អង្គសន្និបាតក្រុមគ្រីស្តទូតនៅយេរូសាឡឹម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងរបស់ព្រះសហគមន៍ ដែលក្រុមមេដឹកនាំបានជួបជុំគ្នា ដើម្បីជជែកវែកញែករកដំណោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងព្រះសហគមន៍ ជាពិសេស ដើម្បីរក្សាការឯកភាពគ្នាជាធ្លុងតែមួយ។ ព្រះសហគមន៍នៅតែបន្តអនុវត្តតាមគំរូនេះរហូតមកដល់សព្វថ្ងៃ។

តាមប្រភពឯកសារក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត (កក ១៥,១-២៩) និងលិខិតកាឡាទី (កាឡ ២,១-៣) យើងអាចសន្និដ្ឋានបានថា សន្និបាតក្រុងយេរូសាឡឹមអាចកើតឡើងនៅឆ្នាំ៥១ នៃគ.ស គឺនៅក្រោយពេលបំពេញបេសកកម្មលើកទី១។ ពីព្រោះ គ្រីស្តទូតប៉ូលបានសរសេរដោយផ្ទាល់ថា ដប់‌បួន​ឆ្នាំ​ក្រោយ​មកលោក​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀត។ ដប់បួនឆ្នាំក្រោយមក គឺរាប់តាំងពីពេលដែលលោកបានកែប្រែចិត្តគំនិតនៅតាមផ្លូវទៅក្រុងដាម៉ាសនៅឆ្នាំ៣៤ នៃគ.ស និងបានចំណាយពេលវេលាអស់រយៈពេល៣ឆ្នាំនៅវាលរហោស្ថានស្រុកអារ៉ាប៊ី។ ឆ្នាំ៣៧ នៃគ.ស គ្រីស្តទូតប៉ូលបានធ្វើដំណើរទៅក្រុងយេរូសាឡឹមលើកទី១ (សូមមើលលេខ៦) ដើម្បីស្គាល់ក្រុមគ្រីស្តទូត។ ដប់បួនឆ្នាំក្រោយមក លោកបានធ្វើដំណើរទៅយេរូសាឡឹមម្ដងទៀត ដើម្បីរកដំណោះស្រាយបញ្ហាអំពីពិធីកាត់ស្បែក ដែលកើតឡើងក្នុងព្រះសហគមន៍ក្រុងអន់ទីយ៉ូក។ ពីព្រោះនៅទីនោះ មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀន‌ប្រដៅ​ឱ្យគ្រីស្តបរិស័ទចំណូលថ្មីជាសាសន៍ដទៃ ត្រូវទទួល​ពិធី​កាត់​ស្បែកតាម​ទំនៀម‌ទម្លាប់​របស់​លោក​ម៉ូសេ​ ដើម្បីអាច​ទទួល​ការ​សង្គ្រោះបាន (កក ១៥,១)។ រឿងនេះធ្វើឱ្យគ្រីស្តទូតប៉ូល និងបារណាបាសជជែកវែកញែកជំទាស់យ៉ាងខ្លាំង តែពុំមានដំណោះស្រាយឡើយ។ ហេតុនេះ គ្រីស្តទូតប៉ូល និងបារណាបាសបាននាំលោកទីតុសជាសាសន៍ក្រិក ដែលពុំបានកាត់ស្បែកទៅក្រុងយេរូសាឡឹម ដើម្បីជម្រាបរឿងនេះដល់​ក្រុម​គ្រីស្ដ‌ទូត និង​ក្រុម​ព្រឹទ្ធា‌ចារ្យ ហើយរិះគិតស្វែងរកដំណោះស្រាយរួមជាមួយគ្នា។

«ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀត
ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។ 
ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​បំភ្លឺ​ចិត្ឱ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។
ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បង‌ប្អូន​ដែល​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ
ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក
ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឱ្យ​កិច្ច‌ការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ
ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។»
(កាឡ ២,១-២)។

គ្រីស្តទូតប៉ូល និងសហការីបាន​ធ្វើ​ដំណើរ​ទៅក្រុងយេរូសាឡឹម ដោយឆ្លង​កាត់​ស្រុក​ភេនីស៊ី (សព្វថ្ងៃគឺប្រទេសលីបង់) និងស្រុក​សាម៉ារី ដែលត្រូវធ្វើដំណើរដោយថ្មើជើងមានចម្ងាយសរុបប្រវែងប្រមាណ៧៥០ គីឡូម៉ែត្រ។ ពួកលោកថែមទាំង​រៀប​រាប់​ប្រាប់​ពួក​បង‌ប្អូននៅទីនោះ​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់។ ដំណឹងនេះ​ធ្វើឱ្យបង‌ប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពេលទៅដល់​ក្រុង​យេរូ‌សាឡឹម ព្រះ‌សហគមន៍ ក្រុម​គ្រីស្ដ‌ទូត និង​ក្រុម​ព្រឹទ្ធា‌ចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក។

សមាជិកចូលរួមក្នុងសន្និបាតនោះ មានក្រុមគ្រីស្តទូត គឺគ្រីស្តទូតប៉ូល គ្រីស្តទូតសិលា​ គ្រីស្តទូតយ៉ាកុប គ្រីស្តទូតយ៉ូហាន​ គ្រីស្តទូតបារណាបាស ក្រុមព្រឹទ្ធាចារ្យ និងបង‌ប្អូន​ខ្លះ​ខាង​គណៈ‌ផារីស៊ី​ដែល​ជឿលើ​ព្រះ‌អម្ចាស់។ គ្រីស្តទូតប៉ូល និងបារណាបាសបាន​ជម្រាប​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោកក្នុងចំណោមសាសន៍ដទៃដល់អង្គប្រជុំ។ អង្គសន្និបាតសប្បាយចិត្ត និងអបអរសាទរចំពោះដំណឹងល្អដែលសាសន៍ដទៃកែប្រែចិត្តគំនិតជឿលើព្រះអម្ចាស់យេស៊ូគ្រីស្ត។ ចំនួនសាសន៍ដទៃក្លាយជាគ្រីស្តបរិស័ទចំណូលថ្មីមានចំនួនកាន់តែច្រើន បណ្តាលឱ្យក្រុមខាងគណៈផារីស៊ីដែលជឿលើព្រះអម្ចាស់មានគំនិតអភិរក្ស និងអាឡោះអាល័យចំពោះការគោរពតាមវិន័យរបស់លោកម៉ូសេទាមទារឱ្យក្រុមសាវ័កទាំងនោះត្រូវធ្វើពិធីកាត់ស្បែក។ តាមវិន័យរបស់លោកម៉ូសេ ជនជាតិយូដាមានអត្តសញ្ញាណពិសេស ដ្បិតពួកគេជាប្រជារាស្រ្តដែលព្រះជាម្ចាស់បានជ្រើសរើស ដោយសារពួកគេជាប់ពូជពង្សរបស់លោកអប្រាហាំ និងបានធ្វើពិធីកាត់ស្បែកតាមវិន័យរបស់លោកម៉ូសេ។ ហេតុនេះ ពួកគេមានចេតនាចង់​ឱ្យក្រុមសាវ័កចំណូលថ្មីជា​សាសន៍​ដទៃត្រូវតែប្រតិបត្តិ​តាម​វិន័យ​របស់​លោក​ម៉ូសេ​ថែមទៀតផង។ ករណីនេះបណ្តាលឱ្យមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង។ គ្រីស្តទូតប៉ូលរាប់ក្រុមអ្នកអភិរក្សទាំងនោះថា ជាបងប្អូនក្លែងក្លាយដែលជ្រៀតខ្លួនចូលក្នុងចំណោមក្រុមសាវ័ក ដើម្បី​ឈ្លប​មើល​សេរី‌ភាពរបស់អ្នកជឿ ក្នុង​គោល​បំណង​អូសទាញឱ្យ​ធ្លាក់​ទៅ​ជា​ទាសករ​វិញ។ ដើម្បីរក្សាការពារសេចក្តីពិតនៃដំណឹងល្អ គ្រីស្តទូតប៉ូល ពុំបានសុខចិត្តធ្វើតាមពួកគេឡើយ (កាឡ ២,៤-៥)។

គ្រីស្តទូតសិលាបានដើរតួជាអ្នកសម្របសម្រួល ហើយបានលើកអំពីហេតុផលក្នុងនាមខ្លួនលោកផ្ទាល់ក៏ជាអ្នកប្រកាសដំណឹងល្អដល់សាសន៍ដទៃដែរ។ លោកបានជំទាស់នឹងការទាមទាររបស់ក្រុមអ្នកអភិរក្សនិយម ដោយអះអាងថា ព្រះជាម្ចាស់ឈ្វេងយល់ចិត្តគំនិតមនុស្ស ហើយព្រះអង្គក៏ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់សាសន៍ដទៃដែរ។ ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីសាសន៍យូដានោះទេ គឺ​ព្រះ‌អង្គ​បាន​សំអាត​ចិត្ត​គេ​ឱ្យ​បរិសុទ្ធដោយ​ជំនឿ។ លោកបានសង្កត់ធ្ងន់ដោយបង្ហាញអំពីពុតត្បុតរបស់ពួកគេថា វិន័យដែលអស់លោកជាសាសន៍យូដាមិនអាចទ្រាំទ្របានផង ហេតុម្តេចបានជាចង់យកទៅដាក់លើបងប្អូនសាវ័កដែលជាសាសន៍ដទៃ។ គ្រីស្តទូតសិលាបានបញ្ជាក់បន្ថែមថា ទាំងសាសន៍យូដា និងទាំងសាសន៍ដទៃបានទទួលការសង្គ្រោះ ដោយសារព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ប៉ុណ្ណោះ មិនមែនមកពីការគោរពប្រតិបត្តិតាមវិន័យនោះទេ។

គ្រីស្តទូតយ៉ាកុបក៏មានយោបល់ស្របតាមគ្រីស្តទូតសិលា ដោយបានបដិសេធចំពោះពិធីកាត់ស្បែក។ គេក៏ពុំបាន​បង្ខំ​ឱ្យលោកទីតុស ជាសាសន៍ក្រិកដែលគ្រីស្តទូតប៉ូល បាននាំទៅ​ជា​មួយនោះ​ទទួល​ពិធី​កាត់​ស្បែកដែរ (កាឡ ២,៣)។ គ្រីស្តទូតយ៉ាកុប គ្រាន់តែឆ្លៀតឱកាសលើកយកសំណើរបីយ៉ាង ដើម្បីឱ្យមានការឯកភាពគ្នាគឺ៖

  1. កុំ​ឱ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត
  2. កុំ​ឱ្យរួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ​
  3. កុំ​ឱ្យបរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក
  4. និង​កុំឱ្យ​បរិភោគ​ឈាម។
    (កក ១៥,២០)

អង្គសន្និបាតក្រុមគ្រីស្តទូតនៅយេរូសាឡឹមបានសម្រេចដោយឯកភាពគ្នាសរសេរជាសំបុត្រ ដើម្បីផ្ញើជូនទៅព្រះសហគមន៍នៅគ្រប់ទីកន្លែងឱ្យអនុវត្តតាមដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖

«យើង​ខ្ញុំ ជា​គ្រីស្ដ‌ទូត ជា​ព្រឹទ្ធា‌ចារ្យ និង​ជា​បង‌ប្អូន សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​ស៊ីលីស៊ី។ យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំឱ្យបង‌ប្អូន​ជ្រួល‌ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង‌ប្អូន បណ្ដាលឱ្យបង‌ប្អូន​មាន​កង្វល់​ក្នុង​ចិត្ត។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឱ្យមក​ទេ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ជ្រើស‌រើស​យក​គ្នា​យើង​ខ្លះ ចាត់​ឱ្យមក​ជួប​បង‌ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន​បម្រើ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់​របស់​យើង។ ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឱ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង‌ប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំ‌បាច់ មក​បង្ខំ​បង‌ប្អូន​ឱ្យ​ប្រតិបត្តិ​តាម​ឡើយ យើង​គ្រាន់​តែ​សុំ​ឱ្យបង‌ប្អូន​ចៀស‌វាង​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ។ ប្រសិន​បើ​បង‌ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឱ្យបង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ។»
(កក ១៥,២៣-២៩)

អង្គសន្និបាតនេះ ជំរុញឱ្យគ្រីស្តទូតយ៉ាកុប សិលា និងយ៉ូហាន ដែលជាបង្គោលរបស់ព្រះសហគមន៍ទទួលស្គាល់បេសកកម្មប្រកាសដំណឹងល្អរបស់គ្រីស្តទូតប៉ូល និងបារណាបាសដល់សាសន៍ដទៃ និងទុកជាសញ្ញាសម្គាល់បញ្ជាក់អំពីការរួបរួមគ្នាក្នុងការប្រកាសដំណឹងល្អ។ លើសពីនេះទៀត លោកទាំងពីរក៏ទទួលភារកិច្ចគិតគូរដល់ជនក្រីក្រផងដែរ (កាឡ ២,៩-១០)។ ទោះបីក្រុមគ្រីស្តទូតទាំងបីបានទទួលស្គាល់មុខងារបម្រើរបស់គ្រីស្តទូតប៉ូលក៏ពិតមែន តែក៏មានក្រុមអ្នកបដិសេធ ហើយចោទប្រកាន់ចំពោះមុខងាររបស់លោកនាពេលខាងមុខផងដែរ។ គ្រីស្តទូតប៉ូលទទួលរងការឈឺចាប់យ៉ាងខ្លាំង ដូចលោកបានសរសេររៀបរាប់ឱ្យដឹងនៅក្នុងលិខិតមួយចំនួន។

ក្រោយពេលបញ្ចប់អង្គសន្និបាត ព្រះសហគមន៍ក្រុងយេរូសាឡឹមបានចាត់តំណាងពីរនាក់ គឺលោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ព្យាការី​មាន​ប្រសាសន៍​ជា​ច្រើន ឱ្យរួមដំណើរជាមួយគ្រីស្តទូតប៉ូល និងបារណាបាសត្រឡប់ទៅក្រុងអន់ទីយ៉ូក។ អស់លោកបាននាំយកសំបុត្រអំពីសេចក្តីសម្រេចរបស់អង្គសន្និបាត ដើម្បី​លើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង‌ប្អូន។

គ្រីស្តទូតប៉ូល
១. ព្រះយេស៊ូគ្រីស្ត
២. លោកសាអ៊ូល ឬសូលហៅប៉ូល
៣. ការសិក្សារបស់គ្រីស្តទូតប៉ូល
៤. លោកសូលបៀតបៀនក្រុមសាវ័ក
៥. លោកសូលប្រែចិត្តគំនិត
៦. លោកសូលជួបក្រុមគ្រីស្តទូត
៧. ដំណើរបេសកកម្មលើកទី១
៨. សន្និបាតក្រុងយេរូសាឡឹម
៩. ដំណើរបេសកកម្មលើកទី២
១០. ដំណើរបេសកកម្មលើកទី៣
62 Views

Theme: Overlay by Kaira