រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃសុក្រ
រដូវបុណ្យចម្លង
សន្តអាថាណាស ជាអភិបាល និងគ្រូបាធ្យាយ
(រំឭកចាំបាច់)
ថ្ងៃសុក្រ អាទិត្យទី២
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៦,១-៩
ពាក្យអរព្រះគុណ
“យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (កក ១៤,២២ខ)។
បន្ទរទី១ ៖ ព្រះអម្ចាស់បានសង្រ្គោះព្រលឹងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់ អាលេលូយ៉ា!
១ | ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ |
២ | ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។ |
៣ | មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ |
៤ | ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖ “ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!” |
៥ | ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។ |
៦ | ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ |
៧ | ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។ |
៨ | ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។ |
៩ | ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់បានសង្រ្គោះព្រលឹងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១២១
ព្រះជាម្ចាស់ថែរក្សាការពារប្រជារាស្ត្រព្រះអង្គ
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្តៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។
បន្ទរទី២ ៖ ព្រះអម្ចាស់ថែរក្សាការពារប្រជារាស្រ្តរបស់ព្រះអង្គ ដូចរក្សាប្រស្រីភ្នែក អាលេលូយ៉ា!
(បទពាក្យ ៧)
១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
ថាតើនរណានឹងជួយខ្ញុំ | ឱ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឱ្យជើងអ្នកធ្លោយរងរបួស | |
ករុណាអាសូរជួយសង្គ្រោះ | កុំឱ្យមានគ្រោះឬត្រូវដួល | ។ | |
៤- | ព្រះអង្គដែលថែទាំការពារ | អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល | |
ព្រះអង្គមិនងុយងោកប្រែប្រួល | ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ | ។ | |
៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
៦- | ក្នុងពេលថ្ងៃមានព្រះអាទិត្យ | នឹងមិនរោមរិតធ្វើទោសទុក្ខ | |
ឯព្រះចន្ទចរនៅពេលយប់ | ក៏មិនមានទុក្ខដល់អ្នកដែរ | ។ | |
៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឱ្យកើតក្បែររូបអ្នកឡើយ | ។ | |
៨- | ព្រះអម្ចាស់ថែទាំអ្នកគ្រប់ | អ្វីៗទាំងសព្វមិនកន្តើយ | |
កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់ថែរក្សាការពារប្រជារាស្រ្តរបស់ព្រះអង្គ ដូចរក្សាប្រស្រីភ្នែក អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ។ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!
៣ | “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ។ ព្រះអង្គសង្រ្គោះខ្ញុំ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៥,៨-១០)
ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទមែលគីសេដែកដែរ។
បន្ទរ ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ដើម្បីបំផ្លាញអំណាចនៃស្ថាននរក ព្រះគ្រីស្តបានសោយទិវង្គត នៅលើឈើឆ្កាង។ នៅថ្ងៃទីបី ព្រះអង្គមានជ័យជម្នះលើសេចក្តីស្លាប់ ហើយបំពាក់ដោយអំណាច និងសិរីរុងរឿង អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ដើម្បីបំផ្លាញអំណាចនៃស្ថាននរក ព្រះគ្រីស្តបានសោយទិវង្គត នៅលើឈើឆ្កាង។ នៅថ្ងៃទីបី ព្រះអង្គមានជ័យជម្នះលើសេចក្តីស្លាប់ ហើយបំពាក់ដោយអំណាច និងសិរីរុងរឿង អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងកោតសរសើរព្រះគ្រីស្តដែលជាប្រភពនៃជីវិតគ្រប់យ៉ាង និងជាគ្រឹះនៃគុណធម៌គ្រប់ចំពូក ៖
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមបង្កើតព្រះរាជ្យព្រះអង្គក្នុងពិភពលោកនេះ !
បពិត្រព្រះយេស៊ូជាព្រះសង្រ្គោះ ! ព្រះអង្គសោយទិវង្គតក្នុងសភាពជាមនុស្ស ប៉ុន្តែ ព្រះអង្គមានជីវិតឡើងវិញ ដោយសារព្រះវិញ្ញាណ
—សូមឱ្យយើងខ្ញុំស្លាប់ព្រោះតែបាប និងរស់នៅដោយសារព្រះវិញ្ញាណ។ (បន្ទរ)
ព្រះអង្គបានផ្ញើពួកសាវ័កឱ្យចេញទៅប្រកាសដំណឹងល្អដល់ពិភពលោកទាំងមូល និងដល់គ្រប់ស្នាព្រះហស្តទាំងអស់
—សូមព្រះអង្គជម្រុញឱ្យអ្នកប្រកាសដំណឹងល្អ រស់នៅដោយសារព្រះវិញ្ញាណរបស់ព្រះអង្គ។ (បន្ទរ)
គ្រប់អំណាចនៅស្ថានបរមសុខ និងនៅលើផែនដីបានប្រគល់ជូនព្រះអង្គ ដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិត
—សូមព្រះអង្គថែរក្សាដួងចិត្តនៃអ្នកដឹកនាំយើងខ្ញុំ ឱ្យមានចិត្តស្មោះត្រង់ចំពោះសច្ចភាពផង។ (បន្ទរ)
ព្រះអង្គបានធ្វើឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មី និងបានបញ្ជាឱ្យយើងខ្ញុំ រង់ចាំមើលព្រះរាជ្យរបស់ទ្រង់
—ពេលណាយើងខ្ញុំកាន់តែទន្ទឹងរង់ចាំមើលផ្ទៃមេឃ និងផែនដីថ្មី ពេលនោះ សូមឱ្យយើងខ្ញុំស្វែងរកពិភពលោកនាពេលបច្ចុប្បន្ន ឱ្យកាន់តែប្រសើរឡើង។ (បន្ទរ)
ព្រះអង្គបានយាងចុះទៅស្ថានក្រោម ដើម្បីនាំដំណឹងល្អទៅដល់វិញ្ញាណទាំងនោះ
—សូមឱ្យមរណបុគ្គលទាំងឡាយមានអំណរសប្បាយ និងសេចក្តីសង្ឃឹមដ៏លើសលុប។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានជ្រើសរើសសន្តអាថាណាស ជាអភិបាលឱ្យធ្វើជាជនដ៏ឆ្នើមខាងជំនឿ ដោយប្រកាសថា ព្រះបុត្រាព្រះអង្គពិតជាព្រះជាម្ចាស់។ តាមការប្រៀនប្រដៅរបស់សន្តអាថាណាស សូមព្រះអង្គប្រោសឱ្យយើងខ្ញុំស្គាល់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។