រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃចន្ទ
រដូវបុណ្យចម្លង
ថ្ងៃចន្ទ អាទិត្យទី៣
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៤
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់ !
ក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ (ហប ១៣,១៤)។
បន្ទរទី១ ៖ ទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត អាលេលូយ៉ា!
២ | ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ! ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គខ្លាំងណាស់! |
៣ | ទូលបង្គំអន្ទះអន្ទែង ប្រាថ្នាចង់ចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ ទូលបង្គំចង់នៅជាមួយព្រះដែលមានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ |
៤ | ឱព្រះអម្ចាស់នៃពិភពទាំងមូល! ឱព្រះអម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ! សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ ក៏រកកន្លែងធ្វើសំបុកដាក់កូនចៅវា ឱ្យនៅជិតអាសនៈរបស់ព្រះអង្គបានដែរ។ |
៥ | អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ មានសុភមង្គលហើយ គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ។ |
៦ | អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ដោយចិត្តស្មោះសរ។ |
៧ | នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត ព្រះអង្គធ្វើឱ្យទឹកនោះ ប្រែទៅជាប្រភពទឹក ភ្លៀងនៅដើមរដូវ ក៏ធ្លាក់មកជាព្រះពរលើកន្លែងនោះដែរ។ |
៨ | ពួកគេកាន់តែខិតចូលជិត ក៏កាន់តែមានកម្លាំងខ្លាំងឡើងៗ គេមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។ |
៩ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង!។ |
១០ | ឱព្រះជាម្ចាស់អើយ! សូមទតមើលស្តេចដែលជាខែលការពារយើងខ្ញុំ សូមទ្រង់ព្រះសន្តោសទតមកព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។ |
១១ | មួយថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ខ្ញុំសម្រេចចិត្តឈរនៅមាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់ |
១២ | ព្រះជាអម្ចាស់ជាពន្លឺថ្ងៃ និងជាខែលការពារយើង ព្រះអម្ចាស់ប្រណីសន្តោស និងប្រទានឱ្យយើងបានរុងរឿង ព្រះអង្គតែងតែប្រទានសុភមង្គល ឱ្យអស់អ្នកដែលរស់នៅដោយគ្មានកំហុស។ |
១៣ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! អ្នកណាផ្ញើជីវិតលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីអេសាយ (អស ២,២-៥)
ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គដាក់នៅលើកំពូលភ្នំទាំងឡាយ
“មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” (វវ ១៥,៤)។
បន្ទរទី២ ៖ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមកនឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ នៅក្នុងព្រះដំណាក់ដ៏អស្ចារ្យរបស់ព្រះអម្ចាស់ អាលេលូយ៉ា!
(បទព្រហ្មគីតិ)
២- | ថ្ងៃក្រោយព្រះអម្ចាស់ | នឹងប្រែផ្លាស់ព្រះដំណាក់ | |
លើកភ្នំធ្លាប់គង់ស្នាក់ | ដាក់ទៅលើភ្នំដទៃ | ។ | |
ដើម្បីឱ្យភ្នំនោះ | បានខ្ពង់ខ្ពស់លើសគេក្រៃ | ||
ប្រជាជាតិទាំងឡាយ | នាំគ្នាឡើងជាហូរហែ | ។ | |
៣- | មានទាំងប្រជាជន | ច្រើនពេកពន់ទៅផងដែរ | |
ពោលថាយើងដង្ហែ | ឡើងទៅលើភ្នំព្រះម្ចាស់ | ។ | |
យើងនាំគ្នាឡើងទៅ | ដើរតាមផ្លូវមាគ៌ាព្រះ | ||
ប្រញាប់ឆាប់រូតរះ | ដំណាក់ព្រះលោកយ៉ាកុប | ។ | |
ព្រះអង្គនឹងប្រដៅ | យើងស្គាល់ផ្លូវមាគ៌ាគ្រប់ | ||
ឱ្យស្គាល់ឱ្យសេពគប់ | ឱ្យដើរសព្វតាមគន្លង | ។ | |
ដ្បិតការប្រៀនប្រដៅ | អ្នកល្ងង់ខ្លៅគ្រាកន្លង | ||
ចេញពីស៊ីយ៉ូនផង | ល្អម៉ត់ហ្មងឥតមានទាស់ | ។ | |
ព្រះបន្ទូលប៉ុន្មាន | ល្អថ្កើងថ្កានឥតមានខ្ចោះ | ||
ចេញមកពីព្រះឧស្ឋ | ពីក្រុងយេរូសាឡឹម | ។ | |
៤- | ព្រះអង្គជាចៅក្រម | ដ៏ឧត្តមមិននៅស្ងៀម | |
សម្រុះសម្រួលភ្លាម | ផ្អាកសង្គ្រាមកាប់ប្រល័យ | ។ | |
ឱ្យឈប់ទាស់ទែងគ្នា | ចេះមេត្តាត្រាប្រណី | ||
យកដាវធ្លាប់ប្រល័យ | រំលាយធ្វើផាលនង្គ័ល | ។ | |
គ្រប់សាសន៍ឈប់តតាំង | ឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់ | ||
លែងចង់ឈ្នះចង់ជល់ | លំពែងធ្វើកណ្តៀវច្រូត | ។ | |
៥- | ឱបងប្អូនកូនចៅ | ញាតិពង្សផៅរៀងរហូត | |
យ៉ាកុបកុំរបូត | ជ្រករហូតក្រោមម្លប់ព្រះ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមកនឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ នៅក្នុងព្រះដំណាក់ដ៏អស្ចារ្យរបស់ព្រះអម្ចាស់ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៩៦
ព្រះអម្ចាស់ជាព្រះមហាក្សត្រ និងជាអ្នកវិនិច្ឆ័យទោសពិភពលោក
អ្នកទាំងនោះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន (វវ ១៤,៣)។
បន្ទរទី៣ ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ អាលេលូយ៉ា!
១ | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! មនុស្សនៅផែនដីទាំងមូលអើយ! ចូរច្រៀងថ្វាយព្រះអម្ចាស់! |
២ | ចូរច្រៀងថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសជារៀងរាល់ថ្ងៃនូវការសង្គ្រោះរបស់ព្រះអង្គ។ |
៣ | ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា នូវសីរីរុងរឿងរបស់ព្រះអង្គ ចូរប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ នូវស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ! |
៤ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម យើងត្រូវតែសរសើរតម្កើងឱ្យអស់ពីដួងចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ |
៥ | ព្រះទាំងប៉ុន្មានរបស់ជាតិសាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ |
៦ | មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។ |
៧ | ប្រជាជាតិទាំងឡាយអើយ! ចូរនាំគ្នាលើកតម្កើងសីរីរុងរឿងព្រះអម្ចាស់! ចូរថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ!។ |
៨ | ចូរលើកតម្កើងសីរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់ ចូរនាំគ្នាយកតង្វាយចូលមកក្នុងព្រះវិហាររបស់ព្រះអង្គ! |
៩ | ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ! |
១០ | ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ ពិភពលោកនៅតែរឹងមាំឥតរង្គើឡើយ។ ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានាដោយយុត្តិធម៌។ |
១១ | ចូរឱ្យផ្ទៃមេឃមានអំណរសប្បាយ ចូរឱ្យផែនដីរីករាយឡើង ចូរឱ្យសមុទ្រ និងអ្វីៗដែលមានជីវិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! |
១២ | ចូរឱ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ ចូរឱ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ |
ដ្បិតព្រះអង្គយាងមក ព្រះអង្គយាងមកវិនិច្ឆ័យផែនដី ព្រះអង្គនឹងវិនិច្ឆ័យផែនដីដោយយុត្តិធម៌ ព្រះអង្គនឹងវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១០,៨ខ-១០)
«ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿ នោះយើងនឹងទទួលការសង្គ្រោះ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ កុំធ្វើកិច្ចការ ដើម្បីឱ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឱ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ អាលេលូយ៉ា!
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ កុំធ្វើកិច្ចការ ដើម្បីឱ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឱ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះបិតាបានលើកតម្កើងព្រះយេស៊ូ និងបានតែងតាំងព្រះអង្គជាអ្នក ស្នងមរតកដល់មនុស្សគ្រប់ជាតិសាសន៍។ ចូរយើងកោតសរសើរព្រះអង្គ និងទូលថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះយើងខ្ញុំ ដោយសារជ័យជម្នះរបស់ព្រះអង្គផង !
បពិត្រព្រះគ្រីស្តជាអម្ចាស់ ! ដោយសារជ័យជម្នះរបស់ព្រះអង្គ ទ្រង់បានកាច់បំបាក់អំណាចនៃសេចក្តីអាក្រក់ ហើយបានបំផ្លាញអំពើបាប និងសេចក្តីស្លាប់
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានជ័យជម្នះលើអំពើបាប ក្នុងថ្ងៃនេះផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានទាញទម្លាក់សេចក្តីស្លាប់ចេញពីយើងខ្ញុំ ហើយនាំឱ្យយើងខ្ញុំមានជីវិតថ្មី
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំរស់នៅក្នុងជីវិតថ្មីក្នុងថ្ងៃនេះផង។ (បន្ទរ)
បពិត្រព្រះយេស៊ូ ! ព្រះអង្គបានប្រទានជីវិតដល់អ្នកស្លាប់ ហើយព្រះអង្គបាននាំមនុស្សលោកចេញពីសេចក្តីស្លាប់មកកាន់ជីវិតវិញ
—សូមព្រះអង្គប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលយើងខ្ញុំជួបនៅថ្ងៃនេះ។ (បន្ទរ)
ព្រះអង្គបាននាំភាពច្របូកច្របល់ដល់អ្នកយាមផ្នូរ តែទ្រង់ធ្វើឱ្យពួកសាវ័កមានអំណរសប្បាយ
—សូមព្រះអង្គប្រោសប្រទានឱ្យអ្នកបម្រើព្រះអង្គមានអំណរសប្បាយយ៉ាងពេញលេញផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! កាលពីដើមព្រះអង្គគាប់ព្រះហឫទ័យនឹងលោកស្ទេផាន ដែលមានប្រាជ្ញាមកពីព្រះវិញ្ញាណ។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានប្រាជ្ញាវាងវៃ ហ៊ានធ្វើជាសាក្សីរបស់ព្រះយេស៊ូគ្រីស្តក្នុងលោកនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។