សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
បេនស៊ីរ៉ាក់
ពាក្យលំនាំ
លោកបេនស៊ីរ៉ាក់
ពាក្យលំនាំ
អ្នកនិពន្ធកណ្ឌគម្ពីរនេះឈ្មោះ «យេស៊ូ បេនស៊ីរ៉ាក់» គឺលោកយេស៊ូ (ភាសាហេប្រឺ យ៉ូស៊ូអា) ជាកូនរបស់លោក «ស៊ីរ៉ាក់»។ លោកជាបណ្ឌិតខាងវិន័យ (ធម្មាចារ្យ) ម្នាក់ដែលបង្រៀន គម្ពីរវិន័យនៅក្រុងយេរូសាឡឹមប្រហែលនៅឆ្នាំ ១៨០មុនគ.ស. គឺមុនពេលព្រះបាទអន់ទីយ៉ូគូសធ្វើការបៀតបៀនប្រជាជនអ៊ីស្រាអែល (ឆ្នាំ ១៧៥មុនគ.ស)។ លោកស្រឡាញ់ព្រះគម្ពីរ ហើយយកមករិះគិត និងប្រតិបត្ដិតាម។ លោកតែងតែធ្វើដំណើរទៅក្រៅប្រទេសជាច្រើនដង គេចាត់ទុកលោកជាអ្នកប្រាជ្ញាមួយរូប។ លុះពេលលោកចាស់ លោកក៏បានចងក្រងសេចក្ដីដែលលោកបង្រៀននោះ ជាលាយលក្ខណ៍អក្សរ។ លោកនិពន្ធកណ្ឌគម្ពីរនេះជាភាសាហេប្រឺ តែច្បាប់ដើមដែលលោកសរសេរនោះ បានបាត់ទៅហើយ។ គេរកឃើញតែអត្ថបទខ្លះៗប៉ុណ្ណោះ។ ប្រហែលឆ្នាំ ១៣០មុនគ.ស. ចៅរបស់លោកបានបកប្រែកណ្ឌគម្ពីរនេះជាភាសាក្រិក។ កណ្ឌគម្ពីរបេនស៊ីរ៉ាក់មានឥទ្ធិពលយ៉ាងខ្លាំងក្នុងសហគមន៍យូដា និងក្នុងសហគមន៍គ្រីស្តបរិស័ទតាំងពីដើមរៀងមក ជាពិសេសសម្រាប់អប់រំអ្នកដែលទើបនឹងជឿ។ ហេតុនេះហើយបានជាគ្រីស្តបរិស័ទតែងតែហៅកណ្ឌគម្ពីរនេះថា «កណ្ឌនៃព្រះសហគមន៏» (Ecclesiasticus) រហូតដល់ចុងសតវត្សទីម្ភៃ។
នៅជំនាន់លោកបេនស៊ីរ៉ាក់និពន្ធកណ្ឌនេះ គឺជាសម័យដែលអរិយធម៌ក្រិក ជាអរិយធម៌អន្តរជាតិ កំពុងជ្រៀតចូលគ្រប់វិស័យក្នុងសង្គមយូដា។ ហេតុនេះហើយបានជាលោកសរសេរកណ្ឌនេះ ក្នុងគោលបំណងការពារសាសនា និងអរិយធម៌យូដា ដែលជាកេរអាករដ៏ថ្លៃថ្នូររបស់ប្រជារាស្រ្តនៃព្រះជាម្ចាស់ ឲ្យនៅគង់វង្ស។ លោកខិតខំណែនាំជនជាតិយូដាឲ្យដឹងថា គេមានអរិយធម៌ ល្អប្រសើរជាងអរិយធម៌ក្រិកទៅទៀត។ លោកចងក្រងសេចក្ដីរិះគិតរបស់លោក ដើម្បីអប់រំពួកយុវជនឲ្យប្រតិបត្ដិតាមរបៀបដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈ។
កណ្ឌនេះអាចចែកជាប្រាំភាគ ប្រៀបដូចជាកូនសៀវភៅប្រាំ។ ក្នុងភាគទីប្រាំ លោកបេនស៊ីរ៉ាក់ កោតសរសើរប្ញទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់។ បន្ទាប់មក លោកសរសើរមនុស្សដ៏ល្បីល្បាញមួយចំនួននៃប្រជាជនអ៊ីស្រាអែល។
លោកបេនស៊ីរ៉ាក់យល់ឃើញថា មនុស្សប្រកបដោយប្រាជ្ញារមែងរស់នៅយ៉ាងត្រឹមត្រូវ សុចរិត និងទៀងត្រង់ ទាំងក្នុងរង្វង់ក្រុមគ្រួសារ ទាំងក្នុងសង្គម។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ណែនាំមនុស្សឆ្ពោះទៅកាន់សុភមង្គលដ៏ពិតប្រាកដ។ ព្រះជាម្ចាស់ប្រទានព្រះប្រាជ្ញាញាណឲ្យប្រជាជនអ៊ីស្រាអែល នៅពេលព្រះអង្គប្រទានគម្ពីរវិន័យឲ្យលោកម៉ូសេ។
១
១
លោកបេនស៊ីរ៉ាក់
អារម្ភកថារបស់អ្នកបកប្រែ
១ គម្ពីរវិន័យ គម្ពីរព្យាការី និងកណ្ឌគម្ពីរក្រោយៗមកទៀត បាននាំមកនូវដំបូន្មានដ៏ល្អប្រសើរជាច្រើនដល់យើង។ យើងត្រូវតែសរសើរប្រជាជនអ៊ីស្រាអែល ដែលប្រកបដោយប្រាជ្ញា និងចំណេះដឹង។ ប៉ុន្តែ អ្នកអានគម្ពីរមិនត្រូវប្រាថ្នាចង់បានតែចំណេះដឹងប៉ុណ្ណោះទេ ២ អ្នកដែលស្រឡាញ់ចំណេះនោះ ត្រូវសរសេរ ឬនិយាយពន្យល់បកស្រាយ ដើម្បីជាប្រយោជន៍ដល់អ្នក ដែលមិនបានរៀនសូត្រដែរ។
ហេតុនេះ លោកយេស៊ូ ជាជីតារបស់ខ្ញុំបានខិតខំយកចិត្តទុកដាក់ អានគម្ពីរវិន័យ និងគម្ពីរព្យាការី ១០ ព្រមទាំងកណ្ឌគម្ពីរឯទៀតៗរបស់ដូនតាយើង លោកក៏ក្លាយទៅជា អ្នកស្ទាត់ជំនាញខាងគម្ពីរដែរ។ លោកយល់ឃើញថា ត្រូវតែតែងសៀវភៅមួយ ស្ដីអំពីចំណេះដឹង និងប្រាជ្ញា ដើម្បីឲ្យអស់អ្នកដែលស្រឡាញ់ចំណេះដឹង ស្គាល់សេចក្ដីទាំងនោះ និងប្រព្រឹត្តតាមគម្ពីរវិន័យកាន់តែប្រសើរទ្បើងៗ។ ១៥ ដូច្នេះ ខ្ញុំសូមអញ្ជើញមិត្តអ្នកអាន ផ្ទៀងផ្ទាត់មើលសៀវភៅនេះ ដោយយកចិត្តទុកដាក់ និងអនុគ្រោះផង។ ២០ ប្រសិនបើមិត្តអ្នកអានយល់ឃើញថា យើងខ្ញុំពុំបានបកប្រែពាក្យ ឬឃ្លាខ្លះឲ្យបានចំអត្ថន័យទេនោះ សូមមេត្តាខន្តីអភ័យទោសឲ្យយើងខ្ញុំផង ព្រោះថា ទោះបីយើងខិតខំរកគន្លឹះនៃពាក្យយ៉ាងណាក្ដី សេចក្ដីដែលចែងជាភាសាហេប្រឺ កាលណាបកប្រែជាភាសាមួយផ្សេងទៀត បែរជាមានរសជាតិប្លែកទៅវិញ។ មិនមែនតែសៀវភៅនេះប៉ុណ្ណោះទេ គឺគម្ពីរវិន័យ គម្ពីរព្យាការី ២៥ និងកណ្ឌឯទៀតៗ កាលណាបកប្រែរួច ក៏មានសេចក្ដីជាច្រើនប្លែកពីសេចក្ដីដើមផងដែរ។
នៅឆ្នាំទីសាមសិប នៃរជ្ជកាលព្រះបាទអេអ៉ែរស៊ែត ខ្ញុំបានទៅដល់ស្រុកអេស៊ីប ហើយស្នាក់នៅក្នុងប្រទេសនោះ។ ខ្ញុំរកឃើញសៀវភៅអប់រំដ៏មានសារសំខាន់មួយច្បាប់ ៣០ ខ្ញុំយល់ឃើញថា ត្រូវតែយកចិត្តទុកដាក់បកប្រែសៀវភៅនេះ ដោយប្រិតប្រៀង ទោះបីនឿយហត់យ៉ាងណាក្ដី។ ខ្ញុំបានចំណាយពេលអស់ជាច្រើនយប់ និងប្រើចំណេះជាច្រើន ក្នុងអំទ្បុងពេលដែលខ្ញុំស្នាក់នៅ ក្នុងស្រុកនោះ ដើម្បីបកប្រែឲ្យបានចប់សព្វគ្រប់ ជូនអស់អ្នកស្នាក់នៅក្រៅប្រទេស ដែលស្រឡាញ់ និងប្រាថ្នាចង់បានចំណេះដឹង ៣៥ ហើយចង់ប្រតិបត្តិតាមគម្ពីរវិន័យ ជារៀងរាល់ថ្ងៃ។
១
ភាគទីមួយ
ការអាថ៌កំបាំងនៃព្រះប្រាជ្ញាញាណ
១ ប្រាជ្ញាគ្រប់យ៉ាងសុទ្ធតែមកពីព្រះអម្ចាស់ ហើយស្ថិតនៅជាមួយព្រះអង្គ អស់កល្បជានិច្ច។
២ តើនរណាអាចរាប់ចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្របាន? តើនរណាអាចរាប់ចំនួនដំណក់ទឹកភ្លៀង ឬចំនួនថ្ងៃនៃជីវិតអស់កល្បជានិច្ច? ៣ តើនរណាអាចវាស់កម្ពស់ផ្ទៃមេឃ បណ្ដោយផែនដី និងជម្រៅមហាសមុទ្របាន? ៤ ព្រះអម្ចាស់បានបង្កើតព្រះតម្រិះដ៏វាងវៃ តាំងពីដើមដំបូងបង្អស់ដែរ។ តើនរណាស្គាល់ដើមកំណើតនៃព្រះប្រាជ្ញាញាណ? តើនរណាស្គាល់ស្នាព្រះហស្តនៃព្រះប្រាជ្ញាញាណ? ៨ មានតែព្រះអម្ចាស់ដែលគង់នៅលើបល្ល័ង្ក តែមួយព្រះអង្គប៉ុណ្ណោះទេ ដែលប្រកបដោយ ព្រះប្រាជ្ញាញាណ ហើយគួរឲ្យស្ញែងខ្លាច។ ៩ ព្រះអម្ចាស់បានបង្កើតព្រះប្រាជ្ញាញាណ ដោយព្រះអង្គផ្ទាល់ ព្រះអង្គទតឃើញ និងឈ្វេងយល់តម្លៃនៃព្រះប្រាជ្ញាញាណ ហើយចាក់បង្ហូរព្រះប្រាជ្ញាញាណនេះមកលើស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គ។
១០ ព្រះអង្គប្រទានព្រះប្រាជ្ញាញាណដល់មនុស្សលោកទាំងអស់ ដោយព្រះហប្ញទ័យទូលំទូលាយ ជាពិសេស ដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ការគោរពកោតខ្លាចព្រះអម្ចាស់
១១ ការគោរពកោតខ្លាចព្រះអម្ចាស់ នាំមកនូវភាពរុងរឿង មោទនភាព និងអំណរសប្បាយដ៏លើសលប់។
១២ ការគោរពកោតខ្លាចព្រះអម្ចាស់ នាំឲ្យចិត្តរីករាយ ផ្តល់អំណរសប្បាយ ព្រមទាំងមានអាយុយឺនយូរ។
១៣ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ នឹងជួបតែសេចក្ដីសុខ រហូតដល់អវសាននៃជីវិត នៅថ្ងៃលាចាកលោកនេះ គេក៏ទទួលព្រះពរពីព្រះអង្គដែរ។
១៤ ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា។ ព្រះជាម្ចាស់បានបង្កើតប្រាជ្ញា បម្រុងទុកសម្រាប់អ្នកជឿលើព្រះអង្គ តាំងពីគេនៅក្នុងផ្ទៃម្តាយមក។
១៥ ប្រាជ្ញាតាំងទីលំនៅក្នុងចំណោមមនុស្សលោកអស់កល្បជានិច្ច ហើយស្ថិតនៅជាមួយពូជពង្សរបស់មនុស្សយ៉ាងស្មោះស្ម័គ្រទៀតផង។
១៦ ការគោរពកោតខ្លាចព្រះអម្ចាស់ នាំមកនូវប្រាជ្ញាយ៉ាងពេញលេញ ហើយប្រាជ្ញាផ្តល់ សម្បត្ដិហូរហៀរឲ្យមនុស្សលោក។
១៧ ប្រាជ្ញាធ្វើឲ្យ ផ្ទះរបស់គេមានពោរពេញដោយទ្រព្យសម្បត្ដិ ដែលគេប្រាថ្នាចង់បាន ហើយជង្រុករបស់គេពោរពេញដោយភោគផល ដែលបានមកពីប្រាជ្ញានេះ។
១៨ ការគោរពកោតខ្លាចព្រះអម្ចាស់ ពិតជាលើកតម្កើងព្រះប្រាជ្ញាញាណ។ ព្រះប្រាជ្ញាញាណប្រទានសេចក្ដីសុខសាន្ត និងសុខភាពល្អ ដូចផ្ការីកស្គុសស្គាយ។
១៩ ព្រះប្រាជ្ញាញាណប្រទានចំណេះដឹង យ៉ាងឈ្លាសវៃបំផុត ដូចទឹកភ្លៀងបង្អុរចុះមក ព្រះអង្គលើកកិតិ្តយសអស់អ្នកដែលបានទទួលព្រះប្រាជ្ញាញាណនោះទៀតផង។
២០ ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្ញសគល់នៃប្រាជ្ញា ដែលផ្តល់ឲ្យមនុស្សមានអាយុយឺនយូរ។
ត្រូវចេះអត់ធ្មត់
២២ មិនត្រូវចាត់ទុកកំហឹងដ៏អយុត្តិធម៌ ថាជាអំពើល្អទ្បើយ ដ្បិតអ្នកដែលខឹងពិតជាឈានទៅរកសេចក្តីវិនាសអន្តរាយពុំខាន។
២៣ អ្នកមានចិត្តអត់ធ្មត់ រមែងចេះទប់ចិត្ត តាំងពីដើមរហូតដល់ចប់ ហើយនៅទីបំផុត គេនឹងបានអំណរសប្បាយទ្បើងវិញ។
២៤ អ្នកនោះរមែងនៅស្ងៀម តាំងពីដើមរហូតដល់ចប់ មនុស្សម្នា នឹងកោតសរសើរគំនិតដ៏ឆ្លាតវាងវៃរបស់គេ។
ប្រាជ្ញា និងចិត្តទៀងត្រង់
២៥ ក្នុងចំណោមសម្បត្ដិដ៏ថ្លៃថ្នូរ របស់ព្រះប្រាជ្ញាញាណ មានសុភាសិតដែលផ្តល់ចំណេះដឹង ប៉ុន្តែ មនុស្សបាបរមែងស្អប់ខ្ពើមការគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ២៦ ប្រសិនបើអ្នកប្រាថ្នាចង់បានប្រាជ្ញា ចូរកាន់តាមវិន័យទៅ! ព្រះអម្ចាស់ មុខជាប្រទានប្រាជ្ញាឲ្យអ្នកពុំខាន។ ២៧ អ្នកដែលមានប្រាជ្ញា និងចំណេះដឹងរមែងគោរពកោតខ្លាចព្រះអម្ចាស់។ អ្នកដែលមានចិត្តស្មោះត្រង់ និងសុភាពរាបសារមែងគាប់ព្រះហប្ញទ័យព្រះអង្គ។ ២៨ ចូរកុំរឹងរូស នឹងការគោរពកោតខ្លាចព្រះអម្ចាស់ ហើយកុំចូលទៅគាល់ព្រះអង្គដោយចិត្តវៀចវេរទ្បើយ។ ២៩ កុំនិយាយជាមួយអ្នកដទៃ ដោយពុតត្បុត តែត្រូវប្រយ័ត្នពាក្យសម្ដី។ ៣០ កុំលើកតម្កើងខ្លួនឯង ក្រែងអ្នកដួល ហើយត្រូវអាម៉ាស់មុខ ដ្បិតព្រះអម្ចាស់នឹងបើកអាថ៌កំបាំងរបស់អ្នកឲ្យគេឃើញ ព្រះអង្គនឹងបំបាក់មុខអ្នកនៅកណ្តាលអង្គប្រជុំ ដ្បិតអ្នកមិនព្រមគោរពកោតខ្លាចព្រះអម្ចាស់ ហើយនៅក្នុងចិត្តអ្នកមានសុទ្ធតែពុតត្បុត។
២
អ្នកស្មោះត្រង់នឹងព្រះជាម្ចាស់
១ កូនអើយ! ប្រសិនបើកូនប្រាថ្នាចង់បម្រើព្រះអម្ចាស់ ចូររៀបចំខ្លួនឲ្យព្រះអង្គល្បងល។
២ ចូរតម្រង់ចិត្តឲ្យបានត្រង់! ចូរមានចិត្តរឹងប៉ឹងទ្បើង! កុំជ្រួលច្របល់ក្នុងពេលមានអាសន្ន។
៣ ចូរជំពាក់ចិត្តលើព្រះអម្ចាស់ កុំឃ្លាតចាកពីព្រះអង្គទ្បើយ នោះកូនមុខជាចម្រុងចម្រើននៅគ្រាអវសាននៃជីវិត។
៤ ចូរស៊ូទ្រាំនឹងហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានដល់កូន ប្រសិនបើកូនជួបប្រទះនឹងទុក្ខវេទនា ចូរមានចិត្តអត់ធ្មត់ជានិច្ច!
៥ ដ្បិតគេយកមាសមកបន្សុទ្ធក្នុងភ្លើងយ៉ាងណា ព្រះជាម្ចាស់យកទុក្ខវេទនាមក ជម្រះចិត្តអ្នកដែលគាប់ព្រះហប្ញទ័យព្រះអង្គយ៉ាងនោះដែរ។
៦ ចូរជឿលើព្រះជាម្ចាស់ ព្រះអង្គមុខជាយាងមកជួយកូនពុំខាន។ ចូរដើរតាមមាគ៌ាដ៏ទៀងត្រង់ ហើយសង្ឃឹមលើព្រះអង្គចុះ!។
៧ អស់អ្នក ដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរផ្ញើជីវិតលើព្រះហប្ញទ័យ មេត្តាករុណារបស់ព្រះអង្គ! កុំងាកចេញពីព្រះអង្គទ្បើយ ក្រែងអ្នករាល់គ្នាត្រូវជំពប់ដួល។
៨ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរជឿលើព្រះអង្គចុះ! អ្នករាល់គ្នាមុខជាទទួលរង្វាន់ពុំខាន។
៩ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរសង្ឃឹមថា អ្នកនឹងទទួលសម្បត្ដិរបស់ព្រះអង្គ គឺមានអំណរសប្បាយអស់កល្បជានិច្ច និងទទួលសេចក្តីមេត្តាករុណាពីព្រះអង្គផង។
១០ ចូរសង្កេតមើលមនុស្សជំនាន់មុនៗ ហើយរិះគិតពិចារណាចុះ! តើមាននរណាផ្ញើជីវិតលើព្រះអម្ចាស់ ហើយត្រូវខកចិត្តឬទេ? តើមាននរណាកោតខ្លាចព្រះអម្ចាស់ ហើយត្រូវព្រះអង្គបោះបង់ចោលឬទេ? តើមាននរណាអង្វរព្រះអង្គ ហើយត្រូវព្រះអង្គមើលងាយ មិនអើពើឬទេ? ១១ ទេ! ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ និងមេត្តាករុណា ព្រះអង្គតែងតែលើកលែងទោសមនុស្សឲ្យរួចពីបាប ហើយសង្រ្គោះគេក្នុងគ្រាមានអាសន្ន។
១២ រីឯមនុស្សកំសាក ខ្វះការតស៊ូ គឺមនុស្សបាបដែលដើរផ្លូវពីរ មុខជាត្រូវវេទនាពុំខាន!
១៣ អ្នកដែលគ្មានចិត្តក្លាហាន ហើយមិនផ្ញើជីវិតលើព្រះអម្ចាស់ ក៏ត្រូវវេទនាដែរ! ព្រោះព្រះអង្គមិនការពារគេទ្បើយ។
១៤ អ្នករាល់គ្នាដែលគ្មានចិត្តព្យាយាមអើយ! អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! នៅពេលព្រះអម្ចាស់យាងមកគិតបញ្ជី តើអ្នករាល់គ្នានឹងធ្វើដូចម្តេច?
១៥ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ រមែងប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ អស់អ្នកដែលស្រឡាញ់ព្រះអង្គ ក៏តែងតែប្រតិបត្តិតាមមាគ៌ារបស់ព្រះអង្គដែរ។
១៦ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ រមែងខិតខំឲ្យបានគាប់ព្រះហប្ញទ័យព្រះអង្គ អស់អ្នកដែលស្រឡាញ់ព្រះអង្គ ក៏តែងតែយកវិន័យរបស់ព្រះអង្គធ្វើជាអាហារដែរ។
១៧ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ រមែងប្រុងស្មារតីចាំបម្រើព្រះអង្គជានិច្ច ពួកគេតែងតែដាក់ខ្លួននៅចំពោះព្រះភ័ក្រ្តព្រះអង្គ ទាំងពោលថា៖ ១៨ «ស៊ូធ្លាក់ក្រោមអំណាចរបស់ព្រះអម្ចាស់ ប្រសើរជាងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស! ដ្បិតព្រះអង្គថ្កុំថ្កើងរុងរឿងយ៉ាងណា ព្រះអង្គក៏មានព្រះហប្ញទ័យមេត្តាករុណាយ៉ាងនោះដែរ»។
៣
ភារកិច្ចរបស់កូនចំពោះឪពុកម្តាយ
១ ម្នាលកូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក! ប្រសិនបើកូនធ្វើតាមដំបូន្មានទាំងនេះ កូនមុខជាគេចផុតពីសេចក្តីអន្តរាយពុំខាន!
២ ព្រះអម្ចាស់ប្រទានឲ្យឪពុកមានអំណាចលើកូន ព្រះអង្គក៏ប្រទានឲ្យម្តាយមានសិទ្ធិលើកូនប្រុសដែរ។
៣ កូនណាគោរពឪពុក កូននោះលោះបាបរបស់ខ្លួន។
៤ កូនដែលលើកតម្កើងកិត្តិយសរបស់ម្តាយ ក៏ដូចជាសន្សំទ្រព្យសម្បត្ដិទុកដែរ។
៥ កូនដែលគោរពឪពុកនឹងបានអំណរសប្បាយពីកូនរបស់ខ្លួនវិញពុំខាន។ នៅថ្ងៃដែលគេអង្វរព្រះអម្ចាស់ ព្រះអង្គព្រះអង្គព្រះសណ្តាប់គេ។
៦ កូនណាលើកតម្កើងកិតិ្តយសរបស់ឪពុក កូននោះនឹងមានអាយុយឺតយូរ។ កូនដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងធ្វើឲ្យម្តាយស្ងប់ចិត្ត។ ៧ កូននោះក៏បម្រើឪពុកម្តាយរបស់ខ្លួន ដូចបម្រើចៅហ្វាយនាយដែរ។
៨ ក្នុងគ្រប់ពាក្យសម្ដីដែលកូនពោល ក្នុងគ្រប់អំពើដែលកូនប្រព្រឹត្ត ចូរលើកតម្កើងកិតិ្តយសរបស់ឪពុក ដើម្បីឲ្យកូនទទួលពរ។
៩ ពររបស់ឪពុក ពិតជានាំឲ្យក្រុមគ្រួសាររបស់កូនបានរឹងប៉ឹង ផ្ទុយទៅវិញ បណ្តាសារបស់ម្តាយ រមែងនាំឲ្យក្រុមគ្រួសារវិនាសអន្តរាយ។
១០ ចូរកុំតម្កើងខ្លួន ដោយឃើញឪពុកអាប់កិតិ្តយស ព្រោះការអាប់កិតិ្តយសរបស់ឪពុកមិនធ្វើឲ្យកូនបានខ្ពស់មុខទ្បើយ។ ១១ ដ្បិតមនុស្សបានខ្ពស់មុខ ព្រោះតែកិតិ្តយសរបស់ឪពុក។ រីឯម្តាយដែលអាប់កិត្តិយស ក៏ធ្វើឲ្យកូនអាម៉ាស់មុខដែរ។
១២ កូនអើយ ចូរផ្គត់ផ្គង់ឲ្យឪពុកក្នុងពេលដែលគាត់ចាស់ជរា កុំធ្វើឲ្យគាត់កើតទុក្ខនៅពេលគាត់ នៅមានជីវិតដែរ។ ១៣ ទោះបីគាត់វង្វេងស្មារតីក្កី ចូរអាណិតមេត្តាដល់គាត់ផង។ ក្នុងពេលកូនពេញកម្លាំង កុំមើលងាយគាត់ឲ្យសោះ។ ១៤ ដ្បិតព្រះអម្ចាស់មិនបំភ្លេចការដឹងគុណ ដែលកូនបានបំពេញចំពោះឪពុកឡើយ ការដឹងគុណទាំងនោះ នឹងធ្វើឲ្យកូនបានរួចពីបាបជាច្រើន។ ១៥ នៅគ្រាកូនមានអាសន្ន ព្រះជាម្ចាស់មិនបំភ្លេចកូនទេ អំពើបាបរបស់កូននឹងរលាយបាត់អស់ ដូចទឹកកកត្រូវកម្ដៅថ្ងៃ។
១៦ អ្នកណាបោះបង់ចោលឪពុករបស់ខ្លួន អ្នកនោះដូចជាប្រមាថព្រះជាម្ចាស់ ហើយអ្នកណាធ្វើឲ្យម្តាយពិបាកចិត្ត ព្រះអម្ចាស់នឹងដាក់បណ្តាសាអ្នកនោះ។
អំពីចិត្តសុភាពរាបសា
១៧ កូនអើយ! ចូរមានចិត្តស្លូតបូត ក្នុងគ្រប់កិច្ចការដែលកូនធ្វើ មនុស្សម្នានឹងស្រឡាញ់កូនជាងអ្នកមានចិត្តទូលាយទៅទៀត។ ១៨ ពេលកូនមានបុណ្យស័ក្តិកាន់តែខ្ពស់យ៉ាងណា ត្រូវតែដាក់ខ្លួនឲ្យកាន់តែទាបយ៉ាងនោះដែរ ហើយព្រះអម្ចាស់នឹងប្រោសប្រណីដល់កូន។ ១៩ ទោះបីព្រះអម្ចាស់មានប្ញទ្ធានុភាពយ៉ាងណាក្ដី ក៏ព្រះអង្គសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈអ្នកទន់ទាបវិញ។
២០ កុំស្វែងរកអ្វីដែលពិបាកពេក កុំចង់យល់ដឹងអ្វីដែលហួសពីប្រាជ្ញារបស់ខ្លួន។
២១ ចូរខិតខំរិះគិតអំពីកិច្ចការដែលព្រះអង្គបានបញ្ជាឲ្យកូនធ្វើ កុំចង់ដឹងពីអ្វីដែលលាក់កំបាំងឡើយ។
២២ កុំខ្វល់ខ្វាយនឹងកិច្ចការ ដែលហួសពីសមត្ថភាពរបស់កូន ដ្បិតអ្វីៗដែលកូនឃើញក្នុងលោកនេះ សុទ្ធតែខ្ពស់លើសពីប្រាជ្ញា ដែលមនុស្សអាចយល់បាន។
២៣ មនុស្សជាច្រើនបានវង្វេង ដោយសារតែការរិះគិតផ្តេសផ្តាសរបស់ខ្លួន។ គំនិតស្រមើស្រមៃដ៏អាក្រក់របស់គេ ក៏ធ្វើឲ្យចិត្តគំនិតរបស់ខ្លួនវៀចវេរដែរ។
២៤ មនុស្សដែលមានចិត្តចចេសរឹងរូស រមែងផុតជីវិតយ៉ាងវេទនា អ្នកដែលចូលចិត្តប្រថុយជីវិត មុខជាបាត់បង់ជីវិតពុំខាន។
២៥ មនុស្សដែលមានចិត្តចចេសរឹងរូសរមែងរងទុក្ខលំបាកជាច្រើន មនុស្សពាលរមែងប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ ២៦ ជំងឺក្រអឺតក្រទម គ្មានឱសថព្យាបាលឡើយ ព្រោះគំនិតអាក្រក់បានចាក់ប្ញសយ៉ាងជ្រៅ ក្នុងចិត្តរបស់គេ។
២៧ មនុស្សឈ្លាសវៃ តែងតែយកសុភាសិតមកសញ្ជឹងគិត អ្នកមានប្រាជ្ញាក៏យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ដំបូន្មានដែរ។
អំពីការចែកទាន
២៨ ទឹកពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅយ៉ាងណា ការដាក់ទានក៏លុបលាងបាបយ៉ាងនោះដែរ។
២៩ អ្នកណាជួយយកអាសារអ្នកដទៃ អ្នកនោះមុខជាមានសេចក្ដីសុខសម្រាប់អនាគត ពេលមានអាសន្ន គាត់នឹងរកទីពឹងបាន។
៤
១ កូនអើយ! កុំបដិសេធចែកអ្វីៗ ដែលអ្នកក្រីក្រត្រូវការចាំបាច់សម្រាប់ជីវិតរបស់គេឡើយ។ កុំទុកឲ្យអ្នកខ្វះខាតរង់ចាំទទួលអំណោយពីកូនយូរពេក!
២ កុំទុកឲ្យអ្នកដែលស្រេកឃ្លានព្រួយចិត្ត កុំបណ្តាលឲ្យអ្នកទ័លក្រមួម៉ៅឡើយ។
៣ កុំបណ្តាយឲ្យអ្នកដែលកំពុងមួម៉ៅ រឹតតែកើតទុក្ខថែមទៀត ប្រសិនបើគេត្រូវការអ្វីចាំបាច់ កុំពន្យាពេលឡើយ។ ចូរកូនចែកឲ្យគេទៅ។
៤ កុំដេញអ្នកសុំទាន ក្នុងពេលគេមានអាសន្ន កុំគេចមុខចេញពីអ្នកក្រីក្រ។
៥ កុំមើលអ្នកខ្វះខាតនឹងភ្នែក កុំទុកឱកាសឲ្យគេដាក់បណ្តាសាកូនឡើយ។ ៦ ប្រសិនបើគេដាក់បណ្តាសាកូនក្នុងពេលគេពិបាកចិត្ត ព្រះអម្ចាស់ដែលបានបង្កើតគេ ព្រះអង្គមុខជាព្រះសណ្តាប់ពាក្យអង្វររបស់គេពុំខាន។
៧ ចូរធ្វើឲ្យអ្នកនៅជិតខាង ស្រឡាញ់កូន ចូរឱនលំទោនកាយនៅចំពោះមុខអ្នកធំ។
៨ ចូរយកចិត្តទុកដាក់ស្តាប់អ្នកក្រីក្រ ចូរឆ្លើយទៅគេវិញ ដោយពាក្យទន់ភ្លន់។
៩ ចូររំដោះអ្នកដែលត្រូវគេជិះជាន់ ឲ្យរួចពីកណ្តាប់ដៃរបស់អ្នកសង្កត់សង្កិន ពេលកូនកាត់ក្តី ចូរកុំខ្លាចនរណាឡើយ។
១០ ចូរតាំងខ្លួនជាឪពុកដ៏ល្អសម្រាប់ក្មេងកំព្រា ចូរផ្គត់ផ្គង់ម្តាយរបស់ក្មេងកំព្រាទាំងនោះ ដូចស្វាមីរបស់គេ។ ធ្វើដូច្នេះកូននឹងទៅជាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមុខជាស្រឡាញ់កូនជាងម្តាយរបស់កូនទៅទៀត។
ព្រះប្រាជ្ញាញាណអប់រំមនុស្ស
១១ ព្រះប្រាជ្ញាញាណផ្តល់កិតិ្តយសឲ្យកូនចៅរបស់ព្រះអង្គ ព្រះអង្គតាមថែរក្សាអស់អ្នកដែលស្វែងរកព្រះអង្គ។
១២ អ្នកណាស្រឡាញ់ព្រះប្រាជ្ញាញាណ អ្នកនោះស្រឡាញ់ជីវិត អស់អ្នកដែលក្រោកតាំងពីព្រលឹមស្វែងរកព្រះប្រាជ្ញាញាណ មុខជាបានពោរពេញដោយអំណរ។
១៣ អ្នកណាកាន់ព្រះប្រាជ្ញាញាណជាប់ អ្នកនោះនឹងទទួលសិរីរុងរឿងទុកជាមរត៌ក គេទៅកន្លែងណា ព្រះអម្ចាស់ប្រទានពរឲ្យគេនៅកន្លែងនោះ។
១៤ អ្នកណាបម្រើព្រះប្រាជ្ញាញាណ អ្នកនោះគោរពបម្រើព្រះដ៏វិសុទ្ធ អ្នកណាស្រឡាញ់ព្រះប្រាជ្ញាញាណ ព្រះអម្ចាស់ក៏ស្រឡាញ់អ្នកនោះដែរ។
១៥ អ្នកដែលស្តាប់តាមព្រះប្រាជ្ញាញាណ នឹងកាត់ក្ដីដោយយុត្តិធម៌ អ្នកជាប់ចិត្តនឹងព្រះប្រាជ្ញាញាណនឹងរស់នៅយ៉ាងសុខសាន្ត។ ១៦ អ្នកផ្ញើជីវិតលើព្រះប្រាជ្ញាញាណ នឹងទទួលព្រះប្រាជ្ញាញាណទុកជាមរត៌ក ហើយពូជពង្សរបស់គេក៏ទទួលមរត៌កនេះដែរ។
១៧ មុនដំបូង ព្រះប្រាជ្ញាញាណណែនាំគេឲ្យដើរតាមផ្លូវដ៏ពិបាក ទាំងធ្វើឲ្យគេភ័យខ្លាច និងតក់ស្លុត។ ព្រះអង្គប្រដៅគេដោយលត់ដំរហូតដល់អាចទុកចិត្តលើគេបាន។ ព្រះអង្គល្បងលមើលចិត្តគេ ដោយសារបទបញ្ជារបស់ព្រះអង្គ។ ១៨ បន្ទាប់មក ព្រះប្រាជ្ញាញាណណែនាំគេតាមសម្រួល ហើយធ្វើឲ្យគេមានអំណរសប្បាយ ព្រះអង្គនឹងសម្ដែងការអាថ៌កំបាំងរបស់ព្រះអង្គ ឲ្យគេស្គាល់ផង។
១៩ ប្រសិនបើគេវង្វេងឆ្ងាយពីព្រះប្រាជ្ញាញាណ ព្រះអង្គនឹងបោះបង់គេចោល ហើយបណ្ដោយឲ្យគេវិនាស។
ការអៀនខ្មាស
២០ ចូរពិនិត្យមើលកាលៈទេសៈ ចូរចៀសវាងអំពើអាក្រក់ កុំខ្មាសអៀននឹងជំនឿរបស់កូនឡើយ។
២១ មានការខ្មាសអៀនម៉្យាង ដែលនាំឲ្យប្រព្រឹត្តបាប ហើយក៏មានការខ្មាសអៀនម៉្យាងទៀត ដែលធ្វើឲ្យកូនទទួលសិរីរុងរឿង និងការប្រណីសន្ដោស។
២២ កុំតឹងតែងនឹងខ្លួនឯងខ្លាំងពេក ហើយកុំខ្មាសអៀនរហូតដល់ប្រព្រឹត្តអំពើបាបឡើយ។
២៣ កុំញញើតនឹងនិយាយ នៅពេលដែលត្រូវនិយាយ កុំលាក់ប្រាជ្ញារបស់ខ្លួនឲ្យសោះ។ ២៤ ដ្បិតគេស្គាល់ប្រាជ្ញារបស់មនុស្ស ដោយសារពាក្យសម្ដី គេក៏ស្គាល់ចំណេះដឹងដោយសារពាក្យដែលមនុស្សពោលដែរ។
២៥ ចូរកុំនិយាយប្រឆាំងនឹងសេចក្ដីពិត ចូរកុំនិយាយសេចក្ដីណាដែលកូនមិនដឹង។
២៦ កុំទប់ទន្លេមិនឲ្យហូរ កុំខ្មាសអៀននឹងសារភាពកំហុសរបស់ខ្លួនទ្បើយ។
២៧ កុំបណ្តោយឲ្យមនុស្សល្ងីល្ងើមើលងាយកូន កុំរើសមុខដោយខ្លាចអ្នកមានអំណាច។ ២៨ ចូរប្រយុទ្ធដើម្បីសេចក្ដីពិត រហូតដល់ស្លាប់ នោះព្រះជាអម្ចាស់នឹងតយុទ្ធជំនួសកូនពុំខាន។
២៩ កុំហ៊ាននិយាយខ្លាំងពេក កុំខ្ជិលច្រអូស និងធ្វេសប្រហែសក្នុងកិច្ចការដែលកូនត្រូវធ្វើឡើយ។
៣០ កុំកាចសាហាវដូចសត្វតោ នៅក្នុងផ្ទះរបស់ខ្លួន កុំកំសាកជាមួយអ្នកបម្រើរបស់កូនឡើយ។
៣១ កុំលាដៃ ចាំតែទទួលយកផលប្រយោជន៍ពីគេ ហើយកុំក្តាប់ដៃនៅពេលដែលត្រូវសងគេវិញ។
៥
ការអួតបំប៉ោងរបស់អ្នកមាន
១ កូនអើយ! កុំពឹងផ្អែកលើទ្រព្យសម្បត្ដិរបស់ខ្លួនឲ្យសោះ! កុំនិយាយអួតអាងថា «ខ្ញុំមិនត្រូវការនរណាទេ!»។
២ កុំបណ្តោយតាមសន្ទុះចិត្តលោភលន់ និងតណ្ហារបស់កូនឡើយ។
៣ កុំនិយាយអួតអាងថា «តើនរណាមានអំណាចគ្រប់គ្រងលើខ្ញុំ!» ដ្បិតព្រះអម្ចាស់នឹងផ្តន្ទាទោសកូនជាពុំខាន។
៤ កុំនិយាយអួតអាងថា «ខ្ញុំបានប្រព្រឹត្តអំពើបាប តែគ្មានហេតុអាក្រក់កើតមានដល់ខ្ញុំទេ!»។ កុំភ្លេចថាព្រះអម្ចាស់មានព្រះហប្ញទ័យអត់ធ្មត់!
៥ កុំប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា ដោយអះអាងថា ព្រះអម្ចាស់មុខជាលើកលែងទោសឲ្យកូន។
៦ កុំនិយាយអួតអាងថា «ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរយ៉ាងខ្លាំង ព្រះអង្គមុខជាលើកលែងទោសខ្ញុំពុំខាន ទោះបីខ្ញុំមានទោសច្រើនយ៉ាងណាក្ដី»។ ទោះបីព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាក្ដី ក៏ព្រះអង្គព្រះអង្គព្រះពិរោធដែរ ព្រះអង្គមុខជាដាក់ទោសមនុស្សបាបពុំខាន។
៧ ចូរវិលត្រទ្បប់ទៅរកព្រះអម្ចាស់វិញ កុំបង្អង់ឡើយ កុំរង់ចាំមួយថ្ងៃហើយ មួយថ្ងៃទៀត ដ្បិតព្រះអម្ចាស់ព្រះអង្គព្រះពិរោធ នៅពេលកូនមិនដឹងជាមុន ហើយកូនត្រូវវិនាសនៅពេលព្រះអង្គវិនិច្ឆ័យទោស។ ៨ កុំពឹងផ្អែកលើទ្រព្យសម្បត្ដិ ដែលកូនរកបានដោយអយុតិ្តធម៌ នៅគ្រាដែលកូនមានអាសន្ន ទ្រព្យសម្បត្ដិទាំងនោះ នឹងគ្មានប្រយោជន៍អ្វីសម្រាប់កូនទ្បើយ។
ពាក្យសម្ដីរបស់អ្នកប្រាជ្ញ
៩ កុំរេតាមខ្យល់ កុំដើរតាមផ្លូវបត់បែន ដូចមនុស្សបាប ដែលនិយាយពាក្យមិនទៀងនោះឡើយ។
១០ ចូរប្រកាន់ជំហរឲ្យរឹងប៉ឹង កុំប្រែប្រួលឲ្យសោះ។
១១ ចូរប្រុងស្តាប់ជានិច្ច កុំប្រញាប់ឆ្លើយទៅគេពេក។
១២ ប្រសិនបើកូនមានយោបល់ ចូរឆ្លើយតបនឹងសំនួររបស់គេ ប្រសិនបើកូនគ្មានយោបល់ទេ ចូរនៅស្ងៀមចុះ។
១៣ មានកិត្តិយស និងអាប់កិត្តិយស ស្ថិតនៅលើពាក្យសម្ដី ពាក្យសម្ដីអាចបណ្តាលឲ្យខ្លួនវិនាស។
១៤ កុំឲ្យមានឈ្មោះថា ជាមនុស្សប្រសប់និយាយដើមគេ មិនត្រូវឲ្យពាក្យសម្ដីរបស់អ្នកបង្កប់ នូវល្បិចកិច្ចកលឲ្យសោះ! ដ្បិតចោររមែងតែងតែត្រូវអាម៉ាស់ រីឯមនុស្សនិយាយមិនទៀងក៏រមែងតែងតែមានទោសយ៉ាងធ្ងន់ដែរ។
១៥ ចូរចៀសវាងកំហុសទាំងតូចទាំងធំ។
៦
១ កុំតាំងខ្លួនជាសត្រូវនឹងមិត្តសម្លាញ់របស់កូនឡើយ ដ្បិតកេរ្ដិ៍ឈ្មោះអាក្រក់នឹងនាំឲ្យកូនអាប់យស និងអាម៉ាស់មុខ។ នេះជាវាសនារបស់មនុស្សបាប ដែលនិយាយមិនទៀង។
២ កុំបណ្តោយខ្លួនតាមតណ្ហាឡើយ ក្រែងនាំឲ្យកូនបាក់កម្លាំង។ ៣ កូននឹងប្រៀបដូចជាដើមឈើងាប់ គ្មានស្លឹក គ្មានផ្លែ។ ៤ តណ្ហារមែងតែងតែនាំ ឲ្យមនុស្សវិនាសអន្តរាយ និងធ្វើឲ្យសត្រូវសប្បាយរីករាយក្រៃលែង។
អំពីមិត្តភាព
៥ សម្ដីផ្អែមល្ហែម នាំឲ្យមានមិត្តសម្លាញ់ច្រើន ពាក្យសម្ដីរួសរាយបង្កើនទំនាក់ទំនងល្អ។
៦ សូមឲ្យមានមនុស្សជាច្រើន គោរពរាប់អានកូន ប៉ុន្តែក្នុងចំណោមមនុស្សមួយពាន់នាក់ ចូរជ្រើសរើសយកតែម្នាក់ ធ្វើជាទីប្រឹក្សា!
៧ បើកូនចង់យកនរណាម្នាក់ ធ្វើជាមិត្តសម្លាញ់ ចូរសង្កេតមើលចិត្តគេជាមុនសិន កុំអាលទុកចិត្តលើគេពេក ៨ ព្រោះអ្នកខ្លះធ្វើជាមិត្តសម្លាញ់ នៅពេលណាចង់បានផលពីកូន តែក្នុងគ្រាមានអាសន្ន គេរត់ចោលកូន។
៩ មានមិត្តសម្លាញ់ខ្លះ ប្រែក្លាយទៅជាសត្រូវ ដោយនិយាយបរិហារកេរ្ដិ៍កូន បណ្តាលឲ្យកូនអាប់កិត្តិយស។
១០ មានមិត្តសម្លាញ់ខ្លះ បរិភោគបាយរបស់កូន ប៉ុន្តែ នៅគ្រាកូនមានអាសន្ន គេរត់ចោលកូន។ ១១ ក្នុងពេលកូនសម្បូណ៌សប្បាយ គេសុខចិត្តស្លាប់រស់ជាមួយកូន ទាំងហ៊ានត្រួតត្រាលើអ្នកបម្រើរបស់កូនទៀតផង! ១២ លុះពេលកូនធ្លាក់ខ្លួនលំបាក គេប្រឆាំងនឹងកូន ហើយគេគេចមុខចេញពីកូន។
១៣ ចូរនៅឲ្យឆ្ងាយពីខ្មាំងសត្រូវ ចូរប្រយ័ត្ននឹងមិត្តសម្លាញ់។
១៤ មិត្តសម្លាញ់ស្មោះត្រង់បៀបដូចជាជម្រកដ៏រឹងមាំ អ្នកដែលរកបានមិត្តសម្លាញ់ដ៏ស្មោះត្រង់ ក៏ដូចជារកបានកំណប់មាសដែរ។
១៥ មិត្តសម្លាញ់ស្មោះត្រង់ មានតម្លៃរកអ្វីមកប្រៀបស្មើពុំបាន។
១៦ មិត្តសម្លាញ់ស្មោះត្រង់ ប្រៀបបាននឹងឱសថដ៏ស័ក្កិសិទ្ធិ ដែលជួយឲ្យរស់បានយូរ។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ មុខជារកមិត្តសម្លាញ់នោះបាន។
១៧ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ ចេះជ្រើសរើសមិត្តសម្លាញ់របស់ខ្លួន ដ្បិតគេមានចិត្តយ៉ាងណា មិត្តសម្លាញ់របស់គេក៏មានចិត្តយ៉ាងនោះដែរ។
ត្រូវស្វែងរកព្រះប្រាជ្ញាញាណ
១៨ កូនអើយ! ចូរព្រមទទួលការប្រៀនប្រដៅតាំងពីក្មេងទៅ ដូច្នេះ កូននឹងរកឃើញព្រះប្រាជ្ញាញាណរហូតដល់កូនចាស់សក់ស្កូវ។ ១៩ ចូរស្វះស្វែងរកព្រះប្រាជ្ញាញាណ ហើយរង់ចាំទទួលផលដ៏ប្រសើរពីព្រះអង្គ ដូចអ្នកភ្ជួរ និងអ្នកសាបព្រោះរង់ចាំទទួលផលពីស្រែដែរ។ ត្រូវនឿយហត់បន្តិច ដើម្បីរកឃើញព្រះប្រាជ្ញាញាណ បន្ទាប់មក កូននឹងទទួលភោគផលនៅពេលឆាប់ៗពុំខាន។
២០ អស់អ្នកដែលមិនបានទទួលការអប់រំ ពីព្រះប្រាជ្ញាញាណយល់ថា ព្រះអង្គតឹងរ៉ឹងណាស់ រីឯមនុស្សឥតគំនិត មិនព្យាយាមតស៊ូរកព្រះប្រាជ្ញាញាណឡើយ។ ២១ ព្រះប្រាជ្ញាញាណប្រៀបបាននឹងថ្មមួយដុំ ដ៏ធ្ងន់ដែលអ្នកនោះត្រូវលើក ដើម្បីសាកល្បងមើលកម្លាំង។ ប៉ុន្តែ មិនយូរប៉ុន្មាន អ្នកនោះនឹងបោះបង់ចោលព្រះប្រាជ្ញាញាណជាពុំខាន។ ២២ ដ្បិតមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលរកឃើញព្រះប្រាជ្ញាញាណ។
២៣ កូនអើយ! ចូរស្តាប់ ហើយចងចាំ ពាក្យរបស់ឪពុក កុំបោះបង់ចោលដំបូន្មានរបស់ឪពុកឡើយ។
២៤ ចូរយកច្រវាក់នៃព្រះប្រាជ្ញាញាណ មកដាក់ជើង ចូរយកនឹមរបស់ព្រះអង្គមកដាក់លើ ក។ ២៥ ចូរទទួលយកអម្រែកនៃព្រះប្រាជ្ញាញាណ កុំធុញទ្រាន់ ព្រោះតែជាប់ចំណងរបស់ព្រះប្រាជ្ញាញាណឲ្យសោះ។
២៦ ចូរយកចិត្តទុកដាក់នឹងព្រះប្រាជ្ញាញាណដោយស្មោះអស់ពីចិត្ត ចូរដើរតាមគន្លងនៃព្រះប្រាជ្ញាញាណ ឲ្យអស់ពីកម្លាំងកាយ។ ២៧ ចូរខិតខំស្វែងរកព្រះប្រាជ្ញាញាណ ចូរខិតខំតាមដានព្រះអង្គ នោះព្រះប្រាជ្ញាញាណមុខជាបង្ហាញព្រះអង្គឲ្យកូនស្គាល់ពុំខាន! ពេលកូនចាប់ព្រះប្រាជ្ញាញាណបាន កុំលែងឲ្យសោះ។ ២៨ នៅចុងបញ្ចប់ កូននឹងសម្រាករួមជាមួយព្រះប្រាជ្ញាញាណ ហើយការលំបាករបស់កូននឹងប្រែក្លាយទៅជាអំណរសប្បាយវិញ។ ២៩ ពេលនោះ ច្រវាក់របស់ព្រះប្រាជ្ញាញាណ នឹងការពារកូនយ៉ាងមាំ ហើយនឹមរបស់ព្រះអង្គនឹងក្លាយទៅជាអលង្ការដ៏រុងរឿង។ ៣០ នឹមរបស់ព្រះប្រាជ្ញាញាណនឹងក្លាយទៅជាខ្សែកមាស ហើយច្រវាក់របស់ព្រះអង្គនឹងក្លាយទៅជាបូដ៏មានតម្លៃ។
៣១ កូននឹងពាក់គ្រឿងទាំងនោះ ទុកដូចជាសម្លៀកបំពាក់ដ៏រុងរឿង និងដូចជាមកុដដែលផ្តល់អំណរសប្បាយ។
៣២ កូនអើយ! ប្រសិនបើកូនយល់ព្រម កូននឹងទទួលការប្រៀនប្រដៅ ប្រសិនបើកូនយកចិត្តទុកដាក់ កូននឹងទៅជាអ្នកប៉ិនប្រសប់។
៣៣ ប្រសិនបើកូនចូលចិត្តស្តាប់ កូនមុខជាចេះដឹង ប្រសិនបើកូនប្រុងត្រចៀកស្តាប់ កូននឹងទៅជាអ្នកមានប្រាជ្ញា។
៣៤ ចូរទៅរួមក្នុងអង្គប្រជុំ របស់ចាស់ព្រឹទ្ធាចារ្យ ហើយផោ្តតចិត្តនឹងប្រាជ្ញារបស់អស់លោក។
៣៥ ត្រូវយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល ដែលមកពីព្រះជាម្ចាស់ កុំបណ្ដោយឲ្យសុភាសិតដែលមានខ្លឹមសារណាមួយបាត់បង់ឡើយ។
៣៦ ប្រសិនបើកូនឃើញមនុស្សម្នាក់មានប្រាជ្ញា ចូររត់ទៅរកអ្នកនោះតាំងពីព្រឹក ហើយទៅឲ្យបានញឹកញាប់ រហូតដល់សឹកកាំជណ្តើរផ្ទះរបស់គាត់។
៣៧ ចូរជញ្ជឹងគិតពីបទបញ្ជារបស់ព្រះអម្ចាស់ ចូរខិតខំកាន់តាមវិន័យរបស់ព្រះអង្គជានិច្ច។ ព្រះជាម្ចាស់មុខជាពង្រឹងចិត្តរបស់កូនឲ្យរឹងមាំ និងប្រទានព្រះប្រាជ្ញាញាណ ដែលកូនប្រាថ្នាចង់បាននោះពុំខាន។
៧
ដំបូន្មានសម្រាប់ការរស់នៅប្រចាំថ្ងៃ
១ កុំប្រព្រឹត្តអំពើអាក្រក់ចំពោះអ្នកដទៃ នោះគ្មាននរណាប្រព្រឹត្តអាក្រក់ចំពោះកូនឡើយ។
២ កុំប្រព្រឹត្តអំពើអយុត្តិធម៌ នោះក៏គ្មាននរណាប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះកូនដែរ។
៣ ប្រសិនបើសាបព្រោះអំពើទុច្ចរិត កូននឹងទទួលផលអាក្រក់ ដល់ទៅប្រាំពីរដង។
៤ កុំទូលសូមព្រះអម្ចាស់ ប្រទានអំណាចដល់កូន ហើយក៏កុំសូមព្រះរាជាតែងតាំងកូន ជាមន្ត្រីដែរ។
៥ កុំតាំងខ្លួនជាមនុស្សសុចរិត នៅចំពោះព្រះភ័ក្រ្តរបស់ព្រះអម្ចាស់ឡើយ ហើយក៏កុំតាំងខ្លួនជាអ្នកមានប្រាជ្ញានៅចំពោះព្រះភ័ក្រ្តស្តេចដែរ។ ៦ ប្រសិនបើកូនពុំអាចបំបាត់អំពើអយុត្តិធម៌ទេ ចូរកុំប៉ងប្រាថ្នា ចង់ធ្វើជាចៅក្រមឡើយ។ បើពុំនោះទេ អ្នកកាន់អំណាចមុខជាអូសទាញកូន ហើយកូនក៏លែងជាមនុស្សទៀងត្រង់ដែរ។
៧ កុំបំផ្លាញផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងក្រុងជាមួយកូន កុំបន្ថោកខ្លួនឯងនៅចំពោះមុខមហាជន។
៨ កុំប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា ដល់ទៅពីរដងឡើយ ព្រោះអំពើបាបទីមួយ បណ្តាលឲ្យកូនមានទោសរួចស្រេចទៅហើយ។
៩ កុំពោលថា «ព្រះដ៏ខ្ពង់ខ្ពស់បំផុតមុខជាទតឃើញតង្វាយដ៏ច្រើនរបស់ខ្ញុំ ហើយព្រះអង្គមុខជាសព្វព្រះហប្ញទ័យនឹងតង្វាយដែលខ្ញុំថ្វាយ»។
១០ កុំខ្មាសអៀននៅពេលកូនអធិដ្ឋាន កុំធ្វេសប្រហែសនឹងចែកទានដល់អ្នកក្រខ្សត់។
១១ កុំចំអកដាក់មនុស្សដែលកើតទុក្ខ ចូរនឹកឃើញដល់ព្រះអង្គដែលបន្ទាបមនុស្ស ឬលើកមនុស្សឲ្យខ្ពស់មុខទើ្បងវិញ។
១២ កុំប្រើល្បិចកល បោកប្រាសបងប្អូនរបស់កូនឡើយ ហើយក៏កុំបោកប្រាសមិត្តភក្ដិរបស់កូនដែរ។ ១៣ ចូរកុំភូតកុហកឲ្យសោះ អ្នកដែលចេះតែភូតកុហករមែងទទួលផលអាក្រក់។
១៤ ពេលកូនចូលរួមក្នុងអង្គប្រជុំរបស់ព្រឹទ្ធាចារ្យ កុំនិយាយផ្តេសផ្តាស ពេលកូនទូលអង្វរព្រះអម្ចាស់កុំពោលពាក្យច្រំដែលៗឡើយ។
១៥ កុំស្អប់ការលំបាក ឬការធ្វើស្រែចម្ការឡើយ ព្រោះព្រះដ៏ខ្ពង់ខ្ពស់បំផុត បានបង្កើតការទាំងនោះសម្រាប់យើងរាល់គ្នា។
១៦ កុំសេពគប់ជាមួយក្រុមអ្នកបាបឡើយ ចូរនឹកចាំថាព្រះជាម្ចាស់មុខជាព្រះពិរោធពុំខាន។
១៧ ចូរដាក់ខ្លួនឲ្យទាប ដ្បិតពួកទមិទ្បនឹងត្រូវទទួលទោសដោយភ្លើង និងដង្កូវ។
មិត្តភក្ដិ និងគ្រួសារ
១៨ កុំបោះបង់ចោលមិត្តភក្ដិ ព្រោះតែចង់បានប្រាក់ឡើយ ហើយក៏កុំបោះបង់ចោលបងប្អូនបង្កើត ព្រោះតែចង់បានមាសសុទ្ធដែរ។
១៩ កុំរួញរានឹងរៀបការជាមួយស្រ្តីសុភាពរាបសា និងមានចិត្តសប្បុរសឡើយ ព្រោះគុណសម្បត្ដិរបស់នាងប្រសើរជាងមាសទៅទៀត។
២០ កុំធ្វើបាបអ្នកបម្រើ ដែលធ្វើការដោយស្មោះត្រង់ កុំធ្វើបាបកូនឈ្នួលដែលធ្វើការអស់ពីចិត្តដែរ។
២១ ប្រសិន បើកូនស្រឡាញ់អ្នកបម្រើណាម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃ កុំបដិសេធនឹងផ្តល់ឲ្យគេមានសេរីភាពឡើយ។
២២ ប្រសិនបើកូនមានហ្វូងសត្វ ចូរមើលថែទាំវា ហើយបើកូនទទួលផលពីហ្វូងសត្វទាំងនោះ ចូររក្សាទុកឲ្យគង់វង្ស។
២៣ ប្រសិនបើកូនមានកូនចៅ ចូរអប់រំវា ចូរប្រៀនប្រដៅពួកវា តាំងពីនៅក្មេងទៅ។
២៤ ប្រសិនបើកូនមានកូនស្រី ចូរមើលរក្សាខ្លួននាងឲ្យនៅព្រហ្មចារី កុំបណ្តោយតាមចិត្តនាងពេក។ ២៥ ចូរទុកដាក់នាង ឲ្យមានគូស្រករនោះអ្នកនឹងបំពេញកិច្ចការមួយដ៏ប្រសើរ។ ប៉ុន្តែ ចូរលើកនាងឲ្យបុរសដែលមានប្រាជ្ញាវាងវៃ។
២៦ ប្រសិនបើកូនបានរៀបការជាមួយ ភរិយា ដែលគាប់ចិត្តកូន កុំលែងលះនាងឡើយ។ កុំទុកចិត្តលើភរិយាដែលកូនមិនស្រឡាញ់ឲ្យសោះ។
២៧ ចូរលើកកិត្តិយសរបស់ឪពុក ដោយស្មោះអស់ពីចិត្ត កុំបំភ្លេចការឈឺចាប់របស់ម្តាយ នៅពេលបង្កើតអ្នកមកនោះឡើយ។ ២៨ ចូរនឹកចាំថាកូនមានជីវិត ដោយសារគាត់ទាំងពីរ។ តើកូនត្រូវធ្វើយ៉ាងណា ដើម្បីតបស្នងសងគុណគាត់?។
ករណីយកិច្ចចំពោះបូជាចារ្យ
២៩ ចូរគោរពប្រណិប័តន៍ព្រះអម្ចាស់ឲ្យអស់ពីដួងចិត្ត ហើយសម្ដែងសេចក្តីគោរព ចំពោះបូជាចារ្យរបស់ព្រះអង្គផង។
៣០ ចូរស្រឡាញ់ព្រះដែលបានបង្កើតកូន ឲ្យអស់ពីកម្លាំង កុំធ្វេសប្រហែសនឹងអស់លោកដែលបម្រើព្រះអង្គ។
៣១ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយលើកតម្កើងបូជាចារ្យផង ចូរជូនចំពោះលោក នូវចំណែកដែលព្រះអង្គបញ្ជាដល់កូនស្រាប់ គឺផលដំបូងនៃដំណាំ យញ្ញបូជាលោះបាប សាច់ចំទ្បកនៃសត្វ ដែលថ្វាយជាយញ្ញបូជាតង្វាយម្សៅ និងចំណែកដែលត្រូវញែកពីផលដំបូង ថ្វាយព្រះជាម្ចាស់។
ករណីយកិច្ចចំពោះអ្នកក្រខ្សត់
៣២ ចូរចែកទានដល់អ្នកក្រខ្សត់ ដើម្បីឲ្យព្រះជាម្ចាស់ប្រទានពរដល់កូនយ៉ាងពេញលេញ។
៣៣ ចូរចែកទានដល់អស់អ្នក ដែលនៅរស់ដោយអនុគ្រោះ សូម្បីតែបុគ្គលដែលទើបនឹងចែកស្ថានទៅហើយ ក៏កុំបដិសេធក្នុងការជួយបញ្ចុះសពគេឲ្យបានសមរម្យដែរ។
៣៤ កុំគេចចេញពីអ្នកកំពុងយំ ផ្ទុយទៅវិញ ចូរចូលរួមជាមួយអ្នកកាន់ទុក្ខ។
៣៥ ចូរឧស្សាហ៍ទៅសួរសុខទុក្ខអ្នកជំងឺ ធ្វើដូច្នេះគេមុខជាស្រឡាញ់រាប់អានកូន។
៣៦ ក្នុងគ្រប់អំពើដែលកូនធ្វើ ចូរនឹកគិតដល់គ្រាអវសាននៃជីវិតរបស់កូន នោះកូនមុខជាមិនប្រព្រឹត្តអំពើបាបអ្វីឡើយ។
៨
ការប្រុងប្រយ័ត្ន
១ កុំប្រកែកតវ៉ាជាមួយអ្នកកាន់អំណាច ក្រែងកូនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់គេ។
២ កុំប្តឹងផ្ដល់ជាមួយអ្នកមាន ក្រែងកូនចាញ់គេ ដ្បិតមាសបានបណ្តាលឲ្យមនុស្សជាច្រើនពុករលួយ ហើយមាសក៏បានអូសទាញស្តេចខ្លះឲ្យវង្វេងដែរ។
៣ កុំប្រកែកតវ៉ាជាមួយមនុស្សពូកែព្រោកប្រាជ្ញ មិនត្រូវទុកឱកាសឲ្យគាត់បង្ករឿងឡើយ។
៤ កុំនិយាយលេងជាមួយមនុស្សគ្មានសុជីវធម៌ ក្រែងគេជេរប្រមាថដូនតារបស់កូន។
៥ កុំស្តីបន្ទោសអ្នកដែលទទួលសារភាពកំហុសរបស់ខ្លួន ចូរនឹកគិតថា មនុស្សយើងទាំងអស់សុទ្ធតែមានកំហុស។
៦ កុំមើលងាយមនុស្សចាស់ជរាឡើយ ដ្បិតយើងទាំងអស់គ្នា ក៏មានអាយុកាន់តែចាស់ទៅៗដែរ។
៧ កុំត្រេកអរ ដោយឃើញនរណាម្នាក់ស្លាប់ឡើយ ចូរនឹកគិតថា យើងទាំងអស់គ្នាក៏ត្រូវតែស្លាប់ដែរ។
៨ កុំមាក់ងាយការប្រៀនប្រដៅរបស់អ្នកប្រាជ្ញ ផ្ទុយទៅវិញ ចូរយកចិត្តទុកដាក់រៀនសុភាសិតរបស់លោកទាំងនោះ កូននឹងទទួលចំណេះពីលោក ហើយកូនអាចបំពេញមុខងាររបស់ខ្លួន ក្នុងការបម្រើរដ្ឋអំណាចដែរ។
៩ កុំធ្វេសប្រហែសនឹងការប្រៀនប្រដៅរបស់ចាស់ព្រឹទ្ធាចារ្យឡើយ ព្រោះលោកបានទទួលការប្រៀនប្រដៅនេះពីដូនតារបស់លោកមក។ កូននឹងដកស្រង់យកការយល់ដឹងពីអស់លោក ហើយចេះដោះស្រាយបញ្ហា នៅពេលកូនត្រូវការ។
១០ កុំបញ្ឆេះកំហឹងរបស់ជនកាចសាហាវឡើយ ក្រែងលោភ្លើងនៃកំហឹងរបស់គេឆេះឆាបកូន។
១១ កុំប្រកែកតទល់នឹងជនព្រហើន ក្រែងលោជននោះជំរុញកូនឲ្យនិយាយផ្តេសផ្តាស។
១២ កុំឲ្យប្រាក់ទៅអ្នកដែលមានអំណាចខ្លាំងជាងកូនខ្ចីឡើយ ប្រសិនបើកូនឲ្យគេខ្ចី ត្រូវចាត់ទុកប្រាក់នោះដូចជាបាត់បង់ទៅហើយ។
១៣ កុំធានារ៉ាប់រងគេ លើសពីសមត្ថភាពរបស់កូនឡើយ ព្រោះបើកូនធានារ៉ាប់រងគេ កូនត្រូវតែចេញប្រាក់សងគេជាពុំខាន។
១៤ កុំក្តីជាមួយនឹងចៅក្រមឡើយ ព្រោះគេមុខជាឈ្នះកូន ដោយសារគេមានឋានៈជាចៅក្រម។
១៥ កុំធ្វើដំណើររួមជាមួយមនុស្ស ដែលហ៊ានពេកនោះឡើយ ក្រែងលោគេនាំឲ្យកូនកើតទុក្ខលំបាកជាច្រើន។ គេនឹងប្រព្រឹត្តតាមអំពើចិត្តរបស់ខ្លួន ហើយកូនត្រូវវិនាសអន្តរាយ ដោយសារអំពើលេលារបស់គេ។
១៦ កុំឈ្លោះប្រកែកជាមួយមនុស្សកំរោល កុំទៅកន្លែងណាដែលស្ងាត់ជាមួយគេ ដ្បិតគេមិនខ្លាចនឹងបង្ហូរឈាមមនុស្សទេ! គឺគេនឹងសម្លាប់កូនចោល នៅកន្លែងណាដែលគ្មាននរណាជួយកូនបាន។
១៧ កុំគិតគូរគម្រោងការជាមួយនឹងមនុស្សល្ងីល្ងើឡើយ ដ្បិតមនុស្សល្ងីល្ងើមិនអាចលាក់ការណ៍បានទេ។ ១៨ កុំធ្វើអ្វីដោយលាក់កំបាំង ឲ្យជនបរទេសឃើញ ព្រោះកូនមិនដឹងថា អ្នកនោះនឹងប្រព្រឹត្តយ៉ាងណាឡើយ។
១៩ កុំបង្ហាញទឹកចិត្តរបស់កូន ឲ្យនរណាដឹង ដ្បិតគេនឹងមិនដឹងគុណកូនឡើយ!
៩
អំពីស្រ្តី
១ ប្រសិនបើកូនស្រឡាញ់ភរិយា កុំប្រច័ណ្ឌនាងឡើយ ក្រែងលោនាំឲ្យនាងចេះប្រព្រឹត្តអាក្រក់ចំពោះកូន។
២ កុំប្រគល់ខ្លួនទៅឲ្យស្រ្តីណាម្នាក់ រហូតដល់នាងអាចត្រួតត្រាកូនបានឡើយ។
៣ កុំទៅទាក់ទងជាមួយស្រ្តីសាវ៉ាឡើយ ក្រែងលោកូនចាញ់កលល្បិចរបស់នាង។
៤ កុំនៅក្បែរស្រ្តីលេងភ្លេង ក្រែងលោកូនធ្លាក់ក្នុងអន្ទាក់ចម្រៀងដ៏ពីរោះរបស់នាង។
៥ កុំសម្លឹងមើលស្រ្តីក្រមុំ មិនដាក់ភ្នែកឲ្យសោះ ក្រែងលោកូនត្រូវបង់ខាត ព្រោះតែនាង។
៦ កុំបណ្ដោយខ្លួនឲ្យលង់នឹងស្រីពេស្យាឡើយ ក្រែងលោកូនបាត់បង់អ្វីៗដែលកូនមាន។
៧ កុំក្រឡេកភ្នែក លួចមើលតាមផ្លូវ ក្នុងទីក្រុង កុំដើរលេងនៅទីស្ងាត់។
៨ ចូរងាកមុខចេញពីស្រ្តីមានរូបល្អឆើតឆាយ កុំជាប់ភ្នែកនឹងលំអ ដែលមិនមែនជារបស់កូន។ សម្ផស្សរបស់ស្រ្តីបានធ្វើឲ្យបុរសជាច្រើនវង្វេង ហើយធ្វើឲ្យតណ្ហារបស់បុរស ឆាបឆេះដូចភ្លើង។
៩ កុំអង្គុយជិតស្រ្តីដែលមានប្តី កុំរួមតុស៊ីផឹកសប្បាយជាមួយនាងជាដាច់ខាត ក្រែងលោកូនចាប់ចិត្តស្រឡាញ់នាងនោះ ហើយត្រូវវិនាសអន្តរាយដោយសារតណ្ហា។
អំពីទំនាក់ទំនងរវាងមនុស្ស
១០ កុំបោះបង់មិត្តភក្តិ ដែលកូនស្គាល់តាំងពីយូរមកហើយ ដ្បិតមិត្តថ្មីមិនដូចមិត្តចាស់ទេ។ មិត្តថ្មីបៀបដូចជាស្រាទំពាំងបាយជូរថ្មី ស្រានោះមានរសជាតិឆ្ងាញ់លុះត្រាតែទុកបានយូរ។
១១ កុំច្រណែននឹងអ្នកបាប ដោយឃើញភាពចម្រុងចម្រើនឡើយ កូនពុំដឹងថា អវសាននៃជីវិតរបស់គេនឹងវេទនាយ៉ាងណាទេ។
១២ កុំអបអរសាទរ ដោយឃើញជនទមិទ្បចម្រុងចម្រើនឡើយ កូនត្រូវនឹកចាំថា មុនពេលស្លាប់ក៏គេមានទោសដែរ។
១៣ ចូរនៅឲ្យឆ្ងាយពីអ្នកមានអំណាចប្រហារជីវិត នោះកូនមិនភិតភ័យនឹងសេចក្តីស្លាប់ទេ។ ប្រសិនបើកូនចូលទៅជួបគេ កុំធ្វើអ្វីខុសឆ្គងឡើយ ក្រែងលោគេផ្តាច់ជីវិតកូន។ តោងដឹងថា កូនដូចជាដើរនៅកន្លែងមានអន្ទាក់ព័ទ្ធជុំវិញ ឬដូចជាដើរនៅលើកំពែងក្រុងដែរ។
១៤ ប្រសិនបើកូនអាចធ្វើបាន ចូរខំរាប់អានមនុស្សឯទៀតៗ ចូរត្រងត្រាប់ស្តាប់ដំបូន្មានរបស់អ្នកប្រាជ្ញ។
១៥ ចូរពិភាក្សាជាមួយអ្នកឈ្លាសវៃ ហើយយកតែវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតមកពិភាក្សាគ្នា។
១៦ ចូរជ្រើសរើសតែមនុស្សសុចរិត ឲ្យរួមតុជាមួយ ចូរយកការគោរពកោតខ្លាចព្រះអម្ចាស់ទុកជាមោទនភាពរបស់កូន។
អ្នកដឹកនាំ
១៧ គេសរសើរសិល្បករ ព្រោះតែស្នាដៃ ហើយសរសើរអ្នកដឹកនាំ ព្រោះតែប្រាជ្ញាក្នុងការនិយាយស្តី។
១៨ ក្នុងទីក្រុង គេតែងតែក្រែងរអែងមនុស្សពូកែព្រោកប្រាជ្ញ ហើយស្អប់មនុស្សដែលនិយាយបំផ្លើស។
១០
១ អ្នកដឹកនាំដែលមានប្រាជ្ញា តែងតែអប់រំប្រជាជនរបស់ខ្លួន អំណាចរបស់មនុស្សឈ្លាសវៃ នៅស្ថិតស្ថេរជានិច្ច។
២ ប្រមុខរដ្ឋយ៉ាងណា មន្រ្តីក៏យ៉ាងនោះដែរ។ អភិបាលក្រុងយ៉ាងណា អ្នកក្រុងក៏យ៉ាងនោះដែរ។
៣ ស្ដេចដែលខ្វះចំណេះដឹង រមែងនាំប្រជារាស្រ្តឲ្យអន្តរាយ អ្នកដឹកនាំដែលមានប្រាជ្ញា តែងតែធ្វើឲ្យក្រុងបានរីកចម្រើន។
៤ ព្រះជាម្ចាស់មានអំណាចគ្រប់គ្រងផែនដីទាំងមូល ព្រះអង្គនឹងធ្វើឲ្យមានអ្នកដឹកនាំត្រឹមត្រូវ នៅពេលត្រូវការ។ ៥ មនុស្សបានចម្រុងចម្រើន ដោយសារព្រះជាម្ចាស់ ព្រះអង្គប្រទានកិតិ្តយសឲ្យតែងច្បាប់។
អ្នកក្រអឺតក្រទម
៦ កុំចងគំនុំនឹងអ្នកដែលបានប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះកូន កុំតបតទៅគេវិញដោយចិត្តឃោរឃៅឡើយ។
៧ ព្រះអម្ចាស់ និងមនុស្សលោករមែងស្អប់ខ្ពើមការក្រអឺតក្រទម។ ព្រះអង្គ និងមនុស្សតែងចាត់ទុកអំពើឃោរឃៅ ជាអំពើទុច្ចរិត។
៨ អំពើឃោរឃៅ អំពើអយុតិ្តធម៌ និងការលោភលន់ តែងតែធ្វើឲ្យរាជ្យអំណាចផ្ទេរពីប្រជាជាតិមួយទៅប្រជាជាតិមួយទៀត។
៩ មនុស្សដែលកើតពីធូលីដី និងផេះសោះ ហេតុអ្វីបានជាគេក្រអឺតក្រទមដូច្នេះ? សូម្បីតែក្នុងពេលគេមានជីវិត ក៏ក្នុងខ្លួនរបស់គេមានពោរពេញទៅដោយភាពស្អុយរលួយដែរ!
១០ សូម្បីតែគ្រូពេទ្យ ក៏ត្រូវតែមានជំងឺធ្ងន់ ហើយសូម្បីតែស្ដេចដែលសោយរាជ្យនៅថ្ងៃនេះ ក៏ត្រូវសោយទិវង្គតនៅថ្ងៃសែ្អកដែរ។
១១ ពេលស្លាប់ទៅ មនុស្សទទួលយកដង្កូវ ជន្លេន និងសត្វល្អិតផ្សេងៗទៀតទុកជាមត៌ក។
១២ មនុស្សចាប់ផ្តើមក្រអឺតក្រទម នៅពេលគេឃ្លាតចេញឆ្ងាយពីព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះអង្គដែលបានបង្កើតខ្លួន។
១៣ អំពើបាបជាប្រភពនៃចិត្តអំនួត អ្នកដែលនៅតែមានចិត្តអួតបំប៉ោងដូច្នេះ តែងតែនាំឲ្យកើតមានហេតុការណ៍គួរឲ្យស្អប់ខ្ពើមជាច្រើនអនេក។ ហេតុនេះ ហើយបានជាព្រះអម្ចាស់ផ្តន្ទាទោសគេជាទម្ងន់ ហើយនៅទីបញ្ចប់ ព្រះអង្គបណ្ដោយឲ្យពួកអ្នកក្រអឺតក្រទមត្រូវវិនាស។
១៤ ព្រះអម្ចាស់ទម្លាក់អ្នកកាន់អំណាចចុះពីបល្ល័ង្ក ហើយតែងតាំងមនុស្សស្លូតបូត ឲ្យគ្រងរាជ្យជំនួសវិញ។
១៥ ព្រះអម្ចាស់គាស់រំលើងប្រជាជាតិនានា ចោល ហើយយកមនុស្សទន់ទាបមកដាក់ជំនួសវិញ។
១៦ ព្រះអម្ចាស់បំផ្លាញទឹកដី នៃប្រជាជាតិនានា ហើយបំផ្លាញគេដល់គ្រឹះផង។ ១៧ ព្រះអង្គដកពួកគេចេញ ពីក្នុងចំណោមមនុស្សលោក ហើយបំផ្លាញ និងលុបបំបាត់ពួកគេ រហូតដល់គ្មាននរណានឹកនាដល់ប្រជាជាតិទាំងនោះទៀត។
១៨ ព្រះអម្ចាស់ពុំបានបង្កើតមនុស្ស ដើម្បីឲ្យគេមានចិត្តក្រអឺតក្រទមឡើយ។ មនុស្សក៏មិនមែនកើតមក ដើម្បីបណ្ដោយខ្លួនទៅតាមកំហឹងដែរ។
១៩ តើពូជណាដែលគួរឲ្យគោរព? គឺពូជមនុស្សដែលគោរពកោតខ្លាចព្រះអម្ចាស់! តើពូជណាដែលមិនគួរគោរព? គឺពូជមនុស្សដែលប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់ព្រះអម្ចាស់!។
២០ មេដឹកនាំតែងតែទទួលការគោរព ពីប្រជាជន ហើយគាត់ក៏តែងតែគោរពអ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ដែរ។ ២២ អ្នកមានក្ដី អ្នកធំក្ដី ឬអ្នកក្រក្ដី បានខ្ពស់មុខ គឺដោយសារគោរពកោតខ្លាចព្រះអម្ចាស់។
២៣ ការមើលងាយជនក្រីក្រដែលមានប្រាជ្ញាជាអំពើអយុត្តិធម៌ រីឯការលើកកិត្តិយសមនុស្សបាប ក៏មិនសមរម្យដែរ។
២៤ គេរមែងលើកកិតិ្តយសអ្នកធំ អ្នកដឹកនាំ និងអ្នកកាន់អំណាច។ ប៉ុន្តែ ក្នុងចំណោមលោកទាំងនោះ គ្មាននរណាម្នាក់ប្រសើរជាងអ្នក ដែលគោរពកោតខ្លាចព្រះអម្ចាស់ឡើយ។
២៥ អ្នកបម្រើប្រកបដោយប្រាជ្ញា គង់តែមានអ្នកជាមកបម្រើគាត់វិញមិនខាន។ អ្នកចេះដឹងមិនបន្ទោសគេ ព្រោះតែការនេះទ្បើយ។
ចិត្តសុភាពរាបសា
២៦ នៅពេលកូនធ្វើការងាររបស់ខ្លួន កុំតាំងខ្លួនជាអ្នកប្រាជ្ញ ហើយក៏កុំវាយប្ញកនៅពេលកូនខ្វះខាតដែរ។
២៧ អ្នកខំធ្វើការ ទទួលបានកម្រៃច្រើនលើសពីសេចក្តីត្រូវការ ប្រសើរជាងអ្នកវាយប្ញក តែគ្មាន អាហារបរិភោគ។
២៨ កូនអើយ! បើកូនសរសើរខ្លួន ចូរមានចិត្តសុភាពរាបសា កុំលើកកិត្តិយសខ្លួនឲ្យហួសពីសមត្ថភាព។
២៩ គ្មាននរណាយល់ស្របនឹងជនដែលធ្វើបាបខ្លួនឯងនោះទេ ហើយក៏គ្មាននរណាសរសើរជន ដែលបន្ទាបបន្ថោកជីវិតរបស់ខ្លួនដែរ។
៣០ គេតែងតែលើកតម្កើងមនុស្សក្រខ្សត់ ព្រោះតែការចេះដឹងរបស់គាត់ គេតែងតែលើកតម្កើងអ្នកមាន ព្រោះតែទ្រព្យសម្បត្ដិរបស់គាត់។
៣១ ប្រសិនបើគេលើកតម្កើងមនុស្សម្នាក់ នៅពេលគាត់ក្រខ្សត់ លុះដល់ពេលគាត់ទៅជាអ្នកមានស្តុកស្តម្ភ តើគាត់នឹងមានកិត្តិយសយ៉ាងណាទៅទៀត? ប្រសិនបើគេមើលងាយមនុស្សម្នាក់ នៅពេលគាត់មានទ្រព្យសម្បត្ដិស្តុកស្តម្ភ លុះដល់ពេលគាត់ធ្លាក់ខ្លួនក្រ តើគេនឹងមើលងាយយ៉ាងណាទៅទៀត?
១១
១ ប្រាជ្ញារបស់មនុស្សទន់ទាប រមែងធ្វើឲ្យគេបានខ្ពស់មុខ ហើយទទួលតំណែងក្នុងចំណោមអស់អ្នក ដែលមានឋានៈខ្ពង់ខ្ពស់។
កុំវាយតម្លៃមនុស្សតាមសំបកក្រៅ
២ កុំសរសើរនរណាម្នាក់ ដោយមើលទៅលើរូបសម្បត្តិរបស់គេទ្បើយ ហើយក៏កុំស្អប់នរណាម្នាក់ ដោយគ្រាន់តែឃើញរូបរាងខាងក្រៅរបស់គេដែរ។
៣ ក្នុងចំណោមសត្វស្លាបទាំងប៉ុន្មាន ឃ្មុំមានមាឌតូច តែទឹកឃ្មុំមានរសជាតិផ្អែមជាងអ្វីៗទាំងអស់ ក្នុងលោកនេះ។
៤ កុំមើលងាយមនុស្សដែលមានសម្លៀកបំពាក់មិនសមរម្យ ហើយក៏កុំចំអកឲ្យអ្នកដែលកើតទុក្ខដែរ ដ្បិតព្រះអម្ចាស់តែងតែធ្វើការផ្សេងៗគួរឲ្យស្ញើចសរសើរ ប៉ុន្តែ មនុស្សមិនស្គាល់ការលាក់កំបាំងរបស់ព្រះអង្គទេ។
៥ មានស្ដេចជាច្រើនបាត់បង់អំណាច រីឯអ្នកដែលគ្មាននរណានឹកដល់ បានទ្បើងសោយរាជ្យ។
៦ មានអ្នកដឹកនាំជាច្រើន បានបាត់បង់បុណ្យស័កិ្ត ហើយជនដែលមានកិត្តិយសខ្ពង់ខ្ពស់ បានក្លាយទៅជាទាសករ។
៧ ចូរសាកសួរឲ្យដឹងហេតុផលសិន សឹមរិះគន់តាមក្រោយ ចូរពិចារណាជាមុនសិន ទើបស្តីបន្ទោសគេជាក្រោយ។
៨ បើស្តាប់មិនទាន់ជាក់ កុំអាលឆ្លើយ បើគេកំពុងនិយាយ កុំកាត់ពាក្យសម្ដីរបស់គេឡើយ។
៩ កុំលូកដៃចូលក្នុងជម្លោះដែលមិនជាប់ពាក់ព័ន្ធអ្វីដល់កូនឡើយ។ ពេលមនុស្សពាលឈ្លោះប្រកែកគ្នា កុំជ្រៀតជ្រែកចូលក្នុងរឿងរបស់គេឲ្យសោះ។
មានតែព្រះជាម្ចាស់ទេដែលអាចជួយបាន
១០ កូនអើយ! កុំធ្វើកិច្ចការច្រើន នៅពេលជាមួយគ្នា ប្រសិនបើកូនធ្វើកិច្ចការច្រើនហួស នោះកូនពុំអាចសម្រេចឡើយ។ ប្រសិនបើកូនរត់ទៅរត់មកគ្រប់ទិសទី កូនពុំអាចធ្វើអ្វីបានទេ បើកូនចេះតែរត់បែបនេះ កូនមុខជាបរាជ័យពុំខាន។
១១ អ្នកខ្លះខិតខំធ្វើការកាន់តែនឿយហត់ និងរហ័សរហួនយ៉ាងណា ក៏គេនៅតែខ្វះខាតយ៉ាងនោះដែរ។
១២ មានអ្នកខ្លះមិនសូវរហ័សរហួនទេ ហើយត្រូវការអ្នកដទៃជួយជានិច្ច គេគ្មានកម្លាំង និងខ្វះខាតយ៉ាងខ្លាំង ក៏ប៉ុន្តែ ព្រះអម្ចាស់ទតមើលគេដោយអនុគ្រោះ ព្រះអង្គលើកស្ទួយគេឲ្យរួចពី ភាពទន់ទាបរបស់ខ្លួន។
១៣ ព្រះអង្គប្រោសឲ្យគេបានខ្ពស់មុខ ហើយមនុស្សម្នាស្ញើចសរសើរយ៉ាងខ្លាំង។
១៤ អ្វីដែលល្អ និងអ្វីដែលអាក្រក់ ជីវិត និងសេចក្តីស្លាប់ ភាពក្រខ្សត់ និងធនធានជាច្រើន សុទ្ធតែព្រះអម្ចាស់ប្រទានឲ្យទាំងអស់។ ១៧ ព្រះអំណោយទានរបស់ព្រះអម្ចាស់ ស្ថិតនៅជាមួយអស់អ្នក ដែលគោរពប្រណិប័តន៍ព្រះអង្គ រហូតតទៅ ព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គ នឹងណែនាំគេឲ្យប្រព្រឹត្តតាមមាគ៌ាល្អត្រឹមត្រូវជានិច្ច។ ១៨ អ្នកខ្លះក្លាយទៅជាអ្នកមាន មកពីគេចេះប្រុងប្រយ័ត្ន និងខិតខំសន្សំសំចៃ។ អ្នកទាំងនោះត្រូវទទួលផលដូចតទៅ : ១៩ នៅពេលដែលគេពោលថា «ឥឡូវនេះ ខ្ញុំអាចសម្រាកបានហើយ ខ្ញុំអាចសប្បាយនឹងយកសម្បត្តិរបស់ខ្ញុំចាយវាយ»។ ប៉ុន្តែ គេមិនដឹងថា ពេលណាគេត្រូវស្លាប់ ដោយទុកចោលអ្វីៗទាំងអស់ឲ្យអ្នកដទៃឡើយ។
អំពីសេចក្តីស្លាប់
២០ ចូរយកចិត្តទុកដាក់យ៉ាងស្វិតស្វាញ នឹងការងាររបស់ខ្លួន ចូរធ្វើការនេះរហូតដល់មានវ័យចាស់ជរា។
២១ កុំនឹកឆ្ងល់ ដោយឃើញមនុស្សបាបទទួលជោគជ័យ។ ចូរផ្ញើជីវិតលើព្រះអម្ចាស់ ហើយព្យាយាមក្នុងកិច្ចការរបស់ខ្លួន ព្រោះព្រះអម្ចាស់អាចធ្វើឲ្យអ្នកក្រខ្សត់ ក្លាយទៅជាអ្នកមានមួយរំពេច បានដោយងាយ។
២២ ព្រះអម្ចាស់តែងតែប្រទានពរដល់អ្នក ដែលគោរពប្រណិប័តន៍ព្រះអង្គ ទុកជារង្វាន់។ ព្រះអង្គប្រទានពរជាច្រើនឲ្យគេក្នុងរយៈពេលដ៏ខ្លី។
២៣ កុំពោលថា «ខ្ញុំមិនត្រូវការអ្វី ហើយខ្ញុំក៏មិនខ្វះទ្រព្យសម្បត្តិអ្វីដែរ»។ ២៤ កុំពោលថា «ខ្ញុំមានអ្វីៗទាំងអស់ដែលខ្ញុំត្រូវការ ឥឡូវនេះ ខ្ញុំមិនខ្លាចគ្រោះកាចអ្វីមកយាយីខ្ញុំឡើយ!»។
២៤ ក្នុងគ្រាដែលមានសេចក្តីសុខ គេតែងតែភ្លេចពីទុក្ខលំបាក ហើយក្នុងគ្រាមានទុក្ខលំបាក គេក៏តែងតែភ្លេចពីសេចក្តីសុខដែរ។
២៥ នៅថ្ងៃដែលមនុស្សបាត់បង់ជីវិត ព្រះអម្ចាស់នឹងប្រទានឲ្យគេ ស្របតាមអំពើដែលគេបានប្រព្រឹត្ត។ ២៦ នៅពេលមានទុក្ខវេទនា មនុស្សតែងតែភ្លេចសេចក្តីសប្បាយដែលគេធ្លាប់មាន។ ថ្ងៃអវសាននៃជីវិតរបស់មនុស្សតែងតែបង្ហាញពីតម្លៃនៃអំពើដែលគេប្រព្រឹត្ត។
២៧ កុំប្រកាសថានរណាម្នាក់មានសុភមង្គល មុនពេលគេស្លាប់ឡើយ ដ្បិតយើងស្គាល់មនុស្សម្នាក់យ៉ាងច្បាស់ ក្រោយពេលដែលគេបាត់បង់ជីវិតប៉ុណ្ណោះ។
កុំសេពគប់ជាមួយមនុស្សអាក្រក់
២៨ កុំចេះតែនាំមនុស្ស ចូលផ្ទះរបស់ខ្លួនឡើយ ដ្បិតជនខិលខូចពូកែបោកប្រាសណាស់។
៣០ មនុស្សអួតបំប៉ោង ប្រៀបដូចជាសត្វទទាដែលនៅក្នុងទ្រុង សម្រាប់ទាក់ទទាឯទៀតៗ គេតែងតែរង់ចាំឱកាស ដើម្បីចាប់អ្នក។ ៣១ គេដាក់អន្ទាក់ ដោយផ្លាស់ប្តូរការល្អទៅជាអាក្រក់ ហើយរិះគន់អំពើបរិសុទ្ធបំផុតថាជាអំពើមិនល្អ។
៣២ ផ្កាភ្លើងឆាបឆេះគំនរអុសយ៉ាងណា អន្ទាក់របស់អ្នកបាប ក៏បង្ហូរឈាមយ៉ាងនោះដែរ។
៣៣ កុំទុកចិត្តមនុស្សអាក្រក់ ដ្បិតគេគិតតែពីប្រព្រឹត្តអំពើអាក្រក់ គេអាចបំផ្លាញកិត្តិយសរបស់កូនឲ្យបាត់បង់រហូតទៅបាន។
៣៤ ប្រសិនបើ កូនទទួលជនបរទេស ឲ្យស្នាក់អាស្រ័យ គេមុខជាបណ្តាលឲ្យកូនមានកង្វល់ ហើយជំរុញក្រុមគ្រួសាររបស់កូន ឲ្យប្រឆាំងនឹងកូនពុំបាន។
១២
ត្រូវរិះគិតពិចារណានៅពេលធ្វើទាន
១ ប្រសិនបើកូនធ្វើទានដល់អ្នកដទៃ ចូរពិចារណាឲ្យដឹងថា កូនធ្វើទានចំពោះមនុស្សប្រភេទណា ដូច្នេះ គេនឹងដឹងគុណកូន។
២ ប្រសិនបើកូនធ្វើទានដល់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ កូនមុខជាទទួលរង្វាន់ពុំខាន បើអ្នកនោះពុំសងគុណកូនទេ នោះព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានរង្វាន់ជំនួសវិញ។
៣ ជនណានៅតែប្រព្រឹត្តអំពើអាក្រក់ ហើយមិនព្រមចែកទានដល់អ្នកក្រីក្រ ជននោះមិនជួបសុភមង្គលឡើយ។
៤ ចូរចែកទានដល់អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ កុំជួយមនុស្សបាបជាដាច់ខាត។
៥ ចូរធ្វើទានដល់អ្នកទន់ទាប កុំឲ្យរបស់អ្វីដល់មនុស្សទមិឡ កុំចែកអាហារឲ្យគេជាដាច់ខាត ក្រែងគេមានកម្លាំងវាយកូនវិញ គេនឹងសងនូវអំពើអាក្រក់ដល់កូន មួយទ្វេជាពីរ តបនឹងអំពើល្អ ដែលកូនបានប្រព្រឹត្តចំពោះគេ។
៦ ព្រះដ៏ខ្ពង់ខ្ពស់បំផុត មិនសព្វព្រះហប្ញទ័យនឹងមនុស្សបាបឡើយ ព្រះអង្គតែងតែដាក់ទោសពួកគេស្របតាមអំពើដែលគេប្រព្រឹត្ត។
៧ ចូរចែកទានដល់មនុស្សល្អ កុំជួយមនុស្សបាបឡើយ។
មិត្តសម្លាញ់ដ៏ស្មោះត្រង់ និងមិត្តសម្លាញ់ក្លែងក្លាយ
៨ ពេលសុខសប្បាយយើងមិនដឹងថា នរណាជាមិត្តឡើយ ពេលមានទុក្ខ សត្រូវតែងតែបើកមុខ។
៩ ពេលមនុស្សម្នាក់បានសុខសប្បាយ ពួកសត្រូវតែងតែក្រៀមក្រំ ពេលគេមានទុក្ខ សូម្បីតែមិត្តក៏ឃ្លាតទៅឆ្ងាយពីគេដែរ។ ១០ កុំទុកចិត្តសត្រូវឲ្យសោះ ដ្បិតចិត្តដ៏កាចសាហាវរបស់វា ប្រៀបដូចជាស្ពាន ដែលមានដុះស្នឹម។
១១ ទោះបីសត្រូវដាក់ខ្លួនសុភាពរាបសា ហើយដើរឱនយ៉ាងណាក្តី ក៏ត្រូវប្រយ័ត្នដែរ មិនត្រូវទុកចិត្តគេទេ។ ចូរកូនធ្វើដូចជាអ្នកដុសខាត់កញ្ចក់ ហើយតោងដឹងថា ស្នឹមស្ពាន់មិននៅជាប់រហូតឡើយ។
១២ កុំយកសត្រូវមកដាក់នៅជិតខ្លួន ខ្លាចក្រែងគេផ្តួលរំលំកូន ដើម្បីដណើ្តមមុខតំណែង។ កុំយកគេមកអង្គុយខាងស្តាំកូន ក្រែងគេខំខ្នះខ្នែងដណើ្តមកៅអីរបស់កូន។ នៅពេលនោះ ទើបកូន យល់ថាពាក្យទូន្មានរបស់ឪពុកជាពាក្យត្រឹមត្រូវ កូននឹងនឹកចាំពាក្យសម្ដីរបស់ឪពុក ទាំងសោកស្តាយ។
១៣ តើនរណាអាណិតអាសូរគ្រូអាលម្ពាយដែលត្រូវពស់ចឹក តើនរណាអាណិតអាសូរអស់អ្នក ដែលចូលចិត្តទៅក្បែរសត្វសាហាវ? ១៤ គ្មាននរណាអាណិតអាសូរអ្នក ដែលសេពគប់ជាមួយមនុស្សបាប ហើយរងគ្រោះ ព្រោះតែអំពើអាក្រក់របស់គេ។
១៥ មនុស្សអាក្រក់នៅជាមួយកូន តែមួយភ្លែតប៉ុណ្ណោះ។ ពេលកូនមានទុក្ខ គេមិននៅជាមួយកូនទៀតទេ។
១៦ សត្រូវតែងតែពោលពាក្យសម្ដីផ្អែមល្អែម ប៉ុន្តែ ក្នុងចិត្តគេចង់ទម្លាក់កូនទៅក្នុងរណ្តៅ។ ជួនកាល គេរំភើបចិត្តរហូតដល់ហូរទឹកភ្នែក ប៉ុន្តែ ប្រសិនបើគេរកឱកាសបាន គេមុខជាហុតឈាមកូនពុំខាន។
១៧ ប្រសិនបើកូនជួបប្រទះគ្រោះកាច សត្រូវមកនៅទីនោះ ស្រេចទៅហើយ គេថារកលេសជួយកូន តែគេនឹងខ្ទាស់ជើងកូនឲ្យជំពប់ដួល។ ១៨ ពេលនោះ ទើបគេបើកមុខដ៏ពិតប្រាកដរបស់គេ គេទះដៃ និងងក់ក្បាលចំអកដាក់កូន ហើយដើរសំអុយឈ្មោះកូនគ្រប់បែបយ៉ាង។
១៣
អ្នកមាន
១ អ្នកដែលប៉ះពាល់ជ័រ តែងតែស្អិតជាប់ដៃ រីឯអ្នកដែលសេពគប់នឹងមនុស្សអួតបំប៉ោង ក៏ក្លាយទៅជាមនុស្សអួតបំប៉ោងដែរ។
២ កុំចង់លើកអ្វីដែលធ្ងន់ហួសកម្លាំង កុំសេពគប់នឹងអ្នកដែលខ្លាំងជាងកូន ឬអ្នកដែលមានទ្រព្យច្រើនជាងកូន។ តើឆ្នាំងដី និងឆ្នាំងដែកនៅជាមួយគ្នាកើតឬ? បើគ្រាន់តែប៉ះគ្នា ឆ្នាំងដីនឹងបែកភ្លាម។
៣ ប្រសិនបើអ្នកមានប្រព្រឹត្តអំពើអយុត្តិធម៌លើជនណាម្នាក់ គាត់តែងតែខឹងរករឿងគេ រីឯអ្នកក្រខ្សត់វិញ ប្រសិនបើគាត់រងនូវអំពើអយុត្តិធម៌ គាត់ត្រូវតែសុំទោសគេថែមទៀត។
៤ អ្នកមានតែងតែប្រើកូន នៅពេលណាគេយល់ថា កូនផ្តល់ផលប្រយោជន៍ឲ្យគេ ពេលណាកូនធ្លាក់ខ្លួនក្រ គេនឹងបោះបង់ចោលកូន។ ៥ បើកូនមានទ្រព្យ គេនឹងរស់នៅជាមួយកូន គេនឹងបង្ហិនបង្ហោចកូន ដោយគ្មានស្តាយស្រណោះអ្វីឡើយ។ ៦ ប្រសិនបើគេត្រូវការកូន គេបញ្ឆោតកូន គឺគេញញឹមដាក់កូន ដើម្បីលើកទឹកចិត្តកូន គេនឹងបញ្ជោរកូនទាំងសួរថា «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីជូន?»។ ៧ គេនឹងបញ្ចុកបន្ស៊ីកូនជាញឹកញាប់ បណ្តាលឲ្យកូនអៀនខ្មាសរហូតទាល់តែចាយវាយទ្រព្យសម្បត្តិខ្លួនឯងអស់ពីរ ឬបីដង នៅទីបញ្ចាប់ គេចំអកដាក់កូន។ ពេលក្រោយ កាលគេឃើញកូន គេហាក់ដូចជាមិនស្គាល់ ហើយគ្រវីក្បាលដាក់កូនទៀតផង។
៨ ចូរប្រយ័ត្ន កុំឲ្យគេបោកបញ្ឆោតកូនបានឡើយ! កុំឲ្យត្រូវអាម៉ាស់ ព្រោះតែកូនមិនបានគិតគូរ។
៩ ពេលអ្នកធំអញ្ជើញកូនទៅផ្ទះគេ កុំប្រញាប់យល់ព្រមពេក ធ្វើដូច្នេះ គេមុខជាទទូចអង្វរកូនមិនខាន។ ១០ កុំចេះតែទៅរកគេពេក ក្រែងលោគេដេញកូនចេញពីផ្ទះ ហើយក៏កុំនៅឆ្ងាយពីគេពេកដែរ ក្រែងលោគេភ្លេចកូន។ ១១ កុំអួតខ្លួនថា អាចនិយាយជាមួយអ្នកធំ ដូចនិយាយជាមួយ អ្នកដែលមានឋានៈស្មើគ្នាឡើយ ហើយក៏កុំទុកចិត្ត លើពាក្យទាំងឡាយរបស់គេដែរ ដ្បិតគេនិយាយច្រើន ដើម្បីល្បងលមើលចិត្តរបស់កូន សូម្បីតែពេលគេញញឹម ក៏គេស្ទង់មើលចិត្តរបស់កូនដែរ។
១២ អ្នកដែលមិនចេះទប់មាត់ គ្មានចិត្តអាណិតអាសូរទេ គេមិនធ្វើឲ្យកូនចៀសផុតពីការវាយដំ ឬពីជាប់ច្រវាក់ឡើយ។
១៣ ចូរប្រុងប្រយ័ត្នឲ្យមែនទែន ដ្បិតកូនកំពុងដើរនៅកន្លែងកំពុងមានគ្រោះថ្នាក់។
អ្នកមាន និងអ្នកក្រ
១៥ សត្វតែងតែចូលចិត្តសត្វ ដែលមានប្រភេទដូចគ្នា រីឯមនុស្សវិញ ក៏ចូលចិត្តមនុស្សដែលមានចរិតដូចគ្នាដែរ។
១៦ សត្វតែងតែនៅជុំគ្នា ជាមួយសត្វ ដែលមានពូជដូចគ្នា រីឯមនុស្សក៏តែងតែសេពគប់ជាមួយមនុស្សដែលមានលក្ខណៈដូចគ្នាដែរ។
១៧ តើចចក និងកូនចៀមនៅជាមួយគ្នាបានឬទេ? មនុស្សបាប និងអ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ មានលក្ខណៈដូចគ្នាត្រង់ណា? ១៨ ចចក និងឆ្កែអាចរស់ជាមួយគ្នា ដោយសុខសាន្តបានឬទេ តើអ្នកមាន និងអ្នកក្រអាចចុះសំរុងគ្នាកើតឬ?។
១៩ នៅវាលរហោស្ថាន សិង្ហតែងតែចាប់សត្វលាព្រៃមកធ្វើជាអាហារ។ យ៉ាងណាមិញ អ្នកមានតែងតែត្របាក់លេបអ្នកក្រ។
២០ អ្នកក្រអឺតក្រទម តែងតែស្អប់ខ្ពើមមនុស្សទន់ទាប អ្នកមានក៏តែងតែស្អប់ខ្ពើមអ្នកក្រដែរ។
២១ ពេលអ្នកមានភ្លាត់ជើង មិត្តភក្ដិរបស់គាត់ជួយទប់ ពេលអ្នកក្រដួលដល់ដី មិត្តភក្ដិរបស់គាត់មិនអើពើឡើយ។
២២ ពេលអ្នកមានធ្វើខុស មនុស្សជាច្រើនការពារគាត់ ប្រសិនគាត់ពោលពាក្យផ្តេសផ្តាស គេថាគាត់និយាយត្រឹមត្រូវ។ ពេលអ្នកក្រធ្វើខុសគេស្តីបន្ទោសគាត់ ប្រសិនបើគាត់ពោលពាក្យសមហេតុផល គ្មាននរណាចាប់អារម្មណ៍ទេ។ ២៣ ពេលអ្នកមានទើ្បងនិយាយ គេនៅស្ងៀម ហើយស្ងើចសរសើរពាក្យសម្ដីរបស់គាត់គ្រប់គ្នា។ ពេលអ្នកក្រទើ្បងនិយាយ អ្នកផងសួរថា «អ្នកនេះជាស្អី»? ប្រសិនបើគាត់ភ្លាត់ជើង គេនឹងច្រានគាត់ ឲ្យដួលតែម្តង។
២៤ ទ្រព្យជារបស់ល្អប្រសើរ លុះត្រាតែគេរកបាន ដោយសុចរិត រីឯភាពក្រីក្រដែលបណ្តាលមកពីព្រះជាម្ចាស់ផ្តន្ទាទោស នោះគ្មានអ្វីល្អប្រសើរឡើយ។
២៥ ចិត្តគំនិតល្អ ឬអាក្រក់របស់មនុស្ស តែងតែធ្វើទឹកមុខគេប្រែជាល្អ ឬអាក្រក់។
២៦ ទឹកមុខញញឹម តែងតែបង្ហាញពីចិត្តគំនិតល្អ។ ប៉ុន្តែ ដើម្បីបង្កើតសុភាសិតល្អ ត្រូវខំប្រឹងរិះគិតឲ្យបានម៉ត់ចត់។
១៤
សុភមង្គលរបស់មនុស្សសុចរិត
១ អ្នកចេះប្រយ័ត្នពាក្យសម្ដី ពិតជាមានសុភមង្គល! គេមិនកើតទុក្ខ ព្រោះតែអំពើបាបរបស់ខ្លួនឡើយ!។
២ អ្នកណាដឹងខ្លួនថាគ្មានកំហុស ហើយមិនដែលខកចិត្ត អ្នកនោះពិតជាមានសុភមង្គល!
ចិត្តលោភលន់ និងកំណាញ់
៣ មានទ្រព្យសម្បត្តិ តែកំណាញ់ ហើយមានប្រាក់ តែមិនហ៊ានចាយ តើបានប្រយោជន៍អ្វី?
៤ អ្នកដែលប្រមូលទ្រព្យសម្បត្តិ តែបង្អត់ខ្លួនឯង ប្រមូលទុកសម្រាប់អ្នកដទៃ គឺអ្នកដទៃចាយវាយទ្រព្យនោះ ដើម្បីរស់នៅយ៉ាងសប្បាយ។
៥ អ្នកដែលកំណាញ់ចំពោះខ្លួនឯង តើចង់សម្ដែងចិត្តសប្បុរសចំពោះនរណា? គេមិនបានសប្បាយ ដោយសារធនធានរបស់ខ្លួនទេ។
៦ គ្មាននរណាកាចជាង អ្នកធ្វើបាបខ្លួនឯងឡើយ គេតែងតែរងទុក្ខទោស ព្រោះតែចិត្តអាក្រក់របស់ខ្លួន។
៧ ប្រសិនបើជនកំណាញ់ធ្វើទាន គេធ្វើដោយមិនដឹងខ្លួន នៅទីបញ្ចប់ គេមុខជាបង្ហាញចិត្តអាក្រក់របស់ខ្លួនមិនខាន!
៨ អ្នកមានចិត្តលោភលន់ជាមនុស្សអាក្រក់ គេមើលងាយអ្នកដទៃ ដោយធ្វើមិនឃើញ។ ៩ អ្នកមានចិត្តលោភលន់ មិនដែលពេញចិត្តនឹងចំណែកទ្រព្យរបស់ខ្លួនទេ ការកំណាញ់ធ្វើឲ្យគេក្លាយទៅជាមនុស្សអត់ចិត្ត។
១០ ជនកំណាញ់មិនងាយចែកអាហារឲ្យគេទេ សូម្បីតែនៅលើតុរបស់ខ្លួនឯងផ្ទាល់ក៏គ្មានបាយផង!
ចូរប្រើប្រាស់ទ្រព្យសម្បត្តិតាមសមរម្យ
១១ កូនអើយ! ប្រសិនបើកូនមានគ្រប់គ្រាន់ ចូរថែទាំខ្លួនឲ្យបានស្រួល ហើយថ្វាយតង្វាយទៅព្រះអម្ចាស់តាមវិន័យ។ ១២ កុំភេ្លចថា សេចក្តីស្លាប់នឹងមកដល់ឆាប់ៗ កូនពុំដឹងថ្ងៃកំណត់ដែលកូនត្រូវស្លាប់ទេ។ ១៣ មុននឹងស្លាប់ ចូរធ្វើទានដល់មិត្តសម្លាញ់ ចូរមានចិត្តទូលាយចំពោះគេ តាមធនធានរបស់កូន។
១៤ ត្រូវចេះសប្បាយរីករាយ ទោះបីការសប្បាយរីករាយនេះ មានរយៈពេលខ្លីក៏ដោយ។ កុំទុកឲ្យឱកាសដែលកូនអាចបំពេញបំណងប្រាថ្នាដ៏ត្រឹមត្រូវ កន្លងបាត់ទៅឡើយ។
១៥ ត្រូវដឹងថា កូននឹងទុកផលនៃផលនឿយហត់របស់កូន ឲ្យអ្នកដទៃ គឺគេនឹងយកផលនៃកិច្ចការដ៏សែនលំបាករបស់កូនទៅចែកគ្នា ដោយចាប់ឆ្នោត។
១៦ ទោះបីកូនឲ្យអ្វីទៅគេ ឬទទួលអ្វីពីគេ ចូរធ្វើឲ្យខ្លួនបានសប្បាយ! ត្បិតមនុស្សស្លាប់មិនស្វែងរកការសប្បាយរីករាយទៀតទេ។
១៧ សត្វលោកទាំងទ្បាយ រមែងតែងតែចាស់ទៅៗ ហើយកាន់តែរេចរិល ដូចសម្លៀកបំពាក់ ដែលត្រូវតែសឹក។ មានច្បាប់ធម្មជាតិតែមួយសម្រាប់សត្វលោកទូទៅ គឺគ្រប់គ្នាត្រូវតែស្លាប់។
១៨ មនុស្សលោកចេះតែកើតតៗគ្នា គឺមនុស្សមួយជំនាន់ស្លាប់បាត់ទៅ ហើយមានជំនាន់មួយទៀតកើតទើ្បងជំនួស ដូចដើមឈើស៊ុបទ្រុបដែលមានស្លឹកជ្រុះ រួចមានស្លឹកថ្មីដុះលូតលាស់ទើ្បងជំនួស។
១៩ ស្នាដៃអ្វីៗដែលមនុស្សធ្វើ តែងតែរលាយបាត់ ហើយម្ចាស់ស្នាដៃនោះ ក៏ត្រូវរលាយសូន្យទៅជាមួយដែរ។
ត្រូវស្វែងរកព្រះប្រាជ្ញាញាណ
២០ អ្នកដែលយកចិត្តទុកដាក់ ស្វែងរកព្រះប្រាជ្ញាញាណ ហើយខិតខំត្រិះរិះពិចារណា ពិតជាមានសុភមង្គលពុំខាន។ ២១ អ្នកនោះសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះប្រាជ្ញាញាណ ហើយរិះគិតអំពីអាថ៌កំបាំងរបស់ព្រះអង្គដែរ។ ២២ គាត់ស្វែងរកព្រះប្រាជ្ញាញាណ ដូចព្រានតាមដានសត្វ ហើយឃ្លាំមើលកន្លែងដែលព្រះប្រាជ្ញាញាណត្រូវយាងកាត់។ ២៣ គាត់លបមើលតាមបង្អួចនៃដំណាក់របស់ព្រះប្រាជ្ញាញាណ ហើយលួចស្តាប់នៅមាត់ទ្វារ។ ២៤ គាត់តាំងទីលំនៅក្បែរដំណាក់របស់ព្រះប្រាជ្ញាញាណ ហើយបោះចម្រឹងនៃជំរំរបស់ខ្លួនជាប់នឹងជញ្ជាំងដំណាក់របស់ព្រះអង្គ។ ២៥ គាត់បោះជំរំក្បែរព្រះប្រាជ្ញាញាណ ហើយរស់នៅក្នុងកន្លែងដែលមានសុភមង្គល។ ២៦ គាត់ធ្វើសំបុកដាក់កូននៅ តាមមែកសាខារបស់ព្រះប្រាជ្ញាញាណ ហើយស្ថិតនៅក្រោមម្លប់ដ៏ត្រជាក់របស់ព្រះអង្គ។ ២៧ ព្រះប្រាជ្ញាញាណការពារគាត់ មិនឲ្យត្រូវកម្ដៅថ្ងៃ ហើយឲ្យគាត់តាំងទីលំនៅ ក្នុងសិរីរុងរឿងរបស់ព្រះអង្គ។
១៥
រង្វាន់របស់មនុស្សសុចរិត
១ អ្នកគោរពកោតខ្លាចព្រះអម្ចាស់តែងតែប្រតិបត្តិតាមព្រះហប្ញទ័យព្រះអង្គ ហើយអ្នកដែលមានចំណេះដឹងខាងវិន័យរមែងទទួលព្រះប្រាជ្ញាញាណ។ ២ ព្រះប្រាជ្ញាញាណនឹងយាងមកជួបគាត់ ដូចម្តាយមកជួបកូន ឬដូចកូនក្រមុំទទួលស្វាមី នៅថ្ងៃរៀបការដែរ។ ៣ ព្រះប្រាជ្ញាញាណផ្តល់សុភនិច្ឆ័យ ទុកជាអាហារសម្រាប់គាត់ ហើយផ្តល់ប្រាជ្ញាទុកជាភេជ្ជៈសម្រាប់គាត់។ ៤ ដោយពឹងផ្អែកលើព្រះប្រាជ្ញាញាណ គាត់មិនខ្សោយកម្លាំងទេ ហើយដោយជំពាក់ចិត្តលើព្រះអង្គ គាត់ក៏មិនអាម៉ាស់មុខដែរ។ ៥ ព្រះប្រាជ្ញាញាណនឹងលើកគាត់ទ្បើង ឲ្យខ្ពស់លើសញាតិសន្តានរបស់គាត់ ហើយប្រទានឲ្យគាត់មានពាក្យសម្ដី ដែលត្រូវនិយាយ នៅក្នុងអង្គប្រជុំ។ ៦ គាត់នឹងមានអំណរសប្បាយ ដូចបានពាក់មកុដគាត់ក៏មានឈ្មោះល្បីអស់កល្បជានិច្ចដែរ។
៧ រីឯមនុស្សលេលាវិញ គេពុំអាចឈោងចាប់ព្រះប្រាជ្ញាញាណបានទេ! មនុស្សបាបក៏មិនអាចឃើញព្រះអង្គដែរ។
៨ ព្រះប្រាជ្ញាញាណស្ថិតនៅឆ្ងាយពីមនុស្សអួតបំប៉ោង ហើយអ្នកកុហកភូតភរមិននឹកចាំពីព្រះអង្គទ្បើយ។
៩ មនុស្សបាបមិនសមនឹងលើកតម្កើងព្រះអម្ចាស់ទេ ព្រោះការសរសើរតម្កើងសុទ្ធតែព្រះអង្គប្រទានឲ្យ។
១០ ព្រះប្រាជ្ញាញាណណែនាំមនុស្សឲ្យលើកតម្កើងព្រះអម្ចាស់ គឺព្រះអង្គបំភ្លឺចិត្តគំនិតគេឲ្យលើកតម្កើង។
១១ ប្រសិនបើកូនងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ កុំពោលថាមកពីព្រះអម្ចាស់ទ្បើយ! ព្រោះព្រះអង្គមិនប្រព្រឹត្តកិច្ចការ ដែលព្រះអង្គមិនសព្វព្រះហប្ញទ័យទេ! ១២ កុំពោលថា «ព្រះអង្គនាំខ្ញុំឲ្យវង្វេង» ដ្បិតព្រះអង្គមិនត្រូវការមនុស្សបាបឡើយ។
១៣ ព្រះអម្ចាស់ស្អប់អំពើអាក្រក់គ្រប់យ៉ាង អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ មិនប្រព្រឹត្តអំពើបាបទេ!។
១៤ កាលពីដើមដំបូង ពេលព្រះជាម្ចាស់បានបង្កើតមនុស្ស ព្រះអង្គប្រទានឲ្យមនុស្សធ្វើជាម្ចាស់លើសេចក្ដីសម្រេចរបស់ខ្លួន។ ១៥ ប្រសិនបើកូនមានបំណងប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ នោះកូនមុខជាប្រតិបត្តិតាមបាន។ កូនអាចស្មោះត្រង់នឹងព្រះអង្គបាន តាមការសម្រេចចិត្តរបស់កូន។ ១៦ ព្រះអង្គដាក់ទឹក និងភ្លើងនៅមុខកូន កូនអាចលូកដៃជ្រើសរើសយកមួយណាក៏បាន តាមចិត្តកូនប្រាថ្នា។ ១៧ ព្រះអង្គប្រទានឲ្យមនុស្សលោកមានជីវិត ឬស្លាប់ តាមតែម្នាក់ៗជ្រើសរើស។
១៨ ព្រះអម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណឈ្លាសវៃក្រៃលែង ព្រះអង្គមានប្ញទ្ធានុភាពខ្លាំងក្លា ហើយឈ្វេងយល់អ្វីៗសព្វគ្រប់ទាំងអស់។
១៩ ព្រះអម្ចាស់យកព្រះហប្ញទ័យទុកដាក់ ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយឈ្វេងយល់កិច្ចការទាំងអស់ដែលមនុស្សលោកប្រព្រឹត្ត។
២០ ព្រះអង្គមិនបញ្ជាឲ្យនរណាម្នាក់ប្រព្រឹត្តបទល្មើសទេ ព្រះអង្គក៏មិនអនុញ្ញាតឲ្យនរណាម្នាក់ប្រព្រឹត្តអំពើបាបដែរ។
១៦
មនុស្សទមិទ្ប នឹងមានទោស
១ ស៊ូគ្មានកូន ប្រសើរជាងមានកូនច្រើនឥតបានការ។ ចូរកុំអរសប្បាយដោយមានកូន បើកូនទាំងនោះមិនគោរពប្រណិប័តន៍ព្រះអម្ចាស់។ ២ ប្រសិនបើកូនៗមិនគោរពកោតខ្លាចព្រះអម្ចាស់ទេ ទោះបីមានកូនច្រើនយ៉ាងណាក្តី ក៏កុំត្រេកអរដែរ! ៣ កុំសង្ឃឹមថា កូនទាំងនោះនឹងមានអាយុយឺនយូរ ហើយកុំពឹងលើចំនួនកូនច្រើន! បើមានកូនតែម្នាក់គោរពកោតខ្លាចព្រះអម្ចាស់ នោះប្រសើរជាងមានកូនរាប់ពាន់នាក់ ដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ ស៊ូស្លាប់ដោយឥតមានកូន ប្រសើរជាងមានកូនច្រើនដែលមើលងាយព្រះជាម្ចាស់។ ៤ អ្នកប្រាជ្ញតែម្នាក់នៅក្នុងក្រុងមួយ រមែងធ្វើឲ្យប្រជាជនកើនចំនួនច្រើនទ្បើង តែជនពាលមួយហ្វូងរមែងធ្វើឲ្យក្រុងវិនាសអន្តរាយ។
៥ ខ្ញុំបានឃើញហេតុការណ៍ជាច្រើនបែបនេះផ្ទាល់នឹងភ្នែក ខ្ញុំក៏បានឮរឿងហេតុដែលគួរឲ្យចាប់អារម្មណ៍ច្រើនជាងនេះ ផ្ទាល់នឹងត្រចៀក។ ៦ ភ្លើងរបស់ព្រះអម្ចាស់ឆាបឆេះអង្គប្រជុំ របស់មនុស្សបាប ព្រះអង្គព្រះអង្គព្រះពិរោធចំពោះពួកបះបោរប្រឆាំងនឹងព្រះអង្គ។ ៧ ព្រះអង្គពុំបានលើកលែងទោស ឲ្យពួកដែលមានមាឌធំ នៅសម័យដើមទេ ពួកគេបានបះបោរដោយអាងលើកម្លាំងរបស់ខ្លួន។ ៨ ព្រះអង្គពុំបានត្រាប្រណីដល់ក្រុងរបស់លោកទ្បុតទេ ព្រោះព្រះអង្គស្អប់ខ្ពើមចិត្តអួតបំប៉ោងរបស់អ្នកក្រុងនោះ។ ៩ ព្រះអង្គពុំអាណិតជនជាតិកាណានដែលត្រូវវិនាសនោះទេ ពួកគេផុតពូជ ព្រោះតែអំពើបាបរបស់ខ្លួន។ ១០ ព្រះអង្គក៏ពុំបានអាណិតជនជាតិអ៊ីស្រាអែលប្រាំមួយសែននាក់ ដែលបាត់បង់ជីវិត ព្រោះតែចិត្តរឹងចចេសរបស់ខ្លួនដែរ។ ១១ ទោះបីមានមនុស្សរឹងចចេសតែម្នាក់ក្ដី ក៏គេមុខជាទទួលទោសពុំខាន! ព្រះអម្ចាស់មានព្រះហប្ញទ័យមេត្តាផង ព្រះអង្គព្រះពិរោធផង។ ព្រះអង្គមានប្ញទ្ធានុភាពអាចប្រោសប្រណី និងផ្តន្ទាទោស។
១២ ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាលើសលុបយ៉ាងណា ព្រះអង្គក៏តឹងតែងយ៉ាងនោះដែរ។ ព្រះអង្គវិនិច្ឆ័យមនុស្ស តាមអំពើដែលគេប្រព្រឹត្ត។ ១៣ មនុស្សបាបមិនអាចរត់រួច ដោយនាំយកអ្វីៗដែលខ្លួនបានប្រមូលទៅជាមួយនោះផងទេ រីឯមនុស្សសុចរិត ដែលចេះស៊ូទ្រាំ ក៏មិនខកចិត្តដែរ។ ១៤ ព្រះអម្ចាស់នឹងទទួលស្គាល់ទានទាំងប៉ុន្មានដែលមនុស្សធ្វើ ម្នាក់ៗតែងតែបានផលតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
មនុស្សមិនអាចគេចផុតពីព្រះអម្ចាស់
១៧ កុំនិយាយថា «ខ្ញុំនឹងលាក់ខ្លួនពួនអាត្មា មិនឲ្យព្រះជាម្ចាស់ទតឃើញ! តើនៅស្ថានលើនរណានឹកឃើញខ្ញុំ? ក្នុងចំណោមបណ្តាជនដ៏ច្រើនយ៉ាងនេះ គ្មាននរណាស្គាល់ខ្ញុំទេ! ក្នុងពិភពលោកដ៏ធំធេង ដែលព្រះជាម្ចាស់បានបង្កើតមក តើខ្ញុំជានរណា? ១៨ នៅពេលព្រះជាម្ចាស់យាងមក ផ្ទៃមេឃ លំហអាកាសដ៏ល្ហល្ហេវ ទីជម្រៅនៃសមុទ្រ និងផែនដី ត្រូវកក្រើករញ្ជួយ។ ១៩ នៅពេលព្រះអង្គ ទតមើលមក ភ្នំទាំងទ្បាយ និងគ្រឹះនៃផែនដីក៏ញាប់ញ័រដែរ។ ២០ ប៉ុន្តែ មនុស្សមិននឹកគិតដល់ហេតុការណ៍ទាំងនោះទេ តើនរណាយកចិត្តទុកដាក់នឹងមាគ៌ា របស់ព្រះអង្គ? ២១ ស្នាព្រះហស្តរបស់ព្រះអង្គស្ទើរតែទាំងអស់ នៅលាក់កំបាំងនៅឡើយ ដូចខ្យល់កំបុតត្បូងមកដល់ ដោយមនុស្សមិនដឹងជាមុន។ ២២ តើនរណានឹងនាំដំណឹងអំពីស្នាព្រះហស្ត ដែលព្រះអង្គបានធ្វើដោយព្រះហប្ញទ័យសុចរិត? តើនរណារង់ចាំស្នាព្រះហស្តទាំងនោះ? សម្ពន្ធមេត្រីពិតជានៅឆ្ងាយណាស់!»។ ២៣ មនុស្សគ្មានសុភនិច្ឆ័យ រមែងគិតពិចារណាដូច្នេះ គឺអ្នកលេលាដែលវង្វេង នៅតែនឹកគិតអំពី សេចក្តីល្ងីល្ងើនេះ។
ភាគទីពីរ
ព្រះអម្ចាស់សម្ដែងព្រះប្រាជ្ញាញាណក្នុងពិភពលោក
២៤ កូនអើយ! ចូរស្តាប់ឪពុក ចូរខិតខំស្វែងរកចំណេះដឹង ចូរយកចិត្តទុកដាក់នឹងពាក្យពេចន៍ ដែលឪពុកថ្លែងប្រាប់។ ២៥ ឪពុកនឹងបកស្រាយដំបូន្មានយ៉ាងសមរម្យ ហើយបង្រៀនចំណេះឲ្យកូន ដោយផ្ចិតផ្ចង់។
២៦ កាលពីដើមដំបូងបង្អស់ ពេលដែលព្រះជាម្ចាស់បង្កើតស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គដាក់អ្វីៗ ដែលព្រះអង្គបង្កើតនៅ តាមកន្លែងរៀងៗខ្លួន។ ២៧ ព្រះអង្គធ្វើឲ្យហ្វូងតារាមានរបៀបរៀបរយជារៀងរហូតតទៅ គឺតាំងពីកំណើតរហូតដល់អនាគតដ៏យូរលង់។ តារាទាំងនោះពុំដែលស្រេកឃ្លាន ឬនឿយហត់ឡើយ ហើយក៏ពុំបោះបង់ចោលភារកិច្ចរបស់ខ្លួនដែរ។ ២៨ គ្មានផ្កាយណាមួយ ប៉ះទង្គិចនឹងផ្កាយដែលនៅជិតខ្លួនទេ ហើយក៏ពុំដែលមានផ្កាយណាមួយមិនប្រព្រឹត្តតាម បញ្ជារបស់ព្រះអង្គដែរ។ ២៩ បន្ទាប់មកព្រះអម្ចាស់ទតមើលផែនដី ហើយប្រទានពរយ៉ាងបរិបូណ៌ឲ្យផែនដីផង។ ៣០ ព្រះអង្គធ្វើឲ្យមានសត្វគ្រប់ប្រភេទរស់នៅពាសពេញផែនដីទាំងមូល ហើយសត្វ ទាំងនោះក៏នឹងត្រទ្បប់ទៅជាដីវិញដែរ។
១៧
ភារកិច្ចរបស់មនុស្សចំពោះព្រះជាម្ចាស់
១ ព្រះអម្ចាស់បានបង្កើតមនុស្សពីដីមក ព្រះអង្គក៏ធ្វើឲ្យមនុស្សត្រទ្បប់ទៅជាដីវិញដែរ។
២ ព្រះអង្គបានកំណត់ចំនួនថ្ងៃនៃជីវិតមនុស្សតាមកម្រិតជាក់លាក់ ព្រះអង្គក៏ប្រគល់ឲ្យមនុស្ស មានអំណាចលើអ្វីៗនៅលើផែនដីដែរ។
៣ ព្រះអម្ចាស់បង្កើតមនុស្ស ឲ្យមានលក្ខណៈដូចព្រះអង្គ គឺព្រះអង្គប្រទានឲ្យមនុស្សមានអំណាច ដូចព្រះអង្គ។
៤ ព្រះអង្គធ្វើឲ្យសត្វទាំងប៉ុន្មានខ្លាចមនុស្ស ហើយឲ្យមនុស្សគ្រប់គ្រងលើសត្វតិរច្ឆាន និងលើបក្សាបក្សីផង។
៦ ព្រះអម្ចាស់ប្រោសប្រទានឲ្យមនុស្សមានសុភនិច្ឆ័យ ចេះនិយាយ មើលឃើញ ស្តាប់ឮ និងមានស្មារតីសម្រាប់រិះគិតពិចារណា។
៧ ព្រះអង្គប្រោសប្រទានឲ្យមនុស្សបានពោរពេញចំណេះ និងប្រាជ្ញា ព្រះអង្គក៏បង្ហាញឲ្យគេស្គាល់ការល្អ និងការអាក្រក់ដែរ។
៨ ព្រះអង្គដាក់ពន្លឺរបស់ព្រះអង្គ ក្នុងចិត្តមនុស្ស ដើម្បីបង្ហាញភាពថ្កុំថ្កើងនៃស្នាព្រះហស្ត របស់ព្រះអង្គឲ្យគេស្គាល់។
១០ ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ហើយរៀបរាប់ពីលក្ខណៈ ដ៏ប្រសើរអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអង្គផង។
១១ ព្រះអម្ចាស់មិនគ្រាន់តែប្រទានឲ្យគេមានចំណេះដឹងប៉ុណ្ណោះទេ គឺព្រះអង្គប្រោសប្រទានវិន័យ ថែមទៀតផង ដើម្បីឲ្យគេមានជីវិត។
១២ ព្រះអង្គចងសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយពួកគេ ហើយសម្ដែងការវិនិច្ឆ័យ របស់ព្រះអង្គឲ្យគេស្គាល់ផង។
១៣ មនុស្សបានឃើញភាពឧត្តុង្គឧត្តមរបស់ព្រះអង្គផ្ទាល់នឹងភ្នែក ហើយក៏បានឮព្រះសូរសៀង ប្រកបដោយសិរីរុងរឿងផ្ទាល់នឹងត្រចៀកដែរ។
១៤ ព្រះអង្គមានព្រះបន្ទូលមកកាន់មនុស្សលោកថា «ចូរចៀសឲ្យផុតពីអំពើទុច្ចរិតគ្រប់យ៉ាង» ព្រះអង្គក៏ប្រទានវិន័យដល់ម្នាក់ៗ ដើម្បីឲ្យគេចេះរស់នៅជាមួយគ្នា។
ព្រះអម្ចាស់ទតឃើញអ្វីៗទាំងអស់
១៥ ព្រះអម្ចាស់ឈ្វេងយល់កិរិយាមារយាទរបស់មនុស្សលោកគ្រប់ពេលវេលា ពួកគេពុំអាចលាក់ខ្លួនពីព្រះអង្គទ្បើយ។
១៧ ព្រះអង្គបានតែងតាំងមេដឹកនាំម្នាក់ សម្រាប់ប្រជាជាតិនីមួយៗ ក៏ប៉ុន្តែ ប្រជារាស្រ្តអ៊ីស្រាអែលជាចំណែករបស់ព្រះអម្ចាស់ផ្ទាល់។
១៩ ព្រះអម្ចាស់ទតឃើញអ្វីៗដែលមនុស្សលោកប្រព្រឹត្តយ៉ាងច្បាស់ដូចនៅពេលថ្ងៃត្រង់ ព្រះអង្គឈ្វេងយល់កិរិយារបស់ពួកគេជានិច្ច។ ២០ គេពុំអាចលាក់អំពើទុច្ចរិត ចំពោះព្រះអង្គបានឡើយ ព្រះអង្គទតឃើញអំពើបាបទាំងអស់ របស់ពួកគេ។
២២ នៅចំពោះព្រះភ័ក្រ្តរបស់ព្រះអង្គ ទានរបស់មនុស្សប្រៀបដូចជាត្រាសម្គាល់ខ្លួនរបស់គេ អំពើសប្បុរសរបស់គេ មានតម្លៃចំពោះព្រះអង្គ ដូចប្រស្រីភ្នែកដែរ។
២៣ នៅទីបញ្ចប់ ព្រះអង្គនឹងតើនទ្បើង ហើយប្រព្រឹត្តចំពោះពួកគេ ស្របតាមអំពើដែលគេបានប្រព្រឹត្ត។ ២៤ ប៉ុន្តែ ព្រះអម្ចាស់ប្រោសប្រទានឲ្យអ្នកដែលប្រែចិត្តគំនិត អាចវិលត្រទ្បប់មករកព្រះអង្គវិញ ព្រះអង្គក៏លើកទឹកចិត្តអ្នកដែលអស់សង្ឃឹមដែរ។
ចូរកែប្រែចិត្តគំនិត!
២៥ ចូរត្រទ្បប់មករកព្រះអម្ចាស់វិញ ហើយលះបង់អំពើបាបចោលទៅ! ចូរទូលអង្វរព្រះអង្គ នោះអំពើអាក្រក់របស់កូននឹងបានធូរស្រាល។
២៦ ចូរត្រទ្បប់មករកព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយងាកចេញពីអំពើទុច្ចរិត។ ចូរចៀសឲ្យឆ្ងាយពី អំពើដែលគួរឲ្យស្អប់ខ្ពើម។
២៧ នៅស្ថានមច្ចុរាជ តើនរណានឹងសរសើរតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុតបាន? មានតែមនុស្សដែលនៅរស់ទេ ទើបអាចលើកតម្កើងព្រះអង្គ!។
២៨ ពេលមនុស្សស្លាប់ គឺពេលដែលគេបាត់បង់ជីវិត គេមិនអាចអរព្រះគុណព្រះអង្គទៀតទ្បើយ។ មានតែពេលមនុស្សនៅរស់ និងមានសុខភាពល្អទេ ដែលអាចសរសើរតម្កើងព្រះអម្ចាស់បាន។
២៩ ព្រះអម្ចាស់មានព្រះហប្ញទ័យមេត្តាករុណាយ៉ាងក្រៃលែង ព្រះអង្គលើកលែងទោសឲ្យអ្នកដែលប្រែចិត្តមករកព្រះអង្គវិញ!
៣០ មនុស្សលោកគ្មានសមត្ថភាពនឹងធ្វើអ្វីទាំងអស់បានទេ ព្រោះគេពុំមានជីវិតអមតៈ។
៣១ តើមានអ្វីភ្លឺជាងព្រះអាទិត្យ? ប៉ុន្តែ ព្រះអាទិត្យធ្លាប់បាត់រស្មីដោយសូរ្យគ្រាស។ មនុស្ស លោកីយ៍រមែងប៉ុនប៉ងធ្វើអំពើអាក្រក់។
៣២ ព្រះជាម្ចាស់ឃ្លាំមើលហ្វូងតារាទាំងទ្បាយនៅលើមេឃ ប៉ុន្តែមនុស្សម្នាសុទ្ធតែកើតពីដី និងពីផេះទាំងអស់។
១៨
ភាពថ្កុំថ្កើងរបស់ព្រះជាម្ចាស់
១ ព្រះអម្ចាស់មានព្រះជន្ម អស់កល្បជានិច្ច ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើ។ ២ មានតែព្រះអម្ចាស់មួយអង្គទេដែលសុចរិត! ៤ ព្រះអង្គមិនបានប្រាប់នរណាម្នាក់ឲ្យប្រកាសអំពីស្នាព្រះហស្តរបស់ព្រះអង្គទេ។ តើនរណាអាចស្គាល់ស្នាព្រះហស្ត ដ៏អស្ចារ្យរបស់ព្រះអង្គ? ៥ តើនរណាអាចវាស់មហិទិ្ធប្ញទិ្ធដ៏អស្ចារ្យរបស់ព្រះអង្គ? តើនរណាអាចរៀបរាប់អំពីការ ដែលព្រះអង្គប្រព្រឹត្ត ដោយព្រះហប្ញទ័យប្រណីសន្តោស? ៦ ពុំមាននរណាអាចដកហូត ឬបន្ថែមអ្វីលើស្នាព្រះហស្តរបស់ព្រះអង្គឡើយ ហើយក៏ពុំអាចស្គាល់ការអាថ៌កំបាំងដ៏អស្ចារ្យ របស់ព្រះអម្ចាស់ដែរ! ៧ ពេលមនុស្សស្មានថា ខ្លួនយល់ដឹងសព្វគ្រប់នោះ គេគ្រាន់តែចាប់ផ្តើមប៉ុណ្ណោះ។ កាលណាគេឈប់ស្វែងរកនោះ គេនៅស្ទាក់ស្ទើរនៅឡើយ។
តើមនុស្សយើងជាអ្វី?
៨ តើមនុស្សជាអ្វី? តើមនុស្សមានប្រយោជន៍អ្វី? អំពើល្អឬអំពើអាក្រក់ដែលមនុស្សប្រព្រឹត្ត តើមានតម្លៃអ្វី? ៩ ប្រសិនបើមនុស្សរស់បានត្រឹមតែមួយរយឆ្នាំ បានសេចក្តីថា គេមានអាយុវែង ណាស់ទៅហើយ! ១០ ប៉ុន្តែ បើប្រៀបធៀបទៅនឹងជីវិតអស់កល្បជានិច្ច ចំនួនមួយរយឆ្នាំនោះ តិចតួចទេ គឺដូចជាទឹកមួយតំណក់នៅក្នុងសមុទ្រ ឬដូចខ្សាច់មួយគ្រាប់នៅវាលខ្សាច់។ ១១ ហេតុនេះ បានជាព្រះអម្ចាស់មានព្រះហប្ញទ័យអត់ធ្មត់ចំពោះមនុស្សលោក ហើយព្រះអង្គចាក់បង្ហូរព្រះហប្ញទ័យមេត្តាករុណា មកលើពួកគេ។ ១២ ព្រះអង្គឈ្វេងយល់ និងជ្រាបយ៉ាងច្បាស់ថា ចុងបញ្ចប់ របស់ពួកគេនឹងវេទនាយ៉ាងណា ហេតុនេះហើយបានជាព្រះអង្គមានព្រះហប្ញទ័យ ទូលំទូលាយ លើកលែងទោសឲ្យគេ។ ១៣ មនុស្សតែងតែអាណិតមេត្តាដល់អ្នកដែលខ្លួនស្គាល់ រីឯព្រះអម្ចាស់វិញ ព្រះអង្គមានព្រះហប្ញទ័យអាណិតមេត្តា ដល់មនុស្សលោក ដែលព្រះអង្គបានបង្កើតមក។ ព្រះអង្គស្តីបនោ្ទស អប់រំ និងទូន្មានមនុស្ស ព្រះអង្គណែនាំគេឲ្យវិលមករកព្រះអង្គវិញ ដូចគង្វាល ណែនាំចៀមរបស់ខ្លួនឲ្យវិលត្រទ្បប់មកវិញដែរ។ ១៤ ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតមេត្តា ចំពោះអស់អ្នកដែលសុខចិត្តទទួលការអប់រំពីព្រះអង្គ គឺអស់អ្នកដែលយកចិត្តទុកដាក់ស្វែងយល់អំពីសេចក្តីសម្រេចរបស់ព្រះអង្គ។
អំពីរបៀបចែកទាន
១៥ កូនអើយ ពេលណាកូនធ្វើទានឲ្យនរណាម្នាក់ កុំស្តីបន្ទោសគេ ហើយពេលណាកូនជូនអំណោយទៅគេ កុំពោលពាក្យដែលនាំឲ្យគេអាក់អន់ស្រពន់ចិត្តឡើយ!។
១៦ ជួនកាលពាក្យមួយម៉ាត់ ប្រសើរជាងអំណោយ គឺប្រៀបដូចជាទឹកភ្លៀងធ្វើឲ្យត្រជាក់ នៅពេលកំពុងតែក្តៅ។
១៧ ពាក្យសម្ដីផ្អែមល្ហែម ប្រសើរជាងអំណោយដ៏មានតម្លៃទៅទៀត! ជនសប្បុរសតែងតែជូន អំណោយ ដោយពោលពាក្យផ្អែមល្ហែមជាមួយផង។
១៨ មនុស្សល្ងីល្ងើតែងតែស្តីបនោ្ទស ដែលនាំគេឲ្យអាក់អន់ចិត្តអំណោយរបស់ជន ដែលច្រណែននិន្ទា តែងតែធ្វើឲ្យគេទាស់ចិត្តយំសោក។
ត្រូវប្រុងប្រយ័ត្ន
១៩ ត្រូវរៀនឲ្យចេះដឹងជាមុនសិន សឹមនិយាយ។ ចូរថែទាំខ្លួនជាមុនសិន កុំចាំដល់ពេលធ្លាក់ខ្លួនឈឺ។
១០ ចូរត្រួតពិនិត្យមើលខ្លួនឯងសិន កុំចាំដល់ពេលព្រះជាម្ចាស់យាងមកវិនិច្ឆ័យកូន! ធ្វើដូច្នេះ នៅពេលព្រះអង្គគិតបញ្ជី ព្រះអង្គនឹងលើកទោសឲ្យ។
២១ ចូរសារភាពកំហុស មុនពេលធ្លាក់ខ្លួនឈឺ។ ពេលកូនធ្វើខុស ចូរសម្ដែងថា កូនសោកស្តាយដោយបានប្រព្រឹត្តខុស។
២២ ប្រសិនបើកូនបានបន់ ចូរលាបំណន់តាមពេលកំណត់ កុំចាំដល់ជិតស្លាប់ ទើបលាបំណន់!
២៣ មុននឹងបន់ស្រន់ ចូរគិតពិចារណាឲ្យបានដិតដល់ កុំធ្វើដូចអ្នកដែលចង់ល្បងព្រះអម្ចាស់ឡើយ។
២៤ កុំភេ្លចថា ព្រះអម្ចាស់នឹងសម្ដែងព្រះពិរោធចំពោះកូន នៅចុងបញ្ចប់នៃជីវិតរបស់កូន គឺព្រះអង្គនឹងដាក់ទណ្ឌកម្មកូន ដោយមិនទទួលស្គាល់កូនឡើយ។
២៥ ពេលកូនមានអាហារបរិភោគបរិបូណ៌ ចូរកុំភ្លេចដល់ពេលកូនអត់ឃ្លាន។ ពេលកូនមាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ចូរនឹកដល់ពេលដែលកូនក្រីក្រ និងខ្វះខាត!។
២៦ តាំងពីព្រលឹមទល់ព្រលប់ អ្វីៗទាំងអស់អាចប្រែប្រួលបាន ព្រះអម្ចាស់អាចធ្វើឲ្យអ្វីៗប្រែប្រួល យ៉ាងឆាប់រហ័ស។
២៧ អ្នកមានប្រាជ្ញា តែងតែប្រុងប្រយ័ត្នក្នុងគ្រប់កិច្ចការដែលខ្លួនធ្វើ។ នៅពេលបាបក្រទ្បឹងជុំវិញគាត់ គាត់ការពារខ្លួនឥតធ្វេសប្រហែសឡើយ។ ២៨ មនុស្សឈ្លាសវៃ តែងតែទទួលស្គាល់ប្រាជ្ញា ហើយសរសើរអ្នកដែលរកឃើញប្រាជ្ញា។
២៩ អស់អ្នក ដែលយល់ពាក្យសម្ដីរបស់អ្នកប្រាជ្ញ រមែងទៅជាអ្នកប្រាជ្ញដូចគេ ហើយផ្សព្វផ្សាយសុភាសិត ដូចទឹកភ្លៀងបង្អុរចុះមក។
ត្រូវចេះប្រមាណខ្លួន
៣០ កុំបណ្តោយខ្លួនតាមតណ្ហា ហើយកុំធ្វើតាមចិត្តប៉ងប្រាថ្នារបស់កូនទ្បើយ។ ៣១ ប្រសិនបើកូនទោរទន់ទៅតាមតណ្ហា នោះសត្រូវនឹងចំអកឲ្យកូនជាពុំខាន។
៣២ កុំរស់នៅដោយហ៊ឺហាឡើយ ក្រែងលោកូនត្រូវបង់ទ្រព្យ។ ៣៣ ប្រសិនបើកូនគ្មានប្រាក់ក្នុងហោប៉ៅទេ កុំខ្ចីប្រាក់គេយកទៅជប់លៀងឲ្យសោះ ក្រែងលោកូនធ្លាក់ខ្លួនក្រ។
១៩
១ កម្មករដែលចូលចិត្តស្រា មិនអាចទៅជាអ្នកមានឡើយ ហើយអ្នកមិនចេះប្រមាណខ្លួន មុខជាធ្លាក់ខ្លួនវេទនាបន្តិចម្តងៗ។
២ ស្រា និងស្រី រមែងធ្វើឲ្យអ្នកចេះដឹងឆ្កួតវង្វេង អ្នកដែលសេពគប់នឹងស្រីពេស្យាផុងខ្លួនកាន់តែជ្រៅទៅៗ។ ៣ ការផុងខ្លួនរបស់គេ នាំឲ្យគេវិនាស រូបកាយរបស់គេនឹងរលួយ ហើយត្រូវដង្កូវស៊ី។
អ្នកព្រោកប្រាជ្ញត្រូវអន្តរាយ
៤ អ្នកណាឆាប់ទុកចិត្តលើគេពេក អ្នកនោះជាមនុស្សខ្វះការពិចារណា។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះធ្វើទោសខ្លួនឯង។
៥ អ្នកដែលចូលចិត្តស្តាប់រឿងអាស្រូវ រមែងដាក់ទោសខ្លួនឯង។
៦ អ្នកស្អប់ការព្រោកប្រាជ្ញឥតប្រយោជន៍ តែងតែចៀសផុតពីការអាក្រក់។
៧ ពេលគេនិយាយរឿងអ្វីប្រាប់កូន កុំយកទៅនិយាយបន្តឲ្យសោះ ធ្វើដូច្នេះ កូននឹងមិនខាតបង់អ្វីឡើយ។
៨ កុំនិយាយអ្វីអំពីមិត្តសម្លាញ់ ឬអំពីសត្រូវឲ្យសោះ។ ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតមានទោស ព្រោះតែកូននៅស្ងៀមនោះ កូនត្រូវតែនិយាយ បើមិនដូច្នោះទេ កុំនិយាយអ្វីទ្បើយ។
៩ ប្រសិនបើគេឮកូននិយាយអ្វីពីគេ គេមុខជាមិនទុកចិត្តកូន ហើយស្អប់កូនមិនខាន។
១០ ប្រសិនបើកូនឮពាក្យចចាមអារ៉ាម ចូរកូននៅស្ងៀមដូចដុំថ្ម។ ចូរទុកពាក្យនេះក្នុងពោះ កុំភ័យខ្លាចឡើយ ពាក្យនេះមិនធ្វើឲ្យពោះរបស់កូនផ្ទុះទ្បើងទេ!។
១១ ពាក្យចចាមអារ៉ាម រមែងធ្វើឲ្យមនុស្សល្ងីល្ងើកើតទុក្ខ ដូចស្រ្តីឈឺចាប់នៅពេលសម្រាលកូនដែរ។ ១២ មនុស្សល្ងីល្ងើ មិនអាចលាក់អាថ៌កំបាំងបានទេ បើលាក់ គេនឹងឈឺចាប់ប្រៀបដូចជាមានព្រួញដោតជាប់នឹងភ្លៅរបស់គេ។
អំពីពាក្យមួលបង្កាច់គេ
១៣ ប្រសិនបើកូនឮគេនិយាយដើមមិត្តសម្លាញ់ម្នាក់ ចូរសួរគាត់ជាមុនសិន គាត់ប្រហែលជាមិនបានធ្វើអ្វីសោះ។ ប្រសិនបើគាត់បានធ្វើដូចគេថាមែន ចូរប្រាប់គាត់កុំឲ្យធ្វើតទៅទៀត។
១៤ ប្រសិនបើកូនឮគេនិយាយដើមអ្នកជិតខាង ចូរសួរគាត់សិន គាត់ប្រហែលជាមិនបាននិយាយ ដូចោ្នះទេ។ ប៉ុន្តែបើគាត់បាននិយាយដូចគេថាមែន កុំឲ្យគាត់និយាយបែបនេះទៀតឡើយ។
១៥ ប្រសិនបើកូនឮគេនិយាយដើមមិត្តសម្លាញ់ម្នាក់ ចូរសួរគាត់សិន ព្រោះមនុស្សជាច្រើន ចូលចិត្តនិយាយមួលបង្កាច់គេ កុំជឿសេចក្តីដែលមនុស្សនិយាយ។
១៦ មានអ្នកខ្លះនិយាយមិនសមសួន តែគ្មានបំណងអាក្រក់ទេ។ តើនរណាមិនធ្លាប់ប្រព្រឹត្តអំពើបាប ដោយសារពាក្យសម្ដី?។
១៧ ប្រសិនបើកូនឮគេនិយាយដើមមិត្តសម្លាញ់ម្នាក់ ចូរសួរគាត់សិន មុននឹងគំរាមគាត់។ ចូរទុកឲ្យវិន័យ*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ដាក់ទោសគេចុះ។
ប្រាជ្ញាត្រឹមត្រូវ និងប្រាជ្ញាក្លែងក្លាយ
២០ ប្រាជ្ញាគ្រប់យ៉ាងមានន័យថា គោរពកោតខ្លាចព្រះអម្ចាស់ និងប្រតិបត្តិតាមវិន័យ*របស់ព្រះអង្គ។
២២ ប៉ុន្តែ បើគ្រាន់តែមានចំណេះពីអំពើបាប ពុំមែនជាប្រាជ្ញាទេ ដំបូន្មានរបស់មនុស្សបាប មិននាំឲ្យមានសុភនិច្ឆ័យឡើយ។
២៣ មានការឆ្លាតវាងវៃម្យ៉ាង គួរឲ្យស្អប់ខ្ពើម។ អ្នកខ្វះប្រាជ្ញា ជាមនុស្សគ្មានសុភនិច្ឆ័យ។
២៤ មនុស្សមិនសូវឈ្លាសវៃ តែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមនុស្សឈ្លាសវៃ តែប្រព្រឹត្តល្មើសនឹងវិន័យ។
២៥ អ្នកឆ្លាតវាងវៃខ្លះប្រព្រឹត្តអំពើទុច្ចរិត អ្នកខ្លះប្រើឧបាយកល ដើម្បីឲ្យតែបានឈ្នះ។
២៦ អ្នកខ្លះដើរឱន ហាក់ដូចជាកើតទុក្ខព្រួយ តែចិត្តគំនិតរបស់គេពោរពេញដោយកលល្បិច។
២៧ គេឈ្ងោកមុខធ្វើជាថ្លង់ ប៉ុន្តែ នៅពេលកូនមិនចាប់អារម្មណ៍ គេយកឈ្នះលើកូន។
២៨ អ្នកខ្លះមិនប្រព្រឹត្តអំពើ បាប ព្រោះគេគ្មានកម្លាំងនឹងប្រព្រឹត្ត លុះគេមានឱកាស គេឆ្លៀតប្រព្រឹត្តភ្លាម។ ២៩ យើងស្គាល់មនុស្ស ដោយឃើញទ្រង់ទ្រាយរបស់គេ ហើយយើងស្គាល់សុភនិច្ឆ័យរបស់ មនុស្សដោយបានជួបមុខគេ។
៣០ សម្លៀកបំពាក់ របៀបលេងសើច របៀបដើររបស់មនុស្យម្នាក់ តែងតែបង្ហាញពីចិត្តគំនិតរបស់គេ។
២០
ពេលដែលត្រូវនិយាយ ឬត្រូវនៅស្ងៀម
១ មានពាក្យស្ដីបន្ទោសខ្លះមិនទំនងតាមពេលវេលា។ ការនៅស្ងៀមបង្ហាញថា ខ្លួនមានសុភនិច្ឆ័យ។
២ ស្តីបន្ទោសគេ ប្រសើរជាងបៀមកំហឹងទុក។
៣ អ្នកស្គាល់កំហុស រមែងតែងតែរួចខ្លួន។
៤ អ្នករកយុត្តិធម៌ដោយប្រើកម្លាំងបាយ ប្រៀបដូចជាមនុស្សកម្រៀវ ដែលប្រាថ្នាចង់រំលោភស្រីក្រមុំ។
៥ អ្នកខ្លះបង្ហាញថាខ្លួនមានប្រាជ្ញា ដោយនៅស្ងៀម ហើយអ្នកខ្លះទៀតចេះតែព្រោកប្រាជ្ញ នាំឲ្យគេស្អប់។ 6 អ្នកខ្លះនៅស្ងៀម ព្រោះគេគ្មានអ្វីនឹងនិយាយ អ្នកខ្លះនៅស្ងៀម ព្រោះគេស្គាល់ពេលដែលត្រូវនិយាយ។
៦ អ្នកមានប្រាជ្ញាតែងតែនៅស្ងៀម រង់ចាំឱកាសល្អ រីឯអ្នកអួតក្អេងក្អាង និងមនុស្សមិនចេះគិត តែងតែបណ្តាលឲ្យឱកាសល្អនោះកន្លងផុតទៅ។
៧ អ្នកនិយាយព្រោកប្រាជ្ញច្រើនរមែងធ្វើឲ្យគេស្អប់ រីឯអ្នកនិយាយតិចពេក ក៏គេមិនចូលចិត្តដែរ។
ការផ្ទុយគ្នា
៩ ជួនកាល ទុក្ខវេទនាអាចនាំមកនូវផលល្អ តែភ័ព្វសំណាងនាំមកនូវការបង់ខាតទៅវិញ។
១០ ពេលកូនឲ្យអ្វីទៅគេ ជួនកាលមិនបានផលអ្វីទេ ជួនកាលបានផលមួយទ្វេជាពីរ។
១១ កិត្តិយសអាចនាំឲ្យធ្លាក់ខ្លួនទាប រីឯអ្នកដែលធ្លាក់ទន់ទាប នឹងបានខ្ពស់មុខវិញ។
១២ អ្នកខ្លះទិញអីវ៉ាន់បានច្រើន ស្មានថាខ្លួនចាយប្រាក់តិច ប៉ុន្តែ តាមពិត គេចំណាយលើសតម្លៃ ធម្មតាប្រាំពីរដង។
១៣ អ្នកមានប្រាជ្ញាពោលពាក្យតែបន្តិចបន្តួចអាចធ្វើឲ្យគេស្រឡាញ់ រីឯអ្នកល្ងីល្ងើខំប្រឹងពោលពាក្យផ្អែមល្ហែមជាច្រើន តែឥតបានការ។
១៤ អំណោយរបស់មនុស្សគ្មានសុភនិច្ឆ័យ មិនផ្តល់ប្រយោជន៍អ្វីដល់កូនសោះ ព្រោះគេរង់ចាំ ឲ្យកូនសង ច្រើនជាងពេលដែលគេឲ្យកូន។ ១៥ គេឲ្យតិចតួច ប៉ុន្តែ គេធ្វើឲ្យកូនអាម៉ាស់ជាច្រើន គឺគេស្រែកដូចអ្នកពពាយនាយលក់អីវ៉ាន់។ ថ្ងៃនេះ គេឲ្យកូនខ្ចី ដល់ស្អែកគេទាមទារយកវិញ។ មនុស្សប្រភេទនេះគួរឲ្យស្អប់ណាស់!
១៦ មនុស្សល្ងីល្ងើតែងតែប្រកាសថា ខ្លួនគ្មានមិត្តភក្តិទេ គ្មាននរណាម្នាក់ដឹងគុណគេទ្បើយ អស់អ្នកដែលស៊ីបាយគេ សុទ្ធតែជាមនុស្សរមិលគុណ។ ១៧ មនុស្សជាច្រើន រមែងសើចចំអកដាក់អ្នកបែបនោះ។
ត្រូវប្រយ័ត្នពាក្យសម្ដី
១៨ រអិលជើងដួលលើថ្ម ប្រសើរជាងរអិលមាត់។ មនុស្សអាក្រក់តែងតែភ្លាត់ដួលភ្លាមៗ។
១៩ មនុស្សខ្វះសុជីវធម៌ ប្រៀបដូចជារឿងដ៏អាស្រូវ ដែលមនុស្សខ្វះការអប់រំតែងនិយាយ។
២០ គ្មាននរណាចូលចិត្តសុភាសិត ដែលចេញពីមាត់របស់មនុស្សល្ងីល្ងើឡើយ ដ្បិតមនុស្សល្ងីល្ងើតែងលើកសុភាសិតមកនិយាយមិនស្របតាមពេលវេលា។
២១ អ្នកខ្លះក្រតោកយ៉ាកពេក មិនអាចប្រព្រឹត្តអំពើបាបបានទ្បើយ គេសម្រាន្ដយ៉ាងស្រួល ដោយគ្មានវិប្បដិសារី។
២២ អ្នកខ្លះត្រូវវិនាស ដោយអៀនខ្មាស មិនហ៊ាននិយាយនៅមុខមនុស្សដែលគ្មានសុភនិច្ឆ័យ។
២៣ អ្នកខ្លះនិយាយសន្យាជាមួយមិត្តភក្ដិ ព្រោះមិនហ៊ានបដិសេធ បណ្តាលឲ្យមិត្តភក្ដិនោះ ក្លាយទៅជាសត្រូវ ដោយគ្មានហេតុផល។
២៤ ពាក្យភូតកុហក ជាការសៅហ្មងគួរឲ្យស្អប់ខ្ពើម មនុស្សខ្វះសុជីវធម៌រមែងភូតភរកុហក ជាញឹកញយ។
២៥ អ្នកធ្វើចោរប្រសើរជាងមនុស្សដែលចេះតែភូតកុហក ប៉ុន្តែ អ្នកទាំងពីរត្រូវវិនាសដូចគ្នា។ ២៦ ទម្លាប់ភូតកុហកបណ្តាលឲ្យអាប់យស គេត្រូវអាម៉ាស់មុខរហូតតទៅ។
សុភាសិតផ្សេងៗ
២៧ អ្នកមានប្រាជ្ញា ត្រូវការពោលពាក្យតិចតួច ដើម្បីឲ្យគេលើកតម្កើង អ្នកប្រកបដោយ សុភនិច្ឆ័យតែងតែគាប់ចិត្តអ្នកកាន់អំណាច។
២៨ អ្នកស្រែដែលខិតខំធ្វើការ រមែងទទួលផលជាច្រើន មនុស្សដែលគាប់ចិត្តអ្នកកាន់អំណាច នឹងអាចរកយុត្តិធម៌ឲ្យខ្លួនបាន។
២៩ ជំនូន និងអំណាច តែងតែធ្វើឲ្យពួកអ្នកប្រាជ្ញទៅជាខ្វាក់ ឬដូចប្រដាប់ឃ្លុំមាត់ មិនឲ្យពោលពាក្យបន្ទោសបាន។
៣០ ប្រាជ្ញាលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុក មានប្រយោជន៍អ្វី? ៣១ អ្នកដែលលាក់ភាពលេលារបស់ខ្លួន ប្រសើរជាងអ្នកដែលលាក់ប្រាជ្ញារបស់ខ្លួន!។
២១
ចូរចៀសវាងអំពើបាប
១ កូនអើយ! ប្រសិនបើកូនបានប្រព្រឹត្តអំពើបាបហើយ ចូរកុំប្រព្រឹត្តទៀត។ ត្រូវសុំអភ័យទោសចំពោះអំពើបាបដែលកូនបានប្រព្រឹត្តកន្លងទៅ។
២ ចូររត់គេចឲ្យផុតពីអំពើបាប ដូចគេរត់គេចពីពស់អសិរពិស! បើកូនទៅជិតពស់ វាមុខជាចឹកកូនពុំខាន។ អំពើបាបប្រៀបដូចជាចង្កូមសិង្ហដែលអាចខាំសម្លាប់មនុស្ស។
៣ គ្រប់ការបំពានលើវិន័យ* ប្រៀបដូចជាដាវដែលមានមុខពីរ តែងតែបណ្តាលឲ្យមានរបួស ដែលមិនអាចព្យាបាលទ្បើយ។
៤ អំពើឃោរឃៅ និងចិត្តក្រអឺតក្រទម រមែងបណ្តាលឲ្យធនធានវិនាសហិនហោច ពូជអ្នកអួតបំប៉ោងក៏ត្រូវវិនាសអន្តរាយដូច្នេះដែរ។
៥ ពេលអ្នកក្រីក្រទូលអង្វរ ព្រះជាម្ចាស់ព្រះអង្គព្រះសណ្តាប់ឮពាក្យរបស់ពួកគេ ហើយរកយុត្តិធម៌ ឥតបង្អង់ទ្បើយ។
៦ អ្នកដែលមិនព្រមឲ្យគេស្តីបន្ទោស តែងតែដើរតាមដានមនុស្សបាប រីឯអ្នកគោរពកោតខ្លាច ព្រះអម្ចាស់រមែងកែប្រែចិត្តគំនិត។
៧ អ្នកពូកែវោហាររមែងមានគេស្គាល់គ្រប់ៗគ្នា ប៉ុន្តែ ពេលគាត់និយាយផ្តេសផ្តាស អ្នកដែលចេះ ពិចារណាដឹងភ្លាម។
៨ អ្នកដែលសង់ផ្ទះរបស់ខ្លួនដោយប្រាក់របស់អ្នកដទៃ ដូចជារើសថ្មសម្រាប់សង់ផ្នូររបស់ខ្លួន។
៩ ពួកអ្នកដែលមិនគោរពវិន័យ ប្រៀបដូចជាគំនរអុស ពួកគេមុខជាត្រូវភ្លើងឆាបឆេះអស់មិនខាន។
១០ ផ្លូវរបស់មនុស្សបាបរាបស្មើ គា្មនថ្មរដិបរដុប ក៏ប៉ុន្តែ វានាំទៅរករណ្តៅនៃមច្ចុរាជ។
អ្នកមានប្រាជ្ញា និងមនុស្សឆោតល្ងង់
១១ អ្នកប្រតិបត្តិតាមវិន័យ* តែងតែធ្វើជាម្ចាស់នៃចិត្តគំនិតរបស់ខ្លួន។ អ្នកគោរពកោតខ្លាច ព្រះអម្ចាស់តែងតែទទួលប្រាជ្ញា។
១២ មនុស្សមិនឆ្លាត ពុំអាចទទួលការអប់រំបានទេ ប៉ុន្តែ មានមនុស្សឆ្លាតខ្លះបង្កទុក្ខលំបាកជាច្រើន។
១៣ ចំណេះដឹងរបស់អ្នកមានប្រាជ្ញា ចេះតែកើនទ្បើងដូចទឹកជំនន់ ដំបូន្មានរបស់គេប្រៀបដូចជា ប្រភពទឹកហូរ។
១៤ ចិត្តគំនិតរបស់មនុស្សល្ងីល្ងើ ប្រៀបដូចជាថូប្រេះ គេពុំអាចចងចាំសេចក្តីដែលគេរៀនទ្បើយ។
១៥ ពេលអ្នកចេះដឹងស្តាប់ឮពាក្យពេចន៍ ប្រកបដោយប្រាជ្ញា គេសុខចិត្តទទួល ហើយរិះគិតតទៅទៀត។ រីឯមនុស្សពាលវិញ ពេលស្តាប់ឮពាក្យពេចន៍នោះ គេមិនពេញចិត្ត គេក៏រលាស់ចោលទៅ។
១៦ ពាក្យសម្ដីរបស់មនុស្សល្ងីល្ងើ ប្រៀបដូចជាអីវ៉ាន់ដ៏ធ្ងន់ ដែលត្រូវរែកតាមផ្លូវ រីឯពាក្យពេចន៍ របស់អ្នកឈ្លាសវៃរមែងតែងតែធ្វើឲ្យសប្បាយចិត្តជានិច្ច។
១៧ នៅក្នុងអង្គប្រជុំ គេតែងតែចូលចិត្តស្តាប់ពាក្យសម្ដីរបស់អ្នកមានសុភនិច្ឆ័យ គេយកពាក្យ របស់អ្នកនោះមកជញ្ជឹងគិត។
១៨ មនុស្សល្ងីល្ងើតែងតែយល់ថា ប្រាជ្ញាប្រៀបដូចជាផ្ទះបាក់បែក រីឯចំណេះដឹងរបស់មនុស្ស ឆោតល្ងង់ជាពាក្យសម្ដីដែលគ្មានខ្លឹមសារ។
១៩ អប់រំ មនុស្សឆោតល្ងង់ហាក់ដូចជាដាក់ខ្នោះជើងគេ ឬដូចជាចងដៃស្តាំគេ ដោយច្រវាក់។
២០ មនុស្សល្ងីល្ងើ តែងតែសើចក្អេងក្អាងយ៉ាងខ្លាំង រីឯមនុស្សវៃឆ្លាតវិញ គ្រាន់តែញញឹមប៉ុណ្ណោះ។
២១ ការអប់រំមនុស្សមានសុភនិច្ឆ័យ ប្រៀបដូចជាយកគ្រឿងអលង្ការពីមាស ឬដូចជាយកខ្សែដៃមាស មកពាក់នៅដៃស្តាំរបស់គេ។
២២ មនុស្សល្ងីល្ងើតែងតែប្រញាប់ ចូលផ្ទះអ្នកដទៃដោយក្អេងក្អាង រីឯអ្នកដែលមានពិសោធន៍វិញ តែងតែចូលដោយសុភាពរាបសា។
២៣ មនុស្សខ្វះសុភនិច្ឆ័យ រមែងលួចមើលក្នុងផ្ទះគេ តាមស្លាបព្រឹល រីឯមនុស្សមានសុជីវធម៌ តែងតែឈរនៅខាងក្រៅ។
២៤ អ្នកលួចស្តាប់តាមមាត់ទ្វារ ជាមនុស្សខ្វះសុជីវធម៌ អ្នកមានសុភនិច្ឆ័យយល់ថា ធ្វើដូច្នេះ ជាការអាប់យស។
២៥ អ្នកព្រោកប្រាជ្ញតែងតែនិយាយតាមពាក្យសម្ដីរបស់អ្នកដទៃ រីឯអ្នកដែលមានសុភនិច្ឆ័យ តែងតែថ្លឹងថ្លែងពាក្យសម្ដីរបស់ខ្លួន។
២៦ មនុស្សល្ងីល្ងើនិយាយមុន ទើបរិះគិតតាមក្រោយ រីឯអ្នកមានប្រាជ្ញាវិញ តែងតែរិះគិត ជាមុនសិនទើបនិយាយ។
២៧ ពេលមនុស្សពាលម្នាក់ ប្រទេចផ្តាសាគូវិវាទរបស់ខ្លួន គឺគេប្រទេចផ្តាសាខ្លួនឯងទៅវិញទេ។
២៨ អ្នកនិយាយដើមគេ រមែងតែងតែធ្វើឲ្យខ្លួនសៅហ្មង ហើយនាំឲ្យញាតិសន្តានស្អប់។
២២
មនុស្សខ្ជិល
១ មនុស្សខ្ជិល ប្រៀបដូចជាដុំថ្មប្រឡាក់លាមក។ មនុស្សម្នាមិនរាប់រក ដោយខ្ពើមរអើម។ ២ មនុស្សខ្ជិលប្រៀបដូចជាលាមកមួយដុំ នរណារើសក៏រលាស់ចោលវិញភ្លាម។
កូនដែលដើរខុសផ្លូវ
៣ ឪពុកដែលមានកូនប្រុសខ្វះសុជីវធម៌ តែងតែអាម៉ាស់មុខ ប្រសិនបើជាកូនស្រីវិញ នោះឪពុករឹតតែបង់ខាតយ៉ាងខ្លាំងទៅទៀត។
៤ កូនស្រីដែលមានសុភនិច្ឆ័យ មុខជាគេចូលស្តីដណ្តឹងត្រឹមត្រូវ រីឯកូនស្រីដែលមិនចេះអៀន ខ្មាសតែងតែនាំឲ្យឪពុកមានទុក្ខកង្វល់។
៥ ស្រីព្រហើនកោងកាច តែងតែធ្វើឲ្យឪពុក និងប្តី ត្រូវអាម៉ាស់ ហើយអ្នកទាំងពីរមិនគោរពនាងទេ។
៦ ទូន្មានកូន ត្រូវតាមកាលៈទេសៈ ហាក់បីដូចជាច្រៀងបទសប្បាយក្នុងពេលគេកាន់ទុក្ខ។ ប៉ុន្តែការវាយប្រដៅអប់រំគ្រប់ពេលវេលា ពិតជាត្រឹមត្រូវ ស្របតាមប្រាជ្ញា។
មនុស្សល្ងីល្ងើមិនអាចអប់រំទេ
៩ បង្រៀនមនុស្សល្ងីល្ងើ ដូចជាចង់ផ្គុំអំបែងចាន ឬដូចជាដាស់មនុស្សម្នាក់ដែលកំពុងដេកលក់។
១០ អ្នកនិយាយទៅកាន់មនុស្សល្ងីល្ងើ ដូចជានិយាយទៅរកអ្នកដេកលក់ នៅទីបញ្ចប់ មុខជាគេសួរថា «អ្នកនិយាយពីរឿងអ្វី!»។
១១ ចូរយំស្រណោះបុគ្គលដែលស្លាប់ ព្រោះបុគ្គលនោះឃ្លាតចាកពីពន្លឺហើយ ចូរយំស្រណោះ មនុស្សល្ងីល្ងើដែរ ព្រោះគេឃ្លាតចាកពីប្រាជ្ញា ប៉ុន្តែ កុំយំស្រណោះអ្នកដែលស្លាប់ខ្លាំងពេក ដ្បិតគេបានរកឃើញការសម្រាកហើយ ផ្ទុយទៅវិញ ជីវិតរបស់មនុស្សល្ងីល្ងើ អាក្រក់ជាងសេចក្តីស្លាប់ទៅទៀត។
១២ ធម្មតា គេយំកាន់ទុក្ខមនុស្សម្នាក់ ប្រាំពីរថ្ងៃទេ រីឯមនុស្សល្ងីល្ងើ ឬជនពាលវិញ គេត្រូវកាន់ទុក្ខអស់មួយជីវិត។
១៣ កុំនិយាយច្រើន ទៅរកមនុស្សខ្វះសុភនិច្ឆ័យ កុំធ្វើដំណើរជាមួយមនុស្សឆោតល្ងង់ ចូរប្រយ័ត្នក្រែងលោគេនាំឲ្យកូនអំពល់ទុក្ខ ហើយនៅពេលណាគេគ្រញែងរលាស់ខ្លួន ក្រែងលោនាំឲ្យប្រឡាក់កូន។ ប្រសិនបើកូនចង់បានសេចក្តីសុខ ចូរចៀសចេញពីគេ នោះកូនមិនខ្ពើមរអើម ដោយពាក្យសម្ដីឆោតល្ងង់របស់គេទ្បើយ។
១៤ តើមានអ្វីដែលធ្ងន់ជាងសំណ? គឺមនុស្សល្ងីល្ងើ។ ១៥ លីខ្សាច់ អំបិល ឬដុំដែក ស្រួលជាងទ្រាំទ្រនឹងមនុស្សឆោតល្ងង់។
១៦ គ្រឿងឈើផ្គុំគ្នាយ៉ាងមាំ នៅពេលសង់ផ្ទះ តែងតែនៅជាប់ពេលរញ្ជួយផែនដី។ អ្នកជាប់ ជំពាក់ចិត្តនឹងគម្រោងការដែលគេសម្រេចដោយបានគិតគូរយ៉ាងយូរ តែងតែមានចិត្តនឹងនរ នៅគ្រាពិបាក។
១៧ សេចក្តីសម្រេចដែលផុសចេញពីការរិះគិតយ៉ាងឈ្លាសវៃ តែងតែនៅជាប់លាប់ ដូចជញ្ជាំងមួយដ៏មាំ ហើយតុបតែងដោយគ្រឿងលំអ។
១៨ គ្រួសតូចៗដែលគេដាក់នៅតាមជញ្ជាំងតែងតែធ្លាក់នៅពេលខ្យល់បក់មកយ៉ាងខ្លាំង។ អ្នកដែលមានចិត្តរំជើបរំជួលដោយគំនិតល្ងីល្ងើ ពេលណាមានអាសន្នគួរឲ្យភ័យខ្លាចកើតទ្បើង គេមិនអាចនៅស្ថិតសេ្ថរទ្បើយ។
ភក្តីភាព
១៩ បើអ្នកប៉ះទង្គិចភ្នែក នោះមុខជាធ្វើឲ្យទឹកភ្នែកហូរចេញមក ហើយបើអ្នកធ្វើឲ្យគេរបួសចិត្ត នោះអ្នកនឹងស្គាល់មនោសញ្ចេតនាដ៏ពិតប្រាកដរបស់គេ។
២០ បើអ្នកយកដុំថ្មគប់សត្វស្លាប វានឹងហើរបាត់អស់ បើអ្នករិះគន់មិត្តភក្តិ នោះអ្នកមុខជាបំផ្លាញមិត្តភាព។
២១ ទោះបីកូនដកកាំបិតគំរាមមិត្តភក្តិម្នាក់ ចូរកុំអាលអស់សង្ឃឹម ដ្បិតអ្នកទាំងពីរអាចជានានឹងគ្នាវិញបាន។ ២២ ប្រសិនបើកូនឈ្លោះប្រកែកនឹងមិត្តភក្តិ ចូរកុំបារម្ភទ្បើយ! អ្នកទាំងពីរអាចជានានឹងគ្នាវិញបាន។ ប៉ុន្តែ ការជេរប្រមាថ ការវាយប្ញកខ្ពស់ដាក់គេ ការបរិហារអាថ៌កំបាំងរបស់គេ ឬប្រព្រឹត្តអំពើ អាក្រក់ក្រោយខ្នង ទោះបីមិត្តភក្តិណាក៏ដោយ ក៏រត់គេចចេញពីអ្នកដែរ។ ២៣ ចូរធ្វើឲ្យអ្នកជិតខាងទុកចិត្តលើកូន ក្នុងពេលគេមានអាសន្នអន់ក្រ។ ធ្វើដូច្នេះ នៅពេលគេចម្រុងចម្រើន កូនក៏នឹងទទួលផលរួមជាមួយគេដែរ។ ពេលគេកើតទុក្ខវេទនា ចូរនៅស្មោះត្រង់នឹងគេជានិច្ច។ ធ្វើដូច្នេះ នៅពេលគេទទួលមរត៌ក កូនក៏នឹងទទួលរួមជាមួយគេដែរ។
២៤ កាលណាមានចំហាយទឹក ឬផ្សែង នោះមុខតែមានភ្លើង។ ពេលមានពាក្យជេរប្រមាថ នោះមុខតែមានការបង្ហូរឈាម។
២៥ ខ្ញុំមិនអៀនខ្មាសនឹងការពារមិត្តភក្តិទេ ខ្ញុំក៏មិនគេចមុខ នៅពេលគាត់ត្រូវការខ្ញុំដែរ។ ២៦ ប្រសិនបើខ្ញុំកើតទុក្ខកង្វល់ដោយសារគាត់ អស់អ្នកដែលដឹងរឿងនេះ មុខជាលែងទុកចិត្តគាត់។
សូមឲ្យខ្ញុំចេះប្រមាណពាក្យសម្ដី
២៧ ទូលបង្គំចង់បានអ្នកការពារមាត់ទូលបង្គំ កុំឲ្យនិយាយផ្តេសផ្តាស ហើយទប់មាត់ទូលបង្គំ កុំឲ្យចេះតែនិយាយ។ ធ្វើដូច្នេះ ទូលបង្គំមិនត្រូវអន្តរាយ ដោយសារពាក្យសម្ដីទ្បើយ។
២៣
១ បពិត្រព្រះអម្ចាស់ជាព្រះបិតា និងជាម្ចាស់នៃជីវិតទូលបង្គំ សូមកុំបណ្ដោយឲ្យ មាត់ទូលបង្គំនិយាយ ដោយមិនរិះគិត សូមកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាបដោយពាក្យសម្ដី! ២ សូមព្រះអង្គមេត្តាកែតម្រង់គំនិតទូលបង្គំ សូមយកព្រះប្រាជ្ញាញាណរបស់ព្រះអង្គ មកអប់រំចិត្តទូលបង្គំផង! ពេលទូលបង្គំប្រព្រឹត្តខុសដោយមិនដឹងខ្លួន សូមវាយប្រដៅទូលបង្គំ ហើយពេលទូលបង្គំប្រព្រឹត្តអំពើបាប សូមកុំធ្វើជាមិនឃើញទ្បើយ។ ៣ ក្រែងលោទូលបង្គំវង្វេង និងប្រព្រឹត្តអំពើបាបកាន់តែច្រើនទ្បើងៗ ក្រែងទូលបង្គំដួលនៅចំពោះមុខខ្មាំងសត្រូវ ហើយពួកគេសប្បាយរីករាយ ដោយបានឈ្នះទូលបង្គំ។ ៤ បពិត្រព្រះអម្ចាស់ជាព្រះបិតា និងជាម្ចាស់នៃជីវិតរបស់ទូលបង្គំ! សូមមេត្តាកុំឲ្យទូលបង្គំមានចិត្តព្រហើន! ៥ សូមពង្វាងសេចក្តីលោភលន់ចេញពីចិត្តទូលបង្គំ។ ៦ សូមកុំឲ្យទូលបង្គំឈ្លក់វង្វេងនឹងកាមគុណ និងតណ្ហា សូមកុំឲ្យទូលបង្គំមានចិត្តស្រើបស្រាលឡើយ។
ត្រូវតែធ្វើតាមពាក្យស្បថស្បែរបស់ខ្លួន
៧ ម្នាលកូនចៅទាំងឡាយអើយ! ចូររៀនធ្វើជាម្ចាស់លើពាក្យសម្ដីរបស់ខ្លួន។ អ្នកប្រតិបត្តិតាមដំបូន្មាននេះមិនដែលមានកំហុសឡើយ។
៨ មនុស្សបាបតែងតែទទួលទោស ដោយសារពាក្យសម្ដីរបស់ខ្លួន អ្នកមួលបង្កាច់គេ និងអ្នកអួតបំប៉ោង ក៏ត្រូវទទួលទោស ដោយសារពាក្យសម្ដីរបស់ខ្លួនដែរ។
៩ កុំមានទម្លាប់ស្បថស្បែទ្បើយ ហើយក៏កុំយកព្រះនាមរបស់ព្រះដ៏វិសុទ្ធ*ធ្វើជាសាក្សីដែរ។
១០ ទាសករណា ដែលមានម្ចាស់ជាមនុស្សប្រិតប្រៀប តែងតែមានស្លាកស្នាមពេញខ្លួន ដោយម្ចាស់វាយ។ យ៉ាងណាមិញ អ្នកដែលស្បថ និងអ្នកយកព្រះនាមព្រះជាម្ចាស់ ធ្វើជាសាក្សីគ្រប់ពេលវេលា មិនអាចចៀសផុតពីបាបទេ។
១១ អ្នកដែលនិយាយស្បថស្បែច្រើន រមែងបំពានលើវិន័យកាន់តែច្រើនដែរ ក្រុមគ្រួសាររបស់គេត្រូវទទួលទណ្ឌកម្មមិនចេះអស់មិនចេះហើយ។ ប្រសិនបើស្បថដោយអចេតនា គេត្រូវទទួលទោស។ ប្រសិនបើគេស្បថដោយមិនពិនិត្យពិច័យជាមុន គេត្រូវទទួលទោសមួយទ្វេជាពីរ។ ប្រសិនបើគេស្បថបំពាន ព្រះជាម្ចាស់មិនប្រោសគេឲ្យបានសុចរិតទេ ហើយក្រុមគ្រួសាររបស់គេនឹងជួបទុក្ខលំបាកជាមិនខាន។
របៀបនិយាយមិនសមគួរ
១២ របៀបនិយាយខ្លះមានពិសពុល ដូចសេចក្តីស្លាប់។ សូមកុំឲ្យមានរបៀបនិយាយប្រភេទនេះនៅស្រុកអ៊ីស្រាអែលឡើយ! អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ តែងតែចៀសវាងពីរបៀប និយាយនេះ ហើយមិនលង់ខ្លួនក្នុងអំពើបាបបែបនេះឡើយ។
១៣ កុំទម្លាប់មាត់ពោលពាក្យអាស្រូវ ដ្បិតពាក្យទាំងនោះបណ្តាលឲ្យកូនមានបាប ដោយសារពាក្យសម្ដី។
១៤ ពេលកូនអង្គុយនៅក្នុងក្រុមប្រឹក្សារបស់អ្នកដឹកនាំ ចូរនឹកដល់ឪពុកម្តាយ ក្រែងលោកូននិយាយពាក្យមិនសមរម្យ នៅចំពោះមុខអស់លោកទាំងនោះ តាមទម្លាប់របស់កូន។ នៅថ្ងៃនោះ កូនមុខជានឹកស្តាយ ដោយបានកើតមក ហើយប្រទេចផ្តាសាថ្ងៃដែលកូនកើត។
១៥ អ្នកធ្លាប់តែនិយាយពាក្យអាសអាភាស មិនអាចកែខ្លួនបានរហូតអស់មួយជីវិត។
អំពីកាមគុណ
១៦ មានមនុស្សច្រើនប្រភេទ ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ អ្នកខ្លះធ្វើឲ្យព្រះជាម្ចាស់ព្រះអង្គព្រះពិរោធ គឺអ្នកដែលមានតណ្ហាឆេះរោលដូចភ្លើង តណ្ហានេះមិនរលត់ឡើយ រហូតទាល់តែធ្លាក់ខ្លួនប្រព្រឹត្តអំពើបាប។ អ្នកដែលប្រគល់ខ្លួនប្រាណទៅឲ្យកាមគុណ មិនអាចទប់ខ្លួនទ្បើយ រហូតទាល់តែកាមគុណធ្វើឲ្យខ្លួនមានបាប។
១៧ ចំពោះបុរសដែលឈ្លក់វង្វេងក្នុងកាមគុណស្រីណាក៏ដោយ គេយកទាំងអស់ រហូតទាល់តែស្លាប់ ក៏គេមិនចេះឆ្អែតឆ្អន់ដែរ។
១៨ បុរសផិតក្បត់ភរិយាតែងតែពោលថា «តើនរណាឃើញខ្ញុំ? នៅជុំវិញខ្ញុំ មានសុទ្ធតែភាពងងឹត ជញ្ជាំងក៏បិទបាំងខ្ញុំ គ្មាននរណាឃើញខ្ញុំទេ! ខ្ញុំមិនបារម្ភអ្វីឡើយ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិន នឹកគិតដល់អំពើបាបរបស់ខ្ញុំទេ!»។ ១៩ បុរសនេះខ្លាចតែភ្នែកមនុស្ស គេមិនដឹងថាព្រះអម្ចាស់ទតឃើញគេទេ ព្រះនេត្ររបស់ព្រះអង្គភ្លឺជាងព្រះអាទិត្យទៅទៀត ព្រះអង្គឈ្វេងយល់ការទាំងអស់ដែលមនុស្សប្រព្រឹត្ត អ្វីៗដែលលាក់កំបាំងនៅកន្លៀតកន្លោះ ព្រះអង្គទតមើលធ្លុះទាំងអស់។ ២០ ព្រះអង្គស្គាល់អ្វីៗសព្វសារពើ តាំងតែពីមុន ព្រះអង្គបង្កើតអ្វីៗទាំងនោះមកម៉េ្លះ ហើយពេលដែលអ្វីៗទាំងនោះបាត់បង់អស់ទៅ ក៏ព្រះអង្គនៅតែស្គាល់ដដែល។ ២១ គេនឹងចាប់អ្នកនោះទាន់ នៅពេលដែលគាត់មិនដឹងខ្លួន ហើយគាត់នឹងទទួលទណ្ឌកម្មនៅទីសាធារណៈ។
អំពីស្រ្តីក្បត់ប្តី
២២ ចំពោះស្រ្តីក្បត់ប្តី ហើយមានកូនជាមួយបុរសម្នាក់ផ្សេងទៀតក៏ដូច្នោះដែរ។ ២៣ ទីមួយ នាងបានបំពានលើវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទីពីរ នាងបានធ្វើខុសចំពោះប្តីរបស់នាង។ ទីបី នាងប្រាសចាកសីលធម៌ និងបានបង្កើតកូនជាមួយបុរសផ្សេងទៀត។ ២៤ ត្រូវចាប់នាងនាំទៅចំពោះមុខអង្គប្រជុំ គេនឹងសាកសួរអំពីកូនរបស់នាង។ ២៥ គេនឹងដេញកូនទាំងនោះចេញពីសហគមន៍ ហើយចៅក៏គ្មានសិទ្ធិអ្វីដែរ។ ២៦ នាងត្រូវបណ្តាសា ដែលលុបបំបាត់មិនបាន។ គេនៅតែនឹកពីអំពើខិលខូចរបស់នាងរហូត។
២៧ ដូច្នេះអស់អ្នកដែលនៅរស់ នឹងដឹងថា ការគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងអ្វីៗទាំងអស់ ហើយការប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ក៏ផ្តល់សេចក្តីសុខស្រួលដែរ។
២៤
ភាគទីបី
ពាក្យសសើរព្រះប្រាជ្ញាញាណ
១ ព្រះប្រាជ្ញាញាណលើកតម្កើងព្រះអង្គផ្ទាល់ ហើយសម្ដែងមោទនភាព ក្នុងចំណោមជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់ព្រះអង្គ។ ២ ព្រះប្រាជ្ញាញាណមានព្រះបន្ទូលក្នុងសហគមន៍របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយសម្ដែងមោទនភាព នៅចំពោះព្រះភ័ក្រ្តរបស់ព្រះដ៏មានតេជានុភាពថា៖
៣ «យើងចេញពីព្រះឱស្ឋ របស់ព្រះ
ដ៏ខ្ពង់ខ្ពស់បំផុត
យើងប្រៀបដូចជាអ័ព្ទគ្របដណ្តប់ផែនដី។
៤ យើងតាំងទីលំនៅឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
បល្ល័ង្ករបស់យើងស្ថិតនៅលើដុំពពក។
៥ មានតែយើងទេ ដែលធ្វើដំណើរជុំវិញចក្រវាឡ
យើងក៏បានដើរនៅបាតមហាសមុទ្រដ៏ជ្រៅ។
៦ យើងមានអំណាចគ្រប់គ្រងលើរលកសមុទ្រ
លើផែនដីទាំងមូល
លើប្រជាជន និងលើប្រជាជាតិនានា។
៧ យើងស្វែងរកកន្លែងតាំងទីលំនៅ
រកស្រុកដើម្បីស្នាក់អាស្រ័យ។
៨ ពេលនោះ ព្រះដែលបានបង្កើតពិភពទាំងមូល
មានព្រះបញ្ជាមកយើង
គឺព្រះដែលបានបង្កើតយើង ក៏បានប្រាប់យើង
អំពីកន្លែងដែលត្រូវតាំងទីលំនៅ។
ព្រះអង្គមានព្រះបន្ទូលមកយើងថា
“ចូរតាំងទីលំនៅក្នុងពូជពង្សរបស់យ៉ាកុប
ចូរយកទឹកដីអ៊ីស្រាអែល
ធ្វើជាចំណែកមត៌ករបស់ខ្លួន”។
៩ ពីដើមដំបូងបង្អស់ ព្រះអង្គបានបង្កើតយើង
ហើយយើងក៏នៅស្ថិតស្ថេរ
អស់កល្បជាអង្វែងតរៀងទៅដែរ។
១០ យើងបានគោរពបម្រើព្រះអង្គ
ក្នុងព្រះពន្លាដ៏វិសុទ្ធនៅចំពោះព្រះភ័ក្រ្តព្រះអង្គ
ហើយយើងមកតាំងទីលំនៅជាប់លាប់
នៅលើភ្នំស៊ីយ៉ូន។
១១ ព្រះអង្គប្រោស ឲ្យយើងសម្រាក
នៅក្រុងដ៏ជាទីស្រឡាញ់
ហើយយើងក៏មានអំណាចគ្រប់គ្រង
នៅក្រុងយេរូសាឡឹមទៀតផង។
១២ យើងបានចាក់ប្ញស ក្នុងប្រជាជនមួយដ៏រុងរឿង
ហើយបានទទួលចំណែកមត៌កក្នុង
ព្រះរាជទ្រព្យរបស់ព្រះអម្ចាស់។
១៣ យើងចម្រើនទ្បើងដូចដើមតាត្រៅនៅភ្នំលីបង់
ដូចដើមស្រល់នៅភ្នំហ៊ែរម៉ូន។
១៤ ដូចដើមលម៉ើនៅអែនកេឌី
ឬដូចដើមយីថោនៅក្រុងយេរីខូ
ដូចដើមអូលីវដ៏ល្អប្រណីតក្នុងវាលទំនាប
យើងចម្រើនទ្បើងដូចដើមម៉ៃសាក់។
១៥ យើងសាយក្លិនក្រអូប ដូចសំបកសម្បុរល្វែង
ដូចកំបូរ ឬដូចជ័រល្វីងទេសដ៏មានតម្លៃ
ដូចជ័រកំញាន ដូចខ្លឹមច័ន្ទ
ឬដូចផ្សែងគ្រឿងក្រអូបក្នុងព្រះពន្លា។
១៦ យើងបែកមែកដូចដើមជ្រៃ
ជាមែកសាខាដ៏ល្អត្រសុំត្រសាយ។
១៧ យើងបានបង្កើតខ្នែងដ៏ល្អប្រណីត
ដូចដើមទំពាំងបាយជូរ
ផ្ការបស់យើងបានបង្កើតផ្លែល្អៗ
យ៉ាងបរិបូណ៌។
១៩ អស់អ្នកដែលប៉ងប្រាថ្នាចង់បានយើង
សូមអញ្ជីញមករកយើង!
ចូរពិសាភោគផលរបស់យើងឲ្យឆ្អែត!
២០ ដ្បិតការនឹកគិតដល់យើង ផ្អែមជាងទឹកឃ្មុំ
ហើយទទួលយើង ទុកជាចំណែកមត៌ក
ឆ្ងាញ់ជាងរកសំបុកឃ្មុំទៅទៀត។
២១ អ្នកបរិភោគ យើងរមែងតែងតែឃ្លាន
ចង់បរិភោគថែមទៀត។
អ្នកភ្លក់រសជាតិរបស់យើង
ក៏រមែងស្រេកចង់ផឹកថែមទៀតដែរ។
២២ អ្នកស្តាប់បង្គាប់យើង មិនត្រូវអាម៉ាស់មុខទេ
អ្នកធ្វើការរួមជាមួយយើងក៏មិនប្រព្រឹត្ត
អំពើបាបដែរ។
ព្រះប្រាជ្ញាញាណ និងវិន័យ
២៣ សេចក្តីទាំងអស់ខាងលើនេះ មានចែងទុកក្នុងគម្ពីរនៃសម្ពន្ធមេត្រីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺគម្ពីរវិន័យដែលលោកម៉ូសេបានបង្គាប់ឲ្យយើងគោរពតាម គឺកេរមត៌កនៅក្នុងសាលាប្រជុំ*របស់កូនចៅលោកយ៉ាកុប។
២៥ វិន័យផ្តល់ប្រាជ្ញាយ៉ាងសម្បូណ៌ហូរហៀរ ដូចទន្លេពីសូន ឬទន្លេទីគ្រីស ដែលកំពុងជោរនៅរដូវផ្ការីក។
២៦ វិន័យផ្តល់ចំណេះដឹងដ៏ពោរពេញ ដូចទន្លេអឺប្រាត ឬដូចទន្លេយ័រដាន់ ជន់លិចមាត់ច្រាំង នៅរដូវចម្រូត។
២៧ វិន័យផ្តល់ចំណេះវិជ្ជាយ៉ាងទូលំទូលាយ ដូចទន្លេនីល ឬដូចទន្លេគីហូន នៅរដូវបេះផ្លែទំពាំងបាយជូរ។
២៨ គ្មាននរណាអាចស្គាល់វិន័យសព្វគ្រប់ទ្បើយ តាំងពីអ្នកដើមដំបូង រហូតដល់អ្នកចុងក្រោយបំផុត គ្មាននរណាម្នាក់អាចយល់ពីអត្ថន័យដ៏ជ្រៅរបស់វិន័យនេះទេ។
២៩ តំរិះរបស់ព្រះប្រាជ្ញាញាណ ធំទូលំទូលាយជាងមហាសាគរ ហើយគម្រោងការរបស់ព្រះអង្គមានអត្ថន័យជ្រៅជាងបាតសមុទ្រទៅទៀត។
៣០ ចំណែកឯខ្ញុំវិញ ខ្ញុំប្រៀបដូចជាប្រឡាយដែលនាំទឹកពីទន្លេមក ឬដូចជាព្រែកដែលហូរចាក់ចូលទៅក្នុងសួនឧទ្យាន។
៣១ ខ្ញុំនឹកគិតថា ខ្ញុំនឹងស្រោចសួនរបស់ខ្ញុំ ព្រមទាំងបញ្ចូលទឹកឲ្យលិចសួនច្បារនោះ ស្រាប់តែប្រឡាយរបស់ខ្ញុំប្រែទៅជាទន្លេ ហើយទន្លេរបស់ខ្ញុំក៏ប្រែទៅជាសមុទ្រ។
៣២ ពេលនោះ ខ្ញុំធ្វើឲ្យសេចក្តីប្រៀនប្រដៅរបស់ខ្ញុំបញ្ចេញពន្លឺរស្មី ដូចពន្លឺថ្ងៃរះ ខ្ញុំនឹងជះពន្លឺនៃដំបូន្មានរបស់ខ្ញុំទៅទីឆ្ងាយ។
៣៣ ខ្ញុំនឹងផ្សព្វផ្សាយសេចក្តីដែលខ្ញុំបង្រៀនដូចជាព្រះបន្ទូលថ្លែងក្នុងនាមរបស់ព្រះជាម្ចាស់ ហើយទុកពាក្យទាំងនេះជាកេរមត៌កដល់កូនចៅជំនាន់ក្រោយៗ។
៣៤ អ្នករាល់គ្នាឃើញស្រាប់ហើយ! ខ្ញុំនឿយហត់ដូច្នេះ ពុំមែនសម្រាប់តែខ្ញុំម្នាក់ទេ គឺសម្រាប់អស់អ្នកដែលស្វែងរកព្រះប្រាជ្ញាញាណ។
២៥
មនុស្សដែលគួរចូលចិត្ត និងមនុស្សដែលគួរស្អប់
១ ខ្ញុំពេញចិត្ត នឹងសេចក្តីបីយ៉ាងជាខ្លាំង ជាសេចក្តីដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ និងគាប់ចិត្តមនុស្សដែរ គឺបងប្អូនដែលចុះសំរុងគ្នា អ្នកជិតខាងស្រឡាញ់រាប់អានគ្នា និងស្វាមីភរិយាដែលមានចិត្តគំនិតតែមួយ។
២ ខ្ញុំស្អប់មនុស្សបីប្រភេទ ដែលមានកិរិយាមារយាទធ្វើឲ្យខ្ញុំក្តៅក្រហាយ គឺអ្នកក្រីក្រដែលព្រហើន អ្នកមានស្តុកស្តម្ភដែលកុហកភូតភរ និងមនុស្សចាស់ដែលខ្វះការពិចារណា ហើយវក់នឹងកាមគុណ។
៣ ប្រសិនបើកូនមិនបានសន្សំអ្វីទុក កាលពីនៅក្មេងទេ តើកូននឹងមានអ្វីនៅពេលកូនមានវ័យចាស់ជរា? ៤ អ្នកសក់ស្កូវរមែងចេះវិនិច្ឆ័យ ហើយចាស់ព្រឹទ្ធាចារ្យក៏រមែងចេះទូន្មានដែរ។
៥ ប្រាជ្ញាស័កិ្តសមនឹងមនុស្សចាស់ជរា ដូចការរិះគិត និងការទូន្មាន ស័កិ្តសមនឹងអ្នកមានកិតិ្តយសដែរ។
៦ បទពិសោធដ៏ច្រើន ប្រៀបដូចជាមកុដ នៅលើក្បាលមនុស្សមានវ័យចាស់ ប៉ុន្តែការគោរពកោតខ្លាចព្រះអម្ចាស់ ធ្វើឲ្យគេមានកិត្តិយសកាន់តែខ្ពស់ទៅទៀត។
៧ ខ្ញុំយល់ឃើញថា មានសេចក្ដីប្រាំបួនយ៉ាងដែលផ្តល់សុភមង្គល ខ្ញុំក៏អាចបន្ថែមសេចក្ដីមួយទៀតបានដែរ គឺមនុស្សដែលមានអំណរសប្បាយដោយសារកូនៗរបស់ខ្លួន មនុស្សដែលឃើញខ្មាំងសត្រូវរបស់ខ្លួនដួលដល់ដី នៅពេលខ្លួនមានជីវិតនៅទ្បើយ។
៨ អ្នកដែលរួមរស់ជាមួយភរិយាវៃឆ្លាត អ្នកមិនដែលភ្លាត់ជើងដោយពាក្យសម្ដី អ្នកដែលមិនបម្រើម្ចាស់ល្ងង់ជាងខ្លួន អ្នកទាំងនោះពិតជាមានសុភមង្គលហើយ។
៩ អ្នករកឃើញសុភនិច្ឆ័យ អ្នកនិយាយទៅកាន់មនុស្សដែលយកចិត្តទុកដាក់ស្តាប់ ក៏ពិតជាមានសុភង្គលដែរ។
១០ អ្នករកឃើញព្រះប្រាជ្ញាញាណ ពិតជាប្រសើរឧត្តម! ប៉ុន្តែ គ្មាននរណាប្រៀបផ្ទឹមស្មើនឹងអ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ទ្បើយ។
១១ ការគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងអ្វីទាំងអស់ គឺមិនអាចយកអ្វីមកប្រៀបផ្ទឹមបានទេ។
ស្រ្តីអាក្រក់
១៣ ស៊ូរបួសកាយ កុំឲ្យតែរបួសចិត្ត ស៊ូជួបគ្រោះកាចដ៏អាក្រក់ ជាជាងជួបស្រ្តីដែលមានចិត្តអាក្រក់!
១៤ គ្មានទុក្ខលំបាកណាធ្ងន់ធ្ងរ ក្រៅពីទុក្ខលំបាកដែលបណ្តាលមកពីការស្អប់ទ្បើយ ហើយក៏គ្មានការសងសឹកណាអាក្រក់ជាងការសងសឹករបស់ខ្មាំងសត្រូវដែរ។
១៥ គ្មានពិសណា សាហាវជាងពិសពស់ទ្បើយ ហើយក៏គ្មានកំហឹងណា សាហាវជាងកំហឹងរបស់ស្រ្តីដែរ។
១៦ រស់នៅជាមួយសត្វតោ ឬជាមួយនាគរាជ ប្រសើរជាងរស់នៅជាមួយស្រ្តីចិត្តអាក្រក់។
១៧ ចិត្តអាក្រក់របស់ស្រ្តីរមែងធ្វើឲ្យទឹកមុខរបស់គេប្រែប្រួល គឺមានទឹកមុខគំរោះគំរើយដូចខ្លាឃ្មុំ។
១៨ ស្វាមីរបស់ស្រ្តីនោះតែងតែទៅបរិភោគបាយជាមួយអ្នកជិតខាង ហើយត្អូញត្អែរ ដោយទប់ចិត្តមិនបាន។
១៩ ការអាក្រក់ណាក៏ដោយ ក៏ស្រាលជាងចិត្តដ៏អាក្រក់របស់ស្រ្តីដែរ។ សូមឲ្យស្រ្តីនោះទទួលវាសនាដូចអ្នកបាបចុះ!។
២០ ស្រ្តីដែលចូលចិត្តព្រោកប្រាជ្ញ ហើយមានស្វាមីមិនសូវចេះមាត់ក ប្រៀបដូចជាផ្លូវទ្បើងភ្នំដែលមានសុទ្ធតែខ្សាច់ បណ្តាលឲ្យមនុស្សចាស់ជរាពិបាកទ្បើង។
២១ កុំចាញ់សម្រស់របស់ស្រ្តី កុំប្រាថ្នាចង់បានស្រ្តីនោះ ព្រោះតែទ្រព្យសម្បត្តិរបស់នាងទ្បើយ។
២២ ស្វាមីដែលភរិយាចិញ្ចឹម មុខជាជួបប្រទះនឹងការក្តៅក្រហាយ តូចចិត្ត និងអាម៉ាស់ជាខ្លាំង។
២៣ ស្រ្តីអាក្រក់ តែងតែធ្វើឲ្យប្តីធ្លាក់ទឹកចិត្ត មុខជ្រប់ស្រពោនឈឺចិត្ត។ ស្រ្តីដែលធ្វើឲ្យប្តីគ្មានសេចក្តីសុខ ធ្វើឲ្យគេទន់ដៃទន់ជើង មិនចង់ធ្វើអ្វីទ្បើយ។
២៤ ស្រ្តីជាប្រភពនៃអំពើបាប យើងទាំងអស់គ្នាក៏ត្រូវស្លាប់ ព្រោះតែកំហុសស្រ្តី។
២៥ កុំបណ្តោយឲ្យទឹកហូរចេញពីអាងទ្បើយ ហើយក៏កុំបណ្តោយឲ្យស្រ្តីកាចនិយាយតាមចិត្តបានដែរ។
២៦ ប្រសិនបើភរិយាមិនធ្វើតាមបង្គាប់ ក្នុងគ្រប់កិច្ចការទេ ចូរកាត់ចិត្តពីនាង ហើយលែងលះនាងទៅ។
២៦
សុភមង្គលរបស់បុរសដែលមានភរិយាល្អ
១ ស្វាមីមានភរិយាចិត្តល្អ ពិតជាមានសុភមង្គល និងមានអាយុវែង មួយទ្វេជាពីរ។
២ ភរិយាក្លាហាន តែងតែធ្វើឲ្យស្វាមីមានអំណរសប្បាយ និងស្គាល់តែសេចក្តីសុខអស់មួយជីវិត។
៣ ស្វាមីដែលមានភរិយាចិត្តល្អពិតជាមានសំណាង ព្រោះជាអំណោយទាន ដែលព្រះអម្ចាស់ប្រទានឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ។
៤ ទោះបីជាគេក្រក្តី មានក្តី ក៏គេនៅតែមានចិត្តសប្បាយ មានទឹកមុខរីករាយគ្រប់ពេលវេលា។
ស្រ្តីខាតលក្ខណ៍
៥ មានសេចក្តីបីយ៉ាង ធ្វើឲ្យខ្ញុំបារម្ភ ហើយមានសេចក្តីមួយទៀត ដែលធ្វើឲ្យខ្ញុំខ្លាចជាងគេ គឺពាក្យចចាមអារ៉ាមក្នុងទីក្រុង មហាជនប្រមូលផ្គុំគ្នា និងពាក្យមួលបង្គាច់។ សេចក្តីទាំងនេះធ្វើឲ្យរងទុក្ខលំបាកជាងស្លាប់ទៅទៀត។
៦ ប៉ុន្តែ មានសេចក្តីមួយទៀតដែលជូរចត់ខ្លាំងជាងគេបំផុត គឺស្រ្តីម្នាក់ប្រច័ណ្ឌនឹងប្រពន្ធចុងរបស់ប្តី ហើយចេះតែមានពាក្យសម្ដីអាក្រក់ជានិច្ច។
៧ ស្រ្តីកាចប្រៀបដូចជានឹម ដែលមិនជាប់នឹងកគោ នរណាចង់ត្រួតនាង ក៏ដូចជាចាប់ខ្ទួយដែរ។
៨ ស្រ្តីដែលចំណូលស្រាបណ្តាលឲ្យកើតរឿងអាស្រូវ នាងពុំអាចលាក់ការអាម៉ាស់របស់ខ្លួនទ្បើយ។
៩ យើងដឹងភ្លាមថា ស្រ្តីម្នាក់ប្រាសចាកសីលធម៌ដោយគ្រាន់តែឃើញ ក្រសែភ្នែកដ៏ស្រើបស្រាលរបស់នាង យើងស្គាល់កិរិយារបស់នាង ដោយឃើញនាងចោលកន្ទុយភ្នែក។
១០ ប្រសិនបើកូនស្រីមិនចេះអឹមអៀនទេ ចូរឃ្លាំមើលនាងឲ្យមែនទែន បើពុំនោះទេ នាងនឹងឆ្លៀតឱកាស ដើម្បីធ្វើតាមបំណងរបស់ខ្លួន។ ១១ ចូរឃ្លាំមើលក្រសែភ្នែក ដ៏ស្រើបស្រាលរបស់នាង ប្រសិនបើនាងបោកប្រាស់អ្នក នោះកុំឆ្ងល់ទ្បើយ។ ១២ នាងចេះតែចង់ទៅអង្គុយលើគ្រប់បង្គោល ហើយតែងតែបើកបំពង់របស់នាង ឲ្យព្រួញចូល។ នាងប្រៀបដូចជាអ្នកដំណើរ ដែលស្រេកទឹកយ៉ាងខ្លាំង ហើយទឹកអ្វីក៏ដោយ ឲ្យតែឃើញ គេផឹកទាំងអស់។
ស្រ្តីគ្រប់លក្ខណ៍
១៣ សម្រស់របស់ភរិយា ធ្វើឲ្យស្វាមីមានអំណរ រីឯស្រ្តីប៉ិនប្រសប់ រមែងធ្វើឲ្យប្តីបានចម្រុងចម្រើន។
១៤ ភរិយាមិនចេះមាត់ក ជាអំណោយទានរបស់ព្រះអម្ចាស់ រីឯភរិយាដែលបានទទួលការអប់រំល្អ ក៏មានតម្លៃលើសលប់ រកអ្វីមកប្រៀបផ្ទឹមស្មើពុំបានទ្បើយ។
១៥ ភរិយាចេះអៀនខ្មាស ជាសម្រស់ដ៏ល្អលើសលប់បំផុត។ ភរិយាមានកិរិយាមារយាទបរិសុទ្ធ មានតម្លៃលើសអ្វីៗទាំងអស់។
១៦ នៅក្នុងផ្ទះដែលតុបតែងយ៉ាងស្អាត សម្ផស្សរបស់ភរិយាគ្រប់លក្ខណ៍ ប្រៀបបីដូចជាព្រះអាទិត្យរះទ្បើងលើមេឃដ៏ខ្ពស់។
១៧ មុខល្អស្អាត ដែលស្ថិតនៅលើដងខ្លួនសមសួន ប្រៀបដូចជាពន្លឺដ៏ចិញ្ចាចស្ថិតនៅ លើជើងចង្កៀងដ៏វិសុទ្ធ។
១៨ ស្រ្តីដែលមានជើងស្អាត ជាប់នឹងកែងជើងមាំមួន ប្រៀបដូចជាសសរមាសជាប់លើកំណល់ប្រាក់។
សភាពការណ៍ដ៏តឹងតែង
២៨ ខ្ញុំអាក់អន់ចិត្តចំពោះរឿងពីរយ៉ាង ហើយមានរឿងមួយទៀត ធ្វើឲ្យខ្ញុំក្តៅក្រហាយ គឺអ្នកមានស្តុកស្តម្ភប្រែជាធ្លាក់ខ្លួនក្រខ្សត់ អ្នកចេះដឹងត្រូវគេមើលងាយ អ្នកលះបង់អំពើសុចរិតទៅជាប្រព្រឹត្តអំពើបាប។ សូមព្រះអម្ចាស់ធ្វើឲ្យអ្នកនោះស្លាប់ដោយមុខដាវ។
អំពីអ្នកធ្វើជំនួញ
២៩ កម្រមានឈ្មួញ ដែលចៀសវៀងការគៃបន្លំណាស់ ហើយក៏កម្រមានអ្នកជំនួញដែលមិនប្រព្រឹត្តអំពើបាបដែរ។
២៧
១ មនុស្សជាច្រើន តែងតែប្រព្រឹត្តអំពើបាប ដើម្បីឲ្យបានកម្រៃ។ អ្នកគិតតែពីស្វែងរកប្រមូលទ្រព្យសម្បត្តិ មិនរវីរវល់នឹងអ្វីផ្សេងទៀតទ្បើយ។
២ អំពើបាបជ្រៀតចូលរវាងអ្នកលក់ និងអ្នកទិញ ដូចជាចម្រឹងដែលជ្រៀតចូលក្នុងចន្លោះថ្មពីរដុំដែរ។
៣ អ្នកដែលមិនជំពាក់ចិត្ត នឹងការគោរពកោតព្រះអម្ចាស់យ៉ាងស្មោះ ផ្ទះរបស់គេនឹងត្រូវរលំបាក់បែកនៅពេលឆាប់ៗពុំខាន។
មនុស្សគេយកសម្ដី
៤ កាលណាគេរែងអង្ករ សំរាមលេចចេញមក ពេលមនុស្សនិយាយស្តី គុណវិបត្តិរបស់គេក៏លេចចេញមកដែរ។
៥ ជាងស្មូនដឹងថា ភាជន៍ល្អ ឬមិនល្អក្នុងពេលដុតចម្អិនវានៅក្នុងឡ យើងដឹងចិត្តគំនិតរបស់មនុស្សក្នុងពេលគេនិយាយស្តី។
៦ ផ្លែឈើបង្ហាញពីរបៀបដែលគេថែទាំដើមវាយ៉ាងណា ពាក្យសម្ដីក៏បង្ហាញពីចិត្តថ្លើមរបស់មនុស្សយ៉ាងនោះដែរ។
៧ កុំសរសើរនរណាម្នាក់ មុនពេលបានឮសម្ដីរបស់គេ ដ្បិតពាក្យសម្ដីនេះហើយដែលបង្ហាញពីចិត្តគំនិតរបស់មនុស្ស។
អំពីសេចក្តីសុចរិត
៨ ប្រសិន បើកូនខិតខំប្រព្រឹត្តតាមសេចក្តីសុចរិត កូនមុខជាបានសេចក្ដីសុចរិតពុំខាន កូននឹងយកសេចក្តីសុចរិតនោះមកតុបតែងខ្លួន ដូចពាក់អាវដ៏រុងរឿងដែរ។
៩ បក្សាបក្សីប្រភេទដូចគ្នា តែងតែប្រមូលគ្នាមករស់នៅក្នុងសំបុកតែមួយ យ៉ាងណាមិញអ្នកខិតខំប្រតិបត្តិតាមសេចក្តីពិត រមែងតែងតែទទួលផលនៃសេចក្តីពិតដូច្នោះដែរ។
១០ អំពើបាបតែងតែឃ្លាំមើលអ្នកដែល ប្រព្រឹត្តអំពើទុច្ចរិត ដូចសិង្ហឃ្លាំចាំចាប់សត្វមកធ្វើជាអាហារដែរ។
១១ ពាក្យសម្ដីរបស់អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ សុទ្ធតែប្រកបដោយប្រាជ្ញាញាណជានិច្ច រីឯអ្នកដែលខ្វះសុភនិច្ឆ័យ តែងតែប្រែប្រួលដូចព្រះច័ន្ទ។
១២ ក្នុងចំណោមមនុស្សឆោតល្ងង់ ចូរកូនកុំនៅជាមួយគេយូរពេក ផ្ទុយទៅវិញ បើនៅក្នុងចំណោមអ្នកចេះរិះគិតពិចារណា ចូរកូននៅជាមួយគេឲ្យបានយូរ។
១៣ ពាក្យសម្ដីរបស់មនុស្សល្ងីល្ងើ រមែងតែងតែនាំឲ្យក្តៅចិត្ត សំណើចរបស់ពួកគេតែងតែនាំឲ្យភ្លើតភ្លើនប្រព្រឹត្តអំពើបាប។
១៤ ពាក្យរបស់អ្នកចូលចិត្តស្បថរមែងធ្វើឲ្យព្រឺសាច់ ជម្លោះរបស់គេបណ្តាលឲ្យអ្នកទាំងឡាយយកដៃចុកត្រចៀក។
១៥ ជម្លោះរបស់មនុស្សអួតបំប៉ោង តែងតែបណ្តាលឲ្យមានការបង្ហូរឈាម ពាក្យជេរប្រទេចរបស់ពួកគេ តែងតែធ្វើឲ្យសង្កៀរត្រចៀក។
អំពីការសម្ងាត់
១៦ អ្នកទម្លាយរឿងអាថ៌កំបាំង រមែងធ្វើឲ្យគេលែងទុកចិត្ត ហើយមិនអាចរកមិត្តភក្ដិដែលខ្លួនពេញចិត្តបានទៀតទេ។
១៧ ចូរស្រឡាញ់មិត្តភក្ដិដោយចិត្តស្មោះត្រង់ ប៉ុន្តែ ប្រសិនបើកូនទម្លាយអាថ៌កំបាំងរបស់គេ កុំទៅរកគេទៀតទ្បើយ។ ១៨ ដ្បិតកូនបាត់បង់មិត្តភាព ដូចមនុស្សបាត់បង់បងប្អូនដែលស្លាប់ដែរ។ ១៩ កូនបណ្តោយឲ្យមិត្តភក្តិចាកចេញទៅ គេមិនអាចវិលមកវិញទេ គឺដូចជាបក្សាដែលកូនបណ្តោយឲ្យហើរចេញពីក្នុងដៃរបស់កូនទៅបាត់។ ២០ កុំខំតាមគេ ដ្បិតគេទៅឆ្ងាយហើយ គេរត់ដូចឈ្លូសដែលរួចពីអន្ទាក់។
២១ ពេលមានរបួស យើងអាចព្យាបាលបាន ពេលជេរគ្នាហើយ យើងអាចសម្រុះសម្រួលឲ្យជានានឹងគ្នាបាន ប៉ុន្តែ អ្នកដែលទម្លាយអាថ៌កំបាំង គ្មានសង្ឃឹមនឹងផ្សះផ្សាគ្នាវិញទ្បើយ។
អ្នកមានពុតត្បុត
២២ មនុស្សចោលកន្ទុយភ្នែកតែងតែមានគម្រោងការអាក្រក់។ អ្នកដែលចេះសម្គាល់មើលមនុស្សប្រភេទនេះ តែងតែដកខ្លួនចេញឆ្ងាយពីគេ។ ២៣ នៅមុខកូន គេតែងពោលពាក្យផ្អែមពីរោះ គេសរសើរពាក្យសម្ដីរបស់កូន ប៉ុន្តែ នៅក្រោយខ្នងវិញគេផ្លាស់ប្តូររបៀបនិយាយ បែរទៅយកពាក្យសម្ដីរបស់កូន មកប្រើ ដើម្បីធ្វើបាបកូនទៅវិញ។
២៤ ខ្ញុំស្អប់សេចក្តីអាក្រក់ជាច្រើន ប៉ុន្តែ មនុស្សប្រភេទនេះ ខ្ញុំស្អប់ជាងអ្វីៗទាំងអស់ ព្រះជាម្ចាស់ក៏ស្អប់គេដែរ។
២៥ អ្នកណាបោះដុំថ្មទៅលើ អ្នកនោះមុខជាត្រូវដុំថ្មធ្លាក់ មកលើក្បាលខ្លួនឯងវិញមិនខាន។ អ្នកណាវាយគេឲ្យរបួស ដោយប្រើកលល្បិច អ្នកនោះមុខជាត្រូវគេវាយ ឲ្យរបួសវិញ ដោយប្រើកលល្បិចមិនខាន។
២៦ អ្នកជីករណ្តៅ មុខជាធ្លាក់ក្នុងរណ្តៅនោះ អ្នកដាក់អន្ទាក់ចាប់គេ មុខជាជាប់អន្ទាក់នោះពុំខានដែរ។
២៧ អំពើអាក្រក់ដែលមនុស្សប្រព្រឹត្ត តែងតែធ្លាក់មកលើខ្លួនគេវិញ ដោយគេពុំដឹងខ្លួនថា ការអាក្រក់នេះកើតមកពីណាផង
២៨ មនុស្សអួតបំប៉ោងតែងតែចំអក និងជេរគេ ប៉ុន្តែ អ្នកនោះត្រូវគេរង់ចាំសងសឹក ដូចសិង្ហពួនចាំស្កាត់ចាប់សត្វស៊ីដែរ។
២៩ អ្នកណាដែលសប្បាយចិត្ត ដោយឃើញមនុស្សគោរពប្រណិប័តន៍ព្រះជាម្ចាស់ជំពប់ដួល អ្នកនោះ មុខជាត្រូវជាប់អន្ទាក់ ហើយកើតទុក្ខយ៉ាងខ្លាំងមុនពេលស្លាប់។
ការលើកលែងទោស
៣០ គំនុំ និងកំហឹង សុទ្ធតែជាអំពើគួរឲ្យស្អប់ខ្ពើម មនុស្សបាបប៉ិនប្រសប់ក្នុងការប្រព្រឹត្តអំពើនេះណាស់។
២៨
១ អ្នកណាសងសឹកគេ ព្រះជាម្ចាស់នឹងសងសឹកអ្នកនោះវិញ ព្រះអង្គនឹងកត់អំពើបាបរបស់គេក្នុងបញ្ជី គ្មានភេ្លចបាបមួយណាទ្បើយ។ ២ ចូរអត់ឱនឲ្យជន ដែលប្រព្រឹត្តខុសនឹងកូន ដូច្នេះ ពេលកូនអង្វរព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសឲ្យកូនជាមិនខាន។ ៣ បើមនុស្សម្នាក់ចេះតែចងកំហឹង ចំពោះមនុស្សដូចគ្នា តើអ្នកខឹងនោះអាចសុំព្រះជាម្ចាស់ប្រោសឲ្យជាសះស្បើយម្តេចកើត?។ ៤ បើមនុស្សគ្មានចិត្តអាណិតមេត្តាដល់មនុស្សដូចគ្នាទេនោះ តើគេអាចអង្វរសូមព្រះអង្គលើកលែងឲ្យខ្លួនដូចម្តេចកើត?។ ៥ បើគេជាមនុស្សលោកីយ៍នៅតែគុំកួនដូច្នេះ តើគេអាចអង្វរព្រះជាម្ចាស់ សូមព្រះអង្គលើកលែងទោសឲ្យខ្លួនគេផ្ទាល់ដូចម្តេចកើត? ៦ ចូរនឹកដល់គ្រាអវសាននៃជីវិត ហើយលះបង់ការស្អប់នេះចោលទៅ! ចូរគិតថាកូនត្រូវស្លាប់ ហើយរូបកាយក៏ត្រូវរលួយដែរ ដូច្នេះ ចូរកាន់តាមវិន័យរបស់ព្រះអម្ចាស់ទៅ! ៧ ចូរនឹកដល់វិន័យទាំងឡាយ កុំគុំកួននឹងមនុស្សដូចគ្នា ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយបំភ្លេចកំហុសដែលគេបានប្រព្រឹត្តមកលើកូននោះចោលទៅ។
ជម្លោះទាស់ទែងគ្នា
៨ ចូរនៅឲ្យឆ្ងាយពីជម្លោះ ធ្វើដូច្នេះកូននឹងគ្មានឱកាសប្រព្រឹត្តអំពើបាបទេ ដ្បិតជនកំរោលតែងតែបង្កជម្លោះឲ្យឆាបឆេះទ្បើង។
៩ អ្នកបាបតែងតែបង្កឲ្យមានទំនាស់ ក្នុងចំណោមមិត្តភក្ដិ ហើយបណ្តាលឲ្យអស់អ្នកដែលរស់នៅជុំគ្នាដោយសុខសាន្ត បែរជាប្រេះឆានឹងគ្នាទៅវិញ។
១០ ដរាបណាគេថែមអុស ភ្លើងនៅតែឆេះ ដរាបណាគេរឹងចចេស ជម្លោះក៏នៅតែបន្តខ្លាំងទ្បើងៗដែរ។ មនុស្សមានកម្លាំងយ៉ាងណា ចិត្តឃោរឃៅរបស់គេក៏ខ្លាំងយ៉ាងនោះដែរ រីឯអ្នកមានស្តុកស្តម្ភយ៉ាងណា កំហឹងរបស់គេក៏កាន់តែសាហាវយ៉ាងនោះដែរ។
១១ ការខ្វែងគំនិតគ្នាយ៉ាងឆាប់រហ័ស រមែងបញ្ឆេះភ្លើងកំហឹងឲ្យឆេះសន្ធោរសន្ធៅទ្បើង។ ជម្លោះដែលកកើតទ្បើងយ៉ាងឆាប់រហ័ស ក៏រមែងធ្វើឲ្យមានការបង្ហូរឈាមគ្នាដែរ។
១២ ពេលផ្លុំរងើកភ្លើង អណ្តាតភ្លើងនឹងលេចចេញមក ពេលស្តោះទឹកមាត់លើរងើកភ្លើង ភ្លើងនោះនឹងរលត់។ ការទាំងពីរនេះកើតទ្បើងដោយសារមាត់តែមួយ។
ពាក្យសម្ដីអាក្រក់
១៣ អ្នកខ្សឹបខ្សៀវនិយាយអាក្រក់ពីគេ និងអ្នកដែលនិយាយបាតដៃជាខ្នងដៃ មុខជាត្រូវបណ្តាសាពុំខាន!។ គេបណ្តោយឲ្យមនុស្សជាច្រើនដែលរស់នៅជាមួយគ្នាដោយសុខសាន្ត ត្រូវវិនាសអន្តរាយ។
១៤ ពាក្យមួលបង្កាច់ រមែងធ្វើឲ្យមនុស្សជាច្រើនបាត់បង់កិត្តិយស ហើយធ្វើឲ្យអ្នករងគ្រោះរត់គេចខ្លួនចេញពីស្រុក។ ពាក្យមួលបង្កាច់នេះ ធ្វើឲ្យក្រុងដែលមានកំពែងរឹងមាំត្រូវរលំ និងធ្វើឲ្យក្រុមគ្រួសារអភិជនវិនាសអន្តរាយ។
១៥ ពាក្យមួលបង្កាច់ បណ្តាលឲ្យស្វាមីដេញភរិយាស្មោះត្រង់ ទាំងធ្វើឲ្យនាងបាត់បង់អ្វីៗទាំងអស់ ដែលគេរកបានដោយនឿយហត់ទៀតផង។
១៦ អ្នកយកចិត្តទុកដាក់ នឹងពាក្យមួលបង្កាច់ លែងបានសេចក្តីសុខទៀតហើយ គេក៏លែងរស់នៅយ៉ាងស្ងប់ស្ងៀមទៀតដែរ។
១៧ ការវាយដោយរំពាត់ តែងតែបណ្តាលឲ្យមានស្នាមជាំ រីឯការវាយប្រហារដោយពាក្យសម្ដី តែងតែបណ្តាលឲ្យបាក់ទឹកចិត្ត។
១៨ មនុស្សដែលស្លាប់ដោយសារពាក្យសម្ដី មានច្រើនជាងមនុស្ស ដែលស្លាប់ដោយមុខដាវទៅទៀត។
១៩ អ្នកណាគេចផុតពីពាក្យមួលបង្កាច់របស់អ្នកដទៃ ហើយមិនបានរងគ្រោះ ព្រោះតែកំហឹងរបស់អ្នកមួលបង្កាច់ អ្នកនោះពិតជាមានសុភមង្គល!។ រីឯអ្នកដែលមិនស្ថិតនៅ ក្នុងនឹមរបស់អ្នកមួលបង្កាច់ ហើយមិនជាប់ចំណងរបស់គេទេនោះ ពិតជាមានសុភមង្គល។ ២០ ដ្បិតនឹមរបស់គេនោះជានឹមដែក រីឯចំណងរបស់គេនោះជាច្រវាក់លង្ហិន។
២១ ពាក្យមួលបង្កាច់ បណ្តាលឲ្យស្លាប់យ៉ាងឃោរឃៅបំផុត ស៊ូស្លាប់ប្រសើរជាងរស់នៅក្រោមអំណាចរបស់ជនមួលបង្កាច់។
២២ ប៉ុន្តែ ពាក្យមួលបង្កាច់ពុំអាចធ្វើចំពោះអ្នកដែល គោរពប្រណិប័តន៍ព្រះអម្ចាស់បានទ្បើយ។ អណ្តាតភ្លើងនៃការមួលបង្កាច់ ពុំអាចឆាបឆេះអ្នកនោះបានទេ។
២៣ អ្នកដែលបោះបង់ព្រះអម្ចាស់ចោល មុខជាត្រូវស្លាប់ដោយសារពួកមួលបង្កាច់ ព្រោះអ្នកទាំងនោះ បង្កមូលហេតុ បង្កាត់ភ្លើងដែលមិនចេះរលត់។ ជននិយាយមួលបង្កាច់សង្រ្គប់អស់អ្នកដែលបោះបង់ចោលព្រះជាម្ចាស់ ដូចសិង្ហសង្រ្គប់ចាប់រំពា ឬដូចខ្លារខិនហែករំពាស៊ីដែរ។ ២៤-២៥ កូនធ្លាប់ធ្វើរបងបន្លាព័ទ្ធជុំវិញចម្ការរបស់កូនយ៉ាងណា កូនក៏ត្រូវថ្លឹងពាក្យសម្ដីរបស់កូនយ៉ាងនោះដែរ។ កូនធ្លាប់ទុកប្រាក់ និងមាសដោយប្រុងប្រយ័ត្នយ៉ាងណា ចូរទប់មាត់ ហើយដាក់គន្លឹះយ៉ាងនោះដែរ!។
២៦ ចូរប្រយ័ត្ន កុំឲ្យដួល ព្រោះពាក្យសម្ដីទ្បើយ បើមិនដូច្នោះទេ កូនមុខជាធ្លាក់ក្នុងកណ្តាប់ដៃរបស់ជនដែលចាំឃ្លាំមើលកូន។
២៩
អំពីការខ្ចីប្រាក់
១ អ្នកដែលមានចិត្ត មេត្តាករុណា រមែងសុខចិត្តឲ្យជនរួមជាតិខ្ចីប្រាក់។ អ្នកដែលចេះជួយគេ ប្រាកដជាកាន់តាមវិន័យ។
២ ចូរសុខចិត្តឲ្យជនរួមជាតិខ្ចីប្រាក់នៅពេលគេត្រូវការ។ ចូរសងប្រាក់គេ ឲ្យទាន់ពេលកំណត់។
៣ ចូរកាន់ពាក្យសច្ចៈ ដើម្បីឲ្យគេទុកចិត្តលើកូន។ ធ្វើដូច្នេះ កូននឹងទទួលអ្វីដែលកូនត្រូវការ គ្រប់ពេលវេលា។ ៤ មនុស្សជាច្រើនចាត់ទុក ប្រាក់ដែលខ្លួនខ្ចីថាជាប្រាក់ដែលខ្លួនបានរើសបាន គឺមិនចង់សងម្ចាស់ដើមវិញទេ។ ធ្វើដូច្នេះ បណ្តាលឲ្យអ្នកដែលយកអាសាខ្លួន ជួបការលំបាក។ ៥ មុននឹងទទួលប្រាក់គេ ចូរឱនកាយថើបដៃម្ចាស់ប្រាក់ ដោយពោលពាក្យសុភាពរាបសា អំពីទ្រព្យរបស់ម្ចាស់ប្រាក់នោះ។ លុះដល់ពេលត្រូវសង គេចេះបង្អង់ឲ្យយឺតយ៉ាវ សងតែពាក្យសម្ដីនឹកស្តាយ ហើយចោទទៅលើកាលៈទេសៈ។ ៦ ប្រសិនបើ កូនបំណុលអាចសងប្រាក់មកវិញតែពាក់កណ្តាលនោះ ម្ចាស់បំណុលចាត់ទុកខ្លួនឯងថាមានសំណាងហើយ។ បើពុំនោះទេ ម្ចាស់បំណុលនឹងបាត់បង់ទ្រព្យរបស់ខ្លួន ហើយមានសត្រូវម្នាក់ដោយឥតអំពើ។ កូនបំណុលនឹងយកពាក្យប្រមាថប្រទេចផ្តាសា មកសងជំនួសប្រាក់វិញ គេបែរជាមើលងាយគាត់ ជំនួសការគោរព។
៧ ហេតុនេះហើយ បានជាមនុស្សជាច្រើនមិនព្រមឲ្យគេខ្ចីប្រាក់ មិនមែនមកពីគេចិត្តអាក្រក់ទេ គឺមកពីគេខ្លាចបាត់បង់ទ្រព្យដោយឥតអំពើ។
ការចែកទាន
៨ ប៉ុន្តែ ចូរមានចិត្តអត់ធ្មត់នឹងជនក្រីក្រ កុំបណ្តោយឲ្យគេរង់ចាំទានយូរពេក។
៩ ចូរយកអាសាជនកំសត់ទុរគត ដោយចង់ប្រតិបត្តិតាមវិន័យ កុំឲ្យគេត្រឡប់ទៅវិញដៃទទេ នៅពេលដែលគេត្រូវការទ្បើយ។
១០ ស៊ូខាតបង់ប្រាក់ សម្រាប់បងប្អូន ឬសម្រាប់មិត្តភក្តិ ជាជាងលាក់ប្រាក់នោះទុកនៅក្រោមដុំថ្មឲ្យច្រែះស៊ី។
១១ ចូរប្រើប្រាស់ទ្រព្យរបស់កូន ស្របតាមវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ដូច្នេះ ទ្រព្យទាំងនោះមានប្រយោជន៍សម្រាប់កូន ជាងមាសទៅទៀត។
១២ ចូរធ្វើទានសម្រាប់ជនក្រីក្រ ដោយបម្រុងទុកទ្រព្យទាំងនោះក្នុងឃ្លាំងរបស់កូន ទានទាំងនោះនឹងរំដោះកូនពីគ្រោះកាចទាំងឡាយ។
១៣ ទានទាំងនោះ នឹងការពារកូននៅចំពោះមុខសត្រូវ ហើយតយុទ្ធសម្រាប់កូន ប្រសើរជាងខែលដ៏មាំ ឬលំពែងដ៏ធ្ងន់ទៅទៀត។
អំពីអ្នកជួយធានា
១៤ អ្នកមានចិត្តល្អរមែងជួយធានារ៉ាប់រងឲ្យជនរួមជាតិ ផ្ទុយទៅវិញ អ្នកដែលលះបង់ចោលគេ តែងតែបាត់បង់កិត្តិយស។
១៥ ប្រសិនបើមាននរណាម្នាក់ជួយធានារ៉ាប់រងឲ្យកូន ចូរកុំបំភ្លេចគុណគេទ្បើយ ព្រោះគេហ៊ានប្រថុយជីវិតគេផ្ទាល់ ដើម្បីធានាកូន។
១៦ មនុស្សបាបតែងតែខ្ជះខ្ជាយទ្រព្យសម្បត្ដិរបស់អ្នកដែលជួយធានាខ្លួន ១៧ ហើយជនរមិលគុណ ក៏តែងតែបោះបង់ចោលអ្នកដែលបានជួយរំដោះគេឲ្យរួចខ្លួនដែរ។
១៨ អ្នកមានជាច្រើនត្រូវហិនហោច ព្រោះតែបានជួយធានាគេ អ្នកទាំងនោះត្រូវជ្រួលច្របល់ញាប់ញ័រដូចរលកសមុទ្រ។ មានអ្នកធំខ្លះក៏ត្រូវចាកចេញពីមាតុភូមិរបស់ខ្លួន ហើយត្រាច់ចរឥតគោលដៅតាមប្រជាជាតិនានា ព្រោះតែបានជួយធានាអ្នកដទៃ។
១៩ មនុស្សបាប តែងតែរត់ប្រញាប់ប្រញាល់ជួយធានាអ្នកដទៃព្រោះសង្ឃឹមថាខ្លួនបានចំណេញពីការធានានោះ តែគាត់មុខជាត្រូវជាប់ចោទនៅតុលាការពុំខាន។
២០ ចូរជួយយកអាសាជនរួមជាតិ តាមលទ្ធភាពរបស់កូន ប៉ុន្តែចូរប្រយ័ត្នកុំឲ្យចាញ់ឧបាយកលរបស់គេ។
អ្នកមានប្រាជ្ញារស់នៅដោយខ្លួនឯង
២១ មនុស្សត្រូវការទឹក អាហារ និងសម្លៀកបំពាក់ ជាចាំបាច់ ហើយក៏ត្រូវការផ្ទះសំបែងជាចាំបាច់ ដើម្បីលាក់ខ្លួនពួនអាត្មាដែរ។
២២ ការរស់នៅយ៉ាងក្រីក្រ ក្រោមដំបូលខ្ទមស្លឹករបស់ខ្លួន ប្រសើរជាងជប់លៀងយ៉ាងអធឹកអធមក្នុងផ្ទះរបស់អ្នកដទៃ។
២៣ ទោះបីកូនមានតិច ឬច្រើនក្តី ចូរស្កប់ចិត្តជានិច្ច ដូច្នេះ គ្មាននរណាចោទកូនថា ស៊ីបាយរបស់គេទ្បើយ។
២៤ ជនដែលចេញពីផ្ទះមួយទៅផ្ទះមួយទៀតពិតជារស់នៅយ៉ាងថោកទាប ព្រោះនៅទីណាក៏ដោយ គេគ្មានសិទ្ធិហើបមាត់និយាយទេ។ ២៥ កូននឹងបម្រើបាយទឹកឲ្យគេ តែគ្មាននរណាដឹងគុណកូនទេ ហើយគេពោលពាក្យទ្រគោះបោះបោកលើកូនទៀតផង៖ ២៦ «នែ៎ អាចោលស្រុក! មកណេះ រៀបចំបាយទឹក អ្វីៗដែលឯងកាន់នោះ ចូរយកមកឲ្យអញហូប! ២៧ នែ៎ អាចោលស្រុក! ចេញទៅ! មានភ្ញៀវកិត្តិយសមកដល់ហើយ! មានបងប្អូនមកស្នាក់នៅផ្ទះអញ អញត្រូវការផ្ទះ»។ ២៨ ចំពោះអ្នកដែលចេះគិត ពេលឮគេជេរខ្លួនថា «អាបំបង់បាយ» ឬក៏ឮពាក្យជេរប្រមាថរបស់ម្ចាស់បំណុល នោះពិតជាបណ្តាលឲ្យឈឺចិត្តខ្លាំងណាស់!។
៣០
ការអប់រំកូន
១ អ្នកស្រឡាញ់កូនប្រុសរបស់ខ្លួនខ្លាំង តែងតែវាយវានឹងរំពាត់ជាញឹកញាប់។ ដល់ពេលចាស់ អ្នកនោះនឹងបានសប្បាយដោយសារកូនពុំខាន។
២ អ្នកអប់រំកូនប្រុសរបស់ខ្លួនបានល្អ រមែងស្កប់ចិត្តដោយសារកូននោះ។ គេមុខជាខ្ពស់មុខនៅក្នុងចំណោមអ្នកដែលខ្លួនស្គាល់ ព្រោះតែកូននោះទៀត។
៣ អ្នកដែលផ្តល់ចំណេះឲ្យកូនប្រុសរបស់ខ្លួនរមែងធ្វើឲ្យសត្រូវច្រណែនឈ្នានីស ហើយបានសប្បាយរីករាយក្រៃលៃង នៅចំពោះមុខមិត្តភក្ដិរបស់ខ្លួន។ ៤ កាលណាអ្នកនោះផុតជីវិត គាត់ដូចជាមិនស្លាប់ទេ ព្រោះមានកូនម្នាក់ដូចគាត់បន្តពូជពង្សរបស់គាត់។ ៥ ក្នុងពេលគាត់នៅមានជីវិត គាត់អរសប្បាយនឹងឃើញកូនប្រុសរបស់គាត់ ពេលគាត់ស្លាប់ គាត់បិទភ្នែកជិត ដោយមិនស្តាយស្រណោះអ្វីទេ។ ៦ គាត់ទុកកូនម្នាក់ដែលនឹងចេះសងសឹកសត្រូវឲ្យគាត់ ហើយដឹងគុណមិត្តភក្ដិរបស់គាត់។
៧ អ្នកដែលថ្នាក់ថ្នមកូនប្រុសខ្លាំងពេក ត្រូវតែព្យាបាលរបួសរបស់កូននោះ។ ពេលកូនស្រែកតែបន្តិច គាត់ភ័យស្លោភ្លាម។ ៨ សេះដែលគេបង្ហាត់មិនដល់ ពិបាកជិះ រីឯកូនប្រុសដែលគេបណ្ដោយឲ្យធ្វើតាមចិត្ត តែងតែធ្វើបាបឪពុកម្តាយ។
៩ ប្រសិនបើអ្នកថ្នាក់ថ្នមកូនពេក កូនមុខជាធ្វើឲ្យអ្នកកើតទុក្ខ ប្រសិនបើអ្នកលេងជាមួយវា វានឹងធ្វើឲ្យអ្នកព្រួយបារម្ភពុំខាន។
១០ ចូរកុំលេងសើចជាមួយកូនជ្រុលពេក ក្រែងនាំឲ្យអ្នកមានទុក្ខរួមជាមួយវា នៅទីបញ្ចប់ អ្នកនឹងនឹកស្តាយពុំខាន។
១១ ពេលកូននៅក្មេង ចូរកុំបណ្តោយឲ្យវាមានសេរីភាពជ្រុលពេក។
១២ចូរវាយប្រដៅកូន ពេលវានៅក្មេង ក្រែងដល់ពេលវាធំ វាមិនស្តាប់បង្គាប់។
១៣ ចូរយកចិត្តទុកដាក់អប់រំកូនប្រុសរបស់ខ្លួន ដើម្បីកុំឲ្យអ្នកជួបការអាម៉ាស់ ដោយសារកិរិយាអាក្រក់របស់វា។
សុខភាព
១៤ ជនក្រីក្រដែលមានសុខភាពល្អ និងកម្លាំងមាំមួនប្រសើរជាងអ្នកមានស្តុកស្តម្ភ តែមានសុខភាពទន់ខ្សោយ!។
១៥ មានសុខភាពល្អមាំមួនប្រសើរជាងមានមាសទាំងអស់នៃពិភពលោក មានកាយសម្បទាមាំមួនប្រសើរជាងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ។
១៦ ពុំមានសម្បត្តិណា ប្រសើរដូចខ្លួនប្រាណមានសុខភាពល្អទ្បើយ គ្មានសុភមង្គលណាប្រសើរជាងមានការសប្បាយរីករាយក្នុងចិត្តទេ។
១៧ ស៊ូស្លាប់ ជាជាងរស់នៅដោយអភ័ព្វ ស៊ូបាត់បង់ជីវិត ជាជាងរស់នៅ តែមានជំងឺរ៉ាំរ៉ៃ។
១៨ ចំណីអាហារដ៏ឆ្ងាញ់ពិសា ដាក់នៅមុខអ្នកជំងឺ ដែលមិនឃ្លាន ប្រៀបដូចជាម្ហូបអាហារដែលគេសែននៅលើផ្នូរខ្មោច។
១៩ តើសំណែនដែលគេសែនទៅព្រះក្លែងក្លាយមានប្រយោជន៍អ្វីដល់ព្រះនោះ បើព្រះនោះមិនដឹងរសជាតិ មិនដឹងក្លិន! រីឯមនុស្សមានជំងឺ ក៏ដូច្នោះដែរ។ ២០ គាត់តែងតែមើលម្ហូបអាហារដែលគេយកមកឲ្យគាត់ ហើយដកដង្ហើមធំហាក់ដូចជាមនុស្សកម្រៀវឱបស្រីក្រមុំ ហើយដកដង្ហើមធំដែរ។
ការសប្បាយរីករាយ
២១ ចូរកុំបណ្តោយខ្លួនតាមទុក្ខព្រួយទ្បើយ! ចូរកុំយកទុក្ខកង្វល់មកដាក់ក្នុងខ្លួនឯង។
២២ ចិត្តរីករាយរមែងធ្វើឲ្យមនុស្សមានសុខភាពល្អ ការត្រេកអរ តែងតែធ្វើឲ្យគេមានអាយុយឺនយូរ។
២៣ ចូរឆ្លៀតពេលសប្បាយខ្លះ ចូរធ្វើចិត្តឲ្យរីករាយទ្បើង ចូរបណ្តេញទុក្ខព្រួយឲ្យឆ្ងាយពីអ្នក ដ្បិតទុក្ខព្រួយបំផ្លាញមនុស្សអស់ជាច្រើន ហើយទុក្ខព្រួយក៏គ្មានប្រយោជន៍អ្វីដែរ។
២៤ ចិត្តច្រណែនឈ្នានីស និងកំហឹង តែងតែធ្វើឲ្យអាយុខ្លី រីឯកង្វល់តែងតែធ្វើឲ្យមនុស្សឆាប់ចាស់មុនអាយុ។
២៥ ការសប្បាយចិត្ត រមែងធ្វើឲ្យគេបរិភោគឆ្ងាញ់ ហើយចាប់អារម្មណ៍នឹងម្ហូបអាហារ ដែលខ្លួនបរិភោគ។
៣១
អំពីធនធាន
១ ការខ្វល់ខ្វាយ នឹងទ្រព្យសម្បត្តិ រមែងធ្វើឲ្យអ្នកមានដេកមិនលក់ ហើយធ្លាក់ខ្លួនស្គម។ ២ រីឯការខ្វល់ខ្វាយរកស៊ី ក៏ធ្វើឲ្យដេកបិទភ្នែកមិនជិត ដូចមានជំងឺយ៉ាងធ្ងន់ដែរ។
៣ អ្នកមាននឿយហត់ដោយខំប្រមូលទ្រព្យ។ ពេលឈប់ប្រមូល គាត់គិតតែពីសប្បាយ។
៤ អ្នកក្រធ្វើការនឿយហត់ស្ទើរស្លាប់ខ្លួន នៅតែរកមិនបានគ្រប់គ្រាន់ ពេលឈប់រក គាត់រឹតតែខ្វះខាតខ្លាំងទៀត។
៥ អ្នកស្រឡាញ់មាសខ្លាំង មិនដែលសុចរិតទេ។ អ្នកគិតតែពីរកចំណេញ រមែងឃ្លាតចាកពីគន្លងផ្លូវល្អ។
៦ មនុស្សជាច្រើនរងគ្រោះ ហើយជួបប្រទះនឹងមហន្តរាយ ព្រោះតែស្រឡាញ់មាសខ្លាំងពេក។ ៧ មាសជាអន្ទាក់សម្រាប់អស់អ្នក ដែលវក់នឹងវា ហើយ មនុស្សគ្មានសុភនិច្ឆ័យតែងតែជាប់អន្ទាក់នោះ។
៨ អ្នកមានដែលគ្មានកំហុស ហើយរកបានទ្រព្យសម្បត្តិដោយមិនវក់តាមមាស ពិតជាមានសុភមង្គលមិនខាន។ ៩ តើអ្នកមានបែបនោះនៅឯណា? យើងត្រូវនាំគ្នាទៅសរសើរគាត់! ដ្បិតក្នុងចំណោមប្រជាជនទាំងមូល មានតែគាត់ទេដែលបានប្រព្រឹត្តការអស្ចារ្យបែបនេះ។ ១០ តើនរណាអាចគេចផុតពីការល្បួងនេះបាន? ប្រសិនគាត់មិនវក់នឹងមាសមែន គាត់អាចខ្ពស់មុខបាន។
មានមនុស្សតិចណាស់ ដែលមានឱកាសបំពានលើវិន័យ តែមិនព្រមបំពាន ឬទោះបីជាគេអាចប្រព្រឹតិ្តអំពើបាបក្តី ក៏គេមិនព្រមប្រព្រឹត្តដែរ។ ១១ មនុស្សបែបនេះ នឹងចម្រុងចម្រើនយ៉ាងខ្លាំង ហើយអង្គប្រជុំ នឹងនិយាយរៀបរាប់នូវអំពើល្អដែលគេបានប្រព្រឹត្ត។
អំពីការជប់លៀង
១២ ពេលអ្នកអង្គុយរួមតុជាមួយអ្នកធំ ចូរកុំលាន់មាត់នឹងម្ហូបដ៏ឆ្ងាញ់ទាំងនោះថា «មានម្ហូបច្រើនណាស់!»។
១៣ ចូរនឹកចាំជានិច្ចថា ចិត្តលោភលន់ជាការអាក្រក់ ជាហេតុនាំឲ្យភ្នែកមើលឃើញតែរបស់ដែលខ្លួនចង់បាន។ ពុំមានអ្វីអាក្រក់ជាងភ្នែកទ្បើយ ហេតុនេះហើយបានជាភ្នែកចេះតែយំ។ ១៤ កុំលូកដៃទៅរកម្ហូបដែលអ្នកដទៃចង់បាន ក្រែងប៉ះទង្គិចដៃរបស់គេ។ ១៥ ចូរចេះស្មានចិត្តអ្នកជិតខាង ហើយរិះគិតពិចារណាសិន មុននឹងលូកដៃ។
១៦ អ្វីៗដែលគេលើកជូនអ្នក ចូរបរិភោគដោយសមរម្យ កុំឲ្យគេដៀលថា អ្នកស៊ីដូចជ្រូក។ ១៧ ចូរឈប់បរិភោគឲ្យបានមុនគេ ដើម្បីសម្ដែងថា អ្នកជាមនុស្សមានសុជីវធម៌ កុំបរិភោគហាក់ដូចជាមិនចេះឆ្អែត ដែលនាំឲ្យអ្នកដទៃទាស់ចិត្តនោះទ្បើយ។
១៨ ប្រសិនបើអ្នករួមតុជាមួយមនុស្សជាច្រើន កុំលូកដៃ ឬយកម្ហូបqទៅបរិភោគមុនគេឲ្យសោះ។
១៩ មនុស្សមានសុជីវធម៌តែងស្កប់ចិត្តនឹងរបស់បន្តិចបន្តួច! កាលណាគាត់ចូលដំណេក គាត់ឥតរសាប់រសល់ទេ។
២០ អ្នកបរិភោគដោយចេះប្រមាណ នឹងសម្រាន្ដលក់ស្រួល គាត់ក្រោកពីព្រលឹម ហើយស្រួលខ្លួន។ រីឯមនុស្សល្មោភ តែងតែដេកមិនលក់ ក្អួតចង្អោរ និងចុកពោះជាដើម។
២១ ប្រសិនបើគេបង្ខំឲ្យបរិភោគច្រើនជ្រុល ចូរក្រោកទ្បើងទៅក្អួតឲ្យឆ្ងាយពីគេ នោះកូននឹងបានធូរស្រាល។
២២ ម្នាលកូនអើយ! ចូរស្តាប់ឪពុក! កុំមើលងាយពាក្យរបស់ឪពុកទ្បើយ! ទៅថ្ងៃមុខកូននឹងយល់ពាក្យដែលឪពុកប្រាប់ជាមិនខាន។ ចូរចេះប្រមាណក្នុងគ្រប់កិច្ចការ នោះកូននឹងចៀសផុតពីការឈឺថ្កាត់។
២៣ អ្នកដែលអញ្ជើញភ្ញៀវមកជប់លៀងយ៉ាងអធឹកអធម មុខជាទទួលការសរសើរពីមនុស្សគ្រប់ៗគ្នា ព្រោះគេយល់ឃើញថា គាត់មានចិត្តទូលាយ។ ២៤ ផ្ទុយទៅវិញ អ្នកដែលទទួលភ្ញៀវដោយសំចៃបាយ នឹងត្រូវគេនិយាយដើមពេញទីក្រុងថា គាត់ជាមនុស្សមានចិត្តកំណាញ់។
អំពីស្រា
២៥ ចូរកុំអះអាងថាខ្លួនខ្លាំងជាងស្រា ដ្បិតស្រាបានធ្វើឲ្យមនុស្សជាច្រើនវិនាសអន្តរាយ។
២៦ កម្ដៅរបស់ឡរមែងល្បងលមើលគុណភាពដែក រីឯស្រាក៏ល្បងលមើលចិត្តពួកអ្នកក្រអឺតក្រទម ដែលប្រវាយប្រតប់គ្នាដែរ។
២៧ ស្រាប្រៀបបាននឹងជីវិតសម្រាប់មនុស្សយើង ឲ្យតែយើងបរិភោគដោយចេះប្រមាណ។ បើគ្មានស្រាទេ តើជីវិតរបស់គេសប្បាយដូចម្តេចបាន? ព្រះជាម្ចាស់បង្កើតស្រាតាំងពីដើមដំបូង ដើម្បីធ្វើឲ្យមនុស្សសប្បាយរីករាយ។
២៨ ប្រសិនបើគេបរិភោគស្រា តាមពេលវេលា និងចេះប្រមាណ ស្រានោះបណ្តាលឲ្យមានអារម្មណ៍ល្អ និងចិត្តរីករាយ។
២៩ ផ្ទុយទៅវិញ មនុស្សដែលបរិភោគស្រាជ្រុលបណ្តាលឲ្យអារម្មណ៍ទៅជាកាចសាហាវ រករឿងឈ្លោះប្រកែកគ្នា។
៣០ ការស្រវឹងធ្វើឲ្យមនុស្សខ្វះសុភនិច្ឆ័យកាន់តែមួម៉ៅទ្បើង រហូតដល់បណ្តាលឲ្យមានរឿងដល់ខ្លួន។ ស្រាធ្វើឲ្យគេបាក់កម្លាំង ហើយត្រូវអ្នកដទៃវាយដំថែមទៀតផង។
៣១ ពេលកូនចូលរួមក្នុងពិធីជប់លៀងដែលគេពិសាស្រាច្រើន ចូរកុំស្តីបន្ទោសអ្នកជិតខាង នៅពេលឃើញគេបរិភោគស្រាហួសកំណត់ទ្បើយ ចូរកុំបន្តុះបង្អាប់គេ កុំនិយាយពាក្យដែលធ្វើឲ្យគេខូចចិត្ត កុំបំបាក់មុខគេ ដោយទារប្រាក់ដែលគេជំពាក់កូនឲ្យសោះ។
៣២
កិរិយាមារយាទក្នុងពិធីជប់លៀង
១ ប្រសិនបើគេអញ្ជើញអ្នកឲ្យធ្វើអធិបតីនៃពិធីជប់លៀង កុំវាយប្ញកទ្បើយ! ចូរធ្វើដូចភ្ញៀវធម្មតាក្នុងចំណោមភ្ញៀវឯទៀតៗ។ ចូរអញ្ជើញភ្ញៀវទៅអង្គុយតាមកន្លែងរៀងៗខ្លួន រួចសឹមអង្គុយខ្លួនឯង។ ២ ចូរបំពេញករណីយកិច្ចទាំងអស់របស់ខ្លួនជាមុនសិន រួចសឹមទៅអង្គុយនៅកន្លែងរបស់ខ្លួន ដើម្បីឲ្យអ្នកមានអំណរដោយឃើញភ្ញៀវពេញចិត្ត ហើយឲ្យអ្នកទទួលកម្រងផ្កាដែលជារង្វាន់ ព្រោះអ្នកចាត់ចែងពិធីបានល្អឥតខ្ចោះ។
៣ ប្រសិនបើអ្នកមានវ័យចាស់ជាងគេ អ្នកមានសិទ្ធិនឹងនិយាយ ក៏ប៉ុន្តែ ចូរនិយាយតែអំពីសេចក្តីដែលអ្នកដឹង កុំរំខានដល់ភ្លេងដែលកំពុងលេងទ្បើយ។ ៤ កុំថ្លែងសុន្ទរកថានៅពេលដែលគេកំពុងស្តាប់ភ្លេង និងចម្រៀង កុំលាតត្រដាងប្រាជ្ញារបស់ខ្លួនខុសពេលវេលា។ ៥ ភ្លេងនៅក្នុងពិធីជប់លៀងដែលភ្ញៀវកំពុងពិសាស្រា ប្រៀបដូចជាពេជ្រដែលគេដាំនៅលើចិញ្ចៀនមាស។ ៦ បទភ្លេងកំដរស្រាឆ្ងាញ់ ក៏ប្រៀបដូចជាបន្តោងមរកតជាប់នៅខ្សែកមាសដែរ។
៧ ប្រសិនបើអ្នកនៅក្មេងជាងគេ ហើយបើគេសុំឲ្យនិយាយ ចូរនិយាយចុះ។ ប៉ុន្តែ ត្រូវរង់ចាំគេអង្វរពីរដង សឹមនិយាយ។ ៨ កុំនិយាយវែងពេក គឺត្រូវនិយាយយ៉ាងសង្ខេប ប្រើពាក្យតិចតួចបានហើយ។ ចូរធ្វើដូចជាអ្នកចេះដឹង ក៏ប៉ុន្តែ នៅស្ងៀម។ ៩ កុំវាយឫកក្នុងចំណោមអ្នកធំ កុំនិយាយព្រោកប្រាជ្ញនៅទីណាមានមនុស្សចាស់។ ១០ ផ្លេកបន្ទោរតែងតែមានមុនឮផ្គរលាន់យ៉ាងណា កេរ្ដិ៍ឈ្មោះរបស់មនុស្សស្រគត់ស្រគំក៏ល្បីខ្ទរខ្ទារយ៉ាងនោះដែរ។
១១ ដល់ម៉ោងហើយ ចូរក្រោកទ្បើង កុំបង្អង់ទ្បើយ! ចូររូតរះត្រទ្បប់ទៅផ្ទះវិញ។
១២ នៅផ្ទះ អ្នកអាចលេងសប្បាយតាមអំពើចិត្ត ប៉ុន្តែ កុំប្រព្រឹត្តអំពើបាប ដោយនិយាយអួតបំប៉ោងទ្បើយ។
១៣ ក្រោយមក ចូរអរព្រះគុណព្រះជាម្ចាស់ដែលបានបង្កើតអ្នក ហើយប្រទានព្រះអំណោយរបស់ព្រះអង្គយ៉ាងបរិបូណ៌ដល់អ្នក។
ភាគទីបួន
ការគោរពកោតខ្លាចព្រះជាម្ចាស់
១៤ អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ រមែងទទួលការប្រៀនប្រដៅ។ អ្នកដែលស្វែងរកព្រះអង្គតាំងពីព្រលឹម រមែងទទួលការប្រោសប្រណីពីព្រះអង្គ។ ១៥ អ្នកដែលព្យាយាមសិក្សាគម្ពីរវិន័យ រមែងទទួលព្រះពរយ៉ាងបរិបូណ៌ រីឯអ្នកមានពុតត្បុតវិញ រមែងធ្លាក់ទៅក្នុងអំពើបាប ព្រោះតែវិន័យ។
១៦ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ តែងតែស្គាល់អ្វីដែលសុចរិត អំពើល្អដែលពួកគេប្រព្រឹត្ត នឹងភ្លឺចិញ្ចែងចិញ្ចាច។
១៧ មនុស្សបាបមិនព្រមឲ្យគេស្តីបន្ទោសទេ ហើយតែងតែបកស្រាយគម្ពីរវិន័យ តាមទំនើងចិត្តរបស់ខ្លួន។
១៨ មនុស្សដែលផ្តល់យោបល់ល្អ តែងតែរិះគិតពិចារណា រីឯជនពាល និងជនអួតបំប៉ោង មិនខ្លាចអ្វីសោះទ្បើយ។
១៩ មុនធ្វើការអ្វី ត្រូវគិតពិចារណាឲ្យបានហ្មត់ចត់ជាមុនសិន ធ្វើដូច្នេះ អ្នកនឹងមិនស្តាយក្រោយទ្បើយ។
២០ កុំចូលទៅក្នុងផ្លូវ ដែលមានឧបសគ្គច្រើន ក្រែងជំពប់ជើងនៅកន្លែងរដិបរដុប។
២១ កុំទុកចិត្តផ្លូវរាបស្មើ។
២២ សូម្បីតែជាមួយកូនរបស់ខ្លួនផ្ទាល់ ក៏ត្រូវប្រុងប្រយ័ត្នដែរ។
២៣ ចូរប្រុងប្រយ័ត្នខ្លួនក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ នោះទើបស្របតាមវិន័យរបស់ព្រះជាម្ចាស់។
២៤ អ្នកពឹងផ្អែកលើវិន័យ តែងតែយកចិត្តទុកដាក់កាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ អ្នកផ្ញើជីវិតលើព្រះអម្ចាស់ នឹងមិនខកចិត្តទ្បើយ។
៣៣
១ អ្នកគោរព កោតខ្លាចព្រះអម្ចាស់មិនជួបនឹងទុក្ខលំបាក ហើយគេចផុតពីគ្រោះកាចជានិច្ច។
២ អ្នកប្រាជ្ញមិនស្អប់វិន័យទេ រីឯអ្នកមិនស្មោះត្រង់នឹងវិន័យ ប្រៀបដូចជានាវាដែលត្រូវព្យុះសង្ឃរាបោកបក់។
៣ អ្នកមានប្រាជ្ញាឆ្លាតវាងវៃ តែងតែផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេទុកវិន័យ ដូចពាក្យទំនាយរបស់ព្យាការី។
៤ ប្រសិនបើអ្នកចង់ឲ្យគេស្គាល់អ្នក ចូររៀបចំពាក្យសម្ដីដែលអ្នកត្រូវនិយាយ ដោយប្រមូលគំនិតដែលអ្នកចងចាំទុកក្នុងចិត្តឲ្យហើយសិន រួចចាំឆ្លើយតបទៅគេ។
៥ ចិត្តគំនិតរបស់មនុស្សល្ងីល្ងើប្រៀបដូចជាកង់រទេះ ការត្រិះរិះពិចារណារបស់គេ ក៏តែងតែប្រែប្រួលដូចដុំរទេះ ដែលវិលដែរ។
៦ មិត្តដែលចូលចិត្តចំអកដាក់អ្នកដទៃ ប្រៀបដូចជាសេះបា ដែលស្រែកកញ្ជ្រៀវ រាល់ពេលមានអ្នកថ្មីទ្បើងជិះវា។
មនុស្សមានឋានៈប្លែកពីគ្នា
៧ ក្នុងមួយឆ្នាំៗ ថ្ងៃទាំងអស់ទទួលពន្លឺពីព្រះអាទិត្យដូចគ្នា ចុះហេតុអ្វីបានជាថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀត? ៨ គឺមកពីព្រះអម្ចាស់សព្វព្រះហប្ញទ័យញែកថ្ងៃទាំងនោះឲ្យប្លែកពីគ្នា ដើម្បីកំណត់រដូវ និងពេលវេលាសម្រាប់ពិធីបុណ្យផ្សេងៗ។ ៩ ព្រះអង្គបានលើកថ្ងៃខ្លះជាថ្ងៃដ៏វិសុទ្ធ ហើយចាត់ទុកថ្ងៃឯទៀតជាថ្ងៃធម្មតា។
១០ មនុស្សទាំងអស់សុទ្ធតែកើតពីដី ដូចលោកអដាំ ដែលព្រះអម្ចាស់បានបង្កើតមកពីដីដែរ។ ១១ ប៉ុន្តែ ព្រះអម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណដ៏ភ្លឺស្វាង បានធ្វើឲ្យមនុស្សមានលក្ខណៈខុសពីគ្នា ហើយដើរតាមមាគ៌ាប្លែកពីគ្នា។ ១២ ព្រះអង្គប្រទានពរឲ្យអ្នកខ្លះ និងលើកតម្កើងគេ ព្រះអង្គញែកអ្នកខ្លះឲ្យគោរពបម្រើព្រះអង្គ។ ព្រះអង្គដាក់បណ្តាសា និងបន្ទាបអ្នកខ្លះ ទម្លាក់អ្នកខ្លះចុះពីតំណែង។
១៣ ជាងស្មូនយកដីឥដ្ឋមកច្របាច់ សូនជារូបតាមចិត្តប្រាថ្នារបស់ខ្លួនយ៉ាងណា ព្រះអង្គក៏បង្កើតមនុស្សទាំងឡាយយ៉ាងនោះដែរ។ ព្រះអង្គនឹងកំណត់វាសនាឲ្យពួកគេរៀងៗខ្លួន តាមការសម្រេចរបស់ព្រះអង្គ។ ១៤ អំពើល្អនៅទន្ទឹមនឹងអំពើអាក្រក់ ហើយជីវិតនៅទន្ទឹមនឹងសេចក្តីស្លាប់យ៉ាងណា អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ក៏នៅទន្ទឹមនឹងមនុស្សបាបយ៉ាងនោះដែរ។ ១៥ ហេតុនេះ ចូរពិនិត្យមើលស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្នាព្រះហស្តទាំងនោះនៅទន្ទឹមគ្នាជាគូរៗ ហើយក្នុងគូនីមួយៗមានធាតុពីរផ្ទុយគ្នា។
១៦ ខ្ញុំមកធ្វើការក្រោយគេបង្អស់ ដូចអ្នកសន្សំផ្លែទំពាំងបាយជូរ ដែលអ្នកបេះបានភ្លេចចោលនៅលើដើម។ ១៧ ប៉ុន្តែ ព្រះជាម្ចាស់ប្រទានពរខ្ញុំ ខ្ញុំក៏បានប្រមូលផ្លែយកមកដាក់ពេញធុងសម្រាប់គាបផ្លែទំពាំងបាយជូររបស់ខ្ញុំ ដូចអ្នកឯទៀតៗដែរ។
១៨ សូមគិតមើល! ខ្ញុំពុំបាននឿយហត់សម្រាប់តែខ្លួនខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលស្វែងរកការប្រៀនប្រដៅដែរ។
ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន
១៩ អស់លោកជាឥស្សរជនអើយ សូមត្រងត្រាប់ស្តាប់ខ្ញុំ! អស់លោកជាអ្នកដឹកនាំសហគមន៍អើយ សូមយកចិត្តទុកដាក់ស្តាប់ខ្ញុំ! ២០ អស់មួយជីវិត សូមកុំបណ្តោយឲ្យកូន ភរិយា បងប្អូន ឬមិត្តសម្លាញ់ មានអំណាចលើអ្នកទ្បើយ ហើយក៏កុំប្រគល់ទ្រព្យសម្បត្តិរបស់អ្នក ឲ្យមនុស្សដទៃដែរ ក្រែងអ្នកនឹកស្តាយក្រោយ ហើយបែរជាទៅទាមទារទ្រព្យនោះមកវិញ។
២១ ដរាបណាអ្នកនៅមានជីវិត កុំបណ្តោយឲ្យនរណាម្នាក់មានអំណាចលើអ្នកទ្បើយ។
២២ បើកូនរបស់អ្នកសុំអ្វីពីអ្នក ប្រសើរជាងអ្នកសុំអ្វីពីកូន។
២៣ ចូរធ្វើជាម្ចាស់ ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ ដើម្បីកុំឲ្យបាត់បង់កិតិ្តយសរបស់ខ្លួនទ្បើយ។
២៤ នៅថ្ងៃអ្នកជិតខាងផុតជីវិត គឺថ្ងៃចុងក្រោយបំផុតរបស់អ្នក ចូរចែកមត៌ករបស់ខ្លួនឲ្យគេចុះ។
អំពីទាសករ
២៥ ស្មៅ រំពាត់ និងបន្ទុកធ្ងន់ៗ ជាចំណែករបស់លា រីឯអាហារ ការវាយប្រដៅ និងការងារជាចំណែករបស់អ្នកបម្រើ។
២៦ ប្រសិនបើអ្នកប្រើអ្នកបម្រើទាំងវាយប្រដៅ អ្នកមុខជាបានសេចក្តីសុខ។ ប្រសិនបើអ្នកឲ្យគេធ្វើតាមទំនើងចិត្ត គេនឹងរកឱកាសលួចរត់។
២៧ ដើម្បីឲ្យគោចុះចូល គេប្រើនឹម និងខ្សែព្រ័ត ហើយដើម្បីឲ្យអ្នកបម្រើអាក្រក់ស្តាប់បង្គាប់ គេតែងតែប្រើទារុណកម្ម និងរំពាត់។
២៨ ចូរជំរុញខ្ញុំបម្រើឲ្យធ្វើការ ដើម្បីកុំឲ្យគេនៅទំនេរ។ ២៩ ដ្បិតជនដែលនៅទំនេររមែងប្រព្រឹត្តអំពើអាក្រក់។
៣០ ចូរប្រើអ្នកបម្រើឲ្យធ្វើការតាមកម្លាំងរបស់គេ ប្រសិនបើគេមិនស្តាប់បង្គាប់ទេ ចូរដាក់ច្រវាក់ចងជើងគេ ប៉ុន្តែ ចំពោះនរណាក៏ដោយកុំតឹងរ៉ឹងពេក គឺកុំធ្វើអ្វីផ្ទុយនឹងយុត្តិធម៌ឲ្យសោះ។
៣១ ប្រសិនបើអ្នកមានខ្ញុំបម្រើតែម្នាក់ ចូរចាត់ទុកគេដូចបងប្អូនបង្កើត ព្រោះអ្នកត្រូវការគេ ដូចត្រូវការជីវិតរបស់ខ្លួនផ្ទាល់ដែរ។ ៣២ ប្រសិនបើអ្នកធ្វើបាបគេ ហើយគេលួចរត់បាត់ទៅ។ ៣៣ តើអ្នកទៅរកគេនៅឯណា?។
៣៤
អំពីការយល់សប្តិ
១ សេចក្តីសង្ឃឹមឥតខ្លឹមសារ រមែងបោកបញ្ឆោតមនុស្សល្ងីល្ងើ រីឯការយល់សប្តិក៏រមែងធ្វើឲ្យមនុស្ស ដែលគ្មានសុភនិច្ឆ័យស្មានថាខ្លួនអាចធ្វើអ្វីបានតាមអំពើចិត្តដែរ។
២ អ្នកយកចិត្តទុកដាក់នឹងការយល់សប្តិ ហាក់ដូចជាចង់ចាប់ស្រមោល ឬដេញតាមខ្យល់។
៣ ពេលយល់សប្តិ មនុស្សយើងបានឃើញតែស្រមោលប៉ុណ្ណោះ គឺដូចជាឃើញមុខនៅក្នុងកញ្ចក់។
៤ តើអ្វីដ៏បរិសុទ្ធ អាចចេញពីអ្វីដែលមិនបរិសុទ្ធដូចម្តេចបាន? តើសេចក្តីពិត អាចចេញពីការភូតកុហកដូចម្តេចកើត?
៥ ការទស្សន៍ទាយ ប្រផ្នូល ការយល់សប្តិ សុទ្ធតែឥតខ្លឹមសារទាំងអស់ ដូចគំនិតរវើរវាយរបស់ស្រ្តីដែលឈឺចាប់ក្នុងពេលកំពុងសម្រាលកូន។
៦ កុំយកចិត្តទុកដាក់នឹងសុបិន លើកលែងតែសុបិននោះមកពីព្រះដ៏ខ្ពង់ខ្ពស់បំផុត។
៧ សុបិនបណ្តាលឲ្យមនុស្សជាច្រើនវង្វេង អស់អ្នកដែលជឿលើសុបិនទាំងនោះ តែងតែខកចិត្តជាខ្លាំង។
៨ វិន័យដ៏ពេញលក្ខណៈមិនជាប់ពាក់ព័ន្ធនឹងការបោកបញ្ឆោតទាំងនេះទេ រីឯព្រះប្រាជ្ញាញាណដែលអ្នកជឿថ្លែង បានពេញលក្ខណ: ដោយមិនជាប់ពាក់ព័ន្ធនឹងការបោកបញ្ឆោតទាំងនេះដែរ។
អំពីការធ្វើដំណើរ
៩ អ្នកធ្វើដំណើរច្រើនក៏រៀនបានច្រើន។ អ្នកដែលមានការពិសោធជាច្រើន ក៏មានយោបល់ដ៏ឈ្លាសវៃដែរ។
១០ អ្នកគ្មានបទពិសោធ យល់ដឹងតែបន្តិចបន្តួចប៉ុណ្ណោះ។
១១ រីឯអ្នកដែលតែងតែធ្វើដំណើរច្រើន រមែងបង្កើតការប៉ិនប្រសប់។
១២ ពេលធ្វើដំណើរ ខ្ញុំបានឃើញអ្វីៗជាច្រើន ខ្ញុំក៏យល់សេចក្តីច្រើន ជាងសេចក្តីដែលខ្ញុំអាចនិយាយបានទៅទៀត។
១៣ ខ្ញុំជួបប្រទះនឹងគ្រោះថ្នាក់ដល់ជីវិតជាញឹកញយ ប៉ុន្តែ ខ្ញុំដោះខ្លួនរួចដោយសារការពិសោធរបស់ខ្ញុំ។
ការគោរពកោតខ្លាចព្រះជាម្ចាស់
១៤ អ្នកគោរពកោតខ្លាចព្រះអម្ចាស់នឹងមានអាយុយឺនយូរ។ ១៥ ព្រោះគេផ្ញើជីវិតលើព្រះសង្គ្រោះរបស់ខ្លួន។ ១៦ អ្នកគោរពកោតខ្លាចព្រះអម្ចាស់មិនខ្លាចអ្វីទ្បើយ គេមិនភ័យពីអ្វីសោះ ព្រោះគេសង្ឃឹមលើព្រះអង្គ។
១៧ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ពិតជាមានសុភមង្គលហើយ! ១៨ តើអ្នកនោះពឹងផ្អែកលើនរណា? តើនរណាជាអ្នកគាំទ្រគេ?។
១៩ ព្រះអម្ចាស់តែងតែទតមើលអស់អ្នកដែលស្រឡាញ់ព្រះអង្គ ព្រះអង្គធ្វើជាខែលដ៏មានមហិទិ្ធប្ញទិ្ធ ជាបង្អែកដ៏រឹងមាំ ជាជម្រកការពារខ្យល់ក្តៅ ជាម្លប់ដ៏ត្រជាក់ ក្រោមកម្ដៅថ្ងៃត្រង់ ព្រះអង្គរក្សាការពារគេក្នុងគ្រប់ឧបសគ្គ ហើយជួយគេមិនឲ្យរលំដួលទ្បើយ។
២០ ព្រះអង្គលើកទឹកចិត្តគេ និងធ្វើឲ្យភ្នែកគេភ្លឺ ព្រះអង្គប្រោសឲ្យគេបានជាសះស្បើយ ព្រមទាំងប្រទានជិវិត និងព្រះពរ។
អំពីការគោរពប្រណិប័តន៍ ព្រះជាម្ចាស់ដ៏ស្មោះត្រង់
២១ ប្រសិនបើអ្នកយកសត្វ ដែលខ្លួនរកបានដោយអយុត្តិធម៌មកធ្វើជាយញ្ញបូជា ក៏ដូចជាមើលងាយព្រះជាម្ចាស់ដែរ។
២២ ព្រះអង្គមិនសព្វព្រះហប្ញទ័យទទួលតង្វាយរបស់មនុស្ស ដែលបំពានវិន័យឡើយ។
២៣ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនគាប់ព្រះហប្ញទ័យនឹងតង្វាយរបស់ជនពាលទេ ព្រះអង្គក៏មិនលើកលែងទោសពួកគេឲ្យរួចពីបាប តាមចំនួនយញ្ញបូជានោះដែរ។
២៤ អ្នកដែលកេងប្រវ័ញ្ចទ្រព្យរបស់ជនក្រខ្សត់យកមកថ្វាយជាយញ្ញបូជា ហាក់ដូចជាអារកកូននៅមុខឪពុក។
២៥ អាហារជាអាយុជីវិតរបស់ជនក្រខ្សត់ អ្នកដកហូតអាហារពីគេ គឺជាឃាតក។
២៦ អ្នកដែលរឹបអូសយកឧបករណ៍ចិញ្ចឹមជីវិតរបស់អ្នកដទៃ ក៏ដូចសម្លាប់គេដែរ។
២៧ អ្នកដែលមិនឲ្យប្រាក់ឈ្នួលដល់កូនឈ្នួល ក៏ដូចជាបង្ហូរឈាមគេដែរ។
២៨ បើម្នាក់អ្នកសង់ ហើយម្នាក់ទៀតជាអ្នកបំផ្លាញ បានសេចក្តីថា អ្នកទាំងពីរគ្មានចំណេញអ្វីក្រៅពីការនឿយហត់ទ្បើយ។
២៩ បើម្នាក់ទូលអង្វរព្រះអម្ចាស់ ហើយម្នាក់ទៀតប្រទេចផ្តាសា ក្នុងចំណោមអ្នកទាំងពីរ តើព្រះអង្គព្រះអង្គព្រះសណ្តាប់នរណាមួយ?។
៣០ អ្នកជម្រះខ្លួនឲ្យបរិសុទ្ធ ក្រោយពីបានប៉ះសាកសពរួច បើគេប៉ះសាកសពម្តងទៀត តើពិធីជ្រមុជទឹកដើម្បីជម្រះកាយបានប្រយោជន៍អ្វី?។
៣១ អ្នកតមអាហារ ដើម្បីសុំព្រះជាម្ចាស់លើកលែងទោសរំដោះបាប រួចបែរទៅប្រព្រឹត្តអំពើបាបដដែល តើនរណានឹងស្តាប់ពាក្យអង្វររបស់គាត់? តើគាត់តមអាហារធ្វើអ្វី?
៣៥
១ អ្នកដែលគោរពប្រតិបត្តិតាមវិន័យ ក៏ដូចជាបានថ្វាយតង្វាយជាច្រើនអនេកដល់ព្រះអម្ចាស់។
២ អ្នកដែលជាប់ជំពាក់ចិត្តនឹងវិន័យ ក៏ដូចជាបានថ្វាយយញ្ញបូជាមេត្រីភាពដែរ។
៣ អ្នកដឹងគុណក៏ដូចជាបានថ្វាយតង្វាយម្សៅសុទ្ធ។
៤ អ្នកចែកទានឲ្យគេ ក៏ដូចជាបានថ្វាយសក្ការបូជា ដើម្បីសរសើរតម្កើង។
៥ អ្នកណាងាកចេញពីអំពើអាក្រក់ អ្នកនោះនឹងបានគាប់ព្រះហប្ញទ័យព្រះអម្ចាស់ រីឯអ្នកដែលឃ្លាតឆ្ងាយពីអំពើទុច្ចរិត ក៏ដូចជាបានថ្វាយយញ្ញបូជា ដើម្បីឲ្យរួចពីបាបដែរ។
៦ ប៉ុន្តែ សូមកុំមកថ្វាយបង្គំព្រះជាម្ចាស់ដោយដៃទទេទ្បើយ ៧ ដ្បិតព្រះអង្គបានបញ្ជា ឲ្យថ្វាយសក្ការបូជាទាំងនោះផងដែរ។
៨ តង្វាយរបស់មនុស្សសុចរិតពិតជាតង្វាយពេញលក្ខណៈ មានក្លិនឈ្ងុយឈ្ងប់ ដែលហុយទ្បើងទៅដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
៩ សក្ការបូជារបស់មនុស្សសុចរិតរមែងគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គមិនបំភ្លេចតង្វាយដែលគេដុតលើអាសនៈទ្បើយ។
១០ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយចិត្តទូលាយ កុំមានចិត្តចង្អៀតចង្អល់នៅពេលថ្វាយផលផ្លែដំបូងនៃកិច្ចការរបស់ខ្លួន។
១១ ពេលអ្នកថ្វាយតង្វាយ ចូរសម្ដែងទឹកមុខរីករាយ ចូរថ្វាយតង្វាយមួយភាគដប់ដោយអំណរ។
១២ ចូរថ្វាយតង្វាយចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុតតាមព្រះអំណោយទានរបស់ព្រះអង្គ ចូរមានចិត្តទូលាយតាមកម្លាំងធនធានរបស់អ្នក ១៣ ដ្បិតព្រះអម្ចាស់តែងតែសងវិញមួយជាប្រាំពីរពុំខាន។
១៤ កុំប្រើតង្វាយ ដើម្បីទិញយកការអនុគ្រោះពីព្រះអង្គទ្បើយ ដ្បិតព្រះអង្គមិនព្រមទទួលសំណូកពីនរណាទេ។
១៥ កុំពឹងលើសក្ការបូជាដ៏ទុច្ចរិត ដ្បិតព្រះអម្ចាស់ជាចៅក្រម ព្រះអង្គវិនិច្ឆ័យ ដោយមិនរើសមុខ។
១៦ ព្រះអង្គមិនធ្វើឲ្យខូច ប្រយោជន៍របស់អ្នកក្រខ្សត់ ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់អ្នកដែលត្រូវគេសង្កត់សង្កិន។
១៧ ព្រះអង្គមិនដែលព្រងើយកន្តើយ នឹងក្មេងកំព្រា ព្រមទាំងពាក្យត្អូញត្អែររបស់ស្រ្តីមេម៉ាយទេ។ ១៨ ទឹកភ្នែកហូរនៅលើថ្ពាល់ ១៩ និងសម្រែករបស់នាង រមែងចោទប្រកាន់ជនដែលធ្វើឲ្យនាងយំស្រែកដូច្នេះ។
២០ អ្នកគោរពបម្រើព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត ពិតជាគាប់ព្រះហប្ញទ័យព្រះអង្គ ហើយពាក្យសុំរបស់គេនឹងទ្បើងទៅដល់ព្រះអង្គ។
២១ ពាក្យអង្វររបស់មនុស្សទន់ទាប ពិតជារសាត់ទៅដល់ស្ថានបរមសុខ។ បើព្រះអម្ចាស់មិនឆ្លើយតបទេ គេមិនព្រមឈប់ព្រួយទ្បើយ គេនៅតែទទូចអង្វរឥតឈប់ឈរ ទាល់តែព្រះដ៏ខ្ពង់ខ្ពស់បំផុតអាណិតគេ។ ២២ ព្រះអង្គវិនិច្ឆ័យ និងរកយុត្តិធម៌ឲ្យគេ។ ព្រះអម្ចាស់មិនបង្អែបង្អង់ទេ ព្រះអង្គគ្មានព្រះហប្ញទ័យអត់ធ្មត់ ចំពោះជនដែលធ្វើបាបមនុស្សសុចរិតទ្បើយ ព្រះអង្គបំបាក់ខ្នងរបស់ជនទាំងនោះឥតត្រាប្រណី។
២៣ ព្រះអង្គនឹងសងសឹកដាក់ទោសប្រជាជាតិនានា ព្រះអង្គដកមហាជនព្រហើនចេញ ហើយកម្ទេចអំណាចរបស់ជនទុច្ចរិតទាំងនោះ។
២៤ ព្រះអង្គនឹងប្រទានរង្វាន់ឲ្យមនុស្សស្របតាមអំពើដែលគេប្រព្រឹត្ត ព្រះអង្គក៏វិនិច្ឆ័យកិច្ចការរបស់មនុស្ស តាមចិត្តគំនិតរបស់គេដែរ។
២៥ នៅទីបំផុត ព្រះអង្គនឹងរកយុត្តិធម៌ឲ្យប្រជារាស្រ្តរបស់ព្រះអង្គ ព្រះអង្គប្រោសប្រទានឲ្យគេបានអំណរសប្បាយ ដោយព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ។
២៦ នៅពេលមានអាសន្ន មនុស្សម្នារង់ចាំព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ ដូចគេរង់ចាំទឹកភ្លៀង នៅពេលរាំងស្ងួតដែរ។
៣៦
ពាក្យអង្វរសូមព្រះអម្ចាស់រំដោះប្រជាជនអ៊ីស្រាអែល
១ ឱព្រះអម្ចាស់ ជាចៅហ្វាយលើពិភពទាំងមូលអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!។
២ សូមធ្វើឲ្យប្រជាជាតិទាំងអស់កោតខ្លាចព្រះអង្គ។
៣ សូមលើកព្រះហស្តប្រហារជាតិសាសន៍នានាដើម្បីឲ្យពួកគេស្គាល់ប្ញទ្ធិបារមីរបស់ព្រះអង្គ។
៤ ព្រះអង្គបានសម្ដែងឲ្យពួកគេស្គាល់ថា ព្រះអង្គជាព្រះដ៏វិសុទ្ធ ដោយដាក់ទោសយើងខ្ញុំយ៉ាងណា សូមសម្ដែងឲ្យយើងខ្ញុំដឹងថា ព្រះអង្គមានភាពថ្កុំថ្កើងដោយដាក់ទោសពួកគេយ៉ាងនោះដែរ។
៥ បពិត្រព្រះអម្ចាស់! សូមឲ្យពួកគេទទួលស្គាល់ថា គ្មានព្រះឯណាក្រៅពីព្រះអង្គទ្បើយ ដូចយើងខ្ញុំបានទទួលស្គាល់ព្រះអង្គដែរ។
៦ សូមព្រះអង្គសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងប្ញទ្ធិបាដិហាយ៍សាជាថ្មីវិញ។
៧ សូមសម្ដែងសិរីរុងរឿងនៃព្រះបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ ឲ្យមនុស្សលោកកោតសរសើរផង!
៨ សូមព្រះអង្គខ្ញាល់ ហើយជះព្រះពិរោធទៅលើពួកគេ។
៩ សូមបំផ្លាញអ្នកប្រឆាំង សូមកម្ទេចខ្មាំងសត្រូវឲ្យវិនាសសូន្យ!
១០ សូមឲ្យពេលចុងក្រោយបំផុតឆាប់មកដល់ សូមព្រះអង្គកុំភ្លេចពេលកំណត់។ ពេលនោះ មនុស្សម្នានឹងរៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ។
១១ សូមឲ្យភ្លើងនៃព្រះពិរោធឆាបឆេះអ្នកដែលរត់គេចរួច! សូមឲ្យអស់អ្នកដែលធ្វើបាបប្រជារាស្រ្តរបស់ព្រះអង្គ ត្រូវវិនាសអន្តរាយផង!
១២ សូមវាយបំបែកក្បាលមេដឹកនាំរបស់សត្រូវដែលពោលថា «ក្រៅពីយើង គ្មាននរណាមានសារសំខាន់ទ្បើយ»។ ១៣ សូមព្រះអង្គប្រមែប្រមូលកុលសម្ព័ន្ធ*ទាំងប៉ុន្មាននៃពូជពង្សរបស់លោកយ៉ាកុប។
១៤ សូមប្រោសប្រទានឲ្យពួកគេកាន់កាប់ទឹកដីជាចំណែកមត៌ករបស់ខ្លួន ដូចកាលពីដើម។
១៥ បពិត្រ ព្រះអម្ចាស់! សូមអាណិតអាសូរប្រជាជនដែលគោរពព្រះនាមព្រះអង្គ គឺប្រជាជនអ៊ីស្រាអែល ដែលព្រះអង្គបានចាត់ទុកជាបុត្រច្បងរបស់ព្រះអង្គ។
១៦ សូមអាណិតមេត្តាដល់ក្រុងដែលមានទីសក្ការៈរបស់ព្រះអង្គ គឺក្រុងយេរូសាទ្បឹមដែលជាព្រះដំណាក់របស់ព្រះអង្គ។
១៧ សូមឲ្យមនុស្សម្នាក្នុងក្រុងស៊ីយ៉ូនរៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ សូមឲ្យព្រះវិហាររបស់ព្រះអង្គបានពោរពេញ ដោយសិរីរុងរឿងរបស់ព្រះអង្គ។
១៨ សូមព្រះអង្គផ្តល់សក្ខីភាពថា អ៊ីស្រាអែលដែលព្រះអង្គបានបង្កើតកាលពីដំបូងបង្អស់ ពិតជាប្រជារាស្រ្តរបស់ព្រះអង្គ។ សូមសម្រេចតាមព្រះបន្ទូលសន្យា ដែលអស់លោកព្យាការីបានថ្លែងក្នុងព្រះនាមព្រះអង្គ។
១៩ សូមប្រទានរង្វាន់តាមព្រះបន្ទូលសន្យាឲ្យអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ ដើម្បីឲ្យគេជឿថា សេចក្តីដែលព្យាការីថ្លែងពិតជាត្រឹមត្រូវមែន។
២០ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ ជាអ្នកបម្រើព្រះអង្គ តាមព្រះហប្ញទ័យប្រោសប្រណី ចំពោះប្រជារាស្រ្តរបស់ព្រះអង្គផង។ ដូច្នេះ មនុស្សទាំងអស់នៅលើផែនដី នឹងទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ដែលគង់នៅអស់កល្បជានិច្ចមែន។
អំពីការរិះគិតពិចារណា
២១ ក្រពះទទួលយកអាហារបានគ្រប់យ៉ាង។ ប៉ុន្តែ អាហារខ្លះមានរសជាតិឆ្ងាញ់ជាងអាហារឯទៀតៗ។
២២ មាត់រមែងដឹងរសជាតិសាច់សត្វ ដែលគេបរបាញ់យកមកធ្វើម្ហូបយ៉ាងណា អ្នកឆ្លាតវាងវៃរមែងដឹងពាក្យភូតភរយ៉ាងនោះដែរ។
២៣ អ្នកមានចិត្តវៀចវេររមែងបង្កទំនាស់ អ្នកមានបទពិសោធក៏រមែងតែងតែមានទំនាស់នឹងគេដែរ។
អំពីការជ្រើសរើសភរិយា
២៤ ស្រ្តីត្រូវតែទទួលយកស្វាមី ដែលគេផ្សំផ្គុំឲ្យនាង ប៉ុន្តែ បុរសយល់ថា មានស្រ្តីខ្លះប្រសើរជាងស្រ្តីឯទៀតៗ។
២៥ សម្រស់ភរិយារមែងធ្វើឲ្យស្វាមីរបស់នាងមានមុខរីករាយ ស្វាមីមិនប៉ងប្រាថ្នាចង់បានអ្វីប្រសើរជាងនេះទៀតទ្បើយ។
២៦ ប្រសិនបើនាងចេះនិយាយស្ដីយ៉ាងសុភាពរាបសា និងទន់ភ្លន់ថែមទៀតនោះ ស្វាមីរបស់នាងពិតជាត្រេកអរសប្បាយលើសគេទាំងពួង។ ២៧ អ្នកយកភរិយា ដូចជាបានអ្វីម៉្យាងដ៏ប្រសើរបំផុត គឺបានមនុស្សម្នាក់មកធ្វើជាគ្នា និងជាបង្អែកដ៏រឹងមាំផង។
២៨ ទីណាគ្មានរបង ចោរប្លន់រឹបអូសយកទ្រព្យនៅទីនោះបានដោយងាយ។ ទីណាគ្មានស្រ្តី បុរសដែលនៅ ទីនោះរមែងតែងតែអភ័ព្វ ដើរដោយគ្មានទីដៅ។
២៩ គ្មានអ្នកណាទុកចិត្តលើចោរ ដែលមានកលល្បិច ចេះតែត្រាច់ចរពីក្រុងមួយទៅក្រុងមួយទេ! យ៉ាងណាមិញ បុរសដែលគ្មានផ្ទះពិតប្រាកដ យប់កន្លែងណា សម្រាកនៅកន្លែងនោះ។
៣៧
អំពីមិត្តសម្លាញ់
១ មនុស្សគ្រប់ប្រភេទ តែងពោលថា៖ «ខ្ញុំក៏ជាមិត្តរបស់អ្នកដែរ!»។ ប៉ុន្តែ អ្នកខ្លះជាមិត្តតែមាត់ប៉ុណ្ណោះ។
២ ពេលណាមិត្តជិតស្និទ្ធក្លាយទៅជាសត្រូវ ពេលនោះ នឹងកើតទុក្ខស្ទើរតែស្លាប់ខ្លួន!។
៣ តើការលំអៀងរបស់មនុស្ស ដែលនាំឲ្យប្រព្រឹត្តអំពើអាក្រក់ មានប្រភពពីណា? ការលំអៀងអាក្រក់នេះ បណ្តាលឲ្យមានការបោកបញ្ឆោតនៅលើផែនដីទាំងមូល។
៤ មានអ្នកខ្លះធ្លាប់សប្បាយរួមជាមួយមិត្តសម្លាញ់របស់ខ្លួន ប៉ុន្តែ នៅពេលមានអាសន្ន បែរជាប្រឆាំងនឹងគេវិញ។
៥ មានអ្នកខ្លះជួយរំលែកទុក្ខព្រួយមិត្តសម្លាញ់របស់ខ្លួន ដរាបណាមិត្តនោះចិញ្ចឹមគេ លុះដល់ពេលត្រូវប្រយុទ្ធ គេកាន់ខែលការពារខ្លួន។
៦ កុំភ្លេចមិត្តសម្លាញ់របស់ខ្លួន ក្នុងពេលប្រយុទ្ធ ចូរនឹកគិតដល់គេ នៅពេលទទួលជយភណ្ឌ។
អំពីអ្នកផ្តល់យោបល់
៧ ទីប្រឹក្សាណាក៏តែងតែអួតថា យោបល់របស់ខ្លួនប្រសើរជាងគេដែរ ប៉ុន្តែ មានទីប្រឹក្សាខ្លះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។
៨ កុំទុកចិត្តអ្នកដែលផ្តល់យោបល់ទ្បើយ។ ចូរដឹងជាមុនថា តើគាត់ត្រូវការអ្វី ដ្បិតគាត់ធ្វើគម្រោងការ ដើម្បីជាប្រយោជន៍របស់គាត់ ក្រែងលោគាត់យកសម្បត្តិរបស់កូន។
៩ ពេលគាត់ពោលថា៖ «អ្នកប្រព្រឹត្តដូច្នេះល្អហើយ!» រួចគាត់នៅឆ្ងាយពីយើង ដើម្បីមើលថា តើមានកើតអ្វីចំពោះកូន។
១០ កុំសួរយោបល់ពីអ្នកដែលមិនចង់ឲ្យកូនបានលើសគេ ចូរលាក់គម្រោងការចំពោះពួកអ្នកដែលច្រណែននឹងកូន។
១១ កុំសួរយោបល់ស្រ្តីម្នាក់ អំពីប្រពន្ធចុងរបស់ប្តីទ្បើយ កុំសួរយោបល់មនុស្សកំសាកក្នុងការធ្វើសង្គ្រោម កុំសួរយោបល់ឈ្មួញអំពីការលក់ដូរ កុំសួរយោបល់អ្នកទិញ ពីតម្លៃដែលកូនចង់លក់។ កុំសួរយោបល់អ្នកដែលតែងតែច្រណែនឈ្នានីស អំពីការដឹងគុណ កុំសួរយោបល់មនុស្សឥតមេត្តា អំពីសេចក្តីសប្បុរស កុំសួរយោបល់មនុស្សខ្ជិលច្រអូសអំពីការងារ។ កុំសួរយោបល់កូនឈ្នួលដែលទទួលប្រាក់សម្រាប់មួយឆ្នាំ អំពីពេលធ្វើកិច្ចការរបស់ខ្លួន កុំសួរយោបល់អ្នកបម្រើកម្ជិល អំពីកិច្ចការដ៏ធំដុំទ្បើយ!។ កុំពឹងផ្អែកលើយោបល់របស់អ្នកទាំងនោះឲ្យសោះ!។
១២ ផ្ទុយទៅវិញ ចូរឧស្សាហ៍នៅជាមួយអ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមនុស្សដែលកូនដឹងថា គេកាន់តាមវិន័យទាំងឡាយ ហើយមានចិត្តគំនិតដូចកូនដែរ។ ប្រសិនបើកូនបរាជ័យ គាត់នឹងជួយរំលែកទុក្ខកូនមិនខាន។
១៣ ចូរទុកចិត្តលើគម្រោងការ ដែលផុសចេញពីក្នុងចិត្តរបស់ខ្លួន ដ្បិតគ្មាននរណាស្មោះត្រង់នឹងកូន ជាងខ្លួនកូនទ្បើយ។
១៤ ធម្មតា សតិសម្បជញ្ញៈ តែងតែធ្វើឲ្យមនុស្សភ្ញាក់រលឹក ប្រសើរជាងមានអ្នកយាមប្រាំពីរនាក់ ដែលចាំឃ្លាំមើលនៅទីខ្ពស់។
១៥ ប៉ុន្តែ ជាពិសេស សូមអង្វរព្រះដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គនាំកូនតាមមាគ៌ានៃសេចក្តីពិត។
ប្រាជ្ញាដ៏ពិតប្រាកដ
១៦ មុននឹងចាប់ផ្តើមធ្វើកិច្ចការអ្វីមួយ ចូរពិភាក្សាគ្នាសិន។ មុននឹងធ្វើអ្វីមួយ ចូររិះគិតពិចារណាជាមុនដែរ។
១៧ គំនិតតែងតែដុះចេញពីក្នុងចិត្ត។
១៨ ចិត្តអាចបណ្តុះមែកធាងបួនយ៉ាងគឺ អំពើល្អ និងអំពើអាក្រក់ជីវិត និងសេចក្តីស្លាប់។ ប៉ុន្តែ មានតែអណ្តាតប៉ុណ្ណោះដែលសម្រេចកិច្ចការជានិច្ច។
១៩ មានអ្នកខ្លះពូកែអប់រំមនុស្សជាច្រើន ប៉ុន្តែ ចំពោះខ្លួនឯង ឥតបានការទាល់តែសោះ។
២០ អ្នកខ្លះមានវោហារទាល់តែគេស្អប់ ហើយគេក៏មិនព្រមចែកអាហារឲ្យគាត់ដែរ។
២១ ព្រះអម្ចាស់ ពុំប្រទានឲ្យគេពេញចិត្តនឹងគាត់ទេ ដ្បិតគាត់ខ្វះប្រាជ្ញាគ្រប់យ៉ាង។
២២ អ្នកខ្លះប្រើប្រាជ្ញា សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន គេតែងតែទាញយកផលពីប្រាជ្ញាដ៏ឆ្លាតវាងវៃរបស់គេ ដើម្បីជាប្រយោជន៍របស់ខ្លួនគេផ្ទាល់។
២៣ អ្នកមានប្រាជ្ញារមែងតែងតែអប់រំ ប្រជាជនរបស់ខ្លួន។ មនុស្សម្នាតែងតែទទួលផលពីប្រាជ្ញារបស់គាត់ដែរ។
២៤ អ្នកមានប្រាជ្ញារមែងតែងតែទទួលពរយ៉ាងបរិបូណ៍ អស់អ្នកដែលឃើញគាត់តែងតែពោលថា គាត់មានអំណរសប្បាយ។
២៥ គេអាចរាប់ចំនួនថ្ងៃនៃជីវិតរបស់មនុស្សម្នាក់បាន ប៉ុន្តែ គេមិនអាចរាប់ចំនួនថ្ងៃនៃប្រជាជនអ៊ីស្រាអែលទ្បើយ។
២៦ អ្នកមានប្រាជ្ញា តែងទទួលការទុកចិត្តពីប្រជាជន ហើយឈ្មោះរបស់គាត់ នឹងស្ថិតនៅជារៀងរហូត។
អំពីការចេះប្រមាណ
២៧ កូនអើយ! ចូរពិសោធមើលចិត្តរបស់ខ្លួនអស់មួយជីវិតចុះ ចូរស្គាល់នូវអ្វីដែលអាក្រក់សម្រាប់កូន ហើយចូរបោះបង់ឲ្យឆ្ងាយពីកូន។
២៨ ដោយសារអ្វីៗ ទាំងអស់មិនមែនសុទ្ធតែមានប្រយោជន៍ដល់មនុស្សទាំងអស់ទេ ហើយមនុស្សក៏មិនពេញចិត្តនឹងអ្វីៗទាំងអស់នោះដែរ។
២៩ ចូរកូនចេះប្រមាណ អំពីការសប្បាយគ្រប់យ៉ាង កុំធ្វើដូចជាអ្នកអត់ឃ្លាន ដែលស្រវារកម្ហូបអាហារនោះឡើយ។
៣០ ដ្បិតបរិភោគអាហារច្រើន បណ្តាលឲ្យកើតជំងឺ ហើយការបរិភោគច្រើនហួសហេតុ ក៏បណ្តាលឲ្យក្អួតចង្អោរដែរ។
៣១ មនុស្សជាច្រើនស្លាប់ ព្រោះបរិភោគច្រើនហួស រីឯអ្នកប្រុងប្រយ័ត្ន រមែងធ្វើឲ្យខ្លួនមានអាយុវែង។
៣៨
អំពីគ្រូពេទ្យ និងជំងឺ
១ ចូរគោរពគ្រូពេទ្យដែលព្យាបាលកូន ព្រោះព្រះអម្ចាស់បានបង្កើតគាត់ដែរ។
២ គាត់អាចមើលអ្នកជំងឺជាបាន ដោយសារព្រះដ៏ខ្ពង់ខ្ពស់បំផុត។ គាត់ក៏ទទួលអំណោយពីព្រះរាជាដែរ។
៣ ចំណេះរបស់គ្រូពេទ្យ ធ្វើឲ្យគាត់ខ្ពស់មុខ មនុស្សម្នាក៏ស្ងើចសរសើរគាត់ ដូចសរសើរលោកធំដែរ។
៤ ព្រះអម្ចាស់បានបង្កើតថ្នាំ ដែលគេយកពីធម្មជាតិ។ អ្នកមានសុភនិច្ឆ័យ មិនមើលងាយថ្នាំទាំងនោះទេ។
៥ យើងដឹងច្បាស់ថា លោកម៉ូសេធ្វើទឹកភ្លាវឲ្យទៅជាសាប ដោយសារឈើមួយកំណាត់ ដើម្បីបង្ហាញពីគុណភាពរបស់ឈើ។
៦ ព្រះជាម្ចាស់បានប្រទានចំណេះដឹងឲ្យមនុស្ស ដើម្បីឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ពីស្នាព្រះហស្តដ៏អស្ចារ្យនេះ។
៧ គ្រូពេទ្យតែងតែយកធាតុផ្សេងៗ ពីស្នាព្រះហស្តទាំងនោះមកផ្សំជាឳសថ ដើម្បីព្យាបាល និងបំបាត់ការឈឺចាប់។
៨ អ្នកផ្សំថ្នាំលាយជាតិទាំងនោះ ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់បានបង្កើតមក មានជីវិតគង់វង្សតទៅមុខ ហើយមនុស្សទាំងអស់មានសុខភាពល្អនៅលើផែនដីទាំងមូល ដោយសារព្រះអង្គដែរ។
៩ កូនអើយ! ប្រសិនបើកូនធ្លាក់ខ្លួនឈឺ ចូរកុំធ្វេសប្រហែសទ្បើយ ប៉ុន្តែ ចូរទូលអង្វរព្រះអម្ចាស់ ព្រះអង្គមុខជាប្រោសកូនឲ្យជាសះស្បើយពុំខាន។
១០ ចូរលះបង់អំពើអាក្រក់របស់កូនចោល ចូរប្រព្រឹត្តដោយទៀងត្រង់ ចូរជម្រះចិត្តគំនិតឲ្យបរិសុទ្ធ វៀរចាកពីអំពើបាប។
១១ ចូរកូនថ្វាយគ្រឿងក្រអូប ដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ និងតង្វាយម្សៅ ចូរច្រួចប្រេងនៅលើតង្វាយតាមធនធានរបស់កូន។
១២ បន្ទាប់មក ចូរទុកឲ្យគ្រូពេទ្យព្យាបាលចុះ ដ្បិតព្រះអម្ចាស់ក៏បានបង្កើតគាត់ដែរ។ កុំឲ្យគ្រូពេទ្យនៅឆ្ងាយពីកូនទ្បើយ ព្រោះកូនត្រូវការគាត់។
១៣ ក្នុងករណីខ្លះ គ្រូពេទ្យដែលមានសមត្ថភាពមុខជាមើលកូនជា។
១៤ ដោយសារគ្រូពេទ្យក៏ទូលអង្វរព្រះអម្ចាស់ដែរ សូមព្រះអង្គប្រោស ឲ្យគេអាចសម្រាលការឈឺចាប់របស់អ្នកជំងឺបាន និងរកវិធីសង្រ្គោះជីវិតអ្នកជំងឺផង។
១៥ អ្នកដែលប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះ ដែលបង្កើតខ្លួនមក សូមឲ្យអ្នកនោះធ្លាក់ខ្លួនជាអ្នកជំងឺចុះ!។
អំពីមរណទុក្ខ
១៦ កូនអើយ! ចូរយំស្រណោះអ្នកដែលស្លាប់នោះចុះ។ ចូររៀបរាប់ពីបុគ្តលនោះដោយក្តីខ្លោចផ្សា និងសោកស្តាយជាខ្លាំង។ ចូរកូនយកចិត្តទុកដាក់នឹងសាកសព ហើយកុំធ្វេសប្រហែសនឹងធ្វើផ្នូរឲ្យសាកសពនោះផង។
១៧ ចូរសោកសង្រេង និងទ្រហោយំគក់ទ្រូងឲ្យខ្លាំងៗ។ ចូរកាន់ទុក្ខឲ្យបានសមរម្យមួយថ្ងៃ ឬពីរថ្ងៃ ដើម្យីចៀសវាងពាក្យរិះគន់ រួចចូរខិតខំរំសាយទុក្ខនោះឲ្យបានធូរស្រាលទ្បើងវិញ។
១៨ សេចក្តីទុក្ខសោកសង្រេងអាចបណ្តាលឲ្យស្លាប់បាន ព្រួយចិត្តហួសពេករមែងតែងតែធ្វើឲ្យកម្លាំងចុះអន់ថយ។
១៩ ភាពអាសន្នបណ្តាលឲ្យមានទុក្ខព្រួយយ៉ាងយូរ ហើយធ្វើឲ្យនឹកស្មានថា មានជីវិតរស់ជាជនក្រខ្សត់ ព្រោះទទួលបណ្តាសា។
២០ ចូរកុំបណ្តោយខ្លួនទៅតាមទុក្ខព្រួយទ្បើយ ចូររំសាយទុក្ខនោះ ហើយនឹកគិតដល់អនាគត។
២១ ចូរកុំភ្លេចថា មនុស្សស្លាប់មិនត្រឡប់មកវិញទេ ទុក្ខព្រួយរបស់កូន គ្មានប្រយោជន៍ដល់អ្នកស្លាប់ទ្បើយ ហើយធ្វើឲ្យកូនឈឺចាប់ផង។
២២ ចូរកូននឹកគិតថា ចុងបញ្ចប់របស់កូនក៏ដូចជាចុងបញ្ចប់របស់បុគ្គលនោះដែរ ថ្ងៃមុនដល់វេនគេ ថ្ងៃនេះដល់វេនរបស់កូន។
២៣ កាលណាមនុស្សស្លាប់ គឺគេសម្រាកហើយ ចូរឈប់នឹកគិតដល់គាត់ទៅ។ ពេលណាគាត់ផុតដង្ហើម ចូរខំកាត់ចិត្ត កុំគិតពីគាត់ទៀតទ្បើយ។
ផលអាក្រក់នៃមុខរបរផ្សេងៗ
២៤ អ្នកដែលចង់ទៅជាធម្មាចារ្យប្រកបដោយប្រាជ្ញា ត្រូវមានពេលទំនេរច្រើន។ អ្នកមិនសូវមានកិច្ចការធ្វើច្រើន អាចទៅជាអ្នកមានប្រាជ្ញាបាន។
២៥ អ្នកកាន់នង្គ័លអាចទៅជាអ្នកមានប្រាជ្ញាដូចម្តេចកើត? គេអួតអាងតែពីការកាន់ជ្រលួញបញ្ជាគោប៉ុណ្ណោះ។ គេតែងតែធ្វើការនៅឯស្រែគ្រប់ពេលវេលា ហើយនិយាយតែអំពីកូនគោ។
២៦ គេយកចិត្តទុកដាក់នឹងការភ្ជួររាស់ ហើយនៅពេលយប់ គេរវល់តែនឹងការរកស្មៅឲ្យគោស៊ី។
២៧ ជាង ឬមេជាងក៏ដូច្នេះដែរ គេតែងតែរវល់ទាំងថ្ងៃ ទាំងយប់។ ជាងឆ្លាក់ត្រាយកចិត្តទុកដាក់ឆ្លាក់រូបប្លែកៗពីគ្នា គេខិតខំធ្វើឲ្យដូចគំរូដើម ហើយនៅពេលយប់ គេបង្ហើយកិច្ចការរបស់គេ។
២៨ ជាងដំដែកអង្គុយក្បែរឡគេ គាត់យកចិត្តទុកដាក់នឹងវត្ថុដែលផលិតពីដែក។ ចំហាយភ្លើងធ្វើឲ្យគាត់បែកញើស ហើយគាត់ទប់ទល់នឹងកម្ដៅឡយ៉ាងយូរ។ ស្នូរញញួរលាន់រំពងរហូត ហើយគាត់សម្លឹងមើលលើគំរូនៃវត្ថុដែលគាត់ត្រូវធ្វើនោះ។ គាត់យកចិត្តទុកដាក់បង្ហើយកិច្ចការរបស់ខ្លួន ហើយនៅពេលយប់ គាត់កែច្នៃស្នាដៃរបស់គាត់ឲ្យបានល្អឥតខ្ចោះ។
២៩ ជាងស្មូនអង្គុយធ្វើការ យកជើងមកបង្វិលកង់ ហើយរវល់តែពីការងាររបស់ខ្លួនជានិច្ច ដើម្បីបង្គ្រប់តាមចំនួនដែលគេត្រូវការ។
៣០ គាត់យកដៃច្របាច់ដីឥដ្ឋ រួចយកជើងជាន់ដីឥដ្ឋឲ្យជ្រាយ។ គាត់យកថ្នាំមកលាបដោយផ្ចិតផ្ចង់ ហើយនៅពេលយប់ គាត់សំអាតឡ។
៣១ ជាងទាំងនោះពឹងផ្អែកលើដៃរបស់ខ្លួន ហើយម្នាក់ៗស្ទាត់ជំនាញតាមមុខរបររៀងៗខ្លួនដែរ។
៣២ ប្រសិនបើគ្មានជាងទាំងនោះទេ គឺមិនអាចសង់ក្រុងទ្បើយ គ្មានមនុស្សរស់នៅក្នុងទីក្រុង ហើយក៏គ្មាននរណាអាចធ្វើដំណើរក្នុងក្រុងទៀតផង។ ប៉ុន្តែ នៅសភាប្រជាជន គ្មាននរណាសួរយោបល់ពីអ្នកទាំងនោះទេ។
៣៣ ក្នុងអង្គប្រជុំ ពួកគេគ្មានកន្លែងកិត្តិយស នៅកន្លែងចៅក្រម ក៏ពួកគេគ្មានកន្លែងដែរ ពួកគេមិនយល់អំពីច្បាប់ និងក្រឹតក្រម ពួកគេមិនពូកែខាងច្បាប់ទេ។ គេមិនធ្លាប់អើពើនឹងសុភាសិតទ្បើយ។
៣៤ ប៉ុន្តែ គេជាប់ចិត្តនឹងធម្មជាតិ ដែលព្រះជាម្ចាស់បានបង្កើតមក ហើយគេទូលអង្វរព្រះអង្គ ដើម្បីដំណើរការការងាររបស់ខ្លួនគេតែប៉ុណ្ណោះ។
៣៩
ពាក្យសរសើរធម្មាចារ្យ
១ អ្នកយកចិត្តទុកដាក់រិះគិតពិចារណាអំពីធម្មវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត មិនមែនដូចជាងទាំងនោះទេ! អ្នកនោះរមែងតែងតែស្វែងយល់អំពីប្រាជ្ញារបស់ព្រឹទ្ធាចារ្យពីបុរាណ ហើយក៏ចូលចិត្តអានពាក្យដែលព្យាការីបានចែងទុកដែរ។ ២ អ្នកនោះចងចាំតែរឿងនិទាន អំពីវីរបុរសល្បីល្បាញ និងរិះគិតពិចារណាលើពាក្យប្រស្នាដ៏ជ្រៅជ្រះ។ ៣ គាត់ស្វែងយល់ពីអត្ថន័យ ដ៏លាក់កំបាំងនៃសុភាសិត ហើយរិះគិតតែពីពាក្យ ប្រស្នាដ៏ជ្រៅជ្រះអស់មួយជីវិត។ ៤ ដូច្នេះគាត់អាចជួយបម្រើអ្នកធំៗ ហើយគេតែងឃើញគាត់ នៅក្នុងចំណោមអ្នកដឹងនាំ។ គេចាត់ឲ្យគាត់ធ្វើដំណើរទៅស្រុកនៃប្រជាជាតិដទៃ ព្រោះគាត់មានបទពិសោធដឹងអ្វីល្អ និងអ្វីអាក្រក់ក្នុងចិត្តមនុស្ស។ ៥ តាំងពីព្រលឹម គាត់ផ្ចង់ចិត្ត ទៅរកព្រះអម្ចាស់ដែលបង្កើតគាត់ ហើយទូលអង្វរព្រះដ៏ខ្ពង់ខ្ពស់បំផុតផង។ គាត់ពោលពាក្យអធិដ្ឋានអង្វរព្រះអង្គ ហើយសូមព្រះអង្គលើកលែងទោសចំពោះអំពើបាបរបស់គាត់។ ៦ ប្រសិនបើព្រះអម្ចាស់ដ៏ឧត្តុងឧត្តមសព្វព្រះហប្ញទ័យ គាត់នឹងពោរពេញដោយប្រាជ្ញាឈ្លាសវៃ។ គាត់ពោលសុទ្ធតែពាក្យប្រកបដោយប្រាជ្ញា ហើយក្នុងពេលអធិដ្ឋាន គាត់នឹងសរសើរតម្កើងព្រះអម្ចាស់ដែរ។ ៧ ព្រះអង្គបំភ្លឺការវិនិច្ឆ័យ និងចំណេះដឹងរបស់គាត់ ឲ្យបានត្រឹមត្រូវ។ គាត់នឹងរិះគិតអំពីការអាថ៌កំបាំងព្រះជាម្ចាស់។ ៨ គាត់នឹងបង្ហាញការយល់ដឹងដែលគាត់បានទទួល ហើយគាត់នឹងខ្ពស់មុខដោយសារវិន័យនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ៩ មនុស្សជាច្រើនសរសើរលើកតម្កើងប្រាជ្ញារបស់គាត់ ហើយមិនបំភ្លេចចោលគាត់ទ្បើយ។ គេចងចាំគាត់ជាដរាបកេរ្ដិ៍ឈ្មោះរបស់គាត់ស្ថិតនៅគ្រប់តំណ តរៀងទៅ។ ១០ ប្រជាជាតិទាំងឡាយ នឹងរៀបរាប់ពីប្រាជ្ញារបស់គាត់ ហើយសហគមន៍នឹងសរសើរតម្កើងគាត់ដែរ។ ១១ ប្រសិនបើគាត់មានអាយុវែង គាត់នឹងបន្សល់ទុកកេរ្ដិ៍ឈ្មោះដ៏ល្បីរុងរឿងប្រសើរជាងមនុស្សមួយពាន់នាក់ទៅទៀត។ ប្រសិនបើគាត់ទទួលមរណភាព គាត់នឹងស្កប់ចិត្តហើយ។
ពាក្យសរសើរតម្កើងព្រះជាម្ចាស់
១២ ក្រោយពីបានរិះគិតពិចារណារួចហើយ ខ្ញុំមានគំនិតយ៉ាងច្រើន ដែលខ្ញុំចង់ប្រាប់ឲ្យដឹងថា ខ្ញុំប្រៀបដូចជាព្រះចន្ទពេញបូរមី។ ១៣ ម្នាលកូនដ៏វិសុទ្ធអើយ! ចូរត្រងត្រាប់ស្តាប់ពុក ហើយចម្រើនទ្បើង ដូចកូឡាបដែលដុះតាមមាត់ទឹក។ ១៤ ចូរសាយភាយគន្ធពិដោរ ដូចក្លិនគ្រឿងក្រអូប ចូរចម្រើនទ្បើងដូចផ្កាម្លិះកំពុងរីក។ ចូរបន្លឺសំឡេងច្រៀងរួមគ្នា ហើយលើកតម្កើងព្រះអម្ចាស់ចំពោះគ្រប់កិច្ចការដែលព្រះអង្គបានប្រព្រឹត្ត។ ១៥ ចូរប្រកាសព្រះនាមដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គ ហើយចូរសរសើរព្រះអង្គដោយច្រៀង និងដេញពិណ។ ចូរកូនពោលពាក្យអរព្រះគុណព្រះអង្គដូចតទៅ៖ ១៦ ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ល្អប្រពៃ! បទញ្ជានីមួយរបស់ព្រះអង្គតែងតែសម្រេចតាមពេលកំណត់។ ១៧ មិនត្រូវសួរថា «តើនេះជាអ្វី?» «ហេតុអ្វីបានជាការណ៍នេះកើតទ្បើងដូច្នេះ?» នោះទេ ដ្បិតអ្វីៗទាំងអស់នឹងត្រូវដោះស្រាយតាមកាលកំណត់។ ពេលព្រះអង្គបញ្ជា ទឹកក៏ឈប់នៅនឹងថ្កល់ដូចជាគំនរ ព្រះអង្គមានព្រះបន្ទូលតែមួយព្រះឱស្ឋ នោះទឹកប្រមូលគ្នានៅក្នុងស្រះ។ ១៨ ពេលព្រះអង្គចេញបញ្ជា អ្វីៗក៏សម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គដែរ គ្មាននរណាអាចរារាំងនឹងការសង្រ្គោះរបស់ព្រះអង្គទ្បើយ។ ១៩ ព្រះអង្គទតមើលសព្វកិច្ចការដែលមនុស្សប្រព្រឹត្ត គ្មាននរណាអាចគេចផុតពីព្រះនេត្ររបស់ព្រះអង្គទ្បើយ។ ២០ ព្រះអង្គពិនិត្យមើលអ្វីៗតាំងពីដើមរៀងមក រហូតអស់កល្បជានិច្ច គ្មានអ្វីដែលព្រះអង្គងឿងឆ្ងល់ទ្បើយ។ ២១ មិនត្រូវសួរថា «តើនេះជាអ្វី?» «ហេតុអ្វីបានជាការណ៍នេះកើតទ្បើងដូច្នេះ?» ដ្បិតព្រះអង្គបង្កើតអ្វីទាំងអស់សុទ្ធតែមានប្រយោជន៍។ ២២ ព្រះពររបស់ព្រះអង្គ ប្រៀបបាននឹងទឹកទន្លេដែលកំពុងជន់ទ្បើង ឬដូចទឹកជំនន់ ដែលស្រោចស្រពផែនដី។ ២៣ ប្រជាជាតិនានាធ្វើឲ្យព្រះអង្គព្រះពិរោធ ដូចគ្រាដែលព្រះអង្គធ្វើឲ្យទីកន្លែងដែលមានទឹកបរិបូរណ៍ ទៅជាវាលរហោស្ថាន។ ២៤ ប្រជារាស្រ្តដ៏វិសុទ្ធយល់ឃើញថា មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់ រីឯជនពាលវិញឃើញមានតែឧបសគ្គ។ ២៥ តាំងពីដើមរៀងមក ព្រះជាម្ចាស់បានបង្កើតអ្វីៗដែលល្អសម្រាប់មនុស្សល្អ និងអ្វីៗដែលអាក្រក់សម្រាប់មនុស្សបាប។ ២៦ អ្វីដែលមនុស្សត្រូវការជាចាំបាច់សម្រាប់ជីវិត គឺទឹក ភ្លើង ដែក អំបិល ម្សៅ ទឹកដោះ ទឹកឃ្មុំ ស្រាទំពាំងបាយជូរ ប្រេង សម្លៀកបំពាក់។ ២៧ អ្វីៗទាំងនោះ មានប្រយោជន៍សម្រាប់មនុស្សដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្តែ ប្រែក្លាយទៅជាអាក្រក់ សម្រាប់មនុស្សបាបវិញ។ ២៨ ព្រះជាម្ចាស់បង្កើតខ្យល់ខ្លះ ដើម្បីដាក់ទោសអ្នកបាបដែលមិនប្រតិបត្តិតាមព្រះអង្គ ពេលខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យមានគ្រោះកាចកាន់តែធ្ងន់ធ្ងរ។ នៅគ្រាដែលព្រះជាម្ចាស់បំផ្លាញជនអាក្រក់ ខ្យល់ទាំងនោះជះកំហឹង ហើយបន្ធូរព្រះពិរោធរបស់ព្រះដែលបង្កើតវាផង។ ២៩ ព្រះជាម្ចាស់បង្កើតភ្លើង ព្រឹល ទុរ្ភិក្ស និងសេចក្តីស្លាប់ ដើម្បីដាក់ទោសមនុស្សទុច្ចរិត។ ៣០ ចង្កូមរបស់សត្វសាហាវ ខ្យាដំរី ពស់វែក ដាវ ដាក់ទោសប្រហារជីវិតជនពាល។ ៣១ អ្វីៗទាំងនោះសុទ្ធតែសប្បាយរីករាយ ដោយធ្វើតាមបញ្ជារបស់ព្រះអង្គ។ នៅលើផែនដី ពួកវាត្រៀមខ្លួនបម្រើព្រះអង្គជានិច្ច ប្រសិនបើព្រះអង្គត្រូវការ។ ពេលកំណត់មកដល់ ពួកវាតែងតែគោរពតាមព្រះបញ្ជារបស់ព្រះអង្គ។ ៣២ ហេតុនេះហើយបានជាខ្ញុំមានគំនិតច្បាស់លាស់តាំងពីដើមរៀងមក រួចខ្ញុំរិះគិតពិចារណា ហើយចារទុកជាលាយលក្ខណ៍អក្សរ។ ៣៣ ស្នាព្រះហស្តរបស់ព្រះអម្ចាស់សុទ្ធតែល្អទាំងអស់។ ព្រះអង្គចាត់ចែងតាមសេចក្តីត្រូវការ និងតាមពេលវេលា។ ៣៤ មិនត្រូវពោលថា អ្វីអាក្រក់ជាងអ្វីទ្បើយ ដ្បិតគេទទួលស្គាល់ថា អ្វីៗទាំងអស់សុទ្ធតែល្អ តាមពេលកំណត់របស់ខ្លួន។ ៣៥ ឥទ្បូវនេះ ចូរបន្លឺសំឡេងយ៉ាងខ្លាំង ច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់ឲ្យអស់ពីចិត្ត។
៤០
ទុក្ខវេទនារបស់មនុស្សលោក
១ ព្រះជាម្ចាស់ ធ្វើឲ្យមនុស្សម្នាក់ៗរមែងមានកង្វល់យ៉ាងធ្ងន់ធ្ងរ ព្រះអង្គដាក់នឹមដ៏ធ្ងន់លើស្មាមនុស្សលោក តាំងពីពេលកើតចេញពីផ្ទៃម្តាយ រហូតដល់ពេលត្រឡប់ទៅរកធរណី ដែលមាតារួមនៃសត្វលោកទាំងអស់វិញ។ ២ មនុស្សតែងតែរិះគិតទាំងភ័យខ្លាចពីថ្ងៃដែលគេត្រូវស្លាប់។ គេរង់ចាំថ្ងៃនោះទាំងអស់គ្នា។ ៣ គឺតាំងពីស្តេចដែលគង់លើរាជបល្ល័ង្ក ប្រកបដោយសិរីរុងរឿង រហូតដល់អ្នកតូចតាចដែលអង្គុយលើដី និងនៅលើផេះ។ ៤ តាំងពីអ្នកដែលពាក់ព្រះភូសាពណ៌ស្វាយ និងមកុដ រហូតដល់អ្នកក្រីក្រដែលស្លៀកបាវ។ ៥ មនុស្សចេះតែខឹង ច្រណែន ឈ្នានីស ជ្រួលច្របល់ ភ័យខ្លាចស្លាប់ ចងគំនុំគុំកួន ការវិវាទគ្នា។ ពេលយប់ ការដេកគ្រាន់តែផ្លាស់ប្តូរកង្វល់ប៉ុណ្ណោះ។ ៦ ពេលបានសម្រាកបន្តិច គេយល់សប្តិអាក្រក់ បណ្តាលឲ្យគេកើតទុក្ខថែមទៀត ដូចនៅពេលថ្ងៃ គេប្រៀបដូចជាទាហានដែលរត់ចោលសមរភូមិ។ ៧ ពេលរំដោះរួចខ្លួន គេភ្ញាក់ទ្បើងទាំងនឹកឆ្ងល់ ដោយភ័យឥតបានការ។ ៨ សត្វលោកទាំងអស់ ចាប់តាំងពីមនុស្សរហូតដល់សត្វ តែងតែជួបប្រទះនឹងទុក្ខលំបាក ប៉ុន្តែ អ្នកបាបរមែងតែងតែជួបប្រទះនឹងទុក្ខនោះ លើសពីគេប្រាំពីរដង ៩ គឺសេចក្តីស្លាប់ ឃាតកម្ម ការវិវាទគ្នា សង្គ្រាម គ្រោះកាច ការអត់ឃ្លាន ការវិនាសអន្តរាយ។ ១០ ព្រះជាម្ចាស់បង្កើតទុក្ខលំបាកទាំងនោះមក ដើម្បីដាក់ទោសជនពាល ហើយទឹកជំនន់កើតមក ក៏ព្រោះតែជនទាំងនោះដែរ។ ១១ អ្វីៗដែលកើតពីដីមក ត្រូវត្រឡប់ទៅជាដីវិញ អ្វីៗដែលកើតពីទឹកមក ក៏វិលត្រឡប់ទៅសមុទ្រវិញដែរ។
ព្រះជាម្ចាស់បំបាត់ភាពអយុត្តិធម៌
១២ សំណូកសូកប៉ាន់គ្រប់យ៉ាង និងអំពើអយុត្តិធម៌គ្រប់បែប ត្រូវតែវិនាសបាត់ទៅ រីឯសេចក្តីស្មោះត្រង់នឹងស្ថិតនៅអស់កល្បជានិច្ច។ ១៣ ទ្រព្យសម្បត្តិរបស់មនុស្សទុច្ចរិត រមែងតែងតែរីងស្ងួតដូចទឹកជ្រោះ និងត្រូវតែកន្លងទៅដូចផ្គរលាន់ នៅពេលភ្លៀងខ្លាំង។ ១៤ ពេលជនទុច្ចរិតវិនាសអន្តរាយ ដុំថ្មក៏សប្បាយរីករាយដែរ អស់អ្នកដែលបំពានធម្មវិន័យរបស់ព្រះជាម្ចាស់ មុខជាត្រូវវិនាសសូន្យមិនខាន។ ១៥ ពូជពង្សរបស់ជនពាលមិនបង្កើតមែកសាខាទ្បើយ ជនមិនបរិសុទ្ធប្រៀបដូចជាដើមឈើដែលចាក់ប្ញសលើថ្ម។ ១៦ ដើមត្រែងដែលដុះតាមមាត់ទន្លេ ត្រូវទឹកហូរកួចនាំយកទៅមុន ស្មៅផ្សេងៗទៀត។ ១៧ ផ្ទុយទៅវិញ ចិត្តសប្បុរស ប្រៀបដូចជាសួនឧទ្យានដែលទទួលព្រះពរ ហើយទាននឹងស្ថិតនៅជាដរាបតរៀងទៅ។
សម្បត្តិសួគ៌មានតម្លៃដ៏ខ្ពង់ខ្ពស់បំផុត
១៨ ការរស់នៅរបស់មនុស្សដែលមិនពឹងពាក់លើអ្នកដទៃ និងការរស់នៅរបស់អ្នកដែលមានកម្លាំងធ្វើការ ពិតជាសុខស្រួលមែន។ ប៉ុន្តែ អ្នកដែលឃើញកំណប់ រឹតតែសប្បាយប្រសើរជាងនេះទៅទៀត!។ ១៩ អ្នកមានកូនច្រើន ឬអ្នកសង់ក្រុងមួយ តែងតែមានកេរ្ដិ៍ឈ្មោះស្ថិតនៅជានិច្ច។ ប៉ុន្តែ ស្រ្តីគ្រប់លក្ខណ៍ ប្រសើរជាងកេរ្ដិ៍ឈ្មោះទាំងពីរនេះទៅទៀត។ ២០ ស្រា និងតន្រ្តី តែងតែធ្វើឲ្យមនុស្សសប្បាយចិត្ត ប៉ុន្តែ ការស្រឡាញ់ប្រាជ្ញា តែងតែផ្តល់អំណរសប្បាយ លើសពីនេះទៅទៀត។ ២១ ខ្លុយ និងពិណ តែងតែប្រគំភ្លេងយ៉ាងពីរោះ ប៉ុន្តែ ពាក្យសម្ដីល្អគួរសម ប្រសើរលើសពីនេះទៅទៀត។ ២២ សម្ផស្ស និងលំអរបស់ស្រ្តី ធ្វើឲ្យគេចង់គយគន់ ប៉ុន្តែ រុក្ខជាតិខៀវខ្ចីនៅតាមវាលស្រែ ល្អប្រសើរលើសពីនេះទៅទៀត។ ២៣ មិត្តសម្លាញ់ និងគូកន រមែងតែងតែជួបគ្នាតាមពេលកំណត់ ប៉ុន្តែ គូស្វាមីភរិយា តែងតែជួបគ្នាលើសពីអ្នកទាំងពីរនេះទៅទៀត។ ២៤ បងប្អូន និងជនសប្បុរស រមែងតែងតែជួយគ្នានៅគ្រាមានអាសន្ន ទានដែលកូនចែកឲ្យអ្នកក្រ រឹតតែប្រសើរលើសពីនេះទៅទៀត។ ២៥ មាស និងប្រាក់ ធ្វើឲ្យមនុស្សបានខ្ពស់មុខ ប៉ុន្តែ ដំបូន្មាន រឹតតែល្អប្រសើរលើសពីនេះទៅទៀត។ ២៦ ទ្រព្យសម្បត្តិ្តស្តុកស្តម្ភ និងកម្លាំង រមែងតែងតែធ្វើឲ្យមនុស្សទុកចិត្តបាន ប៉ុន្តែ ការគោរពកោតខ្លាចព្រះអម្ចាស់ រឹតតែធ្វើឲ្យមនុស្សទុកចិត្តលើសពីនេះទៅទៀត។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់ មិនខ្វះអ្វីទ្បើយ អ្នកនោះក៏មិនពឹងផ្អែកលើព្រះដទៃដែរ។ ២៧ ការគោរពកោតខ្លាចព្រះអម្ចាស់ ប្រៀបដូចជាសួនឧទ្យានដែលទទួលព្រះពរការពារមនុស្ស ប្រសើរជាងអ្នកមានសិរីរុងរឿងទៅទៀត។
ការសុំទាន
២៨ ម្នាលកូនអើយ! កុំរស់នៅដោយសុំទានគេជាដាច់ខាត! ស៊ូស្លាប់ប្រសើរជាងសុំទានគេ។ ២៩ មនុស្សដែលតែងតែរំពៃមើលតុរបស់អ្នកដទៃ ជីវិតរបស់គេមិនសមជាការរស់នៅរបស់មនុស្សទេ គេប្រឡាក់មាត់ដោយបរិភោគម្ហូបដែលខ្លួនមិនបានរក។ រីឯអ្នកដែលមានសុជីវធម៌ ហើយមានចំណេះដឹង នឹងចៀសវាងពីអំពើទាំងនោះ។ ៣០ ជនមិនចេះអៀនខ្មាសចូលចិត្តបរិភោគអាហារ ដែលសុំទានពីគេ ប៉ុន្តែ អាហារនេះជាដុំភ្លើងដែលដុតរោលក្នុងពោះរបស់គេទៅវិញ។
៤១
សេចក្តីស្លាប់
១ មជ្ចុរាជអើយ! មនុស្សណារស់នៅយ៉ាងសុខសាន្ត ដោយប្រើទ្រព្យសម្បត្តិរបស់ខ្លួន គឺមនុស្សដែលគ្មានកង្វល់ និងចេះតែចម្រុងចម្រើនក្នុងគ្រប់ប្រការ ហើយនៅតែមានកម្លាំង ដើម្បីត្រេកត្រអាលនៅឡើយ អ្នកនោះរមែងតែងតែនឹកគិតដល់មច្ចុរាជឯងដោយចិត្តជូរចត់។ ២ ឱមច្ចុរាជអើយ! មនុស្សដែលបាក់កម្លាំង ហើយចាស់ជរា កំពុងមានទុក្ខកង្វល់គ្រប់យ៉ាង អ្នកបះបោរមិនអាចទ្រាំទ្រទៀតបាន មនុស្សនោះចូលចិត្តទទួលការសម្រេចរបស់មច្ចុរាជឯង!។ ៣ កូនអើយ! កុំភ័យខ្លាចសេចក្តីស្លាប់ឡើយ នៅពេលណាមច្ចុរាជសម្រេចថានឹងទទួលកូន! ចូរនឹកគិតដល់អស់អ្នកដែលចែកស្ថានទៅមុនកូន ព្រមទាំងដល់អស់អ្នក ដែលនឹងត្រូវបាត់បង់ជីវិតនៅពេលក្រោយៗទៀត។ ៤ ព្រះអម្ចាស់សម្រេចព្រះហប្ញទ័យថា សត្វលោកត្រូវតែស្លាប់គ្រប់ៗគ្នា។ ហេតុអ្វីបានជាប្រកែកគ្នាអំពីព្រះហប្ញទ័យសប្បុរសរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត? ទោះបីកូនរស់នៅដប់ឆ្នាំក្តី មួយរយឆ្នាំក្តី ឬមួយពាន់ឆ្នាំក្តី ក៍ស្ថានមច្ចុរាជគ្មានអ្វីខុសគ្នាត្រង់ណាឡើយ។
ទោសរបស់ជនពាល
៥ កូនរបស់អ្នកបាប រមែងទៅជាកូនគួរឲ្យស្អប់ខ្ពើម ហើយចូលចិត្តរស់នៅក្នុងផ្ទះជនពាល។ ៦ កេរមត៌កនៃកូនរបស់អ្នកបាបទាំងនោះ ត្រូវតែវិនាសអន្តរាយ ហើយពូជពង្សរបស់ពួកគេ ក៏ត្រូវតែអាម៉ាស់រហូតដែរ។ ៧ ឪពុកដែលជាជនពាលតែងតែត្រូវកូនស្តីបន្ទោស ដ្បិតកូនទាំងនោះត្រូវអាម៉ាស់ ដោយសារឪពុក។ ៨ ម្នាលជនពាលអើយ! អ្នករាល់គ្នាបោះបង់ចោលធម្មវិន័យនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នករាល់គ្នាមុខជាវេទនាមិនខាន!។ ៩ អ្នករាល់គ្នាកើតមក សម្រាប់តែទទួលបណ្តាសា! អ្នករាល់គ្នាបាត់បង់ជីវិតហើយ ក៏ត្រូវទទួលបណ្តាសាដែរ។ ១០ អ្វីៗដែលកើតមកពីដី មុខជាត្រឡប់ទៅជាដីវិញ។ ដូច្នេះ ជនពាលដែលត្រូវបណ្តាសា មុខជាអន្តរាយមិនខាន។
កេរ្តិ៍ឈ្មោះល្អ
១១ រូបកាយរបស់មនុស្សឥតខ្លឹមសារ ប៉ុន្តែ កេរ្តិ៍ឈ្មោះរបស់មនុស្សសុចរិត មិនសាបសូន្យឡើយ។ ១២ ចូរគិតគូរអំពីកេរ្តិ៍ឈ្មោះរបស់កូន ដ្បិតកេរ្តិ៍ឈ្មោះនឹងស្ថិតនៅយូរ ក្រោយពេលកូនស្លាប់ទៅ ជាងគំនរមាសរាប់ពាន់គំនរទៅទៀត។ ១៣ មនុស្សរស់នៅយ៉ាងសប្បាយរីករាយ តែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ រីឯកេរ្តិ៍ឈ្មោះល្បី ស្ថិតនៅអស់កល្បជានិច្ច។
ការអៀនខ្មាស
១៤ ម្នាលកូនចៅអើយ! ចូររក្សាការប្រៀនប្រដៅឲ្យបានល្អ! ប្រសិនបើគេលាក់ប្រាជ្ញា ឬកំណប់ តើមានប្រយោជន៍អ្វី? ១៥ មនុស្សដែលលាក់ភាពលេលារបស់ខ្លួន ប្រសើរជាងមនុស្សដែលលាក់ប្រាជ្ញារបស់ខ្លួន។ ១៦ ខ្ញុំសូមរៀបរាប់អំពីសេចក្តីណាដែលត្រូវអៀនខ្មាសពិតប្រាកដ ដ្បិតមិនគួររក្សាទុកការអៀនខ្មាសគ្រប់យ៉ាងទេ! មនុស្សមិនត្រូវវាយតម្លៃលើអ្វីៗទាំងប៉ុន្មានដូចគ្នាដែរ។ ១៧ ចូរអៀនខ្មាសដោយប្រព្រឹត្តអំពើផិតក្បត់នៅចំពោះមុខឪពុកម្តាយ។ ចូរអៀនខ្មាសដោយនិយាយកុហក នៅចំពោះមុខអ្នកដឹកនាំ និងអ្នកមានអំណាច។ ១៨ ចូរអៀនខ្មាសដោយធ្វើខុសនៅចំពោះមុខចៅក្រម និងអ្នកគ្រប់គ្រង ចូរអៀនខ្មាស ដោយប្រព្រឹត្តបំពានលើធម្មវិន័យនៅចំពោះមុខសហគមន៍ និងប្រជាជន ចូរអៀនខ្មាសដោយប្រព្រឹត្តអំពើទុច្ចរិត នៅចំពោះមុខមិត្តសម្លាញ់ និងគូកន ១៩ ចូរអៀនខ្មាស ដោយលួចប្លន់អ្វីមួយ នៅចំពោះមុខអ្នកជិតខាងកន្លែងដែលកូនធ្លាប់រស់នៅ។ ចូរអៀនខ្មាសដោយក្បត់ពាក្យសន្យា ឬកិច្ចព្រមព្រៀង ចូរអៀនខ្មាសដោយលើកដៃសុំទានអាហារ ចូរអៀនខ្មាសដោយចែកទាន ឬទទួលអ្វីពីគេទាំងមើលងាយគេ។ ២០ ចូរអៀនខ្មាសដោយនៅស្ងៀម ចំពោះមុខអ្នកដែលសំពះកូន ចូរអៀនខ្មាសដោយសម្លឹងមើលស្រ្តីពេស្យា។ ២១ ចូរអៀនខ្មាសដោយមិនយកចិត្តទុកដាក់នឹងជនរួមជាតិ ដោយយកអ្វីមួយដែលជាចំណែករបស់អ្នកដទៃ ឬអ្វីដែលគេឲ្យអ្នកនោះ ចូរអៀនខ្មាសដោយគន់មើលភរិយារបស់បុរសដទៃ។ ២២ កុំនិយាយលេងសើចជាមួយស្រ្តីបម្រើរបស់កូន ហើយកុំទៅជិតគ្រែរបស់នាង។ ចូរអៀនខ្មាសដោយប្រមាថ ឬស្តីបន្ទោសមិត្តសម្លាញ់ ក្រោយពេលដែលកូនបានឲ្យអ្វីមួយទៅគេ។
៤២
១ ចូរអៀនខ្មាសដោយពោលសេចក្តីដែលកូនបានឮ ព្រមទាំងបើកកកាយសេចក្តីអាថ៌កំបាំងដល់អ្នកដទៃ។ ក្នុងករណីទាំងនោះ កូនត្រូវអៀនខ្មាសមិនហ៊ានធ្វើ ហើយមនុស្សទាំងអស់នឹងចូលចិត្តកូនជាពុំខាន។ មានករណីផ្សេងទៀតដែលកូនមិនត្រូវអៀនខ្មាស ប៉ុន្តែ កុំយកការទាំងនោះធ្វើជាលេស ដើម្បីប្រព្រឹត្តអំពើបាបឡើយ។ ២ កុំអៀនខ្មាសនឹងប្រព្រឹត្តតាមធម្មវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយកាន់តាមសម្ពន្ធមេត្រីផង។ កុំអៀនខ្មាសនឹងវិនិច្ឆ័យសាសន៍ដទៃស្លូតត្រង់ឡើយ។ ៣ កុំអៀនខ្មាសនឹងគិតបញ្ជីប្រាក់ពីគូកន ឬអ្នកដំណើរ។ កុំអៀនខ្មាសនឹងចែកមត៌កជាមួយអ្នកដទៃ។ ៤ កុំអៀនខ្មាសដោយប្រើជញ្ជីងត្រឹមត្រូវ កុំអៀនខ្មាសដោយចំណេញច្រើន ឬតិច។ ៥ កុំអៀនខ្មាសនឹងប្រាក់ចំណេញ ដែលបានមកពីការលក់ដូរ កុំអៀនខ្មាសនឹងការវាយប្រៀនប្រដៅកូនជាញឹកញយ ឬយករំពាត់វាយអ្នកបម្រើអាក្រក់ រហូតដល់ចេញឈាមឡើយ។ ៦ ប្រសិនបើកូនពុំអាចទុកចិត្តភរិយាបាន ឬប្រសិនបើនៅ ផ្ទះមានមនុស្សច្រើនពេក ចូរយករបស់មានតម្លៃទៅចាក់សោរទុក។ ៧ អ្វីដែលកូនផ្ញើទុកនឹងគេត្រូវរាប់ និងថ្លឹងជាមួយគេ ហើយអ្វីដែលកូនផ្ញើ ឬទទួលពីគេមកវិញ ចូរកត់ត្រាសេចក្តីទាំងអស់ទុកជាលាយលក្ខណ៍អក្សរផង។ ៨ កុំអៀនខ្មាសនឹងវាយប្រដៅមនុស្សលេលា និងជនល្ងីល្ងើ ឬចាស់ព្រឹទ្ធាចារ្យដែលគេចោទប្រកាន់ថា វក់នឹងកាមគុណ។ ធ្វើដូច្នេះ កូនពិតជាសម្ដែងឲ្យដឹងថា កូនបានទទួលការអប់រំត្រឹមត្រូវ ហើយមនុស្សម្នានឹងសរសើរកូនទៀតផង។
កង្វល់របស់ឪពុកចំពោះកូនស្រីខ្លួន
៩ កូនស្រីរមែងតែងតែធ្វើឲ្យឪពុកដេកមិនលក់។ អ្នកនោះមិននិយាយអ្វីទេ តែក្តីកង្វល់ធ្វើឲ្យគាត់ដេកមិនលក់។ ពេលនាងនៅក្មេង ឪពុករបស់នាងខ្លាចនាងហួសអាយុរៀបអាពាហ៍ពិពាហ៍។ ពេលនាងរៀបអាពាហ៍ពិពាហ៍រួច គាត់ភ័យខ្លាចប្តីមិនស្រឡាញ់នាង។ ១០ ពេលនាងនៅក្រមុំព្រហ្មចារី គាត់ខ្លាចនាងត្រូវគេលួងលោមបោកប្រាស់ ហើយមានផ្ទៃនៅក្នុងផ្ទះរបស់គាត់ដោយគ្មានប្តី។ ពេលរស់នៅជាមួយប្តី គាត់ខ្លាចនាងក្បត់ចិត្តប្តី ឬគាត់ខ្លាចថា នាងទៅជាស្រីអារ។ ១១ ចូរខិតខំឃ្លាំមើលកូនស្រីដែលមិនចេះប្រមាណខ្លួន ខ្លាចក្រែងសត្រូវរបស់កូនចំអកដាក់កូនព្រោះតែនាង និងអ្នកក្រុងនិយាយបរិហារកេរ្តិ៍ ព្រមទាំងប្រជាជននាំគ្នាសើចចំអក ហើយកូននឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង នៅក្នុងអង្គប្រជុំព្រោះតែនាង។
ត្រូវប្រយ័ត្ននឹងស្រ្តី
១២ កុំគន់មើលសម្ផស្សរបស់មនុស្សឲ្យសោះ កុំអង្គុយនៅក្នុងចំណោមស្រ្តីៗ ១៣ ដ្បិតសត្វល្អិតដែលចេញពីសម្លៀកបំពាក់យ៉ាងណា សេចក្តីអាក្រក់ក៏ចេញមកពីស្រ្តីយ៉ាងនោះដែរ។ ១៤ សេចក្តីអាក្រក់របស់បុរសប្រសើរជាងចិត្តល្អរបស់ស្រ្តី។ ស្រ្តីរមែងធ្វើឲ្យអាម៉ាស់ និងបណ្តាលឲ្យអ្នកដទៃជេរប្រមាថមើលងាយ។
ភាគទី ៥
ភាពថ្កុំថ្កើង និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់
១៥ ឥឡូវនេះ ខ្ញុំសូមលើកអំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់គឺខ្ញុំនឹងរៀបរាប់អំពីអ្វីដែលខ្ញុំបានឃើញ។ ស្នាព្រះហស្តរបស់ព្រះអម្ចាស់សុទ្ធតែកើតឡើងដោយសារព្រះបន្ទូលព្រះអង្គ ហើយអ្វីៗដែលកើតជារូបរាងឡើងមកនោះ ក៏ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គដែរ។ ១៦ ព្រះអាទិត្យរះឡើងបំភ្លឺអ្វីៗទាំងអស់ ហើយស្នាព្រះហស្តរបស់ព្រះអម្ចាស់ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ ១៧ សូម្បីតែពួកទេវទូតក៏ពុំអាចរៀបរាប់ ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអម្ចាស់ឡើយ គឺព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ បានចាក់គ្រឹះដ៏រឹងមាំ ដើម្បីពង្រឹងពិភពទាំងមូល ឲ្យនៅស្ថិតស្ថេរក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ ១៨ ព្រះអម្ចាស់ស្ទង់ទាំងជម្រៅសមុទ្រ ទាំងចិត្តមនុស្ស។ ព្រះអង្គឈ្វេងយល់ពីគំនិតលាក់កំបាំងរបស់គេ ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតជ្រាបសេចក្តីទាំងអស់។ ព្រះអង្គក៏ទតមើលអស់ហ្វូងតារាដែលព្រះអង្គបង្កើតដើម្បីកំណត់ពេលវេលា។ ១៩ ព្រះអង្គក៏ប្រកាសដំណឹងពីអតីតកាល និងអនាគតកាល។ ព្រះអង្គសម្ដែងអាថ៌កំបាំងទាំងឡាយ។ ២០ គ្មានគំនិតណាមួយដែលព្រះអង្គមិនជ្រាបនោះទេ ហើយក៏គ្មានពាក្យសម្ដីណាមួយ ដែលលាក់កំបាំងព្រះអង្គដែរ។ ២១ ព្រះអង្គចាត់ចែងស្នាព្រះហស្ត ដ៏ឧត្តុង្គឧត្តមនៃព្រះប្រាជ្ញាញាណយ៉ាងល្អប្រពៃ ដ្បិតព្រះអង្គគង់នៅតាំងពីដើមរៀងមក ជាដរាបតរៀងទៅ។ គ្មាននរណាដក ឬបន្ថែមអ្វីលើស្នាព្រះហស្តព្រះអង្គបានឡើយ។ ព្រះអង្គមិនត្រូវការឲ្យនរណាថ្វាយយោបល់ព្រះអង្គទេ។ ២២ ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែគួរស្ងើចសរសើរក្រៃលែង សូម្បីតែផ្កាភ្លើងដ៏តូចបំផុតដែលភ្នែកអាចមើលឃើញ ក៏គួរឲ្យស្ងើចសរសើរដែរ។ ២៣ ស្នាព្រះហស្តទាំងនោះ សុទ្ធតែមានជីវិត ហើយស្ថិតនៅអស់កល្បជានិច្ច ត្រៀមចាំគោរពតាមព្រះបញ្ជា និងតាមសេចក្តីត្រូវការ។ ២៤ អ្វីៗទាំងអស់សុទ្ធតែមានគូរបស់វា ព្រះអង្គមិនបង្កើតអ្វីដែលមិនពេញលក្ខណៈនោះទេ។ ២៥ សត្វលោកនីមួយៗ បំពេញអត្ថប្រយោជន៍គ្នាទៅវិញទៅមក។ យើងរំពឹងគិតពីសេចក្តីនេះ ដោយសប្បាយរហូត។
៤៣
ព្រះអាទិត្យ
១ លំហអាកាសវេហាស៍ដ៏ភ្លឺថ្លាល្អប្រសើរអើយ! គួរស្ងើចសរសើរផ្ទៃមេឃដែលប្រកបដោយពន្លឺរស្មីដ៏រុងរឿង ជាទីគយគន់! ២ ពេលព្រលឹម ព្រះអាទិត្យរះឡើងប្រកាសអំពីស្នាព្រះហស្តនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺអ្វីគ្រប់យ៉ាងគួរឲ្យស្ងើចសរសើរ។ ៣ នៅវេលាថ្ងៃត្រង់ ព្រះអាទិត្យធ្វើឲ្យដីស្ងួតហែង តើនរណាអាចទ្រាំនឹងកម្ដៅព្រះអាទិត្យបាន? ៤ គេតែងតែដុតភ្លើងក្នុងឡឲ្យក្តៅ ដើម្បីដំដែក ប៉ុន្តែ ព្រះអាទិត្យក្តៅជាងឡនោះបីដងទៅទៀត ហើយឆាបឆេះភ្នំ។ ព្រះអាទិត្យជះចំហាយក្តៅធ្វើឲ្យរលាក និងបញ្ចេញរស្មីធ្វើឲ្យស្រវាំងភ្នែក។ ៥ ព្រះអម្ចាស់ប្រសើរឧត្តុង្គឧត្តម គឺព្រះអង្គបង្កើតព្រះអាទិត្យ ហើយបញ្ជាព្រះអាទិត្យឲ្យធ្វើដំណើរយ៉ាងលឿន។
ព្រះចន្ទ
៦ ព្រះចន្ទក៏រះឡើងតាមពេលម៉ោង ហើយកំណត់រដូវកាល និងជាសញ្ញាសម្គាល់នៃពេលវេលា។ ៧ ព្រះចន្ទដែលចេះតែតូចទៅ រហូតដល់រលុបនៅពេលរនោច ផ្តល់សញ្ញាសម្គាល់ ឲ្យយើងប្រារព្ធធ្វើពិធីបុណ្យ។ ៨ ដូច្នេះ គេហៅខែនីមួយៗតាមព្រះចន្ទ។ ពេលខែថ្មី ព្រះចន្ទចម្រើនឡើងយ៉ាងអស្ចារ្យ ជាពន្លឺភ្លឺចិញ្ចែងចិញ្ចាចលើលំហអាកាស កណ្តាលហ្វូងតារាទាំងឡាយ។
ផ្កាយ
៩ ពន្លឺដ៏រុងរឿងនៃតារាទាំងឡាយ ជាគ្រឿងលំអផ្ទៃមេឃ ជាគ្រឿងបំភ្លឺយ៉ាងត្រចះត្រចង់នៅឯស្ថានដ៏ខ្ពង់ខ្ពស់របស់ព្រះអម្ចាស់ ១០ ផ្កាយទាំងឡាយនៅតាមកន្លែងរបស់ខ្លួន តាមព្រះបញ្ជារបស់ព្រះដ៏វិសុទ្ធ ហើយមិនបោះបង់ចោលការងាររបស់ខ្លួនឡើយ។
ឥន្ទធនូ
១១ សូមមើលឥន្ទធនូ ហើយចូរលើកតម្កើងព្រះជាម្ចាស់ដែលបង្កើតឥន្ទធនូមក ឥន្ទធនូនេះមានពន្លឺប្រសើរណាស់។ ១២ ឥន្ទធនូបញ្ចេញរស្មីដ៏ត្រចះត្រចង់នៅលើមេឃ គឺព្រះហស្តរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត យិតខ្សែឥន្ទធនូនេះ!។
អភូតហេតុនៃធម្មជាតិ
១៣ ព្រះជាម្ចាស់បញ្ជា ទើបព្រឹលធ្លាក់មក។ ព្រះអង្គចាត់ផ្លេកបន្ទោរ ឲ្យនាំសេចក្តីសម្រេចនៃការវិនិច្ឆ័យរបស់ព្រះអង្គ។ ១៤ ព្រះអង្គបើកឃ្លាំង ទើបពពករសាត់ចេញ ដូចសត្វហើរ។ ១៥ ប្ញទ្ធានុភាពរបស់ព្រះអង្គធ្វើឲ្យពពករឹង ហើយធ្លាក់ជាគ្រាប់ព្រឹលធំៗ។ ១៦ ក ផ្គរលាន់បណ្តាលឲ្យផែនដីកក្រើក 16 ពេលឃើញព្រះអង្គ ភ្នំនាំគ្នារញ្ជួយ។ ពេលព្រះអង្គសព្វព្រះហប្ញទ័យ ខ្យល់បក់មកពីត្បូង។ ១៧ ខ ព្យុះកំបុតត្បូង បក់មកពីជើង ហើយមានខ្យល់កួចផង។ ព្រះអង្គធ្វើឲ្យព្រឹលធ្លាក់មក ដូចសត្វស្លាបហើរមកទំលើផែនដី ព្រឹលធ្លាក់មកដូចកណ្តូបសេះហើរ ហើយធ្លាក់មកដី។ ១៨ សម្បុរពណ៌សរបស់ព្រឹលល្អគួរឲ្យគយគន់ ហើយមនុស្សម្នាសប្បាយចិត្ត នៅពេលព្រឹលធ្លាក់មក។ ១៩ ព្រះអង្គចាក់សន្សើមមកលើផែនដី ហាក់ដូចជាបាចអំបិល ពេលសន្សើមនេះកក មានរាងដូចជាបន្លា។ ២០ ខ្យល់រងាបក់មកពីជើងធ្វើឲ្យផ្ទៃទឹកនៅក្នុងបឹងកក ហើយគ្របលើផ្ទៃទឹកទាំងមូល ដូចគេពាក់អាវក្រោះ។ ២១ ខ្យល់ក្តៅដុតកម្ទេចភ្នំ ហើយដុតរោលវាលរហោស្ថានឲ្យឆាបឆេះ បំផ្លាញរុក្ខជាតិខៀវខ្ចីដូចភ្លើង។ ២២ អ័ព្ទធ្លាក់មក ធ្វើឲ្យរុក្ខជាតិដុះឡើងវិញ។ ទឹកសន្សើមធ្លាក់មក ធ្វើឲ្យធម្មជាតិស្រស់បំព្រងឡើងវិញ។ ២៣ ព្រះជាម្ចាស់បង្រ្កាបមហាសាគរដ៏ជ្រៅតាមគម្រោងការរបស់ព្រះអង្គ ហើយដាំកោះក្នុងសមុទ្រ។ ២៤ អស់អ្នកធ្វើដំណើរតាមផ្លូវទឹក តែងតែតំណាលពីគ្រោះថ្នាក់នៃមហាសាគរដ៏ជ្រៅ ហាក់ដូចជារកជឿមិនកើត។ ២៥ នៅក្នុងមហាសមុទ្រ មានសត្វអស្ចារ្យគួរឲ្យស្ញែងខ្លាច ដែលព្រះជាម្ចាស់បានបង្កើតមក គឺមានសត្វគ្រប់ប្រភេទ និងសត្វដ៏ធំសម្បើមអស្ចារ្យ។ ២៦ អ្នកដំណើរទៅដល់ត្រើយយ៉ាងស្រួល ដោយសារព្រះអម្ចាស់ ហើយអ្វីៗដែលមានជីវិត ក៏ភ្ជាប់ជាមួយគ្នាយ៉ាងល្អ ដោយសារព្រះបន្ទូលរបស់ព្រះអង្គដែរ។ ២៧ យើងអាចនិយាយរៀបរាប់អំពីរឿងរ៉ាវ ជាច្រើនទៀតមិនចេះអស់មិនចេះហើយ សរុបសេចក្តីទៅ អ្វីៗទាំងអស់សុទ្ធតែជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ២៨ តើមនុស្សអាចកោតសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ យ៉ាងសមរម្យដូចម្តេចបាន បើព្រះអង្គប្រសើរឧត្តុង្គឧត្តមដូច្នេះ? ព្រះអង្គប្រសើរលើសអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។ ២៩ ព្រះអម្ចាស់គួរឲ្យស្ញែងខ្លាចក្រៃលែង ព្រះអង្គប្រសើរឧត្តុង្គឧត្តម ព្រះអង្គមានប្ញទ្ធានុភាពគួរឲ្យសរសើរ។ ៣០ ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរកោតសរសើរព្រះអង្គ! ទោះបីខំលើកតម្កើងយ៉ាងណាក្តី ក៏ព្រះអង្គប្រសើរ លើសពីពាក្យសរសើររបស់អ្នករាល់គ្នាទៅទៀត! ចូរខិតខំលើកតម្កើងព្រះអង្គឲ្យអស់ពីសមត្ថភាព កុំណាយចិត្តឡើយ ព្រោះអ្នករាល់គ្នាពុំអាចសរសើរឲ្យសព្វគ្រប់ទេ!។ ៣១ តើនរណាឃើញព្រះអម្ចាស់ ហើយអាចពណ៌នាឲ្យយើងស្គាល់? តើនរណាអាចលើកតម្កើង ភាពថ្កុំថ្កើងរបស់ព្រះអង្គឲ្យគ្រប់គ្រាន់បាន? ៣២ យើងឃើញស្នាព្រះហស្តរបស់ព្រះអង្គតែមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែ មានស្នាព្រះហស្តជាច្រើន ប្រសើរជាងនេះទៅទៀត ដែលយើងមើលមិនឃើញ។ ៣៣ ព្រះអម្ចាស់បង្កើតអ្វីៗទាំងអស់ ហើយព្រះអង្គប្រទានឲ្យមនុស្សដែលគោរពប្រណិប័តន៍ព្រះអង្គ មានប្រាជ្ញាឈ្លាសវៃផង។
៤៤
ពាក្យកំណាព្យសរសើរបុព្វបុរស
១ ឥឡូវនេះ យើងនាំគ្នាសរសើរតម្កើងវីរបុរសដ៏ល្បី គឺបុព្វបុរសរបស់យើងគ្រប់ជំនាន់រៀងមក។ ២ ព្រះអម្ចាស់ប្រោសប្រទានសិរីរុងរឿងដ៏ធំធេង ឲ្យអស់លោក គឺវីរបុរសទាំងអស់តាំងពីដើមរៀងមក។ ៣ មានស្តេចគ្រប់គ្រងរាជ្យលើអាណាចក្ររបស់ខ្លួន មានកិត្តិនាមល្បីល្បាញ ព្រោះតែប្ញទ្ធិអំណាចរបស់ខ្លួន។ មានអ្នកធ្វើជាទីប្រឹក្សាដ៏ល្អ ប្រកបដោយប្រាជ្ញាឈ្លាសវៃរបស់ខ្លួន ហើយបានទស្សន៍ទាយពីព្រឹត្តិការណ៍ដែលនឹងកើតតាមក្រោយ។ ៤ មានអ្នកខ្លះដឹកនាំប្រជាជន ដោយផ្តល់យោបល់ ប្រកបដោយប្រាជ្ញាឈ្លាសវៃ ហើយប្រៀនប្រដៅគេនូវពាក្យពោរពេញដោយប្រាជ្ញា។ ៥ មានអ្នកខ្លះចេះតែងបទចម្រៀងយ៉ាងពីរោះ ហើយជាកវីនិពន្ធកំណាព្យ។ ៦ អ្នកខ្លះមានអំណាចដោយសារទ្រព្យសម្បត្តិ គេរស់នៅក្នុងផ្ទះដោយសេចក្តីសុខសាន្ត។ ៧ អ្នកទាំងនោះសុទ្ធតែទទួលការសរសើរ ពីប្រជាជនដែលរស់នៅជំនាន់របស់គេ។ គាត់មានឈ្មោះល្បីពេលគាត់មានជីវិតនៅឡើយ។ ៨ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះត្រូវមនុស្សជំនាន់ក្រោយពោលសរសើរពីកិត្តិនាមរបស់គាត់។ ៩ មានអ្នកខ្លះទៀត ពេលគាត់បាត់បង់ជីវិតទៅគ្មាននរណានឹកនាឡើយ ឈ្មោះរបស់គេត្រូវបាត់សូន្យឈឹង ហាក់ដូចជាគេមិនបានកើតទាល់តែសោះ កូនចៅរបស់គេក៏ដូច្នោះដែរ។ ១០ រីឯបុព្វបុរសយើង ជាមនុស្សមានចិត្តសប្បុរស មនុស្សជំនាន់ក្រោយ មិនបំភ្លេចអំពើសុចរិតរបស់អស់លោកឡើយ។ ១១ ទ្រព្យសម្បត្តិរបស់គាត់ត្រូវផ្ទេរឲ្យពូជពង្សគាត់ គឺកូនចៅគាត់ក៏បានទទួលកេរមត៌កពីគាត់ដែរ។ ១២ ពូជពង្សរបស់គាត់កាន់តាមសម្ពន្ធមេត្រីជានិច្ច ដោយសារគាត់កូនចៅរបស់គាត់ក៏កាន់តាមគាត់ដែរ។ ១៣ ពូជពង្សរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត ហើយភាពថ្កុំថ្កើងរុងរឿងរបស់គាត់ មិនសាបសូន្យឡើយ។ ១៤ សពរបស់គាត់បានសម្រាកក្នុងផ្នូរដោយសុខសាន្ត រីឯឈ្មោះរបស់គាត់ស្ថិតស្ថេរនៅជារហូតតរៀងទៅ។ ១៥ ប្រជាជាតិទាំងឡាយពោលរៀបរាប់អំពីប្រាជ្ញារបស់គាត់ ហើយសហគមន៍ក៏សរសើរតម្កើងគាត់ដែរ។
លោកហេណុក
១៦ លោកហេណុកគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ទើបព្រះអង្គលើកលោកឲ្យទៅនៅជាមួយ។ លោកបែរចិត្តទៅរកព្រះអង្គ នឹងទៅជាគំរូសម្រាប់មនុស្សគ្រប់ជំនាន់។
លោកណូអេ
១៧ ព្រះជាម្ចាស់យល់ឃើញថា លោកណូអេជាមនុស្សសុចរិតឥតខ្ចោះ។ ពេលព្រះអង្គព្រះអង្គព្រះពិរោធ គឺលោកជាអ្នកបន្តពូជរបស់មនុស្សជាតិ។ នៅពេលទឹកជំនន់លិចលង់ លោកធ្វើឲ្យមានមនុស្សសេសសល់នៅលើផែនដី។ ១៨ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីអស់កល្បជានិច្ច ជាមួយមនុស្សលោកដោយសន្យាថា មិនឲ្យសត្វលោកវិនាសអន្តរាយដោយទឹកជំនន់ទៀតឡើយ។
លោកអប្រាហាំ
១៩ លោកអប្រាហាំជាបុព្វបុរសដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិជាច្រើន។ គ្មាននរណាមានសិរីរុងរឿងដូចលោកទេ។ ២០ លោកកាន់តាមធម្មវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលចងសម្ពន្ធមេត្រីជាមួយលោក។ លោកដាក់សញ្ញាសម្គាល់នៃសម្ពន្ធមេត្រី នៅក្នុងខ្លួនលោក ហើយពេលព្រះអង្គល្បងលចិត្តលោក ព្រះអង្គយល់ឃើញថា លោកជាមនុស្សស្មោះត្រង់។ ២១ ហេតុនេះហើយបានជាព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយលោកថា ប្រជាជាតិនានានឹងទទួលពរដោយសារពូជពង្សរបស់លោក។ ព្រះអង្គក៏បង្កើនពូជពង្សរបស់លោកឲ្យមានចំនួនដូចធូលីដី ហើយលើកតម្កើងពូជពង្សរបស់គាត់ឲ្យបានដូចផ្កាយនៅលើមេឃ ព្រមទាំងទឹកដីរបស់ពួកគេឲ្យលាតសន្ធឹង តាំងពីសមុទ្រមរណៈរហូតដល់សមុទ្រមេឌីទែរ៉ាណេ តាំងពីទន្លេអឺប្រាតរហូតដល់ទីដាច់ស្រយាលនៃផែនដី។
លោកអ៊ីសាក និងលោកយ៉ាកុប
២២ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអ៊ីសាកតាមរបៀបដដែល ដោយយោគយល់ដល់លោកអប្រាហាំជាឪពុក។ ២៣ បន្ទាប់មក ព្រះអង្គប្រទានពរឲ្យមនុស្សទាំងអស់ តាមរយៈលោកយ៉ាកុប ព្រមទាំងតែងតាំងលោកឲ្យបន្តសម្ពន្ធមេត្រីជាមួយមនុស្សលោកដែរ។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គនឹងប្រទានពរឲ្យលោក ហើយប្រគល់ទឹកដីឲ្យលោកទុកជាមត៌កផង។ ព្រះអង្គចែកទឹកដីនេះជាដប់ពីរចំណែក ប្រគល់ឲ្យកុលសម្ព័ន្ធទាំងដប់ពីរ។
លោកម៉ូសេ
ព្រះអង្គធ្វើឲ្យមនុស្សដ៏សប្បុរសម្នាក់ ចេញពីពូជពង្សរបស់លោកយ៉ាកុប អ្នកនោះក៏គាប់ចិត្តរបស់មនុស្សទាំងអស់ដែរ។
៤៥
១ គឺលោកម៉ូសេ ដែលព្រះជាម្ចាស់ និងមនុស្សស្រឡាញ់។ គេតែងតែនឹកដល់លោកដោយលើកតម្កើងព្រះជាម្ចាស់ ២ ព្រះជាម្ចាស់ប្រទានឲ្យលោកប្រកបដោយសិរីរុងរឿងស្មើនឹងពពួកទេវទូត ហើយលើកលោកឲ្យមានអំណាច ដោយធ្វើឲ្យខ្មាំងសត្រូវខ្លបខ្លាចលោក។ ៣ ពេលលោកមានប្រសាសន៍ ព្រះជាម្ចាស់សម្ដែងបាដិហារិយ៍ ព្រះអង្គក៏ប្រទានឲ្យលោកប្រកបដោយសិរីរុងរឿងនៅចំពោះមុខស្តេចនានា។ ព្រះអង្គប្រទានបទបញ្ជាសម្រាប់ប្រជាជនព្រះអង្គ ហើយសម្ដែងសិរីរុងរឿងខ្លះឲ្យលោកឃើញ។ ៤ ព្រះអង្គញែកលោកឲ្យថ្វាយខ្លួនចំពោះព្រះអង្គ ព្រោះលោកជាមនុស្សស្មោះត្រង់ និងស្លូតបូត។ ព្រះអង្គបានជ្រើសរើសលោកក្នុងចំណោមសត្វលោកទាំងអស់ដែរ។ ៥ ព្រះអង្គប្រោសឲ្យលោកឮព្រះសូរសៀងរបស់ព្រះអង្គ ហើយនាំលោកចូលក្នុងពពក។ ព្រះអង្គប្រគល់បទបញ្ជាទាំងប៉ុន្មានឲ្យលោកម៉ូសេទល់មុខគ្នា គឺធម្មវិន័យដែលផ្តល់ជីវិត និងប្រាជ្ញា ដើម្បីបង្រៀនច្បាប់សម្ពន្ធមេត្រីឲ្យកូនចៅលោកយ៉ាកុប និងក្រឹត្យវិន័យឲ្យប្រជាជនអ៊ីស្រាអែល។
លោកអរ៉ុន
៦ ព្រះជាម្ចាស់លើកលោកអរ៉ុនឡើង គឺលោកជាជនដ៏វិសុទ្ធដូចលោកម៉ូសេជាប្អូន ក្នុងកុលសម្ព័ន្ធលេវី។ ៧ ព្រះអង្គចាត់តាំងលោកតាមក្បួនតម្រាដែលស្ថិតនៅអស់កល្បជានិច្ច និងប្រគល់មុខងារឲ្យលោកធ្វើជាបូជាចារ្យសម្រាប់ប្រជាជន។ ព្រះអង្គប្រោសប្រទានឲ្យលោកមានអំណរសប្យាយ ដោយស្លៀកសម្លៀកបំពាក់យ៉ាងល្អប្រណីត និងពាក់អាវផាយប្រកបដោយសិរីរុងរឿង។ ៨ ព្រះអង្គយកគ្រឿងអលង្ការដ៏ល្អប្រណីត មកបំពាក់ឲ្យលោក ប្រគល់សញ្ញាសម្គាល់នៃអំណាចរបស់លោក មានខោខ្លី អាវផាយ និងអេផូដ។ ៩ ព្រះអង្គបញ្ជាឲ្យដេរជាយអាវផាយនេះ ដោយប៉ាក់ជារូបផ្លែទទឹម ដាក់កូនកណ្តឹងមាសតូចៗជាច្រើននៅជុំវិញ ដែលបន្លឺនៅពេលលោកអរ៉ុនបោះជំហាន។ កណ្តឹងទាំងនេះបន្លឺស្នូរក្នុងព្រះវិហារ ដើម្បីរំឭកប្រជាជនថា ព្រះជាម្ចាស់គង់នៅជាមួយប្រជាជនរបស់ព្រះអង្គ។ ១០ ពួកសិប្បករធ្វើអាវផាយសក្ការៈពីអំបោះមាស ពណ៌ស្វាយ ពណ៌ក្រហមទុំជូនលោក។ លោកពាក់អាវលើទ្រូងសម្រាប់វិនិច្ឆ័យ គឺសម្រាប់រកសេចក្តីពិត។ ១១ ជាងទងយកត្បូងពេជ្រដែលចារតាមរបៀបគេឆ្លាក់ត្រា មកដាំលើមាស ហើយពាក់ភ្ជាប់លើអាវ ដែលដាក់នៅលើទ្រូងផង។ គេឆ្លាក់ឈ្មោះលើត្បូង តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យគេចងចាំជានិច្ច។ ១២ លោកពាក់មកុដមាសពីលើឆ្នួតក្បាល ដែលមានឆ្លាក់អក្សរថា «បូជាថ្វាយព្រះអម្ចាស់»។ គ្រឿងអលង្ការនេះ ជាសញ្ញានៃកិត្តិយស ជាស្នាដៃដ៏ល្អគួរឲ្យគយគន់ និងជាគ្រឿងអលង្ការដ៏ប្រណីត។ ១៣ មុនជំនាន់លោកអរ៉ុន គ្មាននរណា មានសម្លៀកបំពាក់ល្អប្រណីតដូច្នេះទេ ជនជាតិបរទេស មិនដែលមានសម្លៀកបំពាក់ទាំងនោះទ្បើយ គឺមានតែកូនៗរបស់លោក និងពូជពង្សរបស់លោកប៉ុណ្ណោះ ដែលស្លៀកសម្លៀកបំពាក់របៀបនេះ រហូតតរៀងទៅ។ ១៤ លោកថ្វាយតង្វាយដុតទាំងមូល ពីរដងក្នុងមួយថ្ងៃ ជារៀងរហូត។ ១៥ លោកម៉ូសេតែងតាំងលោកបូជាចារ្យ ដោយចាក់ប្រេងដ៏វិសុទ្ធអភិសេកលោក។ ដូច្នេះ លោកអរ៉ុន និងពូជពង្សរបស់លោក ទទួលមុខងារគោរពបម្រើព្រះជាម្ចាស់ធ្វើជាបូជាចារ្យ និងយកព្រះនាមព្រះអង្គមកប្រទានពរឲ្យប្រជាជនអស់កល្បជានិច្ច ហើយស្ថិតនៅជារៀងរហូតដូចមេឃ។ ១៦ ព្រះជាម្ចាស់ជ្រើសរើសលោកអរ៉ុនក្នុងចំណោមមនុស្សទាំងអស់ ដើម្បីថ្វាយតង្វាយដុតទាំងមូល គ្រឿងក្រអូប ទុកជាការនឹកដល់ព្រះអម្ចាស់ ព្រមទាំងធ្វើពិធីលើកលែងទោសឲ្យប្រជាជនផង ១៧ ព្រះជាម្ចាស់ប្រទានឲ្យលោកមានអំណាចបកស្រាយបទបញ្ជារបស់ព្រះអង្គ ដើម្បីកាត់ក្តី។ ព្រះអង្គក៏បានប្រទានឲ្យលោកបង្រៀនពូជពង្សរបស់លោកយ៉ាកុប ស្គាល់សេចក្តីដែលព្រះអង្គសព្វព្រះហប្ញទ័យឲ្យគេធ្វើ និងបំភ្លឺជនជាតិអ៊ីស្រាអែលដោយសារធម្មវិន័យរបស់ព្រះអង្គ។ ១៨ កាលប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថាន មានជនបរទេស គឺបក្សពួករបស់ដាតាន និងអ័ប៊ីរាម ព្រមទាំងបនរបស់កូរ៉េមានចិត្តច្រណែនឈ្នានីស ហើយបះបោរប្រឆាំងនឹងលោក ដោយខឹងក្តៅក្រហាយ។ ១៩ ព្រះអម្ចាស់ទតឃើញ ហើយមិនសព្វព្រះហប្ញទ័យ ព្រះអង្គព្រះពិរោធជាខ្លាំង ហើយសម្ដែងបាដិហារិយ៍ ដើម្បីធ្វើឲ្យវិនាស គឺរន្ទះបាញ់ដុតបំផ្លាញគេចោល។ ២០ ព្រះអង្គប្រទានឲ្យលោកអរ៉ុនប្រកបដោយភាពថ្កុំថ្កើងរុងរឿងថែមទៀត ដោយប្រោសប្រទានឲ្យលោកមានចំណែកមត៌ក គឺព្រះអង្គប្រទានឲ្យលោកទទួលផលដើមដំបូងទាំងអស់ និងផ្តល់ឲ្យលោកមានអាហារបរិភោគយ៉ាងបរិបូរណ៍។ ២១ ដ្បិតអស់លោកបូជាចារ្យ តែងតែយកយញ្ញបូជា និងតង្វាយមួយចំណែក ធ្វើជាអាហាររបស់ខ្លួន។ ព្រះអម្ចាស់ប្រទានតង្វាយទាំងនោះដល់លោក និងពូជពង្សរបស់លោកតរៀងទៅ។ ២២ ប៉ុន្តែ អស់លោកគ្មានចំណែកក្នុងទឹកដីរបស់ប្រជាជនទេ គេមិនបានទទួលមត៌កដូចប្រជាជនឯទៀត ព្រោះព្រះអម្ចាស់មានព្រះបន្ទូល មកកាន់លោកអរ៉ុនថា៖ «យើងជាចំណែកមត៌ករបស់អ្នក»។
លោកភីនេអាស
២៣ លោកភីនេអាស ជាកូនរបស់លោកអេឡាសារ ជាបុរសទីបី ដែលប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រោះលោកមានចិត្តខ្នះខ្នែង ក្នុងការគោរពកោតខ្លាចព្រះអម្ចាស់។ លោកមានចិត្តក្លាហានមោះមុតហ៊ានជំទាស់នឹងប្រជាជន នៅគ្រាដែលពួកគេបែកចេញពីព្រះអង្គ។ ធ្វើដូច្នេះ ព្រះជាម្ចាស់លើកលែងទោសឲ្យប្រជាជនអ៊ីស្រាអែល។ ២៤ ហេតុនេះហើយ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីនៃសន្តិភាពជាមួយលោក គឺព្រះអង្គជ្រើសតាំងលោកឲ្យធ្វើជាអ្នកទទួលខុសត្រូវលើទីសក្ការៈ និងជាមេដឹកនាំប្រជាជន។ ព្រះអង្គធ្វើឲ្យលោក និងពូជពង្សរបស់លោក មានមុខងារជាមហាបូជាចារ្យរហូតតរៀងទៅ។ ២៥ ព្រះអង្គក៏ចងសម្ពន្ធមេត្រីជាមួយព្រះបាទដាវីឌ ជាកូនរបស់លោកយេសាយ ក្នុងកុលសម្ព័ន្ធយូដាដែរ។ ព្រះអង្គមានព្រះបន្ទូលសន្យាថា រាជអំណាចផ្ទេរពីបិតាទៅបុត្រតែម្នាក់ រីឯកេរមរត៌ករបស់លោកអរ៉ុន គឺផ្ទេរឲ្យពូជពង្សទាំងមូលរបស់លោក។ ២៦ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យពូជពង្សរបស់លោកប្រកបដោយប្រាជ្ញាញាណ ដើម្បីឲ្យអស់លោកអាចវិនិច្ឆ័យប្រជារាស្ត្ររបស់ព្រះអង្គដោយសេចក្តីសុចរិត និងដើម្បីឲ្យនៅតែមានសេចក្តីចម្រុងចម្រើន និងកិត្តិយសរបស់ខ្លួនរហូតតរៀងទៅដែរ។
៤៦
លោកយ៉ូស៊ូអា និងលោកកាលែប
១ លោកយ៉ូស៊ូអាជាកូនរបស់លោកនូន ជាយុទ្ធជនដ៏អង់អាច។ លោកបន្តមុខងារជាព្យាការីពីលោកម៉ូសេ។ ស្របតាមអត្ថន័យនៃឈ្មោះរបស់លោក លោកទៅជាវីរជនដ៏ឧត្តុង្គឧត្តម ដើម្បីសង្រ្គោះប្រជាជនដែលព្រះអម្ចាស់បានជ្រើសរើស។ លោកក៏ដាក់ទោសខ្មាំងសត្រូវដែលលើកគ្នាប្រឆាំងនឹងលោក ហើយនាំប្រជាជនអ៊ីស្រាអែលទៅកាន់កាប់ទឹកដីជាមត៌ក។ ២ លោកទទួលសិរីរុងរឿងប្រសើរណាស់! នៅពេលលោកលើកដៃ និងតម្រង់ដាវបម្រុងវាយដណ្តើមក្រុងនានា។ ៣ តើមាននរណាម្នាក់មានចិត្តអង់អាចដូចលោកតាំងពីមុនមក? លោកជាអ្នកដឹកនាំការប្រយុទ្ធរបស់ព្រះអម្ចាស់។ ៤ លោកធ្វើឲ្យព្រះអាទិត្យឈប់ធ្វើដំណើរ និងធ្វើឲ្យមួយថ្ងៃវែងដូចជាពីរថ្ងៃ។ ៥ ពេលខ្មាំងសត្រូវព័ទ្ធលោកជុំវិញ លោកទូលអង្វរព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះដ៏មានតេជានុភាពសព្វប្រការ ហើយព្រះអម្ចាស់ដ៏ឧត្តុង្គឧត្តម ព្រះអង្គព្រះសណ្តាប់លោក ដោយធ្វើឲ្យគ្រាប់ព្រឹលធំៗ ដែលមានកម្លាំងខ្លាំងក្លាធ្លាក់ចុះមក។ ៦ លោកវាយសម្រុកលើកងទ័ពរបស់ខ្មាំងសត្រូវ ហើយបំផ្លាញពួកគេនៅពេលគេរត់ចុះតាមជម្រាលភ្នំ។ លោកធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ដទៃ ស្គាល់អាវុធគ្រប់យ៉ាងរបស់លោក ព្រោះជាតិសាសន៍ទាំងនោះ លើកគ្នាទៅច្បាំងនឹងព្រះអម្ចាស់ផ្ទាល់។ លោកតែងតែធ្វើតាមបញ្ជារបស់ព្រះដ៏មានប្ញទ្ធានុភាព។ ៧ នៅសម័យលោកម៉ូសេ លោកបង្ហាញចិត្តស្មោះត្រង់រួមជាមួយលោកកាលែប ជាកូនរបស់លោកយេភូនេ ដោយប្រឆាំងនឹងសហគមន៍ ហើយឃាត់ប្រជាជនមិនឲ្យប្រព្រឹត្តអំពើបាប។ អ្នកទាំងពីរធ្វើឲ្យប្រជាជនលែងរអ៊ូរទាំ និយាយអាក្រក់ប្រឆាំងនឹងព្រះអង្គ។ ៨ ហេតុនេះហើយ បានជាព្រះជាម្ចាស់សង្រ្គោះលោកទាំងពីរឲ្យរួចជីវិត ក្នុងចំណោមពលទាហានថ្មើរជើង ប្រាំមួយសែននាក់ ដើម្បីនាំប្រជាជនចូលទៅកាន់កាប់ទឹកដីដ៏សម្បូរសប្បាយ។ ៩ ព្រះអម្ចាស់ប្រទានឲ្យលោកកាលែបមានកម្លាំងខ្លាំងក្លា រហូតដល់ចាស់ជរា ដើម្បីវាយដណ្តើមយកតំបន់ភ្នំដែលពូជពង្សរបស់លោក កាន់កាប់ទុកជាមត៌ក។ ១០ ដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់ទទួលស្គាល់ថា ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ពិតជាការល្អប្រពៃ។
វីរបុរស
១១ សូមនឹកដល់អស់លោកវីរបុរស ទាំងលើកតម្កើងព្រះអម្ចាស់ផង។ វីរបុរសគ្រប់ៗរូប មានឈ្មោះល្បីតាមរបៀបប្លែកៗពីគ្នា គឺពួកគេគ្មានចិត្តក្បត់ព្រះអម្ចាស់ ហើយងាកចេញឆ្ងាយពីព្រះអង្គឡើយ។ ១២ ទោះបីធាតុរបស់អស់លោកនៅក្នុងផ្នូរក្តី សូមព្រះអម្ចាស់ប្រោសប្រទាន ឲ្យឈ្មោះអស់លោកប្រកបដោយសិរីរុងរឿង មានជីវិតជាថ្មីដោយសារកូនចៅរបស់ខ្លួនផង។
លោកសាម៉ូអែល
១៣ ព្រះអម្ចាស់ស្រឡាញ់លោកសាម៉ូអែលជាខ្លាំង។ លោកជាព្យាការីរបស់ព្រះអម្ចាស់ លោកតែងតាំងឲ្យមានស្តេចសោយរាជ្យ ហើយចាក់ប្រេងអភិសេកស្តេចជាច្រើនអង្គ ឲ្យត្រួតត្រាលើប្រជារាស្រ្តរបស់ព្រះអង្គ។ ១៤ លោកវិនិច្ឆ័យសហគមន៍អ៊ីស្រាអែលតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ ថែរក្សាពូជពង្សរបស់លោកយ៉ាកុប។ ១៥ ចិត្តស្មោះត្រង់របស់លោកបញ្ជាក់ថា លោកពិតជាព្យាការីមែន។ សេចក្តីទាំងប៉ុន្មានដែលលោកថ្លែង បញ្ជាក់ថា លោកពិតជាឃើញនិមិត្តហេតុគួរឲ្យជឿ។ ១៦ ពេលខ្មាំងសត្រូវលើកគ្នាពីគ្រប់ទិសទីមកប្រឆាំងនឹងលោក លោកទូលអង្វរព្រះអម្ចាស់ដ៏មានប្ញទ្ធានុភាព ទាំងយកកូនចៀមធ្វើជាយញ្ញបូជាផង។ ១៧ ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់ឮពីលើមេឃមក និងបន្លឺព្រះសូរសៀងលាន់ឮយ៉ាងខ្លាំង។ ១៨ លោកបំផ្លាញមេដឹកនាំរបស់ខ្មាំងសត្រូវ និងពួកស្តេចត្រាញ់ទាំងអស់របស់ជនជាតិភីលីស្ទីនដែរ។ ១៩ មុនពេលលោកចូលសម្រាន្តអស់កល្បជានិច្ច លោកបានប្រកាសជាសាធារណៈ នៅចំពោះព្រះភ័ក្រ្តរបស់ព្រះអម្ចាស់ និងស្តេចថា «ខ្ញុំពុំដែលរឹបអូសយកទ្រព្យសម្បត្តិពីនរណាឡើយ សូម្បីតែស្បែកជើង ក៏ខ្ញុំមិនដែលយកដែរ»។ គ្មាននរណាចោទប្រកាន់ទោសលោកទេ។ ២០ ទោះបីក្រោយពេលលោកចែកស្ថានក្តី ក៏លោកនៅតែថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់ទៀតដែរ គឺលោកទូលស្តេចថា ព្រះអង្គត្រូវចូលទិវង្គត។ លោកថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់ពីក្នុងដី ដើម្បីលុបលាងកំហុសរបស់ប្រជាជន។
៤៧
ព្យាការីណាថាន និងព្រះបាទដាវីឌ
១ បន្ទាប់ពីលោកសាម៉ូអែល ព្យាការីណាថានងើបឡើង ដើម្បីថ្លែងព្រះបន្ទូលក្នុងរជ្ជកាលព្រះបាទដាវីឌ។ ២ ពេលថ្វាយយញ្ញបូជាមេត្រីភាព បូជាចារ្យតែងតែញែកចំណែកដ៏ល្អបំផុតដាក់ដោយឡែកយ៉ាងណា ព្រះជាម្ចាស់ក៏ញែកព្រះបាទដាវីឌ ដាក់ដោយឡែកពីចំណោម ជនជាតិអ៊ីស្រាអែលយ៉ាងនោះដែរ។ ៣ លោកបង្រ្កាបសិង្ហ ដូចបង្រ្កាបកូនពពែ ហើយចាប់ខ្លាឃ្មុំ ដូចចាប់កូនចៀម។ ៤ កាលនៅវ័យក្មេងនៅឡើយ លោកប្រហារជីវិតមនុស្សមានមាឌធំសម្បើម ហើយដកការអាម៉ាស់ចេញពីប្រជាជនអ៊ីស្រាអែល គឺលោកយកដង្ហក់បាញ់ក្រួស និងប្រហារជីវិតគូលីយ៉ាតជាជនព្រហើន។ ៥ លោកទូលអង្វរព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រទានកម្លាំងឲ្យលោក ដើម្បីប្រហារជីវិតទាហានដ៏ស្ទាត់ជំនាញ ព្រមទាំងផ្តល់កម្លាំងឲ្យប្រជាជនព្រះអង្គឡើងវិញ។ ៦ ហេតុនេះហើយ អ្នកស្រុកលើកតម្កើងសិរីរុងរឿងរបស់លោក ហាក់ដូចជាបានប្រហារជីវិតខ្មាំងមួយម៉ឺននាក់។ គេក៏នាំគ្នាច្រៀងសរសើរលោក ទាំងលើកតម្កើងព្រះអម្ចាស់ដែរ ហើយគេជូនមកុដដ៏រុងរឿងឲ្យលោកផង។ ៧ ព្រះបាទដាវីឌកម្ទេចខ្មាំងសត្រូវនៅគ្រប់ទិសទី បំផ្លាញជនជាតិភីលីស្ទីន ជាបច្ចាមិត្ត ហើយកម្ទេចកម្លាំងរបស់គេរហូតមកដល់សព្វថ្ងៃ។ ៨ ក្នុងគ្រប់កិច្ចការដែលស្តេចប្រព្រឹត្ត ព្រះអង្គតែងតែសរសើរព្រះដ៏វិសុទ្ធខ្ពង់ខ្ពស់បំផុត ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គផង។ ស្តេចតែងតែស្មូត្រទំនុកតម្កើងដោយស្មោះអស់ពីចិត្ត ហើយស្រឡាញ់ព្រះជាម្ចាស់ ដែលបង្កើតលោកមក។ ៩ ស្តេចបង្កើតក្រុមចម្រៀងឲ្យច្រៀងយ៉ាងពីរោះនៅមុខអាសនៈ។ ១០ ធ្វើឲ្យពិធីបុណ្យនានាបានថ្កុំថ្កើងឡើង និងធ្វើឲ្យពិធីបុណ្យកាន់តែអធិកអធម ដើម្បីឲ្យប្រជាជនច្រៀងសរសើរតម្កើងព្រះនាម ដ៏វិសុទ្ធរបស់ព្រះអម្ចាស់ លាន់ឮរំពងក្នុងទីសក្ការៈ តាំងពីព្រលឹម។ ១១ ព្រះអម្ចាស់លើកលែងទោសឲ្យព្រះបាទដាវីឌ ហើយពង្រឹងអំណាចរបស់ព្រះរាជា ជារៀងរហូត។ ព្រះអង្គចងសម្ពន្ធមេត្រីជាមួយព្រះបាទដាវីឌ ក្នុងឋានៈជាព្រះមហាក្សត្រ ហើយប្រទានរាជបល្ល័ង្ក ប្រកបដោយសិរីរុងរឿងនៅស្រុកអ៊ីស្រាអែលដែរ។
ព្រះបាទសាឡូម៉ូន
១២ បន្ទាប់ពីព្រះបាទដាវីឌ មានរាជបុត្រមួយអង្គទៀត ប្រកបដោយចំណេះវិជ្ជាជ្រៅជ្រះ ងើបឡើង។ ព្រះជាម្ចាស់យល់ដល់ព្រះបាទដាវីឌ ព្រះអង្គប្រោសប្រទានឲ្យបុត្រនោះ រស់នៅយ៉ាងសុខសាន្ត។ ១៣ ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ស្រុកអ៊ីស្រាអែលប្រកបដោយសុខសន្តិភាព។ ព្រះជាម្ចាស់ប្រោសប្រទានសេចក្តីសុខសាន្តនៅគ្រប់ទិសទី ដើម្បីឲ្យព្រះរាជាសង់ព្រះដំណាក់សម្រាប់ព្រះអង្គគង់នៅ និងរៀបចំទីសក្ការៈដែលស្ថិតស្ថេរអស់កល្បជានិច្ច។ ១៤ បពិត្រព្រះករុណា! ពេលព្រះករុណានៅជាយុវជន ព្រះករុណាមានប្រាជ្ញាឈ្លាសវៃ ពោរពេញដោយសុភនិច្ឆ័យ ដូចទន្លេពេញប្រៀបដោយទឹក។ ១៥ ចំណេះវិជ្ជារបស់ព្រះករុណាលាតសន្ធឹងលើផែនដីទាំងមូល ព្រះករុណាក៏តែងពាក្យប្រស្នា និងសុភាសិត ពីគ្រប់វិស័យ។ ១៦ កិត្តិនាមរបស់ព្រះករុណាលាន់ឮដល់កោះនៅទីដាច់ស្រយាល ហើយគេស្រឡាញ់ព្រះករុណា ព្រោះតែសន្តិភាព ដែលព្រះករុណាប្រទានឲ្យគេ។ ១៧ មនុស្សទាំងអស់ ក្នុងពិភពលោកទាំងមូល នាំគ្នាស្ងើចសរសើរចម្រៀងសុភាសិតប្រស្នា និងការបកស្រាយរបស់ព្រះករុណា។ ១៨ ព្រះករុណាទទួលនាមដ៏រុងរឿងពីព្រះជាម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ព្រះករុណាប្រមូលមាស ដូចគេប្រមូលស្ពាន់ហើយប្រមូលប្រាក់ដូចគេប្រមូលសំណ។ ១៩ ប៉ុន្តែ ព្រះរាជាបានប្រគល់ព្រះកាយឲ្យស្រ្តីៗ ហើយស្រ្តីទាំងនោះធ្វើជាម្ចាស់ លើព្រះកាយរបស់ព្រះករុណា។ ២០ ដូច្នេះ ព្រះករុណាបណ្តាលឲ្យសិរីរុងរឿងរបស់ព្រះករុណាជាប់សៅហ្មង ព្រះករុណាបានបន្ទាបបន្ថោកជាតិ រហូតដល់ធ្វើឲ្យព្រះជាម្ចាស់ព្រះអង្គព្រះពិរោធនឹងរាជវង្សានុវង្ស។ រាជវង្សានុវង្ស នឹកស្តាយអំពើលេលារបស់ព្រះករុណាជាខ្លាំង។ ២១ អាណាចក្ររបស់ព្រះរាជានឹងចែកជាពីរ ហើយមានអាណាចក្ររបស់អ្នកបះបោរ កើតចេញពីកុលសម្ព័ន្ធអេប្រាអ៊ីម។ ២២ ប៉ុន្តែព្រះអម្ចាស់មិនបោះបង់ព្រះហប្ញទ័យ មេត្តាករុណារបស់ព្រះអង្គទេ ព្រះបន្ទូលសន្យារបស់ព្រះអង្គ នៅតែមានប្រសិទ្ធភាពជានិច្ច។ ព្រះអង្គមិនបណ្តោយឲ្យពូជពង្សរបស់ស្តេចដែលព្រះអង្គបានជ្រើសរើសនោះ វិនាសសាបសូន្យឡើយ។ ព្រះអង្គក៏មិនលុបបំបាត់ជាតិសាសន៍របស់អ្នក ដែលព្រះអង្គស្រឡាញ់ដែរ។ ព្រះអង្គប្រទានឲ្យប្រជាជនរបស់លោកយ៉ាកុប នៅមានសេសសល់ ហើយព្រះបាទដាវីឌ មានអ្នកស្នងរាជ្យចេញពីពូជពង្សរបស់ស្តេចដែរ។
ព្រះបាទរ៉ូបោម
២៣ បន្ទាប់មក ព្រះបាទសាឡូម៉ូនយាងចូលទៅសម្រាកជាមួយអយ្យកោរបស់ព្រះអង្គ។ ព្រះរាជាទុករាជវង្សមួយអង្គដែលលេលាជាងគេ ក្នុងចំណោមប្រជាជន និងគ្មានប្រាជ្ញា ឲ្យសោយរាជ្យ គឺព្រះបាទរ៉ូបោម ព្រះអង្គធ្វើឲ្យប្រជាជនមានការបះបោរ តាមការសម្រេចរបស់ខ្លួន។
ព្រះបាទយេរ៉ូបោម
ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យ ប្រព្រឹត្តអំពើបាប និងនាំកុលសម្ព័ន្ធអេប្រាអ៊ីម ឲ្យដើរក្នុងផ្លូវអាក្រក់។ ២៤ ពួកគេប្រព្រឹត្តអំពើបាបកាន់តែច្រើនឡើងៗ បានជាព្រះជាម្ចាស់បណ្តាលឲ្យខ្មាំងកៀរពួកគេចេញពីទឹកដីរបស់ខ្លួន។ ២៥ ពួកគេបណ្តោយខ្លួនឲ្យធ្វើអំពើអាក្រក់គ្រប់យ៉ាង រហូតដល់ធ្វើឲ្យព្រះជាម្ចាស់ ដាក់ទណ្ឌកម្មដល់ពួកគេ។
៤៨
ព្យាការីអេលី
១ ព្យាការីអេលីងើបឡើងដូចភ្លើង ពាក្យសម្ដីរបស់លោក ភ្លឺដូចចន្លុះក្នុងពេលយប់។ ២ លោកធ្វើឲ្យទុរ្ភិក្សកើតមាននៅស្រុកអ៊ីស្រាអែល។ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង លោកធ្វើឲ្យប្រជាជននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ។ ៣ តាមបញ្ជារបស់ព្រះអម្ចាស់ លោកធ្វើឲ្យមេឃរាំង ហើយធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃមកចំនួនបីដងដែរ។ ៤ ព្យាការីអេលីអើយ! លោកប្រកបដោយសិរីរុងរឿង ដោយសារតែលោកសម្ដែងបាដិហារិយ៍ តើនរណាអាចប្រៀបស្មើនឹងលោកបាន? ៥ លោកប្រោសមនុស្សស្លាប់ម្នាក់ឲ្យរស់ឡើងវិញ ដោយសារព្រះបន្ទូលរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ៦ លោកទម្លាក់ស្តេចជាច្រើនអង្គ ឲ្យវិនាសអន្តរាយ ព្រមទាំងទម្លាក់មេដឹកនាំឲ្យធ្លាក់ពីមុខតំណែងរបស់ខ្លួនដែរ។ ៧ នៅលើភ្នំស៊ីណៃ លោកឮព្រះអម្ចាស់ស្តីបន្ទោសលោក។ នៅលើភ្នំហូរ៉ែប លោកក៏ឮព្រះអង្គដាក់ទណ្ឌកម្មដែរ។ ៨ លោកចាក់ប្រេងអភិសេកស្តេចជាច្រើនអង្គ ដើម្បីរកយុត្តិធម៌ ឲ្យប្រជាជនអ៊ីស្រាអែល លោកក៏ចាក់ប្រេងតែងតាំងព្យាការី ឲ្យបន្តមុខតំណែងពីលោកដែរ។ ៩ ព្រះអម្ចាស់លើកលោកឡើងដោយភ្លើងកួចនៅលើរទេះ ទឹមដោយសេះភ្លើងផង។ ១០ ក្នុងគម្ពីរមានចែងថា ពេលអនាគត លោកទទួលភារកិច្ចបន្ធូរព្រះពិរោធរបស់ព្រះជាម្ចាស់ មុនពេលព្រះអង្គដាក់ទណ្ឌកម្ម គឺលោកនឹងអង្វរចិត្តឪពុកទៅរកកូន ព្រមទាំងស្រោចស្រង់កុលសម្ព័ន្ធរបស់លោកយ៉ាកុប ឲ្យបានដូចដើមឡើងវិញផង។ ១១ មានសុភមង្គលហើយ! អ្នកដែលបានឃើញ និងអ្នកដែលស្លាប់ទៅ ទាំងស្រឡាញ់ព្រះអម្ចាស់ ដ្បិតយើងពិតជាមានជីវិតមិនខាន។
ព្យាការីអេលីស៊េ
១២ កាលព្យាការីអេលីបាត់ទៅក្នុងភ្លើងកួចនោះ ព្យាការីអេលីស៊េ បានពោរពេញដោយវិញ្ញាណរបស់ព្យាការីអេលី។ អស់មួយជីវិតរបស់លោក គ្មានអ្នកកាន់អំណាចណាម្នាក់អាចបំភ័យលោកឲ្យខ្លាចទេ ហើយក៏គ្មាននរណាអាចបង្ខំលោកបានដែរ។ ១៣ គ្មានអ្វីបង្កការលំបាកដល់លោកឡើយ សូម្បីតែលោកទទួលមរណភាពហើយក្តី ក៏សពរបស់លោកអាចថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ដែរ។ ១៤ ពេលលោកមានជីវិតនៅឡើយ លោកបានសម្ដែងបាដិហារិយ៍ ហើយក្រោយពេលលោកទទួលមរណភាពទៅ លោកក៏ប្រព្រឹត្តកិច្ចការគួរឲ្យអស្ចារ្យដែរ។ ១៥ ទោះបីជាយ៉ាងនេះក្តី ក៏ប្រជាជនមិនកែប្រែចិត្តគំនិត ហើយមិនព្រមឃ្លាតចាកពីអំពើបាបរបស់ខ្លួន រហូតដល់ព្រះជាម្ចាស់ប្រើខ្មាំងឲ្យកៀរពួកគេចេញពីទឹកដីរបស់ខ្លួន និងកម្ចាត់កម្ចាយពួកគេនៅលើផែនដីទាំងមូល។ នៅសល់តែប្រជាជនមួយចំនួនតូច ព្រមទាំងមេដឹកនាំម្នាក់ ក្នុងរាជវង្សរបស់ព្រះបាទដាវីឌ។ ១៦ ព្រះមហាក្សត្រស្រុកយូដាមួយចំនួនប្រព្រឹត្តអំពើដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ប៉ុន្តែ មួយចំនួនទៀត ប្រព្រឹត្តអំពើបាបកាន់តែច្រើនឡើងៗ។
ព្រះបាទអេសេខ្យាស និងព្យាការីអេសាយ
១៧ ព្រះបាទអេសេខ្យាស សង់កំពែងជុំវិញក្រុងយេរូសាឡឹម ព្រមទាំងបញ្ចូលទឹកមកខាងក្នុងទីក្រុង ហើយឲ្យគេយកដែកមកដាប់ថ្ម និងជីកស្រះសម្រាប់ទុកទឹក។ ១៨ នៅជំនាន់ព្រះបាទអេសេខ្យាស ព្រះបាទសេណាកេរីបលើកទ័ពមកវាយក្រុងយេរូសាឡឹម ហើយចាត់លោករ៉ាបសាកែសឲ្យលើកដៃប្រឆាំងនឹងភ្នំស៊ីយ៉ូន ដោយចិត្តព្រហើនកោងកាច។ ១៩ ពេលនោះ ប្រជាជនក្រុងយេរូសាឡឹមនាំគ្នាតក់ស្លុតស្មារតី ញ័រដៃ ញ័រជើង ហើយឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសម្រាលកូន។ ២០ ពួកគេទូលអង្វរព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យមេត្តាករុណា ពួកគេលើកដៃទៅរកព្រះអង្គ ហើយព្រះដ៏វិសុទ្ធព្រះអង្គឆ្លើយតបតាមពាក្យអង្វររបស់ពួកគេពីស្ថានបរមសុខមក ព្រះអង្គចាត់ព្យាការីអេសាយឲ្យមករំដោះពួកគេ។ ២១ ព្រះអង្គវាយប្រហារជំរំរបស់ជនជាតិអាស្ស៊ីរី ហើយទេវទូតរបស់ព្រះអង្គ បំផ្លាញខ្មាំងឲ្យវិនាសសាបសូន្យ។ ២២ ដ្បិតព្រះបាទអេសេខ្យាស ធ្វើកិច្ចការដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ ស្តេចដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោយ៉ាងម៉ត់ចត់ ដូចព្យាការីអេសាយ ជាព្យាការីដ៏ឧត្តុង្គឧត្តមដែលនិមិត្តឃើញហេតុគួរឲ្យជឿ តែងតែទូន្មានស្តេច។ ២៣ នៅជំនាន់ព្យាការីអេសាយ ព្រះអាទិត្យធ្វើដំណើរថយក្រោយ ដើម្បីបង្កើនព្រះជន្មរបស់ស្តេច។ ២៤ ព្រះវិញ្ញាណដ៏ប្រសើរឧត្តមបានបំភ្លឺលោក ឲ្យនិមិត្តឃើញពេលអវសានកាល ហើយសម្រាលទុក្ខប្រជាជនក្រុងស៊ីយ៉ូន។ ២៥ លោកថ្លែងប្រាប់អំពីពេលអនាគត រហូតដល់ចុងបញ្ចប់ និងព្រឹត្តិការណ៍លាក់កំបាំង មុនហេតុការណ៍ទាំងនោះកើតមាន។
៤៩
ព្រះបាទយ៉ូស្យាស
១ ប្រជាជននឹកដល់ព្រះបាទយ៉ូស្យាស ដូចគេនឹកពីក្លិននៃគ្រឿងក្រអូបដែលអ្នកអប់បានរៀបចំទុក។ ពេលគេពោលពីព្រះនាមព្រះបាទយ៉ូស្យាស ប្រៀបដូចគេយកទឹកឃ្មុំដ៏ផ្អែមឆ្ងាញ់ដាក់ក្នុងមាត់ ឬដូចភ្លេងដ៏ពីរោះក្នុងពិធីជប់លៀង ដែលមានភ្ញៀវពិសាស្រា។ ២ ព្រះរាជាដើរតាមមាគ៌ាដ៏ទៀងត្រង់ ដោយនាំប្រជាជនឲ្យកែប្រែចិត្តគំនិត ហើយលុបបំបាត់ការគោរពព្រះក្លែងក្លាយ។ ៣ ព្រះរាជាតម្រង់ព្រះហប្ញទ័យទៅរកព្រះអម្ចាស់ ហើយពង្រឹងការគោរពប្រណិប័តន៍ព្រះអម្ចាស់ ក្នុងគ្រាដែលប្រជាជនលះបង់ព្រះអង្គចោល។
ស្តេចស្រុកយូដាចុងក្រោយបង្អស់ និងព្យាការីយេរេមី
៤ ក្រៅពីព្រះបាទដាវីឌ ព្រះបាទអេសេខ្យាស និងព្រះបាទយ៉ូស្យាស មានស្តេចផ្សេងៗទៀតសុទ្ធតែប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ ស្តេចទាំងនោះបោះបង់ចោលធម្មវិន័យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ឈ្មោះស្តេចទាំងនោះ វិនាសសាបសូន្យទាំងអស់។ ៥ ព្រះជាម្ចាស់ បានដកកម្លាំងរបស់ស្តេចទាំងនោះប្រគល់ឲ្យអ្នកផ្សេង ហើយដកសិរីរុងរឿងរបស់ព្រះរាជាទាំងនោះ ប្រគល់ឲ្យប្រជាជាតិដទៃ។ ៦ ខ្មាំងសត្រូវនាំគ្នាដុតចោលក្រុងដែលព្រះជាម្ចាស់បានជ្រើសរើស គឺទីក្រុងដែលមានទីសក្ការៈ ហើយធ្វើឲ្យផ្លូវក្នុងទីក្រុងនោះស្ងាត់ជ្រងំ ៧ ដូចព្យាការីយេរេមីបានថ្លែងប្រាប់ជាមុន។ ស្តេចទាំងនោះធ្វើបាបលោកយេរេមី ដែលព្រះជាម្ចាស់បានញែកទុកឲ្យធ្វើជាព្យាការី តាំងពីក្នុងផ្ទៃម្តាយមក ដើម្បីគាស់រំលើង បំផ្លាញ និងធ្វើឲ្យវិនាស ព្រមទាំងដាំ និងកសាងឡើងវិញដែរ។
ព្យាការីអេសេគីអែល
៨ ព្យាការីអេសេគីអែលឃើញ សិរីរុងរឿងរបស់ព្រះជាម្ចាស់ក្នុងនិមិត្តហេតុ គឺព្រះអង្គសម្ដែងសិរីរុងរឿងនៅលើរទេះ ទឹមដោយខេរូប៊ីម ៩ ដ្បិតលោកនឹកដល់លោកយ៉ូប ដែលប្រព្រឹត្តតាមមាគ៌ាដ៏សុចរិតទៀងត្រង់។
ព្យាការីទាំងដប់ពីរនាក់
១០ រីឯព្យាការីទាំងដប់ពីរនាក់ ទោះបីធាតុរបស់អស់លោកស្ថិតនៅក្នុងផ្នូរក្តី ក៏ព្រះជាម្ចាស់ប្រោសប្រទានឲ្យមានព្យាការី បន្តមុខងារពីអស់លោកដែរ ដ្បិតអស់លោកបានលើកទឹកចិត្ត កូនចៅរបស់លោកយ៉ាកុប ហើយរំដោះគេឲ្យមានជំនឿ និងសេចក្តីសង្ឃឹមជានិច្ច។
លោកសូរ៉ូបាបែល និងលោកយ៉ូស៊ូអា
១១ តើយើងថ្លែងពីកិត្តិយសដ៏ថ្កុំថ្កើងរបស់លោកសូរ៉ូបាបែលដូចម្តេចកើត? លោកប្រៀបដូចជាត្រា ដែលនៅក្នុងព្រះហស្តស្តាំ របស់ព្រះអម្ចាស់។ ១២ លោកយ៉ូស៊ូអា ជាកូនរបស់លោកយ៉ូសេដេកក៏ដូច្នេះដែរ។ នៅជំនាន់នោះ លោកទាំងពីរសង់ព្រះដំណាក់ និងទីសក្ការៈថ្វាយទៅព្រះអម្ចាស់ គឺទីសក្ការៈដែលប្រកបដោយសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។
លោកនេហេមី
១៣ លោកនេហេមីក៏ដូច្នោះដែរ គួរឲ្យនឹកដល់លោកយ៉ាងខ្លាំង ព្រោះលោកបានសង់កំពែងដែលរលំឲ្យឈរឡើងវិញ។ លោកដាក់ទ្វារ និងរនុក លោកបានសង់ផ្ទះរបស់យើងឡើងវិញដែរ។
បុព្វបុរស
១៤ ក្នុងចំណោមមនុស្សទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្កើតមកនៅលើផែនដី គ្មាននរណាប្រសើរដូចលោកហេណុកឡើយ ដ្បិតព្រះជាម្ចាស់បានលើកលោកឡើងពីផែនដីដែរ។ ១៥ គ្មានបុរសណាដូចលោកយ៉ូសែប ដែលធ្វើជាមេដឹកនាំលើបងៗខ្លួន ព្រមទាំងគាំទ្រប្រជាជនរបស់ខ្លួនផង។ គេនាំគ្នាគោរពធាតុរបស់លោកយ៉ាងខ្លាំង។ ១៦ លោកសែម និងលោកសែតមានឈ្មោះល្បីក្នុងចំណោមមនុស្សលោក ប៉ុន្តែ លោកអដាំជាមនុស្សដែលប្រសើរជាងសត្វលោកទាំងអស់ ដែលព្រះជាម្ចាស់បង្កើតមក។
៥០
លោកស៊ីម៉ូនជាមហាបូជាចារ្យ
១ លោកស៊ីម៉ូន ជាមហាបូជាចារ្យ ជាកូនរបស់លោកអូនីយ៉ា លោកបានជួសជុលព្រះដំណាក់ ឬពេលដែលលោកបំពេញមុខងាររបស់ខ្លួន។ លោកក៏ពង្រឹងទីសក្ការៈឲ្យមាំដែរ។ ២ លោកចាក់គ្រឹះកំពែងដែលមានកំពស់មួយទ្វេជាពីរ និងគ្រឹះបរិវេណនៃព្រះវិហារ។ ៣ ក្រោមការគ្រប់គ្រងរបស់លោក គេជីកស្រះ និងធ្វើអាងទឹកដែលមានទទឹង និងបណ្តោយស្មើនឹងសមុទ្រលង្ហិននៅក្នុងព្រះដំណាក់ពីដើម។ ៤ លោកតែងតែព្រួយបារម្ភ ខ្លាចក្រែងប្រជាជនមិនអាចចៀសផុតពីសេចក្តីវិនាសអន្តរាយ ហេតុនេះទើបលោកសង់កំពែងក្រុងដ៏រឹងមាំ ដើម្បីបង្ការការឡោមព័ទ្ធរបស់ខ្មាំង។ ៥ លោកប្រកបដោយសិរីរុងរឿងភ្លឺចិញ្ចែងចិញ្ចាច ពេលលោកដើរជុំវិញទីសក្ការៈ ក៏ដូចនៅពេលលោកចេញពីក្រោយវាំងនន នៃទីសក្ការៈដែរ។ ៦ លោកភ្លឺដូចផ្កាយព្រឹកលេចចេញពីពពក ដូចព្រះចន្ទនៅពេលពេញបូរមី ៧ ដូច ព្រះអាទិត្យរះនៅលើទីសក្ការៈរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ដូចឥន្ទធនូដែលភ្លឺត្រចះត្រចង់ លេចចេញពីពពក។ ៨ ដូចផ្កាកូឡាបនៅដើមរដូវផ្ការីក ដូចផ្កាម្លិះដែលដុះនៅក្បែរប្រភពទឹក ដូចព្រៃព្រឹក្សានៅលើភ្នំលីបង់នារដូវក្តៅ។ ៩ ដូចគ្រឿងក្រអូបដែលគេដុតក្បែរអាសនៈ ដូចភាជន៍ធ្វើពីមាសសុទ្ធ ដែលមានដាំត្បូងពេជ្រគ្រប់ប្រភេទថែមទៀតផង ១០ ដូចដើមអូលីវដែលមានផ្លែពេញដើម ដូចដើមស្រល់ដែលមានកម្ពស់ទល់មេឃ។ ១១ ពេលលោកពាក់អាវផាយរបស់មហាបូជាចារ្យ និងពាក់គ្រឿងអលង្ការដ៏រុងរឿងអស្ចារ្យ ពេលលោកឡើងទៅលើអាសនៈដ៏វិសុទ្ធ លោកធ្វើឲ្យបរិវេណនៃទីសក្ការៈពោរពេញដោយសិរីរុងរឿង។ ១២ លោកតែងតែឈរក្បែរចង្រ្កាននៃអាសនៈ ហើយទទួលចំណែកនៃយញ្ញបូជា ពីអស់លោកបូជាចារ្យ។ អស់លោកបូជាចារ្យជាបងប្អូននៅជុំវិញលោក ដូចមកុដមួយ ដូចដើមតាត្រៅនៅលើភ្នំលីបង់ អស់លោកនៅជុំវិញលោកស៊ីម៉ូន ដូចដើមលមើ។ ១៣ អស់លោកបូជាចារ្យជាពូជពង្សរបស់លោកអារ៉ុន ឈរទាំងពាក់អាវដ៏រុងរឿងរបស់បូជាចារ្យ ពួកគេកាន់តង្វាយសម្រាប់ថ្វាយព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល។ ១៤ លោកស៊ីម៉ូនគោរពបម្រើព្រះអម្ចាស់នៅលើអាសនៈ ហើយរៀបចំតង្វាយចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះដ៏មានតេជានុភាពសព្វប្រការ។ ១៥ លោកលូកដៃទៅកាន់ពែង ហើយច្រួចស្រាទំពាំងបាយជូរ គឺលោកចាក់នៅលើអាសនៈ ជះក្លិនក្រអូប ដែលគាប់ព្រះហប្ញទ័យនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះមហាក្សត្រនៃពិភពទាំងមូល។ ១៦ ពេលនោះ អស់លោកបូជាចារ្យជាកូនចៅលោកអរ៉ុននាំគ្នាផ្លុំត្រែធ្វើពីដែក ហើយបន្លឺសំឡេងយ៉ាងខ្លាំង ដើម្បីរំឭកប្រជាជននៅចំពោះព្រះភ័ក្រ្តព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ១៧ រំពេចនោះ ប្រជាជននាំគ្នាក្រាបចុះ ឱនមុខដល់ដីទាំងអស់គ្នា ដើម្បីថ្វាយបង្គំព្រះអម្ចាស់របស់ពួកគេ គឺព្រះដ៏មានតេជានុភាពសព្វប្រការ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ១៨ មានក្រុមអ្នកចម្រៀងនាំគ្នាច្រៀងលើកតម្កើងព្រះអង្គ ដោយបន្លឺសំឡេងយ៉ាងខ្លាំង ហើយពីរោះលាន់ឮពេញព្រះវិហារ។ ១៩ ប្រជាជននាំគ្នាអង្វរព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត គេអធិដ្ឋាននៅចំពោះព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់ ដែលប្រកបដោយព្រះហប្ញទ័យមេត្តាករុណា រហូតដល់ចប់ពិធីគោរពបម្រើព្រះអម្ចាស់។ ២០ លុះចប់សព្វគ្រប់ហើយ លោកស៊ីម៉ូនចុះពីអាសនៈ ហើយលើកដៃដាក់លើសហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីជូនពរក្នុងនាមព្រះអម្ចាស់ លោកមានកិត្តិយសប្រកាសព្រះនាមព្រះអង្គ។ ២១ ប្រជាជនទាំងមូលក្រាបម្តងទៀត ដើម្បីទទួលព្រះពរពីព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ពាក្យដាស់តឿន
២២ ឥឡូវនេះ ចូរសរសើរលើកតម្កើងព្រះជាម្ចាស់នៃពិភពទាំងមូល ព្រះអង្គបានប្រព្រឹត្តកិច្ចការដ៏ឧត្តុង្គឧត្តមនៅគ្រប់ទិសទី។ ព្រះអង្គបានលើកតម្កើងជីវិតយើងឲ្យចម្រើនឡើង តាំងពីក្នុងផ្ទៃម្តាយមក ហើយប្រព្រឹត្តចំពោះយើង ដោយព្រះហប្ញទ័យមេត្តាករុណាជានិច្ច។ ២៣ សូមព្រះអង្គប្រទានឲ្យយើងមានចិត្តអំណរសប្បាយ! សូមឲ្យយើងរស់នៅដោយសេចក្តីសុខសាន្ត ក្នុងស្រុកអ៊ីស្រាអែល ជាយូរអង្វែងតរៀងទៅ។ ២៤ សូមព្រះអង្គអាណិតមេត្តាដល់យើងជាដរាប! សូមព្រះអង្គរំដោះយើងជារៀងរាល់ថ្ងៃ អស់មួយជីវិតផង។
ប្រជាជាតិគួរឲ្យស្អប់ខ្ពើម
២៥ មានប្រជាជាតិពីរដែលខ្ញុំស្អប់ ហើយក៏មានប្រជាជាតិទីបី ដែលមិនមែនជាប្រជាជាតិទេ ក៏ធ្វើឲ្យខ្ញុំស្អប់ដែរ។ ២៦ គឺពួកអ្នកស្រុកដែលតាំងទីលំនៅតាមភ្នំសេអ៊ីរ ប្រជាជនភីលីស្ទីន និងប្រជាជនដ៏លេលាដែលរស់នៅភូមិស៊ីគែម។
ពាក្យបញ្ចប់
២៧ លោកយេស៊ូ ជាកូនរបស់លោកស៊ីរ៉ាក់ ជាចៅលោកអេឡាសារ ជាអ្នកក្រុងយេរូសាឡឹម បានកត់ត្រាទុកសេចក្តីប្រៀនប្រដៅ ក្នុងសៀវភៅនេះប្រកបដោយការត្រិះរិះពិចារណា និងចំណេះដឹង។ លោកចាក់បង្ហូរប្រាជ្ញា ដែលមាននៅក្នុងចិត្តរបស់លោកមកដូចទឹកភ្លៀង។ ២៨ មានសុភមង្គលហើយ អស់អ្នកដែលតែងតែត្រិះរិះពិចារណាពីសេចក្តីប្រៀនប្រដៅនេះ អ្នកដែលចងចាំទុកសេចក្តីទាំងនេះក្នុងចិត្ត មុខជាក្លាយទៅជាអ្នកប្រាជ្ញមិនខាន។ ២៩ ប្រសិនបើអ្នកនោះប្រតិបត្តិតាមសេចក្តីទាំងនោះ គេមានកម្លាំងអាចពុះពារគ្រប់ឧបសគ្គ ដ្បិតគេដើរតាមមាគ៌ានៃការគោរពកោតខ្លាចព្រះអម្ចាស់។
៥១
សេចក្តីបន្ថែម
ពាក្យអធិដ្ឋានរបស់លោកយេស៊ូ ជាកូនរបស់លោកបេនស៊ីរ៉ាក់
១ បពិត្រព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ខ្ញុំសូមអរព្រះគុណព្រះអង្គ សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះសង្រ្គោះរបស់ខ្ញុំ។ ខ្ញុំសូមអរព្រះគុណព្រះនាមព្រះអង្គ។ ២ ដ្បិតព្រះអង្គបានការពារ និងជួយសង្រ្គោះខ្ញុំ ព្រះអង្គបានរំដោះរូបកាយខ្ញុំ ឲ្យរួចពីការវិនាសអន្តរាយ រួចពីអន្ទាក់នៃអណ្តាតរបស់មនុស្សនិយាយមួលបង្កាច់ រួចពីមាត់របស់អ្នកដែលតែងតែភូតភរផង។ ព្រះអង្គបានជួយ និងរំដោះខ្ញុំនៅចំពោះបច្ចាមិត្តខ្ញុំ។ ៣ ព្រះអង្គបានរំដោះខ្ញុំ ដោយព្រះហប្ញទ័យអាណិតមេត្តាដ៏លើសលប់របស់ព្រះអង្គ និងដោយព្រះនាមព្រះអង្គ គឺព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីអ្នកដែលប៉ងប្រាថ្នាចង់ត្របាក់ខ្ញុំ និងរួចពីកណ្តាប់ដៃរបស់មនុស្សដែលរកសម្លាប់ខ្ញុំ។ ព្រះអង្គបានសង្រ្គោះខ្ញុំឲ្យរួចផុតពីទុក្ខវេទនាដ៏ច្រើនឥតគណនាផង! ៤ គឺពីភ្លើងដែលឆេះសន្ធោសន្ធៅនៅជុំវិញខ្លួន ធ្វើឲ្យខ្ញុំថប់ដង្ហើម! ព្រះអង្គបានរំដោះខ្ញុំចេញពីក្នុងអណ្តាតភ្លើង ដែលខ្ញុំមិនបានបង្កាត់។ ៥ ព្រះអង្គប្រោសខ្ញុំឲ្យរួចពីសេចក្តីស្លាប់ ពីពាក្យសម្ដីអាក្រក់ និងពាក្យភូតភរកុហក ៦ ពីចុងអណ្តាតរបស់មនុស្សអាក្រក់។ ខ្ញុំជិតស្លាប់ហើយ ជិតចុះទៅជួបមច្ចុរាជហើយ។ ៧ គេឡោមព័ទ្ធខ្ញុំជុំវិញ ហើយគ្មាននរណាសង្រ្គោះខ្ញុំទេ។ ខ្ញុំសម្លឹងរកមើលមនុស្សជួយ តែគ្មានឃើញនរណាសោះ។ ៨ បពិត្រព្រះអម្ចាស់! ពេលនោះ ខ្ញុំនឹកឃើញពីព្រះហប្ញទ័យអាណិតមេត្តារបស់ព្រះអង្គ ហើយពីព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ ដែលមានតាំងពីដើមរៀងមក។ ព្រះអង្គតែងតែរំដោះអ្នកដែលពឹងផ្អែកលើព្រះអង្គ ហើយតែងតែសង្រ្គោះគេ ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ។ ៩ ខ្ញុំទូលអង្វរព្រះអង្គពីផែនដីទៅ សូមឲ្យរួចពីសេចក្តីស្លាប់។ ១០ ខ្ញុំអង្វរព្រះអម្ចាស់ជាព្រះបិតា សូមកុំបោះបង់ខ្ញុំចោលនៅគ្រាដែលខ្ញុំមានអាសន្ន ក្នុងគ្រាដែលមានសុទ្ធតែមនុស្សអួតបំប៉ោង ខ្ញុំគ្មានទីពឹងឡើយ។ ១១ ខ្ញុំនឹងសរសើរតម្កើងព្រះនាមព្រះអង្គឥតឈប់ឈរ ខ្ញុំក៏ច្រៀងបទអរព្រះគុណព្រះអង្គផង។ ព្រះអម្ចាស់ព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់ខ្ញុំ។ ១២ ដ្បិតព្រះអង្គបានសង្រ្គោះខ្ញុំ ឲ្យរួចពីក្តីវិនាសអន្តរាយ គឺព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីអាសន្ននេះ។ ហេតុនេះហើយបានជាខ្ញុំសូមអរព្រះគុណព្រះអង្គ សូមច្រៀងបទសរសើរតម្កើងព្រះអង្គ ខ្ញុំសូមលើកតម្កើងព្រះនាមព្រះអម្ចាស់។
ការស្វែងរកព្រះប្រាជ្ញាញាណ
១៣ កាលខ្ញុំនៅក្មេងនៅឡើយ គឺមុនពេលខ្ញុំដើរផ្សងព្រេងក្នុងពិភពលោក ខ្ញុំបានស្វែងរកព្រះប្រាជ្ញាញាណ ដោយទូលអង្វរសុំព្រះអម្ចាស់ឥតលាក់លៀមឡើយ។ ១៤ នៅខាងមុខព្រះវិហារខ្ញុំអង្វរសុំឲ្យបានទទួលព្រះប្រាជ្ញាញាណ ខ្ញុំក៏ស្វែងរកព្រះប្រាជ្ញាញាណ រហូតដល់អវសាននៃជីវិត។ ១៥ ពេលព្រះប្រាជ្ញាញាណចម្រើនឡើង ព្រះអង្គប្រៀបដូចជាផ្លែទំពាំងបាយជូរកំពុងទុំ ហើយជាសេចក្តីសប្បាយរីករាយនៅក្នុងចិត្តខ្ញុំ។ ខ្ញុំដើរតាមមាគ៌ាដ៏ទៀងត្រង់ គឺតាំងពីក្មេងមក ខ្ញុំដើរតាមដានព្រះប្រាជ្ញាញាណ។ ១៦ ខ្ញុំប្រុងត្រចៀកស្តាប់បន្តិច ទើបខ្ញុំទទួលព្រះប្រាជ្ញាញាណ ព្រមទាំងទទួលពាក្យអប់រំជាច្រើន។ ១៧ ខ្ញុំចម្រើនឡើងក៏ដោយសារព្រះប្រាជ្ញាញាណដែរ។ ខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់ ដែលបានប្រទានព្រះប្រាជ្ញាញាណឲ្យខ្ញុំ។ ១៨ ខ្ញុំសម្រេចចិត្តប្រព្រឹត្តតាមព្រះប្រាជ្ញាញាណ ហើយខំប្រព្រឹត្តអំពើល្អ ខ្ញុំមិនខកចិត្តឡើយ។ ១៩ ខ្ញុំប្រយុទ្ធយ៉ាងខ្លាំងរួមជាមួយព្រះប្រាជ្ញាញាណ ខ្ញុំក៏ខំប្រតិបត្តិតាមធម្មវិន័យយ៉ាងម៉ត់ចត់ដែរ។ ខ្ញុំបានលើកដៃអង្វរព្រះជាម្ចាស់ទាំងនឹកស្តាយ ដោយមិនបានធ្វើតាមព្រះប្រាជ្ញាញាណជានិច្ច។ ២០ ខ្ញុំបានតម្រង់ចិត្តខ្ញុំឆ្ពោះទៅរកព្រះប្រាជ្ញាញាណ។ ខ្ញុំមានចិត្តស្អាតបរិសុទ្ធ ហើយខ្ញុំក៏រកឃើញព្រះប្រាជ្ញាញាណ។ ព្រះអម្ចាស់ប្រទានឲ្យខ្ញុំចេះរិះគិតពិចារណា ដោយសារព្រះប្រាជ្ញាញាណ តាំងពីដើមរៀងមកដែរ។ ហេតុនេះហើយបានជាព្រះប្រាជ្ញាញាណមិនបោះបង់ចោលខ្ញុំឡើយ។ ២១ ខ្ញុំរំភើបចិត្តជាខ្លាំងដោយស្វែងរកឃើញព្រះប្រាជ្ញាញាណ ដោយសារព្រះប្រាជ្ញាញាណ ខ្ញុំមានទ្រព្យសម្បត្តិដ៏ប្រសើរបំផុត។ ២២ ព្រះអម្ចាស់ប្រទានឲ្យខ្ញុំមានវោហារទុកជារង្វាន់ ហេតុនេះហើយ បានជាខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គ។ ២៣ អស់អ្នកដែលគ្មានការអប់រំអើយ! សូមអញ្ជើញមករកខ្ញុំ! ចូរមករៀនពីខ្ញុំចុះ! ២៤ នៅពេលអ្នករាល់គ្នាស្រេកឃ្លានយ៉ាងខ្លាំង ចង់បានព្រះប្រាជ្ញាញាណ ហេតុអ្វីបានជាអ្នករាល់គ្នាខ្វះការអប់រំតទៅទៀតដូច្នេះ? ២៥ ខ្ញុំសូមប្រកាសថា ចូរមកទិញព្រះប្រាជ្ញាញាណសម្រាប់ខ្លួនឯង ដោយមិនបាច់ចេញថ្លៃ!។ ២៦ ចូរឱនក្បាលយកនឹមនៃព្រះប្រាជ្ញាញាណមកដាក់លើ ក និងទទួលការអប់រំរបស់ព្រះអង្គចុះ! អ្នករាល់គ្នាអាចស្វែងរកឃើញការអប់រំនេះនៅក្បែរៗអ្នក។ ២៧ ចូរសង្កេតមើលផ្ទាល់ភ្នែកចុះ! ខ្ញុំនឿយហត់តែបន្តិចបន្តួចប៉ុណ្ណោះ មុននឹងខ្ញុំមានសេចក្តីសុខសាន្តយ៉ាងកក់ក្តៅ។ ២៨ ចូរទទួលការអប់រំដោយចំណាយប្រាក់យ៉ាងច្រើន ហើយដោយសារការអប់រំ នេះអ្នករាល់គ្នាក៏ទទួលបានមាសយ៉ាងច្រើនដែរ។ ២៩ សូមឲ្យអ្នករាល់គ្នាត្រេកអរសប្បាយ ដោយព្រះអម្ចាស់មានព្រះហប្ញទ័យមេត្តាករុណា កុំអៀនខ្មាសនឹងសរសើរលើកតម្កើងព្រះអង្គ។ ៣០ ចូរបំពេញការងាររបស់ខ្លួនឲ្យទាន់ពេលកំណត់ នោះព្រះអង្គមុខជាប្រទានរង្វាន់ឲ្យអ្នករាល់គ្នាមិនខាន!។
1,009 Views