រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃអង្គារ

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះជាម្ចាស់បានប្រទានពរដល់ទឹកដីរបស់យើង នៅពេលព្រះសង្គ្រោះបានយាងមកផែនដីនេះ (លោកអូរីហ្សេន)។

បន្ទរទី១ ៖ ព្រះអង្គនឹងយាង​មក​វិញ ប្រទាន​ឱ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឱ្យ​ប្រជារាស្ដ្រ​របស់​ព្រះអង្គមាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ អាលេលូយ៉ា!

២-បពិត្រព្រះអម្ចាស់! ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ
ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប ដែលជាប់ជាឈ្លើយនោះឱ្យវិលត្រឡប់មកវិញ។
៣-ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គបានអត់ទោសគេឱ្យរួចពីអំពើបាបទាំងប៉ុន្មាន។
៤-ព្រះអង្គលែងព្រះពិរោធនឹងយើងខ្ញុំ
ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។
៥-ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ!
សូមប្រោសឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ
សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
៦-តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?
តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំអស់កល្បជាអង្វែងតរៀងទៅឬ?
៧-តើព្រះអង្គមិនយាងមកវិញ ប្រទានឱ្យយើងខ្ញុំរស់រានមានជីវិត
ដើម្បីឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
៨-ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ
សូមសង្គ្រោះយើងខ្ញុំផង!
៩-ខ្ញុំត្រង់ត្រាប់ស្តាប់សេចក្តីដែលព្រះជាអម្ចាស់មានព្រះបន្ទូល
ព្រះអង្គមានព្រះបន្ទូលថា នឹងប្រទានសេចក្តីសុខសាន្តមកប្រជារាស្ត្រដែលជឿលើព្រះអង្គ
គឺអស់អ្នកដែលមិនបែរចិត្តគំនិតទៅរកអំពើលេលារបស់ខ្លួនវិញ។
១០-ក្នុងពេលឆាប់ៗ ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
សិរីរុងរឿងនឹងមកសណ្ធិតនៅលើទឹកដីរបស់យើង។
១១-ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ
យុត្តិធម៌ និងសេចក្តីសុខសាន្ត ជួបគ្នានៅលើផែនដី។
១២-សេចក្តីពិតនឹងដុះចេញពីដីមក សេចក្តីសុចរិតក៏លេចចេញមកពីផ្ទៃមេឃដែរ។
១៣-ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង ទឹកដីរបស់យើងក៏បង្កើតភោគផល។
១៤-សេចក្តីសុចរិតដើរនៅមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គនឹងយាង​មក​វិញ ប្រទាន​ឱ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិតដើម្បី​ឱ្យ​ប្រជារាស្ដ្រ​របស់​ព្រះអង្គមាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ អាលេលូយ៉ា!

កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ (វវ ២១,១៤)។

បន្ទរទី២ ៖ ឱ​ព្រះអម្ចាស់​អើយ ! យើង​ខ្ញុំ​ផ្ញើជីវិត​លើ​ព្រះអង្គ ព្រះអង្គបានប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ អាលេលូយ៉ា!

(បទកាកគតិ)

១-យើងមានក្រុងមួយមាំឥតភ័យព្រួយព្រោះព្រះម្ចាស់បាន
ប្រទាននូវការសង្គ្រោះគ្រប់ប្រាណដូចកំពែងបាន
ការពាររ៉ាប់រង
២-ចូរយើងបើកទ្វារកុំបីរួញរាកុំឱ្យមានហ្មង
ឱ្យប្រជាជាតិសុចរិតទាំងពួងស្ម័គ្រស្មោះកន្លង
បានចូលមកជិត
៣-បពិត្រព្រះម្ចាស់ព្រះអង្គទ្រង់ប្រោសដល់ប្រជាជាតិ
មានក្តីសុខសាន្តឥតបីឃ្លាងឃ្លាតទាំងជីវិតទៀត
ផ្ញើព្រះឥតភ្លេច
៤-ចូរមានសង្ឃឹមដោយក្តីញញឹមលើព្រះជានិច្ច
ទាំងកាយជីវិតឥតមានពេលភ្លេចជាថ្មរំលេច
ស្ថិតស្ថេរអស់កល្ប
៧-បពិត្រព្រះម្ចាស់អស្ចារ្យពេកណាស់ទ្រង់បង្ហាញដល់
មនុស្សសុចរិតបានដឹងបានស្គាល់មាគ៌ានិមល
សែនល្អកន្លង
៨-ឱព្រះអម្ចាស់យើងខ្ញុំទាំងអស់ជីវិតផ្ញើទ្រង់
ហើយសូមដើរតាមមាគ៌ារឿងរុងដែលព្រះអង្គទ្រង់
ត្រួសត្រាយទុកស្រាប់
ចិត្តយើងគ្រប់គ្នាតែងតែប្រាថ្នាថ្លែងមិនឈរឈប់
ព្រះនាមព្រះអង្គដែលល្បីសាយសព្វពាសពេញលើភព
ប្រសើរកន្លង
៩-ទោះជាពេលយប់ចង់ជ្រកក្រោមម្លប់បារមីនៃទ្រង់
ទូលបង្គំខំស្វែងរកតែព្រះអង្គតាំងពីព្រឹកព្រាង
ឥតមានសំចៃ
១២-បពិត្រព្រះម្ចាស់ប្រសើរពេកណាស់ទ្រង់តែងអាណិត
ផ្តល់ក្តីសុខសាន្តអ្វីខ្ញុំប្រព្រឹត្តដែលមានមកពិត
គឺទ្រង់សម្រេច
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ ៖ ឱ​ព្រះអម្ចាស់​អើយ ! យើង​ខ្ញុំ​ផ្ញើជីវិត​លើ​ព្រះអង្គ ព្រះអង្គបានប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ អាលេលូយ៉ា!

សូម​បង‌ប្អូន​ជ្រាប​ថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្តីអំពីការសង្គ្រោះរបស់ព្រះអង្គឱ្យសាសន៍ដទៃវិញ (កក ២៨,២៨)។

បន្ទរទី៣ ៖ ផែនដីបានបង្កើតភោគផល ប្រជាជាតិទាំងឡាយនាំគ្នាសប្បាយរីករាយ នាំ​គ្នា​ស្រែក​ជយឃោស អាលេលូយ៉ា!

២-ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គអាណិតមេត្តាយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣-ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤-បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយ នាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥-ប្រជាជាតិទាំងឡាយច្រៀងដោយសប្បាយរីករាយ
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានាដោយយុត្តិធម៌
ព្រះអង្គដឹកនាំប្រជាជាតិទាំងឡាយនៅលើផែនដី។
៦-បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧-ផែនដីបានបង្កើតភោគផល ព្រះជាម្ចាស់ជាព្រះនៃយើងប្រទានពរឱ្យយើង។
៨-សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង!
សូមឱ្យមនុស្សម្នាដែលរស់នៅលើផែនដីទាំងមូល គោរពកោតខ្លាចព្រះអង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ផែនដីបានបង្កើតភោគផល ប្រជាជាតិទាំងឡាយនាំគ្នាសប្បាយរីករាយ នាំ​គ្នា​ស្រែក​ជយឃោស អាលេលូយ៉ា!

ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យរស់​ឡើង​វិញ។ ព្រះ‌យេស៊ូបាន​បង្ហាញខ្លួនឱ្យអស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះ‌អង្គ ពី​ស្រុក​កាលី‌ឡេទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើជា​បន្ទាល់របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ប្រជាជន​ទៀត​ផង។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បង‌ប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើតាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌យេស៊ូឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង​ទីពីរ​ថាៈ ព្រះ‌អង្គ​ជា​បុត្រ​របស់​យើងគឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​មកនៅ​ថ្ងៃ​នេះ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ ៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន‌មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខមក​ឱ្យ​អ្នក​រាល់​គ្នា អាលេលូយ៉ា!

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ ៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន‌មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខមក​ឱ្យ​អ្នក​រាល់​គ្នា អាលេលូយ៉ា!

ព្រះគ្រីស្តបានសង់ព្រះដំណាក់នៃរូបកាយរបស់ព្រះអង្គឡើងវិញ ដោយឫទ្ធិអំណាចរបស់ព្រះអង្គផ្ទាល់ នៅពេលរូបកាយនេះត្រូវបានបំផ្លាញ ដោយសារសេចក្តីស្លាប់។ ចូរយើងទូលសូមព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមចែករំលែកផលផ្លែនៃជ័យជម្នះរបស់ព្រះអង្គឱ្យយើងខ្ញុំផង !

ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំអើយ ! នៅពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបាននាំដំណឹងល្អដល់ស្រ្តីៗ និងក្រុមគ្រីស្តទូត អំពីការសង្រ្គោះពិភពលោក
—សូមប្រោសឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)

ព្រះអង្គមានព្រះបន្ទូលសន្យាទៅកាន់ប្រជាជនទាំងឡាយថា យើងខ្ញុំនឹងរស់ឡើងវិញ ដើម្បីទទួលជីវិតថ្មី
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំធ្វើជាអ្នកប្រកាសដំណឹងល្អផង។ (បន្ទរ)

ព្រះអង្គបានបង្ហាញខ្លួនឱ្យក្រុមគ្រីស្តទូតឃើញ ហើយបានផ្លុំព្រះវិញ្ញាណដ៏វិសុទ្ធទៅលើពួកគាត់
—សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានព្រះវិញ្ញាណដូចគ្នានឹងក្រុមគ្រីស្តទូតកាលពីដើម។ (បន្ទរ)

ព្រះអង្គមានព្រះបន្ទូលសន្យា គង់នៅជាមួយពួកសាវ័ករហូតដល់អវសានកាលនៃពិភពលោក
—សូមព្រះអង្គស្នាក់នៅជាមួយយើងខ្ញុំនៅថ្ងៃនេះ ហើយស្ថិតនៅជាប់នឹងយើងខ្ញុំជានិច្ចផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! កាលពីដើមព្រះអង្គបានប្រទានឱ្យលោកស្ទេផានធ្វើជាសាក្សីអំពីសេចក្តីពិត រហូតដល់បូជាជីវិតដូចព្រះយេស៊ូ។ សូមព្រះអង្គមេត្តាប្រោសប្រទានដល់យើងខ្ញុំជាគ្រីស្តបរិស័ទ ដែលកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដ៏វិសុទ្ធ មានជំនឿមាំមួន និងមានសេចក្តីក្លាហានហ៊ានបញ្ជាក់ជំនឿរបស់ខ្លួន ដូចលោកស្ទេផាន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

3 Views