ថ្ងៃចន្ទ សប្ដាហ៍ទី២
ថ្ងៃចន្ទ សប្ដាហ៍ទី២
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,៤១-៤៨
ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
បន្ទរទី១ ៖ អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន។
៤១ | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! |
៤២ | សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
៤៣ | សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។ |
៤៤ | ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។ |
៤៥ | ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។ |
៤៦ | ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា ទូលបង្គំនឹងមិនខ្មាស់ឡើយ។ |
៤៧ | ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។ |
៤៨ | ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់ ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន។
ទំនុកតម្កើងលេខ ៤០,២-១៤.១៧-១៨
ពាក្យអរព្រះគុណ និងពាក្យទូលសូមជំនួយ
“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។
បន្ទរទី២ ៖ អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឱ្យមក។
(ក)
(បទពាក្យ ៧)
២ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
ស្តាប់សូរសម្រែកមិនលំអៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
៣ | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ | |
៥ | មនុស្សណាដែលបានផ្ញើជីវិត | លើព្រះមានឫទ្ធិដ៏អង់អាច | |
មិនបែរគោរពទៅខ្លបខ្លាច | ព្រះមានអំណាចព្រះបោកប្រាស | ។ | |
៦ | បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ | ព្រះអង្គឧត្តមប្រសើរណាស់ | |
ការអស្ចារ្យទ្រង់ច្រើនដេរដាស | ជាព្រះសង្គ្រោះមិនបែកបែរ | ។ | |
ព្រះអង្គក៏មានគម្រោងការ | ច្រើនឥតឧបមាឥតងាករេ | ||
គ្មាននរណាស្មើព្រះអង្គទេ | ការអស្ចារ្យទ្វេរាប់មិនអស់ | ។ | |
៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតំរិះនៃព្រះអង្គ | ។ | |
៨ | ដូច្នេះទូលបង្គំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
ទូលបង្គំប្រព្រឹត្តឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
៩ | ទូលបង្គំពេញចិត្តធ្វើតាម | ព្រះហឫទ័យអម្ចាស់គ្រប់ទិសទី | |
វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបាន ចាត់ខ្ញុំឱ្យមក។
បន្ទរទី៣ ៖ ទូលបង្គំជាមនុស្សកំសត់ទុរគត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។
(ខ)
១០ | ទូលបង្គំបានប្រកាសឱ្យអង្គប្រជុំដ៏ធំ ដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។ |
១១ | ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំទាល់តែសោះ ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំ ទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាសអំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គ នៅកណ្ដាលអង្គប្រជុំធំបានឡើយ។ |
១២ | ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ព្រះអង្គតែងតែអាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គ តែងតែតាមការពារទូលបង្គំជានិច្ច។ |
១៣ | មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ ធ្វើឱ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសទូលបង្គំមានចំនួនច្រើនជាងសរសៃសក់របស់ទូលបង្គំទៅទៀត ទូលបង្គំលែងមានកម្លាំងប្រឈមមុខទៀតហើយ។ |
១៤ | ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់! |
១៧ | រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឱ្យគេបានសប្បាយរីករាយរួមជាមួយព្រះអង្គ! សូមឱ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះរបស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះអម្ចាស់!»។ |
១៨ | ទូលបង្គំជាមនុស្សកំសត់ទុរគត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំជាមនុស្សកំសត់ទុរគត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យរ ៣១,៣៣
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់វិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ដ្ររបស់យើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បន្ទរ៖ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ។
-សូមកុំបោះបង់ទូលបង្គំឱ្យនៅឆ្ងាយពីព្រះភក្ត្រព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យរ ៣២,៤០
យើងនឹងចងសម្ពន្ធមេត្រីមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្តល់សេចក្តីសុខសាន្តឱ្យពួកគេរហូត យើងនឹងឱ្យពួកគេកោតខ្លាចយើង ដោយចិត្តស្មោះ ដើម្បីកុំឱ្យពួកគេងាកចេញពីយើង។
បន្ទរ៖ ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង។
- ខ្ញុំផ្ញើជីវិតលើព្រះអង្គ។
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អគ ៣៤,៣១
«អ្នករាល់គ្នាជាចៀមនៅក្នុងវាលស្មៅរបស់យើង អ្នករាល់គ្នាជាមនុស្សដែលយើងថែរក្សា ហើយយើងជាព្រះរបស់អ្នករាល់គ្នា» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
បន្ទរ៖ ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។
-ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ដើម្បីគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលាម៉ោងនេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គយាងចុះមកលើអស់អ្នកដែលបានហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។