សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
សាស្តា

ពាក្យលំនាំ

សាស្តា

ពាក្យ​លំនាំ

ពាក្យ​ប្រៀន‌ប្រដៅ​របស់«សាស្តា» មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ផ្សេង​ទៀត នៅ​ក្នុង​គម្ពីរ​សុភាសិត។ សេចក្ដី​ដែល​សាស្តា​ប្រៀន‌ប្រដៅ ផុស​ចេញ​ពី​បទ​ពិសោធ និង​ការ​ត្រិះ‌រិះ​ដ៏​យូរ​អំពី​ជីវិត។
សាស្តា​យល់​ឃើញ​ថា សុភមង្គល​របស់​មនុស្ស​មិន​នៅ​ស្ថិត‌ស្ថេរ​ទេ ហើយ​ជា​ញឹក​ញាប់ ការ​ខំ​ប្រឹង‌ប្រែង​របស់​មនុស្ស ដើម្បី​ស្វែង​រក​សុភមង្គល ក៏​ឥត​ខ្លឹមសារ​ដែរ។ ហេតុ​នេះ សាស្តា​ដណ្ដឹង​សួរ​ថា តើ​ជីវិត​មាន​ន័យ​ឬ​យ៉ាង​ណា តើ​រស់​នៅ​លើ​ផែន‌ដី​បាន​ប្រយោជន៍​អ្វី? សាស្តា​មាន​បំណង​ណែ‌នាំ​អ្នក​អាន​ឲ្យ​រិះ‌គិត​ពិចារណា​អំពី​ជីវិត​ដូច​លោក​ដែរ។
សេចក្ដី​ប្រៀន‌ប្រដៅ​របស់​សាស្តា​ជា​ការ​សង្កេត​ចំពោះ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ក្នុង​លោក​នេះ។ លោក​អះ‌អាង​ជា​ច្រើន​លើក​ច្រើន​សា​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ គឺ​យុវ‌វ័យ ទ្រព្យ‌សម្បត្តិ កិត្តិ‌យស ការ‌ងារ​ប្រាជ្ញា និង​សេចក្ដី​សុចរិត​ជា​ដើម គឺ​អ្វីៗ​ដែល​មនុស្ស​ខ្នះ‌ខ្នែង​ចង់​បាន សុទ្ធ​តែ​ឥត​ខ្លឹមសារ។ សេចក្ដី​ស្លាប់ និង​អំពើ​អយុត្តិ‌ធម៌ ស្ថិត​នៅ​ជាប់​ជា​មួយ​មនុស្ស​ជា‌និច្ច ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មនុស្ស​មាន​ជីវិត​មិន​ទៀង ហើយ​ពិបាក​ស្វែង​យល់​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​សម្រាប់​ពិភព‌លោក។ ទស្សនៈ​បែប​នេះ​អាច​ជំរុញ​យើង​ឲ្យ​រិះ‌គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ជីវិត ហើយ​ប្រកាន់​យក​របៀប​រស់​នៅ​សម​ស្រប​នឹង​ស្ថាន‌ភាព​របស់​មនុស្ស​យើង។
អត្ថ‌បទ​គម្ពីរ​មួយ​ចំនួន​ទៀត​ផ្តល់​ចម្លើយ​យ៉ាង​ច្បាស់‌លាស់ ស្តី​អំពី​ជីវិត​គឺ ប្រសិន​បើ​គ្មាន​ព្រះ‌ជាម្ចាស់​គង់​នៅ​ក្នុង​ជីវិត​យើង​ទេ នោះ​ជីវិត​ក៏​គ្មាន​ន័យ​អ្វី​ដែរ។ ដូច្នេះ មាន​តែ​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ និង​ការ​រួម​រស់​ដ៏​ជិត‌ស្និទ្ធ​ជា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​បំពេញ​ភាព​ល្ហ‌ល្ហេវ​នៃ​ជីវិត​របស់​យើង ហើយ​ធ្វើ​ឲ្យ​ជីវិត​នេះ​មាន​ន័យ និង​មាន​ខ្លឹមសារ។
អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ
 នេះ​ជា​ពាក្យ​របស់​សាស្តា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ‌មហា​ក្សត្រ​នៅ​ក្រុង​យេរូ‌សាឡឹម។
 សាស្តា​បាន​ថ្លែង​ថា: អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ ឥត​ខ្លឹមសារ និង​ឥត​បាន​ការ។  មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​នៅ​លើ​ផែន‌ដី តើ​បាន​ប្រយោជន៍​អ្វី?  មនុស្ស​មួយ​ជំនាន់​ចាក‌ចេញ​ពី​លោក​នេះ​ទៅ មនុស្ស​មួយ​ជំនាន់​ទៀត​ចូល​មក ហើយ​ផែន‌ដី​នៅ​ស្ថិត‌ស្ថេរ​ដដែល។  ព្រះ‌អាទិត្យ​រះ​ឡើង រួច​លិច​ទៅ​វិញ ហើយ​ប្រញាប់​វិល​ត្រឡប់​ទៅ​កន្លែង​ដែល​ត្រូវ​រះ​សា​ជា​ថ្មី។  ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​ជើង វិល​ទៅ​វិល​មក បក់​តាម​ទិស​របស់​ខ្លួន​វិញ។  ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​វិល​ទៅ​ហូរ​តាម​ផ្លូវ​របស់​វា​វិញ​ដែរ។  អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ច្រំ‌ដែលៗ រហូត​ដល់​មនុស្ស​រក​ពាក្យ​មក​ថ្លែង​ពុំ​បាន។ ភ្នែក​សម្លឹង​មើល តែ​មិន​ចេះ​ស្កប់ ត្រចៀក​ត្រង‌ត្រាប់​ស្ដាប់ តែ​មិន​ចេះ​ធុញ‌ទ្រាន់។  ហេតុ‌ការណ៍​ដែល​ធ្លាប់​មាន​កាល​ពី​មុន ក៏​នឹង​មាន​នៅ​ពេល​ខាង​មុខ ការ​អ្វីៗ​ដែល​គេ​ធ្វើ​ពី​មុន គេ​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ដែរ គឺ​នៅ​លើ​ផែន‌ដី គ្មាន​ការ​អ្វី​ថ្មី​សោះ​ឡើយ។ ១០ ប្រសិន​បើ​គេ​ពោល​អំពី​ហេតុ‌ការណ៍​អ្វី​មួយ​ថា «នេះ​ជា​ហេតុ‌ការណ៍​ថ្មី» តោង​ដឹង​ថា ហេតុ‌ការណ៍​នោះ​ធ្លាប់​កើត​មាន តាំង​ពី​បុរាណ​កាល​រួច​ស្រេច​ទៅ​ហើយ។ ១១ គ្មាន​នរណា​នឹក​ចាំ​ពី​អតីត‌កាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។
បទ​ពិសោធ​របស់​សាស្តា
១២ ខ្ញុំ​សាស្តា ខ្ញុំ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡឹម។ ១៣ ខ្ញុំ​ខិត‌ខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះ‌គិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​មនុស្ស​លោក​ខ្វល់‌ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​បំផុត។ ១៤ ខ្ញុំ​បាន​ឃើញ​ថា​ស្នា​ដៃ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ ១៥ អ្វីៗ​ដែល​កោង ពុំ​អាច​បត់​ឲ្យ​ត្រង់​វិញ​ឡើយ ហើយ​អ្វីៗ​ដែល​ខ្វះ​ក៏​ពុំ​អាច​រាប់​បាន​ដែរ។ ១៦ ខ្ញុំ​រិះ‌គិត​ថា: ខ្ញុំ​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើងៗ លើស​ស្តេច​ឯ​ទៀតៗ ដែល​គ្រង​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ខ្ញុំ​មាន​បទ​ពិសោធ​ជា​ច្រើន​អំពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង។ ១៧ ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​ប្រាជ្ញា ព្រម​ទាំង​ស្វែង​យល់​អំពី​ភាព​លេលា និង​ការ​វង្វេង​ស្មារតី។ ខ្ញុំ​យល់​ឃើញ​ថា សូម្បី​តែ​ត្រង់​នេះ​ក៏​ដូច​ដេញ​ចាប់​ខ្យល់​ដែរ ១៨ ដ្បិត​មាន​ប្រាជ្ញា​ច្រើន មាន​ទុក្ខ​កង្វល់​ក៏​ច្រើន ហើយ​មាន​ការ​ចេះ​ដឹង​ច្រើន មាន​ទុក្ខ​ព្រួយ​ក៏​ច្រើន​ដែរ។
ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឥឡូវ​នេះ មក​យើង! គិត​តែ​ពី​សប្បាយ ហើយ​ផ្តោត​អារម្មណ៍​លើ​សុភមង្គល​តែ​ប៉ុណ្ណោះ»។ សូម្បី​យ៉ាង​នេះ​ក្តី ក៏​ឥត​បាន​ការ​ដែរ។  ខ្ញុំ​គិត​ថា ការ​សើច​សប្បាយ​ជា​ការ​លេលា រីឯ​អំណរ​រីក‌រាយ​វិញ តើ​បាន​ប្រយោជន៍​អ្វី?  ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែន‌ដី​នេះ។
 ខ្ញុំ​បាន​ធ្វើ​កិច្ច‌ការ​ដ៏​ប្រសើរ​ជា​ច្រើន គឺ​ខ្ញុំ​សង់​ដំណាក់​ផ្សេងៗ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទុក​សម្រាប់​ខ្លួន​ឯង  ខ្ញុំ​ធ្វើ​សួន​ច្បារ និង​សួន​ឧទ្យាន ហើយ​ខ្ញុំ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ។  ខ្ញុំ​បាន​ជីក​ស្រះ​យក​ទឹក​ស្រោច‌ស្រព​ព្រៃ ដែល​មាន​កូន​ឈើ​ដុះ​ដេរ‌ដាស។  ខ្ញុំ​បាន​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី ថែម​ពី​លើ​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​ច្រើន​ជាង​ស្តេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។  ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្តេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចម្រៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។  ខ្ញុំ​ទទួល​ឋានៈ​ដ៏​ប្រសើរ​ឧត្តុង្គ‌ឧត្ដម​លើស​ស្តេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ប៉ុន្តែ ប្រាជ្ញា​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ដដែល។ ១០ អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន ខ្ញុំ​ទទួល​ទាំង​អស់។ ខ្ញុំ​តែង‌តែ​បំពេញ​តាម​បំណង​សប្បាយ​គ្រប់​យ៉ាង​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​សប្បាយ​រីក‌រាយ​នឹង​ការ‌ងារ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ គឺ​ការ​សប្បាយ​នេះ​ហើយ​ជា​ផល​នៃ​ការ‌ងារ​របស់​ខ្ញុំ។ ១១ បន្ទាប់​មក ខ្ញុំ​ពិចារណា​មើល​ស្នា​ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ដើម្បី​សម្រេច​កិច្ច‌ការ​ទាំង​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ កិច្ច‌ការ​ដែល​ធ្វើ​នៅ​លើ​ផែន‌ដី គ្មាន​ប្រយោជន៍​អ្វី​ឡើយ។
១២ ពេល​នោះ ខ្ញុំ​បែរ​ទៅ​ពិចារណា​មើល​ថា តើ​ប្រាជ្ញា ភាព​លេលា ឬ​ការ​វង្វេង​ស្មារតី មាន​ប្រយោជន៍​អ្វី។ ខ្ញុំ​ក៏​ដណ្ដឹង​សួរ​ថា តើ​ស្តេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ នឹង​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ស្តេច​មុនៗ​ដែរ​ឬ? ១៣ ខ្ញុំ​ក៏​យល់​ឃើញ​ដូច​ត​ទៅ: ប្រាជ្ញា​មាន​តម្លៃ​ជាង​ការ​វង្វេង​ស្មារតី ដូច​ពន្លឺ​មាន​តម្លៃ​ជាង​ភាព​ងងឹត។ ១៤ មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។ ១៥ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា: ចុង​បញ្ចប់​របស់​ខ្ញុំ​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​មនុស្ស​លេលា​ដែរ។ ដូច្នេះ បើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ ១៦ អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់​កល្ប‌ជានិច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។ ១៧ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​ទេ ហើយ​ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែន‌ដី​សុទ្ធ​តែ​អាក្រក់ ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ ១៨ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ខំ​ធ្វើ​នៅ​លើ​ផែន‌ដី​ឡើយ ដ្បិត​ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់​សម្រាប់​ស្តេច ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ។ ១៩ មួយ​វិញ​ទៀត គ្មាន​នរណា​ដឹង​ថា ស្តេច​ថ្មី​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​មនុស្ស​លេលា​ទេ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី ស្តេច​នោះ​នឹង​គ្រប់‌គ្រង​លើ​ស្នា​ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ខំ​ប្រឹង‌ប្រែង​ធ្វើ ដោយ​ប្រាជ្ញា​របស់​ខ្ញុំ នៅ​លើ​ផែន‌ដី។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ ២០ គិត​ដូច្នេះ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ចំពោះ​ការ​ខំ​ប្រឹង‌ប្រែង​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ធ្វើ​នៅ​លើ​ផែន‌ដី​នេះ។ ២១ មនុស្ស​ម្នាក់​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ដោយ​ប្រើ​ប្រាជ្ញា ចំណេះ និង​ការ​ស្ទាត់​ជំនាញ​តែ​បែរ​ជា​ទុក​អ្វីៗ​ដែល​ខ្លួន​ធ្វើ ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ពុំ​បាន​ខំ​ប្រឹង‌ប្រែង​ទាល់​តែ​សោះ។ ត្រង់​នេះ​ក៏​ឥត​បាន​ការ ហើយ​ជា​ការ​មួយ​ដ៏​អាក្រក់​បំផុត។ ២២ អ្នក​ដែល​ខំ​ប្រឹង‌ប្រែង ខ្វល់‌ខ្វាយ​ធ្វើ​ការ​នៅ​លើ​ផែន‌ដី ដើម្បី​សម្រេច​តាម​គោល​បំណង​របស់​ខ្លួន​បែប​នេះ តើ​បាន​ប្រយោជន៍​អ្វី? ២៣ ដ្បិត​រៀង‌រាល់​ថ្ងៃ មាន​តែ​ទុក្ខ​កង្វល់ និង​ទុក្ខ​ព្រួយ សូម្បី​តែ​ពេល​យប់ ចិត្ត​របស់​គេ​ក៏​មិន​ស្ងប់។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។
២៤ ដូច្នេះ សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ច‌ការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត ខ្ញុំ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ប្រទាន​ឲ្យ។ ២៥ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ គ្មាន​នរណា​ម្នាក់​អាច​បរិភោគ ឬ​សប្បាយ​ចិត្ត​បាន​ឡើយ ២៦ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ រីឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​ខ្វល់‌ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ‌សម្បត្តិ ប្រគល់​ឲ្យ​អស់​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។
អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ពេល​កំណត់
 អ្វីៗ​ដែល​មាន​នៅ​ផែន‌ដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។
 មាន​ពេល​កើត មាន​ពេល​ស្លាប់
មាន​ពេល​ដាំ មាន​ពេល​ដក។
 មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួស
មាន​ពេល​ផ្តួល​រំលំ មាន​ពេល​សង់។
 មាន​ពេល​យំ មាន​ពេល​សើច
មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។
 មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្ម
មាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។
 មាន​ពេល​ស្វែង​រក មាន​ពេល​បាត់‌បង់
មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។
 មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញ
មាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។
 មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់
មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។
តើ​អ្នក​ដែល​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​លំបាក​បាន​ទទួល​ផល​អ្វី​ខ្លះ? ១០ ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ការ‌ងារ​យ៉ាង​នឿយ‌ហត់​ឲ្យ​មនុស្ស​លោក​ធ្វើ។ ១១ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្តី ក៏​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ដែរ។ ១២ ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ការ​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​សប្បាយ និង​មាន​សេចក្ដី​សុខ ក្នុង​ពេល​ដែល​ខ្លួន​នៅ​មាន​ជីវិត​នោះ​ឡើយ។ ១៣ ការ​ស៊ី​ផឹក និង​ការ​មាន​អំណរ​សប្បាយ​ចំពោះ​កិច្ច‌ការ​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ ១៤ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។ ១៥ អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​សា​ជា​ថ្មី។
ចុង​បញ្ចប់ គឺ​សេចក្ដី​ស្លាប់
១៦ នៅ​លើ​ផែន‌ដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​ទៀត គឺ​កន្លែង​ដែល​ត្រូវ​មាន​យុត្តិ‌ធម៌ បែរ​ជា​មាន​អំពើ​អាក្រក់ ហើយ​កន្លែង​ដែល​ត្រូវ​មាន​អំពើ​សុចរិត ក៏​មាន​អំពើ​អាក្រក់​ដែរ។ ១៧ ខ្ញុំ​បាន​រិះ‌គិត​ក្នុង​ចិត្ត​ថា: ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​មនុស្ស​សុចរិត ព្រម​ទាំង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​កំណត់​សម្រាប់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​មាន​ពេល​វិនិច្ឆ័យ​គ្រប់​អំពើ​ដែល​មនុស្ស​ប្រព្រឹត្ត​ដែរ។
១៨ ខ្ញុំ​រិះ‌គិត​អំពី​មនុស្ស​លោក គឺ​ព្រះ‌ជាម្ចាស់​នឹង​ល្បង‌ល​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​មិន​ខុស​ពី​សត្វ​ឡើយ ១៩ ដ្បិត​ចុង​បញ្ចប់​របស់​មនុស្ស និង​ចុង​បញ្ចប់​របស់​សត្វ មិន​ខុស​គ្នា​ទេ។ ទាំង​មនុស្ស ទាំង​សត្វ មាន​ដង្ហើម​ដូច​គ្នា ហើយ​គេ​ក៏​ស្លាប់​ដូច​គ្នា​ដែរ។ មនុស្ស​លោក​គ្មាន​អ្វី​ប្រសើរ​ជាង​សត្វ​ទេ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ។ ២០ សត្វ​លោក​ទាំង​អស់​បោះ​ជំហាន​ទៅ​រក​ទិស‌ដៅ​តែ​មួយ។ សត្វ​លោក​ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។ ២១ តើ​នរណា​អាច​អះ‌អាង​ថា វិញ្ញាណ‌ក្ខ័ន្ធរបស់​មនុស្ស​ឡើង​ទៅ​លើ​មេឃ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្រោម​ដី? ២២ ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​សប្បាយ​រីក‌រាយ ចំពោះ​កិច្ច‌ការ​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ព្រោះ​ជា​រង្វាន់​មួយ​សម្រាប់​គេ។ គ្មាន​នរណា​ម្នាក់​អាច​នាំ​គេ​ឲ្យ​មក​មើល​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន ក្រោយ​ពេល​ដែល​ខ្លួន​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ឡើយ។
ការ​ជិះ‌ជាន់​សង្កត់‌សង្កិន និង​បញ្ហា​ផ្សេងៗ​ក្នុង​ជីវិត
 មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​ផែន‌ដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់‌សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ។  ខ្ញុំ​យល់​ថា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​មាន​សុភមង្គល​ជាង​អ្នក​ដែល​នៅ​រស់។  ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត ហើយ​មិន​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែន‌ដី ប្រសើរ​ជាង​មនុស្ស​ដែល​ស្លាប់ និង​មនុស្ស​ដែល​នៅ​រស់​ទៅ​ទៀត។
 ខ្ញុំ​យល់​ឃើញ​ថា ការ​នឿយ‌ហត់​ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគ‌ជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។
 មនុស្ស​លេលា​គិត​តែ​ពី​ឱប​ដៃ ហើយ​ស៊ី​សាច់​ខ្លួន​ឯង។  បាន​សម្រាក​តែ​បន្តិច នោះ​ប្រសើរ​ជាង​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។  ខ្ញុំ​បាន​ឃើញ​ការ​ម្យ៉ាង​ទៀត​នៅ​លើ​ផែន‌ដី​នេះ ដែល​ឥត​បាន​ការ  គឺ​មនុស្ស​រស់​នៅ​កណ្តោច‌កណ្តែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បង‌ប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់‌ខ្វាយ​ឥត​អំពើ។
មនុស្ស​ពីរ​នាក់​ប្រសើរ​ជាង​មនុស្ស​តែ​ម្នាក់ ដ្បិត​កិច្ច‌ការ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រួម​គ្នា រមែង​បាន​ទទួល​ផល​ច្រើន​ជាង។ ១០ ប្រសិន​បើ​ម្នាក់​ដួល ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំ‌ខាន ព្រោះ​ពេល​គេ​ដួល គ្មាន​នរណា​ជួយ​លើក​ទេ! ១១ មួយ​វិញ​ទៀត បើ​មនុស្ស​ពីរ​នាក់​ដេក​ជា​មួយ​គ្នា នោះ​គេ​បាន​កក់​ក្ដៅ។ ចំណែក​ឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង​វិញ ធ្វើ​ម្ដេច​ឲ្យ​កក់​ក្ដៅ​កើត? ១២ មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។
១៣ ក្មេង​ប្រុស​ម្នាក់​ក្រីក្រ តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្តេច​មួយ​អង្គ​ដែល​មាន​វ័យ​ចាស់​ជរា ហើយ​ល្ងី‌ល្ងើ មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ។ ១៤ ក្មេង​ប្រុស​នោះ​អាច​ចេញ​ពី​ទី​ឃុំ‌ឃាំង ឡើង​គ្រង​រាជ្យ​បាន ទោះ‌បី​គេ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​របស់​ខ្លួន​ក្តី។ ១៥ ខ្ញុំ​ឃើញ​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត និង​មាន​ចលនា នៅ​លើ​ផែន‌ដី លើក​គ្នា​ទៅ​ហែ‌ហម​ក្មេង​ប្រុស ដែល​ឡើង​គ្រង​រាជ្យ​ជំនួស​ស្តេច​ចាស់។ ១៦ ក្មេង​ប្រុស​នោះ​នឹង​ធ្វើ​ជា​មគ្គទេសក៍​លើ​ប្រជាជន ដែល​ច្រើន​ឥត​គណនា។ ប៉ុន្តែ មនុស្ស​នៅ​ជំនាន់​ក្រោយៗ​មិន​ចាប់​អារម្មណ៍នឹង​ស្តេច​នោះ​ទេ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។
ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​នៅ​ពេល​អធិស្ឋាន
១៧ (៥.១) ពេល​ណា​អ្នក​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ថ្វាយ​យញ្ញ‌បូជា ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។
(២) កុំ​ឆាប់​បើក​មាត់​និយាយ​ពេក ហើយ​ក៏​មិន​ត្រូវ​ប្រញាប់​ពោល​ពាក្យ​សន្យា​នឹង​ព្រះ‌ជាម្ចាស់​លឿន​ពេក​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​បរម‌សុខ រីឯ​អ្នក​វិញ អ្នក​ស្ថិត​នៅ​លើ​ផែន‌ដី។ ដូច្នេះ ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​របស់​ខ្លួន។  (៣) ការ​ខ្វល់‌ខ្វាយ​ច្រើន​បណ្តាល​ឲ្យ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្តាល​ឲ្យ​ខុស​ច្រើន​ដែរ។
 (៤) ពេល​ណា​អ្នក​បន់​ព្រះ‌ជាម្ចាស់​អំពី​រឿង​អ្វី​មួយ ត្រូវ​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បន់​ឲ្យ​បាន​រួស‌រាន់ ដ្បិត​ព្រះ‌អង្គ​មិន​អធ្យាស្រ័យ​ឲ្យ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​បន់។  (៥) បើ​អ្នក​មិន​បន់ នោះ​ប្រសើរ​ជាង​បន់ តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់។  (៦) កុំ​បណ្តោយ​ឲ្យ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​ឲ្យ​មាន​ទោស ហើយ​ដោះ‌សា​ជា​មួយ​បូជា‌ចារ្យ*​ថា អ្នក​បាន​បន់​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក ហើយ​ព្រះ‌អង្គ​រំលាយ​កិច្ច‌ការ​ដែល​អ្នក​បាន​ធ្វើ។  (៧) ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សម្ដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។
ការ​ប្រើ​អំណាច​ជិះ‌ជាន់​អ្នក​ទន់​ខ្សោយ
 (៨) ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិ‌ធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែង‌តែ​គាំ‌ទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។  (៩) ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ផ្តល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្តេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចម្ការ​ដែរ។
ទ្រព្យ‌សម្បត្តិ​ពុំ​អាច​ទុក​ឲ្យ​គង់​បាន​ទេ
 (១០) អ្នក​ស្រឡាញ់​ប្រាក់​ពុំ​ដែល​ស្កប់​ចិត្ត​នឹង​ប្រាក់​ទេ រីឯ​អ្នក​ស្រឡាញ់​ទ្រព្យ‌សម្បត្តិ​ក៏​មិន​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន​បាន​ដែរ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ។ ១០ (១១) ទ្រព្យ‌សម្បត្តិ​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា មនុស្ស​ដែល​ដេក​ស៊ី​ទ្រព្យ‌សម្បត្តិ​នោះ ក៏​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណោះ​ដែរ។ ម្ចាស់​ទ្រព្យ​នឹង​មិន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​របស់​ខ្លួន ក្រៅ​ពី​ឃើញ​ទ្រព្យ​នោះ​ផ្ទាល់​នឹង​ភ្នែក​ឡើយ។ ១១ (១២) អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ រមែង​ដេក​លក់​ស្រួល ទោះ‌បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្តី រីឯ​អ្នក​មាន​វិញ ទោះ‌បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។
១២ (១៣) ខ្ញុំ​សង្កេត​ឃើញ​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ​នៅ​លើ​ផែន‌ដី គឺ​មនុស្ស​សន្សំ​ទ្រព្យ​ទុក​សម្រាប់​ឲ្យ​ខ្លួន​ឯង​វេទនា។ ១៣ (១៤) អ្នក​នោះ​បាត់‌បង់​ទ្រព្យ‌សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក នោះ​គ្មាន​អ្វី​ទុក​ឲ្យ​កូន​ឡើយ។ ១៤ (១៥) អ្នក​នោះ​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ​យ៉ាង​ណា ក៏​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​យ៉ាង​នោះ​ដែរ។ គេ​នឹង​លា​ចាក​លោក​នេះ​ទៅ​ដោយ​ដៃ​ទទេ គឺ​មិន​អាច​យក​ទ្រព្យ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​រក​នោះ​ទៅ​ជា​មួយ​បាន​ឡើយ។ ១៥ (១៦) ត្រង់​នេះ​គឺ​ជា​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ គេ​កើត​មក​ផែន‌ដី​យ៉ាង​ណា គេ​ក៏​វិល​ត្រឡប់​ទៅ​វិញ​យ៉ាង​នោះ​ដែរ។ អ្វីៗ​ដែល​គេ​ប្រឹង‌ប្រែង​ធ្វើ​ឥត​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ដូច​ដេញ​ចាប់​ខ្យល់។ ១៦ (១៧) មិន​តែ​ប៉ុណ្ណោះ​សោត​គេ​រស់​នៅ ក្នុង​ភាព​អាប់‌អួរ​ជា​រៀង‌រាល់​ថ្ងៃ ព្រម​ទាំង​កើត​ទុក្ខ​កង្វល់​វេទនា និង​ក្ដៅ​ក្រហាយ​ផង។
១៧ (១៨) ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: ក្នុង​ពេល​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​នៅ​មាន​ជីវិត​ដ៏​ខ្លី​នេះ គេ​ត្រូវ​តែ​ស៊ី​ផឹក ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ច‌ការ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​ធ្វើ​នៅ​លើ​ផែន‌ដី។ នេះ​ហើយ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។ ១៨ (១៩) អ្នក​ណា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​មាន​លទ្ធ‌ភាព​ប្រើ‌ប្រាស់​ទ្រព្យ‌ធន ដែល​ជា​ចំណែក​របស់​ខ្លួន ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ច‌ការ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​ធ្វើ អ្នក​នោះ​ត្រូវ​គិត​ថា នេះ​ហើយ​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។ ១៩ (២០) ពេល​នោះ គេ​នឹង​មិន​នឹក​នា​ពី​អាយុ​ជីវិត​ដ៏​ខ្លី​របស់​គេ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ចិត្ត​គេ​មាន​អំណរ​សប្បាយ។
 ខ្ញុំ​សង្កេត​ឃើញ​ការ​វេទនា​មួយ​ទៀត ដែល​រមែង​កើត​មាន​ដល់​មនុស្ស​លោក​នៅ​លើ​ផែន‌ដី។  ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ‌សម្បត្តិ ធន‌ធាន និង​កិត្តិ‌យស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ទុក​ឲ្យ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ​ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។  ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ‌រយ និង​មាន​អាយុ​យឺន‌យូរ ទោះ‌បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភមង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។  កូន​រលូត​នោះ​កកើត​មក ដោយ​ឥត​បាន​ការ ហើយ​បាត់​សូន្យ​ទៅ​វិញ ក្នុង​ទី​ងងឹត គ្មាន​នរណា​នឹក​នា​ដល់​វា​ទេ។  វា​មិន​ដែល​បាន​ឃើញ ក៏​មិន​ដែល​ស្គាល់​ពន្លឺ​ព្រះ‌អាទិត្យ​ដែរ ប៉ុន្តែ វា​បាន​សុខ​ជាង​អ្នក​មាន​អាយុ​វែង​ទៅ​ទៀត។  ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភមង្គល​ទេ ទោះ‌បី​គេ​រស់​បាន​ពីរ‌ពាន់​ឆ្នាំ​ក្តី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។
 កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ បាន​ត្រឹម​តែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ស្កប់​ចិត្ត​ឡើយ។  តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ?  អ្វីៗ​ដែល​យើង​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នោះ ប្រសើរ​ជាង​ចិត្ត​ស្រមើ‌ស្រមៃ។ សូម្បី​តែ​ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។
យោបល់​របស់​ប្រាជ្ញា
១០ អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា​នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។ ១១ យើង​និយាយ​កាន់​តែ​ច្រើន​យ៉ាង​ណា ពាក្យ​សម្ដី​របស់​យើង​រឹត​តែ​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ ហើយ​យើង​ពុំ​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ឡើយ។ ១២ ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែន‌ដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។
 កេរ្តិ៍​ឈ្មោះ​ល្អ
ប្រសើរ​ជាង​ទឹក​អប់​ដ៏​ក្រអូប
ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរ​ជាង​ថ្ងៃ​កើត​ដែរ។
 ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ
ប្រសើរ​ជាង​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​ជប់‌លៀង
ដ្បិត​អ្នក​ដែល​នៅ​រស់​ត្រូវ​ចង​ចាំ​ថា សេចក្ដី​ស្លាប់
ជា​ចុង​បញ្ចប់​របស់​មនុស្ស​គ្រប់ៗ​រូប។
 ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ
ដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវ
ចិត្ត​អរ‌សប្បាយ។
 មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត
នៅ​ជា​មួយ​អ្នក​មាន​ទុក្ខ
រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា
ដែល​មាន​ការ​សប្បាយ។
 ស្ដាប់​ពាក្យ​ស្តី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា
ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់
មនុស្ស​ល្ងី‌ល្ងើ។
 សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជា
ស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។
ត្រង់​នេះ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។
 ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាច
សង្កត់‌សង្កិន​អ្នក​ដទៃ
អ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលា
ហើយ​សំណូក​ក៏​រមែង​ធ្វើ​ឲ្យ
មនុស្ស​ពុក​រលួយ​ដែរ។
 បង្ហើយ​ការ‌ងារ​អ្វី​មួយ វិសេស​ជាង​ចាប់​ផ្តើម
ចិត្ត​អត់‌ធ្មត់ ក៏​វិសេស​ជាង​ចិត្ត​អួត​បំប៉ោង​ដែរ។
 កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ
ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ
ដែល​រហ័ស​មួម៉ៅ។
១០ មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​ជា​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ​មិន‌មែន​មក​ពី​ប្រាជ្ញា​ទេ។
១១ ប្រាជ្ញា​មាន​តម្លៃ​ដូច​កេរ‌មត៌ក ហើយ​តែង‌តែ​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ ១២ ស្ថិត​នៅ​ក្រោម​ម្លប់​ប្រាជ្ញា ក៏​ដូច​ជា​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ប្រាក់​ដែរ។ គុណ​ប្រយោជន៍​នៃ​ចំណេះ​ដឹង​មាន​ដូច​ត​ទៅ: ប្រាជ្ញា​តែង‌តែ​ផ្តល់​អាយុ​យឺន‌យូរ​ដល់​អ្នក​ដែល​មាន​ប្រាជ្ញា។
១៣ ចូរ​សង្កេត​មើល​កិច្ច‌ការ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ។ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​កោង នោះ​គ្មាន​នរណា​អាច​ពត់​ឲ្យ​ត្រង់​បាន​ឡើយ។
១៤ នៅ​ថ្ងៃ​មាន​សុភមង្គល ចូរ​សប្បាយ​រីក‌រាយ ហើយ​នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា ចូរ​រិះ‌គិត​ពិចារណា។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​មាន​សុភមង្គល និង​ទុក្ខ​វេទនា ដើម្បី​កុំ​ឲ្យ​មនុស្ស​ដឹង​ថា អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា។
អំពើ​បាប​របស់​មនុស្ស
១៥ ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុ‌ការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់‌បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។ ១៦ កុំ​សុចរិត​ជ្រុល​ពេក ហើយ​ក៏​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ ក្រែង​នាំ​ឲ្យ​ខ្លួន​វិនាស។ ១៧ កុំ​បណ្តោយ​ខ្លួន​ឲ្យ​អាក្រក់​ហួស​ហេតុ ហើយ​ក៏​កុំ​លេលា​ឲ្យ​សោះ ក្រែង​នាំ​ឲ្យ​ខ្លួន​អាយុ​ខ្លី។ ១៨ ត្រូវ​តែ​ទទួល​យក​យោបល់​ទាំង​ពីរ​នេះ ដ្បិត​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ នៅ​ពេល​ស្ថាន‌ភាព​ទាំង​ពីរ​កើត​មាន គេ​តែង‌តែ​មាន​ច្រក​ចេញ​ជា‌និច្ច។
១៩ ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​កម្លាំង ជាង​អភិបាល​ដប់​នាក់​នៅ​ក្នុង​ក្រុង​មួយ​ទៅ​ទៀត។ ២០ នៅ​លើ​ផែន‌ដី​នេះ គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ធ្វើ​តែ​អំពើ​ល្អ ហើយ​មិន​ប្រព្រឹត្ត​អំពើ​បាប​នោះ​ឡើយ។
២១ ហេតុ​នេះ កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​មនុស្ស‌ម្នា​និយាយ​ឡើយ បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​អ្នក​ឮ​ខ្ញុំ​បម្រើ​របស់​អ្នក​និយាយ​អាក្រក់​ពី​អ្នក។ ២២ អ្នក​ដឹង​ខ្លួន​ស្រាប់​ហើយ​ថា អ្នក​ក៏​ធ្លាប់​និយាយ​អាក្រក់​ពី​អ្នក​ដទៃ ជា​ច្រើន​លើក​ច្រើន​សា​ដែរ។
២៣ ខ្ញុំ​ពិនិត្យ‌ពិច័យ​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ដោយ​ប្រើ​ប្រាជ្ញា ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​ប្រាជ្ញា តែ​ប្រាជ្ញា​ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។ ២៤ អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ហើយ​ជ្រៅ​បំផុត គ្មាន​នរណា​អាច​យល់​បាន​ទេ។ ២៥ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់ ខិត‌ខំ​ពិចារណា ព្រម​ទាំង​ស្វែង​រក​ប្រាជ្ញា និង​វិចារណ‌ញ្ញាណ។ ខ្ញុំ​ក៏​យល់​ថា​អំពើ​អាក្រក់​ជា​ការ​ឆោត​ល្ងង់ ហើយ​ភាព​ល្ងី‌ល្ងើ​ជា​ការ​លេលា​បំផុត។ ២៦ ខ្ញុំ​បាន​ឃើញ​ទៀត​ថា ស្ត្រីៗ​ជា​អន្ទាក់​ដែល​នាំ​ឲ្យ​ខ្លោច‌ផ្សា​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​នាង​ប្រៀប​ដូច​ជា​សំណាញ់ ហើយ​ដៃ​របស់​នាង​ប្រៀប​ដូច​ជា​ចំណង។ អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់​រមែង​គេច​ផុត​ពី​នាង រីឯ​អ្នក​មាន​បាប​តែង‌តែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​នាង។
២៧ សាស្តា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ: ខ្ញុំ​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ម្ដង​មួយៗ ដើម្បី​ស្វែង​រក​ហេតុ​ផល ២៨ ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។ ២៩ ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​មក​ឲ្យ​បាន​ទៀង​ត្រង់ តែ​មនុស្ស​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ស្មុគ‌ស្មាញ​យ៉ាង​ច្រើន​ទៅ​វិញ។
បញ្ហា​ជីវិត​ដែល​ដោះ​ស្រាយ​មិន​រួច
 តើ​នរណា​ដូច​អ្នក​ប្រាជ្ញ តើ​នរណា​អាច​ពន្យល់​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​បាន? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​គេ​ភ្លឺ​ថ្លា ព្រម​ទាំង​បំផ្លាស់‌បំប្រែ​ទឹក​មុខ​ដ៏​មួហ្មង​របស់​គេ​ផង។  ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្តេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​ព្រះ‌ជាម្ចាស់​  កុំ​បោះ‌បង់​ចោល​ស្តេច​ឲ្យ​សោះ ហើយ​ក៏​កុំ​តាំង​ចិត្ត​មានះ​ប្រព្រឹត្ត​អំពើ​ដែល​ស្តេច​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ដែរ ដ្បិត​ស្តេច​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​តាម​ព្រះ‌រាជ​បំណង។  ស្តេច​មាន​រាជ‌ឱង្ការ​យ៉ាង​ណា​ក្តី ក៏​សុទ្ធ​តែ​មាន​អំណាច។ គ្មាន​នរណា​អាច​សួរ​ស្តេច​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​ដូច្នេះ” បាន​ឡើយ។  អ្នក​ធ្វើ​តាម​បទ‌បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ‌ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែង‌តែ​ចេះ​សម្គាល់​មើល​កាលៈ‌ទេសៈ និង​ការ​វិនិច្ឆ័យ។  អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ នៅ​ពេល​អំពើ​អាក្រក់​របស់​មនុស្ស​កើន​ដល់​កម្រិត។  មនុស្ស​ពុំ​អាច​ដឹង​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។  មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ឲ្យ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។
 ពេល​ខ្ញុំ​សង្កេត​មើល​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែន‌ដី ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: មាន​ពេល​ខ្លះ មនុស្ស​ត្រួត‌ត្រា​លើ​មនុស្ស​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​គេ​រង​ទុក្ខ​វេទនា។
១០ ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទី​សក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទី‌ក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។ ១១ មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ១២ ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ‌រយ​ដង ហើយ​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា​ក្តី ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ព្រះ‌អង្គ។ ១៣ មនុស្ស​អាក្រក់​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ ហើយ​ក៏​គ្មាន​អាយុ​វែង​ដែរ គឺ​មិន​យូរ​ជាង​ស្រមោល​ឡើយ ព្រោះ​គេ​មិន​គោរព​ព្រះ‌ជាម្ចាស់។
១៤ មាន​ការ​ឥត​ប្រយោជន៍​មួយ​ទៀត នៅ​លើ​ផែន‌ដី គឺ​មនុស្ស​សុចរិត​ទទួល​ផល​វិបាក​ដែល​បម្រុង​ទុក​សម្រាប់​មនុស្ស​ទុច្ចរិត ហើយ​មនុស្ស​ទុច្ចរិត​ទទួល​រង្វាន់​ដែល​បម្រុង​ទុក​សម្រាប់​មនុស្ស​សុចរិត។ ដូច​ខ្ញុំ​បាន​ពោល​រួច​មក​ហើយ​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ ១៥ ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សប្បាយ ដ្បិត​នៅ​លើ​ផែន‌ដី​នេះ​គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​ស៊ី​ផឹក និង​សប្បាយ​រីក‌រាយ​ឡើយ។ គេ​ត្រូវ​តែ​ធ្វើ​ដូច្នេះ ថែម​ពី​លើ​ការ‌ងារ​ដ៏​នឿយ‌ហត់ ដែល​គេ​បំពេញ​ក្នុង​ពេល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គេ​រស់​នៅ​លើ​ផែន‌ដី​នេះ។ ១៦ ពេល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​ប្រាជ្ញា ហើយ​សង្កេត​មើល​ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​នៅ​លើ​ផែន‌ដី គឺ​គេ​ខ្វល់‌ខ្វាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដេក​ពុំ​លក់ ១៧ នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែន‌ដី​នេះ​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្តី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា​ខ្លួន​ដឹង ក៏​នៅ​តែ​ពុំ​អាច​យល់​ដែរ។
អាយុ​ជីវិត​របស់​មនុស្ស
 ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ខ្ញុំ​យល់​ថា ជីវិត​របស់​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ច‌ការ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។ មនុស្ស​ពុំ​អាច​ដឹង​ជា​មុន​ថា ខ្លួន​មាន​ចិត្ត​ស្រឡាញ់ ឬ​មាន​ចិត្ត​ស្អប់​ឡើយ។ អ្វីៗ​ទាំង​អស់​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ដូច​គ្នា  ពួក​គេ​ត្រូវ​រង​នូវ​វាសនា​តែ​មួយ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​បរិសុទ្ធ និង​មនុស្ស​មិន​បរិសុទ្ធ ទាំង​អ្នក​ថ្វាយ​យញ្ញ‌បូជា និង​អ្នក​មិន​ថ្វាយ។ រីឯ​អ្នក​ដែល​មាន​ចិត្ត​ល្អ និង​មនុស្ស​បាប អ្នក​ស្បថ និង​អ្នក​មិន​ហ៊ាន​ស្បថ ក៏​មិន​ខុស​គ្នា​ដែរ។
 អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជួប​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។  ទោះ​ជា​យ៉ាង​ណា​ក្តី ដរាប​ណា​នៅ​មាន​ជីវិត នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។  អ្នក​ដែល​នៅ​រស់​ដឹង​ថា​ខ្លួន​មុខ​ជា​ត្រូវ​ស្លាប់ តែ​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​មិន​រង់‌ចាំ​ផល​អ្វី​ឡើយ ព្រោះ​គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។  ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ រលាយ​សូន្យ​អស់​ទៅ​ហើយ ពួក​គេ​ក៏​ពុំ​រួម​ចំណែក​នឹង​អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែន‌ដី​នេះ​ទៀត​ដែរ។
 ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ​ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ដោយ​ចិត្ត​សប្បាយ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។  ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជា‌និច្ច។  ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង‌រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នៅ​លើ​ផែន‌ដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ។ ១០ ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ស្ថាន​មនុស្ស​ស្លាប់​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។
១១ នៅ​លើ​ផែន‌ដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាស‌វៃ​ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ អ្នក​ទាំង​នោះ​មាន​ជោគ‌ជ័យ ពេល​ខ្លះ​ទៀត​បរា‌ជ័យ។ ១២ មនុស្ស​លោក​ពុំ​អាច​ដឹង​ជា​មុន​ថា ថ្ងៃ‌អន្សា​របស់​ខ្លួន​កើត​មាន​នៅ​ពេល​ណា​ឡើយ។ ត្រី​ជាប់​សំណាញ់​ដ៏​អប្រិយ ឬ​សត្វ​ស្លាប​ជាប់​អន្ទាក់​យ៉ាង​ណា មនុស្ស​លោក​ក៏​ធ្លាក់​ទៅ​ទុក្ខ​វេទនា​ដ៏​អប្រិយ​យ៉ាង​នោះ​ដែរ។
ប្រាជ្ញា​របស់​ជន​ក្រីក្រ
១៣ នៅ​លើ​ផែន‌ដី​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ប្រាជ្ញា​មួយ​ទៀត ដែល​ខ្ញុំ​យល់​ឃើញ​ថា​មាន​តម្លៃ​ណាស់។ ១៤ ក្នុង​ទី‌ក្រុង​តូច​មួយ មាន​មនុស្ស​រស់​នៅ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ។ ស្តេច​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​បាន​លើក​ទ័ព​មក​វាយ​យក​ក្រុង​នោះ ទាំង​សង់​គ្រឿង​សាស្ត្រា‌វុធ​យ៉ាង​សម្បើម​ឡោម‌ព័ទ្ធ​ទី‌ក្រុង។ ១៥ នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ជា​ជន​ក្រីក្រ តែ​មាន​ប្រាជ្ញា គាត់​បាន​សង្គ្រោះ​ទី‌ក្រុង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង ដោយ‌សារ​ប្រាជ្ញា​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​នឹក​នា​ដល់​បុរស​ក្រីក្រ​នោះ​ទេ។
១៦ ខ្ញុំ​យល់​ថា ប្រាជ្ញា​ប្រសើរ​ជាង​ចិត្ត​ក្លា‌ហាន​អង់‌អាច។ ប៉ុន្តែ ប្រាជ្ញា​របស់​ជន​ក្រីក្រ​តែង‌តែ​ត្រូវ​គេ​មើល‌ងាយ ហើយ​ពាក្យ​សម្ដី​របស់​ជន​ក្រីក្រ​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។ ១៧ ស្ដាប់​ពាក្យ​សម្ដី​ដែល​អ្នក​ប្រាជ្ញ​និយាយ​ដោយ​ស្ងាត់ៗ ប្រសើរ​ជាង​ស្ដាប់​សម្រែក​របស់​អ្នក​ដែល​បញ្ជា​មនុស្ស​ល្ងី‌ល្ងើ។ ១៨ ប្រាជ្ញា​ប្រសើរ​ជាង​គ្រឿង​សាស្ត្រា‌វុធ ប៉ុន្តែ​មនុស្ស​បាប​តែ​ម្នាក់​អាច​រំលាយ​ការ​ល្អ​ជា​ច្រើន។
១០
ផល​វិបាក​នៃ​អំពើ​លេលា
 រុយ​ងាប់​ធ្វើ​ឲ្យ​ខូច​ប្រេង​ក្រអូប​របស់​អ្នក​ធ្វើ​ទឹក​អប់​យ៉ាង​ណា អំពើ​លេលា​តែ​បន្តិច​ក៏​អាច​បង្ខូច​ប្រាជ្ញា និង​កិត្តិ‌យស​យ៉ាង​នោះ​ដែរ។  ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​លំអៀង​ទៅ​រក​អ្វីៗ​ដែល​ត្រឹម‌ត្រូវ រីឯ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​វិញ លំអៀង​ទៅ​រក​អ្វីៗ​ដែល​ខុស​ឆ្គង។  ពេល​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ ការ​វង្វេង​ស្មារតី​របស់​គាត់ បង្ហាញ​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ឃើញ​ថា គាត់​ពិត​ជា​ល្ងី‌ល្ងើ​មែន។  ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ‌បង់​ចោល​មុខ‌ងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស​វាង​កំហុស​ដ៏​ធ្ងន់។
 ខ្ញុំ​ឃើញ​ការ​អាក្រក់​មួយ​ទៀត​នៅ​លើ​ផែន‌ដី គឺ​មេ​ដឹក​នាំ​ក៏​អាច​ភ្លាត់​ដែរ។  ជួន​កាល​មនុស្ស​ល្ងី‌ល្ងើ​ទទួល​តំណែង​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​អ្នក​មាន​ទទួល​តំណែង​តូច‌តាច។  ខ្ញុំ​ធ្លាប់​ឃើញ​ទាសករ​ជិះ​សេះ តែ​មន្ត្រី​ខ្ពង់‌ខ្ពស់​បែរ​ជា​ដើរ​ជើង​ទទេ ដូច​ទាសករ​ទៅ​វិញ។
 អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទំលុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។  អ្នក​គាស់​ថ្ម​រមែង​ត្រូវ​របួស ហើយ​អ្នក​ពុស​អុស​ក៏​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ។
១០ ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែង‌តែ​នាំ​ឲ្យ​សម្រេច​ជោគ‌ជ័យ។
១១ ប្រសិន​បើ​គ្រូ​អាលម្ពាយ​បណ្តោយ​ឲ្យ​ពស់​ចឹក តើ​ការ​សូត្រ​របៀន​ដាក់​ពស់​នោះ​មាន​ប្រយោជន៍​អ្វី?។
១២ ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត តែ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​បណ្តាល​ឲ្យ​ខ្លួន​វិនាស។ ១៣ មុន​ដំបូង​ពាក្យ​សម្ដី​របស់​គេ​គ្រាន់​តែ​ល្ងី‌ល្ងើ​ប៉ុណ្ណោះ លុះ​ដល់​ទី​បំផុត ក៏​ក្លាយ​ទៅ​ជា​ការ​លេលា​ដ៏​អាស្រូវ។ ១៤ មនុស្ស​ល្ងី‌ល្ងើ​រមែង​និយាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មនុស្ស​មិន​អាច​ស្គាល់​ពី​អ្វីៗ​ដែល​នឹង​កើត​មាន​ទេ ហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ក្រោយ​ពេល​គេ​ស្លាប់​ដែរ។ ១៥ កិច្ច‌ការ​របស់​មនុស្ស​ល្ងី‌ល្ងើ​បណ្តាល​ឲ្យ​ខ្លួន​ហត់‌នឿយ សូម្បី​តែ​ផ្លូវ​ចូល​ទៅ​កាន់​ទី‌ក្រុង ក៏​គេ​រក​មិន​ឃើញ​ដែរ។
១៦ ស្រុក​ណា​មាន​កូន​ក្មេង​សោយ​រាជ្យ ហើយ​មាន​ពួក​មន្ត្រី​គិត​តែ​ពី​ស៊ី​ផឹក​តាំង​ពី​ព្រលឹម ស្រុក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! ១៧ រីឯ​ស្រុក​ដែល​មាន​អ្នក​ត្រកូល​ខ្ពស់​សោយ​រាជ្យ ហើយ​មាន​មន្ត្រី​បរិភោគ​តាម​ពេល​កំណត់ គឺ​បរិភោគ​ឲ្យ​មាន​កម្លាំង មិន‌មែន​ឲ្យ​ស្រវឹង​ទេ​នោះ ស្រុក​នោះ​ពិត​ជា​មាន​សុភមង្គល​ពុំ‌ខាន។
១៨ មនុស្ស​ខ្ជិល​ច្រអូស​មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​បាក់​សង្កត់​លើ ហើយ​មនុស្ស​ខ្ជីខ្ជា​ក៏​ត្រូវ​ភ្លៀង​លិច​ផ្ទះ​ដែរ។
១៩ គេ​តែង‌តែ​បរិភោគ ដើម្បី​លំហែ​កាយ រីឯ​ស្រា​រមែង​ធ្វើ​ឲ្យ​ជីវិត​បាន​សប្បាយ ហើយ​ប្រាក់​ធ្វើ​ឲ្យ​បំណង​ទាំង​អស់​បាន​សម្រេច។
២០ កុំ​ដាក់​បណ្ដាសា​ស្តេច​ឲ្យ​សោះ សូម្បី​តែ​ក្នុង​ចិត្ត​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ។ កុំ​ដាក់​បណ្ដាសា​អ្នក​មាន​ឲ្យ​សោះ សូម្បី​តែ​ក្នុង​បន្ទប់​ដេក​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ ដ្បិត​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ នឹង​នាំ​យក​ពាក្យ​សម្ដី​របស់​អ្នក​ទៅ​ថ្លែង​ប្រាប់​គេ​ជា​មិន​ខាន។
១១
ត្រូវ​មាន​ចិត្ត​ទូលាយ
 ចូរ​ចំណាយ​ធន‌ធាន​ដើម្បី​ប្រកប‌របរ​រក​ស៊ី ដោយ​មិន​ខ្លាច​ខាត ដ្បិត​ថ្ងៃ​ក្រោយ អ្នក​នឹង​បាន​ទទួល​ផល​វិញ។  ចូរ​បំបែក​ទ្រព្យ‌សម្បត្តិ​ជា​ប្រាំ​ពីរ ឬ​ប្រាំ​បី​ចំណែក ដ្បិត​អ្នក​ពុំ​ដឹង​ថា ទុក្ខ​វេទនា​នឹង​កើត​មាន​លើ​ផែន‌ដី​នេះ​នៅ​ពេល​ណា​ឡើយ។  ពេល​ណា​ពពក​ខ្មួល‌ខ្មាញ់ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែន‌ដី​ពុំ‌ខាន។ រីឯ​ដើម​ឈើ​វិញ ពេល​វា​រលំ ទោះ‌បី​រលំ‌នៅ​ទិស​ខាង​ត្បូង ឬ​ទិស​ខាង​ជើង​ក្តី វា​រលំ‌នៅ​នឹង​កន្លែង​ជា‌និច្ច។  អ្នក​ដែល​សម្លឹង​មើល​ខ្យល់ មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ដែល​តាម​មើល​ពពក ក៏​មិន​ច្រូត​កាត់​ដែរ។  បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។
 ត្រូវ​សាប‌ព្រោះ​គ្រាប់​ពូជ​របស់​អ្នក តាំង​ពី​ព្រលឹម ហើយ​នៅ​ពេល​ល្ងាច​ក៏​មិន​ត្រូវ​ទំនេរ​ដៃ​ដែរ ដ្បិត​អ្នក​ពុំ​ដឹង​ថា កិច្ច‌ការ​ណា​មួយ​នឹង​បង្កើត​ផល ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​កិច្ច‌ការ​ទាំង​អស់​ឡើយ។  ពន្លឺ​រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ឃើញ​ពន្លឺ​ព្រះ‌អាទិត្យ​ជា​ការ​ល្អ​ប្រពៃ​បំផុត។  ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​អាយុ​វែង គាត់​ត្រូវ​តែ​សប្បាយ​រីក‌រាយ​ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​នៃ​អាយុ​ជីវិត​របស់​ខ្លួន គាត់​ក៏​ត្រូវ​នឹក​ចាំ​ថា ថ្ងៃ​ដែល​ងងឹត​អាប់‌អួ​មាន​ចំនួន​ច្រើន​ណាស់។ អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​សុទ្ធ​តែ​ឥត​បាន​ការ។
ពាក្យ​ទូន្មាន​យុវជន
យុវជន​អើយ ចូរ​សប្បាយ​ទាន់​ខ្លួន​អ្នក​នៅ​ក្មេង ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​បាន​រីក‌រាយ​ក្នុង​គ្រា​យុវ‌វ័យ​នេះ ចូរ​ប្រព្រឹត្ត​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តាម​ការ​យល់​ឃើញ​របស់​អ្នក​ទៅ។ ក៏​ប៉ុន្តែ តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។ ១០ ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​របស់​អ្នក ហើយ​ដក​អ្វីៗ​ដែល​នាំ​ឲ្យ​រូប​កាយ​អ្នក​ឈឺ​ចាប់​នោះ​ចេញ ដ្បិត​យុវ‌វ័យ និង​គ្រា​ពេញ​វ័យ​មិន​នៅ​ស្ថិត‌ស្ថេរ​យូរ​ឡើយ។
១២
ក្នុង​ពេល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ ត្រូវ​នឹក​ដល់​ព្រះ‌អាទិករ​របស់​អ្នក មុន​ពេល​ថ្ងៃ​វេទនា​មក​ដល់ និង​មុន​ពេល​អាយុ​របស់​អ្នក​កាន់​តែ​ជ្រេ​ទៅៗ ហើយ​ពេល​នោះ អ្នក​នឹង​ពោល​ថា «ខ្ញុំ​លែង​សប្បាយ​ក្នុង​ជីវិត​ទៀត​ហើយ»។  ត្រូវ​នឹក​ដល់​ព្រះ‌អង្គ មុន​ពេល​ពន្លឺ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង‌ឡាយ​ប្រែ​ទៅ​ជា​អាប់​រស្មី ហើយ​មុន​ពេល​ពពក និង​ភ្លៀង​មក​ដល់​ផ្ទួនៗ​គ្នា។  នៅ​ថ្ងៃ​នោះ អ្នក​យាម​ផ្ទះ​នឹង​រញី‌រញ័រ មនុស្ស​ដ៏​ខ្លាំង​ពូកែ​បែរ​ជា​កោង​ខ្នង ស្ត្រីៗ​ដែល​កិន​ម្សៅ​នឹង​ឈប់​កិន មក​ពី​ខ្វះ​គ្នា​ជួយ ហើយ​អស់​អ្នក​ដែល​ធ្លាប់​តែ​សម្លឹង​តាម​បង្អួច ប្រែ​ជា​ងងឹត​ភ្នែក។  ជីវិត​របស់​អ្នក​នឹង​រសាត់​បាត់​ទៅ ដូច​ទ្វារ​ដែល​បែរ​ទៅ​រក​ផ្លូវ​ត្រូវ​គេ​បិទ ដូច​សំឡេង​ត្បាល់​កិន​ដែល​ឮ​កាន់​តែ​ខ្សោយ​ទៅៗ ដូច​សំឡេង​បក្សា‌បក្សី​ស្ងាត់​សូន្យ​ទៅ​វិញ និង​ដូច​សំឡេង​ស្ត្រី​ចម្រៀង​ទាំង​អស់​ចុះ​ខ្សោយ។  ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័ស‌រហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រស‌ជាតិ​អាហារ​ទៀត​ហើយ។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំ‌នៅ​ដែល​ស្ថិត‌ស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំ‌វិញ​ផ្ទះ​អ្នក រង់‌ចាំ​ពេល​អ្នក​ស្លាប់។  ពេល​នោះ ខ្សែ​ជីវិត​ត្រូវ​ដាច់​ដូច​ជា​ថូ​មាស​បែក ដូច​ក្អម​បែក​នៅ​ប្រភព​ទឹក ឬ​ដូច​រហាត់​យោង​ទឹក​បាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង។  ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ព្រះ‌អង្គ​វិញ​ដែរ។  សាស្តា​បាន​ថ្លែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ និង​ឥត​បាន​ការ។
អវសាន‌កថា
 សាស្តា​មិន​ត្រឹម​តែ​ជា​អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​លោក​ក៏​បាន​បង្រៀន​ប្រជាជន​ឲ្យ​ចេះ​ដឹង​ដែរ លោក​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។
១០ សាស្តា​ខិត‌ខំ​ស្វែង​រក​ពាក្យ‌ពេចន៍​ល្អៗ​មក​បរិយាយ ឥត​លំអៀង អំពី​សេចក្ដី​ផ្សេងៗ​ដែល​ត្រឹម‌ត្រូវ។
១១ ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​ចង​ក្រង​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​ដែក​គោល ដែល​គេ​បោះ​យ៉ាង​ជាប់។ ប្រាជ្ញា​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​គង្វាល​ដ៏​ពិត​ប្រាកដ​តែ​មួយ​គត់។ ១២ កូន​អើយ កុំ​បន្ថែម​អ្វី​ពី​លើ​ពាក្យ​ប្រៀន‌ប្រដៅ​នេះ​ឡើយ។ សៀវភៅ​ដែល​គេ​អាច​សរសេរ​បាន​មាន​ចំនួន​ច្រើន​ឥត​គណនា ហើយ​ការ​សិក្សា​ច្រើន​រមែង​ធ្វើ​ឲ្យ​រូប​កាយ​នឿយ‌ហត់។
១៣ អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​រូប​ត្រូវ​ធ្វើ។ ១៤ ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ ទោះ​បី​ជា​អំពើ​ដែល​គេ​ធ្វើ​ដោយ​លាក់​កំបាំង ហើយ​ជា​ការ​ល្អ ឬ​អាក្រក់​ក្តី។
436 Views

Theme: Overlay by Kaira