សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតទីមួយរបស់
សន្តយ៉ូហាន
ពាក្យលំនាំ
លិខិតទីមួយរបស់
លោកយ៉ូហាន
ពាក្យលំនាំ
ជាយូរឆ្នាំក្រោយព្រះយេស៊ូចូលទិវង្គត មានកើតវិបត្តិមួយយ៉ាងធំក្នុងចំណោមអ្នកជឿ គឺគ្រីស្តបរិស័ទខ្លះដែលស្ទាត់ជំនាញខាងទស្សនវិជ្ជាក្រិក អួតខ្លួនថាគេអាច «ស្គាល់» និង«ឃើញ» ព្រះជាម្ចាស់បានដោយប្រាជ្ញា និងតាមការត្រិះរិះរបស់ខ្លួន។ ពួកគេអួតទៀតថា ខ្លួនគេគ្មានជាប់បាបទាល់តែសោះ ជាពិសេសទៅទៀត អ្នកទាំងនោះមិនជឿថាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ទេ ហើយក៏មិនជឿថាព្រះអង្គជាមនុស្សធម្មតាដែរ។ គេនឹកស្មានថា ព្រះវិញ្ញាណរបស់ព្រះបុត្រាបានយាងចូលក្នុងរូបបុរសម្នាក់ឈ្មោះយេស៊ូ នៅពេលលោកយ៉ូហានបាទីស្ដធ្វើពិធីជ្រមុជទឹកឲ្យ ពួកគេស្មានទៀតថា ព្រះវិញ្ញាណរបស់ព្រះបុត្រាបានយាងចេញទៅវិញ នៅពេលព្រះយេស៊ូរងទុក្ខលំបាក។
គោលបំណងៈ
លោកយ៉ូហានសរសេរលិខិតបីច្បាប់នេះ នៅចុងសតវត្សទី១ ដើម្បីប្រៀនប្រដៅគ្រីស្តបរិស័ទទាំងឡាយឲ្យកាន់ជំនឿត្រឹមត្រូវ កុំចាញ់បោកពួកអ្នកដែលផ្សាយទ្រឹស្ដីផ្ដេសផ្ដាសទាំងនោះឡើយ។ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីមាគ៌ាដ៏ពិតប្រាកដ គឺថា អ្នកណាមានចិត្តស្រឡាញ់ចំពោះអ្នកផងទាំងពួង អ្នកនោះហើយដែលស្គាល់ និងឃើញព្រះជាម្ចាស់!។
លិខិតទីពីរ និងទីបី ជាលិខិតខ្លីៗផ្ញើទៅក្រុមគ្រីស្តបរិស័ទមួយ និងគ្រីស្តបរិស័ទម្នាក់ឈ្មោះកៃយូស។
គម្រោងគម្ពីរយ៉ូហានទី១ :
• សេចក្ដីផ្ដើម ១.១-៤
• ពន្លឺ និងភាពងងឹត ១.៥‑២.២៩
• បុត្រធីតារបស់ព្រះជាម្ចាស់ និងកូនចៅរបស់មារសាតាំង ៣.១-២៤
• សេចក្ដីពិត និងគ្រូក្លែងក្លាយ ៤.១-៦
• សេចក្ដីស្រឡាញ់ ៤.៧-២១
• ជ័យជម្នះរបស់ជំនឿ ៥.១-២១
គម្រោងគម្ពីរយ៉ូហានទី២ :
• សេចក្ដីផ្ដើម ១‑៣
• សេចក្ដីស្រឡាញ់រវាងបងប្អូន ៤‑៦
• គ្រូក្លែងក្លាយ ៧‑១១
• អវសានកថា ១២‑១៣
គម្រោងគម្ពីរយ៉ូហានទី៣ :
• សេចក្ដីផ្ដើម ១‑៤
• ភក្តីភាពរបស់លោកកៃយូស ៥‑៨
• ឌីអូត្រែប និងដេមេទ្រីយូស ៩‑១២
• អវសានកថា ១៣‑១៥
១
ព្រះបន្ទូលនៃជីវិត
១ ព្រះបន្ទូលដែលផ្ដល់ជីវិតគង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ ២ (ដ្បិតជីវិតនេះបានលេចមកឲ្យយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ចដែលបែរទៅរកព្រះបិតា និងលេចមកឲ្យយើងឃើញ)។ ៣ យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឲ្យបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រីស្ត* ជាព្រះបុត្រារបស់ព្រះអង្គ។ ៤ យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។
ព្រះជាម្ចាស់ជាពន្លឺ
៥ ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រីស្ត* ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ ៦ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។ ៧ ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបានបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។
អំពើបាប និងការអត់ទោស
៨ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ៩ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១០ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
២
ព្រះគ្រីស្តជាទីពឹងរបស់យើង
១ ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារមួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រីស្តដ៏សុចរិត។ ២ ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
វិន័យថ្មីៈ ត្រូវស្រឡាញ់គ្នាជាបងប្អូន
៣ ប្រសិនបើយើងកាន់តាមវិន័យរបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ ៤ អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ ៥ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ ៦ គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
៧ កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរវិន័យ*ថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរវិន័យចាស់ ជាវិន័យដែលអ្នករាល់គ្នាបានទទួល តាំងពីដើមរៀងមក។ វិន័យ*ចាស់នេះជាព្រះបន្ទូល ដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។ ៨ ប៉ុន្តែ វិន័យដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ក៏ដូចជាវិន័យថ្មីមួយដែរ គឺពិតជាថ្មីចំពោះព្រះគ្រីស្ត* និងចំពោះអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។
៩ អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ ១០ អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។ ១១ រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។
១២ ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកឲ្យរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។ ១៣ ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ*កំណាចហើយ។
១៤ ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។
១៥ កុំស្រឡាញ់លោកីយ៍ និងអ្វីៗនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ១៦ អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្តលោភលន់របស់មនុស្ស ចិត្តលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និងអំនួត ព្រោះមានទ្រព្យសម្បត្តិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។ ១៧ លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្តលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។
អ្នកប្រឆាំងព្រះគ្រីស្ត
១៨ ម្នាលកូនចៅទាំងឡាយអើយ ពេលនេះ ជាពេលចុងក្រោយបំផុត ដូចអ្នករាល់គ្នាបានឮស្រាប់ហើយថា មានមេប្រឆាំង*ព្រះគ្រីស្តម្នាក់កំពុងតែមក។ ឥឡូវនេះ មានមេប្រឆាំងព្រះគ្រីស្តជាច្រើននាក់មកដល់មែន ជាហេតុនាំឲ្យយើងដឹងថា គ្រានេះជាគ្រាចុងក្រោយបំផុតហើយ។ ១៩ អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្តែ គេចាកចេញពីយើងទៅដូច្នេះ បង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។
២០ រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ*បានចាក់ប្រេងមកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ ២១ ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមក ព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។ ២២ តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រីស្ត*នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង*ព្រះគ្រីស្ត។ ២៣ អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។
២៤ ចំពោះអ្នករាល់គ្នាវិញ ចូរទុកឲ្យសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និងព្រះបិតាដែរ។ ២៥ រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។ ២៦ ខ្ញុំសរសេរមកអ្នករាល់គ្នាស្ដីអំពីពួកអ្នក ដែលបានមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។ ២៧ ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ព្រះអង្គគង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រីស្ត*ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
២៨ ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីឲ្យយើងមានចិត្តរឹងប៉ឹង នៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះព្រះភ័ក្ត្រព្រះអង្គឡើយ។ ២៩ អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះអង្គសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។
៣
បុត្រធីតារបស់ព្រះជាម្ចាស់
១ សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះអង្គស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ ហើយយើងពិតជាបុត្រធីតារបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ ២ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្ដែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។ ៣ អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ* ដូចព្រះអង្គបរិសុទ្ធដែរ។
៤ អ្នកណាប្រព្រឹត្តអំពើបាប* អ្នកនោះបំពានលើវិន័យ* ដ្បិតអំពើបាបជាការបំពានលើវិន័យ។ ៥ អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមក ដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។ ៦ អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ រីឯអ្នកប្រព្រឹត្តអំពើបាប មិនដែលបានឃើញព្រះអង្គ ព្រមទាំងមិនស្គាល់ព្រះអង្គផង។
៧ កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូព្រះអង្គសុចរិតដែរ។ ៨ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះកើតចេញពីមារ* ដ្បិតមារបានប្រព្រឹត្តអំពើបាប តាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។
៩ អ្នកដែលកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្តអំពើបាបឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។ ១០ ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ*។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត* អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។
ការស្រឡាញ់គ្នាជាបងប្អូន
១១ ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ១២ យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ*កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត*។ ១៣ បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។ ១៤ យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។ ១៥ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។
១៦ យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។ ១៧ ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!។
១៨ កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្ដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិតវិញ។ ១៩ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ។ ២០ ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ព្រះអង្គឈ្វេងយល់ទាំងអស់។ ២១ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ២២ អ្វីៗក៏ដោយឲ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមវិន័យរបស់ព្រះអង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ ២៣ រីឯវិន័យ*របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រីស្ត* ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមវិន័យដែលព្រះអង្គប្រទានមកយើង។ ២៤ អ្នកណាកាន់តាមវិន័យ*របស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។
៤
គ្រូក្លែងក្លាយ
១ កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានព្រះវិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះជាម្ចាស់មែន ឬយ៉ាងណា ដ្បិតមានព្យាការី*ក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។ ២ បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា ព្រះយេស៊ូគ្រីស្ត*បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន ៣ តែអ្នកណាមិនទទួលស្គាល់ថាព្រះយេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះជាម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះគ្រីស្តវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះគ្រីស្តកំពុងតែមក ឥឡូវនេះ គេក៏នៅក្នុងពិភពលោកស្រាប់។
៤ កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី*ក្លែងក្លាយទាំងនោះ ដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ព្រះអង្គមានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ ៥ អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។ ៦ រីឯយើងវិញ យើងកើតមកពីព្រះជាម្ចាស់ អ្នកណាស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីព្រះជាម្ចាស់ទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា ព្រះវិញ្ញាណសម្ដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។
ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់
៧ កូនចៅជាទីស្រឡាញ់អើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ ៨ រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ ៩ ព្រះជាម្ចាស់បានសម្ដែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារព្រះបុត្រា។ ១០ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកបូជាព្រះជន្ម លោះយើងឲ្យរួចពីបាបផង។ ១១ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
១២ ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ ១៣ យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយព្រះអង្គបានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ ១៤ រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះមនុស្សលោក។ ១៥ អ្នកណាប្រកាសជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ ១៦ រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
១៧ បើសេចក្ដីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្តរឹងប៉ឹង នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះ យើងមានរបៀបរស់នៅដូចព្រះយេស៊ូដែរ។ ១៨ បើយើងមានសេចក្ដីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ តែសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្ដេញការភ័យខ្លាចឲ្យចេញផុតទៅបានថែមទៀតផង។ អ្នកណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះ សេចក្ដីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈនៅក្នុងខ្លួនគេឡើយ។
១៩ រីឯយើងវិញ យើងមានចិត្តស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ ២០ បើនរណាម្នាក់ពោលថា “ខ្ញុំស្រឡាញ់ព្រះជាម្ចាស់” តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ ក៏ពុំអាចស្រឡាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញនោះបានដែរ។ ២១ យើងបានទទួលវិន័យនេះពីព្រះអង្គថា «អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។
៥
ជំនឿលើព្រះយេស៊ូជាប្រភពនៃសេចក្ដីស្រឡាញ់
១ អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រីស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ២ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្រធីតារបស់ព្រះជាម្ចាស់។ ៣ យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ។ វិន័យរបស់ព្រះអង្គមិនតឹងតែងទេ ៤ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ ៥ តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។
សក្ខីភាពអំពីព្រះយេស៊ូគ្រីស្ត និងអំពីជីវិតអស់កល្បជានិច្ច
៦ ព្រះយេស៊ូគ្រីស្តនេះហើយដែលបានយាងមកក្នុងលោកនេះ ដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងលោហិតផង។ ព្រះវិញ្ញាណបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។ ៧ មានបន្ទាល់បីគឺ ៨ ព្រះវិញ្ញាណ ទឹក និងលោហិត ហើយបន្ទាល់ទាំងបីនេះរួមគ្នាផ្ដល់សក្ខីភាពតែមួយ។ ៩ ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ ១០ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ ១១ រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ ១២ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។
១៣ ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។ ១៤ ហេតុនេះហើយបានជាយើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងព្រះសណ្ដាប់យើងជាមិនខាន។ ១៥ បើយើងដឹងថា ព្រះអង្គព្រះអង្គព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ ក៏យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។
១៦ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យទូលអង្វរទេ។ ១៧ អំពើទុច្ចរិតទាំងប៉ុន្មានសុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្ដាលឲ្យស្លាប់ឡើយ។
១៨ យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ព្រះអង្គការពារអ្នកនោះ ហើយមារ*កំណាចពុំអាចយាយីគេឡើយ។ ១៩ យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ ២០ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រីស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។
២១ កូនចៅអើយ ចូរចៀសឲ្យផុតពីការគោរពព្រះក្លែងក្លាយ។
572 Views