«ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ
ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំតាម​វិន័យ​នៃ​បុព្វបុរស​របស់​យើង
យ៉ាង​តឹង‌រ៉ឹង ពី​សំណាក់​លោក​កាម៉ា‌លីអែល។
ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ហើយ​ឪពុក​ខ្ញុំ
​ក៏​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី​ដែរ។»
(កក ២២,៣ខ; ២៣,៦)។

សព្វថ្ងៃ ក្រុងយេរូសាឡឹមស្ថិតក្នុងប្រទេសអ៊ីស្រាអែល។ ក្រុងនេះមានព្រះវិហារយេរូសាឡឹមជាទីសក្ការៈសម្រាប់សាសនាឯកទេវនិយមទាំងបីនៅលើពិភពលោក គឺសាសនាដែលមានជំនឿលើព្រះជាម្ចាស់តែមួយព្រះអង្គ គឺសាសនាយូដា សាសនាគ្រីស្ត និងសាសនាអ៊ីស្លាម។ ព្រះវិហារនេះត្រូវបានសាងសង់ឡើងលើកទី១ ដោយព្រះបាទសាឡូម៉ូន នៅឆ្នាំ៩៥៧មុនគ.ស ដើម្បីធ្វើជាដំណាក់ថ្វាយព្រះជាម្ចាស់តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ (១ពង្ស ៨,១-៦៦)។ ព្រះវិហារនេះគឺជាទីកន្លែងសម្រាប់ធ្វើពិធីយញ្ញបូជាថ្វាយព្រះជាម្ចាស់តាមសាសនាយូដា និងជាទីកន្លែងសម្រាប់តម្កល់ហឹបសម្ពន្ធមេត្រី។ នៅឆ្នាំ៥៨៧មុនគ.ស កង់ទ័ពបាប៊ីឡូនបានដុតបំផ្លាញព្រះវិហារនេះ ហើយកៀរប្រជាជនយូដាធ្វើជាឈ្លើយនៅក្នុងស្រុកបាប៊ីឡូន។ នៅឆ្នាំ៥១៥ មុនគ.ស ជនជាតិយូដាដែលរួចពីទាសករនៅស្រុកបាប៊ីឡូនបានធ្វើមាតុភូមិនិវត្ត និងបានសាងសង់ព្រះវិហារនេះជាលើកទី២ រហូតដល់ឆ្នាំ៧០ នៃគ.ស កងទ័ពរ៉ូម៉ាំងបានដុតបំផ្លាញព្រះវិហារនេះ ហើយបន្សល់ទុកនូវជញ្ជាំង ដែលគេហៅថា ជញ្ជាំងសំណោករហូតមកដល់សព្វថ្ងៃ។ ប្រជាជនរស់នៅក្នុងទីក្រុងយេរូសាឡឹមក្នុងសម័យគ្រីស្តទូតប៉ូលមានចំនួនប្រមាណ២៥០០០នាក់។ ប្រវត្តិវិទូសម័យបុរាណដ៏ល្បីល្បាញម្នាក់ឈ្មោះ ផ្លាវីយ៉ូស យ៉ូសែប (Flavius Joseph) បានពិពណ៌នាអំពីទីក្រុងយេរូសាឡឹមថា ជាទីក្រុងមួយដែលខុសប្លែកពីទីក្រុងនានា ពីព្រោះទីក្រុងនេះគឺជាមជ្ឈមណ្ឌលរបស់សាសនាយូដានៅក្នុងពិភពលោកទាំងមូល ដោយសារមានព្រះវិហារយេរូសាឡឹមដ៏ស្គឹមស្គៃ និងជាទីដ៏សក្ការៈបំផុតរបស់សាសនានេះ។ ព្រះវិហារនេះទាក់ទាញបូជនីយេសក៍ពីគ្រប់ទិសទីបន្ទាប់ពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។

នៅរវាងឆ្នាំ១៦៥ មុនគ.ស មានជនជាតិយូដាមួយក្រុមតូចហៅថា គណៈផារីស៊ីបានយកចិត្តទុកដាក់គោរពធម្មវិន័យរបស់លោកម៉ូសេយ៉ាងហ្មតចត់។ ពួកគេចូលចិត្តប្រតិបត្តិតាមប្រពៃណីដូនតា ហើយស្មានថានឹងបានទៅជាមនុស្សសុចរិតដោយការប្រតិបត្តិតាមវិន័យយ៉ាងតឹងរ៉ឹងនេះ។ នៅសម័យព្រះយេស៊ូ និងសម័យគ្រីស្តទូតប៉ូល ក្នុងសាសនាយូដាមានគណៈតូចៗជាច្រើន ដូចជា គណៈផារីស៊ី (Pharisee) គណៈអេសេញ៉ាំង (Essene) គណៈសាឌូស៊ី (Sadducee) និងក្រុមអ្នកជាតិនិយម (Zealot) ដែលមានរបៀបគោរពប្រណិប័តន៍ផ្សេងៗគ្នា។ គណៈផារីស៊ីមានគោលលទ្ធិខុសប្លែកពីគណៈសាឌូស៊ី ពីព្រោះពួកគេជឿថាមនុស្សស្លាប់រស់ឡើង។ ពួកគេមានសមាជិកច្រើន មានសាលារៀន ស្វាគមន៍ជនក្រីក្រ ជួយជនអន្តោប្រវេសន៍ និងមនុស្សចំណូលថ្មីជាដើម។

គ្រីស្តទូតប៉ូលបានបញ្ជាក់ថា លោកគឺជាសាសនិកយូដា ដែលកាន់តាមគណៈផារីស៊ីនេះ ថែមទាំងបានទទួលការអប់រំតាមវិន័យនៃបុព្វបុរសយ៉ាងតឹង‌រ៉ឹងពីសំណាក់លោក កាម៉ា‌លីអែល។ ក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតបានរៀបរាប់ឱ្យដឹងថា លោកកាម៉ាលីអែលគឺជាបណ្ឌិត​ខាង​វិន័យដែល​ប្រជាជន​គោរព​គ្រប់ៗ​គ្នា និងជាអ្នកប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សាជាន់ខ្ពស់[1]មិនឱ្យធ្វើទុក្ខបុកម្នេញលើគ្រីស្តទូតសិលា និងគ្រីស្តទូតយ៉ូហានឡើយ។ លោកគឺជាមនុស្សមានប្រជាប្រិយភាពដែលមានយោបល់ល្អ ហើយគេយល់ស្របតាមទាំងអស់គ្នា។

«មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី​ឈ្មោះ​កាម៉ា‌លីអែល ជា​អ្នក​បណ្ឌិត​ខាង​វិន័យ ដែល​ប្រជាជន​គោរព​គ្រប់ៗ​គ្នា ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សុំ​ឱ្យ​គេ​នាំ​ក្រុម​គ្រីស្ដ‌ទូត​ចេញ​ពី​ទី​នោះ​មួយ​ស្របក់ រួច​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុន‌ប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។ ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ម្នាក់​ឈ្មោះ​ថឺដាស បាន​តាំង​ខ្លួន​ឡើង​ជា​វីរ‌ជន ហើយ​ប្រមូល​បាន​មនុស្ស​ប្រមាណ​ជា​បួន‌រយ​នាក់។ ថឺដាស​ត្រូវ​គេ​ប្រហារ​ជីវិត រីឯ​ពួក​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់ ក៏​ត្រូវ​បែក‌ខ្ញែក​គ្នា​អស់​គ្មាន​សល់។ បន្ទាប់​មក នៅ​ជំនាន់​ដែល​គេ​ជំរឿន​ប្រជាជន មាន​យូដាស​ជា​អ្នក​ស្រុក​កាលី‌ឡេ បាន​លើក​ខ្លួន​ឡើង បញ្ចុះ‌បញ្ចូល​មនុស្ស​ជា​ច្រើន​ឱ្យ​ទៅ​តាម​គាត់។ យូដាស​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​ក៏​បែក‌ខ្ញែក​គ្នា​អស់​ទៅ។ ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវី‌រវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​ឱ្យ​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោង‌ការ និង​កិច្ច‌ការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប‌សូន្យ​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​កិច្ច‌ការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់ អស់​លោក​ពុំ​អាច​រំលាយ​បាន​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​ព្រះ‌ជាម្ចាស់​ទៅ​វិញ»។ គេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ា‌លីអែល​ទាំង​អស់​គ្នា។»
(កក ៥,៣៤-៣៩)។

គ្រីស្តទូតប៉ូលគឺជាមនុស្សដែលបានទទួលការអប់រំខ្ពង់ខ្ពស់។ លោកស្គាល់វប្បធម៌បីដ៏សំខាន់នាសម័យនោះគឺ វប្បធម៌ហេប្រឺ វប្បធម៌ក្រិក និងវប្បធម៌រ៉ូម៉ាំង ហើយលោកក៏ចេះនិយាយភាសាអារ៉ាមេអាំងជាភាសាកំណើតផងដែរ។ ដូច្នេះ លោកអាចនិយាយបួនភាសា និងមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ ដែលផ្តល់ឱ្យលោកងាយស្រួលបំពេញកិច្ចការ និងទំនាក់ទំនង។ ផ្ទុយទៅវិញ ក្រុមគ្រីស្តទូតដើមដំបូងមិនបានរៀនសូត្រខ្ពង់ខ្ពស់នោះទេ។ ពីព្រោះ នៅពេលគេចាប់គ្រីស្តទូតសិលា និងយ៉ូហានទៅឱ្យក្រុមប្រឹក្សាជាន់ខ្ពស់វិនិច្ឆ័យទោស ពួកគេងឿងឆ្ងល់យ៉ាងខ្លាំង ដ្បិតគេដឹងថាលោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា លោកទាំងពីរធ្លាប់នៅជាមួយព្រះ‌យេស៊ូ (កក ៤,១៣)។

————

[1] ក្រុមប្រឹក្សាជាន់ខ្ពស់ គឺជាសភាប្រជាជនយូដាដែលមានភារកិច្ចវិនិច្ឆ័យរឿងខាងសាសនា និងខាងសង្គម។ ក្រុមប្រឹក្សាជាន់ខ្ពស់មានសមាជិក៧២រូប ហើយនាយកបូជាចារ្យធ្វើជាប្រធាន។


គ្រីស្តទូតប៉ូល
១. ព្រះយេស៊ូគ្រីស្ត
២. លោកសាអ៊ូល ឬសូលហៅប៉ូល
៣. ការសិក្សារបស់គ្រីស្តទូតប៉ូល
៤. លោកសូលបៀតបៀនក្រុមសាវ័ក
៥. លោកសូលប្រែចិត្តគំនិត
៦. លោកសូលជួបក្រុមគ្រីស្តទូត
៧. ដំណើរបេសកកម្មលើកទី១
៨. សន្និបាតក្រុងយេរូសាឡឹម
៩. ដំណើរបេសកកម្មលើកទី២
១០. ដំណើរបេសកកម្មលើកទី៣
145 Views

Theme: Overlay by Kaira