សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីដានីអែល

ពាក្យលំនាំ

ដានីអែល

ភាសាក្រិក

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ដានីអែល​ជា​ភាសា​ហេប្រឺ
កណ្ឌ​គម្ពីរ ដានីអែល​ រៀប​រាប់​ពី​ដំណើរ​រឿង​យុវជន​បួន​រូប ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល ដែល​ត្រូវ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន។ យុវជន​ទាំង​បួន​រូប​សម្តែង​នូវ​ភក្ដី‌ភាព​យ៉ាង​មោះ‌មុត​ចំពោះ​ព្រះ​របស់​ខ្លួន។
ផ្នែក​ទី​មួយ​នៃ​កណ្ឌ​គម្ពីរ​នេះ (ចំពូក ១-៦): មាន​រៀប​រាប់​អំពី​ការ​គាប​សង្កត់ ការ​បៀត‌បៀន និង​ទុក្ខ​ទោស​ដែល​ជន‌ជាតិ​យូដា​ត្រូវ​ប្រឈម​មុខ​តទល់។ ឧទាហរណ៍: មិត្ត​ទាំង​បី​រូប​របស់​លោក ដានីអែល​ត្រូវ​គេ​យក​ទៅ​ដុត​ទាំង​រស់ (ចំពូក ៣) លោក ដានីអែល​ត្រូវ​គេ​បោះ​ទៅ​ក្នុង​រណ្ដៅ​ដែល​មាន​សត្វ​សិង្ហ (ចំពូក ៦)។
ផ្នែក​ទី​ពីរ (ចំពូក ៧-១២): មាន​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​បួន ដែល​ព្រះ‌ជាម្ចាស់​បើក​សម្តែង​ឲ្យ​លោក​ដានីអែល​ឃើញ។ និមិត្ត‌ហេតុ​អស្ចារ្យ​ទាំង​បួន​នេះ លាត​ត្រដាង​អំពី​ប្រវត្តិ​របស់​ជន‌ជាតិ​យូដា ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​មហា​អំណាច​នានា រហូត​ដល់​គ្រា​ដែល​ព្រះ‌ជាម្ចាស់​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ហើយ​តែង‌តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ។
កណ្ឌ​គម្ពីរ​ដានីអែល មាន​លក្ខណៈ​ប្រហាក់‌ប្រហែល​នឹង​កណ្ឌ​គម្ពីរ​វិវរណៈ ដែល​នៅ​ខាង​ចុង​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ថ្មី​ដែរ។ គោល‌ដៅ​របស់​កណ្ឌ​គម្ពីរ​ទាំង​ពីរ​នេះ គឺ​លើក​ទឹក​ចិត្ត​អ្នក​ជឿ​នៅ​គ្រប់​ជំនាន់​ឲ្យ​មាន​ទឹក​ចិត្ត​ក្លា‌ហាន ពុះ‌ពារ​គ្រប់​ឧបសគ្គ និង​គ្រប់​ស្ថាន‌ភាព​ដ៏​លំបាក​ដែល​គេ​ត្រូវ​ឆ្លង​កាត់។
អត្ថបទ​បន្ថែម​ជា​ភាសា​ក្រិក
អ្នក​បក​ប្រែ​គម្ពីរ​ដាមី‌អែល​ជា​ភាសា​ក្រិក បាន​បន្ថែម​អត្ថបទ​បី ដែល​គ្មាន​ចែង​ក្នុង​គម្ពីរ ភាសា​ហេប្រឺ។
ចំពូក ៣ ជា​ពាក្យ​អធិដ្ឋាន ២ ដែល​ជន​ជាតិ​យូដា​តែង​តែ​សូត្រ​នៅ​ក្នុង​សាលា​ប្រជុំ (ធម្ម​សាលា) ហើយ​គេ​បញ្ចូល​ទុក​ជា​ពាក្យ​អធិដ្ឋាន​របស់​លោក​អសា‌រីយ៉ា និង​មិត្ត​ភក្តិ​របស់​លោក​ដានីអែល នៅ​ពេល​ព្រះ‌មហា​ក្សត្រ​ទម្លាក់​ក្នុង​ឡ​ភ្លើង។
ចំពូក ១៣ និង​១៤ គ្មាន​ទំនាក់​ទំនង​ជា​មួយ​រឿង​លោក​ដានីអែល​ទេ គឺ​គ្រាន់​តែ​លើក​តម្កើង លោក​ដានីអែល​កាល​នៅ​ពី​កុមារ ឬ​កាល​នៅ​វ័យ​ចាស់ លោក​ប្រព្រឹត្ត​ការ​អស្ចារ្យ។
ព្រះ‌ជាម្ចាស់​ការ‌ពារ​យុវជន​ដានីអែល និង​មិត្ត‌ភក្ដិ
 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូយ៉ា‌គីម ជា​ស្តេច​ស្រុក​យូដា ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។  ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យ៉ូយ៉ា‌គីម​ជា​ស្តេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់‌ប្រដា​មួយ​ចំនួន​របស់​ព្រះ‌វិហារ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​នេប៊ូកា‌នេសារ។ ព្រះ‌ចៅ​នេប៊ូកា‌នេសារ​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ី‌ណេអារ ហើយ​យក​ប្រដាប់‌ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។
 ព្រះ‌មហា​ក្សត្រ​បាន​បញ្ជា​ទៅ​លោក​អាស្ពេ‌ណា ជា​នាយក​ក្រុម​មហា‌តលិក ឲ្យ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះ‌រាជ‌វង្ស​របស់​ស្តេច​អ៊ីស្រា‌អែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។  យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាង‌វៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់‌ខ្ពស់​មាន​កម្លាំង​អាច​បម្រើ​ព្រះ‌មហា​ក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ‌សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។  ព្រះ‌មហា​ក្សត្រ​បញ្ជា​គេ​ឲ្យ​យក​ព្រះ‌ស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង‌រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់‌រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្តេច។  ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​ជា​ជន​ជាតិ​យូដា គឺ​ដានីអែល ហាណា‌នីយ៉ា មីកា‌អែល និង​អសា‌រីយ៉ា។  លោក​នាយក​ក្រុម​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានីអែល​ហៅ​ថា​បេល‌ថាសារ ហាណា‌នីយ៉ា​ហៅ​ថា​សាដ្រាក់ មីកា‌អែល​ហៅ​ថា​មេសាក់ និង​អសា‌រីយ៉ា​ហៅ​ថា​អបេដ‌នេកូ។
 យុវជន​ដានីអែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា​ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។  ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​នាយក​ក្រុម​មហា‌តលិក មាន​ចិត្ត​អាណិត‌អាសូរ​ដល់​យុវជន​ដានីអែល។ ១០ លោក​នាយក​ក្រុម​មហា‌តលិក​ពោល​ទៅ​កាន់​យុវជន​ដានីអែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ព្រះ‌អង្គ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់‌ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ព្រះ‌អង្គ​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំ‌ខាន»។ ១១ យុវជន​ដានីអែល​ពោល​ទៅ​កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហា‌តលិក​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណា‌នីយ៉ា មីកា‌អែល និង​អសា‌រីយ៉ា​ថា៖ ១២ «សូម​លោក​ល្បង‌ល​មើល​យើង​ខ្ញុំ ក្នុង‌រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។ ១៣ បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ដែល​បរិភោគ​ព្រះ‌ស្ងោយ​របស់​ព្រះ‌រាជា រួច​សូម​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។ ១៤ លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បង‌ល​មើល​យុវជន​ទាំង​បួន​នោះ​អស់‌រយៈ​ពេល​ដប់​ថ្ងៃ។ ១៥ លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះ‌ស្ងោយ​របស់​ស្តេច​ទៅ​ទៀត។ ១៦ ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្តេច​ឲ្យ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ។ ១៧ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត​យុវជន​ដានីអែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។
១៨ លុះ​ដល់​ពេល​ព្រះ‌រាជា​កំណត់​ឲ្យ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហា‌តលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះ‌ចៅ​នេប៊ូកា‌នេសារ។ ១៩ ព្រះ‌មហា​ក្សត្រ​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានីអែល ហាណា‌នីយ៉ា មីកា‌អែល និង​អសា‌រីយ៉ា​ឡើយ។ ព្រះ‌មហា​ក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​ឲ្យ​ធ្វើ​ជា​ព្រះ‌រាជ​បម្រើ។ ២០ ពេល​ស្តេច​សាក‌សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណា‌ចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។ ២១ លោក​ដានីអែល​រស់​នៅ​ក្នុង​រាជ‌វាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​របស់​ព្រះ‌ចៅ​ស៊ីរូស។
សុបិន​និមិត្ត​របស់​ព្រះ‌ចៅ​នេប៊ូកា‌នេសារ
 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ព្រះ‌អង្គ​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្វល់​ព្រះ‌ហឫ‌ទ័យ មិន​អាច​ផ្ទំ​លក់​ទៀត​បាន​ឡើយ។  ព្រះ‌មហា​ក្សត្រ​បាន​កោះ​ហៅ​ពួក​គ្រូ​មន្ត‌អាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះ‌រាជា គេ​ក៏​នាំ​គ្នា​ចូល​មក​គាល់​ស្តេច។  ព្រះ‌មហា​ក្សត្រ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់‌ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា​បាន​សុបិន​ឃើញ​អ្វី»។  ពួក​គ្រូ​ទាយ​ទូល​ស្តេច​វិញ​ជា​ភាសា​អារ៉ាមថា៖ «បពិត្រ​ព្រះ‌រាជា សូម​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​យូរ​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា​ព្រះ‌ករុណា​ព្រះ‌អង្គ​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ថ្វាយ»។  ព្រះ‌មហា​ក្សត្រ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គ្រូ​ទាយ​ទាំង​នោះ​វិញ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ដូច​ត​ទៅ: ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​ទេ​នោះ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា ហើយ​ដុត​ផ្ទះ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ជា​ផេះ​ទៀត​ផង។  ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្តិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។  ពួក​គេ​ទូល​ព្រះ‌មហា​ក្សត្រ​សា​ជា​ថ្មី​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ដឹង​ពី​សុបិន​នោះ​មក យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ថ្វាយ»។  ព្រះ‌មហា​ក្សត្រ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​វិញ​ថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​តែ​យើង​បាន​សម្រេច​ដូច្នេះ  គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុប‌ឃិត​គ្នា ប្រឌិត​រឿង​ក្លែង‌ក្លាយ​បញ្ឆោត​យើង ដើម្បី​ឲ្យ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​មែន!»។ ១០ គ្រូ​ទាយ​ទាំង​នោះ​ទូល​ព្រះ‌មហា​ក្សត្រ​ថា៖ «បពិត្រ​ព្រះ‌រាជា នៅ​លើ​ផែន‌ដី ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ករុណា​បាន​ឡើយ។ គ្មាន​ស្តេច​ណា​មួយ ទោះ​បី​ជា​ស្តេច​ដ៏​ធំ​ឧត្តុង្គ‌ឧត្ដម និង​មាន​ឫទ្ធិ‌អំណាច​យ៉ាង​ណា​ក្តី ធ្លាប់​បង្ខំ​គ្រូ​មន្ត‌អាគម ហោរា និង​គ្រូ​ទាយ​ឲ្យ​ធ្វើ​ការ​អ្វី​ដូច​ព្រះ‌ករុណា​បាន​បង្គាប់​នេះ​ទេ។ ១១ ព្រះ‌ករុណា​បញ្ជា​ដូច្នេះ​ហួស​ពី​សមត្ថ‌ភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ករុណា​បាន​ទេ»។
១២ ពេល​ឮ​ដូច្នេះ ព្រះ‌រាជា​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​ឥត​ឧបមា ព្រះ‌អង្គ​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ីឡូន។ ១៣ គេ​បាន​ប្រកាស​ផ្សាយ​រាជ‌បញ្ជា ហើយ​ពួក​អ្នក​ប្រាជ្ញ​ត្រូវ​គេ​នាំ​យក​ទៅ បម្រុង​នឹង​ប្រហារ​ជីវិត។ គេ​ក៏​រក​ចាប់​លោក​ដានីអែល និង​មិត្ត‌ភក្ដិ​របស់​លោក​យក​ទៅ​សម្លាប់​ដែរ។
ព្រះ‌ជាម្ចាស់​បំភ្លឺ​លោក​ដានីអែល​ឲ្យ​ដឹង​អំពី​សុបិន​និមិត្ត និង​អត្ថ‌ន័យ
១៤ លោក​អរីយ៉ូក ជា​មេ​បញ្ជា‌ការ​កង​រក្សា​ព្រះ‌មហា​ក្សត្រ ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ីឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ លោក​ដានីអែល​បាន​សាក‌សួរ​ដោយ​ប្រុង‌ប្រយ័ត្ន និង​វាង‌វៃ​ថា៖ ១៥ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌មហា​ក្សត្រ​ចេញ​បញ្ជា​តឹង‌រ៉ឹង​បែប​នេះ?»។ លោក​អរីយ៉ូក​ក៏​រៀប‌រាប់​រឿង​ហេតុ​ប្រាប់​លោក​ដានីអែល។
១៦ លោក​ដានីអែល​ទៅ​គាល់​ព្រះ‌រាជា ទូល​សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​លោក​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ។ ១៧ បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នីយ៉ា លោក​មីកា‌អែល និង​លោក​អសា‌រីយ៉ា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ ១៨ ហើយ​បបួល​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ សូម​ព្រះ‌អង្គ​អាណិត​មេត្តា​បំភ្លឺ​លោក​ឲ្យ​យល់​អាថ៌‌កំបាំង​នេះ កុំ​ឲ្យ​គេ​ប្រហារ​ជីវិត​លោក និង​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ីឡូន​ឡើយ។
១៩ ពេល​នោះ ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​លោក​ដានីអែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម‌រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានីអែល​ក៏​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ*។ ២០ លោក​ពោល​ថា៖
«សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
២១ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ
និង​ព្រះ‌ចេស្ដា
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពេល​វេលា
និង​រដូវ​កាល​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា
ព្រះ‌អង្គ​ទម្លាក់​ស្តេច​នានា​ពី​រាជ​បល្ល័ង្ក
ព្រះ‌អង្គ​លើក​ស្តេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យ
ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ
និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា
២២ ព្រះ‌អង្គ​សម្ដែង​ឲ្យ​ស្គាល់​អ្វីៗ
ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង
ព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង
ភាព​ងងឹត
ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។
២៣ បពិត្រ​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទូល‌បង្គំ
ទូល‌បង្គំ​សូម​សរសើរ និង​លើក​តម្កើង​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា
និង​កម្លាំង​មក​ទូល‌បង្គំ។
ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ​ស្គាល់​នូវ​អ្វីៗ
ដែល​យើង​ខ្ញុំ​ទូល​សូម​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​ក៏​បាន​សម្ដែង​ឲ្យ​យើង​ដឹង
អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់
ព្រះ‌រាជា​ដែរ»។
២៤ បន្ទាប់​មក លោក​ដានីអែល​ទៅ​ជួប​លោក​អរីយ៉ូក ដែល​ទទួល​បញ្ជា​ពី​ស្តេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ីឡូន។ លោក​ប្រាប់​គាត់​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ីឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌ករុណា​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​សុបិន​ថ្វាយ»។ ២៥ លោក​អរីយ៉ូក​ក៏​ប្រញាប់‌ប្រញាល់​នាំ​លោក​ដានីអែល​ទៅ​គាល់​ព្រះ‌មហា​ក្សត្រ ហើយ​ទូល​ថា៖ «ទូល‌បង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន​ជាតិ​យូដា​ដែល​ព្រះ‌អង្គ​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។
សុបិន​របស់​ស្តេច​អំពី​រូប​ចម្លាក់​ដែល​មាន​ក្បាល​ជា​មាស
២៦ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដានីអែល ហៅ​បេល‌ថាសារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​មែន​ឬ?»។ ២៧ លោក​ដានីអែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ។ ២៨ ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ​មាន​ព្រះ​មួយ​អង្គ ដែល​សម្ដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌ករុណា នេប៊ូកា‌នេសារ ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល។ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​អំពី​សុបិន និង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ ដូច​ត​ទៅ:
២៩ បពិត្រ​ព្រះ‌រាជា ពេល​ព្រះ‌អង្គ​ផ្ទំ ព្រលឹង​របស់​ព្រះ‌រាជា​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សម្ដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។ ៣០ ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន‌មែន​មក​ពី​ទូល‌បង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ទូល‌បង្គំ​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌ករុណា​ផ្ទាល់។
៣១ បពិត្រ​ព្រះ‌រាជា ក្នុង​សុបិន​និមិត្ត ព្រះ‌អង្គ​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់‌ពេក​ក្រៃ ហើយ​ថ្កុំ‌ថ្កើង​រុង‌រឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះ‌ករុណា និង​មាន​សភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ៣២ ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន ៣៣ ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។ ៣៤ ពេល​ព្រះ‌ករុណា​កំពុង​តែ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯក‌ឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់‌បែក​ខ្ទេច‌ខ្ទី​អស់។ ៣៥ ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់‌បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សម្ដី​នៅ​ក្នុង​លាន​បោក‌បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែន‌ដី​ទាំង​មូល។
៣៦ នេះ​ហើយ​សុបិន​របស់​ព្រះ‌ករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ:
៣៧ បពិត្រ​ព្រះ‌រាជា ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​លើ​ព្រះ‌មហា​ក្សត្រ​នានា ដ្បិត​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បាន​ប្រទាន​រាជ‌សម្បត្តិ ឫទ្ធា‌នុភាព ចេស្ដា និង​សិរី‌រុង​រឿង មក​ព្រះ‌ករុណា។ ៣៨ ព្រះ‌អង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។ ៣៩ បន្ទាប់​ពី​ព្រះ‌ករុណា​នឹង​មាន​រាជា‌ណា‌ចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណា‌ចក្រ​របស់​ព្រះ‌ករុណា។ ក្រោយ​មក មាន​រាជា‌ណា‌ចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព‌លោក​ទាំង​មូល។ ៤០ លុះ​ក្រោយ​មក​ទៀត មាន​រាជា‌ណា‌ចក្រ​ទី​បួន​រឹង‌មាំ​ដូច​ដែក។ ដែក​កម្ទេច ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជា‌ណា‌ចក្រ​នោះ​នឹង​កម្ទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ៤១ ព្រះ‌ករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណា‌ចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណា‌ចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ព្រះ‌ករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។ ៤២ ម្រាម​ជើង​របស់​រូប​បដិមា​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជា‌ណា‌ចក្រ​នោះ​នឹង​មាន​ឫទ្ធិ‌អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។ ៤៣ ព្រះ‌ករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជា‌ណា‌ចក្រ​នោះ​ត‌ភ្ជាប់​គ្នា ដោយ‌សារ​ចំណង​ស្ពាន‌មេត្រី​របស់​មនុស្ស តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។
៤៤ ក្នុង​រជ្ជ‌កាល​របស់​ស្តេច​ទាំង​នោះ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​នឹង​ធ្វើ​ឲ្យ​រាជា‌ណា‌ចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណា‌ចក្រ​មួយ​នេះ​នឹង​កម្ទេច​រាជា‌ណា‌ចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណា‌ចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ៤៥ ដូច​ព្រះ‌ករុណា​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ ដោយ​ឯក‌ឯង កម្ទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា​ជា​ការ​ពិត និង​មាន​អត្ថ‌ន័យ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត»។
៤៦ ពេល​នោះ ព្រះ‌ចៅ​នេប៊ូកា‌នេសារ​ក្រាប​ចុះ ឱន​ព្រះ‌ភ័ក្ត្រ​ដល់​ដី ថ្វាយ‌បង្គំ​លោក​ដានីអែល ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដើម្បី​គោរព​លោក។ ៤៧ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​លោក​ដានីអែល​ថា៖ «ព្រះ​របស់​អស់​លោក​ពិត​ជា​ព្រះ​លើ​ព្រះ​នានា និង​ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា​មែន! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សម្ដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​លោក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។ ៤៨ បន្ទាប់​មក ព្រះ‌រាជា​បាន​លើក​តម្កើង​លោក​ដានីអែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​លោក។ ស្តេច​ក៏​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា​លើ​អាណា‌ខេត្ត​បាប៊ីឡូន​ទាំង​មូល និង​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ីឡូន។ ៤៩ លោក​ដានីអែល​ទូល‌អង្វរ​ស្តេច សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ីឡូន ហើយ​ខ្លួន​លោក​ផ្ទាល់​នៅ​បម្រើ​ព្រះ‌មហា​ក្សត្រ​ក្នុង​ព្រះ‌បរម​រាជ​វាំង។
ស្តេច​ចេញ​បញ្ជា​ឲ្យ​ថ្វាយ‌បង្គំ​រូប​បដិមា
 ព្រះ‌ចៅ​នេប៊ូកា‌នេសារ​បាន​កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កម្ពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្តេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា‌ខេត្ត​បាប៊ីឡូន។  ព្រះ‌ចៅ​នេប៊ូកា‌នេសារ​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ‌ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​រូប​បដិមា​ដែល​ស្តេច​បាន​កសាង។  ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ‌ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​ក៏​មក​ជួប‌ជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ស្តេច​នេប៊ូកា‌នេសារ​បាន​កសាង​នោះ។  មាន​អាមាត្យ​ម្នាក់​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «ប្រជាជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ! ចូរ​ស្ដាប់​រាជ‌បញ្ជា!  ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ដ្រី​គ្រប់​យ៉ាង ត្រូវ​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​មាស ដែល​ព្រះ‌ករុណា​នេប៊ូកា‌នេសារ​បាន​កសាង។  អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ អ្នក​នោះ​នឹង​ត្រូវ​បោះ​ភ្លាមៗ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ»។  ហេតុ​នេះ ពេល​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ដ្រី​គ្រប់​យ៉ាង ប្រជាជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះ‌ចៅ​នេប៊ូកា‌នេសារ​បាន​កសាង។
មិត្ត‌ភក្ដិ​លោក​ដានីអែល​បដិសេធ​ថ្វាយ‌បង្គំ​រូប​បដិមា
 នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន​ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន​ជាតិ​យូដា។  ពួក​គេ​ទូល​ព្រះ‌ចៅ​នេប៊ូកា‌នេសារ​ថា៖ «បពិត្រ​ព្រះ‌រាជា​សូម​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ! ១០ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​អស់​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ដ្រី​គ្រប់​យ៉ាង។ ១១ តាម​បញ្ជា​នេះ អ្នក​ណា​មិន​ឱន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ ១២ បពិត្រ​ព្រះ‌ករុណា មាន​ជន​ជាតិ​យូដា​ខ្លះ​ដែល​ព្រះ‌អង្គ​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ីឡូន គឺ​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ ពុំ​បាន​គោរព​តាម​រាជ‌បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​ព្រះ‌ករុណា​បាន​កសាង​នោះ​ដែរ»។
១៣ ពេល​នោះ ព្រះ‌ចៅ​នេប៊ូកា‌នេសារ​ព្រះ‌អង្គ​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្តេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្តេច។ ១៤ ព្រះ‌ចៅ​នេប៊ូកា‌នេសារ​មាន​ព្រះ‌រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មេសាក់ និង​អបេដ‌នេកូ អស់​លោក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ? ១៥ ឥឡូវ​នេះ ចូរ​ប្រុង‌ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ដ្រី​គ្រប់​យ៉ាង អស់​លោក​ត្រូវ​តែ​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​អស់​លោក​ភ្លាម​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។
១៦ លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ ទូល​ព្រះ‌ចៅ​នេប៊ូកា‌នេសារ​វិញ​ថា៖ «ទូល‌បង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះ‌ករុណា​អំពី​រឿង​នេះ​ទេ។ ១៧ បពិត្រ​ព្រះ‌រាជា ព្រះ​ដែល​ទូល‌បង្គំ​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​ទូល‌បង្គំ​យើង​ខ្ញុំ គឺ​ព្រះ‌អង្គ​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន។ ១៨ ទោះ​បី​ព្រះ‌អង្គ​មិន​រំដោះ​យើង​ខ្ញុំ​ក្តី សូម​ព្រះ‌ករុណា​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា ទូល‌បង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះ‌ករុណា​បាន​កសាង​នេះ​ដែរ»។ ១៩ ពេល​នោះ ព្រះ‌ចៅ​នេប៊ូកា‌នេសារ​ព្រះ‌អង្គ​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ​យ៉ាង​ខ្លាំង ព្រះ‌ភ័ក្ត្រ​របស់​ស្តេច​បាន​ផ្លាស់​ប្រែ។ ព្រះ‌អង្គ​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង ២០ រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ ២១ គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀក‌បំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឆ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ២២ ដោយ‌សារ​រាជ‌បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។ ២៣ ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ មេសាក់ និង​អបេដ‌នេកូ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

ពាក្យ​អង្វរ​របស់​លោក​អសា‌រីយ៉ា
 ២៤យុវជន​ទាំង​បី​នាក់ គឺ​ជា​លោក​ហាណា‌នីយ៉ា លោក​អាសារី‌យ៉ា និង​លោក​មីកា‌អែល នាំ​គ្នា​ដើរ​ក្នុង​ភ្លើង ដោយ​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់។  ២៥លោក​អសា‌រីយ៉ា​ឈរ​នៅ​កណ្ដាល​ភ្នក់​ភ្លើង ហើយ​ថ្លែង​ថា៖  ២៦ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ។ សូម​ឲ្យ​មនុស្ស​លោក​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ  ២៧ ដ្បិត​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​សុចរិត អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម​ត្រូវ។ មាគ៌ា​របស់​ព្រះ‌អង្គ​ទៀង​ត្រង់ ព្រះ‌អង្គ​ធ្លាប់​វិនិច្ឆ័យ​សេចក្ដី​ទាំង​អស់​ដោយ​យុត្តិ‌ធម៌។  ២៨ ព្រះ‌អង្គ​ដាក់​ទោស​យើង​ខ្ញុំ និង​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏‌វិសុទ្ធ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ​ព្រះ‌អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដោយ​យុត្តិ‌ធម៌ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។  ២៩ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​មិន​គោរព​ប្រណិប័តន៍​ព្រះ‌អង្គ​រហូត​ដល់​ឃ្លាត​ចាក​ពី​ព្រះ‌អង្គ យើង​ខ្ញុំ​នៅ​តែ​ធ្វើ​ខុស​គ្រប់​បែប​យ៉ាង។  ៣០ យើង​ខ្ញុំ​មិន​បាន​ស្ដាប់​តាម​ព្រះ‌អង្គ យើង​ខ្ញុំ​មិន​កាន់ ហើយ​ក៏​មិន​អនុវត្ត​តាម​សេចក្តី​ដែល​ព្រះ‌អង្គ​បាន​បញ្ជា ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​សេចក្តី​សុខ​សាន្ត។  ៣១ ព្រះ‌អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដូច្នេះ ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រះ‌អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដោយ​យុត្តិ‌ធម៌។  ៣២ ព្រះ‌អង្គ​បាន​ប្រគល់​យើង​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​ជា​ជន‌ពាល​គួរ​ឲ្យ​ស្អប់ ជា​ជន​បះបោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្តេច​ទុច្ចរិត ជា​ស្តេច​អាក្រក់​ជាង​គេ​នៅ​លើ​ផែន​ដី​ទាំង​មូល។ ១០ ៣៣ ឥឡូវ​នេះ យើង​ខ្ញុំ​ជា​អ្នក​បម្រើ និង​អ្នក​ថ្វាយ​បង្គំ​ព្រះ‌អង្គ យើង​ខ្ញុំ​គ្មាន​សិទ្ធិ​និយាយ​ឡើយ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ និង​ត្រូវ​គេ​ត្មះ​តិះ​ដៀល។ ១១ ៣៤ បពិត្រ​ព្រះ‌អម្ចាស់ សូម​នឹក​គិត​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ ជា​រៀង​រហូត​ឡើយ សូម​កុំ​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ។ ១២ ៣៥ សូម​កុំ​ដក​សេចក្តី​មេត្តា‌ករុណា​របស់​យើង​ខ្ញុំ ព្រោះ​តែ​លោក​អាប្រាហាំ ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ លោក​អ៊ីសាក​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​លោក​អ៊ីស្រា‌អែល​ជា​អ្នក​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ ១៣ ៣៦ កាល​ពី​ដើម ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​ទាំង​បី​នោះ​ថា ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​លោក​មាន​កូន​ចៅ​ដ៏​ច្រើន​ឥត​គណនា ដូច​ចំនួន​ផ្កាយ​នៅ​លើ​មេឃ ឬ​ដូច​ចំនួន​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ១៤ ៣៧ បពិត្រ​ព្រះ‌អម្ចាស់! ពេល​នេះ​យើង​ខ្ញុំ​ត្រឡប់​ទៅ​ជា​ប្រជាជន​មួយ​ដ៏​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ​នៅ​លើ​ផែន​ដី​ទាំង​មូល​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ ១៥ ៣៨ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​អស់​ស្តេច អស់​ព្យាការី អស់​អ្នក​ដឹក​នាំ យើង​ខ្ញុំ​មិន​អាច​ថ្វាយ​យញ្ញ‌បូជា​សត្វ​ទាំង​មូល ថ្វាយ​សក្ការៈ‌បូជា​តង្វាយ​ម្សៅ ឬ​គ្រឿង​ក្រអូប​ឡើយ។ យើង​ខ្ញុំ​មិន​បាន​យក​ផល​ផ្លែ​ដំបូង​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​ព្រះ‌អង្គ​ប្រណី‌សណ្តោស​ដល់​យើង​ខ្ញុំ ១៦ ៣៩ សូម​ព្រះ‌អង្គ​ទទួល​ចិត្ត​សោក​សង្រេង និង​ចិត្ត​សុភាព​រាប​សា​របស់​យើង​ខ្ញុំ ទុក​ជា​តង្វាយ​ដែល​គាប់​ព្រះ‌ទ័យ​ព្រះ‌អង្គ ១៧ ៤០ គឺ​តង្វាយ​ដុត​ទាំង​មូល​មាន​គឺ​ពពែ​ឈ្មោល គោ​បា និង​កូន​ចៀម​ដ៏​ធាត់​រាប់‌ពាន់​ក្បាល។ សូម​ឲ្យ​សក្ការៈ‌បូជា​ដែល​យើង​ខ្ញុំ​ថ្វាយ​នៅ​ថ្ងៃ​នេះ បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ សូម​ឲ្យ​យើង​ខ្ញុំ​អាច​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​តទៅ​ទៀត។ ដ្បិត​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គ មិន​ត្រូវ​អាម៉ាស់​មុខ​ឡើយ។ ១៨ ៤១ ចាប់​ពី​ពេល​នេះ​ទៅ យើង​ខ្ញុំ​សុខ​ចិត្ត​ដើរ​តាម​មាគ៌ា​របស់ ព្រះ‌អង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ១៩ ៤២ និង ស្វែង​រក​ព្រះ‌ភ័ក្រ្ត​របស់​ព្រះ‌អង្គ​ផង។ សូម​ព្រះ‌អង្គ​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឲ្យ​អាម៉ាស់​មុខ​តទៅ​ឡើយ សូម​ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​យើង​ខ្ញុំ ដោយ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស​លុប​ផង។ ២០ ៤៣ សូម​ព្រះ‌អង្គ​រំដោះ​យើង​ខ្ញុំ​ដោយ​ការ​អស្ចារ្យ ឲ្យ​ដូច​ពី​ដើម។ បពិត្រ​ព្រះ‌អម្ចាស់! សូម​សម្ដែង​បារមី​របស់​ព្រះ‌អង្គ​ដើម្បី​ឲ្យ​មនុស្ស​លោក​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ។ ២១ ៤៤ សូម​ឲ្យ​អស់​អ្នក​ដែល​ឃុប​ឃិត ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​បាក់​មុខ! សូម​ឲ្យ​ពួក​គេ​បាត់​បង់​កិត្តិ‌យស និង​អំណាច​ទាំង​អស់​សូម​បំបាត់​កម្លាំង​របស់​ពួក​គេ!។ ២២ ៤៥ សូម​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អង្គ​ទេ​ជា​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់ ដែល​ប្រកប​ដោយ​សិរី‌រុង​រឿង នៅ​លើ​ផែន​ដី​ទាំង​មូល»។ ២៣ ៤៦ ពួក​រាជ​បម្រើ​របស់​ស្តេច ដែល​បាន​បោះ​យុវជន​ទាំង​បី​នាក់​ក្នុង​ភ្នក់​ភ្លើង នៅ​តែ​បន្ថែម​ប្រេង​ជ័រ​អុស និង​ចំបើង​ថែម​ទៀត ឲ្យ​កាន់​តែ​ខ្លាំង​ឡើងៗ។ ២៤ អណ្តាត​ភ្លើង​ឆាប​ឡើង​កម្ពស់​សែ​សិប‌ប្រាំ​បួន​ហត្ថ ហើយ​ឆេះ​រាល​ជុំ​វិញ​ភ្នក់​ភ្លើង ព្រម​ទាំង​ដុត​បំផ្លាញ​ជន​ជាតិ​កាល់ដេ​ដែល​នៅ​ទី​នោះ ទាំង​រស់។ ២៥ ៤៩ ផ្ទុយ​ទៅ​វិញ ទេវ​ទូត​របស់​ព្រះ‌អម្ចាស់​យាង​ចុះ​មក​ក្នុង​ភ្នក់​ភ្លើង ជា​មួយ​លោក​អសា‌រីយ៉ា និង​អ្នក​នៅ​ជា​មួយ​លោក ហើយ​ជះ​អណ្តាត​ភ្លើង​ទៅ​ក្រៅ​ភ្នក់​ភ្លើង។ ២៦ ៥០ ទេវ​ទូត​នោះ​ធ្វើ​ឲ្យ​ផ្នែក​កណ្តាល​ភ្នក់​ភ្លើង ក្លាយ​ទៅ​ជា​ខ្យល់​ដ៏​ត្រជាក់ និង​សន្សើម។ ដូច្នេះ ភ្លើង​មិន​បាន​ប៉ះ​ពួក​គេ​សោះ ហើយ​មិន​ធ្វើ​បាប​ពួក​គេ។ ២៧ ៥១ នៅ​ពេល​នោះ​យុវជន​ទាំង​បី​នាក់​ក៏​រួម​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង និង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ថា៖
២៨ ៥២ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុព្វ‌បុរស​យើង​ខ្ញុំ យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ច្រៀង និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ! សូម​សរសើរ​ព្រះ‌នាម​ដ៏‌វិសុទ្ធ ប្រកប​ដោយ​សិរី‌រុង​រឿង។ សូម​ច្រៀង និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
២៩ ៥៣ សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ និង​ប្រកប​ដោយ​សិរី‌រុង​រឿង! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣០ ៥៤ សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​លើ​ខេរូប៊ីម! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​អង្វែង​តរៀង​ទៅ!
៣១ ៥៥ សូម​លើក​តម្កើង​ព្រះ‌អង្គ ដែល​គ្រង‌រាជ្យ​នៅ​លើ​បល្ល័ង្ក សូម​ច្រៀង និង​លើក​តម្កើង​ព្រះ‌អង្គ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣២ ៥៦ សូម​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​លើ​លំហ​អាកាស​វេហាស៍​ដ៏​ធំ​ធេង ដែល​គ្រប់‌គ្រង​ស្ថាន​បរម​សុខ! សូម​ស្មូត និង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣៣ ៥៧ ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣៤ ៥៨ ផ្ទៃ​មេឃ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣៥ ៥៩ ទេវ​ទូត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣៦ ៦០ ទឹក​ទាំង‌ឡាយ​ដែល​នៅ​លើ​មេឃ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣៧ ៦១ ហ្វូង‌តារា​របស់​ព្រះ‌ម្ចាស់! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣៨ ៦២ ព្រះ​អាទិត្យ និង​ព្រះ‌ចន្ទ ចូរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៣៩ ៦៣ ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤០ ៦៤ ទឹក​ភ្លៀង និង​ទឹក​សន្សើម ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤១ ៦៥ ខ្យល់​គ្រប់​ទិស​ទី ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤២ ៦៦ ភ្លើង និង​កម្ដៅ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤៣ ៦៧ ខ្យល់​ត្រជាក់ និង​ខ្យល់​ក្តៅ នឹង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤៤ ៦៨ ទឹក​សន្សើម និង​ព្រឹល ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤៥ ៦៩ ថ្ងៃ និង​យប់ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤៦ ៧០ ពន្លឺ និង​ភាព​ងងឹត ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤៧ ៧១ អាកាស‌ធាតុ​ត្រជាក់ និង​អាកាស‌ធាតុ​រងារ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤៨ ៧២ ទឹក‌កក និង​ហិមៈ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៤៩ ៧៣ ផ្លេក‌បន្ទោល និង​ពពក ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥០ ៧៤ ផែន​ដី​ទាំង​មូល ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥១ ៧៥ ភ្នំ​តូច ភ្នំ​ធំ​ទាំង‌ឡាយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥២ ៧៦ អ្វីៗ​ទាំង​អស់​ដែល​ដុះ​នៅ​លើ​ផែន​ដី ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៣ ៧៧ សមុទ្រ និង​ទន្លេ​ទាំង‌ឡាយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៤ ៧៨ ប្រភព‌ទឹក​ទាំង‌ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៥ ៧៩ ត្រី​ធំ ត្រី​តូច និង​សត្វ​ទាំង‌ឡាយ ដែល​រស់​នៅ​ក្នុង​ទឹក ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៦ ៨០ បក្សា‌បក្សី​ទាំង‌ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៧ ៨១ សត្វ​ព្រៃ សត្វ​ស្រុក​ទាំង‌ឡាយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៨ ៨២ មនុស្ស​ទាំង‌ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៥៩ ៨៣ ប្រជាជន​អ៊ីស្រា‌អែល ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦០ ៨៤ បូជា‌ចារ្យ​ទាំង‌ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦១ ៨៥ អ្នក​ទាំង‌ឡាយ​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦២ ៨៦ វិញ្ញាណ‌ក្ខ័ន្ធ និង​ព្រលឹង​របស់​មនុស្ស​សុច​រិត​ទាំង‌ឡាយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៣ ៨៧ អស់​អ្នក​គោរព​ប្រណិប័តន៍​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ!
៦៤ ៨៨ លោក​អណា‌នីយ៉ា លោក​អសារីយ៉ា និង​មីកាអែល ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! សូម​ស្មូត និង​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ! ដ្បិត​ព្រះ‌អង្គ​បាន​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ស្លាប់។ ព្រះ‌អង្គ​បាន​សង្រ្គោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ក្រញាំ​មច្ចុរាជ ព្រះ‌អង្គ​បាន​រំដោះ​យើង​ខ្ញុំ ពី​ភ្នក់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ព្រះ‌អង្គ​បាន​សង្រ្គោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង។
៦៥ ៨៩ សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ព្រោះ​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ស្ថិត​នៅ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។
៦៦ ៩០ អស់​អ្នក​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​លើ​ព្រះ​ទាំង‌ឡាយ សូម​ស្មូត និង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ស្ថិត​នៅ​អស់​កល្ប‌ជានិច្ច»។
ព្រះ‌ជាម្ចាស់​សង្គ្រោះ​មិត្ត‌ភក្ដិ​លោក​ដានីអែល​ពី​ភ្លើង
៩១ ពេល​នោះ ព្រះ‌ចៅ​នេប៊ូកា‌នេសារ​រន្ធត់​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ព្រះ‌អង្គ​ប្រញាប់‌ប្រញាល់​ក្រោក​ឈរ​ឡើង មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម‌ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន‌មែន?»។ ពួក​គេ​ទូល​ព្រះ‌រាជា​ថា៖ «ពិត​មែន​ហើយ ព្រះ‌ករុណា!»។ ៩២ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ ដែល​គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​ទេវទូត»។ ៩៣ ព្រះ‌ចៅ​នេប៊ូកា‌នេសារ​ចូល​ទៅ​ជិត​ឡ​ភ្លើង មាន​រាជ‌ឱង្ការ​ថា៖ «លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។
៩៤ ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត និង​ក្រុម‌ប្រឹក្សា​ព្រះ‌មហា​ក្សត្រ ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។ ៩៥ ព្រះ‌ចៅ​នេប៊ូកា‌នេសារ​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ​របស់​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ ដែល​បាន​ចាត់​ទេវទូត*​ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ លោក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​ព្រះ‌អង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​បូជា​ជីវិត​ជា​ជាង​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​ព្រះ​របស់​ខ្លួន! ៩៦ ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​ព្រះ​របស់​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​ព្រះ‌អង្គ​ទេ»។ ៩៧ បន្ទាប់​មក ព្រះ‌រាជា​ប្រោស​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មេសាក់ និង​លោក​អបេដ‌នេកូ មាន​បុណ្យ​ស័ក្តិ​កាន់​តែ​ខ្ពង់‌ខ្ពស់​ឡើង នៅ​ក្នុង​អាណា‌ខេត្ត​បាប៊ីឡូន។
ស្តេច​នេប៊ូកា‌នេសារ​សុបិន​ឃើញ​ដើម​ឈើ​មួយ​ដ៏​ធំ
៩៨ (៤.១)  «យើង នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ ជូន​ចំពោះ​ប្រជាជន​ទាំង​អស់ ចំពោះ​ប្រជា‌ជាតិ​នានា និង​ចំពោះ​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែន‌ដី​ទាំង​មូល។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!
៩៩ (២) យើង​យល់​ឃើញ​ថា គួរ​តែ​រៀប‌រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្ដែង​ចំពោះ​យើង។
១០០ (៣) ទី​សម្គាល់​របស់​ព្រះ‌អង្គ​ធំ​ឧត្តុង្គ‌ឧត្ដម​ណាស់
បាដិហារិយ៍​របស់​ព្រះ‌អង្គ
ក៏​ប្រកប​ដោយ​ឫទ្ធិ‌បារមី​ដែរ!
ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ជា​រាជ្យ​ស្ថិត‌ស្ថេរ
អស់​កល្ប‌ជានិច្ច
ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង
ត​រៀង​ទៅ។
 (៤) យើង នេប៊ូកា‌នេសារ កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ព្រះ‌បរម‌រាជ​វាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង។
 (៥) យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជា‌និច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។  (៦) យើង​ឲ្យ​គេ​កោះ​ហៅ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ីឡូន​មក​ជួប​យើង ដើម្បី​កាត់​ស្រាយ​សុបិន​នេះ​ឲ្យ​យើង។  (៧) ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប‌រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​បាន​ឡើយ។  (៨) នៅ​ទី​បំផុត លោក​ដានីអែល​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេល‌ថាសារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធនៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប‌រាប់​ឲ្យ​លោក​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ:  (៩) “លោក​បេល‌ថាសារ ជា​ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​នេះ សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន​ឲ្យ​យើង​ដឹង​ផង។  (១០) នៅ​ពេល​ផ្ទំ យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖
នៅ​កណ្ដាល​ផែន‌ដី មាន​ដើម​ឈើ​មួយ​ដើម
យ៉ាង​ខ្ពស់​អស្ចារ្យ
 (១១) ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ
ហើយ​មាំ​ទៀត​ផង
ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ
សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល
នៃ​ផែន‌ដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។
 (១២) ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី
មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌
សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់
សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វា
បក្សា‌បក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វា
ហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារ
ពី​ដើម​ឈើ​នេះ។
១០ (១៣) ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ គឺ​មាន:
ទេវទូត*​ដ៏‌វិសុទ្ធ*​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក
១១ (១៤) លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា:
ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ
ចូរ​លះ​ស្លឹក ជម្រុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយ
ឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា
ហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយ
ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!
១២ (១៥) ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី
ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា
ទុក​ចោល​ក្នុង​វាល​ស្មៅ
ឲ្យ​ជោក​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ
ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ។
១៣ (១៦) ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស
ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ
រហូត​ដល់​គម្រប់​ប្រាំ​ពីរ​ខួប។
១៤ (១៧) នេះ​ជា​ការ​សម្រេច​របស់​ទេវទូត
ជា​បញ្ជា​របស់​ពួក​អ្នក​ដ៏‌វិសុទ្ធ
ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ
របស់​មនុស្ស​លោក
ព្រះ‌អង្គ​ប្រគល់​រាជ‌សម្បត្តិ​ទៅ​នរណា​ក៏​បាន
ស្រេច​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេ
ឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។
១៥ (១៨) នេះ​ជា​សុបិន​ដែល​យើង ស្តេច​នេប៊ូកា‌នេសារ បាន​និមិត្ត​ឃើញ។ ឥឡូវ​នេះ សុំ​លោក​បេល‌ថាសារ​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង​បាន​ដឹង​ផង ដ្បិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​នគរ​របស់​យើង គ្មាន​នរណា​អាច​កាត់​ស្រាយ​បាន​ទេ គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទើប​កាត់​ស្រាយ​បាន ព្រោះ​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន”»។
លោក​ដានីអែល​កាត់​ស្រាយ​សុបិន​របស់​ស្តេច
១៦ (១៩) ពេល​នោះ លោក​ដានីអែល ហៅ​បេល‌ថាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​លោក​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថាសារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថាសារ​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា​វិញ! ១៧ (២០) ព្រះ‌ករុណា​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំ‌មួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី​ក៏​មើល​ឃើញ​ដែរ។ ១៨ (២១) ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជម្រក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។ ១៩ (២២) ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ព្រះ‌អង្គ​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ‌អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។
២០ (២៣) បន្ទាប់​មក ព្រះ‌ករុណា​ឃើញ​ទេវទូត​ដ៏‌វិសុទ្ធ ដែល​ចុះ​ពី​លើ​មេឃ​មក​ពោល​ថា “ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ​ចោល​ទៅ ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា ទុក​ចោល​នៅ​ក្នុង​វាល​ស្មៅ ឲ្យ​ជោក​ដោយ​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ រហូត​ដល់​គម្រប់​ប្រាំ​ពីរ​ខួប”។ ២១ (២៤) បពិត្រ​ព្រះ‌រាជា សុបិន​របស់​ព្រះ‌ករុណា​មាន​ន័យ​បែប​នេះ គឺ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្រេច​ចំពោះ​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: ២២ (២៥) គេ​នឹង​ដេញ​ព្រះ‌ករុណា​ចេញ​ពី​ចំណោម​មនុស្ស ព្រះ‌អង្គ​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ថ្វាយ​ព្រះ‌ករុណា​សោយ​ដូច​គោ​ដែរ។ ព្រះ‌កាយ​របស់​ព្រះ‌ករុណា​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គម្រប់​ប្រាំ​ពីរ​ខួប គឺ​ទាល់​តែ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ‌សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​ប្រគល់​រាជ‌សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ ២៣ (២៦) រីឯ​បញ្ជា​ឲ្យ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ថ្វាយ​រាជ‌សម្បត្តិ​មក​ព្រះ‌ករុណា​វិញ នៅ​ពេល​ព្រះ‌ករុណា​ទទួល​ស្គាល់​ព្រះ‌ជា‌អម្ចាស់​សួគ៌។ ២៤ (២៧) ហេតុ​នេះ បពិត្រ​ព្រះ‌រាជា សូម​ព្រះ‌អង្គ​ប្រោស​មេត្តា​ឲ្យ​ទូល‌បង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះ‌ករុណា​ដូច​ត​ទៅ គឺ​សូម​ព្រះ‌អង្គ​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុរគត​វិញ ធ្វើ​ដូច្នេះ​ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។
២៥ (២៨) ក្រោយ​មក ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះ‌ចៅ​នេប៊ូកា‌នេសារ​មែន ២៦ (២៩) គឺ​ដប់‌ពីរ​ខែ​កន្លង​មក ពេល​ស្តេច​កំពុង​តែ​យាង​ក្រសាល​ក្នុង​ព្រះ‌បរម‌រាជ​វាំង​នៅ​ក្រុង​បាប៊ីឡូន ២៧ (៣០) ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ថា៖ «ដោយ‌សារ​ឫទ្ធិ‌អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ីឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិ‌យស និង​សិរី‌រុង​រឿង​របស់​យើង»។ ២៨ (៣១) ពេល​ស្តេច​មាន​រាជ‌ឱង្ការ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូកា‌នេសារ​អើយ អ្នក​បាត់‌បង់​រាជ‌សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។ ២៩ (៣២) គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គម្រប់​ប្រាំ​ពីរ‌រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ‌សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​ប្រគល់​រាជ‌សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។
៣០ (៣៣) រំពេច​នោះ ហេតុ‌ការណ៍​ក៏​កើត​ឡើង​ចំពោះ​ព្រះ‌ចៅ​នេប៊ូកា‌នេសារ​មែន។ គេ​ដេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ព្រះ‌អង្គ​សោយ​ស្មៅ​ដូច​គោ ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ ព្រះ‌កេសា​របស់​ស្តេច​ដុះ​ឡើង​ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ក្រចក​សត្វ​ស្លាប។
៣១ (៣៤) «លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង នេប៊ូកា‌នេសារ​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះ‌គុណ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច។ អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ៣២ (៣៥) មនុស្ស​ទាំង​អស់​នៅ​ផែន‌ដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ពួក​ទេវទូត និង​ចំពោះ​មនុស្ស​លោក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ដោយ​ពោល​ថា “ម្ដេច​ក៏​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ?” បាន​ឡើយ។
៣៣ (៣៦) នៅ​គ្រា​នោះ យើង​បាន​ដឹង​ស្មារតី​ឡើង​វិញ គេ​ក៏​បាន​ប្រគល់​កិត្តិ‌យស រាជ‌សម្បត្តិ សិរី‌រុង​រឿង និង​ភាព​ថ្កុំ‌ថ្កើង​មក​យើង​វិញ ហើយ​ក្រុម‌ប្រឹក្សា និង​នាម៉ឺន​មន្ត្រី​របស់​យើង​ក៏​បាន​សុំ​ឲ្យ​យើង​វិល​មក​កាន់​កាប់​អំណាច គេ​លើក​យើង​ឲ្យ​គ្រង​រាជ្យ​ឡើង​វិញ ហើយ​យើង​ក៏​បាន​ថ្កុំ‌ថ្កើង​កាន់​តែ​ខ្លាំង​ឡើង។
៣៤ (៣៧) ឥឡូវ​នេះ យើង​នេប៊ូកា‌នេសារ សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌មហា​ក្សត្រ​នៃ​ស្ថាន​បរម‌សុខ ដ្បិត​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម‌ត្រូវ មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។
ពិធី​ជប់‌លៀង​របស់​ព្រះ‌ចៅ​បេល‌ថាសារ
 ព្រះ‌ចៅ​បេល‌ថាសារ​បាន​ចាត់​ឲ្យ​គេ​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​នាម៉ឺន​មន្ត្រី ចំនួន​មួយ​ពាន់​នាក់ ហើយ​ព្រះ‌អង្គ​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។  ក្រោយ​ពី​ក្រេប​ស្រា​រួច​ហើយ ព្រះ‌ចៅ​បេល‌ថាសារ​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​បិតា បាន​រឹប​អូស​មក​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ សម្រាប់​ពួក​មហេសី សម្រាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្តេច។  ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ព្រះ‌វិហារ គឺ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ទាំង​ស្តេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​មហេសី និង​ស្រី​ស្នំ បាន​ប្រើ​ពែង​ទាំង​នោះ​សម្រាប់​សេព​សុរា។  កាល​សេព​សុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។  ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះ‌បរម‌រាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះ‌រាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ  ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ប្រែ​ជា​ស្លេក‌ស្លាំង ព្រះ‌អង្គ​រំជួល​ព្រះ‌ហឫ‌ទ័យ មាន​ព្រះ‌កាយ​ពល​ទន់​ខ្សោយ និង​ព្រះ‌បាទា​ញាប់‌ញ័រ។  ស្តេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ីឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិ‌យស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណា‌ចក្រ​នេះ​ផង»។  ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្តេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌រាជា​បាន​ឡើយ  ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​បេល‌ថាសារ​រឹត​តែ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្តេច​ក៏​ទាល់​គំនិត​ដែរ។
១០ ពេល​ព្រះ‌មហា​ក្សត្រិ‌យានី​ឮ​រាជ‌ឱង្ការ​របស់​ស្តេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី ព្រះ‌នាង​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់‌លៀង ហើយ​មាន​រាជ‌សវនីយ៍​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ព្រះ‌អង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ​អើយ! សូម​ព្រះ‌ករុណា​កុំ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ដូច្នេះ​ឡើយ! ១១ ក្នុង​រាជា‌ណា‌ចក្រ​របស់​ព្រះ‌អង្គ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​ព្រះ‌បិតា​របស់​ព្រះ‌ករុណា គេ​បាន​ឃើញ​ថា លោក​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា ដូច​ទេវទូត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា បាន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ព្រះ‌មហា​ក្សត្រ​ដែល​ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា បាន​តែង‌តាំង​លោក​ដូច្នេះ ១២ ព្រោះ​ឃើញ​ថា បុរស​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាង‌វៃ​ដ៏​អស្ចារ្យ មាន​ចំណេះ​ជ្រៅ‌ជ្រះ ប៉ិន‌ប្រសប់​ខាង​រិះ‌គិត​ពិចារណា ហើយ​ចេះ​កាត់​ស្រាយ​សុបិន កាត់​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគ‌ស្មាញ​បាន​ផង។ លោក​នោះ​គឺ​ដានីអែល ដែល​ព្រះ‌បិតា​របស់​ព្រះ‌ករុណា​ប្រទាន​នាម​ថា បេល‌ថាសារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​លោក​ដានីអែល​នោះ​មក លោក​នឹង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា​ជា​មិន​ខាន»។
លោក​ដានីអែល​កាត់​ស្រាយ​សេចក្ដី​ដែល​មាន​សរសេរ​នៅ​លើ​ជញ្ជាំង
១៣ គេ​អញ្ជើញ​លោក​ដានីអែល​ចូល​គាល់​ព្រះ‌រាជា ហើយ​ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​មក​លោក​ថា៖ «តើ​លោក​ឈ្មោះ​ដានីអែល ជា​អ្នក​ដែល​ព្រះ‌បិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ? ១៤ យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។ ១៥ គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។ ១៦ យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិ‌យស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណា‌ចក្រ​នេះ​ផង»។
១៧ ពេល​នោះ លោក​ដានីអែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «សូម​ព្រះ‌ករុណា​ទុក​កិត្តិ‌យស​នេះ សម្រាប់​អ្នក​ដទៃ​ចុះ រីឯ​ទូល‌បង្គំ ទូល‌បង្គំ​សូម​អាន​អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។
១៨ បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ‌សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិ‌នាម និង​សិរី‌រុង​រឿង​ដល់​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា។ ១៩ ព្រោះ​តែ​ភាព​ឧត្តុង្គ‌ឧត្ដម ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នេះ​ហើយ បាន​ជា​ប្រជាជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ចៅ​នេប៊ូកា‌នេសារ។ ព្រះ‌អង្គ​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​ឲ្យ​នរណា​ក៏​បាន ព្រះ‌អង្គ​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។ ២០ ប៉ុន្តែ ព្រះ‌រាជា​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ព្រះ‌អង្គ​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ‌សម្បត្តិ ហើយ​បាត់‌បង់​សិរី‌រុង​រឿង។ ២១ គេ​បាន​បណ្តេញ​ព្រះ‌រាជា​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះ‌រាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ព្រះ‌អង្គ​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូត‌ទល់​ពេល​ព្រះ‌រាជា​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ‌សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ព្រះ‌អង្គ​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។ ២២ បពិត្រ​ព្រះ‌ករុណា​បេល‌ថាសារ​ជា​ព្រះ‌រាជ​បុត្រ ទោះ​បី​ព្រះ‌ករុណា​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ក្តី ក៏​ព្រះ‌អង្គ​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ ២៣ ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។ ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ម្រាម​ដៃ​ឲ្យ​មក​សរសេរ​អក្សរ​នេះ ២៥ គឺ “ម៉េណេ ម៉េណេ តេកែល និង​ប៉ារ‌ស៊ីន”។ ២៦ ពាក្យ​ទាំង​នេះ​មាន​ន័យ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ព្រះ‌ករុណា ហើយ​ព្រះ‌អង្គ​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។ ២៧ “តេកែល” (ប្រែ​ថា​ថ្លឹង) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​បាន​ថ្លឹង​ព្រះ‌ករុណា​លើ​ជញ្ជីង​រួច​ហើយ ហើយ​ព្រះ‌អង្គ​ទត​ឃើញ​ថា ស្រាល​ពេក។ ២៨ “ប៉ារស៊ីន” (ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​នឹង​ចែក​រាជា‌ណា‌ចក្រ​របស់​ព្រះ‌ករុណា​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន​ជាតិ​ម៉ែដ និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន​ជាតិ​ពែរ្ស»។
២៩ ពេល​នោះ ព្រះ‌ចៅ​បេល‌ថាសារ​បញ្ជា​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស មក​ពាក់​ឲ្យ​លោក​ដានីអែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា លោក​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​នៅ​ក្នុង​រាជា‌ណា‌ចក្រ។
៣០ នៅ​យប់​នោះ ព្រះ‌ចៅ​បេល‌ថាសារ​ជា​ស្តេច​របស់​ជន​ជាតិ​ខាល់ដេ​បាន​ត្រូវ​គេ​ធ្វើ​គុត។
 (5.31) ព្រះ‌ចៅ​ដារី‌យូស​ជា​ជន​ជាតិ​ម៉ែដ​បាន​ឡើង​ស្នង​រាជ្យ ក្នុង​ជន្មាយុ​ហុក‌សិប​ពីរ​ព្រះ‌វស្សា។
លោក​ដានីអែល​នៅ​ក្នុង​រូង​តោ
 (1) ព្រះ‌ចៅ​ដារី‌យូស​សព្វ​ព្រះ‌ហឫ‌ទ័យ​តែង‌តាំង​មេ‌ទ័ព​មួយ‌រយ​ម្ភៃ​រូប​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណា‌ចក្រ​ទាំង​មូល។  (2) ស្តេច​តែង‌តាំង​មហា​មន្ត្រី​បី​រូប​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​មេ‌ទ័ព​ទាំង​នោះ។ មេ‌ទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយ‌ការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្តេច។ លោក​ដានីអែល​ជា​មហា‌មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី។  (3) ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី​រូប និង​មេ‌ទ័ព​ទាំង​អស់ លោក​ដានីអែល​ប្រសើរ​ជាង​គេ ព្រោះ​លោក​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​បំផុត។ ព្រះ‌រាជា​មាន​បំណង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណា‌ចក្រ​ទាំង​មូល។
 (4) ពេល​នោះ មហា‌មន្ត្រី​ឯ​ទៀតៗ និង​ពួក​មេ‌ទ័ព​រិះ‌រក​មូល​ហេតុ​ណា​មួយ ដែល​ជាប់​ទាក់‌ទង​នឹង​ការ‌ងារ​ក្នុង​រាជា‌ណា‌ចក្រ ដើម្បី​ចោទ​ប្រកាន់​លោក​ដានីអែល តែ​ពួក​គេ​ពុំ​អាច​រក​ឃើញ​មូល​ហេតុ ឬ​កំហុស​ណា​មួយ​បាន​ទេ ដ្បិត​លោក​ដានីអែល​ជា​មនុស្ស​ស្មោះ‌ត្រង់​នឹង​ការ‌ងារ មិន​ដែល​ធ្វេស‌ប្រហែស ឬ​មាន​កំហុស​ណា​មួយ​ឡើយ។  (5) អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ​ចាប់​កំហុស​លោក​ដានីអែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ‌រក​មូល​ហេតុ​ដែល​ជាប់​ទាក់‌ទង​នឹង​វិន័យ​របស់​ព្រះ​គាត់»។  (6) បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះ‌មហា​ក្សត្រ ទូល​ថា៖ «បពិត្រ​ព្រះ‌មហា​ក្សត្រ​ដារី‌យូស សូម​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ!  (7) មហា‌មន្ត្រី​ទាំង​អស់​ក្នុង​រាជា‌ណា‌ចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋ‌បាល មេ‌ទ័ព​ក្រុម‌ប្រឹក្សា​ព្រះ‌រាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ស្តេច​ចេញ​រាជ‌ក្រឹត្យ​មួយ ដើម្បី​ប្រកាស​បម្រាម​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌រាជា ក្នុង​អំឡុង​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។  (8) បពិត្រ​ព្រះ‌រាជា ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ឡាយ​ព្រះ‌ហស្ដ​លេខា​បញ្ជាក់​បម្រាម​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។
១០ (9) ព្រះ‌ចៅ​ដារី‌យូស​ក៏​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​រាជ‌ក្រឹត្យ​ប្រកាស​បម្រាម​នោះ។
១១ (10) កាល​លោក​ដានីអែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។
១២ (11) ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានីអែល​កំពុង​តែ​ទូល‌អង្វរ​ព្រះ​របស់​លោក។ ១៣ (12) ពួក​គេ​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ទូល​អំពី​រាជ​បម្រាម​នោះ​ថា៖ «បពិត្រ​ព្រះ‌រាជា! តើ​ព្រះ‌អង្គ​បាន​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​បម្រាម​ថា ក្នុង‌រយៈ​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​ព្រះ ឬ​មនុស្ស ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ឬ?»។ ព្រះ‌មហា​ក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សម្រេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។ ១៤ (13) ពួក​គេ​ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា លោក​ដានីអែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ព្រះ‌ករុណា ហើយ​ក៏​មិន​គោរព​តាម​បម្រាម​ដែល​ព្រះ‌អង្គ​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។ ១៥ (14) កាល​ស្តេច​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង។ ព្រះ‌រាជា​ចង់​ដោះ​លែង​លោក​ដានីអែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ព្រះ‌អង្គ​រិះ‌រក​មធ្យោ‌បាយ​ដោះ​លែង​លោក​ដានីអែល។ ១៦ (15) ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ​លើក​គ្នា​មក​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌រាជា! សូម​ព្រះ‌អង្គ​ជ្រាប​ថា តាម​ច្បាប់​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស រាជ​បម្រាម និង​រាជ‌ក្រឹត្យ​ទាំង​ប៉ុន្មាន ដែល​មាន​ឡាយ​ព្រះ‌ហស្ដ​លេខា​របស់​ព្រះ‌មហា​ក្សត្រ​មិន​អាច​ប្រែ‌ប្រួល​បាន​ជា​ដាច់​ខាត!»។ ១៧ (16) ព្រះ‌មហា​ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​លោក​ដានីអែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បម្រើ​ព្រះ‌អង្គ​ដោយ​ចិត្ត​ព្យាយាម»។ ១៨ (17) គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ព្រះ‌មហា​ក្សត្រ​ប្រថាប់​ត្រា​ព្រះ‌ទម្រង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្តេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានីអែល​បាន​ឡើយ។
១៩ (18) បន្ទាប់​មក ព្រះ‌មហា​ក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ព្រះ‌អង្គ​យាង​ចូល​ក្រឡា‌បន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ ព្រះ‌អង្គ​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។ ២០ (19) ព្រះ‌រាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។ ២១ (20) ព្រះ‌អង្គ​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានីអែល ដោយ​បន្លឺ​ព្រះ‌សូរ‌សៀង​យ៉ាង​ក្តុក‌ក្តួល​ថា៖ «លោក​ដានីអែល​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។ ២២ (21) លោក​ដានីអែល​ទូល​ទៅ​ស្តេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ! ២៣ (22) ព្រះ​របស់​ទូល‌បង្គំ​ចាត់​ទេវទូត​របស់​ព្រះ‌អង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូល‌បង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូល‌បង្គំ​គ្មាន​ទោស‌ពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទេ ហើយ​ទូល‌បង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។ ២៤ (23) ពេល​នោះ ព្រះ‌មហា​ក្សត្រ​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ​ក្រៃ‌លែង ព្រះ‌អង្គ​បញ្ជា​ឲ្យ​គេ​យក​លោក​ដានីអែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។ ២៥ (24) បន្ទាប់​មក ព្រះ‌មហា​ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានីអែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។
២៦ (25) ព្រះ‌បាទ​ដារី‌យូស​ចេញ​រាជ‌សារ​មួយ​ប្រកាស​ប្រាប់​ប្រជាជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា ដែល​រស់​នៅ​លើ​ផែន‌ដី​ទាំង​មូល​ថា៖
«សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌! ២៧ (26) យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទួ‌ទាំង​រាជា‌ណា‌ចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​ព្រះ​របស់​លោក​ដានីអែល
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ
ហើយ​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។
ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​មិន​សាប‌សូន្យ​ឡើយ
ព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។
២៨ (27) ព្រះ‌អង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក
ព្រះ‌អង្គ​សម្ដែង​ទី​សម្គាល់ និង​ឫទ្ធិ​បាដិហារិយ៍
នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី
គឺ​ព្រះ‌អង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ
លោក​ដានីអែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។
២៩ (28) លោក​ដានីអែល​បាន​ចម្រុង‌ចម្រើន​រុង‌រឿង​ឡើង ក្នុង​រជ្ជ‌កាល​ព្រះ‌ចៅ​ដារី‌យូស និង​ក្នុង​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ជា​ជន​ជាតិ​ពែរ្ស។
លោក​ដានីអែល​សុបិន​និមិត្ត​ឃើញ​សត្វ​សាហាវ​បួន
 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​បេល‌ថាសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន លោក​ដានីអែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​លោក​និមិត្ត​ឃើញ​ការ​អស្ចារ្យ ដែល​លោក​លើក​យក​ចំណុច​សំខាន់ៗ​មក​សរសេរ​រៀប‌រាប់​ដូច​ត​ទៅ:
 លោក​ដានីអែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។  ពេល​នោះ ស្រាប់​តែ​មាន​សត្វ​ដ៏​ធំ​សម្បើម​បួន​ក្បាល​ប្លែកៗ​ពី​គ្នា ផុស​ចេញ​ពី​មហា​សមុទ្រ។  សត្វ​ទី​មួយ​មាន​រូប​រាង​ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។  សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លា‌ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ!”។
 ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត មាន​រូប​រាង​ដូច​ខ្លា‌រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ហើយ​វា​មាន​ក្បាល​បួន​ដែរ វា​បាន​ទទួល​អំណាច​គ្រប់‌គ្រង​លើ​ពិភព‌លោក។  បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។  ខ្ញុំ​សង្កេត​មើល​ស្នែង​ទាំង​នោះ ស្រាប់​តែ​ឃើញ​មាន​ស្នែង​មួយ​ទៀត​តូច​ជាង​គេ ដុះ​ចេញ​ពី​កណ្ដាល​ចំណោម​ស្នែង​ទាំង​ដប់។ គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច។ ស្នែង​នេះ​មាន​ភ្នែក​ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ពោល​ចេញ​មក​នូវ​ពាក្យ​ព្រហើន​កោង‌កាច»។
ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស
«ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ព្រះ‌អង្គ​មាន​ព្រះ‌ភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះ‌កេសា​របស់​ព្រះ‌អង្គ​ស​ដូច​សម្លី។ បល្ល័ង្ក​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។ ១០ មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់‌ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះ‌អង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។
១១ ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ​ពោល​ពាក្យ​យ៉ាង​ព្រហើន​កោង‌កាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។ ១២ រីឯ​សត្វ​ឯ​ទៀតៗ ក៏​បាត់‌បង់​អំណាច​គ្រប់‌គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។
១៣ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះ‌អង្គ។ ១៤ លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង​ព្រះ‌កិត្តិ‌នាម ព្រម​ទាំង​រាជ‌សម្បត្តិ​ផង។ ប្រជាជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​លោក អំណាច​គ្រប់‌គ្រង​របស់​លោក​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ‌សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។
ការ​កាត់​ស្រាយ​សុបិន​និមិត្ត​អំពី​សត្វ​សាហាវ​ទាំង​បួន
១៥ ពេល​នោះ ខ្ញុំ ដានីអែល​តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។ ១៦ ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ដូច​ត​ទៅ: ១៧ សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះ‌មហា​ក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែន‌ដី​នេះ។ ១៨ បន្ទាប់​មក ប្រជាជន​ដ៏‌វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ‌សម្បត្តិ​នោះ ហើយ​ពួក​គេ​គ្រង​ព្រះ‌រាជ្យ​ដ៏​ស្ថិត​នៅ​អស់​កល្ប‌ជានិច្ច ជា​អង្វែង​ត​រៀង​ទៅ។ ១៩ ក្រោយ​មក ខ្ញុំ​ក៏​សួរ​ចង់​ដឹង​ឲ្យ​ច្បាស់​អំពី​សត្វ​ទី​បួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀតៗ គឺ​មាន​រូប‌រាង​គួរ​ស្ញែង​ខ្លាច មាន​ធ្មេញ​ដែក មាន​ក្រចក​លង្ហិន ហើយ​ត្របាក់​ស៊ី​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់។ ២០ ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​ឲ្យ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោង‌កាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។ ២១ ខ្ញុំ​បាន​ឃើញ​ស្នែង​នេះ​កំពុង​តែ​ច្បាំង​នឹង​ប្រជាជន​ដ៏‌វិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួក​គេ ២២ រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​យាង​មក ដើម្បី​រក​យុត្តិ‌ធម៌​ឲ្យ​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជាជន​ដ៏‌វិសុទ្ធ​ត្រូវ​ទទួល​រាជ‌សម្បត្តិ។
២៣ បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជា‌ណា‌ចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង នៅ​លើ​ផែន‌ដី។ រាជា‌ណា‌ចក្រ​នោះ​ប្លែក​ពី​រាជា‌ណា‌ចក្រ​ឯ​ទៀតៗ គឺ​រាជា‌ណា‌ចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កម្ទេច​រាជា‌ណា‌ចក្រ​ឯ​ទៀតៗ។ ២៤ រីឯ​ស្នែង​ទាំង​ដប់ គឺ​ស្តេច​ដប់​អង្គ​ដែល​នឹង​ឡើង​គ្រង​រាជ្យ ក្នុង​រាជា‌ណា‌ចក្រ​នោះ។ បន្ទាប់​មក មាន​ស្តេច​មួយ​អង្គ ដែល​ប្លែក​ពី​ស្តេច​មុនៗ ឡើង​គ្រង​រាជ្យ​ក្រោយ​គេ​បង្អស់ ហើយ​ទម្លាក់​ស្តេច​បី​អង្គ​ទៀត​ចោល។ ២៥ ស្តេច​អង្គ​នេះ​នឹង​មាន​រាជ‌ឱង្ការ​ប្រឆាំង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ស្តេច​នឹង​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ហើយ​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ពេល​កំណត់​ធ្វើ​ពិធី​បុណ្យ និង​ផ្លាស់​ប្ដូរ​វិន័យ​ទៀត​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​បាប​ប្រជាជន​ដ៏‌វិសុទ្ធ​អស់‌រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា។ ២៦ បន្ទាប់​មក ពេល​វិនិច្ឆ័យ​ទោស​ក៏​មក​ដល់ គេ​នឹង​ដក​អំណាច​គ្រប់‌គ្រង​ចេញ​ពី​ស្តេច​នោះ ហើយ​រាជ្យ​នេះ​នឹង​ត្រូវ​គេ​បំផ្លាញ​ឲ្យ​វិនាស​សូន្យ​រហូត​ត​ទៅ។ ២៧ ប្រជាជន​ដ៏‌វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ្យ អំណាច​គ្រប់‌គ្រង និង​ទ្រព្យ‌សម្បត្តិ​នៃ​រាជា‌ណា‌ចក្រ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​ទាំង​មូល។ រាជ្យ​របស់​គេ​ជា​រាជ្យ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច មេ​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​បម្រើ ហើយ​ស្ដាប់​បង្គាប់​ប្រជាជន​ដ៏‌វិសុទ្ធ​នោះ។
២៨ «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានីអែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។
លោក​ដានីអែល​សុបិន​និមិត្ត​ឃើញ​ពពែ និង​ចៀម
 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​បេល‌ថាសារ ខ្ញុំ​ដានីអែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។  ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូស ជា​ក្រុង​ដ៏​សំខាន់​របស់​អាណា‌ខេត្ត​អេឡាម។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។
 ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។  ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​ត‌ទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចម្រើន​ធំ​ឡើង​ជា‌និច្ច។
 ពេល​ខ្ញុំ​កំពុង​តែ​រិះ‌គិត ខ្ញុំ​ឃើញ​មាន​ពពែ​ឈ្មោល​មួយ​ចេញ​ពី​ទិស​ខាង​លិច​មក វា​បោល​កាត់​ផែន‌ដី​យ៉ាង​លឿន ជើង​វា​ឥត​ប៉ះ​ដី​សោះ​ឡើយ។ ពពែ​នេះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញប់‌ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។  ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សម្រុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។  ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​ត‌ទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្តួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កម្ទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។
 ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។
មាន​ស្នែង​មួយ​តូច​ដុះ​ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត។ ១០ បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កង‌ពល​នៃ​ស្ថាន‌សួគ៌ ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។ ១១ ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​ព្រះ‌ម្ចាស់‌សួគ៌ វា​ហាម​គេ​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​បន្ថោក​ទី​សក្ការៈ​ថែម​ទៀត​ផង។ ១២ កង‌ពល និង​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ស្នែង​នោះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ។ ស្នែង​នោះ​ជាន់​ឈ្លី​សេចក្ដី​ពិត អ្វីៗ​ដែល​វា​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។
១៣ ខ្ញុំ​បាន​ឮ​អ្នក​ដ៏‌វិសុទ្ធ​មួយ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏‌វិសុទ្ធ​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្តី​អំពី​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទី​សក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា»។ ១៤ គាត់​ពោល​មក​ខ្ញុំ​ថា៖ «រហូត​ដល់​ពេល​ដែល​គេ​ខាន​បាន​ថ្វាយ​យញ្ញ‌បូជា​ពីរ‌ពាន់​បី‌រយ​ដង ដោយ​គិត​ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក គេ​នឹង​រៀប‌ចំ​ទី​សក្ការៈ​ឡើង​វិញ»។
១៥ នៅ​ពេល​ដែល​ខ្ញុំ ដានីអែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះ‌គិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ ១៦ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «កាព្រី‌អែល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។ ១៧ លោក​នោះ​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ លោក​ពោល​មក​ខ្ញុំ​ថា៖ «បុត្រ​មនុស្ស​អើយ ចូរ​ជ្រាប​ថា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ សម្ដែង​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ»។ ១៨ ក្នុង​ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​ឱន​មុខ​ដល់​ដី​ដដែល។ លោក​ពាល់​ខ្ញុំ រួច​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។ ១៩ បន្ទាប់​មក លោក​ពោល​ថា៖ «ខ្ញុំ​នឹង​ជម្រាប​ឲ្យ​លោក​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស ដ្បិត​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។ ២០ ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ​នោះ គឺ​ស្តេច​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស។ ២១ រីឯ​ពពែ​ឈ្មោល​ដែល​មាន​រោម​ពេញ​ខ្លួន គឺ​ស្តេច​របស់​ជន​ជាតិ​ក្រិក។ ស្នែង​ដ៏​ធំ​ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នែក គឺ​ជា​ស្តេច​ទី​មួយ។ ២២ ស្នែង​នេះ​បាន​បាក់ ហើយ​មាន​ស្នែង​បួន​ទៀត​ដុះ​ឡើង​ជំនួស គឺ​មាន​នគរ​បួន​កើត​ចេញ​ពី​ប្រជា‌ជាតិ​ក្រិក តែ​ពុំ​មាន​ឫទ្ធិ‌អំណាច​ដូច​ស្តេច​មុន​ទេ។ ២៣ នៅ​ចុង​រជ្ជ‌កាល​របស់​នគរ​ទាំង​បួន គឺ​នៅ​ពេល​ដែល​មនុស្ស​ពាល​ប្រព្រឹត្ត​អំពើ​បាប​ដល់​កម្រិត នឹង​មាន​ស្តេច​មួយ​អង្គ​ទៀត​ឡើង​គ្រង​រាជ្យ ស្តេច​នេះ​ព្រហើន​កោង‌កាច​ណាស់ ហើយ​ប៉ិន‌ប្រសប់​ខាង​បោក‌ប្រាស់​ទៀត​ផង។ ២៤ អំណាច​របស់​ស្តេច​នេះ​នឹង​រឹង‌ប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន‌មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្តេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​ឲ្យ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្តេច​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច ស្តេច​នឹង​កម្ទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កម្ទេច​ប្រជាជន​ដ៏‌វិសុទ្ធ​ទៀត​ផង។ ២៥ ពេល​បាន​ចម្រុង‌ចម្រើន ព្រោះ​តែ​កល‌ល្បិច​ដ៏​ប៉ិន‌ប្រសប់ ស្តេច​ក៏​មាន​ចិត្ត​ព្រហើន គឺ​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​ដោយ​សុខ‌សាន្ត។ សូម្បី​តែ​ព្រះ‌មហា​ក្សត្រ​លើ​ក្សត្រ​ទាំង​អស់ ក៏​ស្តេច​ហ៊ាន​ប្រឆាំង​ដែរ តែ​ស្តេច​នោះ​នឹង​ត្រូវ​រលំ ដោយ​គ្មាន​នរណា​ផ្តួល​ឡើយ។ ២៦ រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​លោក​លាក់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ឲ្យ​ជិត ដ្បិត​ព្រឹត្តិ‌ការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរ‌លង់​ខាង​មុខ»។
២៧ ខ្ញុំ ដានីអែល ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ និង​មាន​ជំងឺ​ជា​ច្រើន​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បំពេញ​មុខ‌ងារ​ថ្វាយ​ព្រះ‌រាជា​ត​ទៅ​ទៀត។ ប៉ុន្តែ និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ព្រោះ​គ្មាន​នរណា​អាច​យល់​បាន​ឡើយ។
ពាក្យ​អធិស្ឋាន​របស់​លោក​ដានីអែល
 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ដារី‌យូស ជា​បុត្រ​របស់​ព្រះ‌ចៅ​អា‌ស្សេរូស ជា​សាសន៍​ម៉ែដ ដែល​គេ​បាន​អភិសេក​ជា​ស្តេច​របស់​រាជា‌ណា‌ចក្រ​ខាល់ដេ  គឺ​ឆ្នាំ​ទី​មួយ​ដែល​ព្រះ‌អង្គ​ឡើង​គ្រង​រាជ្យ ខ្ញុំ ដានីអែល បាន​អាន​ព្រះ‌គម្ពីរ ហើយ​យល់​អត្ថ‌ន័យ​នៃ​ចំនួន​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ទុក​តាម‌រយៈ​ព្យាការី​យេរេមី ស្តី​អំពី​ក្រុង​យេរូ‌សាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិត‌សិប​ឆ្នាំ។  ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​ព្រះ‌ជា‌អម្ចាស់ ដើម្បី​អធិស្ឋាន​ទទូច​អង្វរ​ព្រះ‌អង្គ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។  ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ព្រះ‌អង្គ​ដូច​ត​ទៅ:
“បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះ‌អង្គ​តែង‌តែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ!  យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះ‌បោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​វិន័យ និង​ដំបូន្មាន​របស់​ព្រះ‌អង្គ។  យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អស់​លោក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អង្គ​ថ្វាយ​ស្តេច ប្រាប់​នាម៉ឺន បុព្វ‌បុរស និង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។  បពិត្រ​ព្រះ‌អម្ចាស់! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ព្រះ‌អង្គ​បណ្តេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អង្គ។  បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្តេច ទាំង​នាម៉ឺន ទាំង​បុព្វ‌បុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។  ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ហើយ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច។ ១០ យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ តាម‌រយៈ​អស់​លោក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ។ ១១ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល បាន​បំពាន​លើ​វិន័យ​របស់​ព្រះ‌អង្គ ហើយ​ងាក​ចេញ ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា ទំនាយ​ផ្សេងៗ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ​ ជា​អ្នក​បម្រើ​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។ ១២ ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង ដូច​ទុក្ខ​វេទនា​ដែល​ក្រុង​យេរូ‌សាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។ ១៣ ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង​ខ្ញុំ ដូច​មាន​ចែង​ទុក​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ តែ​យើង​ខ្ញុំ​ពុំ​បាន​ទូល‌អង្វរ​សុំ​សេចក្ដី​សន្ដោស​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​បែរ​ចេញ​ពី​កំហុស ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​សេចក្ដី​ពិត​ដែរ។ ១៤ ព្រះ‌អម្ចាស់​មិន​រារែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អង្គ​ឡើយ។ ១៥ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌អង្គ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​មាន​ទោស។ ១៦ ឱ​ព្រះ‌អម្ចាស់​អើយ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ​សូម​បំបែរ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។ ១៧ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ​ដែល​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ផង។ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​ប្រណី​មេត្តា​ចំពោះ​ទី​សក្ការៈ​របស់​ព្រះ‌អង្គ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។ ១៨ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ សូម​ទត​មើល​ក្រុង​បាក់‌បែក ដែល​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ព្រះ‌អង្គ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។ ១៩ ព្រះ‌អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទី‌ក្រុង និង​ប្រជា‌រាស្ដ្រ​នេះ ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ”។
ទេវទូត​កាព្រី‌អែល​ពន្យល់​ទំនាយ
២០ ខ្ញុំ​បាន​រៀប‌រាប់​ទូល‌អង្វរ​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​ក៏​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ ស្តី​អំពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ ២១ ពេល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវទូត*​កាព្រី‌អែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។ ២២ លោក​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «លោក​ដានីអែល​អើយ ខ្ញុំ​មក​ពេល​នេះ​ដើម្បី​ណែ‌នាំ​លោក​ឲ្យ​បាន​យល់។ ២៣ នៅ​ពេល​លោក​ចាប់​ផ្តើម​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជម្រាប​លោក ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​លោក​ខ្លាំង​ណាស់។ សូម​ពិចារណា​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ចុះ។
២៤ ព្រះ‌អង្គ​បាន​កំណត់​ពេល​ប្រាំ​ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជាជន និង​ក្រុង​ដ៏‌វិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់​កល្ប‌ជានិច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ព្យាការី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទី​សក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ថ្វាយ​ព្រះ‌អម្ចាស់។ ២៥ ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ស្តី​អំពី​ការ​រៀប‌ចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្តេច​ដែល​ជា​ព្រះ‌មេស្ស៊ី*​យាង​មក​ដល់ មាន‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​ប្រាំ​ពីរ​ដង ហើយ​នៅ​ប្រាំ​ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទី‌ក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។ ២៦ លុះ‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ លោក​ដែល​គេ​ចាក់​ប្រេង​អភិសេក នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​លោក​ទេ។ ប្រជា‌ជាតិ​របស់​ស្តេច​មួយ​អង្គ​នឹង​លើក​គ្នា​មក​កម្ទេច​ទី‌ក្រុង និង​ទី​សក្ការៈ។ នៅ​ទី​បញ្ចប់ ស្តេច​នោះ​នឹង​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ស្តេច​នោះ​នឹង​បន្ត​ធ្វើ​សឹក​បំផ្លិច‌បំផ្លាញ រហូត​ដល់​សោយ​ទិវង្គត​ដូច​បាន​កំណត់​ទុក។ ២៧ ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ ស្តេច​នោះ​នឹង​បង្ខំ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន​ចុះ​សន្ធិ‌សញ្ញា​យ៉ាង​តឹង‌រ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្តេច​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​ថ្វាយ​តង្វាយ​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្ត‌រាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។
១០
ទេវទូត​ប្រកាស​ប្រាប់​លោក​ដានីអែល​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ
 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ស៊ីរូស ជា​ស្តេច​របស់​ចក្រ‌ភព​ពែរ្ស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដានីអែល ហៅ​បេល‌ថាសារ។ ព្រះ‌បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានីអែល​រិះ‌គិត​ពិចារណា​អំពី​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។
 នៅ​គ្រា​នោះ ខ្ញុំ ដានីអែល បាន​កាន់​ទុក្ខ​អស់‌រយៈ​ពេល​បី​អាទិត្យ។  ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់‌រយៈ​ពេល​បី​អាទិត្យ​នោះ។
 នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​នៃ​ខែ​ទី​មួយ ពេល​ខ្ញុំ​ស្ថិត​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ីដេ‌កែល  ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពី​ស្រុក​អ៊ូផាស​នៅ​ចង្កេះ​ផង។  រូប​កាយ​របស់​លោក​ភ្លឺ​ចាំង​ដូច​ត្បូង​ប៊ុត‌លឿង ផ្ទៃ​មុខ​លោក​ភ្លឺ​ផ្លេក​ដូច​ផ្លេក‌បន្ទោរ ភ្នែក​លោក​ប្រៀប​បាន​នឹង​ភ្លើង​គប់ ដៃ​ជើង​របស់​លោក​ប្រៀប​បាន​នឹង​លង្ហិន​ដែល​គេ​ខាត់​យ៉ាង​រលោង ហើយ​សំឡេង​របស់​លោក​ឮ​សូរ​អឹង‌កង ដូច​សំឡេង​មនុស្ស​យ៉ាង​ច្រើន។  ខ្ញុំ ដានីអែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។  ពេល​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។  ខ្ញុំ​បាន​ឮ​លោក​និយាយ ហើយ​សំឡេង​របស់​លោក​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ ១០ ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង ទាំង​ញាប់‌ញ័រ។
១១ លោក​នោះ​ពោល​មក​ខ្ញុំ​ថា៖ «លោក​ដានីអែល​អើយ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​លោក​ខ្លាំង​ណាស់ សុំ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ថ្លែង​ប្រាប់​លោក។ សុំ​ក្រោក​ឈរ​នៅ​កន្លែង​ដែល​លោក​ឈរ​ពី​មុន​នោះ​ឡើង​វិញ ដ្បិត​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក»។ ពេល​លោក​កំពុង​តែ​មាន​ប្រសាសន៍ ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​វិញ ទាំង​ញាប់‌ញ័រ។
១២ លោក​នោះ​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «លោក​ដានីអែល​អើយ កុំ​ភ័យ‌ខ្លាច​អី! តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​មាន​បំណង​ចង់​យល់​សេចក្ដី​ទាំង​នោះ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​របស់​លោក ព្រះ‌អង្គ​ក៏​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​លោក ហេតុ​នេះ​បាន​ជា​ខ្ញុំ​មក​ជួប​លោក។ ១៣ ទេវទូត​ថែ‌រក្សា​ចក្រ‌ភព​ពែរ្ស​បាន​ត‌ទល់​នឹង​ខ្ញុំ អស់‌រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ទេវទូត​មីកាអែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវទូត​បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ ជា​មួយ​ស្តេច​នានា​របស់​ជន​ជាតិ​ពែរ្ស។ ១៤ ខ្ញុំ​មក​ពន្យល់​ប្រាប់​លោក​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​ប្រជាជន​របស់​លោក ទៅ​អនាគត ដ្បិត​មាន​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ សម្រាប់​គ្រា​នោះ​ដែរ»។
១៥ ពេល​លោក​កំពុង​រៀប‌រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​ខ្ញុំ ខ្ញុំ​ឱន​មុខ​ចុះ នៅ​ស្ងៀម ១៦ ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​ប្របាទ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។ ១៧ តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។
១៨ ពេល​នោះ លោក​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។ ១៩ រួច​ហើយ​លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ‌ខ្លាច​អី ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​លោក​ខ្លាំង​ណាស់ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​មាន​កម្លាំង​មាំ‌មួន​ឡើង!»។ ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជម្រាប​លោក​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ប្របាទ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​កម្លាំង​ហើយ»។
២០ លោក​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​លោក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ទេវទូត​ថែ‌រក្សា​ចក្រ‌ភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ទេវទូត​ថែ‌រក្សា​អាណា‌ចក្រ​ក្រិក​នឹង​មក​ដល់។ ២១ ប៉ុន្តែ ខ្ញុំ​ចង់​ជម្រាប​លោក​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​មាន​ចែង​ទុក​នៅ​ក្នុង​ក្រាំង​នៃ​សេចក្ដី​ពិត​នេះ​សិន។ ក្រៅ​ពី​មហា​ទេវទូត​មីកាអែល​ជា​ទេវទូត​ថែ‌រក្សា​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​បាន​ជួយ​ខ្ញុំ​ត‌ទល់​នឹង​ពួក​នោះ​ទេ។
១១
 រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​ដារី‌យូស ជា​ជន​ជាតិ​ម៉ែដ ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ទេវទូត​មីកាអែល ដើម្បី​ជួយ​គាំ‌ទ្រ​លោក។  ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ជូន​លោក ដូច​ត​ទៅ:
ចម្បាំង​រវាង​ស្តេច​នៃ​អាណា‌ចក្រ​ខាង​ជើង និង​ស្តេច​នៃ​អាណា‌ចក្រ​ខាង​ត្បូង
ស្តេច​បី​អង្គ​នឹង​ឡើង​គ្រង​រាជ្យ​លើ​ចក្រ‌ភព​ពែរ្ស បន្ទាប់​មក មាន​ស្តេច​ទី​បួន​ដែល​ប្រមូល​បាន​ទ្រព្យ‌សម្បត្តិ​ច្រើន​ជាង​ស្តេច​ឯ​ទៀតៗ។ ពេល​ស្តេច​នោះ​មាន​អំណាច​រឹង‌ប៉ឹង ដោយ‌សារ​ទ្រព្យ‌សម្បត្តិ​ដ៏​ច្រើន ស្តេច​ក៏​ប្រើ​គ្រប់​មធ្យោ‌បាយ​ធ្វើ​សឹក​នឹង​អាណា‌ចក្រ​ក្រិក។
 ប៉ុន្តែ នឹង​មាន​ស្តេច​មួយ​អង្គ​ទៀត​ដ៏​ពូកែ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​ឫទ្ធិ‌អំណាច​ជា​ខ្លាំង ហើយ​ស្តេច​នេះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត។  ពេល​ស្តេច​បាន​ថ្កុំ‌ថ្កើង​ឡើង ចក្រ‌ភព​របស់​ស្តេច​ត្រូវ​បាក់‌បែក​ជា​បួន​ចំណែក។ ព្រះ‌រាជ‌វង្ស​របស់​ស្តេច​នឹង​មិន​ស្នង​រាជ‌សម្បត្តិ​ឡើយ ដ្បិត​រាជ‌សម្បត្តិ​នោះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង តែ​អ្នក​ទាំង​នោះ​ពុំ​មាន​ឫទ្ធិ‌អំណាច​ដូច​ស្តេច​មុន​ទេ។
 ស្តេច​របស់​អាណា‌ចក្រ​ខាង​ត្បូង​នឹង​មាន​ឫទ្ធិ‌អំណាច​យ៉ាង​ខ្លាំង តែ​មេ‌ទ័ព​មួយ​រូប​របស់​ស្តេច​នឹង​មាន​អំណាច​ខ្លាំង​ជាង ក៏​ឡើង​គ្រប់‌គ្រង​ស្រុក​ដែរ ហើយ​អាណា‌ចក្រ​របស់​លោក​មាន​អំណាច​ខ្លាំង​ជាង​អាណា‌ចក្រ​របស់​ស្តេច​នោះ។
 ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពាន‌មេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្តេច​អាណា‌ចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្តេច​របស់​អាណា‌ចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពាន‌មេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្តេច​ខាង​ត្បូង និង​រាជ‌វង្ស​ក៏​មិន​ស្ថិត‌ស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែ‌ហម​នាង ទាំង​បិតា ទាំង​អ្នក​ដែល​ជួយ​គាំ‌ទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។
 ពេល​នោះ នឹង​មាន​ស្តេច​មួយ​អង្គ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្តេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្តេច​ខាង​ជើង ហើយ​មាន​ជ័យ‌ជម្នះ។  ស្តេច​នាំ​យក​ជ័យ‌ភ័ណ្ឌ​ទៅ​ស្រុក​អេស៊ីប គឺ​មាន​រូប​ព្រះ រូប​សំណាក​ផ្សេងៗ ដែល​ធ្វើ​ពី​លោហ‌ធាតុ​ដ៏​ភ្លឺៗ និង​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​ប្រាក់ ពី​មាស​ជា​ដើម។ បន្ទាប់​មក ស្តេច​នេះ​នឹង​ឈប់​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្តេច​ខាង​ជើង​មួយ‌រយៈ។  ក្រោយ​មក ស្តេច​ខាង​ជើង​ក៏​ចេញ​ទៅ​ច្បាំង​នឹង​អាណា‌ចក្រ​របស់​ស្តេច​ខាង​ត្បូង រួច​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។
១០ បុត្រ​របស់​ស្តេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង ដោយ​ប្រមូល​កង‌ពល​យ៉ាង​ច្រើន​ឥត​ឧបមា។ បុត្រ​មួយ​អង្គ​វាយ​ឆ្លង​ព្រំ‌ដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។ ១១ ពេល​នោះ ស្តេច​ខាង​ត្បូង​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​យ៉ាង​ច្រើន​ទៅ​វាយ​លុក​ស្តេច​ខាង​ជើង ហើយ​កង‌ទ័ព​ដ៏​ច្រើន​របស់​ស្តេច​ខាង​ជើង ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ខាង​ត្បូង។ ១២ ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្តេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់‌ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្តេច​នៅ​តែ​យក​ជ័យ‌ជម្នះ​ពុំ​បាន​ដែរ។ ១៣ ស្តេច​ខាង​ជើង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​ច្រើន​ជាង​មុន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្តេច​ខាង​ជើង​នឹង​លើក​ទ័ព​យ៉ាង​ធំ​ទាំង​មាន​គ្រឿង​សាស្ត្រា‌វុធ​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ១៤ នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ស្តេច​ខាង​ត្បូង ហើយ​មាន​មនុស្ស​ឃោរ‌ឃៅ​ជា​ច្រើន​ក្នុង​ចំណោម​ប្រជាជន​របស់​លោក លើក​គ្នា​បះ‌បោរ ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ តែ​ពួក​គេ​ពុំ​អាច​សម្រេច​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ។ ១៥ ទ័ព​ស្តេច​ខាង​ជើង​កាន់​តែ​រុល​ទៅ​មុខ គេ​លើក​ដី​យ៉ាង​ខ្ពស់​ព័ទ្ធ​ជុំ‌វិញ​ក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ ហើយ​វាយ​យក​ក្រុង​នោះ។ កង‌ទ័ព​របស់​ស្តេច​ខាង​ត្បូង និង​កង‌ពល​ដ៏​ពូកែៗ​របស់​ពួក​គេ ពុំ​មាន​កម្លាំង​អាច​ទប់‌ទល់​បាន​ឡើយ។ ១៦ ស្តេច​ខាង​ជើង​ក៏​វាយ​លុក​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ចិត្ត គ្មាន​នរណា​ត‌ទល់​បាន​ទាល់​តែ​សោះ រួច​ស្តេច​ក៏​ឈប់​ត្រឹម​ស្រុក​ដ៏​ស្អាត ហើយ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​ជួប​ប្រទះ។
១៧ ស្តេច​ខាង​ជើង​មាន​បំណង​ទៅ​ជួប​ស្តេច​ខាង​ត្បូង ដើម្បី​បង្ហាញ​ឫទ្ធិ‌អំណាច​នៃ​អាណា‌ចក្រ​ទាំង​មូល​របស់​ខ្លួន និង​ចង់​ចង​ស្ពាន‌មេត្រី​ជា​មួយ​ស្តេច​ខាង​ត្បូង។ ព្រះ‌អង្គ​លើក​បុត្រី​ឲ្យ​ធ្វើ​ជា​មហេសី​ស្តេច​ខាង​ត្បូង ក្នុង​គោល​បំណង​បោក​បញ្ឆោត​ស្តេច​នោះ តែ​ពុំ​បាន​សម្រេច​ដូច​បំណង​ឡើយ។ ១៨ ដូច្នេះ ស្តេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេ‌ទ័ព​ម្នាក់​មក​បញ្ឈប់​សកម្ម‌ភាព​ដ៏​អាម៉ាស់​របស់​ស្តេច តែ​ស្តេច​មិន​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។ ១៩ បន្ទាប់​មក ស្តេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្តេច​ត្រូវ​បរា‌ជ័យ ហើយ​វិនាស​សូន្យ​ទៅ។
២០ ស្តេច​មួយ​អង្គ​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​ឲ្យ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​អាណា‌ចក្រ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្តេច​នោះ​នឹង​ត្រូវ​វិនាស តែ​មិន‌មែន​ដោយ​ការ​បះ‌បោរ ឬ​ដោយ​សង្គ្រាម​ទេ។
២១ ពេល​នោះ មាន​មនុស្ស​ម្នាក់​គួរ​ឲ្យ​មាក់‌ងាយ ឡើង​សោយ​រាជ្យ ដោយ​ឥត​នរណា​អភិសេក​ជា​ស្តេច។ ស្តេច​ថ្មី​នេះ​ដណ្ដើម​យក​រាជ‌សម្បត្តិ​បាន ក្នុង​គ្រា​មាន​សុខ‌សាន្ត‌ត្រាណ ដោយ​ប្រើ​កល‌ល្បិច។ ២២ កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​ដែល​មក​លុក‌លុយ​ស្រុក នឹង​ត្រូវ​ចុះ​ចាញ់​ស្តេច​នោះ ហើយ​សូម្បី​តែ​មហា‌បូជា‌ចារ្យ​របស់​ប្រជា‌រាស្ដ្រ​នៃ​សម្ពន្ធ‌មេត្រី​ក៏​បរា‌ជ័យ​ដែរ។ ២៣ ស្តេច​នោះ​នឹង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​អ្នក​ឯ​ទៀតៗ ដើម្បី​បោក‌ប្រាស់​ពួក​គេ ហើយ​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ទោះ​បី​មាន​បក្ស‌ពួក​តិច​ក៏​ដោយ។ ២៤ ក្នុង​ឱកាស​ដែល​គេ​កំពុង​តែ​មាន​សន្តិ‌ភាព ស្តេច​នោះ​ឆ្លៀត​ពង្រីក​ទឹក​ដី រហូត​ទៅ​ដល់​ស្រុក​ដែល​មាន​ជី‌ជាតិ​ច្រើន​ជាង​គេ​ក្នុង​អាណា‌ខេត្ត ហើយ​ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​ពុំ​បាន​ប្រព្រឹត្ត គឺ​ព្រះ‌អង្គ​រឹប​អូស​របស់​របរ និង​ទ្រព្យ‌សម្បត្តិ​របស់​គេ​ចែក​ឲ្យ​បក្ស‌ពួក​ខ្លួន។ ស្តេច​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ ដើម្បី​វាយ​លុក​បន្ទាយ​នានា តែ​ការ​នេះ​កើត​មាន​មួយ‌រយៈ​ប៉ុណ្ណោះ។
២៥ ដោយ​អាង​លើ​កម្លាំង និង​ចិត្ត​ក្លា‌ហាន​របស់​ខ្លួន ស្តេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្តេច​ខាង​ត្បូង។ ស្តេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក‌សន្ធាប់ និង​ខ្លាំង​ពូកែ​មក​ត‌ទល់ តែ​ពុំ​អាច​យក​ជ័យ‌ជម្នះ​បាន​ឡើយ ព្រោះ​ស្តេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ​ប្រឆាំង​ស្តេច​ខាង​ត្បូង ២៦ គឺ​ពួក​ជំនិត​របស់​ស្តេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្តេច ធ្វើ​ឲ្យ​ទ័ព​របស់​ស្តេច​ត្រូវ​បរា‌ជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់‌បង់​ជីវិត។ ២៧ បន្ទាប់​មក ស្តេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។
២៨ ស្តេច​ខាង​ជើង​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្តេច​នឹង​ធ្វើ​បាប​ប្រជា‌រាស្ដ្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ តាម​គម្រោង‌ការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
២៩ លុះ​ដល់​ពេល​កំណត់ ស្តេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​អាណា‌ចក្រ​ខាង​ត្បូង​សា​ជា​ថ្មី ប៉ុន្តែ លើក​នេះ​ពុំ​ដូច​គ្រា​មុន​ទេ ៣០ គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្តេច ធ្វើ​ឲ្យ​ស្តេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្តេច​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ដ្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ។ ៣១ ពេល​នោះ កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្តេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទី​សក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។ ៣២ ស្តេច​នោះ​នឹង​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ ល្បួង​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី។ ប៉ុន្តែ ប្រជាជន​ដែល​ស្គាល់​ព្រះ‌ជាម្ចាស់​នឹង​កាន់​ចិត្ត​រឹង‌ប៉ឹង។ ៣៣ ពួក​អ្នក​មាន​ប្រាជ្ញា​ក្នុង​ចំណោម​ប្រជាជន នឹង​នាំ​គ្នា​អប់រំ​មនុស្ស​ជា​ច្រើន។ ក៏​ប៉ុន្តែ ក្នុង​ពេល​មួយ‌រយៈ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​គេ​សម្លាប់ ត្រូវ​គេ​ដុត ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​មួយ‌រយៈ។ ៣៤ ក្នុង​ពេល​ដែល​គេ​ធ្វើ​បាប​អ្នក​ទាំង​នោះ នឹង​មាន​អ្នក​ខ្លះ​មក​ជួយ​បន្តិច​ដែរ។ មនុស្ស​ជា​ច្រើន​នឹង​មក​ចូល​រួម​ជា​មួយ​អ្នក​ទាំង​នោះ តែ​ដោយ​ប្រើ​កល‌ល្បិច។ ៣៥ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា នឹង​មាន​អ្នក​ខ្លះ​បាត់‌បង់​ជីវិត ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ និង​បាន​ស‌ស្គុស​រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ​នឹង​កើត​មាន​តាម​ពេល​កំណត់។
៣៦ ស្តេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំង‌ឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្តេច​នោះ​នឹង​ចម្រើន​មាំ‌មួន​ឡើង រហូត​ទាល់​តែ​ព្រះ‌ពិរោធ​កើន​ដល់​កម្រិត ដ្បិត​ហេតុ‌ការណ៍​អ្វី​ដែល​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សម្រេច។ ៣៧ ស្តេច​នោះ​មិន​យោគ‌យល់​ដល់​ព្រះ​ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគ‌យល់​ដល់​ព្រះ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្តេច​មិន​យោគ‌យល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ព្រះ‌អង្គ​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។ ៣៨ ក៏​ប៉ុន្តែ ស្តេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការ‌ពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ថ្វាយ។ អយ្យកោ​របស់​ស្តេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។ ៣៩ ស្តេច​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្តេច​លើក​កិត្តិ‌យស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​ឲ្យ​ពួក​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​រង្វាន់​ផង។
៤០ នៅ​គ្រា​ចុង​ក្រោយ ស្តេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្តេច​ខាង​ជើង។ ស្តេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សម្រុក​ស្តេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចម្បាំង ទ័ព‌សេះ និង​នាវា​ចម្បាំង​ជា​ច្រើន។ ស្តេច​នោះ​នាំ​ពល‌ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់ ៤១ គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន​ជាតិ​អេដុម ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន​ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្តេច។ ៤២ ស្តេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។ ៤៣ ស្តេច​នឹង​យក​ទ្រព្យ‌សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន​ជាតិ​លីប៊ី និង​ជន​ជាតិ​អេត្យូ‌ពី នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្តេច​នោះ។ ៤៤ បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង បណ្តាល​ឲ្យ​ស្តេច​បារម្ភ​ក្រៃ‌លែង។ ស្តេច​ពោរ‌ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កម្ទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។ ៤៥ ស្តេច​នឹង​សង់​ពន្លា​នៅ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុង‌រឿង​វិសុទ្ធ។ បន្ទាប់​មក ស្តេច​នោះ​ក៏​បាត់‌បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។
១២
ព្រឹត្តិ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
 នៅ​គ្រា​ចុង​ក្រោយ មហា​ទេវទូត​មីកាអែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវទូត ហើយ​ជា​អ្នក​ថែ‌រក្សា​ប្រជាជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជា‌ជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជាជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។  មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ‌ទោស​អស់​កល្ប‌ជានិច្ច​ផង។  រីឯ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែ‌នាំ​មនុស្ស‌ម្នា​ជា​ច្រើន​ឲ្យ​ប្រព្រឹត្ត​អំពើ​សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
 ចំពោះ​លោក​វិញ លោក​ដានីអែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចម្រើន​ឡើង»។
 ពេល​នោះ ខ្ញុំ​ដានីអែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។  បុរស​ម្នាក់​ពោល​ទៅ​កាន់​ទេវទូត​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា៖ «តើ​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ចប់​នៅ​ពេល​ណា?»។
 ទេវទូត​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​លោក​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល ដែល​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ​លែង​មាន​កម្លាំង​ទ្រាំ‌ទ្រ​ទៀត​បាន»។
 ខ្ញុំ ដានីអែល បាន​ឮ​ពាក្យ​ទាំង​នេះ តែ​ពុំ​បាន​យល់​អត្ថ‌ន័យ​ទេ ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់​អើយ តើ​ហេតុ‌ការណ៍​ទាំង​នេះ​នឹង​ត្រូវ​ចប់​ដូច​ម្ដេច?»។
 លោក​តប​មក​ខ្ញុំ​វិញ​ថា៖ «លោក​ដានីអែល​អើយ កុំ​ខ្វល់‌ខ្វាយ​ធ្វើ​អ្វី។ សេចក្ដី​ទាំង​នេះ​ត្រូវ​តែ​លាក់​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ ១០ ដោយ‌សារ​ទុក្ខ​លំបាក មនុស្ស​ជា​ច្រើន​នឹង​បាន​ស្អាត​បរិសុទ្ធ និង​ស‌ស្គុស។ មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​នេះ​ទេ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត រីឯ​មនុស្ស​មាន​ប្រាជ្ញា ទើប​យល់។ ១១ ចាប់​ពី​ពេល​ដែល​គេ​នឹង​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​ដែល​គេ​នឹង​យក​វត្ថុ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម មក​តាំង​នៅ​ក្នុង​ទី​សក្ការៈ មាន‌រយៈ​ពេល​មួយ​ពាន់​ពីរ‌រយ​កៅ‌សិប​ថ្ងៃ។ ១២ អ្នក​ណា​កាន់​ចិត្ត​រឹង‌ប៉ឹង​រហូត​ដល់​មួយ​ពាន់​បី‌រយ​សាម‌សិប​ប្រាំ​ថ្ងៃ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
១៣ ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង‌ប៉ឹង នោះ​លោក​នឹង​បាន​សម្រាក ហើយ​លោក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់ នៅ​គ្រា​ចុង​ក្រោយ​បំផុត»។
១៣

រឿង​នាង​ស៊ូសាណា
 នៅ​ស្រុក​បាប៊ី​ឡូន មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូអាគីម។  គាត់​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង ស៊ូសាណា ដែល​ជា​កូន​របស់​លោក ហែលគីយ៉ាស។ នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្រស់​ល្អ​ណាស់ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ផង។  ឪពុក‌ម្តាយ​នាង​ជា​មនុស្ស​សុចរិត គាត់​បាន​អប់រំ​នាង​តាម​ធម្ម‌វិន័យ​របស់​លោក​ម៉ូសេ។  ឯ​លោក​យ៉ូអាគីម​វិញ មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ស្តុក‌ស្តម្ភ ព្រម‌ទាំង​មាន​សួន​ឧទ្យាន​មួយ​ដ៏​ធំ​នៅ​ជិត​ផ្ទះ​ផង។ ជន​ជាតិ​យូដា​ជា​ច្រើន​តែង​តែ​មក​លេង​ផ្ទះ​គាត់ ដ្បិត​គាត់​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ។  នៅ​ឆ្នាំ​នោះ​គេ​បាន​ជ្រើស‌រើស​ព្រឹទ្ធា‌ចារ្យ​ពីរ​នាក់ ក្នុង​ចំណោម​ប្រជាជន ឲ្យ​ធ្វើ​ជា​ចៅ​ក្រម។ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រឹទ្ធា‌ចារ្យ​ជា​ចៅ​ក្រម​បាន​នាំ​អំពើ​លាមក​ពី​ស្រុក​បាប៊ីឡូន​មក។  ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់​នេះ តែង​តែ​មក​លេង​ផ្ទះ​របស់​លោក​យ៉ាអាគីម​ជា​ញឹក‌ញយ ហើយ​អស់​អ្នក​ណា​ដែល​មាន​ទំនាស់​ត្រូវ​ដោះ‌ស្រាយ រមែង​មក​រក​លោក​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នៅ​ផ្ទះ​លោក​យ៉ូអាគីម​ដែរ។  នៅ​ពេល​ថ្ងៃ​ត្រង់ កាល​ពួក​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ស៊ូសាណា​ក៏​ចុះ​ទៅ​ដើរ​កំសាន្ត​ក្នុង​ឧទ្យាន​របស់​ប្តី​នាង។  ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​បាន​ឃើញ​នាង​ដើរ​កំសាន្ត​នៅ​ទី​នោះ​ជា​រៀង​រាល់​ថ្ងៃ គាត់​មាន​ចិត្ត​ប្រតិព័ទ្ធ​លើ​រូប​នាង។  គាត់​វង្វែង​ស្មារតី លែង​បែរ​មុខ​ទៅ​រក​ព្រះ‌ជាម្ចាស់ ហើយ​ឈប់​នឹក​ដល់​បទ​បញ្ជា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អង្គ។ ១០ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ មាន​តណ្ហា​ពុះ​កញ្ជ្រោល​ចង់​បាន​នាង​យ៉ាង​ខ្លាំង ប៉ុន្តែ លោក​ទាំង​ពីរ​មិន​បាន​និយាយ​ប្រាប់​គ្នា អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​ទាំង​ពីរ​ខ្វល់‌ខ្វាយ​ទេ។ ១១ ដ្បិត​គេ​ខ្មាស មិន​ហ៊ាន​ប្រាប់​ពី​បំណង​របស់​គេ​រៀងៗ​ខ្លួន ដែល​លួច​ស្រឡាញ់​នាង។ ១២ រៀង​រាល់​ថ្ងៃ គេ​ទាំង​ពីរ​នាក់​តែង​ឃ្លាំ​ចាំ​មើល​នាង​រហូត។ ១៣ មាន​ថ្ងៃ​មួយ នៅ​ពេល​ថ្ងៃ​ត្រង់ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​ចេញ​ពី​ផ្ទះ ដែល​ពោល​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «យើង​ទៅ​ផ្ទះ ដ្បិត​ដល់​ពេល​បរិភោគ​បាយ​ហើយ» ហើយ​ក៏​បែក​គ្នា​ទៅ។ ១៤ ប៉ុន្តែ ម្នាក់​ត្រឡប់​មក​វិញ​ហើយ​ជួប​គ្នា​នៅ​កន្លែង​តែ​មួយ។ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​សួរ​គ្នា ពី​មូល​ហេតុ​ដែល​ត្រឡប់​មក​វិញ ហើយ​ប្រាប់​ពី​គោល​បំណង​របស់​ខ្លួន ទៅ​វិញ​ទៅ​មក។ នៅ​ពេល​នោះ គេ​ព្រម‌ព្រៀង​គ្នា​រក​ឱកាស​ដើម្បី​ជួប​នាង​ស៊ូសាណា ពេល​នាង​នៅ​ម្នាក់​ឯង។ ១៥ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​រង់​ចាំ​ឱកាស​ល្អ ដើម្បី​ចាប់​នាង ស្រាប់​តែ​មាន​ថ្ងៃ​មួយ នាង​ស៊ូសាណា ចូល​ក្នុង​ឧទ្យាន​ដូច​សព្វ​ដង ដោយ​មាន​ស្រី​បម្រើ​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ ពេល​នោះ​ថ្ងៃ​ក្តៅ​ខ្លាំង​ពេក​នាង​ចង់​ងូត​ទឹក​ក្នុង​សួន​ឧទ្យាន។ ១៦ នៅ​កន្លែង​នោះ​គ្មាន​អ្នក​ណា​ផ្សេង ក្រៅ​ពី​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ ដែល​ពួន​ឃ្លាំ​មើល​នាង​ឡើយ។ ១៧ នាង​ប្រាប់​ស្រី​បម្រើ​ទាំង​ពីរ​ថា៖ «ចូរ​ទៅ​យក​ប្រេង និង​ទឹក​អប់​មក​ឲ្យ​ខ្ញុំ រួច​ហើយ​បិទ​ទ្វារ​សួន​ផង! ព្រោះ​ខ្ញុំ​ចង់​ងូត​ទឹក»។ ១៨ នាង​ទាំង​ពីរ​ធ្វើ​តាម​បង្គាប់​របស់​នាង​ស៊ូសាណា គឺ​បិទ​ទ្វារ​សួន ហើយ​ចេញ​តាម​ទ្វារ​មួយ​ទៀត ដើម្បី​ទៅ​រក​អ្វី​ដែល​នាង​ស៊ូសាណា​ប្រាប់ ប៉ុន្តែ នាង​មិន​បាន​ឃើញ​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់​នោះ​ទេ ព្រោះ​ពួក​គេ​ពួន។ ១៩ កាល​ស្រី​បម្រើ​ទាំង​ពីរ​ចេញ​ផុត​ទៅ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ ក៏​ស្ទុះ​ចេញ​មក​ដើរ​យ៉ាង​លឿន តម្រង់​ទៅ​រក​នាង ២០ ហើយ​និយាយ​ថា៖ «ទ្វារ​សួន​បិទ​ជិត​អស់​ហើយ គ្មាន​នរណា​មើល​ឃើញ​យើង​ទេ។ យើង​ស្រឡាញ់​នាង​ខ្លាំង​ណាស់ សូម​នាង​ព្រម​តាម​យើង​ទៅ។ ២១ ប្រសិន​បើ​នាង​មិន​ព្រម​ទេ យើង​នឹង​ចោទ​ប្រកាន់​ថា នាង​បាន​សាហាយ​ស្មន់​ជា​មួយ​យុវជន​ម្នាក់! ហេតុ​នេះ​ហើយ បាន​ជា​នាង​ដេញ​ស្រី​បម្រើ​ឲ្យ​ចេញ​ទៅ»។ ២២ នាង​ស៊ូសាណា ដក​ដង្ហើម​ធំ​ហើយ​ពោល​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ទាល់​គំនិត​ហើយ! ប្រសិន​បើ​នាង​ខ្ញុំ​ព្រម​តាម​លោក ខ្ញុំ​មុខ​ជា​ស្លាប់​ដោយ​មាន​ទោស​ផិត​ក្បត់​ពុំ​ខាន។ បើ​នាង​ខ្ញុំ​មិន​ព្រម នាង​ខ្ញុំ​ក៏​មិន​អាច​រួច​ខ្លួន​ដែរ។ ២៣ ណ្ហើយ! នាង​ខ្ញុំ​សុខ​ចិត្ត​ធ្លាក់​ក្នុង​អន្ទាក់​របស់​លោក ដោយ​មិន​បាន​ធ្វើ​អ្វី​ខុស​ទៅ​ចុះ ប្រសើរ​ជាង​ប្រព្រឹត្ត​ខុស​នឹង​ធម្ម‌វិន័យ​របស់​ព្រះ‌អម្ចាស់»។ ២៤ បន្ទាប់​មក នាង​ស្រែក​យ៉ាង​ខ្លាំង ចំណែក​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ ក៏​នាំ​គ្នា​ស្រែក​ចោទ​ប្រកាន់​នាង​ដែរ ២៥ ព្រឹទ្ធា‌ចារ្យ​ម្នាក់​រត់​ទៅ​បើក​ទ្វារ​សួន។ ២៦ កាល​អ្នក​បម្រើ​នៅ​ក្នុង​ផ្ទះ​ឮ​សម្រែក​ដូច​នេះ ក៏​រត់​ទៅ​ក្នុង​សួន​មើល ហេតុ​ការណ៍​ដែល​កើត​មាន​ចំពោះ​នាង​ស៊ូសាណា។ ២៧ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ តំណាល​រឿង​ប្រឌិត​របស់​ខ្លួន ហើយ​ពួក​អ្នក​បម្រើ​ក៏​អៀន‌ខ្មាស ព្រោះ​គេ​មិន​ដែល​ឮ​នរណា​និយាយ​អាក្រក់ បែប​នេះ​ពី​នាង​ឡើយ។
២៨ លុះ​ព្រឹក​ឡើង អ្នក​ស្រុក​មក​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​លោក​យ៉ាអាគីម​ជា​ស្វាមី​នាង ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​នាង ទៅ​តាម​គម្រោង‌ការណ៍​ដ៏​អាស្រូវ​នេះ។ ២៩ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ចូរ​នាំ​នាង​ស៊ូសាណា ដែល​ជា​កូន​របស់​លោក​ហែលគីយ៉ាស និង​ជា​ភរិយា​របស់​លោក​យ៉ូអាគីម​មក!»។ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​នាង​មក។ ៣០ នាង​ស៊ូសាណា​មក​មាន​ទាំង​ឪពុក‌ម្តាយ កូនៗ​ញាតិ‌សន្ដាន​មក​ជា​មួយ​ផង។ ៣១ នាង​ស៊ូសាណា​មាន​រូប​សម្ផស្ស​ល្អ​ស្អាត​ណាស់ គួរ​ឲ្យ​គយ‌គន់។ ៣២ ជន​ល្មើស​វិន័យ​ទាំង​ពីរ​នាក់​នោះ បញ្ជា​ឲ្យ​ព្រឹទ្ធា‌ចារ្យ​ដក​ស្បៃ​ពី​មុខ​នាង ដើម្បី​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត នឹង​គយ‌គន់​សម្រស់​របស់​នាង។ ៣៣ ឪពុក‌ម្តាយ​កូនៗ និង​ញាតិ‌សន្ដាន ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង យំ​ទាំង​អស់​គ្នា។ ៣៤ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ ក្រោក​ឈរ​ឡើង​នៅ​កណ្តាល​អង្គ​ប្រជុំ ហើយ​ដាក់​ស្បៃ​លើ​ក្បាល​នាង។ ៣៥ នាង​ងើប​មុខ​សម្លឹង‌មើល​ទៅ​លើ​មេឃ​ទាំង​យំ​ផង ដ្បិត​នាង​ជឿ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់។ ៣៦ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​ប្រកាស​ថា៖ «ពេល​យើង​ទាំង​ពីរ​នាក់​ដើរ​កំសាន្ត​ក្នុង​សួន​ឧទ្យាន យើង​ឃើញ​នាង​ចូល មក​ជា​មួយ​ស្រី​បម្រើ​ពីរ​នាក់។ នាង​បាន​ឲ្យ​អ្នក​បម្រើ​បិទ​ទ្វារ​រួច​ហើយ នាង​ក៏​ឲ្យ​អ្នក​បម្រើ​ចេញ​ទៅ​វិញ។ ៣៧ ពេល​នោះ មាន​យុវជន​ម្នាក់​ដែល​ពួន​នៅ​ក្នុង​សួន​ចូល​មក​ជិត​នាង ហើយ​រួម‌រក័​ជា​មួយ​នាង។ ៣៨ រីឯ​យើង​ក៏​នៅ​ក្នុង​សួន ក្បែរ​កន្លែង​នោះ​ដែរ។ កាល​យើង​បាន​ឃើញ​អំពើ​លាមក​ដូច្នេះ យើង​ក៏​រត់​តម្រង់​ទៅ​គេ​ទាំង​ពីរ។ ៣៩ យើង​បាន​ឃើញ​គេ​ទាំង​ពីរ​នាក់​រួម‌រក័​ជា​មួយ​គ្នា​មែន។ ប៉ុន្តែ យើង​មិន​អាច​ចាប់​យុវជន​នោះ​បាន​ទេ ព្រោះ​គេ​មាន​កម្លាំង​ខ្លាំង​ជាង​យើង គេ​ក៏​បើក​ទ្វារ​សួន​រត់​បាត់​ទៅ។ ៤០ រីឯ​យើង​ចាប់​បាន​តែ​ស្រី​នេះ ហើយ​សួរ​នាង​ថា៖ តើ​ប្រុស​នោះ​ជា​អ្នក​ណា? ៤១ ប៉ុន្តែ នាង​មិន​ព្រម​ប្រាប់​យើង​សោះ។ យើង​ទាំង​ពីរ​នាក់​នេះ ជា​សាក្សី​ស្រាប់»។ អង្គ​ប្រជុំ​ក៏​ជឿ​ពាក្យ​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ ព្រោះ​គាត់​ជា​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជាជន​ផង និង​ជា​ចៅ​ក្រម​ផង។ អង្គ​ប្រជុំ​ក៏​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​នាង​ស៊ូសាណា។ ៤២ នៅ​ពេល​នោះ នាង​ស៊ូសាណា​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច! ព្រះ‌អង្គ​ជ្រាប​អ្វី​ដែល​លាក់​កំបាំង និង​ជ្រាប​គ្រប់​ហេតុ​ការណ៍​មុន​ពេល​កើត​ឡើង​ទៀត​ផង។ ៤៣ ព្រះ‌អង្គ​ជ្រាប​ថា ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នេះ​បាន​ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដាក់​ទោស​យើង​ខ្ញុំ។ ឥឡូវ​នេះ ទោះ​បី​នាង​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទ​ប្រកាន់ តាម​គំនិត​អាក្រក់​របស់​ពួក​គេ​ក្តី ក៏​នាង​ខ្ញុំ​ត្រូវ​ស្លាប់​ដែរ។ ៤៤ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​នាង»។ ៤៥ ពេល​គេ​នាំ​នាង​ទៅ​សម្លាប់​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​កុមារ​ម្នាក់ ឈ្មោះ​ដានីអែល​ភ្ញាក់​ស្មារតី មាន​ប្រាជ្ញា​វាង​វៃ​យ៉ាង​អស្ចារ្យ។ ៤៦ កុមារ​ដានីអែល បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ខ្ញុំ​មិន​រួម​គំនិត​ក្នុង​ការ​សម្លាប់​ស្ត្រី​នេះ​ទេ!»។ ៤៧ បណ្ដា​ជន​ទាំង​ប៉ុន្មាន ក៏​បែរ​មុខ​មក​រក​កុមារ​នោះ ហើយ​សួរ​ថា៖ «តើ​ប្អូន​ចង់​និយាយ​ពី​អ្វី?»។ ៤៨ កុមារ​ដានីអែល ឈរ​នៅ​កណ្ដាល​អង្គ​ប្រជុំ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! តើ​អ្នក​លេលា​ហើយ​ឬ បាន​ជា​ដាក់​ទោស​ស្ត្រី​អ៊ីស្រា‌អែល​ម្នាក់ ដោយ​មិន​ស៊ើប​សួរ​រក​សេចក្ដី​ពិត​ជា​មុន​ដូច្នេះ? ៤៩ ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​កន្លែង​កាត់​ក្ដី​វិញ​ចុះ! ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដាក់​ទោស​អ្នក​ស្រី​ស៊ូសាណា»។ ៥០ ប្រជាជន​ទាំង‌មូល​ប្រញាប់‌ប្រញាល់​ត្រឡប់​ទៅ​វិញ ហើយ​ព្រឹទ្ធា‌ចារ្យ​ដទៃ​ទៀត​សួរ​កុមារ​ដានីអែល​ថា៖ «សូម​ចៅ​មក​អង្គុយ​កណ្ដាល​ពួក​យើង! ហើយ​ពន្យល់​ឲ្យ​ពួក​យើង​ដឹង​ផង ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រោស‌ប្រទាន​ឲ្យ​ចៅ​មាន​គំនិត​ដូច​យើង​ដែរ»។ ៥១ កុមារ​ដានីអែល​ប្រាប់​អស់​លោក​ថា៖ «ចូរ​បំបែក​គាត់​ទាំង​ពីរ​នាក់​នេះ​ចេញ​ពី​គ្នា! ខ្ញុំ​នឹង​សួរ​គាត់​ម្ដង​ម្នាក់»។ ៥២ គេ​ក៏​បំបែក​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ រួច​កុមារ​ដានីអែល​ហៅ​តា​ម្នាក់​មក​ហើយ​សួរ៖ «តា​ចាស់​ទៅ​ហើយ ប៉ុន្តែ​តា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​មុន​មក ពេល​នេះ​ទោស​នៃ​អំពើ​បាប​របស់​តា ត្រូវ​ធ្លាក់​លើ​តា​ហើយ ៥៣ ទោះ​បី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ មិន​ត្រូវ​សម្លាប់​អ្នក​គ្មាន​កំហុស និង​ជន​សុចរិត​ក្ដី ក៏​តា​តែង​តែ​កាត់​ទោស​ដោយ​អយុត្តិ‌ធម៌ គឺ​តា​ដាក់​ទោស​មនុស្ស​គ្មាន​កំហុស ហើយ​ដោះ​លែង​អ្នក​មាន​ទោស​ឲ្យ​រួច​ខ្លួន​វិញ​ដែរ។ ៥៤ ឥឡូវ​នេះ បើ​តា​បាន​ឃើញ​អ្នក​ស្រី​ស៊ូសាណា​មែន សូម​តា​ប្រាប់​ខ្ញុំ​មក​មើល​ថា តើ​អ្នក​ទាំង​ពីរ​នោះ​ស្ថិត​នៅ​ក្រោម​ដើម​ឈើ​ណា?» តា​នោះ​ឆ្លើយ​ថា៖ «នៅ​ក្រោម​ដើម​អំពិល»។ ៥៥ កុមារ​ដានីអែល​និយាយ​ថា៖ «នេះ​ជា​ពាក្យ​កុហក​របស់​តា តា​ត្រូវ​ទទួល​ទោស​ដល់​ជីវិត គឺ​ព្រះ‌ជាម្ចាស់​បាន​បញ្ជា​ទេវ​ទូត​របស់​ព្រះ‌អង្គ ឲ្យ​មក​ប្រហារ​ជីវិត​តា»។ ៥៦ កុមារ​ដានីអែល​បណ្ដេញ​តា​ចេញ​ទៅ ហើយ​បញ្ជា​ឲ្យ​គេ​ហៅ​តា​នោះ​ម្នាក់​ទៀត​មក រួច​សួរ​ថា៖ «នែ៎! កំពូជ​កាណាន​អើយ! តា​មិន‌មែន​ពូជ​យូដា​ទេ! សម្រស់​របស់​អ្នក​ស្រី​ស៊ូសាណា បាន​ធ្វើ​ឲ្យ​តា​វង្វេង​ស្មារតី ហើយ​កិលេស​តណ្ហា ជំរុញ​ចិត្ត​តា​ឲ្យ​ឈ្លក់​វង្វេង​អស់។ ៥៧ តា​ទាំង​ពីរ​នាក់​តែង​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រ្តី​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​រួម‌រ័ក​ជា​មួយ​នាង ព្រោះ​នាង​ទាំង​នោះ​ខ្លាច​តា សុខ​ចិត្ត​យល់​ព្រម​នឹង​តា។ ប៉ុន្តែ​ថ្ងៃ​នេះ មាន​ស្រ្តី​យូដា​ម្នាក់ ពុំ​យល់​ស្រប​តាម​អំពើ​ប្រាស​ចាក​សីល​ធម៌​របស់​តា​ទេ។ ៥៨ ឥឡូវ​នេះ សូម​តា​ប្រាប់​ខ្ញុំ​មើល៍! តើ​តា​បាន​ឃើញ​អ្នក​ទាំង​ពីរ​រួម‌រ័ក​ជា​មួយ​គ្នា​នៅ​ក្រោម​ដើម​ឈើ​ណា?»។ តា​នោះ​ឆ្លើយ​ថា៖ «នៅ​ក្រោម​ដើម​ស្វាយ»។ ៥៩ កុមារ​ដានីអែល​និយាយ​ថា៖ «នេះ​ជា​ពាក្យ​កុហក ដែល​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!។ ទេវ​ទូត​របស់​ព្រះ‌ជាម្ចាស់ កាន់​ដាវ​រ​ង់​ចាំ​ប្រហារ​ជីវិត​តា​ទាំង​ពីរ​ហើយ»។ ៦០ ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ដោយ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ដែល​សង្គ្រោះ​អស់​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អង្គ។ ៦១ បន្ទាប់​មក​អង្គ​ប្រជុំ​ក៏​បែរ​ទៅ​ប្រឆាំង​នឹង​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ ព្រោះ​កុមារ​ដានីអែល​ចាប់​ពាក្យ​សម្ដី​ផ្ទាល់​របស់​គេ មក​ធ្វើ​ជា​ភស្តុ​តាង​បញ្ជាក់​ថា ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​ជា​សាក្សី​ក្លែង‌ក្លាយ​មែន។ អង្គ​ប្រជុំ​សម្រេច​ដាក់​ទោស​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ ដែល​មាន​បំណង​ប្រាថ្នា​យ៉ាង​អាក្រក់ ចំពោះ​អ្នក​ដទៃ។ ៦២ នៅ​ថ្ងៃ​នោះ គេ​ប្រហារ​ជីវិត​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ ដើម្បី​ធ្វើ​តាម​ធម្ម‌វិន័យ​របស់​លោក​ម៉ូសេ រីឯ​អ្នក​ដែល​គ្មាន​កំហុស​ក៏​បាន​រួច​ជីវិត។ ៦៣ រីឯ​លោក​ហែល​គីយ៉ាស និង​ភរិយា ក៏​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​រួម​ជា​មួយ​នាង​ស៊ូសាណា លោក​យ៉ូអាគីម​ជា​ស្វាមី​របស់​នាង និង​ញាតិ‌សន្តាន​ទាំង​ប៉ុន្មាន ព្រោះ​នាង​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាល់​តែ​សោះ។ ៦៤ តាំង​ពី​ថ្ងៃ​នោះ​មក ប្រជាជន​នាំ​គ្នា​លើក​តម្កើង​កុមារ​ដានីអែល។
១៤
ព្យាការី​ដានីអែល និង​បូជា‌ចារ្យ​របស់​ព្រះ‌បែល
 កាល ព្រះ‌បាទ​អាស្ទីយ៉ាស​សោយ​ទិវង្គត​ហើយ ព្រះ‌បាទ​ស៊ីរូស​ជា​ជន​ជាតិ​ពែរ្ស​ក៏​គ្រង‌រាជ្យ​បន្ត។  លោក​ដានីអែល ជា​ទី​ប្រឹក្សា​ជំនិត និង​ល្បី​ឈ្មោះ​ដែល​ស្តេច​ទុក​ចិត្ត​ជាង​នា‌ម៉ឺន​មន្ត្រី​ដទៃ​ទៀត។  អ្នក​ក្រុង​បាប៊ីឡូន ធ្លាប់​គោរព​រូប​បដិមា​ដែល​មាន​ឈ្មោះ​ថា​ព្រះ‌បែល។ ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​តែង​តែ​យក​ម្សៅ​ចំនួន​ប្រាំ‌រយ​គីឡូ‌ក្រាម ចៀម​ញី​សែ‌សិប​ក្បាល និង​ស្រា​ពីរ‌រយ​ហាសិប​លីត្រ មក​ថ្វាយ​រូប​នោះ។  ស្តេច​តែង​តែ​គោរព​បូជា​រូប​បដិមា​នោះ ហើយ​យាង​មក​ថ្វាយ​បង្គំ​ជា​រៀង​រាល់​ថ្ងៃ។ រីឯ​លោក​ដានីអែល​ក៏​ថ្វាយ​បង្គំ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ខ្លួន​ដែរ។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​លោក​ថា៖ «ហេតុ​អ្វី​លោក​មិន​ថ្វាយ​បង្គំ​ព្រះ‌បែល?»។  លោក​ទូល​ថា៖ «ទូល​បង្គំ​មិន​គោរព​បូជា​រូប​បដិមា​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស​ទេ។ ទូល​បង្គំ​គោរព​បូជា​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី ហើយ​មាន​អំណាច​លើ​សត្វ​លោក​ទាំង​អស់។  ស្តេច​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​ថា៖ «តើ​លោក​មិន​ចាត់​ទុក​ថា ព្រះ‌បែល​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ទេ​ឬ? តើ​លោក​មិន​ឃើញ​ទេ​ឬ ព្រះ‌អង្គ​សោយ​ព្រះ‌ស្ងោយ និង​ស្រា​យ៉ាង​ច្រើន​ជា​រៀង​រាល់​ថ្ងៃ»។  លោក​ដានីអែល​ទូល​ទាំង​សើច​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​ព្រះ‌អង្គ​កុំ​យល់​ច្រឡំ​ឡើយ! រូប​បដិមា​នេះ​ធ្វើ​អំពី​ដី​ឥដ្ឋ​នៅ​ខាង​ក្នុង ហើយ​ពី​លង្ហិន​នៅ​ខាង​ក្រៅ។ រូប​នេះ​មិន​ដែល​សោយ​ព្រះ‌ស្ងោយ ឬ​ស្រា​ទេ!»។  ស្តេច​ព្រះ‌អង្គ​ព្រះ‌ពិរោធ ហើយ​កោះ​ហៅ​ពួក​បូជា‌ចារ្យ​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​ថា តើ​នរណា​បរិភោគ​សំណែន​ទាំង​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ស្លាប់​ពុំ​ខាន!។  ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា បញ្ជាក់​ប្រាប់​ឲ្យ​យើង​ដឹង ពិត​ជា​ព្រះ‌បែល​សោយ​តង្វាយ​ទាំង​នោះ​មែន​ដានីអែល មុខ​ជា​ត្រូវ​ស្លាប់ ព្រោះ​លោក​ហ៊ាន​ប្រមាថ​ព្រះ‌បែល!»។ លោក​ដានីអែល​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​សម្រេច​តាម​រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​ចុះ!»។ ១០ ពួក​បូជា‌ចារ្យ​របស់​ព្រះ‌បែល មាន​ចំនួន​ចិត‌សិប​នាក់ ដោយ​មិន​រាប់​បញ្ចូល​ភរិយា និង​កូន​របស់​ពួក​គេ​ផង។ ព្រះ‌រាជា​ក៏​យាង​មក​វិហារ​របស់​ព្រះ‌បែល ជា​មួយ​លោក​ដានីអែល។ ១១ ពួក​បូជា‌ចារ្យ​របស់​ព្រះ‌បែល​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូល​បង្គំ​យើង​ខ្ញុំ​នឹង​ចេញ​ពី​ព្រះ‌វិហារ សូម​ព្រះ‌ករុណា​យក​អាហារ និង​ស្រា​លាយ​មក​ថ្វាយ រួច​បិទ​ទ្វារ​ឲ្យ​ជិត​ហើយ​បោះ​ត្រា​ព្រះ‌ទម្រង់។ ១២ ព្រឹក​ស្អែក​ឡើង សូម​ព្រះ‌ករុណា​យាង​មក។ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​ព្រះ‌បែល មិន​បាន​សោយ​តង្វាយ​ទាំង​នោះ​ទេ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់។ ប្រសិន​បើ​ព្រះ‌បែល​បាន​សោយ​មែន លោក​ដានីអែល​ត្រូវ​ស្លាប់ ព្រោះ​គាត់​និយាយ​មូល​បង្កាច់​យើង»។ ១៣ ពួក​គេ​វាយ​ឫក​ក្រអឺត ព្រោះ​ពួក​គេ​ធ្វើ​ផ្លូវ​សម្ងាត់​រហូត​ដល់​ក្រោម​តុ​នៃ​ទី​សក្ការៈ ដើម្បី​លួច​ចូល​គ្រប់​ពេល​វេលា​យក​តង្វាយ​ចេញ​ទៅ។ ១៤ កាល​ពួក​គេ​ចេញ​បាត់​ហើយ ព្រះ‌រាជា​យក​អាហារ​មក​ថ្វាយ​ព្រះ‌បែល រួច​លោក​ដានីអែល​បញ្ជា​អ្នក​បម្រើ​របស់​លោក យក​ផេះ​មក​រោយ​យ៉ាង​ស្តើង​ក្នុង​ទី​សក្ការៈ​ទាំង‌មូល គឺ​មាន​តែ​ព្រះ‌រាជា​ប៉ុណ្ណោះ ដែល​ធ្វើ​ជា​សាក្សី​ចំពោះ​ហេតុ​ការណ៍​នេះ។ ក្រោយ​មក ពួក​គេ​ចេញ​ទាំង​អស់​គ្នា ហើយ​បិទ​ទ្វារ​ជិត និង​បោះ​ត្រា​ព្រះ​ទម្រង់​ពី​លើ រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ១៥ ពួក​បូជា‌ចារ្យ​លួច​ចូល​នៅ​ពេល​យប់ តាម​ទំលាប់​របស់​គេ ដោយ​នាំ​ទាំង​ប្រពន្ធ​កូន​មក​ជា​មួយ​ផង ហើយ​បរិភោគ​អាហារ និង​ស្រា​ដែល​គេ​យក​មក​ថ្វាយ។ ១៦ ព្រះ‌រាជា​តើន​ពី​ព្រលឹម ហើយ​យាង​ទៅ​វិហារ​របស់​ព្រះ‌បែល​ជា​មួយ​លោក​ដានីអែល។ ១៧ ព្រះ‌រាជា​មាន​ព្រះ‌រាជ‌ឱង្ការ​សួរ​ថា៖ «លោក​ដានីអែល​អើយ! តើ​ត្រា​របស់​យើង​នៅ​ដូច​ដើម ឬ​យ៉ាង​ណា?»។ លោក​ដានីអែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា ត្រា​នៅ​ដូច​ដើម!»។ ១៨ នៅ​ពេល​គេ​បើក​ទ្វារ ព្រះ‌រាជា​ក្រឡេក​មើល​ទៅ​លើ​តុ ហើយ​មាន​រាជ‌ឱង្ការ​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ‌បែល! ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តម មិន​ចេះ​ភូត​ភរ​ឡើយ!»។ ១៩ លោក​ដានីអែល​សើច ហើយ​ឃាត់​ព្រះ‌រាជា​មិន​ឲ្យ​យាង​ចូល​ទៅ​ខាង​ក្នុង។ លោក​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទត​មើល​លើ​ដី តើ​ដាន​ជើង​នេះ​ជា​ដាន​ជើង​នរណា?»។ ២០ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ឃើញ​ដាន​ជើង​បុរស ស្រ្តី និង​កូន​ក្មេង»។ ២១ ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ពួក​បូជា‌ចារ្យ ភរិយា និង​កូន​គេ​មក។ ពួក​គេ​បង្ហាញ​ផ្លូវ​សម្ងាត់ ដែល​ពួក​គេ​ធ្លាប់​លួច​ចូល​មក​ក្នុង​វិហារ ដើម្បី​បរិភោគ​តង្វាយ​ដែល​ដាក់​នៅ​លើ តុ។ ២២ ព្រះ‌រាជា​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ពួក​គេ រួច​ប្រគល់​រូប​បដិមា ព្រះ‌បែល​ឲ្យ​លោក​ដានីអែល។ លោក​ក៏​ផ្តួល​រលំ​រូប​បដិមា ព្រម​ទាំង​វិហារ​នោះ​ចោល។
លោក​ដានីអែល និង​នាគរាជ​ធំ
២៣ អ្នក​ក្រុង​បាប៊ី​ឡូន តែង​តែ​គោរព​បូជា​នាគ​រាជ​មួយ​ដ៏​ធំ​ដែរ។ ២៤ នៅ​ថ្ងៃ​មួយ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ដានីអែល​ថា៖ «អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ថា នាគ​រាជ​នេះ​ជា​ព្រះ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​មែន! ចូរ​ថ្វាយ​បង្គំ​ពស់​នាគ​រាជ​នេះ​ទៅ!»។ ២៥ លោក​ដានីអែល​ទូល​ថា​៖ «ទូល​បង្គំ​សូម​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូល​បង្គំ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ព្រោះ​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ ២៦ បពិត្រ​ព្រះ‌ករុណា សូម​ព្រះ‌រាជា​អនុញ្ញាត​ឲ្យ​ទូល​បង្គំ​សម្លាប់​នាគ​រាជ​នេះ ដោយ​មិន​បាច់​ប្រើ​ដាវ​ឬ​ដំបង​ឡើយ»។ ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ​លោក​ដានីអែល។ ២៧ លោក​ដានីអែល​យក​ជ័រ ខ្លាញ់ និង​រោម​សត្វ​មក​ដាក់​ស្ងោរ​ជា​មួយ​គ្នា រួច​លុញ​ជា​ដុំ​តូចៗ បោះ​ចូល​ក្នុង​មាត់​នាគ។ នាគ​ស៊ី​ហើយ​ក៏​ងាប់​ទៅ។ លោក​ដានីអែល​មាន​ប្រសាសន៍​ថា៖ «សូម​មើល​ព្រះ​ដែល​អ្នក​រាល់​គ្នា​តែង​តែ​គោរព​បូជា»។ ២៨ ពេល​អ្នក​ក្រុង​បាប៊ីឡូន​ជ្រាប​ដំណឹង​នេះ គេ​ទាស់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ស្តេច​ទាំង​ស្រែក​ថា៖ «ព្រះ‌រាជា​ក្លាយ​ជា​ជន​ជាតិ​យូដា​ហើយ! ព្រះ‌រាជា​រំលំ​ព្រះ‌បែល សម្លាប់​នាគ​រាជ ហើយ​ប្រហារ​ពួក​បូជា‌ចារ្យ​ទៀត។ ២៩ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ប្រគល់​លោក​ដានីអែល​ឲ្យ​យើង! ប្រសិន​បើ​ព្រះ‌ករុណា​មិន​យល់​ព្រម​ទេ យើង​នឹង​ធ្វើ​គត់​ព្រះ‌ករុណា និង​រាជ‌វង្សា​នុវង្ស»។ ៣០ ព្រះ‌រាជា​យល់​ថា ពួក​គេ​គំរាម​យ៉ាង​ខ្លាំង ស្តេច​ក៏​ព្រម​ប្រគល់​លោក​ដានីអែល​ឲ្យ​ទៅ​ពួក​គេ។ ៣១ ពួក​គេ​បោះ​លោក​ដានីអែល​ទៅ​ក្នុង​រូង​តោ ហើយ​គាត់​ស្ថិត​នៅ​ទី​នោះ‌រយៈ​ពេល​ប្រាំ‌មួយ​ថ្ងៃ។ ៣២ ក្នុង​រូង​នោះ​មាន​តោ​ប្រាំ​ពីរ​ក្បាល គេ​តែង​យក​សាក​សព​មនុស្ស​ពីរ​នាក់ និង​ចៀម​ពីរ​ក្បាល​ឲ្យ​វា​ស៊ី​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ នៅ​ពេល​នោះ គេ​មិន​ឲ្យ​ចំណី​អ្វី​សោះ ដើម្បី​ឲ្យ​តោ​ហែក​លោក​ដានីអែល​ស៊ី។ ៣៣ ពេល​នោះ​ព្យាការី​ហាបាគុក ស្ថិត​នៅ​ស្រុក​យូដា។ លោក​ដាំ​បបរ និង​យក​ចំនិត​នំបុ័ង​តូចៗ​ដាក់​ក្នុង​ចាន​ធំ​មួយ យក​ទៅ​ឲ្យ​អ្នក​ច្រូត​ស្រូវ​នៅ​ឯ​ស្រែ។ ៣៤ ទេវទូត​របស់​ព្រះ‌អម្ចាស់ ពោល​ទៅ​កាន់​ព្យាការី​ហាបាគុក​ថា៖ «ចូរ​យក​អាហារ​ដែល​អ្នក​កាន់​នេះ ទៅ​ឲ្យ​លោក​ដានីអែល នៅ​ក្នុង​រូង​តោ នា​ក្រុង​បាប៊ីឡូន»។ ៣៥ ព្យាការី​ហាបាគុក​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូល​បង្គំ​ពុំ​ដែល​ឃើញ​ក្រុង​បាប៊ីឡូន​ទេ ទូល​បង្គំ​ពុំ​ស្គាល់​រូង​នោះ​ឡើយ»។ ៣៦ ទេវ​ទូត​របស់​ព្រះ‌អម្ចាស់​ចាប់​យួរ​សក់​លោក ហើយ​នាំ​ទៅ​យ៉ាង​លឿន​បំផុត​ដាក់​មាត់​រូង​តោ​នៅ​ក្រុង​បាប៊ីឡូន។ ៣៧ ព្យាការី​ហាបាគុក ស្រែក​ហៅ​ថា៖ «លោក​ដានីអែល​អើយ! លោក​ដានីអែល! សូម​យក​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​ខ្ញុំ យក​មក​ជូន​លោក​ពិសា»។ ៣៨ លោក​ដានីអែល​ពោល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​មិន​បំភ្លេច​ទូល​បង្គំ​ទេ ព្រះ‌អង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ឡើយ»។ ៣៩ លោក​ដានីអែល​ក្រោក​ឈរ ហើយ​ទទួល​អាហារ​យក​មក​បរិភោគ។ ទេវ​ទូត​របស់​ព្រះ‌អម្ចាស់ ក៏​នាំ​ព្យាការី​ហាបាគុក​ត្រឡប់​ទៅ​ស្រុក​លោក​ភ្លាម មួយ​រំពេច។ ៤០ ថ្ងៃ​ទី​ប្រាំពីរ​ព្រះ‌រាជា​យាង​មក​ធ្វើ​ពិធី​កាន់​ទុក្ខ​លោក​ដានីអែល។ លុះ​មក​ដល់​រូង​តោ ស្តេច​ទត​មើល​ខាង​ក្នុង ឃើញ​លោក​ដានីអែល​កំពុង​អង្គុយ។ ៤១ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​ដានីអែល! ព្រះ‌អង្គ​ប្រសើរ​ឧត្តម! ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ទៀត​សោះ​ឡើយ!»។ ៤២ ព្រះ‌រាជា​បញ្ជា​ឲ្យ​គេ​យក​លោក​ដានីអែល​ចេញ​ពី​រូង​តោ។ រីឯ​អស់​អ្នក​ដែល​ប៉ុន​ប៉ង​សម្លាប់​លោក ព្រះ‌រាជា​បញ្ជា​ឲ្យ​គេ​សម្លាប់​នៅ​ក្នុង​រូង​ថ្ម​វិញ។ តោ​ក៏​ហែក​ស៊ី​ពួក​ទាំង​នោះ​ភ្លាម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា៕
469 Views

Theme: Overlay by Kaira