ថ្ងៃទី២៥-ខែមេសា-សន្ដម៉ាកុស-ជាអ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
ថ្ងៃទី២៥ ខែមេសា
សន្ដម៉ាកុសជាអ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
ពណ៌ក្រហម
បុណ្យគោរព
លោកយ៉ូហាន-ម៉ាកុស ពុំមែនជាគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្តទេ តែលោកបានប្រកាសដំណឹងល្អអំពីព្រះយេស៊ូរួមជាមួយគ្រីស្តទូតប៉ូល និងគ្រីស្ដទូតសិលា។ លោកនិពន្ធគម្ពីរដំណឹងល្អមួយកណ្ឌមុនគេ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យសន្ដម៉ាកុសនិពន្ធគម្ពីរមួយក័ណ្ឌ និងប្រកាសដំណឹងល្អ។ សូមព្រះអង្គមេត្ដាប្រោសយើងខ្ញុំឱ្យយកចិត្ដទុកដាក់ដើរតាមព្រះគ្រីស្ដដែលជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់សន្ដសិលា ១សល ៥,៥-១៤
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ។ ចូរទាក់ទងគ្នាទៅវិញទៅមកដោយសុភាពរាបសា ដ្បិត «ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។ ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។ ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងបងប្អូន។ ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារជាសត្រូវនឹងបងប្អូនកំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹមរកត្របាក់ស៊ីអ្នកណាម្នាក់។ ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។ បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូនឱ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រីស្ត ព្រះអង្គនឹងលើកបងប្អូនឱ្យមានជំហរឡើងវិញ ប្រទានឱ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឱ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។ សូមឱ្យព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ានជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្តបងប្អូន និងបញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់នឹងព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់មែន។ ព្រះសហគមន៍នៅក្រុងបាប៊ីឡូនសូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុស ជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។ សូមឱ្យបងប្អូនទាំងអស់ដែលរួមរស់នឹងព្រះគ្រីស្តបានប្រកបដោយសេចក្ដីសុខសាន្ត។
ទំនុកតម្កើងលេខ ៨៩ (៨៨),២-៣.៦-៧.១៦-១៧ បទកាកគតិ
២ | ឱ! ព្រះជាម្ចាស់ | ខ្ញុំមិនគេចប្រាស | នឹងច្រៀងតម្កើង |
បង្គំព្រះអង្គ | ព្រះទ័យខ្ពស់ថ្កើង | អស់កល្បយូរលង់ | |
អង្វែងតទៅ | ។ | ||
៣ | ខ្ញុំប្រកាសថា | ព្រះទ័យមេត្តា | ករុណាត្រឹមត្រូវ |
របស់ព្រះអង្គ | ស្ថិតស្ថេរគង់នៅ | មាំមិនអាស្រូវ | |
ដូចផ្ទៃមេឃា | ។ | ||
៦ | ឱព្រះម្ចាស់អើយ | ទេវតានេះហើយ | សរសើររៀងរាប់ |
ពីស្នាព្រះហស្ត | អស្ចារ្យគួរគាប់ | ច្រៀងកោតមិនឈប់ | |
ពីព្រះទ័យស្ម័គ្រ | ។ | ||
៧ | នៅស្ថានសួគ៌ា | ឥតមាននរណា | ស្មើរព្រះអង្គជាក់ |
ពពួកទេវតា | ក៏មិនមានអ្នក | ឱ្យបានដូចព្រះ | |
អម្ចាស់នោះទេ | ។ | ||
១៦ | បពិត្រព្រះម្ចាស់ | ប្រជាអរណាស់ | រស់ក្រោមចេស្តា |
ពន្លឺសប្បុរស | សន្តោសករុណា | រាស្រ្តផុតទុក្ខា | |
មានសុខមង្គល | ។ | ||
១៧ | គេនឹងសប្បាយ | រីករាយរាល់ថ្ងៃ | ដោយស្មោះទទួល |
ព្រះនាមព្រះអង្គ | ឥតមានប្រែប្រួល | ខ្ពស់មុខសុខស្រួល | |
ឥតមានសៅហ្មង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ករ ១,២៣-២៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តដែលសោយទីវង្គតតនៅលើឈើឆ្កាងពិតជាឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់មែន។ យើងប្រកាសដំណឹងអំពីព្រះគ្រីស្តបែបនេះ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១៦,១៥-២០
ព្រះយេស៊ូដែលទទួលព្រះជន្មដ៏រុងរឿងមានព្រះបន្ទូលទៅកាន់សាវ័កថា៖ “ចូរនាំគ្នាទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពីធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ឬផឹកអ្វីដែលមានជាតិពុល ក៏គេមិនមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ”។ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខឱ្យគង់នៅខាងស្តាំព្រះអង្គ។ ក្រុមសាវ័កនាំគ្នាទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្តែងទីសម្កាល់ផ្សេងៗជាប់ជាមួយផង។
ពាក្យថ្វាយដង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គមេត្ដាទទួលសក្ការបូជា ដែលយើងខ្ញុំលើកថ្វាយទៅព្រះអង្គក្នុងថ្ងៃគោរពសន្ដម៉ាកុស។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យយកចិត្ដទុកដាក់ប្រកាសដំណឹងល្អ ដោយហ៊ានលះបង់ខ្លួនឯងចោល លីឈើឆ្កាងរួមជាមួយព្រះយេស៊ូគ្រីស្ដ ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដឱ្យយើងខ្ញុំមានកម្លាំង ដើម្បីប្រកាសដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍។ សូមព្រះអង្គប្រទាននូវសេចក្ដីក្លាហានឱ្យយើងខ្ញុំហ៊ានបន្ដជំនឿដល់អ្នកដទៃដូចសន្ដម៉ាកុស។