២. លោកសាអ៊ូល ឬសូលហៅប៉ូល
«ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតាសុស
ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកស៊ីលីស៊ី។»
(កក ២១,៣៩; ២២,៣ក)
គ្រីស្តទូតប៉ូលកើតនៅដើមគ្រីស្តសករាជ នៅក្រុងតារសុស។ ក្រុងនេះស្ថិតនៅភាគខាងត្បូងប្រទេសតួគីសព្វថ្ងៃ។ នៅក្នុងសម័យគ្រីស្តទូតប៉ូល ក្រុងនេះស្ថិតនៅស្រុកស៊ីលីស៊ី ក្នុងចក្រភពរ៉ូម៉ាំង ដែលមានប្រជាជនប្រមាណបីសែននាក់ គឺមានមនុស្សចម្រុះជាតិសាសន៍ និងមានអ្នកកាន់សាសនាផ្សេងៗរស់នៅជាមួយគ្នា។ ប្រជាជននៅក្រុងនេះមានវប្បធម៌ខ្ពង់ខ្ពស់ ដ្បិតមានសាលារៀន មានអ្នកប្រាជ្ញជាច្រើននាក់ ជាពិសេស មានទស្សនវិទូស្តូអ៊ីក[1]មានឈ្មោះល្បីល្បាញដូចជា អាថេណូដូរូស សេណូ អន់ទីប៉ាតេ និងនេស្ត័រនៅក្រុងនេះ។ ក្រុងនេះជាចំនុចប្រសព្វរវាងអរិយធម៌ពីរសំខាន់ៗគឺ អរិយធម៌ក្រិករ៉ូម៉ាំងនៅខាងបស្ចិម និងអរិយធម៌យូដានៅខាងបូព៌ា។ នៅក្រុងនេះមានកំពង់ផែ និងមានផ្លូវរ៉ូម៉ាំងដើម្បីតភ្ជាប់ទៅកាន់ក្រុងសំខាន់ៗនៅក្នុងចក្រភពរ៉ូម៉ាំងផងដែរ។ មូលហេតុដែលក្រុងនេះល្បីល្បាញ ដោយសារមានមនុស្សចម្រុះជាតិសាសន៍រស់នៅ។ គ្រីស្តទូតប៉ូលបានធំឡើងដឹងក្ដី និងបានទទួលការរៀនសូត្រនៅទីនោះ ទើបលោកទទួលឥទ្ធិពលឱ្យមានស្មារតីបើកចំហរទូលំទូលាយក្លាយជាគ្រីស្តទូតសម្រាប់ជាតិសាសន៍នានានៅពេលអនាគត។
«ខ្ញុំបានទទួលពិធីកាត់ស្បែកពេលខ្ញុំកើតបានប្រាំបីថ្ងៃ
ខ្ញុំជាពូជសាសន៍អ៊ីស្រាអែល ជាពូជពង្សរបស់លោកអប្រាហាំ
កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺ កើតពីជាតិហេប្រឺ។»
(ភីល ៣,៥; រ៉ូម ១១,១)
គ្រីស្តទូតប៉ូលគឺជាពូជសាសន៍អ៊ីស្រាអែល ឬហេប្រឺ ដែលមានដើមកំណើតនៅក្នុងខាងក្រៅទឹកដីអ៊ីស្រាអែលនៅសម័យនោះ។ ប្រហែលក្រុមគ្រួសាររបស់លោក គឺជាអនិកជនយូដានិយាយភាសាក្រិក ដែលរស់នៅបែកខ្ញែកក្នុងទឹកដីបរទេសតាំងពីក្រុមបុព្វបុរស ដែលភៀសខ្លួនចេញពីទឹកដីកំណើត ឬប្រហែលក្រុមគ្រួសាររបស់លោក គឺជាអ្នកជំនួញដែលតាំងទីលំនៅនៅទីនោះក្នុងសម័យចក្រភពរ៉ូម៉ាំង ដ្បិតក្រុមគ្រួសាររបស់លោក និងខ្លួនលោកផ្ទាល់គឺជាសិប្បករក្រណាត់ដ៏ចំណានមួយរូប។ ពាក់ព័ន្ធនឹងគ្រួសាររបស់លោក ពុំមានប្រភពឯកសារច្រើនដើម្បីរៀបរាប់ឱ្យដឹងនោះទេ។ តាមរយៈកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត យើងគ្រាន់តែដឹងថា លោកមានឪពុកដែលកាន់តាមគណៈផារីស៊ី (កក ២៣,៦) និងមានក្មួយប្រុសដែលត្រូវជាកូនប្អូនស្រីរបស់លោកបានជួយសង្គ្រោះលោកឱ្យរួចជីវិត នៅពេលដែលជនជាតិយូដារៀបចំផែនការសម្ងាត់ត្រៀមសម្លាប់លោកនៅទីក្រុងយេរូសាឡឹម (កក ២៣,១៦)។ លោកកើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល ដែលមានឈ្មោះកូនប្រុសទាំងដប់ពីរនាក់របស់លោកយ៉ាកុប ឬលោកអ៊ីស្រាអែល ក្នុងគម្ពីរសម្ពន្ធមេត្រីទី១ (សរ ១,១-៥)។
លោកបានទទួលពិធីកាត់ស្បែកតាំងពីកើតបានប្រាំបីថ្ងៃ មានន័យថាក្រុមគ្រួសាររបស់លោកគោរពប្រតិបត្តិតាមប្រពៃណីសាសនាយូដាយ៉ាងខ្ជាប់ខ្ជួន។ ក្នុងគម្ពីរសម្ពន្ធមេត្រីទី១ ជនជាតិអ៊ីស្រាអែលមានទំនៀមទម្លាប់កាត់ស្បែកលឹង្គទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ពួកគេចូលរួមក្នុងសម្ពន្ធមេត្រីក្លាយជាប្រជារាស្រ្ដរបស់ព្រះជាម្ចាស់។ ពិធីនេះបានចាប់ផ្ដើមអនុវត្តតាំងពីសម័យលោកអប្រាហាំ (កណ ១៧)។ សព្វថ្ងៃ ជនជាតិអ៊ីស្រាអែលក៏នៅតែធ្វើពិធីនេះផងដែរ។
«ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ។»
(កក ២២,២៨)
ប្រជាជនដែលមានសញ្ជាតិរ៉ូម៉ាំងនៅសម័យនោះមានអភ័យឯកសិទ្ធិពិសេសបីយ៉ាង៖
- ទី១ មានសិទ្ធិបោះឆ្នោតចំពោះបុរស លើកលែងតែស្រ្ដី និងទាសករគ្មានសិទ្ធិនេះទេ។ យើងមិនដឹងច្បាស់ថា គ្រីស្តទូតប៉ូលបានប្រើប្រាស់សិទ្ធិនេះដែរឬទេ។
- ទី២ មានសិទ្ធិតវ៉ាងនឹងការដាក់ទណ្ឌកម្មដោយគ្មានការវិនិច្ឆ័យទោស ដូចនៅក្នុងករណីកើតឡើងនៅក្នុងក្រុងភីលីព ដែលលោកបានតវ៉ាក្រោយពេលគេបានធ្វើទារុណកម្ម និងចាប់លោកដាក់មន្ទីរឃុំឃាំងដោយមិនបានកាត់ទោសជាមុន (កក ២៥,១១) និងក្នុងករណីដែលគេវាយសួរចម្លើយ និងចាប់លោកនៅក្នុងក្រុងយេរូសាឡឹម (កក ២២,២៥-២៩; ២៣,២៧)។
- ទី៣ មានសិទ្ធិទទួលការកាត់ក្ដីនៅក្នុងតុលាការជាន់ខ្ពស់របស់ព្រះចៅអធិរាជរ៉ូម៉ាំង ដូចលោកបានស្នើសុំឱ្យអជ្ញាធររ៉ូម៉ាំងបញ្ជូលលោកទៅទីក្រុងរ៉ូមដើម្បីឡើងតុលាកំពូល (កក ២៦,៣២)។
ដោយសារតែលោកមានសញ្ជាតិហេប្រឺផង និងរ៉ូម៉ាំងផង ដូច្នេះលោកមានឈ្មោះពីរផងដែរ គឺតាមភាសាហេប្រឺមានឈ្មោះថា “សាអ៊ូល”ឬ“សូល” និងតាមភាសាឡាតាំងឈ្មោះ “ប៉ូល”។ ដើមដំបូងក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូតហៅឈ្មោះរបស់លោកថា សាអ៊ូល ហើយចាប់តាំងពីពេលលោកចុះសំពៅទៅទីក្រុងប៉ាផូស ក្នុងដំណើរបំពេញបេសកកម្មលើកទី១ គេហៅឈ្មោះរបស់លោកថា ប៉ូល (កក ១៣,១៣)។
————
[1] ទ្រឹស្ដីស្តូអ៊ីកបង្រៀនថា សុភមង្គលកើតមាននៅពេលណាដែលមនុស្សមិនគិតពីការសប្បាយ មិនគិតពីទុក្ខព្រួយអ្វីទាំងអស់។

