សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
របាក្សត្រទី២
ពាក្យលំនាំ
របាក្សត្រទី២
ពាក្យលំនាំ
កណ្ឌគម្ពីររបាក្សត្រទី២ ជាភាគបន្តនៃរបាក្សត្រទី១ ហើយមានចែកចេញជាពីរផ្នែក។ ផ្នែកទីមួយមានកត់ត្រាអំពីរាជ្យរបស់ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ (ចំពូក ១-៩)។ ផ្នែកទីពីររៀបរាប់អំពីសន្តតិវង្សរបស់ព្រះបាទសាឡូម៉ូន គ្រងរាជ្យជាបន្តបន្ទាប់គ្នាលើរាជាណាចក្រយូដា រហូតដល់គ្រាដែលព្រះចៅនេប៊ូកានេសារ ជាស្តេចរបស់ចក្រភពបាប៊ីឡូន វាយយកបានក្រុងយេរូសាឡឹម ហើយកៀរស្តេច និងប្រជាជនស្រុកយូដា យកទៅជាឈ្លើយសឹក នៅស្រុកបាប៊ីឡូន (ចំពូក ១០-៣៦)។
ពីរខចុងក្រោយនៃកណ្ឌគម្ពីរនេះ មានកត់ត្រាអំពីរាជក្រឹត្យរបស់ព្រះចៅអធិរាជស៊ីរូស ដែលអនុញ្ញាតឲ្យជនជាតិយូដាធ្វើមាតុភូមិនិវត្តន៍ ដើម្បីសង់ព្រះវិហារនៅក្រុងយេរូសាឡឹមឡើងវិញ។ នៅដើមកណ្ឌគម្ពីរអែសរ៉ាក៏មានចែងអំពីរាជក្រឹត្យនេះដែរ។ ដូច្នេះ ផ្នែកខាងចុងនៃកណ្ឌគម្ពីររបាក្សត្រទី ២ មានទំនាក់ទំនងទៅនឹងកណ្ឌគម្ពីរអែសរ៉ា និងនេហេមី។ កណ្ឌគម្ពីរទាំងពីរនោះ គឺអែសរ៉ា និងនេហេមី មានរៀបរាប់ប្រវត្តិនៃជនជាតិអ៊ីស្រាអែល ក្រោយពេលបែកស្រុក។
១
រាជ្យរបស់ព្រះបាទសាឡូម៉ូន
ព្រះបាទសាឡូម៉ូនសោយរាជ្យលើស្រុកអ៊ីស្រាអែល ស្តេចទូលសូមប្រាជ្ញាពីព្រះជាម្ចាស់
(១ពង្សាវតារក្សត្រ ៣.៤-១៥)
១ ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ មានអំណាចកាន់តែរឹងមាំឡើង។ ព្រះអម្ចាស់ ជាព្រះរបស់ស្តេចគង់នៅជាមួយ ហើយប្រោសប្រទានឲ្យស្តេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
២ ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និងមេក្រុមគ្រួសារ។ ៣ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅកាបូន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។ ៤ រីឯហិបរបស់ព្រះជាម្ចាស់ ព្រះបាទដាវីឌដង្ហែពីក្រុងគៀរីយ៉ាត-យេអារីម មកតម្កល់នៅកន្លែងដែលស្តេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូសាឡឹម។ ៥ អាសនៈលង្ហិនដែលលោកបេតសាលេអែល ជាកូនរបស់លោកអ៊ូរី និងជាចៅរបស់លោកហួរ បានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅកាបូនដែរ។ នៅទីនោះ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទូលសួរព្រះអម្ចាស់។ ៦ ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។
៧ នៅយប់នោះ ព្រះអម្ចាស់បានសម្ដែងឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។ ៨ ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់វិញថា៖ «ព្រះអង្គបានសម្ដែងព្រះហឫទ័យមេត្តាករុណាដ៏ធំធេងចំពោះព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយព្រះអង្គក៏ឲ្យទូលបង្គំឡើងគ្រងរាជ្យតពីបិតាទៀត។ ៩ បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ព្រះអង្គសម្រេចព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំហើយ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនា ដូចធូលី។ ១០ សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងការយល់ដឹង ដើម្បីឲ្យទូលបង្គំចេះដឹកនាំប្រជារាស្ដ្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ដ្រដ៏ច្រើនរបស់ព្រះអង្គបាន?»។ ១១ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «អ្នកមិនបានទូលសូមឲ្យមានទ្រព្យសម្បត្តិស្តុកស្តម្ភ ភាពថ្កុំថ្កើងរុងរឿង ឬឲ្យបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ ហើយក៏មិនបានទូលសូមឲ្យមានអាយុវែងដែរ តែអ្នកទូលសូមឲ្យមានប្រាជ្ញា និងការយល់ដឹង ដើម្បីគ្រប់គ្រងលើប្រជារាស្ដ្រ ដែលយើងបានតែងតាំងអ្នកឲ្យគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ ១២ យើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះ យើងក៏ផ្តល់ឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្តេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី»។
១៣ ព្រះបាទសាឡូម៉ូនយាងពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅកាបូន គឺត្រង់ពន្លាជួបព្រះអម្ចាស់ វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
អំណាច និងរាជទ្រព្យរបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ១០.២៦-២៩, ២របាក្សត្រ ៩.២៥-២៨)
១៤ ព្រះបាទសាឡូម៉ូនប្រមូលរទេះចម្បាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចម្បាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្តេចទុកមួយចំនួនឲ្យនៅជាមួយស្តេច ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្តេចបម្រុងសម្រាប់ទ័ពទាំងនោះ។ ១៥ ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹម មានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។ ១៦ ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងស៊ីលីស៊ី មកថ្វាយព្រះបាទសាឡូម៉ូន។ ១៧ ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ថ្វាយស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។
ព្រះបាទសាឡូម៉ូនសង់ព្រះវិហារ
(១ពង្សាវតារក្សត្រ ៥.១៥-៣២, ៧.១៣-១៤)
១៨ ព្រះបាទសាឡូម៉ូនបញ្ជាឲ្យគេសង់ព្រះដំណាក់មួយ ថ្វាយព្រះនាមព្រះអម្ចាស់ និងដំណាក់មួយ សម្រាប់ស្តេចផ្ទាល់។
២
១ ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ ព្រមទាំងអ្នកទទួលខុសត្រូវចំនួនបីពាន់ប្រាំមួយរយនាក់។ ២ ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុសថា៖ «ព្រះករុណាបានផ្តល់ឈើតាត្រៅថ្វាយព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ដើម្បីសង់ដំណាក់។ ៣ ទូលបង្គំចង់សង់ព្រះដំណាក់មួយថ្វាយព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ដើម្បីញែកថ្វាយព្រះអង្គ សម្រាប់ដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងថ្វាយព្រះអង្គជាអចិន្ត្រៃយ៍ ព្រមទាំងថ្វាយតង្វាយដុត*ទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រាអែលត្រូវកាន់តាម រហូតតរៀងទៅ។ ៤ ព្រះដំណាក់ដែលទូលបង្គំចង់សង់នោះមានទំហំធំណាស់ ដ្បិតព្រះរបស់យើងជាព្រះដ៏ឧត្តុង្គឧត្ដម លើសព្រះនានា។ ៥ ប៉ុន្តែ តើនរណាអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមថ្វាយព្រះអង្គគង់ផង។ ទូលបង្គំក៏ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបានដែរ គឺទូលបង្គំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ថ្វាយគ្រឿងសក្ការបូជាចំពោះព្រះអង្គប៉ុណ្ណោះ។ ៦ ដូច្នេះ សូមចាត់ជាងម្នាក់ដ៏ជំនាញ ដែលចេះសិតមាស ប្រាក់ លង្ហិន ដែក ចេះជ្រលក់ក្រណាត់ពណ៌ក្រហម ខៀវ ស និងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទផង។ សូមឲ្យគាត់មកធ្វើការរួមជាមួយជាងជំនាញ ដែលស្ថិតនៅជាមួយទូលបង្គំ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម គឺអ្នកដែលបិតារបស់ទូលបង្គំបានជ្រើសរើស។ ៧ សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមចន្ទន៍ ពីភ្នំលីបង់ មកឲ្យទូលបង្គំផង ដ្បិតទូលបង្គំដឹងថា ពួកអ្នកបម្រើរបស់ព្រះករុណាប្រសប់កាប់ឈើនៅភ្នំលីបង់ណាស់។ រីឯអ្នកបម្រើរបស់ទូលបង្គំនឹងទៅធ្វើការរួមជាមួយពួកគេ ៨ ដើម្បីកាប់ឈើឲ្យបានច្រើនសម្រាប់ទូលបង្គំ ដ្បិតព្រះដំណាក់ដែលទូលបង្គំត្រូវសង់នោះធំ ហើយស្កឹមស្កៃណាស់។ ៩ ទូលបង្គំនឹងផ្តល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ព្រះករុណាដែលកាប់ឈើនេះ»។
១០ ព្រះបាទហ៊ីរ៉ាម ជាស្តេចស្រុកទីរ៉ុស ផ្ញើសារមួយឆ្លើយទៅព្រះបាទសាឡូម៉ូនវិញថា៖ «ព្រះអម្ចាស់ពិតជាស្រឡាញ់ប្រជារាស្ដ្ររបស់ព្រះអង្គ បានជាព្រះអង្គតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ»។ ១១ ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ហើយប្រោសប្រទានឲ្យព្រះបាទដាវីឌមានបុត្រមួយអង្គ ប្រកបដោយតម្រិះប្រាជ្ញាឈ្លាសវៃ អាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ និងរាជវាំងសម្រាប់ព្រះករុណាផ្ទាល់។ ១២ ឥឡូវនេះ ទូលបង្គំសូមចាត់ជាងដ៏ជំនាញម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ គឺលោកហ៊ូរ៉ាម-អប៊ី ១៣ ជាកូនរបស់ស្ត្រីម្នាក់ក្នុងកុលសម្ព័ន្ធដាន់ ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ គាត់ស្ទាត់ជំនាញក្នុងការសិតមាស ប្រាក់ លង្ហិន ដែក ឆ្លាក់ថ្ម ឈើ ជ្រលក់ក្រណាត់ ពណ៌ក្រហម ខៀវ ស្វាយ និងក្រណាត់ទេសឯកម៉ដ្ត ព្រមទាំងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទ និងចេះផលិតវត្ថុគ្រប់ប្រភេទ តាមគម្រោងដែលគេប្រគល់ឲ្យ។ គាត់នឹងធ្វើការរួមជាមួយជាងដ៏ជំនាញរបស់ព្រះករុណា និងជាងដ៏ជំនាញរបស់ព្រះបាទដាវីឌជាម្ចាស់ ដែលជាបិតារបស់ព្រះករុណា។ ១៤ ឥឡូវនេះ សូមព្រះករុណាផ្តល់ស្រូវ ពោត ប្រេងឆា និងស្រាទំពាំងបាយជូរ ដូចព្រះករុណាមានរាជឱង្ការចុះ! ១៥ ពួកទូលបង្គំនឹងកាប់ឈើនៅភ្នំលីបង់ តាមសេចក្ដីត្រូវការរបស់ព្រះករុណា ហើយបណ្តែតជាក្បូនតាមសមុទ្រ រហូតដល់ក្រុងយ៉ុបប៉េថ្វាយព្រះករុណា រួចព្រះករុណាដឹកយកឈើទាំងនោះទៅក្រុងយេរូសាឡឹមចុះ»។
១៦ ព្រះបាទសាឡូម៉ូនរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល តាមបញ្ជីជំរឿនរបស់ព្រះបាទដាវីឌ ជាបិតា ឃើញមាន ១៥៣៦០០ នាក់។ ១៧ ព្រះបាទសាឡូម៉ូនកេណ្ឌពួកគេ ៧០ ០០០ នាក់ សម្រាប់លីសែង ៨០ ០០០ នាក់សម្រាប់ដាប់ថ្មនៅលើភ្នំ និង៣៦០០ នាក់ ឲ្យត្រួតពិនិត្យការងាររបស់កម្មករ។
៣
ការសង់ព្រះវិហារ
(១ពង្សាវតារក្សត្រ ៦.១-៣៨)
១ ព្រះបាទសាឡូម៉ូនចាប់ផ្តើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលព្រះអម្ចាស់បានបង្ហាញព្រះបាទដាវីឌ ជាបិតា គឺកន្លែងដែលព្រះបាទដាវីឌបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអ៊រណន ជាជនជាតិយេប៊ូស។ ២ ព្រះបាទសាឡូម៉ូនចាប់ផ្តើមសង់ព្រះដំណាក់នៅខែទីពីរ ក្នុងឆ្នាំទីបួននៃរជ្ជកាលរបស់ស្តេច។ ៣ ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅលើគ្រឹះ ដែលមានបណ្តោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមរង្វាស់ពីបុរាណ។ ៤ បន្ទប់ល្វែងខាងមុខមានបណ្តោយម្ភៃហត្ថ ត្រូវនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ មានកម្ពស់មួយរយម្ភៃហត្ថ ហើយស្តេចឲ្យគេស្រោបមាសសុទ្ធ នៅផ្នែកខាងក្នុងផង។ ៥ នៅតាមជញ្ជាំងបន្ទប់ធំ ស្តេចបានឲ្យគេពាសឈើតាត្រៅ និងស្រោបមាសដ៏មានគុណភាពខ្ពស់ ព្រមទាំងឆ្លាក់ក្បាច់ដើមចាក និងច្រវាក់។ ៦ ស្តេចឲ្យគេតុបតែងលំអបន្ទប់នេះដោយត្បូងពេជ្រដ៏មានតម្លៃ ហើយមាសដែលស្រោបនោះ សុទ្ធតែជាមាសមកពីស្រុកផាវ៉ាអ៊ីម។ ៧ ក្នុងព្រះដំណាក់នោះ ស្តេចឲ្យគេស្រោបមាស ទាំងធ្នឹម ទាំងក្របទ្វារ ទាំងជញ្ជាំង ទាំងសន្លឹកទ្វារ ហើយឲ្យគេឆ្លាក់រូបខេរូប៊ីមនៅលើជញ្ជាំងទៀតផង។
៨ ស្តេចបានសង់បន្ទប់មួយ ហៅថា «ទីសក្ការៈបំផុត» មានបណ្តោយម្ភៃហត្ថ ស្របនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ ហើយទទឹងរបស់បន្ទប់នោះក៏មានម្ភៃហត្ថដែរ។ ផ្នែកខាងក្នុង ស្តេចឲ្យគេស្រោបមាសដែលមានគុណភាពខ្ពស់ទម្ងន់៦០០ហាប។ ៩ រីឯមាសដែលប្រើសម្រាប់ធ្វើដែកគោល មានទម្ងន់ហាសិបតម្លឹង ហើយបន្ទប់ខាងលើក៏ស្រោបមាសដែរ។ ១០ នៅក្នុងអាគារនៃទីសក្ការៈបំផុត ស្តេចឲ្យគេឆ្លាក់រូបខេរូប៊ីម*មួយគូ ព្រមទាំងស្រោបមាសផង។ ១១ ស្លាបរបស់ខេរូប៊ីមទាំងពីរសរុបគ្នាមានប្រវែងម្ភៃហត្ថ គឺស្លាបម្ខាងរបស់ខេរូប៊ីមទីមួយ មានប្រវែងប្រាំហត្ថ លាតទៅទល់នឹងជញ្ជាំងព្រះដំណាក់ ស្លាបម្ខាងទៀតប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបរបស់ខេរូប៊ីមទីពីរ ១២ រីឯស្លាបរបស់ខេរូប៊ីមទីពីរ មានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបខេរូប៊ីមទីមួយ។ ១៣ ដូច្នេះ ស្លាបរបស់ខេរូប៊ីមទាំងពីរ ដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ខេរូប៊ីមទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។ ១៤ ស្តេចបានឲ្យគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ត មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបខេរូប៊ីមនៅលើក្រណាត់នោះផង។
សសរ និងអាសនៈលង្ហិន
១៥ ស្តេចបានឲ្យគេធ្វើសសរពីរ មានកម្ពស់សាមសិបប្រាំហត្ថ ដាក់នៅមុខព្រះដំណាក់ ហើយនៅចុងខាងលើសសរនីមួយៗ មានក្បាលសសរកម្ពស់ប្រាំហត្ថ។ ១៦ ស្តេចឲ្យគេធ្វើក្បាច់ច្រវាក់ ដូចនៅក្នុងទីសក្ការៈ ដាក់ភ្ជាប់ចុងខាងលើសសរដែរ។ បន្ទាប់មក ស្តេចឲ្យគេធ្វើក្បាច់ផ្លែទទឹមចំនួនមួយរយ ភ្ជាប់ទៅនឹងក្បាច់ច្រវាក់ផង។ ១៧ ស្តេចឲ្យគេបញ្ឈរសសរទាំងពីរនៅមុខព្រះដំណាក់ គឺសសរមួយនៅខាងស្តាំ សសរមួយទៀតនៅខាងឆ្វេង រួចដាក់ឈ្មោះសសរខាងស្តាំថា យ៉ាគីន និងសសរខាងឆ្វេង បូអាស។
៤
១ ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកម្ពស់ដប់ហត្ថ។
អាងធំពីលង្ហិន
(១ពង្សាវតារក្សត្រ ៧.២៣-២៦)
២ ស្តេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកម្ពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។ ៣ នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំវិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។ ៤ អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។ ៥ អាងនេះមានកម្រាស់មួយទះ មាត់របស់វារីក ដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណ ៣ ០០០ អម្រែក។
៦ ស្តេចឲ្យគេធ្វើអាងពីលង្ហិនចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង សម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជាចារ្យត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។
បញ្ជីរបស់របរដែលលោកហ៊ូរ៉ាមបានធ្វើ
(១ពង្សាវតារក្សត្រ ៧.៤០-៥១)
៧ ស្តេចឲ្យគេធ្វើជើងចង្កៀងអំពីមាសចំនួនដប់ តាមក្បួនតម្រាស្តីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះវិហារ ជើងចង្កៀងប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង។ ៨ ស្តេចឲ្យគេធ្វើតុចំនួនដប់សម្រាប់ដាក់ក្នុងព្រះវិហារ គឺតុប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង។ ស្តេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាសចំនួនមួយរយដែរ។ ៩ ស្តេចឲ្យគេធ្វើទីលានមួយ សម្រាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។ ១០ រីឯអាងធំ ស្តេចបានឲ្យគេតម្កល់នៅខាងស្តាំព្រះដំណាក់ ត្រង់ទិសអាគ្នេយ៍។
១១ កាលលោកហ៊ូរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក៏បានចប់សព្វគ្រប់ ១២ គឺមានសសរពីរ ក្បាលសសររាងមូលទាំងពីរ ដែលស្ថិតនៅខាងចុងសសរ ព្រមទាំងក្បាច់ក្រឡាសំណាញ់ពីរ សម្រាប់គ្របពីលើក្បាលសសរនៅខាងលើសសរ ១៣ ក្បាច់ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាសំណាញ់ទាំងពីរ គឺផ្លែទទឹមពីរជួរ សម្រាប់ភ្ជាប់នឹងក្រឡាសំណាញ់នីមួយៗ ដែលគ្របពីលើក្បាលសសរនៅខាងលើសសរ។ ១៤ លោកហ៊ូរ៉ាមក៏បានធ្វើរទេះ និងអាងដាក់លើរទេះទាំងនោះ ១៥ អាងធំ និងរូបគោចំនួនដប់ពីរសម្រាប់ទ្រអាង ១៦ ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ូរ៉ាម-អប៊ីធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។ ១៧ ស្តេចឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះស៊ូកូត និងសេរេដា។ ១៨ ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។
១៩ ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀតអំពីមាស សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានអាសនៈមាស តុសម្រាប់តម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ ២០ ជើងចង្កៀង និងចង្កៀងធ្វើអំពីមាសសុទ្ធ ដែលត្រូវដុតតាមក្បួនតម្រានៅមុខទីសក្ការៈ។ ២១ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដ៏សុទ្ធបំផុតដែរ។ ២២ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ព្រះដំណាក់ សម្រាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលព្រះដំណាក់សុទ្ធតែធ្វើពីមាស។
៥
១ ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្តេចនាំយកវត្ថុអំពីមាស ប្រាក់ និងគ្រឿងប្រដាប់ផ្សេងៗទៀត ដែលព្រះបាទដាវីឌ ជាបិតា បានញែកថ្វាយព្រះអម្ចាស់ មកទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះជាម្ចាស់។
ហិបសម្ពន្ធមេត្រីតម្កល់ក្នុងព្រះដំណាក់
(១ពង្សាវតារក្សត្រ ៨.១-១៣)
២ គ្រានោះ ព្រះបាទសាឡូម៉ូនបានអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឲ្យមកក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះដំណាក់។ ៣ ពេលនោះ ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមក្នុងពិធីបុណ្យនៅខែទីប្រាំពីរ។ ៤ កាលព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលអញ្ជើញមកដល់ហើយ ពួកលេវីក៏នាំគ្នាសែងហិប។ ៥ ពួកគេដង្ហែហិបនៃសម្ពន្ធមេត្រី ព្រមទាំងពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មានដែលស្ថិតនៅក្នុងពន្លា មកជាមួយដែរ ពួកបូជាចារ្យលេវីជាអ្នកសែង។ ៦ ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្តេចបានអញ្ជើញឲ្យមកនោះ នាំគ្នាឈរនៅមុខហិបសម្ពន្ធមេត្រី ហើយយកចៀម និងគោ យ៉ាងច្រើនឥតគណនា ថ្វាយជាយញ្ញបូជា។ ៧ ពួកបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ទៅតម្កល់ត្រង់កន្លែងដែលគេបម្រុងទុក ក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ខេរូប៊ីម។ ៨ ខេរូប៊ីមទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។ ៩ ឈើស្នែងទាំងនោះវែង គេអាចមើលឃើញចុងរបស់វាពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ ហិបនៃសម្ពន្ធមេត្រីស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។ ១០ ក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហូរែប កាលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។
១១ ពួកបូជាចារ្យក៏ចេញពីទីសក្ការៈមកវិញ។ ពួកបូជាចារ្យទាំងអស់ដែលមានវត្តមាននៅទីនោះ បានធ្វើពិធីជម្រះកាយឲ្យវិសុទ្ធ ដោយពុំគិតពីក្រុមរបស់ខ្លួនឡើយ។ ១២ រីឯពួកលេវីជាអ្នកចម្រៀង មានលោកអសាភ លោកហេម៉ន លោកយេឌូទូន ព្រមទាំងកូនចៅ និងបងប្អូនក្នុងអំបូររបស់ពួកគេ សុទ្ធតែស្លៀកពាក់ក្រណាត់ទេសឯក ហើយកាន់ស្គរ ឃឹម និងពិណ ឈរនៅខាងកើតអាសនៈ។ មានបូជាចារ្យមួយរយម្ភៃនាក់ឈរនៅជាមួយក្រុមចម្រៀង ទាំងផ្លុំត្រែផង។ ១៣ ក្រុមអ្នកផ្លុំត្រែ និងក្រុមចម្រៀង នាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងព្រះអម្ចាស់។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ដ្រីឯទៀតៗប្រគំឡើង ក្រុមចម្រៀងនាំគ្នាច្រៀងសរសើរព្រះអម្ចាស់ ដោយពាក្យថា «ព្រះអង្គជាព្រះដ៏ល្អសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ១៤ ដោយសារពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។
៦
១ ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖
«ព្រះអម្ចាស់មានព្រះបន្ទូលថា
ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងទីងងឹត!
២ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ
ទុកជាព្រះដំណាក់ថ្វាយព្រះអង្គគង់ អស់កល្បជានិច្ច!»។
សេចក្ដីថ្លែងការណ៍របស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ៨.១៤-២១)
៣ ព្រះរាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ ៤ ព្រះរាជាមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គសម្ដែងព្រះបារមី ដើម្បីសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌជាបិតារបស់ខ្ញុំ។ ព្រះអង្គមានព្រះបន្ទូលដូចតទៅ: ៥ “តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ដ្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ទុកជាកន្លែងសម្រាប់សម្ដែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើងដែរ ៦ គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសម្ដែងនាមរបស់យើង ហើយជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង”។ ៧ ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះវិហារមួយ សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ៨ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំថា “អ្នកមានបំណងសង់ព្រះដំណាក់សម្រាប់នាមយើងដូច្នេះ ជាការប្រសើរណាស់ ៩ តែមិនមែនអ្នកទេដែលនឹងសង់ព្រះដំណាក់នេះ គឺកូនដែលកើតចេញពីសាច់ឈាមរបស់អ្នកផ្ទាល់ ជាអ្នកសង់ព្រះដំណាក់សម្រាប់នាមយើង”។ ១០ ព្រះអម្ចាស់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺខ្ញុំបានឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បានសង់ព្រះដំណាក់នេះសម្រាប់ព្រះនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ។ ១១ ខ្ញុំបានតម្កល់ហិបដាក់បន្ទះថ្មនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នៅក្នុងព្រះដំណាក់នេះ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយជនជាតិអ៊ីស្រាអែល»។
ពាក្យអធិស្ឋានរបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ៨.២២-៥៣)
១២ ព្រះរាជាឈរពីមុខអាសនៈរបស់ព្រះអម្ចាស់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ស្តេចលើកព្រះហស្ដឡើងលើ។ ១៣ ព្រះបាទសាឡូម៉ូនបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្ដាលទីលានព្រះដំណាក់ វេទិកានេះមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ព្រះរាជាយាងឡើងគង់លើវេទិកានោះ រួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល ហើយលើកព្រះហស្ដឡើងទៅលើមេឃ ទូលថា៖ ១៤ «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គ ដែលដើរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយស្មោះអស់ពីចិត្ត។ ១៥ ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ ១៦ បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! ឥឡូវនេះ សូមព្រះអង្គប្រោសប្រណីដល់អ្នកបម្រើព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថា “ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ដោយគោរពតាមវិន័យ*របស់យើង ដូចអ្នកបានដើរតាមយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រាអែល នៅចំពោះមុខយើងជានិច្ច”។ ១៧ បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គសន្យាជាមួយព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គផង។
១៨ តើព្រះជាម្ចាស់គង់នៅលើផែនដីជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេង ក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! ១៩ បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមព្រះអង្គព្រះសណ្ដាប់សម្រែក និងពាក្យអធិស្ឋានរបស់ទូលបង្គំ នៅថ្ងៃនេះផង! ២០ សូមទតមើលមកព្រះដំណាក់នេះ ទាំងថ្ងៃ ទាំងយប់ គឺកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា ជាកន្លែងសម្រាប់ព្រះនាមរបស់ព្រះអង្គ។ សូមព្រះអង្គព្រះសណ្ដាប់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាននៅទីនេះផង! ២១ កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមព្រះអង្គព្រះសណ្ដាប់ពាក្យទូលអង្វរទាំងប៉ុន្មានរបស់យើងខ្ញុំផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ* សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!។
២២ កាលណាមនុស្សម្នាក់ប្រព្រឹត្តខុសចំពោះអ្នកដទៃ គេបង្ខំឲ្យអ្នកនោះស្បថ ហើយអ្នកនោះមកស្បថនៅមុខអាសនៈ ក្នុងព្រះដំណាក់របស់ព្រះអង្គ ២៣ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ*ព្រះអង្គព្រះសណ្ដាប់ ហើយរកយុត្តិធម៌ឲ្យអ្នកបម្រើរបស់ព្រះអង្គ។ សូមធ្វើទោសអ្នកដែលប្រព្រឹត្តខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមព្រះហឫទ័យសុចរិតរបស់ព្រះអង្គ។
២៤ កាលណាអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ ប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកព្រះអង្គ និងសរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ ២៥ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ព្រះអង្គព្រះសណ្ដាប់ ហើយលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ ឲ្យបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដី ដែលព្រះអង្គប្រទានដល់ដូនតារបស់គេវិញ។
២៦ កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើទារុណកម្មពួកគេ ប្រសិនបើពួកគេទូលអង្វរឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និងលះបង់អំពើបាប ២៧ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខព្រះអង្គព្រះសណ្ដាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ព្រះអង្គ គឺអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គ ឲ្យបានរួចពីបាបផង។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើស្រុករបស់ព្រះអង្គ គឺស្រុកដែលព្រះអង្គប្រទានឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ ទុកជាកេរមត៌ក។
២៨ កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កក មានក្រា កណ្ដូប និងចង្រិត ស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ដ្រនៅក្នុងស្រុក និងតាមក្រុងដ៏រឹងមាំរបស់គេ ហើយកាលណាមានគ្រោះកាច និងជំងឺផ្សេងៗ ២៩ ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រាអែលទាំងមូល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ មានទុក្ខខ្លោចផ្សា និងឈឺចុកចាប់ រួចអធិស្ឋាន និងទូលអង្វរ ទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់ ៣០ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ព្រះអង្គព្រះសណ្ដាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែព្រះអង្គទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកយ៉ាងច្បាស់។ ៣១ ធ្វើដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះអង្គ ព្រមទាំងដើរក្នុងមាគ៌ារបស់ព្រះអង្គរហូតតទៅ ហើយពួកគេនឹងរស់នៅលើទឹកដី ដែលព្រះអង្គប្រទានឲ្យដូនតារបស់ពួកគេ។
៣២ សូម្បីតែជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ មកពីស្រុកឆ្ងាយ ព្រោះតែព្រះនាមដ៏ឧត្តុង្គឧត្ដម ព្រមទាំងឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ប្រសិនបើគេមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ ៣៣ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ព្រះអង្គព្រះសណ្ដាប់ និងប្រោសប្រទាន តាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
៣៤ កាលណាប្រជារាស្ដ្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអង្គ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ ដែលទូលបង្គំបានសង់ថ្វាយព្រះនាមរបស់ព្រះអង្គ ៣៥ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។
៣៦ កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ ពេលនោះ ព្រះអង្គព្រះអង្គព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុកមួយ ទោះបីឆ្ងាយ ឬជិតក្តី ៣៧ ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។ ៣៨ នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គ ឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមរបស់ព្រះអង្គ ៣៩ សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ព្រះអង្គព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ សូមលើកលែងទោសឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។ ៤០ បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ សូមព្រះអង្គទតមើលមកទូលបង្គំ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យដែលយើងខ្ញុំអធិស្ឋាន នៅទីនេះផង។
៤១ ព្រះជាអម្ចាស់អើយ ឥឡូវនេះ សូមក្រោកឡើង
សូមយាងមកជាមួយហិបនៃឫទ្ធានុភាព
របស់ព្រះអង្គ
ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គ
រហូតតទៅ។
ព្រះជាអម្ចាស់អើយ
សូមឲ្យការសង្គ្រោះស្ថិតនៅជាប់ជាមួយ
ពួកបូជាចារ្យរបស់ព្រះអង្គ ដូចសម្លៀកបំពាក់
ហើយសូមឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
ជួបប្រទះតែនឹងសុភមង្គល!
៤២ ឱព្រះជាអម្ចាស់អើយ!
សូមកុំបោះបង់ចោលស្តេចដែលព្រះអង្គបាន
ចាក់ប្រេងអភិសេកនេះឡើយ
សូមនឹកដល់ភក្តីភាពរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើរបស់ព្រះអង្គ!»។
៧
យញ្ញបូជារបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ៨.៦២-៦៦)
១ កាលព្រះបាទសាឡូម៉ូនអធិស្ឋាន*ចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុងព្រះដំណាក់។ ២ ពួកបូជាចារ្យ*ពុំអាចចូលទៅក្នុងព្រះដំណាក់បានទេ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ ៣ ជនជាតិអ៊ីស្រាអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅលើព្រះដំណាក់ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដីនៅលើកម្រាលឥដ្ឋ ហើយថ្វាយបង្គំព្រះអម្ចាស់ និងសរសើរតម្កើងព្រះអង្គថា «ព្រះអង្គជាព្រះដ៏សប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។
៤ ព្រះរាជា និងប្រជាជនទាំងមូលបានថ្វាយយញ្ញបូជា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ៥ ព្រះបាទសាឡូម៉ូន និងប្រជាជនទាំងមូល ធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក្នុងឱកាសនោះ ព្រះរាជាបានថ្វាយយញ្ញបូជា គឺមានគោ ២២ ០០០ ក្បាល និងចៀម ១២០ ០០០ ក្បាល។ ៦ បូជាចារ្យ*ឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលព្រះបាទដាវីឌបានធ្វើ ដើម្បីលើកតម្កើងព្រះអម្ចាស់ នៅពេលស្តេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរព្រះជាម្ចាស់ថា «ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ»។ ក្រុមបូជាចារ្យដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏ក្រោកឈរឡើងដែរ។ ៧ ព្រះបាទសាឡូម៉ូនញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់របស់សត្វ ដែលថ្វាយជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិនដែលស្តេចបានធ្វើនោះ ពុំអាចដាក់តង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វបានទេ។ ៨ ក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យ អស់រយៈពេលប្រាំពីរថ្ងៃបន្តទៀត រួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ដែលធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំមួយយ៉ាងធំ។ ៩ នៅថ្ងៃទីប្រាំបី អង្គប្រជុំជួបជុំគ្នា ធ្វើពិធីឆ្លងអាសនៈចំនួនប្រាំពីរថ្ងៃ ហើយប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃទៀត។ ១០ នៅថ្ងៃទីម្ភៃបីនៃខែទីប្រាំពីរ ព្រះរាជាក៏ឲ្យប្រជាជនវិលទៅកាន់លំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនវិញ។ ពួកគេចាកចេញទៅដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសម្ដែងព្រះហឫទ័យសប្បុរសចំពោះព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ព្រមទាំងអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ។
ព្រះអម្ចាស់សម្ដែងឲ្យព្រះបាទសាឡូម៉ូនឃើញជាថ្មី
(១ពង្សាវតារក្សត្រ ៩.១-៩, ២របាក្សត្រ ១.១៧-១២)
១១ កាលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ រាជវាំង និងអ្វីៗទាំងប៉ុន្មានដែលស្តេចមានបំណងធ្វើ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងរាជវាំង ចប់សព្វគ្រប់ហើយ ១២ ព្រះអម្ចាស់យាងមកជួបស្តេច នៅពេលយប់ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋានរបស់អ្នកហើយ យើងក៏បានជ្រើសរើសកន្លែងនេះ ទុកជាដំណាក់សម្រាប់ធ្វើយញ្ញបូជា។ ១៣ កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ដ្ររបស់យើង ១៤ ប្រសិនបើប្រជារាស្ដ្ររបស់យើង គឺប្រជារាស្ដ្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់ នាំគ្នាបន្ទាបខ្លួន អធិស្ឋាន* និងស្វែងរកយើង ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួន យើងនឹងស្ដាប់គេពីស្ថានបរមសុខ* យើងនឹងលើកលែងទោសគេឲ្យរួចពីបាប ព្រមទាំងប្រោសស្រុកគេឲ្យបានជាផង។ ១៥ ពីពេលនេះទៅ យើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្ដាប់ពាក្យដែលគេអធិស្ឋាននៅទីនេះ។ ១៦ យើងជ្រើសរើស និងញែកដំណាក់នេះទុកសម្រាប់នាមយើង រហូតតទៅ។ យើងនឹងថែរក្សា ហើយជំពាក់ចិត្តនឹងកន្លែងនេះជានិច្ច។ ១៧ រីឯអ្នកវិញ ប្រសិនបើអ្នកដើរតាមយើង ដូចដាវីឌ ជាបិតារបស់អ្នក ដោយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ ហើយកាន់តាមក្រឹត្យវិន័យ និងបញ្ញត្តិរបស់យើង ១៨ យើងនឹងធ្វើឲ្យរាជសម្បត្តិរបស់អ្នកនៅស្ថិតស្ថេរ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នកតែងតែមានម្នាក់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។ ១៩ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីយើង ហើយមិនកាន់តាមក្រឹត្យវិន័យ និងបញ្ជាដែលយើងប្រគល់ឲ្យទេ ឬប្រសិនបើអ្នករាល់គ្នាបែរទៅគោរព និងថ្វាយបង្គំព្រះដទៃ ២០ យើងនឹងដកអ្នករាល់គ្នាចេញពីទឹកដីរបស់យើង គឺទឹកដីដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយយើងក៏នឹងបោះបង់ចោលដំណាក់ ដែលយើងញែកទុកសម្រាប់នាមយើងនេះ ឲ្យឆ្ងាយពីមុខយើងដែរ។ ពេលនោះ ប្រជាជនអ៊ីស្រាអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ និងចំអកឲ្យ។ ២១ មនុស្សម្នាដែលធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពេលពួកគេដើរកាត់តាមនោះ ពួកគេនឹងស្រឡាំងកាំង ពោលថា: “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ និងព្រះដំណាក់នេះ?”។ ២២ គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា: “មកពីជនជាតិអ៊ីស្រាអែលបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ គឺព្រះដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអង្គធ្វើឲ្យពួកគេរងទុក្ខវេទនាដូច្នេះ”»។
៨
ស្នាដៃផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ៩.១០-២៨)
១ ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្តេច។ ២ ព្រះរាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចឲ្យប្រជាជនអ៊ីស្រាអែលទៅរស់នៅ។ ៣ ព្រះបាទសាឡូម៉ូនលើកទ័ពទៅវាយយកក្រុងហាម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។ ៤ ស្តេចក៏បានសង់ក្រុងតាត់មរ នៅតំបន់វាលរហោស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហាម៉ាត់។ ៥ ស្តេចបានសង់ក្រុងបេតហូរ៉ូនខាងលើ និងបេតហូរ៉ូនខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និងរនុកផង។ ៦ ស្តេចក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មាន ដែលស្តេចទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចម្បាំង និងសម្រាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ ដែលស្តេចសព្វព្រះហឫទ័យ នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលស្តេចគ្រប់គ្រង។ ៧ ជាតិសាសន៍ទាំងអស់ដែលនៅសេសសល់ពីជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរេស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។ ៨ កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះឲ្យធ្វើជាកំណែន រហូតដល់សព្វថ្ងៃ។ ៩ ព្រះបាទសាឡូម៉ូនពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រាអែល ធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចម្បាំង និងកងពលសេះ។ ១០ ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។
១១ ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្តេចបានសង់ថ្វាយព្រះនាង ដ្បិតស្តេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្តេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ ជាកន្លែងដ៏វិសុទ្ធ»។
១២ គ្រានោះ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះអម្ចាស់ នៅលើអាសនៈដែលស្តេចសង់នៅមុខទីសក្ការៈ ១៣ គឺតង្វាយប្រចាំថ្ងៃ តង្វាយសម្រាប់ថ្ងៃសប្ប័ទ តង្វាយសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងតង្វាយសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្តាហ៍ និងបុណ្យបារាំ ស្របតាមសេចក្ដីដែលលោកម៉ូសេបានចែងទុក។
១៤ ព្រះបាទសាឡូម៉ូនបានតែងតាំងបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចព្រះបាទដាវីឌ ជាបិតា បានចាត់ចែងទុកមក។ ស្តេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរព្រះអម្ចាស់ និងជួយក្រុមបូជាចារ្យក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្តេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាច្បាប់ដែលព្រះបាទដាវីឌ ជាជំនិតរបស់ព្រះជាម្ចាស់ បានបង្គាប់ទុក។ ១៥ គេពុំបានប្រព្រឹត្តខុសនឹងបញ្ជាដែលស្តេចបានចែងទុក ស្តីពីក្រុមបូជាចារ្យ និងក្រុមលេវី ឬបញ្ជាផ្សេងទៀត ស្តីអំពីទ្រព្យសម្បត្តិរបស់ព្រះដំណាក់ឡើយ។
១៦ ព្រះបាទសាឡូម៉ូនបានសម្រេចគម្រោងការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់ រហូតដល់ថ្ងៃបង្ហើយ គឺការសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានចប់សព្វគ្រប់។
១៧ គ្រានោះ ព្រះបាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ីយ៉ូន-កេប៊ែរ និងក្រុងអេឡាត ដែលនៅមាត់សមុទ្រ ក្នុងស្រុកអេដុម។ ១៨ ព្រះបាទហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកថ្វាយព្រះបាទសាឡូម៉ូន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកថ្វាយព្រះបាទសាឡូម៉ូន។
៩
ព្រះមហាក្សត្រិយានីស្រុកសាបាយាងមកគាល់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ១០.១-១៣)
១ ព្រះមហាក្សត្រិយានីស្រុកបាសា បានឮអំពីកិត្តិនាមដ៏ល្បីល្បាញរបស់ព្រះបាទសាឡូម៉ូន។ ដូច្នេះ ព្រះនាងក៏យាងមកក្រុងយេរូសាឡឹម ដើម្បីល្បងប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ដោយចោទសួរជាប្រស្នាផ្សេងៗ។ ព្រះនាងយាងមកដល់ ដោយមានរាជបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ឋជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងពេជ្រ យ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។ ២ ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួរទាំងប៉ុន្មានរបស់ព្រះនាង គ្មានសំណួរណាមួយដែលស្តេចឆ្លើយពុំរួចនោះឡើយ។ ៣ ព្រះមហាក្សត្រិយានីស្រុកសាបាសង្កេតឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ឃើញវាំងដែលស្តេចបានសង់ ៤ ឃើញព្រះស្ងោយរបស់ស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញតង្វាយដុតទាំងមូល ដែលស្តេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយមានរាជសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖ ៥ «ពាក្យទាំងប៉ុន្មានដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្តីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណា ពិតជាត្រឹមត្រូវមែន! ៦ មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យដែលគេថ្លែងទេ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថាអ្វីៗដែលគេរៀបរាប់ប្រាប់ខ្ញុំម្ចាស់ អំពីប្រាជ្ញាដ៏ឧត្តុង្គឧត្ដមរបស់ព្រះករុណា ត្រឹមត្រូវតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញាឈ្លាសវៃ លើសពីសេចក្ដីដែលខ្ញុំម្ចាស់បានឮទៅទៀត។ ៧ ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណា ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយព្រះករុណា ហើយឮរាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។ ៨ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណាឲ្យឡើងគ្រងរាជ្យក្នុងនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែល ហើយសព្វព្រះហឫទ័យឲ្យពួកគេនៅស្ថិតស្ថេររហូតតទៅ ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាឲ្យធ្វើជាស្តេច គ្រប់គ្រងលើពួកគេដោយសុចរិត និងយុត្តិធម៌»។ ៩ ព្រះមហាក្សត្រិយានីស្រុកសាបាយកមាសមានទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងពេជ្រយ៉ាងច្រើនផង។ តាំងពីដើមរៀងមក ពុំដែលមាននរណាយកគ្រឿងក្រអូបបែបនេះមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកបាសាឡើយ។
១០ ពួករាជបម្រើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលដឹកមាសពីស្រុកអូភារមកនោះ ក៏បានដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ ១១ ព្រះបាទសាឡូម៉ូនយកឈើខ្លឹមចន្ទន៍នេះ មកធ្វើក្តារក្រាលច្រកចូលព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងស្តេច ព្រមទាំងពិណ និងឃឹម សម្រាប់ក្រុមចម្រៀង។ តាំងពីដើមរៀងមក គេពុំដែលឃើញមានឈើខ្លឹមចន្ទន៍បែបនេះ នៅស្រុកយូដាឡើយ។ ១២ រីឯព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកបាសាចង់បាន និងទូលសូម ស្តេចប្រគល់ឲ្យទាំងអស់។ ព្រះបាទសាឡូម៉ូនថ្វាយរបស់ទៅព្រះនាង លើសពីអ្វីៗដែលព្រះនាងបានយកមកថ្វាយស្តេចទៅទៀត។ បន្ទាប់មក ព្រះមហាក្សត្រិយានី និងរាជបម្រើវិលត្រឡប់ទៅស្រុកសាបាវិញ។
រាជទ្រព្យរបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ១០.១៤-២៩)
១៣ ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលមាសទម្ងន់ម្ភៃបីតោន។ ១៤ លើសពីនោះ មានមាសដែលបានមកពីពន្ធដារនៃទំនិញនាំចូល មាសដែលបានមកពីអ្នកជំនួញ ព្រមទាំងមាសប្រាក់ដែលស្តេចទាំងប៉ុន្មាននៅស្រុកអារ៉ាប៊ី និងពួកទេសាភិបាល នាំយកមកថ្វាយព្រះបាទសាឡូម៉ូន។
១៥ ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម ១៦ ខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ ហើយព្រះរាជាយកខែលទាំងនោះ ទៅទុកក្នុងដំណាក់ “ព្រៃស្រុកលីបង់”។ ១៧ ព្រះបាទសាឡូម៉ូនធ្វើបល្ល័ង្កមួយយ៉ាងធំពីភ្លុក ស្រោបមាសសុទ្ធ។ ១៨ បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយ ដែលមានជណ្ដើរប្រាំមួយថ្នាក់ និងកំណល់ជើងមួយធ្វើពីមាស ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។ ១៩ មានរូបចម្លាក់សិង្ហដប់ពីរទៀត ឈរអមសងខាងជណ្ដើរទាំងប្រាំមួយថ្នាក់នោះដែរ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។ ២០ រីឯពែងទាំងប៉ុន្មានរបស់ស្តេចសុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ “ព្រៃស្រុកលីបង់” ក៏ធ្វើពីមាសសុទ្ធទាំងអស់ គេពុំធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ប្រាក់គ្មានតម្លៃឡើយ។ ២១ ព្រះបាទសាឡូម៉ូនមានសំពៅសម្រាប់ធ្វើជំនួញទៅស្រុកតារស៊ីស ដោយមានរាជបម្រើរបស់ព្រះបាទហ៊ីរ៉ាម ជាអ្នកបើកបរ។ បីឆ្នាំម្ដង សំពៅទាំងនោះវិលត្រឡប់មកពីស្រុកតារស៊ីសវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
២២ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញា លើសពីស្តេចទាំងប៉ុន្មាននៅលើផែនដី។ ២៣ ស្តេចទាំងឡាយតែងតែចង់ចូលគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្ដាប់រាជឱង្ការប្រកបដោយប្រាជ្ញា ដែលព្រះជាម្ចាស់ប្រទានមកស្តេច។ ២៤ រៀងរាល់ឆ្នាំ ស្តេចទាំងនោះតែងតែនាំយកតង្វាយមកថ្វាយព្រះបាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសាស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។
២៥ ព្រះបាទសាឡូម៉ូនមានសេះ ៤ ០០០ ក្បាល សម្រាប់ទឹមរទេះចម្បាំង ហើយសេះ ១២ ០០០ ក្បាលទៀត សម្រាប់ពលទ័ពសេះ ព្រះអង្គទុកមួយចំនួនឲ្យនៅជាមួយក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលព្រះអង្គបម្រុងទុកសម្រាប់ទ័ពទាំងនោះ។ ២៦ ព្រះបាទសាឡូម៉ូនត្រួតត្រាលើស្តេចទាំងអស់ ចាប់ពីទន្លេអឺប្រាត រហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប។ ២៧ ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដុះនៅតាមវាលទំនាប។ ២៨ គេតែងតែនាំសេះពីស្រុកអេស៊ីប និងស្រុកដទៃទៀត មកថ្វាយព្រះបាទសាឡូម៉ូន។
ព្រះបាទសាឡូម៉ូនសោយទិវង្គត
(១ពង្សាវតារក្សត្រ ១១.៤១-៤៣)
២៩ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ព្យាការីណាថាន» ក្នុងសៀវភៅ «ទំនាយរបស់ព្យាការីអហ៊ីយ៉ា» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកយេដូ ជាគ្រូទាយ» ស្តីអំពីព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្តេចស្រុកអ៊ីស្រាអែល។ ៣០ ព្រះបាទសាឡូម៉ូនសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម អស់រយៈពេលសែសិបឆ្នាំ។ ៣១ កាលព្រះបាទសាឡូម៉ូនសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ជាបិតា។ ព្រះបាទរ៉ូបោម ជាបុត្របានឡើងស្នងរាជ្យ។
១០
ប្រវត្តិសាស្ត្រនៃរាជាណាចក្រយូដា ចាប់ពីគ្រាបែងចែកស្រុក រហូតដល់គ្រាស្តេចស្រុកបាប៊ីឡូនកៀរប្រជាជនទៅជាឈ្លើយ
ប្រជាជនជួបជុំគ្នានៅស៊ីគែម
(១ពង្សាវតារក្សត្រ ១២.១-១៥)
១ សម្តេចរ៉ូបោមយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្តេចជាព្រះមហាក្សត្រ។ ២ កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះបាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ ៣ ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ពួកគេទូលព្រះបាទរ៉ូបោមថា៖ ៤ «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។ ៥ ព្រះរាជាមានរាជឱង្ការថា៖ «ចូរត្រឡប់ទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
៦ ព្រះបាទរ៉ូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាដែលស្តេចនៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់របស់អស់លោក តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចចំពោះប្រជាជននេះ?»។ ៧ អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ប្រសិនបើព្រះករុណាមានព្រះហឫទ័យសប្បុរសចំពោះប្រជាជននេះ ប្រសិនបើព្រះករុណាសន្ដោសមេត្តាដល់ពួកគេ ហើយមានរាជឱង្ការទៅពួកគេដោយទន់ភ្លន់ នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ ៨ ប៉ុន្តែ ព្រះបាទរ៉ូបោមមិនរវីរវល់នឹងយោបល់របស់អស់លោកព្រឹទ្ធាចារ្យទេ ព្រះអង្គបែរជាសួរយោបល់ពីពួកមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្តេចតាំងពីកុមារមក។ ៩ ស្តេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ណា? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយនឹងប្រជាជននេះយ៉ាងដូចម្ដេច?»។ ១០ មន្ត្រីជំនិតដែលធ្លាប់នៅជាមួយស្តេចតាំងពីកុមារមក ទូលស្តេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃរបស់បិតាយើងទៅទៀត។ ១១ បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតាយើងប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី”»។
១២ លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរ៉ូបោម តាមពេលដែលស្តេចបានកំណត់ថា៖ «ចាំបីថ្ងៃទៀត សឹមវិលត្រឡប់មកជួបយើងវិញ»។ ១៣ ព្រះបាទរ៉ូបោមមានរាជឱង្ការទៅកាន់ពួកគេយ៉ាងតឹងរ៉ឹង គឺស្តេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។ ១៤ ស្តេចមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតាយើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី»។ ១៥ ស្តេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្តោយឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ានៅស៊ីឡូ។
អាណាចក្រអ៊ីស្រាអែលបែកជាពីរ ព្រះបាទរ៉ូបោមសោយរាជ្យលើស្រុកយូដា
(១ពង្សាវតារក្សត្រ ១២.១៦-២៥)
១៦ ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្តេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្តេចថា៖
«ពួកយើងគ្មានជាប់ជំពាក់អ្វី
នឹងព្រះបាទដាវីឌទៀតទេ
ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ
កូនរបស់លោកយេសាយដែរ!
ប្រជាជនអ៊ីស្រាអែលអើយ
ចូរវិលត្រឡប់ទៅទីលំនៅរៀងបៗខ្លួនវិញចុះ។
រាជវង្សរបស់ព្រះបាទដាវីឌអើយ
ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។
ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ។
១៧ ព្រះបាទរ៉ូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។ ១៨ ព្រះបាទរ៉ូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់លោក។ ព្រះបាទរ៉ូបោមឡើងរាជរថស្ទើរតែមិនរួច ហើយព្រះអង្គភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ ១៩ គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
១១
១ ពេលព្រះបាទរ៉ូបោមយាងមកដល់ក្រុងយេរូសាឡឹម ស្តេចប្រមូលទាហានក្នុងពូជពង្សយូដា និងបេនយ៉ាមីន បានចំនួន ១៨០ ០០០ នាក់ ដែលសុទ្ធតែជាអ្នកចម្បាំងយ៉ាងស្ទាត់ជំនាញ ដើម្បីចេញទៅច្បាំងនឹងជនជាតិអ៊ីស្រាអែល ដណ្ដើមយកអាណាចក្រទាំងមូលមកថ្វាយព្រះបាទរ៉ូបោមវិញ។ ២ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖ ៣ «ចូរប្រាប់រ៉ូបោម ជាបុត្ររបស់សាឡូម៉ូន ស្តេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់ ក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា ៤ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកព្រះបាទយេរ៉ូបោមទេ។
ព្រះបាទរ៉ូបោមសង់ក្រុងនានា
៥ ព្រះបាទរ៉ូបោមគង់នៅក្នុងក្រុងយេរូសាឡឹម ហើយស្តេចបានសង់ក្រុងដែលមានកំពែងរឹងមាំជាច្រើន នៅស្រុកយូដា ៦ គឺមានបេថ្លេហិម អេតាំ តេកូអា ៧ បេត-សួរ សូកូ អាឌូឡាំ ៨ កាថ ម៉ារេសា ស៊ីភ ៩ អាដូរ៉ាអ៊ីម ឡាគីស អាសេកា ១០ សូរ៉ា អៃយ៉ាឡូន និងហេប្រូន។ ក្រុងទាំងនោះសុទ្ធតែជាក្រុងរបស់ស្រុកយូដា និងបេនយ៉ាមីន។ ១១ ព្រះបាទរ៉ូបោមបានសង់កំពែងឲ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងតែងតាំងមេបញ្ជាការឲ្យគ្រប់គ្រង ហើយផ្ទុកស្បៀងអាហារ ប្រេង និងស្រា ក្នុងក្រុងទាំងនោះផង។ ១២ នៅក្នុងក្រុងនីមួយៗមានខែលធំ និងលំពែងយ៉ាងច្រើន ត្រៀមទុក។ ស្តេចបានធ្វើឲ្យក្រុងទាំងនោះទៅជារឹងមាំបំផុត ដើម្បីពង្រឹងការត្រួតត្រាលើទឹកដីយូដា និងទឹកដីបេនយ៉ាមីន។
ពួកបូជាចារ្យ និងពួកលេវី រួបរួមជាមួយព្រះបាទរ៉ូបោម
១៣ ពួកបូជាចារ្យ និងពួកលេវីដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បាននាំគ្នាមកពីគ្រប់ទីកន្លែង សុំរួបរួមជាមួយព្រះបាទរ៉ូបោម។ ១៤ ពួកលេវីបោះបង់ចោលផ្ទះសំបែង និងដីធ្លីរបស់ខ្លួន ទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះព្រះបាទយេរ៉ូបោម ព្រមទាំងបុត្រ មិនឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើព្រះអម្ចាស់ទេ។ ១៥ ព្រះបាទយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោ ដែលស្តេចបានសូន។ ១៦ រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដែលមានចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ។ ១៧ ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរ៉ូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
រាជវង្សរបស់ព្រះបាទរ៉ូបោម
១៨ ព្រះបាទរ៉ូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត ជាបុត្រីរបស់សម្តេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ព្រះបាទដាវីឌ និងនាងអប៊ីហាអ៊ីល ជាកូនរបស់លោកអេលីយ៉ាប និងជាចៅរបស់លោកយេសាយ។ ១៩ ព្រះនាងម៉ាហាឡាតប្រសូតបានបុត្របីអង្គ គឺសម្តេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។
២០ ក្រោយមក ព្រះបាទរ៉ូបោមបានអភិសេកជាមួយព្រះនាងម៉ាកា ជាបុត្រីរបស់សម្តេចអាប់សាឡុម។ ព្រះនាងប្រសូតបានបុត្របួនអង្គ គឺសម្តេចអប៊ីយ៉ា អថាយ ស៊ីសា និងសេឡូមីត។ ២១ ព្រះបាទរ៉ូបោមស្រឡាញ់នាងម៉ាកា ជាបុត្រីរបស់សម្តេចអាប់សាឡុម ជាងមហេសី និងស្រីស្នំឯទៀតៗ។ ស្តេចមានមហេសីទាំងអស់ដប់ប្រាំបីអង្គ និងស្រីស្នំហុកសិបនាក់ មានបុត្រាទាំងអស់ម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ។ ២២ ព្រះបាទរ៉ូបោមលើកសម្តេចអប៊ីយ៉ា ជាបុត្ររបស់ព្រះនាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងព្រះរាជវង្ស គឺធ្វើជាប្រមុខលើបុត្រឯទៀតៗ ដ្បិតស្តេចសព្វព្រះហឫទ័យឲ្យសម្តេចអប៊ីយ៉ាឡើងគ្រងរាជ្យ។ ២៣ ស្តេចប្រព្រឹត្តដោយឈ្លាសវៃ ដោយចាត់បុត្រឯទៀតៗឲ្យទៅរស់នៅតាមក្រុងដែលមានកំពែងរឹងមាំនានា ក្នុងស្រុកយូដា និងបេនយ៉ាមីន ព្រមទាំងឧបត្ថម្ភស្បៀងយ៉ាងបរិបូណ៌ និងរកភរិយាជាច្រើនឲ្យបុត្រទាំងនោះផង។
១២
ព្រះចៅស៊ីសាក់ ស្តេចស្រុកអេស៊ីបវាយលុកស្រុកយូដា
(១ពង្សាវតារក្សត្រ ១៤.២៥-២៨)
១ កាលព្រះបាទរ៉ូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្តេចបោះបង់ចោលវិន័យរបស់ព្រះអម្ចាស់ រីឯប្រជាជនក៏ប្រព្រឹត្តដូចស្តេចដែរ។ ២ នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរ៉ូបោម ព្រះចៅស៊ីសាក់ ជាស្តេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹងព្រះអម្ចាស់។ ៣ ព្រះចៅស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចម្បាំង ១២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។ ៤ ស្តេចវាយយកបានក្រុងនានាដែលមានកំពែងរឹងមាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូសាឡឹម។ ៥ ពេលនោះ ព្យាការីសេម៉ាយ៉ាចូលទៅគាល់ព្រះបាទរ៉ូបោម និងជួបមេដឹកនាំរបស់ជនជាតិយូដា ដែលជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅពេលព្រះចៅស៊ីសាក់ចូលមកជិតដល់ទីក្រុង។ ព្យាការីសេម៉ាយ៉ាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “អ្នករាល់គ្នាបានបោះបង់ចោលយើង! ដូច្នេះ យើងក៏បោះបង់ចោលអ្នករាល់គ្នា ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្តេចស៊ីសាក់ដែរ”»។ ៦ ព្រះរាជា និងពួកមេដឹកនាំនៃជនជាតិអ៊ីស្រាអែល ដាក់ខ្លួន ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាសុចរិតមែន!»។ ៧ កាលព្រះអម្ចាស់ទតឃើញពួកគេដាក់ខ្លួនដូច្នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ាថា៖ «ពួកគេដាក់ខ្លួនហើយ យើងមិនបំផ្លាញពួកគេទេ។ យើងនឹងជួយរំដោះពួកគេជាបន្ទាន់ ដ្បិតយើងមិនជះកំហឹងរបស់យើងទៅលើក្រុងយេរូសាឡឹម ដោយទុកឲ្យស្តេចស៊ីសាក់បំផ្លាញក្រុងនេះឡើយ។ ៨ ប៉ុន្តែ ពួកគេត្រូវធ្លាក់ខ្លួនចំណុះស្តេចស៊ីសាក់។ ពេលនោះ ពួកគេនឹងដឹងខ្លួនថា បម្រើយើង និងបម្រើស្តេចស្រុកផ្សេងៗ ខុសគ្នាត្រង់ណា»។
៩ ព្រះចៅស៊ីសាក់ ជាស្តេចស្រុកអេស៊ីប វាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្តេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនបានធ្វើដែរ។ ១០ ព្រះបាទរ៉ូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ ១១ គ្រប់ពេលដែលស្តេចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ។ បន្ទាប់មក ពួកគេប្រមូលយកទៅទុកនៅក្នុងបន្ទប់របស់មេក្រុមវិញ។
១២ ដោយព្រះបាទរ៉ូបោមដាក់ខ្លួន ព្រះអម្ចាស់លែងព្រះពិរោធនឹងស្តេច ហើយក៏មិនបំផ្លាញស្តេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះៗដែរ។
ចុងបញ្ចប់នៃរជ្ជកាលព្រះបាទរ៉ូបោម
(១ពង្សាវតារក្សត្រ ១៤.២១-២៤, ២៩-៣១)
១៣ ព្រះបាទរ៉ូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្តេចឡើងសោយរាជ្យ ស្តេចមានជន្មាយុសែសិបមួយព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្តេចមាននាមថា ណាម៉ា ជាជនជាតិអាំម៉ូន។ ១៤ ព្រះបាទរ៉ូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្តេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកព្រះអម្ចាស់ឡើយ។
១៥ រាជកិច្ចរបស់ព្រះបាទរ៉ូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្យាការីសេម៉ាយ៉ា និងលោកអ៊ីដូ ជាគ្រូទាយ។ ព្រះបាទរ៉ូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។ ១៦ កាលព្រះបាទរ៉ូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ។ ព្រះបាទអប៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។
១៣
ព្រះបាទអប៊ីយ៉ាសោយរាជ្យនៅស្រុកយូដា
(១ពង្សាវតារក្សត្រ ១៥.១-៨)
១ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ព្រះបាទអប៊ីយ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។ ២ ស្តេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម មាតារបស់ស្តេចមាននាមថា ម៉ាកាយ៉ាហ៊ូ ជាកូនរបស់លោកអ៊ូរីអែល អ្នកក្រុងគីបា។ ព្រះបាទអប៊ីយ៉ា និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។ ៣ ព្រះបាទអប៊ីយ៉ាបានលើកទ័ពចំនួន ៤០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញទៅប្រយុទ្ធ។ រីឯព្រះបាទយេរ៉ូបោមក៏បានលើកទ័ពចំនួន ៨០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាច ចេញមកតទល់នឹងវិញដែរ។
៤ ព្រះបាទអប៊ីយ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ារ៉ាអ៊ីម ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយមានរាជឱង្ការទៅកាន់ព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែលថា៖ «ចូរស្ដាប់យើង! ៥ អ្នករាល់គ្នាត្រូវដឹងថា ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល ប្រទានឲ្យព្រះបាទដាវីឌ និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រាអែលរហូតតទៅ គឺជាសម្ពន្ធមេត្រី*ដែលមិនអាចប្រែប្រួលបានឡើយ។ ៦ ប៉ុន្តែ យេរ៉ូបោម កូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលជាបុត្ររបស់ព្រះបាទដាវីឌ បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ៧ មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្តេចយេរ៉ូបោម ហើយពួកគេមានប្រៀបលើព្រះបាទរ៉ូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន។ ព្រះបាទរ៉ូបោមនៅក្មេងខ្ចី ខ្វះបទពិសោធ ពុំអាចទប់ទល់នឹងពួកគេបានទេ។ ៨ ឥឡូវនេះ អ្នករាល់គ្នាគិតប្រឆាំងតទល់នឹងរាជអំណាចរបស់ព្រះអម្ចាស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃកូនចៅរបស់ព្រះបាទដាវីឌទៀត។ អ្នករាល់គ្នាមានកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏មានរូបកូនគោមាស ដែលស្តេចយេរ៉ូបោមបានសិតធ្វើជាព្រះឲ្យអ្នករាល់គ្នាគោរពបម្រើ នៅជាមួយដែរ។ ៩ អ្នករាល់គ្នាបានបណ្តេញពួកបូជាចារ្យ*របស់ព្រះអម្ចាស់ ជាពូជពង្សរបស់លោកអរ៉ុន និងពួកលេវីចេញ រួចជ្រើសរើសបូជាចារ្យតាមរបៀបសាសន៍ដទៃ គឺឲ្យតែនរណាយកគោបាមួយ និងចៀមឈ្មោលប្រាំពីរមក នោះគេមុខតែបានទទួលការតែងតាំងជាបូជាចារ្យនៃវត្ថុដែលមិនមែនជាព្រះ។ ១០ រីឯពួកយើងវិញ ព្រះអម្ចាស់ជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះអង្គឡើយ។ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើព្រះអម្ចាស់ សុទ្ធតែជាកូនចៅរបស់លោកអរ៉ុន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។ ១១ ពួកគេថ្វាយតង្វាយដុតទាំងមូល* និងគ្រឿងក្រអូប ចំពោះព្រះអម្ចាស់ រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏បរិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើង បានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលព្រះអង្គ។ ១២ មើលចុះ ព្រះជាម្ចាស់ និងពួកបូជាចារ្យរបស់ព្រះអង្គស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកបូជាចារ្យត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រាអែលអើយ! ចូរកុំធ្វើសឹកទល់នឹងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។
១៣ ព្រះបាទយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះ មានកងទ័ពអ៊ីស្រាអែលស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។ ១៤ កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះ ពួកគេស្រែកអង្វរព្រះអម្ចាស់ ហើយពួកបូជាចារ្យក៏ផ្លុំត្រែឡើងដែរ។ ១៥ កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង ព្រះអម្ចាស់បានវាយប្រហារព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែល នៅមុខព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា។ ១៦ ទាហានអ៊ីស្រាអែលបាក់ទ័ពរត់នៅចំពោះមុខកងទ័ពយូដា ព្រះជាម្ចាស់បានប្រគល់ពួកគេក្នុងកណ្ដាប់ដៃរបស់កងទ័ពយូដា។ ១៧ ព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា ធ្វើឲ្យអ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺគេបានប្រហារទាហានដ៏ពូកែនៃកងទ័ពអ៊ីស្រាអែល អស់ ៥០០ ០០០ នាក់។ ១៨ នៅគ្រានោះ កូនចៅអ៊ីស្រាអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
១៩ ព្រះបាទអប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោម ហើយដណ្ដើមយកបានក្រុងខ្លះពីព្រះបាទយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។
២០ ក្នុងរជ្ជកាលរបស់ព្រះបាទអប៊ីយ៉ា ព្រះបាទយេរ៉ូបោមចុះទន់ខ្សោយ ហើយបន្ទាប់មក ព្រះអម្ចាស់បានប្រហារស្តេចឲ្យសោយទិវង្គតទៅ។ ២១ ផ្ទុយទៅវិញ ព្រះបាទអប៊ីយ៉ាពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្តេចមានមហេសីដប់បួនអង្គ មានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។
២២ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអប៊ីយ៉ា គឺអ្វីៗដែលស្តេចបានធ្វើ និងរាជឱង្ការដែលស្តេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ព្យាការីអ៊ីដូ។ ២៣ កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអសា ជាបុត្រ បានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលព្រះបាទអសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។
១៤
ព្រះបាទអសាគ្រងរាជ្យលើស្រុកយូដា
១ ព្រះបាទអសាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្តេច។ ២ ស្តេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្តេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា។ ៣ ស្តេចបានប្រាប់ជនជាតិយូដាឲ្យស្វែងរកព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ព្រមទាំងប្រតិបត្តិតាមវិន័យ និងបទបញ្ជារបស់ព្រះអង្គផង។ ៤ ស្តេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជកាលរបស់ព្រះបាទអសា ស្រុកទេសបានសុខសាន្តត្រាណ។ ៥ ស្តេចបានសង់ក្រុងដ៏មានកំពែងរឹងមាំក្នុងស្រុកយូដា ព្រោះស្រុកបានសាន្តត្រាណ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ស្រុកគ្មានសង្គ្រាមទេ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្តេចមានសុខសន្តិភាព។ ៦ ស្តេចមានរាជឱង្ការទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះអម្ចាស់ ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះអម្ចាស់ប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។
៧ ព្រះបាទអសាមានទ័ពចំនួន ៣០០ ០០០ នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ ២៨០ ០០០ នាក់ទៀត ជាអ្នកស្រុកបេនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។
៨ នៅគ្រានោះ ព្រះបាទសេរ៉ា ជាស្តេចស្រុកអេត្យូពី បានលើកទ័ពចំនួនមួយលាននាក់ ព្រមទាំងរទេះចម្បាំងបីរយគ្រឿង មកច្បាំងនឹងកងទ័ពយូដា ហើយមកដល់ក្រុងម៉ារេសា។ ៩ ព្រះបាទអសាលើកទ័ពចេញមកតទល់នឹងពួកគេ ហើយកងទ័ពទាំងពីររៀបក្បួនទ័ពប្រយុទ្ធគ្នា នៅជ្រលងភ្នំសេផាថា ជិតក្រុងម៉ារេសា។ ១០ ព្រះបាទអសាស្រែកអង្វរព្រះអម្ចាស់ ជាព្រះរបស់ស្តេច ដោយទូលថា៖ «បពិត្រព្រះអម្ចាស់ ព្រះអង្គអាចជួយអ្នកទន់ខ្សោយឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមយាងមកជួយយើងខ្ញុំផង! ដ្បិតមានតែព្រះអង្គទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះព្រះអង្គឡើយ!»។
១១ព្រះអម្ចាស់បានវាយជនជាតិអេត្យូពីឲ្យបាក់ទ័ព រត់នៅចំពោះមុខព្រះបាទអសា និងកងទ័ពយូដា។ ១២ ព្រះបាទអសា និងពលទាហានដែលនៅជាមួយ បានដេញតាមពួកគេរហូតដល់កេរ៉ា។ ទាហានអេត្យូពីដួលស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ គ្មាននរណាម្នាក់បានរួចជីវិតឡើយ ដ្បិតកងទ័ពនេះត្រូវអន្តរាយ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅមុខប្រជាជនរបស់ព្រះអង្គ។ កងទ័ពរបស់ព្រះបាទអសារឹបអូសយកបានជ័យភ័ណ្ឌយ៉ាងច្រើន។ ១៣ កងទ័ពយូដាក៏បានវាយយកក្រុងទាំងប៉ុន្មាន ដែលនៅជុំវិញក្រុងកេរ៉ាដែរ ដ្បិតព្រះអម្ចាស់ធ្វើឲ្យអ្នកក្រុងទាំងនោះភ័យខ្លាចជាខ្លាំង។ កងទ័ពយូដារឹបអូសយកទ្រព្យសម្បត្តិក្រុងទាំងនោះ ព្រោះមានជ័យភ័ណ្ឌយ៉ាងច្រើន។ ១៤ ពួកគេបានវាយលុកជំរំរបស់គង្វាលហ្វូងសត្វ ហើយរឹបអូសយកចៀម និងអូដ្ឋយ៉ាងច្រើន។ បន្ទាប់មក ពួកគេនាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។
១៥
ព្រះបាទអសាកែទម្រង់សាសនា
១ គ្រានោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកអសារីយ៉ា ជាកូនរបស់លោកអូដេត។ ២ លោកក៏ចេញទៅគាល់ព្រះបាទអសា ហើយទូលថា៖
«បពិត្រព្រះរាជាអសា
ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន
ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ!
ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា
កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។
ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ
នោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។
ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ
នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
៣ ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលគ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានវិន័យដែរ។ ៤ ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ពួកគេស្វែងរកព្រះអង្គ ព្រះអង្គក៏ឲ្យពួកគេរកឃើញ។ ៥ នៅគ្រានោះ គ្មានសន្តិសុខទេ ប្រជាជនពុំអាចធ្វើដំណើរទៅវិញទៅមកបានឡើយ ព្រោះជារយៈពេលមួយដែលអ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំង។ ៦ ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតព្រះជាម្ចាស់ធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។ ៧ ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួន មិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
៨ កាលព្រះបាទអសាព្រះអង្គព្រះសណ្ដាប់ឮពាក្យទាំងប៉ុន្មាន ដែលព្យាការីអសារីយ៉ា ជាកូនរបស់លោកអូដេត បានថ្លែង ព្រះអង្គក៏មានចិត្តក្លាហាន ហើយលុបបំបាត់ព្រះក្លែងក្លាយនៅក្នុងស្រុកយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងនៅតាមក្រុងនានា ដែលព្រះអង្គវាយយកបាននៅតំបន់ភ្នំអេប្រាអ៊ីម។ ស្តេចជួសជុលអាសនៈរបស់ព្រះអម្ចាស់ ដែលស្ថិតនៅមុខបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ ជាថ្មីឡើងវិញ។ ៩ ព្រះបាទអសាប្រមូលផ្តុំប្រជាជនយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម៉ូន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រាអែលមួយចំនួនធំ បានមករួបរួមជាមួយស្តេច ព្រោះពួកគេឃើញថា ព្រះអម្ចាស់ ជាព្រះរបស់ស្តេច គង់នៅជាមួយស្តេច។ ១០ ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអសា។ ១១ នៅថ្ងៃនោះ ពួកគេយកសត្វពីចំណោមហ្វូងសត្វដែលពួកគេរឹបអូសបានជាជ័យភ័ណ្ឌ មកថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ គឺមានគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។ ១២ ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។ ១៣ ប្រសិនបើអ្នកណាម្នាក់ ទោះបីក្មេង ឬចាស់ក្តី ប្រុស ឬស្រីក្តី មិនស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។ ១៤ ពួកគេនាំគ្នាស្បថចំពោះព្រះអម្ចាស់ ដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។ ១៥ អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថយ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរកព្រះអម្ចាស់ ដោយចិត្តស្មោះសរ ហើយព្រះអង្គក៏ឲ្យពួកគេរកព្រះអង្គឃើញ ព្រមទាំងប្រោសប្រទានឲ្យពួកគេបានសុខសាន្តគ្រប់ទិសទី។
១៦ ព្រះបាទអសាហូតងារជាមហាក្សត្រិយានីពីព្រះរាជនីម៉ាកា ជាមាតា ព្រោះមាតាបានកសាងរូបគម្រក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអសាកម្ទេចរូបដ៏គម្រក់នោះ ហើយយកទៅដុតចោលនៅជ្រោះកេដ្រូន។ ១៧ ប៉ុន្តែ ទោះបីស្តេចស្រឡាញ់ព្រះអម្ចាស់ដោយស្មោះអស់មួយជីវិតក្តី ក៏ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ ១៨ ព្រះរាជានាំតង្វាយដែលបិតារបស់ស្តេច និងស្តេចផ្ទាល់បានញែកជាសក្ការៈ យកទៅទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត។ ១៩ រហូតដល់ឆ្នាំទីសាមសិបប្រាំ នៃរជ្ជកាលព្រះបាទអសា ស្រុកគ្មានសង្គ្រាមទេ។
១៦
សង្គ្រាមរវាងព្រះបាទអសា និងព្រះបាទបាសា ស្តេចស្រុកអ៊ីស្រាអែល
(១ពង្សាវតារក្សត្រ ១៥.១៦-២២)
១ នៅឆ្នាំទីសាមសិបប្រាំមួយនៃរជ្ជកាលព្រះបាទអសា ព្រះបាទបាសា ជាស្តេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ព្រះបាទអសា ជាស្តេចស្រុកយូដា អាចចេញចូលបាន។ ២ ព្រះបាទអសាយកមាស ប្រាក់ ពីក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងព្រះរាជវាំង ហើយចាត់គេឲ្យយកទៅថ្វាយព្រះបាទបេន-ហាដាឌ ជាស្តេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ដោយទូលថា៖ ៣ «ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះ មកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្តេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំឲ្យស្តេចនោះឡើងមកវាយទូលបង្គំទៀត»។ ៤ ព្រះបាទបេន-ហាដាឌយល់ព្រមតាមសំណូមពររបស់ព្រះបាទអសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-ម៉ាអ៊ីម និងក្រុងទាំងប៉ុន្មាន ព្រមទាំងកន្លែងផ្ទុកស្បៀង នៅស្រុកណែបថាលី។ ៥ កាលព្រះបាទបាសាជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺព្រះអង្គផ្អាកកិច្ចការទាំងអស់។
៦ ពេលនោះ ព្រះបាទអសាបានកេណ្ឌជនជាតិយូដាទាំងមូលឲ្យជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើប្រាស់សម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ស្តេចយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា និងក្រុងមីសប៉ា។
ព្រះបាទអសាឃុំឃាំងព្យាការីហាណានី
៧ នៅគ្រានោះ លោកហាណានី ជាគ្រូទាយ ចូលទៅគាល់ព្រះបាទ អសាស្តេចស្រុកយូដា ទូលថា៖ «ដោយព្រះករុណាពឹងផ្អែកលើស្តេចស្រុកស៊ីរី គឺពុំបានពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាទេនោះ កងទ័ពរបស់ស្តេចស្រុកស៊ីរីបានគេចផុតពីកណ្ដាប់ដៃរបស់ព្រះករុណា។ ៨ កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ព រទេះចម្បាំង និងទ័ពសេះ ច្រើនឥតគណនាក្តី ក៏ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាដែរ ដ្បិតព្រះករុណាបានពឹងផ្អែកលើព្រះអង្គ។ ៩ ព្រះអម្ចាស់រំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ព្រះករុណាប្រព្រឹត្តដោយគ្មានវិចារណញ្ញាណ។ ដូច្នេះ ចាប់ពីពេលនេះទៅ ព្រះករុណាជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
១០ ព្រះបាទអសាខ្ញាល់នឹងគ្រូទាយជាខ្លាំង ព្រះអង្គក៏ឲ្យគេយកលោកទៅឃុំឃាំង ដ្បិតពាក្យរបស់លោកបានធ្វើឲ្យព្រះអង្គក្រេវក្រោធ។ ក្នុងពេលជាមួយគ្នានោះ ព្រះបាទអសាសង្កត់សង្កិនប្រជាជនមួយចំនួន។
ព្រះបាទអសាសោយទិវង្គត
(១ពង្សាវតារក្សត្រ ១៥.២៣-២៤)
១១ រាជកិច្ចផ្សេងៗរបស់ព្រះបាទអសា ចាប់ពីដើមរហូតដល់ចុងបញ្ចប់ មានកត់ត្រាទុកនៅក្នុងក្រាំងរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។ ១២ នៅឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលរបស់ស្តេច ស្ដេចកើតរោគាយ៉ាងធ្ងន់នៅព្រះបាទា ប៉ុន្តែ ទោះបីស្ដេចប្រឈួនយ៉ាងនេះក្តី ក៏ស្ដេចពុំបានទូលអង្វរសូមព្រះអម្ចាស់ជួយដែរ គឺស្ដេចបែរជារកគ្រូពេទ្យព្យាបាលទៅវិញ។ ១៣ ព្រះបាទអសាសោយទិវង្គត ទៅជួបជុំនឹងពួកអយ្យកោ នៅឆ្នាំទីសែសិបមួយនៃរជ្ជកាលរបស់ស្តេច។ ១៤ គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលព្រះអង្គបានឲ្យគេជីកនៅបុរីព្រះបាទដាវីឌ។ គេតម្កល់សពរបស់ស្តេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្តេច។
១៧
ព្រះបាទយ៉ូសាផាតសោយរាជ្យនៅស្រុកយូដា
១ ព្រះបាទយ៉ូសាផាតបានឡើងស្នងរាជ្យព្រះបាទអសា ជាបិតា ហើយស្តេចពង្រឹងកម្លាំង តទល់នឹងស្រុកអ៊ីស្រាអែល។ ២ ស្តេចបានដាក់ទ័ពនៅតាមទីក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា និងដាក់ខ្សែត្រៀមនៅតាមក្រុងនានា ក្នុងស្រុកអេប្រាអ៊ីម ជាក្រុងដែលព្រះបាទអសា ជាបិតា ដណ្ដើមយកបាន។ ៣ ព្រះអម្ចាស់គង់នៅជាមួយព្រះបាទយ៉ូសាផាត ដ្បិតស្តេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោ គឺព្រះអង្គពុំបានស្វែងរកព្រះបាលទេ។ ៤ ស្តេចបានស្វែងរកព្រះនៃអយ្យកោរបស់ស្តេច និងធ្វើតាមបទបញ្ជារបស់ព្រះអង្គ គឺព្រះអង្គមិនធ្វើដូចអ្នកស្រុកអ៊ីស្រាអែលទេ។ ៥ ព្រះអម្ចាស់ពង្រឹងរាជសម្បត្តិរបស់ស្តេចឲ្យបានរឹងប៉ឹង ហើយប្រជាជនយូដាទាំងមូលតែងតែនាំយកតង្វាយមកថ្វាយព្រះបាទយ៉ូសាផាត។ ស្តេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។ ៦ ស្តេចខ្នះខ្នែងធ្វើតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ហើយលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងបង្គោលរបស់ព្រះអាសេរ៉ា អស់ពីទឹកដីយូដា។
៧ នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសាផាត ស្តេចបានចាត់មន្ត្រីមួយក្រុម គឺមានលោកបេនហាអ៊ីល លោកអូបាឌី លោកសាការី លោកនេតានេអែល និងលោកមីកា ឲ្យចុះទៅអប់រំប្រជាជននៅតាមក្រុងនានាក្នុងស្រុកយូដា។ ៨ ក្រុមលេវីដែលមានលោកសេម៉ាយ៉ា លោកនេតានីយ៉ា លោកសេបាឌីយ៉ា លោកអសាអែល លោកសេមីរ៉ាម៉ុត លោកយ៉ូណាថាន លោកអដូនីយ៉ា លោកតូប៊ីយ៉ា លោកតូប-អដូនីយ៉ា ព្រមទាំងក្រុមបូជាចារ្យ ដែលមានលោកអេលីសាម៉ា និងលោកយ៉ូរ៉ាម ក៏រួមដំណើរជាមួយមន្ត្រីទាំងនោះដែរ។ ៩ ពួកគេបង្រៀនប្រជាជននៅស្រុកយូដា ដោយយកគម្ពីរវិន័យ*របស់ព្រះអម្ចាស់ ទៅជាមួយផង។ ពួកគេធ្វើដំណើរតាមក្រុងទាំងអស់នៃស្រុកយូដា ហើយប្រៀនប្រដៅអ្នកស្រុក។
អំណាចរបស់ព្រះបាទយ៉ូសាផាត
១០ ព្រះអម្ចាស់បានធ្វើឲ្យនគរទាំងប៉ុន្មាននៅជុំវិញស្រុកយូដា ភ័យខ្លាចជាខ្លាំង ពួកគេមិនហ៊ានធ្វើសង្គ្រាមតទល់នឹងព្រះបាទយ៉ូសាផាតឡើយ។ ១១ ជនជាតិភីលីស្ទីននាំយកតង្វាយ និងសួយសារអាករ ជាប្រាក់មកថ្វាយព្រះបាទយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល ៧៧០០ ក្បាល និងពពែឈ្មោល ៧៧០០ ក្បាល មកថ្វាយស្តេចដែរ។ ១២ ព្រះបាទយ៉ូសាផាតមានអំណាចកាន់តែខ្លាំងឡើងៗ។ ស្តេចសង់បន្ទាយជាច្រើននៅស្រុកយូដា ព្រមទាំងសង់ក្រុងនានា ជាកន្លែងសម្រាប់ផ្ទុកស្បៀង។ ១៣ ស្តេចមានក្រសួងការងារជាច្រើន នៅតាមក្រុងនានាក្នុងស្រុកយូដា ព្រមទាំងមានទាហានដ៏ចំណានៗ និងវីរបុរសដ៏អង់អាចនៅក្រុងយេរូសាឡឹម។ ១៤ ទាហានទាំងនោះមានចែកជាកងពល តាមក្រុមគ្រួសាររបស់ពួកគេ។ ក្នុងកុលសម្ព័ន្ធយូដា មានមេបញ្ជាការកងពល ដូចតទៅ: លោកអាដណា ជាមេបញ្ជាការលើកងពល ៣០០ ០០០ នាក់។ ១៥ សហការីរបស់គាត់មានលោកយ៉ូហាណន ជាមេបញ្ជាការលើកងពល ២៨០ ០០០ នាក់។ ១៦ សហការីមួយរូបទៀតគឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ីគរី ដែលបានស្ម័គ្រចិត្តញែកខ្លួនថ្វាយព្រះអម្ចាស់ និងជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់។ ១៧ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនមានលោកអេលីយ៉ាដា ជានាយទាហានដ៏អង់អាច និងជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់ ជាទាហានដែលប្រដាប់ខ្លួនដោយធ្នូ និងខែល។ ១៨ សហការីរបស់គាត់មានលោកយេហូសេបាដ ជាមេបញ្ជាការលើកងពល ១៨០ ០០០ នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ។ ១៩ អ្នកទាំងនេះសុទ្ធតែនៅបម្រើស្តេច រួមទាំងអ្នកឯទៀតៗ ដែលស្តេចដាក់ឲ្យប្រចាំការនៅតាមក្រុង ដែលមានកំពែងរឹងមាំទាំងប៉ុន្មានក្នុងស្រុកយូដា។
១៨
ព្រះបាទយ៉ូសាផាតចងស្ពានមេត្រីនឹងព្រះបាទអខាប់
(១ពង្សាវតារក្សត្រ ២២.១-៤)
១ ព្រះបាទយ៉ូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្តេចបានចងស្ពានមេត្រីនឹងព្រះបាទអខាប់ តាមចំណងអាពាហ៍ពិពាហ៍។ ២ ប៉ុន្មានឆ្នាំក្រោយមក ព្រះបាទយ៉ូសាផាតយាងទៅសួរសុខទុក្ខព្រះបាទអខាប់ នៅក្រុងសាម៉ារី។ ពេលនោះ ព្រះបាទអខាប់រៀបចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលព្រះបាទយ៉ូសាផាត និងអស់អ្នកដែលអមដំណើរស្តេច។ ព្រះបាទអខាប់ក៏បានបបួលព្រះបាទយ៉ូសាផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ៣ ព្រះបាទអខាប់ ជាស្តេចស្រុកអ៊ីស្រាអែល មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះហឫទ័យយាងទៅក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតតបវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណា ប្រជារាស្ដ្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ដ្ររបស់ព្រះករុណា យើងនឹងទៅច្បាំងរួមជាមួយព្រះករុណាដែរ!»។
ពួកអ្នកប្រកបរបរជាព្យាការីប្រកាសអំពីជ័យជម្នះ
(១ពង្សាវតារក្សត្រ ២២.៥-១២)
៤ ព្រះបាទយ៉ូសាផាតទូលទៀតថា៖ «ឥឡូវនេះ សូមព្រះករុណាទូលសួរព្រះអម្ចាស់សិន»។ ៥ ស្តេចអ៊ីស្រាអែលកោះហៅព្យាការីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ ព្រះជាម្ចាស់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាមិនខាន»។ ៦ ព្រះបាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះគ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។ ៧ ស្តេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានមនុស្សម្នាក់ទៀតដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីការល្អឲ្យទូលបង្គំទេ គឺគាត់ទាយតែពីការអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះឡើយ!»។ ៨ ស្តេចស្រុកអ៊ីស្រាអែលក៏ហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកា ជាកូនរបស់លោកយីមឡា មកជាប្រញាប់!»។
៩ ស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្តេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង គង់លើបល្ល័ង្ករៀងៗខ្លួន គង់ត្រង់ព្រលានដែលនៅទល់មុខទ្វារក្រុងសាម៉ារី ព្យាការីទាំងអស់នាំគ្នាទស្សន៍ទាយថ្វាយស្តេច។ ១០ លោកសេដេខ្យាសជាកូនរបស់លោកកេណាណាធ្វើស្នែងដែក ហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយសារស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។ ១១ ព្យាការីទាំងអស់ក៏ទស្សន៍ទាយបែបនោះដែរ ពួកគេទូលស្តេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ!»។
ព្យាការីមីកាប្រកាសប្រាប់ពីបរាជ័យ
(១ពង្សាវតារក្សត្រ ២២.១៣-២៨)
១២ មហាតលិកដែលស្តេចចាត់ឲ្យទៅតាមហៅលោកមីកា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែទស្សន៍ទាយការល្អព្រមគ្នា ថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយការល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។ ១៣ លោកមីកាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោកក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ព្រះរបស់ខ្ញុំមានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
១៤ ពេលលោកមកដល់ ព្រះរាជាមានរាជឱង្ការមកកាន់លោកថា៖ «មីកាអើយ តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាទូលថា៖ «សូមព្រះករុណាទាំងពីរយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជម្នះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។ ១៥ ប៉ុន្តែ ស្តេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើង ក្នុងនាមព្រះអម្ចាស់?»។ ១៦ លោកមីកាទូលថា៖
«ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែល
ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ
ពួកគេប្រៀបដូចជាហ្វូងចៀម
ដែលគ្មាននរណាឃ្វាល។
ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកទាំងនោះគ្មានមេដឹកនាំទេ
ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន
ដោយសុខសាន្តចុះ!»។
១៧ ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំបានទូលព្រះករុណាហើយថា គាត់មិនដែលទាយពីការល្អឲ្យទូលបង្គំទេ គឺទាយតែពីការអាក្រក់ប៉ុណ្ណោះ!»។ ១៨ លោកមីកាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្តាំផង។ ១៩ ព្រះអម្ចាស់មានព្រះបន្ទូលថា “តើអ្នកណាចង់ល្បួងអខាប់ ជាស្តេចស្រុកអ៊ីស្រាអែល ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូតនៃស្រុកកាឡាដ ដើម្បីឲ្យអខាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។ ២០ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទូលថា “ទូលបង្គំនឹងទៅល្បួង!” ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?”។ ២១ វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្តាលចិត្តព្យាការីទាំងអស់របស់ស្តេច ឲ្យពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។ ២២ ឥឡូវនេះ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចដាក់ទោសព្រះករុណាឲ្យរងទុក្ខវេទនាហើយ»។
២៣ ពេលនោះ លោកសេដេខ្យាស ជាកូនរបស់លោកកេណាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមផ្លូវណា?»។ ២៤ លោកមីកាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។ ២៥ ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកានាំយកទៅប្រគល់ឲ្យលោកអាម៉ូន ជាចៅហ្វាយក្រុង និងសម្តេចយ៉ូអាស ជាបុត្ររបស់យើងទៅ! ២៦ រួចប្រាប់គេថា “ព្រះករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្តល់នំបុ័ង និងទឹកបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលមកពីច្បាំងវិញ ដោយសុខសាន្ត”»។ ២៧ លោកមីកាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញ ដោយសុខសាន្តមែននោះ បានសេចក្ដីថា ព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
ព្រះបាទអខាប់សោយទិវង្គតក្នុងសមរភូមិ
(១ពង្សាវតារក្សត្រ ២២.២៩-៤០)
២៨ ស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្តេចស្រុកយូដា នាំគ្នាយាងឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ២៩ ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមព្រះអង្គព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្តេចទាំងពីរយាងចេញទៅច្បាំង។ ៣០ ស្តេចស្រុកស៊ីរីចេញបញ្ជាដល់មេបញ្ជាការកងរទេះចម្បាំងថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានឡើយ ចូរប្រយុទ្ធតែនឹងស្តេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។ ៣១ កាលមេបញ្ជាការរទេះចម្បាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្តេចអ៊ីស្រាអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្តេច ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង។ ព្រះអម្ចាស់យាងមកជួយស្តេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីស្តេច។ ៣២ ពួកមេបញ្ជាការរទេះចម្បាំងដឹងថាមិនមែនជាស្តេចស្រុកអ៊ីស្រាអែលទេ ពួកគេក៏ឈប់ដេញតាម។ ៣៣ ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវចំស្តេចស្រុកអ៊ីស្រាអែលត្រង់ចន្លោះអាវក្រោះ។ ស្តេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។ ៣៤ នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្តេចអ៊ីស្រាអែលចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្តេចស្ថិតនៅក្នុងរាជរថរហូតដល់ល្ងាច ហើយស្តេចក៏សោយទិវង្គតនៅពេលថ្ងៃលិច។
១៩
ព្រះបាទយ៉ូសាផាតតែងតាំងចៅក្រមនៅស្រុកយូដា
១ ព្រះបាទយ៉ូសាផាត ជាស្តេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។ ២ លោកយេហ៊ូដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្តេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះអម្ចាស់ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងព្រះករុណា។ ៣ ប៉ុន្តែ ព្រះករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។
៤ ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡឹម។ បន្ទាប់មក ស្តេចយាងទៅសួរសុខទុក្ខប្រជារាស្ដ្រតាំងពីបៀរសេបា រហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែនាំពួកគេឲ្យវិលមករកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួនវិញ។ ៥ ស្តេចបានតែងតាំងឲ្យមានចៅក្រម នៅគ្រប់ក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ ៦ ស្តេចមានរាជឱង្ការទៅកាន់ចៅក្រមទាំងនោះថា៖ «ចូរប្រុងប្រយ័ត្ននឹងកិច្ចការដែលអស់លោកធ្វើ ដ្បិតអស់លោកកាត់ក្តី មិនមែនតាមបែបមនុស្សលោកទេ គឺតាមព្រះអម្ចាស់វិញ ព្រះអង្គនឹងគង់នៅជាមួយអស់លោកក្នុងពេលដែលអស់លោកកាត់ក្តី។ ៧ ឥឡូវនេះ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងមិនចេះគៃបន្លំ ព្រះអង្គមិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
៨ ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ព្រះបាទយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមបូជាចារ្យ និងមេលើក្រុមគ្រួសារអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម ឲ្យកាត់ក្តី ក្នុងនាមព្រះអម្ចាស់ ព្រមទាំងដោះស្រាយជម្លោះដែរ។ ៩ ស្តេចបង្គាប់ទៅលោកទាំងនោះថា៖ «សូមអស់លោកប្រព្រឹត្តដោយគោរពកោតខ្លាចព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់ និងឥតលំអៀង។ ១០ ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្តីអំពីវិន័យ បទបញ្ជា ក្រឹត្យវិន័យ និងច្បាប់ណាមួយ មកសុំឲ្យអស់លោកកាត់ក្តី ក្នុងគ្រប់ករណី អស់លោកត្រូវក្រើនរំឭកពួកគេឲ្យដឹងខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ ហើយកុំឲ្យព្រះអង្គព្រះអង្គព្រះពិរោធចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំឲ្យមានកំហុស។ ១១ លោកមហាបូជាចារ្យអម៉ារីយ៉ានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងព្រះអម្ចាស់។ លោកសេបាឌីយ៉ា ជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្តេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូមព្រះអម្ចាស់គង់ជាមួយអ្នកដែលបំពេញមុខងារបានល្អ»។
២០
កងទ័ពម៉ូអាប់ និងកងទ័ពអាំម៉ូនវាយលុកស្រុកយូដា ពាក្យអធិស្ឋានរបស់ព្រះបាទយ៉ូសាផាត
១ ក្រោយមកទៀត ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះបាទយ៉ូសាផាត។ ២ មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសន-តាម៉ារ គឺនៅអេនកេឌី»។
៣ ព្រះបាទយ៉ូសាផាតភ័យខ្លាចជាខ្លាំង ព្រះអង្គក៏សម្រេចចិត្តទូលសួរព្រះអម្ចាស់ ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។ ៤ អ្នកស្រុកយូដាជួបជុំគ្នាស្វែងរកព្រះអម្ចាស់ ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះអម្ចាស់។ ៥ ព្រះបាទយ៉ូសាផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ខាងមុខព្រលានថ្មី។ ៦ ស្តេចមានរាជឱង្ការថា៖
«បពិត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអង្គគង់នៅស្ថានបរមសុខ ព្រះអង្គគ្រប់គ្រងលើនគរទាំងអស់នៃប្រជាជាតិនានា។ ព្រះអង្គប្រកបដោយព្រះចេស្ដា និងឫទ្ធានុភាព គ្មាននរណាអាចតទល់នឹងព្រះអង្គឡើយ! ៧ ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានបណ្តេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ ព្រមទាំងប្រទានស្រុកនេះឲ្យពូជពង្សលោកអប្រាហាំ ជាមិត្តរបស់ព្រះអង្គ រហូតតទៅ។ ៨ ពួកគេរស់នៅក្នុងស្រុកនេះ ពួកគេបានសង់ទីសក្ការៈមួយថ្វាយព្រះនាមរបស់ព្រះអង្គ ដោយពោលថា ៩ “ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខព្រះដំណាក់នេះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គស្ថិតនៅក្នុងព្រះដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូលអង្វរសូមព្រះអង្គជួយ។ ពេលនោះ សូមព្រះអង្គព្រះសណ្ដាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។ ១០ ឥឡូវនេះ ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលព្រះអង្គហាមអ៊ីស្រាអែលមិនឲ្យឆ្លងកាត់ នៅពេលចាកចេញពីស្រុកអេស៊ីប - ១១ ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះអង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។ ១២ ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។
១៣ អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមានប្រពន្ធ កូន និងទារក នៅជាមួយដែរ។
ព្រះអម្ចាស់ប្រទានជ័យជម្នះដល់ជនជាតិយូដា
១៤ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ យាងមកក្នុងចំណោមអង្គប្រជុំ ដោយសណ្ឋិតលើលោកយ៉ាស៊ីអែល ក្នុងក្រុមលេវី គាត់ត្រូវជាកូនរបស់លោកសាការី ជាចៅរបស់លោកបេណាយ៉ា ជាចៅទួតរបស់លោកយេអ៊ីអែល និងជាចៅលួតរបស់លោកម៉ាតានីយ៉ា ដែលជាពូជពង្សរបស់លោកអសាភ។ ១៥ លោកយ៉ាស៊ីអែលប្រកាសថា៖ «បពិត្រព្រះករុណាយ៉ូសាផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម សូមត្រងត្រាប់ស្ដាប់! ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណា និងបងប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់ស្លុត នៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើព្រះជាម្ចាស់។ ១៦ ស្អែក ចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវហាស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោស្ថានយេរូអែល។ ១៧ អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់ប្រទានជ័យជម្នះដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះអម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។
១៨ ព្រះបាទយ៉ូសាផាតក្រាបចុះ ឱនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម ក៏នាំគ្នាឱនកាយ ក្រាបថ្វាយបង្គំព្រះអម្ចាស់ដែរ។ ១៩ ក្រុមលេវីដែលមកពីអំបូរគើហាត់ និងពូជពង្សលោកកូរេ នាំគ្នាក្រោកឡើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺសំឡេងយ៉ាងរំពង។
២០ ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានតេកូអា។ មុនពេលចេញដំណើរ ព្រះបាទយ៉ូសាផាតក្រោកឈរឡើង ហើយមានរាជឱង្ការថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្ដាប់យើង! ចូរទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើព្យាការីរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។ ២១ បន្ទាប់មក ព្រះរាជាពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចម្រៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ព ដោយច្រៀងតម្កើងព្រះអម្ចាស់ថា «ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។ ២២ ក្នុងពេលដែលពួកគេបន្លឺសំឡេងចម្រៀងសរសើរតម្កើង ព្រះអម្ចាស់បានធ្វើឲ្យកើតវឹកវរនៅក្នុងជួរទ័ពរបស់ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ និងអ្នកស្រុកភ្នំសៀរ ធ្វើឲ្យពួកគេវាយគ្នាឯង។ ២៣ មុនដំបូង កងទ័ពអាំម៉ូនព្រួតគ្នាជាមួយកងទ័ពម៉ូអាប់ វាយកម្ទេច និងបំផ្លាញអ្នកស្រុកភ្នំសៀរឲ្យវិនាសសូន្យ រួចហើយពួកគេកាប់សម្លាប់គ្នាឯង។ ២៤ ពេលជនជាតិយូដាទៅដល់កន្លែង ដែលសម្រាប់ពិនិត្យមើលវាលរហោស្ថាន ពួកគេក្រឡេកមើលទៅទីតាំងទ័ពរបស់ខ្មាំងសត្រូវ ឃើញមានសុទ្ធតែសាកសពនៅពាសពេញដី ឥតមាននរណាម្នាក់រួចជីវិតឡើយ។ ២៥ ព្រះបាទយ៉ូសាផាត និងប្រជាជនរបស់ស្តេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើន ដែលនៅជាប់នឹងសាកសព។ ដោយជ័យភ័ណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។ ២៦ នៅថ្ងៃទីបួន ពួកគេជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ហើយអរព្រះគុណព្រះអម្ចាស់។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ ២៧ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល វិលមកក្រុងយេរូសាឡឹមវិញយ៉ាងសប្បាយ ដោយមានព្រះបាទយ៉ូសាផាតយាងនាំមុខពួកគេ។ ព្រះអម្ចាស់ប្រទានអំណរដ៏លើសលប់ដល់ពួកគេ ដោយធ្វើឲ្យខ្មាំងសត្រូវបរាជ័យ។ ២៨ ពួកគេចូលទៅក្នុងក្រុងយេរូសាឡឹម តាមចង្វាក់ឃឹម ពិណ និងត្រែ រហូតដល់ព្រះដំណាក់របស់ព្រះអម្ចាស់។ ២៩ ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា ព្រះអម្ចាស់បានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល ពួកគេភ័យខ្លាចជាខ្លាំង។ ៣០ រាជ្យរបស់ព្រះបាទយ៉ូសាផាតបានសុខក្សេមក្សាន្ត ដ្បិតព្រះជាម្ចាស់ប្រទានឲ្យស្តេចមានសន្តិភាព នៅគ្រប់ទិសទី។
ចុងរជ្ជកាលរបស់ព្រះបាទយ៉ូសាផាត
(១ពង្សាវតារក្សត្រ ២២.៤១-៥១)
៣១ ព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលព្រះអង្គមានជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។ ៣២ ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអសា ជាបិតា ដោយឥតងាករេឡើយ។ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៣៣ ប៉ុន្តែ ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជនពុំជំពាក់ចិត្តទាំងស្រុងលើព្រះនៃបុព្វបុរសខ្លួនឡើយ។ ៣៤ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្តេចស្រុកអ៊ីស្រាអែល។ ៣៥ មួយវិញទៀត ព្រះបាទយ៉ូសាផាត ជាស្តេចស្រុកយូដា បានរួមសហការជាមួយព្រះបាទអហាស៊ីយ៉ា ស្តេចស្រុកអ៊ីស្រាអែល ជាស្តេចប្រព្រឹត្តអំពើអាក្រក់។ ៣៦ ស្តេចទាំងពីរអង្គឲ្យគេសង់សំពៅ សម្រាប់ដើរផ្លូវឆ្ងាយ គេសង់សំពៅទាំងនោះនៅក្រុងអេស៊ីយ៉ូន-កេប៊ែរ។ ៣៧ ពេលនោះ ព្យាការីអេលីយេស៊ែរ ជាកូនរបស់លោកដូដាវ៉ា អ្នកស្រុកម៉ារេសា ថ្លែងព្រះបន្ទូលទាស់នឹងព្រះបាទយ៉ូសាផាត ដូចតទៅ៖ «ដោយព្រះករុណារួមសហការជាមួយព្រះបាទអហាស៊ីយ៉ា នោះព្រះអម្ចាស់នឹងរំលាយអ្វីៗដែលព្រះករុណាបានធ្វើជាមិនខាន!»។ សំពៅទាំងនោះក៏ត្រូវបាក់បែក មិនអាចចេញដំណើរទៅឡើយ។
២១
១ កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទយ៉ូរ៉ាមសោយរាជ្យនៅស្រុកយូដា
(២ពង្សាវតារក្សត្រ ៨.១៧-២៤)
២ ព្រះបាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្តេចអសារីយ៉ា យេហ៊ីអែល សាការី អសារីយ៉ា មីកាអែល និងសេផាទីយ៉ា ហើយទាំងអស់គ្នាសុទ្ធតែជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្តេចអ៊ីស្រាអែល។ ៣ ព្រះបាទយ៉ូសាផាត ជាបិតា បានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើនឲ្យបុត្រឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដា ឲ្យបុត្រទាំងនោះកាន់កាប់ទៀតផង តែស្តេចប្រគល់រាជសម្បត្តិឲ្យព្រះបាទយ៉ូរ៉ាម ព្រោះជាបុត្រច្បង។
៤ កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា និងពង្រឹងអំណាចបានហើយ ស្តេចធ្វើគុតអនុជទាំងអស់ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រាអែលទៀតផង។
៥ នៅពេលឡើងសោយរាជ្យ ព្រះបាទយ៉ូរ៉ាមមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ៦ ស្តេចដើរតាមមាគ៌ារបស់ស្តេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអខាប់ដែរ ព្រោះស្តេចបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអខាប់ ហើយស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ៧ ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងលុបបំបាត់រាជវង្សរបស់ព្រះបាទដាវីឌទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយព្រះបាទដាវីឌ ហើយព្រះអង្គក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ។
៨ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្តេចមួយអង្គ ឲ្យឡើងគ្រងរាជ្យលើពួកគេ។ ៩ ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅ ដោយមានពួកមេទ័ព និងរទេះចម្បាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្តេច និងពួកមេបញ្ជាការកងរទេះចម្បាំង។ ស្តេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ។ ១០ តាំងពីពេលនោះមក ជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះបាទយ៉ូរ៉ាមដែរ ព្រោះស្តេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ១១ ព្រះបាទយ៉ូរ៉ាមបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ លើភ្នំទាំងឡាយក្នុងស្រុកយូដា។ ស្តេចជំរុញអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុក ឲ្យគោរពព្រះដទៃ។ ១២ ស្តេចបានទទួលលិខិតមួយច្បាប់ពីព្យាការីអេលី ដែលមានសេចក្ដីដូចតទៅ “ព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោរបស់ព្រះករុណាមានព្រះបន្ទូលថា ព្រះករុណាពុំបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណាទេ ហើយព្រះករុណាក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអសា ជាស្តេចស្រុកយូដាដែរ។ ១៣ ផ្ទុយទៅវិញ ព្រះករុណាដើរតាមផ្លូវរបស់ស្តេចទាំងឡាយនៃស្រុកអ៊ីស្រាអែល ព្រះករុណាទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះដទៃ ដូចរាជវង្សរបស់ស្តេចអខាប់បានប្រព្រឹត្ត ហើយព្រះករុណាបានសម្លាប់ប្អូនបង្កើតរបស់ព្រះករុណា ដែលសុទ្ធតែជាមនុស្សប្រសើរជាងព្រះករុណាដែរ។ ១៤ ហេតុនេះ ព្រះអម្ចាស់នឹងប្រហារប្រជារាស្ដ្រ ព្រមទាំងបុត្រា មហេសី និងទ្រព្យសម្បត្តិរបស់ព្រះករុណា ដោយគ្រោះកាចដ៏សាហាវ។ ១៥ រីឯព្រះករុណាវិញ ព្រះជាម្ចាស់នឹងធ្វើឲ្យព្រះករុណាមានជំងឺជាទម្ងន់ គឺព្រះករុណានឹងមានរោគពោះវៀន ដែលបណ្តាលឲ្យព្រះករុណាឈឺចាប់កាន់តែខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាយចេញមក”។
១៦ ព្រះអម្ចាស់បានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងព្រះបាទយ៉ូរ៉ាម។ ១៧ អ្នកទាំងនោះលើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្តេច ព្រមទាំងចាប់បុត្រ និងមហេសីរបស់ស្តេច នាំយកទៅជាមួយផង គឺនៅសល់តែសម្តេចយ៉ូអាខាសមួយអង្គគត់ ដែលក្មេងជាងគេ។
១៨ បន្ទាប់មក ព្រះអម្ចាស់ប្រហារស្តេចដោយជំងឺពោះវៀន ដែលពុំអាចព្យាបាលឲ្យជាឡើយ។ ១៩ ជំងឺនោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រមាណជាពីរឆ្នាំក្រោយមក ពោះវៀនរបស់ស្តេចយ៉ូរ៉ាមក៏ធ្លាយចេញពីរូបកាយ ហើយស្តេចសោយទិវង្គត ដោយឈឺចាប់បំផុត។ ប្រជាជនពុំបានធ្វើពិធីថ្វាយព្រះភ្លើងចំពោះស្តេច ដូចគេបានធ្វើចំពោះអយ្យកោរបស់ស្តេចឡើយ។
២០ ព្រះបាទយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្តេចសោយទិវង្គត គ្មាននរណាសោកស្តាយទេ។ គេបញ្ចុះសពនៅបុរីព្រះបាទដាវីឌ តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ព្រះមហាក្សត្រឡើយ។
២២
ព្រះបាទអហាស៊ីយ៉ាសោយរាជ្យនៅស្រុកយូដា
(២ពង្សាវតារក្សត្រ ៨.២៥-២៩, ៩.២១-២៩)
១ ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នាលើកសម្តេចអហាស៊ីយ៉ា ជាបុត្រពៅរបស់ព្រះបាទយ៉ូរ៉ាម ឲ្យឡើងស្នងរាជ្យបិតា ដ្បិតបុត្របងៗត្រូវជនជាតិអារ៉ាប់សម្លាប់អស់ នៅពេលពួកគេមកលុកលុយស្រុក។ ហេតុនេះហើយបានជាព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា។ ២ ព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យក្នុងជន្មាយុម្ភៃព្រះវស្សា ព្រះអង្គសោយរាជ្យបានមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អថាលី ជាចៅរបស់ព្រះបាទអូមរី។ ៣ ព្រះបាទអហាស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជវង្សព្រះបាទអខាប់ដែរ ដ្បិតមាតាជួយគំនិតស្តេចឲ្យប្រព្រឹត្តអំពើអាក្រក់។ ៤ ស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សរបស់ព្រះបាទអខាប់ដែរ ដ្បិតក្រោយពេលបិតាសោយទិវង្គត រាជវង្សរបស់ព្រះបាទអខាប់ជួយគំនិតព្រះបាទអហាស៊ីយ៉ា ដែលជំរុញឲ្យស្តេចត្រូវវិនាស។ ៥ ស្តេចធ្វើតាមយោបល់របស់ពួកគេ ហើយចូលដៃជាមួយព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអខាប់ ស្តេចស្រុកអ៊ីស្រាអែល ចេញទៅច្បាំងនឹងព្រះបាទហាសាអែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ពេលនោះ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមរបួស។ ៦ ព្រះបាទយ៉ូរ៉ាមត្រឡប់មកក្រុងយីសរេអែលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅក្រុងរ៉ាម៉ា ក្នុងពេលស្តេចប្រយុទ្ធជាមួយព្រះបាទហាសាអែល ស្តេចស្រុកស៊ីរី។ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្តេចស្រុកយូដា យាងចុះទៅក្រុងយីសរេអែល សួរសុខទុក្ខព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអខាប់ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។
៧ ព្រះបាទអហាស៊ីយ៉ាយាងទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដូច្នេះ មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យព្រះបាទអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ព្រះបាទអហាស៊ីយ៉ាយាងទៅជាមួយព្រះបាទយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូ ជាកូនរបស់លោកនីមស៊ី។ មុននោះ ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកយេហ៊ូជាស្តេច ដើម្បីឲ្យលោករំលាយរាជវង្សព្រះបាទអខាប់។ ៨ លោកយេហ៊ូធ្វើទោសរាជវង្សព្រះបាទអខាប់ ថ្វាយព្រះជាម្ចាស់ ហើយពេលលោកជួបពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងក្មួយៗរបស់ព្រះបាទអហាស៊ីយ៉ា ដែលជារាជបម្រើរបស់ស្តេច នោះលោកក៏ប្រហារជីវិតពួកគេទាំងអស់គ្នា។ ៩ លោកយេហ៊ូឲ្យគេតាមរកព្រះបាទអហាស៊ីយ៉ា ហើយគេចាប់ស្តេចបាននៅក្រុងសាម៉ារី ព្រោះស្តេចពួននៅទីនោះ។ គេនាំស្តេចទៅជួបលោកយេហ៊ូ ហើយលោកក៏ធ្វើគុតស្តេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្តេច ដ្បិតគេគិតថា ស្តេចត្រូវជារាជវង្សរបស់ព្រះបាទយ៉ូសាផាត ដែលស្វែងរកព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ព្រះបាទអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យឡើយ។
ព្រះនាងអថាលីដណ្ដើមអំណាចនៅក្រុងយេរូសាឡឹម
(២ពង្សាវតារក្សត្រ ១១.១-៣)
១០ កាលព្រះនាងអថាលី ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងសម្រេចចិត្តប្រល័យពូជពង្សទាំងអស់របស់ស្តេចស្រុកយូដា។ ១១ ពេលនោះ ម្ចាស់ក្សត្រិយ៍យេហូសេបាបានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ ព្រះនាងបាននាំបុត្រនោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងព្រះវិហារនៅជាមួយផង។ ម្ចាស់ក្សត្រិយ៍យេហូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់លោកបូជាចារ្យយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនឲ្យព្រះនាងអថាលីឃើញ ដូច្នេះ រាជកុមារក៏បានរួចពីស្លាប់។ ១២ ក្នុងពេលដែលព្រះនាងអថាលីគ្រងរាជ្យលើស្រុក រាជកុមារលាក់ខ្លួនជាមួយគេ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។
២៣
ព្រះបាទយ៉ូអាសឡើងគ្រងរាជ្យ
(២ពង្សាវតារក្សត្រ ១១.៤-២០)
១ លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាបានតាំងចិត្តក្លាហាន ហើយចុះសន្ធិសញ្ញាជាមួយពួកមេបញ្ជាការ គឺមានអសារីយ៉ា ជាកូនរបស់លោកយេរ៉ូហាំ លោកអ៊ីស្មាអែល ជាកូនរបស់លោកយ៉ូហាណន លោកអសារីយ៉ា ជាកូនរបស់លោកអូបេដ លោកម៉ាសេយ៉ា ជាកូនរបស់លោកអដាយ៉ា និងលោកអេលីសាផាត ជាកូនរបស់លោកស៊ីគរី។ ២ មេបញ្ជាការទាំងនោះធ្វើដំណើរពាសពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នា នៅក្រុងយេរូសាឡឹម។ ៣ អង្គប្រជុំទាំងមូលបានចុះសន្ធិសញ្ញាជាមួយព្រះរាជា នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកយេហូយ៉ាដាមានប្រសាសន៍ទៅពួកគេថា៖ «នេះនែ៎ បុត្ររបស់ព្រះមហាក្សត្រ! ព្រះអង្គនឹងគ្រងរាជ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្តីអំពីរាជវង្សរបស់ព្រះបាទដាវីឌ។ ៤ អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* គឺទាំងក្រុមបូជាចារ្យ ទាំងក្រុមលេវី មួយភាគបីត្រូវយាមនៅខ្លោងទ្វារ ៥ មួយភាគបីយាមក្នុងដំណាក់ស្តេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូលស្ថិតនៅក្នុងទីធ្លានៃព្រះដំណាក់របស់ព្រះអម្ចាស់។ ៦ មិនត្រូវឲ្យនរណាម្នាក់ចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ គឺមានក្រុមបូជាចារ្យ និងក្រុមលេវីដែលចំវេនបំពេញមុខងារប៉ុណ្ណោះដែលអាចចូលបាន ព្រោះពួកគេជាមនុស្សវិសុទ្ធ*។ ប្រជាជនទាំងមូលត្រូវគោរពតាមបម្រាមរបស់ព្រះអម្ចាស់។ ៧ ក្រុមលេវីត្រូវប្រដាប់អាវុធនៅការពារជុំវិញព្រះមហាក្សត្រ។ នរណាម្នាក់ហ៊ានចូលមកជិតព្រះដំណាក់ ត្រូវសម្លាប់គេចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីស្តេចយាងចេញ ឬចូលក៏ដោយ»។
៨ ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ដ្បិតលោកបូជាចារ្យយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។ ៩ លោកបូជាចារ្យយេហូយ៉ាដាចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ជូនមេបញ្ជាការទាំងនោះ។ ១០ លោកដាក់ពលទាហានទាំងអស់ ដែលប្រដាប់អាវុធគ្រប់ៗដៃ ឲ្យឈរយាមចាប់ពីប៉ែកខាងស្តាំ រហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ព្រមទាំងនៅជិតអាសនៈ និងនៅក្បែរព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។ ១១ គេយាងបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់លោក ចាក់ប្រេងអភិសេករាជកុមារ តែងតាំងជាស្តេច ទាំងស្រែកថា៖ «ជយោ ព្រះមហាក្សត្រ!»។
១២ កាលព្រះនាងអថាលីឮសម្រែកប្រជាជនដែលរត់ទៅមក ស្រែកអបអរសាទរព្រះមហាក្សត្រ ព្រះនាងយាងទៅមើលពួកគេ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ១៣ ព្រះនាងទតឃើញព្រះមហាក្សត្រថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចម្រៀងនាំប្រជាជនច្រៀងសរសើរតម្កើង ទាំងប្រគំតូរ្យតន្ដ្រីផង។ ព្រះនាងអថាលីហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។ ១៤ លោកបូជាចារ្យយេហូយ៉ាដាបញ្ជាទៅពួកមេបញ្ជាការដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទេ!»។ ១៥ គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់មាត់ខ្លោងទ្វារសេះ គេក៏ប្រហារជីវិតព្រះនាងនៅទីនោះ។
១៦ លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងព្រះមហាក្សត្រ ដើម្បីធ្វើជាប្រជារាស្ដ្ររបស់ព្រះអម្ចាស់។ ១៧ ប្រជាជនទាំងមូលនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាល នៅមុខអាសនៈទៀតផង។ ១៨ លោកយេហូយ៉ាដាចាត់ចែងឲ្យក្រុមបូជាចារ្យលេវី ទទួលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់ គឺអ្នកដែលព្រះបាទដាវីឌបានចែកជាក្រុមឲ្យបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ដូចមានចែងទុកក្នុងវិន័យរបស់លោកម៉ូសេ។ ព្រះបាទដាវីឌក៏បានបង្គាប់ឲ្យគេច្រៀងចម្រៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។ ១៩ លោកយេហូយ៉ាដាបានដាក់អ្នកយាមទ្វារ នៅតាមខ្លោងទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីកុំឲ្យអ្នកដែលមិនបរិសុទ្ធដោយប្រការណាមួយក្តី អាចចូលឡើយ។
២០ បន្ទាប់មក លោកនាំពួកមេបញ្ជាការ ពួកអភិជន ពួកអ្នកមុខអ្នកការក្នុងចំណោមប្រជាជន និងប្រជាជនទាំងមូលនៅក្នុងស្រុក មកដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំង តាមខ្លោងទ្វារប៉ែកខាងលើ រួចយាងព្រះរាជាឡើងគង់លើបល្ល័ង្ករាជ្យ។
២១ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលី ដោយមុខដាវ។
២៤
ព្រះបាទយ៉ូអាសជួសជុលព្រះវិហារ
(២ពង្សាវតារក្សត្រ ១២.១-១៧)
១ ព្រះបាទយ៉ូអាសឡើងសោយរាជ្យ ក្នុងជន្មាយុប្រាំពីរព្រះវស្សា ព្រះអង្គសោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។ ២ ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិតរបស់លោកបូជាចារ្យយេហូយ៉ាដា។ ៣ លោកយេហូយ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះបាទយ៉ូអាស ហើយស្តេចបង្កើតបានបុត្រាបុត្រីជាច្រើន។
៤ ក្រោយមក ព្រះបាទយ៉ូអាសមានបំណងជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ ៥ ស្តេចកោះហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នា ហើយមានរាជឱង្ការថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំ ត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ដើម្បីជួសជុលព្រះដំណាក់នៃព្រះរបស់អស់លោក។ សូមសម្រេចការនេះឲ្យបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះឲ្យបានរួសរាន់ទេ។ ៧ ព្រះរាជាក៏ត្រាស់ហៅលោកមហាបូជាចារ្យយេហូយ៉ាដាមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ឲ្យសហគមន៍អ៊ីស្រាអែលយកមកថ្វាយសម្រាប់ពន្លានៃសន្ធិសញ្ញា? ៨ ម្ចាស់ក្សត្រិយ៍អថាលីដ៏អប្រិយ និងបរិវាររបស់គាត់ បានបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកវត្ថុសក្ការៈទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅប្រើប្រាស់សម្រាប់ព្រះបាល»។
៨ ពេលនោះ ព្រះរាជាឲ្យគេធ្វើហិបមួយ យកទៅដាក់នៅខាងមុខមាត់ទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់។ ៩ គេចេញប្រកាសនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ឲ្យប្រជាជនយកពន្ធដារមកថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន។ ១០ មេដឹកនាំទាំងអស់ និងប្រជាជនទាំងមូល នាំគ្នាយកប្រាក់មកថ្វាយ ដោយចិត្តសប្បាយ។ គេដាក់ប្រាក់នៅក្នុងហិបរហូតដល់ពេញ។ ១១ លុះដល់ពេលដែលត្រូវនាំហិប ទៅឲ្យក្រុមលេវីត្រួតពិនិត្យមើលក្នុងនាមព្រះរាជា គឺនៅពេលដែលគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងលោកអធិការអមមហាបូជាចារ្យ ក៏មកយកប្រាក់ចេញពីហិប នាំយកទៅ ដោយទុកហិបនៅកន្លែងដើមវិញ។ គេធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ហើយទទួលបានប្រាក់យ៉ាងច្រើន។ ១២ ព្រះរាជា និងលោកយេហូយ៉ាដាប្រគល់ប្រាក់នោះទៅឲ្យពួកមេជាង ដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកមេជាងបានជួលកម្មករមកជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ គឺមានជាងដាប់ថ្ម និងជាងឈើ ព្រមទាំងជួលជាងដែក និងជាងលង្ហិនសម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ដែរ។ ១៣ មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួសជុលទាំងអស់ ធ្វើឲ្យព្រះដំណាក់របស់ព្រះជាម្ចាស់បានល្អ និងមាំ ដូចដើមឡើងវិញ។ ១៤ ក្រោយជួសជុលព្រះដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកថ្វាយព្រះរាជា និងប្រគល់ជូនលោកយេហូយ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានគ្រឿងបរិក្ខារសម្រាប់ពិធីផ្សេងៗ គ្រឿងបរិក្ខារសម្រាប់តង្វាយដុតទាំងមូល ពែង ព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និងប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូយ៉ាដា គេតែងតែថ្វាយតង្វាយដុតទាំងមូលជាអចិន្ត្រៃយ៍ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
ព្រះបាទយ៉ូអាសបោះបង់ចោលព្រះអម្ចាស់
១៥ លោកយេហូយ៉ាដាមានវ័យកាន់តែចាស់ជរា និងមានអាយុវែង រួចលោកទទួលមរណភាពក្នុងជន្មាយុមួយរយសាមសិបឆ្នាំ។ ១៦ គេបញ្ចុះសពលោកនៅបុរីព្រះបាទដាវីឌជាមួយស្តេច ដ្បិតលោកបានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រាអែល ចំពោះព្រះជាម្ចាស់ និងព្រះដំណាក់របស់ព្រះអង្គ។
១៧ ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដានាំគ្នាមកក្រាបថ្វាយបង្គំព្រះរាជា ហើយព្រះរាជាព្រះអង្គព្រះសណ្ដាប់ពួកគេ។ ១៨ ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្តាលឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។ ១៩ ព្រះអម្ចាស់បានចាត់ពួកព្យាការីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេឲ្យវិលមករកព្រះអង្គវិញ។ ព្យាការីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។ ២០ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយប្រកាសថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។ ២១ ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ តាមបញ្ជារបស់ស្តេច។ ២២ ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្ដីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការី បានសម្ដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់ លោកសាការីពោលថា៖ «សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។
ចុងបញ្ចប់នៃរជ្ជកាលព្រះបាទយ៉ូអាស
(២ពង្សាវតារក្សត្រ ១២.១៨-២២)
២៣ មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជ័យភ័ណ្ឌទាំងអស់ទៅថ្វាយស្តេចនៅក្រុងដាម៉ាស។ ២៤ កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នាច្រើន ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សម្រាប់ដាក់ទោសព្រះបាទយ៉ូអាស។ ២៥ បន្ទាប់មក កងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យព្រះបាទយ៉ូអាសប្រឈួនជាទម្ងន់។ ពួករាជបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្មទៅលើកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ គេធ្វើគុតស្តេចនៅក្នុងក្រឡាបន្ទំ រួចយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្តេចឯទៀតៗទេ។ ២៦ អ្នកដែលបានឃុបឃិតគ្នាធ្វើគុតស្តេច គឺលោកសេបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយេហូសាបាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។
២៧ រីឯចំនួនបុត្ររបស់ស្តេច និងសេចក្ដីជាច្រើនដែលព្យាការីថ្លែងប្រឆាំងនឹងស្តេច ព្រមទាំងកំណត់ហេតុស្តីអំពីការជួសជុលព្រះដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ព្រះមហាក្សត្រ។ ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។
២៥
ព្រះបាទអម៉ាស៊ីយ៉ាសោយរាជ្យលើស្រុកយូដា
(២ពង្សាវតារក្សត្រ ១៤.១-៧)
១ ព្រះបាទអម៉ាស៊ីយ៉ាឡើងសោយរាជ្យ នៅក្នុងជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។ ២ ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ តែមិនមែនដោយស្មោះអស់ពីចិត្តទេ។ ៣ ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្តេចប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតបិតារបស់ស្តេច។ ៤ ប៉ុន្តែ ស្តេចពុំបានឲ្យគេប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដ្បិតស្តេចគោរពតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គឺព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ ព្រោះតែទោសរបស់កូន ហើយកូនក៏មិនត្រូវស្លាប់ ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។
៥ ព្រះបាទអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច។ បន្ទាប់មក ស្តេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០ នាក់ ជាទាហានដ៏ចំណាន ដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។ ៦ ស្តេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់អាចចំនួន ១០០ ០០០ នាក់ ពីស្រុកអ៊ីស្រាអែល។
៧ មានអ្នកជំនិតរបស់ព្រះជាម្ចាស់មួយរូប មកទូលស្តេចថា៖ «បពិត្រព្រះរាជា សូមកុំឲ្យទាហានអ៊ីស្រាអែលចេញទៅជាមួយព្រះករុណាឡើយ ដ្បិតព្រះអម្ចាស់មិនគង់ជាមួយអ៊ីស្រាអែល គឺព្រះអង្គមិនគង់ជាមួយកូនចៅអេប្រាអ៊ីមទាំងនេះទេ។ ៨ ប្រសិនបើព្រះករុណាឲ្យពួកគេទៅជាមួយ ទោះបីព្រះករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្តី ក៏ព្រះជាម្ចាស់ធ្វើឲ្យព្រះករុណាបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលប្រទានជ័យជម្នះ ឬធ្វើឲ្យបរាជ័យ»។ ៩ ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «តើត្រូវធ្វើដូចម្ដេច ចំពោះប្រាក់ដែលយើងបានឲ្យទៅទាហានអ៊ីស្រាអែលទាំងនោះ!»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលស្តេចថា៖ «ព្រះអម្ចាស់អាចប្រទានប្រាក់មកព្រះករុណាវិញច្រើនជាងនេះទៅទៀត»។ ១០ ពេលនោះ ព្រះបាទអម៉ាស៊ីយ៉ាបំបែកទាហានអេប្រាអ៊ីមចេញពីជួរទ័ព ឲ្យគេវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ទាហានទាំងនោះខឹងជនជាតិយូដាយ៉ាងខ្លាំង គេវិលត្រឡប់ទៅផ្ទះវិញ ទាំងក្ដៅក្រហាយ។
១១ ព្រះបាទអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកងទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។ ១២ ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្មមួយ រួចច្រានទម្លាក់ចុះមក ធ្វើឲ្យពួកគេស្លាប់ទាំងអស់គ្នា។
១៣ រីឯទាហានអ៊ីស្រាអែលដែលព្រះបាទអម៉ាស៊ីយ៉ាបណ្តេញឲ្យវិលទៅផ្ទះវិញ ដើម្បីកុំឲ្យទៅច្បាំងជាមួយនោះ បាននាំគ្នារាតត្បាតក្រុងនានាក្នុងស្រុកយូដា ដែលនៅចន្លោះក្រុងសាម៉ារី និងក្រុងបេតហូរ៉ូន ហើយសម្លាប់ប្រជាជនអស់បីពាន់នាក់ ព្រមទាំងរឹបអូសយកជ័យភ័ណ្ឌជាច្រើនទៀតផង។
ព្រះបាទអម៉ាស៊ីយ៉ាច្បាំងចាញ់ស្តេចស្រុកអ៊ីស្រាអែល
(២ពង្សាវតារក្សត្រ ១៤.៨-១៤)
១៤ ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ព្រះបាទអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្តេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួន ដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបថ្វាយព្រះទាំងនោះទៀតផង។ ១៥ ពេលនោះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងព្រះបាទអម៉ាស៊ីយ៉ាយ៉ាងខ្លាំង ព្រះអង្គចាត់ព្យាការីឲ្យទៅគាល់ស្តេច ទូលថា៖ «ព្រះទាំងនេះមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះករុណាទេ ចុះហេតុដូចម្ដេចបានជាព្រះករុណាបែរទៅគោរពព្រះរបស់សាសន៍នោះដូច្នេះ!»។ ១៦ លោកមានប្រសាសន៍មិនទាន់ផុតផង ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅលោកថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្តេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ ព្យាការីថ្លែងថា៖ «ទូលបង្គំដឹងហើយថា ព្រះជាម្ចាស់បានសម្រេចនឹងបំផ្លាញព្រះករុណា ដ្បិតព្រះករុណាប្រព្រឹត្តបែបនេះ ហើយព្រះករុណាក៏បដិសេធមិនព្រមស្ដាប់យោបល់របស់ទូលបង្គំដែរ»។
១៧ ក្រោយពីបានសួរយោបល់ទីប្រឹក្សាឯទៀតៗរួចហើយ ព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដា ចាត់គេឲ្យទៅទូលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាខាស និងជាចៅរបស់ព្រះបាទយេហ៊ូថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា!»។ ១៨ ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល ចាត់មនុស្សឲ្យមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាវិញថា៖ «គ្រាមួយនោះ គុម្ពបន្លាដែលដុះនៅភ្នំលីបង់ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នកឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។ ១៩ ព្រះករុណាអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះ ព្រះរាជាកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះ សូមគង់ក្នុងព្រះដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដា មុខជាបរាជ័យមិនខាន!»។ ២០ ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់ តាមសេចក្ដីព្រមាននេះទេ ដ្បិតព្រះជាម្ចាស់បណ្តាលឲ្យកើតមានដូច្នេះ ដើម្បីឲ្យស្តេច និងកងទ័ព ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ព្រោះស្តេចបានបែកចិត្តទៅរកព្រះនានារបស់ជនជាតិអេដុម។ ២១ ពេលនោះ ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដា នៅក្រុងបេតសេមេស ក្នុងស្រុកយូដា។ ២២ កងទ័ពយូដាវាយចាញ់កងទ័ពអ៊ីស្រាអែល ហើយពលទាហានយូដាបាក់ទ័ពរត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។ ២៣ ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល ចាប់បានព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទយ៉ូអាខាស នៅបេតសេមេស ធ្វើជាឈ្លើយ។ បន្ទាប់មក ព្រះបាទយ៉ូអាសនាំព្រះបាទអម៉ាស៊ីយ៉ាទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។ ២៤ ស្តេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលមានលោកអូបេដ-អេដុម ជាអ្នកមើលខុសត្រូវ ព្រមទាំងវត្ថុនៅក្នុងឃ្លាំងរាជទ្រព្យ ហើយនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
ចុងបញ្ចប់នៃរជ្ជកាលព្រះបាទអម៉ាស៊ីយ៉ា
(២ពង្សាវតារក្សត្រ ១៤.១៥-២០)
២៥ ក្រោយពីព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាខាស ស្តេចអ៊ីស្រាអែល សោយទិវង្គត ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្តេចស្រុកយូដា មានព្រះជន្មគង់នៅបានដប់ប្រាំវស្សាទៀត។ ២៦ រាជកិច្ចផ្សេងៗរបស់ព្រះបាទអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។ ២៧ ក្រោយពេលដែលព្រះបាទអម៉ាស៊ីយ៉ាបែកចិត្តចេញពីព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់នឹងស្តេច ដូច្នេះ ស្តេចក៏ភៀសខ្លួនទៅក្រុងឡាគីស តែគេបានដេញតាមព្រះរាជារហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្តេចនៅទីនោះ។ ២៨ គេដឹកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា។
២៦
ព្រះបាទអសារីយ៉ាឡើងគ្រងរាជ្យជាស្តេចស្រុកយូដា
(២ពង្សាវតារក្សត្រ ១៤.២១-២២,១៥.១-៣)
១ ប្រជាជនស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអសារីយ៉ា ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យបន្តពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។ ២ ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារីយ៉ាបានសង់ក្រុងអេឡាត ឡើងវិញ រួចដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដាដូចពីមុន។ ៣ ព្រះបាទអសារីយ៉ាឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុដប់ប្រាំមួយព្រះវស្សា ព្រះអង្គសោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា យេកូលីយ៉ា ជាអ្នកក្រុងយេរូសាឡឹម។ ៤ ស្តេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។
ព្រះបាទអសារីយ៉ាបែកចិត្តចេញពីព្រះអម្ចាស់
៥ ព្រះបាទអសារីយ៉ាយកព្រះហឫទ័យទុកដាក់ស្វែងរកព្រះជាម្ចាស់ ក្នុងពេលដែលលោកសាការីនៅរស់នៅឡើយ ព្រោះលោកណែនាំស្តេចឲ្យគោរពកោតខ្លាចព្រះជាម្ចាស់។ ដរាបណាស្តេចស្វែងរកព្រះជាម្ចាស់ ព្រះអង្គប្រទានឲ្យស្តេចបានចម្រុងចម្រើនជានិច្ច។ ៦ ស្តេចលើកទ័ពទៅវាយជនជាតិភីលីស្ទីន ហើយទម្លុះកំពែងក្រុងកាថ ក្រុងយ៉ាប់ណេ និងក្រុងអាស្ដូដ។ ស្តេចបានសង់ក្រុងនៅតំបន់ក្រុងអាស្ដូដ និងក្នុងទឹកដីភីលីស្ទីន។ ៧ ព្រះជាម្ចាស់ជួយស្តេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងកួរ-បាល និងជនជាតិម៉ាអូន។ ៨ ជនជាតិអាំម៉ូននាំយកសួយសារអាករមកថ្វាយព្រះបាទអសារីយ៉ា។ ព្រះកិត្តិនាមរបស់ស្តេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតព្រះអង្គមានឫទ្ធិអំណាចយ៉ាងខ្លាំង។ ៩ ព្រះបាទអសារីយ៉ាបានសង់ប៉មដ៏រឹងមាំនៅក្រុងយេរូសាឡឹម ខាងលើខ្លោងទ្វារនៅជ្រុងកំពែង ទ្វារជ្រលងភ្នំ និងនៅលើមុមកំពែង។ ១០ ស្តេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្តេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្តេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរថ្វាយ នៅតាមតំបន់ភ្នំ និងនៅភ្នំកាម៉ែលដែរ ព្រោះស្តេចសព្វព្រះហឫទ័យខាងវិស័យកសិកម្ម។ ១១ ព្រះបាទអសារីយ៉ាមានកងទ័ព ដែលត្រៀមខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ កងទ័ពនេះចែកជាកងពលផ្សេងៗ ដូចលោកយេអ៊ីអែល ជាស្មៀនហ្លួង និងលោកម៉ាសេយ៉ា ជាមន្ត្រីរដ្ឋបាល បានជំរឿន ហើយដឹកនាំដោយលោកហាណានីយ៉ា ជាមេទ័ពរបស់ស្តេច។ ១២ ទាហានដ៏អង់អាចទាំងនោះស្ថិតនៅក្រោមបញ្ជាមេក្រុមគ្រួសារ ២៦០០ រូប ១៣ និងមានចំនួនទាំងអស់ ៣០៧៥០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ខ្លាំងពូកែ មានចិត្តអង់អាច ហើយត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធទល់នឹងខ្មាំងសត្រូវរបស់ព្រះរាជា។ ១៤ ព្រះបាទអសារីយ៉ាបានប្រគល់ខែល លំពែង មួកដែក អាវក្រោះ ធ្នូ ព្រមទាំងដង្ហក់សម្រាប់បាញ់គ្រួស ឲ្យទាហានគ្រប់ៗរូប។ ១៥ នៅក្រុងយេរូសាឡឹម ស្តេចឲ្យជាងដ៏ជំនាញផលិតគ្រឿងសាស្ត្រាវុធ ដាក់នៅតាមប៉ម និងតាមមុមកំពែងក្រុង ដើម្បីបាញ់ព្រួញ និងចោលដុំថ្ម។ កិត្តិនាមរបស់ស្តេចបានល្បីខ្ចរខ្ចាយរហូតដល់ស្រុកឆ្ងាយៗ ដ្បិតព្រះជាម្ចាស់បានជួយស្តេចយ៉ាងច្រើនបំផុត ធ្វើឲ្យស្តេចពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ។
ព្រះបាទអសារីយ៉ាកើតរោគឃ្លង់
១៦ ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្តេចក៏មានអំនួត រហូតដល់បណ្តាលឲ្យស្តេចត្រូវវិនាស។ ស្តេចក្បត់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន គឺស្តេចបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយដុតគ្រឿងក្រអូបនៅលើអាសនៈថ្វាយគ្រឿងក្រអូប។ ១៧ លោកបូជាចារ្យអសារីយ៉ាចូលមកតាមក្រោយស្តេច ដោយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែជាមនុស្សមានចិត្តអង់អាចមកជាមួយផង។ ១៨ លោកទាំងនោះឈរនៅមុខស្តេច ទូលថា៖ «បពិត្រព្រះករុណាអសារីយ៉ា ព្រះរាជាគ្មានសិទ្ធិដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ឡើយ គឺមានតែក្រុមបូជាចារ្យជាពូជពង្សរបស់លោកអរ៉ុនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមព្រះករុណាយាងចេញពីទីសក្ការៈនេះទៅ ដ្បិតព្រះករុណាក្បត់ព្រះជាម្ចាស់ ហើយព្រះករុណានឹងមិនទទួលកិត្តិយសអ្វីពីព្រះជាអម្ចាស់ឡើយ»។ ១៩ ព្រះបាទអសារីយ៉ាកាន់ពានសម្រាប់ដុតគ្រឿងក្រអូប ហើយពេលស្តេចខ្ញាល់ឡើងទាស់នឹងបូជាចារ្យ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមបូជាចារ្យ ក្បែរអាសនៈដុតគ្រឿងក្រអូប ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ២០ លោកមហាបូជាចារ្យអសារីយ៉ា និងបូជាចារ្យទាំងអស់ បែរទៅឃើញស្តេចកើតឃ្លង់នៅលើថ្ងាសដូច្នេះ ពួកលោកក៏នាំស្តេចចេញមកក្រៅជាបន្ទាន់។ រីឯស្តេចផ្ទាល់ក៏ប្រញាប់ចេញមកដែរ ព្រោះស្តេចជ្រាបថា ព្រះអម្ចាស់បានវាយប្រហារស្តេច។ ២១ ព្រះបាទអសារីយ៉ាកើតឃ្លង់ រហូតដល់ថ្ងៃដែលព្រះអង្គអស់ព្រះជន្ម។ ដោយស្តេចកើតឃ្លង់ដូច្នេះ ព្រះអង្គត្រូវគង់នៅក្នុងដំណាក់មួយដាច់ឡែកពីគេ ហើយមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានឡើយ។ សម្តេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។ ២២ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស បានកត់ត្រាទុកនូវរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអសារីយ៉ា តាំងពីដើមដល់ចប់។ ២៣ ព្រះបាទអសារីយ៉ាសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្តេចកើតឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រ ឡើងស្នងរាជ្យ។
២៧
ព្រះបាទយ៉ូថាមសោយរាជ្យលើស្រុកយូដា
(២ពង្សាវតារក្សត្រ ១៥.៣២-៣៨)
១ ព្រះបាទយ៉ូថាមឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃប្រាំព្រះវស្សា ព្រះអង្គសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។ ២ ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអសារីយ៉ា ជាបិតាដែរ។ ប៉ុន្តែ ស្តេចមិនបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ទេ។ ពេលនោះ ប្រជាជនប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ។
៣ ព្រះបាទយ៉ូថាមបានសង់ទ្វារដែលនៅខាងលើព្រះដំណាក់របស់ព្រះអម្ចាស់ និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុង ត្រង់អូផែល ឲ្យរឹតតែមាំថែមទៀត។ ៤ ស្តេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។ ៥ ស្តេចបានធ្វើសង្គ្រាមទល់នឹងស្តេចស្រុកអាំម៉ូន ហើយយកជ័យជម្នះលើពួកគេ។ នៅឆ្នាំនោះ ជនជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន មកថ្វាយជាសួយសារអាករដល់ព្រះបាទយ៉ូថាម។ នៅឆ្នាំបន្ទាប់ និងឆ្នាំទីបី ពួកគេក៏ថ្វាយបែបនោះដែរ។ ៦ ព្រះបាទយ៉ូថាមមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះព្រះអង្គប្រព្រឹត្តតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងជាប់លាប់។
៧ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូថាម ព្រមទាំងសង្គ្រាម និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រាអែល និងស្តេចស្រុកយូដា។ ៨ នៅពេលឡើងសោយរាជ្យ ស្តេចមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ៩ ព្រះបាទយ៉ូថាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអខាស ជាបុត្រ ឡើងស្នងរាជ្យ។
២៨
ព្រះបាទអខាសសោយរាជ្យលើស្រុកយូដា
(២ពង្សាវតារក្សត្រ ១៦.១-៦)
១ ព្រះបាទអខាសឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃព្រះវស្សា ព្រះអង្គសោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ស្តេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាព្រះអយ្យកោឡើយ។ ២ ស្តេចដើរតាមផ្លូវរបស់ស្តេចនានា នៅស្រុកអ៊ីស្រាអែល គឺព្រះអង្គហ៊ានរហូតដល់ធ្វើរូបចម្លាក់ពីលង្ហិន សម្រាប់ព្រះបាលទៀតផង។ ៣ ស្តេចដុតគ្រឿងក្រអូបនៅជ្រលងភ្នំហ៊ីណូម និងយកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខកូនចៅអ៊ីស្រាអែល។ ៤ ស្តេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
៥ ព្រះអម្ចាស់ ជាព្រះរបស់ស្តេច បានប្រគល់ស្តេចទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកស៊ីរី។ កងទ័ពស៊ីរីវាយឈ្នះព្រះបាទអខាស រួចចាប់ប្រជាជនជាច្រើនយកទៅជាឈ្លើយនៅក្រុងដាម៉ាស។ ព្រះបាទអខាសក៏ត្រូវបរាជ័យយ៉ាងធ្ងន់ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកអ៊ីស្រាអែលដែរ ៦ គឺក្នុងថ្ងៃតែមួយ ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលីយ៉ា ប្រហារជនជាតិយូដាអស់ ១២០ ០០០ នាក់ ដែលសុទ្ធសឹងជាទាហានដ៏អង់អាច ដ្បិតអ្នកទាំងនោះបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ៧ លោកស៊ីគរី ជាអ្នកចម្បាំងដ៏ពូកែ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម បានប្រហារជីវិតសម្តេចម៉ាសេយ៉ា ជាបុត្ររបស់ព្រះបាទអខាស ព្រមទាំងលោកអាសរីកាំ ជាអ្នកគ្រប់គ្រងព្រះរាជវាំង និងលោកអែលកាណា ជាមន្ត្រីជំនិតរបស់ស្តេច។ ៨ ជនជាតិអ៊ីស្រាអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួន ទៅជាឈ្លើយចំនួន ២០០ ០០០ នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជ័យភ័ណ្ឌជាច្រើន ទៅក្រុងសាម៉ារី។
៩ មានព្យាការីមួយរូបរបស់ព្រះអម្ចាស់ ឈ្មោះអូបេដ បានចេញទៅជួបកងទ័ពអ៊ីស្រាអែល ដែលវិលមកក្រុងសាម៉ារីវិញ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ព្រះអង្គព្រះពិរោធយ៉ាងខ្លាំងទាស់នឹងជនជាតិយូដា ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាសម្លាប់រង្គាលពួកគេយ៉ាងសាហាវ ធ្វើឲ្យសម្រែកលាន់ឮដល់ផ្ទៃមេឃ។ ១០ ឥឡូវនេះ អ្នករាល់គ្នាមានបំណងយកប្រជាជនប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡឹម ធ្វើជាទាសករទៀត! ចំណែកឯអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាពុំបានធ្វើខុសចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេឬ? ១១ ដូច្នេះ សូមស្ដាប់ខ្ញុំ សូមដោះលែងបងប្អូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាបានចាប់មកជាឈ្លើយនៅពេលនេះចុះ ដ្បិតព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងអ្នករាល់គ្នាហើយ»។
១២ ពេលនោះ មានមេបញ្ជាការកងទ័ពអេប្រាអ៊ីមមួយចំនួន គឺលោកអសារីយ៉ាជាកូនរបស់លោកយ៉ូហាណន លោកបេរេគីយ៉ាជាកូនរបស់លោកមេស៊ីលេម៉ុត លោកអេសេខ្យាសជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃ បាននាំគ្នាជំទាស់នឹងកងទ័ពដែលវិលមកពីច្បាំងវិញ។ ១៣ លោកទាំងនោះពោលទៅពួកគេថា៖ «សូមកុំនាំឈ្លើយសឹកមកទីនេះឡើយ! អ្នករាល់គ្នាមុខជាធ្វើឲ្យពួកយើងមានទោសយ៉ាងធ្ងន់ចំពោះព្រះអម្ចាស់ ថែមពីលើអំពើបាប និងកំហុសដ៏ធ្ងន់ធ្ងរ ដែលពួកយើងកំពុងតែមាននេះស្រាប់! ព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងជនជាតិអ៊ីស្រាអែលហើយ!»។ ១៤ ពួកទាហានក៏ដោះលែងឈ្លើយសឹក នៅចំពោះមុខមេដឹកនាំ និងអង្គប្រជុំទាំងមូល ហើយពួកគេក៏បោះបង់ចោលជ័យភ័ណ្ឌដែរ។ ១៥ គេបានចាត់តាំងទាហានមួយចំនួន តាមឈ្មោះរបស់ខ្លួន ឲ្យជួយពួកឈ្លើយសឹក គឺយកសម្លៀកបំពាក់ និងស្បែកជើងពីក្នុងរបស់ជ័យភ័ណ្ឌ មកពាក់ឲ្យអ្នកដែលនៅខ្លួនទទេ យកអាហារ និងទឹកមកឲ្យពួកគេបរិភោគ ព្រមទាំងព្យាបាលអ្នករបួស ហើយលើកអ្នកដែលដើរពុំបានដាក់លើខ្នងលា រួចនាំពួកគេទៅជួបជុំបងប្អូនរបស់ខ្លួន នៅក្រុងយេរីខូ ជាក្រុងដើមលម៉ើ។ បន្ទាប់មក ទាហានទាំងនោះវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
ព្រះបាទអខាសសុំជំនួយពីស្តេចស្រុកអាស្ស៊ីរី
(២ពង្សាវតារក្សត្រ ១៦.១៧-២០)
១៦ នៅគ្រានោះ ព្រះបាទអខាសចាត់អ្នកនាំសារទៅពឹងស្តេចស្រុកអាស្ស៊ីរីឲ្យមកជួយ ១៧ ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។ ១៨ មួយវិញទៀត កងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្ដើមយកបានក្រុងបេតសេមេស អៃយ៉ាឡូន កេដេរ៉ូត សូកូ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងទីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។ ១៩ ព្រះអម្ចាស់ធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីព្រះបាទអខាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹងព្រះអម្ចាស់ ហើយស្តេចក៏បែកចិត្តចេញពីព្រះអង្គដែរ។ ២០ ព្រះចៅទីកឡាត-ពីលេស៊ែរ ជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយព្រះបាទអខាស និងចាត់ទុកស្តេចជាសត្រូវ គឺពុំបានជួយគាំទ្រស្តេចឡើយ។ ២១ ព្រះបាទអខាសយកទ្រព្យពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅថ្វាយស្តេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។ ២២ ទោះបីព្រះបាទអខាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីព្រះអម្ចាស់ដដែល។ ២៣ ស្តេចធ្វើយញ្ញបូជាដល់ព្រះទាំងឡាយនៃក្រុងដាម៉ាស ដែលបានប្រហារឈ្នះស្តេច ដ្បិតស្តេចគិតថា «ព្រះរបស់ស្តេចស្រុកស៊ីរីតែងតែជួយស្តេចស្រុកអាស្ស៊ីរី ដូច្នេះ ខ្ញុំថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ ដើម្បីឲ្យព្រះអង្គយាងមកជួយខ្ញុំដែរ!»។ ប៉ុន្តែ ព្រះទាំងនោះបណ្តាលឲ្យស្តេច និងប្រជាជនអ៊ីស្រាអែលទាំងមូលវិនាស។
២៤ ព្រះបាទអខាសប្រមូលវត្ថុផ្សេងៗនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មកកម្ទេចចោល។ ស្តេចបានបិទទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ រួចសង់អាសនៈ នៅគ្រប់ច្រកល្ហក ក្នុងក្រុងយេរូសាឡឹម។ ២៥ ស្តេចក៏បានចាត់ចែងឲ្យមានកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅក្រុងនីមួយៗ ក្នុងស្រុកយូដា ដើម្បីដុតគ្រឿងក្រអូបឧទ្ទិសដល់ព្រះក្លែងក្លាយ ដែលជាហេតុបណ្តាលឲ្យព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ស្តេច ព្រះអង្គព្រះពិរោធ។
២៦ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអខាស និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។ ២៧ ព្រះបាទអខាសសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្តេចស្រុកអ៊ីស្រាអែលឡើយ។ បន្ទាប់មក ព្រះបាទអេសេខ្យាស ជាបុត្រ ឡើងស្នងរាជ្យ។
២៩
ព្រះបាទអេសេខ្យាសសោយរាជ្យនៅស្រុកយូដា
(២ពង្សាវតារក្សត្រ ១៨.១-៤)
១ ព្រះបាទអេសេខ្យាសបានឡើងសោយរាជ្យ ក្នុងព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការី។ ២ ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌជាព្រះអយ្យកោ ឥតខុសត្រង់ណាឡើយ។
៣ នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរជ្ជកាលរបស់ស្តេច ព្រះបាទអេសេខ្យាសបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងជួសជុលឡើងវិញ។ ៤ ស្តេចបានត្រាស់ហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នានៅព្រលានខាងកើត ៥ រួចមានរាជឱង្ការទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្ដាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យវិសុទ្ធ ហើយញែកព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ឲ្យវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទីសក្ការៈ។ ៦ ដូនតារបស់ពួកយើងបានបែកចិត្តចេញពីព្រះអម្ចាស់ ព្រមទាំងប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង។ ពួកលោកបានបោះបង់ចោលព្រះអង្គ ពួកលោកងាកមុខចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ ព្រមទាំងបែរខ្នងដាក់ទៀតផង។ ៧ ពួកលោកបានបិទទ្វារព្រះវិហារ និងពន្លត់ចង្កៀង ហើយលែងថ្វាយគ្រឿងក្រអូប ឬតង្វាយដុត*ទាំងមូល ចំពោះព្រះនៃជនជាតិអ៊ីស្រាអែល នៅក្នុងទីសក្ការៈនេះ។ ៨ ហេតុនេះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធទាស់នឹងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រះអង្គធ្វើឲ្យស្រុកនេះ និងក្រុងនេះក្លាយជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាព្រឺខ្លាច ហើយប្រមាថមាក់ងាយ ដូចអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកស្រាប់។ ៩ ដោយសារតែកំហុសនោះ ដូនតារបស់ពួកយើងបានដួលស្លាប់ដោយមុខដាវ កូនប្រុស កូនស្រី និងភរិយារបស់ពួកយើង ត្រូវខ្មាំងកៀរទៅជាឈ្លើយ។ ១០ ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីសូមព្រះអង្គពង្វាងព្រះពិរោធចេញពីពួកយើង។ ១១ ឥឡូវនេះ សូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិតព្រះអម្ចាស់បានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដើម្បីបំពេញមុខងារបម្រើព្រះអង្គ ក្នុងការថ្វាយគ្រឿងក្រអូប»។
១២ ពេលនោះ កូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរគើហាត់ មានលោកម៉ាហាត់ ជាកូនរបស់អម៉ាសាយ លោកយ៉ូអែល ជាកូនរបស់លោកអសារីយ៉ា។ ក្នុងអំបូរមេរ៉ារី មានលោកគីស ជាកូនរបស់លោកអាប់ឌី លោកអសារីយ៉ា ជាកូនរបស់លោកយេហាលេលេអែល។ ក្នុងអំបូរគែរសូនមានលោកយ៉ូអា។ ក្នុងអំបូរស៊ីមណាមានលោកអេដេន ជាកូនរបស់លោកយ៉ូអា។ ១៣ ក្នុងអំបូរអេលីសាផនមានលោកស៊ីមរី និងលោកយេអ៊ីអែល។ ក្នុងអំបូរអសាភមានលោកសាការី និងលោកម៉ាតានីយ៉ា។ ១៤ ក្នុងអំបូរហេម៉នមានលោកយេហ៊ីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូទូនមានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ីអែល។
១៥ អ្នកទាំងនោះបានប្រមូលផ្តុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យវិសុទ្ធ ហើយធ្វើពិធីជម្រះព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្តេច និងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១៦ ក្រុមបូជាចារ្យនាំគ្នាចូលទៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីជម្រះព្រះដំណាក់ឲ្យបរិសុទ្ធ។ ពួកគេយកអ្វីៗមិនបរិសុទ្ធដែលគេរកឃើញ នៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចេញមកទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្រុមលេវីយកចេញទៅក្រៅ បោះចោលនៅជ្រោះកេដ្រូន។ ១៧ ពួកគេធ្វើពិធីញែកព្រះដំណាក់ឲ្យវិសុទ្ធ* នៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យវិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។
១៨ បន្ទាប់មក ក្រុមលេវីនាំគ្នាទៅគាល់ព្រះបាទអេសេខ្យាស ទូលថា៖ «យើងខ្ញុំព្រះករុណាធ្វើពិធីជម្រះព្រះដំណាក់ទាំងមូលរបស់ព្រះអម្ចាស់ ព្រមទាំងអាសនៈថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ តុតម្កល់នំបុ័ង និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ ចប់សព្វគ្រប់ហើយ។ ១៩ រីឯវត្ថុទាំងប៉ុន្មានដែលព្រះបាទអខាសធ្វើឲ្យសៅហ្មង នៅពេលព្រះអង្គបោះបង់ចោលព្រះអម្ចាស់ ក្នុងគ្រាព្រះអង្គគ្រងរាជ្យនោះ យើងខ្ញុំក៏បានជួសជុល និងញែកជាវិសុទ្ធហើយដែរ។ យើងខ្ញុំដាក់វត្ថុទាំងនោះនៅមុខអាសនៈរបស់ព្រះអម្ចាស់»។
ព្រះបាទអេសេខ្យាសរៀបចំឲ្យមានពិធីគោរពបម្រើព្រះអម្ចាស់ និងការថ្វាយយញ្ញបូជាឡើងវិញ
២០ ព្រះបាទអេសេខ្យាសតើនពីព្រលឹម ហើយប្រមូលមេដឹកនាំនៅក្នុងទីក្រុងឲ្យមកជួបជុំគ្នា រួចឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់។ ២១ គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ព្រះរាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ព្រះរាជាបង្គាប់ក្រុមបូជាចារ្យ* ជាពូជពង្សរបស់លោកអរ៉ុន ឲ្យយកសត្វទាំងនោះធ្វើយញ្ញបូជា នៅលើអាសនៈរបស់ព្រះអម្ចាស់។ ២២ បូជាចារ្យនាំគ្នាសម្លាប់គោ រួចទទួលយកឈាមទៅប្រោះលើអាសនៈ។ បន្ទាប់មក គេសម្លាប់ចៀមឈ្មោល យកឈាមប្រោះលើអាសនៈ ហើយសម្លាប់កូនចៀម យកឈាមប្រោះលើអាសនៈ។ ២៣ បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប មកដាក់នៅមុខស្តេច និងនៅមុខអង្គប្រជុំ។ ស្តេច ព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។ ២៤ ក្រុមបូជាចារ្យក៏សម្លាប់ពពែឈ្មោល ហើយថ្វាយឈាមនៅលើអាសនៈ ទូលសូមព្រះជាម្ចាស់រំដោះបាបជនជាតិអ៊ីស្រាអែលទាំងមូល ដ្បិតព្រះរាជាបានប្រកាសថា តង្វាយដុតទាំងមូល* និងយញ្ញបូជារំដោះបាបនេះ ត្រូវថ្វាយសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។
២៥ ព្រះរាជាចាត់ក្រុមលេវីឲ្យឈរនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបញ្ជារបស់ព្រះបាទដាវីឌ និងលោកកាដ ជាគ្រូទាយរបស់ស្តេច ព្រមទាំងព្យាការីណាថាន ដ្បិតព្រះអម្ចាស់បង្គាប់ដូច្នេះ តាមរយៈព្យាការីរបស់ព្រះអង្គ។ ២៦ ក្រុមលេវីឈរនៅកន្លែងរបស់ខ្លួន ទាំងកាន់ឧបករណ៍តន្ដ្រីរបស់ព្រះបាទដាវីឌ ហើយក្រុមបូជាចារ្យកាន់ត្រែ។ ២៧ ព្រះបាទអេសេខ្យាសបង្គាប់ឲ្យគេថ្វាយតង្វាយដុតទាំងមូលនៅលើអាសនៈ។ នៅពេលគេចាប់ផ្តើមថ្វាយតង្វាយដុតទាំងមូល គេក៏ចាប់ផ្តើមច្រៀងថ្វាយព្រះអម្ចាស់ ដោយមានត្រែ និងឧបករណ៍តន្ដ្រីរបស់ព្រះបាទដាវីឌ ជាស្តេចស្រុកអ៊ីស្រាអែល ប្រគំកំដរផង។ ២៨ អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចម្រៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែគេថ្វាយតង្វាយដុតចប់សព្វគ្រប់។ ២៩ ពេលថ្វាយតង្វាយដុតរួចរាល់ហើយ ព្រះរាជា និងអស់អ្នកដែលនៅជាមួយស្តេច នាំគ្នាក្រាបចុះ ថ្វាយបង្គំ។ ៣០ បន្ទាប់មក ព្រះបាទអេសេខ្យាស និងពួកមន្ត្រី បង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងព្រះអម្ចាស់ តាមទំនុកដែលព្រះបាទដាវីឌ និងលោកអសាភ ជាគ្រូទាយ បានតែង។ ពួកគេសរសើរតម្កើងព្រះអង្គ ដោយអំណរសប្បាយដ៏លើសលប់ រួចនាំគ្នាឱនកាយក្រាបថ្វាយបង្គំ។
៣១ ពេលនោះ ព្រះបាទអេសេខ្យាសមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាយកតង្វាយមកថ្វាយព្រះអម្ចាស់។ ឥឡូវនេះ ចូរនាំសត្វដែលអ្នករាល់គ្នាត្រូវថ្វាយជាយញ្ញបូជាអរព្រះគុណ ចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចុះ»។ អង្គប្រជុំក៏នាំសត្វដែលត្រូវថ្វាយជាយញ្ញបូជាចូលមកថ្វាយ ដើម្បីអរព្រះគុណ។ អស់អ្នកដែលមានចិត្តទូលាយក៏បានថ្វាយតង្វាយដុតទាំងមូលដែរ។ ៣២ ចំនួនសត្វដែលអង្គប្រជុំយកមកថ្វាយជាតង្វាយដុតទាំងមូល មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេថ្វាយសត្វទាំងនោះជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ៣៣ គេក៏បានយកគោប្រាំមួយរយក្បាល និងចៀមបីពាន់ក្បាលទៀត មកថ្វាយជាយញ្ញបូជាផ្សេងៗដែរ។ ៣៤ ដោយបូជាចារ្យមានគ្នាតិចពេកមិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមបូជាចារ្យធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យវិសុទ្ធជាងក្រុមបូជាចារ្យ។ ៣៥ មួយវិញទៀត ក្រៅពីចំនួនតង្វាយដុតទាំងមូលដ៏ច្រើន រួមទាំងស្រាដែលច្រួចជាមួយនោះ គេក៏ត្រូវថ្វាយខ្លាញ់របស់សត្វ ដែលថ្វាយជាយញ្ញបូជាមេត្រីភាពនៅលើអាសនៈដែរ។
ដូច្នេះ គេបានចាត់ចែងឲ្យមានពិធីគោរពបម្រើព្រះអម្ចាស់ នៅក្នុងព្រះដំណាក់របស់ព្រះអង្គឡើងវិញ។ ៣៦ ព្រះបាទអេសេខ្យាស និងប្រជាជនទាំងមូល សប្បាយរីករាយក្រៃលែង ព្រោះព្រះជាម្ចាស់ជួយគេឲ្យសម្រេចការនេះបាន ដោយឥតបង្អែបង្អង់ឡើយ។
៣០
ព្រះបាទអេសេខ្យាសកោះហៅប្រជាជនមកធ្វើពិធីបុណ្យចម្លងនៅក្រុងយេរូសាឡឹម
១ ព្រះបាទអេសេខ្យាសចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា ព្រះអង្គក៏សរសេររាជសារផ្ញើទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេ អញ្ជើញពួកគេមកព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដើម្បីចូលរួមប្រារព្ធពិធីបុណ្យចម្លង*ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ២ ព្រះរាជា និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យចម្លងនៅខែទីពីរ។ ៣ គេពុំអាចប្រារព្ធពិធីនេះចំពេលកំណត់ឡើយ ព្រោះក្រុមបូជាចារ្យពុំទាន់បានញែកខ្លួនឲ្យវិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជាជនក៏ពុំទាន់មកជួបជុំគ្នា នៅក្រុងយេរូសាឡឹមនៅឡើយដែរ។ ៤ ព្រះរាជា និងអង្គប្រជុំទាំងមូល បានចុះសំរុងគ្នាបែបនេះ ៥ ហើយសម្រេចចេញសេចក្ដីប្រកាសមួយ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ចាប់ពីបៀរសេបារហូតដល់ក្រុងដាន់ ដើម្បីអញ្ជើញប្រជាជនមកក្រុងយេរូសាឡឹម ប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ៦ ពួកអ្នកនាំសារធ្វើដំណើរពាសពេញស្រុកអ៊ីស្រាអែល និងស្រុកយូដាទាំងមូល នាំសេចក្ដីប្រកាសដែលឡាយព្រះហស្ដដោយព្រះរាជា និងចុះហត្ថលេខាដោយពួកមន្ត្រី។ ពួកគេប្រកាសតាមបញ្ជារបស់ស្តេចដូចតទៅ៖ «កូនចៅអ៊ីស្រាអែលដែលនៅសេសសល់ ហើយគេចផុតពីកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីអើយ ចូរនាំគ្នាវិលមករកព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ដើម្បីឲ្យព្រះអង្គវិលមករកអ្នករាល់គ្នាវិញដែរ។ ៧ មិនត្រូវធ្វើដូចដូនតា ឬបងប្អូនរបស់អ្នករាល់គ្នា ដែលបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួននោះឡើយ។ ព្រះអង្គធ្វើឲ្យពួកគេវិនាសអន្តរាយ ដូចអ្នករាល់គ្នាឃើញស្រាប់ហើយ។ ៨ ឥឡូវនេះ កុំតាំងចិត្តរឹងរូសដូចដូនតារបស់អ្នករាល់គ្នាឡើយ តែត្រូវចុះចូលនឹងព្រះអម្ចាស់ ហើយនាំគ្នាមកទីសក្ការៈ ដែលព្រះអង្គបានញែកជាវិសុទ្ធ*រហូតតទៅ។ ចូរគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គលែងព្រះពិរោធនឹងអ្នករាល់គ្នាទៀត។ ៩ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ បងប្អូន និងកូនចៅរបស់អ្នករាល់គ្នា មុខជាទទួលការអាណិតមេត្តាពីសំណាក់អស់អ្នកដែលចាប់ពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកវិញ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តែងតែប្រណីសន្ដោស ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ។ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអង្គវិញនោះ ព្រះអង្គនឹងមិនបែរព្រះភ័ក្ត្រចេញពីអ្នករាល់គ្នាឡើយ»។
១០ ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប៊ូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។ ១១ ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអស៊ែរ ម៉ាណាសេ និងសាប៊ូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។ ១២ នៅស្រុកយូដា ព្រះជាម្ចាស់ជំរុញប្រជាជនឲ្យមានចិត្តគំនិតតែមួយ ធ្វើតាមបញ្ជារបស់ស្តេច និងពួកមន្ត្រីស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបាទអេសេខ្យាសប្រារព្ធពិធីបុណ្យចម្លងជាមួយជនជាតិអ៊ីស្រាអែលទាំងមូល
១៣ ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ* នៅខែទីពីរ។ ពេលនោះ អង្គប្រជុំមានចំនួនច្រើនកុះករ។ ១៤ ពួកគេផ្តើមពិធីបុណ្យ ដោយនាំគ្នារំលំអាសនៈទាំងឡាយនៅក្រុងយេរូសាឡឹម ព្រមទាំងរំលំអាសនៈដុតគ្រឿងក្រអូបទាំងប៉ុន្មាន រួចយកទៅបោះចោលនៅជ្រោះកេដ្រូន។ ១៥ បន្ទាប់មក ពួកគេសម្លាប់សត្វ ដែលត្រូវថ្វាយជាយញ្ញបូជា សម្រាប់ពិធីបុណ្យចម្លង* នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ។ ក្រុមបូជាចារ្យ និងក្រុមលេវី នឹកខ្មាសខ្លួន ក៏នាំគ្នាធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ រួចថ្វាយតង្វាយដុតទាំងមូល នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ១៦ ពួកគេបំពេញមុខងារតាមកន្លែងរៀងៗខ្លួន ដូចមានចែងទុកក្នុងវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ ក្រុមបូជាចារ្យទទួលឈាមសត្វពីក្រុមលេវី យកទៅប្រោះលើអាសនៈ។ ១៧ នៅក្នុងអង្គប្រជុំ ដោយមានមនុស្សជាច្រើនពុំទាន់ធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធនៅឡើយ ក្រុមលេវីក៏សម្លាប់សត្វសម្រាប់ពិធីបុណ្យចម្លង ជំនួសអស់អ្នកដែលមិនបរិសុទ្ធ ដើម្បីញែកពួកគេថ្វាយព្រះអម្ចាស់ ១៨ ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាកា និងសាប៊ូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យចម្លង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះ ព្រះបាទអេសេខ្យាសទូលអង្វរឲ្យពួកគេថា៖ ១៩ «ឱព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំអើយ ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស សូមលើកលែងទោសឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ដោយស្មោះអស់ពីចិត្តនេះផង ទោះបីពួកគេពុំបានញែកខ្លួនជាបរិសុទ្ធថ្វាយព្រះអង្គនៅឡើយក៏ដោយ»។ ២០ ព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់ពាក្យទូលអង្វររបស់ព្រះបាទអេសេខ្យាស ព្រះអង្គមិនធ្វើទោសប្រជាជនឡើយ។
២១ ជនជាតិអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលប់ អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមបូជាចារ្យ សរសើរតម្កើងព្រះអម្ចាស់ ដោយប្រគំតូរ្យតន្ដ្រីយ៉ាងរំពងថ្វាយព្រះអង្គ។ ២២ ព្រះបាទអេសេខ្យាសមានរាជឱង្ការលើកទឹកចិត្តពួកលេវីទាំងអស់ ដែលសុទ្ធសឹងតែជាអ្នកជំពាក់ចិត្តទាំងស្រុងលើព្រះអម្ចាស់។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ប្រជាជនបរិភោគសាច់របស់សត្វ ដែលគេថ្វាយជាយញ្ញបូជាមេត្រីភាព* ហើយលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
២៣ អង្គប្រជុំទាំងមូលបានព្រមព្រៀងគ្នាប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃបន្តទៀត។ ក្នុងរយៈពេលប្រាំពីរថ្ងៃនេះ ពួកគេនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ ២៤ ដ្បិតព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាលដល់ប្រជាជន ហើយពួកមន្ត្រីក៏ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជាជនដែរ។ បូជាចារ្យមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។ ២៥ អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រាអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រាអែលក្តី ឬរស់នៅក្នុងស្រុកយូដាក្តី នាំគ្នាសប្បាយរីករាយក្រៃលែង។ ២៦ នៅក្រុងយេរូសាឡឹមគេមានអំណរសប្បាយជាខ្លាំង គឺតាំងពីជំនាន់ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្តេចស្រុកអ៊ីស្រាអែលតរៀងមក មិនដែលមានពិធីបុណ្យបែបនេះនៅក្រុងយេរូសាឡឹមទេ។ ២៧ ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាក្រោកឡើង ជូនពរប្រជាជន។ ពាក្យទូលអង្វររបស់ពួកគេលាន់ឮឡើង រហូតដល់ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់នៅស្ថានបរមសុខ* ហើយព្រះអង្គព្រះអង្គព្រះសណ្ដាប់ពាក្យរបស់ពួកគេ។
៣១
ព្រះបាទអេសេខ្យាសរៀបចំមុខងារបូជាចារ្យឡើងវិញ
១ លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកម្ទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។
២ ព្រះបាទអេសេខ្យាសបានតែងតាំងក្រុមបូជាចារ្យ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមបូជាចារ្យ និងក្រុមលេវីដែលបំពេញមុខងារថ្វាយតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងព្រះវិហារ អ្នកចម្រៀងសម្រាប់លើកតម្កើងព្រះអម្ចាស់ និងអ្នកយាមទ្វារពន្លារបស់ព្រះអម្ចាស់។ ៣ ព្រះរាជាបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើតង្វាយដុតទាំងមូល ដែលត្រូវថ្វាយនៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ* នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់។
៤ ព្រះរាជាបង្គាប់ប្រជាជន និងអ្នកក្រុងយេរូសាឡឹម ឲ្យប្រគល់ចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវីទៅពួកគេ ធ្វើដូច្នេះ ពួកគេមិនខ្វល់ខ្វាយនឹងអ្វីផ្សេងទៀត ក្រៅពីគិតដល់វិន័យរបស់ព្រះអម្ចាស់។ ៥ ពេលប្រជាជនអ៊ីស្រាអែលទទួលបញ្ជារបស់ស្តេចហើយ ពួកគេនាំយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងផលដំណាំផ្សេងៗទៀតយ៉ាងច្រើនបរិបូណ៌ ហើយពួកគេក៏នាំយកមួយភាគដប់នៃអ្វីៗដែលខ្លួនមាន មកថ្វាយយ៉ាងបរិបូណ៌ដែរ។ ៦ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀម មកថ្វាយជាតង្វាយមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈថ្វាយដល់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន មកថ្វាយជាតង្វាយមួយភាគដប់ដែរ។ គេដាក់តង្វាយទាំងនោះជាច្រើនគំនរ។ ៧ គេបានចាប់ផ្តើមប្រមូលតង្វាយមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។ ៨ ព្រះបាទអេសេខ្យាស និងពួកមន្ត្រី មកមើលគំនរតង្វាយទាំងនោះ ហើយនាំគ្នាអរព្រះគុណព្រះអម្ចាស់ និងអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ។
៩ ព្រះបាទអេសេខ្យាសសាកសួរក្រុមបូជាចារ្យ និងក្រុមលេវី ស្តីអំពីគំនរតង្វាយទាំងនោះ។ ១០ លោកមហាបូជាចារ្យអសារីយ៉ាពីអំបូរសាដុក ទូលស្តេចថា៖ «ចាប់ពីពេលប្រជាជននាំតង្វាយ ដែលគេបានញែកទុក មកដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្ដ្ររបស់ព្រះអង្គ។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្ដីត្រូវការ»។
១១ ព្រះបាទអេសេខ្យាសបង្គាប់ឲ្យគេរៀបចំបន្ទប់ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពេលរៀបចំរួចស្រេចហើយ ១២ គេក៏នាំយកតង្វាយដែលគេបានញែកទុកដោយឡែក និងតង្វាយមួយភាគដប់ ព្រមទាំងតង្វាយដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានីយ៉ាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើតង្វាយទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។ ១៣ ព្រះបាទអេសេខ្យាស និងលោកមហាបូជាចារ្យអសារីយ៉ា ដែលទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ បានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ីយ៉ា លោកណាហាត លោកអសាអែល លោកយេរីម៉ុត លោកយ៉ូសេបាដ លោកអេលីអែល លោកយីសម៉ាគីយ៉ា លោកម៉ាហាត និងលោកបេណាយ៉ា ឲ្យធ្វើការនៅក្រោមបញ្ជារបស់លោកកូណានីយ៉ា និងលោកស៊ីម៉ៃ ជាប្អូន។ ១៤ លោកកូរេ ជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើតង្វាយស្ម័គ្រចិត្ត ដែលប្រជាជនយកមកថ្វាយព្រះជាម្ចាស់ ហើយលោកក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកថ្វាយព្រះអម្ចាស់ និងតង្វាយសក្ការៈឯទៀតៗដែរ។ ១៥ លោកមានសហការីនៅតាមក្រុងនានារបស់បូជាចារ្យ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ដល់បូជាចារ្យ ទាំងតូច ទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះមានលោកអេដេន លោកមីនយ៉ាមីន លោកយ៉ូស៊ូអា លោកសេម៉ាយ៉ា លោកអម៉ារីយ៉ា និងលោកសេកានីយ៉ា។ ១៦ ពួកគេមិនចែកស្បៀងអាហារឲ្យអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកឲ្យអស់អ្នកដែលទទួលចូលបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ តាមវេន តាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។ ១៧ គេជំរឿនបូជាចារ្យ តាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវី គេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុម តាមជាន់ថ្នាក់របស់ខ្លួន។ ១៨ អ្នកទាំងនោះត្រូវជំរឿន ដោយគិតទាំងប្រពន្ធ ទាំងកូន ប្រុសកូនស្រីរបស់គេ ហើយសូម្បីតែទារកតូចៗក៏រាប់បញ្ចូលដែរ ដ្បិតពួកគេត្រូវញែកខ្លួនទាំងស្រុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ១៩ ចំណែកឯបូជាចារ្យ ជាពូជពង្សរបស់លោកអរ៉ុន ដែលរស់នៅតាមភូមិស្រុក ជុំវិញក្រុងនានា គេបានតែងតាំងអ្នកទទួលខុសត្រូវ តាមឈ្មោះរបស់ខ្លួន ឲ្យចែកស្បៀងអាហារដល់ក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីដែលមានឈ្មោះក្នុងបញ្ជីដែរ។
២០ ព្រះបាទអេសេខ្យាសបានចាត់ចែងរបៀបនេះ ក្នុងស្រុកយូដាទាំងមូល។ ស្តេចបានប្រព្រឹត្តយ៉ាងសុចរិត ល្អត្រឹមត្រូវ និងដោយចិត្តស្មោះស្ម័គ្រ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្តេច។ ២១ គ្រប់កិច្ចការដែលស្តេចធ្វើ គឺការចាត់ចែងឲ្យមានពិធីគោរពបម្រើព្រះជាម្ចាស់ក្នុងព្រះដំណាក់ក្តី ការគោរពវិន័យ និងបទបញ្ជារបស់ព្រះជាម្ចាស់ក្តី ស្តេចធ្វើដោយចិត្តស្វែងរកព្រះអង្គ ហើយស្តេចក៏ធ្វើយ៉ាងអស់ពីចិត្ត រហូតដល់សម្រេចបានជោគជ័យ។
៣២
ព្រះចៅសេណាខេរីបឈ្លានពានអាណាចក្រយូដា
(២ពង្សាវតារក្សត្រ ១៨.១៣, អេសាយ ៣៦.១)
១ ក្រោយពេលដែលព្រះបាទអេសេខ្យាសសម្ដែងភក្តីភាពចំពោះព្រះជាម្ចាស់នោះមក ព្រះចៅសេណាខេរីប ជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុកលុយស្រុកយូដា ហើយឡោមព័ទ្ធក្រុងនានាដែលមានកំពែងរឹងមាំ ព្រមទាំងបញ្ជាឲ្យកងទ័ពវាយសម្រុកក្រុងទាំងនោះទៀតផង។ ២ កាលព្រះបាទអេសេខ្យាសឃើញព្រះចៅសេណាខេរីប លើកទ័ពមកបម្រុងនឹងវាយលុកក្រុងយេរូសាឡឹម ៣ ស្តេចក៏ប្រជុំពិភាក្សាជាមួយពួកមេទ័ព និងនាយទាហានដ៏អង់អាចរបស់ស្តេច ដើម្បីសម្រេចបិទប្រភពទឹកដែលនៅខាងក្រៅទីក្រុង។ ពួកគេគាំទ្រស្តេច ៤ ហើយប្រមូលប្រជាជនជាច្រើនមកជួបជុំគ្នា រួចបិទប្រភពទឹកទាំងអស់ ព្រមទាំងទប់ប្រឡាយដែលបង្ហូរទឹកនៅតំបន់នោះផង។ ពួកគេគិតគ្នាថា៖ «ពេលពួកអាស្ស៊ីរីមកដល់ គេមុខជាខ្វះទឹកពុំខាន»។
៥ ព្រះបាទអេសេខ្យាសពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្តេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីព្រះបាទដាវីឌ។ ស្តេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។ ៦ ស្តេចចាត់តាំងមេទ័ព ឲ្យធ្វើជាមេបញ្ជាការលើប្រជាជន ហើយស្តេចត្រាស់ហៅពួកគេឲ្យប្រជុំគ្នា នៅព្រលានជិតទ្វារក្រុង រួចមានរាជឱង្ការលើកទឹកចិត្តពួកគេថា៖ ៧ «ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខស្តេចស្រុកអាស្ស៊ីរី និងកងទ័ពដ៏ច្រើនកុះកររបស់គេឡើយ ដ្បិតនៅខាងយើង មានកម្លាំងជាងពួកគេ។ ៨ ខាងស្តេចស្រុកអាស្ស៊ីរីមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានព្រះអម្ចាស់ ជាព្រះនៃយើង ព្រះអង្គនឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើរាជឱង្ការរបស់ព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា។
ការគំរាមកំហែងរបស់ស្តេចស្រុកអាស្ស៊ីរីមកលើក្រុងយេរូសាឡឹម
(២ពង្សាវតារក្សត្រ ១៨.១៧-៣៧, អេសាយ ៣៦.២-២២)
៩ បន្ទាប់មក ព្រះចៅសេណាខេរីប ស្តេចស្រុកអាស្ស៊ីរី ចាត់រាជបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្តេចគង់នៅក្បែរក្រុងឡាគីសជាមួយកងទ័ពទាំងអស់។ ស្តេចបានចាត់ពួកគេឲ្យមកជួបព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖ ១០ «ព្រះចៅសេណាខេរីប ជាស្តេចស្រុកអាស្ស៊ីរី មានរាជឱង្ការថា “តើអ្នករាល់គ្នាមានអ្វីជាបង្អែកបានជាទ្រាំលំបាក នៅក្នុងក្រុងយេរូសាឡឹមបែបនេះ?”។ ១១ ស្តេចអេសេខ្យាសបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្តេចប្រាប់ថា “ព្រះអម្ចាស់ ជាព្រះនៃយើង នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីមិនខាន”។ ១២ ស្តេចអេសេខ្យាសហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកម្ទេចអាសនៈរបស់ព្រះអម្ចាស់ រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម គោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូបតែលើអាសនៈមួយនោះ! ១៣ អ្នករាល់គ្នាដឹងទេឬ ថាតើយើង និងដូនតារបស់យើងប្រព្រឹត្តបែបណា ចំពោះជាតិសាសន៍ដទៃទៀតលើផែនដីនេះ? តើព្រះរបស់ប្រជាជាតិទាំងឡាយបានរំដោះស្រុករបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងឬទេ? ១៤ ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងប៉ុន្មាន ដែលដូនតារបស់យើងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះរបស់យើងនោះ គ្មានព្រះណាមួយអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ។ រីឯព្រះរបស់អ្នករាល់គ្នាក៏ពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ! ១៥ ដូច្នេះ មិនត្រូវឲ្យស្តេចអេសេខ្យាសបញ្ឆោតអ្នករាល់គ្នា នៅពេលនេះ កុំជឿសម្ដីរបស់ស្តេចបែបនេះឡើយ! ដ្បិតគ្មានព្រះរបស់ប្រជាជាតិណាមួយ ឬនគរណាមួយ អាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើង ឬដូនតារបស់យើងបានឡើយ។ ដូច្នេះ ព្រះទាំងឡាយរបស់អ្នករាល់គ្នាក៏ពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
១៦ រាជបម្រើរបស់ព្រះចៅសេណាខេរីបចេះតែនាំគ្នាពោលពាក្យប្រមាថព្រះជាអម្ចាស់ និងប្រមាថព្រះបាទអេសេខ្យាស ជាអ្នកបម្រើរបស់ព្រះអង្គ បន្តទៅទៀត។
ព្រះចៅសេណាខេរីបប្រមាថព្រះអម្ចាស់
(២ពង្សាវតារក្សត្រ ១៩.១៤-១៩, អេសាយ ៣៧.១៤-២០)
១៧ ស្តេចស្រុកអាស្ស៊ីរីសរសេរលិខិតមួយ ដើម្បីប្រមាថព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺក្នុងលិខិតនោះ ស្តេចថ្លែងថា៖ «ព្រះទាំងប៉ុន្មានរបស់ប្រជាជាតិនានានៅផែនដីនេះ មិនអាចរំដោះប្រជាជនរបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះរបស់ស្តេចអេសេខ្យាសក៏ពុំអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។
១៨ រាជបម្រើរបស់ស្តេចស្រុកអាស្ស៊ីរីនាំគ្នាស្រែកប្រកាសយ៉ាងខ្លាំងៗជាភាសាយូដា ក្នុងគោលបំណងធ្វើឲ្យប្រជាជន ដែលស្ថិតនៅតាមកំពែងក្រុងយេរូសាឡឹមព្រឺខ្លាច និងភ័យតក់ស្លុត ដើម្បីឲ្យពួកគេងាយចូលវាយយកទីក្រុង។ ១៩ ពួកគេនិយាយពីព្រះនៃក្រុងយេរូសាឡឹម ហាក់ដូចជានិយាយពីព្រះរបស់ជាតិសាសន៍នានានៅផែនដី ដែលសុទ្ធសឹងជាស្នាដៃរបស់មនុស្ស។
ជនជាតិអាស្ស៊ីរីបាក់ទ័ព ព្រះចៅសេណាខេរីបសោយទិវង្គត
(២ពង្ស.១៩.១៥, ៣៥-៣៧, អេសាយ ៣៧.១៥, ៣៦-៣៨)
២០ ព្រះបាទអេសេខ្យាស និងព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស បានទូលអង្វរព្រះជាម្ចាស់ ដើម្បីសូមព្រះអង្គជួយ។ ២១ ពេលនោះ ព្រះអម្ចាស់ចាត់ទេវទូតមួយរូប ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី។ ស្តេចវិលត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខ។ ស្តេចចូលទៅក្នុងវិហារនៃព្រះរបស់ស្តេច ហើយពេលនោះ បុត្របង្កើតរបស់ស្តេចនាំគ្នាធ្វើគុតស្តេចដោយមុខដាវ។
២២ ព្រះអម្ចាស់បានរំដោះព្រះបាទអេសេខ្យាស និងប្រជាជននៅក្រុងយេរូសាឡឹម ពីកណ្ដាប់ដៃរបស់ព្រះចៅសេណាខេរីប ជាស្តេចស្រុកអាស្ស៊ីរី និងខ្មាំងសត្រូវទាំងប៉ុន្មាន ហើយការពារប្រជារាស្ដ្ររបស់ព្រះអង្គគ្រប់ទិសទី។ ២៣ មនុស្សម្នាជាច្រើននាំយកតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកថ្វាយព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្តេចគ្រប់ៗគ្នា។
ចុងរជ្ជកាលព្រះបាទអេសេខ្យាស
(២ពង្សាវតារក្សត្រ ២០.១-២១, អេសាយ ៣៨.១-៨, ៣៩)
២៤ នៅគ្រានោះ ព្រះបាទអេសេខ្យាសប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ស្តេចបានទូលអង្វរព្រះអម្ចាស់ ហើយព្រះអម្ចាស់តបមកវិញ ដោយប្រទានទីសម្គាល់ដ៏អស្ចារ្យមួយ។ ២៥ ប៉ុន្តែ ព្រះបាទអេសេខ្យាសពុំបានដឹងគុណព្រះជាម្ចាស់ ដែលសម្ដែងព្រះហឫទ័យសប្បុរសចំពោះស្តេចទេ គឺស្តេចមានចិត្តអួតបំប៉ោង ធ្វើឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធទាស់នឹងស្តេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ ២៦ ពេលនោះ ព្រះបាទអេសេខ្យាសដឹងខ្លួនខុស ស្តេចក៏សារភាពកំហុសជាមួយប្រជាជន នៅក្រុងយេរូសាឡឹម។ ដូច្នេះ ព្រះអម្ចាស់ពុំបានដាក់ទោសគេ ក្នុងពេលដែលព្រះបាទអេសេខ្យាសនៅមានព្រះជន្មឡើយ។
២៧ ព្រះបាទអេសេខ្យាសទទួលទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្តេចបានសង់ឃ្លាំងសម្រាប់ទុកប្រាក់ មាស ត្បូងពេជ្រ គ្រឿងក្រអូប ខែល និងវត្ថុទាំងប៉ុន្មានដ៏មានតម្លៃ។ ២៨ ស្តេចក៏សង់ឃ្លាំងសម្រាប់ផ្ទុកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងក្រោលសម្រាប់សត្វពាហនៈគ្រប់មុខ និងវាលស្មៅសម្រាប់ហ្វូងចៀម។ ២៩ ស្តេចបានសង់ក្រុងផ្សេងៗ ហើយស្តេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្តេចមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភបំផុត។ ៣០ ព្រះបាទអេសេខ្យាសក៏បានទប់ប្រភពទឹកគីហូនប៉ែកខាងលើ ហើយបំបែរផ្លូវទឹកចុះទៅខាងលិច ក្នុងបុរីព្រះបាទដាវីឌ។ អ្វីៗទាំងប៉ុន្មានដែលព្រះបាទអេសេខ្យាសធ្វើ សុទ្ធតែបានសម្រេចទាំងអស់។ ៣១ ប៉ុន្តែ នៅគ្រាដែលស្តេចស្រុកបាប៊ីឡូនចាត់ទូតឲ្យមក ដើម្បីសួរដំណឹងអំពីឫទ្ធិបាដិហារិយ៍ ដែលកើតមាននៅក្នុងស្រុក ព្រះជាម្ចាស់បានបោះបង់ចោលព្រះបាទអេសេខ្យាស ដើម្បីល្បងលមើលថា តើស្តេចមានព្រះហឫទ័យយ៉ាងណា។
៣២ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអេសេខ្យាស និងភក្តីភាពរបស់ស្តេចចំពោះព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។ ៣៣ ពេលព្រះបាទអេសេខ្យាសសោយទិវង្គត គេបានបញ្ចុះសពស្តេចត្រង់កន្លែងដែលខ្ពស់ជាងគេ ក្នុងទីបញ្ចុះសពរបស់ព្រះរាជវង្សព្រះបាទដាវីឌ។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ទាំងមូលនាំគ្នាធ្វើពិធីបុណ្យគោរពស្តេច នៅពេលដែលស្តេចសោយទិវង្គត។ ព្រះបាទម៉ាណាសេ ជាបុត្រ បានឡើងស្នងរាជ្យ។
៣៣
ព្រះបាទម៉ាណាសេសោយរាជ្យលើស្រុកយូដា
(២ពង្ស.២១, ១-១៨)
១ កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ស្តេចមានជន្មាយុដប់ពីរព្រះវស្សា ព្រះអង្គសោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ២ ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខកូនចៅអ៊ីស្រាអែល។ ៣ ស្តេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទអេសេខ្យាស ជាបិតា បានកម្ទេចចោល។ ស្តេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។ ៤ ស្តេចបានសង់អាសនៈរបស់ព្រះដទៃ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ”។ ៥ ព្រះបាទម៉ាណាសេសង់អាសនៈសម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ៦ ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីណូម ស្តេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គព្រះអង្គព្រះពិរោធ។ ៧ ព្រះបាទម៉ាណាសេយករូបបដិមា ដែលស្តេចបានឲ្យគេឆ្លាក់ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ថ្វីដ្បិតតែព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រថា “យើងបានជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ។ ៨ ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមវិន័យទាំងប៉ុន្មាន ព្រមទាំងធ្វើតាមក្រឹត្យវិន័យ និងបទបញ្ជាដែលយើងបានបង្គាប់មកតាមរយៈម៉ូសេ នោះយើងមិនធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទឹកដី ដែលយើងបានចែកឲ្យដូនតារបស់គេឡើយ”។ ៩ ប៉ុន្តែ ព្រះបាទម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យវង្វេង រហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។ ១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
១១ ពេលនោះ ព្រះអម្ចាស់នាំកងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានព្រះបាទម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។ ១២ នៅពេលមានទុក្ខទោសដូច្នេះ ស្តេចបានអង្វរករព្រះអម្ចាស់ ជាព្រះរបស់ស្តេច ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនៃអយ្យកោរបស់ស្តេច។ ១៣ ស្តេចទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គព្រះអង្គព្រះសណ្ដាប់ និងឆ្លើយតបចំពោះពាក្យដែលស្តេចទូលអង្វរ ដោយប្រោសប្រទានឲ្យស្តេចវិលត្រឡប់មកគ្រងរាជ្យ នៅក្រុងយេរូសាឡឹមវិញ។ ចាប់ពីពេលនោះមក ព្រះបាទម៉ាណាសេទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។
១៤ បន្ទាប់មក ស្តេចបានសង់កំពែងពីក្រៅបុរីព្រះបាទដាវីឌ គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយស្តេចបានសង់យ៉ាងខ្ពស់។ ស្តេចក៏បានតែងតាំងមេបញ្ជាការកងទ័ពនៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
១៥ ស្តេចបានយកព្រះដទៃ ព្រមទាំងរូបចម្លាក់ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ហើយស្តេចក៏យកអាសនៈទាំងប៉ុន្មានដែលស្តេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ ទៅបោះចោលខាងក្រៅទីក្រុងដែរ។ ១៦ ស្តេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ រួចថ្វាយយញ្ញបូជាមេត្រីភាព* និងយញ្ញបូជាអរព្រះគុណ។ ស្តេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ១៧ ប្រជាជននៅតែធ្វើយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែល តែគេឧទ្ទិសយញ្ញបូជានោះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។
១៨ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ ព្រមទាំងពាក្យដែលស្តេចអធិស្ឋានដល់ព្រះរបស់ស្តេច និងពាក្យដែលគ្រូទាយថ្លែងប្រាប់ស្តេច ក្នុងនាមព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្តេចស្រុកអ៊ីស្រាអែល។ ១៩ រីឯពាក្យដែលស្តេចអធិស្ឋាន និងរបៀបដែលព្រះជាម្ចាស់ឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្តេច កន្លែងផ្សេងៗដែលស្តេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្តេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។ ២០ កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានបញ្ចុះសពរបស់ស្តេចនៅក្នុងរាជវាំង ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទអាំម៉ូនសោយរាជ្យលើស្រុកយូដា
(២ពង្ស.២១.២១-២៦)
២១ កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ស្តេចមានជន្មាយុម្ភៃពីរព្រះវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ ២២ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។ ស្តេចថ្វាយយញ្ញបូជាដល់រូបបដិមាទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេ ជាបិតា បានសូនធ្វើ ព្រមទាំងគោរពបម្រើរូបទាំងនោះទៀតផង។ ២៣ ស្តេចពុំបានសារភាពកំហុសដូចព្រះបាទម៉ាណាសេ ជាបិតា បានសារភាពនោះឡើយ គឺព្រះបាទអាំម៉ូនប្រព្រឹត្តអំពើបាបជាងបិតាទៅទៀត។ ២៤ ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្តេច ហើយធ្វើគុតស្តេចក្នុងរាជវាំង។ ២៥ ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូស្យាស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។
៣៤
ព្រះបាទយ៉ូស្យាសសោយរាជ្យលើស្រុកយូដា
(២ពង្ស.២២.១-២, ២៣.៤-២០)
១ កាលព្រះបាទយ៉ូស្យាសឡើងសោយរាជ្យ ស្តេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ២ ស្តេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោ ឥតខ្ចោះ ដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។
៣ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច ក្នុងគ្រាដែលស្តេចនៅក្មេងនៅឡើយ ព្រះបាទយ៉ូស្យាសចាប់ផ្តើមស្វែងរកព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្តេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។ ៤ គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះភ័ក្ត្រស្តេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្តេចបានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញបូជានៅមុខរូបទាំងនោះ។ ៥ ស្តេចដុតធាតុរបស់ពួកបូជាចារ្យនៃព្រះដទៃ នៅលើអាសនៈរបស់គេ។ ស្តេចធ្វើដូច្នេះ ដើម្បីជម្រះស្រុកយូដា និងក្រុងយេរូសាឡឹមឲ្យបរិសុទ្ធ*។ ៦ ស្តេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណាសេ អេប្រាអ៊ីម និងស៊ីម៉ូន រហូតដល់ទឹកដីណែបថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំវិញនោះផង។ ៧ ស្តេចកម្ទេចបង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា ឲ្យទៅជាធូលីដី ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល រួចស្តេចយាងទៅក្រុងយេរូសាឡឹមវិញ។
លោកមហាបូជាចារ្យរកឃើញគម្ពីរវិន័យ
(២ពង្ស.២២.៣-១០)
៨ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្តេច គឺនៅគ្រាដែលស្តេចកំពុងតែជម្រះស្រុក និងព្រះវិហារ ឲ្យបរិសុទ្ធ ព្រះបាទយ៉ូស្យាសចាត់លោកសាផាន ជាកូនរបស់លោកអសាលីយ៉ា លោកម៉ាសេយ៉ា ជាអភិបាលក្រុង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស និងជាស្មៀនហ្លួង ឲ្យទៅជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះរបស់ស្តេច។ ៩ លោកទាំងនោះក៏ទៅជួបលោកមហាបូជាចារ្យ*ហ៊ីលគីយ៉ា។ គេយកប្រាក់ដែលប្រជាជនថ្វាយសម្រាប់ព្រះដំណាក់មក គឺប្រាក់ដែលក្រុមលេវី ជាឆ្មាំទ្វារ បានទទួលពីប្រជាជននៃកុលសម្ព័ន្ធម៉ាណាសេ អេប្រាអ៊ីម និងកុលសម្ព័ន្ធឯទៀតៗនៃជនជាតិអ៊ីស្រាអែល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធយូដា បេនយ៉ាមីន និងអ្នកក្រុងយេរូសាឡឹម។ ១០ គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួសជុលព្រះដំណាក់ឲ្យបានរឹងមាំឡើងវិញ ១១ គឺមានពួកជាងឈើ ជាងសំណង់ និងសម្រាប់ទិញថ្មដាប់ និងឈើ សម្រាប់ប្រើជាធ្នឹម ផ្លាន ហើយសម្រាប់ជួសជុលអាគារផ្សេងៗ ដែលស្តេចស្រុកយូដាជំនាន់មុនៗបានបំផ្លាញ។ ១២ មេជាងទាំងនោះធ្វើការដោយចិត្តស្មោះបំផុត។ ពួកគេធ្វើការក្រោមបញ្ជារបស់លោកយ៉ាហាត់ និងលោកអូបាឌី ជាក្រុមលេវី មកពីអំបូរមេរ៉ារី។ លោកសាការី និងលោកមេស៊ូឡាម ជាក្រុមលេវីមកពីអំបូរគើហាត់ ជាអ្នកត្រួតពិនិត្យលើការសាងសង់។ ពួកលេវីទាំងនេះសុទ្ធតែជាតន្ដ្រីករយ៉ាងជំនាញ។ ១៣ ពួកគេក៏មានភារកិច្ចមើលខុសត្រូវអ្នកលីសែង ព្រមទាំងកម្មករដែលធ្វើការងារឯទៀតៗដែរ។ ពួកលេវីមួយចំនួនទៀតបំពេញមុខងារជាស្មៀនរាជការ និងជាឆ្មាំព្រះដំណាក់។
១៤ ពេលគេយកប្រាក់ ដែលប្រជាជនថ្វាយជាតង្វាយ សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ចេញមក នោះលោកមហាបូជាចារ្យហ៊ីលគីយ៉ារកឃើញគម្ពីរវិន័យ ដែលព្រះអម្ចាស់ប្រទានមក តាមរយៈលោកម៉ូសេ។ ១៥ លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនោះទៅលោកសាផាន។ ១៦ លោកសាផានក៏យកគម្ពីរទៅថ្វាយស្តេច ហើយទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំធ្វើតាមរាជបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណា។ ១៧ គេបានប្រគល់ប្រាក់តង្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅឲ្យពួកមេជាង ព្រមទាំងពួកកម្មកររួចស្រេចហើយ»។ ១៨ លោកសាផាន ជាស្មៀនហ្លួង ទូលស្តេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយច្បាប់ឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។
ព្រះបាទយ៉ូស្យាសសុំឲ្យព្យាការិនីហ៊ូលដាទូលសួរព្រះអម្ចាស់
(២ពង្ស.២២.១១-២០)
១៩ កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងគម្ពីរវិន័យ ស្តេចក៏ហែកព្រះភូសា។
២០ បន្ទាប់មក ស្តេចបញ្ជាទៅលោកហ៊ីលគីយ៉ា លោកអហ៊ីកាម ជាកូនរបស់លោកសាផាន លោកអាប់ដូន ជាកូនរបស់លោកមីកា លោកសាផាន ជាស្មៀនហ្លួង និងលោកអសាយ៉ាជារាជបម្រើថា៖ ២១ «សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រាអែល និងយូដា ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើងមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ»។
២២ លោកបូជាចារ្យហ៊ីលគីយ៉ា និងអស់លោកដែលព្រះរាជាចាត់ឲ្យទៅ បាននាំគ្នាទៅជួបព្យាការិនីហ៊ូលដា ជាភរិយារបស់លោកសាលូម ជាកូនរបស់លោកតូគើហាត់ ជាចៅរបស់លោកហាសរ៉ា និងជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីក្នុងក្រុងយេរូសាឡឹម។ លោកទាំងនោះជម្រាបព្យាការិនីតាមដំណើររឿង។ ២៣ ព្យាការិនីមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលគេចាត់ឲ្យមករកយើងថា ២៤ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះ ព្រមទាំងប្រជាជន ស្របតាមបណ្ដាសាទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគម្ពីរ ដែលគេបានអាននៅចំពោះមុខស្តេចស្រុកយូដា។ ២៥ ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់ឱនបានឡើយ! ២៦ ប៉ុន្តែ ចូរទៅប្រាប់ស្តេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូលសួរព្រះអម្ចាស់ថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។ ២៧ ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ២៨ យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួករាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្តេចវិញ។
ព្រះបាទយ៉ូស្យាសចងសម្ពន្ធមេត្រីជាមួយព្រះជាម្ចាស់
(២ពង្ស.២៣.១-២០)
២៩ ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។ ៣០ បន្ទាប់មក ស្តេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់ នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ក្រុមលេវី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មាន ក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ឲ្យប្រជាជនស្ដាប់។ ៣១ ព្រះរាជាឈរនៅកន្លែងរបស់ស្តេច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងក្រឹត្យវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ៣២ ស្តេចក៏បានសុំឲ្យអស់អ្នកដែលស្ថិតនៅក្រុងយេរូសាឡឹម និងអ្នកស្រុកបេនយ៉ាមីន ចូលរួមក្នុងការចងសម្ពន្ធមេត្រីនេះដែរ។ អ្នកក្រុងយេរូសាឡឹមនាំគ្នាធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ ដែលជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ៣៣ ព្រះបាទយ៉ូស្យាសបានកម្ចាត់រូបព្រះគួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ចេញពីទឹកដីអ៊ីស្រាអែលទាំងមូល។ ស្តេចបង្គាប់ប្រជាជនទាំងអស់ ដែលរស់នៅស្រុកអ៊ីស្រាអែល ឲ្យគោរពបម្រើតែព្រះអម្ចាស់ ជាព្រះរបស់ខ្លួនប៉ុណ្ណោះ។ ក្នុងអំឡុងពេលដែលស្តេចនៅគង់ព្រះជន្ម ពួកគេពុំបានបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួនឡើយ។
៣៥
ព្រះបាទយ៉ូស្យាសរៀបចំពិធីបុណ្យចម្លង*
(២ពង្ស.២៣.២-២៣)
១ ព្រះបាទយ៉ូស្យាសប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ ២ ស្តេចបានតែងតាំងក្រុមបូជាចារ្យ ឲ្យបំពេញមុខងាររបស់ខ្លួន ហើយដាស់តឿនពួកគេឲ្យយកចិត្តទុកដាក់បម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ៣ ស្តេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជននៅស្រុកអ៊ីស្រាអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងព្រះដំណាក់ដែលព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្តេចស្រុកអ៊ីស្រាអែល បានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះ ចូរបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គទៅ។ ៤ ចូររៀបចំខ្លួន តាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចព្រះបាទដាវីឌ ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចងក្រងជាក្បួនតម្រាទុកមកស្រាប់។ ៥ ចូរនាំគ្នាឈរនៅក្នុងទីសក្ការៈតាមលំដាប់លំដោយ គឺក្រុមគ្រួសារលេវីនីមួយៗធ្វើជាតំណាងឲ្យក្រុមគ្រួសារផ្សេងៗនៃជនជាតិអ៊ីស្រាអែល។ ៦ ចូរសម្លាប់សត្វដែលត្រូវថ្វាយសម្រាប់ពិធីបុណ្យចម្លង ហើយញែកខ្លួនឲ្យវិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យចម្លងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈលោកម៉ូសេ»។
៧ ព្រះបាទយ៉ូស្យាសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្តេចផ្ទាល់ ដើម្បីថ្វាយជាយញ្ញបូជាក្នុងពិធីបុណ្យចម្លងសម្រាប់ប្រជាជនដែលនៅទីនោះ។ ៨ ពួកមន្ត្រីរបស់ស្តេចក៏ស្ម័គ្រចិត្ត យកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមបូជាចារ្យ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែល ជាអ្នកទទួលខុសត្រូវកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ យកចៀម ២៦០០ ក្បាល ព្រមទាំងគោ ៣០០ ក្បាល ប្រគល់ជូនក្រុមបូជាចារ្យ សម្រាប់ពិធីបុណ្យចម្លង។ ៩ លោកកូណានីយ៉ា លោកសេម៉ាយ៉ា និងលោកនេតានេអែល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាប៊ីយ៉ា លោកយេអ៊ីអែល និងលោកយ៉ូសេបាដ ជាអ្នកដឹកនាំក្រុមលេវី យកចៀម ៥ ០០០ ក្បាល ព្រមទាំងគោ ៥០០ ក្បាល ប្រគល់ជូនក្រុមលេវី សម្រាប់ពិធីបុណ្យចម្លង។
១០ ពិធីបុណ្យចាប់ផ្តើមដូចតទៅ: ក្រុមបូជាចារ្យឈរតាមកន្លែងរបស់គេរៀងៗខ្លួន ហើយក្រុមលេវីក៏ឈរតាមជាន់ថ្នាក់របស់ខ្លួន ស្របតាមបញ្ជារបស់ស្តេច។ ១១ គេសម្លាប់សត្វដែលត្រូវថ្វាយក្នុងឱកាសបុណ្យចម្លង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមបូជាចារ្យ ហើយបូជាចារ្យក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។ ១២ គេដាក់សាច់ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេថ្វាយព្រះអម្ចាស់ ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ ចំពោះសាច់គោ ក៏គេធ្វើដូច្នោះដែរ។ ១៣ គេអាំងសាច់កូនចៀមដែលថ្វាយសម្រាប់ពិធីបុណ្យចម្លងនៅលើភ្លើង ស្របតាមក្បួនតម្រា រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចម្អិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។ ១៤ បន្ទាប់មក ក្រុមលេវីចម្អិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមបូជាចារ្យ ដ្បិតក្រុមបូជាចារ្យជាប់រវល់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមបូជាចារ្យ ដែលជាពូជពង្សរបស់លោកអរ៉ុនផង។
១៥ ក្រុមចម្រៀង ជាពូជពង្សរបស់លោកអសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចព្រះបាទដាវីឌ លោកអសាភ លោកហេម៉ន និងលោកយេឌូទូន ជាគ្រូទាយរបស់ស្តេច បានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។ ១៦ នៅថ្ងៃនោះ គេបានចាត់ចែងពិធីបុណ្យថ្វាយព្រះអម្ចាស់តាមរបៀបនេះឯង គឺគេប្រារព្ធធ្វើពិធីបុណ្យចម្លង ដោយថ្វាយតង្វាយដុតទាំងមូល ចំពោះព្រះអម្ចាស់ នៅលើអាសនៈ ស្របតាមបញ្ជារបស់ព្រះបាទយ៉ូស្យាស។ ១៧ ប្រជាជនអ៊ីស្រាអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេ អស់រយៈពេលប្រាំពីរថ្ងៃ។ ១៨ តាំងពីជំនាន់ព្យាការីសាមូអែល គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះនៅស្រុកអ៊ីស្រាអែលទេ ហើយក៏ពុំមានស្តេចស្រុកអ៊ីស្រាអែលអង្គណា ប្រារព្ធបុណ្យចម្លងដូចព្រះបាទយ៉ូស្យាស ក្រុមបូជាចារ្យ ក្រុមលេវី រួមជាមួយនឹងអ្នកស្រុកយូដា និងស្រុកអ៊ីស្រាអែល ព្រមទាំងអ្នកក្រុងយេរូសាឡឹម នៅពេលនោះដែរ។ ១៩ គេប្រារព្ធពិធីបុណ្យចម្លងនេះនៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូស្យាស។
ដំណាក់ចុងក្រោយនៃរាជ្យព្រះបាទយ៉ូស្យាស
(២ពង្ស.២៣.២៨-៣០)
២០ ក្រោយព្រឹត្តិការណ៍ទាំងនោះមក គឺក្រោយពេលព្រះបាទយ៉ូស្យាសជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះចៅនេកូ ជាស្តេចស្រុកអេស៊ីប បានលើកទ័ពទៅវាយក្រុងកាកេមីស នៅតាមដងទន្លេអឺប្រាត ព្រះបាទយ៉ូស្យាសបានលើកទ័ពមកវាយស្ទាក់ផ្លូវ។ ២១ ប៉ុន្តែ ព្រះចៅនេកូចាត់អ្នកនាំសារឲ្យមកទូលព្រះបាទយ៉ូស្យាសថា៖ «បពិត្រព្រះមហាក្សត្រស្រុកយូដា តើទូលបង្គំ និងព្រះករុណាមានរឿងអ្វីនឹងគ្នា? ទូលបង្គំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងព្រះករុណាទេ គឺទូលបង្គំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ទូលបង្គំទេតើ។ ព្រះជាម្ចាស់បង្គាប់ទូលបង្គំឲ្យទៅយ៉ាងរូតរះ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះជាម្ចាស់ដែលគង់នៅជាមួយទូលបង្គំឡើយ ក្រែងលោព្រះអង្គធ្វើឲ្យព្រះករុណាវិនាស»។ ២២ ប៉ុន្តែ ព្រះបាទយ៉ូស្យាសនៅតែចង់តទល់នឹងព្រះចៅនេកូ គឺស្តេចមិនព្រមស្ដាប់ពាក្យរបស់ព្រះចៅនេកូ ដែលជាពាក្យមកពីព្រះជាម្ចាស់ឡើយ។ ស្តេចក៏ក្លែងខ្លួន ចូលច្បាំងនឹងស្តេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដូ។ ២៣ ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីបបានបាញ់ចំព្រះបាទយ៉ូស្យាស។ ស្តេចបញ្ជាទៅរាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ ២៤ រាជបម្រើលើកស្តេចចេញពីរាជរថដែលស្តេចជិះ ដាក់ក្នុងរាជរថមួយទៀត ដឹកទៅក្រុងយេរូសាឡឹម។ ស្តេចក៏សោយទិវង្គត ហើយគេបញ្ចុះសពស្តេចក្នុងផ្នូររបស់ព្រះរាជវង្ស។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាកាន់ទុក្ខព្រះបាទយ៉ូស្យាស។ ២៥ លោកយេរេមីបានតែងបទទំនួញមួយ រំឭកដល់ព្រះបាទយ៉ូស្យាស។ អ្នកចម្រៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំឭកដល់ព្រះបាទយ៉ូស្យាស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។
២៦ រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូស្យាស និងភក្តីភាពដែលស្តេចសម្ដែងចំពោះព្រះបន្ទូលដែលមានចែងទុក ក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ ២៧ គឺកិច្ចការផ្សេងៗដែលស្តេចបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រាអែល និងស្តេចស្រុកយូដា។
៣៧
ព្រះបាទយ៉ូអាខាស់សោយរាជ្យនៅស្រុកយូដា
(២ពង្ស.២៣.៣០-៣៥)
១ ប្រជាជនយូដានាំគ្នាតែងតាំងព្រះបាទយ៉ូអាខាស់ ជាបុត្ររបស់ព្រះបាទយ៉ូស្យាសឲ្យឡើងស្នងរាជ្យបិតា នៅក្រុងយេរូសាឡឹម។ ២ កាលព្រះបាទយ៉ូអាខាស់ឡើងសោយរាជ្យ ស្តេចមានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ៣ ស្តេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ព្រះបាទយ៉ូអាខាស់ ហើយតម្រូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាបទៀតផង។ ៤ ព្រះចៅផារ៉ោននេកូបានតែងតាំងព្រះបាទអេលីយ៉ាគីម ជាអនុជរបស់ព្រះបាទយ៉ូអាខាស់ ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យ៉ូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាខាស់ ព្រះចៅនេកូនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
ព្រះបាទយ៉ូយ៉ាគីមសោយរាជ្យនៅស្រុកយូដា
(២ពង្ស.២៣.៣៦-២៤.៧)
៥ កាលព្រះបាទយ៉ូយ៉ាគីមឡើងសោយរាជ្យ ព្រះអង្គមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយព្រះអង្គសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្តេចទេ។ ៦ ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំងនឹងព្រះបាទយ៉ូយ៉ាគីម ហើយចាប់ស្តេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។ ៧ ព្រះចៅនេប៊ូកានេសារក៏បាននាំយកវត្ថុផ្សេងៗពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅទុកក្នុងវាំងរបស់ស្តេចនៅក្រុងបាប៊ីឡូនដែរ។
៨ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូយ៉ាគីម គឺអំពើដ៏គួរស្អប់ខ្ពើម ដែលស្តេចផ្ទាល់បានប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រាអែល និងស្តេចស្រុកយូដា។ ព្រះបាទយ៉ូយ៉ាគីន ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទយ៉ូយ៉ាគីនសោយរាជ្យលើស្រុកយូដា
(២ពង្ស.២៤.៨-១៧)
៩ កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ស្តេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។ ១០ នៅពេលចូលឆ្នាំ ព្រះចៅនេប៊ូកានេសារចាប់ស្តេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នាំទៅស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូកានេសារបានតែងតាំងព្រះបាទសេដេខ្យាស ជាអនុជរបស់ព្រះបាទយ៉ូយ៉ាគីម ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។
ព្រះបាទសេដេខ្យាសសោយរាជ្យលើស្រុកយូដា ចុងបញ្ចប់នៃអាណាចក្រយូដា
(២ពង្ស.២៤.១៨-២៥.២១, យរ ៣៩.១-១០, ៥២.១-២៧)
១១ កាលព្រះបាទសេដេខ្យាសឡើងសោយរាជ្យ ស្តេចមានជន្មាយុម្ភៃមួយព្រះវស្សា ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ១២ ព្រះបាទសេដេខ្យាសប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្តេចទេ ហើយពេលព្យាការីយេរេមីថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ ក៏ស្តេចពុំព្រមសារភាពកំហុសដែរ។ ១៣ ព្រះចៅនេប៊ូកានេសារបានឲ្យស្តេចស្បថក្នុងនាមព្រះជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ស្តេចនៅតែបះបោរប្រឆាំងនឹងព្រះចៅនេប៊ូកានេសារដែរ។ ស្តេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។ ១៤ មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យ ព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។
១៥ ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ព្រះអង្គ ឲ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាប្រជារាស្ដ្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។ ១៦ ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់ឲ្យទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើឲ្យព្រះអង្គព្រះអង្គព្រះពិរោធទាស់នឹងប្រជារាស្ដ្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
១៧ ពេលនោះ ព្រះអម្ចាស់ក៏បានចាត់ស្តេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្តេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះវិហារ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុស ទាំងស្រី និងមនុស្សចាស់ជរា សក់ស្កូវ។ ព្រះអង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនោះ។ ១៨ ព្រះចៅនេប៊ូកានេសារប្រមូលវត្ថុទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់ស្តេច និងផ្ទះរបស់ពួកមន្ត្រី នាំយកទៅស្រុកបាប៊ីឡូន។ ១៩ កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្តួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។ ២០ ព្រះចៅនេប៊ូកានេសារកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូកានេសារ និងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។ ២១ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីយេរេមីថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសាន អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាក ជំនួសឆ្នាំសប្ប័ទ*ដែលប្រជាជនពុំបានគោរព»។
ព្រះចៅស៊ីរូសអនុញ្ញាតឲ្យសង់ព្រះវិហារឡើងវិញ
(អែសរ៉ា ១.១-៣)
២២ ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស ឲ្យចេញប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង តាមរយៈលោកយេរេមី មានសេចក្ដីដូចតទៅ៖
២៣ «ព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ដ្ររបស់ព្រះអង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមឲ្យព្រះរបស់គេគង់នៅជាមួយគេ»។
654 Views