ភាគទី១៖ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោកឱ្យរស់នៅក្នុងអង្គព្រះវិញ្ញាណ (២៧៩-៣៤៧)

ភាគទី១
ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោក​ឱ្យរស់នៅក្នុងអង្គព្រះវិញ្ញាណ

 ២៧៩.ហេតុអ្វីបានជាយើងត្រូវការជំនឿ និងអគ្គសញ្ញាដើម្បីរស់នៅជីវិតមួយដ៏ល្អប្រកបដោយសេ​ចក្តីទៀងត្រង់?

ប្រសិនបើយើងពឹងផ្អែកលើខ្លួនឯងដោយកម្លាំងផ្ទាល់ខ្លួនទាំងស្រុង នោះយើងមិនអាចរីកចម្រើនបានទេ ទោះបីយើងខិតខំធ្វើឱ្យវាប្រសើរឡើងយ៉ាងណាក៏ដោយ ​។ ដោយសារជំនឿ យើងក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយព្រះអង្គជួយផ្តល់កម្លាំងឱ្យយើង កម្លាំងដែលមកពីព្រះជាម្ចាស់នេះ យើងហៅថា ព្រះអំណោយទាន។ ជាពិសេសតាមរយៈអគ្គសញ្ញា ព្រះជាម្ចាស់ប្រទានថាមពលដើម្បីជាកម្លាំងជួយយើងក្នុងគ្រប់កិច្ចការល្អដែលយើងបម្រុងនឹងធ្វើ។ [1691-1695]

ជំពូកទី១
ឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស​

 ២៨០. តើមូលដ្ឋាននៃតម្លៃថ្លៃថ្នូររបស់មនុស្សគឺអ្វី? (សម្រាប់គ្រីស្តបរិស័ទ)

សម្រាប់គ្រីស្តបរិស័ទ មនុស្សទាំងអស់មានតម្លៃថ្លៃថ្នូរចាប់ផ្តើមពីវិនាទីដំបូងដែលជីវិតបានចាប់ផ្តើមកកើតឡើងនៅក្នុងផ្ទៃម្តាយ ហើយតម្លៃថ្លៃថ្នូរនេះគ្មាននរណាអាចរំលោភបំពានបានទេ។ ដោយសារតាំងពីដើមរៀងមក ព្រះជាម្ចាស់សព្វព្រះហឫទ័យស្រលាញ់ បង្កើតមនុស្ស សង្គ្រោះមនុស្ស​ និងបានកំណត់ឱ្យមនុស្សលោកបានទទួលសុភមង្គលអស់កល្បជានិច្ច​។ គ្រីស្តបរិស័ទជឿជាក់ថា តម្លៃថ្លៃថ្នូររបស់មនុស្សមានប្រភពចេញមកពីព្រះជាម្ចាស់។ [1699-1715]

២៨១.ហេតុអ្វីបានជាយើងប្រាថ្នាចង់បានសុភមង្គល?   

ព្រះជាម្ចាស់បានដៅក្នុងដួងចិត្តយើងម្នាក់ៗនូវសេចក្តីប្រាថ្នាចង់បានសុភមង្គលអស់កល្បជានិច្ច គឺគ្មានអ្វីធ្វើឱ្យយើងបានស្កប់ស្កល់នោះទេក្រៅពីព្រះជាម្ចាស់។ អ្វីៗទាំងអស់ក្នុងលោកនេះដែលយើងសន្មត់ថាជាភាពស្កប់ស្កល់នោះ គ្រាន់តែជាការភ្លក់រស់ជាតិនៃសុភមង្គលដ៏ពិតប្រាកដនៃជិវិតខាងមុខតែប៉ុណ្ណោះ​។ ដូច្នេះយើងត្រូវតែឆ្លងកាត់ដើម្បីឆ្ពោះទៅកាន់ព្រះជាម្ចាស់។ [1718-1719,1725]

២៨២.តើព្រះគម្ពីរមានប្រាប់់ឱ្យយើងដឹងអំពីផ្លូវដែលនាំឆ្ពោះទៅកាន់សុភមង្គលដ៏ពិតប្រាកដទេ?​ 

យើងនឹងទទួលបានសុភមង្គលដ៏ពិតប្រាកដ លុះត្រាតែយើងជឿលើព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានចែងក្នុងសុភមង្គលទាំង៨ប្រការ។ [1716-1717]

២៨៣.តើសុភមង្គលដ៏ពិតប្រាកដទាំង៨ប្រការនោះមានអ្វីខ្លះ? 

  • អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខ
  • អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ
  • អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក
  • អ្នកណាស្រេកឃ្លានសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យគេបានឆ្អែត
  • អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណាដល់ពួកគេវិញ
  • អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ​ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់
  • អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់
  • អ្នកណាត្រូគេបៀតបៀនព្រោះតែធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ។

ប្រសិនបើមានគេត្មះដៀលបៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ។ ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការីដែលរស់នៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ។ ( មថ ៥.៣-១២ )។

២៨៤.ហេតុអ្វីបានជាសុភមង្គលទាំង៨ប្រការនេះមានសារៈសំខាន់?  

អស់អ្នកដែលស្វែងរកព្រះរាជ្យព្រះជាម្ចាស់ ត្រូវចាត់ទុកប្រការទាំង៨របស់ព្រះយេស៊ូ​គ្រីស្តជាអាទិភាពក្នុងដំណើរស្វែងរកសុភមង្គលដ៏ពិតប្រាកដ។ [1716-1717,1726]

២៨៥.តើសុភមង្គលអស់កល្បជានិច្ចជាអ្វី?

សុភមង្គលអស់កល្បជានិច្ចគឺយើងបានជួបព្រះភក្រ្តព្រះជាម្ចាស់ និងបានចូលរួមក្នុងសុភមង្គលរួមជាមួយនឹងព្រះអង្គ។ [1720-1724,1729]

២៨៦.តើសេរីភាពជាអ្វី?ហេតុអ្វីបានជាយើងមានសេរីភាព?

សេរីភាពគឺជាកម្លាំងដែលព្រះជាម្ចាស់ប្រគល់ឱ្យមនុស្សក្នុងការសម្រេចចិត្តនូវទង្វើដែលខ្លួនធ្វើ។ មនុស្សដែលមានសេរីភាព គឺជាមនុស្សដែលមិនស្ថិតក្រោមអំណាចនៃនរណាម្នាក់។ [1730-1733,1743-1744]

២៨៧.តើខ្ញុំអាចប្រើសេរីភាពរបស់ខ្ញុំដើម្បីជ្រើសរើសសេចក្តីអាក្រក់បានដែរឬទេ

សេចក្តីអាក្រក់គ្រាន់តែធ្វើឱ្យមនុស្សសម្រេចនូវចំណង់ផ្នែកខាងក្រៅតែប៉ុណ្ណោះ រីឯការជ្រើសរើសធ្វើអំពើអាក្រក់នេះគ្រាន់តែជាសេរីភាពផ្នែកខាងក្រៅរបស់មនុស្សដែរ។ សេចក្តីអាក្រក់មិនអាចធ្វើឱ្យយើងមានសុភមង្គលនោះទេ គឺវាឆក់យកសេចក្តីល្អចេញពីខ្លួនយើង វាចងភ្ជាប់យើងទៅនឹងអ្វីដែលឥតបានការ និងចុងក្រោយវាបំផ្លាញសេរីភាពទាំងស្រុងរបស់យើងតែម្តង។ [1730-1733,1743-1744]

២៨៨.តើមនុស្សត្រូវមានទំនួសខុសត្រូវទាំងស្រុងចំពោះទង្វើរបស់ខ្លួនដែរឬយ៉ាងណា?                             

មនុស្សត្រូវមានទំនួសខុសត្រូវនូវរាល់ទង្វើរបស់ខ្លួនប្រកបដោយ​សា្មរតី និងចេតនា​។ [1734-1737,1745-1746]

២៨៩.តើយើងអាចបណ្តោយឱ្យមនុស្សម្នាក់ប្រើប្រាស់សេរីភាពរបស់គាត់ដើម្បីជ្រើសរើសសេចក្តីអាក្រក់បានដែរឬទេ

ការប្រើប្រាស់សិទ្ធិសេរីភាពគឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗ ដែលផ្អែកទៅលើតម្លៃថ្លៃថ្នូររបស់មនុស្ស។ សិទ្ធិសេរីភាពរបស់បុគ្គលអាចត្រូវបានបង្អាក់ ឬបន្ថយ លុះត្រាតែបុគ្គលនោះប្រើប្រាស់សេរីភាពរបស់ខ្លួន ធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៏របស់អ្នកដទៃ។ [1738-1740]

២៩០.តើព្រះជាម្ចាស់ជួយយើងក្នុងការប្រើប្រាស់សេរីភាពយ៉ាងដូចម្តេច?

ព្រះយេស៊ូគ្រីស្តចង់ឱ្យយើង “ មានសេរីភាពដ៏ពិតប្រាកដ ” ( កាឡ ៥,១ ) និងឱ្យយើងមានសមត្ថភាពក្នុងការបង្កើតភាតរភាព។ ដូច្នេះហើយ ព្រះអង្គបានចាត់ព្រះវិញ្ញាណមកដើម្បីឱ្យយើងមានសេរីភាព រំដោះយើងឱ្យរួចផុតពីអំណាចនៃលោកិយនេះ និងផ្តល់កម្លាំងឱ្យយើងដើម្បីរស់នៅក្នុងសេចក្តីស្រលាញ់ប្រកបដោយទំនួសខុសត្រូវ។ [1739-1742,1748]

២៩១.តើបុគ្គលម្នាក់អាចធ្វើការវែកញែកឱ្យដឹងថាទង្វើរបស់ខ្លួនល្អឬអាក្រក់បានដែរឬទេ

បុគ្គលម្នាក់អាចធ្វើការវែកញែកឱ្យដឹងថាទង្វើរបស់ខ្លួនល្អឬអាក្រក់បានដោយសាវិចារណញ្ញាណ និងសម្បជញ្ញៈរបស់ខ្លួន ដែលជួយឱ្យយើងធ្វើការវិនិច្ឆ័យបានយ៉ាងច្បាស់លាស់។ [1749-1754,1757-1758]

២៩២.តើយើងអាចប្រព្រឹត្តអំពើអាក្រក់ដែលអាចបង្កើតផលល្អបានដែរឬទេ?

យើងមិនអាចមានចេតនាក្នុងការប្រព្រឹត្តអំពើអាក្រក់ ដើម្បីសម្រេចបានផលល្អនោះទេ។ ជួនកាលមិនមានដំណោះស្រាយណាផ្សេងក្នុងការជ្រើសរើសប្រព្រឹត្តអំពើអាក្រក់នេះ គួរជៀសវាងការប្រព្រឹត្តអំពើអាក្រក់ធ្ងន់ធ្ងរ មកជំនួសដោយអំពើអាក្រក់ដែលស្រាលជាង។ [1755-1756,1759-1761]

២៩៣.ហេតុអ្វីបានជាព្រះជាម្ចាស់ប្រោសឱ្យយើងមាន“តណ្ហា”ឬ“ការរំជួលចិត្ត?     

តណ្ហាជម្រុញយើងដោយសារការរំជួលចិត្តខ្លាំង និងរអារម្មណ៍ផ្សេងៗ ដើម្បីយើងអាចចាប់ចិត្តទៅនឹងអ្វីដែលត្រឹមត្រូវ អ្វីដែលល្អ និងប្រឆាំងទៅនឹងអ្វីដែលមិនល្អដែលជាសេចក្តីអាក្រក់។[1762-1766,1771-1772]

២៩៤.តើនេះជាអំពើបាបឬទេដែលយើងដឹងថាខ្លួនឯងមានតណ្ហាខ្លាំង?                                                     

មិនអាចទេ តណ្ហាអាចជាអ្វីដែលមានតម្លៃ និងសារៈសំខាន់។ វាអាចនាំឱ្យយើងប្រព្រឹត្តនូវអំពើដែលសម្រេចបាននូវលិទ្ធិផលល្អក៏ថាបាន។ លុះត្រាតែចំណង់តណ្ហារបស់យើងគ្មានសណ្តាប់ធ្នាប់ ទើបវាណែនាំយើងទៅកាន់សេចក្តីទុច្ចរិត។ [1770,1773-1775]

២៩៥.តើអ្វីទៅជាសម្បជញ្ញៈ?

សម្បជញ្ញៈគឺជាសម្លេងខាងក្នុងដួងចិត្តរ​បស់មនុស្ស វាបញ្ជាឱ្យយើងប្រព្រឹត្តអំពើល្អក្នុងគ្រប់កាលៈទេសៈ និងជៀសវាងអំពើអាក្រក់។ ជាមួយគ្នានេះដែរ សម្បជញ្ញៈមានសមត្ថភាពក្នុងការវែកញែកអ្វីដែលល្អ​ និងអ្វីដែលអាក្រក់​។ ព្រះជាម្ចាស់មានព្រះបន្ទូលមកយើងតាមរយៈសម្បជញ្ញៈរបស់យើង។​ [1776-1779]

២៩៦.តើយើងអាចបង្ខិតបង្ខំនរណាម្នាក់ឱ្យប្រព្រឹត្តផ្ទុយពីសម្បជញ្ញៈរបស់គាត់បានដែរឬទេ?

គ្មាននរណាម្នាក់អាចបង្ខិតបង្ខំនរណាមួយឱ្យប្រព្រឹត្តផ្ទុយពីសម្បជញ្ញៈរបស់គេបានឡើយ អោយតែគេមានសកម្មភាពដើម្បីជាប្រយោជន៍រួម។[1780-1782,1798]

២៩៧.តើយើងអាចហ្វឹកហាត់សម្បជញ្ញៈរបស់យើងបានដែរឬទេ?

បាន យើងត្រូវតែធ្វើការហ្វឹកហាត់សម្បជញ្ញៈរបស់យើង។ សម្បជញ្ញៈត្រូវបានព្រះជាម្ចាស់ដាក់យ៉ាងជ្រៅនៅក្នុងមនុស្ស ជាមួយនឹងវិចារណញ្ញាណ។ សម្បជញ្ញៈនេះអាចត្រូវបានបំភាន់ និងអាចបាត់បង់ទៅវិញ ដូច្នេះវាត្រូវការការកែតម្រូវឱ្យប្រព្រឹត្តក្នុងផ្លូវល្អ​ ចេះវិនិច្ឆ័យ ចេះវាយតម្លៃដោយការគួរសម្យ  និងដឹងច្បាស់នូវអ្វីដែលខ្លួនត្រូវធ្វើ។ [1783-1788,1799-1800]

២៩៨.តើបុគ្គលម្នាក់មានបាបចំពោះព្រះភក្រ្តព្រះជាម្ចាស់ដែរឬទេ ប្រសិនបើគេប្រព្រឹត្តអំពើអាក្រក់ប៉ុន្តែសម្បជញ្ញៈរបស់គេទៀងត្រង់?

ទេ។ ប្រសិនបើបុគ្គលនោះបានពិនិត្យ និងធ្វើការវិនិច្ឆ័យយ៉ាងត្រឹមត្រូវ បុគ្គលនោះត្រូវប្រតិបត្តិតាមសម្បជញ្ញៈរបស់ខ្លួន ទោះបីជាគេបានជ្រុលទៅប្រព្រឹត្តអំពើខុសឆ្គងក្តី។ [1790-1794,1801-1802]

២៩៩.តើគុណធម៌មានន័យយ៉ាងដូចម្តេច?

គុណធម៌គឺជាការរៀបចំផ្នែកខាងក្នុងជាទម្លាប់ល្អ ជាចំណង់ដើម្បីប្រព្រឹត្តអំពើល្អ។ [1803,1833]

៣០០.ហេតុអ្វីបានជាយើងត្រូវការហ្វឹកហាត់បុគលិកលក្ខណៈរបស់យើង?

យើងត្រូវខិតខំហ្វឹកហាត់ ដើម្បីយើងអាចប្រព្រឹត្តអំពើល្អបានយ៉ាងស្រួល  សេរីភាព និងមានអំណរសប្បាយ។ ដំបូង ត្រូវមានជំនឿយ៉ាងមុតមាំទៅលើព្រះជាម្ចាស់ ប៉ុន្តែត្រូវតែប្រតិបត្តិនូវរាល់គុណធម៌ដោយសារការខិតខំរបស់យើង រួមជាមួយនឹងជំនួយដែលមកពីព្រះជាម្ចាស់។ សមត្ថភាពនៃវិចារណញ្ញាណ រួមជាមួយនឹងបំណងប្រាថ្នារបស់យើងឆ្ពោះទៅកាន់សេចក្តីសុចរិត  ដោយមិនចុះចាញ់នូវរាល់តណ្ហាដែលនាំឱ្យយើងឆ្ពោះទៅសេចក្តីទុច្ចរិត។ [1804-1805,1810-1811,1834-1839]

៣០១.តើធ្វើដូចម្តេចទើបយើងក្លាយជាអ្នកដែលចេះគិតពិចារណាបានត្រឹមត្រូវ?

យើងអាចក្លាយជាមនុស្សដែលចេះគិតពិចារណាបានត្រឹមត្រូវ លុះត្រាតែយើងចេះបែងចែកនូវអ្វីដែលចាំបាច់ និងអ្វីដែលមិនចាំបាច់។ គួរតែមានគោលដៅល្អ រួចជ្រើសរើសយកមធ្យោបាយដែលល្អប្រសើរដើម្បីសម្រេចបាននូវគោលដៅនោះ។ [1806-1835]

៣០២.តើបុគ្គលដែលប្រកបដោយយុត្តិធម៌គឺជាបុគ្គលបែបណា?                                                    

បុគ្គលដែលតែងតែប្រតិបត្តិយុត្តិធម៌ គឺជាមនុស្សដែលតែងតែប្រគល់ទៅព្រះជាម្ចាស់នូវអ្វីដែលជារបស់ព្រះជាម្ចាស់ និងប្រគល់នូវអ្វីដែលមិនមែនជារបស់ខ្លួនឱ្យទៅម្ចាស់គេវិញ។ [1807-1836]

៣០៣.តើបុគ្គលដែលមានចិត្តក្លាហានគឺជាបុគ្គលបែបណា?

គឺជាមនុស្សដែលទទួលស្គាល់សេចក្តីល្អ ហើយតែងតែក្លាហានក្នុងការការពារសេចក្តីល្អ ទោះបីស៊ូប្តូរជីវិតក្តី ក៏គេមិនរួញរាដែរ។ [1809-1837]

៣០៤.ហេតុអ្វីបានជាការចេះប្រមាណខ្លួនគឺជាគុណធម៌?

ការរស់នៅដែលប្រកបទៅដោយការចេះប្រមាណខ្លួន គឺជាគុណធម៌ ព្រោះការជ្រុលមិនចេះប្រមាណខ្លួនក្នុងគ្រប់កាលៈទេសៈតែងតែនាំទៅរកសេចក្តីវិនាស។ [1809-1838]

៣០៥.តើគុណធម៌ទាំងបីចំពោះព្រះជាម្ចាស់គឺអ្វីខ្លះ?

រួមមាន ៖ ជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រលាញ់។ ទាំងបីនេះត្រូវបានហៅថា “ អធិធម្មជាតិ ” ដោយសារវាមានមូលដ្ឋាននៅក្នុងព្រះជាម្ចាស់ផ្ទាល់ និងបែរទៅរកព្រះជាម្ចាស់ជានិច្ច។ យើងអាចប្រើគុណធម៌ទាំងបីនេះជាមាគ៌ាឆ្ពោះទៅរកព្រះជាម្ចាស់បាន។ [1812-1813,1840]

៣០៦.ហេតុអ្វីបានជាជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រលាញ់គឺជាគុណធម៌?

ដោយសារជាកម្លាំងដ៏ពិតប្រាកដដែលបានមកពីព្រះជាម្ចាស់ និងជាជំនួយដែលមកពីព្រះអង្គដែរ។​ យើងអាចពង្រីក និងពង្រឹងព្រះអំណោយទាននេះដើម្បីទទួលបានជីវិតពេញបរិបូរ។ [1812-1813,1840-1841]

៣០៧.តើអ្វីទៅជាជំនឿ?

គឺជាគុណធម៌ដែលជួយយើងឆ្ពោះទៅដល់ព្រះជាម្ចាស់ ពឹងផ្អែកទៅលើព្រះជាម្ចាស់ ទទួលស្គាល់សេចក្តីពិតដែលមកពីព្រះអង្គ ហើយថ្វាយខ្លូនយើងចំពោះព្រះអង្គ។

៣០៨.តើអ្វីទៅជាសេចក្តីសង្ឃឹម ?

គឺជាគុណធម៌ដែលជួយឱ្យយើងតាំងចិត្តយ៉ាងមុតមាំនូវអ្វីដែលយើងគួរតែធ្វើនៅក្នុងលោកនេះ គឺកោតសរសើរព្រះជាម្ចាស់  បម្រើព្រះអង្គ និងស្វែងរកសុភមង្គលដ៏ពិតប្រាដកនៅក្នុងអង្គព្រះជាម្ចាស់។ ដូច្នេះហើយទីលំនៅចុងក្រោយរបស់យើងគឺនៅរួមជាមួយព្រះជាម្ចាស់។​ [1817-1821,1843]

៣០៩.តើអ្វីទៅជាសេចក្តីស្រលាញ់ ?

គឺជាគុណធម៌ដែលជួយឱ្យយើងក្នុងការថ្វាយខ្លួនទាំងស្រុងដើម្បីអាចរួបរួមជាមួយព្រះជាម្ចាស់ ស្រលាញ់អ្នកដទៃដោយគ្មានលក្ខខណ្ឌនិងស្មោះត្រង់ ដោយសារព្រះជាម្ចាស់បានសេចក្តីស្រលាញ់យើងរួចជាស្រេចទៅហើយ។  [1822-1824,1844]

៣១០.តើព្រះអំណោយទានទាំង៧របស់ព្រះវិញ្ញាណមានអ្វីខ្លះ ?

ព្រះអំណោយទានទាំង៧របស់ព្រះវិញ្ញាណរួមមាន ៖ ប្រាជ្ញា ការឈ្លាសវៃ ការចេះផ្តល់ដំបូន្មាន ចិត្តអង់អាច ការចេះដឹង ការគោរពប្រណិប័តន៍ និងការគោរពកោតខ្លាចព្រះជាម្ចាស់។ ព្រះវិញ្ញាញប្រោសប្រទានព្រះអំណោយទានទាំងនេះ ដើម្បីឱ្យគ្រីស្តបរិស័ទក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នាលោកិយនេះ។ [1830-1831,1845]

៣១១.តើផលផ្លែនៃព្រះវិញ្ញាណមានអ្វីខ្លះ?

ផលផ្លែនៃព្រះវិញ្ញាណរួមមាន ៖ សេចក្តីស្រលាញ់ អំណរ សេចក្តីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសន្តោសមេត្តា ចិត្តសប្បុរស ចិត្តស្លូតបូត ចេះយោគយល់ ភក្តីភាព ចេះបន្ទាបខ្លួន ចេះតមការសប្បាយ ចេះទប់ចិត្ត (កាឡ ៥,២២-២៣ )។ [1832]

៣១២.តើធ្វើដូចម្តេចទើបយើងដឹងថាខ្លួនយើងជាអ្នកបាប ?

យើងដឹងខ្លួនថាយើងជាអ្នកបាប ដោយសារសម្បជញ្ញៈរបស់យើងជំរុញយើងឱ្យសារភាពរាល់អំពើបាបរបស់ខ្លួនដែលបានប្រព្រឹត្តចំពោះព្រះជាម្ចាស់។ [1797-1848]

៣១៣.ហេតុអ្វីបានជាយើងត្រូវតែសូមទទួលការលើកលែងទោសពីព្រះជាម្ចាស់ ?

រាល់អំពើបាបគឺបានបំផ្លាញ បិទបាំង និងបដិសេធអំពើល្អ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គពោរពេញទៅសោយសេចក្តីល្អ ហើយព្រះអង្គជាអ្នកដែលបង្កើតសេចក្តីល្អទាំងឡាយ។ រាល់អំពើបាប គឺតែងតែប្រឆាំងនិងព្រះជាម្ចាស់ ដូច្នេះហើយបានជាយើងត្រូវតែត្រលប់ទៅរកព្រះជាម្ចាស់វិញដើម្បីចាប់ផ្តើមជីវិតឡើងវិញ។ [1847]

៣១៤.តើធ្វើដូចម្តេចទើបយើងដឹងថាព្រះជាម្ចាស់ប្រកបទៅដោយព្រះហឫទ័យមេត្តាករុណា?

នៅក្នុងព្រះគម្ពីរមានឃ្លាជាច្រើនដែលបានរៀបរាប់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ជាពិសេសប្រសា្នអំពីឳពុកសប្បុរស ( លក ១៥ )។ រឿងប្រសា្ននេះបានរៀបរាប់អំពីកាយវិការរបស់ឳពុកដែលបានរត់ទៅទទួលស្វាគមន៍កូនពៅកំហូចដោយគ្មានលក្ខខណ្ឌ ព្រមទាំងធ្វើពិធីជប់លាងយ៉ាងអាធិកអាធម និងផ្តល់ឱកាសឱ្យកូនពៅសម្រុះសម្រួលជាមួយនឹងលោកវិញផងដែរ។ [1852-1861,1874]

៣១៥.​តើអំពើបាបជាអ្វី?

បាបគឺជាចំណង់ ពាក្យសម្តី ទង្វើរ ដែលមនុស្សបានសម្រេចចិត្តប្រព្រឹត្តដោយចេតនា ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃសេចក្តីពិត ដែលឧបការគុណរបស់ព្រះជាម្ចាស់បានស្រលាញ់ហើយបានបង្កើតមក។ [1849-1851,1871-1872]

៣១៦.តើធ្វើដូចម្តេចទើបយើងអាចបែងចែកអំពើបាបធ្ងន់ និងអំពើបាបស្រាលបាន?

បាបធ្ងន់គឺជាអំពើបាបដែលបានកាត់ផ្តាច់ចំណងមេត្រីរវាងព្រះជាម្ចាស់និងមនុស្ស មិនមានសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងខ្លួនទៀត ហើយមិនអាចមានសុភមង្គលអស់កល្បជានិច្ចបាន។ រីឯបាបស្រាលវិញ គឺគ្រាន់តែជាអំពើដែលធ្វើឱ្យរបូសនូវទំនាក់ទំនងជាមួយព្រះជាម្ចាស់តែប៉ុណ្ណោះ ប៉ុន្តែសេចក្តីស្រលាញ់របស់ព្រះអង្គនៅតែមាននៅក្នុងខ្លួនយើង។ [1852-1861,1874]

៣១៧.តើធ្វើដូចម្តេចទើបបុគ្គលដែលប្រព្រឹត្តអំពើបាបធ្ងន់អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់វិញ?

ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់វិញ បុគ្គលនោះត្រូវទទួលអគ្គសញ្ញាសម្រុះសម្រួលដើម្បីជានានឹងព្រះជាម្ចាស់វិញ។ [1856]

៣១៨.តើបាបធម៌ជាអ្វី ?

បាបធម៌គឺជាទម្លាប់អវិជ្ជមាន ដែលសម្លាប់ និងធ្វើឱ្យមនសិការរបស់យើងស្ពឹក គ្មានពន្លឺ តម្រង់ឆ្ពោះទៅរកសេចក្តីទុច្ចរិត ហើយមានទម្លាប់ក្នុងការប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង។ [1865-1867]

៣១៩.តើយើងមានទំនួសខុសត្រូវចំពោះអំពើបាបរបស់អ្នកដទៃដែរឬទេ ?

មិនមានទេ ! យើងមិនមានទំនួសខុសត្រូវចំពោះអំពើបាបរបស់អ្នកដទៃទេ លុះត្រាតែយើងជាអ្នកដែលបានដឹកនាំគេទៅរកផ្លូវខុស និងបានញុះញង់គេ អូសទាញគេឱ្យប្រព្រឹត្តអំពើបាប ជាងនេះទៅទៀតគឺយើងបានបណ្តោយឬធ្វើមិនដឹង ឬមិនបានដាស់តឿនគេឱ្យជៀសឆ្ងាយពីអំពើបាប។ [1868]

៣២០.តើមានរចនាសម្ពន្ធនៃអំពើបាបដែរឬទេ?

រចនាសម្ពន្ធនៃអំពើបាបគ្រាន់តែជាការនិយាយបែបប្រៀបធៀបថាជាអំពើបាបសង្គមតែប៉ុណ្ណោះ។ អំពើបាបជានិច្ចជាកាល គឺជាការប្រព្រឹត្តរបស់បុគ្គលម្នាក់បែបឯកជន ដែលសតិ និងឆន្ទៈបានយល់ព្រមក្នុងការប្រព្រឹត្តអំពើបាបនោះ។ [1869]

ជំពូកទី២ ៖ សហគមន៍មនុស្ស​

៣២១.តើគ្រីស្តបរិស័ទម្នាក់អាចរស់នៅដាច់ដោយឡែកពីសង្គមបានដែរឬទេ?

គ្រីស្តបរិស័ទម្នាក់អាចរស់នៅដាច់ដោយឡែកពីសង្គមបានទេ ដោយសារធម្មជាតិរបស់មនុស្សត្រូវបានបង្កើតឡើងដើម្បីរស់នៅរួមជាមួយគ្នាជាសង្គមមួយ។ [1877-1880,1890-1891 ]

៣២២. តើសង្គម និងបុគ្គលភាព មួយណាសំខាន់ជាង?

នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ លក្ខណៈជាបុគ្គលរបស់មនុស្សត្រូវបានរាប់ជាអាទិភាព បន្ទាប់មកទើបជាលក្ខណៈរបស់មនុស្សដែលជាសង្គម។ [1881-1882]

៣២៣.តើបុគ្គលភាពអា​ចមានសេរីភាពក្នុងការអភិវឌ្ឍនៅក្នុងសង្គមបានដោយរបៀបណា?

បុគ្គលម្នាក់អាចមានសេរីភាពក្នុងការអភិវឌ្ឍនៅក្នុងសង្គមបាន លុះត្រាតែបុគ្គលនោះចេះប្រតិបត្តិនូវគោលការណ៍ជំនួស (Principle of subsidiarity )។[1883-1885,1894]

៣២៤.តើសង្គមត្រូវកសាងលើគោលការណ៍អ្វី?

សង្គមនីមួយៗត្រូវកសាងលើលំដាប់នៃតម្លៃ គឺលើមូលដ្ឋានគ្រឹះនៃយុត្តិធម៌ និងសេចក្តីស្រលាញ់។ [1886-1889,1895-1896]

៣២៥.តើអ្វីទៅជាមូលដ្ឋាននៃអំណាចក្នុងសង្គម?

សង្គមនីមួយៗតម្រូវឱ្យមានសណ្តាប់ធ្នាប់ ហើយរាល់ការទំនាក់ទំនងនិងការអភិវឌ្ឍត្រូវធានាថាស្របតាមច្បាប់។ នៅក្នុងធម្មជាតិរបស់មនុស្សដែលព្រះជាម្ចាស់បានបង្កើតមកនោះ គឺមនុស្សគ្រប់រូបត្រូវបន្ទាបខ្លួនចំពោះការដឹកនាំដោយអំណាចនៃច្បាប់។ [1897-1902,1918-1919,1922]

៣២៦.តើពេលណាទើបយើងអាចហៅទង្វើនៃអំណាចថាស្របតាមច្បាប់បាន​?

ទង្វើនៃអំណាចអាចសន្មត់ថាស្របតាមច្បាប់បាន លុះត្រាតែសកម្មភាពទាំងអស់មានគោលដៅទៅរកផលប្រយោជន៍រួម និងអនុវត្តន៍រាល់វិធីដែលប្រកបទៅដោយយុត្តិធម៌ដើម្បីសម្រេចនូវគោលដៅ។ [1903-1904,1921]

៣២៧.តើផលប្រយោជន៍រួមត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ផលប្រយោជន៍រួមត្រូវបានប្រព្រឹត្តទៅ នៅពេលដែលផលប្រយោជន៍មូលដ្ឋានរបស់មនុស្សត្រូវបានឱ្យតម្លៃ និងនៅពេលដែលមនុស្សមានសេរីភាពពេញលេញក្នុងការអភិវឌ្ឍប្រាជ្ញា និងសាសនារបស់ខ្លួន។​ផលប្រយោជន៍រួមទាមទារឱ្យមនុស្សរស់នៅក្នុងសេរីភាព សន្តិភាព និងសេចក្តីសុខសាន្ត។ នៅក្នុងសម័យសកលភាវូបនីយកម្មសព្វថ្ងៃ ផលប្រយោជន៍រួមត្រូវតែគ្របដណ្តប់ទៅលើពិភពលោកទាំងមូល ដើម្បីការពារសិទ្ធិ និងតួនាទីរបស់មនុស្សជាតិ។  [1907-1912,1925,1927]

៣២៨.តើបុគ្គលម្នាក់ៗអាចរួមចំណែកអ្វីខ្លះដើម្បីផលប្រយោជន៍រួម?

បំពេញផលប្រយោជន៍រួម គឺមានន័យថាយើងមានទំនួសខុសត្រូវទៅលើអ្នកដទៃ។ [1913-1917,1926]

៣២៩.តើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យមានយុត្តិធម៌នៅក្នុងសង្គម?

យុត្តិធម៌សង្គមអាចកើតឡើងបានលុះត្រាតែតម្លៃថ្លៃថ្នូររបស់មនុស្សត្រូវបានគោរព មានន័យថាសិទ្ធិរបស់បុគ្គលម្នាក់ៗត្រូវបានទទួលស្គាល់ និងឱ្យតម្លៃ  ហើយបុគ្គលម្នាក់ៗអាចចូលរួមយ៉ាងសកម្មនៅក្នុងសង្គមនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ [1933,1943-1944]

៣៣០.តើមនុស្សមានសិទ្ធិស្មើគ្នានៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ឬយ៉ាងណា?

មនុស្សទាំងអស់មានសិទ្ធិស្មើគ្នានៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ដោយសារមនុស្សទាំងអស់ត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយមានលក្ខណៈដូចព្រះអង្គ មានវិញ្ញាណ ចេះរិះគិតពិចារណា ហើយមានព្រះសង្គ្រោះតែមួយ។ [1934-1935,1945]

៣៣១.ហេតុអ្វីបានជាមានអយុត្តិធម៌នៅក្នុងចំណោមមនុស្ស?

មនុស្សទាំងអស់មានតម្លៃស្មើគ្នា ប៉ុន្តែមិនមែនមនុស្សទាំងអស់មានស្ថាភាពជីវិតរស់នៅដូចគ្នាទេ។ រាល់ភាពអយុត្តិធម៌កើតឡើង ដោយសារសង្គមមនុស្ស ដែលសេចក្តីនេះដើរផ្ទុយពីព្រះគម្ពីរ។ ព្រះជាម្ចាស់ប្រទានព្រះអំណោយទាន និងទេពកោសល្យមកឱ្យមនុស្សខុសៗគ្នា ព្រះអង្គអញ្ជើញយើងឱ្យចែករំលែកចំពោះគ្នាទៅវិញទៅមក។ ក្នុងធម៌មេត្តាករុណា មនុស្សត្រូវចែករំលែកអ្វីដែលខ្លួនមានទៅដល់អស់អ្នកដែលខ្វះខាតជាងខ្លួន។ [1936-1938,1946-1947]

៣៣២.តើគ្រីស្តបរិស័ទត្រូវតែបង្ហាញសាមគ្គីភាពចំពោះគ្នានឹងគ្នាយ៉ាងដូចម្តេច?

គ្រីស្តបរិស័ទគឺជាអ្នកដែលស៊ូប្តូរខ្លួនឯងសម្រាប់យុត្តិធម៌សង្គម ដើម្បីជួយឱ្យមនុស្សទាំងអស់អាចទទួលបាននូវប្រយោជន៍ទាំងផ្នែកសម្ភារៈ ក៏ដូចជាបញ្ញា និងស្មារតីរបស់ពិភពលោក។ គ្រីស្តបរិស័ទក៏ត្រូវតែចាប់អារម្មណ៍នូវតម្លៃពលកម្មរបស់មនុស្សដោយត្រូវបានលើកកម្ពស់ មានន័យថាពួកគេត្រូវទទួលបាននូវប្រាក់ឈ្នួលយ៉ាងសមរម្យ។ ការបញ្ជូនបន្តជំនឿក៏ជាសកម្មភាពនៃសាមគ្គីភាពរបស់មនុស្សដែរ។

៣៣៣.តើមានច្បាប់ធម្មជាតិណាដែលមនុស្សទាំងអស់ដឹងដែរឬទេ ?

មនុស្សត្រូវប្រព្រឹត្តអំពើល្អជៀវាងអំពើអាក្រក់ ដោយសារសេចក្តីនេះបានចារយ៉ាងច្បាស់លាស់នៅក្នុងដួងចិត្តរបស់មនុស្សហើយ។ មនុស្សគ្រប់រូបអាចប្រើវិចារណញាណដើម្បីយល់ដឹងនូវច្បាប់សីលធម៌នេះ។ [1960,1975,1978-1979]

៣៣៤.តើច្បាប់ធម្មជាតិ និងវិន័យក្នុងសម្ពន្ធមេត្រីចាស់មានទំនាក់ទំនងជាមួយគ្នាយ៉ាងដូចម្តេចខ្លះ?

វិន័យក្នុងសម្ពន្ធមេត្រីចាស់ បង្ហាញនូវរាល់សេចក្តីពិតដែលវិចារណញាណអាចយល់ដឹងបានដោយឯកឯង ហើយសេចក្តីពិតទាំងអស់នោះត្រូវបានបង្ហាញ និងត្រូវបានទទួលស្គាល់ជាផ្លូវការ ដូចវិន័យរបស់ព្រះជាម្ចាស់ដែរ។ [1961-1963,1981]

៣៣៥.តើវិន័យក្នុងសម្ពន្ធមេត្រីចាស់មានសារៈសំខាន់យ៉ាងណា?

វិន័យក្នុងសម្ពន្ធមេត្រីចាស់ ជាពិសេសវិន័យដប់ប្រការរបស់លោកម៉ូសេ ព្រះជាម្ចាស់បង្ហាញព្រះហឫទ័យរបស់ព្រះអង្គឱ្យប្រជារាស្ត្រអ៊ីស្រាអែលដឹងថា បើគេគោរពប្រតិបត្តិតាមធម្មវិន័យ នោះគេនឹងទទួលបានការសង្គ្រោះ។ គ្រីស្តបរិស័ទដឹងច្បាស់ថាគេត្រូវតែគោរពតាមធម្មវិន័យ ប៉ុន្តែគេក៏ដឹងច្បាស់ដែរថា ធម្មវិន័យនេះមិនអាចនាំគេឱ្យទទួលការសង្គ្រោះបានទេ។ [1965-1972,1977,1983-1985]

៣៣៦.តើព្រះយេស៊ូបានឱ្យតម្លៃធម្មវិន័យក្នុងសម្ពន្ធមេត្រីចាស់យ៉ាងដូចម្តេច​?

ក្នុងធម្មទេសនារបស់ព្រះអង្គនៅលើភ្នំថា៖ “កុំនឹកស្មានថាខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការីចោលឡើយ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ ”។ (មថ ៥,១៧) [1965-1972,1977,1983-1985]

៣៣៧.តើយើងទទួលការសង្គ្រោះដោយរបៀបណា?

គ្មាននរណាម្នាក់អាចសង្គ្រោះខ្លួនឯងបានឡើយ។ ចំពោះយើង សង្គ្រោះមានន័យថាត្រូវបានរំដោះចេញពីអំណាចនៃអំពើបាប ណែនាំយើងចេញពីសេចក្តីស្លាប់ចូលទៅកាន់ជីវិតអស់កល្បជានិច្ច គឺជាជីវិតដែលនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់។ គ្រីស្តបរិស័ទជឿជាក់ថា ពួកគេនឹងទទួលបានការសង្គ្រោះដោយសារព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ថែមទាំងចាក់បង្ហូរនូវព្រះវិញ្ញាណរបស់ព្រះអង្គលើពួកគេផងដែរ។ [1987-1995,2017-2020]

៣៣៨.តើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជាអ្វី ?

ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ គឺជាសេរីភាពពោរពេញទៅដោយសេចក្តីស្រលាញ់របស់ព្រះអង្គចំពោះមនុស្ស ជាការជួយទំនុកបម្រុង ជាជីវិតដែលមកពីព្រះអង្គ។ តាមរយៈឈើឆ្កាង និងការរស់ឡើងវិញយ៉ាងរុងរឿង ព្រះអង្គបានថ្វាយខ្លួនទាំងស្រុងដោយព្រះហឫទ័យប្រណីសន្តោសចំពោះយើង។ ព្រះហឫទ័យប្រណីសន្តោសគឺជាអ្វីៗដែលព្រះអង្គប្រទានមកយើង ដោយមិនអាស្រ័យទៅលើអ្វីដែលជាគុណសម្បត្តិរបស់យើងឡើយ។ [1996-1998,2005,2021]

៣៣៩.តើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ផ្តល់អ្វីចំពោះយើង ?

ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដឹកនាំយើងឱ្យចូលទៅរស់នៅយ៉ាងជិតស្និទ្ធិក្នុងអង្គព្រះត្រៃឯក ទៅក្នុងសេចក្តីស្រលាញ់រវាងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះហឫទ័យប្រណីសន្តោសនេះជួយឱ្យយើងរស់នៅក្នុងសេចក្តីស្រលាញ់របស់ព្រះអង្គ និងធ្វើសកម្មភាពដោយសារសេចក្តីស្រលាញ់នេះផងដែរ។ [1990-2000,2003-2004,2023-2024]

៣៤០.តើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយសេរីភាពរបស់មនុស្ស ?

ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់តែងតែគោរពសិទ្ធិសេរីភាពរបស់មនុស្ស ព្រះអង្គស្វែងរក និងអញ្ជើញយើងឱ្យឆ្លើយតបដោយសេរីភាព។ ព្រះហឫទ័យប្រណីសន្តោសមិនដែលបង្ខិតបង្ខំ សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចង់ឱ្យមនុស្សទទួលដោយសេរី។ [2001-1002,1022]

៣៤១.តើមនុស្សអាចចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់អាស្រ័យទៅលើអំពើសុចរិតរបស់ខ្លួនដែរឬទេ?

មិនអាចបានទេ​! គ្មាននរណាម្នាក់អាចចូលទៅកាន់ព្រះរាជ្យព្រះជាម្ចាស់ដោយសារកម្លាំងរបស់ខ្លួនតែប៉ុណ្ណោះបាននោះទេ  គឺយើងទទួលបានការសង្គ្រោះក៏ដោយសារតែព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ ប្រាកដណាស់ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ទាមទារឱ្យយើងចូលរួមសហប្រតិបត្តិការដោយសេរីរួមជាមួយព្រះអង្គដែរ។ [2006-2011,2025-2027]

៣៤២.តើយើងទាំងអស់គ្នាអាចក្លាយទៅជាសន្តបុគ្គលបានដែរឬទេ?

ប្រាកដជាបាន ! គោលដៅនៃជីវិតរបស់យើង គឺការរួបរួមជាមួយព្រះជាម្ចាស់ក្នុងសេចក្តីស្រលាញ់ និងរស់នៅតាមព្រះហឫទ័យរបស់ព្រះអង្គទាំងស្រុង។ យើងត្រូវតែឱ្យ “ព្រះជាម្ចាស់រស់នៅខាងក្នុងយើង ” (អ្នកម្តាយ ថេរេសា) នេះជាវិធីដែលណែនាំយើងឱ្យក្លាយទៅជាសន្តបុគ្គល។ [2012-2016,2028-2029]  

ជំពូកទី៣
ព្រះសហគមន៍

៣៤៣.ព្រះសហគមន៍ជួយយើងឱ្យក្លាយជាមនុស្សល្អ។ តើព្រះសហគមន៍មានទំនួសខុសត្រូវដូចម្តេចខ្លះ?

យើងបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងព្រះសហគមន៍ តាមរយៈព្រះសហគមន៍យើងទទួលបានជំនឿដែលព្រះសហគមន៍បានថែរក្សាយ៉ាងខ្ជាប់ខ្ជួនជាច្រើនសតវត្សមក។ ក្នុងព្រះសហគមន៍ យើងបានស្តាប់ព្រះបន្ទូល និងបានរៀនរបៀបរស់នៅយ៉ាងណាឱ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ផងដែរ។ តាមរយៈអគ្គសញ្ញានានា ដែលព្រះយេស៊ូបានប្រគល់ជូនដល់ក្រុមសាវ័ក ព្រះសហគមន៍បានបន្តធ្វើឱ្យរីកចម្រើន ពង្រឹង និងសម្រាលទុក្ខរបស់យើង។

ក្នុងព្រះសហគមន៍ ពន្លឺរបស់សន្តបុគ្គលទាំងឡាយបានជួយបំភ្លឺយើង ។ ក្នុងព្រះសហគមន៍ អភិបូជាត្រូវបានប្រារព្ធឡើង សក្ការៈបូជារបស់ព្រះយេស៊ូត្រូវបានប្រព្រឹត្តឡើង ដើម្បីប្រទានកម្លាំង និងផ្លាស់ប្តូរយើង ឱ្យយើងអាចរួបរួមជាមួយព្រះអង្គ ក្លាយទៅជារូបកាយរបស់ព្រះអង្គ ហើយរស់នៅដោយសារកម្លាំងរបស់ព្រះអង្គ។ ទោះបីព្រះសហគមន៍នៅមានមនុស្សបាបជាច្រើនក៏ដោយ ក៏យើងមិនអាចក្លាយជាគ្រីស្តបរិស័ទដែលរស់នៅក្រៅព្រះសហគមន៍បានឡើយ។ [2030-2031,2047]

៣៤៤.ហេតុអ្វីបានជាព្រះសហគមន៍យកចិត្តទុកដាក់អំពីបញ្ហាសីលធម៍ និងតម្លៃថ្លៃថ្នូររបស់បុគ្គល?

ជំនឿគឺជាមាគ៌ា ដូច្នេះហើយមានតែរស់នៅតាមពាក្យប្រៀនប្រដៅរបស់ដំណឹងល្អទើបយើងអាចស្ថិតនៅលើមាគា៍នេះបាន ឬអាចនិយាយបានដែលថា ការប្រព្រឹត្តតាមយុត្តិធម៌ និងរស់នៅតាមបែបសុចរិត។ កិច្ចការណែនាំរបស់ព្រះសហគមន៍ ( Magisterium ) គឺរឮកយើងអំពីការទាមទារនៃច្បាប់សីលធម៌បែបធម្មជាតិ។ [2032-2040,2049-2051]

៣៤៥.តើវិន័យទាំងប្រាំរបស់ព្រះសហគមន៍មានអ្វីខ្លះ?

  • ទី១. សុំឱ្យគ្រីស្តបរិស័ទចូលរួមអភិបូជាជារៀងរាស់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យដែលព្រះសហគមន៍បានតម្រូវ  ជៀសវាងការធ្វើពលកម្ម និងសកម្មភាពណាមួយដែលប្រឆាំងលក្ខណៈវិសុទ្ធរបស់ថ្ងៃនោះ
  • ទី២. ទទួលអគ្គសញ្ញាសម្រុះសម្រួលយ៉ាងតិចណាស់មួយឆ្នាំម្តង
  • ទី៣. ទទួលព្រះកាយព្រះលោកហិតព្រះគ្រីស្តយ៉ាងតិចម្តងក្នុងរដូវបុណ្យចម្លង
  • ទី៤. តមអាហារ នៅថ្ងៃដែលព្រះសហគមន៍តម្រូវ (ថ្ងៃពុធរោយផេះ និងថ្ងៃសុក្រពិសិដ្ឋ​)
  • ទី៥​. គ្រីស្តបរិស័ទត្រូវតែជួយព្រះសហគមន៍តាមសមត្ថភាពរៀងៗខ្លួន។ [2042-2043]

៣៤៦.តើវិន័យរបស់ព្រះសហគមន៍មានគោលបំណងអ្វី? ហើយតម្រូវឱ្យនរណាជាអ្នកប្រតិបត្តិតាម?

វិន័យទាំងប្រាំរបស់ព្រះសហគមន៍ គឺជាសុំណូមពរអប្បបរិមា ក្នុងគោលបំណងដាស់តឿនគ្រីស្តបរិស័ទថា យើងមិនអាចជាគ្រីស្តបរិស័ទ ប្រសិនបើមិនមានការតស៊ូដោយសមត្ថភាពផ្ទាល់ខ្លួន រស់នៅតាមសីលធម៌ មិនចូលរួមយ៉ាងជាក់ស្តែងក្នុងអគ្គសញ្ញាទាំងឡាយរបស់ព្រះសហគមន៍ ឬមិនមានជីវិតរួមជាធ្លុងតែមួយជាមួយព្រះសហគមន៍នោះទេ។ វិន័យទាំងអស់នេះ ជាសុំណូមពរសម្រាប់គ្រីស្តបរិស័ទទាំងអស់ឱ្យប្រតិបត្តិតាម។ [2041-2048]

៣៤៧.ហេតុអ្វីបានជាគ្រីស្តបរិស័ទត្រូវរស់នៅតាមអ្វីដែលខ្លួនបានប្រកាស?

កិច្ចការជាបឋមនៃការប្រកាសព្រះបន្ទូលព្រះជាម្ចាស់ គឺការរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គ។ ប្រសិនបើយើងមិនរស់នៅតាមអ្វីដែលយើងប្រកាស មានន័យថាយើងលាក់ពុត​ គឺយើងបដិសេធតួនាទីរបស់យើងដែលជាគ្រីស្តបរិស័ទ ដែលជា អំបិល និង ជាពន្លឺសម្រាប់ពិភពលោក។  [2044-2046]

ភាគទី២៖ វិន័យ១០ប្រការ (៣៤៨-៤៦៨)

ភាគទី២
វិន័យ១០ប្រការ

 ៣៤៨. លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?​    

ព្រះយេស៊ូមានព្រះបន្ទូលថា៖ “បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ” (មថ ១៩,១៧)។ រួចព្រះអង្គមានព្រះបន្ទូលបន្តទៀតថា ៖ “សូមអញ្ចើញមកតាមខ្ញុំ” (មថ ១៩,២១​)។ [2052-2054,2075-2076]

៣៤៩.តើវិន័យ១០ប្រការរួមមានអ្វីខ្លះ?

  1. ស្រលាញ់ និងថ្វាយបង្គំព្រះជាអម្ចាស់តែមួយព្រះអង្គគត់
  2. កុំយកព្រះនាមព្រះជាអម្ចាស់ទៅស្បថបញ្ចោត ឬលេងជាល្បែងឡើយ
  3. ក្នុងមួយអាទិត្យត្រូវឈប់ធ្វើការមួយថ្ងៃ
  4. ត្រូវគោរពមាតាបិតា​
  5. កុំសម្លាប់មនុស្ស
  6. កុំប្រព្រឹត្តអំពើផិតក្បត់
  7. កុំលួចប្លន់គេ
  8. កុំពោលពាក្យកុហក
  9. កុំយកប្តីប្រពន្ធគេ
  10. កុំយកទ្រព្យគេ។

៣៥០.តើវិន័យទាំង១០ប្រការនេះត្រូវបានបង្កើតឡើងដោយចៃដន្យឬយ៉ាងណា?

វិន័យទាំង១០ប្រការនេះ គឺជាបញ្ជីដែលត្រូវបានឯកភាពរវាងប្រការមួយទៅប្រការមួយទៀត ដូច្នេះយើងមិនអាចបំបែកប្រការណាមួយចេញពីគ្នាបានទេ។ អ្នកណាប្រព្រឹត្តខុសនឹងប្រការណាមួយ ក៏ដូចជាបានប្រព្រឹត្តខុសនឹងប្រការផ្សេងៗទៀតក្នុងវិន័យទាំង១០ប្រការនេះដូចគ្នាដែរ។ [2069,2079]

៣៥១.តើវិន័យទាំង១០ប្រការនេះហួសសម័យហើយមែនទេ?

វិន័យទាំង១០ប្រការនេះមិនមែនជាសមិទ្ធផលរបស់សម័យណាមួយឡើយ ប៉ុន្តែវិន័យនេះជាតួនាទីមូលដ្ឋានដែលមិនអាចកែប្រែបានទេចំពោះព្រះជាម្ចាស់នឹងអ្នកជិតខាង ហើយមានតម្លៃក្នុងគ្រប់កាលៈទេសៈទាំងអស់់។ [2070-2072]

ជំពូកទី១
ត្រូវស្រលាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្តគំនិត
អស់ពីស្មារតី
និងអស់ពីកម្លាំងកាយ

ប្រការទី១៖ ត្រូវស្រលាញ់ថ្វាយបង្គំព្រះជាអម្ចាស់តែមួយព្រះអង្គគត់

៣៥២.“យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក” (សរ ២០,២) តើមានន័យយ៉ាងដូចម្តេច?

ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការបានបង្ហាញព្រះអង្គឱ្យយើងក្នុងឋានៈព្រះអង្គជាព្រះជាម្ចាស់ ដូច្នេះហើយយើងមិនអាចឱ្យតម្លៃទៅលើអ្វីមួយលើសពីព្រះអង្គ ឬចាត់ទុកមនុស្ស វត្ថុអ្វីមួយមានអាទិភាពជាងព្រះអង្គបានឡើយ។ យើងត្រូវទទួលស្គាល់ថាមានតែព្រះអង្គទេដែលជាអាទិភាពលើសអ្វីៗទាំងអស់ក្នុងជីវិតរបស់យើង និងយើងត្រូវតែគោរពប្រណិប័តន៍ព្រះអង្គតែមួយព្រះអង្គគត់។ [2083-2094,2133-2134]

៣៥៣.ហេតុអ្វីបានជាយើងត្រូវគោរពថ្វាយបង្គំព្រះជាម្ចាស់ ?

យើងគោរពថ្វាយបង្គំព្រះជាម្ចាស់ដោយសារព្រះអង្គមានព្រះជន្មគង់នៅ ហើយនៅពេលយើងគោរពថ្វាយបង្គំព្រះអង្គ គឺយើងបានឆ្លើយតបចំពោះវត្តមានរបស់ព្រះអង្គ និងការសម្តែងរបស់ព្រះអង្គចំពោះយើង ៖​​“អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ ( មថ ៤,១០ )។ [2083-2094,2133-2134]

៣៥៤.តើយើងអាចបង្ខិតបង្ខំនរណាម្នាក់ឱ្យជឿលើព្រះជាម្ចាស់បានដែលឬទេ ?

យើងមិនអាចបង្ខិតបង្ខំនរណាម្នាក់ឱ្យជឿបាននោះទេ សម្បីតែកូនចៅរបស់ខ្លួន ក៏ដូចជាគ្មាននរណាម្នាក់អាចហាមឃាត់នរណាម្នាក់ឱ្យជឿបាននោះដែរ។​ មនុស្សគ្រប់រូបមានសិទ្ធក្នុងការសម្រេចចិត្តជឿដោយសេរីពេញទី ប៉ុន្តែគ្រីស្តបរិស័ទត្រូវមានតួនាទីជួយបងប្អូនឯទៀតៗដោយវាចា និងដោយគម្រូល្អ ដើម្បីឱ្យពួកគាត់អាចស្វែងរកនូវមាគ៌ានៃជំនឿបាន។ [2104-2109,2137]

៣៥៥.“មិនត្រូវគោរពព្រះក្លែងក្លាយណាក្រៅពីយើងជាព្រះអម្ចាស់នោះទេ ”។ តើមានន័យដូម្តេច ?

ប្រការនេះហាមយើងមិនឱ្យ៖​

  • គោរពព្រះដទៃ ព្រះក្លែងក្លាយ​ ឬគោរពកោតខ្លាចព្រះផ្សេងពីព្រះតែមួយព្រះអង្គគត់ (អារក្ខ អ្នកតា លុយកាក់ អំណាច ភាពជោគជ័យ សម្រស់ ភាពវៃក្មេង ..........)
  • ជឿលើអបិយជំនឿ មន្តអាគម វិជ្ជាអាថ៍កំបាំង ទស្សទាយ ហៅព្រលឹង វិញ្ញាណ............
  • ប្រកាន់ព្រះជាម្ចាស់ក្នុងពាក្យសម្តី និងកាយវិការ
  • ប្រព្រឹត្តអំពើមិនគម្បី ប្រមាថភាពដ៏វិសុទ្ធនៃព្រះជាម្ចាស់
  • យកព្រះជាម្ចាស់មកធ្វើជំនួញ ដើម្បីផលប្រយោជន៍បុគ្គល។ [2110-2128,2138-2140]

៣៥៦.តើក្រុមចម្លែកសម្ងាត់ ដូចជាជំនឿញ្ញូអេជ្ជ (New Age) សមស្របនឹងលទ្ធិកាតូលិកឬទេ?

ក្រុមចម្លែកសម្ងាត់ មិនសមស្របនឹងជំនឿកាតូលិកទេ ព្រោះក្រុមនេះមិនយកចិត្តទុកដាក់លើសេចក្តីពិតរបស់ព្រះជាម្ចាស់ឡើយ។​ ព្រះជាម្ចាស់ជាព្រះជាម្ចាស់ឯក (បុគ្គលភាព) ជាសេចក្តីស្រលាញ់ និងជាប្រភពនៃជីវិត ព្រះអង្គមិនមែនត្រឹមជាថាមពលលោកធាតុនោះទេ។ មនុស្សជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយមនុស្សមិនមែនជាព្រះជាម្ចាស់ទេ តាមពិតមនុស្សគឺជាការបង្កើតរបស់ព្រះជាម្ចាស់ ដែលរងទុក្ខនិងស្លាប់ដោយសារអំពើបាបរបស់ពួកគេ ដូច្នេះមនុស្សត្រូវការការសង្គ្រោះ។ គ្រីស្តបរិស័ទជឿថាមានតែព្រះយេស៊ូគ្រីស្ត និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ទេដែលអាចសង្គ្រោះមនុស្សលោកបាន។ មនុស្សមិនអាចទទួលការសង្គ្រោះដោយថាមពលធម្មជាតិឬព្រះលោកធាតុបានទេ (សូមមើល សព្វទេពនិយម)។ មានតែព្រះជាម្ចាស់ដែលបានបង្កើតមនុស្សទេដែលអាចសង្គ្រោះមនុស្សបាន ផ្ទុយពីក្រុមចម្លែកសម្ងាត់ដែលជឿថាគេអាចសង្គ្រោះខ្លូនឯងបានដោយគ្មានព្រះជាម្ចាស់។ [2110-2128]

៣៥៧.តើលទ្ធិអទេវនិយមគឺជាអំពើបាបប្រឆាំងនឹងប្រការទីមួយឬយ៉ាងណា?

អទេវនិយមមិនមែនជាអំពើបាបនោះទេ ប្រសិនបើបុគ្គលនោះមិនបានរៀនសូត្រនិងដឹងអ្វីពីព្រះជាម្ចាស់នោះ ឬដួងចិត្ត និងមនសិការបានពិនិត្យអំពីអត្ថិភាព (ព្រះជន្មគង់នៅ) របស់ព្រះជាម្ចាស់យ៉ាងយកចិត្តទុកដាក់ ហើយនៅតែមិនអាចជឿបាន។  [2127-2128]

៣៥៨.នៅក្នុងសម្ពន្ធមេត្រីចាស់បានហាមឃាត់មិនឱ្យធ្វើរូបដែលបង្ហាញពីព្រះជាម្ចាស់។ តើហេតុអ្វីបានជាព្រះសហគមន៍កាតូលិកមិនកាន់តាមវិន័យនេះ?

នៅក្នុងសម្ពន្ធមេត្រីចាស់មានប្រការហាមឃាត់បែបនេះ ដោយសារពួកគេចង់ការពារការអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដើម្បីកុំឱ្យជនជាតិអ៊ីស្រាអែលថ្វាយបង្គំព្រះក្លែងក្លាយ ដូចដែលបានចែងក្នុងធម្មវិន័យរបស់លោកម៉ូសេ ប្រការទី១ ៖ ˝ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹកក្រោមដីធ្វើជាព្រះឡើយ។ ˝ ( សរ ២០,៤)។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានយាងមកយកកំណើតជាមនុស្សតាមរយៈព្រះគ្រីស្ត គ្រីស្តសាសនាមិនបានហាមឃាត់ក្នុងការបង្កើតរូបភាពរបស់ព្រះជាម្ចាស់ទេ។ នៅក្នុងព្រះសហគមន៍ខាងកើត រាល់រូបភាពអំពីព្រះជាម្ចាស់ត្រូវបានចាត់ទុកជារូបភាពដ៏វិសុទ្ធ។ [2129-2132,2141]

ប្រការទី២ ៖ មិនត្រូវយកព្រះនាមព្រះអម្ចាស់ទៅប្រើឥតបានការនោះឡើយ

៣៥៩.ហេតុអ្វីបានជាយើងត្រូវគោរពព្រះនាមរបស់ព្រះជាម្ចាស់?

ពេលយើងហៅនរណាម្នាក់ដោយហៅឈ្មោះជាសញ្ញាបញ្ជាក់ថាយើងទុកចិត្តអ្នកនោះ។ ដោយសារព្រះជាម្ចាស់បានសម្តែងព្រះនាមព្រះអង្គមកយើង ព្រះអង្គបានបង្ហាញព្រះអង្គឱ្យយើងស្គាល់ និងឱ្យយើងទៅរកព្រះអង្គតាមរយៈព្រះនាមនេះ។ ព្រះអង្គជាសេចក្តីពិតដាច់ខាត  ដូច្នេះហើយយើងទទួលស្គាល់ថាព្រះនាមព្រះអង្គជាសេចក្តីពិត តែបើយើងយកព្រះនាមនេះមកប្រព្រឹត្តអំពើបោកប្រាស គឺយើងបានប្រព្រឹត្តអំពើបាបធ្ងន់។ [2142-2149,2150-2155,2160-2162,2163-2164]

៣៦០.តើការគូសសញ្ញាឈើឆ្កាងមានន័យយ៉ាងដូចម្តេច?

ដោយសារការគូសសញ្ញាឈើឆ្កាង យើងបានដាក់ខ្លួនយើងទៅក្នុងការថែរក្សារបស់ព្រះជាម្ចាស់ជាព្រះត្រៃឯក។ [2157,2166]

៣៦១.គ្រីស្តបរិស័ទទទួលឈ្មោះសន្ត/សន្តីមួយនៅពេលទទួលអគ្គសញ្ញាជ្រមុជទឹក។ តើនេះមានសារៈសំខាន់យ៉ាងដូចម្តេច?

មុននឹងទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ បេក្ខជនទទួលឈ្មោះសន្ត/សន្តីមួយ ដើម្បីសូមសន្តបុគ្គលនោះជួយគាំពារនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងដើម្បីឱ្យយើងយកគម្រូតាមភាពដ៏វិសុទ្ធរបស់អស់លោក។ “កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឱ្យអ្នកធ្វើជាប្រជាជនរបស់យើង ”  ( អស ៤៣,១ )។  [2158]

ប្រការទី​៣៖ គោរពថ្ងៃអាទិត្យ

៣៦២.ហេតុអ្វីបានជាជនជាតិយូដាគោរពថ្ងៃសប្ប័ទ?

សម្រាប់ជនជាតិយូដា ថ្ងៃសប្ប័ទគឺជាទីសម្គាល់មួយដែលណែនាំឱ្យគេនឹកដល់ព្រះជាម្ចាស់ដែលជាព្រះបង្កើតបានរំដោះពួកគេឱ្យផុតពីទាសភាពនៅស្រុកអេស៊ីប។ [2168-2172,2158]

៣៦៣.តើថ្ងៃសប្ប័ទ ចំពោះព្រះយេស៊ូមានន័យយ៉ាងដូចម្តេច?

ព្រះយេស៊ូបានគោរពថ្ងៃសប្ប័ទ ព្រះអង្គទទួលស្គាល់ថាជាថ្ងៃពិសិដ្ឋ ប៉ុន្តែទទ្ទឹមនឹងនេះដែរ ព្រះអង្គមិនសូវតឹងរឹងចំពោះវិន័យនេះទេ ព្រះអង្គយាងមកក្នុងនាមជាអ្នកដែលបំពេញអត្ថន័យដល់ថ្ងៃសប្ប័ទនេះឱ្យបានពេញលេញ ដោយព្រះអង្គមានព្រះបន្ទូលថា៖ “ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្សដើម្បីឱ្យបម្រើថ្ងៃសប្ប័ទឡើយ ”។  (មក ២,២៧) [2173]

៣៦៤.ហេតុអ្វីបានជាគ្រីស្តបរិស័ទប្តូរថ្ងៃសប្ប័ទទៅជាថ្ងៃអាទិត្យវិញ ?

ដោយសារព្រះយេស៊ូគ្រីស្តបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃអាទិត្យ ដូច្នេះហើយបានជាថ្ងៃអាទិត្យគឺជាថ្ងៃរបស់ព្រះអម្ចាស់ ប៉ុន្តែនៅតែរក្សាធាតុរបស់ថ្ងៃសប្ប័ទរបស់ជនជាតិយូដា។ [2174-2176,2100-2191]

៣៦៥.តើគ្រីស្តបរិស័ទគោរពថ្ងៃអាទិត្យ ដែលជាថ្ងៃរបស់ព្រះអម្ចាស់យ៉ាងដូចម្តេច?

គ្រីស្តបរិស័ទចូលរួមអភិបូជានៅល្ងាចមុនថ្ងៃអាទិត្យ ឬនៅថ្ងៃអាទិត្យផ្ទាល់តែម្តង។ គ្រីស្តបរិស័ទក៏តមឬ ជៀសវាងការធ្វើពលកម្មណាដែលរារាំងពួកគេក្នុងការចូលរួមគោរពប្រណិប័តន៍ព្រះជាម្ចាស់ ឬរំខាន អំណរសប្បាយ ការសម្រាក និងជាពិសេសគឺប៉ះពាល់ដល់ថ្ងៃរបស់ព្រះអម្ចាស់។ [2177-2186,2192-2193]

៣៦៦.ហេតុអ្វីបានជាសង្គមស៊ីវិលឱ្យតម្លៃទៅលើថ្ងៃអាទិត្យដូចថ្ងៃសម្រាកបុណ្យជាតិដូច្នេះដែរ?

ថ្ងៃអាទិត្យពិតជាថ្ងៃសម្រាកដ៏ល្អសម្រាប់សង្គមដែរ ដោយសារការឈប់សម្រាក់ថ្ងៃអាទិត្យនេះ មនុស្សមិនស្ថិតនៅក្រោមការធ្វើពលកម្មទេ គឺមនុស្សជាម្ចាស់នៃការងារពលកម្ម។ [2188,2192-2193]

ជំពូកទី២
ត្រូវស្រលាញ់អ្នកដទៃឱ្យបានដូចស្រលាញ់ខ្លួនឯង

ប្រការទី៤៖ ចូរគោរពមាតាបិតា

៣៦៧.តើប្រការទី៤ជាប់ពាក់ព័ន្ធទៅនឹងនរណា? តើយើងត្រូវប្រព្រឹត្តយ៉ាងដូចម្តេចចំពោះប្រការនេះ ?

ប្រការទី៤នេះជាប់ពាក់ព័ន្ធទៅនឹងឪពុកម្តាយខាងរូបកាយ ក៏ដូចជាចំពោះអស់អ្នកណាដែលយើងបានជំពាក់គុណអំពីជីវិត សុខុមាលរភាព សុខសុវត្តិភាព និងជំនឿផងដែរ។ [2196-2200,2247-2248]

៣៦៨.តើគ្រួសារមានសារៈសំខាន់ដូចម្តេចខ្លះនៅក្នុងគម្រោងការណ៍បង្កើតរបស់ព្រះជាម្ចាស់ ?

បុរស និងស្រ្តី នៅពេលដែលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ដោយរួមជាមួយកូនរបស់ខ្លួន ក្លាយទៅជាគ្រួសារមួយ។ ព្រះជាម្ចាស់ចង់ឱ្យសេចក្តីស្រលាញ់របស់គូរស្រករនេះ អាចបង្កើតកូនបន្តពូជ ហើយកូនទាំងអស់នេះ ព្រះជាម្ចាស់បានប្រគល់ឱ្យឪពុកម្តាយជាអ្នកបីបាច់ថែរក្សា ដើម្បីកូនទាំងអស់នេះបានទទួលតម្លៃថ្លៃថ្នូរជាមនុស្សដូចឪពុកម្តាយរបស់ពួកគេដែរ។ [2201-2206,2249]

៣៦៩.តើមានអ្វីអាចមកជំនួសឱ្យគ្រួសារបានទេ?

កូនៗទាំងអស់ត្រូវបានកើតចេញពីឪពុកម្តាយ ហើយពួកគេប្រាថ្នាចង់ធំដឹងក្តីដោយស្ថិតនៅក្នុងភាពកក់ក្តៅ ថ្នាក់ថ្នម និងថែរក្សាពីក្រុមគ្រួសារដើម្បីទទួលបានសុវត្ថិភាព​ និងសុភមង្គល។ [2207-2208]

៣៧០.ហេតុអ្វីបានជារដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ថែរក្សា និងលើកស្ទួយក្រុមគ្រួសារ?​

ដោយសារសុភមង្គល និងអនាគតរបស់ប្រទេសជាតិអាស្រ័យទៅលើសមាសភាគដ៏តូចគឺក្រុមគ្រួសារ ដើម្បីរស់នៅ និងបន្តអភិវឌ្ឍន៍។ [2209-2213,2250]

៣៧១.តើកូនៗត្រូវគោរពឪពុកម្តាយយ៉ាងដូចម្តេច?

កូនៗទាំងអស់ត្រូវតែគោរពឪពុកម្តាយ និងលើកតម្កើងតម្លៃកត្តិយសរបស់លោកទាំងពីរដោយចិត្តស្រលាញ់ និងដឹងគុណជានិច្ច។ [2214-2270,2251]

៣៧២.តើឪពុកម្តាយត្រូវគោរពចំពោះកូនៗរបស់ខ្លួនយ៉ាងដូចម្តេច?

ព្រះជាម្ចាស់បានប្រគល់កូនៗទាំងអស់នេះជូនទៅដល់ឪពុកម្តាយ ដើម្បីឱ្យលោកទាំងពីរធ្វើជាគម្រូល្អ រឹងមាំ និងត្រឹមត្រូវ។ ឪពុកម្តាយត្រូវចេះគិតគូរ ស្រលាញ់ គោរព ធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនៗរីកចម្រើនទាំងផ្លូវកាយ ក៏ដូចជាស្មារតី។ [2221-2231]

៣៧៣.តើត្រូវធ្វើដូចម្តេចដើម្បីឱ្យគ្រួសារអាចរស់នៅរួមក្នុងជំនឿតែមួយ?  

ក្រុមគ្រួសារគ្រីស្តបរិស័ទគឺជាព្រះសហគមន៍រួមតូចមួយ សមាជិកទាំងអស់ក្នុងគ្រួសារត្រូវបានអញ្ចើញឱ្យជួយគ្នាទៅវិញទៅមកដើម្បីរីកចម្រើនឡើងក្នុងជំនឿ និងស្មោះត្រង់ចំពោះព្រះជាម្ចាស់។ សមាជិកម្នាក់ៗត្រូវតែអធិដ្ឋានឱ្យគ្នាទៅវិញទៅមក ក៏ដូចជាសហការគ្នាក្នុងកិច្ចការមេត្តាករុណាផងដែរ។ [2226-2227]

៣៧៤.ហេតុអ្វីបានជាព្រះជាម្ចាស់មានសារៈសំខាន់ជាងគ្រួសារ?

គ្មាននរណាម្នាក់អាចរស់នៅដោយមិនមានទំនាក់ទំនងជាមួយអ្នកដទៃបានទេ។ ទំនាក់ទំនងដែលសំខាន់ និងជាចម្បងគឺជាការទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយការទំនាក់ទំនងនេះដើរហួសពីការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងដើរហួសពីការទំនាក់ទំនងក្នុងគ្រួសារផងដែរ។ [2232-2233]

៣៧៥.តើត្រូវប្រើប្រាស់អំណាចដូចម្តេ​ចឱ្យបានសមស្រប?​

ការប្រើប្រាស់អំណាចឱ្យបានសមស្របគឺជាការប្រព្រឹត្តតាមគម្រូរបស់ព្រះយេស៊ូ ដោយមិនប្រើប្រាស់តាមតែអំពើចិត្តរបស់ខ្លួននោះឡើយ។ [2234-2237,2254]

៣៧៦.តើពលរដ្ឋត្រូវមានទំនួសខុសត្រូវអ្វីខ្លះចំពោះមាតុភូមិ ?

ពលរដ្ឋនីមួយៗត្រូវមានកាតព្វកិច្ចសហការរួមជាមួយអាជ្ញាធរដែនដី និងរួមចំណែកក្នុងផលប្រយោជន៍រួមដោយក្នុងសេចក្តីពិត  យុត្តិធម៌ សេរីភាព និងអន្តរកម្ម។ [2238-2246]

៣៧៧.តើនៅពេលណាដែលយើងត្រូវតែបដិសេធ មិនព្រមធ្វើតាមបញ្ជារបស់រដ្ឋអំណាច?

គ្មាននរណាអាចប្រតិបត្តិតាមច្បាប់នៃរដ្ឋអំណាចបានទេ ខណៈពេលដែលច្បាប់នោះដើរផ្ទុយពីធម្មវិន័យរបស់ព្រះជាម្ចាស់។ [2242-2246,2256-2257]

ប្រការទី៥៖ កុំសម្លាប់មនុស្ស

៣៧៨.ហេតុអ្វីមិនអាចធ្វើអត្តឃាត ឬសម្លាប់មនុស្សបាន?

មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានអំណាចលើជីវិត និងសេចក្តីស្លាប់។ គ្មាននរណាម្នាក់មានសិទ្ធិក្នុងការសម្លាប់មនុស្សបានទេ លើកលែងតែក្នុងកាលៈទេសៈដែលការពារខ្លួនយ៉ាងសមហេតុសមផលពីការប៉ុនប៉ងធ្វើឃាតពីអ្នកដទៃ។ [2258-2262,2318-2320]

៣៧៩.តើប្រការទីប្រាំហាមប្រាមមិនឱ្យរំលោភបំពានទៅលើជីវិតយ៉ាងដូចម្តេច?

ការសម្លាប់មនុស្ស ឬរួមគំនិតក្នុងការសម្លាប់មនុស្សគឺត្រូវបានហាមឃាត់។ ក្នុងសមោរភូមិ ការសម្លាប់មនុស្សដោយគ្មានអាវុធ ក៏ត្រូវបានហាមប្រាម។​ ការពន្លូតកូនក្នុងផ្ទៃត្រូវបានហាមឃាត់ជាដាច់ខាត។ ការធ្វើអត្តឃាត កាត់អាវៈយវៈ ការបំផ្លាញខ្លួនប្រាណសុទ្ធតែហាមឃាត់។ ការជួយឱ្យអ្នកជម្ងឺ អ្នកពិការ និងអ្នកដែលហៀបនឹងស្លាប់ ស្លាប់ភ្លាមៗក៏ត្រូវបានហាមឃាត់ដែរ។ [2268-2283,2322-2325]

៣៨០.ហេតុអ្វីយើងអាចប្រព្រឹត្តឃាតកម្មដើម្បីការពារខ្លួនបាន?

នៅពេលមានមនុស្សដែលកំពុងធ្វើសកម្មភាពដើម្បីបំពានលើអាយុជីវិតរបស់អ្នកដទៃ យើងត្រូវតែហាមឃាត់ និងអន្តរគមន៍ជាកំហិត ទោះបីការអន្តរគមន៍នោះអាចបណ្តាលឱ្យបាត់បង់ជីវិតក្តី។ [2263-2265,2321]

៣៨១.ហេតុអ្វីបានជាព្រះសហគមន៍ប្រឆាំងនឹងច្បាប់ប្រហារជីវិត ?

ដោយសារច្បាប់ប្រហារជីវិត ជាអំពើដ៏ឃោរឃៅ និងមិនមានប្រយោជន៍។ (សម្តេចប៉ាប យ៉ូហាន ប៉ូល ទី​២)  [2266-2267]

៣៨២.តើយើងអាចជួយអ្នកដទៃស្លាប់ទៅយ៉ាងស្រួលបានដែរឬទេ ?

ការធ្វើឱ្យនរណាម្នាក់ស្លាប់គឺជាអំពើប្រឆាំងនឹងធម្មវិន័យ “ កុំសម្លាប់មនុស្ស ” (សរ ២០,១៣)។ តែផ្ទុយទៅវិញ ត្រូវកំដរ និងជួយទុក្ខធុរៈអ្នកដែលហៀបនឹងស្លាប់នោះ ព្រោះនេះជាតួនាទីរបស់យើងជាមនុស្សដែលខានពុំបាន។ [2278-2279]

៣៨៣.ហេតុអ្វីមិនអាចរម្លូតតកូនបាន?

អាយុជីវិតរបស់មនុស្សគឺបានមកពីព្រះជាម្ចាស់ និងជាកម្មសិទ្ធិរបស់ព្រះអង្គ។ ជីវិតនេះមានលក្ខណៈវិសុទ្ធ តាំងពីពេលកកើតជាដុំឈាមដំបូងក្នុងផ្ទៃម្តាយ និងមិនស្ថិតនៅក្រាមការព្យាបាទពីនរណាម្នាក់ទេ។ “ យើងស្គាល់អ្នកតាំងពីមុនពេលដែលយើងបានសូនអ្នក ក្នុងផ្ទៃម្តាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្តាយដែរ។ យើងតែងតាំងអ្នកឱ្យធ្វើជាព្យាការីសម្រាប់ប្រជាជាតិនានា​”។ ( យរ ១,៥ )។ [2270-2274,2322]

៣៨៤.តើយើងអាចរម្លូតទារកដែលពិការបានដែលឬទេ?

យើងមិនអាចរម្លូតកូននេះបានទេ ទោះបីក្នុងគោលបំណងមិនឱ្យក្មេងនេះមានការឈឺចាប់នៅពេលក្រោយក្តី ក៏អំពើនេះជាអំពើបាបធ្ងន់ដែរ។

៣៨៥.តើយើងអាចធ្វើការពិសោធន៍ទៅលើអំព្រីយ៉ុង ឬទៅលើកោសិកាណាមួយបានដែលឬទេ?

មិនអាចបានទេ។ អំព្រីយ៉ុងត្រូវបានចាត់ទុកថាជាមនុស្សម្នាក់ ព្រោះជីវិតមនុស្ស​ចាប់ផ្តើមនៅពេលដែលមេជីវិតឈ្មោលជួបនឹងអូវ៉ុល (មេជីវិតញី) នៅពេលនោះជីវិតបានកើតឡើង។ [2275,2323]

៣៨៦.ហេតុអ្វីបានប្រការទី៥ការពារផ្នែកទាំងស្រុងនៃរូបកាយ និងផ្លូវវិញ្ញាណរបស់មនុស្ស ?

ដោយសារសិទ្ធិ និងតម្លៃថ្លៃថ្នូររបស់មនុស្សគឺតែមួយ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។ យើងអាចសម្លាប់វិញ្ញាណរបស់មនុស្សម្នាក់ ដោយណែនាំគេចូលក្នុងផ្លូវអាក្រក់ ប្រព្រឹត្តអំពើបាប  នេះអាចចាត់ទុកថាការសម្លាប់មនុស្សបានដែរ។

៣៨៧.តើយើងគួរតែប្រព្រឹត្តចំពោះរូបកាយរបស់យើងយ៉ាងដូចម្តេច?

ប្រការទី៥នេះក៏បានហាមប្រាមមិនឱ្យប្រើអំពើហឹង្សា ឬទណ្ឌកម្មលើរូបរាងកាយរបស់ខ្លួនឯងដែរ ព្រោះព្រះយេស៊ូបានអញ្ចើញយើងទាំងអស់គ្នាឱ្យចេះស្រលាញ់ខ្លួនឯង “ត្រូវស្រលាញ់អ្នកដទៃឱ្យបានដូចស្រលាញ់ខ្លួនឯង ”។ (មថ ២២,៣៩)។

៣៨៨.តើសុខភាពមានសារសំខាន់ដូចម្តេច?

សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ប៉ុន្តែមិនមែនដាច់ខាតនោះទេ។ យើងគួរតែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានឱ្យយើងមានរូបកាយ ដូច្នេះយើងត្រូវចេះថែរក្សា ប៉ុន្តែមិនមែនដើម្បីគិតតែពីរូបកាយនេះជានិច្ចនោះទេ។ [2288-2290]

៣៨៩.ហេតុអ្វីការប្រើប្រាស់គ្រឿងញៀនជាអំពើបាប?

ការប្រើប្រាស់គ្រឿងញាណគឺជាអំពើបាប ដោយសារវាប៉ះពាល់ដល់សុខភាព និងបំផ្លាញរូបរាងកាយរបស់ខ្លួន ទាំងអស់នេះគឺជាការបំពានទៅលើជីវិតដែលព្រះជាម្ចាស់បានប្រទានមកឱ្យយើងដោយសេចក្តីស្រលាញ់របស់ព្រះអង្គ។ [2290-2291]

៣៩០.តើមានសិទ្ធិក្នុងការធ្វើពិសោធន៍តាមបែបវិទ្យាសាស្ត្រចំពោះមនុស្សដែលកំពុងមានជីវិតបានដែរឬទេ?​

រាល់ការពិសោធន៍ផ្នែកវិជ្ជសាស្រ្ត ចិត្តសាស្ត្រ និងវិទ្យាសាស្ត្រទៅលើមនុស្សដែលកំពុងមានជីវិត អាចប្រព្រឹត្តទៅបានលុះត្រាតែលទ្ធផលនោះនាំមកនូវប្រយោជន៍ចំពោះសុខភាពរបស់មនុស្ស ដោយគ្មានវិធីណាផ្សេងក្រៅពីនេះ។ ទោះជាយ៉ាងណាក្តី ក៏ត្រូវទាមទារសេរីភាព​ និងការអនុញ្ញាត្តពីភាគីដែលត្រូវពិសោធន៍ផងដែរ។ [2292-2295]

៣៩១.ហេតុអ្វីបានជាការបរិច្ចាកសរីរាង្គណាមួយរបស់មនុស្សមានសារៈសំខាន់?

ការបរិច្ចាកសរីរាង្គណាមួយពិតជាមានសារៈសំខាន់ ព្រោះវាអាចបន្លាយពេលវេលា ឬ ពង្រីកគុណភាពនៃជីវិតរបស់មនុស្ស ទាំងនេះគឺជាការបម្រើយ៉ាងពិតប្រាកដចំពោះអ្នកដទៃ ប៉ុន្តែមិនត្រូវបង្ខិតបង្ខំនរណាម្នាក់ឱ្យធ្វើការបរិច្ចាកឡើយ។ [2296]

៣៩២.តើអំពើដែលរំលោភបំពានទៅលើរូបរាងកាយទាំងមូលមានអ្វីខ្លះ?

គឺការប្រើអំពើហឹង្សា ចាប់ជំរិត ចាប់ជាចំណាប់ខ្មាំង ភេរវកម្ម ធ្វើទារុណកម្ម រំលោភខាងផ្លូវភេទ វពា្ឍកម្ម(ការធ្វើឱ្យលែងមានកូន) និងកាត់អវៈយវៈណាមួយ។ [2297-2298]

៣៩៣.តើគ្រីស្តបរិស័ទអាចជួយអ្វីខ្លះដល់អស់អ្នកដែលហៀបនឹងស្លាប់បាន?

គ្រីស្តបរិស័ទមិនអាចទុកឱ្យនរណាម្នាក់ជិតស្លាប់ក្នុងភាពឯកោបានទេ ត្រូវជួយពួកគេឱ្យមានពេលវេលាចុងក្រោយនៃជីវិតដែលពោពេញទៅដោយសេចក្តីសង្ឃឹម​ និងភាពសុខសាន្ត ដោយឱ្យពួកគេទទួលស្គាល់ថាពួកគេពិតជាមានតម្លៃថ្លៃថ្នូរជាមនុស្ស។ ត្រូវអធិដ្ឋានរួមជាមួយពួកគេ និងជួយពួកគេអាចទទួលអគ្គសញ្ញាចុងក្រោយនៃជីវិតផងដែរ។

៣៩៤.តើគ្រីស្តបរិស័ទប្រព្រឹត្តដូចម្តេចចំពោះសពដែលបានចែកឋានទៅហើយ?

គ្រីស្តបរិស័ទគោរព និងស្រលាញ់សពរបស់អ្នកដែលបានចែកឋានទៅហើយនោះ ព្រោះគ្រីស្តបរិស័ទទទួលស្គាល់ថា ព្រះជាម្ចាស់បានត្រាស់ហៅអ្នកនោះឱ្យទទួលជីវិតថ្មី។ [2300-2301]

៣៩៥.តើសន្តិភាពជាអ្វី?

សន្តិភាពគឺជាផលផ្លែនៃយុត្តិធម៌ និងជាសញ្ញានៃសេចក្តីស្រលាញ់ដោយបង្ហាញកិច្ចការមេត្តាករុណា។ ˝ទីណាដែលមានសន្តិភាព  ទីនោះសត្វលោក និងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតនឹងមានសណ្តាប់ធ្នាប់ល្អប្រសើរ។ ˝ (សន្តថូម៉ាស អាហ្វៃណាស)។ សន្តិភាពនៅក្នុងពិភពលោកគឺជារូបភាពនៃសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត ដែលបានផ្សះផ្សាររវាងផ្ទៃមេឃ និងផែនដី។ [2304-2305]

៣៩៦.តើគ្រីស្តបរិស័ទត្រូវទប់កំហឹងរបស់ខ្លួនដោយរបៀបណា?

សន្តប៉ូលបានបង្រៀនថា៖ ˝ប្រសិនបើបងប្អូនខឹងសូមប្រយ័ត្នកុំប្រព្រឹត្តអំពើបាប កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។ ˝ (អភ ៤,២៦)។ [2302-2304]

៣៩៧.តើព្រះយេស៊ូបានគិតអ្វីអំពីមាគ៌ាអហឹង្សា ?

ព្រះយេស៊ូបានលើកកម្ពស់ និងឱ្យតម្លៃទៅលើមាគ៌ាអហឹង្សា​។ ព្រះអង្គបានបង្រៀនក្រុមសាវ័កថា ៖ ˝កុំតបតនឹងមនុស្សកំណាចឱ្យសោះ បើមានគេទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឱ្យគេទះម្ខាងទៀតទៅ។ ˝ (មថ ៥,៣៩)។ [2311]

៣៩៨.តើគ្រីស្តបរិស័ទត្រូវតែជាអ្នកស្រលាញ់សន្តិភាពឬយ៉ាងណា?

ព្រះសហគមន៍ជាអ្នកខ្នះខ្នែងការពារសន្តិភាព ប៉ុន្តែមិនផ្អៀងទៅរកចលនាសន្តិភាពនិយមនោះទេ។ ប្រាកដណាស់គ្មាននរណាអាចបដិសេធ ឬប្រឆាំងទៅនឹងរដ្ឋអំណាចអំពីសិទ្ធិមូលដ្ឋានក្នុងការប្រើប្រាស់អាវុធដើម្បីការពារជីវិតរបស់ខ្លួនបានទេ។ សង្គ្រាម អាចកើតមានឡើងក្នុងហេតុផលសមស្រប ដែលវិធីសាស្ត្រនេះជាជម្រើសចុងក្រោយបំផុតក្នុងការដោះស្រាយជម្លោះ។ [2308]

៣៩៩.តើពេលណាអាចប្រើប្រាស់កម្លាំងទព័បាន?

ការប្រើប្រាស់កម្លាំងទ័ពគឺនៅពេលដែលត្រូវធ្វើការការពារចាំបាច់ក្នុងគ្រាមានអាសន្ន។ មានហេតុផលខ្លះដែលបង្លាញថាសង្គ្រាមស្របតាមច្បាប់ ៖ ១.ការប្រកាសសង្គ្រាមដែលចេញពីអ្នកកាន់អំណាចរដ្ឋស្របច្បាប់។ ២.ត្រូវមានហេតុផលសមស្របក្នុងការប្រកាសសង្គ្រាម។ ៣.ក្នុងគោលបំណងល្អ។ ៤.សង្គ្រាមគឺជាដំណោះស្រាយចុងក្រោយក្នុងការបញ្ចប់បញ្ហា។ ៥.វិធីសាស្រ្តដែលប្រើត្រូវតែមានតុល្យភាព។ ៦.ត្រូវមានទស្សនវិស័យក្នុងការឈានទៅរកភាពជោគជ័យ។ [2307-2309]

ប្រការទី៦៖ កុំប្រព្រឹត្តអំពើផិតក្បត់

៤០០.ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតមនុស្សជាបុរស ជាស្ត្រី?

ព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរស និងជាស្ត្រី ដើម្បីឱ្យគេចេះជួយគ្នា និងស្រលាញ់គ្នាទៅវិញទៅមក។ ព្រះជាម្ចាស់បានដាក់ចំណង់តញ្ហានៅក្នុងខ្លួនមនុស្ស  និងសមត្ថភាពរាល់ចំណង់សប្បាយខាងរូបកាយ។ ព្រះជាម្ចាស់បានបង្កើតគេដើម្បីបន្តជីវិត ( បន្តពូជ )។ [2331-2333-2335,2392]

៤០១.តើមនុស្សប្រុសលេចថ្លោរជាងមនុស្សស្រីឬយ៉ាងណា?

មិនអាចទេ ព្រោះព្រះជាម្ចាស់ប្រទានឱ្យមនុស្សប្រុសនិងស្រីមានតម្លៃថ្លៃថ្នូរស្មើគ្នា មានសិទ្ធិស្មើគ្នា។ [2331-2335]

៤០២.តើសេចក្តីស្រលាញ់ជាអ្វី?

សេចក្តីស្រលាញ់គឺជាការថ្វាយខ្លួន( ប្រគល់ខ្លួន ) ដោយសេរីភាព និងអស់ពីចិត្តទៅឱ្យអ្នកដទៃ។ [2346]

៤០៣.តើសេចក្តីស្រលាញ់មានទំនាក់ទំនងយ៉ាងដូចម្តេចចំពោះការរួមភេទ?

យើងមិនអាចផ្តាច់ទំនាក់ទំនងរវាងការរួមភេទ និងសេចក្តីស្រលាញ់បានទេ។ ការរួមភេទទាមទារឱ្យមានសេចក្តីស្រលាញ់ដ៏ស្មោះស្ម័គ្រ និងអាចទុកចិត្តបាន។ [2337]

៤០៤. តើសេចក្តីស្រលាញ់ប្រកបដោយព្រហ្មចារីធម៌មានន័យដូចម្តេច? ហេតុអ្វីបានជាគ្រីស្តបរិស័ទត្រូវមានសេចក្តីស្រលាញ់ប្រកបដោយព្រហ្មចារីធម៌?

សេចក្តីស្រលាញ់ប្រកបដោយព្រហ្មចារីធម៌គឺជាសេចក្តីស្រលាញ់ដែលការពារខ្លួនឱ្យចាកផុតពីការល្បួងគ្រប់បែបយ៉ាងផ្នែកខាងក្នុង ដែលខាងក្រៅខ្លួនមនុស្សចង់បំផ្លាញវា។ អ្នកដែលរក្សាព្រហ្មចារីធម៌ គឺជាអ្នកដែលចេះប្រើរបៀបនៃការរួមភេទប្រកបដោយសីលធម៌។ ព្រហ្មចារីធម៌និងទំនាក់ទំនងខាងផ្លូវភេទគឺជារឿងពីរផ្សេងគ្នា ដូច្នេះអស់អ្នកដែលរស់នៅជីវិតជាគូស្វាមីភរិយាក៏ត្រូវរក្សាព្រហ្មចារីភាពដែរ។ អ្នកដែលប្រកបដោយព្រហ្មចារីធម៌គឺជាអ្នកដែលចេះធ្វើម្ចាស់ការលើខ្លួនឯង ដើម្បីបង្ហាញនូវសេចក្តីស្រលាញ់ដ៏ស្មោះស្ម័គ្រ និងអាចទុកចិត្តបាន។ [2238]

៤០៥.តើយើងអាចរស់នៅជីវិតប្រកបដោយព្រហ្មចារីភាពបានយ៉ាងដូចម្តេច?

ព្រហ្មចារីភាពជួយឱ្យយើងរស់នៅដោយសេរីភាពក្នុងការស្រលាញ់ មិនរណបក្រោមឥទ្ធិពលនៃសភាវគតិ និងតណ្ហា។ ព្រហ្មចារីភាពគឺអ្វីៗដែលជួយឱ្យយើងកាន់តែរីកចម្រើនឡើង កាន់តែមានសេរីភាព កាន់តែចេះស្រលាញ់ កាន់តែមានទំនាក់ទំនង និងជួយឱ្យយើងចេះស្រលាញ់ដោយភក្តីភាព។

៤០៦.តើមនុស្សទាំងអស់ត្រូវរស់នៅប្រកបដោយព្រហ្មចារីភាពឬយ៉ាងណា ? តើសូម្បីតែអ្នកដែលរស់នៅជីវិតជាគួរស្វាមីភរិយាត្រូវរក្សាព្រហ្មចារីភាពដែរឬយ៉ាងណា?

គ្រីស្តបរិស័ទទាំងអស់ត្រូវបានអញ្ចើញឱ្យរស់នៅក្នុងសេចក្តីស្រលាញ់ប្រកបដោយព្រហ្មចារីភាព ទោះបីជាមនុស្សចាស់ ឬក្មេងក្តី រស់នៅជីវិតជាគូរស្រករ ឬជីវិតនៅលីវក្តី។ [2348-2349,2394]

៤០៧. ហេតុអ្វីបានជាព្រះសហគមន៍ប្រឆាំងនឹងការរួមភេទមុនរៀបអាពាហ៍ពិពាហ៍?

ដោយសារព្រះសហគមន៍ចង់ថែរក្សាសេចក្តីស្រលាញ់។ គ្មានកាដូណាមួយដែលមានតម្លៃលើសលប់ជាងការប្រគល់ខ្លួនឯងឱ្យទៅអ្នកដទៃឡើយ។ បងស្រលាញ់អូន អូនស្រលាញ់បង មានន័យថា បងចង់បានតែអូន អូនចង់បានតែបង បងចង់បានអ្វីៗទាំងអស់ដែលជារបស់អូន អូនចង់បានអ្វីៗទាំងអស់ដែលជារបស់បង និងបងចង់ប្រគល់រូបកាយបងជូនអូនតែម្នាក់គត់។ ដូច្នេះហើយ យើងមិនអាចនិយាយថា ខ្ញុំសូមស្រលាញ់គ្នាបណ្តោះអាសន្នសិន សាកល្បងស្រលាញ់ និងស្រលាញ់គ្នាត្រឹមតែរូបរាងកាយប៉ុណ្នោះបានទេ។ 2350-2391]

៤០៨. តើយើងអាចរស់នៅជីវិតជាគ្រីស្តបរិស័ទបានដែរឬទេ ខណៈពេលដែលយើងបានមានទំនាក់ទំនងផ្លូវភេទ ឬបានរួមភេទមុនរៀបអាពាហ៍ពិពាហ៍ទៅហើយ?

ព្រះជាម្ចាស់ស្រលាញ់យើងក្នុងគ្រប់កាលៈទេសៈ និងដោយគ្មានលក្ខខណ្ឌ ទោះបីយើងកំពុងស្ថិតនៅក្នុងសភាពដែលពោរពេញទៅដោយអំពើបាបក៏ដោយ។ លើសពីនេះ​ ព្រះអង្គជួយយើងឱ្យរកឃើញសេចក្តីពិតនៃសេចក្តីស្រលាញ់ និងមាគ៌ានាំឆ្ពោះទៅកាន់ការរស់នៅប្រកបដោយសេចក្តីស្រលាញ់ដ៏ត្រឹមត្រូវនិងច្បាស់ លាស់ជាង ពីមួយថ្ងៃទៅមួយថ្ងៃ។

៤០៩.តើការសម្រេចកាមដោយខ្លួនឯងមានផលប៉ះពាល់អ្វីដល់សេចក្តីស្រលាញ់ដែរឬទេ?

ការសម្រេចកាមដោយខ្លួនឯងគឺប្រឆាំងទៅនឹងសេចក្តីស្រលាញ់ ដោយសារវាជាចំណង់នៃការសម្រេចនូវតណ្ហាផ្លូវភេទដោយម្នាក់ឯង ដោយមិនមែនជាការបង្កើនសេចក្តីស្រលាញ់រវាងដៃគូរពីរនាក់នោះទេ នេះជាមូលហេតុដែលការសម្រេចកាមដោយខ្លួនឯងប្រឆាំងទៅនឹងសេចក្តីស្រលាញ់។ [2352]

៤១០.តើកាមគុណជាអ្វី?

កាមគុណគឺជាការរួមសង្វាសក្រៅពីចំណងនៃអាពាហ៍ពិពាហ៍ វាប្រព្រឹត្តទៅរវាងបុរស និងស្ត្រីដែលមិនបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ បច្ចុប្បន្ននេះអំពើកាមគុណនេះបានបង្ខូច ក៏ដូចជាការរំលោភរំពានទៅលើផ្លូវភេទកុមារផងដែរ។ [2353]

៤១១.ហេតុអ្វីបានជាពេស្យាចារគឺជារូបភាពរបស់កាមគុណ?

ពេស្យាចារបង្ខូចឋានៈដ៏ថ្លៃថ្នូររបស់អ្នកដែលលក់ខ្លួន ដែលហាក់ដូចជាវត្ថុសប្បាយម៉្យាង។ ដូច្នេះហើយបានជាពេស្យាចារធ្វើឱ្យប៉ះពាល់ដល់តម្លៃថ្លៃថ្នូររបស់មនុស្ស វាគឺជាអំពើបាបធ្ងប់ប្រឆាំងទៅនឹងសេចក្តីស្រលាញ់។ [2355]

៤១២.ហេតុអ្វីបានជាការផលិតរូបភាពអាសអាភាសគឺជាអំពើបាបប្រឆាំងទៅនឹងសេចក្តីស្រលាញ់?

ការរំលោភបំពានទាំងឡាយណាដែលប្រឆាំងទៅនឹងសេ​ចក្តីស្រលាញ់ គឺបានបំបែកការរួមបវរណីរបស់គូរស្រករចេញពីសេចក្តីស្រលាញ់របស់អ្នកទាំងពីរ វាធ្វើឱ្យសេចក្តីស្រលាញ់ក្លាយទៅជាទំនិញមួយដើម្បីលក់ដូរតែប៉ុណ្ណឹង អ្វីទាំងអស់នេះសុទ្ធតែជាអំពើបាបធ្ងន់។ សម្រាប់អស់អ្នកដែលបានផលិត លក់ដូរ ប្រើប្រាស់របស់ក្រោមរូបភាពអាសអាភាស សុទ្ធតែបានបំពានទៅលើតម្លៃថ្លៃថ្នូររបស់មនុស្ស​ និងនាំឱ្យអ្នកដទៃប្រព្រឹត្តអំពើបាបផងដែរ។ [2523]

៤១៣. ហេតុអ្វីបានជាការរំលោភលើផ្លូវភេទគឺជាបាបធ្ងន់?

អស់អ្នកដែលរំលោភបំពានលើផ្លូវភេទអ្នកដទៃ គឺជាការបន្ទាបបន្ថោកតម្លៃថ្លៃថ្នូររបស់គេយ៉ាងធ្ងន់ធ្ងរបំផុត។ អ្នកប្រព្រឹត្តបែបនេះគឺបានប្រើអំពើថោកទាប ធ្វើឱ្យអ្នករងគ្រោះរងរបួសយ៉ាងឈឺផ្សារបំផុតក្នុងជម្រៅចិត្តរបស់គេ និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសមត្ថភាពនៃការស្រលាញ់របស់គេផងដែរ។ [2356]

៤១៤. តើព្រះសហគមន៍មានយោបល់យ៉ាងដូចម្តេចចំពោះការប្រើប្រាស់ស្រោមអនាម័យដើម្បីការពារមេរោគអេដស៍?

ព្រះសហគមន៍មិនអនុញ្ញាតឱ្យប្រើប្រាស់ស្រោមអនាម័យ មិនមានន័យថាស្រោមអនាម័យនេះមិនមានសុវត្តិភាពនោះទេ ប៉ុន្តែព្រះសហគមន៍មិនចាត់ទុកការប្រើប្រាស់ស្រោមអនាម័យនេះជាមធ្យោបាយកាពារការឆ្លងមេរោគអេដស៍ផ្តាច់មុខទេ។ ព្រះសហគមន៍ ចង់ដាក់តឿនឱ្យប្រើប្រាស់មធ្យោបាយផ្សេងដែលមានលក្ខណៈប្រកបដោយវប្បធម៌ថ្មីរបស់មនុស្ស និងទំនាក់ទំនងប្រកបដោយស្មារតីខ្ពស់។

៤១៥.តើព្រះសហគមន៍គិតដូចម្តេចចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នា ?

ព្រះជាម្ចាស់បាបបង្កើតមនុស្សជាបុរស និងជាស្រ្តី ដែលរូបកាយរបស់គេទាំងពីរអា​ចបំពេញឱ្យគ្នាទៅវិញទៅមក។ ព្រះសហគមន៍ទទួលស្គាល់អស់អ្នកដែលយល់ឃើញថាខ្លួនមានទិសដៅក្នុងការស្រលាញ់ភេទដូចគ្នាដែរ ប៉ុន្តែយើងមិនគួររើសអើង និងប្រឆាំងចំពោះពួកគេឡើយ តែផ្ទុយទៅវិញព្រះសហគមន៍បញ្ជាក់ថា រាល់ការរួមភេទរវាងភេទដូចគ្នាទោះបីក្រោមរូបភាពណាក៏ដោយ សុទ្ធតែទៅផ្ទុយនឹងសណ្តាប់ធ្នាប់នៃការបង្កើត។ [2358-2359]

៤១៦. តើអ្វីទៅជាធាតុចម្បងក្នុងអាពាហ៍ពិពាហ៍របស់គ្រីស្តបរិស័ទ?

  1. រក្សាភក្តីភាព (ប្តីមួយប្រពន្ធមួយ) អាពាហ៍ពិពាហ៍គឺជាសម្ពន្ធមេត្រីដែលទាមទារការឯកភាពរវាងរូបកាយ ស្មារតី និងផ្លូវវិញ្ញាណរបស់គូរស្វាមីភរិយា។
  2. រួមរស់ជាមួយគ្នាអស់មួយជីវិត (មិនអាចបំបែកបំបាក់បាន)។
  3. ទទួលកូនដែលព្រះជាម្ចាស់ប្រទានឱ្យ និងអប់រំកូនៗតាមលទ្ធិរបស់ព្រះសហគមន៍។
  4. ត្រូវសន្យាថានឹងបង្កើតសុខុមាលភាពឱ្យគ្នាទៅវិញទៅមក។ [2360-2361,2397-2398]

៤១៧. តើការរួមភេទក្នុងអាពាហ៍ពិពាហ៍មានន័យដូចម្តេច?

ការរួបរួមខាងផ្លូវកាយរបស់ប្តីប្រពន្ធ (រួមភេទ) ដើម្បីបង្ហាញការរួបរួមយ៉ាងជ្រាលជ្រៅក្នុងសេចក្តីស្រលាញ់រវាងគ្នានឹងគ្នា និងព្រមទទួលកូនដែលកើតចេញមកពីសេចក្តីស្រលាញ់រវាងប្តីនិងប្រពន្ធ ដែលកិច្ចការនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់។

៤១៨. តើសារៈសំខាន់របស់កូនៗក្នុងអាពាហ៍ពិពាហ៍មានន័យដូចម្តេច?

កូនៗគឺជាការបង្កើត និងជាព្រះអំណោយទានដែលមកពីព្រះជាម្ចាស់។ ពួកគេបានកើតមកដោយសារសេចក្តីស្រលាញ់របស់ឪពុកម្តាយ។ [2378-2398]

៤១៩.តើឪពុកម្តាយគួរមានកូនប៉ុន្មាននាក់?

ឪពុកម្តាយកាតូលិកទទួលកូនទាំងអស់ដែលព្រះជាម្ចាស់ប្រទានមកឱ្យ និងតាមសមត្ថភាពរបស់ឪពុកម្តាយក្នុងការទទួលខុសត្រូវចំពោះកូនៗទាំងអស់នោះ។ [2373]

៤២០.តើគូរស្វាមីភិយាកាតូលិកអាចកំណត់ចំនួនកូនដែលត្រូវមានដែរឬទេ?

ឪពុកម្តាយកាតូលិកគួរតែ និងត្រូវតែមានទំនួសខុសត្រូវចំពោះការប្រើប្រាស់អំណោយនេះទុកជាអភ័យឯកសិទ្ធក្នុងការបញ្ជូនបន្តជីវិត។ [2368-2369,2399]

៤២១. ហេតុអ្វីបានជាវិធីពន្យាកំណើតក្រោមរូបភាពផ្សេងៗ មិនមានលិទ្ធិផលល្អដូចគ្នាដូច្នេះ?

ព្រះសហគមន៍សំណូមពរឱ្យប្រើវិធីពន្យាកំណើតតាមបែបធម្មជាតិ ដោយមើលទៅលើវដ្តរដូវប្រចាំខែរបស់ស្ត្រី។ វិធីសាស្ត្រនេះបានផ្តល់ការគោរពទៅលើតម្លៃថ្លៃថ្នូររបស់បុរស និងស្រ្តីក្នុងសេចក្តីស្រលាញ់។ ជួយឱ្យគូស្រករចេះគោរពគ្នាទៅវិញទៅមក នេះគឺជាសាលាដែលបង្រៀនអំពីសេចក្តីស្រលាញ់ដល់គូរស្រករ។ [2370-2372,2399]

៤២២. ប្រសិនបើគូស្រករមួយមិនមានកូន តើគេអាចធ្វើអ្វីបាន?

គូស្រករដែលអសមត្ថភាពក្នុងការបង្កើតកូន ពួកគេអាចសុំជំនួយពីខាងផ្នែកវិជ្ជសាស្រ្តបាន ប្រសិនបើវិធីសាស្រ្តនោះមិនបន្ទាបបន្ថោកតម្លៃថ្លៃថ្នូររបស់មនុស្ស មិនប្រឆាំងនឹងសិទ្ធិកុមារនាពេលអនាគត និងមិនប្រឆាំងនឹងភាពវិសុទ្ធនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍។ [2375-2379]

៤២៣.តើព្រះសហគមន៍គិតដូចម្តេចចំពោះការពោរពោះជំនួស និងការបង្កកំណើតបែបសិប្បនិម្មិត?

ព្រះសហគមន៍បានឱ្យដឹងថា ៖ ការស្វែងរកឱសថដើម្បីជួយឱ្យមានកូនគឺស្របច្បាប់ ប៉ុន្តែត្រូវតែបញ្ឈប់រាល់វិធីសាស្រ្តណាដែលជួយឱ្យមានកូនក្រោមរូបភាពដែលមិនអាចទទួលយកបានផ្នែកសីលធម៌ ក៏ដូចជាមានអ្នកទីបីមកជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់ឪពុកម្តាយ ឬកូនក្មេងត្រូវបានកើតមកដោយការបង្កកំណើតបែបសិប្បនិមិត្តដោយគ្មានការរួមបវេណីរវាងបុរសនិងស្រ្តី។ [2374-2377]

៤២៤.តើអ្វីទៅជាអំពើផិតក្បត់ តើការលែងលះគ្នាខុសសីលធម៌ដែរឬទេ?

ការប្រព្រឹត្តអំពើផិតក្បត់គឺជាការប្រព្រឹត្តបទល្មើសរបស់មនុស្សពីរនាក់ក្នុងទំនាក់ទំនងគូស្រករ យ៉ាងតិចពួកគេធ្លាប់មានប្តី ឬប្រពន្ធរួចទៅហើយ។ ការផិតក្បត់គឺការប្រឆាំងទៅនឹងសេចក្តីស្រលាញ់ គឺរំលោភបំពានទៅលើសម្ពន្ធមេត្រីដែលបានសន្យានៅចំពោះព្រះជាម្ចាស់  និងប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះអ្នកជិតខាង។ ព្រះយេស៊ូបានសង្កត់ធ្ងន់ទៅលើការលែងលះគ្នារបស់គូស្រករថា ៖ ˝ មនុស្សមិនត្រូវបំបែកបំបាក់គូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ ˝ (មក ១០,៩)។ ដោយផ្អែកទៅលើបំណងដំបូងនៃការបង្កើត ព្រះយេស៊ូបានលុបចោលនូវសេចក្តីអត់ឱនចំពោះច្បាប់ដែលអនុញ្ញាតឱ្យលែងលះគ្នានៅក្នុងសម្ពន្ធមេត្រីចាស់ចោល។

៤២៥. តើព្រះសហគមន៍មានគំនិតយ៉ាងដូចម្តេចចំពោះគូស្រករដែលមិនបានប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍?

សម្រាប់គ្រីស្តបរិស័ទបើមិនទាន់ប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ទេ ព្រះសហគមន៍មិនទាន់ចាត់ទុកថាជាអាពាហ៍ពិពាហ៍ទេ ព្រោះតាមរយៈអគ្គសញ្ញាអាពាហ៍ពិពាហ៍ គឺព្រះយេស៊ូផ្ទាល់បានយាងមកគង់ជាមួយគូស្រករ ហើយប្រទានព្រះពរយ៉ាងបរិបូរលើជីវិតរបស់ពួកគេ។ [2390-2391]

ប្រការទី៧៖ កុំលួចប្លន់គេ

 ៤២៦. តើប្រការទីប្រាំពីរនេះបញ្ជារឱ្យប្រតិបត្តិដូចម្តេចខ្លះ?

ប្រការទីប្រាំពីរនេះមិនត្រឹមតែហាមប្រាមមិនឱ្យលួចប្លន់ទ្រព្យសម្បត្តិគេប៉ុណ្ណោះទេ ប៉ុន្តែទាមទារឱ្យយើងចេះគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បត្តិរបស់ពិភពលោកដោយស្មោះត្រង់និង យុត្តិធម៌។

៤២៧. ហេតុអ្វីបានជាកម្មសិទ្ធិឯកជនមិនត្រូវបានចាត់ទុកជាសិទ្ធិដាច់ខាត ( ផ្តាច់មុខ)?

កម្មសិទ្ធិឯកជនមិនមែនជាសិទិ្ធផ្តាច់មុខ និងឥតលក្ខខណ្ឌនោះទេ ពីព្រោះព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើសម្រាប់មនុស្សលោកទាំងអស់។ [2402-2406,2452]

៤២៨. តើការលួចជាអ្វី? តើប្រការទី៧ប្រៀនប្រដៅអំពីអ្វី?

ការលួចគឺជាការប្រព្រឹត្តល្មើសច្បាប់ក្នុងការរំលោភយកទ្រព្យសម្បត្តិអ្នកដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ [2408-2410]

៤២៩. តើមានច្បាប់ណាដែលទាក់ទងទៅនឹងកម្មសិទ្ធិខាងបញ្ញាដែរឬទេ?

ការរំលោភយកកម្មសិទ្ធិខាងបញ្ញារបស់បុគ្គលណាម្នាក់ ក៏អាចចាត់ទុកជាការលួចផងដែរ។ [2408- 2409]

៤៣០. តើការផ្លាស់ប្តូរយុត្តិធម៍មានន័យដូចម្តេច?

ការផ្លាស់ប្តូរយុត្តិធម៍គឺជាការផ្លាស់ប្តូររវាងបុគ្គលមួយទៅបុគ្គលមួយ ដោយគោរពលើសិទ្ធិរបស់បុគ្គលនីមួយៗ។ ត្រូវប្រាកដថាកម្មសិទ្ធិបុគ្គលត្រូវបានការពារ  បំណុលត្រូវបានសង កិច្ចសន្យាត្រូវបានបំពេញ រាល់អំពើអយុត្តិធម៍ត្រូវបានលុបលាង និងទ្រព្យសម្បត្តិដែលបានលួចត្រូវបានសងមកវិញ។ [2409]

៤៣១.តើយើងអាចមានសិទ្ធិគេចវេសពីការបង់ពន្ធបានឬទេ?

ការមានគំនិតច្នៃប្រឌិតដើម្បីតទល់ទៅនឹងការគ្រប់គ្រងពន្ធមិនប្រក្រតី នេះមិនត្រូវបានចាត់ទុកថាជាអំពើអយុត្តិធម៌នោះទេ។ តែអ្វីដែលអសីលធម៌គឺជាការប្រើប្រាស់គ្រប់វិធីសាស្រ្តដើម្បីគេចពន្ធ បោកប្រាស់ ប្រព្រឹត្តអំពើដែលបិទបាំងមិនស្របច្បាប់ក្នុងការគេងបន្លំដើម្បីកាត់បន្ថយការបង់ពន្ធជាដើម។ [2409]

៤៣២.តើគ្រីស្តបរិស័ទអាចធ្វើការវិនិយោគភាគហ៊ុននៅលើទីផ្សារ (Stock Market) និងនៅលើបណ្តាញទំនាក់ទំនងសង្គម(Internet Stock) បានដែរឬទេ?

គ្រីស្តបរិស័ទអាចមានសិទ្ធិមានភាគហ៊ុននៅលើទីផ្សារ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមបាន លុះត្រាតែការវិនិយោគនេះគឺជាការវិនិយោគ រកស៊ីធម្មតាស្របច្បាប់ និងមានសីលធម៌។

៤៣៣. តើត្រូវប្រើប្រាស់យ៉ាងដូចម្តេចចំពោះទ្រព្យសម្បត្តិរួម?

សម្រាប់អស់អ្នកដែលមានចេតនាចង់បំផ្លាញនូវអ្វីដែលជាកម្មសិទិ្ធរួម ឬទ្រព្យសម្បត្តិសាធារណៈ សកម្មភាពទាំងអស់នេះត្រូវបានចាត់ទុកជាការលួចប្លន់ ហើយត្រូវទាមទារសំណង។ [2409]

៤៣៤. តើគ្រីស្តបរិស័ទអាចលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្នាបានដែរឬទេ?

ល្បែងស៊ីសង ឬល្បែងភ្នាល់គ្នា គឺជាសកម្មភាពអសីលធម៍ និងមានគ្រោះថ្នាក់នៅពេលដែលអ្នកលេងប្រថុយនឹងល្បែងទាំងអស់នេះ វានឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាពិសេសសម្រាប់អស់អ្នកដែលស្ថិតនៅក្នុងបន្ទុករបស់យើង ( ប្រពន្ធ កូន និងក្រុមគ្រួសារ .......)។

៤៣៥. តើយើងមានសិទ្ធិក្នុងការជួញដូរមនុស្សដែរឬទេ?

មិនមានសិទ្ធជាដាច់ខាតក្នុងការជួញដូរមនុស្ស សូម្បីតែអាវៈយវៈណាមួយរបស់មនុស្ស  ហើយក៏មិនអាចមានសិទ្ធិក្នុងការលក់ដូរខ្លួនឯងដូចជាទំនិញមួយបានដែរ។ មនុស្សយើងគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានប្រទានមកដោយសេរី និងមានតម្លៃថ្លៃថ្នូរ។ បច្ចុប្បន្ននេះ សកម្មភាពជួញដូរមនុស្សបាន នឹងកំពុងកើតឡើង មិនត្រឹមតែក្នុងរឿងផ្លូវភេទប៉ុណ្ណោះទេ។ សកម្មភាពទាំងអស់នេះត្រូវតែដាក់ទោសយ៉ាងធ្ងន់ធ្ងរបំផុត។ [2414]

៤៣៦. តើយើងត្រូវប្រើប្រាស់សម្បត្តិធម្មជាតិដែលព្រះជាម្ចាស់បានបង្កើតមកយ៉ាងដូចម្តេច?

នៅពេលយើងថែរក្សាផែនដីឱ្យបានយូអង្វែង មានន័យថាយើងបានបំពេញតួនាទីរបស់ព្រះជាម្ចាស់ដែលមកបានបង្កើតអ្វីៗសព្វសារពើ។

៤៣៧.តើយើងត្រូវប្រព្រឹត្តដូចម្តេចចំពោះសត្វលោកនានា?

សត្វក៏ដូចជាមនុស្សយើងដែរ គឺជាសត្វលោកដែលព្រះជាម្ចាស់បានបង្កើតមក។ យើងត្រូវតែយកចិត្តទុកដាក់ថែរក្សាវា យើងរីករាយដោយមានវត្តមានរបស់សត្វទាំងអស់នោះ ក៏ដូចជាព្រះជាម្ចាស់សប្បាយព្រះហឫទ័យដែលបានឃើញនូវអ្វីៗដែលព្រះអង្គបានបង្កើតមកនោះដែរ។ [2416-2418,2456-2457]

៤៣៨.ហេតុអ្វីបានជាព្រះសហគមន៍មានលទ្ធិស្តីអំពីសង្គមរបស់ខ្លួនបែបនេះ?

ដោយសារមនុស្សទាំងអស់សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់ សុទ្ធតែមានតម្លៃស្មើគ្នា ដូច្នេះព្រះសហគមន៍មានលទ្ធិរបស់ខ្លួនដែលស្តីអំពីមនុស្ស​ ដើម្បីឱ្យតម្លៃថ្លៃថ្នូររបស់មនុស្សត្រូវបានគោរព។ ព្រះសហគមន៍គោរពសិទ្ធិ អំណាចរបស់នយោបាយ និងសេដ្ឋកិច្ច  ប៉ុន្តែនៅពេលណាដែលនយោបាយ និងសេដ្ឋកិច្ចរំលោភបំពានទៅលើតម្លៃថ្លៃថ្នូររបស់មនុស្ស នោះព្រះសហគមន៍និងធ្វើការអន្តរាគមន៍ជាដាច់ខាត។ [2419-2420,2422-2423]

 ៤៣៩.តើលទ្ធិព្រះសហគមន៍ស្តីអំពីសង្គមរីកចម្រើនយ៉ាងដូចម្តេច ?

លទ្ធិព្រះសហគមន៍ស្តីអំពីសង្គមបានចាប់ផ្តើមនៅសតវត្សទី១៩ នៅពេលសង្គមឧស្សាហកម្មទំនើបបានចាប់ផ្តើមអភិវឌ្ឍ  និងដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់កម្មករ និងម្ចាស់រោងចក្រ ខណៈពេលដែលមនុស្សមួយចំនួនធំធ្លាក់ទៅក្នុងភាពក្រីក្រ ក្នុងឋានៈជាកម្មករដែលគ្មានសិទ្ធិ និងច្បាប់ដើម្បីការពារពួកគេ។ ដោយសារមូលហេតុនេះហើយបានជាលទ្ធិកមុយនីស្ត(Communism) បានចាប់ផ្តើមកើតមានឡើង ដោយលទ្ធិកមុយនីស្ត មិនអាចអនុគ្រោះបានទេ រវាងលំដាប់ឋានៈពីររវាងកម្មករ និងថៅកែ គួរតែមានការតស៊ូដើម្បីដោះស្រាយបញ្ហានេះ។ ផ្ទុយទៅវិញ ព្រះសហគមន៍គាំទ្រជានិច្ចនូវយុត្តិធម៌សង្គម ដើម្បីរកផលប្រយោជន៍រួមសម្រាប់កម្មករផង និងសម្រាប់ថៅកែផង។ [2421]

៤៤០.តើគ្រីស្តបរិស័ទតម្រូវឱ្យមានការឈឺឆ្កាលរឿងនយោបាយ និងសង្គមដែរឬទេ?

នេះគឺជាតួនាទីពិសេសរបស់គ្រីស្តបរិស័ទកាតូលិក គ្រីស្តបរិស័ទឈឺឆ្អាលចំពោះរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីឱ្យស្របទៅតាមស្មារតីនៃដំណឹងល្អ ៖ មេត្តាករុណា សេចក្តីពិត​ និងយុត្តិធម៌ លទ្ធិព្រះសហគមន៍ស្តីអំពីសង្គម បានផ្តល់នូវការណែនាំយ៉ាងច្បាស់អំពីបញ្ហានេះ។ [2442]

៤៤១.តើព្រះសហគមន៍និយាយអ្វីអំពីប្រជាធិបតេយ្យ?

ព្រះសហគមន៍គាំទ្រប្រជាធិបតេយ្យ ព្រោះវាមានប្រព័ន្ធនយោបាយ មានលក្ខខណ្ឌល្អដើម្បីឱ្យប្រជាជនមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ និងមានការធានាចំពោះសិទ្ធិមនុស្ស។ ប៉ុន្តែប្រជាធិបតេយ្យពិតប្រាកដ មិនមែនស្ថិតលើមតិភាគច្រើនដែលគ្រប់គ្រងដោយអ្នកមានអំណាចនោះទេ ប្រជាធិបតេយ្យពិតប្រាកដ លុះត្រាតែរដ្ឋអំណាចទទួលស្គាល់រាល់សិទ្ធិមូលដ្ឋានដែលព្រះជាម្ចាស់បានប្រទានឱ្យដល់មនុស្សគ្រប់រូប ហើយរដ្ឋអំណាចត្រូវតែការពារសិទ្ធិទាំងអស់នោះ ប្រសិនជាចាំបាច់ រដ្ឋអំណាចត្រូវតែប្រឆាំងទៅនឹងការសម្រេចរបស់មតិភាគច្រើនដែលចង់រំលោភបំពានទៅលើសិទ្ធិមូលដ្ឋានទាំងអស់នេះ។ [1922]

៤៤២.តើព្រះសហគមន៍មានជំហរដូចម្តេចចំពោះមូលធននិយម ឬសេដ្ឋកិច្ចទីផ្សារសេរី ?

មូលធននិយមមិនចាក់ឫសទៅក្នុងប្រព័ន្ធច្បាស់លាស់ទេ នោះវាអាចប្រឈមមុខនិងការទាញយកផលប្រយោជន៍បែបបុគ្គល ដែលផ្ទុយទៅនឹងការស្វែងរកផលប្រយោជន៍រួម។ ព្រះសហគមន៍ប្រឆាំងជាដាច់ខាតចំពោះមូលធននិយមនេះ។ ព្រះសហគមន៍គាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ព្រោះវាមានទិសដៅបម្រើមនុស្សទាំងអស់  បង្ការការគ្រប់គ្រងទំនិញផ្តាច់មុខ  និងផ្តល់ឱកាសឱ្យប្រជាជនមានការងារធ្វើ ថែមទាំងផ្គត់ផ្គង់នូវរាល់ទំនិញដែលត្រូវការជាចាំបាច់។ [2426]

៤៤៣.តើទំនួសខុសត្រូវរបស់អ្នកគ្រប់គ្រងសហគ្រិនគឺអ្វី?

ទំនួសខុសត្រូវរបស់អ្នកគ្រប់គ្រងសហគ្រិន គឺក្រៅពីការបង្កើតចំណូលស្របច្បាប់សម្រាប់ខ្លូននិងសហគ្រាសហើយ ពួកគេត្រូវមានការទទួលខុសត្រូវទៅលើការផ្តល់ប្រាក់ខែសមស្របទៅដល់កម្មករ អ្នកផ្គត់ផ្គង់ អតិថិជន និងតម្រូវការរបស់សង្គម និងបរិស្ថានផងដែរ។ [2432]

៤៤៤. តើលទ្ធិព្រះសហគមន៍ទាក់ទងនឹងសង្គមមានគំនិតយ៉ាងដូចម្តេចចំពោះពលកម្ម និងនិកម្មភាព(គ្មានការងារធ្វើ)?

ពលកម្មគឺជាតួនាទីដែលព្រះជាម្ចាស់បានប្រគល់មកឱ្យមនុស្ស ដើម្បីឱ្យមនុស្សបន្តកិច្ចការបង្កើតរបស់ព្រះអង្គក្នុងពិភពលោកនេះ។ “ព្រះជាម្ចាស់បានដាក់មនុស្សនៅក្នុងសួនឧស្យាន ដើម្បីឱ្យមនុស្សថែរក្សា និងធ្វើការ " ( កណ ២,១៥ )។ សម្រាប់មនុស្សទាំងអស់ ពលកម្មគឺជាវិធីមួយដើម្បីចិញ្ចឹមជីវិត និកម្ម គឺជាវិបត្តិមួយយ៉ាងធ្ងន់ធ្ងរដែលត្រូវធ្វើការដោះស្រាយជាបន្ទាន់។

៤៤៥.តើគោលការណ៍ ˝កម្មករត្រូវតែជាអាទិភាពជាងមូលធន ˝ មានន័យដូចម្តេច?

ព្រះសហគមន៍តែងតែបង្រៀនអំពីគោលការណ៍​ កម្មករត្រូវតែជាអាទិភាពជាងមូលធន (សម្តេចប៉ាបយ៉ូហាន​ប៉ូល ទី២ )។ មនុស្សមានទ្រព្យសម្បត្តិ ឬមូលធន ទាំងអស់នេះគ្រាន់តែជាវត្ថុ។ រីឯកម្លាំងពលកម្មមិនអាចបំបែកចេញពីមនុស្សដែលជាម្ចាស់លើពលកម្មនេះបានទេ ដូច្នេះរាល់តម្រូវការមូលដ្ឋានរបស់កម្មករត្រូវតែមានអាទិភាពជាងផលប្រយោជន៍ខាងមូលធន។

៤៤៦.តើព្រះសហគមន៍និយាយអ្វីអំពីសាកលភាវូបនីយកម្ម (Globalization)?

សាកលភាវូបនីយកម្មមិនល្អក៏មិនអាក្រក់ដែរ វាអាស្រ័យទៅលើស្ថានភាពនីមួយៗ។ សាកលភាវូបនីយកម្មចាប់មានឡើងនៅក្នុងបណ្តាប្រទេសកំពុងរីកចម្រើនខាងសេដ្ឋកិច្ច វាទាមទារឱ្យប្រទេសទាំងអស់នេះត្រូវរួមសកម្មភាព។ សាកលភាវូបនីយកម្មគឺជាកម្លាំងជួយនាំជាតិសាសន៍ដែលខ្វះការអភិវឌ្ឍចេញពីភាពក្រីក្រ បើកចំហរឱ្យមានឱកាសក្នុងការរីកចម្រើន។ ទោះជាយ៉ាងនេះក្តី ប្រសិនបើគ្មានសេចក្តីមេត្តាករុណាក្នុងសេចក្តីពិតទេ សាកលភាវូបនីយកម្មនេះនឹងប្រឈមមុខនឹងគ្រោះថ្នាក់ ឬអាចបង្កឱ្យមានការបែកបាក់ថ្មីក្នុងរង្វង់គ្រួសារមនុស្សលោក។ (សម្តេចប៉ាប បេណេឌិចតូទី១៦ មេត្តាករុណាក្នុងសេចក្តីពិត)។​

៤៤៧.តើសាកលភាវូបនីយកម្មមានន័យផ្តាច់មុខតែបញ្ហនយោបាយ និងសេដ្ឋកិច្ចតែប៉ុណ្ណោះឬយ៉ាងណា?

ធម្មតាគេបែងចែកមុខងាររបស់ផ្នែកនីមួយៗដូចជា ៖ សេដ្ឋកិច្ចគិតគូរអំពីការបង្កើនផលិតផល និងរកផល​    ជំនេញ នយោបាយគិតគូរអំពីភាពយុត្តិធម៌។ នៅក្នុងសម័យសាកលភាវូបនីយកម្មគឺផលជំនេញត្រូវបានគិតដល់សាកលលោកទាំងមូល ខណៈពេលនោះនយោបាយនៅមានព្រំដែនត្រឹមប្រទេស។ ដូច្នេះហើយ អ្វីដែលចាំបាច់សម្រាប់បច្ចុប្បន្នគឺមិនមែនតែពង្រឹងស្ថាប័ននយោបាយអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែមានគំនិតផ្តួចផ្តើមអំពីសេដ្ឋកិច្ច ធ្វើយ៉ាងណាកុំគិតតែពីផលជំនេញ ប៉ុន្តែដើម្បីជួយបណ្តាប្រទេសក្រីក្រ ក្នុងស្មារតីទំនាក់ទំនង និងដោយសេចក្តីស្រលាញ់។

៤៤៨. តើភាពក្រីក្រ និងការមិនទាន់បានអភិវឌ្ឍ គឺជាវាសនាដែលមិនអាចជៀសវាងបានឬយ៉ាងណា?

ព្រះជាម្ចាស់បានប្រគល់ពិភពលោកមួយដែលពោរពេញទៅដោយធនធានធម្មជាតិដល់មនុស្ស វាគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់អាចមានម្ហូបអាហារ និងលំនៅឋានរស់នៅបាន។ ទោះបីជាមានតំបន់ខ្លះ ប្រទេសខ្លះ និងទ្វីបខ្លះមិនមានតម្រូវការគ្រប់គ្រាន់ដើម្បីរស់រានមានជីវិត ដោយសារកត្តាមួយចំនួនដូចជា បញ្ហាប្រវត្តិសា្រស្ត សង្គ្រាម ...ដែលមិនអាចធ្វើការផ្លាស់ប្តូរបាន។ ដូច្នេះអស់បណ្តាប្រទេសដែលអភិវឌ្ឍន៍ ត្រូវមានតួនាទីផ្នែកសីលធម៌ក្នុងការចែករំលែក និងជួយបណ្តាប្រទេសដែលក្រីក្រឱ្យចេញផុតពីភាពក្រីក្របាន ដោយសារការជួយទុក្ខធុរៈគ្នាបែបនេះ ណែនាំឱ្យពិភពលោកមានស្ថេរភាពទាំងខាងផ្នែកសេដ្ឋកិច្ចនិងស្ថេរភាពខាងផ្នែកពាណិជ្ជកម្មផងដែរ។

៤៤៩. តើគ្រីស្តបរិស័ទត្រូវបង្ហាញសេចក្តីស្រលាញ់ចំពោះជនក្រីក្រយ៉ាងដូចម្តេចខ្លះ?

សម្រាប់គ្រីស្តបរិស័ទ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាទេ គឺត្រូវស្រលាញ់ជនក្រីក្រជានិច្ច។ ជនក្រីក្រមិនមែនត្រូវការត្រឹមតែការបរិច្ចាកនូវថវិការ សម្ភារៈបន្តិចបន្តួចប៉ុណ្ណោះទេ គឺពួកគេត្រូវការនូវយុត្តិធម៌ផងដែរ។ គ្រីស្តបរិស័ទត្រូវតែចែករំលែកនូវទ្រព្យសម្បត្តិដែលខ្លួនមាន ជូនចំពោះអស់អ្នកដែលខ្វះខាតជាងខ្លួន។ ព្រះយេស៊ូគឺជាគម្រូក្នុងការស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះជនក្រីក្រ។ [2443-2446]

៤៥០. តើកិច្ចការធម៌មេត្តាករុណាតាមផ្លូវកាយមានអ្វីខ្លះ

ឱ្យម្ហូបអាហារដល់អ្នកឃ្លាន ឱ្យទឹកដល់អ្នកស្រេក ឱ្យសម្លៀកបំពាក់ដល់អ្នកអត់ សួរសុខទុក្ខអ្នកជម្ងឺ និងអ្នកជាប់ឃុំឃាំង  ទទួលអ្នកដែលគ្មានទីស្នាក់អាស្រ័យ និងបញ្ចុះសពអ្នកដែលបានចែកឋានទៅហើយ។ [2447]

៤៥១. តើកិច្ចការធម៌មេត្តាករុណាតាមផ្លូវវិញ្ញាណមានអ្វីខ្លះ?

ប្រើពាក្យល្អដើម្បីលើកទឹកចិត្ត អប់រំបើកគំនិតអ្នកល្ងង់ខ្លៅ លើកទឹកចិត្តអ្នកបាក់ទឹកចិត្ត ណែនាំអ្នកបាប លើកលែងទោសអ្នកដែលធ្វើខុសនឹងយើង អត់ធ្មត់នឹងអ្នកធ្វើបាបយើង អធិដ្ឋានសម្រាប់អ្នកមានជីវិតនិងអ្នកដែលបានចែកឋានទៅហើយ។

ប្រការទី៨៖ កុំធ្វើសាក្សីក្លែងក្លាយ

៤៥២. តើប្រការទី៨នេះណែនាំយើងដូចម្តេចខ្លះ?

ប្រការទី៨នេះណែនាំយើងកុំឱ្យនិយាយកុហក។ ការនិយាយកុហកគឺមានចេតនាក្នុងការនិយាយនូវអ្វីដែលផ្ទុយពីសេចក្តីពិត។ អ្នកពោលពាក្យកុហកគឺស្មើនឹងការម៉ាក់ងាយចំពោះខ្លួនឯងផ្ទាល់ និងកុហកអ្នកដទៃដែលដឹងរាល់សេចក្តីពិតរបស់បញ្ហា។ [2464,2467-2468,2483,2485-2486]

៤៥៣. តើមានអ្វីកើតឡើងនៅពេលយើងប្រកាន់សច្ចភាព?

ការគោរពសច្ចភាពមិនត្រឹមតែស្មោះត្រង់ចំពោះខ្លួនឯងប៉ុណ្ណោះទេ ពិសេសជាងនេះទៅទៀតគឹយើងបានរក្សាភាពស្មោះត្រង់នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ដោយសារព្រះអង្គជាប្រភពនៃសេចក្តីពិតគ្រប់យ៉ាង។ យើងអាចរកឃើញសេចក្តីពិតអំពីព្រះជាម្ចាស់ និងរាល់សច្ចភាពតាមរយៈព្រះយេស៊ូគ្រីស្តបាន ព្រោះព្រះអង្គ "គឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត" (យហ ១៤,៦)។ [[2465-2470,2505]

៤៥៤. តើយើងត្រូវមានទំនួសខុសត្រូវយ៉ាងដូចម្តេចខ្លះក្នុងការធ្វើជាសាក្សីអំពីសេចក្តីពិតនៃជំនឿ?

គ្រីស្តបរិស័ទទាំងអស់ត្រូវធ្វើជាសាក្សីអំពីសេចក្តីពិត តាមគម្រូរបស់ព្រះយេស៊ូ។ នៅចំពោះមុខលោក ប៉ុន ពីឡាត ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិត “ ( យហ ១៧,៣៧ )។ [2472-2474]

៤៥៥. តើភាពស្មោះត្រង់ជាអ្វី?

ភាពស្មោះត្រង់គឺជាសកម្មភាព និងពាក្យសម្តីទៀងត្រង់មិនភូតកុហក ជៀសវាងទម្លាប់មុខពីរ លាក់លៀម កាចសាហាវ បោកបញ្ឆោត និងលាក់ពុត។ ទង្វើដែលអាក្រក់បំផុតនៃភាពមិនស្មោះត្រង់នោះគឺសម្បថភូតភរ។ [2468-2476]

៤៥៦. តើអ្នកត្រូវធ្វើដូចម្តេច ខណៈពេលដែលអ្នកបាននិយាយកុហក ភូតភរ និងបានក្បត់នរណាម្នាក់?

អំពើបាបទាំងអស់សុទ្ធសឹងតែប្រឆាំងនឹងសេចក្តីពិត និងយុត្តិធម៌ ទោះបីត្រូវបានលើកលែងទោសនិងអនុគ្រោះហើយក៏ដោយ វានៅតែទាមទារការកែប្រែ និងសំណង។ [2487]

៤៥៧. ហេតុអ្វីយើងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចនៅពេលនិយាយពីសេចក្តីពិត?

ការប្រកាសអំពីសេចក្តីពិតណាមួយ ទាមទារឱ្យយើងត្រូវមានភាពវៃឆ្លាត ក្នុងការរក្សាភាតរភាព។ ពេលខ្លះការនិយាយអំពីសេចក្តីពិតក៏អាចក្លាយទៅជាអាវុធ ដែលធ្វើឱ្យមានការបែកបាក់ច្រើនជាងការស្ថាបនា។ [2488-2489,2491]

៤៥៨. តើរក្សាភាពសម្ងាត់ក្នុងទីស្រាយបាបជាអ្វី ?

ការសម្ងាត់ក្នុងទីស្រាយបាបគឺមានលក្ខណៈដ៏សក្ការៈ ដែលមិនអាចត្រូវបានរំលោភបំពានដោយកត្តាណាមួយបានឡើយ នេះជាបម្រាមសំខាន់។ [2490]

៤៥៩.តើយើងត្រូវប្រើប្រព័ន្ធផ្សព្វផ្សាយព៌តមានសង្គមដោយមានការទទួលខុសត្រូវផ្នែកសីលធម៌យ៉ាងដូចម្តេច?

អ្នកឯកទេសផ្នែកផ្សព្វផ្សាយព៌តមានសង្គមត្រូវមានទំនួសខុសត្រូវចំពោះអតិថិជន។ ដំបូងបង្អស់អ្នកផ្សព្វផ្សាយត្រូវផ្តល់នូវព៌តមានណាដែលផ្អែកលើសេចក្តីពិត  ពួកគេត្រូវគោរពកម្មសិទ្ធិ និងសិទ្ធិមនុស្ស របស់អតិថិជន។ 2493-2499]

៤៦០.តើការផ្សព្វផ្សាយព៌តមានសង្គមមានផ្តល់ផលអវិជ្ជមានយ៉ាងណាដែរ?

មានមនុស្សជាច្រើន ក្នុងនោះក្មេងៗ ដោយពួកគេគិតថាព៌តមានដែលគេបានទទួលទាំងអស់គឺពិត ដូចជាខ្សែរភាពយន្តវាយតប ទទួលបានការសរសើរ ឥរិយាបទប្រឆាំងនឹងសង្គមត្រូវបានទទួលស្គាល់ បញ្ហារំលោភបំពានផ្លូវភេទត្រូវបានគេចាត់ទុកជារឿងធម្មតា ទាំងអស់នេះគឺជាកំហុសរបស់អ្នកផ្សព្វផ្សាយ និងអ្នកត្រួតពិនិត្យត្រូវតែទទួលខុសត្រូវ ព្រោះពួកគេត្រូវតែហាមឃាត់ជាដាច់ខាតក្នុងការផ្សព្វផ្សាយអំពីចំណុចទាំងអស់នេះ។​[2496,2512]

៤៦១. តើសិល្បៈបានដើរតួនាទីអ្វីក្នុងការសំយោគរវាងសោភ័ណភាព និង សេចក្តីពិត?

សោភ័ណភាពនិងសេចក្តីពិតត្រូវដើរទន្ទឹមគ្នា ដោយសារព្រះជាម្ចាស់ជាប្រភព បានបង្កើតសោភ័ណភាព និងសេចក្តីពិតនេះមក។ សិល្បៈលើកកម្ពស់សោភ័ណភាព នេះគឺជាមាគ៌ាដែលនាំឆ្ពោះទៅកាន់ព្រះជាម្ចាស់។ [2500-2503,2513]

ប្រការទី៩៖ កុំចង់បានប្តីប្រពន្ធគេ

៤៦២. ហេតុអ្វីប្រការទី៩ហាមប្រាមយើងកុំឱ្យមានចំណង់តញ្ហាខាងរូបកាយ?

ប្រការទី៩មិនបានហាមប្រាមចំណង់របស់មនុស្សនោះទេ ប៉ុន្តែហាមប្រាមនូវរាល់ចំណង់ដែលឥតសណ្តាប់ធ្នាប់  ព្រះគម្ពីរបានតើនរំឮកយើងឱ្យប្រុងប្រយ័ត្នចំពោះចំណង់តញ្ហាដែលរំខានមកពីអារម្មណ៍។ នៅពេលដែលយើងអនុញ្ញាតឱ្យចំណង់នេះមានអំណាចលើយើងហើយ នោះវានឹងបណ្តាលឱ្យយើងធ្លាក់ទៅក្នុងការប្រព្រឹត្តអំពើបាបបាន។ [2514,2515,2528,2529]

៤៦៣. តើធ្វើដូចម្តេចដើម្បីរក្សាព្រហ្មចារីភាពខាងក្នុងចិត្តបាន?

ដើម្បីរក្សាព្រហ្មចារីភាពសម្រាប់សេចក្តីស្រលាញ់បាន ដំបូងយើងត្រូវតែភ្ជាប់ជានិច្ចជាមួយព្រះជាម្ចាស់ក្នុងការអធិដ្ឋាន។ សូមព្រះអំណោយទានរបស់ព្រះអង្គមកប៉ះយើង នោះយើងនឹងរកឃើញផ្លូវដែលនាំឆ្ពោះទៅកាន់សេចក្តីស្រលាញ់បាន។ ព្រហ្មចារីភាពជួយឱ្យយើងស្រលាញ់ដោយភក្តីភាព និងមិនបំបែក។ [2520-2532]

៤៦៤. តើភាពខ្មាស់អៀនបែបវិជ្ជមានគឺជាអ្វី?

ភាពខ្មាស់អៀនជួយថែរក្សាជីវិតឯកជនរបស់មនុស្ស ការអាថ៌កំបាំងរបស់មនុស្សមានលក្ខណៈដោយលែក និងស្ថិតនៅផ្នែកខាងក្នុងរបស់មនុស្ស វាថែរក្សាតម្លៃថ្លៃថ្នូររបស់មនុស្ស ជាពិសេសគឺការថែរក្សាសមត្ថភាពនៃសេចក្តីស្រលាញ់ដែលស្ម័គ្រចិត្ត។ ភាពខ្មាស់អៀនទាក់ទងជាមួយនឹងអ្វីដែលមានតែសេចក្តីស្រលាញ់ទេដែលអាចមានសិទ្ធិមើលឃើញបាន។ [2521-2525,2533]

ប្រការទី១០៖ កុំចង់បានទ្រព្យសម្បត្តិគេ

៤៦៥. តើគ្រីស្តបរិស័ទត្រូវមានឥរិយាបទបែបណាចំពោះទ្រព្យសម្បត្តិរបស់អ្នកដទៃ?

គ្រីស្តបរិស័ទត្រូវចេះបែងចែកចំណង់អ្វីដែលចាំបាច់ និងចំណង់អ្វីដែលមិនចាំបាច់ ពិសេសត្រូវចេះគោរពទ្រព្យសម្បត្តិរបស់អ្នកដទៃ។ [2534-2537,2552]

៤៦៦. តើការច្រណែនជាអ្វី? តើត្រូវធ្វើដូចម្តេចដើម្បីយកឈ្នះវាបាន ?

ការច្រណែនកើតឡើងនៅពេលដែលឃើញអ្នកដទៃមានបាន និងព្យាយាមចង់យកបាននូវអ្វីដែលជារបស់គេមកសម្រាប់ខ្លួនឯងដោយប្រើគ្រប់មធ្យោបាយទាំងអស់។ គ្រប់ទង្វើអាក្រក់ដែលធ្វើចំពោះអ្នកដទៃគឺជាអំពើបាបធ្ងន់។ ភាពច្រណែននឹងកាត់បន្ថយ លុះត្រាតែយើងខិតខំសប្បាយចិត្តចំពោះសមត្ថភាព និងការមានបានរបស់អ្នកដទៃ។ ប្រសិនបើយើងទុកចិត្តលើឧបការគុណរបស់ព្រះជាម្ចាស់ នោះយើងនឹងផ្ចង់ចិត្តទៅលើទ្រព្យសម្បត្តិដ៏ពិតប្រាកដវិញ គឺការចូលរួមជាមួយព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ [2538-2540,2553-2554]

៤៦៧. ហេតុអ្វីបានជាព្រះយេស៊ូចង់ឱ្យយើងមានស្មារតីជាអ្នកក្រីក្រ?

ដោយសារព្រះអង្គមានសម្បត្តិជាច្រើន "ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រព្រោះតែបងប្អូន ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមានដោយសារភាពក្រីក្ររបស់ព្រះអង្គ "(២ករ ៨,៩)។ [2554-2547,2555-2557]

៤៦៨. តើមនុស្សប្រាថ្នាចង់បានអ្វីខ្លាំងជាងគេ?

សេចក្តីប្រាថ្នាដែលមនុស្សចង់បានបំផុតនៅនាលោកនេះគឺព្រះជាម្ចាស់ផ្ទាល់។ បានឃើញព្រះអង្គដែលជាព្រះបង្កើតខ្លួន ជាព្រះជាម្ចាស់របស់ខ្លួន ជាព្រះសង្គ្រោះ ទាំងអស់នេះជាសុភមង្គលអស់កល្បជានិច្ចរបស់មនុស្ស។ [2548-2550,2552]


Theme: Overlay by Kaira