សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតទីមួយរបស់គ្រីស្តទូតប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិក
ពាក្យលំនាំ
លិខិតទីមួយរបស់លោកប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិក
ពាក្យលំនាំ
ក្រុងថេស្សាឡូនិកៈ សព្វថ្ងៃ ក្រុងនេះស្ថិតនៅក្នុងប្រទេសក្រិក។ នៅជំនាន់លោកប៉ូល ក្រុងថេស្សាឡូនិកនេះធំណាស់ មានប្រជាជនប្រមាណ ៣០០.០០០ នាក់។ អ្នកក្រុងជាច្រើនប្រកបរបរពាណិជ្ជកម្មតាមកំពង់ផែ។ មានមនុស្សជាច្រើនសាសន៍ស្នាក់នៅក្រុងនោះ មានជនជាតិយូដាជាដើម។
គ្រីស្តទូតប៉ូលបានប្រកាសដំណឹងល្អនៅក្រុងថេស្សាឡូនិកក្នុងគ.ស.៥០ (កិច្ចការ ១៧.១-១០)។ លោកបានប្រកាសដំណឹងល្អដល់ជនជាតិយូដាមុនគេ មានអ្នកខ្លះជឿ ហើយអ្នកខ្លះប្រឆាំងនឹងគ្រីស្តបរិស័ទដែលទើបនឹងជឿថ្មីៗ។ ពួកគេបង្ខំលោកប៉ូលឲ្យចាកចេញពីក្រុងនោះ ហើយលោកក៏ធ្វើដំណើរទៅក្រុងអាថែន និងក្រុងកូរិនថូស។ ដោយលោកព្រួយបារម្ភខ្លាចក្រែងគ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិកលះបង់ជំនឿ លោកក៏សរសេរលិខិតមួយច្បាប់ទៅលើកទឹកចិត្តពួកគេនៅគ.ស.៥១។
គោលសំខាន់ៗ:
ក្នុងលិខិតនេះ លោកប៉ូលបានសម្ដែងសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះគ្រីស្តបរិស័ទ ដែលលោកចាត់ទុកដូចជាកូនរបស់លោកផ្ទាល់។ លោកដាស់តឿនគេឲ្យកាន់តាមការប្រៀនប្រដៅរបស់លោកយ៉ាងខ្ជាប់ខ្ជួន ទោះបីពួកគេជួបប្រទះឧបសគ្គយ៉ាងណាក៏ដោយ។
នៅសម័យនោះ គ្រីស្តបរិស័ទជាច្រើនស្មានថា ព្រះគ្រីស្តត្រូវយាងមកវិញក្នុងពេលឆាប់ៗ។ មានអ្នកខ្លះព្រួយបារម្ភ ខ្លាចក្រែងស្លាប់ មុនពេលឃើញព្រះយេស៊ូយាងត្រឡប់មកវិញ។ ដូច្នេះ លោកប៉ូលប្រៀនប្រដៅគេថា ទោះបីពួកគេស្លាប់ហួសហើយក៏ដោយ ក៏ព្រះគ្រីស្តនឹងប្រោសគេឲ្យរស់ឡើងវិញ ព្រមទាំងប្រទានឲ្យគេមានសិរីរុងរឿងរួមជាមួយព្រះអង្គដែរ (១ ថេស្សាឡូនិក ៤.១៣‑៥.១១)។ ប៉ុន្តែ មានគ្រីស្តបរិស័ទខ្លះទៀតយល់ច្រឡំ ហើយមិនយកចិត្តទុកដាក់នឹងការរស់នៅក្នុងពិភពលោកនេះទេ ដោយសំអាងថាព្រះគ្រីស្តជិតយាងមកវិញ ឬយាងមកវិញរួចស្រេចហើយ (២ ថេស្សាឡូនិក ២.១-២)។ ដូច្នេះ លោកប៉ូល (ឬកូនចៅរបស់លោកមួយរូប) បានតែងលិខិតមួយទៀត (ថេស្សាឡូនិកទី២) ដើម្បីប្រៀនប្រដៅពួកគេឲ្យរស់នៅយ៉ាងសមរម្យ ស្រគត់ស្រគំ ទម្រាំដល់ព្រះគ្រីស្តយាងមក។
គម្រោងគម្ពីរថេស្សាឡូនិកៈ
១ថេស្សាឡូនិកៈ
• សេចក្ដីផ្ដើម ១.១
• ពាក្យអរព្រះគុណ និងពាក្យសរសើរ ១.២‑៣.១៣
• ពាក្យដាស់តឿនអំពីរបៀបរស់នៅស្របតាមជំនឿ ៤.១-១២
• ការបង្រៀនស្ដីអំពីព្រះអម្ចាស់យាងមកវិញ ៤.១៣‑៥.១១
• ពាក្យទូន្មានផ្សេងៗ ៥.១២-២២
• អវសានកថា ៥.២៣-២៨
២ថេស្សាឡូនិកៈ
• សេចក្ដីផ្ដើម ១.១-២
• ពាក្យសរសើរ និងពាក្យទូន្មានផ្សេងៗ ១.៣-១២
• ការបង្រៀនស្ដីអំពីព្រះអម្ចាស់យាងមកវិញ ២.១-១៧
• ពាក្យដាស់តឿនអំពីរបៀបរស់នៅរបស់គ្រីស្តបរិស័ទ ៣.១-១៥
• អវសានកថា ៣.១៦-១៨
១
សេចក្ដីផ្ដើម
១ យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍*នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតា និងជាមួយព្រះអម្ចាស់យេស៊ូគ្រីស្ត។ សូមព្រះអង្គប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។
ជីវិត និងជំនឿរបស់គ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិក
២ យើងតែងតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងអធិស្ឋាន យើងតែងនឹកគិតដល់បងប្អូនជាដរាប។ ៣ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្តស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្តសង្ឃឹមលើព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ ៤ បងប្អូនជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងដឹងហើយថា ព្រះអង្គបានជ្រើសរើសបងប្អូន ៥ ដ្បិតយើងបាននាំដំណឹងល្អ*មកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយមានឫទ្ធានុភាព មានព្រះវិញ្ញាណដ៏វិសុទ្ធ* និងមានចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្តយ៉ាងណា សម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។ ៦ បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមព្រះអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលព្រះបន្ទូលទាំងមានអំណរមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ ៧ ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ ៨ ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើព្រះជាម្ចាស់បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ ៩ មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។ ១០ បងប្អូនក៏ទន្ទឹងរង់ចាំព្រះបុត្រារបស់ព្រះអង្គ យាងពីស្ថានបរមសុខ*មក គឺព្រះយេស៊ូ ដែលព្រះអង្គបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូនេះប្រោសយើងឲ្យរួចផុតពីព្រះពិរោធដែលកំពុងតែមក។
២
បេសកកម្មរបស់លោកប៉ូលនៅក្រុងថេស្សាឡូនិក
១ បងប្អូនអើយ បងប្អូនផ្ទាល់ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ ២ គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ ព្រះជាម្ចាស់បានប្រទានឲ្យយើងមានចិត្តអង់អាចប្រកាសដំណឹងល្អ*របស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ ៣ សេចក្ដីដែលយើងទូន្មានមិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។ ៤ មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង ព្រះជាម្ចាស់បានល្បងមើលចិត្តយើងយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយ ដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែលល្បងមើលចិត្តយើងនោះវិញ។
៥ បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ ៦ យើងពុំបានស្វែងរកកិត្តិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្តី។ ៧ ក្នុងឋានៈជាគ្រីស្តទូត*របស់ព្រះគ្រីស្ត ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្តី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចមាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ ៨ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ ៩ បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។ ១០ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ* សុចរិត* ឥតកំហុស យើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។ ១១ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្តចំពោះកូនដែរ ១២ គឺយើងបានទូន្មាន និងលើកទឹកចិត្តបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងព្រះរាជ្យ* និងសិរីរុងរឿងរបស់ព្រះអង្គ។
១៣ ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។ ១៤ បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមព្រះសហគមន៍*របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។ ១៥ អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និងសម្លាប់ពួកព្យាការី* ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់! ១៦ ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កម្រិត ហើយនៅទីបំផុត ពួកគេនឹងត្រូវទទួលទោសមិនខាន។
លោកប៉ូលចង់ជួបគ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិក
១៧ បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្តី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្តយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ ១៨ ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្តែ មារ*សាតាំងចេះតែរារាំងដំណើរយើង។ ១៩ បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្តិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។ ២០ បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។
៣
១ ដោយយើងពុំអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្តស្នាក់នៅក្រុងអាថែន តែគ្នាយើង ២ ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយព្រះជាម្ចាស់ ក្នុងការប្រកាសដំណឹងល្អ*របស់ព្រះគ្រីស្ត ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង ៣ ដើម្បីកុំឲ្យមាននរណាម្នាក់ធ្លាក់ទឹកចិត្ត ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។ ៤ កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជម្រាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។ ៥ ហេតុនេះ ដោយខ្ញុំពុំអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេឲ្យមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលឲ្យការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។
៦ ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូននៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។ ៧ ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើឲ្យចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្តី។ ៨ ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួនជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ ៩ យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះគុណព្រះជាម្ចាស់អំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើឲ្យយើងមានអំណររីករាយ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់របស់យើង។ ១០ ទាំងយប់ ទាំងថ្ងៃ យើងទទូចសូមព្រះអង្គមេត្តាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទាំងប្រទានឲ្យជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
១១ សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូជាអម្ចាស់នៃយើង ព្រះអង្គរៀបចំផ្លូវឲ្យយើងមករកបងប្អូន។ ១២ សូមព្រះអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ។ ១៣ សូមព្រះអង្គប្រទានឲ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឲ្យបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!
៤
របៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់
១ បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ នៅទីបំផុត យើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!។
២ បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូយ៉ាងណា។ ៣ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានវិសុទ្ធ* ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។ ៤ ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួន ដោយវិសុទ្ធ និងថ្លៃថ្នូរ ៥ ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ ៦ មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្តអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។ ៧ ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងវិសុទ្ធវិញ។ ៨ ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលព្រះជាម្ចាស់ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកបងប្អូននោះតែម្ដង។
៩ រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីព្រះជាម្ចាស់ឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក ១០ ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ប៉ុន្តែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។ ១១ ចូរយកចិត្តទុកដាក់រស់នៅឲ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។ ១២ ធ្វើដូច្នេះ អ្នកដែលមិនមែនជាគ្រីស្តបរិស័ទនឹងគោរពបងប្អូន ហើយបងប្អូនក៏លែងត្រូវការឲ្យគេជួយទៀតផង។
អំពីព្រះអម្ចាស់យាងមក
១៣ បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ អំពីអស់អ្នកដែលបានស្លាប់ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្តដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។ ១៤ ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន យើងក៏ជឿថា ព្រះជាម្ចាស់នឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ ឲ្យទៅនៅជាមួយព្រះអង្គ ដោយសារព្រះយេស៊ូដែរ។ ១៥ យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលព្រះអម្ចាស់យាងមក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ ១៦ ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវទូត និងសំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ព្រះអង្គនឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រីស្តដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន ១៧ បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយ ឲ្យឡើងទៅក្នុងពពក*ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។ ១៨ ដូច្នេះ សូមបងប្អូនយកពាក្យទាំងនេះមកសម្រាលទុក្ខគ្នាទៅវិញទៅមក។
៥
១ ចំពោះពេលវេលា និងពេលកំណត់នោះ យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ ២ ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ ៣ ពេលណាមនុស្សម្នាពោលថា “មានសន្តិភាពហើយ! មានសន្តិសុខហើយ!” ពេលនោះ មហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតឡើយ គឺប្រៀបបីដូចជាស្ត្រីឈឺផ្ទៃមុនសម្រាលកូនដែរ។ ៤ រីឯបងប្អូនវិញ បងប្អូនអើយ បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។ ៥ បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ ៦ ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច។ ៧ អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។ ៨ រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក ៩ ដ្បិតព្រះជាម្ចាស់មិនបានតម្រូវឲ្យយើងទទួលទោសឡើយ គឺព្រះអង្គឲ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ១០ បានសោយទិវង្គតសម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្តី ស្លាប់ក្តី។ ១១ ដូច្នេះ ចូរលើកទឹកចិត្តគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
ពាក្យដាស់តឿនផ្សេងៗ និងពាក្យសួរសុខទុក្ខ
១២ បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាព្រះអម្ចាស់ និងអប់រំបងប្អូន។ ១៣ ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្តស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។
១៤ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសម្រាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ត ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្តអត់ធ្មត់ ចំពោះមនុស្សទួទៅផង។
១៥ ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
១៦ ចូរមានអំណរសប្បាយជានិច្ច ១៧ ចូរអធិស្ឋានឥតឈប់ឈរ ១៨ ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យឲ្យបងប្អូន ដែលរួមជាមួយព្រះគ្រីស្តយេស៊ូធ្វើដូច្នេះឯង។
១៩ កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ ២០ កុំមើលងាយការថ្លែងព្រះបន្ទូល ២១ ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។ ២២ ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
២៣ សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តប្រោសបងប្អូនឲ្យវិសុទ្ធ*ទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងយាងមក។ ២៤ ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសម្រេចការនេះជាពុំខាន។
២៥ បងប្អូនអើយ សូមអធិស្ឋាន*ឲ្យយើងផង។ ២៦ សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។
២៧ ខ្ញុំសូមអង្វរបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។
២៨ សូមព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោសដល់បងប្អូន!។
548 Views