ធម៌ឱព្រះបិតា
ភាគទី១
ការអធិដ្ឋានក្នុងការរស់នៅជាគ្រីស្តបរិស័ទ
៤៦៩.តើការអធិដ្ឋានជាអ្វី?
អធិដ្ឋានគឺជាការលើកចិត្ត(ព្រលឹង)ឡើងឆ្ពោះទៅឯព្រះជាម្ចាស់។ នៅពេលដែលមនុស្សម្នាក់អធិដ្ឋាន គឺជាពេលដែលគេឈានទៅដល់ការរួបរួមយ៉ាងសកម្មជាមួយព្រះជាម្ចាស់នៅនាលោកនេះ ដើម្បីអាចនឹងរួបរួមផ្ទាល់នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់នៅលោកខាងមុខ។ [2558-2565]
ជំពូកទី១
ព្រះជមា្ចស់សម្តែងឱ្យមនុស្សលោកដឹងអំពីការអធិដ្ឋាន
៤៧០. តើកត្តាអ្វីដែលជម្រុញឱ្យយើងអធិដ្ឋាន?
យើងអធិដ្ឋាន ដោយសារក្នុងខ្លួនយើងមានបំណងប្រាថ្នាឥតព្រំដែន និងដោយសារព្រះជាម្ចាស់ ដែលជាព្រះបានបង្កើតយើង ព្រះអង្គអញ្ចើញយើងឱ្យខិតមកជិតព្រះអង្គ ដូចសន្តអហ្គូស្ទីនាបាននិយាយថា៖ ˝ដួងចិត្តរបស់ទូលបង្គំនឹងមិនសម្រាកស្រួល ដរាបណាទួលបង្គំមិនទាន់បានសម្រាកនៅក្នុងអង្គព្រះជាម្ចាស់។ ˝ យើងក៏អធិដ្ឋានដោយសារយើងត្រូវការព្រះជាម្ចាស់ ដូចអ្នកម្តាយថេរេសា កាល់កូតាបាននិយាយថា៖ ˝ ដោយសារខ្ញុំមិនអាចពឹងលើកម្លាំងខ្លួនឯងបាន ដូច្នេះខ្ញុំត្រូវការពឹងលើព្រះជាម្ចាស់២៤ម៉ោងក្នុងមួយថ្ងៃ ˝។ [2566-2567,2591]
៤៧១.ហេតុអ្វីបានជាលោកតាអាប្រាហាំជាគម្រូនៃការអធិដ្ឋាន?
លោកតាអាប្រាហាំបានស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងដែលព្រះអង្គចង់ឱ្យលោកទៅ និងត្រៀមខ្លួនជានិច្ចក្នុងការធ្វើតាមព្រះបញ្ជារបស់ព្រះអង្គ។ ការស្តាប់បង្គាប់ ការត្រៀមខ្លួន និងប្រញាប់ប្រញាល់ចេញដំណើររបស់លោក បានធ្វើឱ្យលោកក្លាយជាគម្រូសម្រាប់យើងក្នុងការអធិដ្ឋាន។
៤៧២.តើលោកម៉ូសេបានអធិដ្ឋានដូចម្តេច?
ចាប់តាំងពីលោកម៉ូសេ យើងបានដឹងថា ការអធិដ្ឋានគឺជា ˝ការសន្ទនាជាមួយព្រះជាម្ចាស់ ˝។ នៅក្នុងគុម្ពោតដែលឆេះ ព្រះជាម្ចាស់បានសន្ទនាយ៉ាងពិតប្រាកដជាមួយលោកម៉ូសេ ហើយប្រគល់មុខងារជូនលោក។ លោកម៉ូសេបានប្រកែក និងចោទជាសំណួរ ចុងក្រោយព្រះជាម្ចាស់បានបង្ហាញព្រះនាមរបស់ព្រះអង្គឱ្យលោកស្គាល់។ ដូច្នេះហើយលោកម៉ូសេបានទុកចិត្តលើព្រះជាម្ចាស់ បម្រើព្រះអង្គអស់ពីដួងចិត្ត។ រីឯយើងវិញក៏ដូច្នោះដែរ យើងត្រូវតែអធិដ្ឋាន។ [2574-2577]
៤៧៣.តើទំនុកតម្កើងមានសារៈសំខាន់ដូចម្តេចនៅក្នុងការអធិដ្ឋាន?
ទំនុកតម្កើងទាំងអស់ រួមនឹងធម៌ឱព្រះបិតា គឺជាផ្នែកមួយនៃទ្រព្យសម្បត្តិដ៏មានតម្លៃនៃការអធិដ្ឋានរបស់ព្រះសហគមន៍។ ទំនុកតម្កើងគឺជាការលើកតម្កើងព្រះជាម្ចាស់ជារៀងរាល់ថ្ងៃរហូតដល់អស់កល្បជានិច្ច។
៤៧៤.តើព្រះយេស៊ូបានរៀនអធិដ្ឋានយ៉ាងដូចម្តេច?
ព្រះយេស៊ូបានរៀនអធិដ្ឋានក្នុងគ្រួសារនៅភូមិណាសារ៉ែត និងនៅក្នុងធម្មសាលា។ ប៉ុន្តែព្រះអង្គបានទៅហួសព្រំដែននៃការអធិដ្ឋានតាមប្រពៃណី គឺការអធិដ្ឋានរបស់ព្រះអង្គបានបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតសិ្នទ្ធរបស់ព្រះអង្គនិងព្រះបិតាដែលគង់នៅស្ថានបរមសុខ ចំណុចនេះមានតែបុត្រធីតារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបមាន។ [2598-2599]
៤៧៥.តើព្រះយេស៊ូអធិដ្ឋានតាមរបៀបណា?
ជីវិតទាំងស្រុងរបស់ព្រះយេស៊ូគឺជាការអធិដ្ឋាន។ នៅពេលដែលព្រះអង្គត្រូវការសម្រេចចិត្ត (ត្រូវទទួលការល្បួងនៅវាលរហោស្ថាន មុនពេលជ្រើសរើសក្រុមគ្រីស្តទូត និងនៅលើឈើឆ្កាង.....) ពាក្យអធិដ្ឋានរបស់ព្រះអង្គពិតជាសទ្ធាចំពោះព្រះជាម្ចាស់។ ព្រះអង្គតែងតែរកកន្លែងស្ងាត់ដើម្បីអធិដ្ឋាន ជាពិសេសនៅពេលយប់។ ព្រះអង្គរួបរួមជាមួយព្រះបិតាក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ សេចក្តីនេះគឺជាគោលការណ៍ក្នុងការដឹកនាំពេញមួយជីវិតរបស់ព្រះអង្គនៅក្នុងលោកនេះ។ [2600-2605]
៤៧៦.តើព្រះយេស៊ូអធិដ្ឋានយ៉ាងដូចម្តេចនៅពេលព្រះអង្គប្រឈមមុខនឹងសេចក្តីស្លាប់?
នៅពេលព្រះយេស៊ូប្រឈមមុខនឹងសេចក្តីស្លាប់ ព្រះអង្គបានមានបទពិសោធន៍យ៉ាងជ្រាលជ្រៅអំពីភាពភ័យខ្លាចក្នុងសភាពជាមនុស្ស។ ទោះជាយ៉ាងនេះក្តី ក៏ព្រះអង្គបានរកឃើញកម្លាំងក្នុងការទុកចិត្តទាំងស្រុងទៅលើព្រះបិតារបស់ព្រះអង្គដែលគង់នៅស្ថានបរមសុខ ព្រះអង្គមានព្រះបន្ទូលថា ៖ ˝ អ័ប្បា ឳព្រះបិតាអើយ ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះចេញឱ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែសូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ។ ˝ (មក ១៤,៣៦) [2605-2606,2620]
៤៧៧.តើការរៀនតាមព្រះយេស៊ូក្នុងការអធិដ្ឋានមានន័យដូចម្តេច?
ការរៀនតាមព្រះយេស៊ូក្នុងការអធិដ្ឋាន មានន័យថាយើងឈានទៅដល់ការទុកចិត្តគ្មានដែនកំណត់ទៅលើព្រះជាម្ចាស់ ចូលរួមក្នុងការអធិដ្ឋានជាមួយព្រះយេស៊ូ ដើម្បីឱ្យព្រះអង្គដឹងនាំយើង មួយជំហានម្តងៗឆ្ពោះទៅកាន់ព្រះបិតា។ [2607-2614,2621]
៤៧៨.ហេតុអ្វីបានជាយើងមានទំនុកចិត្តថា ពាក្យអធិដ្ឋានរបស់យើងត្រូវបានព្រះជាម្ចាស់សណ្តាប់ឭ?
នៅសម័យរបស់ព្រះយេស៊ូ មានមនុស្សជាច្រើនបានទូលអង្វរព្រះអង្គដើម្បីទទួលបានព្រះពរជាសះស្បើយ ហើយព្រះអង្គបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេ។ ព្រះយេស៊ូបានមានព្រះជន្មរស់ឡើងវិញពីសេចក្តីស្លាប់ បច្ចុប្បន្នព្រះអង្គកំពុងមានព្រះជន្មគង់នៅ ព្រះអង្គតែងតែសណ្តាប់រាល់ពាក្យទូលអង្វររបស់យើងដើម្បីថ្វាយទៅកាន់ព្រះបិតា។ [2615-2616-2521]
៤៧៩.តើយើងអាចរៀនពីរបៀបអធិដ្ឋានរបស់ព្រះនាងម៉ារីបានយ៉ាងដូចម្តេច?
រៀនពីការអធិដ្ឋានរបស់ព្រះនាងម៉ារីគឺការប្រើនូវពាក្យអធិដ្ឋានរបស់ព្រះនាង ៖ ˝ សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ។ ˝ (លក ១,៣៨)។ ការអធិដ្ឋានគឺជាការថ្វាយខ្លួនទាំងស្រុងដើម្បីឆ្លើយតបទៅនឹងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ប្រសិនបើយើងឆ្លើយថា បាទ/ចាស ដូចព្រះនាងម៉ារី នោះព្រះជាម្ចាស់នឹងមានព្រះជន្មនៅក្នុងជីវិតរបស់យើង។ [2617-2618,2622,2674]
៤៨០.តើអ្វីទៅជាពាក្យអង្វររបស់ព្រះនាងម៉ារី?
បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ សូមនាងមានអំណរសប្បាយ ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្រី្តទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូជាបុត្រនៃនាងដែរ។
ឱ! សន្តីម៉ារី ជាមាតាព្រះជាម្ចាស់ សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំជាអ្នកបាប នៅពេលឥលូវនេះ ហើយនៅពេលស្លាប់ផង។ អាម៉ែន។
៤៨១.តើការសូត្រផ្គាំមាលាប្រព្រឹត្តទៅយ៉ាងដូចម្តេច?
យើងអាចធ្វើតាមរបៀបដូចខាងក្រោម ៖
- គូសសញ្ញាឈើឆ្កាង៖ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
- សូត្រធម៌ប្រកាសជំនឿ៖
ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ជាព្រះបង្កើតមេឃនិងដី។
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា ហើយជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ព្រះអង្គបានសោយទុក្ខលំបាក នៅជំនាន់លោកប៉ុនពីឡាត។ ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។ ព្រះអង្គបានយាងចុះទៅស្ថានក្រោម លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពីចំណោមមនុស្សស្លាប់ ព្រះអង្គបានយាងឡើងស្ថានបរមសុខ ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ។ ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ទាំងស្លាប់។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ។ ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។ ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។ អាម៉ែន។
- សូត្រធម៌ ឱ!ព្រះបិតា៖
ឱ!ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។
- សូត្រធម៌ព្រះនាងម៉ារី៣ដង ៖
បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ សូមនាងមានអំណរសប្បាយ ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្រី្តទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូជាបុត្រនៃនាងដែរ។
ឱ ! សន្តីម៉ារី ជាមាតាព្រះជាម្ចាស់ សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំជាអ្នកបាប នៅពេលឥលូវនេះ ហើយនៅពេលស្លាប់ផង។ អាម៉ែន។
- សូត្រ៥ចប់ ៖ ក្នុង១ចប់ មានធម៌ឳព្រះបិតា១ដង ធម៌ព្រះនាងម៉ារី១០ដង និងធម៌សូមកោតសរសើរ១ដង។
ផ្គាំមាលាទាំងមូលរួមមានការសញ្ចឹងគិតអំពីព្រឹត្តិការណ៍ទាំងបួន ដូចជា ៖ ព្រឹត្តិការណ៍នាំឱ្យអរសប្បាយ ព្រឹត្តិការណ៍សម្តែងព្រះពន្លឺ ព្រឹត្តិការណ៍នៃទុក្ខលំបាក ព្រឹត្តិការសម្តែងសិរីរុងរឿង ដែលជាការសង្ខេបប្រវត្តិនៃការសង្គ្រោះរបស់ព្រះយេស៊ូគ្រីស្ត។
- ព្រឹត្តិការណ៍នាំឱ្យអរសប្បាយ (ថ្ងៃចន្ទ និងថ្ងៃសៅរ៌)
- ព្រះជាម្ចាស់ចាត់ទេវទូតមកជូនដំណឹងព្រះនាងម៉ារី
- ព្រះនាងម៉ារីទៅជម្រាបសួរនាងអេលីសាបិត
- ព្រះយេស៊ូប្រសូតមកក្នុងលោកយើងនេះ
- ព្រះនាងម៉ារីបីព្រះឳរសយេស៊ូទៅថ្វាយព្រះជាម្ចាស់
- នាងម៉ារី និងលោកយ៉ូសែបរកឃើញព្រះកុមារយេស៊ូក្នុងព្រះវិហារ។
- ព្រឹត្តិការណ៍សម្តែងព្រះពន្លឺ (ថ្ងៃព្រហស្បត្តិ)
- ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
- ព្រះយេស៊ូប្រែទឹកឱ្យក្លាយជាស្រា
- ព្រះយេស៊ូប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
- ព្រះជាម្ចាស់បង្ហាញសិរីរុងរឿងរបស់ព្រះយេស៊ូ
- ព្រះយេស៊ូតែងតាំងនំបុ័ងជាព្រះកាយព្រះគ្រីស្ត។
- ព្រឹត្តិការណ៍នៃទុក្ខលំបាក (ថ្ងៃអង្គារ៍ និងថ្ងៃសុក្រ)
- ព្រះយេស៊ូស្លុតរន្ធត់នៅក្នុងសួនកេតសេម៉ានី
- ព្រះយេស៊ូត្រូវគេវាយនឹងរំពាត់
- គេបំពាក់មកុដបន្លាលើព្រះយេស៊ូ
- ព្រះយេស៊ូលីឈើឆ្កាង
- ព្រះយេស៊ូសោយទិវង្គត។
- ព្រឹត្តិការណ៍សម្តែងសិរីរុងរឿង (ថ្ងៃពុធ និងថ្ងៃអាទិត្យ)
- ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
- ព្រះយេស៊ូយាងឡើងស្ថានបរមសុខ
- ព្រះវិញ្ញាណយាងមកសណ្ឋិតលើក្រុមសាវ័ក
- ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- ព្រះជាម្ចាស់ប្រទានសិរីរុងរឿងឱ្យនាងម៉ារី។
៤៨២.តើគ្រីស្តបរិស័ទដើមដំបូងបានចាត់ទុកការអធិដ្ឋានជាអ្វី?
គ្រីស្តបរិស័ទដើមដំបូងបានខិតខំអធិដ្ឋានយ៉ាងសទ្ធាបំផុត ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជាអ្នកជម្រុញពួកគេ។ ក្នុងកិច្ចការគ្រីស្តទូតបានរៀបរាប់ថា ៖ ˝សាវ័កទាំងនោះព្យាយាមស្តាប់សេចក្តីបង្រៀនរបស់ក្រុមគ្រីស្តទូត រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមអធិដ្ឋាន។˝ (កក ២,៤២)។
៤៨៣.ចូររៀបរាប់អំពីទម្រង់អធិដ្ឋានចម្បងទាំងប្រាំ៖
- ការសូមព្រះជាម្ចាស់ប្រទានពរ
- ការថ្វាយបង្គំព្រះជាម្ចាស់
- ការទូលអង្វរព្រះជាម្ចាស់សម្រាប់អ្នកដទៃ និងផ្ទាល់ខ្លួន
- ការអរព្រះគុណព្រះជាម្ចាស់
- ការអធិដ្ឋានដោយសរសើរលើកតម្កើងព្រះជាម្ចាស់ ។
៤៨៤.តើការសូមព្រះជាម្ចាស់ប្រទានពរជាអ្វី?
គឺជាពាក្យអធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរ ដោយសារព្រះពរទាំងឡាយសុទ្ធតែចេញមកពីព្រះអង្គ។ ការប្រទានពរគឺជាការបង្ហាញនូវសេចក្តីល្អ ភាពជិតស្និទ្ធិ និងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ ការទូលសូមព្រះពរនេះ គឺជាការកោតសរសើរយ៉ាងខ្លី។ [2626-2627]
៤៨៥.ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះជាម្ចាស់?
អស់អ្នកណាដែលបានទទួលស្គាល់ខ្លួនឯងជាស្នាព្រះហស្ថដែលកើតចេញមកពីការបង្កើតរបស់ព្រះជាម្ចាស់ សុទ្ធតែបន្ទាបខ្លួន ទទួលស្គាល់ថាព្រះអង្គជាព្រះដ៏មានឫទ្ធានុភាពសព្វប្រការ។ ចំពោះគ្រីស្តបរិស័ទ ការថ្វាយបង្គំព្រះជាម្ចាស់មិនត្រឹមតែទទួលស្គាល់ភាពវិសុទ្ធថ្កុំថ្កើងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែក៏ទទួលស្គាល់ព្រះយេស៊ូទាំងក្តីដឹងគុណ ដោយសារព្រះយេស៊ូនេះហើយដែលព្រះជាម្ចាស់បានស្រឡាញ់មនុស្សលោកជាមុន ហើយព្រះអង្គជាព្រះសង្គ្រោះរបស់យើងរាល់គ្នា។
៤៨៦.ហេតុអ្វីបានជាយើងត្រូវការទូលអង្វរព្រះជាម្ចាស់?
ព្រះជាម្ចាស់ជ្រាបនូវអ្វីៗទាំងអស់ ព្រះអង្គឈ្វេងយល់នូវរាល់តម្រូវការរបស់យើង។ ប៉ុន្តែព្រះអង្គចង់ឱ្យយើងទូលសុំនូវអ្វីដែលយើងខ្វះខាតនៅក្នុងជីវិតរបស់យើងប្រាប់ទៅព្រះអង្គ ឱ្យយើងយំទៅ ទទួចសុំព្រះអង្គទៅ ទួញសោកដាក់ព្រះអង្គទៅ ស្រែកហៅព្រះអង្គទៅ លើសពីនេះទៅទៀតយើងអាចបង្ហាញការតស៊ូ ពុះពារ របស់យើងជាមួយព្រះអង្គក្នុងការអធិដ្ឋានបាន។ [2629-2633]
៤៨៧.ហេតុអ្វីបានជាយើងត្រូវទូលអង្វរព្រះជាម្ចាស់សម្រាប់អ្នកដទៃ?
ដូចលោកអាប្រាហាំបានអធិដ្ឋានឱ្យអ្នកក្រុងសូដុមកាលពីមុន ហើយព្រះយេស៊ូបានអធិដ្ឋានឱ្យសាវ័ករបស់ព្រះអង្គដែរ ក៏ដូចជាសន្តប៉ូលបានដាស់តឿនគ្រីស្តបរិស័ទនៅទីក្រុងភីលីពថា៖ ˝ក្នុងចំណោមបងប្អូនម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។ ˝ (ភល ២,៤)។ យើងអធិដ្ឋានឱ្យបងប្អូនញាតិសន្តាន អ្នកដទៃ សម្បីតែសត្រូវរបស់ខ្លួនផងដែរ។ [2634-2636,2647]
៤៨៨.ហេតុអ្វីបានជាយើងត្រូវអរព្រះគុណព្រះជាម្ចាស់?
យើងត្រូវអរព្រះគុណព្រះជាម្ចាស់ ព្រោះអ្វីៗដែលយើងបានទទួល និងអ្វីៗដែលយើងមានសុទ្ធសឹងតែមកពីព្រះជាម្ចាស់ប្រទានមកឱ្យ។ សន្តប៉ូលបានសរសេរថា ៖ ˝តើមានអ្វីដែលធ្វើឱ្យអ្នកធ្វើឱ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមានគឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ។ ˝ (១ករ ៤,៧)។ ចូរអរព្រះគុណព្រះជាម្ចាស់ ដែលជាព្រះតែងតែប្រទានពរ និងប្រោសឱ្យយើងមានសុភមង្គល។ [2637-2638,2648]
៤៨៩.តើអ្វីទៅជាការសរសើរតម្កើងព្រះជាម្ចាស់?
ព្រះជាម្ចាស់មិនត្រូវការឱ្យមនុស្សលោកសរសើរតម្កើងព្រះអង្គទេ ប៉ុន្តែយើងត្រូវតែបង្ហាញនូវអំណរសប្បាយដែលមាននៅក្នុងចិត្តរបស់យើងឆ្ពោះទៅកាន់ព្រះជាម្ចាស់។ យើងសរសើរតម្កើងព្រះជាម្ចាស់ដោយសារវត្តមានរបស់ព្រះអង្គ ព្រះអង្គសប្បុរស។ ប្រសិនបើយើងធ្វើដូច្នេះមានន័យថាយើងបានចូលរួមនៅក្នុងការសរសើរតម្កើងព្រះជាម្ចាស់រួមជាមួយអស់ពពួកទេវទូត អស់សន្តបុគ្គលដែលនៅស្ថានបរមសុខ។ [2639-2642]
ជំពូកទី២
ប្រភពនៃការអធិដ្ឋាន
៤៩០.តើយើងអធិដ្ឋាននៅពេលដែលមានអារម្មណ៍ចង់អធិដ្ឋានតែប៉ុណ្ណោះបានដែរឬទេ?
មិនអាចទេ ប្រសិនបើនរណាម្នាក់អធិដ្ឋាននៅពេលដែលគេមានអារម្មណ៍ចង់អធិដ្ឋានតែប៉ុណ្ណោះ មានន័យថាគេមិនបានផ្តល់អាទិភាពដល់ព្រះជាម្ចាស់ទេ ហើយគេអាចបោះបង់ចោលការអធិដ្ឋានបានយ៉ាងងាយ។ ការអធិដ្ឋានត្រូវពឹងផ្អែកទៅលើសេចក្តីស្មោះត្រង់។ [2650-2651]
៤៩១.តើយើងអាចអធិដ្ឋានតាមព្រះគម្ពីរបានដែរឬទេ?
ព្រះគម្ពីរគឺជាប្រភពនៃការអធិដ្ឋាន។ ការអធិដ្ឋានតាមព្រះគម្ពីរ មានន័យថាយើងប្រើពាក្យពេចន៍ ឬព្រឹត្តិការណ៍ដែលមាននៅក្នុងព្រះគម្ពីរជាពាក្យអង្វររបស់យើងទៅព្រះអង្គ។ សន្ត យ៉េរ៉ូមបាននិយាយថា ៖ ˝ការមិនស្គាល់ព្រះគម្ពីរ ដូចជាមិនស្គាល់ព្រះគ្រីស្តដែរ˝។ [2652-2653]
៤៩២.តើពាក្យអធិដ្ឋានផ្ទាល់ខ្លួនរបស់យើង មានទំនាក់ទំនងជាមួយពាក្យអង្វររបស់ព្រះសហគមន៍ទាំងមូលដែរឬទេ?
នៅក្នុងពិធីបុណ្យរបស់ព្រះសហគមន៍ ការអធិដ្ឋានតាមពេលកំណត់ ពិធីបុណ្យអភិបូជា យើងសូត្ររួមនូវពាក្យទូលអង្វរដែលដកស្រង់ចេញពីព្រះគម្ពីរ និងការបញ្ជូនបន្តរបស់ព្រះសហគមន៍ មានការរួបរួមទាំងពាក្យអង្វររបស់បុគ្គលម្នាក់ៗ រួមជាមួយនឹងពាក្យអង្វររបស់ព្រះសហគមន៍ទាំងមូលផងដែរ។ [2655-2658-2662]
៤៩៣.តើអ្វីទៅជាបុគ្គលិកលក្ខណៈនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ?
គ្រីស្តបរិស័ទអធិដ្ឋានដោយឥរិយាបទនៃជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រលាញ់។ នេះគឺជាស្មារតីនៃការព្យាយាម និងទុកចិត្តលើព្រះហឫទ័យរបស់ព្រះជាម្ចាស់។ [2656-2658,2662]
៤៩៤.តើធ្វើដូចម្តេចដើម្បីឱ្យជីវិតប្រចាំថ្ងៃរបស់ខ្ញុំក្លាយទៅជាការអធិដ្ឋានបាន?
អ្វីៗដែលបានកើតឡើងរាល់ការជួបប្រទះនៅក្នុងជីវិតរបស់យើង ក៏អាចក្លាយជាឳកាសដើម្បីជម្រុញយើងឱ្យអធិដ្ឋានបានដែរ។ នៅពេលដែលយើងរស់នៅដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ នាំឱ្យយើងយល់កាន់តែច្បាស់នូវពិភពដែលនៅជុំវិញខ្លួនយើង។ [2659-2660]
៤៩៥.តើយើងប្រាកដទេថាការអធិដ្ឋានរបស់យើងត្រូវបានព្រះជាម្ចាស់សណ្តាប់ឭ?
ពាក្យអធិដ្ឋានរបស់យើង ត្រូវបានថ្វាយឡើងក្នុងព្រះនាមព្រះគ្រីស្ត ប្រាកដណាស់នឹងទៅដល់ស្ថានដែលព្រះគ្រីស្តគង់នៅ ហើយប្រាដកជាទៅដល់ព្រះជាម្ចាស់ជាព្រះបិតាដែលគង់នៅស្ថានបរមសុខជាមិនខាន។ [2664-2669,2680-2681]
៤៩៦.ហេតុអ្វីបានជាយើងត្រូវការព្រះវិញ្ញាណដ៏វិសុទ្ធនៅពេលយើងអធិដ្ឋាន?
ក្នុងព្រះគម្ពីរមានចែងថា៖ ˝ដ្បិតយើងមិនដឹងអធិដ្ឋានដូចម្តេចដើម្បីឱ្យបានសមនោះឡើយ តែព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ទ្រង់ទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។˝ (រម ៨,២៦ )
៤៩៧.ហេតុអ្វីបានជាសន្តបុគ្គលគឺជាអ្នកដែលណែនាំយើងអធិដ្ឋាន?
សន្តបុគ្គលទាំងអស់គឺជាអ្នកដែលពោរពេញទៅដោយភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយអស់លោកបានរក្សាភ្លើងនេះនៅក្នុងព្រះសហគមន៍។ តាំងពីនៅលើផែនដីនេះ អស់លោកសុទ្ធតែជាអ្នកដែលអធិដ្ឋានប្រកបដោយចិត្តសទ្ធាជាទីបំផុត និងចិត្តសទ្ធានេះបានជះឥទ្ធិពលដល់យើង ដូច្នេះហើយ ពេលដែលបាននៅជិតអស់លោកយើងក៏ចង់អធិដ្ឋាន។ ប្រាកដណាស់ យើងមិនថ្វាយបង្គំសន្តបុគ្គលទេ ប៉ុន្តែយើងអាចទូលអង្វរតាមរយៈសន្តបុគ្គល ដើម្បីអស់លោកជួយទូលអង្វរព្រះជាម្ចាស់ឱ្យយើងនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់។ [2683-2684]
៤៩៨.តើយើងអាចអធិដ្ឋាននៅគ្រប់ទីកន្លែងបានដែរឬទេ?
យើងអាចអធិដ្ឋាននៅគ្រប់ទីន្លែងបាន ប៉ុន្តែជាធម្មតាគ្រីស្តបរិស័ទតែងរកកន្លែងមួយដែលមានវត្តមានព្រះជាម្ចាស់បែបពិសេស គឺក្នុងព្រះវិហារ ឬបន្ទប់អធិដ្ឋានមានព្រះពន្លាដែលតម្កល់ព្រះកាយព្រះគ្រីស្តដែលបានប្រសិទ្ធិពរនៅក្នុងពិធីបុណ្យអភិបូជារួច។ [2691-2696]
ជំពូកទី៣
មាគ៌ានៃការអធិដ្ឋាន
៤៩៩.តើពេលណាដែលយើងអាចអធិដ្ឋានបាន?
នៅសម័យដើមដំបូងនៃព្រះសហគមន៍ គ្រីស្តបរិស័ទអធិដ្ឋានយ៉ាងតិចគឺនៅពេលព្រឹក មុនពិសារអាហារ និងពេលល្ងាច។ សម្រាប់អស់អ្នកដែលមិនស្វះស្វែងអធិដ្ឋានទេនោះ បន្តិចម្តងៗពួកគេនឹងបោះបង់ចោលការអធិដ្ឋានតែម្តង។ [2697-2698,2720]
៥០០.តើការអធិដ្ឋានមានច្រើនរបៀបទេ?
ការអធិដ្ឋានមានច្រើនរបៀប រួមមាន៖ ការអធិដ្ឋានដោយបញ្ចេញវាចា(Vocal prayer) ដោយការសញ្ចឹងគិត(meditation) និងដោយការស្មឹងស្មាធិ៍(Contemplative prayer)។ ការអធិដ្ឋានទាំងបីរបៀបនេះត្រូវមានការប្រមូលអារម្មណ៍ តាំងចិត្ត ក្នុងភាពស្ងៀមស្ងាត់ ដោយលះបង់នូវអ្វីដែលនាំឱ្យរំខានការអធិដ្ឋាន។ [2699-2721]
៥០១.តើអ្វីទៅជាការអធិដ្ឋានដោយបញ្ចេញវាចា(Vocal prayer)?
ជាកិច្ចដំបូងបង្អស់ ការអធិដ្ឋានគឺជាការលើកចិត្តថ្វាយទៅព្រះជាម្ចាស់ ព្រះយេស៊ូបានបង្រៀនក្រុមសាវ័កឱ្យអធិដ្ឋានដោយធម៌ឱ!ព្រះបិតា ធម៌នេះគឺជាពាក្យអង្វរប្រសើរបំផុតដែលព្រះអង្គបង្រៀនយើងឱ្យចេះអធិដ្ឋាន។ [2700-2704,2722]
៥០២.តើអ្វីទៅជាការអធិដ្ឋានដោយសញ្ចឹងគិត(meditation) ?
ការអធិដ្ឋានដោយសញ្ចឹងគិត (meditation) គឺការអធិដ្ឋានដោយយកព្រះបន្ទូល ឬរូបភាពដ៏វិសុទ្ធមកអធិដ្ឋាន។ សញ្ចឹងគិតដើម្បីយើងអាចរកឃើញសញ្ញា និងវត្តមានរបស់ព្រះជាម្ចាស់បាន។ [2705-2708]
៥០៣.តើអ្វីទៅការអធិដ្ឋានដោយស្មឹងស្មាធិ៍(Contemplative prayer )?
ការអធិដ្ឋានដោយស្មឹងស្មាធិ៍(Contemplative prayer ) គឺជាការស្រលាញ់ភាពស្ងៀមស្ងាត់ ស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងរស់នៅក្នុងបច្ចុប្បន្នភាពរួមជាមួយព្រះអង្គ។ [2709-2719,2724]
៥០៤.តាមរយៈការអធិដ្ឋានដោយសញ្ចឹងគិត(meditation) តើគ្រីស្តបរិស័ទទទួលបានអ្វីមកវិញ?
នៅក្នុងការអធិដ្ឋានដោយសញ្ចឹងគិត (meditation) គ្រីស្តបរិស័ទរកឃើញភាពស្ងប់ស្ងាត់ ដើម្បីមានបទពិសោធន៍អំពីព្រះជាម្ចាស់ដែលនៅជិតខ្លួន និងរកឃើញសេចក្តីសុខសាន្តដោយមានវត្តមានរបស់ព្រះអង្គ។ គ្រីស្តបរិស័ទតែងតែរំពឹងថាមានបទពិសោធមន៍នេះ តែបទពិសោធន៍នៃការជួបវត្តមានព្រះអង្គនេះមិនមែនកើតចេញពីជំនាញ ឬចំណេះដឹងណាមួយនោះទេ ប៉ុន្តែគឺជាព្រះអំណោយទានដែលមកពីព្រះជាម្ចាស់។
៥០៥.ហេតុអ្វីនៅពេលអធិដ្ឋានគឺជាពេលដែលយើងត្រូវប្រយុទ្ធតតាំងដូច្នេះ?
អស់លោកដែលបានឆ្លងកាត់បទពិសោធន៍នៃជិវិតខាងផ្លូវវិញ្ញាណនៅគ្រប់សម័យកាល បានចាត់ទុកការឆ្ពោះទៅក្នុងជំនឿ និងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នេះដូចជាការប្រយុទ្ធតទល់រវាងជីវិត និងសេចក្តីស្លាប់។ ទីលានប្រយុទ្ធនោះគឺបេះដូងខាងក្នុងខ្លួនមនុស្ស ហើយអាវុធនៃការប្រយុទ្ធគឺការអធិដ្ឋាន។ នៅក្នុងការប្រយុទ្ធនោះយើងអាចបរាជ័យដោយសារការលើកតម្កើងខ្លួន ដោយចាត់ទុកខ្លួនជាកំពូល និងជាមជ្ឈមណ្ឌល ហើយយើងអាចបាត់បង់ខ្លួនឯងនៅក្នុងរឿងឥតប្រយោជន៍ក៏ថាបាន ឬមួយយើងអាចយកជ័យជំនះបានដើម្បីឆ្ពោះទៅរកព្រះជាម្ចាស់។ 2725-2752]
៥០៦.តើការអធិដ្ឋានគឺជាការសន្ទនាជាមួយខ្លួនឯងឬយ៉ាងណា?
លក្ខណៈរបស់ការអធិដ្ឋានគឺចាប់ផ្តើមនិយាយចេញពីខ្ញុំឆ្ពោះទៅកាន់មនុស្សណាមួយផ្សេងទៀត ពីការផ្តោតសំខាន់លើខ្លួនឯង ក្នុងការបើកចំហរចំពោះអ្នកដទៃ។ អ្នកដែលអធិដ្ឋានយ៉ាងពិតប្រាកដមានបទពិសោធន៍ថា អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលរមែងតែងតែខុសគ្នាជាមួយអ្វីដែលយើងរំពឹងទុក។
៥០៧.តើយើងគួរធ្វើដូចម្តេច នៅពេលយើងមានអារម្មណ៍ថាការអធិដ្ឋានមិនបានជួយអ្វីដល់យើងសោះ?
អធិដ្ឋានមិនមែនដើម្បីបានអ្វីមួយមកវិញនោះទេ ប៉ុន្តែការអធិដ្ឋានគឺជាពេលដែលយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីយើងបានសិ្នទ្ធិស្នាលជាមួយព្រះអង្គ។ នៅពេលដែលព្រះជាម្ចាស់នៅស្ងៀម មានន័យថាព្រះអង្គចង់ឱ្យយើងឈានទៅមុខបន្ថែមទៀត ដោយទុកចិត្តទាំងស្រុងលើព្រះអង្គ នៅក្នុងការរង់ចាំដោយគ្មានព្រំដែន។ អ្នកដែលអធិដ្ឋានត្រូវតែទុកសេរីភាពឱ្យព្រះជាម្ចាស់មានព្រះបន្ទូលមកយើង សណ្តាប់ពាក្យអង្វររបស់យើង ព្រមទាំងបង្ហាញព្រះអង្គផ្ទាល់ឱ្យយើងឃើញតាមតែព្រះហឫទ័យរបស់ព្រះអង្គ។ [2735-2737]
៥០៨.ប្រសិនបើយើងអធិដ្ឋានដោយគ្មានឃើញផលអ្វីទាល់តែសោះ ឬមានអារម្មណ៍ធុញថប់មិនចង់អធិដ្ឋាន តើយើងត្រូវធ្វើដូចម្តេច?
នៅពេលយើងបែកអារម្មណ៍ក្នុងការអធិដ្ឋាន យើងមានអារម្មណ៍ថាទទេរ ស្ងួត និងមិនចង់អធិដ្ឋាន នោះគឺជាបទពិសោធន៍របស់មនុស្សទាំងអស់នៅពេលដែលអធិដ្ឋាន។ ប៉ុន្តែយើងត្រូវតែព្យាយាម ដោយចិត្តស្មោះ នោះហើយក៏ជាការអធិដ្ឋាន។ [2729-2733]
៥០៩.តើការអធិដ្ឋានគឺជាការគេចវេសចេញពីអ្វីដែលពិតមែនឬទេ?
អ្នកអធិដ្ឋានមិនមែនគេចវេសចេញពីអ្វីដែលពិតនោះទេ តែជាពេលដែលគេបើកភ្នែកមើលសេចក្តីពិតទាំងមូល។ នៅក្នុងព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ យើងទទួលបាននូវថាមពលដើម្បីប្រឈមមុខនិងអ្វីដែលកើតមានពិត។
៥១០.តើយើងអាចអធិដ្ឋានជានិច្ចបានដែរឬទេ?
យើងអាចអធិដ្ឋានជានិច្ចបាន ដោយសារនេះជាតម្រូវការនៃជីវិត។ ក្នុងជីវិតជាគ្រីស្តបរិស័ទ មិនអាចបំបែកខ្លួនចេញពីការអធិដ្ឋានបានទេ។ [2742-2745-2757]
ភាគទី២
សេចក្តីអធិដ្ឋានរបស់ព្រះយេស៊ូគ្រីស្ត "ធម៌ឱ!ព្រះបិតា"
៥១១.ធម៌ឱ!ព្រះបិតា !
ឱ!ព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។ អាមែន។
៥១២.តើធម៌ឱ!ព្រះបិតាមានប្រភពមកពីណា?
នៅពេលសាវ័ករបស់ព្រះយេស៊ូបានឃើញព្រះអង្គអធិដ្ឋាន ពួកគេចង់ឱ្យព្រះអង្គបង្រៀនឱ្យចេះអធិដ្ឋានដូចព្រះអង្គដែរ។ ដូច្នេះព្រះយេស៊ូបានបង្រៀនក្រុមសាវ័កឱ្យអធិដ្ឋានដោយធម៌ឱ!ព្រះបិតា (លក ១១,១៤)។
៥១៣.តើធម៌ឱ!ព្រះបិតាមានប៉ុន្មានផ្នែក?
ធម៌ឱ!ព្រះបិតាមានពាក្យអង្វរប្រាំពីរដែលទូលអង្វរព្រះជាម្ចាស់ដែលពោរពេញដោយធម៌មេត្តាករុណានៅឯស្ថានបរមសុខ និងពាក្យអង្វរបីទៀតដែលទាក់ទងនឹងមនុស្សគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ចុងក្រោយគឺពាក្យអង្វរបួន ដែលជាការទូលថ្វាយព្រះជាម្ចាស់នូវតម្រូវការមូលដ្ឋានរបស់មនុស្សទៅព្រះអង្គ។ [2803-2805,2857]
៥១៤.តើធម៌ឱ!ព្រះបិតាមានមុខងារដូចម្តេចនៅក្នុងការអធិដ្ឋាន?
ធម៌ឱ!ព្រះបិតា ˝ជាពាក្យអធិដ្ឋានប្រសើរបំផុត ˝ (សន្តថូម៉ាស អាគីណាស់ ) ˝ ជាសេចក្តីសង្ខេបនៃព្រះគម្ពីរដំណឹងល្អទាំងមូល ˝ ( Tertullian )។
៥១៥.តើពឹងផ្អែកលើអ្វីដែលយើងហ៊ានហៅព្រះជាម្ចាស់ជាព្រះបិតា?
បានជាយើងហ៊ានហៅព្រះជាម្ចាស់ជាព្រះបិតា ដោយសារព្រះយេស៊ូបានអញ្ចើញយើងឱ្យមករស់នៅយ៉ាងជិតស្និទ្ធិ និងរួបរួមជាមួយព្រះអង្គ និងប្រោសយើងឱ្យក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ នៅពេលដែលយើងរួបរួមជាមួយព្រះយេស៊ូ ˝ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា ˝ (យហ ១,១៨) ទើបយើងហ៊ានហៅព្រះជាម្ចាស់ថាជាព្រះបិតា។ [2777-2778,2797-2800]
៥១៦.តើធ្វើដូចម្តេចឱ្យក្មេងៗដែលត្រូវឱពុកម្តាយបង្កើតធ្វើបាប បោះបង់ចោល ឬសម្លាប់យ៉ាងព្រៃផ្សៃបំផុតនោះ អាចហៅព្រះជាម្ចាស់ជាព្រះបិតាបាន?
ពេលខ្លះឱពុកម្តាយនៅលើផែនដីនេះបានបង្ខូចរូបភាពព្រះជាម្ចាស់ដែលជាព្រះបិតាដ៏សប្បុរស និងពោរពេញដោយសេចក្តីស្រលាញ់។ ប៉ុន្តែតាមពិត ព្រះបិតារបស់យើងដែលគង់នៅឯស្ថានបរមសុខ មិនដូចឱពុកម្តាយនៅលើផែនដីនេះទេ។ យើងត្រូវធ្វើយ៉ាងណាដើម្បីជម្រះរូបភាពមិនល្អ និងគំនិតមិនសមរម្យអំពីព្រះជាម្ចាស់ចោល ដើម្បីយើងអាចជួបព្រះអង្គដោយជំនឿ និងទុកចិត្តលើព្រះអង្គដោយគ្មានលក្ខខណ្ឌបាន។ [2779]
៥១៧.តើពេលយើងទូលថា ឱ!ព្រះបិតាយើងខ្ញុំ បានជួយគ្រីស្តបរិស័ទផ្លាស់ប្តូរអ្វីខ្លះ?
នៅពេលយើងទូលថា ឱ!ព្រះបិតាយើងខ្ញុំ ជួយឱ្យយើងរកឃើញនូវអំណរសប្បាយ ដោយសារយើងគឺជាបុត្រធីតារបស់ព្រះបិតាតែមួយ យើងត្រូវបានត្រាស់ហៅឱ្យច្រៀងសរសើរតម្កើងព្រះជាម្ចាស់រួមគ្នា និងរស់នៅជាបងប្អូន ដែលមានចិត្តថ្លើមតែមួយ (កក ៤,៣២)។ [2787-2791-2801]
៥១៨.ប្រសិនបើព្រះបិតារបស់យើងគង់នៅស្ថានបរមសុខ តើស្ថានបរមសុខនោះនៅឯណា?
ស្ថានបរមសុខគឺជាទីដែលព្រះជាម្ចាស់គង់នៅ។ ស្ថានបរមសុខមិនសំដៅទៅលើទីកន្លែងទេ តែជាការកំណត់វត្តមានរបស់ព្រះជាម្ចាស់វិញ ព្រោះព្រះអង្គមានវត្តមានហួសកាលលំហរទៅទៀត។ [2794-2796,2802]
៥១៩.តើមានន័យដូចម្តេចពេលយើង " សូមឱ្យព្រះជាម្ចាស់សម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ " ?
មានន័យថាយើងលើកតម្កើងព្រះអង្គលើអ្វីៗទាំងអស់។ [2807-2815,2858]
៥២០.តើ "សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ " មានន័យដូចម្តេច ?
នៅពេលយើងអធិដ្ឋាន សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ គឺយើងទូលសូមព្រះគ្រីស្តយាងមកវិញដូចដែលព្រះអង្គបានសន្យា ហើយសូមឱ្យព្រះរាជ្យដែលបានចាប់ផ្តើមនៅនាលោកនេះទទួលបានជ័យជំនះជាស្ថាពរ។ [2816-2821,2859]
៥២១.តើ "សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ " មានន័យដូចម្តេច?
នៅពេលយើង សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ គឺយើងសូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រចនៅក្នុងដួងចិត្តមនុស្សគ្រប់ៗរូប ដូចដែលព្រះអង្គបានសម្រេចកិច្ចការនេះនៅក្នុងទេវទូតទាំងឡាយនៅស្ថានបរមសុខដែរ។ [2822-2827,2860]
៥២២.តើ " សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ " មានន័យដូចម្តេច?
ពាក្យអង្វរសូមអាហារបរិភោគប្រចាំថ្ងៃរំឭកយើងថា យើងដែលជាមនុស្សកំពុងទន្ទឹងរង់ចាំរាល់អ្វីៗទាំងអស់ដែលកើតចេញមកពីព្រះហឫទ័យសប្បុរសរបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ទាំងសម្ភារៈខាងរូបកាយ និងខាងផ្លូវវិញ្ញាណដែលចាំបាច់សម្រាប់ជីវិតរបស់យើង។ គ្មានគ្រីស្តបរិស័ទណាអាចទូលអង្វរពាក្យនេះ ដោយមិនបាននឹកគិតដល់អស់បងប្អូនដែលខ្វះខាតនូវធនធានមូលដ្ឋានចាំបាច់សម្រាប់ជីវិតរបស់គេឡើយ។ [2828-2834,2861]
៥២៣.តើហេតុអ្វីបានជាមនុស្សមិនអាចរស់នៅដោយគ្រាន់តែបរិភោគអាហារតែប៉ុណ្ណោះ?
˝មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ។ ˝ (មថ ៤,៤ )។ [2835]
៥២៤.តើ "សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ "មានន័យដូចម្តេច?
សេចក្តីមេត្តាករុណា លើកលែងទោស ដែលយើងត្រូវប្រព្រឹត្តចំពោះអ្នកដទៃ ដូចដែលយើងបានទូលសុំព្រះជាម្ចាស់លើកលែងទោសឱ្យយើងនោះដែរ សេចក្តីទាំងពីរនេះត្រូវតែដើរជាមួយគ្នា។ ប្រសិនបើយើងមិនអាណិតអាសូរអ្នកដទៃ មិនលើកលែងទោសឱ្យគេ នោះព្រះហឫទ័យអាណិតអាសូររបស់ព្រះជាម្ចាស់មិនអាចចូលមកក្នុងចិត្តយើងបានដែរ។ [2838-2845,2862]
៥២៥.តើ "សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ " មានន័យដូចម្តេច?
ដោយសារគ្រប់ពេលវេលា យើងកំពុងរស់នៅក្នុងស្ថានភាពដែលងាយនឹងធ្លាក់ទៅក្នុងការប្រព្រឹត្តអំពើបាប ដែលឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដូច្នេះហើយយើងសូមព្រះអង្គកុំឱ្យយើងភ្លេចខ្លួននៅចំពោះការល្បួងទាំងឡាយដែលមកពីមារកំណាច។ [2846-2849]
៥២៦.តើ "សូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច "មានន័យដូចម្តេច?
មារកំណាច នៅទីនេះមិនចង់សំដៅទៅលើវិញ្ញាណអាក្រក់ ឬកម្លាំងជម្រុញយើងនោះទេ គឺជាសេចក្តីអាក្រក់ដែលមាននៅក្នុងមនុស្សយើង ដែលក្នុងព្រះគម្ពីរបានហៅឈ្មោះថា ជាការល្បួង វាជាមេនៃការនិយាយកុហក សាតាំង ឬបិសាច។ [2850-2854,2864]
៥២៧.ហេតុអ្វីបានជាក្រោយធម៌ឱ!ព្រះបិតាយើងបញ្ចប់ដោយពាក្យ អាម៉ែន ?
ជនជាតិយូដា ក៏ដូចជាគ្រីស្តបរិស័ទតែងតែបញ្ចប់ពាក្យអធិដ្ឋានដោយពាក្យ ˝អាម៉ែន ˝ មានន័យថា ˝សូមឱ្យបានសម្រេច ˝ តាមពាក្យទាំងនោះចុះ។ [2855-2856,2865]