ថ្ងៃសុក្រពិសិដ្ឋ
ត្រៃទិវានៃបុណ្យចម្លង
ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១២៦
សេចក្តីសង្ឃឹមលើព្រះជាម្ចាស់
បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ (២ករ ១,៧)។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។
១ | ពេលព្រះអម្ចាស់នាំអស់អ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ |
២ | យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ |
៣ | ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ |
៤ | ឱព្រះអម្ចាស់អើយ សូមប្រោសប្រទានឲ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញ ដូចវាលរហោស្ថានដ៏ហួតហែងមានទឹកហូរឡើងវិញយ៉ាងនោះដែរ។ |
៥ | អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ |
៦ | អ្នកណាយកគ្រាប់ពូជចេញទៅព្រោះទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១២៧ (១២៦)
ប្រសិនបើគ្មានព្រះជាម្ចាស់ ការងារដែលយើងប្រឹងធ្វើ គឺគ្មានតម្លៃអ្វីទាំងអស់
បងប្អូនជាដំណាក់ដែលព្រះអង្គបានសង់ (១ករ ៣,៩)។
(បទពាក្យ ៧)
១- | ប្រសិនបើព្រះជាអម្ចាស់ | មិនជួយសង់ផ្ទះនោះទេណា | |
អ្នកសង់ខំប្រឹងឥតបានការ | គឺគ្មានវាសនាខ្វះលំនឹង | ||
បើព្រះអម្ចាស់មិនរក្សា | ទីក្រុងទេណាឲ្យរឹងប៉ឹង | ||
អ្នកយាមទីក្រុងដែលខំប្រឹង | យាមរាល់ថ្ងៃហ្នឹងអត់អសារ | ||
២- | អ្នករាល់គ្នាក្រោកពីព្រលឹម | រកស៊ីចិញ្ចឹមជន្មជីវ៉ា | |
ខំទាំងលំបាកគ្រប់កាយា | តែឥតបានការផលចំណេញ | ||
ព្រះជាអម្ចាស់បានប្រទាន | អាហារធនធានច្រើនពាសពេញ | ||
ដល់អ្នកដែលព្រះអង្គស្រឡាញ់ | ក្នុងពេលយប់យន់គេនិន្ទ្រា | ||
៣- | ព្រះអម្ចាស់ប្រទានកូនចៅ | ស្ថិតស្ថេរគង់នៅចាត់ទុកជា | |
ចំណែកមរតកដ៏មហិមា | ជាពរជ័យាពីព្រះអង្គ | ||
៤- | កូនប្រុសៗដែលកើតចេញមក | ពេលដែលឪពុកពេញកម្លាំង | |
ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង | នៃអ្នកចម្បាំងពេលប្រយុទ្ធ | ||
៥- | អ្នកដែលមានកូនប្រុសយ៉ាងច្រើន | នោះនឹងចម្រើនសុខបំផុត | |
ពេលមានបច្ចាមកប្រយុទ្ធ | គេមិនតក់ស្លុតមិនអាម៉ាស | ||
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ |
ទំនុកតម្កើងលេខ ១២៨
សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះអម្ចាស់
“សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកពីស៊ីយ៉ូនមក” មានន័យថា ពីព្រះសហគមន៍ (Arnobius)។
១ | អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ ! |
២ | អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន |
៣ | នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើមទំពាំងបាយជូរ ដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នកក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។ |
៤ | អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់នឹងទទួលព្រះពរបែបនេះ។ |
៥ | សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូន ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម |
៦ | អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។ សូមឲ្យអ៊ីស្រាអែលបានប្រកបដោយសេចក្ដីសុខសាន្ត ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៣,៦-៧)
កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់យើងទាំងអស់គ្នាទៅលើលោក។ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន មិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។
បន្ទរ៖ ព្រះអង្គទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹត
—ដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសពន់ប្រមាណ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបុត្រាព្រះអង្គសោយទិវង្គត ដើម្បីរំដោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គបំភ្លឺយើងខ្ញុំឲ្យដើរជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាកលីឈើឆ្កាង ហើយប្រោសយើងខ្ញុំឲ្យបានវិសុទ្ធ ស្របតាមគម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លងនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !