តើសន្តអ៊ីរ៉េណេគឺជានរណា?

សន្តអ៊ីរ៉េណេ គឺជាទេវវិទូរ ជាគ្រូបាធ្យាយ និងជាបិតាព្រះសហគមន៍ដ៏ឧត្តមម្នាក់​។ ទេវវិទ្យារបស់លោកមាន​ឥទ្ធិពលយ៉ាងខ្លាំង ដែលព្រះសហគមន៍នៅតែយកមករិះគិត​ ដើម្បីបន្តអប់រំជំនឿរហូតដល់សព្វថ្ងៃ។

ឈ្មោះអ៊ីរ៉េណេ ឬអេរ៉េណាអ៊ូស (Εἰρηναῖος) ក្នុងភាសាក្រិកមានន័យថា សន្តិភាព។ លោកកើតនៅឆ្នាំ១៣០ នៃគ.ស នៅទីក្រុងស្មៀណា ប្រទេសទួគីសព្វថ្ងៃ និងបានទទួលការបណ្តុះបណ្តាល​ពីលោកប៉ូលីកាព​​ ជាសាវ័ករបស់គ្រីស្តទូតយ៉ូហាន ដែលជាអ្នកនិពន្ធគម្ពីរ​ដំណឹងល្អ។ លោកបានបំពេញមុខងារ​ជាអភិបាលទី២ បន្តពីលោក ប៉ូតាំង នៅទីក្រុង លុកដឺនូម ក្នុងចក្រភពរ៉ូម៉ាំង ឬទីក្រុង លីយ៉ុង ប្រទេស​បារាំងសព្វថ្ងៃ រហូតដល់ទទួលមរណភាពនៅឆ្នាំ២០២ នៃគ.ស។

តើសន្តអ៊ីរ៉េណេមានឥទ្ធិពលអ្វីខ្លះ?

នៅស.វទី២ នៃគ.ស ព្រះសហគមន៍ចាប់ផ្តើមរីកចម្រើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែ ស្របពេលជាមួយគ្នា មានកិច្ចការជាច្រើនដែលព្រះសហគមន៍​ពុំទាន់បានចាត់ចែងនៅឡើយ ដូចជាការបញ្ជាក់អំពីគោលលទ្ធិនៃជំនឿ ការអនុម័តគម្ពីរសាសនបញ្ញត្តិ ពោលគឺការកំណត់បញ្ជីកណ្ឌគម្ពីរជាផ្លូវការជាដើម។ ដោយសារហេតុនេះហើយ ទើបមានក្រុមគណៈតូចៗខ្លះៗ​កើតឡើងឯករាជ្យជ្រុល​និយម ដូចជាក្រុមមួយ​ដែលគេហៅថា ក្រុមចំណេះនិយម (Gnosticism)។

លោកអ៊ីរ៉េណេ​បានចំណាយកម្លាំង​យ៉ាងច្រើន ដើម្បីប្រឆាំងទៅនឹងគណៈតូចៗ​ទាំងនោះ។ ស្នាដៃដ៏មានសារសំខាន់បំផុតរបស់លោក គឺសំណេរដែលមានចំណងជើងថា សេចក្តីប្រឆាំងអ្នកវង្វេងជំនឿ (Against Heresies)។ លោកអ៊ីរ៉េណេក៏បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ។

តើព្រះសហគមន៍គោរពគាត់ដូចម្តេច?

ឆ្នាំ២០២១ គណៈកម្មការអប់រំជំនឿកាតូលិកអន្តរភូមិភាគនៅកម្ពុជា បានជ្រើសរើសសន្តអ៊ីរ៉េណេជាឧបការីសម្រាប់មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា ដោយប្តូរឈ្មោះមណ្ឌលនេះទៅជា “មជ្ឈមណ្ឌលអប់រំជំនឿកាតូលិកសន្តអ៊ីរ៉េណេនៅកម្ពុជា”។

នៅថ្ងៃទី២១​ ខែមករា ឆ្នាំ២០២២ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានចេញក្រឹត្យមួយតែងតាំង សន្តអ៊ីរ៉េណេជា បណ្ឌិតព្រះសហគមន៍ដែលមានចំណងជើងថា បណ្ឌិតខាងបង្រួបបង្រួមព្រះសហគមន៍ជាធ្លុងតែមួយ (Doctor Unitatis)

  • ព្រះសហគមន៍កាតូលិកប្រារព្ធបុណ្យសន្តអ៊ីរ៉េណេ នៅថ្ងៃទី២៨ ខែមិថុនា។
  • ព្រះសហគមន៍អ័រតូដុកប្រារព្ធ នៅថ្ងៃទី២៣ ខែសីហា។

Theme: Overlay by Kaira