រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃព្រហស្បតិ៍
រដូវបុណ្យចម្លង
(សន្តយ៉ូសែប ជាពលករ)
ថ្ងៃព្រហស្បតិ៍ អាទិត្យទី២
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៧២
រាជ្យអំណាចរបស់ព្រះមេស្ស៊ី
គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ (មថ ២,១១)។
បន្ទរទី១ ៖ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឱ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់ អាលេលូយ៉ា!
(ក)
១ | ឱព្រះជាម្ចាស់អើយ! សូមប្រទានឱ្យព្រះរាជាចេះវិនិច្ឆ័យដូចព្រះអង្គ សូមឱ្យព្រះរាជបុត្រនេះ បានប្រកបដោយសេចក្តីសុចរិតរបស់ព្រះអង្គដែរ!។ |
២ | សូមឱ្យព្រះរាជាគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ដោយយុត្តិធម៌ ហើយគ្រប់គ្រងជនក្រីក្រត្រឹមត្រូវតាមច្បាប់។ |
៣ | សូមឱ្យភ្នំធំភ្នំតូចទាំងឡាយ ផ្តល់នូវភោគផលដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំសេចក្តីសុចរិតរបស់គេផង។ |
៤ | សូមព្រះរាជារកយុត្តិធម៌ឱ្យជនក្រីក្រក្នុងចំណោមប្រជារាស្ត្រ សូមទ្រង់ប្រោសមនុស្សកំសត់ទុគ៌ត ហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ។ |
៥ | ដរាបណាព្រះអាទិត្យនៅតែរះ ហើយព្រះចន្ទនៅតែបញ្ចោញរស្មី សូមឱ្យព្រះរាជាមានព្រះជន្មាយុយឺនយូរអស់កល្បជាអង្វែងតរៀងទៅ។ |
៦ | សូមទ្រង់ផ្តល់ព្រះពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ ដូចភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។ |
៧ | សូមឱ្យសេចក្តីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា ដរាបណានៅមានព្រះចន្ទ សូមឱ្យមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៌។ |
៨ | សូមឱ្យព្រះរាជាគ្រប់គ្រងពីសមុទ្រមួយ ទៅសមុទ្រមួយ ពីទន្លេអឺប្រាតនេះ រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។ |
៩ | ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា ខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបរាជ័យងើបមុខមិនរួច។ |
១០ | ស្តេចទាំងឡាយនៅស្រុកតារស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា ស្តេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏យកសួយសារអាករមកថ្វាយព្រះអង្គដែរ។ |
១១ | ស្តេចទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះរាជា ប្រជាជាតិទាំងអស់នឹងបម្រើព្រះករុណា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឱ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់ អាលេលូយ៉ា!
បន្ទរទី២ ៖ សូមឱ្យមនុស្សម្នាយកព្រះនាមព្រះករុណាទៅជូនពរគ្នាទៅវិញទៅមក អាលេលូយ៉ា!
(ខ)
(បទកាកគតិ)
១២- | ទ្រង់នឹងរំដោះ | អ្នកក្រទាំងអស់ | ដោយធម៌មេត្តា |
អ្នកទុគ៌តស្រែក | សុំក្តីករុណា | ព្រះអង្គរក្សា | |
អ្នកគ្មានទីពឹង | ។ | ||
១៣- | ទ្រង់សែនអាណិត | អាសូរពេកពិត | អ្នកអត់លំនឹង |
នឹងមនុស្សកំសត់ | គ្មានអ្វីរំពឹង | ព្រះអម្ចាស់នឹង | |
សង្គ្រោះជីវិត | ។ | ||
១៤- | ទ្រង់នឹងរំដោះ | ពួកគេទាំងរស់ | ពីពួកឧក្រិដ្ឋ |
ជនកាចសាហាវ | ពាលាទុច្ចរិត | ព្រោះតែជីវិត | |
ថ្លៃថ្លាក្រៃលែង | ។ | ||
១៥- | សូមឱ្យរាជា | មានព្រះជន្មា | យឺនយូរអង្វែង |
គេនឹងយកមាស | មកថ្វាយទ្រង់ផង | អង្វរព្រះអង្គ | |
ឥតមានឈប់ឈរ | ។ | ||
១៦- | សូមឱ្យក្នុងស្រុក | ស្រូវពេញជង្រុក | ផ្តល់ភោគផលល្អ |
តាមកំពូលភ្នំ | ក៏ឱ្យសំបូរ | ប្រជាកុះករ | |
កើនឡើងដូចស្មៅ | ។ | ||
១៧- | សូមឱ្យរាជា | មានព្រះនាមា | ល្បីល្បាញតទៅ |
នាមព្រះករុណា | ស្ថិតស្ថេរគង់នៅ | ដរាបរៀងទៅ | |
លើដីក្រោមមេឃ | ។ | ||
១៨- | សូមលើកតម្កើង | ព្រះអង្គខ្ពស់ឡើង | ឥតមានអល់អែក |
ព្រះអ៊ីស្រាអែល | ល្អល្អះអនេក | ការអស្ចារ្យពេក | |
ដែលទ្រង់សម្តែង | ។ | ||
១៩- | សូមលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ព្រះអង្គគួរស្ញែង |
សូមឱ្យផែនដី | ទាំងមូលកោតក្រែង | សិរីរុងរឿង | |
របស់ព្រះអង្គ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ សូមឱ្យមនុស្សម្នាយកព្រះនាមព្រះករុណាទៅជូនពរគ្នាទៅវិញទៅមក អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ព្រះយេស៊ូគ្រីស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច អាលេលូយ៉ា!
១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
១០ | ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖ “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះយេស៊ូគ្រីស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,២៣-២៤)
គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឱ្យអស់ពីចិត្ត ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីព្រះអម្ចាស់ទុកជាកម្រៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺព្រះគ្រីស្ត ចូរបម្រើព្រះអង្គទៅ។
បន្ទរ៖ មនុស្សសុចរិតនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ហើយលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រះគ្រីស្តជាអម្ចាស់ បានទទួលព្រះកិត្តិនាមថា ជាបុត្ររបស់ជាងឈើ អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះគ្រីស្តជាអម្ចាស់ បានទទួលព្រះកិត្តិនាមថា ជាបុត្ររបស់ជាងឈើ អាលេលូយ៉ា!
ពាក្យអង្វរសកល
បិតុភាពទាំងនៅស្ថានបរមសុខ និងនៅលើផែនដី មានប្រភពចេញមកពីព្រះជាម្ចាស់។ ចូរយើងវិលត្រឡប់ទៅរកព្រះអង្គវិញ ហើយទូលថា ៖
បន្ទរ ៖ ឱព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំផង !
បពិត្រព្រះបិតាដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានសម្តែងឱ្យសន្តយ៉ូសែបដឹងពីគម្រោងការនៃការសង្រ្គោះអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយល់កាន់តែស៊ីជម្រៅអំពីព្រះបុត្រាព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងជាមនុស្សដ៏ពិតប្រាកដ។ (បន្ទរ)
បពិត្រព្រះបិតាដែលគង់នៅស្ថានបរមសុខ ! ព្រះអង្គបានចិញ្ចឹមបក្សាបក្សីនៅលើអាកាស ហើយឱ្យទីវាលបង្កើតភោគផលផ្លែផ្កានៅលើផែនដី
—សូមព្រះអង្គប្រទានអាហារប្រចាំថ្ងៃឱ្យបុត្រធីតាព្រះអង្គ ទាំងខាងព្រលឹង និងរូបកាយផង។ (បន្ទរ)
ឱព្រះដែលបង្កើតសកលលោកអើយ ! ព្រះអង្គបានប្រគល់ស្នាព្រះហស្តរបស់ព្រះអង្គឱ្យយើងខ្ញុំមើលថែរក្សា
—សូមឱ្យអស់អ្នកដែលធ្វើការ ទទួលបានរង្វាន់ដែលមកពីកម្លាំងញើសឈាមខ្លួនឯងផង។ (បន្ទរ)
ឱព្រះជាម្ចាស់នៃសេចក្តីសុចរិតគ្រប់យ៉ាង ! ព្រះអង្គចង់ឱ្យយើងខ្ញុំទាំងអស់គ្នាធ្វើដូចព្រះអង្គ
—សូមសន្តយ៉ូសែបជួយជំរុញយើងខ្ញុំឱ្យដើរតាមមាគ៌ានៃភាពដ៏វិសុទ្ធរបស់ព្រះអង្គជានិច្ចផង។ (បន្ទរ)
សូមព្រះអង្គទតមើលមកអស់អ្នកដែលជិតផុតដង្ហើម និងមរណបុគ្គល ដោយព្រះហឫទ័យសប្បុរស និងប្រទានឱ្យពួកគេនូវធម៌មេត្តាករុណារបស់ព្រះអង្គ
—តាមរយៈពាក្យទូលអង្វររបស់ព្រះយេស៊ូ ព្រះនាងម៉ារី និងសន្តយ៉ូសែបផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់ដែលបង្កើតពិភពលោកទាំងមូល ! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជាតិសាសន៍បំពេញកិច្ចការរៀងៗខ្លួន ដើម្បីបន្តព្រះរាជកិច្ចរបស់ព្រះអង្គ។ តាមគំរូរបស់សន្តយ៉ូសែប សូមព្រះអង្គប្រោសឱ្យយើងខ្ញុំធ្វើកិច្ចការថ្វាយព្រះអង្គ ដើម្បីទទួលរង្វាន់តាមព្រះបន្ទូលសន្យា។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។