សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតទីមួយរបស់គ្រីស្តទូតប៉ូលផ្ញើជូន
លោកធីម៉ូថេ
ពាក្យលំនាំ
លិខិតទីមួយរបស់លោកប៉ូលផ្ញើជូន
លោកធីម៉ូថេ
ពាក្យលំនាំ
លោកធីម៉ូថេ: ជាកូនរបស់ស្ត្រីជាតិយូដាម្នាក់ ដែលជាគ្រីស្តបរិស័ទ ឪពុកគាត់ជាជនជាតិក្រិក។ លោកប៉ូលបានជួបគាត់ជាលើកទីមួយនៅក្រុងលីស្ដ្រា នៅពេលលោកធ្វើដំណើរទៅផ្សាយដំណឹងល្អជាលើកទីពីរ (កិច្ចការ ១៦.១-៣)។ តាំងពីពេលនោះមក គាត់ក៏បានទៅជាសហការីដ៏ជិតស្និទ្ធរបស់លោកប៉ូលក្នុងការផ្សាយដំណឹងល្អ។
គោលសំខាន់ៗ:
លិខិតទីមួយរបស់លោកប៉ូលផ្ញើជូនលោកធីម៉ូថេ មានគោលសំខាន់ដូចតទៅ:
-ដាស់តឿនព្រះសហគមន៍ឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនខុសឆ្គង មិនស្របតាមសេចក្ដីពិត។
-របៀបចាត់ចែងព្រះសហគមន៍ និងគុណសម្បត្តិរបស់អ្នកដឹកនាំ។
-ពាក្យដាស់តឿនលោកធីម៉ូថេផ្ទាល់អំពីរបៀបបំពេញមុខងាររបស់គាត់។
លោកប៉ូលចាប់ផ្ដើមលិខិតទីពីរ ដោយពាក្យអរព្រះគុណព្រះជាម្ចាស់ ចំពោះសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកធីម៉ូថេ។ ដោយយល់ឃើញថា អ្នកបម្រើដំណឹងល្អតែងតែជួបប្រទះនឹងការលំបាក ឬការបៀតបៀនផ្សេងៗ លោកប៉ូលបានដាស់តឿនលោកធីម៉ូថេឲ្យប្រកាន់យកជំហរមាំមួន ហើយតស៊ូប្រយុទ្ធក្នុងការបម្រើព្រះយេស៊ូ ដូចជាទាហានមួយរូបដ៏ស្មោះត្រង់។ លោកក៏បានដាស់តឿនលោកធីម៉ូថេឲ្យចៀសវាងនឹងការជជែកវែកញែកអំពីពាក្យពេចន៍ផ្សេងៗ ដែលឥតមានផលប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញ ត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលក្នុងគម្ពីរ ដែលគាត់បានស្គាល់តាំងពីក្មេងមក។ នៅចុងបញ្ចប់លិខិតទីពីរនេះ លោកប៉ូលបានរៀបរាប់អំពីសភាពការណ៍ដ៏លំបាកដែលលោកកំពុងឆ្លងកាត់ ហើយលោកអរព្រះគុណព្រះអម្ចាស់ដែលបានជួយគាំពារលោក។
លោកប៉ូលសរសេរលិខិតទីពីរ កាលលោកជាប់ឃុំឃាំងនៅក្រុងរ៉ូម (២.៩) ហើយលោកហាក់ដូចជានៅឯកោ (៤.១០, ១៦)។ ពេលនោះ លោកយល់ថា ជីវិតរបស់លោកបានមកដល់ដំណាក់កាលចុងក្រោយហើយ បានជាលោកសរសេរមកផ្ដែផ្ដាំលោកធីម៉ូថេ ព្រោះលោកស្រឡាញ់គាត់ខ្លាំងណាស់។
១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ជាគ្រីស្តទូតរបស់ព្រះគ្រីស្តយេស៊ូ តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង និងតាមបញ្ជារបស់ព្រះគ្រីស្តយេស៊ូ ជាទីសង្ឃឹមនៃយើង ២ មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូ ជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោស មេត្តាករុណា និងប្រទានសេចក្ដីសុខសាន្តដល់អ្នក។
ពាក្យដាស់តឿនឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនក្លែងក្លាយ
៣ ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ ៤ ហើយក៏កុំឲ្យជាប់ចិត្តទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កឲ្យតែមានការជជែកវែកញែក ជាជាងគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ដែលយើងស្គាល់តាមជំនឿ។ ៥ ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ ៦ អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសម្ដីឥតខ្លឹមសារ ៧ គេចង់តាំងខ្លួនជាបណ្ឌិតខាងវិន័យ* តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។
៨ យើងដឹងហើយថា វិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។ ៩ យើងតោងដឹងទៀតថា វិន័យមិនមែនចែងទុក សម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សល្មើសបទវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ ១០ ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ ១១ ស្របតាមដំណឹងល្អស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។
ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់
១២ ខ្ញុំសូមអរព្រះគុណព្រះគ្រីស្តយេស៊ូ ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ព្រះអង្គបានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។ ១៣ ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។ ១៤ ប៉ុន្តែ ព្រះអម្ចាស់នៃយើង មានព្រះហឫទ័យប្រណីសន្ដោសមកលើខ្ញុំច្រើនពន់ប្រមាណ ព្រះអង្គប្រោសឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។ ១៥ ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រីស្តយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។ ១៦ ព្រះជាម្ចាស់ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រីស្តយេស៊ូសម្ដែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។
១៧ សូមឲ្យព្រះមហាក្សត្រ
ដែលគង់នៅអស់កល្បជានិច្ច
ជាព្រះជាម្ចាស់តែមួយព្រះអង្គ
មានព្រះជន្មមិនចេះសាបសូន្យ
ដែលមនុស្សមើលពុំឃើញ
បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿង
អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
១៨ ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នក ស្របតាមព្រះបន្ទូលដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើព្រះបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ ១៩ ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។ ២០ ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេណា និងអឡិចសង់ជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់មារសាតាំង ដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះជាម្ចាស់ទៀត។
២
ពាក្យទូន្មានក្នុងការទូលអង្វរព្រះជាម្ចាស់
១ ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យគេទូលសូមព្រះជាម្ចាស់ អធិស្ឋាន* និងអង្វរព្រះអង្គ ទាំងអរព្រះគុណ សម្រាប់មនុស្សទាំងអស់ផង។ ២ ត្រូវទូលអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្នូរ។ ៣ នេះហើយជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង ៤ ដែលព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់ បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
៥ ដ្បិតមានព្រះជាម្ចាស់តែមួយ
មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់
និងមនុស្សលោក
គឺព្រះគ្រីស្តយេស៊ូដែលជាមនុស្ស។
៦ ព្រះអង្គបានបូជាព្រះជន្ម
ដើម្បីលោះមនុស្សទាំងអស់។
នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។ ៧ ព្រះអង្គបានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាគ្រីស្តទូត* និងធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។
៨ ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗអធិស្ឋាន* ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។
៩ ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួន ដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ ១០ តែត្រូវតុបតែងខ្លួន ដោយអំពើល្អ ឲ្យបានសមរម្យជាស្ត្រីដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ១១ ពេលរៀនព្រះគម្ពីរ ស្ត្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។ ១២ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយ គឺឲ្យនាងនៅស្ងៀមវិញ ១៣ ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ ១៤ មិនមែនលោកអដាំទេដែលចាញ់បោក គឺនាងអេវ៉ាវិញទេតើដែលចាញ់បោក ទាំងរំលោភលើបញ្ញត្តិរបស់ព្រះជាម្ចាស់ទៀតផង។ ១៥ ប៉ុន្តែ ព្រះអង្គសង្គ្រោះស្ត្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាបសាផង។
៣
អ្នកដឹកនាំព្រះសហគមន៍
១ ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ ចង់បានមុខងារជាអភិបាល គាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ ២ អភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន ៣ មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ ៤ គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឲ្យកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង ៥ ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើព្រះសហគមន៍*របស់ព្រះជាម្ចាស់កើត!។ ៦ មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ*។ ៧ មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្តិ៍ឈ្មោះល្អ ពីសំណាក់អស់អ្នក ដែលមិនមែនជាគ្រីស្តបរិស័ទផងដែរ ក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។
អ្នកជំនួយ
៨ រីឯអ្នកជំនួយ*វិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ ៩ គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្ដែងឲ្យស្គាល់ ដោយមនសិការបរិសុទ្ធ។ ១០ ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឲ្យគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។
១១ ចំពោះស្ត្រីៗវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។
១២ អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង ១៣ ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្តិយស ព្រមទាំងមានចិត្តអង់អាចមោះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រីស្តយេស៊ូ។
គម្រោងការដ៏លាក់កំបាំង
១៤ ខ្ញុំសរសេរសំបុត្រនេះ ទាំងសង្ឃឹមថានឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ ១៥ ក៏ប៉ុន្តែ បើខ្ញុំក្រមកដល់ សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្តយ៉ាងណាៗ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងព្រះសហគមន៍*របស់ព្រះដ៏មានព្រះជន្មរស់។ ព្រះសហគមន៍នេះជាសសរ និងជាគ្រឹះទ្រព្រះអង្គសេចក្ដីពិត។ ១៦ យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថាៈ
ព្រះគ្រីស្តយាងមកមានឋានៈជាមនុស្ស
ព្រះអង្គសុចរិតដោយសារព្រះវិញ្ញាណ
ព្រះអង្គបានបង្ហាញខ្លួនឲ្យពួកទេវទូតឃើញ
គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោម
ជាតិសាសន៍នានា
គេបានជឿលើព្រះអង្គក្នុងពិភពលោក
ព្រះជាម្ចាស់បានលើកព្រះអង្គឡើង
ឲ្យមានសិរីរុងរឿង។
៤
គ្រូក្លែងក្លាយ
១ ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្តនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្តនឹងសេចក្ដីប្រៀនប្រដៅរបស់អារក្ខ។ ២ គេចាញ់បោកពុតត្បុតរបស់មេបោកប្រាស់។ មនសិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបម្រើរបស់អារក្ខ។ ៣ ពួកគេហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីឲ្យអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរព្រះគុណ។ ៤ អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួលទាំងអរព្រះគុណវិញ ៥ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យអរព្រះគុណ បានធ្វើឲ្យអាហារទាំងអស់ទៅជាវិសុទ្ធហើយ។
អ្នកបម្រើដ៏ល្អរបស់ព្រះអម្ចាស់
៦ បើអ្នកយកសេចក្ដីទាំងនេះទៅពន្យល់បងប្អូន នោះអ្នកពិតជាបម្រើព្រះគ្រីស្តយេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។ ៧ កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ៨ ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្តួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ចំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។ ៩ ពាក្យដូចតទៅនេះគួរឲ្យជឿ សមនឹងទទួលយកទាំងស្រុង គឺថាៈ ១០ យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។ ១១ អ្នកត្រូវដាស់តឿន និងបង្រៀនសេចក្ដីទាំងនេះ។ ១២ កុំបណ្ដោយឲ្យនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្តី កិរិយាមារយាទក្តី ចិត្តស្រឡាញ់ក្តី ជំនឿក្តី និងចិត្តបរិសុទ្ធក្តី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។
១៣ ចូរឧស្សាហ៍អានគម្ពីរ ឧស្សាហ៍ដាស់តឿន និងបង្រៀនបងប្អូនកុំខាន ទម្រាំខ្ញុំមកដល់។ ១៤ កុំធ្វេសប្រហែសនឹងព្រះអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាព្រះអំណោយទានដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមព្រះអម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យ*បានដាក់ដៃ*លើ ១៥ ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យគ្រប់គ្នាឃើញថា អ្នកពិតជាបានចម្រើនឡើងមែន។ ១៦ ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដីដែលអ្នកបង្រៀន ដោយព្យាយាមធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នកផង ទាំងបងប្អូនដែលស្ដាប់អ្នកផង។
៥
ដំបូន្មានស្ដីអំពីការមើលខុសត្រូវលើអ្នកជឿ
១ កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន ២ ទូន្មានស្ត្រីចាស់ៗទុកដូចជាម្ដាយ និងស្ត្រីក្មេងៗទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។
៣ ត្រូវជួយស្ត្រីមេម៉ាយណាដែលគ្មានទីពឹង។ ៤ ប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និងចេះសងគុណឪពុកម្ដាយ ធ្វើដូច្នេះ ទើបបានគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ៥ ចំពោះស្ត្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ត្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និងអធិស្ឋាន*ទាំងយប់ ទាំងថ្ងៃ។ ៦ រីឯស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូចជាស្លាប់ដែរ។ ៧ អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំឲ្យនាងមានកំហុស។ ៨ អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
៩ ស្ត្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ត្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។ ១០ គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្តអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវ បានលាងជើងជូនប្រជាជនដ៏វិសុទ្ធ* បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្តទុកដាក់ ប្រព្រឹត្តអំពើល្អសព្វបែបយ៉ាង។
១១ ចំពោះស្ត្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រីស្តមិនខាន ១២ ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ ១៣ មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។ ១៤ ហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មី ឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសបានឡើយ ១៥ ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ*សាតាំងរួចទៅហើយ។ ១៦ ប្រសិនបើស្ត្រីម្នាក់ ដែលជាអ្នកជឿ មានស្ត្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបម្រុងនាងទាំងនោះផង មិនត្រូវទុកឲ្យព្រះសហគមន៍*ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ព្រះសហគមន៍អាចនឹងជួយទំនុកបម្រុងស្ត្រីមេម៉ាយដែលគ្មានទីពឹង។
១៧ ព្រឹទ្ធាចារ្យ*ទាំងឡាយណានាំមុខព្រះសហគមន៍បានល្អប្រពៃ ត្រូវលើកកិត្តិយសគាត់មួយទ្វេជាពីរ ជាពិសេសចំពោះព្រឹទ្ធាចារ្យណាដែលនឿយហត់ប្រកាសព្រះបន្ទូល និងបង្រៀនគេ ១៨ ដ្បិតមានចែងទុកក្នុងគម្ពីរថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ«កម្មករត្រូវតែទទួលប្រាក់ឈ្នួល»។ ១៩ បើមានគេចោទប្រកាន់ព្រឹទ្ធាចារ្យណាម្នាក់ កុំទទួលពាក្យចោទរបស់គេឲ្យសោះ លើកលែងតែមានសាក្សីពីរ ឬបីនាក់។ ២០ បើមានបងប្អូនណាប្រព្រឹត្តអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីឲ្យបងប្អូនឯទៀតៗខ្លាចដែរ។
២១ ខ្ញុំសុំអង្វរអ្នក នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ត្រព្រះគ្រីស្តយេស៊ូ និងនៅចំពោះមុខទេវទូត* ដែលព្រះអង្គបានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។ ២២ កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនឲ្យបរិសុទ្ធ*។ ២៣ កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។ ២៤ អំពើបាបរបស់អ្នកខ្លះបានលេចមកឲ្យគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។ ២៥ រីឯអំពើល្អក៏នឹងលេចមកឲ្យគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមក ក៏ពុំអាចនៅលាក់កំបាំងបានឡើយ។
៦
១ ចំពោះបងប្អូនដែលជាទាសករត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងឡើយ។ ២ បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបម្រើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបងប្អូនដ៏ជាទីស្រឡាញ់។
អំពីសេចក្ដីបង្រៀនក្លែងក្លាយ និងការស្រឡាញ់សម្បត្តិលោកីយ៍
អ្នកត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ ៣ ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្តទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ ៤ អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា ៥ និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថាការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមធ្យោបាយរកទ្រព្យសម្បត្តិ។ ៦ ចំពោះអ្នកដែលចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន! ៧ ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។ ៨ ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។ ៩ រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នា លេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ ១០ ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
ពាក្យដាស់តឿនចុងបញ្ចប់
១១ ចំពោះអ្នកវិញ អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។ ១២ ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។ ១៣ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះព្រះភ័ក្ត្រព្រះគ្រីស្តយេស៊ូ ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា ១៤ ចូរប្រតិបត្តិតាមវិន័យឲ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើងយាងមក ១៥ នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញឲ្យឃើញ។
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល
មានតែព្រះអង្គមួយគត់ ដែលជាព្រះអធិបតី
ព្រះអង្គជាព្រះមហាក្សត្រ
ធំលើសមហាក្សត្រនានា
ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា
១៦ មានតែព្រះអង្គមួយគត់ដែលមាន
ព្រះជន្មអមតៈ
ព្រះអង្គគង់នៅក្នុងពន្លឺ ដែលគ្មាននរណា
អាចចូលជិតឡើយ
ហើយក៏គ្មានមនុស្សណាបានឃើញ
និងអាចឃើញព្រះអង្គដែរ
សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្ដា
របស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!
១៧ ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។ ១៨ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្តទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ ១៩ ធ្វើដូច្នេះ គេនឹងសន្សំសម្បត្តិដ៏ល្អគង់វង្សសម្រាប់លោកខាងមុខ ដើម្បីទទួលជីវិតដ៏ពិតប្រាកដ។
២០ ធីម៉ូថេអើយ អ្វីៗដែលព្រះជាម្ចាស់បានផ្ញើនឹងអ្នក ចូររក្សាទុកទៅ។ ត្រូវចៀសវាងពាក្យសម្ដីឥតន័យ ឥតខ្លឹមសារ និងចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។ ២១ មានអ្នកខ្លះប្រកាន់យកចំណេះបែបនេះ ហើយត្រូវវង្វេងចេញពីជំនឿ។
សូមព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូនទាំងអស់គ្នា។
647 Views