សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិត​ទី​មួយរបស់​គ្រីស្តទូត​ប៉ូល​ផ្ញើ​ជូន
គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស

ពាក្យលំនាំ

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន

គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស

ពាក្យ​លំនាំ

ក្រុង​កូរិន‌ថូសៈ នៅ​ជំនាន់​លោក​ប៉ូល កូរិន‌ថូស​ជា​ក្រុង​មួយ​ដ៏​ធំ មាន​ប្រជាជន​ប្រមាណ ៦០០.០០០ នាក់។ ក្រុង​នេះ មាន​កំពង់‌ផែ​ពីរ មួយ​នៅ​សង់ក្រេ មួយ​ទៀត​នៅ​លេសេ។ មាន​សំពៅ​ជា​ច្រើន​ដឹក​ទំនិញ​ចេញ​ចូល​មិន​ដាច់។ ប្រជាជន​ជាង​ពាក់​កណ្ដាល​ជា​អ្នក​ងារ។ នៅ​ក្រុង​កូរិន‌ថូស មាន​មនុស្ស​គ្រប់​ជាតិ​សាសន៍​រស់​លាយ‌ឡំ​គ្នា បណ្ដាល​ឲ្យ​ក្រុង​នេះ​មាន​ឈ្មោះ​អាក្រក់ ហើយ​អ្នក​ក្រុង​ជា​ច្រើន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌​គ្រប់​ប្រភេទ អ្នក​ក្រុង​នោះ​ក៏​កាន់​សាសនា​ប្លែកៗ​ពី​គ្នា តាម​ប្រពៃណី​រៀងៗ​ខ្លួន​ដែរ។ ជន​ជាតិ​ក្រិក​ដែល​មាន​អារ្យធម៌​ខ្ពស់ ចូល​ចិត្ត​ស្ដាប់​អ្នក​ប្រាជ្ញ និង​ទស្សន​វិទូ ដែល​មាន​សំនួន‌វោហារ ដ្បិត​ពួក​គេ​យល់​ថា គេ​អាច​ស្គាល់​ព្រះ‌ជាម្ចាស់ និង​សង្គ្រោះ​ខ្លួន​ឯង​បាន តាម​ការ​រិះ‌គិត​នៃ​ប្រាជ្ញា​របស់​គេ។
លោក​ប៉ូល​បាន​ផ្សាយ​ដំណឹង‌ល្អ​នៅ​ក្រុង​កូរិន‌ថូស អស់‌រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ គឺ នៅ​គ.ស.៥០-៥២ (កិច្ច‌ការ ១៨:១-៨)។ គ្រីស្ដ‌បរិស័ទ​ភាគ​ច្រើន​នៅ​ក្រុង​នោះ​សុទ្ធ‌សឹង​ជា​អ្នក​ក្រ និង​ជា​អ្នក​ងារ (១​កូរិនថូស ១:២៦-២៨)។
លោក​ប៉ូល​ចាក​ចេញ​ពី​ក្រុង​កូរិន‌ថូស​ឆ្ពោះ​ទៅ​ក្រុង​អេភេសូ។ ពេល​នោះ មាន​គ្រីស្ដ‌បរិស័ទ​ជាតិ​យូដា​ម្នាក់​ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​មាន​សំនួន‌វោហារ ក៏​បាន​ទៅ​ផ្សាយ​ដំណឹង‌ល្អ​នៅ​ក្រុង​អេភេសូ និង​ក្រុង​កូរិន‌ថូស​ដែរ (កិច្ច‌ការ ១៨.២៤-២៨)។ គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក​ផ្សេងៗ ខ្លះ​កាន់​តាម​លោក​អប៉ូ‌ឡូស ខ្លះ​កាន់​តាម​លោក​ប៉ូល ខ្លះ​ទៀត​កាន់​តាម​លោក​សិលា (១​កូរិន‌ថូស ១២)។ មាន​អ្នក​ផ្ទះ​នាង​ក្លូអេ ទៅ​ជម្រាប​លោក​ប៉ូល អំពី​ការ​បាក់​បែក​គ្នា​នេះ។ លោក​ប៉ូល​ក៏​ចាត់​លោក​ធីម៉ូថេ ដែល​ជា​សហ‌ការី​មួយ​រូប​របស់​លោក ឲ្យ​ទៅ​ក្រុង​កូរិន‌ថូស ដើម្បី​ប្រៀន‌ប្រដៅ​គ្រីស្ដ‌បរិស័ទ​នៅ​ទី​នោះ (១​កូរិន‌ថូស ៤.១៧)។ ពួក​គេ​បាន​សរសេរ​សំណួរ​ផ្សេងៗ​ផ្ញើ​ទៅ​លោក​ប៉ូល តាម‌រយៈ​លោក​ធីម៉ូថេ (១​កូរិន‌ថូស ៧.១)។ នៅ​ឆ្នាំ​៥៥-៥៦ លោក​ប៉ូល​ក៏​សរសេរ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​នោះ​វិញ គឺ «លិខិត​ទី​មួយ​ផ្ញើ​ជូន​គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស»។
ប៉ុន្តែ គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស​នៅ​តែ​នាំ​គ្នា​ប្រព្រឹត្ត​មិន​សម‌រម្យ ដូច្នេះ លោក​ប៉ូល​ក៏​សរសេរ លិខិត​មួយ​ច្បាប់​ទៀត​ទៅ​បន្ទោស​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង (ប្រហែល​ជា​ចំពូក ១០-១៣ នៃ​លិខិត​ទី​២)។ បន្ទាប់​មក លោក​ប៉ូល​បាន​ចាត់​លោក​ទីតុស​ជា​សហ‌ការី​របស់​លោក​ឲ្យ​ទៅ​ចាត់​ចែង​ប្រមូល​ប្រាក់​ជំនួយ​នៅ​ក្រុង​កូរិន‌ថូស រីឯ​លោក​វិញ លោក​ទៅ​ក្រុង​ត្រូអាស។ នៅ​គ.ស.៥៦ ឬ​៥៧ កាល​លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​ត្រូអាស លោក​ទីតុស​ត្រឡប់​ពី​ក្រុង​កូរិន‌ថូស ទាំង​នាំ​ដំណឹង​ផ្សេងៗ​ពី​គ្រីស្ដ‌បរិស័ទ​នៅ​ទី​នោះ​មក​ជម្រាប​លោក។ លោក​សប្បាយ​ចិត្ត​ក៏​សរសេរ​លិខិត​មួយ​ច្បាប់​ទៀត​ផ្ញើ​ទៅ​គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស (ចំពូក​១‑៩​នៃ​លិខិត​ទី​២)។

គោល​សំខាន់ៗ

ក្នុង​លិខិត​ទី​មួយ លោក​ប៉ូល​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​របស់​ព្រះ‌សហគមន៍​នៅ​ក្រុង​កូរិន‌ថូស គឺ​លោក​បាន​អប់រំ​គ្រីស្ដ‌បរិស័ទ​ឲ្យ​រស់​នៅ​ដោយ​ថ្លៃ‌ថ្នូរ តាម​ឋានៈ​របស់​ខ្លួន​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់។
១.អំពី​ការ​ប្រកាន់​បក្ស​ពួក​ក្នុង​ព្រះ‌សហគមន៍ (១.១០‑៤.២១):
បញ្ហា​នេះ​កើត​មក​ពី​ជន​ជាតិ​ក្រិក​ចូល​ចិត្ត​យក​ប្រាជ្ញា​មនុស្ស​លោក​មក​រិះ‌គិត​អំពី​ព្រះ‌គ្រីស្ដ តាម​អារ្យធម៌​របស់​ពួក​គេ។ លោក​ប៉ូល​ពន្យល់​អំពី​ទំនាក់‌ទំនង​រវាង​ជំនឿ និង​ប្រាជ្ញា​មនុស្ស​លោក។ ជំនឿ​របស់​គ្រីស្ដ‌បរិស័ទ​ពុំ​សំអាង​លើ​ការ​រិះ‌គិត​របស់​មនុស្ស​ទេ ហើយ​ក៏​ពុំ​មែន​ជា​ទ្រឹស្ដី​ដ៏​ល្អ​ប្រសើរ​ដែរ។ ជំនឿ​នេះ​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ចិត្ត​គំនិត​របស់​មនុស្ស ហើយ​នាំ​ឲ្យ​មនុស្ស​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ដដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។
២.បញ្ហា​គ្រីស្ដ‌បរិស័ទ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌ (៦.១៨-២០):
គ្រីស្ដ‌បរិស័ទ​ប្ដឹង​ផ្ដល់​គ្នា (៦.១-១១) ការ​ទូន្មាន​របៀប​រស់​នៅ​ជា​គូ‌ស្រករ ឬ​នៅ​លីវ (៧) បញ្ហា​ទាំង​នេះ​កើត​មក​ពី​អារ្យធម៌​របស់​អ្នក​ក្រុង​កូរិន‌ថូស មាន​អ្នក​ខ្លះ​លើក​តម្កើង​ប្រាជ្ញា​របស់​មនុស្ស​លោក​ខ្លាំង​ពេក ហើយ​មើល‌ងាយ​រូប​កាយ​មនុស្ស បណ្ដាល​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​តាម​កាម‌គុណ។ មាន​អ្នក​ខ្លះ​មើល‌ងាយ​រូប​កាយ​តាម​របៀប​ផ្សេង គឺ​ពួក​គេ​កាន់​សីល‌ធម៌​តឹង‌តែង​ពេក មិន​ព្រម​ឲ្យ​បុរស​ស្ត្រី​យក​គ្នា​ជា​គូ​ស្វាមី​ភរិយា​ឡើយ។ លោក​ប៉ូល​ប្រៀន‌ប្រដៅ​អំពី​កិត្តិយស​របស់​រូប​កាយ​ដែល​ជា​ព្រះ‌វិហារ​សម្រាប់​ព្រះ‌វិញ្ញាណ​គង់​នៅ។
៣.បញ្ហា​បរិភោគ​សាច់​ដែល​គេ​សែន​រួច​ហើយ (៨.១‑១១.១):
បញ្ហា​នេះ​កើត​មក​ពី​គ្រីស្ដ‌បរិស័ទ​ប្រាស្រ័យ​ទាក់‌ទង​ជា​មួយ​អ្នក​កាន់​សាសនា​ដទៃ។ នៅ​ជំនាន់​នោះ អ្នក​កាន់​សាសនា​ដទៃ​តែង​យក​សាច់​សែន​រូប​សំណាក​ព្រះ​របស់​គេ។ តើ​គ្រីស្ដ‌បរិស័ទ​មាន​សិទ្ធិ​បរិភោគ​សាច់​ដែល​គេ​សែន​ហើយ​នោះ​ឬ​ទេ?។ ត្រង់​ចំណុច​នេះ លោក​ប៉ូល​ប្រៀន‌ប្រដៅ​គ្រីស្ត‌បរិស័ទ​ឲ្យ​គោរព​ព្រះ‌គ្រីស្ដ​ជា​ព្រះ‌សង្គ្រោះ​តែ​មួយ​គត់ និង​ជា​ព្រះ‌អម្ចាស់​លើ​អ្វីៗ​ទាំង​អស់ ហើយ​លោក​ក៏​បាន​ដាស់‌តឿន​គេ ឲ្យ​គោរព​សេរី‌ភាព​របស់​គ្រីស្ដ‌បរិស័ទ ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ។
៤.របៀប​រៀប‌រយ​ក្នុង​ព្រះ‌សហគមន៍ (១១.២‑១៤.៤០):
លោក​ប៉ូល​បាន​បរិយាយ​អំពី​សណ្ដាប់‌ធ្នាប់​ដែល​គ្រីស្ដ‌បរិស័ទ​ត្រូវ​ប្រកាន់​យក ក្នុង​ពេល​ប្រជុំ​រួម​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ក្នុង​របៀប​ប្រើ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ។ គ្រីស្ដ‌បរិស័ទ​ត្រូវ​ប្រព្រឹត្ត​គ្រប់​កិច្ច‌ការ​ទាំង​អស់​ដោយ​ចិត្ត​ស្រឡាញ់ ដើម្បី​ជា​ប្រយោជន៍​រួម ក្នុង​ការ​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ដ។
៥.អំពី​មនុស្ស​រស់​ឡើង​វិញ (១៥.១-៥៦):
តាម​អារ្យធម៌​ក្រិក គេ​យក​វិញ្ញាណ​ជា​ធំ គេ​ពុំ​ជឿ​ថា​រូប​កាយ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន​ទេ។ លោក​ប៉ូល​ពន្យល់​ថា ប្រសិន​បើ​រូប​កាយ​មនុស្ស​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រីស្ដ​ក៏​មិន​រស់​ឡើង​វិញ ហើយ​ជំនឿ​របស់​គ្រីស្ដ‌បរិស័ទ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។
ក្នុង​លិខិត​ទី​ពីរ លោក​ប៉ូល​បាន​រៀប​រាប់​អំពី​ទុក្ខ​លំបាក​ផ្សេងៗ ដែល​លោក​បាន​ជួប​ប្រទះ នៅ​តំបន់​ជុំ‌វិញ​ក្រុង​អេភេសូ (១.១-១១)។ ក្រោយ​មក លោក​ក៏​បាន​ពន្យល់​អំពី​មុខ‌ងារ​ជា​គ្រីស្ដទូត និង​អំពី​ទុក្ខ​លំបាក​ផ្សេងៗ​ដែល​គ្រីស្ដទូត​ត្រូវ​ឆ្លង​កាត់ (១.១២‑៧.១៦)។
លោក​ដាស់‌តឿន​គ្រីស្ដ‌បរិស័ទ​ឲ្យ​មាន​ចិត្ត​ទូលាយ ក្នុង​ការ​ប្រមូល​ប្រាក់​តង្វាយ​ផ្ញើ​ទៅ​ជួយ​ពួក​បង‌ប្អូន​នៅ​ស្រុក​យូដា​ដែល​កំពុង​ខ្វះ​ខាត (៨‑៩)។
នៅ​ទី​បញ្ចប់ លោក​ប៉ូល​ខំ​ដោះ‌សា​ខ្លួន​ចំពោះ​អ្នក​មួល​បង្កាច់​លោក គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​អំពី​មុខ‌ងារ​របស់​លោក​ជា​គ្រីស្តទូត។
សេចក្ដី​ផ្ដើម
 ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​គ្រីស្ដទូត​របស់​ព្រះ‌គ្រីស្ដ*‌យេស៊ូ ខ្ញុំ និង​លោក​សូស្ដែន  សូម​ជម្រាប​មក​ព្រះ‌សហគមន៍*​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិន‌ថូស។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​វិសុទ្ធ ក្នុង​អង្គ​ព្រះ‌គ្រីស្ដ‌យេស៊ូ រួម​ជា​មួយ​បង‌ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​បង‌ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។  សូម​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ដ* ប្រណីស‌ន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន!។
 ខ្ញុំ​តែង‌តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​បាន​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន ដោយ​បង‌ប្អូន​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ។  ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ បង‌ប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះ‌បន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះ‌អង្គ។  សក្ខី‌ភាព​របស់​ព្រះ‌គ្រីស្ដ​បាន​ស្ថិត​នៅ​ក្នុង​បង‌ប្អូន​យ៉ាង​ខ្ជាប់‌ខ្ជួន។  ហេតុ​នេះ នៅ​ពេល​ដែល​បង‌ប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុង‌រឿង​នោះ បង‌ប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ​ទាន​អ្វី​ឡើយ។  ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​បាន​ខ្ជាប់‌ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោស‌ពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។  ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់​នៃ​យើង។
ការ​បាក់​បែក​ក្នុង​ព្រះ‌សហគមន៍
១០ បង‌ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បង‌ប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ត*​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។ ១១ បង‌ប្អូន​អើយ តាម‌រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បង‌ប្អូន ១២ គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌គ្រីស្ត!»។ ១៣ តើ​ព្រះ‌គ្រីស្ត​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សម្រាប់​បង‌ប្អូន? ឬ​មួយ​ក៏​បង‌ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល? ១៤ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន​ឡើយ លើក‌លែង​តែ​លោក​គ្រីស្ពុស និង​លោក​កៃយូស​ប៉ុណ្ណោះ។ ១៥ ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។ ១៦ ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។ ១៧ ព្រះ‌គ្រីស្ត​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​ព្រះ‌អង្គ​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​វិញ។ ប៉ុន្តែ ខ្ញុំ​ផ្សព្វ‌ផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យ‌ពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​សោយ​ទិវង្គត​របស់​ព្រះ‌គ្រីស្ត​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹម‌សារ។
ព្រះ‌យេស៊ូ​ជា​ឫទ្ធា‌នុភាព និង​ជា​ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់
១៨ អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រីស្ត*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ១៩ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ»
២០ ដូច្នេះ អ្នក​ប្រាជ្ញ‌បណ្ឌិត និង​អ្នក​ដេញ​ដោល នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។ ២១ ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ​សម្ដែង​ឲ្យ​គេ​ស្គាល់​នោះ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។ ២២ សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្តុតាង​តាម​ប្រាជ្ញា ២៣ រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្ត*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឲ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ ២៤ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រីស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។ ២៥ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះ‌ជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះ‌ជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។
២៦ បង‌ប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បង‌ប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បង‌ប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។ ២៧ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លីលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះ‌អង្គ​បាន​ជ្រើស‌រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ ២៨ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឲ្យ​មាក់‌ងាយ ហើយ​គ្មាន​តម្លៃ​មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោកចាត់​ទុក​ថា​ថ្លៃ‌ថ្នូរ​វិញ។ ២៩ ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បាន​ឡើយ ៣០ គឺ​ព្រះ‌អង្គ​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង‌ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់ សម្រាប់​យើង។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​សុចរិត* វិសុទ្ធ* និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។ ៣១ ដូច្នេះ អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ច‌ការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ ដូច​មាន​ចែង​ទុក​មក​ស្រាប់។
អំពី​ព្រះ‌គ្រីស្ត​ជាប់​ឆ្កាង
 បង‌ប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់​​ដល់​បង‌ប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួន‌វោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។  ពេល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​គប្បី​ឲ្យ​ខ្ញុំ​ដឹង​អ្វីក្រៅ​ពី​ព្រះ‌យេស៊ូ‌គ្រីស្ត​នោះ​ឡើយ ជា​ពិសេស អំពី​ព្រះ‌យេស៊ូ‌គ្រីស្ត​ដែល​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។  ខ្ញុំ​បាន​មក​រក​បង‌ប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។  ពាក្យ​សម្ដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​ព្រះ‌វិញ្ញាណ​បាន​សម្ដែង​ឫទ្ធា‌នុភាព​វិញ  ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បង‌ប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។
ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់
 ប៉ុន្តែ សេចក្ដី​ដែល​យើង​ប្រៀន‌ប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប‌សូន្យ​ទៅ​នោះ​ទេ។  យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ គឺ​ព្រះ‌អង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុង​រឿង​មក​យើង។  គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុង​រឿង​នោះ​ឡើយ។  ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖
«អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ
អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ
និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ
ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក
សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»
១០ ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម‌រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏​ព្រះ‌អង្គ​ឈ្វេង​យល់​ដែរ។ ១១ ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះ‌ជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះ‌អង្គ​បាន ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។
១២ ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រោស​ប្រទាន​មក​យើង។ ១៣ យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះ‌វិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ។ ១៤ រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​បាន​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​ព្រះ‌វិញ្ញាណ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។ ១៥ រីឯ​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ ១៦ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖
«តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់?
តើ​អ្នក​ណា​អាច​ថ្វាយ​យោបល់
ព្រះ‌អង្គ​បាន?»។
រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះ‌គ្រីស្ត*​ហើយ។
ភារ‌កិច្ច​របស់​អ្នក​ប្រកាស​ដំណឹង‌ល្អ
 បង‌ប្អូន​អើយ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​អាច​និយាយ​ជា​មួយ​បង‌ប្អូន ដូច​និយាយ​ទៅ​កាន់​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​នោះ​ឡើយ គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​បង‌ប្អូន ដូច​និយាយ​ទៅ​កាន់​មនុស្ស​លោកីយ៍ ឬ​និយាយ​ទៅ​កាន់​កូន​ខ្ចី​ខាង​ជំនឿ។  ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​បង‌ប្អូន​ពិសា គឺ​ពុំ​បាន​ឲ្យ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បង‌ប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្តី ក៏​បង‌ប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ  មក​ពី​បង‌ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បង‌ប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់‌ទែង​គ្នា​ដូច្នេះ ស​ឲ្យ​ឃើញ​ថា​បង‌ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បង‌ប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។  ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» នោះ ស​ឲ្យ​ឃើញ​ថា បង‌ប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន!  តើ​លោក​អប៉ូ‌ឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​បង‌ប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ច‌ការ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។  ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូ‌ឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។  ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។  អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ច‌ការ​ដែល​ខ្លួន​បាន​ធ្វើ  ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បង‌ប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះ‌អង្គ​បាន​សង់​ដែរ។
១០ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌អំណោយ‌ទាន​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ១១ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ ព្រះ‌យេស៊ូ‌គ្រីស្ត*។ ១២ ប្រសិន​បើ​អ្នក​ណា​យក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ ១៣ នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធ‌ផល​នៃ​ស្នាដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បង‌ល​មើល​ស្នាដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ ១៤ បើ​ស្នាដៃ​នរណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​នៅ​ស្ថិត‌ស្ថេរ អ្នក​នោះ​នឹង​ទទួល​រង្វាន់។ ១៥ បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។
១៦ បង‌ប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ព្រះ‌វិហារ*​របស់​ព្រះ‌ជាម្ចាស់​ទេ​ឬ! បង‌ប្អូន​មិន​ជ្រាប​ថា​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​ទេ​ឬ!។ ១៧ ប្រសិន​បើ​នរណា​ម្នាក់​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​នឹង​កម្ទេច​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ* គឺ​បង‌ប្អូន​ហ្នឹង​ហើយ​ជា​ព្រះ‌វិហារ​នោះ។
១៨ សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​សោះ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ប្រាជ្ញ​តាម​របៀប​លោកីយ៍​នេះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​លីលា​សិន ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ។ ១៩ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា លេលា ដូច​មាន​ចែង​ទុក​មក​ថា «ព្រះ‌អង្គ​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់»២០ មាន​ចែង​ទុក​ទៀត​ថា «ព្រះ‌អម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹម‌សារ​អ្វី​ទេ»
២១ ហេតុ​នេះ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​អួត‌អាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ​ បង‌ប្អូន ២២ ទោះ​បី​ប៉ូល​ក្តី លោក​អប៉ូ‌ឡូស​ក្តី លោក​កេផាស​ក្តី ពិភព‌លោក​នេះ​ក្តី ជីវិត​ក្តី សេចក្ដី​ស្លាប់​ក្តី អ្វីៗ​ដែល​មាន​នៅ​ពេល​នេះ ឬ​នៅ​ពេល​អនាគត​ក្តី សុទ្ធ​តែ​សម្រាប់​បម្រើ​បង‌ប្អូន​ទាំង​អស់។ ២៣ រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​បម្រើ​ព្រះ‌គ្រីស្ត* ហើយ​ព្រះ‌គ្រីស្ត​បម្រើ​ព្រះ‌ជាម្ចាស់​។
គ្រីស្តទូត​របស់​ព្រះ‌គ្រីស្ត
 ហេតុ​នេះ សូម​បង‌ប្អូន​ចាត់​ទុក​យើង​ថា ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ត* និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង*​របស់​ព្រះ‌ជាម្ចាស់។  រីឯ​អ្នក​មើល​ខុស​ត្រូវ​គួរ​តែ​មាន​ចិត្ត​ស្មោះ‌ត្រង់។  ចំពោះ​រូប​ខ្ញុំ ទោះ​បី​បង‌ប្អូន​ក្តី ឬ​មនុស្ស​លោក​ក្តី វាយ​តម្លៃ​ខ្ញុំ​ថា​ជា​មនុស្ស​បែប​ណា​ក៏​ដោយ ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​រូប​ខ្ញុំ​ផ្ទាល់ ក៏​ខ្ញុំ​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ  ដ្បិត​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សុចរិត មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។  ហេតុ​នេះ សូម​បង‌ប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​ដល់​សិន គឺ​ព្រះ‌អង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះ‌អង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
 បង‌ប្អូន​អើយ ព្រោះ​តែ​បង‌ប្អូន​ហើយ បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បង‌ប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បង‌ប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។  តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​ព្រះ‌អង្គ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​ព្រះ‌អង្គ​ទៅ​វិញ?។
 បង‌ប្អូន​បាន​ឆ្អែត​ស្កប់‌ស្កល់​ហើយ! បង‌ប្អូន​មាន​ស្ដុក‌ស្តម្ភ​ហើយ! បង‌ប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​ឲ្យ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បង‌ប្អូន​ផង។  បើ​តាម​ខ្ញុំ​យល់​ឃើញ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង ដែល​ជា​គ្រីស្តទូត*​មាន​ឋានៈ​ទាប​ជាង​គេ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ​ឲ្យ​គ្រប់ៗ​គ្នា​ឃើញ​ ទាំង​ទេវទូត* ទាំង​មនុស្ស​លោក។ ១០ យើង​ជា​មនុស្ស​លេលា ព្រោះ​តែ​ព្រះ‌គ្រីស្ត រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​អ្នក​ចេះ​ដឹង​រួម​ជា​មួយ​ព្រះ‌គ្រីស្ត យើង​ជា​មនុស្ស​ទន់​ខ្សោយ តែ​បង‌ប្អូន​ជា​មនុស្ស​ខ្លាំង​ពូកែ បង‌ប្អូន​មាន​សិរី‌រុង​រឿង តែ​យើង​ត្រូវ​គេ​មើល‌ងាយ។ ១១ សូម្បី​តែ​នៅ​ពេល​នេះ​ក្តី យើង​នៅ​តែ​ឃ្លាន នៅ​តែ​ស្រេក ខ្វះ​សម្លៀក‌បំពាក់ មាន​គេ​វាយ ហើយ​រស់​នៅ​អនាថា​ដដែល។ ១២ យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​នឿយ‌ហត់​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់។ ពេល​គេ​ជេរ​យើង យើង​ឲ្យ​ពរ​គេ​វិញ ពេល​គេ​បៀត‌បៀន យើង​ស៊ូ‌ទ្រាំ ១៣ ពេល​គេ​និយាយ​មួល​បង្កាច់​យើង យើង​និយាយ​ទៅ​គេ​វិញ​ដោយ​រាក់‌ទាក់។ មក​ទល់​ពេល​នេះ យើង​ប្រៀប​បី​ដូច​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក។
១៤ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង‌ប្អូន មិន​មែន​ក្នុង​គោល​បំណង​ចង់​ឲ្យ​បង‌ប្អូន​អៀន​ខ្មាស​ទេ គឺ​ចង់​ទូន្មាន​បង‌ប្អូន ដូច​ទូន្មាន​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែរ។ ១៥ ទោះ​បី​បង‌ប្អូន​មាន​គ្រូ​អាចារ្យ​មួយ‌ម៉ឺន​នាក់​ណែ‌នាំ​តាម​មាគ៌ា​ព្រះ‌គ្រីស្ត​ក៏​ដោយ ក៏​បង‌ប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បង‌ប្អូន​មក ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌យេស៊ូ‌គ្រីស្ត* ដោយ​បាន​នាំ​ដំណឹង‌ល្អ*​មក​ជូន​បង‌ប្អូន។ ១៦ ដូច្នេះ ខ្ញុំ​សុំ​ទូន្មាន​បង‌ប្អូន​ថា សូម​យក​តម្រាប់​តាម​ខ្ញុំ។ ១៧ ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចាត់​លោក​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌អម្ចាស់​ឲ្យ​មក​រក​បង‌ប្អូន។ គាត់​នឹង​រំឭក​បង‌ប្អូន អំពី​របៀប​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​ព្រះ‌គ្រីស្ត ដូច​ខ្ញុំ​តែង​ប្រៀន‌ប្រដៅ​ព្រះ‌សហគមន៍​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ស្រាប់។
១៨ អ្នក​ខ្លះ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​មិន​មក​រក​បង‌ប្អូន​ទេ គេ​ក៏​នាំ​គ្នា​អួត‌បំប៉ាង។ ១៩ ប្រសិន​បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​មក​រក​បង‌ប្អូន​ក្នុង​ពេល​ឆាប់ៗ។ ពេល​នោះ ខ្ញុំ​មុខ​ជា​ឃើញ​កិច្ច‌ការ​ដែល​អ្នក​អួត​ទាំង​នោះ​ប្រព្រឹត្ត​ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង គឺ​មិន​ត្រឹម​តែ​ឮ​ពាក្យ​សម្ដី​របស់​គេ​ប៉ុណ្ណោះ​ទេ ២០ ដ្បិត​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មិន​មែន​ស្ថិត​នៅ​លើ​ពាក្យ​សម្ដី​ទេ គឺ​ស្ថិត​នៅ​លើ​ការ​ប្រព្រឹត្ត​វិញ។ ២១ តើ​បង‌ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី? ឲ្យ​ខ្ញុំ​មក​រក​បង‌ប្អូន ដោយ​យក​រំពាត់​មក​ជា​មួយ ឬ​ក៏​ចង់​ឲ្យ​យក​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​មក​ជា​មួយ?។
អំពី​ការ​ប្រាស​ចាក​សីល‌ធម៌
 មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បង‌ប្អូន មាន​កើត​រឿង​កាម‌គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។  ប៉ុណ្ណឹង​ហើយ បង‌ប្អូន​នៅ​តែ​អួត​បំប៉ោង​ទៀត! ម្ដេច​ក៏​បង‌ប្អូន​មិន​នាំ​គ្នា​កាន់​ទុក្ខ ដក​ជន​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នោះ ចេញ​ពី​ចំណោម​បង‌ប្អូន​ទៅ!។  ចំពោះ​ខ្ញុំ​ផ្ទាល់ ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង‌ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ជា‌និច្ច ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​រួច​ស្រេច​ទៅ​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ដែរ។  ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ  ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​មារ*​សាតាំង ដើម្បី​ឲ្យ​គាត់​វិនាស​បាត់‌បង់​ក្នុង​លោក​នេះ តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក។
 បង‌ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។  សូម​បង‌ប្អូន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រីស្ត​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង*​ រួច​ស្រេច​ទៅ​ហើយ។  ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំបុ័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ‌ត្រង់​របស់​យើង។
ក្នុង​សំបុត្រ​របស់​ខ្ញុំ​ ខ្ញុំ​បាន​សរសេរ​មក​ជម្រាប​បង‌ប្អូន​ថា កុំ​ទាក់‌ទង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប​ ឲ្យ​សោះ។ ១០ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​សំដៅ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប​ទួទៅ​ក្នុង​លោក​នេះ ឬ​សំដៅ​ទៅ​លើ​អ្នក​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ អ្នក​ប្លន់​យក​ទ្រព្យ​គេ ឬ​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នោះ​ឡើយ បើ​ដូច្នេះ មាន​តែ​ចាក​ចេញ​ពី​លោក​នេះ! ១១ ខ្ញុំ​សរសេរ​មក​បង‌ប្អូន ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ទាក់‌ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​គ្រីស្ត‌បរិស័ទ ហើយ​បែរ​ជា​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប មាន​ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម​ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។ ១២ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ព្រះ‌សហគមន៍​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បង‌ប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង! ១៣ ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រៅ ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​គេ រីឯ​បង‌ប្អូន​វិញ «ត្រូវ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ»
អំពី​ការ​ប្ដឹង​ផ្ដល់​គ្នា​ក្នុង​ចំណោម​ពួក​បង‌ប្អូន
 ក្នុង​ចំណោម​បង‌ប្អូន កាល​ណា​ម្នាក់​ទាស់​នឹង​ម្នាក់​ទៀត ម្ដេច​ក៏​ហ៊ាន​ទៅ​រក​ចៅ‌ក្រម​ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​ឲ្យ​កាត់​ក្តី មិន​ទុក​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធ​កាត់​ក្តី​វិញ!  បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ប្រជាជន​ដ៏‌វិសុទ្ធ*​នឹង​វិនិច្ឆ័យ​ទោស​ពិភព‌លោក​នេះ! ប្រសិន​បើ​បង‌ប្អូន​វិនិច្ឆ័យ​ទោស​ពិភព‌លោក​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ថា ខ្លួន​មិន​សម​នឹង​អារ​កាត់​រឿង‌រ៉ាវ​ដ៏​តូច​បំផុត​នេះ?  បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ សូម្បី​តែ​ពួក​ទេវទូត* ក៏​យើង​វិនិច្ឆ័យ​ទោស​ទៅ​ហើយ ចុះ​ទម្រាំ​បើ​រឿង‌រ៉ាវ​ក្នុង​ជីវិត​នេះ​វិញ ម្ដេច​ក៏​យើង​អារ​កាត់​មិន​កើត!  ពេល​បង‌ប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បង‌ប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ព្រះ‌សហគមន៍​មិន​រាប់​រក ឲ្យ​មក​កាត់​ក្តី​ដូច្នេះ។  ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បង‌ប្អូន​អៀន​ខ្លួន។ ក្នុង​ចំណោម​បង‌ប្អូន តើ​គ្មាន​នរណា​មាន​ប្រាជ្ញា​អាច​នឹង​អារ​កាត់​រឿង‌រ៉ាវ​ដែល​កើត​ឡើង​រវាង​បង‌ប្អូន សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង​ដែរ​ឬ?  បង‌ប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ថែម​ទៀត​ផង!  គ្រាន់​តែ​បង‌ប្អូន​ប្ដឹង​ផ្ដល់​គ្នា​ឯង​នោះ ខុស​ទាំង​ស្រុង​ទៅ​ហើយ។ ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​មិន​ស៊ូ‌ទ្រាំ​នឹង​អំពើ​អយុត្ដិ‌ធម៌? ហេតុ​អ្វី​បាន​ជា​មិន​ព្រម​ឲ្យ​គេ​រឹប​យក​ទ្រព្យ​របស់​បង‌ប្អូន?  ផ្ទុយ​ទៅ​វិញ គឺ​បង‌ប្អូន​ទេ​តើ​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អយុត្ដិ‌ធម៌ ហើយ​រឹប​យក​ទ្រព្យ​ពី​គេ ដែល​សុទ្ធ​តែ​ជា​បង‌ប្អូន​របស់​ខ្លួន​ថែម​ទៀត។  បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ! សូម​បង‌ប្អូន​កុំ​យល់​ច្រឡំ​ឲ្យ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌ ពួក​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ ពួក​មាន​សហាយ‌ស្មន់ ពួក​ជន‌ពាល ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ១០ ពួក​ចោរ​ប្លន់ ពួក​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ។ ១១ កាល​ពី​ដើម បង‌ប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​លាង​សំអាត​បង‌ប្អូន ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន​វិសុទ្ធ ព្រម​ទាំង​ឲ្យ​បង‌ប្អូន​សុចរិត* ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត* តាម‌រយៈ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ជាម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។
សិទ្ធិ​សេរី‌ភាព​របស់​គ្រីស្ត‌បរិស័ទ
១២ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​ឡើយ។ ១៣ អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សម្រាប់​ចម្អែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​ចំណី​អាហារ»។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សម្រាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌​ទេ គឺ​សម្រាប់​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ជា​ម្ចាស់​លើ​រូប​កាយ​ដែរ។ ១៤ ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ដែរ។ ១៥ បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង‌ប្អូន​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​ព្រះ‌គ្រីស្ត? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​សរីរាង្គ​ព្រះ‌គ្រីស្ត ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ត្រី​ពេស្យា​ឬ? ១៦ ទេ មិន​បាន​ជា​ដាច់​ខាត! តើ​បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ណា​រួមរ័ក​ជា​មួយ​ស្ត្រី​ពេស្យា អ្នក​នោះ​ក៏​រួម​ជា​រូប​កាយ​តែ​មួយ​របស់​នាង​ដែរ ដ្បិត​មាន​សេចក្ដី​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​រូប​កាយ​តែ​មួយ»១៧ រីឯ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ ក៏​មាន​វិញ្ញាណ​តែ​មួយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ១៨ ចូរ​គេច​ឲ្យ​ផុត​ពី​អំពើ​ប្រាស​ចាក​សីល‌ធម៌។ អំពើ​បាប​ឯ​ទៀតៗ​ដែល​មនុស្ស​ប្រព្រឹត្ត ជា​អំពើ​បាប​មិន​ធ្វើ​ឲ្យ​រូប​កាយ​សៅ‌ហ្មង​ទេ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​ឲ្យ​សៅ‌ហ្មង​ដល់​រូប​កាយ​របស់​ខ្លួន។ ១៩ បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង‌ប្អូន ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង‌ប្អូន ជា​ព្រះ‌វិញ្ញាណ​ដែល​បង‌ប្អូន​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ ២០ ដ្បិត​ព្រះ‌អង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ ដើម្បី​លោះ​បង‌ប្អូន។ ហេតុ​នេះ ចូរ​ប្រើ​រូប​កាយ​របស់​បង‌ប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​។
អំពី​បញ្ហា​គូ‌ស្រករ
 បង‌ប្អូន​បាន​សរសេរ​សំបុត្រ​ទៅ​ខ្ញុំ​ថា ប្រសិន​បើ​បុរស​មិន​ប៉ះ‌ពាល់​ស្ត្រី​ទេ​នោះ ជា​ការ​ប្រសើរ។  ប៉ុន្តែ ដើម្បី​ចៀស‌វាង​កុំ​ឲ្យ​មាន​ការ​ប្រាស​ចាក​សីល‌ធម៌ បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ ហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​ដែរ។  ប្ដី​ត្រូវ​បំពេញ​ករណីយ‌កិច្ច​ជា​ប្ដី ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ ចំពោះ​ប្ដី​វិញ​ដែរ។  ប្រពន្ធ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​រូប​កាយ​នោះ​ជា​របស់​ប្ដី រីឯ​ប្ដី​វិញ​ក៏​ដូច្នោះ​ដែរ គេ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​ជា​របស់​ប្រពន្ធ។  មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក‌លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ‌រយៈ​សម្រាប់​អធិស្ឋាន*​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​មារ*​សាតាំង​ល្បួង​ចិត្ត​បង‌ប្អូន មក​ពី​ទ្រាំ​មិន​បាន។  ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​ឲ្យ​បង‌ប្អូន មិន​មែន​ចង់​បង្គាប់​បង‌ប្អូន​ទេ។  ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដូច​ខ្ញុំ​ដែរ ក៏​ប៉ុន្តែ ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​មួយ​រៀងៗ​ខ្លួន​ពី​ព្រះ‌ជាម្ចាស់ ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ទទួល​យ៉ាង​នោះ។
 ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​នៅ​លីវ និង​ស្ត្រី​មេ‌ម៉ាយ​ថា គួរ​តែ​នៅ​លីវ​ដូច​ខ្ញុំ​ទៅ​ល្អ​ជាង។  ប៉ុន្តែ បើ​ទ្រាំ​មិន​បាន​ទេ ចូរ​រៀប‌ការ​ចុះ ព្រោះ​បើ​រៀប‌ការ ប្រសើរ​ជាង​ទុក​ឲ្យ​ចិត្ត​នៅ​ពុះ​កញ្ជ្រោល។
១០ ខ្ញុំ​សូម​បង្គាប់​អស់​អ្នក​ដែល​មាន​គូ‌ស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​ព្រះ‌អម្ចាស់​ទេ​តើ​ដែល​បង្គាប់)។ ១១ ប្រសិន​បើ​នាង​បាន​ជា​ចាក​ចោល​ប្ដី​ហើយ មិន​ត្រូវ​យក​ប្ដី​ទៀត​ទេ ឬ​មួយ​ត្រូវ​តែ​ទៅ​ជា​នា​នឹង​ប្ដី​នាង​វិញ។ រីឯ​ប្ដី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។
១២ ចំពោះ​អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជម្រាប​ថា ប្រសិន​បើ​បង‌ប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។ ១៣ រីឯ​ស្ត្រី​មាន​ប្ដី​ជា​អ្នក​មិន​ជឿ​វិញ បើ​ប្ដី​យល់​ព្រម​រស់​នៅ​ជា​មួយ​នាង នោះ​ក៏​មិន​ត្រូវ​លែង​គេ​ដែរ ១៤ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រោស​ប្ដី​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះ‌អង្គ​តាម‌រយៈ​ភរិយា ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះ‌អង្គ តាម‌រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បង‌ប្អូន​មិន​បរិសុទ្ធ*​ទេ!។ ប៉ុន្តែ តាម​ពិត ព្រះ‌ជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ ឲ្យ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះ‌អង្គ​រួច​ស្រេច​ទៅ​ហើយ។ ១៥ បើ​គូ‌ស្រករ​ដែល​មិន​ជឿ ចាក​ចោល​បង‌ប្អូន​ដែល​ជា​អ្នក​ជឿ ឲ្យ​គេ​ទៅ​ចុះ បង‌ប្អូន​ប្រុស ឬ​ស្រី​នោះ​គ្មាន​កំហុស​អ្វី​ក្នុង​រឿង​នេះ​ទេ។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​រស់​ក្នុង​សេចក្ដី​សុខ‌សាន្ត។ ១៦ បង‌ប្អូន​ជា​ស្ត្រី​ដែល​មាន​ប្ដី​ហើយ តើ​នាង​អាច​ដឹង​ដូច​ម្ដេច​បាន​ថា នាង​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? រីឯ​បង‌ប្អូន​ដែល​មាន​ភរិយា តើ​អ្នក​អាច​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​នឹង​សង្គ្រោះ​ភរិយា​របស់​អ្នក?។
ជីវិត​រស់​នៅ​ស្រប​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ‌ជាម្ចាស់
១៧ ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។ នៅ​ពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ខ្ញុំ​តែង​បង្គាប់​ឲ្យ​ព្រះ‌សហគមន៍*​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។ ១៨ នៅ​ពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ បើ​អ្នក​ណា​ម្នាក់​កាត់​ស្បែក*​រួច​ហើយ មិន​ត្រូវ​លុប​បំបាត់​ការ​កាត់​ស្បែក​នោះ​ឡើយ បើ​មិន​កាត់​ស្បែក​នៅ​ពេល​ព្រះ‌អង្គ​ត្រាស់​ហៅ ក៏​មិន​បាច់​កាត់​ស្បែក​ដែរ។ ១៩ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ គ្មាន​សារៈ​សំខាន់​អ្វី​សោះ មាន​តែ​ការ​ប្រតិបត្តិ​តាម​វិន័យ*​របស់​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​សំខាន់។ ២០ នៅ​ពេល​ព្រះ‌អង្គ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ភាព​នោះ ត​ទៅ​មុខ​ទៀត​ទៅ។ ២១ ពេល​ព្រះ‌អង្គ​ត្រាស់​ហៅ បើ​បង‌ប្អូន​ជា​ខ្ញុំ​បម្រើ​គេ កុំ​ខ្វល់‌ខ្វាយ​អ្វី។ ប៉ុន្តែ បើ​បង‌ប្អូន​អាច​រួច​ខ្លួន ត្រូវ​ឆ្លៀត​ឱកាស​ឲ្យ​បាន​ទៅ​ជា​អ្នក​ជា​ចុះ​ ២២ ដ្បិត​ខ្ញុំ​បម្រើ​ណា​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ ខ្ញុំ​បម្រើ​នោះ​បាន​រួច​ខ្លួន ហើយ​មាន​ឋានៈ​ជា​អ្នក​ជា​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ចំពោះ​អ្នក​ជា​ណា​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ អ្នក​នោះ​ទៅ​ជា​ខ្ញុំ​បម្រើ​ព្រះ‌គ្រីស្ត។ ២៣ ព្រះ‌អង្គ​បាន​លោះ​បង‌ប្អូន ដោយ​បង់​ថ្លៃ​យ៉ាង​ច្រើន ហេតុ​នេះ សូម​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទៀត​ឡើយ។ ២៤ បង‌ប្អូន​អើយ កាល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​បង‌ប្អូន បើ​បង‌ប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀត​ទៅ។
អ្នក​មិន​ទាន់​រៀប‌ការ និង​ស្ត្រី​មេ‌ម៉ាយ
២៥ រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ‌ស្រករ​ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះ‌អម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​រូប​ខ្ញុំ។ ២៦ ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូ‌ស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាព‌ការណ៍​ដ៏​តឹង‌តែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។ ២៧ បើ​បង‌ប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​ឲ្យ​សោះ! បើ​បង‌ប្អូន​មិន​ទាន់​មាន​ប្រពន្ធ មិន​បាច់​រក​ប្រពន្ធ​ទេ។ ២៨ បើ​បង‌ប្អូន​រៀប‌ការ មិន​មែន​មាន​ន័យ​ថា បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀប‌ការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូ‌ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។
២៩ បង‌ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ ៣០ អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ ៣១ ហើយ​អស់​អ្នក​ដែល​ប្រើ‌ប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ត​ដូច​ជា​មិន​បាន​ប្រើ‌ប្រាស់​ដែរ ដ្បិត​ពិភព‌លោក​នេះ​នឹង​ត្រូវ​ប្រែ‌ប្រួល​ជា​មិន​ខាន។
៣២ ខ្ញុំ​មិន​ចង់​ឲ្យ​បង‌ប្អូន​ខ្វល់‌ខ្វាយ​អ្វី​ឡើយ។ អ្នក​ណា​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់‌ខ្វាយ​នឹង​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ ៣៣ រីឯ​អ្នក​មាន​ប្រពន្ធ​វិញ គេ​ខ្វល់‌ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ៣៤ ហើយ​ចិត្ត​អ្នក​នោះ​ត្រូវ​ប្រទាញ‌ប្រទង់។ ចំពោះ​ស្ត្រី​ដែល​គ្មាន​ប្ដី និង​ស្ត្រី​ក្រមុំ នាង​ខ្វល់‌ខ្វាយ​នឹង​រឿង​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​ព្រះ‌អង្គ។ រីឯ​ស្ត្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់‌ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្ដី។
៣៥ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន មិន​មែន​ចង់​បំបាត់​សេរី‌ភាព​របស់​បង‌ប្អូន​ទេ​ គឺ​ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​រស់​នៅ​បាន​ល្អ​ប្រសើរ ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់​ដោយ​ឥត​រារែក​ឡើយ។
៣៦ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​យល់​ឃើញ​ថា បើ​មិន​រៀប‌ការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ នឹង​នាំ​ឲ្យ​បាក់​មុខ ហើយ​បើ​ចិត្ត​របស់​គេ​ឆាប‌ឆួល​ចង់​យក​នាង ត្រូវ​ធ្វើ​តាម​ចិត្ត​ខ្លួន​នឹក​ឃើញ​ទៅ​ចុះ គឺ​រៀប‌ការ​ជា​មួយ​នាង​ទៅ គ្មាន​បាប​អ្វី​ទេ។ ៣៧ រីឯ​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ត​បាន ហើយ​សម្រេច​ចិត្ត​ថា​នឹង​មិន​ប៉ះ‌ពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។ ៣៨ ដូច្នេះ អ្នក​ណា​រៀប‌ការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​មិន​រៀប‌ការ​វិញ ក៏​រឹត​តែ​ប្រសើរ​ថែម​ទៀត​។
៣៩ ភរិយា​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជា‌និច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរី‌ភាព​នឹង​រៀប‌ការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង ឲ្យ​តែ​រៀប‌ការ​ជា​មួយ​អ្នក​ជឿ​ព្រះ‌អម្ចាស់​ដូច​គ្នា។ ៤០ ប៉ុន្តែ តាម​យោបល់​ខ្ញុំ ប្រសិន​បើ​នាង​មិន​យក​ប្ដី​ទៀត​ទេ​នោះ នាង​នឹង​បាន​សប្បាយ​ជាង។ ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ដែរ។
អំពី​សាច់​ដែល​គេ​សែន​ហើយ
 ឥឡូវ​នេះ សូម​រិះ‌គិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​រួច​ហើយ​។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​ឲ្យ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែង‌តែ​ជួយ​កសាង។  ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ចេះ​ដឹង​ហើយ បាន​សេចក្ដី​ថា អ្នក​នោះ​នៅ​មិន​ទាន់​ចេះ​ដឹង​ដូច​ដែល​ខ្លួន​ត្រូវ​ចេះ​ដឹង​នោះ​ឡើយ។  ផ្ទុយ​ទៅ​វិញ អ្នក​ណា​ស្រឡាញ់​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។  ដូច្នេះ ចំពោះ​បញ្ហា​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ យើង​ដឹង​ហើយ​ថា ក្នុង​លោក​នេះ ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ គ្មាន​ព្រះ‌ឯ​ណា​ទៀត​សោះ​ឡើយ។  ទោះ​បី​មាន​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែន‌ដី​ក៏​ដោយ (ដ្បិត​គេ​ជឿ​ថា ព្រះ​ក៏​មាន​ច្រើន ម្ចាស់​ក៏​មាន​ច្រើន)  ក៏​យើង​ជឿ​ថា មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សម្រាប់​ព្រះ‌អង្គ។ យើង​ជឿ​ទៀត​ថា មាន​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌យេស៊ូ‌គ្រីស្ត*។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយ‌សារ​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយ‌សារ​ព្រះ‌អង្គ​ដែរ។
ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ទេ ដែល​ដឹង​សេចក្ដី​នេះ។ អ្នក​ខ្លះ​នៅ​តែ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ក្លែង‌ក្លាយ​នៅ​ឡើយ គេ​បរិភោគ​សាច់​ទាំង​នោះ​ទុក​ដូច​ជា​សំណែន ហើយ​ដោយ​គេ​រិះ‌គិត​មិន​បាន​ដិត​ដល់ ក៏​នឹក​ស្មាន​ថា ខ្លួន​ត្រូវ​សៅ‌ហ្មង។  តាម​ពិត មិន​មែន​ចំណី​អាហារ​ទេ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់។ បើ​យើង​មិន​បាន​បរិភោគ យើង​ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។  ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរី‌ភាព​របស់​បង‌ប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។ ១០ បង‌ប្អូន​ជា​អ្នក​ចេះ​ដឹង​អើយ ប្រសិន​បើ​នរណា​ម្នាក់​ដែល​មាន​មន‌សិការ​ទន់​ខ្សោយ ឃើញ​បង‌ប្អូន​អង្គុយ​បរិភោគ​ក្នុង​វិហារ​របស់​ព្រះ‌ក្លែង‌ក្លាយ នោះ​គេ​មុខ​ជា​យល់​ឃើញ​ថា ខ្លួន​អាច​បរិភោគ​សាច់​ដែល​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​ជា​មិន​ខាន។ ១១ ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត ដើម្បី​សង្គ្រោះ​អ្នក​ទន់​ខ្សោយ​នោះ ប៉ុន្តែ ការ​ចេះ​ដឹង​របស់​បង‌ប្អូន បែរ​ជា​នាំ​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ​វិញ! ១២ ដោយ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ​ចំពោះ​បង‌ប្អូន​ឯ​ទៀតៗ និង​ធ្វើ​ឲ្យ​មន‌សិការ​របស់​គេ​កាន់​តែ​អាប់​ឱន​ថែម​ទៀត នោះ​បង‌ប្អូន​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌គ្រីស្ត​ផ្ទាល់​ដែរ។ ១៣ ហេតុ​នេះ ប្រសិន​បើ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បង‌ប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ជា​ដាច់​ខាត ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ខ្ញុំ​រវាត​ចិត្ត​បាត់​ជំនឿ។
សិទ្ធិ​របស់​គ្រីស្តទូត
 តើ​ខ្ញុំ​គ្មាន​សេរី‌ភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​គ្រីស្តទូត*​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ​ឬ? តើ​បង‌ប្អូន​មិន​មែន​ជា​ស្នាដៃ​របស់​ខ្ញុំ ក្នុង​ការ​បម្រើ​ព្រះ‌អម្ចាស់​ទេ​ឬ?  ទោះ​បី​មាន​អ្នក​ខ្លះ​មិន​រាប់​ខ្ញុំ​ថា​ជា​គ្រីស្តទូត​ក៏​ដោយ ក៏​បង‌ប្អូន​ត្រូវ​តែ​រាប់​ខ្ញុំ​ថា​ជា​គ្រីស្តទូត​ដែរ។ ដោយ​បង‌ប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌អម្ចាស់ បង‌ប្អូន​ជា​ភស្តុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខ‌ងារ​ជា​គ្រីស្តទូត​មែន។  ខ្ញុំ​សូម​ឆ្លើយ​ចំពោះ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ដូច​ត​ទៅ​នេះ:  តើ​យើង​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​បាយ​ទឹក​ទេ​ឬ?  តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ស្ត្រី​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​គ្រីស្តទូត​ឯ​ទៀតៗ ដូច​បង‌ប្អូន​របស់​ព្រះ‌អម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ?  ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បារណា‌បាស​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​តែ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត?  មិន​ដែល​មាន​នរណា​បម្រើ​កង‌ទ័ព ហើយ​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឡើយ មិន​ដែល​មាន​នរណា​ដាំ​ទំពាំង‌បាយជូរ ហើយ​មិន​បរិភោគ​ផ្លែ​នោះ​ទេ ក៏​មិន​ដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសា​ទឹក​ដោះ​របស់​សត្វ​ក្នុង​ហ្វូង​នោះ​ដែរ។  ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ត្រឹម​តែ​តាម​របៀប​របស់​មនុស្ស​ទេ សូម្បី​តែ​ក្នុង​គម្ពីរ‌វិន័យ*​ក៏​មាន​ចែង​ដូច​គ្នា​ដែរ  គឺ​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ មាន​ចែង​ទុក​ថាៈ «កុំ​ឃ្លុំ​មាត់​គោ នៅ​ពេល​បញ្ជាន់​ស្រូវ​នោះ​ឡើយ»។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​ខ្វល់‌ខ្វាយ​នឹង​គោ​ទេ ១០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មក​ពី​ព្រះ‌អង្គ​គិត​ដល់​យើង។ ពិត​មែន​ហើយ ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច្នេះ​សម្រាប់​យើង។ អ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ដែរ។ ១១ យើង​បាន​សាប​ព្រោះ​ព្រះ‌បន្ទូល​ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បង‌ប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បង‌ប្អូន តើ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ! ១២ ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង‌ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្តែ យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រីស្ត*។ ១៣ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ព្រះ‌វិហារ​តែង‌តែ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ* ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។ ១៤ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្គាប់​មក​ថា អស់​អ្នក​ដែល​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ត្រូវ​តែ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​ដំណឹង‌ល្អ​នោះ។
១៥ ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាម‌ទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ ចេញ​ពី​ខ្ញុំ​បាន​ឡើយ។ ១៦ ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹង‌ល្អ​ជា​កិត្តិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារ‌កិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង‌ល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!។ ១៧ ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ផ្សាយ​ដំណឹង‌ល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​បៀវត្សរ៍។ ផ្ទុយ​ទៅ​វិញ បើ​កិច្ច‌ការ​នេះ​ជា​ភារ‌កិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ព្រះ‌អង្គ​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។ ១៨ ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​បៀវត្សរ៍​ឯ​ណា! បៀវត្សរ៍​របស់​ខ្ញុំ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។ ១៩ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរី‌ភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រីស្ត។ ២០ កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រីស្ត។ កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​ដែរ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ត្រូវ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ​ក៏​ដោយ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រីស្ត។ ២១ កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ស្គាល់​គម្ពីរ‌វិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​មិន​ស្គាល់​គម្ពីរ‌វិន័យ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រីស្ត (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​មិន​ស្គាល់​វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​កាន់​តាម​វិន័យ​របស់​ព្រះ‌គ្រីស្ត)។ ២២ កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រីស្ត។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង​អស់។ ២៣ ព្រោះ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។
២៤ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា‌ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង‌ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ ២៥ អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែង‌តែ​លត់‌ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប‌សូន្យ​ទៅ។ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។ ២៦ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី‌ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ២៧ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។
១០
ត្រូវ​ប្រយ័ត្ន​នឹង​ព្រះ‌ក្លែង‌ក្លាយ
 បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​ថា បុព្វបុរស*​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក* និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។  ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជ​ក្នុង​ពពក និង​ក្នុង​សមុទ្រ រួម​ជា​មួយ​លោក​ម៉ូសេ។  បុព្វបុរស​ទាំង​នោះ​បាន​បរិភោគ​អាហារ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ  និង​បាន​ពិសា​ទឹក​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​លោក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ជា​ថ្ម‌ដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​លោក ថ្ម​នេះ គឺ​ព្រះ‌គ្រីស្ត។  ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ។
 ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ត​ប៉ង‌ប្រាថ្នា​អាក្រក់ ដូច​ពួក​បុព្វបុរស​ឡើយ។  សូម​កុំ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ដូច​បុព្វបុរស​ខ្លះ​ឲ្យ​សោះ ដ្បិត​មាន​ចែង​ទុក​មក​ថា «ប្រជាជន​អង្គុយ​បរិភោគ​បាយ​ទឹក បន្ទាប់​មក គេ​នាំ​គ្នា​ក្រោក​ឡើង​រាំ​សប្បាយ»។  យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន ឲ្យ​ប្រាស​ចាក​សីល‌ធម៌​ដូច​បុព្វបុរស​ខ្លះ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ស្លាប់​អស់​ពីរ‌ម៉ឺន​បី​ពាន់​នាក់ ក្នុង‌រយៈ​ពេល​តែ​មួយ​ថ្ងៃ។  យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់ ដូច​បុព្វបុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។ ១០ សូម​កុំ​រអ៊ូ‌រទាំ ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។ ១១ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ដល់​ពួក​លោក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។ ១២ ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា ខ្លួន​មាន​ជំហរ​មាំ‌មួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។
១៣ គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង‌ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​មារ*​ល្បួង​បង‌ប្អូន​ហួស​ពី​កម្លាំង​បង‌ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង‌ប្អូន​ជួប​ការ​ល្បួង ព្រះ‌អង្គ​នឹង​ប្រទាន​មធ្យោ‌បាយ​ឲ្យ​បង‌ប្អូន​ចេញ​រួច និង​ឲ្យ​បង‌ប្អូន​អាច​ទ្រាំ‌ទ្រ​បាន។
១៤ ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ឡើយ។ ១៥ ខ្ញុំ​និយាយ​ជា​មួយ​បង‌ប្អូន ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា​ដែរ សូម​បង‌ប្អូន​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ។ ១៦ ពេល​យើង​លើក​ពែង​នៃ​ព្រះ‌ពរ​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ត រីឯ​ពេល​ដែល​យើង​កាច់​នំបុ័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត​ដែរ។ ១៧ មាន​នំបុ័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្តី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំបុ័ង​តែ​មួយ។
១៨ សូម​រិះ‌គិត​អំពី​ជន​ជាតិ​អ៊ីស្រា‌អែល​មើល៍ អស់​អ្នក​បរិភោគ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា ក៏​បាន​ចូល​រួម*​ជា​មួយ​នឹង​ព្រះ‌ជាម្ចាស់​ ដោយ‌សារ​សាច់​ដែល​គេ​បាន​ថ្វាយ​នោះ​ដែរ។ ១៩ ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​សាច់​ដែល​គេ​សែន​ទៅ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី ហើយ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី​ដែរ? ២០ ទេ! គ្មាន​សារ‌សំខាន់​អ្វី​ទាំង​អស់! ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​គេ​សែន​នោះ គេ​សែន​អារក្ខ គឺ​មិន​មែន​ថ្វាយ​ព្រះ‌ជាម្ចាស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ឲ្យ​បង‌ប្អូន​ចូល​រួម​រស់​ជា​មួយ​ពួក​អារក្ខ​ទាល់​តែ​សោះ។ ២១ បង‌ប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះ‌អម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ខ​ពិសា​ផង​បាន​ទេ។ បង‌ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ខ​ផង​ដែរ ២២ ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ច្រណែន? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះ‌អង្គ​ឬ?
អំពី​ការ​ដែល​ត្រូវ​ប្រព្រឹត្ត​ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
២៣ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ឡើយ។ ២៤ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ។ ២៥ បង‌ប្អូន​អាច​បរិភោគ​អ្វីៗ​ដែល​គេ​លក់​នៅ​តាម​ផ្សារ​បាន​តាម​ចិត្ត មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​របស់​ខ្លួន​នោះ​ឡើយ ២៦ ដ្បិត «ផែន‌ដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់​ទាំង​អស់»​។ ២៧ ប្រសិន​បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​បង‌ប្អូន​ទៅ​ពិសា​បាយ ហើយ​បង‌ប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បង‌ប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​នោះ​ឡើយ!។ ២៨ ប៉ុន្តែ បើ​គេ​ប្រាប់​បង‌ប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បង‌ប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។ ២៩ ខ្ញុំ​មិន​និយាយ​អំពី​មន‌សិការ​របស់​បង‌ប្អូន​ទេ គឺ​សំដៅ​ទៅ​លើ​មន‌សិការ​របស់​អ្នក​ដែល​បាន​ប្រាប់​បង‌ប្អូន​នោះ​វិញ។ ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ក្នុង​ការ​ប្រព្រឹត្ត បែរ​ជា​ត្រូវ​សម្រប​ទៅ​តាម​មន‌សិការ​របស់​អ្នក​ដទៃ​ដូច្នេះ? ៣០ ប្រសិន​បើ​ខ្ញុំ​ទទួល​ទាន​អាហារ​ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​រួច​ហើយ​នោះ​ទៅ​វិញ? ៣១ ដូច្នេះ ទោះ​បី​បង‌ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង‌ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ ៣២ សូម​បង‌ប្អូន​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា សាសន៍​ក្រិក ឬ​ព្រះ‌សហគមន៍*​របស់​ព្រះ‌ជាម្ចាស់​ជំពប់​ចិត្ត​ឡើយ។ ៣៣ រីឯ​ខ្ញុំ​វិញ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ច‌ការ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ។
១១
សូម​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​យក​តម្រាប់​តាម​ព្រះ‌គ្រីស្ត*​ដែរ។
ឥរិយា‌បថ​គ្រីស្ត‌បរិស័ទ នៅ​ពេល​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់
ខ្ញុំ​សូម​សរសើរ​បង‌ប្អូន ដោយ​បង‌ប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈ‌ទេសៈ ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បង‌ប្អូន។ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​ថា ព្រះ‌គ្រីស្ត​នាំ​មុខ​បុរស​គ្រប់​រូប បុរស​នាំ​មុខ​ស្ត្រី ហើយ​ព្រះ‌ជាម្ចាស់​នាំ​មុខ​ព្រះ‌គ្រីស្ត។ បុរស​ណា​អធិស្ឋាន* ឬ​ថ្លែង​ព្រះ‌បន្ទូល ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​ព្រះ‌គ្រីស្ត។ ផ្ទុយ​ទៅ​វិញ​ស្ត្រី​ណា​អធិស្ឋាន ឬ​ថ្លែង​ព្រះ‌បន្ទូល ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ត្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។ បើ​ស្ត្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។ ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង​ព្រះ‌ជាម្ចាស់ និង​សម្ដែង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សម្ដែង​សិរី‌រុង​រឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​ឡើយ គឺ​ស្ត្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស ហើយ​ព្រះ‌ជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ទេ គឺ​ព្រះ‌អង្គ​បង្កើត​ស្ត្រី​សម្រាប់​បុរស​វិញ។ ១០ ហេតុ​នេះ​ដោយ​យោគ‌យល់​ដល់​ពួក​ទេវទូត* ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ​ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។ ១១ ប៉ុន្តែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ស្ត្រី​ត្រូវ​ការ​បុរស​ជា​ចាំ‌បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំ‌បាច់​ដែរ។ ១២ ព្រះ‌ជាម្ចាស់​បាន​យក​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។
១៣ សូម​បង‌ប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ត្រីៗ​អធិស្ឋាន​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ដោយ​មិន​ទទូរ​ស្បៃ សម ឬ​មិន​សម? ១៤ សូម្បី​តែ​ធម្ម‌ជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់ ១៥ ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុង​រឿង​របស់​ស្ត្រី។ តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។ ១៦ ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា​យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ព្រះ‌សហគមន៍*​របស់​ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ដែរ។
អំពី​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់
១៧ ក្រៅ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ ខ្ញុំ​ពុំ​អាច​សរសើរ​បង‌ប្អូន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បង‌ប្អូន ពុំ​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ចម្រើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​ឲ្យ​អន់‌ថយ​ទៅៗ ១៨ ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា​ជា​ព្រះ‌សហគមន៍* នោះ​បង‌ប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។ ១៩ ត្រូវ​តែ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​បង‌ប្អូន​ដូច្នេះ​ឯង ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ពិត​ជា​មាន​ចិត្ត​ស៊ូ‌ទ្រាំ​យ៉ាង​ស្មោះ​មែន។
២០ ពេល​បង‌ប្អូន​ប្រជុំ​គ្នា បង‌ប្អូន​មិន​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់*​ទេ ២១ ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។ ២២ តើ​បង‌ប្អូន​គ្មាន​ផ្ទះ​សំបែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បង‌ប្អូន​ប្រមាថ​មាក់‌ងាយ​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស?។ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បង‌ប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បង‌ប្អូន​ឬ? ទេ ខ្ញុំ​ពុំ​អាច​សរសើរ​បង‌ប្អូន​ក្នុង​រឿង​នេះ​បាន​ទេ!
២៣ រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះ‌អង្គ​យក​នំបុ័ង​មក​កាន់ ២៤ ព្រះ‌អង្គ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំបុ័ង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ ២៥ លុះ​ជប់‌លៀង​រួច​ហើយ ព្រះ‌អង្គ​ធ្វើ​តាម​បែប​ដដែល ព្រះ‌អង្គ​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ចង​ឡើង ដោយ​លោហិត​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ ២៦ រៀង​រាល់​ពេល​ដែល​បង‌ប្អូន​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នេះ បង‌ប្អូន​ប្រកាស​អំពី​ព្រះ‌អម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះ‌អង្គ​យាង​មក​វិញ។
២៧ ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះ‌កាយ និង​ព្រះ‌លោហិត​របស់​ព្រះ‌អម្ចាស់។ ២៨ ដូច្នេះ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ ២៩ ដ្បិត​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។
៣០ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ចំណោម​បង‌ប្អូន មាន​គ្នា​ច្រើន​ខ្សោយ​កម្លាំង និង​ឈឺ ហើយ​មាន​មួយ​ចំនួន​ធំ​បាន​ស្លាប់។ ៣១ ប្រសិន​បើ​យើង​ពិនិត្យ‌ពិច័យ​មើល​ខ្លួន​ឯង ព្រះ‌អម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។ ៣២ ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះ‌អង្គ​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។ ៣៣ ហេតុ​នេះ បង‌ប្អូន​អើយ នៅ​ពេល​បង‌ប្អូន​ជួប‌ជុំ​គ្នា​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់ ត្រូវ​ចាំ​គ្នា​ផង។ ៣៤ ប្រសិន​បើ​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ ដើម្បី​ចៀស‌វាង​កុំ​ឲ្យ​ការ​ប្រជុំ​របស់​បង‌ប្អូន ទៅ​ជា​មាន​ទោស​ទៅ​វិញ។
ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។
១២
អំពី​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ
 បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ។  បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា កាល​បង‌ប្អូន​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នៅ​ឡើយ​បង‌ប្អូន​បាន​បណ្ដោយ​ខ្លួន​ទៅ​គោរព​ព្រះ‌ក្លែង‌ក្លាយ​ដែល​មិន​ចេះ​និយាយ។  ហេតុ​នេះ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ណែ‌នាំ អ្នក​នោះ​ពុំ​អាច​ពោល​ថា «ព្រះ‌យេស៊ូ​ត្រូវ​បណ្ដាសា» កើត​ទេ ហើយ​បើ​គ្មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ណែ‌នាំ​ទេ​នោះ ក៏​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា «ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់»​ដែរ។
 មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​ប្រទាន​ឲ្យ។  មាន​មុខ‌ងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ដដែល។  មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។  ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សម្ដែង​ព្រះ‌អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម  គឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់។  ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ ១០ ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង*​ព្រះ‌បន្ទូល ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ ១១ ប៉ុន្តែ មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។
ព្រះ‌កាយ​តែ​មួយ​បែង​ចែក​ជា​ច្រើន​ផ្នែក
១២ ព្រះ‌គ្រីស្ត*​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។ ១៣ យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្តី សាសន៍​ក្រិក​ក្តី អ្នក​ងារ​ក្តី អ្នក​ជា​ក្តី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជ*​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះ‌កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះ‌វិញ្ញាណ​តែ​មួយ​ដែរ។
១៤ រូប​កាយ​មិន​មែន​មាន​សរីរាង្គ​តែ​មួយ​ទេ គឺ​មាន​ច្រើន។ ១៥ បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ដៃ ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ ១៦ បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ភ្នែក ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ ១៧ ប្រសិន​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ភ្នែក ធ្វើ​ម្ដេច​នឹង​ស្ដាប់​ឮ​បាន? ហើយ​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក ធ្វើ​ម្ដេច​នឹង​ដឹង​ក្លិន​បាន? ១៨ តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​សរីរាង្គ​នីមួយៗ​មាន​មុខ‌ងារ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ ១៩ ប្រសិន​បើ​ទាំង​អស់​ជា​សរីរាង្គ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា? ២០ តាម​ពិត សរីរាង្គ​មាន​ច្រើន តែ​រូប​កាយ​មាន​តែ​មួយ​ប៉ុណ្ណោះ។
២១ ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា «អញ​មិន​ត្រូវ​ការ​ឯង» បាន​ទេ រីឯ​ក្បាល​ក៏​ពុំ​អាច​និយាយ​ទៅ​កាន់​ជើង​ថា «អញ​មិន​ត្រូវ​ការ​ឯង​ទាំង​ពីរ» បាន​ដែរ។ ២២ ផ្ទុយ​ទៅ​វិញ សរីរាង្គ​ណា​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ​ជាង​គេ យើង​ត្រូវ​ការ​សរីរាង្គ​នោះ​ជា​ចាំ‌បាច់ ២៣ ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។ ២៤ រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត ២៥ ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ២៦ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។
២៧ បង‌ប្អូន​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។ ២៨ ក្នុង​ព្រះ‌សហគមន៍​មុន​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ឲ្យ​មាន​គ្រីស្តទូត* បន្ទាប់​មក ព្រះ‌អង្គ​តែង‌តាំង​អ្នក​ថ្លែង​ព្រះ‌បន្ទូល​ បន្ទាប់​មក​ទៀត ព្រះ‌អង្គ​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​ព្រះ‌អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ព្រះ‌អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ ព្រះ‌អំណោយ​ទាន​ខាង​ណែ‌នាំ ព្រះ‌អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ*។ ២៩ តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​គ្រីស្តទូត​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្រៀន​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ? ៣០ តើ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះ‌អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះ‌អំណោយ​ទាន​ខាង​បក​ប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?
៣១ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​ណា​ដែល​សំខាន់ៗ​ជាង​គេ។ ប៉ុន្តែ ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​បង‌ប្អូន​អំពី​មាគ៌ា​មួយ​ទៀត ដែល​ប្រសើរ​លើស‌លប់​បំផុត។
១៣
សេចក្ដី​ស្រឡាញ់
 ទោះ​បីខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវទូត​ក្តី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។  ទោះ​បី​ខ្ញុំ​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង​ព្រះ‌បន្ទូល និង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្តី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។  ទោះ​បី​ខ្ញុំ​យក​ទ្រព្យ‌សម្បត្តិរបស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ទៅ​ចែក​ទាន​ក្តី ទោះ​បី​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​យក​រូប​កាយ​ខ្ញុំ​ទៅ​ដុត​ទាំង​រស់​ក្តី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។
 អ្នក​មាន​ចិត្ត​ស្រឡាញ់ តែង‌តែ​អត់‌ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​វាយ‌ឫក​ខ្ពស់ មិន​អួត‌បំប៉ោង​ឡើយ។  អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ  មិន​អប‌អរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីក‌រាយ​នឹង​សេចក្ដី​ពិត​វិញ។  អ្នក​មាន​ចិត្ត​ស្រឡាញ់ អត់​ឱន​ឲ្យ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់។
 សេចក្ដី​ស្រឡាញ់​មិន​សាប‌សូន្យ​សោះ​ឡើយ តែ​ការ​ថ្លែង*​ព្រះ‌បន្ទូល​មុខ​ជា​ត្រូវ​អស់​ខ្លឹម‌សារ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ*​នឹង​ត្រូវ​ចប់ រីឯ​ចំណេះ​ក៏​នឹង​អស់​ខ្លឹម‌សារ​ទៅ​ដែរ។  សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ព្រះ‌បន្ទូល បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែរ។ ១០ លុះ​ដល់​ពេល​យើង​ដឹង​សព្វ​គ្រប់​ហើយ​ អ្វីៗ​ដែល​យើង​ស្គាល់​តែ​មួយ​ផ្នែក​នឹង​អស់​ខ្លឹម‌សារ។ ១១ កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះ‌គិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ ១២ សព្វ​ថ្ងៃ​នេះ​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះ‌អង្គ​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ច្បាស់ ដូច​ព្រះ‌អង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។
១៣ ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង គឺ ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត។
១៤
របៀប​ប្រើ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ព្រះ‌សហគមន៍
 ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះ‌បន្ទូល*។  អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះ‌វិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។  ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះ‌បន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់‌តឿន និង​លើក​ទឹក​ចិត្ត​គេ។  អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​ព្រះ‌បន្ទូល​វិញ កសាង​ព្រះ‌សហគមន៍។
 ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ចេះ​ថ្លែង​ព្រះ‌បន្ទូល។ អ្នក​ថ្លែង​ព្រះ‌បន្ទូល​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទៅ​ទៀត លើក‌លែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​ឲ្យ​គេ​យល់ ដើម្បី​កសាង​ព្រះ‌សហគមន៍​ទើប​សំខាន់។  បង‌ប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បង‌ប្អូន ទាំង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បង‌ប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ប្រាប់ ឬ​និយាយ​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បង‌ប្អូន​ដឹង ថ្លែង​ព្រះ‌បន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បង‌ប្អូន​ជាង។
 ប្រសិន​បើ​ឧបករណ៍​តន្ដ្រី ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន?  បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​នរណា​នឹង​រៀបចំ​ខ្លួន​ទៅ​ច្បាំង?។  រីឯ​បង‌ប្អូន ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​បង‌ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តែ​មិន​បក​ស្រាយ​ន័យ​ទេ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​គេ​ដឹង​សេចក្ដី​ដែល​បង‌ប្អូន​និយាយ​នោះ​កើត? ដូច្នេះ បង‌ប្អូន​និយាយ​ឥត​បាន​ការ​អ្វី​សោះ!។
១០ ក្នុង​លោក​នេះ មាន​ពាក្យ​ជា​ច្រើន​ឥត​គណនា តែ​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​ន័យ។ ១១ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។ ១២ រីឯ​បង‌ប្អូន​វិញ បើ​បង‌ប្អូន​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះ‌អំណោយ​ទាន​សម្រាប់​កសាង​ព្រះ‌សហគមន៍*។
១៣ ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។ ១៤ ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះ‌គិត​អ្វី​ទេ។ ១៥ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ១៦ បើ​បង‌ប្អូន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដោយ​វិញ្ញាណ​របស់​បង‌ប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះ‌គុណ​របស់​បង‌ប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បង‌ប្អូន​និយាយ​អ្វី​ផង​នោះ! ១៧ បង‌ប្អូន​បាន​អរ​ព្រះ‌គុណ​ដូច្នេះ ល្អ​វិសេស‌វិសាល​ហើយ តែ​បង‌ប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។ ១៨ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​លើស​បង‌ប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត ១៩ ក៏​ប៉ុន្តែ នៅ​ក្នុង​ព្រះ‌សហគមន៍ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​មួយ‌ម៉ឺន​ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។
២០ បង‌ប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។ ២១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​ថាៈ
«យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ដ្រ​នេះ
តាម‌រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ
តាម‌រយៈ​បបូរ​មាត់​ជន​បរទេស
ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ
ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល»

២២ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។ ២៣ ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ព្រះ‌សហគមន៍*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បង‌ប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។ ២៤ ផ្ទុយ​ទៅ​វិញ បើ​បង‌ប្អូន​ថ្លែង​ព្រះ‌បន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​ឲ្យ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។ ២៥ ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ទាំង​ប្រកាស​ថាៈ «ព្រះ‌ជាម្ចាស់​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​បង‌ប្អូន​មែន!»​។

សណ្ដាប់‌ធ្នាប់​ក្នុង​ព្រះ‌សហគមន៍
២៦ បង‌ប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?។ ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​សម្ដែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ព្រះ‌សហគមន៍។ ២៧ បើ​បង‌ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។ ២៨ ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បង‌ប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ក្នុង​ព្រះ‌សហគមន៍​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់​បាន​ហើយ។ ២៩ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។ ៣០ បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​ព្រះ‌ជាម្ចាស់ ត្រូវ​ឲ្យ​អ្នក​កំពុង​និយាយ​ផ្អាក​សិន ៣១ ដ្បិត​បង‌ប្អូន​ទាំង​អស់​គ្នា​អាច​ថ្លែង​ព្រះ‌បន្ទូល​ម្នាក់​ម្ដងៗ ដើម្បី​បាន​ទទួល​ការ​អប់រំ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​គ្រប់ៗ​គ្នា។ ៣២ ព្រះ‌អំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះ‌បន្ទូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ព្រះ‌បន្ទូល​ ៣៣ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុខ‌សាន្ត។
៣៤ សូម​ឲ្យ​ស្ត្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ព្រះ‌សហគមន៍​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ​ ដូច​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ‌វិន័យ​ស្រាប់។ ៣៥ ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ព្រះ‌សហគមន៍ មិន​សមរម្យ​ទេ។
៣៦ តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ចេញ​មក​ពី​ចំណោម​បង‌ប្អូន​ឬ? ឬ​មួយ​មាន​តែ​បង‌ប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​ព្រះ‌បន្ទូល? ៣៧ ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​ព្រះ‌វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បង‌ប្អូន​នេះ ក៏​ជា​បទ​បញ្ជា​របស់​ព្រះ‌អម្ចាស់​ដែរ ៣៨ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​បទ​បញ្ជា​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។
៣៩ ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះ‌បន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ ៤០ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់‌ធ្នាប់។
១៥
អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
 បង‌ប្អូន​អើយ ខ្ញុំ​សូម​រំឭក​បង‌ប្អូន ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង‌ប្អូន ជា​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់‌ខ្ជួន​ស្រាប់​ហើយ។  ប្រសិន​បើ​បង‌ប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង‌ប្អូន​ទេ​នោះ បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បង‌ប្អូន​មុខ​តែ​ឥត​ប្រយោជន៍។
 មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បង‌ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។  គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះ‌អង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។  ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​គ្រីស្តទូត*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។  បន្ទាប់​មក ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន ឲ្យ​បង‌ប្អូន​ជាង​ប្រាំ‌រយ​នាក់​ឃើញ ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បង‌ប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ បាន​ទទួល​មរណ‌ភាព​ ផុត​ទៅ​ហើយ។  បន្ទាប់​មក​ទៀត ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​គ្រីស្តទូត​ទាំង​អស់​ឃើញ។  ក្រោយ​បង្អស់ ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ  ដ្បិត​ក្នុង​ចំណោម​គ្រីស្តទូត​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​គ្រីស្តទូត​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់។ ១០ ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​គ្រីស្តទូត​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ​ដែល​បាន​សម្រេច​គ្រប់​កិច្ច‌ការ។ ១១ ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្តី ទោះ​បី​គ្រីស្តទូត​ទាំង​នោះ​ក្តី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​បាន​ជឿ។
គ្រីស្ត‌បរិស័ទ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ
១២ ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រីស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ១៣ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រីស្ត​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ ១៤ ហើយ​បើ​ព្រះ‌គ្រីស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បង‌ប្អូន ក៏​គ្មាន​ន័យ​អ្វី​ដែរ។ ១៥ បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ អំពី​ព្រះ‌ជាម្ចាស់ ដោយ​ផ្ដល់​សក្ខី‌ភាព​ខុស​ថា ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌គ្រីស្ត​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌អង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រីស្ត​ឲ្យ​រស់​ឡើង​វិញ​ដែរ ១៦ ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រីស្ត​ក៏​មិន​រស់​ឡើង​វិញ​ដែរ ១៧ ហើយ​បើ​ព្រះ‌គ្រីស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បង‌ប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បង‌ប្អូន​នៅ​តែ​ជាប់​បាប​ដដែល។ ១៨ រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។ ១៩ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រីស្ត សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!
២០ ប៉ុន្តែ ព្រះ‌គ្រីស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់​។ ២១ បើ​មនុស្ស​លោក​ត្រូវ​ស្លាប់​ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយ‌សារ​មនុស្ស​តែ​ម្នាក់​ដែរ។ ២២ មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​យ៉ាង​នោះ​ដែរ ២៣ ម្នាក់ៗ​តាម​លំដាប់‌លំដោយ គឺ​ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សាវ័ក*​របស់​ព្រះ‌គ្រីស្ត​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក​ដល់។ ២៤ បន្ទាប់​មក​ទៀត នឹង​ដល់​អវសាន‌កាល គឺ​នៅ​ពេល​នោះ ព្រះ‌គ្រីស្ត​នឹង​ប្រគល់​ព្រះ‌រាជ្យ*​ថ្វាយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។ ២៥ ព្រះ‌គ្រីស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ២៦ សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។ ២៧ ព្រះ‌ជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ត​រួច​ស្រេច​ហើយ។ ប៉ុន្តែ កាល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ព្រះ‌អង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ត” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះ‌អង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​ព្រះ‌គ្រីស្ត​នោះ​ទេ ព្រះ‌អង្គ​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រីស្ត​ឡើយ។ ២៨ លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រីស្ត​ហើយ ទើប​ព្រះ‌បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ‌បិតា ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​ព្រះ‌អង្គ​នោះ​វិញ​ដែរ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។
២៩ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក* សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹកសម្រាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី? ៣០ រីឯ​យើង​វិញ យើង​ស៊ូ​ប្ដូរ​ជីវិត​តទល់​នឹង​គ្រោះ​ថ្នាក់ គ្រប់​ពេល​វេលា​នោះ បាន​ប្រយោជន៍​អ្វី​ដែរ? ៣១ បង‌ប្អូន​អើយ​រៀង​រាល់​ថ្ងៃ ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជា‌និច្ច។
ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បង‌ប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បង‌ប្អូន​ជា​កិត្តិយស​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​របស់​យើង​ស្រាប់​ហើយ។ ៣២ ប្រសិន​បើ​ខ្ញុំ​គិត​តាម​តែ​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ តើ​ខ្ញុំ​តយុទ្ធ​នឹង​សត្វ​សាហាវ នៅ​ក្រុង​អេភេសូ​បាន​ប្រយោជន៍​អ្វី? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ចូរ​យើង​នាំ​គ្នា​គិត​តែ​ពី​ស៊ី​ផឹក​ទៅ ព្រោះ​ថ្ងៃ​ស្អែក យើង​មុខ​តែ​ស្លាប់​មិន​ខាន
៣៣ សូម​បង‌ប្អូន​កុំ​ភាន់‌ច្រឡំ “មិត្ត​អាក្រក់​តែង​នាំ​ឲ្យ​ខូច​ទម្លាប់​ល្អ”។ ៣៤ ហេតុ​នេះ ចូរ​ភ្ញាក់​ខ្លួន​ឡើង កុំ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន មិន​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បង‌ប្អូន​ខ្មាស​ខ្លួន។
អំពី​រូប​កាយ​អ្នក​ដែល​រស់​ឡើង​វិញ
៣៥ មាន​ម្នាក់​ប្រហែល​ជា​ចង់​សួរ​ថាៈ «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។ ៣៦ មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ងាប់​សិន។ ៣៧ គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ ៣៨ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។
៣៩ រីឯ​សត្វ​លោក​ទាំង​អស់ ក៏​មាន​សាច់​ផ្សេងៗ​ពី​គ្នា​ដែរ គឺ​មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​ចតុប្បាទ​មាន​សាច់​ម្យ៉ាង សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង។ ៤០ រូប​កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប​កាយ​នៅ​លើ​ផែន‌ដី ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​ស្ថាន‌សួគ៌​មាន​ពន្លឺ​រស្មី​រុង‌រឿង ជាង​រូប​កាយ​នៅ​លើ​ផែន‌ដី។ ៤១ ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។
៤២ ចំណែក​មនុស្ស​ស្លាប់ ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​តែង‌តែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។ ៤៣ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរី‌រុង​រឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ ៤៤ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​ជា​រូប​កាយ​ធម្ម‌ជាតិ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ។ ប្រសិន​បើ​មាន​រូប​កាយ​ធម្ម‌ជាតិ​មែន រូប​កាយ​ប្រកប​ដោយ​វិញ្ញាណ​ក៏​មាន​ដែរ។ ៤៥ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺ​លោក​អដាំ​បាន​ទទួល​ជីវិត»។ រីឯ​លោក​អដាំ​ចុង​ក្រោយ​បង្អស់​ បាន​ទៅ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ៤៦ មិន​មែន​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ធម្ម‌ជាតិ​វិញ​ឯ‌ណោះ​ទេ​តើ​ដែល​បាន​កើត​មុន ទើប​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ កើត​មក​តាម​ក្រោយ។ ៤៧ មនុស្ស​ទី​មួយ កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ កើត​មក​ពី​ស្ថាន​បរម‌សុខ*។ ៤៨ អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​ស្ថាន​បរម‌សុខ ក៏​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ ដែល​នៅ​ស្ថាន​បរម‌សុខ​ដែរ។ ៤៩ យើង​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់‌ទ្រាយ ដូច​ព្រះ‌អង្គ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​យ៉ាង​នោះ​ដែរ។
៥០ បង‌ប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ ហើយ​អ្វីៗ​ដែល​តែង‌តែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​ដែរ។
៥១ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ទាំង​អស់​គ្នា ៥២ ក្នុង‌រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ដែរ ៥៣ ព្រោះ​រូប​កាយ​ដែល​តែង‌តែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែង‌តែ​ស្លាប់​នេះ​ត្រូវ ទទួល​យក​ភាព​អមតៈ។ ៥៤ នៅ​ពេល​រូប​កាយ​ដែល​តែង‌តែ​រលួយ​នេះ​បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែង‌តែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នឹង​បាន​សម្រេច​គឺ​ថាៈ
«ជ័យ‌ជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!
៥៥ មច្ចុរាជ​អើយ តើ​ជ័យ‌ជម្នះ​របស់​ឯង​នៅ​ឯ​ណា?
មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង
នៅ​ឯ​ណា?»
៥៦ អំណាច​នៃ​សេចក្ដី​ស្លាប់​នោះ មក​ពី​អំពើ​បាប រីឯ​អំណាច​នៃ​អំពើ​បាប​មក​ពី​វិន័យ*​។ ៥៧ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត*។
៥៨ ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ត​រឹង‌ប៉ឹង​មាំ‌មួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់ ឲ្យ​បាន​ចម្រើន​ឡើង​ជា‌និច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ទាំង​នឿយ‌ហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។
១៦
អំពី​ការ​រៃ​ប្រាក់​ផ្ញើ​ទៅ​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​យេរូ‌សាឡឹម
 រីឯ​ការ​រៃ​ប្រាក់ ផ្ញើ​ទៅ​ជូន​បង‌ប្អូន​នៅ​យេរូ‌សាឡឹម​វិញ សូម​បង‌ប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​ដល់​ព្រះ‌សហគមន៍​នានា នៅ​ស្រុក​កាឡា‌ទី​ដែរ  គឺ​រាល់​ថ្ងៃ​អាទិត្យ សូម​បង‌ប្អូន​យក​ប្រាក់​ទុក​ដោយ​ឡែក​នៅ​ផ្ទះ​ឲ្យ​ហើយ តាម​តែ​ម្នាក់ៗ​អាច​សន្សំ​បាន មិន​បាច់​ចាំ​ខ្ញុំ​មក​ដល់ ទើប​នាំ​គ្នា​រៃ​ប្រាក់​នោះ​ឡើយ។  កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បង‌ប្អូន​ជ្រើស‌រើស ឲ្យ​យក​អំណោយ​ទាន​នេះ​ទៅ​ក្រុង​យេរូ‌សាឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។  បើ​យល់​ឃើញ​ថា​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ​នោះ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ។
គម្រោង‌ការ​របស់​លោក​ប៉ូល
 ពេល​ណា​ខ្ញុំ​បាន​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន​រួច​ហើយ ខ្ញុំ​នឹង​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន​ដែរ (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន)។  ខ្ញុំ​ប្រហែល​ជា​នឹង​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បង‌ប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បង‌ប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត។  លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បង‌ប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ‌ភ្លែត​នោះ​ទេ ប្រសិន​បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន​បាន​យូរ​ក្រែល​បន្ដិច។  ប៉ុន្តែ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប  ដ្បិត​ទ្វារ​បើក​ចំហ​យ៉ាង​ធំ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច‌ការ​នៅ​ទី​នោះ ទោះ​បី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។
១០ ប្រសិន​បើ​លោក​ធីម៉ូថេ​មក​ដល់ សូម​បង‌ប្អូន​រាក់‌ទាក់​ទទួល​គាត់ កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​បង‌ប្អូន ដ្បិត​គាត់​ធ្វើ​ការ​បម្រើ​ព្រះ‌អម្ចាស់​ដូច​ខ្ញុំ​ដែរ។ ១១ ហេតុ​នេះ កុំ​ឲ្យ​មាន​នរណា​ម្នាក់​មើល‌ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោម‌ជ្រែង​គាត់ ឲ្យ​បន្ដ​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខ‌សាន្ត​ផង ដ្បិត​ខ្ញុំ និង​បង‌ប្អូន​នៅ​ទី​នោះ​រង់‌ចាំ​គាត់។
១២ រីឯ​លោក​អប៉ូ‌ឡូស​វិញ ខ្ញុំ​បាន​ដាស់‌តឿន​គាត់​ជា​រឿយៗ​ឲ្យ​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន ទាំង​នាំ​បង‌ប្អូន​ឯ​ទៀតៗ​មក​ជា​មួយ​ផង ក៏​ប៉ុន្តែ គាត់​ពុំ​ទាន់​បាន​សម្រេច​ចិត្ត​ថា នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ គាត់​នឹង​អញ្ជើញ​មក នៅ​ពេល​ណា​ឱកាស​ហុច​ឲ្យ។
ពាក្យ​ផ្ដែ‌ផ្ដាំ​ផ្សេងៗ
១៣ ចូរ​បង‌ប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ត្រូវ​មាន​ចិត្ត​ក្លាហាន និង​មាន​កម្លាំង​មាំ‌មួន​ឡើង។ ១៤ ក្នុង​ចំណោម​បង‌ប្អូន ត្រូវ​ធ្វើ​គ្រប់​កិច្ច‌ការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់។
១៥ បង‌ប្អូន​អើយ ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​បង‌ប្អូន​អំពី​រឿង​មួយ​ទៀត។ ដូច​បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ស្រុក​អាខៃ​នេះ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ជឿ​មុន​គេ ហើយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​ប្រជាជន​ដ៏‌វិសុទ្ធ។ ១៦ ដូច្នេះ សូម​បង‌ប្អូន​គោរព​ចុះ​ចូល​នឹង​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​វិញ ព្រម​ទាំង​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​ទាំង​នឿយ‌ហត់ រួម​ជា​មួយ​បង‌ប្អូន​ទាំង​នេះ​ដែរ។
១៧ ខ្ញុំ​សប្បាយ​ចិត្ត ដោយ​បាន​លោក​ស្ទេផា‌ណាស លោក​ភ័រទី‌ណាទូស និង​លោក​អខៃ‌គូស​មក​ទី​នេះ។ ខ្ញុំ​នឹក​បង‌ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​បី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ក្នុង​ចិត្ត ១៨ ព្រោះ​គេ​បាន​សម្រាល​ទុក្ខ​ខ្ញុំ ដូច​គេ​បាន​សម្រាល​ទុក្ខ​បង‌ប្អូន​ដែរ។ ហេតុ​នេះ សូម​បង‌ប្អូន​គោរព​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​ផង។
១៩ ព្រះ‌សហគមន៍​ទាំង‌ឡាយ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​មក​បង‌ប្អូន។ លោក​អគី‌ឡាស និង​នាង​ព្រីស្កា​ ព្រម​ទាំង​ព្រះ‌សហគមន៍​នៅ​ផ្ទះ​គាត់ ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ ២០ បង‌ប្អូន​ទាំង​អស់​គ្នា​នៅ​ទី​នេះ ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។ សូម​បង‌ប្អូន​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធ‌ស្នាល​ផង​។
២១ ខ្ញុំ ប៉ូល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​មក​បង‌ប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។
២២ បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ! ម៉ារ៉ា‌ណាថា​!
២៣ សូម​ព្រះ‌អម្ចាស់‌យេស៊ូ​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន!
២៤ ខ្ញុំ​ស្រឡាញ់​បង‌ប្អូន​ទាំង​អស់​គ្នា ក្នុង​ព្រះ‌គ្រីស្ត*‌យេស៊ូ។
1,096 Views

Theme: Overlay by Kaira