ព្រឹត្តិការណ៍នៅតាមផ្លូវជិតក្រុងដាម៉ាសដែលនាំឱ្យលោកសូលកែប្រែចិត្តគំនិត គឺជារបត់មួយដ៏សំខាន់សម្រាប់ជីវិត និងបេសកកម្មថ្មីរបស់លោក។ ព្រះជាម្ចាស់បានប្តូរគម្រោងការរបស់លោកសូលពីការបៀតបៀនក្រុមសាវ័កព្រះយេស៊ូ ឱ្យក្លាយទៅជាគ្រីស្តទូត ដើម្បីនាំដំណឹងល្អអំពីព្រះអង្គទៅជូនសាសន៍ដទៃវិញ។ នៅក្នុងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកាឡាទី លោកបានសរសេររៀបរាប់ឱ្យដឹងថា មុនពេលចាប់ផ្ដើមបំពេញបេសកកម្មប្រកាសដំណឹងល្អ លោកបានធ្វើដំណើរទៅស្រុកអារ៉ាប៊ី អស់រយៈពេលបីឆ្នាំ គឺរវាងឆ្នាំ៣៤-៣៦ នៃគ.ស។ បន្ទាប់មក លោកបានធ្វើដំណើរទៅទីក្រុងយេរូសាឡឹម ដើម្បីជួបក្រុមគ្រីស្តទូតនៅទីនោះ។ ហេតុនេះ លោកសូលជួបក្រុមគ្រីស្តទូតនៅក្រុងយេរូសាឡឹមឆ្នាំ៣៧ នៃគ.ស។

«នៅ​ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​
សម្ដែងឱ្យខ្ញុំ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ
ដើម្បីឱ្យខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌បុត្រា​ទៅ​ជូន​សាសន៍​ដទៃ
ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់​ឡើយ។ 
ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម
ដើម្បី​ជួប​អស់​លោក​ដែល​ជា​គ្រីស្តទូត​មុន​ខ្ញុំ​ដែរ
គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប៊ី
រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។
បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។»
(កាឡ ១,១៦-១៨)។

ស្រុកអារ៉ាប៊ីនៅសម័យនោះ គឺជារាជាណាចក្រណាបាទ មានរាជធានីនៅពេត្រា។ សព្វថ្ងៃ ទីក្រុងនេះស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្ស៊កដានី ដែលមានប្រាសាទដ៏ស្គឹមស្កៃឈ្មោះ អាល់ឌែរ (Al-Dayr) ស្ថិតក្នុងចំណោមសំណង់អច្ឆរិយទាំងប្រាំពីរនៃបេតិកភណ្ឌពិភពលោក។

ជុំវិញពេលវេលារយៈពេលបីឆ្នាំ ដែលលោកសូលនៅស្រុកអារ៉ាប៊ី គឺជាពេលវេលាដ៏លាក់កំបាំង ដ្បិតពុំមានប្រភពឯកសារបញ្ជាក់អំពីជីវិត និងកិច្ចការរបស់លោកឱ្យបានច្បាស់លាស់នោះទេ។ តើលោកនៅទីនោះដើម្បីប្រកាសដំណឹងល្អដល់សាសន៍ដទៃ? ឬជាពេលវេលាដែលលោកសូលសំណាក់ព្រះបន្ទូលជាតាបសដើម្បីស្វែងយល់អំពីការអាថ៌កំបាំងអធិធម្មជាតិរបស់ព្រះយេស៊ូគ្រីស្ត និងដើម្បីថ្លឹងថ្លែងអំពីគម្រោងការរបស់ព្រះជាម្ចាស់ ដែលត្រាស់ហៅលោកឱ្យបំពេញបេសកកម្មនាំដំណឹងល្អដល់សាសន៍ដទៃនៅពេលខាងមុខ?

ជាក់ស្តែង ក្នុងអំឡុងពេលបីឆ្នាំនោះ គ្មាននរណាដឹងថា លោកសូលស្នាក់ទៅទីកន្លែងណាជាក់លាក់នោះទេ។ ប៉ុន្ដែ ស្រុកអារ៉ាប៊ីនៅទីនេះអាចសំដៅលើវាលរហោស្ថាន ដែលជាពាក្យនិមិត្តរូបដ៏មានអត្ថន័យក្នុងព្រះគម្ពីរ។ ដ្បិតវាលរហោស្ថានជាទីកន្លែងដែលព្រះជាម្ចាស់អប់រំចិត្តគំនិតមនុស្ស ហើយក៏ជាទីកន្លែងដែលមារសាតាំងល្បួងផងដែរ។ បន្ទាប់ពី ព្រះយេស៊ូបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានបាទីស្ត ព្រះអង្គយាងទៅវាលរហោស្ថានត្រូវមារសាតាំងល្បួង។ ព្រះអង្គបានឈ្នះការល្បួងមុនពេលចាប់ផ្តើមបំពេញបេសកកម្មប្រកាសដំណឹងល្អ។ ហេតុនេះ យើងអាចសន្និដ្ឋានបានថា ក្នុងរវាងរយៈពេលបីឆ្នាំនេះ គឺជាពេលវេលាដ៏សំខាន់ និងដ៏អាថ៌កំបាំងសម្រាប់លោកសូល ដែលបានស្វែងយល់ជំនឿលើព្រះយេស៊ូគ្រីស្តស៊ីជម្រៅ និងបានអប់រំចិត្តគំនិតខ្លួនឯងឱ្យបានដូចព្រះគ្រីស្តយេស៊ូ (ភល ២,៥) ដើម្បីត្រៀមខ្លួនបំពេញបេសកកម្មនាំអ្នកដទៃឱ្យផ្ញើជីវិតលើព្រះអង្គ។ លោកសូលបានអប់រំចិត្តគំនិតខ្លួនឯងយ៉ាងខ្លាំង ដូចលោកបានសរសេររៀបរាប់ឱ្យដឹងអំពីបទពិសោធនៅក្នុងជម្រៅចិត្តថា៖

«ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ
ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្តី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រីស្ត​ក្នុង​រូប​កាយ​ខ្ញុំ។ 
ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។
ទោះ‌បី​ទ័ល​ក្រ​ក្តី មាន​បរិបូណ៌​ក្តី ខ្ញុំ​ក៏​ចេះ​រស់​ដែរ។
ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈ‌ទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា​ទោះ​បី​បរិភោគ​ឆ្អែត​ក្តី
អត់​ឃ្លាន​ក្តី មាន​បរិបូណ៌​ក្តី ឬ​ខ្វះ​ខាត​ក្តី ខ្ញុំ​ស្កប់​ចិត្ត​ជា‌និច្ច។ 
ខ្ញុំ​អាច​ទ្រាំ​បានទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​ប្រទាន​កម្លាំង​ឱ្យខ្ញុំ។» 
(ភីល ១,២០-២១; ៤,១២-១៣)។

ក្រោយរយៈពេលបីឆ្នាំនៅស្រុកអារ៉ាប៊ី លោកបានធ្វើដំណើរទៅក្រុងដាម៉ាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ក្នុងសាលាប្រជុំនានា។ អស់អ្នកដែលបានស្តាប់លោកងឿង‌ឆ្ងល់​យ៉ាងខ្លាំង ពីព្រោះលោកធ្លាប់ធ្វើទុក្ខបៀតបៀនសាវ័កព្រះយេស៊ូ តែបែរជាប្រកាសជំនឿលើព្រះអង្គទៅវិញ។ រីឯលោកសូលវិញ កាន់តែមានកម្លាំងចិត្ត​វែក‌ញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ។ ប៉ុន្តែ បេសកកម្មលើកដំបូងដែលលោកទើបចាប់ផ្ដើមបំពេញនេះបង្ករឱ្យមានការជំទាស់កើតឡើងពីសំណាក់ជនជាតិយូដា។ យូរថ្ងៃក្រោយមកទៀត ពួកគេ​បាន​សម​គំនិត​គ្នា​រក​សម្លាប់​លោក​។ តែទោះបីយ៉ាងណា លោកបានរួចខ្លួនពីការប៉ុនប៉ងសម្លាប់នោះ ដោយសារពួកសាវ័កនាំគ្នាសម្រូតលោកចុះទៅក្រៅកំពែងក្រុង (កក ៩,២០-២៤)។ តាមការរៀបរាប់ទាំងអស់នេះបង្ហាញឱ្យដឹងថា បេសកកម្មលើកដំបូងដែលលោកសូលចាប់ផ្ដើមប្រកាសចំពោះជនជាតិយូដានៅក្រុងដាម៉ាស ត្រូវទទួលបរាជ័យ ដ្បិតលោកចាប់ផ្ដើមបំពេញកិច្ចការតែម្នាក់ឯង តាមចិត្តលោកផ្ទាល់ ដោយពុំបានពិគ្រោះជាមួយនរណាទេ។

«កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស
លោក​អភិបាល​របស់​ស្ដេច​អរេតាស
បាន​ដាក់​ទាហានឱ្យយាម​ទ្វារ​ក្រុង
ដើម្បី​ចាំ​ចាប់​ខ្ញុំ ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​
ជាល​មួយ​សម្រូត​ចុះ​តាម​បង្អួច​កំពែង
ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​លោក​។»
(២ករ ១១,៣២-៣៣)

ដំណើរបន្ទាប់មកទៀត លោកសូលបានឡើងទៅក្រុងយេរូសាឡឹម។ លោកចង់ចូលរួមក្នុងចំណោមក្រុមសាវ័ក តែពួកគេទាំងអស់គ្នាខ្លាច ដោយសារគេពុំជឿថា លោកគឺជាសាវ័កដែរនោះឡើយ។ លោកបារណាបាសបានទទួលលោកសូល និងជួយណែនាំលោកដល់ក្រុមគ្រីស្តទូត ដោយរៀបរាប់អំពីការប្រែចិត្តគំនិត និងអំពីកិច្ចការដែលលោកបានបំពេញក្នុងព្រះនាមព្រះយេស៊ូនៅក្រុងដាម៉ាសថែមទៀតផង។ ចាប់​តាំង​ពី​ពេល​នោះ​មក លោកមានទំនាក់ទំនងជាមួយក្រុមគ្រីស្តទូត​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ (កក ៩,២៦-២៩៨)។

«បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម
ដើម្បី​ឱ្យបាន​ស្គាល់​លោក​កេផាស (គ្រីស្តទូតសិលា)
ហើយ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក អស់‌រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។ 
ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​គ្រីស្តទូតណា​ផ្សេង​ទៀត​ឡើយ
លើក‌លែង​តែ​លោក​យ៉ាកុប ជា​បង‌ប្អូន​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ 
សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​ជូន​បង‌ប្អូន​នេះឥត​កុហក​ទេ
មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។»
(កាឡ ១,១៨-២០)

ការជួបគ្នារវាងលោកសូល និងគ្រីស្តទូតសិលា គឺជាប្រការដ៏សំខាន់ ដែលឆ្លុះបញ្ចាំងអំពីការគាំទ្រ និងការទទួលស្គាល់បេសកកម្មរបស់ក្រុមគ្រីស្តទូត។ ជាពិសេសគឺការរួបរួមគ្នាជាធ្លុងតែមួយជាមួយនឹងព្រះសហគមន៍មេ គឺព្រះសហគមន៍នៅក្រុងយេរូសាឡឹម ដែលមានក្រុមគ្រីស្តជាបង្គោលនៅទីនោះ។ ទោះបី លោកសូលបានទទួលការត្រាស់ហៅពីព្រះយេស៊ូដោយខ្លួនឯងផ្ទាល់ជាលក្ខណៈឯកជនក៏ដោយ តែលោកបានរួបរួមជាមួយក្រុមគ្រីស្តទូតឯទៀតៗ។ លោកបានចាត់ទុកខ្លួនឯងថាមិនសមនឹងមានឋានៈជាគ្រីស្តទូតឡើយ ដ្បិតលោកមានឋានៈតូចតាចជាងគេ ហើយធ្លាប់បានបៀតបៀនក្រុមសាវ័កថែមទៀតផង (១ករ ១១,៨-៩)។ រីឯក្រុមគ្រីស្តទូតក៏មិនបានបដិសេធកិច្ចការរបស់លោកសូលដែរ។ ផ្ទុយទៅវិញ ពួកគាត់ឯកភាពឱ្យលោកសូលបំពេញមុខងារជាគ្រីស្តទូតប្រកាសដំណឹងល្អដល់សាសន៍ដទៃផងដែរ (កាឡ ២,៩)។ ម្យ៉ាងទៀត ការជួបគ្នារវាងលោកសូល និងក្រុមគ្រីស្តទូតរវាងដប់ប្រាំថ្ងៃនេះ នាំឱ្យលោកសូលបានទទួលការបញ្ចូនបន្តនូវសេចក្តីដ៏សំខាន់ ដែលក្រុមគ្រីស្តទូតបានទទួលដោយផ្ទាល់ពីព្រះអម្ចាស់យេស៊ូគ្រីស្ត ជាពិសេស គឺពិធីអរព្រះគុណ “ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​​” (១ករ ១១,២៣; ១៥,៣)។ ដូច្នេះ លោកសូលបន្តបំពេញបេសកកម្មប្រកាសដំណឹងល្អរួមជាមួយក្រុមគ្រីស្តទូតដោយមានភក្ដីភាពតាមគោលលទ្ធិនៃជំនឿ និងការរួមគ្នាជាធ្លុងតែមួយ។ លោកពុំមានចិត្តគំនិតវៀចវេរ អំនួត និងការប្រកួតប្រជែងឡើយ។ លោកតែងតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រីស្តទូតក្រុងយេរូសាឡឹមជានិច្ច។

កាលលោសូលនៅក្រុងយេរូសាឡឹមជាមួយក្រុមគ្រីស្តទូតលើកដំបូង លោក​បាន​សន្ទនា និង​ជជែក​វែក‌ញែក​ជា​មួយ​សាសន៍​យូដា ដែល​និយាយ​ភាសា​ក្រិកនៅទីនោះ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុន‌ប៉ង​សម្លាប់​លោក​ទៅ​វិញ។ កាល​ពួក​បង‌ប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​ក៏ជម្លៀស​លោក​ទៅ​ក្រុង​សេសារេ ហើយ​បន្ទាប់​មក ឱ្យលោក​ទៅ​ក្រុង​តារសុស ដើម្បីគេចពីការប៉ុនប៉ងនេះ (កក ៩,២៩-៣០)។ យោងតាមសេចក្តីដែលរៀបរាប់នេះ យើងឃើញថា លោកសូលមានចរិតមោះមុត និងមានចិត្តអន្ទៈសារក្នុងការប្រកាសដំណឹងល្អ និងផ្តល់សក្ខីភាពអំពីជំនឿរបស់ខ្លួន ដោយមិនចេះនៅស្ងៀមឡើយ។ បេសកកម្មប្រកាសដំណឹងល្អរបស់លោកដល់សាសន៍យូដានិយាយភាសាក្រិកនៅក្រុងយេរូសាឡឹមនេះ ត្រូវបរាជ័យជាលើកទី២បន្ទាប់ពីទីក្រុងដាម៉ាស។ នៅពេលចាកចេញពីក្រុងសេសារេ លោកបានធ្វើដំណើរកាត់តាមស្រុកស៊ីរី និងស្រុកស៊ីលីស៊ី ហើយបានស្នាក់នៅក្រុងតារសុសជាស្រុកកំណើតរហូតដល់ពេលលោកបារណាបាសបានមកអញ្ជើញលោកឱ្យចូលរួមបំពេញបេសកកម្មនៅក្រុងអន់ទីយ៉ូក។

«ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​ស៊ីលីស៊ី 
តែ​ព្រះ‌សហគមន៍​នានា​ដែល​ជឿ​ព្រះ‌គ្រីស្ត​
នៅ​ស្រុក​យូដាពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។
បង‌ប្អូន​ទាំង​នោះ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​ថា
“អ្នក​ដែល​បៀត‌បៀន​យើង​កាល​ពី​ដើម
ឥឡូវ​នេះ គាត់​បែរ​ជា​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អអំពី​ជំនឿ
ដែល​គាត់​ចង់​កម្ទេច​ពី​មុន​នោះ​ទៅ​វិញ!”។ 
គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ព្រោះ​តែ​ខ្ញុំ។»
(កាឡ ១,២១-២២)

ក្រុងអន់ទីយ៉ូកនៅសម័យនោះស្ថិតក្នុងស្រុកស៊ីរី​ តែសព្វថ្ងៃ ស្ថិតនៅភាគខាងត្បូងនៃប្រទេសតួគី មានឈ្មោះថា អង់តាគីយ៉ា (Antakya) ដែលមានចម្ងាយថ្មើរជើងប្រវែងប្រមាណ២២០គីឡូម៉ែត្រពីក្រុងតារសុស ត្រូវធ្វើដំណើរថ្មើរជើងរយៈពេលពីរថ្ងៃ។ រីឯ ក្រុងអន់ទីយ៉ូក និងទីក្រុងយេរូសាឡឹម មានចម្ងាយថ្មើរជើងប្រវែងប្រមាណ៦៦០គីឡូម៉ែត្រ ត្រូវធ្វើដំណើរថ្មើរជើងរយៈពេលមួយសប្ដាហ៍ ឬអាចធ្វើដំណើរតាមសំពៅនៅសម័យនោះ។

នៅសម័យក្រុមគ្រីស្តទូត ក្រុងអន់ទីយ៉ូកគឺជាមូលដ្ឋានធំទីពីរបន្ទាប់ពីក្រុងយេរូសាឡឹម ដែលមានក្រុមសាវ័កព្រះយេស៊ូជាច្រើននៅទីនោះ។ បន្ទាប់ពីជនជាតិយូដាបានសម្លាប់លោកស្ទេផានមក ពួកគេក៏បៀតបៀនអ្នកជឿ ហើយអ្នកជឿខ្លះបានទៅដល់ក្រុងអន់ទីយ៉ូក។ នៅទីនោះមានអ្នកនិយាយភាសាក្រិកជាច្រើនលើសលប់បានជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​ផង។ ក្រុមគ្រីស្តទូតក្រុងយេរូសាឡឹមបានចាត់លោកបារណាបាសឱ្យទៅណែនាំអ្នកជឿនៅទីនោះ។ លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរស ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ បន្ទាប់​មក​ទៀត លោក​បារណា‌បាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តារសុស។ កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់‌ទី‌យ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយគ្នានៅក្រុងអន់ទីយ៉ូកអស់‌រយៈ​ពេល​មួយ​ឆ្នាំ ដោយបង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សាវ័ក ជា​លើក​ទី​មួយ​ថា «គ្រីស្ដ‌បរិស័ទ»​ (កក ១១,១៩-២៦)។

ឆ្នាំ៤១ដល់៥៤ នៃគ.ស ព្រះចៅក្លូដជាព្រះចៅអធិរាជរ៉ូម៉ាំងទី៤ ដែលគ្រងរាជ្យលើចក្រភពរ៉ូម៉ាំង បន្តពីព្រះចៅអធិរាជកាលីគូឡា។ ព្រះចៅអធិរាជអង្គនេះគៀបសង្កត់ជនជាតិយូដាយ៉ាងខ្លាំង ជាពិសេសនៅស្រុកអាស៊ី និងស្រុកអេស៊ីប។ នៅឆ្នាំ៤៩ នៃគ.ស ព្រះចៅក្លូដ បានបណ្តេញជនជាតិយូដាទាំងអស់ចេញពីស្រុកអ៊ីតាលី ក្នុងនោះមានគ្រួសារគ្រីស្តបរិស័ទយូដាមួយគូ គឺលោកអគី‌ឡាស និងលោកស្រីព្រីស៊ីឡាជា​អ្នក​ស្រុក​ប៉ុនតុស (កក ១៨,២)។ ក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតរៀបរាប់ឱ្យដឹងថា នៅគ្រានោះ ស្រុកយូដាមានទុរ្ភិក្ស​កើតឡើង គឺនៅក្នុងរជ្ជកាលព្រះចៅក្លូដនេះហើយ ដែលព្រះបាទហេរូដ អាគ្រីប៉ា ជាសេ្តចស្រុកយូដាបានបៀតបៀនសមាជិកខ្លះនៃព្រះសហគមន៍យ៉ាងខ្លាំង ជាពិសេស ស្ដេច​បានបញ្ជាឱ្យ​គេ​ប្រហារ​ជីវិតគ្រីស្តទូត​យ៉ាកុប ជា​បង​របស់​គ្រីស្តទូត​យ៉ូហាន ហើយចាប់​គ្រីស្តទូត​សិលា​យកទៅឃុំឃាំងដើម្បីសម្លាប់លោកថែម​ទៀតផង តែទេវទូតបានរំដោះលោកឱ្យរួចខ្លួន (កក ១២,១-៣)។ ពួក​សាវ័ក​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួនទៅ​ជូន​បង‌ប្អូន​នៅ​ស្រុក​យូដា។ គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យនៅក្រុងយេរូសាឡឹម ដែលកំពុងតែជួបទុរ្ភិក្សនោះ (កក ១១,២៧-៣០)។ ក្រោយ​ពី​បាន​បំពេញ​កិច្ច‌ការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ ​លោក​បារណា‌បាស និង​លោក​សូល​វិល​ត្រឡប់ពី​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​យក​លោក​យ៉ូហាន​ហៅ​ម៉ាកុសទៅ​ជា​មួយ​ផង (កក ១២,២៥)។


គ្រីស្តទូតប៉ូល
១. ព្រះយេស៊ូគ្រីស្ត
២. លោកសាអ៊ូល ឬសូលហៅប៉ូល
៣. ការសិក្សារបស់គ្រីស្តទូតប៉ូល
៤. លោកសូលបៀតបៀនក្រុមសាវ័ក
៥. លោកសូលប្រែចិត្តគំនិត
៦. លោកសូលជួបក្រុមគ្រីស្តទូត
៧. ដំណើរបេសកកម្មលើកទី១
៨. សន្និបាតក្រុងយេរូសាឡឹម
៩. ដំណើរបេសកកម្មលើកទី២
១០. ដំណើរបេសកកម្មលើកទី៣
89 Views

Theme: Overlay by Kaira