កាល​ពី​ដើម គ្រីស្តទូត​ប៉ូល​មិន​បាន​ស្គាល់​ព្រះ‌យេស៊ូ​ផ្ទាល់​ទេ លោក​គ្រាន់​តែ​ឮ​អ្នក​ខ្លះ​ប្រកាស​ថា មាន​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ ជា “ព្រះ‌គ្រីស្ដ” ជា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់” និង​ជា “ព្រះ‌អម្ចាស់”។ ដោយ​លោក​ប៉ូល​កាន់​តាម​គម្ពីរ‌វិន័យ​យ៉ាង​តឹង‌រ៉ឹង លោក​ជំទាស់​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ព្រោះ​លោក​យល់​ថាពួក​គេ​ប្រមាថ​ព្រះ‌ជាម្ចាស់។ ម្យ៉ាងទៀត ចលនារបស់ក្រុមសាវ័កដើមដំបូងដែលជឿលើព្រះយេស៊ូបានចោទជាក្ដីកង្វល់ ដែលនឹងបង្ករគ្រោះថ្នាក់ដល់សាសនាយូដា។ ដ្បិតក្រុមសាវ័ករបស់ព្រះយេស៊ូកំពុងតែជំទាស់ជាមួយនឹងសាសនាយូដា ជាហេតុនាំឱ្យជនជាតិយូដាបៀតបៀនក្រុមសាវ័កយ៉ាងខ្លាំង ជាពិសេស គឺលោកសូល។

«បង‌ប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ
គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ
ខ្ញុំ​បាន​បៀត‌បៀន​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត
ហើយ​ខ្ញុំ​ក៏​ចង់​កម្ទេច​ព្រះ‌សហគមន៍​នេះ​ទៀត​ផង​។
ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ
និង​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត
ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះ‌ខ្នែង​កាន់​តាម​ប្រពៃណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។»
(កាឡ ១,១៣-១៤)

នៅសម័យព្រះសហគមន៍ដើមដំបូង លោកស្ទេផានគឺជាសាវ័កទីមួយដែលបានក្លាយជាមរណសាក្សីនៃជំនឿដោយសារជនជាតិយូដាបានយកដុំថ្មគប់សម្លាប់។ នៅក្នុងគម្ពីរវិន័យមានចែងអំពីការគប់ដុំថ្មសម្លាប់មនុស្ស គឺជាវិធីសាស្រ្តដាក់ទោសប្រហារជីវិតទៅលើអ្នកទោសដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មតាមទម្រង់ផ្សេងៗដូចជា ការប្រមាថព្រះជាម្ចាស់ ការគោរពព្រះក្លែងក្លាយ និងអំពើផិតក្បត់ជាដើម។ លោកស្ទេផាន គឺជាសមាជិកម្នាក់ក្នុងចំណោមក្រុមទាំងប្រាំពីររូប ដែលក្រុមគ្រីស្តទូតទាំងដប់ពីររូបបានតែងតាំងឱ្យបំពេញមុខងារចែកម្ហូបអាហារប្រចាំថ្ងៃ (កក ៦,១-៧)។ លោកលូការៀបរាប់ឱ្យដឹងថា លោកមានសំនួនវោហារយ៉ាងប៉ិនប្រសប់ ដែលគ្មាននរណាអាច​ជជែក​ឈ្នះ​លោក​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះ‌វិញ្ញាណ (កក ៦,១០)។ ក្រុមអ្នកដែលជជែកចាញ់លោកស្ទេផានបាននាំ​សាក្សី​ក្លែង‌ក្លាយ​មក​ចោទ​ប្រកាន់​ថា លោកនិយាយ​ប្រឆាំង​នឹង​ព្រះ‌វិហារ ប្រឆាំង​នឹង​គម្ពីរ‌វិន័យឥត​ឈប់​ឈរ (កក ៦,១៣)។ ការធ្វើជាសាក្សីក្លែងក្លាយឆ្លុះបញ្ចាំងអំពីការបំពានលើវិន័យដប់ប្រការរបស់លោកម៉ូសេយ៉ាងធ្ងន់ធ្ងរ ដ្បិតប្រការទីប្រាំបីហាមមិនឱ្យធ្វើសាក្សីក្លែងក្លាយនោះទេ។ ក្នុងសាសនាយូដា ការគោរពគម្ពីរវិន័យ និងគោរពថ្វាយបង្គំព្រះជាម្ចាស់ក្នុង​ព្រះវិហារយេរូសាឡឹម គឺជាស្នូលនៃជំនឿសាសនាយូដា។

វិន័យរបស់លោកម៉ូសេក្នុងគម្ពីរសម្ពន្ធមេត្រីទី១ គឺជាព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឱ្យប្រជាជនអ៊ីស្រាអែលតាមរយៈលោកម៉ូសេ ដើម្បីដឹកនាំពួកគេឱ្យគោរពបម្រើព្រះអង្គ។ វិន័យនេះនៅក្នុងគម្ពីរសម្ពន្ធមេត្រីទី១មាន៦១៣ប្រការ ហើយសង្ខេបនៅសល់១០ប្រការ។ វិន័យ១០ គឺជាវិន័យសកលដែលមានទិសដៅណែនាំមនុស្សឱ្យរស់នៅក្នុងសុខដុមរមនា។ វិន័យ១០ប្រការនេះពង្រួមនៅសល់តែពីរប្រការសំខាន់ជាងគេ ដែលបែងចែកអំពីទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ និងរវាងមនុស្សនឹងមនុស្ស គឺ«ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឱ្យអស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​កម្លាំង និង​អស់​ពី​ប្រាជ្ញា ហើយ​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឱ្យបាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» (ទត ៦,៥; លវ ១៩,១៨)។ ប៉ុន្តែ នៅក្នុងសម័យព្រះយេស៊ូ ការគោរពគម្ពីរវិន័យរបស់លោកម៉ូសេតឹងតែង និងពិបាកយ៉ាងខ្លាំង ដែលមិនអាចជួយសម្រាលទុក្ខមនុស្សបានឡើយ ហើយក្លាយជាបន្ទុកធ្ងន់ធ្ងរ​ ដាក់នៅលើស្មារបស់ប្រជាជនថែមទៀតផង។ ហេតុនេះហើយ បានជាព្រះយេស៊ូប្រកាសឱ្យអស់អ្នកដែលមានទុក្ខលំបាក និងមានបន្ទុកធ្ងន់ធ្ងរមករកព្រះអង្គ ដើម្បីទទួលការសង្រ្គោះ៖

«អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ!
ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឱ្យអ្នក​រាល់​គ្នា​បាន​សម្រាក។ 
ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ
អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន
ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ 
នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ។»
(មថ ១១,២៨-៣០)។

ក្នុងសម័យរបស់ក្រុមគ្រីស្តទូតក៏ដូចគ្នាផងដែរ។ អង្គមហាសន្និបាតក្រុងយេរូសាឡឹមរវាងឆ្នាំ៥១នៃគ.ស ក្រុមគ្រីស្តទូតជជែកគ្នាយ៉ាងខ្លាំងអំពីវិន័យរបស់លោកម៉ូសេ។ គ្រីស្តទូតខ្លះចង់តម្រូវឱ្យសាសន៍ដទៃដែលក្លាយទៅជាគ្រីស្តបរិស័ទ ត្រូវគោរពតាមវិន័យរបស់លោកម៉ូសេ ប៉ុន្តែគ្រីស្តទូតសិលាបានបដិសេធ មិនព្រមយកវិន័យមកដាក់បន្ទុកលើពួកគេឡើយ។ ពោលគឺមិនចាំបាច់ក្លាយទៅជាគ្រីស្តបរិស័ទដោយឆ្លងកាត់ការគោរពប្រតិបត្តិតាមវិន័យយ៉ាងតឹងរ៉ឹងរបស់លោកម៉ូសេនោះទេ។ គ្រីស្តទូតសិលាបានប្រកាសថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ជំទាស់​​នឹង​ព្រះ‌ជាម្ចាស់​ដូច្នេះ? នឹម​​ដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង‌ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សាវ័ក​ដែរ!» (កក ១៥,១០)។

ព្រះវិហារយេរូសាឡឹម គឺជាទីសក្ការៈ ដ្បិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលគេតម្កល់ហឹបសម្ពន្ធមេត្រី និងជាកន្លែងសម្រាប់ធ្វើពិធីយញ្ញបូជាលាងជម្រះបាប (សូមមើលលេខ៣)។ ប៉ុន្តែ នៅសម័យព្រះយេស៊ូ គេបែរជាយកទីកន្លែងនេះធ្វើផ្សារដើម្បីប្រកបអាជីវកម្ម ជាពិសេសក្លាយទៅជាសំបុកចោរ បណ្តាលទីកន្លែងសក្ការៈក្លាយទៅជាទីសៅហ្មងទៅវិញ។ ដោយសារតែមូលហេតុនេះហើយ ទើបព្រះយេស៊ូយក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្វីៗទាំងអស់ចេញពីទីនោះ ហើយព្រះអង្គថែមទាំងមាន​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​គេ​ថា៖

«ក្នុង​គម្ពីរ​មាន​ចែង​ថា
“ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន 
តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ!”»
(មថ ២១,១២-១៣; មក ១១,១៥ខ-១៧; លក ១៩,៤៥-៤៦; យហ ២,១៣-១៧)

លោកស្ទេផានបានថ្លែងសន្តរកថាយ៉ាងវែងដោយសង្ខេបអំពីគម្ពីរវិន័យ និងអំពីព្រះវិហារយេរូសាឡឹម។ ក្នុងសន្តរកថានេះឆ្លុះបញ្ចាំងឱ្យដឹងថា ធម្មវិន័យ និងព្រះវិហារយេរូសាឡឹមមានគោលដៅតម្រង់ទៅរកព្រះគ្រីស្ត ដែលយាងមកតាមព្រះបន្ទូលសន្យាដើម្បីសង្គ្រោះមនុស្សលោក (សូមមើលលេខ១)។ ចុងក្រោយ លោកបានពោលពាក្យប្រឆាំងនឹងក្រុមប្រឹក្សាជាន់ខ្ពស់ ដែលបានចាប់បញ្ចូនព្រះយេស៊ូទៅឱ្យគេធ្វើគុតព្រះអង្គ។ លោកថែមទាំងចោទថា ពួកគេប្រព្រឹត្តដូចបុព្វបុរសរបស់ខ្លួនដែលតែងតែបៀតបៀនក្រុមព្យាការីដូច្នោះដែរ។ ជាពិសេស ពួកគេបានទទួលធម្មវិន័យរបស់ព្រះជាម្ចាស់តាមរយៈទេវទូត តែពុំបានប្រព្រឹត្តតាមសោះឡើយ។ នៅពេលឮដូច្នេះ បណ្តាលឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ខឹង​ក្រេវ‌ក្រោធ​ជា​ខ្លាំង និង​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន រហូតទ្រាំពុំបានក៏នាំគ្នាចាប់យកលោកទៅគប់ដុំថ្មសម្លាប់តែម្ដង។ ពេលហៀបនឹងស្លាប់ លោកបានអធិដ្ឋានអង្វរព្រះជាម្ចាស់លើកលែងទោសដល់អ្នកដែលយកដុំថ្មគប់សម្លាប់លោក (កក ៦,៨-៧,៦០)។ ព្រឹត្តិការណ៍នោះរំជើបរំជួលយ៉ាងខ្លាំង។ កាលនោះ គ្រីស្តទូតប៉ូលនៅជាយុវជនមានឈ្មោះថាសូលនៅឡើយ ហើយលោកក៏ស្ថិតនៅក្នុងហេតុការណ៍នេះដែរ។ ក្រុម​សាក្សីក្លែងក្លាយបាន​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទៅ​ទុកនៅក្បែរជើងរបស់លោក ហើយលោកក៏យល់ស្របនឹងការសម្លាប់លោកស្ទេផាននេះដែរ (កក ៧,៥៨-៨,១)។ លោកស្ទេផានបានទទួលមរណៈភាពនៅឆ្នាំ៣៤ នៃគ.ស។ រឿងរបស់គ្រីស្តទូតប៉ូលចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍នៃការសម្លាប់លោកស្ទេផាននេះ។

«នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន
ដែល​ជា​បន្ទាល់​របស់​ព្រះ‌អង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ
ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ
ទាំង​នៅ​យាម​សម្លៀក‌បំពាក់​របស់​ពួក​អ្នក​
ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ។»
(កក ២២,២០)

នៅក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតដដែលបានរៀបរាប់ឱ្យដឹងបន្ថែមទៀតថា នៅ​ថ្ងៃ​ដែលគេសម្លាប់លោកស្ទេផាន ព្រះ‌សហគមន៍​នៅ​ក្រុង​យេរូ‌សាឡឹមត្រូវ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន លើក‌លែង​តែ​ក្រុម​គ្រីស្ត​ទូត​ចេញ បាន​បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។ អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។ ប៉ុន្តែ មរណភាពដ៏ហិង្សារបស់លោកស្ទេផាននេះមិនបានធ្វើឱ្យក្រុមសាវ័ករួញរាឡើយ។ ផ្ទុយទៅវិញធ្វើឱ្យពួកគេបែក‌ខ្ញែក​គ្នា​ ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​ព្រះ‌បន្ទូល (កក ៨,១-៣)។

«រីឯ​លោក​សូលវិញ លោក​ខំ​ប្រឹង​រំលាយ​ព្រះ‌សហគមន៍
ដោយ​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ
ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំ‌ឃាំង។
នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាមកំហែង
និង​សម្លាប់​សាវ័ក​របស់​ព្រះ‌អម្ចាស់​ជា‌និច្ច។
គាត់​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ 
សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស
ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់
ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្តី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។»
(កក ៨,៣; ៩,១-២; ២២,៤-៥; ២៦,៩-១២)។

នៅក្នុងអំឡុងពេលនោះ លោកសូលតាមកំចាត់អ្នកដើរតាមមាគ៌ារបស់ព្រះយេស៊ូយ៉ាងស្រួចស្រាល់ជាទីបំផុត ដ្បិតលោកស្អប់ពួកគេយ៉ាងខ្លាំង។ លោកសូលយល់ឃើញថា ក្រុមគណៈតូចដែលមានជំនឿលើព្រះយេស៊ូនេះ គឺជាជំនឿថ្មីដែលប្រាស់ចាកពីជំនឿសាសនាយូដា ហើយថែមទាំងអាចក្លាយទៅជាគ្រោះរបស់សាសនានេះផងដែរ។ ដ្បិតបើសិនជាជំនឿរបស់អ្នកដើរតាមមាគ៌ារបស់ព្រះយេស៊ូពិតជាត្រឹមត្រូវមែន នោះមានន័យថា មេដឹកនាំសាសនាយូដាដែលបានកាត់ទោសប្រហារជីវិតព្រះអង្គបានប្រព្រឹត្តខុស ហើយធ្វើឱ្យខូចកិត្យានុភាពសាសនាយូដាធ្ងន់ធ្ងរ។ លោកសូលប្រាកដជាយល់ច្បាស់ថា លោកយេស៊ូជាអ្នកភូមិណាសារ៉េតដែលស្លាប់នៅលើឈើឆ្កាងយ៉ាងទន់ខ្សោយ និងសែនអាម៉ាស់នេះ គឺជាព្រះគ្រីស្តក្លែងក្លាយ។ រីឯអស់អ្នកដែលជឿលើព្រះគ្រីស្តនេះ គឺជាមនុស្សវង្វេងចេញពីជំនឿសាសនាយូដា។ ហេតុនេះហើយ បានជាលោកសូលត្រូវតែការពារជំនឿសាសនារបស់ខ្លួន និងរបស់បុព្វបុរសជាដាច់ខាត។ មធ្យោបាយដើម្បីទប់ស្កាត់ និងលុបបំបាត់ចលនារបស់គណៈតូចរបស់ព្រះយេស៊ូនេះ គឺត្រូវតែតាមកំចាត់ពួកគេចោលដោយមិនបង្អង់ និងមិនរួញរាឡើយ ទោះបីត្រូវបង់តម្លៃថ្លៃយ៉ាងណាក៏ដោយ។ លោកសូលពិតជាមានឥទ្ធិពលយ៉ាងខ្លាំងរហូតទទួលបានលិខិតអនុញ្ញាតពីក្រុមមេដឹកនាំសាសនាយូដា គឺ​លោក​មហា​បូជា‌ចារ្យ និង​ក្រុម​ព្រឹទ្ធា‌ចារ្យ ដើម្បីតាមចាប់ក្រុមសាវ័កដែលនៅឯបរទេសយកទៅឃុំឃាំង និងបង្ខំឱ្យពួកគេលះបង់ជំនឿ។ លោកពិតជាមនុស្សដែលកាន់សាសនាយ៉ាងជ្រុលនិយម ដ្បិតលោកបានប្រើអំពើហិង្សាយ៉ាងខ្លាំងរហូតដល់សម្លាប់គ្រីស្តបរិស័ទ។ ត្រង់នេះ លោកប្រព្រឹត្តល្មើសនឹងវិន័យរបស់លោកម៉ូសេ ដែលហាមមិនឱ្យសម្លាប់មនុស្សក្នុងប្រការទីប្រាំក្នុងវិន័យដប់ប្រការ។ ជាពិសេស ទាស់នឹងវិន័យដែលចែងឱ្យស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង។ ប៉ុន្តែ ការបូជាជីវិតជាមរណៈសាក្សីនៃជំនឿរបស់លោកស្ទេផានលើព្រះយេស៊ូ និងការអធិដ្ឋានរបស់លោកនៅមុនពេលផុតដង្ហើម ពិតជាទទួលបានផល ដ្បិតនៅពេលខាងមុខ ព្រះយេស៊ូត្រាស់ហៅលោកសូលឱ្យជំនួសកន្លែងរបស់លោកវិញ។


គ្រីស្តទូតប៉ូល
១. ព្រះយេស៊ូគ្រីស្ត
២. លោកសាអ៊ូល ឬសូលហៅប៉ូល
៣. ការសិក្សារបស់គ្រីស្តទូតប៉ូល
៤. លោកសូលបៀតបៀនក្រុមសាវ័ក
៥. លោកសូលប្រែចិត្តគំនិត
៦. លោកសូលជួបក្រុមគ្រីស្តទូត
៧. ដំណើរបេសកកម្មលើកទី១
៨. សន្និបាតក្រុងយេរូសាឡឹម
៩. ដំណើរបេសកកម្មលើកទី២
១០. ដំណើរបេសកកម្មលើកទី៣
116 Views

Theme: Overlay by Kaira