក​ក្រុង​យេរូ‌សាឡឹម​បាន​បះ‌បោរ​ប្រឆាំង​នឹង​បទ‌បញ្ជា និង​វិន័យ​របស់​យើង គឺ​ពួក​គេ​អាក្រក់​ជាង​ប្រជា‌ជាតិ និង​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ទៅ​ទៀត ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោល​បទ‌បញ្ជា​របស់​យើង ហើយ​មិន​កាន់​តាម​វិន័យ​របស់​យើង​ទេ»។  ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ព្រហើន​លើស​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​តាម​វិន័យ និង​បទ‌បញ្ជា​របស់​យើង​ទេ។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ទម្លាប់​របស់​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ ក៏​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​ផង។  ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌ជា‌អម្ចាស់ប្រាប់​ថា យើង​ក៏​ប្រឆាំង​នឹង​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ។  យើង​នឹង​ធ្វើ​ទោស​អ្នក ព្រោះ​អ្នក​បាន​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន យើង​នឹង​ដាក់​ទោស​អ្នក តាម​របៀប ដែល​យើង​មិន​ធ្លាប់​ប្រើ​ពី​មុន ហើយ​ជា​របៀប​ដែល​យើង​មិន​ប្រើ​នៅ​ពេល​ខាង​មុខ​ទៀត​ដែរ ១០ គឺ​ក្នុង​ក្រុង​នេះ ឪពុក​នឹង​ស៊ី​សាច់​កូន កូន​នឹង​ស៊ី​សាច់​ឪពុក។ យើង​នឹង​ដាក់​ទោស​អ្នក ហើយ​កម្ចាត់​ប្រជាជន​ដែល​នៅ​សេស‌សល់​ឲ្យ​ទៅ​នៅ​គ្រប់​ទិស‌ទី»។ ១១ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ! ដោយ​អ្នក​បាន​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​ដ៏​ចង្រៃ មក​ដាក់​នៅ​ក្នុង​ទី‌សក្ការៈ​របស់​យើង ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង យើង​នឹង​ដក​ប្រជាជន​ចេញ​ពី​អ្នក យើង​នឹង​មិន​អាណិត​មេត្តា​អ្នក​ទេ ហើយ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដោយ​ឥត​ត្រា​ប្រណី​ឡើយ។ ១២ ប្រជាជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កម្ចាត់‌កម្ចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។
១៣ យើង​នឹង​បណ្តោយ​តាម​កំហឹង​របស់​យើង រហូត​ចប់​ចុង​ចប់​ដើម។ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ រហូត​ទាល់​តែ​អស់​ចិត្ត។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​និយាយ​ជា​មួយ​ពួក​គេ យើង​ដាក់​ទោស​គេ​តាម​កំហឹង​របស់​យើង ព្រោះ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ។ ១៤ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក បាត់​បង់​កិត្តិយស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ និង​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ។ ១៥ ពេល​ឃើញ​យើង​វាយ​ប្រដៅ និង​ដាក់​ទោស​អ្នក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង​ដូច្នេះ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នឹង​មើល‌ងាយ ជេរ​ប្រមាថ​អ្នក។ ពួក​គេ​តក់‌ស្លុត ហើយ​យក​រឿង​របស់​អ្នក​ទៅ​ព្រមាន​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ។
១៦ យើង​នឹង​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន​ដល់​ប្រជាជន​របស់​អ្នក បណ្តាល​ឲ្យ​គេ​ឈឺ​ចុក​ចាប់ ដូច​មាន​ព្រួញ​បាញ់​រះ​ទៅ​លើ​ពួក​គេ​ឲ្យ​វិនាស។ យើង​នឹង​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន​ដល់​ពួក​គេ កាន់​តែ​ខ្លាំង​ឡើង ដោយ​បំផ្លាញ​ស្បៀង​អាហារ​ដែល​ពួក​គេ​បាន​បង្ការ​ទុក។ ១៧ យើង​នឹង​ចាត់​ទុរ្ភិក្ស ព្រម​ទាំង​សត្វ​សាហាវ ទៅ​ប្រហារ​កូន​ចៅ​របស់​ពួក​គេ។ ជំងឺ​រាត‌ត្បាត ការ​បង្ហូរ​ឈាម សង្គ្រាម​នឹង​កើត​មាន​ដល់​ក្រុង​នេះ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អ៊ីស្រា‌អែល
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ! ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​យើង​ឲ្យ​គេ​ស្ដាប់។  ចូរ​ពោល​ថា: ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ដ្បិត​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ភ្នំ​តូច​ធំ ព្រម​ទាំង​ជ្រោះ និង​ជ្រលង​ភ្នំ​ទាំង​អស់​ដូច​ត​ទៅ “យើង​មក​ដល់​ហើយ យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា យើង​នឹង​កម្ទេច​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​អ្នក​រាល់​គ្នា។  អាសនៈ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ ហើយ​កន្លែង​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​បាក់​បែក​អស់​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មួយ​ចំនួន​ធំ ដួល​ស្លាប់​នៅ​មុខ​ព្រះ​ក្លែង‌ក្លាយ​ទាំង​នោះ។  យើង​នឹង​យក​សាក‌សព​ជន​ជាតិ​អ៊ីស្រា‌អែល ដាក់​នៅ​មុខ​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន ហើយ​យើង​ធ្វើ​ឲ្យ​ឆ្អឹង​របស់​អ្នក​រាល់​គ្នា នៅ​រាយ‌ប៉ាយ​ជុំ‌វិញ​អាសនៈ​របស់​អ្នក​រាល់​គ្នា។  គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ទី‌សក្ការៈ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​ហិន‌ហោច អាសនៈ​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វិនាស​អន្តរាយ​ដែរ រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក ហើយ​រលាយ​សូន្យ កន្លែង​ដែល​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​មុខ​ជា​ត្រូវ​រលំ រីឯ​ព្រះ​ដែល​ជា​ស្នាដៃ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​រលាយ​បាត់​អស់​ទៅ​ដែរ។  មាន​ប្រជាជន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។
 ប៉ុន្តែ យើង​នឹង​ទុក​អ្នក​រាល់​គ្នា​មួយ​ចំនួន​ឲ្យ​នៅ​សេស‌សល់ អ្នក​ទាំង​នោះ​នឹង​គេច​ផុត​ពី​មុខ​ដាវ ហើយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។  ពេល​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ប្រជាជន​ដែល​នៅ​សេស‌សល់​ទាំង​នោះ​នឹង​នឹក​ឃើញ​យើង។ យើង​ធ្វើ​ឲ្យ​ពួក​គេ​គ្រាំ‌គ្រា​ចិត្ត ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​ចាប់​ចិត្ត​លើ​ព្រះ​ក្លែង‌ក្លាយ។ ពួក​គេ​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយ​គោរព​បម្រើ​ព្រះ​គួរ​ស្អប់​ខ្ពើម។ ១០ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ យើង​មិន​មែន​និយាយ​ឥត​បាន​ការ​ទេ គឺ​យើង​ដាក់​ទោស​ពួក​គេ​តាម​ពាក្យ​របស់​យើង”។
១១ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ចូរ​គក់​ទ្រូង និង​ទន្ទ្រាំ​ជើង ទាំង​ស្រែក​យំ​សោក​ស្តាយ ព្រោះ​តែ​អំពើ​អាក្រក់​ថោក​ទាប ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​រាត‌ត្បាត។ ១២ អ្នក​នៅ​ឆ្ងាយ​នឹង​ស្លាប់​ដោយ​ជំងឺ​រាត‌ត្បាត អ្នក​នៅ​ជិត​នឹង​ស្លាប់​ដោយ​មុខ​ដាវ អ្នក​ដែល​នៅ​សេស‌សល់ ហើយ​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ នឹង​ស្លាប់​ដោយ​ទុរ្ភិក្ស។ យើង​នឹង​ដាក់​ទោស​ពួក​គេ រហូត​ចប់​ចុង​ចប់​ដើម តាម​កំហឹង​របស់​យើង។ ១៣ ពេល​ណា​ប្រជាជន​របស់​គេ​ដួល​ស្លាប់ ក្នុង​ចំណោម​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន នៅ​ជុំ‌វិញ​អាសនៈ នៅ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​កំពូល​ភ្នំ ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី និង​ក្រោម​ដើម​ជ្រៃ​ដ៏​ស្កឹម‌ស្កៃ គឺ​ស្លាប់​នៅ​តាម​កន្លែង​ដែល​ពួក​គេ​ដុត​គ្រឿង​ក្រអូប សែន​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន នោះ​ទើប​អ្នក​រាល់​គ្នា​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ១៤ យើង​នឹង​លើក​ដៃ​ប្រហារ​ពួក​គេ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​គេ គឺ​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ គឺ​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ក្រុង​ឌីបឡា។ ពេល​នោះ ទើប​ពួក​គេ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”»។
ចុង​បញ្ចប់​របស់​ស្រុក​អ៊ីស្រា‌អែល
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា ស្រុក​អ៊ីស្រា‌អែល​ត្រូវ​វិនាស​ហើយ មហន្ត‌រាយ​កំពុង​តែ​ចូល​មក​តាម​ទិស​ទាំង​បួន!  អ៊ីស្រា‌អែល​អើយ ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ យើង​នឹង​ជះ​កំហឹង​ទៅ​លើ​អ្នក យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។  យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត និង​ការ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ក្នុង​ចំណោម​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់»។
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក្ខ​វេទនា​មក​ដល់​ហើយ! គឺ​ទុក្ខ​វេទនា​ខុស​ប្លែក​ពី​ធម្មតា!  ចុង​បញ្ចប់​កំពុង​តែ​មក ចុង​បញ្ចប់​មក​ដល់​ហើយ ចុង​បញ្ចប់​មក​ប្រឆាំង​នឹង​អ្នក​យ៉ាង​ឆាប់ៗ ចុង​បញ្ចប់​មក​ដល់​ហើយ!  អ្នក​ស្រុក​អើយ ពេល​ដែល​អ្នក​ត្រូវ​វិនាស​មក​ដល់​ហើយ ពេល​កំណត់​ក៏​មក​ដល់​ដែរ។ ថ្ងៃ​នោះ​មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​លែង​មាន​សម្រែក​អរ​សប្បាយ​នៅ​តាម​ភ្នំ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​ស្លន់‌ស្លោ។
 ឥឡូវ​នេះ យើង​ត្រៀម​ខ្លួន​ជះ​កំហឹង​លើ​អ្នក ឥត​បង្អង់​ឡើយ។ យើង​នឹង​ធ្វើ​ទោស​អ្នក​តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។  យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ស្រប​តាម​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ដែល​បាន​វាយ​អ្នក»។
១០ នុ៎ះ‌ហ្ន ថ្ងៃ​កំណត់! ថ្ងៃ​កំណត់​មក​ដល់​ហើយ! ពេល​ដែល​ត្រូវ​វិនាស​មក​ដល់​ហើយ អំពើ​ឃោរ‌ឃៅ​កាន់​តែ​រីក​ចម្រើន មនុស្ស​ព្រហើន​កើន​ដល់​កម្រិត! ១១ អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​ឲ្យ​អំពើ​អាក្រក់​រឹត​តែ​ឃោរ‌ឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ‌សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ។
១២ ពេល​កំណត់​មក​ដល់​ហើយ ថ្ងៃ​កំណត់​ក៏​មក​ដល់​ដែរ! អ្នក​ទិញ​មិន​ត្រូវ​អរ​សប្បាយ អ្នក​លក់​មិន​ត្រូវ​សោក​សង្រេង ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជាជន​ទាំង​អស់! ១៣ អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជាជន​ទាំង​នោះ នឹង​សម្រេច​ជា​រូប​រាង។ ដោយ‌សារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​ឡើយ។ ១៤ សំឡេង​ត្រែ​លាន់​ឮ​ឡើង គ្រប់ៗ​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ចេញ​ទៅ​ច្បាំង​ទេ ដ្បិត​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​ប្រជាជន​ទាំង​អស់!។
ការ​ដាក់​ទោស​ជន​ជាតិ​អ៊ីស្រា‌អែល
១៥ ខាង​ក្រៅ មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចម្ការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។ ១៦ អ្នក​ដែល​គេច​ខ្លួន​រួច នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ភ្នំ ដូច​ព្រាប​រស់​នៅ​តាម​ជ្រលង​ភ្នំ។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថ្ងូរ ព្រោះ​តែ​កំហុស​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត។
១៧ ពួក​គេ​អស់​កម្លាំង ទន់​ដៃ​ទន់​ជើង។
១៨ ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់
ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។
១៩ ពួក​គេ​បាច​ប្រាក់​របស់​ខ្លួន​ចោល​តាម​ផ្លូវ
មាស​របស់​គេ​ក៏​អស់​តម្លៃ។
នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ប្រាក់ និង​មាស​ពុំ​អាច​រំដោះ​ពួក​គេ
ឲ្យ​រួច​ខ្លួន​ឡើយ។
ពួក​គេ​ក៏​ពុំ​អាច​យក​មាស​ប្រាក់​នេះ
ទៅ​ទិញ​អ្វី​មក​ចម្អែត​ក្រពះ​បាន​ដែរ
ដ្បិត​មាស និង​ប្រាក់ ជា​មូល​ហេតុ
នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។
២០ គ្រឿង​អលង្ការ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​អំនួត
ពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូន
ធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ
គ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។
២១ យើង​នឹង​បណ្តោយ​ឲ្យ​សាសន៍​ដទៃ
រឹប​អូស​យក​គ្រឿង​អលង្ការ​ទាំង​នោះ
ហើយ​ឲ្យ​ពួក​ចោរ​ប្លន់​យក​ជា​របស់​ជ័យ‌ភ័ណ្ឌ
ព្រម​ទាំង​ប្រមាថ​រូប​ព្រះ​ធ្វើ​ពី
គ្រឿង​អលង្ការ​ទាំង​នោះ​ទៀត​ផង។
២២ ទោះ​បី​មាន​ចោរ​ប្លន់
ហើយ​ប្រមាថ​សម្បត្តិ​ក្នុង​ដំណាក់​របស់​យើង​ក្តី
ក៏​យើង​មិន​រវី‌រវល់​ដែរ។
២៣ «ចូរ​រៀប‌ចំ​ច្រវាក់
ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋ
ទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។
២៤ យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុត
ឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេ
យើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែ
ហើយ​ខ្មាំង​នឹង​ប្រមាថ​ទី‌សក្ការៈ​របស់​ពួក​គេ។
២៥ ភយន្ដ‌រាយ​មក​ដល់​ហើយ!
ពួក​គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខ
តែ​គ្មាន​សេចក្ដី​សុខ​ឡើយ!
២៦ មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ​គ្នា
ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។
គេ​ចង់​ដឹង​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្យាការី*
ដ្បិត​ពួក​បូជា‌ចារ្យ*​លែង​ទូន្មាន​ពួក​គេ
ហើយ​ពួក​ព្រឹទ្ធា‌ចារ្យ*
ក៏​លែង​ផ្តល់​យោបល់​អ្វី​ទៀត​ដែរ។
២៧ ស្តេច​កាន់​ទុក្ខ មេ​ដឹក​នាំ​អស់​សង្ឃឹម
ប្រជាជន​នៅ​ក្នុង​ស្រុក​បាក់​ទឹក​ចិត្ត។
យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ
តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត
យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ
តាម​ការ​វិនិច្ឆ័យ​របស់​ពួក​គេ​ផ្ទាល់។
ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា
យើង​ជា​ព្រះ‌អម្ចាស់»។
ការ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្រុង​យេរូ‌សាឡឹម
 នៅ​ឆ្នាំ​ទី​ប្រាំ​មួយ ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំ​មួយ ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​មាន​ព្រឹទ្ធា‌ចារ្យ*​នៃ​ជន​ជាតិ​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ ព្រះ‌ជា‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។
 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។ ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម មាន​សណ្ឋាន​ដូច​ភ្លើង ហើយ​ត្រឹម​ចង្កេះ​ឡើង​ទៅ​លើ មាន​សណ្ឋាន​ដូច​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់។  ពេល​នោះ មាន​ដូច​ជា​ទ្រង់‌ទ្រាយ​ដៃ លូក​មក​ចាប់​ទាញ​សក់​ខ្ញុំ។ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ពី​ដី​ឡើង​ទៅ​លើ​មេឃ ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មក​ពី​ព្រះ‌ជាម្ចាស់ គឺ​នាំ​ខ្ញុំ​ទៅ​ក្រុង​យេរូ‌សាឡឹម ត្រង់​មាត់​ទ្វារ​ខាង​ក្នុង នា​ទិស​ខាង​ជើង​កន្លែង​មាន​រូប​ព្រះ​ក្លែង‌ក្លាយ​ដែល​បណ្តាល​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រច័ណ្ឌ។  សិរី‌រុង​រឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​សណ្ឋិត​នៅ​ទី​នោះ មាន​ទ្រង់‌ទ្រាយ​ដូច​ខ្ញុំ​បាន​ឃើញ​នៅ​តាម​ជ្រលង​ភ្នំ​ដែរ។
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង​ទៅ!»។ ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង ឃើញ​រូប​ដែល​បណ្តាល​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រច័ណ្ឌ​នោះ ស្ថិត​នៅ​ខាង​ជើង​មាត់​ទ្វារ​ចូល​ទី​អាសនៈ។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ឬ​ទេ? ពូជ‌ពង្ស​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ធ្វើ​ឲ្យ​យើង​ចាក​ចេញ​ឆ្ងាយ​ពី​ទី‌សក្ការៈ*​របស់​យើង។ ប៉ុន្តែ អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត»។
 ពេល​នោះ ព្រះ‌អង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​មាត់​ទ្វារ​ចូល​លាន​ព្រះ‌វិហារ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មាន​រន្ធ​មួយ​នៅ​ក្នុង​ជញ្ជាំង។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ចោះ​ជញ្ជាំង​ទៅ!»។ ខ្ញុំ​ក៏​ចោះ​ជញ្ជាំង ធ្វើ​ប្រឡោះ​មួយ។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ចូល​មក​មើល​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​នៅ​ទី​នេះ!»។ ១០ ខ្ញុំ​ក៏​ចូល​ទៅ​មើល ឃើញ​មាន​រូប​សត្វ​លូន​វារ និង​សត្វ​ចង្រៃ​គ្រប់​ប្រភេទ ព្រម​ទាំង​រូប​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឆ្លាក់​លើ​ជញ្ជាំង​ដែល​នៅ​ជុំ‌វិញ។ ១១ មាន​ព្រឹទ្ធា‌ចារ្យ​នៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចិត‌សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសា‌ណា ជា​កូន​របស់​លោក​សាផន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។ ១២ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ព្រឹទ្ធា‌ចារ្យ​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​មើល​យើង​ពុំ​ឃើញ​ទេ! ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។
១៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត»។ ១៤ ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ប៉ែក​ខាង​ជើង។ នៅ​ទី​នោះ ស្រីៗ​អង្គុយ​យំ​ស្រណោះ​ព្រះ​តាមុស។ ១៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​អាក្រក់​ជាង​នេះ​ទៅ​ទៀត»។
១៦ បន្ទាប់​មក ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ នៅ​មាត់​ទ្វារ​ព្រះ‌វិហារ គឺ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនៈ មាន​មនុស្ស​ប្រមាណ​ម្ភៃ‌ប្រាំ​នាក់​បែរ​ខ្នង​ដាក់​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ។ ១៧ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពូជ‌ពង្ស​យូដា​ប្រព្រឹត្ត​នៅ​ទី​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បាន​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ពាស‌ពេញ​ស្រុក​ថែម​ទៀត ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង។ ពួក​គេ​យក​មែក​ឈើ​ដាក់​ជិត​ច្រមុះ​របស់​ខ្លួន។ ១៨ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​កំហឹង​របស់​យើង។ យើង​នឹង​មិន​អាណិត​មេត្តា​ពួក​គេ ហើយ​ក៏​មិន​ត្រា​ប្រណី​ពួក​គេ​ដែរ។ កាល​ណា​ពួក​គេ​ស្រែក​អង្វរ​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ឡើយ»។
ការ​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម
 បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ខ្លាំងៗ​ថា៖ «អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ទោស​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​នាំ​គ្នា​កាន់​អាវុធ​សម្រាប់​ប្រល័យ​ជីវិត​ចូល​មក!»។
 ពេល​នោះ ខ្ញុំ​ឃើញ​មាន​មនុស្ស​ប្រាំ​មួយ​នាក់​ចូល​តាម​ទ្វារ​កំពែង​ខាង​ជើង ម្នាក់ៗ​កាន់​អាវុធ​សម្រាប់​ប្រហារ​ជីវិត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​បុរស​ម្នាក់​ពាក់​អាវ​ទេស‌ឯក​សុទ្ធ ស្ពាយ​ប្រដាប់‌ប្រដា​សរសេរ​នៅ​ចង្កេះ​ផង។ ពួក​គេ​ចូល​មក​ឈរ​នៅ​ខាង​មុខ​អាសនៈ​លង្ហិន។  ពេល​នោះ សិរី‌រុង​រឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​ស្ថិត​នៅ​លើ​ខេរូប៊ីម*​ក៏​អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ព្រះ‌ដំណាក់។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ​នោះ​មក  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត ដោយ​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។  បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ឯ​ទៀតៗ​ថា៖ «ចូរ​ដើរ​តាម​ក្រោយ​គាត់ ហើយ​ប្រហារ​អ្នក​ក្រុង​នេះ​ទៅ កុំ​អាណិត​មេត្តា និង​ត្រា​ប្រណី​ពួក​គេ​ឡើយ!  ចូរ​សម្លាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​ផុត​ពូជ គឺ​ទាំង​ចាស់ ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ក្មេង ទាំង​ស្ត្រី តែ​កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​មាន​សញ្ញា​ជើង​ក្អែក​ឡើយ។ ចូរ​ចាប់​ផ្តើម​ពី​ទី‌សក្ការៈ​របស់​យើង​ទៅ!»។ អ្នក​ទាំង​នោះ​ក៏​ចាប់​ផ្តើម​សម្លាប់​ពួក​ព្រឹទ្ធា‌ចារ្យ* ដែល​នៅ​ខាង​មុខ​ព្រះ‌ដំណាក់។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ចូរ​ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​ទៅ​ជា​សៅហ្មង ដោយ​ទុក​សាក‌សព​ចោល​ពាស‌ពេញ​ទី‌លាន រួច​នាំ​គ្នា​ចេញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​ចេញ​ទៅ​វាយ​ប្រហារ​ជីវិត​ប្រជាជន​នៅ​ក្នុង​ទីក្រុង។
 ពេល​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ប្រជាជន ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ខ្ញុំ​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌ជា‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធ មក​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ប្រល័យ​ជីវិត​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ឬ?»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌អម្ចាស់​ទត​អ្វី​ពុំ​ឃើញ​ទេ”។ ១០ ហេតុ​នេះ យើង​មិន​អាណិត‌អាសូរ និង​ត្រា​ប្រណី​ពួក​គេ​ឡើយ គឺ​យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត»។ ១១ ពេល​នោះ បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ ទូល​ព្រះ‌អង្គ​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ​សព្វ​គ្រប់​ហើយ»។
១០
លោក​អេសេ‌គីអែល​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី
(សូម​អាន ១.១-២៨)
 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ខេរូប៊ីម*។ ក្នុង​លំហ​អាកាស​នោះ មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​នោះ​ថា៖ «ចូរ​ចូល​ទៅ​ខាង​ក្នុង​កង់ ដែល​ស្ថិត​នៅ​ពី​ក្រោម​ពួក​ខេរូប៊ីម ហើយ​យក​រងើក​ភ្លើង ដែល​កំពុង​តែ​ឆេះ​នៅ​ចន្លោះ​ពួក​ខេរូប៊ីម​ពេញ​មួយ​ក្បង់​ដៃ រួច​ជះ​ទៅ​លើ​ទីក្រុង​ទៅ!»។
ខ្ញុំ​ក៏​ឃើញ​បុរស​នោះ​ចូល​ទៅ។  ពេល​គាត់​ទៅ​ដល់ ពួក​ខេរូប៊ីម​ស្ថិត​នៅ​ខាង​ស្តាំ​ព្រះ‌ដំណាក់ ហើយ​មាន​ពពក​ពាស‌ពេញ​ទី‌លាន​ខាង​ក្នុង។  សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​លើ​ពួក​ខេរូប៊ីម ឆ្ពោះ​កាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់។ មាន​ពពក​នៅ​ពេញ​ព្រះ‌ដំណាក់ ហើយ​ទី‌លាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់។  សន្ធឹក​ស្លាប​របស់​ពួក​ខេរូប៊ីម លាន់​ឮ​រហូត​ទៅ​ដល់​ទី‌លាន​ខាង​ក្រៅ មាន​សូរ‌ស័ព្ទ​ដូច​ព្រះ‌សូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។  ព្រះ‌អម្ចាស់​បង្គាប់​ទៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​ដូច​ត​ទៅ៖ «ចូរ​យក​ភ្លើង​ពី​ក្នុង​កង់ នៅ​ចន្លោះ​ពួក​ខេរូប៊ីម​មក!»។ បុរស​នោះ​ក៏​ទៅ​ឈរ​ក្បែរ​កង់។  ពេល​នោះ ខេរូប៊ីម​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ខេរូប៊ីម ហើយ​យក​ភ្លើង​ហុច​ទៅ​ឲ្យ​បុរស​នោះ។ គាត់​ក៏​ទទួល​យក រួច​ចេញ​ទៅ។  នៅ​ក្រោម​ស្លាប​របស់​ពួក​ខេរូប៊ីម មាន​ហាក់​ដូច​ជា​ដៃ​របស់​មនុស្ស​លេច​ចេញ​មក។
ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​កង់​បួន​នៅ​ក្បែរ​ពួក​ខេរូប៊ីម គឺ​នៅ​ក្បែរ​ខេរូប៊ីម​នីមួយៗ​មាន​កង់​មួយ។ កង់​ទាំង​នោះ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ១០ កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។ ១១ ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​អាច​វិល​ទៅ​ទិស​ទាំង​បួន ដោយ​ឥត​ងាក​រេ គឺ​វា​វិល​ទៅ​មុខ តាម​ទិស​ដែល​មុខ​របស់​ខេរូប៊ីម​បែរ​ទៅ​គេ ដោយ​ឥត​ងាក​រេ​ឡើយ។ ១២ រូប​កាយ​របស់​ខេរូប៊ីម​ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ផ្កា​ភ្លើង​ពាស‌ពេញ ហើយ​តាម​រង្វង់​កង់​របស់​ខេរូប៊ីម​ទាំង​បួន​ក៏​មាន​ផ្កា​ភ្លើង​ពាស‌ពេញ​ដែរ។ ១៣ ខ្ញុំ​ឮ​គេ​ហៅ​កង់​ទាំង​នោះ​ថា “ខ្យល់​កួច”។ ១៤ ខេរូប៊ីម​នីមួយៗ​មាន​មុខ​បួន។ មុខ​ទី​មួយ​ដូច​មុខ​ខេរូប៊ីម មុខ​ទី​ពីរ​ដូច​មុខ​មនុស្ស មុខ​ទី​បី​ដូច​មុខ​សិង្ហ មុខ​ទី​បួន​ដូច​មុខ​ឥន្ទ្រី។ ១៥ ពួក​ខេរូប៊ីម​ទាំង​នោះ​ក៏​ហោះ​ឡើង គឺ​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ។ ១៦ ពេល​ខេរូប៊ីម​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ​ជា​មួយ ពេល​ខេរូប៊ីម​ទទះ​ស្លាប​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​នៅ​ជាប់​ជា​មួយ​ដែរ។ ១៧ ពេល​ខេរូប៊ីម​ឈប់ កង់​ក៏​ឈប់ ពេល​ខេរូប៊ីម​ឡើង កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។
១៨ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ខេរូប៊ីម។ ១៩ ខ្ញុំ​ឃើញ​ខេរូប៊ីម​ទាំង​នោះ​ទទះ​ស្លាប​ហោះ​ឡើង ហើយ​កង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិរី‌រុង​រឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​សណ្ឋិត​នៅ​លើ​ខេរូប៊ីម ហើយ​ឈប់​នៅ​មាត់​ទ្វារ​កំពែង​ខាង​កើត​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់២០ ពេល​នោះ ខ្ញុំ​ដឹង​ថា សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ក្បែរ​ទន្លេ​កេបារ គឺ​ខេរូប៊ីម​នេះ​ឯង។ ២១ ខេរូប៊ីម​នីមួយៗ​មាន​មុខ​បួន មាន​ស្លាប​បួន ហើយ​នៅ​ពី​ក្រោម​ស្លាប មាន​ទ្រង់‌ទ្រាយ​ដូច​ដៃ​មនុស្ស។ ២២ ខេរូប៊ីម​ទាំង​នោះ មាន​មុខ​ដូច​សត្វ​លោក ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ បេះ​បិទ។ ខេរូប៊ីម​នីមួយៗ​ហើរ​ទៅ​មុខ​យ៉ាង​ត្រង់។
១១
ព្រះ‌អម្ចាស់​ដាក់​ទោស​មេ​ដឹក​នាំ​អ៊ីស្រា‌អែល
 ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ទ្វារ​ខាង​កើត​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ មាន​មនុស្ស​ម្ភៃ‌ប្រាំ​នាក់​អង្គុយ​នៅ​មាត់​ទ្វារ​នោះ។ ខ្ញុំ​ឃើញ​មេ​ដឹក​នាំ​ពីរ​នាក់​របស់​ប្រជាជន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ គឺ​លោក​យ៉ាសា‌នីយ៉ា ជា​កូន​របស់​លោក​អស្សួរ និង​លោក​ពេឡា‌ទីយ៉ា ជា​កូន​របស់​លោក​បេណា‌យ៉ា។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ពួក​នេះ​ជា​មនុស្ស​រៀប‌ចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ផ្តល់​យោបល់​អាក្រក់​ដល់​ក្រុង​នេះ។  ពួក​គេ​ពោល​ថា “គ្មាន​នរណា​សង់​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទេ។ ក្រុង​នេះ​ប្រៀប​បាន​នឹង​ឆ្នាំង រីឯ​ពួក​យើង ពួក​យើង​ជា​សាច់​នៅ​ក្នុង​ឆ្នាំង”។  ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ព្រះ‌បន្ទូល ចូរ​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ទៅ!»។
 ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​មក​សណ្ឋិត​លើ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​គិត យើង​ដឹង​ទាំង​អស់។  អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មាន​សាក‌សព​ពាស‌ពេញ​ផ្លូវ។  ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សាក‌សព​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង ប្រៀប​បាន​នឹង​សាច់​មែន ហើយ​ទីក្រុង​ជា​ឆ្នាំង។ រីឯ​អ្នក​រាល់​គ្នា​វិញ យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុង​នេះ។  អ្នក​រាល់​គ្នា​ខ្លាច​សង្គ្រាម តែ​យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។  យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទីក្រុង យើង​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ការ​វិនិច្ឆ័យ​របស់​យើង។ ១០ អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ១១ ក្រុង​នេះ​មិន​មែន​ជា​ឆ្នាំង​សម្រាប់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​សាច់​នៅ​ក្នុង​ក្រុង​នេះ​ដែរ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល។ ១២ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ អ្នក​រាល់​គ្នា​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ធ្វើ​តាម​បញ្ញត្តិ​របស់​យើង​ដែរ តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​តម្រាប់​តាម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ»។
១៣ ពេល​ខ្ញុំ​កំពុង​ថ្លែង​ព្រះ‌បន្ទូល​ទាំង​នេះ លោក​ពេឡា‌ទីយ៉ា ជា​កូន​របស់​លោក​បេណា‌យ៉ា ក៏​ស្លាប់​មួយ​រំពេច។ ខ្ញុំ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ស្រែក​យ៉ាង​ខ្លាំងៗ​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ! ព្រះ‌អង្គ​មុខ​ជា​ប្រល័យ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ ឲ្យ​វិនាស​សូន្យ​មិន​ខាន!»។
ព្រះ‌បន្ទូល​សន្យា​ចំពោះ​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ
១៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ ១៥ «កូន​មនុស្ស​អើយ ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ពោល​ទៅ​កាន់​បង‌ប្អូន និង​សាច់‌ញាតិ​របស់​អ្នក ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ថា “ចូរ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​តែ​ពួក​យើង​ប៉ុណ្ណោះ”។ ១៦ ចូរ​ប្រាប់​បង‌ប្អូន​របស់​អ្នក​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ទោះ​បី​យើង​បណ្តេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ឆ្ងាយៗ ទោះ​បី​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ស្រុក​ផ្សេងៗ​ក្តី ក៏​យើង​នឹង​ធ្វើ​ជា​ទី‌សក្ការៈ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ទាំង​នោះ​ដែរ”។ ១៧ ចូរ​ប្រាប់​ពួក​គេ​ទៀត​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​កណ្ដាល​ចំណោម​ជាតិ​សាសន៍​នានា​មក​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​យើង​នឹង​ប្រគល់​ទឹក​ដី​អ៊ីស្រា‌អែល​ឲ្យ​អ្នក​រាល់​គ្នា”។ ១៨ ពួក​គេ​នឹង​នាំ​គ្នា​ត្រឡប់​មក​វិញ ហើយ​ដក​ព្រះ​ក្លែង‌ក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ចេញ​ពី​ទឹក​ដី​នេះ។ ១៩ យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​តែ​មួយ យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ពួក​គេ យើង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចេះ​ស្ដាប់​បង្គាប់​វិញ ២០ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​វិន័យ​របស់​យើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​បញ្ញត្តិ​របស់​យើង។ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង យើង​ក៏​ទៅ​ជា​ព្រះ​របស់​ពួក​គេ។ ២១ រីឯ​អស់​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម​វិញ យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
២២ ពួក​ខេរូប៊ីម*​ទទះ​ស្លាប​ហោះ ហើយ​កង់​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ សិរី‌រុង​រឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ពី​លើ​ខេរូប៊ីម​ទាំង​នោះ។ ២៣ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ក៏​អណ្ដែត​ឡើង​ពី​ទីក្រុង ហើយ​ស្ថិត​នៅ​លើ​ភ្នំ​ខាង​កើត​ទីក្រុង។ ២៤ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ស្រុក​ខាល់ដេ ឲ្យ​នៅ​ជា​មួយ​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ។ បន្ទាប់​មក និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ​នោះ ក៏​រលាយ​បាត់​ទៅ។ ២៥ ខ្ញុំ​ក៏​និយាយ​ប្រាប់​ប្រជាជន​ជាប់​ជា​ឈ្លើយ​នូវ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ។
១២
ប្រផ្នូល​អំពី​អ៊ីស្រា‌អែល​ត្រូវ​ខ្ចាត់‌ខ្ចាយ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖  «កូន​មនុស្ស​អើយ! អ្នក​រស់​នៅ​ក្នុង​ចំណោម​ពូជ​អ្នក​បះ‌បោរ។ ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។  កូន​មនុស្ស​អើយ ចូរ​រៀប‌ចំ​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ ហើយ​ចេញ​ពី​ផ្ទះ​ទាំង​ថ្ងៃ​ឲ្យ​ពួក​គេ​ឃើញ​គ្រប់ៗ​គ្នា។ ធ្វើ​ដូច្នេះ​ប្រហែល​ជា​ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។  អ្នក​ត្រូវ​រៀប‌ចំ​អីវ៉ាន់ វេច​បង្វេច​ទាំង​ថ្ងៃ ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ ឲ្យ​គេ​ឃើញ​គ្រប់​គ្នា។ ដល់​ពេល ល្ងាច​ត្រូវ​ចេញ​ដំណើរ​ទៅ​ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។  ចូរ​ទម្លុះ​កំពែង​ឲ្យ​គេ​ឃើញ រួច​បញ្ចេញ​បង្វេច​តាម​ប្រឡោះ​នោះ។  ត្រូវ​លើក​បង្វេច​នោះ​ស្ពាយ​ឲ្យ​ពួក​គេ​ឃើញ ហើយ​ចេញ​ដំណើរ​ទៅ ទាំង​ងងឹត ព្រម​ទាំង​បិទ​មុខ ដើម្បី​កុំ​ឲ្យ​អ្នក​ឃើញ​ថា​អ្នក​ទៅ​ទី​ណា ដ្បិត​យើង​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល»។
 ខ្ញុំ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​រៀប‌ចំ​អីវ៉ាន់ វេច​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។ នៅ​ពេល​ល្ងាច ខ្ញុំ​ទម្លុះ​កំពែង​ក្រុង​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ងងឹត ទាំង​ស្ពាយ​បង្វេច​ឲ្យ​ពួក​គេ​ឃើញ​ទាំង​អស់​គ្នា។
 លុះ​ព្រឹក​ឡើង ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ! ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែល​ជា​ពូជ​បះ‌បោរ​នេះ មុខ​ជា​សួរ​អ្នក​ថា “តើ​លោក​ធ្វើ​អ្វី?” ១០ ត្រូវ​តប​ទៅ​ពួក​គេ​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​ការ​ព្រមាន​ដល់​ស្តេច​នៅ​ក្រុង​យេរូ‌សាឡឹម និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ថិត​នៅ​ក្រុង​នេះ”។ ១១ ចូរ​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។ ១២ រីឯ​ស្តេច​ដែល​គ្រប់‌គ្រង​អ្នក​រាល់​គ្នា ក៏​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​ពី​ក្រុង​ទៅ ក្នុង​ពេល​ងងឹត​ដែរ។ គេ​នឹង​ទម្លុះ​កំពែង​ក្រុង​ឲ្យ​ស្តេច​ចេញ ទាំង​បិទ​មុខ មិន​ឲ្យ​ឃើញ​ថា​ទៅ​ទី​ណា។ ១៣ យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្តេច ហើយ​ស្តេច​នោះ​នឹង​ជាប់​អន្ទាក់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ីឡូន គឺ​ស្រុក​របស់​ជន​ជាតិ​ខាល់ដេ គេ​នឹង​ស្លាប់​នៅ​ស្រុក​នោះ តែ​ឥត​បាន​ឃើញ​ស្រុក​នោះ​ឡើយ។ ១៤ យើង​នឹង​កម្ចាត់‌កម្ចាយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច គឺ​ទាំង​អង្គ‌រក្ស និង​ទាហាន​ទាំង​ប៉ុន្មាន​របស់​ស្តេច ឲ្យ​ទៅ​គ្រប់​ទី​កន្លែង ព្រម​ទាំង​យក​ដាវ​ដេញ​តាម​ប្រហារ​ពួក​គេ​ពី​ក្រោយ​ផង។ ១៥ ពេល​ណា​យើង​បំបែក​ពួក​គេ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ពេល​ណា​យើង​កម្ចាត់‌កម្ចាយ​ពួក​គេ​ទៅ​នៅ​តាម​ស្រុក​ទាំង‌ឡាយ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ១៦ ប៉ុន្តែ យើង​ទុក​ឲ្យ​ពួក​គេ​មួយ​ចំនួន​នៅ​សេស‌សល់ គឺ​គេច​ផុត​ពី​មុខ​ដាវ ពី​ទុរ្ភិក្ស និង​ជំងឺ​រាត‌ត្បាត ដើម្បី​ឲ្យ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ប្រាប់​ប្រជា‌ជាតិ​នានា។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”»។
១៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ ១៨ «កូន​មនុស្ស​អើយ ចូរ​បរិភោគ​អាហារ ទាំង​ញាប់‌ញ័រ ចូរ​ផឹក​ទឹក​ទាំង​ស្លន់‌ស្លោ និង​ភ័យ​រន្ធត់។ ១៩ ចូរ​ថ្លែង​ប្រាប់​ប្រជាជន​នៅ​ស្រុក​នេះ​ដូច​ត​ទៅ: ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្តី​អំពី​អ្នក​ក្រុង​យេរូ‌សាឡឹម ដែល​រស់​នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ថា ពួក​គេ​នឹង​បរិភោគ​អាហារ ទាំង​ភ័យ​រន្ធត់ ពួក​គេ​នឹង​ផឹក​ទឹក​ទាំង​តក់‌ស្លុត ដ្បិត​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន បាត់​បង់​អ្វីៗ​ទាំង​អស់ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​ស្រុក​នេះ​ប្រព្រឹត្ត។ ២០ ក្រុង​ដែល​ធ្លាប់​តែ​មាន​ប្រជាជន​កុះ‌ករ នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ហើយ​ស្រុក​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
២១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ ២២ «កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្ត‌ហេតុ​ណា​មួយ​សម្រេច​ជា​រូប​រាង​សោះ!”។ ២៣ ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​លុប​បំបាត់​សុភាសិត​នេះ គឺ​គេ​នឹង​លែង​និយាយ​ពី​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ប្រាប់​ពួក​គេ​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ និមិត្ត‌ហេតុ​ទាំង​ប៉ុន្មាន​នឹង​សម្រេច​ជា​រូប​រាង​មិន​ខាន” ២៤ ដ្បិត​នៅ​ស្រុក​អ៊ីស្រា‌អែល លែង​មាន​និមិត្ត‌ហេតុ​ឥត​បាន​ការ ឬ​ការ​ទស្សន៍‌ទាយ បញ្ជោរ​ទៀត​ហើយ។ ២៥ យើង​ជា​ព្រះ‌អម្ចាស់ ការ​អ្វី​ដែល​យើង​ថ្លែង​តែង​តែ​សម្រេច​ជា​រូប​រាង ឥត​បង្អង់​ឡើយ។ ពិត​មែន​ហើយ យើង​នឹង​សម្រេច​តាម​ពាក្យ​របស់​យើង ក្នុង​ពេល​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ​អ្នក​បះ‌បោរ នៅ​មាន​ជីវិត​នៅ​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
២៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២៧ «កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា “និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សម្រាប់​អនាគត‌កាល​ដ៏​យូរ‌លង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សម្រាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។ ២៨ ហេតុ​នេះ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្វីៗ​ដែល​យើង​ថ្លែង​តែង​តែ​សម្រេច​ជា​រូប​រាង ឥត​បង្អង់​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៣
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្យាការី​ក្លែង‌ក្លាយ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖  «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ព្រះ‌បន្ទូល ប្រឆាំង​នឹង​ពួក​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ចូរ​ប្រាប់​ពួក​ព្យាការី​ដែល​បាន​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!។  ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ព្យាការី​ល្ងី‌ល្ងើ​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ! អ្នក​រាល់​គ្នា​ទស្សន៍‌ទាយ​តាម​ការ​នឹក​ឃើញ​របស់​ខ្លួន គឺ​ឥត​បាន​ឃើញ​និមិត្ត‌ហេតុ​ពី​ព្រះ‌ជាម្ចាស់​ឡើយ។  ឱ​អ៊ីស្រា‌អែល​អើយ ព្យាការី​របស់​អ្នក​ប្រៀប​បាន​នឹង​កញ្ជ្រោង ដែល​រស់​នៅ​តាម​គំនរ​បាក់​បែក!  ព្យាការី​ក្លែង‌ក្លាយ​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​ជួស‌ជុល​កំពែង​ធ្លុះ‌ធ្លាយ អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​របង ដើម្បី​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ការ‌ពារ​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ព្រះ‌ពិរោធ​​ទេ។  អ្នក​រាល់​គ្នា​រៀប​រាប់​ពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ពាក្យ​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់” តែ​ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​អ្នក​រាល់​គ្នា​មក​ទេ។ អ្នក​រាល់​គ្នា​សង្ឃឹម​ថា ពាក្យ​របស់​ខ្លួន​នឹង​សម្រេច​ជា​រូប​រាង។  និមិត្ត‌ហេតុ​ដែល​អ្នក​រាល់​គ្នា​រៀប​រាប់​នោះ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ទស្សន៍‌ទាយ​សុទ្ធ​តែ​កុហក! អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!” តែ​យើង​ពុំ​បាន​និយាយ​ឡើយ»។  ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ដោយ​អ្នក​រាល់​គ្នា​ពោល​តែ​ពាក្យ​ឥត​បាន​ការ ហើយ​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​កុហក យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។  ពួក​ព្យាការី​ក្លែង‌ក្លាយ​អើយ យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង ហើយ​ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។
១០ ព្យាការី​ទាំង​នោះ​បាន​នាំ​ប្រជាជន​របស់​យើង​ឲ្យ​វង្វេង ដោយ​ពោល​ថា មាន​សន្តិ‌ភាព​ហើយ! តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ។ ប្រជាជន​របស់​យើង​សង់​ជញ្ជាំង ហើយ​ព្យាការី​ទាំង​នោះ​នាំ​គ្នា​បូក​បាយ‌អ​ពី​លើ។ ១១ ចូរ​ប្រកាស​ប្រាប់​អ្នក​បូក​បាយ​អ​ទាំង​នោះ​ថា: ជញ្ជាំង​នេះ​មុខ​ជា​រលំ​មិន​ខាន! ភ្លៀង​នឹង​បង្អុរ​មក​យ៉ាង​ខ្លាំង ព្រឹល​ក៏​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​ក៏​កើត​មាន​ដែរ ពេល​នោះ ជញ្ជាំង​នឹង​រលំ​បាក់​បែក​អស់។ ១២ ពេល​ជញ្ជាំង​រលំ គេ​នឹង​សួរ​អ្នក​រាល់​គ្នា តើ​បាយ‌អ​ដែល​អ្នក​រាល់​គ្នា​បូក​នោះ​ទៅ​ណា​បាត់​ហើយ?»។ ១៣ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្យុះ​បក់​បោក​មក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង តាម​កំហឹង​របស់​យើង ព្រឹល​នឹង​ធ្លាក់​ចុះ​មក​យ៉ាង​សាហាវ ធ្វើ​ឲ្យ​ជញ្ជាំង​រលំ។ ១៤ យើង​នឹង​កម្ទេច​ជញ្ជាំង​ដែល​អ្នក​រាល់​គ្នា​បូក​បាយ‌អ​ពី​លើ យើង​នឹង​ធ្វើ​ឲ្យ​ជញ្ជាំង​នោះ​រលំ​ដល់​ដី គ្រឹះ​របស់​វា​នឹង​រលើង ហើយ​ជញ្ជាំង​រលំ​សង្កត់​លើ​អ្នក​រាល់​គ្នា។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ១៥ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជញ្ជាំង​នោះ ព្រម​ទាំង​អស់​អ្នក​ដែល​បូក​បាយ‌អ តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម។ គេ​នឹង​ពោល​ថា: គ្មាន​ជញ្ជាំង គ្មាន​អ្នក​បូក​បាយ‌អ ១៦ គ្មាន​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ទស្សន៍‌ទាយ​អំពី​ក្រុង​យេរូ‌សាឡឹម និង​រៀប​រាប់​អំពី​និមិត្ត‌ហេតុ ដែល​ថា​ក្រុង​នេះ​នឹង​មាន​សន្តិ‌ភាព តែ​គ្មាន​សន្តិ‌ភាព​សោះ!​ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្យាកា‌រិនី​ក្លែង‌ក្លាយ
១៧ កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្រីៗ​នៃ​ប្រជាជន​របស់​អ្នក ដែល​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ចូរ​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រី​ទាំង​នោះ​ទៅ! ១៨ ចូរ​ពោល​ទៅ​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: វេទនា​ហើយ​ស្រីៗ ដែល​វេញ​អំបោះ​ឲ្យ​ប្រជាជន​ទាំង​អស់​ពាក់​នៅ​ក​ដៃ និង​ដេរ​ឆ្នួត​ឲ្យ​ប្រជាជន​គ្រប់​អាយុ​ពាក់​នៅ​លើ​ក្បាល ដើម្បី​ខាប​ព្រលឹង! ពួក​នាង​ខាប​ព្រលឹង​ប្រជាជន​របស់​យើង ហើយ​នឹក​ស្មាន​ថា​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឬ? ១៩ ពួក​នាង​បន្ថោក​យើង​នៅ​ចំពោះ​មុខ​ប្រជាជន​របស់​យើង ព្រោះ​ចង់​បាន​អង្ករ​ពីរ​បី​ក្តាប់ និង​នំបុ័ង​ពីរ​បី​ដុំ។ ពួក​នាង​បោក​ប្រាស់​ប្រជាជន​របស់​យើង ដ្បិត​គេ​ឆាប់​ជឿ​ពាក្យ​កុហក​របស់​ពួក​នាង ធ្វើ​ដូច្នេះ ពួក​នាង​សម្លាប់​អស់​អ្នក​ដែល​មិន​ត្រូវ​ស្លាប់ តែ​ទុក​ជីវិត​ឲ្យ​អស់​អ្នក​ដែល​មិន​ត្រូវ​រស់»។
២០ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ប្រឆាំង​នឹង​អំបោះ ដែល​ពួក​នាង​ប្រើ​សម្រាប់​ខាប​ព្រលឹង។ យើង​នឹង​យក​អំបោះ​ទាំង​នោះ​ចេញ​ពី​ដៃ​របស់​ពួក​នាង ហើយ​ដោះ​លែង​ព្រលឹង​ដែល​ពួក​នាង​ចាប់​យក​មក​ឃុំ‌ឃាំង។ ២១ យើង​នឹង​ហែក​ឆ្នួត​របស់​ពួក​នាង ព្រម​ទាំង​ដោះ​លែង​ប្រជាជន​របស់​យើង​ពី​កណ្ដាប់​ដៃ​ពួក​នាង ហើយ​ពួក​នាង​មិន​អាច​ចាប់​ពួក​គេ ទុក​ជា​រំពា​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​បាន​ឡើយ។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ២២ ដោយ‌សារ​ពាក្យ​កុហក ពួក​នាង​បំបាក់​ទឹក​ចិត្ត​របស់​មនុស្ស​សុចរិត ដែល​យើង​ពុំ​បាន​ធ្វើ​ឲ្យ​ពិបាក​ចិត្ត។ ពួក​នាង​លើក​ទឹក​ចិត្ត​មនុស្ស​អាក្រក់ ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់​ត​ទៅ​ទៀត មិន​ឲ្យ​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ដើម្បី​ទទួល​ជីវិត​ឡើយ។ ២៣ ពួក​នាង​នឹង​លែង​ប្រឌិត​និមិត្ត‌ហេតុ​ដ៏​ឥត​បាន​ការ ហើយ​ក៏​លែង​ទស្សន៍‌ទាយ​ទៀត​ដែរ។ យើង​នឹង​ដោះ​លែង​ប្រជា‌រាស្ដ្រ​របស់​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​នាង។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
១៤
អ៊ីស្រា‌អែល​ត្រូវ​តែ​បោះ​បង់​ចោល​ព្រះ​ក្លែង‌ក្លាយ
 មាន​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ខ្លះ​មក​ជួប​ខ្ញុំ ហើយ​នាំ​គ្នា​អង្គុយ​នៅ​មុខ​ខ្ញុំ។  ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
 «កូន​មនុស្ស​អើយ អ្នក​ទាំង​នោះ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ តើ​ពួក​គេ​នឹក​ស្មាន​ថា យើង​នឹង​ផ្តល់​ចម្លើយ​ឲ្យ​ឬ?  ចូរ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​អ៊ីស្រា‌អែល អ្នក​ណា​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ ដោយ​ផ្ទាល់​តែ​ម្ដង។ យើង​នឹង​ឆ្លើយ​ទៅ​គេ​វិញ តាម​ចំនួន​ព្រះ​ក្លែង‌ក្លាយ​ដែល​គេ​គោរព។  ចម្លើយ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​រំជួល​ចិត្ត ដ្បិត​ពួក​គេ​បាន​ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​គ្នា។  ហេតុ​នេះ ចូរ​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ចូរ​វិល​ត្រឡប់​មក​វិញ ចូរ​លះ‌បង់​ព្រះ​ក្លែង‌ក្លាយ ហើយ​ងាក​ចេញ​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត!
 ប្រសិន​បើ​ជន​ជាតិ​អ៊ីស្រា‌អែល ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ងាក​ចេញ​ឆ្ងាយ​ពី​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី​ទស្សន៍‌ទាយ យើង​ដែល​ជា​ព្រះ‌អម្ចាស់​យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ ដោយ​ផ្ទាល់​តែ​ម្ដង។  យើង​នឹង​ដាក់​ទោស​អ្នក​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ក្លាយ​ទៅ​ជា​គំរូ​អាក្រក់ និង​ជា​មេរៀន​សម្រាប់​ព្រមាន​អ្នក​ឯ​ទៀតៗ យើង​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌រាស្ដ្រ​របស់​យើង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។
 ប្រសិន​បើ​ព្យាការី​ចាញ់​ការ​ល្បួង​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជា​ព្រះ‌អម្ចាស់​បាន​បណ្តោយ​ឲ្យ​ព្យាការី​នោះ​ចាញ់​ការ​ល្បួង។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ១០ ព្យាការី និង​អ្នក​ទៅ​រក​ព្យាការី​ទស្សន៍‌ទាយ​ត្រូវ​ទទួល​ទោស​ដូច​គ្នា ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​បាប​តែ​មួយ។ ១១ ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​លែង​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ហើយ​លែង​សៅហ្មង​ដោយ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ទៀត​ហើយ។ ពេល​នោះ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
ទោស​ដែល​អ៊ីស្រា‌អែល​ត្រូវ​តែ​ទទួល
១២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៣ «កូន​មនុស្ស​អើយ ប្រសិន​បើ​ប្រជាជន​នៅ​ក្នុង​ស្រុក​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ក្បត់​យើង យើង​នឹង​ដាក់​ទោស​ពួក​គេ​ឲ្យ​ខ្វះ​ស្បៀង និង​កើត​ទុរ្ភិក្ស ហើយ​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ស្រុក​នោះ​ផង។ ១៤ ទោះ​បី​នៅ​ស្រុក​នោះ មាន​ណូអេ ដានីអែល និង​យ៉ូប​ក្តី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៥ ប្រសិន​បើ​យើង​ឲ្យ​សត្វ​សាហាវ​ចូល​មក​ក្នុង​ស្រុក ប្រល័យ​ជីវិត​អ្នក​ស្រុក និង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ ព្រោះ​ខ្លាច​សត្វ​ទាំង​នោះ ១៦ ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្តី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ ហើយ​ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៧ ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​ស្រុក ប្រសិន​បើ​យើង​បញ្ជា​ឲ្យ​កង‌ទ័ព​មួយ​វាយ​លុក​ស្រុក​នោះ ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ ១៨ ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្តី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៩ ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​ក្នុង​ស្រុក​នេះ ដើម្បី​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ ២០ ទោះ​បី​មាន​ណូអេ ដានីអែល និង​យ៉ូប​រស់​នៅ​ក្នុង​ស្រុក​ក្តី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ -។
២១ ពិត​មែន​ហើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​យើង​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម ដោយ​គ្រោះ​កាច​ទាំង​បួន​យ៉ាង គឺ​សង្គ្រាម ទុរ្ភិក្ស សត្វ​សាហាវ និង​ជំងឺ​រាត‌ត្បាត ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទាំង​មនុស្ស​ទាំង​សត្វ​ក្តី ២២ ក៏​មាន​មនុស្ស​ប្រុស​ស្រី​មួយ​ចំនួន​នៅ​សេស‌សល់​ដែរ។ ខ្មាំង​នឹង​កៀរ​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ឃើញ​របៀប​ដែល​គេ​រស់​នៅ ព្រម​ទាំង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត ចំពោះ​ទុក្ខ​វេទនា​ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម។ ២៣ អ្នក​ទាំង​នោះ​នឹង​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា តាម​របៀប​ដែល​គេ​រស់​នៅ និង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ក្រុង​នេះ​មិន​មែន​ឥត​មូល​ហេតុ​ទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៥
អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​អុស​ដែល​គេ​ដុត
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖  «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​ជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយ‌ជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ?។  តើ​គេ​អាច​យក​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ទៅ​ឆ្លាក់​ធ្វើ​វត្ថុ​អ្វី​មួយ ឬ​ក៏​យក​ទៅ​ប្រើ​សម្រាប់​ព្យួរ​អ្វី​មួយ​បាន​ឬ?។  គេ​ប្រើ​អុស​នេះ​បាន​ត្រឹម​តែ​ដុត​ប៉ុណ្ណោះ។ ពេល​ណា​ភ្លើង​ឆេះ​កន្ទុយ​អុស​ទាំង​សង​ខាង និង​ឆេះ​ផ្នែក​កណ្ដាល​អស់​ហើយ តើ​គេ​អាច​យក​ទៅ​ប្រើ​ការ​អ្វី​បាន​ទៀត?។  កាល​វា​នៅ​ទាំង​មូល គេ​យក​ទៅ​ប្រើ​ការ​អ្វី​មិន​បាន​ផង ចុះ​ទម្រាំ​បើ​ត្រូវ​ភ្លើង​ឆេះ​អស់ នោះ​វា​រឹង‌រឹត​តែ​លែង​បាន​ការ!»។
 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គេ​យក​អុស​ទំពាំង‌បាយ‌ជូរ​ពី​ចំណោម​ឈើ​ឯ​ទៀតៗ​នៅ​ក្នុង​ព្រៃ​ទៅ​ដុត​យ៉ាង​ណា យើង​ក៏​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម​យ៉ាង​នោះ​ដែរ។  យើង​នឹង​ដាក់​ទោស​ពួក​គេ ទោះ​បី​ពួក​គេ​ខំ​ប្រឹង​រត់​ចេញ​ពី​ភ្លើង​ក្តី ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​ពួក​គេ​មិន​ខាន។ ពេល​ឃើញ​យើង​ដាក់​ទោស​ពួក​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន!  យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​យើង»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៦
យេរូ‌សាឡឹម​ប្រៀប​បាន​នឹង​ស្ត្រី​ផិត​ក្បត់
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖  «កូន​មនុស្ស​អើយ! ចូរ​ប្រាប់​អ្នក​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ដឹង ពី​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ប្រព្រឹត្ត។  ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុង​យេរូ‌សាឡឹម​ដូច​ត​ទៅ: នាង​មាន​កំណើត​នៅ​ស្រុក​កាណាន។ ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត។  នៅ​ថ្ងៃ​ដែល​នាង​កើត គេ​មិន​បាន​កាត់​ផ្ចិត​នាង​ទេ គេ​មិន​បាន​យក​ទឹក​មក​លាង​សំអាត​នាង គេ​មិន​បាន​យក​អំបិល​​មក​លាប​នាង ហើយ​គេ​ក៏​មិន​បាន​យក​សំពត់​មក​រុំ​នាង​ដែរ។  គ្មាន​នរណា​យក​ភ្នែក​មើល​នាង​ទេ ហើយ​ក៏​គ្មាន​នរណា​ថែ​ទាំ​នាង​ដែរ។ ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​នាង​កើត គេ​ស្អប់​ខ្ពើម​នាង ហើយ​យក​នាង​ទៅ​បោះ​ចោល​នៅ​វាល​ស្រែ។  យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​កំពុង​តែ​បម្រះ​ក្នុង​ថ្លុក​ឈាម យើង​ក៏​ប្រាប់​នាង​ថា ចូរ​មាន​ជីវិត​ឡើង! ទោះ​បី​នាង​ស្ថិត​នៅ​ក្នុង​ឈាម​ក៏​ដោយ ចូរ​មាន​ជីវិត​ឡើង!  យើង​បាន​ធ្វើ​ឲ្យ​នាង​ចម្រើន​ឡើង ដូច​ដំណាំ​លូត​លាស់​នៅ​តាម​ចម្ការ។ នាង​ក៏​បាន​ចម្រើន​ធំ​ឡើង​ពេញ​រូប​ពេញ​រាង មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ នាង​គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ទេ។  យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​ពេញ​វ័យ ដល់​ពេល​មាន​គូ‌ស្រករ​ហើយ យើង​ក៏​លាត​អាវ​ធំ​របស់​យើង​បិទ‌បាំង​រូប​កាយ​នាង។ យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង​ ដើម្បី​ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
យើង​បាន​យក​ទឹក​មក​លាង​នាង ហើយ​ជម្រះ​ឈាម​ដែល​ប្រឡាក់​រូប​កាយ​នាង រួច​ចាក់​ប្រេង​ក្រអូប​លាប​នាង​ទៀត​ផង។ ១០ យើង​បាន​ឲ្យ​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ប៉ាក់​មក​នាង យើង​យក​ស្បែក​ជើង​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​នាង ហើយ​ក៏​យក​ស្បៃ​ដ៏​ល្អ​ប្រណីត និង​អាវ​ធំ​ធ្វើ​ពី​សូត្រ​មក​ពាក់​ឲ្យ​នាង​ដែរ។ ១១ យើង​យក​គ្រឿង​អលង្ការ​មក​ពាក់​ឲ្យ​នាង គឺ​មាន​ខ្សែ​ដៃ ខ្សែ​ក ១២ ក្រវិល ទំហូ និង​មកុដ​ដ៏​ភ្លឺ​ផ្លេក។ ១៣ នាង​ពាក់​សុទ្ធ​តែ​មាស និង​ប្រាក់ ស្លៀក​សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត ធ្វើ​អំពី​សូត្រ និង​ក្រណាត់​ប៉ាក់​ដ៏​មាន​តម្លៃ។ នាង​បរិភោគ​សុទ្ធ​តែ​ម្ហូប​អាហារ​ឆ្ងាញ់​ពិសេស គឺ​ម្ហូប​ធ្វើ​ពី​ម្សៅ​ម៉ដ្ត ទឹក​ឃ្មុំ និង​ប្រេង​ដ៏​មាន​តម្លៃ។ នាង​មាន​រូប​ឆោម​លោម​ពណ៌​កាន់​តែ​ស្អាត​ឡើងៗ ហើយ​ទទួល​ឋានៈ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី។ ១៤ កេរ្តិ៍​ឈ្មោះ​របស់​នាង​ល្បី​រន្ទឺ​សុស‌សាយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រោះ​នាង​មាន​សម្ផស្ស​ល្អ​ឥត​ខ្ចោះ និង​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដែល​យើង​ប្រគល់​ឲ្យ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៥ ប៉ុន្តែ នាង​អួត‌អាង​លើ​រូប​សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ ហើយ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា​ ដោយ​ប្រគល់​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​មុខ​នាង។ ១៦ នាង​យក​សម្លៀក‌បំពាក់​របស់​នាង ជា​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ចម្រុះ​ពណ៌ ទៅ​តាក់​តែង​ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​នៅ​ទី​នោះ - ពី​មុន​ក្តី នៅ​ពេល​ខាង​មុខ​ក្តី មិន​ដែល​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទេ -។ ១៧ នាង​យក​គ្រឿង​អលង្ការ​មាស​ប្រាក់​ដែល​យើង​ឲ្យ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​ប្រុសៗ រួច​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​រូប​ទាំង​នោះ។ ១៨ នាង​យក​អាវ​ប៉ាក់​របស់​នាង​ទៅ​ដណ្តប់​រូប​ទាំង​នោះ ព្រម​ទាំង​យក​ប្រេង និង​គ្រឿង​ក្រអូប​របស់​យើង ទៅ​លាប​ឲ្យ​ផង។ ១៩ រីឯ​អាហារ ម្សៅ​ដ៏​ម៉ដ្ត ប្រេង និង​ទឹក​ឃ្មុំ ដែល​យើង​ចែក​ឲ្យ​នាង​បរិភោគ នាង​បែរ​ជា​យក​ទៅ​ធ្វើ​ជា​គ្រឿង​សក្ការ‌បូជា​ផ្គាប់​ចិត្ត​រូប​ទាំង​នោះ​ទៅ​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់២០ នាង​ពុំ​ស្កប់​ចិត្ត​នឹង​អំពើ​ពេស្យា‌ចារ​ទេ គឺ​នាង​បាន​យក​កូន​ប្រុស​កូន​ស្រី​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង ទៅ​ធ្វើ​យញ្ញ‌បូជា​ដល់​រូប​ទាំង​នោះ​ទៀត​ផង! ២១ នាង​បាន​អារ ក កូន​ប្រុស​របស់​យើង ហើយ​ដុត​ថ្វាយ​រូប​ទាំង​នោះ។ ២២ ក្នុង​ពេល​ដែល​នាង​ឈ្លក់​នឹង​អំពើ​ពេស្យា‌ចារ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​នេះ នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ពី​ក្មេង គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ហើយ​បម្រះ​នៅ​ក្នុង​ថ្លុក​ឈាម​នោះ​ទេ។
២៣ នាង​នឹង​ត្រូវ​វេទនា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់២៤ នាង​បាន​សង់​ខ្ទម សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​គ្រប់​ទី​កន្លែង ២៥ គឺ​នាង​សង់​នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​ប្រើ​សម្រស់​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។ នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​អស់​អ្នក​ដើរ​កាត់​តាម​នោះ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ។ ២៦ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ជន​ជាតិ​អេស៊ីប​ ជា​អ្នក​ជិត​ខាង​ដែល​មាន​កម្លាំង​មាំ‌មួន។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ រហូត​ដល់​ធ្វើ​ឲ្យ​យើង​ខឹង។ ២៧ ហេតុ​នេះ​បាន​ជា​យើង​សម្ដែង​បារមី​ប្រឆាំង​នឹង​នាង យើង​កាត់​បន្ថយ​ទឹក​ដី​របស់​នាង ហើយ​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ គឺ​ពួក​ភីលី‌ស្ទីន​ដែល​នឹក​ខ្មាស​ចំពោះ​អំពើ​ថោក​ទាប​របស់​នាង។ ២៨ ដោយ​នាង​ពុំ​ស្កប់​ចិត្ត នាង​ក៏​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ជន​ជាតិ​អាស្ស៊ីរី​។ ប៉ុន្តែ ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​អ្នក​ទាំង​នោះ​ក្តី ក៏​នាង​នៅ​តែ​ពុំ​ស្កប់​ដដែល។ ២៩ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ​ជា​មួយ​ជន​ជាតិ​បាប៊ីឡូន​ជា​អ្នក​ជំនួញ ប៉ុន្តែ នាង​នៅ​តែ​ពុំ​ស្កប់​ចិត្ត​ដដែល។ ៣០ នាង​មាន​ចិត្ត​សាវ៉ា​ណាស់ នាង​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​ជា​អំពើ​របស់​មេ​បន​ពេស្យា! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់៣១ រៀង​រាល់​ពេល​ដែល​នាង​សង់​ខ្ទម​នៅ​តាម​ច្រក​ផ្លូវ ហើយ​រៀប‌ចំ​កន្លែង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​គ្រប់​ទិស‌ទី នាង​ពុំ​បាន​ទារ​ប្រាក់​ដែល​ស្រី​ពេស្យា​ធ្លាប់​ទារ​នោះ​ទេ។ ៣២ នាង​ជា​ស្ត្រី​ផិត​ប្ដី ទៅ​ស្រឡាញ់​ប្រុស​ដទៃ។ ៣៣ ធម្មតា ស្រី​ពេស្យា​តែង​តែ​ទទួល​ជំនូន រីឯ​នាង នាង​បែរ​ជា​យក​ជំនូន​ទៅ​ឲ្យ​សហាយ​របស់​ខ្លួន​ទៅ​វិញ។ នាង​យក​ជំនូន​ទៅ​ទាក់‌ទាញ​ពួក​គេ​ពី​គ្រប់​ទី​កន្លែង មក​រួម​ផិត​ក្បត់​ជា​មួយ​នាង។ ៣៤ នាង​ប្រព្រឹត្ត​ផ្ទុយ​ពី​ស្រី​ពេស្យា​ឯ​ទៀតៗ គ្មាន​នរណា​ស្វែង​រក​នាង គ្មាន​នរណា​បង់​ប្រាក់​នាង​ទេ ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​បង់​ប្រាក់​ឲ្យ​គេ គឺ​នាង​ធ្វើ​ផ្ទុយ​ពី​អ្នក​ដទៃ។
៣៥ ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!។ ៣៦ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: នាង​បើក​កេរ្ដិ៍‌ខ្មាស យក​រូប​កាយ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ពួក​សហាយ​របស់​នាង និង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​នាង ហើយ​យក​ឈាម​កូន​របស់​ខ្លួន​ទៅ​សែន​ព្រះ​ទាំង​នោះ។ ៣៧ ហេតុ​នេះ យើង​នឹង​ប្រមូល​សហាយ​ទាំង​អស់​ដែល​ពេញ​ចិត្ត​នាង គឺ​ទាំង​អ្នក​ដែល​នាង​ស្រឡាញ់ ទាំង​អ្នក​ដែល​នាង​ស្អប់ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទី​កន្លែង​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ហើយ​បើក​កេរ្ដិ៍‌ខ្មាស​របស់​នាង​ឲ្យ​ពួក​គេ​ឃើញ។ ៣៨ យើង​នឹង​ដាក់​ទោស​នាង ដូច​គេ​ដាក់​ទោស​ស្រី​ផិត​ប្ដី និង​ស្រី​ឃាតក យើង​នឹង​ឲ្យ​គេ​បង្ហូរ​ឈាម​នាង តាម​កំហឹង និង​ចិត្ត​ប្រច័ណ្ឌ​របស់​យើង។ ៣៩ យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សហាយ​របស់​នាង។ ពួក​គេ​នឹង​កម្ទេច​ខ្ទម ព្រម​ទាំង​កន្លែង​ដែល​នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​នឹង​យក​សម្លៀក‌បំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​នាង ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។ ៤០ ពួក​គេ​នឹង​ប្រមូល​បណ្តា‌ជន​មក ហើយ​យក​ដុំ​ថ្ម​គប់​នាង និង​យក​ដាវ​ចាក់​ទម្លុះ​នាង។ ៤១ ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​នាង ពួក​គេ​នឹង​កាត់​ទោស​នាង​ឲ្យ​ស្រី​ជា​ច្រើន​ឃើញ។ យើង​នឹង​បញ្ឈប់​អំពើ​ពេស្យា‌ចារ​របស់​នាង នាង​លែង​បង់​ប្រាក់​ឲ្យ​សហាយ​របស់​នាង​ទៀត​ហើយ។ ៤២ ពេល​ដាក់​ទោស​នាង​រួច​ហើយ យើង​នឹង​រសាយ​កំហឹង។ យើង​លែង​ប្រច័ណ្ឌ យើង​ស្ងប់​ចិត្ត លែង​ខឹង‌សម្បារ​នឹង​នាង​ទៀត។ ៤៣ ដោយ​នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​នាង​នៅ​ពី​ក្មេង ហើយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ធ្វើ​ឲ្យ​យើង​ខឹង នោះ​យើង​នឹង​ដាក់​ទោស​នាង​តាម​អំពើ​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ថែម​ពី​លើ​អំពើ​ដ៏​ថោក​ទាប - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
ក្រុង​យេរូ‌សាឡឹម​អាក្រក់​ជាង​ក្រុង​ឯ​ទៀតៗ
៤៤ អ្នក​ចង​ក្រង​សុភាសិត​មុខ​ជា​យក​សុភាសិត​មួយ​នេះ មក​និយាយ​អំពី​នាង​ថា “ម្ដាយ​យ៉ាង​ណា កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ!”។ ៤៥ នាង​ពិត​ជា​កូន​ដែល​កាត់​ទៅ​ម្ដាយ ម្ដាយ​របស់​នាង​ស្អប់​ប្ដី និង​កូន​របស់​ខ្លួន។ នាង​ក៏​កាត់​ទៅ​បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​ដែរ អ្នក​ទាំង​នោះ​ស្អប់​ប្ដី និង​កូន​របស់​ខ្លួន។ ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត រីឯ​ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី។ ៤៦ បង​ស្រី​របស់​នាង គឺ​សាម៉ារី ដែល​ស្ថិត​នៅ​ខាង​ជើង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។ ប្អូន​ស្រី​របស់​នាង គឺ​សូដុម ដែល​ស្ថិត​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។ ៤៧ នាង​មិន​ត្រឹម​តែ​យក​តម្រាប់​តាម​ពួក​គេ និង​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ដូច​ពួក​គេ​ប៉ុណ្ណោះ​ទេ គឺ​នាង​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង អាក្រក់​លើស​ពួក​គេ​ទៅ​ទៀត។ ៤៨ យើង​ប្រកាស​ក្នុង​នាម​យើង ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា សូដុម​ជា​ប្អូន​ស្រី​របស់​នាង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ ពុំ​បាន​ប្រព្រឹត្ត​ដូច​នាង និង​ស្រុក​ភូមិ​របស់​នាង​ទេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់៤៩ សូដុម​ជា​ប្អូន​ស្រី​របស់​នាង មាន​កំហុស​ដូច​ត​ទៅ​នេះ គឺ​សូដុម និង​ស្រុក​ភូមិ​មាន​អំនួត គេ​មាន​អាហារ​បរិភោគ​ហូរ‌ហៀរ គេ​សំងំ​យក​សុខ​តែ​ឯង គឺ​ឥត​រវី‌រវល់​ជួយ​មនុស្ស​ទុរគត និង​ជន​ក្រីក្រ​ឡើយ។ ៥០ សូដុម និង​ស្រុក​ភូមិ​វាយ​ឫក​ខ្ពស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​នៅ​ចំពោះ​មុខ​យើង។ ដូច្នេះ យើង​បាន​លុប​បំបាត់​ពួក​គេ​ពី​ទឹក​ដី​នេះ​ដូច​នាង​ឃើញ​ស្រាប់។ ៥១ រីឯ​អំពើ​បាប​ដែល​សាម៉ារី​ប្រព្រឹត្ត ពុំ​បាន​ពាក់​កណ្ដាល​នៃ​អំពើ​បាប​របស់​នាង​ទេ។ អំពើ​អាក្រក់​ដែល​នាង​ប្រព្រឹត្ត មាន​ចំនួន​ច្រើន​លើស​អំពើ​អាក្រក់​របស់​សាម៉ារី​ទៅ​ទៀត។ បើ​ប្រៀប​ផ្ទឹម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត បង និង​ប្អូន​ស្រី​របស់​នាង ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។ ៥២ ដោយ​នាង​បាន​បណ្តាល​ឲ្យ​បង និង​ប្អូន​ស្រី​របស់​ខ្លួន​ហាក់​ដូច​ជា​គ្មាន​ទោស​ដូច្នេះ នាង​ត្រូវ​បាក់​មុខ​ហើយ ដ្បិត​នាង​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​នាង​ទាំង​ពីរ​ទៅ​ទៀត គឺ​នាង​ទាំង​ពីរ​ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។ ដូច្នេះ ចូរ​អាម៉ាស់ ហើយ​ទ្រាំ‌ទ្រ​នឹង​ការ​បាក់​មុខ​នេះ​ទៅ ដ្បិត​នាង​បណ្តាល​ឲ្យ​បង និង​ប្អូន​ស្រី​របស់​នាង ហាក់​ដូច​ជា​គ្មាន​កំហុស​សោះ។
៥៣ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​បាន​ចម្រុង‌ចម្រើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​ឲ្យ​នាង​បាន​ចម្រុង​ចម្រើន​ឡើង​វិញ​ដែរ។ ៥៤ បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​នឹង​បាន​ធូរ​ស្រាល ដោយ​ឃើញ​នាង​ត្រូវ​បាក់​មុខ ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ធ្វើ។ ៥៥ ក្រុង​សូដុម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ នឹង​បាន​ដូច​ដើម ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ នឹង​បាន​ដូច​ដើម ហើយ​នាង និង​ស្រុក​ភូមិ​របស់​នាង ក៏​បាន​ដូច​ដើម​ឡើង​វិញ​ដែរ។ ៥៦ កាល​នាង​នៅ​មាន​អំនួត នាង​តែង​តែ​មាក់‌ងាយ​សូដុម។ ៥៧ គ្រា​នោះ អំពើ​អាក្រក់​របស់​នាង​មិន​ទាន់​បើក​មុខ​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ ដល់​វេន​ដែល​ក្រុង​នានា​នៃ​ស្រុក​អារ៉ាម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ប្រមាថ​មើល‌ងាយ​នាង​ហើយ។ ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​ភីលី‌ស្ទីន ដែល​នៅ​ជិត​ខាង​នាង ក៏​នាំ​គ្នា​មើល‌ងាយ​នាង​ដែរ។ ៥៨ នាង​ត្រូវ​រង​នូវ​អំពើ​ថោក​ទាប និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៥៩ ដូច្នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​តាម​អំពើ​ដែល​នាង​បាន​ប្រព្រឹត្ត គឺ​នាង​បាន​បំភ្លេច​ពាក្យ​សម្បថ ដោយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង។ ៦០ ប៉ុន្តែ យើង​នៅ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​នាង កាល​ពី​នាង​នៅ​ក្មេង ហើយ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ជា​មួយ​នាង។ ៦១ នាង​នឹង​នឹក​ឃើញ​ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នៅ​ពេល​នាង​ទទួល​បង​ស្រី និង​ប្អូន​ស្រី​ឲ្យ​នៅ​ជា​មួយ នោះ​នាង​នឹង​នឹក​ខ្មាស។ យើង​នឹង​ឲ្យ​នាង​ត្រួត‌ត្រា​លើ​បង​ស្រី និង​ប្អូន​ស្រី តែ​ពួក​គេ​មិន​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​នាង​ទេ។ ៦២ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ៦៣ នាង​នឹង​នឹក​ឃើញ​ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នឹក​ខ្មាស។ យើង​នឹង​លើក‌លែង​ទោស​ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត ពេល​នោះ នាង​នឹក​ស្តាយ​រក​អ្វី​ថ្លែង​ពុំ​បាន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៧
ប្រស្នា​អំពី​ដើម​តាត្រៅ និង​សត្វ​ឥន្ទ្រី
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​និទាន​រឿង​មួយ​ចោទ​ជា​ប្រស្នា​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៅ!  ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចម្រុះ​ពណ៌។ ឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួច​កាច់​ចុង​តាត្រៅ។  ឥន្ទ្រី​ក៏​កាច់​មែក​ខ្ពស់​ជាង​គេ ពាំ​យក​ទៅ​ស្រុក​របស់​អ្នក​លក់​ដូរ ដាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ជំនួញ។  បន្ទាប់​មក ឥន្ទ្រី​ពាំ​គ្រាប់​ពូជ​មួយ​ពី​ស្រុក​នោះ យក​ទៅ​ដាក់​លើ​ថ្នាល​មួយ។ ឥន្ទ្រី​ដាំ​គ្រាប់​នោះ​ដូច​ដាំ​ដើម​ចាក នៅ​កន្លែង​ដែល​មាន​ទឹក​បរិបូណ៌។  គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយ‌ជូរ​បែក​មែក​សាខា វារ​នៅ​លើ​ដី។ មែក​របស់​វា​បែរ​ទៅ​រក​ឥន្ទ្រី រីឯ​ឫស​ស្ថិត​នៅ​ពី​ក្រោម​វា។ ដើម​ទំពាំង‌បាយ‌ជូរ​នោះ​លូត​លាស់ ចេញ​ពន្លក បង្កើត​មែក​ធាង។
 បន្ទាប់​មក មាន​ឥន្ទ្រី​ដ៏​ធំ​មួយ​ទៀត​ដែល​មាន​ផ្ទាំង​ស្លាប​វែង និង​មាន​ស្លាប​ក្រាស់។ ទំពាំង‌បាយ‌ជូរ​លូត​ផុត​ពី​ដី ហើយ​បែរ​ទាំង​ឫស ទាំង​មែក​ទៅ​រក​ឥន្ទ្រី​ថ្មី ដើម្បី​ទទួល​ទឹក​ពី​ឥន្ទ្រី​នោះ។  ទំពាំង‌បាយ‌ជូរ​ដុះ​នៅ​លើ​ដី​មាន​ជីជាតិ​ល្អ មាន​ទឹក​បរិបូណ៌ ហើយ​បែក​មែក​សាខា បង្កើត​ផល​ផ្លែ ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ដ៏​ល្អ​ប្រណីត»។
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​អាច​ចម្រើន​លូត​លាស់​បាន​ឬ? ឥន្ទ្រី​ទី​មួយ​នឹង​ដក​ឫស ព្រម​ទាំង​ជម្រុះ​ផ្លែ​របស់​វា ទុក​ឲ្យ​ដើម​វា​ក្រៀម​ស្ងួត ហើយ​ស្លឹក​ដែល​ទើប​នឹង​ដុះ​ក៏​ក្រៀម​ស្ងួត​អស់​ដែរ។ ដើម្បី​ដក​ឫស​របស់​វា មិន​ចាំ‌បាច់​ប្រើ​កម្លាំង​ខ្លាំង ឬ​កង‌ទ័ព​ច្រើន​ឡើយ។ ១០ ទោះ​បី​ទំពាំង‌បាយ‌ជូរ​នេះ​ដុះ​យ៉ាង​មាំ​ក្តី ក៏​វា​ពុំ​អាច​លូត​លាស់​ដែរ។ ពេល​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត វា​មុខ​ជា​ក្រៀម​ស្ងួត​មិន​ខាន គឺ​វា​នឹង​ក្រៀម​នៅ​លើ​ដី​ដែល​វា​ដុះ​នោះ»។
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ ១២ «ចូរ​សួរ​ពូជ​បះ‌បោរ​ថា តើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​ប្រស្នា​នេះ​ឬ​ទេ? ចូរ​ប្រាប់​ពួក​គេ​ថា ស្តេច​ស្រុក​បាប៊ីឡូន​បាន​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ចាប់​ស្តេច​ស្រុក​យូដា និង​ពួក​នាម៉ឺន នាំ​យក​មក​ស្រុក​បាប៊ីឡូន។ ១៣ ស្តេច​ស្រុក​បាប៊ីឡូន​ជ្រើស‌រើស​ពូជ​ស្តេច​ស្រុក​យូដា​មួយ​រូប​មក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រម​ទាំង​ឲ្យ​ពូជ​ស្តេច​នោះ​ធ្វើ​សច្ចា‌ប្រណិ‌ធាន​ផង។ ស្តេច​ស្រុក​បាប៊ីឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក ១៤ ដើម្បី​ឲ្យ​នគរ​នោះ​នៅ​ទន់​ខ្សោយ មិន​អាច​បះ‌បោរ ហើយ​គោរព​សម្ពន្ធ‌មេត្រី​យ៉ាង​ម៉ត់‌ចត់។ ១៥ ប៉ុន្តែ ស្តេច​យូដា​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​បាប៊ីឡូន ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេស៊ីប សុំ​ជំនួយ​ទ័ព‌សេះ និង​ពល‌ទាហាន​យ៉ាង​ច្រើន។ តើ​ស្តេច​ធ្វើ​ដូច្នេះ​អាច​សម្រេច​គម្រោង‌ការ និង​រំដោះ​ខ្លួន​បាន​ឬ​ទេ?។ ស្តេច​នោះ​ផ្ដាច់​សម្ពន្ធ‌មេត្រី ហើយ​ពិត​ជា​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ! ១៦ យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - ស្តេច​នោះ​មុខ​ជា​ស្លាប់​នៅ​ក្នុង​ស្រុក នៅ​ក្បែរ​ស្តេច​ដែល​បាន​តែង‌តាំង​ខ្លួន​ឲ្យ​គ្រង​រាជ្យ និង​នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន ព្រោះ​ស្តេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចា‌ប្រណិ‌ធាន និង​ផ្ដាច់​សម្ពន្ធ‌មេត្រី​ទៀត​ផង។ ១៧ ពេល​កង‌ទ័ព​បាប៊ីឡូន​សង់​ប៉ម និង​លើក​ទួល​ឡើង ដើម្បី​ប្រល័យ​ជីវិត​ប្រជាជន​ដ៏​ច្រើន​កុះ‌ករ ទោះ​បី​ស្តេច​ផារ៉ោន​មាន​ទ័ព​ជា​ច្រើន និង​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្តី ក៏​ពុំ​អាច​ជួយ​ស្តេច​នោះ​ដែរ។ ១៨ ស្តេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចា‌ប្រណិ‌ធាន និង​ផ្ដាច់​សម្ពន្ធ‌មេត្រី គឺ​ស្តេច​បាន​ព្រម​ព្រៀង​ជា​មួយ​គេ ហើយ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទៅ​វិញ ដូច្នេះ ស្តេច​ពុំ​អាច​រំដោះ​ខ្លួន​ឡើយ!»។
១៩ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក្បត់​នឹង​ពាក្យ​សច្ចា‌ប្រណិ‌ធាន ដែល​គេ​បាន​ស្បថ​ជា​មួយ​យើង ហើយ​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​គេ​បាន​ចង​ជា​មួយ​យើង​ដែរ។ យើង​នឹង​ដាក់​ទោស​គេ តាម​ពាក្យ​ដែល​គេ​ស្បថ។ ២០ យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្តេច ហើយ​ស្តេច​នោះ​នឹង​ជាប់​ក្នុង​សំណាញ់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ីឡូន ហើយ​នៅ​ទី​នោះ យើង​នឹង​កាត់​ទោស​គេ ព្រោះ​គេ​បាន​ក្បត់​យើង។ ២១ ទាហាន​ដ៏​ចំណាន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​រត់​ទៅ​គ្រប់​ទិស‌ទី។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា នេះ​ពិត​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះ‌អម្ចាស់​មែន»។
ព្រះ‌បន្ទូល​សន្យា
២២ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​កាច់​ពន្លក​មួយ​ពី​ចុង​តាត្រៅ យក​មក​ដាំ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​សន្លឹម។ ២៣ យើង​នឹង​ដាំ​ពន្លក​នោះ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ស្រុក​អ៊ីស្រា‌អែល ពន្លក​នោះ​នឹង​បែក​មែក​សាខា បង្កើត​ផ្លែ​ផ្កា ក្លាយ​ទៅ​ជា​ដើម​តាត្រៅ​ដ៏​ល្អ​ប្រណីត។ បក្សា‌បក្សី​គ្រប់​ប្រភេទ​នឹង​នាំ​គ្នា​មក​ធ្វើ​សំបុក​អាស្រ័យ​នៅ តាម​មែក​តាត្រៅ​នោះ។ ២៤ ពេល​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​តាម​ព្រៃ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់។ យើង​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​លើក​ដើម​ឈើ​តូចៗ​ឲ្យ​លូត​ខ្ពស់​ឡើង។ យើង​ធ្វើ​ឲ្យ​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ប្រែ​ជា​ក្រៀម​ស្ងួត ហើយ​ធ្វើ​ឲ្យ​ដើម​ឈើ​ក្រៀម​ស្ងួត ត្រឡប់​ជា​មាន​ស្លឹក​ខៀវ​ខ្ចី​វិញ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​យ៉ាង​នោះ​ដែរ»។
១៨
ព្រះ‌អម្ចាស់​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​សូត្រ​សុភាសិត​នេះ នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ថា “ឪពុក​បរិភោគ​ក្តឹប​ទំពាំង‌បាយ‌ជូរ ហើយ​កូន​បែរ​ជា​ឈឺ​ធ្មេញ” ដូច្នេះ?។  យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - អ្នក​រាល់​គ្នា​នឹង​លែង​សូត្រ​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ហើយ!។  ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។
 ឧបមា​ថា​មាន​មនុស្ស​សុចរិត​ម្នាក់ ដែល​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​សុចរិត  គឺ​គេ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​រួម​បវេណី​ជា​មួយ​ប្រពន្ធ​ក្នុង​ពេល​នាង​មាន​រដូវ  មិន​ជិះ‌ជាន់ ឬ​លួច​ទ្រព្យ‌សម្បត្តិ​អ្នក​ដទៃ ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ  ឲ្យ​ប្រាក់​គេ​ខ្ចី​ដោយ​ឥត​យក​ការ ឬ​ទារ​កម្រៃ​ហួស​ហេតុ មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ ហើយ​វិនិច្ឆ័យ​គូ​បដិ‌បក្ស​យ៉ាង​ត្រឹម​ត្រូវ  ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​ពាក្យ​បង្គាប់​របស់​យើង ស្រប​តាម​សេចក្ដី​ពិត។ អ្នក​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​មនុស្ស​សុចរិត ហើយ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១០ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់ កាប់​សម្លាប់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ ១១ គឺ​ប្រព្រឹត្ត​ផ្ទុយ​ពី​ឪពុក ដោយ​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ ជិះ‌ជាន់​មនុស្ស​ក្រីក្រ​ទុរគត លួច​ទ្រព្យ‌សម្បត្តិ​គេ ១២ មិន​ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ១៣ ឲ្យ​ប្រាក់​គេ​ខ្ចី ដើម្បី​យក​ការ និង​ទារ​កម្រៃ​ហួស​ហេតុ។ តើ​កូន​របៀប​នេះ​អាច​រស់​បាន​ឬ? ទេ កូន​នោះ​មិន​អាច​រស់​បាន​ឡើយ។ គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។
១៤ ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត តែ​មិន​យក​តម្រាប់​តាម​ឪពុក ១៥ គឺ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ ១៦ មិន​ជិះ‌ជាន់​គេ មិន​រក​ស៊ី​បញ្ចាំ មិន​លួច​ទ្រព្យ‌សម្បត្តិ​អ្នក​ដទៃ ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ ១៧ មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ មិន​ចង​ការ​ប្រាក់ ឬ​ស្វែង​រក​កម្រៃ​ហួស​ហេតុ តែ​ប្រតិបត្តិ​តាម​ពាក្យ​បង្គាប់ និង​ក្រឹត្យ‌វិន័យ​របស់​យើង។ អ្នក​នោះ​នឹង​មិន​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ឪពុក​ឡើយ គឺ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន។ ១៨ ឪពុក​របស់​អ្នក​នោះ​ជា​មនុស្ស​ជិះ‌ជាន់ លួច​ទ្រព្យ‌សម្បត្តិ​បង‌ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​ដូច្នេះ គឺ​ឪពុក​នោះ​ហើយ​ដែល​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន​ផ្ទាល់។
១៩ អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​មិន​ទទួល​ទោស​ជំនួស​ឪពុក?” គឺ​មក​ពី​កូន​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ កូន​នោះ​គោរព និង​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ដូច្នេះ គេ​ត្រូវ​រស់​រាន​មាន​ជីវិត។ ២០ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។
២១ ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះ‌បង់​អំពើ​បាប​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​មក​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។ ២២ យើង​នឹង​បំភ្លេច​បទ​ល្មើស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត ព្រោះ​តែ​អំពើ​សុចរិត​ដែល​គេ​បាន​ធ្វើ។ ២៣ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ចង់​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? ទេ! ផ្ទុយ​ទៅ​វិញ យើង​ចង់​ឃើញ​គេ​លះ‌បង់​មារយាទ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​រស់​រាន​មាន​ជីវិត - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់២៤ រីឯ​មនុស្ស​សុចរិត​វិញ ប្រសិន​បើ​គេ​លះ‌បង់​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ប្រព្រឹត្ត តើ​គេ​អាច​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​បាន​ឬ? យើង​នឹង​បំភ្លេច​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត អ្នក​នោះ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​ចិត្ត​មិន​ស្មោះ‌ត្រង់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។
២៥ អ្នក​រាល់​គ្នា​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន​ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! តើ​យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ២៦ ប្រសិន​បើ​មនុស្ស​សុចរិត លែង​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​ពិត​ជា​ត្រូវ​ស្លាប់ គឺ​គេ​ស្លាប់ ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ២៧ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះ‌បង់​ចោល​អំពើ​អាក្រក់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​ទៅ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ គេ​នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​គង់‌វង្ស។ ២៨ ប្រសិន​បើ​អ្នក​នោះ​ភ្ញាក់​ស្មារតី ហើយ​លះ‌បង់​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន គេ​ពិត​ជា​រស់​រាន​មាន​ជីវិត គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។
២៩ ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន​ជាតិ​អ៊ីស្រា‌អែល​អើយ យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ៣០ ហេតុ​នេះ ជន​ជាតិ​អ៊ីស្រា‌អែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ចូរ​វិល​ត្រឡប់​មក​វិញ ហើយ​លះ‌បង់​អំពើ​ទុច្ចរិត​ទាំង​អស់ កុំ​បណ្តោយ​ឲ្យ​កំហុស​របស់​អ្នក​រាល់​គ្នា បំផ្លាញ​ជីវិត​អ្នក​រាល់​គ្នា​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់៣១ ចូរ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ចូរ​មាន​ចិត្ត​គំនិត​ថ្មី និង​វិញ្ញាណ​ថ្មី! ជន​ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ ៣២ ដ្បិត​យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​នរណា​ម្នាក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ -។
១៩
ទំនួញ​របស់​មេ​ដឹក​នាំ​អ៊ីស្រា‌អែល
 ព្រះ‌អម្ចាស់​បង្គាប់​ខ្ញុំ​ឲ្យ​ស្មូត្រ​ទំនួញ​មួយ​បទ ស្តី​អំពី​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ៖
 «ម្ដាយ​របស់​អ្នក​ជា​សិង្ហ​ញី​
ដេក​នៅ​ក្នុង​ចំណោម​សិង្ហ​ឈ្មោល
ហើយ​បំបៅ​កូន​នៅ​ក្នុង​ចំណោម​សិង្ហ​ស្ទាវ។
 សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយ
ឲ្យ​រៀន​ហែក​សត្វ​ស៊ី
លុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ
វា​ស៊ី​មនុស្ស។
 ប្រជា‌ជាតិ​នានា​ឮ​គេ​និយាយ​អំពី​សិង្ហ​ស្ទាវ​នេះ
ក៏​នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​វា
ហើយ​ដាក់​កន្លុះ​នាំ​យក​ទៅ​ស្រុក​អេស៊ីប។
 សិង្ហ​ញី​រង់‌ចាំ តែ​មិន​ឃើញ​កូន​មក​វិញ
ក៏​អស់​សង្ឃឹម
ហើយ​យក​កូន​មួយ​ទៀត​មក​បង្ហាត់
ឲ្យ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​ដែរ។
 កូន​សិង្ហ​នោះ​រក​ស៊ី​ជា​មួយ​សិង្ហ​ឈ្មោល​ឯ​ទៀតៗ
វា​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​មួយ
វា​រៀន​ហែក​សត្វ​ស៊ី ហើយ​ហែក​មនុស្ស​ស៊ី។
 វា​កម្ទេច​កំពែង​ក្រុង
ហើយ​បំផ្លិច‌បំផ្លាញ​ទីក្រុង។
ប្រជាជន​នៅ​ក្នុង​ស្រុក​ភ័យ​តក់‌ស្លុត
នៅ​ពេល​ឮ​សូរ​វា​គ្រហឹម។
 ប្រជា‌ជាតិ​នានា​លើក​ទ័ព​ពី​គ្រប់​ទិស‌ទី
ពី​គ្រប់​អាណា‌ខេត្ត
នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​សិង្ហ​ស្ទាវ​នោះ
ហើយ​វា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។
 ពួក​គេ​ដាក់​វា​នៅ​ក្នុង​ទ្រុង​មួយ ខ្ទាស់​យ៉ាង​ជិត
រួច​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ស្តេច​ស្រុក​បាប៊ីឡូន
គេ​យក​វា​ទៅ​ឃុំ​ទុក
ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​វា​គ្រហឹម
នៅ​តាម​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ទៀត។
ដើម​ទំពាំង‌បាយ‌ជូរ និង​មែក
១០ ម្ដាយ​របស់​អ្នក​ប្រៀប​បាន​នឹង
ដើម​ទំពាំង‌បាយ‌ជូរ​ដុះ​នៅ​ក្បែរ​មាត់​ទឹក
ទំពាំង‌បាយ‌ជូរ​នោះ​មាន​ផ្លែ​ផ្កា បែក​មែក​សាខា
ព្រោះ​សម្បូណ៌​ទឹក។
១១ ទំពាំង‌បាយ‌ជូរ​នោះ​មាន​មែក​ធំៗ
ដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យ
ដើម​វា​លូត​ឡើង​ខ្ពស់​ជាង​ដើម​ឈើ​ឯ​ទៀតៗ
គេ​កោត​សរសើរ​ទំពាំង‌បាយ‌ជូរ​នោះ
ព្រោះ​តែ​កម្ពស់ និង​មាន​មែក​ច្រើន។
១២ ប៉ុន្តែ ដើម​ទំពាំង‌បាយ‌ជូរ​នោះ​ត្រូវ​គេ​រំលើង
យ៉ាង​កំរោល ហើយ​រលំ​ទៅ​លើ​ដី។
ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក
ធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀម
រីឯ​មែក​ធំៗ ក៏​ដាច់​ចេញ​ពី​ដើម ក្រៀម​ស្ងួត
ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ។
១៣ ឥឡូវ​នេះ គេ​យក​ទំពាំង‌បាយ‌ជូរ​នោះ
ទៅ​ដាំ​នៅ​វាល​រហោ‌ស្ថាន
នៅ​លើ​ដី​ហួត‌ហែង​គ្មាន​ទឹក។
១៤ មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វា
ឆាប‌ឆេះ​មែក និង​ផ្លែ។
ទំពាំង‌បាយ‌ជូរ​នោះ​លែង​មាន​មែក​ធំៗ
ដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។
ទំនុក​នេះ​ត្រូវ​ស្មូត្រ​ជា​ទំនួញ»។
២០
ទោះ​បី​ជន​ជាតិ​អ៊ីស្រា‌អែល​បះ‌បោរ ព្រះ‌ជាម្ចាស់​នៅ​តែ​ដឹក​នាំ​ពួក​គេ
 នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ព្រឹទ្ធា‌ចារ្យ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​មក​សួរ​ព្រះ‌អម្ចាស់ ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។  ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ព្រឹទ្ធា‌ចារ្យ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​រាល់​គ្នា​មក​នេះ ដើម្បី​រក​យើង​ទស្សន៍‌ទាយ​ឲ្យ​ឬ? អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា យើង​នឹង​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​នឹង​មិន​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត”- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។  កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ពួក​គេ ចូរ​វិនិច្ឆ័យ​ពួក​គេ​ទៅ! ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​នូវ​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ដូន‌តា​របស់​ពួក​គេ​បាន​ប្រព្រឹត្ត។  ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: នៅ​ថ្ងៃ​យើង​ជ្រើស‌រើស​ជន​ជាតិ​អ៊ីស្រា‌អែល យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប ព្រម​ទាំង​សម្ដែង​ឲ្យ​ពួក​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីប។ យើង​បាន​លើក​ដៃ​សច្ចា​ថា “យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។  នៅ​ថ្ងៃ​នោះ យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ឆ្ពោះ​ទៅ​កាន់​ស្រុក​មួយ ដែល​យើង​ជ្រើស‌រើស​សម្រាប់​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។  យើង​បាន​ប្រាប់​ពួក​គេ​ថា “ម្នាក់ៗ​ត្រូវ​បោះ​បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់‌ទាញ​ចិត្ត​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​អេស៊ីប​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។
 ប៉ុន្តែ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ គឺ​គ្មាន​នរណា​ម្នាក់​លះ‌បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់‌ទាញ​ចិត្ត​ពួក​គេ​នោះ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ព្រម​បោះ​បង់​ព្រះ​ក្លែង‌ក្លាយ​នៃ​ស្រុក​អេស៊ីប​ដែរ។ នៅ​ស្រុក​អេស៊ីប​នោះ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​តាម​កំហឹង​របស់​យើង រហូត​ទាល់​តែ​ចប់​ចុង​ចប់​ដើម។  ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​រស់​នៅ​ជា​មួយ។ យើង​បាន​សម្ដែង​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ស្គាល់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​នោះ ដោយ​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ១០ យើង​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ព្រម​ទាំង​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន​ទៀត​ផង។ ១១ យើង​បាន​ប្រគល់​ក្រឹត្យ‌វិន័យ​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​បញ្ញត្តិ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។ ១២ យើង​ក៏​តាំង​ឲ្យ​មាន​ថ្ងៃ​សប្ប័ទ*​ទុក​ជា​ទី​សម្គាល់​សម្រាប់​យើង និង​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ពួក​គេ​ឲ្យ​វិសុទ្ធ*។
១៣ នៅ​វាល​រហោ‌ស្ថាន ប្រជាជន​អ៊ីស្រា‌អែល​នាំ​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​បញ្ញត្តិ​របស់​យើង ដែល​ផ្តល់​ជីវិត​ឲ្យ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ជា‌និច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង។ ១៤ ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ១៥ នៅ​វាល​រហោ‌ស្ថាន យើង​ក៏​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​មិន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ​នោះ​ឡើយ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។ ១៦ យើង​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មើល‌ងាយ​ពាក្យ​បង្គាប់​របស់​យើង មិន​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ទៀត​ផង ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ខ្លួន​ជា‌និច្ច។ ១៧ ប៉ុន្តែ យើង​មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ យើង​ពុំ​បាន​កម្ទេច និង​ប្រល័យ​ជីវិត​ពួក​គេ ឲ្យ​វិនាស​សូន្យ​នៅ​វាល​រហោ‌ស្ថាន​ទេ​។ ១៨ យើង​បាន​ប្រាប់​កូន​ចៅ​របស់​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ថា “កុំ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ និង​គោរព​តាម​បញ្ញត្តិ​របស់​ដូន‌តា​អ្នក​រាល់​គ្នា ហើយ​ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ​ដែរ។ ១៩ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ និង​គោរព​ពាក្យ​បង្គាប់​របស់​យើង គឺ​ត្រូវ​ប្រតិបត្តិ​តាម​ជា‌និច្ច។ ២០ ចូរ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ*​របស់​យើង​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដ្បិត​ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សម្គាល់​សម្រាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំឭក​ឲ្យ​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។
២១ ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។ ពួក​គេ​ពុំ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ទេ ពួក​គេ​ក៏​ពុំ​បាន​គោរព និង​ប្រតិបត្តិ​តាម​បញ្ញត្តិ​របស់​យើង ដើម្បី​ឲ្យ​មាន​ជីវិត​ដែរ។ ពួក​គេ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង​ទាល់​តែ​អស់​ចិត្ត។ ២២ ផ្ទុយ​ទៅ​វិញ យើង​បាន​ដូរ​គំនិត គឺ​យើង​មិន​ដាក់​ទោស​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍‌ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ២៣ នៅ​ក្នុង​វាល​រហោ‌ស្ថាន​នោះ យើង​ក៏​បាន​លើក​ដៃ​សច្ចា​ថា យើង​នឹង​បំបែក​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​នានា​ទៀត​ផង ២៤ ព្រោះ​ពួក​គេ​ពុំ​បាន​ធ្វើ​តាម​បង្គាប់​របស់​យើង ហើយ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ដូន‌តា​ខ្លួន។ ២៥ ហេតុ​នេះ យើង​ក៏​ប្រគល់​ក្រឹត្យ‌វិន័យ​មិន​ល្អ​ដល់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ពាក្យ​បង្គាប់ ដែល​ពុំ​ផ្តល់​ឲ្យ​ពួក​គេ​មាន​ជីវិត។ ២៦ យើង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​សៅហ្មង ដោយ‌សារ​តង្វាយ​របស់​ខ្លួន គឺ​នៅ​ពេល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា។ យើង​ចង់​ឲ្យ​ពួក​គេ​វិនាស​ហិន‌ហោច ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។
២៧ ហេតុ​នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដូន‌តា​របស់​អ្នក​រាល់​គ្នា​ចេះ​តែ​នាំ​គ្នា​ប្រមាថ​យើង ដោយ​ក្បត់​ចិត្ត​យើង។ ២៨ យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ផ្តោត​ចិត្ត​ទៅ​រក​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លឹក​ពាស‌ពេញ។ ពួក​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រម​ទាំង​ច្រួច‌ស្រា​បណ្តាល​ឲ្យ​យើង​ខឹង។ ពួក​គេ​សែន​សំណែន​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់ និង​ច្រួច‌ស្រា​សែន​ព្រះ​ក្លែង‌ក្លាយ។ ២៩ យើង​បាន​សួរ​ពួក​គេ​ថា តើ​ទួល​ខ្ពស់ៗ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​កាត់​ពី​ឆ្ងាយ​ទៅ​រក​កន្លែង​នោះ?”។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ” រហូត​មក​ទល់​សព្វ​ថ្ងៃ។
៣០ ចូរ​ថ្លែង​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​យ៉ាង​នេះ? ៣១ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ អ្នក​រាល់​គ្នា​យក​សំណែន និង​យក​កូន​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា​សែន​ព្រះ​ទាំង​នោះ។ អ៊ីស្រា‌អែល​អើយ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? ទេ យើង​មិន​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់៣២ អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា​ខ្លួន​អាច​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដូច​ប្រជា‌ជាតិ និង​ជាតិ​សាសន៍​នៅ​តាម​ស្រុក​នានា​នោះ​ឬ? ទេ ធ្វើ​ដូច្នេះ មិន​បាន​ជា​ដាច់​ខាត! ៣៣ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - យើង​នឹង​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ ៣៤ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នោះ ហើយ​យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ ៣៥ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​ដាច់​ឡែក​ពី​ជាតិ​សាសន៍​នានា នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា មុខ​ទល់​នឹង​មុខ។ ៣៦ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា ដូច​យើង​ធ្លាប់​វិនិច្ឆ័យ​ទោស​ដូន‌តា​របស់​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន​ស្រុក​អេស៊ីប​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់៣៧ យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​យើង ហើយ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​តាម​សម្ពន្ធ‌មេត្រី។ ៣៨ យើង​នឹង​ដក​ជន​បះ‌បោរ ព្រម​ទាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​យើង ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ពួក​គេ​ចេញ​ពី​ស្រុក​ដែល​ពួក​គេ​ទៅ​រស់​នៅ តែ​ពួក​គេ​មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
៣៩ រីឯ​អ្នក​រាល់​គ្នា​វិញ ជន​ជាតិ​អ៊ីស្រា‌អែល​អើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ទៅ! នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​ទៅ!។ នៅ​ពេល​ក្រោយ អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​លែង​ប្រមាថ​នាម​របស់​យើង ដោយ​ការ​សែន‌ព្រេន​ព្រះ​ក្លែង‌ក្លាយ​ទៀត​ហើយ ៤០ ដ្បិត​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដែល​រស់​នៅ​ក្នុង​ស្រុក នឹង​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ភ្នំ​ដ៏​ខ្ពស់​នៅ​ស្រុក​អ៊ីស្រា‌អែល - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ​នោះ ព្រម​ទាំង​ទទួល​តង្វាយ​ផល​ដំបូង និង​អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​សម្រាប់​យើង។ ៤១ កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សម្ដែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។ ៤២ ពេល​យើង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ដូន‌តា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ៤៣ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា​មារយាទ និង​អំពើ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង អ្នក​រាល់​គ្នា​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ៤៤ ជន​ជាតិ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​នាម​យើង​ផ្ទាល់ គឺ​យើង​មិន​ប្រព្រឹត្ត​តាម​អំពើ​ទុច្ចរិត និង​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
២១
ភ្លើង​នៅ​ស្រុក​ខាង​ត្បូង
 (២០.៤៥) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖  (៤៦) «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ប្រឆាំង​នឹង​ស្រុក​ខាង​ត្បូង​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង!  (៤៧) ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាប‌ឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង​រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។  (៤៨) មនុស្ស​លោក​ទាំង​អស់​នឹង​ឃើញ​ថា គឺ​យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​បង្កាត់​ភ្លើង​នេះ ហើយ​វា​នឹង​មិន​រលត់​ឡើយ”»។
 (៤៩) ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ អ្នក​ទាំង​នោះ​តែង​តែ​ពោល​ថា ទូល‌បង្គំ​ជា​អ្នក​និយាយ​ពាក្យ​ប្រស្នា»។
ដាវ​របស់​ព្រះ‌អម្ចាស់
 (១) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖  (២) «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រឆាំង​នឹង​កន្លែង​សក្ការៈ​ទាំង‌ឡាយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ទឹក​ដី​អ៊ីស្រា‌អែល!  (៣) ចូរ​ប្រាប់​ទឹក​ដី​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដក​ដាវ​ចេញ​ពី​ស្រោម ប្រហារ​ជីវិត​ប្រជាជន​របស់​អ្នក ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។  (៤) ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម ប្រហារ​ជីវិត​មនុស្ស​លោក​ទាំង​អស់ តាំង​ពី​ទិស​ខាង​ត្បូង​រហូត​ដល់​ទិស​ខាង​ជើង ដ្បិត​យើង​ចង់​ដក​ជីវិត​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។ ១០ (៥) ពេល​នោះ មនុស្ស​លោក​ទាំង​អស់​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ដក​ដាវ​ចេញ​ពី​ស្រោម ហើយ​ដាវ​នេះ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រោម​វិញ​ឡើយ។ ១១ (៦) កូន​មនុស្ស​អើយ ចូរ​ស្រែក​ថ្ងូរ ទាំង​ឈឺ​ចាប់​ខ្លោច‌ផ្សា ចូរ​ស្រែក​ថ្ងូរ នៅ​ចំពោះ​មុខ​ពួក​គេ។ ១២ (៧) ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់‌ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុ‌ការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៣ (៨) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៤ (៩) កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:
មើល​នែ៎ ដាវ!
គឺ​ដាវ​ដែល​គេ​សំលៀង និង​ខាត់​យ៉ាង​រលោង។
១៥ (១០) គេ​សំលៀង​ដាវ​នេះ សម្រាប់​ប្រហារ​ជីវិត
គេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។​
១៦ (១១) គេ​ខាត់​ដាវ​យ៉ាង​រលោង​ដូច្នេះ
ដើម្បី​ប្រុង​ប្រៀប​ប្រហារ។
ដាវ​នេះ​ត្រូវ​បាន​សំលៀង និង​ខាត់​យ៉ាង​រលោង
សម្រាប់​ឲ្យ​ពេជ្ឈ‌ឃាត​ប្រើ‌ប្រាស់
១៧ (១២) កូន​មនុស្ស​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ!
ដ្បិត​គេ​ដក​ដាវ​នោះ
សម្រាប់​ប្រហារ​ប្រជាជន​របស់​យើង
និង​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។
ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មួយ​ប្រជាជន​របស់​យើង
ដូច្នេះ ចូរ​គក់​ទ្រូង​ទៅ!
១៨ (១៣) ប្រជាជន​របស់​យើង
ត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំ‌ខាន
ប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយ
នោះ​តើ​នៅ​សល់​អ្វី​ទៀត?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៩ (១៤) «កូន​មនុស្ស​អើយ
ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ!
ចូរ​ទះ​ដៃ​ជា​សញ្ញា​ប្រកាស​ថា
សត្រូវ​នឹង​លើក​ដាវ​កាប់​ផ្ទួនៗ​គ្នា​ពីរ​បី​ដង
ដាវ​នេះ​ជា​ដាវ​ប្រល័យ​ជីវិត ដាវ​សម្លាប់​រង្គាល
និង​ដេញ​តាម​ពី​ក្រោយ​ប្រជាជន​របស់​យើង
២០ (១៥) ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត
ហើយ​ដួល​ស្លាប់​បន្ត​បន្ទាប់​គ្នា។
យើង​ដាក់​ដាវ​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​ទាំង​អស់
ដើម្បី​សម្លាប់​ពួក​គេ។
ដាវ​នេះ​ភ្លឺ​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ
សម្រាប់​សម្លាប់​រង្គាល​ពួក​គេ។
២១ (១៦) ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង!
ចូរ​វាត់​ទៅ​ខាង​ស្តាំ វាត់​ទៅ​ខាង​ឆ្វេង!
តម្រង់​ទៅ​គ្រប់​ទិស‌ទី!
២២ (១៧) ចំណែក​ឯ​យើង​វិញ យើង​ក៏​នឹង​ទះ​ដៃ​ដែរ
រហូត​ទាល់​តែ​ស្ងប់​កំហឹង​របស់​យើង
នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះ‌អម្ចាស់»។
ដាវ​របស់​ស្តេច​ស្រុក​បាប៊ីឡូន
២៣ (១៨) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ ២៤ (១៩) «កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សម្រាប់​ដាវ​របស់​ស្តេច​ស្រុក​បាប៊ីឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សម្គាល់​នៅ​មាត់​ផ្លូវ ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។ ២៥ (២០) ចូរ​គូរ​ផ្លូវ​មួយ នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបា​ ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។ ២៦ (២១) ពេល​ស្តេច​ស្រុក​បាប៊ីឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់‌គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ ដោយ​អង្រួន​ព្រួញ​ផ្សង និង​សួរ​គ្រូ​។ ២៧ (២២) ដៃ​ស្តាំ​របស់​ស្តេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូ‌សាឡឹម ស្តេច​ក៏​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល ទាំង​ស្រែក​ហ៊ោ។ គេ​តំរៀប​គ្រឿង​សាស្ត្រា‌វុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សម្រាប់​វាយ​លុក ព្រម​ទាំង​សង់​លេណ‌ដ្ឋាន​ទៀត​ផង។ ២៨ (២៣) ប្រជាជន​ក្រុង​យេរូ‌សាឡឹម​មិន​ចង់​ជឿ​ប្រផ្នូល​នេះ​ទេ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​កិច្ច​សន្យា។ ប៉ុន្តែ ស្តេច​ស្រុក​បាប៊ីឡូន​រំឭក​ពួក​គេ​អំពី​កំហុស​របស់​ខ្លួន ហើយ​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​សឹក»។ ២៩ (២៤) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹក​ឃើញ​កំហុស​របស់​ខ្លួន ហើយ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​អំពើ​បាប​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ អ្នក​រាល់​គ្នា​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ​មិន​ខាន។
៣០ (២៥) ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។ ៣១ (២៦) ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គេ​នឹង​យក​ឆ្នួត​ចេញ​ពី​ក្បាល​អ្នក គេ​នឹង​ដក​មកុដ​រាជ្យ​ចេញ​ពី​អ្នក។ សភាព‌ការណ៍​នឹង​ផ្លាស់​ប្រែ គឺ​មនុស្ស​ទន់‌ទាប​នឹង​ត្រូវ​គេ​លើក​តម្កើង រីឯ​អ្នក​ខ្ពង់‌ខ្ពស់​នឹង​ត្រូវ​គេ​បន្ទាប​ចុះ​វិញ។ ៣២ (២៧) ការ​វិនាស​នឹង​កើត​មាន​ផ្ទួនៗ​គ្នា គឺ​យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​វិនាស។ ប៉ុន្តែ មិន​មែន​មុន​ការ​មក​ដល់​របស់​អ្នក ដែល​យើង​ប្រគល់​អំណាច​ឲ្យ​ដាក់​ទោស​ក្រុង​នេះ​ឡើយ។
ដាវ​នឹង​ប្រហារ​ជន​ជាតិ​អាំម៉ូន
៣៣ (២៨) កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ទៅ! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្តី​អំពី​ជន​ជាតិ​អាំម៉ូន ដែល​បាន​ប្រមាថ​ជន​ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ: “ដាវ! ដាវ​ដក​ចេញ​ពី​ស្រោម ហើយ​ខាត់​យ៉ាង​រលោង ចាំង​ពន្លឺ​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល និង​ផ្ដាច់​ជីវិត។ ៣៤ (២៩) ពេល​អ្នក​អះ‌អាង​លើ​និមិត្ត‌ហេតុ​បោក​ប្រាស់ និង​ការ​ទស្សន៍‌ទាយ​បោក​បញ្ឆោត គេ​នឹង​ត្រៀម​ដាវ​កាត់​ក​អ្នក​ដែល​ជា​មនុស្ស​ទុច្ចរិត និង​ជា​មនុស្ស​អាក្រក់ ព្រោះ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!។
៣៥ (៣០) ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ​ទៅ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក នៅ​កន្លែង​ដែល​អ្នក​កើត គឺ​ស្រុក​កំណើត​របស់​អ្នក។ ៣៦ (៣១) យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​អ្នក យើង​នឹង​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំរោល ដែល​ប៉ិន‌ប្រសប់​ខាង​បំផ្លាញ។ ៣៧ (៣២) អ្នក​នឹង​វិនាស​នៅ​ក្នុង​ភ្លើង ឈាម​របស់​អ្នក​នឹង​ដក់​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​នរណា​នឹក​ដល់​អ្នក​ទៀត​ដែរ”។ នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះ‌អម្ចាស់»។
២២
ទោស​របស់​ក្រុង​យេរូ‌សាឡឹម
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖
 «កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស! ចូរ​វិនិច្ឆ័យ​ទោស​ក្រុង​ដែល​ពោរ‌ពេញ​ដោយ​ឃាត‌កម្ម​នេះ​ទៅ! ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ខ្លួន។  ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ប្រជាជន​នៅ​ក្រុង​នេះ​កាប់​សម្លាប់​គ្នា និង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែល​ពួក​គេ​បាន​សូន ថ្ងៃ​កំណត់​របស់​ពួក​គេ​មក​ដល់​ហើយ។  យេរូ‌សាឡឹម​អើយ អ្នក​មាន​ទោស ព្រោះ​តែ​ការ​កាប់​សម្លាប់​គ្នា និង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែល​អ្នក​បាន​សូន។ អ្នក​ធ្វើ​ឲ្យ​ខ្លួន​មាន​អាយុ​ខ្លី ជីវិត​អ្នក​ជិត​ដល់​ទី​បញ្ចប់​ហើយ។ ហេតុ​នេះ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បន្ទាប​បន្ថោក ហើយ​មនុស្ស‌ម្នា​គ្រប់​ស្រុក​នឹង​មើល‌ងាយ​អ្នក។  សាសន៍​ដទៃ​ទាំង​ជិត​ទាំង​ឆ្ងាយ​នាំ​គ្នា​មើល‌ងាយ​អ្នក ដ្បិត​អ្នក​បន្ថោក​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង និង​បំពាន​លើ​វិន័យ​យ៉ាង​ធ្ងន់‌ធ្ងរ។  មេ​ដឹក​នាំ​អ៊ីស្រា‌អែល​ប្រើ​កម្លាំង​របស់​ខ្លួន​បង្ហូរ​ឈាម​គេ​នៅ​ក្នុង​ក្រុង​នេះ។  ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាក់‌ងាយ​ឪពុក‌ម្ដាយ ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទៅ​លើ​ជន​បរទេស ព្រម​ទាំង​កេង‌ប្រវ័ញ្ច​ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ។  ពួក​គេ​មើល‌ងាយ​ទី‌សក្ការៈ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។  នៅ​ក្រុង​នេះ​មាន​មនុស្ស​និយាយ​មួល​បង្កាច់ ដើម្បី​រក​លេស​សម្លាប់​គ្នា។ ពួក​គេ​បរិភោគ​សំណែន​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ភ្នំ​នានា ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​ទៀត​ផង។ ១០ អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ពួក​គេ​បង្ខំ​ស្ត្រី​ដែល​កំពុង​មាន​រដូវ​ឲ្យ​រួម​ដំណេក​ជា​មួយ​ខ្លួន។ ១១ អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​គេ អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​កូន​ប្រសា​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​រំលោភ​លើ​ប្អូន​ស្រី​របស់​ខ្លួន គឺ​កូន​កើត​ពី​ម្ដាយ​ទី‌ទៃ។ ១២ អ្នក​ខ្លះ​ទទួល​សំណូក ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កម្រិត សង្កត់‌សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូ‌សាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៣ យើង​នឹង​ទះ​ដៃ​ដោយ​កំហឹង​ដាក់​ក្រុង​នេះ ព្រោះ​តែ​ពួក​គេ​ជំរិត​ជិះ‌ជាន់ និង​ប្រហារ​ជីវិត​គ្នា។ ១៤ យេរូ‌សាឡឹម​អើយ នៅ​គ្រា​យើង​ដាក់​ទោស​អ្នក តើ​អ្នក​មាន​កម្លាំង​កាយ កម្លាំង​ចិត្ត​ទ្រាំ‌ទ្រ​បាន​ឬ​ទេ? យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​សម្រេច​យ៉ាង​នោះ។ ១៥ យើង​នឹង​បំបែក​ប្រជាជន​របស់​អ្នក ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​កម្ចាត់‌កម្ចាយ​ប្រជាជន​របស់​អ្នក​ឲ្យ​ទៅ​នៅ​តាម​ស្រុក​នានា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង​ទៀត។ ១៦ អ្នក​បង្អាប់‌បង្អោន​កិត្តិយស​ខ្លួន​ឯង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
១៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៨ «កូន​មនុស្ស​អើយ ពូជ‌ពង្ស​អ៊ីស្រា‌អែល​លែង​មាន​តម្លៃ​អ្វី​សម្រាប់​យើង​ទៀត​ហើយ ពួក​គេ​ប្រៀប​ដូច​ជា​លោហ‌ធាតុ​ដែល​មិន​សុទ្ធ គឺ​ប្រាក់ លង្ហិន ស្ពាន់ ដែក និង​សំណ ដែល​ត្រូវ​ដាក់​ក្នុង​ឡ»។ ១៩ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​លោហ‌ធាតុ​មិន​សុទ្ធ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ដាក់​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ ២០ យើង​នឹង​គរ​អ្នក​រាល់​គ្នា​ដុត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង ដូច​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស្ពាន់ មក​ដាក់​ជា​គំនរ ដុត​រំលាយ​នៅ​ក្នុង​ភ្លើង​យ៉ាង​នោះ​ដែរ។ ២១ យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​ជា​គំនរ រួច​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង ដុត​អ្នក​រាល់​គ្នា ឲ្យ​រលាយ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។ ២២ អ្នក​រាល់​គ្នា​នឹង​រលាយ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម ដូច​ប្រាក់​រលាយ​នៅ​ក្នុង​ឡ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​បាន​ជះ​កំហឹង​របស់​យើង​លើ​អ្នក​រាល់​គ្នា»។
២៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២៤ «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូ‌សាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។ ២៥ ព្យាការី​របស់​អ្នក​ឃុប‌ឃិត​គ្នា​នៅ​ក្នុង​ក្រុង​នេះ ដូច​សិង្ហ​គ្រហឹម​បម្រុង​ហែក​រំពា​ស៊ី។ ពួក​គេ​ប្រហារ​ជីវិត​មនុស្ស ដើម្បី​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ និង​របស់​របរ​ដ៏​មាន​តម្លៃ ពួក​គេ​ធ្វើ​ឲ្យ​ស្ត្រី‌មេម៉ាយ​កើន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ទីក្រុង។ ២៦ បូជា‌ចារ្យ​របស់​អ្នក នាំ​គ្នា​បំពាន​លើ​វិន័យ​របស់​យើង និង​បន្ថោក​ទី‌សក្ការៈ​របស់​យើង។ ពួក​គេ​មិន​ចេះ​សម្គាល់​មើល​ថា អ្វី​វិសុទ្ធ*​ឬ​មិន​វិសុទ្ធ ហើយ​ក៏​មិន​បង្រៀន​ប្រជាជន​ឲ្យ​ស្គាល់​អ្វី​បរិសុទ្ធ* និង​អ្វី​មិន​បរិសុទ្ធ​ដែរ។ ពួក​គេ​មិន​រវី‌រវល់​នឹង​ថ្ងៃ​សប្ប័ទ*​របស់​យើង​ទេ ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​គ្មាន​នរណា​គោរព​យើង​ទៀត​ឡើយ។ ២៧ មេ​ដឹក​នាំ​របស់​ក្រុង​នេះ ប្រៀប​បាន​នឹង​ចចក​ដែល​ហែក​រំពា​ស៊ី គឺ​ពួក​គេ​នាំ​គ្នា​បង្ហូរ​ឈាម និង​ប្រហារ​ជីវិត​មនុស្ស​ដណ្ដើម​យក​ទ្រព្យ‌សម្បត្តិ។ ២៨ ព្យាការី​របស់​គេ​ជា​មនុស្ស​លាក់​ពុត គឺ​ប្រកាស​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយ និង​ការ​ទស្សន៍‌ទាយ​បោក​ប្រាស់។ ពួក​គេ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ” តែ​ព្រះ‌អម្ចាស់​ឥត​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ពួក​គេ​ឡើយ។ ២៩ ប្រជាជន​នៅ​ក្នុង​ស្រុក​នេះ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ លួច​ប្លន់ និង​កេង‌ប្រវ័ញ្ច​ជន​កំសត់​ទុរគត ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​បរទេស ដោយ​អយុត្តិ‌ធម៌។ ៣០ យើង​ស្វែង​រក​ក្នុង​ចំណោម​ពួក​គេ ក្រែង​លោ​ឃើញ​នរណា​ម្នាក់​មាន​គំនិត​សង់​កំពែង​ការ‌ពារ​ក្រុង ហើយ​ឈរ​នៅ​ចំពោះ​មុខ​យើង​ត្រង់​កន្លែង​បាក់​បែក ដើម្បី​ការ‌ពារ​ស្រុក​ទេស​កុំ​ឲ្យ​វិនាស តែ​យើង​រក​ពុំ​បាន​សោះ។ ៣១ ដូច្នេះ យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ ភ្លើង​នៃ​កំហឹង​របស់​យើង​ផ្តន្ទា​ទោស​ពួក​គេ។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
២៣
អំពើ​បាប​របស់​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ មាន​ស្ត្រី​ពីរ​នាក់​ជា​បង‌ប្អូន​បង្កើត។  កាល​នៅ​ពី​ក្មេង នាង​ទាំង​ពីរ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ហើយ​បាន​ខូច​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។  នាង​បង​ឈ្មោះ អូហូ‌ឡា នាង​ប្អូន​ឈ្មោះ អូហូ‌លីបា។ ពី​មុន នាង​ទាំង​ពីរ​ជា​ភរិយា​របស់​យើង នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។ អូហូ‌ឡា​គឺ​ក្រុង​សាម៉ារី រីឯ​អូហូ‌លីបា​គឺ​ក្រុង​យេរូ‌សាឡឹម។  អូហូ‌ឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យា‌ចារ ហើយ​បែរ​ទៅ​សហាយ‌ស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន  ដែល​ស្លៀក​ពាក់​ក្រណាត់​ពណ៌​ស្វាយ ជា​ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ហើយ​សុទ្ធ‌សឹង​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។  នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​វីរ‌បុរស​អាស្ស៊ីរី​ទាំង​នោះ។ ពេល​នាង​ខូច​ខ្លួន​ជា​មួយ​សហាយ​ទាំង​ប៉ុន្មាន​របស់​នាង នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។  នាង​ពុំ​បាន​លះ‌បង់​អំពើ​ពេស្យា‌ចារ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត តាំង​ពី​នៅ​ស្រុក​អេស៊ីប​នោះ​ឡើយ កាល​នៅ​ពី​ក្មេង នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រុសៗ ពួក​គេ​បង្ខូច​ព្រហ្មចារី​របស់​នាង ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។  ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សហាយ​នាង គឺ​ជន​ជាតិ​អាស្ស៊ីរី​ដែល​នាង​ឈ្លក់​ចិត្ត​ជា​ខ្លាំង​នោះ។ ១០ ពួក​គេ​ធ្វើ​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ពួក​គេ​ចាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ប្រហារ​ជីវិត​នាង​ដោយ​មុខ​ដាវ។ ពួក​គេ​ដាក់​ទោស​នាង ទុក​ជា​មេរៀន​ដល់​ស្ត្រី​ឯ​ទៀតៗ។
១១ ពេល​អូហូ‌លីបា​ជា​ប្អូន​ឃើញ​ដូច្នេះ នាង​មាន​តណ្ហា​អាក្រក់​ខ្លាំង​ជាង​បង​ទៅ​ទៀត។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​អាក្រក់​លើស​បង​របស់​ខ្លួន។ ១២ នាង​ឈ្លក់​ចិត្ត​នឹង​ជន​ជាតិ​អាស្ស៊ីរី ជា​ទាហាន ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​ស្លៀក​ពាក់​យ៉ាង​ស្អាត ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា។ ១៣ យើង​ឃើញ​នាង​ខូច​ខ្លួន ទាំង​បង​ទាំង​ប្អូន ដើរ​តាម​ផ្លូវ​តែ​មួយ។ ១៤ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​បែប​នេះ​ហើយ នៅ​តែ​មិន​អស់​ចិត្ត​ទៀត។ នាង​ឃើញ​រូប​ប្រុសៗ​ដែល​គេ​ឆ្លាក់​នៅ​តាម​ជញ្ជាំង គឺ​រូប​ចម្លាក់​របស់​ជន​ជាតិ​ខាល់ដេ គូរ​ដោយ​ពណ៌​ក្រហម ១៥ មាន​ខ្សែ​ក្រវាត់​នៅ​ជុំ‌វិញ​ចង្កេះ មាន​ឆ្នួត​ដ៏​ឆើត‌ឆាយ​រុំ​ជុំ‌វិញ​ក្បាល។ រូប​ទាំង​នោះ​មាន​ទំនង​ជា​មេ​ដឹក​នាំ និង​មាន​ទ្រង់‌ទ្រាយ​ជា​ជន​ជាតិ​បាប៊ីឡូន​នៅ​ស្រុក​ខាល់ដេ ដែល​ជា​មាតុ‌ភូមិ​របស់​ពួក​គេ។ ១៦ ពេល​ឃើញ​រូប​ទាំង​នោះ នាង​ចាប់​ចិត្ត​ស្នេហា​ភ្លាម ហើយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​ខាល់ដេ។ ១៧ ជន​ជាតិ​បាប៊ីឡូន​នាំ​គ្នា​មក​រក​នាង ដើម្បី​រួម​ដំណេក​ជា​មួយ​នាង ហើយ​បង្ខូច​នាង​ឲ្យ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។ នាង​បាន​ខូច​ខ្លួន​ជា​មួយ​ពួក​គេ រហូត​ដល់​នាង​ស្អប់​ខ្ពើម​ពួក​គេ។ ១៨ នាង​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា ខ្លួន​ជា​ស្រី​ពេស្យា នាង​បើក​កេរ្ដិ៍‌ខ្មាស​ឲ្យ​គេ​ឃើញ។ ហេតុ​នេះ យើង​ស្អប់​ខ្ពើម​នាង​ដូច​យើង​ស្អប់​ខ្ពើម​បង​ស្រី​របស់​នាង​ដែរ។ ១៩ កាល​នាង​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ក្មេង គឺ​គ្រា​ដែល​នាង​ធ្វើ​ជា​ស្រី​ពេស្យា​នៅ​ស្រុក​អេស៊ីប នាង​រឹត​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ។ ២០ នាង​ឈ្លក់​ចិត្ត​នឹង​ពួក​សហាយ​របស់​នាង ដែល​មាន​សាច់​ឈាម​ដូច​សត្វ​លា និង​ពូកែ​ចែ‌ចង់​ដូច​សេះ​ឈ្មោល។ ២១ នាង​ចង់​ប្រព្រឹត្ត​អំពើ​ថោក​ទាប ដូច​នាង​ធ្លាប់​ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង គឺ​នៅ​គ្រា​ដែល​ពួក​អេស៊ីប​ប៉ះ‌ពាល់​ដើម​ទ្រូង​របស់​នាង និង​ធ្វើ​ឲ្យ​នាង​ខូច​ព្រហ្មចារី»។
២២ ហេតុ​នេះ អូហូ‌លីបា​អើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​នាំ​សហាយ​របស់​នាង គឺ​អស់​អ្នក​ដែល​នាង​ស្អប់​ខ្ពើម​នោះ​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​នាំ​ពួក​គេ​មក​វាយ​ប្រហារ​នាង​ពី​គ្រប់​ទិស‌ទី។ ២៣ ជន​ជាតិ​បាប៊ីឡូន និង​ជន​ជាតិ​ខាល់ដេ​ទាំង​អស់ អ្នក​ស្រុក​ពេកុដ សូអា និង​កូអា ព្រម​ទាំង​ជន​ជាតិ​អាស្ស៊ីរី​ទាំង​ប៉ុន្មាន​ក៏​លើក​គ្នា​មក​ដែរ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ពួក​គេ​សុទ្ធ​តែ​ជា​ទេសា‌ភិបាល និង​មេ​ដឹក​នាំ ជា​នាយ​ទាហាន​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​សុទ្ធ​តែ​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។ ២៤ ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចម្បាំង និង​ពល‌ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោម‌ព័ទ្ធ​នាង​គ្រប់​ទិស‌ទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង ទៅ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។ ២៥ ដោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ យើង​នឹង​បណ្តោយ​ឲ្យ​ពួក​គេ​ធ្វើ​បាប​នាង​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​កាត់​ច្រមុះ និង​កាត់​ត្រចៀក​នាង ព្រម​ទាំង​សម្លាប់​កូន​ចៅ​របស់​នាង ដោយ​មុខ​ដាវ ពួក​គេ​នឹង​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅ​ដុត​ទាំង​រស់។ ២៦ ពួក​គេ​នឹង​យក​សម្លៀក‌បំពាក់ ព្រម​ទាំង​គ្រឿង​អលង្ការ​ចេញ​ពី​នាង។ ២៧ យើង​នឹង​បញ្ឈប់​នាង លែង​ឲ្យ​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ ដែល​នាង​ធ្លាប់​ប្រព្រឹត្ត តាំង​ពី​នៅ​ស្រុក​អេស៊ីប​រហូត​ត​រៀង​មក។ នាង​លែង​ជំពាក់​ចិត្ត​លើ​សហាយ​របស់​នាង ហើយ​ក៏​លែង​នឹក​នា​ដល់​ស្រុក​អេស៊ីប​ទៀត​ដែរ។
២៨ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​នាង​ដឹង​ថា យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​នាង​ស្អប់ គឺ​អស់​អ្នក​ដែល​នាង​ជិន‌ណាយ។ ២៩ ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។ មនុស្ស‌ម្នា​នឹង​ឃើញ​កេរ្ដិ៍‌ខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។ ៣០ គេ​ប្រព្រឹត្ត​ចំពោះ​នាង​ដូច្នេះ មក​ពី​នាង​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ តាម​ប្រជា‌ជាតិ​នានា ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ។ ៣១ នាង​បាន​ដើរ​តាម​ផ្លូវ​របស់​បង​ស្រី​នាង ហេតុ​នេះ យើង​នឹង​ឲ្យ​ពែង​នៃ​ទុក្ខ​ទោស​ដល់​នាង ដូច​បង​ស្រី​របស់​នាង​ដែរ»។
៣២ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖
«នាង​នឹង​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស
ដូច​បង​ស្រី​របស់​នាង
ពែង​នេះ​ធំ ហើយ​ជ្រៅ​ថែម​ទៀត​ផង។
មនុស្ស‌ម្នា​នឹង​សើច​ចំអក​មើល‌ងាយ​នាង
ព្រោះ​ពែង​នោះ​ពេញ​បរិបូណ៌។
៣៣ នាង​នឹង​វង្វេង​ស្មារតី​ដោយ​រង​ទុក្ខ​ជា​ខ្លាំង
ដ្បិត​ពែង​នោះ​ជា​ពែង​នៃ​ការ​ភ័យ​ខ្លាច
និង​ការ​វិនាស​ហិន‌ហោច
គឺ​ពែង​របស់​សាម៉ារី ជា​បង​ស្រី​នាង។
៣៤ នាង​នឹង​ផឹក រហូត​ទាល់​តែ​អស់​ពី​ពែង
រួច​នាង​ខាំ​បំបែក​ពែង​នោះ​ជា​ច្រើន​បំណែក
ហើយ​យក​អំបែង​មក​ឆូត​សាច់​ខ្លួន​ឯង
ដូច​យើង​បាន​និយាយ​ទុក​មែន»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
៣៥ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖
«ដោយ​នាង​បាន​បំភ្លេច​យើង
ដោយ​នាង​បែរ​ខ្នង​ដាក់​យើង
នាង​នឹង​ត្រូវ​រង​ទុក្ខ​ទោស
ព្រោះ​តែ​អំពើ​ថោក​ទាប
និង​អំពើ​ពេស្យា‌ចារ​របស់​ខ្លួន»។
ការ​វិនិច្ឆ័យ​ទោស​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម
៣៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស​អូហូ‌ឡា និង​អូហូ‌លីបា​ទៅ! ចូរ​រៀប​រាប់​ឲ្យ​នាង​ទាំង​ពីរ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន ៣៧ ដ្បិត​នាង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ទៅ​ដោយ​ឈាម។ ពួក​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ព្រម​ទាំង​យក​កូន​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង​ទៅ​ដុត សែន​ព្រះ​ទាំង​នោះ​ទៀត​ផង។ ៣៨ មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ថ្ងៃ​ដដែល​នោះ ពួក​នាង​ប្រព្រឹត្ត​អាក្រក់​ចំពោះ​យើង​ថែម​ទៀត គឺ​ធ្វើ​ឲ្យ​ទី‌សក្ការៈ​របស់​យើង​ទៅ​ជា​សៅហ្មង និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។ ៣៩ ក្នុង​ថ្ងៃ​តែ​មួយ ពួក​នាង​សម្លាប់​កូន​របស់​ខ្លួន​សែន​ព្រះ​ក្លែង‌ក្លាយ រួច​ចូល​ទៅ​ប្រមាថ​ទី‌សក្ការៈ​របស់​យើង។ នេះ​ហើយ​ជា​អំពើ​ដែល​ពួក​នាង​ប្រព្រឹត្ត​នៅ​ក្នុង​ដំណាក់​របស់​យើង។
៤០ លើស​ពី​នេះ ពួក​នាង​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​រក​ប្រុសៗ​នៅ​ស្រុក​ឆ្ងាយ និង​ហៅ​គេ​ឲ្យ​មក។ អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​មក។ នាង​ងូត​ទឹក ដើម្បី​ទទួល​ពួក​គេ ដោយ​ផាត់​ម្សៅ និង​ពាក់​គ្រឿង​អលង្ការ​ទៀត​ផង។ ៤១ នាង​អង្គុយ​នៅ​លើ​គ្រែ​តាក់​តែង​យ៉ាង​ស្អាត នៅ​មុខ​មាន​តុ​មួយ​ដែល​នាង​យក​គ្រឿង​ក្រអូប និង​ប្រេង​របស់​យើង​មក​ដាក់​ទទួល​ពួក​គេ។ ៤២ សម្រែក​របស់​មនុស្ស​ដ៏​ច្រើន​កុះ‌ករ ដែល​គ្មាន​កង្វល់​អ្វី បាន​លាន់​ឮ​ឡើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​មនុស្ស​មួយ​ចំនួន​ដែល​មក​ពី​គ្រប់​ទិស​តំបន់​នៃ​វាល​រហោ‌ស្ថាន គេ​បាន​ពាក់​កង‌ដៃ​ឲ្យ​នាង​ទាំង​ពីរ និង​ពាក់​មកុដ​ដ៏​ល្អ​ប្រណីត​នៅ​លើ​ក្បាល​ផង។ ៤៣ ពេល​នោះ យើង​ក៏​ឧទាន​ឡើង​ថា “មើល​ចុះ សូម្បី​ស្រី​ដែល​បាត់​បង់​សម្ផស្ស​ដោយ‌សារ​អំពើ​ពេស្យា‌ចារ ក៏​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌​ដែរ!”។ ៤៤ ពួក​គេ​ទៅ​រក​នាង ដូច​ទៅ​រក​ស្រី​ពេស្យា គឺ​ពួក​គេ​ទៅ​រក​នាង​អូហូ‌ឡា និង​នាង​អូហូ‌លីបា ជា​ស្រី​ថោក​ទាប។ ៤៥ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​វិនិច្ឆ័យ​ទោស​ស្រី​ទាំង​ពីរ​នោះ ដូច​គេ​វិនិច្ឆ័យ​ទោស​ស្រី​ផិត​ក្បត់ និង​ស្រី​ដែល​សម្លាប់​គេ ដ្បិត​នាង​ទាំង​ពីរ​ជា​ស្រី​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ដោយ​ឈាម»។
៤៦ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​កោះ​ហៅ​មនុស្ស‌ម្នា​ឲ្យ​មក​ជួប‌ជុំ​គ្នា​ប្រឆាំង​នឹង​នាង​ទាំង​ពីរ។ យើង​នឹង​ធ្វើ​ឲ្យ​នាង​ភ័យ​តក់‌ស្លុត ហើយ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​នាង។ ៤៧ ចូរ​យក​ដុំ​ថ្ម​គប់​នាង​ទាំង​ពីរ ចូរ​សម្លាប់​នាង​ទាំង​ពីរ ដោយ​មុខ​ដាវ ចូរ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ព្រម​ទាំង​ដុត​កម្ទេច​ផ្ទះ​របស់​នាង​ទៀត​ផង។ ៤៨ យើង​នឹង​បំបាត់​អំពើ​ប្រាស​ចាក​សីល‌ធម៌​ឲ្យ​អស់​ពី​ក្នុង​ស្រុក។ ស្ត្រី​ទាំង​អស់​នឹង​យក​រឿង​នេះ​ទុក​ជា​មេរៀន ហើយ​មិន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌​ដូច​នាង​ទៀត​ឡើយ។ ៤៩ នាង​ទាំង​ពីរ​នឹង​ទទួល​ទោស តាម​អំពើ​ប្រាស​ចាក​សីល‌ធម៌ និង​អំពើ​បាប​ដែល​នាង​ប្រព្រឹត្ត​ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។
២៤
ទី​សម្គាល់​អំពី​ថ្លាង
 នៅ​ឆ្នាំ​ទី​ប្រាំ​បួន ខែ​ទី​ដប់ ថ្ងៃ​ទី​ដប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​កត់‌ត្រា​ថ្ងៃ​នេះ​ទុក ដ្បិត​ថ្ងៃ​នេះ​ហើយ​ដែល​ស្តេច​ស្រុក​បាប៊ីឡូន​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។  ចូរ​ចោទ​ប្រស្នា​មួយ​ដល់​ពូជ​អ្នក​បះ‌បោរ​នេះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:
ចូរ​រៀប‌ចំ​ថ្លាង​មួយ​ដាក់​នៅ​លើ​ភ្លើង
រួច​ចាក់​ទឹក​ទៅ​ក្នុង​ថ្លាង​នោះ។
 បន្ទាប់​មក ចូរ​ដាក់​សាច់​ទៅ​ក្នុង​ថ្លាង
គឺ​សាច់​ល្អៗ សាច់​ភ្លៅ សាច់​ស្មា
រួច​ដាក់​ឆ្អឹង​ល្អៗ​បំពេញ​ថ្លាង​នោះ​ដែរ។
 ចូរ​យក​សាច់​ចៀម​ដ៏​ល្អៗ​មក
ហើយ​យក​ឆ្អឹង​របស់​វា​ដាក់​ពី​ក្រោម។
ចូរ​ស្ងោរ​សាច់​នៅ​ក្នុង​ថ្លាង​ឲ្យ​ផុយ
សូម្បី​តែ​ឆ្អឹង​ក៏​ត្រូវ​ឲ្យ​ឆ្អិន​ល្អ​ដែរ។
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:
ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម
មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ក្រុង​នេះ​ប្រៀប​បាន​នឹង​ថ្លាង​ដុះ​ស្នឹម
ហើយ​ស្នឹម​នេះ​ដុស​មិន​ជ្រះ​ទេ។
ចូរ​ស្រង់​ដុំ​សាច់​ចេញ​បន្ត​បន្ទាប់​គ្នា
គ្មាន​ដុំ​ណា​មួយ​នៅ​សល់​ឡើយ។
 នៅ​ក្នុង​ក្រុង គេ​សម្លាប់​គ្នា
គេ​បង្ហូរ​ឈាម​នៅ​លើ​ផ្ទាំង​ថ្ម
គឺ​មិន​ទុក​ឲ្យ​ឈាម​នោះ​ស្រោច​លើ​ដី
ហើយ​យក​ដី​លុប​ទេ។
 ដូច្នេះ ដើម្បី​សម្រេច​តាម​កំហឹង
និង​តាម​ការ​សង‌សឹក​របស់​យើង
យើង​នឹង​ទុក​ឈាម​គេ​នៅ​លើ​ផ្ទាំង​ថ្ម
ឥត​យក​ដី​លុប​ឡើយ។
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:
ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម
មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ដ្បិត​យើង​នឹង​បង្កាត់​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​ដែរ។
១០ ចូរ​យក​អុស​យ៉ាង​ច្រើន​មក​គរ​លើ​គ្នា!
ចូរ​បង្កាត់​ភ្លើង! ចូរ​ចម្អិន​សាច់!
ចូរ​ដាក់​គ្រឿង ហើយ​ដុត​បន្សុស​ឆ្អឹង​ទៅ!
១១ បន្ទាប់​មក ចូរ​ដាក់​ថ្លាង​ទទេ​លើ​ភ្លើង
ទុក​ឲ្យ​ក្ដៅ​រហូត​ទាល់​តែ​ស្ពាន់​ឡើង​ក្រហម
អ្វីៗ​ដែល​កខ្វក់​នៅ​ក្នុង​នោះ ត្រូវ​រលាយ
រីឯ​ស្នឹម​ក៏​ត្រូវ​រលាយ​អស់​ដែរ។
១២ ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដុស​ស្នឹម​មិន​ជ្រះ​ដែរ គឺ​មាន​តែ​ភ្លើង​ទេ​ដែល​អាច​ជម្រះ​ស្នឹម​បាន!។ ១៣ យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីល‌ធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្តី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។ ១៤ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា នឹង​កើត​មាន​យ៉ាង​នោះ។ យើង​សម្រេច​តាម​ពាក្យ​របស់​យើង ឥត​ដូរ​គំនិត​ឡើយ។ យើង​ក៏​មិន​អាណិត‌អាសូរ ឬ​ស្តាយ​ក្រោយ​ដែរ។ នាង​នឹង​ត្រូវ​ទទួល​ទោស​តាម​កិរិយា‌មារយាទ និង​អំពើ​ទាំង‌ឡាយ​ដែល​នាង​បាន​ប្រព្រឹត្ត»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
ទី​សម្គាល់​អំពី​មរណ‌ភាព​នៃ​ភរិយា​របស់​ព្យាការី
១៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៦ «កូន​មនុស្ស​អើយ! យើង​នឹង​ដក​ជីវិត​ប្រពន្ធ​ដ៏​ជា​ទី​គាប់​ចិត្ត​របស់​អ្នក ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ អ្នក​មិន​ត្រូវ​កាន់​ទុក្ខ មិន​ត្រូវ​សោក​សង្រេង មិន​ត្រូវ​បង្ហូរ​ទឹក​ភ្នែក​ឡើយ។ ១៧ ចូរ​ខ្សឹក‌ខ្សួល​យ៉ាង​ស្ងាត់​ស្ងៀម តែ​កុំ​កាន់​ទុក្ខ​ឲ្យ​សោះ។ ត្រូវ​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា កុំ​បាំង​មុខ ឬ​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ឡើយ»។
១៨ នៅ​ពេល​ព្រឹក ខ្ញុំ​និយាយ​ជា​មួយ​ប្រជាជន លុះ​ដល់​ពេល​ល្ងាច ប្រពន្ធ​ខ្ញុំ​បាត់​បង់​ជីវិត។ ស្អែក​ឡើង ខ្ញុំ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ។ ១៩ ប្រជាជន​សួរ​ខ្ញុំ​ថា៖ «សូម​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច​សម្រាប់​យើង​ខ្ញុំ?»។ ២០ ខ្ញុំ​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: ២១ “ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ បន្តិច​ទៀត យើង​នឹង​បន្ទាប‌បន្ថោក​ទី‌សក្ការៈ​របស់​យើង ដែល​ជា​ទី​អួត‌អាង ជា​កម្លាំង ជា​ទី​គាប់​ចិត្ត និង​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​រាល់​គ្នា​ទុក​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ ២២ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ទេ។ ២៣ អ្នក​រាល់​គ្នា​នឹង​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា គឺ​អ្នក​រាល់​គ្នា​មិន​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​កាន់​តែ​រីង‌រៃ​ទៅៗ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស្រណោះ‌ស្រណោក​គ្នា​ទៅ​វិញ​ទៅ​មក។ ២៤ អេសេ‌គីអែល​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​ដូច​គាត់​បាន​ធ្វើ​ដែរ។ ពេល​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌ជា‌អម្ចាស់​មែន”។
២៥ កូន​មនុស្ស​អើយ យើង​នឹង​ដក​ទី‌សក្ការៈ​ដែល​ជា​កម្លាំង អំណរ ភាព​រុង‌រឿង និង​ជា​ទី​គាប់​ចិត្ត ជា​ទី​ស្រឡាញ់​របស់​ពួក​គេ យើង​ក៏​នឹង​ដក​កូន​ប្រុស​កូន​ស្រី​ចេញ​ពី​ពួក​គេ​ដែរ ២៦ នៅ​ថ្ងៃ​នោះ មាន​មនុស្ស​រត់​នាំ​ដំណឹង​មក​ប្រាប់​អ្នក ២៧ នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​នៅ​ស្ងៀម​ទៀត​ហើយ គឺ​អ្នក​នឹង​ហា​មាត់​និយាយ​ជា​មួយ​មនុស្ស​ដែល​រត់​មក។ អ្នក​នឹង​ធ្វើ​ជា​ប្រផ្នូល​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
២៥

ព្រះ‌បន្ទូល​ស្តី​អំពី​ប្រជា‌ជាតិ​នានា

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន​ជាតិ​អាំម៉ូន
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ជន​ជាតិ​អាំម៉ូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ពួក​គេ។  ត្រូវ​ប្រាប់​ជន​ជាតិ​អាំម៉ូន​ដូច​ត​ទៅ: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​សើច​ចំអក នៅ​ពេល​ឃើញ​ទី‌សក្ការៈ​របស់​យើង​ត្រូវ​ខ្មាំង​បន្ថោក ឃើញ​ទឹក​ដី​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​បំផ្លាញ ហើយ​ជន​ជាតិ​យូដា​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ  យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កុល‌សម្ព័ន្ធ*​ដែល​មក​ពី​ទិស​ខាង​កើត។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ជំរំ តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​អ្នក ពួក​គេ​នឹង​បរិភោគ​ផ្លែ​ឈើ​ដែល​អ្នក​បាន​ដាំ ហើយ​ផឹក​ទឹក​ដោះ​ពី​ហ្វូង​សត្វ​របស់​អ្នក។  យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបា ក្លាយ​ទៅ​ជា​វាល​ស្មៅ​សម្រាប់​អូដ្ឋ​របស់​ពួក​គេ ស្រុក​អាំម៉ូន​នឹង​ទៅ​ជា​ក្រោល​ហ្វូង​ចៀម​របស់​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។  ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​ទះ​ដៃ លោត​កព្ឆោង​យ៉ាង​សប្បាយ​អស់​ពី​ចិត្ត អ្នក​ត្រេក​អរ ព្រោះ​ឃើញ​ទឹក​ដី​អ៊ីស្រា‌អែល​ហិន‌ហោច ហើយ​មើល‌ងាយ​ពួក​គេ​ទៀត​ផង  យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​នានា​ត្របាក់​លេប យើង​នឹង​ដក​អ្នក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​លុប​បំបាត់​អ្នក​ពី​ស្រុក យើង​នឹង​កម្ទេច​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន​ជាតិ​ម៉ូអាប់
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ​នាំ​គ្នា​ពោល​ថា “មើល​ចុះ ជន​ជាតិ​យូដា​មិន​ខុស​ពី​ប្រជា‌ជាតិ​ឯ​ទៀតៗ​ទេ!”។  យើង​នឹង​បើក​ឲ្យ​ខ្មាំង​ចូល​វាយ​ក្រុង​ដែល​នៅ​តាម​ព្រំ‌ប្រទល់​ស្រុក​ម៉ូអាប់​ជា​បន្ត​បន្ទាប់ សូម្បី​តែ​ក្រុង​ដ៏​ល្អ​ជាង​គេ ដូច​ជា​ក្រុង​បេត‌យេស៊ី‌ម៉ូត បាល-‌ម៉េអូន និង​គីរីយ៉ា‌តាអ៊ីម​ក៏​ត្រូវ​ខ្មាំង​វាយ​ប្រហារ​ដែរ។ ១០ កុល‌សម្ព័ន្ធ​ពី​ទិស​ខាង​កើត ដែល​បាន​វាយ​ជន​ជាតិ​អាំម៉ូន ក៏​មក​រឹប​អូស​យក​ស្រុក​នេះ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពួក​គេ​កាន់​កាប់ រហូត​ដល់​លែង​មាន​នរណា​នឹក​នា​ដល់​ជន​ជាតិ​នេះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទៀត។ ១១ យើង​នឹង​ដាក់​ទោស​ជន​ជាតិ​ម៉ូអាប់ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន​ជាតិ​អេដុម
១២ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ជន​ជាតិ​អេដុម​សង‌សឹក​ជន​ជាតិ​យូដា​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស»។ ១៣ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ស្រុក​អេដុម យើង​នឹង​ដក​ជីវិត​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ យើង​នឹង​បំផ្លាញ​ស្រុក​គេ​តាំង​ពី​តេម៉ន រហូត​ដល់​ដេដាន់ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។ ១៤ យើង​នឹង​សង‌សឹក​ស្រុក​អេដុម ដោយ​ដៃ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អេដុម តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ ពេល​នោះ អេដុម​នឹង​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ត​ល្មើស​ចំពោះ​យើង​ត្រូវ​ទទួល​ទោស​យ៉ាង​ណា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន​ជាតិ​ភីលី‌ស្ទីន
១៥ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ជន​ជាតិ​ភីលី‌ស្ទីន​បាន​សង‌សឹក​ជន​ជាតិ​យូដា ដោយ​ប្រមាថ​មាក់‌ងាយ​យ៉ាង​ព្រៃ‌ផ្សៃ ចង់​តែ​បំផ្លាញ​គេ ហើយ​តាំង​ខ្លួន​ជា​សត្រូវ​សួរ​ពូជ​របស់​គេ»។ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ១៦ «យើង​នឹង​ប្រហារ​ស្រុក​ភីលី‌ស្ទីន យើង​នឹង​ដក​ជីវិត​ពួក​កេរេទី យើង​នឹង​លុប​បំបាត់​ប្រជាជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ១៧ យើង​នឹង​សង‌សឹក​ពួក​គេ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ នៅ​ពេល​យើង​សង‌សឹក​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។
២៦
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ទីរ៉ុស
 នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖
 «កូន​មនុស្ស​អើយ អ្នក​ក្រុង​ទីរ៉ុស​បាន​សើច​ចំអក​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ថា “ក្រុង​ដែល​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា​រលំ​ហើយ! តំណែង​របស់​វា​នឹង​ធ្លាក់​មក​លើ​យើង​ម្ដង ក្រុង​យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន​ហើយ!”។  ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ទីរ៉ុស​អើយ យើង​នឹង​ប្រហារ​អ្នក យើង​នឹង​នាំ​ប្រជា‌ជាតិ​យ៉ាង​ច្រើន ដូច​រលក​សមុទ្រ​មក​វាយ​អ្នក។  ពួក​គេ​នឹង​កម្ទេច​កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​រំលំ​ប៉ម យើង​នឹង​បោស​ធូលី​ដី​ឲ្យ​រលីង ទុក​តែ​ផ្ទាំង​ថ្ម​មួយ​ឲ្យ​នៅ​សល់​ប៉ុណ្ណោះ។  ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។  រីឯ​ប្រជាជន​ក្នុង​ស្រុក​ភូមិ​នានា​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​ទីរ៉ុស​អើយ យើង​នឹង​ហៅ​ស្តេច​នេប៊ូ‌កានេសារ ជា​មហា‌ក្សត្រ​លើ​ក្សត្រ​នានា ឲ្យ​មក​វាយ​ប្រហារ​អ្នក នេប៊ូ‌កានេសារ​នឹង​លើក​ទ័ព​ពី​ទិស​ខាង​ជើង​មក គឺ​មាន​កង‌ពល‌សេះ រទេះ​ចម្បាំង ព្រម​ទាំង​ទាហាន​ដ៏​ច្រើន​ផង។  សត្រូវ​នឹង​សម្លាប់​ប្រជាជន តាម​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​អ្នក ព្រម​ទាំង​លើក​ទួល​សម្រាប់​វាយ​លុក សង់​លេណ‌ដ្ឋាន និង​លើក​កំពែង​ការ‌ពារ​ខ្លួន។  សត្រូវ​នឹង​យក​រនុក​ដែក​មក​បុក​ទម្លុះ​កំពែង​របស់​អ្នក ព្រម​ទាំង​ប្រើ​អាវុធ​កម្ទេច​ប៉ម​របស់​អ្នក​ទៀត​ផង។ ១០ ទ័ព‌សេះ​ដ៏​ច្រើន​របស់​ពួក​គេ​នឹង​សម្រុក​ចូល​មក ធ្វើ​ឲ្យ​ដី​ហុយ​ជុំ​ជិត​លើ​អ្នក ហើយ​កំពែង​របស់​អ្នក​នឹង​រញ្ជួយ​ញាប់‌ញ័រ​ដោយ​សន្ធឹក​ទ័ព‌សេះ កង់​រទេះ​ចម្បាំង នៅ​ពេល​សត្រូវ​សម្រុក​ចូល​មក​តាម​ទ្វារ​របស់​អ្នក ដូច​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​គេ​វាយ​យក​បាន។ ១១ ជើង​សេះ​របស់​ពួក​គេ នឹង​ជាន់​កម្ទេច​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​ប្រហារ​ជីវិត​ប្រជាជន​របស់​អ្នក ហើយ​រំលំ​ស្តូប​ដែល​ជា​តំណាង​ឫទ្ធិ​អំណាច​របស់​អ្នក​ដែរ។ ១២ សត្រូវ​នឹង​ដណ្ដើម​យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក ទុក​ជា​របស់​ជ័យ‌ភ័ណ្ឌ គេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក ហើយ​យក​ថ្ម ឈើ និង​អ្វីៗ​ដែល​នៅ​សេស‌សល់​បោះ​ទៅ​ក្នុង​សមុទ្រ។ ១៣ យើង​នឹង​បំបាត់​ស្នូរ​ចម្រៀង​របស់​អ្នក ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។ ១៤ យើង​នឹង​ទុក​ឲ្យ​អ្នក​នៅ​សល់​តែ​ផ្ទាំង​ថ្ម​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​គ្មាន​នរណា​សង់​អ្នក​ឡើង​វិញ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ»។
១៥ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ក្រុង​ទីរ៉ុស​ដូច​ត​ទៅ៖ «ប្រជាជន​នៅ​តាម​កោះ​នានា​នឹង​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដំណឹង​ថា សត្រូវ​វាយ​យក​អ្នក​បាន ហើយ​ឮ​សម្រែក​ថ្ងូរ​របស់​អ្នក​របួស និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​អ្នក។ ១៦ ស្តេច​របស់​ស្រុក​នានា​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​នាំ​គ្នា​ចុះ​ពី​បល្ល័ង្ក ដោះ​សម្លៀក‌បំពាក់ និង​អាវ​ប៉ាក់​ចេញ រួច​យក​ការ​ភ័យ​ខ្លាច​មក​ពាក់​ជំនួស ហើយ​អង្គុយ​ផ្ទាល់​ដី ទាំង​ភ័យ​ញាប់‌ញ័រ​ឥត​ឈប់‌ឈរ ព្រោះ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​បែប​នេះ។ ១៧ ពួក​គេ​ស្មូត្រ​ទំនួញ​មួយ​បទ​ស្រណោះ​អ្នក ដោយ​ពោល​ថា “ទីក្រុង​ដ៏​ល្បី‌ល្បាញ​អើយ អ្នក​ជា​ជម្រក​របស់​ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ អ្នក និង​ប្រជាជន​របស់​អ្នក​ជា​មហា​អំណាច​នៅ​ដែន​សមុទ្រ ហើយ​ធ្លាប់​តែ​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​ជុំ‌វិញ​ព្រឺ‌ខ្លាច ឥឡូវ​នេះ ម្ដេច​ក៏​អ្នក​វិនាស​បាត់​បង់​ដូច្នេះ?”។ ១៨ នៅ​ថ្ងៃ​ដែល​ខ្មាំង​វាយ​យក​អ្នក​បាន ប្រជាជន​នៅ​តាម​កោះ​ភ័យ​ញាប់‌ញ័រ ប្រជាជន​នៅ​តាម​ឆ្នេរ​សមុទ្រ​រន្ធត់​ចិត្ត ព្រោះ​ឃើញ​អ្នក​វិនាស​បាត់​បង់»។
១៩ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ក្រុង​ដែល​នៅ​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ពេល​ណា​យើង​ធ្វើ​ឲ្យ​ទឹក​ពី​ទី​ជម្រៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក ២០ យើង​នឹង​ទម្លាក់​អ្នក​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ​មុន​អ្នក។ យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែន‌ដី ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ជា​កន្លែង​វិនាស​បង់​អស់​កល្ប‌ជានិច្ច។ អ្នក​នឹង​មិន​វិល​ត្រឡប់​មក​ផែន‌ដី ទទួល​កន្លែង​ក្នុង​ពិភព​របស់​អស់​អ្នក​ដែល​មាន​ជីវិត​ឡើយ។ ២១ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​តក់‌ស្លុត នៅ​ពេល​ឃើញ​អ្នក​វេទនា​ដូច្នេះ គេ​នឹង​ស្វែង​រក​អ្នក តែ​រក​មិន​ឃើញ​ទៀត​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
២៧
ទំនួញ​ស្តី​អំពី​ក្រុង​ទីរ៉ុស
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​ស្មូត្រ​ទំនួញ​មួយ​បទ ស្តី​អំពី​ក្រុង​ទីរ៉ុស!  ចូរ​ពោល​ទៅ​កាន់​ក្រុង​ទីរ៉ុស ដែល​ស្ថិត​នៅ​មាត់​សមុទ្រ ហើយ​ធ្វើ​ជំនួញ​ជា​មួយ​ជាតិ​សាសន៍​នៅ​តាម​កោះ​នានា​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:
ក្រុង​ទីរ៉ុស​អើយ អ្នក​ពោល​ថា
“ខ្ញុំ​មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ”
 ព្រំ‌ប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូត
ដល់​កណ្ដាល​សមុទ្រ
អស់​អ្នក​ដែល​សង់​អ្នក បាន​ផ្តល់​ឲ្យ​អ្នក
មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។
 ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរ
មក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នក
ហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់
មក​ធ្វើ​ជា​ដង​ក្តោង​របស់​អ្នក។
 ពួក​គេ​យក​ឈើ​ម៉ៃ‌សាក់​ពី​ស្រុក​បាសាន
មក​ធ្វើ​ជា​ច្រវា
យក​ឈើ​គ្រញូង​ពី​កោះ​គីទីម
មក​ក្រាល​ជា​មួយ​ភ្លុក ធ្វើ​កន្លែង​អង្គុយ។
 ក្តោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ
មក​ពី​ស្រុក​អេស៊ីប
សម្រាប់​ឲ្យ​អ្នក​ប្រើ​ជា​ទង់​ផង។
ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម
និង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។
 អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​អាវ៉ាដ ជា​អ្នក​ចែវ
អ្នក​ឯក‌ទេស​នៃ​ក្រុង​ទីរ៉ុស​ជា​នាយ​សំពៅ។
 ពួក​ចាស់​ទុំ​ពី​ស្រុក​កេបាល
និង​អ្នក​ឯក‌ទេស​របស់​ពួក​គេ​ជា​ជាង​ជួស‌ជុល។
សំពៅ​សមុទ្រ​ទាំង​ប៉ុន្មាន និង​អ្នក​ដើរ​សំពៅ
បាន​ចូល​មក​ឈប់​សំចត​នៅ​ក្នុង​អ្នក
ដើម្បី​លក់​ដូរ​ទំនិញ។
១០ អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូដ និង​អ្នក​ស្រុក​ពូត
នាំ​គ្នា​មក​បម្រើ​ក្នុង​ជួរ​កង‌ទ័ព​របស់​អ្នក
ពួក​គេ​ជា​អ្នក​ចម្បាំង​របស់​អ្នក
ពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នក
ព្រម​ទាំង​ផ្តល់​ឲ្យ​អ្នក​បាន​រុង‌រឿង។
១១ កូន​ចៅ​អាវ៉ាដ និង​ពួក​ចម្បាំង​របស់​អ្នក ស្ថិត​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ហើយ​ក៏​មាន​ទាហាន​យាម‌ល្បាត​នៅ​តាម​ទី​តាំង​ទ័ព​របស់​អ្នក​ដែរ។ ពួក​គេ​ព្យួរ​ខែល​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​បាន​ល្អ​ឥត​ខ្ចោះ។
ទីរ៉ុស​ជា​ក្រុង​ពាណិជ្ជ‌កម្ម
១២ ស្រុក​តារស៊ីស​នាំ​គ្នា​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ពួក​គេ​នាំ​ប្រាក់ ដែក ស្ពាន់ និង​សំណ​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។ ១៣ ស្រុក​យ៉ាវ៉ន ទូបាល និង​មេសេក រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ទាសករ និង​វត្ថុ​ធ្វើ​ពី​លង្ហិន មក​ដូរ​យក​ទំនិញ​របស់​អ្នក។ ១៤ អ្នក​ស្រុក​តូការ‌ម៉ា​យក​សេះ​សម្រាប់​ទឹម សេះ​ចម្បាំង និង​លា​កាត់ មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។ ១៥ ប្រជាជន​នៅ​ស្រុក​ដេដន​រក​ស៊ី​ជា​មួយ​អ្នក ជំនួញ​រវាង​កោះ​នានា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​អ្នក គេ​យក​ភ្លុក និង​ឈើ​គ្រញូង មក​ដូរ​ទំនិញ​របស់​អ្នក។ ១៦ ស្រុក​ស៊ីរី​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត​ផល​របស់​អ្នក​មួយ​ចំនួន​ធំ ហើយ​ពួក​គេ​ក៏​យក​កែវ‌មរកត ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​ទេស‌ឯក​ដ៏​ម៉ដ្ត ផ្កា​ថ្ម និង​ត្បូង មក​លក់​ក្នុង​ផ្សារ​របស់​អ្នក​ដែរ។ ១៧ ស្រុក​យូដា និង​ស្រុក អ៊ីស្រា‌អែល រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ស្រូវ​ពី​ស្រុក​មីនីត ម្សៅ​ធ្វើ​នំ ទឹក​ឃ្មុំ ប្រេង និង​ជ័រ មក​លក់​ឲ្យ​អ្នក។ ១៨ ក្រុង​ដាម៉ាស​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត‌ផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេល‌បូន និង​រោម​ចៀម​ពណ៌​ស មក​លក់​ឲ្យ​អ្នក​ដែរ។ ១៩ ស្រុក​វេដន និង​ស្រុក​យ៉ាវ៉ន ចាប់​តាំង​ពី​ស្រុក​អូសាល់ រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ដែក‌ថែប ព្រម​ទាំង​កំញាន និង​ខ្លឹមចន្ទន៍​មក​លក់​ឲ្យ​អ្នក។ ២០ ស្រុក​ដេដន​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សម្រាប់​សេះ​ចម្បាំង​មក​លក់​ឲ្យ​អ្នក។ ២១ ស្រុក​អារ៉ាប៊ី និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។ ២២ អ្នក​ជំនួញ​ពី​ស្រុក​សេបា និង​ស្រុក​រេម៉ា រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ ព្រម​ទាំង​ត្បូង និង​មាស​គ្រប់​ប្រភេទ មក​លក់​ឲ្យ​អ្នក។ ២៣ ស្រុក​ហារ៉ន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីលម៉ាដ នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក ២៤ ពួក​គេ​លក់​ដូរ​របស់​ដ៏​មាន​តម្លៃ​ជា​មួយ​អ្នក គឺ​មាន​អាវ​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​គ្រប់​ប្រភេទ និង​ខ្សែ​ក្រង។
ទំនួញ​ស្តី​អំពី​ក្រុង​ទីរ៉ុស (ត)
២៥ សំពៅ​ពី​ស្រុក​តារស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក
អ្នក​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន​លើស‌លប់
ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញ
នៅ​កណ្ដាល​សមុទ្រ។
២៦ ពួក​អ្នក​ចែវ​នាំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ
នៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មាន
ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កម្ទេច​អ្នក។
២៧ ទ្រព្យ‌សម្បត្តិ ទំនិញ និង​អីវ៉ាន់​របស់​អ្នក
ព្រម​ទាំង​អ្នក​ដើរ​សំពៅ កម្មករ​សំពៅ
អ្នក​ជួស‌ជុល​សំពៅ អ្នក​លក់​ដូរ
និង​ទាហាន​ចម្បាំង​ដែល​នៅ​ជា​មួយ​អ្នក
គឺ​នៅ​ថ្ងៃ​ដែល​អ្នក​វិនាស
មនុស្ស​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​អ្នក
ក៏​នឹង​ត្រូវ​លិច​លង់​ទៅ​ក្នុង​សមុទ្រ​ដែរ។
២៨ ពេល​ឮ​សម្រែក​ស្លន់‌ស្លោ​របស់​កម្មករ​សំពៅ
ប្រជាជន​នៅ​តាម​ឆ្នេរ​សមុទ្រ​នាំ​គ្នា​ញ័រ​រន្ធត់
២៩ អ្នក​ចែវ​សំពៅ​ផ្សេង​ទៀត
នាំ​គ្នា​ចុះ​ចេញ​ពី​សំពៅ​របស់​ខ្លួន
អ្នក​ដើរ​សំពៅ និង​កម្មករ​សំពៅ​ទាំង​ប៉ុន្មាន
នាំ​គ្នា​ឈរ​នៅ​លើ​គោក។
៣០ ពួក​គេ​នឹង​បន្លឺ​សំឡេង​ស្រណោះ​អ្នក
ពួក​គេ​សោយ​សោក​យ៉ាង​ជូរ​ចត់
ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន
ហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។
៣១ ពួក​គេ​កោរ​សក់​កាន់​ទុក្ខ​អ្នក ពួក​គេ​ស្លៀក​បាវ
ហើយ​នាំ​គ្នា​សោក​សង្រេង​យ៉ាង​ខ្លោច‌ផ្សា
ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត កើត​ទុក្ខ​ស្រណោះ​អ្នក។
៣២ ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​ឲ្យ​ស្មូត្រ​ទំនួញ
និង​យំ​អាឡោះ‌អាល័យ​អ្នក ទាំង​ពោល​ថា:
គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេ
គឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!
៣៣ ពេល​អ្នក​ដឹក​ទំនិញ​នៅ​តាម​សមុទ្រ
ប្រជាជន​ជា​ច្រើន​បាន​ឆ្អែត។
ទ្រព្យ‌សម្បត្តិ និង​ទំនិញ​ដ៏​បរិបូណ៌​របស់​អ្នក
បាន​ធ្វើ​ឲ្យ​ស្តេច​ជា​ច្រើន​នៅ​ផែន‌ដី
ក្លាយ​ទៅ​ជា​អ្នក​មាន។
៣៤ តែ​ឥឡូវ​នេះ អ្នក​វិនាស​ក្នុង​សមុទ្រ
ទំនិញ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល
នៅ​ក្នុង​សំពៅ​ជា​មួយ​អ្នក
ក៏​លិច​លង់​ដល់​បាត​សមុទ្រ​ជា​មួយ​អ្នក​ដែរ។
៣៥ ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​តាម​កោះ​នានា
នឹង​នាំ​គ្នា​សោយ​សោក ព្រោះ​តែ​អ្នក
ស្តេច​របស់​ពួក​គេ​នឹង​ភ័យ​ញ័រ​រន្ធត់
ផ្ទៃ​មុខ​របស់​គេ​ស្លេក‌ស្លាំង​អស់។
៣៦ អ្នក​លក់​ដូរ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
នាំ​គ្នា​ចំអក​ឲ្យ​អ្នក។
ពេល​មនុស្ស‌ម្នា​ឃើញ​អ្នក គេ​ភ័យ​តក់‌ស្លុត
ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។
២៨
ស្តេច​ក្រុង​ទីរ៉ុស​អស់​រាជ្យ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្តេច​ក្រុង​ទីរ៉ុស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​មាន​ចិត្ត​ព្រហើន​ណាស់ អ្នក​ហ៊ាន​ថ្លែង​ថា “ខ្ញុំ​ជា​ព្រះ! ខ្ញុំ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!”។ តាម​ពិត អ្នក​ជា​មនុស្ស​សោះ គឺ​មិន​មែន​ជា​ព្រះ​ទេ តែ​អ្នក​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះ‌ជាម្ចាស់។  អ្នក​អួត​ខ្លួន​ថា មាន​ប្រាជ្ញា​ជាង​ដានីអែល ហើយ​ថា​គ្មាន​ការ​អ្វី​លាក់​កំបាំង​ចំពោះ​អ្នក​ឡើយ។  ដោយ‌សារ​ប្រាជ្ញា និង​តម្រិះ​វៃ​ឆ្លាត អ្នក​ប្រមូល​ទ្រព្យ‌សម្បត្តិ មាស និង​ប្រាក់ យក​មក​ទុក​ក្នុង​ឃ្លាំង​របស់​ខ្លួន។  ដោយ‌សារ​ការ​ប៉ិន‌ប្រសប់​ខាង​ធ្វើ​ជំនួញ អ្នក​បាន​បង្កើន​ទ្រព្យ‌សម្បត្តិ​យ៉ាង​សន្ធឹក‌សន្ធាប់ ហើយ​ទ្រព្យ‌សម្បត្តិ​ទាំង​នេះ​ជំរុញ​ឲ្យ​អ្នក​អួត​បំប៉ោង!  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​លើក​ខ្លួន​ស្មើ​នឹង​ព្រះ​ដូច្នេះ  យើង​នឹង​នាំ​ជន​បរទេស ដែល​កាច​សាហាវ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​មក ពួក​គេ​នឹង​ហូត​ដាវ​បំផ្លាញ​ស្នាដៃ​នៃ​ប្រាជ្ញា​ដ៏​វាង‌វៃ​របស់​អ្នក គេ​នឹង​បន្ទាប​បន្ថោក ព្រម​ទាំង​បំផ្លាញ​ភាព​រុង‌រឿង​របស់​អ្នក​ទៀត​ផង។  ពួក​គេ​នឹង​វាយ​ទម្លាក់​អ្នក​ទៅ​ក្នុង​រណ្ដៅ អ្នក​នឹង​ត្រូវ​ស្លាប់ ដោយ​គេ​ចាក់​ទម្លុះ​នៅ​កណ្ដាល​សមុទ្រ។  នៅ​ចំពោះ​មុខ​សត្រូវ​ដែល​ប្រហារ​ជីវិត​អ្នក តើ​អ្នក​នៅ​តែ​ពោល​ថា “ខ្ញុំ​ជា​ព្រះ” ទៀត​បាន​ឬ? ពេល​អ្នក​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពេជ្ឈ‌ឃាត អ្នក​នៅ​តែ​ជា​មនុស្ស​ដដែល គឺ​មិន​មែន​ជា​ព្រះ​ទេ។ ១០ អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដៃ​ជន​បរទេស ដូច​ជន​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ ដ្បិត​យើង​ហើយ​ដែល​ប្រកាស​ការ​នេះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖
១២ «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្តេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្តេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ១៣ អ្នក​ស្ថិត​នៅ​ស្រុក​អេដែន ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ត្បូង​គ្រប់​មុខ​ជា​ជញ្ជាំង គឺ​ត្បូង​ទទឹម ត្បូង​ជម្ពូ‌រ័ត្ន ត្បូង​ពេជ្រ ត្បូង​ប៊ុត‌លឿង ត្បូង​ដៃ‌រគៀម ត្បូង​មណី‌រ័ត្ន ត្បូង​កណ្ដៀង ត្បូង​និល‌រ័ត្ន មរកត និង​មាស។ មាន​ស្គរ និង​ខ្លុយ នៅ​ចាំ​លេង​កំដរ​អ្នក​ជា​ស្រេច តាំង​តែ​ពី​ថ្ងៃ​ដែល​អ្នក​កើត​ម៉្លេះ។ ១៤ អ្នក​ជា​ខេរូប៊ីម*​ត្រដាង​ស្លាប ដែល​យើង​បាន​តែង‌តាំង​ឲ្យ​ការ‌ពារ យើង​បាន​ដាក់​អ្នក​នៅ​លើ​ភ្នំ​របស់​យើង អ្នក​ដើរ​នៅ​កណ្ដាល​ថ្ម​ដ៏​ភ្លឺ​ផ្លេក។ ១៥ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។ ១៦ ការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ហេតុ​នេះ យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ខេរូប៊ីម​ដែល​ជា​អ្នក​ការ‌ពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។ ១៧ អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុង‌រឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្តេច​នានា​ឃើញ។ ១៨ អ្នក​បាន​បង្អាប់​ទី‌សក្ការៈ​របស់​យើង ដោយ‌សារ​អំពើ​បាប​ដ៏​ច្រើន​ឥត​គណនា និង​ដោយ‌សារ​ជំនួញ​ដ៏​ទុច្ចរិត​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក ឆេះ​បន្សុស​អ្នក យើង​នឹង​កម្ទេច​អ្នក​ឲ្យ​ទៅ​ជា​ផេះ​នៅ​លើ​ផែន‌ដី ដើម្បី​ឲ្យ​មនុស្ស‌ម្នា​បាន​ឃើញ។ ១៩ ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿង‌ឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។
ព្រះ‌បន្ទូល​ស្តី​អំពី​ក្រុង​ស៊ីដូន
២០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២១ «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​ស៊ីដូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ក្រុង​នោះ​ទៅ! ២២ ត្រូវ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​ស៊ីដូន​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ទទួល​សិរី‌រុង​រឿង​នៅ​ក្នុង​អ្នក។ ពេល​ណា​យើង​សម្រេច​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នេះ​ហើយ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​នឹង​សម្ដែង​ឲ្យ​អ្នក​ក្រុង​នេះ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ ២៣ យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​នៅ​ក្នុង​ទីក្រុង យើង​នឹង​ធ្វើ​ឲ្យ​ឈាម​ហូរ​ដាប​នៅ​តាម​ដង​ផ្លូវ ខ្មាំង​សត្រូវ​វាយ​ប្រហារ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ដួល​ស្លាប់​នៅ​ក្នុង​ទីក្រុង ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់”។
អ៊ីស្រា‌អែល​នឹង​ទទួល​ព្រះ‌ពរ
២៤ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គ្មាន​នរណា​មាក់‌ងាយ​កូន​ចៅ​អ៊ីស្រា‌អែល គឺ​គ្មាន​នរណា​ធ្វើ​បាប​ពួក​គេ​ឲ្យ​ឈឺ​ចាប់ ដូច​មុត​បន្លា​ទៀត​ឡើយ។ ពេល​នោះ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់»។
២៥ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​យើង​ប្រមូល​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​យើង​បាន​កម្ចាត់‌កម្ចាយ ទៅ​ក្នុង​ចំណោម​សាសន៍​ទាំង‌ឡាយ​នោះ​មក​វិញ យើង​នឹង​សម្ដែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង។ ២៦ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​លើ​ទឹក​ដី​នេះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​ដាំ​ទំពាំង‌បាយ‌ជូរ។ កាល​ណា​យើង​ដាក់​ទោស​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ដែល​បាន​មាក់‌ងាយ​ពួក​គេ​រួច​ហើយ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ»។
២៩
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេស៊ីប
 នៅ​ឆ្នាំ​ទី​ដប់ ថ្ងៃ​ទី​ដប់‌ពីរ ខែ​ទី​ដប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ផារ៉ោន ស្តេច​ស្រុក​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្តេច​នោះ ព្រម​ទាំង​ប្រជាជន​អេស៊ីប​ទាំង​មូល​ទៅ!។  ចូរ​ប្រកាស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សម្បើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។  យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។  យើង​នឹង​បោះ​អ្នក​ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោ‌ស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវី‌រវល់​នឹង​សាក‌សព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។  ប្រជាជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ដ្បិត​ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​ធ្វើ​ជា​បង្អែក។  នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ»។
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មើល៍​យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អ្នក​កើត​សង្គ្រាម យើង​នឹង​ដក​ជីវិត​ទាំង​មនុស្ស ទាំង​សត្វ នៅ​ក្នុង​ស្រុក​អ្នក។  ស្រុក​អេស៊ីប​នឹង​ត្រូវ​ហិន‌ហោច ក្លាយ​ជា​គំនរ​បាក់​បែក ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់។ ដោយ​អ្នក​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ ១០ យើង​នឹង​ដាក់​ទោស​អ្នក ព្រម​ទាំង​ទន្លេ​របស់​អ្នក។ យើង​នឹង​បំផ្លាញ​ស្រុក​អេស៊ីប ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​ជា​ទី​ស្មសាន ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​អាស្វាន់ និង​ព្រំ‌ប្រទល់​ស្រុក​អេត្យូ‌ពី។ ១១ គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។ ១២ ក្នុង‌រយៈ​ពេល​សែ‌សិប​ឆ្នាំ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ។ យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា»។ ១៣ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «លុះ​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ យើង​នឹង​ប្រមូល​ជន​ជាតិ​អេស៊ីប​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ដែល​យើង​បណ្តេញ​ពួក​គេ​ទៅ​នោះ ឲ្យ​ត្រឡប់​មក​វិញ។ ១៤ យើង​នឹង​ស្តារ​ស្រុក​អេស៊ីប​ឡើង​វិញ យើង​នឹង​នាំ​ពួក​គេ​មក​នៅ​ស្រុក​ប៉ាត្រុស ជា​ស្រុក​កំណើត​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ប្រមូល​ផ្តុំ​គ្នា​ជា​នគរ​មួយ​ដ៏​ទន់​ខ្សោយ។ ១៥ ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​នគរ​មួយ​ទន់​ខ្សោយ​ជាង​នគរ​ឯ​ទៀតៗ គេ​នឹង​លែង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា គឺ​យើង​នឹង​ធ្វើ​ឲ្យ​គេ​ចុះ​អន់‌ថយ ដើម្បី​កុំ​ឲ្យ​គេ​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា​ទៀត។ ១៦ ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​នឹង​លែង​មាន​បង្អែក ដែល​ទាក់‌ទាញ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដោយ​បែរ​ទៅ​រក​ស្រុក​អេស៊ីប​មក​ជួយ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់»។
ស្តេច​នេប៊ូ‌កានេសារ​មក​វាយ​លុក​ស្រុក​អេស៊ីប
១៧ នៅ​ឆ្នាំ​ទី​ម្ភៃ‌ប្រាំ​ពីរ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
១៨ «កូន​មនុស្ស​អើយ នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន បាន​ប្រើ​កង‌ទ័ព​របស់​ខ្លួន​ឲ្យ​ប្រឹង‌ប្រែង​វាយ​យក​ក្រុង​ទីរ៉ុស។ ទាហាន​បាប៊ីឡូន​ទាំង​អស់​ខំ​ប្រឹង​រហូត​ដល់​ជ្រុះ​សក់ និង​មាន​ស្នាម​របួស​ពេញ​ស្មា តែ​ស្តេច​ស្រុក​បាប៊ីឡូន និង​កង‌ទ័ព ពុំ​បាន​ទទួល​ជ័យ‌ជម្នះ ពី​ការ​វាយ​លុក​ក្រុង​ទីរ៉ុស​ឡើយ។ ១៩ ហេតុ​នេះ យើង​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ‌ជា‌អម្ចាស់​ថា យើង​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន។ នេប៊ូ‌កានេសារ​នឹង​នាំ​យក​ទ្រព្យ‌សម្បត្តិ​ស្រុក​អេស៊ីប​ទៅ​ស្រុក​របស់​ខ្លួន ស្តេច​នេះ​នឹង​រឹប​អូស​យក​ទាំង​អស់ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។ ស្តេច​នឹង​យក​ជ័យ‌ភ័ណ្ឌ​ធ្វើ​ជា​បៀវត្សរ៍​ចែក​ឲ្យ​កង‌ទ័ព​របស់​ខ្លួន។ ២០ យើង​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​នេប៊ូ‌កានេសារ ទុក​ជា​កម្រៃ​ចំពោះ​កិច្ច‌ការ​ដែល​គេ​បាន​ធ្វើ ដ្បិត​ពួក​ទាហាន​របស់​ស្តេច​នេះ​បាន​ធ្វើ​ការ​ឲ្យ​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
២១ នៅ​ថ្ងៃ​នោះ យើង​នឹង​ពង្រឹង​កម្លាំង​ជន​ជាតិ​អ៊ីស្រា‌អែល។ រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​នឹង​ឲ្យ​អ្នក​និយាយ​បាន ពួក​គេ​នឹង​ឮ​ពាក្យ​អ្នក ហើយ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
៣០
ព្រះ‌អម្ចាស់​ដាក់​ទោស​ស្រុក​អេស៊ីប
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​សោក​សង្រេង ដ្បិត​ថ្ងៃ​នោះ​វេទនា​ណាស់!  ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ​ហើយ គឺ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ថ្ងៃ​ដែល​មាន​ពពក ថ្ងៃ​ដែល​ប្រជា‌ជាតិ​នានា​វាយ​ប្រហារ​គ្នា។  សង្គ្រាម​នឹង​មក​ដល់​ស្រុក​អេស៊ីប ទុក្ខ​វេទនា​នឹង​កើត​មាន​នៅ​ស្រុក​អេត្យូ‌ពី។ ជន​ជាតិ​អេស៊ីប​នឹង​ត្រូវ​គេ​សម្លាប់​រង្គាល សត្រូវ​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​អេស៊ីប ព្រម​ទាំង​កម្ទេច​ស្រុក​នេះ​ផង។  អ្នក​ស្រុក​អេត្យូ‌ពី អ្នក​ស្រុក​ពូត អ្នក​ស្រុក​លូដ ពួក​កូន​កាត់​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​គូប ព្រម​ទាំង​ប្រជាជន​របស់​យើង​ផ្ទាល់ ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មួយ​ជន​ជាតិ​អេស៊ីប​ដែរ»។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​អ្នក​ដែល​គាំ‌ទ្រ​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស ហើយ​អំណាច​អួត‌អាង​របស់​អេស៊ីប​ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ដែរ។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​អាស្វាន់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។  ស្រុក​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ​ដែរ។  ពេល​ណា​យើង​ដុត​ស្រុក​អេស៊ីប និង​កម្ទេច​បក្ស‌សម្ពន្ធ​របស់​ពួក​គេ​អស់​ហើយ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។  នៅ​ថ្ងៃ​យើង​ដាក់​ទោស​ស្រុក​អេស៊ីប យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ធ្វើ​ដំណើរ​តាម​សំពៅ នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ស្រុក​អេត្យូ‌ពី ដែល​កំពុង​តែ​រស់​នៅ​ដោយ​សុខ‌សាន្ត ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​រង​ទុក្ខ​វេទនា​ជិត​មក​ដល់​ហើយ!»។
១០ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន ឲ្យ​បំបាត់​ពូជ​សាសន៍​អេស៊ីប​ដ៏​ច្រើន​នោះ។ ១១ យើង​នឹង​នាំ​ស្តេច​នេប៊ូ‌កានេសារ និង​កង‌ទ័ព​បាប៊ីឡូន​ដ៏​សាហាវ​បំផុត មក​កម្ទេច​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​សម្លាប់​រង្គាល​ប្រជាជន ទុក​សាក‌សព​នៅ​ពាស‌ពេញ​ក្នុង​ស្រុក។ ១២ យើង​នឹង​ធ្វើ​ឲ្យ​ដៃ​ទន្លេ​នីល​រីង​ស្ងួត យើង​ប្រគល់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំណាច យើង​នឹង​បំផ្លាញ​ស្រុក ព្រម​ទាំង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ដោយ​ដៃ​របស់​ជន​បរទេស។ នេះ​ជា​ពាក្យ​របស់​យើង​ដែល​ជា​ព្រះ‌អម្ចាស់»។
១៣ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​កម្ទេច​រូប​បដិមា យើង​នឹង​បំបាត់​រូប​ព្រះ​ក្លែង‌ក្លាយ​ពី​ក្រុង​ណូប។ ពេល​នោះ ស្រុក​អេស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅ​ស្រុក​អេស៊ីប។ ១៤ យើង​នឹង​បំផ្លាញ​ក្រុង​ប៉ាត្រុស យើង​នឹង​ដុត​កម្ទេច​ក្រុង​សូអាន ហើយ​ដាក់​ទោស​ក្រុង​ណូ។ ១៥ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជាជន​ដ៏​ច្រើន​នៅ​ក្រុង​ណូ។ ១៦ យើង​នឹង​ដុត​ស្រុក​អេស៊ីប ក្រុង​ស៊ីន​នឹង​ភ័យ​តក់‌ស្លុត ក្រុង​នរ​នឹង​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្រុង​ណូប​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។ ១៧ ពួក​យុវជន​នៅ​ក្រុង​អុន និង​ក្រុង​ពីបេសេត ដួល​ស្លាប់​ដោយ​មុខ​ដាវ ហើយ​អ្នក​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។ ១៨ ពេល​យើង​បំបាក់​នឹម​របស់​ស្រុក​អេស៊ីប ហើយ​ពេល​ដែល​អំណាច​អួត‌អាង​របស់​ពួក​គេ​រលាយ​សូន្យ នោះ​នៅ​ក្រុង​តាប៉ាណែស ថ្ងៃ​ប្រែ​ជា​ងងឹត ពពក​អាប់‌អួ​គ្រប​ដណ្តប់​ពាស‌ពេញ​ក្រុង ហើយ​ប្រជាជន​របស់​គេ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។ ១៩ យើង​នឹង​ធ្វើ​ទោស​ស្រុក​អេស៊ីប ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
២០ នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​ប្រាំ​ពីរ ក្នុង​ខែ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖
២១ «កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ​ម្ខាង​របស់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។ គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​ឲ្យ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​ឲ្យ​ស្តេច​នេះ​អាច​កាន់​ដាវ​បាន​ទៀត​ដែរ»។ ២២ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប យើង​នឹង​បំបាក់​ដៃ​ទាំង​សង​ខាង​របស់​ស្តេច​នេះ គឺ​ទាំង​ដៃ​ល្អ ទាំង​ដៃ​បាក់ ហើយ​យើង​នឹង​ជម្រុះ​ដាវ​ចេញ​ពី​ដៃ​របស់​គេ​ដែរ។ ២៣ យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា។ ២៤ យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្តេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្តេច​ស្រុក​អេស៊ីប ហើយ​ស្តេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្តេច​ស្រុក​បាប៊ីឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។ ២៥ យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​បំបាក់​កម្លាំង​របស់​ស្តេច​ផារ៉ោន។ ពេល​ណា​យើង​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​ពេល​ស្តេច​នេះ​លើក​ដាវ​តម្រង់​ទៅ​រក​ស្រុក​អេស៊ីប នោះ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ២៦ យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
៣១
ប្រស្នា​អំពី​ដើម​តាត្រៅ​ដែល​គេ​កាប់
 នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​បី ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​របស់​គេ​ថា:
តើ​ភាព​រុង‌រឿង​របស់​អ្នក​ប្រៀប​បាន​នឹង​អ្វី?
 អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់
ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។
ដើម​តាត្រៅ​នោះ​លូត​ឡើង
ចុង​វា​ខ្ពស់​កប់​ពពក។
 ទឹក​ទន្លេ​ធ្វើ​ឲ្យ​វា​ដុះ​ធំ​ឡើង
ទឹក​នៅ​ទី​ជម្រៅ​ធ្វើ​ឲ្យ​វា​លូត​ឡើង​យ៉ាង​ខ្ពស់
ហើយ​ហូរ​ជុំ‌វិញ​ដើម​នោះ
រួច​បែក​ជា​ដៃ​ទន្លេ ហូរ​ទៅ​ស្រោច​ស្រព
ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ។
 ដើម​តាត្រៅ​នោះ​លូត​ឡើង​ខ្ពស់
លើស​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ
បែក​មែក​សាខា ហើយ​លាត​សន្ធឹង
ព្រោះ​ឫស​វា​សម្បូណ៌​ទឹក។
 បក្សា‌បក្សី​នាំ​គ្នា​មក​ធ្វើ​សំបុក
នៅ​តាម​មែក​របស់​វា
រីឯ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
ក៏​មក​បង្កើត​កូន​ចៅ​នៅ​ក្រោម​មែក​របស់​វា
ហើយ​ប្រជា‌ជាតិ​ទាំង​អស់​ក៏​ជ្រក​ក្រោម
ម្លប់​របស់​វា​ដែរ។
 ដើម​តាត្រៅ​នោះ​ល្អ​ណាស់
ព្រោះ​វា​ខ្ពស់​មាន​មែក​លាត​សន្ធឹង​យ៉ាង​វែង
ហើយ​ឫស​របស់​វា​ចាក់​ទៅ​រក​កន្លែង​សម្បូណ៌​ទឹក។
 ដើម​តាត្រៅ​នៅ​ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់
មិន​អាច​ប្រៀប​ផ្ទឹម​នឹង​វា​បាន​ទេ
រីឯ​ដើម​គគីរ ឬ​ដើម​កកោះ
ក៏​មិន​អាច​ផ្ទឹម​ស្មើ​នឹង​វា​ដែរ
គ្មាន​ដើម​ឈើ​ណា​ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់
ល្អ​ដូច​ដើម​តាត្រៅ​នេះ​ឡើយ។
 យើង​បាន​តុប‌តែង​វា​ឲ្យ​មាន​មែក​ជា​ច្រើន
ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន
ដែល​ជា​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់
នាំ​គ្នា​ច្រណែន​នឹង​វា។
១០ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​ដឹង​ថា ដើម​តាត្រៅ​នេះ​មាន​កម្ពស់​ខ្ពស់​ណាស់ ចុង​របស់​វា​លូត​ឡើង​កប់​ពពក ហើយ​ចិត្ត​របស់​វា​ក៏​ព្រហើន​ដែរ។ ១១ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​វា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា ព្រោះ​យើង​បាន​បោះ​បង់​វា​ចោល​ហើយ។ ១២ ជន​បរទេស​ដែល​សាហាវ​ជាង​គេ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ បាន​កាប់​ដើម​ឈើ​នោះ រួច​ទុក​ចោល។ មែក​របស់​វា​រលំ​ទៅ​លើ​តំបន់​ភ្នំ និង​ជ្រលង​ភ្នំ​ទាំង​អស់។ រីឯ​មែក​តូចៗ​របស់​វា​បាក់​ធ្លាក់​ទៅ​តាម​ជ្រោះ​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​នោះ។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ផែន‌ដី​នាំ​គ្នា​ចាក​ចេញ​ពី​ម្លប់​របស់​វា ហើយ​បោះ​បង់​វា​ចោល។ ១៣ សត្វ​ស្លាប​ទាំង​ប៉ុន្មាន នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​បាក់​របស់​វា ហើយ​សត្វ​សាហាវ​ទាំង​អស់​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​តូចៗ​របស់​វា​ដែរ។ ១៤ ធ្វើ​ដូច្នេះ កុំ​ឲ្យ​ដើម​ឈើ​ដែល​សម្បូណ៌​ទឹក​ដុះ​ខ្ពស់​កប់​ពពក​ឡើយ ហើយ​កុំ​ឲ្យ​ដើម​ឈើ​ណា​អួត‌អាង​ថា ខ្លួន​ខ្ពស់​ជាង​គេ​ដែរ។ ដើម​ឈើ​ទាំង‌ឡាយ​មិន​ខុស​ពី​មនុស្ស​ទេ វា​នឹង​ត្រូវ​ស្លាប់ ធ្លាក់​ទៅ​បាត​ដី រួម​ជា​មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ»។
១៥ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​ដើម​តាត្រៅ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ យើង​បាន​ឲ្យ​ធម្ម‌ជាតិ​កាន់​ទុក្ខ។ ដោយ​សារ​ដើម​តាត្រៅ​នោះ​ងាប់ យើង​បាន​បិទ​ប្រភព​ទឹក​នៅ​ក្រោម​ដី និង​ទប់​ទឹក​ទន្លេ រីឯ​ទឹក​សមុទ្រ​ក៏​លែង​កម្រើក​ទៀត​ដែរ។ យើង​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត​គ្រប​ដណ្តប់​លើ​ភ្នំ​លីបង់ និង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ទាំង​ប៉ុន្មាន​ស្ងួត​ហួត‌ហែង​អស់។ ១៦ យើង​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដើម​តាត្រៅ​នោះ​រលំ។ ពេល​យើង​ទម្លាក់​វា​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ នៅ​ទី​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ព្រម​ទាំង​ដើម​ឈើ​ដ៏​ល្អ​បំផុត ដែល​ដុះ​នៅ​កន្លែង​សម្បូណ៌​ទឹក នៅ​ភ្នំ​លីបង់ នាំ​គ្នា​សប្បាយ​ចិត្ត។ ១៧ ដើម​ឈើ​ទាំង​នោះ​ក៏​ចុះ​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​ដើម​តាត្រៅ និង​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ ព្រោះ​ដើម​ឈើ​ទាំង​នោះ​ជា​បក្ស‌សម្ពន្ធ ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ដើម​តាត្រៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។
១៨ ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុង‌រឿង​ឧត្តុង្គ‌ឧត្ដម​ដូច​អ្នក? ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​អ្នក​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ រីឯ​ស្តេច​ផារ៉ោន និង​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន ក៏​នឹង​ត្រូវ​វិនាស​ដូច្នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
៣២
ទំនួញ​ស្រណោះ​ស្តេច និង​ប្រជាជន​ស្រុក​អេស៊ីប
 នៅ​ឆ្នាំ​ទី​ដប់‌ពីរ ខែ​ទី​ដប់‌ពីរ ថ្ងៃ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «ចូរ​ស្មូត្រ​ទំនួញ​បទ​មួយ​អំពី​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា:
អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហ
ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
អ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សម្បើម
អ្នក​ហែល​នៅ​តាម​ទន្លេ
ជើង​របស់​អ្នក​កាយ​ទឹក
ធ្វើ​ឲ្យ​កក្រើក ហើយ​ល្អក់។
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ជាតិ​សាសន៍​ជា​ច្រើន​ប្រមូល​ផ្តុំ​គ្នា ពេល​នោះ យើង​នឹង​បោះ​សំណាញ់​របស់​យើង​ទៅ​លើ​អ្នក ពួក​គេ​នឹង​អូស​អ្នក ដែល​ជាប់​ក្នុង​សំណាញ់ ឡើង​មក​លើ​គោក។  យើង​នឹង​បោះ​អ្នក​ទៅ​លើ​ដី ឲ្យ​នៅ​កណ្ដាល​វាល យើង​នឹង​ឲ្យ​ត្មាត​មក​ចោម‌រោម​អ្នក ហើយ​ឲ្យ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែន‌ដី​ស៊ី​អ្នក។  យើង​នឹង​យក​សាច់​អ្នក​ទៅ​ដាក់​នៅ​លើ​ភ្នំ ហើយ​យក​ឆ្អឹង​របស់​អ្នក​ទៅ​ចោល​ពាស‌ពេញ​ជ្រលង​ភ្នំ។  យើង​នឹង​យក​ឈាម​អ្នក​ទៅ​ស្រោច​លើ​ដី លើ​ភ្នំ និង​តាម​ដង​ទន្លេ។  នៅ​ពេល​អ្នក​ផុត​ដង្ហើម យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ស្រអាប់ ឲ្យ​ផ្កាយ​ប្រែ​ជា​ងងឹត យើង​នឹង​ឲ្យ​ពពក​បាំង​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ឲ្យ​ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត។  ព្រោះ​តែ​អ្នក​ស្លាប់ យើង​នឹង​ធ្វើ​ឲ្យ​ពន្លឺ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​អាប់​រស្មី ភាព​ងងឹត​គ្រប​ដណ្តប់​លើ​ស្រុក​អ្នក​ទាំង​មូល។  ពេល​ណា​យើង​នាំ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក ទៅ​ប្រាប់​ប្រជា‌ជាតិ​នានា នៅ​ក្នុង​ស្រុក​ដែល​អ្នក​ពុំ​ស្គាល់ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រំជួល​ចិត្ត។ ១០ យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​តក់‌ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្តេច​របស់​ពួក​គេ​នឹង​ញ័រ‌រន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់‌ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។
១១ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដាវ​របស់​ស្តេច​ស្រុក​បាប៊ីឡូន​នឹង​ប្រហារ​អ្នក។ ១២ យើង​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ដ៏​ច្រើន​របស់​អ្នក ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង ដែល​សាហាវ​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ ពួក​គេ​នឹង​បំបាក់​អំនួត​របស់​ស្រុក​អេស៊ីប ហើយ​ប្រជាជន​ដ៏​ច្រើន​របស់​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស។ ១៣ យើង​នឹង​បំផ្លាញ​ហ្វូង​សត្វ​ទាំង​អស់​របស់​អ្នក នៅ​ក្បែរ​ទន្លេ ពេល​នោះ លែង​មាន​ជើង​មនុស្ស ឬ​ជើង​សត្វ ធ្វើ​ឲ្យ​ល្អក់​ទឹក​ទៀត​ហើយ។ ១៤ យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នៅ​ស្ងប់‌ស្ងៀម ហើយ​ឲ្យ​វា​ហូរ​ដោយ​សម្រួល​ដូច​ប្រេង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៥ ពេល​យើង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​សេស‌សល់​អ្វី​ក្នុង​ស្រុក ហើយ​ពេល​យើង​ប្រហារ​អ្នក​ស្រុក​អេស៊ីប​វិនាស​អស់ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់
១៦ នេះ​ជា​បទ​ទំនួញ​ដែល​គេ​ត្រូវ​ស្មូត្រ​នៅ​តាម​ក្រុង​ផ្សេងៗ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។ ពួក​គេ​នឹង​ស្មូត្រ​ទំនួញ​នេះ​ស្រណោះ​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​របស់​ស្រុក​នេះ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១៧ នៅ​ឆ្នាំ​ទី​ដប់‌ពីរ ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​មួយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖
១៨ កូន​មនុស្ស​អើយ ចូរ​យំ​សោក​ស្រណោះ​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​នៅ​ស្រុក​អេស៊ីប​ទៅ! ចូរ​ឲ្យ​បទ​ទំនួញ​នេះ​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​ទី​ជម្រៅ រួម​ជា​មួយ​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ​ឯ​ទៀតៗ គឺ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​រណ្ដៅ! ១៩ ចូរ​ពោល​ទៅ​ពួក​គេ​ថា “តើ​អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា គួរ​ឲ្យ​យើង​ប្រណី​អ្នក​រាល់​គ្នា​ជាង​អ្នក​ដទៃ​ឬ? ចូរ​ធ្លាក់​រណ្ដៅ​ជា​មួយ​ពួក​ទមិឡ ២០ ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ!”។ ឥឡូវ​នេះ ដាវ​ហូត​ចេញ​ពី​ស្រោម​ហើយ ចូរ​ប្រហារ​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​នៃ​ស្រុក​នេះ​ឲ្យ​វិនាស​ទៅ! ២១ នៅ​ស្ថាន​មច្ចុរាជ ពួក​អ្នក​ចម្បាំង​ដ៏​អង់‌អាច និង​សម្ពន្ធ‌មិត្ត​របស់​ស្រុក​អេស៊ីប​កាល​ពី​មុន នឹង​ពោល​ថា “ពួក​ទមិឡ​ទាំង​នេះ​ដែល​ត្រូវ​គេ​ចាក់​ដោយ​មុខ​ដាវ ក៏​ចុះ​មក​នៅ​ជា​មួយ​ពួក​យើង​ដែរ​ហ្ន៎!”។
២២ ស្តេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ទាំង​មូល​ដែល​ស្លាប់​ដោយ​មុខ​ដាវ ក៏​នៅ​ទី​នោះ​ទាំង​អស់​គ្នា​ដែរ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្តេច។ ២៣ ផ្នូរ​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្តេច។ ពួក​អ្នក​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ពិភព‌លោក​ភ័យ​ញ័រ បែរ​ជា​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ដែរ។
២៤ ស្តេច​ស្រុក​អេឡាំ និង​កង‌ពល​ទាំង​មូល ត្រូវ​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្តេច។ ពួក​ទមិឡ​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ពិភព‌លោក​ភ័យ​ញ័រ​បាន​ធ្លាក់​ទៅ​ក្នុង​ទី​ជម្រៅ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។ ២៥ ស្តេច​ស្រុក​អេឡាំ និង​ពល‌ទាហាន ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀតៗ​ដែល​ស្លាប់ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្តេច។ ទោះ​បី​ពួក​ទមិឡ​ទាំង​នោះ​ធ្លាប់​ធ្វើ​ឲ្យ​ពិភព‌លោក​ភ័យ​ញ័រ​ក្តី ក៏​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា។ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់។
២៦ ស្តេច​ស្រុក​ម៉េសេក និង​ស្រុក​ទូបាល ព្រម​ទាំង​ពល‌ទាហាន​របស់​គេ​ក៏​នៅ​ទី​នោះ​ដែរ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្តេច។ ពួក​ទមិឡ​ទាំង​នោះ​សុទ្ធ​តែ​ស្លាប់​ដោយ​មុខ​ដាវ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព‌លោក​ភ័យ​ញ័រ។ ២៧ ពួក​គេ​មិន​ស្ថិត​នៅ​ជា​មួយ​ពួក​វីរ‌បុរស​ពី​ជំនាន់​ដើម​ទេ ដ្បិត​ពួក​គេ​ជា​មនុស្ស​ទមិឡ។ ពួក​គេ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ ដោយ​មាន​ទាំង​គ្រឿង​សាស្ត្រា‌វុធ​ទៅ​ជា​មួយ​ផង ដាវ​របស់​គេ​ស្ថិត​នៅ​ពី​ក្រោម​ក្បាល​ដំណេក បាប​របស់​ពួក​គេ​ស្ថិត​នៅ​ជាប់​ជា​មួយ​ឆ្អឹង​របស់​ខ្លួន ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព‌លោក​ភ័យ​ញ័រ។
២៨ ផារ៉ោន​អើយ អ្នក​ត្រូវ​គេ​សម្លាប់​ក្នុង​ចំណោម​ពួក​ទមិឡ អ្នក​ក៏​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ!។
២៩ ជន​ជាតិ​អេដុម ទាំង​ស្តេច ទាំង​មេ​ដឹក​នាំ ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ជា​អ្នក​ចម្បាំង​ដ៏​ពូកែ​ក្តី ក៏​ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ពួក​ទមិឡ និង​ជា​មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ។
៣០ មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​ជើង និង​អ្នក​ស្រុក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ធ្លាប់​ជា​អ្នក​ចម្បាំង​ដ៏​ពូកែ ហើយ​ធ្វើ​ឲ្យ​ពិភព‌លោក​ភ័យ​ញ័រ​ក្តី ពួក​គេ​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់ ទាំង​អាម៉ាស់។ ពួក​ទមិឡ​ទាំង​នោះ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។
៣១ ពេល​ផារ៉ោន​ឃើញ​អ្នក​ទាំង​នេះ គាត់​នឹង​បាន​ធូរ​ស្បើយ​ចំពោះ​ការ​បាត់​បង់​ពល‌ទ័ព​របស់​ខ្លួន គឺ​ពល‌ទាហាន​អេស៊ីប​ទាំង​មូល ដែល​ស្លាប់​ដោយ​មុខ​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់៣២ «យើង​បណ្តោយ​ឲ្យ​ផារ៉ោន​សាប​ព្រោះ​ការ​ភ័យ​ញ័រ​ក្នុង​ពិភព‌លោក​ទាំង​មូល តែ​ក្រោយ​មក គេ​នឹង​បញ្ចុះ​សព​ផារ៉ោន និង​កង‌ពល ក្នុង​ចំណោម​ពួក​ទមិឡ និង​អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​មុខ​ដាវ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
៣៣

ព្រះ‌បន្ទូល​សន្យា​ស្តារ​ស្ថាន‌ភាព​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើង​វិញ

ព្រះ‌អម្ចាស់​តែង‌តាំង​ព្យាការី​ជា​អ្នក​យាម‌ល្បាត
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
 «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ប្រាប់​ប្រជាជន​របស់​អ្នក​ថា ពេល​យើង​នាំ​សង្គ្រាម​មក​ប្រហារ​ស្រុក​ណា​មួយ ប្រជាជន​នៅ​ស្រុក​នោះ​ជ្រើស‌រើស​យក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត។  ពេល​ណា​អ្នក​យាម​ឃើញ​កង‌ទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក គាត់​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជាជន​ដឹង  ប្រសិន​បើ​នរណា​ម្នាក់​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ បើ​គេ​ស្លាប់​ដោយ​មុខ​ដាវ នោះ​គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។  គេ​បាត់​បង់​ជីវិត ព្រោះ​តែ​កំហុស​របស់​ខ្លួន ដ្បិត​គេ​បាន​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ។ រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រកាស នឹង​បាន​រួច​ជីវិត។  ប្រសិន​បើ​អ្នក​យាម​ឃើញ​កង‌ទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក តែ​មិន​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជាជន​ដឹង​ទេ បើ​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​យាម​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។
 ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ចូរ​ស្ដាប់​ពាក្យ​ដែល​យើង​និយាយ ហើយ​យក​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។  ពេល​ណា​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “នែ៎ មនុស្ស​អាក្រក់ អ្នក​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន!”។ ប្រសិន​បើ​អ្នក​មិន​ប្រាប់​មនុស្ស​អាក្រក់​នោះ​ឲ្យ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទេ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ក៏​ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។  ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ប្រាប់​មនុស្ស​អាក្រក់​ឲ្យ​លះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​ព្រម​លះ‌បង់​ទេ​នោះ គេ​ពិត​ជា​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​គេ​ពុំ‌ខាន រីឯ​អ្នក​វិញ អ្នក​នឹង​រួច​ជីវិត។
១០ កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​តែង​ពោល​ថា “អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​សង្កត់​លើ​យើង​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​កាន់​តែ​រីង‌រៃ​ទៅៗ តើ​ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​រស់​រាន​មាន​ជីវិត​បាន?”។ ១១ ចូរ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ តែ​យើង​ចង់​ឃើញ​គេ​កែ​ប្រែ​កិរិយា‌មារយាទ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ចូរ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទៅ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១២ កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ប្រជាជន​របស់​អ្នក​ថា: នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ អំពើ​សុចរិត​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​មុន ពុំ​អាច​សង្គ្រោះ​គេ​ឡើយ។ ហេតុ​នេះ នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​បាប គេ​ពុំ​អាច​រស់ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន​ឡើយ។ រីឯ​មនុស្ស​អាក្រក់​វិញ នៅ​ថ្ងៃ​ដែល​គេ​លះ‌បង់​ចោល​អំពើ​អាក្រក់ នោះ​គេ​នឹង​មិន​ទទួល​ទោស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​មុន​នោះ​ឡើយ។ ១៣ ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​សុចរិត​ថា “អ្នក​ពិត​ជា​រស់!” បើ​អ្នក​នោះ​ពឹង​ផ្អែក​លើ​សេចក្ដី​សុចរិត​របស់​ខ្លួន រួច​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ នោះ​គេ​មុខ​ជា​ស្លាប់ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត យើង​នឹង​មិន​គិត‌គូរ​ដល់​អំពើ​សុចរិត​ណា​មួយ​របស់​អ្នក​នោះ​ឡើយ។ ១៤ ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​ពិត​ជា​ស្លាប់!” តែ​បើ​អ្នក​នោះ​លះ‌បង់​ចោល​អំពើ​បាប បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ ១៥ បើ​មនុស្ស​អាក្រក់​សង​របស់​បញ្ចាំ សង​អ្វីៗ​ដែល​ខ្លួន​រឹប​អូស​ទៅ​ម្ចាស់​ដើម​វិញ ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​វិន័យ​ដែល​ផ្តល់​ជីវិត ដោយ​ឥត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​នោះ គេ​មុខ​ជា​រស់ គឺ​មិន​ស្លាប់​ឡើយ។ ១៦ យើង​នឹង​មិន​គិត‌គូរ​ដល់​អំពើ​អាក្រក់​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ទេ។ គេ​ពិត​ជា​រស់​មិន​ខាន ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ១៧ ប្រជាជន​របស់​អ្នក​នាំ​គ្នា​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ”។ តាម​ពិត គឺ​ពួក​គេ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ!។ ១៨ ប្រសិន​បើ​មនុស្ស​សុចរិត​លះ‌បង់​ចោល​អំពើ​សុចរិត បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​មុខ​ជា​ស្លាប់​ពុំ‌ខាន។ ១៩ ប្រសិន​បើ​មនុស្ស​អាក្រក់​លះ‌បង់​ចោល​អំពើ​អាក្រក់ បែរ​មក​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ គេ​មុខ​ជា​រស់ ព្រោះ​តែ​ធ្វើ​ដូច្នេះ។ ២០ អ្នក​រាល់​គ្នា​តែង​ពោល​ថា “ព្រះ‌អម្ចាស់ ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ”។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត!»។
មូល​ហេតុ​ដែល​សត្រូវ​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម
២១ នៅ​ឆ្នាំ​ទី​ដប់‌ពីរ ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ដែល​គេ​កៀរ​ពួក​យើង​មក​ជា​ឈ្លើយ មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡឹម​មក​ជួប​ខ្ញុំ ប្រាប់​ថា “សត្រូវ​វាយ​យក​បាន​ទីក្រុង​ហើយ!”។ ២២ មុន​ពេល​អ្នក​នោះ​មក​ដល់ នៅ​ពេល​ល្ងាច ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។ លុះ​ព្រលឹម​ឡើង ពេល​អ្នក​នោះ​មក​ដល់ ព្រះ‌អម្ចាស់​បើក​ឲ្យ​ខ្ញុំ​និយាយ​ឡើង​វិញ​បាន។ ព្រះ‌អង្គ​បើក​មាត់​ខ្ញុំ​ឲ្យ​និយាយ​ស្តី គឺ​ខ្ញុំ​លែង​គ​ទៀត​ហើយ។
២៣ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖
២៤ «កូន​មនុស្ស​អើយ អស់​អ្នក​ដែល​រស់​លើ​គំនរ​បាក់​បែក ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល នាំ​គ្នា​ពោល​ថា: “កាល​លោក​អប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង លោក​កាន់​កាប់​ស្រុក​នេះ​បាន​ទៅ​ហើយ ចុះ​ចំណង់​បើ​ពួក​យើង​ដែល​មាន​គ្នា​ច្រើន តើ​ពួក​យើង​ទទួល​ស្រុក​នេះ​មក​កាន់​កាប់​មិន​បាន​ឬ!”។ ២៥ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បរិភោគ​សាច់​ដែល​មាន​ជាប់​ឈាម អ្នក​រាល់​គ្នា​គោរព​ព្រះ​ក្លែង‌ក្លាយ ហើយ​បង្ហូរ​ឈាម​មនុស្ស តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​កាន់​កាប់​ស្រុក​នេះ​បាន​ឬ?។ ២៦ អ្នក​រាល់​គ្នា​ពឹង​ផ្អែក​លើ​អាវុធ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​គេ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​កាន់​កាប់​ស្រុក​នេះ​បាន​ឬ?។
២៧ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​សល់​ក្នុង​ទីក្រុង​បាក់​បែក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​រស់​នៅ​តាម​ស្រុក​ស្រែ យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​សត្វ​សាហាវ​ធ្វើ​ជា​អាហារ ហើយ​អ្នក​ដែល​ពួន​នៅ​តាម​ភ្នំ និង​តាម​ក្រហែង​ថ្ម នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺ​រាត‌ត្បាត។ ២៨ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ អំណាច​អួត‌អាង​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ឡើយ។ ២៩ ពេល​ណា​យើង​ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។
៣០ កូន​មនុស្ស​អើយ ប្រជាជន​របស់​អ្នក​នាំ​គ្នា​និយាយ​ពី​អ្នក​នៅ​តាម​កំពែង​ក្រុង និង​តាម​មាត់​ទ្វារ​ផ្ទះ ពួក​គេ​បបួល​គ្នា​ថា “មក! យើង​ទៅ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល”។ ៣១ ប្រជាជន​របស់​យើង​នឹង​ប្រមូល​គ្នា​មក​រក​អ្នក ពួក​គេ​អង្គុយ​នៅ​មុខ​អ្នក ស្ដាប់​ពាក្យ​របស់​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ទេ។ មាត់​ពួក​គេ​ពោល​ថា គោរព​ពាក្យ​អ្នក តែ​ពួក​គេ​បែរ​ជា​ធ្វើ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ទៅ​វិញ។ ៣២ ពួក​គេ​ចាត់​ទុក​ពាក្យ​សម្ដី​របស់​អ្នក ជា​ចម្រៀង​កំដរ​អារម្មណ៍ ជា​តូរ្យ‌តន្ដ្រី​ដ៏​ពីរោះ ដែល​មាន​សំឡេង​គួរ​ចាប់​ចិត្ត។ ពួក​គេ​ស្ដាប់​ពាក្យ​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ឡើយ។ ៣៣ ពេល​ណា​ហេតុ‌ការណ៍​កើត​មាន ស្រប​តាម​ពាក្យ​របស់​អ្នក - គឺ​ហេតុ‌ការណ៍​ទាំង​នោះ​កំពុង​តែ​កើត​មាន -ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​នៅ​ក្នុង​ចំណោម​ពួក​គេ​មែន»។
៣៤
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​អ្នក​ដឹក​នាំ​ទាំង​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ធម្មតា ពួក​គង្វាល​តែង​តែ​មើល​ថែ‌រក្សា​ហ្វូង​ចៀម  រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​បាន​មើល​ថែ​ទាំ​ហ្វូង​ចៀម​ទេ អ្នក​រាល់​គ្នា​គិត​តែ​ពី​យក​ទឹក​ដោះ​មក​ផឹក កាត់​រោម​ចៀម​មក​ធ្វើ​ជា​សម្លៀក‌បំពាក់ ហើយ​សម្លាប់​ចៀម​ធាត់ៗ​ធ្វើ​ជា​អាហារ។  អ្នក​រាល់​គ្នា​ពុំ​បាន​ជួយ​ចៀម​ដែល​ខ្សោយ​ឲ្យ​មាន​កម្លាំង អ្នក​រាល់​គ្នា​ពុំ​បាន​ព្យាបាល​ចៀម​ឈឺ ឬ​រុំ​របួស​ឲ្យ​ចៀម​របួស​ទេ។ អ្នក​រាល់​គ្នា​ពុំ​បាន​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ក៏​មិន​ដើរ​រក​ចៀម​ដែល​បាត់​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ប្រើ​អំណាច​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។  ចៀម​ទាំង​នោះ​ត្រូវ​ខ្ចាត់‌ខ្ចាយ រត់​បែក‌ខ្ញែក​គ្នា ហើយ​ត្រូវ​សត្វ​សាហាវ​ដេញ​ចាប់​ស៊ី ព្រោះ​គ្មាន​នរណា​ឃ្វាល។  ហ្វូង​ចៀម​របស់​យើង​វង្វេង​ទៅ​គ្រប់​ទី​កន្លែង តាម​ភ្នំ​តូច ភ្នំ​ធំ បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក តែ​គ្មាន​នរណា​រវី‌រវល់​ថែ​ទាំ គ្មាន​នរណា​ដើរ​រក​វា​ឡើយ»។
 ហេតុ​នេះ អ្នក​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ហ្វូង​ចៀម​របស់​យើង​ត្រូវ​គេ​លួច​ប្លន់ ត្រូវ​សត្វ​ព្រៃ​ចាប់​ស៊ី ព្រោះ​តែ​គ្មាន​នរណា​ឃ្វាល រីឯ​ពួក​អ្នក​ដែល​យើង​ប្រើ​ឲ្យ​ឃ្វាល មិន​រវី‌រវល់​ដើរ​រក​ហ្វូង​ចៀម​របស់​យើង​ទេ គឺ​ពួក​គេ​គិត​តែ​ពី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ឥត​គិត​ឃ្វាល​ហ្វូង​ចៀម​ឡើយ»។  ហេតុ​នេះ អ្នក​ដឹក​នាំ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ១០ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គង្វាល​ទាំង​នោះ យើង​នឹង​ដក​ហ្វូង​ចៀម​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​គេ​មក​វិញ។ យើង​នឹង​លែង​ឲ្យ​ពួក​គេ​ឃ្វាល​ហ្វូង​ចៀម​របស់​យើង ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ហើយ យើង​នឹង​បេះ​ហ្វូង​ចៀម​របស់​យើង​ពី​មាត់​គេ លែង​ឲ្យ​គេ​ស៊ី​ដូច​មុន​ទៀត»។
ព្រះ‌អម្ចាស់​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ‌អង្គ
១១ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​ផ្ទាល់។ ១២ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ដូច​គង្វាល​តាម​រក​ហ្វូង​ចៀម​របស់​ខ្លួន​ដែល​បែក‌ខ្ញែក​ដែរ។ យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ នៅ​ថ្ងៃ​មេឃ​ងងឹត និង​ចុះ​អាប់។ ១៣ យើង​នឹង​នាំ​ប្រជាជន​របស់​យើង​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ស្រុក ឲ្យ​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ យើង​នឹង​ឃ្វាល​ពួក​គេ​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល តាម​ជ្រលង​ដង​អូរ និង​គ្រប់​ទី​កន្លែង​ដែល​អាច​រស់​នៅ​បាន។ ១៤ យើង​នឹង​ឃ្វាល​ចៀម​របស់​យើង​នៅ​កន្លែង​ដែល​សម្បូណ៌​ស្មៅ​ខៀវ​ខ្ចី ពួក​គេ​នឹង​ស្នាក់​អាស្រ័យ​នៅ​តាម​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល។ នៅ​ទី​នោះ ពួក​គេ​នឹង​សម្រាក ហើយ​រក​ស៊ី​តាម​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។ ១៥ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង យើង​នឹង​ឲ្យ​វា​សម្រាក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៦ យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។
១៧ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ជា​ចៀម​របស់​យើង​អើយ បន្តិច​ទៀត យើង​វិនិច្ឆ័យ​រវាង​ចៀម​និង​ចៀម រវាង​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល។ ១៨ ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ខ្លះ​មិន​ស្កប់​ចិត្ត​នឹង​រក​ស៊ី​នៅ​កន្លែង​របស់​ខ្លួន​ដែល​សម្បូណ៌​ស្មៅ តែ​បែរ​ជា​ទៅ​ជាន់​ឈ្លី​កន្លែង​ឯ​ទៀតៗ​ដូច្នេះ?។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្កប់​ចិត្ត​នឹង​ផឹក​ទឹក​ថ្លា តែ​បែរ​ជា​យក​ជើង​កូរ​ទឹក​ឲ្យ​ល្អក់​ដូច្នេះ?។ ១៩ ចៀម​ឯ​ទៀតៗ​របស់​យើង​ស៊ី​ស្មៅ​ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ល្អក់!»។
២០ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់ និង​ចៀម​ស្គម ដោយ​ខ្លួន​យើង​ផ្ទាល់! ២១ អ្នក​រាល់​គ្នា​យក​ស្មា និង​យក​ខ្លួន​ទៅ​បុក​ចៀម​ដែល​ខ្សោយ ហើយ​យក​ស្នែង​វ័ធ​ដេញ​ពួក​គេ​ចេញ​ទៅ​បាត់​អស់។ ២២ យើង​នឹង​សង្គ្រោះ​ចៀម​របស់​យើង ដើម្បី​កុំ​ឲ្យ​គេ​លួច​ប្លន់​ទៀត ហើយ​យើង​វិនិច្ឆ័យ​រវាង​ចៀម និង​ចៀម។ ២៣ យើង​នឹង​ធ្វើ​ឲ្យ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។ ២៤ រីឯ​យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​នៅ​ក្នុង​ចំណោម​ពួក​គេ។ នេះ​ជា​ពាក្យ​របស់​យើង​ជា​ព្រះ‌អម្ចាស់
២៥ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្តល់​សេចក្ដី​សុខ‌សាន្ត​ដល់​ពួក​គេ យើង​នឹង​កម្ចាត់​សត្វ​សាហាវ​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខ‌សាន្ត​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។ ២៦ យើង​នឹង​ឲ្យ​ពរ​ពួក​គេ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ភ្នំ​របស់​យើង ហើយ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ជា​ភ្លៀង​ដែល​នាំ​ពរ​មក​ជា​មួយ​ផង។ ២៧ ដើម​ឈើ​នៅ​តាម​ចម្ការ​នឹង​បង្កើត​ផល​ផ្លែ ហើយ​ទឹក​ដី​នឹង​ផ្តល់​ភោគ‌ផល។ ពួក​គេ​នឹង​រស់​យ៉ាង​សុខ‌សាន្ត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ពេល​ណា​យើង​យក​នឹម​ចេញ​ពី​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ទាសករ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់២៨ ប្រជា‌ជាតិ​នានា​នឹង​លែង​បំផ្លិច‌បំផ្លាញ​ពួក​គេ​ទៀត​ហើយ សត្វ​ព្រៃ​ក៏​នឹង​លែង​ហែក​ពួក​គេ​ស៊ី​ទៀត​ដែរ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នៅ​ក្នុង​ស្រុក ឥត​មាន​នរណា​បំភ័យ​ពួក​គេ​ឡើយ។ ២៩ យើង​នឹង​ប្រគល់​ចម្ការ​ដែល​មាន​ជីជាតិ​ល្អ​បំផុត​ឲ្យ​ពួក​គេ ពួក​គេ​នឹង​លែង​ជួប​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក ហើយ​ក៏​លែង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​នានា​ទៀត​ដែរ។ ៣០ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ហើយ​ពួក​គេ​គឺ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់៣១ អ្នក​រាល់​គ្នា​ជា​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​យើង​ថែ‌រក្សា ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
៣៥
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដុម
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖  «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​សៀរ ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ភ្នំ​នោះ​ទៅ!  ចូរ​ពោល​ទៅ​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ភ្នំ​សៀរ​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ យើង​ដាក់​ទោស​អ្នក ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ។  យើង​នឹង​កម្ទេច​ក្រុង​ទាំង‌ឡាយ​របស់​អ្នក អ្នក​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។  ដោយ​អ្នក​ចេះ​តែ​ចាត់​ទុក​អ៊ីស្រា‌អែល​ថា​ជា​សត្រូវ​សួរ​ពូជ ហើយ​បង្ហូរ​ឈាម​ពួក​គេ​ដោយ​មុខ​ដាវ ក្នុង​ពេល​ពួក​គេ​ត្រូវ​អន្តរាយ និង​ពេល​ដែល​អំពើ​បាប​របស់​ពួក​គេ​កើន​ដល់​កម្រិត​នោះ  យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! យើង​នឹង​បង្ហូរ​ឈាម​អ្នក ហើយ​ឈាម​នឹង​តាម​អ្នក​ជាប់​ជា‌និច្ច។ ដោយ​អ្នក​ចូល​ចិត្ត​បង្ហូរ​ឈាម ឈាម​នឹង​តាម​អ្នក​ជាប់​ជា‌និច្ច - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។  យើង​នឹង​ធ្វើ​ឲ្យ​ភ្នំ​សៀរ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ លែង​ឲ្យ​មាន​នរណា​ធ្វើ​ដំណើរ​ទៅ​មក​កាត់​តាម​នោះ​ទៀត​ហើយ។  យើង​នឹង​រាយ​សាក‌សព​ពាស‌ពេញ​ភ្នំ។ អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​ភ្នំ តាម​ជ្រលង​ភ្នំ និង​តាម​ជ្រោះ​ទាំង​ប៉ុន្មាន។  យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ​រហូត​ត​ទៅ គ្មាន​នរណា​រស់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ទៀត​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ១០ អ្នក​បាន​ពោល​ថា “ប្រជា‌ជាតិ​ទាំង​ពីរ និង​ស្រុក​ទាំង​ពីរ​នេះ​នឹង​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ខ្ញុំ ដូច្នេះ ពួក​យើង​ត្រូវ​ទៅ​ចាប់​យក!”។ ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ស្រុក​នោះ។ ១១ យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! យើង​ដាក់​ទោស​អ្នក​តាម​កំហឹង ចិត្ត​ច្រណែន និង​ចិត្ត​ស្អប់ ដែល​អ្នក​សម្ដែង​ចំពោះ​ពួក​គេ។ នៅ​ពេល​យើង​វិនិច្ឆ័យ​ទោស​អ្នក យើង​នឹង​សម្ដែង​ឲ្យ​ពួក​គេ​ស្គាល់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១២ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជេរ​ប្រមាថ​អ៊ីស្រា‌អែល គឺ​អ្នក​ពោល​ថា “ពួក​វា​វិនាស​អន្តរាយ​អស់​ហើយ! ពួក​យើង​ចាប់​យក​ស្រុក​របស់​ពួក​វា​បាន!”។ ១៣ អ្នក​រាល់​គ្នា​អួត​បំប៉ោង​ពោល​ពាក្យ​ព្រហើន​កោង‌កាច​ដាក់​យើង គឺ​យើង​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក។ ១៤ ហេតុ​នេះ យើង​ដែល​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​អ្នក​ថា នៅ​ពេល​នគរ​ទាំង​ប៉ុន្មាន​សប្បាយ​រីក‌រាយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​សោក​សង្រេង។ ១៥ ដោយ​អ្នក​សប្បាយ​រីក‌រាយ នៅ​ពេល​ឃើញ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង សោក​សង្រេង យើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ខ្លួន​វេទនា​យ៉ាង​នោះ​ដែរ។ ភ្នំ​សៀរ​អើយ អ្នក និង​ស្រុក​អេដុម​ទាំង​មូល មុខ​ជា​ត្រូវ​វិនាស។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់
៣៦
អ៊ីស្រា‌អែល​នឹង​កាន់​កាប់​ស្រុក​របស់​ខ្លួន​វិញ
 កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ស្តី​អំពី​ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល ដូច​ត​ទៅ:
ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​នេះ​បាន​មក​ជា​កម្ម‌សិទ្ធិ​របស់​យើង​ហើយ!”។  ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​បំផ្លាញ និង​ត្របាក់​លេប​អ្នក​រាល់​គ្នា​ពី​គ្រប់​ទិស‌ទី អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ប្រជា‌ជាតិ​នានា ពួក​គេ​យក​រឿង​អ្នក​ទៅ​និយាយ​លេង​សើច​ជា​មួយ​គ្នា។  ហេតុ​នេះ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ភ្នំ​តូច ភ្នំ​ធំ ជ្រលង​ដង​អូរ ហើយ​ក្រុង​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្រុង​ដែល​គេ​បោះ​បង់​ចោល​អើយ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នាំ​គ្នា​ប្លន់​កម្ទេច និង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក។  ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។  ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្តី​អំពី​ទឹក​ដី​អ៊ីស្រា‌អែល! ចូរ​ប្រាប់​ភ្នំ​តូច ភ្នំ​ធំ និង​ជ្រលង​ដង​អូរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​និយាយ​ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើស‌លប់​ចំពោះ​អ្នក ហើយ​ដោយ​កំហឹង​ដ៏​ខ្លាំង​ដែរ ព្រោះ​ប្រជា‌ជាតិ​នានា​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់។  ហេតុ​នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​លើក​ដៃ​សន្យា​យ៉ាង​ឱឡា‌រិក​ថា ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​យក​ការ​អាម៉ាស់​នោះ​មិន​ខាន!  រីឯ​ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សម្រាប់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។  យើង​បែរ​មក​រក​អ្នក​រាល់​គ្នា យើង​កាន់​ខាង​អ្នក​រាល់​គ្នា។ មាន​គេ​ភ្ជួរ​រាស់​អ្នក និង​សាប​ព្រោះ​ឡើង​វិញ។ ១០ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។ ក្រុង​ទាំង‌ឡាយ​នឹង​មាន​មនុស្ស​រស់​នៅ ហើយ​កន្លែង​បាក់​បែក​ទាំង‌ឡាយ ក៏​នឹង​ត្រូវ​សង់​ឡើង​វិញ​ដែរ។ ១១ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជាជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រុង​ចម្រើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។ ១២ អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្ម‌សិទ្ធិ និង​ជា​កេរ‌មត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។
១៣ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «គេ​តែង​ពោល​ថា “ស្រុក​នេះ​បំផ្លាញ​ជីវិត​មនុស្ស ស្រុក​នេះ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​ខ្លួន​បាត់​បង់​កូន​ចៅ”។ ១៤ ប៉ុន្តែ ពី​ពេល​នេះ​ទៅ​មុខ អ្នក​លែង​បំផ្លាញ​ជីវិត​មនុស្ស អ្នក​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​បាត់​បង់​កូន​ចៅ​ទៀត​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៥ យើង​នឹង​លែង​ឲ្យ​ប្រជា‌ជាតិ​នានា​ប្រមាថ​មាក់‌ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។
១៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៧ «កូន​មនុស្ស​អើយ ពេល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​ឡើយ ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​អាក្រក់ និង​មារយាទ​ថោក​ទាប​របស់​ពួក​គេ។ យើង​ចាត់​ទុក​មារយាទ​របស់​ពួក​គេ​ថា​មិន​បរិសុទ្ធ ដូច​ស្ត្រី​ក្នុង​គ្រា​មាន​សៅហ្មង​ដែរ។ ១៨ ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ​ការ​បង្ហូរ​ឈាម និង​ការ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ។ ១៩ យើង​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​បំបែក​ពួក​គេ ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​នានា។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​អាក្រក់ និង​តាម​មារយាទ​ថោក​ទាប​របស់​ខ្លួន។ ២០ ពេល​ទៅ​ដល់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ពួក​គេ​បាន​បង្អាប់‌បង្អោន​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​ម្ចាស់​ស្រុក​និយាយ​អំពី​ពួក​គេ​ថា “ពួក​នេះ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​របស់​ព្រះ‌អង្គ​មក”។ ២១ យើង​ចង់​រក្សា​នាម​ដ៏‌វិសុទ្ធ​របស់​យើង ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បង្អាប់‌បង្អោន​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ។
២២ ហេតុ​នេះ ចូរ​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ថា: ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! យើង​ធ្វើ​ដូច្នេះ​មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា គឺ​យល់​ដល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ជា​មួយ។ ២៣ យើង​នឹង​សម្ដែង​បារមី​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏‌វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សម្ដែង​ភាព​វិសុទ្ធ​របស់​យើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់២៤ យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។ ២៥ យើង​នឹង​ប្រោះ​ទឹក​ដ៏​បរិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ* ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។   ២៦ យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ដាក់​វិញ្ញាណ​ថ្មី​ក្នុង​អ្នក​រាល់​គ្នា។ យើង​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា រួច​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ​វិញ។ ២៧ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ដំបូន្មាន ហើយ​កាន់​តាម​វិន័យ​របស់​យើង។ ២៨ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូន‌តា​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ២៩ យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​អំពើ​សៅហ្មង​គ្រប់​យ៉ាង យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ស្រូវ​យ៉ាង​ច្រើន​បរិបូណ៌ គឺ​មិន​ឲ្យ​មាន​ទុរ្ភិក្ស​ទៀត​ទេ។ ៣០ យើង​នឹង​ធ្វើ​ឲ្យ​ដើម​ឈើ និង​ស្រែ​ចម្ការ​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រង​គ្រោះ​ដោយ​ទុរ្ភិក្ស និង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​នានា។ ៣១ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​មិន​គួរ​គប្បី ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន ហើយ​អ្នក​រាល់​គ្នា​នឹង​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​បាប និង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ៣២ តោង​ដឹង​ថា យើង​ធ្វើ​ដូច្នេះ​មិន​មែន​មក​ពី​យល់​ដល់​អ្នក​រាល់​គ្នា​ទេ! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ខ្មាស និង​អៀន​ខ្លួន​ចំពោះ​កិរិយា‌មារយាទ​របស់​ខ្លួន​ទៅ!” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។
៣៣ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​បរិសុទ្ធ រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ហើយ យើង​នឹង​ឲ្យ​មាន​ប្រជាជន​រស់​នៅ​សា​ជា​ថ្មី​ក្នុង​ក្រុង​នានា ហើយ​គេ​នឹង​សង់​ផ្ទះ​នៅ​ត្រង់​កន្លែង​បាក់​បែក​នោះ​ឡើង​វិញ។ ៣៤ ដី​ដែល​គេ​បោះ​បង់​ចោល​នឹង​មាន​ដំណាំ​ដុះ​សា​ជា​ថ្មី អស់​អ្នក​ដើរ​កាត់​តាម​នោះ​នឹង​លែង​ឃើញ​ដី​ដែល​គេ​បោះ​បង់​ចោល​ទៀត​ហើយ។ ៣៥ ពួក​គេ​នឹង​ពោល​ថា ស្រុក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រឡប់​ជា​មាន​សោភ័ណ‌ភាព​ដូច​សួន​ឧទ្យាន​អេដែន ក្រុង​ដែល​បាក់​បែក ហើយ​ស្ងាត់​ជ្រងំ​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ ដោយ​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​មាន​ប្រជាជន​រស់​នៅ​ផង។ ៣៦ ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ អ្វីៗ​ដែល​បាក់​បែក យើង​នឹង​សង់​ឡើង​វិញ ហើយ​យើង​ក៏​ដាំ​ដំណាំ​សា​ជា​ថ្មី នៅ​លើ​ដី​ដែល​គេ​បោះ​បង់​ដែរ»។ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ធ្វើ​យ៉ាង​នោះ។
៣៧ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ទុក​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ហៅ​រក​យើង​ត​ទៅ​ទៀត យើង​នឹង​ជួយ​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង។ ៣៨ ក្រុង​នានា​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក នឹង​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន ដូច​ចំនួន​សត្វ​ដែល​គេ​នាំ​យក​ទៅ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​កាល​ពី​ដើម។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
៣៧
និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ឆ្អឹង​ខ្មោច​ដែល​រស់​ឡើង​វិញ
 ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ជ្រលង​ភ្នំ​មួយ ដែល​មាន​ឆ្អឹង​ខ្មោច​ពាស‌ពេញ។  ព្រះ‌អង្គ​នាំ​ខ្ញុំ​ដើរ​ចុះ​ឡើង​ក្បែរ​ឆ្អឹង​ទាំង​នោះ។ ក្នុង​ជ្រលង​ភ្នំ​មាន​ឆ្អឹង​ច្រើន​ណាស់ ហើយ​សុទ្ធ​តែ​ស្ងួត​ហួត‌ហែង​ទាំង​អស់។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​ឆ្អឹង​ទាំង​នេះ​អាច​រស់​មក​ជា​មនុស្ស​វិញ​បាន​ឬ​ទេ?»។ ខ្ញុំ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់​មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជ្រាប»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ឆ្អឹង​ទាំង​នេះ​ថា: ឆ្អឹង​ដ៏​ស្ងួត​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​បញ្ចូល​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ឡើង។  យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​សរសៃ​ត‌ភ្ជាប់​គ្នា ហើយ​មាន​សាច់​ដុះ​ពី​លើ ព្រម​ទាំង​មាន​ស្បែក​រុំ​ពី​ក្រៅ​ផង។ យើង​នឹង​ដាក់​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់”»។
 ខ្ញុំ​ក៏​ថ្លែង​ព្រះ‌បន្ទូល​តាម​បញ្ជា​របស់​ព្រះ‌អង្គ។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សំឡេង គឺ​ឆ្អឹង​ទាំង​អស់​កម្រើក​ចូល​ជិត​គ្នា​ទៅ​វិញ​ទៅ​មក។  ខ្ញុំ​សង្កេត​ឃើញ​មាន​សរសៃ​នៅ​លើ​ឆ្អឹង ហើយ​សាច់​ដុះ​ពី​លើ រួច​មាន​ស្បែក​រុំ​ស្រោប​ផង ប៉ុន្តែ មិន​ទាន់​មាន​ខ្យល់​ដង្ហើម​នៅ​ឡើយ​ទេ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ខ្យល់​ដង្ហើម! ចូរ​ប្រាប់​ខ្យល់​ដង្ហើម​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្យល់​ដង្ហើម​អើយ! សូម​បក់​មក​ពី​ទិស​ទាំង​បួន! ហើយ​ផ្លុំ​លើ​សាក‌សព​ទាំង​នេះ​ឲ្យ​មាន​ជីវិត​រស់​ឡើង»។ ១០ ខ្ញុំ​ថ្លែង​ព្រះ‌បន្ទូល​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ ខ្យល់​ដង្ហើម​ក៏​ចូល​មក​ក្នុង​ពួក​គេ ពួក​គេ​ក៏​មាន​ជីវិត ហើយ​ក្រោក​ឈរ​ឡើង ទៅ​ជា​កង‌ទ័ព​មួយ​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា។
១១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ឆ្អឹង​ទាំង​អស់​នេះ​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល។ ពួក​គេ​តែង​ពោល​ថា “ឆ្អឹង​របស់​យើង​ស្ងួត​ហួត‌ហែង​អស់ យើង​ផុត​សង្ឃឹម​ហើយ! យើង​វិនាស​ហើយ!” ១២ ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌រាស្ដ្រ​របស់​យើង​អើយ! យើង​នឹង​បើក​ផ្នូរ​របស់​អ្នក​រាល់​គ្នា ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​ពី​ផ្នូរ​នោះ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ។ ១៣ ប្រជា‌រាស្ដ្រ​របស់​យើង​អើយ! ពេល​យើង​បើក​ផ្នូរ ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ ១៤ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ព្រះ‌អម្ចាស់​នឹង​បង្រួប‌បង្រួម​អ៊ីស្រា‌អែល និង​យូដា ជា​នគរ​តែ​មួយ
១៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៦ «កូន​មនុស្ស​អើយ! ចូរ​យក​ក្តារ​មួយ​បន្ទះ​មក​សរសេរ​ពី​លើ​ថា “កុល‌សម្ព័ន្ធ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល ជា​ដៃ​គូ​នឹង​គ្នា”។ ចូរ​យក​ក្តារ​មួយ​បន្ទះ​ទៀត​មក​សរសេរ​ពី​លើ​ថា “យ៉ូសែប​ (គឺ​អេប្រា‌អ៊ីម) និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​ដៃ​គូ​នឹង​គ្នា”។ ១៧ បន្ទាប់​មក ចូរ​យក​ក្តារ​ទាំង​ពីរ​នោះ​មក​ដាក់​ភ្ជាប់​គ្នា​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​អ្នក។ ១៨ កាល​ណា​ប្រជាជន​របស់​អ្នក​សួរ​ថា “សូម​ពន្យល់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច?” ១៩ ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា បន្តិច​ទៀត យើង​នឹង​យក​ក្តារ​ជា​តំណាង​យ៉ូសែប(គឺ​អេប្រា‌អ៊ីម) ព្រម​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ​គេ ទៅ​ដាក់​ភ្ជាប់​នឹង​ក្តារ​ជា​តំណាង​យូដា ហើយ​យើង​នឹង​ផ្គុំ​ក្តារ​ទាំង​ពីរ​ឲ្យ​ទៅ​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​យើង។ ២០ បន្ទះ​ក្តារ​ទាំង​ពីរ​ដែល​អ្នក​សរសេរ​នោះ នឹង​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់”។ ២១ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​យក​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​ពួក​គេ​ទៅ​រស់​នៅ។ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទិស‌ទី ហើយ​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ។ ២២ យើង​នឹង​បង្រួប‌បង្រួម​ពួក​គេ​ជា​ប្រជា‌ជាតិ​តែ​មួយ នៅ​ក្នុង​ស្រុក និង​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល។ ពេល​នោះ ពួក​គេ​ទាំង​អស់​គ្នា​នឹង​មាន​ស្តេច​តែ​មួយ គឺ​ពួក​គេ​លែង​ជា​ប្រជា‌ជាតិ​ពីរ ហើយ​បាក់​បែក​គ្នា​ជា​រាជា​ណាចក្រ​ពីរ​ទៀត​ដែរ។ ២៣ ពួក​គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​គួរ​ស្អប់​ខ្ពើម និង​លែង​បះ‌បោរ​ប្រឆាំង​នឹង​យើង​ទៀត​ហើយ។ យើង​នឹង​រំដោះ​ពួក​គេ​ឲ្យ​ចេញ​ផុត​ពី​គ្រប់​កន្លែង​ដែល​ពួក​គេ​រស់​នៅ និង​ជា​កន្លែង​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ យើង​នឹង​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​យើង​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។ ២៤ ពេល​នោះ ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​មួយ​គត់។ ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​វិន័យ​របស់​យើង ពួក​គេ​នឹង​គោរព ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​យើង​ទៀត​ផង។ ២៥ ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង គឺ​ជា​ស្រុក​ដែល​ដូន‌តា​របស់​ពួក​គេ​ធ្លាប់​រស់​នៅ​កាល​ពី​ដើម។ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ​រហូត ហើយ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​គ្រប់‌គ្រង​លើ​ពួក​គេ​ត​រៀង​ទៅ។ ២៦ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី ដែល​ផ្តល់​សេចក្ដី​សុខ‌សាន្ត​ជា​មួយ​ពួក​គេ គឺ​ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។ យើង​នឹង​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ ឲ្យ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​ទី‌សក្ការៈ​របស់​យើង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។ ២៧ ដំណាក់​របស់​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ យើង​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ២៨ ពេល​ដែល​ទី‌សក្ការៈ​របស់​យើង ស្ថិត​នៅ​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ​នោះ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​ប្រោស​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ទៅ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ*»។
៣៨
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្តេច​កូក
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្តេច​កូក​នៅ​ស្រុក​ម៉ាកូក ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល ហើយ​ថ្លែង​ប្រាប់​ស្តេច​នោះ​ក្នុង​នាម​យើង​ថា:  ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កូក​ដែល​ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!  យើង​នឹង​បង្ខំ​អ្នក យក​បង្ហៀរ​មក​ដាក់​ក្នុង​មាត់​អ្នក យើង​នឹង​នាំ​អ្នក កង‌ទ័ព​ទាំង​មូល​របស់​អ្នក សេះ និង​ទ័ព‌សេះ​ដែល​ប្រដាប់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ទាហាន​យ៉ាង​ច្រើន​ដែល​កាន់​ខែល​តូច​ធំ ហើយ​ប្រសប់​ប្រើ​ដាវ​ទាំង​អស់​គ្នា។  សាសន៍​ពែរ្ស អេត្យូ‌ពី និង​ពូថ ដែល​ប្រដាប់​ខ្លួន​ដោយ​ខែល និង​មួក​ដែក ក៏​មក​ជា​មួយ​ដែរ។  សាសន៍​កូមែរ និង​កង‌ពល​របស់​គេ​ទាំង​មូល ព្រម​ទាំង​សាសន៍​បេត-តូកា‌ម៉ា ដែល​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង និង​កង‌ពល​របស់​គេ​ទាំង​មូល គឺ​មាន​កង‌ទ័ព​របស់​ប្រជា‌ជាតិ​យ៉ាង​ច្រើន​មក​ជា​មួយ​អ្នក។  ចូរ​អ្នក និង​ទាហាន​ដែល​នៅ​ជា​មួយ​អ្នក រៀប‌ចំ​ខ្លួន​ប្រុង​ប្រៀប​ជា​ស្រេច ក្រោម​បញ្ជា​របស់​អ្នក។  នៅ​ពេល​អនាគត គឺ​នៅ​គ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​ចាត់​អ្នក​ឲ្យ​ចេញ​ទៅ​ច្បាំង​យក​ស្រុក​អ៊ីស្រា‌អែល។ ប្រជាជន​នៅ​ស្រុក​នោះ​បាន​គេច​ផុត​ពី​មុខ​ដាវ ហើយ​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ជា​ច្រើន មក​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ភ្នំ​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល ជា​កន្លែង​ដ៏​ស្ងាត់​ជ្រងំ​យូរ​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា​មក ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ទាំង​អស់​គ្នា ក្នុង​ស្រុក​របស់​ខ្លួន។  អ្នក​នឹង​ឡើង​ទៅ​វាយ​លុក​ស្រុក​នោះ​ដូច​ខ្យល់​ព្យុះ​សង្ឃរា អ្នក និង​កង‌ពល​ទាំង​មូល​របស់​អ្នក ព្រម​ទាំង​ជាតិ​សាសន៍​ជា​ច្រើន​ដែល​នៅ​ជា​មួយ​អ្នក នឹង​ប្រៀប​បី​ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក»។
១០ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​គ្រា​នោះ អ្នក​នឹង​មាន​ចិត្ត​អួត​បំប៉ោង ហើយ​រៀប‌ចំ​ផែន‌ការ​អាក្រក់។ ១១ អ្នក​ពោល​ថា “ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក​ដែល​គ្មាន​នរណា​ការ‌ពារ ខ្ញុំ​នឹង​វាយ​ប្រហារ​អ្នក​ស្រុក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ ហើយ​ក្រុង​របស់​គេ​គ្មាន​កំពែង គ្មាន​ទ្វារ ឬ​រនុក​ឡើយ។ ១២ ខ្ញុំ​នឹង​រឹប​អូស​យក​ជ័យ‌ភ័ណ្ឌ​របស់​ពួក​គេ ខ្ញុំ​នឹង​ចាប់​យក​ស្រុក​ដែល​ពី​មុន​ជា​គំនរ​បាក់​បែក តែ​ឥឡូវ​នេះ មាន​ប្រជាជន​រស់​នៅ គឺ​ប្រជាជន​ដែល​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ពួក​គេ​មាន​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ ហើយ​រស់​នៅ​ចំ​កណ្ដាល​ផែន‌ដី”។ ១៣ ជន​ជាតិ​សេបា ជន​ជាតិ​ដេដាន់ អ្នក​ជំនួញ​ពី​ស្រុក​តារស៊ីស និង​មេ​ដឹក​នាំ​របស់​ពួក​គេ​នឹង​ពោល​មក​អ្នក​ថា “តើ​ព្រះ‌រាជា​យាង​មក​ចាប់​យក​ជ័យ‌ភ័ណ្ឌ​ឬ? តើ​ព្រះ‌រាជា​លើក​កង‌ទ័ព​មក​យ៉ាង​ច្រើន​ដូច្នេះ ដើម្បី​ប្លន់​ស្រុក​នេះ រឹប‌អូស​យក​មាស​ប្រាក់ ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​ដែល​ជា​ជ័យ‌ភ័ណ្ឌ​ដ៏​ច្រើន​ឬ?”»។
១៤ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ស្តេច​កូក​ដូច​ត​ទៅ៖ «ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ថ្ងៃ​ដែល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នោះ អ្នក​ក៏​បាន​ទទួល​ដំណឹង ១៥ ហើយ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង អ្នក​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា​ជិះ​សេះ​មក ១៦ ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក​វាយ​ប្រហារ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន នៅ​គ្រា​អវសាន‌កាល​នៃ​ពិភព‌លោក។ កូក​អើយ យើង​នឹង​នាំ​អ្នក​មក​វាយ​លុក​ស្រុក​របស់​យើង។ ពេល​ណា​យើង​បង្ហាញ​ភាព​ដ៏‌វិសុទ្ធ​របស់​យើង តាម‌រយៈ​អ្នក នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ នោះ​ពួក​គេ​នឹង​ស្គាល់​យើង»។
១៧ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពី​ដើម យើង​បាន​និយាយ​អំពី​អ្នក តាម‌រយៈ​អ្នក​បម្រើ​របស់​យើង គឺ​ពួក​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ នៅ​គ្រា​នោះ ពួក​គេ​បាន​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ជា​ច្រើន​ឆ្នាំ​ថា យើង​នឹង​នាំ​អ្នក​មក​វាយ​ប្រហារ​ប្រជា‌រាស្ដ្រ​របស់​យើង។ ១៨ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​កូក​មក​វាយ​លុក​ទឹក​ដី​អ៊ីស្រា‌អែល យើង​ក្ដៅ​ចិត្ត​ជា​ខ្លាំង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៩ ដោយ​ចិត្ត​ប្រច័ណ្ឌ និង​ដោយ​ចិត្ត​ឆេះ‌ឆួល យើង​ក៏​ប្រកាស​ថា នៅ​ថ្ងៃ​នោះ​មុខ​ជា​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង​នៅ​ស្រុក​អ៊ីស្រា‌អែល។ ២០ ត្រី​នៅ​ក្នុង​សមុទ្រ បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ សត្វ​ព្រៃ សត្វ​លូន​វារ និង​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែន‌ដី នឹង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​យើង។ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រលាយ រីឯ​ផ្ទាំង​ថ្ម ព្រម​ទាំង​កំពែង​ទាំង​ប៉ុន្មាន ក៏​នឹង​ត្រូវ​រលំ​ដែរ។ ២១ យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​កាប់​សម្លាប់​គ្នា ក្នុង​ជួរ​ទ័ព​របស់​ស្តេច​កូក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ពេល​នោះ ម្នាក់ៗ​នឹង​លើក​ដាវ​កាប់​បង‌ប្អូន​របស់​ខ្លួន។ ២២ យើង​នឹង​ប្រើ​ជំងឺ​រាត‌ត្បាត និង​ការ​បង្ហូរ​ឈាម​ដាក់​ទោស​ស្តេច​នេះ។ យើង​ធ្វើ​ឲ្យ​មាន​ព្រឹល និង​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​មក​លើ​ស្តេច​នោះ ព្រម​ទាំង​កង‌ទ័ព និង​ជាតិ​សាសន៍​ដ៏​ច្រើន​ដែល​នៅ​ជា​មួយ។ ២៣ យើង​នឹង​សម្ដែង​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម និង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ ដូច្នេះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។
៣៩
បរា‌ជ័យ​របស់​ស្តេច​កូក
 «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ស្តេច​កូក​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កូក​ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!  យើង​នឹង​បង្ខំ​អ្នក ហើយ​នាំ​អ្នក​ចាក​ចេញ​ពី​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង ឆ្ពោះ​មក​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល។  យើង​នឹង​វាយ​បំបាក់​ធ្នូ​ដែល​អ្នក​កាន់​នៅ​ដៃ​ឆ្វេង ហើយ​ជម្រុះ​ព្រួញ​ពី​ដៃ​ស្តាំ​របស់​អ្នក។  អ្នក និង​ទាហាន ព្រម​ទាំង​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​អ្នក នឹង​ដួល​ស្លាប់​នៅ​លើ​ភ្នំ​អ៊ីស្រា‌អែល ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​សាហាវ ត្មាត និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ។  អ្នក​នឹង​ដួល​ស្លាប់​នៅ​តាម​ទី​វាល ដូច​យើង​បាន​ថ្លែង​ទុក​ស្រាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។  យើង​នឹង​បញ្ជូន​ភ្លើង​ទៅ​បញ្ឆេះ​ស្រុក​ម៉ាកូក និង​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ​តាម​កោះ​នានា ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់។  យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​យើង ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​បណ្តោយ​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។
 មើល៍ ហេតុ‌ការណ៍​ទាំង​នោះ គឺ​ថ្ងៃ​ដែល​យើង​បាន​ប្រកាស​ទុក កំពុង​តែ​សម្រេច​ជា​រូប​រាង​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។  ពេល​នោះ ប្រជាជន​របស់​ក្រុង​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​នឹង​នាំ​គ្នា​ចេញ​ទៅ​ដុត​កម្ទេច​គ្រឿង​អាវុធ និង​ខែល​តូច​ធំ ព្រម​ទាំង​ស្ន និង​លំពែង។ ពួក​គេ​ប្រើ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​នោះ​សម្រាប់​ដុត​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ ១០ គឺ​ពួក​គេ​មិន​យក​ឈើ​ពី​ទី​វាល ឬ​កាប់​ដើម​ឈើ​ពី​ព្រៃ មក​ធ្វើ​ជា​អុស​ឡើយ ដ្បិត​ពួក​គេ​ប្រើ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​នោះ ដើម្បី​ដុត។ ពួក​គេ​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ធ្វើ​ជា​ឈ្លើយ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ពី​អស់​អ្នក ដែល​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​នោះ​មក​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១១ នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រគល់​កន្លែង​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល សម្រាប់​បញ្ចុះ​សព​ស្តេច​កូក គឺ​នៅ​ជ្រលង​ភ្នំ អ្នក​ដំណើរ​ដែល​ស្ថិត​នៅ​ខាង​កើត​សមុទ្រ។ គេ​នឹង​បញ្ចុះ​សព​ស្តេច​កូក និង​ពល‌ទ័ព​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ទី​នោះ ហើយ​ឃាំង​ផ្លូវ​អ្នក​ដំណើរ​មិន​ឲ្យ​ឆ្លង​កាត់​តាម​នោះ​ទៀត។ គេ​នឹង​ដាក់​ឈ្មោះ​ជ្រលង​ភ្នំ​នោះ​ថា “ជ្រលង​ភ្នំ​កង‌ពល​ស្តេច​កូក”។ ១២ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចំណាយ​ពេល​ប្រាំ​ពីរ​ខែ សម្រាប់​បញ្ចុះ​សព​ពួក​គេ ដើម្បី​ជម្រះ​ស្រុក​ឲ្យ​បរិសុទ្ធ។ ១៣ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នឹង​បញ្ចុះ​សព​ពួក​គេ ហើយ​នៅ​ថ្ងៃ​យើង​សម្ដែង​សិរី‌រុង​រឿង ប្រជាជន​ទាំង​នោះ​នឹង​ខ្ពស់​មុខ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៤ គេ​នឹង​យក​មនុស្ស​មួយ​ចំនួន​ទុក​ដោយ​ឡែក សម្រាប់​ចំណាយ​ពេល​ទាំង​ស្រុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក។ អ្នក​ទាំង​នោះ​ប្រមូល​សាក‌សព​ដែល​នៅ​សល់​ក្នុង​ស្រុក​យក​ទៅ​បញ្ចុះ ដោយ​មាន​អ្នក​ដំណើរ​ជួយ​ផង។ ពួក​គេ​ចំណាយ​ពេល​ប្រាំ​ពីរ​ខែ ប្រមូល​សាក‌សព ដើម្បី​ជម្រះ​ទឹក​ដី​ឲ្យ​បរិសុទ្ធ។ ១៥ ពេល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក បើ​មាន​នរណា​ម្នាក់​ឃើញ​ឆ្អឹង​ខ្មោច គេ​ដាក់​ថ្ម​ចំណាំ​នៅ​ក្បែរ​នោះ ទុក​ឲ្យ​ពួក​អ្នក​ជីក​រណ្ដៅ​មក​ប្រមូល​ទៅ​កប់​នៅ “ជ្រលង​ភ្នំ​កង‌ពល​ស្តេច​កូក”។ ១៦ “កង‌ពល”ក៏​ជា​ឈ្មោះ​របស់​ក្រុង​មួយ​ដែរ។ នេះ​ជា​របៀប​ដែល​គេ​ជម្រះ​ស្រុក។ ១៧ ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ តោង​ប្រាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ និង​សត្វ​ព្រៃ​ទាំង​អស់​ថា “ចូរ​ប្រមូល​គ្នា​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​ចូល​រួម​ក្នុង​ពិធី​យញ្ញ‌បូជា​របស់​យើង គឺ​ពិធី​យញ្ញ‌បូជា​យ៉ាង​ធំ ដែល​យើង​រៀប‌ចំ​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់ ហើយ​ផឹក​ឈាម - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៨ អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​ទាហាន​ដ៏​អង់‌អាច ហើយ​ផឹក​ឈាម​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៅ​លើ​ផែន‌ដី ដែល​យើង​ធ្វើ​យញ្ញ‌បូជា​ជំនួស​ចៀម​ឈ្មោល កូន​ចៀម ពពែ​ឈ្មោល និង​គោ​បា​បំប៉ន​នៅ​ស្រុក​បាសាន។ ១៩ ក្នុង​ពេល​យើង​ធ្វើ​យញ្ញ‌បូជា សម្រាប់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​ដ៏​ល្អៗ​រហូត​ដល់​ឆ្អែត‌ឆ្អន់ អ្នក​រាល់​គ្នា​ផឹក​ឈាម​រហូត​ដល់​ស្រវឹង។ ២០ ក្នុង​ពិធី​ជប់‌លៀង​របស់​យើង អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​សេះ ស៊ី​សាច់​ទាហាន ទ័ព‌សេះ ទាហាន​ដ៏​អង់‌អាច និង​អ្នក​ចម្បាំង​ទាំង​ប៉ុន្មាន”- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
២១ យើង​នឹង​សម្ដែង​សិរី‌រុង​រឿង​របស់​យើង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ឃើញ​ថា យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ដោយ​ដៃ​របស់​យើង​ផ្ទាល់។ ២២ ចាប់​ពី​ថ្ងៃ​នោះ​ត​ទៅ​អនាគត កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ ២៣ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ទទួល​ស្គាល់​ថា កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដូច្នេះ ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​ក្បត់​ចិត្ត​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​លែង​រវី‌រវល់​នឹង​ពួក​គេ យើង​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់ ដោយ​មុខ​ដាវ។ 24 យើង​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​សៅហ្មង និង​អំពើ​ទុច្ចរិត​របស់​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ»។
២៤ ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​នឹង​ស្តារ​ស្រុក​យូដា​ឡើង​វិញ យើង​នឹង​មាន​ចិត្ត​អាណិត‌អាសូរ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​យើង​មិន​ទុក​ឲ្យ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​នៅ​អាប់‌ឱន​ដូច្នេះ​ឡើយ។ ២៥ ពេល​នោះ ពួក​គេ​នឹង​លែង​នឹក​ឃើញ​ភាព​អាម៉ាស់ និង​ការ​មិន​ស្មោះ‌ត្រង់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​យើង ហើយ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដោយ​សុខ‌សាន្ត ឥត​មាន​នរណា​ធ្វើ​ទុក្ខ​ពួក​គេ​ឡើយ។ ២៦ យើង​នឹង​សម្ដែង​ភាព​វិសុទ្ធ​របស់​យើង​តាម‌រយៈ​ពួក​គេ នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​អស់ ដោយ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា និង​ប្រមូល​ពួក​គេ​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​មក​វិញ។ ២៧ ពេល​នោះ មនុស្ស‌ម្នា​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​បាន​បំបរ‌បង់​ពួក​គេ ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​យើង​ក៏​បាន​ប្រមូល​ផ្តុំ​ពួក​គេ ឲ្យ​មក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ​ដែរ គឺ​យើង​មិន​បោះ​បង់​ចោល​នរណា​ម្នាក់​ក្នុង​ស្រុក​ដទៃ​ឡើយ។ ២៨ យើង​មិន​លាក់​មុខ​នឹង​ពួក​គេ​ទៀត​ទេ ដ្បិត​យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​កូន​ចៅ​អ៊ីស្រា‌អែល» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
៤០

និមិត្ត‌ហេតុ​ស្តី​អំពី​ព្រះ‌វិហារ នៅ​អនាគត‌កាល

លោក​អេសេ‌គីអែល​និមិត្ត​ឃើញ​ក្រុង​យេរូ‌សាឡឹម
 នៅ​ឆ្នាំ​ទី​ម្ភៃ‌ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់‌បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ដើម​ឆ្នាំ​នោះ ព្រះ‌អម្ចាស់​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។  ខ្ញុំ​និមិត្ត​ឃើញ​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ដាក់​ខ្ញុំ​នៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់។ ខ្ញុំ​មើល​ទៅ​ខាង​ត្បូង​ឃើញ​មាន​ហាក់​ដូច​ជា​អាគារ​របស់​ទីក្រុង​មួយ។  ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ឃើញ​មនុស្ស​ម្នាក់​មាន​ភាព​ដូច​លង្ហិន ឈរ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ទាំង​កាន់​ខ្សែ​វេញ​ពី​ធ្មៃ និង​ឈើ​រង្វាស់​មួយ។  បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ខំ​ប្រឹង​មើល ចូរ​ប្រុង​ត្រចៀក​ស្ដាប់ ចូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហេតុ‌ការណ៍​ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ ដ្បិត​ព្រះ‌អម្ចាស់​នាំ​អ្នក​មក​ទី​នេះ ដើម្បី​ឲ្យ​អ្នក​ឃើញ។ បន្ទាប់​មក ចូរ​យក​ហេតុ‌ការណ៍​ទាំង​អស់​ដែល​អ្នក​ឃើញ ទៅ​ពន្យល់​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល»។
ទី‌លាន និង​ទ្វារ​ខាង​ក្រៅ
 ខ្ញុំ​មើល​ទៅ​ឃើញ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។ បុរស​នោះ​កាន់​ឈើ​រង្វាស់ ដែល​មាន​បណ្តោយ​ប្រាំ​មួយ​ហត្ថ (ក្នុង​មួយ​ហត្ថៗ​មាន​ប្រវែង​លើស​ពី​ខ្នាត​ធម្មតា​មួយ​ទះ) ទៅ​វាស់​កំពែង​នោះ​ឃើញ​មាន​បណ្តោយ​មួយ​ឈើ​រង្វាស់ និង​ទទឹង​មួយ​ឈើ​រង្វាស់។  បន្ទាប់​មក បុរស​នោះ​ទៅ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ឡើង​តាម​ជណ្ដើរ។ លោក​វាស់​ក្រប​ខ្លោង​ទ្វារ ឃើញ​មាន​កម្រាស់​មួយ​ឈើ​រង្វាស់។  បន្ទប់​តូចៗ​មាន​បណ្តោយ​មួយ​ឈើ​រង្វាស់ ទទឹង​មួយ​ឈើ​រង្វាស់។ ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ មាន​ចន្លោះ​ប្រាំ​ហត្ថ។ ក្រប​ទ្វារ​ដែល​នៅ​ក្បែរ​ច្រក​ខ្លោង​ទ្វារ​ខាង​ក្នុង ក៏​មាន​កម្រាស់​មួយ​ឈើ​រង្វាស់​ដែរ។  លោក​វាស់​បន្ទប់​ល្វែង ដែល​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង ឃើញ​មាន​ទទឹង​មួយ​ឈើ​រង្វាស់។  រីឯ​បណ្តោយ​បន្ទប់​ល្វែង​នោះ លោក​វាស់​ទៅ​ឃើញ​មាន​ប្រវែង​ប្រាំ‌បី​ហត្ថ ហើយ​សសរ​នីមួយៗ​មាន​កម្រាស់​ពីរ​ហត្ថ។ បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​នោះ​ស្ថិត​នៅ​ខាង​ក្នុង។ ១០ ចំនួន​បន្ទប់​តូចៗ​នៅ​ខ្លោង​ទ្វារ​ខាង​កើត​មាន​ម្ខាង​បី និង​មាន​ទំហំ​ដូចៗ​គ្នា រីឯ​សសរ​ដែល​នៅ​សង​ខាង​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ១១ លោក​វាស់​ទទឹង​ខ្លោង​ទ្វារ ឃើញ​មាន​ប្រវែង​ដប់​ហត្ថ ហើយ​បណ្តោយ​មាន​ដប់​បី​ហត្ថ។ ១២ នៅ​ពី​មុខ​បន្ទប់​តូចៗ​មាន​ប្រឡោះ​មួយ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ។ រីឯ​ជ្រុង​នីមួយៗ​របស់​បន្ទប់​តូចៗ​មាន​ប្រវែង​ប្រាំ​មួយ​ហត្ថ។ ១៣ លោក​វាស់​ចុង​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់ រហូត​ដល់​ចុង​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់​មួយ​ទៀត​ដែល​នៅ​ទល់​មុខ​គ្នា ឃើញ​មាន​ប្រវែង​ម្ភៃ‌ប្រាំ​ហត្ថ។ ១៤ លោក​វាស់​បន្ទប់​ឃើញ​មាន​បណ្តោយ​ម្ភៃ​ហត្ថ។ មាន​ទី‌លាន​នៅ​ជុំ‌វិញ​បន្ទប់​នោះ។ ១៥ ពី​ខ្លោង​ទ្វារ​ចូល​រហូត​ដល់​បន្ទប់​ល្វែង​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង មាន​ប្រវែង​ហា‌សិប​ហត្ថ។ ១៦ នៅ​តាម​បន្ទប់​តូចៗ​មាន​បង្អួច​ព័ទ្ធ​ជុំ‌វិញ បង្អួច​នោះ​ធ្វើ​ពី​ចម្រឹង​ដែក ហើយ​ក៏​មាន​សសរ​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​តាម​បន្ទប់​ល្វែង​ខាង​ក្នុង ក៏​មាន​បង្អួច​ធ្វើ​ពី​ចម្រឹង​ដែក​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ជា​លំអ​ផង។
១៧ លោក​បាន​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្រៅ ដែល​មាន​ក្រាល​ថ្ម នៅ​ជុំ‌វិញ​ទី‌លាន​នោះ មាន​បន្ទប់​សាម‌សិប។ ១៨ កម្រាល​ថ្ម​ស្ថិត​នៅ​ជាប់​ខ្លោង​ទ្វារ ហើយ​មាន​បណ្តោយ​ស្មើ​នឹង​បណ្តោយ​របស់​ខ្លោង​ទ្វារ។ កម្រាល​ថ្ម​នោះ​ជា​កម្រាល​ថ្ម​ខាង​ក្រោម។ ១៩ លោក​វាស់​ពី​មុខ​ខ្លោង​ទ្វារ​ខាង​ក្រោម​រហូត​ដល់​ទី‌លាន​ខាង​ក្នុង គឺ​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​ជើង មាន​ប្រវែង​មួយ‌រយ​ហត្ថ។
២០ លោក​វាស់​បណ្តោយ និង​ទទឹង​របស់​ខ្លោង​ទ្វារ ដែល​បែរ​មុខ​ទៅ​រក​ទី‌លាន​ខាង​ក្រៅ គឺ​នៅ​ខាង​ជើង​ទី‌លាន។ ២១ ខ្លោង​ទ្វារ​នោះ​មាន​បន្ទប់​តូចៗ​ម្ខាង​បីៗ រីឯ​ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ទី​មួយ​ដែរ គឺ​បណ្តោយ​ហា‌សិប​ហត្ថ និង​ទទឹង​ម្ភៃ‌ប្រាំ​ហត្ថ។ ២២ រីឯ​បង្អួច បន្ទប់​ល្វែង និង​ក្បាច់​ដើម​ចាក មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដែរ។ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ​ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។ ២៣ នៅ​ទី‌លាន​ខាង​ក្នុង​មាន​ខ្លោង​ទ្វារ​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ខ្លោង​ទ្វារ​ខាង​ជើង និង​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត ឃើញ​មាន​ប្រវែង​មួយ‌រយ​ហត្ថ។
២៤ បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទិស​ខាង​ត្បូង ដែល​មាន​ខ្លោង​ទ្វារ​មួយ​បែរ​ទៅ​ខាង​ត្បូង លោក​វាស់​ជញ្ជាំង និង​បន្ទប់​ល្វែង ឃើញ​មាន​ទំហំ​ដូច​គ្នា។ ២៥ នៅ​ជុំ‌វិញ​ខ្លោង​ទ្វារ​នេះ ព្រម​ទាំង​បន្ទប់​ល្វែង មាន​បង្អួច ដូច​បង្អួច​ឯ​ទៀតៗ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បណ្តោយ​ហា‌សិប​ហត្ថ និង​ទទឹង​ម្ភៃ‌ប្រាំ​ហត្ថ។ ២៦ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ​ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។ នៅ​សង​ខាង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​សសរ។ ២៧ ទី‌លាន​ខាង​ក្នុង​មាន​ទ្វារ​មួយ​នៅ​ខាង​ត្បូង។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត នៅ​ខាង​ត្បូង មាន​ប្រវែង​មួយ‌រយ​ហត្ថ។
២៨ បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ទ្វារ​ខាង​ត្បូង។ លោក​វាស់​ទ្វារ​ខាង​ត្បូង​មាន​ទំហំ​ដូច​ទ្វារ​ឯ​ទៀតៗ។ ២៩ បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្តោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ‌ប្រាំ​ហត្ថ។ ៣០ ជុំ‌វិញ​បន្ទប់​ល្វែង មាន​បណ្តោយ​ម្ភៃ‌ប្រាំ​ហត្ថ និង​ទទឹង​ប្រាំ​ហត្ថ។ ៣១ បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌បី​កាំ។
៣២ លោក​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ខ្លោង​ទ្វារ​មាន​ទំហំ​ដូច​គ្នា។ ៣៣ បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្តោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ‌ប្រាំ​ហត្ថ។ ៣៤ បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ នៅ​សង​ខាង មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន ប្រាំ‌បី​កាំ។
៣៥ លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​វាស់​ខ្លោង​ទ្វារ​ឃើញ​មាន​ទំហំ​ដូច​គ្នា ៣៦ រីឯ​បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា។ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្តោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ‌ប្រាំ​ហត្ថ។ ៣៧ ជញ្ជាំង​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ នៅ​សង​ខាង មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ មាន​ប្រាំ‌បី​កាំ។
៣៨ នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​តង្វាយ​ដុត។ ៣៩ ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ ក សត្វ​នៅ​លើ​តុ​ទាំង​នោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស។ ៤០ ត្រង់​កន្លែង​មួយ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​នៃ​ច្រក​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង មាន​តុ​ពីរ ហើយ​នៅ​ម្ខាង​ទៀត គឺ​នៅ​ក្បែរ​បន្ទប់​ល្វែង ក៏​មាន​តុ​ពីរ​ដែរ។ ៤១ នៅ​ត្រង់​បន្ទប់​ល្វែង មាន​តុ​ប្រាំ‌បី គឺ​ម្ខាង​បួនៗ ដែល​គេ​អារ ក សត្វ​ពី​លើ។ ៤២ មាន​តុ​បួន​ទៀត​ដែល​ធ្វើ​ពី​ផ្ទាំង​ថ្ម សម្រាប់​ធ្វើ​ពិធី​យញ្ញ‌បូជា។ តុ​នីមួយៗ​មាន​បណ្តោយ​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ។ គេ​ដាក់​ឧបករណ៍​សម្រាប់​អារ ក សត្វ​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ផ្សេងៗ​ទៀត​នៅ​លើ​តុ​នោះ។ ៤៣ នៅ​តាម​គែម​តុ មាន​ចង្អូរ​ព័ទ្ធ​ជុំ‌វិញ ចង្អូរ​នោះ​មាន​ទទឹង​មួយ​ចង្អាម រីឯ​សាច់​សម្រាប់​ធ្វើ​យញ្ញ‌បូជា គេ​ដាក់​នៅ​លើ​តុ។
៤៤ នៅ​មុខ​ខ្លោង​ទ្វារ​ខាង​ក្នុង គឺ​នៅ​ទី‌លាន​ខាង​ក្នុង មាន​បន្ទប់​ផ្សេងៗ​សម្រាប់​អ្នក​ចម្រៀង។ បន្ទប់​មួយ​ស្ថិត​ជិត​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង មួយ​ទៀត​នៅ​ជិត​ខ្លោង​ទ្វារ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ ៤៥ លោក​ពោល​មក​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់។ ៤៦ រីឯ​បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ ដែល​បំពេញ​ការ‌ងារ​នៅ​ទី​អាសនៈ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​សាដុក ក្នុង​កុល‌សម្ព័ន្ធ​លេវី ដែល​មាន​ភារ‌កិច្ច​ចូល​មក​បម្រើ​ព្រះ‌អម្ចាស់»។
៤៧ លោក​វាស់​ទី‌លាន​ដែល​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ‌រយ​ហត្ថ។ រីឯ​អាសនៈ​ស្ថិត​នៅ​មុខ​ទី‌សក្ការៈ។
ទី‌សក្ការៈ
៤៨ លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់។ លោក​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។ ៤៩ បន្ទប់​ល្វែង​នោះ​មាន​បណ្តោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ។ មាន​ជណ្ដើរ​ឡើង​ទៅ​កាន់​បន្ទប់​ល្វែង​នោះ ហើយ​មាន​បង្គោល​នៅ​ក្បែរ​សសរ គឺ​ម្ខាងៗ​មាន​បង្គោល​មួយ។
៤១
 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ លោក​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ព្រះ‌ពន្លា*។  ក្រប​ទ្វារ​មាន​ទទឹង​ដប់​ហត្ថ រីឯ​ទ្វារ​វិញ ម្ខាងៗ​មាន​ទទឹង​ប្រាំ​ហត្ថ។ លោក​វាស់​ទី‌សក្ការៈ​មាន​បណ្តោយ​សែ‌សិប​ហត្ថ ហើយ​ទទឹង​ម្ភៃ​ហត្ថ។  បន្ទាប់​មក លោក​ចូល​ទៅ​ខាង​ក្នុង​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កម្រាស់​ពីរ​ហត្ថ រីឯ​ទ្វារ​កម្រាស់​ប្រាំ​មួយ​ហត្ថ ទទឹង​ប្រាំ​ពីរ​ហត្ថ។  លោក​វាស់​ផ្នែក​ខាង​ក្នុង​ទី‌សក្ការៈ មាន​បណ្តោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទី‌សក្ការៈ​បំផុត។
 លោក​វាស់​ជញ្ជាំង​ខណ្ឌ​ព្រះ‌ដំណាក់ ឃើញ​មាន​កម្រាស់​ប្រាំ​មួយ​ហត្ថ។ រីឯ​បន្ទប់​អម​ជុំ‌វិញ​ព្រះ‌ដំណាក់​មាន​ទទឹង​បួន​ហត្ថ។  បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទី‌សក្ការៈ​ទេ។  បន្ទប់​ជាន់​ខាង​លើ​ទូលាយ​ជាង​បន្ទប់​នៅ​ជាន់​ក្រោម ព្រោះ​ផ្នែក​ខាង​លើ កម្រាស់​ជញ្ជាំង​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ​តូច​ជាង​កម្រាស់​ផ្នែក​ខាង​ក្រោម។ ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​គេ​ឡើង​ទៅ​ខាង​លើ​កាន់​តែ​ខ្ពស់ នោះ​កាន់​តែ​មាន​កន្លែង​ទូលាយ​ជាង។ គេ​អាច​ឡើង​ពី​ជាន់​ក្រោម​ទៅ​ជាន់​កណ្ដាល រួច​ទៅ​ជាន់​ខាង​លើ។
 ខ្ញុំ​សង្កេត​មើល​ជុំ‌វិញ​ព្រះ‌ដំណាក់ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កម្ពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។  ជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​បន្ទប់​អម មាន​កម្រាស់​ប្រាំ​ហត្ថ។ រីឯ​ធ្លា​នៅ​ចន្លោះ​បន្ទប់​អម​ដែល​នៅ​ជាប់​នឹង​ជញ្ជាំង ១០ និង​បន្ទប់​ដែល​នៅ​ជុំ‌វិញ​ទី‌សក្ការៈ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ១១ បន្ទប់​អម​ទាំង​នោះ​មាន​ច្រក​ចេញ​ចូល​តាម​ធ្លា ច្រក​មួយ​នៅ​ខាង​ជើង ច្រក​មួយ​ទៀត​នៅ​ខាង​ត្បូង។ ធ្លា​នោះ​មាន​ជ្រុង​នីមួយៗ​ប្រវែង​ប្រាំ​ហត្ថ។
១២ នៅ​ខាង​លិច មាន​អាគារ​មួយ​នៅ​ជាប់​នឹង​ធ្លា​ធំ មាន​ទទឹង​ចិត‌សិប​ហត្ថ បណ្តោយ​កៅ‌សិប​ហត្ថ រីឯ​ជញ្ជាំង​មាន​កម្រាស់​ប្រាំ​ហត្ថ។ ១៣ បុរស​នោះ​វាស់​ព្រះ‌ដំណាក់ ឃើញ​មាន​បណ្តោយ​មួយ‌រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្តោយ​មួយ‌រយ​ហត្ថ​ដែរ។ ១៤ ជញ្ជាំង​ខាង​មុខ​ព្រះ‌ដំណាក់ និង​ធ្លា​ធំ​ដែល​នៅ​ខាង​កើត មាន​ប្រវែង​មួយ‌រយ​ហត្ថ។ ១៥ បុរស​នោះ​បាន​វាស់​បណ្តោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ព្រះ‌ដំណាក់ រួម​ទាំង​ថែវ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ‌រយ​ហត្ថ។ ទី‌សក្ការៈ បន្ទប់​ល្វែង​នៅ​ទី‌លាន​ខាង​ក្នុង ១៦ ក្រប​ទ្វារ បង្អួច​ចម្រឹង​ដែក ថែវ​តាម​ជាន់​ទាំង​បី​នៅ​ទល់​មុខ​នឹង​ក្រប​ទ្វារ សុទ្ធ​តែ​មាន​បន្ទះ​ឈើ​ពាស​ជុំ‌វិញ គឺ​ចាប់​ពី​ក្រោម​រហូត​ដល់​បង្អួច ហើយ​បង្អួច​ក៏​មាន​ពាស​ឈើ​ដែរ។ ១៧ ចាប់​ពី​លើ​ទ្វារ​រហូត​ដល់​ក្នុង​ទី‌សក្ការៈ* មាន​ក្បាច់​លំអ​ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង ១៨ គឺ​ក្បាច់​ខេរូប៊ីម និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ខេរូប៊ីម*​ពីរ នៅ​ឆ្លាស់​គ្នា។ ១៩ ខេរូប៊ីម​នីមួយៗ​មាន​មុខ​ពីរ មុខ​មនុស្ស​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង មុខ​សិង្ហ​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង​ទៀត ជា​បន្ត​បន្ទាប់​គ្នា​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។ ២០ ក្បាច់​ខេរូប៊ីម និង​ដើម​ចាក​នេះ មាន​ឆ្លាក់​ពាស‌ពេញ​ជញ្ជាំង​ព្រះ‌វិហារ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ខាង​លើ​ទ្វារ។ ២១ ប្រអប់​ទ្វារ​ព្រះ‌វិហារ​មាន​រាង​បួន​ជ្រុង។ នៅ​ខាង​មុខ​ទី‌សក្ការៈ​បំផុត ២២ មាន​អាសនៈ​ធ្វើ​អំពី​ឈើ កម្ពស់​បី​ហត្ថ និង​បណ្តោយ​ពីរ​ហត្ថ ជ្រុង និង​គែម ក៏​ធ្វើ​ពី​ឈើ​ដែរ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។ ២៣ ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត មាន​ច្រក​ចូល​ពីរ។ ២៤ ច្រក​នីមួយៗ​មាន​សន្លឹក​ទ្វារ​ពីរ ដែល​អាច​បិទ​បើក​បាន។ ២៥ នៅ​លើ​ទ្វារ​ទី‌សក្ការៈ​មាន​ឆ្លាក់​ក្បាច់​ខេរូប៊ីម និង​ដើម​ចាក ដូច​នៅ​តាម​ជញ្ជាំង​ដែរ។ នៅ​ខាង​មុខ​បន្ទប់​ល្វែង​ដែល​នៅ​ខាង​ក្រៅ មាន​បាំង​សាច​ធ្វើ​ពី​ឈើ។ ២៦ នៅ​តាម​បន្ទប់​ល្វែង និង​បន្ទប់​អម​ជញ្ជាំង​ព្រះ‌ដំណាក់ ព្រម​ទាំង​បាំង​សាច មាន​បង្អួច​ចម្រឹង​ដែក និង​ក្បាច់​ដើម​ចាក​ទាំង​សង​ខាង។
៤២
បន្ទប់​អម​ព្រះ‌វិហារ
 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ ផ្នែក​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ទៅ​បន្ទប់​ផ្សេងៗ ដែល​នៅ​ជាប់​ធ្លា​ធំ និង​អាគារ​ខាង​ក្រោយ​ព្រះ‌វិហារ។  អាគារ​ដែល​មាន​ទ្វារ​នៅ​ទិស​ខាង​ជើង មាន​បណ្តោយ​មួយ‌រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ។  មួយ​ផ្នែក​នៃ​អាគារ​នោះ នៅ​ទល់​មុខ​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ មួយ​ផ្នែក​ទៀត​នៅ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៃ​ទីធ្លា​ខាង​ក្រៅ។ អាគារ​នោះ​មាន​ថែវ​បី​ជាន់។  នៅ​ពី​មុខ​បន្ទប់​ទាំង​នោះ​មាន​ច្រក​មួយ ទទឹង​ដប់​ហត្ថ និង​បណ្តោយ​មួយ‌រយ​ហត្ថ។ ទ្វារ​បន្ទប់​ទាំង​នោះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ បន្ទប់​ជាន់​ខាង​លើ​ចង្អៀត​ជាង​បន្ទប់​ជាន់​ខាង​ក្រោម និង​ជាន់​កណ្ដាល​នៃ​អាគារ ព្រោះ​មាន​ថែវ​កាត់​តាម​នោះ។  បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ តែ​គ្មាន​សសរ​ដូច​សសរ​នៅ​ក្នុង​ទី‌លាន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ឡើង​ពី​ក្រោម​ទៅ​ឃើញ​ថា បន្ទប់​នៅ​ជាន់​លើ​ចង្អៀត​ជាង​បន្ទប់​នៅ​ជាន់​ក្រោម និង​ជាន់​កណ្ដាល។  នៅ​ទី‌លាន​ខាង​ក្រៅ​ជញ្ជាំង​ខណ្ឌ​តាម​បណ្តោយ​បន្ទប់ មាន​ប្រវែង​ហា‌សិប​ហត្ថ  ដ្បិត​បន្ទប់​ដែល​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ​នោះ មាន​ប្រវែង​ហា‌សិប​ហត្ថ​ដែរ។ រីឯ​ជ្រុង​ដែល​បែរ​មុខ​ទៅ​រក​ព្រះ‌វិហារ មាន​ប្រវែង​មួយ‌រយ​ហត្ថ។  នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ទ្វារ​ចូល​ពី​ទី‌លាន​ខាង​ក្រៅ តាម​ទិស​ខាង​កើត។
១០ តាម​ជញ្ជាំង​ខណ្ឌ​ទី‌លាន​ប៉ែក​ខាង​កើត ដែល​នៅ​ទល់​មុខ​ធ្លា​ធំ និង​អាគារ ក៏​មាន​បន្ទប់​ជា​ច្រើន​ដែរ។ ១១ នៅ​មុខ​បន្ទប់​ទាំង​នោះ មាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង គឺ​មាន​បណ្តោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់‌ទ្រាយ និង​មាន​ទ្វារ​ដូច​គ្នា ១២ រីឯ​ទ្វារ​នៃ​បន្ទប់​នៅ​ជួរ​ខាង​ត្បូង​ក៏​ដូច​គ្នា​ដែរ។ នៅ​ច្រក​ចូល​តាម​ជញ្ជាំង​ខណ្ឌ​ខាង​កើត មាន​ទ្វារ​មួយ​សម្រាប់​ចេញ​ចូល។ ១៣ បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ តង្វាយ​ផ្សេងៗ សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។ ១៤ ពេល​ណា​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ហើយ គេ​ពុំ​អាច​ចេញ​មក​ទី‌លាន​ខាង​ក្រៅ​បាន​ភ្លាមៗ​ទេ គឺ​ត្រូវ​ទុក​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក​ពាក់ សម្រាប់​បំពេញ​មុខ‌ងារ​នោះ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ជា​មុន​សិន ដ្បិត​សម្លៀក‌បំពាក់​នោះ​ក៏​សក្ការៈ​ដែរ។ ដើម្បី​ចូល​ទៅ​ជិត​ប្រជាជន គេ​មាន​សម្លៀក‌បំពាក់​ផ្សេង​ទៀត»។
១៥ ពេល​លោក​វាស់​ព្រះ‌ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​តាម​ខ្លោង​ទ្វារ​ខាង​កើត ហើយ​លោក​វាស់​បរិវេណ​ដែល​នៅ​ជុំ‌វិញ។ ១៦ លោក​យក​ឈើ​រង្វាស់ វាស់​ជ្រុង​ខាង​កើត ឃើញ​មាន​ប្រវែង​ប្រាំ‌រយ​ឈើ​រង្វាស់។ ១៧ លោក​វាស់​ជ្រុង​ខាង​ជើង ឃើញ​មាន​ប្រវែង​ប្រាំ‌រយ​ឈើ​រង្វាស់។ ១៨ លោក​វាស់​ជ្រុង​ខាង​ត្បូង ឃើញ​មាន​ប្រវែង​ប្រាំ‌រយ​ឈើ​រង្វាស់។ ១៩ លោក​បែរ​ទៅ​ជ្រុង​ខាង​លិច ហើយ​វាស់ ឃើញ​មាន​ប្រវែង​ប្រាំ‌រយ​ឈើ​រង្វាស់។ ២០ លោក​វាស់​ជញ្ជាំង​ទាំង​បួន​ជ្រុង មួយ​ជ្រុងៗ​មាន​ប្រវែង​ប្រាំ‌រយ​ឈើ​រង្វាស់។ ជញ្ជាំង​នោះ​ខណ្ឌ​អ្វីៗ​ដែល​សក្ការៈ ឲ្យ​នៅ​ដាច់​ពី​អ្វីៗ​ដែល​មិន​សក្ការៈ។
៤៣
ព្រះ‌អម្ចាស់​វិល​ត្រឡប់​មក​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ​វិញ
 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។  ពេល​នោះ សិរី‌រុង​រឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហា‌សាគរ ហើយ​ផែន‌ដី​ភ្លឺ​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។  និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ ក៏​ដូច​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក​កម្ទេច​ក្រុង​យេរូ‌សាឡឹម។ និមិត្ត‌ហេតុ​អស្ចារ្យ​ទាំង​ពីរ​នេះ ក៏​ដូច​ជា​និមិត្ត‌ហេតុ​អស្ចារ្យ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។
 សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​តាម​ទ្វារ​ខាង​កើត។  ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ទី‌លាន​ខាង​ក្នុង។ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ដំណាក់។  ពេល​បុរស​នោះ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​ឮ​ព្រះ‌សូរសៀង​ចេញ​ពី​ព្រះ‌ដំណាក់​មក​កាន់​ខ្ញុំ​ថា៖  «កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ស្តេច​របស់​គេ លែង​ធ្វើ​ឲ្យ​នាម​យើង​ទៅ​ជា​សៅ‌ហ្មង ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាក‌សព​ស្តេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។  ពី​មុន ពួក​គេ​បាន​សង់​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ទ្វារ​របស់​យើង ក្រប​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ក្រប​ទ្វារ​របស់​យើង គឺ​មាន​តែ​ជញ្ជាំង​មួយ​គត់​ដែល​ខណ្ឌ​គេ​ពី​យើង។ ពួក​គេ​បាន​ធ្វើ​ឲ្យ​នាម​របស់​យើង​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស តាម​កំហឹង​របស់​យើង។  ឥឡូវ​នេះ ពួក​គេ​លែង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​យក​សព​ស្តេច​របស់​ខ្លួន​ចេញ​ឆ្ងាយ​ពី​យើង។ យើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។
១០ ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ ចូរ​រៀប​រាប់​អំពី​ព្រះ‌ដំណាក់​នេះ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ពួក​គេ​ពិនិត្យ​មើល​គម្រោង​របស់​ព្រះ‌ដំណាក់ ហើយ​ឲ្យ​ពួក​គេ​នឹក​ខ្មាស ដោយ​បាន​ប្រព្រឹត្ត​ខុស។ ១១ ប្រសិន​បើ​ពួក​គេ​នឹក​ខ្មាស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ពី​គំរូ​របស់​ព្រះ‌ដំណាក់ ទ្រង់‌ទ្រាយ ច្រក​ចេញ​ចូល របៀប​តុប‌តែង ព្រម​ទាំង​របៀប​ចាត់​ចែង និង​ក្បួន​តម្រា​សព្វ​បែប​យ៉ាង។ ចូរ​កត់‌ត្រា​ទុក ដើម្បី​ឲ្យ​ពួក​គេ​ឃើញ និង​ធ្វើ​តាម។ ១២ រីឯ​វិន័យ​ដ៏​សំខាន់​របស់​ព្រះ‌ដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំ‌វិញ ត្រូវ​ញែក​ទុក​ជា​ទី‌សក្ការៈ​បំផុត»។
អំពី​អាសនៈ
១៣ ទំហំ​របស់​អាសនៈ​គិត​ជា​ហត្ថ ហើយ​ខ្នាត​មួយ​ហត្ថ​នេះ​វែង​ជាង​ខ្នាត​មួយ​ហត្ថ​ធម្មតា​មួយ​ទះ។ ចង្អូរ​នៅ​ជុំ‌វិញ​អាសនៈ​មាន​ជម្រៅ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ រីឯ​គែម​ព័ទ្ធ​ជុំ‌វិញ​មាន​កម្រាស់​មួយ​តឹក។ ១៤ ពី​ចង្អូរ​ដែល​នៅ​ផ្ទាល់​នឹង​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម មាន​កម្ពស់​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ។ ពី​គន្លាក់​តូច​រហូត​ដល់​គន្លាក់​ធំ មាន​កម្ពស់​បួន​ហត្ថ ទទឹង​មួយ​ហត្ថ។ ១៥ នៅ​ផ្នែក​ខាង​លើ​ជា​កន្លែង​ដុត​យញ្ញ‌បូជា មាន​កម្ពស់​បួន​ហត្ថ ហើយ​មាន​ស្នែង​បួន​ឡើង​ទៅ​លើ។ ១៦ កន្លែង​ដុត​នេះ​មាន​បណ្តោយ​ដប់‌ពីរ​ហត្ថ ទទឹង​ដប់‌ពីរ​ហត្ថ គឺ​មាន​រាង​បួន​ជ្រុង​ស្មើ។ ១៧ រីឯ​ផ្នែក​កណ្ដាល​មាន​បណ្តោយ​ដប់‌បួន​ហត្ថ និង​ទទឹង​ដប់‌បួន​ហត្ថ គែម​ដែល​ព័ទ្ធ​ជុំ‌វិញ មាន​កម្រាស់​កន្លះ​ហត្ថ ចង្អូរ​ទាំង​បួន​ជ្រុង​មាន​កម្ពស់​មួយ​ហត្ថ។ ជណ្ដើរ​របស់​អាសនៈ​បែរ​ទៅ​រក​ទិស​ខាង​កើត។
១៨ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​កត់‌ត្រា​ទុក​នូវ​ក្បួន​តម្រា​ដែល​ត្រូវ​អនុវត្ត នៅ​ថ្ងៃ​គេ​កសាង​អាសនៈ សម្រាប់​ធ្វើ​យញ្ញ‌បូជា និង​ពិធី​ច្រួច​ឈាម។ ១៩ ចូរ​ប្រគល់​គោ​បា​មួយ​ឲ្យ​ពួក​បូជា‌ចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក ដែល​មាន​មុខ‌ងារ​ចូល​មក​បម្រើ​យើង ដើម្បី​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់២០ ចូរ​យក​ឈាម​ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​អាសនៈ និង​លាប​ផ្នែក​កណ្ដាល​ទាំង​បួន​ជ្រុង ព្រម​ទាំង​លាប​គែម​ដែល​នៅ​ជុំ‌វិញ។ ធ្វើ​ដូច្នេះ មាន​ន័យ​ថា អ្នក​ធ្វើ​ឲ្យ​អាសនៈ​បាន​បរិសុទ្ធ និង​សក្ការៈ។ ២១ បន្ទាប់​មក ចូរ​យក​គោ​បា​សម្រាប់​ធ្វើ​យញ្ញ‌បូជា ទៅ​ឲ្យ​គេ​ដុត​នៅ​កន្លែង​បម្រុង​ទុក ខាង​ក្រៅ​ទី‌សក្ការៈ​នៃ​ព្រះ‌ដំណាក់។ ២២ នៅ​ថ្ងៃ​ទី​ពីរ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ដក​បាប​ចេញ​ពី​អាសនៈ ដូច​បាន​ថ្វាយ​គោ​បា ដើម្បី​ដក​បាប​ដែរ។ ២៣ កាល​អ្នក​ធ្វើ​ពិធី​យញ្ញ‌បូជា​រំដោះ​បាប​រួច​ហើយ ចូរ​នាំ​គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​សត្វ ២៤ យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ពួក​បូជា‌ចារ្យ​ត្រូវ​បាច​អំបិល​លើ​សត្វ​ទាំង​ពីរ ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់២៥ ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​មួយ គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល មួយ​មក​ថ្វាយ​រៀង​រាល់​ថ្ងៃ ជា​តង្វាយ​រំដោះ​បាប សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។ ២៦ ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ និង​សក្ការៈ។ ២៧ លុះ​ថ្ងៃ​កំណត់​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ត​ទៅ ពួក​បូជា‌ចារ្យ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​នៅ​លើ​អាសនៈ។ ធ្វើ​ដូច្នេះ ទើប​យើង​គាប់​ចិត្ត​នឹង​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
៤៤
ការ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ព្រះ‌វិហារ​ថ្មី
 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ​ទី‌សក្ការៈ​វិញ គឺ​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។ ទ្វារ​នោះ​នៅ​បិទ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទ្វារ​នេះ​នឹង​នៅ​បិទ​ជិត គឺ​មិន​ត្រូវ​បើក​ឡើយ ហើយ​ក៏​គ្មាន​នរណា​ចេញ​ចូល​តាម​នេះ​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល យើង​បាន​ចូល​មក​តាម​ទ្វារ​នេះ ដូច្នេះ ទ្វារ​នេះ​ត្រូវ​បិទ​រហូត!។  ចំណែក​ឯ​មេ​ដឹក​នាំ​វិញ ក្នុង​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង គេ​អាច​អង្គុយ​បរិភោគ​ពិធី​ជប់‌លៀង​នៅ​ចំពោះ​មុខ​យើង​បាន។ គេ​ចូល​មក​តាម​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ ហើយ​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល»។
 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង គឺ​ខាង​មុខ​ព្រះ‌ដំណាក់។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់ នៅ​ពាស‌ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ខ្ញុំ​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​យើង​ប្រាប់​អ្នក​ស្តី​អំពី​វិន័យ និង​ក្បួន​តម្រា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ចូរ​ពិនិត្យ​មើល​ច្រក​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់ និង​ទ្វារ​ទាំង​ប៉ុន្មាន​របស់​ទី‌សក្ការៈ។  បន្ទាប់​មក ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​បះ‌បោរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ច្រើន​ពេក​ហើយ!។  ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម មក​ថ្វាយ​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង​ចូល​មក ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។  អ្នក​រាល់​គ្នា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ‌ងារ​បម្រើ​យើង ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​អ្នក​រាល់​គ្នា​បាន​ឲ្យ​សាសន៍​ដទៃ​មក​បំពេញ​ការ‌ងារ​ក្នុង​ទី‌សក្ការៈ ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។  ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មិន​ត្រូវ​ឲ្យ​ជន​បរទេស ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក​ក្នុង​ទី‌សក្ការៈ​របស់​យើង​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​ដោយ។
មុខ‌ងារ​របស់​ក្រុម​លេវី
១០ ក្នុង​គ្រា​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ ពួក​លេវី​ក៏​បាន​បោះ​បង់​ចោល​យើង​ដែរ ហេតុ​នេះ ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន។ ១១ ដូច្នេះ ពួក​គេ​គ្រាន់​តែ​មាន​មុខ‌ងារ​ជា​អ្នក​ជំនួយ​ការ​ក្នុង​ព្រះ‌ដំណាក់ គឺ​ត្រូវ​ប្រើ​គេ​ឲ្យ​យាម​ខ្លោង​ទ្វារ​បម្រើ​ប្រជាជន ដោយ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​ផ្សេងៗ។ ១២ ដោយ​ពួក​គេ​បាន​ជួយ​ជ្រោម‌ជ្រែង​ប្រជាជន ក្នុង​ការ​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ និង​នាំ​ប្រជាជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប យើង​សុំ​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៣ ពួក​គេ​ពុំ​អាច​ចូល​មក​ជិត​យើង ដើម្បី​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​ទេ ពួក​គេ​ក៏​មិន​អាច​ចូល​មក​ក្នុង​ទី‌សក្ការៈ ឬ​ទី‌សក្ការៈ​បំផុត​របស់​យើង​ដែរ។ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក ព្រោះ​តែ​អំពើ​ដ៏​អាម៉ាស់ និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ១៤ យើង​នឹង​ឲ្យ​ពួក​គេ​មើល​ថែ​ទាំ និង​បំពេញ​កិច្ច‌ការ​បន្ទាប់‌បន្សំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់។
មុខ‌ងារ​របស់​ក្រុម​បូជា‌ចារ្យ
១៥ រីឯ​ក្រុម​បូជា‌ចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បម្រើ​យើង​ក្នុង​ទី‌សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បម្រើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៦ អ្នក​ទាំង​នោះ​នឹង​ចូល​មក​ក្នុង​ទី‌សក្ការៈ​របស់​យើង ពួក​គេ​ចូល​មក​ក្បែរ​តុ​របស់​យើង ដើម្បី​បម្រើ​យើង និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​បង្គាប់។ ១៧ ពេល​ចូល​មក​ដល់​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ ពេល​ពួក​គេ​បំពេញ​មុខ‌ងារ​នៅ​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម​ទេ។ ១៨ ពួក​គេ​ត្រូវ​ពាក់​ឆ្នួត​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក​ខោ​ខ្លី តែ​មិន​ត្រូវ​យក​អ្វី​មក​ក្រវាត់​ចង្កេះ នាំ​ឲ្យ​បែក​ញើស​ឡើយ។ ១៩ ពេល​ពួក​គេ​ចេញ​ទៅ​រក​ប្រជាជន​នៅ​ទី‌លាន​ខាង​ក្រៅ ត្រូវ​ផ្លាស់​សម្លៀក‌បំពាក់​សម្រាប់​បំពេញ​មុខ‌ងារ​ចេញ រួច​ទុក​សម្លៀក‌បំពាក់​នោះ​នៅ​ក្នុង​បន្ទប់​នៃ​ទី‌សក្ការៈ។ ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ប្រជាជន​ប៉ះ‌ពាល់​សម្លៀក‌បំពាក់​ដ៏​សក្ការៈ​នោះ។ ២០ មិន​ត្រូវ​ឲ្យ​បូជា‌ចារ្យ​ទាំង​នោះ​កោរ​សក់ ឬ​ក៏​ទុក​ឲ្យ​សក់​ដុះ​វែង​ពេក​ឡើយ គឺ​ត្រូវ​កាត់​សក់​យ៉ាង​សមរម្យ។ ២១ ពេល​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង បូជា‌ចារ្យ​មិន​ត្រូវ​សេព​សុរា​ឡើយ។ ២២ បូជា‌ចារ្យ​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី‌មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​ទេ គឺ​រៀប‌ការ​បាន​តែ​ជា​មួយ​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្នុង​វង្ស​ត្រកូល​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ស្ត្រី‌មេម៉ាយ​ពី​បូជា‌ចារ្យ​ម្នាក់​ទៀត។ ២៣ បូជា‌ចារ្យ​ទាំង​នោះ​ត្រូវ​អប់រំ​ប្រជាជន​របស់​យើង ឲ្យ​ស្គាល់​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ ព្រម​ទាំង​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ។ ២៤ ពួក​គេ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្តី នៅ​ពេល​ប្រជាជន​មាន​រឿង‌រ៉ាវ​នឹង​គ្នា ហើយ​វិនិច្ឆ័យ​ទោស ស្រប​តាម​ច្បាប់​របស់​យើង។ ពួក​គេ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ​តាម​វិន័យ និង​ក្បួន​តម្រា ដែល​យើង​បាន​បង្គាប់​ទុក ព្រម​ទាំង​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ។ ២៥ បូជា‌ចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង​ឡើយ លើក‌លែង​តែ​សព​ឪពុក‌ម្ដាយ កូន​ប្រុស​កូន​ស្រី បង‌ប្អូន​ប្រុស និង​បង‌ប្អូន​ស្រី​ដែល​ពុំ​ទាន់​រៀប‌ការ។ ២៦ ក្នុង​ករណី​នេះ ក្រោយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*​រួច​ហើយ គេ​ត្រូវ​នៅ​រង់‌ចាំ​ប្រាំ​ពីរ​ថ្ងៃ មុន​នឹង​បំពេញ​មុខ‌ងារ​សា​ជា​ថ្មី។ ២៧ នៅ​ថ្ងៃ​គេ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ*​ឡើង​វិញ គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
២៨ ចំណែក​ឯ​កេរ‌មត៌ក​ដែល​ពួក​បូជា‌ចារ្យ​ត្រូវ​ទទួល​នោះ គឺ​យើង​ផ្ទាល់។ មិន​បាច់​ចែក​ទឹក​ដី​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ជា​មត៌ក​ឲ្យ​ពួក​គេ​ទេ ដ្បិត​យើង​ផ្ទាល់​ជា​មត៌ក​របស់​ពួក​គេ។ ២៩ ពួក​គេ​បរិភោគ​សាច់ ដែល​ជា​តង្វាយ និង​យញ្ញ‌បូជា​រំដោះ​បាប ឬ​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស​ដែល​ប្រជាជន​យើង​យក​មក​ថ្វាយ។ អ្វីៗ​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង ពួក​បូជា‌ចារ្យ​អាច​យក​បាន។ ៣០ ផល​ដំបូង​បង្អស់​នៃ​ដំណាំ​ទាំង‌ឡាយ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នោះ ជា​ចំណែក​របស់​ពួក​បូជា‌ចារ្យ។ ត្រូវ​យក​ម្សៅ​ដំបូង​បង្អស់​មក​ជូន​ពួក​បូជា‌ចារ្យ ដើម្បី​ឲ្យ​ផ្ទះ​របស់​អ្នក​បាន​ទទួល​ពរ។ ៣១ បូជា‌ចារ្យ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​នោះ​ឡើយ»។
៤៥
ការ​បែង​ចែង​ទឹក​ដី
 «ពេល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​បែង​ចែក​ទឹក​ដី​ជា​មត៌ក ត្រូវ​ញែក​ដី​មួយ​ចំណែក​ទុក​ជា​ដី​សក្ការៈ ថ្វាយ​ព្រះ‌អម្ចាស់។ ដី​នោះ​មាន​បណ្តោយ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ និង​ទទឹង​មួយ‌ម៉ឺន​ហត្ថ ត្រូវ​ចាត់​ទុក​ថា​ជា​កន្លែង​ដ៏‌វិសុទ្ធ។  ក្នុង​បរិវេណ​ដី​នោះ ត្រូវ​មាន​កន្លែង​សម្រាប់​ទី‌សក្ការៈ ដែល​មាន​ទំហំ​ប្រាំ‌រយ​ហត្ថ​បួន​ជ្រុង និង​ទីធ្លា​ព័ទ្ធ​ជុំ‌វិញ​ដែល​មាន​ទទឹង​ប្រាំ‌រយ​ហត្ថ។  នៅ​លើ​ផ្ទៃ​ដី​ដែល​មាន​បណ្តោយ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ និង​ទទឹង​មួយ‌ម៉ឺន​ហត្ថ​នេះ អ្នក​ត្រូវ​វាស់​កន្លែង​មួយ​ទុក​ជា​ទី‌សក្ការៈ​ដ៏‌វិសុទ្ធ​បំផុត។  ដី​នោះ​ជា​កន្លែង​ដ៏​សក្ការៈ​នៅ​ក្នុង​ស្រុក ជា​កម្ម‌សិទ្ធិ​របស់​ពួក​បូជា‌ចារ្យ ដែល​បម្រើ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ទី‌សក្ការៈ។ ពួក​បូជា‌ចារ្យ​នឹង​សង់​ផ្ទះ​នៅ​លើ​ដី​នោះ ហើយ​ទី‌សក្ការៈ​ក៏​ស្ថិត​នៅ​លើ​ដី​នោះ​ដែរ។
 ត្រូវ​ទុក​ដី​ដែល​មាន​បណ្តោយ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ និង​ទទឹង​មួយ‌ម៉ឺន​ហត្ថ​ទៀត សម្រាប់​ឲ្យ​ពួក​លេវី​ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រះ‌ដំណាក់ សង់​ក្រុង​រស់​នៅ។
 ត្រូវ​វាស់​ដី​មួយ​ចំណែក​ទៀត នៅ​ទន្ទឹម​គ្នា​នឹង​ដី​សក្ការៈ ដែល​មាន​ទទឹង​ប្រាំ‌ពាន់​ហត្ថ បណ្តោយ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ ទុក​សម្រាប់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​សង់​ក្រុង​រស់​នៅ។  ត្រូវ​ទុក​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​ក្រុង គឺ​ដី​ដែល​នៅ​ទន្ទឹម​ដី​សក្ការៈ និង​ដី​ក្រុង ទាំង​ខាង​លិច ទាំង​ខាង​កើត ឲ្យ​មេ​ដឹក​នាំ។ ដី​របស់​មេ​ដឹក​នាំ​មាន​ទំហំ​ស្មើ​នឹង​ចំណែក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ។  ដី​នោះ​ជា​ចំណែក​មត៌ក​របស់​មេ​ដឹក​នាំ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ មេ​ដឹក​នាំ​ដែល​យើង​តែង‌តាំង នឹង​លែង​កេង‌ប្រវ័ញ្ច​ប្រជាជន​របស់​យើង​ទៀត​ហើយ ពួក​គេ​នឹង​ប្រគល់​ទឹក​ដី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន»។
ភារ‌កិច្ច​របស់​មេ​ដឹក​នាំ
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មេ​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ លួច​ប្លន់​ប្រជា‌រាស្ដ្រ​ជ្រុល​ពេក​ហើយ ល្មម​ឈប់​ទៅ! ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សុចរិត​យុត្តិធម៌ កុំ​រឹប​អូស​យក​ដី​ពី​ប្រជាជន​របស់​យើង​ទៀត! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
១០ កុំ​បំបាត់​ភ្នែក​ជញ្ជីង​ឡើយ ចូរ​ប្រើ​អេផា* ប្រើ​បាថ*​ឲ្យ​បាន​ត្រឹម​ត្រូវ។ ១១ អេផា​សម្រាប់​វាល់​ស្រូវ និង​បាថ សម្រាប់​វាល់​វត្ថុ​រាវ ត្រូវ​មាន​ចំណុះ​ដូច​គ្នា គឺ​ស្មើ​មួយ​ភាគ​ដប់​នៃ​ហូមែរ*  ដែល​ជា​មូល‌ដ្ឋាន​នៃ​រង្វាល់។ ១២ រីឯ​ទម្ងន់​វិញ ក្នុង​មួយ​ស៊ីគ* មាន​ម្ភៃ​កេរ៉ា* ហើយ​មួយ​មីន* មាន​ហុក‌សិប​ស៊ីគ
១៣ ភោគ​ផល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​ជា​តង្វាយ​នោះ គឺ​ស្រូវ​មួយ​ភាគ​ហុក‌សិប ពោត​មួយ​ភាគ​ហុក‌សិប។ ១៤ ចំណែក​ឯ​ប្រេង​វិញ ត្រូវ​វាល់​មួយ​ភាគ‌រយ​ទុក​ជា​តង្វាយ ដោយ​យក​បាថ មក​វាល់។ មួយ​ហូមែរ មាន​ដប់​បាថ ហើយ​មួយ​គរ*​ក៏​មាន​ដប់​បាថ ដែរ។ ១៥ រីឯ​ហ្វូង​សត្វ​នៅ​តាម​វាល​ស្មៅ​នៃ​ស្រុក​អ៊ីស្រា‌អែល ក្នុង​ហ្វូង​ចៀម​ដែល​មាន​ចំនួន​ពីរ‌រយ​ក្បាល ត្រូវ​យក​មួយ​ក្បាល​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល ជា​យញ្ញ‌បូជា​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់១៦ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ត្រូវ​ប្រមូល​តង្វាយ​ទាំង​នោះ យក​ទៅ​ឲ្យ​មេ​ដឹក​នាំ​ស្រុក​អ៊ីស្រា‌អែល។ ១៧ មេ​ដឹក​នាំ​មាន​ភារ‌កិច្ច​ចាត់​ចែង​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ផ្សេងៗ និង​ពិធី​ច្រួច‌ស្រា ព្រម​ទាំង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដ៏​សំខាន់​ឯ​ទៀតៗ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ប្រារព្ធ​ធ្វើ។ គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត​ទាំង​មូល យញ្ញ‌បូជា​នៃ​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប​កូន​ចៅ​អ៊ីស្រា‌អែល»។
ពិធី​ជម្រះ​ទី‌សក្ការៈ​ឲ្យ​បរិសុទ្ធ
១៨ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ធ្វើ​យញ្ញ‌បូជា ដើម្បី​ជម្រះ​ទី‌សក្ការៈ​ឲ្យ​បរិសុទ្ធ។ ១៩ បូជា‌ចារ្យ​ត្រូវ​យក​ឈាម​របស់​សត្វ ដែល​គេ​បូជា​រំដោះ​បាប​នោះ លាប​នៅ​លើ​ក្រប​ទ្វារ​នៃ​ព្រះ‌ដំណាក់ លើ​គែម​ទាំង​បួន​ជ្រុង​របស់​អាសនៈ ព្រម​ទាំង​លើ​ក្រប​ខ្លោង​ទ្វារ​ខាង​ក្នុង​ផង។ ២០ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​ក្នុង​ខែ​ដដែល​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ ដើម្បី​លោះ​បាប​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​អចេតនា ឬ​ដោយ​ធ្វេស‌ប្រហែស។ អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ ដើម្បី​ជម្រះ​ព្រះ‌ដំណាក់​ឲ្យ​បរិសុទ្ធ។
២១ នៅ​ថ្ងៃ​ទី​ដប់‌បួន​នៃ​ខែ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង*។ បុណ្យ​នេះ​មាន‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ហើយ​ក្នុង​អំឡុង​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។ ២២ នៅ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​មួយ​មក​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប​ខ្លួន​ឯង​ផ្ទាល់ និង​បាប​របស់​ប្រជាជន​ទាំង​មូល។ ២៣ ក្នុង​អំឡុង​ពេល​បុណ្យ​ប្រាំ​ពីរ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​ប្រាំ​ពីរ និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​ដ៏​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​រៀង​រាល់​ថ្ងៃ ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​លោះ​បាប​ផង។ ២៤ សម្រាប់​គោ​មួយ ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ រីឯ​ចៀម​ឈ្មោល​មួយ​ក៏​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ​ដែរ ហើយ​ម្សៅ​មួយ​ថាំង​ត្រូវ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ។
២៥ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ប្រាំ​ពីរ នៅ​ពេល​បុណ្យ ត្រូវ​ថ្វាយ​យញ្ញ‌បូជា​លោះ​បាប ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ ព្រម​ទាំង​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​លាយ​ជា​មួយ​ប្រេង​ដូច​មុន​ដែរ»។
៤៦
ថ្ងៃ​សប្ប័ទ បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​ផ្សេងៗ
 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ត្រូវ​បិទ​ខ្លោង​ទ្វារ​ទីធ្លា​ខាង​ក្នុង គឺ​ខ្លោង​ទ្វារ​ខាង​កើត​ចំនួន​ប្រាំ​មួយ​ថ្ងៃ ដែល​ប្រជាជន​ធ្វើ​ការ តែ​ត្រូវ​បើក​ទ្វារ​នោះ​នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី។  មេ​ដឹក​នាំ​ត្រូវ​ចូល​មក​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​ខាង​ក្រៅ ហើយ​ឈប់​នៅ​ចំ​មាត់​ទ្វារ។ គាត់​ប្រគល់​សត្វ​ឲ្យ​ពួក​បូជា‌ចារ្យ ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​នៃ​មេត្រី‌ភាព។ មេ​ដឹក​នាំ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ នៅ​ត្រង់​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ។ ត្រូវ​ទុក​ខ្លោង​ទ្វារ​ចំហ​រហូត​ដល់​ល្ងាច។  នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី ប្រជាជន ត្រូវ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​មុខ​ខ្លោង​ទ្វារ​នេះ។
 មេ​ដឹក​នាំ​ត្រូវ​យក​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។  ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​ចៀម​ឈ្មោល​នោះ ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។  នៅ​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី មេ​ដឹក​នាំ​ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​មួយ​ក្បាល កូន​ចៀម​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល​ដែល​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ។  ត្រូវ​យក​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ​គោ​នោះ មួយ​ថាំង​ទៀត​ថ្វាយ​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។
 មេ​ដឹក​នាំ​ចូល​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល។  ពេល​ប្រជាជន​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ អ្នក​ណា​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង ដើម្បី​មក​ថ្វាយ‌បង្គំ ត្រូវ​ចេញ​ទៅ​វិញ​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង។ អ្នក​ណា​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង ត្រូវ​ចេញ​ទៅ​វិញ តាម​ខ្លោង​ទ្វារ​ខាង​ជើង។ មិន​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​ខ្លួន​ចូល​មក​នោះ​ឡើយ គឺ​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​នៅ​ទល់​មុខ។ ១០ ពេល​ប្រជាជន​ចូល មេ​ដឹក​នាំ​ក៏​ចូល​មក​ជា​មួយ ហើយ​ពេល​ពួក​គេ​ចេញ​ទៅ​វិញ គាត់​ក៏​ត្រូវ​ចេញ​ទៅ​វិញ​ជា​មួយ​ដែរ។
១១ នៅ​ថ្ងៃ​បុណ្យ​ធម្មតា ឬ​ក្នុង​ឱកាស​ពិធី​បុណ្យ​សំខាន់ៗ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​គោ​បា មួយ​ថាំង​ទៀត​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។ ១២ ប្រសិន​បើ​មេ​ដឹក​នាំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​មេត្រី‌ភាព​ពិសេស មក​ថ្វាយ​ព្រះ‌អម្ចាស់ គេ​ត្រូវ​បើក​ទ្វារ​ខាង​កើត​ឲ្យ​គាត់​ចូល។ គាត់​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​មេត្រី‌ភាព ដូច​គាត់​ធ្លាប់​ថ្វាយ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ។ បន្ទាប់​មក គាត់​ចេញ​ទៅ​វិញ រួច​គេ​ត្រូវ​បិទ​ទ្វារ​ពី​ក្រោយ​គាត់។
១៣ រៀង​រាល់​ថ្ងៃ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល អាយុ​មួយ​ខួប ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​នេះ​រៀង​រាល់​ព្រឹក។ ១៤ ចូរ​យក​តង្វាយ​ម្សៅ​ប្រាំ​គីឡូ‌ក្រាម និង​ប្រេង​ពីរ​លីត្រ​មក​លាយ​គ្នា ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ជា​មួយ​តង្វាយ​ដុត​នោះ​ដែរ។ ត្រូវ​ធ្វើ​តាម​សេចក្ដី​ដែល​មាន​បង្គាប់​ទុក​នេះ​រហូត​ត​ទៅ។ ១៥ រាល់​ព្រឹក ត្រូវ​ថ្វាយ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង ជា​តង្វាយ​ដុត រហូត​ត​រៀង​ទៅ»។
១៦ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរ‌អាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។ ១៧ ប៉ុន្តែ ប្រសិន​បើ​គាត់​យក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ប្រគល់​ជា​អំណោយ​ដល់​អ្នក​បម្រើ ដី​នោះ​នៅ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​បម្រើ រហូត​ដល់​ឆ្នាំ​ដែល​គេ​បាន​រួច​ទៅ​ជា​អ្នក​ជា បន្ទាប់​មក ត្រូវ​បង្វិល​ដី​នោះ​មក​មេ​ដឹក​នាំ​វិញ ដ្បិត​មាន​តែ​កូន​របស់​គាត់​ទេ ដែល​មាន​សិទ្ធិ​ទទួល​ដី​នោះ​ជា​កេរ‌មត៌ក។ ១៨ មេ​ដឹក​នាំ​មិន​ត្រូវ​ប៉ះ‌ពាល់​ដី‌ធ្លី​របស់​ប្រជាជន​ទេ គឺ​មិន​ត្រូវ​រឹប​អូស​យក​ដី​របស់​ពួក​គេ​ឡើយ។ មេ​ដឹក​នាំ​ត្រូវ​យក​ដី​របស់​ខ្លួន​ផ្ទាល់ ចែក​ជា​កេរ‌មត៌ក​ដល់​កូនៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន បាត់​បង់​ដី‌ធ្លី​របស់​ខ្លួន»។
១៩ បន្ទាប់​មក បុរស​នោះ​នាំ​ខ្ញុំ​ចូល​តាម​ច្រក​មួយ​នៅ​ក្បែរ​ខ្លោង​ទ្វារ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ដែល​បម្រុង​ទុក​សម្រាប់​ពួក​បូជា‌ចារ្យ គឺ​បន្ទប់​ដែល​បែរ​មុខ​ទៅ​រក​ទិស​ខាង​ជើង។ ខ្ញុំ​ឃើញ​កន្លែង​មួយ​នៅ​កៀន​ខាង​ក្នុង គឺ​នៅ​ខាង​លិច។ ២០ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ពួក​បូជា‌ចារ្យ​ស្ងោរ​សាច់ ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស និង​យញ្ញ‌បូជា​រំដោះ​បាប។ គេ​ក៏​ចម្អិន​តង្វាយ​ម្សៅ​នៅ​ទី​នេះ​ដែរ ដើម្បី​ចៀស‌វាង​សែង​ទៅ​ខាង​ក្រៅ ក្រែង​លោ​ប្រជាជន​ប៉ះ‌ពាល់​របស់​សក្ការៈ»។ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​កាត់​ជ្រុង​ទាំង​បួន​នៃ​ទី‌លាន។ តាម​ជ្រុង​នីមួយៗ​នៃ​ទី‌លាន​នោះ មាន​ទីធ្លា​មួយ។ ២២ ទីធ្លា​ទាំង​បួន​មាន​ទំហំ​តូច​ប៉ុនៗ​គ្នា គឺ​បណ្តោយ​សែ‌សិប​ហត្ថ និង​ទទឹង​សាម‌សិប​ហត្ថ។ ២៣ មាន​របង​មួយ​ព័ទ្ធ​ជុំ‌វិញ​ទីធ្លា​ទាំង​បួន ហើយ​មាន​កន្លែង​ធ្វើ​ម្ហូប នៅ​ជាប់​នឹង​របង​ដែល​ព័ទ្ធ​ជុំ‌វិញ​នោះ​ផង។ ២៤ បុរស​នោះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​ជំនួយ​ការ​ក្នុង​ព្រះ‌ដំណាក់​ចម្អិន​សាច់ ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា»។
៤៧
ទឹក​ស្ទឹង​ហូរ​ចេញ​ពី​ព្រះ‌វិហារ
 បុរស​នោះ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ព្រះ‌ដំណាក់​វិញ។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ទឹក​ផុស​ចេញ​ពី​ក្រោម​មាត់​ទ្វារ ហូរ​ទៅ​ទិស​ខាង​កើត ព្រោះ​ព្រះ‌ដំណាក់​បែរ​មុខ​ទៅ​ខាង​កើត។ ទឹក​ហូរ​ចុះ​ទៅ​ខាង​ស្តាំ​ព្រះ‌ដំណាក់ កាត់​តាម​ខាង​ត្បូង​អាសនៈ។  បុរស​នោះ​នាំ​ខ្ញុំ​ចេញ​ពី​ទី‌លាន​តាម​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ដើរ​វាង​ព្រះ‌ដំណាក់ រហូត​ដល់​ខាង​ក្រៅ​ទ្វារ​ខាង​កើត។ នៅ​ទី​នោះ ទឹក​ក៏​ហូរ​ចេញ​ពី​ខាង​ស្តាំ​មក​ដែរ។
 កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់ លោក​វាស់​មួយ​ពាន់​ហត្ថ រួច​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។  លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ហើយ​ឲ្យ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ក្បាល​ជង្គង់។ លោក​វាស់​មួយ​ពាន់​ហត្ថ​សា​ជា​ថ្មី​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​ទឹក លើក​នេះ ទឹក​ឡើង​ដល់​ត្រឹម​ចង្កេះ។  លោក​វាស់​ថែម​មួយ​ពាន់​ហត្ថ​ទៀត ពេល​នោះ ទឹក​ហូរ​ខ្លាំង​ដូច​ទឹក​ស្ទឹង ខ្ញុំ​លុយ​លែង​កើត​ត្រូវ​តែ​ហែល ព្រោះ​ទឹក​ឡើង​ខ្លាំង​ពេក ហើយ​ជ្រៅ​ផង។  លោក​ប្រាប់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​អ្នក​ឃើញ​ឬ​ទេ?» លោក​ក៏​នាំ​ខ្ញុំ​ទៅ​មាត់​ស្ទឹង​វិញ។  កាល​ខ្ញុំ​មក​ដល់​មាត់​ស្ទឹង ឃើញ​មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​ទាំង​សង​ខាង។  លោក​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។  ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើក‌រវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។ ១០ ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-‌កេឌី រហូត​ដល់​អេន-‌អេក្លា‌អ៊ីម។ ត្រី​នៅ​ក្នុង​នោះ មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហា‌សាគរ។ ១១ រីឯ​ទឹក​នៅ​តាម​ព្រៃ​ល្បប់ និង​ព្រៃ​រនាម​ជាប់​នឹង​សមុទ្រ​នោះ នៅ​តែ​ប្រៃ​ដដែល ព្រោះ​ជា​កន្លែង​បម្រុង​ទុក​សម្រាប់​ធ្វើ​អំបិល។ ១២ នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះ ស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្តល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទី‌សក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សម្រាប់​កែ​រោគ​ផង»។
ការ​បែង​ចែក​ទឹក​ដី​ស្រុក​អ៊ីស្រា‌អែល
១៣ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ: កូន​ចៅ​យ៉ូសែប​ទទួល​ពីរ​ចំណែក។ ១៤ ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ឲ្យ​ស្មើ គឺ​ស្រប​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ថា នឹង​ប្រគល់​ឲ្យ​ដូន‌តា​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ ទឹក​ដី​នេះ​ត្រូវ​បាន​ជា​កេរ‌មត៌ក​របស់​អ្នក​រាល់​គ្នា។ ១៥ ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ ផ្លូវ​ទៅ​ហេត‌ឡូន​រហូត​ដល់​ច្រក​ចូល​សេដាត ១៦ ហាម៉ាត់ បេរ៉ូតា ស៊ីប្រា‌អ៊ីម ដែល​នៅ​ចន្លោះ​ព្រំ‌ដែន​ដាម៉ាស់ និង​ព្រំ‌ដែន​ហា‌ម៉ាត់ ហាស៊ែរ-‌ហាត់ទី‌កូន នៅ​ព្រំ‌ដែន​ហាវរ៉ន។ ១៧ ដូច្នេះ ព្រំ‌ដែន​ខាង​ជើង​ត្រូវ​លាត​សន្ធឹង​ចាប់​ពី​សមុទ្រ កាត់​តាម​ហាត់សារ-‌អេណូន ព្រំ‌ប្រទល់​ដាម៉ាស សាផូន​ខាង​ជើង និង​ព្រំ‌ប្រទល់​ស្រុក​ហាម៉ាត់។ ១៨ ព្រំ‌ដែន​ខាង​កើត គឺ​ទន្លេ​យ័រដាន់ នៅ​ចន្លោះ​ហាវរ៉ុន ដាម៉ាស់ និង​កាឡាដ ព្រម​ទាំង​ស្រុក​អ៊ីស្រា‌អែល។ ព្រំ‌ដែន​ខាង​កើត​នេះ ត្រូវ​វាស់​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត។ ១៩ ព្រំ‌ប្រទល់​ខាង​ត្បូង​លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ប្រភព​ទឹក​មេរី‌បា នៅ​វាល​រហោ‌ស្ថាន​កាដែស និង​រហូត​ដល់​ទឹក​អូ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។ ២០ ព្រំ‌ដែន​ខាង​លិច គឺ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ ដោយ​គិត​ចាប់​តាំង​ពី​ព្រំ‌ប្រទល់​ខាង​ត្បូង រហូត​ទៅ​ដល់​ច្រក​ចូល​ហា‌ម៉ាត់។
២១ ត្រូវ​ចែក​ទឹក​ដី​គ្នា​តាម​កុល‌សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ២២ ត្រូវ​បែង​ចែក​ដី​នេះ​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ រីឯ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ ហើយ​បង្កើត​កូន​ចៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​រាប់​ជា​ម្ចាស់​ស្រុក​ដូច​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ គឺ​ឲ្យ​គេ​ចាប់​ឆ្នោត​ទទួល​ដី​ជា​ចំណែក​មត៌ក ជា​មួយ​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ ២៣ ដូច្នេះ ជន​បរទេស​ស្នាក់​ជា​មួយ​កុល‌សម្ព័ន្ធ​ណា ត្រូវ​ចែក​ដី​ឲ្យ​គេ​ក្នុង​កុល‌សម្ព័ន្ធ​នោះ ទុក​ជា​ចំណែក​មត៌ក​ផង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។
៤៨
ត​ទៅ​នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ និង​ចំណែក​មត៌ក​របស់​គេ។ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់​ស្ថិត​នៅ​ចុង​ខាង​ជើង​បំផុត គឺ​នៅ​តាម​បណ្តោយ​ផ្លូវ​ពី​ហាត់ឡូន​ទៅ​ហាម៉ាត់ ហាត់សារ-‌អេណូន ព្រំ‌ប្រទល់​ដាម៉ាស គឺ​ទៅ​ដល់​ខាង​ជើង​ហាម៉ាត់ លាត​សន្ធឹង​ចាប់​ពី​ទិស​ខាង​កើត ទៅ​ទិស​ខាង​លិច។  ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អស៊ែរ​ស្ថិត​នៅ​ជាប់​នឹង​ទឹក​ដី​ដាន់ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។  ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែបថា‌លី​នៅ​ជាប់​នឹង​ទឹក​ដី​អស៊ែរ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។  ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ជាប់​នឹង​ទឹក​ដី​ណែបថា‌លី ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។  ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​នៅ​ជាប់​នឹង​ទឹក​ដី​ម៉ាណា‌សេ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។  ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន​នៅ​ជាប់​នឹង​ទឹក​ដី​អេប្រា‌អ៊ីម ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។  ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា​នៅ​ជាប់​នឹង​ទឹក​ដី​រូបេន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។
 នៅ​ជាប់​នឹង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ត្រូវ​ញែក​ដី​មួយ​ចំណែក​ដែល​មាន​ទទឹង​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ ហើយ​មាន​បណ្តោយ​ស្មើ​នឹង​ចំណែក​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ ដែល​រាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ទី‌សក្ការៈ​ត្រូវ​នៅ​ចំ​កណ្ដាល​ដី​នោះ។  ដី​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​មាន​បណ្តោយ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ ទទឹង​មួយ‌ម៉ឺន​ហត្ថ។ ១០ ដី​ដ៏​សក្ការៈ​នេះ ត្រូវ​ចែក​ឲ្យ​ពួក​បូជា‌ចារ្យ​ទុក​ជា​កម្ម‌សិទ្ធិ គឺ​ខាង​ជើង​មាន​ប្រវែង​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ‌ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ‌ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ។ ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់​ត្រូវ​នៅ​ចំ​កណ្ដាល។ ១១ ដី​នេះ​ត្រូវ​បាន​ជា​កម្ម‌សិទ្ធិ​កូន​ចៅ​របស់​លោក​សាដុក ដែល​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ។ អ្នក​ទាំង​នោះ​ប្ដូរ​ផ្ដាច់​បម្រើ​យើង គឺ​នៅ​គ្រា​ដែល ជន​ជាតិ​អ៊ីស្រា‌អែល​វង្វេង​ឆ្ងាយ​ពី​យើង បូជា‌ចារ្យ​ទាំង​នោះ​ពុំ​បាន​វង្វេង​ដូច​ពួក​លេវី​ទេ។ ១២ ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​ដី​ដ៏​សក្ការៈ​បំផុត​នេះ ជា​ដី​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ជាប់​នឹង​ដី​របស់​ពួក​លេវី។ ១៣ ពួក​លេវី​នឹង​ទទួល​ដី ដែល​នៅ​តាម​បណ្តោយ​ព្រំ‌ប្រទល់​ដី​របស់​ពួក​បូជា‌ចារ្យ គឺ​បណ្តោយ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ ទទឹង​មួយ‌ម៉ឺន​ហត្ថ​ដូច​ទំហំ​ដី​របស់​បូជា‌ចារ្យ​ដែរ។ ១៤ ពួក​គេ​មិន​អាច​លក់​ដូរ ឬ​បង្វិល​ដី​ទាំង​នេះ​ទេ ព្រោះ​ជា​ចំណែក​ល្អ​ជាង​គេ​ដែល​បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់
១៥ ចំណែក​ឯ​ដី​ដែល​នៅ​សល់ មាន​ទទឹង​ប្រាំ‌ពាន់​ហត្ថ និង​បណ្តោយ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ ត្រូវ​ចាត់​ទុក​ជា​ដី​សាមញ្ញ​ធម្មតា សម្រាប់​សង់​ក្រុង ផ្ទះ និង​វាល​ស្មៅ ទីក្រុង​ស្ថិត​នៅ​ចំ​កណ្ដាល។ ១៦ ទីក្រុង​នេះ​មាន​ទំហំ​ដូច​ត​ទៅ: ខាង​ជើង​ប្រវែង​បួន‌ពាន់​ប្រាំ‌រយ​ហត្ថ ខាង​ត្បូង​ប្រវែង​បួន‌ពាន់​ប្រាំ‌រយ​ហត្ថ ខាង​កើត​ប្រវែង​បួន‌ពាន់​ប្រាំ‌រយ​ហត្ថ ខាង​លិច​ប្រវែង​បួន‌ពាន់​ប្រាំ‌រយ​ហត្ថ។ ១៧ ទីក្រុង​នេះ​ត្រូវ​មាន​វាល​ស្មៅ​ពីរ‌រយ​ហា‌សិប​ហត្ថ​ខាង​ជើង ពីរ‌រយ​ហា‌សិប​ហត្ថ​ខាង​ត្បូង ពីរ‌រយ​ហា‌សិប​ហត្ថ​ខាង​កើត ពីរ‌រយ​ហា‌សិប​ហត្ថ​ខាង​លិច។ ១៨ ដី​ដែល​នៅ​សល់​តាម​បណ្តោយ​ដី​សក្ការៈ​មាន​ប្រវែង​មួយ‌ម៉ឺន​ហត្ថ​ខាង​កើត មួយ‌ម៉ឺន​ហត្ថ​ខាង​លិច។ ដី​នោះ​ទុក​សម្រាប់​ដាំ​ដំណាំ ជា​អាហារ​របស់​អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង។ ១៩ អ្នក​ធ្វើ​ការ​ក្នុង​ទីក្រុង ទោះ​បី​គេ​មក​ពី​កុល‌សម្ព័ន្ធ​ណា​ក្តី ក៏​គេ​អាច​ដាំ​ដំណាំ​លើ​ដី​នោះ​បាន​ដែរ។ ២០ សរុប​មក ដី​ដែល​ត្រូវ​ញែក​ទុក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ប្រវែង​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ​បួន​ជ្រុង។ ត្រូវ​ទុក​ដី​សក្ការៈ​នោះ​មួយ​ភាគ​បួន ជា​កម្ម‌សិទ្ធិ​របស់​ទីក្រុង។
២១ ដី​ដែល​នៅ​សល់ ត្រូវ​បាន​ជា​កម្ម‌សិទ្ធិ​របស់​មេ​ដឹក​នាំ គឺ​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​របស់​ទីក្រុង មាន​បណ្តោយ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​ហត្ថ ហើយ​ទទឹង​គិត​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​កើត និង​ព្រំ‌ប្រទល់​ខាង​លិច។ ដី​សក្ការៈ និង​ទី‌សក្ការៈ​ក្នុង​ព្រះ‌ដំណាក់​ស្ថិត​នៅ​ចំ​កណ្ដាល។ ២២ ដី​របស់​មេ​ដឹក​នាំ​មាន​ដី​របស់​ពួក​លេវី និង​ដី​របស់​ទីក្រុង​នៅ​ចំ​ពាក់​កណ្ដាល ដី​នោះ​ស្ថិត​នៅ​ចន្លោះ​ដី​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ ២៣ កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ដែល​ត្រូវ​ទទួល​ដី​ជា​ចំណែក​មត៌ក​នោះ គឺ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ២៤ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ស៊ីម៉ូន​នៅ​ជាប់​នឹង​ទឹក​ដី​បេន‌យ៉ាមីន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ២៥ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសាកា​នៅ​ជាប់​នឹង​ទឹក​ដី​ស៊ីម៉ូន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ២៦ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន​នៅ​ជាប់​នឹង​ទឹក​ដី​អ៊ីសាកា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ២៧ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ​នៅ​ជាប់​នឹង​ទឹក​ដី​សាប៊ូ‌ឡូន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ២៨ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ ជា​ព្រំ‌ដែន​ខាង​ត្បូង​របស់​ស្រុក លាត​សន្ធឹង​ចាប់​ពី​តាម៉ារ​រហូត​ដល់​មេរី‌បា​នៅ​វាល​រហោ‌ស្ថាន​កាដែស និង​រហូត​ដល់​ទឹក​អូរ ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។ ២៩ នេះ​ហើយ​ជា​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក ដល់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ចាប់​ឆ្នោត​យក​ជា​ចំណែក​មត៌ក​របស់​ពួក​គេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
៣០ រីឯ​ច្រក​ចូល​ទីក្រុង​មាន​ដូច​ត​ទៅ: កំពែង​ខាង​ជើង​មាន​បណ្តោយ​បួន‌ពាន់​ប្រាំ‌រយ​ហត្ថ។ ៣១ នៅ​កំពែង​នេះ​មាន​ទ្វារ​ក្រុង​បី ដាក់​ឈ្មោះ​តាម​កុល‌សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​ទ្វារ​រូបេន ទ្វារ​យូដា និង​ទ្វារ​លេវី។ ៣២ កំពែង​ខាង​កើត​មាន​បណ្តោយ​បួន‌ពាន់​ប្រាំ‌រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​យ៉ូសែប ទ្វារ​បេន‌យ៉ាមីន និង​ទ្វារ​ដាន់។ ៣៣ កំពែង​ខាង​ត្បូង​មាន​បណ្តោយ​បួន‌ពាន់​ប្រាំ‌រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​ស៊ីម៉ូន ទ្វារ​អ៊ីសាកា និង​ទ្វារ​សាប៊ូ‌ឡូន។ ៣៤ កំពែង​ខាង​លិច​មាន​បណ្តោយ​បួន‌ពាន់​ប្រាំ‌រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​កាដ ទ្វារ​អស៊ែរ និង​ទ្វារ​ណែបថា‌លី។ ៣៥ ប្រវែង​ជុំ‌វិញ​មាន​ទាំង​អស់​មួយ‌ម៉ឺន​ប្រាំ‌បី​ពាន់​ហត្ថ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ទីក្រុង​នឹង​មាន​ឈ្មោះ​ថា «ព្រះ‌អម្ចាស់​គង់​នៅ​ទី​នេះ»។
713 Views

Theme: Overlay by Kaira