ថ្ងៃសុក្រពិសិដ្ឋ
ត្រៃទិវានៃបុណ្យចម្លង
ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
- ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមក យើងឱនកាយក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះបុត្រានៃព្រះជាម្ចាស់ ដែលបានរំដោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ។
ទំនុកតម្កើងតាមការជ្រើសរើស
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង
ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត
ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៣-២៤)។
បន្ទរទី១ ៖ ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា។
៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា។
បទលើកតម្កើងតាមគម្ពីរហាបាគូក (ហគ ៣,២-៤.១៣ក.១៥-១៨)
ព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោសមនុស្សលោក
“ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ” (លក ២១,២៨)។
បន្ទរទី២ ៖ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
(បទព្រហ្មគីតិ)
២- | ឱព្រះជាអម្ចាស់ | ខ្ញុំឮច្បាស់សព្វសេចក្តី | |
ស្នាព្រះហស្តថ្លាថ្លៃ | រៀងរាល់ថ្ងៃខ្លាំងអស្ចារ្យ | ||
សូមទ្រង់ប្រោសប្រណី | ដោយសេចក្តីករុណា | ||
សម្តែងឫទ្ធិបាដិហារិយ៍ | ឱ្យគ្រប់គ្នាស្គាល់ផងចុះ | ||
ប៉ុន្តែពេលព្រះអង្គ | ពិរោធខ្លាំងសូមសន្តោស | ||
ព្រះទ័យដែលធ្លាប់ស្មោះ | ធ្លាប់ស្រណោះគ្រាកន្លង | ||
៣- | ព្រះម្ចាស់យាងមកពី | ភ្នំជាទីឥតមានហ្មង | |
វិសុទ្ធពេកកន្លង | បារមីទ្រង់ភ្លឺចែងចាំង | ||
សូមឱ្យពសុធា | កុំរួញរាស្រែកឱ្យខ្លាំង | ||
លើកតម្កើងព្រះអង្គ | យប់ថ្ងៃផងកុំរួញរា | ||
៤- | ព្រះអង្គភ្លឺពណ្ណរាយ | ចាំងពីនាយល្អអស្ចារ្យ | |
ចែងចាំងរស្មីថ្លា | ព្រះចេស្តាបង្កប់ទុក | ||
១៣- | ព្រះអង្គចេញសង្គ្រោះ | មនុស្សទាំងអស់នៅលើលោក | |
ទាំងស្តេចដែលចេញមក | ទ្រង់អភិសេកចាក់ប្រេងឱ្យ | ||
ព្រះអង្គបានប្រហារ | មេគ្រួសារមិនបណ្តោយ | ||
កម្ទេចមិនទុកឱ្យ | នៅសល់ឡើយទាំងអស់គ្នា | ||
១៥- | ព្រះអង្គត្រួសត្រាយផ្លូវ | សេះដើរទៅលាន់ខ្ទ័រខ្ទារ | |
នៅក្នុងបាតជលសា | ដែលកំពុងកញ្ជ្រោលខ្លាំង | ||
១៦- | ខ្ញុំឮសន្ធឹកនេះ | ទ្រូងស្ទើរប្រេះភ័យភាន់ភាំង | |
ឆ្អឹងឆ្អែងពុកអស់ទាំង | ដៃជើងគាំងនៅស្ងៀមឈឹង | ||
ខ្ញុំរង់ចាំតែថ្ងៃ | អាសន្នភ័យទាំងទន្ទឹង | ||
ពេលពួកឈ្លានពានខឹង | ពួកវានឹងកាប់ប្រហារ | ||
១៧- | ព្រៃឈើលែងឱ្យផ្លែ | ស្រូវក្នុងស្រែស្កកអសារ | |
សត្វគោចៀមផងណា | ត្រូវមរណាគ្មានសល់ដែរ | ||
១៨- | ឯខ្ញុំសែនរីករាយ | អរសប្បាយបានល្ហើយល្ហែ | |
ព្រោះព្រះម្ចាស់នៅក្បែរ | ទ្រង់តាមថែសង្គ្រោះខ្ញុំ | ||
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច |
បន្ទរ ៖ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ទំនុកតម្កើងលេខ ១៤៧,១២-២០
ការស្តារក្រុងយេរូសាឡឹមឡើងវិញ
“សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឱ្យលោកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម” (វវ ២១,៩)។
បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមក្រាបថ្វាយបង្គំឈើឆ្កាងរបស់ព្រះអង្គ។ យើងខ្ញុំសូមកោតសរសើរ និងលើកតម្កើងការរស់ឡើងវិញដ៏វិសុទ្ធរបស់ព្រះអង្គ។ ដ្បិតឈើដែលគេឆ្កាងព្រះអង្គបាននាំអំណរសប្បាយដល់ពិភពលោក។
១២ | ក្រុងយេរូសាឡឹមអើយ ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ ! ក្រុងស៊ីយ៉ូនអើយ ! ចូរសរសើរតម្កើងព្រះរបស់អ្នក ! |
១៣ | ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឱ្យមានសន្តិសុខ ព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។ |
១៤ | ព្រះអង្គប្រទានឱ្យទឹកដីអ្នកមានសន្តិភាព ព្រះអង្គប្រទានឱ្យអ្នកមានស្រូវដ៏ល្អយ៉ាងបរិបូណ៌ |
១៥ | ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស |
១៦ | ព្រះអង្គធ្វើឱ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឱ្យមានសន្សើមធ្លាក់ចុះមកយ៉ាងសក្បុស |
១៧ | ព្រះអង្គធ្វើឱ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ តើនរណាអាចទ្រាំនឹងអាកាសធាតុត្រជាក់ ដែលព្រះអង្គបានបង្កើតមកនេះ? |
១៨ | ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកកនិងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឱ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។ |
១៩ | ព្រះអង្គសម្តែងឱ្យពូជពង្សរបស់លោកយ៉ាកុប ស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗឱ្យជនជាតិអ៊ីស្រាអែល។ |
២០ | ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះជនជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ សូមសរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមក្រាបថ្វាយបង្គំឈើឆ្កាងរបស់ព្រះអង្គ។ យើងខ្ញុំសូមកោតសរសើរ និងលើកតម្កើងការរស់ឡើងវិញដ៏វិសុទ្ធរបស់ព្រះអង្គ។ ដ្បិតឈើដែលគេឆ្កាងព្រះអង្គបាននាំអំណរសប្បាយដល់ពិភពលោក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥២,១៣-១៥)
ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើនមានឋានៈខ្ពង់ខ្ពស់ និងត្រូវគេលើកតម្កើងយ៉ាងឧត្តុង្គឧត្ដមបំផុត។ កាលពីមុន ពេលមហាជនឃើញលោក គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខលោកលែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោកហើយនាំគ្នាស្ងើចសរសើរ ស្តេចជាច្រើននឹងនៅស្ងៀមស្ងាត់ ដ្បិតស្តេចទាំងនោះនឹងឃើញហេតុការណ៍ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់ ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗដែលគេមិនធ្លាប់ឮពីមុនមក។
បន្ទរ៖ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ គេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ។
៦៨ | ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។ |
៧០ | ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម |
៧១ | គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង |
៧២ | ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ |
៧៣ | គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា |
៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច |
៧៥ | ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។ |
៧៦ | ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
៧៧ | កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។ |
៧៨ | ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង |
៧៩ | និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់លោកសាការី (តាមបែបស្មូត) បទពាក្យ ៧
៦៨- | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
ជាតិអ៊ីស្រាអែលធ្លាប់ស្ម័គ្រស្មោះ | យាងមករំដោះរាស្ត្រព្រះអង្គ | ។ | |
៦៩- | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
ពីក្នុងចំណោមព្រះញាតិវង្ស | នៃអង្គដាវីឌបម្រើជាក់ | ។ | |
៧០- | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលអាក់ | |
ដូចបានសន្យាតាមរយៈ | ព្យាការីធ្លាប់ស្ម័គ្រកាលគ្រាមុន | ។ | |
៧១- | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
៧២- | ព្រះអង្គសម្ដែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
៧៣- | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូច្នេះថា | ។ | |
៧៤- | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
ដើម្បីយើងអាចក្រាបវន្ទា | ព្រះអង្គគ្រប់គ្រាគ្មានភ័យភិត | ។ | |
៧៥- | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
៧៦- | ចំណែកឯរូបរបស់កូន | នឹងក្លាយខ្លួនជាព្យាការី | |
ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
៧៧- | កូននឹងធ្វើឱ្យអស់ប្រជា | រាស្ត្រទាំងអស់គ្នាគេបានដឹង | |
ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
៧៨- | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
៧៩- | សម្រាប់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះទៅរកក្តីសុខសាន្ត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ គេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ។
ពាក្យអង្វរសកល
ព្រះសង្រ្គោះនៃយើងបានរងទុក្ខលំបាក សោយទិវង្គត និងបានបញ្ចុះក្នុងរូងថ្មមួយ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ដោយសេចក្តីស្រឡាញ់ពេញបេះដូង ចូរយើងលើកតម្កើងព្រះអង្គ ហើយទូលថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !
ព្រះគ្រីស្តជាបរមគ្រូនៃយើង ព្រះអង្គបានស្តាប់តាមព្រះបញ្ជា រហូតដល់សោយទិវង្គតសម្រាប់យើងខ្ញុំ
—សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះធ្វើតាមព្រះហឫទ័យនៃព្រះបិតាក្នុងគ្រប់ប្រការ។ (បន្ទរ)
ព្រះគ្រីស្តជាជីវិតនៃយើង ដោយព្រះអង្គសោយទិវង្គតលើឈើឆ្កាង ព្រះអង្គបានបំផ្លាញអំណាចនៃសេចក្តីស្លាប់ និងសេចក្តីអាក្រក់ចេញ
—សូមឱ្យយើងខ្ញុំរួមស្លាប់ជាមួយព្រះអង្គ ដើម្បីរស់ឡើងវិញក្នុងសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។ (បន្ទរ)
ព្រះគ្រីស្តជាព្រះមហាក្សត្រនៃយើង ព្រះអង្គបានក្លាយទៅជាមនុស្សដែលត្រូវគេបោះបង់ចោល ប្រៀបដូចជាសត្វជន្លេន និងគ្មានឋានៈជាមនុស្សទៀតឡើយ
—សូមបង្រៀនយើងខ្ញុំឱ្យចេះដាក់ខ្លួន ដោយសារព្រះអង្គបានសង្រ្គោះពិភពលោកផង។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានដាក់ខ្លួនរហូតដល់សោយទិវង្គត ព្រោះតែព្រះអង្គស្រឡាញ់យើងខ្ញុំ
—សូមជួយយើងខ្ញុំឱ្យចេះបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកផង។ (បន្ទរ)
ព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើង ព្រះអង្គបានឱបក្រសោបយើងខ្ញុំគ្រប់ពេលវេលា ជាមួយនឹងព្រះហស្តលាតសន្ធឹងនៅលើឈើឆ្កាង
—សូមព្រះអង្គបង្រួបបង្រួមបុត្រធីតាដែលខ្ចាត់ខ្ចាយ ឱ្យចូលក្នុងព្រះរាជ្យនៃការសង្រ្គោះផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសពន់ប្រមាណ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបុត្រាព្រះអង្គសោយទិវង្គត ដើម្បីរំដោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គបំភ្លឺយើងខ្ញុំឲ្យដើរជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាកលីឈើឆ្កាង ហើយប្រោសយើងខ្ញុំឲ្យបានវិសុទ្ធ ស្របតាមគម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លងនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។