ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យរ ៣១,៣៣

សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជាជន​អ៊ីស្រា‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​វិន័យ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឱ្យ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធ។
-សូម​កុំ​បោះ​បង់​ទូល‌បង្គំ​ឱ្យ​នៅ​ឆ្ងាយ​ពី​ព្រះភក្ត្រព្រះ‌អង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យរ ៣២,៤០

យើងនឹងចងសម្ពន្ធមេត្រីមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជា​មួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្តល់សេចក្តីសុខសាន្តឱ្យពួកគេរហូត យើងនឹងឱ្យពួកគេកោតខ្លាចយើង ដោយចិត្តស្មោះ ដើម្បីកុំឱ្យពួកគេងាកចេញពីយើង។

បន្ទរ៖ ការសង្គ្រោះ និងសិរី‌រុងរឿងរបស់ខ្ញុំស្ថិតនៅលើព្រះ‌ជាម្ចាស់ទាំងស្រុង។
- ខ្ញុំ​ផ្ញើជីវិត​លើ​ព្រះ‌អង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អគ ៣៤,៣១

«អ្នក​រាល់​គ្នា​ជា​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​យើង​ថែ‌រក្សា ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

បន្ទរ៖ ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វីសោះ​ឡើយ។
-ព្រះ‌អង្គ​ឱ្យ​ខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ដើម្បីគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលាម៉ោងនេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គយាងចុះមកលើអស់អ្នកដែលបានហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។


Theme: Overlay by Kaira