សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
អែសធែរ

ពាក្យលំនាំ

ព្រះ‌នាង​អេសធែរ

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ព្រះនាង​អេសធែរ​ជា​ភាសា​ហេប្រឺ

គម្ពីរ​អេសធែរ រៀប​រាប់​អំពី​របៀប​ដែល​ជន​ជាតិ​យូដា​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ជំនាន់ ដែល​ចក្រ‌ភព​ពែរ្ស​ត្រួត‌ត្រា​លើ​មជ្ឈិម‌បូព៌ា​ប្រទេស គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេត្យូពី។ ជន​ជាតិ​យូដា​មួយ​ចំនួន​ធំ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន ពុំ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​ពេល​ជន​ជាតិ​បាប៊ីឡូន​បែក​ស្រុក (ឆ្នាំ ៥៣៩​មុនគ.ស.) នោះ​ឡើយ។ ជន​ជាតិ​យូដា​ទាំង​នោះ​តែង​ជួប​ប្រទះ​នូវ​ការ​ប្រឆាំង​ពី​សំណាក់​ជាតិ​សាសន៍​ផ្សេងៗ ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ដ្បិត​ជន​ជាតិ​យូដា​មាន​ជំនឿ​សាសនា និង​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​សាសន៍​ដទៃ។ កណ្ឌ​គម្ពីរ​នេះ​រៀប​រាប់​ប្រាប់​យើង​អំពី​វិវាទ​រវាង​លោក​ហាម៉ាន់ ជា​មហា​មន្ត្រី​របស់​ព្រះ‌ចៅ​ស៊ែរសេស និង​លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ដែល​បណ្តាល​ឲ្យ​មាន​គម្រោង‌ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​មូល។ ប៉ុន្តែ នាង​អេសធែរ ជា​ក្មួយ​របស់​លោក​ម៉ាដេកាយ បាន​ឡើង​ទៅ​ជា​មហា​ក្សត្រិ‌យានី ហើយ​រំដោះ​ជន​ជាតិ​យូដា​ឲ្យ​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ថ្ងៃ​ដែល​គេ​គ្រោង​ទុក​ដើម្បី​ប្រល័យ​ពូជ​សាសន៍​យូដា បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​ជន​ជាតិ​យូដា​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ ហើយ​ថ្ងៃ​នោះ ជា​ដើម​កំណើត​នៃ​ពិធី​បុណ្យ​មួយ​របស់​ជន​ជាតិ​យូដា​ឈ្មោះ «បុណ្យ​ពួរីម»។
គម្ពីរ​អេសធែរ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​គំនិត​ជាតិ​និយម​របស់​ជន​ជាតិ​យូដា ដែល​ជំរុញ​ឲ្យ​ពួក​គេ​មាន​បំណង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។ គំនិត​សង‌សឹក​នេះ​ជា​ប្រតិ‌កម្ម​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ព្រម​ទាំង​អំពើ​ហិង្សា​របស់​សាសន៍​ដទៃ​ចំពោះ​ជន​ជាតិ​យូដា។ គម្ពីរ​អេសធែរ​ធ្វើ​ឲ្យ​យើង​ចង​ចាំ​ថា ការ​ប្រកាន់​ពូជ​សាសន៍ ការ​មិន​ព្រម​ទទួល​អ្នក​ដទៃ​បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា ហើយ​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា​រឹត​តែ​ខ្លាំង​ថែម​ទៀត។
នៅ​ជំនាន់​មួយ​ដែល​ជន​ជាតិ​យូដា​បាត់​បង់​បូរណ‌ភាព​ទឹក​ដី ហើយ​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​សាសន៍​ដទៃ ពួក​គេ​លែង​មាន​សង្ឃឹម​ថា​នឹង​ទទួល​ឯក​រាជ​ជាតិ​ទៀត​ហើយ។ រឿង «ព្រះ‌នាង​អេសធែរ» រំឭក​ពួក​គេ​អំពី​ការ​រំដោះ​មួយ​ដ៏​ធំ‌ធេង ដែល​ផ្តល់​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ។

អត្ថបទ​បន្ថែម​ជា​ភាសា​ក្រិក

ជន​ជាតិ​យូដា​ដែល​រស់​នៅ​ខ្ចាត់‌ខ្ចាយ​នៅ​មជ្ឈិម​បូព៌ា បក​ប្រែ​គម្ពីរ‌វិន័យ​នៅ​សតវត្ស​ទី៣ រួច​នាំ​គ្នា​បក​ប្រែ​កណ្ឌ​ព្យាការី និង​កណ្ឌ​ផ្សេង​តាម​ក្រោយ (គម្ពីរ​នោះ​ហៅ​ថា «គម្ពីរ​ចិត​សិប» LXX)។ អ្នក​បក​ប្រែ​បន្ថែម​សេចក្តី​ជា​ច្រើន ឧប. ក្នុង​កណ្ឌ​ព្រះ‌នាង​អេសធែរ គេ​បន្ថែម ៩៣ ខ លើស​ពី ១៦៧ នៃ​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ។
កណ្ឌ​ទាំង​ពីរ​មាន​សាច់​រឿង​ប្រហែល​គ្នា ប៉ុន្តែ អ្នក​បក​ប្រែ​ដូរ​ឈ្មោះ​ជា​ច្រើន (ព្រះ‌នាង‌អ័ស្ទីន​ជំនួស​ព្រះ‌នាង​វ៉ាស្ទី ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស​ជំនួស​ព្រះ‌ចៅ​ស៊ែរសេស) ហើយ​បន្ថែម​អត្ថបទ​ប្រាំ‌មួយ (មាន​កំណត់​តាម​អក្សរ ក ខ គ ឃ ង ច ឆ)។
ក និង​ច នៅ​ខាង​ដើម និង​នៅ​ខាង​ចុង​នៃ​រឿង ដើម្បី​បញ្ជាក់​អត្ថន័យ​រឿង គឺ​ព្រះ‌ជាម្ចាស់​ណែ​នាំ​ប្រជាជន​នានា ព្រះ‌អង្គ​លើក​ស្ទួយ​ប្រជាជន ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស និង​ទម្លាក់​អ្នក​ដឹកនាំ​ដែល​មាន​ចិត្ត​ព្រ‌ហើន​កោង​កាច។
ខ និង​ង រៀប​រាប់​អំពី​រាជ​ក្រឹត្យ​បញ្ជា​ឲ្យ​ប្រល័យ​ពូជ‌សាសន៍​យូដា។
គ ជា​ពាក្យ​ទូល​អង្វរ​របស់​លោក​ម៉ាដេកាយ និង​ព្រះ‌នាង​អេសធែរ។
ឃ តំណាល​អំពី​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌បាទ​អ័រតារ‌ស៊ែរសេស។
ក្នុង​កណ្ឌ​ជា​ភាសា​ហេប្រឺ មាន​ខ​តែ​មួយ ដែល​បញ្ជាក់​អំពី​ព្រះ‌ជាម្ចាស់​យាង​មក​ជួយ​គេ (៤,១៤)។ ផ្ទុយ​ទៅ​វិញ ក្នុង​កណ្ឌ​ប្រែ​ជា​ភាសា​ក្រិក មាន​ពន្យល់​សេចក្តី​នេះ​ជា​ហូរ​ហែ។ របៀប​និពន្ធ​ទាំង​ពីរ​យ៉ាង​នេះ បញ្ជាក់​អំពី​របៀប​ពីរ ដែល​អ្នក​ជឿ​តែង​តែ​ប្រកាស​ជំនឿ​របស់​ខ្លួន គឺ​អ្នក​និពន្ធ​កណ្ឌ​ជា​ភាសា​ហេប្រឺ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​សកម្ម‌ភាព​តាម‌រយៈ​សកម្ម‌ភាព​របស់​មនុស្ស ជា​ពិសេស នៅ​គ្រា​ដែល​មនុស្ស​ឃោ​ឃៅ​ធ្វើ​បាប​អ្នក​តូចតាច។ រីឯ​អ្នក​និពន្ធ​កណ្ឌ​ជា​ភាសា​ក្រិក យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​នៅ​តែ​មាន​សកម្ម‌ភាព​ដោយ​ផ្ទាល់​ព្រះ‌អង្គ​ជា‌និច្ច។

ព្រះ‌នាង​អេសធែរ

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ព្រះនាង​អេសធែរ​ជា​ភាសា​ហេប្រឺ
គម្ពីរ​អេសធែរ រៀប​រាប់​អំពី​របៀប​ដែល​ជន​ជាតិ​យូដា​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ជំនាន់ ដែល​ចក្រ‌ភព​ពែរ្ស​ត្រួត‌ត្រា​លើ​មជ្ឈិម‌បូព៌ា​ប្រទេស គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេត្យូពី។ ជន​ជាតិ​យូដា​មួយ​ចំនួន​ធំ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន ពុំ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​ពេល​ជន​ជាតិ​បាប៊ីឡូន​បែក​ស្រុក (ឆ្នាំ ៥៣៩​មុនគ.ស.) នោះ​ឡើយ។ ជន​ជាតិ​យូដា​ទាំង​នោះ​តែង​ជួប​ប្រទះ​នូវ​ការ​ប្រឆាំង​ពី​សំណាក់​ជាតិ​សាសន៍​ផ្សេងៗ ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ដ្បិត​ជន​ជាតិ​យូដា​មាន​ជំនឿ​សាសនា និង​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​សាសន៍​ដទៃ។ កណ្ឌ​គម្ពីរ​នេះ​រៀប​រាប់​ប្រាប់​យើង​អំពី​វិវាទ​រវាង​លោក​ហាម៉ាន់ ជា​មហា​មន្ត្រី​របស់​ព្រះ‌ចៅ​ស៊ែរសេស និង​លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ដែល​បណ្តាល​ឲ្យ​មាន​គម្រោង‌ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​មូល។ ប៉ុន្តែ នាង​អេសធែរ ជា​ក្មួយ​របស់​លោក​ម៉ាដេកាយ បាន​ឡើង​ទៅ​ជា​មហា​ក្សត្រិ‌យានី ហើយ​រំដោះ​ជន​ជាតិ​យូដា​ឲ្យ​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ថ្ងៃ​ដែល​គេ​គ្រោង​ទុក​ដើម្បី​ប្រល័យ​ពូជ​សាសន៍​យូដា បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​ជន​ជាតិ​យូដា​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ ហើយ​ថ្ងៃ​នោះ ជា​ដើម​កំណើត​នៃ​ពិធី​បុណ្យ​មួយ​របស់​ជន​ជាតិ​យូដា​ឈ្មោះ «បុណ្យ​ពួរីម»។
គម្ពីរ​អេសធែរ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​គំនិត​ជាតិ​និយម​របស់​ជន​ជាតិ​យូដា ដែល​ជំរុញ​ឲ្យ​ពួក​គេ​មាន​បំណង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។ គំនិត​សង‌សឹក​នេះ​ជា​ប្រតិ‌កម្ម​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ព្រម​ទាំង​អំពើ​ហិង្សា​របស់​សាសន៍​ដទៃ​ចំពោះ​ជន​ជាតិ​យូដា។ គម្ពីរ​អេសធែរ​ធ្វើ​ឲ្យ​យើង​ចង​ចាំ​ថា ការ​ប្រកាន់​ពូជ​សាសន៍ ការ​មិន​ព្រម​ទទួល​អ្នក​ដទៃ​បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា ហើយ​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា​រឹត​តែ​ខ្លាំង​ថែម​ទៀត។
នៅ​ជំនាន់​មួយ​ដែល​ជន​ជាតិ​យូដា​បាត់​បង់​បូរណ‌ភាព​ទឹក​ដី ហើយ​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​សាសន៍​ដទៃ ពួក​គេ​លែង​មាន​សង្ឃឹម​ថា​នឹង​ទទួល​ឯក​រាជ​ជាតិ​ទៀត​ហើយ។ រឿង «ព្រះ‌នាង​អេសធែរ» រំឭក​ពួក​គេ​អំពី​ការ​រំដោះ​មួយ​ដ៏​ធំ‌ធេង ដែល​ផ្តល់​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ។
អត្ថបទ​បន្ថែម​ជា​ភាសា​ក្រិក
ជន​ជាតិ​យូដា​ដែល​រស់​នៅ​ខ្ចាត់‌ខ្ចាយ​នៅ​មជ្ឈិម​បូព៌ា បក​ប្រែ​គម្ពីរ‌វិន័យ​នៅ​សតវត្ស​ទី៣ រួច​នាំ​គ្នា​បក​ប្រែ​កណ្ឌ​ព្យាការី និង​កណ្ឌ​ផ្សេង​តាម​ក្រោយ (គម្ពីរ​នោះ​ហៅ​ថា «គម្ពីរ​ចិត​សិប» LXX)។ អ្នក​បក​ប្រែ​បន្ថែម​សេចក្តី​ជា​ច្រើន ឧប. ក្នុង​កណ្ឌ​ព្រះ‌នាង​អេសធែរ គេ​បន្ថែម ៩៣ ខ លើស​ពី ១៦៧ នៃ​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ។
កណ្ឌ​ទាំង​ពីរ​មាន​សាច់​រឿង​ប្រហែល​គ្នា ប៉ុន្តែ អ្នក​បក​ប្រែ​ដូរ​ឈ្មោះ​ជា​ច្រើន (ព្រះ‌នាង‌អ័ស្ទីន​ជំនួស​ព្រះ‌នាង​វ៉ាស្ទី ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស​ជំនួស​ព្រះ‌ចៅ​ស៊ែរសេស) ហើយ​បន្ថែម​អត្ថបទ​ប្រាំ‌មួយ (មាន​កំណត់​តាម​អក្សរ ក ខ គ ឃ ង ច ឆ)។
ក និង​ច នៅ​ខាង​ដើម និង​នៅ​ខាង​ចុង​នៃ​រឿង ដើម្បី​បញ្ជាក់​អត្ថន័យ​រឿង គឺ​ព្រះ‌ជាម្ចាស់​ណែ​នាំ​ប្រជាជន​នានា ព្រះ‌អង្គ​លើក​ស្ទួយ​ប្រជាជន ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស និង​ទម្លាក់​អ្នក​ដឹកនាំ​ដែល​មាន​ចិត្ត​ព្រ‌ហើន​កោង​កាច។
ខ និង​ង រៀប​រាប់​អំពី​រាជ​ក្រឹត្យ​បញ្ជា​ឲ្យ​ប្រល័យ​ពូជ‌សាសន៍​យូដា។
គ ជា​ពាក្យ​ទូល​អង្វរ​របស់​លោក​ម៉ាដេកាយ និង​ព្រះ‌នាង​អេសធែរ។
ឃ តំណាល​អំពី​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌បាទ​អ័រតារ‌ស៊ែរសេស។
ក្នុង​កណ្ឌ​ជា​ភាសា​ហេប្រឺ មាន​ខ​តែ​មួយ ដែល​បញ្ជាក់​អំពី​ព្រះ‌ជាម្ចាស់​យាង​មក​ជួយ​គេ (៤,១៤)។ ផ្ទុយ​ទៅ​វិញ ក្នុង​កណ្ឌ​ប្រែ​ជា​ភាសា​ក្រិក មាន​ពន្យល់​សេចក្តី​នេះ​ជា​ហូរ​ហែ។ របៀប​និពន្ធ​ទាំង​ពីរ​យ៉ាង​នេះ បញ្ជាក់​អំពី​របៀប​ពីរ ដែល​អ្នក​ជឿ​តែង​តែ​ប្រកាស​ជំនឿ​របស់​ខ្លួន គឺ​អ្នក​និពន្ធ​កណ្ឌ​ជា​ភាសា​ហេប្រឺ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​សកម្ម‌ភាព​តាម‌រយៈ​សកម្ម‌ភាព​របស់​មនុស្ស ជា​ពិសេស នៅ​គ្រា​ដែល​មនុស្ស​ឃោ​ឃៅ​ធ្វើ​បាប​អ្នក​តូចតាច។ រីឯ​អ្នក​និពន្ធ​កណ្ឌ​ជា​ភាសា​ក្រិក យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​នៅ​តែ​មាន​សកម្ម‌ភាព​ដោយ​ផ្ទាល់​ព្រះ‌អង្គ​ជា‌និច្ច។
1
សុបិន​និមិត្ត​របស់​លោក​ម៉ាដេកាយ
 នៅ​ថ្ងៃ​ទី​មួយ ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ​កាល​ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស ដ៏​ប្រសើរ​ឧត្ដម លោក​ម៉ាដេកាយ យល់​សុបិន​ដ៏​អស្ចារ្យ។ លោក​ម៉ាដេកាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ចៅ​របស់​លោក​ស៊ីម៉ាយ ជា​ចៅ​ទួត​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។  លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា រស់​នៅ​ក្នុង​ក្រុង​ស៊ូសា លោក​ជា​ជន​ដ៏​សំខាន់​មួយ​រូប ដែល​បម្រើ​ការ​ងារ​ក្នុង​រាជ​វាំង។  លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រជាជន ដែល​ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន កៀរ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ជា​មួយ​ព្រះ‌បាទ​យេខូ‌នីយ៉ា ជា​ស្ដេច​ស្រុក​យូដា។  លោក​ម៉ាដេកាយ សុបិន​ដូច​ត​ទៅ៖ មាន​ឮ​សូរ​សម្រែក​ជា​ខ្លាំង និង​ស្នូរ​ប្រជាជន​ជ្រួល​ច្របល់ ផ្គរ​លាន់ ផែន​ដី​រញ្ជួយ ហើយ​មាន​កើត​ចលា‌ចល នៅ​លើ​ផែន​ដី​ទាំង​មូល។  ស្រាប់​តែ​មាន​នាគ​ធំៗ​ពីរ​លេច​ឡើង បម្រុង​នឹង​ត​យុទ្ធ​គ្នា។ នាគ​ទាំង​ពីរ​នោះ ស្រែក​លាន់​ឮ​រំ​ពង​យ៉ាង​ខ្លាំង។  ពេល​ឮ​សូរ​សម្រែក​នោះ ប្រជា‌ជាតិ​នី​មួយៗ​ប្រុង​ទៅ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ដែល​មាន​សុទ្ធ​តែ​មនុស្ស​សុចរិត។
 ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធ‌ការ ជា​ថ្ងៃ​ដែល ប្រជាជន​ជួប​គ្រោះ​អា​សន្ន និង​តប់​ប្រមល់ ជា​ថ្ងៃ​ត្រូវ​គេ​សង្កត់​សង្កិន និង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​នៅ​លើ​ផែន​ដី។  ប្រជា‌ជាតិ​របស់​មនុស្ស​សុចរិត​ទាំង​មូល​នាំ​គ្នា​ជ្រួល​ច្របល់ និង​តក់​ស្លុត​ចំពោះ​ទុក្ខ​លំបាក ដែល​កំពុង​តែ​គំរាម​កំហែង​ពួក​គេ។ ពួក​គេ​ហៀប​នឹង​បាត់​បង់​ជីវិត  ហើយ​នាំ​គ្នា ស្រែក​អង្វរ​រក​ព្រះ‌ជាម្ចាស់។ បន្ទាប់​ពី​សូរ​សម្រែក​នេះ មាន​ទន្លេ​មួយ​ដ៏​ធំ មាន​ទឹក​ជា​ច្រើន​ហូរ​ហៀរ ហាក់​ដូច​ជា​ផុស​ចេញ​ពី​ប្រភព​ទឹក​មួយ​ដ៏​តូច។ ១០ បន្ទាប់​មក មាន​ពន្លឺ​មួយ​រះ​ឡើង​ជា​មួយ ព្រះ‌អាទិត្យ។ ពេល​នោះ ព្រះ‌ជាម្ចាស់​លើក​ពួក​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​ងើប​ឡើង ហើយ​ពួក​គេ នាំ​គ្នា​ត្របាក់​លេប​បំផ្លាញ​ពួក​ខ្មាំង​ដែល​អួត​បំប៉ោង។
១១ លុះ​ភ្ញាក់​ឡើង ដោយ​ឃើញ​ក្នុង​សុបិន​ពី​ការ ដែល​ព្រះ‌ជាម្ចាស់​សម្រេច​ព្រះ‌ហឫទ័យ នឹង​ប្រព្រឹត្ត​នោះ លោក​ម៉ាដេកាយ​ក៏​ចង​ចាំ​សេចក្ដី​នេះ ទុក​ក្នុង​ចិត្ត ហើយ​រិះ​គិត​ពិចារ‌ណា​ពេញ​មួយ​ថ្ងៃ ដើម្បី​យល់​អំពី​អត្ថ‌ន័យ​នៃ​សុបិន​នេះ។
លោក​ម៉ាដេកាយ​វែក​មុខ​ជន​ក្បត់
១២ មាន​ថ្ងៃ​មួយ លោក​ម៉ាដេកាយ​សម្រាក​នៅ​ទី​លាន​រាជ​វាំង ជា​ពេល​ដែល​លោក​កាបាថា និង​លោក​ថារ៉ា ជា​មហា‌តលិក​កំពុង​តែ​យាម​នៅ​ទី​នោះ​ដែរ។ ១៣ លោក​ឮ​គេ​ទាំង​ពីរ​នាក់​និយាយ​គ្នា លោក​ក៏​លួច​ស្តាប់ ដោយ​ចង់​ដឹង​ពី​គម្រោង‌ការ​របស់​ពួក​គេ។ លោក​ដឹង​ថា គេ​ប៉ុន​ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស។ លោក​ក៏​ទៅ​ទូល​ព្រះ‌មហា​ក្សត្រ ឲ្យ​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ។ ១៤ ស្ដេច​ហៅ​មហា​តលិក​ទាំង​ពីរ​នាក់​មក​សួរ ពួក​គេ​ក៏​ព្រម​ទទួល​សារ​ភាព។ បន្ទាប់​មក​ស្ដេច​ក៏​បញ្ជា​ឲ្យ​ចាប់​គេ ទាំង​ពីរ​នាក់​ទៅ​សម្លាប់។ ១៥ ព្រះ‌រាជា​បញ្ជា​ឲ្យ​គេ​កត់​ត្រា​ហេតុ‌ការណ៍​ទាំង​នេះ ទុក​ជា​ការ​ចង​ចាំ ហើយ​លោក​ម៉ាដេកាយ ក៏​សរសេរ​សេចក្ដី​នេះ​ទុក​ដែរ។ ១៦ ស្ដេច​បញ្ជា​ឲ្យ​លោក​ម៉ាដេកាយ នៅ​បម្រើ​ក្នុង​រាជ​វាំង​ត​ទៅ​ទៀត ហើយ​ប្រទាន​រង្វាន់​ជា​ច្រើន​ឲ្យ​លោក ដើម្បី​តប​ស្នង​សង​គុណ​លោក។ ១៧ ពេល​នោះ លោក​ហាម៉ាន់ ដែល​ជា​អ្នក​អួត​បំប៉ោង ជា​កូន​របស់​លោក​ហាម៉ា‌ដាតា ជា​មន្ត្រី​ជំនិត​របស់​ស្ដេច​ដែរ។ គាត់​រិះ​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​កម្ចាត់​លោក​ម៉ាដេកាយ ព្រម​ទាំង​ប្រជាជន​របស់​លោក ព្រោះ​តែ​រឿង​មហា​តលិក​ពីរ​នាក់​ដែល​គេ​យក​ទៅ​សម្លាប់​នោះ។
ពិធី​ជប់‌លៀង​នៅ​ក្នុង​វាំង​របស់​ព្រះ‌ចៅ​ស៊ែរសេស
នេះ​ជា​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន នៅ​ជំនាន់​ព្រះ‌ចៅ​ស៊ែរសេស។ ព្រះ‌ចៅ​ស៊ែរសេស​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត ចំនួន​មួយ‌រយ​ម្ភៃ‌ប្រាំ​ពីរ គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី។  នៅ​ជំនាន់​នោះ ព្រះ‌ចៅ​ស៊ែរសេស​សោយ​រាជ្យ​នៅ​ក្រុង​ស៊ូសា ជា​រាជ​ធានី។  នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្តេច ស្តេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្តេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​ម៉ែដ ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។  ស្តេច​ចង់​បង្ហាញ​រាជ‌ទ្រព្យ​ដ៏​ស្តុក‌ស្តម្ភ និង​ភាព​ថ្លៃ‌ថ្នូរ​វិសេស​នៃ​រាជ‌សម្បត្តិ​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ស្តេច តាម‌រយៈ​ពិធី​ជប់‌លៀង ក្នុង​អំឡុង​ពេល​មួយ‌រយ​ប៉ែត‌សិប​ថ្ងៃ។  នៅ​ចុង​បញ្ចប់​នៃ​ពិធី​ជប់‌លៀង​នេះ ស្តេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទៀត ក្នុង​ទី‌ធ្លា​ឧទ្យាន​នៃ​ព្រះ‌បរម‌រាជ‌វាំង ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ ប្រជាជន​ទាំង​មូល​នៅ​រាជ​ធានី​ស៊ូសា ទាំង​អ្នក​ធំ ទាំង​អ្នក​តូច អាច​ចូល​រួម​បាន។  គេ​ចង​ក្រណាត់​ទេស‌ឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សម្រាប់​អង្គុយ​បរិភោគ​ធ្វើ​ពី​មាស និង​ប្រាក់ ដាក់​នៅ​លើ​កម្រាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។  គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្តេច​ឲ្យ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ​យ៉ាង​បរិបូណ៌។  ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្តេច​បញ្ជា​ឲ្យ​រាជ​បម្រើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។  រីឯ​ព្រះ‌មហា​ក្សត្រិ‌យានី​វ៉ាសធី​វិញ ក៏​រៀប‌ចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះ‌ចៅ​ស៊ែរសេស​ដែរ។
ព្រះ‌ចៅ​ស៊ែរសេស​ដក​តំណែង​មហា‌ក្សត្រិ‌យានី​ពី​ព្រះ‌នាង​វ៉ាសធី
១០ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ សុរា​បាន​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ស៊ែរសេស​មាន​ព្រះ‌ហឫទ័យ​សប្បាយ​ក្រៃ‌លែង។ ស្តេច​បង្គាប់​លោក​មេហូម៉ាន លោក​ប៊ីសថា លោក​ហារបូណា លោក​ប៊ីគថា លោក​អបាគថា លោក​សេថារ និង​លោក​ការកាស ជា​មហា‌តលិក​ទាំង​ប្រាំ​ពីរ​រូប ដែល​នៅ​បម្រើ​ស្តេច ១១ ឲ្យ​យាង​ព្រះ‌មហា​ក្សត្រិ‌យានី​វ៉ាសធី​មក​គាល់​ស្តេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជាជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះ‌នាង ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។ ១២ ប៉ុន្តែ ព្រះ‌មហា​ក្សត្រិ‌យានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ពិរោធ​យ៉ាង​ខ្លាំង។ ១៣ ស្តេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរា‌ចារ្យ ដែល​ជា​អ្នក​មាន​ភារ‌កិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្តេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី‌ការ និង​ទំនៀម‌ទម្លាប់។ ១៤ អ្នក​ទាំង​នោះ​មាន: លោក​ការសេណា លោក​សេតារ លោក​អាដម៉ាតា លោក​តារស៊ីស លោក​ម៉េរ៉េស លោក​ម៉ារសេណា លោក​ម៉េមូកាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំ​ពីរ​រូប​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្តេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​នៅ​ក្នុង​រាជា‌ណាចក្រ។ ១៥ ព្រះ‌ចៅ​ស៊ែរសេស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះ‌មហា​ក្សត្រិ‌យានី​វ៉ាសធី​ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។
១៦ លោក​ម៉េមូកាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្តេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជាជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ចៅ​ស៊ែរសេស​ដែរ ១៧ ដ្បិត​រឿង​របស់​ព្រះ‌មហា​ក្សត្រិ‌យានី នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះ‌ចៅ​ស៊ែរសេស ចេញ​បញ្ជា​ឲ្យ​យាង​ព្រះ‌មហា​ក្សត្រិ‌យានី​មក​គាល់​ស្តេច ហើយ​ព្រះ‌នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។ ១៨ ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​ម៉ែដ ឮ​ដំណឹង​ថា ព្រះ‌មហា​ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ព្រះ‌ករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។ ១៩ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​ម៉ែដ គឺ​ហាម​ព្រះ‌មហា​ក្សត្រិ‌យានី​វ៉ាសធី​មិន​ឲ្យ​ចូល​មក​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ផ្ទេរ​តំណែង​របស់​ព្រះ‌នាង​ទៅ​ឲ្យ​ព្រះ‌មហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះ‌នាង។ ២០ ពេល​ណា​ប្រជាជន​ដឹង​អំពី​សេចក្ដី​សម្រេច​ដ៏​សំខាន់ ដែល​ព្រះ‌រាជា​ប្រកាស​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល ស្ត្រី​ទាំង​អស់​មុខ​ជា​គោរព​ប្ដី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច»។
២១ ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​នឹង​យោបល់​នេះ​ណាស់ ហើយ​ពួក​មេ​ដឹក​នាំ​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះ‌រាជា​ក៏​ធ្វើ​តាម​សំណើ​របស់​លោក​ម៉េមូកាន ២២ គឺ​ស្តេច​ផ្ញើ​រាជ‌សារ​ទៅ​គ្រប់​អាណា‌ខេត្ត​ទាំង​អស់​តាម​អក្សរ និង​ភាសា​របស់​ប្រជាជន​ក្នុង​អាណា‌ខេត្ត​នីមួយៗ ដើម្បី​ឲ្យ​ប្ដីៗ​ទាំង​អស់​ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​គ្រួសារ​នោះ​ត្រូវ​និយាយ​ភាសា​កំណើត​របស់​ប្ដី។
នាង​អេសធែរ​ឡើង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី
 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ចៅ​ស៊ែរសេស​ស្ងប់​ព្រះ‌ពិរោធ ស្តេច​នឹក​ដល់​ព្រះ‌នាង​វ៉ាសធី និង​អំពើ​ដែល​ព្រះ‌នាង​ប្រព្រឹត្ត ព្រម​ទាំង​សេចក្ដី​សម្រេច​របស់​ស្តេច​ចំពោះ​ព្រះ‌នាង។  ពួក​រាជ​បម្រើ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​គេ​រក​ស្ត្រី​ព្រហ្មចារី ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត យក​មក​ថ្វាយ​ព្រះ‌ករុណា។  សូម​ព្រះ‌ករុណា​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសា។ សូម​ឲ្យ​លោក​ហេកេ ដែល​ជា​មហា‌តលិក​របស់​ព្រះ‌ករុណា និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្តល់​គ្រឿង​សម្អាង​កាយ​ផង។  ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ស្ត្រី​ក្រមុំ​ណា នាង​នោះ​នឹង​ឡើង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាសធី»។ ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ ហើយ​សម្រេច​តាម​សំណើ​នេះ។
 នៅ​រាជ​ធានី​ស៊ូសា មាន​ជន​ជាតិ​យូដា​មួយ​រូប​ឈ្មោះ ម៉ាដេកាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។  លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ឈ្លើយ​សឹក​ឯ‌ទៀតៗ ដែល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះ‌បាទ​យេកូនីយ៉ា ជា​ស្តេច​ស្រុក​យូដា។  នៅ​គ្រា​នោះ លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដាសា គឺ​នាង​អេសធែរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធែរ​គ្មាន​ឪពុក‌ម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុក‌ម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។
 នៅ​ពេល​ស្តេច​ចេញ​រាជ‌បញ្ជា និង​រាជ​ក្រឹត្យ​រួច​ហើយ គេ​ប្រមូល​បាន​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ទុក​នៅ​រាជ‌ធានី​ស៊ូសា ឲ្យ​លោក​ហេកេ​មើល​ថែ​ទាំ។ គេ​ក៏​បាន​នាំ​នាង​អេសធែរ​មក​ក្នុង​ព្រះ‌បរម‌រាជ‌វាំង ហើយ​ប្រគល់​ឲ្យ​លោក​ហេកេ ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​ដែរ។  លោក​ហេកេ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់ ប្រគល់​គ្រឿង​សម្អាង​កាយ និង​អ្វីៗ​ដ៏​ចាំ‌បាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ​ពីរ​នាក់ ដែល​ជ្រើស‌រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។ ១០ នាង​អេសធែរ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ ដ្បិត​លោក​ម៉ាដេកាយ​បាន​ហាម​នាង​ប្រាប់​ឲ្យ​គេ​ដឹង។ ១១ រៀង​រាល់​ថ្ងៃ លោក​ម៉ាដេកាយ​តែង‌តែ​ទៅ​អើត​មើល នៅ​ក្បែរ​វិមាន​ស្ត្រី ដើម្បី​ចង់​បាន​ដំណឹង​ពី​នាង​អេសធែរ ហើយ​ចង់​ដឹង​ថា គេ​ប្រព្រឹត្ត​ចំពោះ​នាង​បែប​ណា។
១២ ស្ត្រី​ក្រមុំ​នៅ​ក្នុង​វិមាន​ស្ត្រី​ត្រូវ​រៀប‌ចំ​ខ្លួន​ដប់‌ពីរ​ខែ មុន​នឹង​ដល់​វេន​ចូល​គាល់​ព្រះ‌ចៅ​ស៊ែរសេស។ ពួក​នាង​ត្រូវ​សម្អាង​កាយ​ជា​មួយ​ប្រេង​ទេព្វិរូ​ចំនួន​ប្រាំ​មួយ​ខែ ហើយ​ប្រាំ​មួយ​ខែ​ទៀត​ជា​មួយ​ប្រេង​ក្រអូប និង​គ្រឿង​សម្អាង​កាយ​ផ្សេងៗ​សម្រាប់​ស្ត្រី ស្រប​តាម​ពិធី‌ការ​ដែល​មាន​ចែង​ទុក។ ១៣ ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្តេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន ពី​វិមាន​ស្ត្រី​ទៅ​រាជ‌វាំង គេ​ប្រគល់​ឲ្យ​ទាំង​អស់។ ១៤ នាង​ទៅ​គាល់​ស្តេច​នៅ​ពេល​ល្ងាច លុះ​ព្រលឹម​ឡើង នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាសកាស ជា​មហា‌តលិក​របស់​ស្តេច និង​ជា​អ្នក​ថែ‌រក្សា​ក្រុម​មហេសី។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្តេច​វិញ​ទេ លើក‌លែង​តែ​ស្តេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។
១៥ លុះ​ដល់​វេន​នាង​ត្រូវ​ចូល​គាល់​ស្តេច នាង​អេសធែរ ជា​កូន​របស់​លោក​អប៊ីកាអ៊ីល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេកាយ ហើយ​លោក​ម៉ាដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធែរ​ពុំ​បាន​ទាម‌ទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកេ ជា​មហា‌តលិក​របស់​ស្តេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី ប្រគល់​ឲ្យ​នោះ​ឡើយ។ នាង​អេសធែរ​ជា​ស្ត្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។ ១៦ គេ​បាន​មក​នាំ​នាង​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​ស៊ែរសេស នៅ​ព្រះ‌បរម‌រាជ‌វាំង នា​ខែ​ទី​ដប់ គឺ​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​ប្រាំ​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្តេច។ ១៧ ព្រះ‌រាជា​ស្រឡាញ់​នាង​អេសធែរ​លើស​ស្ត្រី​ឯ‌ទៀតៗ ស្តេច​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង ហើយ​មាន​ព្រះ‌ហឫទ័យ​សន្ដោស​ចំពោះ​នាង លើស​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ឯ‌ទៀតៗ។ ពេល​នោះ ស្តេច​ក៏​បំពាក់​មកុដ‌រាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាសធី។ ១៨ ក្នុង​ឱកាស​អភិសេក​ព្រះ‌នាង​អេសធែរ ព្រះ‌រាជា​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ សម្រាប់​ពួក​មេ​ដឹក​នាំ និង​ពួក​មន្ត្រី។ ស្តេច​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់ ព្រម​ទាំង​ចែក​អំណោយ​ទាន​ដោយ​ព្រះ‌ហឫទ័យ​ទូលំ‌ទូលាយ។
១៩ នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេកាយ​មាន​មុខ‌ងារ​ក្នុង​ក្រុម​អ្នក​យាម​រាជ‌វាំង។ ២០ មក​ទល់​ពេល​នោះ ព្រះ‌នាង​អេសធែរ​ពុំ​ទាន់​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​ព្រះ‌នាង​ទេ គឺ​ព្រះ‌នាង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេកាយ​បង្គាប់ ក្នុង​កាល​ដែល​ព្រះ‌នាង​ស្ថិត​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គាត់​នៅ​ឡើយ។
២១ នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេកាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​ពីរ​នាក់ ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្តេច គឺ​លោក​ប៊ីគតាន និង​លោក​តេរ៉េស មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​ស៊ែរសេស។ ២២ លោក​ម៉ាដេកាយ​ដឹង​គម្រោង‌ការ​របស់​ពួក​គេ លោក​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះ‌នាង​អេសធែរ ហើយ​ព្រះ‌នាង​អេសធែរ​ក៏​យក​ទៅ​ទូល​ស្តេច ក្នុង​នាម​លោក​ម៉ាដេកាយ។ ២៣ គេ​បាន​ធ្វើ​អង្កេត​រឿង​នេះ ឃើញ​ថា​ជា​ការ​ពិត​មែន គេ​ក៏​ព្យួរ ក​មហា‌តលិក​ទាំង​ពីរ​នៅ​លើ​បង្គោល​មួយ។ ហេតុ‌ការណ៍​នេះ​មាន​កត់‌ត្រា​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ។
លោក​ហាម៉ាន់​ទូល​សូម​ឲ្យ​ស្តេច​ធ្វើ​ទោស​ជន​ជាតិ​យូដា
 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌រាជា​បាន​តែង‌តាំង​លោក​ហាម៉ាន់ ជា​កូន​របស់​លោក​ហាមេ‌ដាតា ដែល​ជា​ពូជ‌ពង្ស​របស់​ស្តេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។  ព្រះ‌រាជា​បាន​ចេញ​បញ្ជា​ឲ្យ​រាជ​បម្រើ​ទាំង​អស់ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ឱន​គោរព និង​ថ្វាយ‌បង្គំ​លោក​ហាម៉ាន់ តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ហាម៉ាន់​ទេ។  ពួក​រាជ​បម្រើ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ពោល​ទៅ​កាន់​លោក​ម៉ាដេកាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច?»។  ពួក​គេ​តែង‌តែ​សួរ​លោក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ លោក​មិន​ស្ដាប់​ពួក​គេ​ឡើយ។ លោក​បាន​ប្រាប់​ពួក​គេ​ថា លោក​ជា​ជន​ជាតិ​យូដា។ ដូច្នេះ ពួក​គេ​ក៏​រាយ‌ការណ៍​ប្រាប់​លោក​ហាម៉ាន់ ព្រោះ​ចង់​ដឹង​ថា តើ​លោក​ម៉ាដេកាយ​នៅ​តែ​ប្រកាន់​ជំហរ​បែប​នេះ ឬ​យ៉ាង​ណា។  ពេល​លោក​ហាម៉ាន់​ឃើញ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ទេ​នោះ លោក​ខឹង​ជា​ខ្លាំង។  មាន​គេ​ជម្រាប​លោក​ហាម៉ាន់​ថា លោក​ម៉ាដេកាយ​ជា​ជន​ជាតិ​យូដា ដូច្នេះ លោក​ហាម៉ាន់​ក៏​យល់​ថា នេះ​ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ​កម្ចាត់​លោក​ម៉ាដេកាយ​ចោល។ លោក​ក៏​រក​មធ្យោ‌បាយ​លុប​បំបាត់​ជន​ជាតិ​យូដា ជា​ជន​រួម​ជាតិ​របស់​លោក​ម៉ាដេកាយ ឲ្យ​វិនាស​សូន្យ​ពី​រាជា‌ណាចក្រ​របស់​ព្រះ‌ចៅ​ស៊ែរសេស។  នៅ​ខែ​ទី​មួយ គឺ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់‌ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ែរសេស គេ​បាន​បោះ​ពួរីម*​នៅ​ចំពោះ​មុខ​លោក​ណាម៉ាន់ ដើម្បី​ផ្សង​មើល​ថា តើ​ថ្ងៃ​ណា ខែ​ណា ជា​វេលា​ល្អ។ ពួរីម​នោះ​ប៉ះ​ចំ​លើ​ខែ​ទី​ដប់‌ពីរ ឬ​ខែ​ផល្គុន។
 លោក​ហាម៉ាន់​ទូល​ព្រះ‌ចៅ​ស៊ែរសេស​ថា៖ «មាន​ជាតិ​សាសន៍​មួយ​ខុស​ពី​ជាតិ​សាសន៍​ឯ‌ទៀតៗ ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​នៃ​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា ពួក​គេ​មាន​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ ហើយ​មិន​គោរព​ច្បាប់​របស់​ព្រះ‌ករុណា​ទេ។ ហេតុ​នេះ មិន​គួរ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ឡើយ។  ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​បញ្ជា ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទៅ។ ទូល‌បង្គំ​នឹង​ថ្លឹង​ប្រាក់​បី‌រយ​តោន ឲ្យ​ពួក​រាជការ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​រាជ​ទ្រព្យ»។ ១០ ព្រះ‌រាជា​ក៏​ដោះ​ព្រះ‌ទម្រង់ ដែល​ជា​ត្រា ហុច​ទៅ​ឲ្យ​លោក​ណាម៉ាន់ ជា​កូន​របស់​លោក​ហាមេ‌ដាតា និង​ជា​ពូជ‌ពង្ស​របស់​ស្តេច​អកាក់ បច្ចា‌មិត្ត​របស់​ជន​ជាតិ​យូដា។ ១១ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន់​ថា៖ «ចូរ​ទុក​ប្រាក់​របស់​លោក​ចុះ រីឯ​ជាតិ​សាសន៍​នោះ​វិញ យើង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ!»។ ១២ នៅ​ថ្ងៃ​ទី​បី ក្នុង​ខែ​ទី​មួយ គេ​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​ហាម៉ាន់ សម្រាប់​ផ្ញើ​ជូន​ពួក​មេ​បញ្ជា‌ការ​កង‌ទ័ព ពួក​ទេសា‌ភិបាល​អាណា‌ខេត្ត និង​មេ​ដឹក​នាំ​របស់​ជាតិ​សាសន៍​នានា។ លិខិត​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ ក្នុង​នាម​ព្រះ‌ចៅ​ស៊ែរសេស ព្រម​ទាំង​មាន​ប្រថាប់​ត្រា​ព្រះ‌រាជា​ទៀត​ផង។ ១៣ គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​លិខិត​ទាំង​នោះ ទៅ​គ្រប់​អាណា‌ខេត្ត​របស់​ព្រះ‌រាជា បញ្ជា​ឲ្យ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​អស់ ទាំង​ក្មេង​ប្រុស ទាំង​មនុស្ស​ចាស់​ជរា ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ស្ត្រី ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ។ ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​ដប់​បី ក្នុង​ខែ​ទី​ដប់‌ពីរ ដែល​ត្រូវ​នឹង​ខែ​ផល្គុន។ ១៤ អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាជន​ទាំង​អស់​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​នោះ។ ១៥ ពួក​អ្នក​នាំ​សារ​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ តាម​បញ្ជា​របស់​ស្តេច។ គេ​ក៏​បាន​ប្រកាស​រាជ‌ក្រឹត្យ​នេះ​នៅ​ក្រុង​ស៊ូសា ជា​រាជ​ធានី​ដែរ។ ពេល​នោះ ព្រះ‌រាជា​គង់​សោយ​សុរា​ជា​មួយ​លោក​ហាម៉ាន់ តែ​មាន​សម្រែក​យំ​សោក​ពាស‌ពេញ​ក្រុង​ស៊ូសា។

លិខិត​បញ្ជា​ឲ្យ​ប្រល័យ​ជន​ជាតិ​យូដា
រាជ‌បញ្ជា​នេះ​មាន​ចែង​ដូច​ត​ទៅ៖ «យើង​ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស ជា​ព្រះ‌មហា​ក្សត្រ ចេញ​បញ្ជា​ដល់​អស់​លោក​សព្វ​មុខ​មន្ត្រី និង​ទេសា‌ភិបាល​នៃ​អាណា​ខេត្ត​ទាំង​មួយ‌រយ​ម្ភៃ​ប្រាំ​ពីរ តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេត្យូ‌ពី មាន​សេចក្ដី​ដូច​ត​ទៅ៖  យើង​មាន​អំណាច​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល និង​លើ​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ យើង​មិន​ឈ្លក់​វង្វេង​នឹង​អំនួត​ដោយ​កាន់​អំណាច​ឡើយ ផ្ទុយ​ទៅ​វិញ យើង​គ្រប់​គ្រង​ដោយ​ចិត្ត​សប្បុរស និង​សុភាព​រាប​សារ​ជា‌និច្ច។ យើង​ចង់​រក្សា​ជីវិត​នៃ​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​រស់​នៅ​បាន​សុខ​សាន្ត​គ្រប់​ពេល​វេលា គឺ​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មាន​អរិយ‌ធម៌​ខ្ពស់ និង​ធានា​សុវត្ថិ‌ភាព​ចំពោះ​ការ​ធ្វើ​ដំណើរ រហូត​ដល់​ព្រំ​ប្រទល់ ព្រម​ទាំង​ឲ្យ​មាន​សន្តិ‌ភាព​ឡើង​វិញ តាម​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់ៗ​រូប។
 យើង​សួរ​យោ​បល់​ទី​ប្រឹក្សា​របស់​យើង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​ទៅ​ដល់​គោល​ដៅ​នោះ។ យើង​យល់​ឃើញ​ថា លោក​ហាម៉ាន់ មាន​ប្រាជ្ញា​វាង​វៃ​ជាង​គេ ចេះ​លើក​ហេតុ​ផល ក្នុង​ការ​អនុវត្ត​ការ​ងារ​បាន​ល្អ ហើយ​បម្រើ​យើង​ដោយ​ចិត្ត​ស្មោះ‌ត្រង់។ យើង​តែង​តាំង​លោក ឲ្យ​មាន​មុខ​ងារ​ខ្ពស់​ជាង​គេ​បន្ទាប់​ពី​យើង ក្នុង​រាជា‌ណាចក្រ​ទាំង​មូល។  លោក​បាន​ជម្រាប​យើង​ឲ្យ​ជ្រាប​ថា ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ពាស​ពេញ​លើ​ផែន​ដី មាន​ប្រជាជន​មួយ​ប្រភេទ​រស់​នៅ​លាយ​ឡំ​ជា​មួយ​គេ គឺ​ប្រជាជន​មួយ​ដ៏​អាក្រក់ មាន​ច្បាប់​ផ្ទុយ​នឹង​ច្បាប់​នៃ​ប្រជា‌ជាតិ​នានា ពួក​គេ​មិន​គោរព​តាម​ព្រះ‌រាជ​ក្រឹត្យ ហើយ​ពួក​គេ​ប្រឆាំង មិន​ព្រម​ស្ថិត​នៅ​ក្រោម​អំណាច​របស់​យើង ដែល​គ្រប់​គ្រង​ដោយ​ចិត្ត​ទៀង​ត្រង់ និង​គ្មាន​សៅ​ហ្មង។
 យើង​ដឹង​ថា មាន​តែ​ប្រជា‌ជាតិ​នេះ​ទេ ដែល​ចេះ​តែ​ប្រឆាំង​នឹង​មនុស្ស​ទាំង​អស់។ ប្រជា‌ជាតិ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ និង​កាន់​តាម​ច្បាប់​ខុស​ប្លែក​ពី​គេ។ ប្រជា‌ជាតិ​នេះ តែង​តែ​ប្រឆាំង​នឹង​កិច្ច‌ការ​អ្វីៗ​ដែល​យើង​ធ្វើ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​បំផុត ដើម្បី​កុំ​ឲ្យ​រាជា‌ណាចក្រ​រស់​នៅ​យ៉ាង​ស្ថិត​ស្ថេរ។
 ហេតុ​នេះ​ហើយ បាន​ជា​យើង​បញ្ជា​ឲ្យ​លុប​បំបាត់ ពួក​អ្នក​ដែល​លោក​ហាម៉ាន់ បាន​កំណត់​ក្នុង​រាជ‌ក្រឹត្យ កុំ​ឲ្យ​សល់​ម្នាក់​ឡើយ។ យើង​បាន​តែង​តាំង​លោក ហាម៉ាន់ ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ទី​មួយ ហើយ​ក៏​ចាត់​ទុក​ជា បិតា​ទី​ពីរ​របស់​ប្រជាជន​យើង​ដែរ។ ពួក​គេ​សុទ្ធ​តែ​ជា​ខ្មាំង​សត្រូវ​របស់​យើង។ ត្រូវ​សម្លាប់​ពួក​គេ​ទាំង​អស់ ទាំង​ស្ត្រី ទាំង​ក្មេងៗ ដោយ​គ្មាន​ត្រា​ប្រណី គ្មាន​អាណិត‌អាសូរ​ឡើយ នៅ​ថ្ងៃ​ទី​ដប់‌បួន នៃ​ខែ​ទី​ដប់‌ពីរ ត្រូវ​នឹង​ខែ​ផល្គុន​នៃ​ឆ្នាំ​នេះ។  ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ពួក​ដែល​ចេះ​តែ​ប្រឆាំង​នឹង​យើង កាល​ពី​អតីត​កាល និង​នៅ​បច្ចុប្បន្ន​កាល ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មច្ចុរាជ​នៅ​ថ្ងៃ​តែ​មួយ។ ទៅ​ថ្ងៃ​មុខ ពួក​គេ​ពុំ​អាច​រា​រាំង​រាជ​កិច្ច​ត​ទៅ​ទៀត​ទេ យើង​នឹង​ថែ​រក្សា​រាជា‌ណាចក្រ​ឲ្យ​នៅ​ស្ថិត​ស្ថេរ ដោយ​គ្មាន​ចលា‌ចល​អ្វី​ទៀត​ឡើយ»។

១៤ គេ​ប្រកាស​រាជ‌សារ​នៅ​ក្នុង​គ្រប់​អាណា​ខេត្ត ហើយ​ចេញ​បញ្ជា​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ។ ១៥ កិច្ច‌ការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ប្រញាប់ សូម្បី​តែ​នៅ​ក្រុង​ស៊ូសា​ក៏​ដូច្នោះ​ដែរ។ ព្រះ‌រាជា​សោយ​សុរា​ជា​មួយ​លោក​ហាម៉ាន់​រហូត​ស្រវឹង រីឯ​ប្រជាជន​ក្នុង​ក្រុង​ស៊ូសា​វិញ​កំពុង​ជ្រួល​ច្របល់។
លោក​ម៉ាដេកាយ​សុំ​អន្តរា‌គមន៍​ពី​ព្រះ‌នាង​អេសធែរ ជន​ជាតិ​យូដា​នាំ​គ្នា​តម​អាហារ
 កាល​លោក​ម៉ាដេកាយ​ជ្រាប​ដំណឹង​នេះ លោក​ហែក​សម្លៀក‌បំពាក់ ហើយ​ស្លៀក​បាវ និង​រោយ​ផេះ​លើ​ក្បាល។ លោក​ដើរ​កាត់​ទី‌ក្រុង ទាំង​ស្រែក​យំ​យ៉ាង​ជូរ​ចត់។  លោក​ទៅ​ឈរ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង ដ្បិត​លោក​មិន​អាច​ចូល​ទៅ​ក្នុង​បាន ដោយ​ស្លៀក​បាវ​បែប​នេះ​ឡើយ។  នៅ​តាម​អាណា‌ខេត្ត​នីមួយៗ ពេល​គេ​បាន​ទទួល​លិខិត និង​រាជ‌ក្រឹត្យ​ហើយ ជន​ជាតិ​យូដា​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ខ្លាំង។ ពួក​គេ​តម​អាហារ យំ​សោក​សង្រេង ហើយ​មាន​ពួក​គេ​ជា​ច្រើន​នាំ​គ្នា​ស្លៀក​បាវ​ដេក​នៅ​ក្នុង​ផេះ។
 ពួក​ស្ត្រី​បម្រើ និង​មហា‌តលិក​របស់​ព្រះ‌នាង​អេសធែរ បាន​នាំ​ដំណឹង​នេះ មក​ទូល​ថ្វាយ​ព្រះ‌នាង ហើយ​ព្រះ‌មហា​ក្សត្រិ‌យានី​រន្ធត់​ព្រះ‌ហឫទ័យ​ពន់​ប្រមាណ។ ព្រះ‌នាង​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ទៅ​ជូន​លោក​ម៉ាដេកាយ ជំនួស​បាវ​ដែល​លោក​ស្លៀក​ជាប់​នឹង​ខ្លួន តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ទេ។  ពេល​នោះ ព្រះ‌នាង​អេសធែរ​បាន​ហៅ​លោក​ហាថាក់ ជា​មហា‌តលិក ដែល​ព្រះ‌រាជា​ឲ្យ​មក​នៅ​បម្រើ​ព្រះ‌នាង។ ព្រះ‌នាង​បញ្ជា​គាត់​ឲ្យ​ទៅ​សួរ​លោក​ម៉ាដេកាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ។  លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេកាយ​នៅ​ទី‌លាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជ‌វាំង។  លោក​ម៉ាដេកាយ​រៀប​រាប់​ប្រាប់​គាត់ អំពី​ហេតុ‌ការណ៍​ទាំង​អស់​ដែល​កើត​មាន ព្រម​ទាំង​ពន្យល់​យ៉ាង​លំអិត​អំពី​រឿង​ប្រាក់​ដែល​លោក​ហាម៉ាន់ បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​រាជ‌ទ្រព្យ ប្រសិន​បើ​ស្តេច​ចេញ​បញ្ជា​ឲ្យ​គេ​ប្រល័យ​ជីវិត​ជន​ជាតិ​យូដា។  លោក​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសា ស្តី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា ឲ្យ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ថ្វាយ​ព្រះ‌នាង​អេសធែរ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ថ្វាយ​ព្រះ‌នាង​ផង។ លោក​ក៏​បាន​សូម​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌រាជា ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​ទូល‌អង្វរ​ព្រះ‌រាជា សម្រាប់​ជាតិ​សាសន៍​របស់​ព្រះ‌នាង។  លោក​ហាថាក់​ក៏​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ម៉ាដេកាយ ទៅ​ទូល​ព្រះ‌នាង​អេសធែរ។ ១០ ព្រះ‌នាង​ប្រាប់​លោក​ហាថាក់​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេកាយ​វិញ​ថា៖ ១១ «ពួក​រាជ​បម្រើ និង​ប្រជាជន​នៅ​ក្នុង​អាណា‌ខេត្ត​របស់​ស្តេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​គាល់​ស្តេច នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដោយ​ស្តេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សម្រាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ព្រះ‌រាជា​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​ឲ្យ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ព្រះ‌រាជា​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់ អស់‌រយៈ​ពេល​មួយ​ខែ​មក​ហើយ»។ ១២ គេ​ក៏​នាំ​រាជ​សវនីយ៍​របស់​ព្រះ‌នាង​អេសធែរ ទៅ​ជម្រាប​លោក​ម៉ាដេកាយ។
១៣ លោក​ម៉ាដេកាយ​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ទូល​ព្រះ‌នាង​អេសធែរ​វិញ​ថា៖ «បពិត្រ​ព្រះ‌មហា​ក្សត្រិ‌យានី សូម​កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន​ជាតិ​យូដា​ទាំង​អស់​ឡើយ។ ១៤ ប្រសិន​បើ​ព្រះ‌នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន​ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​ព្រះ‌នាង​វិញ ព្រះ‌នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង ព្រះ‌នាង​បាន​ឡើង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន​ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។ ១៥ ពេល​នោះ ព្រះ‌នាង​អេសធែរ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេកាយ​ថា៖ ១៦ «សូម​អញ្ជើញ​ទៅ​ប្រមូល​ជន​ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសា ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្តេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។ ១៧ លោក​ម៉ាដេកាយ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​អេសធែរ​បង្គាប់។

ពាក្យ​អង្វរ​របស់​លោក​ម៉ាដេកាយ
 លោក​ម៉ាដេកាយ ទូល​អង្វរ​ព្រះ‌អម្ចាស់ ដោយ​រំឭក ពី​ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត។  លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​មាន​តេជា‌នុភាព​សព្វ​ប្រការ! ពិភព​ទាំង​មូល​ស្ថិត​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។ ប្រសិន​បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល​នោះ គ្មាន​នរណា​អាច​ជំទាស់​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ!  ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែន​ដី និង​អ្វីៗ​ដ៏​ល្អ​ប្រសើរ ដែល​មាន​នៅ​លើ​ផែន​ដី  ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់​លើ​អ្វី​ទាំង​អស់ គ្មាន​នរណា​ម្នាក់​អាច​ត​ទល់ នឹង​ព្រះ‌អង្គ​បាន​ទេ!  ព្រះ‌អង្គ​ឆ្វេង​យល់​អ្វីៗ​ទាំង​អស់! បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​លោក​ហាម៉ាន់ ជា​ជន​ក្រអឺត​ក្រទម​នោះ ពុំ​មែន​ដោយ​ចង់​បាន​អ្វី​ហួស​ពី​សមត្ថភាព​របស់​ខ្ញុំ​ទេ ពុំ​មែន​ដោយ​ចិត្ត​ក្រអឺត​ក្រទម ហើយ​ក៏​ពុំ​មែន​មាន​ចិត្ត​លោភ​លន់​ឡើយ!  ប៉ុន្តែ ឥឡូវ​នេះ​ដើម្បី​សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល ទោះ​ជា​ឲ្យ​ខ្ញុំ​លិទ្ធ​បាត​ជើង​គាត់ ក៏​ខ្ញុំ​សុខ​ចិត្ត​ដែរ!។  ប៉ុន្តែ ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ គឺ​ដើម្បី​មិន​លើក​កិត្តិ‌យស​របស់​មនុស្ស​ម្នាក់ ឲ្យ​បាន​ខ្ពស់​ជាង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់!។ ខ្ញុំ​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​នរណា ក្រៅ​ពី​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ឡើយ ពុំ​មែន​មក​ពី​ខ្ញុំ​មាន​ចិត្ត​អំនួត​នោះ​ទេ។  បពិត្រ​ព្រះ‌អម្ចាស់! ជា​ព្រះ‌មហា​ក្សត្រ ជា​ព្រះ​របស់​លោក​អប្រា‌ហាំ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ប្រោស​ប្រណី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង! ខ្មាំង​សត្រូវ​ឃ្លាំ​មើល​យើង​ខ្ញុំ ដើម្បី​ប្រល័យ​ពូជ​សាសន៍​យើង​ខ្ញុំ ឲ្យ​វិនាស​សាប​សូន្យ ពួក​គេ​ចង់​បំផ្លាញ​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ​តាំង​ពី​ដើម​រៀង​មក។  សូម​កុំ​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​ផ្ទាល់ ដែល​ព្រះ‌អង្គ​បាន​លោះ​ពី​ស្រុក​អេស៊ីប​មក​វិញ​ឡើយ! ១០ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ផង! សូម​អាណិត‌អាសូរ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ សូម​ប្រែ​ទុក្ខ​ព្រួយ​របស់​យើង​ខ្ញុំ ឲ្យ​ទៅ​ជា​អំណរ​សប្បាយ​វិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ត​ទៅ​មុខ​ទៀត ហើយ​នាំ​គ្នា​ច្រៀង លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ!។ បពិត្រ​ព្រះ‌អម្ចាស់! សូម​កុំ​បណ្ដោយ​ឲ្យ​អ្នក​ដែល​ធ្លាប់​តែ​កោត​សរសើរ​ព្រះ‌អង្គ បាត់​បង់​ជីវិត​ឡើយ!»។ ១១ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ដោយ​ពេញ​ទំហឹង ដ្បិត​ពួក​គេ​យល់​ឃើញ​ថា ពួក​គេ​មុខ​ជា​ស្លាប់​ជា​ពុំ​ខាន។
ពាក្យ​អង្វរ​របស់​ព្រះ‌នាង​អេសធែរ
១២ ព្រះ‌មហា​ក្សត្រិយានី​អេសធែរ តប់​ប្រមល់​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ចូល​ទិវង្គត។ ព្រះ‌នាង​រត់​ទៅ​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​ព្រះ‌អង្គ​ជួយ។ ១៣ ព្រះ‌នាង​ដក​ព្រះ‌ភូសា​ដ៏​រុង​រឿង ហើយ​ស្លៀក​ពាក់​សម្លៀក​បំពាក់​កាន់​ទុក្ខ​វិញ។ ព្រះ‌នាង​យក​ផេះ និង​សំរាម​មក​ដាក់​លើ​ព្រះ‌កេស ជំនួស​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ។ ព្រះ‌នាង​ដាក់​ខ្លួន​យ៉ាង​តឹង​តែង និង​លះ​បង់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌នាង​ធ្លាប់​តាក់​តែង​កាយ ហើយ​ព្រះ‌នាង​មិន​សិត​សក់​ទៀត​ផង។ ១៤ ព្រះ‌នាង​ទូល​អង្វរ​ព្រះ‌ជា​អម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​នៃ​យើង​ខ្ញុំ មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជា​ព្រះ‌ជាម្ចាស់។ សូម​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ម្ចាស់​ផង! ដ្បិត​ខ្ញុំ​ម្ចាស់​នៅ​ម្នាក់​ឯង គ្មាន​នរណា​ទី​ពឹង​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។ ១៥ ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​ប្រថុយ​ជីវិត។ ១៦ តាំង​ពី​កើត​មក ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​តៗ​គ្នា ក្នុង​កុល‌សម្ព័ន្ធ​របស់​ដូន‌តា​ខ្ញុំ​ម្ចាស់​ថា៖ “ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ប្រជាជន​អ៊ីស្រា‌អែល ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ដូន‌តា​របស់​យើង​ខ្ញុំ ពី​ក្នុង​ចំណោម​បុព្វ‌បុរស​ទាំង‌ឡាយ ដើម្បី​ឲ្យ​ពួក​គេ​ទៅ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ អស់​កល្ប‌ជានិច្ច។ ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ដូន‌តា​របស់​យើង​ខ្ញុំ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ១៧ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ ឲ្យ​ទៅ​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ ១៨ ដ្បិត​យើង​ខ្ញុំ​បាន​គោរព​បម្រើ​ព្រះ​របស់​ពួក​គេ។ បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​សុចរិត​មែន។ ១៩ ឥឡូវ​នេះ ទោះ​បី​យើង​ខ្ញុំ​ជា​ទាស‌ករ​យ៉ាង​សែន​វេទនា​របស់​ពួក​គេ​ក៏​ដោយ ក៏​ពួក​គេ​មិន​ស្កប់​ចិត្ត​ទេ! គេ​បាន​ស្បថ នៅ​ចំពោះ​មុខ​ព្រះ‌ក្លែង‌ក្លាយ​របស់​ពួក​គេ​ថា ២០ នឹង​លុប​បំបាត់ មិន​ឲ្យ​គោរព​ធម្ម‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។ ពួក​គេ​ប៉ង​ប្រាថ្នា​បំផ្លាញ​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ ឲ្យ​វិនាស​សាប​សូន្យ គេ​ចង់​បិទ​មាត់​អស់​អ្នក ដែល​គោរព​កោត​សរសើរ​ព្រះ‌អង្គ និង​រំលំ​ព្រះ‌រាជ​ដំណាក់​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ព្រម​ទាំង​វាយ​កម្ទេច​អាសនៈ​របស់​ព្រះ‌អង្គ​ផង! ២១ ពួក​គេ​ទុក​ឱកាស​ឲ្យ​ជាតិ​សាសន៍​នានា សរសើរ​ព្រះ‌ដ៏​ឥត​បាន​ការ​របស់​ពួក​គេ និង​លើក​តម្កើង​ព្រះ‌មហា​ក្សត្រ​អស់​កល្ប‌ជានិច្ច ទោះ​បី​ស្ដេច​នោះ​ជា​មនុស្ស​ដែល​រមែង​តែង​តែ​ស្លាប់​ក្ដី។ ២២ បពិត្រ​ព្រះ‌អម្ចាស់! សូម​កុំ​ប្រគល់​អំណាច​របស់​ព្រះ‌អង្គ ឲ្យ​ព្រះ‌ក្លែង‌ក្លាយ​ដែល​គ្មាន​ជីវិត! សូម​កុំ​បណ្ដោយ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ចំអក​យើង​ខ្ញុំ​ដែល​ត្រូវ​វិនាស​ឡើយ! សូម​បង្វែរ​គម្រោង‌ការ​របស់​ពួក​គេ ឲ្យ​ធ្លាក់​លើ​ពួក​គេ​វិញ! សូម​ព្រះ‌អង្គ​ដាក់​ទោស​ដល់​អ្នក​ដែល​ផ្ដើម​គំនិត​បំផ្លាញ​យើង​ខ្ញុំ។
២៣ បពិត្រ​ព្រះ‌អម្ចាស់! សូម​កុំ​បំផ្លាញ​យើង​ខ្ញុំ​ឡើយ! នៅ​ពេល​យើង​ខ្ញុំ​ជួប​គ្រោះ​អាសន្ន សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង។ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​លើ​ព្រះ​ទាំង‌ឡាយ! ព្រះ‌អង្គ​ជា​ម្ចាស់​លើ​អស់​អ្នក​ដែល​កាន់​អំណាច! សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ក្លាហាន​ផង។ ២៤ ពេល​ខ្ញុំ​ម្ចាស់​ទៅ​គាល់​ស្ដេច ដែល​ប្រៀប​ដូច​ជា​សត្វ​សិង្ហ គួរ​ឲ្យ​ស្ញែង​ខ្លាច​នោះ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន ឲ្យ​ខ្ញុំ​ម្ចាស់​ចេះ​ពោល​ពាក្យ​សម្ដី​ពី​រោះ​ផ្អែម​ល្ហែម សូម​បង្វែរ​ព្រះ‌ហឫទ័យ​ស្ដេច​នោះ ឲ្យ​ស្អប់​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ ព្រម​ទាំង​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ និង​បក្ស​ពួក​របស់​ពួក​គេ​ផង! ២៥ បពិត្រ​ព្រះ‌អម្ចាស់! សូម​ប្រើ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ មក​រំដោះ​យើង​ខ្ញុំ សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ម្ចាស់​ផង! ខ្ញុំ​ម្ចាស់​ម្នាក់​ឯង គ្មាន​នរណា​ទី​ពឹង​ក្រៅ​ពី​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌អង្គ​ឈ្វេង​យល់​គ្រប់​កិច្ច‌ការ​ទាំង​អស់ ២៦ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ខ្ញុំ​ម្ចាស់​តែង​តែ​ស្អប់​កិត្តិ‌យស ដែល​អស់​អ្នក​មិន​កាន់​តាម​ធម្ម‌វិន័យ​របស់​ព្រះ‌អង្គ​ប្រគល់​ឲ្យ ខ្ញុំ​ម្ចាស់​ក៏​ស្អប់​ខ្ពើម មិន​រួម​ដំណេក​ជា​មួយ​បុរស​ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក ហើយ​ពុំ​មែន​ជា​ប្រជាជន​របស់​ព្រះ‌អង្គ​ដែរ។ ២៧ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា គេ​បង្ខិត​បង្ខំ​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​មិន​ចូល​ចិត្ត​ពាក់​មកុដ ជា​ព្រះ‌មហា​ក្សត្រិយានី​នៅ​ទី​សាធារណៈ​ឡើយ ហើយ​ក្រៅ​ពី​ពេល​នោះ ខ្ញុំ​ម្ចាស់​ក៏​ពុំ​ដែល​ពាក់​ដែរ។ ខ្ញុំ​ម្ចាស់​ស្អប់​ខ្ពើម​មកុដ​នេះ ដូច​ខ្ពើម​ក្រណាត់​ដែល​ប្រឡាក់​ឈាម។ ២៨ ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​ព្រះ‌អង្គ មិន​ដែល​ទទួល​ទាន​អាហារ​រួម​តុ​ជា​មួយ​លោក​ហាម៉ាន់​ទេ ខ្ញុំ​ម្ចាស់​ក៏​ពុំ​បាន​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​របស់​ព្រះ‌រាជា ឬ​ទទួល​ទាន​ស្រា​ក្នុង​ពិធី​ច្រូច​ស្រា ដល់​ព្រះ​ដទៃ​ដែរ។ ២៩ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រា‌ហាំ! តាំង​ពី​ខ្ញុំ​ម្ចាស់​បាន​ឡើង​ឋានៈ​មក​ដល់​សព្វ​ថ្ងៃ ខ្ញុំ​ម្ចាស់​គ្មាន​សេចក្ដី​សុខ​ទេ។ ខ្ញុំ​ម្ចាស់​បាន​សេចក្ដី​សុខ តែ​ពេល​ដែល​ខ្ញុំ​ម្ចាស់ នៅ​ក្បែរ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ៣០ ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​មាន​អំណាច​គ្រប់​គ្រង លើ​មនុស្ស​ទាំង​អស់! សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ពាក្យ​ទូល​អង្វរ​របស់​អ្នក​ដែល​អស់​សង្ឃឹម! សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​មនុស្ស​ពាល សូម​ជួយ​ខ្ញុំ​ម្ចាស់ រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ផង!»។

ព្រះ‌នាង​អេសធែរ​ចូល​ទៅ​គាល់​ព្រះ‌មហា​ក្សត្រ
 លុះ​ដល់​ថ្ងៃ​ទី​បី ព្រះ‌នាង​អេសធែរ​ឈប់​អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌នាង​ផ្លាស់​អាវ​កាន់​ទុក្ខ​ចេញ ហើយ​ពាក់​ព្រះ‌ភូសា​ដ៏​រុង​រឿង​វិញ។ កាល​ព្រះ‌នាង​ទ្រង់​ពាក់​គ្រឿង​ដ៏​រុង​រឿង​ហើយ  ព្រះ‌នាង​ក៏​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ ដែល​ឆ្វេង​យល់​ពី​អ្វីៗ​សព្វ​សារ​ពើ និង​តែង​តែ​សង្គ្រោះ។ បន្ទាប់​មក ព្រះ‌នាង​នាំ​ភីលៀង​ពីរ​នាក់​យាង​ចូល​គាល់​ស្ដេច ព្រះ‌នាង​ទន់​ដៃ​ទន់​ជើង ផ្អែក​លើ​ភីលៀង​ម្នាក់  ភីលៀង​ម្នាក់​ទៀត​ដើរ​តាម​ក្រោយ ទាំង​កាន់​ស្បៃ​ដ៏​វែង​អន្លាយ។  ព្រះ‌នាង​រំភើប​ព្រះ‌ហឫទ័យ ទឹក​មុខ​ឡើង​ក្រហម​ព្រឿង ហើយ​មាន​រូប​ឆោម​ស្រស់​ល្អ​បំផុត។ ព្រះ‌នាង​មាន​ទឹក​មុខ​ញញឹម​ស្រស់ គួរ​ជា​ទី​ពេញ​ចិត្ត ប៉ុន្តែ ព្រះ‌នាង​បែរ​ជា​រន្ធត់​ចិត្ត និង​ភ័យ​ខ្លាច​ជា​ខ្លាំង  ព្រះ‌នាង​យាង​ឆ្លង​កាត់​ទ្វារ​ទាំង​អស់​នៃ​ព្រះ‌ដំណាក់ ហើយ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត របស់​ព្រះ‌មហា​ក្សត្រ។ ព្រះ‌រាជា​គង់​នៅ​លើ​បល្ល័ង្ក ព្រះ‌អង្គ​ព្រះ‌ភូសា​ដ៏​រុង​រឿង​រំលេច​ដោយ​មាស និង​ពេជ្រ គួរ​ឲ្យ​ស្ញែង​ខ្លាច តក់​ស្លុត ជា​ខ្លាំង។  ព្រះ‌រាជា​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​ទត​មើល​ព្រះ‌នាង​ទាំង​ក្រេវ​ក្រោធ។ ពេល​នោះ ព្រះ‌មហា​ក្សត្រិយានី​ស្លុត​ស្មារតី ដោយ​ភាព​ទន់​ខ្សោយ ព្រះ‌នាង​ឡើង​ស្លេក​ស្លាំង ក្រាប​ព្រះ‌សិរសា​លើ​ស្មា​ភីលៀង ដែល​នៅ​ខាង​មុខ​ព្រះ‌នាង។  ពេល​នោះ ព្រះ‌ជាម្ចាស់​ប្ដូរ​ព្រះ‌ហឫទ័យ​របស់​ស្ដេច ទៅ​ជា​ទន់​ភ្លន់​វិញ។ ព្រះ‌រាជា​ខ្វល់​ព្រះ‌ហឫទ័យ ក៏​ស្ទុះ​ចុះ​ពី​បល្ល័ង្ក ហើយ​ត្រកង‌បី​ព្រះ‌នាង រហូត​ទាល់​តែ​ព្រះ‌នាង​ដឹង​ស្មារ‌តី​ឡើង​វិញ។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ផ្អែម​ល្ហែម​ទៅ​កាន់​ព្រះ‌នាង​ថា៖  «តើ​អេសធែរ នាង​កើត​អ្វី? យើង​ជា​ស្វាមី​របស់​នាង​ហើយ! ចូរ​កុំ​ភ័យ​ខ្លាច​អ្វី  នាង​មិន​ត្រូវ​បាត់​បង់​ព្រះ‌ជន្ម​ឡើយ! រាជ‌ក្រឹត្យ​របស់​យើង សម្រាប់​តែ​មនុស្ស​ទូទៅ​ប៉ុណ្ណោះ​ទេ! ១០ សូម​យាង​មក​ជិត​យើង​មក!»។ ១១ ព្រះ‌រាជា​លើក​ដំបង​រាជ្យ​ធ្វើ​ពី​មាស មក​ដាក់​លើ​ស្មា​របស់​ព្រះ‌នាង​រួច​ថើប​ព្រះ‌នាង ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាន​សវនីយ៍​មក​ចុះ»។
១២ ព្រះ‌នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ឃើញ​ព្រះ‌ករុណា ដូច​ជា​ទេវទូត​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ម្ចាស់​រំភើប​ចិត្ត តក់​ស្លុត ដោយ​សារ​សិរី‌រុង​រឿង​របស់​ព្រះ‌ករុណា ១៣ ព្រះ‌អម្ចាស់​គួរ​ឲ្យ​ស្ងើច​សរសើរ ហើយ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អង្គ បង្ហាញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស!»។ ១៤ ប៉ុន្តែ ពេល​ព្រះ‌នាង​មាន​សវនីយ៍ ព្រះ‌នាង​ក៏​ដួល​ជា​ថ្មី ដោយ​សារ​តែ​ព្រះ‌នាង នៅ​ទន់​ខ្សោយ​នៅ​ឡើយ។ ១៥ ព្រះ‌រាជា​ជ្រួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ហើយ​រាជ​បម្រើ​ជួយ​ធ្វើ​ឲ្យ​ព្រះ‌នាង​ដឹង​ស្មារតី​ឡើង​វិញ។

ព្រះ‌នាង​អេសធែរ​ចូល​គាល់​ស្តេច
 លុះ​ដល់​ថ្ងៃ​ទី​បី ព្រះ‌នាង​អេសធែរ​ព្រះ‌អង្គ​គ្រឿង​សម្រាប់​ព្រះ‌មហា​ក្សត្រិ‌យានី យាង​ចូល​ទៅ​គាល់​ស្តេច​នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដែល​នៅ​ទល់​មុខ​នឹង​ដំណាក់​ឯ‌ទៀតៗ។ ពេល​នោះ ព្រះ‌រាជា​គង់​នៅ​លើ​បល្ល័ង្ក ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល។  ពេល​ព្រះ‌រាជា​ទត​ឃើញ​ព្រះ‌មហា​ក្សត្រិ‌យានី​ឈរ​នៅ​ក្នុង​សាល​នោះ ស្តេច​ក៏​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ភ្លាម។ ស្តេច​ហុច​ដំបង​មាស​ថ្វាយ​ព្រះ‌នាង​អេសធែរ ព្រះ‌នាង​អេសធែរ​ចូល​ទៅ​ជិត ហើយ​ពាល់​ចុង​ដំបង​នោះ។  ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធែរ​អើយ តើ​ព្រះ‌នាង​មាន​ការ​អ្វី? ព្រះ‌នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។  ព្រះ‌នាង​អេសធែរ​ទូល​ស្តេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ព្រះ‌ករុណា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀប‌ចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ម្ចាស់​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន់​ដែរ»។  ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​គេ​ហៅ​លោក​ហាម៉ាន់​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង តាម​ការ​អញ្ជើញ​របស់​ព្រះ‌នាង​អេសធែរ។ បន្ទាប់​មក ព្រះ‌រាជា និង​លោក​ហាម៉ាន់ ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ព្រះ‌នាង​អេសធែរ​បាន​រៀប‌ចំ។  ក្នុង​ពេល​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធែរ​ថា៖ «តើ​មហា‌ក្សត្រិ‌យានី​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។  ព្រះ‌នាង​អេសធែរ​ទូល​ស្តេច​វិញ​ថា៖ «តើ​ព្រះ‌ករុណា​ចង់​ជ្រាប​ពី​សំណូម​ពរ ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ឬ?  ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់​មែន សូម​ព្រះ‌ករុណា ព្រម​ទាំង​លោក​ហាម៉ាន់ ស្តេច​យាង និង​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀប‌ចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ព្រះ‌ករុណា​អំពី​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់»។
ថ្ងៃ​នោះ លោក​ហាម៉ាន់​ចាក​ចេញ​ទៅ ដោយ​មាន​ចិត្ត​ត្រេក‌អរ​សប្បាយ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន។ លោក​ឃើញ​លោក​ម៉ាដេកាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវ‌កិច្ច​ចំពោះ​លោក​ទេ។ ដូច្នេះ លោក​ហាម៉ាន់​ខឹង​នឹង​លោក​ម៉ាដេកាយ​ជា​ខ្លាំង។ ១០ លោក​ទប់​ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​ឲ្យ​គេ​ហៅ​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរ៉េស ជា​ភរិយា​មក​ជួប។ ១១ លោក​ហាម៉ាន់​អួត​ប្រាប់​ពួក​គេ​អំពី​ទ្រព្យ‌សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ​របស់​លោក ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​លោក​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្តេច​ប្រទាន​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្តេច។ ១២ លោក​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ព្រះ‌រាជា និង​រូប​ខ្ញុំ​ផ្ទាល់ ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​រៀប‌ចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ទៅ​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា​ទៀត។ ១៣ ទោះ​បី​មាន​កិត្តិយស​យ៉ាង​នេះ​ក្តី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង»។ ១៤ លោក​ស្រី​សេរ៉េស ជា​ភរិយា ព្រម​ទាំង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​ពោល​ថា៖ «ចូរ​ឲ្យ​គេ​ដំឡើង​បង្គោល​មួយ កម្ពស់​ហា‌សិប​ហត្ថ ហើយ​ស្អែក លោក​ទូល​សូម​ព្រះ‌រាជា​ព្យួរ ក​ម៉ាដេកាយ​ទៅ។ ដូច្នេះ លោក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន់​ណាស់ លោក​ក៏​ឲ្យ​គេ​ដំឡើង​បង្គោល។
លោក​ម៉ាដេកាយ​ទទួល​កិត្តិយស
 នៅ​យប់​នោះ ព្រះ‌រាជា​ផ្ទំ​មិន​លក់ ស្តេច​បញ្ជា​ឲ្យ​គេ​យក​សៀវភៅ ដែល​មាន​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​មក គឺ​សៀវភៅ​ប្រវត្តិ‌សាស្ត្រ ហើយ​គេ​ក៏​អាន​ថ្វាយ​ស្តេច។  គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេកាយ​វែក​មុខ​មហា‌តលិក​ពីរ​រូប ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្តេច គឺ​លោក​ប៊ីគតាន និង​លោក​តេរ៉ែស ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​ស៊ែរសេស។  ព្រះ‌រាជា​ក៏​សួរ​ថា៖ «តើ​គេ​បាន​លើក​កិត្តិយស និង​ដំឡើង​បុណ្យ​ស័ក្តិ ដើម្បី​សង​គុណ​លោក​ម៉ាដេកាយ​ឬ​ទេ?»។ ពួក​មន្ត្រី​ទូល​ស្តេច​ថា៖ «គ្មាន​ទាល់​តែ​សោះ ក្រាប​ទូល»។  ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​រាជ​ដំណាក់?»។ ពេល​នោះ លោក​ហាម៉ាន់​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ព្រះ‌រាជា ដើម្បី​ទូល​សូម​ស្តេច​ព្យួរ ក លោក​ម៉ាដេកាយ នៅ​លើ​បង្គោល​ដែល​លោក​បាន​ដំឡើង។  ពួក​រាជ​បម្រើ​ទូល​ស្តេច​ថា៖ «គឺ​លោក​ហាម៉ាន់​ឈរ​នៅ​ក្នុង​សាល»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ឲ្យ​លោក​ចូល​មក​ចុះ!»។  លោក​ហាម៉ាន់​ក៏​ចូល​មក ហើយ​ព្រះ‌រាជា​សួរ​លោក​ថា៖ «តើ​គួរ​ប្រព្រឹត្ត​ដូច​ម្ដេច ចំពោះ​អ្នក​ដែល​ស្តេច​ចង់​ផ្តល់​កិត្តិយស​ឲ្យ?»។ លោក​ហាម៉ាន់​គិត​ក្នុង​ចិត្ត​ថា «ក្រៅ​ពី​ខ្ញុំ គ្មាន​នរណា​ផ្សេង​ទៀត ដែល​ស្តេច​ចង់​ផ្តល់​កិត្តិយស​ឲ្យ​នោះ​ឡើយ!»។  លោក​ហាម៉ាន់​ក៏​ទូល​ស្តេច​ថា៖ «អ្នក​ដែល​ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​ផ្តល់​កិត្តិយស​នោះ  ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ភូសា​របស់​ព្រះ‌រាជា​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ព្រះ‌រាជា គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។  សូម​ចាត់​មន្ត្រី​ម្នាក់​របស់​ព្រះ‌ករុណា ឲ្យ​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​បុរស​នោះ ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ​របស់​ព្រះ‌ករុណា រួច​ដង្ហែ​តាម​ផ្លូវ​ក្នុង​ទី‌ក្រុង ទាំង​ស្រែក​ប្រកាស​នៅ​ពី​មុខ​គាត់​ថា ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ហឫទ័យ​ផ្តល់​កិត្តិយស!»។ ១០ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន់​ថា៖ «បើ​ដូច្នេះ សុំ​លោក​ប្រញាប់​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ ដូច​លោក​មាន​ប្រសាសន៍​ចុះ! ចូរ​ប្រព្រឹត្ត​ចំពោះ​គាត់ ឲ្យ​បាន​ដូច​ពាក្យ​របស់​លោក ឥត​ចន្លោះ​ត្រង់​ណា​ឡើយ»។ ១១ លោក​ហាម៉ាន់​ក៏​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេកាយ ហើយ​ឲ្យ​លោក​ឡើង​ជិះ​សេះ ដង្ហែ​កាត់​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទី‌ក្រុង ទាំង​ប្រកាស​ថា «ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ហឫទ័យ​ផ្តល់​កិត្តិយស!»។ ១២ បន្ទាប់​មក លោក​ម៉ាដេកាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង រីឯ​លោក​ហាម៉ាន់​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។ ១៣ លោក​ហាម៉ាន់​រៀប​រាប់​ប្រាប់​លោក​ស្រី​សេរ៉េស ជា​ភរិយា និង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​លោក។ ទី​ប្រឹក្សា​របស់​លោក ព្រម​ទាំង​លោក​ស្រី​សេរ៉េស ជា​ភរិយា ពោល​ទៅ​កាន់​លោក​ថា៖ «ម៉ាដេកាយ​ដែល​លោក​កំពុង​តែ​ចាញ់​ប្រៀប​នោះ ជា​សាសន៍​យូដា ដូច្នេះ លោក​ពុំ​អាច​តទល់​នឹង​គាត់​បាន​ឡើយ គឺ​លោក​មុខ​ជា​ចាញ់​ប្រៀប​គាត់​រហូត​មិន​ខាន»។ ១៤ អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហា‌តលិក​របស់​ស្តេច​ចូល​មក​ដល់ ហើយ​រូត‌រះ​នាំ​លោក​ហាម៉ាន់​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​អេសធែរ​បាន​រៀប‌ចំ។
លោក​ហាម៉ាន់​ទទួល​ទោស​ដល់​ស្លាប់
 ព្រះ‌រាជា និង​លោក​ហាម៉ាន់ បាន​ទៅ​ដល់ ហើយ​ជប់‌លៀង​ជា​មួយ​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ។  នៅ​ថ្ងៃ​ទី​ពីរ​នោះ​ទៀត ពេល​កំពុង​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធែរ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធែរ​អើយ តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។  ព្រះ‌នាង​អេសធែរ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ព្រះ‌អង្គ​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​ទុក​ជីវិត​ឲ្យ​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ពរ​នេះ​ផង  ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់ ដើម្បី​យក​ទៅ​ប្រល័យ​ឲ្យ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស ទាំង​ស្រី ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំ‌បាច់​ឲ្យ​ព្រះ‌រាជា​ខ្វល់‌ខ្វាយ​ឡើយ»។
 ព្រះ‌ចៅ​ស៊ែរសេស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ​ថា៖ «តើ​នរណា​ដែល​មាន​ចិត្ត​ចង់​ធ្វើ​បែប​នេះ គេ​នៅ​ឯ​ណា?»។  ព្រះ‌នាង​អេសធែរ​ទូល​ស្តេច​ថា៖ «បច្ចា‌មិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន់ ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន់​ស្លុត​ស្មារតី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា និង​ព្រះ‌មហា​ក្សត្រិ‌យានី។  ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ស្តេច​យាង​ចេញ​ពី​កន្លែង​ជប់‌លៀង ឆ្ពោះ​ទៅ​ឧទ្យាន​នៃ​រាជ‌វាំង។ រីឯ​លោក​ហាម៉ាន់​វិញ លោក​នៅ​ទី​នោះ ទូល‌អង្វរ​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ សុំ​ឲ្យ​បាន​រួច​ជីវិត ដ្បិត​លោក​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះ‌រាជា​សម្រេច​ធ្វើ​ទោស​លោក​ហើយ។  ព្រះ‌រាជា​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់‌លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន់​ក្រាប​លើ​គ្រែ ដែល​ព្រះ‌នាង​អេសធែរ​គង់​នៅ​លើ​នោះ។ ព្រះ‌រាជា​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហា‌ក្សត្រិ‌យានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មិន​ទាន់​ផុត​ផង ពួក​រាជ​បម្រើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន់។  មហា‌តលិក​មួយ​រូប​ឈ្មោះ​លោក​ហាបូ‌ណា​ទូល​ព្រះ‌រាជា​ថា៖ «លោក​ហាម៉ាន់​សង់​បង្គោល​មួយ​កម្ពស់​ហា‌សិប​ហត្ថ នៅ​វិមាន​របស់​លោក សម្រាប់​ព្យួរ ក​លោក​ម៉ាដេកាយ ជា​អ្នក​ដែល​បាន​រាយ‌ការណ៍ សង្គ្រោះ​ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា»។ ព្រះ‌រាជា​ក៏​បញ្ជា​ថា៖ «ចូរ​យក​លោក​ហាម៉ាន់​ទៅ​ព្យួរ ក​នៅ​បង្គោល​នោះ​ទៅ»។ ១០ គេ​ក៏​ព្យួរ ក​លោក​ហាម៉ាន់​នៅ​បង្គោល​ដែល​លោក​បាន​រៀប‌ចំ សម្រាប់​លោក​ម៉ាដេកាយ។ ពេល​នោះ ព្រះ‌រាជា​ក៏​ស្ងប់​ព្រះ‌ពិរោធ។
រាជ‌ក្រឹត្យ​ឲ្យ​សន្ដោស​ជន​ជាតិ​យូដា
 នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌ចៅ​ស៊ែរសេស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន់ ជា​បច្ចា‌មិត្ត​របស់​ជន​ជាតិ​យូដា ទៅ​ឲ្យ​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ។ ព្រះ‌នាង​អេសធែរ​ទូល​ស្តេច​ឲ្យ​បាន​ជ្រាប​ថា លោក​ម៉ាដេកាយ​ត្រូវ​ជា​សាច់‌ញាតិ​របស់​ព្រះ‌នាង ដូច្នេះ លោក​ម៉ាដេកាយ​ក៏​ចូល​មក​គាល់​ស្តេច។  ពេល​នោះ ព្រះ‌រាជា​យក​ត្រា​ព្រះ‌ទម្រង់ ដែល​ព្រះ‌អង្គ​បាន​ដក​ហូត​ពី​លោក​ហាម៉ាន់ មក​ប្រគល់​ជូន​លោក​ម៉ាដេកាយ។ ព្រះ‌នាង​អេសធែរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេកាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន់​ដែរ។
 ព្រះ‌នាង​អេសធែរ​ពុំ​បាន​ឈប់​ត្រឹម​នេះ​ទេ គឺ​ព្រះ‌នាង​ទូល​ស្តេច​សា​ជា​ថ្មី ទាំង​យំ​សោក នៅ​ទៀប​ព្រះ‌បាទា​របស់​ស្តេច សូម​ព្រះ‌អង្គ​អាណិត​មេត្តា​លុប​បំបាត់​ច្បាប់​ដ៏​អាក្រក់ ដែល​លោក​ហាម៉ាន់ ជា​ពូជ‌ពង្ស​របស់​ស្តេច​អកាក់ បាន​បង្កើត​ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា។  ព្រះ‌រាជា​ហុច​ដំបង​មាស​ទៅ​ឲ្យ​ព្រះ‌នាង​អេសធែរ ព្រះ‌នាង​អេសធែរ​ក៏​ក្រោក​ឈរ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច។  ព្រះ‌នាង​មាន​រាជ​សវនីយ៍​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫទ័យ និង​រីក‌រាយ​ចំពោះ​ខ្ញុំ​ម្ចាស់​មែន សូម​បញ្ជា​ឲ្យ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន់ ជា​កូន​របស់​លោក​ហាមេ‌ដាតា និង​ជា​ពូជ‌ពង្ស​របស់​ស្តេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា ឲ្យ​អស់​ពី​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា។  ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ‌ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ‌ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​ម្ចាស់​បាន​ឡើយ!»។
 ព្រះ‌ចៅ​ស៊ែរសេស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ និង​លោក​ម៉ាដេកាយ ដែល​ជា​ជន​ជាតិ​យូដា​ថា៖ «យើង​បាន​ប្រគល់​វិមាន​របស់​លោក​ហាម៉ាន់​ថ្វាយ​ព្រះ‌នាង​អេសធែរ ហើយ​ក៏​បាន​ឲ្យ​គេ​ព្យួរ ក​លោក​ហាម៉ាន់​នៅ​លើ​បង្គោល ព្រោះ​តែ​គាត់​ចង់​ធ្វើ​បាប​ជន​ជាតិ​យូដា​ដែរ។  ឥឡូវ​នេះ សូម​ព្រះ‌មហា​ក្សត្រិ‌យានី និង​លោក រៀប​រៀង​រាជ‌សារ​មួយ ក្នុង​នាម​ព្រះ‌មហា​ក្សត្រ ជា​រាជ‌សារ​ដែល​ផ្តល់​ការ​អនុ‌គ្រោះ​ដល់​ជន​ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ហ្លួង​ផង ដ្បិត​រាជ‌បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែ‌ប្រួល​បាន​ទេ»។  នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ‌សារ តាម​សេចក្ដី​ដែល​ម៉ាដេកាយ​បង្គាប់ ផ្ញើ​ទៅ​ជន​ជាតិ​យូដា ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​មេ​ដឹក​នាំ​អាណា‌ខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី គឺ​មាន​ទាំង​អស់​មួយ‌រយ​ម្ភៃ‌ប្រាំ​ពីរ​អាណា‌ខេត្ត។ រាជ‌សារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន​ជាតិ​យូដា​ក៏​បាន​ទទួល​រាជ‌សារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។ ១០ គេ​បាន​សរសេរ​រាជ‌សារ​ក្នុង​នាម​ព្រះ‌ចៅ​ស៊ែរសេស ប្រថាប់​ត្រា​ហ្លួង ហើយ​អ្នក​នាំ​សារ​ត្រូវ​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្តេច នាំ​រាជ‌សារ​ទៅ​ចែក​ផ្សាយ។ ១១ ក្នុង​លិខិត​នោះ ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា នៅ​ក្នុង​ទី‌ក្រុង​ទាំង​មូល​ប្រមូល​ផ្តុំ​គ្នា ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន​ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ ដែល​បៀត‌បៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។ ១២ ពួក​គេ​ត្រូវ​អនុវត្ត​រាជ‌សារ​នេះ តាម​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ចៅ​ស៊ែរសេស ក្នុង​ថ្ងៃ​តែ​មួយ គឺ​នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ទី​ដប់‌ពីរ ដែល​ជា​ខែ​ផល្គុន។ ១៣ អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ ហើយ​ឲ្យ​ជន​ជាតិ​យូដា​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ដើម្បី​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។ ១៤ អ្នក​នាំ​សារ​ក៏​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្តេច នាំ​រាជ‌សារ​ចាក​ចេញ​ទៅ​យ៉ាង​រូត‌រះ។ គេ​ក៏​បាន​ប្រកាស​រាជ‌សារ​នេះ​នៅ​ក្រុង​ស៊ូសា ជា​រាជ​ធានី​ដែរ។
១៥ លោក​ម៉ាដេកាយ​ចាក​ចេញ​ពី​ព្រះ‌រាជា ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្តេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​លោក​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សម្រែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសា​ទាំង​មូល។ ១៦ ជន​ជាតិ​យូដា​ពោរ‌ពេញ​ដោយ​អំណរ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ដោយ​ជ័យ‌ជម្នះ។ ១៧ នៅ​តាម​អាណា‌ខេត្ត និង​តាម​ក្រុង​នីមួយៗ ដែល​រាជ‌បញ្ជា និង​រាជ‌ក្រឹត្យ​ទៅ​ដល់ ជន​ជាតិ​យូដា​មាន​អំណរ​សប្បាយ​ឥត​ឧបមា។ ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ធំ។ មាន​ជាតិ​សាសន៍​ជា​ច្រើន​ចូល​សាសន៍​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជន​ជាតិ​យូដា​ជា​ខ្លាំង។

លិខិត​គាំ‌ទ្រ​ជន​ជាតិ​យូដា
 រាជ‌សារ​នេះ​មាន​ចែង​ដូច​ត​ទៅ៖ «ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស ជា​ព្រះ‌មហា​ក្សត្រ ផ្ញើ​រាជ‌សារ​នេះ ជូន​ដល់​មន្ត្រី​រាជ‌ការ​ក្នុង​អាណា​ខេត្ត​ទាំង​មួយ‌រយ​ម្ភៃ‌ប្រាំពីរ តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី ព្រម​ទាំង​ដល់​ប្រជាជន ដ៏​ស្មោះ‌ត្រង់​នឹង​យើង សូម​ជ្រាប!
 មនុស្ស​ជា​ច្រើន រមែង​ក្លាយ​ទៅ​ជា​មនុស្ស​មាន​ចិត្ត​លោភ‌លន់​ហួស​ប្រមាណ ដោយ​សារ​តែ​បាន​ទទួល​កិត្តិ‌យស​ខ្ពង់​ខ្ពស់ ពី​សំណាក់​អ្នក​មាន​គុណ​លើ​គេ។  ពួក​គេ​មិន​ស្កប់​ចិត្ត​នឹង​កិត្តិ‌យស​ដែល​គេ​ទទួល​នោះ​ទេ គេ​មិន​គ្រាន់​តែ​មាន​បំណង​ធ្វើ​បាប​ប្រជា‌ពលរដ្ឋ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ឃុប​ឃិត​ប្រឆាំង​នឹង​ព្រះ‌រាជា ដែល​មាន​គុណ​លើ​គេ​ថែម​ទៀត​ផង។  ពួក​គេ​មិន​គ្រាន់​តែ​មិន​ដឹង​គុណ​ចំពោះ​មនុស្ស​ឯ​ទៀតៗ​ទេ គឺ​បណ្ដោយ​ខ្លួន​ទៅ​តាម​អ្នក​បោក​ប្រាស់ ដែល​មិន​ដឹង​ល្អ​អាក្រក់​ថែម​ទៀត។  មនុស្ស​ជា​ច្រើន​ដែល​កាន់​អំណាច តែង​តែ​ចាត់​តាំង​មិត្ត‌ភក្តិ​ដែល​ទុក​ចិត្ត ឲ្យ​ណែ​នាំ​កិច្ច‌ការ​របស់​ខ្លួន​ផ្ទាល់ ក្រោយ​មក​ក៏​ចាញ់​បោក​មិត្ត‌ភក្តិ ហើយ​រួម​គំនិត​ជា​មួយ​មិត្ត​សម្លាញ់​របស់​គេ​ទាំង​នោះ ដើម្បី​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់។ គេ​អាច​បង្ក​បង្កើត​នូវ​មហន្ត​រាយ​ដែល​មិន​អាច​កែ​ប្រែ​បាន​ឡើយ។  មិត្ត‌ភក្ដិ​ទាំង​នោះ បាន​ប្រើ​ល្បិច​បញ្ឆោត​ព្រះ‌ហឫទ័យ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌រាជា។  អ្នក​រាល់​គ្នា​អាច​សង្កេត​ឃើញ​ដោយ​ផ្ទាល់ ដោយ​មិន​បាច់​រំឭក​ពី​រឿង​និទាន​នៃ​សម័យ​បុរាណ ដែល​យើង​បាន​រៀប​រាប់​បញ្ជូល​មក​នោះ​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​តែ​សង្កេត​ហេតុ‌ការណ៍​ទាំង‌ឡាយ ដែល​កើត​ឡើង​នៅ​សម័យ​ឥឡូវ​នេះ អស់​អ្នក​ដែល​កាន់​អំណាច​បែប​មិន​ត្រឹម​ត្រូវ តែង​តែ​បង្កើត​ការ​អាក្រក់​បំផុត។  នៅ​ពេល​អនាគត យើង​នឹង​ខិត​ខំ​ណែ​នាំ​រាជា‌ណាចក្រ​ឲ្យ​បាន​សន្តិ‌ភាព និង​សេចក្ដី​សុខ​សាន្ត ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាជន​ទាំង​អស់។  យើង​នឹង​កែ​ប្រែ​សេចក្ដី​ទាំង‌ឡាយ​ដែល​ត្រូវ​ដូរ ហើយ​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​ដោយ​រិះ​គិត​ពិចារ‌ណា និង​ដោយ​យុត្តិធម៌​ផង។ ១០ លោក​ហាម៉ាន់ ជា​កូន​របស់​លោក​ហាមេ‌ដាតា ជា​ជន​ជាតិ​ម៉ាសេដូន​ម្នាក់ មិន‌មែន​ជា​ជន​ជាតិ​ពែរ្ស​ទេ គាត់​គ្មាន​ចិត្ត​សប្បុរស ដូច​យើង​ឡើយ យើង​បាន​ទទួល​លោក ឲ្យ​នៅ​ជា​មួយ​យើង។ ១១ យើង​ស្រឡាញ់​រាប់​អាន​លោក ដូច​យើង​ធ្លាប់​រាប់​អាន​ប្រជា‌ជាតិ​ទាំង‌ឡាយ រហូត​ដល់​ប្រទាន​ឲ្យ​គាត់​មាន​ឋានៈ​ជា “បិតា‌ជាតិ” និង​មន្ត្រី​ជាន់​ខ្ពស់​ជាង​គេ​បន្ទាប់​ពី​យើង​ផង! ហើយ​មនុស្ស​គ្រប់​គ្នា​ក្រាប​ថ្វាយ​បង្គំ​លោក។ ១២ ប៉ុន្តែ លោក​មិន​បាន​ទប់​ចិត្ត លោភ​លន់​របស់​ខ្លួន​ឡើយ ហើយ​បែរ​ជា​ខិត​ខំ​ដក​ទាំង​រាជ​អំណាច ទាំង​ជីវិត​របស់​យើង​ទៅ​វិញ។ ១៣ លោក​ប្រើ​កល‌ល្បិច​គ្រប់​យ៉ាង ដើម្បី​បញ្ឆោត​យើង និង​ទាម‌ទារ សូម​ឲ្យ​យើង​ប្រហារ​ជីវិត​លោក ម៉ាដេកាយ ដែល​ជា​អ្នក​សង្គ្រោះ​យើង និង​ជា​អ្នក​មាន​គុណ​លើ​យើង​ជា‌និច្ច។ លោក​សូម​ឲ្យ​ប្រហារ​ជីវិត​ព្រះ‌នាង​អេសធែរ ជា​ស្ត្រី​ដ៏​ពេញ​លក្ខណៈ ដែល​រួម​ជីវិត​ជា​មួយ​យើង​ក្នុង​ការ​គ្រង​រាជ្យ ព្រម​ទាំង​សូម​ឲ្យ​យើង​ប្រល័យ​ប្រជា‌ជាតិ​ទាំង​មូល​របស់​គេ​ផង។ ១៤ ធ្វើ​ដូច្នេះ គាត់​ស្មាន​ថា យើង​គ្មាន​អ្វី​ទី​ពឹង​ទៀត ហើយ​អាច​ផ្ទេរ​រាជ​អំណាច​ពី​ជន​ជាតិ​ពែរ្ស ទៅ​ជន​ជាតិ​ម៉ាសេដូន​វិញ។ ១៥ ប៉ុន្តែ យើង​យល់​ឃើញ​ថា ជន​ជាតិ​យូដា ដែល​ជន​មហា​ពាល​ហាម៉ាន់ បម្រុង​នឹង​ប្រល័យ​ឲ្យ​ផុត​ពូជ​នោះ ពុំ​មែន​ជា​មនុស្ស​អាក្រក់​ទេ!។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រតិ‌បត្តិ​តាម​ច្បាប់​ត្រឹម​ត្រូវ​ណាស់។ ១៦ ពួក​គេ​ក៏​ជា​បុត្រ​ធីតា​របស់​ព្រះ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម ដែល​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​របស់​យើង បាន​សម្បូរ​សប្បាយ តាំង​ពី​ជំនាន់​ព្រះ‌អយ្យកោ​របស់​យើង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។
១៧ ដូច្នេះ សូម​អស់​លោក​កុំ​អនុវត្ត​តាម​លិខិត​ដែល​លោក​ហាម៉ាន់ ជា​កូន​លោក​ហាម៉ា‌ដេតា បាន​ផ្ញើ​ជូន​មក​នោះ​ឡើយ។ ១៨ អ្នក​ដែល​សរសេរ​លិខិត​នេះ យើង​បាន​ឆ្កាង​នៅ​មាត់​ទ្វារ​ក្រុង​ស៊ូសា រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​គេ​ផង។ ព្រះ‌ជាម្ចាស់​ដែល​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ បាន​ដាក់​ទោស​លោក ស្រប​តាម​អំពើ​ដែល​គាត់​ប្រព្រឹត្ត​យ៉ាង​ទាន់​ហន់។
១៩ ចូរ​យក​រាជ‌សារ​នេះ ទៅ​ប្រកាស​គ្រប់​ទី​កន្លែង! ចូរ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា​កាន់​តាម​ប្រពៃណី​របស់​គេ​ដោយ​សេរី! ២០ ចូរ​ជួយ​ជ្រោម​ជ្រែង​ពួក​គេ​ឲ្យ​តតាំង​នឹង​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ពួក​គេ នៅ​ថ្ងៃ​ទី​ដប់‌បី នៃ​ខែ​ទី​ដប់‌ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន គឺ​ជា​ថ្ងៃ​កំណត់ ដើម្បី​ប្រល័យ​ពូជ​សាសន៍​របស់​ពួក​គេ​ផង។ ២១ ព្រះ‌អម្ចាស់​ដែល​គ្រប់​គ្រង​លើ​ពិភព‌លោក​ទាំង​មូល បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ថ្ងៃ​អំណរ​សប្បាយ ហើយ​មិន​មែន​ជា​ថ្ងៃ​ប្រល័យ​ពូជ​សាសន៍ សម្រាប់​ប្រជា‌រាស្ត្រ ដែល​ព្រះ‌អង្គ​ជ្រើស‌រើស​ឡើយ។ ២២ អ្នក​រាល់​គ្នា​ក៏​ដូច្នេះ​ដែរ ត្រូវ​លើក​ថ្ងៃ​ដ៏​ប្រសើរ​នេះ ធ្វើ​ជា​ថ្ងៃ​បុណ្យ​ប្រពៃណី​ជាតិ ដោយ​រៀប​ចំ​ពិធី​យ៉ាង​សប្បាយ​រីក​រាយ។ ២៣ ចាប់​ពី​ថ្ងៃ​នេះ ក៏​ដូច​ជា​ទៅ​ថ្ងៃ​អនាគត​ដែរ អ្នក​ស្មោះ‌ត្រង់​នឹង​ប្រជាជន​ពែរ្ស ចាត់​ទុក​ថ្ងៃ​នេះ​ជា​ថ្ងៃ​រួច​ពី​គ្រោះ​មហន្ត‌រាយ​ដ៏​ធ្ងន់​ធ្ងរ។ រីឯ​អ្នក​ដែល​ឃុប​ឃិត​ប្រឆាំង​នឹង​យើង​វិញ គេ​នឹង​នឹក​ចាំ​ថា គេ​ត្រូវ​តែ​វិនាស​ពុំ​ខាន។ ២៤ យើង​នឹង​ប្រើ​កង‌ទ័ព​ទៅ​ដុត​បំផ្លាញ​ចោល​ក្រុង​ណា ឬ​អាណា​ខេត្ត​ណា​ដែល​មិន​អនុវត្ត​តាម​រាជ‌បញ្ជា​នេះ។ គ្មាន​មនុស្ស​ណា អាច​រស់​នៅ​ក្នុង​ក្រុង ឬ​អាណា​ខេត្ត​នោះ​ទៀត​ទេ សូម្បី​តែ​បក្សា‌បក្សី និង​សត្វ​តិរច្ឆាន ក៏​រត់​ពី​ក្រុង និង​អាណា​ខេត្ត​នោះ​អស់​កល្ប‌ជានិច្ច។

១៣ សូម​បិទ​រាជ‌សារ​នេះ ក្នុង​រាជា‌ណាចក្រ​ទាំង​មូល ឲ្យ​ប្រជាជន​យូដា ឃើញ​ច្បាស់ ហើយ​ត្រៀម​ប្រយុទ្ធ​ទប់​ទល់​នឹង​អ្នក​ប្រឆាំង​គេ​នៅ​ថ្ងៃ​នោះ»។ ១៤ អ្នក​នាំ​សារ ជិះ​សេះ​ចាក​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ ដើម្បី​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌រាជា សូម្បី​នៅ​ក្រុង​ស៊ូសា ក៏​គេ​ប្រកាស​រាជ​ក្រឹត្យ​នេះ​ដែរ។
១៥ លោក​ម៉ាដេកាយ​ចាក​ចេញ​ពី​រាជ​វាំង ដោយ​ពាក់​ភូសា​របស់​ស្ដេច និង​ពាក់​មកុដ​មាស ព្រម​ទាំង​ឆ្នូត​ពណ៌​ក្រហម​ផង។ កាល​អ្នក​ក្រុង​ស៊ូសា​ឃើញ​លោក​ម៉ាដេកាយ គេ​អរ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ ១៦ រីឯ​ជន​ជាតិ​យូដា​វិញ ពួក​គេ​មាន​អំណរ​រីករាយ​ឥត​ឧបមា។ ១៧ នៅ​តាម​ទីក្រុង និង​តាម​អាណា​ខេត្ត​នីមួយៗ គឺ​គ្រប់​ទី​កន្លែង​ដែល​គេ​ប្រកាស​រាជ‌បញ្ជា​របស់​ស្ដេច ជន​ជាតិ​យូដា​មាន​អំណរ​សប្បាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ ជាតិ​សាសន៍​ដទៃ​ជា​ច្រើន​ទៀត សុខ​ចិត្ត​ទទួល​ពិធី​កាត់​ស្បែក ហើយ​ចូល​សាសន៍​យូដា ព្រោះ​គេ​ខ្លាច​ជន​ជាតិ​យូដា។
ការ​សង‌សឹក​របស់​ជន​ជាតិ​យូដា
 នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់‌ពីរ ត្រូវ​នឹង​ខែ​ផល្គុន គឺ​ជា​ថ្ងៃ​ដែល​រាជ‌បញ្ជា និង​រាជ‌ក្រឹត្យ ត្រូវ​អនុវត្ត​ជា​ធរ‌មាន។ ថ្ងៃ​ដែល​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​យូដា​សង្ឃឹម​ថា កិន​កម្ទេច​ជន​ជាតិ​យូដា​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ ដែល​ជន​ជាតិ​យូដា​កិន​កម្ទេច​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ។  នៅ​តាម​ក្រុង​នានា ក្នុង​អាណា‌ខេត្ត​ទាំង​អស់​របស់​ព្រះ‌ចៅ​ស៊ែរសេស ជន​ជាតិ​យូដា​ប្រមូល​ផ្តុំ​គ្នា ដើម្បី​សង‌សឹក​អស់​អ្នក​ដែល​មាន​បំណង​ធ្វើ​បាប​ពួក​គេ។ គ្មាន​នរណា​អាច​តទល់​នឹង​ជន​ជាតិ​យូដា​បាន​ឡើយ ដ្បិត​ជាតិ​សាសន៍​ទាំង‌ឡាយ​ភ័យ​ខ្លាច​ជន​ជាតិ​យូដា​គ្រប់ៗ​គ្នា។  មេ​ដឹក​នាំ​អាណា‌ខេត្ត ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​ពួក​រាជការ​ទាំង​អស់ បាន​គាំ‌ទ្រ​ជន​ជាតិ​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​លោក​ម៉ាដេកាយ​គ្រប់ៗ​គ្នា  ដ្បិត​លោក​ម៉ាដេកាយ​ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជ‌វាំង។ កិត្តិនាម​របស់​លោក​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ក្នុង​អាណា‌ខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។
 ជន​ជាតិ​យូដា​បាន​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដោយ​មុខ​ដាវ។ ពួក​គេ​កាប់​សម្លាប់ និង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ចិត្ត​របស់​ខ្លួន។  គ្រាន់​តែ​នៅ​ក្រុង​ស៊ូសា ជន​ជាតិ​យូដា​បាន​ប្រហារ​ជីវិត​សត្រូវ​អស់​ប្រាំ‌រយ​នាក់។  ពួក​គេ​ក៏​បាន​ប្រហារ​ជីវិត​ប៉ាសាន‌ដាថា ដាល់ផូន អាសប៉ាតា  ប៉ូរ៉ាតា អដាលីយ៉ា អរីដាតា  ប៉ាម៉ាសតា អរីសាយ អរីដាយ និង​វ៉ាយេ‌សាតា ១០ ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន់ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាមេ‌ដាតា ជា​បច្ចា‌មិត្ត​របស់​ជន​ជាតិ​យូដា។ ប៉ុន្តែ ជន​ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។
១១ នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌រាជា​ជ្រាប​ដំណឹង អំពី​ចំនួន​អស់​អ្នក​ដែល​ជន​ជាតិ​យូដា​បាន​សម្លាប់​នៅ​ក្រុង​ស៊ូសា ជា​រាជ​ធានី។ ១២ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសា​ជា​រាជ​ធានី ជន​ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ‌រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន់​ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណា‌ខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​ព្រះ‌នាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ ព្រះ‌នាង​សុំ​អ្វី ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។ ១៣ ព្រះ‌នាង​អេសធែរ​ទូល​ស្តេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នៅ​ថ្ងៃ​ស្អែក សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា​ប្រព្រឹត្ត ដូច​ថ្ងៃ​នេះ​នៅ​ក្រុង​ស៊ូសា​ដែរ។ សូម​ឲ្យ​គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន់ ទៅ​ព្យួរ​លើ​បង្គោល​នោះ​ផង»។ ១៤ ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសា។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន់​ទៅ​ព្យួរ។ ១៥ ជន​ជាតិ​យូដា​បាន​ជួប‌ជុំ​គ្នា​ក្នុង​ក្រុង​ស៊ូសា នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន​ដែរ ហើយ​ប្រហារ​ជីវិត​មនុស្ស​បី‌រយ​នាក់​ទៀត តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។
១៦ ជន​ជាតិ​យូដា​ឯ‌ទៀតៗ​ដែល​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ផល្គុន នោះពួក​គេ​ប្រហារ​ជីវិត​បច្ចា‌មិត្ត​អស់​ប្រាំ​ពីរ‌ម៉ឺន​ប្រាំ‌ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទេ។ ១៧ នៅ​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ ១៨ ចំណែក​ឯ​ជន​ជាតិ​យូដា​នៅ​ក្រុង​ស៊ូសា​វិញ ពួក​គេ​ជួប‌ជុំ​គ្នា​សង‌សឹក​ខ្មាំង​សត្រូវ នៅ​ថ្ងៃ​ទី​ដប់​បី និង​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ ១៩ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​យូដា​នៅ​ក្រៅ​ទី‌ក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។
ពិធី​បុណ្យ​ពួរីម
២០ លោក​ម៉ាដេកាយ​សរសេរ​លិខិត​ផ្ញើ​ជូន​ជន​ជាតិ​យូដា​ទាំង​អស់ នៅ​តាម​អាណា‌ខេត្ត​នានា​របស់​ព្រះ‌ចៅ​ស៊ែរសេស គឺ​ទាំង​អ្នក​នៅ​ជិត ទាំង​អ្នក​នៅ​ឆ្ងាយ ២១ បង្គាប់​ឲ្យ​ពួក​គេ​គោរព​ថ្ងៃ​ទី​ដប់‌បួន និង​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ផល្គុន ទុក​ជា​ថ្ងៃ​បុណ្យ​រៀង​រាល់​ឆ្នាំ​រហូត​ត​ទៅ ២២ ដ្បិត​ថ្ងៃ​នោះ ជន​ជាតិ​យូដា​បាន​រំដោះ​ជីវិត​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​ខែ​នោះ ទុក្ខ​ព្រួយ​របស់​ពួក​គេ​បាន​ផ្លាស់​ប្រែ​ជា​អំណរ​សប្បាយ ការ​កាន់​ទុក្ខ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​រីក‌រាយ។ ពួក​គេ​ត្រូវ​ញែក​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ជា​ថ្ងៃ​ដែល​ត្រូវ​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចែក​ទាន​ដល់​ជន​ក្រីក្រ​ទៀត​ផង។ ២៣ ជន​ជាតិ​យូដា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេកាយ​បង្គាប់ ហើយ​ចាត់​ទុក​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នោះ ជា​បុណ្យ​ប្រពៃណី​ត​រៀង​មក ២៤ ដើម្បី​រំឭក​ពី​គ្រា​ដែល​បច្ចា‌មិត្ត​របស់​ជន​ជាតិ​យូដា គឺ​លោក​ហាម៉ាន់​ជា​កូន​របស់​លោក​ហាមេដាតា និង​ជា​ពូជ‌ពង្ស​របស់​ស្តេច​អកាក់ បាន​រៀប‌ចំ​គម្រោង‌ការ​ប្រល័យ​ពូជ‌សាសន៍​យូដា។ លោក​ហាម៉ាន់​បាន​បោះ​ពួរីម ដើម្បី​ផ្សង​រក​មើល​ថ្ងៃ​ល្អ សម្រាប់​ធ្វើ​ទុក្ខ​ទោស និង​ប្រល័យ​ពូជ‌សាសន៍​យូដា។ ២៥ ប៉ុន្តែ នៅ​ពេល​ព្រះ‌នាង​អេសធែរ​ចូល​គាល់​ព្រះ‌រាជា នោះ​ស្តេច​បាន​ចេញ​បញ្ជា ដោយ​លាយ‌លក្ខណ៍​អក្សរ ឲ្យ​គេ​ព្យួរ ក​លោក​ហាម៉ាន់ និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សម្រាប់​ជន​ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។ ២៦ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​បុណ្យ​ពួរីម តាម​ឈ្មោះ​ប្រដាប់​ផ្សង​ពួរីម។ ជន​ជាតិ​យូដា​ប្រារព្ធ​បុណ្យ​នោះ ដើម្បី​រំឭក​ពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​ឡើង ដូច​មាន​ចែង​ទុក​ក្នុង​លិខិត​របស់​លោក​ម៉ាដេកាយ ហើយ​ពួក​គេ​ក៏​បាន​ឃើញ ព្រម​ទាំង​ជួប​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ដែរ។ ២៧ ជន​ជាតិ​យូដា​យក​ព្រឹត្តិ‌ការណ៍​នោះ​ធ្វើ​ជា​បុណ្យ​ប្រពៃណី ដែល​ពួក​គេ ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​ចូល​សាសន៍​យូដា ត្រូវ​តែ​នាំ​គ្នា​ប្រារព្ធ ឥត​ប្រែ‌ប្រួល​បាន​ឡើយ គឺ​រៀង​រាល់​ឆ្នាំ គេ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ពីរ​ថ្ងៃ​នោះ តាម​ពេល​កំណត់ និង​តាម​របៀប​ដែល​លោក​ម៉ាដេកាយ​បាន​បង្គាប់។ ២៨ ពួក​គេ​នាំ​គ្នា​រំឭក និង​ប្រារព្ធ​ថ្ងៃ​បុណ្យ​នេះ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តាម​ក្រុម​គ្រួសារ តាម​ស្រុក និង​តាម​ក្រុង​នានា។ ជន​ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​ពួរីម​នេះ ដោយ​ខាន​មិន​បាន ដើម្បី​ឲ្យ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ ចង​ចាំ​ពី​ព្រឹត្តិ‌ការណ៍​នោះ​ជា‌និច្ច។
២៩ ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេកាយ ដែល​ជា​ជន​ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្តី​អំពី​បុណ្យ​ពួរីម។ ៣០ គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន​ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ‌រយ​ម្ភៃ‌ប្រាំ​ពីរ​របស់​ព្រះ‌ចៅ​ស៊ែរសេស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។ ៣១ ជន​ជាតិ​យូដា និង​ពូជ‌ពង្ស​របស់​គេ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ពួរីម ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា និង​ព្រះ‌មហា​ក្សត្រិ‌យានី​អេសធែរ​បាន​បង្គាប់ តាម​ថ្ងៃ​កំណត់ ដូច​ប្រារព្ធ​ពិធី​តម​អាហារ និង​បុណ្យ​ជយ‌ឃោស​ដែរ។ ៣២ រាជ‌បញ្ជា​របស់​ព្រះ‌នាង​អេសធែរ​ជា​មូល‌ដ្ឋាន​នៃ​ពិធី​បុណ្យ​ពួរីម ហើយ​គេ​ក៏​បាន​ចង​ក្រង​ទុក​ក្នុង​កណ្ឌ​គម្ពីរ​នេះ។
១០
ព្រះ‌ចៅ​ស៊ែរសេស និង​លោក​ម៉ាដេកាយ
 ព្រះ‌ចៅ​ស៊ែរសេស​បាន​បង្ខំ​ប្រជាជន​ដែល​រស់​លើ​ដី​គោក និង​នៅ​តាម​កោះ​នានា ឲ្យ​បង់​ពន្ធដារ។  ឫទ្ធិ​អំណាច និង​វីរ‌ភាព​របស់​ព្រះ‌រាជា ព្រម​ទាំង​សេចក្ដី​ដែល​រៀប​រាប់​អំពី​ព្រះ‌រាជា ប្រទាន​តំណែង​ខ្ពង់‌ខ្ពស់​ដល់​លោក​ម៉ាដេកាយ​នោះ សុទ្ធ​តែ​មាន​ចែង​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​ម៉ែដ និង​ពែរ្ស។  លោក​ម៉ាដេកាយ ដែល​ជា​ជន​ជាតិ​យូដា បាន​ទទួល​តំណែង​ធំ​ជាង​គេ បន្ទាប់​ពី​ព្រះ‌ចៅ​ស៊ែរសេស។ លោក​ជា​វរជន​មួយ​រូប​របស់​ជន​ជាតិ​យូដា ដែល​ជន​រួម​ជាតិ​របស់​លោក​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា។ លោក​តែង‌តែ​ផ្តល់​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ​ជូន​ប្រជាជន​របស់​លោក​ជា‌និច្ច។

 លោក​ម៉ាដេកាយ​តែង​តែ​ពោល​ថា៖ «ព្រឹត្តិ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដោយ​សារ​ព្រះ‌ជាម្ចាស់។  ខ្ញុំ​នឹក​ឃើញ​សុបិន​ដែល​ស្ដី​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះ ហើយ​អ្វីៗ​ក៏​កើត​ឡើង​ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។  ប្រភព​ទឹក​មួយ​ដ៏​តូច ប្រែ​ជា​ទន្លេ​ធំ រួច​មាន​ពន្លឺ មាន​ព្រះ‌អាទិត្យ និង​មាន​ទឹក​ជា​ច្រើន។ ទន្លេ​គឺ​ព្រះ‌នាង​អេសធែរ​ដែល​ព្រះ‌រាជា​យក​ធ្វើ​ជា​ព្រះ‌មហេសី និង​តែង​តាំង​ជា​ព្រះ‌មហា​ក្សត្រិយានី។  នាគ​ពីរ​គឺ​លោក​ហាម៉ាន់ និង​ខ្ញុំ​ផ្ទាល់។  ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​ជាតិ​សាសន៍​ដែល​ប្រមូល​គ្នា ដើម្បី​លុប​បំបាត់​ឈ្មោះ​របស់​ជន​ជាតិ​យូដា។  ប្រជា‌ជាតិ​របស់​ខ្ញុំ គឺ​ប្រជាជន​អ៊ីស្រា‌អែល ដែល​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​សង្គ្រោះ​ពួក​គេ។ ព្រះ‌អម្ចាស់ បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អម្ចាស់​បាន​រំដោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​គ្រោះ​កាច​ទាំង​នោះ! ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ទី​សម្គាល់ និង​បាដិហារិយ៍​យ៉ាង​អស្ចារ្យ មិន​ដែល​កើត​មាន ដូច្នេះ ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ឡើយ។  ហេតុ​នេះ​ហើយ បាន​ជា​ព្រះ‌អង្គ​បម្រុង​ទុក​វាសនា​ពីរ មួយ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មួយ​ទៀត​សម្រាប់​ជាតិ​សាសន៍​ដទៃ​ទាំង​អស់។  វាសនា​ទាំង​ពីរ​នេះ កើត​ឡើង​តាម​ពេល​កំណត់ គឺ​នៅ​ថ្ងៃ ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ជាតិ​សាសន៍​ទាំង‌ឡាយ។  ព្រះ‌ជាម្ចាស់​មិន​បំភ្លេច​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទេ ព្រះ‌អង្គ​បាន​រក​យុត្តិធម៌ ឲ្យ​ប្រជា​រាស្រ្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។ ១០ ហេតុ​នេះ​ហើយ បាន​ជា​នៅ​ថ្ងៃ​ទី​ដប់‌បួន និង​ដប់‌ប្រាំ នៃ​ខែ​ផល្គុន ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ជួប‌ជុំ​គ្នា ប្រារព្ធ​ពិធី​យ៉ាង​សែន​សប្បាយ​រីករាយ នៅ​គ្រប់​ដំណ​ត​រៀង​ទៅ។
១១ នៅ​ឆ្នាំ​ទី​បួន ក្នុង​រជ្ជ​កាល​ព្រះ‌បាទ​ផ្ទូលេមេ និង​ព្រះ‌នាង​ក្លេអូប៉ាត្រ លោក​ដូស៊ីត​ដែល​អួត​អាង​ថា ខ្លួន​ជា​បូជា‌ចារ្យ និង​ជា​សមាជិក​ក្រុម​លេវី និង​លោក​ផ្ទូលេមេ ជា​កូន រៀប​រាប់​លិខិត​ខាង​លើ​នេះ។ លោក​ទាំង​ពីរ​ប្រកាស​ថា លិខិត​នេះ​ពិត​ជា​លិខិត​ស្ដី​អំពី​បុណ្យ​ពួរីម ដែល​លោក​លីស៊ីម៉ាក​ជា​កូន​របស់​លោក​ផ្ទូលេមេ ជា​អ្នក​ក្រុង​យេរូ‌សាឡឹម បាន​បក​ប្រែ​ពី​ច្បាប់​ដើម៕
605 Views

Theme: Overlay by Kaira