សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ម៉ាកាប៉ាយទី១
ពាក្យលំនាំ
ម៉ាកាបាយ
ឬ មរណសាក្សីនៃប្រជាជនអ៊ីស្រាអែល ភាគទី១
ពាក្យលំនាំ
ចាប់ពីឆ្នាំ ៣៣៣ មុនគ.ស.ព្រះបាទអឡិចសង់ជាស្តេចស្រុកម៉ាសេដូន នាំកងទ័ពទៅវាយដណ្តើមយកដែនដីនៃមជ្ឈិមបូព៌ាទាំងមូល គឺចាប់តាំងពីប្រទេសក្រិករហូតដល់ប្រទេសឥណ្ឌា។ អារ្យធម៌ និងសាសនារបស់ជនជាតិក្រិក បានសាយភាយគ្រប់តំបន់ទាំងនោះ។ ក្រោយពីព្រះបាទអឡិចសង់ចូលទិវង្គត (៣៣៣)ស្រុកយូដាទៅជាអាណាខេត្តមួយនៃរាជាណាចក្រស្រុកអេស៊ីប។ ស្តេចស្រុកអេស៊ីបក៏អនុញ្ញាតឲ្យប្រជាជនយូដាកាន់តាមប្រពៃណីរបស់បុព្វបុរស និងតាមគម្ពីរវិន័យរបស់លោកម៉ូសេ ដែលព្រះរាជាយកមកធ្វើជាច្បាប់រដ្ឋសម្រាប់ពួកគេ។
នៅឆ្នាំ១៩៨ មុនគ.ស ស្រុកយូដាធ្លាក់ទៅជាអាណាខេត្តមួយនៃរាជាណាចក្រស៊ីរីវិញ។ នៅឆ្នាំ១៧៥ មុនគ.ស ព្រះបាទអន់យូគូស-អេពីផាន ឡើងគ្រងរាជ្យនៅស្រុកស៊ីរី។ ស្តេចចង់បង្ខំឲ្យប្រជាជនយូដាកាន់តាមអរិយធម៌ និងតាមសាសនាក្រិក។ នៅឆ្នាំ១៦៧ មុនគ.ស ស្តេចបញ្ជាឲ្យប្រហារជីវិតអស់អ្នកដែលនៅតែគោរពតាមវិន័យរបស់លោកម៉ូសេ។ ពេលនោះ មានជនជាតិយូដាជាច្រើន សុខចិត្តធ្វើតាមបញ្ជារបស់ស្តេច តែមានអ្នកខ្លះស៊ូប្ដូជីវិត ដើម្បីកាន់តាមធម្មវិន័យនោះតទៅទៀត។ អ្នកខ្លះនាំគ្នាបះបោរប្រឆាំងនឹងស្ដេច ហើយប្រយុទ្ធទាមទារយកឯករាជ្យមកជូនប្រជាជនរបស់ខ្លួនវិញ។
ព្រឹត្តិការណ៍ទាំងនេះមានរៀបរាប់ក្នុងកណ្ឌ «មរណសាក្សីនៃជនជាតិអ៊ីស្រាអែល» ដែលហៅថា «កណ្ឌម៉ាកាបាយ» តាមឈ្មោះលោកយូដា ជាយុទ្ធជនម្នាក់ដ៏អង់អាចក្លាហាន។
ក្នុងកណ្ឌទីមួយដែលចែងជាភាសាហេប្រឺ ប្រែជាភាសាក្រិក មានរៀបរាប់អំពីព្រះបាទអន់ទីយូគូស-អេពីផាន និងស្តេចឯទៀតៗធ្វើទុក្ខបុកម្នេញប្រជាជនយូដាចាប់តាំងពីឆ្នាំ១៧៥ មុនគ.ស. រហូតដល់ជនជាតិយូដាដណ្តើមយកឯករាជ្យបាននៅឆ្នាំ១៣៥។
-លោកយូដាម៉ាកាបាយប្រយុទ្ធនឹងនាយទាហាននៃកងទ័ពនៃជនជាតិស៊ីរី : លោកលីស្សា លោកបាកឃីដែស និងលោកនិកាន័រ ពីឆ្នាំ១៦៦ ដល់ឆ្នាំ១៦០។
-កាលលោកយូដាបាត់បង់ជីវិតក្នុងសមរភូមិ លោកយ៉ូណាថានជាបងវាយខ្មាំងសត្រូវតទៅទៀត (ឆ្នាំ១៦០-១៤០)។ ប៉ុន្តែ លោកធ្វើនយោបាយជាងការពារសាសនា។ ព្រះបាទអឡិចសង់បាឡាសតែងតាំងលោកឲ្យធ្វើជាមហាបូជាចារ្យ តែលោកទ្រីផូនជាមេទ័ពស៊ីរីលួចសម្លាប់លោក នៅឆ្នាំ១៤២។
-លោកស៊ីម៉ូនជាបង បន្តការប្រយុទ្ធ (១៤២-១៣៤)។ ព្រះបាទដេមេទ្រីយ៉ូតែងតាំងលោកឲ្យធ្វើជាមហាបូជាចារ្យ។ លោកវាយប្រយុទ្ធទាមទារឯករាជ្យជាតិ។ លោកយ៉ូហានអ៊ីរកនជាបុត្រ នឹងស្នងរាជ្យ។ ពូជពង្សរបស់លោកស៊ីម៉ូនមានព្រះនាមថា ស្តេច «អាសមូនេអាំង»។
កណ្ឌ «មរណសាក្សីនៃជនជាតិអ៊ីស្រាអែល» មានសារសំខាន់ធ្វើឲ្យស្គាល់ប្រវត្តិប្រជាជនយូដា នៅសតវត្សទី២ មុនគ.ស.នោះ។ មានគម្ពីរជាច្រើនដែលជួយពន្យល់ពីគម្ពីរដានីអែល (ដន ៧‑១២)។
១
ម៉ាកាបាយ
មរណសាក្សីនៃប្រជាជនអ៊ីស្រាអែល
ភាគទី១
រាជ្យរបស់ព្រះបាទអឡិចសង់
១ ព្រះចៅអឡិចសង់ជាព្រះរាជបុត្ររបស់ព្រះបាទភីលីព និងជាជនជាតិម៉ាសេដូន។ ព្រះរាជាយាងចេញពីស្រុកក្រិក ដើម្បីធ្វើសឹកសង្គ្រាម ហើយវាយឈ្នះព្រះបាទដារីយូស ជាព្រះមហាក្សត្រនៃជនជាតិពែរ្ស និងជនជាតិម៉ែដ។ ដំបូងបង្អស់ ព្រះអង្គឡើងគ្រងរាជ្យនៅស្រុកក្រិក ជំនួសព្រះបាទដារីយូស។ ២ ព្រះរាជាអង្គនេះ ធ្វើសង្គ្រាមជាច្រើនលើក វាយដណ្ដើមយកបានក្រុងជាច្រើន ដែលមានកំពែងរឹងមាំ ហើយធ្វើគុតព្រះមហាក្សត្រទាំងប៉ុន្មាន ក្នុងភូមិភាគនោះទៀតផង។ ៣ ស្ដេចយាងទៅធ្វើសឹក រហូតដល់ទីដាច់ស្រយាលនៃផែនដី ហើយរឹបអូសយកជយភណ្ឌពីប្រជាជាតិជាច្រើនព្រះអង្គ បង្ក្រាបផែនដីទាំងមូល ឲ្យនៅស្ងៀមស្ងាត់។ គ្រានោះ ព្រះរាជាមានព្រះហឫទ័យអួតបំប៉ោង យ៉ាងព្រហើនកោងកាច ៤ ព្រះអង្គប្រមូលកងទ័ពដ៏មានកម្លាំងខ្លាំងក្លាបំផុត ហើយបង្ក្រាបអាណាខេត្ត ប្រជាជាតិ និងស្ដេចទាំងអស់ ព្រមទាំងបង្ខំឲ្យស្ដេចទាំងនោះ យកសួយសារ អាករមកថ្វាយ។ ៥ លុះក្រោយមក ព្រះរាជាប្រឈួន ហើយឈ្វេងយល់ថា មិនយូរប៉ុន្មានព្រះអង្គនឹងចូលទិវង្គតជាមិនខាន ៦ ហេតុនេះហើយ ព្រះរាជាក៏កោះហៅមេទ័ពអភិជនទាំងឡាយ គឺអស់នាយទាហានដែលទទួលការអប់រំជាមួយស្ដេចតាំងពីកុមារឲ្យមក ដើម្បីបែងចែករាជាណាចក្រឲ្យអស់លោកទាំងនោះកាន់កាប់ មុនពេលព្រះអង្គចូលទិវង្គត។
៧ ព្រះបាទអឡិចសង់ចូលទិវង្គត ក្រោយពីសោយរាជ្យបានដប់ពីរឆ្នាំ។ ៨ មេទ័ពអភិជនទាំងប៉ុន្មាន ក៏ឡើងកាន់កាប់អំណាច ក្នុងដែនដីរៀងៗខ្លួន។ ៩ បន្ទាប់ពីព្រះបាទអឡិចសង់ចូលទិវង្គតទៅ អស់លោកទាំងនោះប្រកាសខ្លួនជាស្ដេច ហើយគ្រប់គ្រងតាមតំបន់រៀងៗខ្លួន ហើយបុត្ររបស់អស់លោកទាំងនោះក៏ឡើងសោយរាជ្យបន្តទៀតរយៈពេលជាយូរឆ្នាំ។ ស្ដេចទាំងនោះបង្កនូវភាពអន្តរាយជាច្រើននៅលើផែនដី។
ព្រះបាទអន់ទីយ៉ូគូស
១០ នៅឆ្នាំមួយរយសាមសិបប្រាំពីរនៃសករាជក្រិក ព្រះបាទអន់ទីយ៉ូគូសអេពីផាន ជារាជបុត្ររបស់ព្រះបាទអន់ទីយ៉ូគូស ឡើងសោយរាជ្យ ក្រោយពីបានរួចពីចំណាប់ខ្មាំងនៅក្រុងរ៉ូម។ ព្រះរាជាជាស្ដេចពាលឥតសាសនា។ ១១ គ្រានោះ មានមនុស្សខិលខូចជាច្រើនលេចមុខនៅស្រុកអ៊ីស្រាអែល ហើយអូសទាញទឹកចិត្តអ្នកស្រុកជាច្រើន ដោយពោលថា៖ «គ្នាយើង! ចូរនាំគ្នាចងសម្ពន្ធមេត្រីជាមួយប្រជាជាតិទាំងប៉ុន្មាន ដែលរស់នៅជុំវិញយើងទៅ! ដ្បិតតាំងពីយើងមិនព្រមរស់នៅតាមរបៀបរបស់គេ យើងរមែងតែងជួបក្ដីអន្តរាយជាច្រើន»។ ១២ អ្នកស្រុកពេញចិត្តនឹងពាក្យទាំងនេះ ១៣ ហើយមានមនុស្សជាច្រើនប្រញាប់ប្រញាល់ទៅគាល់ព្រះមហាក្សត្រ សុំរាជានុញ្ញាតឲ្យពួកគេកាន់តាមប្រពៃណីប្រជាជាតិទាំងនោះ។ ១៤ ដូច្នេះ ពួកគេសាងកីឡាដ្ឋាន នៅក្រុងយេរូសាឡឹម តាមទំនៀមទម្លាប់របស់ប្រជាជាតិដទៃ។ ១៥ គេយកស្បែកមកដេរភ្ជិត ដើម្បីកុំឲ្យឃើញស្នាមកាត់ស្បែក។ គេលះបង់សម្ពន្ធមេត្រីដ៏វិសុទ្ធចោល ហើយបែរទៅចូលរួមរស់ជាមួយសាសន៍ដទៃវិញ។ ពួកគេក៏លក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ទៀតផង។
ព្រះបាទអន់ទីយ៉ូគូសវាយស្រុកអេស៊ីប និងបំផ្លាញព្រះវិហារយេរូសាឡឹម
១៦ ពេលព្រះបាទអន់ទីយ៉ូគូសឈ្វេងយល់ថា ព្រះអង្គមានអំណាចរឹងមាំក្នុងស្រុកហើយ ព្រះអង្គក៏ត្រៀមគម្រោងការទៅវាយដណ្ដើមយកស្រុកអេស៊ីបទៀត ដើម្បីសោយរាជ្យលើព្រះរាជាណាចក្រទាំងពីរ។ ១៧ ព្រះរាជាលើកទ័ពច្រើនសន្ធឹកសន្ធាប់ មានទាំងរទេះចម្បាំង ទាំងដំរី ទាំងនាវាចម្បាំងជាច្រើន វាយសម្រុកចូលស្រុកអេស៊ីប។ ១៨ ព្រះបាទអន់ទីយ៉ូគូសបានប្រយុទ្ធនឹងព្រះបាទផ្ទូឡេមេ ជាស្ដេចស្រុកអេស៊ីបទទួលបរាជ័យ រួចដកទ័ពរត់បាត់ទៅ ដោយទុកចោលសាកសពយ៉ាងច្រើន។ ១៩ ព្រះបាទអន់ទីយ៉ូគូសដណ្ដើមយកក្រុងជាច្រើន ដែលមានកំពែងនៅស្រុកអេស៊ីប ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិពីស្រុកនោះ មកធ្វើជាជយភណ្ឌថែមទៀតផង។ ២០ នៅឆ្នាំ ១៤៣ ក្រោយពីបានវាយឈ្នះក្រុងអេស៊ីប ព្រះបាទអន់ទីយ៉ូគូស យាងត្រឡប់មកស្រុកវិញ រួចលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទៅវាយស្រុកអ៊ីស្រាអែល និងក្រុងយេរូសាឡឹមទៀត។ ២១ ព្រះរាជាយាងចូលព្រះវិហារទាំងមានឫកពារក្រអឺតក្រទម ហើយរឹបអូសយកអាសនៈមាស ជើងចង្កៀង និងប្រដាប់ប្រដាទាំងអស់ទៀតផង ២២ ព្រះអង្គក៏រឹបអូសយកតុសម្រាប់ថ្វាយតង្វាយ ភាជន៍សម្រាប់ច្រូចស្រា ពែង ប្រអប់មាស វាំងនន និងភួងជ័យផង។ រីឯគ្រឿងលំអធ្វើពីមាសនៅតាមជញ្ជាំងព្រះវិហារ ព្រះអង្គបានដកហូតយកទាំងអស់ដែរ។ ២៣ ព្រះរាជារឹបអូសយកមាសប្រាក់ ព្រមទាំងប្រដាប់ប្រដា និងកំណប់ដ៏មានតម្លៃដែលព្រះអង្គរកឃើញ។ ២៤ កាលព្រះរាជារឹបអូសយកវត្ថុទាំងអស់នោះហើយ ព្រះអង្គក៏យាងត្រឡប់ទៅស្រុកវិញ។ នៅពេលដណ្ដើមយកក្រុងយេរូសាឡឹម ព្រះអង្គបានសម្លាប់ប្រជាជនយ៉ាងរង្គាល ហើយមានរាជឱង្ការ យ៉ាងព្រហើនកោងកាចជាទីបំផុត។ ២៥ ប្រជាជនអ៊ីស្រាអែលទូទាំងស្រុក នាំគ្នាកាន់ទុក្ខសោកសង្រេងជាខ្លាំង។ ២៦ មេដឹកនាំ និងព្រឹទ្ធាចារ្យនាំគ្នាត្អូញត្អែរ យុវជនយុវនារី ធ្លាក់ខ្លួនស្គមរីងរៃ ហើយស្រីៗបាត់បង់សម្ផស្ស ២៧ គូស្វាមីភរិយាថ្មីថ្មោងនាំគ្នាកាន់ទុក្ខស្មូតបទទំនុកកម្សត់។ ២៨ ផែនដីរញ្ជួយ ដោយឃើញទុក្ខសោករបស់អ្នកស្រុក ហើយពូជពង្សរបស់លោកយ៉ាកុបទាំងមូលត្រូវអាម៉ាស់ជាខ្លាំង។
លោកអប៉ូឡូនីយូសសង់បន្ទាយនៅក្រុងយេរូសាឡឹម
២៩ ពីរឆ្នាំក្រោយមក ព្រះមហាក្សត្របានចាត់មន្ត្រីម្នាក់ ដើម្បីទៅទារពន្ធដារនៅតាមក្រុងនានា ក្នុងស្រុកយូដា។ មន្ត្រីនោះមកដល់ក្រុងយេរូសាឡឹម នាំទាំងកងទ័ពដ៏ច្រើនមកជាមួយផង។ ៣០ លោកនិយាយបញ្ឆោតអ្នកក្រុង ដោយពោលអំពីសន្តិភាព។ អ្នកក្រុងក៏នាំគ្នាជឿតាមពាក្យសម្ដីរបស់គាត់ទាំងស្រុង។ ប៉ុន្តែនៅពេលអ្នកក្រុងភ្លេចខ្លួនពុំបានគិត មន្ត្រីនោះក៏វាយសម្រុកយកក្រុងកាប់សម្លាប់អ្នកស្រុក ហើយធ្វើឲ្យក្រុងទទួលមហន្តរាយជាទម្ងន់។ គាត់ប្រហារជីវិតប្រជាជនអ៊ីស្រាអែលអស់ជាច្រើននាក់ ៣១ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិអ្នកក្រុង ដុតបំផ្លាញទីក្រុងចោល ផ្ដួលរំលំផ្ទះ និងកំពែងថែមទៀតផង។ ៣២ ពួកទាហានចាប់ស្រីៗ និងក្មេងៗយកធ្វើជាឈ្លើយ ហើយយកហ្វូងសត្វមកចែកគ្នា។ ៣៣ ក្រោយមក ពួកគេសង់ក្រុងរបស់ព្រះបាទដាវីឌឡើងវិញ ព្រមទាំងសង់កំពែងខ្ពស់ និងរឹងមាំ ដែលមានប៉មធ្វើជាបន្ទាយរបស់គេ។ ៣៤ ពួកគេតែងតាំងជនពាលមួយក្រុម គឺពួកទមិឡឥតសាសនា ឲ្យនៅក្នុងបន្ទាយដ៏រឹងមាំនោះ។ ៣៥ ពួកគេប្រមូលគ្រឿងសាស្ត្រាវុធ ស្បៀងអាហារជាច្រើន និងជយភណ្ឌដែលរឹបអូសយកពីក្រុងយេរូសាឡឹម មកដាក់ក្នុងបន្ទាយ។ ធ្វើដូច្នេះគេដូចជាដាក់អន្ទាក់ ដើម្បីចាប់ប្រជាជន។ ៣៦ ពួកគេបង្កប់ខ្លួនចាំស្ទាក់វាយមនុស្សដែលចេញចូលព្រះវិហារ និងធ្វើបាបប្រជាជនអ៊ីស្រាអែលជាទម្ងន់ គ្រប់ពេលវេលាផង។ ៣៧ ពួកគេបង្ហូរឈាមជនស្លូតត្រង់នៅជុំវិញទីសក្ការៈ បង្អាប់បន្ថោកទីដ៏វិសុទ្ធ ៣៨ បង្ខិតបង្ខំប្រជាជនក្រុងយេរូសាឡឹម ឲ្យរត់ចេញពីទីក្រុង ហើយមានសុទ្ធតែសាសន៍ដទៃមកស្នាក់នៅទៅវិញ ដោយប្រជាជនលះបង់ក្រុងនោះចោល។
៣៩ ពួកគេបំផ្លិចបំផ្លាញព្រះវិហារឲ្យស្ងាត់ជ្រងំ ដូចវាលរហោស្ថាន។ ពិធីបុណ្យដ៏សប្បាយ ក្លាយជាពិធីកាន់ទុក្ខ ថ្ងៃសប្ប័ទ ប្រែក្លាយទៅជាថ្ងៃដែលសាសន៍ដទៃចំអកឲ្យជនជាតិយូដា និងមើលងាយដល់កិត្តិនាមរបស់ក្រុងដែរ។ ៤០ កាលពីមុន ក្រុងយេរូសាឡឹម មានសិរីរុងរឿងអស្ចារ្យយ៉ាងណា ពេលនេះក្រុងយេរូសាឡឹម ក៏ទទួលការអាម៉ាស់ដ៏ជូរចត់យ៉ាងនោះដែរ។ កាលពីមុន ទីក្រុងមានភាពថ្កុំថ្កើងយ៉ាងណា នៅពេលនេះ ទីក្រុងក៏កាន់ទុក្ខដ៏សែនខ្លោចផ្សាយ៉ាងនោះវិញដែរ។
ព្រះបាទអន់ទីយ៉ូគូសហាមមិនឲ្យគោរពធម្មវិន័យ
៤១ ព្រះបាទអន់ទីយ៉ូគូសចេញរាជក្រឹត្យមួយបញ្ជាឲ្យជនជាតិទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្រទាំងមូល លះបង់ទំនៀមទម្លាប់រៀងៗខ្លួនចោល ដើម្បីចូលរួមគ្នាធ្វើជាប្រជារាស្ត្រតែមួយ។ ៤២ ប្រជាជាតិទាំងប៉ុន្មានអនុវត្តតាមរាជក្រឹត្យនេះ។ ៤៣ ជនជាតិអ៊ីស្រាអែលជាច្រើនក៏សុខចិត្តកាន់តាមសាសនារបស់ព្រះមហាក្សត្រដែរ គឺគេនាំគ្នាធ្វើយញ្ញបូជាថ្វាយព្រះក្លែងក្លាយ ព្រមទាំងលែងគោរពថ្ងៃសប្ប័ទទៀត។ ៤៤ ព្រះមហាក្សត្រក៏ចាត់អ្នកនាំសារឲ្យទៅទីក្រុងយេរូសាឡឹម និងបណ្ដាក្រុងនានា ក្នុងស្រុកយូដាទាំងមូល ព្រះអង្គចេញរាជបញ្ជាឲ្យអ្នកក្រុងទាំងនោះគោរពប្រតិបត្តិតាមទំនៀមទម្លាប់នៃជនជាតិដទៃ។ ៤៥ ព្រះមហាក្សត្រហាមធ្វើតង្វាយដុតទាំងមូលថ្វាយព្រះជាម្ចាស់ ហាមថ្វាយសក្ការបូជា ហាមធ្វើពិធីច្រូចស្រា ហាមគោរពថ្ងៃសប្ប័ទ និងថ្ងៃបុណ្យនានា ៤៦ ព្រមទាំងបង្គាប់ឲ្យបង្អាប់បង្ឱនព្រះវិហារ និងគ្រឿងសក្ការៈផ្សេងៗផង។ ៤៧ ព្រះរាជាបញ្ជាឲ្យសាងអាសនៈ ទីសក្ការៈ និងព្រះវិហារសម្រាប់គោរពព្រះក្លែងក្លាយ ព្រមទាំងយកសត្វជ្រូក និងសត្វមិនបរិសុទ្ធមកធ្វើយញ្ញបូជាដែរ ៤៨ ព្រះអង្គហាមធ្វើពិធីកាត់ស្បែកឲ្យកូនចៅរបស់ពួកគេ។ ដូច្នេះ ពួកគេមានការសៅហ្មងគ្រប់បែបយ៉ាង ដោយប្រព្រឹត្តអំពើអាក្រក់គួរឲ្យស្អប់ខ្ពើម។ ៤៩ ព្រះរាជាមានបំណងឲ្យគេបំភ្លេចធម្មវិន័យ ព្រមទាំងផ្លាស់ប្ដូរទំនៀមទម្លាប់ទាំងអស់របស់ខ្លួន។ ៥០ អ្នកមិនគោរពតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ត្រូវទទួលទោសដល់ជីវិត។
៥១ ព្រះមហាក្សត្រសរសេររាជក្រឹត្យបែបនេះឲ្យប្រជារាស្ត្រទាំងអស់ ក្នុងព្រះរាជាណាចក្រទាំងមូល ព្រះអង្គតែងតាំងមន្ត្រី ដើម្បីចុះទៅពិនិត្យមើលប្រជារាស្រ្តទាំងអស់ ហើយបញ្ជាឲ្យអ្នកក្រុងទាំងឡាយក្នុងស្រុកយូដា ធ្វើយញ្ញបូជាថ្វាយព្រះក្លែងក្លាយទៀតផង។ ៥២ ប្រជាជនអ៊ីស្រាអែលភាគច្រើន គឺអ្នកដែលលះបង់ធម្មវិន័យរបស់ព្រះអម្ចាស់ បែរជាទៅធ្វើតាមបញ្ជារបស់មន្ត្រីទាំងនោះ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ក្នុងស្រុក។ ៥៣ ពួកគេបង្ខិតបង្ខំប្រជាជនអ៊ីស្រាអែលដ៏ស្មោះត្រង់ ឲ្យគេចខ្លួនទៅជ្រកគ្រប់ទីកន្លែង ដែលពួកគេអាចនៅបាន។
៥៤ នៅថ្ងៃទីដប់ប្រាំខែគីសឡេ ដែលត្រូវជាខែមិគសិរ ឆ្នាំមួយរយសែសិបប្រាំ ព្រះបាទអន់ទីយ៉ូគូសធ្វើរូបបដិមាដ៏គួរស្អប់ខ្ពើម ដាក់នៅលើអាសនៈក្នុងព្រះវិហារក្រុងយេរូសាឡឹម ហើយអ្នករាជការក៏សង់អាសនៈតាមក្រុងនានាដែលនៅជុំវិញដែរ។ ៥៥ គេដុតគ្រឿងក្រអូបនៅមាត់ទ្វារផ្ទះ និងតាមកន្លែងសាធារណៈ។ ៥៦ បើគេរកឃើញគម្ពីរវិន័យ គេហែកដុតកម្ទេចចោល។ ៥៧ ប្រសិនបើគេឃើញសម្ពន្ធមេត្រីក្នុងផ្ទះនរណាម្នាក់ ឬប្រសិនបើអ្នកណាម្នាក់ប្រតិបត្តិតាមធម្មវិន័យនោះ គេនឹងកាត់ទោសប្រហារជីវិតអ្នកនោះ តាមរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ ៥៨ រៀងរាល់ខែ ជនពាលធ្វើបាបប្រជាជនអ៊ីស្រាអែល ដែលបានប្រព្រឹត្តខុសនឹងរាជក្រឹត្យនោះ ៥៩ ថ្ងៃទីម្ភៃប្រាំ ខែនីមួយៗ ពួកគេថ្វាយយញ្ញបូជានៅលើអាសនៈ ដែលគេសង់នៅពីលើអាសនៈនៃព្រះវិហារក្រុងយេរូសាឡឹម។ ៦០ គេប្រហារជីវិតស្រ្ដីដែលធ្វើពិធីកាត់ស្បែកឲ្យកូនរបស់ខ្លួន ខុសពីរាជបញ្ជារបស់ព្រះមហាក្សត្រ ៦១ ដែលកំពុងឱបកូនជាប់នឹងខ្លួនផង។ ញាតិសន្តាន និងអស់អ្នកដែលបានជួយធ្វើពិធីកាត់ស្បែកនោះ ក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។ ៦២ ប៉ុន្តែ ទោះបីជាយ៉ាងណាក្ដី ក៏ជនជាតិអ៊ីស្រាអែលជាច្រើនមានចិត្តរឹងប៉ឹងក្លាហានអង់អាច មិនព្រមបរិភោគម្ហូបអាហារមិនបរិសុទ្ធឡើយ។ ៦៣ អ្នកទាំងនោះស៊ូស្លាប់ ជាជាងបរិភោគអាហារដែលមិនបរិសុទ្ធ ហើយទោះជាត្រូវទទួលទោសដល់ស្លាប់ ក៏គេមិនព្រមបង្អាប់បង្ឱនសម្ពន្ធមេត្រីដ៏វិសុទ្ធដែរ។ ៦៤ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលជួបនូវគ្រោះមហន្តរាយយ៉ាងខ្លាំង។
២
ទំនួញរបស់លោកបូជាចារ្យ ម៉ាថាធីយ៉ាស
១ នៅគ្រានោះ លោកម៉ាថាធីយ៉ាសជាកូនរបស់លោកយ៉ូហាន និងជាចៅរបស់លោកស៊ីម៉ូន ជាបូជាចារ្យក្នុងក្រុមលោកយ៉ូអារិបបានចេញមុខឡើង។ លោកចាកចេញពីក្រុងយេរូសាឡឹមទៅរស់នៅក្រុងម៉ូឌីន។ ២ លោកមានកូនប្រាំនាក់គឺ៖ យ៉ូហានហៅកាឌី ៣ ស៊ីម៉ូនហៅថាស៊ី ៤ យ៉ូដាសហៅម៉ាកាបាយ ៥ អេឡាសារហៅអវ៉ារន យ៉ូណាថានហៅអភូស។ ៦ ក្រោយពីបានឃើញអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលប្រជាជនប្រព្រឹត្តនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ៧ លោកមានប្រសាសន៍ថា៖ «វេទនាណាស់! ខ្ញុំកើតមកដើម្បីឃើញប្រជាជនរបស់ខ្ញុំ វិនាស និងការអន្តរាយនៃក្រុងដ៏វិសុទ្ធនេះឬ? ខ្ញុំអង្គុយស្ងៀមនៅទីនេះ ក្នុងពេលដែលទីក្រុងត្រូវធ្លាក់ទៅក្នុងបរទេសដែរ។ ៨ ព្រះវិហារ ប្រៀបដូចជាមនុស្សដែលបាត់បង់កិត្តិយស គ្មាននរណាគោរព ៩ ខ្មាំងរឹបអូសយកគ្រឿងឧបករណ៍ ដែលជាសិរីរុងរឿងនៃព្រះវិហារធ្វើជាជយភណ្ឌ។ ពួកវាបានសម្លាប់រង្គាលក្មេងតូចៗនៅតាមផ្សារ ហើយយុវជនក៏ត្រូវស្លាប់ដោយសារមុខដាវ។ ១០ ប្រជាជាតិនានាបានទទួលមួយផ្នែកនៃរាជាណាចក្រនេះ និងរឹបអូសយកទ្រព្យសម្បត្តិក្នុងក្រុងធ្វើជាជយភណ្ឌទៀតផង! ១១ គេយកគ្រឿងលំអរបស់ក្រុងយេរូសាឡឹមអស់។ កាលពីមុន ក្រុងធ្លាប់មានសេរីភាព ឥឡូវនេះប្រែក្លាយជាទាសីហើយ! ១២ ទីដ៏វិសុទ្ធដែលជាទីលំអ និងសិរីរុងរឿងរបស់យើងត្រឡប់ទៅជាទីរហោស្ថាន ត្រូវជនជាតិកណ្ដាប់ដៃរបស់ខ្មាំង ឯទីសក្ការៈក៏ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ជនដទៃ បង្អាប់បង្ឱនទៀតផង! ១៣ តើរស់តទៅទៀតមានប្រយោជន៍អ្វី?»។ ១៤ លោកម៉ាថាធីយ៉ាស និងកូនរបស់គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយនាំគ្នាយកបាវមកស្លៀកជំនួសវិញ ដើម្បីធ្វើពិធីកាន់ទុក្ខ។
យញ្ញបូជានៅក្រុងម៉ូឌីន
១៥ មន្រ្តីដែលព្រះមហាក្សត្រចាត់មក ដើម្បីបង្ខំឲ្យប្រជាជនលះបង់ជំនឿរបស់ខ្លួន មកដល់ក្រុងម៉ូឌីន ដើម្បីថ្វាយយញ្ញបូជា។ ១៦ ជនជាតិអ៊ីស្រាអែលជាច្រើនចេញទៅជួបលោក តែលោកម៉ាថាធីយ៉ាស និងកូនទាំងប៉ុន្មានរបស់គាត់ ជួបជុំគ្នាដោយឡែកពីគេ។ ១៧ មន្ត្រីរបស់ព្រះមហាក្សត្រប្រាប់លោកម៉ាថាធីយ៉ាសថា៖ «លោកជាអ្នកដឹកនាំមានឈ្មោះល្បី និងមានអំណាចក្នុងភូមិនេះ ដោយមានកូន និងបងប្អូនជាច្រើនជួយគាំទ្រផង។ ១៨ សូមលោកអញ្ជើញមក អនុវត្តតាមរាជបញ្ជារបស់ព្រះករុណាមុនគេ ដូចប្រជាជាតិទាំងប៉ុន្មាន និងអ្នកស្រុកយូដា ព្រមទាំងអ្នកដែលនៅសេសសល់ក្នុងក្រុងយេរូសាឡឹម បានធ្វើរួចមកហើយ។ បើធ្វើដូច្នេះ លោក និងកូនរបស់លោក ត្រូវរាប់បញ្ចូលក្នុងចំណោមមិត្តសម្លាញ់របស់ព្រះរាជា។ លោក និងកូនរបស់លោក នឹងទទួលមាសប្រាក់ ព្រមទាំងអំណោយជាច្រើនទៀតផង!»។ ១៩ លោកម៉ាថាធីយ៉ាសបន្លឺសំឡេងយ៉ាងខ្លាំងៗ តបទៅគេថា៖ «ទោះបីប្រជាជាតិទាំងប៉ុន្មាន ដែលនៅក្នុងរាជាណាចក្រទាំងមូល យល់ព្រមធ្វើតាមរាជបញ្ជារបស់ស្ដេច លះបង់សាសនាដូនតារបស់គេរៀងៗខ្លួនចោល ហើយបែរទៅគោរពតាមរាជឱង្ការរបស់ស្ដេចក្ដី ២០ ក៏ខ្ញុំ កូនខ្ញុំ និងបងប្អូនខ្ញុំ នៅតែប្រតិបត្តិតាមសម្ពន្ធមេត្រីនៃដូនតារបស់យើងតទៅមុខទៀតជាដរាប។ ២១ សូមព្រះជាម្ចាស់អាណិតមេត្តាការពារយើង កុំឲ្យយើងខ្ញុំបោះបង់ចោលធម្មវិន័យ និងបញ្ញាត្តិរបស់ព្រះអង្គឡើយ។ ២២ យើងមិនព្រមស្តាប់តាមរាជបញ្ជាទេ យើងមិនព្រមងាកចេញពីសាសនារបស់យើងឡើយ ឲ្យនៅខាងស្ដាំ ឬខាងឆ្វេង គឺយើងមិនព្រមជាដាច់ខាត!»។
២៣ កាលលោកមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាម្នាក់ឡើងទៅថ្វាយយញ្ញបូជា នៅចំពោះមុខប្រជាជនទាំងមូល លើអាសនៈនៅក្រុងម៉ូឌីន តាមរាជបញ្ជា។ ២៤ លោកម៉ាថាធីយ៉ាសឃើញដូច្នេះ ក្តៅក្រហាយញ័រខ្លួនចំប្រប់យ៉ាងខ្លាំង កំហឹងដ៏សុចរិតពុះកញ្ជ្រោលក្នុងខ្លួនលោក។ លោកស្ទុះទៅសម្លាប់អ្នកនោះនៅលើអាសនៈ ២៥ និងសម្លាប់មន្ត្រី ដែលស្ដេចចាត់ឲ្យមកបង្ខំអ្នកស្រុកថ្វាយយញ្ញបូជា រួចលោករំលំអាសនៈនោះចោលទៀតផង។ ២៦ លោកមានចិត្តស្រឡាញ់ធម្មវិន័យជាខ្លាំង ដូចកាលពីដើម ដែលលោកពីណេហាស់បានប្រព្រឹត្តចំពោះលោកយីមរី ជាកូនលោកសាលូ។ ២៧ បន្ទាប់លោកម៉ាថាធីយ៉ាសដើរស្រែកយ៉ាងខ្លាំង តាមផ្លូវក្រុងម៉ូឌីនថា៖ «អស់អ្នកដែលមានចិត្តស្រឡាញ់ធម្មវិន័យ និងចង់គោរពតាមសម្ពន្ធមេត្រី សូមអញ្ជើញមកតាមខ្ញុំមក!»។ ២៨ លោក និងកូនលោកភៀសខ្លួនទៅតំបន់ភ្នំ ដោយទុកទ្រព្យសម្បត្តិចោលនៅក្នុងក្រុង។ ២៩ ពេលនោះ អ្នកស្រុកជាច្រើនដែលខិតខំធ្វើអំពើសុចរិត និងគោរពតាមធម្មវិន័យ រត់ទៅនៅក្នុងវាលរហោស្ថាន ៣០ ទាំងប្រពន្ធកូនទាំងហ្វូងសត្វរបស់គេ ព្រោះខ្មាំងតែងធ្វើទុកបុកម្នេញពួកគេគ្រប់ពេល។ ៣១ មន្ត្រី និងកងទ័ពដែលនៅក្រុងយេរូសាឡឹម ក្នុងបុរីព្រះបាទដាវីឌទទួលដំណឹងថា មានអ្នកខ្លះបដិសេធរាជក្រឹត្យរបស់ស្ដេច ហើយរត់ទៅពួនក្នុងល្អាងថ្មនៃវាលរហោស្ថាន។ ៣២ ពេលនោះ ពលទាហានដ៏ខ្លាំងក្លាមួយកងដេញតាមទាន់ ហើយបោះជំរំទល់មុខគេ បម្រុងនឹងវាយសម្រុកនៅថ្ងៃសប្ប័ទ។ ៣៣ មេទ័ពប្រាប់ពួកដែលរត់ថា៖ «ល្មមហើយ! ចូរចេញមក! ធ្វើតាមរាជបញ្ជារបស់ស្ដេចទៅ! អ្នករាល់គ្នានឹងរួចជីវិត!»។ ៣៤ តែពួកយូដាឆ្លើយថា៖ «ទេ! យើងមិនចេញទៅទេ! យើងក៏មិនធ្វើតាមរាជបញ្ជារបស់ស្ដេចដែរ ហើយយើងក៏មិនព្រមរំលោភវិន័យថ្ងៃសប្ប័ទដែរ!»។ ៣៥ ភ្លាមនោះ ពលទាហានចូលវាយសម្រុកលើពួកគេ។ ៣៦ ពួកគេមិនតបតមិនគប់ដុំថ្ម មិនបិទច្រកចូលទីជម្រករបស់គេឡើយ ៣៧ ពួកគេពោលឡើងថា៖ «យើងសុខចិត្តស្លាប់ទាំងអស់គ្នាដោយសុចរិត! មេឃព្រមទាំងដីនឹងជួយធ្វើជាសាក្សីឲ្យយើងថា អ្នករាល់គ្នាសម្លាប់យើងយ៉ាងទុច្ចរិតបំផុត!»។ ៣៨ ពលទាហានវាយសម្រុកនៅថ្ងៃសប្ប័ទ។ ពួកគេទាំងប្រពន្ធទាំងកូន ទាំងហ្វូងសត្វក៏ស្លាប់ដែរ។ គឺមានមនុស្សចំនួនមួយពាន់នាក់ស្លាប់នៅពេលនោះ។
៣៩ ក្រោយពីលោកម៉ាថាធីយ៉ាស និងអ្នកនៅជាមួយបានទទួលដំណឹងនេះហើយ គេក៏នាំគ្នាយំសោកសង្រេងយ៉ាងក្រៀមក្រំ ៤០ រួចប្រាប់គ្នីគ្នាថា៖ «ប្រសិនបើយើងទាំងអស់ប្រព្រឹត្តដូចបងប្អូនយើង ដោយមិនវាយតបត ប្រឆាំងនឹងប្រជាជាតិទាំងឡាយ ដើម្បីការពារជីវិត និងធម្មវិន័យរបស់យើងទេនោះ មិនយូរប៉ុន្មាន ពួកខ្មាំងសត្រូវមុខជាប្រហារជីវិតយើងឲ្យផុតពូជមិនខាន»។ ៤១ នៅថ្ងៃនោះ ពួកគេសម្រេចថា៖ «ប្រសិនបើមានគេវាយសម្រុកលើយើងនៅថ្ងៃសប្ប័ទ យើងនឹងប្រយុទ្ធតទល់នឹងគេវិញ! ដូច្នេះ យើងមិនបាត់បង់ជីវិតទាំងអស់គ្នា ដូចបងប្អូនយើងនៅក្នុងជម្រកឡើយ»។
៤២ ពេលនោះ មានក្រុមអាស៊ីឌីមសុខចិត្តចូលមករួបរួមជាមួយពួកគេ។ អ្នកទាំងនោះមានឈ្មោះល្បីនៅស្រុកអ៊ីស្រាអែលថា មានសេចក្ដីក្លាហានអង់អាចស៊ូប្ដូរជីវិតដើម្បីធម្មវិន័យ។ ៤៣ អស់អ្នកដែលមានបំណងរត់គេចពីការធ្វើទុក្ខបុកម្នេញ ក៏មកចុះចូលជាមួយពួកគេដែរ ធ្វើឲ្យចំនួន និងកម្លាំងរបស់ពួកគេកាន់តែខ្លាំងឡើងៗ។ ៤៤ ពួកគេប្រមូលគ្នាជាកងទ័ព ហើយខឹងក្តៅក្រហាយ វាយជាមួយពួកអ្នកបាប និងពួកទមិឡឥតសាសនាវិញ។ ជនជាតិយូដាដែលនៅសេសសល់ រត់ភៀសខ្លួនទៅនៅក្នុងស្រុករបស់ប្រជាជាតិដទៃ។ ៤៥ លោកម៉ាថាធីយ៉ាស និងអ្នកនៅជាមួយ ចេញទៅរំលំអាសនៈនៅគ្រប់ទីកន្លែង ៤៦ គេធ្វើពិធីកាត់ស្បែកកូនក្មេងទាំងបង្ខំ គឺកូនក្មេងដែលពួកគេរកឃើញ ក្នុងទឹកដីអ៊ីស្រាអែលទាំងមូល។ ៤៧ ពួកគេដេញកម្ចាត់ខ្មាំង ដែលធ្លាប់មានចិត្តព្រហើនកោងកាច ហើយទទួលបានជោគជ័យ។ ៤៨ ពួកគេការពារធម្មវិន័យមិនឲ្យប្រជាជាតិ និងស្ដេចប្រជាជាតិទាំងនោះយាយីពួកគេ ហើយពួកគេមិនទុកឲ្យស្ដេចទមិឡមានជ័យជម្នះឡើយ។
លោកម៉ាថាធីយ៉ាសទទួលមរណភាព
៤៩ ពេលលោកម៉ាថាធីយ៉ាសជិតលាចាកលោកនេះទៅ លោកមានប្រសាសន៍ទៅកាន់កូនៗរបស់គាត់ថា៖ «ឥឡូវនេះ មនុស្សព្រហើន និងអ្នកកោងកាច កំពុងតែសោយរាជ្យ។ ជំនាន់នេះគឺជាជំនាន់កើតចលាចលវឹកវរ និងជំនាន់ផ្ទុះកំហឹង។ ៥០ កូនអើយ! ចូរខំខ្នះខ្នែងស្រឡាញ់ធម្មវិន័យ ស៊ូប្ដូរជីវិតដើម្បីសម្ពន្ធមេត្រីរបស់ដូនតាយើង។ ៥១ ចូរនឹកគិតពីការអស្ចារ្យដែលបុព្វបុរសរបស់យើងបានប្រព្រឹត្តក្នុងជំនាន់របស់លោក។ កូនមុខជាទទួលសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុត និងមានឈ្មោះល្បីអស់កល្បជានិច្ចជាពុំខាន។ ៥២ លោកអប្រាហាំជឿយ៉ាងស្មោះត្រង់ នៅពេលព្រះជាម្ចាស់ល្បងលចិត្តរបស់លោក ហេតុនេះហើយ បានជាព្រះអង្គប្រោសលោកឲ្យសុចរិត។ ៥៣ លោកយ៉ូសែបបានប្រព្រឹត្តតាមធម្មវិន័យនៅពេលលោកកើតទុក្ខវេទនា។ ដូច្នេះ លោកធ្វើជាម្ចាស់លើស្រុកអេស៊ីប។ ៥៤ លោកពីណេហាស់ជាបុព្វបុរសរបស់យើង មានចិត្តស្រឡាញ់ធម្មវិន័យយ៉ាងខ្លាំងបំផុត។ ដូច្នេះ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា ពូជពង្សរបស់លោកនឹងទៅជាបូជាចារ្យរហូតតរៀងទៅ។ ៥៥ លោកយ៉ូស៊ូអាទៅជាវីរបុរសក្នុងស្រុកអ៊ីស្រាអែល ព្រោះលោកបានបំពេញភារកិច្ចរបស់ខ្លួន។ ៥៦ លោកកាឡែបទទួលដីមួយចំណែកទុកជាមត៌ក ព្រោះលោកផ្ដល់សក្ខីភាពយ៉ាងអង់អាចពិតប្រាកដ នៅចំពោះមុខសហគមន៍របស់ជនជាតិអ៊ីស្រាអែល។ ៥៧ ព្រះជាម្ចាស់បានតែងតាំងព្រះបាទដាវីឌឲ្យសោយរាជ្យអស់កល្បជានិច្ច ព្រោះស្ដេចមានព្រះហឫទ័យស្មោះត្រង់ ចំពោះព្រះជាម្ចាស់។ ៥៨ ព្រះជាម្ចាស់លើកលោកអេលីឡើងទៅស្ថានបរមសុខ ព្រោះលោកមានចិត្តស្រឡាញ់ធម្មវិន័យយ៉ាងខ្លាំង។ ៥៩ ព្រះជាម្ចាស់ បានសង្គ្រោះយុវជនអណានីយ៉ា អសារីយ៉ា និងមីសាអែល ឲ្យរួចផុតពីភ្លើង ព្រោះពួកគេផ្ញើជីវិតលើព្រះជាម្ចាស់។ ៦០ ព្រះអង្គបានប្រោស លោកដានីអែលបានរួចពីមាត់សិង្ហ ព្រោះលោកមានចិត្តទៀងត្រង់។ ៦១ ចូររិះគិតពិចារណាមើលថា អស់អ្នកដែលជឿសង្ឃឹមលើព្រះជាម្ចាស់ នៅគ្រប់ជំនាន់រៀងមក មិនខកចិត្តឡើយ។ ៦២ កុំភ័យខ្លាចពីការគំរាមកំហែងរបស់ស្ដេចពាលនោះឲ្យសោះ ដ្បិតសិរីរុងរឿងរបស់ស្ដេចនឹងត្រូវរលួយ ហើយត្រូវដង្កូវស៊ីផង។ ៦៣ នៅថ្ងៃនេះ ព្រះរាជាខ្ពស់មុខឡើង តែថ្ងៃស្អែកនឹងត្រូវវិនាសសាបសូន្យ ដ្បិតព្រះអង្គត្រឡប់ទៅកាន់ធូលីដីរបស់គេវិញ ហើយគម្រោងការរបស់ស្ដេច ក៏ត្រូវវិនាសសាបសូន្យដែរ។ ៦៤ កូនអើយ! ចូរមានចិត្តអង់អាចក្លាហានឡើង! ចូរកាន់ធម្មវិន័យឲ្យបានមាំមួន ព្រោះមានតែធម្មវិន័យនេះទេ ដែលនឹងផ្ដល់សិរីរុងរឿងដល់កូនរាល់គ្នា។ ៦៥ ចូរស្ដាប់ស៊ីម៉ូនជាបងរបស់កូន។ ពុកដឹងថា ស៊ីម៉ូនតែងតែផ្ដល់យោបល់ល្អៗ ចូរស្ដាប់បងជានិច្ចចុះ! គេនឹងទៅជាឪពុករបស់កូនៗ។ ៦៦ យូដាម៉ាកាបាយដែលមានសេចក្ដីអង់អាចក្លាហានតាំងពីកុមារមក នឹងទៅជាមេទ័ពរបស់កូនៗ ហើយនាំទ័ពទៅធ្វើសង្គ្រាមជាមួយប្រជាជាតិនានា។ ៦៧ រីឯកូនៗ ចូរប្រមូលអស់អ្នកដែលកាន់តាមធម្មវិន័យ ចូររកយុត្តិធម៌ឲ្យប្រជាជនរបស់កូន។ ៦៨ ចូរតបស្នងនឹងអំពើអាក្រក់ចំពោះសាសន៍ដទៃ ស្របនឹងអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តចំពោះកូន។ ចូរគោរពប្រណិប័តន៍តាមធម្មវិន័យជានិច្ច»។
៦៩ បន្ទាប់មក លោកម៉ាថាធីយ៉ាសឲ្យពរកូនៗ រួចលោកបានទៅជួបជុំជាមួយដូនតារបស់លោក។ ៧០ លោកទទួលមរណភាពនៅឆ្នាំ មួយរយសែសិបប្រាំមួយ។ គេបញ្ចុះសពគាត់នៅក្នុងផ្នូរដូនតា នៅក្រុងម៉ូឌីន ហើយជនជាតិអ៊ីស្រាអែលទាំងអស់ នាំគ្នាធ្វើពិធីកាន់ទុក្ខយ៉ាងឱឡារិក។
៣
ពាក្យសរសើរលោកយូដាម៉ាកាបាយ
១ លោកយូដាហៅម៉ាកាបាយជាបុត្ររបស់លោកម៉ាថាធីយ៉ាស ឡើងកាន់ទ័ពជំនួសឪពុក។ ២ បងប្អូនទាំងអស់ និងអស់អ្នកដែលចូលខាងឪពុកគាត់ ក៏នាំគ្នាគាំទ្រគាត់ដែរ ហើយរីករាយនឹងប្រយុទ្ធ ដើម្បីជនជាតិអ៊ីស្រាអែល។ ៣ លោកយូដាធ្វើឲ្យកេរ្តិ៍ឈ្មោះដ៏រុងរឿងរបស់ជនជាតិលោកល្បីល្បាញឡើង។ ពេលលោកពាក់អាវក្រោះ លោកប្រៀបដូចជាវីរបុរសដ៏ឆ្នើម។ លោកកាន់អាវុធ ហើយចេញទៅធ្វើសង្គ្រាម ការពារទីតាំងទ័ពដោយដាវលោកផ្ទាល់។ ៤ ក្នុងពេលបំពេញភារកិច្ច លោកប្រៀបដូចជាសត្វតោមួយដ៏សាហាវ និងដូចកូនសិង្ហ កំពុងគ្រហឹមចាប់សត្វស៊ីដែរ។ ៥ លោកស្វែងរកអ្នកដែលបំពានលើធម្មវិន័យ ហើយដេញពួកគេចេញ ព្រមទាំងដុតសម្លាប់ពួកអ្នក ដែលបង្កឲ្យប្រជាជនមានចលាចល។ ៦ ជនពាលបាត់បង់អំណាចដោយភ័យខ្លាចលោក ហើយពួកទមិឡរកច្រកចេញមិនរួច លោកបានរំដោះប្រជាជនជាស្ថាពរ។ ៧ លោកធ្វើទុក្ខបុកម្នេញស្ដេចជាច្រើនអង្គ ហើយស្នាដៃរបស់លោកផ្ដល់អំណរដល់ប្រជាជនអ៊ីស្រាអែលយ៉ាងខ្លាំង។ គួរឲ្យនឹកចាំ និងកោតសរសើរអស់កល្បជានិច្ច។ ៨ លោកធ្វើដំណើរទៅកាន់ក្រុងនានានៅស្រុកយូដា ហើយវាយជនពាលទាំងអស់ នៅក្រុងទាំងនោះឲ្យវិនាស។ លោកធ្វើឲ្យព្រះជាម្ចាស់លែងព្រះពិរោធនឹងប្រជាជនអ៊ីស្រាអែល។ ៩ កិត្តិនាមរបស់លោកល្បីរន្ទឺរហូតដល់ទីដាច់ស្រយាលនៃផែនដី ហើយលោកក៏ប្រមូលផ្ដុំអស់អ្នកដែលរស់នៅខ្ចាត់ខ្ចាយ ឲ្យរួមគ្នាវិញ។
លោកយូដាមានជ័យជម្នះលើលោកអប៉ូឡូនីយូស
១០ លោកអប៉ូឡូនីយូស កេណ្ឌសាសន៍ដទៃ ព្រមទាំងជនជាតិសាម៉ារី មកធ្វើជាកងទ័ពមួយដ៏មានកម្លាំងអង់អាច ដើម្បីវាយប្រហារជនជាតិអ៊ីស្រាអែល។ ១១ លោកយូដាជ្រាបហេតុការណ៍នេះ ហើយក៏ចេញទៅប្រយុទ្ធតទល់នឹងពួកគេ។ លោកវាយឈ្នះគេហើយប្រហារជីវិតលោកអប៉ូឡូនីយូសទៀតផង។ ពលទាហានរបស់លោកអប៉ូឡូនីយូសជាច្រើនបាត់បង់ជីវិត ហើយពួកដែលរួចពីស្លាប់ក៏បាក់ទ័ពរត់អស់ទៅ។ ១២ ជនជាតិយូដារឹបអូសយកទ្រព្យជយភណ្ឌរបស់ខ្មាំង។ រីឯលោកយូដាក៏រើសយកដាវរបស់លោកអប៉ូឡូនីយូស ហើយប្រើដាវនោះជារៀងរាល់ថ្ងៃនៅពេលវាយខ្មាំង។ ១៣ លោកសេរ៉ុនជាមេទ័ពស្រុកស៊ីរីទទួលដំណឹងថា លោកយូដាបានប្រមូលផ្តុំកងទ័ព និងក្រុមអ្នកដែលមានជំនឿស្មោះត្រង់ ដើម្បីធ្វើសង្គ្រាម។ ១៤ គាត់គិតថា៖ «ខ្ញុំត្រូវតែទៅប្រយុទ្ធនឹងយូដា ព្រមទាំងអស់អ្នកនៅជាមួយ ដែលមិនគោរពរាជបញ្ជារបស់ព្រះមហាក្សត្រនោះ! ធ្វើដូច្នេះ ខ្ញុំមុខជាមានកេរ្តិ៍ឈ្មោះ និងកិត្តិយសនៅក្នុងរាជាណាចក្រទាំងមូលមិនខាន»។ ១៥ លោកក៏ចេញទៅប្រយុទ្ធនឹងលោកយូដា ដោយនាំកងទ័ពមួយចំនួនធំ ដែលសុទ្ធតែពួកទមិឡ ដើម្បីវាយសងសឹកនឹងប្រជាជនអ៊ីស្រាអែល។ ១៦ នៅពេលលោកសេរ៉ុនធ្វើដំណើរតាមផ្លូវឡើងទៅក្រុងបេតហូរ៉ូន លោកយូដាក៏ចេញទៅស្ទាក់ផ្លូវលោកសេរ៉ុន ដោយមានពលទាហានតែមួយក្រុមតូចប៉ុណ្ណោះទៅជាមួយ។ ១៧ កាលដែលពលទាហានឃើញកងទ័ព ដែលកំពុងតែឡើងមកវាយពួកគេ ពួកគេសួរលោកយូដាថា៖ «យើងមានគ្នាតិចយ៉ាងនេះ! តើយើងអាចប្រយុទ្ធនឹងកងទ័ព ដែលមានគ្នាច្រើន ហើយមានកម្លាំងខ្លាំងក្លាបែបនេះដូចម្ដេចកើត? ម្យ៉ាងទៀត យើងអស់កម្លាំង ព្រោះយើងមិនទាន់បរិភោគអ្វី នៅឡើយ!»។ ១៨ លោកយូដាមានប្រសាសន៍ថា៖ «ក្រុមដែលមានគ្នាតិច អាចយកជ័យជម្នះលើកងទ័ពមួយធំយ៉ាងស្រួល។ ព្រះជាម្ចាស់មិនត្រូវការគ្នាច្រើន ឬគ្នាតិច ដើម្បីឈ្នះខ្មាំងទេ។ ១៩ នៅលើសមរភូមិ ជ័យជម្នះមិនស្ថិតនៅលើចំនួនកងទ័ពឡើយ គឺស្ថិតនៅលើឫទ្ធានុភាព ដែលព្រះជាម្ចាស់ប្រទានមកនោះវិញ។ ២០ ពួកសត្រូវមកវាយយើងទាំងមានចិត្តអួតបំប៉ោង និងឃោរឃៅ។ ពួកវាមានគម្រោងសម្លាប់យើង និងប្រពន្ធកូនយើង ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់យើងទៀតផង។ ២១ រីឯយើងវិញ យើងវាយតបតឲ្យរួចជីវិត និងការពារសាសនារបស់យើងប៉ុណ្ណោះ ២២ ព្រះជាម្ចាស់នឹងកម្ទេចសត្រូវ នៅមុខយើងជាពុំខាន! ដូច្នេះ កុំខ្លាចពួកវាអី!»។
២៣ កាលលោកមានប្រសាសន៍ចប់សព្វគ្រប់ហើយ លោកយូដាវាយសម្រុកខ្មាំងសត្រូវនៅពេលដែលគេមិនដឹងខ្លួន ហើយកម្ទេចកងទ័ពរបស់លោកសេរ៉ុនអស់។ ២៤ យុទ្ធជនដែលរស់នៅជាមួយលោកយូដា ដេញពួកខ្មាំងសត្រូវតាមផ្លូវចុះពីភូមិបេតហូរ៉ូន រហូតទៅដល់វាលទំនាប ហើយបានសម្លាប់ពួកគេប្រហែលប្រាំបីរយនាក់។ ពលទាហានដែលរួចពីស្លាប់ក៏រត់គេចខ្លួនទៅស្រុកភីលីស្ទីន។ ២៥ តាំងពីពេលនោះមក ជាតិសាសន៍ដទៃដែលនៅជុំវិញចាប់ផ្ដើមភ័យខ្លាចញាប់ញ័រចំពោះលោកយូដា និងបងប្អូនរបស់គាត់។ ២៦ កិត្តិនាមរបស់លោកយូដាលេចឮដល់ព្រះបាទអន់ទីយ៉ូគូស ហើយប្រជាជាតិនានានិយាយតំណាលអំពីការប្រយុទ្ធរបស់លោក។
ព្រះបាទអន់ទីយ៉ូគូសតែងតាំងលោកលីស៊ីយ៉ាឲ្យកម្ទេចជនជាតិអ៊ីស្រាអែល
២៧ ពេលព្រះបាទអន់ទីយ៉ូគូសជ្រាបពីព្រឹត្តិការណ៍ទាំងនោះហើយ ព្រះអង្គព្រះពិរោធជាខ្លាំង ក៏ចេញរាជបញ្ជាឲ្យប្រមូលកងទ័ពទាំងអស់ក្នុងរាជាណាចក្រទាំងមូល មកធ្វើជាកងទ័ពមួយដ៏ខ្លាំងអស្ចារ្យ ២៨ ហើយយករាជទ្រព្យមកបើកប្រាក់ខែគ្រប់មួយឆ្នាំដល់ពលទាហាន ដោយមានរាជបញ្ជាឲ្យពួកគេត្រៀមខ្លួនជានិច្ច។ ២៩ គ្រានោះ ព្រះរាជាសង្កេតឃើញថា ប្រាក់ក្នុងឃ្លាំងរាជទ្រព្យត្រូវអស់ គឺមកពីការប្រមូលប្រាក់ពន្ធអាករតាមអាណាខេត្តថយចុះ។ ការខ្វះខាតនេះបណ្ដាលមកពីព្រះរាជាបង្កចលាចល និងគ្រោះមហន្តរាយក្នុងស្រុក ដោយលុបបំបាត់សាសនា ដែលមានតាំងពីដើមរៀងមក។ ៣០ ព្រះរាជាតែងតែចាយប្រាក់ជាច្រើន និងប្រទានអំណោយយ៉ាងទូលំទូលាយ លើសពីស្ដេចមុនៗទៅទៀត។ ប៉ុន្តែពេលនេះ ព្រះអង្គបារម្ភថា ពុំមានលទ្ធភាពនឹងចែកចាយប្រាក់ដូចពីមុនបាន។ ៣១ ដូច្នេះ ព្រះមហាក្សត្រមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ព្រះអង្គសម្រេចយាងទៅស្រុកពែរ្ស ដើម្បីទារពន្ធអាករពីបណ្ដាខេត្តនានានៅក្នុងស្រុកនោះ ហើយប្រមូលប្រាក់បានយ៉ាងច្រើនផង។ ៣២ ព្រះរាជាតែងតាំងលោកលីស៊ីយ៉ា ជាអ្នកមានកេរ្តិ៍ឈ្មោះ និងជាប់រាជវង្ស ធ្វើជាអ្នកគ្រប់គ្រងលើរាជាណាចក្រទាំងមូល ចាប់តាំងពីទន្លេអឺប្រាត រហូតដល់ព្រំប្រទល់ស្រុកអេស៊ីប។ ៣៣ ព្រះរាជាក៏ប្រគល់ឲ្យលោកលីស៊ីយ៉ាទទួលខុសត្រូវ លើការអប់រំព្រះរាជបុត្រឈ្មោះអន់ទីយ៉ូគូសជំនួសព្រះរាជា រហូតដល់ពេលព្រះអង្គយាងត្រឡប់មកវិញ។ ៣៤ ព្រះរាជាទុកកងទ័ពពាក់កណ្ដាល ព្រមទាំងដំរីចម្បាំង ឲ្យលោកលីស៊ីយ៉ា ហើយក៏បញ្ជាឲ្យលោកបំពេញកិច្ចការដែលព្រះអង្គបានសម្រេច ជាពិសេស ចំពោះប្រជាជនស្រុកយូដា និងក្រុងយេរូសាឡឹម។ ៣៥ លោកលីស៊ីយ៉ាត្រូវចាត់កងទ័ពទៅវាយកម្ទេចកងកម្លាំងប្រជាជនអ៊ីស្រាអែល និងអ្នកដែលនៅសេសសល់ក្នុងក្រុងយេរូសាឡឹមឲ្យផុតពូជ ដើម្បីលុបបំបាត់ឈ្មោះពួកគេឲ្យអស់ពីលើផែនដី។ ៣៦ លោកត្រូវនាំយកជនជាតិដទៃ មកតាំងទីលំនៅក្នុងតំបន់នោះ និងចែកដីឲ្យពួកគេទៀតផង។ ៣៧ នៅឆ្នាំ១៤៧ ព្រះមហាក្សត្រនាំកងទ័ពពាក់កណ្ដាលទៀត យាងចេញទៅក្រុងអន់ទីយ៉ូក ជារាជធានីនៃរាជាណាចក្រ ព្រះអង្គយាងឆ្លងទន្លេអឺប្រាត និងយាងកាត់តំបន់ភ្នំ។
លោកគ័រស៊ីយ៉ាស និងលោកនីកាន័រ
៣៨ ក្នុងចំណោមទីប្រឹក្សារបស់ព្រះមហាក្សត្រ លោកលីស៊ីយ៉ាជ្រើសរើសលោកផ្ទូឡេមេ ជាកូនលោកដូរីមែន លោកនីកាន័រ និងលោកគ័រស៊ីយ៉ាស ជាអ្នកមានអំណាចឲ្យធ្វើជាមេទ័ព។ ៣៩ លោកចាត់មេទ័ពទាំងបីនោះ ឲ្យនាំទ័ពថ្មើរជើងចំនួនមួយម៉ឺននាក់ និងទ័ពសេះប្រាំពីរពាន់នាក់ ទៅវាយស្រុកយូដា និងបំផ្លាញស្រុកនោះចោលតាមរាជបញ្ជារបស់ស្ដេច។ ៤០ មេទ័ពទាំងបីក៏ចាកចេញទៅជាមួយកងទ័ព ហើយមកដល់ក្បែរភូមិអេម៉ាអ៊ូស ពួកគេបោះទ័ពនៅវាលទំនាបនោះ។ ៤១ កាលពួកឈ្មួញនៅតំបន់នោះឮដំណឹងនេះ ពួកគេយកមាសប្រាក់យ៉ាងច្រើន ព្រមទាំងខ្នោះច្រវាក់ មកកាន់ជំរំកងទ័ព ដើម្បីទិញជនជាតិអ៊ីស្រាអែល ធ្វើជាទាសករ មានកងទ័ពមកពីស្រុកអេដុម និងកងទ័ពមកពីស្រុកភីលីស្ទីន ចូលមករួមជាមួយពួកគេ។ ៤២ លោកយូដា និងបងប្អូនរបស់លោកយល់ឃើញថា សភាពការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ ហើយថែមទាំងមានកងទ័ពសាសន៍ដទៃមកបោះទីតាំងនៅក្នុងស្រុកផង ហើយពួកគេក៏ដឹងទៀតថា ព្រះមហាក្សត្រមានបំណងចេញរាជបញ្ជាឲ្យសម្លាប់ប្រជាជនឲ្យអស់។ ៤៣ ពួកគេនិយាយតៗថា៖ «យើងនឹងនាំគ្នាសង្គ្រោះប្រជាជនរបស់យើង មិនឲ្យវិនាសអន្តរាយឡើយ! យើងនាំគ្នាវាយតបតដើម្បីប្រជាជន និងទីសក្ការៈដ៏វិសុទ្ធរបស់យើង!»។ ៤៤ គេកោះហៅសហគមន៍ ឲ្យមកជួបជុំគ្នា ដើម្បីត្រៀមខ្លួនធ្វើសង្គ្រាម និងអង្វរព្រះជាម្ចាស់ សូមព្រះអង្គអាណិតអាសូរ មេត្តាករុណាដល់គេផង។ ៤៥ ក្រុងយេរូសាឡឹមមានសភាពស្ងាត់ជ្រងំ គ្មានឃើញប្រជាជនណាម្នាក់ ចេញចូលទីក្រុងឡើយ។ មានគេជាន់ឈ្លីទីសក្ការៈជាតិសាសន៍ដទៃ តាំងទីលំនៅក្នុងបន្ទាយនោះ! ប្រជាជនអ៊ីស្រាអែលលែងសប្បាយរីករាយ ហើយសំឡេងខ្លុយ និងសំឡេងពិណក៏លែងលាន់ឮទៀតដែរ។
ការប្រជុំនៅម៉ាស្បា
៤៦ លោកយូដា និងកងទ័ពរបស់លោក ប្រមូលផ្តុំគ្នា ហើយចេញទៅកាន់ភូមិម៉ាស្បា ដែលនៅទល់មុខក្រុងយេរូសាឡឹម ដ្បិតកាលពីមុន ប្រជាជនអ៊ីស្រាអែលតែងតែមកទូលអង្វរព្រះជាម្ចាស់នៅទីនោះ។ ៤៧ នៅថ្ងៃនោះ ពួកគេធ្វើពិធីកាន់ទុក្ខ គឺពួកគេតមអាហារ យកបាវមកស្លៀក យកផេះមករោយលើក្បាល ហើយហែកសម្លៀកបំពាក់របស់ខ្លួនទៀតផង។
៤៨ ពួកគេលាតគម្ពីរធម្មវិន័យ ដើម្បីទូលសួរព្រះជាម្ចាស់ ដោយមិនធ្វើដូចសាសន៍ដទៃដែលតែងតែសួរព្រះក្លែងក្លាយរបស់គេឡើយ។ ៤៩ ពួកគេនាំយកសម្លៀកបំពាក់របស់បូជាចារ្យ ផលដំបូង និងចំណែកមួយភាគដប់នៃប្រាក់ចំណូល ហើយប្រមូលពួកណាសៀរ ដែលលាបំណន់របស់ខ្លួន ៥០ ពួកគេនាំគ្នាស្រែកទូលអង្វរព្រះជាម្ចាស់ថា៖ «ឱ! ព្រះអម្ចាស់អើយ! តើឲ្យយើងខ្ញុំយកតង្វាយទាំងនេះទៅធ្វើអ្វី? តើឲ្យយើងខ្ញុំនាំអ្នកធ្វើពិធីលាបំណន់ទាំងនេះទៅទីណា?។ ៥១ បើជាតិដទៃជាន់ឈ្លី និងបង្អាប់បង្ឱនទីដ៏វិសុទ្ធរបស់ព្រះអង្គដូច្នេះ! បូជាចារ្យរបស់ព្រះអង្គ ក៏កាន់ទុក្ខ និងអាម៉ាស់។ ៥២ ពេលនេះ ប្រជាជាតិដទៃព្រួតដៃគ្នាប្រឆាំងនឹងយើងខ្ញុំ បម្រុងវាយកម្ទេចយើងខ្ញុំ ឲ្យវិនាសសាបសូន្យទៀតផង។ ព្រះអង្គជ្រាបគម្រោងការរបស់ពួកគេហើយ! ៥៣ ប្រសិនបើព្រះអង្គមិនយាងមកជួយសង្គ្រោះយើងខ្ញុំទេ តើយើងខ្ញុំអាចទប់ទល់ប្រឆាំងនឹងពួកគេដូចម្ដេចបាន?» ៥៤ បន្ទាប់មក ពួកគេក៏ផ្លុំត្រែ ហើយស្រែកយ៉ាងខ្លាំងផង។
៥៥ ក្រោយមក លោកយូដាតែងតាំងមេដឹកនាំប្រជាជន គឺមេក្រុមមួយពាន់នាក់ មេក្រុមមួយរយនាក់ មេក្រុមហាសិបនាក់ និងមេក្រុមដប់នាក់។ ៥៦ លោកប្រាប់អ្នកដែលកំពុងសង់ផ្ទះថ្មី អ្នកដែលទើបមានគូដណ្ដឹងថ្មី អ្នកដែលទើបដាំចម្ការទំពាំងបាយជូរ និងអ្នកដែលភ័យខ្លាច ឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនស្របតាមធម្មវិន័យ។ ៥៧ ពេលនោះ កងទ័ពអ៊ីស្រាអែលចេញដំណើរទៅ ហើយបានបោះទ័ពនៅខាងត្បូងភូមិអេម៉ាអ៊ូស។ ៥៨ លោកយូដាមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ចូរប្រដាប់អាវុធ និងមានចិត្តក្លាហានឡើង! ចូរត្រៀមខ្លួន! ព្រឹកស្អែក យើងនឹងចេញទៅវាយសាសន៍ដទៃទាំងនោះ ដែលលើកគ្នាមកវាយកម្ទេចយើង និងបំផ្លាញទីសក្ការៈរបស់យើង ៥៩ យើងស៊ូស្លាប់នៅលើសមរភូមិ ប្រសើរជាងឈរស្ងៀមឱបដៃមើលទុក្ខវេទនារបស់ជាតិសាសន៍យើង និងការបំផ្លាញទីសក្ការៈដ៏វិសុទ្ធរបស់យើង។ ៦០ សូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអម្ចាស់ផងចុះ!»។
៤
ជ័យជម្នះនៅភូមិអេម៉ាអ៊ូស
១ លោកគ័រស៊ីយ៉ាសនាំទ័ពថ្មើរជើងចំនួនប្រាំពាន់នាក់ និងទ័ពសេះដ៏ចំណានមួយពាន់នាក់ចេញទៅទាំងយប់ ២ ដើម្បីវាយប្រហារជំរំជនជាតិយូដានៅពេលគេមិនដឹងខ្លួន។ មានអ្នករស់នៅក្នុងបន្ទាយយេរូសាឡឹមជាអ្នកនាំផ្លូវ។ ៣ លោកយូដាជ្រាបគម្រោងការនេះ ក៏នាំកងទ័ពចេញទៅវាយប្រហារកងទ័ពរបស់ព្រះមហាក្សត្រ នៅភូមិអេម៉ាអ៊ូស ៤ ពេលនោះ កងទ័ពរបស់លោកយូដាចេញឆ្ងាយពីជំរំ។ ៥ លោកគ័រស៊ីយ៉ាសមកដល់ជំរំរបស់លោកយូដាទាំងយប់ មិនប្រទះឃើញនរណាម្នាក់សោះ។ គាត់នឹកស្មានថាជនជាតិយូដារត់គេចចេញពីមុខគាត់។ ដូច្នេះ ពួកគេនាំគ្នារុករកកងទ័ពយូដានៅតាមភ្នំ។ ៦ ព្រឹកឡើង លោកយូដាមកដល់វាលទំនាបជាមួយពលទាហានបីពាន់នាក់ ប៉ុន្តែ ពួកគេគ្មានអាវក្រោះ គ្មានដាវគ្រប់គ្រាន់តាមបំណងរបស់គេទេ។ ៧ គេឃើញកងទ័ពសាសន៍ដទៃមានកម្លាំងខ្លាំងក្លា ដោយពាក់អាវក្រោះ និងមានទ័ពសេះការពារនៅជុំវិញ ហើយទាហានទាំងនោះសុទ្ធតែស្ទាត់ជំនាញក្នុងការធ្វើសង្គ្រាម។ ៨ លោកយូដាមានប្រសាសន៍ទៅកាន់ពលទាហានរបស់គាត់ថា៖ «កុំភ័យខ្លាចកងទ័ពដ៏ច្រើននេះធ្វើអ្វី! កុំតក់ស្លុតនៅពេលពួកគេវាយប្រហារយើងឡើយ! ៩ ចូរនឹកចាំអំពីរបៀបដែលព្រះជាម្ចាស់បានសង្គ្រោះបុព្វបុរសយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចផារ៉ោន និងកងទ័ពអេស៊ីបដេញតាមនៅសមុទ្រក្រហម។ ១០ ឥឡូវនេះ យើងនាំគ្នាស្រែកទូលអង្វរព្រះជាម្ចាស់! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងយើង ព្រះអង្គមុខជានឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយបុព្វបុរសយើងពុំខាន! ព្រះអង្គនឹងកម្ទេចកងទ័ពទាំងនេះនៅមុខពួកយើង! ១១ ប្រជាជាតិនានានឹងទទួលស្គាល់ថា មានព្រះមួយអង្គយាងមករំដោះ និងសង្គ្រោះជនជាតិអ៊ីស្រាអែល»។ ១២ ពេលនោះ ទាហានសាសន៍ដទៃសម្លឹងមើលទៅឃើញជនជាតិយូដា ដើរតម្រង់ចូលមកវាយប្រហារពួកគេ។ ១៣ ពួកគេក៏ចេញពីជំរំទៅប្រយុទ្ធ។ កងទ័ពរបស់លោកយូដាផ្លុំត្រែឡើង ១៤ ហើយចូលប្រយុទ្ធ។ កងទ័ពសាសន៍ដទៃបាក់ទ័ពខ្ចាត់ខ្ចាយទៅកាន់វាលទំនាប។ ១៥ ប៉ុន្តែ ពលទាហានដែលនៅក្រោយ ត្រូវស្លាប់ដោយមុខដាវទាំងអស់។ កងទ័ពយូដាដេញតាមសម្លាប់ពួកសត្រូវ រហូតទៅដល់ក្រុងហ្កាសារ៉ា និងវាលទំនាបស្រុកអ៊ីឌូមែ ក្រុងអាសដូត និងក្រុងយ៉ាមនីយ៉ា។ ជនជាតិយូដាសម្លាប់សត្រូវទាំងអស់ប្រហែលបីពាន់នាក់។ ១៦ ពេលលោកយូដា និងកងទ័ពត្រឡប់មកពីដេញតាមសត្រូវវិញ លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ ១៧ «កុំមានចិត្តលោភលន់ ចង់បានជយភណ្ឌពេក! ដ្បិតយើងត្រូវប្រយុទ្ធតទៅទៀត ១៨ ព្រោះ លោកគ័រស៊ីយ៉ាស និងកងទ័ពរបស់គេនៅតំបន់ភ្នំជិតយើងបង្កើយទេ។ ដូច្នេះ ចូរប្រយុទ្ធនឹងសត្រូវជាបន្តទៀត ក្រោយមក បងប្អូនអាចប្រមូលយកជយភណ្ឌ ដោយគ្មានបារម្ភពីអ្វីឡើយ»។ ១៩ ពេលលោកយូដាកំពុងតែនិយាយនៅឡើយ ស្រាប់តែគេឃើញទ័ពឈ្លបយកការណ៍មួយកងរបស់សត្រូវចុះពីលើភ្នំមក។ ២០ ពួកឈ្លបនេះឃើញគ្នាគេបាក់ទ័ពរត់ ហើយជំរំរបស់គេកំពុងឆេះ និងមានផ្សែងហុយឡើង ជាសញ្ញាបញ្ជាក់ពីព្រឹត្តិការណ៍ដែលកើតមាននោះ។ ២១ ឃើញដូច្នេះ ពួកគេភ័យតក់ស្លុតជាខ្លាំង។ ពួកគេក៏ឃើញកងទ័ពរបស់លោកយូដាស្ថិតនៅវាលទំនាប ត្រៀមខ្លួនដើម្បីប្រយុទ្ធដែរ។ ២២ ពួកគេក៏រត់គេចទៅកាន់ស្រុកភីលីស្ទីនទាំងអស់គ្នា។ ២៣ រីឯលោកយូដាវិញ លោកត្រឡប់ទៅជំរំរបស់ខ្មាំង ដើម្បីរឹបអូសយកជយភណ្ឌ។ កងទ័ពយូដាយកមាសប្រាក់ជាច្រើន ក្រណាត់សំពត់ព្រែពណ៌ខៀវ និងពណ៌ស្វាយ ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀត។ ២៤ កងទ័ពអ៊ីស្រាអែលវិលត្រឡប់មកវិញ ទាំងកោតសរសើរតម្កើងព្រះជាម្ចាស់ថា៖ «ព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណាអស់កល្បជានិច្ច»។ ២៥ នៅថ្ងៃនោះ ប្រជាជនអ៊ីស្រាអែលបានទទួលការសង្គ្រោះយ៉ាងអស្ចារ្យ។ ២៦ ពលទាហានសាសន៍ដទៃដែលរត់គេចរួចទៅជម្រាបលោកលីស៊ីយ៉ា អំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាននោះ។ ២៧ ពេលលោកលីស៊ីយ៉ាជ្រាបដំណឹងនោះ លោកបាក់ទឹកចិត្ត បាត់បង់សេចក្ដីក្លាហាន ដ្បិតសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល មិនទទួលផលដូចបំណង គឺផ្ទុយនឹងរាជបញ្ជារបស់ព្រះមហាក្សត្រ!។
លោកយូដាមានជ័យជម្នះនៅបេតសួរ
២៨ ឆ្នាំបន្ទាប់មក លោកលីស៊ីយ៉ាប្រមូលកងទ័ពស្រួចចំនួនប្រាំមួយម៉ឺននាក់ និងពលសេះចំនួនប្រាំពាន់នាក់ ដើម្បីទៅច្បាំងនឹងកងទ័ពយូដា។ ២៩ កងទ័ពនោះចេញទៅស្រុកអ៊ីឌូមែ បោះទ័ពនៅក្បែរក្រុងបេតសួរ។ លោកយូដានាំទ័ពចំនួនមួយម៉ឺននាក់ ចេញទៅតទល់នឹងពួកគេ។ ៣០ ពេលលោកឃើញកងទ័ពសត្រូវមានគ្នាច្រើន មានកម្លាំងខ្លាំងក្លា លោកទូលអង្វរព្រះជាម្ចាស់ថា៖ «បពិត្រព្រះសង្គ្រោះនៃប្រជាជនអ៊ីស្រាអែល! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ! ព្រះអង្គបានបំបាក់កម្លាំងដ៏ខ្លាំងក្លាដោយដៃព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានប្រគល់កងទ័ពភីលីស្ទីន ទៅក្នុងកណ្ដាប់ដៃរបស់សម្ដេចយ៉ូណាថាន ជាបុត្ររបស់ស្ដេចសាអ៊ូល និងក្មេងកាន់គ្រឿងសាស្ត្រាវុធរបស់សម្ដេច។ ៣១ ឥឡូវនេះ សូមឲ្យកងទ័ពសត្រូវទាំងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ! សូមឲ្យពួកគេខ្មាសចំពោះមុខទ័ពថ្មើរជើង និងទ័ពសេះរបស់ខ្លួនគេផង!។ ៣២ សូមឲ្យពួកគេភ័យខ្លាច សូមឲ្យកម្លាំងដ៏ព្រហើនរបស់គេរលាយបាត់ទៅ! ហើយសូមឲ្យពួកគេបាក់ ស្បាតដោយបរាជ័យផងចុះ!។ ៣៣ សូមឲ្យពួកគេដួលក្រោមមុខដាវរបស់អ្នកដែលស្រឡាញ់ព្រះអង្គ! ដូច្នេះ អស់អ្នកដែលស្គាល់ព្រះនាមរបស់ព្រះអង្គ អាចនឹងច្រៀងសរសើរតម្កើងព្រះអង្គជារៀងរហូត»។ ៣៤ កងទ័ពទាំងពីរ ចាប់ផ្ដើមប្រយុទ្ធគ្នាដោយខ្លួនទល់ និងខ្លួន។ ពលទាហានយូដាសម្លាប់ពលទាហានរបស់លោកលីស៊ីយ៉ា អស់ប្រហែលប្រាំពាន់នាក់។ ៣៥ ដោយលោកលីស៊ីយ៉ាឃើញថា កងទ័ពរបស់លោកបរាជ័យ ហើយពលទាហានរបស់លោកយូដាកាន់តែមានសេចក្ដីអង់អាចក្លាហានឡើង គឺគេស៊ូប្ដូរជីវិតយ៉ាងក្លាហាន ដូច្នេះ លោកក៏ធ្វើដំណើរវិលត្រឡប់ទៅក្រុងអន់ទីយ៉ូក ដើម្បីកេណ្ឌទាហានបរទេសនៅទីនោះ មកវាយលុកលុយស្រុកយូដាម្ដងទៀត។
លោកយូដាជម្រះព្រះវិហារឲ្យវិសុទ្ធ
៣៦ នៅពេលនោះ លោកយូដា និងបងប្អូនលោកនិយាយគ្នាថា៖ «ខ្មាំងសត្រូវបរាជ័យហើយ! យើងនាំគ្នាឡើងទៅយេរូសាឡឹម ដើម្បីធ្វើពិធីជម្រះព្រះវិហារឲ្យបរិសុទ្ធ និងធ្វើបុណ្យឆ្លងជាថ្មីទៀតផង»។ ៣៧ កងទ័ពទាំងអស់ប្រមូលផ្ដុំគ្នា ហើយឡើងទៅលើភ្នំស៊ីយ៉ូន។ ៣៨ ពួកគេឃើញទីសក្ការៈស្ងាត់ជ្រងំ ខ្មាំងបានបង្អាប់បង្ឱនអាសនៈ ហើយដុតទ្វារចោល។ ស្មៅដុះពាសពេញក្នុងទីលានដូចជាព្រៃភ្នំ បន្ទប់ទាំងប៉ុន្មានខូចខាតទាំងអស់។ ៣៩ ពួកគេហែកសម្លៀកបំពាក់របស់ខ្លួន យកធូលីដីមករោយលើក្បាល ហើយធ្វើពិធីកាន់ទុក្ខជាខ្លាំង។ ៤០ គេក្រាបមុខដល់ដី ហើយមានឮសំឡេងផ្លុំត្រែ ពួកគេស្រែកទូលអង្វរព្រះជាម្ចាស់។ ៤១ លោកយូដាបង្គាប់ពលទាហានខ្លះ ឲ្យវាយប្រហារទ័ពដែលនៅក្នុងបន្ទាយ ទម្រាំលោកជម្រះទីសក្ការៈឲ្យបរិសុទ្ធរួច។ ៤២ លោកជ្រើសរើសបូជាចារ្យខ្លះដែលគ្មានសៅហ្មង ហើយដែលស្រឡាញ់ធម្មវិន័យយ៉ាងខ្លាំង ៤៣ ដើម្បីឲ្យបូជាចារ្យទាំងនោះធ្វើពិធីជម្រះទីសក្ការៈឲ្យបរិសុទ្ធ ហើយយកថ្មដែលជាប់សៅហ្មង ទៅចោលកន្លែងមិនបរិសុទ្ធ។ ៤៤ គេសួរគ្នាថា តើត្រូវធ្វើយ៉ាងណា ចំពោះអាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល ដែលសាសន៍ដទៃបានបង្អាប់បង្ឱននោះ?។ ៤៥ ពួកគេមានយោបល់មួយល្អថា ត្រូវតែរុះអាសនៈនេះចោល ក្រែងអាសនៈនេះនាំឲ្យគេអាម៉ាស់ ព្រោះតែសាសន៍ដទៃបានធ្វើឲ្យសៅហ្មង។ គេត្រូវរុះអាសនៈនេះចោល ៤៦ ហើយគេយកថ្មអាសនៈនេះ ទៅដាក់នៅកន្លែងមួយសមរម្យនៅលើភ្នំ ដែលមានព្រះវិហារដោយរង់ចាំព្យាការីម្នាក់មកថ្លែងប្រាប់ឲ្យដឹងថា ត្រូវយកថ្មទាំងនេះទៅធ្វើអ្វី។ ៤៧ ពួកគេយកថ្មដែលពុំទាន់ដាប់ ស្របតាមធម្មវិន័យ ហើយនាំគ្នាសាងអាសនៈថ្មីមួយដូចអាសនៈចាស់។ ៤៨ ពួកគេក៏ជួសជុលទីសក្ការៈ និងបន្ទប់ខាងក្នុងនៃព្រះដំណាក់ ព្រមទាំងធ្វើពិធីជម្រះទីលានឲ្យបានវិសុទ្ធផង។ ៤៩ គេធ្វើគ្រឿងប្រដាប់សក្ការៈថ្មី ហើយយកជើងចង្កៀងអាសនៈសម្រាប់ដុតគ្រឿងក្រអូប និងតុមកដាក់ក្នុងព្រះវិហារ។ ៥០ ពួកគេដុតគ្រឿងក្រអូបនៅលើអាសនៈ និងអុជចង្កៀងដែលនៅលើជើងទម្រ ឲ្យភ្លឺក្នុងព្រះវិហារ។ ៥១ គេយកនំបុ័ងមកតម្កល់លើតុចងវាំងនន និងបង្ហើយកិច្ចការទាំងអស់ ដែលពួកគេបានផ្ដើមធ្វើ។ ៥២ ថ្ងៃទីម្ភៃប្រាំ ខែគីសលើ ដែលត្រូវនឹងខែមិគសិរ នៅឆ្នាំមួយរយសែសិបប្រាំបី ជនជាតិយូដាក្រោកពីព្រលឹម ៥៣ នាំគ្នាថ្វាយយញ្ញបូជា ស្របតាមធម្មវិន័យ នៅលើអាសនៈដែលទើបតែនឹងសង់ថ្មីនោះ។ ៥៤ គេធ្វើពិធីឆ្លងអាសនៈនេះទាំងច្រៀងបទសរសើរព្រះជាម្ចាស់ ដោយមានប្រគំតូរ្យតន្ត្រីកំដរផង គឺមានពិណ ចាប៉ី ឃឹម ចំលើថ្ងៃខួប ដែលជនជាតិដទៃបានបង្អាប់បង្ឱនអាសនៈនេះ។ ៥៥ ប្រជាជនទាំងមូល ក្រាបចុះឱនមុខដល់ដី រួចបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រោសប្រទានឲ្យពួកគេមានជ័យជម្នះ។ ៥៦ គេធ្វើបុណ្យឆ្លងអាសនៈអស់រយៈពេលប្រាំបីថ្ងៃ ព្រមទាំងថ្វាយតង្វាយដុតទាំងមូលយ៉ាងសប្បាយរីករាយក្រៃលែង។ គេក៏ថ្វាយយញ្ញបូជាមេត្រីភាព និងអរព្រះគុណព្រះអង្គដែរ។ ៥៧ គេយកកម្រងមាស និងខែលមកតុបតែងជញ្ជាំងខាងមុខព្រះវិហារ ហើយជួសជុលខ្លោងទ្វារ និងបន្ទប់ ព្រមទាំងដាក់ទ្វារឡើងវិញផង។ ៥៨ ប្រជាជនមានអំណរសប្បាយយ៉ាងក្រៃលែង ហើយលុបលាងការអាម៉ាស់ ដែលគេទទួលពីសាសន៍ដទៃពីពេលមុន។ ៥៩ លោកយូដា និងបងប្អូនលោក ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល ព្រមព្រៀងគ្នាសម្រេចថា ត្រូវធ្វើបុណ្យខួបថ្ងៃឆ្លងអាសនៈនេះ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប្រាំបីថ្ងៃ ទាំងសប្បាយរីករាយ គឺចាប់តាំងពីថ្ងៃទីម្ភៃប្រាំ ខែគីសលើ ដែលត្រូវនឹងថ្ងៃទីមួយរោច ខែមិគសិរតទៅ។ ៦០ នៅគ្រានោះ ពួកគេក៏សង់កំពែងខ្ពស់ៗ និងសង់ប៉មដ៏រឹងមាំព័ទ្ធជុំវិញភ្នំស៊ីយ៉ូន ដើម្បីកុំឲ្យ កងទ័ពរបស់ជនជាតិដទៃ ចូលមកជាន់ឈ្លីទីសក្ការៈទាំងនេះដូចកាលពីមុនទៀត។ ៦១ លោកយូដាដាក់កងទ័ពការពារទីនោះ ហើយសង់កំពែងក្រុងបេតសួរដែរ ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលមានបន្ទាយរឹងមាំ នៅទល់មុខស្រុកអេដុម។
៥
លោកយូដាច្បាំងជាមួយជនជាតិអេដុម និងជនជាតិអាំម៉ូន
១ ប្រជាជាតិដែលរស់នៅជុំវិញស្រុកអ៊ីស្រាអែលជ្រាបថា ពួកគេសង់អាសនៈ និងជួសជុលទីសក្ការៈ ឲ្យបានដូចកាលពីមុនឡើងវិញ។ ២ ពេលនោះ ប្រជាជាតិក្រេវក្រោធយ៉ាងខ្លាំង ហើយសម្រេចចិត្តនឹងបំផ្លាញពូជពង្ស របស់លោកយ៉ាកុប ដែលរស់នៅក្នុងចំណោមពួកគេឲ្យផុតពូជ។ ពួកគេចាប់ផ្ដើមកាប់សម្លាប់ប្រជាជន។ ៣ លោកយូដាចេញទៅវាយប្រហារកូនចៅរបស់លោកអេសាអ៊ូ នៅស្រុកអេដុម និងនៅស្រុកអាក្រាបាទែន ព្រោះពួកគេបិទផ្លូវមិនឲ្យប្រជាជនអ៊ីស្រាអែលចេញចូល។ លោកកម្ទេចពួកគេឲ្យបរាជ័យយ៉ាងធ្ងន់ធ្ងរ ព្រមទាំងរឹបអូសយកជយភណ្ឌពីពួកគេទៀតផង។
៤ បន្ទាប់មក លោកនឹកចាំពីអំពើអាក្រក់របស់កូនចៅលោកបាយ៉ាន។ ពួកគេចេះតែពួនចាំស្ទាក់វាយប្រជាជនអ៊ីស្រាអែល ក្នុងពេលធ្វើដំណើរដូចជាដាក់អន្ទាក់ និងបង្កឧបសគ្គផ្សេងៗ។ ៥ លោកឡោមព័ទ្ធបន្ទាយរបស់ពួកគេ ហើយស្បថយ៉ាងម៉ឺងម៉ាត់ថា នឹងបំផ្លាញពួកគេថ្វាយព្រះជាម្ចាស់ គាត់ដុតបន្ទាយរបស់ពួកគេ ព្រមទាំងដុតអស់អ្នកដែលនៅក្នុងបន្ទាយទាំងនោះដែរ។ ៦ បន្ទាប់មក លោកចេញទៅវាយជនជាតិអាំម៉ូន។ នៅស្រុកនោះ លោកជួបប្រយុទ្ធជាមួយកងទ័ពដ៏ខ្លាំងក្លា និងមានគ្នាយ៉ាងច្រើន ដែលនៅក្រោមបញ្ជារបស់លោកធីម៉ូថេ។ ៧ លោកយូដាប្រយុទ្ធនឹងពួកគេជាច្រើនលើក ទីបំផុត លោកក៏ទទួលជ័យជម្នះដោយកម្ទេចពួកគេអស់ដែរ។ ៨ លោកវាយដណ្ដើមយកក្រុងយ៉ាស៊ែរ និងភូមិដែលនៅជុំវិញក្រុងនោះ រួចលោកវិលត្រឡប់មកស្រុកយូដាវិញ។
ជនជាតិយូដានៅស្រុកកាឡាដ និងស្រុកកាលីឡេ រងទុក្ខលំបាក
៩ ប្រជាជាតិនានាដែលនៅស្រុកកាឡាដ ព្រួតដៃគ្នាប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដែលរស់នៅលើទឹកដីរបស់គេ ដើម្បីលុបបំបាត់ពួកគេឲ្យអស់ពូជ។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាទៅជ្រកនៅបន្ទាយក្រុងដាថេម៉ា។ ១០ ពួកគេសរសេរលិខិតផ្ញើទៅលោកយូដា និងបងប្អូនរបស់លោកដែលមានសេចក្ដីដូចតទៅ៖ «ប្រជាជាតិនានាព្រួតដៃគ្នាប្រឆាំងនឹងយើង បម្រុងនឹងបំផ្លាញពួកយើងឲ្យអស់ ដោយមានលោកធីម៉ូថេ ជាមេបញ្ជាការរបស់ពួកគេ។ ១១ ពួកយើងមកជ្រកនៅក្នុងបន្ទាយ ប៉ុន្តែ ពួកគេរៀបចំលើកទ័ពមកវាយបន្ទាយដែលយើងកំពុងតែជ្រកនោះ។ ១២ ឥឡូវនេះ សូមលោកមេត្តាមកជួយសង្គ្រោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេផង ដ្បិតគ្នាយើងជាច្រើនបានបាត់បង់ជីវិតទៅហើយ!។ ១៣ ខ្មាំងបានសម្លាប់បងប្អូនយើង ដែលរស់នៅ ក្នុងតំបន់របស់លោកតូប៊ីតអស់ ហើយពួកគេកៀរ ប្រពន្ធកូនចៅរបស់បងប្អូនយើងយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូនយើងផង។ មានកងទ័ពរបស់យើង ប្រហែលមួយពាន់នាក់បានបាត់បង់ជីវិតនៅទីនោះ»។
១៤ នៅពេលលោកយូដាកំពុងអានលិខិតនោះ ស្រាប់តែមានអ្នកនាំសារម្នាក់ផ្សេងទៀតមកពីស្រុកកាលីឡេ ដោយមានសម្លៀកបំពាក់រហែក នាំដំណឹងដដែលមកប្រាប់ទៀត។ ១៥ ពួកគេនិយាយថា៖ «កងទ័ពក្រុងផ្ទោឡេម៉ៃស៍ ក្រុងទីរ៉ុស និងក្រុងស៊ីដូន រួមជាមួយកងទ័ពជនជាតិបរទេសនៃស្រុកកាលីឡេ ដើម្បីបំផ្លាញពួកយើងឲ្យផុតពូជហើយ!»។ ១៦ ពេលលោកយូដា និងប្រជាជនបានដឹងពីហេតុការណ៍ទាំងនោះ គេកោះហៅបើកអង្គប្រជុំយ៉ាងធំ ដើម្បីពិភាក្សាគ្នាអំពីកិច្ចការដែលគេត្រូវធ្វើ ដើម្បីជួយរំដោះបងប្អូនដែលត្រូវប្រជាជាតិដទៃសង្កត់សង្កិន និងវាយប្រហារ។ ១៧ យូដាមានប្រសាសន៍ ទៅកាន់លោកស៊ីម៉ូនជាបងរបស់លោកថា៖ «សូមបងជ្រើសរើសពលទាហាន ហើយចេញដំណើរទៅរំដោះបងប្អូន ដែលនៅស្រុកកាលីឡេ។ ចំណែកខ្ញុំ និងប្អូនយ៉ូណាថាន ចេញដំណើរទៅកាន់ស្រុកកាឡាដ»។ ១៨ លោកយូដាទុកលោកយ៉ូសែប ជាកូនលោកសាការី និងលោកអសារីយ៉ា ជាមេដឹកនាំប្រជាជន ព្រមទាំងកងទ័ពដែលនៅសល់ឲ្យការពារស្រុកយូដា។ ១៩ លោកបញ្ជាទៅលោកទាំងពីរថា៖ «ចូរគ្រប់គ្រងប្រជាជន! កុំចេញច្បាំងជាមួយសាសន៍ដទៃឲ្យសោះ មុនពេលយើងវិលត្រឡប់មកវិញ!។ ២០ លោកស៊ីម៉ូននាំទ័ពបីពាន់នាក់ចេញដំណើរទៅស្រុកកាលីឡេ ហើយលោកយូដា នាំទ័ពប្រាំបីពាន់នាក់ ដើម្បីចេញទៅស្រុកកាឡាដ។
ចម្បាំងនៅស្រុកកាលីឡេ និងស្រុកកាឡាដ
២១ លោកស៊ីម៉ូនទៅដល់ស្រុកកាលីឡេ ហើយចេញប្រយុទ្ធជាច្រើនលើក ជាមួយកងទ័ពសាសន៍ដទៃ។ លោកទទួលបានជ័យជម្នះ ហើយកម្ទេចពួកគេវិនាសអស់។ ២២ លោកដេញតាមសម្លាប់ពួកគេរហូតដល់ទ្វារទីក្រុងផ្ទោឡេម៉ៃស៍។ លោកប្រហារជីវិតសាសន៍ដទៃប្រហែលបីពាន់នាក់ នៅលើសមរភូមិ និងរឹបអូសយកជយភណ្ឌពីគេផង។ ២៣ លោកនាំជនជាតិយូដាដែលរស់នៅក្នុងស្រុកកាលីឡេ និងស្រុកអបាតា ជាមួយប្រពន្ធកូនរបស់ពួកគេ និងទ្រព្យសម្បត្តិទាំងអស់មកនៅស្រុកយូដា ទាំងមានសេចក្ដីត្រេកអរសប្បាយរីករាយយ៉ាងក្រៃលែង។
២៤ លោកយូដាម៉ាកាបាយ និងលោកយ៉ូណាថាន ជាប្អូនរបស់លោក ឆ្លងទន្លេយ័រដាន់ ហើយធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន។ ២៥ ពួកគេជួបនឹងជនជាតិណាបាតេដែលទទួលពួកគេយ៉ាងរាក់ទាក់ ហើយតំណាលរៀបរាប់អំពីហេតុការណ៍ដែលកើតឡើង ដល់បងប្អូនរបស់ពួកគេដែល រស់នៅក្នុងស្រុកកាឡាដនោះ។ ២៦ អ្នកទាំងនោះប្រាប់ថា ខ្មាំងឡោមព័ទ្ធក្រុងបូសូរ៉ា ក្រុងអាឡេម៉ា ក្រុងខាផូ ក្រុងម៉ាគេ និងក្រុងការណៃដែលសុទ្ធតែជាក្រុងធំ និងមានកំពែងផង។ ២៧ ខ្មាំងក៏ឡោមព័ទ្ធក្រុងផ្សេងៗទៀតនៅស្រុកកាឡាដ ហើយមានគម្រោងវាយដណ្ដើមក្រុងទាំងនោះ នៅថ្ងៃស្អែក និងប្រហារជីវិតប្រជាជនដែលរស់នៅតាមបន្ទាយទាំងនោះ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ ២៨ ដូច្នេះ លោកយូដា និងកងទ័ពរបស់លោក ក៏ដើរកាត់តាមវាលរហោស្ថានភ្លាម ឆ្ពោះទៅកាន់ក្រុងបូសូរ៉ា។ លោកវាយយកក្រុងនោះ ហើយសម្លាប់ប្រុសៗទាំងប៉ុន្មាន ដែលនៅក្នុងក្រុង ព្រមទាំងរឹបអូសយកជយភណ្ឌ រួចដុតទីក្រុងនោះចោល។
២៩ បន្ទាប់មក ពួកគេចេញដំណើរពីទីនោះទាំងយប់ ហើយធ្វើដំណើរទៅកាន់ក្រុងដាថេម៉ា។ ៣០ ពេលថ្ងៃរះ ពួកគេឃើញកងទ័ពជាច្រើនកំពុងដាក់ជណ្ដើរ និងរុញគ្រឿងប្រដាប់ប្រដាចម្បាំងដើម្បីវាយយកទីក្រុង។ ខ្មាំងចាប់ផ្ដើមវាយក្រុងនេះ។ ៣១ គ្រានោះ លោកយូដាសង្កេតឃើញថា ការប្រយុទ្ធចាប់ផ្ដើម ហើយលោកក៏ឮសំឡេងអ្នកក្រុងលាន់ឡើង ព្រមទាំងមានស្នូរត្រែ និងសម្រែកផង។ ៣២ លោកយូដា មានប្រសាសន៍ទៅកាន់កងទ័ពរបស់លោកថា៖ «ចូរប្រយុទ្ធនៅថ្ងៃនេះ ដើម្បីបងប្អូនរបស់យើង!» ៣៣ លោកបែងចែកពលទាហានជាបីកង ទៅវាយប្រហារសត្រូវពីខាងក្រោយ។ កងទ័ពក៏ផ្លុំត្រែឡើង ហើយនាំគ្នាស្រែកទូលអង្វរព្រះជាអម្ចាស់។ ៣៤ គ្រានោះ កងទ័ពរបស់លោកធីម៉ូថេដឹងថា លោកយូដាម៉ាកាបាយមកដល់ ក៏បាក់ទ័ពរត់ខ្ចាត់ខ្ចាយចេញបាត់អស់។ លោកយូដាវាយខ្មាំងឲ្យបរាជ័យ យ៉ាងធ្ងន់ធ្ងរ និងសម្លាប់ពួកគេអស់ប្រមាណជាប្រាំបីពាន់នាក់នៅថ្ងៃនោះ។ ៣៥ បន្ទាប់មក លោកយូដាចេញដំណើរឆ្ពោះទៅក្រុងអាលេម៉ា វាយដណ្ដើមយកក្រុងនោះ ហើយសម្លាប់ប្រុសៗទាំងប៉ុន្មាន ដែលនៅក្នុងក្រុង ព្រមទាំងរឹបអូសយកជយភណ្ឌ រួចដុតក្រុងនេះចោល។ ៣៦ លោកចាកចេញពីទី នោះទៅវាយដណ្ដើមយកក្រុងខាសផូ ម៉ាកែដ បូសូរ៉ា និងក្រុងនានាក្នុងស្រុកកាឡាដ។
៣៧ ក្រោយពីព្រឹត្តិការណ៍ទាំងនោះមក លោកធីម៉ូថេប្រមូលកងទ័ពជាថ្មីទៀត និងបោះទ័ពនៅទល់មុខក្រុងរ៉ាភូន ដែលនៅត្រើយម្ខាងនៃជ្រោះ។ ៣៨ លោកយូដាចាត់មនុស្សឲ្យទៅស៊ើបការណ៍នៅជំរំខ្មាំង ហើយគេត្រឡប់មកវិញរាយការណ៍ជូនលោកថា៖ «ជាតិសាសន៍ទាំងប៉ុន្មានដែលរស់នៅជុំវិញយើង ចូលរួមជាមួយលោកធីម៉ូថេ ធ្វើជាកងទ័ពមួយយ៉ាងខ្លាំង ៣៩ គេជួលពួកអារ៉ាប់ឲ្យមកជួយច្បាំង ហើយបោះទ័ពនៅត្រើយម្ខាងជ្រោះ ត្រៀមខ្លួនមកវាយប្រហារលោក»។ ដូច្នេះ លោកយូដាលើកទ័ពទៅវាយពួកគេ ៤០ ហើយក៏មកដល់ជិតជ្រោះ។ ពេលនោះ លោកធីម៉ូថេប្រាប់មេទ័ពរបស់គាត់ថា៖ «ប្រសិនបើលោកយូដាមកដល់ទីនេះ មុនយើងឆ្លងទៅរកគេ ពួកយើងមិនអាចតទល់នឹងគេបានឡើយ ដ្បិតគេងាយវាយយើង។ ៤១ ផ្ទុយទៅវិញ ប្រសិនបើលោកភ័យខ្លាច ហើយបោះទ័ពនៅត្រើយម្ខាងនោះ ពួកយើងនឹងឆ្លងទៅវាយប្រហារពួកគេ ហើយពេលនោះ ពួកយើងនឹងមានជ័យជម្នះលើពួកគេជាពុំខាន!»។ ៤២ ពេលលោកយូដាឆ្លងមកដល់មាត់ជ្រោះ លោកដាក់មេទ័ពតាមបណ្ដោយមាត់ជ្រោះទាំងបញ្ជាថា៖ «កុំឲ្យនរណាម្នាក់ស្នាក់នៅទីនេះឡើយ គឺត្រូវចេញច្បាំងទាំងអស់គ្នា»។ ៤៣ លោកឆ្លងជ្រោះ ទៅប្រយុទ្ធនឹងសត្រូវមុនគេបង្អស់ ហើយកងទ័ពទាំងមូលក៏ឆ្លងតាមក្រោយដែរ។ លោកវាយកម្ទេចកងទ័ពសាសន៍ដទៃរហូតដល់បាក់ទ័ព ទាំងបោះអាវុធចោល រត់គេចទៅកាន់ទីសក្ការៈនៅក្រុងការណាអ៊ីន។ ៤៤ កងទ័ពរបស់លោកយូដាវាយដណ្ដើមយកក្រុងនោះ រួចដុតកម្ទេចទីសក្ការៈ និងអស់អ្នកដែលរស់នៅទីនោះដែរ។ លោករំលំក្រុងការណាអ៊ីនចោល។ តាំងពីពេលនោះមក គ្មានកងទ័ពណាអាចទប់ទល់នឹងលោកយូដាឡើយ។
៤៥ លោកយូដាប្រមូលជនជាតិអ៊ីស្រាអែលទាំងប៉ុន្មានដែលរស់នៅស្រុកកាឡាដ ទាំងអ្នកតូចដល់អ្នកធំ ដោយមានប្រពន្ធកូន និងទ្រព្យសម្បត្តិរួមជាមួយផង ហើយនាំគ្នាទៅស្រុកយូដា។ ពួកគេមានគ្នាច្រើនណាស់។ ៤៦ ពួកគេធ្វើដំណើរមកដល់ក្រុងអេផ្រូន ជាក្រុងដ៏ធំ មានកំពែងរឹងមាំទៀតផង។ ពួកគេមិនអាចធ្វើដំណើរវាងទៅខាងស្តាំ ឬខាងឆ្វេងក្រុងនេះបានទេ ដូច្នេះ ពួកគេត្រូវតែដើរតាមកណ្ដាលក្រុងនេះ។ ៤៧ ប៉ុន្តែ អ្នកក្រុងអេផ្រូនមិនព្រមឲ្យពួកគេធ្វើដំណើរឆ្លងកាត់ ក្រុងរបស់គេឡើយ ហើយថែមទាំងយកថ្ម មកឃាំងមាត់ទ្វារក្រុងផង។ ៤៨ លោកយូដាចាត់គេឲ្យទៅសុំចរចា ដោយប្រាប់ថា៖ «យើងខ្ញុំសុំផ្លូវធ្វើដំណើរកាត់តាមតំបន់របស់អស់លោក ដើម្បីទៅកាន់ស្រុករបស់យើងខ្ញុំ។ យើងខ្ញុំមិនធ្វើបាបអ្នករាល់គ្នាទេ គឺគ្រាន់តែសុំផ្លូវដើរកាត់ប៉ុណ្ណោះ»។ ៤៩ ពេលនោះ លោកយូដាចេញបញ្ជាទៅកងទ័ពឲ្យត្រៀមខ្លួនប្រយុទ្ធតាមកន្លែងរៀងៗខ្លួន កងទ័ពក៏ត្រៀមខ្លួនវាយប្រហារក្រុងនេះ។ ៥០ លោកយូដាប្រយុទ្ធអស់មួយថ្ងៃមួយយប់ ទើបដណ្ដើមយកទីក្រុងបាន។ ៥១ លោកយូដាប្រហារជីវិតប្រុសៗទាំងប៉ុន្មានដែលរស់នៅក្រុងនោះ ដោយមុខដាវ បំផ្លាញក្រុងចោល រឹបអូសយកជយភណ្ឌ រួចលោក និងកងទ័ពដើរកាត់ក្រុងនេះ ដោយជាន់សាកសពអ្នកក្រុងនោះទៀតផង។ ៥២ ពួកគេឆ្លងទន្លេយ័រដាន់ ឆ្ពោះទៅកាន់វាលទំនាបដែលនៅទល់មុខក្រុងបេតសាន។ ៥៣ នៅតាមផ្លូវ លោកយូដាតែងតែទៅមក ព្រមទាំងប្រមូលពួកអ្នកដែលធ្វើដំណើរយឺត ទាំងលើកទឹកចិត្តប្រជាជន រហូតទៅដល់ស្រុកយូដា។ ៥៤ ពួកគេបានឡើងទៅលើភ្នំស៊ីយ៉ូន ទាំងអរសប្បាយជាខ្លាំង ហើយនាំគ្នាថ្វាយតង្វាយដុតទាំងមូល ដើម្បីអរព្រះគុណព្រះជាម្ចាស់ ដ្បិតពួកគេត្រឡប់មកវិញ ដោយសេចក្ដីសុខសាន្តគ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ។
ការតយុទ្ធនៅស្រុកអ៊ីឌូមែ
៥៥ ក្នុងពេលដែលលោកយូដា និងលោកយ៉ូណាថាននៅស្រុកកាឡាដ លោកស៊ីម៉ូនជាប្អូនរបស់គាត់ កំពុងប្រយុទ្ធនៅក្រុងផ្ទោឡេម៉ៃស៍ ក្នុងស្រុកកាលីឡេ។ ៥៦ លោកយ៉ូសែបជាកូនរបស់លោកសាការី និងលោកអសារីយ៉ា ជាមេទ័ព បានទទួលដំណឹងអំពីជ័យជម្នះដ៏អស្ចារ្យរបស់លោកយូដា និងលោកយ៉ូណាថាន។ ៥៧ លោកទាំងពីរក៏ពិភាក្សាគ្នាថា៖ «យើងនាំគ្នាចេញទៅប្រយុទ្ធជាមួយសាសន៍ដទៃដែលរស់នៅជុំវិញយើងទៅ! នោះយើងមុខជាមានឈ្មោះល្បីដូចគេមិនខាន!»។ ៥៨ លោកទាំងពីរក៏បញ្ជាទៅកងទ័ព ដែលនៅក្រោមបង្គាប់របស់លោក ឲ្យចេញទៅវាយលុកលុយទីក្រុងយ៉ាមនីយ៉ា។ ៥៩ ឯលោកគ័រស៊ីយ៉ាស និងកងទ័ពរបស់លោក ក៏ចេញពីក្រុងនោះទៅច្បាំងដែរ។ ៦០ ហើយក៏វាយឈ្នះកងទ័ពរបស់លោកយ៉ូសែប និងលោកអសារីយ៉ា ថែមទាំងដេញតាមប្រហារពួកគេ រហូតដល់ព្រំប្រទល់ស្រុកយូដាទៀតផង។ នៅថ្ងៃនោះ កងទ័ពអ៊ីស្រាអែលប្រមាណពីរពាន់នាក់ បានបាត់បង់ជីវិតនៅលើសមរភូមិ។ ៦១ កងទ័ពអ៊ីស្រាអែលបរាជ័យជាទម្ងន់ ព្រោះមេទ័ពទាំងពីរមិនស្ដាប់លោកយូដា និងបងប្អូនរបស់លោក ដោយនឹកស្មានថាលោកទាំងពីរអាចធ្វើការអស្ចារ្យដែរ។ ៦២ ប៉ុន្តែ លោកទាំងពីរពុំមែនជាពូជវីរបុរសដែលព្រះជាម្ចាស់បានចាត់ឲ្យមកសង្គ្រោះប្រជាជនអ៊ីស្រាអែលនោះឡើយ។
៦៣ លោកយូដា និងបងប្អូនរបស់លោក ជាវីរបុរសដ៏អង់អាច ប្រកបដោយភាពរុងរឿងថ្កើងថ្កាន ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងមូល និងក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលឮឈ្មោះរបស់អស់លោក។ ៦៤ មនុស្សម្នាប្រជ្រៀតគ្នាមកសរសើរអស់លោក។ ៦៥ បន្ទាប់មក លោកយូដា និងបងប្អូន ក៏ចេញទៅធ្វើសង្គ្រាមនឹងជនជាតិអេដុម ដែលស្ថិតនៅតំបន់ខាងត្បូង។ លោកវាយដណ្ដើមយកក្រុងអេប្រូន និងភូមិដែលនៅជុំវិញ រំលំកំពែងក្រុងនោះ ហើយដុតប៉មដែលនៅលើកំពែងទៀតផង។ ៦៦ បន្ទាប់មក លោកចេញដំណើរ ឆ្ពោះទៅកាន់ស្រុកភីលីស្ទីន ហើយដើរកាត់ក្រុងម៉ារីសា។ ៦៧ នៅថ្ងៃនោះ អស់លោកបូជាចារ្យដែលចង់សម្ដែងពីសេចក្ដីក្លាហានរបស់ខ្លួន នាំគ្នាចេញទៅច្បាំងដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវស្លាប់នៅលើសមរភូមិ។ ៦៨ ក្រោយមក លោកយូដាងាកទៅកាន់ក្រុងអសូតូ នៅក្នុងស្រុករបស់ជនជាតិភីលីស្ទីន។ លោកបំផ្លិចបំផ្លាញកន្លែងថ្វាយយញ្ញបូជារបស់ពួកគេ ដុតរូបបដិមានៃព្រះរបស់ពួកគេ ហើយរឹបអូសយកជយភណ្ឌក្នុងក្រុងទាំងនោះ វិលត្រឡប់ទៅកាន់ស្រុកយូដាវិញ។
៦
១ ព្រះបាទអន់ទីយ៉ូគូស ធ្វើដំណើរយាងទៅមកកាត់តាមស្រុកខាងជើង ព្រះអង្គបានឮគេនិយាយថា នៅស្រុកពែរ្សមានក្រុងមួយឈ្មោះ អេលីម៉ាអ៊ីស។ អ្នកក្រុងនេះល្បីថា សម្បូរមាសប្រាក់ និងភោគទ្រព្យជាច្រើន ២ គឺមានខែលធ្វើពីមាស អាវក្រោះ ព្រមទាំងអាវុធដែលព្រះបាទអឡិចសង់ បានទុកក្នុងទីសក្ការៈនៃក្រុងនោះជាដើម។ ព្រះបាទអឡិចសង់ ជាបុត្ររបស់ព្រះបាទភីលីព ជាមហាក្សត្ររបស់ជនជាតិម៉ាសេដូន ដែលគ្រប់គ្រងលើជនជាតិក្រិកមុនគេ។ ៣ ព្រះបាទ អន់ទីយ៉ូគូសយាងទៅក្រុងនោះ រិះរកមធ្យោបាយដណ្ដើមយកក្រុងនេះ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបរាជ័យ ព្រោះអ្នកក្រុងបានដឹងពីគម្រោងការជាមុន។ ៤ ពួកគេលើកគ្នាមកប្រយុទ្ធនឹងស្ដេចវិញ ហើយស្ដេចក៏បាក់ទ័ពយាងត្រឡប់ទៅស្រុកបាប៊ីឡូនដោយអាម៉ាស់ជាខ្លាំង។ ៥ ពេលព្រះរាជានៅស្រុកពែរ្សនៅឡើយ មានគេមកទូលថា កងទ័ពដែលចេញទៅវាយយក ស្រុកយូដាទទួលបរាជ័យ ៦ គឺជនជាតិយូដាវាយកម្ទេចកងទ័ពដ៏ខ្លាំងពូកែ ដែលលោកមេបញ្ជាការ លីស៊ីយ៉ា បាននាំទៅវាយស្រុកនោះថែមទៀត។ ជនជាតិយូដាក៏រឹបអូសយកគ្រឿងសាស្ត្រាវុធ និងជយភណ្ឌគ្រប់បែបយ៉ាង ពីកងទ័ពដែលចាញ់។ ដូច្នេះ ពួកគេមានកម្លាំងខ្លាំងជាងពីមុន។ ៧ ពួកគេបានរំលំរូបបដិមាគួរស្អប់ខ្ពើម ដែលស្ដេចបានតម្កល់នៅលើអាសនៈ ក្នុងព្រះវិហារក្រុងយេរូសាឡឹម។ ពួកគេបានសង់កំពែងយ៉ាងខ្ពស់ ជុំវិញព្រះវិហារជាថ្មីឡើងវិញដូចកាលពីដើម ហើយក៏សង់កំពែងជុំវិញក្រុងបេតសួរ ដែលជាក្រុងស្ថិតនៅក្រោមអំណាចរបស់ស្ដេចផ្ទាល់ដែរ។ ៨ កាលព្រះរាជាជ្រាបដំណឹងទាំងនោះ ក៏ស្រឡាំងកាំង ហើយរំជួលព្រះហឫទ័យយ៉ាងខ្លាំង។ ព្រះអង្គដួលទៅលើក្រឡាបន្ទំ ហើយប្រឈួនដោយព្រួយព្រះហឫទ័យខ្លាំងពេក ព្រោះហេតុការណ៍ទាំងអស់មិនបានកើតឡើងស្របតាមព្រះហឫទ័យឡើយ។ ៩ ស្ដេចស្ថិតនៅក្នុងសភាពបែបនេះជាយូរថ្ងៃ ដ្បិតព្រះអង្គព្រួយបារម្ភយ៉ាងខ្លាំង។ កាលព្រះរាជាយល់ថាខ្លួនជិតចូលទិវង្គត ១០ ស្ដេចកោះហៅមន្ត្រីទាំងអស់ឲ្យមកជួបប្រជុំ ហើយមានរាជឱង្ការថា៖ «យើងផ្ទំមិនលក់ទេ ហើយតប់ប្រមល់ក្នុងព្រះរាជហឫទ័យខ្លាំងណាស់ ១១ យើងសួរខ្លួនយើងផ្ទាល់ថា ហេតុអ្វីបានជាយើងរងទុក្ខវេទនាដូច្នេះ? ក្នុងពេលដែលយើងមានអំណាច យើងមានព្រះហឫទ័យសប្បាយយ៉ាងក្រៃលែង ហើយមនុស្សម្នាក៏ស្រឡាញ់យើងដែរ។ ១២ ប៉ុន្តែ ឥឡូវនេះ យើងនឹកឃើញពីអំពើអាក្រក់ទាំងប៉ុន្មាន ដែលយើងបានប្រព្រឹត្តនៅក្រុងយេរូសាឡឹម គឺយើងរឹបអូសយកគ្រឿងមាសប្រាក់ទាំងប៉ុន្មានពីក្រុងនោះ យើងបានបញ្ជាឲ្យគេសម្លាប់រង្គាលជនជាតិយូដា ដោយគ្មានមូលហេតុ។ ១៣ យើងយល់ថា យើងកើតទុក្ខយ៉ាងនេះបណ្ដាលមកពីអំពើអាក្រក់ដែលយើងបានប្រព្រឹត្តនៅពេលនោះ ហើយយើងត្រូវសោយទិវង្គតដោយព្រួយព្រះហឫទ័យ នៅលើទឹកដីបរទេសទៀតផង!»។ ១៤ ព្រះបាទអន់ទីយ៉ូគូសហៅលោកភីលីព ជាមន្ត្រីជំនិតម្នាក់ ហើយតែងតាំងលោកឲ្យគ្រប់គ្រងរាជាណាចក្រទាំងមូល។ ១៥ ព្រះអង្គក៏ប្រទានមកុដ ព្រះភូសា និងត្រាឲ្យលោកទៀតផង ព្រមទាំងផ្ញើរាជបុត្រព្រះនាមអន់ទីយ៉ូគូសឲ្យលោកចិញ្ចឹម និងអប់រំ ដើម្បីឲ្យរាជបុត្រនេះឡើងសោយរាជ្យនៅពេលក្រោយ។ ១៦ ព្រះបាទអន់ទីយ៉ូគូសសោយទិវង្គតនៅទីនោះក្នុងឆ្នាំ១៤៩។ ១៧ កាលលោកមេបញ្ជាការលីស៊ីយ៉ាទទួលដំណឹងថា ព្រះបាទអន់ទីយ៉ូគូសសោយទិវង្គតហើយ លោកតែងតាំងព្រះបាទអន់ទីយ៉ូគូស ជាបុត្រដែលលោកបានអប់រំតាំងពីរាជកុមារមកនោះ ឲ្យឡើងស្នងរាជ្យ។ លោកលីស៊ីយ៉ា ថ្វាយនាមបុត្រនោះថា ព្រះបាទអឺប៉ាទ័រ។
កងទ័ពយូដាឡោមព័ទ្ធបន្ទាយយេរូសាឡឹម
១៨ នៅគ្រាដដែលនោះ សាសន៍ដទៃទាំងប៉ុន្មានដែលស្នាក់នៅក្នុងបន្ទាយក្រុងយេរូសាឡឹម ឡោមព័ទ្ធជនជាតិអ៊ីស្រាអែល ដែលរស់នៅជុំវិញព្រះវិហារ ទាំងហាមពួកគេមិនឲ្យចេញចូល។ ពួកគេរកគ្រប់ឱកាសទាំងអស់ ដើម្បីធ្វើទុក្ខបុកម្នេញជនជាតិអ៊ីស្រាអែល និងដើម្បីពង្រឹកកម្លាំងរបស់សាសន៍ដទៃ។ ១៩ ពេលនោះ លោកយូដាសម្រេចចិត្តកម្ទេចពួកគេ។ លោកកោះហៅប្រជាជនអ៊ីស្រាអែលទាំងអស់ ដើម្បីមកឡោមព័ទ្ធបន្ទាយនោះ។ ២០ នៅក្នុងឆ្នាំ១៥០ ប្រជាជនអ៊ីស្រាអែលប្រមូលផ្ដុំគ្នាឡោមព័ទ្ធបន្ទាយ។ ពួកគេធ្វើស្នាធំៗ និងគ្រឿងចម្បាំងផ្សេងៗទៀតផង។ ២១ ប៉ុន្តែ មានសត្រូវខ្លះរត់ចេញរួច ហើយនាំគ្នាទៅគាល់ព្រះមហាក្សត្រ ដោយមានជនជាតិអ៊ីស្រាអែលក្បត់សាសនាមួយចំនួនទៅជាមួយដែរ។ ពួកគេទូលស្ដេចថា៖ ២២ «តើព្រះករុណាចាំដល់ពេលណាទៀត ទើបព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកគេឲ្យបងប្អូនរបស់ទូលបង្គំនោះ?។ ២៣ ទូលបង្គំយើងខ្ញុំតែងតែបម្រើព្រះបិតារបស់ព្រះករុណា ព្រមស្ដាប់តាមបញ្ជា និងរាជក្រឹត្យរបស់ព្រះករុណាទៀតផង។ ២៤ ហេតុនេះហើយបានជាជនរួមជាតិរបស់ទូលបង្គំយើងខ្ញុំឡោមព័ទ្ធបន្ទាយនោះ ហើយចាត់ទុកទូលបង្គំយើងខ្ញុំជាជនបរទេស។ មិនតែប៉ុណ្ណោះ ពួកគេបានសម្លាប់ពួកទូលបង្គំ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកទូលបង្គំទៀតផង។ ២៥ ពួកគេមិនគ្រាន់តែវាយទូលបង្គំប៉ុណ្ណោះទេ គឺគេវាយយកស្រុកទាំងប៉ុន្មាន ដែលស្ថិតនៅក្រោមអំណាចរបស់ព្រះករុណាដែរ។ ២៦ ឥឡូវនេះ ពួកគេឡោមព័ទ្ធបន្ទាយក្រុងយេរូសាឡឹម ដើម្បីកាន់កាប់បន្ទាយនោះ ព្រមទាំងសង់កំពែងការពារព្រះវិហារ និងស្រុកបេតសួរផង។ ២៧ ប្រសិនបើព្រះករុណាមិនចេញទៅវាយពួកគេយ៉ាងប្រញាប់ទេនោះ ពួកវាមុខជាវាយលុកលុយតទៅទៀត ហើយព្រះករុណាមិនអាចទប់ទល់នឹងពួកគេបានឡើយ»។
ការប្រយុទ្ធនៅភូមិបេតសាការីយ៉ា
២៨ កាលព្រះមហាក្សត្រព្រះអង្គព្រះសណ្ដាប់ដំណឹងនេះហើយ ព្រះអង្គព្រះពិរោធយ៉ាងខ្លាំង ហើយកោះហៅអស់លោកមន្ត្រី មេទ័ពថ្មើរជើង និងអស់លោកមេទ័ពមកប្រជុំ។ ២៩ ស្ដេចជួលពលទាហានពីស្រុកផ្សេងៗ និងពីនាយសមុទ្រមកផង។ ៣០ ព្រះរាជាមានទ័ពថ្មើរជើងចំនួនមួយសែននាក់ ទ័ពសេះពីរម៉ឺននាក់ និងដំរីចំនួនសាមសិបពីរក្បាល ដែលគេបានបង្ហាត់ហ្វឹកហ្វឺនសម្រាប់ច្បាំង។ ៣១ កងទ័ពនោះធ្វើដំណើរកាត់តាមស្រុកអេដុម ហើយឡោមព័ទ្ធក្រុងបេតសួរ។ ពួកគេវាយក្រុងនេះយ៉ាងយូរ ទាំងប្រើគ្រឿងចម្បាំងជាច្រើនទៀត។ ប៉ុន្តែ អ្នកក្រុងដែលត្រូវគេឡោមព័ទ្ធនោះតែងតែចេញពីក្រុង ទៅដុតគ្រឿងចម្បាំងទាំងនោះចោល ហើយប្រយុទ្ធនឹងសត្រូវដោយក្លាហានអង់អាច។ ៣២ ពេលនោះ លោកយូដានាំកងទ័ពរបស់លោក ចេញពីបន្ទាយយេរូសាឡឹម ហើយទៅបោះទីតាំងនៅភូមិបេតសាការីយ៉ា ទល់មុខនឹងជំរំទ័ពរបស់ព្រះមហាក្សត្រ។ ៣៣ លុះស្អែកឡើង ស្ដេចតើនពីព្រលឹម ហើយបញ្ជាកងទ័ពទាំងអស់ឲ្យចេញទៅវាយបេតសាការីយ៉ា។ ពលទាហានទាំងអស់នេះ រៀបចំចេញទៅប្រយុទ្ធដោយផ្លុំត្រែផង។ ៣៤ គេយកទឹកទំពាំងបាយជូរ និងទឹកមន្តឲ្យដំរីឃើញ ដើម្បីជំរុញវាឲ្យទៅប្រយុទ្ធ។ ៣៥ គេដាក់ដំរីនៅតាមចន្លោះកងនីមួយៗ គឺគេដាក់ពលទាហានចំនួនមួយពាន់នាក់ប្រដាប់ដោយអាវក្រោះ និងមួកលង្ហិន ព្រមទាំងពលសេះពិសេសប្រាំរយនាក់ នៅសងខាងដំរីនីមួយៗនោះ។ ៣៦ ទ័ពសេះនោះមើលដំរី ហើយដើរតាមជាប់នឹងដំរីជានិច្ច មិនឃ្លាតឆ្ងាយពីគ្នាឡើយ។ ៣៧ នៅលើខ្នងដំរីនីមួយៗមានកែបយ៉ាងធំមាំធ្វើពីឈើ ដែលគេចងយ៉ាងជាប់ទៅនឹងពោះវា។ កែបនេះជាជំនិះដែលមានមនុស្សបីនាក់ និងហ្មម្នាក់។ ៣៨ ព្រះមហាក្សត្រដាក់ទ័ពសេះដែលនៅសល់សងខាងពលថ្មើរជើង ដើម្បីវាយលុក និងការពារទ័ពថ្មើរជើង។ ៣៩ កាលព្រះអាទិត្យរះមក ពន្លឺក៏ជះលើខែលមាស និងខែលលង្ហិន បំភ្លឺភ្នំទាំងប៉ុន្មានឲ្យភ្លឺដូចចន្លុះកំពុងតែឆេះ។ ៤០ ពលទាហានមួយក្រុមរបស់ស្ដេចស្ថិតនៅលើកំពូលភ្នំ ហើយមួយក្រុមទៀតនៅជើងភ្នំ។ កងទ័ពនោះចេញទៅប្រយុទ្ធដោយមានរបៀបរៀបរយ និងអង់អាចគ្មានខ្លាចអ្វីឡើយ។ ៤១ រីឯកងទ័ពអ៊ីស្រាអែលវិញ គេព្រួយបារម្ភដោយឮស្នូរសន្ធឹកកងទ័ពដ៏ច្រើនយ៉ាងនេះ និងស្នូរអាវុធប៉ះទង្គិចគ្នាផង។ កងទ័ពនេះពិតជាច្រើនសន្ធឹកសន្ធាប់ និងខ្លាំងក្លាមែន។ ៤២ លោកយូដា និងកងទ័ពរបស់លោកចេញទៅប្រយុទ្ធ បានសម្លាប់ពលទាហានរបស់ស្ដេច ចំនួនប្រាំមួយរយនាក់ភ្លាម។ ៤៣ លោកអេឡាសា ដែលហៅថាអវ៉ារ៉ន់ ឃើញដំរីមួយពាក់កែប និងគ្រឿងសឹករបស់ព្រះរាជា ហើយមានមាឌខ្ពស់ជាងដំរីឯទៀតទាំងអស់។ លោកនឹកគិតថា ស្ដេចគង់លើដំរីនោះ។ ៤៤ លោកសុខចិត្តបូជាជីវិតដើម្បីសង្គ្រោះប្រជាជនរបស់ខ្លួន និងដើម្បីមានកិត្តិនាមល្បីល្បាញអស់កល្បជានិច្ច។ ៤៥ លោករត់យ៉ាងអង់អាច សំដៅទៅដំរីដែលនៅកណ្ដាលទ័ពថ្មើរជើង ទាំងប្រហារជីវិតពលទាហាននៅសងខាង ធ្វើឲ្យពួកសត្រូវនាំគ្នាគេចចេញពីមុខលោក។ ៤៦ លោកចូលពីក្រោមពោះដំរីនោះ ហើយវាយប្រហារពីក្រោម ដំរីក៏ដួល ហើយសង្កត់លោកអេឡាសារដែលនៅពីក្រោមស្លាប់នៅនឹងកន្លែង។ ៤៧ ជនជាតិយូដាឃើញកម្លាំងដ៏ខ្លាំងក្លារបស់ស្ដេចដូច្នេះ ក៏ដកទ័ពថយក្រោយ។
ខ្មាំងឡោមព័ទ្ធក្រុងបេតសួរ
៤៨ កងទ័ពរបស់ស្ដេចឡើងទៅក្រុងយេរូសាឡឹម ដើម្បីវាយកងទ័ពយូដា ហើយឡោមព័ទ្ធក្រុងនានានៅស្រុកយូដា និងភ្នំស៊ីយ៉ូន។ ៤៩ ព្រះរាជាប្រទានសន្តិភាពដល់អ្នកក្រុងបេតសួរ។ ពួកគេចាកចេញពីទីក្រុង ដ្បិតពួកគេគ្មានស្បៀងអាហារ ពុំអាចប្រយុទ្ធនឹងកងទ័ពដែលឡោមព័ទ្ធនោះឡើយ ដ្បិតឆ្នាំនេះជាឆ្នាំសប្ប័ទ។ ៥០ ស្ដេចដណ្ដើមយកក្រុងបេតសួរមកកាន់កាប់ ហើយដាក់កងទ័ពនៅគ្រប់គ្រងទៀតផង។ ៥១ បន្ទាប់មក ព្រះរាជាឡោមព័ទ្ធព្រះវិហារក្រុងយេរូសាឡឹមអស់ពេលជាយូរថ្ងៃ ព្រមទាំងដំឡើងគ្រឿងចម្បាំងផ្សេងៗ មានគ្រឿងបាញ់ថ្ម បាញ់ភ្លើង បាញ់ព្រួញដង្ហក់ជាដើម។ ៥២ កងទ័ពយូដាក៏ដំឡើងគ្រឿងចម្បាំងផ្សេងទៀត ដើម្បីទប់ទល់នឹងគ្រឿងសឹករបស់សត្រូវដែរ ហើយច្បាំងជាមួយពួកខ្មាំងជាយូរថ្ងៃ។ ៥៣ ប៉ុន្តែ គ្មានស្បៀងអាហារក្នុងឃ្លាំងទេ ព្រោះឆ្នាំនោះជាឆ្នាំសប្ប័ទ ហើយប្រជាជនអ៊ីស្រាអែលដែលរស់នៅក្នុងចំណោមសាសន៍ដទៃ ទើបនឹងត្រឡប់មកស្រុកយូដាវិញ បានបរិភោគអាហារដែលត្រៀមទុកនោះអស់ទៅ។ ៥៤ ដូច្នេះ គេទុកកងទ័ពតែមួយចំនួនតូចនៅក្នុងព្រះវិហារ ព្រោះប្រជាជនខ្វះខាត និងស្រេកឃ្លានយ៉ាងខ្លាំង ប្រជាជនដទៃទៀតក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួនដែរ។
ព្រះបាទអន់ទីយ៉ូគូសប្រទានសេរីភាពខាងសាសនា
៥៥ លោកលីស៊ីយ៉ាជ្រាបថា កាលព្រះបាទអន់ទីយ៉ូគូសមានព្រះជន្មរស់នៅឡើយ ព្រះអង្គបានផ្ញើ បុត្រាឲ្យលោកភីលីពអប់រំ ដើម្បីឡើងគ្រងរាជ្យ។ ៥៦ គាត់ទទួលដំណឹងថា លោកភីលីពត្រឡប់ពីស្រុកពែរ្ស និងស្រុកម៉ែដជាមួយកងទ័ពរបស់ស្ដេច ហើយបម្រុងត្រួតត្រារាជាណាចក្រទៀតផង។ ៥៧ កាលលោកលីស៊ីយ៉ាជ្រាបដំណឹងនេះ គាត់រៀបចំចេញដំណើរជាប្រញាប់។ គាត់ទូលស្ដេច ហើយមានប្រសាសន៍ទៅកាន់មេទ័ព និងពលទាហានទាំងអស់ថា៖ «កម្លាំងរបស់យើងកាន់តែចុះខ្សោយជារៀងរាល់ថ្ងៃ ហើយស្បៀងអាហាររបស់យើងក៏កាន់តែខ្វះខាតយ៉ាងខ្លាំងដែរ។ រីឯកន្លែងដែលយើងឡោមព័ទ្ធនេះក៏រឹងមាំ កិច្ចការគ្រប់គ្រងរាជាណាចក្រក៏ធ្លាក់លើយើងទាំងស្រុងដែរ។ ៥៨ ដូច្នេះ ឥឡូវនេះ យើងនាំគ្នាស្រុះស្រួលជាមួយជនជាតិទាំងនោះ ហើយចរចារកសន្តិភាពជាមួយពួកគេ និងជាមួយជនជាតិយូដាទាំងមូលផង។ ៥៩ យើងគួរអនុញ្ញាតឲ្យគេរស់នៅស្រប តាមទំនៀមទម្លាប់របស់គេដូចកាលពីមុនចុះ។ ពួកគេខឹងប្រទូសរ៉ាយ និងបះបោរដូច្នេះ ព្រោះយើងហាមពួកគេធ្វើតាមទំនៀមទម្លាប់របស់ពួកគេ»។ ៦០ ស្ដេចគាប់ព្រះហឫទ័យនឹងសេចក្ដីនេះ ហើយពួកមេទ័ពក៏ពេញចិត្តដែរ។ ដូច្នេះ លោកលីស៊ីយ៉ាបញ្ជូនគម្រោងការចរចាសុំសន្តិភាពជាមួយប្រជាជនយូដា ហើយជនជាតិយូដាក៏យល់ព្រមនឹងគម្រោងការនេះដែរ។ ៦១ ព្រះរាជា និងមេទ័ពទាំងអស់ស្បថថានឹងគោរពសន្ធិសញ្ញានេះ ហើយចាកចេញពីបន្ទាយទៅ។ ៦២ ព្រះមហាក្សត្រយាងចូលទៅដល់ភ្នំស៊ីយ៉ូន ហើយទតឃើញកំពែងការពារកន្លែងនោះ។ ព្រះអង្គបានបំពានព្រះបន្ទូលសម្បថ ហើយបញ្ជាឲ្យកម្ទេចកំពែងដែលនៅជុំវិញភ្នំនោះចោល ៦៣ រួចយាងត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញយ៉ាងប្រញាប់ ប៉ុន្តែ ក្រុងអន់ទីយ៉ូកបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកភីលីពរួចទៅហើយ។ ស្ដេចវាយដណ្ដើមយកក្រុងនោះមកវិញ ដោយប្រើកម្លាំងទ័ព។
៧
ព្រះបាទដេម៉េទ្រីយ៉ូសឡើងសោយរាជ្យ
១ នៅឆ្នាំ ១៥១ ព្រះអង្គម្ចាស់ដេម៉េទ្រីយ៉ូស ជាបុត្ររបស់ព្រះបាទសេលើគូស រត់ចេញពីក្រុងរ៉ូម ទាំងនាំពលទាហានមួយក្រុមតូចមកជាមួយផង។ ព្រះអម្ចាស់យាងទៅគង់ក្នុងក្រុងមួយនៅតាមឆ្នេរសមុទ្រ ហើយប្រកាសខ្លួនជាស្ដេចសោយរាជ្យ។ ២ ពេលព្រះបាទដេម៉េទ្រីយ៉ូសយាងចូលទៅរាជវាំងរបស់អយ្យកោកងទ័ពបានចាប់ព្រះបាទអន់ទីយ៉ូគូស និងលោកលីស៊ីយ៉ាបម្រុងនឹងបញ្ជូនមកថ្វាយស្ដេច។ ៣ ព្រះបាទដេម៉េទ្រីយ៉ូសជ្រាបដំណឹងនេះហើយ ក៏មានរាជឱង្ការថា៖ «យើងមិនចង់ឃើញមុខពួកគេទេ!»។ ៤ ដូច្នេះ កងទ័ពប្រហារជីវិតលោកទាំងពីរ ហើយព្រះបាទដេម៉េទ្រីយ៉ូសក៏ឡើងសោយរាជ្យ។ ៥ នៅគ្រានោះ ជនពាលក្បត់សាសនា ដែលរស់នៅស្រុកអ៊ីស្រាអែលមួយចំនួន ចូលមកគាល់ស្ដេច ដោយមានលោកអាលគីមជាអ្នកនាំមុខគេ។ លោកអាលគីមនោះមានចិត្តលោភលន់ ចង់បានមុខងារជាមហាបូជាចារ្យ។ ៦ ពួកគេក៏និយាយមួលបង្កាច់ប្រជាជនរបស់ខ្លួន ដោយទូលស្ដេចថា៖ «លោកយូដា និងបងប្អូនគាត់ បានសម្លាប់អស់អ្នកដែលគាំទ្រស្ដេច ហើយបណ្ដេញទូលបង្គំយើងខ្ញុំចេញពីស្រុកទៀតផង។ ៧ ហេតុនេះ សូមព្រះករុណាចាត់មនុស្សម្នាក់ដែលគួរទុកចិត្ត ឲ្យទៅពិនិត្យមើលអ្វីៗទាំងប៉ុន្មាន ដែលលោកយូដាបានបំផ្លាញនៅលើទឹកដីរបស់ទូលបង្គំយើងខ្ញុំ និងក្នុងស្រុកព្រះករុណា។ សូមព្រះអង្គដាក់ទោសលោកយូដា បងប្អូនគាត់ និងបក្សពួកដែលជួយគេផង»។
បេសកកម្មរបស់លោកបាកឃីដែស
៨ ព្រះមហាក្សត្រជ្រើសរើសលោកបាកឃីដែស ជាមន្ត្រីជំនិត ដែលត្រួតលើស្រុកនៅខាងនាយទន្លេអឺប្រាត។ លោកមានឋានៈខ្ពង់ខ្ពស់ក្នុងរាជាណាចក្រ ហើយស្មោះត្រង់ចំពោះស្ដេច។ ៩ ព្រះរាជាចាត់លោកឲ្យទៅជាមួយជនពាលអាលគីម។ ព្រះអង្គក៏តែងតាំងលោកអាលគីមឲ្យបំពេញមុខងារជាមហាបូជាចារ្យ ហើយបញ្ជាឲ្យលោកអាលគីមធ្វើបាបជនជាតិយូដា ដើម្បីសងសឹក។ ១០ លោកទាំងពីរចេញដំណើរដោយនាំកងទ័ពជាច្រើនទៅជាមួយផង។ លុះមកដល់ស្រុកយូដា គេចាត់អ្នកនាំសារទៅជួបលោកយូដា និងបងប្អូនលោក ដើម្បីចចារសុំសន្តិភាព ក្នុងគោលបំណងបញ្ឆោតអស់លោក។ ១១ ប៉ុន្តែ ជនជាតិយូដាឃើញថា លោកទាំងពីរមកស្រុកគេទាំងនាំកងទ័ពដ៏ខ្លាំងពូកែមកជាមួយផងនោះ គេក៏មិនជឿទុកចិត្តលើកិច្ចចរចារបស់លោកទាំងពីរទេ។ ១២ ប៉ុន្តែ មានគណៈកម្មការធម្មាចារ្យទៅជួបជុំនៅផ្ទះលោកអាលគីម និងលោកបាកឃីដែស ដើម្បីចរចាស្វែងរកសន្តិភាពដ៏ត្រឹមត្រូវ។ ១៣ ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានពួកហាស្ស៊ីឌីមសុខចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពមុនគេ។ ១៤ ពួកហាស្ស៊ីឌីមនោះនិយាយថា៖ «លោកអាលគីមដែលមកជាមួយកងទ័ពរបស់ស្ដេច ជាបូជាចារ្យម្នាក់ក្នុងវង្សត្រកូលលោកអរ៉ុន! លោកមុខជាមិនប្រព្រឹត្តអំពើទុច្ចរិតចំពោះពួកយើងទេ!»។ ១៥ លោកអាលគីមចេះតែពោលជាមួយគេអំពីសន្តិភាព ហើយអះអាងដោយស្បថថា៖ «យើងនឹងមិនធ្វើបាបអ្វីចំពោះបងប្អូន ឬចំពោះមិត្តភក្ដិរបស់បងប្អូនឡើយ!»។ ១៦ ពួកគេជឿទុកចិត្តពាក្យសម្ដីផ្អែមល្ហែមរបស់លោកអាលគីម។ ប៉ុន្តែ លោកអាលគីមចាប់ពួកហាស្ស៊ីឌីមចំនួនហុកសិបនាក់ យកទៅប្រហារជីវិតក្នុងថ្ងៃតែមួយ ដូចមានចែងទុកក្នុងគម្ពីរថា៖ ១៧ «ពួកគេបានបង្ហូរឈាមអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ព្រមទាំងទុកសាកសពចោលពាសពេញនៅជុំវិញក្រុងយេរូសាឡឹម។ គ្មាននរណាម្នាក់យកសាកសពរបស់គេទៅបញ្ចុះឡើយ»។ ១៨ ពេលនោះ ប្រជាជនទាំងអស់ជ្រួលច្របល់ និងភ័យខ្លាច ហើយនិយាយថា៖ «ពួកនេះជាមនុស្សកុហកបោកប្រាស់ ប្រព្រឹត្តអំពើទុច្ចរិត គេមិនគោរពកិច្ចព្រមព្រៀង និងបំពានសម្បថរបស់គេហើយ»។ ១៩ រីឯលោកបាកឃីដែសវិញ លោកចាកចេញពីក្រុងយេរូសាឡឹម ទៅបោះទ័ពនៅក្រុងបេតសែត។ លោកបញ្ជាឲ្យគេទៅចាប់ជនជាតិយូដាជាច្រើន ដែលចូលខាងលោក និងប្រជាជនខ្លះយកទៅកាត់ក ហើយយកសាកសពរបស់ពួកគេ ទៅបោះចោលក្នុងអណ្តូងដ៏ជ្រៅមួយ។ ២០ លោកប្រគល់អាណាខេត្តនេះឲ្យលោកអាលគីមកាន់កាប់ ព្រមទាំងទុកកងទ័ពសម្រាប់ជួយលោកផង រួចលោកបាកឃីដែសវិលត្រឡប់ទៅរកព្រះមហាក្សត្រវិញ។ ២១ លោកអាលគីមខិតខំរិះរកមធ្យោបាយ ដើម្បីឲ្យប្រជាជនទទួលស្គាល់លោក ជាមហាបូជាចារ្យ។ ២២ ពួកអ្នកបង្កចលាចលក្នុងចំណោមប្រជាជន ក៏បានចូលរួមជាមួយដែរ។ ពួកគេកាន់កាប់ស្រុកយូដា និងធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំងផង។ ២៣ លោកយូដាយល់ឃើញថា លោកអាលគីម និងបក្សពួកគេ ធ្វើបាបចំពោះជនជាតិអ៊ីស្រាអែលខ្លាំងជាងសាសន៍ដទៃ ដែលបានធ្វើបាបប្រជាជនអ៊ីស្រាអែលពីមុននោះទៅទៀត។ ២៤ ដូច្នេះ លោកធ្វើដំណើរទៅគ្រប់តំបន់នៃស្រុកយូដាទាំងមូល។ លោកប្រហារជីវិតពួកក្បត់សាសនា និងរារាំងផ្លូវពួកគេមិនឲ្យធ្វើដំណើរឆ្លងកាត់ស្រុកឡើយ។
លោកនីកាន័រ
២៥ លោកអាលគីមយល់ឃើញថា លោកយូដា និងមិត្តភក្តិរបស់លោក មានកម្លាំងកាន់តែខ្លាំងឡើងៗ មិនអាចទប់ទល់បានដូច្នេះ គាត់ក៏ត្រឡប់ទៅគាល់ព្រះមហាក្សត្រវិញ ហើយចោទប្រកាន់ថា ពួកគេប្រព្រឹត្តការអាក្រក់ជាច្រើន។
២៦ ព្រះរាជាចាត់លោកនីកាន័រ ជាមេទ័ពម្នាក់ក្នុងចំណោមមេទ័ពដែលមានឈ្មោះល្បីជាងគេ ជាអ្នកដែលស្អប់ ហើយប្រឆាំងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ លោកទទួលរាជបញ្ជាឲ្យប្រល័យពូជសាសន៍អ៊ីស្រាអែលទាំងអស់។ ២៧ លោកមកដល់ក្រុងយេរូសាឡឹម ទាំងនាំកងទ័ពជាច្រើនមកជាមួយផង។ លោកមានប្រសាសន៍ទៅកាន់លោកយូដា និងបងប្អូនរបស់លោកអំពីសន្តិភាព ដោយមានបំណងចង់បញ្ឆោតគេថា៖ ២៨ «យើងមិនត្រូវវាយប្រយុទ្ធគ្នាឡើយ។ ខ្ញុំមកជួបអស់លោក ដើម្បីចរចារកសន្តិភាព ខ្ញុំនាំកងការពារតែមួយចំនួនតូចប៉ុណ្ណោះមកជាមួយ»។ ២៩ លោកមកដល់ផ្ទះលោកយូដា ហើយលោកទាំងពីរសួរសុខទុក្ខគ្នាដូចមិត្តធម្មតា ប៉ុន្តែ ពួកសត្រូវត្រៀមនឹងចាប់លោកយូដា។ ៣០ លោកយូដាយល់ឃើញថា លោកនីកាន័រមកផ្ទះគាត់នេះ គឺមានគម្រោងបោកបញ្ឆោត គាត់ភ័យខ្លាច ហើយមិនព្រមនិយាយចរចាទៀតឡើយ។ ៣១ ពេលនោះ លោកនីកាន័រយល់ឃើញថា គេស្គាល់កលល្បិចរបស់ខ្លួន ក៏នាំកងទ័ពទៅប្រយុទ្ធនឹងលោកយូដា នៅក្បែរក្រុងខាផាសាឡាម៉ា។ ៣២ ពេលនោះ មានកងទ័ពរបស់លោកនីកាន័រប្រហែលប្រាំរយនាក់ បាត់បង់ជីវិតនៅលើសមរភូមិ ហើយកងទ័ពដែលនៅសេសសល់ពីស្លាប់ រត់គេចខ្លួនទៅកាន់បុរីព្រះបាទដាវីឌ។ ៣៣ ក្រោយពីហេតុការណ៍នោះមក លោកនីកាន័រធ្វើដំណើរទៅកាន់ភ្នំស៊ីយ៉ូន។ ពេលនោះ មានក្រុមបូជាចារ្យ និងព្រឹទ្ធាចារ្យខ្លះ ចេញពីព្រះវិហារទៅទទួលលោកនីកាន័រយ៉ាងរាក់ទាក់ ព្រមទាំងថ្វាយតង្វាយដុតទាំងមូល ដែលគេធ្លាប់ថ្វាយព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គប្រទានពរដល់ព្រះមហាក្សត្រ។ ៣៤ ប៉ុន្តែ លោកនីកាន័រចំអក ហើយជេរប្រមាថពួកគេ ដោយពោលពាក្យយ៉ាងព្រហើនផង។ ៣៥ លោកខឹងជាខ្លាំង ហើយស្បថថា៖ «លើកនេះ ប្រសិនបើអ្នករាល់គ្នាមិនបញ្ជូនយូដា និងកងទ័ពរបស់គេមកក្នុងកណ្ដាប់ដៃខ្ញុំទេ ហើយប្រសិនបើខ្ញុំទទួលជ័យជម្នះនោះ ពេលខ្ញុំវិលត្រឡប់មកវិញ ខ្ញុំមុខជាដុតបំផ្លាញព្រះវិហារនេះចោល!»។ លោកចេញទៅទាំងក្រេវក្រោធយ៉ាងខ្លាំង។ ៣៦ លោកបូជាចារ្យនាំគ្នាចូលខាងក្នុងព្រះវិហារវិញ រួចឈរនៅមុខអាសនៈ និងនៅមុខព្រះវិហារ ហើយទូលអង្វរដោយយំថា៖ ៣៧ «បពិត្រព្រះជាម្ចាស់! ព្រះអង្គបានជ្រើសរើសព្រះដំណាក់នេះ ជាព្រះដំណាក់របស់ព្រះអង្គផ្ទាល់ ដើម្បីឲ្យទៅជាកន្លែងអធិដ្ឋាន និងអង្វរព្រះអង្គផង។ ៣៨ សូមព្រះអង្គព្រះមេត្តាដាក់ទោសជននេះ និងកងទ័ពរបស់គេ! សូមឲ្យពួកគេស្លាប់ដោយមុខដាវ! សូមកុំបំភ្លេចពាក្យប្រមាថរបស់ពួកគេ! សូមកុំត្រាប្រណីពួកគេឡើយ»។
លោកនីកាន័របាត់បង់ជីវិត
៣៩ លោកនីកាន័រចាកចេញពីក្រុងយេរូសាឡឹមទៅបោះទ័ពនៅក្រុងបេតហូរ៉ូន។ មានកងទ័ពពីស្រុកស៊ីរីចូលមករួមជាមួយលោកនៅទីនោះ។ ៤០ រីឯលោកយូដា និងពលទ័ពចំនួនបីពាន់នាក់វិញ បានបោះទ័ពនៅភូមិអាដាសា។ លោកយូដាទូលអង្វរព្រះជាម្ចាស់ដូចតទៅ៖ ៤១ «បពិត្រព្រះជាម្ចាស់! កាលពីដើម នៅពេលមានអ្នកនាំសាររបស់ស្ដេចប្រមាថព្រះអង្គ ទេវទូតរបស់ព្រះអង្គយាងមក ហើយប្រហារជីវិតសត្រូវ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ ៤២ នៅថ្ងៃនេះ សូមព្រះអង្គកម្ទេចកងទ័ពនោះ នៅមុខពួកយើងខ្ញុំផង! សូមឲ្យកងទ័ពឯទៀតៗដឹងថា លោកនីកាន័របានជេរប្រមាថទីសក្ការៈរបស់ព្រះអង្គ។ សូមដាក់ទោសគាត់ តាមអំពើអាក្រក់ដែលគាត់បានធ្វើ»។ ៤៣ ថ្ងៃទី១៣ ខែអាដារ ដែលត្រូវនឹងខែផល្គុន កងទ័ពទាំងពីរប្រយុទ្ធគ្នា ហើយកងទ័ពរបស់លោកយូដាកម្ទេចកងទ័ពរបស់លោកនីកាន័រ។ លោកនីកាន័រក៏បាត់បង់ជីវិតនៅលើសមរភូមិមុនគេបង្អស់។ ៤៤ កាលពលទាហានរបស់លោកនីកាន័រឃើញថា មេទ័ពរបស់ខ្លួនត្រូវគេសម្លាប់ហើយ ពួកគេបោះអាវុធចោល ហើយរត់យកតែប្រាសអាយុគ្រប់ៗគ្នា។ ៤៥ កងទ័ពយូដាដេញតាមពួកគេអស់មួយថ្ងៃ តាំងពីក្រុងអាដាសារ រហូតដល់ទីវាលក្បែរក្រុងហ្កាសារ៉ា ព្រមទាំងមានស្នូរត្រែលាន់ឮរំពងទៀតផង។ ៤៦ ប្រជាជនយូដាចេញពីគ្រប់ភូមិមកឡោមព័ទ្ធពួកគេ និងដេញកៀងពួកគេទៅឲ្យកងទ័ពរបស់លោកយូដា។ សត្រូវដួលនៅមុខដាវ ហើយគ្មាននរណាម្នាក់រត់រួចពីស្លាប់ឡើយ។ ៤៧ ជនជាតិយូដាប្រមូលអាវុធរបស់សត្រូវ និងជយភណ្ឌ។ គេកាត់ក និងដៃស្តាំរបស់លោកនីកាន័រ គឺដៃដែលលោកបានលើកឡើងយ៉ាងព្រហើនប្រឆាំងនឹងព្រះវិហារ។ គេយកទាំងក្បាល និងដៃរបស់លោក ទៅតាំងនៅក្រុងយេរូសាឡឹម ឲ្យមនុស្សម្នាឃើញគ្រប់ៗគ្នា។ ៤៨ ប្រជាជនយូដាត្រេកអរយ៉ាងក្រៃលែង គេនាំគ្នាធ្វើបុណ្យនៅថ្ងៃនោះផង។ ៤៩ គេចេញច្បាប់កំណត់យកថ្ងៃទី ១៣ ខែអាដារ ដែលត្រូវនឹងខែផល្គុន ឲ្យប្រជាជនប្រារព្ធធ្វើពិធីបុណ្យជារៀងរាល់ឆ្នាំ។ ៥០ សន្តិភាពក៏កើតមានក្នុងស្រុកយូដាតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
៨
ពាក្យសរសើរជនជាតិរ៉ូម៉ាំង
១ លោកយូដាឮគេនិយាយអំពីឈ្មោះល្បីរបស់ជនជាតិរ៉ូម៉ាំង គឺជនជាតិនោះសុទ្ធតែជាអ្នកចម្បាំងដ៏អង់អាច។ ពួកគេមានចិត្តសប្បុរសចំពោះប្រជាជនដែលចូលរួមជាមួយគេ។ ពួកគេតែងតែគាំទ្រអស់អ្នកដែលសូមទាក់ទងជាមួយពួកគេ។ ជនជាតិនោះសុទ្ធតែជាអ្នកចម្បាំងដ៏អង់អាចមែន។ ២ គេរៀបរាប់ប្រាប់លោកយូដា អំពីការធ្វើសង្គ្រាមរបស់ពួកគេ ជាពិសេស ជ័យជម្នះដ៏អស្ចារ្យរបស់ពួកគេនៅស្រុកហ្គោល គឺពួកគេបានបង្ក្រាបអ្នកស្រុក ហើយបង្ខំឲ្យបង់សួយសារអាករទៀតផង។ ៣ គេរៀបរាប់អំពីសឹកសង្គ្រាមទាំងប៉ុន្មានរបស់ពួកគេនៅស្រុកអេស្ប៉ាញ ដើម្បីដណ្ដើមយករ៉ែមាស និងប្រាក់នៅស្រុកនោះ។ ៤ ទោះជាស្រុកនេះនៅឆ្ងាយពីក្រុងរ៉ូមក៏ដោយ ក៏ពួកគេវាយដណ្ដើមយកស្រុកនោះបាន ដោយប្រាជ្ញាវាងវៃ និងចិត្តព្យាយាមរបស់ពួកគេ។ ជនជាតិរ៉ូម៉ាំងមានជ័យជម្នះលើស្ដេចទាំងប៉ុន្មាន ដែលយាងមកពីស្រុកដាច់ស្រយាលនៃផែនដី ដើម្បីវាយប្រហារពួកគេ។ ពួកគេក៏បានវាយកម្ទេចស្ដេចទាំងនោះដែរ នាំឲ្យស្ដេចទាំងនោះទទួលការអន្តរាយជាទម្ងន់ ហើយបង្ខំស្ដេចឯទៀតៗឲ្យបង់សួយសារអាករប្រចាំឆ្នាំ។ ៥ ទីបញ្ចប់ ជនជាតិរ៉ូម៉ាំងបានវាយឈ្នះព្រះបាទភីលីព និងព្រះបាទពែរសេ ជាស្ដេចស្រុកម៉ាសេដូន ព្រមទាំងបង្ក្រាបជនជាតិណាដែលលើកគ្នាប្រឆាំងនឹងពួកគេទៀតផង។
៦ ព្រះបាទអន់ទីយ៉ូគូស ជាស្ដេចស្រុកអាស៊ី យាងចេញទៅប្រយុទ្ធនឹងជនជាតិរ៉ូម៉ាំង ដោយនាំទ័ពដំរីចំនួន១២០ក្បាល កងទ័ពសេះ រទេះចម្បាំង និងកងទ័ពថ្មើរជើងជាច្រើនទៅជាមួយផង។ ប៉ុន្តែ ជនជាតិរ៉ូម៉ាំងវាយកម្ទេចកងទ័ពទាំងនោះ ៧ ចាប់ស្ដេចទាំងរស់ និងបង្ខំទាំងព្រះរាជា ទាំងស្ដេចដែលស្នងរាជ្យ បន្ទាប់ៗមក ឲ្យបង់សួយសារអាករមួយដ៏ធ្ងន់តាមពេលកំណត់ ព្រមទាំងត្រូវបញ្ជូនជាចំណាប់ខ្មាំងទៀតផង។ ជនជាតិរ៉ូម៉ាំងក៏រំដោះ ៨ ស្រុកឥណ្ឌា ស្រុកម៉ែដ ស្រុកលីឌី និងអាណាខេត្តខ្លះដ៏ល្អជាងគេ ពីការគ្រប់គ្រងរបស់ព្រះបាទដេម៉េទ្រីយ៉ូសថ្វាយព្រះបាទអើមែនដែរ។ ៩ ជនជាតិក្រិកសម្រេចចិត្តទៅវាយកម្ទេចជនជាតិរ៉ូម៉ាំង ឲ្យសាបសូន្យ។ ១០ ជនជាតិរ៉ូម៉ាំងជ្រាបគម្រោងការនេះ ហើយចាត់មេទ័ពតែម្នាក់ឲ្យចេញទៅច្បាំងនឹងពួកគេ។ ពលទាហានក្រិកជាច្រើនស្លាប់នៅលើសមរភូមិ ហើយជនជាតិរ៉ូម៉ាំងចាប់ប្រពន្ធកូនពួកគេនាំយកទៅជាឈ្លើយ។ ជនជាតិរ៉ូម៉ាំងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ ធ្វើជាជយភណ្ឌ គ្រប់គ្រងស្រុករបស់ពួកគេ កម្ទេចកំពែងក្រុងនានារបស់ពួកគេចោល ហើយយកជនជាតិក្រិកធ្វើជាទាសកររហូតដល់សព្វថ្ងៃ។
១១ ជនជាតិរ៉ូម៉ាំងបានបំផ្លាញ និងបង្ក្រាបរាជាណាចក្រឯទៀតៗ និងកោះទាំងប៉ុន្មានដែលប្រឆាំងនឹងពួកគេ។ ១២ ប៉ុន្តែ ពួកគេមានចិត្តស្មោះត្រង់ចំពោះមិត្តភក្តិគេ ចំពោះអស់អ្នកដែលចងសម្ពន្ធមេត្រី និងពឹងពាក់គេ។ ជនជាតិរ៉ូម៉ាំងបានបង្ក្រាបស្ដេចទាំងជិត ទាំងឆ្ងាយ។ អស់អ្នកដែលឮកិត្តិនាមរបស់គេនាំគ្នាភ័យខ្លាចជាខ្លាំង។ ១៣ គេតែងតាំងអ្នកដែលគេទុកចិត្ត ឲ្យធ្វើជាស្ដេច គឺជនណាដែលពួកគេយល់ឃើញថាគួរឲ្យគ្រងរាជ្យ និងគួរឲ្យទទួលការឧបត្ថម្ភពីពួកគេ។ រីឯស្ដេចដទៃទៀត ពួកគេទម្លាក់ចុះពីបល្ល័ង្ក។ ឥឡូវនេះអំណាចរបស់គេឡើងដល់កំពូលហើយ។ ១៤ ប៉ុន្តែ ទោះយ៉ាងនេះក្ដី ក៏គ្មានជនជាតិរ៉ូម៉ាំងណាម្នាក់ឡើងសោយរាជ្យដោយពាក់មកុដឬពាក់ព្រះភូសាឡើយ!។ ១៥ ពួកគេបង្កើតព្រឹទ្ធសភាមួយ ដែលមានសមាជិក៣២០នាក់ប្រជុំគ្នាជារៀងរាល់ថ្ងៃ ដើម្បីពិភាក្សាអំពីបញ្ហារបស់ប្រជាជន និងរកសេចក្ដីសុខសាន្តឲ្យប្រជាជនទៀតផង។ ១៦ រៀងរាល់ឆ្នាំ គេផ្ញើអំណាចលើមនុស្សតែម្នាក់ដែលពួកគេតែងតាំង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើពួកគេ និងត្រួតត្រាលើចក្រភពទាំងមូលរបស់គេ។ ប្រជាជនទាំងអស់ស្ដាប់បង្គាប់មនុស្សតែម្នាក់នោះ ដោយគ្មានចិត្តច្រណែនឈ្នានីសឡើយ។
ជនជាតិយូដាចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំង
១៧ លោកយូដាជ្រើសរើសលោកអឺបួលែម ជាកូនរបស់លោកយ៉ូហាន ជាចៅរបស់លោកអកូស ព្រមទាំងលោកយ៉ាសូន ជាកូនរបស់លោកអេឡាសារ ហើយចាត់លោកទាំងពីរឲ្យទៅក្រុងរ៉ូម ដើម្បីចុះសន្ធិសញ្ញា និងចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំង។ ១៨ លោកយូដាធ្វើដូច្នេះ ដើម្បីរំដោះជនជាតិរបស់ខ្លួន ឲ្យរួចពីនឹមរបស់ពួកស៊ីរីដែលជិះជាន់ និងធ្វើឲ្យប្រជាជនអ៊ីស្រាអែលទៅជាទាសកររបស់គេ។ ១៩ លោកទាំងពីរចេញដំណើរទៅក្រុងរ៉ូម។ ក្រោយពីធ្វើដំណើរអស់រយៈពេលយ៉ាងយូរ លោកអឺប៉ូលែម និងលោកយ៉ាសូនមកដល់ក្រុងរ៉ូម ហើយចូលទៅជួបព្រឹទ្ធសភា រួចមានប្រសាសន៍ថា៖ ២០ «លោកយូដាម៉ាកាបាយ និងបងប្អូនរបស់លោក រួមទាំងប្រជាជនយូដា ចាត់យើងខ្ញុំឲ្យមកសុំសន្តិភាព និងចងសម្ពន្ធមិត្តជាមួយអស់លោក។ យើងខ្ញុំសូមចុះសន្ធិសញ្ញាជាផ្លូវការ ជាសមាជិកក្នុងចំណោមសម្ពន្ធមិត្ត និងមិត្តរបស់អស់លោក» ២១ ព្រឹទ្ធសភាពេញចិត្ត ហើយយល់ព្រមតាមសំណូមពររបស់លោកទាំងពីរ។
២២ នេះជាសេចក្ដីចម្លងនៃលិខិតដែលអស់លោកបានចារឹកលើបន្ទះលង្ហិន ផ្ញើទៅក្រុងយេរូសាឡឹម ដើម្បីរំឭកជនជាតិយូដា អំពីសន្ធិសញ្ញាសម្ពន្ធមិត្ត និងសន្តិភាព៖
២៣ «សូមឲ្យជនជាតិរ៉ូម៉ាំង និងជនជាតិយូដារីកចម្រើនឡើង ទាំងនៅលើដែនសមុទ្រ ទាំងនៅលើផែនដីជាដរាបតរៀងទៅ! សូមឲ្យខ្មាំងសត្រូវចៀសឲ្យឆ្ងាយពីជាតិទាំងពីរ!។ ២៤ ប៉ុន្តែ ប្រសិនបើខ្មាំងសត្រូវវាយប្រហារក្រុងរ៉ូម ឬសម្ពន្ធមិត្តណាមួយនៃក្រុងនេះ នៅកន្លែងណាដែលជនជាតិរ៉ូម៉ាំងគ្រប់គ្រង ២៥ ប្រជាជាតិយូដានឹងចូលរួមជាមួយក្រុងធ្វើសង្គ្រាម ដោយអស់ពីចិត្តពីថ្លើម តាមសេចក្ដីត្រូវការនៅពេលនោះ។ ២៦ តាមការសម្រេចរបស់ក្រុងរ៉ូម ជនជាតិយូដាមិនត្រូវផ្ដល់ស្បៀងអាហារ អាវុធ ប្រាក់ ឬសំពៅឲ្យពួកខ្មាំងសត្រូវ សូម្បីតែខ្ចីក៏មិនបានដែរ។ ជនជាតិយូដាត្រូវតែគោរពកិច្ចព្រមព្រៀងនេះ ដោយមិនទទួលអ្វីជាសគុណវិញឡើយ។ ២៧ តាមរបៀបដដែល ប្រសិនបើខ្មាំងសត្រូវធ្វើសង្គ្រាមប្រឆាំងនឹងជនជាតិយូដា ជនជាតិ រ៉ូម៉ាំងនឹងចូលរួមជាមួយជនជាតិយូដាធ្វើសង្គ្រាម ដោយអស់ពីចិត្តពីថ្លើម តាមសេចក្ដីត្រូវការនៅពេលនោះដែរ។ ២៨ ជនជាតិរ៉ូម៉ាំងក៏មិនត្រូវផ្ដល់ស្បៀង អាវុធ ប្រាក់ ឬសំពៅឲ្យខ្មាំង តាមការសម្រេចរបស់ក្រុងរ៉ូមដូចគ្នា។ ជនជាតិរ៉ូម៉ាំងនឹងគោរពកិច្ចព្រមព្រៀងនេះដោយស្មោះ។ ២៩ ជនជាតិរ៉ូម៉ាំងចុះសន្ធិសញ្ញាជាមួយជនជាតិយូដា តាមលក្ខន្តិកៈនេះ។ ៣០ នៅពេលអនាគត ប្រសិនបើសម្ពន្ធមិត្តទាំងពីរសម្រេចចិត្តនឹងបន្ថែម ឬបន្ថយសេចក្ដីណាមួយ ក្នុងកិច្ចព្រមព្រៀងនេះ គេនឹងប្រព្រឹត្តបានតាមការសម្រេចរបស់ពួកគេ ហើយត្រូវអនុវត្តតាមសេចក្ដីបន្ថែម ឬបន្ថយនោះ ទុកជាផ្លូវការតាមច្បាប់»។ ៣១ ចំពោះអំពើអាក្រក់ដែលព្រះបាទដេម៉េទ្រីយ៉ូស បានប្រព្រឹត្ត មកលើប្រជាជនយូដា យើងបានសរសេរលិខិតថ្វាយព្រះមហាក្សត្រ ដែលមានសេចក្ដីដូចតទៅ៖ «ហេតុអ្វីបានជាព្រះករុណាជិះជាន់សង្កត់សង្កិនប្រជាជនយូដា ដែលជាមិត្ត និងសម្ពន្ធមិត្តរបស់យើងដូច្នេះ? ៣២ ប្រសិនបើពួកគេនៅតែប្ដឹងយើងអំពីព្រះករុណាម្ដងទៀត យើងនឹងគាំទ្រពួកគេ ហើយចេញទៅធ្វើសង្គ្រាមប្រឆាំងនឹងព្រះករុណា ទាំងនៅដែនសមុទ្រ ទាំងនៅលើដីផង»។
៩
លោកយូដាទទួលមរណភាព
១ ព្រះបាទដេម៉េទ្រីយ៉ូសទទួលដំណឹងថា លោកនីកាន័របាត់បង់ជីវិតនៅលើសមរភូមិ ហើយកងទ័ពរបស់លោក ត្រូវជនជាតិយូដាវាយកម្ទេចដូច្នេះ ព្រះអង្គចាត់លោកបាកឃីដែស និងលោកអាលគីម ឲ្យទៅវាយស្រុកយូដាម្ដងទៀត ដោយមានកងទ័ពពិសេសទៅជាមួយផង។ ២ លោកទាំងពីរធ្វើដំណើរឆ្ពោះទៅកាន់ស្រុកកាលីឡេ ហើយឡោមព័ទ្ធក្រុងម៉េសាឡូត ដែលនៅក្នុងទឹកដីពួកអបែល។ គេវាយដណ្ដើមយកក្រុងនោះបាន ហើយកាប់សម្លាប់ប្រជាជនមួយចំនួនធំ។ ៣ នៅខែទីមួយ ឆ្នាំ១៥២ ពួកគេបោះទ័ពនៅទល់មុខក្រុងយេរូសាឡឹម។ ៤ បន្ទាប់មក ពួកគេចាកចេញពីទីនោះទៅកាន់ភូមិបេសែត ដោយនាំទាំងពលទាហានថ្មើរជើងពីរម៉ឺននាក់ និងពលសេះពីរពាន់នាក់ផង។ ៥ រីឯលោកយូដាបានបោះជំរំនៅភូមិអេឡាសា ដោយមានពលទាហានពិសេសចំនួនបីពាន់នាក់នៅជាមួយ។ ៦ ពលទាហានរបស់លោកយូដាឃើញកងទ័ពសត្រូវមានគ្នាច្រើនយ៉ាងនេះ ពួកគេខ្លាចជាខ្លាំង ហើយរត់ចោលជួរអស់ជាច្រើន គឺនៅសល់តែប្រាំបីរយនាក់ប៉ុណ្ណោះ។ ៧ លោកយូដាឃើញថា ពេលប្រយុទ្ធជិតចាប់ផ្ដើម កងទ័ពរបស់លោករលួសដូច្នេះ លោកព្រួយចិត្តយ៉ាងខ្លាំង ព្រោះលោកគ្មានពេលនឹងប្រមូលទ័ពរបស់លោកឡើងវិញបាន។ ៨ លោកតប់ប្រមល់ ហើយមានប្រសាសន៍ទៅកាន់ពលទ័ព ដែលនៅសល់ថា៖ «ចូរនាំគ្នាចេញទៅប្រយុទ្ធជាមួយខ្មាំង! យើងប្រហែលអាចវាយឈ្នះពួកគេ»។ ៩ រីឯពលទាហានមិនយល់ស្របតាមលោកទេ ហើយនិយាយថា៖ «ឥឡូវនេះ យើងមិនអាចធ្វើអ្វីបានឡើយ ក្រៅពីរត់ឲ្យរួចជីវិតសិនប៉ុណ្ណោះ! ចាំពេលក្រោយ យើងនឹងត្រឡប់មកវិញជាមួយបងប្អូនយើង ដើម្បីប្រយុទ្ធនឹងពួកគេទៀត! ព្រោះពេលនេះ យើងមានគ្នាតិចពេក!។ ១០ លោកយូដាឆ្លើយតបថា៖ «ទេ! ខ្ញុំមិនរត់ចោលសមរភូមិជាដាច់ខាត ប្រសិនបើដល់ពេលយើងត្រូវស្លាប់នោះ យើងស្លាប់ដោយមានចិត្តក្លាហាន ដើម្បីប្រជាជនយើង។ យើងមិនត្រូវបង្អាប់បង្ឱនកិត្តិនាមរបស់យើងទេ»។
១១ កងទ័ពរបស់ខ្មាំងចេញពីជំរំមករៀបចំមុខសញ្ញាវាយប្រហារលើពួកលោកយូដា។ កងទ័ពសេះបានបែងចែកគ្នាជាពីរកង ពលទ័ពកាន់ដង្ហក់ និងដើរនាំមុខកងទ័ព។ ពួកគេសុទ្ធតែជាទាហានក្លាហានបំផុត! ១២ លោកបាកឃីដែសបញ្ជាខាងស្ដាំ។ កងទ័ពថ្មើរជើងចេញទៅជាពីរមុខព្រួញតាមសំឡេងត្រែ។ កងទ័ពរបស់លោកយូដាក៏ផ្លុំត្រែដែរ។ ១៣ ផែនដីកក្រើករញ្ជួយ ដោយសារតែស្នូរសន្ធឹកនៃកងទ័ពទាំងពីរ។ គេច្បាំងគ្នាតាំងពីព្រលឹមរហូតដល់ល្ងាច។ ១៤ លោកយូដាឃើញថា លោកបាកឃីដែស និងកងទ័ពមួយភាគធំរបស់គេនៅខាងស្ដាំ។ ពលទាហានដែលមានចិត្តអង់អាចក្លាហានមករួមនៅជាមួយលោកយូដា។ ១៥ ពួកគេបានវាយកម្ទេចកងទ័ពខាងស្ដាំរបស់ខ្មាំង ហើយដេញតាមរហូតដល់ជើងភ្នំអសារ៉ា។ ១៦ ប៉ុន្តែ កងទ័ពដែលនៅខាងឆ្វេងឃើញថា កងទ័ពខាងស្តាំរបស់គេត្រូវបាក់ទ័ពដូច្នេះ ពួកគេក៏ព័ទ្ធពីខាងក្រោយ ហើយវាយប្រហារមកលើលោកយូដាវិញ។ ១៧ គេច្បាំងគ្នាយ៉ាងខ្លាំងក្លាជាទីបំផុត ហើយបាត់បង់ជីវិតពលទាហានជាច្រើនទាំងសងខាង។ ១៨ លោកយូដាក៏បាត់បង់ជីវិតនៅពេលនោះដែរ ហើយពួកទាហានដែលនៅសេសសល់ទាំងប៉ុន្មាន ក៏បាក់ទ័ពអស់។ ១៩ លោកយ៉ូណាថាន និងលោកស៊ីម៉ូន នាំគ្នាយកសាកសពរបស់លោកយូដាជាបងប្អូន ទៅបញ្ចុះក្នុងផ្នូររបស់ដូនតាលោក នៅក្រុងម៉ូឌីន។ ២០ ប្រជាជនអ៊ីស្រាអែលទាំងមូលយំអាណិតលោកយូដា ហើយកាន់ទុកជាយូរថ្ងៃ។ ពួកគេនិយាយថា៖ ២១ «ម្ដេចក៏វីរបុរសសង្គ្រោះអ៊ីស្រាអែលបាត់បង់ជីវិតដូច្នេះ?» ២២ កិច្ចការឯទៀតៗដែលលោកយូដាបានធ្វើ សង្គ្រាម និងការអស្ចារ្យដ៏ល្បីល្បាញរបស់លោកមានច្រើនសន្ធឹកសន្ធាប់ ដែលពុំអាចសរសេររៀបរាប់អស់ឡើយ។
លោកយ៉ូណាថានបន្តមុខតំណែងពីលោកយូដា
២៣ បន្ទាប់ពីលោកយូដាបាត់បង់ជីវិតទៅហើយនោះ ពួកជនពាលក៏លេចមុខទៀតនៅស្រុកអ៊ីស្រាអែលទាំងមូល ហើយអស់ជនទុច្ចរិតក៏ងើបមុខដែរ។ ២៤ ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំង ប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ក៏សុខចិត្តចុះចូលជាមួយពួកគេ។ ២៥ លោកបាកឃីដែសបានជ្រើសរើសអ្នកខ្លះក្នុងចំណោមជនពាលទាំងនោះ ឲ្យគ្រប់គ្រងស្រុក។ ២៦ ពួកគេស្វែងរកចាប់បក្សពួករបស់លោកយូដាមកសួរចម្លើយ រួចនាំទៅជួបលោកបាកឃីដែស ដើម្បីធ្វើទារុណកម្ម និងចំអកដាក់បក្សពួករបស់លោកយូដាទៀតផង។ ២៧ នៅសម័យនោះ គេជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រាអែលយ៉ាងខ្លាំង តាំងពីពេលដែលលែងមានព្យាការីមក គេមិនដែលជួបប្រទះទាល់តែសោះ។ ២៨ ពេលនោះ មិត្តភក្តិរបស់លោកយូដាទាំងប៉ុន្មានក៏មកជួបជុំគ្នា ហើយនិយាយទៅកាន់លោកយ៉ូណាថានថា៖ ២៩ «តាំងពីពេលលោកយូដាជាបងរបស់លោកបាត់បង់ជីវិតទៅ គ្មាននរណាម្នាក់ដូចលោកយូដា អាចដឹកនាំពួកយើងក្នុងការប្រឆាំងនឹងសត្រូវលោកបាកឃីដែស និងជនក្បត់ជាតិយើងដូចគាត់ឡើយ។ ៣០ ដូច្នេះ នៅថ្ងៃនេះ យើងខ្ញុំសូមជ្រើសរើសលោក ដើម្បីបន្តតំណែងពីលោកយូដា គឺធ្វើជាមេដឹកនាំរបស់យើងខ្ញុំ និងធ្វើជាមេបញ្ជាការយើងខ្ញុំក្នុងការប្រយុទ្ធ»។ ៣១ លោកយ៉ូណាថានទទួលមុខងារជាមេដឹកនាំ ហើយបន្តតំណែងពីលោកយូដាជាបងរបស់លោក។
លោកយ៉ូណាថាននៅវាលរហោស្ថាន
៣២ កាលលោកបាកឃីដែសជ្រាបដំណឹងនេះ លោកក៏រកមធ្យោបាយសម្លាប់លោកយ៉ូណាថាន។ ៣៣ មានគេប្រាប់លោកយ៉ូណាថាន និងលោកស៊ីម៉ូនជាបងរបស់លោក ព្រមទាំងអស់អ្នកដែលនៅជាមួយពីគម្រោងការនេះ។ ពួកគេរត់ភៀសខ្លួនទៅវាលរហោស្ថានតេគូអា ហើយបោះទីតាំងនៅក្បែរអាងទឹកនៅអស័រ។ ៣៤ លោកបាកឃីដែសទទួលដំណឹងនេះនៅថ្ងៃសប្ប័ទ។ លោក និងកងទ័ពទាំងអស់របស់លោក នាំគ្នាឆ្លងកាត់ទន្លេយ័រដាន់។ ៣៥ លោកយ៉ូណាថានចាត់លោកយ៉ូហាន ជាបងរបស់លោក ជាអ្នកទទួលខុសត្រូវចំពោះអស់អ្នកដែលមិនមែនជាទ័ពច្បាំង ឲ្យទៅសុំការអនុញ្ញាតពីជនជាតិណាបាតេ ជាមិត្ត ដើម្បីផ្ញើអីវ៉ាន់ និងស្បៀងអាហារយ៉ាងច្រើនរបស់ពួកគេ នៅក្នុងស្រុកណាបាតេផង។ ៣៦ ប៉ុន្តែ កូនចៅរបស់លោកយ៉ាមប្រ៊ី នៅតំបន់ម៉ាដាប៉ា វាយស្ទាក់លោកយ៉ូហាននៅតាមផ្លូវ ព្រមទាំងចាប់រូបលោក និងរឹបអូសអីវ៉ាន់ទាំងអស់យកទៅ។ ៣៧ ក្រោយពីហេតុការណ៍នោះមក លោកយ៉ូណាថាន និងលោកស៊ីម៉ូនជាបងរបស់លោក ទទួលដំណឹងថា កូនចៅលោកយ៉ាមប្រ៊ីកំពុងរៀបចំមង្គលការមួយយ៉ាងអធិកអធម គឺពួកគេដង្ហែកូនក្រមុំពីក្រុងណាបាតេមក។ នាងជាកូនរបស់អភិជនមួយរូបនៅស្រុកកាណាន។ ៣៨ លោកយ៉ូណាថាន និងលោកស៊ីម៉ូននៅចាំច្បាស់ថា គឺពួកគេនេះហើយដែលបានសម្លាប់លោកយ៉ូហាន ជាបងរបស់លោក។ ពួកគេឡើងទៅពួនក្នុងគុហា ៣៩ ឃើញមានមនុស្សជាច្រើនកំពុងហែមកយ៉ាងគគ្រឹកគគ្រេង និងមានអីវ៉ាន់ជាច្រើននាំមកជាមួយផង គឺមានកូនកំលោះ ញាតិមិត្ត អ្នកកំដរកំពុង ធ្វើដំណើរទៅទទួលកូនក្រមុំ ទាំងមានគេវាយស្គរ និងប្រគំភ្លេងយ៉ាងពីរោះ ព្រមទាំងប្រដាប់អាវុធផង។ ៤០ លោកយ៉ូណាថាន និងពួកលោកចេញពីកន្លែងលាក់ខ្លួន ស្ទុះទៅវាយប្រហារសត្រូវ សម្លាប់ពួកគេអស់ជាច្រើននាក់។ រីឯអ្នកដែលសេសសល់ពីស្លាប់រត់ទៅតំបន់ភ្នំ។ ពួកយូដារឹបអូសយកទ្រព្យសម្បត្តិរបស់គេទាំងអស់។ ៤១ ដូច្នេះ ពិធីមង្គលការត្រឡប់ទៅជាពិធីកាន់ទុក្ខ ហើយភ្លេងការក៏ក្លាយទៅជាបទទំនួញទួញសោកសង្រេងវិញដែរ។ ៤២ លោកយ៉ូណាថាន និងលោកស៊ីម៉ូនធ្វើដូច្នេះ ដើម្បីសងសឹកពួកគេដែលបានសម្លាប់បងរបស់ខ្លួន ហើយត្រឡប់មកកាន់មាត់ទន្លេយ័រដាន់វិញ។
ចម្បាំងនៅមាត់ទន្លេយ័រដាន់
៤៣ ក្រោយពីបានទទួលដំណឹងពីរឿងនេះហើយ លោកបាកឃីដែស ក៏ចេញដំណើរមកកាន់មាត់ទន្លេយ័រដាន់នៅថ្ងៃសប្ប័ទ ទាំងនាំកងទ័ពមួយចំនួនធំមកជាមួយផង។ ៤៤ លោកយ៉ូណាថានមានប្រសាសន៍ទៅកាន់កងទ័ពរបស់លោកថា៖ «ចូរក្រោកឡើង! យើងនាំគ្នាប្រយុទ្ធ ដើម្បីអាយុជីវិតរបស់យើង។ យើងមិនដែលជួបប្រទះនឹងសភាពការណ៍ដ៏ធ្ងន់ធ្ងរដូចថ្ងៃនេះទេ! ៤៥ ខ្មាំងនៅពីមុខយើង ទឹកទន្លេនៅពីខាងក្រោយ មានភក់ និងព្រៃយ៉ាងក្រាស់គ្រប់កន្លែង យើងគ្មានផ្លូវថយក្រោយឡើយ។ ៤៦ ដូច្នេះ ឥឡូវនេះ ចូរស្រែកអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!»។ ៤៧ ការប្រយុទ្ធក៏ចាប់ផ្ដើម លោកយ៉ូណាថានលើកដៃបម្រុងនឹងសម្លាប់លោកបាកឃីដែស តែលោកបាកឃីដែសគេចផុតទៅខាងក្រោយកងទ័ពវិញ ហើយក៏រួចខ្លួនទៅ។ ៤៨ លោកយ៉ូណាថាន និងកងទ័ពរបស់លោក លោតចូលក្នុងទន្លេយ័រដាន់ ហែលឆ្លងទៅត្រើយម្ខាង។ ប៉ុន្តែ ខ្មាំងមិនបានឆ្លងទន្លេយ័រដាន់ដេញតាមពួកគេទេ។ ៤៩ នៅថ្ងៃនោះ ទ័ពរបស់លោកបាកឃីដែសបានបាត់បង់ជីវិត អស់ប្រហែលមួយពាន់នាក់នៅលើសមរភូមិ។
លោកបាកឃីដែសនៅស្រុកយូដា
៥០ លោកបាកឃីដែសត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយសង់កំពែងក្រុងជាច្រើននៅស្រុកយូដា។ លោកសង់កំពែងខ្ពស់ ព្រមទាំងទ្វារ និងធ្នឹមទៀតផង គឺកំពែងក្រុងយេរីខូ អេម៉ាអ៊ូស បេតហូរ៉ូន បេតអែល តាម៉ាតា ផារ៉ាតូន តេផូន។ ៥១ លោកបាកឃីដែសដាក់ទ័ពក្នុងក្រុងទាំងនោះ ដើម្បីវាយប្រហារជនជាតិអ៊ីស្រាអែល។ ៥២ លោកសង់កំពែងក្រុងបេតសួរ ក្រុងហ្កាសារ៉ា និងបន្ទាយ ក្រុងយេរូសាឡឹម។ លោកក៏ដាក់ទ័ព និងឃ្លាំងស្បៀងអាហារក្នុងក្រុងនីមួយៗ។ ៥៣ លោកចាប់កូនប្រុសរបស់មេដឹកនាំទាំងប៉ុន្មានក្នុងស្រុក ធ្វើជាចំណាប់ខ្មាំង ហើយដាក់គុកកូនទាំងនោះនៅក្នុងបន្ទាយ ក្រុងយេរូសាឡឹម។
៥៤ នៅខែទីពីរ ឆ្នាំ១៥៣ លោកអាលគីមបានបង្គាប់ឲ្យគេរំលំជញ្ជាំងនៃទីលានខាងក្នុងព្រះវិហារ គឺលោកបំផ្លាញស្នាដៃដែលព្យាការីបានកសាង។ លោកឲ្យគេចាប់ផ្ដើមរុះរើជញ្ជាំងនោះ ចោល។ ៥៥ ពេលនោះ លោកអាលគីមឡើងឈាម ស្ពឹកដៃជើង គេក៏ឈប់រុះជញ្ជាំងនោះទៅ។ លោកមិនអាចបើកមាត់រួច សូម្បីតែនិយាយស្តីមួយម៉ាត់ក៏មិនបាន ហើយផ្តែផ្តាំអ្វីដល់គ្រួសារមួយម៉ាត់ក៏មិនកើតដែរ។ ៥៦ លោកអាលគីមទទួលមរណភាពនៅពេលនោះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង។ ៥៧ កាលលោកបាកឃីដែសដឹងថា លោកអាលគីមស្លាប់ហើយ លោកក៏ត្រឡប់ទៅគាល់ព្រះបាទដេម៉េទ្រីយ៉ូសវិញ។ ស្រុកយូដាក៏បានសេចក្ដីសុខសាន្តត្រាណក្នុងរយៈពេលពីរឆ្នាំ។
លោកបាកឃីដែសបរាជ័យ
៥៨ គ្រានោះ ជនពាលទាំងប៉ុន្មានមកជួបជុំពិភាក្សាគ្នា ហើយពោលថា៖ «សូមគិតមើលលោកយ៉ូណាថាន និងបក្សពួករបស់គេរស់នៅដោយសេចក្ដីសុខសាន្ត ហើយគេគ្មានប្រយ័ត្នប្រយែងអ្វីឡើយ!។ ឥឡូវនេះ យើងសូមអញ្ជើញលោកបាកឃីដែសមក។ លោកមុខជាចាប់ពួកគេទាំងអស់តែមួយយប់ប៉ុណ្ណោះ»។ ៥៩ ពួកជនពាលក៏នាំគ្នាទៅពិភាក្សាជាមួយលោកបាកឃីដែស។ ៦០ លោកបាកឃីដែសចេញដំណើរភ្លាម ទាំងនាំកងទ័ពយ៉ាងច្រើនទៅជាមួយផង។ លោកសរសេរលិខិតជាសម្ងាត់ទៅឲ្យបក្សពួករបស់លោកនៅស្រុកយូដា សូមឲ្យពួកគេចាប់លោកយ៉ូណាថាន និងអស់អ្នកនៅជាមួយផង។ ប៉ុន្តែ ពួកគេមិនអាចសម្រេចគម្រោងការនេះឡើយ ព្រោះត្រូវបែកការណ៍។ ៦១ ផ្ទុយទៅវិញ លោកយ៉ូណាថាន ចាប់ពួកមេបង្កើតគម្រោងការនេះនៅក្នុងស្រុកចំនួនហាសិបនាក់ យកទៅសម្លាប់ចោល។ ៦២ បន្ទាប់មក លោកយ៉ូណាថាន លោកស៊ីម៉ូន និងបក្សពួករបស់លោក ក៏ភៀសខ្លួនទៅវាលរហោស្ថានត្រង់ក្រុងបេតបាស៊ី។ ពួកគេជួសជុលក្រុងដែលបាក់បែកនោះ ហើយសង់កំពែងក្រុងនោះផង។ ៦៣ កាលលោកបាកឃីដែសជ្រាបដំណឹងនេះ ក៏ប្រមូលកងទ័ពមកជួបជុំគ្នា និងប្រាប់បក្សពួករបស់គាត់ដែលនៅស្រុកយូដាឲ្យត្រៀមខ្លួន។ ៦៤ លោកក៏បោះទ័ពនៅទល់មុខក្រុងបេតបាស៊ីនេះអស់រយៈពេលជាយូរថ្ងៃ ដោយប្រើគ្រឿងសឹកទៀតផង។ ៦៥ លោកយ៉ូណាថានទុកលោកស៊ីម៉ូនជាបងឲ្យនៅក្នុងក្រុងនោះ រួចលោកនាំពលទាហានមួយចំនួនតូច ចេញពីក្រុងទៅកាន់ទីវាល។ ៦៦ លោកវាយឈ្នះលោកអូដូម៉េរ៉ា និងបងប្អូនគេ ព្រមទាំងកូនចៅរបស់ផាស៊ីរ៉ូនដែលស្ថិតនៅក្នុងជំរំ។ ពួកនេះសុខចិត្តចូលរួមជាមួយលោកយ៉ូណាថាន ហើយនាំគ្នាវាយសម្រុកលើកងទ័ពរបស់លោកបាកឃីដែស។ ៦៧ ពេលនោះ លោកស៊ីម៉ូន និងកងទ័ពរបស់លោកចេញពីទីក្រុងមក ហើយដុតបំផ្លាញគ្រឿងសឹករបស់ខ្មាំងចោល។ ៦៨ ពួកគេវាយកម្ទេចកងទ័ពរបស់លោកបាកឃីដែស ហើយលោកបាកឃីដែសបាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះគម្រោងការរបស់គាត់ត្រូវបរាជ័យ។ ៦៩ លោកខឹងនឹងជនជាតិយូដាដែលបានហៅលោកឲ្យមកតំបន់នោះ។ លោកសម្លាប់ពួកគេជាច្រើន រួចសម្រេចចិត្តវិលត្រឡប់ទៅស្រុករបស់លោកវិញ។ ៧០ កាលលោកយ៉ូណាថានជ្រាបដំណឹងនេះ គាត់ចាត់អ្នកនាំសារទៅជួបលោកបាកឃីដែស ដើម្បីចរចារកសន្តិភាព និងចរចាអំពីឈ្លើយ ឲ្យត្រឡប់មកស្រុកវិញ។ ៧១ លោកបាកឃីដែសយល់ព្រមតាមសំណូមពររបស់លោកយ៉ូណាថាន ដោយស្បថយ៉ាងម៉ឺងម៉ាត់ថា លោកមិនរករឿងជាមួយលោកយ៉ូណាថានអស់មួយជីវិត។ ៧២ លោកបាកឃីដែសប្រគល់អស់អ្នក ដែលលោកចាប់ជាឈ្លើយនៅស្រុកយូដា ឲ្យវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយឈប់មកឈ្លានពានទឹកដីយូដាទៀត។ ៧៣ គ្រានោះ ស្រុកអ៊ីស្រាអែលលែងមានសង្គ្រាមទៀតហើយ។ លោកយ៉ូណាថានបានស្នាក់នៅក្នុងក្រុងម៉ាខម៉ា។ លោកគ្រប់គ្រងប្រជាជន ហើយលុបបំបាត់ជនពាលចេញពីចំណោមជនជាតិអ៊ីស្រាអែល។
១០
ព្រះបាទអឡិចសង់បាឡាសតែងតាំងលោកយ៉ូណាថានជាមហាបូជាចារ្យ
១ នៅឆ្នាំ១៦០ ព្រះបាទអឡិចសង់អេពីផាន ជាបុត្រព្រះបាទអន់ទីយ៉ូគូស ធ្វើដំណើរតាមសំពៅ ហើយសំចតក្បែរក្រុងផ្ទោឡេម៉ៃស៍ រួចវាយដណ្ដើមយកក្រុងនោះ។ ប្រជាជនអបអរសាទរ ហើយតែងតាំង លោកជាស្ដេចរបស់ពួកគេផង។ ២ កាលព្រះបាទដេម៉េទ្រីយ៉ូសជ្រាបដំណឹងនេះ ព្រះអង្គប្រមូលកងទ័ពដែលមានកម្លាំងខ្លាំងក្លា ហើយយាងចេញទៅច្បាំងនឹងព្រះបាទអឡិចសង់នោះ។ ៣ ព្រះបាទដេម៉េទ្រីយ៉ូសផ្ញើសារមួយច្បាប់ជូនលោកយ៉ូណាថានសុំសន្តិភាព ដោយសន្យាជាច្រើនជាមួយលោកផង។ ៤ ព្រះរាជាឈ្វេងយល់ថា៖ «យើងត្រូវចុះសន្ធិសញ្ញាសន្តិភាពជាមួយពួកយូដាយ៉ាងប្រញាប់ ក្រែងពួកគេរួបរួមជាមួយព្រះបាទអឡិចសង់ប្រឆាំងនឹងយើង។ ៥ នៅពេលនោះ លោកយ៉ូណាថានមុខជានឹកគិតពីទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងបានធ្វើដល់លោក ដល់បងប្អូនលោក និងជនជាតិលោកមិនខាន»។ ៦ ព្រះបាទដេម៉េទ្រីយ៉ូសអនុញ្ញាតឲ្យលោកយ៉ូណាថានកេណ្ឌទ័ព និងគ្រឿងសាស្រ្តាវុធ ព្រមទាំងធ្វើទៅជាសម្ពន្ធមិត្តរបស់ព្រះអង្គផង។ ព្រះរាជាចេញរាជបញ្ជាឲ្យដោះលែងអស់អ្នកដែលព្រះអង្គចាប់យកជាចំណាប់ខ្មាំង ហើយឃុំឃាំងក្នុងបន្ទាយក្រុងយេរូសាឡឹម ប្រគល់ឲ្យលោកយ៉ូណាថានវិញ។ ៧ ពេលនោះ លោកយ៉ូណាថានអញ្ជើញទៅដល់ក្រុងយេរូសាឡឹម ហើយអានសារនៅចំពោះមុខប្រជាជនទាំងមូល និងឲ្យពលទាហាននៅក្នុងបន្ទាយស្តាប់។ ៨ ពួកគេភ័យខ្លាចជាខ្លាំងដោយឮថា ព្រះករុណាអនុញ្ញាតឲ្យលោកយ៉ូណាថានប្រមូលកងទ័ព។ ៩ ពួកទាហាននៅក្នុងបន្ទាយ ប្រគល់អ្នកដែលគេចាប់ទុកជាថ្នូរឲ្យទៅលោកយ៉ូណាថាន ហើយលោកក៏ប្រគល់ពួកគេ ឲ្យក្រុមគ្រួសាររបស់គេរៀងៗខ្លួនដែរ។ ១០ លោកយ៉ូណាថានតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម ហើយចាប់ផ្ដើមជួសជុល និងសង់ក្រុងនេះឡើងវិញ។ ១១ លោកបង្គាប់ឲ្យមេជាងសង់កំពែង និងយកថ្មដាប់ធ្វើជាកំពែងការពារជុំវិញភ្នំស៊ីយ៉ូនផង។ ពួកមេជាងក៏ធ្វើតាមបញ្ជារបស់លោកដែរ។ ១២ ពួកសាសន៍ដទៃដែលរស់នៅក្នុងក្រុងនានា ដែលលោកបាកឃីដែសបានសង់នោះ រត់បាត់អស់ទៅ ១៣ គឺពួកគេបោះបង់កន្លែងរបស់ខ្លួន ហើយវិលទៅកាន់ស្រុករៀងៗខ្លួនវិញ។ ១៤ ប៉ុន្តែ នៅក្រុងបេតសួរ គេទុកជនជាតិយូដាខ្លះដែលបោះបង់ចោលវិន័យ និងបទបញ្ជារបស់លោកម៉ូសេឲ្យនៅក្នុងក្រុង ព្រោះក្រុងនេះជាទីជម្រករបស់ពួកគេ។
១៥ ព្រះបាទអឡិចសង់ជ្រាបអំពីព្រះបន្ទូលសន្យារបស់ព្រះបាទដេម៉េទ្រីយ៉ូស ចំពោះលោកយ៉ូណាថាន។ មានគេទូលរៀបរាប់អំពីការធ្វើសង្គ្រាម និងសេចក្ដីអង់អាចក្លាហានរបស់លោកយ៉ូណាថាន និងបងប្អូនរបស់លោក ព្រមទាំងទុក្ខវេទនារបស់ពួកគេផង។ ១៦ ព្រះរាជាមានរាជឱង្ការថា៖ «យើងមិនអាចរកនរណាម្នាក់ដូចលោកយ៉ូណាថានទេ! យើងត្រូវតែចងមិត្តភាព និងចងសម្ពន្ធមិត្តជាមួយលោកចាប់ពីពេលនេះទៅ»។ ១៧ ព្រះរាជាសរសេររាជសារមួយច្បាប់ជូនលោកយ៉ូណាថាន មានសេចក្ដីដូចតទៅ៖
១៨ «ព្រះបាទអឡិចសង់ជម្រាបមកលោកយ៉ូណាថាន ជាបងប្អូន សូមជ្រាប។ ១៩ យើងឮគេពោលថា លោកជាវីរជនមួយរូបប្រកបដោយសេចក្ដីក្លាហាន គួរធ្វើជាមិត្តរបស់យើង។ ២០ ហេតុនេះហើយ តាំងពីថ្ងៃនេះ យើងតែងតាំងលោកឲ្យធ្វើជាមហាបូជាចារ្យ សម្រាប់ជាតិរបស់លោករហូតតទៅ។ យើងប្រគល់ឲ្យលោកមានឋានៈជាមិត្តរបស់ព្រះករុណាផងដែរ។ លោកត្រូវគាំទ្រយើង និងនៅជាមិត្តរបស់យើង កាន់តាមយើង»។ ព្រះរាជាប្រទានអាវធំពណ៌ក្រហម និងមកុដមាសឲ្យលោកផងដែរ។
២១ លោកយ៉ូណាថានពាក់អាវដ៏សក្ការៈជាមហាបូជាចារ្យនៅថ្ងៃទី៧ ក្នុងឆ្នាំ ១៦០ គឺក្នុងឱកាសបុណ្យបារាំ។ លោកប្រមូលកងទ័ព ហើយផលិតគ្រឿងអាវុធជាច្រើន។
ព្រះបាទដេម៉េទ្រីយ៉ូសប្រទានអភ័យឯកសិទ្ធិដល់ជនជាតិយូដា
២២ ពេលព្រះបាទដេម៉េទ្រីយ៉ូសជ្រាបរឿងនេះ ព្រះអង្គទាស់ព្រះហឫទ័យ ហើយមានរាជឱង្ការថា៖ ២៣ «តើយើងបានប្រព្រឹត្តអ្វីខុស ទើបព្រះបាទអឡិចសង់ទាក់ទាញជនជាតិយូដាឲ្យស្រលាញ់ និងគាំទ្រគេមុនយើងដូច្នេះ! ២៤ យើងនឹងផ្ញើសារមួយច្បាប់លើកទឹកចិត្តពួកគេ ដោយប្រទានឋានន្តរសក្តិដ៏ខ្ពង់ខ្ពស់ និងរាជអំណាចជាច្រើនដើម្បីឲ្យពួកគេគាំទ្រយើង!»។ ២៥ ព្រះបាទដេម៉េទ្រីយ៉ូសសរសេររាជ សារមានសេចក្ដីដូចតទៅ៖
«ព្រះបាទដេម៉េទ្រីយ៉ូសជម្រាបមកជនជាតិយូដា សូមជ្រាប! ២៦ យើងទទួលដំណឹងថា អស់លោកនៅតែគោរពសន្ធិសញ្ញាដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។ អស់លោកនៅតែជាមិត្តរបស់យើង ហើយក៏មិនបានចូលដៃជាមួយសត្រូវរបស់យើងដែរ។ ដូច្នេះ យើងមានអំណរជាខ្លាំង! ២៧ ប្រសិនបើអស់លោកនៅតែស្មោះត្រង់ចំពោះយើងតទៅទៀត យើងនឹងប្រទានរង្វាន់ដល់អស់លោក។ ២៨ យើងនឹងឈប់ឲ្យអស់លោកបង់ពន្ធអាករជាច្រើន ហើយយើងប្រទានអំណោយជាច្រើនថែមទៀតផង។ ២៩ តាំងពីថ្ងៃនេះតទៅ ប្រជាជាតិយូដាទាំងអស់ មិនត្រូវបង់ពន្ធអាករប្រចាំឆ្នាំ ពន្ធអំបិល ព្រមទាំងពន្ធមកុដមាសផង! ៣០ ម្យ៉ាងទៀត តាំងពីថ្ងៃនេះតទៅ យើងលែងទាមទារមួយភាគបីនៃភោគផលនានា និងពាក់កណ្តាលជាផ្លែឈើ ដែលអស់លោកត្រូវប្រគល់ឲ្យយើង។ យើងលែងទាមទារពន្ធទាំងនោះពីស្រុកយូដា និងតំបន់ទាំងបីនៃស្រុកសាម៉ារី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា ព្រមទាំងស្រុកកាលីឡេផង។ ៣១ ក្រុងយេរូសាឡឹមនឹងទៅជាក្រុងដ៏វិសុទ្ធទាំងអ្នកក្រុង ទាំងអ្នកស្រុកទាំងប៉ុន្មាននៅជុំវិញក្រុងនោះ មិនត្រូវបង់ពន្ធដារ និងតង្វាយមួយភាគដប់នៃភោគផលឡើយ។ ៣២ យើងឈប់គ្រប់គ្រងបន្ទាយក្រុងយេរូសាឡឹម ហើយប្រគល់ក្រុងនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាបូជាចារ្យវិញ លោកអាចជ្រើសរើសកងទ័ពសម្រាប់ការពារក្រុងនេះផង។ ៣៣ យើងនឹងដោះលែងជនជាតិយូដាទាំងប៉ុន្មាន ដែលគេចាប់យកទៅជាឈ្លើយនៅស្រុកយូដា ទោះបីនៅកន្លែងណាក៏ដោយ ក្នុងរាជាណាចក្ររបស់យើងឲ្យមានសេរីភាពដោយមិនបាច់បង់ថ្លៃលោះខ្លួនវិញទេ គឺពួកគេរួចពីពន្ធអាករ ទាំងខ្លួនគេ ទាំងសត្វរបស់គេផង។ ៣៤ មិនត្រូវទារពន្ធដារ ឬបំណុលពីជនជាតិយូដាទាំងប៉ុន្មានដែលរស់នៅក្នុងរាជាណាចក្ររបស់យើង នៅថ្ងៃធ្វើ ពិធីទាំងឡាយ នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ ហើយនៅថ្ងៃបុណ្យដែលគេប្រារព្ធតាមពេលកំណត់ ក្នុងកំឡុងពេលបីថ្ងៃមុន និងបីថ្ងៃក្រោយផង។ ៣៥ គ្មាននរណាម្នាក់មានសិទ្ធិទាមទារឲ្យគេបង់ប្រាក់ ឬធ្វើឲ្យគេបារម្ភអំពីរឿងអ្វីមួយនៅថ្ងៃទាំងនោះឡើយ។ ៣៦ គេអាចកេណ្ឌប្រជាជនយូដារហូតដល់បីម៉ឺននាក់ ឲ្យចូលបម្រើកងទ័ពរបស់ព្រះរាជា ហើយពួកគេនឹងទទួលប្រាក់ខែ ដូចទាហានឯទៀត ក្នុងរាជាណាចក្រដែរ។ ៣៧ ត្រូវចាត់ពួកគេខ្លះនៅក្នុងបន្ទាយដ៏សំខាន់ៗ ត្រូវតែងតាំងជនជាតិយូដាខ្លះទៀត ឲ្យបំពេញមុខងារគួរឲ្យទុកចិត្តក្នុងរាជាណាចក្រ។ ត្រូវជ្រើសរើសមេដឹកនាំ និងមន្ត្រីរបស់ពួកគេ ក្នុងចំណោមជនជាតិគេ ហើយគេមានសិទ្ធិគោរពវិន័យរបស់គេ ដូចព្រះរាជាបានចេញបញ្ជាសម្រាប់ស្រុកយូដា។ ៣៨ ចំពោះអាណាខេត្តបីដែលជនជាតិយូដាដណ្ដើមយកពីស្រុកសាម៉ារី ចូរស្ថិតនៅចំណុះស្រុកយូដា និងជាស្រុកតែមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាបូជាចារ្យតែម្នាក់ប៉ុណ្ណោះ។
៣៩ យើងប្រគល់ក្រុងផ្ទោឡេម៉ៃស៍ និងទឹកដីដែលជាប់នៅក្រុងនេះ ថ្វាយព្រះវិហារក្រុងយេរូសាឡឹម ដើម្បីយកបច្ច័យ សម្រាប់ចំណាយក្នុងពិធីបុណ្យ។ ៤០ រីឯយើងវិញ យើងសន្យាថានឹងឲ្យប្រាក់ចំនួនមួយម៉ឺនប្រាំពាន់ណែនជារៀងរាល់ឆ្នាំពីរាជទ្រព្យ តាមពន្ធដែលគេប្រមូលទុកនោះ។ ៤១ ម្យ៉ាងទៀត តាំងពីពេលនេះតទៅ រាជការនឹងផ្តល់ប្រាក់ ដើម្បីជុសជុលព្រះវិហារ ជាថ្នូរប្រាក់ទាំងប៉ុន្មានដែលពួកគេមិនបានបង់ពីឆ្នាំមុនៗមក ៤២ ហើយផ្តល់ប្រាក់ប្រាំពាន់ណែនទៀតដែលរាជការធ្លាប់ទាមទារពីបច្ច័យនៃព្រះវិហារជារៀងរាល់ឆ្នាំ មកក្រុមបូជាចារ្យដែលបំពេញការងាររបស់ខ្លួន។ ៤៣ អស់អ្នកដែលរត់ទៅជ្រកនៅក្នុងព្រះវិហារយេរូសាឡឹម ឬក្នុងបរិវេណព្រះវិហារ ព្រោះមិនបានបង់ពន្ធដារ ឬ ព្រោះមូលហេតុផ្សេងៗទៀតនឹងបានរូចខ្លួន ហើយមានសេរីភាពនឹងថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន ទោះនៅកន្លែងណាក៏ដោយ ក្នុងរាជាណាចក្ររបស់យើង។
៤៤ ចំណែកឯប្រាក់ចំណាយក្នុងការសង់ ឬជួសជុលទីសក្ការៈ ត្រូវយកពីរាជទ្រព្យ។ ៤៥ ប្រាក់ដែលត្រូវចំណាយសម្រាប់សង់ជញ្ជាំង និងកំពែងក្រុងយេរូសាឡឹម ឬកំពែងក្រុងផ្សេងៗនៅស្រុកយូដា ក៏ត្រូវយកពីរាជទ្រព្យដែរ»។
ព្រះបាទដេម៉េទ្រីយ៉ូសសោយទិវង្គត
៤៦ ពេលលោកយ៉ូណាថាន និងប្រជាជន បានឮសេចក្ដីក្នុងរាជសារនោះ ពួកគេមិនព្រមជឿ និងចាប់អារម្មណ៍ទេ ព្រោះគេនៅតែនឹកឃើញពីអំពើអាក្រក់ទាំងប៉ុន្មាន ដែលព្រះបាទដេម៉េទ្រីយ៉ូសបានប្រព្រឹត្តនៅស្រុកអ៊ីស្រាអែល ហើយនឹកឃើញពីការជិះជាន់សង្កត់សង្កិនរបស់ស្ដេចទៅលើពួកគេ។ ៤៧ ដូច្នេះ ពួកគេសម្រេចចិត្តគាំទ្រព្រះបាទអឡិចសង់ ព្រោះគេយល់ថា ព្រះបាទអឡិចសង់មានព្រះបន្ទូលមកគេដោយចង់បានសន្តិភាព ហើយពួកគេធ្វើសម្ពន្ធមិត្តរបស់ស្ដេចរហូត។ ៤៨ ព្រះបាទអឡិចសង់ប្រមូលកងទ័ពជាច្រើន ហើយចេញទៅច្បាំងនឹងព្រះបាទដេម៉េទ្រីយ៉ូស។ ៤៩ ប៉ុន្តែ នៅពេលដែលកងទ័ពនៃស្ដេចទាំងពីរប្រយុទ្ធគ្នា កងទ័ពរបស់ព្រះបាទអឡិចសង់នាំគ្នារត់។ ព្រះបាទដេម៉េទ្រីយ៉ូសដេញតាមពួកគេ ហើយក៏មានជ័យជម្នះលើកងទ័ពរបស់សត្រូវ ៥០ ព្រះអង្គប្រយុទ្ធយ៉ាងខ្លាំងរហូតដល់ពេលថ្ងៃលិច ប៉ុន្តែ ព្រះបាទដេម៉េទ្រីយ៉ូសក៏សោយទិវង្គតនៅថ្ងៃនោះទៅ។
ព្រះបាទអឡិចសង់បាឡាសចងសម្ពន្ធមិត្តជាមួយលោកយ៉ូណាថាន
៥១ ព្រះបាទអឡិចសង់ចាត់រាជទូតឲ្យនាំរាជសារទៅគាល់ព្រះបាទផ្ទូលេមេ ជាព្រះមហាក្សត្រស្រុកអេស៊ីប ដែលមានសេចក្ដីដូចតទៅ៖
៥២ យើងវិលត្រឡប់មកកាន់រាជាណាចក្ររបស់យើងវិញ គង់លើបល្ល័ង្កនៃអយ្យកោរបស់យើង ហើយកាន់អំណាច ព្រមទាំងកម្ទេចកងទ័ពដេម៉េទ្រីយ៉ូស។ យើងគ្រប់គ្រងស្រុករបស់យើងទាំងមូល។ ៥៣ យើងច្បាំងនឹងព្រះបាទដេម៉េទ្រីយ៉ូស គឺកម្ទេចទាំងស្ដេច ទាំងកងទ័ព ហើយដណ្ដើមយករាជបល្ល័ង្កទៀតផង។ ៥៤ ឥឡូវនេះ យើងសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា មេត្តាប្រោសប្រណីលើករាជបុត្រីរបស់ព្រះករុណា ឲ្យធ្វើជាព្រះមហេសីរបស់យើង យើងក៏ទៅជាបុត្រសុណិសារបស់ព្រះអង្គដែរ។ យើងនឹងរៀបបណ្តាការថ្វាយព្រះករុណា និងព្រះនាង ឲ្យសក្តិសមនឹងឋានៈរបស់ព្រះករុណា»។
៥៥ ព្រះបាទផ្ទូលេមេឆ្លើយតបថា៖ «សូមអបអរសាទរ ថ្ងៃដែលព្រះរាជាយាងត្រឡប់ចូលក្នុងស្រុកអយ្យកោរបស់ព្រះរាជាវិញ! សូមអបអរសាទរព្រះរាជាឡើងគង់លើរាជបល្ល័ង្កផង!។ ៥៦ ឥឡូវនេះ យើងយល់ព្រមតាមសំណូមពរដែលព្រះរាជាបានសរសេរនោះ សូមព្រះរាជាយាងមកជួបយើងនៅក្រុងផ្ទោឡេម៉ៃស៍ ដើម្បីពិភាក្សាគ្នា។ យើងនឹងលើករាជបុត្រីរបស់យើងថ្វាយតាមសំណូមពរនោះ»។ ៥៧ នៅឆ្នាំ ១៦២ ព្រះបាទផ្ទូលេមេ និងនាងក្លេអូប៉ាត្រជាបុត្រី យាងចេញពីស្រុកអេស៊ីប មកដល់ក្រុងផ្ទោឡេម៉ៃស៍។ ៥៨ ព្រះបាទអឡិចសង់យាងចេញទៅទទួលព្រះបាទផ្ទូលេមេ។ ព្រះបាទផ្ទូលេមេក៏លើកព្រះនាងក្លេអូប៉ាត្រ ជាបុត្រីថ្វាយព្រះបាទអឡិចសង់ ហើយរៀបអភិសេកយ៉ាងឱឡារិក នៅក្រុងផ្ទោឡេម៉ៃស៍ តាមទំនៀមទម្លាប់របស់ព្រះមហាក្សត្រ។ ៥៩ ព្រះបាទអឡិចសង់សរសេរលិខិតមួយច្បាប់ អញ្ជើញលោកយ៉ូណាថានឲ្យមកគាល់។ ៦០ លោកយ៉ូណាថានអញ្ជើញទៅកាន់ក្រុងផ្ទោឡេម៉ៃស៍យ៉ាងអធិកអធម ហើយលោកក៏ចូលទៅគាល់ស្ដេចទាំងពីរអង្គនៅក្រុងនោះ។ លោកនាំយកជំនូនជាច្រើន គឺប្រាក់ និងមាស ថ្វាយព្រះមហាក្សត្រ និងមន្ត្រីរបស់ស្ដេចទាំងពីរ ហើយបានគាប់ព្រះហឫទ័យព្រះមហាក្សត្រទាំងពីរអង្គនោះ។ ៦១ ប៉ុន្តែ នៅពេលនោះ មានជនពាលខ្លះដែលជាអ្នកបង្កភាពអន្តរាយដល់ប្រជាជនអ៊ីស្រាអែល ព្រួតដៃគ្នាប្រឆាំងនឹងលោកយ៉ូណាថាន ហើយនាំគ្នាចោទប្រកាន់លោកទៅព្រះមហាក្សត្រ។ ប៉ុន្តែ ព្រះបាទអឡិចសង់មិនយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីចោទប្រកាន់នោះទេ។ ៦២ ព្រះរាជាបញ្ជាឲ្យផ្លាស់សម្លៀកបំពាក់របស់លោកយ៉ូណាថានចេញ និងបំពាក់អាវផាយពណ៌ស្វាយរបស់ស្ដេចវិញ។ ៦៣ ព្រះរាជាប្រោសប្រទានឲ្យលោកយ៉ូណាថានអង្គុយនៅក្បែរព្រះអង្គ ហើយមានរាជឱង្ការប្រាប់នាម៉ឺនមន្ត្រីថា៖ «សូមនាំលោកយ៉ូណាថានទៅកណ្តាលទីក្រុង ហើយប្រកាសថា មិនអនុញ្ញាតឲ្យនរណាម្នាក់ប្តឹងលោកពីមូលហេតុណាមួយឡើយ! ឬសូមកុំឲ្យនរណាម្នាក់រករឿងលោក ដោយប្រការណាមួយឡើយ!»។ ៦៤ ពេលជនពាលដែលចោទប្រកាន់លោកយ៉ូណាថានឃើញថា លោកទទួលកិត្តិយសតាមសេចក្ដីប្រកាសរបស់ព្រះមហាក្សត្របែបនេះ និងឃើញថាលោកពាក់អាវផាយពណ៌ស្វាយរបស់ស្ដេចដូច្នេះ ពួកគេក៏រត់បាត់អស់ទៅ។ ៦៥ ព្រះមហាក្សត្រផ្តល់កិត្តិយសឲ្យលោកយ៉ូណាថាន ដោយចុះឈ្មោះលោកក្នុងចំណោមមិត្តភក្តិជិតដិតរបស់ស្ដេច ហើយតែងតាំងលោកជាមេដឹកនាំ និងជាទេសាភិបាលផង។ ៦៦ លោកយ៉ូណាថានវិលត្រឡប់ទៅកាន់ក្រុងយេរូសាឡឹមវិញដោយសុខសាន្ត និងអំណរសប្បាយរីករាយ។
លោកយ៉ូណាថានមានជ័យជម្នះលើលោកអាប៉ូឡូនីយ៉ូស
៦៧ នៅឆ្នាំ១៦៥ សម្ដេចដេម៉េទ្រីយ៉ូស ជាបុត្ររបស់ព្រះបាទដេម៉េទ្រីយ៉ូស យាងចាកចេញពីកោះក្រែត មកដល់ស្រុកស៊ីរី ជាទឹកដីរបស់ព្រះអយ្យកោសម្ដេច។ ៦៨ ពេលព្រះបាទអឡិចសង់ជ្រាបដំណឹងនេះ ព្រះអង្គទាស់ព្រះហឫទ័យ ហើយយាងត្រឡប់ទៅកាន់ក្រុងអន់ទីយ៉ូកវិញ។ ៦៩ ព្រះបាទដេម៉េទ្រីយ៉ូសតែងតាំងលោកអាប៉ូឡូនីយ៉ូស ធ្វើជាទេសាភិបាល ក្នុងស្រុកសេឡើស៊ីរី។ លោកអាប៉ូឡូនីយ៉ូសប្រមូលកងទ័ពជាច្រើន មកបោះទីតាំងនៅក្បែរក្រុងយ៉ាមនីយ៉ា ហើយចាត់គេឲ្យទៅជម្រាបលោកយ៉ូណាថាន ជាមហាបូជាចារ្យថា៖ ៧០ «មានតែលោកម្នាក់គត់ដែលប្រឆាំងនឹងយើង! គេចំអកដាក់យើង ហើយយើងត្រូវអាម៉ាស់ដោយសារតែលោក! ហេតុអ្វីបានជាលោកកាន់អំណាចនៅលើភ្នំនេះ ប្រឆាំងនឹងយើងដូច្នេះ? ៧១ ប្រសិនបើលោកជឿទុកចិត្តលើកងទ័ពរបស់លោកមែននោះ ចូរចេញមកវាលហើយប្រយុទ្ធនឹងយើង ដើម្បីសាកល្បងកម្លាំងគ្នា ដ្បិតយើងមានកម្លាំងពីក្រុងទាំងឡាយជាជំនួយ។ ៧២ ចូរស៊ើបសួរឲ្យច្បាស់ នោះលោកពិតជាដឹងថា តើយើងជានរណា ហើយនរណាខ្លះជាអ្នករួមតយុទ្ធជាមួយយើងដែរ។ គេតែងពោលថា អ្នករាល់គ្នាពុំអាចទប់ទល់នឹងកម្លាំងទ័ពរបស់យើងបានទេ ព្រោះដូនតារបស់អ្នកបានបរាជ័យពីរដងរួចទៅហើយនៅស្រុករបស់ខ្លួន។ ៧៣ អ្នកពុំអាចទប់ទល់នឹងទ័ពសេះរបស់យើងបានទេ ហើយនៅទីវាលនោះជាកន្លែងគ្មានភ្នំ គ្មានផ្ទាំងថ្មលាក់ខ្លួន គ្មានទីរត់គេច គ្មានជម្រកភៀសខ្លួន អ្នកពុំអាចទប់ទល់នឹងកងទ័ពរបស់យើងដែលមានគ្នាច្រើនយ៉ាងនេះបានដែរ!»។ ៧៤ ពេលលោកយ៉ូណាថានឮពាក្យរបស់លោកអាប៉ូឡូនីយ៉ូសដូច្នេះ លោកជ្រួលច្របល់ក្នុងចិត្តយ៉ាងខ្លាំង។ លោកជ្រើសរើសយកកងទ័ពមួយម៉ឺននាក់ ចេញពីក្រុងយេរូសាឡឹម។ លោកស៊ីម៉ូនជាបង ក៏នាំកងទ័ពទៅជួយលោកដែរ។ ៧៥ លោកបោះទ័ពនៅខាងមុខក្រុងយ៉ូប៉េ។ ប្រជាជនបិទទ្វារក្រុងមិនព្រមឲ្យលោកចូលទេ ព្រោះមានកងទ័ពរបស់លោកអាប៉ូឡូនីយ៉ូសនៅក្នុងក្រុងនោះ។ លោកយ៉ូណាថានចាប់ផ្ដើមវាយសម្រុក។ ៧៦ ពេលនោះ ប្រជាជននាំគ្នាភ័យខ្លាចក៏បើកទ្វារក្រុង ហើយលោកយ៉ូណាថានក៏ដណ្ដើមយកបានក្រុងយ៉ូប៉េមកគ្រប់គ្រង។ ៧៧ កាលលោកអាប៉ូឡូនីយ៉ូសជ្រាបដំណឹងនេះ គាត់លើកទ័ពសេះចំនួនបីពាន់នាក់ និងកងទ័ពថ្មើរជើងជាច្រើន ធ្វើដំណើរតម្រង់ទៅក្រុងអាសូតូ ដូចជាមានបំណងកាត់ស្រុក។ ប៉ុន្តែ ពេលនោះ លោកចូលទៅក្នុងវាលដោយទុកចិត្តលើទ័ពសេះដ៏ច្រើនរបស់លោក។ ៧៨ លោកយ៉ូណាថានដេញតាមគាត់នៅក្បែរក្រុងអាសូតូហើយកងទ័ពទាំងពីរប្រយុទ្ធគ្នា។ ៧៩ លោកអាប៉ូឡូនីយ៉ូសបានទុកទ័ពសេះមួយពាន់នាក់ខាងក្រោយកងទ័ពរបស់លោកយ៉ូណាថាន។ ៨០ លោកយ៉ូណាថានដឹងពីគម្រោងការដែលគេពួនវាយស្ទាក់លោកពីក្រោយ។ ទ័ពសេះរបស់លោកអាប៉ូឡូនីយ៉ូស ឡោមព័ទ្ធកងទ័ពរបស់លោកយ៉ូណាថាន ហើយបាញ់ព្រួញលើកងទ័ពអ៊ីស្រាអែល តាំងពីព្រឹករហូតដល់ល្ងាច។ ៨១ ប៉ុន្តែ កងទ័ពរបស់លោកយ៉ូណាថានទប់ទល់យ៉ាងអង់អាច តាមបញ្ជារបស់លោក បណ្ដាលឲ្យសេះរបស់សត្រូវអស់កម្លាំងជាខ្លាំង។ ៨២ ពេលនោះ ស្រាប់តែលោកស៊ីម៉ូននាំកងទ័ពរបស់ខ្លួន វាយប្រហារកងទ័ពថ្មើរជើងរបស់សត្រូវ ក្នុងពេលសេះកំពុងតែអស់កម្លាំង ហើយលោកស៊ីម៉ូនវាយកម្ទេចកងទ័ពខ្មាំងដែលបាក់ទ័ពរត់អស់។ ៨៣ ទ័ពសេះរត់ខ្ចាត់ខ្ចាយនៅតាមវាល។ ពលទាហានបាក់ទ័ព រត់មកដល់ក្រុងអាសូតូ ហើយចូលលាក់ខ្លួនក្នុងព្រះវិហាររបស់ព្រះដាកូន ជាទីសក្ការៈនៃព្រះរបស់គេ ដើម្បីឲ្យបានរួចជីវិត។ ៨៤ លោកយ៉ូណាថានដុតក្រុងនោះ និងក្រុងដែលនៅជុំវិញចោល។ លោករឹបអូសយកជយភណ្ឌ ហើយដុតទីសក្ការៈរបស់ព្រះដាកូន ព្រមទាំងអស់អ្នកដែលចូលលាក់ខ្លួននៅទីនោះ។ ៨៥ មានមនុស្សប្រមាណប្រាំបីពាន់នាក់ស្លាប់ដោយមុខដាវ ឬដោយភ្លើងនៅថ្ងៃនោះ។ ៨៦ លោកយ៉ូណាថានចាកចេញពីនោះ ហើយបោះទីតាំងនៅក្បែរក្រុងអាស្កាឡូន។ ប្រជាជនចេញពីក្រុងមកទទួលស្វាគមន៍លោកយ៉ាងអធិកអធម។ ៨៧ លោកយ៉ូណាថាន និងកងទ័ពត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងនាំយកជយភណ្ឌជាច្រើនទៅជាមួយផង។ ៨៨ ពេលព្រះបាទអឡិចសង់ជ្រាបហេតុការណ៍ទាំងនោះ ព្រះអង្គប្រទានកិត្តិយសដ៏ខ្ពង់ខ្ពស់ឲ្យលោក យ៉ូណាថានថែមទៀត ៨៩ គឺព្រះរាជាប្រទានក្លាស់មាសឲ្យលោក ដូចព្រះរាជាធ្លាប់ប្រទានឲ្យញាតិវង្សដែរ។ ស្ដេចក៏ប្រគល់ក្រុងអក្ការ៉ូន និងតំបន់ជុំវិញក្រុងនេះ ឲ្យលោកយ៉ូណាថានត្រួតត្រាដែរ។
១១
ព្រះបាទផ្ទូលេមេវាយឈ្នះព្រះបាទអឡិចសង់
១ ព្រះបាទផ្ទូលេមេ ជាស្ដេចស្រុកអេស៊ីប ប្រមូលកងទ័ពជាច្រើនឥតគណនា មានចំនួនដូចគ្រាប់ខ្សាច់តាមឆ្នេរសមុទ្រ ព្រមទាំងសំពៅចម្បាំងជាច្រើនគ្រឿងទៀតផង។ ស្ដេចខិតខំរិះរកគ្រប់កលល្បិច ដណ្ដើមយករាជាណាចក្ររបស់ព្រះបាទអឡិចសង់ ដើម្បីបញ្ចូលមកក្នុងរាជាណាចក្ររបស់ខ្លួន។ ២ ព្រះរាជាយាងទៅស្រុកស៊ីរីដោយអះអាងថា ខ្លួនចង់ស្វែងសន្តិភាព។ ប្រជាជននៃក្រុងនានាបើកទ្វារក្រុង ហើយចេញទៅទទួលស្វាគមន៍ព្រះរាជាដោយរាក់ទាក់ ព្រោះនេះជាបញ្ជារបស់ព្រះបាទអឡិចសង់។ ៣ ប៉ុន្តែ កាលព្រះបាទផ្ទូលេមេយាងកាត់ក្រុងណាមួយ ព្រះអង្គតែងទុកកងទ័ពនៅទីនោះ។ ៤ កាលព្រះរាជាយាងមកដល់ក្បែរក្រុងអាសូតូ គេនាំព្រះរាជាទៅទតទីសក្ការៈរបស់ព្រះដាកូន ដែលលោកយ៉ូណាថានដុតបំផ្លាញ និងតំបន់ដែលនៅជុំវិញ ទតសាកសពដែលនៅចោលរាយប៉ាយ ព្រមទាំងឆ្អឹងរបស់អស់អ្នកដែលលោកយ៉ូណាថានបានដុតនៅក្នុងពេលប្រយុទ្ធ។ គេបានប្រមូលឆ្អឹងទាំងនោះគរជាគំនរតាមផ្លូវ ដែលព្រះរាជាត្រូវយាងទៅ។ ៥ ប្រជាជនខ្លះរៀបរាប់នូវអ្វីៗដែលលោកយ៉ូណាថានបានប្រព្រឹត្ត ទូលថ្វាយព្រះរាជា ក្នុងគោលបំណងចង់ឲ្យព្រះរាជាដាក់ទោសលោកយ៉ូណាថាន ប៉ុន្តែ ស្ដេចនៅស្ងៀម។ ៦ លោកយ៉ូណាថានចូលមកគាល់ព្រះរាជា នៅក្រុងយ៉ូប៉េ យ៉ាងអធិកអធម។ ព្រះរាជាបានទទួលការស្វាគមន៍ ហើយគង់នៅក្រុងនោះអស់មួយយប់។ ៧ លោកយ៉ូណាថានជូនដំណើរព្រះរាជា រហូតដល់ទន្លេអេលើថែរ រួចក៏ត្រឡប់មកក្រុងយេរូសាឡឹមវិញ។
៨ ព្រះបាទផ្ទូលេមេដណ្ដើមយកក្រុងទាំងប៉ុន្មាននៅតាមឆ្នេរសមុទ្រ រហូតដល់ក្រុងសេលើស៊ីមកកាន់កាប់។ ព្រះរាជាមានគម្រោងការប្រឆាំងនឹងព្រះបាទអឡិចសង់ ៩ ព្រះអង្គចាត់រាជទូតទៅគាល់ព្រះបាទដេម៉េទ្រីយ៉ូស ដើម្បីទូលថា៖ «សូមព្រះករុណាយាងមកចុះសន្ធិសញ្ញាជាមួយគ្នា។ យើងនឹងលើកបុត្រីរបស់យើង ដែលជាមហេសីរបស់ព្រះបាទអឡិចសង់សព្វថ្ងៃនេះ ឲ្យធ្វើជាមហេសីរបស់ព្រះករុណា ហើយព្រះករុណានឹងគ្រងរាជ្យលើរាជាណាចក្ររបស់បិតាព្រះករុណាវិញ។ ១០ យើងសោកស្តាយណាស់ ដោយបានលើកបុត្រីរបស់យើងថ្វាយព្រះបាទអឡិចសង់ ព្រោះព្រះអង្គបម្រុងធ្វើគុតយើង»។ ១១ ព្រះបាទផ្ទូលេមេចោទប្រកាន់ព្រះបាទអឡិចសង់ ព្រោះចង់ដណ្ដើមយករាជាណាចក្ររបស់ព្រះបាទអឡិចសង់។ ១២ ព្រះរាជាដណ្ដើមយកបុត្រីពីព្រះបាទអឡិចសង់ ហើយលើកឲ្យព្រះបាទដេម៉េទ្រីយ៉ូស។ ព្រះរាជាប្តូរព្រះហឫទ័យ បែកពីព្រះបាទអឡិចសង់ ហើយស្ដេចទាំងពីរក៏ក្លាយទៅជាសត្រូវនឹងគ្នាវិញ។ ១៣ ព្រះបាទផ្ទូលេមេយាងចូលក្រុងអន់ទីយ៉ូក ហើយតាំងខ្លួនជាស្ដេចស្រុកអាស៊ី ហើយគ្រងរាជ្យលើស្រុកអេស៊ីបផង និងស្រុកអាស៊ីផង។ ១៤ នៅពេលនោះ ព្រះបាទអឡិចសង់គង់នៅស្រុក ស៊ីលីស៊ី ដើម្បីបង្ក្រាបប្រជាជនបះបោរក្នុងតំបន់នោះ។ ១៥ កាលព្រះបាទអឡិចសង់ជ្រាបហេតុការណ៍ទាំងប៉ុន្មានដែលព្រះបាទផ្ទូលេមេបានប្រព្រឹត្តនោះ ព្រះអង្គក៏យាងទៅប្រយុទ្ធនឹងព្រះបាទផ្ទូលេមេ។ ប៉ុន្តែ ព្រះបាទផ្ទូលេមេនាំកងទ័ពដែលមានកម្លាំងខ្លាំងក្លា មកច្បាំងជាមួយនឹងកងទ័ពព្រះបាទអឡិចសង់ធ្វើឲ្យពួកគេបាក់ទ័ពអស់។ ១៦ ព្រះបាទអឡិចសង់រត់ភៀសខ្លួនទៅស្រុកអារ៉ាប៊ី ហើយព្រះបាទផ្ទូលេមេក៏ទទួលជ័យជម្នះ។ ១៧ ជនជាតិអារ៉ាប់ម្នាក់ឈ្មោះសាបឌីអែល កាត់កព្រះបាទអឡិចសង់ ហើយបញ្ជូនព្រះសិរសារ ទៅថ្វាយព្រះបាទផ្ទូលេមេ។ ១៨ ពីរថ្ងៃក្រោយមក ព្រះបាទផ្ទូលេមេក៏សោយទិវង្គតលើសមរភូមិដែរ ហើយប្រជាជននាំគ្នាកាប់សម្លាប់ពលទាហានទាំងប៉ុន្មានដែលដាក់រាយតាមក្រុងនានា។ ១៩ ព្រះបាទដេម៉េទ្រីយ៉ូសឡើងសោយរាជ្យនៅឆ្នាំ ១៦៧។
ព្រះបាទដេម៉េទ្រីយ៉ូសទី២ ប្រទានអភ័យឯកសិទ្ធិសាជាថ្មី
២០ នៅគ្រានោះ លោកយ៉ូណាថានប្រមូលជនជាតិយូដា ដើម្បីទៅវាយប្រហារបន្ទាយនៅក្រុងយេរូសាឡឹម។ ពួកគេធ្វើគ្រឿងសឹកជាច្រើនសម្រាប់វាយសម្រុកចូលបន្ទាយនោះ។ ២១ ប៉ុន្តែ ជនពាល ខ្លះដែលស្អប់ជាតិសាសន៍របស់ខ្លួន នាំគ្នាទៅគាល់ព្រះបាទដេម៉េទ្រីយ៉ូសទូលថា៖ «លោកយ៉ូណាថានកំពុងឡោមព័ទ្ធបន្ទាយ ក្រុងយេរូសាឡឹមហើយ»។ ២២ ដំណឹងនេះបានធ្វើឲ្យព្រះបាទដេម៉ូទ្រីយ៉ូសពិរោធ ហើយយាងទៅក្រុងផ្ទោឡេម៉ៃស៍ភ្លាម។ ព្រះរាជាសរសេរសារមួយច្បាប់ជូនលោកយ៉ូណាថាន ព្រមទាំងបញ្ជាឲ្យលោកដកទ័ពដែលកំពុងឡោមព័ទ្ធក្រុងយេរូសាឡឹម ហើយមកក្រុងផ្ទោឡេម៉ៃស៍ ដើម្បីពិភាក្សាជាប្រញាប់។ ២៣ កាលលោកយ៉ូណាថានទទួលដំណឹងនេះ លោកបញ្ជាឲ្យកងទ័ពឡោមព័ទ្ធក្រុងនោះតទៅទៀត។ លោកជ្រើសរើសព្រឹទ្ធាចារ្យខ្លះនៃប្រជាជនអ៊ីស្រាអែល និងបូជាចារ្យខ្លះ ហើយគាត់សុខចិត្តប្រថុយជីវិតជាមួយ ២៤ លោកទៅគាល់ស្ដេចនៅក្រុងផ្ទោឡេម៉ៃស៍ ដោយនាំយកប្រាក់ មាស សម្លៀកបំពាក់ និងជំនូនជាច្រើនទៅជាមួយផង។ លោកយ៉ូណាថានបានទទួលការប្រណីសន្តោសពីព្រះបាទដេម៉េទ្រីយ៉ូស។ ២៥ ជនពាលឥតសាសនាខ្លះនៃជាតិសាសន៍របស់លោក ខិតខំចោទប្រកាន់លោកយ៉ូណាថាន ចំពោះព្រះបាទដេម៉េទ្រីយ៉ូស ២៦ ប៉ុន្តែ ព្រះរាជានៅតែប្រព្រឹត្តចំពោះលោកដូចស្ដេចមុនៗដែរ ហើយលើកកិត្តិយសរបស់លោកយ៉ូណាថាន នៅចំពោះមុខនាម៉ឺនមន្ត្រីទាំងអស់។ ២៧ ព្រះរាជាបញ្ជាក់ថា៖ «លោកយ៉ូណាថាននៅតែជាមហាបូជាចារ្យ ហើយមុខងារ និងកិត្តិយសទាំងប៉ុន្មានដែលលោកធ្លាប់ទទួលពីមុនៗមក រក្សាទុកដដែល»។ ព្រះអង្គក៏តែងតាំងលោកជាមិត្តម្នាក់ក្នុងចំណោមមិត្តសម្លាញ់ទាំងប៉ុន្មាន នៃព្រះរាជាដែរ។ ២៨ លោកយ៉ូណាថាន ទូលសុំព្រះរាជាមេត្តាប្រោសប្រជាជននៅស្រុកយូដា និងតំបន់ទាំងបីរបស់ស្រុកសាម៉ារី មិនឲ្យបង់ពន្ធអាករ ដោយសន្យាថានឹងថ្វាយប្រាក់ប្រាំបីរយតោន។ ២៩ ព្រះរាជាយល់ព្រម ហើយសរសេរសារមួយច្បាប់ផ្ញើជូនលោកយ៉ូណាថានមានសេចក្ដីដូចតទៅ៖
៣០ «យើង ព្រះបាទដេម៉េទ្រីយ៉ូស ជម្រាបមកលោកយ៉ូណាថានជាប្អូន និងជនជាតិយូដា សូមជ្រាប។ ៣១ យើងបានចម្លងលិខិតដែលយើងសរសេរ ផ្ញើជូនសម្ដេចឡាសថែន ជាញាតិវង្សរបស់យើង ជូនលោកជ្រាបជាពត៌មាន។ ៣២ ព្រះបាទដេម៉េទ្រីយ៉ូស សូមជម្រាបមកសម្ដេចឡាសថែន ជាបិតា។ ៣៣ យើងសម្រេចថានឹងប្រោសប្រណីដល់ជនជាតិយូដាជាមិត្តរបស់យើង ដែលមានភាពស្មោះត្រង់ចំពោះយើង។ ៣៤ យើងសូមបញ្ជាក់ថា គេមានសិទ្ធិកាន់កាប់ស្រុកយូដា និងតំបន់ទាំងបី គឺតំបន់អផេរេម៉ា លីដា និងរ៉ាម៉ាថាអ៊ីម។ យើងដកតំបន់ទាំងបីនេះពីស្រុកសាម៉ារី ជាមួយទឹកដីដែលនៅជុំវិញទាំងប៉ុន្មាន បញ្ចូលក្នុងស្រុកយូដា ដើម្បីជាប្រយោជន៍ ដល់អស់អ្នកដែលថ្វាយយញ្ញបូជានៅក្រុងយេរូសាឡឹម។ ជនជាតិយូដាមិនត្រូវបង់ពន្ធអាករប្រចាំឆ្នាំ លើផលស្រែចម្ការ និងដើមឈើថ្វាយព្រះរាជាទេ។ ៣៥ យើងអនុគ្រោះលែងទាមទារប្រាក់មួយភាគដប់ និងពន្ធផ្សេងដែលត្រូវបង់ឲ្យយើង ទាំងពន្ធស្រែអំបិល និងពន្ធមកុដដែរ គឺតាំងពីពេលនេះតទៅ យើងលែងទាមទារអ្វីទាំងអស់។ ៣៦ ត្រូវអនុវត្តន៍តាមសេចក្ដីសម្រេច ដែលមានចែងនៅក្នុងរាជាសារនេះ តាំងពីពេលនេះរហូតតរៀងទៅជាកំហិត។ ៣៧ សូមសម្ដេចយកចិត្តទុកដាក់ចម្លងរាជសារនេះ ប្រគល់ជូនលោកយ៉ូណាថាន ដើម្បីបិទ នៅលើភ្នំដ៏វិសុទ្ធ ឲ្យគេឃើញគ្រប់ៗគ្នាផង»។
លោកយ៉ូណាថានជួយព្រះបាទដេម៉េទ្រីយ៉ូសទី ២ នៅក្រុងអន់ទីយ៉ូក
៣៨ នៅសម័យនោះ ព្រះបាទដេម៉េទ្រីយ៉ូសឈ្វេងយល់ថា រាជាណាចក្រប្រកបដោយសេចក្ដីសុខសាន្ត ក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយគ្មាននរណាជំទាស់ប្រឆាំងនឹងអំណាចរបស់ព្រះអង្គឡើយ។ ដូច្នេះ ស្ដេចរំសាយកងទ័ពទាំងមូល គឺឲ្យទាហានត្រឡប់ទៅស្រុករៀងៗខ្លួន លើកលែងតែកងទ័ពបរទេសដែលជួលមកពីបណ្តាកោះក្រែតប៉ុណ្ណោះ។ ហេតុនេះហើយ កងទ័ពដែលធ្លាប់បម្រើស្ដេចមុនៗ អាក់អន់ចិត្ត ហើយស្អប់ស្ដេច។ ៣៩ លោកទ្រីផូនដែលធ្លាប់បម្រើព្រះបាទអឡិចសង់យល់ឃើញថា កងទ័ពទាំងមូលរអ៊ូរទាំប្រឆាំងនឹងព្រះបាទដេម៉េទ្រីយ៉ូស។ លោកក៏ទៅជួបលោកយ៉ាំលីកូស ជាជនជាតិអារ៉ាប់ ដែលជាអ្នកទទួលខុសត្រូវក្នុងការអប់រំព្រះបាទអន់ទីយ៉ូគូស ជាបុត្រាពៅរបស់ព្រះបាទអឡិចសង់។ ៤០ លោកទ្រីផូនចេះតែបង្ខំលោកយ៉ាំលីកូស ឲ្យលើករាជកុមារនេះឡើងសោយរាជ្យស្នងពីបិតា។ លោកក៏រៀបរាប់អំពីសេចក្ដីសម្រេចទាំងអស់របស់ព្រះបាទដេម៉េទ្រីយ៉ូស និងអំពីកងទ័ពទាំងអស់ដែលស្អប់ស្ដេច។ លោកស្នាក់នៅទីនោះជាយូរថ្ងៃ។
៤១ លោកយ៉ូណាថានទូលសូមព្រះបាទដេម៉េទ្រីយ៉ូស ឲ្យដកកងទ័ពរបស់ព្រះអង្គចេញពីបន្ទាយក្រុងយេរូសាឡឹម និងពីបន្ទាយនានា ដ្បិតកងទ័ពទាំងនោះនៅតែច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ៤២ ព្រះបាទដេម៉េទ្រីយ៉ូសឆ្លើយតបទៅវិញថា៖ «យើងមិនគ្រាន់តែធ្វើតាមសំណូមពរនេះ ដើម្បីលោក និងប្រជាជនរបស់លោកប៉ុណ្ណោះទេ បើឱកាសហុចឲ្យ យើងនឹងលើកកិត្តិយសរបស់លោក និងប្រជាជាតិរបស់លោកថែមទៀតផង។ ៤៣ ឥឡូវនេះ សូមលោកបញ្ជូនកងទ័ពមក ដើម្បីរួមប្រយុទ្ធខាងយើង ព្រោះកងទ័ពយើងរត់បាត់អស់ហើយ»។ ៤៤ លោកយ៉ូណាថានបញ្ជូនកងទ័ពខ្លាំងពូកែ ចំនួនបីពាន់នាក់ មកថ្វាយស្ដេចនៅក្រុងអន់ទីយ៉ូក។ នៅពេលពួកគេបានមកដល់ ព្រះរាជាមានព្រះទ័យរីករាយយ៉ាងក្រៃលែង។ ៤៥ មានប្រជាជនប្រមាណដប់ម៉ឺននាក់ជួបជុំគ្នានៅកណ្តាលទីក្រុងនោះ បម្រុងនឹងធ្វើគុតព្រះរាជា ៤៦ ហើយព្រះអង្គក៏គេចខ្លួនទៅក្នុងរាជវាំង ក្នុងពេលដែលអ្នកក្រុងចេញមកកុះករតាមផ្លូវ ហើយការប្រយុទ្ធក៏ចាប់ផ្ដើម។ ៤៧ ព្រះរាជាហៅកងទ័ពយូដាឲ្យមកជួយ។ ពួកគេប្រមូលផ្តុំគ្នានៅក្បែរស្ដេច រួចចេញចូលពាសពេញក្នុងក្រុង ហើយសម្លាប់ប្រជាជនប្រហែលដប់ម៉ឺននាក់ នៅថ្ងៃនោះ។ ៤៨ ពួកគេដុតទីក្រុង រឹបអូសយកជយភណ្ឌជាច្រើន ហើយសង្គ្រោះព្រះរាជានៅថ្ងៃនោះដែរ។ ៤៩ ប្រជាជនក្នុងក្រុងឃើញថា ពួកយូដាកាន់កាប់ក្រុងទាំងមូល ហើយប្រព្រឹត្តតាមអំពើចិត្តរបស់គេ ពួកគេក៏ធ្លាក់ទឹកចិត្ត ហើយស្រែកទូលអង្វរព្រះរាជាដូចតទៅ៖ ៥០ «សូមព្រះករុណាអត់ទោសឲ្យយើងខ្ញុំ និងប្រោសប្រទានសន្តិភាពឲ្យយើងខ្ញុំផង សូមឲ្យពួកយូដាឈប់ប្រយុទ្ធនឹងយើងខ្ញុំ ព្រមទាំងទីក្រុងផង!»។ ៥១ ពួកបះបោរទម្លាក់អាវុធ ហើយសូមសន្តិភាព។ ព្រះរាជា និងប្រជាជនដែលរស់នៅក្នុងរាជាណាចក្រទាំងមូល នាំគ្នាលើកតម្កើងកិត្តិយសរបស់ជនជាតិយូដា។ ក្រោយពីមានឈ្មោះល្បីដូច្នេះជនជាតិយូដាវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទាំងនាំយកជយភណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ មកជាមួយផង។ ៥២ ព្រះបាទដេម៉េទ្រីយ៉ូសបានពង្រឹងអំណាចរបស់ខ្លួន ហើយស្រុកក៏មានសេចក្ដីសុខសាន្ត។ ៥៣ ប៉ុន្តែ ព្រះបាទដេម៉េទ្រីយ៉ូសពុំបានកាន់តាមពាក្យសន្យាទាំងប៉ុន្មានរបស់ខ្លួន ហើយដូរព្រះហឫទ័យ បែរទៅប្រឆាំងនឹងលោកយ៉ូណាថានវិញ។ ព្រះរាជាភ្លេចពីឧបការគុណដែលលោកយ៉ូណាថានបានធ្វើ ដើម្បីបម្រើស្ដេច ហើយធ្វើបាបលោកគ្រប់បែបយ៉ាង។
លោកយ៉ូណាថានគាំទ្រព្រះបាទអន់ទីយ៉ូគូសទី ៦
៥៤ ក្រោយមក លោកទ្រីផូនវិលត្រឡប់មកវិញជាមួយរាជកុមារអន់ទីយ៉ូគូស ហើយលើករាជកុមារឲ្យឡើងសោយរាជ្យ។ ៥៥ កងទ័ពទាំងប៉ុន្មានដែលព្រះបាទដេម៉េទ្រីយ៉ូសបានរំសាយពីមុននោះ មកជួបជុំគ្នាជាមួយលោកទ្រីផូន ហើយវាយព្រះបាទដេម៉េទ្រីយ៉ូស។ ព្រះរាជាបរាជ័យ ហើយបាក់ទ័ពរត់អស់។ ៥៦ លោកទ្រីផូនចាប់ដំរីចម្បាំងជាច្រើនក្បាល ហើយដណ្ដើមយកក្រុងអន់ទីយ៉ូកបាន។ ៥៧ រាជកុមារអន់ទីយ៉ូគូសសរសេររាជសារមួយច្បាប់ជូនលោកយ៉ូណាថាន មានសេចក្ដីដូចតទៅ៖ «យើងទទួលស្គាល់លោកទុកជាមហាបូជាចារ្យដដែល។ យើងតែងតាំងលោកឲ្យគ្រប់គ្រងតំបន់ទាំងបួន ហើយចាត់ទុកលោកជាមិត្តរបស់ស្ដេចដែរ»។ ៥៨ ព្រះរាជាប្រទានភាជន៍មាស និងគ្រឿងប្រើប្រាស់ក្នុងពិធីជប់លៀងជូនលោក ព្រមទាំងអនុញ្ញាតឲ្យលោកពិសាស្រាក្នុងពែងមាស ហើយឲ្យពាក់អាវពណ៌ស្វាយរបស់ស្ដេច និងក្លាស់មាសផង។ ៥៩ ព្រះរាជាតែងតាំងលោកស៊ីម៉ូន ជាបងរបស់លោកយ៉ូណាថាន ឲ្យធ្វើជាឧបរាជ ត្រួតត្រាតំបន់តាមឆ្នេរសមុទ្រ ចាប់ពីភ្នំក្បែរក្រុងទីរ៉ុស រហូតទៅដល់ព្រំប្រទល់ស្រុកអេស៊ីប។ ៦០ លោកយ៉ូណាថានធ្វើដំណើរកាត់តាមស្រុក នៅខាងនាយទន្លេអឺប្រាត ដោយកាត់តាមទីក្រុងនានា។ កងទ័ពស្រុកស៊ីរីទាំងអស់ចូលរួមជាមួយលោក។ លោកទៅដល់ក្រុងអាស្កាឡូន ហើយប្រជាជនក្រុងនោះ អបអរសាទរទទួលលោកយ៉ាងអធិកអធម។ ៦១ លោកចាកចេញពីទីនោះ ធ្វើដំណើរទៅកាន់ក្រុងកាសា ប៉ុន្តែ អ្នកក្រុងនេះបិទទ្វារមិនព្រមទទួលលោក។ ដូច្នេះ លោកក៏ឡោមព័ទ្ធក្រុងនោះ ដុតតំបន់ដែលនៅជុំវិញចោល ហើយរឹបអូសយកជយភណ្ឌ ពីតំបន់នោះផង។ ៦២ អ្នកក្រុងកាសាអង្វរលោកយ៉ូណាថាន។ លោកក៏អត់ទោសឲ្យពួកគេ ប៉ុន្តែ លោកចាប់កូនប្រុសរបស់មេដឹកនាំទាំងនោះ យកទៅក្រុងយេរូសាឡឹមជាថ្នូរ។ បន្ទាប់មក លោកបន្តដំណើរកាត់តាមតំបន់នោះ រហូតដល់ក្រុងដាម៉ាស។
៦៣ លោកយ៉ូណាថានទទួលដំណឹងថា មេទ័ពរបស់ព្រះបាទដេម៉េទ្រីយ៉ូសមកក្រុងកេដែសក្នុងស្រុកកាលីឡេ ដោយនាំកងទ័ពជាច្រើនមកជាមួយផង ដើម្បីទម្លាក់គាត់ពីមុខតំណែង។ ៦៤ លោកទុកឲ្យលោកស៊ីម៉ូនជាបងរបស់លោកនៅគ្រប់គ្រងត្រួតត្រាស្រុកយូដា ហើយលោកចេញទៅច្បាំងជាមួយពួកគេ។ ៦៥ លោកស៊ីម៉ូនបោះទ័ពនៅមុខក្រុងបេតសួរទាំងឡោមព័ទ្ធ ហើយវាយប្រហារក្រុងនេះជាយូរថ្ងៃ។ ៦៦ អ្នកក្រុងនោះចរចាសុំសន្តិភាព ហើយលោកស៊ីម៉ូនយល់ព្រមតាមសំណូមពររបស់ពួកគេ។ ប៉ុន្តែ លោកសូមឲ្យពួកគេចាកចេញពីក្រុង ដើម្បីលោកចូលទៅកាន់កាប់ និងដាក់កងទ័ពនៅក្រុងនោះ។ ៦៧ រីឯលោកយ៉ូណាថាន និងកងទ័ពរបស់លោក បោះទ័ពនៅក្បែរបឹងកេណេសារ៉ែត។ លុះព្រឹកស្អែកឡើង ពួកគេទៅដល់វាលទំនាបហាសូរ។ ៦៨ កងទ័ពរបស់ជនបរទេស កំពុងធ្វើដំណើរមកវាយលោកនៅទីវាលនេះដែរ ពួកគេបានបង្កប់ទ័ពមួយក្រុមនៅតាមភ្នំ ចាំពួនស្ទាក់វាយប្រហារលោក។ ៦៩ លោកយ៉ូណាថាន និងកងទ័ពកំពុងធ្វើដំណើរទៅមុខ ពេលនោះ កងទ័ពដែលពួនស្ទាក់ក៏ស្ទុះចេញមកវាយប្រហារលោក។ ៧០ កងទ័ពរបស់លោកយ៉ូណាថានបាក់ទ័ពរត់គ្មានសល់ម្នាក់សោះ លើកលែងតែមេទ័ពពីរនាក់ គឺលោកម៉ាថាធឺយ៉ាសជាកូនរបស់លោកអាប់សាឡុម និងលោកយូដាជាកូនរបស់លោកខាលភី។ ៧១ លោកយ៉ូណាថានហែកសម្លៀកបំពាក់របស់លោក រោយដីនៅលើក្បាល ហើយទូលអង្វរព្រះជាម្ចាស់។ ៧២ បន្ទាប់មក លោកប្រយុទ្ធនឹងសត្រូវ ហើយធ្វើឲ្យសត្រូវបាក់ទ័ពរត់អស់។ ៧៣ ឃើញដូច្នេះ កងទ័ពដែលបាក់ទ័ពរត់ចោលលោកនោះ ក៏វិលត្រឡប់មករកលោកវិញ ដេញតាមពួកសត្រូវរហូតដល់ជំរំរបស់ពួកគេនៅកេដែស ហើយកងទ័ពរបស់លោកយ៉ូណាថាន ក៏បោះជំរំនៅទីនោះដែរ។ ៧៤ នៅថ្ងៃនោះ ទាហានបរទេសប្រមាណបីពាន់នាក់ស្លាប់លើសមរភូមិ។ លោកយ៉ូណាថានក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
១២
លោកយ៉ូណាថានចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំងសាជាថ្មី
១ លោកយ៉ូណាថានឃើញថាសភាពការណ៍ដំណើរការល្អសម្រាប់គាត់ គាត់ក៏ជ្រើសរើសទូតចាត់ឲ្យទៅក្រុងរ៉ូម ដើម្បីចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំងជាថ្មី។ ២ លោកសរសេរលិខិតដែលមានសេចក្ដីដូចគ្នា ផ្ញើជូនក្រុងស្ប៉ាត និងក្រុងផ្សេងៗទៀតដែរ។ ៣ ទូតទាំងនោះចេញដំណើរទៅកាន់ក្រុងរ៉ូម ហើយបានការអនុញ្ញាតឲ្យចូលក្នុងព្រឹទ្ធសភាក្រុងនោះ។ ពួកគេមានប្រសាសន៍ថា៖ «លោកមហាបូជាចារ្យយ៉ូណាថាន និងជនជាតិយូដា ចាត់យើងខ្ញុំឲ្យមក ដើម្បីរឹតចំណងមិត្តភាព និងចងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូម៉ាំងសាជាថ្មី ដូចកាលពីមុនៗមក»។ ៤ ព្រឹទ្ធសភាចេញលិខិតអនុញ្ញាតច្បាប់ចំពោះទូតទាំងនោះ ដើម្បីឲ្យអ្នកកាន់អំណាចក្នុងស្រុកនីមួយៗជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ពួកគេ វិលត្រឡប់ទៅស្រុកយូដាវិញ ដោយសុវត្ថិភាព។
៥ នេះជាសេចក្ដីក្នុងលិខិតដែលលោកយ៉ូណាថានសរសេរផ្ញើអ្នកក្រុងស្ប៉ាត៖ ៦ «យើង យ៉ូណាថានជាមហាបូជាចារ្យ ព្រឹទ្ធសភាជាតិ និងអស់លោកបូជាចារ្យ ព្រមទាំងប្រជាជនយូដាទាំងមូល ជម្រាបមកអ្នកក្រុងស្បាតជាបងប្អូន។ ៧ កាលពីដើម ព្រះបាទអារីយ៉ូស ដែលគ្រងរាជ្យនៅប្រទេសរបស់បងប្អូន បានសរសេររាជសារផ្ញើទៅលោកមហាបូជាចារ្យអ៊ូនីយ៉ាបញ្ជាក់ថា ប្រជាជនរបស់យើងទាំងពីរជាបងប្អូន ដូចលិខិតភ្ជាប់មកជាមួយនេះជាភស្តុតាងស្រាប់។ ៨ លោកអូនីយ៉ាទទួលរាជទូតយ៉ាងអធិកអធម ហើយទទួលរាជសារដែលបញ្ជាក់ច្បាស់អំពីសម្ពន្ធមិត្ត និងចំណងមិត្តភាពរវាងគ្នាទៅវិញទៅមក។ ៩ ចំពោះយើងខ្ញុំ ទោះបីមិនត្រូវការសេចក្ដីទាំងនោះក្ដី ក៏ព្រះគម្ពីរដែលយើងកាន់ តែងតែសម្រាលទុក្ខយើងខ្ញុំ។ ១០ យើងខ្ញុំក៏សម្រេចចិត្ត ចាត់ទូតឲ្យមកជួបអស់លោក ដើម្បីរឹតចំណងសម្ពន្ធមិត្ត និងមិត្តភាពសាជាថ្មី ក្រែងលោយើងខ្ញុំត្រឡប់ទៅជាជនបរទេសសម្រាប់អស់លោក ព្រោះអស់លោកបានចាត់រាជប្រតិភូ ឲ្យទៅជួបយើងខ្ញុំជាយូរឆ្នាំមកហើយ។ ១១ យើងខ្ញុំតែងតែនឹករលឹកដល់អស់លោកជានិច្ច ក្នុងគ្រប់ពិធីបុណ្យ និងនៅថ្ងៃបុណ្យនានា ក្នុងពេលថ្វាយយញ្ញបូជា និងក្នុងពេលអង្វរព្រះជាម្ចាស់។ នេះជាការសមរម្យណាស់ចំពោះយើងជាបងប្អូន។ ១២ យើងខ្ញុំមានអំណរចំពោះភាពរុងរឿងថ្កុំថ្កើងរបស់អស់លោក។ ១៣ រីឯយើងខ្ញុំ យើងខ្ញុំរងទុក្ខលំបាកជាច្រើន ហើយសត្រូវមកច្បាំងនឹងយើងខ្ញុំជាច្រើនលើក ស្ដេចស្រុកជិតខាងក៏បានមកវាយប្រហារយើងខ្ញុំដែរ។ ១៤ ប៉ុន្តែ យើងខ្ញុំមិនចង់រំខានអស់លោកសម្ពន្ធមិត្ត និងមិត្តឯទៀតៗ អំពីសង្គ្រាមទាំងនោះទេ។ ១៥ មានតែព្រះអម្ចាស់ទេដែលសង្គ្រោះយើងខ្ញុំ ព្រះអង្គបានរំដោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយពួកខ្មាំងត្រូវទទួលការអាម៉ាស់វិញ។ ១៦ ហេតុនេះ យើងខ្ញុំជ្រើសរើសលោកនូមេនីយ៉ូស ជាកូនរបស់លោកអន់ទីយ៉ូគូស និងលោកអន់ទីប៉ាទែរ ជាកូនរបស់លោកយ៉ាសូន រួចចាត់ពួកគេឲ្យមកជួបជនជាតិរ៉ូម៉ាំង ដើម្បីចងចំណងមិត្តភាព និងចងសម្ពន្ធមិត្តដូចកាលពីមុនដែរ។ ១៧ យើងខ្ញុំបញ្ជាពួកគេឲ្យធ្វើដំណើរទៅជួប និងសួរសុខទុក្ខអស់លោក ព្រមទាំងយកលិខិតស្តីពីការចងសម្ពន្ធមិត្តជាមួយគ្នា និងអំពីការរឹតចំណងមិត្តភាពជាមួយបងប្អូនសាជាថ្មីទៀត ជូនចំពោះអស់លោក។ ១៨ សូមអស់លោកមេត្តាតបឆ្លើយមកយើងខ្ញុំតាមសេចក្ដីស្នើរសុំនេះផង»។
១៩ នេះជាសេចក្ដីក្នុងលិខិតផ្ញើមកលោកអូនីយ៉ា៖ ២០ «យើងអារីយ៉ូស ជាស្ដេចក្រុងស្ប៉ាត ជម្រាបមកលោកអូនីយ៉ា ជាមហាបូជាចារ្យ សូមជ្រាប៖ ២១ យើងបានរកឃើញឯកសារស្តីអំពីជនជាតិស្ប៉ាត និងជនជាតិយូដា បានបញ្ជាក់ថា យើងទាំងពីរជាបងប្អូននឹងគ្នា គឺសុទ្ធតែជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។ ២២ ឥឡូវនេះ ដោយយើងដឹងសេចក្ដីទាំងនោះ ហើយយើងយល់ថា ជាការប្រសើរណាស់ចំពោះយើងខ្ញុំសរសេរលិខិតមកសួរសុខទុក្ខអស់លោក។ ២៣ ចំពោះយើងខ្ញុំ យើងខ្ញុំសូមជម្រាបអស់លោកថា ហ្វូងសត្វរបស់អស់លោក ក៏ដូចជាហ្វូងសត្វរបស់យើងខ្ញុំ ទ្រព្យសម្បត្តិរបស់អស់លោក ក៏ដូចជាទ្រព្រសម្បត្តិយើងខ្ញុំដែរ។ ហេតុនេះហើយ ទើបយើងសូមចេញបញ្ជាឲ្យគេមកជម្រាបសេចក្ដីទាំងនេះដល់អស់លោក»។
លោកយ៉ូណាថានធ្វើសឹកសង្គ្រាមនៅស្រុកស៊ីរី
២៤ លោកយ៉ូណាថានទទួលដំណឹងថា មេទ័ពរបស់ព្រះបាទដេម៉េទ្រីយ៉ូសវិលត្រឡប់មកវិញ ដោយនាំកងទ័ពច្រើនជាងមុនទៅទៀត មកវាយប្រហារលោក។ ២៥ លោកយ៉ូណាថានក៏ចាកចេញពីក្រុងយេរូសាឡឹម ដើម្បីទៅប្រយុទ្ធនឹងពួកគេនៅតំបន់ក្រុងហាម៉ាត កុំឲ្យពួកគេចូលមកក្នុងស្រុកយូដា។ ២៦ លោកយ៉ូណាថានចាត់មនុស្សឲ្យទៅស៊ើបយកការណ៍ពីក្នុងជំរំរបស់សត្រូវ។ ពួកគេមករាយការណ៍ប្រាប់លោកថា កងកម្លាំងសត្រូវកំពុងតែត្រៀមខ្លួនវាយប្រហារកងទ័ពយូដានៅពេលយប់។ ២៧ ពេលថ្ងៃលិច លោកយ៉ូណាថានបញ្ជាឲ្យកងទ័ពរបស់លោកយាមយ៉ាងប្រុងប្រយ័ត្ន ព្រមទាំងកាន់អាវុធរៀងៗខ្លួន ត្រៀមប្រយុទ្ធពេញមួយយប់នោះ។ លោកក៏ដាក់ខ្សែត្រៀមជុំវិញទីតាំងកងទ័ពដែរ។ ២៨ ពួកសត្រូវដឹងថា លោកយ៉ូណាថាន និងកងទ័ពរបស់លោក បានត្រៀមខ្លួនចាំវាយពួកគេ គេមានការភ័យតក់ស្លុតយ៉ាងខ្លាំង គេដុតភ្លើងចោលក្នុងជំរំ ពួកគេ ហើយភៀសខ្លួនបាត់អស់ទៅ។ ២៩ លោកយ៉ូណាថាន និងកងទ័ពរបស់លោក ឃើញភ្លើងកំពុងឆេះនៅក្នុងជំរំនោះ តែមិននឹកស្មានថា ពួកខ្មាំងរត់បាត់អស់ទេ លុះដល់ព្រឹកស្អែក ទើបពួកគេដឹង។ ៣០ លោកយ៉ូណាថានដេញតាមពីក្រោយពួកគេ ក៏ប៉ុន្តែ លោកតាមមិនទាន់ ព្រោះពួកគេឆ្លងទន្លេអេលើថែរផុតទៅហើយ។ ៣១ ពេលនោះ លោកយ៉ូណាថានបែរទៅវាយប្រហារជនជាតិអារ៉ាប់ឈ្មោះសេបាដេអាន។ លោកវាយឈ្នះពួកគេ ហើយរឹបអូសយកទ្រព្យសម្បត្តិទុកជាជយភណ្ឌទៀតផង។ ៣២ បន្ទាប់មក លោកធ្វើដំណើរទៅកាន់ក្រុងដាម៉ាស់ ហើយដើរកាត់តំបន់ទាំងមូល។ ៣៣ នៅគ្រានោះ លោកស៊ីម៉ូនក៏ចេញទៅធ្វើសង្គ្រាម រហូតដល់ក្រុងអាស្កាឡូន និងក្រុងដែលនៅជុំវិញមានសុទ្ធតែកំពែង រួចឆ្ពោះទៅកាន់ក្រុងយ៉ូប៉េ ហើយកាន់កាប់ក្រុងនោះ ដើម្បីការពារទុកជាមុន។ ៣៤ លោកដាក់កងទ័ពនៅក្រុងនោះ ព្រោះលោកជ្រាបថា អ្នកក្រុងមានបំណងប្រគល់ក្រុងដែលមានកំពែងនេះ ឲ្យកងទ័ពរបស់ព្រះបាទដេម៉េទ្រីយ៉ូស។
លោកយ៉ូណាថានសង់កំពែងក្រុងយេរូសាឡឹម
៣៥ ពេលលោកយ៉ូណាថានវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ លោកកោះហៅព្រឹទ្ធាចារ្យនៃប្រជាជន ហើយសម្រេចជាមួយអស់លោកថានឹងសង់ក្រុងដែលមានកំពែងជាច្រើន ក្នុងស្រុកយូដា ៣៦ សង់កំពែងក្រុងយេរូសាឡឹមឲ្យបានខ្ពស់ ព្រមទាំងសង់ជញ្ជាំងដែលខ័ណ្ឌបន្ទាយ និងក្រុងឲ្យដាច់ពីគ្នា។ ធ្វើដូច្នេះ ពលទាហានរបស់ព្រះបាទដេម៉េទ្រីយ៉ូសមិនអាចចេញចូលលក់ ឬទិញអីវ៉ាន់បានឡើយ។ ៣៧ ប្រជាជនប្រមូលគ្នាសង់ក្រុងឡើងវិញ ដ្បិតកំពែងនៅផ្នែកខាងកើតក្រុងរលំអស់ទៅហើយ។ គេក៏សង់សង្កាត់ដែលមានឈ្មោះថា ខាផេណាថា ឡើងវិញដែរ។ ៣៨ លោកស៊ីម៉ូនសង់ក្រុងអាឌីដា ដែលស្ថិតនៅជើងភ្នំឡើងវិញ ព្រមទាំងសង់កំពែងការពារក្រុង ដាក់ទ្វារ និងរនុកទៀតផង។
លោកទ្រីផូនចាប់លោកយ៉ូណាថាន
៣៩ លោកទ្រីផូនមានបំណងតាំងខ្លួនជាស្ដេចគ្រប់គ្រងលើស្រុកអាស៊ីរីទាំងមូល ហើយខិតខំចាប់ព្រះបាទអន់ទីយ៉ូគូសធ្វើគុត។ ៤០ លោកខ្លាចលោកយ៉ូណាថាន មិនបណ្តោយឲ្យលោកសម្រេច តាមគម្រោងការណ៍នេះ ហើយច្បាំងនឹងគាត់វិញ។ ដូច្នេះ លោកទ្រីផូន រកមធ្យោបាយចាប់លោកយ៉ូណាថានយកទៅសម្លាប់។ លោកចេញដំណើរទៅកាន់ក្រុងបេតសាន។ ៤១ ប៉ុន្តែ លោកយ៉ូណាថាន និងកងទ័ពដ៏ចំណានបួនម៉ឺននាក់ ចេញមកជួបលោកទ្រីផូននៅក្រុងបេតសាន។ ៤២ លោកទ្រីផូនឃើញថា លោកយ៉ូណាថានមានកងទ័ពច្រើនយ៉ាងនេះ លោកមិនហ៊ានចាប់លោកយ៉ូណាថានទេ ៤៣ លោកបែរជាទទួលលោកយ៉ូណាថានយ៉ាងអធិកអធម ព្រមទាំងបង្ហាញនាម៉ឺនមន្ត្រីរបស់លោក ឲ្យលោកយ៉ូណាថានស្គាល់ ព្រមទាំងជូនអំណោយជាច្រើន។ លោកបញ្ជាមន្ត្រី និងកងទ័ព ឲ្យធ្វើតាមបង្គាប់របស់លោកយ៉ូណាថាន ដូចគេធ្លាប់ធ្វើតាមបង្គាប់របស់លោកដែរ។ ៤៤ លោកមានប្រសាសន៍ទៅកាន់លោកយ៉ូណាថានថា៖ «ហេតុអ្វីបានជាលោកធ្វើឲ្យកងទ័ពមានការនឿយហត់ដូច្នេះ? យើងមិនមែនជាសត្រូវនឹងគ្នាទេ! ៤៥ សូមបញ្ជាឲ្យពួកគេវិលត្រឡប់ទៅផ្ទះវិញចុះ!។ សូមជ្រើសរើសកងទ័ពតែមួយចំនួនតូច ឲ្យការពារលោកបានហើយ រួចសូមអញ្ជើញមកក្រុងផ្ទោឡេមៃស៍ជាមួយខ្ញុំ។ ខ្ញុំនឹងប្រគល់ក្រុងនោះ និងបន្ទាយឯទៀតៗដែលមានកំពែងរឹងមាំ ឲ្យលោកកាន់កាប់ ព្រមទាំងប្រគល់កងទ័ពដែលនៅសេសសល់ និងនាម៉ឺនមន្ត្រីផង រួចខ្ញុំវិញនឹងវិលត្រឡប់ទៅស្រុកវិញ ព្រោះខ្ញុំចេញមក ដើម្បីគោលបំណងនេះតែប៉ុណ្ណោះ»។ ៤៦ លោកយ៉ូណាថានក៏ជឿទុកចិត្តលើលោកទ្រីផូន ហើយធ្វើតាមពាក្យលោក គឺគាត់បញ្ជាឲ្យកងទ័ពរបស់គាត់វិលត្រឡប់ទៅស្រុកយ៉ូដាវិញ។ ៤៧ លោកយ៉ូណាថានទុកកងទ័ពចំនួនបីពាន់នាក់នៅជាមួយគាត់ គឺចំនួនពីរពាន់នាក់ឲ្យនៅស្រុកកាលីឡេ និងមួយពាន់នាក់ឲ្យធ្វើដំណើរជាមួយគាត់។ ៤៨ ប៉ុន្តែ ពេលលោកយ៉ូណាថានចូលដល់ក្នុងក្រុងផ្ទោឡេមៃស៍ អ្នកក្រុងបិទទ្វារចាប់លោក ហើយសម្លាប់កងទ័ពទាំងអស់ ដែលចូលមកជាមួយលោក។ ៤៩ លោកទ្រីផូនចាត់ទ័ពថ្មើរជើង ព្រមទាំងទ័ពសេះទៅស្រុកកាលីឡេ និងក្នុងវាលទំនាបអ៊ីស្រាអែល ដើម្បីសម្លាប់បក្សពួករបស់លោកយ៉ូណាថានឲ្យអស់។ ៥០ អ្នកទាំងនោះដឹងថា គេចាប់លោកយ៉ូណាថាន ព្រមទាំងទ័ពដែលនៅជាមួយយកទៅសម្លាប់។ ដូច្នេះ ពួកដែលនៅសេសសល់បានត្រៀមខ្លួនចេញទៅប្រយុទ្ធ។ ៥១ កងទ័ពសត្រូវដែលដេញតាមពួកគេឃើញថា បក្សពួករបស់លោកយ៉ូណាថានប្រយុទ្ធដោយប្តូរជីវិតដូច្នេះ ពួកគេក៏ថយក្រោយវិញ។ ៥២ កងទ័ពយូដាត្រឡប់ទៅស្រុកយូដាវិញដោយសុវត្ថិភាព។ ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាធ្វើពិធីកាន់ទុក្ខលោកយ៉ូណាថាន និងអស់អ្នកដែលនៅជាមួយលោក។ ជនជាតិអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយមានការភ័យខ្លាចជាខ្លាំង។ ៥៣ ពេលនោះ ប្រជាជនដែលនៅជុំវិញស្រុកយូដាបម្រុងកម្ទេចពូជសាសន៍របស់គេ ដោយពោលថា៖ «ពួកគេគ្មានមេដឹកនាំ គ្មាននរណាគាំទ្រទេ។ យើងនាំគ្នាវាយប្រហារគេឥឡូវនេះ! យើងនឹងបំបាត់ឈ្មោះគេឲ្យផុតពីផែនដី មិនឲ្យនរណានឹកនាដល់ពួកគេទៀតឡើយ»។
១៣
លោកស៊ីម៉ូនបន្តមុខតំណែងពីលោកយ៉ូណាថាន
១ លោកស៊ីម៉ូនជ្រាបថា លោកទ្រីផូនប្រមូលផ្ដុំកងទ័ពជាច្រើនបម្រុងនឹងលុកលុយចូលស្រុកយូដា ហើយបំផ្លាញស្រុកនោះចោល។ ២ លោកស៊ីម៉ូនឃើញប្រជាជនភ័យខ្លាចញាប់ញ័រ។ លោកឡើងទៅក្រុងយេរូសាឡឹមកោះហៅប្រជាជនឲ្យមកប្រជុំ ៣ ហើយលើកទឹកចិត្តពួកគេ ដោយមានប្រសាសន៍ថា៖ «បងប្អូនជ្រាបការទាំងប៉ុន្មានរបស់ខ្ញុំ បងប្អូនខ្ញុំ និងក្រុមគ្រួសារខ្ញុំបានប្រព្រឹត្ត ដើម្បីការពារវិន័យ និងទីសក្ការៈ។ បងប្អូនក៏ជ្រាបអំពីចម្បាំង និងទុក្ខវេទនាដែលពួកយើងបានតស៊ូនោះដែរ។ ៤ ហេតុនេះហើយ បងប្អូនទាំងអស់របស់ខ្ញុំត្រូវស្លាប់ ព្រោះអ៊ីស្រាអែល! ហើយនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ។ ៥ ខ្ញុំមិនដែលគិតរត់យករួចខ្លួននោះទេ! ទោះបីក្នុងគ្រាដ៏អាសន្ននេះក្ដី។ ជីវិតរបស់ខ្ញុំគ្មានតម្លៃអ្វីប្រសើរជាងជីវិតរបស់បងប្អូនខ្ញុំទេ!។ ៦ ប៉ុន្តែ ខ្ញុំនឹងតស៊ូដើម្បីការពារជាតិរបស់ខ្ញុំ ការពារទីសក្ការៈ និងប្រពន្ធកូនរបស់បងប្អូន ព្រោះប្រជាជាតិនានាស្អប់ខ្ពើមយើង ហើយប្រមូលផ្តុំគ្នា ដើម្បីបំផ្លាញយើងឲ្យវិនាសសាបសូន្យ»។ ៧ កាលឮពាក្យសម្ដីទាំងនេះ ប្រជាជនក៏មានសេចក្ដីក្លាហាន ៨ ហើយឆ្លើយតបដោយសំឡេងខ្លាំងៗថា៖ «សូមលោកធ្វើជាមេដឹកនាំរបស់ពួកយើង ស្នងពីលោកយូដា និងលោកយ៉ូណាថានជាប្អូនៗរបស់លោកផង។ ៩ សូមដឹកនាំពួកយើងចេញទៅច្បាំង! ពួកយើងនឹងធ្វើតាមបញ្ជារបស់លោក»។ ១០ លោកស៊ីម៉ូនប្រមូលផ្ដុំកងទ័ពទាំងអស់ ហើយប្រញាប់ប្រញាល់សង់កំពែងជុំវិញក្រុងយេរូសាឡឹមឲ្យបានរឹងមាំ។ ១១ លោកចាត់លោកយ៉ូណាថាន ជាកូនរបស់លោកអាប់សាឡុមឲ្យទៅក្រុងយ៉ូប៉េ ដោយមានទ័ពជាច្រើនទៅជាមួយផង។ លោកយ៉ូណាថានដេញប្រជាជនចេញពីក្រុង ហើយតាំងទីលំនៅនៅក្នុងក្រុងនេះ។
លោកស៊ីម៉ូនវាយឈ្នះលោកទ្រីផូន
១២ លោកទ្រីផូនលើកទ័ពយ៉ាងច្រើន ចេញពីក្រុងផ្ទោឡេម៉ៃស៍ ដើម្បីវាយលុកលុយស្រុកយូដា ទាំងនាំយកលោកយ៉ូណាថានជាឈ្លើយទៅជាមួយផង។ ១៣ លោកស៊ីម៉ូនមកបោះទ័ពនៅក្បែរក្រុង អាឌីដា និងនៅតាមទីវាល។ ១៤ លោកទ្រីផូនជ្រាបថា លោកស៊ីម៉ូនបន្តមុខតំណែងពីលោកយ៉ូណាថានជាប្អូន ហើយត្រៀមកងទ័ពមកវាយប្រយុទ្ធនឹងលោក។ គាត់ចាត់អ្នកនាំសារឲ្យទៅជម្រាបលោកស៊ីម៉ូនថា៖ ១៥ «យើងចាប់លោកយ៉ូណាថានឃុំឃាំង ព្រោះគាត់មិនបានបង់ប្រាក់បញ្ចូលឃ្លាំងរាជទ្រព្យ កាលគាត់នៅកាន់មុខតំណែង។ ១៦ ឥឡូវនេះ សូមលោកបង់ប្រាក់ពីរពាន់ប្រាំពីររយគីឡូក្រាម និងនាំយកកូនរបស់លោកយ៉ូណាថានពីរនាក់ធ្វើជាថ្នូរ ក្រែងលោថ្ងៃក្រោយគាត់បះបោរប្រឆាំងនឹងយើង។ ប្រសិនបើគាត់សុខចិត្តធ្វើដូច្នេះ យើងនឹងដោះលែងគាត់»។ ១៧ ទោះបីលោកស៊ីម៉ូនដឹងថា ពាក្យទាំងនេះជាពាក្យបោកបញ្ឆោតក្ដី ក៏លោកចាត់គេឲ្យទៅប្រមូលប្រាក់ និងនាំកូនប្រុសទាំងពីររបស់លោកយ៉ូណាថានមក ព្រោះលោកខ្លាចប្រជាជនជំទាស់នឹងគាត់ ១៨ គឺក្រែងពួកគេចោទថា៖ «គេយកលោកយ៉ូណាថានទៅសម្លាប់ ព្រោះលោកស៊ីម៉ូនមិនព្រមបញ្ជូនប្រាក់ និងកូនទាំងពីរនោះទៅឲ្យគេ»។ ១៩ ដូច្នេះ លោកបញ្ជូនកូនទាំងពីរ និងប្រាក់ពីរពាន់ប្រាំពីររយគីឡូក្រាម ប៉ុន្តែ លោកទ្រីផូនក្បត់ពាក្យសន្យា ហើយមិនដោះលែងលោកយ៉ូណាថានឡើយ។ ២០ បន្ទាប់មក លោកទ្រីផូនចេញដំណើរ ដើម្បីចូលទៅឈ្លានពាន និងបំផ្លាញស្រុកយូដាចោល។ គាត់ធ្វើដំណើរវាងតាមក្រុងអាដូរ៉ា។ ប៉ុន្តែ លោកស៊ីម៉ូន និងកងទ័ពរបស់លោកនៅតែដេញតាមពីក្រោយគេជានិច្ច។ ២១ គ្រានោះ កងទ័ពនៅក្នុងក្រុងយេស្យរូសាឡឹម ចាត់អ្នកនាំសារទៅរកលោកទ្រីផូន សុំឲ្យលោកមកជួបពួកគេនៅតាមផ្លូវវាលរហោស្ថានយ៉ាងប្រញាប់ និងបញ្ជូនស្បៀងអាហារឲ្យពួកគេផង។ ២២ លោកទ្រីផូនរៀបចំកងទ័ពសេះទាំងអស់ដើម្បីទៅជួបពួកគេ ប៉ុន្តែ នៅយប់នោះព្រឹលធ្លាក់យ៉ាងខ្លាំង ជាហេតុរារាំងលោក មិនអាចចេញដំណើរទៅកាន់ទីនោះបានឡើយ។ លោកបែរជាចេញដំណើរទៅស្រុកកាឡាដវិញ។ ២៣ កាលលោកមកជិតដល់ក្រុងបាសកាម៉ា លោកក៏យកលោកយ៉ូណាថានទៅប្រហារជីវិតចោល ហើយគេបញ្ចុះសពរបស់លោកនៅទីនោះ។ ២៤ បន្ទាប់មក លោកទ្រីផូនវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
២៥ លោកស៊ីម៉ូនចាត់គេ ឲ្យទៅយកធាតុរបស់លោកយ៉ូណាថានជាប្អូនរបស់លោក ទៅបញ្ចុះ ក្នុងផ្នូរនៅក្រុងម៉ូឌីន ជាក្រុងរបស់ដូនតាលោក។ ២៦ ប្រជាជនអ៊ីស្រាអែលទាំងមូល ធ្វើពិធីកាន់ទុក្ខយ៉ាងអធិកអធម និងយំរៀបរាប់ពីប្រវត្តិរបស់លោកយ៉ូណាថានជាយូរថ្ងៃ។ ២៧ លោកស៊ីម៉ូនសង់ផ្នូរឪពុក និងបងប្អូនរបស់លោកឲ្យបានខ្ពស់ជាងមុន ដើម្បីឲ្យគេមើលឃើញពីចម្ងាយ។ ផ្នូរនេះ ផ្នែកខាងមុខ ក៏ដូចជាផ្នែកខាងក្រោយដែរ សុទ្ធតែក្រាលដោយថ្មរលោង។ ២៨ លោកលើកស្តូបចំនួនប្រាំពីរក្បែរៗគ្នា ដើម្បីឧទ្ទិសជូនមាតាបិតា និងបងប្អូនទាំងបួននាក់របស់លោក។ ២៩ នៅជុំវិញស្តូបទាំងនោះ លោកដាក់សរសរខ្ពស់ៗ ដែលមានឆ្លាក់រចនាពីគ្រឿងសាស្ត្រាវុធគ្រប់ប្រភេទ និងក្បាច់សំពៅ ដើម្បីឲ្យអស់អ្នកដែលធ្វើដំណើរតាមសំពៅ នៅលើសមុទ្រមើលឃើញ។ ៣០ ផ្នូរដែលលោកស៊ីម៉ូនសង់នៅក្រុងម៉ូឌីននោះ ស្ថិតនៅរហូតមកដល់សព្វថ្ងៃ។
ព្រះបាទដេម៉េទ្រីយ៉ូសបញ្ជាក់សន្ធិសញ្ញាជាមួយជនជាតិយូដា
៣១ លោកទ្រីផូនក្បត់ព្រះបាទអន់ទីយ៉ូគូស ដែលនៅជាកុមារហើយធ្វើគុត។ ៣២ លោកឡើងសោយរាជ្យជំនួស ហើយគ្រប់គ្រងស្រុកអាស៊ី និងបង្កឲ្យមានអន្តរាយដ៏ធ្ងន់ធ្ងរដល់ស្រុកនេះផង។ ៣៣ លោកស៊ីម៉ូនជួសជុលកំពែងក្រុងនានាក្នុងស្រុកយូដា ព្រមទាំងសង់ប៉មខ្ពស់ៗ និងកំពែងដ៏រឹងមាំដែលមានទ្វារក្រុង និងរនុក។ លោកដាក់ស្បៀងអាហារទុកនៅក្រុងទាំងនោះដែរ។ ៣៤ លោកស៊ីម៉ូនចាត់អ្នកនាំសារឲ្យទៅគាល់ព្រះបាទដេម៉េទ្រីយ៉ូស សូមព្រះមេត្តាកុំទារពន្ធដារពីប្រជាជនយូដា ព្រោះលោកទ្រីផូនបានរឹបអូសប្លន់យកពីពួកគេអស់ទៅហើយ។ ៣៥ ព្រះបាទដេម៉េទ្រីយ៉ូសឆ្លើយតបតាមសំណូមពររបស់លោក ហើយសរសេររាជសារ ដែលមានសេចក្ដីដូចតទៅ៖ ៣៦ «យើង ដេម៉េទ្រីយ៉ូស ជម្រាបមកលោកស៊ីម៉ូន ជាមហាបូជាចារ្យ ជាមិត្តរបស់ស្ដេច និងព្រឹទ្ធាចារ្យ ព្រមទាំងជាតិយូដាទាំងមូល សូមជ្រាប។ ៣៧ យើងបានទទួលមកុដមាស និងធាងមាសដែលអស់លោកបានផ្ញើមកយើងហើយ។ យើងត្រៀមចាំចុះសន្ធិសញ្ញាស្តីអំពីសន្តិភាពយ៉ាងពិតប្រាកដជាមួយអស់លោក ព្រមទាំងបញ្ជាឲ្យមន្រ្តីរាជការ បន្ថយពន្ធដារឲ្យអស់លោកផង។ ៣៨ អ្វីៗដែលយើងបានសម្រេចព្រមព្រៀងជាមួយអស់លោកពីមុនមក យើងសូមបញ្ជាក់សាជាថ្មី។ អស់លោកមានសិទ្ធិគ្រប់គ្រងក្រុងទាំងអស់ ដែលអស់លោកបានសង់។ ៣៩ យើងលើកលែងទោសឲ្យអស់លោកដែលប្រព្រឹត្តខុស ឬល្មើសច្បាប់ រហូតដល់សព្វថ្ងៃ ព្រមទាំង មិនទារពន្ធអាករជាមកុដមាសដែលអស់លោកត្រូវបង់ដែរ។ ប្រសិនបើមានការទារពន្ធអាករផ្សេង ទៀត ពីប្រជាជនក្រុងយេរូសាឡឹម ចាប់ពីពេលនេះ គេមិនត្រូវទាមទារទៀតឡើយ។ ៤០ ប្រសិនបើ មានអ្នកខ្លះមានសមត្ថភាពអាចបម្រើកងទ័ពរបស់យើងបាន ចូរអញ្ជើញមកចុះឈ្មោះទៅ»។ សូមឲ្យសន្តិភាពកើតឡើងរវាងគ្នានឹងគ្នាផង»។
៤១ នៅឆ្នាំ១៧០ ប្រជាជនអ៊ីស្រាអែលបានរួចផុតពីនឹមនៃសាសន៍ដទៃ។ ៤២ ប្រជាជនចាប់ផ្ដើម សរសេរកាលបរិច្ឆេទនៅលើឯកសារ និងកិច្ចសន្យានានាតាំងពីឆ្នាំដំបូងបង្អស់ ដែលលោកស៊ីម៉ូនជាមហាបូជាចារ្យ ជាមេបញ្ជាការ និងជាមេដឹកនាំនៃប្រជាជនយូដា។
លោកស៊ីម៉ូនដណ្ដើមយកក្រុងកាសារ៉ា និងបន្ទាយក្រុងយេរូសាឡឹមបាន
៤៣ នៅគ្រានោះ លោកស៊ីម៉ូនដាក់ទ័ពឡោមព័ទ្ធក្រុងកាសារ៉ា និងដាក់កងទ័ពនៅជុំវិញ។ លោកសង់ប៉មដែលមានកង់អាចរើបាន ហើយរុញទៅទល់នឹងកំពែងក្រុង។ លោកវាយប្រហារប៉មមួយក្នុងបណ្តាប៉មទាំងប៉ុន្មាន ហើយដណ្ដើមយកប៉មនោះបាន។ ៤៤ ពលទ័ពដែលនៅក្នុងប៉ម លោតចុះមកក្នុងក្រុង ជាហេតុធ្វើឲ្យអ្នកក្រុងមានការជ្រួលច្របល់។ ៤៥ អ្នកក្រុងទាំងប៉ុន្មាន ទាំងប្រពន្ធកូន នាំគ្នាឡើងទៅលើកំពែងហែកសម្លៀកបំពាក់របស់ពួកគេ ហើយស្រែកអង្វរលោកស៊ីម៉ូន សន្តោសប្រណីផ្តល់សន្តិភាពឲ្យពួកគេផង។ ៤៦ ពួកគេសុំអង្វរថា៖ «សូមមេត្តាអាណិតអាសូរដល់យើងខ្ញុំផង! កុំដាក់ទោសយើងខ្ញុំតាមអំពើអាក្រក់របស់យើងខ្ញុំឡើយ!»។ ៤៧ លោកស៊ីម៉ូនស្រុះស្រួលជាមួយពួកគេ ហើយឈប់វាយប្រហារពួកគេ។ ប៉ុន្តែ លោកដេញប្រជាជនចេញពីក្រុងហើយធ្វើពិធីជម្រះផ្ទះ ដែលមានរូបព្រះក្លែងក្លាយ រួចលោក និងពលទាហាននាំគ្នាចូលក្នុងក្រុងវិញដោយច្រៀង ទំនុកលើកតម្កើង និងអរព្រះគុណព្រះជាម្ចាស់ផង។ ៤៨ លោកបោសសំអាតអ្វីៗទាំងប៉ុន្មាន ដែលធ្វើឲ្យក្រុងសៅហ្មង តែងតាំងមនុស្សដែលកាន់តាមវិន័យ រួចលោកជួសជុលកំពែងក្រុង ហើយសង់លំនៅដ្ឋានរបស់លោកនៅក្រុងនោះ។
៤៩ ប្រជាជនដែលនៅក្នុងក្រុងយេរូសាឡឹម មិនអាចចេញទៅទិញ ឬលក់ដូរអីវ៉ាន់ឡើយ។ ដូច្នេះ ពួកគេត្រូវរងទុក្ខដោយការអត់ឃ្លានយ៉ាងខ្លាំង ហើយមានមួយចំនួនស្លាប់។ ៥០ ពួកគេស្រែកអង្វរលោកស៊ីម៉ូន សូមមេត្តាប្រណីសន្តោស និងផ្តល់សន្តិភាពឲ្យគេ។ លោកក៏យល់ព្រម។ លោកដេញពួកគេចេញពីទីនោះ ហើយក៏ធ្វើពិធីជម្រះបន្ទាយក្រុងនោះ ឲ្យរួចពីសៅហ្មងដែរ។ ៥១ នៅថ្ងៃទី ២៣ ខែទី ២ ឆ្នាំ ១៧១ ពួកគេចូលមកក្នុងក្រុងវិញ ដោយស្រែកជយឃោស និងកាន់ស្លឹកត្នោត អមដោយសំឡេងពិណ ក្រាប់ និងឈិង ព្រមទាំងច្រៀងចម្រៀង និងទំនុកតម្កើងទៀតផង ដ្បិតគេបណ្តេញខ្មាំងសត្រូវដ៏ធំចេញពីទឹកដីអ៊ីស្រាអែល។ ៥២ លោកស៊ីម៉ូនចេញបញ្ជាឲ្យប្រារព្ធពិធីបុណ្យយ៉ាងសប្បាយរីករាយ ជារៀងរាល់ឆ្នាំ នៅថ្ងៃដដែលនោះ។ លោកពង្រឹងកំពែងការពារភ្នំនៃព្រះវិហារនៅទល់មុខបន្ទាយឲ្យកាន់តែរឹងមាំ។ លោកតាំងទីលំនៅនៅទីនោះជាមួយកងទ័ពរបស់លោក។ ៥៣ លោកស៊ីម៉ូនឃើញថា យ៉ូហានជាកូនរបស់លោក ធំពេញរូបពេញរាងហើយ លោកក៏តែងតាំងលោកយ៉ូហាន ឲ្យធ្វើជាមេបញ្ជាការកាន់កាប់កងទ័ពទាំងអស់។ លោកយ៉ូហានស្នាក់នៅក្រុងកាសារ៉ា។
១៤
ការសរសើររបស់លោកស៊ីម៉ូន
១ នៅឆ្នាំ ១៧២ ព្រះបាទដេម៉េទ្រីយ៉ូសប្រមូលកងទ័ព ហើយយាងចេញទៅស្រុកម៉ែដ ដើម្បីស្វែងរកជំនួយសម្រាប់ធ្វើសង្រ្គាមនឹងលោកទ្រីផូន។ ២ ប៉ុន្តែ ព្រះបាទអរសាសជាស្ដេចស្រុកពែរ្ស និងស្រុកម៉ែដ ទទួលដំណឹងថា ព្រះបាទដេម៉េទ្រីយ៉ូសយាងចូលក្នុងដែនដីរបស់ខ្លួនដូច្នេះ ក៏ចាត់មេទ័ពម្នាក់ដើម្បីទៅចាប់ព្រះបាទដេម៉េទ្រីយ៉ូស យកមកទាំងរស់។ ៣ មេទ័ពនោះចេញទៅវាយឈ្នះកងទ័ពរបស់ព្រះបាទដេម៉េទ្រីយ៉ូស ចាប់ស្ដេចបានទាំងរស់ ហើយនាំទៅថ្វាយព្រះបាទអរសាស។ ព្រះបាទអរសាស យកព្រះបាទដេម៉េទ្រីយ៉ូសទៅដាក់ក្នុងគុក។
៤ ស្រុកយូដាប្រកបដោយសេចក្ដីសុខសាន្ត ក្នុងរជ្ជកាលរបស់លោកស៊ីម៉ូន។ លោកស្វះស្វែងរកប្រយោជន៍ដើម្បីជាតិ។ ប្រជាជនយូដាគោរពអំណាចលោក ហើយភាពរុងរឿងរបស់លោកកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ ៥ លោកបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីល្បាញ ដោយដណ្ដើមយកបានក្រុងយ៉ូប៉េ។ លោកយកក្រុងនេះធ្វើជាកំពង់ផែសម្រាប់ស្រុកយូដា ព្រមទាំងបើកផ្លូវទាក់ទងនឹងកោះទាំងឡាយ។ ៦ លោកវាតព្រំដែនស្រុករបស់លោក ហើយគ្រប់គ្រងស្រុកយូដាយ៉ាងម៉ឺងម៉ាត់។ ៧ លោកប្រមូលជនជាតិយ៉ូដាជាច្រើនដែលជាប់ជាឈ្លើយ នាំត្រឡប់មកវិញ។ លោកវាយដណ្ដើមយកក្រុងកាសារ៉ា ក្រុងបេតសួរ និងបន្ទាយក្រុងយេរូសាឡឹម ហើយលុបបំបាត់អ្វីៗទាំងអស់ ដែលធ្វើឲ្យក្រុងទាំងបីនោះមានភាពសៅហ្មង។ គ្មាននរណាម្នាក់អាចតទល់ប្រឆាំងនឹងលោកឡើយ។ ៨ ប្រជាជនធ្វើស្រែចម្ការរបស់ខ្លួនដោយសុខសាន្ត ដីផ្តល់ភោគផល ដំណាំដាំដុះក៏ផ្តល់ផ្លែផ្កាគួរឲ្យពេញចិត្ត។ ៩ ចាស់ៗអង្គុយនៅតាមទីសាធារណៈ ពោលតែអំពីភាពចម្រុងចម្រើន។ ពួកយុវជនស្លៀកសម្លៀកបំពាក់ល្អប្រណីត និងប្រដាប់គ្រឿងសាស្រ្តាវុធយ៉ាងអង់អាច។ ១០ លោកស៊ីម៉ូនផ្គត់ផ្គង់ ស្បៀងអាហារដល់ក្រុងនានា និងសង់កំពែងសម្រាប់ការពារក្រុងទាំងនោះ។ ដូច្នេះកិត្តិស័ព្ទដ៏រុងរឿងរបស់លោកល្បីសុសសាយគ្រប់ទិសទី រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ១១ លោកធ្វើឲ្យស្រុកមានសន្តិភាព ហើយប្រជាជនអ៊ីស្រាអែលមានអំណរសប្បាយជាខ្លាំង។ ១២ ម្នាក់ៗអង្គុយក្រោមម្លប់ដើមទំពាំងបាយជូរ ឬក្រោមម្លប់ដើមស្វាយរបស់ខ្លួន ដោយគ្មាននរណាមកបំភ័យពួកគេឡើយ។ ១៣ ស្ដេចទាំងឡាយត្រូវបរាជ័យនៅសម័យនោះ។ ១៤ លោកជួយអ្នកតូចតាចទាំងប៉ុន្មាននៅក្នុងស្រុក។ លោកកាន់តាមវិន័យ ហើយបំបាត់ជនពាល និងមនុស្សអាក្រក់ទាំងអស់ចោល។ ១៥ លោកធ្វើឲ្យព្រះវិហារទទួលសិរីរុងរឿង ហើយថ្វាយគ្រឿងសក្ការៈជាច្រើនចំពោះព្រះដំណាក់ផង។
អ្នកនាំក្រុងស្ប៉ាតផ្ញើលិខិតជូនលោកស៊ីម៉ូន
១៦ នៅក្រុងរ៉ូមក៏ដូចជានៅក្រុងស្ប៉ាតដែរ គេទទួលដំណឹងថា លោកយ៉ូណាថានទទួលមរណភាព ពួកគេសោកស្តាយយ៉ាងខ្លាំង។ ១៧ ប៉ុន្តែ កាលពួកគេដឹងថា លោកស៊ីម៉ូនឡើងជាមហាបូជាចារ្យ ជំនួសប្អូន ហើយគ្រប់គ្រងស្រុក និងក្រុងទាំងប៉ុន្មាន ១៨ គេចារឹកសាជាថ្មីនូវសន្ធិសញ្ញា ស្តីអំពីមិត្តភាព និងសម្ពន្ធមិត្តនៅលើបន្ទះសង្ហិន ដូចគេបានចងពីមុនជាមួយលោកយូដា និងលោកយ៉ូណាថានជាប្អូនរបស់លោកដែរ។ ១៩ គេយកបន្ទះនេះមកអានជូនអង្គប្រជុំនៃប្រជាជនក្រុងយេរូសាឡឹមស្តាប់។ ២០ លិខិតដែលប្រជាជនក្រុងស្ប៉ាតសរសេរផ្ញើមក មានសេចក្ដីដូចតទៅ៖ «អ្នកមុខអ្នកការក្រុងស្ប៉ាតសូមជម្រាបមកលោកស៊ីម៉ូន ជាមហាបូជាចារ្យ អស់លោកព្រឹទ្ធាចារ្យ អស់លោកបូជាចារ្យ និងប្រជាជនយូដាទាំងអស់សូមជ្រាប។ ២១ ទូតដែលអស់លោកបានចាត់ឲ្យមកជួបប្រជាជនរបស់យើងខ្ញុំ បានរៀបរាប់ប្រាប់យើងខ្ញុំអំពីភាពរុងរឿង កិត្តិនាមរបស់អស់លោក។ យើងសូមស្វាគមន៍យ៉ាងរីករាយ ចំពោះកិច្ចការរបស់ទូតទាំងនោះ។ ២២ យើងខ្ញុំបានកត់ត្រាសេចក្ដីប្រកាសរបស់ទូតទាំងនោះចំពោះយើងខ្ញុំ ទុកជាឯកសារក្នុងសៀវភៅនៃសេចក្ដីសម្រេចរបស់ប្រជាជន ដូចតទៅ៖ លោកនូមេនីយ៉ូស ជាកូនលោកអន់ទីយ៉ូគូស ហើយលោកអន់ទីប៉ាទែរ ជាកូនលោកយ៉ាសូន ជាទូតរបស់ប្រជាជនយូដា អញ្ជើញមកស្រុកយើងខ្ញុំ ដើម្បីរឹតចំណងមិត្តភាពជាមួយយើងខ្ញុំសាជាថ្មី។ ២៣ ប្រជាជនពេញចិត្តទទួលទូតទាំងនោះយ៉ាងឱឡារិក ហើយយកលិខិតនៃសេចក្ដីប្រកាស ទៅតម្កល់ទុកជាឯកសារសាធារណៈ ដើម្បីឲ្យប្រជាជនក្រុងស្ប៉ាតចងចាំ»។ លិខិតចម្លងនៃឯកសារនេះបានផ្ញើជូនលោកស៊ីម៉ូន ជាមហាបូជាចារ្យ។ ២៤ បន្ទាប់មក លោកស៊ីម៉ូនចាត់លោកនូមេនីយ៉ូសទៅក្រុងរ៉ូម ទាំងនាំយកខែលមាសដែលមានតម្លៃស្មើប្រាក់ប្រាំរយគីឡូក្រាម ជាអំណោយ ដើម្បីរឹតចំណងសម្ពន្ធមិត្តជាមួយជនជាតិរ៉ូមសាជាថ្មី។
ក្រឹត្យរបស់រដ្ឋសភាស្តីអំពីលោកស៊ីម៉ូនជាបូជាចារ្យ
២៥ ក្រោយពីជ្រាប ព្រឹត្តិការណ៍ទាំងនេះមក ប្រជាជនសួរគ្នាថា៖ «តើយើងមានអ្វីនឹងថ្លែងអំណរគុណចំពោះលោកស៊ីម៉ូន និងកូនរបស់លោក ២៦ ដ្បិតរូបលោក ទាំងប្អូនរបស់លោក និងក្រុមគ្រួសារលោក សុទ្ធតែតស៊ូយ៉ាងអង់អាចក្លាហាន។ លោកកាន់អាវុធបណ្តេញខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែលចេញអស់ ហើយនាំប្រជាជនឲ្យមានសេរីភាពដែរ»។ ដូច្នេះ ពួកគេចារឹកសេចក្ដីលើបន្ទះលង្ហិន ជាប់នឹងស្តូបនៅលើភ្នំស៊ីយ៉ូន។ ២៧ សេចក្ដីចារឹកនោះមានដូចតទៅ៖ នៅថ្ងៃទី ១៨ ខែភទ្របទ ត្រូវនឹងខែអេលូស ឆ្នាំ ១៧២ គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់លោកស៊ីម៉ូនជាមហាបូជាចារ្យ ២៨ មានបើកអង្គប្រជុំមួយយ៉ាងធំ គឺមានអស់លោកបូជាចារ្យ ប្រជាជន អស់លោកមេដឹកនាំ និងអស់លោកព្រឹទ្ធាចារ្យក្នុងស្រុកចូលរួមផង។ នៅពេលនោះ គេប្រាប់យើងខ្ញុំថា ២៩ ពេលមាន សង្គ្រាមជាញឹកញាប់ក្នុងស្រុក លោកស៊ីម៉ូន ជាកូនរបស់លោកម៉ាថាធីយ៉ា ជាពូជពង្សរបស់កូនចៅលោកយ៉ូអារីប និងបងប្អូនរបស់លោក ស៊ូប្តូរជីវិតប្រយុទ្ធនឹងខ្មាំងសត្រូវរបស់ជាតិខ្លួន ដើម្បីការពារព្រះវិហារ និងធម្មវិន័យ។ អស់លោកនាំយកសិរីជោគជ័យដ៏រុងរឿងជូនជាតិរបស់ខ្លួន។ ៣០ លោកយ៉ូណាថានបានបង្រួបបង្រួមជាតិរបស់លោក ហើយធ្វើជាមហាបូជាចារ្យ រួចលាចាកលោកនេះទៅ។ ៣១ សត្រូវរបស់ជនជាតិយូដាមានបំណងឈ្លានពាន និងបំផ្លាញទឹកដីរបស់អស់លោក ព្រមទាំងដណ្ដើមយកព្រះវិហាររបស់អស់លោកផង។ ៣២ ពេលនោះលោកស៊ីម៉ូនងើបឡើង ហើយវាយប្រយុទ្ធដើម្បីជាតិរបស់លោក។ លោកចំណាយទ្រព្យសម្បត្តិផ្ទាល់របស់លោកយ៉ាងច្រើន សម្រាប់ទិញអាវុធ និងចែកបៀរវត្សដល់ពលទាហាននៃកងទ័ពជាតិទៀតផង។ ៣៣ លោកសង់កំពែងការពារក្រុងនានានៅស្រុកយូដា ជាពិសេស ក្រុងបេតសួរដែលស្ថិតនៅតាមព្រំដែន និងឃ្លាំងអាវុធរបស់ខ្មាំងសត្រូវកាលពីមុននោះ។ លោកដាក់កងទ័ពយូដាក្នុងក្រុងនោះដែរ។ ៣៤ លោកសង់កំពែងក្រុងយ៉ូប៉េដែលស្ថិតនៅតាមឆ្នេរសមុទ្រ ព្រមទាំងក្រុងកាសារ៉ា ដែលស្ថិតនៅក្បែរក្រុងអាសូត ជាក្រុងដែលខ្មាំងសត្រូវកាន់កាប់កាលពីដើម។ លោកឲ្យប្រជាជនយូដាតាំងទីលំនៅក្នុងក្រុង ហើយទុកស្បៀងគ្រប់បែបយ៉ាង ដែលប្រជាជនត្រូវការ។ ៣៥ ប្រជាជនឃើញភាពស្មោះត្រង់របស់លោកស៊ីម៉ូន និងភាពរុងរឿងដែលលោកបានផ្តល់ជូនជាតិរបស់លោក។ គេតែងតាំងលោកឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ និងជាមហាបូជាចារ្យ ដើម្បីតបស្នងគុណចំពោះកិច្ចការទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តដោយត្រឹមត្រូវ សុចរិត និងស្មោះត្រង់ចំពោះជាតិ និងប្រយោជន៍ប្រជាជនលោក។ ៣៦ ពេលលោកស៊ីម៉ូនគ្រប់គ្រងស្រុកលោក បណ្តេញសាសន៍ដទៃចេញពីទឹកដី និងបុរីរបស់ព្រះបាទដាវីឌ នៅក្រុងយេរូសាឡឹម។ សាសន៍ដទៃទាំងនោះបានយកបុរីនោះធ្វើជាបន្ទាយ ហើយធ្លាប់ចេញពីបន្ទាយនេះ ដើម្បីធ្វើឲ្យទីលានព្រះវិហារមានសៅហ្មង និងបង្អាប់បង្ឱនភាពដ៏វិសុទ្ធនៃទីនោះផង។ ៣៧ លោកតែងដាក់កងទ័ពយូដានៅទីនោះ ព្រមទាំងពង្រឹងបន្ទាយនេះឡើង ដើម្បីការពារសន្តិសុខក្នុងស្រុក និងក្រុងផង។ លោកសង់កំពែងក្រុងយេរូសាឡឹមឲ្យខ្ពស់ជាងពីមុនទៅទៀត។
៣៨ ព្រះបាទដេម៉េទ្រីយ៉ូសទតឃើញដូច្នេះ ក៏បញ្ជាក់ថា លោកស៊ីម៉ូនបំពេញមុខងារជាមហាបូជាចារ្យ ៣៩ ហើយព្រះអង្គតែងតាំងលោកស៊ីម៉ូន ជាសម្លាញ់របស់ស្ដេច ព្រមទាំងប្រទានកិត្តិយសដ៏ខ្ពង់ខ្ពស់ឲ្យលោកផង។ ៤០ ព្រះរាជាធ្វើដូច្នេះ ព្រោះព្រះអង្គជ្រាបថា ជនជាតិរ៉ូម៉ាំងធ្លាប់ចាត់ទុកជនជាតិយូដា ជាមិត្តសម្លាញ់ ជាសម្ពន្ធមិត្ត និងជាបងប្អូនរបស់ពួកគេ ហើយពួកគេបានទទួលទូតរបស់លោកស៊ីម៉ូនយ៉ាងឱឡារិកក្រៃលែង។ ៤១ ស្ដេចជ្រាបថា ជនជាតិយូដា និងអស់លោកបូជាចារ្យសម្រេចចិត្ត តែងតាំងលោកស៊ីម៉ូន ធ្វើជាមេដឹកនាំ និងជាមហាបូជាចារ្យរហូតតរៀងទៅ គឺរហូតដល់មានព្យាការីដ៏ស្មោះត្រង់ម្នាក់ងើបឡើង។ ៤២ ពួកគេក៏តែងតាំងលោកជាមេបញ្ជាការនៃកងទ័ពទាំងមូល និងជាអ្នកទទួលខុសត្រូវលើព្រះវិហារ មានបន្ទុកតែងតាំងមេការ មន្ត្រីរាជការក្នុងស្រុក ជាអ្នកទទួលខុសត្រូវលើគ្រឿងសាស្ត្រាវុធ និងបន្ទាយទាំងឡាយ។ លោកស៊ីម៉ូនជាអ្នកទទួលខុសត្រូវលើគ្រប់កិច្ចការក្នុងព្រះវិហារ។ ៤៣ ប្រជាជនត្រូវតែធ្វើតាមបង្គាប់លោក ឯកសារជាផ្លូវការក្នុងស្រុកទាំងអស់ ត្រូវសរសេរក្នុងនាមរបស់លោក។ លោកមានសិទ្ធិពាក់អាវពណ៌ស្វាយរបស់ស្ដេច និងពាក់ក្លាស់មាសផង។ ៤៤ គ្មាននរណាម្នាក់ក្នុងចំណោមប្រជាជន ឬក្នុងចំណោមបូជាចារ្យមានសិទ្ធិបដិសេធសេចក្ដីសម្រេចណាមួយ ឬប្រឆាំងនឹងបញ្ជារបស់លោក ឬកោះប្រជុំគ្នា ឬមានសិទ្ធិពាក់អាវពណ៌ស្វាយរបស់ស្ដេច និងពាក់ក្លាស់មាសឡើយ។ ៤៥ នរណាម្នាក់បដិសេធសេចក្ដីសម្រេចណាមួយ ត្រូវទទួលទោស។ ៤៦ ប្រជាជនទាំងអស់មូលមតិ និងផ្តល់សិទ្ធិទាំងនេះឲ្យលោកស៊ីម៉ូន។ ៤៧ លោកស៊ីម៉ូនក៏យល់ព្រមទទួល ហើយសុខចិត្តបំពេញមុខងារជាមហាបូជាចារ្យ ជាមេបញ្ជាការ ព្រមទាំងជាមេដឹកនាំរបស់ជនជាតិយូដា និងបូជាចារ្យ គឺដឹកនាំមនុស្សទាំងអស់»។
៤៨ ប្រជាជនសម្រេចថា ត្រូវចារសេចក្ដីនេះនៅលើបន្ទះលង្ហិន យកទៅតម្កល់ទុកក្នុងបរិវេណព្រះវិហារ ត្រង់កន្លែងដែលគេអាចឃើញច្បាស់ ៤៩ ហើយចម្លងសេចក្ដីនេះយកទៅដាក់ក្នុងឃ្លាំងនៃព្រះវិហារ ដើម្បីឲ្យលោកស៊ីម៉ូន និងកូនចៅរបស់លោក អាចមើលឃើញផង។
១៥
អន់ទីយ៉ូគូសផ្ញើសារមកជូនលោកស៊ីម៉ូន
១ ព្រះបាទអន់ទីយ៉ូគូស ជាបុត្រព្រះបាទដេម៉េទ្រីយ៉ូស សរសេររាជសារមួយច្បាប់ពីកោះ ផ្ញើមកជូនលោកស៊ីម៉ូន ជាមហាបូជាចារ្យ និងជាមេដឹកនាំនៃជនជាតិយូដា និងប្រជាជាតិទាំងមូល។ ២ រាជសារមានចែងដូចតទៅ៖ «ព្រះបាទអន់ទីយ៉ូគូសសូមជម្រាបមកលោកស៊ីម៉ូន ជាមហាបូជាចារ្យ និងជាមេដឹកនាំជនជាតិយូដា ព្រមទាំងប្រជាជាតិយូដា សូមជ្រាប។ ៣ ដោយមានជនអន្ធពាលដណ្ដើមរាជាណាចក្ររបស់អយ្យកោយើង យើងបានទាមទាររាជអំណាច ហើយបានគ្រប់គ្រងរាជាណាចក្រដូចដើមវិញ។ យើងបានជ្រើសរើសកងទ័ពជាច្រើន ហើយរៀបចំសំពៅចម្បាំង ៤ ក្នុងគោលបំណងវាយប្រហារយកស្រុក ហើយបណ្តេញអស់អ្នកដែលធ្វើឲ្យស្រុករបស់យើងអន្តរាយ និងបំផ្លាញក្រុងជាច្រើន ក្នុងរាជាណាចក្រយើង។ ៥ ឥឡូវនេះ យើងសូមបញ្ជាក់ថា យើងយល់ព្រមធ្វើតាមសេចក្ដីសម្រេចរបស់ស្ដេចទាំងប៉ុន្មាន ដែលគ្រងរាជ្យមុនយើង គឺមិនទាមទារពន្ធអាករពីអស់លោក និងសួយសារអាករទាំងប៉ុន្មាន ដែលអស់លោកធ្លាប់នាំមកថ្វាយ។ ៦ យើងអនុញ្ញាតឲ្យលោកមានសិទ្ធិធ្វើប្រាក់កាក់ សម្រាប់ប្រើប្រាស់ក្នុងស្រុករបស់យើង។ ៧ ក្រុងយេរូសាឡឹម និងព្រះវិហារមានសេរីភាព មិនបាច់បង់ពន្ធ។ គ្រឿងសាស្រ្តាវុធទាំងប៉ុន្មានដែលលោករកបាន បន្ទាយទាំងប៉ុន្មានដែលលោកបានសង់ និងគ្រប់គ្រង ស្ថិតនៅជាកម្មសិទ្ធិរបស់លោករហូតតរៀងទៅ។ ៨ យើងលុបបំណុលទាំងប៉ុន្មាន ដែលលោកជំពាក់ឃ្លាំងរាជទ្រព្យនៅពេលនេះ ហើយនៅពេលអនាគត។ ៩ នៅពេលយើងកាន់កាប់អំណាចឡើងវិញ យើងនឹងផ្តល់កិត្តិយសខ្ពង់ខ្ពស់ជូនលោក ជូនប្រជាជាតិរបស់លោក និងជូនព្រះវិហារក្រុងយេរូសាឡឹម ឲ្យមនុស្សក្នុងពិភពលោកទាំងមូលទទួលស្គាល់»។
ព្រះបាទអន់ទីយ៉ូគូសឡោមព័ទ្ធលោកទ្រីផូននៅដូរ៉ា
១០ នៅឆ្នាំ១៧៤ ព្រះបាទអន់ទីយ៉ូគូសយាងចូលដែនដីនៃអយ្យកោរបស់ខ្លួន។ កងទ័ពទាំងអស់ចូលរួមជាមួយស្ដេច ហើយមានទ័ពតែមួយភាគតិចដែលនៅជាមួយលោកទ្រីផូន។ ១១ ព្រះបាទអន់ទីយ៉ូគូសដេញតាមលោកទ្រីផូន ដែលភៀសខ្លួនទៅកាន់ក្រុងដូរ៉ា នៅតាមឆ្នេរសមុទ្រ ១២ ដ្បិតគាត់ដឹងច្បាស់ថា គាត់មុខជាជួបប្រទះនឹងគ្រោះកាចមិនចេះចប់ ហើយកងទ័ពក៏រត់ចោលគាត់ដែរ។ ១៣ ព្រះបាទអន់ទីយ៉ូគូសបាននាំទ័ពថ្មើរជើងមួយសែនពីរម៉ឺននាក់ និងទ័ពសេះប្រាំបីពាន់នាក់ មកបោះទីតាំងមុខក្រុងដូរ៉ា។ ១៤ ស្ដេចឡោមទ័ពទីក្រុង ហើយសំពៅចម្បាំងជាច្រើនក៏ចតនៅមុខក្រុង។ ដោយកងទ័ពឡោមព័ទ្ធក្រុងយ៉ាងជិតគ្រប់ទិសទីទាំងអស់ គ្មាននរណាម្នាក់អាចចេញចូលបានឡើយ។
ទូតរបស់ជនជាតិយូដាវិលត្រឡប់មកពីក្រុងរ៉ូម
១៥ លោកនូមេនីយ៉ូស និងអ្នកដែលទៅជាមួយត្រឡប់មកពីក្រុងរ៉ូម ហើយនាំលិខិតមកថ្វាយស្ដេច និងបណ្តាស្រុកនានា។ លិខិតមានចែងដូចតទៅ៖ ១៦ «លោកលូស៊ីយ៉ូសជាទេសាភិបាលជនជាតិរ៉ូម៉ាំង សូមទូលថ្វាយព្រះបាទផ្ទូលេមេ សូមជ្រាប។ ១៧ ទូតនៃជនជាតិយូដា ដែលលោកមហាបូជាចារ្យស៊ីម៉ូន និងប្រជាជនយូដា ចាត់ឲ្យមកជួបយើងខ្ញុំ។ អស់លោកមកក្នុងឋានៈជាមិត្តសម្លាញ់ និងសម្ពន្ធមិត្ត ដើម្បីរឹតចំណងមិត្តភាព និងសម្ពន្ធមិត្តដូចកាលពីដើមឡើងវិញ។ ១៨ អស់លោកយកខែលមាស មានទម្ងន់ប្រាំរយគីឡូក្រាមមកជាមួយផង។ ១៩ ហេតុនេះហើយបានជាយើងខ្ញុំសម្រេចថានឹងសរសេរលិខិតនេះទូលថ្វាយស្ដេច ព្រមទាំងស្រុកនានា កុំឲ្យបង្ករឿងជាមួយគេ កុំច្បាំងនឹងពួកគេ ប្រឆាំងនឹងក្រុងនានា ឬទឹកដីរបស់ពួកគេដែរ កុំរួមដៃជួយគាំទ្រអ្នកដែលវាយប្រហារពួកគេឡើយ។ ២០ យើងខ្ញុំសុខចិត្តទទួលយកខែលរបស់ពួកគេ។ ២១ ដូច្នេះ ប្រសិនបើមានជនក្បត់ណារត់ភៀសខ្លួនពីស្រុកយូដា មកលាក់ខ្លួនលើទឹកដីរបស់ស្ដេច សូមចាប់គេប្រគល់ជូនលោកមហាបូជាចារ្យស៊ីម៉ូន ដើម្បីឲ្យលោកធ្វើទោសគេតាមច្បាប់»។
២២ លោកលូស៊ីយ៉ូសសរសេរលិខិតផ្ញើថ្វាយព្រះបាទដេម៉េទ្រីយ៉ូស ព្រះបាទអាថាល ព្រះបាទអារីយ៉ារ៉ាត និងព្រះបាទអរសាស ព្រមទាំងស្រុកនានាគឺ ២៣ ស្រុកសាមសាមេជនជាតិស្ប៉ាត កោះដេឡូស ក្រុងមីនដូស ក្រុងស៊ីស៊ីយ៉ូន ស្រុកការី កោះសាម៉ូស ស្រុកផាមភីលី ស្រុកលីស៊ី ស្រុកហាលីកាណាស កោះរ៉ូដ ក្រុងផាសេលីស កោះកូស ក្រុងស៊ីដេ កោះអារ៉ាដូស កោះគ័រទីន ក្រុងគ្នីឌ កោះគីប្រុស ស្រុកស៊ីរ៉េន។ ២៤ លោកចម្លងលិខិតនេះផ្ញើជូនលោកស៊ីម៉ូនជាមហាបូជាចារ្យដែរ។
ព្រះបាទអន់ទីយ៉ូគូសតវ៉ាប្រឆាំងនឹងលោកស៊ីម៉ូន
២៥ នៅគ្រានោះ ព្រះបាទអន់ទីយ៉ូគូសកំពុងឡោមព័ទ្ធក្រុងដូរ៉ា ដោយវាយប្រហារក្រុងនេះឥតឈប់ឈរ ហើយដំឡើងគ្រឿងសឹកដែរ។ កងទ័ពរបស់ព្រះបាទអន់ទីយ៉ូគូសឡោមព័ទ្ធក្រុងយ៉ាងជិត គ្មាននរណាអាចចេញចូលឡើយ។ ២៦ លោកស៊ីម៉ូនចាត់ពលទ័ពដ៏ចំណានពីរពាន់នាក់ ឲ្យទៅជួយប្រយុទ្ធជាមួយស្ដេច ព្រមទាំងបញ្ជូនមាសប្រាក់ និងគ្រឿងបរិក្ខារជាច្រើន។ ២៧ ប៉ុន្តែព្រះបាទអន់ទីយ៉ូគូសមិនគ្រាន់តែបដិសេធពុំព្រមទទួលពលទ័ព និងអំណោយទាំងនោះទេ គឺបដិសេធកិច្ចព្រមព្រៀង ដែលលោកបានចុះជាមួយលោកស៊ីម៉ូន កាលពីមុនថែមទៀត។ ស្ដេចក៏ដូរព្រះហឫទ័យក្នុងការទាក់ទងជាមួយលោកស៊ីម៉ូន។ ២៨ ស្ដេចចាត់លោកអាថេណូប៊ីយូសជាមន្ត្រីម្នាក់ឲ្យទៅប្រាប់លោកស៊ីម៉ូនថា៖ «អស់លោកកាន់កាប់ក្រុងយ៉ូប៉េ ក្រុងកាសារ៉ា និងក្រុងយេរូសាឡឹម ដែលសុទ្ធតែជាក្រុងក្នុងរាជាណាចក្ររបស់យើង។ ២៩ លោកបានធ្វើឲ្យទឹកដីទាំងនោះក្លាយទៅជាវាលរហោស្ថាន លោកក៏នាំគ្រោះកាចដល់ស្រុកនេះទៀតដែរ។ លោកត្រួតត្រាស្រុកភូមិជាច្រើននៃរាជាណាចក្ររបស់យើង។ ៣០ ឥឡូវនេះ ត្រូវតែសងក្រុងទាំងប៉ុន្មានដែលលោកដណ្ដើមយកនោះមកយើងវិញ ហើយត្រូវបង់ពន្ធអាករ សម្រាប់កន្លែងដែលលោកយកមកកាន់កាប់ ក្រៅពីស្រុកយូដា។
៣១ ប្រសិនបើអស់លោកមិនយល់ព្រមទេ ចូរយកប្រាក់មួយម៉ឺនបីពាន់គីឡូក្រាម មកបង់ពន្ធជំនួស ហើយប្រាក់មួយពាន់គីឡូក្រាមទៀត បង់សម្រាប់ការខូចខាតក្រុងនានា និងពន្ធអាករសម្រាប់ក្រុងទាំងនោះ។ ប្រសិនបើលោកមិនយល់ព្រមទេ យើងនឹងចេញទៅធ្វើសង្រ្គាមជាមួយអស់លោក»។
៣២ ពេលលោកមន្រ្តីអាថេណូប៊ីយូសទៅដល់ក្រុងយេរូសាឡឹម លោកឃើញភាពរុងរឿងយ៉ាងអស្ចារ្យរបស់លោកស៊ីម៉ូន ទូដែលមានសុទ្ធតែចានមាស និងប្រាក់ ព្រមទាំងតុទូដ៏ល្អប្រណីត។ គាត់ស្រឡាំងកាំង ហើយយកពាក្យរបស់ស្ដេចទៅប្រាប់លោកស៊ីម៉ូន។ ៣៣ លោកស៊ីម៉ូនឆ្លើយតបថា៖ «យើងខ្ញុំពុំបានដណ្ដើមយកទឹកដីបរទេស ឬទឹកដីជាកម្មសិទ្ធិរបស់អ្នកដទៃឡើយ! តែពួកសត្រូវរបស់យើងខ្ញុំបានដណ្ដើមយកទឹកដីជាមត៌ករបស់ដូនតាយើងខ្ញុំ ដោយអយុត្តិធម៌ទៅកាន់កាប់មួយរយៈ ហើយយើងគ្រាន់តែដណ្ដើមយកទឹកដីនេះមកវិញប៉ុណ្ណោះ។ ៣៤ យើងខ្ញុំឆ្លៀតឱកាសល្អដើម្បីដណ្ដើមយកទឹកដី ជាមត៌ករបស់ដូនតាយើងខ្ញុំមកវិញ។ ៣៥ ចំពោះក្រុងយ៉ូប៉េ និងក្រុងកាសារ៉ាដែលលោកទាមទារនោះ ក្រុងទាំងពីរនេះបានធ្វើបាបប្រជាជន និងស្រុកយើងយ៉ាងខ្លាំង។ យើងខ្ញុំនឹងជូនប្រាក់ចំនួនពីរពាន់ប្រាំពីររយគីឡូក្រាម ថ្វាយស្ដេច»។ លោកអាថេណូប៊ីយូស ពុំឆ្លើយតបអ្វីឡើយ។ ៣៦ លោកខឹងក្តៅក្រហាយត្រឡប់ទៅគាល់ព្រះរាជា ទូលពាក្យទាំងប៉ុន្មានរបស់លោកស៊ីម៉ូនថ្វាយស្ដេច ព្រមទាំងរាយការណ៍អំពីភាពរុងរឿងរបស់លោកស៊ីម៉ូន ដូចលោកបានឃើញនោះ។ ព្រះរាជាព្រះអង្គព្រះពិរោធយ៉ាងខ្លាំង។
ទេសាភិបាលកិនដេបេធ្វើទុក្ខបុកម្នេញប្រជាជនយូដា
៣៧ លោកទ្រីផូនចុះសំពៅ ហើយរត់ភៀសខ្លួនទៅក្រុងអ៊ូរថូស៊ីយ៉ា។ ៣៨ ព្រះបាទអន់ទីយ៉ូគូសតែងតាំងលោកកិនដេបេធ្វើជាទេសាភិបាល នៅតំបន់ឆ្នេរសមុទ្រ ទាំងផ្តល់ទ័ពថ្មើរជើង និងទ័ពសេះឲ្យលោក។ ៣៩ ព្រះរាជាបញ្ជាឲ្យលោកបោះទ័ពនៅទល់មុខស្រុកយូដា និងសង់ក្រុងកេដ្រូនឡើងវិញ ធ្វើទ្វារឲ្យមាំ ព្រមទាំងវាយប្រយុទ្ធប្រឆាំងនឹងប្រជាជនយូដា។ ចំពោះព្រះរាជាវិញ ព្រះអង្គ ដេញលោកទ្រីផូន។ ៤០ លោកកិនដេបេទៅដល់ក្រុងយ៉ាមនីយ៉ា ហើយចាប់ផ្ដើម ធ្វើទុក្ខបុកម្នេញប្រជាជនយូដាជាច្រើន ដោយឈ្លានពានចូលស្រុកយូដា ចាប់ប្រជាជនធ្វើជាឈ្លើយ និងកាប់សម្លាប់ប្រជាជនទៀតផង។ ៤១ លោកសង់ក្រុងកេដ្រូនឡើងវិញ ដាក់ទ័ពថ្មើរជើង និងទ័ពសេះមួយចំនួននៅក្រុងនេះ ដើម្បីងាយស្រួលចេញទៅវាយប្រយុទ្ធ និងយាមល្បាតមើលតាមផ្លូវទៅកាន់ស្រុកយូដា តាមរាជបញ្ជារបស់ព្រះមហាក្សត្រ។
១៦
កូនរបស់លោកស៊ីម៉ូនដេញលោកកិនដេបេ
១ លោកយ៉ូហានចាកចេញពីក្រុងកាសារ៉ា ទៅជម្រាបលោកស៊ីម៉ូន ជាឪពុករបស់លោក ពីអំពើដែលលោកកិនដេបេបានប្រព្រឹត្ត។ ២ លោកស៊ីម៉ូនកោះហៅកូនច្បងទាំងពីរ គឺលោកយ៉ូហាន និងលោកយូដា ហើយមានប្រសាសន៍ថា៖ «បងៗរបស់ឪពុក និងពុក ព្រមទាំងក្រុមគ្រួសារជីតារបស់កូន បានតស៊ូប្រយុទ្ធនឹងខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល តាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។ ព្រះជាម្ចាស់បានប្រោសប្រទានឲ្យយើងសង្រ្គោះប្រជាជនអ៊ីស្រាអែលច្រើនលើក ច្រើនគ្រាហើយ។ ៣ ឥឡូវនេះ ពុកចាស់ហើយ! រីឯកូនវិញ ក៏ពេញកម្លាំង ដោយព្រះជាម្ចាស់ប្រោសមេត្តាដល់កូន។ ហេតុនេះ ចូរស្នងមុខតំណែងពីពុក និងប្អូនរបស់ពុក ចូរចេញទៅប្រយុទ្ធ ដើម្បីជាតិរបស់យើង! សូមព្រះជាម្ចាស់តាមថែរក្សាកូន»។ ៤ លោកជ្រើសរើសកងទ័ពថ្មើរជើងក្នុងស្រុកទាំងមូល ចំនួនពីរម៉ឺននាក់ ព្រមទាំងពលសេះ ហើយលើកទ័ពចេញទៅវាយលោកកិនដេបេ។ ពួកគេសម្រាកមួយ យប់នៅក្រុងម៉ូឌីន ៥ ហើយក្រោកពីព្រលឹម ធ្វើដំណើរឆ្ពោះទៅកាន់ទីវាល។ នៅគ្រានោះ ទ័ពថ្មើរជើង និងពលសេះ ដើរតម្រង់មកវាយប្រហារលើពួកគេ។ មានជ្រោះមួយខ័ណ្ឌកងទ័ពទាំងពីរ។ ៦ លោកយ៉ូហាន និងទ័ពរបស់គាត់ត្រៀមខ្លួនប្រឈមមុខនឹងកងទ័ពនោះ។ ដោយលោកឃើញកងទ័ពរបស់ខ្លួនខ្លាចមិនហ៊ានឆ្លងទឹកជ្រោះដូច្នេះ លោកក៏ឆ្លងទៅមុនគេ ហើយទ័ពរបស់គាត់ក៏ឆ្លងតាមដែរ។ គាត់រៀបកងទ័ពដោយដាក់ពលសេះនៅកណ្តាល ពលថ្មើរជើងនៅអមសងខាង ព្រោះពលសេះរបស់សត្រូវមានច្រើនណាស់!។ ៧ លោកបញ្ជាឲ្យគេផ្លុំត្រែ ហើយលោកកិនដេបេ និងកងទ័ពក៏បរាជ័យ។ សត្រូវដួលស្លាប់ជាច្រើន ហើយពួកដែលនៅសេសសល់ពីស្លាប់រត់ ឆ្ពោះទៅកាន់ក្រុងកេដ្រូន។ ៨ នៅពេលនោះ លោកយូដាជាប្អូនរបស់លោកយ៉ូហានត្រូវរបួស។ ៩ លោកយ៉ូហានដេញតាមគេ រហូតដល់ក្រុងកេដ្រូន ជាក្រុងដែលលោកកិនដេបេបានសង់ឡើងវិញ។ ១០ ទាហានខ្លះបានរត់ទៅនោះពួននៅប៉មទាំងឡាយនៅតាមវាល ក្បែរក្រុងអាសូតូ។ លោកយ៉ូហានដុតប៉មទាំងនោះ ហើយខ្មាំងពីរពាន់នាក់ត្រូវបាត់បង់ជីវិត។ ក្រោយមក លោកយ៉ូហានវិលត្រឡប់ទៅស្រុកយូដាវិញដោយសុខសាន្ត។
លោកស៊ីម៉ូទទួលមរណភាព
១១ គេតែងតាំងលោកផ្ទូលេមេ ជាកូនរបស់លោកអាប៊ូឡា ជាមេបញ្ជាការវាលទំនាប ក្បែរក្រុងយេរីខូ។ លោកមានមាសប្រាក់ជាច្រើនអនេក ១២ ដ្បិតលោកជាកូនប្រសារបស់លោកមហាបូជាចារ្យ។ ១៣ ដូច្នេះ លោកអួតបំប៉ោង ហើយមានបំណងចង់ធ្វើជាម្ចាស់ស្រុក។ លោកមានគំនិតអាក្រក់ចង់សម្លាប់លោកស៊ីម៉ូន និងកូនៗរបស់លោក។ ១៤ គ្រានោះ លោកស៊ីម៉ូនចេះតែធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ។ នៅខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ឆ្នាំ ១៧៧ លោកចុះទៅក្រុងយេរីខូជាមួយលោកម៉ាថាធីយ៉ាស និងលោកយូដា ជាកូនរបស់លោក។ ១៥ កូនចៅរបស់អាប៊ូឡាប្រើកលល្បិចទទួលលោកទាំងបី ក្នុងបន្ទាយតូចមួយឈ្មោះដូរ ដែលលោកបានសង់។ គាត់រៀបចំពិធីជប់លៀងមួយយ៉ាងធំ ប៉ុន្តែ គាត់បង្គាប់ទាហានរបស់គាត់ក្នុងបន្ទាយនោះ។ ១៦ កាលលោកស៊ីម៉ូន និងកូនៗរបស់គាត់ស្រវឹង លោកផ្ទូលេមេ និងបក្សពួករបស់គាត់ស្ទុះចេញមកកាន់អាវុធ ហើយរត់ទៅ ក្នុងបន្ទប់ជប់លៀងប្រហារជីវិតលោកស៊ីម៉ូន និងកូនរបស់គាត់ទាំងពីរ ព្រមទាំងអ្នកបម្រើមួយចំនួនផង។ ១៧ គាត់ប្រព្រឹត្តអំពើក្បត់ សងគុណលោកស៊ីម៉ូនដែលធ្លាប់តែធ្វើអំពើល្អ។ ១៨ លោកផ្ទូលេមេសរសេរសេចក្ដីរាយការណ៍ថ្វាយស្ដេច ពីការដែលលោកបានប្រព្រឹត្ត ដោយសូមឲ្យបញ្ជូនកងទ័ពមកជួយ ដើម្បីកសាងក្រុងនានា និងស្រុកស្រែចម្ការឡើងវិញ។ ១៩ លោកចាត់អ្នកនាំសារផ្សេងៗទៀតទៅក្រុងកាសារ៉ា ដើម្បីសូមឲ្យគេប្រហារជីវិតលោកយ៉ូហានដែរ។ លោកសរសេរលិខិតផ្ញើជូនមេបញ្ជាការ សុំឲ្យអស់លោកមកជួបគាត់ ដើម្បីទទួលមាសប្រាក់ និងអំណោយ។ ២០ លោកបញ្ចូនកងទ័ពផ្សេងទៀតឲ្យទៅកាន់កាប់ក្រុងយេរូសាឡឹម ព្រមទាំងភ្នំ និងព្រះវិហារ។ ២១ ប៉ុន្តែ មានម្នាក់រត់ទៅដល់ក្រុងកាសារ៉ាមុន ដើម្បីជម្រាបលោកយ៉ូហានអំពីមរណភាពរបស់ឪពុក និងប្អូនៗ។ អ្នកនោះប្រាប់ទៀតថា៖ «គាត់ចាត់ម្នាក់ឲ្យមកប្រហារជីវិតលោកទៀត!»។ ២២ ដំណឹងនេះធ្វើឲ្យលោកយ៉ូហានជ្រួលច្របល់ជាខ្លាំង។ លោកចាប់ពួកអ្នកដែលមកសម្លាប់លោក ហើយប្រហារជីវិតគេ ដ្បិតលោកជ្រាបថា ពួកគេមករកសម្លាប់លោក។
២៣ កិច្ចការផ្សេងៗដែលលោកយ៉ូហានបានប្រព្រឹត្ត ចម្បាំងរបស់លោក ការអស្ចារ្យដែលលោកបានធ្វើដោយចិត្តអង់អាច កំពែងដែលលោកបានសង់ និងកិច្ចការឯទៀតៗ ២៤ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្រ្តរបស់មហាបូជាចារ្យ តាំងពីពេលដែលលោកធ្វើជាមហាបូជាចារ្យ ស្នងពីឪពុករបស់លោកមក។
751 Views