រដូវធម្មតា សប្តាហ៍ទី១ ថ្ងៃសុក្រ

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរទី១ ៖ ទូល‌បង្គំសប្បាយ​ចិត្ត​នឹង​ដើរតាម​មាគ៌ា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះអង្គ​ធ្វើឱ្យចិត្ត​ទូលបង្គំបាន​ភ្លឺស្វាង។

២៥ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។
២៦ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់ផង!។
២៧សូមជួយទូលបង្គំ ឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ
ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។
២៨ទូលបង្គំមានទុក្ខយំសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
២៩សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ
សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង!
៣០ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។
៣១ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
៣២ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ
ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូល‌បង្គំសប្បាយ​ចិត្ត​នឹង​ដើរតាម​មាគ៌ា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះអង្គ​ធ្វើឱ្យចិត្ត​ទូលបង្គំបាន​ភ្លឺស្វាង។

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ (អភ ១,៤)។

បន្ទរទី២ ៖ ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ! ទូលបង្គំនឹងមិនរង្គោះរង្គើឡើយ!

(បទកាកគតិ)

១-ឱព្រះអម្ចាស់ព្រះអង្គជាព្រះប្រពៃឧត្តម
សូមរកយុត្តិធម៌ឱ្យទូលបង្គំដែលអស់យើងខ្ញុំ
ទុកចិត្តព្រះអង្គ។
២-ឱព្រះអម្ចាស់សូមស្ទង់ឱ្យច្បាស់លចិត្តមើលផង
ពិនិត្យរូបខ្ញុំហើយពិសោធល្បងចិត្តខ្ញុំឥតហ្មង
ស្មោះស្ម័គ្រជានិច្ច។
៣-ទូលបង្គំស្រមៃនឹកពីព្រះទ័យព្រះអង្គឥតភ្លេច
ហើយបានធ្វើតាមឥតមានកែគេចតាមជាប់ជានិច្ច
មិនគេចបែកបែរ។
៤-ទូលបង្គំមិនធ្លាប់អង្គុយអែបជាប់ពួកពាលប៉ោឡែ
ឬពួកខិលខូចជនអាវ៉ាសែពុតត្បុតហូរហែ
ក៏មិនសេពគប់។
៥-ខ្ញុំមិនចូលចិត្តពួកអ្នកប្រព្រឹត្តអាក្រក់ងល់ងប់
មិនធ្វើល្ងីល្ងើអង្គុយរួមរួបទោះថ្ងៃឬយប់
នឹងពួកពាលា។
៦-ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសស្មោះឥតរួញរា
ទូលបង្គំលាងដៃគឺបញ្ជាក់ថារូបខ្ញុំគឺជា
មនុស្សឥតសៅហ្មង។
៧-ព្រមទាំងបន្លឺសំឡេងរន្ទឺអរគុណព្រះអង្គ
និងរៀបរាប់ពីការអស្ចារ្យផងរបស់ព្រះអង្គ
មានទាំងប៉ុន្មាន។
៨-បពិត្រព្រះម្ចាស់ខ្ញុំចូលចិត្តណាស់ដំណាក់សុខសាន្ត
របស់ព្រះអង្គគឺជាទីស្ថានសិរីថ្កើងថ្កាន
ព្រះអង្គស្ថិតនៅ។
៩-សូមកុំទុកឱ្យខ្ញុំស្លាប់ជាមួយមនុស្សបាបអាស្រូវ
កុំដកជីវិតទូលបង្គំយកទៅនឹងពួកឃោរឃៅ
ធ្លាប់បង្ហូរឈាម។
១០-ពួកនោះចូលចិត្តនាំគ្នាប្រព្រឹត្តផ្ទុយពីបំរាម
អំពើទុច្ចរិតដែលព្រះលោកហាមខំបង្ហូរឈាម
ឬស៊ីសំណូក។
១១-ឯខ្ញុំចូលចិត្តធ្វើតែសុចរិតមិនព្រមច្របូក
ច្របល់នឹងពួកធ្លាប់ស៊ីសំណូកសូមរំដោះយក
រូបខ្ញុំនេះផង។
១២-រូបខ្ញុំឈរនៅកន្លែងត្រឹមត្រូវសុចរិតទៀងត្រង់
ទូលបង្គំនឹងលើកតម្កើងព្រះអង្គឱ្យខ្ពស់ឧត្តុង
ក្នុងប្រជុំធំ។
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច។

បន្ទរ ៖ ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ! ទូលបង្គំនឹងមិនរង្គោះរង្គើឡើយ!

“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។

បន្ទរទី៣ ៖ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ។

១ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ។
ព្រះអង្គជាថ្មដាការពារនៃទូលបង្គំ!
សូមព្រះសណ្តាប់សម្រែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយតបនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្តៅមិនខាន!
២ពេលទូលបង្គំដង្ហោយហៅព្រះអង្គ ទូលបង្គំលើកដៃសំពះ ទៅកាន់ទីសក្ការៈរបស់ព្រះអង្គ
សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។
៣សូមកុំដាក់ទោសទូលបង្គំ ដូចព្រះអង្គដាក់ទោសជនពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតឡើយ
គេនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងចិត្តនោះ។
៦សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំស្រែកអង្វរ។
៧ព្រះអម្ចាស់ជាបន្ទាយ និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ
ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
៨ព្រះអម្ចាស់ជាកម្លាំងការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះព្រះគ្រីស្ត ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
៩ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង!
សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ភីល ២,២ខ-៤

សូមបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មាន ចិត្តថ្លើមតែ​មួយ និងមានឆន្ទៈតែមួយ។​ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោង​ឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗ ថាប្រសើរជាងខ្លួន។​ ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិត​ដល់​ប្រយោជន៍អ្នកដទៃវិញ។

បន្ទរ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ‌ត្រង់​ជានិច្ច។
—ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី និង​គោរព​ព្រះបណ្ដាំ​របស់ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមព្រះអង្គលើកលែងទោសសម្រាប់អំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត កាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅ​ពេលអនាគត​ផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរសប្បាយ ជាកន្លែងដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ២ករ ១៣,៤

ព្រះ‌អង្គ​ត្រូវ​គេ​ឆ្កាង ដោយ​ព្រះ‌អង្គ​មាន​ភាព​ទន់​ខ្សោយ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​ព្រះ‌អង្គ​មែន ប៉ុន្តែ ដោយ​យល់​ដល់​បង‌ប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះ‌អង្គ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ទូល‌បង្គំបាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង។
—សូម​ប្រោស​ឱ្យ​ទូល‌បង្គំ​បាន​រស់ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់លើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយនឹងយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,១២-១៣

ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​បង‌ប្អូន​ធ្វើ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បង‌ប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី អត់‌ធ្មត់។ ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឱ្យ​បង‌ប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យប្រណី‌សន្ដោស និងអាណិត​អាសូរ។
—ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយព្រះ‌ហឫទ័យមេត្តា‌ករុណា។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបាននាំចោរដែលកែប្រែចិត្តគំនិតពីការរងទុក្ខនៅលើឈើឆ្កាង ទៅកាន់អំណរសប្បាយនៃព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមរយៈទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀង​ទៅ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

294 Views