រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃចន្ទ
រដូវបុណ្យចម្លង
(សន្តសិលា សាណែល ជាបូជាចារ្យ និងជាមរណសាក្សី
ឬ សន្តល្វីស ម៉ារី ហ្រ្គីនៀន ជាបូជាចារ្យ)
ថ្ងៃចន្ទ អាទិត្យទី២
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤៥
ចម្រៀងនៅពេលព្រះរាជារៀបអភិសេក
“ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!” (មថ ២៥,៦)។
បន្ទរទី១ ៖ សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
(ក)
២ | ចិត្តរបស់ខ្ញុំពោរពេញទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។ សូមឱ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ |
៣ | ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេ ដែលរូបសម្បត្តិល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គរហូតតទៅ។ |
៤ | ឱវីរបុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។ |
៥ | សូមព្រះអង្គយាងគង់លើព្រះរាជរថប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមព្រះអង្គទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។ |
៦ | សូមឱ្យព្រួញដ៏មុតរបស់ព្រះអង្គបានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឱ្យប្រជាជាតិទាំងឡាយនៅក្រោមព្រះបាទារបស់ព្រះរាជា។ |
៧ | បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ |
៨ | ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ ជ្រើសរើសព្រះអង្គពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឱ្យព្រះអង្គមានអំណរសប្បាយដ៏លើសលប់ ដោយចាក់ប្រេងអភិសេកព្រះអង្គ។ |
៩ | ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រឹស្នា មានក្រុមតន្ដ្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។ |
១០ | ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រីរបស់ស្តេចនគរនានា ហើយព្រះមហាក្សត្រិយានី ទ្រង់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត គង់នៅខាងស្តាំព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
បន្ទរទី២ ៖ អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!» ។ អាលេលូយ៉ា!
(ខ)
(បទព្រហ្មគីតិ)
១១ | ព្រះម្ចាស់ក្សត្រីយ៍អើយ | កុំកន្តើយសណ្តាប់ខ្ញុំ | |
កុំនឹកនាពួនយំ | ដល់រាជវង្សព្រះនាងអី | ។ | |
១២ | សូមឱ្យមហាក្សត្រ | បានគាប់ចិត្តអង្គក្សត្រីយ៍ | |
បង្គំគាល់ក្រាបថ្វាយ | កុំនឿយណាយទ្រង់ជាម្ចាស់ | ។ | |
១៣ | អ្នកមានក្រុងទីរ៉ុស | ទាំងស្រីប្រុសមានច្រើនណាស់ | |
នាំតង្វាយទាំងអស់ | តម្រង់ឆ្ពោះផ្គាប់ក្សត្រី | ។ | |
១៤ | ព្រះនាងគង់នៅក្នុង | ព្រះរាជវាំងសុខពេកក្រៃ | |
រូបឆោមស្រស់ឥតបី | ព្រះភូសារំលេចមាស | ។ | |
១៥ | គេដង្ហែព្រះនាង | ចូលក្នុងវាំងមនុស្សដេរដាស | |
ភីលៀងមានច្រើនណាស់ | ហែទៅគាល់ព្រះរាជា | ។ | |
១៦ | ព្រះនាងចូលទៅកាន់ | វិមានស្ថានអង្គក្សត្រា | |
អស់ទាំងរាស្ត្រប្រជា | គ្រប់ៗគ្នារីករាយក្រៃ | ។ | |
១៧ | បពិត្រព្រះមហាក្សត្រ | មេត្តាចាត់បុត្រថ្លាថ្លៃ | |
គ្រងរាជ្យដ៏ប្រពៃ | តពីព្រះអយ្យកោស្តេច | ។ | |
១៨ | ទូលបង្គំនឹងថ្លាថ្លែង | រំលឹកចែងឥតមានភ្លេច | |
ព្រះនាមល្អបណ្តាច់ | នាំគ្នាលើកថ្កើងព្រះអង្គ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!» ។ អាលេលូយ៉ា!
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ
បន្ទរទី៣ ៖ យើងទាំងអស់គ្នាបានទទួលព្រះហឫទ័យប្រណីសន្ដោស មិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ អាលេលូយ៉ា !
៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ |
១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ យើងទាំងអស់គ្នាបានទទួលព្រះហឫទ័យប្រណីសន្ដោស មិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៨,១ខ-៣ក)
យើងមានមហាបូជាចារ្យមួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ ដ៏ឧត្តុង្គឧត្ដមនៅស្ថានបរមសុខ។ ព្រះអង្គនៅបម្រើក្នុងទីសក្ការៈ និងក្នុងព្រះពន្លាដ៏ពិតប្រាកដ ដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឱ្យថ្វាយតង្វាយ និងថ្វាយយញ្ញបូជា។
បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងព្រះនាងម៉ារី (លូកា ១,៤៦-៥៥)
បន្ទរ៖ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។ អាលេលូយ៉ា!
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។ អាលេលូយ៉ា!
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះអម្ចាស់ ដែលបានធ្វើឱ្យពិភពលោកមានសិរីរុងរឿង ដោយការរស់ឡើងវិញរបស់ព្រះអង្គ។ ចូរយើងទូលទៅព្រះអង្គ ដោយអំណរសប្បាយអស់ពីដួងចិត្តថា ៖
បន្ទរ៖ បពិត្រព្រះគ្រីស្តជាម្ចាស់នៃជីវិតយើងខ្ញុំអើយ ! សូមព្រះសណ្តាប់ពាក្យអង្វរយើងខ្ញុំផង !
បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត ! ព្រះអង្គបានធ្វើដំណើរតាមផ្លូវជាមួយពួកសាវ័ក
—សូមព្រះអង្គគង់នៅជាមួយព្រះសហគមន៍ ក្នុងដំណើរជីវិតនេះផង។ (បន្ទរ)
សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំយឺតក្នុងការជឿឡើយ
—ប៉ុន្តែ សូមឱ្យយើងខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកាសពីព្រះអង្គដែលមានជ័យជម្នះលើសេចក្តីស្លាប់។ (បន្ទរ)
សូមព្រះអង្គទតមកអស់អ្នកដែលមិនបានទទួលស្គាល់វត្តមានរបស់ព្រះអង្គ ដោយព្រះហឫទ័យសប្បុរស
—សូមបង្ហាញព្រះអង្គឱ្យពួកគេបានស្គាល់ ដើម្បីពួកគេអាចទទួលស្វាគមន៍ព្រះអង្គទុកជាព្រះសង្រ្គោះ។ (បន្ទរ)
តាមរយៈឈើឆ្កាង ព្រះអង្គបាននាំការសម្រុះសម្រួលមកមនុស្សលោក ក្នុងព្រះកាយរបស់ព្រះអង្គ
—សូមព្រះអង្គប្រោសប្រទានការរួបរួមគ្នា និងសេចក្តីសុខសាន្ត ឱ្យដល់ប្រជាជាតិទាំងឡាយផង។ (បន្ទរ)
ព្រះអង្គវិនិច្ឆ័យទោសទាំងមនុស្សរស់ និងមនុស្សស្លាប់
—សូមព្រះអង្គលើកលែងទោសបាបរបស់គ្រីស្តបរិស័ទ ដែលចែកឋានទៅហើយផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គប្រោសឱ្យយើងខ្ញុំហៅព្រះអង្គថា «ព្រះបិតា»។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តគំនិតស្របតាមឋានៈខ្លួនជាបុត្រធីតាព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។