ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
១ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរស្រែកច្រៀងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។
២ ចូរយើងនាំគ្នាចូលមកចំពោះព្រះភក្ត្រព្រះអង្គទាំងអរព្រះគុណ
និងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ
៣ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ព្រះអង្គជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
៤ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ
៥ សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ
ព្រោះព្រះអង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។
៦ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ
ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ដែលបានបង្កើតយើងមក
៧ ដ្បិតព្រះអង្គជាព្រះនៃយើង
យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។
ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូស ដូចកាលបះបោរនៅមេរីបា
ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
៩ គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការដែលយើងធ្វើក៏ដោយ។
១០ ក្នុងអំឡុងពេលសែសិបឆ្នាំ
មនុស្សនៅជំនាន់នោះបានធ្វើឱ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា:
ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។
១១ ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
១ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់!
២ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ
ចូរនាំគ្នាចូលមកជិតព្រះអង្គដោយច្រៀងយ៉ាងសប្បាយ!
៣ ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក
យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
៤ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ
ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង!
ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
៥ ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
២ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣ ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥ មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រនានាដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយនៅលើផែនដី។
៦ ឱព្រះជាម្ចាស់អើយ សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧ ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់ជាព្រះនៃយើង បានប្រទានពរឱ្យយើង។
៨ សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង សូមឱ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ព្រះមហាក្សត្រដ៏ឧត្ដម
១ ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
២ គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីលើសមុទ្រ
ហើយធ្វើឱ្យវាស្ថិតនៅយ៉ាងរឹងប៉ឹងពីលើទន្លេនានា។
៣ តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?
៤ មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងនិយាយស្បថស្បែបំពាន។
៥ ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឱ្យសុចរិតដែរ។
៦ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
៧ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
៨ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
៩ ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឱ្យធំ ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០ តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល គឺព្រះអង្គហើយ
ដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!