សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
សាម៉ូអែលទី២
ពាក្យលំនាំ
សាមូអែលទី២
ពាក្យលំនាំ
កណ្ឌគម្ពីរសាមូអែលទី ២ រៀបរាប់អំពីរាជ្យរបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជាស្តេចទីមួយ ដែលបានគ្រងរាជ្យលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។ កណ្ឌគម្ពីរនេះបង្ហាញអំពីវីរភាព និងឫទ្ធិអំណាចរបស់ព្រះបាទដាវីឌ ដែលធ្វើឲ្យស្តេចពង្រឹងរាជសម្បត្តិ ហើយពង្រីកទឹកដីអ៊ីស្រាអែលទៅជានគរមួយយ៉ាងធំ។
ផ្នែកដំបូងនៃកណ្ឌគម្ពីរនេះ មានថ្លែងអំពីការសោយសោករបស់ព្រះបាទដាវីឌ នៅពេលស្តេចបានទទួលដំណឹងថា ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន ជាបុត្រ សោយទិវង្គតក្នុងសមរភូមិ នៅពេលធ្វើសឹកជាមួយជនជាតិភីលីស្ទីន។ បន្ទាប់មក មានថ្លែងអំពីព្រះបាទដាវីឌគ្រងរាជ្យលើកុលសម្ព័ន្ធយូដា ដែលនៅប៉ែកខាងត្បូង (ចំពូក១‑៤)។ ក្រោយមកទៀត កុលសម្ព័ន្ធនានានៃអ៊ីស្រាអែលដែលរស់នៅប៉ែកខាងជើង បានយាងព្រះបាទដាវីឌឲ្យគ្រងរាជ្យលើពួកគេដែរ (ចំពូក ៥‑២០)។ ចំពូក២១ ដល់ ២៤មានរៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗ កើតមានក្នុងរជ្ជកាលរបស់ព្រះបាទដាវីឌ ដែលចំពូកមុនៗមិនបានលើកយកមកបរិយាយ។
កណ្ឌគម្ពីរសាមូអែលទី២បង្ហាញឲ្យឃើញភាពថ្កុំថ្កើងរុងរឿង និងឫទ្ធិអំណាចរបស់ព្រះបាទដាវីឌ ហើយក៏បង្ហាញឲ្យយើងឃើញភាពទន់ខ្សោយ និងបញ្ហាលំបាកផ្សេងៗ ដែលកើតមានក្នុងព្រះញាតិវង្សរបស់ស្តេចអង្គនេះដែរ។ ពេលមានបញ្ហា ព្រះបាទដាវីឌផ្ញើជីវិតលើព្រះជាម្ចាស់ ហើយពេលប្រព្រឹត្តខុស ស្តេចដាក់ខ្លួនសារភាពកំហុសនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
ក្រោយមក ជាពិសេស នៅក្នុងពេលមានខ្មាំងសត្រូវមកយាយីបៀតបៀន ជនជាតិអ៊ីស្រាអែលចាត់ទុកព្រះបាទដាវីឌជាព្រះមហាក្សត្រគំរូមួយ ដែលព្រះជាម្ចាស់ប្រទានមក ដើម្បីសង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលចងចាំជានិច្ចនូវព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយព្រះបាទដាវីឌ តាមរយៈព្យាការីណាថានថា នឹងមានស្តេចមួយអង្គដែលជាពូជពង្សរបស់ព្រះបាទដាវីឌ គ្រងរាជ្យលើជនជាតិអ៊ីស្រាអែលរហូតតរៀងទៅ។ ហេតុនេះហើយបានជានៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ពេលខ្លះ ប្រជាជនហៅព្រះយេស៊ូថា «ព្រះរាជវង្ស»ឬ«ព្រះរាជបុត្រា» របស់ព្រះបាទដាវីឌ (មថ.២០.២៩-៤០, ២១.៩)។
១
រាជ្យរបស់ព្រះបាទដាវីឌ
លោកដាវីឌទទួលដំណឹងអំពីការសោយទិវង្គតរបស់ព្រះបាទសាអ៊ូល
១ កាលព្រះបាទសាអ៊ូលសោយទិវង្គតផុតទៅ លោកដាវីឌដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។ ២ នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសាអ៊ូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។ ៣ លោកដាវីឌសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។ ៤ លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖ «ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ហើយមានទាហានជាច្រើនត្រូវគេសម្លាប់ សូម្បីតែព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។ ៥ លោកដាវីឌសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានសុគត?»។ ៦ យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំបាទក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបាទបានឃើញព្រះបាទសាអ៊ូលច្រត់នៅលើលំពែងរបស់ស្តេច ហើយមានរទេះចម្បាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។ ៧ ព្រះរាជាងាកមកទតឃើញខ្ញុំបាទ ហើយត្រាស់ហៅខ្ញុំបាទ។ ខ្ញុំបាទឆ្លើយថា “ព្រះករុណាថ្លៃវិសេស!”។ ៨ ព្រះរាជាមានរាជឱង្ការសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំបាទទូលថា “ទូលបង្គំជាជនជាតិអាម៉ាឡេក”។ ៩ ពេលនោះ ព្រះរាជាបង្គាប់មកខ្ញុំបាទថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្តី ក៏យើងកាន់តែល្វើយទៅៗ”។ ១០ ខ្ញុំបាទចូលទៅជិត ហើយធ្វើគុតព្រះរាជាទៅ ដ្បិតខ្ញុំបាទដឹងច្បាស់ថា ដោយស្តេចបរាជ័យដូច្នេះ ព្រះអង្គមិនអាចរស់តទៅទៀតឡើយ។ ខ្ញុំបាទដោះយកមកុដ និងខ្សែដៃរបស់ស្តេច ដែលខ្ញុំបាទសូមយកមកជូនលោកម្ចាស់នៅទីនេះ»។
១១ លោកដាវីឌទាញសម្លៀកបំពាក់របស់លោកមកហែក ហើយអស់អ្នកដែលនៅជាមួយលោកក៏ធ្វើដូចលោកដែរ។ ១២ ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំឭកដល់ព្រះបាទសាអ៊ូល សម្តេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងពូជពង្សអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតនៅលើសមរភូមិ។
១៣ បន្ទាប់មក លោកដាវីឌមានប្រសាសន៍ទៅកាន់យុវបុរសដែលនាំដំណឹងមកជម្រាបលោកនោះថា៖ «អ្នកជានរណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាកូនរបស់ជនជាតិអាម៉ាឡេកម្នាក់ ដែលរស់នៅក្នុងស្រុកនេះ»។ ១៤ លោកដាវីឌមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃធ្វើគុតស្តេច ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក?»។ ១៥ លោកដាវីឌហៅក្មេងបម្រើម្នាក់របស់លោកមក រួចបញ្ជាថា៖ «ចូរមកជិត ហើយសម្លាប់អ្នកនេះចោលទៅ!»។ អ្នកបម្រើនោះក៏សម្លាប់ជនជាតិអាម៉ាឡេក។ ១៦ លោកដាវីឌពោលថា៖ «អ្នកស្លាប់ ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសម្ដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានធ្វើគុតស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក»។
ទំនួញរបស់លោកដាវីឌ
១៧ លោកដាវីឌបានលើកទំនុកមួយបទ ដើម្បីរំឭកដល់ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានជាបុត្រ។ ១៨ លោកបានបញ្ជាឲ្យគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត»។
១៩ អ៊ីស្រាអែលអើយ!
ហេតុអ្វីបានជាវីរជនរបស់អ្នក
ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ?
ហេតុអ្វីបានជាវីរបុរសដ៏អង់អាច
ត្រូវបាត់បង់ជីវិតដូច្នេះ?
២០ មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ
ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះ
នៅតាមផ្លូវក្នុងក្រុងអាស្កាឡូនដែរ
ក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីន
នាំគ្នាអរសប្បាយ
ក្រែងលោកូនស្រីនៃសាសន៍ដទៃ
នាំគ្នាត្រេកអរ។
២១ ជួរភ្នំគីលបោអើយ!
សូមកុំឲ្យមានទឹកសន្សើម ឬភ្លៀង
ធ្លាក់មកលើអ្នកឡើយ
ហើយក៏កុំឲ្យមានចម្ការដែលផ្តល់
ភោគផលទៀតដែរ។
ដ្បិតនៅទីនេះហើយដែលសត្រូវបាន
បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច
ហើយខែលរបស់ព្រះបាទសាអ៊ូល
ក៏លែងបានលាបប្រេងតទៅទៀតដែរ។
២២ ធ្នូរបស់សម្តេចយ៉ូណាថានឥតរេថយឡើយ
ហើយដាវរបស់ព្រះបាទសាអ៊ូល
ក៏មិនស៊កចូលស្រោមវិញដែរ
ដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់
ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។
២៣ ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន
ជាមនុស្សគួរឲ្យស្រឡាញ់
និងគោរពរាប់អាន
ពេលរស់ គឺរស់ជាមួយគ្នា
ហើយពេលសោយទិវង្គត
ក៏សោយទិវង្គតជាមួយគ្នាដែរ។
ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី
ហើយខ្លាំងដូចសត្វសិង្ហ។
២៤ ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ!
ចូរយំស្រណោះព្រះបាទសាអ៊ូលទៅ
ព្រោះព្រះអង្គតែងប្រទានឲ្យពួកនាង
មានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់
ព្រមទាំងមានរំយោលមាសទៀតផង។
២៥ ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់
ក្នុងពេលប្រយុទ្ធដូច្នេះ?
ហេតុអ្វីបានជាសម្តេចយ៉ូណាថាន
ត្រូវខ្មាំងចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?។
២៦ បងយ៉ូណាថានជាទីស្រឡាញ់បំផុតអើយ
ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា
ដោយសារបាត់បង់រូបបង
សេចក្ដីស្រឡាញ់របស់បងវិសេសបំផុត
គឺប្រសើរលើសសេចក្ដីស្រឡាញ់
របស់ស្រីៗទៅទៀត។
២៧ ហេតុអ្វីបានជាវីរបុរសដ៏អង់អាច
ត្រូវស្លាប់ដូច្នេះ?
ហេតុអ្វីបានជាគ្រឿងសាស្ត្រាវុធ
ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
២
ប្រជាជនស្រុកយូដាអភិសេកលោកដាវីឌ ជាស្តេចនៅក្រុងហេប្រូន
១ ក្រោយព្រឹត្តិការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយក្នុងស្រុកយូដាឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។ ២ លោកដាវីឌក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណូអាំ ជាអ្នកស្រុកយីសរេអែល និងនាងអប៊ីកាអ៊ីល ជាភរិយារបស់សពលោកណាបាលនៅភូមិកាម៉ិល។ ៣ លោកដាវីឌបាននាំអស់អ្នកដែលនៅជាមួយលោក និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។
៤ ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា។
មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពព្រះបាទសាអ៊ូល។ ៥ ព្រះបាទដាវីឌក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសម្ដែងភក្តីភាពចំពោះព្រះបាទសាអ៊ូល ជាម្ចាស់របស់អ្នករាល់គ្នា ដោយបានបញ្ចុះសពស្តេច។ ៦ ឥឡូវនេះ សូមព្រះអម្ចាស់សម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាវិញ។ ដោយសារអ្នករាល់គ្នាធ្វើដូច្នេះ ខ្ញុំក៏នឹងប្រព្រឹត្តល្អចំពោះអ្នករាល់គ្នាដែរ។ ៧ ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ព្រះបាទសាអ៊ូល ជាម្ចាស់របស់អ្នករាល់គ្នាបានសោយទិវង្គតផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានចាក់ប្រេងអភិសេកខ្ញុំ ជាស្តេចគ្រប់គ្រងលើពួកគេ»។
លោកអាប់នែរតែងតាំងសម្តេចអ៊ីសបូសែត ជាស្តេចស្រុកអ៊ីស្រាអែល
៨ លោកអាប់នែរ ជាកូនរបស់លោកនែរ ដែលជាមេទ័ពរបស់ព្រះបាទសាអ៊ូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល ឆ្លងទៅក្រុងម៉ាហាណាអ៊ីម។ ៩ នៅទីនោះ លោកអាប់នែរ តែងតាំងសម្តេចអ៊ីសបូសែតជាស្តេច គ្រប់គ្រងលើស្រុកកាឡាដ ស្រុកអស៊ែរ ស្រុកយីសរេអែល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន ពោលគឺស្រុកអ៊ីស្រាអែលទាំងមូល។ ១០ ពេលព្រះបាទអ៊ីសបូសែតជាបុត្ររបស់ព្រះបាទសាអ៊ូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ព្រះអង្គមានព្រះជន្មសែសិបវស្សា ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទដាវីឌ។ ១១ ព្រះបាទដាវីឌសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។
សង្គ្រាមរវាងយូដា និងអ៊ីស្រាអែល នៅកាបូន
១២ លោកអាប់នែរជាកូនរបស់លោកនែរ និងជារាជបម្រើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល បានចាកចេញពីក្រុងម៉ាហាណាអ៊ីមឆ្ពោះទៅក្រុងកាបូន។ ១៣ លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងរាជបម្រើរបស់ព្រះបាទដាវីឌក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងកាបូន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។ ១៤ លោកអាប់នែរមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជនក្រោកឡើងប្រកួតគ្នានៅចំពោះមុខយើងទាំងពីរ!»។ លោកយ៉ូអាប់តបវិញថា៖ «ឲ្យគេក្រោកឡើងប្រកួតគ្នាចុះ!»។ ១៥ យុវជនទាំងនោះក៏ចេញមកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ខាងព្រះបាទអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជារាជបម្រើព្រះបាទដាវីឌ។ ១៦ ពួកគេចាប់ក្បាលគូសត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងកាបូននោះថា «ហេលកាត់-ហាត់ស៊ូរីម»។ ១៧ ការប្រយុទ្ធមួយយ៉ាងសាហាវបានផ្ទុះឡើង នៅថ្ងៃនោះ។ លោកអាប់នែរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ព្រះបាទដាវីឌ។ ១៨ កូនប្រុសទាំងបីរូបរបស់អ្នកស្រីសេរូយ៉ានៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអសាអែល។ លោកអសាអែលរត់លឿនដូចប្រើស ១៩ លោកដេញតាមលោកអាប់នែរយ៉ាងប្រកិត ឥតងាកឆ្វេង ឬស្តាំឡើយ។ ២០ លោកអាប់នែរងាកក្រោយសួរថា៖ «តើអ្នក ជាអសាអែលឬ?»។ លោកអសាអែលឆ្លើយថា៖ «ខ្ញុំនេះហើយ!»។ ២១ លោកអាប់នែរមានប្រសាសន៍ថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្តាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអសាអែលមិនព្រមឈប់ដេញតាមលោកអាប់នែរទេ។ ២២ លោកអាប់នែរពោលមកកាន់លោកអសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំឲ្យសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើឲ្យខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្ដេចបាន?»។ ២៣ ប៉ុន្តែ លោកអសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអាប់នែរក៏បុកលោកអសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។ ២៤ ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយ នៅតែដេញតាមលោកអាប់នែរ ហើយទៅដល់ជម្រាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានកាបូន នៅពេលថ្ងៃលិច។ ២៥ ពលទាហានបេនយ៉ាមីនប្រមូលគ្នាមកនៅពីក្រោយលោកអាប់នែរ។ គេផ្តុំគ្នាជាក្រុម ហើយឈប់នៅលើកំពូលភ្នំ។ ២៦ លោកអាប់នែរស្រែកសួរលោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានឲ្យឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។ ២៧ លោកយ៉ូអាប់ស្រែកប្រាប់ទៅវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅថា ប្រសិនបើអ្នកមិនសុំឲ្យខ្ញុំឈប់ដេញតាមទេ នោះទាហានរបស់ខ្ញុំមុខជានៅតែដេញតាមអ្នករាល់គ្នា រហូតដល់ព្រឹកស្អែក»។ ២៨ លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រាអែល និងលែងប្រយុទ្ធគ្នាទៀត។
២៩ លោកអាប់នែរ និងពលទាហានរបស់លោក នាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីតរ៉ូន ហើយទៅដល់ក្រុងម៉ាហាណាអ៊ីមវិញ។ ៣០ កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអាប់នែរវិញ លោកប្រមូលផ្តុំពលទាហាន ឃើញមានបាត់ទាហានរបស់ព្រះបាទដាវីឌ ចំនួនដប់ប្រាំបួននាក់ និងលោកអសាអែលម្នាក់ទៀត។ ៣១ ប៉ុន្តែ ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់ពួកបេនយ៉ាមីន និងទាហានរបស់លោកអាប់នែរ អស់បីរយហុកសិបនាក់។ ៣២ គេបាននាំយកសពលោកអសាអែលទៅបញ្ចុះក្នុងផ្នូរ ដែលជាកម្មសិទ្ធិរបស់ឪពុកលោក នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់លោក នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។
៣
១ គ្រានោះ មានកើតចម្បាំងយ៉ាងយូររវាងញាតិវង្សរបស់ព្រះបាទសាអ៊ូល និងញាតិវង្សរបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ព្រះបាទសាអ៊ូលវិញ កាន់តែចុះខ្សោយជាលំដាប់។
បុត្ររបស់ព្រះបាទដាវីឌប្រសូតនៅក្រុងហេប្រូន
២ បុត្ររបស់ព្រះបាទដាវីឌជាច្រើនអង្គបានប្រសូតនៅក្រុងហេប្រូន គឺបុត្រច្បង ព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណូអាំ ជាអ្នកស្រុកយីសរេអែល ៣ បុត្រទីពីរ ព្រះនាមគីឡាប ប្រសូតពីនាងអប៊ីកាអ៊ីល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកាម៉ិល បុត្រទីបី ព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្តេចស្រុកកេសួរ ៤ បុត្រទីបួន ព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត បុត្រទីប្រាំ ព្រះនាមសេផាត្យា ប្រសូតពីនាងអប៊ីតាល់ ៥ បុត្រទីប្រាំមួយ ព្រះនាមយីតរេអាំ ប្រសូតពីនាងអេកឡា ដែលជាមហេសីរបស់ស្តេចដែរ។ នេះជាបុត្ររបស់ព្រះបាទដាវីឌដែលប្រសូតនៅក្រុងហេប្រូន។
លោកអាប់នែរមានទំនាស់ជាមួយព្រះបាទអ៊ីសបូសែត
៦ នៅគ្រាមានចម្បាំងរវាងញាតិវង្សរបស់ព្រះបាទសាអ៊ូល និងញាតិវង្សរបស់ព្រះបាទដាវីឌនោះ លោកអាប់នែរបានពង្រឹងអំណាចរបស់ខ្លួន ក្នុងញាតិវង្សព្រះបាទសាអ៊ូល។ ៧ ព្រះបាទសាអ៊ូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ព្រះបាទអ៊ីសបូសែតមានរាជឱង្ការទៅកាន់លោកអាប់នែរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់បិតាយើង?»។ ៨ កាលឮព្រះបាទអ៊ីសបូសែតមានរាជឱង្ការដូច្នេះ លោកអាប់នែរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្តេចវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ទូលបង្គំសម្ដែងភក្តីភាពចំពោះរាជវង្សព្រះបាទសាអ៊ូល ដែលជាបិតារបស់ព្រះករុណា ចំពោះបងប្អូន និងមិត្តភក្ដិរបស់ព្រះករុណា។ ទូលបង្គំពុំបានប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ស្តេចដាវីឌឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ព្រះករុណាបែរជាស្តីបន្ទោសទូលបង្គំ ព្រោះតែរឿងស្រីទៅវិញ!។ ៩ ដូច្នេះ ប្រសិនបើទូលបង្គំមិនផ្ទេររាជសម្បត្តិនេះទៅឲ្យព្រះបាទដាវីឌ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ទេ សូមព្រះអង្គដាក់ទោសទូលបង្គំយ៉ាងធ្ងន់ចុះ! ១០ ដ្បិតព្រះអម្ចាស់បានសន្យាថា ព្រះអង្គនឹងដករាជសម្បត្តិចេញពីរាជវង្សរបស់ព្រះបាទសាអ៊ូល ហើយតែងតាំងព្រះបាទដាវីឌឲ្យគ្រងរាជ្យលើអ៊ីស្រាអែល និងយូដា ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា»។ ១១ ព្រះបាទអ៊ីសបូសែតមិនហ៊ានឆ្លើយទៅលោកអាប់នែរវិញ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ព្រោះព្រះអង្គខ្លាចលោកអាប់នែរណាស់។
លោកអាប់នែរចុះចូលជាមួយព្រះបាទដាវីឌ
១២ លោកអាប់នែរចាត់អ្នកនាំសារឲ្យចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីទូលថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់នរណា? សូមចងសម្ពន្ធមេត្រីជាមួយទូលបង្គំមក នោះទូលបង្គំនឹងជួយប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណា»។ ១៣ ព្រះបាទដាវីឌឆ្លើយទៅវិញថា៖ «យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក ប៉ុន្តែ យើងមានសំណូមពរតែមួយប៉ុណ្ណោះ គឺពេលលោកមកជួបយើង ត្រូវនាំព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសាអ៊ូលមកជាមួយផង បើមិនដូច្នោះទេ សូមកុំមកជួបមុខយើងឡើយ»។ ១៤ បន្ទាប់មក ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូលថា៖ «សូមប្រគល់ព្រះនាងមិកាល់ ជាមហេសីរបស់ទូលបង្គំ មកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំយកស្បែកអង្គជាតរបស់ពួកភីលីស្ទីន ចំនួនមួយរយជូនជាបណ្តាការ»។ ១៥ ព្រះបាទអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំព្រះនាងមិកាល់ពីផ្ទះប្ដីរបស់ព្រះនាងមក គឺលោកប៉ាល់ទីអែលជាកូនរបស់លោកឡាអ៊ីស។ ១៦ លោកប៉ាល់ទីអែលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអាប់នែរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។
១៧ លោកអាប់នែរពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ដោយពោលថា៖ «អស់លោកចង់បានព្រះបាទដាវីឌ ជាស្តេច តាំងពីយូរណាស់មកហើយ។ ១៨ ឥឡូវនេះ សូមយាងស្តេចមកគ្រងរាជ្យចុះ! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះបាទដាវីឌថា “យើងនឹងសង្គ្រោះអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង”»។ ១៩ លោកអាប់នែរមានប្រសាសន៍បែបនេះជាមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅទូលព្រះបាទដាវីឌនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្ដីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល។ ២០ លោកអាប់នែរចូលទៅគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ដោយមានមនុស្សម្ភៃនាក់អមដំណើរទៅជាមួយ។ ព្រះបាទដាវីឌបានរៀបចំពិធីជប់លៀងជូនលោកអាប់នែរ និងអស់អ្នកដែលមកជាមួយ។ ២១ លោកអាប់នែរទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណា ទូលបង្គំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណាជាអម្ចាស់។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ហើយពេលនោះ ព្រះករុណាគ្រងរាជ្យលើស្រុកនេះទាំងមូល តាមព្រះហឫទ័យរបស់ព្រះករុណា»។ ព្រះបាទដាវីឌអនុញ្ញាតឲ្យលោកអាប់នែរចាកចេញទៅ ដោយសុខសាន្ត។
លោកយ៉ូអាប់ធ្វើឃាតលោកអាប់នែរ
២២ បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ព្រះបាទដាវីឌ វិលមកពីច្បាំងវិញ ទាំងនាំយកជ័យភ័ណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអាប់នែរពុំបាននៅក្នុងក្រុងហេប្រូនជាមួយព្រះបាទដាវីឌទេ ដ្បិតព្រះរាជាអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។ ២៣ កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយលោកមកដល់ មានគេជម្រាបលោកថា៖ «លោកអាប់នែរ ជាកូនរបស់លោកនែរបានចូលមកគាល់ព្រះរាជា ហើយស្តេចអនុញ្ញាតឲ្យគាត់ចាកចេញទៅ ដោយសុខសាន្ត»។ ២៤ លោកយ៉ូអាប់ក៏ចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ? អាប់នែរចូលមកគាល់ព្រះករុណា ហើយព្រះករុណាអនុញ្ញាតឲ្យគេចាកចេញទៅ ដោយស្រួល។ ២៥ ព្រះករុណាស្គាល់អាប់នែរ ដែលជាកូនរបស់លោកនែរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតព្រះករុណា ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ព្រះករុណា និងដឹងអំពីគ្រប់កិច្ចការដែលព្រះករុណាកំពុងធ្វើ»។ ២៦ លោកយ៉ូអាប់ចាកចេញពីស្តេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអាប់នែរ។ ពួកគេហៅលោកអាប់នែរពីអណ្ដូងទឹកស៊ីរ៉ាមកវិញ។ ព្រះបាទដាវីឌពុំបានជ្រាបពីរឿងនេះទេ។ ២៧ កាលលោកអាប់នែរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអាប់នែរមួយកាំបិត ត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអសាអែលជាប្អូន ហើយលោកអាប់នែរក៏ស្លាប់ទៅ។
២៨ ក្រោយមក ព្រះបាទដាវីឌជ្រាបអំពីរឿងនេះ ព្រះអង្គមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអាប់នែរ ជាកូនរបស់លោកនែរទេ។ ២៩ សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់លោកទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងា កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។ ៣០ លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអាប់នែរ ព្រោះលោកអាប់នែរបានសម្លាប់លោកអសាអែល ជាប្អូនរបស់ពួកលោក ក្នុងពេលប្រយុទ្ធនៅកាបូន។
៣១ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយលោកថា៖ «ចូរហែកសម្លៀកបំពាក់ រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអាប់នែរទៅ»។ ព្រះបាទដាវីឌយាងតាមក្រោយមឈូស។ ៣២ គេបានបញ្ចុះសពលោកអាប់នែរនៅក្រុងហេប្រូន។ ព្រះរាជាព្រះអង្គព្រះកន្សែង ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។ ៣៣ បន្ទាប់មក ព្រះបាទដាវីឌលើកទំនុកមួយរំឭកពីលោកអាប់នែរ ដូចតទៅ៖
«អាប់នែរអើយ លោកមិនគួរស្លាប់
ដូចមនុស្សលេលាបែបនេះសោះ!
៣៤ ដៃរបស់លោកគ្មានជាប់ចំណង
ជើងរបស់លោកក៏គ្មានជាប់ច្រវាក់ដែរ
តែលោកបានដួលស្លាប់
ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។
ប្រជាជនទាំងមូលនាំគ្នាយំស្តាយលោកអាប់នែរសាជាថ្មី។ ៣៥ បន្ទាប់មក ពួកគេចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីថ្វាយព្រះស្ងោយទាន់មេឃនៅភ្លឺ ប៉ុន្តែ ព្រះរាជាសច្ចាថា៖ «ប្រសិនបើយើងបរិភោគនំបុ័ង ឬអ្វីក៏ដោយ មុនពេលថ្ងៃលិច សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ!»។ ៣៦ ឃើញដូច្នេះ ប្រជាជនទាំងមូលពេញចិត្តណាស់ គឺដូចគេតែងតែពេញចិត្តចំពោះកិច្ចការឯទៀតៗ ដែលព្រះរាជាបានធ្វើដែរ។ ៣៧ នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា ព្រះរាជាមិនបានចេញបញ្ជាឲ្យគេសម្លាប់លោកអាប់នែរ ជាកូនរបស់លោកនែរទេ។ ៣៨ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកដឹងទេថា ថ្ងៃនេះ អ៊ីស្រាអែលបាត់បង់វរជនមួយរូប ដែលជាមេដឹកនាំដ៏សំខាន់! ៣៩ ទោះបីព្រះជាម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំជាស្តេចក្តី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមព្រះអម្ចាស់ដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
៤
ព្រះបាទអ៊ីសបូសែតត្រូវគេធ្វើគុត
១ ពេលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល ជ្រាបថា លោកអាប់នែរស្លាប់នៅក្រុងហេប្រូន ព្រះអង្គក៏ធ្លាក់ទឹកចិត្ត ហើយប្រជាជនអ៊ីស្រាអែលទាំងមូលរន្ធត់ចិត្តយ៉ាងខ្លាំង។ ២ ព្រះបាទអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបេរ៉ូត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ គេចាត់ទុកភូមិបេរ៉ូតនេះជាទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ៣ ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុនបានភៀសខ្លួនទៅគីតាអ៊ីម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
៤ សម្តេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសាអ៊ូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះម៉េភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយីសរេអែលឮដំណឹងថា ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានសោយទិវង្គត មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។
៥ លោករេកាប និងលោកបាណា ដែលជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបេរ៉ូត បានចូលទៅក្នុងដំណាក់របស់ព្រះបាទអ៊ីសបូសែត នៅពេលថ្ងៃត្រង់ ពេលនោះ ស្តេចកំពុងតែផ្ទំ។ ៦ ពួកគេនាំគ្នាចូលទៅក្នុងដំណាក់ស្តេច ធ្វើហាក់ដូចជាទៅយកស្រូវ ហើយចាក់មួយកាំបិតត្រង់ពោះស្តេច។ បន្ទាប់មក លោករេកាប និងលោកបាណា ជាប្អូន ក៏នាំគ្នារត់ចេញទៅ។ ៧ មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលព្រះបាទអ៊ីសបូសែតកំពុងផ្ទំលើព្រះទែន ក្នុងក្រឡាបន្ទំ។ ពួកគេធ្វើគុតស្តេច ហើយកាត់យកព្រះសិរសា រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។ ៨ ពួកគេយកព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតទៅថ្វាយព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលព្រះរាជាថា៖ «នេះជាព្រះសិរសារបស់ស្តេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល ដែលជាខ្មាំងសត្រូវរបស់ព្រះករុណា។ ព្រះបាទសាអ៊ូលតែងតែប៉ុនប៉ងធ្វើគុតព្រះករុណា ថ្ងៃនេះ ព្រះអម្ចាស់បានសងសឹកព្រះបាទសាអ៊ូល និងរាជវង្ស ថ្វាយព្រះករុណាជាអម្ចាស់ហើយ!»។ ៩ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោករេកាប និងលោកបាណា ជាកូនរបស់លោករីម៉ូន អ្នកភូមិបេរ៉ូតថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងពីរ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយជាព្រះដែលបានរំដោះខ្ញុំ នៅគ្រប់គ្រាមានអាសន្នថា ១០ ពេលបុរសម្នាក់មកប្រាប់ខ្ញុំអំពីព្រះបាទសាអ៊ូលសោយទិវង្គតនោះ គេនឹកស្មានថា ខ្លួននាំដំណឹងល្អមកប្រាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានចេញបញ្ជាឲ្យចាប់អ្នកនោះសម្លាប់ នៅក្រុងស៊ីគឡាក់ ដើម្បីតបស្នងនឹងដំណឹងល្អរបស់គេ! ១១ ឥឡូវនេះ ពេលមនុស្សអាក្រក់ធ្វើឃាតមនុស្សសុចរិតដែលកំពុងតែដេកលក់នៅក្នុងផ្ទះរបស់ខ្លួន តើខ្ញុំគួរយកអ្វីទៅតបស្នងវិញ ក្រៅពីលុបបំបាត់ឃាតកចេញពីផែនដី?»។ ១២ ព្រះបាទដាវីឌបានបញ្ជាឲ្យពួកទាហានយកលោករេកាប និងលោកបាណាទៅសម្លាប់។ គេកាត់ដៃកាត់ជើងអ្នកទាំងពីរ យកទៅចងព្យួរជិតបឹងនៅក្រុងហេប្រូន។ រីឯព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតវិញ គេយកទៅបញ្ចុះក្នុងផ្នូររបស់លោកអាប់នែរ នៅក្រុងហេប្រូន។
៥
ព្រះបាទដាវីឌគ្រងរាជ្យលើអ៊ីស្រាអែលទាំងមូល
(១របាក្សត្រ ១១.១-៣)
១ កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលនាំគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលថា៖ «ទូលបង្គំទាំងអស់គ្នាក៏ជាសាច់សាលោហិតរបស់ព្រះករុណាដែរ។ ២ កាលពីមុន នៅគ្រាដែលព្រះបាទសាអ៊ូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ ៣ ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅក្រុងហេប្រូន រួចហើយពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្តេចរបស់ជនជាតិអ៊ីស្រាអែល។ ៤ នៅពេលឡើងគ្រងរាជ្យ ព្រះបាទដាវីឌមានព្រះជន្មាយុសាមសិបវស្សា ហើយសោយរាជ្យបានសែសិបឆ្នាំ។ ៥ នៅក្រុងហេប្រូន ព្រះអង្គសោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅក្រុងយេរូសាឡឹម ព្រះអង្គសោយរាជ្យបានសាមសិបបីឆ្នាំលើស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។
ព្រះបាទដាវីឌលើករាជធានីមកនៅក្រុងយេរូសាឡឹម
(១របាក្សត្រ ១១.៤-៩, ១៤.១-២)
៦ ព្រះបាទដាវីឌ ព្រមទាំងកងទ័ពនាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម។ ជនជាតិយេប៊ូសដែលរស់នៅតំបន់នោះ និយាយប្រមាថព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ ឬមនុស្សខ្វិន ក៏អាចរុញច្រានអ្នកឲ្យថយក្រោយវិញដែរ»។ គេពោលដូច្នេះ មកពីគេគិតថា ព្រះបាទដាវីឌមិនអាចដណ្ដើមយកទីក្រុងឡើយ។ ៧ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។ ៨ នៅថ្ងៃនោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់ចង់វាយពួកយេប៊ូស ត្រូវឡើងតាមប្រឡាយទឹក នោះនឹងទៅដល់ពួកខ្វិន និងពួកខ្វាក់ ដែលដាវីឌស្អប់នោះមិនខាន!»។ ហេតុនេះហើយបានជាមានពាក្យថា៖ «អ្នកខ្វាក់ អ្នកខ្វិន គ្មានសិទ្ធិចូលក្នុងព្រះដំណាក់ទេ!»។ ៩ ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ ដែលស្តេចហៅថា «បុរីព្រះបាទដាវីឌ»។ បន្ទាប់មក ស្តេចពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់ស្តេច។ ១០ ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយ។
១១ ព្រះបាទហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។ ១២ ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងស្តេចឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានឲ្យរាជសម្បត្តិរបស់ស្តេចបានចម្រុងចម្រើនឡើង ព្រោះតែអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គដែរ។
បុត្ររបស់ព្រះបាទដាវីឌប្រសូតនៅក្រុងយេរូសាឡឹម
(១របាក្សត្រ ៣.៥-៩, ១៤.៣-៧)
១៣ ក្រោយបានចាកចេញពីក្រុងហេប្រូនមកគង់នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌមានស្នំឯក និងមហេសីផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនថ្វាយស្តេច។ ១៤ នេះជាបញ្ជីរាយនាមបុត្ររបស់ស្តេច ដែលប្រសូតនៅក្រុងយេរូសាឡឹម គឺសាំមូអា សូបាប់ ណាថាន សាឡូម៉ូន ១៥ យីបហារ អេលីសួ នេផេក យ៉ាភីអា ១៦ អេលីសាម៉ា អេលីយ៉ាដា និងអេលីផេលេត។
ជ័យជម្នះរបស់ព្រះបាទដាវីឌលើជនជាតិភីលីស្ទីន
(១របាក្សត្រ ១៤.៨-១៦)
១៧ កាលជនជាតិភីលីស្ទីនឮថា ជនជាតិអ៊ីស្រាអែលបានអភិសេកព្រះបាទដាវីឌជាស្តេច នោះពួកគេលើកទ័ពទាំងអស់មកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្តេចយាងទៅជ្រកក្នុងជម្រកមួយ។ ១៨ ជនជាតិភីលីស្ទីនមកដល់ ហើយបោះទ័ពក្នុងជ្រលងភ្នំរេផាអ៊ីម។ ១៩ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំដែរឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកជាមិនខាន!»។ ២០ ព្រះបាទដាវីឌក៏យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។ ២១ ពេលបាក់ទ័ពរត់ទៅ កងទ័ពភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់គេ នៅនឹងកន្លែង។ ព្រះបាទដាវីឌ និងពលទាហានបានប្រមូលយករូបព្រះទាំងនោះ។
២២ ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ពនៅក្នុងជ្រលងភ្នំរេផាអ៊ីមសាជាថ្មី។ ២៣ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ហើយព្រះអង្គមានព្រះបន្ទូលមកស្តេចវិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។ ២៤ កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅ ដ្បិត គឺពេលនោះហើយ ដែលយើងជាព្រះអម្ចាស់នាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
២៥ ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ព្រះអង្គវាយឈ្នះពួកភីលីស្ទីន ហើយដេញតាមពួកគេចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ែរ។
៦
ការដង្ហែហិបនៃសម្ពន្ធមេត្រីចូលក្រុងយេរូសាឡឹម
(១របាក្សត្រ ១៣.៤-១៤)
១ ព្រះបាទដាវីឌប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រាអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។ ២ ព្រះបាទដាវីឌ និងពលទាហានដែលនៅជាមួយ ក្រោកឡើង ចេញដំណើរទៅដង្ហែហិបរបស់ព្រះជាម្ចាស់ពីក្រុងបាឡា ក្នុងស្រុកយូដា។ ហិបនេះឧទ្ទិសដល់ព្រះនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅកណ្ដាលពួកខេរូប៊ីម*។ ៣ គេបានដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។ ៤ គេដឹកហិបចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ ដង្ហែមក ដោយមានលោកអហ៊ីយ៉ូដើរនៅខាងមុខ។ ៥ ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ដ្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
៦ កាលមកដល់លានស្រូវរបស់លោកណាកូន លោកអ៊ូសាលើកដៃទៅទប់ហិបរបស់ព្រះជាម្ចាស់ ព្រោះគោបានធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ ៧ ពេលនោះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងលោកអ៊ូសា ហើយព្រះអង្គប្រហារលោកឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែខ្វះការគោរព។ លោកអ៊ូសាបាត់បង់ជីវិតនៅក្បែរហិបរបស់ព្រះជាម្ចាស់។
៨ ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់វាយប្រហារលោកអ៊ូសាឲ្យស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។ ៩ នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះអម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងមិនហ៊ានយកហិបនៃព្រះអម្ចាស់ចូលទៅក្នុងដំណាក់របស់យើងទេ!»។ ១០ ដូច្នេះ ស្តេចមិនចង់យកហិបរបស់ព្រះអម្ចាស់ចូលទៅក្នុងដំណាក់ នៅបុរីរបស់ព្រះបាទដាវីឌ តែព្រះអង្គបានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដ-អេដុម ជាអ្នកស្រុកកាថ។ ១១ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដ-អេដុម ជាអ្នកស្រុកកាថចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់លោកអូបេដ-អេដុម និងក្រុមគ្រួសាររបស់គាត់ទាំងមូល។
ហិបនៃសម្ពន្ធមេត្រីមកដល់ក្រុងយេរូសាឡឹម
១២ មានគេទូលព្រះបាទដាវីឌថា៖ «ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសារលោកអូបេដ-អេដុម ព្រមទាំងអ្វីៗដែលគាត់មាន ដោយសារតែហិបរបស់ព្រះជាម្ចាស់»។ ពេលនោះ ព្រះបាទដាវីឌក៏យាងទៅផ្ទះលោកអូបេដ-អេដុម ដើម្បីនាំយកហិបចូលមកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។ ១៣ នៅពេលពួកអ្នកសែងហិបរបស់ព្រះអម្ចាស់ដើរបានប្រាំមួយជំហាន ព្រះបាទដាវីឌយកគោឈ្មោលមួយ និងកូនគោធាត់មួយ មកថ្វាយជាយញ្ញបូជា។ ១៤ ព្រះបាទដាវីឌរាំ លោតកព្ឆោងថ្វាយព្រះអម្ចាស់យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ*ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។ ១៥ ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបរបស់ព្រះអម្ចាស់ឡើងមកក្រុងយេរូសាឡឹម ពួកគេស្រែកជយឃោស និងផ្លុំត្រែយ៉ាងរំពង។
១៦ ពេលហិបរបស់ព្រះអម្ចាស់ចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ជាបុត្រីព្រះបាទសាអ៊ូល អើតតាមបង្អួច ឃើញព្រះបាទដាវីឌរាំលោតកព្ឆោង នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។ ១៧ កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក។ ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ១៨ លុះបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពរួចហើយ ព្រះបាទដាវីឌក៏ប្រទានពរដល់ប្រជាជនក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល។ ១៩ ព្រះបាទដាវីឌប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុសទាំងស្រី គឺម្នាក់ៗទទួលបាននំបុ័ងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។ ២០ ព្រះបាទដាវីឌវិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់ព្រះរាជវង្ស។ ព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសាអ៊ូល ចេញមកទទួលស្តេច ទាំងពោលថា៖ «ថ្ងៃនេះ ស្តេចរបស់ជនជាតិអ៊ីស្រាអែលរុងរឿងណាស់! ព្រោះស្តេចបង្ហាញខ្លួនទទេនៅមុខរាជបម្រើទាំងប្រុសទាំងស្រី ដូចមនុស្សវិកលចរិត!»។ ២១ ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និងរាជវង្ស។ យើងសម្ដែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ២២ យើងចង់ដាក់ខ្លួនឲ្យរឹតតែថោកជាងនេះទៅទៀត។ ទោះបីទាស់ភ្នែកនាងក៏ដោយ យ៉ាងហោចណាស់ក៏មានពួកស្រីបម្រើដែលនាងពោលនោះលើកតម្កើងយើងដែរ!»។
២៣ ព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសាអ៊ូល គ្មានបុត្រឡើយ រហូតដល់ស្លាប់។
៧
ព្រះបាទដាវីឌមានបំណងសង់ព្រះវិហារ
(១របាក្សត្រ ១៧.១-១៥)
១ ពេលព្រះបាទដាវីឌមានវាំងគង់នៅស្រួលបួល ហើយបន្ទាប់ពីព្រះអម្ចាស់ប្រោសប្រទានឲ្យស្តេចបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី ២ ស្តេចក៏មានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃព្រះជាម្ចាស់ស្ថិតនៅក្នុងព្រះពន្លាធ្វើអំពីក្រណាត់សំពត់!»។ ៣ ព្យាការីណាថានទូលស្តេចវិញថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមធ្វើចុះ ដ្បិតព្រះអម្ចាស់គង់នៅជាមួយព្រះករុណាហើយ»។
៤ ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានថា៖ ៥ «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់ឲ្យយើងនៅ”។ ៦ តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងព្រះពន្លា។ ៧ គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ ឲ្យសង់ដំណាក់ពីឈើដ៏មានតម្លៃ សម្រាប់យើងទេ។ ៨ ហេតុនេះ ត្រូវប្រាប់ដាវីឌ ជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គមានព្រះបន្ទូលដូចតទៅ: “កាលអ្នក នៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង។ ៩ យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកម្ចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។ ១០ យើងប្រគល់ស្រុកមួយឲ្យអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង យើងបានឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះជាន់ពួកគេ ដូចកាលពីមុន ១១ ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកវីរបុរស ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើងឡើយ។ យើងឲ្យអ្នកបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងឲ្យអ្នកមានសន្តតិវង្សមួយផង។ ១២ ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។ ១៣ គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។ ១៤ យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។ ១៥ ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរសចេញពីគេ ដូចយើងបានដកពីសាអ៊ូលដែលយើងបោះបង់ចោល ហើយតែងតាំងអ្នកជំនួសនោះទេ។ ១៦ ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។
១៧ លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។
ការអធិស្ឋានរបស់ព្រះបាទដាវីឌ
(១របាក្សត្រ ១៧.១៦-២៧)
១៨ ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រព្រះជាអម្ចាស់ តើទូលបង្គំ និងអំបូររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឲ្យទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ? ១៩ ប៉ុន្តែ ព្រះជាអម្ចាស់អើយ ព្រះអង្គយល់ឃើញថា នេះគឺជាការតិចតួចទេ បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលព្រះអង្គប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ! ២០ ឱព្រះជាអម្ចាស់អើយ តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គទៀត បើព្រះអង្គជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ យ៉ាងច្បាស់ហើយនោះ? ២១ ព្រះអង្គបានសម្ដែងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមទាំងនេះឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គឃើញ ស្របតាមព្រះបន្ទូលសន្យា និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ២២ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គពិតជាព្រះដ៏ឧត្ដមបំផុត! គ្មានព្រះណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គទេ។ តាមយើងខ្ញុំធ្លាប់បានឮគេតំណាលប្រាប់ ក្រៅពីព្រះអង្គ ក៏គ្មានព្រះឯណាទៀតដែរ។ ២៣ នៅលើផែនដីនេះ គ្មានប្រជាជាតិណាមួយដូចប្រជាជាតិអ៊ីស្រាអែលទេ គឺព្រះអង្គបានទៅរំដោះពួកគេមកធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ ព្រមទាំងប្រទានឲ្យពួកគេមានកេរ្តិ៍ឈ្មោះទៀតផង។ ព្រះអង្គបានសម្ដែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ព្រះអង្គ ឲ្យប្រជារាស្ដ្ររបស់ព្រះអង្គឃើញ គឺប្រជារាស្ដ្រដែលព្រះអង្គបានលោះពីកណ្ដាប់ដៃរបស់ប្រជាជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីឲ្យគេធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គ។ ២៤ ព្រះអម្ចាស់អើយ! ព្រះអង្គបានពង្រឹងជនជាតិអ៊ីស្រាអែល ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេដែរ។ ២៥ បពិត្រព្រះជាអម្ចាស់ ឥឡូវនេះ សូមឲ្យព្រះបន្ទូលដែលព្រះអង្គសន្យាចំពោះទូលបង្គំ និងកូនចៅរបស់ទូលបង្គំ នៅស្ថិតស្ថេររហូតតទៅ ហើយសូមព្រះអង្គសម្រេចតាមព្រះបន្ទូលនេះផង។ ២៦ សូមឲ្យព្រះនាមរបស់ព្រះអង្គបានឧត្តុង្គឧត្ដមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ រហូតតទៅផង។ ២៧ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល! ព្រះអង្គបានប្រោសឲ្យទូលបង្គំដឹងអំពីគម្រោងការ ដែលព្រះអង្គសព្វព្រះហឫទ័យនឹងតែងតាំងពូជពង្សរបស់ទូលបង្គំ ឲ្យឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។ ២៨ បពិត្រព្រះជាអម្ចាស់! មានតែព្រះអង្គទេជាព្រះជាម្ចាស់ សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គមានព្រះបន្ទូលសុទ្ធតែពិត ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលមកទូលបង្គំ។ ២៩ ឥឡូវនេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតរៀងទៅ។ ព្រះជាអម្ចាស់អើយ! សូមប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះពួកគេនឹងទទួលព្រះពរអស់កល្បជានិច្ច»។
៨
ជ័យជម្នះរបស់ព្រះបាទដាវីឌលើស្រុកជិតខាង
(១របាក្សត្រ ១៨.១-១៣)
១ ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដកអំណាចពីពួកគេ លែងឲ្យត្រួតត្រាលើតំបន់នោះទៀតផង។ ២ ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្តេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ៣ ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដាដេស៊ែរ ជាបុត្ររបស់ព្រះបាទរេហូប និងជាស្តេចស្រុកសូបា ក្នុងពេលព្រះបាទហាដាដេស៊ែរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។ ៤ ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ព្រះបាទហាដាដេស៊ែរចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ ស្តេចបានយកសេះមួយរយក្បាលទុក ក្រៅពីនោះ ស្តេចកាត់សរសៃកែងជើងទាំងអស់។ ៥ ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយព្រះបាទហាដាដេស៊ែរ ជាស្តេចស្រុកសូបា ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។ ៦ ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកស៊ីរី ជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្តេចយាងទៅ។ ៧ ព្រះបាទដាវីឌរឹបអូសខែលមាសពីពួកបរិវាររបស់ព្រះបាទហាដាដេស៊ែរ ហើយនាំយកមកក្រុងយេរូសាឡឹម។ ៨ ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេតា និងក្រុងបេរ៉ូតៃ ដែលជាក្រុងរបស់ព្រះបាទហាដាដេស៊ែរ។
៩ កាលព្រះបាទតូអ៊ី ជាស្តេចក្រុងហាម៉ាត់ ជ្រាបថាព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ែរ ១០ ព្រះអង្គក៏ចាត់សម្តេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ និងអបអរសាទរចំពោះជ័យជម្នះលើព្រះបាទហាដាដេស៊ែរ ព្រោះព្រះបាទតូអ៊ីធ្វើសឹកសង្គ្រាមជាមួយព្រះបាទហាដាដេស៊ែរដែរ។ សម្តេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកថ្វាយព្រះបាទដាវីឌ។ ១១ ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចស្តេចថ្វាយមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មានដែលស្តេចវាយឈ្នះដែរ ១២ គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។ ព្រះបាទដាវីឌក៏យកជ័យភ័ណ្ឌដែលរឹបអូសបានពីព្រះបាទហាដាដេស៊ែរ ជាបុត្ររបស់ព្រះបាទរេហូប ស្តេចស្រុកសូបា ទៅថ្វាយព្រះអម្ចាស់ដែរ។ ១៣ ពេលព្រះបាទដាវីឌវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ ព្រះអង្គប្រហារជនជាតិអេដុមអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើឲ្យកិត្តិនាមរបស់ស្តេចរឹតតែល្បីល្បាញថែមទៀត។
១៤ ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចយាងទៅ។
បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ
(១របាក្សត្រ ១៨.១៤-១៧)
១៥ ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ព្រះអង្គគ្រប់គ្រងលើប្រជារាស្ដ្រ ដោយសុចរិត និងយុត្តិធម៌។ ១៦ លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព។ លោកយ៉ូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។ ១៧ លោកសាដុកជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមេឡេកជាកូនរបស់លោកអប៊ីយ៉ាថា មានមុខងារជាបូជាចារ្យ*។ ១៨ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេទី និងក្រុមពេលេទី។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌមានមុខងារជាបូជាចារ្យ។
៩
ព្រះបាទដាវីឌទទួលម៉េភីបូសែតចូលវាំង
១ ថ្ងៃមួយ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើមានកូនចៅណាម្នាក់របស់ព្រះបាទសាអ៊ូលនៅរស់ឬទេ? យើងចង់សម្ដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។ ២ ក្នុងចំណោមអ្នកបម្រើរបស់ព្រះបាទសាអ៊ូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកគាល់ព្រះបាទដាវីឌ ហើយព្រះរាជាសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ ៣ ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងរាជវង្សរបស់ព្រះបាទសាអ៊ូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សម្ដែងសេចក្ដីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា មានកូនប្រុសម្នាក់របស់សម្តេចយ៉ូណាថាននៅរស់ លោកខ្វិនជើងទាំងពីរ»។ ៤ ស្តេចមានរាជឱង្ការថា៖ «តើគេនៅឯណា?»។ ស៊ីបាទូលថា៖ «លោកស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមីអែល នៅក្រុងឡូដាបា»។ ៥ ព្រះបាទដាវីឌចាត់គេឲ្យទៅតាមរកលោកម៉េភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមីអែល នៅក្រុងឡូដាបា។ ៦ កាលលោកម៉េភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសាអ៊ូល បានមកជួបព្រះបាទដាវីឌ លោកឱនចុះ ក្រាបមុខដល់ដី ថ្វាយបង្គំស្តេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះម៉េភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ ៧ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នក ដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសាអ៊ូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
៨ លោកម៉េភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាព្រះអង្គយកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។
៩ ពេលនោះ ស្តេចត្រាស់ហៅស៊ីបាជាអ្នកបម្រើរបស់ព្រះបាទសាអ៊ូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសាអ៊ូល និងព្រះញាតិវង្ស ឲ្យម៉េភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។ ១០ ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យម៉េភីបូសែត ហើយប្រមូលភោគផលជាស្បៀងអាហារ ទុកសម្រាប់បុត្ររបស់ម្ចាស់អ្នកផង។ រីឯម៉េភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។ ១១ គាត់ទូលស្តេចថា៖ «បពិត្រព្រះរាជា ទូលបង្គំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណាជាអម្ចាស់ តែលោកម៉េភីបូសែតមានទម្លាប់ពិសាបាយរួមតុជាមួយទូលបង្គំ ដ្បិតលោកជាពូជពង្សរបស់ស្តេច»។
១២ លោកម៉េភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោក។ ១៣ ដោយលោកម៉េភីបូសែតបរិភោគរួមតុជាមួយព្រះបាទដាវីឌរៀងរាល់ថ្ងៃ លោកត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកម៉េភីបូសែតខ្វិនជើងទាំងពីរ។
១០
សង្គ្រាមជាមួយជនជាតិអាំម៉ូន និងជនជាតិស៊ីរី
(១របាក្សត្រ ១៩.១-១៩)
១ ក្រោយមក ស្តេចរបស់ជនជាតិអាំម៉ូនសោយទិវង្គត ហើយបុត្រាព្រះនាមហានូន ឡើងសោយរាជ្យជំនួស។ ២ ព្រះបាទដាវីឌព្រះអង្គព្រះតម្រិះថា៖ «យើងចង់សម្ដែងចិត្តសប្បុរសចំពោះស្តេចហានូន ជាបុត្ររបស់ព្រះបាទណាហាស ដូចបិតារបស់ស្តេចបានសម្ដែងចំពោះយើងដែរ»។ ព្រះបាទដាវីឌក៏ចាត់មន្ត្រីឲ្យទៅចូលរួមរំលែកទុក្ខព្រះបាទហានូន ក្នុងឱកាសដែលបិតាសោយទិវង្គត។ ពេលពួកមន្ត្រីរបស់ព្រះបាទដាវីឌទៅដល់ស្រុកអាំម៉ូន ៣ មេដឹកនាំនៃជនជាតិអាំម៉ូន ទូលព្រះបាទហានូន ជាម្ចាស់របស់ខ្លួនថា៖ «តើព្រះករុណាជឿថា ស្តេចដាវីឌចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិត ពួកគេមកនេះ ដើម្បីសង្កេតការណ៍ទីក្រុង ក្នុងគោលបំណងវាយដណ្ដើមយក»។ ៤ ពេលនោះ ព្រះបាទហានូនចាប់ពួកមន្ត្រីរបស់ព្រះបាទដាវីឌ ហើយឲ្យគេកោរពុកចង្កាមួយចំហៀង ព្រមទាំងកាត់សម្លៀកបំពាក់ឲ្យខ្លីត្រឹមគូថ រួចបណ្តេញឲ្យទៅវិញ។ ៥ មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ព្រះអង្គក៏ចាត់អ្នកនាំពាក្យមកជួបពួកមន្ត្រី ដែលត្រូវអាម៉ាស់មុខយ៉ាងខ្លាំងនោះ។ ស្តេចត្រាស់បង្គាប់ដល់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់លោកដុះឡើងវិញ សឹមត្រឡប់មក»។
៦ កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ពួកគេក៏ទៅជួលពលទាហានស៊ីរីចំនួនពីរម៉ឺននាក់ពីក្រុងបេតរេហូប និងស្រុកសូបា មួយពាន់នាក់ទៀតពីកងទ័ពរបស់ស្តេចស្រុកម៉ាកា ព្រមទាំងមួយម៉ឺនពីរពាន់នាក់ទៀតពីស្រុកតូប។ ៧ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ព្រះអង្គក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូល ដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។ ៨ ទ័ពអាំម៉ូនបានចេញមកត្រៀមនៅមាត់ទ្វារក្រុង រីឯទ័ពស៊ីរីមកពីស្រុកសូបា និងក្រុងបេតរេហូប ព្រមទាំងទ័ពស្រុកតូប និងស្រុកម៉ាកា ចេញមកត្រៀមនៅតាមទីវាល។ ៩ លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេដល់ទៅពីរមុខព្រួញ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយ ដូច្នេះ លោកជ្រើសរើសទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងពួកស៊ីរី។ ១០ រីឯកងទ័ពដែលនៅសល់ លោកប្រគល់ឲ្យលោកអប៊ីសាយជាប្អូន ចេញទៅតទល់នឹងជនជាតិអាំម៉ូន។ ១១ លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូនវិញ។ ១២ ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់ព្រះនៃយើង។ សូមព្រះអម្ចាស់សម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
១៣ លោកយ៉ូអាប់ ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។ ១៤ កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ វិលចូលទៅក្នុងក្រុងរបស់គេវិញដែរ។ លោកយ៉ូអាប់ក៏វិលពីច្បាំងតទល់នឹងកងទ័ពអាំម៉ូន ត្រឡប់មកក្រុងយេរូសាឡឹមវិញ។
១៥ ជនជាតិស៊ីរីឃើញថាពួកគេចាញ់អ៊ីស្រាអែល គេក៏ប្រមូលផ្តុំកងទ័ព។ ១៦ ព្រះបាទហាដាដេស៊ែរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដាដេស៊ែរ ជាអ្នកដឹកនាំ។ ១៧ មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ព្រះអង្គក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូល ឆ្លងទន្លេយ័រដាន់ មកដល់ហេឡាម។ ពួកស៊ីរីរៀបទ័ពប្រឈមមុខនឹងព្រះបាទដាវីឌ ហើយវាយសម្រុក។ ១៨ ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចម្បាំងអស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ ស្តេចក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការ ឲ្យស្លាប់នៅទីនោះដែរ។ ១៩ កាលស្តេចទាំងប៉ុន្មានដែលចំណុះព្រះបាទហាដាដេស៊ែរ ឃើញពួកគេចាញ់កងទ័ពអ៊ីស្រាអែលដូច្នេះ ក៏នាំគ្នាមកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយព្រះបាទដាវីឌ ហើយចុះចូលនឹងស្តេច។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនហ៊ានមកជួយជនជាតិអាំម៉ូនទៀតឡើយ។
១១
ព្រះបាទដាវីឌ និងនាងបាតសេបា
១ មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្តេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកម្ទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបា។ រីឯព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម។
២ មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌតើនពីផ្ទំ ហើយស្តេចយាងកំសាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ស្តេចទតឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។ ៣ ស្តេចក៏ស៊ើបសួរពីស្ត្រីនោះ គេទូលថា «នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលីយ៉ាំ និងជាប្រពន្ធរបស់លោកអ៊ូរី ជាជនជាតិហេត»។ ៤ ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក នាងមកឯដំណាក់ស្តេច ហើយស្តេចក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ ពេលនោះ នាងទើបនឹងមានរដូវ ហើយធ្វើជម្រះកាយឲ្យបរិសុទ្ធ។ ៥ នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។
៦ ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេត មកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។ ៧ លុះលោកអ៊ូរីមកដល់ ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។ ៨ បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្តេចក៏ឲ្យគេយកអំណោយទៅជូនលោកតាមក្រោយ។ ៩ ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺលោកទទួលទានដំណេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់ស្តេច។ ១០ មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្តេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ ១១ លោកអ៊ូរីទូលស្តេចថា៖ «បពិត្រព្រះករុណា ហិបរបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះពន្លា ហើយកងទ័ពអ៊ីស្រាអែល និងយូដា ស្នាក់នៅក្នុងជំរំ រីឯលោកយ៉ូអាប់ ជាចៅហ្វាយរបស់ទូលបង្គំ និងនាយទាហាន ក៏សម្រាកនៅតាមវាលដែរ។ តើពេលនេះ ឲ្យទូលបង្គំទៅផ្ទះ ទទួលទានអាហារឆ្ងាញ់ និងដេកឱបប្រពន្ធម្ដេចកើត? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណាមានព្រះជន្មគង់នៅ ទូលបង្គំមិនប្រព្រឹត្តដូច្នេះឡើយ!»។ ១២ ស្តេចតបវិញថា៖ «ថ្ងៃនេះ ចូរអ្នកនៅទីនេះសិនចុះ ចាំស្អែក យើងឲ្យអ្នកត្រឡប់ទៅវិញ»។ លោកអ៊ូរីស្នាក់នៅក្រុងយេរូសាឡឹមរហូតដល់ស្អែក។ ១៣ ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុ ព្រមទាំងបង្អកស្រាលោកឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់ស្តេចដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។ ១៤ ព្រលឹមឡើង ព្រះបាទដាវីឌសរសេរសំបុត្រមួយផ្ញើទៅលោកយ៉ូអាប់ តាមរយៈលោកអ៊ូរី។ ១៥ ក្នុងសំបុត្រនោះស្តេចសរសេរថា៖ «ចូរដាក់អ៊ូរីឲ្យនៅសមរភូមិមុខ ត្រង់ចំណុចដែលក្ដៅបំផុត រួចដកទ័ពថយមកវិញ ទុកឲ្យគាត់នៅតែម្នាក់ឯង ដើម្បីឲ្យបច្ចាមិត្តប្រហារជីវិតគាត់»។
មរណភាពរបស់លោកអ៊ូរី
១៦ លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថាមានសត្រូវខ្លាំងពូកែ។ ១៧ កងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ ក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរី ជាជនជាតិហេត ក៏ស្លាប់ដែរ។ ១៨ លោកយ៉ូអាប់បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ យ៉ាងសព្វគ្រប់អំពីសភាពការណ៍ចម្បាំង ១៩ គឺលោកបញ្ជាអ្នកនាំសារថា៖ «ពេលអ្នករាយការណ៍អំពីសភាពការណ៍ចម្បាំងចប់សព្វគ្រប់ហើយ ២០ ប្រសិនបើស្តេចខ្ញាល់ ហើយមានរាជឱង្ការថា “ហេតុអ្វីបានជាអ្នករាល់គ្នាចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ? តើអ្នករាល់គ្នាមិនដឹងថា ខ្មាំងបាញ់ព្រួញពីលើកំពែងក្រុងមកទេឬ? ២១ តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមេឡេក ជាកូនរបស់លោកយេរូបាល ត្រូវស្លាប់នៅតេបេ ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែង មកចំលោក។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវទូលស្តេចថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ព្រះករុណាក៏ស្លាប់ដែរ»។
២២ អ្នកនាំសារចេញទៅ រាយការណ៍ថ្វាយព្រះបាទដាវីឌ នូវសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូអាប់បានបង្គាប់។ ២៣ អ្នកនាំសារនោះបានរៀបរាប់ទូលព្រះបាទដាវីឌថា៖ «ពួកខ្មាំងមានប្រៀបជាងយើងខ្ញុំ គេចេញមកវាយយើងខ្ញុំនៅតាមវាល។ យើងខ្ញុំបានវាយបកទៅវិញ និងរុញពួកគេរហូតដល់ខ្លោងទ្វារក្រុង។ ២៤ ប៉ុន្តែពេលនោះ ពួកខ្មាំងបានបាញ់ព្រួញពីលើកំពែងតម្រង់មករកយើងខ្ញុំ ធ្វើឲ្យពលទាហានខ្លះស្លាប់ រីឯលោកអ៊ូរី ជាជនជាតិហេត និងជាអ្នកបម្រើរបស់ព្រះករុណា ក៏ស្លាប់ដែរ»។ ២៥ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អ្នកនាំសារនោះថា៖ «ចូរលើកទឹកចិត្តលោកយ៉ូអាប់ថា កុំឲ្យពិបាកចិត្ត ព្រោះតែរឿងនេះឡើយ ដ្បិតក្នុងសង្គ្រាមតែងតែមានការស្លាប់ទាំងសងខាងដូច្នេះ។ ចូរខំប្រឹងច្បាំងឲ្យកាន់តែខ្លាំងក្លាឡើង ហើយបំផ្លាញក្រុងនោះឲ្យបាន»។
២៦ ពេលនាងបាតសេបាដឹងថាប្ដីស្លាប់ នាងក៏កាន់ទុក្ខ។ ២៧ លុះចប់ពេលកាន់ទុក្ខហើយ ព្រះបាទដាវីឌចាត់គេឲ្យទៅហៅនាងចូលមកក្នុងដំណាក់ នាងធ្វើជាមហេសីរបស់ស្តេច ហើយសម្រាលបានបុត្រមួយថ្វាយស្តេច។ អំពើដែលព្រះបាទដាវីឌប្រព្រឹត្តនេះមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ឡើយ។
១២
ព្យាការីណាថានទូលព្រះបាទដាវីឌឲ្យស្គាល់កំហុស
១ ព្រះអម្ចាស់បានចាត់ព្យាការី*ណាថានឲ្យទៅជួបព្រះបាទដាវីឌ។ លោកណាថានចូលគាល់ស្តេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។ ២ សេដ្ឋីមានហ្វូងគោ និងហ្វូងចៀមយ៉ាងច្រើនសន្ធឹកសន្ធាប់។ ៣ រីឯអ្នកក្រវិញ មានកូនចៀមញីតែមួយគត់ ដែលគាត់បានទិញមក។ គាត់ចិញ្ចឹមវា ហើយវាក៏ធំឡើងជាមួយកូនៗរបស់គាត់។ វាធ្លាប់ស៊ីចំណីអាហារ និងផឹកទឹកក្នុងពែងរបស់គាត់ គាត់ដេកឱបវា ហើយគាត់ស្រឡាញ់វាទុកដូចជាកូនស្រីរបស់គាត់។ ៤ ថ្ងៃមួយ មានអ្នកដំណើរម្នាក់បានមកដល់ផ្ទះរបស់សេដ្ឋី។ សេដ្ឋីនោះពុំដាច់ចិត្តយកសត្វក្នុងហ្វូងចៀម ឬហ្វូងគោរបស់គាត់ មកសម្លាប់ធ្វើម្ហូបអាហារជូនភ្ញៀវទេ ផ្ទុយទៅវិញ គាត់បែរជាទៅយកកូនចៀមរបស់អ្នកក្រ មកកាប់ធ្វើម្ហូបទទួលភ្ញៀវ»។
៥ ព្រះបាទដាវីឌខ្ញាល់នឹងសេដ្ឋីនោះយ៉ាងខ្លាំង ហើយមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវតែទទួលទោសដល់ស្លាប់។ ៦ គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។
៧ ព្យាការីណាថានទូលព្រះបាទដាវីឌវិញថា៖ «បុរសនោះ គឺព្រះករុណាហ្នឹងហើយ! ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានចាក់ប្រេងអភិសេកអ្នក ជាស្តេចលើជនជាតិអ៊ីស្រាអែល ហើយយើងក៏បានរំដោះអ្នកឲ្យរួចពីកណ្ដាប់ដៃរបស់សាអ៊ូលដែរ។ ៨ យើងបានប្រគល់រាជសម្បត្តិ ព្រមទាំងស្រីស្នំទាំងប៉ុន្មានរបស់ម្ចាស់អ្នក មកក្នុងកណ្ដាប់ដៃរបស់អ្នក។ យើងក៏បានឲ្យអ្នកគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល និងយូដាដែរ។ បើអ្នកនៅតែមិនស្កប់ទេ យើងអាចបន្ថែមលើសពីនេះទៅទៀត! ៩ ចុះហេតុដូចម្ដេចបានជាអ្នកមើលងាយព្រះបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់ចិត្តយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។ ១០ ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើង ដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេត មកធ្វើជាប្រពន្ធរបស់ខ្លួន”។ ១១ ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យមានរឿងអពមង្គលកើតចេញពីក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ប្រគល់ឲ្យមនុស្សម្នាក់ ដែលជាសាច់ឈាមរបស់អ្នក។ គេនឹងរួមដំណេកជាមួយស្ត្រីៗនោះ នៅកណ្ដាលវាល ចំពោះមុខអ្នកផង។ ១២ អ្នកបានប្រព្រឹត្តអំពើអាក្រក់ដោយស្ងាត់កំបាំង រីឯយើង យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកវិញនៅកណ្ដាលវាល ឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ”»។
១៣ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។ ១៤ ព្យាការីណាថានទូលថា៖ «ព្រះអម្ចាស់លើកលែងទោសឲ្យព្រះករុណា ព្រះករុណានឹងមិនសោយទិវង្គតទេ។ ប៉ុន្តែ ដោយព្រះករុណាប្រព្រឹត្តអំពើបាបដ៏ធ្ងន់នេះ ជាឱកាសឲ្យខ្មាំងសត្រូវប្រមាថមើលងាយព្រះអម្ចាស់ បុត្ររបស់ព្រះករុណាដែលទើបប្រសូតមកនោះ នឹងត្រូវសុគតជាមិនខាន»។ ១៥ បន្ទាប់មក ព្យាការីណាថានក៏វិលត្រឡប់ទៅផ្ទះរបស់លោកវិញ។
កូនរបស់នាងបាតសេបាស្លាប់
ព្រះអម្ចាស់ធ្វើឲ្យកូនដែលនាងបាតសេបា ជាភរិយារបស់សពលោកអ៊ូរី បានបង្កើតថ្វាយព្រះបាទដាវីឌនោះមានជំងឺ។ ១៦ ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់ឲ្យកូននោះ ទាំងតមអាហារ។ កាលស្តេចយាងចូលក្រឡាបន្ទំ ស្តេចផ្ទំផ្ទាល់នឹងដី។ ១៧ ពួកព្រឹទ្ធាចារ្យនៅក្នុងដំណាក់ទទូចសូមឲ្យស្តេចតើនឡើង ប៉ុន្តែ ព្រះអង្គមិនព្រមទេ ហើយក៏មិនសោយព្រះស្ងោយជាមួយពួកគេដែរ។ ១៨ នៅថ្ងៃទីប្រាំពីរ កូននោះក៏ស្លាប់។ រាជបម្រើមិនហ៊ានទូលដំណឹងនេះថ្វាយព្រះបាទដាវីឌទេ ព្រោះពួកគេនិយាយគ្នាថា៖ «កាលកូនមានជីវិតនៅឡើយ យើងបាននិយាយជាមួយព្រះករុណា តែព្រះករុណាពុំព្រមស្ដាប់យើងទេ ចុះឥឡូវនេះ កូនស្លាប់ហើយ តើយើងត្រូវទូលយ៉ាងដូចម្ដេច ដើម្បីកុំឲ្យស្តេចធ្វើបាបខ្លួនឯង»។ ១៩ កាលព្រះបាទដាវីឌទតឃើញរាជបម្រើខ្សឹបខ្សៀវគ្នា ព្រះអង្គក៏យល់ថា កូននោះស្លាប់ហើយ។ ព្រះរាជាសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសនោះសុគតហើយ»។ ២០ ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្តេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយព្រះអង្គក៏សោយ។ ២១ ពួករាជបម្រើទូលសួរថា៖ «បពិត្រព្រះករុណា ស្តេចប្រព្រឹត្តបែបនេះមានន័យដូចម្ដេចដែរ? កាលព្រះឱរសមានជីវិតនៅឡើយ ព្រះករុណាតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ ព្រះឱរសសុគតផុតហើយ ព្រះករុណាបែរជាក្រោកឡើង សោយព្រះស្ងោយទៅវិញ!»។ ២២ ព្រះបាទដាវីឌតបវិញថា៖ «កាលកូនរបស់យើងរស់នៅឡើយ យើងតមអាហារ និងសោកសង្រេង ដោយនឹកថា ព្រះអម្ចាស់ប្រហែលជាប្រណីសន្ដោសដល់យើង ហើយទុកឲ្យកូននោះមានជីវិតតទៅទៀត។ ២៣ ឥឡូវនេះ កូនយើងស្លាប់ផុតទៅហើយ តើយើងតមអាហារធ្វើអ្វីទៀត? យើងមិនអាចធ្វើឲ្យវារស់ឡើងវិញបានឡើយ! យើងទេតើដែលនឹងទៅជួបវា គឺមិនមែនវាទេដែលនឹងមកជួបយើង»។
កំណើតរបស់សម្តេចសាឡូម៉ូន
២៤ ព្រះបាទដាវីឌសម្រាលទុក្ខនាងបាតសេបា ជាមហេសី ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានបុត្រមួយអង្គ រួចប្រទាននាមថា សាឡូម៉ូន។ ព្រះអម្ចាស់ស្រឡាញ់បុត្រនោះណាស់ ២៥ ព្រះអង្គចាត់ព្យាការីណាថានឲ្យទៅប្រាប់ព្រះបាទដាវីឌជ្រាប ហើយថ្វាយនាមបុត្រនោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់ព្រះអម្ចាស់»។
ព្រះបាទដាវីឌវាយយកបានក្រុងរ៉ាបា
(១របាក្សត្រ ២០.១-៣)
២៦ នៅគ្រានោះ លោកយ៉ូអាប់វាយយកទីក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន ហើយដណ្ដើមយកវាំងរបស់ស្តេច។ ២៧ លោកចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា៖ «ទូលបង្គំវាយទីក្រុងរ៉ាបា ហើយដណ្ដើមយកបានកន្លែងដែលរក្សាទឹកទៀតផង។ ២៨ ឥឡូវនេះ សូមព្រះករុណាប្រមូលទ័ពដែលនៅសល់ មកវាយយកទីក្រុងនោះដោយផ្ទាល់ចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ទូលបង្គំ»។ ២៩ ព្រះបាទដាវីឌប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបា ហើយដណ្ដើមយកបាន។ ៣០ ព្រះបាទដាវីឌយកបានមកុដដែលស្ថិតនៅលើព្រះសិរសាស្តេចរបស់ជនជាតិអាំម៉ូន។ មកុដនោះធ្វើអំពីមាស ទម្ងន់ជាងសាមសិបប្រាំគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏រឹបអូសយកជ័យភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។ ៣១ រីឯប្រជាជននៅក្រុងនោះវិញ ព្រះបាទដាវីឌបានកៀរយកមកធ្វើជាឈ្លើយ ព្រមទាំងបង្ខំពួកគេឲ្យអារឈើ ដាប់ថ្ម កាប់អុស និងធ្វើឥដ្ឋ។ ព្រះបាទដាវីឌធ្វើដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេចវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។
១៣
សម្តេចអាំណូន និងព្រះនាងថាម៉ារ
១ ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្តេចអាប់សាឡុម ជាបុត្ររបស់ព្រះបាទដាវីឌ មានប្អូនស្រីម្នាក់នាមព្រះនាងថាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្តេចអាំណូន ជាបុត្រាមួយអង្គទៀតរបស់ព្រះបាទដាវីឌ បានកើតចិត្តប្រតិព័ទ្ធលើរូបនាង។ ២ សម្តេចអាំណូនមានចិត្តស្រឡាញ់ព្រះនាង ជាប្អូនស្រីខ្លាំងពេក រហូតដល់ធ្លាក់ខ្លួនឈឺ ដ្បិតរកធ្វើអ្វីនាងមិនបាន ព្រោះនាងនៅក្រមុំព្រហ្មចារី។ ៣ សម្តេចអាំណូនមានមិត្តម្នាក់ ជាមនុស្សមានប្រាជ្ញាឈ្លាសវៃណាស់ ឈ្មោះយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ។ ៤ លោកយ៉ូណាដាប់សួរសម្តេចអាំណូនថា៖ «អ្នកអង្គម្ចាស់ ហេតុអ្វីក៏មានទឹកមុខស្រងូតជារៀងរាល់ព្រឹកដូច្នេះ? សូមប្រាប់ឲ្យខ្ញុំដឹងផងបានឬទេ?»។ សម្តេចអាំណូនឆ្លើយថា៖ «ខ្ញុំកើតចិត្តប្រតិព័ទ្ធលើរូបព្រះនាងថាម៉ារ ជាប្អូនរបស់សម្តេចអាប់សាឡុម ប្អូនរបស់ខ្ញុំ»។ ៥ លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅផ្ទំនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលបិតារបស់អ្នកអង្គម្ចាស់យាងមកសួរសុខទុក្ខ អ្នកអង្គម្ចាស់ត្រូវទូលថា “សូមបិតាមេត្តាអនុញ្ញាតឲ្យថាម៉ារ ជាប្អូនស្រីរបស់ទូលបង្គំ យកម្ហូបអាហារមកឲ្យទូលបង្គំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។ ៦ សម្តេចអាំណូនក៏ទៅផ្ទំ ហើយធ្វើពុតជាឈឺ។ ពេលព្រះរាជាយាងមកសួរសុខទុក្ខ សម្តេចទូលថា៖ «សូមបិតាមេត្តាអនុញ្ញាតឲ្យថាម៉ារ ជាប្អូនស្រីទូលបង្គំ មកធ្វើនំពីរ នៅមុខទូលបង្គំ រួចហើយនាងលើកនំនោះមកឲ្យទូលបង្គំដោយផ្ទាល់ដៃ ទើបទូលបង្គំទទួលទាន»។ ៧ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងថាម៉ារ នៅឯដំណាក់របស់ព្រះនាងថា៖ «ចូរទៅដំណាក់អាំណូន ជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងសោយផង»។
៨ ព្រះនាងថាម៉ារយាងទៅដល់ដំណាក់របស់សម្តេចអាំណូន ជាបងដែលកំពុងផ្ទំលើគ្រែ។ ព្រះនាងយកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។ ៩ ព្រះនាងយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្តេចអាំណូន ប៉ុន្តែ សម្តេចមិនព្រមសោយទេ។ សម្តេចបញ្ជាឲ្យអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។ ១០ សម្តេចអាំណូនប្រាប់ព្រះនាងថាម៉ារថា៖ «ចូរយកនំមកឲ្យបងដល់គ្រែផង ដើម្បីឲ្យបងទទួលទាននំពីដៃរបស់ប្អូនផ្ទាល់»។ ព្រះនាងថាម៉ារយកនំដែលខ្លួនបានធ្វើនោះ ទៅថ្វាយសម្តេចអាំណូនដល់គ្រែ។ ១១ ពេលនាងកំពុងលើកនំមកថ្វាយនោះ សម្តេចចាប់នាង ទាំងពោលថា៖ «អូនអើយ! ចូរមករួមដំណេកជាមួយបង!»។ ១២ ព្រះនាងថាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំម្ចាស់បែបនេះ! នៅស្រុកអ៊ីស្រាអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។ ១៣ បើធ្វើដូច្នេះ តើឲ្យខ្ញុំម្ចាស់យកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រាអែល។ សូមម្ចាស់បងទូលបិតាទៅ ព្រះអង្គនឹងមិនបដិសេធលើកខ្ញុំម្ចាស់ឲ្យម្ចាស់បងឡើយ»។ ១៤ សម្តេចអាំណូនមិនព្រមស្ដាប់នាងទេ សម្តេចបានចាប់បង្ខំ ហើយរំលោភលើនាង។ ១៥ បន្ទាប់មក សម្តេចអាំណូនស្អប់នាងយ៉ាងខ្លាំង ពោលគឺសម្តេចស្អប់ខ្ពើមនាងខ្លាំងជាងសេចក្ដីស្រឡាញ់ ដែលសម្តេចមានចំពោះរូបនាង កាលពីពេលមុនទៅទៀត។ សម្តេចបណ្តេញនាងថា៖ «ចេញទៅ!»។ ១៦ ព្រះនាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្តេញខ្ញុំម្ចាស់ដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំម្ចាស់នោះទៅទៀត!»។ ប៉ុន្តែ សម្តេចអាំណូនមិនព្រមស្ដាប់នាងទេ ១៧ សម្តេចហៅក្មេងបម្រើម្នាក់មក បង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ ១៨ ក្មេងបម្រើរបស់សម្តេចអាំណូនក៏ដេញនាងចេញទៅក្រៅ រួចខ្ទាស់ទ្វារជិត។ ព្រះនាងថាម៉ារពាក់អាវយ៉ាងល្អប្រណីត ដូចបុត្រីរបស់ស្តេចនានាតែងពាក់ពេលនៅក្រមុំ។ ១៩ ព្រះនាងថាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅ ទាំងស្រែកផង។ ២០ សម្តេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក ព្រះនាងថាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្តេចអាប់សាឡុម ជាបង។
២១ ពេលព្រះបាទដាវីឌជ្រាបរឿងនេះ ព្រះអង្គក្រេវក្រោធយ៉ាងខ្លាំង។ ២២ សម្តេចអាប់សាឡុមមិននិយាយរកសម្តេចអាំណូន សូម្បីមួយម៉ាត់សោះឡើយ ព្រោះព្រះអង្គស្អប់សម្តេចអាំណូន ដែលបានចាប់រំលោភព្រះនាងថាម៉ារជាប្អូនស្រី។
សម្តេចអាប់សាឡុមធ្វើគុតសម្តេចអាំណូន
២៣ ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្តេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាស៊រ ជិតភូមិអេប្រាអ៊ីម។ សម្តេចអាប់សាឡុមបានអញ្ជើញបុត្រទាំងអស់របស់ព្រះបាទដាវីឌឲ្យមកចូលរួមដែរ។ ២៤ សម្តេចអាប់សាឡុមបានចូលទៅគាល់ព្រះរាជា ហើយទូលថា៖ «បពិត្របិតា ពួកគង្វាលរបស់ទូលបង្គំកំពុងតែកាត់រោមចៀម សូមបិតាមេត្តាយាងទៅចូលរួមក្នុងពិធីនោះជាមួយពួកមន្ត្រីរបស់បិតាផង»។ ២៥ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្តេចអាប់សាឡុមបានទទូចអង្វរព្រះរាជា តែស្តេចប្រកែកមិនព្រមទៅទេ គឺព្រះអង្គគ្រាន់តែប្រទានពរឲ្យបុត្រប៉ុណ្ណោះ។ ២៦ សម្តេចអាប់សាឡុមទូលថា៖ «បើបិតាមិនយាងទៅទេ សូមអនុញ្ញាតឲ្យតែបងអាំណូនទៅរួមជាមួយពួកយើងក៏បាន»។ ព្រះរាជាសួរថា៖ «ហេតុអ្វីចាំបាច់ឲ្យអាំណូនទៅជាមួយ?»។ ២៧ សម្តេចអាប់សាឡុមទទូចអង្វរសាជាថ្មី ហើយព្រះរាជាក៏អនុញ្ញាតឲ្យសម្តេចអាំណូន និងបុត្រឯទៀតៗទៅជាមួយដែរ។
២៨ សម្តេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្តេចអាំណូនឲ្យជាប់ ពេលណាសម្តេចអាំណូនសោយស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។ ២៩ ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្តេចអាប់សាឡុម ហើយសម្លាប់សម្តេចអាំណូន។ បុត្រឯទៀតៗរបស់ព្រះបាទដាវីឌឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។ ៣០ បុត្រទាំងនោះកំពុងតែយាងមកតាមផ្លូវ ព្រះបាទដាវីឌទទួលដំណឹងថា សម្តេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្តេច គ្មានសល់មួយអង្គណាសោះឡើយ។ ៣១ ពេលនោះ ព្រះរាជាហែកសម្លៀកបំពាក់ ហើយផ្ទំផ្ទាល់នឹងដី។ មន្ត្រីទាំងអស់នាំគ្នាឈរជុំវិញស្តេច ទាំងហែកសម្លៀកបំពាក់ដែរ។ ៣២ ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ ទូលស្តេចថា៖ «បពិត្រព្រះករុណា សូមកុំនឹកស្មានថាគេធ្វើគុតបុត្រាទាំងអស់របស់ព្រះករុណាឡើយ គឺមានតែសម្តេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត ដ្បិតសម្តេចអាប់សាឡុមបានសម្រេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្តេចអាំណូនបានរំលោភលើរូបព្រះនាងថាម៉ារ ជាប្អូនស្រីម៉្លេះ។ ៣៣ ហេតុនេះ សូមព្រះករុណាកុំនឹកស្មានថា បុត្រារបស់ព្រះករុណាត្រូវសុគតអស់នោះឡើយ គឺមានតែសម្តេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត»។
៣៤ សម្តេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។ ៣៥ លោកយ៉ូណាដាប់ទូលស្តេចថា៖ «បពិត្រព្រះករុណា បុត្រាទាំងអស់របស់ព្រះករុណាយាងមកដល់ហើយ! ដូចទូលបង្គំបានទូលព្រះករុណាមែន»។ ៣៦ លោកយ៉ូណាដាប់ទូលមិនទាន់ផុតពីមាត់ផង បុត្រារបស់ស្តេចក៏យាងមកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយស្តេច និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។ ៣៧ សម្តេចអាប់សាឡុមរត់គេចខ្លួនទៅជ្រកនៅជាមួយព្រះបាទតាលម៉ាយ ជាបុត្ររបស់ព្រះបាទអាំមីហ៊ូដ និងជាស្តេចស្រុកកេសួរ។ ក្នុងអំឡុងពេលនោះ ព្រះបាទដាវីឌកាន់ទុក្ខសម្តេចអាំណូនជាបុត្រ។ ៣៨ សម្តេចអាប់សាឡុមបានគេចខ្លួនទៅនៅស្រុកកេសួរ អស់រយៈពេលបីឆ្នាំ។ ៣៩ ព្រះបាទដាវីឌឈប់ខ្ញាល់នឹងសម្តេចអាប់សាឡុមទៀត ព្រោះស្តេចលែងព្រួយចិត្តអំពីសម្តេចអាំណូនសោយទិវង្គត។
១៤
សម្តេចអាប់សាឡុមត្រឡប់មកក្រុងយេរូសាឡឹមវិញ
១ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្តេចមានព្រះហឫទ័យនឹករលឹកដល់សម្តេចអាប់សាឡុម ២ លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។ ៣ បន្ទាប់មក នាងត្រូវចូលទៅគាល់ស្តេច ហើយទូលតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។ ៤ ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះក៏ចូលទៅគាល់ស្តេច។ នាងក្រាបថ្វាយបង្គំស្តេច ដោយឱនមុខដល់ដី ហើយទូលថា៖ «បពិត្រព្រះករុណា! សូមជួយខ្ញុំម្ចាស់ផង!»។ ៥ ស្តេចមានរាជឱង្ការសួរថា៖ «តើនាងមានការអ្វី?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល! ៦ ខ្ញុំម្ចាស់មានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។ ៧ ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្តីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។ ៨ ស្តេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេឲ្យសម្រួលរឿងនេះ»។ ៩ ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។ ១០ ស្តេចមានរាជឱង្ការថា៖ «ប្រសិនបើមាននរណាម្នាក់ស្តីបន្ទោសនាង ចូរនាំគេមកជួបយើង គេមុខជាមិនហ៊ានរករឿងនាងទៀតទេ»។ ១១ នាងទូលទៀតថា៖ «បពិត្រព្រះករុណា! សូមមេត្តាសន្យានឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំម្ចាស់ដែលនៅសល់នោះថែមទៀតឡើយ»។ ស្តេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាងជ្រុះដល់ដីឡើយ»។
១២ នាងនោះទូលទៀតថា៖ «បពិត្រព្រះករុណា សូមមេត្តាប្រោសឲ្យខ្ញុំម្ចាស់ទូលថ្វាយថែមមួយម៉ាត់ទៀត»។ ស្តេចមានរាជឱង្ការថា៖ «ចូរនិយាយមក!»។ ១៣ នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ដ្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអំបាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្តេចអាប់សាឡុម ដែលស្តេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។ ១៤ មនុស្សយើងតែងតែស្លាប់ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មិននាំអ្នកដែលស្លាប់ទៅហើយឲ្យវិលមកវិញទេ តែព្រះអង្គសព្វព្រះហឫទ័យរៀបចំគម្រោងការ ដើម្បីឲ្យសម្តេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីព្រះអង្គនោះ វិលត្រឡប់មកវិញ។ ១៥ ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ដ្របានធ្វើឲ្យខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ប្រហែលជាស្តេចធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបម្រើរបស់ករុណា។ ១៦ ព្រះករុណាមុខជាស្ដាប់ពាក្យខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ និងកូន ពីកណ្ដាប់ដៃរបស់អ្នកដែលចង់បំផ្លាញយើងឲ្យបាត់ពីទឹកដី ជាកេរមត៌ករបស់ព្រះជាម្ចាស់។ ១៧ ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវទូតរបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។ ១៨ ស្តេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «យើងសូមសួរនាងរឿងមួយ ហើយនាងមិនត្រូវលាក់លៀមអ្វីឡើយ»។ ស្ត្រីនោះទូលវិញថា៖ «បពិត្រព្រះករុណា សូមមានរាជឱង្ការមកចុះ!»។ ១៩ ស្តេចមានរាជឱង្ការសួរថា៖ «តើលោកយ៉ូអាប់ឬដែលបានរួមគំនិតជាមួយនាងក្នុងរឿងនេះ?»។ នាងទូលថា៖ «បពិត្រព្រះករុណាខ្ញុំម្ចាស់សូមស្បថថា នេះពិតដូចព្រះករុណាមានរាជឱង្ការមែន! គឺលោកយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណា បានបង្គាប់ឲ្យខ្ញុំម្ចាស់និយាយពាក្យទាំងអស់នេះ។ ២០ លោកធ្វើដូច្នេះ ដើម្បីសម្រួលសភាពការណ៍។ ប៉ុន្តែ ព្រះករុណាជ្រាបអ្វីៗទាំងប៉ុន្មានដែលកើតមាននៅលើផែនដី ដ្បិតព្រះអង្គមានប្រាជ្ញាដូចទេវទូតរបស់ព្រះជាម្ចាស់ដែរ»។
២១ ស្តេចមានរាជឱង្ការទៅលោកយ៉ូអាប់ថា៖ «យើងយល់ព្រមតាមសំណូមពររបស់លោកហើយ ចូរទៅនាំអាប់សាឡុមមកវិញចុះ»។ ២២ លោកយ៉ូអាប់ក្រាបថ្វាយបង្គំស្តេចឱនមុខដល់ដី ហើយអរព្រះគុណថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ថ្ងៃនេះ ទូលបង្គំដឹងថា ព្រះករុណានៅតែប្រណីសន្ដោសទូលបង្គំ ព្រោះស្តេចបានយល់ព្រមតាមសំណូមពររបស់ទូលបង្គំ»។ ២៣ លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេសួរ ហើយនាំសម្តេចអាប់សាឡុមវិលមកក្រុងយេរូសាឡឹមវិញ។ ២៤ ស្តេចមានរាជឱង្ការថា៖ «ចូរឲ្យគេទៅដំណាក់របស់គេចុះ កុំឲ្យគេមកជួបមុខយើងឡើយ!»។ ដូច្នេះ សម្តេចអាប់សាឡុមក៏យាងទៅដំណាក់របស់ខ្លួនវិញ ដោយឥតបានឃើញព្រះភ័ក្ត្រស្តេចទេ។
ព្រះបាទដាវីឌលើកលែងទោសសម្តេចអាប់សាឡុម
២៥ នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មាននរណាម្នាក់មានរូបសម្បត្តិល្អស្អាត គួរជាទីគយគន់ដូចសម្តេចអាប់សាឡុមទេ តាំងពីក្បាលរហូតដល់ចុងជើង ឥតមានទាស់ត្រង់ណាឡើយ។ ២៦ រៀងរាល់ឆ្នាំ សម្តេចអាប់សាឡុមតែងតែកាត់សក់នៅពេលចុងឆ្នាំ ព្រោះសក់នោះធ្ងន់ពេក។ គេថ្លឹងសក់នោះឃើញមានទម្ងន់ជាងពីរគីឡូក្រាម តាមរបៀបថ្លឹងរបស់ស្តេច។ ២៧ សម្តេចអាប់សាឡុមមានបុត្រាបីអង្គ និងបុត្រីមួយអង្គ។ បុត្រីនោះមាននាម ថាម៉ារ ដែលមានរូបឆោមស្រស់ស្អាតណាស់។
២៨ សម្តេចអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមបានពីរឆ្នាំ ដោយឥតបានឃើញព្រះភ័ក្ត្រព្រះរាជាទេ។ ២៩ ថ្ងៃមួយ សម្តេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្តេចចូលទៅគាល់ព្រះរាជា ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្តេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។ ៣០ ហេតុនេះ សម្តេចអាប់សាឡុមបង្គាប់ពួកអ្នកបម្រើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបម្រើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។ ៣១ ដូច្នេះ លោកយ៉ូអាប់ក៏អញ្ជើញទៅដំណាក់របស់សម្តេចអាប់សាឡុម ហើយសួរថា៖ «ហេតុអ្វីបានជាពួកអ្នកបម្រើរបស់សម្តេចដុតស្រែរបស់ទូលបង្គំចោល?»។ ៣២ សម្តេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមឲ្យលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់ឲ្យលោកចូលទៅគាល់ស្តេច ហើយទូលថា ហេតុអ្វីបានជាព្រះអង្គហៅខ្ញុំឲ្យវិលមកពីស្រុកកេសួរ? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅគាល់ស្តេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមព្រះអង្គសម្លាប់ខ្ញុំចុះ!»។ ៣៣ លោកយ៉ូអាប់នាំពាក្យរបស់សម្តេចអាប់សាឡុមទៅទូលព្រះរាជា។ ព្រះរាជាត្រាស់ហៅសម្តេចអាប់សាឡុម សម្តេចក៏ចូលទៅគាល់ព្រះរាជា ហើយក្រាបថ្វាយបង្គំឱនមុខដល់ដី រួចព្រះរាជាក៏ឱបសម្តេចអាប់សាឡុម។
១៥
សម្តេចអាប់សាឡុមប៉ុនប៉ងដណ្ដើមរាជ្យ
១ ក្រោយមកទៀត សម្តេចអាប់សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហាសិបនាក់រត់ពីមុខផង។ ២ សម្តេចតែងតែតើនឡើងពីព្រលឹម យាងទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅគាល់ស្តេច សូមស្តេចរកយុត្តិធម៌ឲ្យ សម្តេចអាប់សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ទូលបង្គំមកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។ ៣ សម្តេចអាប់សាឡុមតែងតែពោលថា៖ «មើល៍! សំណុំរឿងរបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែ នៅក្នុងដំណាក់ស្តេច គ្មាននរណាម្នាក់អើពើនឹងអ្នកទេ»។ ៤ សម្តេចអាប់សាឡុមពោលទៀតថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងលើស្រុកនេះ អស់អ្នកដែលមានរឿង ហើយរត់មករកខ្ញុំឲ្យជំនុំជម្រះក្តី នោះខ្ញុំនឹងរកយុត្តិធម៌ឲ្យ»។ ៥ ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកក្រាបថ្វាយបង្គំ នោះសម្តេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។ ៦ សម្តេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមករកព្រះរាជាជំនុំជម្រះក្តី។ សម្តេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រាអែលតាមរបៀបនេះឯង។
៧ បួនឆ្នាំក្រោយមក សម្តេចអាប់សាឡុមទូលស្តេចថា៖ «សូមបិតាអនុញ្ញាតឲ្យទូលបង្គំទៅក្រុងហេប្រូន ដើម្បីលាបំណន់ដែលទូលបង្គំបានបន់ព្រះអម្ចាស់ផង។ ៨ កាលទូលបង្គំស្នាក់នៅក្រុងកេសួរ ក្នុងស្រុកស៊ីរី ទូលបង្គំបានបន់ព្រះអម្ចាស់ថា ប្រសិនបើព្រះអង្គប្រោសប្រណីឲ្យទូលបង្គំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់»។ ៩ ស្តេចមានរាជឱង្ការថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ ដូច្នេះ សម្តេចអាប់សាឡុមក៏ទៅក្រុងហេប្រូន។
១០ នៅទីនោះ សម្តេចចាត់បក្សពួកយ៉ាងសម្ងាត់ឲ្យទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែល ប្រាប់ថា៖ «កាលណាអ្នករាល់គ្នាឮសំឡេងត្រែបន្លឺឡើង ត្រូវនាំគ្នាប្រកាសថា “សម្តេចអាប់សាឡុមឡើងសោយរាជ្យនៅក្រុងហេប្រូន!”»។ ១១ សម្តេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្តេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។ ១២ កាលសម្តេចអាប់សាឡុមកំពុងតែថ្វាយយញ្ញបូជា សម្តេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីតូផែល ជាអ្នកស្រុកគីឡូ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្តេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
ព្រះបាទដាវីឌភៀសខ្លួនចេញពីក្រុងយេរូសាឡឹម
១៣ ពេលនោះ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយសម្តេចអាប់សាឡុមហើយ!»។ ១៤ ព្រះបាទដាវីឌក៏មានរាជឱង្ការទៅកាន់មន្ត្រីទាំងអស់នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្ដាប់ដៃរបស់អាប់សាឡុមទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះ ដោយមុខដាវ»។ ១៥ ពួកមន្ត្រីទូលថា៖ «បពិត្រព្រះករុណា ព្រះអង្គសម្រេចយ៉ាងណា ទូលបង្គំទាំងអស់គ្នានឹងធ្វើតាម»។ ១៦ ពេលនោះ ព្រះបាទដាវីឌចាកចេញពីទីក្រុងជាមួយរាជវង្សានុវង្ស ដោយថ្មើរជើង។ ស្តេចបានទុកស្រីស្នំដប់នាក់តែប៉ុណ្ណោះ ឲ្យនៅចាំដំណាក់។ ១៧ ពេលស្តេច និងបណ្តាជនទាំងប៉ុន្មានចាកចេញពីទីក្រុងហើយ ក៏ទៅឈប់នៅត្រង់ផ្ទះមួយដែលនៅចុងគេបំផុត។ ១៨ ពួករាជបម្រើទាំងអស់នាំគ្នាដើរនៅមុខស្តេច គឺពួកកេរេទី ពួកពេលេទី និងពួកកាថទាំងប្រាំមួយរយនាក់ ដែលមកពីក្រុងកាថតាមបម្រើស្តេច។ ១៩ ស្តេចមានរាជឱង្ការទៅកាន់លោកអ៊ីតតាយ ជាជនជាតិកាថថា៖ «ហេតុអ្វីបានជាលោកមកតាមយើង? ចូរត្រឡប់ទៅទីក្រុងវិញ ហើយនៅជាមួយស្តេចថ្មីចុះ! ដ្បិតលោកជាជនបរទេសដែលគេនិរទេសពីស្រុករបស់ខ្លួនមក។ ២០ លោកទើបនឹងមកស្នាក់អាស្រ័យក្នុងស្រុករបស់យើងពុំទាន់បានប៉ុន្មានផង ថ្ងៃនេះ តើគួរឲ្យយើងនាំលោកទៅជាមួយដែរឬ? ដ្បិតយើងក៏ពុំដឹងថាយើងត្រូវទៅទីណាផងនោះ! ចូរនាំបងប្អូនរបស់លោកវិលត្រឡប់ទៅទីក្រុងវិញចុះ។ សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះលោក ដោយព្រះហឫទ័យសប្បុរស និងស្មោះត្រង់»។ ២១ ប៉ុន្តែ លោកអ៊ីតតាយទូលព្រះរាជាវិញថា៖ «បពិត្រព្រះករុណា ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមព្រះករុណាផ្ទាល់ថា ព្រះករុណាយាងទៅទីណា ទូលបង្គំសុខចិត្តទៅទីនោះ ហើយរួមស្លាប់រស់ជាមួយព្រះករុណាដែរ»។ ២២ ព្រះបាទដាវីឌតបថា៖ «ល្អហើយ! ចូរធ្វើដំណើរទៅមុខចុះ!»។ ដូច្នេះ លោកអ៊ីតតាយធ្វើដំណើរទៅមុខទៀតជាមួយពលទាហាន និងក្រុមគ្រួសាររបស់គេ។
២៣ ពេលក្បួនដង្ហែស្តេចចេញដំណើរ ប្រជាជនទាំងមូលនាំគ្នាទ្រហោយំយ៉ាងខ្លាំង។ ស្តេចយាងកាត់ជ្រោះកេដ្រូន ប្រជាជនទាំងមូលក៏ឆ្លងតាមត្រង់ផ្លូវឆ្ពោះទៅវាលរហោស្ថាន។ ២៤ លោកបូជាចារ្យសាដុកក៏នៅទីនោះ ដោយមានពួកលេវីដែលសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់នៅជាមួយដែរ។ ពួកគេដាក់ហិបរបស់ព្រះជាម្ចាស់ចុះ លោកបូជាចារ្យអប៊ីយ៉ាថារក៏ឡើងពីជ្រោះមកដែរ ហើយរង់ចាំនៅទីនោះ រហូតដល់ប្រជាជនចេញផុតពីទីក្រុងទាំងអស់គ្នា។ ២៥ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកថា៖ «ចូរនាំហិបព្រះជាម្ចាស់ទៅទីក្រុងវិញចុះ។ បើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងយើង ព្រះអង្គប្រាកដជានាំយើងមកវិញ ហើយយើងនឹងឃើញហិបនេះ នៅក្នុងព្រះដំណាក់របស់ព្រះអង្គសាជាថ្មី។ ២៦ ផ្ទុយទៅវិញ ប្រសិនបើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេ សូមព្រះអង្គសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។ ២៧ ស្តេចមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់លោក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអប៊ីយ៉ាថារចុះ។ ២៨ ចំណែកឯយើងវិញ យើងទៅរង់ចាំនៅតំបន់វាលរហោស្ថាន រហូតដល់ពេលយើងទទួលដំណឹងពីអស់លោក»។ ២៩ ដូច្នេះ លោកសាដុក និងលោកអប៊ីយ៉ាថារ ក៏សែងហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយស្នាក់នៅទីនោះ។
ព្រះបាទដាវីឌចាត់លោកហ៊ូសាយទៅស៊ើបការណ៍ពីស្តេចអាប់សាឡុម
៣០ ព្រះបាទដាវីឌយាងឡើងភ្នំដើមអូលីវ ដោយព្រះអង្គព្រះកន្សែងផង ស្តេចទទូរព្រះសិរសា ហើយយាងព្រះបាទាទទេ។ រីឯបណ្តាជនទាំងអស់ដែលឡើងទៅជាមួយស្តេច ក៏ទទូរក្បាល ហើយឡើងទៅ ទាំងយំដែរ។ ៣១ មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីតូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីតូផែលប្រែជាឥតបានការ»។ ៣២ ពេលព្រះបាទដាវីឌឡើងទៅដល់កំពូលភ្នំ ជាកន្លែងដែលគេថ្វាយបង្គំព្រះជាម្ចាស់ ស្រាប់តែលោកហ៊ូសាយ ជាជនជាតិអគី មកជួបស្តេច ដោយមានអាវរហែក និងដីនៅលើក្បាលផង។ ៣៣ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកថា៖ «កុំមកជាមួយយើងអី! ក្រែងលោកទៅជាបន្ទុកមួយសម្រាប់យើង ៣៤ ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “បពិត្រព្រះករុណា ទូលបង្គំស្ម័គ្រចិត្តបម្រើព្រះអង្គហើយ។ កាលពីមុន ទូលបង្គំបានបម្រើបិតារបស់ព្រះករុណា ឥឡូវនេះ ទូលបង្គំត្រូវតែបម្រើព្រះករុណាដែរ”។ ធ្វើដូច្នេះ លោកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីតូផែល។ ៣៥ ម្យ៉ាងទៀត លោកបូជាចារ្យសាដុក និងអប៊ីយ៉ាថារ ក៏ចាំជួយលោកដែរ។ អ្វីៗដែលលោកឮពីដំណាក់ស្តេច ចូរប្រាប់លោកបូជាចារ្យសាដុក និងអប៊ីយ៉ាថារឲ្យដឹងផង។ ៣៦ រីឯអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក និងយ៉ូណាថានជាកូនរបស់លោកអប៊ីយ៉ាថារ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលលោកដឹង មកប្រាប់យើងផង»។ ៣៧ លោកហ៊ូសាយ ជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ បានវិលចូលទៅក្រុងវិញ ចំពេលដែលសម្តេចអាប់សាឡុមយាងចូលទីក្រុងដែរ។
១៦
ព្រះបាទដាវីឌ និងស៊ីបា
១ ព្រះបាទដាវីឌយាងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ីបា ជាអ្នកបម្រើរបស់លោកម៉េភីបូសែត ក៏មកជួបថ្វាយបង្គំស្តេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំបុ័ងចំនួនពីររយដុំ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំងបាយជូរមួយថង់ស្បែកផង។ ២ ព្រះរាជាសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា សត្វលាទាំងពីរនេះជាជំនិះសម្រាប់ព្រះរាជវង្ស នំបុ័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។ ៣ ព្រះរាជាសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូសាឡឹម ដ្បិតលោកគិតថា ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលនឹងប្រគល់រាជ្យរបស់ជីតាលោកមកឲ្យលោកវិញ»។ ៤ ស្តេចមានរាជឱង្ការថា៖ «អ្វីៗទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់លោកម៉េភីបូសែត យើងប្រគល់ឲ្យអ្នកទាំងអស់»។ ស៊ីបាក្រាបថ្វាយបង្គំស្តេច ហើយទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមព្រះអង្គប្រណីសន្ដោសទូលបង្គំរហូតតទៅ!»។
លោកស៊ីម៉ាយជេរប្រទេចផ្តាសាព្រះបាទដាវីឌ
៥ ពេលព្រះបាទដាវីឌយាងទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសាអ៊ូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាព្រះបាទដាវីឌ។ ៦ គាត់ចោលដុំថ្មទៅលើព្រះបាទដាវីឌ និងនាម៉ឺនមន្ត្រីរបស់ស្តេច ទោះបីមានបណ្តាជន និងពលទាហាន នៅអមសងខាងស្តេចក៏ដោយ។ ៧ គាត់ជេរប្រទេចផ្តាសាស្តេចថា៖ «ចេញទៅ! ចេញទៅ! អាឃាតក! អាចោលម្សៀត! ៨ ព្រះអម្ចាស់ដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ព្រះបាទសាអ៊ូល ដែលឯងបានដណ្ដើមរាជ្យ។ ហេតុនេះហើយបានជាព្រះអម្ចាស់ដករាជ្យពីឯង ប្រគល់ទៅឲ្យសម្តេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។ ៩ លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ទូលស្តេចថា៖ «បពិត្រព្រះករុណា ម្ដេចក៏ទុកឲ្យអាឆ្កែងាប់នេះជេរប្រទេចផ្តាសាព្រះករុណាជាអម្ចាស់ដូច្នេះ? ទូលបង្គំសូមទៅកាត់កវា»។ ១០ ស្តេចមានរាជឱង្ការថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើព្រះអម្ចាស់បង្គាប់ឲ្យគាត់ដាក់បណ្ដាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្តីបន្ទោសគាត់ឡើយ!»។ ១១ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែបុត្របង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើព្រះអម្ចាស់បង្គាប់ដូច្នេះ ទុកឲ្យអ្នកស្រុកបេនយ៉ាមីនម្នាក់នេះជេរប្រទេចផ្តាសាយើងទៅ! ១២ ប្រហែលជាព្រះអម្ចាស់ទតឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្ដាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
១៣ ព្រះបាទដាវីឌ និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីព្រះបាទដាវីឌ។ គាត់ដើរបណ្តើរ ជេរប្រទេចផ្តាសាបណ្តើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្តេចផង។ ១៤ ស្តេច និងបណ្តាជនទាំងមូលដែលរួមដំណើរជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។
លោកហ៊ូសាយចូលគាល់ស្តេចអាប់សាឡុម
១៥ ស្តេចអាប់សាឡុម និងប្រជាជនអ៊ីស្រាអែលទាំងមូល ចូលដល់ក្រុងយេរូសាឡឹម។ លោកអហ៊ីតូផែលក៏នៅជាមួយស្តេចអាប់សាឡុមដែរ។ ១៦ លោកហ៊ូសាយជាជនជាតិអគី ដែលជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ ចូលទៅគាល់ស្តេចអាប់សាឡុម ពោលថា៖ «ជយោព្រះរាជា! ជយោព្រះរាជា!»។ ១៧ ស្តេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកថា៖ «ចិត្តស្មោះត្រង់ចំពោះបិតាខ្ញុំ ដែលជាមិត្តសម្លាញ់របស់លោកនោះ នៅឯណា? ហេតុអ្វីបានជាលោកមិនទៅតាមបិតាខ្ញុំ?»។ ១៨ លោកហ៊ូសាយទូលថា៖ «ទេ! បើព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែល ព្រមទាំងកងទ័ពទាំងមូល ជ្រើសរើសស្តេចណា ទូលបង្គំនៅជាមួយស្តេចនោះហើយ។ ១៩ ម្យ៉ាងទៀត ទូលបង្គំត្រូវបម្រើអ្នកណា? ព្រះករុណាជាបុត្ររបស់មិត្តសម្លាញ់ទូលបង្គំ ដូច្នេះ ទូលបង្គំនឹងបម្រើព្រះករុណា ដូចទូលបង្គំបានបម្រើបិតារបស់ព្រះករុណាដែរ»។
ស្តេចអាប់សាឡុម និងពួកស្រីស្នំរបស់ព្រះបាទដាវីឌ
២០ ស្តេចអាប់សាឡុមមានរាជឱង្ការទៅកាន់លោកអហ៊ីតូផែលថា៖ «ចូរអស់លោកពិភាក្សាគ្នាអំពីកិច្ចការ ដែលពួកយើងត្រូវធ្វើនោះទៅ»។ ២១ លោកអហ៊ីតូផែលទូលស្តេចអាប់សាឡុមថា៖ «សូមយាងទៅរួមដំណេកជាមួយពួកស្រីស្នំ ដែលបិតារបស់ព្រះករុណាទុកឲ្យនៅចាំដំណាក់នោះចុះ។ ធ្វើដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះករុណាតាំងខ្លួនជាសត្រូវនឹងបិតា ហើយបក្សពួករបស់ព្រះករុណាក៏នឹងមានកម្លាំងចិត្តឡើងដែរ»។ ២២ គេបានដំឡើងពន្លាមួយថ្វាយស្តេចអាប់សាឡុម តាមថែវ នៅជាន់ខាងលើដំណាក់ ហើយស្តេចអាប់សាឡុមក៏ចូលទៅរួមដំណេកជាមួយស្រីស្នំរបស់បិតា ឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ។
២៣ នៅគ្រានោះ យោបល់របស់លោកអហ៊ីតូផែលមានឥទ្ធិពលដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ព្រះបាទដាវីឌ និងស្តេចអាប់សាឡុមតែងតែធ្វើតាមយោបល់ទាំងប៉ុន្មានរបស់លោក។
១៧
លោកហ៊ូសាយជំទាស់នឹងយោបល់របស់លោកអហ៊ីតូផែល
១ បន្ទាប់មក លោកអហ៊ីតូផែលទូលស្តេចអាប់សាឡុមថា៖ «សូមអនុញ្ញាតឲ្យទូលបង្គំជ្រើសរើសទ័ពចំនួនមួយម៉ឺនពីរពាន់នាក់ ដេញតាមព្រះបាទដាវីឌ យប់នេះតែម្ដងទៅ។ ២ ទូលបង្គំនឹងវាយសម្រុក នៅពេលព្រះបាទដាវីឌកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចទូលបង្គំនឹងធ្វើឲ្យស្តេចភ័យតក់ស្លុត ហើយបណ្តាជនទាំងប៉ុន្មានដែលទៅជាមួយស្តេច នឹងរត់ចោលស្តេច។ ទូលបង្គំនឹងធ្វើគុតតែស្តេចមួយអង្គប៉ុណ្ណោះ។ ៣ បន្ទាប់មក ទូលបង្គំនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ។ ដូច្នេះ អ្នកដែលព្រះករុណាចង់កម្ចាត់នោះនឹងត្រូវសុគត ហើយប្រជាជនទាំងមូលនឹងវិលមករស់នៅជាមួយព្រះករុណា ដោយសុខសាន្ត»។ ៤ ស្តេចអាប់សាឡុម និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសមរម្យ។
៥ ប៉ុន្តែ ស្តេចអាប់សាឡុមមានរាជឱង្ការថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយជាជនជាតិអគីមក យើងចង់ស្ដាប់យោបល់របស់គាត់ដែរ»។ ៦ កាលលោកហ៊ូសាយមកដល់ ស្តេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីតូផែល រួចស្តេចសួរលោកថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើលោកមានយោបល់ផ្សេង សូមមានប្រសាសន៍មក!»។ ៧ លោកហ៊ូសាយទូលស្តេចអាប់សាឡុមថា៖ «លើកនេះ យោបល់របស់លោកអហ៊ីតូផែលមិនល្អទេ។ ៨ ព្រះករុណាជ្រាបច្បាស់ហើយថា បិតារបស់ព្រះករុណា និងបរិវារ សុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្ដៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត បិតារបស់ព្រះករុណាជាអ្នកចម្បាំង ពេលយប់ ព្រះអង្គមិនផ្ទំជាមួយពលទាហានទេ។ ៩ ព្រះអង្គពិតជាលាក់ខ្លួននៅក្នុងរូងថ្ម ឬកន្លែងណាផ្សេងមិនខានឡើយ។ ប្រសិនបើមានទាហានស្លាប់នៅក្នុងជួរយើង ចាប់តាំងពីពេលផ្តើមប្រយុទ្ធ នោះនឹងមានលេចឮដំណឹងថា ទ័ពរបស់ព្រះបាទអាប់សាឡុមទទួលបរាជ័យហើយ។ ១០ ដូច្នេះ ទោះបីទាហានដែលមានចិត្តអង់អាចដូចសិង្ហ ក៏គេបាក់ទឹកចិត្តដែរ ព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងថា បិតារបស់ព្រះករុណាជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយនោះ ក៏សុទ្ធតែជាមនុស្សក្លាហានទៀតផង។ ១១ រីឯទូលបង្គំវិញ ទូលបង្គំសូមថ្វាយយោបល់ដូចតទៅ: សូមព្រះករុណាប្រមូលទាហានអ៊ីស្រាអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា ឲ្យបានចំនួនច្រើនដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ បន្ទាប់មក សូមព្រះករុណាផ្ទាល់នាំមុខគេចេញទៅច្បាំង។ ១២ យើងនឹងទៅទាន់ស្តេចដាវីឌ នៅកន្លែងដែលព្រះអង្គស្នាក់អាស្រ័យ យើងនឹងសង្គ្រប់លើពួកគេ ដោយមិនឲ្យគេដឹងខ្លួន គឺយើងនឹងប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រត់រួចឡើយ។ ១៣ ប្រសិនបើពួកគេរត់ទៅជ្រកនៅក្រុងណាមួយ ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងនាំគ្នាចងខ្សែពួរទាញក្រុងនោះទម្លាក់ទៅក្នុងជ្រោះ ឥតមាននៅសល់ដុំថ្មណាមួយទៀតឡើយ»។ ១៤ ស្តេចអាប់សាឡុម និងជនជាតិអ៊ីស្រាអែលទាំងមូលពោលថា៖ «យោបល់របស់លោកហ៊ូសាយ ជាជនជាតិអគី ល្អជាងយោបល់របស់លោកអហ៊ីតូផែល!»។ ព្រះអម្ចាស់បានធ្វើឲ្យគេបដិសេធយោបល់ដ៏ឆ្លាតវៃរបស់លោកអហ៊ីតូផែល ដើម្បីធ្វើឲ្យស្តេចអាប់សាឡុមវិនាស។
ព្រះបាទដាវីឌឆ្លងទន្លេយ័រដាន់
១៥ លោកហ៊ូសាយរៀបរាប់ជូនលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអប៊ីយ៉ាថារ អំពីយោបល់ដែលលោកអហ៊ីតូផែលបានទូលស្តេចអាប់សាឡុម និងជម្រាបពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល។ លោកក៏បានរៀបរាប់អំពីយោបល់របស់លោកផ្ទាល់ដែរ។ ១៦ លោកបន្ថែមទៀតថា៖ «ឥឡូវនេះ ចូរប្រញាប់ចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា យប់នេះ កុំឈប់នៅវាលរហោស្ថានជិតទន្លេយ័រដាន់ឡើយ គឺត្រូវឆ្លងទៅត្រើយម្ខាង ដើម្បីកុំឲ្យព្រះរាជា និងបណ្តាជនទាំងអស់ដែលនៅជាមួយ ត្រូវវិនាស»។ ១៧ លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។ ១៨ ប៉ុន្តែ មានយុវជនម្នាក់បានឃើញលោកទាំងពីរ ក៏នាំដំណឹងទៅទូលស្តេចអាប់សាឡុម។ លោកទាំងពីរប្រញាប់ប្រញាល់ចេញទៅ ហើយទៅដល់ផ្ទះអ្នកស្រុកម្នាក់ នៅភូមិបាហ៊ូរីម។ ក្នុងបរិវេណផ្ទះនោះមានអណ្ដូងមួយ ដែលលោកទាំងពីរចុះទៅពួន។ ១៩ ស្ត្រីជាមេផ្ទះយកកន្ទេលមកក្រាលលើគម្របអណ្ដូង ហើយយកស្រូវមកចាក់រាយពីលើ ដើម្បីកុំឲ្យគេចាប់អារម្មណ៍។ ២០ ពួកអ្នកដែលស្តេចអាប់សាឡុមចាត់ឲ្យដេញតាម បានមកដល់ផ្ទះស្ត្រីនោះ ហើយសួរថា៖ «តើលោកអហ៊ីម៉ាស់ និងលោកយ៉ូណាថាននៅឯណា?»។ គាត់ឆ្លើយថា៖ «ពួកលោកឆ្លងផុតទៅហើយ»។ ពួកគេរុករក តែពុំបានប្រទះឃើញលោកទាំងពីរទេ ដូច្នេះ ពួកគេត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ ២១ កាលអ្នកទាំងនោះចេញផុតទៅ លោកអហ៊ីម៉ាស់ និងលោកយ៉ូណាថានឡើងពីអណ្ដូង ហើយនាំគ្នាទៅទូលព្រះបាទដាវីឌអំពីយោបល់របស់លោកអហ៊ីតូផែល ហើយពោលថា៖ «សូមព្រះករុណាឆ្លងទន្លេយ័រដាន់នេះភ្លាមទៅ»។ ២២ ព្រះបាទដាវីឌ និងបណ្តាជនទាំងអស់ដែលនៅជាមួយ នាំគ្នាឆ្លងទន្លេយ័រដាន់។ លុះព្រលឹមស្រាងៗ ពួកគេឆ្លងទន្លេយ័រដាន់ទាំងអស់គ្នា គ្មានសល់នរណាម្នាក់ឡើយ។
២៣ ចំណែកឯលោកអហ៊ីតូផែលវិញ ដោយឃើញថា គេមិនធ្វើតាមយោបល់របស់គាត់ គាត់ក៏ចងកែបលា ហើយឡើងជិះត្រឡប់ទៅស្រុកភូមិរបស់គាត់។ គាត់ផ្តែផ្តាំគ្រួសារ ហើយចងកសម្លាប់ខ្លួនទៅ។ គេបានបញ្ចុះសពគាត់ក្នុងផ្នូរឪពុករបស់គាត់។
ព្រះបាទដាវីឌនៅក្រុងម៉ាហាណាអ៊ីម
២៤ ក្នុងពេលស្តេចអាប់សាឡុមកំពុងតែឆ្លងទន្លេយ័រដាន់ជាមួយកងទ័ពអ៊ីស្រាអែលទាំងមូល ព្រះបាទដាវីឌបានយាងដល់ក្រុងម៉ាហាណាអ៊ីម។ ២៥ ស្តេចអាប់សាឡុមបានតែងតាំងលោកអម៉ាសាជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះលោកយីត្រា ដែលយកនាងអប៊ីកាលជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ាដែលជាម្ដាយរបស់លោកយ៉ូអាប់។ ២៦ ស្តេចអាប់សាឡុម និងពួកអ៊ីស្រាអែលបានបោះទ័ពនៅស្រុកកាឡាដ។
២៧ កាលព្រះបាទដាវីឌយាងដល់ក្រុងម៉ាហាណាអ៊ីម ស្តេចជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមីអែលនៅឡូដេបា និងលោកបាស៊ីឡៃ អ្នកភូមិរូកេលីម ក្នុងស្រុកកាឡាដ។ ២៨ ពួកគេនាំយកភួយ មុង កន្ទេល ចាន ឆ្នាំង ព្រមទាំងស្បៀងអាហារ គឺមានអង្ករ ពោត ម្សៅ លាជ ពពាយ សណ្តែក ២៩ ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកថ្វាយព្រះបាទដាវីឌ និងបណ្តាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្តាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។
១៨
រាជ័យរបស់កងទ័ពស្តេចអាប់សាឡុម
១ ព្រះបាទដាវីឌយាងត្រួតពិនិត្យកងទ័ពដែលមកជាមួយ ហើយតែងតាំងមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឲ្យត្រួតលើពួកគេ។ ២ ស្តេចចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។ ៣ ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្ដាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯព្រះករុណាមានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះគួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។ ៤ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ ស្តេចគង់នៅត្រង់មាត់ទ្វារក្រុង ហើយពលទ័ពក៏ចេញទៅ តាមកង តាមក្រុមរបស់ខ្លួន។ ៥ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាបុត្ររបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្តែផ្តាំមេទ័ពទាំងអស់ ស្តីអំពីស្តេចអាប់សាឡុម។
៦ ពលទ័ពរបស់ព្រះបាទដាវីឌចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែល ហើយការប្រយុទ្ធផ្ទុះឡើងរវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម ៧ កងទ័ពអ៊ីស្រាអែលចាញ់កងទ័ពរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។ ៨ ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។
លោកយ៉ូអាប់ធ្វើគុតស្តេចអាប់សាឡុម
៩ ពេលកំពុងជិះលា ស្តេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែព្រះកេសារបស់ស្តេចអាប់សាឡុមទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្តេចអាប់សាឡុមនៅព្យួរផុតជើងពីដី។ ១០ ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជម្រាបលោកយ៉ូអាប់ថា៖ «ខ្ញុំប្របាទឃើញស្តេចអាប់សាឡុមនៅព្យួរជាប់នឹងមែកឈើ»។ ១១ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារឲ្យស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងឲ្យប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។ ១២ ទាហាននោះតបទៅលោកយ៉ូអាប់ថា៖ «ទោះបីលោកឲ្យប្រាក់ខ្ញុំប្របាទមួយពាន់ស្លឹងក្តី ក៏ខ្ញុំប្របាទមិនធ្វើឃាតបុត្ររបស់ស្តេចដែរ ព្រោះយើងទាំងអស់គ្នាបានឮស្តេចមានរាជឱង្ការផ្តែផ្តាំលោក ព្រមទាំងលោកអប៊ីសាយ និងលោកអ៊ីតតាយថា “សូមប្រណីដល់អាប់សាឡុមផង!”។ ១៣ ប្រសិនបើខ្ញុំប្របាទធ្វើគុតបុត្ររបស់ស្តេច នោះខ្ញុំប្របាទពុំអាចលាក់រឿងនេះមិនឲ្យស្តេចជ្រាបបានទេ ហើយលោកផ្ទាល់ក៏មិនការពារខ្ញុំប្របាទដែរ»។ ១៤ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ លោកចាប់យកជន្លួញបីដើមមកចាក់ទម្លុះត្រង់បេះដូងស្តេចអាប់សាឡុម ដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។ ១៥ ពលទាហានកំលោះៗចំនួនដប់នាក់ ដែលកាន់អាវុធរបស់លោកយ៉ូអាប់ នាំគ្នាឡោមព័ទ្ធស្តេចអាប់សាឡុម ហើយវាយប្រហារឲ្យសុគតទៅ។
១៦ បន្ទាប់មក លោកយ៉ូអាប់បញ្ជាឲ្យគេផ្លុំត្រែបញ្ឈប់ការប្រយុទ្ធ។ ដូច្នេះ ពលទាហានរបស់ព្រះបាទដាវីឌក៏ឈប់ដេញតាមកងទ័ពអ៊ីស្រាអែល។ ១៧ គេយកសពស្តេចអាប់សាឡុមទៅបោះចោលក្នុងរណ្ដៅមួយដ៏ធំ នៅកណ្ដាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រាអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។
១៨ កាលនៅមានព្រះជន្មនៅឡើយ ស្តេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្តេច ដ្បិតព្រះអង្គគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្តេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម» រហូតដល់សព្វថ្ងៃ។
ព្រះបាទដាវីឌជ្រាបពីការសុគតរបស់ស្តេចអាប់សាឡុម
១៩ លោកអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកឲ្យខ្ញុំរត់ទៅទូលព្រះករុណាអំពីដំណឹងល្អថា ព្រះអម្ចាស់បានរកយុត្តិធម៌ឲ្យព្រះករុណា ដោយរំដោះព្រះករុណាពីកណ្ដាប់ដៃរបស់សត្រូវ»។ ២០ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ទេ! ចាំថ្ងៃក្រោយ សឹមលោកនាំដំណឹងទៅ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្តេចសោយទិវង្គត»។ ២១ លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅទូលព្រះបាទដាវីឌតាមហេតុការណ៍ដែលអ្នកបានឃើញចុះ!»។ ជនជាតិអេត្យូពីនោះ ក្រាបសំពះលាលោកយ៉ូអាប់ ហើយរត់ចេញទៅ។ ២២ ពេលនោះ លោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក ទទូចសុំលោកយ៉ូអាប់ម្ដងទៀតថា៖ «ទោះបីមានរឿងអ្វីក៏ដោយ ទុកឲ្យខ្ញុំរត់ទៅតាមជនជាតិអេត្យូពីនេះផង»។ លោកយ៉ូអាប់សួរថា៖ «កូនអើយហេតុអ្វីបានជាអ្នកចង់រត់ទៅដូច្នេះ? ដំណឹងនេះមិនផ្តល់រង្វាន់អ្វីដល់អ្នកទេ!»។ ២៣ លោកអហ៊ីម៉ាស់តបថា៖ «ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងរត់ទៅ!»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «រត់ទៅចុះ!»។ លោកអហ៊ីម៉ាស់រត់ចេញទៅតាមផ្លូវវាលទំនាបទន្លេយ័រដាន់ ហើយរត់ទៅមុនជនជាតិអេត្យូពី។
២៤ ពេលនោះ ព្រះបាទដាវីឌគង់នៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងនៃកំពែងក្រុង។ អ្នកយាមម្នាក់ឡើងទៅលើកំពែងក្រុង ហើយសម្លឹងមើលទៅឃើញមនុស្សម្នាក់កំពុងរត់តម្រង់មក។ ២៥ គេស្រែកទូលស្តេច ហើយស្តេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ អ្នកនោះរត់ចូលមកកាន់តែជិត។ ២៦ អ្នកយាមក្រឡេកទៅឃើញមនុស្សម្នាក់ទៀតរត់តម្រង់មក គេក៏ស្រែកប្រាប់អ្នកយាមទ្វារថា៖ «មានម្នាក់ទៀតរត់តម្រង់មកដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកនោះក៏នាំដំណឹងល្អមកដែរ»។ ២៧ អ្នកយាមទូលថា៖ «តាមមើលរបៀបរត់នេះ ទូលបង្គំស្គាល់ច្បាស់ថាអ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក»។ ស្តេចមានរាជឱង្ការថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។ ២៨ ពេលមកដល់ លោកអហ៊ីម៉ាស់ទូលថា៖ «សូមក្រាបថ្វាយបង្គំព្រះករុណា!»។ គាត់ក្រាបថ្វាយបង្គំស្តេចដល់ដី ហើយទូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រគល់ពួកបះបោរមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា!»។ ២៩ ស្តេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាស់ទូលថា៖ «ពេលលោកយ៉ូអាប់ចាត់ទូលបង្គំ និងអ្នកបម្រើម្នាក់ទៀតមកនោះ ទូលបង្គំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ទូលបង្គំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។ ៣០ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរថយទៅឈរនៅជិតនោះចុះ»។ លោកអហ៊ីម៉ាស់ក៏ដកខ្លួន ហើយឈរចាំ។ ៣១ រំពេចនោះ ជនជាតិអេត្យូពីមកដល់ ទូលស្តេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់បានរកយុត្តិធម៌ថ្វាយព្រះករុណាហើយ ព្រះអង្គបានរំដោះព្រះករុណា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។ ៣២ ស្តេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពីទូលថា៖ «បពិត្រព្រះករុណា! សូមឲ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណា ត្រូវវិនាស ដូចយុវជននោះចុះ!»។
១៩
ការឈឺចាប់ខ្លោចផ្សារបស់ព្រះបាទដាវីឌ
១ (១៨.៣៣) ពេលនោះ ព្រះបាទដាវីឌក្តុកក្តួលក្នុងព្រះហឫទ័យយ៉ាងខ្លាំង ស្តេចយាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយព្រះអង្គព្រះកន្សែង។ ស្តេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ! អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។
២ (១) មានគេមកជម្រាបលោកយ៉ូអាប់ថា ស្តេចព្រះអង្គព្រះកន្សែង និងអាឡោះអាល័យស្តេចអាប់សាឡុម។ ៣ (២) ជ័យជម្នះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។ ៤ (៣) នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរភូមិទាំងក្តីអាម៉ាស់។ ៥ (៤) រីឯស្តេចវិញ ស្តេចគ្របព្រះភ័ក្ត្រជិត ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ!»។
៦ (៥) ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្តេចនៅក្នុងបន្ទប់ ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះករុណា ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះករុណាធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។ ៧ (៦) ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយស្អប់អ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ នៅថ្ងៃនេះ ព្រះករុណាបង្ហាញថា ព្រះករុណាមិនគិតគូរដល់មេបញ្ជាការ និងពលទាហានទេ។ ទូលបង្គំដឹងថា ប្រសិនបើស្តេចអាប់សាឡុមនៅរស់ ហើយទូលបង្គំទាំងអស់គ្នាស្លាប់ ព្រះករុណាមុខជាយល់ថាជាការធម្មតា។ ៨ (៧) ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយយាងចេញទៅលើកទឹកចិត្តពលទាហានផង។ ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើព្រះករុណាមិនយាងចេញទៅទេ យប់នេះនឹងគ្មាននរណាម្នាក់នៅបម្រើព្រះករុណាទៀតឡើយ ហើយព្រះករុណាត្រូវវេទនាលើសទុក្ខវេទនាទាំងប៉ុន្មាន ដែលព្រះករុណាធ្លាប់ជួបប្រទះតាំងពីក្មេងមកទល់សព្វថ្ងៃ»។ ៩ (៨) ស្តេចក៏ក្រោកឡើង យាងចេញមកគង់នៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្តេចគង់នៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ក៏នាំគ្នាមកគាល់ស្តេច។
ព្រះបាទដាវីឌយាងចូលក្រុងយេរូសាឡឹម
ពលទាហានអ៊ីស្រាអែលបានបាក់ទ័ព រត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។ ១០ (៩) នៅតាមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ប្រជាជនទាំងមូលពិភាក្សាគ្នាថា៖ «ព្រះបាទដាវីឌបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ជាពិសេស រំដោះយើងឲ្យរួចពីពួកភីលីស្ទីន តែឥឡូវនេះ ព្រះរាជាបានភៀសខ្លួនចេញពីស្រុក ព្រោះតែស្តេចអាប់សាឡុម។ ១១ (១០) រីឯស្តេចអាប់សាឡុមដែលយើងចាក់ប្រេងអភិសេកជាស្តេចនោះ បានសោយទិវង្គតនៅក្នុងសង្គ្រាមទៅហើយ។ ដូច្នេះ តើពួកយើងនៅរង់ចាំអ្វីទៀត ម្ដេចមិនទៅយាងព្រះរាជាឲ្យត្រឡប់មកវិញ?»។ ១២ (១១) រីឯព្រះបាទដាវីឌ ព្រះអង្គចាត់គេឲ្យទៅជម្រាបលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអប៊ីយ៉ាថារដូចតទៅ៖ «ចូរសាកសួរអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ដូច្នេះ ម្ដេចក៏មិនយាងស្តេចចូលក្នុងដំណាក់វិញ? ស្តេចបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រាអែលទាំងមូលហើយ។ ១៣ (១២) អស់លោកជាបងប្អូន និងជាសាច់ញាតិរបស់ស្តេច។ ដូច្នេះ កុំបង្អង់នៅចាំក្រោយគេ ក្នុងការយាងស្តេចមកវិញនោះឡើយ។ ១៤ (១៣) បន្ទាប់មក សូមលោកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ”»។ ១៥ (១៤) ព្រះបាទដាវីឌធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នាចាត់មនុស្សឲ្យទៅទូលស្តេចថា៖ «សូមព្រះករុណាយាងមកវិញ ជាមួយកងទ័ពទាំងមូលរបស់ព្រះករុណាចុះ»។ ១៦ (១៥) ដូច្នេះ ស្តេចយាងត្រឡប់មកវិញ។ ពេលស្តេចយាងមកដល់មាត់ទន្លេយ័រដាន់ អ្នកស្រុកយូដាទាំងមូលនាំគ្នាទទួលស្តេចនៅគីលកាល់ ដើម្បីជួយចម្លងស្តេចឆ្លងទន្លេយ័រដាន់។
ព្រះបាទដាវីឌលើកលែងទោសលោកស៊ីម៉ាយ
១៧ (១៦) លោកស៊ីម៉ាយជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន នៅបាហ៊ូរីម ក៏ប្រញាប់ប្រញាល់ចុះមកជាមួយពួកយូដាដែរ ដើម្បីថ្វាយបង្គំព្រះបាទដាវីឌ។ ១៨ (១៧) លោកនាំពួកបេនយ៉ាមីនចំនួនមួយពាន់នាក់ ព្រមទាំងស៊ីបា ជាអ្នកបម្រើនៃញាតិវង្សរបស់ព្រះបាទសាអ៊ូល កូនប្រុសទាំងដប់ប្រាំនាក់ និងអ្នកបម្រើរបស់គាត់ចំនួនម្ភៃនាក់ មកជាមួយផង។ ពួកគេប្រញាប់ប្រញាល់ឆ្លងទន្លេយ័រដាន់ទៅទទួលស្តេច ១៩ (១៨) ដើម្បីជួយចម្លងព្រះរាជវង្សឆ្លងកាត់ទន្លេ ហើយចាំទទួលបញ្ជាពីស្តេច។ ពេលស្តេចឆ្លងមកដល់ត្រើយម្ខាង ហើយលោកស៊ីម៉ាយក្រាបថ្វាយបង្គំ ឱនមុខដល់ដី។ ២០ (១៩) គាត់ទូលថា៖ «បពិត្រព្រះករុណា! សូមកុំប្រកាន់ទោសទូលបង្គំ! សូមមេត្តាបំភ្លេចកំហុស ដែលទូលបង្គំបានប្រព្រឹត្តចំពោះព្រះករុណា នៅថ្ងៃស្តេចយាងចេញពីក្រុងយេរូសាឡឹម សូមកុំចងគំនុំនឹងទូលបង្គំឡើយ។ ២១ (២០) ទូលបង្គំសូមសារភាពថា ទូលបង្គំបានប្រព្រឹត្តអំពើបាបមែន ប៉ុន្តែ ថ្ងៃនេះ សូមព្រះករុណាទតមើលចុះ ក្នុងចំណោមពូជពង្សលោកយ៉ូសែបទាំងមូល ទូលបង្គំចុះមកទទួលព្រះករុណាមុនគេ»។ ២២ (២១) លោកអប៊ីសាយ ជាកូនអ្នកស្រីសេរូយ៉ា ទូលស្តេចថា៖ «ស៊ីម៉ាយត្រូវតែស្លាប់ ព្រោះគាត់បានដាក់បណ្ដាសាស្តេច ដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក!»។ ២៣ (២២) ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយ និងលោកយ៉ូអាប់ ជាបងថា៖ «កូនអ្នកស្រីសេរូយ៉ាអើយ កុំលូកដៃក្នុងរឿងនេះឲ្យសោះ! ហេតុអ្វីបានជាលោកទាំងពីរជំទាស់នឹងខ្ញុំនៅពេលនេះដូច្នេះ? មិនត្រូវសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ក្នុងថ្ងៃនេះឡើយ ដ្បិតខ្ញុំដឹងច្បាស់ថា ខ្ញុំពិតជាស្តេចលើប្រជាជនអ៊ីស្រាអែលវិញហើយ!»។ ២៤ (២៣) បន្ទាប់មក ស្តេចមានរាជឱង្ការស្បថនឹងលោកស៊ីម៉ាយថា៖ «អ្នកមិនត្រូវស្លាប់ទេ!»។
ព្រះបាទដាវីឌលើកលែងទោសលោកម៉េភីបូសែត
២៥ (២៤) លោកម៉េភីបូសែត ជាចៅរបស់ព្រះបាទសាអ៊ូល បានមកទទួលព្រះបាទដាវីឌដែរ។ តាំងពីពេលស្តេចយាងចាកចេញទៅ រហូតដល់ថ្ងៃស្តេចយាងត្រឡប់មកវិញដោយសុខសាន្ត លោកម៉េភីបូសែតពុំបានលាងជើង កោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។ ២៦ (២៥) នៅពេលលោកចូលទៅគាល់ស្តេចនៅក្រុងយេរូសាឡឹម ស្តេចសួរលោកថា៖ «ម៉េភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ ២៧ (២៦) លោកទូលស្តេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់! អ្នកបម្រើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ។ ទូលបង្គំមានបំណងឲ្យគេចងកែបលា ដើម្បីជិះទៅតាមព្រះករុណា ព្រោះទូលបង្គំជាមនុស្សខ្វិន ២៨ (២៧) តែអ្នកបម្រើរបស់ទូលបង្គំបានទៅទូលមួលបង្កាច់ពីទូលបង្គំ ថ្វាយព្រះករុណាជាអម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបដូចជាទេវទូត*របស់ព្រះជាម្ចាស់ ដូច្នេះ សូមព្រះករុណាសម្រេចតាមព្រះហឫទ័យចុះ។ ២៩ (២៨) ទោះបីព្រះករុណាជាអម្ចាស់យល់ឃើញថា ពូជពង្សទាំងអស់របស់ព្រះបាទសាអ៊ូល ជាជីតាទូលបង្គំ ត្រូវតែស្លាប់ក៏ដោយ ក៏ព្រះករុណាបានប្រោសប្រទានឲ្យទូលបង្គំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយព្រះករុណាដែរ។ ទូលបង្គំគ្មានសិទ្ធិនឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតឡើយ»។ ៣០ (២៩) ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបា បែងចែកដីស្រែចម្ការរបស់ព្រះបាទសាអ៊ូល»។ ៣១ (៣០) លោកម៉េភីបូសែតទូលថា៖ «ឲ្យគេយកទាំងអស់ចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»។
ព្រះបាទដាវីឌលើកទឹកចិត្តលោកបាស៊ីឡៃ
៣២ (៣១) លោកបាស៊ីឡៃជាអ្នកស្រុកកាឡាដ បានធ្វើដំណើរពីភូមិរូកេលីមមកទន្លេយ័រដាន់ដែរ ដើម្បីជូនដំណើរស្តេចឆ្លងទៅត្រើយម្ខាង។ ៣៣ (៣២) លោកមានវ័យចាស់ជរាហើយ គឺអាយុប៉ែតសិបឆ្នាំ។ ពេលស្តេចគង់នៅក្រុងម៉ាហាណាអ៊ីម លោកផ្គត់ផ្គង់អ្វីៗទាំងអស់ដែលស្តេចត្រូវការ ដ្បិតលោកជាអ្នកមានស្តុកស្តម្ភ។ ៣៤ (៣៣) ស្តេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងយេរូសាឡឹមជាមួយខ្ញុំ ខ្ញុំនឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលលោកត្រូវការ»។ ៣៥ (៣៤) លោកបាស៊ីឡៃទូលស្តេចថា៖ «បពិត្រព្រះករុណា! តើឲ្យទូលបង្គំឡើងទៅក្រុងយេរូសាឡឹមជាមួយព្រះករុណាធ្វើអ្វី ទូលបង្គំរស់មិនបានប៉ុន្មានឆ្នាំទៀតទេ! ៣៦ (៣៥) ពេលនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ ទូលបង្គំលែងដឹងរសជាតិឆ្ងាញ់ ឬមិនឆ្ងាញ់ ទូលបង្គំលែងដឹងរសជាតិអាហារ និងស្រាដែលទូលបង្គំទទួលទាន ហើយទូលបង្គំក៏ស្ដាប់សំឡេងអ្នកចម្រៀងប្រុសស្រីលែងឮដែរ។ ដូច្នេះ មិនបាច់ឲ្យទូលបង្គំទៅនាំតែអំពល់ទុក្ខព្រះករុណាឡើយ។ ៣៧ (៣៦) ទូលបង្គំមកនេះ គឺគ្រាន់តែជូនដំណើរព្រះករុណាឆ្លងទន្លេយ័រដាន់ប៉ុណ្ណោះ។ ម្យ៉ាងទៀត ទូលបង្គំមិនសមនឹងទទួលរង្វាន់នេះពីព្រះករុណាទេ! ៣៨ (៣៧) សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅកាន់ទីក្រុងរបស់ទូលបង្គំវិញចុះ។ ទូលបង្គំនឹងស្លាប់នៅទីនោះ ក្បែរផ្នូរឪពុកម្ដាយទូលបង្គំ។ ប៉ុន្តែ ទូលបង្គំសូមផ្ញើគីមហាំ ជាកូនប្រុសរបស់ទូលបង្គំ ឲ្យតាមដង្ហែព្រះករុណា សូមមេត្តាប្រោសដល់វា តាមព្រះហឫទ័យរបស់ព្រះករុណាផង»។ ៣៩ (៣៨) ស្តេចមានរាជឱង្ការថា៖ «ឲ្យគីមហាំទៅជាមួយខ្ញុំចុះ ខ្ញុំនឹងប្រព្រឹត្តចំពោះគាត់ តាមបំណងរបស់លោក។ អ្វីៗដែលលោកចង់បាន ខ្ញុំនឹងបំពេញជូនទាំងអស់»។ ៤០ (៣៩) ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ស្តេចក៏ឆ្លងទៅដែរ។ ព្រះបាទដាវីឌឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់លោកផង។ បន្ទាប់មក លោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញ។ ៤១ (៤០) ព្រះបាទដាវីឌបានបន្តដំណើរទៅដល់គីលកាល់ ដោយមានលោកគីមហាំដង្ហែទៅជាមួយផង។
ជនជាតិយូដាទាំងអស់ ព្រមទាំងជនជាតិអ៊ីស្រាអែលចំនួនពាក់កណ្ដាល នាំគ្នាដង្ហែស្តេចឆ្លងទន្លេយ័រដាន់។
ទំនាស់រវាងជនជាតិយូដា និងជនជាតិអ៊ីស្រាអែល
៤២ (៤១) អ្នកស្រុកអ៊ីស្រាអែលទាំងមូលចូលទៅគាល់ស្តេច ហើយទូលថា៖ «ហេតុអ្វីព្រះករុណាទុកឲ្យតែបងប្អូនជនជាតិយូដាដង្ហែព្រះករុណា ដោយនាំព្រះករុណា និងរាជវង្សានុវង្ស ឆ្លងទន្លេយ័រដាន់ដូច្នេះ ដ្បិតយើងខ្ញុំក៏ជាប្រជារាស្ដ្ររបស់ព្រះអង្គដែរ?»។ ៤៣ (៤២) ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រាអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងព្រះករុណាជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្តេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្តេចដែរ»។ ៤៤ (៤៣) ពេលនោះ ជនជាតិអ៊ីស្រាអែលតបទៅជនជាតិយូដាវិញថា៖ «យើងមានសិទ្ធិដប់ដងលើសអ្នករាល់គ្នា ក្នុងការទទួលព្រះបាទដាវីឌជាស្តេចរបស់យើង ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើងដូច្នេះ? គឺពួកយើងទេតើដែលបានផ្តើមគំនិតយាងស្តេចរបស់យើង ឲ្យវិលមកវិញមុនគេ!»។ ប៉ុន្តែ ជនជាតិយូដានិយាយម៉ឺងម៉ាត់ជាងជនជាតិអ៊ីស្រាអែល។
២០
លោកសេបាបះបោរប្រឆាំងនឹងព្រះបាទដាវីឌ
១ គ្រានោះ នៅក្រុងគីលកាល់មានមនុស្សពាលម្នាក់ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «ពួកយើងគ្មានជាប់សាច់ញាតិអ្វីនឹងព្រះបាទដាវីឌទេ ហើយក៏គ្មានពាក់ព័ន្ធអ្វីជាមួយកូនរបស់លោកយេសាយដែរ! ជនជាតិអ៊ីស្រាអែលអើយ! សូមវិលត្រឡប់ទៅទីលំនៅរៀងៗខ្លួនវិញ!»។ ២ ពេលនោះ ជនជាតិអ៊ីស្រាអែលទាំងអស់បោះបង់ចោលព្រះបាទដាវីឌ នាំគ្នាទៅតាមលោកសេបាជាកូនរបស់លោកប៊ីគ្រីវិញ។ មានតែជនជាតិយូដាប៉ុណ្ណោះដែលនៅជាប់ជាមួយស្តេចរបស់គេ ហើយតាមដង្ហែស្តេចចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡឹម។
៣ ពេលព្រះបាទដាវីឌវិលទៅដល់ដំណាក់នៅក្រុងយេរូសាឡឹមវិញ ស្តេចចាត់គេឲ្យទៅរកស្រីស្នំទាំងដប់នាក់ ដែលស្តេចបានទុកឲ្យនៅថែរក្សាដំណាក់។ ស្តេចយកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយ ហើយចិញ្ចឹមពួកនាង ប៉ុន្តែ ស្តេចពុំយាងចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ឃាំងឲ្យនៅជាស្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
លោកយ៉ូអាប់ធ្វើឃាតលោកអម៉ាសា
៤ បន្ទាប់មក ស្តេចមានរាជឱង្ការទៅកាន់លោកអម៉ាសាថា៖ «ចូរប្រមូលកងទ័ពយូដាក្នុងរយៈពេលបីថ្ងៃ ឲ្យមកបង្ហាញខ្លួននៅទីនេះជាមួយលោក»។ ៥ លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ស្តេច ប៉ុន្តែ លោកមកមិនទាន់ពេលដែលស្តេចបានកំណត់ទុក។ ៦ ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយថា៖ «សេបាជាកូនរបស់លោកប៊ីគ្រីនឹងនាំអន្តរាយមកលើយើង ខ្លាំងជាងអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរលោកនាំទាហានរបស់យើងផ្ទាល់ចេញទៅដេញតាមអ្នកនោះ មុនពេលដែលគេរកបានជម្រកតាមក្រុងដែលមានកំពែងដ៏រឹងមាំ ហើយគេចបាត់ពីយើង»។ ៧ ដូច្នេះ ទាហានរបស់លោកយ៉ូអាប់ ព្រមទាំងពួកកេរេទី ពួកពេលេទី និងពលទាហានដ៏ខ្លាំងពូកែ នាំគ្នាចេញពីក្រុងយេរូសាឡឹមជាមួយលោកអប៊ីសាយ ដេញតាមលោកសេបាជាកូនរបស់លោកប៊ីគ្រី។ ៨ នៅពេលពួកគេទៅដល់ផ្ទាំងថ្មធំនៅក្រុងកាបូន លោកអម៉ាសាក៏មកជួបនឹងពួកគេ។ លោកយ៉ូអាប់ពាក់អាវក្រោះ ព្រមទាំងពាក់ខ្សែក្រវាត់ដែលមានដាវស៊កក្នុងស្រោមភ្ជាប់ជាមួយផង។ នៅពេលលោកយ៉ូអាប់ដើរទៅមុខ ដាវនោះក៏ជ្រុះ។ ៩ លោកយ៉ូអាប់មានប្រសាសន៍ទៅកាន់លោកអម៉ាសាថា៖ «សុខសប្បាយជាទេ លោកប្អូន!»។ លោកក៏លូកដៃស្តាំទៅចាប់ពុកចង្ការបស់លោកអម៉ាសា ដើម្បីឱប។ ១០ លោកអម៉ាសាពុំបានចាប់អារម្មណ៍នឹងដាវ ដែលស្ថិតក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ លោកយ៉ូអាប់ក៏ចាក់មួយដាវ ចំត្រង់ពោះ ហើយធ្លាយពោះវៀនចេញមកដល់ដី។ លោកស្លាប់ដោយមិនបាច់ឲ្យលោកយ៉ូអាប់ថែមមួយដាវទៀតឡើយ។
បន្ទាប់មក លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន នាំគ្នាបន្តដំណើរទៅមុខ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។ ១១ មានទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអម៉ាសា ពោលឡើងថា៖ «អ្នកណានៅខាងលោកយ៉ូអាប់ និងនៅខាងព្រះបាទដាវីឌ ចូរទៅតាមលោកយ៉ូអាប់ចុះ!»។ ១២ លោកអម៉ាសាដេកក្នុងថ្លុកឈាម នៅកណ្ដាលផ្លូវ។ ទាហាននោះសង្កេតឃើញថា ទាហានទាំងអស់នាំគ្នាឈប់ស្ងៀម។ ដូច្នេះ គេក៏ទាញសពចេញពីផ្លូវ ដាក់ក្នុងស្រែមួយក្បែរនោះ ហើយបោះអាវធំមួយគ្របពីលើ។ ១៣ នៅពេលទាហាននោះទាញសពចេញពីផ្លូវហើយ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។ ១៤ លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅក្រុងអបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមលោកដែរ។ ១៥ លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបា ដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីឲ្យខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករំលើងកំពែងក្រុងឲ្យរលំ។ ១៦ គ្រានោះ មានស្ត្រីឈ្លាសវៃម្នាក់ស្រែកពីក្នុងក្រុងមកថា៖ «សូមមេត្តាស្ដាប់សិន! សូមអញ្ជើញលោកយ៉ូអាប់មកទីនេះ នាងខ្ញុំមានការចង់ជម្រាបលោក»។ ១៧ លោកយ៉ូអាប់ចូលទៅជិត ស្ត្រីនោះសួរលោកថា៖ «តើលោកជាលោកយ៉ូអាប់ឬ?» លោកយ៉ូអាប់តបថា៖ «គឺខ្ញុំនេះហើយ»។ ស្ត្រីនោះពោលថា៖ «សូមលោកម្ចាស់មេត្តាស្ដាប់នាងខ្ញុំសិន»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «និយាយមកចុះ!»។ ១៨ ស្ត្រីនោះ ពោលបន្តទៀតថា៖ «ពីដើម គេមានទម្លាប់ពោលថា ត្រូវតែពិគ្រោះគ្នាជាមួយអ្នកក្រុងអបិលសិន ទើបកិច្ចការបានសម្រេច។ ១៩ ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្ដីសុខ និងស្មោះត្រង់ជាងគេ ក្នុងស្រុកអ៊ីស្រាអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ក្នុងស្រុកអ៊ីស្រាអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»។ ២០ លោកយ៉ូអាប់តបថា៖ «ទេ! ខ្ញុំគ្មានបំណងនឹងកម្ទេច ឬបំផ្លាញក្រុងនេះទាល់តែសោះ។ ២១ ពួកយើងគ្មានបំណងដូច្នេះទេ! ប៉ុន្តែ មានបុរសម្នាក់នៅតំបន់ភ្នំអេប្រាអ៊ីម ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានបះបោរប្រឆាំងនឹងព្រះបាទដាវីឌ។ ចូរប្រគល់អ្នកនោះមកឲ្យខ្ញុំ ខ្ញុំនឹងដកទ័ពចេញពីក្រុងនោះភ្លាម»។ ស្ត្រីនោះពោលថា៖ «ដូច្នេះ យើងខ្ញុំនឹងបោះក្បាលអ្នកនោះពីលើកំពែងទៅជូនលោក»។ ២២ នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់កលោកសេបា ហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅគាល់ស្តេច នៅក្រុងយេរូសាឡឹមវិញដែរ។
បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ
២៣ លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពអ៊ីស្រាអែលទាំងមូល។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការកងពលកេរេទី និងពេលេទី។ ២៤ លោកអដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន។ លោកយ៉ូសាផាតជាកូនលោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។ ២៥ លោកសេវ៉ាយ៉ាជាលេខាធិការ លោកសាដុក និងលោកអប៊ីយ៉ាថារ ជាបូជាចារ្យ។ ២៦ លោកអ៊ីរ៉ាពីអំបូរយ៉ាអៀរ ក៏ជាបូជាចារ្យផ្ទាល់របស់ព្រះបាទដាវីឌដែរ។
២១
អ្នកស្រុកកាបូន និងពូជពង្សរបស់ស្តេចសាអ៊ូល
១ ក្នុងរជ្ជកាលព្រះបាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ស្តេចថា៖ «ហេតុការណ៍ទាំងនេះបណ្តាលមកពីសាអ៊ូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកកាបូន»។ ២ ព្រះរាជាបានកោះហៅអ្នកស្រុកកាបូនមក ដើម្បីសាកសួរ(អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រាអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រាអែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ព្រះបាទសាអ៊ូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសម្ដែងឲ្យជនជាតិអ៊ីស្រាអែល និងជនជាតិយូដាឃើញថាស្តេចស្នេហាជាតិ)។ ៣ ព្រះបាទដាវីឌមានរាជឱង្ការសួរពួកគេថា៖ «តើឲ្យយើងធ្វើដូចម្ដេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់ប្រជារាស្ដ្ររបស់ព្រះអម្ចាស់»។ ៤ អ្នកស្រុកកាបូនតបថា៖ «បំណុលដែលព្រះបាទសាអ៊ូល និងរាជវង្សានុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ឡើយ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។ ៥ អ្នកស្រុកកាបូនទូលស្តេចថា៖ «ព្រះបាទសាអ៊ូលមានគោលបំណងកម្ទេច និងប្រល័យយើងខ្ញុំឲ្យផុតពូជ ដោយពុំចង់ទុកឲ្យនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រាអែលឡើយ។ ៦ ដូច្នេះ សូមព្រះករុណាប្រគល់មនុស្សប្រាំពីរនាក់ ក្នុងចំណោមពូជពង្សរបស់ព្រះបាទសាអ៊ូល មកឲ្យយើងខ្ញុំ យើងខ្ញុំនឹងយកពួកគេទៅចងក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីបា ជាក្រុងរបស់ព្រះបាទសាអ៊ូល ជាស្តេចដែលព្រះអម្ចាស់បានជ្រើសរើស»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងប្រគល់ពួកគេដល់អ្នករាល់គ្នា»។ ៧ ព្រះបាទដាវីឌសន្ដោសប្រណីដល់លោកម៉េភីបូសែត ជាបុត្ររបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសាអ៊ូល ព្រោះតែពាក្យដែលព្រះរាជាបានស្បថជាមួយសម្តេចយ៉ូណាថាន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ៨ ព្រះរាជាបង្គាប់គេឲ្យទៅចាប់លោកអរមូនី និងលោកម៉េភីបូសែត ជាកូនរបស់នាងរីសប៉ា ដែលជាកូនស្រីរបស់លោកអយ៉ា គឺបុត្រដែលនាងបានបង្កើតថ្វាយព្រះបាទសាអ៊ូល។ ព្រះរាជាក៏ឲ្យគេចាប់កូនប្រុសទាំងប្រាំរបស់នាងមិកាល់ ជាបុត្រីរបស់ព្រះបាទសាអ៊ូល គឺជាកូនដែលនាងបានបង្កើតជូនលោកអដ្រីអែល ជាកូនរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកមេហូឡា។ ៩ ព្រះរាជាប្រគល់ពួកគេទៅឲ្យអ្នកស្រុកកាបូន ដើម្បីយកទៅចងក នៅលើភ្នំចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ពួកគេទាំងប្រាំពីរនាក់បានស្លាប់ជាមួយគ្នា នៅដើមរដូវចម្រូត។
១០ នាងរីសប៉ា ជាកូនស្រីរបស់លោកអយ៉ា បានយកបាវទៅក្រាលលើផ្ទាំងថ្មមួយ ហើយស្ថិតនៅទីនោះ តាំងពីដើមរដូវចម្រូត រហូតដល់ពេលមានភ្លៀងធ្លាក់មកលើសាកសព។ នៅពេលថ្ងៃ នាងដេញសត្វមិនឲ្យហើរមកទំលើសាកសព នៅពេលយប់ នាងបានដេញសត្វព្រៃដែរ។ ១១ គេនាំដំណឹងទៅទូលព្រះបាទដាវីឌពីការដែលនាងរីសប៉ា ជាកូនរបស់លោកអយ៉ា និងជាស្នំរបស់ព្រះបាទសាអ៊ូលបានប្រព្រឹត្ត។
១២ ពេលនោះ ព្រះបាទដាវីឌយាងទៅយកអដ្ឋិធាតុរបស់ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានពីអ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ។ ក្រោយពេលព្រះបាទសាអ៊ូលទទួលបរាជ័យនៅគីលបោ ជនជាតិភីលីស្ទីនបានយកសពរបស់ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន ជាបុត្រ ទៅព្យួរនៅទីធ្លាក្រុងបេតសាន ហើយអ្នកក្រុងយ៉ាបេសនាំគ្នាលួចយកមកវិញ។ ១៣ ព្រះបាទដាវីឌនាំយកអដ្ឋិធាតុរបស់ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន ព្រមទាំងប្រមូលយកអដ្ឋិធាតុរបស់អ្នកទាំងប្រាំពីរ ដែលគេចងកនោះមកដែរ។ ១៤ គេបានបញ្ចុះអដ្ឋិធាតុរបស់ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាបិតារបស់ព្រះបាទសាអ៊ូលនៅសេឡា ក្នុងស្រុកបេនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេច ហើយព្រះជាម្ចាស់ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់ស្រុកនោះវិញ។
ចម្បាំងតទល់នឹងជនជាតិភីលីស្ទីន
(១របាក្សត្រ ២០.៤-៨)
១៥ ពេលនោះ ជនជាតិភីលីស្ទីនបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី។ ព្រះបាទដាវីឌនាំពលទាហានចេញទៅវាយជនជាតិភីលីស្ទីន។ ព្រះបាទដាវីឌនឿយហត់ជាខ្លាំង។ ១៦ ជនជាតិភីលីស្ទីនម្នាក់ឈ្មោះយីសប៊ី-បេណូប ជាកូនចៅហារ៉ាផា គាត់មានលំពែងលង្ហិនមួយ ទម្ងន់ជាងបីគីឡូក្រាម និងប្រដាប់ដោយអាវុធថ្មី។ គាត់មានបំណងនឹងធ្វើគុតព្រះបាទដាវីឌ។ ១៧ ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ា ទៅជួយព្រះបាទដាវីឌ ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរព្រះបាទដាវីឌ សូមកុំឲ្យស្តេចយាងចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រាអែលបាត់បង់ស្តេច។
១៨ ក្រោយមក ជនជាតិភីលីស្ទីនច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី នៅកូប។ ពេលនោះ លោកស៊ីបបាកាយ ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភ ជាកូនចៅហារ៉ាផា។ ១៩ បន្ទាប់មកទៀត មានកើតចម្បាំងសាជាថ្មីជាមួយជនជាតិភីលីស្ទីននៅកូបដែរ។ ពេលនោះ លោកអែលហាណន ជាកូនរបស់លោកយ៉ារេ-អូរេគីម ជាអ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលីយ៉ាតមានរាងដូចផ្សំរបស់កីតម្បាញ។
២០ បន្ទាប់មក ក៏កើតមានចម្បាំងសាជាថ្មីនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មានមាឌមាំ មានម្រាមដៃ និងម្រាមជើង ម្ខាងៗប្រាំមួយ សរុបទាំងអស់គាត់មានម្រាមម្ភៃបួន ហើយគាត់ជាកូនចៅរបស់ហារ៉ាផាដែរ។ ២១ គាត់បានបបួលជនជាតិអ៊ីស្រាអែលឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោលទៅ។
២២ ទាហានភីលីស្ទីនទាំងបួននាក់ ដែលព្រះបាទដាវីឌ និងពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅហារ៉ាផា ជាអ្នកក្រុងកាថ។
២២
ទំនុកតម្កើងរបស់ព្រះបាទដាវីឌ
(ទំនុកតម្កើង ១៨)
១ ក្រោយពេលព្រះអម្ចាស់រំដោះព្រះបាទដាវីឌ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្ដាប់ដៃរបស់ព្រះបាទសាអ៊ូលហើយ ព្រះបាទដាវីឌស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ដូចតទៅ៖
២ «ព្រះអម្ចាស់ជាថ្មដាការពារខ្ញុំ
ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ
ជាព្រះដែលរំដោះខ្ញុំ។
៣ ព្រះជាម្ចាស់ជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក
ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ
និងជាជម្រកដ៏រឹងមាំរបស់ខ្ញុំ។
ព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
៤ ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ
ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ
សូមលើកតម្កើងព្រះអម្ចាស់!
៥ សេចក្ដីស្លាប់រួបរឹតខ្ញុំ
រីឯសេចក្ដីវិនាសអន្តរាយធ្លាក់មកលើខ្ញុំ
ដូចទឹកហូរមកយ៉ាងខ្លាំង។
៦ សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ប្រៀបបីដូចជា
សំណាញ់ដែលគេបោះមកលើខ្ញុំ។
៧ នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់
ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ
ព្រះអង្គព្រះអង្គព្រះសណ្ដាប់ឮសំឡេងខ្ញុំ
ពីក្នុងព្រះវិហាររបស់ព្រះអង្គ
ហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់
ព្រះកាណ៌របស់ព្រះអង្គ។
៨ នៅពេលព្រះអង្គព្រះអង្គព្រះពិរោធ
ផែនដីកក្រើកញាប់ញ័រ
ផ្ទៃមេឃរង្គើរហូតដល់គ្រឹះរបស់វា។
៩ មានផ្សែងហុយចេញមកពីព្រះនាសា
របស់ព្រះអង្គ
ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក
ហើយក៏មានរងើកភ្លើងខ្ទាតចេញមកពី
ព្រះឱស្ឋរបស់ព្រះអង្គដែរ។
១០ ព្រះអង្គផ្អៀងផ្ទៃមេឃ ព្រះអង្គយាងចុះមក
ដោយមានពពកយ៉ាងក្រាស់នៅពីក្រោម
ព្រះបាទាផង។
១១ ព្រះអង្គយាងគង់លើខេរូប៊ីម* ហើយហោះមក
ព្រះអង្គយាងចេញមក ដោយគង់នៅលើ
វាយោដូចគង់នៅលើស្លាបបក្សី។
១២ ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន
ហើយយកពពកខ្មៅក្រាស់ពេញដោយទឹក
ធ្វើជាព្រះពន្លា។
១៣ មានផ្លេកបន្ទោរភ្លឺនៅខាងមុខព្រះអង្គ
ហើយមានរងើកភ្លើងធ្លាក់ចុះមក។
១៤ ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់នៅលើមេឃ
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង
មកពីលើ។
១៥ ព្រះអង្គបាញ់ព្រួញទៅលើខ្មាំងសត្រូវ
ដើម្បីកម្ចាត់កម្ចាយពួកគេ។
ព្រះអង្គបាញ់ផ្លេកបន្ទោរ
ធ្វើឲ្យពួកគេបាក់ទ័ព។
១៦ ដោយសារព្រះបន្ទូលគំរាមរបស់ព្រះអម្ចាស់
និងដោយសារខ្យល់ព្យុះដែលបក់ចេញមកពី
ព្រះនាសារបស់ព្រះអង្គ
បាតសមុទ្រលេចចេញមក
ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
១៧ ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ
ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
១៨ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវ
ដ៏ខ្លាំងពូកែ
និងឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ
ហើយមានកម្លាំងខ្លាំងជាងខ្ញុំផង។
១៩ នៅពេលខ្ញុំមានទុក្ខវេទនា
អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ
ក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែកដល់ខ្ញុំ។
២០ ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់
ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
២១ ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ
ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ
ព្រះអង្គតបស្នងមកខ្ញុំវិញ
ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
២២ ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់
ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំ
ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
២៣ ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន
របស់ព្រះអង្គ
ខ្ញុំមិនបានបំពានលើបញ្ញត្តិរបស់ព្រះអង្គទេ។
២៤ ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង
ហើយខ្ញុំបានប្រុងប្រយ័ត្នខ្លួន
មិនឲ្យមានកំហុសឡើយ។
២៥ ហេតុនេះ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ
ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត
ព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្ត
អំពើបរិសុទ្ធ។
២៦ ព្រះអម្ចាស់អើយ ព្រះអង្គសម្ដែងព្រះហឫទ័យ
ស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់
ព្រះអង្គសម្ដែងព្រះហឫទ័យស្មោះសរ
ចំពោះអ្នកដែលមានចិត្តស្មោះសរ។
២៧ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ
ព្រះអង្គក៏សម្ដែងថា ព្រះអង្គបរិសុទ្ធដែរ
ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ
ព្រះអង្គសម្ដែងថាព្រះអង្គឈ្លាសវៃ។
២៨ ព្រះអង្គសង្គ្រោះមនុស្សទន់ទាប
ព្រះអង្គទតមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ
ដើម្បីបន្ទាបពួកគេ។
២៩ ឱព្រះអម្ចាស់អើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំ
ហើយព្រះអង្គក៏បំភ្លឺភាពងងឹតរបស់
ទូលបង្គំដែរ។
៣០ ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំវាយលុក
ខ្មាំងសត្រូវ និងឲ្យទូលបង្គំអាចលោតរំលង
កំពែងក្រុងរបស់ពួកគេ។
៣១ មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ
ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុង
ព្រះអង្គជាខែលការពារអស់អ្នកដែលមក
ជ្រកកោននឹងព្រះអង្គ។
៣២ មានតែព្រះអម្ចាស់មួយទេដែលពិត
ជាព្រះជាម្ចាស់
មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ
ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។
៣៣ ព្រះជាម្ចាស់ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ
ព្រះអង្គរៀបចំមាគ៌ារបស់ខ្ញុំឲ្យបាន
ល្អឥតខ្ចោះ។
៣៤ ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿន
ដូចសត្វក្តាន់
ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។
៣៥ ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក
និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
៣៦ ព្រះអង្គការពារ និងសង្គ្រោះទូលបង្គំ
ព្រះអង្គគាំទ្រទូលបង្គំ
ហើយព្រះអង្គលើកទូលបង្គំឡើង
ដោយព្រះហឫទ័យមេត្តា។
៣៧ ព្រះអង្គការពារទូលបង្គំមិនឲ្យខ្មាំងសត្រូវ
ដេញទាន់
មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
៣៨ ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ
និងបំផ្លាញពួកគេ
ហើយទូលបង្គំមិនត្រឡប់មកវិញទេ
ដរាបទាល់តែបានកម្ទេចពួកគេអស់។
៣៩ ទូលបង្គំកម្ទេច និងកាប់សម្លាប់ពួកគេ
មិនឲ្យពួកគេក្រោកឡើងវិញបានឡើយ
ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
៤០ ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំង
ធ្វើសឹក និងបង្ក្រាបខ្មាំងសត្រូវ។
៤១ ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ពរត់
នៅមុខទូលបង្គំ
ហើយទូលបង្គំបានធ្វើឲ្យអស់អ្នកដែល
ស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
៤២ ពួកគេនាំគ្នាសម្លឹងរកមើលជំនួយ
តែគ្មាននរណាជួយពួកគេឡើយ
គេស្រែកហៅព្រះអម្ចាស់
តែព្រះអង្គមិនឆ្លើយតបនឹងពួកគេទេ។
៤៣ ទូលបង្គំកម្ទេចពួកគេឲ្យម៉ដ្ត ដូចធូលីដី
ទូលបង្គំជាន់ឈ្លីពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។
៤៤ ព្រះអង្គបានរំដោះឲ្យទូលបង្គំរួចពី
ការបះបោររបស់ប្រជាជន
ហើយទុកឲ្យទូលបង្គំធ្វើជាមេដឹកនាំ
លើប្រជាជាតិនានា
ប្រជាជនមួយដែលទូលបង្គំមិនធ្លាប់ស្គាល់
បានមកចុះចូលនឹងទូលបង្គំ។
៤៥ ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ
ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់
គេក៏ធ្វើតាមភ្លាម។
៤៦ ជនបរទេសបាក់ទឹកចិត្ត
ហើយចេញពីទីជម្រករបស់គេមក
ទាំងភ័យញាប់ញ័រ។
៤៧ ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គ
ដែលជាថ្មដារបស់ទូលបង្គំ!
សូមលើកតម្កើងព្រះជាម្ចាស់ ជាថ្មដា
ដែលបានសង្គ្រោះទូលបង្គំ!
៤៨ ដ្បិតព្រះអង្គបានឲ្យទូលបង្គំមានជ័យជម្នះ
លើខ្មាំងសត្រូវ
ព្រះអង្គបានបន្ទាបប្រជាជននានា
ឲ្យមកនៅក្រោមអំណាចទូលបង្គំ
៤៩ ហើយព្រះអង្គបានដកខ្ញុំឲ្យរួចផុតពី
កណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!
ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ជាង
បច្ចាមិត្តរបស់ទូលបង្គំ
និងរំដោះទូលបង្គំឲ្យរួចផុតពីមនុស្ស
ឃោរឃៅ។
៥០ ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើង
ព្រះអង្គក្នុងចំណោមប្រជាជាតិនានា
ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀង
លើកតម្កើងព្រះនាមរបស់ព្រះអង្គ។
៥១ ព្រះអង្គប្រទានការសង្គ្រោះដ៏ធំធេង
ដល់ស្តេចដែលព្រះអង្គបានតែងតាំង។
ព្រះអង្គសម្ដែងព្រះហឫទ័យស្មោះត្រង់ចំពោះ
ស្តេចដែលព្រះអង្គបានចាក់ប្រេងអភិសេក
គឺចំពោះស្តេចដាវីឌ និងពូជពង្ស
រៀងរហូតតទៅ»។
២៣
ពាក្យបណ្តាំរបស់ព្រះបាទដាវីឌ
១ នេះជាពាក្យបណ្តាំចុងក្រោយបង្អស់
របស់ព្រះបាទដាវីឌ។
នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
ថ្លែងដោយព្រះបាទដាវីឌ
ជាបុត្ររបស់លោកយេសាយ
ជាមនុស្សដែលព្រះជាម្ចាស់លើកតម្កើង
យ៉ាងខ្ពស់បំផុត
ជាស្តេចដែលព្រះរបស់លោកយ៉ាកុប
បានចាក់ប្រេងអភិសេក ជាស្តេចដែល
ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។
២ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះបន្ទូល
តាមរយៈខ្ញុំ
ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។
៣ ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល
ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
ស្តេចណាគ្រប់គ្រងប្រជាជនដោយសុចរិត
គឺស្តេចដែលគ្រប់គ្រងប្រជាជន
ដោយគោរពកោតខ្លាចព្រះជាម្ចាស់
៤ ស្តេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង
នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ
ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី
ក្រោយពេលភ្លៀង។
៥ ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ
យ៉ាងនោះដែរ
ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ
ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច
ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ
មិនអាចប្រែប្រួលបានឡើយ។
មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ
ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
៦ រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លា
ដែលគេបោះចោល
គឺមិនដែលមាននរណាយកដៃពាល់ឡើយ។
៧ ជនដែលចង់ពាល់វា
ត្រូវតែកាន់ទំពក់ដែក ឬដងលំពែង
ហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។
ទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ
(១របាក្សត្រ ១១.១០-៤៧)
៨ នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបេត ជាកូនរបស់លោកថាកេម៉ូន និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។
៩ បន្ទាប់មក គឺលោកអេឡាសារជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូហ៊ី។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងព្រះបាទដាវីឌ ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រាអែលដកថយ។ ១០ ពេលនោះ មានតែលោកអេឡាសារទេ ដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្តាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជ័យភ័ណ្ឌប៉ុណ្ណោះ។
១១ បន្ទាប់មកទៀត គឺលោកសាំម៉ា ជាកូនរបស់លោកអកេ ពីអំបូរហារ៉ា។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្តុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្តែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។ ១២ ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។
១៣ ថ្ងៃមួយ នៅរដូវចម្រូត នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលគាល់ព្រះបាទដាវីឌក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ពនៅជ្រលងភ្នំរេផាអ៊ីម។ ១៤ ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។ ១៥ ព្រះបាទដាវីឌស្រេកទឹក ស្តេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម មកឲ្យយើង?»។ ១៦ ពេលនោះ ទាហានដ៏អង់អាចទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ។ ប៉ុន្តែ ស្តេចមិនព្រមសោយទេ ព្រះអង្គយកទឹកនោះទៅច្រួចលើដី ថ្វាយព្រះអម្ចាស់។ ១៧ ស្តេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងទទួលទានទឹកនេះទេ ដ្បិតទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិត ដើម្បីទៅដងយកមក»។ ដូច្នេះ ស្តេចមិនព្រមសោយទឹកនោះទេ។
នេះហើយជាស្នាដៃដែលទាហានអង់អាចទាំងបីរូបបានប្រព្រឹត្ត។
១៨ លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។ ១៩ ក្នុងចំណោមមេទ័ពទាំងបី លោកទទួលកិត្តិយសខ្លាំងជាងគេ លោកជាប្រមុខលើមេទ័ពទាំងបី តែលោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
២០ លោកបេណាយ៉ា អ្នកស្រុកកាបសេល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃយ៉ាងច្រើន គឺលោកហើយដែលបានវាយពួកអរីអែលពីរនាក់ពីស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃធ្លាក់ទឹកកក។ ២១ លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។ ២២ នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីក្នុងក្រុមទាំងបីរូប។ ២៣ ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ តែលោកពុំអាចប្រៀបស្មើនឹងមេទ័ពទាំងបីរូបបានឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
២៤ ក្នុងក្រុមទាំងសាមសិបនាក់ មានលោកអសាអែល ជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណនជាកូនរបស់លោកដូដូ អ្នកភូមិបេថ្លេហិម ២៥ លោកសាំម៉ាជាអ្នកស្រុកហារ៉ូដ លោកអេលីកាជាអ្នកស្រុកហារ៉ូដ ២៦ លោកហេលេសជាអ្នកស្រុកពេលេត លោកអ៊ីរ៉ា អ្នកក្រុងតេកា ជាកូនរបស់លោកអ៊ីកែស ២៧ លោកអប៊ីយេស៊ែរ អ្នកស្រុកអាណាតូត លោកមេបូណៃ អ្នកស្រុកហ៊ូសា ២៨ លោកសាលម៉ូន អ្នកស្រុកអាហូអា លោកម៉ាហារ៉ៃ អ្នកស្រុកនេតូផា ២៩ លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកនេតូផា លោកអ៊ីតតាយជាកូនរបស់លោករីបាយ ជាអ្នកស្រុកគីបា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ៣០ លោកបេណាយ៉ា អ្នកស្រុកពីរ៉ាតូន លោកហ៊ីតដាយ អ្នកស្រុកណាហាលេ-កាស ៣១ លោកអាប៊ី-អាល់បូន អ្នកស្រុកអារ៉ាបា លោកអាស្មាវែត អ្នកស្រុកបាហារូម ៣២ លោកអេលីយ៉ាបា អ្នកស្រុកសាលបូន លោកបេនេយ៉ាសេន លោកយ៉ូណាថាន ៣៣ លោកសាំម៉ា អ្នកស្រុកហារ៉ា លោកអហ៊ីយ៉ាមជាកូនរបស់លោកសារ៉ា អ្នកស្រុកហារ៉ា ៣៤ លោកអេលីផាលេតជាកូនរបស់លោកអហាសបៃ និងជាពូជពង្សរបស់ពួកម៉ាកាធី លោកអេលីយ៉ាមជាកូនរបស់លោកអហ៊ីតូផែល អ្នកស្រុកគីឡូ ៣៥ លោកហេស្រាយ អ្នកស្រុកកាម៉ិល លោកបារ៉ាយ អ្នកស្រុកអារ៉ាប់ ៣៦ លោកយីកាលជាកូនរបស់លោកណាថាន អ្នកស្រុកសូបា លោកបានី អ្នកស្រុកកាដ ៣៧ លោកសេឡេកជាជនជាតិអាំម៉ូន លោកណារ៉ៃ អ្នកស្រុកបេរ៉ូដ ដែលជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ៣៨ លោកអ៊ីរ៉ា អ្នកស្រុកយេទែរ លោកការេប អ្នកស្រុកយេទែរ ៣៩ លោកអ៊ូរីជាជនជាតិហេត។ សរុបទាំងអស់មានសាមសិបប្រាំពីររូប។
២៤
ស្តេចដាវីឌជំរឿនប្រជាជនអ៊ីស្រាអែល
(១របាក្សត្រ ២១.១-៦)
១ ព្រះអម្ចាស់ព្រះអង្គពិរោធសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រាអែល។ ព្រះអង្គជំរុញព្រះបាទដាវីឌឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់ស្តេចឲ្យធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។
២ ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ពនៅ ជាមួយស្តេច ព្រះអង្គក៏មានរាជឱង្ការទៅលោកថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល គឺចាប់ពីក្រុងដាន់រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។ ៣ លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណា សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដងច្រើនជាងនេះ ហើយឲ្យព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះនេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះករុណាសព្វព្រះហឫទ័យប្រព្រឹត្តអំពើនេះ?»។ ៤ ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ និងមេទ័ពឯទៀតៗ ត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីព្រះរាជា ដើម្បីទៅជំរឿនប្រជាជនអ៊ីស្រាអែល។ ៥ ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ែរ ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ែរ។ ៦ បន្ទាប់មក ពួកគេទៅដល់ស្រុកកាឡាដ និងស្រុកតាទីម-ហុដស៊ី រួចទៅស្រុកដាន់យ៉ាអន និងតំបន់ស៊ីដូន។ ៧ ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។ ៨ ក្រោយពីបានធ្វើដំណើរកាត់ស្រុកទាំងមូលអស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក ពួកគេក៏វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។ ៩ លោកយ៉ូអាប់ចូលទៅទូលស្ដេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែល មានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។
ព្រះជាម្ចាស់ដាក់ទោសជនជាតិអ៊ីស្រាអែល
(១របាក្សត្រ ២១.៧-១៧)
១០ ព្រះបាទដាវីឌដឹងខ្លួនប្រព្រឹត្តខុសដោយបានជំរឿនប្រជាជនដូច្នេះ ស្តេចទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
១១ នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖ ១២ «ចូរទៅប្រាប់ស្តេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។
១៣ លោកកាដចូលទៅគាល់ព្រះបាទដាវីឌទូលថា៖ «តើព្រះករុណាសព្វព្រះទ័យឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលប្រាំពីរឆ្នាំ ឬក៏ព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែ ឬក៏ចង់ឲ្យជំងឺអាសន្នរោគកើតឡើងនៅក្នុងស្រុកអស់រយៈពេលបីថ្ងៃ? សូមព្រះករុណាពិចារណាមើលចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ ដែលចាត់ទូលបង្គំឲ្យមក»។
១៤ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
១៥ ព្រះអម្ចាស់បានធ្វើឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីព្រឹកនោះរហូតដល់ពេលកំណត់។ ពីក្រុងដាន់ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។ ១៦ កាលទេវទូតលើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវទូត ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ូណា ជាជនជាតិយេប៊ូស។
១៧ កាលព្រះបាទដាវីឌឃើញទេវទូតប្រហារជីវិតប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទេតើដែលបានប្រព្រឹត្តអំពើបាប! ទូលបង្គំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមព្រះអង្គដាក់ទោសទូលបង្គំ និងក្រុមគ្រួសារទូលបង្គំចុះ!»។
ស្តេចដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់
(១របាក្សត្រ ២១.១៨-២៦)
១៨ នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរ៉ូណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។ ១៩ ព្រះបាទដាវីឌយាងទៅតាមពាក្យរបស់លោកកាដ ដូចព្រះអម្ចាស់បានបង្គាប់។ ២០ កាលលោកអរ៉ូណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្តេច ឱនមុខដល់ដី។ ២១ លោកអរ៉ូណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ព្រះអង្គយាងមកផ្ទះទូលបង្គំមានការអ្វីដែរ?»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នក សង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។ ២២ លោកអរ៉ូណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់យកអ្វីៗតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ ហើយសូមយកគោធ្វើជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់ យករនាស់ និងនឹមធ្វើជាអុស។ ២៣ បពិត្រព្រះរាជា ទូលបង្គំសូមថ្វាយទាំងអស់ដល់ព្រះរាជា ឲ្យតែព្រះអម្ចាស់ ជាព្រះរបស់ករុណាសព្វព្រះហឫទ័យទទួលតង្វាយនេះ!»។ ២៤ ប៉ុន្តែ ស្ដេចមានរាជឱង្ការទៅកាន់លោកអរ៉ូណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីលោកពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបង់ប្រាក់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងនោះឡើយ!»។ ព្រះបាទដាវីឌទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។ ២៥ ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្ដោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។
499 Views