សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិត​របស់​គ្រីស្តទូត​ប៉ូល​ផ្ញើ​ជូន
គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ

ពាក្យលំនាំ

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន

គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ

ពាក្យ​លំនាំ

ក្រុង​អេភេសូៈ

នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​មួយ ចំនួន​ព្រះ‌សហគមន៍​នៅ​ភូមិ​ភាគ​មជ្ឈិម‌បូព៌ា​ប្រទេស​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ក្រុម​គ្រីស្ត​បរិស័ទ​នីមួយៗ​មាន​ទំនាក់‌ទំនង​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​ក្នុង​ចំណោម​ក្រុម​ទាំង​នោះ គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ​ហាក់​ដូច​ជា​មាន​មុខ​មាត់​ជាង​គេ ព្រោះ​លោក​ប៉ូល​ធ្លាប់​បាន​ស្នាក់​អាស្រ័យ​នៅ​ក្រុង​នេះ​អស់‌រយៈ​ពេល​បី​ឆ្នាំ កាល​លោក​ចេញ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ជា​លើក​ទី​បី (កិច្ច‌ការ ១៩.១‑២០.១)។
លោក​ប៉ូល​សរសេរ​លិខិត​នេះពេល​លោក​ជាប់​ឃុំ‌ឃាំង(៣.១ និង​៤.១)។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​រាប់​លិខិត​នេះ​បញ្ចូល​ក្នុង​ចំណោម​លិខិត​ឯ​ទៀតៗ ដែល​ហៅ​ថា “លិខិត​សរសេរ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង” គឺ​មាន​លិខិត​ផ្ញើ​ជូន​គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ ក្រុង​ភីលីព ក្រុង​កូឡូស និង​លិខិត​ផ្ញើ​ជូន​លោក​ភីលេ‌ម៉ូន។
លិខិត​នេះ និង​លិខិត​ផ្ញើ​ជូន​គ្រីស្ត​បរិស័ទ​នៅ​ក្រុង​កូឡូស មាន​លំនាំ​ប្រហាក់‌ប្រហែល​គ្នា។ ដូច្នេះ មាន​អ្នក​ប្រាជ្ញ​ខ្លះ​សន្និ‌ដ្ឋាន​ថា លោក​ប៉ូល​មិន​បាន​សរសេរ​លិខិត​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់​ទេ គឺ​មាន​កូន​ចៅ​របស់​លោក​ម្នាក់​បាន​សរសេរ​លិខិត​នេះ​ផ្ញើ​ជូន​ព្រះ‌សហគមន៍​នានា​នៅ​មជ្ឈិម‌បូព៌ា​ប្រទេស ដោយ​មាន​បំណង​ចង់​ជួយ​ពង្រឹង ជួយ​បំភ្លឺ និង​កែ​តម្រង់​ជំនឿ​របស់​គ្រីស្ត​បរិស័ទ​នៅ​ក្រុង​អេភេសូ ឲ្យ​ស្រប​នឹង​ការ​ប្រៀន‌ប្រដៅ​របស់​លោក​ប៉ូល។

គោល​សំខាន់ៗ

លិខិត​នេះ ចង់​ពន្យល់​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ដែល​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​មនុស្ស​លោក។ ព្រះ‌សហគមន៍​ពិត​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត ហើយ​នាំ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​មក​ឲ្យ​មនុស្ស​លោក​ទាំង‌ឡាយ ព្រះ‌សហគមន៍​នេះ ក៏​ជា​មហេសី​របស់​ព្រះ‌គ្រីស្ត​ដែរ។

គម្រោង​គម្ពីរ​អេភេសូ:

• សេចក្ដី​ផ្ដើម ១.១-២
• ព្រះ‌គ្រីស្ត និង​ព្រះ‌សហគមន៍ ១.៣‑៣.២១
• ជីវិត​ថ្មី​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ៤.១‑៦.២០
• អវសាន‌កថា ៦.២១-២៤
សេចក្ដី​ផ្ដើម
 ខ្ញុំ ប៉ូល ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តាំង​ជា​គ្រីស្តទូត*​របស់​ព្រះ‌គ្រីស្ត*​យេស៊ូ សូម​ជម្រាប​មក​បង‌ប្អូន​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ [នៅ​ក្រុង​អេភេសូ]​ ដែល​ជឿ​លើ​ព្រះ‌គ្រីស្ត‌យេស៊ូ។  សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត​ប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។
ព្រះ‌ពរ​ដ៏​លើស‌លប់​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ដល់​អ្នក​ជឿ
 សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។  ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ* និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​។  ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើ​ជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ  ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។  ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។  ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។  ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់‌កំបាំង*​នៃ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​បំណង​ដ៏​សប្បុរស ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។ ១០ ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែន‌ដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។ ១១ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះ‌គ្រីស្ត ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន‌ការ​របស់​ព្រះ‌អង្គ ដែល​សម្រេច​គ្រប់​កិច្ច‌ការ​ទាំង​អស់​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ១២ ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះ‌គ្រីស្ត​មុន​គេ​បង្អស់។ ១៣ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត បង‌ប្អូន​បាន​ស្ដាប់​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បង‌ប្អូន។ ក្នុង​អង្គ​ព្រះ‌គ្រីស្ត​បង‌ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សម្គាល់​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ១៤ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​នេះមក​បញ្ចាំ​ចិត្ត​យើង​ឲ្យ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះ‌អង្គ​លោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ជា​ស្ថាពរ ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។
ពាក្យ​អធិស្ឋាន​របស់​លោក​ប៉ូល
១៥ ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បង‌ប្អូន ក្នុង​អង្គ​ព្រះ‌អម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង‌ប្អូន​ចំពោះ​ប្រជាជន​ដ៏‌វិសុទ្ធ*​ទាំង​អស់ ១៦ នោះ​ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បង‌ប្អូន។ ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែង‌តែ​នឹក​គិត​ដល់​បង‌ប្អូន​ជា‌និច្ច ១៧ សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះ‌បិតា​ប្រកប​ដោយ​សិរី‌រុង​រឿង ប្រទាន​ព្រះ‌វិញ្ញាណឲ្យ​បង‌ប្អូន​មាន​ប្រាជ្ញា និង​សម្ដែង​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌អង្គ​យ៉ាង​ច្បាស់។ ១៨ សូម​ព្រះ‌បិតា​បំភ្លឺ​ចិត្ត​គំនិត​បង‌ប្អូន​ឲ្យ​យល់​ថា ដោយ​ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន បង‌ប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បង‌ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ* បង‌ប្អូន​នឹង​មាន​សិរី‌រុង​រឿង​ដ៏​ប្រសើរ​លើស‌លប់​យ៉ាង​ណា​ដែរ!។ ១៩ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បង‌ប្អូន​យល់​ទៀត​ថា ឫទ្ធា‌នុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះ‌អង្គ​សម្ដែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត។ ២០ ព្រះ‌អង្គ​បាន​សម្ដែង​មហិទ្ធិ‌ឫទ្ធិ​នេះ ដោយ​ប្រោស​ព្រះ‌គ្រីស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ ២១ ខ្ពស់​ជាង​វត្ថុ​ស័ក្តិ‌សិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់‌គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង​។ ២២ ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ត​ ព្រម​ទាំង​ប្រទាន​ឲ្យ​ព្រះ‌អង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​សិរសា​លើ​ព្រះ‌សហគមន៍ ២៣ ដែល​ជា​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។ ព្រះ‌សហគមន៍​នេះ​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌គ្រីស្ត ហើយ​ព្រះ‌គ្រីស្ត​ផ្ទាល់ក៏​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ដែរ​។
គ្រីស្ត​បរិស័ទ​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត
 ចំពោះ​បង‌ប្អូន បង‌ប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បង‌ប្អូន​រួច​ផុត​ទៅ​ហើយ។  ពី​ដើម បង‌ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព‌លោក​នេះ​ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិ‌ពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​នៅ​បច្ចុប្បន្ន‌កាល​នេះ។  រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភ‌លន់​នៃ​លោកីយ៍​នេះ យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​តាម​ទំនើង​ចិត្ត​លោកីយ៍ និង​តាម​គំនិត​របស់​យើង។ ពី​កំណើត​មក យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​​ពី​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ  ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែង‌តែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត  គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ត​វិញ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បង‌ប្អូន មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស។  ព្រះ‌អង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។  ព្រះ‌អង្គ​បង្ហាញ​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​ប្រសើរ​លើស‌លប់​បំផុត​របស់​ព្រះ‌អង្គ  ព្រះ‌អង្គ​សង្គ្រោះ​បង‌ប្អូន មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដោយ‌សារ​បង‌ប្អូន​មាន​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង‌ប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់  ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ ១០ យើង​ជា​ស្នា​ព្រះ‌ហស្ដដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ល្អ​ដែល​ព្រះ‌អង្គ​បាន​បម្រុង​ទុក​ជា​មុន សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម។
ការ​រួប‌រួម​គ្នា​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
១១ ដូច្នេះ សូម​បង‌ប្អូន​ចង​ចាំ​ថាៈ ពី​ដើម បង‌ប្អូន​កើត​មក​ជា​សាសន៍​ដទៃ​ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​កាត់​ស្បែក» ហៅ​បង‌ប្អូន​ថា «ពួក​មិន​កាត់​ស្បែក» ព្រោះ​គេ​សម្គាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។ ១២ កាល​ណោះ បង‌ប្អូន​នៅ​ឆ្ងាយ​ពី​ព្រះ‌គ្រីស្ត គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រា‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រី*​ដែល​ចង​ឡើង​ដោយ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់​ទេ បង‌ប្អូន​រស់​នៅ​ក្នុង​លោក​នេះ ដោយ​គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ‌ជាម្ចាស់​ដែរ។ ១៣ កាល​ពី​ដើម បង‌ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ‌គ្រីស្ត បង‌ប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ត។ ១៤ គឺ​ព្រះ‌គ្រីស្ត​ហើយ​ដែល​ជា​សន្តិ‌ភាព​របស់​យើង ព្រះ‌អង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ដ្រ​តែ​មួយ។ ព្រះ‌អង្គ​បាន​បូជា​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដើម្បី​រំលំ​ជញ្ជាំង​ដែល​ធ្វើ​ឲ្យ​សាសន៍​ទាំង​ពីរ​នៅ​ដាច់​ពី​គ្នា ហើយ​ជា​បច្ចា‌មិត្ត​នឹង​គ្នា។ ១៥ ព្រះ‌អង្គ​បាន​លុប​បំបាត់​វិន័យ* ដែល​មាន​បទ‌បញ្ញត្តិ និង​បទ​បញ្ជា​ផ្សេងៗ​ចោល ដើម្បី​បង្រួប‌បង្រួម​សាសន៍​ទាំង​ពីរ​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះ‌អង្គ​ផ្ទាល់ ព្រម​ទាំង​នាំ​សន្តិ‌ភាព​មក​ផង។ ១៦ ដោយ​ព្រះ‌អង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ‌ស្រួល​ជា​មួយ​ព្រះ‌ជាម្ចាស់​វិញ ទាំង​កម្ចាត់​ការ​ស្អប់​គ្នា​ចោល​ផង។ ១៧ ព្រះ‌អង្គ​បាន​យាង​មក «ទាំង​នាំ​ដំណឹង‌ល្អ*​អំពី​សន្តិ‌ភាព​មក​ឲ្យ​បង‌ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិ‌ភាព​មក​ឲ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ»១៨ ដោយ‌សារ​ព្រះ‌គ្រីស្ត​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌បិតា ដោយ​រួម​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ។
១៩ ហេតុ​នេះ បង‌ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិក‌ជន​ទៀត​ហើយ គឺ​បង‌ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ* និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះ‌ជាម្ចាស់។ ២០ ព្រះ‌អង្គ​បាន​កសាង​បង‌ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​គ្រីស្តទូត* និង​ព្យាការី* ជា​គ្រឹះ និង​មាន​ព្រះ‌គ្រីស្ត‌យេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។ ២១ គឺ​ព្រះ‌គ្រីស្ត​ហើយ ដែល​ធ្វើ​ឲ្យ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​ឲ្យ​ចម្រើន​ឡើង ទៅ​ជា​ព្រះ‌វិហារ*​ដ៏‌វិសុទ្ធ​មួយ រួម​ជា​មួយ​ព្រះ‌អម្ចាស់។ ២២ រីឯ​បង‌ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង‌ប្អូន​រួម​ជា​មួយ​ព្រះ‌អង្គ បង‌ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ក្នុង​ព្រះ‌វិញ្ញាណ។
ភារ‌កិច្ច​របស់​លោក​ប៉ូល​ក្នុង​ការ​នាំ​ជន​ជាតិ​ដទៃ​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់
 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រីស្ត‌យេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​សាសន៍​ដទៃ…។  បង‌ប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខ‌ងារ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​នោះ​ហើយ​មើល​ទៅ។  ព្រះ‌អង្គ​បាន​បង្ហាញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។  ពេល​បង‌ប្អូន​អាន​សេចក្ដី​នោះ បង‌ប្អូន​មុខ​ជា​ដឹង​ថា ខ្ញុំ​បាន​យល់​ច្បាស់​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រីស្ត។  នៅ​ជំនាន់​ដើម មនុស្ស‌ម្នា​ពុំ​បាន​ស្គាល់​គម្រោង‌ការ​នេះ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ក្រុម​គ្រីស្តទូត* និង​ព្យាការី*​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម‌រយៈ​ព្រះ‌វិញ្ញាណ​នោះ​ឡើយ  គឺ​ថា ដោយ‌សារ​ដំណឹង‌ល្អ* សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រះ‌កាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ព្រះ‌ពរ តាម​ព្រះ‌បន្ទូល​សន្យា​រួម​ជា​មួយ​សាសន៍​អ៊ីស្រា‌អែល ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែរ។  ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ តាម​ព្រះ‌អំណោយ​ទាន​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។  ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជាជន​ដ៏‌វិសុទ្ធ*​ក្តី ក៏​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះ‌ជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រីស្ត​ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។  ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោសឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប‌ជានិច្ច​រៀង​មក ក្នុង​ព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ។ ១០ នៅ​ពេល​នេះ ដោយ‌សារ​ព្រះ‌សហគមន៍ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ‌ជាម្ចាស់ ១១ តាម​ផែន‌ការ​ដែល​ព្រះ‌អង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់​កល្ប‌ជានិច្ច​រៀង​មក ហើយ​ព្រះ‌អង្គ​បាន​សម្រេច​ដោយ‌សារ​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ១២ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត និង​ដោយ​មាន​ជំនឿ​លើ​ព្រះ‌អង្គ យើង​មាន​ចិត្ត​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌ជាម្ចាស់ ទាំង​ទុក​ចិត្ត។ ១៣ ហេតុ​នេះ សូម​បង‌ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរី‌រុង​រឿង​របស់​បង‌ប្អូន​វិញ​ទេ។
ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត
១៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​​ព្រះ‌បិតា ១៥ ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​ផែន‌ដី ១៦ សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​បង‌ប្អូន ឲ្យ​មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត​ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ។ ១៧ សូម​ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​ចិត្ត​បង‌ប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បង‌ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ១៨ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ ១៩ គឺ​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។
២០ ព្រះ‌ជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង ២១ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ក្នុង​ព្រះ‌សហគមន៍ និង​ក្នុង​ព្រះ‌គ្រីស្ត‌យេស៊ូ នៅ​គ្រប់​ជំនាន់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។
ការ​រួប‌រួម​របស់​គ្រីស្ត​បរិស័ទ
 ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់‌តឿន​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា ដោយ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន ចូរ​រស់​នៅ​ ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។  ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់‌ធ្មត់ ព្រម​ទាំង​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់។  ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដី​សុខ‌សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់‌ទង​គ្នា។
 ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។  ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក*​មាន​តែ​មួយ។  ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​ធ្វើ​ការ​តាម‌រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។
 ព្រះ‌អង្គ​បាន​បាន​ប្រណី‌សន្ដោស​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទាន ដែល​ព្រះ‌គ្រីស្ត​ប្រទាន​មក​យើង។  ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា
«ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់
ព្រះ‌អង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅ​ជា​មួយ
ហើយ​ព្រះ‌អង្គ​ប្រទាន​ព្រះ‌អំណោយ​ទាន
ផ្សេងៗ​ដល់​មនុស្ស​លោក»
ពាក្យ​ថា“យាង​ឡើង​ទៅ”នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា ព្រះ‌អង្គ​បាន​យាង​ចុះ​មក​ផែន‌ដី​ដ៏​ទាប​នេះ​ជា​មុន​សិន។ ១០ ព្រះ‌អង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះ‌អង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរម‌សុខ* ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។ ១១ គឺ​ព្រះ‌អង្គ​ហើយដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​គ្រីស្តទូត* ឲ្យ​អ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ* អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន ១២ ដើម្បី​រៀបចំ​ប្រជាជន​ដ៏‌វិសុទ្ធ​ឲ្យ​បំពេញ​មុខ‌ងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត​ឡើង ១៣ រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នា មាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កម្ពស់​របស់​ព្រះ‌គ្រីស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​អស់​។ ១៤ ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានាផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង​នោះ​ទៀត​ដែរ។ ១៥ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់ យើង​នឹង​បាន​ចម្រើន​ឡើង​គ្រប់​វិស័យ​ទាំង​អស់ ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រីស្ត​ជា​សិរសា ១៦ គឺ​ព្រះ‌អង្គ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​ព្រះ‌កាយ តាម​កម្រិត​សមត្ថ‌ភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​ព្រះ‌កាយ​នោះ​ចម្រើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។
ជីវិត​ចាស់ និង​ជីវិត​ថ្មី
១៧ ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន និង​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ​ ដែល​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។ ១៨ គំនិត​អ្នក​ទាំង​នោះ​ងងឹត​សូន្យ‌សុង គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ជន្ម​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​គេ​មិន​ស្គាល់​ព្រះ‌អង្គ​ ហើយ​មាន​ចិត្ត​រឹង‌រូស​ទៀត​ផង។ ១៩ ដោយ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ គេ​នាំ​គ្នា​ប្រាស‌ចាក​សីល‌ធម៌ បណ្ដោយ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ​គ្រប់​យ៉ាង តាម​តែ​ចិត្ត​លោភ‌លន់​របស់​គេ។
២០ រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ពុំ​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះ‌គ្រីស្ត​របៀប​នេះ​ទេ។ ២១ ប្រសិន​បើ​បង‌ប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បង‌ប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះ‌អង្គ​មែន ២២ បង‌ប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បង‌ប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។ ២៣ ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មី​ឡើង ២៤ ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។
២៥ ហេតុ​នេះ សូម​បង‌ប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បង‌ប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ២៦ ប្រសិន​បើ​បង‌ប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។ ២៧ កុំ​ហុច​ឱកាស​ឲ្យ​មារ*​មក​ល្បួង​បង‌ប្អូន។ ២៨ អ្នក​ណា​ធ្លាប់​លួច កុំ​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ចិត្ត​ទៀង​ត្រង់ ដើម្បី​យក​ផល​ទៅ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។ ២៩ កុំ​ឲ្យ​មាន​ពាក្យ​អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បង‌ប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ព្រះ‌ពរ​មក​ឲ្យ​អ្នក​ស្ដាប់​ផង​ដែរ។ ៣០ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌ជាម្ចាស់ ព្រួយ​ព្រះ‌ហឫទ័យ​សោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌វិញ្ញាណ​មក​លើ​បង‌ប្អូន ទុក​សម្រាប់​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​យាង​មក​លោះ​យើង។
៣១ សូម​បង‌ប្អូន​កម្ចាត់​ចិត្ត​ជូរ‌ចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សម្រែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បង‌ប្អូន​ទៅ។ ៣២ ត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស​បង‌ប្អូន ដោយ‌សារ​ព្រះ‌គ្រីស្ត​ដែរ។
ជីវិត​រស់​នៅ​ក្នុង​ពន្លឺ
 សូម​បង‌ប្អូន​យក​តម្រាប់​តាម​ព្រះ‌ជាម្ចាស់​ចុះ ព្រោះ​បង‌ប្អូន​ជា​បុត្រ‌ធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។  ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​។
 ដោយ​បង‌ប្អូន​ជា​ប្រជាជន​ដ៏‌វិសុទ្ធ* មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីល‌ធម៌ អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បង‌ប្អូន​សោះ​ឡើយ  ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះ‌បោក ពាក្យ​ឡេះ‌ឡោះ ឬ​ពាក្យ​អាស‌អាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។  ចូរ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​ប្រាស‌ចាក​សីល‌ធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ និង​អ្នក​លោភ‌លន់​ដែល​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌គ្រីស្ត និង​របស់​ព្រះ‌ជាម្ចាស់​បាន​ជា​ដាច់​ខាត។  សូម​កុំ​ឲ្យ​នរណា​ម្នាក់​បោក‌បញ្ឆោត​បង‌ប្អូន ដោយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះ‌អង្គ។  ដូច្នេះ សូម​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។
 កាល​ពី​ដើម បង‌ប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ បង‌ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឲ្យ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួន​ទៅ។  ផល​នៃ​ពន្លឺ​នោះ គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។ ១០ ត្រូវ​រិះ‌គិត​មើល​ឲ្យ​ដឹង​ថា ការ​ណា​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ១១ ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​ឲ្យ​គេ​ឃើញ។ ១២ ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ត​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ណាស់​ទៅ​ហើយ។ ១៣ ប៉ុន្តែ កាល​ណា​អំពើ​ទាំង​នោះ​បាន​បើក​មុខ​ហើយ វា​នឹង​លេច​ចេញ​មក​ឲ្យ​គេ​ឃើញ​ច្បាស់​នៅ​ក្រោម​ពន្លឺ ១៤ ដ្បិត​អំពើ​ណា​ដែល​លេច​មក​ឲ្យ​គេ​ឃើញ​ហើយ​នោះ បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថាៈ «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌គ្រីស្ត​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។
១៥ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បង‌ប្អូន​រស់​នៅ​ឲ្យ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។ ១៦ ត្រូវ​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា ដ្បិត​សម័យ​នេះ​អាក្រក់​ណាស់។ ១៧ ហេតុ​នេះ មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះ‌គិតឲ្យ​យល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់។ ១៨ កុំ​ស្រវឹង​ស្រា ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ។ ១៩ ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ​ព្រះ‌ជាម្ចាស់ និង​បទ​ចម្រៀង​មក​ពី​ព្រះ‌វិញ្ញាណ។ ចូរ​ច្រៀង និង​លើក‌តម្កើង​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។ ២០ ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ច‌ការ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង។
ទំនាក់‌ទំនង​រវាង​ស្វាមី​ភរិយា
២១ បង‌ប្អូន​ដែល​កោត​ខ្លាច​ព្រះ‌គ្រីស្ត ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។
២២ បង‌ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ ២៣ ដ្បិត​ស្វាមី​នាំ​មុខ​ភរិយា ដូច​ព្រះ‌គ្រីស្ត​នាំ​មុខ​ព្រះ‌សហគមន៍* ហើយ​ជា​ព្រះ‌សង្គ្រោះ​របស់​ព្រះ‌សហគមន៍​ដែល​ជា​ព្រះ‌កាយ​ព្រះ‌អង្គ។ ២៤ ហេតុ​នេះ ព្រះ‌សហគមន៍​គោរព​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ត​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។
២៥ ចំពោះ​បង‌ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​ព្រះ‌សហគមន៍​ដែរ ព្រះ‌អង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់ សម្រាប់​ព្រះ‌សហគមន៍ ២៦ ដើម្បី​ប្រោស​ឲ្យ​ព្រះ‌សហគមន៍​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។ ២៧ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ព្រះ‌សហគមន៍​នេះ​មក​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សហគមន៍​ដ៏​រុង‌រឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​ទៅ​ជា​វិសុទ្ធ* ឥត​សៅ‌ហ្មង។ ២៨ ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា ឲ្យ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។ ២៩ ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​រូប​កាយ​នោះ ដូច​ព្រះ‌គ្រីស្ត​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​ព្រះ‌សហគមន៍ ៣០ ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។ ៣១ ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ​។ ៣២ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថ‌ន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះសំដៅ​លើ​ព្រះ‌គ្រីស្ត និង​ព្រះ‌សហគមន៍​តែ​ប៉ុណ្ណោះ។ ៣៣ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង‌ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។
ទំនាក់‌ទំនង​រវាង​ឪពុក​ម្ដាយ និង​កូន
 កុមា‌រា​កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា ដោយ​យល់​ដល់​ព្រះ‌អម្ចាស់​ ធ្វើ​ដូច្នេះ ទើប​ត្រឹម​ត្រូវ។  «ចូរ​គោរព​មាតា‌បិតា (នេះ​ជា​វិន័យ​ទី មួយ ដែល​មាន​ទាំង​ព្រះ‌បន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង)  ដើម្បី​ឲ្យ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែន‌ដី​នេះ»​។
 រីឯ​បង‌ប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន‌ប្រដៅ និង​ដំបូន្មាន ស្រប​តាម​ព្រះ‌អម្ចាស់។
ទំនាក់‌ទំនង​រវាង​ទាសករ និង​ម្ចាស់
 បង‌ប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច​ញាប់​ញ័រ និង​ដោយ​ចិត្ត​ស្មោះ​សរ ដូច​ស្ដាប់​បង្គាប់​ព្រះ‌គ្រីស្ត​ដែរ  មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង‌ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បម្រើ​ព្រះ‌គ្រីស្ត ដែល​យក​ចិត្ត​ទុក​ដាក់ ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់។  ត្រូវ​បម្រើ​ម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ដូច​បម្រើ​ព្រះ‌អម្ចាស់ ពុំ​មែន​បម្រើ​មនុស្ស​ទេ  ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្តី នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
 រីឯ​បង‌ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​បង‌ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង‌ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរម‌សុខ* ហើយ​ព្រះ‌អង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។
គ្រឿង​សាស្ត្រា‌វុធ​របស់​អ្នក​ជឿ
១០ មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ។ ១១ ចូរ​បង‌ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​មារ* ១២ ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្តិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូបិយ​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ ១៣ ហេតុ​នេះ ចូរ​បង‌ប្អូន​ប្រើ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​ទៅ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។ ១៤ ដូច្នេះ ចូរ​មាន​ជំហរ​រឹង‌ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវ‌ក្រោះ ១៥ យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង‌ល្អអំពី​សេចក្ដី​សុខ‌សាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។ ១៦ ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ដើម្បី​ឲ្យ​បង‌ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។ ១៧ ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះ‌វិញ្ញាណ។ ១៨ ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជាជន​ដ៏‌វិសុទ្ធ*​ទាំង​អស់។ ១៩ ចូរ​អង្វរ​ព្រះ‌អង្គ​សម្រាប់​ខ្ញុំ​ផង សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ* ២០ ទោះ​បី​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹង‌ល្អ​នេះ​ដែរ ដូច្នេះ សូម​ទូល‌អង្វរ​ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។
អវសាន​កថា
២១ លោក​ទីឃី‌កុសជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​ជា​អ្នក​បម្រើ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អម្ចាស់ នឹង​ជម្រាប​បង‌ប្អូន​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ និង​អំពី​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ដែរ។ ២២ ខ្ញុំ​ចាត់​គាត់​មក​រក​បង‌ប្អូន ក្នុង​គោល​បំណង​ឲ្យ​បង‌ប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បង‌ប្អូន​ទៀត​ផង។
២៣ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់ ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង‌ប្អូន។ ២៤ សូម​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង ដោយ​ឥត​មាន​ចិត្ត​ប្រែ‌ប្រួល​ឡើយ។
1,103 Views

Theme: Overlay by Kaira