រដូវសែសិបថ្ងៃ សប្តាហ៍ទី៥ ថ្ងៃពុធ

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូសឡើយ។

ទំនុកតម្កើងតាមការជ្រើសរើស

ទំនុកតម្កើងលេខ ៩៥
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គទាំង​អរ​ព្រះ‌គុណ
និង​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ
សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែន‌ដី​ក៏​ព្រះ‌អង្គ​បាន​បង្កើត​មក​ដែរ។
ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក
ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះ‌អង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ច‌ការដែល​យើង​ធ្វើ​ក៏​ដោយ។
១០ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះបាន​ធ្វើ​ឱ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
១១ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឱ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១០០

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​រីក‌រាយ
ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ!
ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះ‌អង្គ​បាន​បង្កើត​យើង​មក
យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​ថែ‌រក្សា។
ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ
ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង!
ចូរ​លើក​តម្កើង​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦៧

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
ដូច្នេះ មនុស្ស​នៅ​លើ​ផែន‌ដីនឹង​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ!
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជនទាំង‌ឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយ‌ឃោស
ដ្បិត​ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជា‌រាស្ដ្រ​នានាដោយ​យុត្តិធម៌
ហើយ​ព្រះ‌អង្គ​ដឹក​នាំ​មហា‌ជន​ទាំង‌ឡាយនៅ​លើ​ផែន‌ដី។
ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ឱ្យ​ប្រជាជន​ទាំង‌ឡាយនាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ
សូម​ឱ្យ​ប្រជាជន​ទាំង​អស់​រួម​គ្នាលើក​តម្កើង​ព្រះ‌អង្គ!
ផែន‌ដី​បាន​បង្កើត​ភោគ‌ផល
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង បាន​ប្រទាន​ពរ​ឱ្យ​យើង។
សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឱ្យ​យើង សូម​ឱ្យ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី គោរព​កោត​ខ្លាច​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៤

ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព‌លោក
ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដីពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឱ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។
តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ
និង​និយាយ​ស្បថ‌ស្បែ​បំពាន។
ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ នឹង​ប្រោស​គេ​ឱ្យសុចរិត​ដែរ។
គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ​ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឱ្យ​ធំ ដើម្បី​ឱ្យ​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
១០ តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយសិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជា​ព្រះ‌មហា​ក្សត្រប្រកប​ដោយ​សិរី‌រុង​រឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹត​ឡើយ
គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។

បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។

ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា
“មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។
គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក
រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។
គេពោលសុទ្ធតែពាក្យកុហកបោកប្រាស
គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។
សូម្បីតែនៅពេលដេក
ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ
គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ
គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។
បពិត្រព្រះអម្ចាស់!
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត
ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។
បពិត្រព្រះអម្ចាស់!
ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។
បពិត្រព្រះជាម្ចាស់!
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមានតម្លៃដ៏លើសលប់បំផុត!
មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក
ពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
១០ដ្បិតព្រះអង្គជាប្រភពនៃជីវិត
យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។
១១សូមសម្តែងព្រះហឫទ័យមេត្តាករុណា
ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត
សូមសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
១២សូមកុំឱ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ
កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ!
១៣មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ
ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។

គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​សិរី‌រុង​រឿង និងឫទ្ធិបារមីដ៏អស្ចារ្យ។

(បទកាកគតិ)

១-ចូរអ្នករាល់គ្នាបង្គំវន្ទាច្រៀងរាំទូលថ្វាយ
ព្រះជាអម្ចាស់ប្រគុំភ្លេងខ្លុយឈឹងស្គរអោនកាយ
សរសើរតម្កើង
១៣-ខ្ញុំនឹងច្រៀងបទថ្មីហើយវិសុទ្ធថ្វាយព្រះថ្កើងថ្កាន
ព្រះអង្គពិតជាប្រសើរហួសស្មានបារមីចំណាន
ខ្លាំងក្លាអស្ចារ្យ
១៤-សូមឱ្យសត្វលោកក្នុងទឹកលើគោកកុំនៅសោកា
សុខចិត្តបម្រើព្រះមានចេស្តាឥតមាននរណា
ជំទាស់បានឡើយ
១៥-ពេលទ្រង់យាងមកភ្នំក៏កក្រើករង្គើអស់ហើយ
ធ្លាក់ក្នុងសមុទ្រនៅមិនបានឡើយទោះថ្មក៏ដោយ
ក៏ត្រូវអន្តរាយ
ប៉ុន្តែព្រះម្ចាស់តែងតែសន្តោសអាណិតពេកក្រៃ
អាសូរដល់រាស្ត្រអ្នកទាបក្រក្រីគោរពរាល់ថ្ងៃ
កោតខ្លាចព្រះអង្គ
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កើនឥតហ្មង
ដែលគង់ជានិច្ច

បន្ទរ៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ប្រកប​ដោយ​សិរី‌រុង​រឿង និងឫទ្ធិបារមីដ៏អស្ចារ្យ។

ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ !
ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !
ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង
ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម ដែលគ្រងរាជ្យលើផែនដីទាំងមូល។
ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង
ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។
ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង
គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។
ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ
ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។
ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ !
ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង !
ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល
ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។
ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា
ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។
១០អ្នកដឹកនាំរបស់ប្រជាជាតិនានា
មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ
ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល
ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់
ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ព្រះជាអម្ចាស់​ណែនាំ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំងឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។ ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើល‌ងាយ និង​ស្តោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។ ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ ខ្ញុំ​រក្សា​ទឹក​មុខ​រឹង‌ប៉ឹង ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

បន្ទរ៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សាវ័ក​របស់​ខ្ញុំ​មែន។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដីពិត ហើយ​សេចក្ដីពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព» ។

៦៨”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ
ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា
ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង
ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ
ជាបុព្វបុរសរបស់យើងថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ
និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ
ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្តីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

៦៨-សូមលើកតម្កើងព្រះអម្ចាស់ប្រសើរពេកណាស់ព្រះរបស់
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះយាងមករំដោះរាស្ត្រព្រះអង្គ
៦៩-ទ្រង់បានប្រទានព្រះសង្គ្រោះដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សនៃអង្គដាវីឌបម្រើជាក់
៧០-ព្រះម្ចាស់ប្រទានព្រះសង្គ្រោះយើងមិនដែលលោះមិនដែលអាក់
ដូចបានសន្យាតាមរយៈព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន
៧១-ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
និងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២-ព្រះអង្គសម្ដែងព្រះហឫទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣-គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤-ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងឫស្យា
ដើម្បីយើងអាចក្រាបវន្ទាព្រះអង្គគ្រប់គ្រាគ្មានភ័យភិត
៧៥-ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ
៧៦-ចំណែកឯរូបរបស់កូននឹងក្លាយខ្លួនជាព្យាការី
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃរៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ
៧៧-កូននឹងធ្វើឱ្យអស់ប្រជារាស្ត្រទាំងអស់គ្នាគេបានដឹង
ថាព្រះសង្គ្រោះគឺព្រះអង្គទាំងលើកទោសផងរួចពីបាប
៧៨-ព្រះរបស់យើងមានព្រះទ័យករុណាប្រណីជាដរាប
ទ្រង់ប្រទានថ្ងៃរះរៀងរាបរំដោះរួចបាបយើងពិតៗ
៧៩-សម្រាប់បំភ្លឺដល់អស់អ្នកដែលបាននៅស្នាក់ទីងងឹត
ព្រមទាំងតម្រង់ផ្លូវជីវិតយើងឆ្ពោះទៅរកក្តីសុខសាន្ត
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បន្ទរ៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សាវ័ក​របស់​ខ្ញុំ​មែន។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដីពិត ហើយ​សេចក្ដីពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព» ។

សូមលើកតម្កើងព្រះជាម្ចាស់ ដែលប្រទានការសង្រ្គោះមកមនុស្សលោក។ ព្រះអង្គបានចេញព្រះរាជបញ្ជាឱ្យមនុស្សត្រូវកើតជាថ្មីក្នុងព្រះអង្គ នៅពេលអ្វីៗទាំងអស់នឹងបង្កើតសាជាថ្មី។ ចូរយើងទូលសូមព្រះអង្គ ដោយមានទំនុកចិត្តថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូម​ប្រទាន​ចិត្ត​គំនិត​ថ្មីដ៏រឹងប៉ឹងមកយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់ ! ព្រះអង្គមានព្រះបន្ទូលសន្យាអំពីផ្ទៃមេឃ និងផែនដីថ្មី
—តាមរយៈព្រះវិញ្ញាណព្រះអង្គ សូមឱ្យយើងខ្ញុំរីករាយនឹងព្រះវត្តមានព្រះអង្គនៅក្រុងយេរូសាឡឹម ឯស្ថានបរមសុខអស់កល្បជានិច្ចផង។ (បន្ទរ)

សូមជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការរួមជាមួយព្រះអង្គ ដើម្បីធ្វើឱ្យពិភពលោកនេះមានជីវិត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
—និងកសាងផែនដីជាទីក្រុងនៃភាពយុត្តិធម៌ សេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត។ (បន្ទរ)

សូមព្រះអង្គរំដោះយើងខ្ញុំចេញពីការធ្វេសប្រហែស និងភាពខ្ជិលច្រអូស
—សូមប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយ ក្នុងព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គមេត្តារំដោះយើងខ្ញុំឱ្យរួចពីមារកំណាច
—និងទាសករផ្លូវអារម្មណ៍ ដែលធ្វើឱ្យយើងខ្វាក់ភ្នែក មើលមិនឃើញសេចក្តីល្អ។ (បន្ទរ)

ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់បុត្រធីតាព្រះអង្គ ដែលមានចិត្តសោកស្តាយចំពោះអំពើបាបរបស់ខ្លួន។ សូមព្រះអង្គប្រោសយើងខ្ញុំឲ្យស្ម័គ្រចិត្តបម្រើព្រះអង្គជារៀងរហូតផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅ ដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

6 Views