«ពេលលោកសូល​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ
ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​គាត់។ 
គាត់​ក៏​ដួល ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖
“សាអ៊ូល​អើយ សាអ៊ូល​! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?”។
លោក​សូល​សួរ​វិញ​ថា៖ “លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?”។
សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ “ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន​។ 
ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថាត្រូវ​ធ្វើ​អ្វី​ខ្លះ។” 
រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម
រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។ 
លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។ 
ក្នុង‌រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។»
(កក ៩,៣-៩)

ក្រុងដាម៉ាស គឺជាទីក្រុង ដែលស្ថិតនៅខាងភាគខាងលិចឆៀងខាងត្បូងនៃប្រទេសស៊ីរីសព្វថ្ងៃ។ ការធ្វើដំណើរដោយថ្មើរជើងមានចម្ងាយប្រវែងប្រមាណ២៧០គីឡូម៉ែត្រ ដោយចំណាយពេលបីថ្ងៃ ដើម្បីធ្វើដំណើរថ្មើរជើងពីទីក្រុងយេរូសាឡឹម។ នៅឆ្នាំ៣៤នៃគ.ស ពេលលោកសូលទទួលបានសិទ្ធិ និងអំណាចក្នុងដៃឱ្យតាមចាប់ក្រុមសាវ័ករបស់ព្រះយេស៊ូនៅទីក្រុងដាម៉ាស លោកបានចេញដំណើរភ្លាមដោយមិនបង្អង់ឡើយ។ ប៉ុន្តែ នៅពេលលោកធ្វើដំណើរជិតដល់ទីក្រុងដាម៉ាស មានព្រឹត្តិការណ៍ដ៏អស្ចារ្យមិននឹកស្មានបានកើតឡើង គឺមានពន្លឺមួយចែងចាំងឱ្យលោកដួល ហើយលោកបានឮសំឡេងព្រះយេស៊ូមានព្រះបន្ទូលមកកាន់លោកដោយផ្ទាល់។ បន្ទាប់មក លោកបានងងឹតភ្នែក និងអត់បាយអត់ទឹកអស់រយៈពេលបីថ្ងៃ។ នៅក្នុងព្រឹត្តិការណ៍តាមផ្លូវជិតក្រុងដាម៉ាសនេះ គឺជាហេតុការណ៍ដ៏សំខាន់បំផុត ដែលបានកែប្រែជីវិតលោកសូលទាំងស្រុង ពីព្រោះជាទីសម្គាល់ឆ្លុះបញ្ចាំងឱ្យដឹងថា បេសកកម្មរបស់លោកសូលដែលតាមកំទេចសាវ័កព្រះយេស៊ូត្រូវទទួលបរាជ័យ ដ្បិតលោកបានបាត់បង់ជំហរ ពិការ និងលែងមានកម្លាំង។ លោកប្រែក្លាយពីមនុស្សម្នាក់ដែលមានអំណាច មានកម្លាំងខ្លាំងពូកែ និងមានឆន្ទៈបម្រើសាសនាយូដាយ៉ាងមោះមុតនោះ បែរទៅជាបាត់បង់ទីពឹង ធ្លាក់ខ្លួនទន់ខ្សោយ និងអស់សង្ឃឹម ពោលគឺលោកកំពុងជួបប្រទះទាំងវិបត្តិផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណនៅក្នុងជីវិត។ ប៉ុន្តែ ព្រះយេស៊ូបានសម្តែងព្រះអង្គឱ្យលោកស្គាល់ និងបានត្រាស់ហៅលោកឱ្យកែប្រែចិត្តគំនិត ហើយស្តាប់តាមព្រះបន្ទូលព្រះអង្គវិញ។ ព្រះយេស៊ូបានចាត់លោកអណាញ៉ាសជាសាវ័កម្នាក់ ដែលបាននិមិត្តឃើញព្រះអង្គឱ្យចូលទៅដាក់ដៃលើលោកសូល ដើម្បីឱ្យមើលឃើញវិញ។ ព្រះយេស៊ូក៏បំភ្លឺឱ្យលោកអណាញ៉ាសដឹងថា ព្រះអង្គជ្រើសរើសលោកសូលឱ្យធ្វើជាគ្រីស្តទូតសម្រាប់ជាតិសាសន៍នានា ហើយលោកត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើនព្រោះ​តែ​ព្រះនាមរបស់ព្រះអង្គ (កក ៩,១-១៦)។

«”បង​សូល​អើយ! ព្រះ‌អម្ចាស់‌យេស៊ូ​ដែល​បង​បាន​ឃើញ
នៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​មក
ដើម្បី​ឱ្យ​បង​អាច​មើល​ឃើញ​ឡើង​វិញ និងឱ្យ​បង​បាន​
ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ”។ 
រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល
លោក​ក៏​មើល​ឃើញ​ឡើង​វិញ
លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក។ 
បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។
លោក​ស្នាក់​នៅ​ជា​មួយ​ពួក​សាវ័ក ដែល​នៅ​ក្រុង​ដាម៉ាស បួន​ដប់​ថ្ងៃ។»
(កក ៩,១៧-១៩)

ពិធីដាក់ដៃ ពិធីជ្រមុជទឹក និងការទទួលទានអាហារ ដែលលោកសូលបានទទួលពីលោកអណាញ៉ាស គឺជាពិធីបីដ៏សំខាន់នៅក្នុងគ្រីស្តសាសនា ដែលនៅពេលក្រោយព្រះសហគមន៍បានចាត់ចែងជាអគ្គសញ្ញាបីដ៏សំខាន់ផងដែរ គឺអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ ដើម្បីប្រោសឱ្យក្លាយទៅជាគ្រីស្តបរិស័ទពេញទី។ ពេលលោកសូលបានទទួលពិធីទាំងបីនេះ លោកបានកែប្រែចិត្តគំនិត និងទទួលបទពិសោធជំនឿថ្មីទាំងស្រុង។ ដ្បិតតាមរយៈពិធីទាំងបីនេះ លោកបានទទួលការសង្គ្រោះ ដែលព្រះយេស៊ូគ្រីស្តបានស្រោចស្រង់ ស្តារ និងប្រោសឱ្យលោកបានជាសះស្បើយ មានកម្លាំង និងមានចិត្តគំនិតថ្មី ជាពិសេសក្លាយទៅជាមនុស្សថ្មី ដែលរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធណែនាំ ដូចលោកបានផ្តល់សក្ខីភាពនៅក្នុងលិខិតដែលលោកបានសរសេរ។

«យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ​នោះ គឺ​យើង​បាន​ជ្រមុជរួម​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត។ ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូររួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ដូច្នេះ ព្រះ‌គ្រីស្ដ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុង​រឿង​​របស់​ព្រះ‌បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ គឺ​ព្រះ‌គ្រីស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។ បំណង​របស់​ខ្ញុំ គឺ​ចង់​ស្គាល់​ព្រះ‌គ្រីស្ត និង​ស្គាល់​ឫទ្ធា‌នុភាព​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​រង​ទុក្ខ​លំបាក ហើយឱ្យបាន​ដូច​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត ដើម្បី​ឱ្យខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។»
(រ៉ូម ៦,៣-៤; កាឡ ២,២០; ភល ៣,១០-១១)

«ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ ឥត​មាន​ទោស‌ពៃរ៍​ទៀត​ឡើយ​ ដ្បិត​វិន័យ​របស់​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះ‌គ្រីស្ដ‌យេស៊ូ បាន​រំដោះ​ខ្ញុំ​ឱ្យរួច​ផុត​ពី​បាប​ និង​ពី​សេចក្ដី​ស្លាប់។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើងឱ្យសុចរិត ស្រប​តាម​ការ​តម្រូវ​របស់​វិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ​វិញ។  រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ ចិត្ត​ស្លូត‌បូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មាន​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។»
(រ៉ូម ៨,១-២.៤; កាឡ ៥,២២-២៣)

«ប្រសិន​បើ​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះ‌កាយ និង​ព្រះ‌លោហិត​របស់​ព្រះ‌អម្ចាស់។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។»
(១ករ ១១,២៧-២៩)

បន្ទាប់ពីប្រែចិត្តគំនិត លោកសូលតែងតែនឹកចាំអំពីព្រឹត្តិការណ៍នៅតាមផ្លូវជិតក្រុងដាម៉ាសនេះពេញមួយជីវិត។ ដ្បិតលោកបានជួបព្រះយេស៊ូដោយផ្ទាល់នៅក្នុងហេតុការណ៍នោះ។ ព្រះអង្គបានសម្តែងឱ្យលោកមានបទពិសោធអំពីព្រះហឫទ័យមេត្តាករុណា និងសប្បុរស។ ជាក់ស្តែង ព្រះអង្គមិនមែនជាព្រះកាចសាហាវ ដែលធ្វើទារុណកម្ម ឬសងសឹងនោះទេ។ ព្រះយេស៊ូសម្តែងឱ្យលោកដឹងថា ព្រះជាម្ចាស់សម្តែងព្រះពិរោធប្រឆាំងនឹងមនុស្សដោយប្រែចិត្តគំនិតគេក្នុងសេចក្តីស្រឡាញ់ ថ្នាក់ថ្នម និងដោយព្រះហឫទ័យប្រណីសន្តោស មិនមែនបំផ្លិចបំផ្លាញឡើយ។ លោកសូលបានយល់យ៉ាងជ្រាលជ្រៅនៅក្នុងចិត្តគំនិតអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលបានសម្តែងឱ្យលោកស្គាល់ច្បាស់ក្នុងអង្គព្រះយេស៊ូគ្រីស្ត គឺជាសេចក្តីស្រឡាញ់ដែលពុំ​អាចមានអ្វីមក​បំបែក​ចេញពីព្រះអង្គ​បាន​ឡើយ ទោះ​បី​សេចក្ដី​ស្លាប់​ក្តី ជីវិតក្តី (រ៉ូម ៨,៣៩)។ មិនតែប៉ុណ្ណោះ ដោយសារតែសេចក្តីស្រឡាញ់របស់ព្រះគ្រីស្តនេះហើយ ដែលផ្តល់ឱ្យលោកសូលរកឃើញអត្ថន័យថ្មីនៃជីវិត និងបុព្វហេតុនៃការរស់ជាថ្មី ពោលគឺលែងរស់នៅសម្រាប់តែខ្លួនឯងទៀតហើយ គឺរស់នៅសម្រាប់ព្រះអង្គវិញ (២ករ ៤,១៤-១៥)។ នេះគឺជាការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដែលចាប់កំណើតជាមនុស្សក្នុងអង្គព្រះយេស៊ូ ដើម្បីគង់នៅក្នុងមនុស្សដែលមានជំនឿ និងថ្វាយជីវិតលើព្រះអង្គ ដូចព្រះអង្គសម្តែងវត្តមាននៅក្នុងក្រុមសាវ័ក ដែលលោកសូលធ្លាប់តាមបៀតបៀនកាលពីមុន “ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន​”។ ដូច្នេះ លក្ខណៈពិសេសរបស់ព្រះសហគមន៍ គឺជាព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត។ រីឯ​គ្រីស្តបរិស័ទ គឺជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ (១ករ ៦,១៩)។ នេះជាសេចក្តីដែលលោកសូលបានយល់ច្បាស់នៅក្រោយពេលប្រែចិត្តគំនិត។ ហេតុនេះហើយ បានជាលោកសូលនឹកស្តាយកំហុស ដែលបានបៀតបៀនគ្រីស្តបរិស័ទកាលពីមុន តែទោះបីយ៉ាងណា ការ​ប្រណី‌សន្ដោស​របស់ព្រះជាម្ចាស់ គឺ​ល្មម​គ្រប់​គ្រាន់​ហើយសម្រាប់លោក (២ករ ១២,៩) ដើម្បីឱ្យលោកធ្វើជាគំរូសម្រាប់អ្នកដទៃ ដូចលោកបានសរសេរបញ្ជាក់ថា៖

«ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ច‌ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។ ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​មក​លើ​ខ្ញុំ​ច្រើន​ពន់​ប្រមាណ ព្រះ‌អង្គ​ប្រោសឱ្យខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។ ពាក្យ​នេះ​គួរឱ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះ‌គ្រីស្ត‌យេស៊ូ​បាន​យាង​មក​ក្នុង​ពិភព‌លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឱ្យ​ព្រះ‌គ្រីស្ត‌យេស៊ូ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​គ្រប់​ចំពូកដល់​ខ្ញុំ​មុន​គេ និង​ឱ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះ‌អង្គ ហើយ​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច។»
(១ធម ១,១៣-១៦)

ការបៀតបៀន និងការប្រែចិត្តគំនិតរបស់លោសូលមានសារៈសំខាន់ ដែលនាំឱ្យលោកយល់ច្បាស់អំពីលក្ខណៈខុសប្លែកពីគ្នារវាងគម្ពីរវិន័យរបស់លោកម៉ូសេ និងអំពីជំនឿលើព្រះយេស៊ូគ្រីស្ដថា ព្រះ‌ជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឱ្យសុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​វិន័យ​ទេ គឺ​សុចរិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត​វិញ (កាឡ ២,១៦; រ៉ូម ៣,២៨)។ ដូច្នេះ ឥទ្ធិពលនៃវិន័យរបស់លោកម៉ូសេ ប្រៀបដូចជាចំហាយកំដៅថ្ងៃដែលចែងចាំងធ្វើឱ្យភ្នែករបស់គាត់ខ្វាក់ តែការកែប្រែចិត្ដគំនិតជឿលើព្រះយេស៊ូគ្រីស្ត ប្រៀបដូចចំហាយទឹកត្រជាក់ ដែលប្រោសឱ្យភ្នែករបស់គាត់មើលឃើញវិញ។ មូលហេតុ ដោយសារតែព្រះយេស៊ូបានបំពេញឱ្យគម្ពីរវិន័យរបស់លោកម៉ូសេទទួលអត្ថន័យពិតប្រាកដ និងពេញលក្ខណៈ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ។ បើមិនដូច្នោះទេ គម្ពីរនេះនៅតែលាក់បាំងអត្ថន័យដដែល ដូចគ្រីស្តទូតប៉ូលបានសរសេរអះអាងនៅក្នុងលិខិត២ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូសថា៖

«មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិនឱ្យយល់ ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ» ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌វិញ្ញាណ នៅ​ទី​ណា​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ នៅ​ទី​នោះ ក៏​មាន​សេរី‌ភាព​ដែរ។ យើង​ទាំង​អស់​គ្នាដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឱ្យបាន​ដូច​ព្រះ‌អង្គ គឺ​មាន​សិរី‌រុង​រឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​។»
(២ករ ៣,១៥-១៨)

នៅមុនពេល លោកសូលប្រែចិត្តគំនិត លោកយល់ថា ខ្លួនជាម្ចាស់លើជីវិតខ្លួនឯង ប៉ុន្តែចាប់ពីពេលលោកប្រែចិត្តគំនិត លោកមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ គឺមានម្នាក់ទៀតដែលដឹកនាំជីវិតរបស់លោក និងជាអ្នកដែលណែនាំលោកឱ្យបំពេញកិច្ចការ គឺព្រះគ្រីស្ត ដូចលោកបានថ្លែងថា៖ «មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ គឺ​ព្រះ‌គ្រីស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ»។ ដូច្នេះ គំរូនៃការប្រែចិត្តគំនិតរបស់លោកសូលញ៉ាំងឱ្យលោកលែងប្រព្រឹត្តតាមវិន័យ និងតាមចិត្តរបស់ខ្លួនឯងទៀតហើយ ពោលគឺមិនមែនខ្លួនទីពឹងខ្លួនទៀតទេ តែត្រូវស្តាប់តាមបង្គាប់ និងតាមគម្រោងការរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តវិញ។ ការកែប្រែចិត្តគំនិតនេះមិនបញ្ចប់ត្រឹមហ្នឹងនោះទេ គឺជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយលោកត្រូវទទួលរងទុក្ខលំបាកគ្រប់យ៉ាង និងរហូតដល់បូជាជីវិតថ្វាយព្រះគ្រីស្ត ដូចលោកស្ទេផាន និងក្រុមសាវ័កដែលលោកធ្លាប់បានបៀតបៀនកាលពីមុនផងដែរ។


គ្រីស្តទូតប៉ូល
១. ព្រះយេស៊ូគ្រីស្ត
២. លោកសាអ៊ូល ឬសូលហៅប៉ូល
៣. ការសិក្សារបស់គ្រីស្តទូតប៉ូល
៤. លោកសូលបៀតបៀនក្រុមសាវ័ក
៥. លោកសូលប្រែចិត្តគំនិត
៦. លោកសូលជួបក្រុមគ្រីស្តទូត
៧. ដំណើរបេសកកម្មលើកទី១
៨. សន្និបាតក្រុងយេរូសាឡឹម
៩. ដំណើរបេសកកម្មលើកទី២
១០. ដំណើរបេសកកម្មលើកទី៣
96 Views

Theme: Overlay by Kaira