ភាគទី១៖ ការចាត់ចែងនៃអគ្គសញ្ញា (១៦៦-១៩២)

ភាគទី១
ការចាត់ចែងនៃអគ្គសញ្ញា

១៦៦.ហេតុអ្វីបានជាព្រះសហគមន៍ប្រារព្ធពិធីបុណ្យជាញឹកញាប់?     

ប្រជាជនអ៊ីស្រាអែលបានបង្អាក់ការងាររបស់ខ្លួន​ “ប្រាំពីរដងក្នុងមួយថ្ងៃ” ( ទំន ១១៩,១៦៤ ) ដើម្បីកោតសរសើរព្រះជាម្ចាស់។ ព្រះយេស៊ូបានចូលរួមក្នុងកិច្ចការគោរព និងអធិដ្ឋានរួមជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គបានបង្រៀនសាវ័កឱ្យអធិដ្ឋាន និងប្រជុំគ្នានៅក្នុងបន្ទប់មួយដើម្បីរួមគ្នាប្រារព្ធពិធីបុណ្យដ៏ប្រពៃលើសពីពិធីបុណ្យនានា នោះគឺការបូជារូបកាយរបស់ព្រះអង្គផ្ទាល់ក្នុងពិធីជប់លាងចុងក្រោយ។ ព្រះសហគមន៍អញ្ចើញយើងឱ្យចូលរួមក្នុងពិធីបុណ្យនេះ គឺព្រះសហគមន៍បានធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ ៖ “សូមបងប្អូនធ្វើដូច្នេះដើម្បីនឹករឮកដល់ខ្ញុំ ”( ១ករ ១១,២៤ )។ [1066-1070]

១៦៧.តើពិធីបុណ្យជាអ្វី?

ពិធីបុណ្យគឺជាការគោរពថ្វាយបង្គំព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះសហគមន៍។ [1077-1112]

១៦៨.ហេតុអ្វីបានជាពិធីបុណ្យត្រូវតែជាអាទិភាពក្នុងជីវិតរបស់ព្រះសហគមន៍ និងសម្រាប់ជីវិតរបស់យើង?

ដោយសារពិធីបុណ្យគឺជាកិច្ចការកំពូលនៃសកម្មភាពរបស់ព្រះសហគមន៍ ជាមួយគ្នានេះដែរពិធីបុណ្យគឺជាប្រភពនៃជីវិត។​  ( មហាសន្និបាតដ៏វិសុទ្ធ Sacrosanctum Concilium ១០ )

១៦៩.តើមានអ្វីកើតឡើងចំពោះយើង ខណៈពេលយើងប្រារព្ធពិធីបុណ្យ ?

នៅពេលយើងប្រារព្ធពិធីបុណ្យ យើងត្រូវបានចូលរួមក្នុងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ទទួលបានការព្យាបាល និងផ្លាស់ប្តូរ។[1076]

ជំពូកទី១
ព្រះជាម្ចាស់ និងពិធីបុណ្យ

 ១៧០.តើនរណាជាប្រភពនៃពិធីបុណ្យ?

ប្រភពនៃពិធីបុណ្យគឺជាព្រះជាម្ចាស់​ នៅក្នុងព្រះអង្គផ្ទាល់គឹមានពិធីបុណ្យនៃសេចក្តីស្រលាញ់អស់កល្បជានិច្ចនៅស្ថានបរមសុខ ក្នុងនោះមានអំណរបស់ព្រះបិតា​ ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយសារព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ ដូច្នេះហើយបានជាព្រះអង្គចង់ឱ្យយើងបានចូលរួមក្នុងពិធីបុណ្យនៃអំណរសប្បាយនេះ និងទទួលព្រះពរដែលមកពីព្រះអង្គផងដែរ។ [1077-1109]

១៧១.តើអ្វីទៅជាសារៈសំខាន់នៃពិធីបុណ្យ?     

ពិធីបុណ្យសំខាន់បំផុតនោះគឺការរួបរួមគ្នា ឬការចូលរួមក្នុងទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយព្រះយេស៊ូ។ ពីធីបុណ្យទាំងអស់មិនគ្រាន់តែជាការប្រារព្ធព្រះកាយព្រះគ្រីស្តប៉ុណ្ណោះទេ តែក៏ជាការប្រារព្ធពិធីបុណ្យចម្លងយ៉ាងសង្ខេប។ ព្រះយេស៊ូប្រារព្ធបុណ្យចម្លងរបស់ព្រះអង្គដោយបានសោយទិវង្គតរហូតដល់ទទួលព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គក៏ឱ្យយើងចូលរួមក្នុងបុណ្យចម្លងនេះរួមជាមួយព្រះអង្គដែរ។[1085]

១៧២.តើអគ្គសញ្ញាទាំងអស់មានចំនូនប៉ុន្មាន?អ្វីខ្លះ?

ព្រះសហគមន៍កាតូលិកមានអគ្គសញ្ញាទាំងអស់ចំនួនប្រាំពីរ គឺ៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ អគ្គសញ្ញាតែងតាំង និងអគ្គសញ្ញាអាពាហ៍ពិពាហ៍។[1210]

១៧៣.ហេតុអ្វីបានជាយើងត្រូវការអគ្គសញ្ញាទាំងអស់នេះ?

យើងត្រូវការអគ្គសញ្ញាសម្រាប់ជីវិតដ៏ខ្លីរបស់យើងនៅលើលោកិយនេះ ហើយតាមរយៈព្រះយេស៊ូណែនាំឱ្យយើងបានដូចព្រះអង្គ ឱ្យយើងក្លាយទៅជាបុត្រធីតារបស់ព្រះអង្គក្នុងសិរីភាព និងសិរីរុងរឿង។ [1129]

១៧៤.តើជឿលើព្រះយេស៊ូមិនគ្រប់គ្រាន់ទេឬ?ហេតុអ្វីព្រះជាម្ចាស់ត្រូវការប្រទានឱ្យយើងនូវអគ្គសញ្ញាទាំងអស់នេះ?

យើងត្រូវការទៅជួបព្រះជាម្ចាស់មិនត្រឹមតែប្រាជ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានវិញ្ញាណទាំងប្រាំរបស់យើងចូលរួមដែរ។ ហេតុនេះហើយបានជាព្រះជាម្ចាស់បានប្រគល់ព្រះអង្គផ្ទាល់តាមរយៈសញ្ញាដែលយើងអាចមើលឃើញ ជាពិសេសតាមសញ្ញានំ និងស្រា សូរស័ព្ទ ការលាបប្រេង និងទ្រាបដៃ។ [1084,1146-1152]

១៧៥.ហេតុអ្វីបានជាអគ្គសញ្ញាទាំងអស់ជាកម្មសិទ្ធិរបស់ព្រះសហគមន៍?ហេតុអ្វីបានជាយើងមិនអាចទទួលបានតាមចិត្តដូច្នេះ?

អគ្គសញ្ញាទាំងអស់គឺជាអំណោយរបស់ព្រះគ្រីស្តដែលបានប្រគល់ឱ្យព្រះសហគមន៍ ដូច្នេះព្រះសហគមន៍ត្រូវមានតួនាទីក្នុងការចាត់ចែង និងថែរក្សា ដើម្បីចៀសវាងការរំលោភបំពាន។ [1117-1119,1131]

១៧៦.តើអគ្គសញ្ញាអ្វីខ្លះដែលអាចទទួលបានតែមួយដងក្នុងមួយជីវិត?

មានអគ្គសញ្ញាបី ដែលអាចទទួលបានតែមួយដងក្នុងមួយជីវិតនោះគឺ៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាតែងតាំង។ អគ្គសញ្ញាទាំងអស់នេះបានដៅសញ្ញាក្នុងដួងចិត្តអ្នកដែលទទួលដែលមិនអាចលុបបាន។ អគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស គឺប្រោសឱ្យយើងក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ និងឱ្យបានដូចព្រះយេស៊ូ រីឯអគ្គសញ្ញាតែងតាំងវិញក៏ដូច្នោះដែរ គឺស្ថិតនៅ និងមិនអាចលុបបំបាត់បានឡើយ។ [1121]

១៧៧.ហេតុអ្វីត្រូវការមានជំនឿមុននឹងទទួលអគ្គសញ្ញា?

ដោយសារអគ្គសញ្ញាមិនមែនជាវេទមន្ត អគ្គសញ្ញាមានប្រសិទ្ធិភាពលុះត្រាតែអ្នកទទួលមានការយល់ដឹង ហើយទទួលដោយជំនឿ។ អគ្គសញ្ញាទាំងអស់មិនគ្រាន់តែទាមទារជំនឿប៉ុណ្ណោះទេ គឺត្រូវការសកម្មភាពដែលបង្ហាញអំពីជំនឿទៀតផង។ [1122-1126]

១៧៨.តើអគ្គសញ្ញាមានបាត់បង់ប្រសិទ្ធិភាពឬទេ ប្រសិនបើបុគ្គលម្នាក់មានភាពមិនបរិសុទ្ធប្រារព្ធអគ្គសញ្ញានេះ?          

មិនមានការបាត់បងប្រសិទ្ធិភាពទេ អគ្គសញ្ញាទាំងអស់មានប្រសិទ្ធិភាពដោយសារសកម្មភាពត្រូវបានបំពេញគ្រប់លក្ខណៈ មានន័យថាប្រសិទ្ធិភាពនៃអគ្គសញ្ញាមិនអាស្រ័យទៅលើបុគ្គលដែលប្រារព្ធនោះទេ គឺព្រះគ្រីស្តផ្ទាល់ ជាអ្នកដែលមានសកម្មភាពក្នុងពិធីបុណ្យ។ ជាការពិត អគ្គសញ្ញាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រារព្ធមានគោលបំណងប្រារព្ធស្របតាមគោលបំណងនៃព្រះសហគមន៍។ [1127-1128,1131] 

ជំពួកទី២
តើយើងត្រូវប្រារព្ធគម្រោងការណ៌ដ៏អាថ៌កំបាំង
របស់ព្រះគ្រីស្ត
ដោយរបៀបណា?

១៧៩.តើនរណាជាអ្នកប្រារព្ធពិធីបុណ្យ? 

រាល់ពិធីបុណ្យដែលបានប្រារព្ធក្នុងលោកិយនេះ គឺព្រះគ្រីស្តផ្ទាល់ដែលជាអ្នកប្រារព្ធ រួមជាមួយអស់ទេវទូត និងមនុស្សលោក ( នៅមានជីវិត ឬបាត់បង់ជីវិត ) អតីតកាល បច្ចុប្បន្ន និងអនាគត រួមទាំងមេឃនិងដី។ អស់លោកបូជាចារ្យ រួមទាំងគ្រីស្តបរិស័ទចូលរួមតាមរបៀបផ្សេងៗពីគ្នាក្នុងអង្គព្រះគ្រីស្ត។  [1136-1139]

១៨០.ហេតុអ្វីបានជាពិធីបុណ្យត្រូវបានចាត់ទុកថាជាគម្រោងការណ៍របស់ព្រះជាម្ចាស់?                                                                         ព្រះរាជកិច្ចជាចម្បងរបស់ព្រះជាម្ចាស់គឺជាកិច្ចការដែលព្រះអង្គបានធ្វើចំពោះយើង បន្ទាប់មកទើបជាកិច្ចការរបស់យើងដែលត្រូវថ្វាយទៅព្រះអង្គវិញ។ ព្រះជាម្ចាស់បានប្រគល់ព្រះអង្គផ្ទាល់ឱ្យយើងក្រោមទម្រង់នៃសញ្ញាដ៏វិសុទ្ធ ដើម្បីឱ្យយើងអាចប្រព្រឹត្តតាមគម្រូរបស់ព្រះអង្គដែលបានបូជាព្រះអង្គផ្ទាល់សម្រាប់យើងរាល់គ្នា។  [1145-1192]

១៨១.ហេតុអ្វីបានជាមានសញ្ញានិងនិមិត្តរូបជាច្រើននៅក្នុងពិធីបុណ្យ?

ព្រះជាម្ចាស់ជ្រាបថា មនុស្សយើងមិនត្រឹមតែមានវិញ្ញាណតែប៉ុណ្ណោះទេ តែថែមទាំងមានរូបកាយផងដែរ។ ដូច្នេះយើងត្រូវការសញ្ញា និងនិមិត្តរូបផ្សេងៗដើម្បីយល់ដឹង និងបង្ហាញនូវអ្វីដែលជ្រាលជ្រៅនៅខាងក្នុងវិញ្ញាណរបស់យើង។​ [1145-1152]

១៨២.ហេតុអ្វីបានជាសញ្ញាដ៏សក្ការៈទាំងអស់ក្នុងពិធីបុណ្យត្រូវការបញ្ចេញវាចា?

ការប្រារព្ធពិធីបុណ្យមានន័យថា ជាការជួបផ្ទាល់ជាមួយព្រះជាម្ចាស់ គឺអនុញ្ញាតឱ្យព្រះជាម្ចាស់មានសកម្មភាព ស្តាប់ព្រះសូរសៀង និងឆ្លើយតបទៅកាន់ព្រះអង្គវិញ។ ដូចជាការសន្ទនាដែលត្រូវការបង្ហាញចេញដោយវាចា និងកាយវិការអញ្ចឹងដែរ។ [1153-1155,1190]

១៨៣.ហេតុអ្វីក្នុងពិធីបុណ្យត្រូវការមានតន្រ្តី?ហើយប្រភេទតន្ត្រីបែបណាដែលសមរម្យទៅនឹងពិធីបុណ្យ?

ជួនកាលពាក្យសម្តីរបស់យើងមិនអាចព៌ណនានូវការកោតសរសើរព្រះជាម្ចាស់បានទាំងស្រុងនោះទេ ដូច្នេះ តន្រ្តីអាចជាជំនួយសម្រាប់យើងក្នុងការកោតសរសើរព្រះជាម្ចាស់ផងដែរ។ [1156-1158,1191]

១៨៤.តើពិធីបុណ្យប៉ះពាល់យ៉ាងដូម្តេចចំពោះពេលវេលា? 

ក្នុងពេលប្រារព្ធពិធីបុណ្យ ពេលវេលាក្លាយទៅជាវេលារបស់ព្រះជាម្ចាស់។

១៨៥.ហេតុអ្វីបានជាពិធីបុណ្យត្រូវការវិលជុំ និងប្រារព្ធជារៀងរាល់ឆ្នាំដូច្នេះ?

ដូចជាយើងប្រារព្ធពីធីខួបកំណើត ឬខួបអាពាហ៍ពិពាហ៍ជារៀងរាល់ឆ្នាំ រីឯពិធីបុណ្យវិញក៏ប្រារព្ធនូវព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្រ្តនៃការសង្គ្រោះជារៀងរាល់ឆ្នាំដូច្នោះដែរ។ ក៏ប៉ុន្តែអ្វីដែលខុសប្លែកពីគ្នានោះគឺមិនថាសម័យកាលណាក៏ដូចជាសម័យកាលណាដែរ គឺសុទ្ធតែជាពេលវេលារបស់ព្រះជាម្ចាស់។ រាល់ការនឹករឮកពីព្រឹត្តការណ៍នៃជីវិតរបស់ព្រះយេស៊ូ គឺសុទ្ធសឹងតែជាការជួបផ្ទាល់នឹងព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅក្នុងជីវិតរស់នៅរបស់យើង។ [1163-1165,1194-1195]

១៨៦.តើឆ្នាំនៃពិធីបុណ្យជាអ្វី?

ឆ្នាំនៃពិធីបុណ្យ ឬអាចហៅថាជាឆ្នាំនៃព្រះសហគមន៍ ដែលប្រារព្ធនូវគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត គឺចាប់ពីការចាប់កំណើតជាមនុស្សរហូតដល់ពេលព្រះគ្រីស្តទ្រង់យាងមកជាលើកទី២ក្នុងសិរីរុងរឿង ក្នុងរយៈពេលមួយឆ្នាំ។ ឆ្នាំនៃពិធីបុណ្យត្រូវបានចាប់ផ្តើមដោយរដូវអបអរសាទរព្រះគ្រីស្តយាងមក ( រដូវរងចាំ) សំណុចសំខាន់ទីមួយ គឺបុណ្យព្រះយេស៊ូប្រសូត រីឯចំណុចសំខាន់ទីពីរដែលសំខាន់ជាងនោះគឺបុណ្យចម្លង ដែលប្រារព្ធពីការរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូ។ រដូវបុណ្យចម្លងត្រូវបានអូសបន្លាយរហូតដល់បុណ្យព្រះវិញ្ញាណយាងមក។ ក្នុងឆ្នាំនៃពិធីបុណ្យក៏មានប្រារព្ធបុណ្យព្រះនាងម៉ារី សន្តបុគ្គលទាំងឡាយ តាមរយៈពិធីបុណ្យទាំងអស់នេះព្រះសហគមន៍កោតសរសើរព្រះជាម្ចាស់ និងណែនាំមនុស្សលោកទៅដល់ការសង្គ្រោះ។ ឆ្នាំនៃពិធីបុណ្យត្រូវបានបញ្ចប់នៅថ្ងៃអាទិត្យបុណ្យព្រះយេស៊ូជាព្រះមហាក្សត្រ។      [1168-1173,1194-1195]

១៨៧.ហេតុអ្វីបានជាថ្ងៃអាទិត្យមានសារៈសំខាន់សម្រាប់គ្រីស្តបរិស័ទ?

ព្រោះថ្ងៃអាទិត្យគឺជាចំណុចកណ្តាលនៃវេលារបស់គ្រីស្តសាសនា។ រៀងរាល់ថ្ងៃអាទិត្យយើងប្រារព្វនិងលើកតម្កើងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ត ដូច្នេះរៀងរាល់ថ្ងៃអាទិត្យគឺជាបុណ្យចម្លងសង្ខេបមួយ។  [1163-1167,1193]

១៨៨.តើពិធីបុណ្យតាមពេលកំណត់ជាអ្វី?

ពិធីបុណ្យតាមពេលកំណត់គឺជាការអធិដ្ឋានលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាសាធារណៈរបស់ព្រះសហ-គមន៍ ។ រាល់អត្ថបទគម្ពីរដែលសូត្រ ណែនាំអ្នកដែលអធិដ្ឋានចូលយ៉ាងជ្រៅទៅក្នុងអាថ៍កំបាំងនៃជីវិតរបស់ព្រះយេស៊ូគ្រីស្ត។ រៀងរាល់ពេលកំណត់នៃការអធិដ្ឋានគឺជាពេលដែលយើងទូលអង្វរព្រះត្រៃឯកប្រោសប្រទានព្រះអំណោយទានដើម្បីផ្លាស់ប្តូរអ្នកអធិដ្ឋាន និងពិភពលោកទាំងមូល។​ ពិធីបុណ្យតាមពេលកំណត់មិនគ្រាន់តែទុកសម្រាប់អស់លោកបូជាចារ្យ និងបព្វជិតតែប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់គ្រីស្តបរិស័ទមួយចំនួនដែលមានសទ្ធាជ្រះថ្លាក៏បានតាំងចិត្តអធិដ្ឋានរួមជាមួយមនុស្សជាច្រើននៅទូទាំងពិភពលោក រួមគ្នាទូលអង្វរព្រះជាម្ចាស់ផងដែរ។  [1174-1178,1196]

១៨៩.តើការប្រារព្ធពិធីបុណ្យត្រូវទាមទារទីកន្លែងជាក់លាក់ដើម្បីប្រារព្ធដែល ឬទេ? 

ដោយសារព្រះយេស៊ូគ្រីស្តបានយកឈ្នះសេចក្តីស្លាប់ ព្រះអង្គមានវត្តមាននៅគ្រប់ទីកន្លែងនៅលើពិភពលោកទាំងមូល។ ដូច្នេះការគោរពប្រណិប័តន៍ព្រះជាម្ចាស់គឺ “ដោយវិញ្ញាណ និងសេចក្តីពិត ” (យហ ៤,២៤)។ លែងមានការចងភ្ជាប់ទៅនឹងទីកន្លែងដែលត្រូវធ្វើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទៀតហើយ ដោយសារព្រះគ្រីស្តផ្ទាល់គឺជាព្រះវិហារដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់។ ទោះបីព្រះសហគមន៍កាតូលិកមានវិសាលវិហារ និងសក្ការៈដ្ឋានជាច្រើននៅជុំវិញពិភពលោកក្តី ក៏ទាំងអស់នេះចង់បង្ហាញឱ្យឃើញថា យើងទាំងអស់ជាមនុស្ស យើងត្រូវការទីកន្លែងដើម្បីជួបជុំគ្នា ហើយសក្ការៈដ្ឋានទាំងអស់នោះជួយរំលឹកគ្រីស្តបរិស័ទអំពីតថភាពនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់ដោយវិញ្ញាណ និងសេចក្តីពិតវិញ។ ព្រះវិហារនីមួយៗសុទ្ធសឹងតែជានិមិត្តរូបនៃព្រះដំណាក់របស់ព្រះបិតានៅឯស្ថានបរមសុខ ដែលយើងរាល់គ្នាកំពុងធ្វើដំណើរទៅ។

១៩០.តើព្រះវិហារមានអត្ថន័យយ៉ាងដូចម្តេច? 

ជានិមិត្តរូបនៃសហគមន៍ដែលមានទីតាំងជាក់លាក់មួយ  ហើយនេះក៏ជានិមិត្តរូបនៃព្រះដំណាក់របស់ព្រះបិតានៅស្ថានបរមសុខដែលបានរៀបចំជាស្រេចសម្រាប់យើង។ ក្នុងព្រះវិហារ យើងជួបជុំគ្នាដើម្បីអធិដ្ឋានរួមគ្នា ឬរៀងៗខ្លួន និងដើម្បីប្រារព្វអគ្គសញ្ញានានា ជាពិសេសគឺអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត។

១៩១.តើកន្លែងណាខ្លះនៅក្នុងព្រះវិហារដែលមានសារៈសំខាន់?

រួមមាន ៖ តុសក្ការៈរួមទាំងរូបព្រះយេស៊ូរងទុក្ខលំបាកលើឈើឆ្កាង ព្រះបន្លា អាសនៈសម្រាប់លោកបូជាចារ្យអង្គុយ បញ្ឈេរ(អានព្រះគម្ពីរ) អាងជ្រមុជទឹក និងកន្លែងទទួលអគ្គសញ្ញាសម្រុះសម្រួល។

១៩២.តើព្រះសហគមន៍អាចផ្លាស់ប្តូរនិងធ្វើឱ្យពិធីបុណ្យមានលក្ខណៈថ្មីបានដែលឬទេ?

នៅក្នុងពិធីបុណ្យ មានផ្នែកខ្លះដែឡយើងអាចផ្លាស់ប្តូរបាន និងមានផ្នែកខ្លះទៀតដែលយើងមិនអាចធ្វើការផ្លាស់ប្តូរបានទេ។ ផ្នែកដែលមិនអាចធ្វើការផ្លាស់ប្តូរគឺជាផ្នែកដែលមានប្រភពដ៏សក្ការៈ ឧទាហរណ៍ ៖ រាល់ពាក្យដែលព្រះយេស៊ូបានប្រើនៅក្នុងពីធីជប់លាងចុងក្រោយ មិនអាចផ្លាស់ប្តូរបានទេ។ រីឯផ្នែកដែលអាចធ្វើការផ្លាស់ប្តូរបានគឺជាអ្វីដែលព្រះសហគមន៍បានបន្ថែម ព្រោះផ្នែកនេះត្រូវធ្វើការផ្លាស់ប្តូរទៅតាមសម័យកាល ដូច្នេះគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តអាចប្រកាសប្រារព្ធ និងមានជីវិតរស់រវើកក្នុងគ្រប់កាលៈទេសៈ ហើយពីធីបុណ្យត្រូវតែស្របទៅតាមស្មារតី និងវប្បធម៍របស់ជាតិសាសន៍នីមួយៗ។

ភាគទី២៖ អគ្គសញ្ញាទាំងប្រាំពីររបស់ព្រះសហគមន៍ (១៩៣-២៧៨)

១៩៣.តើមានទំនាក់ទំនងយ៉ាងពិតប្រាកដរវាងអគ្គសញ្ញាទាំងអស់ឫទេ?

អគ្គសញ្ញាទាំងអស់គឺជាការជួបគ្នាផ្ទាល់ជាមួយព្រះគ្រីស្ត គឺព្រះគ្រីស្តនេះហើយជាប្រភពនៃអគ្គសញ្ញាទាំងឡាយ។ យើងមានអគ្គសញ្ញាខ្លះដែលបង្ហាត់ឱ្យក្លាយជាគ្រីស្តបរិស័ទពេញលេញ រួមមាន ៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត។ រីឯអគ្គសញ្ញានៃការព្យាបាល រួមមាន៖ អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ។ ចុងក្រោយគឺអគ្គសញ្ញាបម្រើគ្រីស្តបរិស័ទឱ្យរួបរួមគ្នា រួមមាន ៖ អគ្គសញ្ញាអាពាហ៍ពិពាហ៍ និងអគ្គសញ្ញាតែងតាំងអ្នកបម្រើព្រះសហគមន៍។

ជំពូកទី១
អគ្គសញ្ញាបង្ហាត់ឱ្យយើងក្លាយជាគ្រីស្តបរិស័ទពេញលេញ

១.អគ្គសញ្ញាជ្រមុជទឹក

១៩៤.តើអ្វីទៅជាអគ្គសញ្ញាជ្រមុជទឹក? 

អគ្គសញ្ញាជ្រមុជទឹកគឺជាផ្លូវដែលនាំឱ្យយើងចេញផុតពីសេចក្តីស្លាប់ ចូលទៅកាន់ជីវិត ហើយក៏ជាផ្លូវដែលណែនាំយើងឱ្យចូលរួមក្នុងព្រះសហគមន៍ផងដែរ។ អគ្គសញ្ញាជ្រមុជទឹករំដោះយើងឱ្យរួចផុតពីអំណាចនៃអំពើបាប ឱ្យយើងក្លាយជាកោសិការបស់ព្រះ គ្រីស្ត  និងឱ្យយើងបានរួបរួមជាមួយនិងព្រះជាម្ចាស់។

១៩៥.តើអគ្គសញ្ញាជ្រមុជទឹកត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

តាមទម្រង់ពីបុរាណៈ អ្នកត្រូវទទួលអគ្គសញ្ញាជ្រមុជទឹកត្រូវជ្រមុជខ្លួនទាំងស្រុងចូលទៅក្នុងទឹកបីដង។ ប៉ុន្តែសព្វថ្ងៃ គ្រាន់តែចាក់ទឹកលើក្បាលអ្នកទទូលចំនូនបីដង រួមទាំងសូត្ររូបមន្តដូចតទៅ៖ ឈ្មោះសន្តឧបការី .................ខ្ញុំសូមជ្រមុជអ្នក ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

១៩៦.តើអ្នកណាអាចទទួលអគ្គសញ្ញាជ្រមុជទឹកបាន?តើអ្នកទទូលត្រូវរៀបចំអ្វីខ្លះមុននឹងទទួលអគ្គសញ្ញា?

អ្នកដែលអាចទទួលអគ្គសញ្ញាជ្រមុជទឹកបានគឺអស់អ្នកដែលមិនទាន់បានទទួលអគ្គសញ្ញាជ្រមុជទឹក។ ចំណុចដែលសំខាន់ដែលអ្នកទទួលត្រូវមាននោះគឺ ជំនឿ គេត្រូវតែប្រកាសជំនឿនេះជាសាធារណៈនៅពេលដែលគេបានទទួលអគ្គសញ្ញាជ្រមុជទឹក។

១៩៧.ហេតុអ្វីបានជាព្រះសហគមន៍ត្រូធ្វើអគ្គសញ្ញាជ្រមុជទឹកជូនដល់ទារក?

តាំងពីសម័យបុរាណមក ព្រះសហគមន៍បានធ្វើអគ្គសញ្ញាជូនចំពោះទារកដោយសារមូលហេតុថា៖ មុនពេលដែលយើងសម្រេចដើរតាមព្រះជាម្ចាស់ គឺព្រះអង្គបានជ្រើសរើសយើងរួចស្រេចទៅហើយ។ ដូច្នេះព្រះសហគមន៍ចង់បញ្ជាក់ថា អគ្គសញ្ញាជ្រមុជគឺជាព្រះអំណោយទាន ដែលព្រះជម្ចាស់ទទួលយកយើងដោយឥតលក្ខខណ្ឌ។ ឪពុកម្តាយដែលមានជំនឿ គឺជាអ្នកដែលចង់ឱ្យអ្វីៗដែលល្អវិសេសវិសាលសម្រាប់កូនៗរបស់ខ្លួន ហេតុនេះបានឪពុកម្តាយក៏ចង់ឱ្យកូនរបស់ខ្លួនបានទទួលអគ្គសញ្ញាជ្រមុជទឹក ដើម្បីឱ្យពួកគេបានរួចផុតពីអំពើបាបដើម និងអំណាចនៃសេចក្តីស្លាប់។  ​

១៩៨.តើអ្នកណាអាចផ្តល់អគ្គសញ្ញាជ្រមុជទឹកបាន?  

ធម្មតាជាលោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក។ ក៏ប៉ុន្តែក្នុងករណីដែលមានអាសន្ន គ្រីស្តបរិស័ទគ្រប់រូបអាចមានសិទ្ធិក្នុងការធ្វើពិធីជ្រមុជទឹកបាន ដោយចាក់ទឹកបីដងលើក្បាលរបស់អ្នកទទួល និងសូត្ររូបមន្តដូចតទៅ ៖ ឈ្មោះសន្តឧបការី .................ខ្ញុំសូមជ្រមុជអ្នក ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

១៩៩.តើមានតែអគ្គសញ្ញាជ្រមុជទឹកតែប៉ុណ្ណោះដែលអាចណែនាំឱ្យមនុស្សអាចទទួលការសង្គ្រោះបាន

ចំពោះអស់អ្នកដែលបានទទួលដំណឹងល្អ និងបានស្តាប់ឮព្រះបន្ទូលរបស់ព្រះយេស៊ូថា៖ ខ្ញុំនេះហើយដែលជាផ្លូវ ជាសេចក្តីពិត និងជាសេចក្តីពិត (យហ ១៤,៦) អគ្គសញ្ញាជ្រមុជទឹកគឺជាផ្លូវតែមួយគត់ដែលណែនាំយើងទៅដល់ព្រះជាម្ចាស់ដើម្បីទទួលបានការសង្គ្រោះ។ ដោយសារព្រះតែព្រះយេស៊ូគ្រីស្តបានបូជាជីវិតលើឈើឆ្កាងសម្រាប់មនុស្សលោកទាំងអស់ ហើយមនុស្សលោកទាំងអស់ត្រូវបានអញ្ចើញមកដើម្បីទទួលការសង្គ្រោះផងដែរ ទោះបីអ្នកនោះមិនមានឱកាសរៀនដើម្បីស្គាល់ព្រះគ្រីស្តដោយជំនឿទេ ក៏ប៉ុន្តែគាត់បានស្វែងរកព្រះជាម្ចាស់និងស់នៅតាមរបៀបសុចរិត នោះគេនឹងអាចទទួលបានការសង្គ្រោះបានដែរ

២០០.តើមានអ្វីកើតឡើងនៅពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹក?

ដោយសារអគ្គសញ្ញាជ្រមុជទឹក យើងក្លាយទៅជាកោសិកាផ្ទាល់របស់អង្គព្រះគ្រីស្ត  ជាបងប្អូនរបស់ព្រះសង្គ្រោះ ជាបុត្រធីតារបស់ព្រះជាម្ចាស់។ រំដោះយើងឱ្យរួចផុតពីអំពើបាប រួចផុតពីសេចក្តីស្លាប់ ហើយឱ្យយើងបានទទូលជីវិតក្នុងអំណរសប្បាយរួមជាមួយព្រះគ្រីស្ត។

២០១.តើនេះមានអត្ថន័យយ៉ាងដូចម្តេច នៅពេលអ្នកទទួលអគ្គសញ្ញាជ្រមុជទឹកទទួលនូវឈ្មោះថ្មីមួយ?

តាមរយៈឈ្មោះថ្មីដែលយើងបានទទួលនៅពេលជ្រមុជទឹក គឺព្រះជាម្ចាស់មានព្រះបន្ទូលមកយើងថា៖ "យើងបានហៅអ្នកចំឈ្មោះ ដើម្បីឱ្យអ្នកធ្វើជាប្រជាជនរបស់យើង "( អស ៤៣,១ )។

២០២.ហេតុអ្វីបានជាគ្រីស្តបរិស័ទជ្រើសរើសយកឈ្មោះសន្តបុគ្គលនៅពេលទទួលអគ្គសញ្ញាជ្រមុជទឹកដូច្នេះ?

ដោយសារគ្មានគំរូ និងការជួយគាំទ្រណាល្អជាងសន្តបុគ្គលនោះទេ  ប្រសិនបើយើងមានសន្តបុគ្គលដែលជាឧបការីរបស់យើង គឺមានន័យថាយើងមានមិត្តភក្កិម្នាក់ដែលនៅក្បែរព្រះជាម្ចាស់ ចាំទូលអង្វរព្រះជាម្ចាស់សម្រាប់យើងផងដែរ។

២.អគ្គសញ្ញាលាបថ្ងាស

២០៣.តើអគ្គសញ្ញាលាបថ្ងាសជាអ្វី?

យើងទទួលអគ្គសញ្ញាលាបថ្ងាស ដើម្បីឱ្យព្រះអំណោយទាននៃអគ្គសញ្ញាជ្រមុជទឹកបានសម្រេចជាស្ថាពរ។ ដោយសារអគ្គសញ្ញាលាបថ្ងាស ព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរព្រះអំណោយទានមកលើយើង។ សម្រាប់អស់អ្នកដែលបានសម្រេចចិត្តរស់នៅក្នុងឋានៈជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយទូលសូមព្រះអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធតាមរយៈការទ្រាបដៃ និងការលាបប្រេង នាំឱ្យយើងទទួលបានកម្លាំងដើម្បីធ្វើជាសាក្សីនៃសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់តាមរយៈពាក្យសម្តី និងកាយវិការ។ អាស្រ័យហេតុនេះហើយ ពួកគេក្លាយទៅជាបុត្រធីតាដែលបានសន្យា និងមានកាតព្វកិច្ចយ៉ាងពេញលេញនៅក្នុងព្រះសហគមន៍កាតូលិក​។

២០៤.តើព្រះគម្ពីរបាននិយាយអ្វីខ្លះអំពីអគ្គសញ្ញាលាបថ្ងាស? 

ក្នុងសម្ព័ន្ធមេត្រីចាស់ គេរង់ចាំព្រះវិញ្ញាណយាងមកគង់សណ្ឋិតលើព្រះមេស្ស៊ី។ ព្រះយេស៊ូបានរស់នៅក្នុងព្រះវិញ្ញាណ និងបានរួបរួមជាមួយព្រះបិតានៅឯស្ថានបរមសុខ។ ព្រះវិញ្ញាណរបស់ព្រះយេស៊ូគឺជាព្រះវិញ្ញាណដែលជនជាតិអ៊ីស្រាអែលកំពុងរង់ចាំ ហើយព្រះវិញ្ញាណនេះក៏ជាព្រះវិញ្ញាណដែលព្រះយេស៊ូបានសន្យាជាមួយសាវ័ករបស់ព្រះអង្គ ហើយព្រះវិញ្ញាណនេះបានយាងមកសណ្ឋិតលើក្រុមគ្រីស្តទូតនៅថ្ងៃបុណ្យទី៥០ ក្រោយបុណ្យចម្លង។ ហើយក៏ជាព្រះវិញ្ញាណនេះដែលយាងមកគង់សណ្ឋិតលើអស់អ្នកដែលបានទទួលអគ្គសញ្ញាលាបថ្ងាស់ដូច្នោះដែរ។

២០៥.តើអ្នកទទួលអគ្គសញ្ញាលាបថ្ងាសបានទទួលផលអ្វីខ្លះ?  

នៅពេលទទួលអគ្គសញ្ញាលាបថ្ងាស អ្នកដែលបានទទូលអគ្គសញ្ញាជ្រមុជទឹកត្រូវបានវាយត្រាជាប់លើថ្ងាសអស់កល្បជានិច្ច ដូច្នេះអាចទទួលបានតែមួយដង ហើយធ្វើឱ្យគេក្លាយជាគ្រីស្តបរិស័ទជានិរន្ត៍។ អំណោយនៃព្រះវិញ្ញាណដ៏វិសុទ្ធដែលជាកម្លាំងមកធ្វើឱ្យអគ្គសញ្ញាជ្រមុជទឹកបានសម្រេច ហើយប្រោសឱ្យអ្នកទទួលក្លាយទៅជាសាក្សីរបស់ព្រះគ្រីស្តក្នុងជីវិតរស់នៅរបស់គេ។

២០៦.តើអ្នកណាអាចទទួលអគ្គសញ្ញាលាបថ្ងាសបាន?តើអ្នកទទូលត្រូវរៀបចំអ្វីខ្លះមុននឹងទទួលអគ្គសញ្ញា?

សម្រាប់គ្រីស្តបរិស័ទទាំងអស់ ( ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកហើយ ) ហើយដែលគេមិនបានជាប់ជំពាក់នូវអំពើបាបដែលបណ្តាលឱ្យស្លាប់ទេនោះ គឺសុទ្ធតែអាចទទួលអគ្គសញ្ញាលាបថ្ងាសបាន។

២០៧.តើនរណាជាអ្នកដែលផ្តល់អគ្គសញ្ញាលាបថ្ងាស់នេះបាន

ជាធម្មតាអ្នកដែលអាចផ្តល់អគ្គសញ្ញាលាបថ្ងាសបានគឺជាលោកអភិបាល ប៉ុន្តែសម្រាប់មូលហេតុចាំបាច់ លោកអភិបាលអាចផ្តល់សិទ្ធិជូនទៅដល់លោកបូជាចារ្យណាមួយដើម្បីផ្តល់អគ្គសញ្ញានេះបាន។ ក្នុងករណីដែលមានអាសន្ន គ្រប់បូជាចារ្យទាំងអស់មានសិទ្ធិក្នុងការផ្តល់អគ្គសញ្ញាលាបថ្ងាសបាន។

៣.អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត

២០៨.អគ្គសញ្ញាព្រះកាយព្រះគ្រីស្តជាអ្វី?

គឺជាអគ្គសញ្ញាដែលព្រះយេស៊ូគ្រីស្តបានបូជាព្រះកាយ និងព្រះលោហិតព្រះអង្គសម្រាប់យើង ដើម្បីយើងអាចបូជាខ្លួនយើងទៅព្រះអង្គក្នុងសេចក្តីស្រលាញ់ និងរួបរួមគ្នាជាមួយព្រះអង្គនៅពេលដែលយើងទទួលព្រះកាយព្រះគ្រីស្ត។ ដោយសារការទទួលព្រះកាយព្រះគ្រីស្ត យើងបានរួបរួមក្នុងរូបកាយតែមួយក្នុងអង្គព្រះគ្រីស្ត គឺជាព្រះសហគមន៍កាតូលិក។

២០៩.តើព្រះយេស៊ូបង្កើតអគ្គសញ្ញាព្រះកាយព្រះគ្រីស្តនៅពេលណា?

ព្រះយេស៊ូបានបង្កើតអគ្គសញ្ញានេះឡើងមុនពេលព្រះអង្គរងទុក្ខលំបាក គឺនៅពេលយប់មុនព្រះអង្គត្រូ​វគេចាប់បញ្ជូនទៅឆ្កាង ( ១ករ ១១,២៣ ) ព្រះអង្គបានជួបជុំជាមួយក្រុមសាវ័ក នៅក្នុងបន្ទប់មួយដើម្បីប្រារព្ធពិធីជប់លាង។

២១០.តើព្រះយេស៊ូបង្កើតអគ្គសញ្ញាព្រះកាយព្រះគ្រីស្តឡើងយ៉ាងដូចម្តេច?

សន្ត ប៉ូលបានរៀបរាប់ដូចតទៅ ៖ “រីឯខ្ញុំ ខ្ញុំបានជំរាបបងប្អូននូវសេចក្តីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំបុ័ងមកកាន់ ទ្រង់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំបុ័ងនោះ ទាំងមានព្រះបន្ទូលថា នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ដូចធ្វើដូច្នេះដើម្បីនឹករំឭកដល់ខ្ញុំ។ លុះជប់លាងរួចហើយ ព្រះអង្គធ្វើតាមរបៀបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា នេះជាពែងនៃសម្ពន្ធថ្មី ចងឡើងដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះដើម្បីរឭកដល់ខ្ញុំ។

២១១.តើអគ្គសញ្ញាព្រះកាយព្រះគ្រីស្តមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះព្រះសហគមន៍?

ការដែលប្រារព្វអគ្គសញ្ញាព្រះកាយព្រះគ្រីស្តគឺជាការបង្ហាញនូវឯកភាពរបស់ព្រះសហគមន៍ទាំងមួល។ ដោយសារអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ទើបព្រះសហគមន៍ពិតជាព្រះសហគមន៍យ៉ាងពិតប្រាកដ។

២១២.តើពិធីជប់លាងរបស់ព្រះយេស៊ូជាមួយយើងត្រូវបានហៅឈ្មោះដូចម្តេចខ្លះ?តើមានអត្ថន័យយ៉ាងដូចម្តេច? 

មានឈ្មោះជាច្រើនដែលត្រូវបានហៅខុសៗគ្នា ក្នុងគោលបំណងបង្ហាញឱ្យយើងយល់អំពីគម្រោងការណ៍ដ៏អស្ចារ្យនេះ ៖ ពិធីអរព្រះគុណ ពិធីជប់លាងរបស់ព្រះអម្ចាស់ ពិធីកាច់នំបុ័ង អង្គប្រជុំអរព្រះគុណ ពិធីរំឭកការរងទុក្ខលំបាកនិងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់ ពិធីបុណ្យដ៏វិសុទ្ធរបស់ព្រះអម្ចាស់ អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត និងអភិបូជាដ៏វិសុទ្ធជាដើម។

២១៣.តើផ្នែកសំខាន់របស់អភិបូជាមានអ្វីខ្លះ?

អភិបូជាបែងចែកចេញជាពីរផ្នែកសំខាន់ ៖ ទីមួយគឺពិធីលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់  និងទីពីរគឺពិធីអរព្រះគុណដ៏វិសុទ្ធ។

២១៤.តើរចនាសម្ព័ន្ធនៃអភិបូជាប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ផ្នែកទី១៖ អភិបូជាចាប់ផ្តើមដោយការជួបជុំគ្នារបស់គ្រីស្តបរិស័ទដើម្បីទទួលក្បួនដង្ហែររបស់លោកបូជាចារ្យ និងអ្នកបម្រើអាសនៈ។ ក្រោយពាក្យជម្រាបសួររបស់លោកបូជាចារ្យ គឺជាពិធីទទួលសារភាពរួមរបស់គ្រីស្តបរិស័ទ ហើយបញ្ចប់ដោយធម៌សូមព្រះអម្ចាស់អាណិតអាសូរ។ រាល់ថ្ងៃអាទិត្យ ( លើកលែងតែក្នុងរដូវអប់រំពិសេស និងរដូវរងចាំ ) និងរាល់បុណ្យរំឭក ឬបុណ្យឱឡារឹក ត្រូវសូត្រឬច្រៀងធម៌លើកតម្កើងសិរីរុងរឿង។ ពាក្យអធិដ្ឋានប្រចាំថ្ងៃជាកិច្ចចាប់ផ្តើមនៃអត្ថបទ១ឬ២នៃសម្ព័ន្ធមេត្រីចាស់ និងសម្ព័ន្ធមេត្រីថ្មី បន្ទាប់មកគឺពាក្យអបអរសាទរ អាលេលូយ៉ា មុនការប្រកាសអត្ថបទគម្ពីរដំណឹងល្អ។ ថ្ងៃអាទិត្យ និងបុណ្យឱឡារឹក ក្រោយអត្ថបទគម្ពីរដំណឹងល្អគឺមានធម្មទេសនា ជាមួយគ្នានេះដែល ក្រោយធម្មទេសនាគឺគ្រីស្តបរិស័ទរួមគ្នាប្រកាសជំនឿដោយធម៌ប្រកាសជំនឿ រួចមកគឺជាពាក្យអង្វរសកល។

ផ្នែកទី២៖  ត្រូវបានចាប់ផ្តើមដោយការរៀបចំដង្វាយ និងបញ្ចប់ដោយពាក្យអធិដ្ឋានថ្វាយដង្វាយ។ កំពូលនៃអភិបូជាគឺធម៌អរព្រះគុណដ៏វិសុទ្ធ ត្រូវបានចាប់ផ្តើមដោយធម៌.......... និងធម៌ព្រះដ៏វិសុទ្ធ។ ពេលនេះគឺជាពេលដែលនំបុ័ងនិងស្រាប្រែក្លាយទៅជាព្រះកាយនិងព្រះលោហិតរបស់ព្រះគ្រីស្ត។ ធម៌អរព្រះគុណដ៏វិសុទ្ធត្រូវបានបញ្ចប់ដោយធម៌........ហើយឈានទៅដល់ធម៌ឳព្រះបិតា។ បន្ទាប់មកគឺជាពាក្យអធិដ្ឋានសម្រាប់សេ​​ចក្តីសុខសាន្ត ធម៌ឱ!កូនចៀមរបស់ព្រះជាម្ចាស់ រួចកាច់នំបុ័ង រួចចែកព្រះកាយទៅដល់គ្រីស្តបរិស័ទ ជាធម្មតាគ្រីស្តបរិស័ទទទួលតែនំបុ័ងដែលជាព្រះកាយព្រះគ្រីស្តតែប៉ុណ្ណោះ។ អភិបូជាបញ្ចប់ដោយភាពស្ងៀមស្ងាត់ និងអរព្រះគុណ ដោយពាក្យអរព្រះគុណ ក្រោយមកជាការប្រទានពររបស់លោកបូជាចារ្យ។

២១៥.តើនរណាជាប្រធានក្នុងការប្រារព្វពិធីបុណ្យអរព្រះគុណ?

គឺព្រះគ្រីស្តផ្ទាល់ជាព្រះសិរសា ជាតួឯកនៃពិធីអរព្រះគុណ។ លោកអភិបាល ឬលោកបូជាចារ្យ គ្រាន់តែជាតំណាងរបស់ព្រះយេស៊ូតែប៉ុណ្ណោះ អស់លោកគឺជាអ្នកដែលព្រះជាម្ចាស់បានផ្តល់សិទ្ធិតាមរយៈអគ្គសញ្ញាតែងតាំងអ្នកបម្រើ។

២១៦.តើព្រះយេស៊ូមានវត្តមានក្នុងពេលប្រារព្ធពិធីបុណ្យអរព្រះគុណដោយរបៀបណា?

វត្តមានរបស់ព្រះយេស៊ូពិតជាគង់នៅក្នុងពិធីបុណ្យអរព្រះគុណតាមគម្រោងការណ៍ក៏លាក់កំបាំង។ រៀងរាល់ពេលដែលព្រះសហគមន៍ធ្វើតាមព្រះបញ្ជារបស់ព្រះអង្គ “ សូមអ្នករាល់គ្នាធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ ” ដោយកាច់នំបុ័ង លើកពែងស្រាឡើង គឺព្រះសហគមន៍បានធ្វើនូវកាយវិការដែលព្រះអម្ចាស់បានធ្វើកាលពីមុនដែរ។ ព្រះយេស៊ូបានបូជាព្រះអង្គផ្ទាល់សម្រាប់យើង ដូច្នេះយើងក៏ពិតជាបានចូលរួមក្នុងការថ្វាយយញ្ញបូជារបស់ព្រះគ្រីស្តម្តងរួចជាស្រេចនៅលើឈើឆ្កាង បច្ចុប្បន្នត្រូវបានថ្វាយនៅលើតុសក្ការៈ គឺជាកិច្ចការដែលព្រះអង្គធ្វើដើម្បីសង្គ្រោះយើង។

២១៧.តើមានអ្វីកើតឡើងចំពោះព្រះសហគមន៍​ខណៈពេលដែលពិធីអរព្រះគុណត្រូវបានប្រារព្ធ?

រៀងរាល់ពេលដែលព្រះសហគមន៍ប្រារព្ធពិធីអរព្រះគុណ គឺព្រះសហគមន៍បានត្រឡប់ទៅកាន់ប្រភពដើមរបស់ខ្លួន និងបន្តផ្លាស់ប្តូរជារៀងរាល់ថ្ងៃឥតឈប់ឈរ។ ដោយសារការទទួលព្រះកាយព្រះគ្រីស្ត ព្រះសហគមន៍ក្លាយទៅជារូបកាយរបស់ព្រះគ្រីស្ត។ នៅក្នុងការបូជាព្រះជន្មរបស់ព្រះគ្រីស្ត ដែលព្រះអង្គបានបូជាព្រះជន្មព្រះអង្គសម្រាប់យើង ទាំងរូបកាយទាំងវិញ្ញាណ គឺទាំងអស់នេះហើយសុទ្ធសឹងតែមានចំណែកសម្រាប់ជីវិតរបស់យើង រាល់សកម្មភាពរបស់យើង ទាំងអំណរសប្បាយ ទុក្ខលំបាក គឺសុទ្ធតែអាចរួបរួមជាមួយព្រះគ្រីស្តបាន។ ប្រសិនបើយើងថ្វាយអ្វីៗទាំងអស់ទៅកាន់ព្រះជាម្ចាស់តាមរបៀបនេះ នោះយើងនឹងអាចផ្លាស់ប្តូរឱ្យគាប់ព្រះហឬទ័យព្រះជាម្ចាស់ និងក្លាយទៅជាអាហារដែលជួយចិញ្ចឹមអស់បងប្អូនបាន។ [1368-1372,1414]

២១៨.តើយើងគួរធ្វើយ៉ាងដូចម្តេចដើម្បីឱ្យការគោរពព្រះវត្តមានព្រះគ្រីស្តដែលគង់ក្នុងរូបសញ្ញានំបុ័ង និងស្រាឱ្យបានសមរម្យ?

ដោយសារព្រះជាម្ចាស់ពិតជាមានវត្តមានគង់ក្នុងរូបសញ្ញានំបុ័ង និងស្រា ដែលបានប្រសិទ្ធព្រះពររួច ដូច្នេះយើងត្រូវរក្សាឥរិយាបទគោរព និងលើកតម្កើងព្រះជាម្ចាស់ដែលជាព្រះសង្គ្រោះរបស់យើងក្រោមអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ។  [1378-1381,1418]

២១៩.តើគ្រីស្តបរិស័ទចាំបាច់ត្រូវចូលរួមអភិបូជាចំនួនប៉ុន្មានដង?

ព្រះសហគមន៍តម្រូវឱ្យគ្រីស្តបរិស័ទចូលរួមអភិបូជារៀងរាល់ថ្ងៃអាទិត្យ និងរាល់ពេលដែលមានពិធីបុណ្យឱឡារឹក។ សម្រាប់អស់អ្នកណាដែលពិតជាស្វែងរកព្រះជាម្ចាស់ និងចង់បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធិនឹងព្រះយេស៊ូ គឹត្រូវបានឆ្លើយតបចំពោះការអញ្ចើញរបស់ព្រះអង្គក្នុងពិធីជប់លាងដោយចូលរួមអភិបូជាឱ្យបានច្រើនកាន់តែប្រសើរ។ [1389-1417]

២២០.តើខ្ញុំត្រូវរៀបចំយ៉ាងដូចម្តេច ដើម្បីអាចទទួលព្រះកាយព្រះគ្រីស្តបានយ៉ាងសមរម្យ

អស់អ្នកដែលចង់ទទួលព្រះកាយ ត្រូវតែជាគ្រីស្តបរិស័ទកាតូលិក ហើយប្រសិនបើដឹងថាខ្លួនកំពុងមានអំពើបានធ្ងន់ គួរតែទៅទទួលអគ្គសញ្ញាសម្រុះសម្រួលជាមុនសិន។ មុនពេលទៅដល់អាសនៈដើម្បីទទួលព្រះកាយ យើងគួរតែសម្រុះសម្រួលគ្នាជាមួយអ្នកជិតខាងរបស់យើងជាមុនសិន។ [1389-1417]

២២១.តើព្រះកាយព្រះគ្រីស្តផ្លាស់ប្តូរខ្ញុំយ៉ាងដូចម្តេច

រៀងរាល់ពេលដែលយើងទទួលព្រះកាយព្រះគ្រីស្ត គឺធ្វើឱ្យយើងបានរួបរួមយ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត ធ្វើឱ្យយើងក្លាយទៅជាសរីរាង្គយ៉ាងរស់រវើករបស់ព្រះកាយព្រះគ្រីស្ត ធ្វើឱ្យព្រះអំណោយទានដែលយើងបានទទួលនៅពេលជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស់បានផ្លាស់ប្តូរជាថ្មី និងធ្វើឱ្យយើងមានកម្លាំងដើម្បីប្រឆាំងនឹងអំពើបាបទាំងឡាយ​។ [1391-1397,1416]

២២២.តើយើងអាចជូនព្រះកាយទៅដល់អស់អ្នកដែលមិនមែនជាគ្រីស្តបរិស័ទបានដែលឬទេ

ការទទួលព្រះកាយព្រះគ្រីស្ត គឺជាការបង្ហាញនៃការរួបរួមរវាងខ្លួនយើងនឹងព្រះជាម្ចាស់។ ដើម្បីក្លាយទៅជាផ្នែកមួយនៃព្រះសហគមន៍កាតូលិក យើងត្រូវតែទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងព្រះសហគមន៍កាតូលិក  ចែករំលែកជំនឿ មានជីវិតរស់នៅស្របទៅនឹងការបង្រៀនរបស់ព្រះសហគមន៍។ ដូច្នេះហើយបានជាយើងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ដែលមិនមែនជាគ្រីស្តបរិស័ទកាតូលិក ដែលមិនមានជំនឿ ហើយមិនមានជីវិតរស់នៅរួមជាមួយព្រះសហគមន៍ឱ្យទទួលព្រះកាយព្រះគ្រីស្តនោះទេ។ សេចក្តីនេះអាចធ្វើឱ្យអគ្គសញ្ញាព្រះកាយព្រះគ្រីស្តបាត់បង់តម្លៃនិងលែងជឿជាក់បាន។ [1398-1401]

២២៣.តើការទទួលព្រះកាយព្រះគ្រីស្តណែនាំឱ្យយើងទទួលជីវិតអស់កល្បជានិច្ចបានយ៉ាងដូចម្តេច?

ព្រះយេស៊ូបានសន្យាជាមួយក្រុមសាវ័ក និងជាមួយយើងថា ថ្ងៃណាមួយយើងនឹងបានរួមតុក្នុងពិធីជប់លាងរួមជាមួយព្រះអង្គ។ ​ អភិបូជានីមួយៗ សុទ្ធតែរំឭកអំពីការរងទុក្ខលំបាកយ៉ាងពិសិដ្ឋរបស់ព្រះយេស៊ូ ដូច្នេះដួងចិត្តយើងបានពោរពេញទៅដោយព្រះអំណោយទាន នឹងជាភស្តុតាងអំពីជីវិតអស់កល្បជានិច្ចរបស់យើងរួមជាមួយព្រះអង្គ។ [1402-1405]

ជំពូកទី២
អគ្គសញ្ញានៃការព្យាបាល

៤.អគ្គសញ្ញាលើកលែងទោស និងសម្រុះសម្រួល

២២៤. ហេតុអ្វីបានជាព្រះយេស៊ូប្រោសប្រទានឱ្យយើងនូវអគ្គសញ្ញាសម្រុះសម្រួល និងអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ?
ព្រះយេស៊ូបង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គតាមរយៈការស្វែងរកអស់អ្នកដែលបាត់បង់ និងព្យាបាលអស់អ្នកដែលមានជម្ងឺ។ នេះជាមូលហេតុដែលព្រះអង្គប្រទានឱ្យយើងនូវអគ្គសញ្ញាលើកលែងទោស និងអគ្គសញ្ញាសម្រុះសម្រួល ដើម្បីរំដោះយើងឱ្យរួចផុតពីអំពើបាប រីឯអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺវិញ គឺដើម្បីឱ្យយើងមានកម្លាំងទាំងរូបកាយ និងវិញ្ញាណ។ [1420-1421]

២២៥.តើគេអាចហៅអគ្គសញ្ញាសលើកលែងទោស និងសម្រុះសម្រួលនេះបានយ៉ាងដូចម្តេចខ្លះ ?

គេអាចហៅអគ្គសញ្ញានេះថាជាអគ្គសញ្ញានៃការកែប្រែចិត្តគំនិត អគ្គសញ្ញានៃការសោកស្តាយ និងអគ្គសញ្ញានៃការសារភាព។ល។ [1422-1424,1486]

២២៦.តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះជាម្ចាស់បានលាងសម្អាតយើងឱ្យបានវិសុទ្ធហើយ។ តើហេតុអ្វីបានជាយើងត្រូវការអគ្គសញ្ញាសម្រុះសម្រួលទៀត ?

អគ្គសញ្ញាជ្រមុជទឹកធ្វើឱ្យយើងចេញផុតពីអំណាចនៃអំពើបាប និងសេចក្តីស្លាប់ ហើយនាំយើងឆ្ពោះទៅកាន់ជីវិតថ្មីជាបុត្រធីតារបស់ព្រះជាម្ចាស់​។ ប៉ុន្តែអគ្គសញ្ញាជ្រមុជទឹកមិនរំដោះយើងឱ្យចេញផុតពីភាពទន់ខ្សោយរបស់មនុស្សដែលរមែងធ្លាក់ទៅក្នុងអំពើបាបនោះទេ ដូច្នេះយើងត្រូវការសម្រុះសម្រួលជាមួយព្រះជាម្ចាស់ជាញឹកញាប់ នេះហើយបានជាយើងត្រូវការអគ្គសញ្ញាសម្រុះសម្រួល។ [1425-1426]

២២៧.តើនរណាជាអ្នកបង្កើតអគ្គសញ្ញាសម្រុះសម្រួល?

ព្រះយេស៊ូផ្ទាល់ជាអ្នកដែលបានបង្កើតអគ្គសញ្ញាសម្រុះសម្រួលនេះឡើង នៅពេលដែលព្រះអង្គបានបង្ហាញព្រះអង្គឱ្យក្រុមសាវ័កឃើញនៅល្ងាចថ្ងៃបុណ្យចម្លង​ ហើយមានព្រះបន្ទូលថា ៖ ចូរទទួលព្រះវិញ្ញាណ! បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឱ្យរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន។  ( យហ ២០,២២ ) [1439-1485]

២២៨.តើនរណាមានសិទ្ធិក្នុងការលើកលែងទោស?

មានតែព្រះជាម្ចាស់តែមួយព្រះអង្គដែលមានសិទ្ធិក្នុងការលើកលែងទោសបាន  មានតែព្រះយេស៊ូទេដែលអាចមានព្រះបន្ទូលថា ៖ កូនអើយ ! ខ្ញុំអត់ទោសឱ្យកូនរួចពីបាបហើយ  ( មក ២,៥ ) ដោយសារព្រះអង្គជាព្រះបុត្រាព្រះជាម្ចាស់។ រីឯអស់លោកបូជាចារ្យវិញ អាចលើកលែងទោសបានដោយសារព្រះយេស៊ូបានប្រគល់អំណាចនោះជូនអស់លោក ដើម្បីឱ្យអស់លោកលើកលែងទោសក្នុងព្រះនាមព្រះជាម្ចាស់។ [1441-1442]

២២៩.តើកត្តាអ្វីដែលណែនាំឱ្យមនុស្សកែប្រែចិត្តគំនិត?​ 

នៅពេលដែលមនុស្សទទួលស្គាល់នូវអំពើបាបរបស់ខ្លួន ណែនាំឱ្យគេសោកស្តាយ និងចង់កែខ្លួនឱ្យល្អប្រសើរជាង ទាំងនេះហើយដែលយើងហៅថា ការកែប្រែចិត្តគំនិត។ ការកែប្រែចិត្តគំនិតរបស់យើងដំណើរការទៅបាន លុះត្រាតែយើងទទួលស្គាល់នូវសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ និងទទួលស្គាល់នូវអំពើបាបរបស់យើង ដែលទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងឈឺចិត្តដោយសារយើងបានប្រព្រឹត្តអំពើបាប ហើយយើងប្តេជ្ញាផ្លាស់ប្តូរជីវិត និងទុកចិត្តទាំងស្រុងទៅលើព្រះជាម្ចាស់។ [1430-1433,1490]

២៣០.​តើកិច្ចការដែលបង្ហាញពីការសោកស្តាយបាបគឺអ្វី?

កិច្ចការដែលបង្ហាញពីការសោកស្តាយបាប គឺជាសំណងដែលយើងត្រូវសងចំពោះទោសកំហុសរបស់យើង។ កិច្ចការនេះមិនមែនមានត្រឹមតែក្នុងគំនិតឬធ្វើខាងក្នុងចិត្តយើងតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាសកម្មភាពដែលបង្ហាញចេញតាមរយៈកិច្ចការមេត្តាករុណាចំពោះអ្នកដទៃ។ កិច្ចការនេះក៏អាចជាការអធិដ្ឋាន តមអាហារ ជួយអ្នកក្រីក្រទាំងផ្លូវកាយ និងផ្លូវវិញ្ញាណផងដែរ។ [1434-1439]

២៣១.តើចំណុច២សំខាន់ដែលធ្វើឱ្យគ្រីស្តបរិស័ទម្នាក់ទទួលបាននូវការលើកលែងទោសនោះគឺអ្វី?

ទីមួយគឺគ្រីស្តបរិស័ទត្រូវកែប្រែចិត្តគំនិត ហើយទី២គឺលោកបូជាចារ្យលើកលែងទោសក្នុងព្រះនាមព្រះយេស៊ូ។ [1448]

២៣២.តើខ្ញុំត្រូវធ្វើអ្វីខ្លះមុននឹងទទួលអគ្គសញ្ញាសម្រុះសម្រួល?

រៀងរាល់ពេលទទួលអគ្គសញ្ញាសម្រុះសម្រួល យើងត្រូវ ៖ រិះគិតនូវរាល់ទង្វើរបស់ខ្លួន កែប្រែចិត្តគំនិត ប្តេជ្ញាចិត្ត សារភាពប្រាប់លោកបូជាចា្យ និងធ្វើកិច្ចការដែលបង្ហាញពីការសោកស្តាយនូវទោសកំហុសរបស់ខ្លួន។ [1450-1460;1490-1492;1494]

២៣៣.តើត្រូវសារភាពប្រាប់លោកបូជាចារ្យនូ​វអំពើបាបអ្វីខ្លះ?

ត្រូវសារភាពនូវរាល់អំពើបាបធ្ងន់ដែលយើងចងចាំក្រោយពេលដែលបានស្មឹងសា្មធនិងរិះគិត នៅពេលដែលយើងជម្រាបចេញនោះ នឹងបានទទួលការលើកលែងទោស។ [1457]

២៣៤.តើពេលណាខ្លះដែលគ្រីស្តបរិស័ទត្រូវសារភាពបាបធ្ងន់?

នៅពេលគ្រប់អាយុដឹងក្តី គ្រីស្តបរិស័ទត្រូវសារភាពបាបធ្ងន់ដែលខ្លួនបានប្រព្រឹត្ត។ ព្រះសហគមន៍ដាស់តឿនឱ្យគ្រីស្តបរិស័ទត្រូវសារភាពបាបធ្ងន់របស់ខ្លួនយ៉ាងតិចម្តងក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលដឹងថាខ្លួនបានប្រព្រឹត្តអំពើបាបធ្ងន់ គឺត្រូវទៅទទួលអគ្គសញ្ញាសម្រុះសម្រួល មុននឹងទទួលព្រះកាយព្រះគ្រីស្ត។ [1457]

២៣៥.តើយើងអាចទទួលអគ្គសញ្ញាសម្រុះសម្រួលបានដែលឬទេ?  

ខណៈពេលដែលយើងមិនបានប្រព្រឹត្តអំពើបាបធ្ងន់។ ប្រសិនបើមិនបានប្រព្រឹត្តអំពើបាបធ្ងន់ទេ មិនទាមទារឱ្យទទួលអគ្គសញ្ញាសម្រុះសម្រួលនោះទេ។ ក៏ប៉ុន្តែអគ្គសញ្ញាសម្រុះសម្រួលគឺជាព្រះអំណោយទានយ៉ាងពិសេសដើម្បីទទួលបានការព្យាបាល ហើយម្យ៉ាងវិញទៀតជួយឱ្យយើងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់​។ [1458]

២៣៦.ហេតុអ្វីបានជាមានតែលោកបូជាចារ្យប៉ុណ្ណោះដែលអាចលើកលែងទោសបាន?

គ្មាននរណាម្នាក់មានសិទ្ធិក្នុងការលើកលែងទោសបានទេ លុះត្រាតែព្រះជាម្ចាស់ប្រទានអំណាចឱ្យ និងកម្លាំងដើម្បីលើកលែងទោសឱ្យអ្នកដទៃក្នុងព្រះនាមព្រះជាម្ចាស់នោះ។ លោកអភិបាលមានសិទ្ធិអាទិភាពក្នុងការលើកលែងទោស រីឯអស់លោកបូជាចារ្យវិញគឺគ្រាន់តែជាសហការីរបស់លោកអភិបាលក្នុងកិច្ចការលើកលែងទោសនេះតែប៉ុណ្ណោះ។ [1461-1466;1495]

២៣៧.តើមានអំពើបាបធ្ងន់ដែលលោកបូជាចារ្យមិនអាចធ្វើការលើកលែងទោសដែលឬទេ?

អំពើបាបដែលមនុស្សខ្លួនឯងសម្រេចចិត្តបដិសេធព្រះជាម្ចាស់ ឬជាអំពើបាបដែលធ្ងន់ជាងគេក្នុងព្រះសហគមន៍ ឬជាអំពើបានធ្ងន់ធ្ងរដែលត្រូវបានបណ្តេញចេញពីព្រះសហគមន៍។ ក្នុងករណីនេះមានតែលោកអភិបាលភូមិភាគដែលមានសិទ្ធិក្នុងការលើកលែងទោស ហើយមានតែសម្តេចប៉ាបប៉ុណ្ណោះដែលអាចលើកលែងទោសចំពោះអំពើបាបដែលត្រូវបានបណ្តេញចេញពីព្រះសហគមន៍។ ក៏ប៉ុន្តែក្នុងករណីអាសន្នដែលឈានដល់ការបាត់បង់ជីវិត ( ដើម្បីជួយសង្គ្រោះវិញ្ញាណ ) បូជាចារ្យគ្រប់រូបអាចមានសិទ្ធិក្នុងការលើកលែងទោសឱ្យបាន សូម្បីតែទោសបណ្តញចេញពីព្រះសហគមន៍ក៏អាចលើកលែងទោសបានដែរ។ [1463]

២៣៨.តើលោកបូជាចារ្យមានសិទ្ធិនិយាយចេញនៅអ្វីដែលខ្លួនបានស្តាប់ឭ នៅពេលផ្តល់អគ្គសញ្ញាសម្រុះសម្រួលបានដែលឬទេ?

លោកបូជាចារ្យមិនមានសិទ្ធិក្នុងការនិយាយចេញបានទេ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ បូជាចារ្យត្រូវហាមឃាត់ជាដាច់ខាត និងត្រូវរក្សាការសម្ងាត់អំពីអំពើបាបដែលអ្នកបាបបានសារភាព។ បើពុំដូច្នេះទេត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ ទោះបីមានការសួរនាំពីសមត្ថកិច្ច នរគបាលក៏ដោយ ក៏លោកបូជាចារ្យមិនមានសិទ្ធិក្នុងការនិយាយឬធ្វើសញ្ញាអ្វីឡើយ។ [1467]

២៣៩.តើផលខាងវិញ្ញាណនៃអគ្គសញ្ញាស​ម្រុះសម្រួលមានអ្វីខ្លះ

អគ្គសញ្ញាសម្រុះសម្រួលធ្វើឱ្យអ្នកបាបជានានឹងព្រះជាម្ចាស់ និងព្រះសហគមន៍ ហើយត្រូវបានទទួលឱ្យត្រលប់មកជាបុត្រធីតាដ៏ជាទីស្រលាញ់របស់ព្រះជាម្ចាស់វិញ។ [1468-1470,1496]

៥.អគ្គសញ្ញាលាបប្រេងឱ្យអ្នកជម្ងឺ

២៤០.តើនៅក្នុងសម្ពន្ធមេត្រីចាស់ ជម្ងឺ ត្រូវបានគេយល់ឃើញយ៉ាងដូម្តេច?

នៅក្នុងសម្ពន្ធមេត្រីចាស់ ជម្ងឺត្រូវបានគេយល់ឃើញថាជាការល្បងលដ៏ធំរបស់ព្រះជាម្ចាស់ចំពោះគេ។ ក៏ប៉ុន្តែតាមរយៈជម្ងឺណែនាំឱ្យគេរកឃើញព្រះហឬទ័យរបស់ព្រះជាម្ចាស់។ អស់លោកព្យាការីបានយល់ឃើញថា ជម្ងឺមិនមែនជាការទទួលបណ្តាសារ ឬជាប់ចំណងនៃអំពើបាបរបស់បុគ្គលនោះទេ។ ដូច្នេះហើយប្រសិនបើយើងទទួលនូវការឈឺចាប់របស់ខ្លួនដោយចិត្តអត់ធ្មត់ នោះយើងអាចជួយអ្នកដទៃឱ្យទទួលការឈឺចាប់ដោយអត់ធ្មត់ដូចយើងដែរ។ [1502]

២៤១.ហេតុអ្វីបានជាព្រះយេស៊ូយកព្រះទ័យទុកដាក់នឹងអ្នកជម្ងឺដូច្នេះ?

ព្រះយេស៊ូបានយាងមកដើម្បីបង្ហាញព្រះហឬទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។ ព្រះអង្គមានវត្តមាននៅពេលដែលយើងជួបទុក្ខលំបាក នៅពេលយើងមានជម្ងឺឈឺស្កាត់ ព្រះអង្គយាងមកព្យាបាលរូបកាយ និងប្រលឹងរបស់យើងទាំងស្រុង។ ព្រះអង្គអញ្ចើញយើងឱ្យទុកចិត្ត ហើយពឹងផ្អែកលើព្រះអង្គទាំងស្រុង និងឱ្យយើងទទួលស្គាល់ថាព្រះរាជ្យព្រះជាម្ចាស់មកជិតបង្កើយហើយ។ [1503-1505]

២៤២.ហេតុអ្វីបានជាព្រះសហគមន៍ត្រូវយកចិត្តទុកដាក់ថែរក្សាអ្នកជម្ងឺជាពិសេស?

ព្រះយេស៊ូមានព្រះបន្ទូលថា ៖ ព្រះរាជ្យព្រះជាម្ចាស់រួមទុក្ខលំបាកជាមួយយើងពេលយើងរងទុក្ខលំបាកនៅនាលោកកិយនេះ។ ព្រះជាម្ចាស់ចង់ឱ្យយើងទទួលព្រះអង្គក្នុងចំណោមបងប្អូនដែលតូចតាចបំផុត( មថ ២៥,៤០ )។ នេះជាហេតុផលដែលព្រះអង្គចង់ឱ្យយើងយកចិត្តទុកដាក់ថែរក្សាអ្នកជម្ងឺ អ្នកក្រីក្រ ព្រោះទាំងអស់នេះជាតួនាទីរបស់សាវ័កព្រះយេស៊ូ។ ព្រះយេស៊ូបានផ្តាំថា៖ "ចូរមើលអ្នកជម្ងឺឱ្យបានជា " (មថ ១០,៨) រួចព្រះអង្គក៏បានប្រគល់អំណាចឱ្យទៅក្រុមសាវ័ក ៖ "អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងអស់នេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ " ​( មក ១៦,១៧ )។​

២៤៣.តើនរណាអាចទទួលអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺបាន?

គ្រីស្តបរិស័ទគ្រប់រូបដែលចាប់ផ្តើមវ័យចំណាស់ ឬចាស់ជរា ឬមានជម្ងឺធ្ងន់ គួរទទួលអគ្គសញ្ញានេះបាន។ [1514-1515,1528-1529]

២៤៤.តើអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺត្រូវបានផ្តល់យ៉ាងដូចម្តេច?

ពីធីសំខាន់នៃអគ្គសញ្ញានេះ គឺការលាបប្រេងលើថ្ងាស និងដៃរបស់អ្នកជម្ងឺ ខណៈពេលនោះលោកបូជាចារ្យត្រូវអង្វរព្រះជាម្ចាស់ដើម្បីផ្តល់ព្រះអំណោយទានពិសេសនៃអគ្គសញ្ញានេះ។ [1517-1519,1531]

២៤៥.តើព្រះអំណោយទានពិសេសនៃអគ្គសញ្ញាលាបប្រេងអ្នកជម្ងឺផ្តល់ផលអ្វីខ្លះ?

អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ ណែនាំឱ្យគេទទួលបានការលួងលោមចិត្ត សេចក្តីសុខសាន្ត សេចក្តីក្លាហាន ដើម្បីស៊ូទ្រាំរួមជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក ។ សម្រាប់អ្នកជម្ងឺមួយចំនួន អគ្គសញ្ញានេះណែនាំឱ្យគេធូរស្បើយពីជម្ងឺ ប៉ុន្តែប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅគេឱ្យទៅឯព្រះអង្គ អគ្គសញ្ញានេះផ្តល់ឱ្យគេកម្លាំងដើម្បីជំនៈនូវការល្បួងចុងក្រោយ ជាពិសេសអ្នកជម្ងឺទទួលបានការលើកលែងទោសឱ្យរួចពីបាបផងដែរ។ [1520-1523,1532]

២៤៦.តើនរណាជាអ្នកមានសិទ្ធិក្នុងការផ្តល់អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺនេះបាន?

មានតែអស់លោកអភិបាល អស់លោកបូជាចារ្យ ដែលមានសិទ្ធិក្នុងការផ្តល់អគ្គសញ្ញានេះបាន។ ព្រោះព្រះគ្រីស្តបានប្រគល់អំណាចទៅដល់អស់លោកតាមរយៈអគ្គសញ្ញាតែងតាំង។ [1516-1530]

២៤៧.តើព្រះកាយស្បៀងមានអត្ថន័យយ៉ាងដូចម្តេច ?

នៅពេលដែលអ្នកជម្ងឺបានទទួលព្រះកាយព្រះគ្រីស្តជាលើកចុងក្រោយមុនពេលលាចាកលោក។ គ្រីស្តបរិស័ទមានទម្លាប់ហៅថាការទទួលព្រះកាយស្បៀង ដើម្បីរៀបចំខ្លួនធ្វើដំណើរទៅកាន់មាតុភូមិ គឺវិលត្រលប់ទៅរកព្រះជាម្ចាស់វិញ។ [1524-1525]

ជំពូកទី៣
អគ្គសញ្ញាបម្រើគ្រីស្តបរិស័ទឱ្យរួបរួមគ្នា

២៤៨.តើអគ្គសញ្ញាបម្រើគ្រីស្តបរិស័ទឱ្យរួបរួមគ្នាគឺអ្វី?

អស់អ្នកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញលាបថ្ងាស អាចមានសិទ្ធិទទួលអគ្គសញ្ញាណាមួយក្នុងចំណោមអគ្គសញ្ញាទាំងពីរនេះបាន គឺអគ្គសញ្ញាតែងតាំង និងអគ្គសញ្ញអាពាហ៍ពិពាហ៍ ដើម្បីបំពេញមុខងារដែលព្រះសហគមន៍ចាត់តាំងឱ្យ។ [1533-1535]

៦.អគ្គសញ្ញាតែងតាំងអ្នកបម្រើ

២៤៩.តើអគ្គសញ្ញាតែងតាំងត្រូ​វបានបែងចែកចេញជាប៉ុន្មានថ្នាក់?

អគ្គសញ្ញានេះមានបីថ្នាក់ គឺថ្នាក់ជាអភិបាល ថ្នាក់ជាបូជាចារ្យ និងថ្នាក់ជាឧបដ្ឋាក។ [1554,1593]

២៥០.តើការតែងតាំងលោកអភិបាលមានអត្ថន័យយ៉ាងដូចម្តេច?

ការតែងតាំងលោកអភិបាល គឺជាការផ្តល់អគ្គសញ្ញាតែងតាំងពេញបរិបូរណ៍ទៅដល់លោកបូជាចារ្យ ឱ្យលោកមានមុខងារជាលោកអភិបាល។ លោកអភិបាលគឺជាអ្នកបន្តវេនពីក្រុមគ្រីស្តទូត និងចូលរួមក្នុងក្រុមលោកអភិបាល ដោយរួមជាមួយក្រុមលោកអភិបាល និងសម្តេចប៉ាប ណែនាំឱ្យលោកមានកាតព្វកិច្ចចំពោះព្រះសហគមន៍ទាំងមូល ជាពិសេសក្នុងភូមិភាគរបស់លោក។ ព្រះសហគមន៍ប្រគល់ឱ្យលោកមានសិទ្ធិក្នុងការអប់រំ ណែនាំ និងគ្រប់គ្រងព្រះសហគមន៍។ [1555-1559]

២៥១.តើលោកអភិបាលមានលក្ខណៈសំខាន់យ៉ាងដូចម្តេចចំពោះគ្រីស្តបរិស័ទកាតូលិក?

គ្រីស្តបរិស័ទកាតូលិកត្រូវស្តាប់បង្គាប់លោកអភិបាលរបស់ខ្លួន ដោយសាលោកជារូបតំណាងរបស់ព្រះគ្រីស្ត។ អស់លោកបំពេញមុខងារបម្រើ​រួមជាមួយអស់លោកបូជាចារ្យ និងអស់លោកឧបដ្ឋាក ដែលជាសហការីរបស់លោក។ ទាំងអស់នេះហើយគឺជាគ្រឹះរបស់ព្រះសហគមន៍ក្នុងតំបន់ ( ភូមិភាគ )។  [1560-1561]

២៥២.តើអគ្គសញ្ញាតែងតាំងផ្តល់ផលអ្វីខ្លះ?

អគ្គសញ្ញាតែងតាំងផ្តល់ព្រះអំណោយទានរបស់ព្រះវិញ្ញាណទៅលើអ្នកទទួល មានន័យថាព្រះគ្រីស្តប្រគល់អំណាចពិសិដ្ឋតាមរយៈការទ្រាបដៃរបស់លោកអភិបាល។ [1538]

២៥៣.តើព្រះសហគមន៍យល់យ៉ាងណាចំពោះអគ្គសញ្ញាតែងតាំង?

ក្រុមបូជាចារ្យក្នុងសម្ពន្ធមេត្រីចាស់មានមុខងារជាស្ពានរវាងស្ថានបរមសុខ និងផែនដី រវាងព្រះជាម្ចាស់ និងមនុស្ស។ ដូចព្រះយេស៊ូគ្រីស្ត ព្រះអង្គជាស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់​ និងមនុស្សលោក ( ១ធម ២,៥ )  ព្រះអង្គបានបំពេញចប់សព្វគ្រប់នូវមុខងារជាបូជាចារ្យនេះ។ ក្រៅពីព្រះអង្គ មានតែអស់លោកបូជាចារ្យដែលបានទទួលអគ្គសញ្ញាតែងតាំងក្នុងអង្គព្រះគ្រីស្ត ដែលរួមក្នុងសក្ការៈបូជារបស់ព្រះគ្រីស្តនៅលើឈើឆ្កាង និងតាម      រយៈការត្រាស់ហៅរបស់ព្រះគ្រីស្តក្នុងមុខងារជាសាវ័កព្រះអង្គ។ [1539-1553,1592]

២៥៤.តើការតែងតាំងបូជាចារ្យផ្តល់ផលអ្វី?

នៅពេលប្រគល់អគ្គសញ្ញាតែងតាំងឱ្យបូជាចារ្យ លោកអភិបាលទូលអង្វរសូមកម្លាំងដែលមកពីព្រះជាម្ចាស់មកចាក់បង្ហូរលើអ្នកទទួល។ កម្លាំងនេះដិតជាប់នៅក្នុងវិញ្ញាណ ប្រៀបបីដូចជាត្រាដែលដិតជាប់ជានិរន្ត។ បូជាចារ្យគឺជាសហការីរបស់លោកអភិបាល ជាអ្នកដែលប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាអ្នកប្រារព្ធអគ្គសញ្ញាផ្សេងៗ ជាពិសេសគឺថ្វាយអភិបូជា។ [1562-1568]

២៥៥.តើការតែងតាំងឧបដ្ឋាកផ្តល់ផលអ្វី?             

អ្នកដែលទទួលមុខងារជាឧបដ្ឋាក ត្រូវបានប្រគល់មុខងារមួយក្នុងចំណោមមុខងាររបស់អគ្គសញ្ញាតែងតាំង លោកឧបដ្ឋាកជាតំណាងឱ្យព្រះគ្រីស្តដែលបានយាងមកក្នុងពិភពលោកនេះដើម្បីបម្រើគេ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង ( មថ ២០,២៨ )។ នៅក្នុងពិធីតែងតាំងឧបដ្ឋាកមានពោលថា៖ លោកឧបដ្ឋាកគឺជាសហការីនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ របស់តុសក្ការៈ និងសម្តែងធម៌មេត្តាករុណា ដូច្នេះលោកឧបដ្ឋាកត្រូវជាអ្នកបម្រើរបស់មនុស្សទាំងអស់។ [1562-1568]

២៥៦.តើនរណាខ្លះអាចទទួលអគ្គសញ្ញាតែងតាំងបាន?

មានតែមនុស្សប្រុសប៉ុណ្ណោះ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងព្រះសហគមន៍កាតូលិក ហើយត្រូវបានព្រះសហគមន៍ត្រាស់ហៅឱ្យទទួលមុខងារជាឧបដ្ឋាក បូជាចារ្យ និងអភិបាល តែប៉ុណ្ណោះ។ [1577-1578]

២៥៧.បើមានតែបុរសប៉ុណ្ណោះដែលអាចទទួលអគ្គសញ្ញាតែងតាំងនេះបាន។ តើនារីមានប្រតិកម្មអ្វីដែរឬទេ?

ក្នុងច្បាប់ព្រះសហគមន៍មានចែងថា ៖ មានតែបុរសទេដែលអាចទទួលមុខងារដ៏ពិសិដ្ឋនេះបាន ប៉ុន្តែនេះមិនមានន័យថាយើងបន្ទាបតម្លៃថ្លៃថ្នូររបស់ស្រ្តីនោះទេ។ ចំពោះព្រះជាម្ចាស់ បុរស និងស្រី្តមានតម្លៃថ្លៃថ្នូរស្មើគ្នា ប៉ុន្តែម្នាក់ៗមានតួនាទី និងព្រះអំណោយទានផ្សេងៗពីគ្នា។ ព្រះសហគមន៍មានប្រពៃណីជ្រើសរើសបុរស ដោយសារព្រះយេស៊ូបានជ្រើសតែបុរសនៅពេលព្រះអង្គបង្កើតអគ្គសញ្ញាតែងតាំងបូជាចារ្យក្នុងពិធីជប់លាងចុងក្រោយ។ ឆ្នាំ១៩៩៤​​ សម្តេចប៉ាប យ៉ូហានប៉ូលទី២ បានប្រកាសថា ៖ ព្រះសហគមន៍មិនមានសិទ្ធិក្នុងការតែងតាំងស្រ្តីឱ្យក្លាយជាបូជាចារ្យនោះទេ ហើយគ្រីស្តបរិស័ទទាំងអស់ត្រូវគោរពតាម

២៥៨.ហេតុអ្វីបានជាព្រះសហគមន៍តម្រូវឱ្យអស់បូជាចារ្យ និង អស់លោកអភិបាលរក្សាភាពនៅលីវ?

ព្រះយេស៊ូបានរក្សាភាពនៅលីវ ក្នុងគោលបំណងបង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គទាំងស្រុងជាមួយព្រះបិតា​តែមួយគត់។ ដើម្បីព្រះរាជ្យរបស់ព្រះជាម្ចាស់ ( មថ​១៩,១២ )  យើងគួរតែរស់នៅតាមរបៀបរបស់ព្រះយេស៊ូ។​ កិច្ចការនេះមានតាំងពីសម័យរបស់ព្រះយេស៊ូមកម្ល៉េះ ដើម្បីបង្ហាញសេចក្តីស្រលាញ់ ការលះបង់ថ្វាយឆ្ពោះទៅព្រះជាម្ចាស់ទាំងស្រុង ក្នុងកិច្ចការស្ម័គ្រចិត្តបម្រើ។ ព្រះសហគមន៍ខាងបស្ចឹមប្រទេស តម្រូវឱ្យអស់លោកបូជាចារ្យ អស់លោកអភិបាលរក្សាភាពនៅលីវ ទន្ទឹមនឹងនោះព្រះសហគមន៍ខាងបូព៌ាប្រទេសតម្រូវតែលោកអភិបាលប៉ុណ្ណោះដែលរក្សាភាពនៅលីវ។ [1579-1583,1599]

២៥៩.តើភាពជាបូជាចារ្យរបស់គ្រីស្តបរិស័ទ និងភាពជាបូជាចារ្យរបស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំងខុសគ្នាយ៉ាងដូចម្តេច?

តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះយេស៊ូបានប្រោសឱ្យយើងបានចូលរួមក្នុងព្រះរាជ្យរបស់ព្រះអង្គ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ ( វវ ១,៦ )។ តាមរយៈភាពជាបូជាចារ្យរបស់គ្រីស្តបរិស័ទ គ្រប់គ្នាត្រូវបានអញ្ចើញឱ្យបំពេញកិច្ចការក្នុងពិភពលោកដោយនាមព្រះអម្ចាស់  ដោយនាំសេចក្តីសុខសាន្ត និងព្រះពរទៅដល់ពិភពលោកទាំងមូល។ ក្នុងពិធីជប់លាងចុងក្រោយ ខណៈពេលដែលព្រះយេស៊ូផ្តល់អំណាចឱ្យទៅក្រុមគ្រីស្តទូត  ជាពេលដែលព្រះអង្គរៀបចំឱ្យមានមនុស្សមួយចំនួនមានសិទ្ធិក្នុងការប្រារព្ធអគ្គសញ្ញានានាដើម្បីបម្រើបងប្អូន។ អស់លោកបូជាចារ្យដែលបានទទួលអគ្គសញ្ញាតែងតាំង ជាអ្នកដែលបំពេញមុខងារក្នុងអង្គព្រះគ្រីស្ត ប្រៀបបីដូចជាគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន អស់លោកប្រៀបបីដូចជាសិរសារបស់រូបកាយព្រះអម្ចាស់គឺព្រះសហគមន៍។ [1546-1553,1592]

៧.អគ្គសញ្ញាអាពាហ៍ពិពាហ៍

២៦០.ហេតុអ្វីព្រះជាម្ចាស់បង្កើតឱ្យមានបុរសនិងស្រ្តី?​                                   

ព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរស និងជាស្រី្តដើម្បីគេរស់នៅជាមួយគ្នា គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ ( មថ ១៩,៦ )។ ដូច្នេះហើយពួកគេត្រូវរស់នៅក្នុងសេចក្តីស្រលាញ់ ត្រូវតែបង្កើតកូន និងក្លាយទៅជាសាក្សីរបស់ព្រះជាម្ចាស់ដែលព្រះអង្គស្រលាញ់យើងដោយសេចក្តីស្រលាញ់គ្មានដែនកំណត់។ [1601-1605]

២៦១.តើអគ្គសញ្ញាអាពាហ៍ពិពាហ៍ត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

អគ្គសញ្ញាអាពាហ៍ពិពាហ៍ត្រូវបានប្រព្រឹត្តទៅដោយមនុស្សពីរនាក់គឺ កូនកំលោះ និងកូនក្រមុំធ្វើការសន្យានៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងព្រះសហគមន៍។ ព្រះជាម្ចាស់ទទួលស្គាល់ ក៏ដូចជាបោះត្រាចំពោះកិច្ចព្រមព្រៀងរបស់គូរសា្វមីភរិយា ត្រូវបានទទួលស្គាល់ជាស្ថាពរគឺក្លាយជារូបកាយតែមួយ។ អគ្គសញ្ញាអាពាហ៍ពិពាហ៍នេះផ្សារភ្ជាប់អ្នកទាំងពីររហូតដល់ស្លាប់ ដោយសារព្រះជាម្ចាស់ផ្ទាល់ជាអ្នកដែលបានផ្សារភា្ជប់អ្នកទាំងពីរ។  [1625-1631]

២៦២.តើយើងត្រូវការអ្វីខ្លះដើម្បីទទួលអគ្គសញ្ញាអាពាហ៍ពិពាហ៍នេះបាន?

មាន៣ចំណុច៖ ​១. ប្រកាសពាក្យសន្យាដោយសេរីភាព ២.សន្យារស់នៅជាមួយគ្នាអស់មួយជីវិត និងទី៣ គឺយល់ព្រមបន្តពូជ ( ទទួលកូនដែលមកពីព្រះជាម្ចាស់ )។ ម៉្យាងវិញទៀត ចំណុចចម្បងដែលគូរស្វាមីភរិយាត្រូវតែដឹងថា ពូកគេគឺជារូបតំណាងយ៉ាងរស់រវើក ដែលបង្ហាញពីសេចក្តីស្រលាញ់របស់ព្រះគ្រីស្តចំពោះព្រះសហគមន៍របស់ព្រះអង្គ។ [1644-1545ç1664]

២៦៣.ហេតុអ្វីបានជាអាពាហ៍ពិពាហ៍មិនអាចកាត់ផ្តាច់បាន?

អាពាហ៍ពិពាហ៍មិនអាចកាត់ផ្តាច់បានដោយសារមូលហេតុបីយ៉ាងនោះគឺ ៖ ទីមួយគឺការលះបង់ខ្លួនឯងទាំងស្រុងឱ្យគ្នាទៅវិញទៅមក នេះជាសភាពនៃសេចក្តីស្រលាញ់ ទីពីរគឺជាសញ្ញាណអំពីសេចក្តីស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ចំពោះសត្វលោកទាំងអស់ រីឯទីបីនោះគឺជាការបង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះគ្រីស្តដែលបានបូជាព្រះអង្គនៅលើឈើឆ្កាងសម្រាប់ព្រះសហគមន៍។ [16051612-1617,1661]

២៦៤.តើកត្តាអ្វីដែលជាឧបសគ្គសម្រាប់គូរស្រករ?

កត្តាដែលជាឧបសគ្គសម្រាប់គូរស្រករនោះគឺអំពើបាប ហើយកត្តាដែលជួយផ្សះផ្សាគ្នានោះគឺការលើកលែងទោស។ កត្តាដែលណែនាំឱ្យគូរស្រករមាំមួននោះគឺការអធិដ្ឋាន និងពឹងផ្អែកទុកចិត្តទាំងស្រុងទៅលើព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ [1606-1608]

២៦៥.តើមនុស្សទាំងអស់ត្រូវបានត្រាស់ហៅឱ្យរស់នៅជីវិតជាគូរស្រករដែលឬយ៉ាងណា?

មិនមែនទាំងអស់គ្នាសុទ្ធតែត្រូវបានត្រាស់ហៅឱ្យរស់នៅជីវិតជាគូរស្រករនោះទេ។ អ្នកដែលរក្សាភាពនៅលីវក៏អាចមានជីវិតរស់នៅក្នុងសេចក្តីសុខសាន្ត និងពោរពេញទៅដោយអំណរសប្បាយដែរ។ ហើយជាពិសេសមានមនុស្សមួយចំនួន ដែលត្រូវបានព្រះជាម្ចាស់ត្រាស់ហៅឱ្យរក្សាភាពនៅលីវរបស់ខ្លួនសម្រាប់ព្រះរាជ្យរបស់ព្រះជាម្ចាស់( មថ ១៩,១២​ )។ [1618-1620]

២៦៦.តើអាពាហ៍ពិពាហ៍គ្រីស្តសាសនាត្រូវបានប្រព្រឹត្តទៅយ៉ាងដូចម្តេច?

តាមច្បាប់ព្រះសហគមន៍ អាពាហ៍ពិពាហ៍ត្រូវប្រារព្ធឡើងជាសាធារណៈ។ លោកបូជាចារ្យ ឬលោកឧបដ្ឋាកសួរទៅកូនកំលោះ និងកូនក្រមុំអំពីការសម្រេចចិត្តក្នុងការរៀបអាពាហ៍ពិពាហ៍ បន្ទាប់មកគូរស្រករនិយាយឆ្លើយឆ្លងគ្នាទៅវិញទៅមកថា ៖ បង/អូន សូមទទួល.......ជាស្វាមី/ភរិយា សូមស​ន្យាថាស្រឡាញ់...............    ។ លោកបូជា​ចារ្យប្រទានព្រះពរទៅលើពាក្យសន្យារបស់គូរស្រករ ជាចុងបញ្ចប់លោកបូជាចារ្យទទួលស្គាល់ថា គូរស្រករនេះបានរៀបអាពាហ៍ពិពាហ៍ពិតមែន និងប្រទានព្រះពរលើពូកគេ។ [1621-1624,1663]

២៦៧.តើត្រូវធ្វើដូចម្តេចប្រសិនបើគ្រីស្តបរិស័ទនិកាយកាតូលិកចង់រៀបការជាមួយគ្រីស្តបរិស័ទនិកាយផ្សេង ?

នេះជាអាពាហ៍ពិពាហ៍លាយបញ្ចូលគ្នា ត្រូវមានការអនុញ្ញាតពីព្រះសហគមន៍។  ព្រះសហគមន៍ទាមទារឱ្យភាគីទាំងសងខាងរក្សាភាពស្មោះស្ម័គ្រចំពោះព្រះគ្រីស្ត ចៀសវាងគំរូមិនល្អក្នុងការបែកបាក់ទាស់ទែងគ្នាក្នុងក្រុមគ្រួសារ និងចៀសវាងការបោះបង់ចោលនូវការប្រតិបត្តិជំនឿ។ [1633-1637]

២៦៨.តើគ្រីស្តបរិស័ទកាតូលិកអាចមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ជាមួយភាគីដែលមានជំនឿផ្សេងពីគ្នាដែរឬទេ?

គ្រីស្តបរិស័ទរៀបអាពាហ៍ពិពាហ៍ជាមួយភាគីដែលមានជំនឿផ្សេងពីគ្នា ( ឧទា. ពុទ្ធបរិស័ទ ) នេះអាចជាកត្តាដែលនាំឱ្យមានការពិបាកចំពោះភាគីកាតូលិក និងជាផលពិបាកសម្រាប់កូនចៅពេលក្រោយ។ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់គ្រីស្តបរិស័ទ ព្រះសហគមន៍បានផ្តល់ការអនុញ្ញាត ឱ្យមានការអនុគ្រោះយ៉ាងច្បាស់លាស់ចំពោះការរៀបអាពាហ៍ពិពាហ៍ជាមួយភាគីដែលកាន់សាសនាផ្សេង ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍នេះមិនមែនជាអគ្គសញ្ញាទេ។ [1633-1637]

២៦៩.ប្រសិនបើគូរស្រករមិនមានភាពចុះសម្រុងហើយមិនអាចរស់នៅជាមួយគ្នាទៀតបាន តើគេអាចលែងលះគ្នាបានដែរឬទេ ?

ព្រះសហគមន៍តែងតែគោរពសមត្ថភាពរបស់មនុស្សដែលពួកគេបានធ្វើការសន្យាស្មោះស្ម័គ្ររស់នៅជាមួយគ្នាអស់មួយជីវិត។ ព្រះសហគមន៍ចងចាំនូវពាក្យសន្យាដែលគេបានប្រកាស និងដឹងច្បាស់ថាគ្រប់គូរស្រករទាំងអស់សុទ្ធតែនឹងជួបនៅឧបសគ្គ ដូច្នេះពួកគេត្រូវតែធ្វើការសន្ទនា អធិដ្ឋានជាមួយគ្នា ឬក៏អាចរកជំនួយក្នុងការប្រឹក្សាយោបល់ត្រួសត្រាយផ្លូវ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ត្រូវតែដឹងនិងសង្ឃឹមថាក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍មានបុគ្គលទីបីដែលចងភ្ជាប់ចំណងនេះ នោះគឺព្រះគ្រីស្ត ព្រះអង្គតែងតែមានវត្តមានក្នុងកិច្ចសន្យារបស់គូរស្រករ។ ទោះបីមានអ្នកខ្លះមិនអាចទ្រាំទ្រក្នុងការរស់នៅជាមួយគ្នាដោយសារអំពើហឹង្សាលើរូបរាងកាយ ឬមួយស្មារតីនោះ ពួកគេអាចផ្តាច់ចេញពីគ្នាបាន ( មិនរស់នៅជាមួយគ្នា ) ក្នុងករណីនេះត្រូវតែជម្រាបជូនព្រះសហគមន៍ឱ្យបានជ្រាប។ ជុំវិញករណីនេះ ទោះបីជីវិតគូរស្រករត្រូវបានកាត់ផ្តាច់ក៏ពិតមែន ប៉ុន្តែអាពាហ៍ពិពាហ៍នៅតែមានសុពលភាពជានិច្ច។  [1629,1649]

២៧០.តើព្រះសហគមន៍មានជំហរយ៉ាងដូម្តេចចំពោះគូរស្រករដែលបានលែងលះគ្នា ហើយចង់រៀបការជាមួយនឹងភាគីផ្សេងមួយទៀត ?

តាមព្រះបន្ទូលរបស់ព្រះយេស៊ូ ដោយសារសេចក្តីស្រលាញ់ ព្រះសហគមន៍ទទួលពួកគេដោយសេចក្តីស្រលាញ់ដែរ។ អស់អ្នកដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងព្រះសហគមន៍ តែក្រោយមកលែងលះគ្នា ហើយទៅរៀបការជាមួយភាគីផ្សេងមួយទៀត គឺធ្វើផ្ទុយពីសេចក្តីត្រូវការរបស់ព្រះយេស៊ូគឺ អាពាហ៍ពិពាហ៍មិនអាច                      

បំបែកបំបាក់បានឡើយ។ ព្រះសហគមន៍មិនអាចលុបបំបាត់សេចក្តីត្រូវការនេះបានទេ ព្រោះពេលលែងលះគ្នា មានន័យថាយើងដកយកភាពស្មោះស្ម័គ្រចេញពីគ្នា ហើយបែរទៅរៀបការជាមួយភាគីមួយផ្សេងទៀត នោះគឺជាទង្វើក្បត់ចំពោះអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដែលជាអគ្គសញ្ញាបង្ហញនូវសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់មិនសាបសូន្យ និងមិនផ្លាស់ប្តូរ។ ដោយសារហេតុនេះហើយ ចំពោះអ្នកណាដែលបានរៀបអាពាហ៍ពិពាហា៍ម្តងទៀត គឺគេបានរស់នៅផ្ទុយពីសេចក្តីស្រលាញ់នេះ ដូច្នេះពួកគេមិនអាចទទួលព្រះកាយព្រះគ្រីស្តបានទេ។ [1665,2384]

២៧១.នៅពេលយើងនិយាយថាគ្រួសារគឺជាព្រះសហគមន៍តូចមួយ តើនេះមានន័យយ៉ាងដូចម្តេច?  

ព្រះសហគមន៍គឺជាទ្រង់ទ្រាយធំ រីឯគ្រូសារគឺជាទ្រង់ទ្រាយតូច ទាំងអស់នេះគឺជារូបភាពដែលចង់បង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក។ ជាការពិតណាស់គ្រប់អាពាហ៍ពិពាហ៍ទាំងអស់អាចសម្រេចទៅបានលុះត្រាតែបើកជំហរសម្រាប់អ្នកដទៃ ទទួលស្វាគមន៍កូនៗដែលព្រះជាម្ចាស់ប្រទានឱ្យ ទទួលគ្នាទៅវិញទៅមក ទទួលស្វាគមន៍ភ្ញៀវ និងកិច្ចការបម្រើបងប្អូនឯទៀតៗ។ [1655-1657]

ជំពូកទី៤
ពិធីលើកតម្កើងផ្សេងៗ (អនុសញ្ញាផ្សេងៗ)

២៧២.តើអនុសញ្ញាជាអ្វី?

អនុសញ្ញាគឺជាសញ្ញាសម្គាល់ដ៏សក្ការៈ ឬជាការសម្តែងពិសេសអំពីផលខ្លះខាងផ្លូវវិញ្ញាណតាមរយៈការប្រទានពររបស់ព្រះសហគមន៍។  [1667-1672,1677-1678]

២៧៣.តើព្រះសហគមន៍នៅតែមានពិធីបណ្តេញអារក្ខឬ?

នៅក្នុងពិធីជ្រមុជទឹក ក៏មានពិធីបណ្តេញអារក្ខដែរ គឺជាពាក្យអធិដ្ឋានសម្រាប់អ្នកដែលត្រៀមទទូលអគ្គសញ្ញាជ្រមុជទឹកបានរួចផុតពីអំណាចនៃអារក្ខ ដើម្បីមានកម្លាំងប្រឆាំងនឹងមារកំណា​ច ដែលព្រះយេស៊ូបានកំចាត់បង់។ ពិធីដេញអារក្ខនេះជាពាក្យអធិដ្ឋានដែលព្រះសហគមន៍ប្រើក្នុងគោលបំណងដេញខ្មោច ឬរំដោះអ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹកឱ្យរួចផុតពីមារកំណាច។ ក្រៅពីនេះព្រះសហគមន៍កម្រប្រើពិធីនេះណាស់ ដូច្នេះមុននឹងធ្វើពិធីនេះត្រូវតែដឹងច្បាស់ថា តើករណីនោះមកពីវត្តមានរបស់មារ ឬមកពីជម្ងឺណាមួយ។[1673]

២៧៤.តើពិធីគោរពតាម​បែបប្រជាប្រិយមានសារៈសំខាន់យ៉ាងដូចម្តេច ?

ពិធីគោរពរបស់គ្រីស្តបរិស័ទតាមបែបប្រជាប្រិយ ត្រូវបានធ្វើឡើងតាមរយៈការគោរពអដ្ឋិធាតុ ពិធិដង្ហែរផ្សេងៗ ការធ្វើបូជនីយចរ និងកិច្ចការគោរពផ្សេងៗទៀត  ទាំងអស់នេះចង់បង្ហាញឱ្យយើងដឹងអំពីសារៈសំខាន់អំពីជំនឿដែលបានជ្រាបចូលក្នុងវប្បធម៌នីមួយៗ។ ទាំងអស់នេះជាកិច្ចការល្អប្រសើរ ហើយគ្រាន់តែជាវិធីដែលជួយឱ្យយើងកាន់តែជិតស្និទ្ធនឹងព្រះគ្រីស្តតែប៉ុណ្ណោះ មិនមែនជាវិធីដែលណែនាំឱ្យយើងចូលទៅកាន់ឋានបរមសុខ ដោយមិនទុកចិត្ត និងពឹងផ្អែកទៅលើមេត្តាករុណាដែលព្រះជាម្ចាស់ឡើយ។​ [1674-1676]

២៧៥.តើគ្រីស្តបរិស័ទត្រូវបានអនុញ្ញាតឱ្យគោរពអដ្ឋិធាតុឬទេ?

អដ្ឋិធាតុមានន័យថា ជាធាតុ ឆ្អឹង របស់សន្តបុគ្គល ឬក៏ជាសម្ភារៈប្រើប្រាស់របស់អស់លោក​។ ការគោរពអដ្ឋិធាតុ គឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស ជាវិធីដែលយើងបង្ហញចិត្តស្រលាញ់ និងគោរពចំពោះសន្តបុគ្គល ដោយសារអស់លោកបានថ្វាយជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ តាមរយៈនេះក៏ដូចជាយើងគោរព កោតសរសើរព្រះជាម្ចាស់ដូច្នេះដែរ។ [1674]

២៧៦.តើការធ្វើបូជនីយចរមានគោលបំណងអ្វី?

មានមនុស្សមួយចំនួនតូចប្រើការបូជនីយចរនេះដើម្បីអធិដ្ឋានដោយប្រើជើង ដោយគេយល់ឃើញថា ជីវិតរបស់ពួកគេគឺជាដំណើរនៃបូជនីយចរទៅកាន់ស្ថានបរមសុខ។ [1674]

២៧៧.តើដំណើរឈើឆ្កាងមានន័យយ៉ាងដូម្តេច ?

គឺយើងដើរតាមព្រះយេស៊ូដែលបានលីឈើឆ្កាងឆ្ពោះទៅកាន់ភ្នំលលាដ៏ក្បាល ដោយតាមរយៈការនមស្ការដំណាក់កាលទាំង១៤  ដែលជាការអធិដ្ឋានដ៏បុរាណនៅក្នុងព្រះសហគមន៍ ជាពិសេសយើងធ្វើនៅក្នុងរដូវអប់រំពិសេស និងអាទិត្យពិសិដ្ឋ​​។ [1674-1675]

២៧៨.តើការបញ្ចុះសពរបស់គ្រីស្តបរិស័ទមានលក្ខណៈពិសេសអ្វី?

ការបញ្ចុះសពគ្រីស្តបរិស័ទ ត្រូវបានព្រះសហគមន៍ទទួលស្គាល់ដើម្បីអធិដ្ឋានសម្រាប់អ្នកដែលបានចែកឋានបានទទួលព្រះពរពីព្រះជាម្ចាស់។ ពិធីបញ្ចុះសពបង្ហាញអំពីទុក្ខសោករបស់ក្រុមគ្រួសារ។ ទោះជាយ៉ាងណាដ៏ដោយ តាមរយៈពិធីបញ្ចុះសពនេះ ព្រះសហគមន៍ចង់បង្ហាញអំពីការឆ្លងពីសេចក្តីស្លាប់ឆ្ពោះទៅកាន់ការរស់ឡើងវិញរបស់គ្រីស្តបរិស័ទ។ យើងរួមស្លាប់ក្នុងអង្គព្រះគ្រីស្ត ដើម្បីយើងអាចចូលរួមក្នុងការប្រារព្វពិធីបុណ្យចម្លងរួមជាមួយព្រះអង្គ។ [1686-1690]


Theme: Overlay by Kaira