សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
របាក្សត្រទី១
ពាក្យលំនាំ
របាក្សត្រទី១
ពាក្យលំនាំ
កណ្ឌគម្ពីររបាក្សត្រទី១ និងទី២ មានប្រភពពីមជ្ឈដ្ឋានតែមួយ គឺប្រហែលជាមកពីក្រុមបូជាចារ្យនៃជនជាតិអ៊ីស្រាអែល។ កណ្ឌគម្ពីរនេះផ្សំគ្នាឡើង រៀបរាប់អំពីប្រវត្តិនៃប្រជាជនរបស់ព្រះជាម្ចាស់ តាំងពីដើមកំណើត រហូតដល់គ្រាដែលត្រូវខ្មាំងកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។
ក្នុងកណ្ឌគម្ពីរនេះ ប្រវត្តិនៃប្រជារាស្ដ្រអ៊ីស្រាអែលមិនមែនបរិយាយតាមរបៀបអ្នកតែងប្រវត្តិសាស្ត្រសុទ្ធសាធទេ តែបរិយាយតាមរបៀបទេវវិទូ។ ព្រឹត្តិការណ៍ជាច្រើនក្នុងកណ្ឌគម្ពីររបាក្សត្រ ទី១ និងទី២ មានឃ្លាប្រយោគប្រហាក់ប្រហែលគ្នានឹងកណ្ឌគម្ពីរសាមូអែល ឬពង្សាវតារក្សត្រ តែមានគោលបំណងប្លែកពីកណ្ឌគម្ពីរទាំងនោះ។ របាក្សត្រ ទី១ និងទី២ សង្កត់ទៅលើគោលគំនិតមួយ គឺព្រះជាម្ចាស់តែមួយអង្គគត់ ដែលគ្រប់គ្រងប្រជារាស្ដ្ររបស់ព្រះអង្គ រីឯស្តេចគ្រាន់តែជាអ្នកបម្រើរបស់ព្រះអង្គប៉ុណ្ណោះ។ ស្តេចមានមុខងារជាតំណាងរបស់ព្រះជាម្ចាស់ គ្រប់គ្រងលើប្រជាជនក្នុងគ្រប់វិស័យ។ ក្នុងទស្សនៈនេះ មានតែព្រះបាទដាវីឌមួយអង្គទេ ដែលជាស្តេចស្មោះត្រង់នឹងព្រះជាម្ចាស់។ ព្រះបាទដាវីឌវាយយកបានក្រុងយេរូសាឡឹម ដែលក្រោយមកក្រុងនេះមានឈ្មោះថាជា«ក្រុងដ៏វិសុទ្ធ» ព្រោះព្រះវិហាររបស់ព្រះជាម្ចាស់ត្រូវបានសង់ឡើងនៅក្រុងនេះ។ ព្រះបាទដាវីឌដឹកនាំប្រជាជន ទាំងផ្នែកនយោបាយ ទាំងផ្នែកជំនឿ។ ក្រោយពេលព្រះបាទដាវីឌសោយទិវង្គត កណ្ឌគម្ពីររបាក្សត្ររៀបរាប់អំពីរជ្ជកាលនានានៃរាជវង្សរបស់ស្តេច ដែលស្នងរាជ្យតៗគ្នា នៅក្នុងរាជាណាចក្រយូដា។
កណ្ឌគម្ពីររបាក្សត្រទី១ចាប់ផ្តើមរៀបរាប់ប្រវត្តិនៃប្រជាជនរបស់ព្រះជាម្ចាស់ ចាប់ពីលោកអដាំ រហូតដល់ព្រះបាទដាវីឌ ដោយមានបញ្ជីរាយនាមបុព្វបុរស (ចំពូក ១‑៩)។ បន្ទាប់មក ចំពូក ១០ ដល់ ២៩ រៀបរាប់ពីរាជ្យរបស់ព្រះបាទដាវីឌ ប៉ុន្តែ ព្រឹត្តិការណ៍ផ្សេងៗដូចជាយុវភាព ដំណើរភៀសខ្លួនចេញពីព្រះបាទសាអ៊ូល ឬព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងក្នុងគ្រាដែលស្តេចគ្រងរាជ្យនៅហេប្រូន រឿងរ៉ាវជាមួយនាងបាតសេបា ឬបញ្ហាជាមួយសម្តេចអាប់សាឡុមជាដើម ពុំមានរៀបរាប់ក្នុងកណ្ឌគម្ពីរនេះ ដូចនៅក្នុងកណ្ឌគម្ពីរសាមូអែលទេ។ កណ្ឌគម្ពីររបាក្សត្រទី១បរិយាយជាពិសេស អំពីព្រះបាទដាវីឌរៀបចំកសាងព្រះវិហារ ដោយនាំហិបនៃសម្ពន្ធមេត្រីចូលក្រុងយេរូសាឡឹម ត្រៀមសម្ភារៈ រៀបចំក្រុមបូជាចារ្យ ក្រុមលេវី ក្រុមចម្រៀង និងក្រុមយាមទ្វារជាដើម។
១
បញ្ជីរាយនាមបុព្វបុរស
បញ្ជីរាយនាមបុព្វបុរសចាប់ពីលោកអដាំ រហូតដល់លោកអប្រាហាំ
១ លោកអដាំជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស ២ លោកអេណុសជាឪពុករបស់លោកកេណន លោកកេណនជាឪពុករបស់លោកម៉ាហាឡាឡេអែល លោកម៉ាហាឡាឡេអែលជាឪពុករបស់លោកយេរ៉េដ ៣ លោកយេរ៉េដជាឪពុករបស់លោកហេណុក លោកហេណុកជាឪពុករបស់លោកម៉ាធូសាឡឹម លោកម៉ាធូសាឡឹមជាឪពុករបស់លោកឡាម៉េក ៤ លោកឡាម៉េកជាឪពុករបស់លោកណូអេ លោកណូអេជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។
៥ កូនរបស់លោកយ៉ាផេតមានកូមែរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ុន ទូបាល ម៉េសេក និងទីរ៉ាស។ ៦ កូនរបស់លោកកូមែរមានអាសកេណាស រីផាត និងតូការម៉ា។ ៧ កូនរបស់លោកយ៉ាវ៉នមានអេលីសា តារសុស គីទីម និងដូដានីម។
៨ កូនរបស់លោកហាំមានគូស មីតស្រាអ៊ីម ពូថ និងកាណាន។ ៩ កូនរបស់លោកគូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនរបស់លោករ៉ាម៉ាគឺសេបា និងដេដន។ ១០ លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ ១១ លោកមីតស្រាអ៊ីមបង្កើតជនជាតិលូឌ ជនជាតិអណាម ជនជាតិលេហាប ជនជាតិណាប់ទូអា ១២ ជនជាតិប៉ាទ្រូស៊ី និងជនជាតិកាសលូហា ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ទ័រ។ ១៣ លោកកាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត ១៤ ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគៀរកាស៊ី ១៥ ជនជាតិហេវី ជនជាតិអារគី ជនជាតិស៊ីនី ១៦ ជនជាតិអារវ៉ាដ ជនជាតិសេម៉ារី និងជនជាតិហាម៉ាទី។
១៧ កូនរបស់លោកសិមមានអេឡាំ អាស្ស៊ួរ អារប៉ាកសាដ លូឌ អារ៉ាម អ៊ូស ហ៊ូល កេទែរ និងម៉េសេក។ ១៨ លោកអារប៉ាកសាដបង្កើតសេឡា លោកសេឡាបង្កើតហេប៊ែរ។ ១៩ លោកហេប៊ែរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះពេឡេក-ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា- រីឯប្អូនគាត់ ឈ្មោះ យ៉ុកតន។ ២០ លោកយ៉ុកតនបង្កើតអាល់-ម៉ូដាដ សេឡេប ហាសាម៉ាវ៉េត យេរ៉ា ២១ ហាដូរ៉ាម អ៊ូសាល ឌីកឡា ២២ អេបាល អប៊ីម៉ាអែល សេបា ២៣ អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកតន។
២៤ លោកសិមជាឪពុករបស់លោកអារប៉ាកសាដ លោកអារប៉ាកសាដជាឪពុករបស់លោកសេឡា ២៥ លោកសេឡាជាឪពុករបស់លោកហេប៊ែរ លោកហេប៊ែរជាឪពុករបស់លោកពេឡេក លោកពេឡេកជាឪពុករបស់លោករេអ៊ូ ២៦ លោករេអ៊ូជាឪពុករបស់លោកសេរូក លោកសេរូកជាឪពុករបស់លោកណាឃរ លោកណាឃរ ជាឪពុករបស់លោកតេរ៉ា ២៧ លោកតេរ៉ាជាឪពុករបស់លោកអប្រាម ពោលគឺលោកអប្រាហាំ។
បញ្ជីរាយនាមពូជពង្សរបស់លោកអប្រាហាំ
២៨ កូនរបស់លោកអប្រាហាំមានលោកអ៊ីសាក និងលោកអ៊ីស្មាអែល។
២៩ ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូតជាកូនច្បង កេដារ អាដបេអែល មីបសាំ ៣០ មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ តេម៉ា ៣១ យេទួរ ណាភីស និងកេដម៉ា។ អ្នកនោះសុទ្ធតែជាកូនរបស់លោកអ៊ីស្មាអែល។
៣២ រីឯកូនរបស់នាងកេទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំ មានស៊ីមរ៉ន យ៉ូកសន ម៉េដន ម៉ាឌីយ៉ាន យីសបាក និងសួអា។ កូនរបស់លោកយ៉ូកសនគឺសេបា និងដេដន។ ៣៣ កូនរបស់លោកម៉ាឌីយ៉ានគឺអេផា អេភែរ ហេណុក អប៊ីដា និងអែលដា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកេទូរ៉ា។
បញ្ជីរាយនាមពូជពង្សរបស់លោកអេសាវ
៣៤ លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាក ហើយកូនរបស់លោកអ៊ីសាកគឺលោកអេសាវ និងលោកអ៊ីស្រាអែល។
៣៥ កូនរបស់លោកអេសាវមានអេលីផាស រេអ៊ូអែល យេអ៊ូស យ៉ាឡាម និងកូរ៉ា។ ៣៦ កូនរបស់អេលីផាសមាន តេម៉ន អូម៉ារ សេផូ កេតាំ កេណាស ទីមណា និងអាម៉ាឡេក។ ៣៧ កូនរបស់រេអ៊ូអែល មានណាហាត់ សេរ៉ា សាំម៉ា និងមីសសា។
៣៨ កូនរបស់លោកសៀរ មានឡូតន សូបាល ស៊ីបូន អណា ឌីសូន អេស៊ែរ និងឌីសន។ ៣៩ កូនរបស់លោកឡូតនមានហូរី និងហេម៉ម។ ប្អូនស្រីរបស់លោកឡូតន ឈ្មោះនាងទីមណា។ ៤០ កូនរបស់លោកសូបាលមាន អាល់វ៉ន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។ កូនរបស់លោកស៊ីបូនមាន អយ៉ា និងអណា។ ៤១ កូនរបស់លោកអណាគឺ ឌីសូន កូនរបស់លោកឌីសូន មាន ហេមដន អេសបន យីត្រន និងកេរ៉ន។ ៤២ កូនរបស់លោកអេស៊ែរមាន ប៊ីលហន សាវ៉ន និងយ៉ាកន។ កូនរបស់លោកឌីសនគឺ អ៊ូស និងអរ៉ន។
ស្តេចនៅស្រុកអេដុម
៤៣ មុនពេលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។ ៤៤ ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ា អ្នកក្រុងបូស្រា ឡើងគ្រងរាជ្យជំនួស។ ៤៥ ពេលព្រះបាទយ៉ូបាបសោយទិវង្គត ព្រះបាទហ៊ូសាំ ជាអ្នកស្រុកតេម៉ន ឡើងគ្រងរាជ្យជំនួស។ ៤៦ ពេលព្រះបាទហ៊ូសាំសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្តេចនេះហើយដែលវាយឈ្នះជនជាតិម៉ាឌីយ៉ាន នៅស្រុកម៉ូអាប់។ ៤៧ ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាស្រេកា ឡើងគ្រងរាជ្យជំនួស។ ៤៨ ពេលព្រះបាទសាំឡាសោយទិវង្គត ព្រះបាទសាអ៊ូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ ឡើងគ្រងរាជ្យជំនួស។ ៤៩ ពេលព្រះបាទសាអ៊ូលសោយទិវង្គត ព្រះបាទបាលហាណន ជាបុត្ររបស់លោកអាក់បូរ ឡើងគ្រងរាជ្យជំនួស។ ៥០ ពេលព្រះបាទបាលហាណនសោយទិវង្គត ព្រះបាទហាដាដ អ្នកក្រុងប៉ាយ ឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្តេចមាននាមថា ម៉េហេតាបេអែល ជាបុត្រីរបស់លោកម៉ាត្រេត និងជាចៅរបស់លោកម៉េសេហាប់។
៥១ បន្ទាប់មក ព្រះបាទហាដាដសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន លោកទីមណា លោកអាល់វ៉ា លោកយេតេត ៥២ លោកអូហូលីបាម៉ា លោកអេឡា លោកពីណូន ៥៣ លោកកេណាស លោកតេម៉ន លោកមីបសារ ៥៤ លោកម៉ាកឌីអែល និងលោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។
២
បញ្ជីរាយនាមកូនចៅរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយូដា
១ កូនរបស់លោកអ៊ីស្រាអែលមានរាយនាមដូចតទៅ: រូបេន ស៊ីម៉ូន លេវី យូដា អ៊ីសាកា សាប៊ូឡូន ២ ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និងអស៊ែរ។
៣ កូនរបស់លោកយូដាមាន អ៊ែរ អូណន និងសេឡា។ អ្នកទាំងបីនេះជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ែរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។ ៤ ក្រោយមក លោកយូដាបានយកនាងថាម៉ារ ជាកូនប្រសា ហើយបង្កើតបានពេរេស និងសេរ៉ា។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
៥ កូនរបស់លោកពេរេសមានហេស្រូន និងហាមូល។ ៦ កូនរបស់លោកសេរ៉ាមាន ស៊ីមរី អេតន ហេម៉ន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។
៧ កូនរបស់លោកការមីគឺ អការ ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះជាម្ចាស់។ ៨ កូនលោកអេតនគឺ អសារីយ៉ា។
៩ កូនរបស់លោកហេស្រូនមាន យេរ៉ាមេអែល រ៉ាម និងកាលែប។
១០ លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើកូនចៅយូដា ១១ លោកណាសូនជាឪពុករបស់លោកសាលម៉ា លោកសាលម៉ាជាឪពុករបស់លោកបូអូស ១២ លោកបូអូសជាឪពុករបស់លោកអូបេដ លោកអូបេដជាឪពុករបស់លោកយេសាយ ១៣ លោកយេសាយជាឪពុករបស់លោកអេលីយ៉ាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាម៉ាជាកូនទីបី ១៤ នេតានេអែលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ ១៥ អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។ ១៦ រីឯបងប្អូនស្រីរបស់ពួកគេគឺនាងសេរូយ៉ា និងអប៊ីកាអ៊ីល។ កូនរបស់នាងសេរូយ៉ាមានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអសាអែល។ ១៧ នាងអប៊ីកាអ៊ីលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេទែរ ជាជនជាតិអ៊ីស្មាអែល។
១៨ លោកកាលែបជាកូនរបស់លោកហេស្រូន ព្រមទាំងនាងអស៊ូបា ជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និងកូនប្រុសបីនាក់គឺ យេស៊ែរ សូបាប់ និងអារដូន។ ១៩ ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាត នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហួរ។ ២០ លោកហួរជាឪពុករបស់លោកអ៊ូរី ហើយលោកអ៊ូរីជាឪពុករបស់លោកបេសាលេអែល។
២១ ក្រោយមក លោកហេស្រូនបានយកកូនស្រីម្នាក់របស់លោកម៉ាកៀរ ដែលត្រូវជាឪពុករបស់លោកកាឡាដ មកធ្វើជាភរិយា។ ពេលនោះ លោកហេស្រូនមានអាយុហុកសិបឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថា សេគូប។ ២២ លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។ ២៣ ជនជាតិកេសួរ និងជនជាតិអារ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះ សុទ្ធតែជាពូជពង្សរបស់លោកម៉ាកៀរ ជាឪពុករបស់លោកកាឡាដ។ ២៤ ក្រោយពេលលោកហេស្រូនស្លាប់ នៅភូមិកាលែប-អេប្រាតា នាងអប៊ីយ៉ាជាភរិយា បានបង្កើតកូនប្រុសមួយជូនលោក មានឈ្មោះថា អាស់សួរ ដែលត្រូវជាឪពុករបស់លោកតេកូអា។
២៥ រីឯកូនចៅរបស់លោកយេរ៉ាមេអែល ជាកូនច្បងរបស់លោកហេស្រូន មានរ៉ាម ជាកូនច្បង ប៊ូណា អូរែន អូសេម និងអហ៊ីយ៉ា។ ២៦ លោកយេរ៉ាមេអែលមានប្រពន្ធមួយទៀតឈ្មោះនាងអតារ៉ា ដែលត្រូវជាម្ដាយរបស់លោកអូណាម។ ២៧ កូនចៅរបស់លោករ៉ាម ដែលជាកូនច្បងរបស់លោកយេរ៉ាមេអែល មាន ម៉ាអាស យ៉ាមីន និងអេគែរ។ ២៨ កូនរបស់លោកអូណាមគឺ សាម៉ាយ និងយ៉ាដា។ កូនរបស់លោកសាម៉ាយគឺ ណាដាប់ និងអប៊ីសួរ។ ២៩ ភរិយារបស់លោកអប៊ីសួរឈ្មោះ អប៊ីហែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន និងម៉ូលីដ។ ៣០ កូនរបស់លោកណាដាប់គឺ សេលេដ និងអប៉ាអ៊ីម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។ ៣១ លោកអប៉ាអ៊ីមជាឪពុករបស់លោកយីសសី លោកយីសសី ជាឪពុករបស់លោកសេសន លោកសេសនជាឪពុករបស់លោកអឡាយ។ ៣២ កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេទែរ និងយ៉ូណាថាន។ លោកយេទែរស្លាប់ទៅ តែគ្មានកូនទេ។ ៣៣ កូនរបស់លោកយ៉ូណាថានគឺ ពេលេត និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមេអែល។
៣៤ លោកសេសនគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសនមានខ្ញុំបម្រើម្នាក់ ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។ ៣៥ លោកសេសនបានលើកកូនស្រីរបស់គាត់ទៅឲ្យយ៉ារហា ដែលជាខ្ញុំបម្រើនោះ នាងបង្កើតបានកូនប្រុសឲ្យគាត់ឈ្មោះអាត់តាយ។ ៣៦ លោកអាត់តាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសេបាដ ៣៧ លោកសេបាដជាឪពុករបស់លោកអេបឡាល លោកអេបឡាលជាឪពុករបស់លោកអូបេដ ៣៨ លោកអូបេដជាឪពុករបស់លោកយេហ៊ូ លោកយេហ៊ូជាឪពុករបស់លោកអសារីយ៉ា ៣៩ លោកអសារីយ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេលសា ៤០ លោកអេលសាជាឪពុករបស់លោកស៊ីសម៉ាយ លោកស៊ីសម៉ាយជាឪពុករបស់លោកសាលូម ៤១ លោកសាលូមជាឪពុករបស់លោកយេកាំយ៉ា លោកយេកាំយ៉ាជាឪពុករបស់លោកអេលីសាម៉ា។
៤២ រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមេអែល គឺមេសា ជាកូនច្បង ដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រូន។ ៤៣ កូនរបស់ហេប្រូនមានកូរ៉ា តាពួអា រេកិម និងសេម៉ា។ ៤៤ សេម៉ាជាឪពុករបស់រ៉ាហាំ រ៉ាហាំជាឪពុករបស់យ័រគាម។ រេកិមជាឪពុករបស់សាម៉ាយ ៤៥ សាម៉ាយជាឪពុករបស់ម៉ាអូន ម៉ាអូនជាឪពុករបស់បេតសួរ។ ៤៦ រីឯនាងអេផា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានហារ៉ន ម៉ូសា និងកាសេស។ ហារ៉នមានកូនប្រុសមួយឈ្មោះកាសេសដែរ។ ៤៧ កូនរបស់យ៉ាដាយគឺ រេគេម យ៉ូថាម កេសន ពេលេត អេផា និងសាអាប់។ ៤៨ នាងមាកា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ែរ និងទៀរហាណា។ ៤៩ នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងសេវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបា។ រីឯកូនស្រីរបស់លោកកាលែបឈ្មោះនាងអាក់សា។
៥០ កូនឯទៀតៗរបស់លោកកាលែបមានដូចតទៅ: កូនដែលនាងអឺប្រាតាបង្កើតជូនលោកគឺហួរ ជាកូនច្បង។ លោកហួរជាឪពុករបស់លោកសូបាល ជាអ្នកសង់ក្រុងគៀរីយ៉ាត-យេអារីម ៥១ សាលម៉ាជាអ្នកសង់ភូមិបេថ្លេហិម ហារេបជាអ្នកសង់ក្រុងបេត-កេឌែរ។ ៥២ លោកសូបាល ដែលជាអ្នកសង់ក្រុងគៀរីយ៉ាត-យេអារីម ក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាមេនូហូតចំនួនពាក់កណ្ដាល ៥៣ ព្រមទាំងអំបូរនានានៅក្រុងគៀរីយ៉ាត-យេអារីម គឺពួកយេទែរ ពូរី ស៊ូម៉ាទី និងមីសរ៉ាយ។ ពូជពង្សរបស់អ្នកទាំងនោះគឺពួកសូរ៉ាត និងអេសតូល។ ៥៤ រីឯកូនចៅរបស់លោកសាលម៉ាគឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេតូផា អ្នកភូមិអារ៉ូត-បេត-យ៉ូអាប់ អ្នកភូមិហាមេនូហូតចំនួនពាក់កណ្ដាល អ្នកភូមិសូរ៉ា ៥៥ ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេស គឺពួកទៀរ៉ាត់ ពួកស៊ីម៉ាត់ និងពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកគេនី ដែលជាពូជពង្សរបស់លោកហាម៉ាត់ ជាបុព្វបុរសរបស់អំបូររេកាប។
៣
ព្រះរាជវង្សព្រះបាទដាវីឌ
១ រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូតនៅក្រុងហេប្រូន មានដូចតទៅ: គឺបុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណូអាំ ជាអ្នកស្រុកយីសរេអែល បុត្រទីពីរព្រះនាមដានីអែល ប្រសូតពីនាងអប៊ីកាអ៊ីល ជាអ្នកភូមិកាម៉ិល ២ បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្តេចស្រុកកេសួរ បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត ៣ បុត្រទីប្រាំព្រះនាមសេផាត្យា ប្រសូតពីនាងអប៊ីតាល់ បុត្រទីប្រាំមួយព្រះនាមយីតរេអាំ ប្រសូតពីនាងអេកឡា។ ៤ បុត្រទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។
៥ រីឯបុត្រដែលកើតនៅក្រុងយេរូសាឡឹម មានព្រះនាម ស៊ីម៉ា សូបាប់ ណាថាន និងសាឡូម៉ូន - បុត្របួនអង្គនេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមីអែល - ៦-៨ ប្រាំបួនអង្គទៀត គឺយីបហារ អេលីស៊ួរ អេលីផេលេត ណូកា នេផេក យ៉ាភីអា អេលីសាម៉ា អេលីយ៉ាដា និងអេលី-ភេលេត។ ៩ ស្តេចទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌ ដោយឥតគិតបុត្រដែលកើតពីពួកស្រីស្នំឡើយ។ ព្រះបាទដាវីឌក៏មានបុត្រីមួយអង្គដែរ គឺព្រះនាងថាម៉ារ។
១០ ព្រះរាជវង្សរបស់ព្រះបាទសាឡូម៉ូនមានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ព្រះបាទរ៉ូបោម ព្រះបាទអប៊ីយ៉ា ព្រះបាទអសា ព្រះបាទយ៉ូសាផាត ១១ ព្រះបាទយ៉ូរ៉ាម ព្រះបាទអហាស៊ីយ៉ា ព្រះបាទយ៉ូអាស ១២ ព្រះបាទអម៉ាស៊ីយ៉ា ព្រះបាទអសារីយ៉ា ព្រះបាទយ៉ូថាម ១៣ ព្រះបាទអខាស ព្រះបាទអេសេខ្យាស ព្រះបាទម៉ាណាសេ ១៤ ព្រះបាទអាំម៉ូន ព្រះបាទយ៉ូស្យាស។ ១៥ រីឯបុត្ររបស់ព្រះបាទយ៉ូស្យាសគឺយ៉ូហាណានជាបុត្រច្បង យ៉ូយ៉ាគីមជាបុត្រទីពីរ សេដេខ្យាសជាបុត្រទីបី និងសាលូមជាបុត្រទីបួន។ ១៦ រីឯបុត្ររបស់ព្រះបាទយ៉ូយ៉ាគីមគឺ យេកូនីយ៉ា និងសេដេខ្យាស។
១៧ រីឯបុត្ររបស់ព្រះបាទយេកូនីយ៉ា ជាឈ្លើយសឹកនោះ គឺសាលធាល ១៨ ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមីយ៉ា ហូសាម៉ា និងនេដាប៊ីយ៉ា។ ១៩ បុត្ររបស់លោកពេដាយ៉ាគឺសូរ៉ូបាបិល និងស៊ីម៉ាយ។ បុត្ររបស់លោកសូរ៉ូបាបិល គឺមេស៊ូឡាម និងហាណានីយ៉ា ព្រមទាំងនាងសេឡូមីត។ ២០ លោកមានបុត្រប្រាំនាក់ទៀតឈ្មោះ ហាស៊ូបា អូហែល បេរេគីយ៉ា ហាសាឌីយ៉ា និងយ៉ាសាប-ហេសេដ។ ២១ កូនរបស់លោកហាណានីយ៉ាគឺ ពេឡាទីយ៉ា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអារណន កូនចៅរបស់លោកអូបាឌី កូនចៅរបស់លោកសេកានីយ៉ា។ ២២ កូនរបស់លោកសេកានីយ៉ាគឺ លោកសេម៉ាយ៉ា កូនរបស់លោកសេម៉ាយ៉ាគឺ ហាទូស យីកាល បារីយ៉ា នេរីយ៉ា និងសាផាត។ សរុបទាំងអស់ប្រាំមួយនាក់។ ២៣ កូនរបស់លោកនេរីយ៉ាមាន អេលីយ៉ូណៃ អេសេខ្យាស និងអាសរីកាំ គឺសរុបទាំងអស់បីនាក់។ ២៤ កូនរបស់អេលីយ៉ូណៃ គឺហូដៅយ៉ា អេលីយ៉ាស៊ីប ពេឡាយ៉ា អគូប យ៉ូហាណាន ដេឡាយ៉ា និងអណានី សរុបទាំងអស់ប្រាំពីរនាក់។
៤
កុលសម្ព័ន្ធយូដា
១ កូនចៅរបស់លោកយូដាមាន ពេរេស ហេស្រូន ការមី ហួរ និងសូបាល។ ២ លោករីអាយ៉ា ជាកូនរបស់លោកសូបាល បង្កើតយ៉ាហាត់ យ៉ាហាត់បង្កើតអហ៊ូម៉ាយ និងឡាហាដ អ្នកទាំងនេះជាអំបូរសូរ៉ាត។ ៣ អស់អ្នកដែលកើតមកពីឪពុករបស់លោកអេតាំ មានយីសរេអែល យីសម៉ា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះ ហាសលែលប៉ូនី។ ៤ លោកពេនូអែលជាអ្នកសង់ភូមិកេឌ័រ លោកអេស៊ែរជាអ្នកសង់ភូមិហ៊ូសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហួរ ជាកូនច្បងរបស់នាងអឺប្រាតា ហើយជាអ្នកសង់ភូមិបេថ្លេហិម។
៥ លោកអាសហួរ ជាអ្នកសង់ក្រុងតេកូអា មានប្រពន្ធពីរ គឺនាងហេឡា និងនាងណារ៉ា។ ៦ នាងណារ៉ាបង្កើតបានកូនប្រុសជូនគាត់ ដែលមានឈ្មោះថា អហូសាំ ហេភែរ តេមេនី និងអហាសតារី។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់នាងណារ៉ា។ ៧ រីឯកូនរបស់នាងហេឡាមាន សេរ៉េត សូហារ និងអេតណន។
៨ លោកកូសបង្កើតអនូប និងសូបេបា ព្រមទាំងអំបូរអហារេហែល ជាកូនរបស់ហារូម។
៩ លោកយ៉ាបេសជាមនុស្សដែលគេរាប់អានជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមកដោយឈឺចាប់»។ ១០ លោកយ៉ាបេសបានអង្វររកព្រះរបស់ជនជាតិអ៊ីស្រាអែលថា «សូមប្រទានពរទូលបង្គំ សូមពង្រីកទឹកដីរបស់ទូលបង្គំ ហើយដាក់ព្រះហស្ដលើទូលបង្គំ កុំឲ្យទូលបង្គំជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!»។ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។
១១ លោកកេលូបដែលត្រូវជាប្អូនរបស់លោកស៊ូហា បង្កើតបានមេហៀរ ជាឪពុករបស់អេសតន ១២ លោកអេសតនបង្កើតបេតរ៉ាផា ប៉ាសេអា និងតេហ៊ីណា។ លោកតេហ៊ីណាជាអ្នកសង់ភូមិណាហាស។ ពូជពង្សរបស់អ្នកទាំងនេះរស់នៅក្នុងតំបន់រេកា។
១៣ កូនរបស់លោកកេណាសគឺ អូតនីអែល និងសេរ៉ាយ៉ា កូនរបស់លោកអូតនីអែលគឺ ហាថាត ១៤ និងមេអូណូតាយ ដែលជាឪពុករបស់អូប្រា។ លោកសេរ៉ាយ៉ា ជាឪពុករបស់យ៉ូអាប់ ជាបុព្វបុរសរបស់ពួកសិប្បករ ដែលរស់នៅតាមជ្រលងភ្នំរបស់ពួកសិប្បករ។
១៥ លោកកាលែប ជាកូនរបស់លោកយេភូនេ មានកូនប្រុសបីនាក់គឺ អ៊ីរូ អេឡា និងណាអាម។ កូនរបស់អេឡា គឺកេណាស។
១៦ កូនរបស់លោកយេហាលេអែលគឺ ស៊ីភ ស៊ីផា ទៀរីយ៉ា និងអសារេអែល។
១៧ កូនរបស់អែសរ៉ាគឺ យេទែរ ម៉េរេដ អេភែរ និងយ៉ាឡូន។ លោកម៉េរេដបានរៀបការជាមួយព្រះនាងប៊ីទីយ៉ា ជាបុត្រីរបស់ព្រះចៅផារ៉ោន ហើយបង្កើតបានមៀរីយ៉ាម សាម៉ាយ និងយីសបា ដែលជាអ្នកសង់ក្រុងអេសតូម៉ូអា។ ១៨ រីឯប្រពន្ធមួយទៀតរបស់គាត់ ដែលជាជនជាតិយូដា បង្កើតបានយេរេដ ជាអ្នកសង់ក្រុងកេឌ័រ ហេប៊ែរជាអ្នកសង់ក្រុងសូកូ និងយេគូតេអែលជាអ្នកសង់ក្រុងសាណូអា។
១៩ លោកហូឌីយ៉ារៀបការជាមួយប្អូនស្រីរបស់លោកណាហាំ ហើយពូជពង្សរបស់គេគឺពួកកាមីត ជាអ្នកសង់ក្រុងកៃឡា និងម៉ាកាធីជាអ្នកសង់ក្រុងអេសតេម៉ូអា។
២០ កូនរបស់លោកស៊ីម៉ូនគឺ អាំណូន រីនណា បេន-ហាណាន និងទីឡូន។ កូនរបស់លោកយីស៊ីគឺ សូហេត និងបេន-សូហេត។២១ កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺអ៊ែរ ជាអ្នកសង់ក្រុងលេកា ឡេដា ជាអ្នកសង់ក្រុងម៉ារេសា ពូជអំបូររបស់អស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា ២២ យ៉ូគីម អ្នកស្រុកកូសេបា យ៉ូអាស់ និងសារ៉ាប់ ដែលគ្រប់គ្រងលើស្រុកម៉ូអាប់ ព្រមទាំងយ៉ាស៊ូប៊ី-លេហិម (នេះជាបញ្ជីពីចាស់បុរាណ)។ ២៣ អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និងភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការថ្វាយស្តេច។កុលសម្ព័ន្ធស៊ីម៉ូន ២៤ រីឯកូនរបស់លោកស៊ីម៉ូនមាន នេមូអែល យ៉ាមីន យ៉ារីប សេរ៉ា និងសាអ៊ូល។ ២៥ កូនចៅរបស់លោកសាអ៊ូលមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: សាលូម មីបសាម មីសម៉ា ២៦ ហាមូអែល សាគួរ និងស៊ីម៉ាយ។ ២៧ លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ពូជពង្សរបស់លោកស៊ីម៉ូនមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។ ២៨ អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល ២៩ ប៊ីលហា អេសេម តូឡាដ ៣០ បេទូអែល ហ៊រម៉ា ស៊ីគឡាក់ ៣១ បេតម៉ារកាបូត ហាសារ-ស៊ូស៊ីម បេត-ប៊ីរៃ ហើយនៅសារ៉ាអ៊ីម។ ពួកគេរស់នៅតាមក្រុងទាំងនោះ រហូតដល់រជ្ជកាលព្រះបាទដាវីឌ។ ៣២ ពួកគេក៏រស់នៅតាមក្រុងប្រាំទៀតគឺ អេតាំ អៃយីន រីមម៉ូន តូកែន និងអាសន ៣៣ ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និងបញ្ជីរាយនាមពូជពង្សរបស់ពួកគេ។
៣៤-៣៨ មេដឹកនាំអំបូររបស់ពួកគេមានរាយនាមដូចតទៅ: លោកមេសូបាប់ លោកយ៉ាមលេក លោកយ៉ូសា ជាកូនរបស់លោកអម៉ាស៊ីយ៉ា លោកយ៉ូអែល លោកយេហ៊ូ ជាកូនរបស់លោកយ៉ូស៊ីប៊ីយ៉ា ជាចៅរបស់លោកសេរ៉ាយ៉ា និងជាចៅទួតរបស់លោកអស៊ីអែល លោកអេលីយ៉ូណៃ លោកយាកូបា លោកយេសូហាយ៉ា លោកអសាយ៉ា លោកអឌីអែល លោកយេស៊ីមីអែល លោកបេណាយ៉ា លោកស៊ីសា ជាកូនរបស់លោកស៊ីផៃ ជាចៅរបស់លោកអឡូន ជាចៅទួតរបស់លោកយេដាយ៉ា ជាចៅលួតរបស់លោកស៊ីមរី និងជាចៅលារបស់លោកសេម៉ាយ៉ា។ ក្រុមគ្រួសាររបស់ពួកគេបានកើនចំនួនឡើងជាច្រើន។ ៣៩ ដូច្នេះ ពួកគេតាំងទីលំនៅរហូតដល់ច្រកចូលក្រុងកេឌ័រ ដែលនៅខាងកើតជ្រលងភ្នំ ដើម្បីស្វែងរកវាលស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វ។ ៤០ ពួកគេរកបានវាលស្មៅដ៏ល្អបរិបូណ៌ រីឯស្រុកនោះក៏ទូលាយ ហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។ ៤១ នៅរជ្ជកាលព្រះបាទអេសេខ្យាសជាស្តេចស្រុកយូដា អស់អ្នកដែលមានឈ្មោះខាងលើ បានមកដល់ស្រុកនោះ ពួកគេបំផ្លាញតង់ត៍ និងជម្រកទាំងប៉ុន្មាននៅក្នុងស្រុក ហើយបំផ្លាញប្រជាជនឲ្យវិនាសទាំងស្រុង រហូតមកទល់សព្វថ្ងៃ។ បន្ទាប់មក ពួកគេតាំងទីលំនៅជំនួសអ្នកស្រុកពីមុន ព្រោះទីនោះមានវាលស្មៅសម្រាប់ហ្វូងចៀមរបស់ពួកគេ។ ៤២ មានកូនចៅរបស់លោកស៊ីម៉ូនប្រមាណប្រាំរយនាក់ទៀត នាំគ្នាទៅតំបន់ភ្នំសៀរ ដោយមានលោកពេឡាទីយ៉ា លោកនេរីយ៉ា លោករេផាយ៉ា និងលោកអ៊ូស៊ីអែល ជាកូនរបស់លោកយីសៃ ធ្វើជាមេដឹកនាំ។ ៤៣ ពួកគេប្រហារជនជាតិអាម៉ាឡេកដែលនៅសេសសល់ រួចក៏តាំងទីលំនៅក្នុងស្រុកនោះ រហូតដល់សព្វថ្ងៃ។
៥
កុលសម្ព័ន្ធរូបេន
១ នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។ ២ រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្តេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលកើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល។
៣ កូនរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែល មានហេណុក ប៉ាល់លូ ហេស្រន និងការមី។
៤ រីឯកូនចៅរបស់លោកយ៉ូអែលមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: គឺសេម៉ាយ៉ា កុក ស៊ីម៉ាយ ៥ មីកា រេអាយ៉ា បាល ៦ និងបេរ៉ាដែលត្រូវព្រះចៅទីកឡាត-ពីលេស៊ែរ ជាស្តេចស្រុកអាស្ស៊ីរី នាំទៅជាឈ្លើយ។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។ ៧ បងប្អូនរបស់គាត់មានឈ្មោះក្នុងបញ្ជីរាយនាម តាមអំបូរ តាមវង្សត្រកូល ដូចតទៅ: អ្នកទីមួយគឺលោកយីអែល បន្ទាប់មក លោកសាការី ៨ លោកបេឡាជាកូនរបស់លោកអសាស ជាចៅរបស់លោកសេម៉ា និងជាចៅទួតរបស់លោកយ៉ូអែល។
កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ ដែលគិតចាប់ពីក្រុងអារ៉ូអ៊ែរ រហូតដល់ក្រុងនេបូ និងបាល-មេអូន។ ៩ នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអឺប្រាត រហូតដល់វាលរហោស្ថាន ដ្បិតគេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។ ១០ នៅរជ្ជកាលរបស់ព្រះបាទសាអ៊ូល កូនចៅរូបេនបានច្បាំងនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូល។
កុលសម្ព័ន្ធកាដ
១១ ពូជពង្សរបស់លោកកាដរស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលកា។ ១២ លោកយ៉ូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់ នៅស្រុកបាសាន។ ១៣ បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារ ដូចតទៅ: មីកាអែល ស៊ូឡាម សេបា យ៉ូរ៉ា យេកាន ស៊ីអា និងអេប៊ែរ។ ១៤ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់លោកហ៊ូរី លោកហ៊ូរីជាកូនរបស់លោកយ៉ារ៉ូអា លោកយ៉ារ៉ូអាជាកូនរបស់លោកកាឡាដ លោកកាឡាដជាកូនរបស់លោកមីកាអែល លោកមីកាអែលជាកូនរបស់លោកយេស៊ីសាយ លោកយេស៊ីសាយ ជាកូនរបស់លោកយ៉ាដូ លោកយ៉ាដូជាកូនរបស់លោកប៊ូស។ ១៥ លោកអហ៊ីជាកូនរបស់លោកអាប់ឌីអែល និងជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។ ១៦ អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារ៉ូន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។ ១៧ អ្នកទាំងនោះមានឈ្មោះក្នុងបញ្ជីជំរឿនប្រជាជន នៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្តេចស្រុកយូដា និងរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែល។
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត
១៨ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល មានទាហានចំនួន ៤៤៧៦០នាក់ ដែលអាចចេញទៅធ្វើសឹកសង្គ្រាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចម្បាំង។ ១៩ ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេទួរ ណាភីស និងណូដាប់។ ២០ នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។ ២១ ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។ ២២ ខ្មាំងសត្រូវក៏ខាតបង់ជីវិតមនុស្សជាច្រើននាក់ដែរ ដ្បិតចម្បាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។
កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅត្រើយខាងកើតទន្លេយ័រដាន់
២៣ កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ែរម៉ូន ភ្នំស៊ីនៀរ និងភ្នំហ៊ែរម៉ូន ហើយពួកគេកើនចំនួនឡើងជាច្រើន។ ២៤ រីឯមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេមានលោកអេភែរ លោកយីសៃ លោកអេលីអែល លោកអាសរីអែល លោកយេរេមី លោកហូដាវីយ៉ា និងលោកយ៉ាឌីអែល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានឈ្មោះល្បី ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
២៥ ប៉ុន្តែ ពួកគេពុំបានស្មោះត្រង់នឹងព្រះនៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជាតិសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះ គឺជាតិសាសន៍ដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។ ២៦ ហេតុនេះ ព្រះរបស់ជនជាតិអ៊ីស្រាអែលបានបណ្តាលចិត្តព្រះបាទពូល និងព្រះបាទទីកឡាត-ពីលេស៊ែរ ជាស្តេចស្រុកអាស្ស៊ីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ែរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាប៊រ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
កុលសម្ព័ន្ធលេវី
២៧ កូនរបស់លោកលេវីមាន គែរសូន គើហាត់ និងមេរ៉ារី។ ២៨ កូនរបស់លោកគើហាត់មាន អាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ីអែល។ ២៩ កូនរបស់លោកអាំរ៉ាមមាន អរ៉ុន ម៉ូសេ និងមៀរីយ៉ាម។ កូនរបស់លោកអរ៉ុនមាន ណាដាប អប៊ីហ៊ូ អេឡាសារ និងអ៊ីតាម៉ារ។ ៣០ លោកអេឡាសារជាឪពុករបស់លោកភីនេអាស លោកភីនេអាសជាឪពុករបស់លោកអប៊ីសួ ៣១ លោកអប៊ីសួជាឪពុករបស់លោកប៊ូគី លោកប៊ូគីជាឪពុករបស់លោកអ៊ូស៊ី ៣២ លោកអ៊ូស៊ីជាឪពុករបស់លោកសេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកមេរ៉ាយ៉ូត ៣៣ លោកមេរ៉ាយ៉ូតជាឪពុករបស់លោកអម៉ារីយ៉ា លោកអម៉ារីយ៉ាជាឪពុករបស់លោកអហ៊ីទូប ៣៤ លោកអហ៊ីទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកអហ៊ីម៉ាស ៣៥ លោកអហ៊ីម៉ាសជាឪពុករបស់លោកអសារីយ៉ា លោកអសារីយ៉ាជាឪពុករបស់លោកយ៉ូហាណន ៣៦ លោកយ៉ូហាណនជាឪពុករបស់លោកអសារីយ៉ា ជាបូជាចារ្យបំពេញមុខងារក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានសង់ នៅក្រុងយេរូសាឡឹម។ ៣៧ លោកអសារីយ៉ាជាឪពុករបស់លោកអម៉ារីយ៉ា លោកអម៉ារីយ៉ាជាឪពុករបស់លោកអហ៊ីទូប ៣៨ លោកអហ៊ីទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកសាលូម ៣៩ លោកសាលូមជាឪពុករបស់លោកហ៊ីលគីយ៉ា លោកហ៊ីលគីយ៉ាជាឪពុករបស់លោកអសារីយ៉ា ៤០ លោកអសារីយ៉ាជាឪពុករបស់លោកសេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូសាដាក។ ៤១ នៅគ្រាដែលព្រះអម្ចាស់ឲ្យព្រះបាទនេប៊ូកានេសារ កៀរអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទៅជាឈ្លើយ នោះលោកយេហូសាដាក ក៏ត្រូវគេនាំយកទៅដែរ។
៦
១ កូនរបស់លោកលេវី មានគែរសូន គើហាត់ និងមេរ៉ារី។ ២ កូនរបស់លោកគែរសូន មានលិបនី និងស៊ីម៉ៃ។ ៣ កូនរបស់លោកគើហាត់ មានអាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ីអែល។ ៤ កូនរបស់លោកមេរ៉ារី មានម៉ាលី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេដូចតទៅ:
៥ កូនចៅរបស់លោកគែរសូនមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: លិបនី យ៉ាហាត់ ស៊ីម៉ា ៦ យ៉ូអា អ៊ីដូ សេរ៉ា និងយាតរ៉ាយ។
៧ កូនចៅរបស់លោកគើហាត់មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: អមីណាដាប់ កូរេ អាស់សៀរ ៨ អែលកាណា អេប៊ីយ៉ាសាប់ អាសសៀរ ៩ តាហាត់ អ៊ូរីអែល អ៊ូស៊ីយ៉ា សាអ៊ូល ១០ កូនរបស់លោកអែលកាណាគឺ អម៉ាសាយ និងអហ៊ីម៉ូត ១១ អែលកាណា សូផាយ ណាហាត់ ១២ អេលីយ៉ាប យេរ៉ូហាំ អែលកាណា។ ១៣ រីឯកូនរបស់លោកសាមូអែលគឺ យ៉ូអែល ជាកូនច្បង និងអប៊ីយ៉ា។
១៤ កូនចៅរបស់លោកមេរ៉ារីមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: ម៉ាលីលិបនី ស៊ីម៉ាយ អ៊ូសា ១៥ ស៊ីម៉ា ហាគីយ៉ា អសាយ៉ា។
១៦ កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ១៧ មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។ ១៨ អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន ក្នុងចំណោមកូនចៅរបស់លោកគើហាត់មាន លោកហេម៉ានជាអ្នកចម្រៀង គាត់ត្រូវជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកសាមូអែល ១៩ លោកសាមូអែលជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយេរ៉ូហាំ លោកយេរ៉ូហាំជាកូនរបស់លោកអេលីអែល លោកអេលីអែលជាកូនរបស់លោកតូអា ២០ លោកតូអាជាកូនរបស់លោកស៊ូភ លោកស៊ូភជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកម៉ាហាត់ លោកម៉ាហាត់ជាកូនរបស់លោកអម៉ាសាយ ២១ លោកអម៉ាសាយជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកអសារីយ៉ា លោកអសារីយ៉ាជាកូនរបស់លោកសេផានី ២២ លោកសេផានីជាកូនរបស់លោកតាហាត់ លោកតាហាត់ជាកូនរបស់លោកអាសសៀរ លោកអាសសៀរជាកូនរបស់លោកអេប៊ីយ៉ាសាប់ លោកអេប៊ីយ៉ាសាប់ជាកូនរបស់លោកកូរេ ២៣ លោកកូរេជាកូនរបស់លោកយីសារ លោកយីសារជាកូនរបស់លោកគើហាត់ លោកគើហាត់ ជាកូនរបស់លោកលេវី លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។
២៤ នៅខាងស្តាំដៃលោកហេម៉ាន មានលោកអេសាភ ជាសហការីរបស់គាត់។ លោកអេសាភត្រូវជាកូនរបស់លោកបេរេគីយ៉ា លោកបេរេគីយ៉ាជាកូនរបស់លោកស៊ីម៉ា ២៥ លោកស៊ីម៉ាជាកូនរបស់លោកមីកាអែល លោកមីកាអែលជាកូនរបស់លោកបាសេយ៉ា លោកបាសេយ៉ាជាកូនរបស់លោកម៉ាលគីយ៉ា ២៦ លោកម៉ាលគីយ៉ាជាកូនរបស់លោកអេតនី លោកអេតនីជាកូនរបស់លោកសេរ៉ា លោកសេរ៉ាជាកូនរបស់លោកអដាយ៉ា ២៧ លោកអដាយ៉ាជាកូនរបស់លោកអេតន លោកអេតនជាកូនរបស់លោកស៊ីម៉ា លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ ២៨ លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់ លោកយ៉ាហាត់ជាកូនរបស់លោកគែរសូន លោកគែរសូនជាកូនរបស់លោកលេវី។ ២៩ នៅខាងឆ្វេង មានកូនចៅរបស់លោកមេរ៉ារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេតន ជាកូនរបស់លោកគីស៊ី លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក ៣០ លោកម៉ាលូកជាកូនរបស់លោកហាសាប៊ីយ៉ា លោកហាសាប៊ីយ៉ាជាកូនរបស់លោកអម៉ាស៊ីយ៉ា លោកអម៉ាស៊ីយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ៣១ លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី លោកអាំស៊ីជាកូនរបស់លោកបានី លោកបានីជាកូនរបស់លោកសេមែរ ៣២ លោកសេមែរជាកូនរបស់លោកម៉ាលី លោកម៉ាលីជាកូនរបស់លោកមូស៊ី លោកមូស៊ីជាកូនរបស់លោកមេរ៉ារី លោកមេរ៉ារីជាកូនរបស់លោកលេវី។
៣៣ កូនចៅលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ ទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ជាព្រះដំណាក់របស់ព្រះជាម្ចាស់។
៣៤ លោកអរ៉ុន និងកូនចៅរបស់លោក មាននាទីថ្វាយយញ្ញបូជានៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ បានបង្គាប់ទុក។
៣៥ កូនចៅរបស់លោកអរ៉ុន មានឈ្មោះតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: អេឡាសារ ភីនេអាស អប៊ីសួ ៣៦ ប៊ូគី អ៊ូស៊ី សេរ៉ាយ៉ា ៣៧ មេរ៉ាយ៉ូត អម៉ារីយ៉ា អហ៊ីទូប ៣៨ សាដុក អហ៊ីម៉ាស។
ក្រុងរបស់ពួកលេវី
៣៩ រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ:
អំបូរគើហាត់ ជាកូនចៅរបស់លោកអរ៉ុន ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត។ ៤០ ពួកគេទទួលបានក្រុងហេប្រូន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ ៤១ រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។ ៤២ គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអរ៉ុនដែរ គឺក្រុងហេប្រូន ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាទៀរ ក្រុងអេសតេម៉ា និងវាលស្មៅនៅជុំវិញ ៤៣ ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ ៤៤ ក្រុងអាសន និងវាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ។ ៤៥ ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាតូត និងវាលស្មៅនៅជុំវិញ។ សរុបទាំងអស់ អំបូរគើហាត់ទទួលបានដប់បីក្រុង។
៤៦ កូនចៅគើហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដោយការចាប់ឆ្នោត។
៤៧ អំបូរនានានៃកូនចៅគែរសូនទទួលបានក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាកា កុលសម្ព័ន្ធអស៊ែរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេ នៅស្រុកបាសាន។
៤៨ អំបូរនានានៃកូនចៅមេរ៉ារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោត ពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប៊ូឡូន។
៤៩ កូនចៅអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញ ទៅឲ្យកុលសម្ព័ន្ធលេវី។ ៥០ ពួកគេបានចែកទីក្រុងនានាដែលមានឈ្មោះកត់ត្រាទុកនេះដល់គេ ដោយចាប់ឆ្នោត គឺក្រុងដែលស្ថិតនៅក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម៉ូន និងកុលសម្ព័ន្ធបេនយ៉ាមីន។
៥១ អំបូរខ្លះទៀតនៃកូនចៅគើហាត់បានទទួលក្រុងនានា ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ ៥២ គេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេស៊ែរ និងវាលស្មៅនៅជុំវិញ ៥៣ ក្រុងយ៉ុកម៉ាម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ ៥៤ ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ។ ៥៥ ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល កូនចៅគើហាត់ដែលនៅសល់ទទួលបានក្រុងអានែរ និងវាលស្មៅនៅជុំវិញ ក្រុងប៊ីលេអាំ និងវាលស្មៅនៅជុំវិញ។
៥៦ គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្ដាល ឲ្យកូនចៅគែរសូន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសតារ៉ូត និងវាលស្មៅនៅជុំវិញ។ ៥៧ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាកា ពួកគេទទួលបានក្រុងកេដែស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ ៥៨ ក្រុងរ៉ាម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងអាណែម និងវាលស្មៅនៅជុំវិញ។ ៥៩ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអស៊ែរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ ៦០ ក្រុងហ៊ូកូក និងវាលស្មៅនៅជុំវិញ ក្រុងរេហូប និងវាលស្មៅនៅជុំវិញ។ ៦១ ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ពួកគេទទួលបានក្រុងកាដេស នៅស្រុកកាលីឡេ និងវាលស្មៅនៅជុំវិញ ក្រុងហាំម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងគៀរីយ៉ាថាអ៊ីម និងវាលស្មៅនៅជុំវិញ។
៦២ ពួកលេវីឯទៀតៗគឺ កូនចៅលោកមេរ៉ារីបានទទួលក្រុងនានា ក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប៊ូឡូនដូចតទៅ គឺក្រុងរីម៉ូណូ និងវាលស្មៅនៅជុំវិញ ក្រុងថាប៊រ និងវាលស្មៅនៅជុំវិញ។ ៦៣ នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនឹងក្រុងយេរីខូ ក្នុងទឹកដីរបស់កុលសម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ែរ ដែលស្ថិតនៅតំបន់វាលរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាសា និងវាលស្មៅនៅជុំវិញ ៦៤ ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងមេផាត និងវាលស្មៅនៅជុំវិញ។ ៦៥ ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណាអ៊ីម និងវាលស្មៅនៅជុំវិញ ៦៦ ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាស៊ែរ និងវាលស្មៅនៅជុំវិញ។
៧
កុលសម្ព័ន្ធអ៊ីសាកា
១ លោកអ៊ីសាកាមានកូនបួននាក់គឺតូឡា ពូវ៉ា យ៉ាស៊ូប និងស៊ីមរ៉ូន។ ២ កូនរបស់លោកតូឡា មានអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាមូអែល។ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើអំបូរតូឡា និងជាមនុស្សពូកែអង់អាចក្នុងក្រុមគ្រួសាររបស់ខ្លួន។ នៅជំនាន់ព្រះបាទដាវីឌ ពួកគេមានចំនួនទាំងអស់ ២២៦០០នាក់។ ៣ កូនរបស់លោកអ៊ូស៊ី គឺយីសរ៉ាយ៉ា កូនរបស់លោកយីសរ៉ាយ៉ា មានមីកាអែល អូបាឌី យ៉ូអែល និងយីស៊ីយ៉ា គឺមានមេដឹកនាំទាំងអស់ប្រាំនាក់។ ៤ នៅជាមួយពួកគេ មានពួកទាហានប្រដាប់អាវុធ ដែលអាចធ្វើសឹកបាន ចំនួន ៣៦ ០០០នាក់ ដោយគិតតាមវង្សត្រកូល និងតាមក្រុមគ្រួសាររបស់ពួកគេ ព្រោះពួកគេមានប្រពន្ធច្រើន ហើយកូនក៏ច្រើនដែរ។ ៥ នៅក្នុងអំបូរទាំងប៉ុន្មាននៃកុលសម្ព័ន្ធអ៊ីសាកា ចំនួនបងប្អូនរបស់ពួកគេជំរឿនបានទាំងអស់៨៧ ០០០ នាក់ ដែលសុទ្ធតែជាមនុស្សពូកែអង់អាច។
កុលសម្ព័ន្ធបេនយ៉ាមីន
៦ លោកបេនយ៉ាមីនមានកូនបីនាក់ គឺបេឡា បេគែរ និងយេឌីអែល។ ៧ កូនរបស់លោកបេឡាមានអេសបូន អ៊ូស៊ី អ៊ូស៊ីអែល យេរីម៉ូត និងអៀរី គឺទាំងអស់ប្រាំនាក់ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ ជំរឿនបានទាំងអស់ ២២ ០៣៤នាក់។ ៨ កូនរបស់លោកបេគែរមាន សេមីរ៉ា យ៉ូអាស់ អេលីយែស៊ែរ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាតូត និងអឡាមេត។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកបេគែរ ៩ ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ ដែលជំរឿនតាមវង្សត្រកូល មានទាំងអស់ ២០ ២០០នាក់។ ១០ កូនរបស់លោកយេឌីអែលគឺ ប៊ីលហន កូនរបស់លោកប៊ីលហន មានយេអ៊ូស បេនយ៉ាមីន អេហ៊ូដ កេណាណា សេតន តារស៊ីស និងអហ៊ីសាហារ ១១ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេ មានទាំងអស់១៧២០០ នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។ ១២ រីឯកូនរបស់លោកអៀរគឺស៊ូភីម និងហ៊ូភីម ហើយកូនរបស់លោកអហ៊ែរគឺ ហ៊ូស៊ីម។
កុលសម្ព័ន្ធណែបថាលី
១៣ កូនរបស់លោកណែបថាលី ដែលជាកូនរបស់នាងប៊ីលហា មានយ៉ាស៊ីអែល គូនី យេស៊ែរ និងសាលូម។
កុលសម្ព័ន្ធម៉ាណាសេ
១៤ កូនរបស់លោកម៉ាណាសេគឺអាសរីអែល និងម៉ាកៀរ ជាកូនដែលប្រពន្ធចុង ជាស្ត្រីសាសន៍ស៊ីដូន បានបង្កើតជូនលោក លោកម៉ាកៀរជាឪពុករបស់លោកកាឡាដ។ ១៥ លោកម៉ាកៀរបានរកប្រពន្ធឲ្យហ៊ូភីម និងស៊ូភីម។ ប្អូនស្រីរបស់គាត់ឈ្មោះនាងម៉ាកា។ កូនទីពីររបស់គាត់ឈ្មោះសេឡូផាត លោកសេឡូផាតមានសុទ្ធតែកូនស្រី។ ១៦ នាងម៉ាកា ជាភរិយារបស់លោកម៉ាកៀរ បង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាពេរេស។ ប្អូនរបស់គាត់ឈ្មោះ សេរេស ដែលត្រូវជាឪពុករបស់អ៊ូឡាម និងរ៉េកេម។ ១៧ កូនរបស់លោកអ៊ូឡាម គឺបេដន។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកកាឡាដ ដែលជាកូនរបស់លោកម៉ាកៀរ និងជាចៅរបស់លោកម៉ាណាសេ។ ១៨ រីឯនាងហាម៉ូលេកេត ជាប្អូនស្រីរបស់គាត់ បង្កើតបាន អ៊ីសហូដ អប៊ីយេស៊ែរ និងម៉ាឡា។ ១៩ កូនរបស់លោកសេមីដាគឺ អហ៊ីយ៉ន ស៊ីគែម លីកហ៊ី និងអនីយ៉ាម។
កុលសម្ព័ន្ធអេប្រាអ៊ីម
២០ កូនរបស់លោកអេប្រាអ៊ីមគឺស៊ូតេឡា។ លោកស៊ូតេឡាជាឪពុករបស់លោកបេរេដ លោកបេរេដជាឪពុករបស់លោកតាហាត់ លោកតាហាត់ជាឪពុករបស់លោកអេឡេដា លោកអេឡេដាជាឪពុករបស់លោកតាហាត់ លោកតាហាត់ជាឪពុករបស់លោកសេបាដ ២១ លោកសេបាដជាឪពុករបស់លោកស៊ូតេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀតគឺអេស៊ែរ និងអេលាដ។ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្ដើមយកហ្វូងសត្វរបស់ពួកគេ។ ២២ លោកអេប្រាអ៊ីម ជាឪពុក បានកាន់ទុក្ខជាយូរថ្ងៃ ហើយញាតិសន្ដានក៏នាំគ្នាមកជួយសម្រាលទុក្ខលោក។ ២៣ បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរីយ៉ា» ដ្បិតមានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។ ២៤ កូនស្រីរបស់លោកឈ្មោះនាងសេរ៉ា ជាអ្នកសង់ក្រុងបេតហូរ៉ូនខាងក្រោម និងបេតហូរ៉ូនខាងលើ ព្រមទាំងក្រុងអ៊ូសេន-សេរ៉ា។ ២៥ លោកបេរីយ៉ាជាឪពុករបស់លោករេផា លោករេផាជាឪពុករបស់លោករេសែប លោករេសែបជាឪពុករបស់លោកតេឡា លោកតេឡាជាឪពុករបស់លោកតាហន លោកតាហនជាឪពុករបស់លោកឡាដន ២៦ លោកឡាដនជាឪពុករបស់លោកអាំមីហ៊ូដ លោកអាំមីហ៊ូដជាឪពុករបស់លោកអេលីសាម៉ា ២៧ លោកអេលីសាម៉ាជាឪពុករបស់លោកនូន លោកនូនជាឪពុករបស់លោកយ៉ូស៊ូអា។ ២៨ រីឯទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ សម្រាប់តាំងទីលំនៅ នោះមានក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ។ នៅប៉ែកខាងកើតមានក្រុងណារ៉ន និងស្រុកភូមិនៅជុំវិញ ខាងលិចមានក្រុងកេស៊ែរ និងស្រុកភូមិនៅជុំវិញ ក្រុងស៊ីគែម និងស្រុកភូមិនៅជុំវិញ ហើយទៅរហូតដល់ក្រុងកាសា និងស្រុកភូមិនៅជុំវិញ។
២៩ កូនចៅម៉ាណាសេកាន់កាប់ក្រុងបេតសន និងស្រុកភូមិនៅជុំវិញ ក្រុងតាណាក់ និងស្រុកភូមិនៅជុំវិញ ក្រុងមេគីដូ និងស្រុកភូមិនៅជុំវិញ ក្រុងឌ័រ និងស្រុកភូមិនៅជុំវិញ។
នេះហើយជាក្រុងដែលពូជពង្សលោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល តាំងទីលំនៅ។
កុលសម្ព័ន្ធអស៊ែរ
៣០ កូនប្រុសរបស់លោកអស៊ែរមានយីមណា យីសវ៉ា យីសវី បេរីយ៉ា ហើយកូនស្រីរបស់លោកឈ្មោះ នាងសេរ៉ា។ ៣១ កូនរបស់លោកបេរីយ៉ា មានហេប៊ែរ និងម៉ាលគីអែល។ លោកម៉ាលគីអែលជាឪពុករបស់លោកបៀរសាវីត។ ៣២ កូនប្រុសរបស់លោកហេប៊ែរមាន យ៉ាផ្លេត សូមែរ ហូតាំ ហើយកូនស្រីរបស់លោកឈ្មោះនាងស៊ូអា។ ៣៣ កូនរបស់លោកយ៉ាផ្លេតមាន ប៉ាសាក់ ប៊ីមហាល និងអាសវ៉ាត។ អ្នកទាំងនេះជាកូនរបស់លោកយ៉ាផ្លេត។ ៣៤ កូនរបស់លោកសូមែរ មានអហ៊ី រ៉ូហេកា ហ៊ូបបា និងអរ៉ាម។ ៣៥ កូនរបស់លោកហាតាំ ជាប្អូនគេ មានសូផា យីមណា សេលេស និងអាំម៉ាល។ ៣៦ កូនរបស់លោកសូផាមាន ស៊ូអា ហានេភែរ ស៊ូអាល បេរី យីមរ៉ា ៣៧ បេស៊ែរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ន និងបេរ៉ា។ ៣៨ កូនរបស់លោកយីតរ៉ន មានយេភូនេ ពីសប៉ា និងអេរ៉ា។
៣៩ កូនរបស់លោកអ៊ូឡាមាន អរ៉ា ហានីអែល និងរីស៊ីយ៉ា។
៤០ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអស៊ែរ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ គឺជាមេដឹកនាំដ៏ចំណាន និងមានចិត្តអង់អាច។ ចំនួនក្រុមគ្រួសាររបស់គេជំរឿនបានទាំងអស់ ២៦ ០០០ នាក់។
៨
កុលសម្ព័ន្ធបេនយ៉ាមីន
១ លោកបេនយ៉ាមីនបង្កើតបានបេឡា ជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហារ៉ាជាកូនទីបី ២ ណូហាជាកូនទីបួន និងរ៉ាផាជាកូនទីប្រាំ។ ៣ កូនរបស់លោកបេឡាមានអាដដារ កេរ៉ា អប៊ីហ៊ូដ ៤ អប៊ីសួ ណាម៉ាន អហ៊ូអា ៥ កេរ៉ា សេភូផាន និងហ៊ូរ៉ាម។
៦ រីឯកូនចៅរបស់អេហូដ ជាមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអ្នកស្រុកកេបា ដែលប្ដូរទីលំនៅទៅក្រុងម៉ាណាហាត់ ៧ មានណាម៉ាន អហ៊ីយ៉ា និងកេរ៉ា។ គឺលោកកេរ៉ានេះហើយដែលនាំពួកគេឲ្យប្ដូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។
៨ លោកសាហារ៉ាអ៊ីមបានលែងលះភរិយារបស់គាត់ គឺនាងហ៊ូស៊ីម និងនាងបារ៉ា។ ក្រោយមក គាត់បង្កើតបានកូនចៅនៅស្រុកម៉ូអាប់ ៩ ជាមួយនាងហូដេស ជាភរិយាមួយទៀត។ កូនរបស់គាត់ឈ្មោះយ៉ូបាប់ ស៊ីប៊ីយ៉ា ម៉ាសា ម៉ាលកាំ ១០ យេអ៊ូស សាគីយ៉ា និងមៀរម៉ា។ អ្នកទាំងនោះជាកូនរបស់គាត់ ហើយជាមេដឹកនាំលើក្រុមគ្រួសារ។ ១១ លោកសាហារ៉ាអ៊ីមបង្កើតបានកូនប្រុសពីរនាក់ ជាមួយនាងហ៊ូស៊ីមដែរ គឺអប៊ីធូប និងអែលប៉ាអាល។ ១២ កូនរបស់លោកអែលប៉ាអេល មានអេប៊ែរ មីសាម និងសេមែរ ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ។
១៣ លោកបេរីយ៉ា និងសេម៉ា ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន បានវាយអ្នកក្រុងកាថឲ្យបាក់ទ័ព។
១៤ - ១៦ កូនរបស់លោកបេរីយ៉ាមាន អហ៊ីយ៉ូ សាសាក់ យេរេម៉ូត សេបាឌីយ៉ា អរ៉ាដ អេឌែរ មីកាអែល យីសផា និងយ៉ូហា។
១៧ - ១៨ កូនរបស់លោកអែលប៉ាអាលមាន សេបាឌីយ៉ា មេស៊ូឡាម ហ៊ីសគី ហេប៊ែរ យីសមេរ៉ាយ យីសលីយ៉ា និងយ៉ូបាប់។
១៩ - ២១ កូនរបស់លោកស៊ីម៉ៃមាន យ៉ាគីម ស៊ីករី សាប់ឌី អេលីយេណាយ ស៊ីលតាយ អេលីអែល អដាយ៉ា បេរ៉ាយ៉ា និងស៊ីមរ៉ាត។
២២ - ២៥ កូនរបស់លោកសាសាក់មានយីសផន អេប៊ែរ អេលីអែល អាបដូន ស៊ីករី ហាណន ហាណានីយ៉ា អេឡាំ អាន់តូទីយ៉ា យីបដេយ៉ា និងពេនូអែល។
២៦ - ២៧ កូនរបស់លោកយេរ៉ូហាំមានសាំសេរ៉ាយ សេហារីយ៉ា អតាលីយ៉ា យ៉ារេស៊ីយ៉ា អេលីយ៉ា និងស៊ីករី។
២៨ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។
២៩ អ្នកសង់ក្រុងកាបូនរស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ឈ្មោះម៉ាកា ៣០ កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក សួរ គីស បាល ណាដាប ៣១ កេឌ័រ អហ៊ីយ៉ូ សេគែរ ៣២ និងមីកឡូត ដែលជាឪពុករបស់ស៊ីម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
ព្រះរាជវង្សព្រះបាទសាអ៊ូល
៣៣ លោកនែរជាឪពុករបស់លោកគីសលោកគីសជាឪពុករបស់ព្រះបាទសាអ៊ូល ព្រះបាទសាអ៊ូលជាបិតារបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអេសបាល។ ៣៤ កូនរបស់សម្តេចយ៉ូណាថានគឺ មេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។ ៣៥ កូនរបស់លោកមីកា មានពីតូន មេឡេក តារេអា និងអខាស។ ៣៦ លោកអខាសជាឪពុករបស់លោកយេហូអាដា លោកយេហូអាដាជាឪពុករបស់លោកអលេមេត លោកអលេមេតជាឪពុករបស់លោកអាសម៉ាវេ និងលោកស៊ីមរី។ លោកស៊ីមរីជាឪពុករបស់លោកម៉ូសា ៣៧ លោកម៉ូសាជាឪពុករបស់លោកប៊ីនេអា លោកប៊ីនេអាជាឪពុករបស់លោករេផា លោករេផាជាឪពុករបស់លោកអេលេសា លោកអេលេសាជាឪពុករបស់លោកអសេល។ ៣៨ លោកអសេលមានកូនប្រុសប្រាំមួយនាក់ឈ្មោះ អាសរីកាំ បូករូ អ៊ីស្មាអែល សារីយ៉ា អូបាឌី និងហាណន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។ ៣៩ កូនរបស់លោកអេសេក ជាប្អូន មានអ៊ូឡាម ជាកូនច្បង យេអ៊ូសជាកូនទីពីរ អេលីផេលេតជាកូនទីបី។ ៤០ កូនរបស់លោកអ៊ូឡាមសុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។
៩
ប្រជាជនដែលជាប់ជាឈ្លើយសឹក ហើយវិលមករស់នៅក្រុងយេរូសាឡឹមវិញ
១ គេបានជំរឿនប្រជាជនអ៊ីស្រាអែលទាំងមូល តាមក្រុមគ្រួសាររបស់គេ ហើយកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។
ប្រជាជនយូដាត្រូវខ្មាំងកៀរទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ព្រោះតែពួកគេមិនស្មោះត្រង់នឹងព្រះជាម្ចាស់។ ២ អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួននៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យ ពួកលេវី និងពួកនេធីនីម។ ៣ កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអ៊ីម និងម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅ នៅក្រុងយេរូសាឡឹម។
៤ ក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូតាយ ជាកូនរបស់លោកអាំមីហ៊ូដ ជាចៅរបស់លោកអុមរី ជាចៅទួតរបស់លោកអ៊ីមរី និងជាចៅលួតរបស់លោកបានី ក្នុងអំបូរពេរេស។ ៥ ក្នុងអំបូរសេឡា មានលោកអសាយ៉ា ជារៀមច្បងគេ និងកូនចៅរបស់គាត់។ ៦ ក្នុងអំបូរសេរ៉ាមាន លោកយេអូអែល និងបងប្អូនរបស់គាត់។ សរុបទាំងអស់មាន៦៩០ នាក់។
៧ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនមានលោកសាលូ ជាកូនរបស់លោកមេស៊ូឡាម ជាចៅរបស់លោកហូដាវីយ៉ា និងជាចៅទួតរបស់លោកហាសេនូអា។ ៨ លោកយីបនេយ៉ាជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ីត្រូវជាកូនរបស់លោកមីករី ជាចៅរបស់លោកមេស៊ូឡាម ជាចៅទួតរបស់លោកសេផាទីយ៉ា ជាចៅលួតរបស់លោករេអ៊ូអែល និងជាចៅលារបស់លោកយីបនីយ៉ា។ ៩ អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់ រាប់តាមតំណវង្សត្រកូលរបស់ពួកគេ មានចំនួន ៩៥៦នាក់។
១០ ក្នុងក្រុមបូជាចារ្យ មានលោកយេដាយ៉ា លោកយេហូយ៉ារីប លោកយ៉ាគីន ១១ លោកអសារីយ៉ា ជាកូនរបស់លោកហ៊ីលគីយ៉ា ជាចៅរបស់លោកមេស៊ូឡាម ជាចៅទួតរបស់លោកសាដុក ជាចៅលួតរបស់លោកមេរ៉ាយ៉ូត ជាចៅលារបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។ ១២ លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកប៉ាសួរ ជាចៅទួតរបស់លោកម៉ាល់គីយ៉ា។ លោកម៉ាសាយ ជាកូនរបស់លោកអឌីអែល ជាចៅរបស់លោកយ៉ាសេរ៉ា ជាចៅទួតរបស់លោកមេស៊ូឡាម ជាចៅលួតរបស់លោកមេស៊ីលលេមេត ជាចៅលារបស់លោកអ៊ីមែរ ១៣ ព្រមទាំងបងប្អូនរបស់ពួកគេ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន មានចំនួនទាំងអស់១៧៦០នាក់។ អ្នកទាំងនោះជាមនុស្សប៉ិនប្រសប់បំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
១៤ ក្រុមលេវីមានសេម៉ាយ៉ា ជាកូនហាស៊ូប ជាចៅរបស់លោកអាសរីកាំ ជាចៅទួតរបស់លោកហាសាប៊ីយ៉ា ក្នុងអំបូរមេរ៉ារី។ ១៥ លោកបាកបាការ លោកហេរេស លោកកាឡាល លោកម៉ាតាណា ជាកូនរបស់លោកមីកា ជាចៅរបស់លោកស៊ីករី ជាចៅទួតរបស់លោកអសាភ។ ១៦ លោកអូបាឌី ជាកូនរបស់លោកសេម៉ាយ៉ា ជាចៅរបស់លោកកាឡាល ជាចៅទួតរបស់លោកយេឌូទូន។ លោកបេរេគីយ៉ា ជាកូនរបស់លោកអេសា ជាចៅរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនេតូផា។
១៧ ក្រុមឆ្មាំទ្វារ លោកសាលូម លោកអគូប លោកតាលម៉ូន លោកអហ៊ីម៉ន និងបងប្អូនរបស់គេ។ លោកសាលូមជាមេដឹកនាំ។ ១៨ មកទល់នឹងពេលនោះ ពួកគេតែងតែយាមនៅខ្លោងទ្វារហ្លួង នៅប៉ែកខាងកើត។ អ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារនៃជំរំកូនចៅលេវី។ ១៩ លោកសាលូមជាកូនរបស់លោកកូរេ ជាចៅរបស់លោកអេប៊ីយ៉ាសាប់ ជាចៅទួតរបស់លោកកូរេ ព្រមទាំងបងប្អូនរួមត្រកូលរបស់គាត់ គឺពូជពង្សកូរេ មានភារកិច្ចជាអ្នកយាមទ្វារពន្លាជួបព្រះអម្ចាស់។ បុព្វបុរសរបស់ពួកគេក៏ធ្លាប់ធ្វើជាអ្នកយាមនៅច្រកចូលពន្លារបស់ព្រះអម្ចាស់ដែរ ២០ ដោយមានលោកភីនេអាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ ព្រះអម្ចាស់បានគង់ជាមួយលោក។ ២១ លោកសាការីជាកូនរបស់លោកមេសេលេមីយ៉ា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។ ២២ អស់អ្នកដែលគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេមានចំនួនទាំងអស់២១២នាក់។ ព្រះបាទដាវីឌ និងលោកសាមូអែលជាគ្រូទាយបានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។ ២៣ ដូច្នេះ ពួកគេ និងកូនចៅរបស់ពួកគេ ក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាត់ទ្វារពន្លាជួបព្រះអង្គ។ ២៤ មានពួកឆ្មាំទ្វារនៅទិសទាំងបួន គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង។ ២៥ រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកជួយការងាររបស់ពួកគេយូរៗម្ដង ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។ ២៦ ពួកលេវីទាំងបួននាក់ ដែលជាមេលើពួកឆ្មាំទ្វារ នៅបំពេញការងាររបស់ខ្លួនជាប់រហូត។ លើសពីនោះ ពួកគេក៏មើលខុសត្រូវលើបន្ទប់ផ្សេងៗ និងទ្រព្យនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែរ។ ២៧ ពេលយប់ ពួកគេស្នាក់នៅជុំវិញព្រះដំណាក់របស់ព្រះជាម្ចាស់ ដ្បិតពួកគេមានភារកិច្ចយាមព្រះដំណាក់ និងបើកទ្វាររៀងរាល់ព្រឹក។
២៨ ពួកលេវីខ្លះមានភារកិច្ចថែរក្សាគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់ គឺពួកគេត្រូវរាប់នៅពេលយកចេញមកប្រើ ហើយពេលយកទៅទុកវិញ ក៏ត្រូវរាប់ដែរ។ ២៩ អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារៈនៅក្នុងទីសក្ការៈ ព្រមទាំងម្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។ ៣០ ពួកបូជាចារ្យខ្លះទទួលបន្ទុកផ្នែកខាងផ្សំប្រេងក្រអូប។ ៣១ លោកម៉ាទីតាជាពួកលេវី ហើយជាកូនច្បងរបស់លោកសាលូម ក្នុងពូជពង្សរបស់លោកកូរេ មានភារកិច្ចធ្វើនំដែលចម្អិនដោយប្រើពុម្ព។ ៣២ រីឯបងប្អូនរបស់ពួកគេពីអំបូរគើហាត់មានភារកិច្ចចាត់ចែងមើលនំបុ័ង ដែលត្រូវរៀបថ្វាយព្រះអម្ចាស់ រៀងរាល់ថ្ងៃសប្ប័ទ*។
៣៣ ពួកអ្នកចម្រៀង ដែលសុទ្ធតែជាមេដឹកនាំក្រុមគ្រួសារលេវី អាស្រ័យនៅតាមបន្ទប់នានា ក្នុងព្រះដំណាក់។ ពួកគេមិនធ្វើការអ្វីផ្សេងទៀតឡើយ ដ្បិតពួកគេត្រូវបំពេញមុខងាររបស់ខ្លួនទាំងថ្ងៃ ទាំងយប់។
៣៤ នេះហើយជាមេដឹកនាំរបស់ក្រុមគ្រួសារនៃកុលសម្ព័ន្ធលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ អ្នកទាំងនោះរស់នៅក្នុងក្រុងយេរូសាឡឹម។
៣៥ រីឯលោកយេអ៊ីអែល ជាអ្នកសង់ក្រុងកាបូន រស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ឈ្មោះម៉ាកា។ ៣៦ កូនរបស់គាត់ មានអាប់ដូន ជាកូនច្បង បន្ទាប់មក សួរ គីស បាល នែរ ណាដាប ៣៧ កេឌ័រ អហ៊ីយ៉ូ សាការី និងមីកឡូត។ ៣៨ លោកមីកឡូតជាឪពុករបស់លោកស៊ីម៉ាម។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
ព្រះរាជវង្សព្រះបាទសាអ៊ូល
៣៩ លោកនែរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសាអ៊ូល ព្រះបាទសាអ៊ូលជាបិតារបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអេសបាល។ ៤០ កូនរបស់សម្តេចយ៉ូណាថានគឺ មេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។ ៤១ កូនរបស់លោកមីកាមានពីតូន មេឡេក និងតារេអា។ ៤២ លោកអខាសជាឪពុករបស់លោកយ៉ារ៉ា លោកយ៉ារ៉ា ជាឪពុករបស់លោកអលេមេត លោកអលេមេតជាឪពុករបស់លោកអាសម៉ាវេ និងលោកស៊ីមរី។ លោកស៊ីមរី ជាឪពុករបស់លោកម៉ូសា ៤៣ លោកម៉ូសាជាឪពុករបស់លោកប៊ីនេអា លោកប៊ីនេអាជាឪពុករបស់លោករេផាយ៉ា លោករេផាយ៉ាជាឪពុករបស់លោកអេលេសា លោកអេលេសា ជាឪពុករបស់លោកអសេល។ ៤៤ លោកអសេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះអាសរីកាំ បូករូ អ៊ីស្មាអែល សេរីយ៉ា អូបាឌី និងហាណន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។
១០
រាជ្យរបស់ព្រះបាទដាវីឌ
ស្តេចសាអ៊ូលសោយទិវង្គត
(១សាមូអែល ៣១.១-១៣)
១ កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រាអែល ធ្វើឲ្យពលទាហានអ៊ីស្រាអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រាអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។ ២ ពួកភីលីស្ទីនបានដេញតាមព្រះបាទសាអ៊ូល និងបុត្រៗរបស់ស្តេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសាអ៊ូល។ ៣ បន្ទាប់មក គេសម្រុកទៅលើព្រះបាទសាអ៊ូល។ ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសាអ៊ូល ធ្វើឲ្យព្រះអង្គតក់ស្លុតយ៉ាងខ្លាំង។ ៤ ស្តេចមានរាជឱង្ការទៅសេនា ដែលកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ឲ្យសាសន៍ដទៃសម្លាប់យើង ហើយប្រមាថមើលងាយយើងទេ»។ សេនានោះមិនហ៊ានសម្លាប់ស្តេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសាអ៊ូលក៏ហូតដាវ ហើយផ្តួលខ្លួនលើមុខដាវនោះទៅ។ ៥ កាលសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេចឃើញស្តេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្តួលខ្លួនលើមុខដាវដែរ។ ៦ ដូច្នេះ ព្រះបាទសាអ៊ូល និងបុត្រាទាំងបីអង្គ ព្រមទាំងញាតិវង្សទាំងអស់ បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។ ៧ កាលជនជាតិអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងជ្រលងភ្នំ ឃើញថាអ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសាអ៊ូល ព្រមទាំងបុត្រា សុគតអស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់ទៅ។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។
៨ ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ព្រះបាទសាអ៊ូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។ ៩ ពួកគេក៏ដោះអ្វីៗទាំងអស់ចេញពីសពរបស់ស្តេច ព្រមទាំងកាត់ក និងយកគ្រឿងសាស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ប្រជាជន។ ១០ បន្ទាប់មក ពួកគេយកគ្រឿងសាស្ត្រាវុធរបស់ព្រះបាទសាអ៊ូលទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្តេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។ ១១ កាលអ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ព្រះបាទសាអ៊ូល ១២ ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ព្រះបាទសាអ៊ូល និងបុត្រា នាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។
១៣ ព្រះបាទសាអ៊ូលសោយទិវង្គត ព្រោះតែស្តេចបានប្រព្រឹត្តខុស ដោយក្បត់នឹងព្រះអម្ចាស់ គឺស្តេចពុំកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ ផ្ទុយទៅវិញ ស្តេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។ ១៤ ស្តេចពុំបានទូលសួរព្រះអម្ចាស់ទេ ហេតុនេះ ព្រះអង្គធ្វើឲ្យស្តេចសោយទិវង្គត ហើយផ្ទេររាជសម្បត្តិទៅឲ្យព្រះបាទដាវីឌ ជាបុត្ររបស់លោកយេសាយវិញ។
១១
ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល
(២សាមូអែល ៥.១-៣)
១ ប្រជាជនអ៊ីស្រាអែលទាំងមូលប្រមូលគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ព្រះករុណាដែរ។ ២ កាលពីមុន នៅពេលដែលព្រះបាទសាអ៊ូលគ្រងរាជ្យលើយើងខ្ញុំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ ៣ ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ នៅក្រុងហេប្រូន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចហើយពួកគេបានចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្តេចរបស់ប្រជារាស្ដ្រអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុកតាមរយៈព្យាការីសាមូអែល។
ព្រះបាទដាវីឌលើករាជធានីមកនៅក្រុងយេរូសាឡឹម
(២សាមូអែល ៥.៦-១០)
៤ ព្រះបាទដាវីឌ និងកងទ័ពអ៊ីស្រាអែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម គឺក្រុងយេប៊ូស។ ពីមុន ជនជាតិយេប៊ូសជាម្ចាស់ស្រុករស់នៅក្រុងនោះ។ ៥ អ្នកក្រុងយេប៊ូសពោលមកកាន់ព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។ ៦ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់វាយឈ្នះពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេទ័ព និងមេដឹកនាំ»។ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេទ័ព។ ៧ ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយនោះ ហេតុនេះ គេក៏ហៅថា «បុរីព្រះបាទដាវីឌ»។ ៨ បន្ទាប់មក ស្តេចពង្រីកទីក្រុង ចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀតនៅក្នុងទីក្រុង។ ៩ ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។
ទាហានដ៏ខ្លាំងពូកែរបស់ព្រះបាទដាវីឌ
(២សាមូអែល ២៣.៨-៣៩)
១០ នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្តេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយឲ្យស្តេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ស្តីអំពីជនជាតិអ៊ីស្រាអែល។ ១១ ពួកទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌមានរាយនាមតាមចំនួនរបស់ពួកគេ ដូចតទៅ:
លោកយ៉ាសូបាមជាកូនរបស់លោកហាក់មុនី លោកជាប្រមុខលើមេបញ្ជាការសាមសិបនាក់។ គឺលោកហើយដែលបានប្រើលំពែង សម្លាប់ខ្មាំងអស់បីរយនាក់ ក្នុងពេលតែមួយ។
១២ បន្ទាប់មក មានលោកអេឡាសារ ជាកូនរបស់លោកដូដូ ជាពូជពង្សរបស់លោកអហូហ៊ី។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី។ ១៣ លោកបាននៅជាប់ជាមួយព្រះបាទដាវីឌ នៅប៉ាដាមីន ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះ មានដីស្រែមួយកន្លែងពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខជនជាតិភីលីស្ទីន។ ១៤ ពេលនោះ លោកអេឡាសារ និងទាហានរបស់លោក ឈរនៅកណ្ដាលចម្ការនោះ ហើយវាយប្រហារជនជាតិភីលីស្ទីន ដណ្ដើមយកបានចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។
១៥ ថ្ងៃមួយ នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ បាននាំគ្នាចូលគាល់ព្រះបាទដាវីឌ ក្នុងល្អាងភ្នំអាឌូឡាម នៅពេលដែលទាហានភីលីស្ទីនបោះទ័ពនៅជ្រលងភ្នំរេផាអ៊ីម។ ១៦ ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។ ១៧ ព្រះបាទដាវីឌស្រេកទឹក ស្តេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកឲ្យយើងបាន?»។ ១៨ នាយទាហានទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមសោយទេ ស្តេចយកទឹកនោះទៅច្រួចលើដីថ្វាយព្រះអម្ចាស់។ ១៩ ស្តេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះ ស្តេចបដិសេធមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីរូបបានប្រព្រឹត្ត។
២០ លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីរូប។ ២១ លោកទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបី។ លោកមាននាទីជាប្រមុខលើក្រុមមេទ័ពទាំងបី ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
២២ លោកបេនណាយ៉ាជាអ្នកស្រុកកាបសេល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺលោកហើយដែលបានវាយពួកអារីអែលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។ ២៣ លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកម្ពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។ ២៤ នេះហើយជាស្នាដៃរបស់លោកបេនណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។ ២៥ ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
២៦ វីរបុរសដ៏អង់អាចឯទៀតៗមាន: លោកអសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលឡាណានជាកូនរបស់លោកដូដូ អ្នកភូមិបេថ្លេហិម ២៧ លោកសាំម៉ូត អ្នកស្រុកហារ៉ូ លោកហេលេស អ្នកស្រុកប៉ាឡូន ២៨ លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកែស អ្នកក្រុងតេកា លោកអប៊ីយេស៊ែរ អ្នកស្រុកអាណាតូត ២៩ លោកស៊ីបកាយ អ្នកស្រុកហ៊ូសា លោកអ៊ីឡាយ អ្នកស្រុកអាហូអា ៣០ លោកម៉ាហារ៉ៃ អ្នកស្រុកនេតូផា លោកហេលេដ ជាកូនរបស់លោកបាណា អ្នកស្រុកនេតូផា ៣១ លោកអ៊ីតាយ ជាកូនរបស់លោករីបាយ អ្នកក្រុងគីបា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកបេណាយ៉ា អ្នកស្រុកពីរ៉ាតូន ៣២ លោកហ៊ូរាយ អ្នកស្រុកណាហាលេកាស លោកអប៊ីអែល អ្នកស្រុកអារ៉ាបា ៣៣ លោកអាសម៉ាវេត អ្នកស្រុកបាហារូម លោកអេលីយ៉ាបា អ្នកស្រុកសាលបូន ៣៤ លោកបេនេហាសេម អ្នកស្រុកគីសូន លោកយ៉ូណាថានជាកូនរបស់លោកសាកេ អ្នកស្រុកហារ៉ា ៣៥ លោកអហ៊ីអាំជាកូនរបស់លោកសាការ អ្នកស្រុកហារ៉ា លោកអេលីផាលជាកូនរបស់លោកអ៊ួរ ៣៦ លោកហេភែរ អ្នកស្រុកមេកេរ៉ា លោកអហ៊ីយ៉ា អ្នកស្រុកប៉ាឡូន ៣៧ លោកហេស្រូ អ្នកស្រុកកាម៉ិល លោកណារ៉ាយជាកូនរបស់លោកអេសបាយ ៣៨ លោកយ៉ូអែលជាប្អូនរបស់លោកណាថាន លោកមីបារជាកូនរបស់លោកហាគ្រី ៣៩ លោកសេលេគជាជនជាតិអាំម៉ូន លោកណារ៉ាយ អ្នកក្រុងបេរ៉ូត ជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ៤០ លោកអ៊ីរ៉ា អ្នកស្រុកយេទែរ លោកការេប អ្នកស្រុកយេទែរ ៤១ លោកអ៊ូរីជាជនជាតិហេត លោកសេបាដជាកូនរបស់លោកអឡាយ ៤២ លោកអឌីណាជាកូនរបស់លោកស៊ីសា ជាមេដឹកនាំម្នាក់ក្នុងកុលសម្ព័ន្ធរូបេន ដែលមានទាហានសាមសិបនាក់នៅជាមួយ ៤៣ លោកហាណនជាកូនរបស់លោកម៉ាកា លោកយ៉ូសាផាត អ្នកស្រុកមីតនី ៤៤ លោកអ៊ូស៊ីយ៉ា អ្នកស្រុកអាសតារ៉ូត លោកសាំម៉ា និងលោកយេហ៊ីអែល អ្នកស្រុកអារ៉ូអ៊ែរ ៤៥ លោកយេឌីយ៉ាអែលជាកូនរបស់លោកស៊ីមរី ព្រមទាំងលោកយ៉ូហាជាប្អូន ដែលជាអ្នកស្រុកទីសា ៤៦ លោកអេលីអែល អ្នកស្រុកម៉ាហាវីម លោកយេរីបាយ និងលោកយ៉ូសាវីយ៉ា ជាកូនរបស់លោកអែលណាម លោកយីតម៉ាជាជនជាតិម៉ូអាប់ ៤៧ លោកអេលីអែល លោកអូបេដ និងលោកយ៉ាស៊ីអែល អ្នកស្រុកមេសូបា។
១២
នាយទាហានរបស់ព្រះបាទដាវីឌនៅក្រុងស៊ីគឡាក់
១ នៅគ្រាដែលព្រះបាទដាវីឌភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីព្រះបាទសាអ៊ូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះបាទដាវីឌជានិច្ច។ ២ ពួកគេប្រដាប់ខ្លួនដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញ ឬបាញ់ដង្ហក់ ដោយប្រើដៃឆ្វេងក៏បាន ដៃស្តាំក៏បាន។ អ្នកទាំងនោះសុទ្ធតែជាសាច់ញាតិរបស់ព្រះបាទសាអ៊ូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលមានរាយនាមដូចតទៅ:
៣ លោកមេទ័ពអហ៊ីយេស៊ែរ និងលោកមេទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ា អ្នកស្រុកគីបា លោកយេស៊ីអែល និងលោកពេលេត ជាកូនរបស់លោកអាសម៉ាវេត លោកបេរ៉ាកា លោកយេហ៊ូជាអ្នកស្រុកអាណាតូត ៤ លោកយីសម៉ាយ៉ា អ្នកស្រុកគីបូន ជានាយទាហានដ៏អង់អាចក្នុងចំណោមក្រុមទាំងសាមសិប និងជាមេគេ ៥ លោកយេរេមី លោកយ៉ាហាស៊ីអែល លោកយ៉ូហាណន លោកយ៉ូសេបាដជាអ្នកក្រុងកេដេរ៉ា ៦ លោកអេលូសាយ លោកយេរីម៉ូត លោកបាលីយ៉ា លោកសេម៉ារីយ៉ា លោកសេប៉ាទីយ៉ាជាអ្នកក្រុងហារ៉ូប ៧ លោកអែលកាណា លោកយីស៊ីយ៉ា លោកអសារែល លោកយ៉ូអេសែរ និងលោកយ៉ាសូបាម ជាពូជពង្សរបស់លោកកូរេ ៨ លោកយ៉ូអេឡា និងលោកសេបាឌីយ៉ា ជាកូនរបស់លោកយេរ៉ូហាំ ជាអ្នកស្រុកកេឌ័រ។
៩ មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌ ក្នុងជម្រកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។ ១០ អ្នកទាំងនោះមានលោកអេសែរជាមេលើពួកគេ លោកអូបាឌីជាមេទីពីរ លោកអេលីយ៉ាបជាមេទីបី ១១ លោកមីសម៉ាណាជាមេទីបួន លោកយេរេមីជាមេទីប្រាំ ១២ លោកអតាយជាមេទីប្រាំមួយ លោកអេលីអែលជាមេទីប្រាំពីរ ១៣ លោកយ៉ូហាណនជាមេទីប្រាំបី លោកអែលសេបាដជាមេទីប្រាំបួន ១៤ លោកយេរេមីជាមេទីដប់ និងលោកម៉ាក់បាណាយជាមេទីដប់មួយ។ ១៥ ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកអន់ខ្សោយក្នុងចំណោមពួកគេ ប្រៀបស្មើនឹងពលទាហានមួយរយនាក់ រីឯអ្នកខ្លាំងពូកែវិញ ប្រៀបស្មើនឹងពលទាហានមួយពាន់នាក់។ ១៦ ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើងលិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។
១៧ ក្នុងចំណោមកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដា ក៏មានអ្នកខ្លះទៅតាមព្រះបាទដាវីឌ រហូតដល់ជម្រកនោះដែរ។ ១៨ ព្រះបាទដាវីឌចេញមកទទួលពួកគេ ហើយមានរាជឱង្ការថា៖ «ប្រសិនបើអស់លោកមករកខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអស់លោកយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអស់លោកមកបន្លំខ្លួន ធ្វើការឲ្យបច្ចាមិត្តរបស់ខ្ញុំទេនោះ ទោះបីខ្ញុំមិនធ្វើបាបអស់លោកក្តី ក៏សូមព្រះនៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ!»។ ១៩ ពេលនោះ ព្រះវិញ្ញាណក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់ លោកពោលថា៖
«បពិត្រព្រះបាទដាវីឌ
ជាបុត្ររបស់លោកយេសាយ!
យើងខ្ញុំទាំងអស់គ្នាស៊ូប្ដូរផ្ដាច់នៅជាមួយ
ព្រះករុណាហើយ។
សូមឲ្យសេចក្ដីសុខសាន្ត
កើតមានដល់ព្រះករុណា
និងអស់អ្នកដែលនៅជាមួយព្រះករុណា!
ដ្បិតព្រះរបស់ព្រះករុណា
បានជួយព្រះករុណាហើយ!»។
ព្រះបាទដាវីឌក៏ទទួលពួកគេ ហើយតែងតាំងពួកគេឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់ស្តេច។
២០ ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានទាហានមកសុំចុះចូលខាងព្រះបាទដាវីឌ ក្នុងពេលដែលស្តេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងព្រះបាទសាអ៊ូល។ ប៉ុន្តែ ទ័ពរបស់ព្រះបាទដាវីឌពុំបានចូលរួមច្បាំងទេ ព្រោះពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនបានពិគ្រោះគ្នា បញ្ជូនទ័ពរបស់ព្រះបាទដាវីឌឲ្យវិលត្រឡប់ទៅវិញ ពួកគេគិតថា៖ «បើដាវីឌចូលដៃជាមួយស្តេចសាអ៊ូល ជាម្ចាស់របស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។ ២១ នាយទាហានពីកុលសម្ព័ន្ធម៉ាណាសេ ដែលបានមកសុំចុះចូលខាងព្រះបាទដាវីឌ ក្នុងពេលដែលវិលត្រឡប់ទៅស៊ីគឡាក់វិញ មានលោកអាដណា លោកយ៉ូសេបាដ លោកយេឌីយ៉ាអែល លោកមីកាអែល លោកយ៉ូសាបាដ លោកអេលីហ៊ូ និងលោកស៊ីលតាយ។ អ្នកទាំងនោះសុទ្ធតែជាមេលើកងពលធំ ក្នុងកុលសម្ព័ន្ធម៉ាណាសេ។ ២២ ពួកគេដឹកនាំកងពលជួយច្បាំងព្រះបាទដាវីឌ ដ្បិតពួកគេសុទ្ធតែជាមនុស្សពូកែអង់អាច។ ក្រោយមក ពួកគេធ្វើជាមេបញ្ជាការកងពលរបស់ព្រះបាទដាវីឌ។ ២៣ រៀងរាល់ថ្ងៃតែងតែមានមនុស្សមកសុំចុះចូលខាងព្រះបាទដាវីឌ ដើម្បីជួយជាកម្លាំង ហេតុនេះ កងទ័ពរបស់ព្រះបាទដាវីឌក៏ក្លាយទៅជាកងទ័ពមួយដ៏ធំ ដូចកងទ័ពរបស់ព្រះជាម្ចាស់ដែរ។
នាយទាហានរបស់ព្រះបាទដាវីឌមកពីក្រុងហេប្រូន
២៤ អស់អ្នកដែលបានមករួបរួមជាមួយព្រះបាទដាវីឌនៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ព្រះបាទសាអ៊ូលថ្វាយព្រះបាទដាវីឌ ស្របតាមបញ្ជារបស់ព្រះអម្ចាស់ គឺអ្នកដែលអាចបម្រើកងទ័ពបាន មានចំនួនដូចតទៅ:
២៥ ក្នុងកុលសម្ព័ន្ធយូដា ទាហានដែលកាន់ខែល និងកាន់លំពែង ហើយប្រុងប្រៀបខ្លួនចេញទៅច្បាំងបានមាន ៦៨០០ នាក់។
២៦ ក្នុងកុលសម្ព័ន្ធស៊ីម៉ូន មាន ៧១០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច។
២៧ ក្នុងកុលសម្ព័ន្ធលេវីមានទាហាន ៤៦០០ នាក់ ២៨ ព្រមទាំងលោកយ៉ូយ៉ាដា ជាមេដឹកនាំនៃអំបូររបស់លោកអរ៉ុន និងទាហាន ៣៧០០ នាក់ ដែលនៅជាមួយលោក។ ២៩ បន្ទាប់មក មានលោកសាដុកជាយុវជនពូកែអង់អាច និងមេបញ្ជាការម្ភៃពីររូបទៀត ក្នុងក្រុមគ្រួសាររបស់លោក។
៣០ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាសាច់ញាតិរបស់ព្រះបាទសាអ៊ូល មានទាហាន ៣ ០០០ នាក់។ មកទល់ពេលនោះ ពួកគេមួយចំនួនធំនៅស្មោះត្រង់នឹងរាជវង្សរបស់ព្រះបាទសាអ៊ូល។
៣១ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម មាន ២០ ៨០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។
៣២ ក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលមានទាហាន ១៨ ០០០ នាក់ ជាអ្នកដែលគេចាត់ឲ្យទៅប្រកាសអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រ។
៣៣ ក្នុងកុលសម្ព័ន្ធអ៊ីសាកាមានមេបញ្ជាការ ២០០ នាក់ និងពលទាហានដែលនៅក្រោមបង្គាប់របស់ពួកគេ។ អ្នកទាំងនោះសុទ្ធតែចេះសម្គាល់មើលពេលវេលា ហើយដឹងថាតើជនជាតិអ៊ីស្រាអែលត្រូវធ្វើដូចម្ដេចខ្លះ។
៣៤ ក្នុងកុលសម្ព័ន្ធសាប៊ូឡូនមាន ៥០ ០០០ នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។
៣៥ ក្នុងកុលសម្ព័ន្ធណែបថាលី មាននាយទាហាន ១ ០០០ នាក់ និងពលទាហាន ៣៧ ០០០ នាក់ ប្រដាប់ដោយខែល និងលំពែង។
៣៦ ក្នុងកុលសម្ព័ន្ធដាន់មានទាហាន ២៨៦០០ នាក់ ត្រៀមចេញទៅច្បាំង។
៣៧ ក្នុងកុលសម្ព័ន្ធអស៊ែរ មានទាហាន ៤០ ០០០ នាក់ ដែលថ្នឹកក្នុងចម្បាំង ហើយប្រុងប្រៀបខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។
៣៨ នៅខាងកើតទន្លេយ័រដាន់ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀតមានទាហានទាំងអស់ ១២០ ០០០ នាក់ ប្រដាប់ដោយអាវុធគ្រប់ប្រភេទ។
៣៩ អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចម្បាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រលើជនជាតិអ៊ីស្រាអែលទាំងមូល។ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងព្រះបាទដាវីឌជាព្រះមហាក្សត្រដែរ។ ៤០ ពួកគេស្នាក់នៅក្រុងហេប្រូនជាមួយព្រះបាទដាវីឌចំនួនបីថ្ងៃ ហើយបងប្អូនរបស់ពួកគេបានរៀបចំជប់លៀងទទួល។ ៤១ អស់អ្នកដែលស្ថិតនៅតំបន់ជិតខាងនោះ រហូតដល់ទឹកដីអ៊ីសាកា សាប៊ូឡូន និងណែបថាលី បានដឹកស្បៀងអាហារមក ដោយផ្ទុកលើខ្នងលា អូដ្ឋ លាកាត់ និងគោ គឺមានម្សៅ ដំណាប់ឧទុម្ពរ ទំពាំងបាយជូរក្រៀម ស្រាទំពាំងបាយជូរ ប្រេង និងសាច់គោ សាច់ចៀម យ៉ាងច្រើនបរិបូរណ៍ ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមានអំណរសប្បាយដ៏លើសលប់។
១៣
ការដង្ហែហិបសម្ពន្ធមេត្រីចូលក្រុងយេរូសាឡឹម
(២សាមូអែល ៦.១-១១)
១ ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ព្រមទាំងមេដឹកនាំទាំងអស់។ ២ ស្តេចមានរាជឱង្ការទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីព្រះអម្ចាស់ ជាព្រះនៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែលទាំងមូល និងជូនពួកបូជាចារ្យ ពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។ ៣ បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ព្រះបាទសាអ៊ូល យើងពុំបាននឹកដល់ហិបនេះទេ»។ ៤ អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។ ៥ ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគៀរីយ៉ាត-យេអារីម។ ៦ ព្រះរាជាយាងទៅក្រុងបាសា គឺគៀរីយ៉ាត-យេអារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីដង្ហែហិបព្រះជាម្ចាស់ គឺព្រះអម្ចាស់ដែលគង់នៅកណ្ដាលពួកខេរូប៊ីម* ហើយហិបនោះជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។ ៧ គេដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។ ៨ ព្រះបាទដាវីឌ និងជនជាតិអ៊ីស្រាអែលទាំងមូល សប្បាយរីករាយ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។ ៩ កាលមកដល់លានស្រូវរបស់លោកគីដុន លោកអ៊ូសាលើកដៃទៅទប់ហិប ព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ ១០ ពេលនោះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងលោកអ៊ូសា ហើយប្រហារជីវិតលោក ព្រោះលោកបានលើកដៃពាល់ហិប។ លោកអ៊ូសាបាត់បង់ជីវិតនៅទីនោះ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ១១ ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់ប្រហារជីវិតលោកអ៊ូសាដូច្នេះ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “ពេរេស-អ៊ូសា” រហូតដល់សព្វថ្ងៃ។ ១២ នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះជាម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងដំណាក់របស់យើងមិនកើតទេ»។ ១៣ ព្រះបាទដាវីឌមិនបានយកហិបរបស់ព្រះអម្ចាស់ទៅដំណាក់នៅបុរីព្រះបាទដាវីឌទេ តែស្តេចបានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេដ-អេដុម ជាអ្នកស្រុកកាថ។ ១៤ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេដ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។
១៤
ព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម
(២សាមូអែល ៥.១១-១៦)
១ ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងដាប់ថ្ម និងជាងសំណង់ ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។ ២ ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងព្រះអង្គជាស្តេចលើស្រុកអ៊ីស្រាអែល ហើយរាជសម្បត្តិរបស់ព្រះអង្គចម្រុងចម្រើនកាន់តែខ្លាំងឡើងៗ ដោយសារជនជាតិអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គ។
៣ នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌបានយកមហេសីផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។ ៤ បុត្ររបស់ស្តេច ដែលប្រសូតនៅក្រុងយេរូសាឡឹម មាននាមដូចតទៅ: សាំមូអា សូបាប់ ណាថាន សាឡូម៉ូន ៥ យីបហារ អេលីសួ អែលផាលេត ៦ ណូកា នេផេក យ៉ាភីអា ៧ អេលីសាម៉ា បេលីយ៉ាដា និងអេលីផាលេត។
ព្រះបាទដាវីឌទទួលជ័យជម្នះលើជនជាតិភីលីស្ទីន
(២សាមូអែល ៥.១៧-២៥)
៨ កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេកជាស្តេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្តេចក៏ចេញទៅតទល់នឹងពួកគេ។ ៩ ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផាអ៊ីម។ ១០ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។ ១១ ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។ ១២ កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយព្រះបាទដាវីឌចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោលទៅ។
១៣ ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផាអ៊ីមសាជាថ្មី។ ១៤ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្តេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្តុំដើមមននោះវិញ។ ១៥ កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតព្រះជាម្ចាស់នាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។ ១៦ ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ស្តេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងកាបូន រហូតដល់ក្រុងកេស៊ែរ។ ១៧ កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយព្រះអម្ចាស់បានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចព្រះបាទដាវីឌ។
១៥
ហិបនៃសម្ពន្ធមេត្រីមកដល់ក្រុងយេរូសាឡឹម
(២សាមូអែល ៦.១២-២៣)
១ ព្រះបាទដាវីឌបានសង់ដំណាក់ជាច្រើននៅបុរីព្រះបាទដាវីឌ។ ស្តេចក៏រៀបចំកន្លែងមួយសម្រាប់ហិបរបស់ព្រះជាម្ចាស់ ព្រមទាំងដំឡើងព្រះពន្លា ដើម្បីតម្កល់ហិបនេះផង។ ២ ពេលនោះ ស្តេចមានរាជឱង្ការថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់ព្រះជាម្ចាស់ ដ្បិតព្រះអម្ចាស់បានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ព្រះអង្គ និងមើលថែទាំរហូតតទៅ»។ ៣ ព្រះបាទដាវីឌបានប្រមូលផ្តុំជនជាតិអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះអម្ចាស់ មកតម្កល់នៅកន្លែងដែលស្តេចបានរៀបចំទុក។ ៤ ព្រះបាទដាវីឌក៏បានប្រមូលកូនចៅលោកអរ៉ុន ព្រមទាំងក្រុមលេវី ៥ គឺក្នុងចំណោមកូនចៅលោកគើហាត់ មានលោកអ៊ូរីអែលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១២០ នាក់ ៦ ក្នុងចំណោមកូនចៅលោកមេរ៉ារី មានលោកអសាយ៉ា ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២២០ នាក់ ៧ ក្នុងចំណោមកូនចៅលោកគែរសូន មានលោកយ៉ូអែលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១៣០ នាក់ ៨ ក្នុងចំណោមកូនចៅលោកអេលីសាផន មានលោកសេម៉ាយ៉ាជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២០០ នាក់ ៩ ក្នុងចំណោមកូនចៅលោកហេប្រូន មានលោកអេលីអែលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ៨០ នាក់ ១០ ក្នុងចំណោមកូនចៅលោកអ៊ូស៊ីអែល មានលោកអមីណាដាប់ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១១២នាក់។ ១១ ព្រះបាទដាវីឌកោះហៅលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអប៊ីយ៉ាថារ ព្រមទាំងក្រុមលេវី គឺមានលោកអ៊ូរីអែល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលីអែល និងលោកអមីណាដាប់។ ១២ ស្តេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «អស់លោកជាមេដឹកនាំនៃក្រុមគ្រួសារលេវី ដូច្នេះ ចូរអស់លោក និងបងប្អូនរបស់អស់លោក ញែកខ្លួនឲ្យវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។ ១៣ កាលពីលើកមុន អស់លោកមិនបានចូលរួមទេ ព្រះអម្ចាស់ ជាព្រះរបស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមកតាមក្បួនតម្រារបស់ព្រះអង្គឡើយ»។ ១៤ ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាញែកខ្លួនឲ្យវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ១៥ កូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់ព្រះអម្ចាស់លើស្មា ដូចលោកម៉ូសេបានបង្គាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៦ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចម្រៀង ឲ្យយកឧបករណ៍ភ្លេង មានឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសម្ដែងនូវអំណរសប្បាយ។ ១៧ ក្រុមលេវីបានចាត់គ្នាឲ្យបំពេញមុខងាររបស់ខ្លួន គឺលោកហេម៉នជាកូនរបស់លោកយ៉ូអែល ហើយក្នុងចំណោមបងប្អូនរបស់គាត់ មានលោកអសាភជាកូនរបស់លោកបេរេគីយ៉ា បន្ទាប់មក ក្នុងចំណោមកូនចៅរបស់លោកមេរ៉ារី ជាបងប្អូនរបស់ពួកគេ មានលោកអេតនជាកូនរបស់លោកគូសាយ៉ា។ ១៨ បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់លោកទាំងនោះ គឺលោកសាការី លោកបេន លោកយ៉ាស៊ីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលីយ៉ាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាទីទីយ៉ា លោកអេលីផេលេ លោកមីកនេយ៉ា លោកអូបេដ-អេដុម និងលោកយេអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។ ១៩ ក្រុមចម្រៀងមានលោកហេម៉ន លោកអសាភ និងលោកអេតន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។ ២០ រីឯលោកសាការី លោកយ៉ាស៊ីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលីយ៉ាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។ ២១ លោកម៉ាទីទីយ៉ា លោកអេលីផេលេ លោកមីកនេយ៉ា លោកអូបេដ-អេដុម លោកយេអែល លោកអសាស៊ីយ៉ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចម្រៀង។ ២២ លោកកេណាយ៉ា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។ ២៣ លោកបេរេគីយ៉ា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។ ២៤ លោកបូជាចារ្យសេបានីយ៉ា យ៉ូសាផាត នេតានីអែល អម៉ាសាយ សាការី បេណាយ៉ា និងអេលីស៊ែរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់ព្រះជាម្ចាស់។ លោកអូបេដ-អេដុម និងលោកយេហ៊ីយ៉ា ក៏ជាឆ្មាំដែលឈរនៅជិតហិបដែរ។
២៥ បន្ទាប់មក ព្រះបាទដាវីឌ ព្រមទាំងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល និងពួកមេទ័ព នាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ពីផ្ទះរបស់លោកអូបេដ-អេដុមយ៉ាងសប្បាយរីករាយ។ ២៦ ព្រះជាម្ចាស់ជួយការពារក្រុមលេវី ដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយគេបានយកគោបាប្រាំពីរក្បាល និងចៀមឈ្មោលប្រាំពីរក្បាល ថ្វាយជាយញ្ញបូជា។ ២៧ ព្រះបាទដាវីឌពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចម្រៀង និងលោកកេណាយ៉ាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ព្រះបាទដាវីឌពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។ ២៨ ប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដោយសម្រែកជយឃោស សំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។
២៩ កាលហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ហែចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីរបស់ស្តេចសាអ៊ូល បានអើតតាមបង្អួច ឃើញព្រះបាទដាវីឌលោតកព្ឆោង ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។
១៦
១ កាលដង្ហែហិបរបស់ព្រះជាម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅកណ្ដាលព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក រួចគេថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ២ កាលព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពចប់សព្វគ្រប់ហើយ ស្តេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់។ ៣ បន្ទាប់មក ព្រះរាជាប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។
៤ ព្រះបាទដាវីឌចាត់ក្រុមលេវីខ្លះឲ្យបម្រើការងារនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីរំឭក លើកតម្កើង និងច្រៀងសរសើរព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ៥ គឺមានលោកអសាភជាមេដឹកនាំ បន្ទាប់មក មានលោកសាការីជាមេដឹកនាំរង ព្រមទាំងលោកយេអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាទីទីយ៉ា លោកអេលីយ៉ាប លោកបេណាយ៉ា លោកអូបេដ-អេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ ហើយលោកអសាភជាអ្នកវាយឈិង។ ៦ លោកបូជាចារ្យបេណាយ៉ា និងលោកយ៉ាហាស៊ីអែល ផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។ ៧ គឺថ្ងៃនោះហើយដែលព្រះបាទដាវីឌបានចាត់លោកអសាភ ព្រមទាំងបងប្អូនរបស់គាត់ ឲ្យប្រារព្ធពិធីលើកតម្កើងព្រះអម្ចាស់ជាលើកដំបូងបង្អស់។
ទំនុកតម្កើង
៨ «ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់
ចូរប្រកាសព្រះនាមព្រះអង្គ!
ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ
ប្រាប់ប្រជាជាតិនានា!
៩ ចូរច្រៀងតម្កើងព្រះអង្គ
ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ!
ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ!
១០ ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា
ជាប្រជារាស្ដ្ររបស់ព្រះដ៏វិសុទ្ធ!
អស់អ្នកស្វែងរកព្រះអម្ចាស់អើយ
ចូរសប្បាយចិត្តចុះ!
១១ ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា
ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ
ឥតឈប់ឈរឡើយ!
១២ ចូរនឹកដល់ការអស្ចារ្យផ្សេងៗ
ដែលព្រះអង្គបានធ្វើ
ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះ
ទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
១៣ អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល
ដែលជាអ្នកបម្រើរបស់ព្រះអង្គ
អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
ដែលព្រះអង្គបានជ្រើសរើស!
១៤ មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង
ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
១៥ ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច
គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ
រហូតដល់មួយពាន់តំណ
១៦ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយ
លោកអប្រាហាំ
ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយលោកអ៊ីសាក។
១៧ ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ
ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី
អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
១៨ គឺព្រះអង្គមានព្រះបន្ទូលថា:
«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក
ទុកជាចំណែកមត៌ក»។
១៩ នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូច
ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
២០ អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ
ពីនគរមួយទៅនគរមួយទៀត។
២១ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់
សង្កត់សង្កិនអ្នករាល់គ្នាទេ
ដើម្បីការពារអ្នករាល់គ្នា
ព្រះអង្គបានបន្ទោសស្តេចនានាថា:
២២ «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង
អភិសេកនេះឡើយ
កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
២៣ មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរច្រៀងថ្វាយព្រះអម្ចាស់!
ចូរប្រកាសជារៀងរាល់ថ្ងៃ
អំពីការសង្គ្រោះរបស់ព្រះអង្គ។
២៤ ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ
នៅក្នុងចំណោមប្រជាជាតិនានា
ហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់
ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
២៥ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត
ព្រះអង្គគួរជាទីស្ញែងខ្លាចជាង
ព្រះផងទាំងពួង។
២៦ ព្រះទាំងប៉ុន្មានរបស់សាសន៍នានា
សុទ្ធតែឥតបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
២៧ មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី
ព្រះភ័ក្ត្ររបស់ព្រះអង្គ
ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ
ឫទ្ធិបារមី និងអំណរសប្បាយ។
២៨ ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
២៩ ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាម
របស់ព្រះអម្ចាស់!
ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្រ
របស់ព្រះអង្គ!
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសម្ដែងភាពវិសុទ្ធ
របស់ព្រះអង្គ!
៣០ មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ!
ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ
៣១ ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ
និងឲ្យផែនដីបានរីករាយដ៏លើសលប់!
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា
ព្រះអម្ចាស់គ្រងរាជ្យ!
៣២ ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ
បន្លឺសំឡេងយ៉ាងអឺងកង!
ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ
ត្រេកអរសប្បាយ!
៣៣ ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់!
ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។
៣៤ ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
៣៥ ចូរទូលព្រះអង្គថា:
ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ
សូមជួយសង្គ្រោះយើងខ្ញុំផង
សូមប្រមូលផ្តុំយើងខ្ញុំ ហើយយកយើងខ្ញុំ
ចេញពីចំណោមប្រជាជាតិនានា
ដើម្បីឲ្យយើងខ្ញុំលើកតម្កើង
ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ
ដោយសរសើរតម្កើងព្រះអង្គ!
៣៦ សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក
ហើយអស់កល្បតរៀងទៅ!»។
ពេលនោះ ប្រជាជនទាំងមូលឆ្លើយថា
«អាម៉ែន សូមសរសើរតម្កើងព្រះជាម្ចាស់!»។
៣៧ ព្រះបាទដាវីឌចាត់លោកអសាភ និងបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ឥតដែលអាក់ខាន ដូចបានកំណត់ទុក។ ៣៨ ស្តេចចាត់លោកអូបេដ-អេដុមជាកូនរបស់លោកយេឌូទូន និងលោកហូសា ព្រមទាំងបងប្អូនរបស់គាត់ហុកសិបប្រាំបីនាក់ ឲ្យធ្វើជាឆ្មាំទ្វារ។ ៣៩ ស្តេចក៏ចាត់លោកបូជាចារ្យសាដុក និងបូជាចារ្យឯទៀតៗ ជាបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខព្រះពន្លារបស់ព្រះអម្ចាស់ ដែលស្ថិតលើទួលខ្ពស់ នៅកាបូន ៤០ ដើម្បីថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ចំពោះព្រះអម្ចាស់ លើអាសនៈសម្រាប់ថ្វាយតង្វាយដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្ដីទាំងប៉ុន្មានមានចែងទុកក្នុងវិន័យ ដែលព្រះអម្ចាស់បានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល។ ៤១ លោកហេម៉ន និងលោកយេឌូទូន ព្រមទាំងអ្នកឯទៀតៗ ដែលគេបានជ្រើសរើសតាមឈ្មោះ ដើម្បីលើកតម្កើងព្រះអម្ចាស់ ក៏មកចូលរួមជាមួយបូជាចារ្យទាំងនោះដែរ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ៤២ លោកហេម៉ន និងលោកយេឌូទូន ក៏ទទួលខុសត្រូវលើត្រែ និងឈិងរបស់ពួកតន្ដ្រីករ ព្រមទាំងឧបករណ៍ឯទៀតៗ សម្រាប់ប្រគំបទចម្រៀងថ្វាយព្រះជាម្ចាស់។ កូនចៅរបស់លោកយេឌូទូនក៏មានមុខងារជាឆ្មាំនៅមាត់ទ្វារដែរ។
៤៣ ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយព្រះបាទដាវីឌក៏វិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្ស។
១៧
ព្រះបាទដាវីឌមានបំណងសង់ព្រះវិហារ
(២សាមូអែល ៧.១-១៧)
១ នៅពេលដែលព្រះបាទដាវីឌមានរាជវាំងគង់នៅស្រួលបួលហើយ ស្តេចមានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ស្ថិតនៅក្នុងពន្លាធ្វើអំពីក្រណាត់សំពត់!»។ ២ លោកណាថានទូលព្រះបាទដាវីឌថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមព្រះករុណាធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះករុណាហើយ»។
៣ ប៉ុន្តែ នៅយប់នោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានដូចតទៅ៖ ៤ «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ មិនមែនអ្នកទេដែលនឹងសង់ដំណាក់ឲ្យយើងនៅ។ ៥ តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំ និងព្រះពន្លា ពីកន្លែងមួយទៅកន្លែងមួយ។ ៦ គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែល យើងបានតែងតាំងឲ្យមានពួកវីរបុរសគ្រប់គ្រងលើប្រជារាស្ដ្ររបស់យើង តែយើងមិនបានបង្គាប់ពួកវីរបុរសណាម្នាក់ ឲ្យសង់ដំណាក់ពីឈើតាត្រៅសម្រាប់យើងទេ! ៧ ឥឡូវនេះ ចូរប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង។ ៨ យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែង ដែលអ្នកទៅ យើងបានកម្ចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក ហើយយើងក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកល្បីល្បាញ ដូចវរជនទាំងឡាយនៅលើផែនដីដែរ។ ៩ យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ ១០ ដូចកាលពីមុន នៅគ្រាដែលយើងតែងតាំងពួកវីរបុរសឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង។ យើងបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មានឲ្យស្ថិតនៅក្រោមអំណាចរបស់អ្នក។ យើងប្រកាសឲ្យអ្នកដឹងថា យើងនឹងប្រទានឲ្យអ្នកមានសន្តតិវង្សមួយផង។ ១១ ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយរូបឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។ ១២ គឺបុត្រនោះហើយដែលនឹងសង់ដំណាក់មួយសម្រាប់យើង។ យើងនឹងពង្រឹងរាជសម្បត្តិរបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។ ១៣ យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្ដីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្តេចដែលគ្រងរាជមុនអ្នកឡើយ។ ១៤ យើងនឹងឲ្យគេគ្រប់គ្រងលើដំណាក់របស់យើង និងនគររបស់យើងរហូតតទៅ ហើយរាជសម្បត្តិរបស់គេក៏នឹងបានរឹងមាំរហូតតទៅដែរ»។
១៥ លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោក ក្នុងសុបិននិមិត្តនោះ។
ការអធិស្ឋានរបស់ព្រះបាទដាវីឌ
(២សាមូអែល ៧.១៨-២៩)
១៦ ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រព្រះជាអម្ចាស់ តើទូលបង្គំ និងគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឲ្យទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ? ១៧ ឱព្រះជាម្ចាស់អើយ ចំពោះព្រះអង្គ នេះគឺជាការតិចតួចទេ បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗដែរ។ បពិត្រព្រះជាអម្ចាស់ ព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងទូលបង្គំ ហាក់បីដូចទូលបង្គំជាមនុស្សម្នាក់ដ៏សំខាន់។ ១៨ តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គចំពោះកិត្តិយស ដែលព្រះអង្គប្រទានមកទូលបង្គំ បើព្រះអង្គជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងច្បាស់ហើយនោះ? ១៩ ព្រះអម្ចាស់អើយ ព្រះអង្គសម្ដែងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមទាំងនេះឲ្យទូលបង្គំឃើញ ស្របតាមព្រះហឫទ័យសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ព្រះអង្គ។ ២០ ព្រះអម្ចាស់អើយ គ្មាននរណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានទេ។ តាមដែលយើងខ្ញុំធ្លាប់ឮគេតំណាលប្រាប់ ក្រៅពីព្រះអង្គ ក៏គ្មានព្រះឯណាទៀតដែរ។ ២១ នៅលើផែនដីនេះ គ្មានប្រជារាស្ដ្រណាមួយដូចអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ ដែលព្រះរបស់ពួកគេបានទៅរំដោះពួកគេ យកមកធ្វើជាប្រជារាស្ដ្ររបស់ខ្លួនឡើយ។ ព្រះអង្គធ្វើឲ្យកិត្តិនាមរបស់ព្រះអង្គល្បីល្បាញ ដោយសម្ដែងការអស្ចារ្យដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គបណ្តេញប្រជាជាតិទាំងឡាយចេញពីមុខប្រជារាស្ដ្ររបស់ព្រះអង្គ គឺប្រជារាស្ដ្រដែលព្រះអង្គបានលោះមកពីស្រុកអេស៊ីប។ ២២ ព្រះអម្ចាស់អើយ! ព្រះអង្គបានជ្រើសរើសជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេ។ ២៣ ឱព្រះអម្ចាស់អើយ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះទូលបង្គំ និងកូនចៅទូលបង្គំ រហូតតទៅ សូមឲ្យព្រះបន្ទូលនេះសម្រេចជារូបរាងឡើង! ២៤ សូមសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមរបស់ព្រះអង្គបានឧត្តុង្គឧត្ដមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គពិតជាព្រះរបស់ជនជាតិអ៊ីស្រាអែលមែន!”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្រព្រះអង្គផង។ ២៥ ឱព្រះនៃទូលបង្គំអើយ ព្រះអង្គប្រោសឲ្យទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យតែងតាំងពូជពង្សរបស់ទូលបង្គំឲ្យឡើងស្នងរាជ្យទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។ ២៦ បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលនេះមកទូលបង្គំ។ ២៧ ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរ ដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតរៀងទៅ ដ្បិតព្រះអង្គប្រទានពរដល់នរណា អ្នកនោះនឹងទទួលព្រះពរអស់កល្បជានិច្ច»។
១៨
ជ័យជម្នះរបស់ព្រះបាទដាវីឌលើស្រុកជិតខាង
(២សាមូអែល ៨.១-១៤)
១ ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្ដើមយកក្រុងកាថ និងស្រុកភូមិនៅជុំវិញពីកណ្ដាប់ដៃរបស់ពួកគេ។ ២ ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ។ ជនជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ៣ ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដាដេស៊ែរ ជាស្តេចស្រុកសូបា នៅក្រុងហាម៉ាត់ ក្នុងពេលដែលព្រះបាទហាដាដេស៊ែរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។ ៤ ព្រះបាទដាវីឌរឹបអូសយកបានរទេះចម្បាំងចំនួន១ ០០០គ្រឿងពីព្រះបាទហាដាដេស៊ែរ ព្រមទាំងទ័ពសេះ ៧ ០០០ នាក់ និងទ័ពថ្មើរជើងចំនួន២០ ០០០ នាក់។ ស្តេចទុកសេះប្រមាណមួយរយក្បាល ហើយកាត់សរសៃកែងជើងសេះទាំងប៉ុន្មានទៀត។ ៥ ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស លើកគ្នាមកជួយព្រះបាទហាដាដេស៊ែរ ជាស្តេចស្រុកសូបា។ ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន ២២ ០០០ នាក់។ ៦ ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកស៊ីរី ហើយជនជាតិស៊ីរីធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ព្រមទាំងត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្តេចយាងទៅ។ ៧ ព្រះបាទដាវីឌរឹបអូសយកខែលមាសពីពួកមេទ័ពរបស់ព្រះបាទហាដាដេស៊ែរ ហើយនាំយកមកក្រុងយេរូសាឡឹម។ ៨ ព្រះបាទដាវីឌរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងទីបហាត និងក្រុងគូន ដែលជាក្រុងរបស់ព្រះបាទហាដាដេស៊ែរ។ ក្រោយមក ព្រះបាទសាឡូម៉ូនបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងព្រះវិហារ។
៩ កាលព្រះបាទតូអ៊ូ ជាស្តេចក្រុងហាម៉ាត់ ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ែរ ជាស្តេចក្រុងសូបា ១០ ស្តេចក៏ចាត់សម្តេចហាដូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជម្នះលើព្រះបាទហាដាដេស៊ែរ ព្រោះព្រះបាទតូអ៊ូធ្វើសឹកសង្គ្រាមទល់នឹងព្រះបាទហាដាដេស៊ែរដែរ។ ១១ ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចមាសប្រាក់ដែលស្តេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
១២ លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រហារជនជាតិអេដុមអស់ ១៨ ០០០ នាក់ នៅជ្រលងភ្នំអំបិល។ ១៣ លោកដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្តេចយាងទៅ។
បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ
(២សាមូអែល ៨.១៥-១៨)
១៤ ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ដ្រដោយសុចរិត និងយុត្តិធម៌។ ១៥ លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា ជាមេបញ្ជាការកងទ័ព។ លោកយ៉ូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។ ១៦ លោកសាដុក កូនរបស់លោកអហ៊ីតូប និងលោកអប៊ីមេឡេក កូនរបស់លោកអប៊ីយ៉ាតា ជាបូជាចារ្យ។ លោកសាវ៉ូហាជាលេខាធិការរបស់ស្តេច។ ១៧ លោកបេណាយ៉ា កូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេទី និងពួកពេលេទី។ រីឯបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ មាននាទីជាជំនួយការពិសេសរបស់ស្តេច។
១៩
ពួកមន្ត្រីរបស់ព្រះបាទដាវីឌត្រូវអាម៉ាស់មុខ
(២សាមូអែល ១០.១-៥)
១ ក្រោយមក ព្រះបាទណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូន បានសោយទិវង្គត ហើយបុត្ររបស់ស្តេចឡើងស្នងរាជ្យ។ ២ ព្រះបាទដាវីឌព្រះអង្គព្រះតម្រិះថា៖ «យើងចង់សម្ដែងចិត្តសប្បុរសចំពោះស្តេចហានូន ជាបុត្ររបស់ព្រះបាទណាហាស ដូចបិតារបស់ស្តេចបានសម្ដែងចំពោះយើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌចាត់រាជប្រតិភូឲ្យទៅចូលរួមរំលែកទុក្ខព្រះបាទហានូន ក្នុងឱកាសដែលបិតាសោយទិវង្គត។ នៅពេលពួកមន្ត្រីរបស់ព្រះបាទដាវីឌទៅដល់ស្រុកអាំម៉ូន ចូលគាល់ព្រះបាទហានូន ដើម្បីរំលែកទុក្ខ ៣ ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូនទូលព្រះបាទហានូនថា៖ «តើព្រះករុណាជឿថា ស្តេចដាវីឌចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិត ពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្ដើមយកប៉ុណ្ណោះ»។ ៤ ពេលនោះ ព្រះបាទហានូនចាប់ពួកមន្ត្រីរបស់ព្រះបាទដាវីឌ ឲ្យគេកោរពុកចង្កា ព្រមទាំងកាត់សម្លៀកបំពាក់ឲ្យខ្លីត្រឹមគូថ រួចបណ្តេញឲ្យទៅវិញ។ ៥ មានគេនាំដំណឹងអំពីមន្ត្រីទាំងនោះយកទៅទូលព្រះបាទដាវីឌ ស្តេចក៏ចាត់អ្នកនាំពាក្យមកជួបពួកគេ ដ្បិតពួកគេត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ ស្តេចត្រាស់បង្គាប់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់លោកដុះឡើងវិញ សឹមត្រឡប់មក»។
សង្គ្រាមជាមួយជនជាតិអាំម៉ូន និងជនជាតិស៊ីរី
(២សាមូអែល ១០.៦-១៩)
៦ កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ព្រះបាទហានូន និងជនជាតិអាំម៉ូនយកប្រាក់ចំនួនមួយពាន់ហាប ទៅជួលពលទាហាន រទេះចម្បាំង និងទ័ពសេះពីជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមី ព្រមទាំងជនជាតិស៊ីរីនៅស្រុកម៉ាកា និងសូបា។ ៧ ពួកគេជួលរទេះចម្បាំង៣២ ០០០គ្រឿង ព្រមទាំងស្តេចស្រុកម៉ាកា និងពលទ័ពដែលមកបោះទ័ពនៅទល់មុខក្រុងមេដាបា។ បន្ទាប់មក ជនជាតិអាំម៉ូននាំគ្នាចេញពីទីក្រុងរបស់ខ្លួន រួចតំរៀបជាក្បួនទ័ព ដើម្បីច្បាំង។ ៨ កាលព្រះបាទដាវីឌជ្រាបដំណឹងនេះ ព្រះអង្គក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូល ដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។ ៩ កងទ័ពអាំម៉ូនចេញមកត្រៀមនៅច្រកចូលទីក្រុង។ រីឯស្តេចឯទៀតៗស្ថិតនៅតាមទីវាល ដាច់ឡែកពីគេ។ ១០ លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញប្រយុទ្ធ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយដូច្នេះ លោកក៏ជ្រើសរើសយកពលទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងកងទ័ពស៊ីរី។ ១១ រីឯកងទ័ពដែលនៅសល់ លោកប្រគល់ឲ្យលោកអប៊ីសាយ ជាប្អូនចេញទៅតទល់នឹងកងទ័ពអាំម៉ូន។ ១២ លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូន។ ១៣ ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងការពារក្រុងនានារបស់ព្រះនៃយើង។ សូមព្រះអម្ចាស់សម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
១៤ លោកយ៉ូអាប់ ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។ ១៥ កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ វិលចូលទៅក្នុងក្រុងរបស់គេវិញ។ លោកយ៉ូអាប់វិលចូលមកក្រុងយេរូសាឡឹមវិញដែរ។
១៦ ជនជាតិស៊ីរីឃើញថាពួកគេចាញ់កងទ័ពអ៊ីស្រាអែល ពួកគេចាត់អ្នកនាំសារឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ លោកសូបាក់ ជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដាដេស៊ែរ ជាអ្នកដឹកនាំ។ ១៧ មានគេនាំដំណឹងនេះមកទូលព្រះបាទដាវីឌ ស្តេចក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូល ឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្បែរពួកគេ។ ព្រះបាទដាវីឌក៏រៀបទ័ពប្រឈមមុខទល់នឹងកងទ័ពស៊ីរី ដែលមកវាយសម្រុកស្តេច។ ១៨ ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល ហើយព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចម្បាំង អស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្តេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។ ១៩ កាលស្តេចទាំងប៉ុន្មានដែលចំណុះព្រះបាទហាដាដេស៊ែរឃើញថា ពួកគេចាញ់កងទ័ពអ៊ីស្រាអែល ពួកគេក៏មកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយព្រះបាទដាវីឌ ហើយចុះចូលនឹងព្រះអង្គផង។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនចង់ជួយជនជាតិអាំម៉ូនទៀតឡើយ។
២០
អ៊ីស្រាអែលដណ្ដើមយកក្រុងរ៉ាបា
(២សាមូអែល ១១.១, ១២.២៦-៣០)
១ មួយឆ្នាំក្រោយមក នៅរដូវដែលស្តេចនានាមានទម្លាប់ចេញទៅធ្វើសឹក លោកយ៉ូអាប់បានដឹកនាំទ័ពចេញទៅកម្ទេចស្រុកអាំម៉ូន ហើយឡោមព័ទ្ធក្រុងរ៉ាបា។ រីឯព្រះបាទដាវីឌ ព្រះអង្គគង់នៅក្រុងយេរូសាឡឹម។ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបា រួចបំផ្លាញក្រុងនោះចោល។ ២ ព្រះបាទដាវីឌយកមកុដដែលស្ថិតនៅលើសិរសាស្តេចរបស់ជនជាតិអាំម៉ូន មកុដនោះធ្វើអំពីមាស ទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏បានរឹបអូសយកជ័យភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។ ៣ រីឯប្រជាជននៅក្នុងក្រុងនោះវិញ ព្រះបាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំឲ្យអារឈើ ដាប់ថ្ម កាប់អុស។ ព្រះបាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។
ជ័យជម្នះលើជនជាតិភីលីស្ទីន
(២សាមូអែល ២១.១៨-២២)
៤ ក្រោយមក ជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ែរ។ នៅគ្រានោះ លោកស៊ីបាកាយ ជាអ្នកស្រុកហ៊ូសា សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផាអ៊ីម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។
៥ បន្ទាប់មក មានកើតសង្គ្រាមជាថ្មីជាមួយជនជាតិភីលីស្ទីន។ លោកអែលហាណន ជាកូនរបស់លោកយ៉ាអៀរ បានសម្លាប់លោកឡាមី ជាអ្នកក្រុងកាថ ដែលត្រូវជាប្អូនរបស់លោកកូលីយ៉ាត។ ដងលំពែងរបស់លោកឡាមី មានរាងដូចផ្សំកីតម្បាញ។ ៦ ក្រោយមក មានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។ ៧ គាត់បានហៅជនជាតិអ៊ីស្រាអែល ឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោល។ ៨ ទាហានភីលីស្ទីន ដែលព្រះបាទដាវីឌ និងពលទាហាន បានសម្លាប់នោះ សុទ្ធតែជាកូនចៅរបស់លោករ៉ាផានៅក្រុងកាថ។
២១
ព្រះបាទដាវីឌជំរឿនប្រជាជនអ៊ីស្រាអែល
(២សាមូអែល ២៤)
១ មារ*សាតាំងបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដោយជំរុញព្រះបាទដាវីឌឲ្យជំរឿនប្រជាជនអ៊ីស្រាអែល។ ២ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។ ៣ លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះករុណា ជាអម្ចាស់! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ធតែជាអ្នកបម្រើរបស់ព្រះករុណាទាំងអស់គ្នាហើយ ហេតុអ្វីបានជាព្រះករុណាចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្តាលឲ្យជនជាតិអ៊ីស្រាអែលមានទោស»។ ៤ ប៉ុន្តែ ដោយស្តេចចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិសទីក្នុងស្រុកអ៊ីស្រាអែល រួចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។ ៥ លោកយ៉ូអាប់ចូលទៅទូលព្រះបាទដាវីឌអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រាអែលទាំងមូល មានទាហានប្រដាប់អាវុធ ១១០០ ០០០ នាក់ ហើយនៅស្រុកយូដា មាន ៤៧០ ០០០ នាក់។ ៦ លោកពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី និងបេនយ៉ាមីនទេ ដ្បិតលោកមិនពេញចិត្តនឹងបញ្ជារបស់ស្តេចទាល់តែសោះ។
៧ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងហេតុការណ៍នេះទេ ព្រះអង្គក៏ប្រហារជនជាតិអ៊ីស្រាអែល។ ៨ ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌថា៖ ១០ «ចូរទៅប្រាប់ដាវីឌដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។ ១១ លោកកាដចូលគាល់ព្រះបាទដាវីឌ ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ ១២ តើព្រះករុណាចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺទេវទូតរបស់ព្រះអម្ចាស់បំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រាអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ដែលបានចាត់ទូលបង្គំមក»។ ១៣ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
១៤ ព្រះអម្ចាស់ធ្វើឲ្យជំងឺអាសន្នរោគកើតនៅស្រុកអ៊ីស្រាអែល ហើយមានប្រជាជនស្លាប់អស់ ៧០ ០០០ នាក់។ ១៥ ព្រះជាម្ចាស់ចាត់ទេវទូតឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលព្រះអម្ចាស់ទតឃើញទេវទូតបំផ្លាញក្រុងនោះ ព្រះអង្គក៏ប្រែព្រះហឫទ័យមិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវទូតដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអ៊រណន ជាជនជាតិយេប៊ូស។ ១៦ ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវទូតរបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះឱនមុខដល់ដី។ ១៧ ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាឲ្យជំរឿនប្រជាជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជារាស្ដ្ររបស់ព្រះអង្គឡើយ!»។
១៨ ទេវទូតរបស់ព្រះអម្ចាស់បានប្រាប់លោកកាដ ឲ្យទូលព្រះបាទដាវីឌ ដើម្បីសូមស្តេចយាងឡើងទៅសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅលានបោកស្រូវរបស់លោកអ៊រណន ជាជនជាតិយេប៊ូស។ ១៩ ព្រះបាទដាវីឌក៏យាងទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាមព្រះអម្ចាស់។ ២០ ពេលនោះ លោកអ៊រណនកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញទេវទូត កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់ នាំគ្នារត់ពួន។ ២១ កាលព្រះបាទដាវីឌយាងទៅជិតលោកអ៊រណន គាត់ក្រឡេកឃើញព្រះរាជា គាត់ក៏ចេញពីលានបោកស្រូវមកទទួល ក្រាបថ្វាយបង្គំ ឱនមុខដល់ដី។ ២២ ព្រះបាទដាវីឌមានរាជឱង្ការទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះឲ្យយើងមក យើងនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះឲ្យយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។ ២៣ លោកអ៊រណនទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់ យកលានបោកស្រូវនេះ ធ្វើអ្វីតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ។ ទូលបង្គំក៏សូមថ្វាយគោ សម្រាប់ធ្វើជាតង្វាយដុតទាំងមូល និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាតង្វាយម្សៅ ទូលបង្គំសូមថ្វាយទាំងអស់!»។ ២៤ ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអ៊រណនថា៖ «ទេ យើងចង់ទិញរបស់ទាំងនោះពីលោកពេញថ្លៃ ដ្បិតយើងមិនអាចយកអ្វីៗដែលជារបស់លោកទៅថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល ដោយមិនបង់ប្រាក់ឡើយ!»។ ២៥ ព្រះបាទដាវីឌប្រគល់មាសសុទ្ធប្រាំមួយរយស្លឹងជូនលោកអ៊រណន ដើម្បីទិញលានបោកស្រូវ។ ២៦ ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ ហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ស្តេចអង្វររកព្រះអម្ចាស់ ព្រះអង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។ ២៧ បន្ទាប់មក ព្រះអម្ចាស់បញ្ជាឲ្យទេវទូតស៊កដាវទៅក្នុងស្រោមវិញ។
២៨ នៅគ្រានោះ ដោយព្រះបាទដាវីឌឃើញថា ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ស្តេច នៅលើទីលានបោកស្រូវរបស់លោកអ៊រណន ជាជនជាតិយេប៊ូស ស្តេចតែងតែថ្វាយយញ្ញបូជានៅទីនោះ។ ២៩ រីឯព្រះពន្លារបស់ព្រះអម្ចាស់ ដែលលោកម៉ូសេបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈថ្វាយតង្វាយដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់* នៅក្រុងកាបូន។ ៣០ ប៉ុន្តែ ព្រះបាទដាវីឌពុំអាចយាងទៅកន្លែងនោះទេ ដើម្បីទូលសួរព្រះជាម្ចាស់ ដ្បិតស្តេចភ័យខ្លាចទេវទូត*របស់ព្រះអម្ចាស់ប្រហារដោយមុខដាវ។
២២
១ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទីនេះជាព្រះដំណាក់របស់ព្រះជាអម្ចាស់ ហើយទីនេះក៏ជាអាសនៈថ្វាយតង្វាយដុតសម្រាប់ជនជាតិអ៊ីស្រាអែលដែរ!»។
ព្រះបាទដាវីឌរៀបចំសង់ព្រះវិហារ
២ ព្រះបាទដាវីឌចេញបញ្ជាឲ្យប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ហើយស្តេចក៏ចាត់ពួកគេឲ្យធ្វើជាអ្នកដាប់ថ្ម សម្រាប់សង់ព្រះដំណាក់ថ្វាយព្រះជាម្ចាស់។ ៣ ស្តេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើទំពក់។ ស្តេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន ៤ ព្រមទាំងឈើតាត្រៅច្រើនឥតគណនា ដ្បិតអ្នកក្រុងស៊ីដូន និងអ្នកក្រុងទីរ៉ុស បាននាំឈើតាត្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់មកថ្វាយស្តេច។ ៥ ព្រះបាទដាវីឌព្រះអង្គព្រះតម្រិះថា៖ «សាឡូម៉ូន ជាបុត្ររបស់យើង នៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះដំណាក់ដែលសង់ថ្វាយព្រះអម្ចាស់ ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់បុត្ររបស់យើង»។ ព្រះបាទដាវីឌបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្តេចសោយទិវង្គត។
៦ ព្រះបាទដាវីឌត្រាស់ហៅសម្តេចសាឡូម៉ូន ជាបុត្រមកផ្តែផ្តាំឲ្យសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ៧ ស្តេចមានរាជឱង្ការទៅកាន់សម្តេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សម្រាប់លើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់បិតា។ ៨ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។ ៩ អ្នកនឹងបង្កើតបុត្រមួយអង្គ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្តល់សុខសន្តិភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ បុត្រនោះនឹងមានឈ្មោះថា សាឡូម៉ូន ដ្បិតក្រោមរាជ្យរបស់គេ យើងនឹងផ្តល់ឲ្យអ៊ីស្រាអែលមានសន្តិភាព និងសុខសាន្តត្រាណ។ ១០ គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេរលើស្រុកអ៊ីស្រាអែល រហូតតទៅ!”។ ១១ ឥឡូវនេះ សូមព្រះអម្ចាស់គង់ជាមួយបុត្រ ដើម្បីឲ្យបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសម្រេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។ ១២ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យបុត្រចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលព្រះអង្គប្រទានឲ្យបុត្រគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ដោយកាន់តាមវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ១៣ ប្រសិនបើបុត្រកាន់ ហើយប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ សម្រាប់ជនជាតិអ៊ីស្រាអែល នោះបុត្រនឹងបានចម្រុងចម្រើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! ១៤ បិតាខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាប សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់។ រីឯលង្ហិន និងដែក មានច្រើនសន្ធឹកសន្ធាប់ ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។ ១៥ មានពួកជាងជាច្រើនដែលអាចចូលរួមក្នុងការសាងសង់ជាមួយបុត្រ គឺជាងឈើ ជាងដាប់ថ្ម ជាងចម្លាក់ថ្ម និងឈើ ព្រមទាំងជាងដ៏ចំណានដែលប៉ិនប្រសប់ក្នុងកិច្ចការគ្រប់ប្រភេទ។ ១៦ រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរបុត្រក្រោកឡើង បំពេញកិច្ចការនេះចុះ! សូមព្រះអម្ចាស់គង់ជាមួយបុត្រ!»។
១៧ ព្រះបាទដាវីឌបានផ្តាំមន្ត្រីអ៊ីស្រាអែលទាំងអស់ ឲ្យជួយជ្រោមជ្រែងសម្តេចសាឡូម៉ូន ជាបុត្រ ដោយមានរាជឱង្ការថា៖ ១៨ «ព្រះអម្ចាស់ ជាព្រះរបស់អស់លោក គង់នៅជាមួយអស់លោកហើយ។ ព្រះអង្គប្រទានឲ្យអស់លោកបានសម្រាកគ្រប់ទិសទី ដ្បិតព្រះអង្គបានប្រគល់អ្នកស្រុកនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ព្រះអម្ចាស់ និងប្រជារាស្ដ្ររបស់ព្រះអង្គដែរ។ ១៩ ឥឡូវនេះ សូមតាំងចិត្ត តាំងគំនិតស្វែងរកព្រះអម្ចាស់ ជាព្រះរបស់អស់លោក។ សូមក្រោកឡើង នាំគ្នាសង់ទីសក្ការៈរបស់ព្រះជាអម្ចាស់ ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារដ៏សក្ការៈរបស់ព្រះជាម្ចាស់ ទៅតម្កល់ទុកក្នុងព្រះដំណាក់ ដែលនឹងសង់ឡើងសម្រាប់ព្រះនាមរបស់ព្រះអម្ចាស់»។
២៣
មុខងាររបស់ក្រុមលេវី
១ កាលព្រះបាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្តេចបានតែងតាំងសម្តេចសាឡូម៉ូន ជាបុត្រ ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
២ ព្រះបាទដាវីឌត្រាស់ហៅមន្ត្រីទាំងអស់របស់អ៊ីស្រាអែល ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យចូលមកគាល់។ ៣ គេបានរាប់ក្រុមលេវីម្ដងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០ នាក់។ ៤ ព្រះបាទដាវីឌបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។ ៥ ពួកគេ ៤ ០០០ នាក់ទៀត ជាអ្នកយាមទ្វារព្រះដំណាក់ ៤ ០០០ នាក់ជាអ្នកចម្រៀងលើកតម្កើងព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលស្តេចបានធ្វើសម្រាប់ប្រគំកំដរ។
៦ ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគែរសូន អំបូរគើហាត់ និងអំបូរមេរ៉ារី។
៧ កូនរបស់លោកគែរសូនមាន: ឡាដន និងស៊ីម៉ៃ។ ៨ កូនរបស់លោកឡាដនមានបីនាក់ គឺយេហ៊ីអែលជាមេដឹកនាំ សេតាំ និងយ៉ូអែល។ ៩ កូនរបស់លោកស៊ីម៉ៃមានបីនាក់គឺ សេឡូមីត ហាស៊ីអែល និងហារ៉ន។ អ្នកទាំងនេះសុទ្ធតែជាមេលើក្រុមគ្រួសារឡាដន។ ១០ លោកស៊ីម៉ៃមានកូនបួននាក់ទៀត គឺយ៉ាហាត់ ស៊ីសា យេអ៊ូស និងបេរីយ៉ា។ ១១ លោកយ៉ាហាត់ជាមេដឹកនាំ ហើយលោកស៊ីសាជាមេដឹកនាំទីពីរ។ លោកយេអ៊ូស និងលោកបេរីយ៉ា គ្មានកូនប្រុសច្រើនទេ ដូច្នេះ ពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ។
១២ កូនរបស់លោកគើហាត់មានបួននាក់គឺ អាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ីអែល។ ១៣ កូនរបស់លោកអាំរ៉ាមមានលោកអរ៉ុន និងលោកម៉ូសេ។ គេបានញែកលោកអរ៉ុន និងកូនចៅរបស់លោក ដើម្បីបម្រើការក្នុងទីសក្ការៈវិសុទ្ធបំផុតរហូតតទៅ ព្រមទាំងថ្វាយគ្រឿងក្រអូបចំពោះព្រះអម្ចាស់ បម្រើការងាររបស់ព្រះអង្គ និងជូនពរប្រជាជនក្នុងនាមព្រះអង្គ រហូតតរៀងទៅ។ ១៤ រីឯលោកម៉ូសេវិញ លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ គេរាប់បញ្ចូលកូនៗរបស់លោកក្នុងចំណោមពួកលេវីឯទៀតៗដែរ។ ១៥ កូនរបស់លោកម៉ូសេគឺ គែរសូម និងលោកអេលីយេស៊ែរ។ ១៦ កូនរបស់លោកគែរសូម មានលោកសេប៊ូអែល ដែលជាមេដឹកនាំ។ ១៧ លោកអេលីយេស៊ែរមានកូនប្រុសតែមួយ ឈ្មោះរេហាប៊ីយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាប៊ីយ៉ាមានកូនជាច្រើន។ ១៨ កូនរបស់លោកយីសារមានលោកសេឡូមីត ជាមេដឹកនាំ។ ១៩ កូនរបស់លោកហេប្រូនមានលោកយេរីយ៉ា ជាមេដឹកនាំ លោកអម៉ារីយ៉ាជាមេដឹកនាំទីពីរ លោកយ៉ាហាស៊ីអែលជាមេដឹកនាំទីបី និងលោកយេកាមេអាំជាមេដឹកនាំទីបួន។ ២០ កូនរបស់លោកអ៊ូស៊ីអែល គឺលោកមីកា ជាមេដឹកនាំ និងលោកយីស៊ីយ៉ា ជាមេដឹកនាំទីពីរ។
២១ កូនរបស់លោកមេរ៉ារីមានម៉ាលី និងមូស៊ី។ កូនរបស់លោកម៉ាលី មានអេឡាសារ និងលោកគីស។ ២២ លោកអេឡាសារទទួលមរណភាពទៅ ទាំងគ្មានកូនប្រុស គឺមានតែកូនស្រី។ កូនស្រីទាំងនោះបានរៀបការជាមួយកូនរបស់លោកគីស ដែលត្រូវជាបងប្អូនជីដូនមួយ។ ២៣ កូនរបស់លោកមូស៊ីមានបីនាក់ គឺម៉ាលី អេឌែរ និងយេរេម៉ូត។
២៤ អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ២៥ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រោសប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះអង្គគង់នៅក្រុងយេរូសាឡឹមរហូតតទៅ។ ២៦ ដូច្នេះ ពួកលេវីមិនចាំបាច់សែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លាទៀតឡើយ»។ ២៧ គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ព្រះបាទដាវីឌ។ ២៨ ពួកគេត្រូវបំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបង្គាប់កូនចៅលោកអរ៉ុន គឺពួកគេមើលខុសត្រូវលើទីលាន និងបន្ទប់នានា ធ្វើពិធីជម្រះវត្ថុសក្ការៈទាំងអស់ឲ្យបរិសុទ្ធ ព្រមទាំងទទួលបន្ទុកលើកិច្ចការផ្សេងៗ នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ២៩ ពួកគេត្រូវតម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ រៀបចំម្សៅម៉ដ្តសម្រាប់តង្វាយម្សៅ ព្រមទាំងរៀបចំនំក្រៀបធ្វើពីម្សៅឥតដាក់មេ នំចម្អិនដោយប្រើពុម្ព ឬនំផ្សេងៗទៀត។ ពួកគេក៏ទទួលខុសត្រូវពិនិត្យមើលរង្វាស់រង្វាល់ទាំងប៉ុន្មានដែរ។ ៣០ ពួកគេត្រូវស្ថិតនៅក្នុងព្រះដំណាក់រៀងរាល់ព្រឹក និងរៀងរាល់ល្ងាច ដើម្បីលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ ៣១ ហើយត្រូវថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅថ្ងៃសប្ប័ទ* ថ្ងៃចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច។ ៣២ ពួកគេត្រូវមើលថែរក្សាព្រះពន្លាជួបព្រះអម្ចាស់ និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបញ្ជាកូនចៅលោកអរ៉ុន ដែលជាបងប្អូនរបស់ពួកគេ។
២៤
ក្រុមបូជាចារ្យ
១ កូនចៅរបស់លោកអរ៉ុនចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់លោកអរ៉ុន មានណាដាប់ អប៊ីហ៊ូ អេឡាសារ និងអ៊ីតាម៉ារ។ ២ លោកណាដាប់ និងអប៊ីហ៊ូបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះ មានតែលោកអេឡាសារ និងលោកអ៊ីតាម៉ារប៉ុណ្ណោះ ដែលបំពេញមុខងារជាបូជាចារ្យ។ ៣ ព្រះបាទដាវីឌ ព្រមទាំងលោកសាដុក ជាពូជពង្សរបស់លោកអេឡាសារ និងលោកអហ៊ីមេឡេក ជាពូជពង្សរបស់លោកអ៊ីតាម៉ារ បានបែងចែកបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ។ ៤ ប៉ុន្តែ ក្នុងចំណោមកូនចៅរបស់លោកអេឡាសារ មានមេក្រុមគ្រួសារច្រើនជាងមេក្រុមគ្រួសារកូនចៅរបស់លោកអ៊ីតាម៉ារ។ ហេតុនេះ គេបែងចែកកូនចៅរបស់លោកអេឡាសារជាដប់ប្រាំមួយក្រុមគ្រួសារ ហើយកូនចៅលោកអ៊ីតាម៉ារជាប្រាំបីក្រុមគ្រួសារ ព្រមទាំងមានមេដឹកនាំតាមក្រុមគ្រួសារនីមួយៗផង។ ៥ ការបែងចែកនេះធ្វើឡើងដោយចាប់ឆ្នោត ហើយមានចំនួនស្មើៗគ្នា ដ្បិតអ្នកគ្រប់គ្រងការងារនៅក្នុងទីសក្ការៈ និងអ្នកគ្រប់គ្រងការងាររបស់ព្រះជាម្ចាស់ សុទ្ធតែមកពីចំណោមកូនចៅរបស់លោកអេឡាសារ ក៏ដូចជាពីចំណោមកូនចៅរបស់លោកអ៊ីតាម៉ារដែរ។ ៦ លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេតាណាអែល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះព្រះភ័ក្ត្រស្តេច នៅចំពោះមុខពួកមន្ត្រី លោកបូជាចារ្យសាដុក លោកអហ៊ីមេឡេកជាកូនរបស់លោកអប៊ីយ៉ាថារ ព្រមទាំងមេក្រុមគ្រួសារបូជាចារ្យ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីតាម៉ារ។ ៧ ឆ្នោតទីមួយត្រូវលើលោកយេហូយ៉ារីម ឆ្នោតទីពីរត្រូវលើលោកយេយ៉ាដា ៨ ឆ្នោតទីបីត្រូវលើលោកហារីម ឆ្នោតទីបួនត្រូវលើលោកសេអូរីម ៩ ឆ្នោតទីប្រាំត្រូវលើលោកម៉ាល់គីយ៉ា ឆ្នោតទីប្រាំមួយត្រូវលើលោកមីយ៉ាមីន ១០ ឆ្នោតទីប្រាំពីរត្រូវលើលោកហាកូស ឆ្នោតទីប្រាំបីត្រូវលើលោកអប៊ីយ៉ា ១១ ឆ្នោតទីប្រាំបួនត្រូវលើលោកយ៉ូស៊ូអា ឆ្នោតទីដប់ត្រូវលើលោកសេកានីយ៉ា ១២ ឆ្នោតទីដប់មួយត្រូវលើលោកអេលីយ៉ាស៊ីប ឆ្នោតទីដប់ពីរត្រូវលើលោកយ៉ាគីម ១៣ ឆ្នោតទីដប់បីត្រូវលើលោកហ៊ូផា ឆ្នោតទីដប់បួនត្រូវលើលោកយេសេបេអាំ ១៤ ឆ្នោតទីដប់ប្រាំត្រូវលើលោកប៊ីលកា ឆ្នោតទីដប់ប្រាំមួយត្រូវលើលោកអ៊ីមែរ ១៥ ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកហេសៀរ ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាភីសេស ១៦ ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកពេតាយ៉ា ឆ្នោតទីម្ភៃត្រូវលើលោកអេសេខ្យាស ១៧ ឆ្នោតទីម្ភៃមួយត្រូវលើលោកយ៉ាគីន ឆ្នោតទីម្ភៃពីរត្រូវលើលោកកាមូល ១៨ ឆ្នោតទីម្ភៃបីត្រូវលើលោកដេឡាយ៉ា ឆ្នោតទីម្ភៃបួនត្រូវលើលោកម៉ាស៊ីយ៉ា។
១៩ អ្នកទាំងនេះបានទទួលភារកិច្ចតាមមុខងាររបស់ខ្លួន ចូលទៅបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ស្របតាមក្បួនច្បាប់ដែលលោកអរ៉ុន ជាបុព្វបុរសរបស់ពួកគេបានចែងទុក ដូចព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានបង្គាប់មកលោក។
បញ្ជីរាយនាមក្រុមលេវីមួយចំនួនទៀត
២០ រីឯកូនចៅលេវីឯទៀតៗមានដូចតទៅ: ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាម មានលោកស៊ូបាអែល និងក្នុងចំណោមកូនចៅរបស់លោកសេបួល មានលោកយេដេយ៉ា។ ២១ ក្នុងចំណោមកូនចៅរបស់លោករេហាបយ៉ា មានលោកយីស៊ីយ៉ា ជាមេលើក្រុមគ្រួសារ។ ២២ ក្នុងចំណោមកូនចៅរបស់លោកយីសារ មានលោកសេឡូម៉ុត ក្នុងចំណោមកូនចៅរបស់លោកសេឡូម៉ុតមានលោកយ៉ាហាត់។ ២៣ រីឯកូនចៅរបស់លោកហេប្រូនមានលោកយេរីយ៉ាជាកូនទីមួយ លោកអម៉ារីយ៉ាជាកូនទីពីរ លោកយ៉ាស៊ីអែលជាកូនទីបី និងលោកយេកាម៉ាអាំជាកូនទីបួន។ ២៤ កូនចៅរបស់លោកអ៊ូស៊ីអែលមានលោកមីកា។ ក្នុងចំណោមកូនចៅរបស់លោកមីកាមាន លោកសាមៀរ។ ២៥ ក្នុងចំណោមកូនចៅរបស់លោកយីស៊ីយ៉ា ជាប្អូនរបស់លោកមីកា មានលោកសាការី។ ២៦ កូនចៅរបស់លោកមេរ៉ារី មានលោកម៉ាលី លោកមូស៊ី និងលោកយ៉ាស៊ីយ៉ា។ ២៧ កូនចៅរបស់លោកយ៉ាស៊ីយ៉ា ដែលត្រូវជាកូនរបស់លោកមេរ៉ារី មានលោកសូហាំ លោកសាគួរ និងលោកអ៊ីបរី។ ២៨ លោកអេឡាសារ ជាកូនរបស់លោកម៉ាលី គ្មានកូនប្រុសទេ។ ២៩ កូនចៅរបស់លោកគីស មានលោកយេរ៉ាមេអែល។ ៣០ កូនចៅរបស់លោកមូស៊ីមានលោកម៉ាលី អេឌែរ និងយេរីម៉ូត។ អ្នកទាំងនេះសុទ្ធតែជាកូនចៅលេវី តាមក្រុមគ្រួសាររបស់ខ្លួន។ ៣១ អ្នកទាំងនោះក៏ដូចកូនចៅរបស់លោកអរ៉ុន ជាបងប្អូនរបស់ខ្លួនដែរ គេត្រូវចាប់ឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះបាទដាវីឌ នៅចំពោះមុខលោកសាដុក និងលោកអហ៊ីមេឡេក ព្រមទាំងមេក្រុមគ្រួសាររបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដើម្បីបំពេញមុខងាររបស់ខ្លួន គឺមេដឹកនាំរបស់ក្រុមគ្រួសារបងគេ ក៏ដូចជាមេក្រុមគ្រួសារដែលក្មេងជាងគេដែរ។
២៥
ក្រុមចម្រៀង
១ ព្រះបាទដាវីឌ និងពួកមេទ័ព បានញែកកូនចៅលោកអសាភ កូនចៅលោកហេម៉ន និងកូនចៅលោកយេឌូទូន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងព្រះបន្ទូលដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចម្រៀង មានដូចតទៅ:
២ កូនចៅរបស់លោកអសាភមានលោកសាគួរ លោកយ៉ូសែប លោកនេតានីយ៉ា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអសាភ ដែលច្រៀងថ្លែងព្រះបន្ទូល តាមបញ្ជារបស់ស្តេច។
៣ រីឯកូនចៅរបស់លោកយេឌូទូនមានលោកកេដេលីយ៉ា លោកសេរី លោកយេសាយ៉ា លោកហាសាប៊ីយ៉ា លោកម៉ាទីទីយ៉ា និងលោកស៊ីម៉ាយ។ អ្នកទាំងប្រាំមួយរូបនេះស្ថិតនៅក្រោមការដឹកនាំរបស់លោកយេឌូទូន ជាឪពុក ដែលច្រៀងថ្លែងព្រះបន្ទូល ដោយប្រគំពិណ លើកតម្កើង និងសរសើរព្រះអម្ចាស់។
៤ កូនចៅរបស់លោកហេម៉នមានលោកប៊ូគីយ៉ា លោកម៉ាតានីយ៉ា លោកអ៊ូស៊ីអែល លោកសេប៊ួអែល លោកយេរីម៉ូត លោកហាណានីយ៉ា លោកហាណានី លោកអេលីយ៉ាតា លោកគីដាលទី លោករ៉ូម៉ាមទី-អេស៊ែរ លោកយ៉ូបេកាសា លោកម៉ាឡូទី លោកហូទៀរ និងលោកម៉ាហាស៊ីយ៉ូត។ ៥ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ន ជាគ្រូទាយរបស់ស្តេច ដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រោសប្រទានឲ្យលោកហេម៉នមានកូនប្រុស ១៤នាក់ និងកូនស្រី៣នាក់។ ៦ ពួកគេច្រៀងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមការដឹកនាំរបស់ឪពុក ទាំងប្រគំស្គរ ឃឹម និងពិណកំដរផង។ ពួកគេបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
លោកអសាភ លោកយេឌូទូន និងលោកហេម៉ន ស្ថិតនៅក្រោមបញ្ជារបស់ស្តេច។
៧ ពួកគេមានចំនួនទាំងអស់ ២៨៨ នាក់ ដោយគិតទាំងបងប្អូនរបស់ពួកគេ ដែលជាអ្នកជំនាញខាងចម្រៀងតម្កើងព្រះអម្ចាស់ ហើយចេះបង្រៀនដែរ។ ៨ ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងគ្រូ ទាំងសិស្ស។ ៩ ឆ្នោតទីមួយត្រូវលើលោកយ៉ូសែប ជាកូនរបស់លោកអសាភ។ ឆ្នោតទីពីរត្រូវលើលោកកេដេលីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១០ ឆ្នោតទីបីត្រូវលើលោកសាគួរ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១១ ឆ្នោតទីបួនត្រូវលើលោកយីសេរី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១២ ឆ្នោតទីប្រាំត្រូវលើលោកនេតានីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៣ ឆ្នោតទីប្រាំមួយត្រូវលើលោកប៊ូគីយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៤ ឆ្នោតទីប្រាំពីរត្រូវលើលោកយេសារេឡា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៥ ឆ្នោតទីប្រាំបីត្រូវលើលោកយេសាយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៦ ឆ្នោតទីប្រាំបួនត្រូវលើលោកម៉ាតានីយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៧ ឆ្នោតទីដប់ត្រូវលើលោកស៊ីម៉ាយ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៨ ឆ្នោតទីដប់មួយត្រូវលើលោកអសារេអែល ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៩ ឆ្នោតទីដប់ពីរត្រូវលើលោកហាសានីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២០ រីឯឆ្នោតទីដប់បីត្រូវលើលោកស៊ូបាអែល ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២១ ឆ្នោតទីដប់បួនត្រូវលើលោកម៉ាទីទីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២២ ឆ្នោតទីដប់ប្រាំត្រូវលើលោកយេរេម៉ុត ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៣ ឆ្នោតទីដប់ប្រាំមួយត្រូវលើលោកហាណានីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៤ ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកយ៉ូបេកាសា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៥ ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាណានី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៦ ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកម៉ាឡូទី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៧ ឆ្នោតទីម្ភៃត្រូវលើលោកអេលីយ៉ាតា ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៨ ឆ្នោតទីម្ភៃមួយត្រូវលើលោកហូទៀរ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៩ ឆ្នោតទីម្ភៃពីរត្រូវលើលោកគីដាល់ទី ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ៣០ ឆ្នោតទីម្ភៃបីត្រូវលើលោកម៉ាហាស៊ីយ៉ូត ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ៣១ ឆ្នោតទីម្ភៃបួនត្រូវលើលោករូម៉ាមទី-អេស៊ែរ ព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។
២៦
ក្រុមឆ្មាំទ្វារ
១ ពួកឆ្មាំទ្វារចែកជាក្រុមៗដូចតទៅ:
ក្នុងចៅលោកកូរេ មានលោកមេសេលេមីយ៉ាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអសាភ។ ២ កូនរបស់លោកមេសេលេមីយ៉ាគឺលោកសាការី ជាកូនច្បង លោកយេឌីយ៉ាអែលជាកូនបន្ទាប់ លោកសេបាឌីយ៉ាជាកូនទីបី លោកយ៉ាតនីអែលជាកូនទីបួន ៣ លោកអេឡាំជាកូនទីប្រាំ លោកយ៉ូហាណនជាកូនទីប្រាំមួយ និងលោកអេលីយ៉ូណៃជាកូនទីប្រាំពីរ។
៤ កូនរបស់លោកអូបេដ-អេដុមមានលោកសេម៉ាយ៉ាជាកូនច្បង លោកយេហូសេបាតជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាការជាកូនទីបួន លោកនេតានេអែលជាកូនទីប្រាំ ៥ លោកអាំមីអែលជាកូនទីប្រាំមួយ លោកអ៊ីសាការជាកូនទីប្រាំពីរ លោកពេអ៊ូលតៃជាកូនទីប្រាំបី ដ្បិតព្រះជាម្ចាស់ប្រទានពរដល់លោក។
៦ លោកសេម៉ាយ៉ា ជាកូនរបស់លោកអូបេដ-អេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសាររបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។ ៧ កូនរបស់លោកសេម៉ាយ៉ាមានលោកអូតនី លោករេផាអែល លោកអូបេដ លោកអែលសេបាដ ព្រមទាំងបងប្អូនរបស់គាត់គឺ លោកអេលី និងលោកសេម៉ាគីយ៉ា ដែលជាមនុស្សដ៏អង់អាច។ ៨ អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដ-អេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដ-អេដុមមានចំនួនទាំងអស់ ៦២នាក់។
៩ លោកមេសេលេមីយ៉ា ព្រមទាំងកូន និងបងប្អូនរបស់គាត់ មានចំនួន ១៨នាក់សុទ្ធតែជាមនុស្សអង់អាច។
១០ រីឯកូនរបស់លោកហូសា ដែលជាពូជពង្សរបស់លោកមេរ៉ារី មាន: លោកស៊ីមរីជាមេក្រុមគ្រួសារ គាត់មិនមែនជាកូនច្បងទេ តែឪពុកគាត់បានលើកគាត់ឲ្យធ្វើជាមេក្រុមគ្រួសារ ១១ លោកហ៊ីលគីយ៉ាជាកូនបន្ទាប់ លោកតេបាលីយ៉ាជាកូនទីបី លោកសាការីជាកូនទីបួន។ កូនចៅ និងបងប្អូនរបស់លោកហូសា មានចំនួនទាំងអស់ ១៣នាក់។
១២ ពួកឆ្មាំទ្វារបែងចែកជាក្រុមៗ ហើយទាំងមេដឹកនាំ ទាំងឆ្មាំទ្វារឯទៀតៗជាបងប្អូនរបស់គេ មានមុខងារយាមព្រះដំណាក់របស់ព្រះអម្ចាស់។ ១៣ ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់។ ១៤ ការចាប់ឆ្នោតត្រូវលើលោកសេលេមីយ៉ា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មក គេចាប់ឆ្នោតត្រូវលើលោកសាការី ជាកូនរបស់គាត់ ដែលជាទីប្រឹក្សាមួយរូបដ៏ចំណាន។ លោកសាការីត្រូវយាមទ្វារប៉ែកខាងជើង។ ១៥ លោកអូបេដ-អេដុមត្រូវយាមទ្វារប៉ែកខាងត្បូង ហើយកូនៗរបស់គាត់ត្រូវយាមឃ្លាំង។ ១៦ រីឯលោកស៊ូពីម និងហូសា ត្រូវយាមទ្វារប៉ែកខាងលិច និងទ្វារសាលេកេត នៅត្រង់ផ្លូវឡើងទៅលើ។ ក្រុមអ្នកយាមចែកវេនគ្នាដូចតទៅ: ១៧ នៅទ្វារប៉ែកខាងកើត មានពួកលេវីប្រចាំការប្រាំមួយនាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងជើង មានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងត្បូង មានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ហើយបួននាក់ទៀតយាមឃ្លាំង ដោយចែកគ្នាជាពីរក្រុម។ ១៨ រីឯប៉ែកខាងបន្ទប់អម ដែលស្ថិតនៅទិសខាងលិច មានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់ទៀតយាមនៅមាត់ទ្វារបន្ទប់អមនោះ។ ១៩ អ្នកទាំងនេះជាក្រុមឆ្មាំទ្វារ ដែលជ្រើសរើសពីចំណោមកូនចៅលោកកូរេ និងកូនចៅលោកមេរ៉ារី។
មុខងាររបស់ពួកលេវីមួយចំនួនទៀត
២០ ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះជាម្ចាស់ និងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកថ្វាយព្រះអង្គ។ ២១ ក្នុងចំណោមកូនចៅលោកឡាដននៃអំបូរគែរសូន មេក្រុមគ្រួសាររបស់គេមានរាយនាមដូចតទៅ: លោកយេហ៊ីអេលី ២២ ព្រមទាំងកូនរបស់គាត់ គឺលោកសេតាំ និងលោកយ៉ូអែល ជាប្អូន។ ពួកគេមានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ២៣ រីឯក្នុងចំណោមកូនចៅលោកអាំរ៉ាម កូនចៅលោកយីសារ កូនចៅលោកហេប្រូន និងកូនចៅលោកអ៊ូស៊ីអែល ២៤ មានលោកសេប៊ូអែល ជាពូជពង្សរបស់លោកគែរសូម កូនរបស់លោកម៉ូសេ ជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។ ២៥ រីឯក្រុមញាតិរបស់គាត់ ដែលជាកូនចៅរបស់លោកអេលីយេសែរ មានលោករេហាប៊ីយ៉ា ដែលជាឪពុករបស់លោកយេសាយ៉ា ជាឪពុករបស់លោកយ៉ូរ៉ាម ជាឪពុករបស់លោកស៊ីគរី ជាឪពុករបស់លោកសេឡូមីត។ ២៦ លោកសេឡូមីត និងបងប្អូនរបស់គាត់ មានភារកិច្ចមើលខុសត្រូវលើវត្ថុសក្ការៈទាំងប៉ុន្មាន ដែលព្រះបាទដាវីឌ ព្រមទាំងមេក្រុមគ្រួសារ មេកង មេក្រុម និងមេទ័ពយកមកថ្វាយព្រះជាម្ចាស់។ ២៧ វត្ថុទាំងនោះសុទ្ធសឹងជាជ័យភ័ណ្ឌ ហើយគេញែកថ្វាយព្រះអម្ចាស់ សម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអង្គ។ ២៨ វត្ថុទាំងប៉ុន្មានដែលលោកសាមូអែល ជាគ្រូទាយរបស់ព្រះបាទសាអ៊ូល ជាបុត្ររបស់លោកគីស លោកអាប់នែរ ជាកូនរបស់លោកនែរ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានថ្វាយព្រះអម្ចាស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសេឡូមីត និងបងប្អូនរបស់គាត់។
២៩ ក្នុងចំណោមកូនចៅលោកយីសារ លោកកេណានីយ៉ា និងកូនៗរបស់គាត់ ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។ ៣០ ក្នុងចំណោមកូនចៅលោកហេប្រូន លោកហាសាប៊ីយ៉ា និងបងប្អូនរបស់គាត់ ដែលសុទ្ធតែជាមនុស្សអង់អាច ចំនួន ១៧០០ នាក់ មានភារកិច្ចត្រួតពិនិត្យដែនដីអ៊ីស្រាអែល នៅខាងលិចទន្លេយ័រដាន់ ហើយបំពេញកិច្ចការទាំងប៉ុន្មានថ្វាយព្រះអម្ចាស់ និងថ្វាយស្តេច។ ៣១ នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌ គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូន មានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ែរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ាជាមេដឹកនាំរបស់អំបូរហេប្រូន។ ៣២ ព្រះបាទដាវីឌបានតែងតាំងលោកយេរីយ៉ា ព្រមទាំងបងប្អូនរបស់គាត់ ២៧០០ នាក់ សុទ្ធតែជាមនុស្សអង់អាច និងជាមេក្រុមគ្រួសារ ឲ្យគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដើម្បីបំពេញកិច្ចការទាំងប៉ុន្មានរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្តេច។
២៧
ការចាត់ចែងអាជ្ញាធរទាហាន
១ នេះជាបញ្ជីជនជាតិអ៊ីស្រាអែល ដែលត្រូវបម្រើការងារថ្វាយស្តេច តាមចំនួនមេក្រុមគ្រួសារ មេបញ្ជាការ មេកង មេក្រុម និងនាយទាហាន ដែលជាជំនួយរបស់ស្តេច ក្នុងការចែកវេនកងពលចេញទៅប្រតិបត្តិការ រៀងរាល់ខែ ក្នុងមួយឆ្នាំៗ។ កងពលនីមួយៗមានទាហាន ២៤ ០០០ នាក់។
២ កងពលទីមួយ ដែលចេញប្រតិបត្តិការនៅខែទីមួយ ដឹកនាំដោយលោកយ៉ាសូបាម ជាកូនរបស់លោកសាប់ឌី។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ៣ លោកយ៉ាសូបាមជាពូជពង្សរបស់លោកពេរេស។ ក្នុងខែទីមួយនោះ គាត់ជាអ្នកដឹកនាំមេបញ្ជាការកងទ័ពទាំងអស់។ ៤ កងពលទីពីរ ដែលចេញប្រតិបត្តិការនៅខែទីពីរ ដឹកនាំដោយលោកដូដាយ ជាពូជពង្សរបស់លោកអហូអា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់ ហើយមានលោកមីកឡូតជាសហមេបញ្ជាការ។ ៥ មេបញ្ជាការរបស់កងពលទីបី ដែលចេញប្រតិបត្តិការនៅខែទីបី គឺលោកបេណាយ៉ា ជាកូនរបស់បូជាចារ្យយេហូយ៉ាដា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ៦ លោកបេណាយ៉ាជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសទាំងសាមសិបនាក់ ហើយគាត់ជាមេដឹកនាំរបស់ពួកគេផង។ លោកអាំមីសាដាប់ ជាកូនរបស់គាត់ ក៏ស្ថិតនៅក្នុងកងពលនេះដែរ។ ៧ កងពលទីបួន ដែលចេញប្រតិបត្តិការនៅខែទីបួន ដឹកនាំដោយលោកអសាអែល ជាប្អូនរបស់លោកយ៉ូអាប់។ កូនរបស់គាត់គឺ លោកសេបាឌីយ៉ា ជាមេបញ្ជាការរង។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ៨ កងពលទីប្រាំ ដែលចេញប្រតិបត្តិការនៅខែទីប្រាំ ដឹកនាំដោយលោកមេបញ្ជាការសាមូតនៃអំបូរយីសរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ៩ កងពលទីប្រាំមួយ ដែលចេញប្រតិបត្តិការនៅខែទីប្រាំមួយ ដឹកនាំដោយលោកអ៊ីរ៉ា ជាកូនរបស់លោកអ៊ីកែស ជាអ្នកក្រុងតេកូអា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ១០ កងពលទីប្រាំពីរ ដែលចេញប្រតិបត្តិការនៅខែទីប្រាំពីរ ដឹកនាំដោយលោកហេលែស ជាពូជពង្សរបស់លោកពេឡូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ១១ កងពលទីប្រាំបី ដែលចេញប្រតិបត្តិការនៅខែទីប្រាំបី ដឹកនាំដោយលោកស៊ីបបេកាយ ជាពូជពង្សរបស់លោកហ៊ូសាយនៃអំបូរសេរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ១២ កងពលទីប្រាំបួន ដែលចេញប្រតិបត្តិការនៅខែទីប្រាំបួន ដឹកនាំដោយលោកអប៊ីយេស៊ែរ ជាអ្នកភូមិអាណាតូត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ១៣ កងពលទីដប់ ដែលចេញប្រតិបត្តិការនៅខែទីដប់ ដឹកនាំដោយលោកម៉ារ៉ាយ ជាអ្នកស្រុកនេតូផា នៃអំបូរសេរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ១៤ កងពលទីដប់មួយ ដែលចេញប្រតិបត្តិការនៅខែទីដប់មួយ ដឹកនាំដោយលោកបេណាយ៉ា ជាអ្នកស្រុកពីរ៉ាតូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ១៥ កងពលទីដប់ពីរ ដែលចេញប្រតិបត្តិការនៅខែទីដប់ពីរ ដឹកនាំដោយលោកហែលដាយ ជាអ្នកស្រុកនេតូផានៃអំបូរអូតនីអែល។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
ការចាត់ចែងអាជ្ញាធរស៊ីវិល
១៦ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលមានដូចតទៅ:
មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺលោកអេលីយេស៊ែរ ជាកូនរបស់លោកស៊ីគរី។ មេដឹកនាំកុលសម្ព័ន្ធស៊ីម៉ូន គឺលោកសេផាទីយ៉ា ជាកូនរបស់លោកម៉ាកា។ ១៧ មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាប៊ីយ៉ា ជាកូនរបស់លោកកេមូអែល។ រីឯមេដឹកនាំកូនចៅរបស់លោកអរ៉ុន គឺលោកសាដុក។ ១៨ មេដឹកនាំកុលសម្ព័ន្ធយូដាគឺលោកអេលីហ៊ូ ជាបងរបស់ព្រះបាទដាវីឌ។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាការមានលោកអូមរី ជាកូនរបស់លោកមីកាអែល។ ១៩ មេដឹកនាំកុលសម្ព័ន្ធសាប៊ូឡូនគឺលោកយីសម៉ាយ៉ា ជាកូនរបស់លោកអូបាឌីយ៉ា។ មេដឹកនាំកុលសម្ព័ន្ធណែបថាលី គឺលោកយេរីម៉ុត ជាកូនរបស់អាសរីអែល។ ២០ មេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកអសាស៊ីយ៉ា។ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលគឺលោកយ៉ូអែល ជាកូនរបស់លោកពេដាយ៉ា។ ២១ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅស្រុកកាឡាដ គឺលោកអ៊ីដូ ជាកូនរបស់លោកសាការី។ មេដឹកនាំកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកយ៉ាស៊ីអែល ជាកូនរបស់លោកអាប់នែរ។ ២២ មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារែល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។
២៣ ព្រះបាទដាវីឌពុំបានរាប់ចំនួនអស់អ្នកដែលមានអាយុតិចជាងម្ភៃឆ្នាំទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលកើនចំនួនច្រើន ដូចផ្កាយនៅលើមេឃ។ ២៤ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចាប់ផ្តើមជំរឿនប្រជាជន តែពុំបានបង្ហើយទេ ដ្បិតព្រះអម្ចាស់ព្រះអង្គព្រះពិរោធទាស់នឹងអ៊ីស្រាអែល ព្រោះតែការនេះ។ ដូច្នេះ ចំនួនសរុបរបស់ប្រជាជន ពុំមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះបាទដាវីឌឡើយ។
អ្នកគ្រប់គ្រងរាជទ្រព្យ
២៥ លោកអាសម៉ាវេត កូនរបស់លោកអឌីអែល ជាអ្នកមើលខុសត្រូវលើរាជទ្រព្យ។ រីឯទ្រព្យសម្បត្តិនៅតាមស្រែចម្ការ តាមក្រុង តាមភូមិ និងតាមដំណាក់នានា មានលោកយ៉ូណាថាន កូនរបស់លោកអសារីយ៉ា ជាអ្នកមើលខុសត្រូវ។ ២៦ លោកអេសរី ជាកូនរបស់លោកកេលូប មើលខុសត្រូវលើពួកកសិករ ដែលធ្វើស្រែចម្ការថ្វាយស្តេច។ ២៧ លោកស៊ីម៉ាយ ជាអ្នកក្រុងរ៉ាម៉ា មើលខុសត្រូវលើចម្ការទំពាំងបាយជូររបស់ស្តេច។ លោកសាបឌី ជាអ្នកស្រុកសេផាម មើលខុសត្រូវលើកន្លែងទុកស្រាទំពាំងបាយជូរនៅតាមចម្ការ។ ២៨ លោកបាលហាណន ជាអ្នកក្រុងកេឌែរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាស ជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។ ២៩ លោកស៊ីតរ៉ាយ ជាអ្នកស្រុកសារ៉ូន មើលខុសត្រូវលើហ្វូងគោ នៅស្រុកសារ៉ូន។ លោកសាផាត ជាកូនរបស់លោកអាដឡាយ មើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។ ៣០ លោកអប៊ីល ជាជនជាតិអ៊ីស្មាអែល មើលខុសត្រូវលើហ្វូងអូដ្ឋ។ លោកយេឌីយ៉ា ជាអ្នកស្រុកមេរ៉ូណូត មើលខុសត្រូវលើហ្វូងលា។ ៣១ លោកយ៉ាស៊ីស ជាជនជាតិហាការ មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។
អ្នកជំនិតរបស់ព្រះបាទដាវីឌ
៣២ លោកយ៉ូណាថាន ដែលត្រូវជាឪពុកមារបស់ព្រះបាទដាវីឌ មាននាទីជាទីប្រឹក្សារបស់ស្តេច។ លោកជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែល ជាកូនរបស់លោកហាក់មូនី ជាគ្រូបាធ្យាយបុត្ររបស់ស្តេច។ ៣៣ លោកអហ៊ីតូផែលក៏ជាទីប្រឹក្សារបស់ស្តេចដែរ។ លោកហ៊ូសាយ ជាជនជាតិអារគី ជាមិត្តរបស់ស្តេច។ ៣៤ លោកយេហូយ៉ាដាជាកូនរបស់លោកបេណាយ៉ា និងលោកអប៊ីយ៉ា បានបន្តមុខងាររបស់លោកអហ៊ីតូផែល។ លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពរបស់ស្តេច។
២៨
ព្រះបាទដាវីឌស្នើតែងតាំងសម្តេចសាឡូម៉ូនឲ្យឡើងស្នងរាជ្យ
១ ព្រះបាទដាវីឌបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្តេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជទ្រព្យ និងហ្វូងសត្វរបស់ស្តេច ព្រមទាំងពួករាជបុត្រ ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ ២ ព្រះបាទដាវីឌក្រោកឈរឡើង រួចមានរាជឱង្ការទៅកាន់ពួកគេថា៖
«បងប្អូន និងប្រជារាស្ដ្ររបស់ខ្ញុំអើយ ចូរស្ដាប់! ខ្ញុំមានបំណងសង់ព្រះដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយជាកំណល់ព្រះបាទារបស់ព្រះនៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ព្រះដំណាក់នេះ ៣ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “អ្នកធ្វើសង្គ្រាម ហើយបង្ហូរឈាមច្រើនណាស់។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមយើងទេ”។ ៤ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល បានជ្រើសរើសខ្ញុំពីក្នុងចំណោមក្រុមគ្រួសាររបស់ខ្ញុំទាំងមូល ឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែលរហូតតទៅ។ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដា ឲ្យធ្វើជាអ្នកនាំមុខគេ ក្នុងកុលសម្ព័ន្ធយូដា ព្រះអង្គជ្រើសរើសគ្រួសារឪពុករបស់ខ្ញុំ ហើយក្នុងចំណោមកូនរបស់ឪពុកខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យលើកខ្ញុំឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ ៥ ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ព្រះអង្គជ្រើសរើសសាឡូម៉ូនឲ្យគ្រងរាជ្យលើអ៊ីស្រាអែល ជាអាណាចក្ររបស់ព្រះអង្គ។ ៦ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សាឡូម៉ូន ជាបុត្ររបស់អ្នក នឹងសង់ដំណាក់ ព្រមទាំងទីលានរបស់យើង ដ្បិតយើងជ្រើសរើសគេធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។ ៧ ប្រសិនបើគេគោរព ហើយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃ យើងនឹងធ្វើឲ្យរាជ្យរបស់គេនៅស្ថិតស្ថេរ អស់កល្បជានិច្ច”។ ៨ ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ដែលជាក្រុមជំនុំរបស់ព្រះអម្ចាស់ ហើយនៅចំពោះព្រះភ័ក្ត្រព្រះនៃយើង ដែលព្រះអង្គព្រះសណ្ដាប់អ្នករាល់គ្នា ចូរនាំគ្នាស្វែងយល់ និងប្រតិបត្តិតាមបទបញ្ជាទាំងអស់របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នានៅតែកាន់កាប់ស្រុកដ៏ល្អនេះ ព្រមទាំងរក្សាទុកជាមត៌កឲ្យកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។ ៩ រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។ ១០ ឥឡូវនេះ ចូរពិចារណាចុះ ព្រះអម្ចាស់សព្វព្រះហឫទ័យជ្រើសរើសបុត្រឲ្យសង់ព្រះដំណាក់ ទុកជាទីសក្ការៈ។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយបំពេញការងារចុះ!»។
១១ ព្រះបាទដាវីឌបានប្រគល់គម្រោងសាងសង់ទីសក្ការៈ ព្រមទាំងបន្ទប់អម ឃ្លាំង បន្ទប់នៅជាន់ខាងលើ សាលខាងក្នុង និងកន្លែងសម្រាប់តម្កល់ហិបនៃសន្ធិសញ្ញា ឲ្យសម្តេចសាឡូម៉ូន។ ១២ ព្រះបាទដាវីឌប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្តេចបានគិតគូរនឹងធ្វើ សម្រាប់ទីលាននៃព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ទាំងអស់ដែលនៅជុំវិញ សម្រាប់ដាក់ទ្រព្យនៃព្រះដំណាក់ និងរបស់របរដ៏សក្ការៈ។ ១៣ ស្តេចប្រគល់បញ្ជីពួកបូជាចារ្យ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់ ១៤ ស្តេចក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាង ១៥ ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ ១៦ ទម្ងន់មាសរបស់តុនីមួយៗ ដែលត្រូវប្រើសម្រាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់ ព្រមទាំងទម្ងន់របស់តុដែលធ្វើពីប្រាក់ ១៧ ទម្ងន់របស់សម ផើងសម្រាប់ប្រោះឈាម ថូសម្រាប់ពិធីច្រួចស្រាធ្វើពីមាសសុទ្ធ ព្រមទាំងទម្ងន់របស់ពែងមាស និងទម្ងន់របស់ពែងប្រាក់នីមួយៗ ១៨ ទម្ងន់របស់អាសនៈធ្វើពីមាសសុទ្ធសម្រាប់ថ្វាយគ្រឿងក្រអូប និងគំរូរបស់រទេះ រូបខេរូប៊ីមធ្វើពីមាស ដែលត្រដាងស្លាបលើហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ១៩ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «របស់ទាំងនេះមានកត់ត្រាទុកក្នុងឯកសារ ដែលបិតាបានទទួលពីព្រះអម្ចាស់។ ក្នុងឯកសារនេះ មានពន្យល់យ៉ាងលំអិតអំពីរបៀបធ្វើ តាមគំរូ»។
២០ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់សម្តេចសាឡូម៉ូន ជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្រ រហូតដល់ការងារសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានសម្រេចចប់សព្វគ្រប់ ព្រះអង្គមិនបោះបង់ចោលបុត្រឲ្យនៅតែឯងឡើយ។ ២១ ពួកបូជាចារ្យ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។
២៩
តង្វាយសម្រាប់ការសាងសង់ព្រះវិហារ
១ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូន ជាបុត្ររបស់ខ្ញុំតែម្នាក់គត់ ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតព្រះដំណាក់ដែលយើងសង់នេះ មិនមែនសម្រាប់មនុស្សទេ គឺថ្វាយព្រះជាអម្ចាស់។ ២ ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាសសម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចម្រុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។ ៣ មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកថ្វាយ សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មាន ដែលខ្ញុំត្រៀមសម្រាប់ព្រះដំណាក់ដ៏វិសុទ្ធ ព្រោះខ្ញុំជំពាក់ចិត្តនឹងព្រះដំណាក់របស់ព្រះជាម្ចាស់ខ្លាំងណាស់ ៤ គឺខ្ញុំប្រគល់មាសពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សម្រាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។ ៥ ថ្ងៃនេះ តើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ ដល់ព្រះអម្ចាស់ ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាស អំពីប្រាក់?»។
៦ ពេលនោះ មេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្តេច នាំគ្នាស្ម័គ្រចិត្ត ៧ ថ្វាយជាតង្វាយសម្រាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។ ៨ អស់អ្នកដែលមានត្បូងពេជ្រក៏បានយកទៅប្រគល់ឲ្យលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគែរសូន ដើម្បីយកទៅទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់។ ៩ ប្រជាជនមានអំណរសប្បាយ ព្រោះគេបានថ្វាយតង្វាយដល់ព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត ហើយព្រះបាទដាវីឌក៏មានព្រះហឫទ័យរីករាយជាខ្លាំងដែរ។
ពាក្យអធិស្ឋានរបស់ព្រះបាទដាវីឌ
១០ ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្តេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើង តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ! ១១ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។ ១២ ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះចេស្ដា និងឫទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គអាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។ ១៣ បពិត្រព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះ យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។ ១៤ តើទូលបង្គំជាអ្វី? តើប្រជារាស្ដ្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។ ១៥ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្តោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។ ១៦ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុក សង់ព្រះដំណាក់សម្រាប់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ សុទ្ធតែជាព្រះអំណោយទានរបស់ព្រះអង្គ។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ១៧ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ ដោយចិត្តស្មោះហើយ ទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ដ្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះ នាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។ ១៨ ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងខ្ញុំ សូមប្រោសប្រទានឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ ប្រកាន់ខ្ជាប់នូវចិត្តគំនិតស្មោះត្រង់ចំពោះព្រះអង្គជានិច្ចផង។ ១៩ សូមប្រោសប្រទានឲ្យសាឡូម៉ូន ជាកូនរបស់ទូលបង្គំ មានចិត្តស្មោះត្រង់ កាន់តាមបញ្ជា ដំបូន្មាន និងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមឥតងាករេឡើយ ដើម្បីឲ្យគេសង់ព្រះដំណាក់ដែលទូលបង្គំត្រៀមទុកនេះ»។
២០ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំព្រះអម្ចាស់ និងគោរពស្តេច។
ព្រះបាទសាឡូម៉ូនឡើងគ្រងរាជ្យ
២១ លុះស្អែកឡើង ពួកគេនាំគ្នាថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូល ចំពោះព្រះអម្ចាស់ គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចជាមួយ ព្រមទាំងយញ្ញបូជាយ៉ាងច្រើនទៀតសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ ២២ នៅថ្ងៃនោះ ពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មីតែងតាំងសម្តេចសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះមហាក្សត្រ ព្រមទាំងចាក់ប្រេងអភិសេកស្តេចឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចចាក់ប្រេងតែងតាំងលោកសាដុកជាបូជាចារ្យ។ ២៣ ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះអម្ចាស់ ដើម្បីស្នងរាជសម្បត្តិរបស់ព្រះបាទដាវីឌ ជាបិតា ប្រកបដោយជោគជ័យ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏នាំគ្នាស្ដាប់បង្គាប់ព្រះបាទសាឡូម៉ូន។ ២៤ មេដឹកនាំទាំងអស់ ព្រមទាំងកងទ័ព និងបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។ ២៥ ព្រះអម្ចាស់លើកតម្កើងព្រះបាទសាឡូម៉ូនឲ្យកាន់តែឧត្តុង្គឧត្ដម នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ហើយប្រោសប្រទានរាជ្យរបស់ស្តេចបានថ្កុំថ្កើងលើសស្តេចស្រុកអ៊ីស្រាអែលមុនៗ។
ព្រះបាទដាវីឌសោយទិវង្គត
២៦ ព្រះបាទដាវីឌ ជាបុត្ររបស់លោកយេសាយ បានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ ២៧ ស្តេចសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។ ២៨ ព្រះបាទដាវីឌសោយទិវង្គតក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយ មានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ព្រះបាទសាឡូម៉ូន ជាបុត្រ បានឡើងស្នងរាជ្យតពីបិតា។ ២៩ រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាមូអែល ជាគ្រូទាយ សៀវភៅកិច្ចការរបស់លោកយ៉ូណាថាន ជាព្យាការី និងសៀវភៅកិច្ចការរបស់លោកកាដ ជាគ្រូទាយដែរ។ ៣០ គេក៏រៀបរាប់អំពីរាជសម្បត្តិ និងវីរភាពដ៏អង់អាចរបស់ស្តេច ព្រមទាំងហេតុការណ៍ផ្សេងៗ ដែលកើតមាននៅរជ្ជកាលរបស់ស្តេច ក្នុងស្រុកអ៊ីស្រាអែល និងក្នុងអាណាចក្រដទៃទៀត។
858 Views