សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ​
ទុតិយកថា

ពាក្យលំនាំ

ទុតិយ‌កថា

(ចោទិយ‌កថា)

ពាក្យ​លំនាំ

ក្នុង​ព្រះ‌គម្ពីរ​បក​ប្រែ​មុន កណ្ឌ​គម្ពីរ​នេះ​មាន​ឈ្មោះ​ថា «ចោទិយ‌កថា»។ ដោយ​ប្រជាជន​ភាគ​ច្រើន​មិន​ស្គាល់​ពាក្យ «ចោទិយ‌កថា»នេះ យើង​បាន​ដូរ​មក​ជា «ទុតិយ‌កថា» ដើម្បី​ឲ្យ​ត្រឹម​ត្រូវ​តាម​ភាសា​ខ្មែរ​ផង ហើយ​មាន​អត្ថ‌ន័យ​ចំ​នឹង​គម្ពីរ​ផង។ ពាក្យ «ទុតិយ‌កថា» មាន​ន័យ​ថា «កថា​ទី​ពីរ» ពោល​គឺ «កថា​ដែល​រំឭក​អំពី​គម្ពីរ‌វិន័យ​ឡើង​វិញ»។
ផ្នែក​ខាង​ចុង​នៃ​គម្ពីរ «ជំរឿន​ប្រជាជន» មាន​បរិយាយ​អំពី​ជន​ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​ជិត​ដល់​ទឹក​ដី​សន្យា។ បន្ទាប់​មក ក្នុង​កណ្ឌ​គម្ពីរ «ទុតិយ‌កថា» មាន​ចែង​អំពី​សុន្ទរ‌កថា ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល (១.១‑៤.៤៣, ៤.៤៤‑២៨.៦៨ និង​២៨.៦៩‑៣០.២០)។ ក្នុង​សុន្ទរ‌កថា​ទាំង​នោះ លោក​ម៉ូសេ​រំឭក​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ដើម្បី​សម្ដែង​នូវ​ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​ស្មោះ‌ស្ម័គ្រ ចំពោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ​ក្នុង​វាល​រហោ‌ស្ថាន ដោយ​ការ‌ពារ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ប្រទាន​វិន័យ​ឲ្យ​ពួក​គេ​កាន់​តាម ដោយ​មាន​ព្រះ‌បន្ទូល​សន្យា​ជាប់​ជា​មួយ​ផង។
កណ្ឌ​គម្ពីរ​ទុតិយ‌កថា​មិន​ត្រឹម​តែ​រំឭក​ឡើង​វិញ​នូវ​វិន័យ ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​មុនៗ​ប៉ុណ្ណោះ​ទេ តែ​សុន្ទរ‌កថា​របស់​លោក​ម៉ូសេ​ដាស់‌តឿន​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​នឹក​ដល់​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌ជាម្ចាស់ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​ជិត​ស្និទ្ធ: «អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ» (៦.៤-៥)។
បួន​ចំពូក​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ​មាន​អត្ថ‌បទ​ពីរ ដែល​មាន​លក្ខណៈ​ជា​កំណាព្យ គឺ​ទំនុក‌តម្កើង​របស់​លោក​ម៉ូសេ (ចំពូក ៣២) និង​ពរ​របស់​លោក​ម៉ូសេ​ចំពោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល (ចំពូក ៣៣) ហើយ​មាន​អត្ថ‌បទ​ពីរ​ទៀត ដែល​ជា​កំណត់​ហេតុ​អំពី​ការ​តែង‌តាំង​លោក​យ៉ូស៊ូអា ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ជំនួស​លោក​ម៉ូសេ (ចំពូក ៣១) និង​មរណ‌ភាព​របស់​លោក​ម៉ូសេ (ចំពូក ៣៤)។
នៅ​ផ្នែក​កណ្ដាល​នៃ​«ទុតិយ‌កថា»​នេះ មាន​អត្ថ‌បទ​ដែល​ហៅ​ថា «គម្ពីរ‌វិន័យ» ហើយ​ប្រហែល​ត្រូវ​គេ​រក​ឃើញ​នៅ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូស្យាស (២​ពង្ស.២២) និង​ជា​ប្រភព​នៃ​ការ​កែ​ទម្រង់​សាសនា នៅ​ជំនាន់​នោះ។ អត្ថ‌បទ​នេះ​មាន​ឥទ្ធិ‌ពល​ទៅ​លើ​កណ្ឌ​ខ្លះ​ទៀត​នៃ​គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់ (ដូច​ជា​នៅ​ពង្សា‌វតារ‌ក្សត្រ, យេរេមី) និង​សម្ពន្ធ‌មេត្រី​ថ្មី (ដូច​ជា​នៅ​ម៉ាថាយ ៤:៤-៧, ម៉ាកុស ១២:៣២)។
កណ្ឌ​គម្ពីរ​ទុតិយ‌កថា​រំឭក​អ្នក​អាន​នៅ​ជំនាន់​ដើម និង​អ្នក​អាន​នា​បច្ចុប្បន្ន​កាល​ថា មនុស្ស​អាច​រក​សុភមង្គល​ដ៏​ពិត​ប្រាកដ​បាន តែ​នៅ​ពេល​ណា​គេ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ‌ស្ម័គ្រ​ប៉ុណ្ណោះ។

សុន្ទរ‌កថា​ទី​មួយ​របស់​លោក​ម៉ូសេ

ការ​ចេញ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ
 នេះ​ជា​សុន្ទរ‌កថា​ដែល​លោក​ម៉ូសេ​ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង‌មូល នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​វាល​រហោ‌ស្ថាន​តំបន់​អារ៉ាបា នៅ​ទល់​មុខ​នឹង​ស៊ូភ ត្រង់​ចន្លោះ​ប៉ារ៉ន តូផែល ឡាបាន់ ហាសេ‌រ៉ូត និង​ឌីសា‌ហាប។  ចាប់​ពី​ភ្នំ​ហូរែប​រហូត​ដល់​កាដែស-‌បារណេ‌អា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។  នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ថ្លែង​ប្រាប់​ពួក​គេ  គឺ​នៅ​ក្រោយ​ពេល​លោក​មាន​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​ជន​ជាតិ​អាម៉ូរី គង់​នៅ​ក្រុង​ហេស‌បូន និង​ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន គង់​នៅ​ក្រុង​អាសតា‌រ៉ូត និង​អេដ្រេ‌យី។
 កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្តើម​បង្រៀន​វិន័យ*​ដូច​ត​ទៅ៖
 «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ភ្នំ​ហូរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់‌រយៈ​ពេល​ជា​យូរ​មក​ហើយ។  ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ព្រម​ទាំង​តំបន់​អារ៉ាបា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។  មើល​ចុះ! យើង​ប្រគល់​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជា​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។
នៅ​គ្រា​នោះ ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា “ខ្លួន​ខ្ញុំ​តែ​ម្នាក់​ពុំ​អាច​ទទួល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​ទេ។ ១០ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។ ១១ សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ព្រះ‌អង្គ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។ ១២ ប៉ុន្តែ ខ្លួន​ខ្ញុំ​ម្នាក់​ឯង​ពុំ​អាច​ទទួល​បន្ទុក ដោះ​ស្រាយ​បញ្ហា​ក្តី‌ក្តាំ និង​ជម្លោះ​របស់​អ្នក​រាល់​គ្នា​បាន​ទេ។ ១៣ ហេតុ​នេះ ចូរ​ជ្រើស‌រើស​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​តែង‌តាំង​លោក​ទាំង​នោះ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា”។ ១៤ ពេល​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា “សំណើ​របស់​លោក​សម​ហេតុ​សម​ផល​ណាស់”។ ១៥ ខ្ញុំ​ក៏​បាន​ជ្រើស‌រើស​មេ​ដឹក​នាំ​ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា គឺ​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​មួយ​ពាន់​នាក់ មេ​ដឹក​នាំ​លើ​មួយ‌រយ​នាក់ មេ​ដឹក​នាំ​លើ​ហា‌សិប​នាក់ និង​មេ​ដឹក​នាំ​លើ​ដប់​នាក់ ព្រម​ទាំង​ឲ្យ​មាន​ពួក​តម្រួត​មើល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។ ១៦ នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿង‌រ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្តី​ឲ្យ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។ ១៧ ក្នុង​ការ​កាត់​ក្តី​កុំ​រើស​មុខ​នរណា​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​អ្នក​តូច​ក៏​ដូច​អ្នក​ធំ​ដែរ កុំ​ខ្លាច​នរណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ​ស្ថិត​នៅ​លើ​ព្រះ‌ជាម្ចាស់។ ប្រសិន​បើ​រឿង‌រ៉ាវ​នោះ​ពិបាក​កាត់​ក្តី​ពេក ចូរ​បញ្ជូន​មក​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​ពិនិត្យ​មើល”។ ១៨ នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អំពី​ច្បាប់​ទម្លាប់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម»។
ការ​បះ‌បោរ​នៅ​កាដែស
១៩ «បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហូរែប ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោ‌ស្ថាន​ដ៏​ធំ​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដែស-‌បារណេ‌អា ២០ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “អ្នក​រាល់​គ្នា​មក​ដល់​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង។ ២១ មើល៍​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ហើយ ចូរ​ឡើង​ទៅ​កាន់​កាប់​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុព្វ‌បុរស​អ្នក បាន​សន្យា​ចំពោះ​អ្នក កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឡើយ!”។ ២២ ពេល​នោះ អ្នក​រាល់​គ្នា​បាន​ចូល​មក​ជិត​ខ្ញុំ ហើយ​ប្រាប់​ថា: “សូម​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន​ពួក​យើង ដើម្បី​ពិនិត្យ​មើល​ស្រុក រួច​រាយ‌ការណ៍​ប្រាប់​យើង​ខ្ញុំ​អំពី​ស្ថាន​ភាព​ផ្លូវ និង​ក្រុង​នានា​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ”។ ២៣ ខ្ញុំ​យល់​ឃើញ​ថា​គំនិត​នោះ​ល្អ ខ្ញុំ​ក៏​ចាត់​មនុស្ស​ដប់‌ពីរ​នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​តំណាង​កុល‌សម្ព័ន្ធ​មួយ ឲ្យ​ទៅ។ ២៤ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​តម្រង់​ទៅ​តំបន់​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អេ‌កុល រួច​ពិនិត្យ​មើល​ស្រុក។ ២៥ ពួក​គេ​បាន​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​បង្ហាញ​ពួក​យើង និង​រាយ‌ការណ៍​ប្រាប់​ពួក​យើង​ថា: “ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់”។ ២៦ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ២៧ អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ក្នុង​តង់ត៍​របស់​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​ស្អប់​ពួក​យើង​ហើយ បាន​ជា​ព្រះ‌អង្គ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អាម៉ូរី និង​កម្ទេច​ពួក​យើង។ ២៨ តើ​ឲ្យ​យើង​ខ្ញុំ​ឡើង​ទៅ​ណា? ពួក​យើង​គ្មាន​ទឹក​ចិត្ត​នឹង​ឡើង​ទៅ​ស្រុក​នោះ​ទេ ដ្បិត​បង‌ប្អូន​របស់​យើង​ខ្ញុំ​រាយ‌ការណ៍​ប្រាប់​ពួក​យើង ថា​ប្រជាជន​នៅ​ស្រុក​នោះ​ខ្លាំង​ពូកែ ហើយ​មាន​មាឌ​ធំ​ជាង​ពួក​យើង។ រីឯ​ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ និង​មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​អាណាក់ នៅ​ស្រុក​នោះ​ដែរ”។ ២៩ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “កុំ​ភ័យ​តក់‌ស្លុត ហើយ​កុំ​ខ្លាច​ពួក​គេ​ឡើយ។ ៣០ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​នៅ​មុខ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​ប្រយុទ្ធ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ នៅ​ស្រុក​អេស៊ីប​ដែរ។ ៣១ ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។ ៣២ ប៉ុន្តែ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ពុំ​បាន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ ៣៣ ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ព្រះ‌អង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ព្រះ‌អង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក* នៅ​ពេល​ថ្ងៃ”។
៣៤ ពេល​ឮ​ពាក្យ​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ ហើយ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ៣៥ “ក្នុង​ចំណោម​មនុស្ស​ដ៏​អាក្រក់​នៅ​ជំនាន់​នេះ គ្មាន​នរណា​ម្នាក់​អាច​ឃើញ​ស្រុក​ដ៏​ល្អ ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ឡើយ ៣៦ លើក‌លែង​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ​ឲ្យ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាម​ព្រះ‌អម្ចាស់ ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។ ៣៧ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ក៏​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក​ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។ ៣៨ សហ‌ការី​របស់​អ្នក គឺ​យ៉ូស៊ូអា ជា​កូន​របស់​នូន នឹង​ចូល​ទៅ​ក្នុង​ស្រុក។ ដូច្នេះ ចូរ​ពង្រឹង​កម្លាំង​របស់​គាត់ ព្រោះ​គាត់​នឹង​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​កាន់​កាប់​ស្រុក ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ ៣៩ រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា ពួក​គេ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង កូន​របស់​អ្នក​រាល់​គ្នា​ដែល​សព្វ​ថ្ងៃ​ពុំ​ទាន់​ស្គាល់​ការ​អាក្រក់ ឬ​ល្អ​នៅ​ឡើយ គឺ​ពួក​គេ​ហើយ​ដែល​ចូល​ទៅ​ក្នុង​ស្រុក​នោះ យើង​នឹង​ប្រគល់​ស្រុក​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។ ៤០ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ចេញ​ដំណើរ​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន តម្រង់​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ”។
៤១ ពេល​នោះ អ្នក​រាល់​គ្នា​ឆ្លើយ​មក​ខ្ញុំ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហេតុ​នេះ​យើង​ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បង្គាប់​យើង​ខ្ញុំ”។ ពេល​នោះ អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​ងាយ​ស្រួល​ក្នុង​ការ​វាយ​យក​តំបន់​ភ្នំ។ ៤២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រាប់​ពួក​គេ​កុំ​ឲ្យ​ឡើង​ទៅ​វាយ​យក​ស្រុក​នោះ​ឡើយ ដ្បិត​យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ខ្មាំង​សត្រូវ​មុខ​ជា​វាយ​អ្នក​រាល់​គ្នា​ឲ្យ​បរា‌ជ័យ​មិន​ខាន”។ ៤៣ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ឡើយ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត‌អាង។ ៤៤ ពេល​នោះ ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​ត‌ទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កម្ទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហ៊រម៉ា។ ៤៥ ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​ពុំ​បាន​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​អ្នក​រាល់​គ្នា​ទេ។ ៤៦ អ្នក​រាល់​គ្នា​ក៏​រស់​នៅ​ត្រង់​កាដែស​នោះ​អស់‌រយៈ​ពេល​ជា​យូរ​ថ្ងៃ។
 បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​កក់​ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។ ពួក​យើង​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្នុង​តំបន់​ភ្នំ​សៀរ​ជា​ច្រើន​ថ្ងៃ»។
ជន​ជាតិ​អ៊ីស្រា‌អែល​ដើរ​វាង​ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ស្រុក​អាំម៉ូន
 «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា  “អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​នេះ​យូរ​ហើយ ដូច្នេះ ចូរ​ចេញ​ដំណើរ​តម្រង់​ទៅ​ទិស​ខាង​ជើង។  ចូរ​បង្គាប់​ប្រជាជន​ថា: អ្នក​រាល់​គ្នា​ត្រូវ​ដើរ​កាត់​តាម​ទឹក​ដី​របស់​កូន​ចៅ​អេសាវ ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​រស់​នៅ​តំបន់​សៀរ។ ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា ប៉ុន្តែ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន។  កុំ​ច្បាំង​នឹង​ពួក​គេ​ឡើយ យើង​មិន​ប្រគល់​ស្រុក​របស់​ពួក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​ប៉ុន​បាត​ជើង​ក៏​យើង​មិន​ឲ្យ​ដែរ ដ្បិត​យើង​បាន​ប្រគល់​តំបន់​ភ្នំ​សៀរ​ឲ្យ​អេសាវ​កាន់​កាប់។  ត្រូវ​យក​ប្រាក់​ទិញ​ម្ហូប​អាហារ​ពី​ពួក​គេ​មក​បរិភោគ ហើយ​សូម្បី​តែ​ទឹក​ដែល​អ្នក​រាល់​គ្នា​ផឹក ក៏​ត្រូវ​បង់​ប្រាក់​ដែរ  ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។ ព្រះ‌អង្គ​តាម​ថែ‌រក្សា​អ្នក ក្នុង​ពេល​អ្នក​ធ្វើ​ដំណើរ​នៅ​វាល​រហោ‌ស្ថាន​ដ៏​ធំ​នេះ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ​មក​ហើយ អ្នក​មិន​ខ្វះ​ខាត​អ្វី​ទាល់​តែ​សោះ”។
 ពួក​យើង​បាន​ដើរ​វាង​ស្រុក​របស់​កូន​ចៅ​លោក​អេសាវ ជា​បង‌ប្អូន​របស់​យើង ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​សៀរ ហើយ​ពួក​យើង​ក៏​បាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្លូវ​ទៅ​តំបន់​អារ៉ាបា អេឡាត និង​អេសយ៉ូន-‌កេ‌ប៊ែរ ដែរ។ បន្ទាប់​មក ពួក​យើង​ប្ដូរ​ទិស​ចេញ​ដំណើរ​តាម​ផ្លូវ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “មិន​ត្រូវ​វាយ​លុក​ស្រុក​ម៉ូអាប់​ឡើយ កុំ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ពួក​គេ​ឲ្យ​សោះ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​គេ​ឲ្យ​អ្នក​ទុក​ជា​កម្ម‌សិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ក្រុង​អារ ឲ្យ​កូន​ចៅ​របស់​ឡុត ទុក​ជា​កម្ម‌សិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។
១០ ពី​មុន ជន​ជាតិ​អេមីម​រស់​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន​ជាតិ​អាណាក់​ដែរ។ ១១ អ្នក​ឯ​ទៀតៗ​ចាត់​ទុក​ពួក​នោះ​ជា​ជន​ជាតិ​រេផា‌អ៊ីម ដូច​ជន​ជាតិ​អាណាក់​ដែរ។ ប៉ុន្តែ ជន​ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា ជន​ជាតិ​អេមីម។ ១២ ពី​មុន ជន​ជាតិ​ហូរី​រស់​នៅ​ស្រុក​សៀរ តែ​កូន​ចៅ​របស់​លោក​អេសាវ​បាន​ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រម​ទាំង​កម្ទេច​ពួក​គេ​ចោល ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ ដូច​ជន​ជាតិ​អ៊ីស្រា‌អែល​ចាប់​យក​ស្រុក ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ ដោយ​ដេញ​អ្នក​ស្រុក​នោះ​ចេញ​ពី​ស្រុក​ដែរ។
១៣ “ឥឡូវ​នេះ ចូរ​ក្រោក​ឡើង នាំ​គ្នា​ឆ្លង​កាត់​ជ្រោះ​សេរេដ”។ ពួក​យើង​ក៏​ឆ្លង​កាត់​ជ្រោះ​សេរេដ។ ១៤ ចាប់​ពី​ពេល​ពួក​យើង​ធ្វើ​ដំណើរ​ពី​កាដែស-‌បារណេអា មក​ទល់​ពេល​ឆ្លង​កាត់​ជ្រោះ​សេរេដ មាន‌រយៈ​ពេល​ទាំង​អស់​សាម‌សិប​ប្រាំ‌បី​ឆ្នាំ គឺ​រហូត​ដល់​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម​នៅ​ជំនាន់​នោះ បាន​បាត់​បង់​ជីវិត​អស់ ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ពួក​គេ។ ១៥ ព្រះ‌អម្ចាស់​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។
១៦ ពេល​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម បាន​ស្លាប់​បាត់​អស់​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ១៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: ១៨ “ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំ‌ដែន​ស្រុក​ម៉ូអាប់ ហើយ​ឆ្លង​កាត់​ក្រុង​អារ ១៩ ឆ្ពោះ​ទៅ​កាន់​ស្រុក​អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​ឲ្យ​អ្នក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​របស់​ឡុត​ធ្វើ​ជា​កម្ម‌សិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។
២០ គេ​ក៏​ចាត់​ទុក​តំបន់​នោះ​ថា​ជា​ស្រុក​របស់​ជន​ជាតិ​រេផាអ៊ីម​ដែរ។ ពី​មុន ជន​ជាតិ​រេផាអ៊ីម​រស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​ជន​ជាតិ​អាំម៉ូន​ហៅ​ពួក​គេ​ថា ជន​ជាតិ​សាំស៊ូ‌មីម។ ២១ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន​ជាតិ​អាណាក់។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ពួក​គេ​នៅ​ចំពោះ​មុខ​ជន​ជាតិ​អាំម៉ូន។ ជន​ជាតិ​អាំម៉ូន​បាន​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ហើយ​តាំង​ទី​លំ‌នៅ​ជំនួស​ពួក​គេ។ ២២ ព្រះ‌អម្ចាស់​ធ្វើ​ដូច្នេះ សម្រាប់​កូន​ចៅ​លោក​អេសាវ នៅ​ស្រុក​សៀរ​ដែរ គឺ​ព្រះ‌អង្គ​បាន​កម្ទេច​ជន​ជាតិ​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ។ កូន​ចៅ​លោក​អេសាវ​បាន​បណ្តេញ​ពួក​គេ​ចេញ ហើយ​តាំង​ទី​លំ‌នៅ ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ២៣ ជន​ជាតិ​អាវី​ដែល​រស់​នៅ​តាម​ភូមិ​នានា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន​ជាតិ​កាប់ទរ ចេញ​មក​ពី​ស្រុក​កាប់ទរ កម្ទេច​អស់ ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។
២៤ “ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឆ្លង​កាត់​ស្ទឹង​អារណូន។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​ជន​ជាតិ​អាម៉ូរី និង​ជា​ស្តេច​ក្រុង​ហេស‌បូន ព្រម​ទាំង​ទឹក​ដី​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​រៀប‌ចំ​ទ័ព​វាយ​លុក​ស្រុក​គេ​ឥឡូវ​នេះ ហើយ​កាន់​កាប់​ស្រុក​នោះ​ចុះ! ២៥ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​គ្រប់​ទី​កន្លែង​ភ័យ​ខ្លាច និង​កោត​ស្ញប់‌ស្ញែង​អ្នក។ ពេល​ណា​ឮ​សូរ​ឈ្មោះ​អ្នក គេ​នឹង​ភ័យ​ញាប់​ញ័រ ហើយ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​អ្នក”»។
ជន​ជាតិ​អ៊ីស្រា‌អែល​វាយ​យក​នគរ​របស់​ស្តេច​ស៊ីហុន
២៦ «ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោ‌ស្ថាន​កេដេម៉ុត ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​ក្រុង​ហេស‌បូន ដើម្បី​ទូល​ស្តេច​ដោយ​សម្រួល គឺ​ខ្ញុំ​ឲ្យ​គេ​ទូល​ថា: ២៧ “យើង​ខ្ញុំ​ចង់​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ យើង​ខ្ញុំ​មិន​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ទេ។ ២៨ បើ​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ម្ហូប​អាហារ និង​ទឹក​ដល់​យើង​ខ្ញុំ​បរិភោគ យើង​ខ្ញុំ​នឹង​បង់​ប្រាក់​ថ្វាយ​ព្រះ‌ករុណា យើង​ខ្ញុំ​សូម​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា​តែ​ប៉ុណ្ណោះ។ ២៩ កូន​ចៅ​លោក​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ បាន​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ ហើយ​ជន​ជាតិ​ម៉ូអាប់​ដែល​រស់​នៅ​ក្រុង​អារ ក៏​បាន​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ​ដែរ។ ហេតុ​នេះ សូម​ព្រះ‌ករុណា​មេត្តា​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ប្រទាន​ឲ្យ​យើង​ខ្ញុំ​នោះ​ផង”។ ៣០ ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហេស‌បូន ពុំ​ព្រម​ឲ្យ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ធ្វើ​ឲ្យ​ស្តេច​នោះ​មាន​ចិត្ត​មានះ និង​រឹង‌រូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។
៣១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “មើល៍ យើង​បាន​ប្រគល់​ស៊ីហុន និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ឥឡូវ​នេះ​ហើយ។ ដូច្នេះ ចូរ​ទៅ​ចាប់​យក​ស្រុក​នោះ​ឥឡូវ​នេះ​ចុះ”។ ៣២ ស្តេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។ ៣៣ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ស្តេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ស្តេច​ស៊ីហុន និង​កូន​របស់​ស្តេច ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល។ ៣៤ នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្តេច​ស៊ីហុន ហើយ​កម្ទេច​ពួក​គេ ទាំង​ប្រុស ទាំង​ស្រី និង​ក្មេង ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។ ៣៥ ពួក​យើង​រឹប​អូស​តែ​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​ពី​ក្រុង​នានា​ដែល​ពួក​យើង​ដណ្ដើម​យក​បាន​ប៉ុណ្ណោះ។ ៣៦ ចាប់​ពី​ក្រុង​អារ៉ូអ៊ែរ ដែល​នៅ​តាម​មាត់​ស្ទឹង​អារណូន និង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ជ្រលង​ភ្នំ​រហូត​ដល់​ស្រុក​កាឡាដ គ្មាន​ក្រុង​ណា​មួយ​អាច​ត‌ទល់​នឹង​ពួក​យើង​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រគល់​ក្រុង​ទាំង​នោះ​មក​ឲ្យ​ពួក​យើង។ ៣៧ ប៉ុន្តែ ពួក​យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​ជន​ជាតិ​អាំម៉ូន ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​មាត់​ស្ទឹង​យ៉ាបុក ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​តំបន់​ភ្នំ និង​ក្រុង​ឯ​ទៀតៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ហាម​ឃាត់​នោះ​ឡើយ»។
ជន​ជាតិ​អ៊ីស្រា‌អែល​វាយ​យក​ស្រុក​របស់​ស្តេច​អុក
 «បន្ទាប់​មក ពួក​យើង​ចេញ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​វាយ​លុក​ពួក​យើង នៅ​អេដ្រេយី។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “កុំ​ភ័យ​ខ្លាច​គេ​ឡើយ យើង​ប្រគល់​ស្តេច​នោះ កង‌ទ័ព​ទាំង​មូល និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្តេច​អុក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូរី ដែល​រស់​នៅ​ក្រុង​ហេស‌បូន​ដែរ”។  ពេល​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន និង​កង‌ទ័ព​ទាំង​មូល មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ពួក​គេ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។  នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្តេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្ដើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុក‌សិប​ក្រុង ស្ថិត​នៅ​តំបន់​អារកូប ក្នុង​ស្រុក​បាសាន ដែល​ស្តេច​អុក​គ្រប់‌គ្រង។  ក្រុង​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ក្រុង​ដ៏​រឹង‌មាំ មាន​កំពែង​ខ្ពស់ៗ មាន​ទ្វារ និង​មាន​រនុក រីឯ​ក្រុង​មួយ​ចំនួន​ធំ​គ្មាន​កំពែង​ទេ។  ពួក​យើង​កម្ទេច​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ ដូច​ពួក​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហេស‌បូន​ដែរ គឺ​ពួក​យើង​កម្ទេច​អ្នក​ក្រុង​ទាំង​នោះ ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់  ប៉ុន្តែ ពួក​យើង​បាន​រឹប​អូស​យក​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង»។
ការ​បែង​ចែក​ទឹក​ដី នៅ​ស្រុក​កាឡាដ
 «នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ពី​ស្តេច​ទាំង​ពីរ​របស់​ជន​ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អារណូន​រហូត​ដល់​ភ្នំ​ហ៊ែរម៊ូន  (អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ែរម៉ូន​ថា ភ្នំ​ស៊ីរីយ៉ូន ហើយ​អ្នក​ស្រុក​អាម៉ូរី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនៀរ)។ ១០ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប ស្រុក​កាឡាដ​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​សាល់‌កា និង​អេដ្រេយី ជា​ក្រុង​របស់​ស្តេច​អុក​នៅ​ស្រុក​បាសាន ១១ (ព្រះ‌បាទ​អុក ស្តេច​ស្រុក​បាសាន ជា​ជន​ជាតិ​រេផា‌អ៊ីម​ចុង​ក្រោយ​បង្អស់។ គ្រែរបស់​ស្តេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត់ ជា​ក្រុង​របស់​ជន​ជាតិ​អាម៉ូរី គ្រែ​នោះ​ជា​គ្រែ​ដែក មាន​បណ្តោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។
១២ នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នោះ។ ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ចាប់​ពី​ក្រុង​អារ៉ូអ៊ែរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អារណូន ព្រម​ទាំង​តំបន់​ភ្នំ​កាឡាដ​ចំនួន​ពាក់​កណ្ដាល និង​ក្រុង​ទាំង​អស់​ក្នុង​តំបន់​នោះ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ។ ១៣ ខ្ញុំ​បាន​ប្រគល់​តំបន់​ភ្នំ​កាឡាដដែល​នៅ​សល់ ព្រម​ទាំង​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន គឺ​តំបន់​អារកូប​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល ដែល​គេ​ហៅ​ថា ស្រុក​របស់​ពួក​រេផាអ៊ីម ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល។ ១៤ អំបូរ​យ៉ាអៀរ ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណាសេ បាន​ទទួល​តំបន់​អារកូប​ទាំង​មូល រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​ជន​ជាតិ​កេសួរ និង​ម៉ាកា‌ទី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​យ៉ាអៀរ រហូត​មក​ទល់​សព្វ​ថ្ងៃ។ ១៥ ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​ទៅ​ឲ្យ​អំបូរ​ម៉ាកៀរ ១៦ ចំណែក​ឯ​កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ​វិញ ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​មួយ​ចំណែក​ទៀត​ឲ្យ​ពួក​គេ។ ទឹក​ដី​របស់​ពួក​គេ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ស្ទឹង​អារណូន ដែល​ជា​ព្រំ‌ប្រទល់ ហើយ​វាត​រហូត​ដល់​ស្ទឹង​យ៉ាបុក នៅ​ជាប់​នឹង​ទល់​ដែន​ស្រុក​អាំម៉ូន ១៧ ព្រម​ទាំង​វាល​អារ៉ាបា ដែល​នៅ​ជាប់​នឹង​ទន្លេ​យ័រដាន់ ចាប់​ពី​គីនេ‌រ៉េត រហូត​ដល់​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​អំបិល ដែល​នៅ​ខាង​កើត​ជើង​ភ្នំ​ពីស្កា។
១៨ នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់‌អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា។ ១៩ ត្រូវ​ទុក​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុង​នានា​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា -ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​ហ្វូង​សត្វ​ដ៏​ច្រើន។ ២០ ពេល​ណា​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ​នោះ គឺ​ពេល​ពួក​គេ​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​ពួក​គេ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ពេល​នោះ ទើប​អ្នក​រាល់​គ្នា​វិល​ទៅ​កាន់​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​វិញ”។
២១ នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ទៅ​លោក​យ៉ូស៊ូអា​ថា “អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​អំពី​ការ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ទាំង​ពីរ​នេះ​ស្រាប់​ហើយ ព្រះ‌អម្ចាស់​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​នគរ​ទាំង​ប៉ុន្មាន​ទៀត ដែល​អ្នក​ត្រូវ​ទៅ​វាយ​យក​យ៉ាង​នោះ​ដែរ។ ២២ កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​ច្បាំង​ដើម្បី​អ្នក​រាល់​គ្នា”»។
លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ស្រុក​កាណាន
២៣ «នៅ​គ្រា​នោះ ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា: ២៤ “បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​បាន​ចាប់​ផ្តើម​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញ​ភាព​ឧត្តុង្គ‌ឧត្ដម និង​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ដ្បិត​គ្មាន​ព្រះ​ណា​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែន‌ដី អាច​សម្ដែង​ការ​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដូច​ព្រះ‌អង្គ​ទេ។ ២៥ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ​មើល​ស្រុក​ដ៏​ល្អ នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ ព្រម​ទាំង​ភ្នំ​ដ៏​ស្អាតៗ និង​ព្រៃ​លីបង់​ផង”។ ២៦ ក៏​ប៉ុន្តែ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះ‌អង្គ​ពុំ​អនុញ្ញាត​តាម​ពាក្យ​ទូល​សូម​របស់​ខ្ញុំ​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ប៉ុណ្ណឹង​បាន​ហើយ មិន​បាច់​និយាយ​ជា​មួយ​យើង​ពី​រឿង​នេះ​ទៀត​ទេ។ ២៧ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ពីស្កា ហើយ​ក្រឡេក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត។ អ្នក​មើល​ឃើញ​ស្រុក​នោះ តែ​អ្នក​មិន​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ចូល​ទៅ​ឡើយ។ ២៨ ចូរ​ចេញ​បញ្ជា​ទៅ​យ៉ូស៊ូអា ចូរ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ក្លា‌ហាន ដ្បិត​យ៉ូស៊ូអា​នឹង​នាំ​មុខ​ប្រជាជន​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ចែក​ទឹក​ដី​ដែល​អ្នក​មើល​ឃើញ​នេះ ឲ្យ​ពួក​គេ​ទុក​ជា​កេរ‌មត៌ក”។ ២៩ ពួក​យើង​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​បាល-‌ពេអ៊រ»។
ចូរ​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌ជាម្ចាស់!
 «ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​វិន័យ និង​បទ‌បញ្ជា​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។  មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។  អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ នៅ​គ្រា​ដែល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ព្រះ‌បាល-‌ពេអ៊រ។ ព្រះ‌អម្ចាស់​ប្រហារ​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចូល​រួម​ថ្វាយ‌បង្គំ​ព្រះ‌បាល-‌ពេអ៊រ  ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នៅ​រស់‌រាន​រហូត​មក​ទល់​សព្វ​ថ្ងៃ។
 អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​វិន័យ និង​បទ‌បញ្ជា​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។  អ្នក​រាល់​គ្នា​ត្រូវ​កាន់ ព្រម​ទាំង​ប្រតិបត្តិ​តាម​វិន័យ និង​បទ‌បញ្ជា​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ឈ្លាស‌វៃ នៅ​ចំពោះ​មុខ​ជាតិ​សាសន៍​នានា។ ពេល​ឮ​អំពី​វិន័យ​ទាំង​ប៉ុន្មាន ពួក​គេ​នឹង​ពោល​ថា ប្រជា‌ជាតិ​ដ៏​ធំ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​មែន!។  តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះ‌អង្គ?  តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​វិន័យ និង​បទ‌បញ្ជា​ត្រឹម​ត្រូវ ដូច​វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។
គ្រា​ដែល​ព្រះ‌អម្ចាស់​ប្រទាន​វិន័យ​នៅ​ភ្នំ​ហូរែប
«ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ភ្លេច​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុ‌ការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍​នេះ​ដែរ។ ១០ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហូរែប គឺ​នៅ​ថ្ងៃ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជាជន​ឲ្យ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​ឲ្យ​ពួក​គេ​ឮ​ព្រះ‌បន្ទូល​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែន‌ដី ព្រម​ទាំង​ឲ្យ​ពួក​គេ​បង្រៀន​ព្រះ‌បន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។ ១១ អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាប‌ឆេះ​ភ្នំ អណ្ដាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាស‌វេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។ ១២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​នោះ​មក​កាន់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះ‌អង្គ​មាន​ភិន‌ភាគ​ដូច​ម្ដេច​ឡើយ គឺ​ឮ​តែ​ព្រះ‌សូរសៀង​ប៉ុណ្ណោះ។ ១៣ ព្រះ‌អង្គ​បាន​បង្ហាញ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ដល់​អ្នក​រាល់​គ្នា គឺ​ព្រះ‌អង្គ​ប្រទាន​ព្រះ‌បន្ទូល​ទាំង​ដប់​ប្រការ​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ ព្រះ‌អង្គ​បាន​ចារ​ព្រះ‌បន្ទូល​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។
១៤ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​អំពី​វិន័យ និង​បទ‌បញ្ជា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។
បម្រាម​គោរព​ព្រះ​ក្លែង‌ក្លាយ
១៥ «នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​ភ្នំ​ហូរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះ‌អង្គ​មាន​ភិន‌ភាគ​បែប​ណា​ឡើយ ហេតុ​នេះ តោង​ប្រយ័ត្ន​ស្មារតី ១៦ ក្រែង​លោ​អ្នក​រាល់​គ្នា​បណ្តាល​ឲ្យ​ខ្លួន​មាន​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​រូប​តំណាង​ព្រះ​ណា​មួយ ទោះ​បី​ជា​រូប​មនុស្ស​ប្រុស​ស្រី ១៧ រូប​សត្វ​នៅ​លើ​ដី ឬ​សត្វ​ស្លាប​ហើរ​នៅ​លើ​មេឃ ១៨ រូប​សត្វ​លូន​វារ ឬ​រូប​ត្រី​នៅ​ក្នុង​ទឹក។ ១៩ ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង‌ឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​នោះ។ ២០ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌អម្ចាស់​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជាជន​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​សព្វ​ថ្ងៃ។
២១ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ប្រគល់​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក​ឡើយ។ ២២ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់​ទេ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នោះ។ ២៣ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បំភ្លេច​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ចង​ជា​មួយ​អ្នក​ឲ្យ​សោះ។ កុំ​ធ្វើ​រូប​ចម្លាក់ ឬ​រូប​តំណាង​អ្វី​មួយ ផ្ទុយ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ហាម​ឡើយ ២៤ ដ្បិត​ព្រះ‌អម្ចាស់ ព្រះ​របស់​អ្នក ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ព្រះ‌អង្គ​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ជា​ដាច់​ខាត។
២៥ ពេល​ណា​អ្នក​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ អ្នក​រាល់​គ្នា​នឹង​បង្កើត​កូន​ចៅ​តៗ​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​បណ្តោយ​ខ្លួន ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​រូប​តំណាង​អ្វីៗ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ ២៦ ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់‌ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។ ២៧ ព្រះ‌អម្ចាស់​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលព្រះ‌អម្ចាស់​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។ ២៨ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស ជា​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ មិន​ចេះ​បរិភោគ ហើយ​ក៏​មិន​ដឹង​អ្វី​ទាំង​អស់។ ២៩ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះ‌អង្គ​មិន​ខាន។ ៣០ នៅ​ពេល​ខាង​មុខ កាល​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ហើយ​អ្នក​រង​ទុក្ខ​លំបាក អ្នក​នឹង​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​វិញ អ្នក​នឹង​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ៣១ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​បំផ្លាញ​អ្នក​ដែរ។ ព្រះ‌អង្គ​នឹក​ឃើញ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​ជា‌និច្ច»។
ឯក‌សិទ្ធិ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
៣២ «ចូរ​សាក​សួរ​មើល​ចុះ ថា​តើ​នៅ​ជំនាន់​ដើម គឺ​តាំង​ពី​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​នៅ​លើ​ផែន‌ដី​នេះ ហើយ​ចាប់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត តើ​ធ្លាប់​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បែប​នេះ ឬ​ក៏​មាន​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​ដ៏​ចម្លែក​បែប​នេះ​ទេ?។ ៣៣ តើ​មាន​ជាតិ​សាសន៍​មួយ​ណា​ធ្លាប់​បាន​ឮ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​ដូច​អ្នក​បាន​ឮ ហើយ​នៅ​រស់‌រាន​មាន​ជីវិត​បែប​នេះ​ឬ​ទេ? ៣៤ តើ​ដែល​មាន​ព្រះ​ណា​ខិត‌ខំ​រំដោះ​ប្រជា‌ជាតិ​មួយ​ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ ហើយ​ប្រយុទ្ធ​ជំនួស​គេ​ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​គួរ​ស្ញែង​ខ្លាច ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប ឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ? ៣៥ អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។
៣៦ ព្រះ‌អង្គ​បាន​ឲ្យ​អ្នក​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក ដើម្បី​អប់រំ​អ្នក។ ព្រះ‌អង្គ​ឲ្យ​អ្នក​ឃើញ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នៅ​លើ​ផែន‌ដី​នេះ ហើយ​អ្នក​បាន​ឮ ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ពី​ក្នុង​ភ្លើង​នោះ​មក។
៣៧ ព្រះ‌អង្គ​បាន​ស្រឡាញ់​បុព្វ‌បុរស​របស់​អ្នក ហើយ​បាន​ជ្រើស‌រើស​ពូជ‌ពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ផ្ទាល់​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ។
៣៨ ព្រះ‌អង្គ​បាន​បណ្តេញ​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក ដើម្បី​ឲ្យ​អ្នក​ចូល​កាន់​កាប់​ស្រុក​របស់​គេ ហើយ​ព្រះ‌អង្គ​ប្រគល់​ស្រុក​នោះ​មក​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។ ៣៩ ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។ ៤០ អ្នក​ត្រូវ​កាន់​តាម​វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រហូត​ត​ទៅ»។
ក្រុង​ជម្រក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
៤១ ពេល​នោះ លោក​ម៉ូសេ​បាន​ញែក​ក្រុង​បី នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដោយ​ឡែក ៤២ ធ្វើ​ជា​ក្រុង​ជម្រក​ សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន គឺ​អ្នក​ដែល​បាន​សម្លាប់​គេ ដោយ​គ្មាន​ចិត្ត​ស្អប់​ពី​មុន អាច​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​បី ដើម្បី​បាន​រួច​ជីវិត។ ៤៣ ក្រុង​ទាំង​នោះ​គឺ: ក្រុង​បេស៊ែរ នៅ​វាល​រហោ‌ស្ថាន​នៃ​ខ្ពង់​រាប​ក្នុង​ទឹក​ដី​រូបេន ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ក្នុង​ទឹក​ដី​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ក្នុង​ទឹក​ដី​ម៉ាណាសេ។

សុន្ទរ‌កថា​ទី​ពីរ​របស់​លោក​ម៉ូសេ

ព្រះ‌បន្ទូល​ទាំង​ដប់​ប្រការ
៤៤ នេះ​ជា​វិន័យ​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល។ ៤៥ លោក​ម៉ូសេ​បាន​ប្រកាស​វិន័យ និង​បទ‌បញ្ជា ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ៤៦ នា​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បាល‌ពេអ៊រ គឺ​នៅ​ស្រុក​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូរី នៅ​ក្រុង​ហេស‌បូន។ លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​វាយ​ប្រហារ​ស្តេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ៤៧ ហើយ​ដណ្ដើម​យក​ទឹក​ដី​របស់​ស្តេច​នេះ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន មក​កាន់​កាប់។ ពី​មុន ស្តេច​ទាំង​ពីរ​អង្គ​របស់​ជន​ជាតិ​អាម៉ូរី​គ្រប់‌គ្រង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ៤៨ ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ែរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អារណូន រហូត​ដល់​ភ្នំ​ស៊ីអូន ដែល​មាន​ឈ្មោះ​ថា​ភ្នំ​ហ៊ែរម៉ូន ៤៩ វាល​ទំនាប​អារ៉ាបា​ទាំង​មូល ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ រហូត​ដល់​សមុទ្រ​អារ៉ាបា ដែល​នៅ​ជើង​ភ្នំ​ពីស្កា។
លោក​ម៉ូសេ​បាន​កោះ​ហៅ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​វិន័យ និង​បទ‌បញ្ជា​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្ដី​ទាំង​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។  ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដូន‌តា​របស់​យើង នៅ​ភ្នំ​ហូរែប។  ព្រះ‌អម្ចាស់​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​នេះ​ជា​មួយ​ដូន‌តា​របស់​យើង​ប៉ុណ្ណោះ​ទេ ព្រះ‌អង្គ​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។  ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ ខ្ញុំ​ឈរ​នៅ​ចន្លោះ​ព្រះ‌អម្ចាស់ និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:
 “យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។
 មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។
 មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែន‌ដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។  មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ ១០ ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្ដែង​សេចក្ដី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បញ្ជា​របស់​យើង។
១១ មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​អត់‌ឱន​ឲ្យ​អ្នក​ដែល​យក​ព្រះ‌នាម​របស់​ព្រះ‌អង្គ ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។
១២ ចូរ​គោរព​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ដល់​អ្នក។ ១៣ អ្នក​មាន​ពេល​ប្រាំ‌មួយ​ថ្ងៃ​សម្រាប់​បំពេញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ ១៤ តែ​ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​គោ ទាំង​លា ទាំង​ហ្វូង​សត្វ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​ឲ្យ​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក​បាន​សម្រាក​ដូច​អ្នក​ដែរ។ ១៥ អ្នក​ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាស‌ករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ទី​នោះ ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​គោរព​ថ្ងៃ​សប្ប័ទ។
១៦ ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ និង​មាន​សុភមង្គល នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។
១៧ កុំ​សម្លាប់​មនុស្ស។
១៨ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។
១៩ កុំ​លួច​ប្លន់​គេ។
២០ កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។
២១ កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ កុំ​ប៉ង‌ប្រាថ្នា​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ ឬ​ក៏​ចង់​បាន​ស្រែ​ចម្ការ អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​របស់​អ្វី​ផ្សេង​ទៀត​របស់​គេ​ឡើយ”។
២២ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ក្រុម‌ជំនុំ​ទាំង​មូល ដោយ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក* និង​អ័ព្ទ។ ព្រះ‌អង្គ​ពុំ​មាន​ព្រះ‌បន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ព្រះ‌អង្គ​បាន​ចារ​ព្រះ‌បន្ទូល​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​ឲ្យ​ខ្ញុំ។
២៣ ក្រោយ​ពី​បាន​ឮ​ព្រះ‌សូរសៀង​ពី​ទី​ងងឹត ក្នុង​ពេល​ភ្លើង​កំពុង​តែ​ឆាប‌ឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ និង​ពួក​ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ ២៤ ហើយ​ពោល​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុង​រឿង និង​ភាព​ឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់‌រាន។ ២៥ ហេតុ​នេះ សូម​កុំ​បណ្តោយ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​ឡើយ ដ្បិត​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នោះ​នឹង​ឆាប‌ឆេះ​យើង​ខ្ញុំ។ ប្រសិន​បើ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ត​ទៅ​មុខ​ទៀត យើង​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន។ ២៦ មិន​ដែល​មាន​មនុស្ស​ណា​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ពី​ក្នុង​ភ្លើង ដូច​យើង​ខ្ញុំ​បាន​ឮ ហើយ​នៅ​រស់‌រាន​មាន​ជីវិត​បែប​នេះ​ឡើយ។ ២៧ ដូច្នេះ សូម​លោក​ចូល​ទៅ​ជិត​ព្រះ‌អង្គ ហើយ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​មាន​ព្រះ‌បន្ទូល រួច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មក​ប្រាប់​យើង​ខ្ញុំ​ផង។ យើង​ខ្ញុំ​នឹង​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម”។
២៨ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ពោល​មក​កាន់​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “យើង​បាន​ឮ​ពាក្យ​ដែល​ប្រជាជន​ពោល​មក​កាន់​អ្នក​ហើយ អ្វីៗ​ដែល​ពួក​គេ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ។ ២៩ ប្រសិន​បើ​ពួក​គេ​មាន​ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភមង្គល​ដរាប​ត​រៀង​ទៅ! ៣០ ចូរ​ទៅ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​ចុះ។ ៣១ ចំណែក​ឯ​អ្នក​វិញ ចូរ​នៅ​ទី​នេះ​ជា​មួយ​យើង​ហើយ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ‌បញ្ជា វិន័យ និង​ច្បាប់​ផ្សេងៗ ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​ប្រគល់​ឲ្យ​ពួក​គេ​កាន់​កាប់”។ ៣២ អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ។ ៣៣ ត្រូវ​ដើរ​តាម​មាគ៌ា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត មាន​សុភមង្គល និង​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។
ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក
 «នេះ​ជា​បទ‌បញ្ជា វិន័យ និង​ច្បាប់​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។  ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​វិន័យ និង​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ។  អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​វិន័យ និង​បទ‌បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក បាន​សន្យា​ជា​មួយ​អ្នក។
 អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះ‌អង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។  អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។  ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។  ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។  ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។  ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។
កុំ​បំភ្លេច​ព្រះ‌ជាម្ចាស់​ឡើយ
១០ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក​ថា​នឹង​ប្រគល់​ឲ្យ​អ្នក។ ស្រុក​នោះ​មាន​ក្រុង​ដ៏​ធំៗ ហើយ​ស្អាតៗ ជា​ក្រុង​ដែល​អ្នក​មិន​បាន​សង់ ១១ ព្រម​ទាំង​មាន​ផ្ទះ​ពេញ​ទៅ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ជា​ទ្រព្យ​ដែល​អ្នក​ពុំ​បាន​ស្វះ‌ស្វែង​រក មាន​អណ្ដូង​ស្រាប់ គឺ​អណ្ដូង​ដែល​អ្នក​ពុំ​បាន​ជីក ហើយ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​អូលីវ​ដែល​អ្នក​ពុំ​បាន​ដាំ។ ១២ ពេល​ណា​អ្នក​មាន​ភោគ‌ផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។ ១៣ ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​គោរព​បម្រើ​ព្រះ‌អង្គ និង​ពោល​ពាក្យ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។ ១៤ មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា​ឡើយ ១៥ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែន‌ដី​នេះ។ ១៦ មិន​ត្រូវ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បង‌ល​ព្រះ‌អង្គ នៅ​ម៉ាសា​នោះ​ឡើយ។ ១៧ ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​វិន័យ ដែល​ព្រះ‌អង្គ​បាន​បង្គាប់។ ១៨ ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក ១៩ ដោយ​បណ្តេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក។
២០ នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក​សួរ​ថា: តើ​ដំបូន្មាន វិន័យ និង​ច្បាប់​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្ដេច? ២១ អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌ចៅ​ផារ៉ោន​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។ ២២ ព្រះ‌អម្ចាស់​បាន​សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​យ៉ាង​សម្បើម​អស្ចារ្យ ឲ្យ​យើង​ឃើញ ដើម្បី​កម្ទេច​ព្រះ‌ចៅ​ផារ៉ោន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច។ ២៣ ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ មក​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង ថានឹង​ប្រគល់​មក​ឲ្យ​យើង។ ២៤ ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​យើង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​មាន​សុភមង្គល​ជា​រៀង​រាល់​ថ្ងៃ និង​ឲ្យ​ព្រះ‌អង្គ​ថែ‌រក្សា​អាយុ​ជីវិត​របស់​យើង ដូច​ព្រះ‌អង្គ​ថែ‌រក្សា​នៅ​ថ្ងៃ​នេះ។ ២៥ យើង​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​យើង​សុចរិត ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង»។
អ៊ីស្រា‌អែល​មិន​ត្រូវ​ឡូក​ឡំ​ជា​មួយ​ប្រជា‌ជាតិ​នានា តែ​ត្រូវ​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់
 «ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ ដោយ​បណ្តេញ​ប្រជា‌ជាតិ​ជា​ច្រើន​ចេញ​ពី​មុខ​អ្នក ដូច​ជា​ជន​ជាតិ​ហេត ជន​ជាតិ​គៀរកា‌ស៊ី ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរេស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស គឺ​ប្រជា‌ជាតិ​ទាំង​ប្រាំ​ពីរ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក  ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យ‌ជម្នះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់។ កុំ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្ដោស​ពួក​គេ​ឡើយ។  កុំ​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ដែរ។  បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក​មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា ហើយ​កម្ទេច​អ្នក​មួយ​រំពេច។  អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍​ទាំង​នោះ​ដូច​ត​ទៅ គឺ​ត្រូវ​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្តូប​របស់​ពួក​គេ ត្រូវ​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​ដុត​កម្ទេច​រូប​ព្រះ​របស់​ពួក​គេ។
 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជាជន​ដ៏‌វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស‌រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់»។
ព្រះ‌អម្ចាស់​ស្មោះ‌ត្រង់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ
 «ព្រះ‌អម្ចាស់​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស‌រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។  ព្រះ‌អង្គ​ជ្រើស‌រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះ‌ហឫទ័យ​គោរព​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាស‌ករ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។  ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះ‌អង្គ​គោរព​តាម​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ ១០ ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ និង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។ ១១ ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ‌បញ្ជា វិន័យ និង​បញ្ញត្តិ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។
១២ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​បញ្ញត្តិ​ទាំង​នេះ ហើយ​កាន់ និង​ប្រតិបត្តិ​តាម ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ព្រម​ទាំង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ​ចំពោះ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​ដែរ។ ១៣ ព្រះ‌អង្គ​នឹង​ស្រឡាញ់​អ្នក ប្រទាន​ពរ​ដល់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង។ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​បង្ក​បង្កើត​ផល មាន​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដ៏​បរិបូណ៌។ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក បង្កើត​កូន​ចៅ​កើន​ចំនួន​ឡើង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក។ ១៤ អ្នក​នឹង​ទទួល​ពរ​លើស​ជាតិ​សាសន៍​ទាំង​អស់ គឺ​ក្នុង​ស្រុក​របស់​អ្នក គ្មាន​បុរស ឬ​ស្ត្រី ដែល​ពុំ​អាច​បង្កើត​កូន ហើយ​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​គ្មាន​សត្វ ដែល​ពុំ​អាច​បង្កើត​កូន​ដែរ។ ១៥ ព្រះ‌អម្ចាស់​នឹង​កម្ចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត‌ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ព្រះ‌អង្គ​ឲ្យ​ជំងឺ​ទាំង​នោះ​កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។ ១៦ អ្នក​នឹង​បំផ្លាញ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ មិន​ត្រូវ​អាណិត‌អាសូរ​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ព្រោះ​ជា​អន្ទាក់​សម្រាប់​អ្នក​រាល់​គ្នា»។
ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
១៧ «មិន​ត្រូវ​រិះ‌គិត​ក្នុង​ចិត្ត​ថា “ប្រជា‌ជាតិ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​ខ្ញុំ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​អាច​បណ្តេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​នេះ​បាន?” ១៨ កុំ​ខ្លាច​ពួក​គេ​ឡើយ តែ​ត្រូវ​នឹក​គិត​អំពី​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ចៅ​ផារ៉ោន និង​អ្នក​ស្រុក​អេស៊ីប​ទាំង​មូល។ ១៩ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​កាច​ដ៏​ធំៗ ព្រះ‌អង្គ​សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រម​ទាំង​ឫទ្ធិ‌បារមី និង​តេជា‌នុភាព ដើម្បី​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។ ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹក​ខ្លាច​ដែរ។ ២០ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ចាត់​សត្វ​ឪម៉ាល់​ទៅ​ប្រហារ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ហើយ​លាក់​ខ្លួន ឲ្យ​វិនាស​សូន្យ​នៅ​មុខ​អ្នក។ ២១ កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច។ ២២ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដេញ​កម្ចាត់​ពួក​គេ​ចេញ​ឆ្ងាយ​ពី​អ្នក​បន្តិច​ម្ដងៗ។ អ្នក​ពុំ​អាច​បំផ្លាញ​ពួក​គេ​អស់​ភ្លាមៗ​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​កើន​ចំនួន​ច្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​ជា​មិន​ខាន។ ២៣ ប៉ុន្តែ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​អំណាច​អ្នក ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​វិនាស​សូន្យ​ទាំង​ស្រុង។ ២៤ ព្រះ‌អង្គ​នឹង​ប្រគល់​ស្តេច​របស់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក អ្នក​នឹង​លុប​បំបាត់​ឈ្មោះ​របស់​ស្តេច​ទាំង​នោះ​អស់​ពី​ផែន‌ដី។ អ្នក​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ គ្មាន​នរណា​អាច​ត‌ទល់​នឹង​អ្នក​ទេ។ ២៥ ត្រូវ​ដុត​កម្ទេច​រូប​ព្រះ​របស់​ពួក​គេ ដោយ​ឥត​នឹក​ស្តាយ​មាស​ប្រាក់ ដែល​ស្ថិត​នៅ​លើ​រូប​ទាំង​នោះ​ឡើយ។ កុំ​ទុក​វត្ថុ​ទាំង​នោះ​ឲ្យ​សោះ ក្រែង​លោ​វា​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​អ្នក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​វត្ថុ​ទាំង​នោះ​ណាស់។ ២៦ មិន​ត្រូវ​យក​រូប​ព្រះ​ក្លែង‌ក្លាយ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​វិនាស​ទាំង​ស្រុង​ដូច​រូប​ទាំង​នោះ​ដែរ។ ត្រូវ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​វត្ថុ​ដ៏​ចង្រៃ​គួរ​ស្អប់​ខ្ពើម ដ្បិត​ជា​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់»។
ព្រះ‌អម្ចាស់​អប់រំ​អ៊ីស្រា‌អែល​នៅ​វាល​រហោ‌ស្ថាន
 «ចូរ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត កើន​ចំនួន​ច្រើន​ឡើង ហើយ​កាន់​កាប់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។  ចូរ​នឹក​ចាំ​ថា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ ព្រះ‌អង្គ​ល្បង‌ល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្ដេច ហើយ​អ្នក​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ឬ​យ៉ាង​ណា។  ព្រះ‌អង្គ​បាន​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ព្រះ‌អង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូន‌តា​របស់​អ្នក ពុំ​ធ្លាប់​ស្គាល់។ ធ្វើ​ដូច្នេះ ព្រះ‌អង្គ​ប្រៀន‌ប្រដៅ​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយ‌សារ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។  ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នេះ សម្លៀក‌បំពាក់​របស់​អ្នក​មិន​ដែល​សឹក ហើយ​ជើង​របស់​អ្នក​ក៏​មិន​ដែល​ហើម​ដែរ។  ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។  ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ និង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ»។
ការ​ល្បួង​ផ្សេងៗ​នៅ​ក្នុង​ទឹក​ដី​សន្យា
 «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។  ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំង‌បាយ‌ជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។  នៅ​ស្រុក​នោះ អ្នក​នឹង​មាន​អាហារ​បរិបូណ៌ ឥត​ខ្វះ​ខាត​អ្វី​ឡើយ។ ស្រុក​នោះ​សម្បូណ៌​ដែក​នៅ​ក្នុង​ថ្ម ហើយ​មាន​រ៉ែ​ស្ពាន់​នៅ​តាម​ភ្នំ។ ១០ ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ហើយ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក។
១១ ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។ ១២ ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ពេល​អ្នក​សង់​ផ្ទះ​ស្អាតៗ​ធ្វើ​ជា​លំ‌នៅ‌ដ្ឋាន ១៣ ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម មាស​ប្រាក់ និង​អ្វីៗ​ទាំង​អស់​យ៉ាង​ច្រើន ១៤ ចូរ​ប្រយ័ត្ន ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត‌អាង ហើយ​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។ ១៥ ព្រះ‌អង្គ​បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ធំ‌ធេង គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យា‌ដំរី ជា​វាល​ហួត‌ហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សម្រាប់​អ្នក។ ១៦ ព្រះ‌អង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូន‌តា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បង‌ល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។ ១៧ មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ​ដោយ‌សារ​កម្លាំង និង​ស្នាដៃ​របស់​អ្នក​ផ្ទាល់។ ១៨ ចូរ​នឹក​ចាំ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង ប្រមូល​បាន​សម្បត្តិ ដើម្បី​បញ្ជាក់​សម្ពន្ធ‌មេត្រី* ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ដូច​ព្រះ‌អង្គ​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រាប់។ ១៩ ប្រសិន​បើ​អ្នក​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំ‌ខាន។ ២០ ពិត​មែន​ហើយ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ដូច​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​វិនាស​សូន្យ បាត់​ពី​មុខ​អ្នក​រាល់​គ្នា​ដែរ»។
អ៊ីស្រា‌អែល​ចូល​កាន់​កាប់​ទឹក​ដី​បាន ព្រោះ​តែ​អំពើ​បាប​របស់​ប្រជា‌ជាតិ​នានា
 «អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។  ពួក​គេ​ជា​ប្រជាជន​មាឌ​មាំ​ខ្ពស់ គឺ​កូន​ចៅ​អាណាក់ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​ត‌ទល់​នឹង​កូន​ចៅ​អាណាក់​ឡើយ”។  ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​នៅ​មុខ​អ្នក ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ ព្រះ‌អង្គ​នឹង​កម្ទេច​ពួក​គេ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​នៅ​មុខ​អ្នក។ អ្នក​នឹង​ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី ហើយ​បំផ្លាញ​ពួក​គេ​ភ្លាមៗ ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​អ្នក។
 ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក កម្ចាត់​ពួក​គេ​ចេញ​ពី​មុខ​អ្នក​ហើយ មិន​ត្រូវ​នឹក​គិត​ថា ព្រះ‌អម្ចាស់​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក ព្រោះ​តែ​អ្នក​សុចរិត​ឡើយ។ ព្រះ‌អម្ចាស់​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត។  អ្នក​ចូល​កាន់​កាប់​ស្រុក​ដូច្នេះ មិន​មែន​មក​ពី​អ្នក​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ទេ តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។ ព្រះ‌អង្គ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក។  ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​ឲ្យ​អ្នក​ទុក​ជា​កម្ម‌សិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជាជន​ដែល​មាន​ចិត្ត​រឹង‌រូស»។
រូប​កូន​គោ​មាស: អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប
 «ចូរ​ចង​ចាំ កុំ​ឲ្យ​ភ្លេច​ថា នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ព្រះ‌ពិរោធ គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ជា‌និច្ច។  នៅ​ភ្នំ​ហូរែប អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។  នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទទួល​បន្ទះ​ថ្ម គឺ​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ដោយ​មិន​បាន​បរិភោគ​អាហារ ឬ​ទឹក​ទេ។ ១០ ព្រះ‌អម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ពីរ​មក​ឲ្យ​ខ្ញុំ ជា​បន្ទះ​ថ្ម​ចារ​ដោយ​ព្រះ‌អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់ មាន​ចែង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​មក​កាន់​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​អ្នក​ជួប‌ជុំ​គ្នា។ ១១ សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួប​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​នេះ​មក​ខ្ញុំ។
១២ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ប្រជាជន​របស់​អ្នក គឺ​ប្រជាជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បង្ហាញ​ដល់​ពួក​គេ​ដោយ​សិត​ធ្វើ​រូប​បដិមា​មួយ”។ ១៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: “យើង​បាន​ឃើញ​ថា ប្រជាជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​រឹង‌រូស។ ១៤ ចូរ​ទុក​ឲ្យ​យើង​បំផ្លាញ​ពួក​គេ និង​លុប​ឈ្មោះ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ផែន‌ដី រួច​យើង​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​កើត​ចេញ​ពី​អ្នក ជា​ប្រជា‌ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជាជន​នេះ”។ ១៥ ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ទាំង​ពីរ​ផ្ទាំង។ ពេល​នោះ មាន​ភ្លើង​ពាស‌ពេញ​លើ​ភ្នំ។ ១៦ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​ដែល​ព្រះ‌អម្ចាស់​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។ ១៧ ខ្ញុំ​ក៏​ចាប់​បន្ទះ​ថ្ម​មក​កាន់​ក្នុង​ដៃ​ទាំង​ពីរ ហើយ​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​ឲ្យ​បែក នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា»។
រូប​កូន​គោ​មាស: លោក​ម៉ូសេ​ទូល‌អង្វរ​ព្រះ‌អម្ចាស់
១៨ «បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្តាល​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ។ ១៩ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ និង​ក្រេវ‌ក្រោធ​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀត ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ។ ២០ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​លោក​អរ៉ុន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ទូល‌អង្វរ​ព្រះ‌អង្គ​ឲ្យ​លោក​អរ៉ុន​ដែរ។ ២១ ខ្ញុំ​បាន​យក​រូប​កូន​គោ ដែល​ជា​ស្នាដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កម្ទេច​ក្នុង​ភ្លើង​ឲ្យ​ម៉ដ្ត​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។
២២ នៅ​តាបេរ៉ា នៅ​ម៉ាសា និង​នៅ​គីប្រូត-‌ហាតា‌វ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ដែរ។ ២៣ ព្រះ‌អម្ចាស់​បង្គាប់​អ្នក​រាល់​គ្នា​នៅ​កាដែស-‌បារណេអា ថា “ចូរ​ទៅ​ចាប់​យក​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ចុះ!”។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​លើ​ព្រះ‌អង្គ ហើយ​ពុំ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ទេ។ ២៤ តាំង​ពី​ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​មក អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ជា‌និច្ច។
២៥ ខ្ញុំ​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ២៦ ខ្ញុំ​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា: “បពិត្រ​ព្រះ‌ជា‌អម្ចាស់ សូម​កុំ​បំផ្លាញ​ប្រជាជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ ដោយ​ព្រះ‌ចេស្ដា​ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។ ២៧ សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​កុំ​ដាក់​ទោស​ប្រជាជន​នេះ ព្រោះ​តែ​ចិត្ត​រឹង‌រូស ចិត្ត​អាក្រក់ ព្រម​ទាំង​អំពើ​បាប​របស់​ពួក​គេ​ឡើយ ២៨ ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា ព្រះ‌អម្ចាស់​គ្មាន​អំណាច​នឹង​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ព្រះ‌អង្គ​ស្អប់​ពួក​គេ​បាន​ជា​ព្រះ‌អង្គ​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​រហោ‌ស្ថាន។ ២៩ អ្នក​ទាំង​នេះ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ព្រះ‌អង្គ​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់ និង​ដោយ​តេជ‌បារមី​របស់​ព្រះ‌អង្គ”»។
១០
រូប​កូន​គោ​មាស: ព្រះ‌អម្ចាស់​អត់‌ទោស​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល
 «នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន រួច​ឡើង​ទៅ​ជួប​យើង​នៅ​លើ​ភ្នំ។ ចូរ​ធ្វើ​ហិប​មួយ​ពី​ឈើ​ដែរ។  យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម​ពី​មុន នៅ​លើ​បន្ទះ​ថ្ម​ថ្មី ហើយ​អ្នក​ត្រូវ​ទុក​បន្ទះ​ថ្ម​នេះ​នៅ​ក្នុង​ហិប”។  ខ្ញុំ​ក៏​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ រួច​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដោយ​កាន់​ថ្ម​ទាំង​ពីរ​បន្ទះ​ទៅ​ជា​មួយ​ផង។  ព្រះ‌អម្ចាស់​បាន​ចារ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​លើ​បន្ទះ​ថ្ម​មុន លើ​បន្ទះ​ថ្ម​ថ្មី​នេះ គឺ​ព្រះ‌បន្ទូល​ទាំង​ដប់​ប្រការ ដែល​ព្រះ‌អង្គ​បាន​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​លើ​ភ្នំ ក្នុង​ពេល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា រួច​ហើយ​ព្រះ‌អម្ចាស់​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ​មក​ឲ្យ​ខ្ញុំ។  ខ្ញុំ​ចុះ​ពី​ភ្នំ​មក​វិញ ដាក់​បន្ទះ​ថ្ម​នៅ​ក្នុង​ហិប​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បន្ទះ​ថ្ម​ក៏​នៅ​ក្នុង​ហិប​នោះ​រហូត ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ»។
ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​បេរ៉ូត-‌បេណេ-‌យ៉ាកាន ឆ្ពោះ​ទៅ​ម៉ូសេ‌រ៉ា។ នៅ​ទី​នោះ លោក​អរ៉ុន​បាន​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​បញ្ចុះ​សព​លោក។ លោក​អេឡា‌សារ ជា​កូន បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ​បន្ត​ពី​លោក។  បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​គុឌកូដា ហើយ​ចេញ​ពី​គុឌកូដា ឆ្ពោះ​ទៅ​កាន់​យ៉ូតបា‌តា ជា​ស្រុក​ដែល​មាន​ទឹក​អូរ​ច្រើន។  នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​បម្រើ​ព្រះ‌អង្គ និង​ជូន​ពរ​ដល់​ប្រជាជន​ក្នុង​នាម​ព្រះ‌អង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។  ហេតុ​នេះ​ហើយ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក​មត៌ក​អ្វី រួម​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មាន​ព្រះ‌បន្ទូល​ប្រាប់​ពួក​គេ។
១០ «ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ​ចំនួន​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​ដូច​ពី​មុន។ ព្រះ‌អម្ចាស់​យល់​ព្រម​ស្ដាប់​តាម​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​សា​ជា​ថ្មី ព្រះ‌អង្គ​មិន​ចង់​បំផ្លាញ​អ្នក​ទេ។ ១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​ប្រជាជន​នេះ។ ចូរ​ឲ្យ​ពួក​គេ​ចូល​កាន់​កាប់​ទឹក​ដី ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ​ថា នឹង​ប្រគល់​ឲ្យ​ពួក​គេ”»។
ការ​ទូន្មាន​ឲ្យ​ស្រឡាញ់ និង​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់
១២ ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​ស្រឡាញ់ និង​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។ ១៣ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​កាន់​តាម​បទ‌បញ្ជា និង​វិន័យ​ផ្សេងៗ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភមង្គល។ ១៤ ផ្ទៃ​មេឃ អាកាស‌វេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែន‌ដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ១៥ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ព្រះ‌អម្ចាស់​ជំពាក់​ព្រះ‌ហឫទ័យ និង​ស្រឡាញ់​តែ​បុព្វ‌បុរស​របស់​អ្នក​ប៉ុណ្ណោះ។ ក្រោយ​មក ព្រះ‌អង្គ​ក៏​បាន​ជ្រើស‌រើស​អ្នក​រាល់​គ្នា ដែល​ជា​ពូជ‌ពង្ស​របស់​ពួក​លោក​ដែរ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់​ហើយ។ ១៦ ចូរ​ថ្វាយ​ចិត្ត​គំនិត​ទៅ​ព្រះ‌អង្គ ហើយ​កុំ​មាន​ចិត្ត​រឹង‌រូស​ឲ្យ​សោះ ១៧ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រះ‌អង្គ​ជា​ព្រះ​លើ​ព្រះ​នានា ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ព្រះ‌អង្គ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។ ១៨ ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ ព្រះ‌អង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀក‌បំពាក់​ឲ្យ​ពួក​គេ។ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។
២០ «ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ ហើយ​ស្បថ​ក្នុង​នាម​ព្រះ‌អង្គ​តែ​ប៉ុណ្ណោះ។ ២១ ចូរ​លើក​តម្កើង​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ ព្រះ‌អង្គ​ជា​ព្រះ​របស់​អ្នក គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ចំណោម​អ្នក ដូច​អ្នក​បាន​ឃើញ​ស្រាប់។ ២២ កាល​បុព្វ‌បុរស​របស់​អ្នក​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប ពួក​គេ​មាន​គ្នា​តែ​ចិត‌សិប​នាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ»។
១១
ព្រះ‌អម្ចាស់​ជួយ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន
 «ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​ដំបូន្មាន វិន័យ ច្បាប់ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ជា‌និច្ច។  ថ្ងៃ​នេះ ចូរ​ទទួល​ស្គាល់​ដំបូន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ភាព​ដ៏​ឧត្តុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ និង​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់​ទេ។  អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះ‌អង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប និង​ប្រជាជន​ក្នុង​ស្រុក​នោះ​ទាំង​មូល​ដែរ។  ព្រះ‌អង្គ​បាន​ប្រហារ​កង‌ទ័ព​អេស៊ីប ទាំង​កង​ពល‌សេះ ទាំង​រទេះ​ចម្បាំង ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​កក់ គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បរា‌ជ័យ រហូត​មក​ដល់​សព្វ​ថ្ងៃ។  ព្រះ‌អង្គ​បាន​ជួយ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ។  ព្រះ‌អង្គ​បាន​ប្រហារ​ដាតាន និង​អប៊ី‌រ៉ាម ជា​កូន​របស់​អេលីយ៉ាប ក្នុង​កុល‌សម្ព័ន្ធ​រូបេន ដោយ​ឲ្យ​ដី​ស្រូប​ពួក​គេ ទាំង​ក្រុម​គ្រួសារ ទាំង​តង់ត៍ និង​អស់​អ្នក​ដែល​សម​គំនិត​ជា​មួយ​ពួក​គេ នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។  អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។  ដូច្នេះ ត្រូវ​កាន់​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្ម‌សិទ្ធិ  ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ‌ពង្ស គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ»។
ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ទឹក​ដី​សន្យា
១០ «ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​នេះ​មិន​ដូច​ស្រុក​អេស៊ីប ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។ ១១ រីឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​ជា​ស្រុក​មាន​ភ្នំ និង​ជ្រលង​ភ្នំ ហើយ​មាន​ភ្លៀង​ស្រោច​ស្រព​ដី​ស្រែ​ចម្ការ។ ១២ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជា‌និច្ច។
១៣ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​គំនិត ១៤ “យើង​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ។ ពេល​នោះ អ្នក​នឹង​ប្រមូល​បាន​ភោគ‌ផល គឺ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង។ ១៥ យើង​នឹង​ធ្វើ​ឲ្យ​ស្មៅ​ដុះ​នៅ​តាម​វាល​ស្មៅ សម្រាប់​ហ្វូង​សត្វ​របស់​អ្នក​ដែរ។ ដូច្នេះ អ្នក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌”។
១៦ ចូរ​ប្រយ័ត្ន កុំ​បណ្តោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ឡើយ។ ១៧ បើ​មិន​ដូច្នេះ​ទេ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​បង្ខាំង​មេឃ មិន​ឲ្យ​បង្អុរ​ភ្លៀង រីឯ​ដី​ក៏​មិន​បង្កើត​ភោគ‌ផល ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​យ៉ាង​ឆាប់ៗ នៅ​ក្នុង​ស្រុក​ដ៏​ល្អ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា។
១៨ ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជា‌និច្ច។ ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។ ១៩ ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ ២០ ចូរ​សរសេរ​ព្រះ‌បន្ទូល​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។ ២១ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែន‌ដី។
២២ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ ២៣ ព្រះ‌អម្ចាស់​នឹង​បណ្តេញ​ប្រជា‌ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ។ ២៤ អ្នក​រាល់​គ្នា​ដាក់​បាត​ជើង​លើ​កន្លែង​ណា ដី​កន្លែង​នោះ​នឹង​បាន​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ព្រំ‌ប្រទល់​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ចាប់​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ស្រុក​លីបង់ និង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។ ២៥ គ្មាន​នរណា​ម្នាក់​អាច​ត‌ទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ឆ្លង​កាត់ ភិត‌ភ័យ និង​កោត​ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា។
២៦ ឥឡូវ​នេះ ខ្ញុំ​ដាក់​ព្រះ‌ពរ និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស‌រើស។ ២៧ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ព្រះ‌ពរ។ ២៨ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន។
២៩ ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ព្រះ‌ពរ​នៅ​លើ​ភ្នំ​ការីស៊ីម និង​បណ្ដាសា​នៅ​លើ​ភ្នំ​អេបាល។ ៣០ ភ្នំ​ទាំង​ពីរ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ាបា ទល់​មុខ​នឹង​គីលកាល់ ជិត​ដើម​ជ្រៃ​ម៉ូរេ។ ៣១ អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ រួច​ហើយ​ត្រូវ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​នោះ។
៣២ អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម​វិន័យ និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។
១២

វិន័យ និង​ច្បាប់​ផ្សេងៗ

ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​កន្លែង​តែ​មួយ
 «នេះ​ជា​វិន័យ និង​ច្បាប់​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​ទុក​ជា​កម្ម‌សិទ្ធិ។
 ត្រូវ​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ប្រជា‌ជាតិ​នានា​ថ្វាយ​សក្ការ‌បូជា​ដល់​ព្រះ​របស់​គេ នៅ​តាម​ភ្នំ​តូច​ធំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ឥត​ទុក​ឲ្យ​នៅ​សល់​ឡើយ។  ចូរ​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ ចូរ​កម្ទេច​ស្តូប​របស់​ពួក​គេ ចូរ​ដុត​បំផ្លាញ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​រំលំ​រូប​បដិមា​ករ​នៃ​ព្រះ​របស់​ពួក​គេ និង​លុប​បំបាត់​ឈ្មោះ​របស់​ព្រះ​នានា​ឲ្យ​អស់​ពី​កន្លែង​នោះ​ផង។
 ក្នុង​ការ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​យក​តម្រាប់​តាម​ជាតិ​សាសន៍​ទាំង​នោះ​ឡើយ។  អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​កន្លែង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្ដែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។  ត្រូវ​យក​តង្វាយ​ដុត​ទាំង​មូល* យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ព្រះ‌អង្គ​នៅ​កន្លែង​នោះ។  ត្រូវ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​កិច្ច‌ការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។
 នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ប្រព្រឹត្ត​ដូច​យើង​ប្រព្រឹត្ត​នៅ​ពេល​នេះ​ឡើយ គឺ​នៅ​ទី​នេះ យើង​ម្នាក់ៗ​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ល្អ  ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​សុខ‌សាន្ត ជា​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក​នៅ​ឡើយ​ទេ។ ១០ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កេរ‌មត៌ក។ ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក ដោយ​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។ ១១ ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស‌រើស​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្ដែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស និង​តង្វាយ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ថ្វាយ​ព្រះ‌អម្ចាស់១២ អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បម្រើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។
១៣ ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​តង្វាយ​ដុត​របស់​អ្នក​ទៅ​ថ្វាយ​នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន ដែល​អ្នក​ឃើញ​នោះ​ឡើយ ១៤ គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក តែ​នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​ជ្រើស‌រើស ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​មួយ​របស់​អ្នក។ នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។ ១៥ ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ឲ្យ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធអាច​បរិភោគ​សាច់​នេះ ដូច​ជា​បរិភោគ​សាច់​ក្តាន់ ឬ​សាច់​ឈ្លូស​ដែរ។ ១៦ ចំណែក​ឯ​ឈាម​វិញ កុំ​បរិភោគ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។
១៧ រីឯ​តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​តង្វាយ​ផ្សេងៗ​ទៀត ដូច​ជា​តង្វាយ​លា​បំណន់ តង្វាយ​ស្ម័គ្រ​ចិត្ត និង​តង្វាយ​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។ ១៨ ត្រូវ​បរិភោគ​តង្វាយ​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ‌សារ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។ ១៩ ដរាប​ណា​អ្នក​រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក ចូរ​ប្រយ័ត្ន កុំ​បំភ្លេច​ពួក​លេវី​ឡើយ។
២០ នៅ​ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​របស់​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​ហើយ ប្រសិន​បើ​អ្នក​នឹក​ភ្នក​ចង់​បរិភោគ​សាច់ នោះ​អ្នក​អាច​បរិភោគ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា។ ២១ ប្រសិន​បើ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស‌រើស​សម្រាប់​សម្ដែង​ព្រះ‌នាម​ព្រះ‌អង្គ ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក នោះ​អ្នក​អាច​សម្លាប់​គោ ឬ​ចៀម​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក តាម​របៀប​ដូច​ខ្ញុំ​បាន​បង្គាប់​ទុក រួច​បរិភោគ​សាច់​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ តាម​ចិត្ត​ប៉ង‌ប្រាថ្នា។ ២២ ចូរ​បរិភោគ​សាច់​សត្វ​នោះ ដូច​គេ​បរិភោគ​សាច់​ក្តាន់ និង​សាច់​ឈ្លូស​ដែរ គឺ​ទាំង​មនុស្ស​មិន​បរិសុទ្ធ ទាំង​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​ដូច​គ្នា។ ២៣ ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ដ្បិត​ឈាម​ជា​ជីវិត។ ដូច្នេះ មិន​ត្រូវ​បរិភោគ​ជីវិត​ជា​មួយ​សាច់​ឡើយ។ ២៤ កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ចូរ​ចាក់​ឈាម​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។ ២៥ កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ធ្វើ​ដូច្នេះ អ្នក និង​កូន​ចៅ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ មុខ​ជា​មាន​សុភមង្គល ដោយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់
២៦ ចំណែក​ឯ​សត្វ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ឬ​តង្វាយ​លា​បំណន់ ត្រូវ​នាំ​យក​ទៅ​ថ្វាយ​នៅ​កន្លែង​ដែលព្រះ‌អម្ចាស់​ជ្រើស‌រើស។ ២៧ ចំពោះ​តង្វាយ​ដុត​ទាំង​មូល ត្រូវ​យក​ទាំង​សាច់​ទាំង​ឈាម​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ រីឯ​យញ្ញ‌បូជា​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។
២៨ ចូរ​ស្ដាប់ និង​កាន់​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក នៅ​ជំនាន់​ក្រោយ មាន​សុភមង្គល​រហូត​ត​ទៅ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ និង​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។
២៩ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​កម្ចាត់​ប្រជា‌ជាតិ​នានា​ចេញ​អស់​ពី​ស្រុក ដែល​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កាប់។ ពេល​នោះ អ្នក​អាច​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក រួច​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។ ៣០ ពេល​ណា​ប្រជា‌ជាតិ​ទាំង​នោះ​រលាយ​សូន្យ​បាត់​ពី​មុខ​របស់​អ្នក​ហើយ ចូរ​ប្រយ័ត្ន ក្រែង​លោ​អ្នក​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ដោយ​យក​តម្រាប់​តាម​ពួក​គេ។ មិន​ត្រូវ​សាក​សួរ​ចង់​ដឹង​អំពី​ព្រះ​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​សួរ​អំពី​របៀប​ដែល​ពួក​គេ​គោរព​បម្រើ​ព្រះ​របស់​ខ្លួន ក្នុង​គោល​បំណង​ធ្វើ​ដូច​ពួក​គេ​ដែរ។ ៣១ មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក តាម​របៀប​ថ្វាយ‌បង្គំ​ព្រះ​របស់​ប្រជា‌ជាតិ​នានា​ឡើយ។ ប្រជា‌ជាតិ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ដើម្បី​គោរព​បម្រើ​ព្រះ​របស់​ខ្លួន​ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ។ សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ ក៏​ពួក​គេ​យក​ទៅ​ដុត​ជា​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ដែរ។
១៣
 (១២.៣២) ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។
ទោស​របស់​អ្នក​ថ្វាយ‌បង្គំ​រូប​បដិមា​ករ
 (១) «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សម្គាល់ ឬ​ឫទ្ធិ‌បាដិ‌ហារិយ៍​អ្វី​មួយ  (២) បើ​ទី​សម្គាល់ ឬ​ឫទ្ធិ‌បាដិ‌ហារិយ៍​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់  (៣) កុំ​ស្ដាប់​ពាក្យ​របស់​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចង់​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។  (៤) ចូរ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​កោត​ខ្លាច​ព្រះ‌អង្គ កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ស្ដាប់​បង្គាប់​ព្រះ‌អង្គ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ និង​ស្រឡាញ់​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ។  (៥) រីឯ​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​និយាយ​បំផុស‌បំផុល​ប្រជាជន​ឲ្យ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ទាស‌ភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។
 (៦) ប្រសិន​បើ​បង‌ប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្ត‌ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូន‌តា​របស់​អ្នក​ពុំ​ស្គាល់  (៧) គឺ​ព្រះ​របស់​ជាតិ​សាសន៍​នានា​ដែល​នៅ​ជុំ‌វិញ​អ្នក ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ដាច់​ស្រយាល​ក្តី  (៨) កុំ​យល់​ស្រប​ជា​មួយ​គេ កុំ​ស្ដាប់​តាម​គេ​ឡើយ។ កុំ​អាណិត‌អាសូរ ឬ​ត្រា​ប្រណី​ជន​នោះ​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ការ‌ពារ​គេ​ដែរ។ ១០ (៩) ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជាជន​ប្រហារ​តាម​ក្រោយ។ ១១ (១០) ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់‌ទាញ​អ្នក​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ១២ (១១) ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​រឿង​នេះ នាំ​គ្នា​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច្នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។
១៣ (១២) ក្នុង​បណ្តា​ក្រុង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា ១៤ (១៣) មាន​ជន‌ពាល​ក្នុង​ចំណោម​ប្រជាជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។ ១៥ (១៤) ពេល​នោះ អ្នក​ត្រូវ​ស៊ើប‌សួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​ឲ្យ​ច្បាស់​លាស់​ថា តើ​ការ​នោះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្តុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន ១៦ (១៥) ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​កម្ទេច​របស់​របរ​នៅ​ក្នុង​ទី‌ក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។ ១៧ (១៦) ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ចំ​កណ្ដាល​ទី‌លាន​ក្រុង រួច​ដុត​កម្ទេច​ក្រុង​ជា​មួយ​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន​រហូត​ត​ទៅ ឥត​មាន​នរណា​សង់​ឡើង​វិញ​ឡើយ។ ១៨ (១៧) កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់​ឡើយ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ។ ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ១៩ (១៨) ដ្បិត​អ្នក​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក»។
១៤
ការ​ហាម​មិន​ឲ្យ​ធ្វើ​ពិធី​ឆូត​សាច់
 «អ្នក​រាល់​គ្នា​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ  ដ្បិត​អ្នក​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស‌រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែន‌ដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់»។

សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ

 «កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ  សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន គឺ​មាន​គោ ចៀម និង​ពពែ  ឈ្លូស ក្តាន់ រមាំង ពពែ​ភ្នំ ប្រើស ទន្សោង ទ្រាយ។  អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ទាំង​អស់​ដែល​មាន​ក្រចក​ជើង​ឆែក​ជា​ពីរ ហើយ​ជា​សត្វ​ទំពា‌អៀង។  ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពា‌អៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។  រីឯ​ជ្រូក​ក៏​មិន​ត្រូវ​បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពា‌អៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះ‌ពាល់​ខ្មោច​វា​ដែរ។
ក្នុង​ចំណោម​សត្វ​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​អាច​បរិភោគ​ត្រី​ទាំង​អស់ ដែល​មាន​ព្រុយ និង​មាន​ស្រកា។ ១០ ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។
១១ អ្នក​អាច​បរិភោគ​សត្វ​ស្លាប​បរិសុទ្ធ​ទាំង​អស់។ ១២ ប៉ុន្តែ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ គឺ​ត្មាត ខ្លែង‌ស្រាក និង​ខ្លែង ១៣ ល្អូត រអាត ស្ទាំង និង​ពពួក​សត្វ​ប្រភេទ​នេះ ១៤ ក្អែក​គ្រប់​ប្រភេទ ១៥ អូទ្រីច ទីទុយ រំពេ ប្រមង់ និង​ពពួក​សត្វ​ប្រភេទ​នេះ ១៦ គូក មៀម អក ១៧ ទុង ក្អែក​ទឹក ស្មោញ ១៨ កុក ក្រសារ និង​ពពួក​សត្វ​ប្រភេទ​នេះ ព្រម​ទាំង​ត្រសេះ និង​ប្រចៀវ។ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ល្អិត​ដែល​មាន​ស្លាប​ទាំង​អស់ ជា​សត្វ​មិន​បរិសុទ្ធ គឺ​មិន​ត្រូវ​បរិភោគ​ឡើយ។ ២០ អ្នក​រាល់​គ្នា​បរិភោគ​បាន​តែ​សត្វ​ស្លាប​ណា​ដែល​បរិសុទ្ធ។
២១ មិន​ត្រូវ​បរិភោគ​សាច់​សត្វ ដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ ត្រូវ​ឲ្យ​សត្វ​នោះ​ទៅ​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​បរិភោគ ឬ​លក់​ឲ្យ​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជាជន​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។
តង្វាយ​មួយ​ភាគ​ដប់
២២ «រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​ចំនួន​មួយ​ភាគ​ដប់ ទុក​ជា​តង្វាយ។ ២៣ ត្រូវ​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់ ដែល​អ្នក​ញែក​ចេញ​ពី​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ប្រេង ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្ដែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រហូត​ត​ទៅ។ ២៤ ប្រសិន​បើ​ផ្ទះ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស‌រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្ដែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​តង្វាយ​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ដែល​អ្នក​បាន​ទទួល ដោយ‌សារ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​ទេ​នោះ ២៥ ចូរ​លក់​តង្វាយ​មួយ​ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស‌រើស។ ២៦ ពេល​ទៅ​ដល់ អ្នក​អាច​ទិញ​អ្វីៗ​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា​គោ ចៀម ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ស្រា​ផ្សេង​ទៀត គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​អ្នក​សប្បាយ​ចិត្ត រួច​បរិភោគ​ដោយ​រីក‌រាយ​ជា​មួយ​ក្រុម​គ្រួសារ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ២៧ កុំ​ភ្លេច​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​ឡើយ ដ្បិត​គេ​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក​ទេ។
២៨ បី​ឆ្នាំ​ម្ដង ត្រូវ​យក​ភោគ‌ផល​ដែល​អ្នក​ទទួល​នៅ​ឆ្នាំ​ទី​បី ចំនួន​មួយ​ភាគ​ដប់ ចេញ​មក​ដាក់​ក្នុង​ក្រុង​ដែល​អ្នក​រស់​នៅ។ ២៩ ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ»។
១៥
ឆ្នាំ​ទី​ប្រាំ​ពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល
 «ប្រាំ​ពីរ​ឆ្នាំ​ម្ដង អ្នក​ត្រូវ​តែ​លុប​បំណុល។  ការ​លុប​បំណុល​នេះ​ត្រូវ​អនុវត្ត​ដូច​ត​ទៅ: ម្ចាស់​បំណុល​ទាំង‌ឡាយ​ដែល​បាន​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ម្ចាស់​បំណុល​មិន​ត្រូវ​ទាម‌ទារ​ឲ្យ​អ្នក​ដទៃ ដែល​ជា​បង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។  អ្នក​អាច​ទាម‌ទារ​ឲ្យ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​ឲ្យ​បង‌ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។  ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​ជន​ក្រីក្រ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។  ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ។  ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក។ អ្នក​អាច​ចង​ការ​ប្រាក់​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន តែ​អ្នក​មិន​ត្រូវ​ខ្ចី​ប្រាក់​ពី​ពួក​គេ​ទេ អ្នក​នឹង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​ជា​ច្រើន តែ​ពួក​គេ​នឹង​មិន​ត្រួត‌ត្រា​លើ​អ្នក​ឡើយ។
 ក្នុង​បណ្តា​ក្រុង​នៃ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ប្រសិន​បើ​មាន​បង‌ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បង‌ប្អូន​ដែល​ក្រ​នោះ​ឡើយ។  ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ ដោយ​ឲ្យ​ខ្ចី​ប្រាក់​តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។  ចូរ​ប្រយ័ត្ន មិន​ត្រូវ​មាន​ចិត្ត​អាក្រក់ ដោយ​គិត​ថា ឆ្នាំ​ទី​ប្រាំ​ពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល​កាន់​តែ​ខិត​ជិត ហើយ​អ្នក​ក៏​គ្មាន​ចិត្ត​មេត្តា​ដល់​បង‌ប្អូន​ដែល​ក្រ​នោះ គឺ​មិន​ជួយ​អ្វី​ទាំង​អស់។ ពេល​គាត់​ទូល​ព្រះ‌អម្ចាស់ ចោទ​ប្រកាន់​អ្នក នោះ​អ្នក​មុខ​ជា​មាន​បាប​មិន​ខាន។ ១០ ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើស‌ទាល់ ដ្បិត​ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។ ១១ នៅ​ក្នុង​ស្រុក​តែង‌តែ​មាន​អ្នក​ក្រ​ជា‌និច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក ឲ្យ​មាន​ចិត្ត​ទូលាយ​ដល់​បង‌ប្អូន​របស់​អ្នក ដែល​ក្រីក្រ កំសត់​ទុរគត នៅ​ក្នុង​ស្រុក»។
ឆ្នាំ​ដែល​ត្រូវ​ដោះ​លែង​ខ្ញុំ​បម្រើ
១២ «ប្រសិន​បើ​មាន​បង‌ប្អូន​របស់​អ្នក ដែល​ជា​ជន​ជាតិ​ហេប្រឺ ទោះ​បី​ប្រុស ឬ​ស្រី​ក្តី មក​លក់​ខ្លួន​ឲ្យ​អ្នក ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​ប្រាំ‌មួយ​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ ត្រូវ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ​ចុះ។ ១៣ ប៉ុន្តែ កុំ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ ដោយ​ដៃ​ទទេ​ឡើយ។ ១៤ ត្រូវ​យក​ភោគ‌ផល​ជា​ព្រះ‌ពរ ដែល​អ្នក​ទទួល​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មាន​ចៀម ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ ផ្តល់​ជា​អំណោយ​ដល់​គេ​ផង។ ១៥ ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។
១៦ ប្រសិន​បើ​ខ្ញុំ​បម្រើ​របស់​អ្នក​ពោល​ថា គេ​មិន​ចង់​ចេញ​ពី​ផ្ទះ​របស់​អ្នក ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ពេញ​ចិត្ត​នឹង​រស់​នៅ​ជា​មួយ​អ្នក ១៧ ត្រូវ​យក​ដែក​ចោះ​ត្រចៀក​អ្នក​បម្រើ​នោះ នៅ​លើ​សន្លឹក​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក រហូត​ត​ទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បម្រើ​ដែរ។
១៨ ពេល​ដោះ​លែង​ខ្ញុំ​បម្រើ អ្នក​មិន​ត្រូវ​នឹក​ស្តាយ​ឡើយ ព្រោះ​គេ​បាន​នៅ​បម្រើ​អ្នក​អស់‌រយៈ​ពេល​ប្រាំ‌មួយ​ឆ្នាំ ហើយ​ធ្វើ​ការ​ឲ្យ​អ្នក​បាន​ផល​ពីរ​ដង​លើស​កម្មករ ដែល​អ្នក​ជួល​មក​ធ្វើ​ការ​ទៅ​ទៀត។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ»។
កូន​ដំបូង​របស់​សត្វ
១៩ «ត្រូវ​ញែក​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​អ្នក គឺ​កូន​គោ​ឈ្មោល និង​កូន​ចៀម​ឈ្មោល ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ប្រើ​កូន​ដំបូង​របស់​គោ សម្រាប់​ភ្ជួរ​រាស់ ហើយ​ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​របស់​ចៀម​ដែរ។ ២០ រៀង​រាល់​ឆ្នាំ ចូរ​បរិភោគ​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស‌រើស។ ២១ ប្រសិន​បើ​សត្វ​នោះ​ពិការ ខ្វិន​ជើង ខ្វាក់​ភ្នែក ឬ​មាន​ស្លាក‌ស្នាម​កន្លែង​ណា​មួយ កុំ​យក​វា​ទៅ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ។ ២២ ត្រូវ​បរិភោគ​សត្វ​នោះ​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ មនុស្ស​មិន​បរិសុទ្ធ ឬ​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា គឺ​ដូច​បរិភោគ​សាច់​ក្តាន់ ឬ​សាច់​ឈ្លូស​ដែរ។ ២៣ ប៉ុន្តែ កុំ​បរិភោគ​ឈាម​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក»។
១៦
ពិធី​បុណ្យ​ចម្លង
 «នៅ​ខែ​ចេត្រ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដ្បិត​នៅ​យប់​ខែ​ចេត្រ​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។  ចូរ​យក​ចៀម និង​គោ ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ឱកាស​បុណ្យ​ចម្លង នៅ​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស‌រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្ដែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។  ក្នុង​អំឡុង​ពេល​បុណ្យ​នេះ​មិន​ត្រូវ​បរិភោគ​នំបុ័ង​ដែល​មាន​ដាក់​មេ​ឡើយ គឺ​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក រំឭក​ពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​យ៉ាង​ប្រញាប់‌ប្រញាល់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ចង​ចាំ​អស់​មួយ​ជីវិត អំពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។  ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នោះ ក្នុង​ផ្ទះ​របស់​អ្នក និង​នៅ​លើ​ទឹក​ដី​ទាំង​មូល​របស់​អ្នក មិន​ត្រូវ​ឲ្យ​មាន​មេ‌ដំបែ​ឡើយ រីឯ​សាច់​របស់​សត្វ ដែល​អ្នក​សម្លាប់​ធ្វើ​យញ្ញ‌បូជា​នៅ​ល្ងាច​ទី​មួយ ក៏​មិន​ត្រូវ​ទុក​មួយ​យប់​រហូត​ដល់​ព្រឹក​ដែរ។  អ្នក​មិន​អាច​ថ្វាយ​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​ត្រង់​កន្លែង​ណា​មួយ ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​មក​អ្នក​នោះ​ឡើយ គឺ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស‌រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ ចូរ​ថ្វាយ​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច គឺ​ចំ​នឹង​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។  ចូរ​ចម្អិន​សាច់​ដែល​អ្នក​ថ្វាយ​ជា​យញ្ញ‌បូជា ហើយ​បរិភោគ​នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស‌រើស។ លុះ​ព្រលឹម​ឡើង អ្នក​អាច​វិល​ត្រឡប់​ទៅ​លំនៅ‌ដ្ឋាន​របស់​អ្នក​វិញ។  អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំ‌មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​បុណ្យ​ធំ សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មិន​ត្រូវ​ធ្វើ​កិច្ច‌ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ»។
បុណ្យ​សប្តាហ៍ ឬ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប
«ត្រូវ​គិត​ពី​ថ្ងៃ​ដែល​អ្នក​ចាប់​ផ្តើម​ច្រូត​ស្រូវ​ទៅ ចំនួន​ប្រាំ​ពីរ​សប្ដាហ៍* ១០ រួច​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្តាហ៍​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ពេល​នោះ ចូរ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត ដោយ​គិត​តាម​ភោគ‌ផល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ ១១ ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់‌លៀង​បែប​នេះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្ដែង​ព្រះ‌នាម​ព្រះ‌អង្គ។ ១២ ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​នេះ»។
បុណ្យ​បារាំ
១៣ «ពេល​ណា​អ្នក​បោក​បែន​ស្រូវ និង​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ​រួច​រាល់​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ*​ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ ១៤ ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ អ្នក​ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ១៥ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​ទទួល​ភោគ‌ផល​ច្រើន ហើយ​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ អ្នក​នឹង​មាន​អំណរ​ឥត​ឧបមា។ ១៦ បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្តាហ៍ និង​បុណ្យ​បារាំ ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ដៃ​ទទេ​ឡើយ។ ១៧ ម្នាក់ៗ​ត្រូវ​យក​តង្វាយ​ទៅ​ជា​មួយ តាម​តែ​ខ្លួន​អាច​ធ្វើ​បាន ដោយ​គិត​តាម​ភោគ‌ផល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ»។
ការ​តែង‌តាំង​មេ​ដឹក​នាំ
១៨ «ត្រូវ​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម និង​អ្នក​ត្រួត‌ត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជាជន​នៅ​តាម​កុល‌សម្ព័ន្ធ​នានា ដោយ​យុត្តិធម៌។ ១៩ មិន​ត្រូវ​បំពាន​លើ​ច្បាប់ ឬ​វិនិច្ឆ័យ​នរណា​ម្នាក់​ដោយ​រើស​មុខ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ទទួល​សំណូក​ដែរ ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ទៅ​ជា​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​និយាយ​វៀច​វេរ។ ២០ ត្រូវ​ស្វែង​រក​តែ​យុត្តិធម៌ ដើម្បី​ឲ្យ​អ្នក​មាន​ជីវិត ហើយ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ»។
មិន​ត្រូវ​គោរព​ព្រះ​ក្លែង‌ក្លាយ
២១ «កុំ​ដំ​ឡើង​បង្គោល​ឈើ​នៃ​ព្រះ‌អា‌សេរ៉ា​នៅ​ក្បែរ​អាសនៈ ដែល​អ្នក​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ ២២ ហើយ​ក៏​មិន​ត្រូវ​ដំឡើង​ស្តូប​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ដែរ។
១៧
 កុំ​យក​គោ ឬ​កូន​ចៀម ដែល​មាន​ស្លាក‌ស្នាម ឬ​ពិការ ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ ដ្បិត​ព្រះ‌អង្គ​ស្អប់​ខ្ពើម​យញ្ញ‌បូជា​បែប​នេះ។
 ក្នុង​ចំណោម​អ្នក ប្រហែល​ជា​មាន​ប្រុស​ម្នាក់ ឬ​ស្រី​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​គាប់​ព្រះ‌ហឫទ័យ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ក្រុង​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ គឺ​អ្នក​នោះ​បំពាន​លើ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ  ទៅ​គោរព​បម្រើ​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ឬ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា​ទាំង​ប៉ុន្មាន ផ្ទុយ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់។  ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើប‌សួរ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្តុតាង​បញ្ជាក់​ថា ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រា‌អែល​មែន  ត្រូវ​នាំ​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ ទៅ​មាត់​ទ្វារ​ក្រុង ហើយ​យក​ដុំ​ថ្ម​គប់ រហូត​ទាល់​តែ​ស្លាប់។  ជន​ជាប់​ចោទ​នោះ​មាន​ទោស​ដល់​ស្លាប់ ល្គឹក‌ណា​តែ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ធ្វើ​ជា​សាក្សី។ ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​ប្រហារ​ជីវិត​ជន​ជាប់​ចោទ​នោះ​ឡើយ។  សាក្សី​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ​មុន​គេ បន្ទាប់​មក ទើប​ប្រជាជន​គប់​តាម​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។
ការ​កាត់​ក្តី
 «ចំពោះ​ឃាតកម្ម ការ​ប្ដឹង​ផ្តល់​គ្នា និង​ការ​វាយ​គ្នា​ឲ្យ​មាន​របួស ជា​ករណី​ដែល​ពិបាក​កាត់​ក្តី នៅ​ក្នុង​ក្រុង​របស់​អ្នក ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស‌រើស។  អ្នក​ត្រូវ​ទៅ​ជួប​ពួក​បូជា‌ចារ្យ​លេវី និង​ចៅ‌ក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។ ១០ ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ព្រះ‌អម្ចាស់​ជ្រើស‌រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែ‌នាំ​ឲ្យ​បាន​ឥត​ខ្ចោះ។ ១១ ចូរ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែល​លោក​ទាំង​នោះ​ណែ‌នាំ និង​ការ​វិនិច្ឆ័យ​ដែល​ពួក​លោក​បាន​សម្រេច គឺ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​អារ​កាត់ ឥត​លំអៀង​ឡើយ។ ១២ អ្នក​ណា​តាំង​ចិត្ត​មានះ មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បូជា‌ចារ្យ* ដែល​បាន​ទទួល​តំណែង​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឬ​មិន​ស្ដាប់​ពាក្យ​របស់​ចៅ‌ក្រម​ទេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៣ ប្រជាជន​ទាំង​អស់​ឮ​ដំណឹង​នេះ គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ហ៊ាន​តាំង​ចិត្ត​មានះ​បែប​នេះ​ទៀត​ឡើយ»។
ច្បាប់​ស្តី​អំពី​ព្រះ‌មហា​ក្សត្រ
១៤ «ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ហើយ អ្នក​ប្រហែល​ជា​នឹក​ចង់​បាន​ស្តេច​មួយ​អង្គ​គ្រប់‌គ្រង​លើ​អ្នក ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ដែរ។ ១៥ អ្នក​ត្រូវ​តែង‌តាំង​ស្តេច ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស‌រើស។ អ្នក​ត្រូវ​តែង‌តាំង​ស្តេច​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែង‌តាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។ ១៦ ស្តេច​របស់​អ្នក​មិន​ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ប្រជាជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​ឲ្យ​ច្រើន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។ ១៧ ស្តេច​របស់​អ្នក​មិន​ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្តេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់។ ស្តេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។ ១៨ ពេល​ណា​ស្តេច​ឡើង​គ្រង​រាជ‌សម្បត្តិ​ហើយ ត្រូវ​ឲ្យ​ស្តេច​យក​គម្ពីរ‌វិន័យ​នេះ​ពី​បូជា‌ចារ្យ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។ ១៩ សៀវភៅ​នេះ​ត្រូវ​នៅ​ជាប់​ជា​មួយ​ស្តេច​ជា‌និច្ច ហើយ​ស្តេច​អាន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រម​ទាំង​កាន់ ហើយ​ប្រតិបត្តិ​សេចក្ដី និង​វិន័យ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​គម្ពីរ‌វិន័យ​នេះ។ ២០ ធ្វើ​ដូច្នេះ ស្តេច​នឹង​គ្មាន​គំនិត​តម្កើង​ខ្លួន​ខ្ពស់​ជាង​ជន​រួម​ជាតិ​ឡើយ ហើយ​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ដោយ​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ​ដែរ ដើម្បី​ឲ្យ​ស្តេច និង​រាជ‌វង្ស​របស់​ស្តេច គ្រង​រាជ្យ​បាន​យូរ​ឆ្នាំ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល»។
១៨
សិទ្ធិ​របស់​ពួក​បូជា‌ចារ្យ និង​ពួក​លេវី
 «ពួក​បូជា‌ចារ្យ​លេវី និង​កុល‌សម្ព័ន្ធ​លេវី​ទាំង​មូល គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ គឺ​ពួក​គេ​មាន​តែ​អាហារ​ពី​យញ្ញ‌បូជា និង​តង្វាយ​ផ្សេងៗ ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។  ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ផ្ទាល់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ស្រាប់។  ពេល​ប្រជាជន​យក​គោ និង​ចៀម​មក​ថ្វាយ​ជា​យញ្ញ‌បូជា ពួក​គេ​ត្រូវ​យក​សាច់​ស្មា សាច់​ថ្គាម និង​ក្រពះ ជូន​បូជា‌ចារ្យ។  ត្រូវ​យក​ផល​ដំបូង​នៃ​ស្រូវ​របស់​អ្នក ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ប្រេង និង​រោម​ចៀម​ដែល​អ្នក​កាត់​មុន​គេ ជូន​បូជា‌ចារ្យ  ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស‌រើស​បូជា‌ចារ្យ និង​ពូជ‌ពង្ស​របស់​លោក ពី​ចំណោម​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។
 ប្រសិន​បើ​ពួក​លេវី​ម្នាក់​ចាក​ចេញ​ពី​ក្រុង​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ជា​កន្លែង​ដែល​ខ្លួន​រស់​នៅ ហើយ​មាន​បំណង​ទៅ​នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​ជ្រើស‌រើស  គាត់​អាច​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដូច​ពួក​លេវី​ឯ​ទៀតៗ​ជា​បង‌ប្អូន​របស់​ខ្លួន ដែល​ធ្វើ​ការ​នៅ​ទី‌សក្ការៈ​នោះ  ហើយ​គាត់​ក៏​អាច​ទទួល​អាហារ​មួយ​ចំណែក​ស្មើ​នឹង​ពួក​លេវី​ឯ​ទៀតៗ ថែម​ពី​លើ​អ្វីៗ​ដែល​គាត់​លក់​បាន»។
ព្យាការី​ក្លែង‌ក្លាយ និង​ព្យាការី​ពិត​ប្រាកដ
 «កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ មិន​ត្រូវ​រៀន​យក​តម្រាប់​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង​នោះ​ឡើយ។ ១០ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង។ មិន​ត្រូវ​ឲ្យ​មាន​នរណា​ម្នាក់ បញ្ជាន់​រូប ទស្សន៍‌ទាយ ប្រព្រឹត្ត​មន្ត‌អាគម ឬ​អំពើ​អាប‌ធ្មប់ ១១ ធ្វើ​អំពើ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ទៅ​រក​គ្រូ​ទាយ មើល​ជោគ‌រាសី និង​ខាប​ព្រលឹង​ដែរ ១២ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​មនុស្ស​គួរ​ស្អប់​ខ្ពើម។ ដោយ‌សារ​តែ​ប្រជា‌ជាតិ​នានា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ហើយ បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បណ្តេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។ ១៣ អ្នក​ត្រូវ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជា‌និច្ច។ ១៤ ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​អ្នក​នឹង​ដេញ​ចេញ​ពី​ទឹក​ដី តែង‌តែ​ស្ដាប់​ពាក្យ​របស់​គ្រូ​ទស្សន៍‌ទាយ និង​គ្រូ​ធ្មប់។ ចំណែក​ឯ​អ្នក​វិញ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ឲ្យ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ឡើយ។
១៥ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ក្នុង​ចំណោម​អ្នក ហើយ​លោក​ជា​បង‌ប្អូន​របស់​អ្នក។ ចូរ​នាំ​គ្នា​ស្ដាប់​តាម​ព្យាការី​នោះ​ចុះ ១៦ ដ្បិត​នៅ​ថ្ងៃ​អ្នក​ជួប‌ជុំ​គ្នា​នៅ​ហូរែប អ្នក​បាន​ទូល​សូម​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បែប​នេះ​ឯង គឺ​អ្នក​ពោល​ថា “សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ត​ទៅ​ទៀត ហើយ​ក៏​កុំ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​ដែរ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់”។ ១៧ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សេចក្ដី​ដែល​ពួក​គេ​និយាយ​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ១៨ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​ព្រះ‌បន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ព្យាការី​នោះ លោក​នឹង​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់។ ១៩ អ្នក​ណា​មិន​ស្ដាប់​ពាក្យ​ដែល​លោក​ថ្លែង ក្នុង​នាម​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​នោះ។ ២០ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្យាការី​ណា​ម្នាក់​ហ៊ាន​ថ្លែង​ពាក្យ​អ្វី​មួយ​ក្នុង​នាម​យើង ជា​ពាក្យ​ដែល​យើង​មិន​បាន​បង្គាប់​ឲ្យ​ថ្លែង ឬ​ប្រសិន​បើ​គេ​ថ្លែង​ពាក្យ​ក្នុង​នាម​ព្រះ​ដទៃ​ទៀត ព្យាការី​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់”។ ២១ អ្នក​ប្រហែល​ជា​សួរ​ថា តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ដឹង​ថា ពាក្យ​ណា​មួយ​ដែល​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់២២ ពេល​ព្យាការី​ណា​ម្នាក់​ថ្លែង​ពាក្យ​ក្នុង​នាម​របស់​ព្រះ‌អម្ចាស់ តែ​មិន​ឃើញ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ដូច​ពាក្យ​គេ​ប្រកាស​ទេ បាន​សេចក្ដី​ថា​ពាក្យ​នោះ​មិន​មែន​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ។ ព្យាការី​នោះ​ហ៊ាន​និយាយ​ដោយ​ចិត្ត​ឯង ដូច្នេះ កុំ​ខ្លាច​គេ​ឲ្យ​សោះ»។
១៩
ច្បាប់​ស្តី​អំពី​ក្រុង​ជម្រក
 «ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បំផ្លាញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក ពេល​ណា​អ្នក​ដណ្ដើម​ទឹក​ដី​បាន​ពី​ពួក​គេ ហើយ​រស់​នៅ​ក្នុង​ក្រុង និង​ផ្ទះ​របស់​ពួក​គេ​ហើយ  អ្នក​ត្រូវ​ញែក​ក្រុង​បី នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​កាន់​កាប់។  ត្រូវ​បែង​ចែក​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក​នោះ ជា​បី​តំបន់ ហើយ​រៀប‌ចំ​ឲ្យ​មាន​ផ្លូវ​ក្នុង​តំបន់​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​សម្លាប់​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ក្រុង​ទាំង​បី។
 អ្នក​ដែល​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន គឺ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា និង​គ្មាន​គំនិត​ស្អប់​ជា​មុន។ ឧទាហរណ៍ បើ​មាន​បុរស​ម្នាក់​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ជា​មួយ​បុរស​ម្នាក់​ទៀត  ពេល​គាត់​លើក​ពូថៅ​កាប់​ដើម​ឈើ ស្រាប់​តែ​ផ្លែ​ពូថៅ​របូត​ចេញ​ពី​ដង ទៅ​ប៉ះ​គូ‌កន​របស់​ខ្លួនបណ្តាល​ឲ្យ​ស្លាប់។ ពេល​នោះ គាត់​អាច​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជម្រក​ណា​មួយ ដើម្បី​រក្សា​អាយុ​ជីវិត​របស់​ខ្លួន។  ធ្វើ​ដូច្នេះ ដោយ​ផ្លូវ​ឆ្ងាយ នោះ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ហើយ​កំពុង​តែ​ខឹង​ជា​ខ្លាំង ពុំ​អាច​ដេញ​តាម​គាត់​ទាន់ និង​សម្លាប់​គាត់​ឡើយ ដ្បិត​បុរស​នេះ​មិន​ត្រូវ​មាន​ទោស​ដល់​ស្លាប់​ទេ ព្រោះ​គាត់​ពុំ​បាន​សម្លាប់​គេ​ដោយ​ចិត្ត​ស្អប់។  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ឲ្យ​ញែក​ក្រុង​បី​ទុក​ដាច់​ឡែក​ពី​គេ។  ប្រសិន​បើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​ឲ្យ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ហើយ​ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ស្រុក​ទាំង​មូល​មក​អ្នក ជា​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​ប្រគល់​ឲ្យ​បុព្វ‌បុរស​របស់​អ្នក  អ្នក​ត្រូវ​បន្ថែម​ក្រុង​បី​ទៀត​ពី​លើ​ក្រុង​បី​នោះ។ ប៉ុន្តែ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ។ ១០ ធ្វើ​ដូច្នេះ នឹង​គ្មាន​ការ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក ទុក​ជា​កេរ‌មត៌ក​ឡើយ ហើយ​អ្នក​ក៏​នឹង​គ្មាន​ទោស​ដែរ។
១១ ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល‌ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជម្រក​ណា​មួយ​ក៏​ដោយ ១២ ពួក​ព្រឹទ្ធាចារ្យ*​របស់​ក្រុង​ដែល​ជន​នោះ​រស់​នៅ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ជន​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ដើម្បី​ឲ្យ​ជន​នោះ​ទទួល​ទោស​ដល់​ស្លាប់។ ១៣ កុំ​អាណិត​មនុស្ស​បែប​នេះ​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​ជន​ដែល​បង្ហូរ​ឈាម​មនុស្ស​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ទឹក​ដី​អ៊ីស្រា‌អែល ហើយ​អ្នក​នឹង​មាន​សុភមង្គល»។
ច្បាប់​ស្តី​អំពី​ការ​បង្ខិត​បង្គោល​របង
១៤ «ពេល​ណា​អ្នក​ចូល​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​ទុក​ជា​កេរ‌មត៌ក​ហើយ មិន​ត្រូវ​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី​របស់​អ្នក​ជិត​ខាង ជា​របង​ដាំ​ដោយ​អ្នក​ដែល​ទៅ​ដល់​មុន​គេ​នោះ​ឡើយ»។
សាក្សី​ក្លែង‌ក្លាយ
១៥ «ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​ពុំ​អាច​ដាក់​ទោស​នរណា​ដែល​ជាប់​សង្ស័យ​ថា ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ បទ​ល្មើស ឬ​អំពើ​បាប​ណា​មួយ​នោះ​ឡើយ។ កាល​ណា​មាន​សាក្សី​ពីរ ឬ​បី​នាក់ ទើប​សំណុំ​រឿង​នោះ​អាច​យក​ជា​ការ​បាន។
១៦ ពេល​សាក្សី​ក្លែង‌ក្លាយ​ម្នាក់​ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ ១៧ អ្នក​ទាំង​ពីរ​ដែល​មាន​ទំនាស់​នឹង​គ្នា ត្រូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ* និង​ចៅ‌ក្រម ដែល​កាន់​មុខ​តំណែង នៅ​ពេល​នោះ។ ១៨ ចៅ‌ក្រម​ត្រូវ​សាក​សួរ​ឲ្យ​បាន​ល្អិត‌ល្អន់។ ប្រសិន​បើ​ឃើញ​ថា​សាក្សី​នោះ​និយាយ​ការ​មិន​ពិត គឺ​គាត់​មួល​បង្កាច់​បង‌ប្អូន​របស់​ខ្លួន ១៩ នោះ​ត្រូវ​ដាក់​ទោស​គាត់​ដូច​គាត់​បាន​គ្រោង​ទុក សម្រាប់​ដាក់​ទោស​ជន​ជាប់​ចោទ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ២០ អ្នក​ឯ​ទៀតៗ​ឮ​ដំណឹង​នេះ គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ នៅ​ក្នុង​ចំណោម​អ្នក​ទៀត​ឡើយ។ ២១ កុំ​អាណិត‌អាសូរ​អ្នក​មាន​ទោស​ឲ្យ​សោះ។ អ្នក​ណា​សម្លាប់​គេ ត្រូវ​សម្លាប់​អ្នក​នោះ​វិញ អ្នក​ណា​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​អ្នក​នោះ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ធ្មេញ​មួយ អ្នក​ណា​វាយ​គេ​បាក់​ដៃ​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ដៃ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​បាក់​ជើង​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ជើង​ម្ខាង​វិញ​ដែរ»។
២០
ច្បាប់​អំពី​ការ​ចូល​បម្រើ​កង‌ទ័ព
 «ពេល​ណា​អ្នក​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ហើយ​អ្នក​ឃើញ​ថា សត្រូវ​មាន​ទ័ព‌សេះ រទេះ​ចម្បាំង និង​ពល‌ទាហាន​ច្រើន​ជាង មិន​ត្រូវ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​អ្នក។  មុន​ពេល​ចូល​ប្រយុទ្ធ បូជា‌ចារ្យ*​ត្រូវ​ចេញ​ទៅ​ឈរ​នៅ​មុខ​ពល‌ទាហាន ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ដូច​ត​ទៅ:  “អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ចូល​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ភ័យ​ខ្លាច ញ័រ​រន្ធត់ និង​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ  ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​ទៅ​ច្បាំង​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជ័យ‌ជម្នះ”។
 បន្ទាប់​មក ពួក​មេ‌ទ័ព​ត្រូវ​និយាយ​ទៅ​កាន់​ពល‌ទាហាន​ថា: “ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​នរណា​ម្នាក់​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​ពុំ​ទាន់​បាន​ឡើង​ផ្ទះ​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ឡើង​ផ្ទះ​ជំនួស។  បើ​មាន​នរណា​ម្នាក់​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។  បើ​នរណា​ម្នាក់​មាន​គូ‌ដណ្ដឹង តែ​មិន​ទាន់​បាន​រៀប‌ការ​ជា​មួយ​នាង​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​រៀប‌ការ​នឹង​នាង”។  នាយ​ទាហាន​ត្រូវ​និយាយ​ទៅ​កាន់​ពល‌ទ័ព​ទៀត​ថា: “បើ​នរណា​ភ័យ​ខ្លាច ឬ​គ្មាន​ទឹក​ចិត្ត​ក្លាហាន​ទេ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​នាំ​ឲ្យ​បង‌ប្អូន​ឯ​ទៀតៗ​បាក់​ទឹក​ចិត្ត​ដូច​ខ្លួន​ដែរ”។  ពេល​មេ‌ទ័ព​និយាយ​បែប​នេះ​ទៅ​កាន់​ពល‌ទាហាន​ហើយ ពួក​គេ​ក៏​ចាត់​តាំង​ឲ្យ​មាន​មេ​ក្រុម នាំ​មុខ​ពល‌ទាហាន​ទាំង​នោះ»។
ច្បាប់​អំពី​ការ​ឡោម‌ព័ទ្ធ​ក្រុង
១០ «ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។ ១១ ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជាជន​ទាំង​មូល​ក្នុង​ក្រុង​នោះ​ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។ ១២ ប្រសិន​បើ​អ្នក​ក្រុង​នោះ​មិន​ព្រម​ទទួល​សំណើ ហើយ​ចង់​ធ្វើ​សឹក​ជា​មួយ​អ្នក ត្រូវ​ឡោម‌ព័ទ្ធ​ទី‌ក្រុង ១៣ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​របស់​ពួក​គេ ដោយ​មុខ​ដាវ។ ១៤ ចំណែក​ឯ​ស្រីៗ ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌ក្រុង អ្នក​អាច​រឹប​អូស​ជា​ជ័យ‌ភ័ណ្ឌ អ្នក​អាច​បរិភោគ​សាច់​របស់​សត្វ​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ១៥ អ្នក​ត្រូវ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ក្រុង​ទាំង​អស់​ដែល​នៅ​ឆ្ងាយៗ​ពី​អ្នក ជា​ក្រុង​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុង​របស់​ប្រជា‌ជាតិ​ទាំង​នេះ​ទេ។ ១៦ រីឯ​ក្រុង​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ជា​កេរ‌មត៌ក អ្នក​មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​នរណា​ម្នាក់​សោះ​ឡើយ ១៧ គឺ​អ្នក​ត្រូវ​បំផ្លាញ​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរេ‌ស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ទុក។ ១៨ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​មិន​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​ព្រះ​របស់​ខ្លួន ជា​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ១៩ ប្រសិន​បើ​អ្នក​ឡោម‌ព័ទ្ធ​ទី‌ក្រុង​មួយ អស់‌រយៈ​ពេល​យ៉ាង​យូរ ដើម្បី​វាយ​ដណ្ដើម​យក​ក្រុង​នោះ អ្នក​មិន​ត្រូវ​យក​ពូថៅ​កាប់​បំផ្លាញ​ដើម​ឈើ នៅ​ទី​នោះ​ឡើយ។ ត្រូវ​បរិភោគ​ផ្លែ​ឈើ​នោះ គឺ​កុំ​កាប់​វា​ចោល​ឲ្យ​សោះ ដ្បិត​ដើម​ឈើ​នៅ​តាម​ចម្ការ​មិន​មែន​ជា​មនុស្ស​ទេ ដូច្នេះ កុំ​ធ្វើ​សឹក​នឹង​ដើម​ឈើ​ទាំង​នោះ។ ២០ ក៏​ប៉ុន្តែ ដើម​ឈើ​ណា​ដែល​អ្នក​ឃើញ​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ អ្នក​អាច​កាប់​ដើម​ឈើ​នោះ​យក​ទៅ​ធ្វើ​ជា​ជញ្ជាំង ដើម្បី​វាយ​លុក​ក្រុង​ដែល​អ្នក​ធ្វើ​សឹក រហូត​ដល់​អ្នក​វាយ​យក​ក្រុង​នោះ​បាន»។
២១
ករណី​ឃាតក​ដែល​គេ​ពុំ​ស្គាល់​មុខ
 «នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កម្ម‌សិទ្ធិ ប្រសិន​បើ​គេ​ប្រទះ​ឃើញ​សាក‌សព​នរណា​ម្នាក់​នៅ​តាម​ចម្ការ ហើយ​គេ​មិន​ដឹង​មុខ​ឃាតក​ទេ  ពួក​ព្រឹទ្ធាចារ្យ* និង​ពួក​ចៅ‌ក្រម ត្រូវ​វាស់​ចម្ងាយ​ពី​កន្លែង​សាក‌សព​នោះ ទៅ​ក្រុង​នានា​ដែល​នៅ​ជុំ‌វិញ។  កាល​ដឹង​ថា ក្រុង​ណា​មួយ​នៅ​ជិត​សាក‌សព​ជាង​គេ ពួក​ព្រឹទ្ធាចារ្យ​របស់​ក្រុង​នោះ​ត្រូវ​យក​គោ​ញី​ស្ទាវ​មួយ​មក គឺ​គោ​ដែល​គេ​ពុំ​ធ្លាប់​ទឹម ឬ​ប្រើ​ឲ្យ​ធ្វើ​ការ​នៅ​ឡើយ។  ពួក​ព្រឹទ្ធាចារ្យ​របស់​ទី‌ក្រុង​ត្រូវ​នាំ​គោ​ញី​ស្ទាវ​នោះ​ចុះ​ទៅ​កាន់​ជ្រោះ​មួយ ដែល​មាន​ទឹក​ហូរ​មិន​ចេះ​រីង ហើយ​ជា​កន្លែង​គ្មាន​នរណា​សាប​ព្រោះ ឬ​ដាំ​ដំណាំ​ទេ។ គេ​ត្រូវ​វាយ​បំបាក់​ក​គោ​ញី នៅ​ក្នុង​ជ្រោះ។  ពេល​នោះ ពួក​បូជា‌ចារ្យ*​ពី​កុល‌សម្ព័ន្ធ*​លេវី​នាំ​គ្នា​ចូល​មក - ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស‌រើស​ពួក​បូជា‌ចារ្យ​ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ និង​ឲ្យ​ពរ​ប្រជាជន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។ ពេល​ប្រជាជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​បូជា‌ចារ្យ​មាន​មុខ‌ងារ​អារ​កាត់​រឿង‌រ៉ាវ​របស់​ពួក​គេ​ដែរ។  ព្រឹទ្ធាចារ្យ​របស់​ក្រុង​ដែល​នៅ​ជិត​សាក‌សព ត្រូវ​នាំ​គ្នា​លាង​ដៃ​ពី​លើ​គោ​ញី ដែល​គេ​វាយ​បំបាក់​ក​នៅ​ក្នុង​ជ្រោះ  ទាំង​ប្រកាស​ថា “យើង​ខ្ញុំ​ពុំ​បាន​ធ្វើ​ឃាត​ជន​រង​គ្រោះ​នេះ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃើញ​នរណា​ធ្វើ​ឃាត​គេ​ដែរ។  ព្រះ‌អម្ចាស់​អើយ សូម​លើក‌លែង​ទោស​អ៊ីស្រា‌អែល ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​បាប​ផង។ សូម​កុំ​ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​បាន​រំដោះ ត្រូវ​ទទួល​ទោស ព្រោះ​ឃាតកម្ម​ទៅ​លើ​ជន​ស្លូត​ត្រង់​នេះ​ឡើយ”។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គ្មាន​ទោស ព្រោះ​តែ​ឃាតកម្ម​នេះ​ទេ។
 រីឯ​អ្នក​វិញ ត្រូវ​លុប​បំបាត់​ការ​សម្លាប់​ជន​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ចំណោម​អ្នក ហើយ​ប្រព្រឹត្ត​តែ​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។
ច្បាប់​ស្តី​អំពី​ស្ត្រី​ដែល​ជា​ឈ្លើយ​សឹក
១០ «ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ប្រសិន​បើ​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក​គេ​មក​ជា​ឈ្លើយ ១១ ក្នុង​ចំណោម​ស្ត្រីៗ​ដែល​អ្នក​ចាប់​មក​ជា​ឈ្លើយ អ្នក​ប្រហែល​ជា ឃើញ​ស្ត្រី​ម្នាក់​មាន​រូប​ឆោម​ស្អាត ហើយ​អ្នក​ចាប់​ចិត្ត​ស្រឡាញ់ ចង់​បាន​នាង​មក​ធ្វើ​ជា​ភរិយា ១២ ត្រូវ​យក​នាង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ឲ្យ​នាង​កោរ​សក់ និង​កាត់​ក្រចក​ដៃ ក្រចក​ជើង ១៣ នាង​ត្រូវ​ប្ដូរ​សម្លៀក‌បំពាក់ ដែល​នាង​ស្លៀក​នៅ​ពេល​គេ​ចាប់​នាង​មក​ជា​ឈ្លើយ​សឹក​ចេញ នាង​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​កាន់​ទុក្ខ​ឪពុក‌ម្ដាយ​របស់​ខ្លួន អស់‌រយៈ​ពេល​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង រៀប‌ការ​ជា​មួយ​នាង ហើយ​នាង​នឹង​ទៅ​ជា​ភរិយា​របស់​អ្នក។ ១៤ ក្រោយ​មក ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​នាង​ទៀត​ទេ ចូរ​ឲ្យ​នាង​ចេញ​ទៅ​ដោយ​សេរី​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បម្រើ​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។
ច្បាប់​អំពី​សិទ្ធិ​ជា​កូន​ច្បង
១៥ «ប្រសិន​បើ​បុរស​ម្នាក់​មាន​ភរិយា​ពីរ គាត់​ស្រឡាញ់​ភរិយា​មួយ​ខ្លាំង​ជាង​ភរិយា​មួយ​ទៀត ហើយ​នាង​ទាំង​ពីរ​មាន​កូន​ប្រុស​ដូច​គ្នា តែ​កូន​ច្បង​ជា​កូន​របស់​នាង​ដែល​គាត់​មិន​សូវ​ស្រឡាញ់។ ១៦ នៅ​ពេល​ចែក​កេរ‌មត៌ក​ឲ្យ​កូន គាត់​មិន​អាច​យក​ចំណែក​មត៌ក​ដែល​ត្រូវ​បាន​ទៅ​កូន​ច្បង ឲ្យ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​ស្រឡាញ់​ជាង​នោះ​ឡើយ ចំណែក​នេះ​ត្រូវ​តែ​បាន​ទៅ​លើ​កូន​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ព្រោះ​គេ​ជា​កូន​ច្បង។ ១៧ គាត់​ត្រូវ​តែ​ទទួល​ស្គាល់​ថា កូន​ច្បង គឺ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ហើយ​ប្រគល់​ចំណែក​មត៌ក​ឲ្យ​កូន​នោះ​ពីរ​ដង​ច្រើន​ជាង​កូន​ឯ​ទៀតៗ ដ្បិត​កូន​នេះ​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ដូច្នេះ គេ​ទទួល​ឯក‌សិទ្ធិ​ជា​កូន​ច្បង»។
ច្បាប់​ស្តី​អំពី​កូន​មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ
១៨ «ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​រឹង‌រូស​បះ‌បោរ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ ទោះ​បី​ឪពុក‌ម្ដាយ​វាយ​ប្រដៅ ក៏​វា​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ដដែល ១៩ ឪពុក‌ម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធាចារ្យ*​របស់​ទី‌ក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្តី។ ២០ ឪពុក‌ម្ដាយ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធាចារ្យ​របស់​ទី‌ក្រុង​ថា “កូន​ប្រុស​របស់​យើង​ខ្ញុំ​នេះ​ជា​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ​មិន​ស្ដាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ខិល‌ខូច ជា​មនុស្ស​ប្រមឹក”។ ២១ ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ទី‌ក្រុង​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​កូន​នោះ។ ធ្វើ​ដូច្នេះ អ្នក​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​រឿង​នេះ ហើយ​គេ​នឹង​ភ័យ​ខ្លាច»។
ច្បាប់​ស្តី​អំពី​អ្នក​ទោស​ដែល​គេ​ព្យួរ​ក
២២ «ប្រសិន​បើ​ជន​ណា​ម្នាក់​មាន​ទោស​ដល់​ស្លាប់ ហើយ​ត្រូវ​គេ​យក​ទៅ​ប្រហារ​ជីវិត ដោយ​ព្យួរ​ក ២៣ កុំ​ទុក​សាក‌សព​អ្នក​នោះ​ជាប់​នៅ​លើ​ដើម​ឈើ​ដែល​គេ​ព្យួរ​ក រហូត​ដល់​យប់​ឡើយ គឺ​ត្រូវ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ថ្ងៃ​ដែល​គេ​សម្លាប់​នោះ ដ្បិត​អ្នក​ដែល​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរ​ក ទទួល​បណ្ដាសា​ពី​ព្រះ‌ជាម្ចាស់។ ដូច្នេះ មិន​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។
២២
ច្បាប់​អំពី​សត្វ ឬ​របស់​របរ​ដែល​បាត់
 «ប្រសិន​បើ​អ្នក​ឃើញ​គោ ឬ​ចៀម​របស់​បង‌ប្អូន​អ្នក​វង្វេង កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ តែ​ត្រូវ​នាំ​សត្វ​នោះ​ទៅ​ឲ្យ​ម្ចាស់​វា​វិញ កុំ​បី​អាក់‌ខាន​ឡើយ។  ប្រសិន​បើ​ម្ចាស់​សត្វ​នៅ​ឆ្ងាយ ហើយ​អ្នក​មិន​ស្គាល់​គេ​ទេ ត្រូវ​នាំ​សត្វ​ទៅ​ទុក​នៅ​ផ្ទះ​អ្នក រហូត​ដល់​ម្ចាស់​វា​មក​សុំ​យក​ទៅ​វិញ ពេល​នោះ ត្រូវ​តែ​ប្រគល់​វា​ទៅ​ឲ្យ​គេ​ចុះ។  ចំពោះ​សត្វ​លា សម្លៀក‌បំពាក់ និង​អ្វីៗ​ទាំង​អស់​ដែល​បង‌ប្អូន​អ្នក​បាត់ ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ ប្រសិន​បើ​អ្នក​រក​ឃើញ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ។  ប្រសិន​បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង‌ប្អូន​អ្នក ធ្លាក់​ទៅ​ក្នុង​ស្នាម​ភ្លោះ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ តែ​ត្រូវ​ជួយ​គេ​អូស​សត្វ​នោះ​ឲ្យ​ឡើង​មក​វិញ»។
ច្បាប់​ផ្សេងៗ
 «ស្ត្រី​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​បុរស​ឡើយ រីឯ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​ស្ត្រី​ដែរ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ដែល​ធ្វើ​ដូច្នេះ​ទេ។
 ពេល​ធ្វើ​ដំណើរ នៅ​តាម​ផ្លូវ ប្រសិន​បើ​អ្នក​ឃើញ​សំបុក​សត្វ​នៅ​លើ​ដើម​ឈើ ឬ​នៅ​ផ្ទាល់​ដី ហើយ​ឃើញ​កូន​សត្វ ឬ​ពង​សត្វ ដែល​មាន​មេ​វា​កំពុង​តែ​ក្រាប នោះ​មិន​ត្រូវ​យក​ទាំង​មេ ទាំង​កូន​ឡើយ។  ចូរ​ទុក​ឲ្យ​មេ​វា​ហើរ​ទៅ​ចុះ គឺ​យក​តែ​កូន​របស់​វា​ប៉ុណ្ណោះ​បាន​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល ព្រម​ទាំង​មាន​អាយុ​យឺន‌យូរ។
 ប្រសិន​បើ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំ‌វិញ​ដំបូល​ផ្ទះ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល បណ្តាល​ឲ្យ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។
 មិន​ត្រូវ​ព្រោះ​ពូជ​អ្វី​ផ្សេង ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​យក​ដំណាំ​ទាំង​អស់​ថ្វាយ​ព្រះ‌ជាម្ចាស់ គឺ​ទាំង​ពូជ​ផ្សេង​ដែល​អ្នក​ព្រោះ ទាំង​ផល​ទំពាំង‌បាយ‌ជូរ។
១០ កុំ​ទឹម​គោ និង​លា ឲ្យ​អូស​នង្គ័ល​ជា​មួយ​គ្នា​ឡើយ។
១១ កុំ​ស្លៀក​សម្លៀក‌បំពាក់​ត្បាញ​ដោយ​អំបោះ រោម​ចៀម និង​អំបោះ​ធ្មៃ លាយ​គ្នា​ឡើយ។
១២ ចូរ​ដេរ​ខ្សែ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​របស់​ក្រណាត់ ដែល​អ្នក​រុំ​ខ្លួន»។
ច្បាប់​សីល‌ធម៌
១៣ «ប្រសិន​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង តែ​ក្រោយ​មក គេ​បែរ​ជា​ឈប់​ស្រឡាញ់​នាង ១៤ រួច​ចាប់​តាំង​បរិហារ​កេរ្តិ៍​នាង​ថា “ខ្ញុំ​បាន​យក​នាង​នេះ​មក​ធ្វើ​ជា​ភរិយា ខ្ញុំ​បាន​រួម​រស់​ជា​មួយ​នាង ហើយ​ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ១៥ ឪពុក‌ម្ដាយ​របស់​នាង​ត្រូវ​យក​ភស្តុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ព្រឹទ្ធាចារ្យ*​របស់​ទី‌ក្រុង នៅ​ត្រង់​កន្លែង​កាត់​ក្តី។ ១៦ ឪពុក​របស់​នាង​ត្រូវ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធាចារ្យ​ថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​ឲ្យ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង ១៧ គេ​បាន​បរិហារ​កេរ្តិ៍​របស់​នាង ដោយ​ពោល​ថា “ខ្ញុំ​ឃើញ​ថា​កូន​របស់​លោក​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ប៉ុន្តែ សូម​អស់​លោក​មើល​ចុះ នេះ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​ស្ត្រី​ព្រហ្មចារី​មែន!»។ ឪពុក‌ម្ដាយ​ត្រូវ​យក​សំពត់​របស់​នាង​បង្ហាញ​ពួក​ព្រឹទ្ធាចារ្យ​របស់​ទី‌ក្រុង។ ១៨ ពួក​ព្រឹទ្ធាចារ្យ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្តន្ទា​ទោស ១៩ ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ពួក​ព្រឹទ្ធាចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​ឲ្យ​បង់​ប្រាក់​មួយ‌រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។
២០ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រឿង​នោះ​ជា​ការ​ពិត​មែន គឺ​ប្រសិន​បើ​គេ​រក​បាន​ភស្តុតាង​ថា នាង​មិន​នៅ​ព្រហ្មចារី​ទេ ២១ គេ​ត្រូវ​នាំ​ស្ត្រី​នោះ​ទៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​អ្នក​ស្រុក​ត្រូវ​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​បង្ខូច​ខ្លួន​នៅ​ពេល​រស់​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។
២២ ប្រសិន​បើ​គេ​តាម​ទាន់​បុរស​ម្នាក់ ដែល​កំពុង​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ជន​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ទាំង​បុរស​ដែល​រួម​ដំណេក​ជា​មួយ​ស្ត្រី​នោះ ទាំង​ស្ត្រី​ផិត​ក្បត់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។
២៣ ពេល​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់​មាន​គូ​ដណ្ដឹង​ហើយ ប្រសិន​បើ​មាន​បុរស​ម្នាក់​ទៀត​ជួប​នាង​នៅ​ទី‌ក្រុង រួច​រួម​ដំណេក​ជា​មួយ​នាង ២៤ អ្នក​រាល់​គ្នា​ត្រូវ​នាំ​ជន​ទាំង​ពីរ​នេះ​ចេញ​ពី​ទី‌ក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ។ នាង​មាន​ទោស ព្រោះ​តែ​មិន​បាន​ស្រែក​ហៅ​អ្នក​ក្រុង​ឲ្យ​ជួយ រីឯ​បុរស​នោះ​មាន​ទោស ព្រោះ​តែ​បាន​រំលោភ​លើ​គូ​ដណ្ដឹង​របស់​អ្នក​ដទៃ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ ២៥ ប៉ុន្តែ ប្រសិន​បើ​បុរស​នោះ​ជួប​ស្ត្រី​ក្រមុំ ដែល​មាន​គូ​ដណ្ដឹង​នៅ​វាល​ស្រែ​វិញ ហើយ​ចាប់​នាង​រំលោភ។ បុរស​ដែល​រំលោភ​នាង ត្រូវ​មាន​ទោស​ដល់​ស្លាប់។ ២៦ រីឯ​ស្ត្រី​ក្រមុំ​នោះ​វិញ កុំ​ធ្វើ​ទោស​នាង​ឲ្យ​សោះ ដ្បិត​នាង​គ្មាន​កំហុស​អ្វី​ដែល​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ឡើយ (អំពើ​ដែល​បុរស​នោះ​ប្រព្រឹត្ត​ចំពោះ​នាង ក៏​ដូច​ជា​ឃាតកម្ម​មួយ​ដែរ) ២៧ ទោះ​បី​ស្ត្រី​ក្រមុំ​មាន​គូ​ដណ្ដឹង ដែល​ត្រូវ​បុរស​នោះ​ចាប់​រំលោភ​នៅ​វាល​ស្រែ ខំ​ប្រឹង​ស្រែក​យ៉ាង​ណា​ក្តី ក៏​គ្មាន​នរណា​ជួយ​នាង​ដែរ។
២៨ ប្រសិន​បើ​បុរស​ម្នាក់​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី ដែល​ពុំ​ទាន់​មាន​គូ​ដណ្ដឹង​នៅ​ឡើយ ហើយ​ចាប់​នាង​រំលោភ រួច​មាន​គេ​តាម​ទាន់។ ២៩ បុរស​ដែល​រំលោភ​នាង​នោះ​ត្រូវ​ប្រគល់​ប្រាក់​ហា‌សិប​ណែន​ទៅ​ឲ្យ​ឪពុក​របស់​នាង ព្រោះ​តែ​បាន​រួម​ដំណេក​ជា​មួយ​នាង។ គេ​ត្រូវ​យក​នាង​ទៅ​ធ្វើ​ជា​ភរិយា​របស់​ខ្លួន អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។
២៣
 (៣០) មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ គេ​ប្រមាថ​ឪពុក​របស់​ខ្លួន»។
អ្នក​ដែល​គ្មាន​សិទ្ធិ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ
 (១) «អ្នក​ដែល​បែក​ពង​លឹង្គ ឬ​ត្រូវ​គេ​កាត់​លឹង្គ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ឡើយ។
 (២) កូន​ឥត​ខាន់‌ស្លា​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ដែរ។
 (៣) ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ដែរ។  (៤) ត្រូវ​ធ្វើ​ដូច្នេះ​រហូត​ត​ទៅ ដ្បិត​នៅ​ពេល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ពុំ​បាន​យក​អាហារ ឬ​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទេ តែ​ពួក​គេ​បែរ​ជា​សូក​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ អ្នក​ស្រុក​មេសូ‌ប៉ូតាមី ឲ្យ​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​ទៅ​វិញ។  (៥) ប៉ុន្តែ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម​ទេ គឺ​ព្រះ‌អង្គ​បាន​ប្ដូរ​បណ្ដាសា​ឲ្យ​ប្រែ​ទៅ​ជា​ព្រះ‌ពរ​ដល់​អ្នក​វិញ ដ្បិត​ព្រះ‌អង្គ​ស្រឡាញ់​អ្នក។  (៦) ដូច្នេះ ដរាប​ណា​អ្នក​នៅ​មាន​ជីវិត មិន​បាច់​គិត‌គូរ​ដល់​សេចក្ដី​សុខ ឬ​សុភមង្គល​របស់​ជាតិ​សាសន៍​ទាំង​ពីរ​នេះ​ទេ។
 (៧) កុំ​ស្អប់​ខ្ពើម​ជន​ជាតិ​អេដុម​ឡើយ ដ្បិត​ពួក​គេ​ជា​បង‌ប្អូន​បង្កើត​របស់​អ្នក ហើយ​ក៏​កុំ​ស្អប់​ខ្ពើម​ជន​ជាតិ​អេស៊ីប​ដែរ ដ្បិត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​របស់​គេ។  (៨) កូន​ចៅ​របស់​ពួក​គេ​នៅ​ជំនាន់​ទី​បី អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​បាន»។
ច្បាប់​ស្តី​អំពី​ភាព​បរិសុទ្ធ​នៅ​ក្នុង​ទី​បោះ​ទ័ព
១០ (៩) «ពេល​ណា​អ្នក​ចេញ​ទៅ​បោះ​ទ័ព ធ្វើ​សឹក​នឹង​ខ្មាំង​សត្រូវ ចូរ​ចៀស‌វាង​អ្វីៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​សៅ‌ហ្មង។ ១១ (១០) ប្រសិន​បើ​ទាហាន​ណា​ម្នាក់​កើត​ហេតុ​ភេទ​អ្វី​នៅ​ពេល​យប់ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ មិន​អាច​ចូល​ទៅ​វិញ​ឡើយ។ ១២ (១១) នៅ​ពេល​ល្ងាច គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ លុះ​ដល់​ថ្ងៃ​លិច គេ​អាច​ចូល​ក្នុង​ជំរំ​វិញ​បាន។ ១៣ (១២) ត្រូវ​រៀប‌ចំ​ឲ្យ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ជំរំ ជា​កន្លែង​សម្រាប់​ឲ្យ​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ។ ១៤ (១៣) ត្រូវ​យក​ចប​មួយ​ជាប់​នឹង​ខ្លួន ប្រើ​សម្រាប់​ជីក​ដី នៅ​ពេល​ណា​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ រួច​ហើយ​លុប​ដី​នោះ​មក​វិញ។ ១៥ (១៤) ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​ទៅ​ជា​មួយ​កង‌ទ័ព​របស់​អ្នក ដើម្បី​ការ‌ពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ហេតុ​នេះ កង‌ទ័ព​របស់​អ្នក​ត្រូវ​តែ​វិសុទ្ធ* ដើម្បី​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ទត​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។
ច្បាប់​ស្តី​អំពី​ទាសករ
១៦ (១៥) «ប្រសិន​បើ​មាន​ទាសករ​ម្នាក់​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន មក​ជ្រក​កោន​ជា​មួយ​អ្នក កុំ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ម្ចាស់​វិញ​ឡើយ។ ១៧ (១៦) គេ​ត្រូវ​ស្នាក់​នៅ​ជា​មួយ​អ្នក ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ត្រង់​កន្លែង​ដែល​គេ​ជ្រើស‌រើស គឺ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក ដែល​គេ​ពេញ​ចិត្ត​ស្នាក់​នៅ។ មិន​ត្រូវ​ជិះ‌ជាន់​គេ​ឡើយ»។
ច្បាប់​ស្តី​អំពី​អំពើ​ពេស្យា‌ចារ
១៨ (១៧) «មិន​ត្រូវ​ឲ្យ​មាន​ស្រី​ពេស្យា ឬ​ប្រុស​ពេស្យា ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។ ១៩ (១៨) កុំ​នាំ​យក​ជំនូន​របស់​ស្ត្រី​ពេស្យា ឬ​ប្រាក់​កម្រៃ​របស់​ជន​អបាយ‌មុខ ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ ទោះ​បី​គេ​យក​មក​ថ្វាយ ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។
ច្បាប់​អំពី​ការ​ខ្ចី​ប្រាក់
២០ (១៩) «ប្រសិន​បើ​បង‌ប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាម‌ទារ​ឲ្យ​គេ​បង់​ការ​ប្រាក់​ឡើយ។ ២១ (២០) អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បង‌ប្អូន​រួម​ជាតិ​របស់​អ្នក​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។
ច្បាប់​អំពី​ការ​លា​បំណន់
២២ (២១) «ប្រសិន​បើ​អ្នក​បន់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក អំពី​រឿង​អ្វី​មួយ ចូរ​ប្រញាប់​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បន់​នោះ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ទារ​បំណន់​អ្នក ហើយ​អ្នក​នឹង​មាន​បាប។ ២៣ (២២) ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។ ២៤ (២៣) ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។
ច្បាប់​អំពី​ការ​បេះ​ផ្លែ​ឈើ
២៥ (២៤) «ប្រសិន​បើ​អ្នក​ដើរ​កាត់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​ឡើយ។ ២៦ (២៥) ពេល​ណា​អ្នក​ដើរ​កាត់​ស្រែ​របស់​អ្នក​ដទៃ អ្នក​អាច​យក​ដៃ​បូត​កួរ​ស្រូវ​បាន តែ​អ្នក​មិន​អាច​យក​កណ្ដៀវ​មក​ច្រូត​ស្រូវ​របស់​គេ​ឡើយ»។
២៤
ច្បាប់​អំពី​ការ​លែង‌លះ​គ្នា
 «ពេល​ណា​បុរស​ម្នាក់​រៀប‌ការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែង‌លះ ហើយ​ប្រគល់​លិខិត​នោះ​ឲ្យ​នាង រួច​លែង​ឲ្យ​នាង​ទៅ​ចុះ។  ក្រោយ​ចាក​ចេញ​ពី​ប្ដី​ដើម​ទៅ នាង​រៀប‌ការ​ជា​មួយ​បុរស​ម្នាក់​ទៀត។  ឧបមា​ថា​ប្ដី​ទី​ពីរ​នេះ​ឈប់​ស្រឡាញ់​នាង គេ​ធ្វើ​លិខិត​លែង‌លះ​ប្រគល់​ឲ្យ​នាង ហើយ​ឲ្យ​នាង​ចាក​ចេញ​ពី​ផ្ទះ ឬ​មួយ​ក៏​ប្ដី​ទី​ពីរ​នេះ​ស្លាប់  ប្ដី​ដើម​ដែល​បាន​លែង​នាង មិន​អាច​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វិញ​ឡើយ។ គេ​ត្រូវ​ចាត់​ទុក​នាង​ថា​ជា​ស្រី​សៅ‌ហ្មង។ បើ​ប្ដី​ដើម​យក​នាង​វិញ​នោះ គឺ​ជា​អំពើ​មួយ​ដែល​ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម។ មិន​ត្រូវ​ធ្វើ​ឲ្យ​អំពើ​បាប​បែប​នេះ កើត​មាន​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក​ឡើយ»។
ច្បាប់​ផ្សេងៗ
 «មិន​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ទើប​នឹង​រៀប‌ការ ទៅ​ធ្វើ​ទាហាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​កែន​គេ​ឲ្យ​ទៅ​ធ្វើ​ការ​អ្វី​ដែរ។ ក្នុង‌រយៈ​ពេល​មួយ​ឆ្នាំ គេ​ត្រូវ​តែ​នៅ​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ភរិយា​បាន​សប្បាយ។
 មិន​ត្រូវ​ទទួល​យក​ត្បាល់​កិន​ជា​របស់​បញ្ចាំ​ឡើយ គឺ​សូម្បី​តែ​ថ្ម​ផ្នែក​ខាង​លើ​របស់​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​ធ្វើ​ដូច្នេះ ដូច​ជា​បង្អត់​អាហារ​ម្ចាស់​ត្បាល់។
 ប្រសិន​បើ​ជន​ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ចាប់​ជន​រួម​ជាតិ​របស់​ខ្លួន​យក​ទៅ​ធ្វើ​ជា​ទាសករ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។
 ចូរ​ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ពួក​បូជា‌ចារ្យ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​បូជា‌ចារ្យ​ទាំង​នោះ។  ចូរ​នឹក​ចាំ​ពី​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ចំពោះ​បង​ស្រី​មៀរីយ៉ាម នៅ​តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។
១០ ប្រសិន​បើ​អ្នក​ឲ្យ​អ្វី​មួយ​ទៅ​បង‌ប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។ ១១ អ្នក​ត្រូវ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ចាំ​បង‌ប្អូន​នោះ​យក​វត្ថុ​បញ្ចាំ​ចេញ​មក​ឲ្យ។ ១២ ប្រសិន​បើ​កូន​បំណុល​នោះ​ជា​ជន​ក្រីក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ ១៣ តែ​ត្រូវ​ប្រគល់​អាវ​ធំ​ដែល​គេ​យក​មក​បញ្ចាំ​នោះ​ទៅ​ឲ្យ​គេ​វិញ មុន​ពេល​ថ្ងៃ​លិច ដើម្បី​ឲ្យ​គេ​មាន​អាវ​ដណ្តប់​នៅ​ពេល​យប់ ព្រម​ទាំង​ឲ្យ​ពរ​អ្នក​ទៀត​ផង។ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​អំពើ​មួយ​ដ៏​សុចរិត ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។
១៤ មិន​ត្រូវ​ជិះ‌ជាន់​កម្មករ​ក្រីក្រ ហើយ​កំសត់​ទុរគត​ឡើយ ទោះ​បី​អ្នក​នោះ​ជា​ជន​រួម​ជាតិ​របស់​អ្នក ឬ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ក្តី។ ១៥ ត្រូវ​បើក​ប្រាក់​ប្រចាំ​ថ្ងៃ​ឲ្យ​គេ​មុន​ពេល​ថ្ងៃ​លិច ដ្បិត​គ្នា​ជា​ជន​ក្រីក្រ ហើយ​ត្រូវ​ការ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ជា​ចាំ‌បាច់។ ប្រសិន​បើ​គេ​មិន​បាន​ទទួល​ប្រាក់​ទេ ពេល​គេ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ប្រឆាំង​នឹង​អ្នក នោះ​អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​បាប​មិន​ខាន។
១៦ មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត។
១៧ មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​បរទេស ឬ​ក្មេង​កំព្រា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​សម្លៀក‌បំពាក់​របស់​ស្ត្រី‌មេម៉ាយ​ទុក​ជា​វត្ថុ​បញ្ចាំ​ដែរ។
១៨ ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ‌បញ្ជា​ទាំង​នេះ ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។
១៩ ពេល​ណា​អ្នក​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក ហើយ​អ្នក​ភ្លេច​ស្រូវ​មួយ​កណ្ដាប់​នៅ​ក្នុង​ស្រែ នោះ​កុំ​វិល​ត្រឡប់​ទៅ​យក​វិញ​ឡើយ គឺ​ត្រូវ​ទុក​ស្រូវ​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា ឬ​ស្ត្រី‌មេម៉ាយ​រើស ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។ ២០ ពេល​ណា​អ្នក​បេះ​ផ្លែ​អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ។ ២១ ពេល​ណា​អ្នក​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ។ ២២ ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ‌បញ្ជា​ទាំង​នេះ​ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។
២៥
 ពេល​ណា​មនុស្ស​ពីរ​នាក់​មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​ឲ្យ​តុលា‌ការ​កាត់​ក្តី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្តី ម្នាក់​ទៀត​មាន​ទោស។  ប្រសិន​បើ​អ្នក​មាន​ទោស​នោះ​ត្រូវ​ទទួល​រំពាត់ ចៅ‌ក្រម​ត្រូវ​ឲ្យ​គាត់​ដេក​លើ​ដី​នៅ​ចំពោះ​មុខ​លោក។ គេ​ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​សម​នឹង​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត។  ប៉ុន្តែ មិន​ត្រូវ​វាយ​គាត់​លើស​ពី​សែ‌សិប​រំពាត់​ឡើយ បើ​វាយ​លើស​ពី​នោះ ក្រែង​លោ​បង‌ប្អូន​រួម​ជាតិ​របស់​អ្នក​ត្រូវ​បាត់​បង់​កិត្តិយស នៅ​ចំពោះ​មុខ​អ្នក។
 កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។
ស្ត្រី‌មេម៉ាយ​ដែល​គ្មាន​កូន
 «ពេល​បង‌ប្អូន​ប្រុសៗ​រស់​នៅ​ជា​មួយ​គ្នា ប្រសិន​បើ​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ប្រុស​ទេ ប្រពន្ធ​របស់​អ្នក​ស្លាប់​នោះ​ពុំ​អាច​រៀប‌ការ​ជា​មួយ​អ្នក​ដទៃ​ឡើយ។ ប្អូន​ថ្លៃ​របស់​នាង​ត្រូវ​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ភារ‌កិច្ច​របស់​ខ្លួន​ជា​ប្អូន​ថ្លៃ។  កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​មាន​ឈ្មោះ​ជា​កូន​របស់​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​គេ​បាត់​ឈ្មោះ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។
 ប្រសិន​បើ​ប្អូន​ប្រុស​នោះ​មិន​សុខ​ចិត្ត​រៀប‌ការ​ជា​មួយ​បង​ថ្លៃ​របស់​ខ្លួន​ទេ នាង​ត្រូវ​ទៅ​ជួប​ពួក​ព្រឹទ្ធាចារ្យ​នៅ​មាត់​ទ្វារ​ក្រុង ជម្រាប​ថា “ប្អូន​ថ្លៃ​របស់​នាង​ខ្ញុំ​មិន​ព្រម​រក្សា​ឈ្មោះ​បង​ប្រុស​របស់​ខ្លួន ឲ្យ​គង់‌វង្ស នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​គាត់​មិន​ចង់​រៀប‌ការ​ជា​មួយ​នាង​ខ្ញុំ តាម​ភារ‌កិច្ច​របស់​គាត់​ជា​ប្អូន​ថ្លៃ​ឡើយ”។  ពួក​ព្រឹទ្ធាចារ្យ​របស់​ទី‌ក្រុង​ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ។ ប្រសិន​បើ​គាត់​នៅ​តែ​បដិសេធ​មិន​ព្រម​រៀប‌ការ​ជា​មួយ​នាង​ទេ​នោះ  បង​ថ្លៃ​ត្រូវ​ចូល​ទៅ​ជិត​គាត់ នៅ​ចំពោះ​មុខ​ពួក​ព្រឹទ្ធាចារ្យ នាង​ត្រូវ​ហូត​ស្បែក​ជើង​ចេញ​ពី​ជើង​របស់​គាត់ ព្រម​ទាំង​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គាត់ រួច​ប្រកាស​ថា “មនុស្ស​ដែល​ពុំ​ព្រម​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន ត្រូវ​តែ​បាក់​មុខ​ដូច្នេះ​ឯង!”។ ១០ ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល គេ​នឹង​ដាក់​ឈ្មោះ​ក្រុម​គ្រួសារ​អ្នក​នោះ​ថា “ពូជ​អត់​ស្បែក​ជើង”»។
ការ​ហាម​ឃាត់​នៅ​ពេល​ឈ្លោះ​ប្រកែក​គ្នា
១១ «នៅ​ពេល​បុរស​ពីរ​នាក់​កំពុង​បោក‌ចំបាប់​គ្នា ប្រសិន​បើ​ប្រពន្ធ​របស់​បុរស​ម្នាក់​ចូល​ទៅ​ជួយ​ប្ដី​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គូ‌វិវាទ ដោយ​ចាប់​ទាញ​កេរ្ដិ៍‌ខ្មាស​របស់​បុរស​ម្នាក់​ទៀត ១២ ចូរ​កាត់​ដៃ​ស្ត្រី​នោះ​ចោល គឺ​មិន​ត្រូវ​អាណិត​មេត្តា​នាង​ឡើយ»។
ជញ្ជីង និង​រង្វាល់​ត្រឹម​ត្រូវ
១៣ «ក្នុង​ថង់​របស់​អ្នក​មិន​ត្រូវ​មាន​កូន​ទម្ងន់​ពីរ​ខុស​គ្នា គឺ​មួយ​ធ្ងន់ មួយ​ស្រាល​ឡើយ។ ១៤ ក្នុង​ផ្ទះ​របស់​អ្នក​ក៏​មិន​មាន​រង្វាល់​ពីរ​ខុស​គ្នា គឺ​មួយ​ធំ មួយ​តូច​ដែរ។ ១៥ អ្នក​ត្រូវ​តែ​មាន​កូន​ទម្ងន់ និង​រង្វាល់​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ។ ១៦ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​ខ្ពើម​ជន​ដែល​ប្រព្រឹត្ត​អំពើ​គៃ‌បន្លំ​របៀប​នេះ​ណាស់»។
ជន​ជាតិ​អាម៉ា‌ឡេក​ជា​សត្រូវ​សួរ​ពូជ
១៧ «ចូរ​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន​ជាតិ​អាម៉ា‌ឡេក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក នៅ​តាម​ផ្លូវ ក្រោយ​ពេល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ១៨ ពួក​គេ​បាន​សំងំ​ចាំ​អ្នក​នៅ​តាម​ផ្លូវ ហើយ​ពេល​អ្នក​អស់​កម្លាំង​នោះ ពួក​គេ​បាន​វាយ​អស់​អ្នក​ដែល​ដើរ​យឺត​ជាង​គេ​នៅ​តាម​ក្រោយ។ ពួក​គេ​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ ១៩ កាល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​អ្នក ហើយ​ប្រោស​ឲ្យ​អ្នក​បាន​សម្រាក​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​កាន់​កាប់​ជា​កេរ‌មត៌ក ចូរ​ប្រហារ​ជន​ជាតិ​អាម៉ា‌ឡេក​ឲ្យ​វិនាស​សូន្យ កុំ​ឲ្យ​នរណា​ម្នាក់​នៅ​លើ​ផែន‌ដី​នឹក​ឃើញ​ពួក​គេ​ឡើយ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ!»។
២៦
តង្វាយ​ផល​ដំបូង
 «ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ  ចូរ​យក​ផល​ដំបូង​នៃ​ភោគ‌ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស‌រើស​ទុក​ជា​ព្រះ‌ដំណាក់​សម្រាប់​សម្ដែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។  អ្នក​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​នៅ​គ្រា​នោះ ជម្រាប​លោក​ដូច​ត​ទៅ: “ថ្ងៃ​នេះ ខ្ញុំ​បាទ​សូម​ប្រកាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ថា ខ្ញុំ​បាទ​បាន​ចូល​មក​ដល់​ទឹក​ដី ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​បុព្វ‌បុរស*​របស់​យើង​ថា ប្រគល់​ឲ្យ​យើង​ខ្ញុំ​នេះ​ហើយ”។  បូជា‌ចារ្យ​នឹង​ទទួល​ល្អី​ពី​ដៃ​របស់​អ្នក យក​ទៅ​តម្កល់​នៅ​មុខ​អាសនៈ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។  ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វ‌បុរស​របស់​ខ្ញុំ​បាទ​ជា​ពនេ‌ចរ ជាតិ​អារ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។  ជន​ជាតិ​អេស៊ីប​បាន​ធ្វើ​បាប និង​សង្កត់‌សង្កិន​យើង​ខ្ញុំ ពួក​គេ​ប្រើ​យើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជា​ទាសករ។  យើង​ខ្ញុំ​ក៏​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ ព្រះ‌អង្គ​ទត​ឃើញ​គេ​សង្កត់‌សង្កិន​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។  ព្រះ‌អម្ចាស់​បាន​នាំ​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ ព្រះ‌អង្គ​សម្ដែង​មហិទ្ធិ‌ឫទ្ធិ​គួរ​ស្ញែង​ខ្លាច ព្រម​ទាំង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។  ព្រះ‌អង្គ​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ​ឲ្យ​យើង​ខ្ញុំ។ ១០ ហេតុ​នេះ ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​សូម​នាំ​យក​ផល​ដំបូង​ពី​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ”។ ត្រូវ​តម្កល់​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ១១ បន្ទាប់​មក ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​ពួក​លេវី និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ភោគ‌ផល​ទាំង​ប៉ុន្មាន​មក​ឲ្យ​អ្នក និង​គ្រួសារ​របស់​អ្នក»។
តង្វាយ​មួយ​ភាគ​ដប់
១២ «នៅ​ឆ្នាំ​ទី​បី​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគ‌ផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​តង្វាយ​នោះ​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី‌មេម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។ ១៣ ពេល​នោះ អ្នក​ត្រូវ​ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ថា: “អ្វីៗ​ដែល​ទូល‌បង្គំ​ញែក​ថ្វាយ​ព្រះ‌អង្គ ទូល‌បង្គំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ទូល‌បង្គំ ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ ស្រប​តាម​បទ‌បញ្ជា​ទាំង​អស់ ដែល​ព្រះ‌អង្គ​បង្គាប់​មក​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ‌បញ្ជា​ណា​មួយ​របស់​ព្រះ‌អង្គ​ឡើយ។ ១៤ នៅ​ពេល​ទូល‌បង្គំ​កាន់​ទុក្ខ ទូល‌បង្គំ​ពុំ​បាន​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់​នេះ​ទេ។ ទូល‌បង្គំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សម្រាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​ឲ្យ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូល‌បង្គំ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូល‌បង្គំ។ ១៥ បពិត្រ​ព្រះ‌អម្ចាស់ សូម​ទត​ពី​ស្ថាន​បរម‌សុខ ជា​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ​នេះ”»។
អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់
១៦ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ប្រតិបត្តិ​តាម​វិន័យ និង​ច្បាប់​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត។ ១៧ ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ គោរព​វិន័យ បទ‌បញ្ជា និង​ច្បាប់​ទាំង‌ឡាយ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ទៀត​ផង។ ១៨ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។ ១៩ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ មាន​កិត្តិយស​រុង‌រឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ សម្រាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក»។
២៧

ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ពិធី​រំឭក​អំពី​សម្ពន្ធ‌មេត្រី

ថ្ម​នៅ​ភ្នំ​អេបាល
 លោក​ម៉ូសេ និង​ក្រុម​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​ប្រជាជន​ដូច​ត​ទៅ៖ «ចូរ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។  នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ចូរ​បញ្ឈរ​ថ្ម​ធំៗ ហើយ​លាប​កំបោរ​ពណ៌​ស។  ចូរ​ចារឹក​វិន័យ*​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​លើ​ថ្ម​ទាំង​នោះ នៅ​ពេល​អ្នក​ឆ្លង​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។  ពេល​ណា​អ្នក​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ចូរ​បញ្ឈរ​ថ្ម​ដែល​ខ្ញុំ​បង្គាប់​ឲ្យ​បញ្ឈរ​នោះ នៅ​លើ​ភ្នំ​អេបាល ហើយ​លាប​កំបោរ​ពណ៌​ស​ផង។  បន្ទាប់​មក ចូរ​យក​ថ្ម​ដែល​មិន​ទាន់​មាន​នរណា​យក​ពន្លាក​ដាប់​នៅ​ឡើយ មក​សង់​អាសនៈ*​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក  គឺ​ត្រូវ​យក​ថ្ម​ដែល​មិន​ទាន់​ដាប់ សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក រួច​យក​តង្វាយ​ដុត*​ទាំង​មូល​មក​ថ្វាយ​ព្រះ‌អង្គ នៅ​លើ​អាសនៈ​នោះ។  ចូរ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព ហើយ​ជប់‌លៀង​យ៉ាង​សប្បាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។  ចូរ​ចារឹក​វិន័យ​ទាំង​នេះ​នៅ​លើ​ថ្ម​ឲ្យ​ច្បាស់ៗ»។
 បន្ទាប់​មក លោក​ម៉ូសេ និង​បូជា‌ចារ្យ*​លេវី ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ៖ «អ៊ីស្រា‌អែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្ដាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ១០ ដូច្នេះ ចូរ​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ»។
១១ ថ្ងៃ​ដដែល​នោះ លោក​ម៉ូសេ​បង្គាប់​ប្រជាជន​ដូច​ត​ទៅ៖ ១២ «កាល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ហើយ កុល‌សម្ព័ន្ធ​ស៊ីម៉ូន លេវី យូដា អ៊ីសាកា យ៉ូសែប និង​បេនយ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការី‌ស៊ីម ដើម្បី​ប្រកាស​អំពី​ព្រះ‌ពរ​ប្រាប់​ប្រជាជន។ ១៣ រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អស៊ែរ សាប៊ូ‌ឡូន ដាន់ និង​ណែបថា‌លី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្ដាសា»។
បណ្ដាសា​ទាំង​ដប់‌ពីរ
១៤ «ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:
១៥ “អ្នក​ណា​ឆ្លាក់​រូប​បដិមា ឬ​សិត​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយ‌បង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
១៦ “អ្នក​ណា​ប្រមាថ​មើល‌ងាយ​មាតា‌បិតា អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
១៧ “អ្នក​ណា​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី‌ធ្លី​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
១៨ “អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​ខុស​ផ្លូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
១៩ “អ្នក​ណា​រំលោភ​លើ​សិទ្ធិ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី‌មេម៉ាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
២០ “អ្នក​ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន! ព្រោះ​គេ​បង្អាប់​កិត្តិយស​របស់​ឪពុក​ខ្លួន”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
២១ “អ្នក​ណា​រួម​ដំណេក​ជា​មួយ​សត្វ​ធាតុ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
២២ “អ្នក​ណា​រួម​ដំណេក​ជា​មួយ​បង‌ប្អូន​ស្រី​របស់​ខ្លួន ទោះ​បី​ជា​បង‌ប្អូន​ឪពុក​មួយ ឬ​ម្ដាយ​មួយ​ក្តី អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
២៣ “អ្នក​ណា​រួម​ដំណេក​ជា​មួយ​ម្ដាយ​ក្មេក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
២៤ “អ្នក​ណា​លួច​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
២៥ “អ្នក​ណា​ទទួល​សំណូក ដើម្បី​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។
២៦ “អ្នក​ណា​មិន​គោរព​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​វិន័យ​នេះ ហើយ​មិន​ប្រតិបត្តិ​តាម​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”»។
២៨
ព្រះ‌ពរ
 «ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដូច​ខ្ញុំ​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ប្រសើរ​ជាង​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែន‌ដី។  ប្រសិន​បើ​អ្នក​ស្ដាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​អ្នក  គឺ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អ្នក នៅ​តាម​ទី‌ក្រុង ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អ្នក​នៅ​តាម​ស្រែ​ចម្ការ។  ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​កើន​ភោគ‌ផល​បរិបូណ៌ ហើយ​ហ្វូង​សត្វ​របស់​អ្នក គឺ​គោ និង​ចៀម​ក៏​នឹង​កើន​ចំនួន​ឡើង​ជា​ច្រើន​ដែរ។  ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​ផ្លែ​ឈើ​ពេញ​ល្អី ព្រម​ទាំង​មាន​ស្រូវ​ពេញ​ជង្រុក។
 ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។
 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​បាក់​ទ័ព រត់​នៅ​ពី​មុខ​អ្នក។ ពួក​គេ​ចេញ​មក​វាយ​អ្នក ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​ពួក​គេ​នឹង​រត់​នៅ​មុខ​អ្នក ទៅ​តាម​ផ្លូវ​ប្រាំ​ពីរ។
 ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ ព្រះ‌អង្គ​ប្រទាន​ពរ​ជា‌និច្ច។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក។  ពេល​ណា​អ្នក​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ នោះ​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ* ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក។ ១០ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​ឃើញ​ថា ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​អ្នក​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​អ្នក។ ១១ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ដោយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក និង​ហ្វូង​សត្វ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ទទួល​ភោគ‌ផល​ជា​ច្រើន នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​បុព្វ‌បុរស* ថា​ប្រទាន​ឲ្យ​អ្នក​ដែរ។ ១២ ព្រះ‌អម្ចាស់​នឹង​បើក​ផ្ទៃ​មេឃ បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក តាម​រដូវ​កាល ដើម្បី​ប្រទាន​ពរ​ដល់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ។ អ្នក​នឹង​ឲ្យ​ទ្រព្យ​ដល់​ប្រជា‌ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​មិន​ខ្ចី​ពី​គេ​ឡើយ។ ១៣ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​ជាង​គេ គឺ​មិន​មែន​អន់​ជាង​គេ​ទេ អ្នក​នឹង​ទទួល​កិត្តិយស​ខ្ពង់‌ខ្ពស់​ជា‌និច្ច គឺ​មិន​ចុះ​ឱន​ថយ​ឡើយ។ ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។ ១៤ មិន​ត្រូវ​ងាក​ទៅ​ឆ្វេង ទៅ​ស្តាំ ឆ្ងាយ​ពី​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»
បណ្ដាសា
១៥ «ប្រសិន​បើ​អ្នក​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្ដាសា​ដូច​ត​ទៅ:
១៦ អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ទី‌ក្រុង ហើយ​អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ស្រុក​ស្រែ។ ១៧ អ្នក​នឹង​ត្រូវ​បណ្ដាសា ដោយ​គ្មាន​ផ្លែ​ឈើ​នៅ​ក្នុង​ល្អី គ្មាន​ស្រូវ​នៅ​ក្នុង​ជង្រុក។ ១៨ អ្នក​នឹង​ត្រូវ​បណ្ដាសា​ដោយ​គ្មាន​កូន​ចៅ ដី​របស់​អ្នក​មិន​បង្កើត​ភោគ‌ផល ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ក៏​មិន​កើន​ចំនួន​ដែរ។ ១៩ អ្នក​នឹង​ទទួល​បណ្ដាសា​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។
២០ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​ប្រទះ​ទុក្ខ​វេទនា ភាព​អាសន្ន និង​ភយន្ដ‌រាយ ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ​នឹង​ត្រូវ​ខូច​បង់ រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​បោះ​បង់​ចោល​ព្រះ‌អង្គ។
២១ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អាសន្ន‌រោគ​កើត​មាន​ចំពោះ​អ្នក រហូត​ដល់​អ្នក​វិនាស​សូន្យ​បាត់​ពី​ទឹក​ដី​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។ ២២ ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ដោយ​ជំងឺ​រាត‌ត្បាត ជំងឺ​គ្រុន​ក្ដៅ គ្រុន​រលាក គ្រុន​សន្ធំ ព្រម​ទាំង​មាន​កើត​ការ​រាំង​ស្ងួត ស្រូវ​របស់​អ្នក​នឹង​ស្កក ហើយ​មាន​ក្រា​ស៊ី។ ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ ២៣ មេឃ​ដែល​នៅ​ពី​លើ​អ្នក​នឹង​ក្ដៅ​ដូច​ជា​លង្ហិន ហើយ​ដី​ដែល​នៅ​ពី​ក្រោម​អ្នក​នឹង​រឹង​ដូច​ដែក។ ២៤ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ធូលី​ដី ព្រម​ទាំង​ផេះ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ស្រុក​របស់​អ្នក​ជំនួស​ភ្លៀង រហូត​ទាល់​តែ​អ្នក​វិនាស។
២៥ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ​ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ‌ខ្លាច។ ២៦ សាក‌សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។
២៧ ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ដោយ​គ្រោះ​កាច ដូច​ព្រះ‌អង្គ​ធ្លាប់​ប្រហារ​ជន​ជាតិ​អេស៊ីប​ដែរ។ ព្រះ‌អង្គ​នឹង​ប្រហារ​អ្នក​ដោយ​រោគ​ឫស‌ដូង‌បាត កើត​បូស កើត​រមាស់ ដែល​ពុំ​អាច​មើល​ជា​ឡើយ។ ២៨ ព្រះ‌អម្ចាស់​ប្រហារ​អ្នក​ឲ្យ​វង្វេង​ស្មារតី វិកល‌ចរិត និង​មើល​អ្វី​លែង​ឃើញ។ ២៩ អ្នក​នឹង​ដើរ​រាវ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ដើរ​ស្ទាបៗ ក្នុង​ភាព​អន្ធការ។ អ្នក​ពុំ​អាច​សម្រេច​តាម​គម្រោង‌ការ​ដែល​អ្នក​រៀប‌ចំ​ឡើយ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់ រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ទេ។
៣០ ពេល​អ្នក​មាន​គូ​ដណ្ដឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំង‌បាយ‌ជូរ អ្នក​នឹង​មិន​បាន​បរិភោគ‌ផល​ឡើយ។ ៣១ គេ​នឹង​សម្លាប់​គោ​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​សាច់​បរិភោគ​ឡើយ។ គេ​រឹប​អូស​យក​លា​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក ហើយ​វា​នឹង​មិន​វិល​មក​វិញ​ទេ។ គេ​នឹង​ប្រគល់​ហ្វូង​ចៀម​របស់​អ្នក​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ឡើយ។ ៣២ គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់‌ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។ ៣៣ ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង‌ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ ៣៤ ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក មុខ​ជា​ធ្វើ​ឲ្យ​អ្នក​វង្វេង​ស្មារតី។
៣៥ ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ឲ្យ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ព្រះ‌អង្គ​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។ ៣៦ ព្រះ‌អម្ចាស់​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្តេច​ដែល​អ្នក​នឹង​ជ្រើស‌រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​អ្នក និង​ដូន‌តា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។
៣៧ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។
៣៨ អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន​ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្ដូប​ស៊ី។ ៣៩ អ្នក​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​មើល​ថែ​ទាំ តែ​អ្នក​នឹង​ពុំ​បាន​បេះ​ផ្លែ ឬ​បរិភោគ​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ ដ្បិត​មាន​ដង្កូវ​ស៊ី​ទំពាំង‌បាយ‌ជូរ​នោះ​អស់។ ៤០ អ្នក​ដាំ​អូលីវ​ពាស‌ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​គាប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។ ៤១ អ្នក​មាន​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ឡើយ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ។ ៤២ ដើម​ឈើ និង​ដំណាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​មុខ​ជា​ត្រូវ​ចង្រិត​ស៊ី​បង្ហិន។
៤៣ ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​អ្នក ហើយ​អ្នក​ចុះ​ឱន​ថយ​កាន់​តែ​ខ្សោយ​ទៅៗ។ ៤៤ គេ​នឹង​ឲ្យ​ទ្រព្យ​អ្នក​ខ្ចី គឺ​មិន​មែន​អ្នក​ទេ​ដែល​ឲ្យ​គេ​ខ្ចី។ គេ​នឹង​ថ្កុំ‌ថ្កើង​បំផុត រីឯ​អ្នក​វិញ អ្នក​អន់​ជាង​គេ​បំផុត។
៤៥ បណ្ដាសា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក ហើយ​ស្ថិត​នៅ​ជាប់​ជា​មួយ​អ្នក​ជា‌និច្ច រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក អ្នក​ពុំ​បាន​កាន់​តាម​បទ‌បញ្ជា និង​វិន័យ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​អ្នក​ឡើយ។ ៤៦ បណ្ដាសា​ទាំង​នេះ​ជា​ទី​សម្គាល់ និង​ជា​ឫទ្ធិ‌បាដិ‌ហារិយ៍ សម្រាប់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក​រហូត​ត​ទៅ។
៤៧ នៅ​ពេល​សម្បូណ៌‌សប្បាយ ប្រសិន​បើ​អ្នក​ពុំ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​អំណរ និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ៤៨ នោះ​អ្នក​នឹង​បម្រើ​ខ្មាំង​សត្រូវ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ប្រហារ​អ្នក។ អ្នក​នឹង​ស្រេក​ឃ្លាន ខ្លួន​ទទេ ហើយ​ខ្វះ​ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​ដាក់​នឹម​ដែក​លើ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។ ៤៩ ព្រះ‌អម្ចាស់​នឹង​នាំ​ប្រជា‌ជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែន‌ដី មក​ប្រហារ​អ្នក។ ប្រជា‌ជាតិ​នោះ​នឹង​មក​ដល់​ដូច​សត្វ​ត្មាត​បោះ‌ពួយ អ្នក​ស្ដាប់​ភាសា​របស់​ប្រជា‌ជាតិ​នោះ​មិន​បាន​ទេ។ ៥០ ពួក​គេ​មាន​ទឹក​មុខ​សាហាវ ពួក​គេ​មិន​គោរព​ចាស់​ទុំ ហើយ​ក៏​គ្មាន​ចិត្ត​មេត្តា​ចំពោះ​កូន​ក្មេង​ដែរ។ ៥១ ពួក​គេ​នឹង​បរិភោគ​សត្វ ព្រម​ទាំង​ភោគ‌ផល​ដែល​កើត​ពី​ដី​របស់​អ្នក រហូត​ទាល់​តែ​អ្នក​ហិន‌ហោច​អស់។ ពួក​គេ​មិន​ទុក​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ប្រេង កូន​គោ កូន​ចៀម ឲ្យ​នៅ​សល់ សម្រាប់​អ្នក​ឡើយ រួច​ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​វិនាស​សូន្យ។ ៥២ ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​ទី‌ក្រុង​ទាំង‌ឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ ៥៣ ក្នុង​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ អ្នក​នឹង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង រហូត​ដល់​ស៊ី​សាច់​កូន​របស់​ខ្លួន គឺ​កូន​ប្រុស​កូន​ស្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ ៥៤ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូត‌បូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់‌សម្លឹង​បង‌ប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់ ៥៥ ដោយ​ខ្លាច​គេ​ដណ្ដើម​សាច់​កូន​ដែល​ខ្លួន​ទុក​បរិភោគ ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទី‌ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​ជា​ខ្លាំង គ្មាន​អ្វី​បរិភោគ​ទេ។ ៥៦ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ស្ត្រី​ដែល​ធ្លាប់​តែ​ស្លូត‌បូត ហើយ​មាន​ចិត្ត​មេត្តា សូម្បី​តែ​ដី​ក៏​មិន​ហ៊ាន​យក​ជើង​ជាន់​ផង​នោះ បែរ​ជា​សម្លក់‌សម្លឹង​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ៥៧ ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទី‌ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​ដោយ​ខ្វះ​ខាត​ពេក នាង​មាន​បំណង​យក​ទារក​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន ទៅ​ធ្វើ​ម្ហូប​បរិភោគ​ស្ងាត់ៗ​តែ​ម្នាក់​ឯង។
៥៨ ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វិន័យ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​ព្រះ‌នាម​ដ៏​រុង‌រឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ ៥៩ ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ដោយ​សម្ដែង​ការ​អស្ចារ្យ ធ្វើ​ឲ្យ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ ដែល​ពុំ​អាច​មើល​ជា។ ៦០ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន​ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ញ‌ញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។ ៦១ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជំងឺ និង​គ្រោះ​កាច​គ្រប់​យ៉ាង ដែល​គ្មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​នេះ កើត​មាន​ចំពោះ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។ ៦២ អ្នក​រាល់​គ្នា​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ នឹង​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​តូច ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ៦៣ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​នឹង​កម្ទេច​អ្នក​រាល់​គ្នា ហើយ​ប្រហារ​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់។
៦៤ ព្រះ‌អម្ចាស់​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូន‌តា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។ ៦៥ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ អ្នក​នឹង​មិន​បាន​សុខ‌សាន្ត ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​អ្នក​សម្រាក​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ពុំ​បាន​ស្ងប់ ឲ្យ​ភ្នែក​របស់​អ្នក​ស្រវាំង ហើយ​ឲ្យ​ចិត្ត​គំនិត​របស់​អ្នក​ឈឺ​ចាប់។ ៦៦ ជីវិត​របស់​អ្នក​ប្រៀប​បាន​នឹង​អំបោះ​មួយ​សរសៃ អ្នក​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ជីវិត​គ្មាន​ន័យ​អ្វី​សម្រាប់​អ្នក​ទៀត​ឡើយ។ ៦៧ ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក បណ្តាល​ឲ្យ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!”។ ៦៨ ព្រះ‌អម្ចាស់​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសា‌ទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។

សុន្ទរ‌កថា​ចុង​ក្រោយ​របស់​លោក​ម៉ូសេ

សម្ពន្ធ‌មេត្រី​នៅ​ស្រុក​ម៉ូអាប់
៦៩ (២៩.១) ក្រៅ​ពី​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌អម្ចាស់​ចង​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ភ្នំ​ហូរែប ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​លោក​ម៉ូសេ​ចង​សម្ពន្ធ‌មេត្រី​មួយ​ទៀត​ជា​មួយ​ពួក​គេ​នៅ​ស្រុក​ម៉ូអាប់ ដែល​មាន​សេចក្ដី​ដូច​ខាង​ក្រោម​នេះ។
២៩
 (២) លោក​ម៉ូសេ​កោះ​ហៅ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​ធ្វើ​ចំពោះ​ស្តេច​ផារ៉ោន និង​មន្ត្រី ព្រម​ទាំង​ប្រជា‌រាស្ដ្រ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប។  (៣) អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​ធំៗ​របស់​ព្រះ‌អង្គ។  (៤) ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ពុំ​ទាន់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ដែល​អាច​ស្វែង​យល់ មាន​ភ្នែក​ដែល​អាច​មើល​ឃើញ ហើយ​មាន​ត្រចៀក​ដែល​អាច​ស្ដាប់​ឮ​ទេ។  (៥) “យើង​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។ សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា​មិន​ដែល​រេច‌រឹល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។  (៦) អ្នក​រាល់​គ្នា​មិន​បាន​បរិភោគ​នំបុ័ង អ្នក​រាល់​គ្នា​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ទេ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​មែន”។
 (៧) ពេល​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ ស៊ីហុន​ជា​ស្តេច​ក្រុង​ហេស‌បូន និង​អុក​ជា​ស្តេច​ស្រុក​បាសាន បាន​លើក​ទ័ព​ចេញ​មក​វាយ​ប្រហារ​ពួក​យើង តែ​ពួក​យើង​យក​ជ័យ‌ជម្នះ​លើ​ពួក​គេ។  (៨) ពួក​យើង​ដណ្ដើម​យក​បាន​ស្រុក​របស់​ពួក​គេ ហើយ​ប្រគល់​ស្រុក​នេះ​ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​ចំណែក​មត៌ក។  (៩) ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ជោគ‌ជ័យ ក្នុង​គ្រប់​កិច្ច‌ការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។
 (១០) ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ចូល​មក​ជិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មាន​ទាំង​មេ​ដឹក​នាំ មាន​ទាំង​កុល‌សម្ព័ន្ធ ក្រុម​ព្រឹទ្ធាចារ្យ ពួក​មេ‌ទ័ព ប្រុសៗ​ទាំង​អស់ ១០ (១១) រួម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស​រហូត​ដល់​អ្នក​រែក​ទឹក។ ១១ (១២) ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។ ១២ (១៣) ធ្វើ​ដូច្នេះ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​អ្នក និង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក។ ១៣ (១៤) ព្រះ‌អម្ចាស់​មិន​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដែល​បាន​សច្ចា​ថា​អនុវត្ត​តាម​ប៉ុណ្ណោះ​ទេ ១៤ (១៥) គឺ​ព្រះ‌អង្គ​ចង​ជា​មួយ​អស់​អ្នក ដែល​មាន​មុខ​ជា​មួយ​ពួក​យើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ទី​នេះ ក្នុង​ថ្ងៃ​នេះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​ទាន់​កើត​ដែរ។
១៥ (១៦) អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​របៀប​ណា ហើយ​យើង​ឆ្លង​កាត់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​របៀប​ណា។
១៦ (១៧) អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​បដិមា​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ឬ​ពី​ប្រាក់ និង​មាស​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។
១៧ (១៨) ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ប្រុស​ក្តី ស្ត្រី​ក្តី ឬ​អំបូរ​ណា​មួយ ឬ​កុល‌សម្ព័ន្ធ​ណា​មួយ​ក្តី បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ថ្ងៃ​នេះ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​នានា​របស់​ប្រជា‌ជាតិ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា​ឫស​គល់​ដែល​បង្ក​ជាតិ​ពុល​ល្វីង​ជូរ​ចត់​ឡើយ។ ១៨ (១៩) ក្រោយ​ពី​បាន​ឮ​ពាក្យ​សច្ចា​ដ៏​ឱឡា‌រិក​នេះ​ហើយ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អំនួត​ពោល​ថា “ទោះ​បី​ខ្ញុំ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្ញុំ​ក្តី ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​សុខ​ជា‌និច្ច”។ គំនិត​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​អន្តរាយ​ទាំង​អស់​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។ ១៩ (២០) ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​អត់‌ទោស​ឲ្យ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ ព្រះ‌ពិរោធ និង​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះ‌អម្ចាស់ មុខ​ជា​ឆាប‌ឆេះ​គេ បណ្ដាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយ​ព្រះ‌អម្ចាស់​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែន‌ដី​នេះ។ ២០ (២១) ព្រះ‌អម្ចាស់​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​រង​ទុក្ខ​វេទនា ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន​នៃ​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​នេះ។
២១ (២២) កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែល​កើត​នៅ​ជំនាន់​ក្រោយ ព្រម​ទាំង​ជន​បរទេស​មក​ពី​ស្រុក​ឆ្ងាយ មុខ​ជា​ឃើញ​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​ចំពោះ​ស្រុក​នេះ ពួក​គេ​នឹង​ពោល​ថា: ២២ (២៣) “ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆាប‌ឆេះ ហើយ​មាន​តែ​ស្ពាន់‌ធ័រ និង​អំបិល គ្មាន​នរណា​អាច​សាប​ព្រោះ គ្មាន​ដំណាំ​អ្វី​ដុះ សូម្បី​តែ​ស្មៅ​ក៏​គ្មាន​ផង គឺ​ស្រុក​នោះ​ប្រៀប​ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា ក្រុង​អាដ‌ម៉ា និង​ក្រុង​សេ‌បូអ៊ីម ដែល​ព្រះ‌អម្ចាស់​បំផ្លាញ ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា”។ ២៣ (២៤) ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ខ្ញាល់​យ៉ាង​ខ្លាំង​បែប​នេះ?”។ ២៤ (២៥) គេ​នឹង​ឆ្លើយ​វិញ​ថា “មក​ពី​ពួក​គេ​បោះ​បង់​ចោល​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​គេ បាន​ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ព្រះ‌អង្គ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ២៥ (២៦) ពួក​គេ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ ហើយ​ថែម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង គឺ​ព្រះ​ដែល​ពួក​គេ​ពុំ​ស្គាល់ ហើយ​ព្រះ‌អម្ចាស់​ក៏​ពុំ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ថ្វាយ‌បង្គំ​ដែរ។ ២៦ (២៧) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ស្រុក​នេះ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​បណ្ដាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ កើត​មាន​ដល់​ពួក​គេ។ ២៧ (២៨) ព្រះ‌អម្ចាស់​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ដោយ​ព្រះ‌ហឫទ័យ​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​បំផុត ហើយ​ព្រះ‌អង្គ​យក​ពួក​គេ​ទៅ​បោះ​ចោល​នៅ​ស្រុក​មួយ​ផ្សេង​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃ”។
២៨ (២៩) មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ប៉ុណ្ណោះ ដែល​ជ្រាប​នូវ​អ្វីៗ​ដ៏​លាក់​កំបាំង។ ព្រះ‌អង្គ​បើក​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង​គ្រប់​ជំនាន់​ត​រៀង​ទៅ ស្គាល់​អ្វីៗ​ដែល​ព្រះ‌អង្គ​សម្ដែង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​នេះ»។
៣០
ព្រះ‌បន្ទូល​សន្យា​នៅ​ពេល​អ៊ីស្រា‌អែល​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ
«សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ព្រះ‌ពរ ឬ​បណ្ដាសា​ក្តី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ  ហើយ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក នាំ​គ្នា​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ  ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ស្តារ​ស្ថាន‌ភាព​របស់​អ្នក ព្រះ‌អង្គ​នឹង​អាណិត‌អាសូរ​អ្នក ហើយ​ប្រមូល​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នោះ។  ទោះ​បី​គេ​កៀរ​អ្នក​ទៅ​ដល់​ជើង​មេឃ​ក្តី ក៏​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រមូល​អ្នក​នាំ​យក​មក​វិញ​ដែរ។  ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​វិល​ត្រឡប់​មក​ស្រុក ដែល​ជា​កម្ម‌សិទ្ធិ​របស់​ដូន‌តា​អ្នក។ អ្នក​នឹង​កាន់​កាប់​ស្រុក​នេះ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ ហើយ​កើន​ចំនួន​ច្រើន​លើស​ដូន‌តា​របស់​អ្នក​ទៅ​ទៀត។  ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ថ្វាយ​ចិត្ត​គំនិត​ដល់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់‌រាន​មាន​ជីវិត។
 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​បណ្ដាសា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល​ស្អប់ និង​បៀត‌បៀន​អ្នក។  រីឯ​អ្នក​វិញ អ្នក​នឹង​វិល​មក​រក​ព្រះ‌អម្ចាស់ ហើយ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។  ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ហ្វូង​សត្វ​របស់​អ្នក​នឹង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ដី​របស់​អ្នក​ក៏​បង្កើត​ភោគ‌ផល​យ៉ាង​ច្រើន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ឲ្យ​អ្នក​មាន​សុភមង្គល ដូច​ដូន‌តា​របស់​អ្នក។ ១០ ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ដោយ​កាន់​តាម​បទ‌បញ្ជា និង​ដំបូន្មាន​របស់​ព្រះ‌អង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​នេះ ហើយ​ត្រូវ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។
១១ បទ‌បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​របស់​អ្នក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ដែរ។ ១២ បទ‌បញ្ជា​នេះ​មិន​មែន​ស្ថិត​នៅ​លើ​មេឃ បណ្តាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ​យក​បទ‌បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។ ១៣ បទ‌បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្តាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ​យក​បទ‌បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។ ១៤ ផ្ទុយ​ទៅ​វិញ ព្រះ‌បន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់ និង​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ប្រតិបត្តិ​តាម។
១៥ មើល៍​ថ្ងៃ​នេះ ខ្ញុំ​ឲ្យ​អ្នក​ជ្រើស‌រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ អំពើ​ល្អ ឬ​អំពើ​អាក្រក់ ១៦ ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ កាន់​តាម​បទ‌បញ្ជា វិន័យ និង​ច្បាប់​របស់​ព្រះ‌អង្គ។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់‌រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។ ១៧ ប៉ុន្តែ បើ​អ្នក​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ដោយ​បណ្តោយ​ខ្លួន​ទៅ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ព្រះ​ឯ​ទៀតៗ ១៨ នោះ​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ គឺ​អ្នក​ពុំ​អាច​មាន​អាយុ​យឺន‌យូរ​នៅ​ក្នុង​ស្រុក ដែល​អ្នក​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ​ឡើយ។ ១៩ ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​អ្នក​ជ្រើស‌រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ ព្រះ‌ពរ ឬ​បណ្ដាសា។ ចូរ​ជ្រើស‌រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​បាន​រស់‌រាន។ ២០ ចូរ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចូរ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ និង​ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ជីវិត​របស់​អ្នក ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក»។
៣១

ប្រសាសន៍​ចុង​ក្រោយ និង​មរណ‌ភាព​របស់​លោក​ម៉ូសេ

លោក​យ៉ូស៊ូអា​ទទួល​មុខ‌ងារ​ជំនួស​លោក​ម៉ូសេ
 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ទៀត​ថា៖  «ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ‌រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឡើយ។  ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​យាង​នៅ​មុខ​អ្នក ព្រះ‌អង្គ​នឹង​បំផ្លាញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្ដើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស៊ូអា​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល។  ព្រះ‌អម្ចាស់​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​នោះ ដូច​ព្រះ‌អង្គ​បាន​កម្ទេច​ស៊ីហុន និង​អុក​ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​ស្រុក​របស់​គេ។  ព្រះ‌អម្ចាស់​នឹង​ប្រគល់​ប្រជា‌ជាតិ​ទាំង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។  ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់​ផ្ទាល់ ជា​ព្រះ​របស់​អ្នក នឹង​យាង​ទៅ​ជា​មួយ​អ្នក។ ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។
 លោក​ម៉ូសេ​ហៅ​លោក​យ៉ូស៊ូអា​មក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង! ដ្បិត​អ្នក​ត្រូវ​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ចំពោះ​បុព្វ‌បុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ អ្នក​ត្រូវ​នាំ​ប្រជាជន​នេះ​ទៅ​កាន់​កាប់​ទឹក​ដី ជា​ចំណែក​មត៌ក​របស់​ពួក​គេ។  ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​នៅ​មុខ​អ្នក ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​អ្នក ហើយ​ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ហេតុ​នេះ កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ»។
បញ្ជា​ឲ្យ​អាន​គម្ពីរ‌វិន័យ​រៀង​រាល់​ប្រាំ​ពីរ​ឆ្នាំ
 លោក​ម៉ូសេ​បាន​សរសេរ​គម្ពីរ‌វិន័យ​នេះ​ប្រគល់​ជូន​ពួក​បូជា‌ចារ្យ ជា​កូន​ចៅ​លេវី ដែល​មាន​ភារ‌កិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​ប្រគល់​ជូន​លោក​ព្រឹទ្ធាចារ្យ*​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ លោក​ម៉ូសេ​បង្គាប់​ដល់​ពួក​គេ​ដូច​ត​ទៅ៖ «ប្រាំ​ពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល ក្នុង​ឱកាស​បុណ្យ​បារាំ ១១ ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស ចូរ​អាន​គម្ពីរ‌វិន័យ​នេះ​នៅ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ឮ។ ១២ ត្រូវ​ប្រមូល​ប្រជាជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​ឲ្យ​ពួក​គេ​ឮ​គម្ពីរ‌វិន័យ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​នេះ។ ១៣ ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គម្ពីរ‌វិន័យ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។
អ៊ីស្រា‌អែល​នឹង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់
១៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស៊ូអា​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស៊ូអា»។ លោក​ម៉ូសេ និង​លោក​យ៉ូស៊ូអា នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១៥ ពេល​នោះ ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ​ក្នុង​ដុំ​ពពក នៅ​ក្នុង​ពន្លា។ ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា។
១៦ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជាជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង ដោយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។ ១៧ នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​ភាព​អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​ព្រះ​របស់​ខ្ញុំ​លែង​គង់​នៅ​ជា​មួយ​ខ្ញុំ!”។ ១៨ នៅ​ថ្ងៃ​នោះ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទាំង​ស្រុង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បែរ​ទៅ​គោរព​ព្រះ​ឯ​ទៀតៗ។ ១៩ ចូរ​សរសេរ​បទ​ចម្រៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចេះ​ច្រៀង ហើយ​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ ២០ យើង​នឹង​នាំ​ជន​ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​យើង ហើយ​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង។ ២១ នៅ​ពេល​មហន្ត‌រាយ និង​ទុក្ខ​វេទនា​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ បទ​ចម្រៀង​នេះ​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ សូម្បី​តែ​ពូជ‌ពង្ស​របស់​ពួក​គេ​ក៏​ចេះ​ច្រៀង​បទ​នេះ​ដែរ។ មុន​ពេល​យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា​ប្រគល់​ឲ្យ​ពួក​គេ យើង​ដឹង​ជា​មុន​ថា ចិត្ត​របស់​ពួក​គេ​ប្រែ‌ប្រួល»។
២២ នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សរសេរ​បទ​ចម្រៀង​នេះ ហើយ​បង្រៀន​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។
២៣ ព្រះ‌អម្ចាស់​បង្គាប់​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ថា​ប្រគល់​ឲ្យ​ពួក​គេ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។
២៤ ពេល​លោក​ម៉ូសេ​សរសេរ​ព្រះ‌បន្ទូល​ស្តី​អំពី​វិន័យ​នេះ​ទុក​ក្នុង​គម្ពីរ ចប់​សព្វ​គ្រប់​ហើយ ២៥ លោក​បង្គាប់​ពួក​លេវី​ដែល​មាន​ភារ‌កិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ថា៖ ២៦ «ចូរ​យក​គម្ពីរ‌វិន័យ​នេះ​ទៅ​ទុក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ គម្ពីរ​នេះ​ជា​បន្ទាល់​ទាស់​នឹង​អ្នក ២៧ ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​មាន​គំនិត​បះ‌បោរ និង​មាន​ចិត្ត​រឹង‌រូស។ ពេល​ខ្ញុំ​នៅ​រស់ អ្នក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ខ្ញុំ​ស្លាប់ តើ​អ្នក​នឹង​បះ‌បោរ​យ៉ាង​ណា​ទៅ​ទៀត! ២៨ ចូរ​ប្រមូល​ព្រឹទ្ធាចារ្យ*​ទាំង​អស់​នៃ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មេ​ក្រុម​ឲ្យ​មក​ជួប​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ។ ខ្ញុំ​ក៏​យក​មេឃ និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ​ដែរ ២៩ ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ រហូត​ដល់​បណ្តាល​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។
៣០ លោក​ម៉ូសេ​បាន​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចម្រៀង​នេះ ឲ្យ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ស្ដាប់ រហូត​ដល់​ចប់។
៣២
បទ​ចម្រៀង​របស់​លោក​ម៉ូសេ
 «ផ្ទៃ​មេឃ​អើយ
ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី
ដែល​ខ្ញុំ​នឹង​ថ្លែង!
ផែន‌ដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!
 សូម​ឲ្យ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង
សូម​ឲ្យ​ពាក្យ​សម្ដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម
ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខ‌ជាតិ​ខៀវ​ខ្ចី
ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ
 ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង!
 ព្រះ‌អង្គ​ជា​ថ្ម‌ដា
ហើយ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ល្អ​ឥត​ខ្ចោះ។
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ទៀង​ត្រង់។
ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់
ព្រះ‌អង្គ​មិន​អយុត្តិធម៌​ឡើយ
ដ្បិត​ព្រះ‌អង្គ​សុចរិត និង​យុត្តិធម៌។
 ព្រះ‌អង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អង្គ
ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ
អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ‌ធីតា
របស់​ព្រះ‌អង្គ​ទៀត​ទេ
អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ
និង​មាន​ចិត្ត​វៀច​វេរ។
 ប្រជាជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយ
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ
ចំពោះ​ព្រះ‌អង្គ
ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្នក​មក!
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ
ព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ‌មួន​ទៀត​ផង។
 ចូរ​នឹក​ចាំ​ពី​អតីត‌កាល
ចូរ​រិះ‌គិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយ
ចូរ​សុំ​ឲ្យ​ឪពុក‌ម្ដាយ និង​ជីដូន‌ជីតា​របស់​អ្នក
រៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។
 ពេល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ទឹក​ដី
ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ទុក​ជា​កេរ‌មត៌ក
ពេល​ព្រះ‌អង្គ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នា
ព្រះ‌អង្គ​បាន​កំណត់​ព្រំ‌ដែន
ឲ្យ​ជាតិ​សាសន៍​នានា
ដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល។
 ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​អ៊ីស្រា‌អែល
ទុក​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជ្រើស‌រើស​កូន​ចៅ​លោក​យ៉ាកុប
ទុក​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ​ផ្ទាល់។
១០ ព្រះ‌អង្គ​បាន​រក​ឃើញ​អ៊ីស្រា‌អែល
នៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត‌ហែង
ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ
ព្រះ‌អង្គ​បី​បាច់​ថ្នាក់‌ថ្នម និង​អប់រំ​អ៊ីស្រា‌អែល
ព្រះ‌អង្គ​ការ‌ពារ​គេ ដូច​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។
១១ ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែល
ដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុក
ព្រម​ទាំង​ហើរ​ការ‌ពារ​ពី​លើ​កូន​របស់​វា
ហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វា
និង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។
១២ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់
ដែល​ដឹក​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
គឺ​ព្រះ‌អង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។
១៣ ព្រះ‌អង្គ​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ឡើង​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ
ហើយ​ឲ្យ​ពួក​គេ​បរិភោគ
ភោគ‌ផល​ដែល​ដុះ​នៅ​តាម​ចម្ការ
ព្រះ‌អង្គ​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេង
នៅ​តាម​កន្លែង​ដែល​មាន​ថ្ម។
១៤ គោ​ញី និង​ពពែ​ញី​ផ្តល់​ទឹក​ដោះ​ឲ្យ​ពួក​គេ
ពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគ
គឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសាន
ព្រម​ទាំង​ពពែ​ឈ្មោល
ពួក​គេ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗ
ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​ឆ្ងាញ់​ពិសា។
១៥ យេស៊ូ‌រូនបាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង
(ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ‌មួន!)
ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់
ដែល​បាន​បង្កើត​ខ្លួន​មក
គេ​បាន​មាក់‌ងាយ​ព្រះ‌អង្គ​ដែល​ជា​ថ្ម‌ដា
និង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។
១៦ ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ប្រច័ណ្ឌ
ព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃ
ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។
១៧ ពួក​គេ​សែន‌ព្រេន​អារក្ខ​ដែល​មិន​មែន​ជា​ព្រះ
ព្រម​ទាំង​សែន‌ព្រេន​ដល់​ព្រះ​ទាំង‌ឡាយ
ដែល​ខ្លួន​ពុំ​ស្គាល់
គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វ‌បុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។
១៨ អ្នក​បាន​ប្រមាថ​មាក់‌ងាយ​ព្រះ‌អង្គ
ដែល​ជា​ថ្ម‌ដា ហើយ​បាន​បង្កើត​អ្នក​មក
អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់
ដែល​ផ្តល់​ជីវិតឲ្យ​អ្នក។
១៩ ព្រះ‌អម្ចាស់​ទត​ឃើញ​ដូច្នេះ
ព្រះ‌អង្គ​បោះ​បង់​ចោល​ពួក​គេ។
បុត្រ‌ធីតា​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ
ព្រះ‌អង្គ​ខ្ញាល់។
២០ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ហើយ
យើង​មុខ​ជា​ឃើញ​ថា
ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។
ពួក​គេ​ជា​មនុស្ស​ពាល
គ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។
២១ ពួក​គេ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ
ដោយ‌សារ​ព្រះ​ក្លែង‌ក្លាយ
ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹង
ដោយ‌សារ​ព្រះ​ដែល​ឥត​បាន​ការ។
ដូច្នេះ យើង​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រច័ណ្ឌ
ដោយ‌សារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជាជន
យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខឹង
ដោយ‌សារ​ប្រជា‌ជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។
២២ ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប‌ឆេះ
រាល‌ដាល​រហូត​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់។
ភ្លើង​នេះ​នឹង​ឆាប‌ឆេះ​ផែន‌ដី
និង​ភោគ‌ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី
ព្រម​ទាំង​ឆាប‌ឆេះ​គ្រឹះ​របស់​ភ្នំ​នានា​ផង។
២៣ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា
កើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។
យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើង
ទៅ​លើ​ពួក​គេ។
២៤ ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយ‌សារ​ទុរ្ភិក្ស
ឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្ដៅ និង​ជំងឺ​ឆ្លង។
យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូម
របស់​សត្វ​សាហាវ និង​ពស់​អាសិ‌រពិស។
២៥ នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ
ខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់‌ញ័រ។
សេចក្ដី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នា
ទាំង​កំលោះ ទាំង​ក្រមុំ
ទាំង​ទារក​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។
២៦ យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង
យើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែន‌ដី
មិន​ឲ្យ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។
២៧ ប៉ុន្តែ យើង​នឹង​បារម្ភ
ក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំ
ហើយ​ចំអក និង​ប្រមាថ​មើល‌ងាយ​យើង
ដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែ
គឺ​មិន​មែន​ព្រះ‌អម្ចាស់​ទេ​ដែល​សម្រេច​ការ​នេះ”។
២៨ អ៊ីស្រា‌អែល​ជា​ប្រជា‌ជាតិ​ឥត​ដឹង​ខុស​ត្រូវ
ពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។
២៩ ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញា
នោះ​ពួក​គេ​មុខ​ជា​ពិចារណា ហើយ​យល់​ថា
នៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។
៣០ ប្រសិន​បើ​ព្រះ‌អម្ចាស់ ដែល​ជា​ថ្ម‌ដា​របស់​ពួក​គេ
មិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​ខ្មាំង​សត្រូវ​ទេ​នោះ
តើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាម
អ៊ីស្រា‌អែល​ដល់​ទៅ​មួយ​ពាន់​នាក់
ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​ឲ្យ
អ៊ីស្រា‌អែល​មួយ‌ម៉ឺន​នាក់​បាក់​ទ័ព​កើត​ឬ?
៣១ ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​យើង​ដឹង​ស្រាប់​ហើយ​ថា
ព្រះ​ដែល​ជា​ថ្ម‌ដា​របស់​ពួក​គេ
ពុំ​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌ជាម្ចាស់
ដែល​ជា​ថ្ម‌ដា​របស់​យើង​ឡើយ។
៣២ ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជា
អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូ‌រ៉ា
ហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ
ដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។
៣៣ ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​គេ
ប្រៀប​ដូច​ជា​ពិស​របស់​នាគ
និង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។
៣៤ យើង​រៀប‌ចំ​គម្រោង‌ការ​មួយ​ដ៏​លាក់​កំបាំង
ដែល​យើង​បម្រុង​ទុក ប្រឆាំង​នឹង​ពួក​គេ។
៣៥ ការ​សង‌សឹក​ស្រេច​តែ​លើ​យើង
យើង​នឹង​តប​ទៅ​ពួក​គេ​វិញ
នៅ​ពេល​ពួក​គេ​ជំពប់​ដួល!
ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ
ថ្ងៃ‌អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។
៣៦ ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​អាណិត‌អាសូរ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
នៅ​ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​គេ​អស់​កម្លាំង
ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។
៣៧ ព្រះ‌អង្គ​នឹង​សួរ​ពួក​គេ​ថា
“តើ​ព្រះ​របស់​អ្នក​រាល់​គ្នា
គឺ​ព្រះ​ដែល​អ្នក​រាល់​គ្នា​ទុក​ជា​ថ្ម‌ដា
ដើម្បី​ពឹង​ផ្អែក​នោះ នៅ​ឯ​ណា?
៣៨ អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា និង​ពិធី​ច្រួច‌ស្រា
សែន​ព្រះ​ទាំង​នោះ
បើ​ព្រះ​ទាំង​នោះ​ចេះ​សេព‌សោយ​មែន
ឲ្យ​ពួក​គេ​ក្រោក​ឡើង
ជួយ​សង្គ្រោះ និង​ការ‌ពារ​អ្នក​រាល់​គ្នា​ទៅ!
៣៩ ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា
មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។
យើង​ផ្តល់​ជីវិត និង​ដក​ជីវិត
យើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញ
គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។
៤០ យើង​លើក​ដៃ​ឆ្ពោះ​ទៅ​លើ​មេឃ
ហើយ​សច្ចា​ក្នុង​នាម​យើង
ដែល​ជា​ព្រះ​គង់​នៅ​អស់​កល្ប‌ជានិច្ច​ថា:
៤១ យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង
ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់
គឺ​យើង​ត‌ទល់​នឹង​បច្ចា‌មិត្ត​របស់​យើង
ហើយ​សង‌សឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។
៤២ យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើង
ជោក​ដោយ​ឈាម
ដាវ​របស់​យើង​ចាក់​ទម្លុះ​សាច់​របស់​ខ្មាំង​សត្រូវ
គ្មាន​ទាហាន​ណា​ម្នាក់​របស់​ពួក​គេ
គេច​ផុត​ពី​មុខ​ដាវ​នេះ​បាន​ឡើយ
គឺ​ទាំង​អ្នក​របួស ទាំង​អ្នក​ជាប់​ជា​ឈ្លើយ
នឹង​ត្រូវ​វិនាស​ដូច​គ្នា”។
៤៣ ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អប‌អរ‌សាទរ
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់!
ដ្បិត​ព្រះ‌អង្គ​សង‌សឹក​ជួស​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ដាក់​ទោស​បច្ចា‌មិត្ត។
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ដី និង​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​រួច​ផុត​ពី​សៅ‌ហ្មង»។
៤៤ លោក​ម៉ូសេ និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន នាំ​យក​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចម្រៀង​នេះ មក​ប្រកាស​ឲ្យ​ប្រជាជន​បាន​ឮ។
៤៥ ពេល​លោក​ម៉ូសេ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​នេះ​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ចប់​សព្វ​គ្រប់​ហើយ ៤៦ លោក​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀន‌ប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​កាន់ និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​គម្ពីរ‌វិន័យ​នេះ។ ៤៧ ព្រះ‌បន្ទូល​ទាំង​នេះ​មិន​មែន​ឥត​ខ្លឹម‌សារ​ទេ ផ្ទុយ​ទៅ​វិញ ជា​ព្រះ‌បន្ទូល​ដែល​ផ្តល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត និង​មាន​អាយុ​យឺន‌យូរ​នៅ​ក្នុង​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។
ព្រះ‌អម្ចាស់​ប្រកាស​អំពី​មរណ‌ភាព​របស់​លោក​ម៉ូសេ
៤៨ នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ ៤៩ «ចូរ​ឡើង​ទៅ​កំពូល​ភ្នំ​នេបូ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​អាបា‌រីម ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ទន្លេ​យ័រដាន់ ហើយ​សម្លឹង​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ទុក​ជា​កម្ម‌សិទ្ធិ។ ៥០ អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួប‌ជុំ​ដូន‌តា​របស់​អ្នក ដូច​អរ៉ុន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហ៊រ ទៅ​ជួប‌ជុំ​ដូន‌តា​របស់​គាត់​ដែរ។ ៥១ កាល​នៅ​ក្បែរ​ប្រភព​ទឹក​មេរី‌បា នៅ​កាដែស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ* នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ។ ៥២ ដូច្នេះ អ្នក​នឹង​មើល​ឃើញ​ស្រុក​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ»។
៣៣
លោក​ម៉ូសេ​ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល
 មុន​ពេល​ទទួល​មរណ‌ភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖
 «ព្រះ‌អម្ចាស់​យាង​មក​ពី​ភ្នំ​ស៊ីណៃ
ព្រះ‌អង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ
ព្រះ‌អង្គ​បំភ្លឺ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ពី​ភ្នំ​ប៉ារ៉ន
ព្រះ‌អង្គ​យាង​មក​ជា​មួយ​ទេវទូត*​យ៉ាង​ច្រើន
អនេក‌អនន្ត
ព្រះ‌អង្គ​កាន់​វិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង
មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
 ព្រះ‌អង្គ​ស្រឡាញ់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​រក្សា​ប្រជាជន​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ
ពួក​គេ​ក្រាប​នៅ​ទៀប​ព្រះ‌បាទា
ដើម្បី​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
 វិន័យ​ដែល​លោក​ម៉ូសេ​ប្រគល់​ឲ្យ​ពួក​យើង
ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​លោក​យ៉ាកុប។
 នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យេស៊ូ‌រូន
និង​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល
ជួប‌ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះ‌អម្ចាស់
ជា​ព្រះ‌មហា​ក្សត្រ​របស់​ពួក​គេ។
 សូម​ឲ្យ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយ
ហើយ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើង!។
 ចំណែក​ឯ​កុល‌សម្ព័ន្ធ​យូដា​វិញ លោក​ថ្លែង​ថា:
ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​យូដា
សូម​នាំ​គេ​ឲ្យ​ជា​នា​នឹង​បង‌ប្អូន​របស់​ខ្លួន​វិញ
សូម​ឲ្យ​គេ​ជួយ​ការ‌ពារ​បង‌ប្អូន​របស់​ខ្លួន
ហើយ​សូម​ព្រះ‌អង្គ​ជួយ​យូដា
ក្នុង​ពេល​ត‌ទល់​នឹង​ខ្មាំង​សត្រូវ។
 ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា:
ព្រះ‌អង្គ​បាន​ប្រគល់​ទូមីម និង​អ៊ូរីម*
ទៅ​ឲ្យ​កូន​ចៅ​លេវី
ជា​អ្នក​ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ
បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ល្បង‌ល​ពួក​គេ​នៅ​ម៉ាសា
ព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរី‌បា។
 ពួក​លេវី​ស្រឡាញ់​ព្រះ‌អង្គ​ជាង​ឪពុក‌ម្ដាយ
បង‌ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត
ដ្បិត​ពួក​គេ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ។
១០ ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះ‌អង្គ
ដល់​កូន​ចៅ​លោក​យ៉ាកុប
ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះ‌អង្គ
ដល់​កូន​ចៅ​អ៊ីស្រា‌អែល
ពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អង្គ
ហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈ
របស់​ព្រះ‌អង្គ។
១១ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង
សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។
សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ
សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ
ត្រូវ​បរា‌ជ័យ ងើប​លែង​រួច!។
១២ ចំពោះ​កូន​ចៅ​បេនយ៉ាមីន លោក​ថ្លែង​ថា:
ព្រះ‌អម្ចាស់​ស្រឡាញ់​បេនយ៉ាមីន​ណាស់
គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​កក់​ក្ដៅ
ព្រះ‌អម្ចាស់​ការ‌ពារ​គេ​ជា‌និច្ច
ហើយ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ។
១៣ ចំពោះ​កូន​ចៅ​របស់​លោក​យ៉ូសែប
លោក​ម៉ូសេ​ថ្លែង​ថា:
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ
ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ
ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក
ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។
១៤ កម្ដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង
បង្កើត​ភោគ‌ផល​យ៉ាង​ច្រើន រៀង​រាល់​ខែ។
១៥ ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត
ធ្វើ​ឲ្យ​ដី​មាន​ជី‌ជាតិ​ល្អ​គ្រប់​ពេល​វេលា។
១៦ ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ
ភោគ​ទ្រព្យ​ធម្ម‌ជាតិ។
សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោត
សន្ដោស​ដល់​កូន​ចៅ​យ៉ូសែប
ដែល​ជា​មេ​ដឹក​នាំ​បង‌ប្អូន​របស់​ខ្លួន។
១៧ កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បា
ដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើង
អំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របី
ដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយ
ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ
រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។
ស្នែង​ម្ខាង គឺ​អេប្រាអ៊ីម
ដែល​មាន​គ្នា​ច្រើន​អនេក‌អនន្ត
ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណាសេ
ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។
១៨ ចំពោះ​កូន​ចៅ​សាប៊ូ‌ឡូន លោក​ថ្លែង​ថា:
សាប៊ូ‌ឡូន​អើយ ចូរ​សប្បាយ​រីក‌រាយ
នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង!
រីឯ​អ៊ីសាកា​វិញ
ចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!
១៩ ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំ
នៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត
ដ្បិត​ពួក​គេ​ទទួល​ភោគ‌ផល​ដ៏​បរិបូណ៌​ពី​សមុទ្រ
ព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។
២០ ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា:
សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ប្រទាន
ឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ!
កាដ​សំងំ​ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពា
ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។
២១ កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក
ជា​ចំណែក​សម្រាប់​មេ​ដឹក​នាំ
កាដ​ដើរ​នៅ​មុខ​ប្រជាជន
គេ​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់
ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែល
តាម​បញ្ជា​របស់​ព្រះ‌អង្គ។
២២ ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា:
ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ
ដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។
២៣ ចំពោះ​កូន​ចៅ​ណែបថា‌លី លោក​ថ្លែង​ថា:
ណែបថា‌លី​ទទួល​ការ​សន្ដោស
និង​ព្រះ‌ពរ​ដ៏​លើស‌លប់​ពី​ព្រះ‌អម្ចាស់
ដូច្នេះ ឲ្យ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិច
និង​ទិស​ខាង​ត្បូង​ចុះ!។
២៤ ចំពោះ​កូន​ចៅ​អស៊ែរ លោក​ថ្លែង​ថា:
សូម​ឲ្យ​អស៊ែរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម
កូន​ចៅ​លោក​យ៉ាកុប!
សូម​ឲ្យ​បង‌ប្អូន​អាណិត​ស្រឡាញ់​គេ
ហើយ​សូម​ឲ្យ​គេ​មាន​ប្រេង
ដ៏​សម្បូណ៌​ហូរ‌ហៀរ។
២៥ រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិន
ផ្តល់​សន្តិ‌សុខ​ឲ្យ​អស៊ែរ
សូម​ឲ្យ​កម្លាំង​របស់​គេ​នៅ​ស្ថិត‌ស្ថេរ
ដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។
២៦ យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ
នឹង​ព្រះ​របស់​អ្នក​ឡើយ
ព្រះ‌អង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក
ដោយ​គង់​យ៉ាង​រុង‌រឿង​នៅ​លើ​ពពក*។
២៧ ព្រះ‌អង្គ​ជា​ជម្រក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក
ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ទ្រ​អ្នក​ជា‌និច្ច
ព្រះ‌អង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក
ហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។
២៨ អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត
កូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេ
នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ
ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ព្រម​ទាំង​មាន​សន្សើម
ធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។
២៩ អ៊ីស្រា‌អែល​អើយ អ្នក​មាន​សុភមង្គល​ហើយ
គ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ
ដូច​ព្រះ‌អង្គ​សង្គ្រោះ​អ្នក​ឡើយ
ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​អ្នក និង​ជា​ដាវ
ដែល​ផ្តល់​ឲ្យ​អ្នក​មាន​ជ័យ‌ជម្នះ។
ខ្មាំង​សត្រូវ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​អ្នក
ហើយ​អ្នក​នឹង​ជាន់​កម្ទេច​ទី‌សក្ការៈ​របស់​ពួក​គេ
ដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។
៣៤
លោក​ម៉ូសេ​ទទួល​មរណ‌ភាព
 លោក​ម៉ូសេ​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់​ឆ្ពោះ​ទៅ​ភ្នំ​នេបូ ត្រង់​កំពូល​ភ្នំ​ពីស្កា ដែល​ស្ថិត​នៅ​ទល់​មុខ​ក្រុង​យេរី‌ខូ។ ព្រះ‌អម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ឃើញ​ស្រុក​ទាំង​មូល គឺ​ទឹក​ដី​ស្រុក​កាឡាត​រហូត​ដល់​ក្រុង​ដាន់  ទឹក​ដី​ណែបថា‌លី​ទាំង​មូល ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណាសេ ទឹក​ដី​ស្រុក​យូដា​ទាំង​មូល រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ  តំបន់​ណេកិប ព្រម​ទាំង​តំបន់​ជុំ‌វិញ​ទន្លេ​យ័រដាន់ ក្រុង​យេរី‌ខូ​ដែល​ជា​ក្រុង​ដើម​លម៉ើ រហូត​ដល់​ក្រុង​សូអារ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ចំពោះ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក”។ យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។
 លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​នៅ​ទី​នោះ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។  ព្រះ‌អម្ចាស់​បញ្ចុះ​សព​លោក​នៅ​ជ្រលង​ភ្នំ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត‌ពេអ៊រ។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ផ្នូរ​របស់​លោក​ឡើយ។  ពេល​លោក​ម៉ូសេ​ទទួល​មរណ‌ភាព​នោះ លោក​មាន​អាយុ​មួយ‌រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​លោក​មិន​អន់​ទេ រីឯ​កម្លាំង​របស់​លោក ក៏​មិន​ចុះ​អន់‌ថយ​ដែរ។  ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​កាន់​ទុក្ខ​លោក​ម៉ូសេ អស់‌រយៈ​ពេល​សាម‌សិប​ថ្ងៃ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ពួក​គេ​យំ​កាន់​ទុក្ខ​លោក​រហូត​ទាល់​តែ​ផុត​កំណត់​ពេល​សាម‌សិប​ថ្ងៃ​នោះ។
 លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ពោរ‌ពេញ​ដោយ​ប្រាជ្ញា‌ញាណ ដ្បិត​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក។ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ស្ដាប់​បង្គាប់​លោក​យ៉ូស៊ូអា ដោយ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
១០ នៅ​ស្រុក​អ៊ីស្រា‌អែល​ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​ដូច​លោក​ម៉ូសេ​ទេ គឺ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក មុខ​ទល់​នឹង​មុខ។ ១១ គ្មាន​នរណា​ម្នាក់​សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដូច​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​ទៅ​សម្ដែង​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះ‌ចៅ​ផារ៉ោន ព្រម​ទាំង​រាជ​បម្រើ និង​ប្រជាជន​ទាំង​មូល​នៅ​ស្រុក​នោះ​ឡើយ ១២ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​សម្ដែង​ឫទ្ធិ‌បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដូច​លោក​ម៉ូសេ​ដែរ។
890 Views

Theme: Overlay by Kaira