ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១២,៤-៦

មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​ប្រទាន​ឱ្យ។ មាន​មុខ‌ងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ដដែល។ មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។

បន្ទរ៖ ព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។
-សិរីរុង​រឿង​របស់​ព្រះ‌អង្គ​នឹង​មក​សណ្ឋិតនៅ​លើ​ទឹក​ដី​របស់​យើង។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត ហេតុនេះ សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់នេះ ឱ្យយាងមកសណ្ឋិតលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គនៅចំពោះមុខអ្នកដទៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ករ ១២,១២-១៣

ព្រះគ្រីស្តប្រៀបបានទៅនឹងរូបកាយមួយដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្តី សាសន៍ក្រិកក្តី អ្នកងារក្តី អ្នកជាក្តី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។

បន្ទរ៖ ឱ​ព្រះ‌បិតា​ដ៏‌វិសុទ្ធ​អើយ! សូម​ថែ‌រក្សា​អ្នក​ទាំង​នោះ ដោយ​ព្រះ‌នាមព្រះ‌អង្គផង។
-ដើម្បី​ឱ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គបានបង្ហាញឱ្យលោកសិលាស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួល ការសង្គ្រោះ។ សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំធ្វើ បានលើកតម្កើងព្រះអង្គ និងនាំយកគម្រោងការនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដល់មនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១ករ ១២,២៤ខ.២៥-២៦

ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដីថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត ដើម្បី​កុំ​ឱ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឱ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពីចំណោមប្រជា‌ជាតិ​នានា​មក​វិញ។
-ដើម្បី​ឱ្យ​យើង​ខ្ញុំ​លើក​តម្កើងព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គបានចាត់ទេវទូតឱ្យទៅជួបលោកគ័រនេល្យូស ដើម្បីបង្ហាញផ្លូវទៅកាន់ការសង្រ្គោះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះដល់ពិភពលោក ដូច្នេះ ព្រះសហគមន៍អាចនាំយើងខ្ញុំ និងមនុស្សទាំងអស់ចូលទៅចំពោះព្រះភក្រ្តព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


Theme: Overlay by Kaira