ថ្ងៃសុក្រពិសិដ្ឋ

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិដ្ឋាន (រ៉ូម ១២,១២)។

បន្ទរ៖ គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។

នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។
ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស
ដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត!
អ្នក​និយាយ​បោក​បញ្ឆោត​ដូច្នេះ តើ​បាន​ទទួល​អ្វី​ខ្លះ?
គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចម្បាំង និង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ!
ខ្ញុំ​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​មនុស្ស​កាច​សាហាវ
ហើយ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ព្រៃ‌ផ្សៃ​ដូច្នេះ វេទនា​ណាស់!
ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្តសន្តិ‌ភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។
ពេល​ខ្ញុំ​និយាយ​ពី​សន្តិ‌ភាព ពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កម្ដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ (វវ ៧,១៦)។

(បទពាក្យ ៧)

១-ខ្ញុំងើបមុខឡើងភ្នែកសម្លឹងឯនាយល្វើយល្វឹងទៅដល់ភ្នំ
ថាតើនរណានឹងជួយខ្ញុំឲ្យផុតទុក្ខធំគ្រប់ៗគ្រា
២-គឺមានតែអង្គព្រះអម្ចាស់ដែលប្រណីប្រោសរាល់វេលា
ទ្រង់បង្កើតដីផ្ទៃមេឃាព្រះអង្គគឺជាព្រះសង្គ្រោះ
៣-សូមទ្រង់មេត្តាកុំបណ្តោយឲ្យជើងអ្នកធ្លោយរងរបួស
ករុណាអាសូរជួយសង្គ្រោះកុំឲ្យមានគ្រោះឬត្រូវដួល
៤-ព្រះអង្គដែលថែទាំការពារស្រាអែលគ្រប់គ្នាបានសុខស្រួល
ព្រះអង្គសង្គ្រោះមិនឲ្យដួលទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ
៥-ព្រះអម្ចាស់តែងរក្សាថែការពារឥតល្ហែមិនកន្តើយ
ទ្រង់គង់នៅខាងស្តាំអ្នកហើយកុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
៦-ព្រះអាទិត្យរះក្នុងពេលថ្ងៃមិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់
ឯព្រះច័ន្ទចរនៅពេលយប់ទុក្ខសោកក៏ឈប់ដល់អ្នកដែរ
៧-ព្រះអម្ចាស់នឹងថែរក្សារារាំងបាំងការពារថ្នមថែ
ហេតុការណ៍អាក្រក់ទ្រង់បង្វែរមិនឲ្យកើតក្បែររូបអ្នកឡើយ
៨-ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់អ្វីៗសព្វគ្រប់មិនកន្តើយ
កិច្ចការអ្នកធ្វើនឹងធូរស្បើយពីពេលនេះហើយតរៀងទៅ
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

បង‌ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ (ហប ១២,២២)។

ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់ នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា:
ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!។
ក្រុង​យេរូ‌សាឡឹម​អើយ
យើង​នាំ​គ្នា​ឈាន​ជើង​ចូល​មក​ដល់​មាត់​ទ្វាររបស់​អ្នក​ហើយ !
យេរូ‌សាឡឹម​អើយ អ្នក​ជា​ក្រុង​មួយ​ដែល​សង់​ឡើង​យ៉ាង​រឹង‌មាំ
និង​មាន​កំពែង​ដ៏​ល្អ​ប្រណីត​ព័ទ្ធ​ជុំ‌វិញ។
កុល‌សម្ព័ន្ធ​នានា​របស់​ព្រះ‌អម្ចាស់នាំ​គ្នា​ឡើង​មក​ទី​នេះ
ដើម្បី​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ តាម​ច្បាប់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។
នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះ‌រាជ‌វង្សរបស់​ស្តេច​ដាវីឌ
ដើម្បី​គ្រប់‌គ្រង​ប្រជារាស្ដ្រ ដោយ​យុត្តិធម៌​ដែរ។
ចូរ​នាំ​គ្នា​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាពមក​ក្រុង​យេរូ‌សាឡឹម
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះអាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!
សូម​ឲ្យ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុងបាន​ប្រកប​ដោយ​សេចក្ដីសុខ
សូម​ឲ្យ​វិមាន​នានា​នៅ​ក្នុង​ក្រុងបាន​សុខ​ក្សេម‌ក្សាន្ត។
ដោយ​យល់​ដល់​បង‌ប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា:
សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹមបាន​ប្រកប​ដោយ​សេចក្ដីសុខ‌សាន្ត!
ដោយ​យល់​ដល់​ព្រះ‌ដំណាក់របស់​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ខ្ញុំ​ទូល​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។

នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​ប្រៀប​បាន​នឹង​ពន្លក​មួយដែល​លូត​លាស់​មិន​សូវ​ល្អ ដូច​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​ហួត‌ហែង។ លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិ‌យស​ថ្លៃ‌ថ្នូរគួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូប‌រាង​អ្វីគួរ​ឲ្យទាក់‌ទាញ​ចិត្ត​យើង​ដែរ។ លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់‌រក។ លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​លោក ហើយ​មិន​រាប់‌រក​លោក​ឡើយ។

បន្ទរ៖ យើងខ្ញុំសូមកោតសរសើរព្រះគ្រីស្ត ! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ !
—ព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។

បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសពន់ប្រមាណ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបុត្រាព្រះអង្គសោយទិវង្គត ដើម្បីរំដោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គបំភ្លឺយើងខ្ញុំឲ្យដើរជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាកលីឈើឆ្កាង ហើយប្រោសយើងខ្ញុំឲ្យបានវិសុទ្ធ ស្របតាមគម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លងនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់ !
សូមអរព្រះគុណព្រះជាម្ចាស់ !

6 Views