៩. ដំណើរបេសកកម្មលើកទី២
រវាងឆ្នាំ៥១-៥៣ នៃគ.ស
(កក ១៥,៣៦-១៨,២២)
បន្ទាប់ពីអង្គសន្និបាតក្រុមគ្រីស្តទូតនៅក្រុងយេរូសាឡឹម គ្រីស្តទូតប៉ូលមានបំណងចង់វិលត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលលោកបានប្រកាសព្រះបន្ទូលព្រះអម្ចាស់។ គ្រីស្តទូតបារណាបាសចង់នាំលោកយ៉ូហានម៉ាកុសទៅជាមួយម្តងទៀត តែគ្រីស្តទូតប៉ូលបានប្រកែកយ៉ាងខ្លាំង ដោយលើកហេតុផលអំពីរឿងដែលលោកយ៉ូហានម៉ាកុសបានរត់ចោលពួកលោកនៅក្រុងប៉មភីលី កាលពីដំណើរបំពេញបេសកកម្មលើកទី១ (សូមមើលដំណើរលើកទី១)។ លោកទាំងពីរបានខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ចែកផ្លូវគ្នាថែមទៀតផង។ គ្រីស្តទូតបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ ចាប់តាំងពីពេលនោះមក យើងលែងបានឮអំពីឈ្មោះរបស់គ្រីស្តទូតបារណាបាសនៅក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតទៀតហើយ។ រីឯគ្រីស្តទូតប៉ូលវិញ បាននាំលោកស៊ីឡាស ដែលជាតំណាងព្រះសហគមន៍ក្រុងយេរូសាឡឹមទៅជាមួយ។ លោកទាំងពីរបានធ្វើដំណើរបំពេញបេសកកម្មលើកទី២ ដើម្បីពង្រឹងជំនឿ និងដើម្បីប្រកាសអំពីសេចក្តីសម្រេចរបស់អង្គសន្និបាតរបស់ក្រុមគ្រីស្តទូតនៅក្រុងយេរូសាឡឹម ដើម្បីឱ្យគេអនុវត្តតាម។ គ្រីស្តទូតប៉ូលបានធ្វើដំណើរចាកចេញពីក្រុងអន់ទីយ៉ូកឆ្លងកាត់ស្រុកស៊ីរី និងស្រុកស៊ីលីស៊ីដោយកាត់តាមក្រុងតារសុសជាស្រុកកំណើត។ បន្ទាប់មក ពួកលោកបន្តដំណើរទៅក្រុងឌែរបេ និងក្រុងលីស្ត្រា។ នៅក្រុងលីស្រ្តា គ្រីស្តទូតប៉ូលបាននាំយុវជនឈ្មោះធីម៉ូថេឱ្យធ្វើដំណើរួមជាមួយគ្នា «គាត់មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូញ៉ុម» (កក ១៦,២)។ គ្រីស្តទូតប៉ូលបានធ្វើពិធីកាត់ស្បែកឱ្យលោកធីម៉ូថេ ដោយសារលោកមានម្តាយជាសាសន៍យូដា និងឪពុកជាជនជាតិក្រិក។ លោកធីម៉ូថេ គឺជាសាវ័កមួយរូបសំខាន់ ដែលជាសហការីរបស់គ្រីស្តទូតប៉ូល។ ក្នុងចំណោមលិខិតទាំង១៣របស់គ្រីស្តទូតប៉ូល មានលិខិតចំនួនពីរច្បាប់ ដែលមានឈ្មោះធីម៉ូថេជាចំណងជើង គឺលិខិតធីម៉ូថេទី១ និងទី២។
ចាប់តាំងពីពេលនោះមក គ្រីស្តទូតប៉ូលបានបន្តធ្វើដំណើរបំពេញបេសកកម្មដោយមានសមាជិកបីនាក់។ លោកទាំងបីនាក់បានធ្វើដំណើរទៅកាន់ក្រុងអ៊ីកូញ៉ូម (ឬសព្វថ្ងៃឈ្មោះក្រុងកូនីយ៉ា) និងក្រុងអន់ទីយ៉ូកនៅពីស៊ីឌី។ នៅដើមគ្រីស្តសករាជ ក្រុងឌែរបេ លីស្ត្រា អ៊ីកូញ៉ូម និងអន់ទីយ៉ូកនៅពីស៊ីឌីស្ថិតនៅក្នុងដែនដីកាឡាទី។ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ក្រុងទាំងនោះហើយ ពួកលោកបានបន្តធ្វើដំណើរកាត់តាមស្រុកព្រីគី ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធបានឃាត់ពួកលោកមិនឱ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីឡើយ។ ហេតុនេះ ពួកលោកក៏ធ្វើដំណើរទៅស្រុកមីស៊ី។ លុះពេលទៅជិតដល់ស្រុកនោះ គ្រីស្តទូតប៉ូលមានបំណងទៅស្រុកប៊ីធីនី ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឱ្យទៅទេ។ មកដល់ដំណាក់កាលនេះ គ្រីស្តទូតប៉ូលហាក់ដូចជាមិនមានទិសដៅច្បាស់លាស់ត្រូវទៅណា បន្ទាប់ពីបានសួរសុខទុក្ខព្រះសហគមន៍ដែលលោកបានប្រកាសដំណឹងល្អលើកទី១។ ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធជាអ្នកតម្រង់ផ្លូវឱ្យលោកធ្វើដំណើរ។ ដូច្នេះ ពួកលោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ីទៅដល់ក្រុងត្រូអាស។ នៅទីនោះមានកំពង់ផែតភ្ជាប់ទ្វីបអាស៊ីនិងអឺរ៉ុប។
ចម្ងាយផ្លូវធ្វើដំណើរដោយថ្មើជើងពីក្រុងអន់ទីយ៉ូកស្រុកស៊ីរីរហូតដល់ក្រុងត្រូអាសមានប្រវែងប្រមាណ១៣០០គីឡូម៉ែត្រ។ សព្វថ្ងៃ ដែនដីទាំងអស់ដែលក្រុមគ្រីស្តទូតប៉ូលបានធ្វើដំណើរឆ្លងកាត់នេះស្ថិតនៅក្នុងប្រទេសតួគី។ នៅក្រុងត្រូអាស គ្រីស្តទូតប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូន ដែលនៅទ្វីបអឺរ៉ុបអង្វរលោកឱ្យឆ្លងទៅជួយពួកគេ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!» (កក ១៦,៩)។ តាមការនិមិត្តនេះ គឺព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តទូតប៉ូល និងសហការីឱ្យទៅប្រកាសដំណឹងល្អដល់អ្នកស្រុកនោះ។ ចាប់តាំងពីពេលនោះមក ក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត ប្រើពាក្យសព្វនាម (យើង) គឺសំដៅទៅលើអ្នកនិពន្ធកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត គឺលោកលូកាក៏ចូលរួមក្នុងដំណើរនេះផងដែរ (កក ១៦,១០)។ លោកលូកាគឺជាគ្រូពេទ្យ និងជាសហការីដ៏ជិតស្និទ្ធរបស់គ្រីស្តទូតប៉ូល (កូឡ ៤,១៤) ដែលបានជួបគ្នានៅក្រុងត្រូអាស។ តាមប្រពៃណីព្រះសហគមន៍ លោកលូកាបាននិពន្ធកណ្ឌគម្ពីរដំណឹងល្អតាមសន្តលូកា និងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតនេះ ដែលព្រះសហគមន៍បានអនុមតិជាគម្ពីរសាសនប្បញ្ញតិ្តរបស់គ្រីស្តសាសនា។
គ្រីស្តទូតប៉ូលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប
«នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។ ក្រោយពេលលោកបានឃើញនិមិត្តហេតុអស្ចារ្យនេះហើយ យើងក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។»
(កក ១៦,៩-១០)
ក្រុមគ្រីស្តទូតប៉ូលបានចេញដំណើរតាមសំពៅពីកំពង់ផែត្រូអាស ឆ្ពោះទៅកាន់កោះសាម៉ូត្រាស ហើយសម្រាកនៅទីនោះមួយយប់។ ស្អែកឡើង ពួកលោកបានបន្តដំណើរដល់កំពង់ផែក្រុងណេអាប៉ូលី (ឬសព្វថ្ងៃក្រុងនេះមានឈ្មោះថាកាវ៉ាឡា)។ ការធ្វើដំណើរតាមសំពៅពីកំពង់ផែត្រូអាសដល់កំពង់ផែណេអាប៉ូលីដោយឆ្លងកាត់តាមកោះសាម៉ូត្រាស់មានចម្ងាយប្រមាណ២២០គីឡូម៉ែត្រ។ បន្ទាប់មក ត្រូវធ្វើដំណើរថ្មើជើងតាមផ្លូវរ៉ូម៉ាំងបូរាណឈ្មោះថា ផ្លូវអ៊ីញ៉ាស់ ប្រមាណ១៥គីឡូម៉ែត្រ ទើបដល់ក្រុងភីពីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ ពួកលោកបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ នៅក្នុងសម័យចក្រភពរ៉ូម៉ាំង ផ្លូវអ៊ីញ៉ាស់ គឺផ្លូវគមនាគមន៍ដ៏មានសារៈសំខាន់ដើម្បីតភ្ជាប់ពីក្រុងកុងស្តង់ទីណូប្លរបស់ចក្រភពរ៉ូម៉ាំងខាងកើតទៅ ផ្លូវអាភីយ៉ា រហូតដល់ទីក្រុងរ៉ូមរបស់ចក្រភពរ៉ូម៉ាំងខាងលិច។
សព្វថ្ងៃ ក្រុងភីលីពឋិតនៅភាគខាងជើងនៃប្រទេសក្រិច និងនៅសល់តែសំណង់បាក់បែកតែប៉ុណ្ណោះ។ នៅសម័យបុរាណក្រុងនេះស្ថិតក្នុងស្រុកម៉ាសេដូន ដែលជាស្រុកកំណើតរបស់ព្រះចៅអធិរាជមានឈ្មោះល្បីល្បាញមួយអង្គក្នុងប្រវត្តិសាស្រ្តគឺ អាឡិចសង់ដ៏ឧត្តម (៣៣៦-៣២៣ មុនគ.ស)។ ស្តេចភីលីពទី២ ជាបិតារបស់ទ្រង់ បានប្តូរឈ្មោះក្រុងនេះថា ភីលីព តាមឈ្មោះរបស់ខ្លួននៅឆ្នាំ៣៥៦ មុនគ.ស។
គ្រីស្តទូតប៉ូលនៅក្រុងភីលីព
នៅក្រុងភីលីពនេះ គ្រីស្តទូតប៉ូលបានជួបទាំងសំណាង និងទាំងគ្រោះ។ មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌី ជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ និងមានដើមកំណើតនៅស្រុកធីយ៉ាទៀរ នៅអាស៊ីមីនឺ។ ព្រះអម្ចាស់បានបំភ្លឺឱ្យនាងកែប្រែចិត្តគំនិតជឿលើព្រះអង្គ ដោយនាងបានយកចិត្តទុកដាក់ស្តាប់តាមពាក្យប្រកាសរបស់គ្រីស្តទូតប៉ូល។ នាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសារ ហើយបានអញ្ជើញ និងបានទទួចសុំឱ្យគ្រីស្តទូតប៉ូល និងសហការីស្នាក់នៅក្នុងផ្ទះរបស់នាង «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!» (កក ១៦,១៥)។ នាងក្លាយជាសាវ័កគំរូម្នាក់អំពីការទទួលស្វាគមន៍ និងចូលរួមសហការជាមួយក្រុមគ្រីស្តទូតក្នុងការប្រកាសដំណឹងល្អ។ ផ្ទះរបស់នាងក្លាយជាទីកន្លែងសម្រាប់ការជួបជុំគ្នារបស់ក្រុមសាវ័ក។ ទង្វើនេះគឺជាការឆ្លុះបញ្ចាំងអំពីការរស់នៅតាមជំនឿ។ នៅក្នុងលិខិតទាំង១៣របស់គ្រីស្តទូតប៉ូល មានលិខិតមួយដែលគ្រីស្តទូតប៉ូលបានសរសេរដោយផ្ទាល់ដៃផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព។ ក្នុងលិខិតនេះ គ្រីស្តទូតប៉ូលបានសម្តែងពីមនោសញ្ចេតនា ការសរសើរ និងការដឹងគុណចំពោះគ្រីស្តបរិស័ទនៅក្រុងនេះ ដែលមានគំរូល្អជាងគេ។ ដ្បិតពួកគេ មានចិត្តសប្បុរសបានជួយជ្រោមជ្រែងលោកយ៉ាងខ្លាំង ជាពិសេសនៅពេលលោកជួបទុក្ខលំបាក ដូចលោកបានរៀបរាប់ថា៖
«បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា
តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ
គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ
ក្រៅពីបងប្អូន គ្មានព្រះសហគមន៍ណាបានជួយខ្ញុំ
ក្នុងការចំណាយ ឬចំណូលឡើយ។
កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើប្រាក់ទៅជួយ
តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។
អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់
ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងយល់ព្រមទទួល។»
(ភីល ៤,១៥-១៦.១៨)
ទីកន្លែងដែលគ្រីស្តទូតប៉ូលធ្វើពិធីជ្រមុជទឹកឱ្យសន្តីលីឌី
នៅក្រុងភីលីពដដែល គ្រីស្តទូតប៉ូល និងស៊ីឡាសបានទទួលទារុណកម្ម និងជាប់ឃុំឃាំង ដោយសារតែការដេញខ្មោចចេញពីស្រ្តីម្នាក់។ ស្រ្តីនោះគឺជាទាសករដែលមានខ្មោចចូលបណ្តាលឱ្យនាងចេះទាយ ដើម្បីផ្តល់ឱ្យម្ចាស់ទទួលកម្រៃបានយ៉ាងច្រើន។ នាងតែងដើរតាមក្រុមគ្រីស្តទូតប៉ូលអស់ជាច្រើនថ្ងៃទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា» (កក ១៦,១៧)។ គ្រីស្តទូតប៉ូលទាស់ចិត្តយ៉ាងខ្លាំង ហើយបានដេញខ្មោចចេញពីនាង បណ្តាលឱ្យនាងឈប់ចេះទាយ។ រីឯម្ចាស់របស់នាងក៏លែងទទួលបានប្រាក់ចំណូលពីនាងតទៀត។ ហេតុនេះ ពួកគេខឹងសម្បាបានចាប់គ្រីស្តទូតប៉ូល និងស៊ីឡាសអូសទៅជូនចៅក្រម ហើយចៅក្រមនាំពួកលោកទៅជួបអាជ្ញាធរ ដោយពោលថា ពួកលោកជាជនជាតិយូដាដែលបង្កឱ្យមានចលាចលនៅក្នុងក្រុង និងនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់អ្នកក្រុង ជាទំនៀមទម្លាប់ដែលជនជាតិរ៉ូម៉ាំង គ្មានសិទ្ធិនឹងទទួល ឬអនុវត្តតាមបានឡើយ (កក ១៦,២១-២២)។ សូម្បីតែបណ្តាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ហេតុនេះ ពួកអាជ្ញាធរមិនបានស៊ើបសួរ ឬជំនុំជម្រះឡើយ ហើយថែមទាំងបញ្ជាឱ្យគេធ្វើទារុណកម្មលោកទាំងពីរ ដោយវាយនឹងរំពាត់ និងដាក់ឃុំឃាំងក្នុងគុកងងឹតទៀតផង។ នៅក្នុងគុកនោះ ប្រមាណជាពាក់កណ្តាលអាធ្រាត្រ មានការអស្ចារ្យកើតឡើង។ នៅពេលដែលគ្រីស្តទូតប៉ូល និងស៊ីឡាសអធិដ្ឋាន រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលរបើករបាញទ្វារគុក និងរបូតច្រវាក់ពីអ្នកទោស។ ឆ្មាំគុកភិតភ័យរកសម្លាប់ខ្លួនដោយនឹកស្មានថាអ្នកទោសរត់បាត់អស់ តែគ្រីស្តទូតប៉ូលបានសង្រ្គោះគាត់។ គាត់ក៏ក្រាបចុះនៅមុខគ្រីស្តទូតប៉ូល និងស៊ីឡាសទាំងញាប់ញ័រ ហើយបានសួរថា តើលោកត្រូវធ្វើដូចម្តេចដើម្បីទទួលបានការសង្គ្រោះ។ គ្រីស្តទូតប៉ូលសូមឱ្យគាត់ជឿលើព្រះអម្ចាស់យេស៊ូ ហើយលោកបានប្រកាសព្រះបន្ទូលដល់សមាជិកទាំងអស់ក្នុងផ្ទះរបស់គាត់។ គាត់បានថែទាំរបួស និងរៀបចំអាហារជូនគ្រីស្តទូតទាំងពីរ។ គាត់ និងក្រុមគ្រួសារបានទទួលពិធីជ្រមុជទឹក ដោយអំណរសប្បាយ ដែលមកពីជំនឿលើព្រះជាម្ចាស់។ លុះភ្លឺឡើង ពួកអាជ្ញាធរចាត់តម្រួតឱ្យដោះលែងក្រុមគ្រីស្តទូតទាំងពីរដោយស្ងាត់ៗ។ ប៉ុន្តែ គ្រីស្តទូតប៉ូលបានទាមទាររកយុត្តិធម៌ ដោយសារពួកគេបានរំលោភលើសិទ្ធិរបស់លោកជាជនជាតិរ៉ូម៉ាំង (សូមមើលលេខ២)។ ដ្បិតពួកគេមិនបានជំនុំជម្រះក្ដីជាមុន តែបែរជាធ្វើទារុណកម្មលើពួកលោក ហើយដាក់ឃុំឃាំងទៀត។ ពួកអាជ្ញាធរភ័យខ្លាចយ៉ាងខ្លាំង ហើយសុំទោស និងអង្វរឱ្យពួកលោកចាកចេញពីក្រុងនោះ។
បន្ទាប់ពីចេញដំណើរពីក្រុងភីលីព ក្រុមគ្រីស្តទូតប៉ូលបានធ្វើដំណើរទៅដល់ក្រុងថេស្សាឡូនិក ដោយឆ្លងកាត់តាមក្រុងអំភីប៉ូលី និងក្រុងអាប៉ូឡូន ដែលមានចម្ងាយប្រវែងប្រមាណ១៥៤គីឡូម៉ែត្រ។

