សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងកូឡូស
ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងកូឡូស
ពាក្យលំនាំ
ក្រុងកូឡូសៈ សព្វថ្ងៃ ក្រុងនេះស្ថិតនៅកណ្ដាលប្រទេសទួរគី (ប្រមាណ១៥០គ.ម.ខាងកើតក្រុងអេភេសូ)។ ព្រះសហគមន៍នៅក្រុងកូឡូសកកើតឡើងដោយលោកអេប៉ាប្រាសបាននាំដំណឹងល្អទៅផ្សព្វផ្សាយនៅក្រុងនោះ។ អ្នកក្រុងកូឡូសចូលចិត្តរិះគិតតាមទស្សនវិជ្ជាក្រិក ស្ដីអំពីធាតុទាំងបួន (ទឹក ភ្លើង ខ្យល់ ដី) និងអំពីអំណាចទាំងឡាយដែលត្រួតត្រាពិភពលោក មានយមយក្ស អារក្ខ អ្នកតា ទេវតា ព្រៃភ្នំ វត្ថុស័ក្តិសិទ្ធិ…ជាដើម។ គ្រីស្តបរិស័ទខ្លះនៅក្រុងកូឡូស បានរាប់បញ្ចូលព្រះគ្រីស្ត ក្នុងចំណោមអំណាចទាំងនោះដែរ។ លោកប៉ូលទទួលដំណឹងនេះនៅពេលដែលលោកជាប់ឃុំឃាំងនៅក្រុងមួយ ប្រហែលជានៅក្រុងអេភេសូ (គ.ស.៥៤-៥៧) ឬនៅក្រុងសេសារេ (គ.ស.៥៨-៦០) ឬនៅក្រុងរ៉ូម (គ.ស.៦១-៦៣)។ លោកក៏សរសេរលិខិតទៅកែតម្រង់គ្រីស្តបរិស័ទនៅក្រុងកូឡូស។
គោលសំខាន់ៗ
លោកសរសេរលិខិតនេះ ដើម្បីបញ្ជាក់ថា ព្រះយេស៊ូពិតជាមនុស្សដូចមនុស្សឯទៀតៗ ហើយព្រះអង្គក៏ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ។ ព្រះអង្គជាព្រះអម្ចាស់ដែលគ្រប់គ្រងលើសត្វលោកទាំងឡាយ ព្រះអង្គមានអំណាចលើវត្ថុស័ក្តិសិទ្ធិទាំងអស់ ទាំងនៅលើផែនដី ទាំងនៅស្ថានសួគ៌។ ព្រះអង្គបានសម្រុះសម្រួលមនុស្សលោកទាំងឡាយឲ្យរស់នៅជាមួយគ្នាដោយសុខសាន្ត។ ព្រះសហគមន៍ពិតជាព្រះកាយរបស់ព្រះគ្រីស្ត ហើយព្រះអង្គក៏ជាសិរសារបស់ព្រះសហគមន៍នេះដែរ។
គម្រោងរបស់គម្ពីរកូឡូសៈ
• សេចក្ដីផ្ដើម១.១-៨
• ឋានៈ និងព្រះបរមកិច្ចរបស់ព្រះគ្រីស្ត ១.៩‑២.១៩
• ជីវិតរួមជាមួយព្រះគ្រីស្ត ២.២០‑៤.៦
• អវសានកថា ៤.៧-១៨
១
សេចក្ដីផ្ដើម
(លូកា ៣.២៣-៣៨)
១ ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាគ្រីស្តទូតរបស់ព្រះគ្រីស្តយេស៊ូ និងលោកធីម៉ូថេ ២ សូមជម្រាបមកប្រជារាស្ដ្រដ៏វិសុទ្ធ* និងបងប្អូនដែលជឿលើព្រះគ្រីស្ត នៅក្រុងកូឡូស។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើងប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។
ពាក្យអរព្រះគុណ និងពាក្យទូលអង្វររបស់លោកប៉ូល
៣ យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត* ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន*ឲ្យបងប្អូន ៤ ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រីស្តយេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់ ៥ ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរមសុខ*។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ* ៦ ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។ ៧ បងប្អូនបានទទួលការអប់រំនេះពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្តសម្រាប់បងប្អូន។ ៨ គាត់បានប្រាប់ឲ្យយើងដឹងច្បាស់អំពីសេចក្ដីស្រឡាញ់ ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។
៩ ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។ ១០ សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។ ១១ សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
១២ ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។ ១៣ ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ*នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ១៤ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឲ្យរួចពីបាប។
១៥ ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់
ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់
ដែលព្រះជាម្ចាស់បានបង្កើតមក
១៦ ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ
ក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ
ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ
ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា
ដោយសារព្រះអង្គដែរ។
១៨ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ
គឺព្រះសហគមន៍*
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ
គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ
ស្ថិតនៅក្នុងព្រះគ្រីស្ត។
២០ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់
នៅលើផែនដី និងនៅស្ថានបរមសុខ
ឲ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឲ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិត
នៅលើឈើឆ្កាង។
២១ ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។ ២២ តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រា ដែលកើតមកជាមនុស្ស បានសោយទិវង្គត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ*ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ២៣ ប៉ុន្តែ បងប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អ*មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំ ប៉ូល បានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។
កិច្ចការដ៏លំបាករបស់លោកប៉ូល
២៤ ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រីស្ត សម្រាប់ព្រះកាយរបស់ព្រះអង្គ ដែលជាព្រះសហគមន៍*។ ២៥ ខ្ញុំបានទទួលមុខងារបម្រើព្រះសហគមន៍នេះ តាមការចាត់ចែងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។ ២៦ នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។ ២៧ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រីស្តគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។ ២៨ ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រីស្តនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូប ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រីស្ត។ ២៩ ខ្ញុំធ្វើការនឿយហត់ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។
២
១ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់ ២ គឺខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ពោលគឺព្រះគ្រីស្តផ្ទាល់ ៣ ដ្បិតព្រះតម្រិះ និងព្រះប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រីស្តហ្នឹងហើយ។
៤ ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំឲ្យនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីដ៏ពីរោះៗនោះឡើយ។ ៥ ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្តខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើព្រះគ្រីស្ត។
ជីវិតរួមជាមួយព្រះគ្រីស្ត
៦ ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រីស្តយេស៊ូទុកជាព្រះអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។ ៧ ចូរចាក់ឫស និងកសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿឲ្យបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់ឲ្យបានច្រើនលើសលប់។
៨ ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រីស្តទេ ៩ ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រីស្ត។ ១០ រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រីស្ត ដែលជាម្ចាស់លើវត្ថុស័ក្តិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។
១១ ក្នុងអង្គព្រះគ្រីស្ត បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានដោះរូបកាយខាងលោកីយ៍ចេញ នេះហើយជាពិធីកាត់ស្បែក តាមរបៀបព្រះគ្រីស្ត។ ១២ ពេលបងប្អូនទទួលពិធីជ្រមុជទឹក* បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រីស្តហើយ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រីស្តឲ្យមានព្រះជន្មរស់ឡើងវិញ។ ១៣ ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រីស្ត។
ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មាន
របស់យើង។
១៤ ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ទាស់
នឹងយើងតាមវិន័យនោះចោល។
ព្រះអង្គបានដកបញ្ជីនេះចេញ
ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
១៥ ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្តិសិទ្ធិ
និងពីអ្វីៗដែលមានអំណាច
គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ
ទាំងនាំវាទៅជាឈ្លើយ
ក្នុងពេលហែក្បួនជ័យជម្នះរបស់ព្រះអង្គ។
១៦ ហេតុនេះ មិនត្រូវឲ្យនរណាម្នាក់ថ្កោលទោសបងប្អូនអំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន បុណ្យចូលខែ និងថ្ងៃសប្ប័ទ*នោះឡើយ។ ១៧ ការទាំងអស់នេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺព្រះគ្រីស្ត។ ១៨ មិនត្រូវឲ្យនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជាដាក់ខ្លួន ឬគោរពទេវទូត*នោះឡើយ។ ជនបែបនេះតែងយកការនិមិត្តឃើញរបស់ខ្លួនមកធ្វើជាទីសំអាង ហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។ ១៩ គេមិននៅជាប់ជាមួយព្រះគ្រីស្តជាព្រះសិរសាទេ គឺព្រះសិរសានេះហើយ ដែលផ្គត់ផ្គង់ឲ្យព្រះកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃ ព្រមទាំងចម្រើនឡើង តាមតែព្រះជាម្ចាស់ប្រទានឲ្យ។
ស្លាប់ និងរស់ រួមជាមួយព្រះគ្រីស្ត
២០ បងប្អូនបានស្លាប់រួមជាមួយព្រះគ្រីស្ត ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗ ហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត? ២១ «កុំយក! កុំភ្លក់! កុំប៉ះពាល់!» ២២ បញ្ញត្តិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីប្រៀនប្រដៅរបស់មនុស្សលោក ជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយ ដោយការប្រើប្រាស់។ ២៣ សេចក្ដីក្នុងបញ្ញត្តិទាំងនេះទំនងដូចជាមានប្រាជ្ញា គឺឲ្យគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ឲ្យដាក់ខ្លួន និងលត់ដំខ្លួនជាដើម តែតាម ពិតគ្មានតម្លៃអ្វីសោះ បានត្រឹមតែបំពេញសេចក្ដីប៉ងប្រាថ្នារបស់លោកីយ៍ប៉ុណ្ណោះ។
៣
១ ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្ដាំព្រះជាម្ចាស់នោះវិញ។ ២ ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ ៣ ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជាម្ចាស់ដែរ។ ៤ ពេលព្រះគ្រីស្តដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយព្រះគ្រីស្ត ប្រកបដោយសិរីរុងរឿងដែរ។
ជីវិតចាស់ និងជីវិតថ្មី
៥ ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាព្រះ។ ៦ ព្រោះតែអំពើទាំងនោះហើយ បានជាព្រះជាម្ចាស់ ព្រះអង្គព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ៧ កាលពីដើម បងប្អូនប្រព្រឹត្តអំពើទាំងនោះ ហើយក៏រស់នៅបែបដូច្នោះដែរ។ ៨ តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។ ៩ កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ ១០ បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចម្រើនថ្មីឡើងៗ ឲ្យបានដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ ១១ ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍ យូដា ពួកកាត់ស្បែក* ឬមិនកាត់ស្បែក មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតព្រះគ្រីស្តបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់។
១២ ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ* និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តី អត់ធ្មត់។ ១៣ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ ១៤ លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ ១៥ សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។
១៦ សូមព្រះបន្ទូលរបស់ព្រះគ្រីស្តសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ១៧ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្ដី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះអង្គផង។
ក្រុមគ្រួសាររបស់គ្រីស្តបរិស័ទ
១៨ បងប្អូនជាស្ត្រីដែលមានស្វាមីអើយ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ឲ្យបានស្របតាមរបៀបអ្នកជឿលើព្រះអម្ចាស់។
១៩ បងប្អូនដែលមានភរិយាអើយ ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។
២០ កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតាក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ព្រះហឫទ័យព្រះអម្ចាស់។
២១ បងប្អូនដែលមានកូនអើយ កុំដុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាបាក់ទឹកចិត្ត។
២២ បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ គ្រប់ចំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដោយចិត្តស្មោះសរ និងដោយគោរពកោតខ្លាចព្រះអម្ចាស់។ ២៣ គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ ២៤ ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីព្រះអម្ចាស់ទុកជាកម្រៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺព្រះគ្រីស្ត ចូរបម្រើព្រះអង្គទៅ។ ២៥ អ្នកណាធ្វើការអ្វីដោយទុច្ចរិត អ្នកនោះក៏នឹងទទួលផល តាមអំពើទុច្ចរិតនោះដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
៤
១ បងប្អូនដែលជាម្ចាស់អើយ ត្រូវប្រព្រឹត្តអំពើណាដែលសុចរិត និងយុត្តិធម៌ដល់អ្នកបម្រើរបស់ខ្លួន ដោយដឹងថា បងប្អូនផ្ទាល់ក៏មានម្ចាស់មួយ ព្រះអង្គនៅស្ថានបរមសុខ*ដែរ។
ពាក្យដាស់តឿន និងពាក្យសួរសុខទុក្ខផ្សេងៗ
២ ចូរព្យាយាមអធិស្ឋាន* ហើយប្រុងស្មារតីក្នុងការអធិស្ឋាននេះ ទាំងអរព្រះគុណព្រះជាម្ចាស់ផង។ ៣ ចូរទូលអង្វរព្រះជាម្ចាស់ឲ្យយើងដែរ ដើម្បីព្រះអង្គបើកទ្វារចំហឲ្យយើងមានឱកាសប្រកាសព្រះបន្ទូល គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។ ៤ សូមទូលអង្វរព្រះអង្គ ឲ្យខ្ញុំអាចបកស្រាយយ៉ាងច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។
៥ ចូរប្រព្រឹត្តចំពោះអស់អ្នកដែលមិនមែនជាគ្រីស្តបរិស័ទ ដោយប្រើប្រាជ្ញា និងចេះប្រើប្រាស់ពេលវេលាផង។ ៦ សូមបងប្អូននិយាយពាក្យសម្ដីទន់ភ្លន់ជានិច្ច មានខ្លឹមសារ ដើម្បីឲ្យបងប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។
៧ លោកទីឃីគូស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាសហការីរបស់ខ្ញុំក្នុងកិច្ចការរបស់ព្រះអម្ចាស់ នឹងជម្រាបបងប្អូនឲ្យបានជ្រាបសព្វគ្រប់អំពីសុខទុក្ខរបស់ខ្ញុំ។ ៨ ខ្ញុំចាត់គាត់ឲ្យមករកបងប្អូន ក្នុងគោលបំណងនេះឯង គឺឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។ ៩ ខ្ញុំចាត់គាត់ឲ្យមកជាមួយលោកអូណេស៊ីម ជាបងប្អូនដ៏ស្មោះត្រង់ និងដ៏ជាទីស្រឡាញ់ ជាអ្នកដែលនៅស្រុកជាមួយបងប្អូន។ អ្នកទាំងពីរនឹងជម្រាបបងប្អូនឲ្យជ្រាបអំពីសភាពការណ៍នៅទីនេះ។
១០ លោកអរីស្ដាក ដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់ញាតិនឹងលោកបារណាបាស ក៏សូមជម្រាបសួរមកបងប្អូនដែរ (បងប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ហើយ ប្រសិនបើគាត់មក សូមបងប្អូនទទួលដោយរាក់ទាក់ផង)។ ១១ រីឯលោកយេស៊ូហៅយូស្ទូស ក៏សូមជម្រាបសួរមកបងប្អូនផងដែរ។ ក្នុងចំណោមជនជាតិយូដា មានតែបងប្អូនបីនាក់នេះប៉ុណ្ណោះ ដែលធ្វើការសម្រាប់ព្រះរាជ្យ*ព្រះជាម្ចាស់ជាមួយខ្ញុំ ហើយក៏បានលើកទឹកចិត្តខ្ញុំទៀតផង។ ១២ លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើព្រះគ្រីស្តយេស៊ូ ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយអធិស្ឋាន* ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គ្រប់ចំពូកទាំងអស់។ ១៣ ខ្ញុំហ៊ានធ្វើជាសាក្សីថា គាត់បានខំប្រឹងខ្នះខ្នែងយ៉ាងខ្លាំង សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកនៅស្រុកយេរ៉ាប៉ូលីស៍។ ១៤ លោកគ្រូពេទ្យលូកាដ៏ជាទីស្រឡាញ់របស់យើង និងលោកដេម៉ាស ក៏សូមជម្រាបសួរមកបងប្អូនដែរ។
១៥ សូមជម្រាបសួរបងប្អូននៅស្រុកឡៅឌីសេ និងជម្រាបសួរនាងនឹមផា ព្រមទាំងព្រះសហគមន៍ដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។
១៦ ពេលណាបងប្អូនអានសំបុត្រនេះរួចហើយ សូមលៃលកយ៉ាងណាឲ្យព្រះសហគមន៍នៅស្រុកឡៅឌីសេអានផង ហើយបងប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌីសេដែរ។ ១៧ សូមជម្រាបលោកអឃីប៉ុសថា ត្រូវយកចិត្តទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីព្រះអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យបានល្អ។
១៨ ពាក្យជម្រាបសួរនេះ ខ្ញុំ ប៉ូល សរសេរដោយដៃខ្ញុំផ្ទាល់។ សូមបងប្អូនកុំភ្លេចថា ខ្ញុំជាប់ឃុំឃាំង។ សូមព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូន។
622 Views