អំពីការជម្រាបជូនដំណឹងល្អ
ក្នុងពិភពលោកនាបច្ចុប្បន្នកាល
***
១-អស់អ្នកដែលបានជួបព្រះយេស៊ូ ពោរពេញដោយអំណរ ដែលហូរពីដំណឹងល្អ ជាអំណរដែលជ្រួតជ្រាបក្នុងការរស់នៅទាំងមូលរបស់គេដែរ។ អស់អ្នកដែលបណ្តោយខ្លួនឲ្យព្រះយេស៊ូសង្គ្រោះ ពិតជាបានរួចផុតពីបាបកម្ម និងរួចពីទុក្ខព្រួយ គេលែងនឹកគិតថា ជីវិតគ្មានន័យ និងគ្មានទិសដៅទៀតហើយ គេក៏លែងរស់នៅឯកាទៀតដែរ។ ដោយយើងរួមរស់ជាមួយព្រះយេស៊ូ អំណរកើតឡើងដល់យើង ហើយក៏កើតឡើងវិញជានិច្ចដែរ។ ក្នុងពាក្យដាស់តឿននេះ ខ្ញុំសូមជម្រាបមកអស់គ្រីស្តបរិស័ទ ក្នុងគោលបំណងអញ្ជើញបងប្អូនឲ្យចាប់ផ្តើម ដំណាក់កាលថ្មីមួយ ក្នុងការនាំដំណឹងល្អដល់មនុស្សលោក សូមបងប្អូនជម្រាបជូនដំណឹងល្អនេះ ដោយអំណរដែលហូរមកពីដំណឹងល្អនេះ។ ខ្ញុំក៏មានបំណងចង់បង្ហាញមាគ៌ាផ្សេងៗឲ្យព្រះសហគមន៍ដើរតាម ក្នុងពេលធ្វើដំណើរនាឆ្នាំទាំងប៉ុន្មានខាងមុខនេះដែរ។
១) អំណរកាន់តែថ្មី ដែលត្រូវចែកចាយឲ្យអ្នកដទៃ
២-ពិភពលោកនាបច្ចុប្បន្ន ផ្តល់ឲ្យមនុស្សអាចប្រើប្រាស់អ្វីៗទាំងអស់បាន។ សភាពការណ៍នេះ ដូចជាសង្កត់គេ អាចបណ្តាលឲ្យបុគ្គលម្នាក់ៗកើតទុក្ខព្រួយ ដោយសារគេស្កប់ស្កល់នឹងទ្រព្យសម្បត្តិ ហើយមិនព្រមចែកចាយ សម្បត្តិរបស់ខ្លួនឲ្យអ្នកដទៃ។ គេមានចិត្តវៀចវេរចេះតែស្វែងរកការសប្បាយភ្លាមៗយ៉ាងស្រួល និងមានចិត្តគំនិតប្លែកដាច់ពីគេ។ នៅពេលមនុស្សម្នាក់ៗនៅតែស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន នៅពេលនោះ គេលែងគិត ដល់អ្នកដទៃ ជាពិសេសលែងគិតដល់អ្នកក្រីក្រ គេក៏លែងស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ដែរ គេលែង សប្បាយដោយការរួមរស់ជាមួយព្រះអង្គ ដែលមានព្រះហឫទ័យអាណិតមេត្តាដល់គេ គេក៏លែងមានចិត្តខ្នះ ខ្នែងរំភើបចិត្ត ដោយចង់ប្រព្រឹត្តអំពើល្អទៀតហើយ។ សូម្បីតែគ្រីស្តបរិស័ទក្តីក៏មានចិត្តគំនិតបែបនេះដែរ ហើយ ជួនកាលគេមានចិត្តគំនិតបែបនេះយ៉ាងពិតប្រាកដជានិច្ច។ មនុស្សជាច្រើនបណ្តោយខ្លួនតាមបែបនេះ ហើយ ក្លាយទៅជាអ្នកអន់ចិត្ត គេមិនសប្បាយ ហើយក៏គ្មានជីវិតដ៏ពិតប្រាកដទេ។ អ្នករស់នៅដូច្នេះ គេពុំបានជ្រើសរើសយកការរស់នៅយ៉ាងថ្លៃថ្នូរ និងពេញលេញទេ ព្រះជាម្ចាស់ក៏មិនបានជ្រើសរើសឲ្យយើងរស់នៅតាមបែបនេះដែរ តែព្រះអង្គសព្វព្រះហឫទ័យឲ្យយើងរួមរស់ក្នុងព្រះវិញ្ញាណ ដែលហូរមកពីព្រះបេះដូងរបស់ព្រះគ្រីស្ត ដែលមានព្រះជន្មថ្មីដ៏រុងរឿងវិញ។
៣-ហេតុនេះហើយបានជាខ្ញុំសូមអញ្ជើញគ្រីស្តបរិស័ទម្នាក់ៗ ទោះបីគេរស់នៅទីណាក្តី ឬរស់នៅតាមសភាព ការណ៍បែបណាក្ដី ឲ្យជួបព្រះយេស៊ូគ្រីស្តដោយផ្ទាល់នៅថ្ងៃនេះម្តងទៀត ឬយ៉ាងហោចណាស់ឲ្យសម្រេចចិត្ត បណ្តោយខ្លួនឲ្យព្រះអង្គយាងមកជួបគេ។ សូមស្វែងរកព្រះអង្គជារៀងរាល់ថ្ងៃ ដោយឥតឈប់ឈរ។ សូមកុំឲ្យ មាននរណាម្នាក់នឹកគិតថា ពាក្យអញ្ជើញនេះមិនសម្រាប់គេឲ្យសោះ ដ្បិតអំណរសប្បាយដែលព្រះអម្ចាស់ យេស៊ូនាំមក ពិតជាសម្រាប់មនុស្សទាំងអស់។ កុំឲ្យមាននរណាម្នាក់ត្រូវឃ្លាតចេញពីអំណរនេះឡើយ។ អ្នក ដែលប្រថុយខ្លួនទៅរកព្រះអម្ចាស់ ព្រះអង្គមិនធ្វើឲ្យគេខកចិត្តឡើយ។ ពេលមនុស្សម្នាក់បោះជំហានបន្តិច ម្តងៗទៅរកព្រះយេស៊ូ គេមុខជាទទួលស្គាល់ថា ព្រះអង្គរង់ចាំទទួលគេយ៉ាងរាក់ទាក់។ ពេលនេះត្រូវនិយាយទៅកាន់ព្រះយេស៊ូគ្រីស្តថា៖ “បពិត្រព្រះអម្ចាស់យេស៊ូ ខ្ញុំបានបណ្តោយខ្លួនឲ្យគេបញ្ឆោត ខ្ញុំបានរត់គេចពីព្រះ ហឫទ័យស្រឡាញ់របស់ព្រះអង្គគ្រប់បែបយ៉ាង។ ប៉ុន្តែខ្ញុំនៅទីនេះម្តងទៀត ដើម្បីចងសម្ពន្ធមេត្រីសាជាថ្មី ជា មួយព្រះអង្គ ខ្ញុំត្រូវការព្រះអង្គ។ ឱ! ព្រះអម្ចាស់យេស៊ូអើយ សូមរំដោះខ្ញុំម្តងទៀត ឱ! ព្រះសង្គ្រោះអើយ សូម ឱបខ្ញុំម្តងទៀតផង”។ ពេលយើងវង្វេងបាត់ ហើយវិលត្រឡប់មករកព្រះអង្គវិញ ពេលនោះយើងពិតជាមាន អំណរយ៉ាងខ្លាំង។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ព្រះជាម្ចាស់មិននឿយព្រះហឫទ័យលើកលែងទោសឲ្យយើងទេ តែយើងវិញទេតើដែលខ្ជិល សូមព្រះអង្គមេត្តាករុណាដល់យើងខ្ញុំ។ ព្រះយេស៊ូបានអញ្ជើញយើងឲ្យលើកលែងទោសឲ្យគេចិតសិបដងប្រាំពីរដង (មថ ១៨,២២) ព្រះអង្គគង់តែធ្វើជាគំរូឲ្យយើងពុំខាន គឺព្រះអង្គមុខជានឹង លើកលែងទោសឲ្យយើងចិតសិបដងប្រាំពីរដងដែរ។ ព្រះអង្គយាងមកលើកយើងដាក់លើស្មាម្តងហើយម្តង ទៀត ដូចគង្វាលដែលបានរកឃើញកូនចៀមវិញ។ ដោយព្រះអង្គមានព្រះហឫទ័យអាណិតមេត្តា ដែលគ្មានព្រំដែន និងមិនដែលស្ទាក់ស្ទើរនោះ ទ្រង់ផ្តល់កិត្តិយសដ៏ថ្លៃថ្នូរឲ្យយើង។ គ្មាននរណាអាចដកកិត្តិយសនេះចេញពីយើងបានឡើយ។ ព្រះហឫទ័យអាណិតមេត្តានេះ ប្រោសឲ្យយើងអាចខ្ពស់មុខ អាចចាប់ផ្តើមបន្តដំណើរ តទៅទៀតបាន។ ព្រះហឫទ័យប្រណីសន្តោសនេះ មិនដែលបណ្តាលឲ្យយើងខកចិត្តទេ តែអាចផ្តល់អំណរឲ្យ យើងជានិច្ចដែរ។ យើងមិនត្រូវរត់គេចឆ្ងាយពីព្រះយេស៊ូដែលមានព្រះជន្មថ្មីដ៏រុងរឿងឡើយ កុំចាត់ខ្លួនទុកជាអ្នកចាញ់គេឲ្យសោះ កុំបណ្តោយខ្លួនតាមយថាកម្មឡើយ។ ព្រះជន្មថ្មីរបស់ព្រះយេស៊ូអាចជំរុញយើងទៅមុខ លើសពីអ្វីៗទាំងអស់។
៤-គ្រប់កណ្ឌនៃគម្ពីរសម្ពន្ធមេត្រីចាស់ បានជូនដំណឹងអំពីអំណរនៃការសង្គ្រោះ គឺអំណរនេះនឹងហូរហៀរនៅពេលព្រះគ្រីស្តយាងមក។ ព្យាការីអេសាយអបអរសាទរព្រះគ្រីស្ត ដែលប្រជាជនតែងតែរង់ចាំថា៖ “ឱ! ព្រះអម្ចាស់អើយ ! ព្រះអង្គប្រោសប្រទានឲ្យប្រជាជាតិនេះបានចម្រើនឡើង ព្រះអង្គក៏បានប្រោសឲ្យគេមានអំណរដ៏លើសលប់ដែរ”(អស ៩,២)។ លោកក៏លើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ឲ្យទទួលព្រះគ្រីស្តទាំងច្រៀងបទអបអរសាទរថា៖ “ចូរនាំគ្នាបន្លឺសំឡេងជ័យឃោសដោយអំណរ!” (១២,៦)។ ព្យាការីអញ្ជើញអ្នកដែលបានឃើញព្រះគ្រីស្តពីចម្ងាយ ឲ្យនាំសារដល់អ្នកដទៃថា៖ “អ្នកនាំដំណឹងល្អដល់បូរីស៊ីយ៉ូនអើយ! ចូរឡើងទៅលើភ្នំខ្ពស់! អ្នកនាំដំណឹងល្អដល់ក្រុងយេរូសាឡឹមអើយ! ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! (៤០,៩)។ សត្វលោកទាំងប៉ុន្មានដែលព្រះជាម្ចាស់បានប្រតិស្ឋានមក ក៏រួមអរសប្បាយដោយបានទទួលការសង្គ្រោះថា ៖ “ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវឡើង! ផែនដីអើយ ចូរត្រេកអរសប្បាយផង! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ ដែលវេទនា” (៤៩,១៣)។ ពេលព្យាការីសាការីឃើញថ្ងៃរបស់ព្រះអម្ចាស់ លោកអញ្ជើញគេឲ្យអបអរសាទរ ព្រះមហាក្សត្រដែលយាងមកថា៖ “ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយព្រះហឫទ័យសុភាព ព្រះអង្គគង់ នៅលើខ្នងលា។ ក្រុងស៊ីយ៉ូនអើយ! ចូរមានអំណររីករាយដ៏ខ្លាំងឡើង។ ប្រជាជនក្រុងយេរូសាឡឹមអើយ! ចូរស្រែកហ៊ោយ៉ាងសប្បាយឡើង។ មើលហ្ន៎! ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះ អង្គមានជ័យជម្នះ” (សក ៩,៩)។ ព្យាការីសេផានីអញ្ជើញគេកាន់តែខ្លាំងឡើងឲ្យរីករាយ គឺលោកថ្លែងអំពីព្រះ ជាម្ចាស់ផ្ទាល់ដូចជារង្វង់ពន្លឺ នៅថ្ងៃបុណ្យនិងនៅថ្ងៃមានអំណរ ព្រះអង្គសព្វព្រះហឫទ័យប្រទានឲ្យប្រជាជនស្រែកឡើងដោយគេទទួលការសង្គ្រោះ។ សូមអានអត្ថបទដែលធ្វើឲ្យខ្ញុំពោរពេញដោយជីវិត គឺថា “ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់គង់នៅក្នុងអ្នក ព្រះអង្គជាវីរបុរសដែលមានជ័យជម្នះ។ ព្រះអង្គមានអំណរសប្បាយជាខ្លាំងព្រោះតែអ្នក។ ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រះអង្គបន្លឺសំឡេង និងច្រៀង យ៉ាងរីករាយបំផុតព្រោះតែអ្នក” (៣,១៧)។ យើងឆ្លើយតបនឹងសេចក្តីអញ្ជើញប្រកបដោយព្រះហឫទ័យ ស្រឡាញ់របស់ព្រះបិតានៃយើង ដោយទទួលអំណរតាមរយៈកិច្ចការដ៏តិចតួចស្តួចស្តើង ដែលកើតឡើងក្នុងការរស់នៅប្រចាំថ្ងៃ៖ “កូនអើយ! ប្រសិនបើកូនមានគ្រប់គ្រាន់ ចូរថែទាំខ្លួនឲ្យបានស្រួល(...) ទោះបីការសប្បាយរីករាយមានរយៈពេលខ្លីក្តី ត្រូវចេះសប្បាយរីករាយដែរ” (បស ១៤,១១.១៤)។ ព្រះបន្ទូលនេះសរឲ្យ យើងយល់ឃើញថា ព្រះអង្គមានព្រះហឫទ័យថ្នាក់ថ្នមយ៉ាងខ្លាំងចំពោះយើង ដូចឪពុកថ្នាក់ថ្នមកូនដូច្នោះដែរ។
៥-សិរីរុងរឿងនៃឈើឆ្កាង លេចចេញធ្លោមកក្នុងគម្ពីរដំណឹងល្អ។ ក្នុងគម្ពីរនោះ ព្រះគ្រីស្តទទូចអញ្ជើញយើងឲ្យមានអំណរសប្បាយ។ ជាក់ស្តែងដូចមានចែងត្រង់អត្ថបទខ្លះ ដូចជាទេវទូតជម្រាបសួរនាងម៉ារីថា៖ “ចូរមានអំណរសប្បាយឡើង!” (លក ១,២៨)។ ពេលនាងម៉ារីទៅសួរសុខទុក្ខយាយអេលីសាបិត ទារកយ៉ូហានត្រេកអរក្នុងផ្ទៃម្តាយ (លក ១,៤១)។ នាងម៉ារីប្រកាសក្នុងទំនុកតម្កើងរបស់នាងថា៖ “ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ” (លក១,៤៧)។ ពេលព្រះយេស៊ូចាប់ផ្តើមសម្តែងធម្មទេសនា លោកយ៉ូហានបន្លឺសំឡេងថា៖“ខ្ញុំមានចិត្តត្រេកអរក្រៃលែង ខ្ញុំពោរពេញដោយអំណរ” (យហ ៣,២៩)។ “ព្រះវិញ្ញាណបានធ្វើឲ្យព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង”(លក ១០,២១)។ ព្រះយេស៊ូនាំសារជាប្រភពនៃអំណរ ដូចព្រះអង្គមានព្រះបន្ទូលថា៖ “ខ្ញុំបាននិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឲ្យអ្នករាល់គ្នាមានអំណរដ៏ពេញលក្ខណៈ” (យហ ១៥,១១)។ អំណរ សប្បាយរបស់យើងជាគ្រីស្តបរិស័ទផុសចេញឡើង ពីបេះដូងរបស់ព្រះអង្គដែលហូរហៀរដោយអំណរ។ ព្រះ អង្គមានព្រះបន្ទូលមកក្រុមសាវ័កថា៖“អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង ប៉ុន្តែទុក្ខព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាអំណរសប្បាយវិញ” (យហ១៦,២០)។ ព្រះអង្គក៏បញ្ជាក់ទៀតថា៖ “ខ្ញុំនឹងជួបអ្នករាល់គ្នាសា ជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាអាចដកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ” (យហ ១៦,២២)។ ក្រោយមកក្រុមសាវ័កឃើញព្រះអង្គមានព្រះជន្មថ្មីដ៏រុងរឿង ហើយអស់លោកក៏បានពោរ ពេញដោយអំណរដែរ(យហ ២០,២០)។ ក្នុងគម្ពីរកិច្ចការគ្រីស្តទូតមានចែងថា៖“ព្រះសហគមន៍ដើមដំបូងតែងតែបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ” (កក ២,៤៦)។ នៅក្រុងដែលក្រុមសាវ័កដើរកាត់ “ប្រជាជននៅក្រុងនោះមានអំណរសប្បាយដ៏លើសលប់” (កក ៨,៨) រីឯក្រុមសាវ័កវិញ នៅពេលមានគេបៀតបៀនធ្វើបាបនោះ អស់លោកបាន “ពោរពេញដោយអំណរ” (កក ១៣,៥២)។ “កម្រៀវម្នាក់ដែលទើប ទទួលពីធីជ្រមុជទឹក លោកបន្តដំណើរទៅមុខ ដោយចិត្តត្រេកអរសប្បាយ” (៨,៣៩)។ “ឆ្មាំគុកនិងក្រុមគ្រួសារ របស់គាត់មានអំណរសប្បាយ ដោយបានជឿលើព្រះជាម្ចាស់” (១៦,៣៤)។ ហេតុអ្វីបានជាយើងមិនចូលរួម ក្នុងទន្លេនៃអំណរសប្បាយនោះដែរ ?
៦- មានគ្រីស្តបរិស័ទខ្លះធ្វើមុខក្រៀមក្រំ ហាក់ដូចជាគេតមអាហាររៀងរាល់ថ្ងៃ ឬដូចជាព្រះយេស៊ូគ្មានព្រះជន្មថ្មីដ៏រុងរឿងទេ។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា មនុស្សមានអំណរតាមរបៀបប្លែកៗពីគ្នា តាមអាយុនិងតាមសភាពការណ៍ផ្សេងៗនៃការរស់នៅរបស់ខ្លួន។ ជួនកាលគេត្រូវជួបការលំបាកជាទម្ងន់។ អំណរតែងតែសម្របនិងប្រែតាម កាលៈទេសៈ ប៉ុន្តែអំណរត្រូវនៅតែស្ថិតស្ថេរជានិច្ច យ៉ាងហោចណាស់អំណរនេះប្រៀបដូចជាកាំរស្មីនៃពន្លឺដ៏ តូចមួយដែលកើតមក ដោយយើងជឿជាក់លាក់ថា ព្រះបិតាស្រឡាញ់យើងហួសពីការស្មាន និងលើសអ្វីៗ ទាំងអស់។ ខ្ញុំយល់ថា មានមនុស្សព្រួយចិត្តដោយបានជួបប្រទះនឹងទុក្ខលំបាកជាទម្ងន់ គេនៅតែស៊ូទ្រាំ។ ប៉ុន្តែបន្តិចម្តងៗ គេត្រូវបណ្តោយឲ្យអំណរដែលហូរមកពីជំនឿចាប់ផ្តើមលេចឡើង។ សូម្បីតែពេលយើងមានកង្វល់ធ្ងន់ធ្ងរយ៉ាងណាក្តី ក៏ត្រូវផ្ញើជីវិតលើព្រះបិតាយ៉ាងស្ងាត់កំបាំងតែយ៉ាងរឹងប៉ឹង ដូចមានចែងក្នុងគម្ពីរ សំណោកថា៖ “សេចក្តីសុខសាន្តបានឃ្លាតឆ្ងាយពីខ្ញុំ ខ្ញុំក៏លែងដឹងថា អ្វីទៅជាសុភមង្គលដែរ។ តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់ដែលមិនចេះរលត់។ ព្រះអង្គតែងតែសម្ដែងព្រះហឫទ័យសប្បុរសអាណិតអាសូរនេះសាជាថ្មី ជារៀងរាល់ព្រឹក ព្រះហឫទ័យភក្តីរបស់ព្រះអង្គធំពន់ពេកក្រៃ។ ការតាំងចិត្តស្ងប់ស្ងៀមរង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះនោះ ពិតជាការល្អប្រពៃមែន” (សណ ៣,១៧.២១-២៣.២៦)។
៧- យើងតែងតែជួបការល្បួងជាញឹកញាប់ ចង់ដោះសាខ្លួន ឬដោយត្អូញត្អែរថា យើងគ្មានអំណរ ហាក់ដូចជាចង់បានមូលហេតុជាច្រើនឥតគណនា ដើម្បីឲ្យយើងអាចមានអំណរបាន។ សភាពការណ៍បែបនេះកើតមក ព្រោះ “សង្គមប្រកបដោយបច្ចេកទេស បានផ្តល់ឱកាសជាច្រើនឲ្យមនុស្សបានសប្បាយ ប៉ុន្តែសង្គមនេះពិបាកបង្កើតអំណរដ៏ពិតប្រាកដវិញ”។ ខ្ញុំអាចនិយាយថា ក្នុងដំណើរជីវិតរបស់ខ្ញុំ ខ្ញុំបានឃើញមនុស្សទ័លក្រមាន អំណរផុសចេញពីខ្លួនគេល្អជាងគេ ព្រោះគេគ្មានអ្វីមកពឹងផ្អែក។ ខ្ញុំក៏នឹកចាំថា មានអ្នកខ្លះ ទោះបីគេមានមុខងារខ្ពង់ខ្ពស់ក្នុងអាជីវកម្មរបស់ខ្លួនក្តី ក៏គេមានអំណរដ៏ពិតប្រាកដដែរ ព្រោះគេនៅតែមានសទ្ធាជ្រះថ្លា ចិត្តទៀងត្រង់ ហើយផ្ញើជីវិតលើព្រះបិតាជានិច្ច។ អំណរទាំងប៉ុន្មាននោះ កើតមកពីប្រភពនៃសេចក្តីស្រឡាញ់ដ៏ ប្រសើរជាងគេ គឺពីព្រះហឫទ័យស្រឡាញ់ដែលព្រះបិតាបានសម្តែងក្នុងអង្គព្រះយេស៊ូគ្រីស្ត។ ខ្ញុំនៅតែទន្ទេញ ជាប់មាត់នូវពាក្យរបស់សម្តេចប៉ាបបេណេឌីកតូទី ១៦ ដែលនាំយើងចូលយ៉ាងជ្រៅនៅក្នុងស្នូលនៃដំណឹងល្អ គឺថា៖ “មនុស្សម្នាក់ក្លាយទៅជាគ្រីស្តបរិស័ទ មិនមែនមកពីខ្លួនសម្រេចកាន់តាមសីលធម៌ ឬតាមទ្រឹស្តីដ៏ប្រសើរទេ តែគេក្លាយទៅជាគ្រីស្តបរិស័ទ ដោយខ្លួនបានជួបប្រទះព្រឹត្តិការណ៍មួយ ឬបានជួបព្រះមួយអង្គដែលផ្តល់ អត្ថន័យថ្មីដល់ការរស់នៅរបស់គេ និងកំណត់ទិសដៅជីវិតរបស់គេជាស្រេច”។
៨-នៅពេលយើងជួបព្រះបិតាដែលស្រឡាញ់យើង ឬជួបព្រះបិតាសាជាថ្មី ហើយពេលសេចក្តីស្រឡាញ់នេះក្លាយ ទៅជាសេចក្តីរាប់អានដ៏កក់ក្តៅទៀតផង ទើបយើងរួចផុតពីការរិះគិតដោយឡែកដាច់ពីគេ និងរួចផុតពីការរិះគិតអំពីអ្វីៗទាំងអស់ ដោយយកខ្លួនធ្វើជាអ្នកដ៏សំខាន់ជាងគេ។ ប្រសិនបើយើងបណ្តោយឲ្យព្រះជាម្ចាស់ ណែនាំយើងឲ្យលែងគិតតែពីខ្លួនឯង គឺឲ្យរួមរិះគិតជាមួយព្រះអង្គតាមបែបហួសពីគំនិតយើង នៅពេលនោះ យើងពិតជាមានលក្ខណៈជាមនុស្សយ៉ាងពេញលេញ យើងក៏ហួសពីឋានៈជាមនុស្សទៅទៀត។ នៅពេលនោះ យើងឈានទៅកាន់បុគ្គលិកលក្ខណៈដ៏ពិតប្រាកដរបស់យើងដែរ។ កម្លាំងដែលជំរុញយើងឲ្យជម្រាបជូនដំណឹង ល្អ កើតមកពីយើងបានជួបព្រះហឫទ័យស្រឡាញ់របស់ព្រះបិតាតាមបែបនោះ។ ប្រសិនបើមនុស្សម្នាក់បាន ទទួលព្រះហឫទ័យស្រឡាញ់របស់ព្រះបិតានេះ គឺព្រះហឫទ័យស្រឡាញ់ដែលផ្តល់អត្ថន័យដល់ជីវិតរបស់គេ គេមិនអាចឃាត់បំណងរបស់ខ្លួនចង់ចែកចាយព្រះហឫទ័យស្រឡាញ់នោះ ដល់អ្នកដទៃបានឡើយ។
២) អំណរក្នុងការជម្រាបជូនដំណឹងល្អ ពិតជាលើកទឹកចិត្ត
៩- អ្វីៗដ៏ល្អ តែងតែសាយភាយឲ្យអ្នកដទៃទទួលបាន។ អ្នកដែលមានបទពិសោធន៍យ៉ាងពិតប្រាកដអំពីសេចក្តី ពិត និងអំពីសោភ័ណភាព ក៏គង់តែខិតខំរកមធ្យោបាយចែកចាយបទពិសោធន៍នេះ ឲ្យអ្នកឯទៀតៗពុំខាន។ អ្នកមានបទពិសោធន៍ថា ខ្លួនបានទទួលសេរីភាពយ៉ាងជ្រាលជ្រៅក្នុងចិត្ត អ្នកនោះក៏តែងតែចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ចំពោះសេចក្តីត្រូវការរបស់អ្នកឯទៀតៗដែរ។ ពេលមនុស្សម្នាក់ចែកចាយអ្វីដ៏ល្អដល់អ្នកឯទៀតៗ អ្វីដ៏ល្អនោះ វានឹងចាក់ឫសកាន់តែជ្រៅនៅក្នុងចិត្តរបស់គេ ហើយក៏រីកចម្រើនទៀតផង។ ហេតុនេះហើយបាន ជាអ្នកមានបំណងចង់រស់នៅ ប្រកបដោយសេចក្តីថ្លៃថ្នូរនិងពេញលេញជាមនុស្ស ត្រូវដើរតាមមាគ៌ាតែមួយគឺ ត្រូវសុខចិត្តទទួលស្គាល់អ្នកឯទៀតៗ និងខិតខំធ្វើឲ្យគេបានសេចក្តីសុខសាន្ត។ បើយើងធ្វើដូច្នោះមែន យើង មិនត្រូវឆ្ងល់នឹងសេចក្តីដែលគ្រីស្តទូតប៉ូលបានចែងថា៖ “ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង” (២ ករ ៥,១៤) “ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ!” (១ករ ៦,១៦)។
១០- ព្រះជាម្ចាស់អញ្ជើញយើងឲ្យរស់នៅក្នុងឋានៈខ្ពង់ខ្ពស់។ ពាក្យនេះមិនមានន័យថា យើងមិនសូវយកចិត្តទុកដាក់នឹងការរស់នៅក្នុងលោកនេះទេ។ “ពេលយើងផ្តល់ជីវិតឲ្យគេ ជីវិតនោះតែងតែចម្រើនឡើង។ ផ្ទុយ ទៅវិញ ជីវិតអ្នកដែលរស់នៅតែម្នាក់ឯងដាច់ពីគេ ទាំងមានទ្រព្យសម្បត្តិជាច្រើនតែងអន់ថយ។ តាមពិតអស់ អ្នកដែលហ៊ានប្រថុយជីវិត ហើយដែលតែងតែខ្នះខ្នែងយកចិត្តទុកដាក់នឹងបេសកកម្មចែកចាយជីវិតដល់អ្នកដទៃ អ្នកទាំងនោះពិតជាទទួលផលប្រយោជន៍ច្រើនជាងគេអំពីជីវិត”។ ពេលព្រះសហគមន៍អញ្ជើញគ្រីស្តបរិស័ទឲ្យប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អ ព្រះសហគមន៍នៅតែសម្តែងអំពីថាមពលដ៏ពិតប្រាកដ ដែលជំរុញឲ្យគេបានពេញលក្ខណៈជាមនុស្ស។ “ដូច្នេះ យើងទទួលស្គាល់លក្ខខណ្ឌធម្មជាតិមួយទៀតដ៏ជ្រៅនៃសត្វលោកទាំងអស់ គឺសត្វលោកមានជីវិត ហើយជីវិតនេះអាចចម្រើនឡើងបាន លុះត្រាតែគេបូជាជីវិតរបស់ខ្លួននោះ ដើម្បីផ្តល់ជីវិតដល់អ្នកឯទៀតៗតៗគ្នា។ សរុបសេចក្តីមក កត្តានេះហើយដែលជាបេសកកម្មជម្រាបជូន ដំណឹងល្អ។ ហេតុនេះហើយបានជាអ្នកជម្រាបជូនដណឹងល្អមិនត្រូវធ្វើមុខក្រៀមក្រំទេ តែត្រូវមានមុខរីករាយជានិច្ចវិញ។ យើងត្រូវខិតខំឲ្យមានចិត្តខ្នះខ្នែងឡើងវិញកាន់តែខ្លាំងទៅៗ។ “ទោះបីយើងត្រូវសាបព្រោះទាំង ទឹកភ្នែកក្តី ក៏យើងមានអំណរដែលលើកទឹកចិត្តយើង ដោយជម្រាបជូនដំណឹងល្អ។ មនុស្សលោកនាបច្ចុប្បន្ន កាល ស្វែងរកសេចក្តីសុខសាន្ត ជួនកាលគេតប់ប្រមល់ ជួនកាលគេមានសេចក្តីសង្ឃឹម។ សូមឲ្យគេអាចទទួល ដំណឹងល្អមិនមែនតាមរយៈ អ្នកជម្រាបជូនដំណឹងល្អនេះដែលមានទឹកមុខជាអ្នកព្រួយអស់សង្ឃឹម អន្ទះអន្ទែង និងខ្វល់ខ្វាយក្នុងចិត្តទេ។ ផ្ទុយទៅវិញ អ្នកបម្រើដំណឹងល្អត្រូវតែខ្នះខ្នែងសម្តែងអំណរ ព្រោះគេបានទទួលអំណររបស់ព្រះគ្រីស្តមុនគេ”។
សេចក្តីថ្មីជានិច្ច
១១- ការជម្រាបជូនដំណឹងល្អតាមបែបថ្មី ទោះបើអ្នកជម្រាបជូននោះមិនសូវយកចិត្តទុកដាក់នឹងជំនឿ ឬមិន ចូលរួមក្នុងពិធីបុណ្យក្តី ក៏អាចផ្តល់ឲ្យអស់អ្នកជឿបានអំណរបែបថ្មីតាមជំនឿ និងអាចបង្កើតផលបានក្នុងការ ជម្រាបជូនដំណឹងល្អនេះ។ តាមពិតស្នូល និងសេចក្តីសំខាន់នៃការជម្រាបជូនដំណឹងល្អ មានតែមួយដដែល គឺថាព្រះបិតាបានសម្តែងព្រះហឫទ័យមេត្តាករុណា យ៉ាងលើសលប់ក្នុងអង្គព្រះគ្រីស្តដែលសោយទិវង្គត និង មានព្រះជន្មថ្មីដ៏រុងរឿង។ ទោះបីគេផ្ញើជីវិតលើព្រះអង្គយូរមកហើយក្តី ក៏ព្រះអង្គប្រោសឲ្យអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គមានជីវិតថ្មីជានិច្ច ដូចព្យាការីអេសាយចែងថា៖ “អ្នកផ្ញើជីវិតលើព្រះអម្ចាស់តែងតែមានកម្លាំងថ្មីជានិច្ច គេប្រៀបបានដូចសត្វឥន្ទ្រីហោះហើរ គេក៏ស្ទុះរត់ទៅមុខដោយមិនចេះហត់នឿយ ហើយដើរដោយមិនចេះអស់កម្លាំង” (អស ៤០,៣១)។ ព្រះគ្រីស្តផ្ទាល់ជា “ដំណឹងល្អដែលស្ថិតនៅអស់កល្បជានិច្ច” (វវ ១៤,៦) “ព្រះ អង្គនៅតែដដែលមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អវសានកាលនៃពិភពលោក” (ហប ១៣,៨) “ប៉ុន្តែសម្បត្តិសួគ៌ និងសោភ័ណភាពរបស់ព្រះអង្គមិនចេះអស់មិនចេះហើយ។ ព្រះអង្គនៅតែមានយុវវ័យ ហើយក៏ជាប្រភពនៃភាពថ្មីជានិច្ច”។ ព្រះសហគមន៍នៅតែស្ងើចសរសើរឥតឈប់ឈរអំពី “ព្រះហឫទ័យទូលាយ របស់ព្រះជាម្ចាស់ដែលជ្រៅពន់ពេកណាស់។ ព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គ ក៏ខ្ពង់ខ្ពស់ដែរ!” (រម ១១,៣៣)។ សន្តៈយ៉ូហាននៃឈើឆ្កាងតែងពោលថា៖ “ព្រះប្រាជ្ញាញាណនិងព្រះតម្រិះរបស់ព្រះជាម្ចាស់ ជ្រៅពន់ពេកណាស់។ ទោះបីវិញ្ញាណមនុស្សស្គាល់ព្រះប្រាជ្ញាញាណ និងព្រះតម្រិះនោះបន្តិចបន្តួចក្តី ក៏មនុស្ស ត្រូវចូលកាន់តែជ្រៅទៅៗ”។ សន្តៈអ៊ីរេណេតែងប្រកាសថា៖ “ពេលព្រះគ្រីស្តយាងមក ព្រះអង្គបាននាំឲ្យអ្វីៗ បានថ្មីទាំងអស់”។ ព្រះអង្គដែលនាំឲ្យអ្វីៗបានថ្មីទាំងអស់នោះ ក៏អាចធ្វើឲ្យជីវិតយើង និងសហគមន៍យើងបានថ្មីដែរ។ ទោះបីនៅសម័យខ្លះការជម្រាបជូនដំណឹងល្អ ឆ្លងកាត់ភាពងងឹត និងភាពទន់ខ្សោយនៃព្រះសហ គមន៍ក្តី ក៏ដំណឹងល្អនេះមិនដែលចាស់ដែរ។ ព្រះយេស៊ូគ្រីស្តក៏អាចបំបាក់បំបែករបៀបដែលយើងរិះគិត អំពី ព្រះអង្គទាំងនឹកស្មានថាយើងអាចឃុំឃាំងព្រះអង្គបាន។ របៀបរិះគិតនោះ បណ្តាលឲ្យមនុស្សនាបច្ចុប្បន្នកាលធុញទ្រាន់នឹងព្រះអង្គ។ ព្រះអង្គមានឫទ្ធានុភាពអាចប្រតិស្ឋានអ្វីៗទាំងអស់បាន ព្រះអង្គនាំឲ្យយើងឆ្ងល់ជានិច្ច។ ពេលណាយើងខិតខំវិលត្រឡប់ទៅរកប្រភព គឺស្វែងរកភាពត្រជាក់ត្រជុំនៃដំណឹងល្អដើមដំបូង ពេលនោះយើងរកផ្លូវថ្មី យើងក៏រករបៀបពន្យល់ថ្មី ហើយរកសញ្ញាសម្គាល់ច្បាស់ជាង ព្រមទាំងរកពាក្យដែលមានអត្ថន័យថ្មី សម្រាប់មនុស្សលោកនាបច្ចុប្បន្នកាល។ តាមពិតគ្រប់កិច្ចការជម្រាបជូនដំណឹងល្អយ៉ាងពិតប្រាកដ នៅតែថ្មី ជានិច្ច។
១២- ទោះបីបេសកកម្មជម្រាបជូនដំណឹងល្អទាមទារឲ្យយើងប្តេជ្ញាចិត្ត ដោយចិត្តសទ្ធាជ្រះថ្លាក្តី ក៏យើងមិនត្រូវនឹកគិតថា បេសកកម្មនេះជាកិច្ចការរបស់ខ្លួនផ្ទាល់ ឬជាកិច្ចការរបស់វីរបុរសទេ តែបេសកកម្មនេះជាព្រះរាជកិច្ចរបស់ព្រះជាម្ចាស់ ហើយលើសពីសេចក្តីដែលយើងអាចរកឃើញនិងយល់បាន។ ព្រះយេស៊ូជា “អ្នកជម្រាប ជូនដំណឹងល្អមុនគេ ហើយប្រសើរជាងគេទាំងអស់”។ ព្រះជាម្ចាស់នៅខាងដើមនៃគ្រប់របៀបជម្រាបជូនដំណឹង ល្អជានិច្ច គឺព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងឲ្យរួមសហការជាមួយព្រះអង្គ ព្រះអង្គក៏លើកស្ទួយចិត្ត យើងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណរបស់ព្រះអង្គ។ ភាពថ្មីដ៏ពិតប្រាកដ ជាភាពថ្មីដែលព្រះជាម្ចាស់សព្វព្រះ ហឫទ័យបង្កើតយ៉ាងអាថ៌កំបាំង គឺព្រះអង្គបណ្តុះបណ្តាល និងបង្កើតភាពថ្មីនោះ ព្រះអង្គបង្ហាញទិសដៅន ភាពជាថ្មីនេះ និងធ្វើដំណើរជាមួយភាពថ្មីនេះ តាមរបៀបជាច្រើន។ ក្នុងគ្រប់កិច្ចការនៃព្រះសហគមន៍ត្រូវ សម្តែងឲ្យដឹងជានិច្ចថា ព្រះជាម្ចាស់ចាប់ផ្តើមគំនិតជានិច្ច គឺ៖ “ព្រះអង្គបានស្រឡាញ់យើងជាមុន” (១ យហ ៤,១៩) មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ដែលធ្វើឲ្យដំណាំដុះឡើង (១ករ ៣,៧)។ ជំនឿដ៏ជាក់ច្បាស់នេះ បណ្តោយឲ្យយើងរក្សាអំណរក្នុងបេសកកម្ម ដែលទាមទារឲ្យយើងយកអ្វីទាំងអស់ ក្នុងការរស់នៅរបស់យើង មកបម្រើបេសកកម្មនោះ។ បេសកកម្មនេះទាមទារអ្វីៗទាំងអស់ពីយើងមែន តែក៏ប្រគល់អ្វីៗទាំងអស់ឲ្យយើង វិញដែរ។
១៣-យើងមិនត្រូវយល់ថា ភាពថ្មីនៃបេសកកម្មនោះបណ្តាលឲ្យយើងត្រូវដកឫសគល់របស់ខ្លួន ឬដូចជាបណ្តាល ឲ្យយើងត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏រស់រវើក ដែលទទួលយើងនិងជំរុញឲ្យយើងបន្តទៅមុខ។ ជំនឿរបស់យើង តែងតែជំពាក់ជំពិននឹងការនឹកចងចាំនិងការនឹករឭក។ យើងហាក់ដូចជាអាចហៅជំនឿរបស់ខ្លួនជា “ជំនឿ ទុតិយកថានិយម” បានដោយប្រៀបធៀបជំនឿរបស់យើង នឹងប្រវត្តិសាស្រ្តរបស់ប្រជាជនអ៊ីស្រាអែលកាលពីដើម។ ព្រះយេស៊ូប្រគល់អគ្គសញ្ញាអរព្រះគុណឲ្យយើង ទុកការនឹកចងចាំ និងជាការនឹករឭករៀងរាល់ថ្ងៃរបស់ ព្រះសហគមន៍ ហើយបញ្ចូលយើងក្នុងបុណ្យចម្លងរបស់ព្រះអង្គឲ្យកាន់តែជ្រៅទៅៗជានិច្ច (លក ២២, ១៩)។ អំណរដែលមកពីយើងជម្រាបជូនដំណឹងល្អ រំលេចឲ្យឃើញនៅលើការនឹកចងចាំ និងការនឹករឭក ទាំងអរព្រះគុណ។ យើងត្រូវតែអង្វរព្រះជាម្ចាស់ដែលបានប្រទានការនឹកចងចាំ និងការនឹករឭកបែបនោះ។ ក្រុមសាវ័ក មិនដែលភ្លេច ពេលដែលព្រះយេស៊ូធ្វើឲ្យគេរំភើបចិត្ត៖ “ពេលនោះប្រហែលជាម៉ោងបួនរសៀល” (យហ ១,៣៩)។ ការនឹកចងចាំ និងការនឹករឭកបង្ហាញឲ្យដឹងថាមាន “សាក្សីជាច្រើនឥតគណនា” (ហប១២,១) រួមជាមួយព្រះយេស៊ូ។ ក្នុងចំណោមសាក្សីទាំងនោះ អ្នកខ្លះមានឥទ្ធិពលយ៉ាងពិសេស គឺបានបណ្តុះអំណររបស់ យើងដែលមានជំនឿ៖ “ចូរនឹកគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឲ្យបងប្អូនស្ដាប់ឮ” (ហប ១៣,៧)។ ជួនកាលមានអ្នកតូចតាច ឬអ្នករស់នៅក្បែរយើងបានណែនាំឲ្យយើងមាន ជំនឿ៖ “ខ្ញុំនឹកចាំពីជំនឿឥតលាក់ពុតរបស់ប្អូន គឺជាជំនឿដែលលោកយាយឡូអអ៊ីសជាជីដូន និងអ្នកស្រីអ៊ីនីសជាម្ដាយរបស់ប្អូនធ្លាប់មានមុនប្អូន” (២ ធម ១,៥)។ អ្នកមានជំនឿផ្ញើជីវិតលើព្រះជាម្ចាស់ ពិតជាអ្នក នឹកចងចាំ និងនឹករឭក។
៣) ការជម្រាបជូនដំណឹងល្អបែបថ្មី ដើម្បីបញ្ជូនបន្តជំនឿ
១៤- ព្រះវិញ្ញាណជួយយើងឲ្យរួមគ្នាទទួលស្គាល់ និងយល់សញ្ញាសម្គាល់នៃពេលវេលា។ ឧបមាថា ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៨ តុលា ២០១២ មានប្រជុំទូទៅធម្មតាទី១៣ នៃសន្និបាតរបស់អស់លោកអភិបាល តាមប្រធានបទស្តីអំពី “ការនាំដំណឹងល្អបែបថ្មី ដើម្បីបញ្ជូនបន្តជំនឿនៃគ្រីស្តសាសនា។ ក្នុងអង្គប្រជុំនោះ អស់លោកបានរំឭកថា៖ “ការជម្រាបជូនដំណឹងល្អបែបថ្មី ដាស់តឿនយើងម្នាក់ៗឲ្យប្រព្រឹត្តកិច្ចការក្នុងវិស័យបីយ៉ាងគឺ៖
- វិស័យទីមួយ គឺការណែនាំគ្រីស្តបរិស័ទជាធម្មតា។ យើងមានគោលដៅធ្វើឲ្យ “ភ្លើងនៃព្រះវិញ្ញាណបំភ្លឺចិត្តគំនិត គ្រីស្តបរិស័ទ ដែលធ្លាប់មានទំនាក់ទំនងជាធម្មតាជាមួយព្រះសហគមន៍ បានកក់ក្តៅនៅពេលជួបជុំគ្នានាថ្ងៃ អាទិត្យ ជាថ្ងៃរបស់ព្រះអម្ចាស់។ គេមកទទួលព្រះបន្ទូលនិងទទួលអាហារ ដែលផ្តល់ព្រះជន្មរបស់ព្រះជាម្ចាស់។ ក្នុងការណែនាំទីមួយនោះ ក៏ត្រូវរាប់បញ្ចូលគ្រីស្តបរិស័ទដែលមានជំនឿមុតមាំនិងស្មោះ។ ទោះបីគេមិនចូលរួមក្នុងពីធីបុណ្យជារឿយៗក្តី ក៏គ្រីស្តបរិស័ទទាំងនោះបង្ហាញជំនឿនេះតាមរបៀបផ្សេងៗដែរ។ វិស័យណែនំារបៀបនេះ មានគោលបំណងជួយឲ្យគ្រីស្តបរិស័ទចម្រើនឡើង គឺឲ្យគេអាចតបឆ្លើយនឹងព្រះហឫទ័យរបស់ព្រះ ជាម្ចាស់ឲ្យកាន់តែប្រសើរឡើងៗ ក្នុងគ្រប់កិច្ចការប្រចាំការរស់នៅរបស់គេ។
- វិស័យទីពីរ គឺការណែនាំគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយ តែមិនរស់នៅស្របតាមអគ្គសញ្ញាជ្រមុជទឹកនោះទេ គេមិនភ្ជាប់ចិត្តនឹងព្រះសហគមន៍ ហើយគេគ្មានបទពិសោធន៍ថា ជំនឿអាច សម្រាលទុក្ខគេដែរ។ ព្រះសហគមន៍ក្នុងឋានៈជាមាតា ដែលចាប់អារម្មណ៍នឹងកូនចៅជានិច្ច ប្តេជ្ញាចិត្តណែនាំ គេឲ្យប្រែចិត្តគំនិត ហើយនឹងផ្តល់ឲ្យគេមានអំណរដែលហូរពីជំនឿវិញ ព្រមទាំងឲ្យគេមានបំណងកាន់តាម ដំណឹងល្អទៀតផង។
- វិស័យទីបី គឺការនាំដំណឹងល្អភ្ជាប់នឹងការប្រកាសដំណឹងល្អ ដល់អ្នកដែលមិនស្គាល់ព្រះយេស៊ូគ្រីស្តនៅឡើយឬដល់អ្នកដែលបដិសេធមិនព្រមទទួលព្រះយេស៊ូនេះតាំងពីដើមរៀងមក។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សជាច្រើនស្វែងរកព្រះជាម្ចាស់យ៉ាងស្ងាត់ៗក្នុងចិត្ត ទាំងនឹកអាឡោះអាល័យព្រះភ័ក្ត្ររបស់ព្រះអង្គ។ ទោះ បីក្នុងស្រុកដែលមានប្រជាជនកាន់គ្រីស្តសាសនាជាយូរសតវត្សមកហើយក្តី ក៏មានមនុស្សបែបនោះច្រើននាក់ ដែរ។ គេមានសិទ្ធិទទួលដណឹងល្អគ្រប់គ្នា។ ហេតុនេះ គ្រីស្តបរិស័ទមានភារកិច្ចជម្រាបជូនដំណឹងល្អ ដោយមិនរើសមុខនរណាឡើយ។ គ្រីស្តបរិស័ទជម្រាបជូនដំណឹងល្អដល់គេ មិនមែនមានន័យថា គេដាក់ករណីកិច្ចថ្មីដែលអ្នកទាំងនោះត្រូវបំពេញទេ តែផ្ទុយទៅវិញ គេចែករំលែកអំណររបស់ខ្លួនឲ្យអ្នកទាំងនោះ។ ដំណឹងល្អ បង្ហាញទិសដៅដ៏ប្រសើរដល់ជីវិតរបស់គេ និងអញ្ជើញឲ្យគេចូលរួមក្នុងពីធីជប់លៀងនៅលោកខាងមុខ ដែលគួរឲ្យចង់ចូល។ ព្រះសហគមន៍មិនរីកចម្រើនឡើង ដោយគ្រីស្តបរិស័ទខិតខំផ្សព្វផ្សាយសាសនាទាំងបង្ខំឲ្យចូលទេ តែដោយជំនឿរបស់គ្រីស្តបរិស័ទទាក់ទាញចិត្តអ្នកដទៃ។
១៥- សម្តេចប៉ាបយ៉ូហាន-ប៉ូលទី ២ បានអញ្ជើញយើងឲ្យទទួលស្គាល់ថា “ត្រូវតម្រង់ខ្លួនជម្រាបជូនដំណឹងល្អគ្រប់ពេលវេលា” ដល់អ្នកដែលរស់នៅឆ្ងាយពីព្រះគ្រីស្ត “ដ្បិតជាភារកិច្ចចម្បងនៃព្រះសហគមន៍”។ “នាបច្ចុប្បន្ន កាលព្រះសហគមន៍ប្រឈមមុខ និងបំពេញកិច្ចការជាសាសនទូតនេះ ជាកិច្ចការដ៏ប្រសើរជាងគេ។ ហេតុនេះ ហើយត្រូវចាត់កិច្ចការជាសាសនទូតទុកជាកិច្ចដ៏សំខាន់ជាងគេ”។ ប្រសិនបើយើងចាប់អារម្មណ៍យ៉ាងពិតប្រាកដនឹងពាក្យនេះ តើនឹងមានអ្វីកើតឡើង? យើងមុខជាទទួលស្គាល់ថា កិច្ចការជាសាសនទូត ពិតជាគោល ដៅ ដែលណែនាំកិច្ចការទាំងអស់ក្នុងព្រះសហគមន៍។ ក្រុមអភិបាលនៃទ្វីបអាមេរិកខាងត្បូង បានប្រកាស ស្របតាមគំនិតនេះថា៖ “យើងមិនអាចស្ថិតនៅស្ងៀមដោយមិនអើពើទៀតទេ ទាំងនៅរង់ចាំមនុស្សលោកក្នុងព្រះវិហាររបស់យើង។ យើងត្រូវតែផ្លាស់ប្តូរការណែនាំរបស់យើង គឺលែងណែនាំព្រះសហគមន៍ដោយគ្រាន់តែ រក្សាទុកគ្រីស្តបរិស័ទប៉ុណ្ណោះទេ តែត្រូវណែនាំគេតាមបែបជាសាសនទូតយ៉ាងពិតប្រាកដ”។ កិច្ចការនេះនៅតែជាប្រភពផ្តល់អំណរដ៏ខ្លាំងជាងគេដល់ព្រះសហគមន៍ ដូចមានចែងទុកមកថា៖ “ព្រះជាម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់ប្រែចិត្ត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការប្រែចិត្តគំនិត” (លក ១៥,៧)។
យោបល់និងព្រំដែន នៃពាក្យដាស់តឿននេះ
១៦- ខ្ញុំបានទទួលសេចក្តីអញ្ជើញរបស់អស់លោកអភិបាល ដែលជួបជុំគ្នាក្នុងសន្និបាត ដែលសូមឲ្យខ្ញុំសរសេរពាក្យដាស់តឿននេះ។ ខ្ញុំសរសេរដោយមានបំណងប្រមែប្រមូលផលដ៏ប្រសើរនៃសន្និបាតនោះ។ ខ្ញុំក៏បានសួរ យោបល់គ្រីស្តបរិស័ទផ្សេងៗទៀតដែរ ហើយសូមចែកកង្វល់របស់ខ្ញុំសព្វថ្ងៃឲ្យអស់លោក ចំពោះកិច្ចការជាក់ ច្បាស់របស់ព្រះសហគមន៍ដែលជម្រាបជូនដំណឹងល្អ។ យើងអាចលាតត្រដាងប្រធានបទជាច្រើនឥតគណនា ដែលភ្ជាប់នឹងការជម្រាបជូនដំណឹងល្អនេះបាន។ ប៉ុន្តែខ្ញុំមិនព្រមបកស្រាយបញ្ហាទាំងនោះឲ្យបានពិស្តារទេ ព្រោះត្រូវសិក្សា និងរិះគិតយ៉ាងជ្រៅអំពីបញ្ហាទាំងនេះ ដោយយកចិត្តទុកដាក់ជាមុនសិន។ ខ្ញុំក៏មិនជឿថា អស់លោកត្រូវរង់ចាំឲ្យសម្តេចប៉ាបមានប្រសាសន៍ម្តងជាស្រេច និងឲ្យបានសព្វគ្រប់អំពីបញ្ហាព្រះសហគមន៍ និង ពិភពលោកដែរ។ មិនគួរឲ្យសម្តេចប៉ាបរិះគិតពិចារណា ជំនួសក្រុមអភិបាលតាមប្រទេសនានា អំពីបញ្ហាដែល កើតឡើងក្នុងភូមិភាគរបស់អស់លោកឡើយ។ ពេលខ្ញុំគិតដូច្នេះ ខ្ញុំយល់ថា ប្រសិនបើក្រុមអភិបាលត្រូវទទួលខុសត្រូវកាន់តែច្រើនឡើងបន្តិចម្តងៗ ពិតជាផ្លូវប្រសើរជាង។
១៧- ក្នុងលិខិតនេះ ខ្ញុំមានបំណងផ្តល់មតិយោបល់ខ្លះៗ ដែលជាគន្លឹះសម្រាប់លើកទឹកចិត្ត និងបង្ហាញទិសដល់ ព្រះសហគមន៍ទាំងមូលឲ្យខ្នះខ្នែង និងមានចិត្តឧស្សាហ៍ក្នុងដំណាក់កាលថ្មី នៃការជម្រាបជូនដំណឹងល្អ។ ហេតុដូច្នេះហើយបានជាខ្ញុំសម្រេចបកស្រាយជាហូរហែអំពីប្រធានបទខ្លះ ក្នុងចំណោមបញ្ហាឯទៀតៗទាំងប៉ុន្មាន ស្របតាមសេចក្តីប្រៀនប្រដៅចែងក្នុងធម្មនុញ្ញ គោលលទ្ធិនៃជំនឿ “ព្រះគ្រីស្តជាពន្លឺបំភ្លឺពិភពលោក” មានដូចតទៅ ៖
ក- អំពីការប្រែទម្រង់ព្រះសហគមន៍ឲ្យចេញទៅជម្រាបជូនដំណឹងល្អដល់គេ។
ខ- អំពីការរល្បួងរបស់អ្នកបំពេញការណែនាំ។
គ- អំពីព្រះសហគមន៍ទុកជាប្រជារាស្ត្រទាំងមូលរបស់ព្រះជាម្ចាស់ ដែលជម្រាបជូនដំណឹងល្អ។
ង- អំពីពិធីអត្ថាធិប្បាយគម្ពីរ ឬធម្មទេសនា និងការរៀបចំពិធីអត្ថាធិប្បាយនោះ។
ច- អំពីការបញ្ចូលជនក្រីក្រក្នុងសង្គម។
ឆ- អំពីសន្តិភាព និងការនិយាយសន្ទនាគ្នាក្នុងសង្គម។
ជ- អំពីមូលហេតុខាងព្រះវិញ្ញាណ ដែលជំរុញព្រះសហគមន៍ឲ្យធ្វើកិច្ចការជាសាសនទូត។
១៨- ប្រហែលអស់លោកយល់ឃើញថា ខ្ញុំបានបកស្រាយអំពីប្រធានបទទាំងនេះហួសហេតុ តែខ្ញុំមិនមែនមានបំណងនិពន្ធកូនសៀវភៅទេ គឺខ្ញុំសរសេរក្នុងគោលបំណងចង់បង្ហាញអំពីសារៈសំខាន់ នៃប្រធានបទទាំងនោះក្នុងការរស់នៅដ៏ជាក់ច្បាស់ នៃព្រះសហគមន៍នាបច្ចុប្បន្នកាលប៉ុណ្ណោះ។ ប្រធានបទទាំងនោះ ជួយត្រួសត្រាយ ផ្លូវមួយ និងឥរិយាបថរបស់ព្រះសហគមន៍ ដែលពិតជារបៀបជម្រាបជូនដំណឹងល្អ។ ខ្ញុំសូមអស់លោករស់នៅ តាមឥរិយាបថនេះ ក្នុងគ្រប់កិច្ចការដែលអស់លោកបំពេញ។ ប្រសិនបើយើងរស់នៅបែបនោះ យើងមុខជាអាច ទទួលព្រះបន្ទូលដាស់តឿនរបស់ព្រះអម្ចាស់ក្នុងកិច្ចការធម្មតាប្រចាំថ្ងៃថា៖ “ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!” (ភល ៤,៤)។
ជំពូកទី១
ព្រះសហគមន៍ត្រូវផ្លាស់ប្រែ
ដើម្បីចេញទៅជម្រាបជូនដំណឹងល្អ
***
១៩- យើងជម្រាបជូនដំណឹងល្អ ស្របតាមព្រះបញ្ជារបស់ព្រះយេស៊ូ ដែលផ្តាំក្រុមសាវ័កថា៖ “ចូរចាកចេញទៅ! ចូរនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកជូនគេ ដើម្បីឲ្យគេមានទំនាក់ទំនងជាមួយព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា” (មថ ២៨,១៩-២០)។ ក្នុងខទាំងប៉ុន្មាននេះ មានរៀបរាប់នៅពេលដែលព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿង ចាត់ក្រុមសាវ័កឲ្យទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា ដើម្បីឲ្យ មនុស្សទាំងអស់នៅគ្រប់កន្លែងក្នុងពិភពលោកទាំងមូលផ្ញើជីវិតលើព្រះអង្គ។
១) ព្រះសហគមន៍ដែលចាកចេញទៅ ឬចាប់ផ្តើមចេញដំណើរ
២០- ក្នុងគ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានចែងអំពីថាមពលម៉្យាង ដែលកើតមកព្រះជាម្ចាស់សព្វព្រះហឫ ទ័យឲ្យអ្នកផ្ញើជីវិតលើព្រះអង្គ “ចាកចេញទៅ”។ ឧប.លោកអប្រាហាំសុខចិត្តចាកចេញតម្រង់ទៅកាន់ទឹកដីថ្មីស្របតាមព្រះជាម្ចាស់ត្រាស់ហៅ (កណ ១២,១-៣)។ លោកម៉ូសេក៏ស្តាប់ព្រះជាម្ចាស់ត្រាស់ហៅលោកថា៖ “អញ្ជើញចេញទៅ ខ្ញុំចាត់អ្នកឲ្យទៅ” (ដណ ៣,១៧)។ លោកក៏នាំប្រជារាស្ត្រជូនអ៊ីស្រាអែលទៅកាន់ទឹកដីសន្យា។ ព្រះអង្គមានព្រះបន្ទូលមកព្យាការីយេរេមីថា៖ “អ្នកត្រូវទៅជួបអស់អ្នកដែលយើងចាត់អ្នកឲ្យទៅជួប” (យរ ១,៧)។ ក្នុងព្រះបន្ទូលព្រះយេស៊ូថា៖ “ចាកចេញទៅ!” មានកប់ទុកនូវគម្រោងការផ្សេងៗ និងការពិបាក គ្រប់យ៉ាងហើយថ្មីៗជានិច្ច ដែលព្រះសហគមន៍ត្រូវប្រឈមមុខក្នុងការជម្រាបជូនដំណឹងល្អ តាមបេសកកម្ម របស់ខ្លួន។ ព្រះអង្គត្រាស់ហៅយើងទាំងអស់គ្នាឲ្យចេញសាជាថ្មី ទៅធ្វើជាសាសនទូត។ គ្រីស្តបរិស័ទគ្រប់ៗរូប ក្នុងគ្រប់សហគមន៍ ត្រូវរិះគិតពិចារណាស្វែងរកមាគ៌ាដែលព្រះអម្ចាស់សុំឲ្យខ្លួនទៅនោះ។ តែព្រះអង្គអញ្ជើញយើងទាំងអស់គ្នាឲ្យសុខចិត្តស្តាប់ព្រះអង្គត្រាស់ហៅនោះ គឺត្រូវសុខចិត្តចាកចេញពីការសម្បូរបែប និងមាន ចិត្តក្លាហានហ៊ានចេញទៅគ្រប់កន្លែង ដែលមនុស្សត្រូវការពន្លឺនៃដំណឹងល្អ។ អំណរដែលបំពេញការរស់នៅ របស់សហគមន៍ សាវ័កពិតជាមកពីពួកគេធ្វីជាសាសនទូតជម្រាបជូនដំណឹងល្អដល់អ្នកដទៃ។ នៅពេលក្រុម សាវ័កចិតសិបនាក់ត្រឡប់មកពីប្រកាសដំណឹងល្អ អស់លោកមានបទពិសោធន៍អំពីអំណរនោះ គឺគេពោរពេញដោយអំណរ(លក១០,៧)។ ព្រះយេស៊ូបានទតឃើញអំណរនេះ ហើយត្រេកអរតាមព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះ អង្គក៏សរសើរតម្កើងព្រះបិតា ដ្បិតព្រះបិតាបានសម្តែងព្រះអង្គឲ្យអ្នកក្រីក្រនិងឲ្យអ្នកតូចតាច(លក១០,១)។ នៅបុណ្យថ្ងៃទី ៥០ អ្នកប្រែចិត្តគំនិតមុនគេក៏មានអំណរនេះដែរ គេស្ងើចសរសើរដោយស្តាប់ក្រុមគ្រីស្តទូត ប្រកាសព្រះបន្ទូល៖“គេស្តាប់តាមភាសារៀងៗខ្លួន” (កក ២,៦)។ អំណរនេះជាសញ្ញាសម្គាល់បញ្ជាក់ថា គេបាននាំដំណឹងល្អពិតមែនហើយ ហើយដំណឹងល្អនេះក៏បង្កើតផលដែរ។ តែអំណរនេះមានថាមពលដល់អ្នក ដែលចេញទៅហើយដែលចែកចាយអំណោយដល់គេ គឺមកពីគេលះបង់ខ្លួនដើរទៅមុន និងសាបព្រោះសាជាថ្មី ជានិច្ចឲ្យកាន់តែឆ្ងាយទៅៗ។ ព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលថា៖ “យើងនាំគ្នាទៅកន្លែងផ្សេងៗ គឺទៅភូមិឯទៀតៗដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមក ដើម្បីបំពេញការនេះឯង” (មក១,៣៨)។ ពេលព្រះអង្គសាបព្រោះនៅកន្លែងណាមួយ ទ្រង់មិនស្ថិតនៅកន្លែងនោះរហូត ដើម្បី ពន្យល់ព្រះបន្ទូលថែមទៀតទេ ឬដើម្បីធ្វើសញ្ញាសម្គាល់ឯទៀតៗដែរ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណនាំព្រះអង្គឲ្យ ចេញទៅកាន់ភូមិឯទៀតៗ។
២១-ព្រះបន្ទូលមានឥទ្ធិពលយ៉ាងខ្លាំង ដែលយើងមិនអាចប៉ាន់ស្មានបានទេ។ ក្នុងគម្ពីរដំណឹងល្អមានចែងអំពី កសិករម្នាក់ដាក់គ្រាប់ពូជក្នុងដី ទោះបីគាត់ដេកលក់ក្តីក៏គ្រាប់ពូជនោះដុះឡើងដែរ (មក៤,២៦-២៩)។ គ្មាននរណាអាចឃាត់សេរីភាពនៃព្រះបន្ទូលបានទេ។ ព្រះបន្ទូលបង្កើតផលតាមរបៀបព្រះបន្ទូល គឺតាមរបៀប ផ្សេងៗ ដែលយើងមិនអាចប៉ាន់ស្មានបានទេ។ ដោយព្រះបន្ទូលតែងតែរួចពីអំណាចរបស់យើងព្រះបន្ទូលបង្កើត ផលហួសពីការព្រាងទុករបស់យើង និងប្រែគម្រោងការរបស់យើងទៀតផង។
២២- ព្រះសហគមន៍នៅរួមរស់យ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូ ដូចអ្នកធ្វើដំណើររួមជាមួយគ្នា។ ការរួបរួមជាមួយព្រះអង្គ ក៏ជាការរួបរួមរបស់សាសនទូតដែរ។ ព្រះសហគមន៍យកតម្រាប់តាមព្រះបរមគ្រូជាគំរូ។ សព្វថ្ងៃព្រះសហគមន៍ត្រូវតែចេញទៅជម្រាបជូនដំណឹងល្អ ដល់មនុស្សទាំងអស់នៅគ្រប់កន្លែង នៅគ្រប់ឱកាសដោយ មិនរួញរាមិនខ្ពើម និងមិនខ្លាចអ្វីឡើយ។ ប្រជាជនទាំងមូលត្រូវទទួលអំណរដែលហូរមកពីដំណឹងល្អមិនត្រូវឃាត់នរណាមិនឲ្យទទួលអំណរនេះឡើយ។ ទេវទូតជូនដំណឹងដល់ក្រុមគង្វាល នៅភូមិបេថ្លេហឹមថា៖“កុំខ្លាច អ្វីឡើយ! ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូល មានអំណរដ៏ លើសលុប”(លក២,១០)។ ក្នុងគម្ពីរវិវរណៈក៏មានចែងអំពី “ដំណឹងល្អមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចមកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី (វវ ១៤,៦)។
ត្រូវចាប់ផ្តើមគំនិតចូលរួមធ្វើកិច្ចការជូនដំណើរគេ ព្រមទាំងបង្កើតផល និងលើកតម្កើងព្រះជាម្ចាស់
២៤- ព្រះសហគមន៍ដែល“ចេញទៅ” កាន់អ្នកដទៃនោះ ពិតជាសហគមន៍របស់សាវ័កទាំងប៉ុន្មាន ដែលជាសាសន ទូតផងដែរ។ គេផ្តើមគំនិត ហើយគេចូលរួមដោយផ្ទាល់ខ្លួន គឺជូនដំណើរអ្នក ព្រមទាំងង្កើតផល និងលើកតម្កើងព្រះជាម្ចាស់។ សហគមន៍ដែលនាំដំណឹងល្អមានបទពិសោធថា ព្រះអម្ចាស់ផ្តើមគំនិតព្រះអង្គនៅខាងដើមនៃ អ្វីៗទាំងអស់ គឺព្រះអង្គបានធ្វើសកម្មភាពជាមុន ដោយព្រះហឫទ័យស្រឡាញ់(១យហ៤,១០)។ ហេតុនេះ ហើយបានជាព្រះសហគមន៍ចេះតែទៅមុខជានិច្ច តែងចាប់ផ្តើមគំនិតដោយមិនខ្លាចអ្វី គឺចេញទៅជួបគេ ទៅ ស្វែងរកអស់អ្នកដែលនៅឆ្ងាយ និងទៅដល់កន្លែងផ្លូវបែកអញ្ជើញអស់អ្នក ដែលគ្មាននរណារាប់រក។ ព្រះសហ គមន៍មានបទពិសោធន៍អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា និងអំពីឫទ្ធានុភាពរបស់ព្រះអង្គ ដែលផ្សព្វ ផ្សាយព្រះហឫទ័យមេត្តាករុណាទៀតនោះ។ ហេតុនេះហើយ បានជាព្រះសហគមន៍មានបំណងចង់នាំនូវព្រះហឫទ័យមេត្តាករុណានោះមកមនុស្សលោក។ បំណងនេះមិនដែលចប់ទេ។ យើងត្រូវហ៊ានចាប់ផ្តើមគំនិតថ្មី និងធ្វើកិច្ចការថ្មីដែរ។ ហេតុនេះ ព្រះសហគមន៍ចូលរួមយ៉ាងសកម្ម ក្នុងការរស់នៅរបស់មនុស្សលោក។ ព្រះ អម្ចាស់យេស៊ូបានចូលរួមយ៉ាងសកម្ម ហើយក៏សូមឲ្យសាវ័កចូលរួមយ៉ាងសកម្មដែរ គឺព្រះអង្គសុខចិត្តលុតជង្គង់ នៅមុខអ្នកដទៃ ហើយលាងជើងគេ។ ប៉ុន្តែភ្លាមនោះព្រះអង្គមានព្រះបន្ទូលមកកាន់ក្រុមសាវ័កថា៖ “ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសេចក្តីសុខសាន្តមិនខាន” (យហ ១៣,១៧)។ សហគមន៍ ដែលជម្រាបជូនដំណឹងល្អ ត្រូវចូលរួមក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកដទៃ ទាំងធ្វើកិច្ចកានិងកាយវិការផ្សេងៗ បញ្ជាក់ថា ព្រះសហគមន៍មិននៅឆ្ងាយពីគេទេ។ ប្រសិនបើត្រូវការក៏ព្រះសហគមន៍ត្រូវដាក់ខ្លួនរហូតដល់ត្រូវ អាម៉ាស់ទៀតដែរ។ ព្រះសហគមន៍លើកយកការរស់នៅរបស់មនុស្ស ដោយរួមជាមួយសាច់ឈាមរបស់ព្រះ គ្រីស្ដដែលកំពុងរងទុក្ខក្នុងប្រជាជនសព្វថ្ងៃ។ ធ្វើដូច្នេះ អស់អ្នកនាំដំណឹងល្អមុខជាស្គាល់ក្លិនរបស់ចៀម ហើយ ចៀមក៏ស្គាល់សំឡេងរបស់គេដែរ។ បន្ទាប់មកសហគមន៍ដែលនាំដំណឹងល្អរៀបចំខ្លួនជូនដំណើរគេ។ ព្រះ សហគមន៍ធ្វើដំណើររួមជាមួយមនុស្សជាតិក្នុងគ្រប់ការចម្រើនរបស់គេ ទោះការចម្រើនទាំងនោះពិបាក និង មិនសម្រេចភ្លាមៗក្តី។ ព្រះសហគមន៍តែងតែរង់ចាំ និងមានចិត្តអត់ធ្មត់បែបជាគ្រីស្តទូត។ អ្នកជម្រាបជូនដំណឹង ត្រូវមានចិត្តអត់ធ្មត់ ខន្តីជាខ្លាំងទាំងទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន។ អ្នកនោះមានចិត្តស្មោះនឹងព្រះ អំណោយទានរបស់ព្រះអម្ចាស់ ហើយក៏ចេះបង្កើតផលដែរ។ សហគមន៍ដែលជម្រាបជូនដំណឹងល្អក៏ចាប់ អារម្មណ៍នឹងបង្កើតផលជានិច្ចដែរ ព្រោះព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យសហគមន៍នេះបង្កើតផល។ ព្រះអង្គ ថែទាំគ្រាប់ពូជ ហើយមិនជ្រួលច្របល់អំពីស្រងែ។ កាលអ្នកសាបព្រោះឃើញស្រងែដុះឡើង ក្នុងចំណាមពន្លក ស្រូវល្អ គាត់មិនត្អូញត្អែរទេ ហើយក៏មិនភ័យខ្លាចដែរ តែគាត់រកមធ្យោបាយធ្វើឲ្យព្រះបន្ទូលចាក់ឫសក្នុងសភាព ការណ៍ដ៏ជាក់ច្បាស់នោះ និងឲ្យបង្កើតផលនៃជីវិតថ្មី ទោះបីគេយល់ឃើញថាផលទាំងនោះ មិនទាន់ពេញ លក្ខណៈ ហើយមិនទាន់ទុំនៅឡើយក៏ដោយ។ សាវ័កចេះថ្វាយការរស់នៅទាំងស្រុងរបស់ខ្លួន ហើយប្រថុយជីវិត រហូតដល់ធ្វើជាមរណសាក្សី ទុកជាសក្ខីភាពអំពីព្រះយេស៊ូគ្រីស្ត។ គេគ្មានបំណងឲ្យមានខ្មាំងជាច្រើនទេ តែមានបំណងឲ្យមនុស្សទទួលព្រះបន្ទូល និងឲ្យព្រះបន្ទូលនោះសម្តែងឫទ្ធានុភាព ព្រមទាំងរំដោះមនុស្ស និងប្រែ ចិត្តគំនិតគេឲ្យបានជាថ្មី។ សហគមន៍ដែលជម្រាបជូនដំណឹងល្អមានអំណរ ហើយតែងតែលើកតម្កើងព្រះជាម្ចាស់ជានិច្ច។ សហគមន៍នេះលើកតម្កើងព្រះអង្គចំពោះគ្រប់ជ័យជម្នះ និងចំពោះគ្រប់កិច្ចការដ៏តូចតាចក្នុង ការជម្រាបជូនដំណឹងល្អ។ ការជម្រាបជូនដំណឹងល្អ ប្រកបដោយសេចក្តីរីករាយ តែងតែធ្វើពិធីគោរពប្រណិប័តន៍ ប្រកបដោយសោភ័ណភាព និងក្នុងគោលបំណងធ្វើឲ្យការល្អចម្រើនឡើងជារៀងរាល់ថ្ងៃ។ ព្រះសហគមន៍ ជម្រាបជូនដំណឹងល្អឲ្យគេផង ហើយក៏ជម្រាបជូនដំណឹងល្អដល់ខ្លួនឯងផងដែរ ដោយធ្វើពិធីគោរពប្រណិប័តន៍ ប្រកបដោយសោភ័ណភាព ព្រោះពិធីទាំងនោះលើកតម្កើងសកម្មភាពជម្រាបជូនដំណឹងល្អ និងជាប្រភពដែល ជំរុញគ្រីស្តបរិស័ទឲ្យសុខចិត្តម្តងជាថ្មីនឹងបូជាជីវិតបម្រើអ្នកដទៃ។
២) ត្រូវប្រែការណែនាំ
២៥- ខ្ញុំដឹងច្បាស់ហើយថា នៅបច្ចុប្បន្នមនុស្សមិនចាប់អារម្មណ៍នឹងឯកសារផ្សេងៗ ដូចកាលពីសម័យមុនៗទេ គេក៏តែងតែភ្លេចឯកសារទាំងនោះទៀតផង។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា សេចក្តីដែលខ្ញុំចង់ប្រាប់នេះ ពិតជាមានខ្លឹម សារដូចជាកម្មវិធីមួយនិងអាចបង្កើតលទ្ធផលជាច្រើន។ខ្ញុំសង្ឃឹមថា គ្រប់សហគមន៍នឹងចាត់ចែងមធ្យោបាយ តាមសេចក្តីត្រូវការដើម្បីដើរតាមផ្លូវ តម្រង់យើងឲ្យប្រែការណែនាំព្រះសហគមន៍ ព្រមទាំងឲ្យធ្វើជាសាសនទូត ផង។ មិនត្រូវទុកការណ៍ឲ្យនៅដដែលដោយមិនប្រែទេ។ យើងមិនត្រូវការតែអ្នកត្រួតត្រាគ្រីស្តបរិស័ទប៉ុណ្ណោះ ទេ។ ក្នុងគ្រប់តំបន់នៃផែនដីដែលយើងរស់នៅត្រូវចាត់ចែង “សភាពអចិន្ត្រៃយ៍ជាសាសនទូត”។
២៦- សម្តេចប៉ាបប៉ូលទី ៦ បានអញ្ជើញគ្រីស្តបរិស័ទឲ្យពង្រីកសេចក្តីអញ្ជើញរបស់មហាសន្និបាតវ៉ាទីកង់ទីពីរ សូមព្រះសហគមន៍កែទម្រង់ខ្លួនឲ្យបានជាថ្មី។ លោកមិនគ្រាន់តែមានប្រសាសន៍ សូមឲ្យបុគ្គលម្នាក់ៗប្រែចិត្តគំនិតប៉ុណ្ណោះទេ តែលោកក៏ទទូចសូមឲ្យព្រះសហគមន៍ទាំងមូលកែទម្រង់ថែមទៀត។ យើងសូមរំឭកអត្ថបទ មួយដ៏សំខាន់បំផុត ដែលនៅតែមានកម្លាំងដាស់តឿនយើងឲ្យក្រោកឈរឡើងថា៖ “ឥឡូវនេះដល់ពេលដែល ព្រះសហគមន៍ត្រូវរិះគិតឲ្យដឹងថា ព្រះសហគមន៍មានយោបល់យ៉ាងណាអំពីខ្លួនឯងផ្ទាល់។ ត្រូវនឹកសញ្ជឹងគិត អំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ចំពោះព្រះសហគមន៍។ ប្រសិនបើព្រះសហគមន៍យល់ច្បាស់អំពី គម្រោងការដ៏អស្ចារ្យនេះ ដែលនាំឲ្យមានសកម្មភាពព្រះសហគមន៍ មុខជាមានបំណងឲ្យបានដូចព្រះសហគមន៍ គំរូ និងតាមព្រះគ្រីស្តសព្វព្រះហឫទ័យ គឺព្រះអង្គស្រឡាញ់ព្រះសហគមន៍ទុកជាព្រះមហេសីដ៏វិសុទ្ធនិមល និង ឥតហ្មងសៅ(អភ៥,២៧)។ ព្រះសហគមន៍បង្ហាញមុខដ៏ជាក់ច្បាស់នេះ ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ប្រសិនបើព្រះសហគមន៍នឹកគិតដូច្នេះ ព្រះសហគមន៍មុខជាមានបំណងសទ្ធាជ្រះថ្លា ដូចជាទ្រាំមិនបានចង់កែ ទម្រង់ឲ្យបានជាថ្មី គឺកែកំហុសដែលមនសិការនេះចោទឡើង និងចង់បោះបង់ចោលក្រោយពីបានពិនិត្យខ្លួនតាមពន្លឺរបស់ព្រះគ្រីស្ត។ មហាសន្និបាតវ៉ាទីកង់ទី ២ បានបង្ហាញថាព្រះសហគមន៍ប្រែដូច្នេះ គឺសុខចិត្តកែទម្រង់ជាអចិន្ត្រៃយ៍ ដោយមានចិត្តស្មោះនឹងព្រះយេស៊ូគ្រីស្ត។ “ព្រះសហគមន៍កែទម្រង់ឲ្យបានជាថ្មី មានអត្ថន័យជា អាទិ៍ថា ព្រះសហគមន៍ត្រូវស្មោះកាន់តែខ្លាំងឡើងៗ ចំពោះព្រះជាម្ចាស់ដែលបានត្រាស់ហៅ។(...)ព្រះគ្រីស្ត ត្រាស់ហៅព្រះសហគមន៍ឲ្យកែទម្រង់ជាអចិន្ត្រៃយ៍ ក្នុងពេលធ្វើដំណើរនៅនាលោកនេះ ព្រោះព្រះសហគមន៍ ត្រូវការកែទម្រង់ក្នុងឋានៈជាស្ថាប័នមួយ ដែលមានលក្ខណៈជាមនុស្សលោកិយ៍ ហើយក៏ស្ថិតនៅក្នុងលោកនេះ ដែរ”។(បង្រួម៦)។ មានរចនាសម្ពន្ធខ្លះ ក្នុងព្រះសហគមន៍អាចជួយគ្រីស្តបរិស័ទឲ្យមានចិត្តស្វាហាប់ ក្នុងការជម្រាបជូនដំណឹងល្អ។ រចនាសម្ពន្ធដ៏ល្អទាំងនោះមានប្រយោជន៍ លុះត្រាតែរចនាសម្ពន្ធមានជីវិតរស់រវើកដែល គាំទ្រ និងណែនាំទៀតផង។ ប្រសិនបើរចនាសម្ពន្ធគ្មានជីវិតថ្មីទេ ហើយប្រសិនបើគំនិតស្របតាមដំណឹងល្អ មិនជ្រួតជ្រាបរចនាសម្ពន្ធទាំងនោះទេ រចនាសម្ពន្ធថ្មីទាំងនោះ មុខជាត្រូវរលួយក្នុងពេលឆាប់ៗពុំខាន ព្រោះ “មិនស្មោះនឹងព្រះសហគមន៍ ហើយក៏មិនស្មោះនិងការត្រាស់ហៅរបស់ខ្លួនផ្ទាល់”។
មិនត្រូវពន្យារពេលកែទម្រង់ព្រះសហគមន៍
២៧-ខ្ញុំស្រមៃឃើញព្រះសហគមន៍ធ្វើជម្រើសមួយ ដែលអាចប្រែអ្វីៗឲ្យបានជាថ្មីទាំងអស់ ដើម្បីឲ្យទម្លាប់រចនា បថ កាលវិភាគ ភាសា និងរចនាសម្ពន្ធទាំងអស់របស់ព្រះសហគមន៍ ក្លាយទៅជាផ្លូវដ៏ល្អត្រឹមត្រូវក្នុងការជម្រាប ជូនដំណឹងល្អដល់មនុស្សលោកនាបច្ចុប្បន្ន។ ខ្ញុំចូលចិត្តជម្រើសដែលណែនាំឲ្យប្រែអ្វីៗទាំងអស់ ឲ្យបានជាថ្មី ជាជាងជម្រើសរក្សាការពារខ្លួនឲ្យស្ថិតនៅដដែលដោយមិនប្រែទេ។ ការកែរចនាសម្ពន្ធនៃព្រះសហគមន៍ ទាម ទារការកែទម្រង់ក្នុងការណែនាំតែត្រូវយល់ថា ការកែទម្រង់នេះមានអត្ថន័យតែមួយ គឺឲ្យរចនាសម្ពន្ធទាំងប៉ុន្មាន មានលក្ខណៈទៅជាសាសនទូតកាន់តែខ្លាំងឡើងៗ។ សូមឲ្យការណែនាំធម្មតានៅគ្រប់កម្រិតបើកចំហឲ្យនរណា ក៏អាចចូលបាន និងបង្ហាញអំណរសប្បាយជាងពីមុន។ សូមចាត់ចែងអស់អ្នកណែនាំឲ្យមានឥរិយាបថ ជាអ្នក ចង់ចេញទៅកាន់អ្នកដទៃជានិច្ច។ សូមឲ្យការណែនាំធម្មតាជួយអស់អ្នក ដែលព្រះយេស៊ូអញ្ជើញឲ្យទទួលព្រះ ហឫទ័យស្រឡាញ់របស់ព្រះអង្គ សុខចិត្តទទួលព្រះហឫទ័យស្រឡាញ់នោះពិតមែន។ ដូចសម្តេចប៉ាបយ៉ូហាន -ប៉ូលទីពីរ មានប្រសាសន៍មកក្រុមអភិបាលទ្វីបអូសេអានីថា៖ “ការកែទម្រង់ព្រះសហគមន៍ឲ្យបានជាថ្មី ត្រូវ មានគោលដៅបំពេញបេសកកម្មជម្រាបជូនដំណឹងល្អ។ បើពុំនោះទេព្រះសហគមន៍មុខជាចាត់ទុកថា ខ្លួនជា សំខាន់ដោយបំភ្លេចមនុស្សលោក”។
២៨-ព្រះសហគមន៍តាមភូមិនីមួយៗ មិនមែនជារចនាសម្ពន្ធចាស់ដែលត្រូវទាត់ចោលនោះទេ។ ដោយព្រះសហ គមន៍តាមភូមិ ងាយសម្របខ្លួនតាមសភាពការណ៍ និងដោយព្រះសហគមន៍នោះអាចមានទ្រង់ទ្រាយប្លែកៗពី គ្នាជាច្រើន ស្របតាមលោកគង្វាល និងស្របតាមសហគមន៍គ្រីស្តបរិស័ទអាចបង្កើតបានព្រះសហគមន៍ តាម ភូមិនោះអាចកែប្រែ ដោយមានគំនិតជាសាសនទូតបាន។ តាមពិតព្រះសហគមន៍តាមភូមិមិនមែនជារចនា សម្ពន្ធតែមួយគត់ ដែលជម្រាបជូនដំណឹងល្អទេ។ ទោះបីព្រះសហគមន៍តាមភូមិនោះ អាចកែទម្រង់ស្របតាម កាលៈទេសៈដោយឥតឈប់ឈរក្តី ក៏ព្រះសហគមន៍តាមភូមិនោះនៅតែជា “ព្រះសហគមន៍ដែលរស់នៅចំ កណ្តាលចំណោមផ្ទះកូនប្រុសកូនស្រីរបស់ខ្លួន”។ ព្រះសហគមន៍នោះ ត្រូវមានទំនាក់ទំនងយ៉ាងជាក់ច្បាស់ជាមួយក្រុមគ្រួសារនានាត្រូវរួមរស់ជាមួយប្រជាជន។ កុំឲ្យព្រះសហគមន៍នោះក្លាយទៅជារចនាសម្ពន្ធសុំាញុំាដាច់ពីប្រជាជន ឬក្លាយទៅជាក្រុមអ្នកដែលគេជ្រើសរើស ដែលគិតតែខ្លួនឯងប៉ុណ្ណោះ។ ព្រះសហគមន៍តាម ភូមិ ពិតជាវត្តមាននៃព្រះសហគមន៍សកល នៅលើទឹកដីមួយចំណែកជាកន្លែងស្តាប់ព្រះបន្ទូល ជាកន្លែងគ្រីស្ត បរិស័ទរស់នៅ និងចម្រើនឡើង ជាកន្លែងមនុស្សអាចនិយាយសន្ទនាគ្នាបាន ជាកន្លែងជម្រាបជូនដំណឹងល្អ និងសម្តែងសេចក្តីស្រឡាញ់ដោយសទ្ធាជ្រះថ្លា ជាកន្លែងនមស្ការ និងធ្វើពីធីគោរពប្រណិប័តន៍ផ្សេងៗ។ ព្រះសហគមន៍តាមភូមិលើកទឹកចិត្តសមាជិករបស់ខ្លួន និងអប់រំគេដោយចាត់ចែងសកម្មភាពទាំងនោះ ឲ្យចេញទៅ ជម្រាបជូនដំណឹងល្អ។ ព្រះសហគមន៍តាមភូមិពិតជាសហគមន៍ដ៏ប្រសើរជាងគេ ជាទីសក្ការៈសម្រាប់អ្នក ស្រេកមករកពិសាទឹកដើម្បីបន្តដំណើរ។ ព្រះសហគមន៍តាមភូមិក៏ជាមណ្ឌលចាត់សាសនទូតឲ្យចេញទៅ ដោយ ឥតឈប់ឈរ។ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា សេចក្តីអញ្ជើញឲ្យព្រះសហគមន៍ក្នុងភូមិកែសម្រួល និងប្រែឲ្យបានជាថ្មីមិនទាន់បានលទ្ធផលគ្រប់គ្រាន់នៅឡើយទេ។ ព្រះសហគមន៍តាមភូមិនោះមិនទាន់រស់នៅក្បែរប្រជា ជនទេ ហើយមិនទាន់ទៅជាកន្លែងរួមរស់ជាមួយគ្នាយ៉ាងរស់រវើក ដោយចែកចាយការរស់នៅដើម្បីតម្រង់ខ្លួន ទាំងស្រុងទៅជម្រាបជូនដំណឹងល្អដល់អ្នកដទៃ។
២៩- រចនាសម្ពន្ធឯទៀតៗនៃព្រះសហគមន៍ គឺសហគមន៍ជាមូលដ្ឋានសហគមន៍តូចតាចចលនានានា និង សហគមន៍ផ្សេងៗទៀត ពិតជាទ្រព្យដ៏មានតម្លៃដ៏ប្រសើរបស់ព្រះសហគមន៍សកល។ ព្រះវិញ្ញាណបានប្រោស ឲ្យក្រុមទាំងនោះកើតឡើង ដើម្បីជម្រាបជូនដំណឹងល្អដល់មនុស្សគ្រប់វណ្ណៈក្នុងសង្គម និងនៅគ្រប់ទីកន្លែង។ ក្រុមទាំងនោះតែងតែនាំការខ្នះខ្នែងជាថ្មី ប្រកបដោយគំនិតដែលហូរពីដំណឹងល្អ និងនាំសមត្ថភាពឲ្យព្រះសហ គមន៍អាចនិយាយសន្ទនាជាមួយមនុស្សលោក។ ការទាំងនោះប្រែទម្រង់ព្រះសហគមន៍ឲ្យបានជាថ្មី។ ក៏ប៉ុន្តែ មិនគួរឲ្យក្រុមទាំងនោះ ដាច់ទំនាក់ទំនងជាមួយព្រះសហគមន៍តាមភូមិទេ ព្រោះព្រះសហគមន៍តាមភូមិនោះ មានសារៈសំខាន់ក្នុងគ្រប់វិស័យ។ ត្រូវឲ្យក្រុមទាំងនោះចូលរួមក្នុងការណែនាំរបស់ព្រះសហគមន៍ក្នុងភូមិ។ ដោយចូលរួមក្នុងការណែនាំជាទូទៅក្រុមទាំងនោះ ចៀសវាងមិនឲ្យក្លាយទៅជាអ្នកកាន់តាមគម្ពីរដំណឹងល្អ តែ មួយចំណែកប៉ុណ្ណោះទេ ឬរួមជាមួយព្រះសហគមន៍តែមួយចំណែក ឬក្លាយទៅជាក្រុមពនេចរដែលគ្មានឫស ទៀតដែរ។
៣០-ព្រះសហគមន៍ក្នុងភូមិភាគនីមួយៗ ជាចំណែកនៃព្រះសហគមន៍កាតូលិកសកល ក្រោមការណែនាំអភិ បាលរបស់ខ្លួន។ ព្រះយេស៊ូក៏ត្រាស់ហៅព្រះសហគមន៍ក្នុងភូមិភាគនោះ ឲ្យប្រែទៅជាសាសនទូតដែរ។ ព្រះ សហគមន៍ក្នុងភូមិភាគត្រូវជម្រាបជូនដំណឹងល្អមុនគេ ព្រោះព្រះសហគមន៍ក្នុងភូមិភាគនោះ សម្តែងយ៉ាងជាក់ ស្តែងនូវព្រះសហគមន៍តែមួយគត់ក្នុងកន្លែងមួយនៃពិភពលោក។ ព្រះសហគមន៍ក្នុងភូមិភាគនោះ ក៏ពិតជា វត្តមាននៃព្រះសហគមន៍របស់ព្រះគ្រីស្ត ដែលកំពុងតែប្រព្រឹត្តសកម្មភាពជា “ព្រះសហគមន៍របស់ព្រះគ្រីស្តតែ មួយគត់ គឺព្រះសហគមន៍ដ៏វិសុទ្ធកាតូលិក និងដែលកាន់ជំនឿតាមក្រុមគ្រីស្តទូតជាគ្រឹះទៀតផង” (អភិបាល ១១)។ ព្រះសហគម៍ក្នុងភូមិភាគ ពិតជាព្រះសហគមន៍សកលដែលកើតមកនៅកន្លែងមួយយ៉ាងជាក់ច្បាស់ ព្រះគ្រីស្តបានប្រទានគ្រប់មធ្យោបាយ សម្រាប់សង្គ្រោះមនុស្សលោកឲ្យព្រះសហគមន៍ក្នុងភូមិភាគ ដែលមាន មុខមាត់តាមកន្លែងមួយ។ ព្រះសហគមន៍ក្នុងភូមិភាគសម្តែងអំណរបញ្ជូនព្រះយេស៊ូគ្រីស្ត ដោយយកចិត្តទុកដាក់ជម្រាបជូនអំពីព្រះគ្រីស្ត ក្នុងកន្លែងដែលមនុស្សត្រូវការច្រើនជាងគេ និងដោយចេញទៅកាន់ជាយនៃតំបន់ របស់ខ្លួនជានិច្ច ឬទៅកាន់វណ្ណៈថ្មីក្នុងសង្គម និងទៅកាន់អ្នកមានវប្បធម៌ថ្មី។ ព្រះសហគមន៍ក្នុងភូមិភាគយកចិត្តទុកដាក់ជានិច្ចឲ្យស្ថិតនៅកន្លែងដែលមនុស្សខ្វះពន្លឺ និងខ្វះព្រះជន្មរបស់ព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុង រឿង។ ហេតុនេះហើយបានជាខ្ញុំសូមដាស់តឿនព្រះសហគមន៍ក្នុងភូមិភាគនីមួយៗ ឲ្យប្តេជ្ញាចិត្តចូលរួមក្នុង ដំណើររិះគិតពិចារណាជម្រះ និងកែទម្រង់ខ្លួនដើម្បីឲ្យសន្ទុះធ្វើជាសាសនទូតនេះកាន់តែខ្លាំងឡើងៗ មាន សទ្ធាជ្រះថ្លា និងអាចបង្កើតផលបាន។
៣១-លោកអភិបាលត្រូវតែជួយឲ្យគ្រីស្តបរិស័ទ ក្នុងភូមិភាគរួបរួមគ្នាជាសាសនទូតជានិច្ច ដោយតម្រង់ទៅតាមឧត្តមគតិនៃសហគមន៍គ្រីស្តបរិស័ទដើមដំបូង។ ក្នុងសហគមន៍ទាំងនោះ គ្រីស្តបរិស័ទមានចិត្តថ្លើមតែមួយ (កក៤,៣២)។ ជួនកាលលោកត្រូវស្ថិតនៅខាងមុខដើម្បីបង្ហាញផ្លូវ និងគាំទ្រសេចក្តីសង្ឃឹមរបស់ប្រជាជន។ជួនកាលលោកត្រូវស្ថិតនៅកណ្តាលគ្រីស្តបរិស័ទទាំងអស់តែម្តង ដោយមានចិត្តមេត្តាករុណា។ ក្នុងករណីខ្លះ លោកត្រូវដើរពីក្រោយប្រជាជន ដើម្បីជួយអស់អ្នកដែលស្ថិតនៅខាងក្រោយ ហើយជាពិសេសមកពីហ្វូងមាន សមត្ថភាពអាចរកឃើញផ្លូវថ្មីៗបាន លោកមានបេសកកម្មជួយឲ្យគ្រីស្តបរិស័ទរួបរួមគ្នា ដើម្បីឲ្យគេមានកម្លាំង មានចិត្តទូលំទូលាយធ្វើជាសាសនទូត។ លោកត្រូវលើកស្ទួយ និងរកបង្កើតស្ថាប័នឲ្យកាន់តែប្រសើរឡើង ដែល អាចជួយឲ្យគ្រីស្តបរិស័ទរួមចំណែកក្នុងការណែនាំ ដូចមានចែងក្នុងក្បួនច្បាប់នៃព្រះសហគមន៍សកល។ លោក ក៏ត្រូវរកបង្កើតរបៀបនិយាយសន្ទនាផ្សេងៗអំពីការណែនាំ ដោយមានបំណងស្តាប់គ្រីស្តបរិស័ទទំាងអស់ មិនគ្រាន់តែស្តាប់គ្រីស្តបរិស័ទមួយចំនួន ដែលតែងតែសរសើរបញ្ជោរលោកជានិច្ចប៉ុណ្ណោះ។ ការចាត់ចែងឲ្យរួម ចំណែកក្នុងការណែនាំទាំងនោះ មានគោលដៅមិនគ្រាន់តែឲ្យចាត់ចែងព្រះសហគមន៍ប៉ុណ្ណោះទេ តែថែមទាំង មានគោលដៅទៅកាន់មនុស្សទាំងអស់ តាមការយល់សប្ដិរបស់សាសនទូត។
៣២-ព្រះយេស៊ូត្រាស់ហៅខ្ញុំឲ្យរស់នៅតាមបែប ដែលខ្ញុំបង្គាប់ឲ្យអ្នកឯទៀតៗរស់នៅដែរ។ ហេតុនេះខ្ញុំក៏ត្រូវគិតដល់កែទម្រង់មុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ូមដែរ។ ក្នុងឋានៈខ្ញុំជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម ខ្ញុំ ត្រូវសុខចិត្តទទួលយោបល់ពីអស់លោកអភិបាល អំពីរបៀបដែលខ្ញុំត្រូវបំពេញមុខងារបម្រើរបស់ខ្ញុំឲ្យកាន់តែស្មោះ និងតាមអត្ថន័យដែលព្រះយេស៊ូសព្វព្រះហឫទ័យបានបញ្ជាក់នោះហើយ ក៏ស្របតាមសេចក្តីត្រូវការនៃ ការជម្រាបជូនដំណឹងល្អនាបច្ចុប្បន្នកាល។ សម្តេចប៉ាបយ៉ូហាន-ប៉ូលទី ២ បានសូមឲ្យអភិបាលនានាជួយ លោកឲ្យស្វែងរក “របៀបបំពេញមុខងារជាប្រធានក្រុមអភិបាល ឲ្យបានស្របតាមសភាពការណ៍ថ្មីរបស់មនុស្ស លោក ទាំងមិនលះបង់អ្វីៗដែលជាស្នូលដ៏សំខាន់នៃបេសកកម្មរបស់លោកឡើយ”។ យើងមិនសូវបានឈោង ឆ្ងាយតាមផ្លូវនោះទេ។ មុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម និងរចនាសម្ពន្ធកណ្តាលនៃព្រះសហគមន៍សកលក៏ត្រូវការស្តាប់ការត្រាស់ហៅឲ្យកែទម្រង់ការណែនាំ។ មហាសន្និបាតវ៉ាទីកង់ទី ២ បានប្រកាសឲ្យក្រុមអភិបាលតាមប្រទេសនានាអាច “រួមសហការតាមរបៀបផ្សេងៗជាច្រើន ដែលបង្កើតផលធ្វើឲ្យគោលគំនិតនៃ ការណែនាំរួមរបស់ក្រុមអភិបាលបានកើតជារូបរាងយ៉ាងជាក់ច្បាស់” (ពន្លឺ ២៣) តាមរបៀបព្រះសហគមន៍ពីបុរាណរបស់អស់លោកអភិបាលដ៏ប្រសើរឧត្តមនៅមជ្ឈឹមបូព៌ា។ តែសំណូមពរនេះមិនទាន់បានកើតជារូបរាង យ៉ាងពេញលេញនៅឡើយទេ ព្រោះមិនទាន់មានបញ្ជាក់យ៉ាងគ្រប់គ្រាន់អំពីលក្ខនិ្តកៈ នៃក្រុមអភិបាលតាម ប្រទេសនានានៅឡើយ។ ត្រូវប្រគល់ឲ្យក្រុមអភិបាលទាំងនោះ មានអំណាចយ៉ាងជាក់ច្បាស់ សូម្បីតែត្រង់ លទ្ធិជំនឿក្តី ក៏ក្រុមអភិបាលតាមប្រទេសត្រូវមានអំណាចខ្លះយ៉ាងពិតប្រាកដដែរ។ ការរួបរួមខ្លាំងពេកនៅជុំវិញ អភិបាលព្រះសហគមន៍ក្រុងរ៉ូម ដូចកាលពីមុនៗនោះមិនបានជួយព្រះសហគមន៍ទេ ផ្ទុយទៅវិញបានបណ្តាល ឲ្យការរស់នៅរបស់ព្រះសហគមន៍ទាំងមូលស្មុគ្រស្មាញ រារាំងការខ្នះខ្នែងជាសាសនទូត។
៣៣- ការណែនាំព្រះសហគមន៍ឲ្យទៅជាសាសនទូត ទាមទារឲ្យយើងលះបង់យោបល់យ៉ាងស្រួលនេះថា “យើង បានប្រព្រឹត្តដូច្នេះ តាំងពីដើមរៀងមកហេតុនេះមិនបាច់កែទម្រង់ទេ”។ ខ្ញុំសូមអញ្ជើញគ្រីស្តបរិស័ទម្នាក់ៗឲ្យ មានចិត្តក្លាហានហ៊ានបង្កើតអ្វីៗជាថ្មី។ យើងមានភារកិច្ចរិះគិតសាឡើងវិញ អំពីគោលដៅអំពីរចនាសម្ពន្ធអំពីរចនាបថ និងអំពីវិធីជម្រាបជូនដំណឹងល្អរបស់សហគមន៍រៀងៗខ្លួន។ ប៉ុន្តែប្រសិនបើយើងបញ្ជាក់គោលដៅ របស់ព្រះសហគមន៍ តែមិនរួមគ្នាស្វែងរកមធ្យោបាយតម្រង់ទៅកាន់គោលដៅនោះ ការរិះគិតរបស់យើងគ្រាន់ តែជាការស្រមៃឃើញសុទ្ធសាធប៉ុណ្ណោះ។ ហេតុនេះហើយបានជាខ្ញុំសូមដាស់តឿនគ្រីស្តបរិស័ទម្នាក់ៗ ឲ្យប្រតិ បត្តិតាមគោលនៃលិខិតទាំងនេះ ដោយសទ្ធាជ្រះថ្លា ដោយចិត្តក្លាហាន និងដោយគ្មាននរណាហាមឃាត់ ឬ ដោយគ្មានភ័យខ្លាចអ្វីឡើយ។ ការសំខាន់គឺមិនត្រូវធ្វើដំណើរម្នាក់ឯងទេ តែត្រូវពឹងផ្អែកលើបងប្អូនឯទៀតៗ ជាពិសេសក្រោមការណែនាំរបស់អស់លោកអភិបាល ដោយរិះគិតពិចារណា អំពីការណែនាំព្រះសហគមន៍ដោយប្រាជ្ញា និងស្របតាមសភាពការណ៍ដ៏ជាក់ច្បាស់។
៣) ត្រូវយកស្នូលនៃគម្ពីរដំណឹងល្អធ្វើជាគ្រឹះ
៣៤-ប្រសិនបើយើងមានបំណងចាត់ចែងអ្វីៗទាំងអស់ តាមគោលដៅជាសាសនទូត យើងក៏ត្រូវរិះគិតអំពីរបៀប យើងនាំសារមកដល់មនុស្សលោកដែរ។ ក្នុងពិភពលោកបច្ចុប្បន្ន មធ្យោបាយទូរគមនាគមន៍ផ្សព្វផ្សាយពត៌មាន យ៉ាងឆាប់រហ័ស។ តែគេតែងតែជ្រើសរើសពត៌មានតាមគេនិយមប៉ុណ្ណោះ។ ហេតុនេះហើយបានជាក្នុងសារ ដែលយើងជម្រាបជូននោះ គេធ្លាប់ជ្រើសរើសចំណុចដ៏មិនសូវសំខាន់មកផ្សព្វផ្សាយ។ ឧបមាថា ត្រង់វិស័យ សីលធម៌ដែលព្រះសហគមន៍បង្រៀននោះ គេផ្សព្វផ្សាយសេចក្តីខ្លះ ដោយមិនភ្ជាប់សេចក្តីទាំងនោះនឹងបរិបទ ដែលផ្តល់អត្ថន័យយ៉ាងពិតប្រាកដ។ នៅពេលនោះមនុស្សលោកស្មានថាចំណុចដ៏មិនសំខាន់ ដែលគេយកមក ផ្សព្វផ្សាយនោះជាសារទាំងស្រុងដែលយើងប្រកាស។ ទោះបីចំណុចទាំងនោះមានសារៈសំខាន់ខ្លះៗ ក៏វាមិន សម្តែងស្នូលទាំងស្រុងនៃសាររបស់ព្រះយេស៊ូគ្រីស្ត។ ហេតុនេះហើយត្រូវយល់ដល់សភាពការណ៍ដ៏ជាក់ច្បាស់ គឺមិនត្រូវនឹកគិតស្មានថា អ្នកដែលនិយាយជាមួយយើងស្គាល់អត្ថន័យយ៉ាងជ្រៅ នៃសេចក្តីទាំងស្រុងដែលយើង ចង់និយាយនោះឡើយ។ គេក៏មិនអាចភ្ជាប់សេចក្តីដែលយើងនិយាយទៅនឹងស្នូលដ៏សំខាន់បំផុត នៃដំណឹងល្អ ដែលធ្វើឲ្យសេចក្តីនោះ មានអត្ថន័យ មានសោភ័ណភាព ព្រមទាំងទាក់ទាញចិត្តមនុស្សលោកផង។
៣៥-ប្រសិនបើយើងណែនាំព្រះសហគមន៍ ដោយមានគំនិតជាសាសនទូត យើងមិនត្រូវខ្វល់ចិត្តនឹកមមៃចង់ បញ្ជូនបន្តប្រការជាច្រើននៃលទ្ធិជំនឿ ដែលមិនភ្ជាប់ជាមួយគ្នាទេ។ យើងក៏មិនត្រូវព្យាយាមទទូចបង្ខំឲ្យគេទទួល ប្រកាជំនឿទាំងនោះដែរ។ ប្រសិនបើយើងយកគំនិតជាសាសនទូត និងយករបៀបរស់នៅជាសាសនទូតមកធ្វើជាគោលដៅនៃការណែនាំព្រះសហគមន៍ យើងពិតជាចង់ទៅកាន់មនុស្សទាំងអស់ ដោយមិនឃ្លាតពីនរណាឲ្យសោះ យើងក៏មិនចង់ដេញនរណាឲ្យនៅដោយឡែកដែរ។ យើងមុខជានឹងប្រកាសតែសេចក្តីណាដែល សំខាន់ប៉ុណ្ណោះគឺសេចក្តីដ៏ល្អ និងដ៏ប្រសើរជាងគេដែលអាចទាក់ទាញចិត្តគេ និងដែលមនុស្សត្រូវការជាចាំ បាច់ជាងគេទៀតផង។ សេចក្ដីដែលយើងប្រកាសនេះកាន់តែស្រួល តែមិនលះបង់អត្ថន័យដ៏ជ្រៅ និងវាងពី សេចក្តីពិតទេ។ ផ្ទុយទៅវិញយើងកាន់តែទាក់ទាញចិត្តឲ្យគេអាចជឿបាន និងចាំងពន្លឺដល់គេទៀតផង។
៣៦-សេចក្តីពិតទាំងប៉ុន្មាន សុទ្ធតែហូរចេញមកពីព្រះជាម្ចាស់ជាប្រភពតែមួយ។ គ្រីស្តបរិស័ទជឿសេចក្តីទាំងនោះ ដោយមានជំនឿតែមួយដែរ ក៏ប៉ុន្តែមានសេចក្តីពិតខ្លះសំខាន់ជាង គឺសម្តែងស្នូលនៃដំណឹងល្អ។ ព្រះជា ម្ចាស់ដែលចង់សង្គ្រោះមនុស្សលោកបានពន្លិចពន្លឺ នៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ក្នុងអង្គព្រះយេស៊ូ ជាព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។ នេះជាស្នូលគ្រឹះនៃដំណឹងល្អ។ មហាសន្និបាត វ៉ាទីកង់ទី ២ បានបញ្ជាក់សេចក្តីនោះថា ៖ “ប្រការនីមួយៗក្នុងលិទ្ធិកាតូលិកទាំងមូលមិនមានសារៈសំខាន់ស្មើ គ្នាទេ តែមានសារៈសំខាន់ប្លែកៗគ្នាតាមលំដាប់លំដោយវិញ គឺស្រេចតាមប្រការនេះមានទំនាក់ទំនងនឹងគ្រឹះ នៃលទ្ធិរបស់គ្រីស្តបរិស័ទ” (បង្រួម១១)។ គំនិតនេះក៏សំដៅទាំងលើគោលលទ្ធិនៃជំនឿ ទាំងលើការប្រៀន ប្រដៅទាំងមូលនៃព្រះសហគមន៍ សូម្បីតែលើការប្រៀនប្រដៅខាងសីលធម៌ក៏មានសារៈសំខាន់ តាមលំដាប់ លំដោយដែរ។
៣៧-សន្តៈថូម៉ាសនៅអាឃីណូតែងបង្រៀនថា សូម្បីតែក្នុងបណ្តាគុណធម៌ និងកិច្ចការដែលមនុស្សប្រព្រឹត្តតាម គុណធម៌ទាំងប៉ុន្មាននេះ ក៏មានលំដាប់លំដោយដែរ។ ត្រង់សីលធម៌ដែលព្រះសហគមន៍តែងបង្រៀនមាន សេចក្តីមួយដែលសំខាន់ជាងគេគឺ “មានតែជំនឿដែលនាំឲ្យប្រព្រឹត្តអំពើល្អផ្សេងៗ ដោយចិត្តស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់”(កាឡ ៥,៦)។ កិច្ចការដែលមនុស្សធ្វើដោយចិត្តស្រឡាញ់ចំពោះអ្នកដទៃ ពិតជាសម្តែងនៅខាង ក្រៅយ៉ាងប្រសើរជាងគេ នូវព្រះអំណោយទានរបស់ព្រះវិញ្ញាណដែលនៅខាងក្នុងចិត្តគេ។ “ក្នុងធម្មវិន័យថ្មី សេចក្តីសំខាន់ជាងគេ គឺព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណសម្តែងព្រះអង្គតាមរយៈជំនឿដែលនាំឲ្យប្រព្រឹត្តអំពីល្អដោយសេចក្តីស្រឡាញ់”។ ដូច្នេះលោកបញ្ជាក់ថា ចំពោះកិច្ចការខាងក្រៅមេត្តា ករុណា ជាគុណធម៌ប្រសើរជាងគុណធម៌ឯទៀតៗទាំងអស់។ “មេត្តា ករុណាជាគុណធម៌ប្រសើរជាងគេ ដ្បិតមេត្តាករុណាណែនាំគុណធម៌ឯទៀតៗ ហើយក៏បន្ថែមនូវអ្វីៗទាំងប៉ុន្មានដែលគុណធម៌ទាំងនោះខ្វះ។ មានតែព្រះ វិញ្ញាណប៉ុណ្ណោះទេ ដែលអាចប្រព្រឹត្តការនេះបាន។ ហេតុនេះព្រះហឫទ័យមេត្តាករុណា ពិតជាលក្ខណៈ ពិសេសរបស់ព្រះជាម្ចាស់។ ព្រះអង្គសម្តែងឫទ្ធានុភាពសព្វប្រការ ដោយមានព្រះហឫទ័យមេត្តាករុណាជា ដើម”។
៣៨- ត្រូវតែគិតអំពីគោលនៃការណែនាំព្រះសហគមន៍ ដោយយោងគំនិតពីការប្រៀនប្រដៅនៃមហាសន្និបាត វ៉ាទីកង់ទី ២ ដែលប្រមូលទុកនូវជំនឿជាក់ច្បាស់របស់ព្រះសហគមន៍ពីបុរាណ។ មុនដំបូងត្រូវនិយាយថា អ្នក ជម្រាបជូនដំណឹងល្អត្រូវនិយាយច្រើន ឬតិចអំពីប្រធានបទនីមួយៗឲ្យបានស្របតាមសារៈសំខាន់ នៃប្រធាន បទនីមួយៗ។ ឧបមាថាយើងដឹងថាប្រធានបទនេះសំខាន់ ឬមិនសំខាន់ដោយកត់សម្គាល់ថា ពេលលោក គង្វាលដែលទទួលខុសត្រូវលើព្រះសហគមន៍ក្នុងភូមិមួយ ធ្វើពិធីអត្ថាធិប្បាយគម្ពីរ តើលោកនិយាយអំពីប្រធាន បទណាញឹកជាងគេ និងតែងគូសបញ្ជាក់លើអ្វីខ្លះ?។ ប្រសិនបើក្នុងមួយឆ្នាំលោកគង្វាលថ្លែងដប់ដងអំពីគ្រីស្ត បរិស័ទ ត្រូវចេះប្រមាណតែនិយាយតែពីរឬបីដងអំពីសេចក្តីស្រឡាញ់ ឬអំពីយុត្តិធម៌ពិតជាមិនសមទេ។ នៅ ពេលសម្តែងធម្មទេសនា និងនៅពេលអប់រំជំនឿត្រូវនិយាយអំពីសេចក្តីស្រឡាញ់ និងអំពីយុត្តិធម៌ច្រើនជាង កុំ ឲ្យគុណធម៌ទាំងពីរនោះអាប់រស្មី។ យ៉ាងណាមិញ ប្រសិនបើលោកគង្វាលនិយាយអំពីធម្មវិន័យច្រើនជាងនិយាយ អំពីព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ ឬអំពីព្រះសហគមន៍ច្រើនជាងអំពីព្រះយេស៊ូ ឬនិយាយអំពី អភិបាលព្រះសហគមន៍ក្រុងរ៉ូម ច្រើនជាងនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ពិតជាមិនសមដែរ។
៣៩- គុណធម៌ទាំងប៉ុន្មានតែងតែភ្ជាប់គ្នាយ៉ាងស្រួល ដូចអវយវៈនៃរូបកាយមួយ។ ហេតុនេះហើយបានជាមិនត្រូវទាត់ចោលគុណធម៌ណាមួយចេញពីឧត្តមគតិរបសគ្រីស្តបរិស័ទទេ។ យើងក៏មិនត្រូវបដិសេធសេចក្តីពិត ណាមួយ ឬមិនត្រូវកាត់ផ្នែកណាមួយចេញពីដំណឹងល្អដែរ។ ម៉្យាងទៀត យើងយល់សេចក្តីពិតនីមួយៗកាន់តែច្បាស់ ដោយភ្ជាប់សេចក្តីនោះជាមួយសេចក្តីពិតទាំងប៉ុន្មានឯទៀតៗយ៉ាងស្រួល។ ហេតុនេះ សេចក្តីពិតទាំងប៉ុន្មានមានសុទ្ធតែមានសារៈសំខាន់ និងជួយបំភ្លឺអត្ថន័យទៅវិញទៅមក។ ប្រសិនបើលោកគង្វាលសម្តែងធម្មទេសនាស្របតាមគម្ពីរដំណឹងល្អសេចក្តីពិតខ្លះមុខជាលេចធ្លោឡើងថា សំខាន់ជាងគេ និងសរឲ្យដឹងច្បាស់ ថា សីលធម៌របស់គ្រីស្តបរិស័ទមិនមែនជាសីលធម៌តាមអស់លោកទស្សនវិទូស្ទូអ៊ីកទេ សីលធម៌គ្រីស្តបរិស័ទក៏ពុំគ្រាន់តែជាធម៌តបៈប៉ុណ្ណោះទេ មិនមែនជាការអនុវត្តតាមទស្សនវិទ្យាណាមួយ ហើយក៏មិនគ្រាន់តែជាបញ្ជី អំពើបាប និងការវង្វេងឡើយ។ ជាអាទិ៍គម្ពីរដំណឹងល្អអញ្ជើញយើងឲ្យតបឆ្លើយនឹងព្រះជាម្ចាស់ ដែលស្រឡាញ់យើង និងដែលសង្គ្រោះយើង។ យើងទទួលស្គាល់ព្រះអង្គក្នុងខ្លួនអ្នកដទៃ ដោយមិនគិតតែពីខ្លួនឯងប៉ុណ្ណោះ ទេ តែយើងស្វែងរកប្រយោជន៍រួមរបស់មនុស្សទាំងអស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអញ្ជើញយើង មិនដែលស្រអាប់នៅគ្រាណាមួយសោះឡើយ។ គុណធម៌ទាំងប៉ុន្មានសុទ្ធតែបម្រើការតបឆ្លើយនឹងព្រះបិតា ដែលស្រឡាញ់យើង។ ប្រសិនបើព្រះបន្ទូលអញ្ជើញរបស់ព្រះអង្គមិនលេចមកយ៉ាងខ្លាំង និងមិនទាក់ទាញចិត្តគេទេ សេចក្តីប្រៀនប្រដៅរបស់ព្រះសហគមន៍ អំពីសីលធម៌មុខជាអាសារឥតការ។ យើងត្រូវខ្លាចតែសេចក្តីនេះខ្លាំង ជាងគេ ព្រោះនៅពេលនោះយើងមិនជូនដំណឹល្អដ៏ពិតប្រាកដទេ តែយើងជូនតែចំណុចខ្លះខាងលទ្ធិជំនឿ ឬខាងសីលធម៌ប៉ុណ្ណោះ ដែលហូរមកពីមនោគមវិជ្ជារបស់យើង។ សាររបស់យើងមុខជានឹងបាត់បង់ភាពត្រចះត្រចង់ហើយលែងមានក្លិនក្រអូបនៃដំណឹងល្អពុំខាន។
៤) បេសកកម្មរបស់ព្រះសហគមន៍មានលក្ខណៈទន់ខ្សោយរបស់មនុស្សជាតិ
៤០-ព្រះសហគមន៍ក្នុងឋានៈជាសាវ័ក និងជាសាសនទូតត្រូវបកស្រាយព្រះបន្ទូល ដែលព្រះជាម្ចាស់បានសម្តែង មកឲ្យកាន់តែជ្រៅទៅៗ ហើយក៏ត្រូវយល់សេចក្តីពិតកាន់តែច្បាស់ឡើងៗដែរ។ មុខងាររបស់អ្នកបកស្រាយគម្ពីរ និងមុខងាររបស់ទេវវិទូជួយព្រះសហគមន៍ ឲ្យរិះគិតពិចារណាកាន់តែជ្រៅទៅៗជាលំដាប់។ មុខវិជ្ជាឯ ទៀតៗក៏ជួយព្រះសហគមន៍ដែរ។ ឧបមាថាពេលសម្តេចប៉ាបយ៉ូហាន-ប៉ូលទី ២ មានប្រសាសន៍អំពីសង្គមវិទ្យា ទាំងប៉ុន្មានលោកមានប្រសាសន៍ថា ព្រះសហគមន៍ចាប់អារម្មណ៍ចំពោះជំនួយរបស់មុខវិជ្ជាទាំងនោះ ដើម្បី យោងគំនិត ដែលជួយព្រះសហគមន៍ឲ្យបំពេញមុខងារបង្រៀនរបស់ខ្លួន។ ម៉្យាងទៀតក្នុងផ្ទៃព្រះសហគមន៍ មានបញ្ហាជាច្រើនឥតគណនា ដែលគ្រីស្តបរិស័ទតែងរិះគិតនិងស្វែងរកដំណោះស្រាយ ដោយមានសេរីភាព យ៉ាងទូលំទូលាយ។ ទស្សនវិទ្យាទេវវិទ្យា និងការណែនាំរបស់ព្រះសហគមន៍ ក៏អាចជួយព្រះសហគមន៍ឲ្យ ចម្រើនឡើងដែរ គឺជួយព្រះសហគមន៍ឲ្យបកស្រាយនូវសម្បត្តិ ដែលមានតម្លៃដ៏ថ្លៃប្រសើរបំផុត នៃព្រះបន្ទូលឲ្យកាន់តែច្បាស់។ តែមុខវិជ្ជាទាំងនោះ ត្រូវបណ្តោយឲ្យព្រះវិញ្ញាណសម្រួលគ្នា ឲ្យគោរពគ្នានិងស្រឡាញ់គ្នាទៅវិញទៅមក។ ចំពោះអ្នកដែលស្រមៃឃើញថា មានតែលទ្ធិជំនឿម៉្យាងគត់ដែលគ្រីស្តបរិស័ទត្រូវការពារដោយ ដាច់អហង្ការទាំងមិនរិះគិតពិចារណា មុខជាយល់ថាសេចក្តីខ្ញុំនិយាយនេះ សុទ្ធតែបណ្តាលឲ្យបែកខ្ញែកគ្នា ដោយ ឥតបានការទេ។ តែតាមពិតសេចក្តីប្លែកៗពីគ្នានោះជួយឲ្យសម្តែង និងពង្រីកអត្ថន័យផ្សេងៗនៃសម្បត្តិដ៏ថ្លៃប្រសើរបំផុតនៃដំណឹងល្អ ដែលមិនចេះអស់មិនចេះហើយ។
៤១-នៅពេលជាមួយគ្នានេះ វប្បធម៌កំពុងតែផ្លាស់ប្តូរយ៉ាងខ្លាំងសម្បើមអស្ចារ្យ និងយ៉ាងលឿន។ ការផ្លាស់ប្តូរ ទាំងនេះ ទាមទារឲ្យយើងនៅតែយកចិត្តទុកដាក់រកថ្លែងសេចក្តីពិត ដែលស្ថិតនៅដដែលតាំងពីដើមរៀងមក តាមរបៀបដែលមនុស្សលោកអាចទទួលស្គាល់ថា សេចក្តីទាំងនោះថ្មីជានិច្ច។ ក្នុងលទ្ធិជំនឿរបស់គ្រីស្តសាសនា ដែលព្រះគ្រីស្តបានផ្ញើទុកមកឲ្យព្រះសហគមន៍ ត្រូវបំបែកខ្លឹមសារនៃលទ្ធិចេញពីរបៀបពន្យល់លទ្ធិនោះ។ ជួន កាលព្រះសហគមន៍ថ្លែងអំពីលទ្ធិយ៉ាងតឹ្រមត្រូវ តែគ្រីស្តបរិស័ទស្តាប់ និងយល់ខុសស្រឡះប្លែកពីអត្ថន័យដ៏ ពិតប្រាកដនៃដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ត ព្រោះគេធ្លាប់និយាយ និងយល់តាមរបៀបប្លែកពីព្រះសហគមន៍។ យើងមានគោលបំណងល្អចង់ចែកចាយសេចក្តីពិតអំពីព្រះជាម្ចាស់ និងអំពីលក្ខណៈពិសេសរបស់មនុស្សឲ្យ គេ ប៉ុន្តែក្នុងឱកាសខ្លះយើងដូចជានិយាយអំពីព្រះក្លែងក្លាយមកប្រាប់គេ ឬបង្ហាញឧត្តមគតិដែលមានលក្ខណៈ ជាមនុស្សសុទ្ធសាធដែលមិនមានលក្ខណៈជាគ្រីស្តបរិស័ទទេ។ ដូច្នេះយើងនិយាយពាក្យត្រឹមត្រូវមែន តែយើង មិនបញ្ជូនខ្លឹមសារដ៏ពិតប្រាកដឲ្យគេទេ។ យើងត្រូវប្រយ័ត្ននឹងការនេះឲ្យមែនទែន។ យើងត្រូវនឹកគិតជានិច្ចថា “របៀបនិយាយអំពីសេចក្តីពិត មានច្រើនបែបច្រើនយ៉ាង យើងត្រូវតែប្រែរបៀបនិយាយនេះឲ្យបានជាថ្មី ជាចំាបាច់ដើម្បីបញ្ជូនបន្តសេចក្តីពិតនៃសារក្នុងដំណឹងល្អ ដែលនៅស្ថិតស្ថេររហូតដល់មនុស្សនាបច្ចុប្បន្នកាល ដើម្បីឲ្យអាចទទួលបាន”។
៤២-ប្រសិនបើយើងពិតជាផ្ចង់ចិត្ត ចង់ធ្វើឲ្យមនុស្សទាំងអស់ទទួលដំណឹងល្អ និងទទួលស្គាល់សោភ័ណភាពនៃ ដំណឹងល្អនេះ សេចក្តីនេះមានសារៈសំខាន់ជាខ្លាំងក្នុងការជម្រាបជូនដំណឹងល្អនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្តីក៏យើងមិនអាចធ្វើឲ្យគេយល់ច្បាស់ អំពីការប្រៀនប្រដៅរបស់ព្រះសហគមន៍យ៉ាងងាយស្រួលទេ និងធ្វើឲ្យគេចូលចិត្តគ្រប់គ្នាដែរ។ ជំនឿនៅតែមានលក្ខណៈខ្លះពិបាកទទួល ដូចជាឈើឆ្កាងម៉្យាង គឺទោះបីយើងផ្ចង់ចិត្ត យ៉ាងមាំមួននឹងព្រះជាម្ចាស់ក្តី ក៏ជំនឿនៅតែមានភាពងងឹតខ្លះជាប់ជាមួយដែរ។ ប៉ុន្តែយើងយល់ និងចូលចិត្តសេចក្តីខ្លះមកពីយើងផ្ចង់ចិត្តយ៉ាងមាំមួន ដូចជាស្រឡាញ់សេចក្តីទាំងនោះហើយ។ ជំនឿនៅតែហួសពីពន្លឺ ដែលធ្វើឲ្យយើងអាចយល់ហេតុផលនិងសេចក្តីពន្យល់បាន។ ហេតុនេះហើយបានជាយើងត្រូវនឹកជានិច្ចថា ពេលយើងបង្រៀនលទ្ធិគ្រីស្តសាសនា យើងត្រូវមានបំណងចង់ជម្រាបជូនដំណឹងល្អ គឺយើងដាស់តឿនឲ្យជក់ ចិត្តចង់ទទួលដោយយើងរស់នៅក្បែរគេ ស្រឡាញ់គេ និងផ្តល់សក្ខីភាពឲ្យគេ។
៤៣-ព្រះសហគមន៍តែងតែរិះគិតពិចារណាជានិច្ច។ ជួនកាលព្រះសហគមន៍បានទទួលទំនៀមទម្លាប់ ដែលមិនភ្ជាប់ចំៗនឹងស្នូលនៃដំណឹងល្អ។ នៅបច្ចុប្បន្នកាលព្រះសហគមន៍តែងតែប្រព្រឹត្តតាមទំនៀមទម្លាប់ ដែលចាក់ ឫសយ៉ាងជ្រៅក្នុងដំណើរនៃប្រវត្តិសាស្រ្ត។ ប៉ុន្តែមនុស្សតែងតែយល់អត្ថន័យទំនៀមទម្លាប់ទាំងនោះ តាមរបៀប ផ្សេងពីសម័យមុនៗ ជួនកាលគេក៏មិនយល់អំពីសារនៃទំនៀមទម្លាប់ទាំងនោះ យ៉ាងត្រឹមត្រូវថែមទៀតដែរ។ ប្រហែលទំនៀមទម្លាប់ទាំងនោះល្អប្រពៃ តែសព្វថ្ងៃវាមិនបម្រើការបញ្ជូនបន្តដំណឹងល្អដូចកាលពីមុនទេ។ យើង មិនត្រូវខ្លាចប្រែសម្រួលទំនៀមទម្លាប់ទាំងនោះឲ្យសោះ។ យ៉ាងណាមិញមានច្បាប់ និងវិន័យក្នុងព្រះសហគមន៍ ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំងនៅជំនាន់មុនៗ តែសព្វថ្ងៃគ្មានប្រយោជន៍ក្នុងការអប់រំដូចពីមុនៗទេ គឺមិននាំ ជីវិតមកឲ្យគេទេ។
សន្តៈថូម៉ាសនៅអាឃីណូតែងបញ្ជាក់ថា ព្រះគ្រីស្ត និងក្រុមគ្រីស្តទូតបានផ្តល់វិន័យតែមួយចំនួនតូចទេ ឲ្យ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់កាន់តាម។ លោកក៏ចែងអំពីសេចក្តីដែលសន្តៈអូហ្គូស្តាំងបានសរសេរថា៖“យើងត្រូវចេះប្រមាណ កុំបង្ខំឲ្យគេកាន់តាមវិន័យដែលព្រះសហគមន៍បានបន្ថែមនៅជំនាន់ក្រោយៗខ្លាំងពេក កុំនាំ ឲ្យគ្រីស្តបរិស័ទពិបាករស់នៅ កុំឲ្យគ្រីស្តសាសនាយើងបណ្តាលឲ្យគេក្លាយទៅជាទាសករឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណា ចង់ឲ្យគ្រីស្តសាសនាយើងនាំឲ្យមនុស្សបានសេរីភាព”។ លោកទូន្មានបែបនេះជាយូរសតវត្សមកហើយ ប៉ុន្តែសព្វថ្ងៃយើងត្រូវចាប់អារម្មណ៍នឹងសេចក្តីនេះឲ្យមែនទែន។ គួរឲ្យយើងយកពាក្យទូន្មាននេះ ធ្វើជាគោលនៅពេលយើងរិះគិតអំពីការកែទម្រង់ព្រះហគមន៍ និងអំពីការប្រែ របៀបសម្តែងដំណឹងល្អ ដែលអាចទៅកាន់មនុស្សទាំងអស់យ៉ាងពិតប្រាកដបាន។
៤៤-ម៉្យាងទៀតទាំងគង្វាលក្តី ទាំងគ្រីស្តបរិស័ទដែលណែនាំបងប្អូនក្នុងជំនឿ ឬតាមផ្លូវស្វែងរកព្រះជាម្ចាស់ក្តី មិនត្រូវបំភ្លេចសេចក្តីចែងយ៉ាងច្បាស់ក្នុង “លទ្ធិជំនឿនៃគ្រីស្តសាសនាកាតូលិក” គឺថា៖ “អវិជ្ជាការមិនប្រយ័ត្ន ប្រយែងហិង្សាសេចក្តីភ័យខ្លាច ទំនៀមទម្លាប់កិលេសតណ្ហាហួសកម្រិត និងមូលហេតុផ្សេងៗមកពីចិត្តគំនិតឬមកពីសង្គមអាចបន្ថយ ឬលុបបំបាត់ទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗលើកិច្ចការណាមួយដែលគេធ្វើនោះ។ ជួនកាល ក៏មិនត្រូវទម្លាក់ទោសលើគេឡើយ” (លជ ១៧៣៥)។ ហេតុនេះហើយបានជាយើងត្រូវមានមេត្តា ករុណា និងចិត្តអត់ធ្មត់ជូនដំណើរមនុស្សដែលកំពុងតែចម្រើនឡើង និងកំពុងកសាងខ្លួនតាមដំណាក់កាល ផ្សេងៗជារៀងរាល់ថ្ងៃតាមគេអាចធ្វើបាន។ ក៏ប៉ុន្តែមិនត្រូវបន្ថោកបន្ថយតម្លៃនឧត្តមគតិរបស់ដំណឹងល្អទេ ខ្ញុំ សូមរំឭកអស់លោកគង្វាលថា ពេលគ្រីស្តបរិស័ទមកទទួលអគ្គសញ្ញាលើកលែងទោស កុំធ្វើទារុណកម្មដល់គេ ឲ្យសោះ តែផ្ទុយទៅវិញចូរសម្តែងព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ដល់គេ គឺព្រះអង្គលើកស្ទួយយើង ឲ្យប្រព្រឹត្តអំពីល្អ ដែលយើងអាចធ្វើបាន។ ប្រហែលព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សម្នាក់ ដែលបោះ ជំហានខ្លីមួយ ទាំងជួបភាពខ្សោយយ៉ាងខ្លាំង ក្នុងខ្លួនជាងគាប់ព្រះហឫទ័យនឹងមនុស្សដែលរស់នៅយ៉ាងត្រឹម ត្រូវ ខាងក្រៅតែមិនជួបការលំបាកដ៏ធំៗប្រចាំថ្ងៃទេ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់ចង់សង្គ្រោះមនុស្ស លោកព្រះអង្គក៏បំពេញសកម្មភាពយ៉ាងស្ងាត់កំបាំង ក្នុងចិត្តមនុស្សម្នាក់ៗហួសពីគុណវិបត្តិ និងពីបទល្មើស របស់គេ។ ត្រូវបណ្តោយឲ្យព្រះហឫទ័យស្រឡាញ់នោះសម្រាលទុក្ខគេ និងទៅជាទ្រនិចដាស់តឿនគេឲ្យឈាន ទៅខាងមុខ។
៤៥-ដូច្នេះយើងយល់ឃើញថា ការប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អស្ថិតនៅក្នុងព្រំដែន នៃពាក្យសម្តីរបស់មនុស្សនិងតាមព្រំដែនសភាពការណ៍ដែលគេរស់នៅដែរ។ អ្នកប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អត្រូវខិតខំរកមធ្យោបាយចែកចាយសេចក្តីពិតនៃដំណឹងល្អ ស្របតាមបរិបទជាក់ច្បាស់ដែលមនុស្សរស់នៅ។ ក៏ប៉ុន្តែមិនត្រូវលះបង់ សេចក្តីពិតលះបង់អំពើល្អ និងពន្លឺចោលទេគឺសេចក្តីពិតអំពើល្អ និងពន្លឺដែលយើងអាចនាំមកដល់គេ ព្រោះ គេមិនទាន់អាចទៅជាមនុស្សពេញលក្ខណៈបាននៅឡើយ។ គ្រីស្តបរិស័ទដែលមានចិត្តជាសាសនទូតតែងតែ ស្គាល់ព្រំដែនទាំងនោះហើយ “ដាក់ខ្លួនជាអ្នកទន់ខ្សោយជាមួយមនុស្សទន់ខ្សោយ...ធ្វើឲ្យបានដូចមនុស្សទាំង អស់”(១ករ៩,២២)។ អ្នកនោះមានចិត្តទូលាយមិនឈប់ទទួលគេទេ មិនទៅពឹងលើសេចក្តីដែលគាត់ជឿជាក់ទុកជាជម្រកដ៏មាំមួន ហើយក៏គ្មានចិត្តរឹងរូសដូចអ្នកដែលចង់តែការពារខ្លួនឯងដែរ។ គាត់ដឹងទៀតថា ខ្លួនត្រូវ យល់គម្ពីរដំណឹងល្អឲ្យកាន់តែច្បាស់ឡើងៗ ហើយក៏ត្រូវរិះគិតពិចារណារកផ្លូវតូចនៃព្រះវិញ្ញាណកាន់តែច្បាស់ ដែរ។ ហេតុនេះហើយបានជា ទោះបីគាត់ប្រថុយប្រឡាក់ខ្លួនដោយភក់នៅតាមផ្លូវក្តី ក៏គាត់មិនឈប់ធ្វើអំពើល្អ ដែលគាត់អាចធ្វើបាន។
៥) ព្រះសហគមន៍ជាម្តាយដែលមានចិត្តទូលាយទទួលមនុស្សជានិច្ច
៤៦-ព្រះសហគមន៍ដែលចេញទៅរកមនុស្សលោក ពិតជាម្តាយដែលមានចិត្តទូលាយ សុខចិត្តទទួលគេជានិច្ច។ ពាក្យថា “ចេញទៅរកអ្នកដទៃដែលរស់នៅតាមជាយសង្គម” មិនមានន័យថា ត្រូវរត់ទៅរកមនុស្សលោកដោយ គ្មានទិសដៅទេ ឬទៅរកទិសណាក៏បានដែរ។ ធម្មតាត្រូវបន្ថយល្បឿនត្រូវលែងភ័យខ្លាច ដើម្បីសម្លឹងមើលគេ ភ្នែកចំភ្នែកនិងស្តាប់គេ។ ជួនកាលត្រូវលះបង់ការបន្ទាន់ចោលដើម្បីជូនដំណើរ អ្នកដែលនៅតាមចញ្ចើមផ្លូវនៅ ឡើយ។ ជួនកាលត្រូវប្រព្រឹត្តដូចឪពុករបស់កូនដែលវង្វេង គឺត្រូវទុកទ្វារបើកចំហឲ្យកូនអាចចូលបានយ៉ាងស្រួលនៅពេលកូនវិលត្រឡប់មកវិញ។
៤៧- ព្រះជាម្ចាស់ត្រាស់ហៅព្រះសហគមន៍ឲ្យទៅជាផ្ទះរបស់ព្រះបិតា ដែលទុកទ្វារបើកទទួលមនុស្សជានិច្ច។ សញ្ញាសម្គាល់បញ្ជាក់យ៉ាងច្បាស់ថា ព្រះសហគមន៍ជាផ្ទះបែបនេះ គឺឲ្យមានព្រះវិហារបើកទ្វារជានិច្ច។ ដូច្នេះ ប្រសិនបើមនុស្សម្នាក់ចង់មកតាមព្រះវិញ្ញាណដែលជំរុញ ហើយចង់ចូលមកនមស្ការព្រះជាម្ចាស់ គេអាចចូលបាន។ ប្រសិនបើទ្វារនៅបិទជិតគេមុខជាខកចិត្តយ៉ាងខ្លាំងពុំខាន។ ប៉ុន្តែត្រូវទុកឲ្យទ្វារឯទៀតៗនៅបើកដែរ គឺ ថា មនុស្សទាំងអស់អាចចូលរួមក្នុងការរស់នៅរបស់ព្រះសហគមន៍តាមរបៀបផ្ទាល់ខ្លួន គេទាំងអស់គ្នាក៏អាច ចូលរួមជាសមាជិកនៃសហគមន៍បានដែរ។ សូម្បីតែទ្វារនៃអគ្គសញ្ញាក៏មិនត្រូវបិទដាក់គេ ដោយមូលហេតុណា ក៏ដោយ។ ខ្ញុំនិយាយសេចក្តីនេះ ជាពិសេសចំពោះអគ្គសញ្ញាជ្រមុជទឹក ដែលជាទ្វារនាំចូលទៅកាន់ជីវិត។ អគ្គ សញ្ញាអរព្រះគុណ ទោះបីជាជីវិតដ៏ពេញលក្ខណៈខាងអគ្គសញ្ញាក្តី ក៏អគ្គសញ្ញាអរព្រះគុណនេះមិនមែនជា រង្វាន់ចែកដល់មនុស្សដ៏ពេញលក្ខណៈ ទេតែជាឱសថតាមសទ្ធាជ្រះថ្លារបស់ព្រះបិតា និងជាអាហារសម្រាប់ មនុស្សទន់ខ្សោយ។ ក្នុងការណែនាំគ្រីស្តបរិស័ទត្រូវអនុវត្តតាមគោលការណ៍ទាំងនេះដែលយើងជឿជាក់ គឺ យើងត្រូវរិះគិតដល់ការណែនាំរបស់យើងដោយប្រុងប្រយ័ត្ន និងដោយសេចក្តីក្លាហាន។ ជួនកាលយើងប្រព្រឹត្ត ដូចជាយើងជាអ្នក ដែលចង់ឆែកឆេរព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ មិនមែនដូចជាអ្នកដែលជួយមនុស្សឲ្យទទួលព្រះហឫទ័យប្រោសប្រណីនោះទេ។ ព្រះសហគមន៍មិនប្រៀបដូចជាមន្ទីរមួយទេ តែប្រៀបដូច ជាផ្ទះរបស់ឪពុក ដែលមានកន្លែងសម្រាប់កូនម្នាក់ៗអាចមករស់នៅបានជាពិសេស សម្រាប់កូនដែលរស់នៅយ៉ាងសែនពិបាក។
៤៨-ប្រសិនបើព្រះសហគមន៍ទាំងមូល សុខចិត្តធ្វើតាមកម្លាំងដែលជំរុញឲ្យទៅជាសាសនទូតមែននោះ ត្រូវឲ្យ ព្រះសហគមន៍ទៅកាន់មនុស្សទាំងអស់ ដោយមិនចោលនរណាឲ្យសោះ។ តើព្រះសហគមន៍ត្រូវជម្រាបជូនដំណឹងល្អឲ្យនរណាមុនគេ? អ្នកអានគម្ពីរដំណឹងល្អមុខជាឃើញគោលការណ៍យ៉ាងច្បាស់ គឺត្រូវចាប់អារម្មណ៍ យ៉ាងពិសេសចំពោះអ្នកក្រីក្រ ចំពោះជនពិការ និងចំពោះអស់អ្នកដែលត្រូវគេមើលងាយ និងដែលគ្មាននរណារាប់រក។ ត្រូវចាប់អារម្មណ៍នឹង “អស់ជនណាដែលពុំអាចតបស្នងអ្នកបានឡើយ” (លក ១៤,១៤)។ ត្រូវចាប់ អារម្មណ៍នឹងអ្នកទាំងនោះ ជាជាងចាប់អារម្មណ៍នឹងមិត្តសម្លាញ់ ហើយអ្នកជិតខាងជាអ្នកមាន។ មិនត្រូវមានមន្ទិលសង្ស័យអ្វីទៀតឡើយ។ មិនត្រូវមានមូលហេតុ ឬសេចក្តីពន្យល់ដែលបណ្តាលឲ្យការប្រៀនប្រដៅរបស់ព្រះយេស៊ូនេះអន់ឡើយ។ សព្វថ្ងៃក៏ដូចកាលពីមុននិងនៅពេលក្រោយទៀតដែរ គឺ “ត្រូវចាត់អ្នកក្រីក្រទុកជា អ្នកដែលត្រូវទទួលដំណឹងល្អមុនគេ”។ ការជម្រាបជូនដំណឹងល្អដល់អ្នកក្រីក្រដោយមិនរកប្រយោជន៍អ្វី ពិតជា សញ្ញាសម្គាល់អំពីព្រះរាជ្យ ដែលព្រះយេស៊ូនាំមក។ យើងត្រូវប្រកាសបញ្ជាក់ដោយមិនវៀចវេរថា ជំនឿគ្រីស្ត សាសនាយើង និងអ្នកក្រីក្រមានទំនាក់ទំនងដែលមិនអាចបំបែកគ្នាបានឡើយ។ កុំទុកគេចោលឲ្យរស់នៅដាច់ ពីគេឡើយ។
៤៩-យើងត្រវចាកចេញទៅ! ត្រូវចាកចេញទៅ! ដើម្បីយកព្រះជន្មរបស់ព្រះយេស៊ូគ្រីស្តជូនដល់មនុស្សទាំង អស់។ នៅពេលនេះខ្ញុំសូមនិយាយម្តងទៀតមកកាន់ព្រះសហគមន៍ទាំងមូល នូវអ្វីៗដែលខ្ញុំបានប្រាប់ជាច្រើនលើកដល់ក្រុមគង្វាល និងគ្រីស្តបរិស័ទធម្មតានៅក្រុងប៊ួអេណូសអៃរែសថា៖ “ខ្ញុំចូលចិត្តព្រះសហគមន៍មួយដែលត្រូវរងគ្រោះ និងដែលត្រូវរបួសហើយដែលជាប់សៅហ្មង ដោយបានចាកចេញទៅកាន់ផ្លូវតូចជាជាងព្រះ សហគមន៍ដែលកំពុងតែមានជំងឺ ដោយបានបិទផ្លូវមិនឲ្យអ្នកដទៃអាចចូលបាន ហើយមិនព្រមលះបង់ការ ស្រណុករបស់ខ្លួន និងយកសេចក្តីដែលខ្លួនជឿជាក់ធ្វើជាជម្រកដ៏មាំមួយ។ ខ្ញុំមិនចង់បានព្រះសហគមន៍ដែល តែងនឹកគិតថាមានតែខ្លួនឯងទេ ទើបសំខាន់ហើយដែលជាប់ឃុំឃាំង ដោយសារតែបណ្តាវិន័យនិងច្បាប់ដ៏ ស្មុគស្មាញ។ យើងត្រូវបារម្ភតាមរបៀបព្រះជាម្ចាស់និងត្រូវព្រួយក្នុងមនសិការ គឺត្រូវព្រួយបារម្ភដោយមានបង ប្អូនជាច្រើនអនេក រស់នៅដោយគ្មានកម្លាំង គ្មានពន្លឺ និងទទួលការសម្រាលទុក្ខដែលមកពីព្រះយេស៊ូស្រឡាញ់ គេ។ យើងត្រូវព្រួយក្នុងមនសិការដោយគ្មានសហគមន៍រួមជំនឿណាទទួលគេ ដោយជីវិតគេគ្មានទិសដៅ និង គ្មានអត្ថន័យ។ ខ្ញុំសង្ឃឹមថាយើងត្រូវភ័យខ្លាចយ៉ាងខ្លាំងជាងគេ ដោយយើងជាប់នឹងរចនាសម្ពន្ធរបស់ព្រះ សហគមន៍ដែលឃុំឃាំងយើង និងដែលបណ្តាលឲ្យយើងនឹកស្មានខុសថា រចនាសម្ពន្ធទាំងនោះអាចរក្សាការពារយើងបាន។ យើងមិនត្រូវជាប់ឃុំឃាំងក្នុងបណ្តាវិន័យ និងច្បាប់ដែលបណ្តាលឲ្យយើងក្លាយទៅជាចៅក្រម ឥតមេត្តា។ យើងត្រូវភ័យខ្លាចថាព្រះសហគមន៍ភ្ជាប់នឹងទម្លាប់ ដែលធ្វើឲ្យយើងរស់នៅយ៉ាងស្រណុក ដោយ គ្មាននរណារំខាន ប៉ុន្តែនៅខាងក្រៅមានមនុស្សជាច្រើនឥតគណនាកំពុងស្រេកឃ្លាន ហើយមានព្រះយេស៊ូនៅ តែមានព្រះបន្ទូលឥតឈប់ឈរថា៖ “ចូរយកម្ហូបអាហារឲ្យគេបរិភោគទៅ!” (មក,៣៧)។ យើងត្រូវខ្លាចគ្រោះ អន្តរាយទាំងនោះជាជាងខ្លាចវការង្វេង។
ជំពូក ២
វិបត្តិក្នុងការបេ្តជ្ញាចិត្ត
***
៥០-មុននឹងចែងអំពីបញ្ហាខ្លះៗ ដែលជាគ្រឹះក្នុងកិច្ចការជម្រាបជូនដំណឹងល្អ យើងត្រូវរំឭកយ៉ាងខ្លីអំពីបរិបទ យើងរស់នៅនិងបំពេញសកម្មភាព។ សព្វថ្ងៃមានគេធ្លាប់និយាយថា មនុស្សរកមូលហេតុច្រើនពេកអំពីវិបត្តិ នាបច្ចុប្បន្នតែគេមិនផ្តល់យោបល់ ដើម្បីដោះស្រាយបញ្ហយ៉ាងពិតប្រាកដបាន។ ម៉្យាងទៀតមានអ្នកស្រាវជ្រាវ ពិនិត្យមើលសភាពការណ៍ខ្លះ គិតតែតាមផ្នែកសង្គមវិទ្យាទាំងអួតអាងថា ខ្លួនអាចយល់ឃើញអំពីសភាព ការណ៍ទាំងមូលបានតាវិជ្ជារបស់គេទាំងស្មានថា គេអព្យាក្រិត្យតែមិនប្តេជ្ញាចិត្តឲ្យធ្វើអ្វីសោះ របៀបស្រាវជ្រាវ នេះមិនអាចជួយយើងបានទេ។ ខ្ញុំសូមជូនយោបល់តាមរបៀបពិចារណា ដែលហូរពីដំណឹងល្អមក។ ខ្ញុំសម្លឹង មើលមនុស្សលោកក្នុងឋានៈជាសាវ័ក ដែលជាសាសនទូតដែល “ព្រះវិញ្ញាណបំភ្លឺចិត្តគំនិតនិងគាំទ្រទៀត ផង”។
៥១- អភិបាលព្រះសហគមន៍ក្រុងរ៉ូមគ្មានមុខនាទីវិភាគយ៉ាងល្អិតល្អន់ និងពេញលេញនូវសភាពការណ៍របស់ មនុស្សលោកនាបច្ចុប្បន្នកាលនេះទេ តែខ្ញុំសូមដាស់តឿននិងអង្វរគ្រប់សហគមន៍ឲ្យ “ចាប់អារម្មណ៍នឹងសញ្ញា សម្គាល់នៃពេលវេលា”ជានិច្ច។នេះជាទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរព្រោះថាប្រសិនបើយើងមិនរកដំណោះស្រាយបញ្ហាខ្លះៗ យ៉ាងត្រឹមត្រូវទេ វាអាចបណ្តាលឲ្យកើតសភាពការណ៍ ដែលនាំឲ្យមនុស្សបាត់បង់កិត្តិយសដ៏ថ្លៃថ្នូររបស់ខ្លួនជាមនុស្ស។ នៅពេលក្រោយពិបាកថយក្រោយវិញ។ ហេតុនេះ គួរឲ្យយើងបញ្ជាក់អំពីអ្វីជាផលនៃព្រះរាជ្យ និងអំពីអ្វីដែលឃាត់ឃាំងគម្រោងការរបស់ព្រះជាម្ចាស់។ យើងមិនគ្រាន់តែត្រូវស្គាល់ និងស្វែងរកអត្ថន័យអំពីលម្អៀងមកពីគំនិតល្អ ឬមកពីគំនិតអាក្រក់ប៉ុណ្ណោះទេ តែយើងត្រូវជ្រើសរើសលម្អៀងមកពីគំនិតល្អ ដែលអាចណែនាំយើង ហើយលះបង់លម្អៀងមកពីគំនិតអាក្រក់វិញ ទើបជាប្រការចាំបាច់បំផុត ដែលអាចជួយឲ្យយើងសម្រចចិត្តធ្វើអ្វីបាន។ ខ្ញុំសូមរិះគិតតាមការវិភាគដែលមានចែងក្នុងឯកសារឯទៀត នៃការបង្រៀនរបស់ព្រះសហគមន៍សកល និងការវិភាគនៃក្រុមអភិបាលតាមតំបន់និងតាមប្រទេស។ ក្នុងពាក្យដាស់តឿននេះ ខ្ញុំមានបំណងគ្រាន់តែឲ្យរិះគិតយ៉ាងខ្លីៗអំពីបញ្ហាខ្លះៗនៃសភាពការណ៍បច្ចុប្បន្ន ដោយពិនិត្យ តាមបែបជាអ្នកណែនាំព្រះសហគមន៍។ ខ្ញុំសូមរិះគិតតែអំពីបញ្ហាដែលអាចឃាត់ដំណើរ ឬធ្វើឲ្យថាមពលនៃ ការប្រែសម្រួលជាថ្មីរបស់សាសនទូតបានអន់ថយក្នុងព្រះសហគមន៍។ បញ្ហាទាំងនោះពាក់ព័ន្ធនឹងការរស់នៅ និងកិត្តិយសដ៏ថ្លៃថ្នូររបស់ប្រជារាស្រ្តបស់ព្រះជាម្ចាស់ ហើយក៏មានឥទ្ធិពលចំៗលើអស់អ្នកដែលចូលរួមក្នុង ស្ថាប័នរបស់ព្រះសហគមន៍ ហើយដែលបំពេញមុខងារជាសាសនទូត។
១) ព្រះសហគមន៍ត្រូវប្រឈមមុខនឹងការពិបាកខ្លះក្នុងពិភពលោកនាបច្ចុប្បន្នកាល
៥២- បច្ចុប្បន្នកាលពិតជាសម័យដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្រ្ត គឺមានការចម្រើនក្នុងវិស័យជាច្រើន។ យើងអាចសរសើរការអភិវឌ្ឍទាំងនោះ ដែលបានជួយឲ្យមនុស្សអាចរស់នៅដោយសេចក្តីសុខសាន្តបាន មានវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យទូរគមនាគមន៍ជាដើម។ ក៏ប៉ុន្តែយើងមិនត្រូវបំភ្លេចថា នៅសម័យបច្ចុប្បន្ន បុរសនិងស្ត្រីភាគច្រើនជាងគេ រស់នៅក្នុងភាពក្រីក្រជាស្ថានភាពបណ្តាលឲ្យមានលទ្ធផលអាក្រក់។ មានជំងឺ ខ្លះកើនចំនួនឡើង គឺសូម្បីតែក្នុងប្រទេសហៅថាប្រទេសមានក្តី ក៏មនុស្សជាច្រើនចេះតែភ័យខ្លាច និងអស់ សង្ឃឹមដែរ។ អំណរសប្បាយក្នុងការរស់នៅបានរលត់សូន្យទៅ គេមិនគោរពគ្នាទៅវិញទៅមក មានហិង្សាកាន់ តែច្រើនឡើងៗ ហើយវណ្ណៈក្នុងសង្គមកាន់តែដាច់ពីគ្នាដែរ។ ត្រូវតស៊ូដើម្បីរស់ ហើយជាញឹកញាប់ត្រូវតស៊ូ ដើម្បីរស់ ដោយមិនសូវមានកិត្តិយសជាមនុស្សប៉ុន្មានទេ។ ការផ្លាស់ប្តូរយុគសម័យកើតមកដោយការលោត ផ្លោះដ៏សម្បើមអស្ចារ្យត្រង់គុណភាពផលិតផល ត្រង់បរិមាណឥវ៉ាន់ ត្រង់ល្បឿនក្នុងការធ្វើដំណើរ និងត្រង់ការប្រមូលទ្រព្យ។ យើងអាចសង្កេតឃើញថាវិទ្យាសាស្រ្តចម្រើន និងបចេ្ចកទេសថ្មីៗក៏កើតឡើងដែរ បញ្ជាក់អំពី ការលោតផ្លោះនេះ។ ជាពិសេសគេយកវិទ្យាសាស្ត្រ និងបចេ្ចកទេសថ្មីៗនេះមកអនុវត្តក្នុងវិស័យនៃធម្មជាតិ និង ក្នុងវិស័យនៃជីវិតយ៉ាងឆាប់រហ័ស។ យើងរស់នៅក្នុងសម័យនៃចំណេះដឹង និងពត៌មានវិទ្យាដែលជាអំណាច បែបថ្មី ហើយជាញឹកញាប់ជាអំណាចអនាមិកទៀតផង។
ទេ ! យើងមិនព្រមឲ្យសេដ្ឋកិច្ចយកមនុស្សមួយចំនួនដាក់ដោយឡែកពីសង្គម
៥៣- វិន័យដែលចែងថា “កុំសម្លាប់មនុស្ស” តែងតាំងព្រំដែនយ៉ាងច្បាស់ ដើម្បីធានាតម្លៃដ៏ថ្លៃថ្នូរនៃជីវិតមនុស្ស។ យ៉ាងណាមិញ យើងត្រូវនិយាយថា “ទេ! យើងមិនព្រមនឹងសេដ្ឋកិច្ចមួយណា ដែលយកមនុស្សមួយចំនួនដាក់ដោយដាច់ឡែកពីសង្គម”។ សេដ្ឋកិច្ចបែបនេះពិតជាសម្លាប់មនុស្ស។ កាសែតមិនដែលផ្សព្វផ្សាយអំពីមនុស្សចាស់ជរាម្នាក់រស់នៅឯកា ត្រូវគេចោលនៅតាមផ្លូវនៃទីក្រុង ហើយត្រូវស្លាប់ដោយភាពរងារទេ។ គេមិនផ្សព្វ ផ្សាយរឿងនេះ ព្រោះមិនមែនជាពត៌មានមួយគួរឲ្យចាប់អារម្មណ៍ទេ។ ផ្ទុយទៅវិញប្រសិនបើពិន្ទុនៃតម្លៃមួយនៅផ្សាអន្តរជាតិធ្លាក់ចុះ គេផ្សព្វផ្សាយភ្លាមទុកជាពត៌មាន គួរឲ្យចាប់អារម្មណ៍។ ធ្វើដូច្នេះពិតជាគេយកមនុស្ស មួយចំនួនមកដាក់ដាច់ដោយឡែកពីសង្គម! យើងឃើញគេចោលចំណីអាហារជាច្រើន ប៉ុន្តែនៅពេលដដែល នោះមានមនុស្សជាច្រើនដាច់ពោះស្លាប់ដោយការអត់ឃ្លាន។ យើងមិនអាចស៊ូទ្រាំនឹងសភាពការណ៍នេះបាន ទេ។ សភាពការណ៍នេះសរឲ្យដឹងថា វណ្ណៈក្នុងសង្គមខុសប្លែកគ្នាពេក! សព្វថ្ងៃមនុស្សត្រូវប្រណាំងប្រជែងគ្រប់ យ៉ាង គឺអ្នកខ្លាំងពូកែជាងគេមានសិទ្ធិបង្ក្រាបអ្នកទន់ខ្សោយ អ្នកមានកម្លាំងមានសិទ្ធិបំផ្លាញអ្នកទន់ខ្សោយវិញ។ សភាពការណ៍នេះបង្កើតលទ្ធផលដូចតទៅ គឺប្រជាជនភាគច្រើនរស់នៅដោយឡែកដាច់ពីសង្គម ឬរស់នៅ តាមជាយសង្គម។ គេគ្មានការធ្វើ គ្មានទិសដៅសម្រាប់អនាគតនៃជីវិតរបស់គេគេ គ្មានច្រកចេញរួចបាន។ មតិ មហាជនរាប់មនុស្សទុកជាទ្រព្យសម្បត្តិសម្រាប់ឲ្យគេប្រើប្រាស់ រួចលះបង់ចោលទុកជាសំរាម។ យើងចាប់ផ្តើម រស់នៅតាមវប្បធម៌នៃ “សំរាម” ហើយក៏បានលើកតម្កើងវប្បធម៌នេះថែមទៀតផង។ សភាពការណ៍ដែលកើត ឡើងថ្មីនេះ គឺមនុស្សមិនគ្រាន់តែជិះជាន់មនុស្ស ឬសង្កត់សង្កិនគេប៉ុណ្ណោះទេ តែសង្គមយកមនុស្សមួយចំនួន មកដាក់ឲ្យរស់នៅដោយឡែកដាច់ពីគេតែម្តង។ កាលពីជំនាន់មុនៗមានអ្នកក្រីក្រ មានវណ្ណៈអធនរស់នៅយ៉ាង ថោកទាបជាងគេនៅជាយសង្គម ហើយគេគ្មានអំណាច។ រីឯសភាពការណ៍ថ្មីនេះវិញ ប៉ះពាល់ដល់គ្រឹះនៃការ រួមរស់ក្នុងសង្គមតែម្តង ព្រោះអ្នកដែលគេទាត់ចោលទាំងនោះរស់នៅខាងក្រៅ មិនគ្រាន់តែរស់នៅក្នុងវណ្ណៈ ទាបប៉ុណ្ណោះទេ។ អ្នកទាំងនោះរស់នៅដោយឡែកដាច់ពីសង្គម មិនគ្រាន់ជាអ្នកដែលត្រូវគេជិះជាន់ប៉ុណ្ណោះទេ តែត្រូវគេរាប់ទុកជា “សំរាម” ឬជា “សំណល់” តែម្តង។
៥៤-ក្នុងបរិបទនេះមានអ្នកខ្លះអះអាងលើទ្រឹស្តីថា “មនុស្សធ្លាក់ក្រទើបគេអាចចម្រើនឡើងវិញបានល្អ”។ អ្នក ទាំងនោះស្មានថា ពេលសេដ្ឋកិច្ចលូតលាស់ឡើងម្ដងៗ ដោយមានផ្សារសេរីជួយគាំទ្រមុខជាមនុស្សកាន់តែ ស្មើគ្នា និងកាន់តែរួមចូលក្នុងសង្គម។ ប៉ុន្តែព្រឹត្តិការណ៍ដែលកើតឡើងមិនគាំទ្រទ្រឹស្តីនេះទេ តែមនុស្សឆាប់ជឿ ទ្រឹស្តីនេះ ហើយចាញ់បោកគេទាំងទុកចិត្តផ្តេសផ្តាសថា អស់លោកអ្នកដែលកាន់អំណាងខាងសេដ្ឋកិច្ចមាន ចិត្តសប្បុរស។ គេក៏ទុកចិត្តលើប្រព័ន្ធសេដ្ឋកិច្ចដែលត្រួតត្រមនុស្សលោកសព្វថ្ងៃ។ គេគោរពប្រព័ន្ធសេដ្ឋកិច្ចទាំងនោះ ទុកជាព្រះមួយអង្គដែលត្រួតត្រាពិភពលោក។ នៅពេលជាមួយគ្នានេះ អ្នកដែលរស់នៅដាច់ដោយ ឡែកពីសង្គមនៅតែរង់ចាំជានិច្ច។ មនុស្សមួយចំនួនបានបង្កើត “សកលភាវូបនីយកម្មនៃការមិនអើពើនឹងអ្នកដទៃ” ដើម្បីបន្តរបៀបរស់នៅដែលយកមនុស្សមួយចំនួនទុកដោយឡែក និងដើម្បីសម្រើបចិត្ត ដោយឧត្តមគតិ អត្តទត្ថបុគ្គលនិយមនេះ។ យើងទាំងអស់គ្នាបែរទៅជាគ្មានមេត្តាករុណាចំពោះអ្នកដទៃ ដែលស្រែកដោយឈឺ ចុកចាប់ គឺយើងមានគំនិតបែបនេះ ដូចជាមិនបានចាប់អារម្មណ៍ដែរ។ យើងដូចជាលែងយំសោកដោយឃើញ អ្នកដទៃកើតអន្តរាយ យើងក៏មិនយកចិត្តទុកដាក់ជួយគេទេ ហាក់ដូចជាមិនអាចគិតគូរដល់រឿងគេ ព្រោះរឿង គេនៅខាងក្រៅអំណាចរបស់យើង ហាក់ដូចជាមានអ្នកផ្សេងទទួលខុសត្រូវវិញ។ វប្បធម៌នាបច្ចុប្បន្នណែនាំ មនុស្សឲ្យចង់រស់នៅយ៉ាងស្រណុក ប្រៀបដូចជាថ្នាំស្ពឹកដែលគេចាក់ឲ្យយើង។ ប្រសិនបើនៅផ្សារមានអ្វីមួយដែលយើងមិនទាន់ទិញនៅឡើយ យើងនៅស្ងៀមមិនបានទេ។ ប៉ុន្តែយើងមិនបារម្ភដោយឃើញថា មាន មនុស្សជាច្រើនត្រូវវេទនា ជីវិតរបស់គេត្រូវអន្តរាយ ដ្បិតគេគ្មានលទ្ធភាព។ យើងយល់ឃើញថាការរស់នៅ របស់អ្នកក្រីក្រទាំងនោះ គ្រាន់តែជាល្ខោនមួយ តែមិនបណ្តាលឲ្យយើងជ្រួលច្របល់ទាល់តែសោះ។
ទេ ! យើងមិនព្រមយកលុយមកគោរពនមស្ការរទុកជាព្រះឡើយ
៥៥- ក្នុងចំណោមមូលហេតុដែលបង្កើតសភាពការណ៍នេះ មានរបៀបយើងគិតគូរអំពីប្រាក់ចាយ ព្រោះយើង សុខចិត្តឲ្យប្រាក់នោះត្រួតត្រាលើយើង និងលើសង្គមយើង តែយើងនៅស្ងៀមមិនប្រកែកនឹងម្ចាស់នោះសោះ។ ពិភពលោកកំពុងឆ្លងកាត់វិបត្តិហិរញ្ញវត្ថុ។ យើងមិនត្រូវបំភ្លេចថា វិបត្តិនេះកើតឡើងដោយមានវិបត្តិមួយជ្រៅជាងនេះទៅទៀត គឺបណ្តាលមកពីវិបត្តិនៃទស្សនៈអំពីជាតិមនុស្ស គឺយើងតែងតែបដិសេធមិនព្រមទទួល ស្គាល់ថា មនុស្សមានឋានៈលើសអ្វីៗទាំងអស់ទេ។ យើងបានបង្កើតព្រះក្លែងក្លាយថ្មីជាច្រើន។ កាលពីមុន ជនជាតិអ៊ីស្រាអែលយកកូនគោមាសមកថ្វាយបង្គំនមស្ការ ទុកជាព្រះរបស់គេ (ដណ៣២,១-៣៥)។ តាម បែបដដែលនេះ សព្វថ្ងៃមនុស្សយើងយកធនធានប្រាក់មកថ្វាយបង្គំនមស្ការ ទុកជាព្រះដូចគេកាលពីមុននោះ ដែរតែព្រះនេះគ្មានមេត្តាទាល់តែសោះ។ យើងសុខចិត្តឲ្យសេដ្ឋកិច្ចដែលគ្មានមុខមាត់ និងគ្មានគោលដៅបម្រើមនុស្សយ៉ាងពិតប្រាកដមានអំណាចផ្តាច់ការលើយើង។ វិបត្តិហិរញ្ញវត្ថុនិងវិបត្តិសេដ្ឋកិច្ចសកល សរឲ្យដឹងថា អំណាចផ្តាច់ការរបស់ធនធានប្រាក់មិននឹងនទេ ហើយជាពិសេសបង្ហាញឲ្យដឹងថា ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចខ្វះ គោលដៅបម្រើមនុស្ស។ តាមវិទ្យាថ្មីនោះគេយល់ឃើញថា មនុស្សមានសេចក្តីត្រូវការតែមួយគត់ គឺត្រូវការតែប្រើប្រាស់ទ្រព្យសម្បត្តិប៉ុណ្ណោះ។
៥៦-នៅសម័យនេះ មនុស្សមួយចំនួនតូចបានកម្រៃកាន់តែច្រើនឡើងហួសហេតុ ក៏ប៉ុន្តែមនុស្សភាគច្រើននៅ តែខ្វះខាត មិនអាចរស់នៅយ៉ាងស្រួលដូចក្រុមដ៏តូចនោះដែលសប្បាយ។ មនុស្សមិនស្មើបែបនេះបណ្តាល មកពីមនោគមវិទ្យា ដែលទាមទារឲ្យផ្សារអន្តរជាតិមានស្វយ័តភាពលើសអ្វីៗទាំងអស់ និងទាមទារឲ្យមនុស្សកេងប្រវ័ញ្ច ដើម្បីឲ្យបានប្រាក់ចំណេញច្រើនហួសតាមទីផ្សារភាគហ៊ុន។ ហេតុនេះគេមិនព្រមឲ្យរដ្ឋអំណាច មានសិទ្ធិឆែកឆេរលើធនធានរបស់គេ ដើម្បីរក្សាការពារប្រយោជន៍រួម។ ដូច្នេះមានអំណាចផ្តាច់ការថ្មីកំពុង កើតឡើង ដែលគិតពីប្រយោជន៍មនុស្សតែម្ខាងគឺផ្សារអន្តរជាតិ តែមនុស្សលោកមើលមិនឃើញ។ ជួនកាល អំណាចថ្មីនេះគ្រាន់តែជាអំណាចខាងពត៌មានវិជ្ជា ដែលបញ្ជាឲ្យមនុស្សធ្វើតាមវិន័យ និងតាមច្បាប់របស់វា ដោយគ្មានមេត្តាសោះ គិតតែពីប្រយោជន៍មនុស្សមួយក្រុមនោះប៉ុណ្ណោះ។ លើសពីនេះទៅទៀតបំណុល និង ការនៃបំណុលនោះ បណ្តាលឲ្យប្រទេសពុំមានលទ្ធភាពឲ្យសេដ្ឋកិច្ឋរបស់គេអាចចម្រើនឡើងបាន ប្រជាពល រដ្ឋក្នុងប្រទេសទាំងនោះ ក៏មានអំណាចទិញកាន់តែតិចទៅៗ។ ការពុករលួយតែងតែមានមែកសាខានៅគ្រប់ វិស័យ ហើយការរត់ពន្ធតាមរបៀបអត្តទត្ថបុគ្គលនិយម លាតត្រដាងក្នុងពិភពលោកទាំងមូលថែមទៀត។ មនុស្ស មានចិត្តលោភលន់ស្រេកឃ្លានចង់បានអំណាច និងសម្បត្តិទ្រព្យដោយគ្មានព្រំដែន។ យូរៗទៅប្រព័ន្ធសេដ្ឋកិច្ច បែបនេះ តម្រង់ទៅលេបអ្វីៗទាំងអស់ក្នុងគោលដៅចង់បានចំណេញកាន់តែច្រើនឡើងៗ គឺបំផ្លាញអ្វីៗដែលទន់ខ្សោយមានបរិស្ថានជាដើម គឺអ្វីៗដែលគ្មាននរណាការពារ ព្រោះមនុស្សគេគោរពថ្វាយបង្គំនមស្ការផ្សារ អន្តជាតិទុកជាព្រះរបស់គេ។ គេនាំគ្នាបែរទៅគោរពតាមវិន័យ និងតាមច្បាប់ផ្សារអន្តរជាតិនោះលើសអ្វីៗទាំង អស់។
ទេ ! យើងមិនព្រមឲ្យធនធានប្រាក់ធ្វើជាម្ចាស់មនុស្ស តែបម្រើមនុស្សវិញ
៥៧-មនុស្សម្នាក់ប្រព្រឹត្តដូច្នេះ មកពីគេបដិសេធមិនព្រមទទួលស្គាល់សីលធម៌ និងព្រះជាម្ចាស់ទេ។ តាមធម្មតា ពេលមនុស្សគិតដល់សីលធម៌ គេតែងតែមើលងាយ និងចង់សើចចំអក ព្រោះគេនឹកគិតថា សីលធម៌មិនអាច បង្កើតផលផ្លែបានទេ ដ្បិតសីលធម៌មានលក្ខណៈជាមនុស្សខ្លាំងពេកហើយមិនរាប់រកធនធាន និងអំណាចទុកជាកត្តាលើសអ្វីៗទាំងអស់។ គេយល់ឃើញទៀតថា សីលធម៌មុខជាបណ្តាលឲ្យគេកើតគ្រោះកាច គួរឲ្យខ្លាច ព្រោះសីលធម៌មិនយល់ស្របឲ្យគេប្រើឧបាយបញ្ឆោតមនុស្សឯទៀតៗ ហើយក៏ចោទអ្នកបន្ថោកតម្លៃបុគ្គល ម្នាក់ៗឲ្យបានចុះទាបដែរ។ សរុបសេចក្តីមកគេនឹកគិតថា សីលធម៌តម្រង់មនុស្សទៅរកព្រះមួយអង្គដែល មាន ព្រះហឫទ័យតឹងរឹង រង់ចាំឲ្យមនុស្សតបឆ្លើយនឹងព្រះអង្គយ៉ាងសែនពិបាកដែរ។ ព្រះនោះក៏ស្ថិតនៅក្រៅពី គំនិតស្តីអំពីផ្សារអន្ដជាតិរបស់គេដែរ។ ប្រសិនបើគេយកគំនិតអំពីទីផ្សារអន្តរជាតិ លើសពីអ្វីៗទាំងអស់មករិះ គិត គេមិនអាចត្រួតត្រាព្រះជាម្ចាស់បានឡើយ គេក៏មិនអាចប្រើឧបាយបញ្ឆោតព្រះអង្គតាមអំពើចិត្តគេដែរ។ គេខ្លាចព្រះអង្គបណ្តាលគ្រោះថ្នាក់ដល់គេ ដ្បិតព្រះអង្គត្រាស់ហៅមនុស្សឲ្យបានពេញលក្ខណៈ និងឲ្យរួចផុត ពីធ្វើជាទាសករគ្រប់បែបយ៉ាង។ ផ្ទុយទៅវិញប្រសិនបើយើងមិនប្រើសីលធម៌ទុកជាមនោគមវិជ្ជាទេ សីលធម៌ នោះ អាចបង្កើតរបៀបរៀបរយប្រកបដោយមនុស្សធម៌ និងសមភាពក្នុងសង្គមបាន។ ហេតុនេះហើយបានជា ខ្ញុំសូមដាស់តឿនអ្នកជំនាញការខាងហិរញ្ញវត្ថុ និងអស់លោកអ្នកដឹកនាំប្រទេសនានាឲ្យរិះគិតអំពីពាក្យពេចន៍ របស់អ្នកប្រាជ្ញពីបុរាណថា៖ “ប្រសិនបើយើងមិនព្រមចែកចាយទ្រព្យសម្បត្តិរបស់ខ្លួនឲ្យអ្នកក្រីក្រ ពិតជាយើង ប្លន់គេមែនហើយក៏ដកជីវិតចេញពីគេដែរ។ យើងមិនកាន់កាប់ទ្រព្យសម្បត្តិរបស់យើងទេ តែយើងកាន់កាប់ទ្រព្យសម្បត្តិរបស់គេវិញ”។
៥៨-ប្រសិនបើមានកែទម្រង់ហិរញ្ញវត្ថុមែន ការប្រែទម្រង់នេះមុខជានាំឲ្យអស់លោកអ្នកដឹកនាំនយោបាយត្រូវ ប្រែឥរិយាបថយ៉ាងខ្លាំង។ ខ្ញុំសូមដាស់តឿនអស់លោកអ្នកឲ្យចេះប្រឈមមុខការលំបាកនេះ ដោយចិត្តអង់អាច និងដោយខិតខំយល់ឲ្យបានច្បាស់ ដោយមិនបំភ្លេចបរិបទពិសេសនៃប្រទេសនីមួយៗ។ ធនធានប្រាក់ត្រូវ បម្រើមនុស្សមិនមែនត្រូវត្រួតត្រាមនុស្សវិញទេ។ អភិបាលព្រះសហគមន៍ក្រុងរ៉ូមស្រឡាញ់មនុស្សទាំងអស់ ទាំងអ្នកមានទាំងអ្នកក្រ។ ប៉ុន្តែក្នុងនាមព្រះគ្រីស្តលោកមានភារកិច្ចរំឭកថា អ្នកមានត្រូវជួយអ្នកក្រ ត្រូវគោរព គេ ហើយលើកស្ទួយឋានៈរបស់គេទៀតផង។ ខ្ញុំសូមដាស់តឿនអស់លោកអ្នកឲ្យរួមសាមគ្គីជាមួយអ្នកក្រីក្រ ដោយមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ។ សូមឲ្យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រឡប់មកអនុវត្តតាមសីលធម៌ ដើម្បី ជាប្រយោជន៍ដល់មនុស្សវិញ។
ទេ ! យើងមិនព្រមទុកឲ្យមនុស្សមួយចំនួនរស់នៅដោយឡែកពីសង្គម ដែលបណ្តាលឲ្យកើតហិង្សា
៥៩-សព្វថ្ងៃ នៅគ្រប់កន្លែងមនុស្សចង់រស់នៅដោយសុវត្ថិភាពកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែប្រសិនបើសង្គមនានាមិនឈប់យកមនុស្សមួយចំនួនមកដាក់ដោយឡែកដាច់ពីគេទេ ហើយប្រសិនបើអ្នកមាន និងអ្នកក្រមានឋានៈ ខុសប្លែកពីគ្នាខ្លាំងពេក ទាំងក្នុងសង្គមនីមួយៗ ទាំងក្នុងចំណោមប្រទេសនានា ក៏គង់តែកើតហិង្សាមិនខាន។ មនុស្សមួយចំនួនតែងតែចោទទោសអ្នកក្រីក្រ និងប្រទេសក្រីក្រជាងគេថា អ្នកទាំងនោះប្រព្រឹត្តហិង្សា។ ប៉ុន្តែប្រសិនបើមនុស្សមានអនាគតមិនស្មើគ្នា មុខជាកើតទំនាស់គ្រប់យ៉ាង។ មិនយូរមិនឆាប់គង់តែសង្គ្រាមផ្ទុះឡើង ពុំខានដែរ។ ប្រសិនបើសង្គមក្នុងភូមិមួយក្តី ក្នុងប្រទេសមួយក្តី ក្នុងពិភពលោកទាំងមូលក្តី លះបង់មនុស្សមួយ ចំនួនឲ្យរស់នៅខាងជាយសង្គមគេនោះ ទោះបីមានចាត់ចែងកម្មវិធីនយោបាយប្រើកម្លាំងប៉ូលីស និងប្រើអ្នក ស៊ើបការណ៍ក្តី ក៏អ្នកដឹកនាំមិនអាចធានាសុវត្ថិភាពរហូតបានឡើយ។ ហិង្សាកើតឡើងមិនគ្រាន់តែដោយអ្នក មាន និងអ្នកក្រមានឋានៈខុសប្លែកពីគ្នាក្នុងសង្គមខ្លាំងពេក ដែលតែងបណ្តាលឲ្យអស់អ្នកដែលត្រូវគេដេញ ចេញពីប្រព័ន្ធសេដ្ឋកិច្ចមានប្រតិកម្មយ៉ាងឃោរឃៅប៉ុណ្ណោះទេ តែហិង្សាក៏បណ្តាលមកពីប្រព័ន្ធសង្គម និង ប្រព័ន្ធសេដ្ឋកិច្ចអយុត្តិធម៌តាំងពីឫសដែរ។ អ្វីៗដ៏ល្អតែងតែមានឥទ្ធិពលដល់អ្នកដទៃយ៉ាងណា អ្វីៗដ៏អាក្រក់ដែលមនុស្សសុខចិត្តទទួល គឺអយុត្តិធម៌ក៏មានឥទ្ធិពលអាក្រក់លើអ្នកដទៃយ៉ាងនោះដែរ។ យូរៗទៅឥទ្ធិពលអាក្រក់នៃអយុត្តិធម៌នោះ គង់តែនឹងរលំគ្រឹះនៃប្រព័ន្ធនយោបាយនិងប្រព័ន្ធសង្គមពុំខាន ទោះបីប្រព័ន្ធទាំងពីរ នោះមាំមួនយ៉ាងណាក្តី។ គ្រប់អំពើបង្កើតផល។ សេចក្តីអាក្រក់ដែលកប់ទុកក្នុងប្រព័ន្ធនៃសង្គមមួយ ក៏មាន កម្លាំងអាចនាំឲ្យសង្គមរលាយ ឬវិនាសអន្តរាយ។ សេចក្តីអាក្រក់ដែលជាប់នឹងប្រព័ន្ធអយុត្តិធម៌នៃសង្គម មិន អាចបង្កើតអនាគតដ៏ប្រសើរដល់មនុស្សជាតិបានទេ។ យើងនៅតែឆ្ងាយពីអ្វីដែលគេហៅថា “ទីបញ្ចប់នៃប្រវត្តិ សាស្ត្រ” ព្រោះថាលក្ខណៈនៃការអភិវឌ្ឍប្រកបដោយសន្តិភាពយ៉ាងស្ថិតស្ថេររហូត មិនទាន់កើតឡើងជារូបរាង យ៉ាងត្រឹមត្រូវនៅឡើយទេ។
៦១-សព្វថ្ងៃមានចាត់ចែងសេដ្ឋកិច្ច ដោយសំអាងលើមនុស្សប្រើប្រាស់ទ្រព្យសម្បត្តិហួសហេតុ។ ប៉ុន្តែគំនិតចង់ ប្រើប្រាស់ទ្រព្យសម្បត្តិឥតព្រំដែននោះ រួមជាមួយអ្នកមាន និងអ្នកក្រមានឋានៈខុសប្លែកពីគ្នាខ្លាំងពេកក្នុង សង្គមតែងតែបង្ខូចទំនាក់ទំនងក្នុងសង្គមមួយជាពីរ។ ដូច្នេះដោយអ្នកមាននិងអ្នកក្រមានឋានៈខុសប្លែកពីគ្នាខ្លាំងពេកក្នុងសង្គម មិនយូរមិនឆាប់គង់តែបណ្តាលឲ្យកើតហិង្សាពុំខាន។ ទោះបីរដ្ឋនានារត់ទៅប្រមូលអាវុធក្តី ក៏រដ្ឋទាំងនោះមិនអាចដោះស្រាយហិង្សានោះបានទេ។ ការរត់ទៅប្រមូលអាវុធនោះ គ្រាន់តែបញ្ឆោតអស់ អ្នកដែលទាមទារសុវត្ថិភាពប៉ុណ្ណោះ។ សព្វថ្ងៃយើងដឹងច្បាស់ថា អាវុធនិងការបង្ក្រាបប្រជាជនយ៉ាងឃោរឃៅ មិនជួយដោះស្រាយបញ្ហាទេ ផ្ទុយទៅវិញបង្កើតជម្លោះថ្មី និងកាន់តែសាហាវទៅទៀត។ មនុស្សមួយចំនួនពេញចិត្តចោទអ្នកក្រីក្រ និងចោទប្រទេសក្រីក្រថា គេបង្កើតសភាពការណ៍អាក្រក់ដល់គេ។ អ្នកទាំងនោះយល់ច្រឡំ ដោយគិតជាទូទៅថាប្រទេសដូចគ្នាទាំងអស់។ គេអួតអាងថា គេបានរកដំណោះស្រាយបញ្ហា ដោយគ្រាន់តែ “អប់រំ” អ្នកក្រីក្រប៉ុណ្ណោះ។ គេនឹកគិតថា ការអប់រំនេះមុខជានាំឲ្យអ្នកក្រីក្រលែងភ័យខ្លាច និងប្រែក្លាយទៅជា មនុស្សដែលគេផ្សាំងមិនអាចបះបោរបានទេ។ តែការពុករលួយប្រៀបដូចជាមហារីកសង្គម ចាក់ឫសក្នុង ប្រទេសជាច្រើនទាំងក្នុងរដ្ឋាភិបាល ក្នុងសហគ្រាស និងក្នុងស្ថាប័នរដ្ឋដែរ។ ទោះជាអ្នកដឹកនាំប្រទេសកាន់ មនោគមវិជ្ជាណាក្តី ប្រសិនបើចំនួនអ្នកដែលត្រូវគេយកទៅដាក់ដាច់ដោយឡែកពីសង្គម ឃើញការពុករលួយ នោះ គេក៏រឹតតែខឹងក្តៅក្រហាយទៅទៀត។
ការពិបាកខ្លះៗខាងវប្បធម៌
៦២-នៅពេលយើងខិតខំប្រឈមមុខនឹងការពិបាកនានាដែលចោទឡើង យើងក៏នាំដំណឹងល្អដែរ។ ជួនកាល មានគេជំទាស់យ៉ាងច្បាស់ប្រឆាំងសេរីភាពសាសនា។ ជួនកាលមានសភាពការណ៍ថ្មីៗកើតឡើង គឺគេបៀត បៀនធ្វើបាបគ្រីស្តបរិស័ទ។ នៅប្រទេសខ្លះការបៀតបៀននេះដល់កម្រិតនៃសម្អប់គ្នា និងកើតហិង្សាគួរឲ្យព្រឺ សាច់។ នៅកន្លែងជាច្រើនមនុស្សដូចជាមិនអើពើនឹងសាសនា ដោយនឹកគិតថាជាសភាពការណ៍ធម្មតាមកពី គេខកចិត្ត ហើយមកពីមានវិបត្តិនៃមនោគមវិជ្ជាទាំងប៉ុន្មាន គឺគេហាក់ដូចជាធ្វើប្រតិកម្មម៉្យាង ប្រឆាំងនិងអ្វីៗដែលជាប់នឹងមនោគមវិជ្ជានៃអំណាចលទ្ធិផ្តាច់ការ។ សភាពការណ៍នេះមិនគ្រាន់តែបណ្តាលផលអាក្រក់ដល់ ព្រះសហគមន៍ប៉ុណ្ណោះ ទេតែបង្កើតផលអាក្រក់ដល់ការរស់នៅក្នុងសង្គមទូទៅថែមទៀតដែរ។ យើងទទួលស្គាល់ថា វប្បធម៌របស់មនុស្សដែលយល់ថាម្នាក់ៗត្រូវតែប្រកាន់សេចក្តីពិត ដោយខ្លួនឯងផ្ទាល់ពិតជាបណ្តាល ឲ្យប្រជាពលរដ្ឋពិបាកមានបំណងចូលរួមក្នុងគម្រោងការរួម ដែលហួសពីអត្ថប្រយោជន៍ និងពីបំណងរបស់ បុគ្គលម្នាក់ៗ។
៦៣-នាបច្ចុប្បន្ន តាមវប្បធម៌ដែលមានឥទ្ធិពលខ្លំាងជាងគេ មនុស្សចូលចិត្តនឹងអ្វីៗដែលនៅខាងក្រៅ គឺអ្វីៗដែលគេអាចបានភ្លាមៗ អ្វីដែលគេមើលឃើញ អ្វីដែលគេអាចបានយ៉ាងឆាប់ៗ ហើយអ្វីៗជាគំនិតរាក់ៗ និងបណ្តោះអាសន្ន។ អ្វីដ៏ជាក់ច្បាស់តែងចាញ់អាការៈខាងក្រៅ។ ក្នុងប្រទេសជាច្រើនសកលភាវូបនិយកម្ម (គឺ មនុស្សក្នុងពិភពលោកទាំងមូលមានសេដ្ឋកិច្ច និងវប្បធម៌តែមួយ) បានបង្ខូចឫសគល់នៃវប្បធម៌ប្រទេសទាំងនោះយ៉ាងលឿន ដោយមានលំនាំតាមវប្បធម៌ប្លែកៗចូលមកលុកលុយ។ វប្បធម៌ប្លែកៗទាំងនោះជាប់នឹង ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់តែខ្សោយខាងសីលធម៌វិញ។ សន្និបាតអភិបាលព្រះសហគមន៍នៃទ្វីបនានាបានចែងដូច្នេះឯង។ ឧបមាប៉ុន្មានឆ្នាំកន្លងមកក្រុមអភិបាលទ្វីបអា្រហ្វិកយកសារលិខិត ក្រោមចំណង ជើងថា “ការយកចិត្តទុកដាក់នឹងបញ្ហាសង្គម” ទាំងកត់សម្គាល់ថាមានអ្នកខ្លះចង់ឲ្យប្រទេសក្នុងទ្វីបអា្រហ្វិក នោះប្រែក្លាយទៅជា “គ្រឿងតូចនៃម៉ាស៊ីនធំមួយ ឬគ្រាន់តែជាផ្នែកតូចក្នុងស្ពឺដ៏ធំសម្បើមអស្ចារ្យ។ សភាព ការណ៍នេះ ក៏លេចមកក្នុងវិស័យទូរគមនាគមន៍ក្នុងសង្គមដែរ គឺទូរគមនាគមន៍ទាំងនោះភាគច្រើនមានចាត់ចែងពីមជ្ឈមណ្ឌល ដែលស្ថិតនៅប្រទេសខាងជើងនៃពិភពលោក ជួនកាលគេមិនចាប់អារម្មណ៍យ៉ាងត្រឹមត្រូវ នូវអាទិភាព និងនូវបញ្ហានៃប្រទេសខាងត្បូង ហើយក៏មិនគោរពវប្បធម៌ប្រទេសទាំងនោះដែរ”។ យ៉ាងណាមិញ ក្រុមអភិបាលទ្វីបអាស៊ីបានបញ្ជាក់ថា “ឥទ្ធិពលពីខាងក្រៅសង្កត់លើវប្បធម៌នៃទ្វីបអាស៊ីយើង។ ប្រជាពលរដ្ឋ បែរជាមានអាកប្បកិរិយារស់នៅតាមរបៀបថ្មី ដោយមានទូរគមនាគមន៍ផ្សព្វផ្សាយខ្លាំងហួស។ ហេតុនេះហើយ បានជាមធ្យោបាយទូរគមនាគមន៍ និងសហគ្រាសដែលបង្កើតខ្សែភាពយន្តផ្សេងៗ បណ្តាលនូវផលអាក្រក់ និង ធ្វើឲ្យតម្លៃវប្បធម៌តាមប្រពៃណីជាតិយើងត្រូវជួបគ្រោះកាច”។
៦៤-ក្នុងប្រជាជនជាច្រើនជំនឿរបស់គ្រីស្តបរិស័ទប្រឈមមុខនឹងការពិបាក ដោយកើតមកពីមានចលនាសាសនា ជាច្រើនហួសពន់ប្រមាណ គឺមានចលនាតាមប្រពៃណីជ្រុលនិយម មានចលនាផ្សេងៗទៀត ដូចជាចង់ផ្តល់ជូន ជីវិតតាមវិញ្ញាណដោយគ្មានព្រះជាម្ចាស់។ ចលនាទាំងនោះម៉្យាងជាប្រតិកម្មរបស់មនុស្សចំពោះសង្គម ដែល តែងតែជំរុញឲ្យគេប្រើប្រាស់ទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ ជាសង្គមសម្ភារនិយម និងជាសង្គមដែលសុទ្ធ តែមានមនុស្សគិតតែពីខ្លួនឯងប៉ុណ្ណោះ។ ម៉្យាងទៀតចលនាទាំងនោះឆ្លៀតឱកាស ដោយប្រជាជនរស់នៅខាង ជាយក្រុងនានានិងក្នុងតំបន់ក្រីក្រ ហើយទាំងជួបប្រទះទុក្ខវេទនាជាខ្លាំង និងតែងតែស្វែងរកដំណោះស្រាយភ្លាមៗនៃសេចក្តីត្រូវការរបស់ខ្លួន។ ចលនាសាសនាទាំងនោះចូលមកយ៉ាងស្ងាត់ៗ មកបំពេញការខ្វះខាតខាង វិញ្ញាណរបស់គេ បណ្តាលមកពីការរិះគិតតាមប្រាជ្ញាសុទ្ធសាធ ដែលបានបំបាត់ជំនឿគ្រប់យ៉ាងរបស់គេ។ ចលនាសាសនាទាំងនោះមានគំនិតស្របតាមទ្រឹស្តីបុគ្គលនិយម នៃវប្បធម៌ទូទៅ។ ម៉្យាងទៀតត្រូវទទួលស្គាល់ ថា មនុស្សជាច្រើនដែលទទួលអគ្គសញ្ញាជ្រមុជទឹក មិនបានបទពិសោធថាខ្លួនភ្ជាប់នឹងព្រះសហគមន៍ទេ។ ការណ៍នេះ ប្រហែលបណ្តាលមកពីរចនាសម្ពន្ធខ្លះ នៃព្រះសហគមន៍និងពីបរិយាកាសព្រះសហគមន៍ខ្លះក្នុងភូមិ និងសហគមន៍ខ្លះដែលមិនចេះទទួលភ្ញៀវ។ ការណ៍នេះក៏ប្រហែលបណ្តាលមកពីឥរិយាបថរបស់លោក គង្វាលខ្លះ ដែលចាត់ខ្លួនទុកជាភ្នាក់ងាររដ្ឋបាល តែមិនបានតបឆ្លើយនឹងបញ្ហាស្រួល ឬស្មុគ្រស្មាញក្នុងការរស់នៅរបស់ប្រជាជនយើងទេ។ ក្នុងព្រះសហគមន៍ជាច្រើន អស់លោកគង្វាលចូលចិត្តចាត់ចែងមុខងាររបស់ខ្លួនទុកជាការងាររដ្ឋបាល ជាជាងជាអ្នកណែនាំ។ អស់លោកចូលចិត្តធ្វើអគ្គសញ្ញាជូនគ្រីស្តបរិស័ទ ដោយគ្មាន ជម្រាបជូនដំណឹងល្អ ឬអប់រំជំនឿគេជាមុន។ សីលធម៌របស់ប្រជាជនទាំងនោះប្រែក្លាយកាន់តែខ្លាំងទៅៗ គេគ្មានគំនិតអំពីអំពើបាបទាំងអំពើបាបរបស់ខ្លួនផ្ទាល់ ទាំងអំពើបាបរបស់សង្គម។ មនុស្សកាន់តែច្រើនឡើងនាំគ្នាគិតថា អ្វីក៏ដូចអ្វីដែរមានតម្លៃស្មើគ្នា។ ការទាំងនោះបណ្តាលឲ្យមនុស្សទូទៅវង្វេងទិស។ កូនជំទង់និង យុវជនយុវនារីត្រូវរបួសយ៉ាងឆាប់រហ័ស ដោយការប្រែប្រួលទាំងនោះ។ ក្រុមអភិបាលនៃសហរដ្ឋអាមេរិកបានសង្កេតឃើញថា ព្រះសហគមន៍តែងគូសសង្កត់លើវិន័យសីលធម៌ ត្រូវតាមធម្មជាតិដែលមនុស្សទាំងអស់ត្រូវកាន់តៗ។ ប៉ុន្តែមានគ្នាជាច្រើនយល់ឃើញថាការប្រៀនប្រដៅនេះ ដូចជាអយុត្តិធម៌រហូតដល់ជំទាស់នឹងសិទ្ធិមនុស្សជាគ្រឹះថែមទៀតផង។ ការរិះគិតបែបនេះបណ្តាមមកពីគេគិតថា អ្វីៗក៏ដូចអ្វីទាំងអស់ដែលមានតម្លៃស្មើគ្នា។ គំនិតនេះភ្ជាប់នឹងការទុកចិត្តលើសិទ្ធិបុគ្គលម្នាក់ៗ ដែលគេចាត់ទុកជាសិទ្ធិលើសអ្វីៗទាំងអស់។ ដោយ គេគិតដូច្នេះគេយល់ឃើញថា ព្រះសហគមន៍បង្ខូចប្រយោជន៍គេម៉្យាង ព្រោះព្រះសហគមន៍លូកដៃក្នុងសេរី ភាពរបស់បុគ្គលម្នាក់ៗ។ យើងរស់នៅក្នុងសង្គមដែលផ្សព្វផ្សាយពត៌មានហួសហេតុ តែប្រជាជនមិនចេះរិះគិតពិចារណាវែកញែក អំពីពត៌មានសំខាន់ និងពត៌មានមិនសំខាន់ បណ្តាលឲ្យនៅពេលគេរិះគិតអំពីបញ្ហាសីល ធម៌មនុស្សមិនអាចគិតឲ្យបានជ្រៅទេ។ ហេតុនេះហើយបានជាគេត្រូវការអប់រំគេជាចាំបាច់ គឺត្រូវការបង្ហាត់ឲ្យ គេចេះរិះគិតពិចារណា និងនាំផ្លូវឲ្យតម្លៃនៃសីលធម៌ចម្រើនឡើងបន្តិចម្តងៗ។
៦៥-ទោះបីចលនាដែលបំបាត់ជំនឿ ចូលលុកលុយសង្គមនៅប្រទេសជាច្រើនក្តី សូម្បីតែនៃប្រទេសដែលគ្រីស្ត បរិស័ទមានចំនួនតិចជាងគេក្តី ក៏ព្រះសហគមន៍កាតូលិកនៅតែជាស្ថាប័នមួយ ដែលមតិសាធារណៈជឿទុកចិត្ត ក្នុងវិស័យសាមគ្គីគ្រប់យ៉ាង និងក្នុងការយកចិត្តទុកដាក់នឹងអ្នកក្រជាងគេ។ ក្នុងឱកាសជាច្រើន គេសូមឲ្យព្រះសហគមន៍កាតូលិកធ្វើស្ពានមេត្រី និងជួយធ្វើអន្តរាគមន៍រកដំណោះស្រាយបញ្ហាសន្តិភាព ជួយសម្រុះសម្រួលប្រជាជនឲ្យការពារបរិស្ថាន ឲ្យការពារជីវិត ការពារសិទ្ធិមនុស្សនិងសិទ្ធិស៊ីវិល។ល។ ព្រះសហគមន៍ក៏ជួយ ប្រជាជននានាជាច្រើន ដោយបង្កើតសាលារៀន និងសកលវិទ្យាល័យកាតូលិកក្នុងពិភពលោកទាំងមូល។ ការ នេះល្អណាស់។ ក៏ប៉ុន្តែនៅពេលយើងនិយាយអំពីបញ្ហាឯទៀតៗ ដែលមតិសាធារណៈមិនសូវទុកចិត្តទទួល យើងពិបាកសម្តែងឲ្យគេដឹងថា យើងនិយាយបែបនោះព្រោះយើងស្មោះភក្តីចំពោះជំនឿជាក់ច្បាស់ អំពីកិត្តិ យសរបស់បុគ្គលម្នាក់ៗនិងអំពីប្រយោជន៍រួម ។
៦៦-ក្រុមគ្រួសារនានាកំពុងឆ្លងកាត់វិបត្តិវប្បធម៌មួយយ៉ាងជ្រៅ ដូចសហគមន៍ឯទៀតៗ និងដូចចំណងនានាក្នុង សង្គមដែរ។ យើងសង្កេតឃើញថាចំណងក្នុងវង្សក្រុមគ្រួសារកាន់តែខ្សោយទៅៗ។ ការនេះពិតជាធ្ងន់ណាស់ ដ្បិតក្រុមគ្រួសារជាកោសិការគ្រឹះនៃសង្គមជាកន្លែង ឲ្យមនុស្សដែលប្លែកពីគ្នារៀនរួមរស់ជាមួយគ្នា ជាកន្លែង ដែលមនុស្សរៀនបម្រើអ្នកដទៃ ជាកន្លែងដែលឪពុកម្តាយបន្តជំនឿដល់កូន។ល។ សព្វថ្ងៃគេតែងតែនឹកគិតថា ការរស់នៅជាគូស្វាមីភរិយាគ្រាន់តែជារង្វាន់ម៉្យាងខាងផ្លូវចិត្តប៉ុណ្ណោះ តែគេអាចរៀបតាមបែបណាក៏បាន និងអាចប្រែប្រួលតាមអំពើចិត្តមនុស្សម្នាក់ៗ។ ប៉ុន្តែការរសនៅជាក្រុមគ្រួសារជួយសង្គមតាមរបៀបដែលខានមិន បាន គឺហួសពីមនោសញ្ចេតនា និងហួសពីសេចក្តីត្រូវការប្រចាំថ្ងៃរបស់គូស្វាមីភរិយា។ ក្រុមអភិបាលប្រទេស បារាំងតែងបង្រៀនថា ក្រុមគ្រួសារមិនកើតដោយសារតែ “មនោសញ្ចេតនាស្នេហាដែលតែងតែប្រែប្រួលជានិច្ច ប៉ុណ្ណោះទេ តែកើតដោយគូស្វាមីភរិយាប្តេជ្ញាចិត្ត នឹងរួមរស់ជាមួយគ្នាក្នុងគ្រប់កិច្ចការប្រចាំជីវិត”។ គំនិតបុគ្គល និយមនៅក្រោយសម័យទំនើបនេះ ដែលផ្សព្វផ្សាយក្នុងពិភពលោកទាំងមូលលើកស្ទួយរបៀបរស់នៅ ដែល បណ្តាលឲ្យចំណងគូស្វាមីភរិយាមិនអាចចម្រើនឡើងយ៉ាងស្រួល និងឲ្យយ៉ាងស្ថិតស្ថេរបាន។ គំនិតបុគ្គល និយម បណ្តាលឲ្យចំណងក្នុងក្រុមគ្រួសារបាត់បង់លក្ខណៈពិសេសរបស់វា។ ពេលយើងណែនាំគេយើងត្រូវ បង្ហាញឲ្យកាន់តែច្បាស់ថា ទំនាក់ទំនងជាមួយព្រះបិតារបស់យើងទាមទារ និងលើកទឹកចិត្តសមាជិកក្នុងក្រុមគ្រួសារឲ្យរួបរួមគ្នាព្យាបាលមុខរបួសឲ្យបានជាសះស្បីយ លើកស្ទួយ និងពង្រឹងចំណងរវាងស្វាមី និងភរិយា។ ក្នុងពិភពលោកជាពិសេសនៅប្រទេសខ្លះកើតសង្គ្រាមនិងជម្លោះតាមរបៀបផ្សេងៗ។យើងជាគ្រីស្តបរិស័ទ យើងសូមបញ្ជាក់ថា ត្រូវទទួលស្គាល់អ្នកឯទៀតៗ ត្រូវព្យាបាលមុខរបួស គេត្រូវកសាងស្ពានមេត្រីត្រូវពង្រឹងទំនាក់ទំនងជាមួយគ្នា និងត្រូវជួយ “រំលែកទុក្ខធុរៈគ្នាទៅវិញទៅមក” (កឡា៦,២)។ ម៉្យាងទៀតសព្វថ្ងៃកើតសមាគមជាច្រើនបែបដើម្បីការពារសិទ្ធិ និងតម្រង់ទៅកាន់ទិសដៅដ៏ល្អប្រសើរ។ សមាគមទាំងនោះសរឲ្យដឹង ថា ប្រជាពលរដ្ឋជាច្រើននាបច្ចុប្បន្នកាល ចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមនិងវប្បធម៌។
ការពិបាកធ្វើឲ្យជំនឿស្របតាមវប្បធម៌
៦៨-ក្នុងប្រទេសជាច្រើន ជាពិសេសនៅទ្វីបអឺរ៉ុប ប្រជាជនមានវប្បធម៌ដើមជាគ្រីស្តបរិស័ទ ពិតប្រាកដមែនគេក៏រស់នៅតាមវប្បធម៌នេះជាគ្រឹះ។ នៅប្រទេសទាំងនោះ ជាពិសេសក្នុងចំណោមអ្នកដែលខ្វះខាត យើងសង្កេតឃើញថា គេនៅតែរក្សាតម្លៃនៃសីលធម៌ ស្របតាមគំនិតមនុស្សនិយមបែបគ្រីស្តបរិស័ទដ៏ពិតប្រាកដ។ ប្រសិន បើយើងរិះគិតតាមជំនឿ យើងត្រូវតែទទួលស្គាល់នូវគ្រាប់ពូជ ដែលព្រះវិញ្ញាណដ៏វិសុទ្ធបានសាបព្រោះនោះ ដែរ។ បើមិននោះទេមានន័យថា យើងមិនទុកចិត្តលើព្រះវិញ្ញាណ ដែលប្រព្រឹត្តសកម្មភាពទាំងមានសេរីភាព និងដែលប្រកបដោយព្រះហឫទ័យសទ្ធាជ្រះថ្លា។ យើងក៏ត្រូវនឹកគិតថា នៅប្រទេសណាដែលមានមនុស្សភាគ ច្រើនបានទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយនោះ ទោះបីគេលែងចូលព្រះវិហារក្តី គេក៏រស់នៅតាមតម្លៃគ្រីស្តបរិស័ទដ៏ពិតប្រាកដដែរ គឺគេនៅតែសម្តែងជំនឿ និងសាមគ្គីជាបងប្អូនតាមរបៀបផ្សេងៗ។ យើងត្រូវទទួល ស្គាល់ថា សេចក្តីទាំងនោះប្រសើរជាង “គ្រាប់ពូជនៃព្រះបន្ទូល” ទៅទៀត ព្រោះគេមានជំនឿកាតូលិកដ៏ពិត ប្រាកដ ហើយគេភ្ជាប់នឹងព្រះសហគមន៍តាមរបៀបផ្ទាល់របស់គេ។ យើងមិនត្រូវបំភ្លេចសារៈសំខាន់នៃវប្បធម៌ ដែលពាក់ព័ន្ធនឹងជំនឿតាំងពីដើមរៀងមកព្រោះថា ទោះបីវប្បធម៌នេះមានចំណុចទន់ខ្សោយក្តី ក៏វប្បធម៌នេះ បានទទួលដំណឹងល្អរួចទៅហើយដែរ។ វប្បធម៌នេះក៏មានឥទ្ធិពលជាគ្រីស្តបរិស័ទដ៏ប្រសើរ ច្រើនជាងចំនួន គ្រីស្តបរិស័ទដែលរួមគ្នាទៅទៀត ដែលកំពុងប្រឈមមុខនឹងការបំបាត់សាសនាតាមរបៀបបច្ចុប្បន្ន។ វប្បធម៌ប្រជាប្រិយដែលបានទទួលដំណឹងល្អរួចហើយមានកប់តម្លៃនៃជំនឿនិងសាមគ្គីដែលអាចលើកស្ទួយសង្គមឲ្យមានយុត្តិធម៌កាន់តែច្រើនឡើងៗ និងឲ្យមានជំនឿលើព្រះជាម្ចាស់បាន។ វប្បធម៌បែបនេះក៏មានប្រាជ្ញាញាណផ្ទាល់។ យើងត្រូវទទួលស្គាល់ប្រាជ្ញាញាណរបស់គេនោះទាំងអរព្រះគុណ។
៦៩-ត្រូវការជម្រាបជូនដំណឹងល្អជាចំាបាច់ ដើម្បីដំណឹងល្អនេះជ្រួតជ្រាបក្នុងវប្បធម៌។ ក្នុងប្រទេសដែលធ្លាប់កាន់សាសនាកាតូលិកជាយូរមកហើយ ត្រូវជូនដំណើរគេថែរក្សា និងពង្រឹងអ្វីៗដ៏មានតម្លៃដែលមានក្នុងប្រទេស ទាំងនោះស្រេចទៅហើយ។ ក្នុងប្រទេសដែលធ្លាប់កាន់តាមសាសនាផ្សេងៗទៀត ឬប្រទេសណាដែលលះបង់សាសនាគ្រប់យ៉ាងត្រូវស្វែងរកមធ្យោបាយថ្មី ដើម្បីនាំដំណឹងល្អឲ្យជ្រួតជ្រាបក្នុងវប្បធម៌ទាំងនោះ។ ក្នុងករណីនោះ ត្រូវធ្វើគម្រោងការសម្រាប់ពេលវេលាយ៉ាងយូរ ក៏ប៉ុន្តែយើងមិនត្រូវបំភ្លេចថា ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឲ្យចម្រើនឡើងជានិច្ច។ វប្បធម៌នីមួយៗ និងក្រុមនីមួយៗក្នុងសង្គមត្រូវការជម្រះខ្លួន និងចម្រើនឡើង ជាលំដាប់។ ក្នុងករណីវប្បធម៌ប្រជាប្រិយរបស់ប្រជាជនកាតូលិកយើង អាចទទួលស្គាល់ចំណុចខ្សោយខ្លះលែង ត្រូវការដំណឹងល្អព្យាបាលឲ្យបានជាសះស្បើយ គឺបុរសមើលងាយជិះជាន់សិទ្ធិរបស់ស្ត្រី គេពិសាស្រាហួសហេតុ មានហិង្សាក្នុងគ្រួសារគេមិនសូវចូលរួមថ្វាយអភិបូជា គេមានជំនឿក្លែងក្លាយលើព្រហ្មលិខិត គេកាន់ជំនឿ អកុសលនាំគេឲ្យទៅរកគ្រូធ្មប់។ល។ ប៉ុន្តែយើងអាចសំអាងលើការគោរពតាមប្រជាប្រិយនេះ ទុកជាមធ្យោ បាយដ៏ប្រសើរជាងគេ ដើម្បីចាប់ផ្តើមព្យាបាលគេ និងរំដោះគេ។
៧០-ក្នុងប្រទេសមានគ្រីស្តបរិស័ទតាំងពីយូរមកហើយ ជួនកាលមានក្រុមខ្លះសំអាងលើប្រពៃណី និងរបៀប គោរពប្រណិប័តន៍របស់គេ ជាជាងគោរពប្រណិប័តន៍តាមរបៀបមកពីជំនឿរបស់គ្រីស្តបរិស័ទ។ ក្រុមខ្លះជក់ ចិត្តនឹងជឿថា ព្រះជាម្ចាស់បានសម្តែងសេចក្តីមកប្រាប់គេ គេក៏ចាត់ទុកសេចក្តីទាំងនោះថា ពិតប្រាកដមែន ប្រកែកមិនបាន។ ជួនកាលមានកើតគ្រីស្តសាសនាបែបម៉្យាង គឺគេចូលចិត្តធ្វើពិធីគោរពប្រណិប័តន៍ផ្សេងៗ ដែលសម្តែងជំនឿតាមរបៀបឯកជន និងប្រកបដោយមនោសញ្ចេតនា។ ពិធីទាំងនោះមិនមែនស្របតាមសេចក្តី ដែលយើងតែងហៅថា “ការគោរពប្រណិប័តន៍តាមប្រជាប្រិយ” ទេ។ មានអ្នកខ្លះជួយលើកស្ទួយរបៀបគោរពប្រណិប័តន៍បែបនោះ ទាំងមិនរវីរវល់ធ្វើឲ្យមនុស្សចម្រើនឡើងក្នុងសង្គម ហើយក៏មិនរវីរវល់នឹងអប់រំគ្រីស្ត បរិស័ទដែរ។ ជួនកាលគេលើកស្ទួយរបៀបគោរពប្រណិប័តន៍បែបនោះ ដើម្បីឲ្យគេបានកម្រៃ ឬឲ្យបានអំណាចលើអ្នកឯទៀតៗក៏មានដែរ។ យើងក៏ដឹងថាប៉ុន្មានឆ្នាំកន្លងមក ក្នុងប្រជាជនគ្រីស្តបរិស័ទគេលែងបញ្ជូនបន្តជំនឿ នៃគ្រីស្តសាសនាដល់តំណថ្មីៗហើយ។ ច្បាស់ជាមានគ្រីស្តបរិស័ទជាច្រើនខកចិត្ត និងលែងប្រកាសថាគេជាគ្រីស្តបរិស័ទទៀតដែរ។មានឪពុកម្តាយកាន់តែច្រើនមិនធ្វើអគ្គសញ្ញាជ្រមុជទឹកឲ្យកូនមិនបង្រៀនកូនឲ្យចេះអធិដ្ឋានទេ។ មានគ្រីស្តបរិស័ទកាតូលិកខ្លះចេញពីព្រះសហគមន៍ បែរទៅរកសហគមន៍អ្នកជឿផ្សេងៗទៀត។ មានមូលហេតុខ្លះនាំឲ្យបែកបាក់គ្នាបែបនេះដូចតទៅ៖ គឺគេមិនអាចនិយាយសន្ទនាគ្នាក្នុងក្រុមគ្រួសារ មាន ឥទ្ធិពលនៃមធ្យោបាយទូរគមនាគមន៍គេយល់ឃើញថា មានតែគំនិតគេផ្ទាល់បានល្អនិងអ្វីៗ ក៏ដូចអ្វីៗទាំងអស់ មានមតិមហាជនប្រើប្រាស់ទ្រព្យសម្បត្តិហួសហេតុ តាមទីផ្សារលើកស្ទួយចិត្តគេលោកគង្វាលមិនណែនាំដំណើរ ជនក្រីក្រទេ ស្ថាប័នរបស់យើងមិនចេះទទួលភ្ញៀវយ៉ាងរាក់ទាក់ទេ យើងពិបាកនាំឲ្យគេរួបរួមគ្នា ដោយសារ ជំនឿក្នុងបរិបទមានសាសនាផ្សេងពីគ្នា។ល។
ការពិបាកនៃវប្បធម៌ទីក្រុង
៧១-មនុស្សជាតិទាំងមូលកំពុងធ្វើដំណើរតម្រង់ទៅកាន់ទីក្រុងយេរូសាឡឹមថ្មី ជាទីក្រុងដ៏វិសុទ្ធ(វវ ២១,២-៤)។ គួរឲ្យចាប់អារម្មណ៍ថា ព្រះជាម្ចាស់បានសម្តែងឲ្យយើងដឹងថា មនុស្សជាតិនិងប្រវត្តិសាស្ត្រនឹងកើតជារូបរាងយ៉ាងពេញលក្ខណៈនៅពេលអនាគតក្នុងទីក្រុងមួយ។ យើងត្រូវការស្មឹងសា្មធិ៍ទទួលស្គាល់អត្ថន័យទីក្រុង គឺ យើងត្រូវមើលទីក្រុង ដោយមានភ្នែកតាមជំនឿទាំងយល់ឃើញថា ព្រះជាម្ចាស់គង់នៅតាមផ្ទះក្នុងក្រុងនេះ ហើយព្រះអង្គក៏គង់នៅតាមដងផ្លូវ និងតាមទីផ្សារដែរ។ ព្រះអង្គគង់នៅជាមួយអស់អ្នកក្រុង និងក្រុមទាំងប៉ុន្មាន ដែលស្វែងរកព្រះអង្គដោយចិត្តស្មោះ។ អ្នកទាំងនោះរកទីពំនឹងពំនាក់ និងស្វែងរកអត្ថន័យដល់ជីវិតរបស់គេ។ ព្រះអង្គគង់នៅជាមួយអ្នកក្រុង ដែលលើកស្ទួយសាមគ្គី ដែលលើកស្ទួយភាតរភាព ដែលមានបំណងចង់ប្រព្រឹត្ត អំពើល្អចង់បានសេចក្តីពិត និងចង់បានយុត្តិធម៌។ យើងមិនត្រូវបង្កើតឲ្យមានវត្តមានរបស់ព្រះជាម្ចាស់ទេ តែ ត្រូវរកឲ្យឃើញ និងត្រូវដកវាំងននចេញ បង្ហាញឲ្យមនុស្សលោកឃើញវត្តមានរបស់ព្រះអង្គនោះវិញ។ ព្រះជា ម្ចាស់មិនលាក់ព្រះអង្គឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ដោយចិត្តស្មោះទោះបីគេរកទាំងស្ទាបស្ទង់តាមរបៀប មិនច្បាស់និងតាមស្រមោល។
៧២-ក្នុងទីក្រុង អ្នកក្រុងរស់នៅតាមរបៀបផ្សេងពីគ្នា គេកាន់តាមប្រពៃណីរួមដែលភ្ជាប់នឹងអត្ថន័យនៃពេលវេលា និងភ្ជាប់នឹងតំបន់ផ្សេងៗដែលគេរស់នៅពីមុន និងមានទំនាក់ទំនងផ្សេងៗដែលប្លែកពីទំនាក់ទំនងអ្នកស្រុកនៅជនបទ។ របៀបរស់នៅប្លែកៗពីគ្នានោះក៏សុទ្ធតែមានទំនាក់ទំនងនឹងសាសនា។ រៀងរាល់ថ្ងៃអ្នកក្រុងតែងតស៊ូជាញឹកញាប់ណាស់ដើម្បីរស់។ ក្នុងការតស៊ូនេះមានបង្កប់នូវអត្ថន័យដ៏ជ្រៅអំពីជីវិត។ តាមធម្មតាអត្ថន័យអំពីជីវិតនេះ ភ្ជាប់នឹងគំនិតជ្រៅខាងសាសនា។ យើងត្រូវនឹកគិតដល់គំនិតនេះ ដើម្បីនិយាយសន្ទនាជាមួយគេ ដូចព្រះអម្ចាស់យេស៊ូបាននិយាយសន្ទនាជាមួយស្រ្តីស្រុកសាម៉ារីនៅក្បែរអណ្តូងទឹក ជាកន្លែងនាងរកបំបាត់ ការស្រេកទឹក (យហ ៤,៧-២៦ )។
៧៣-មានវប្បធម៌ថ្មីៗនៅតែកើតឡើងក្នុងទីក្រុងដ៏ធំសម្បើមអស្ចារ្យ។ នៅក្រុងទាំងនោះ គ្រីស្តបរិស័ទមិនមាន ទម្លាប់លើកស្ទួយ ឬបង្កើតអត្ថន័យដល់ជីវិតគេទៀតទេ។ ផ្ទុយទៅវិញ គ្រីស្តបរិស័ទតែងទទួលរបៀបនិយាយផ្សេងៗ ទទួលនិមិត្តរូបទទួលសារ និងសេចក្តីផ្សេងៗពីវប្បធម៌ថ្មីទាំងនោះ។ វប្បធម៌ទាំងនោះបង្ហាញទិសថ្មី ដែលតម្រង់ជីវិតគេ ហើយទិសទាំងនោះ តែងជំទាស់នឹងដំណឹងល្អរបស់ព្រះយេស៊ូ។ វប្បធម៌ថ្មីមួយដែល មនុស្សមិនដែលស្គាល់ពីមុននោះ តែងនៅរស់រវើកនិងផ្សព្វផ្សាយក្នុងទីក្រុង។ សន្និបាតបានយល់ឃើញថា នា បច្ចុប្បន្នទីប្រជុំជនដ៏ធំមហិមាកំពុងផ្លាស់ប្តូរហើយ ហើយវប្បធម៌ថ្មីដែលប្រជាជនបង្កើតក្នុងក្រុងទាំងនោះ ក៏ សុទ្ធតែជាកន្លែងពិសេសសម្រាប់ជម្រាបជូនដំណឹងល្អបែបជាថ្មី។ ត្រូវបង្កើតកន្លែងអធិដ្ឋាន និងកន្លែងរួបរួម គ្នាដែលមានលក្ខណៈថ្មី ដែលអាចទាក់ទាញចិត្តគេបាន និងមានអត្ថន័យច្រើនជាងរបៀបចាស់សម្រាប់អ្នក ក្រុង។ សូម្បីតែអ្នករស់នៅតាមជនបទ ក៏ទទួលឥទ្ធិពលពីវប្បធម៌ដែលប្រែប្រួលនោះ តាមរយៈមធ្យោបាយ ទូរគមនាគមន៍។ ការកែប្រែវប្បធម៌ក្នុងទីក្រុងក៏ប្រែរបៀបរស់នៅ របស់អ្នកស្រុកនៅជនបទយ៉ាងខ្លាំងដែរ។
៧៤-ត្រូវជម្រាបជូនដំណឹងល្អ ដែលបំភ្លឺរបៀបរស់នៅថ្មីរបស់អ្នកក្រុង គឺជួយឲ្យគេមានទំនាក់ទំនងជាមួយព្រះ ជាម្ចាស់ជាមួយអ្នកដទៃ និងជាមួយបរិស្ថានតាមរបៀបថ្មី។ ត្រូវឲ្យដំណឹងល្អនេះលើកស្ទួយតម្លៃជាគ្រឹះនៃជីវិតមនុស្សដែរ។ ការជម្រាបជូនដំណឹងល្អបែបថ្មីនេះ ពិតជាការចំបាច់បំផុត។ ដំណឹងល្អត្រូវទៅដល់កន្លែងដែលកើតប្រវត្តិសាស្រ្តថ្មីនិងនិមិត្តរូបថ្មីគឺត្រូវយកព្រះបន្ទូលរបស់ព្រះយេស៊ូទៅកាន់កត្តាដែលជាស្នូលដ៏ជ្រៅជាងគេនៃជីវិតអ្នកក្រុង។ ការនេះចៀសផុតមិនកើត។ យើងក៏មិនត្រូវបំភ្លេចទៀតថា ទីក្រុងជាកន្លែងមួយដែលមនុស្ស មានវប្បធម៌ផ្សេងៗពីគ្នារស់នៅជាមួយគ្នា។ តែយើងអាចសង្កេតឃើញថា ក្នុងទីក្រុងក្រុមមនុស្សដែលមាន របៀបស្រមៃឃើញដូចគ្នាអំពីការរស់នៅ ដែលមានប្រវត្តិសាស្រ្ត និងគោលគំនិតដូចគ្នាតែងតែជួបជុំគ្នា។ គេ ក៏បង្កើតតំបន់តូចៗជាតំបន់តាមវប្បធម៌ហាក់ដូចជាទីក្រុងតូចៗដែលភ្នែកមនុស្សមើលមិនឃើញ។ក្នុងទីក្រុង មានមនុស្ស មានវប្បធម៌ផ្សេងៗពីគ្នា រស់នៅជាមួយគ្នាមែន តែតាមពិតក្រុមតាមវប្បធម៌ទាំងនោះ តែងតែ បណ្តេញអ្នកដទៃឲ្យដាច់ចេញពីក្រុមគេ និងតែងបង្កើតហិង្សាជាញឹកញាប់វិញ។ ព្រះជាម្ចាស់ត្រាស់ហៅព្រះ សហគមន៍ឲ្យជួយក្រុមវប្បធម៌ប្លែកពីគ្នាទាំងនោះ ឲ្យនិយាយសន្ទនាគ្នា។ តែការបម្រើគេឲ្យសន្ទនាគ្នានេះ សែនពិបាក។ ម៉្យាងទៀត មានអ្នកក្រុងខ្លះរកមធ្យោបាយគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ជីវិតផ្ទាល់ខ្លួន និងជីវិតក្រុម គ្រួសារ។ តែមានមនុស្សមួយចំនួនធំដែលមិនមែនជា “អ្នកក្រុង” ទេគឺគេជា “អ្នកក្រុងពាក់កណ្តាល” ឬជា “អ្នក សំណល់ពីទីក្រុង”។ ទីក្រុងដូចជាបង្កើតលទ្ធផលអាក្រក់និងល្អរហូត គឺម៉្យាងទីក្រុងផ្តល់លទ្ធភាពជាច្រើនឥត គណនាដល់អ្នកក្រុងតែម៉្យាង នៅពេលជាមួយគ្នានោះមានមនុស្សមួយចំនួនធំតែងជួបប្រទះ ការលំបាកជាច្រើនដែលរារាំងការអភិវឌ្ឍដ៏ពេញលក្ខណៈរបស់គេ។ ការផ្ទុយគ្នាបែបនោះតែងតែបង្កើតទុក្ខព្រួយយ៉ាងសែន ខ្លោចផ្សា។ ក្នុងផ្នែកច្រើននៃពិភពលោក ទីក្រុងក៏ក្លាយទៅជាកន្លែងធ្វើបាតុកម្មរួមរបស់ប្រជាជន គឺមានអ្នក ក្រុងរាប់ពាន់នាក់តែងតែទាមទារសេរីភាព ចង់រួមចំណែកក្នុងការណែនាំប្រទេសទាមទារយុត្តិធម៌ និងសេចក្តី ផ្សេងៗទៀត។ ប្រសិនបើរដ្ឋាភិបាលមិនយល់ដល់ការទាមទារទាំងនោះឲ្យបានច្បាស់ គេតែងតែបង្ក្រាប បាតុកម្មឲ្យនៅស្ងៀមដោយប្រើហិង្សា។
៧៥-យើងត្រូវដឹងថាក្នុងទីក្រុងតែងមានជំនួញថ្នាំញៀន និងជំនួញមនុស្សតែងមានការរំលោភ និងការជិះជាន់ កុមារា កុមារី គេធ្លាប់បោះបង់មនុស្សចាស់ និងអ្នកជំងឺចោល ហើយក៏មានអំពើពុករលួយគ្រប់យ៉ាង និងអំពី ឧក្រិដ្ឋជាច្រើនទៀតដែរ។ ទីក្រុងដែលអាចទៅជាកន្លែងដ៏មានតម្លៃ សម្រាប់ឲ្យមនុស្សជួបជុំគ្នានិងសាមគ្គី ក៏ ក្លាយជាញឹកញាប់ឲ្យទៅជាកន្លែងរត់លាក់ពួនខ្លួននិងទៅជាកន្លែងដែលមនុស្សមិនទុកចិត្តគ្នាទៅវិញទៅមក។គេសាងសង់គេហដ្ឋានធំៗ និងបុរីសម្រាប់ឲ្យមនុស្សរស់នៅដោយឡែកដាច់ពីគ្នា ជាជាងជួយឲ្យគេមានទំនាក់ ទំនងជាមួយគ្នា និងចូលរួមគ្នាជាប្រជាជនតែមួយ។
៧៦-ក្នុងបរិស្ថានទាំងនេះការប្រកាសដំណឹងល្អពិតទៅជាគ្រឹះ ដើម្បីតែងតាំងកិត្តិយសដ៏ខ្ពង់ខ្ពស់នៃជីវិតមនុស្សឡើងវិញដ្បិតព្រះយេស៊ូសព្វព្រះហឫទ័យចាក់បង្ហូរជីវិតយ៉ាងបរិបូណ៌ក្នុងទីក្រុងដែរ(យហ១០,១០)។ ដំណឹងល្អផ្តល់អត្ថន័យរួម និងយ៉ាងពេញលេញដល់ជីវិតមនុស្សយើង។ ហេតុនេះដំណឹងល្អពិតជាឱសថដ៏ពូកែជាងគេអាចព្យាបាលជំងឺរបស់ទីក្រុង។ ក៏ប៉ុន្តែយើងមិនត្រូវគិតថា មានកម្មវិធីជម្រាបជូនដំណឹងល្អតែមួយគត់ សម្រាប់គ្រប់កន្លែង និងកម្មវិធីតឹងរ៉ឹងដើម្បីនាំដំណឹងល្អនេះទេ។ កម្មវិធីបែបនោះមិនសម្របតាមសភាពការណ៍ ដ៏ពិតប្រាកដនៃកន្លែងនីមួយៗទេ។ ប៉ុន្តែគ្រីស្តបរិស័ទណាដែលចង់រស់តាមលក្ខណៈរបស់ខ្លួនជាមនុស្ស រហូត ដល់ទីបំផុត ហើយសុខចិត្តចូលប្រឈមមុខនឹការពិបាកនានា នៃអ្នកក្រុងទាំងផ្តល់សក្ខីភាពទុកជាមេក្នុងម្សៅ នៃក្រុងទោះនៅវប្បធម៌ណាក្តី ឬនៅក្រុងណាក្តី ក៏ខ្លួនគេកាន់តែពេញលក្ខណៈ និងធ្វើឲ្យទីក្រុងនោះមានជីវិត រស់រវើកដែរ។
២) ការល្បួងរបស់គ្រីស្តបរិស័ទដែលទទួលមុខងារណែនាំ
៧៧-ខ្ញុំសូមអរគុណជាទីបំផុត ចំពោះអស់អ្នកដែលបំពេញការងារក្នុងព្រះសហគមន៍។ ឥឡូវខ្ញុំមិនចង់រៀបរាប់អំពីសកម្មភាពទាំងប៉ុន្មានរបស់អស់អ្នកដែលបំពេញការណែនាំទេតាំងពីលោកអភិបាលរហូតដល់គ្រីស្តបរិស័ទតូចតាចជាងគេ ដែលធ្វើការក្នុងការិយាល័យនៃភូមិភាគ។ ខ្ញុំចូលចិត្តរិះគិតអំពីការពិបាកដែលបងប្អូនទាំង អស់ ត្រូវប្រឈមមុខក្នុងបរិបទនៃវប្បធម៌ក្នុងសកលភាវូបនិយកម្ម។ ក៏ប៉ុន្តែជាបឋមនិងតាមយុត្តិធម៌ខ្ញុំចង់ និយាយថា នាបច្ចុប្បន្នព្រះសហគមន៍នៅតែជួយមនុស្សលោកយ៉ាងច្រើនអស្ចារ្យ។ យើងឈឺចុកចាប់ និងខ្មាសដោយមានសមាជិកខ្លះ នៃព្រះសហគមន៍បានប្រព្រឹត្តអំពើបាបយើងក៏ឈឺចុកចាប់និងខ្មាស ព្រោះតែបាបរបស់ យើងផ្ទាល់ដែរ។ តែអំពើអាក្រក់ទាំងនោះ មិនត្រូវនាំឲ្យយើងបំភ្លេចអស់គ្រីស្តបរិស័ទ ដែលបូជាជីវិតរៀងរាល់ ថ្ងៃដោយសេចក្តីស្រឡាញ់ទេ។ អ្នកទាំងនោះជួយព្យាបាលមនុស្សជាច្រើនឲ្យបានជាសះស្បើយ ឬជួយណែ នាំមនុស្សឲ្យចែកស្ថានយ៉ាងស្រួលក្នុងមន្ទីរពេទ្យដែលខ្វះខាត។ អ្នកខ្លះជួយមនុស្សដែលធ្លាក់ជាទាសករ តាម របៀបផ្សេងៗនៅកន្លែងក្រជាងគេនៅលើផែនដី។ អ្នកខ្លះបូជាកម្លាំងកាយ កម្លាំងចិត្តអប់រំកុមារាកុមារី និងយុវជនយុវនារីអ្នកខ្លះថែទាំមនុស្សចាស់ជរាដែលត្រូវមនុស្សទាំងអស់បោះបង់ចោលអ្នកខ្លះខិតខំចែកចាយកិត្តិយសដ៏ខ្ពង់ខ្ពស់ ជាមនុស្សក្នុងបរិស្ថានមានគេជំទាស់ អ្នកខ្លះបូជាកម្លាំងកាយកម្លាំងចិត្តតាមបែបផ្សេងៗទៀត និងសម្តែងអំពីព្រះហឫទ័យមេត្តាករុណាយ៉ាងធំធេងរបស់ព្រះជាម្ចាស់ ចំពោះមនុស្សជាតិ គឺព្រះអង្គ ដែលប្រសូតជាមនុស្សបានបំភ្លឺចិត្តគំនិតគេ ឲ្យបំពេញការងារទាំងនេះ។ ខ្ញុំសូមអរគុណចំពោះគ្រីស្តបរិស័ទ ដែលដាក់គំរូដ៏ល្អឲ្យខ្ញុំ គឺគេបានបូជាកម្លាំងកាយកម្លាំងចិត្ត និងពេលវេលាដោយអំណរ។ សក្ខីភាពនេះលើក ទឹកចិត្តខ្ញុំ និងគាំទ្រខ្ញុំក្នុងបំណងរបស់ខ្ញុំផ្ទាល់ ដែលត្រូវឈប់គិតតែពីខ្លួនឯង ដើម្បីចែកជីវិតខ្ញុំឲ្យអ្នកដទៃកាន់ តែខ្លាំងឡើងៗ។
៧៧-ទោះជាយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាជាកូនចៅនៃសម័យឥឡូវ គឺយើងរស់នៅម៉្យាងក្រោមឥទ្ធិពល នៃវប្បធម៌នាបច្ចុប្បន្នកាល ដែលលាតត្រដាងក្នុងពិភពលោកទាំងមូល។ ទោះបីវប្បធម៌នេះអាចបង្ហាញតម្លៃ ខ្លះសម្រាប់ណែនាំការរស់នៅរបស់យើងក្តី ហើយផ្តល់សមត្ថភាពថ្មីក៏វប្បធម៌ថ្មីនោះ កំណត់ព្រំដែនឲ្យយើង និងបណ្តាលឲ្យយើងរស់នៅតាមលក្ខខណ្ឌ ដែលយើងមិនបានជ្រើសរើសរហូតដល់ធ្វើឲ្យយើងធ្លាក់ឈឺ។ ខ្ញុំ ទទួលស្គាល់ថា យើងត្រូវបង្កើតកន្លែងស្រួលស្រណុកនៅដើម្បីលើកទឹកចិត្តអស់គ្រីស្តបរិស័ទ ដែលបំពេញ ការងារមួយក្នុងកិច្ចណែនាំដើម្បីលើកទឹកចិត្តគេនិងឲ្យគេមានកម្លាំងថ្មីជា “កន្លែងពង្រឹងជំនឿចំពោះព្រះយេស៊ូដែលត្រូវគេឆ្កាង និងមានព្រះជន្មថ្មីដ៏រុងរឿង។ នៅកន្លែងនោះ គ្រីស្តបរិស័ទទាំងនោះអាចចែកចាយយោបល់ គ្នាអំពីបញ្ហាសំខាន់និងជ្រៅជាងគេ ហើយចែកចាយកង្វល់ប្រចាំថ្ងៃ ព្រមទាំងរិះគិតពិចារណាយ៉ាងជ្រៅអំពីការរស់នៅ និងអំពីបទពិសោធន៍របស់ខ្លួន ដោយយកគោលការណ៍នៃដំណឹងល្អមកវែកញែក។ ធ្វើដូច្នេះគេអាច តម្រង់ជម្រើសក្នុងការរស់នៅរបស់គេ និងជម្រើសរបស់គេក្នុងសង្គមទៅរកការល្អ និងភាពរុងរឿង”។ នៅពេល ជាមួយគ្នានេះ ខ្ញុំក៏សូមចាប់អារម្មណ៍អំពីការល្បួងខ្លះៗ ដែលចោទអ្នកបំពេញមុខងារណែនាំដែរ។
យើងយល់ព្រមនឹងជីវិតខាងវិញ្ញាណជាសាសនទូត
៧៨-នាបច្ចុប្បន្នយើងអាចសង្កេតឃើញថា អ្នកបំពេញមុខងារណែនាំជាច្រើននាក់ សូម្បីតែអ្នកដែលញែកខ្លួន ថ្វាយព្រះជាម្ចាស់ក្តី ចាប់អារម្មណ៍ហួសអំពីការរស់នៅដោយស្វ័យភាព និងអំពីលំហែកាយ។ គេបំពេញមុខងាររបស់ខ្លួន ទុកជាការមិនសំខាន់ក្នុងការរស់នៅរបស់គេ ហាក់ដូចជាការងារនេះក៏មិនចូលក្នុងអត្តសញ្ញាណ របស់គេទេ។ នៅពេលជាមួយគ្នានោះគេនឹកស្មានថា គេរស់នៅតាមព្រះវិញ្ញាណគ្រាន់តែនៅពេលគេធ្វើពិធីតាម សាសនាដែលតែងតែសម្រាលទុក្ខគេខ្លះៗ។ប៉ុន្តែគេមិនចិញ្ចឹមជីវិតខាងព្រះវិញ្ញាណដោយបានជួបអ្នកដទៃ ដោយប្តេជ្ញាចិត្តប្រែពិភពលោក និងដោយមានចិត្តខ្នះខ្នែងជម្រាបជូនដំណឹងល្អទេ។ ហេតុនេះ ទោះបីអ្នក បំពេញមុខងារជម្រាបជូនដំណឹងល្អតែងតែអធិដ្ឋានក្តី ក៏មានអ្នកខ្លះគិតតែពីខ្លួនគេ ទើបសំខាន់គេកើតវិបត្តិដោយមិនដឹងថា គេមានអត្តសញ្ញាណអ្វី ការក្លៀវក្លារបស់គេក៏អន់ថយដែរ។ នេះជាការអាក្រក់បីយ៉ាងដែល ជួយគាំទ្រគ្នាទៅវិញទៅមក។
៧៩-វប្បធម៌នៃមធ្យោបាយទូរគមនាគមន៍ និងក្រុមបញ្ញវ័ន្តខ្លះ ជួនកាលនាឲ្យមនុស្សលែងទុកចិត្តទៅលើសារនៃព្រះសហគមន៍យ៉ាងខ្លាំង និងនាំឲ្យគេសង្ស័យខ្លះៗដែរ។ ហេតុនេះអ្នកដែលបំពេញមុខងារណែនាំជាច្រើននាក់ ទោះបីគេអធិដ្ឋានក្តីក៏មានមនោសញ្ចេតនាថា គេដូចជាអន់ជាងគេ។ គេនាំគ្នាលាក់អត្តសញ្ញាណរបស់ខ្លួន ជាគ្រីស្តបរិស័ទមិនឲ្យអ្នកដទៃស្គាល់ និងលាក់សេចក្តីដែលគេជឿជាក់ទាំងពោលថា សាសនាណាក៏ដូច សាសនាណាដែរ។ គេមិនស្កប់ចិត្តនឹងអត្តសញ្ញាណ និងមុខងាររបស់ខ្លួនទៀត។ គេមិនភ្ជាប់ចិត្តទាំងស្រុងនឹងបេសកកម្មជម្រាបជូនដំណឹងល្អ។ ការទាំងនេះបណ្តាលឲ្យការប្តេជ្ញារបស់គេអន់ថយ។ យូរៗទៅគេបាត់អំណរដោយបំពេញបេសកកម្មរបស់ខ្លួន ដោយចេះតែគិតថាចង់ក្លាយឲ្យបានទៅជាដូចអ្នកដទៃបិះបិទ ដើម្បីឲ្យបាន សម្បត្តិដូចអ្នកដទៃដែរ។ តាមរបៀបនេះគេបង្ខំចិត្តបំពេញមុខងារជម្រាបជូនដំណឹងល្អ ហើយមិនសូវខំប្រឹងទៀតតែនៅពេលខ្លីដែរ។
៨០-លើសពីគោលគំនិត និងរបៀបរស់តាមវិញ្ញាណពិសេសរបស់គេ មានអ្នកដែលបំពេញមុខងារណែនាំជា ច្រើននាក់តែងនឹកគិតថា អ្វីៗក៏ដូចអ្វីៗទាំងអស់ដែរ។ គំនិតបែបនេះពិតជាបណ្តាលឲ្យកើតគ្រោះកាចខ្លាំង ជាងការនឹកគិតថា “លទ្ធិជំនឿណាក៏ដូចលទ្ធិជំនឿណាដែរ” នោះទៅទៀត។ ព្រោះថាគំនិតនេះស៊ីជ្រៅនឹង ជម្រើសដ៏ស្មោះត្រង់សម្រេចអំពីរបៀបរស់នៅ។ ដោយគេប្រព្រឹត្តជាធម្មតាតាមគំនិត “អ្វីៗក៏ដូចអ្វីៗទាំងអស់” នោះបណ្តាលឲ្យគេធ្វើអ្វីៗ ហាក់ដូចជាគ្មានព្រះជាម្ចាស់ទេ គេសម្រេចសេចក្តីហាក់ដូចជាគ្មានអ្នកក្រីក្រទេ គេ ស្រមៃឃើញពីជីវិត ហាក់ដូចជាគ្មានអ្នកដទៃទេ និងធ្វើការហាក់ដូចជាគ្មានអ្នកមិនបានទទួលដំណឹងល្អទេ។ ត្រូវបន្ថែមទៀតថា សូម្បីតែអ្នកដែលជឿជាក់យ៉ាងមុតមាំលើលទ្ធិនៃគ្រីស្តសាសនា និងអ្នកដែលមានជីវិតតាមព្រះវិញ្ញាណក្តី ក៏តែងតែទម្លាក់ខ្លួន ចង់រស់នៅតាមបែបភ្ជាប់ចិត្តនឹងសុវត្ថិភាពខាងសេដ្ឋកិច្ចដែរ។ គេចង់បាន អំណាច និងកិត្តិយសខាងលោកីយដោយប្រើមធ្យោបាយណាក៏បាន។ គេលែងបូជាកម្លាំងកាយ កម្លាំងចិត្ត សម្រាប់អ្នកដទៃដោយ គឺលែងបំពេញបេសកកម្មរបស់ខ្លួន។ យើងទាំងអស់គ្នាកុំឲ្យគេលួចយកចិត្តខ្នះខ្នែងធ្វើ សាសនទូតឡើយ !
ទេ ! យើងមិនព្រមនឹងការធ្លាក់ទឹកចិត្តដោយគិតតែពីខ្លួនឯងប៉ុណ្ណោះ
៨១-នាបច្ចុប្បន្ន យើងត្រូវការកម្លាំងក្នុងឋានៈជាសាសនទូតកាន់តែខ្លាំងឡើងៗ ដើម្បីយកអំបិលនិងពន្លឺនាំមក ដល់មនុស្សលោក។ ប៉ុន្តែមានគ្រីស្តបរិស័ទធម្មតាជាច្រើន នាំគ្នាខ្លាចមិនព្រមឲ្យនរណាម្នាក់អញ្ជើញគេឲ្យបំពេញកិច្ចការជាសាសនទូត។ គេចង់រត់គេចខ្លួនមិនព្រមប្តេជ្ញាចិត្តធ្វើអ្វី ដោយក្រែងបាត់បង់ពេលទំនេរ។ ឧបមាថា សព្វថ្ងៃពិបាករកអ្នកអប់រំជំនឿដែលបានទទួលការអប់រំផ្ទាល់ខ្លួន រួចហើយមកបម្រើព្រះសហគមន៍ តាមភូមិ។ គេមិនព្យាយាមបំពេញការងាររបស់ខ្លួននេះជាច្រើនឆ្នាំទេ។ បញ្ហានេះក៏កើតដល់លោកគង្វាលថែម ទៀត គឺអស់លោកនៅតែខ្វល់ខ្វាយជាខ្លាំងអំពីពេលទំនេរស្រាប់តែខ្លួនចង់បាន។ ការនេះបណ្តាលមកពីមនុស្ស មានចិត្តចង់រក្សាការរស់នៅដោយស្វយ័តទុកជាសេចក្តីត្រូវការដ៏ប្រសើរបំផុតហាក់ដូចជាការប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អ ជាពឹសពុលម៉្យាងគួរឲ្យខ្លាច។ អស់លោកលែងរាប់ថា ការប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អ ជា ចម្លើយដោយអំណរនឹងព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណា ត្រាស់ហៅលោកឲ្យបំពេញសកម្ម ភាពនេះវិញ។ ការត្រាស់ហៅនេះ ធ្វើឲ្យយើងទៅជាមនុស្សពេញលក្ខណៈ និងជាអ្នកបង្កបង្កើតផល។ មាន មនុស្សខ្លះរុញរាចង់ល្បងលមើលឱជារសនៃបេសកកម្ម រហូតដល់ទីបំផុតគេដូចជាស្ពឹកខ្លួន។
៨២-បញ្ហានេះ មិនបណ្តាលមកពីអស់លោកមានកិច្ចការច្រើនពេកទេ តែបណ្តាលមកពីអស់លោកមិនស្កប់ចិត្តនឹងកិច្ចការ ដែលអស់លោកបំពេញនោះ ដោយគ្មានមូលហេតុជំរុញចិត្តឲ្យអស់លោកបំពេញ។ អស់លោកគ្មាន គំនិតតាមព្រះវិញ្ញាណជ្រួតជ្រាបកិច្ចការទាំងនោះ និងជំរុញឲ្យអស់លោកចង់បំពេញកិច្ចការទាំងនោះ។ ហេតុ នេះហើយបានជា ភារកិច្ចទាំងប៉ុន្មានបណ្តាលឲ្យយើងអស់កម្លាំងហួសហេតុ ហើយជួនកាលបណ្តាលឲ្យយើងធ្លាក់ខ្លួនឈឺទៀតផង។ ពេលនោះ យើងមិនអស់កម្លាំងតាមធម្មតាទេ តែអស់កម្លាំងដោយតឹងដើមទ្រូងពិបាកស៊ូទ្រាំដោយខ្លួនមិនស្កប់ចិត្តទេ ហើយក៏ខ្លួនមិនព្រមទទួលការអស់កម្លាំងបែបនោះដែរ។ ការធ្លាក់ទឹកចិត្តក្នុងការណែនាំបែបនេះ បណ្តាលមកពីមូលហេតុផ្សេងៗ។ អ្នកខ្លះធ្លាក់ទឹកចិត្តមកពីខ្លួនបានធ្វើគម្រោងការដែល គេសម្រេចមិនកើត តែគេក៏មិនពេញចិត្តនឹងគម្រោងការដែលគេអាចធ្វើបានយ៉ាងស្រួលដែរ។ មានអ្នកខ្លះមិន ពេញចិត្តនិងការវិវឌ្ឍដ៏សែនពិបាក ដែលកើតឡើងគេក៏ចង់ឲ្យព្រះធ្វើអ្វីៗទាំងអស់យ៉ាងស្រួល ដោយគេមិន បាច់នឿយហត់ទេ។ មានអ្នកខ្លះភ្ជាប់ចិត្តនឹងគម្រោងការខ្លះ និងស្រមៃឃើញដោយអំនួតថា បានជោគជ័យ។ មានអ្នកខ្លះទៀតបាត់បង់ទំនាក់ទំនងជាមួយប្រជាជន ហើយនៅពេលណែនាំក្រុមគ្រីស្តបរិស័ទ គេមិនគិតអំពីបុគ្គលម្នាក់ៗទេ តែបែរទៅជាចាប់អារម្មណ៍នឹងការចាត់ចែង ជាជាងការទាក់ទងជាមួយមនុស្ស។ គេចូលចិត្ត បិទតារាងលើជញ្ជាំងការិយាល័យ ដែលបង្ហាញអំពីការចាត់ចែងនោះជាជាងការងារវិញ។ មានអ្នកខ្លះទៀត ធ្លាក់ទឹកចិត្ត ដូច្នេះមកពីគេមិនចេះរង់ចាំ ហើយចង់ធ្វើជាម្ចាស់ដែលណែនាំចង្វាក់នៃដំណើរជីវិត។ សព្វថ្ងៃ មនុស្សលោកចង់បានលទ្ធផលភ្លាមៗបណ្តាលឲ្យអស់អ្នក ដែលបំពេញការងារណែនាំក្នុងព្រះសហគមន៍មិនងាយទទួលអត្ថន័យនៃការទាស់ទែងគ្នាគេ មិនព្រមទទួលអ្វីដែលដូចជាបរាជ័យម៉្យាង មិនព្រមឲ្យគេរិះគន់ បានសេចក្តីថា គេមិនព្រមលីឈើឆ្កាង។
៨៣-ហេតុនេះហើយ បានជាយើងត្រូវភ័យខ្លាចថា “ព្រះសហគមន៍រស់នៅប្រចាំថ្ងៃទាំងធ្វើតាមសភាពការណ៍។ ក្នុងព្រះសហគមន៍នេះអ្វីៗហាក់ដូចជាកើតតាមធម្មតាតែតាមពិតជំនឿអន់ថយនិងក្លាយទៅជាកំណាញ់ការឈ្លោះប្រកែកគ្នាដោយឥតបានការ”។ គ្រីស្តបរិស័ទកាន់តែច្រើនឡើងៗ មានគំនិតដូចជាចូលចិត្តរស់នៅតាមផ្នូរខ្មោចបន្តិចម្តងៗ គេក្លាយទៅជាសពដែលគេរក្សាទុកមិនឲ្យរលួយតាំងនៅក្នុងសារមន្ទីរ។ សភាពការណ៍ដ៏ជាក់ច្បាស់ធ្វើឲ្យគេខកចិត្ត ព្រះសហគមន៍ធ្វើឲ្យគេខកចិត្ត គឺខ្លួនគេផ្ទាល់ធ្វើឲ្យគេខកចិត្តតែម្តង។ គេរស់នៅដោយជួបការល្បួងជាអចិន្ត្រៃយ គឺគេភ្ជាប់ចិត្តនឹងទុក្ខព្រួយដ៏ស្រួលធម្មតា ដោយភាពអស់សង្ឃឹមលុកលុយ ចិត្តគេដូចជាថ្នាំដ៏ថ្លៃប្រសើរជាងគេរបស់មារ។ “ព្រះជាម្ចាស់បានត្រាស់ហៅគេឲ្យចែកចាយជីវិត និងបំភ្លឺជីវិត អ្នកដទៃតែផ្ទុយទៅវិញគេបណ្តោយខ្លួនឲ្យអ្វីៗក្នុងលោកនេះលួងលោម និងបញ្ឆោតចិត្តគេ បណ្តាលឲ្យគេងងឹតនិងធុញទ្រាន់ក្នុងចិត្ត ធ្វើឲ្យកម្លាំងខ្នះខ្នែងជាសាសនទូតអន់ថយទៀត។ ហេតុនេះហើយបានជាខ្ញុំសូមប្រាប់ បញ្ចាក់ម្តងទៀតថា កុំបណ្តោយឲ្យមារលួចយកអំណរសប្បាយដោយជម្រាបជូនដំណឹងល្អឲ្យសោះ !។
ទេ ! យើងមិនយល់ស្របតាមអ្នកមិនដែលពេញចិត្ត ជារបៀបមិនបង្កើតផល
៨៤-គ្មានអ្វីហើយក៏គ្មាននរណាម្នាក់ អាចដកអំណរដែលហូរមកពីដំណឹងល្អចេញពីយើងបានឡើយ (យហ១៦,២២)។ សេចក្តីអាក្រក់ក្នុងពិភពលោកយើង និងសេក្តីអាក្រក់ក្នុងព្រះសហគមន៍មិនអាចដោះសារ យើងមិនឲ្យប្តេជ្ញាចិត្ត និងមិនអាចបន្ថយចិត្តខ្នះខ្នែងរបស់យើងបានឡើយ។ យើងត្រូវតែប្រឈមមុខនឹងសេចក្តី អាក្រក់ទាំងនោះ ដើម្បីចម្រើនឡើងជាលំដាប់។ លើសពីនេះទៅទៀត អ្នករិះគិតមើលអ្វីៗតាមជំនឿត្រូវទទួល ស្គាល់ពន្លឺដែលព្រះវិញ្ញាណដ៏វិសុទ្ធចាំងក្នុងទីងងឹតជានិច្ច។ យើងមិនត្រូវបំភ្លេចថា “នៅទីណាដែលមានបាប កាន់តែច្រើនយ៉ាងណា នៅទីនោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ក៏រឹតតែមានច្រើនឡើង នៅទី នោះយ៉ាងនោះដែរ” (រម៥,២០)។ ជំនឿរបស់យើងនាំឲ្យយើងជឿថា ទឹកអាចក្លាយទៅជាស្រាបាន។ ជំនឿ យើងនាំឲ្យទទួលស្គាល់ថា ពូជស្រូវល្អក៏ដុះជាមួយស្រងែដែរ។ ហាសិបឆ្នាំក្រោយមហាសន្និបាតវ៉ាទីកង់ទី២ ទោះបីយើងនៅតែកើតទុក្ខ ដោយឃើញសេចក្តីអាក្រក់ទាំងប៉ុន្មានរបស់មនុស្សលោកនៅសម័យយើងនេះក្តី ទោះបីយើងមិនឆាប់ជឿថាអ្វីៗក៏ល្អដែរ ហើយទោះបីយើងឃើញការអ្វីៗទាំងអស់ដូចមានយ៉ាងជាក់ច្បាស់ក្តី ក៏ យើងនៅតែផ្ញើជីវិតទុកចិត្តលើព្រះវិញ្ញាណ។ យើងក៏នៅតែមានចិត្តសទ្ធាជ្រះថ្លាកាន់តែខ្លាំងឡើងៗថែមទៀត ផង។ យើងត្រូវស្តាប់ពាក្យរបស់សម្តេចប៉ាបយ៉ូហានទី២៣សាជាថ្មី គឺលោកមានប្រសាសន៍នៅថ្ងៃ ១១ តុលា ១៩៦២ ជាថ្ងៃប្រវត្តិសាស្រ្តថា៖ “ជួនកាលយើងទាស់ត្រចៀកដោយមានអ្នកខ្លះនាំពត៌មានអាក្រក់ដល់យើងទោះបីគេមានចិត្តខ្នះខ្នែងខាងសាសនាក្តី គេក៏ខ្វះសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ ហើយក៏គ្មានចិត្តធ្ងន់ក្នុងការយល់គិត អំពីសភាពការណ៍ដែរ។ ក្នុងសភាពការណ៍នៃសង្គមនាបច្ចុប្បន្នកាល គេឃើញសុទ្ធតែអន្តរាយ និងវេទនា ប៉ុណ្ណោះ។ យើងយល់ឃើញថាយើងត្រូវបដិសេធដាច់អហង្ការ មិនយល់ស្របនឹងព្យាការីដែលប្រកាសតែទុក្ខវេទនាជានិច្ចទាំងនោះ។ គេពោលហាក់ដូចជាពិភពលោកយើងនេះជិតវិនាសហើយ។ តាមពិតតាមដំណើរនៃព្រឹត្តិការណ៍នាបច្ចុប្បន្នកាល សង្គមមនុស្សយើងហាក់ដូចជានៅថ្នល់បែក។ យើងត្រូវតែទទួលស្គាល់គម្រោងការដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដែលណែនាំពិភពលោកតាមជំនាន់តៗគ្នា និងតាមកិច្ចការរបស់មនុស្សលោក។ តាមធម្មតាគម្រោងការទាំងនោះដល់គោលដៅជានិច្ច ផ្ទុយពីសេចក្តីរង់ចាំរបស់មនុស្ស។ សូម្បីតែ ព្រឹត្តិការណ៍ផ្ទុយពីព្រះហឫទ័យរបស់ព្រះអង្គក្តី ក៏ព្រឹត្តិការណ៍នោះដល់ទីដៅដែរ។ ព្រះប្រាជ្ញាញាណរបស់ព្រះ ជាម្ចាស់ចាត់ចែងអ្វីៗទាំងអស់ ដើម្បីជាប្រយោជន៍របស់ព្រះសហគមន៍ដែរ។
៨៥-យើងតែងជួបការល្បួងខ្លាំងជាងគេ ជាការល្បួងដែលអាចបណ្តាលឲ្យយើងបាត់ចិត្តខ្នះខ្នែង និងសេចក្តី ក្លាហាន គឺយើងមិនយល់អំពីអត្ថន័យនៃបរាជ័យ។ ពេលយើងត្រូវបរាជ័យ ធម្មតាយើងក្លាយទៅជាមនុស្សដែល មិនពេញចិត្តនឹងអ្វីទាំងអស់ យើងខកចិត្តហើយធ្វើមុខស្រពោន។ អ្នកដែលគ្មានសង្ឃឹមទាំងស្រុងថា ខ្លួនបាន ជ័យជម្នះ មិនអាចចាប់ផ្តើមវាយប្រយុទ្ធប្រឆាំងខ្មាំងសត្រូវបានឡើយ។ អ្នកដែលចាប់ផ្តើមវាយប្រយុទ្ធទាំង គ្មានការទុកចិត្តលើខ្លួនឯង ពិតជាបានចាញ់ពាក់កណ្តាលរួចហើយ គេប្រៀបដូចជាអ្នកដែលបានកប់ទុកព្រះ អំណោយទានរបស់ខ្លួននៅក្នុងដី។ ទោះបីយើងកើតទុក្ខដោយទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនក្តី ក៏យើង ត្រូវដើរតទៅមុខដែរ ដោយមិនចាត់ខ្លួនថាចាញ់គេជាមុនឡើយ។ យើងត្រូវនឹករឭកព្រះបន្ទូលរបស់ព្រះអម្ចាស់ យេស៊ូមកគ្រីស្តទូតប៉ូលថា៖ “ការប្រោសប្រណីរបស់យើងល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងលេចចេញមកយ៉ាងខ្លាំងបំផុតក្នុងមនុស្សទន់ខ្សោយ”។ (២ករ១២,៩)។ គ្រីស្តបរិស័ទមានជ័យ ជម្នះ ដោយត្រូវឆ្លងកាត់ឈើឆ្កាងជានិច្ច។ តែឈើឆ្កាងជាទង់ជ័យរបស់យើង។ នៅពេលយើងប្រឆាំងតទល់ នឹងសេចក្តីអាក្រក់យើងលីឈើឆ្កាងទាំងថ្នាក់ថ្នម។ អ្នកដែលខ្លាចបរាជ័យជាបងប្អូនរបស់អ្នកដែលមានបំណង ចង់ដកស្រងែចេញពីស្រូវល្អមុនពេលកំណត់ គឺគេបណ្តាលឲ្យខ្លួនខ្វះសេចក្តីទុកចិត្ត គេខ្វល់ខ្វាយក្នុងចិត្ត ព្រមទាំងគិតតែពីខ្លួនឯងទើបសំខាន់ផង។
៨៦-យើងដឹងច្បាស់ថា មានតំបន់ខ្លះក្លាយទៅជាវាលរហោស្ថានខាងវិញ្ញាណ គឺគ្មាននរណាផ្ញើជីវិតលើព្រះជា ម្ចាស់សោះ។ ការណ៍នេះបណ្តាលមកពីសង្គមទាំងប៉ុន្មាន មានគម្រោងការចង់កសាងខ្លួនឯង ដោយមិនរវីរវល់ នឹងព្រះជាម្ចាស់ ឬមកពីសង្គមបំបាត់ឫសរបស់ខ្លួនជាគ្រីស្តបរិស័ទ។ “ពិភពគ្រីស្តបរិស័ទមិនបង្កើតផលទៀតទេ គឺប្រៀបដូចជាស្រែចម្ការដែលអស់ជីជាតិហើយ ព្រោះគេដាំដំណាំច្រើនពេកដីវាក្លាយទៅជាខ្សាច់វិញ”។ ក្នុង ប្រទសខ្លះគេជំទាស់យ៉ាងខ្លាំងប្រឆាំងគ្រីស្តសាសនា គឺគេបង្ខំគ្រីស្តបរិស័ទឲ្យរស់នៅតាមជំនឿយ៉ាងស្ងាត់ៗ ក្នុង ស្រុកដ៏ជាទីស្រឡាញ់របស់គេ។ នេះជារបៀបរស់នៅក្នុងវាលរហោឋានម៉្យាងទៀត យ៉ាងសែនឈឺចុកចាប់។ សូម្បីតែក្រុមគ្រួសាររបស់ខ្លួន ឬអ្នកដែលធ្វើការជាមួយក៏ជួនកាលក្លាយទៅជាបរិស្ថានដ៏ពិបាក គេប្រៀបដូចជា វាលរហោស្ថានស្ងួតហែង ដែលមិនអាចបង្កើតផលបាន។ ប៉ុន្តែយើងក៏ត្រូវរក្សាជំនឿទុក និងត្រូវខិតខំផ្សព្វផ្សាយ ជំនឿរបស់ខ្លួនក្នុងបរិស្ថាននេះដែរ។ “ពេលយើងមានបទពិសោធន៍អំពីវាលរហោស្ថានបែបនេះ និងអំពីកន្លែង គ្មានអ្វីសោះខាងវិញ្ញាណ ពេលនោះយើងអាចទទួលស្គាល់អំណរជាថ្មី ដោយខ្លួនមានជំនឿ។ ពេលនោះយើង ក៏ដឹងថា ជំនឿមានសារៈសំខាន់ចំពោះយើងទាំងបុរសទាំងស្រ្តី។ នៅក្នុងវាលរហោស្ថាន គឺនៅកន្លែងមនុស្សមិនព្រមទទួលអ្វីខាងវិញ្ញាណសោះ យើងតែងទទួលស្គាល់សាជាថ្មី នូវអ្វីៗដែលយើងត្រូវការជាចាំបាច់សម្រាប់ការស់នៅ។ ដូច្នេះក្នុងពិភពលោកនាបច្ចុប្បន្ន មានសញ្ញាសម្គាល់ជាច្រើនឥតគណនា សរឲ្យដឹងថា មនុស្ស ស្រេកឃ្លានព្រះជាម្ចាស់ គេចង់ស្គាល់ទិសដៅចុងក្រោយបំផុតនៃជីវិតរបស់គេ។ តែមនុស្សតែងតែសម្តែងបំណង នេះមិនច្បាស់ ឬទាំងជំទាស់នឹងជំនឿផង។ ក្នុងវាលរហោស្ថានគឺក្នុងពិភពលោកដែលមិនជឿនោះ ត្រូវការ មនុស្សដែលមានជំនឿជាចាំបាច់។ អ្នកទាំងនោះរស់នៅតាមរបៀបដែលបង្ហាញផ្លូវទៅកាន់ ទឹកដីសន្យាហើយដាស់តឿនគេឲ្យមានសេចក្តីសង្ឃឹម”។ ក្នុងគ្រប់ករណីព្រះជាម្ចាស់ត្រាស់ហៅយើងឲ្យប្រៀប ដូចជាពាងទឹក សម្រាប់ឲ្យអ្នកដទៃមករកទឹកពិសា។ ជួនកាលពាងទឹកនេះក្លាយទៅជាឈើឆ្កាងដ៏ធ្ងន់ធ្ងរ តែព្រះអម្ចាស់យេស៊ូ ដែលត្រូវគេទម្លុះនៅលើឈើឆ្កាងនេះឯង ព្រះអង្គក៏ប្រគល់ខ្លួនធ្វើជាប្រភពនៃទឹករស់។ កុំបណ្តោយឲ្យគេលួច ប្លន់ យកសេចក្តីសង្ឃឹមចេញពីយើងឡើយ!។
យើងត្រូវមានទំនាក់ទំនងគ្នានឹងគ្នា តាមរបៀបថ្មីរបស់ព្រះយេស៊ូគ្រីស្ត
៨៧-នាបច្ចុប្បន្នខ្សែបណ្តាញ និងមធ្យោបាយទូរគមនាគមន៍បានអភិវឌ្ឍយ៉ាងខ្លាំង គឺដល់កម្រិតមិនដែលមានកាលពីមុន។ យើងដឹងខ្លួនថាត្រូវរកឲ្យឃើញ និងបញ្ជូនបន្ត “គំនិតរឹងប៉ឹង” ដែលនាំឲ្យមនុស្សរស់នៅជាមួយ គ្នាឲ្យទាក់ទងគ្នាឲ្យជួបជុំគ្នាឲ្យឱបគ្នាឲ្យគាំទ្រគ្នាទៅវិញទៅមក។ យើងក៏រួមចំណែកជាមួយមនុស្សដ៏ច្រើនឥតគណនាមិនសូវមានរបៀបរៀបរយ ដែលអាចមានបទពិសោធដ៏ពិតប្រាកដអំពីភាតរភាព និងអាចក្លាយទៅជាក្រុមដែលធ្វដំណើរជាមួយគ្នារួមសាមគ្គីគ្នាទាំងធ្វើដំណើរទៅកាន់ព្រះដ៏វិសុទ្ធ។ដូច្នេះលទ្ធភាពដ៏ធំទូលំទូលាយនៃទូរគមនាគមន៍នឹងក្លាយទៅជាលទ្ធភាពដ៏ប្រសើរ សម្រាប់ឲ្យមនុស្សទាំងអស់អាចជួបជុំគ្នា និងរួមសាមគ្គីគ្នា បាន។ ប្រសិនបើយើងដើរតាមមាគ៌ានេះពិតជាល្អណាស់។ បទពិសោធនេះ មុខជាផ្តល់ជីវិតសាជាថ្មីយ៉ាង បរិបូរណ៍ និងរំដោះមនុស្សយ៉ាងពេញលេញ ព្រមទាំងបង្កើតសេចក្តីសង្ឃឹមពុំខាន។ ប្រសិនបើយើងមិនគិតតែ ពីខ្លួនឯងចាកចេញទៅរួបរួមជាមួយអ្នកដទៃ ពិតជាយើងបានផលល្អខ្លួនឯង។ ផ្ទុយទៅវិញអ្នកដែលគិតតែពីខ្លួនឯង គឺដូចជាភ្លក្សនូវពិសពុលដ៏ជូរចត់ដោយគិតតែពីលោកនេះ។ គ្រប់ពេលយើងជ្រើសរើសបម្រើខ្លួនឯងបែបអត្តទត្ថបុគ្គលនិយម មនុស្សជាតិគង់តែចាញ់ពុំខាន។
៨៨- គ្រីស្តបរិស័ទមានឧត្តមគតិ ដែលអញ្ជើញយើងឲ្យលែងមានមន្ទិលសង្ស័យនឹងអ្នកដទៃ គឺឲ្យទុកចិត្តលើគេ ជានិច្ច ព្រមទាំងឲ្យលែងខ្លាចអ្នកដទៃលុកលុយទឹកដីយើង។ យើងមិនត្រូវមានកិរិយាមារយាទចង់តែការពារ ខ្លួនខ្លាំងពេក តាមមតិពិភពលោកនាបច្ចុប្បន្នបង្ខំយើង។ មានមនុស្សជាច្រើនខិតខំរត់គេចឆ្ងាយពីអ្នកដទៃ ដើម្បី ឲ្យបានរស់នៅយ៉ាងស្រណុក ឬឲ្យរស់នៅជាមួយក្រុមតូច ដែលសុទ្ធតែមិត្តសម្លាញ់ប៉ុណ្ណោះ។ គេលះបង់គំនិត អំពីសង្គមដ៏ពិតប្រាកដតាមដំណឹងល្អ។ មានអ្នកខ្លះចង់គោរពព្រះគ្រីស្ត ដែលគ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ ហាក់ ដូចជាព្រះអង្គគ្មានសាច់គ្មានឈាមទេ ជាព្រះគ្រីស្តដែលមិនបានរងទុក្ខលើឈើឆ្កាងថែមទៀត។ យាងណា មិញអ្នកទាំងនោះ ចង់មានទំនាក់ទំនងជាមួយមនុស្សឯទៀតៗ តាមរយៈគ្រឿងប្រដាប់ប្រដាដ៏ស្មុគ្រស្មាញ គឺ តាមរយៈកុំព្យូទ័រ និងតាមប្រព័ន្ធដែលគេអាចបើកបិទបានតាមចិត្ត។ ផ្ទុយទៅវិញដំណឹងល្អអញ្ជើញយើងឲ្យ ប្រថុយខ្លួនរត់ទៅជួបមុខអ្នកដទៃជានិច្ច គឺជួបអ្នកដែលមានសាច់មានឈាមយ៉ាងពិតប្រាកដ ជាអ្នកដែលសួរ ដេញដោលយើងជាអ្នករងទុក្ខលំបាក និងមានសំណូមពរ។ ពេលនោះយើងមានអំណរដែលរីកសុះសាយ ជានិច្ច ដោយបានទាក់ទងជាមួយគេដែលមានរូបកាយពិតមែន។ ជំនឿដ៏ពិតប្រាកដចំពោះព្រះបុត្រារបស់ព្រះ ជាម្ចាស់ ដែលប្រសូតជាមនុស្សមិនអាចបែកចេញពីការបូជាកម្លាំងកាយកម្លាំងចិត្ត ក៏មិនអាចបែកចេញពីការ រួបរួមក្នុងសហគមន៍ និងពីការបម្រើអ្នកដទៃ ព្រមទាំងពីការសម្រុះសម្រួលនឹងរូបកាយរបស់អ្នកដទៃ។ ព្រះ បុត្រារបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្សអញ្ជើញយើងឲ្យធ្វើបដិវត្ដន៍នៃសេចក្តីថ្នាក់ថ្នម។
៨៩-អ្នកសម្រេចរស់នៅដាច់ឡែកពីគេ ក៏រស់នៅបែបមនុស្សលោកិយដែរ។ គេស្មានថារស់នៅយ៉ាងស្វយ័តដោយ មិនរវីរវល់នឹងព្រះជាម្ចាស់។ មានគេផ្សេងទៀតធ្វើពិធីបុណ្យនានាខាងសាសនា តែមានចិត្តគំនិតជាអ្នកប្រើ ប្រាស់សម្បត្តិខាងវិញ្ញាណតាមគំនិតបុគ្គលនិយមរបស់គេដូចអ្នកមានជំងឺ។ មនុស្សភាគច្រើននាសម័យឥឡូវ ត្រឡប់មករកអ្វីៗដ៏សក្ការៈ និងស្វែងរកជីវិតខាងវិញ្ញាណ។ តែហេតុការណ៍ទាំងពីរនេះមានអត្ថន័យមិនច្បាស់។ សព្វថ្ងៃយើងមិនគ្រាន់តែប្រឈមមុខនឹងលទ្ធិដែលប្រកាសថា គ្មានព្រះជាម្ចាស់ប៉ុណ្ណោះទេ តែយើងប្រឈមមុខ និងការពិបាក ម៉្យាងទៀតគឺថាតើត្រូវឆ្លើយចំពោះមនុស្សជាច្រើន ដែលស្រេកឃ្លានព្រះជាម្ចាស់ យ៉ាងណា?។ ត្រូវប្រយ័ត្នកុំឲ្យគេបែរទៅជឿតាមបែបនាំឲ្យគេបាត់បង់សេរីភាព និងកុំឲ្យជួបព្រះយេស៊ូគ្រីស្ត ដែលគ្មានសាច់ ឈាម ជាបែបមិននាំឲ្យគេប្តេជ្ញាចិត្តចំពោះអ្នកដទៃ។ ព្រះសហគមន៍ត្រូវណែនាំគេឲ្យមានជីវិតខាងវិញ្ញាណ ដែលព្យាបាល និងរំដោះគេព្រមទាំងផ្តល់ឲ្យគេបានពោរពេញដោយជីវិត និងដោយសេចក្តីសុខសាន្ត។ នៅពេល ជាមួយគ្នានោះ ព្រះសហគមន៍ត្រូវត្រាស់ហៅគេឲ្យរួបរួមសាមគ្គីគ្នា និងឲ្យបង្កើតផលក្នុងឋានៈជាសាសនទូត។ ប្រសិនបីព្រះសហគមន៍មិនប្រទានជីវិតខាងវិញ្ញាណបែបនោះទេ អ្នកទាំងនោះមុខជាត្រូវចាញ់បោករបៀបកាន់ សាសនាផ្សេងៗដែលមិនធ្វើឲ្យមនុស្សចម្រើនឡើងហើយដែលមិនលើកតម្កើងព្រះជាម្ចាស់ដែរ។
៩០-សាសនាប្រជាប្រិយមានរបៀបផ្សេងៗ ដែលពិតជាកើតជាសាច់ឈាម ព្រោះសាសនាប្រជាប្រិយនោះកើត មកពីជំនឿនៃគ្រីស្តសាសនា ដែលយកសាច់ឈាមតាមវប្បធម៌ប្រជាប្រិយមួយដែរ។ ហេតុនេះអ្នកកាន់សាសនាប្រជាប្រិយនោះ ក៏មានទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់ ជាមួយព្រះយេស៊ូគ្រីស្តជាមួយនាងម៉ារី និងជាមួយ សន្តបុគ្គលម្នាក់ដែរ។ ព្រះដែលគេគោរពនោះមានរូបកាយនិងមានមុខ។ គេមិនគ្រាន់តែមានទំនាក់ទំនងនឹងថាមពលដែលធ្វើឲ្យគេបានសុខដុមរមនាប៉ុណ្ណោះទេ។ ហេតុនេះហើយ បានជារបៀបគោរពព្រះជាម្ចាស់តាមប្រជាប្រិយ អាចជួយពង្រឹងទំនាក់ទំនងជាមួយគ្នា មិនគ្រាន់តែបណ្តាលឲ្យគេរត់តែម្នាក់ឯង ឲ្យគេចឆ្ងាយពី លោកនេះប៉ុណ្ណោះទេ។ ក្នុងតំបន់ខ្លះនៃសង្គមយើងមានមនុស្សកាន់តែច្រើនឡើងៗ ចូលចិត្តនឹងរបៀបផ្សេងៗ នៃ “ផ្លូវខាងវិញ្ញាណដែលផ្តល់សុខុមាលភាព”។ គេមិនត្រូវការសហគមន៍ណាមួយទេ តែគេចូលចិត្ត “ទេវវិទ្យា នៃការចម្រើនឡើង”។ គេមិនបាច់ប្តេជ្ញាចិត្តរស់នៅជាមួយអ្នកដទៃទុកជាបងប្អូន។ អ្នកខ្លះចូលចិត្តបទពិសោធដោយខ្លួនគេផ្ទាល់តែបទពិសោធទាំងនោះគ្មានមុខមាត់ គឺគេគ្រាន់តែស្វែងរកសេចក្តីសុខសាន្តក្នុងជម្រៅចិត្ត តាមរបៀបលោកិយប៉ុណ្ណោះ។
៩១-យើងប្រឈមមុខនឹងការពិបាកយ៉ាងខ្លាំង គឺយើងត្រូវបង្ហាញឲ្យគេដឹងថា ដំណោះស្រាយបញ្ហាអំពីរបៀប កាន់សាសនាបែបនេះ មិនមកពីខ្លួនគេរត់គេចឆ្ងាយពីទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន និងឲ្យប្តេជ្ញាចិត្តចំពោះព្រះអង្គព្រមទាំងឲ្យគេប្តេជ្ញាចិត្តទាក់ទងជាមួយអ្នកដទៃឲ្យសោះ។ហេតុការណ៍នេះកើតឡើងសព្វថ្ងៃដែរ គឺមានគ្រីស្តបរិស័ទខ្លះតែងលាក់ខ្លួន មិនព្រមឲ្យអ្នកដទៃដឹងថាគេជាគ្រីស្តបរិស័ទទេ។ គេនាំគ្នារត់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬលះបង់ការងារមួយទៅយកការងារមួយផ្សេងទៀត ទាំងមិនបង្កើតទំនាក់ ទំនងយ៉ាងរឹងប៉ឹង និងដែលអាចនៅស្ថិតស្ថេរបាន។ ការរត់គេចនេះជាឱសថក្លែងក្លាយ បណ្តាលឲ្យធ្លាក់ទឹកចិត្ត ទៅជាឈឺ ជួនកាលក៏បណ្តាលឲ្យរូបកាយឈឺដែរ។ ត្រូវជួយគេជាចាំបាច់ឲ្យទទួលស្គាល់ថា មានផ្លូវតែមួយ គឺរៀនឲ្យទាក់ទងជាមួយអ្នកដទៃតាមឥរិយាបថដ៏ត្រឹមត្រូវ គឺរាប់គេទុកជាអ្នករួមដំណើរជាមួយគ្នា ដោយគ្មានអ្វីរារាំងក្នុងចិត្តឡើយ។ លើសពីនេះទៅទៀត ត្រូវបង្រៀនឲ្យគេទទួលស្គាល់ព្រះយេស៊ូក្នុងមុខអ្នកដទៃ ក្នុង សំឡេងរបស់គេ ហើយក្នុងសំណូមពររបស់គេទៀតផង។ នៅពេលមានគេជំទាស់នឹងយើងដោយអយុត្តិធម៌ ឬនៅពេលគេមិនដឹងគុណយើង យើងត្រូវរៀនរងទុក្ខទាំងឱបព្រះយេស៊ូដែលត្រូវគេឆ្កាង។ យើងត្រូវជ្រើសរើស រាប់អ្នកដទៃទុកជាបងប្អូន ដោយមិនណាយចិត្តឡើយ។
៩២-ប្រសិនបើយើងទាក់ទងជាមួយអ្នកដទៃយ៉ាងជ្រៅ តាមរបៀបរបស់ព្រះយេស៊ូ ដោយរាប់គេទុកជាបងប្អូន នោះយើងពិតជាសះស្បើយយ៉ាងពិតប្រាកដ ពុំខានយើងក៏មិនធ្លាក់ឈឺទៀតទេ។ យើងសញ្ជឹងទាំងស្មឹងស្មាធិ៍ នូវភាពថ្កុំថ្កើងដ៏សក្ការៈរបស់អ្នកដទៃ គឺយើងទទួលស្គាល់ព្រះជាម្ចាស់ ដែលគង់នៅក្នុងមនុស្សគ្រប់ៗរូប។ យើងស៊ូទ្រាំការពិបាកនានាបណ្តាលមកពីការរួមរស់ជាមួយគ្នាដោយភ្ជាប់ចិត្តនឹងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។ យើងបើកចិត្តគំនិតទទួលព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ដើម្បីរកឲ្យអ្នកដទៃបានសេចក្តីសុខសាន្តដូចព្រះបិតារបស់គេ ដែលមានព្រះហឫទ័យសប្បុរសតែងប្រព្រឹត្តដូច្នោះដែរ។ ជាពិសេសនាបច្ចុប្បន្ន កាលនេះនៅកន្លែងណាមានហ្វូងដ៏តូច ដែលនៅសេសសល់ (លក១២,៣២) ក្រុមសាវ័ករបស់ព្រះអម្ចាស់ត្រូវរស់នៅជាសហគមន៍ ដើម្បីទៅជាអំបិលសម្រាប់ផែនដី និងជាពន្លឺបំភ្លឺពិភពលោក (មថ៥,១៣-១៦)។ ព្រះជា ម្ចាស់ត្រាស់ហៅគេឲ្យធ្វើសាក្សីថា គេភ្ជាប់ចិត្តនឹងការជម្រាបជូនដំណឹងល្អ តាមរបៀបកាន់តែថ្មីទៅៗជានិច្ច។សូមកុំបណ្តោយឲ្យមារលួចប្លន់យកសហគមន៍របស់យើងឡើយ!។
យើងមិនព្រមរស់នៅតាមវិញ្ញាណបែបលោកីយ៍
៩៣-អ្នកមានជីវិតខាងវិញ្ញាណតាមរបៀបលោកិយ តែងតែស្វែងរកសិរីរុងរឿងបែបមនុស្សលោក និងសុខុមាលភាពផ្ទាល់ខ្លួនតែមិនស្វែងរកសិរីរុងរឿងរបស់ព្រះអម្ចាស់ទេ។ ជួនកាលគេលាក់ជីវិតខាងវិញ្ញាណតាមរបៀបលោកិយនេះ ដោយធ្វើហាក់ដូចជាកាន់សាសនាត្រឹមត្រូវ និងស្រឡាញ់ព្រះសហគមន៍ទៀតផង។ កាលពីដើម ព្រះអម្ចាស់ស្តីបន្ទោសក្រុមអ្នកខាងគណៈផារីស៊ី ដែលរស់នៅតាមបែបនេះថា៖ “តើអ្នករាល់គ្នាអាចជឿដូចម្តេចបាន បើអ្នករាល់គ្នាចូលចិត្តទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះ ជាម្ចាស់តែមួយគត់សោះនោះ?” (យហ៥,៤៤)។ អ្នកទាំងនោះពូកែលាក់ខ្លួន “គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រីស្តទេ” (ភល ២,២១)។ ជីវិតខាងវិញ្ញាណតាមរបៀបលោកិយនេះ មានរបៀបប្លែកៗពីគ្នាជាច្រើនយ៉ាងស្របតាមបុគ្គល និងស្របតាមកាលៈទេសៈ។ អ្នកកាន់តាមរបៀបលោកិយនេះ ស្វែងរកតែអាការៈល្អខាងក្រៅប៉ុណ្ណោះទេ ហេតុនេះគេមិនប្រព្រឹត្តអំពីបាបជាសាធារណៈទេ គឺខាងក្រៅ មើលអ្វីៗដូចជាត្រឹមត្រូវល្អទាំងអស់។ ក៏ប៉ុន្តែប្រសិនបើជីវិតខាងវិញ្ញាណបែបនោះ ចូលលុកលុយព្រះសហគមន៍ “មុខជានាំឲ្យកើតអន្តរាយធ្ងន់បំផុត ជាងរបៀបរស់នៅតាមលោកិយខាងផ្លូវសីលធម៌ទៅទៀត”។
៩៤-ការរស់នៅតាមលោកិយបែបនោះ អាចចម្រើនឡើងយ៉ាងពិសេសតាមរបៀបពីរយ៉ាង ដែលភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត។ របៀបទីមួយ គឺមនុស្សចូលចិត្តចំណេះនិយម ជាជំនឿរបស់បុគ្គលម្នាក់ដែលគិតតែខ្លួនត្រូវ គឺ អះអាងតែលើបទពិសោធយ៉ាងជាក់ច្បាស់ប៉ុណ្ណោះ។ គេអះអាងលើការរិះគិតដេញដោលរកហេតុផលតៗគ្នា និងរកចំណេះចេះដឹងដែលគេស្មានថា អាចគាំទ្រ និងបំភ្លឺចិត្តគំនិតមនុស្សលោក។ តែតាមពិតអ្នកកាន់តាមរបៀបចំណេះនិយមនេះ នៅតែជាប់នឹងមនុស្សលោកតាមប្រាជ្ញា និងមនោសញ្ចេតនារបស់ខ្លួន។ មានរបៀបមួយផ្សេងទៀត គឺលទ្ធិបេឡាស៊ីថ្មី (នៅសម័យសន្តៈហ្គូស្តាំងពួកបេឡាស៊ី តែងតែអះអាងថា មនុស្សមានសមត្ថ ភាពអាចប្រព្រឹត្តអំពើល្អតាមចិត្តបាន) គឺអ្នកទាំងនោះយកខ្លួនគេផ្ទាល់ធ្វើជាគោលដ៏សំខាន់ជាងគេ។ គេតែង អួតថា អាចប្រតិស្ឋានអ្វីៗទាំងអស់ក៏បាន។ គេរកពឹងផ្អែកតែលើកម្លាំងខ្លួនផ្ទាល់ និងចាត់ខ្លួនគេថា ប្រសើរជាងអ្នកឯទៀតៗទាំងអស់ ព្រោះគេកាន់តាមវិន័យយ៉ាងជាក់ច្បាស់ ព្រោះគេកាន់យ៉ាងស្មោះតាមរចនាបថកាតូលិក ម៉្យាងពីបុរាណ។ គេមិនព្រមដូររចនាបថនោះទាល់តែសោះ។ គេស្មានថាគេកាន់តាមលទ្ធិនៃគ្រីស្តសាសនា និងតាមវិន័យយ៉ាងត្រឹមត្រូវល្អ។ ដូច្នេះគេប្រែទៅជាក្រុមពិសេសដែលមើលតែខ្លួនឯងទាំងសរសើរផង ព្រម ទាំងចង់ប្រើអំណាចបង្ខំអ្នកដទៃឲ្យប្រព្រឹត្តតាមខ្លួនដែរ។ គេតែងតែវិភាគនិងវិនិច្ឆ័យអ្នកដទៃ ចាត់ចែងអ្នក ដទៃទាំងនោះតាមថ្នាក់ៗ។ គេមិនជម្រាបជូនដំណឹងល្អទេ គេមិនប្រើកម្លាំងរបស់ខ្លួនមកជួយអ្នកដទៃឲ្យទទួល ព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ទេ តែផ្ទុយទៅវិញគេប្រើកម្លាំងរបស់ខ្លួនមកឆែកឆេរព្រះហឫទ័យប្រោសប្រណីនោះ។ ក្នុងករណីទាំងពីរនោះ គេមិនចាប់អារម្មណ៍យ៉ាងពិតប្រាកដដល់ព្រះយេស៊ូគ្រីស្ត និងដល់អ្នកដទៃទេ។ អ្នកទាំងនោះបង្ហាញអំពីរបៀបរស់នៅតាមលោកិយ ដែលគិតតែពីទ្រឹស្តីអំពីមនុស្សធ្វើជាគោលដ៏សំខាន់ប៉ុណ្ណោះ។ យើងមិនអាចគិតថារបៀបកាន់គ្រីស្តសាសនាបែបទាំងពីរនេះ អាចបង្កើតថាមពលក្នុងការ ជម្រាបជូនដំណឹងល្អយ៉ាងពិតប្រាកដទេ ព្រោះគេគិតតែពីគ្រីស្តសាសនាមួយផ្នែកតូចប៉ុណ្ណោះ។
៩៥- យើងមិនឃើញច្បាស់នូវរបៀបជីវិតខាងវិញ្ញាណបែបលោកិយនេះទេ តែយើងអាចស្គាល់តាមឥរិយាបថផ្សេងៗបាន។ ជួនកាលឥរិយាបថទាំងនោះដូចជាផ្ទុយគ្នា តែអះអាងដូចគ្នាថាចង់ត្រួតត្រាព្រះសហគមន៍ តែ ម្តង។ អ្នកខ្លះយកចិត្តទុកដាក់នឹងពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់ យ៉ាងអ៊ឹកអធឹកយកចិត្តទុកដាក់នឹងលទ្ធិគ្រីស្តសាសនា និងភាពថ្កុំថ្កើងរុងរឿងនៃព្រះសហគមន៍។ ក៏ប៉ុន្តែគេមិនយកចិត្តទុកដាក់នាំឲ្យដំណឹងល្អចូល ជ្រួតជ្រាបយ៉ាងពិតប្រាកដក្នុងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ និងជ្រួតជ្រាបក្នុងសេចក្តីត្រូវការយ៉ាងជាក់ច្បាស់តាមប្រវត្តិសាស្រ្តទេ។ អ្នករស់នៅតាមរបៀបនេះ ធ្វើឲ្យការរស់នៅនៃព្រះសហគមន៍ក្លាយទៅជាវត្ថុមួយដែលត្រូវតាំងក្នុងសារមន្ទីរ ឬក្លាយទៅជាកម្មសិទ្ធិរបស់មនុស្សមួយចំនួនតូចប៉ុណ្ណោះ។
ជួនកាលបៀបរស់នៅខាងវិញ្ញាណបែបលោកិយនៅលាក់លៀម គឺអ្នកខ្លះជក់ចិត្តយ៉ាងខ្លាំង ចង់បង្ហាញឲ្យ អ្នកដទៃឃើញថា គេបានជោគជ័យក្នុងសង្គម ឬខាងនយោបាយ។ គេរកសិរីរុងរឿងក្លែងក្លាយដោយចេះចាត់ចែងកិច្ចការផ្សេងៗ។ គេចូលចិត្តយ៉ាងខ្លាំង ការវាយតម្លៃខ្លួនឯង និងដោយសម្រចកិច្ចការដែលយកតែខ្លួនគេជាគោលដ៏សំខាន់។ អ្នកខ្លះទៀតមានជីវិតខាងវិញ្ញាណបែបលោកិយ ដោយបង្ហាញឲ្យគេដឹងថា ខ្លួនមានការ មមាញឹកក្នុងសង្គមគេធ្វើដំណើរជាច្រើន គេចូលរួមប្រជុំជាច្រើន គេចូលពិធីជប់លៀង និងកម្មវិធីផ្សេងៗជា ច្រើន។ ជីវិតខាងវិញ្ញាណបែបលោកិយក៏លេចមក ដោយអ្នកខ្លះបំពេញការងារដូចអ្នករដ្ឋការដែលត្រួតត្រាអ្វីៗ ទាំងអស់ គេតែងធ្វើស្ថិតិធ្វើផែនការនិងធ្លាប់វាយតម្លៃ។ ប៉ុន្តែប្រជារាស្ត្ររបស់ព្រះជាម្ចាស់មិនទទួលផល ប្រយោជន៍ពីកិច្ចការទាំងនោះទេ តែរចនាសម្ពន្ធនៃព្រះសហគមន៍វិញឯណោះទេ ទើបទទួលផលប្រយោជន៍។ក្នុងគ្រប់ករណីនៃជីវិតខាងវិញ្ញាណបែបលោកិយ ព្រះគ្រីស្តដែលប្រសូតជាមនុស្សដែលត្រូវគេឆ្កាង និងដែលមានព្រះជន្មថ្មីដ៏រុងរឿង មិនធានារ៉ាប់រងជីវិតគេទេ។ អ្នកទាំងនោះគិតតែពីក្រុមដ៏ប្រសើរបស់គេ តែគេមិនចេញ ទៅយ៉ាងពិតប្រាកដ ទៅស្វែងរកមនុស្សដែលនៅឆ្ងាយទេ។ គេមិនចេញទៅរកមនុស្សច្រើនឥតគណនាដែល ស្រេកឃ្លានចង់ជួបព្រះគ្រីស្តទេ។ ក្នុងករណីទាំងនោះគេមិនខ្នះខ្នែងចំពោះដំណឹងល្អទេ គេគ្រាន់តែពេញចិត្ត ខ្លួនឯង ដោយកិច្ចការរបស់ខ្លួនគេប៉ុណ្ណោះ។
៩៦-ក្នុងបរិបទនោះអស់អ្នកដែលស្កប់ចិត្ត ដោយគ្រាន់តែមានអំណាចម៉្យាងបានសិរីរុងរឿងក្លែងក្លាយ។ គេប្រៀប ដូចចជាសេនាបតីត្រួតត្រាកងទ័ពដែលចាញ់គេហើយ។ គេមិនចូលចិត្តធ្វើជាទាហានធម្មតានៃកងទ័ព ដែលនៅ តែបន្តការប្រយុទ្ធតទៅទៀត។ តាមធម្មតាយើងស្រមៃឃើញធ្វើផែនការជម្រាបជូនដំណឹងល្អ ដែលអាចនាំឲ្យ ព្រះសហគមន៍ចម្រើនឡើង គឺយើងធ្វើកម្មវិធីជាក់លាក់ និងគម្រោងការច្បាស់ ដូចគម្រោងការរបស់សេនាបតី ដែលចាញ់គេហើយ។ ធ្វើដូច្នេះយើងភ្លេចប្រវត្តិសាស្រ្តព្រះសហមគម៍យើង ដែលតែងប្រកបដោយសិរីរុងរឿង ព្រោះមានគ្រីស្តបរិស័ទធ្វើពលិកម្ម គេមានសេចក្តីសង្ឃឹម គេតស៊ូរៀងរាល់ថ្ងៃគេបូជាកម្លាំងកាយកម្លាំងចិត្ត បម្រើអ្នកដទៃ គេតស៊ូព្យាយាមក្នុងការនឿយហត់ ទាំងបែកញើសហូរញើស។ ផ្ទុយទៅវិញយើងបង្អង់តាមផ្លូវ ដូចអ្នកដែលអួតថា “ត្រូវធ្វើការនេះត្រូវធ្វើការនោះ” (នេះជាអំពើបាប “យើងត្រូវធ្វើ”) ឬដូចគ្រូនៃជីវិតខាង វិញ្ញាណ និងអ្នកជំនាញការខាងការណែនាំដែលចេះតែទូន្មានគេតែនៅខាងក្រៅ មិនចូលដៃជួយគេសោះ។ យើងនៅតែស្រមៃឃើញឥតឈប់ឈរ ហើយមិនជាប់ទាក់ទងជាមួយសភាពការណ៍ដ៏ពិតប្រាកដ នៃប្រជាជន របស់អ្នកជឿដែលកំពុងរងទុក្ខលំបាក។
៩៧- អ្នកដែលធ្លាក់ខ្លួនទៅមានជីវិតខាងវិញ្ញាណ តាមរបៀបលោកិយតែងតែមើលអ្វីៗពីលើ និងពីចម្ងាយមិន ព្រមទទួលពាក្យសម្តីរបស់បងប្អូន និងដេញអ្នកដែលធ្វើសំណូមពរមួយ។ គេចេះតែរំឭកការវង្វងរបស់អ្នកដទៃជានិច្ច ហើយចេះតែនឹកគិតអំពីអាការៈខាងក្រៅប៉ុណ្ណោះ។ គេលែងមានចិត្តស្រឡាញ់អ្នកដទៃ គេចេះតែគិតគូរដល់ប្រយោជន៍ផ្ទាល់ខ្លួនក្នុងលោកនេះ។ ហេតុនេះហើយបានជា គេមិនព្រមរៀនដោយរិះគិតអំពីបាបរបស់គេ។ គេមិនសុខចិត្តលើកលែងទោសយ៉ាងពិតប្រាកដ។ ការនេះពិតជាការអាក្រក់ ដែលមានមុខដូចជាអំពើ ល្អវិញ។ យើងត្រូវតែចៀសវាងមិនឲ្យព្រះសហគមន៍មានជីវិតខាងវិញ្ញាណ តាមរបៀបលោកិយដោយជំរុញឲ្យ ព្រះសហគមន៍លែងគិតតែដល់ប្រយោជន៍ខ្លួនឯង បែរចេញទៅរកអ្នកដទៃវិញ។ ដូច្នេះព្រះសហគមន៍នឹង បំពេញបេសកកម្មដែលមានព្រះយេស៊ូគ្រីស្តជាគោលដ៏សំខាន់ ហើយក៏ប្តេជ្ញាបម្រើអ្នកក្រីក្រ។ សូមព្រះជាម្ចាស់ រំដោះយើងឲ្យរួចពីព្រះសហគមន៍ ដែលមានលក្ខណៈតាមលោកិយទាំងធ្វើពុតជាមានជីវិតខាងវិញ្ញាណ និង ណែនាំគ្រីស្តបរិស័ទ។ ការរស់នៅខាងវិញ្ញាណតាមរបៀបលោកិយថប់ដង្ហើមយើង។ យើងអាចជាសះស្បើយ បានដោយភ្លក្សខ្យល់ដ៏បរិសុទ្ធនៃព្រះវិញ្ញាណ ដែលរំដោះយើងមិនឲ្យគិតតែពីខ្លួនឯង ទុកជាគោលដ៏សំខាន់ជាង គេទាំងធ្វើពុតជាអ្នកកាន់សាសនា។ តែតាមពិតមិនគោរពព្រះជាម្ចាស់ទេ។ កុំបណ្តោយឲ្យមារលួចប្លន់យក ដំណឹងល្អចេញពីយើងឡើយ។
យើងមិនព្រមបាក់បែកគ្នាឯងទៀតទេ
៩៨-មានសង្គ្រាមជាច្រើនណាស់នៅផ្ទៃក្នុងប្រជារាស្តរបស់ព្រះជាម្ចាស់ និងក្នុងសហគមន៍នានា។ នៅកន្លែង យើងរស់នៅនៅកន្លែងធ្វើការក៏កើតសង្គ្រាមជាច្រើន ដោយមានការច្រណែនឈ្នានីសគ្នា។ សូម្បីតែក្នុងចំណោម គ្រីស្តបរិស័ទក្តីក៏មានការច្រណែនឈ្នានីសគ្នាដែរ។ ការរស់នៅខាងវិញ្ញាណតាមរបៀបលោកិយ ជំរុញគ្រីស្ត បរិស័ទខ្លះ ឲ្យធ្វើសង្គ្រាមជំទាស់នឹងគ្រីស្តបរិស័ទឯទៀតៗ ដែលរារាំងផ្លូវគេមិនឲ្យកាន់អំណាចមិនឲ្យមាន កិត្តិយសមិនឲ្យស្រើបស្រាលបាន ឬមិនឲ្យមានសុវត្ថិភាពខាងសេដ្ឋកិច្ច។ លើសពីនេះទៅទៀតមានគ្រីស្តបរិស័ទ ខ្លះស្រាយចំណងនៃសេចក្តីស្រឡាញ់ជាមួយព្រះសហគមន៍ ដើម្បីជជែកប្រកែកវិញ។ គេលែងជាប់នឹងព្រះ សហគមន៍ទាំងមូល ដែលមានសមាជិកប្លែកៗពីគ្នាតាមអំណោយទាននានា បែរទៅភ្ជាប់នឹងក្រុមមួយដែលគេ យល់ថាប្លែកពីអ្នកដទៃ ឬជាក្រុមពិសេសតែម្តង។
៩៩-សង្គ្រាមនិងហិង្សាតែងតែហែកហួរពិភពលោកយើង មនុស្សលោកក៏ត្រូវរបួស ដោយមានមនុស្សជាច្រើន គិតតែពីខ្លួន ជាទូទៅ ជាមូលហេតុបណ្តាលឲ្យមនុស្សបាក់បែកគ្នា គឺម្នាក់ជំទាស់នឹងម្នាក់ទៀតដោយស្វែងរកតែសុខុមាលភាពផ្ទាល់ខ្លួន។ ក្នុងប្រទេសជាច្រើនមានជម្លោះ និងការបែកបាក់គ្នាពីជំនាន់ដើមរើឡើងវិញហើយ។ យើងស្មានថាជម្លោះ និងការបែកបាក់គ្នាទាំងនោះបាត់ផុតទៅហើយ។ ខ្ញុំសូមអង្វរគ្រីស្តបរិស័ទគ្រប់ឮសហគមន៍ ក្នុងពិភពលោកទាំងមូលយ៉ាងពិសេសសូមផ្តល់សក្ខីភាពអំពីការរួបរួមគ្នាជាបងប្អូន។សក្ខីភាពនោះពិតជាទាក់ទាញចិត្តគេនិងចាំងពន្លឺក្នុងពិភពលោកមែន។ សូមឲ្យមនុស្សទាំងអស់អាចសរសើររបៀបបងប្អូនយកចិត្តទុកដាក់គ្នានឹងគ្នា សរសើររបៀបបងប្អូនជួយគ្នាទៅវិញទៅមក និងរបៀបបងប្អូនជូនដំណើរគ្នាផង។ “បើអ្នក ស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន” (យហ ១៣,៣ ៥)។ ព្រះយេស៊ូបានទទូចអង្វរព្រះបិតាថា៖ “សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើង ដើម្បីឲ្យមនុស្ស លោកជឿថា ព្រះអង្គបានចាត់ឲ្យខ្ញុំមកមែន” (យហ១៧,២១)។ សូមប្រយ័ត្នកុំឲ្យចាញ់ការល្បួងនៃការច្រណែន គ្នា។ យើងទាំងអស់គ្នានៅក្នុងទូកតែមួយដូចគ្នា យើងតម្រង់ទៅកាន់កំពង់ផែតែមួយដូចគ្នា! សូមព្រះអង្គប្រោស ប្រណីឲ្យយើងមានអំណរ ដោយឃើញអ្នកឯទៀតៗបង្កើតផលល្អ ជាផលរបស់យើងទាំងអស់គ្នាដែរ។
១០០-ចំពោះអស់អ្នកដែលត្រូវរបួសចិត្ត ដោយការបាក់បែកគ្នាពីបុរាណមក ប្រហែលគេពិបាកទទួលពាក្យរបស់ យើងនេះ គឺសូមលើកលែងទោសឲ្យគេ និងសូមសម្រុះសម្រួលគ្នាទៅវិញទៅមក ព្រោះគេនឹកស្មានថា យើងមិន ស្គាល់ទុក្ខរបស់គេ ឬក៏ចង់ឲ្យគេលែងនឹកចងចាំ និងបំភ្លេចឧត្តមគតិរបស់គេដែរ។ ប្រសិនបើអ្នកទាំងនោះឃើញសហគមន៍គ្រីស្តបរិស័ទរស់នៅដូចបងប្អូនយ៉ាងពិតប្រាកដ និងស្រុះស្រួលគ្នាវិញពិតជាពន្លឺ ដែលទាក់ទាញ ចិត្តជានិច្ច។ ហេតុនេះខ្ញុំកើតទុក្ខយ៉ាងសែនខ្លោចផ្សា ដោយឃើញថាក្នុងសហគមន៍គ្រីស្តបរិស័ទខ្លះ សូម្បីតែ ក្នុងសហគមន៍របស់អ្នកដែលញែកខ្លួនថ្វាយព្រះជាម្ចាស់ក្តី ក៏គេបណ្តោយខ្លួនឲ្យស្អប់គ្នាគ្រប់យ៉ាងឲ្យបែកបាក់គ្នាឲ្យមួលបង្កាច់គ្នា ឲ្យបង្ខូចឈ្មោះគ្នា ឲ្យសងសឹកគ្នា ឲ្យច្រណែនឈ្នានីស ឲ្យមានបំណងបង្ខំគេ ឲ្យទទួល យោបល់របស់ខ្លួនតាមរបៀបណាក៏បាន រហូតដល់បៀតបៀនគេ ដូចជាដេញដោលអ្នកមានគំនិតប្លែកពីខ្លួន។ ល។ ប្រសិនបើយើងមានកិរិយាមារយាទដូច្នេះ តើយើងមានបំណងនាំដំណឹងល្អឲ្យនរណាបាន?
១០១-យើងត្រូវតែអង្វរព្រះអម្ចាស់ សូមព្រះអង្គប្រោសឲ្យយើងយល់អំពីធម្មវិន័យនៃសេចក្តីស្រឡាញ់។ យើងមានធម្មវិន័យនេះពិតជាល្អហើយ! ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមកលើសអ្វីៗទាំងអស់ ក៏យើងមុខ ជាសប្បាយមែន។ មែន! ត្រូវស្រឡាញ់គ្នាលើសអ្វីៗទាំងអស់។ គ្រីស្តទូតប៉ូលប្រៀនប្រដៅយើងម្នាក់ៗថា៖ “មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ដោយប្រព្រឹត្តអំពីល្អវិញ” (រម ១២,២១)។ មួយវិញ ទៀត៖ “យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពីល្អឡើយ” (កាឡ៦,៩)។ តាមធម្មតាយើងទាំងអស់គ្នា ចូលចិត្តអ្នកខ្លះ ហើយក៏មិនចូលចិត្តអ្នកខ្លះទៀត។ នៅពេលឥឡូវនេះ ប្រហែលយើងទាស់ចិត្តនឹងមនុស្សណាម្នាក់ទេដឹង? យើងត្រូវអង្វរព្រះអម្ចាស់ថា៖ “បពិត្រព្រះអម្ចាស់ខ្ញុំទាស់ចិត្តនឹងអ្នកនេះ ទាស់ចិត្តនឹងអ្នកនោះ សូមព្រះអង្គប្រទានពរឲ្យគេផង”។ អ្នកសូមព្រះអម្ចាស់ប្រទានពរដល់អ្នកដែលខ្លួនខឹងនោះ ពិតជាបោះជំហាន មួយទៅកាន់សេចក្តីស្រឡាញ់ ហើយពិតធ្វើកិច្ចការដែលនាំដំណឹងល្អ។ សូមធ្វើដូច្នេះនៅថ្ងៃនេះ។ សូមកុំបណ្តោយឲ្យមារលួចប្លន់យកឧត្តមគតិ នៃសេចក្តីស្រឡាញ់ទុកជាបងប្អូនចេញពីយើងឡើយ។
ព្រះសហគមន៍ត្រូវប្រឈមមុខការពិបាកផ្សេងៗទៀត
១០២-សមាជិកស្ទើរតែទាំងអស់នៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ សុទ្ធសឹងតែជាគ្រីស្តបរិស័ទធម្មតា។ អ្នកបំពេញ មុខងារបម្រើគេមានចំនួនតិចទេ គឺអស់លោកដែលទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍។ ក្នុង ព្រះសហគមន៍គ្រីស្តបរិស័ទធម្មតា ភ្ញាក់ស្មារតីអំពីអត្តសញ្ញាណ និងអំពីបេសកកម្មរបស់ខ្លួនកាន់តែច្បាស់ ឡើងៗ។ មានគ្រីស្តបរិស័ទធម្មតាជាច្រើនយកចិត្តទុកដាក់ នឹងព្រះសហគមន៍កាន់តែខ្លាំងឡើងៗ និងប្តេជ្ញាចិត្ត យ៉ាងស្មោះចំពោះសេចក្តីស្រឡាញ់អ្នកដទៃ ចំពោះការអប់រំជំនឿ និងចំពោះពីធីលើកតម្កើងជំនឿ។ គេភ្ញាក់ ស្មារតីអំពីទំនួលខុសត្រូវនេះ នៅពេលគេទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស តែគេបង្ហាញការ ទទួលខុសត្រូវនេះតាមរបៀបផ្សេងៗពីគ្នា។ ជួនកាលគេមិនបានទទួលការអប់រំ ដើម្បីទទួលការខុសត្រូវលើ កិច្ចការធំៗទេ ជួនកាលគេរកកន្លែងបញ្ចេញយោបល់ និងបំពេញកិច្ចការមិនឃើញក្នុងព្រះសហគមន៍ នៃភូមិ ភាគរបស់ខ្លួនទេ ព្រោះក្រុមគង្វាលកាន់អំណាចតឹងតែងពេក មិនព្រមឲ្យគេចូលរួមក្នុងការសម្រេចសេចក្តីទេ។ ហេតុនេះហើយបានជា ទោះបើយើងកត់សម្គាល់ថា គេចូលរួមបំពេញមុខងារបម្រើក្នុងឋានៈជាគ្រីស្តបរិស័ទ ធម្មតាកាន់តែច្រើនឡើងៗក្តី ក៏គេមិនប្តេជ្ញាចិត្តនាំតម្លៃនៃគ្រីស្តសាសនាចូលជ្រួតជ្រាប ក្នុងសង្គម ក្នុងនយោ បាយ និងក្នុងសេដ្ឋកិច្ចនៅឡើយ។ ជារឿយៗគេគ្រាន់តែប្តេជ្ញាចិត្ត បំពេញកិច្ចការផ្ទៃក្នុងព្រះសហគមន៍ប៉ុណ្ណោះ មិនប្តេជ្ញាចិត្តយ៉ាងពិតប្រាកដឲ្យដំណឹងល្អប្រែសង្គមទេ។ ការអប់រំគ្រីស្តបរិស័ទធម្មតា និងការជម្រាបជូនដំណឹង ល្អដល់ក្រុមអ្នកកាន់អាជីវកម្មនានា និងក្រុមបញ្ញវ័ន្តជាការប្រឈមមុខដ៏សំខាន់មួយ។
១០៣-ព្រះសហគមន៍ទទួលស្គាល់ថា ស្ត្រីៗនាំឥទ្ធិពលសំខាន់ៗក្នុងសង្គម គឺនាងចេះចាប់អារម្មណ៍ខាងផ្លូវចិត្ត យល់ដឹងជម្រៅចិត្តគេ និងមានសមត្ថភាពពិសេសខ្លះច្រើនជាងបុរស។ ឧបមាថា ស្ត្រីៗតែងតែចាប់អារម្មណ៍នឹងអ្នកដទៃ ជាពិសេសនៅពេលមានកូន។ មានកន្លែងផ្សេងៗទៀតដែរ។ ខ្ញុំមានអំណរដោយឃើញស្ត្រីៗជាច្រើននាក់ ចែករំលែកទំនួលខុសត្រូវក្នុងការណែនាំព្រះសហគមន៍ រួមជាមួយក្រុមគង្វាលជួយជូនដំណើរមនុស្ស ជួយជូនដំណើរក្រុមគ្រួសារ និងក្រុមផ្សេងៗ ហើយក៏ជួយរិះគិតខាងទេវវិទ្យាតាមបែបថ្មី។ ប៉ុន្តែត្រូវពង្រីកកន្លែង ឲ្យស្រ្តីៗមានវត្តមានរឹតតែមោះមុតក្នុងព្រះសហគមន៍។ សង្គមមនុស្សត្រូវការទេពកោសល្យរបស់ស្ត្រីៗជាចាំបាច់។ ហេតុនេះហើយបានជាត្រូវធានាវត្តមានស្ត្រីៗ ក្នុងកន្លែងធ្វើការងារដែរ។ “ស្ត្រីៗត្រូវមានវត្តមាននៅគ្រប់ កន្លែងដែលមានសម្រេចសេចក្តីសំខាន់ៗ មិនគ្រាន់តែក្នុងព្រះសហគមន៍ប៉ុណ្ណោះទេ តែក្នុងគ្រប់រចនាសម្ពន្ធនៃសង្គមទាំងមូលទៀតដែរ”។
១០៤-ស្ត្រីៗតែងតែទាមទារសិទ្ធិដ៏ត្រឹមត្រូវរបស់នាង។ យើងជឿជាក់ថាបុរស និងស្ត្រីមានកិត្តិយសដ៏ថ្លៃថ្នូរស្មើ គ្នា។ ការទាមទារសិទ្ធិនេះចោទសំណួរដ៏ជ្រៅមកព្រះសហគមន៍ ជាសំណួរព្រះសហគមន៍ត្រូវប្រឈមមុខ មិនត្រូវទាត់ចោលដោយមិនបានរិះគិតយ៉ាងជ្រៅទេ។ មានតែបុរសទេដែលអាចទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ទុកជាសញ្ញាសម្គាល់អំពីព្រះគ្រីស្ត ជាព្រះស្វាមីដែលបូជាព្រះជន្មក្នុងអគ្គសញ្ញាអរព្រះគុណ។ គ្មាននរណា ហ៊ានជជែកវែកញែកអំពីបញ្ហានេះទេ។ តែប្រសិនបើយើងយល់គិតថា អានុភាពដែលមកពីអគ្គសញ្ញាតែងតាំង និងអំណាចត្រួតត្រាព្រះសហគមន៍ ជាប់ជាមួយគ្នាខ្លាំងពេក ក៏គង់តែសេចក្តីនេះអាចក្លាយទៅជាមូលហេតុ បណ្តាលជម្លោះ។ យើងមិនត្រូវបំភ្លេចថា នៅពេលយើងនិយាយអំពីអំណាចរបស់បូជាចារ្យ “យើងត្រូវគិតអំពី មុខងារមិនមែនគិតអំពីកិត្តិយស និងភាពវិសុទ្ធទេ”។ ព្រះយេស៊ូប្រើមុខងារបូជាចារ្យទុកជាមធ្យោបាយមួយក្នុង ចំណោមមធ្យោបាយឯទៀតៗ ដើម្បីបម្រើប្រជារាស្រ្តព្រះអង្គ។ ប៉ុន្តែកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់គ្រីស្តបរិស័ទ ហូរមកពីអគ្គសញ្ញាជ្រមុជទឹកវិញ។ មនុស្សទាំងអស់ក៏អាចទទួលអគ្គសញ្ញាជ្រមុជទឹកនេះបានដែរ។ លោក បូជាចារ្យ រួមជាមួយព្រះគ្រីស្តក្នុងឋានៈជាព្រះសិរសា គឺទុកជាប្រភពដ៏សំខាន់ជាងគេ ដែលនាំព្រះហឫទ័យ ប្រោសប្រណីរបស់ព្រះបិតាមក។ ការរួបរួមជាមួយព្រះគ្រីស្តដូច្នេះមិនលើកតម្កើងលោកបូជាចារ្យ ដាក់ពីលើអ្វីៗ ទាំងអស់ទេ។ ក្នុងព្រះសហគមន៍មុខងារទាំងប៉ុន្មាន “មិនប្រគល់ឲ្យគ្រីស្តបរិស័ទខ្លះមានឋានៈខ្ពស់ជាងគ្រីស្ត បរិស័ទឯទៀតៗទេ”។ តាមពិតស្ត្រីម្នាក់ គឺនាងម៉ារីសំខាន់ជាងអភិបាលទាំងប៉ុន្មាន។ ទោះបីនៅពេលយើងរិះគិតអំពីមុខងាររបស់បូជាចារ្យ បម្រើព្រះសហគមន៍ដែលមានលំដាប់លំដោយក្តី ក៏ត្រូវនឹកគិតជានិច្ចថា “មុខងារ ជាបូជាចារ្យ បម្រើព្រះសហគមន៍តម្រង់ទាំងស្រុង ទៅការណែនាំឲ្យសរីរាង្គកាយរបស់ព្រះគ្រីស្តបានវិសុទ្ធ”។ គ្រឹះ និងគន្លឹះនៃមុខងារជាបូជាចារ្យបម្រើព្រះសហគមន៍ មិនមែនជាអំណាចដូចជាអ្នកត្រួតត្រាគេទេ តែជា អនុភាពធ្វើអគ្គសញ្ញាអរព្រះគុណ។ ដោយអនុភាពនេះបូជាចារ្យមានអំណាច ដើម្បីបម្រើប្រជាជនជានិច្ច។ អស់លោកគង្វាល និងទេវវិទូប្រឈមមុខនឹងបញ្ហាដ៏ធំនេះ។ អស់លោកមុខជាអាចជួយទទួលស្គាល់ហេតុផល ខ្លះ ក្នុងមុខងារស្ត្រីដែលអាចទទួលបាននៅកន្លែង មានសម្រេចសេចក្តីដ៏សំខាន់ៗក្នុងគ្រប់មជ្ឈដ្ឋាន នៃព្រះសហគមន៍។
១០៥-យើងតែងតែពង្រីកការណែនាំយុវជន។ តែការប្រែប្រួលផ្លាស់ប្តូរក្នុងសង្គម បណ្តាលឲ្យយើងត្រូវចាត់ចែង ការណែនាំយុវជននេះតាមរបៀបថ្មី។ យុវជននៅតែខ្វល់ខ្វាយមានសេចក្តីត្រូវការ និងសំណួរផ្សេងៗហើយក៏ ត្រូវរបួសចិត្តដែរ។ គេមិនសូវទទួលចម្លើយនៅតាមរចនាបថធម្មតានៃព្រះសហគមន៍ទេ។ យើងជាមនុស្ស ពេញវ័យពិបាកស្តាប់គេដោយចិត្តអត់ធ្មត់ យើងពិបាកយល់ការខ្វល់ខ្វាយរបស់គេ និងសំណូមពររបស់គេ ហើយ ក៏ពិបាកនិយាយជាមួយគេតាមរបៀបដែលគេអាចស្តាប់បានដែរ។ ដោយមូលហេតុទាំងនោះ ស្ថាប័នអប់រំក៏មិន បង្កើតផលតាមសេចក្តីសង្ឃឹមរបស់យើង។ សព្វថ្ងៃយើងអាចសង្កេតឃើញថា មានសមាគម និងចលនាយុវជនកើនចំនួនឡើងជាអនេក យើងអាចយល់ថា ការណ៍នេះពិតជាសកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបើក ផ្លូវថ្មី ស្របតាមសេចក្តីរង់ចាំរបស់យុវជន។ គេក៏ស្វែងរកជីវិតខាងវិញ្ញាណយ៉ាងជ្រៅ ហើយក៏ភ្ជាប់នឹងព្រះ សហគមន៍កាន់តែជាក់លាក់ដែរ។ ប៉ុន្តែត្រូវឲ្យក្រុមទាំងនោះចូលរួមក្នុងការណែនាំទាំងមូល របស់ព្រះសហគមន៍ជាចាំបាច់។
១០៦-ទោះបីមិនសូវងាយស្រួលទាក់ទងជាមួយយុវជនក្តី ក៏ក្នុងវិស័យនេះមានការចម្រើនឡើងខ្លះដែរ។ សហ គមន៍ទាំងមូលភ្ញាក់ស្មារតីថា សហគមន៍ទាំងមូលមានមុខងារនាំដំណឹងល្អឲ្យគេ និងអប់រំគេ ព្រមទាំងយល់ថា យុវជនត្រូវជាដៃគូរបស់គេនៅពេលឆាប់ៗខាងមុខ។ ប៉ុន្តែត្រូវទទួលស្គាល់ថាក្នុងបរិបទបច្ចុប្បន្ន ទោះបីយុវជនប្រឈមមុខនឹងវិបត្តិនៃការប្តេជ្ញាចិត្ត និងវិបត្តិនៃចំណងក្នុងសហគមន៍ទៀតផង ក៏មានយុវជនជាច្រើនសុខចិត្ត រួមសាមគ្គី ជួយមនុស្សដែលកើតទុក្ខក្នុងពិភពលោកទាំងមូល និងបំពេញកិច្ចការផ្សេងក្នុងឋានៈជាអ្នកស្ម័គ្រចិត្ត មានយុវជនខ្លះចូលរួមក្នុងការរស់នៅរបស់ព្រះសហគមន៍ សុខចិត្តធ្វើឲ្យក្រុមបម្រើផ្សេងៗមានជីវិតរស់រវើក និង រួមក្នុងកិច្ចការជាសាសនទូតក្នុងភូមិភាគរបស់ខ្លួន ឬនៅកន្លែងផ្សេងទៀត។ យើងសរសើរយុវជនដែលជា “អ្នក ធ្វើដំណើរទៅរកជំនឿ”។ គេសប្បាយចិត្តនាំព្រះយេស៊ូនៅតាមផ្លូវនៅគ្រប់កៀនកោះ នៅលើផែនដីទាំងមូល។
១០៧-នៅច្រើនកន្លែង មិនសូវមានយុវជនតបឆ្លើយនឹងព្រះជាម្ចាស់ ដែលត្រាស់ហៅគេឲ្យទៅជាគង្វាល និងជា បព្វជិតបព្វជិតាទេ។ ក្នុងសហគមន៍ខ្លះសភាពការណ៍នេះ បណ្តាលមកពីសហគមន៍គ្មានខ្នះខ្នែងទៅជាសាសន ទូតរាលដាលដល់គេហើយមិនទាក់ទាញចិត្តគេទេ។ នៅសហគមន៍ណាដែលមានជីវិតរស់រវើកមានការខ្នះខ្នែង មានបំណងចង់នាំព្រះគ្រីស្តដល់អ្នកដទៃវិញ តែងតែមានយុវជនតបឆ្លើយនឹងព្រះជាម្ចាស់ត្រាស់ហៅ។ ទោះបី ក្នុងភូមិដែលលោកគង្វាលមិនសូវប្តេជ្ញាចិត្ត និងមិនសូវសប្បាយរីករាយក្តី ក៏ការរស់នៅជាបងប្អូនយ៉ាងកក់ក្តៅ របស់សហគមន៍នាំឲ្យយុវជនភ្ញាក់ឡើង មានបំណងចង់ញែកខ្លួនថ្វាយខ្លួនទាំងស្រុងទៅលើព្រះជាម្ចាស់ និង ទៅលើការជម្រាបជូនដំណឹងល្អ។ សហគមន៍នេះមានជីវិតរស់រវើកត្រូវទទូចអង្វរព្រះជាម្ចាស់ សូមព្រះអង្គ ត្រាស់ហៅយុវជនឲ្យថ្វាយខ្លួនទៅព្រះអង្គ និងមានសេចក្តីក្លាហានបង្ហាញផ្លូវនៃការញែកខ្លួន ថ្វាយខ្លួនយ៉ាង ពិសេសចំពោះព្រះជាម្ចាស់។ ក៏ប៉ុន្តែទោះបីមានបេក្ខជនចំនួនតិចក្តីក៏យើងត្រូវដឹងច្បាស់ថា យើងត្រូវជ្រើសរើស បេក្ខជនឲ្យទៅជាគង្វាលតាមរបៀបល្អជាងពីមុនៗ។ កុំយកមូលហេតុផ្សេងៗ ដើម្បីឲ្យមានគ្នាជាច្រើនពេញ ទេវវិទ្យាល័យទេជាពិសេស ប្រសិនបើមូលហេតុទាំងនោះបណ្តាលមកពីគេមិននឹងនខាងផ្លូវចិត្ត មកពីគេចង់បានអំណាចចង់បានកិត្តិយសតាមលោកិយ ឬចង់បានជីវភាពធូរធារ។
១០៨-ខ្ញុំបានប្រាប់រួចមកហើយថា ខ្ញុំមិនចង់វិភាគយ៉ាងល្អិតល្អន់អំពីព្រះសហគមន៍ទេ ខ្ញុំគ្រាន់តែអញ្ជើញសហ គមន៍ទាំងប៉ុន្មានឲ្យបំពេញនិងពង្រីកគំនិតទាំងនោះ ដោយយោងពីការពិបាកដែលសហគមន៍នីមួយៗប្រឈម មុខ និងការពិបាករបស់អ្នកនៅជិតខាង។ ពេលសហគមន៍ទាំងនោះបន្ថែមគំនិតទាំងនេះខ្ញុំសង្ឃឹមថា សហគមន៍ យកចិត្តទុកដាក់ស្តាប់ទាំងយុវជនផង ទាំងមនុស្សចាស់ជរាផង ដូចនៅពេលយើងចង់យល់អត្ថន័យសញ្ញាសម្គាល់នៃពេលវេលាក្នុងសភាពការណ៍បច្ចុប្បន្ន។ យុវជននិងមនុស្សចាស់ជរា ជាសេចក្តីសង្ឃឹមរបស់ប្រជាជន ទាំងឡាយ។ មនុស្សចាស់ជរានាំមកសេចក្តីនឹកចងចាំ និងប្រាជ្ញាដែលកើតមកពីបទពិសោធរបស់គាត់។ បទ ពិសោធនេះ អញ្ជើញយើងមិនឲ្យប្រព្រឹត្តខុសដូចនៅពេលមុនៗនោះទេ។ រីឯយុវជនវិញគេដាស់តឿនយើងឲ្យ ភ្ញាក់ស្មារតីឡើង និងឲ្យមានសេចក្តីសង្ឃឹមកាន់តែខ្លាំងឡើងៗ ដ្បិតយុវជនជាប់នឹងលម្អៀងថ្មីរបស់មនុស្សជាតិ ក្នុងខ្លួនហើយគេតម្រង់យើងទៅរកអនាគត។ ដូច្នេះគេជួយយើងមិនឲ្យភ្ជាប់ចិត្តអាឡោះអាល័យរចនាសម្ពន្ធ និង ទម្លាប់ពីបុរាណទេ។ រចនាសម្ពន្ធនិងទម្លាប់បុរាណទាំងនោះ មិនអាចនាំជីវិតក្នុងពិភពលោកនាបច្ចុប្បន្នបាន ទេ។
១០៩-ពេលណាយើងប្រឈមមុខនឹងការពិបាក យើងត្រូវតែខិតខំរកជ័យជម្នះលើការពិបាកទាំងនោះ។ យើងត្រូវគិតគូរដល់ពិភពលោកដ៏ជាក់ច្បាស់នេះ តែកុំបាត់បង់នូវអំណរសប្បាយ យើងសុខចិត្តបូជាកម្លាំងកាយ កម្លាំងចិត្តទាំងមានសេចក្តីក្លាហាន និងពោរពេញដោយសេចក្តីសង្ឃឹម។ កុំបណ្តោយឲ្យមារលួចប្លន់យកកម្លាំង សាសនទូតចេញពីយើងឡើយ។
ជំពូក ៣
ការជម្រាបជូនដំណឹងល្អ
***
១១០-ក្រោយពីបានទទួលស្គាល់ការពិបាកខ្លះ ដែលកើតមកពីសភាពការណ៍នាបច្ចុប្បន្នកាល ហើយដែលព្រះសហគមន៍ត្រូវប្រឈមមុខនោះ ឥឡូវខ្ញុំសូមរំឭកអំពីភារកិច្ចដែលជំរុញយើង គឺថាទោះជាយើងរស់នៅក្នុងសម័យណាក្តី នៅកន្លែងណាក្តី យើងក៏ត្រូវតែប្រកាសយ៉ាងច្បាស់ថា ព្រះយេស៊ូពិតជាព្រះអម្ចាស់។ ក្នុងគ្រប់កិច្ច ការជម្រាបជូនដំណឹងល្អ យើងត្រូវតែប្រកាសព្រះយេស៊ូគ្រីស្តបែបនោះទុកជាអាទិភាព។ “សម្តេចប៉ាប យ៉ូហាន-ប៉ូលទី ២ បានសរុបកង្វល់ទាំងអស់របស់ក្រុមអភិបាលព្រះសហគមន៍នៃទ្វីបអាស៊ី ដោយមានប្រសាសន៍ថា៖ “ព្រះសហគមន៍ត្រូវបំពេញវាសនារបស់ខ្លួន តាមព្រះជាម្ចាស់បានគ្រោងទុកមក។ ហេតុនេះហើយ បានជាព្រះសហគមន៍ត្រូវប្រកាសអំពីព្រះយេស៊ូសោយទិវង្គត ដើម្បីសង្គ្រោះមនុស្សលោក និងអំពីព្រះអង្គមានព្រះជន្មថ្មី រុងរឿង គឺត្រូវប្រកាសទាំងមានចិត្តសប្បាយរីករាយទាំងមានចិត្តអត់ធ្មត់ និងឲ្យកាន់តែច្បាស់ឡើងៗ។ ការ ប្រកាសនេះពិតជាអាទិភាពលើសអ្វីៗទាំងអស់”។ យើងទាំងអស់គ្នាត្រូវគិតដូច្នេះ។
១) ប្រជារាស្រ្តទាំងមូលរបស់ព្រះជាម្ចាស់ ជម្រាបជូនដំណឹងល្អ
១១១-ព្រះសហគមន៍មានភារកិច្ចនាំដំណឹងល្អដល់មនុស្សលោក។ អ្នកជម្រាបជូនដំណឹងល្អនេះ គឺមិនគ្រាន់តែជារចនាសម្ពន្ធនៃព្រះសហគមន៍ចាត់ចែងតាមលំដាប់លំដោយប៉ុណ្ណោះទេ តែជាប្រជាជនមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រះជាម្ចាស់វិញឯណោះទេ ដែលជម្រាបជូនដំណឹងល្អ។ ប្រជាជនទាំងមូលជម្រាបជូនដំណឹងល្អនេះ ពិតជាមកពីគម្រោងការដ៏អស្ចារ្យដែលចាក់ឫសក្នុងព្រះត្រៃឯក តែគម្រោងការនេះមានលក្ខណៈជាក់ច្បាស់ តាមប្រវត្តិសាស្រ្តក្នុងប្រជាជនមួយ កំពុងធ្វើបូជានីយេសចរណ៍ក្នុងលោកនេះ និងនាំដំណឹងល្អដល់មនុស្សលោក។ ទោះបីប្រជាជននេះ គឺព្រះសហគមន៍ត្រូវការរចនាសម្ពន្ធជាចាំបាច់ក្តី ក៏ប្រជាជននេះនៅតែប្រសើរ ហួសពីរចនាសម្ពន្ធទាំងប៉ុន្មានទៅទៀត។ ហេតុនេះហើយបានជាខ្ញុំ សូមបកស្រាយបន្តិចបន្តួចអំពីរបៀបត្រូវយល់គិតអំពីព្រះសហគមន៍ ដែលព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណា បានតែងតាំងដោយសេរី និងដោយមិនចង់បានអ្វីមកវិញឡើយ។
ប្រជាជនសម្រាប់មនុស្សទាំងអស់
១១២-ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ចង់សង្គ្រោះមនុស្សលោក គឺចង់ឲ្យមនុស្សលោករួមរស់ជាមួយព្រះអង្គ។ មនុស្សប្រព្រឹត្តអំពើល្អ សូម្បីតែអំពើល្អដល់កម្រិតណាក្តី ក៏មិនអាចទាមទារទទួលព្រះអំណោយទានដ៏ប្រសើរបំផុតនេះ ទុកជារង្វាន់បានឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស ទាក់ទាញចិត្តយើងឲ្យរួមរស់ជាមួយព្រះអង្គ។ ព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គឲ្យមកសណ្ឋិតក្នុងយើង ដើម្បីឲ្យយើងទៅជាបុត្រធីតារបស់ព្រះអង្គ ព្រះវិញ្ញាណក៏ប្រែចិត្តគំនិតយើងឲ្យអាចតបឆ្លើយនឹងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គបាន តាមការរស់នៅរបស់យើង។ ព្រះយេស៊ូគ្រីស្តបានចាត់ព្រះសហគមន៍ ឲ្យធ្វើជាអគ្គសញ្ញានៃការសង្គ្រោះរបស់ព្រះជាម្ចាស់ គឺឲ្យមនុស្សរួមរស់ជាមួយព្រះអង្គ (ពន្លឺ ១)។ ពេលព្រះសហគមន៍បំពេញកិច្ច ការផ្សេងៗ ដើម្បីជម្រាបជូនដំណឹងល្អដល់មនុស្សលោក ព្រះសហគមន៍រួមសហការជាមួយព្រះអង្គទុកជា គ្រឿងនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដែលមានសកម្មភាពហួសពីការដែលមនុស្សអាចត្រួតត្រា បាន។ សម្តេចប៉ាបបេណេឌីកតូទី ១៦ បានពន្យល់សេចក្តីនេះយ៉ាងច្បាស់ នៅពេលលោកបើកសន្និបាត ដោយ មានប្រសាសន៍ថា៖ “យើងត្រូវដឹងជាចាំបាច់ថា ព្រះបន្ទូលដើមដំបូងមកពីព្រះជាម្ចាស់ដែលចាប់ផ្តើមធ្វើអ្វីៗ ទាំងអស់យ៉ាងពិតប្រាកដ។ សកម្មភាពដ៏ពិតប្រាកដមកពីព្រះជាម្ចាស់។ យើងក៏អាចជម្រាបជូនដំណឹងល្អបាន លុះត្រាតែយើងរួបរួមជាមួយព្រះអង្គ និងនៅក្នុងព្រះអង្គដែលចាប់ផ្តើមធ្វើការនោះ។ យើងត្រូវតែចូលរួម ក្នុងព្រះហឫទ័យរបស់ព្រះអង្គ ដែលចាប់ផ្តើមធ្វើអ្វីៗទាំងអស់ យើងក៏ត្រូវតែអង្វរព្រះអង្គផង”។ យើងត្រូវចាត់ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ទុកជាពន្លឺបំភ្លឺការរិះគិតរបស់យើងជានិច្ច អំពីការជម្រាបជូនដំណឹង ល្អដល់មនុស្សលោក។
១១៣-ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះមនុស្សទាំងអស់ គឺចង់ឲ្យមនុស្សទាំងអស់រួបរួមជាមួយព្រះអង្គ។ព្រះជាម្ចាស់ប្រោសឲ្យការសង្គ្រោះនេះកើតជារូបរាង ហើយព្រះសហគមន៍ក៏ជម្រាបជូនដំណឹងល្អ អំពីការ សង្គ្រោះនេះដោយរីករាយ។ ព្រះជាម្ចាស់បានបង្កើតផ្លូវមួយដើម្បីរួបរួមជាមួយមនុស្សម្នាក់ៗ នៅគ្រប់សម័យ។ ព្រះអង្គសព្វព្រះហឫទ័យកោះហៅមនុស្សទាំងអស់ឲ្យទៅជាប្រជាជនមួយ មិនមែនឲ្យទៅជាបុគ្គលម្នាក់ៗ ដោយឡែកពីគេទេ (ពន្លឺ ៩)។ គ្មាននរណាអាចសង្គ្រោះខ្លួនដោយខ្លួនឯងបានទេ គឺដោយឡែកពីគេ និង ដោយសារកម្លាំងខ្លួនឯងបានឡើយ។ ព្រះអង្គទាក់ទាញចិត្តយើង តាមបណ្តាញដ៏ស្មុគ្រស្មាញនៃទំនាក់ទំនងដែលភ្ជាប់យើងជាមួយអ្នកដទៃ ដូចធ្លាប់មានក្នុងសហគមន៍មនុស្ស។ ព្រះជាម្ចាស់បានជ្រើសរើស និងកោះហៅប្រជាជននេះ គឺព្រះសហគមន៍នេះឯង។ ព្រះយេស៊ូមិនបានបញ្ជាឲ្យក្រុមគ្រីស្តទូតបង្កើតក្រុមមួយដាច់ឡែក ពីគេទេ ព្រះអង្គក៏មិនបានសូមឲ្យអស់លោកបង្កើតក្រុម ដែលសុទ្ធតែជាមនុស្សដ៏ល្អប្រសើរដែរ តែព្រះអង្គ មានព្រះបន្ទូលថា “ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសាវ័ក” (មថ ២៨,១៩)។ គ្រីស្តទូតប៉ូលក៏ មានប្រសាសន៍ថា ក្នុងព្រះសហគមន៍គឺក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ “គ្មានសាសន៍យូដាគ្មានសាសន៍ក្រិកទៀតទេ...គឺបងប្អូនទាំងអស់បានរួមគ្នាជាអង្គតែមួយក្នុងព្រះគ្រីស្តយេស៊ូ” (កាឡ ៣,២៨)។ ខ្ញុំសូមនិយាយមកកាន់អស់អ្នកដែលស្មានថា ខ្លួនរស់នៅឆ្ងាយពីព្រះជាម្ចាស់ និងស្មានថា ខ្លួនរស់នៅឆ្ងាយពីព្រះសហគមន៍ ព្រមទាំងទៅកាន់អស់អ្នកដែលភ័យខ្លាច ឬដែលមិនអើពើនឹងព្រះសហគមន៍ថា៖ “ព្រះអម្ចាស់ក៏ត្រាស់ហៅអ្នក ឲ្យចូលរួមក្នុងប្រជារាស្រ្តរបស់ព្រះអង្គដែរ។ ព្រះអង្គប្រកបដោយព្រះហឫទ័យស្រឡាញ់ គោរពអ្នកយ៉ាងខ្លាំង ព្រះអង្គត្រាស់ហៅអ្នក”។
១១៤- អ្នកដែលចូលរួមក្នុងព្រះសហគមន៍ ក៏ចូលរួមក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែរ គឺគេសុខចិត្តទទួលគម្រោងការដ៏ប្រសើររបស់ព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្តាករុណា។ អ្នកនោះ ប្រៀបដូចជាមេរបស់ព្រះជាម្ចាស់ក្នុងម្សៅនៃមនុស្សលោកទាំងមូល។ គេត្រូវជម្រាបជូនដំណឹងល្អ និងនាំការសង្គ្រោះក្នុងពិភពលោក យើងនេះដែលវង្វេងជាញឹក។ មនុស្សលោកត្រូវការចម្លើយដែលផ្តល់សេចក្តីក្លាហាន និងសេចក្តីសង្ឃឹមដល់ គេ ហើយក៏ត្រូវការកម្លាំងថ្មីក្នុងពេលធ្វើដំណើរ។ ព្រះសហគមន៍ត្រូវជាកន្លែងសម្តែងមេត្តាករុណា ដ៏ឥតចំណង ត្រូវជាកន្លែងដែលមនុស្សទាំងអស់អាចយល់ថា មានគេទទួលមនុស្សទាំងអស់យ៉ាងរាក់ទាក់ និងដោយចិត្តស្រឡាញ់គេក៏លើកលែងទោស ហើយលើកទឹកចិត្តមនុស្សឲ្យរស់នៅតាមផ្លូវដ៏ប្រសើរនៃដំណឹងល្អ។
ព្រះសហគមន៍ជាប្រជាជនដែលមានមុខជាច្រើន
១១៥-ប្រជារាស្រ្តរបស់ព្រះជាម្ចាស់កើតឡើង ក្នុងប្រជាជនទាំងប៉ុន្មាននៅលើផែនដី ដូចជាមានសាច់ឈាមក្នុងប្រជាជនទាំងនោះ គឺគ្រីស្តបរិស័ទម្នាក់ៗមានវប្បធម៌រៀងៗខ្លួនប្លែកពីគេ។ ពាក្យ “វប្បធម៌” មានប្រយោជន៍អាចជួយឲ្យយើងយល់ថា គ្រីស្តបរិស័ទរស់នៅស្របតាមជំនឿ តាមរបៀបផ្សេងៗដែលក្នុងប្រជារាស្រ្តរបស់ព្រះ ជាម្ចាស់តែមួយនោះ។ វប្បធម៌ គឺជារបៀបមនុស្សធ្លាប់រស់នៅក្នុងសង្គមមួយដ៏ជាក់លាក់ ជារបៀបសមាជិកទាំង ប៉ុន្មាននៃសង្គមនោះ ធ្លាប់ចងចំណងនានាតាមរយៈទំនាក់ទំនងជាមួយគ្នា តាមរយៈទំនាក់ទំនងជាមួយសត្វលោកឯទៀតៗ ព្រមទាំងតាមរយៈទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែរ។ ប្រសិនបើយើងគិតដូច្នេះ យើងមុខជា យល់ថា វប្បធម៌ជ្រាបចូលក្នុងការរស់នៅទាំងមូលរបស់ប្រជាជនមួយ។ ប្រជាជននីមួយៗក៏លើកស្ទួយវប្បធម៌ របស់ខ្លួនតាមដំណើរនៃប្រវត្តិសាស្រ្ត គឺតាមប្រវត្តិសាស្រ្តរបស់ខ្លួន ដែលប្លែកពីប្រវត្តិសាស្រ្តប្រជាជនឯទៀតៗ (អំណរ៣៦)។ ការណ៍នេះកើតមក “តាមលក្ខណៈរបស់មនុស្សដែលត្រូវការរស់នៅក្នុងសង្គមជាចាំបាច់” (អំ ណរ ២៥)។ មនុស្សចេះតែគិតអំពីសង្គមជានិច្ច ជាកន្លែងដែលគេមានទំនាក់់ទំនងនឹងអ្វីៗទាំងអស់ ដែលមាន ជាក់លាក់ក្នុងលោក។ បុគ្គលម្នាក់ៗភ្ជាប់នឹងវប្បធម៌ម៉្យាងជានិច្ច៖ “ធម្មជាតិ និងវប្បធម៌ភ្ជាប់ជាមួយគ្នាយ៉ាង ជិតស្និទ្ធបំផុត” (អំណរ ៥៣,ក)។ ត្រូវមានវប្បធម៌ ទើបព្រះជាម្ចាស់អាចប្រណីសន្តោសមនុស្សលោកបាន។ ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ក៏កើតជាសាច់ឈាមតាមវប្បធម៌របស់អ្នកដែលទទួលព្រះអំណោយទាន នេះ។
១១៦-គ្រីស្តសាសនាមានប្រវត្តិសាស្រ្តតាំងពីពីរពាន់ឆ្នាំមកហើយ។ ក្នុងពីរពាន់ឆ្នាំកន្លងមកនេះ មានប្រជាជនច្រើនឥតគណនា បានទទួលព្រះអំណោយទាននៃជំនឿ។ គេបានធ្វើឲ្យជំនឿនេះបង្កើតផលក្នុងការរស់នៅ ប្រចាំថ្ងៃរបស់គេ។ គេក៏បានបញ្ជូនបន្តជំនឿនេះតាមវប្បធម៌រៀងៗខ្លួនដែរ។ នៅពេលសហគមន៍មួយទទួល ដំណឹងអំពីការសង្គ្រោះព្រះវិញ្ញាណដ៏វិសុទ្ធ ប្រោសឲ្យវប្បធម៌នេះ អាចបង្កើតផលបានដោយឫទ្ធានុភាពនៃ ដំណឹងល្អដែលប្រែអ្វីៗទាំងអស់។ ហេតុនេះហើយបានជាយើងអាចសង្កេតឃើញថា តាមប្រវត្តិសាស្ត្រនៃព្រះសហគមន៍គ្រីស្តសាសនា គ្មានវប្បធម៌តែមួយគត់ទុកជាគំរូទេតែ “ទោះបីគ្រីស្តសាសនានៅតែដដែលយ៉ាង ពេញលេញក្តី ទោះបីគ្រីស្តបរិស័ទស្មោះភក្តីនឹងការប្រកាសដំណឹងល្អ និងស្មោះភក្តីនឹងការបញ្ជូនបន្តនៃព្រះ សហគមន៍ក្តី ក៏គ្រីស្តសាសនាមានរូបរាងតាមវប្បធម៌ជាច្រើនឥតគណនាដែរ គឺតាមវប្បធម៌របស់ប្រជាជនច្រើន ឥតគណនាដែលគ្រីស្តសាសនាចាក់ឫសដែរ”។ ព្រះសហគមន៍បញ្ចេញលក្ខណៈរបស់ខ្លួនជាកាតូលិក (ពាក្យ នេះមានន័យថា “ទូទៅ”) យ៉ាងពិតប្រាកដក្នុងចំណោមប្រជាជនផ្សេងៗ ដែលមានបទពិសោធអំពីព្រះអំណោយ ទានរបស់ព្រះជាម្ចាស់តាមវប្បធម៌រៀងៗខ្លួន។ ព្រះសហគមន៍ក៏បង្ហាញ “សោភ័ណភាពរបស់ខ្លួនដោយរបៀបជាច្រើនបែប”។ ព្រះវិញ្ញាណដ៏វិសុទ្ធផ្តល់ឲ្យព្រះសហគមន៍មានសោភ័ណភាពកាន់តែស្អាត ដោយប្រជាជន ដែលបានទទួលដំណឹងល្អសម្តែងជំនឿតាមរបៀបរបស់ខ្លួន។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏បង្ហាញរបៀបថ្មី ក្នុងការបក ស្រាយសេចក្តី ដែលព្រះជាម្ចាស់បានសម្ដែងឲ្យមនុស្សលោកស្គាល់ ទាំងប្រទានមុខមាត់ថ្មីដល់សេចក្តីទាំង នោះដែរ។ ដោយព្រះសហគមន៍យកវប្បធម៌ប្រជាជននានាមកសម្តែងជំនឿរបស់ខ្លួន ព្រះសហគមន៍បញ្ចូល ទាំងប្រជាជនទាំងវប្បធម៌របស់គេក្នុងសហគមន៍របស់ខ្លួនផ្ទាល់។ “គ្រប់វប្បធម៌ផ្តល់តម្លៃដ៏ថ្លៃថ្នូរ និងផ្តល់គំរូល្អ ដែលអាចជួយលើកស្ទួយរបៀបប្រកាសដំណឹងល្អរបៀបយល់ព្រម ទាំងរបៀបរស់នៅតាមដំណឹងល្អនេះដែរ”។ ដូច្នេះព្រះសហគមន៍ ដែលទទួលតម្លៃដ៏ថ្លៃថ្នូរនៃវប្បធម៌នានាក្លាយទៅជា “ភរិយាដែលយកគ្រឿងអលង្ការមក តែងខ្លួន” (អស ៦១,២០)។
១១៧-ទោះបីគ្រីស្តបរិស័ទមានវប្បធម៌ប្លែកៗពីគ្នាក្តី ប្រសិនបើយើងយល់ច្បាស់អំពីការប្លែកពីគ្នានោះ ក៏ព្រះសហគមន៍នៅតែរួបរួមជាធ្លុងតែមួយដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតា និងព្រះបុត្រាចាត់ឲ្យយាងមក ព្រះអង្គប្រែចិត្តគំនិតយើង និងប្រោសឲ្យយើងអាចចូលរួបរួមយ៉ាងពេញលក្ខណៈក្នុងព្រះត្រៃឯក។ គឺព្រះត្រៃ ឯកនេះហើយ ដែលប្រោសឲ្យអ្វីៗទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ។ ព្រះវិញ្ញាណដ៏វិសុទ្ធកសាងការរួបរួមគ្នា និង សុខដុមរមនានៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ គឺព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ហើយជាសុខដុមរមនា ព្រោះព្រះ អង្គជាចំណងនៃព្រះហឫទ័យស្រឡាញ់របស់ព្រះបិតា និងព្រះបុត្រា។ ព្រះវិញ្ញាណដ៏វិសុទ្ធ ប្រទានព្រះអំណោយ ទានប្លែកៗពីគ្នា ដែលសុទ្ធតែមានតម្លៃយ៉ាងថ្លៃប្រសើរ។ នៅពេលជាមួយគ្នានេះព្រះអង្គក៏ប្រោសឲ្យព្រះសហ គមន៍រួបរួមគ្នាជាធ្លុងតែមួយដែរ។ ការរួមគ្នាជាធ្លុងតែមួយគ្មានន័យថា គ្រីស្តបរិស័ទដូចគ្នាទាំងអស់បេះបិទទេ តែផ្ទុយទៅវិញ មានន័យថា គេរួបរួមជាមួយគ្នាយ៉ាងសុខដុមរមនាតាមបែបប្លែកៗពីគ្នា ដែលទាក់ទាញចិត្តមនុស្សលោក។ អ្នកនាំដំណឹងល្អទទួលស្គាល់ដោយអំណរ នូវសម្បត្តិដ៏ថ្លៃប្រសើរប្លែកៗពីគ្នា ដែលព្រះវិញ្ញាណដ៏វិសុទ្ធបង្កើតក្នុងព្រះសហគមន៍។ អ្នកនឹកស្មានថា គ្រីស្តសាសនាមានវប្បធម៌តែមួយគត់ និងមានសំឡេងតែ មួយដែរ អ្នកនោះមិនគោរពគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលប្រសូតជាមនុស្ស។ ពិតមែនហើយ! តាមប្រវត្តិសាស្រ្តមានវប្បធម៌ខ្លះ ភ្ជាប់យ៉ាងជិតស្និទ្ធនឹងការប្រកាសដំណឹងល្អ ហើយនឹងជាមួយការអភិវឌ្ឍនៃ ការរិះគិតបែបគ្រីស្តបរិស័ទមែន។ ក៏ប៉ុន្តែ សេចក្តីដែលព្រះជាម្ចាស់បានសម្តែងឲ្យមនុស្សលោកស្គាល់នោះ មិន ភ្ជាប់នឹងវប្បធម៌តែមួយគត់ទេ គឺសេចក្តីនេះនៅពីលើវប្បធម៌ និងអន្តរវប្បធម៌។ ហេតុនេះហើយបានជា នៅពេល យើងនាំដំណឹងល្អឲ្យចូលក្នុងវប្បធម៌ថ្មីមួយ ឬក្នុងវប្បធម៌ដែលមិនទាន់ទទួលដំណឹងល្អរបស់គ្រីស្តបរិស័ទ នៅឡើយ មិនចាំបាច់បង្ខំគេឲ្យកាន់តាមវប្បធម៌ម៉្យាងទេ ទោះបីវប្បធម៌នេះល្អនិងបុរាណយ៉ាងណាក៏ដោយ។ ដំណឹងដែលយើងនាំមក នៅតែភ្ជាប់នឹងវប្បធម៌ម៉្យាងជានិច្ច ដូចជាអាវដណ្តប់ខ្លួនដូច្នោះដែរ។ ប៉ុន្តែជួនកាល ក្នុងព្រះសហគមន៍យើង ធ្លាប់គោរពវប្បធម៌របស់ខ្លួនផ្ទាល់ទាំងអួតថា វប្បធម៌នេះជាអ្វីដ៏សក្ការៈ។ យើងនិយមវប្បធម៌របស់ខ្លួនជ្រុលពេក ជាជាងមានចិត្តខ្នះខ្នែងយ៉ាងពិតប្រាកដក្នុងការនាំដំណឹងល្អ។
១១៨-ដូច្នេះក្រុមអភិបាលទ្វីបអូសេអានីសំណូមពរថា ឲ្យព្រះសហគមន៍នៅទ្វីបរបស់អស់លោក “បង្ហាញនិង ពន្យល់សេចក្តីពិតអំពីព្រះគ្រីស្ត ដោយយកប្រពៃណី និងវប្បធម៌នៃភូមិភាគនោះ”។ អស់លោកសំណូមពរសូម ឲ្យ “សាសនទូតទាំងប៉ុន្មានត្រូវរួមធ្វើការជាមួយគ្រីស្តបរិស័ទ ដែលកើតក្នុងស្រុកនោះដោយសុខដុមរមនា ដើម្បី ឲ្យបង្ហាញជំនឿ និងការរស់នៅរបស់ព្រះសហគមន៍ ស្របតាមវប្បធម៌នីមួយៗតាមការគួរ”។ យើងមិនអាចអះអាងថា ប្រជាជនទាំងអស់នៅគ្រប់ទ្វីបត្រូវបង្ហាញជំនឿគ្រីស្តបរិស័ទ ដោយយកតម្រាប់តាមប្រជាជននៃទ្វីបអឺរ៉ុប បានបង្ហាញកាលពីមុននៅសម័យជាក់ច្បាស់មួយ តាមប្រវត្តិសាស្រ្តរបស់គេឡើយ។ គ្មាននរណាអាចឃុំឃាំងជំនឿក្នុងព្រំដែននៃវប្បធម៌តែមួយបានទេ។ គ្មាននរណាម្នាក់អាចយល់អំពីជំនឿ និងបញ្ចេញជំនឿនោះឲ្យបានសព្វគ្រប់តាមវប្បធម៌តែមួយបានដែរ។ វប្បធម៌តែមួយមិនអាចសម្តែងអំពីគម្រោងការដ៏អស្ចារ្យរបស់ ព្រះគ្រីស្ត ដែលសង្គ្រោះមនុស្សលោកឲ្យបានសព្វគ្រប់ទេ។ កាណ៍នេះច្បាស់ហើយជជែកប្រកែកមិនបានទេ។
យើងទាំងអស់គ្នាជាសាវ័កដែលជាសាសនទូតដែរ
១១៩-យើងទាំងអស់គ្នា ទាំងអ្នកធំទាំងអ្នកតូចជាងគេ ដែលទទួលអគ្គសញ្ញាជ្រមុជទឹក ក៏មានឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធក្នុងខ្លួនគ្រប់ៗរូបដែរ។ ព្រះវិញ្ញាណនោះប្រោសឲ្យយើងបានវិសុទ្ធ និងដាស់តឿនយើងឲ្យនាំ ដំណឹងល្អដល់មនុស្សលោក។ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានវិសុទ្ធមកពីព្រះវិញ្ញាណអភិសេកយើង និង ប្រោសឲ្យយើងមិនអាចភាន់ច្រឡំត្រង់ជំនឿបានទេ។ ហេតុនេះហើយបានជា នៅពេលប្រជារាស្រ្តផ្ញើជីវិតលើព្រះជាម្ចាស់ ទោះបីគេរកពាក្យសម្តីបង្ហាញជំនឿនេះមិនបានក្តី ក៏ប្រជារាស្រ្តមិនអាចភាន់ច្រឡំបានដែរ។ ព្រះ វិញ្ញាណណែនាំគេក្នុងសេចក្តីពិត ហើយណែនាំគេទៅរកការសង្គ្រោះ (ពន្លឺ ១២)។ ព្រះជាម្ចាស់ប្រទានឲ្យគ្រីស្ត បរិស័ទទាំងអស់ ហាក់ដូចជាមានសភាវគតិមួយនាំឲ្យគេរក្សាជំនឿ។ សភាវគតិនោះជួយគេឲ្យចេះវែកញែកថា អ្វីដែលមកពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សភាវគតិនោះ ជាផ្នែកមួយនៃគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គដែលស្រឡាញ់មនុស្សលោក។ ព្រះវិញ្ញាណមានវត្តមានក្នុងគ្រីស្តបរិស័ទ និងផ្តល់ឲ្យគេហាក់ដូចជាមានសភាព ម៉្យាងស្របតាមលក្ខណៈរបស់ព្រះជាម្ចាស់។ ទោះបីគេគ្មានពាក្យពន្យល់ ឬរបៀបបញ្ចេញយោបល់យ៉ាងជាក់ ច្បាស់ក្តី ក៏គេមានប្រាជ្ញានាំគេឲ្យយល់ខ្លះៗអំពីព្រះអង្គដែរ។
១២០-សមាជិកម្នាក់ៗនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដោយគេទទួលអគ្គសញ្ញាជ្រមុជទឹក គេក្លាយទៅជាសាវ័កនិងសាសនទូតដែរ(មថ ២៨,១៩)។ គ្រីស្តបរិស័ទម្នាក់ៗ ទោះបីគេមានមុខងារណាក្នុងព្រះសហគមន៍ក្តី ទោះបីគេទទួលការអប់រំត្រង់ជំនឿតាមកម្រិតណាក្តី ក៏នាំដំណឹងល្អយ៉ាងសកម្ម។ យើងមិនត្រូវគិតថា មានតែអ្នក ដែលមានសមត្ថភាពប៉ុណ្ណោះទេ អាចប្រកាសដំណឹងល្អបានរីឯប្រជាជនគ្រីស្តបរិស័ទត្រូវតែទទួលផល ពីកិច្ចការរបស់អ្នកទាំងនោះប៉ុណ្ណោះ។ អ្នកទទួលអគ្គសញ្ញាជ្រមុជទឹកគ្រប់ៗរូប ត្រូវប្តេជ្ញាចិត្តនឹងជម្រាបជូនដំណឹងល្អបែបថ្មី។ ហេតុនេះហើយបានជាសេចក្តីដែលយើងជឿជាក់នេះ ត្រាស់ហៅគ្រីស្តបរិស័ទម្នាក់ៗកុំឲ្យលះបង់ ការប្តេជ្ញាចិត្តជម្រាបជូនដំណឹងល្អឡើយ។ ប្រសិនបើគ្រីស្តបរិស័ទមានបទពិសោធអំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដែលសង្គ្រោះខ្លួនយ៉ាងពិតប្រាកដនោះ គេមិនត្រូវការរៀបចំខ្លួនជាយូរទេ ដើម្បីចេញទៅ ប្រកាសព្រះហឫទ័យស្រឡាញ់នោះគេមិនអាចរង់ចាំថា បានទទួលមេរៀនឬការអប់រំយ៉ាងវែងទេ។ ប្រសិនបើគ្រីស្តបរិស័ទបានជួបព្រះហឫទ័យស្រឡាញ់ ដែលព្រះបិតាបានសម្តែងក្នុងអង្គព្រះយេស៊ូគ្រីស្តនោះ ម្នាក់ៗសុទ្ធតែត្រូវជាសាសនទូតគ្រប់គ្នា។ យើងមិននិយាយទៀតថាយើងជា “សាវ័ក” និង “សាសនទូត” ទេ តែយើងត្រូវ និយាយវិញជានិច្ចថាយើងជា “សាវ័ក-សាសនទូត”។ ប្រសិនបើយើងមិនទាន់ជឿសេចក្តីនេះ យ៉ាងជាក់ច្បាស់ យើងត្រូវមើលក្រុមសាវ័កដើមដំបូងសិន គឺនៅពេលអស់លោកបានទទួលស្គាល់ថា ព្រះយេស៊ូសម្លឹងមើលគេ គេចេញទៅប្រកាសទាំងមានអំណរភ្លាមថា “យើងបានរកឃើញព្រះគ្រីស្តហើយ” (យហ ១,១៤)។ នៅពេលអ្នកស្រីសាម៉ារីសន្ទនាជាមួយព្រះយេស៊ូចប់ហើយ នាងក្លាយទៅជាសាសនទូតភ្លាម ហើយណែនាំឲ្យជនជាតិសាម៉ារីជាច្រើននាក់ ផ្ញើជីវិតលើព្រះយេស៊ូ “ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់គេ” (យហ ៤,៣៩)។ តាំងពីគ្រីស្តទូតប៉ូលបានជួបព្រះយេស៊ូគ្រីស្ត “លោកចាប់ផ្ដើមប្រកាសភ្លាម” អំពីព្រះយេស៊ូ (កក ៩,២០)។ ចុះយើងវិញ? តើយើងចាំអ្វីខ្លះ? ពិតមែន! យើងត្រូវចម្រើនឡើងក្នុងមុខងារជាអ្នកជម្រាបជូនដំណឹងល្អ។ តើយើងយកចិត្តទុកដាក់ខិតខំទទួលការអប់រំយ៉ាងណា? តើយើងពង្រឹងសេចក្តីស្រឡាញ់របស់ ខ្លួនចំពោះព្រះយេស៊ូយ៉ាងណា ដើម្បីផ្តល់សក្ខីភាពអំពីដំណឹងល្អឲ្យច្បាស់ជាងមុន? យើងទាំងអស់គ្នាត្រូវសុខ ចិត្តឲ្យអ្នកដទៃនាំដំណឹងល្អមកយើងជានិច្ច។ សេចក្តីទាំងនេះ មិនមែនមានន័យថា យើងត្រូវឈប់បំពេញបេសកកម្មជម្រាបជូនដំណឹងល្អទេ តែយើងត្រូវរករបៀបចែកចាយអំពីព្រះយេស៊ូស្របតាមសភាពការណ៍យើង រស់នៅ។ ក្នុងគ្រប់ករណីព្រះអម្ចាស់ត្រាស់ហៅយើងឲ្យផ្តល់សក្ខីភាពយ៉ាងជាក់ច្បាស់ អំពីព្រះហឫទ័យស្រឡាញ់ របស់ព្រះអង្គដែលសង្គ្រោះមនុស្សលោក ទោះបីយើងមិនមែនជាមនុស្សល្អពេញលក្ខណៈក្តី ក៏ព្រះអង្គគង់នៅ ជាមួយយើងដែរ ទ្រង់ប្រទានព្រះបន្ទូលប្រទានឫទ្ធានុភាព ហើយប្រោសឲ្យជីវិតយើងមានអត្ថន័យ។ អ្នកត្រូវជ្រាបច្បាស់ក្នុងចិត្តថា បើគ្មានព្រះអង្គទេការរស់នៅរបស់អ្នកប្លែក។ ហេតុនេះហើយបានជាអ្នកត្រូវចែកចាយដល់អ្នកឯទៀតៗ នូវអ្វីដែលអ្នកបានរកឃើញអំពីអ្វីដែលជួយអ្នកក្នុងការរស់នៅ និងចែកចាយនូវអ្វីដែលផ្តល់ឲ្យអ្នកមានសេចក្តីសង្ឃឹម។ មិនត្រូវយកភាពទន់ខ្សោយរបស់ខ្លួនមកដោះសាថា អ្នកមិនអាចប្រកាសដំណឹងល្អបានទេ។ ផ្ទុយទៅវិញបេសកកម្មជម្រាបជូនដំណឹងល្អលើកស្ទួយយើងជានិច្ច កុំឲ្យចូលចិត្តរស់នៅតាមរបៀប ទន់ខ្សោយ តែឲ្យយើងចម្រើនធំធាត់ឡើងតទៅមុខជានិច្ច។ យើងជាគ្រីស្តបរិស័ទត្រូវតែផ្តល់សក្ខីភាព ដោយ ប្រកាសដូចគ្រីស្តទូតប៉ូលថា៖ “ខ្ញុំមិនបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅ មុខទៀត...ខ្ញុំរត់ទៅកាន់ទីដៅនៅឡើយ” (ភល ៣,១២-១៣)។
ការគោរពប្រណិប័តិន៍បែបប្រជាប្រិយ មានកម្លាំងជម្រាបជូនដំណឹងល្អ
១២១-ហេតុនេះហើយ បានជាយើងអាចយល់គិតថា ប្រជាជននានាដែលយកដំណឹងល្អមកជ្រួតជ្រាបក្នុងវប្បធម៌ របស់ខ្លួន ពិតជារួមគ្នាប្រកាសដំណឹងល្អយ៉ាងសកម្ម។ សេចក្តីនេះកើតជារូបរាងនៅពេលប្រជាជននីមួយៗបង្កើតវប្បធម៌ និងបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនដែរ។ វប្បធម៌មានកម្លាំងរស់រវើក ដែលប្រជាជនបង្កើតសាជាថ្មី ជានិច្ច គឺតំណមួយបញ្ជូនបន្តនូវឥរិយាបថរួមផ្សេងៗទៅតំណមួយទៀត។ ប្រជាជនតែងបង្កើតឥរិយាបថរួមទាំងនោះ ស្របតាមសភាពការណ៍នានាដែលគេជួបប្រទះ ដើម្បីប្រឈមមុខនឹងការពិបាកជានិច្ច។ មនុស្ស យើងជាកូននៃវប្បធម៌ផងនិងជាឪពុកវប្បធម៌របស់ខ្លួនផង។ នៅពេលប្រជាជនមួយបានយកដំណឹងល្អមកជ្រួត ជ្រាបក្នុងការបញ្ជូនបន្តវប្បធម៌របស់ខ្លួនគេ ក៏បញ្ជូនបន្តដំណឹងល្អដែរតាមរបៀបថ្មីជានិច្ច។ ហេតុនេះត្រូវយល់ ថា ការនាំដំណឹងល្អដល់ប្រជាជនមួយមានន័យថា នាំដំណឹងល្អនេះឲ្យចូលជ្រួតជ្រាបក្នុងវប្បធម៌របស់គេ។ សេចក្តីនេះសំខាន់ណាស់។ គ្រប់ចំណែកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ អនុវត្តតាមព្រះអំណោយទានរបស់ព្រះអង្គ គឺស្របតាមទេពកោសល្យរបស់គេក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ ធ្វើដូច្នេះគេផ្តល់សក្ខីភាពអំពីជំនឿ ដែលគេបានទទួល ហើយគេក៏រកឃើញរបៀបថ្មីមកសម្តែងជំនឿនេះ ដែលមានអត្ថន័យយ៉ាងច្បាស់សម្រាប់ គេ។ យើងអាចនិយាយថា “ប្រជាជននាំដំណឹងល្អដល់ខ្លួនឯងជានិច្ចឥតឈប់ឈរ”។ ហេតុនេះហើយបានជា ការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយ មានសារៈសំខាន់ណាស់ ព្រោះជារបៀបប្រជារាស្រ្តរបស់ព្រះជាម្ចាស់សម្តែងយ៉ាងពិតប្រាកដនូវសកម្មភាពរបស់ខ្លួន ជាសាសនទូតដោយរបស់ខ្លួនឯង។ ការគោរពប្រណិប័តន៍ តាមរបៀបប្រជាប្រិយ សម្តែងអំពីសកម្មភាពដ៏អចិន្ត្រៃយ៍នៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឲ្យប្រជាជននីមួយៗ អភិវឌ្ឍន៍ឡើងជានិច្ចគឺព្រះវិញ្ញាណនេះហើយប្រព្រឹត្តព្រះរាជកិច្ចមុនគេ។
១២៣-ក្នុងការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយ យើងអាចយល់អំពីរបៀបជំនឿ ដែលគេបានទទួលបានកើតជាសាច់ឈាមក្នុងវប្បធម៌មួយ ហើយដែលគេត្រូវតែបញ្ជូនបន្តតទៅទៀតផង។ អស់ជាច្រើនឆ្នាំកន្លងមក អ្នកណែនាំព្រះសហគមន៍មិនយកចិត្តទុកដាក់ និងការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយនោះទេ តែតាំង ពីមហាសន្និបាតវ៉ាទីកង់ទី ២ គេនាំគ្នាលើកតម្លៃនៃការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយនេះវិញ។ សម្តេច ប៉ាបប៉ូលទី ៦ បានសរសេរសារលិខិតមួយច្បាប់ក្រោមចំណងជើងថា៖ “ត្រូវប្រកាសដំណឹងល្អ”។ សារលិខិត នេះ ដាស់តឿនគ្រីស្តបរិស័ទឲ្យលើកតម្លៃនៃការគោរពប្រណិប័តន៍តាមប្រជាប្រិយនោះ។ លោកពន្យល់ថា ការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយបង្ហាញឲ្យដឹងថា៖ “មនុស្សតូចតាច និងអ្នកក្រីក្រប៉ុណ្ណោះទ េដែលស្រេកឃ្លានព្រះជាម្ចាស់តាមរបៀបនេះ”។ ការគោរពប្រណិប័តន៍តាមរបៀបប្រជាប្រិយ “អាចផ្តល់ឲ្យគេមានចិត្តសទ្ធាជ្រះថ្លា និងហ៊ានបូជាជីវិត នៅពេលគេត្រូវសម្តែងជំនឿរបស់គេ”។ ពេលសម្តេចប៉ាបបេណេឌីកតូធ្វើទស្សនកិច្ចនៅទ្វីបអាមេរិកខាងត្បូង លោកមានប្រសាសន៍អំពី៖“មរតកដ៏មានតម្លៃរបស់ព្រះសហគមន៍កាតូ លិក” ហើយ “ប្រជាជននានានៅទ្វីបអាមេរិកខាងត្បូងសម្ដែងចិត្តគំនិតរបស់ខ្លួន តាមរយៈការគោរពប្រណិប័តន៍ តាមប្រជាប្រិយនោះ”។
១២៤-ក្រុមអភិបាលព្រះសហគមន៍ទ្វីបអាមេរិកខាងត្បូងបានចែងឯកសារ ដែលរៀបរាប់អំពីព្រះវិញ្ញាណដ៏វិសុទ្ធ លាតត្រដាងសម្បត្តិវប្បធម៌យ៉ាងបរិបូរណ៍ តាមរយៈការគោរពប្រណិប័តន៍បែបប្រជាប្រិយ គឺព្រះអង្គបង្កើតអ្វីៗ ជាថ្មី ដោយគ្រីស្តបរិស័ទមិនបានគិតជាមុន។ ក្នុងទ្វីបដ៏ជាទីស្រឡាញ់របស់ខ្ញុំនោះ មានគ្រីស្តបរិស័ទមួយចំនួនធំបង្ហាញជំនឿរបស់គេ ដោយការគោរពប្រណិប័តន៍បែបប្រជាប្រិយ។ ក្រុមអភិបាលតែងហៅការគោរពប្រណិប័តន៍បែបប្រជាប្រិយថា “ជីវិតខាងព្រះវិញ្ញណបែបប្រជាប្រិយ” ឬ “ការរួបរួមជាមួយព្រះជាម្ចាស់បែបប្រជា ប្រិយ”។ ការគោរពប្រណិប័តន៍បែបប្រជាប្រិយពិតជាជីវិតខាងវិញ្ញាណ ដែលចាប់កំណើតក្នុងវប្បធម៌មនុស្សតូចតាច។ ការគោរពប្រណិប័តន៍បែបប្រជាប្រិយតែងសម្តែងជំនឿ តែសម្តែងជំនឿតាមរយៈនិមិត្តរូប ជាជាងតាមរយៈប្រាជ្ញាដែលបានរិះគិតអំពីជំនឿវិញ។ ក្នុងពេលគេប្រកាសជំនឿគេគូសសង្កត់លើ “ខ្ញុំផ្ញើជីវិតលើព្រះ ជាម្ចាស់” ជាជាង “ខ្ញុំជឿព្រះជាម្ចាស់។ ការគោរពប្រណិប័តន៍បែបប្រជាប្រិយ ជារបៀបត្រឹមត្រូវ គឺត្រូវឲ្យរស់នៅស្របតាមជំនឿជារបៀបម៉្យាងនាំឲ្យគេយល់ឃើញថា គេភ្ជាប់នឹងព្រះសហគមន៍ ហើយក៏ជារបៀបធ្វើជា សាសនទូតម៉្យាងដែរ”។ ព្រះជាម្ចាស់ប្រទានព្រះអំណោយទានទៅជាសាសនទូត ការគោរពប្រណិប័តន៍បែបប្រជាប្រិយចាត់គេឲ្យចេញពីខ្លួនគេ និងឲ្យគេទៅជាបូជនីយេសក៍ គឺថា “ការធ្វើដំណើររួមជាមួយគ្នាទៅរកទី សក្ការៈមួយ និងចូលរួមក្នុងពិធីឯទៀតៗតាមការគោរពប្រណិប័តន៍បែបប្រជាប្រិយ ទាំងនាំកូនចៅ និងអញ្ជើញអ្នកដទៃឲ្យចូលរួមផង ពិតជាកិច្ចការនាំដំណឹងល្អ”។ យើងមិនត្រូវឃាត់គេទេ សូមកុំអួតអាងថាខ្លួនអាចត្រួតត្រាកម្លាំងរបស់សាសនទូតនេះបាន។
១២៥-អ្នកដែលចង់យល់អំពីការគោរពប្រណិប័តន៍តាមប្រជាប្រិយ ត្រូវគិតគូរដល់គេដោយមានចិត្តគំនិតដូច គង្វាលដ៏ល្អ។ គង្វាលដ៏ល្អនេះមិនមានបំណងចង់វិនិច្ឆ័យគេទេ តែព្រះអង្គមានបំណងចង់ស្រឡាញ់គេវិញ។ ប្រសិនបើយើងរួមចិត្តគំនិតជាមួយគេដោយសេចក្តីស្រឡាញ់ ទើបយើងអាចវាយតម្លៃអំពីព្រះជន្មរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅក្នុងការគោរពប្រណិប័តន៍របស់ប្រជាជនគ្រីស្តបរិស័ទនានា ជាពិសេសរបស់អ្នកក្រីក្រ។ ខ្ញុំនឹកគិតអំពីជំនឿដ៏រឹងប៉ឹងរបស់ស្រ្តីនានាជាម្តាយដែលថ្នាក់ថ្នមកូនកំពុងមានជំងឺ គឺគេមិនចេះពោលឃ្លានៃធម៌ ប្រកាសជំនឿសោះ តែបែរជាសូត្រផ្គាំវិញ ទាំងផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់។ ខ្ញុំនឹកគិតដល់អស់អ្នកក្រីក្រដែលអុជទៀនក្នុងផ្ទះសូមអង្វរនាងម៉ារីជួយ។ ខ្ញុំនឹកដល់អស់អ្នកដែលសម្លឹងមើលព្រះគ្រីស្ដ ដែលភ្ជាប់លើឈើឆ្កាង ទាំងមានចិត្តអាណិតស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ អ្នកដែលស្រឡាញ់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់មិនអាចចាត់កិច្ចទាំងនោះទុកជាការស្វែងរកព្រះណាមួយ ជាវត្ថុស័ក្តិសិទិ្ធតាមធម្មជាតិទេ។ កិច្ចទាំងនោះសម្តែង ព្រះជន្មរបស់ព្រះជាម្ចាស់ក្នុងខ្លួនគេ ក្រោមការណែនាំនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះគ្រីស្តបានចាក់បង្ហូរក្នុងចិត្តយើង(រម៥,៥)។
១២៦-ការគោរពប្រណិប័តន៍តាមប្រជាប្រិយជាផលនៃដំណឹងល្អ ដែលបានជ្រួតជ្រាបចូលក្នុងវប្បធម៌របស់គេ ហេតុនេះការគោរពប្រណិប័តន៍តាមប្រជាប្រិយមានកម្លាំងយ៉ាងសកម្មដែលជម្រាបជូនដំណឹងល្អ។យើងមិនត្រូវមើលងាយកម្លាំងនេះ។ ប្រសិនបើយើងមើលងាយការគោរពប្រណិប័តន៍តាមប្រជាប្រិយនោះ យើងដូចជា មិនព្រមទទួលស្គាល់សកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ផ្ទុយទៅវិញយើងត្រូវលើកស្ទួយ និងពង្រឹងការគោរព ប្រណិប័តន៍តាមប្រជាប្រិយនេះ ដើម្បីឲ្យជំនឿជ្រួតជ្រាបចូលក្នុងវប្បធម៌របស់គេកាន់តែជ្រៅទៅៗ។ ការជ្រួតជ្រាបនោះមិនដែលចប់ទេ។ របៀបសម្តែងជំនឿតាមការគោរពប្រណិប័តន៍ តាមប្រជាប្រិយអាចបង្រៀនយើងជាច្រើន។ អ្នកដែលចេះពិនិត្យមើលគង់តែយល់ឃើញថា ពិតជារបៀបរិះគិតអំពីព្រះជាម្ចាស់។ យើងត្រូវចាប់អារម្មណ៍អំពីសេចក្តីនេះ ជាពិសេសនៅពេលយើងនឹកគិតដល់ការប្រកាសដំណឹងល្អតាមបែបថ្មី។
ការជម្រាបជូនដំណឹងល្អ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត
១២៧- សព្វថ្ងៃព្រះសហគមន៍មានបំណងចង់ប្រែចិត្តគំនិតយ៉ាងជ្រៅ ដើម្បីទៅជាសាសនទូត។ មានរបៀប ជម្រាបជូនដំណឹងល្អម៉្យាង ដែលជាភារកិច្ចប្រចាំថ្ងៃរបស់យើងទាំងគ្នា។ យើងម្នាក់ៗត្រូវនាំដំណឹងល្អដល់អស់អ្នកដែលយើងធ្លាប់ទាក់ទង ទាំងអ្នកដែលជិតសិ្នទ្ធជាងគេ ទាំងអ្នកដែលយើងមិនស្គាល់។ នេះជាការប្រកាសដំណឹងល្អ ដោយគ្មានរបៀបចាត់ចែងជាមុន។ យើងអាចប្រកាសដូច្នេះនៅពេលនិយាយជាមួយគ្នា ឬនៅពេល សាសនទូតម្នាក់ទៅលេងផ្ទះគេ។ សាវ័កមានបំណងចង់នាំព្រះហឫទ័យស្រឡាញ់របស់ព្រះយេស៊ូ ដល់អ្នកដទៃ នៅគ្រប់ទីកន្លែង ដោយមិនគ្រោងទុកជាមុនទេ គឺនៅតាមផ្លូវ នៅតាមទីផ្សារ នៅពេលធ្វើដំណើរ។ល។
១២៨- ពេលជម្រាបជូនដំណឹងល្អដល់គេត្រូវគោរព និងស្រឡាញ់គេជានិច្ច។ មុនដំបូងត្រូវនិយាយសន្ទនាជា មួយគេ គឺឲ្យគេនិយាយអំពីអំណរសប្បាយរបស់ខ្លួនសេចក្តីសង្ឃឹម និងកង្វល់របស់គេចំពោះអស់អ្នកដែលគេ ស្រឡាញ់។ គេនិយាយអំពីអ្វីៗជាច្រើន ដែលមានកប់ទុកក្នុងចិត្តគេ។ ក្រោយពីបានសន្ទនាបែបនេះ យើងអាច បរិយាយអំពីព្រះជាម្ចាស់ អំពីព្រះបន្ទូលដោយអានអត្ថបទគម្ពីរក្តី ឬដោយរៀបរាប់ក្តី។ តែត្រូវប្រាប់គេជានិច្ច អំពីដំណឹងល្អជាគ្រឹះ គឺព្រះជាម្ចាស់ដែលប្រសូតជាមនុស្សបានបូជាព្រះជន្មសម្រាប់យើង ព្រះអង្គមានព្រះជន្ម គង់នៅ ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះគេ គឺព្រះអង្គចង់រួបរួមជាមួយគេ និងស្រឡាញ់គេជានិច្ច។ យើងត្រូវ ចែកចាយដំណឹងនេះ ដោយចិត្តសុភាពរាបសាធ្វើជាសាក្សីដែលរៀនជានិច្ច និងដែលដឹងច្បាស់ថាដំណឹងនេះ មានតម្លៃប្រសើរ និងជ្រៅហួសពីកម្លាំងប្រាជ្ញាមនុស្សយើងជានិច្ច។ ជួនកាលយើងត្រូវនិយាយចំៗ ជួនកាលត្រូវ ប្រកាសដោយផ្តល់សក្ខីភាពអំពីខ្លួនផ្ទាល់ ទាំងរៀបរាប់រឿងនិទានមួយ ទាំងធ្វើកាយវិការមួយ ឬតាមរបៀប ដែលព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺឲ្យធ្វើនៅពេលនោះ។ ប្រសិនបើយើងអាចធ្វើបាន គួឲ្យការជួបជុំគ្នាដូចបងប្អូន និងជា សាសនទូតនេះ ចប់ដោយអធិដ្ឋានយ៉ាងខ្លី គឺអធិដ្ឋានដែលពាក់ព័ន្ធនឹងកង្វល់របស់អ្នកនោះ។ ដូច្នេះគេ អាចយល់ឃើញថា យើងបានស្តាប់គេហើយ យើងយល់ចិត្តគំនិតគេ យើងបានផ្ញើបញ្ហារបស់គេទៅព្រះជា ម្ចាស់។ គេមុខជា នឹងទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងពិតប្រាកដក្នុងការរស់នៅរបស់គេ។
១២៩-យើងមិនត្រូវយល់គិតថាត្រូវប្រកាសដំណឹងល្អ ដោយពោលរូបមន្តបញ្ជាក់យ៉ាងច្បាស់ម្តងជាស្រេចហើយទេ ឬដោយនិយាយពាក្យសម្តីជាក់ច្បាស់បញ្ចេញសេចក្តី ដែលមិនអាចប្រែប្រួលបាននោះដែរ។ ផ្ទុយទៅវិញត្រូវប្រកាសដំណឹងល្អតាមរបៀបប្លែកៗពីគ្នាជាច្រើន ដែលប្រជារាស្រ្តរបស់ព្រះជាម្ចាស់បង្កើតមករួមគ្នា គឺមានកាយវិការ និងសញ្ញាសម្គាល់ជាច្រើនអនេក។ យើងមិនអាចពណ៌នារបៀបទាំងនោះបានទេ។ ប្រសិនបើដំណឹង ល្អពិតជាទទួលសាច់ឈាមក្នុងវប្បធម៌មួយ យើងមិនអាចចែកចាយដំណឹងល្អនេះ ដោយគ្រាន់តែមនុស្សម្នាក់ ជម្រាបជូនដល់មនុស្សម្នាក់ទៀតប៉ុណ្ណោះទេ តែយើងត្រូវនឹកគិតថា ក្នុងប្រទេសទាំងប៉ុន្មានដែលមានគ្រីស្ត បរិស័ទចំនួនតិច យើងត្រូវលើកទឹកចិត្តអ្នកទទួលអគ្គសញ្ញាជ្រមុជទឹកម្នាក់ៗ ឲ្យជម្រាបជូនដំណឹងល្អ។ ព្រះ សហគមន៍ក្នុងភូមិភាគទាំងនោះ ក៏ត្រូវពង្រីករបៀបធ្វើឲ្យដំណឹងល្អមានសាច់ឈាមតាមវប្បធម៌ប្រទេសទាំងនោះ។ យ៉ាងហោចណាស់់ ត្រូវចាប់ផ្តើមយ៉ាងសកម្ម ធ្វើឲ្យដំណឹងល្អមានសាច់មានឈាមក្នុងវប្បធម៌ស្រុកនោះ។ យើងត្រូវមានគោលដៅនាំឲ្យដំណឹងល្អ និងវប្បធម៌ប្រទេសនោះ រួមគ្នាជាសំយោគថ្មី។ ហេតុនេះត្រូវ ប្រកាសដំណឹងល្អ ដោយប្រើរបៀបគិតស្របតាមវប្បធម៌ប្រទេសនោះ។ ធម្មតាដំណើរបែបនេះយឺតៗ ជួនកាល យើងខ្លាចខ្លាំងពេកបណ្តាល ឲ្យយើងដូចជាស្ពឹក។ ប្រសិនបើយើងបណ្តោយខ្លួនឲ្យមន្ទិលសង្ស័យគ្របសង្កត់ ចិត្តមោះមុតគ្រប់យ៉ាងរបស់យើង យើងមុខជាលែងបង្កើតអ្វីជាថ្មី និងបែរនៅតែស្ងៀមដោយមិនរិះគិតតទៅមុខទៀតទេ។ បើដូច្នេះយើងមិនចូលរួម សហការយ៉ាងសកម្មក្នុងដំណើរនៃប្រវត្តិសាស្រ្ត តែយើងគ្រាន់តែឈរមើល ព្រះសហគមន៍ ដែលស្ថិតនៅដដែលទាំងមិនបង្កើតផលសោះ។
ត្រូវប្រើព្រះអំណោយទានមកបម្រើព្រះសហគមន៍ដែលប្រកាសដំណឹងល្អ
១៣០-ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានព្រះអំណោយទានផ្សេងៗ ដល់ព្រះសហគមន៍ទាំងមូល ដែលប្រកាសដំណឹង ល្អ។ ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានព្រះអំណោយទានទាំងនោះ ដើម្បីប្រែព្រះសហគមន៍ឲ្យបានជាថ្មី និងឲ្យកសាងព្រះសហគមន៍ (ពន្លឺ ១២)។ ព្រះអំណោយទានទាំងនោះ ពុំមែនជាបេតិកភណ្ឌរបស់ក្រុមតូចមួយ ដែលរក្សាទុកទេ តែជាអំណោយរបស់ព្រះវិញ្ញាណវិញ ដែលត្រូវចូលរួមក្នុងព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត។ ព្រះគ្រីស្ត ជាស្នូលទាក់ទាញអំណោយទានទាំងនោះ ព្រះអង្គក៏ប្រទានកម្លាំងឲ្យចេញទៅប្រកាសដំណឹងល្អ។ យើងដឹងច្បាស់ថា ទេពកោសល្យមួយពិតជាទេពកោសល្យដ៏ពិតប្រាកដមែន លុះត្រាតែទេពកោសល្យ នោះជាប់ទាក់ទិន នឹងព្រះសហគមន៍ និងអាចចូលរួមក្នុងការរស់នៅនៃប្រជារាស្រ្តដ៏វិសុទ្ធ របស់ព្រះជាម្ចាស់យ៉ាង សុខដុមរមនាបាន ដើម្បីជាប្រយោជន៍របស់មនុស្សទាំងអស់។ ព្រះវិញ្ញាណតែងលើកស្ទួយសេចក្តីថ្មីឲ្យកើតក្នុងព្រះសហគមន៍។ មិនបាច់ឲ្យសេចក្តីថ្មីនោះ ជំទាស់នឹងមាគ៌ាផ្សេងៗដែលនាំឲ្យមនុស្សរស់នៅតាមវិញ្ញាណទេ ក៏មិនត្រូវជំទាស់នឹងព្រះអំណោយទានឯទៀតៗដែរ ដើម្បីបញ្ជាក់ថាមកពីព្រះវិញ្ញាណមែន។ ទេពកោសល្យបែរទៅរកស្នូលនៃដំណឹងល្អកាន់តែខ្លាំងយ៉ាងណា គេអនុវត្តតាមទេពកោសល្យនោះ ស្របតាមព្រះសហគមន៍កាន់តែខ្លាំងយ៉ាងនោះដែរ។ ទោះបីយើងពិបាកយ៉ាងណាក្តី ក៏ទេពកោសល្យសម្តែងថា ជាទេពកោសល្យដ៏ពិត ប្រាកដ និងបង្កើតផលជាច្រើនយ៉ាងអាថ៌កំបាំង ដោយទេពកោសល្យនាំឲ្យចូលរួបរួមក្នុងព្រះសហគមន៍។ ប្រសិនបើព្រះសហគមន៍ប្រឈមមុខនឹងការពិបាកនេះ ដោយជោគជ័យបានព្រះសហគមន៍ពិតជាអាចទៅជាគំរូអំពីសន្តិភាពក្នុងពិភពលោកបាន។
១៣១-ជួនកាលពិបាករស់នៅជាមួយមនុស្ស និងជាមួយសហគមន៍ដែលខុសប្លែកពីយើង តែព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឲ្យមានភាពខុសប្លែកពីគ្នានោះកើតមកដូច្នេះ ព្រះអង្គក៏អាចធ្វើឲ្យភាពខុសប្លែកនោះ អាចបង្កើត ផលល្អបាន គឺឲ្យទៅជាថាមពលសម្រាប់ប្រកាសដំណឹងល្អ ដែលទាក់ទាញចិត្តមនុស្សលោកបាន។ ត្រូវតែ សម្រុះសម្រួលភាពខុសប្លែកពីគ្នានោះ ដោយព្រះវិញ្ញាណដ៏វិសុទ្ធជួយឧបត្ថម្ភផង។ មានព្រះវិញ្ញាណតែមួយ ព្រះអង្គទេ ដែលអាចប្រោសឲ្យមានភាពខុសប្លែកពីគ្នាជាច្រើនបែបច្រើនយ៉ាង ហើយនៅពេលដដែលនោះ ព្រះ អង្គក៏អាចប្រោសឲ្យអ្នកខុសប្លែកពីគ្នានោះ រួបរួមគ្នាជាធ្លុងតែមួយដែរ។ ផ្ទុយទៅវិញប្រសិនបើយើងអួតអាងថា យើងខុសប្លែកពីគេនោះ ហើយឃុំឃាំងខ្លួនឲ្យរស់នៅតែឯកឯងដោយឡែកពីគេ ទាំងដាក់អ្នកដទៃឲ្យដាច់ពី យើងនៅពេលនោះយើងបំបាក់បំបែកមនុស្សវិញ។ ម៉្យាងទៀតប្រសិនបើយើងចង់កសាងការរួបរួមគ្នាជាធ្លុងតែ មួយតាមគម្រោងការរបស់មនុស្សយើង យើងមុខជាបង្ខំឲ្យមនុស្សបានដូចគ្នាបេះបិទទាំងអស់។ ការនេះមិន ជួយបេសកកម្មរបស់ព្រះសហគមន៍ទេ។
វប្បធម៌ ការរិះគិត និងការអប់រំ
១៣២-ប្រសិនបើយើងមានបំណងនាំដំណឹងល្អចូលជ្រួតជ្រាបក្នុងវប្បធម៌ មានន័យថា យើងត្រូវនាំដំណឹងល្អដល់វប្បធម៌ អាជីវកម្ម និងដល់វប្បធម៌វិទ្យាសាស្រ្ត ហើយដល់វប្បធម៌ឧត្តមសិក្សាកម្រិតខ្ពស់។ យើងនាំឲ្យជំនឿមានទំនាក់ទំនងជាមួយប្រាជ្ញារបស់មនុស្ស និងជាមួយមុខវិទ្យាសាស្រ្តនានា។ ធ្វើដូច្នេះយើងបង្កើតរបៀប និយាយថ្មីអំពីជំនឿ ដែលមនុស្សនាបច្ចុប្បនកាលអាចជឿបាន យើងក៏ជួយការពារលើកតម្កើងជំនឿតាមរបៀប ពិសេសដែរ ព្រមទាំងជួយបង្កើតបរិយាកាសនាំឲ្យមនុស្សទាំងអស់មានចិត្តចង់ស្តាប់ដំណឹងល្អ។ ប្រសិនបើអ្នក នាំដំណឹងល្អ សុខចិត្តទទួលរបៀបរិះគិតខ្លះៗរបស់មនុស្សលោក និងរបៀបរិះគិតខ្លះរបស់អ្នកវិទ្យាសាស្រ្តក្នុងការប្រកាស ដំណឹងល្អរបៀបរិះគិតទាំងនោះ ក្លាយទៅជាមធ្យោបាយជួយប្រកាសដំណឹងល្អវិញ។ កាលពីដើមព្រះយេស៊ូប្រែទឹកឲ្យក្លាយទៅជាស្រាដូច្នោះដែរ។ អ្វីៗដែលយើងទទួលនោះ មិនគ្រាន់តែរួចពីសេចក្តីអាក្រក់ ប៉ុណ្ណោះទេ តែក្លាយទៅជាមធ្យោបាយដែលព្រះវិញ្ញាណយកមកប្រើ ដើម្បីបំភ្លឺ និងប្រែមនុស្សលោកឲ្យបានជាថ្មី។
១៣៣-ប្រសិនបើអ្នកនាំដំណឹងល្អមានបំណងរួមកង្វល់របស់មនុស្សម្នាក់ៗមិនគ្រប់គ្រាន់ទេ គឺត្រូវនាំដំណឹងល្អឲ្យជ្រួតជ្រាបក្នុងវប្បធម៌ទាំងមូលថែមទៀត។ ទេវវិទ្យាមិនគ្រាន់តែទេវវិទ្យាណែនាំប៉ុណ្ណោះទេ ក៏ត្រូវមានទំនាក់ ទំនងជាមួយមុខវិទ្យាឯទៀតៗទាំងអស់ និងជាមួយបទពិសោធន៍របស់មនុស្សដែរ។ ទេវវិទ្យាមានសារសំខាន់ ណាស់សម្រាប់រិះគិតអំពីរបៀបនាំដំណឹងល្អដល់វប្បធម៌ផ្សេងៗ និងដល់អ្នកទទួលដំណឹងល្អនោះ។ ព្រះសហ គមន៍ដែលប្តេជ្ញាចិត្តនាំដំណឹងល្អក៏យល់ស្រប និងលើកទឹកចិត្តទេវវិទូដែលទទួលព្រះអំណោយទាន រិះគិតអំពី ជំនឿ។ព្រះសហគមន៍ក៏លើកទឹកចិត្តទេវវិទូ ដែលខិតខំប្រឹងប្រែងស្វែងរកតាមផ្លូវទេវវិទ្យា ចង់សន្ទនាជាមួយអ្នក ចូលចិត្តវប្បធម៌ និងជាមួយអ្នកស្វែងរកតាមវិទ្យាសាស្រ្ត។ ខ្ញុំសូមអំពាវនាវដល់ទេវវិទូទាំងប៉ុន្មាន សូមបំពេញមុខ ងារបម្រើរបស់ខ្លួននេះ ទុកជាចំណែកមួយនៃបេសកកម្មរបស់ព្រះសហគមន៍ ដែលនាំការសង្គ្រោះដល់មនុស្ស លោក។ អស់លោកអ្នកត្រូវយកចិត្តទុកដាក់នឹងគោលដៅនៃព្រះសហគមន៍ នឹងគោលដៅនៃទេវវិទ្យាផ្ទាល់ផង គឺនាំដំណឹងល្អដល់មនុស្សលោក។ សូមអស់លោកអ្នកកុំស្កប់ចិត្តនឹងទេវវិទ្យាដែលគេរិះគិតតែក្នុងការិយាល័យប៉ុណ្ណោះទេ។
១៣៤-សកលវិទ្យាល័យទាំងប៉ុន្មាន ជាកន្លែងពិសេសដើម្បីរិះគិតនិងពង្រឹងការប្តេជ្ញាចិត្តនាំដំណឹងល្អ បែបអន្តរ មុខវិទ្យាផងនិងរួបរួមគ្នា។ សាលារៀនកាតូលិកដែលមានបំណងភ្ជាប់កិច្ចការអប់រំ និងការប្រកាសដំណឹងល្អយ៉ាងច្បាស់លាស់ ពិតជាជួយឲ្យដំណឹងល្អជ្រួតជ្រាបក្នុងវប្បធម៌។ សូម្បីតែក្នុងប្រទេស និងក្នុងទីក្រុងដែលគេ មិនពេញចិត្តនឹងដំណឹងល្អ យើងត្រូវមានចិត្តក្លាហានខិតខំបង្កើតអ្វីៗជាថ្មី និងស្វែងរកផ្លូវសមស្របតាមសភាព ការណ៍។
២) ពិធីអត្ថាធិប្បាយគម្ពីរ (ធម្មទេសនា)
១៣៥-ឥឡូវនេះ សូមរិះគិតអំពីពិធីអត្ថាធិប្បាយគម្ពីរ ក្នុងបណ្តាពីធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។ អស់លោកគង្វាលត្រូវវាយតម្លៃជាចាំបាច់អំពីពិធីអត្ថាធិប្បាយគម្ពីរនោះ។ ខ្ញុំសូមរិះគិតដោយឡែក និងដោយយកចិត្តទុកដាក់យ៉ាងពិសេសអំពីពិធីអត្ថាធិប្បាយគម្ពីរនោះ និងអំពីការរៀបចំពិធីនោះដែរ ព្រោះមានគ្រីស្តបរិស័ទជាច្រើននាំគ្នាតវ៉ាអំពីមុខងារបម្រើដ៏ប្រសើរនេះ។ យើងមិនអាចធ្វើដូចជាមិនដឹងមិនឮទេ។ ពិធីអត្ថាធិប្បាយគម្ពីរពិតជាការមួយដែលជួយវាយតម្លៃអំពីសមត្ថភាពរបស់លោកគង្វាល ក្នុងការទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រជាជន របស់លោក។ យើងដឹងថាគ្រីស្តបរិស័ទចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិធីអត្ថាធិប្បាយគម្ពីរ។ គ្រីស្តបរិស័ទខ្លះ ធុញទ្រាន់ស្តាប់អស់លោកគង្វាលទេសនា ហើយជួនកាលអស់លោកក្នុងឋានៈជាអ្នកទទួលអគ្គសញ្ញាតែងតាំង ក៏ធុញទ្រាន់នឹងសម្តែងធម្មទេសនានោះដែរ។ គួរឲ្យស្តាយដោយមានសភាពការណ៍បែបនេះ។ ពិធីអត្ថាធិប្បាយ គម្ពីរ ឬធម្មទេសនាអាចក្លាយទៅជាបទពិសោធដ៏សប្បាយរីករាយ និងដ៏ខ្លាំងក្លាអំពីព្រះវិញ្ញាណ និងអាចទៅជា ឱកាសឲ្យយើងជួបព្រះបន្ទូល ដែលលើកទឹកចិត្តយើង។ ព្រះបន្ទូលពិតជាប្រភពដែលមិនចេះរីងស្ងួត នាំឲ្យយើងប្រែជាថ្មីជានិច្ច និងឲ្យចម្រើនឡើងបាន។
១៣៦-សូមសម្តែងសេចក្តីទុកចិត្តទៅលើពិធីអត្ថាធិប្បាយគម្ពីរឡើងវិញ ដោយជឿជាក់ថា ព្រះជាម្ចាស់នេះហើយ ដែលសព្វព្រះហឫទ័យចង់ទាក់ទងជាមួយអ្នកដទៃ តាមរយៈអ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរនោះ គឺព្រះអង្គសម្តែងឫទ្ធានុភាពរបស់ព្រះអង្គតាមរយៈពាក្យសម្តីរបស់មនុស្ស។ គ្រីស្តទូតប៉ូលគូសសង្កត់យ៉ាងខ្លាំងថា ត្រូវធ្វើពិធី អត្ថាធិប្បាយគម្ពីរ ព្រោះព្រះអម្ចាស់សព្វព្រះហឫទ័យទាក់ទងជាមួយអ្នកដទៃ តាមរយៈពាក្យសម្តីរបស់យើង (រម ១០,១៤-១៧)។ ព្រះអម្ចាស់នៃយើងបានធ្វើឲ្យមនុស្សភ្ជង់ចិត្តនឹងព្រះអង្គ គេមកស្តាប់ព្រះអង្គពីគ្រប់កន្លែង (មក១,១៥)។ គេស្ងើចសរសើរ គេជក់ចិត្តនឹងសេចក្តីដែលព្រះអង្គបង្រៀននោះ (មក ៦,២)។ គេយល់ឃើញថា ព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច (មក១,២៧)។ ព្រះអង្គមានព្រះបន្ទូលតែងតាំងក្រុមគ្រីស្តទូត “ដើម្បីឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ” (មក ៣,១៤)។ អស់លោកក៏ទាក់ ទាញប្រជាជននានាឲ្យចូលក្នុងព្រះសហគមន៍ (មក ១៦,១៥.២០)។
ពិធីអត្ថាធិប្បាយគម្ពីរក្នុងការគោរប្រណិប័តន៍ព្រះជាម្ចាស់
១៣៧-ឥឡូវនេះ ខ្ញុំសូមនឹករំឭកថា៖ “ពិធីប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងពិធីគោរពប្រណិប័តន៍ព្រះ អង្គ ជាពិសេសក្នុងអភិបូជាមិនគ្រាន់តែជាពេលនឹកសញ្ជឹងគិត និងជាការអប់រំជំនឿប៉ុណ្ណោះទេ តែនៅពេល នោះ ព្រះជាម្ចាស់មានព្រះបន្ទូលសន្ទនាជាមួយប្រជារាស្រ្តរបស់ព្រះអង្គ មានប្រកាសស្នាព្រះហស្តដ៏អស្ចារ្យនៃការសង្គ្រោះ និងមានបង្ហាញអំពីសេចក្តីដែលត្រូវអនុវត្តតាមជាចាំបាច់ ដើម្បីគោរពតាមសម្ពន្ធមេត្រី”។ ពិធី អត្ថាធិប្បាយគម្ពីរ មានតម្លៃពិសេសមកពីបរិបទនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់ គឺមានតម្លៃលើសពីការ អប់រំជំនឿទាំងប៉ុន្មាន ព្រោះពិធីអត្ថាធិប្បាយគម្ពីរនេះព្រះជាម្ចាស់ នឹងប្រជារាស្រ្តរបស់ព្រះអង្គសន្ទនាគ្នាយ៉ាង ខ្ពង់ខ្ពស់ជាងគេ មុននឹងរួបរួមគ្នាក្នុងអគ្គសញ្ញាអរព្រះគុណ។ ព្រះអម្ចាស់ចាប់ផ្តើមមានព្រះបន្ទូលសន្ទនាជាមួយប្រជារាស្រ្ត របស់ព្រះអង្គរួចហើយ តែពិធីអត្ថាធិប្បាយគម្ពីរចាប់ផ្តើមការសន្ទនានេះឡើងវិញ។ លោកគង្វាល ដែលសម្តែងធម្មទេសនា ត្រូវពិចារណាមើលឲ្យស្គាល់ចិត្តគំនិតសហគមន៍របស់លោក ដើម្បីឲ្យដឹងថា តើគេស្រេកឃ្លាននឹងព្រះជាម្ចាស់ក្នុងការរស់នៅរបស់គេត្រង់ណា? លោកក៏ត្រូវស្វែងរកពិចារណាថា តើអ្វីបណ្តាល ឲ្យការសន្ទនារបស់ព្រះជាម្ចាស់ និងប្រជាជនដែលចាប់ផ្តើមដូចគូស្នេហ៍សន្ទនាគ្នាត្រូវចប់ ឬមិនបានបង្កើតផល។
១៣៨-ពិធីអត្ថាធិប្បាយគម្ពីរ ឬធម្មទេសនាមិនមែនជាល្ខោនលំហែកាយទេ ក៏មិនមែនយកលំនាំតាមតក្កវិទ្យានៃមធ្យោបាយទូរគមនាគមន៍ដែរ តែពិធីអត្ថាធិប្បាយគម្ពីរមានគោលដៅដាស់តឿនឲ្យគ្រីស្តបរិស័ទមានចិត្ត កក់ក្តៅ ហើយយល់អត្ថន័យពិធីទៀតផង។ ពិធីអត្ថាធិប្បាយគម្ពីរមានរចនាបថពិសេស ព្រោះធម្មទេសនានេះ ចូល ក្នុងបរិបទនៃពិធីគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ហេតុនេះហើយបានជា ពិធីអត្ថាធិប្បាយគម្ពីរត្រូវខ្លីមិនមែនដូចសន្និសីទសម្រាប់ពន្យល់ប្រធានបទមួយ ឬដូចជានិក្ខេបបទបង្រៀនគេទេ។ អ្នកសម្តែងធម្មទេសនាខ្លះ អាចធ្វើឲ្យអ្នកស្តាប់ជក់ចិត្តមួយម៉ោងបាន តែបើដូច្នេះ ពាក្យសម្តីរបស់លោកមានសារៈសំខាន់ជាងការលើក តម្កើងជំនឿ។ ប្រសិនបើពិធីអត្ថាធិប្បាយគម្ពីរវែងពេក វាបង្ខូចលក្ខណៈពីរយ៉ាងនៃពិធីគោរពប្រណិប័តន៍ គឺម៉្យាង ផ្នែកទាំងពីរនៃអភិបូជាមិនភ្ជាប់គ្នាយ៉ាងស្រួលទេ ហើយម៉្យាងទៀតបង្ខូចង្វាក់នៃអភិបូជានោះ។ ប្រសិនបើមាន សម្តែងធម្មទេសនានៅក្នុងពិធីគោរពប្រណិប័តន៍មួយ ធម្មទេសនាត្រូវចូលរួមក្នុងពិធីនោះ ទុកជាផ្នែកមួយក្នុង ពិធីថ្វាយតង្វាយចំពោះព្រះបិតា និងទុកជាស្ពាននាំព្រះហឫទ័យប្រណីសន្តោស ដែលព្រះគ្រីស្រ្តចាក់បង្ហូរក្នុង ពិធីនោះដែរ។ បរិបទនៃអភិបូជាទាមទារឲ្យធម្មទេសនាតម្រង់ទាំងអង្គប្រជុំ ទាំងលោក ដែលសម្តែងធម្មទេសនាឲ្យរួបរួមជាមួយព្រះគ្រីស្តក្នុងអគ្គសញ្ញាអរព្រះគុណ ដែលប្រែការរស់នៅរបស់គ្រីស្តបរិស័ទ។ ហេតុនេះហើយ បានជាអ្នកសម្តែងធម្មទេសនា មិនត្រូវនិយាយវែងពេកសូមឲ្យព្រះអម្ចាស់ចាំងពន្លឺឡើង ទើបព្រះអង្គប្រសើរ ជាងអ្នកដែលអ្នកបម្រើព្រះបន្ទូល។
ការសន្ទនារបស់អ្នកម្តាយ
១៣៩-នៅខាងលើយើងបាននិយាយថា ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទទួលដំណឹងល្អរហូត ដោយខ្លួនឯងផ្ទាល់ ផង និងដោយព្រះវិញ្ញាណដ៏វិសុទ្ធមានសកម្មភាពជានិច្ចផង។ ប្រសិនបើអ្នកសម្តែងធម្មទេសនាជឿជាក់ដូច្នេះ តើគាត់ត្រូវធ្វើយ៉ាងណា? ជំនឿនេះរំឭកយើងឲ្យដឹងថាព្រះសហគមន៍ជាមាតា ហើយសម្តែមធម្មទេសនាដូច ម្តាយធ្លាប់និយាយមករកកូនដូច្នេះដែរ គឺម្តាយដឹងថា កូនទុកចិត្តលើគាត់វាជឿថាអ្វីៗទាំងអស់ ដែលម្តាយបង្រៀន សុទ្ធតែមានប្រយោជន៍សម្រាប់ខ្លួន ដ្បិតកូនដឹងច្បាស់ថា ម្តាយស្រឡាញ់វា។ ម៉្យាងទៀតម្តាយធ្លាប់ទទួលស្គាល់នូវអ្វីៗដែលព្រះជាម្ចាស់បានសាបព្រោះក្នុងកូន ម្តាយក៏ចេះស្តាប់អ្វីៗដែលធ្វើឲ្យកូនបារម្ភ ហើយក៏រៀនពីកូន ទៀត។ សេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ ណែនាំទាំងម្តាយទាំងកូនក្នុងការសន្ទនាគ្នា គឺអ្នកទាំងពីរបង្រៀន និងរៀនពីគ្នាទៅវិញទៅមក គេកែប្រែខ្លួន និងយកចិត្តទុកដាក់នឹងសេចក្តីដ៏ល្អ។ ក្នុងពិធីធម្មទេសនាក៏ដូច្នេះដែរ។ ព្រះវិញ្ញាណ បានបំភ្លឺចិត្តគំនិតអ្នកនិពន្ធគម្ពីរ ហើយមានសកម្មភាពក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ រីឯក្នុង ធម្មទេសនាវិញក៏ដូច្នោះដែរ គឺព្រះអង្គបំភ្លឺចិត្តគំនិតអ្នកសម្តែង ឲ្យដឹងអំពីរបៀបគាត់ត្រូវស្តាប់ជំនឿរបស់ប្រជា ជន និងរបៀបត្រូវអត្ថាធិប្បាយគម្ពីរក្នុងអភិបូជាម្តងៗ។ ហេតុនេះហើយបានជា លោកដែលសម្តែងធម្មទេសនា តាមគ្រីស្តសាសនាត្រូវរកប្រភពទឹករស់នៅក្នុងវប្បធម៌ប្រជាជន ដើម្បីឲ្យដឹងសេចក្តីដែលលោកត្រូវនិយាយ និង រកឃើញរបៀបនិយាយសេចក្តីនោះ ឲ្យបានស្របតាមវប្បធម៌របស់គេ។ តាមធម្មតាមនុស្សយើងចូលចិត្តឲ្យអ្នក ដទៃនិយាយមករកយើងតាមភាសារបស់យើង។ អំពីជំនឿរបស់យើងក៏ដូច្នេះដែរ យើងចូលចិត្តឲ្យគេនិយាយ មករកយើងតាមពាក្យនៃវប្បធម៌របស់យើង គឺដូចយើងបានស្តាប់ម្តាយតាំងពីតូចយ៉ាងនោះដែរ (២មរ ២១, ២៧)។ ប្រសិនបើដូច្នេះមែនគេចូលចិត្តស្តាប់។ ភាសារបស់ខ្លួនផ្តល់សេចក្តីក្លាហានផ្តល់ខ្យល់ដង្ហើម និងផ្តល់ កម្លាំង ហើយជំរុញយើងឲ្យស្ទុះឡើង។
១៤០-ត្រូវជួយលើកស្ទួយ និងថែរក្សាបរិបទជាក្រុមគ្រួសារ និងជាព្រះសហគមន៍ដែលជាមាតា ព្រោះព្រះអម្ចាស់ មានព្រះបន្ទូលសន្ទនាជាមួយប្រជារាស្រ្តរបស់ព្រះអង្គ តាមបរិបទនោះ។ ហេតុនេះហើយបានជាលោកដែល សម្តែងធម្មទេសនាត្រូវរស់នៅយ៉ាងជិតស្និទ្ធជាមួយអ្នកស្តាប់ ត្រូវមានសំឡេងកក់ក្តៅ ត្រូវប្រើរចនាបថទន់ភ្លន់ហើយត្រូវធ្វើកាយវិការប្រកបដោយអំណរ។ ទោះបីពិធីអត្ថាធិប្បាយគម្ពីរនាំឲ្យគេធុញទ្រាន់ខ្លះ ប្រសិនបើអ្នក ស្តាប់យល់ឃើញថា មានបរិបទកក់ក្តៅដូចម្តាយដែលជាព្រះសហគមន៍និយាយមករកកូន ធម្មទេសនានោះ មុខជាបង្កើតផលពុំខានដូចពាក្យទូន្មានដ៏ធុញទ្រាន់របស់ម្តាយមកកូន តែងតែបង្កើតផលក្នុងចិត្តកូន នៅពេល កូនធំឡើងពុំខាន។
២៤១-យើងនៅតែស្ងើចសរសើរអំពីព្រះអម្ចាស់ ដែលប្រើមធ្យោបាយដ៏អស្ចារ្យមកសន្ទនាជាមួយប្រជារាស្រ្តរបស់ ព្រះអង្គ ដើម្បីសម្តែងគម្រោងការរបស់ព្រះអង្គឲ្យមនុស្សទាំងអស់ស្គាល់។ ព្រះអង្គធ្វើឲ្យអ្នកតូចតាចស្ដាប់ជក់ ត្រចៀក នូវសេចក្តីបង្រៀនដ៏ខ្ពង់ខ្ពស់និងពិបាកអនុវត្តផង។ ខ្ញុំជឿថាគេជក់ចិត្តស្តាប់ព្រះយេស៊ូមកពីព្រះអង្គ ទតមើលប្រជាជនដោយចិត្តស្រឡាញ់ ទោះបីគេទន់ខ្សោយនិងប្រព្រឹត្តអំពើបាបក្តី៖ “ក្រុមដ៏តូចរបស់ខ្ញុំអើយ! កុំខ្លាចអី ព្រះបិតារបស់អ្នករាល់គ្នា សព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ” (លក ១២, ៣២)។ ព្រះយេស៊ូសម្តែងធម្មទេសនាដោយមានគំនិតនេះឯង។ ព្រះអង្គពោរពេញដោយអំណរ មកពីព្រះ វិញ្ញាណលើកតម្កើងព្រះបិតា ដែលទាក់ទាញចិត្តអ្នកតូចតាចថា៖ “បពិត្រព្រះបិតាជាអម្ចាស់នៃមេឃ និងផែនដី ខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានលាក់ការទាំងនេះមិនឲ្យអ្នកប្រាជ្ញនិងអ្នកចេះដឹងយល់ទេ តែព្រះ អង្គបានសម្តែងឲ្យមនុស្សតូចតាចយល់វិញ” (លក ១០,២១)។ ព្រះអម្ចាស់សព្វព្រះហឫទ័យនិយាយសន្ទនា ជាមួយប្រជារាស្រ្តរបស់ព្រះអង្គមែន។ អ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរ ក៏ត្រូវនាំឲ្យអ្នកស្តាប់ដឹងអំពីអំណររបស់ព្រះអម្ចាស់នេះ។
ពាក្យសម្តីដែលធ្វើឲ្យអ្នកស្តាប់មានចិត្តបានកក់ក្តៅ
១៤២- ការសន្ទនាសំខាន់ជាងការបង្រៀនសេចក្តីពិតណាមួយ គឺការសន្ទនាកើតជារូបរាងដោយគេចូលចិត្ត និយាយ និងដោយអ្នកស្រឡាញ់គ្នាផ្តល់អ្វីៗដ៏ល្អឲ្យគ្នាទៅវិញទៅមក តាមរយៈពាក្យសម្តី។ អ្វីៗដ៏ល្អនេះមិន មែនជាវត្ថុទេ តែជាបុគ្គលផ្ទាល់ដែលប្រគល់ខ្លួនតាមរយៈការសន្ទនាតែម្តង។ ប្រសិនបើអ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរនិយាយតែអំពីសីលធម៌ ឬគ្រាន់តែបង្រៀនគេ ឬគ្រាន់តែបកស្រាយអត្ថន័យគម្ពីរប៉ុណ្ណោះ មុខជាធម្មទេសនានោះបណ្តាលឲ្យទំនាក់ទំនងពីចិត្តអ្នកនិយាយ និងចិត្តម្នាក់ទៀតស្តាប់មិនសូវកក់ក្តៅទេ។ ទំនាក់ទំនង ក្នុងពិធីអត្ថាធិប្បាយគម្ពីរ មានលក្ខណៈប្រហែលនឹងអគ្គសញ្ញា៖ “ជំនឿកើតមកពីសេចក្ដីដែលយើងបានស្តាប់ រីឯសេចក្ដីដែលយើងបានស្តាប់នោះ កើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ត” (រម ១០,១៧)។ ក្នុងធម្មទេសនា សេចក្តីពិតជាប់ជាមួយសោភ័ណភាព និងជាមួយអំពើល្អ។ អ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរ មិនត្រូវនិយាយតែអំពីសេចក្តីពិតដ៏អរូបីប៉ុណ្ណោះទេ តែត្រូវយកតម្រាប់តាមព្រះអម្ចាស់យេស៊ូ ដែលតែងតែមានព្រះបន្ទូលដោយប្រើនិមិត្តរូបយ៉ាងល្អមកនិយាយ ដើម្បីលើកស្ទួយអ្នកស្តាប់ឲ្យប្រព្រឹត្តអំពើល្អ។ ប្រជាជនគ្រីស្តបរិស័ទ ត្រូវនឹកចាំ ទាំងស្ងើចសរសើរ នូវស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដូចនាងម៉ារីដែរ។ នាងម៉ារីបើកចិត្តគំនិតចំហ ទទួលសេចក្តីសង្ឃឹមថា និងអាចអនុវត្តតាមសេចក្តីស្រឡាញ់ដែលទេវទូតជូនដំណឹងនោះ។ នាងយល់ឃើញ ថា គ្រប់ព្រះបន្ទូលក្នុងគម្ពីរសុទ្ធតែជាព្រះអំណោយទាន មិនគ្រាន់តែជាវិន័យដែលត្រូវប្រតិបត្តិតាមប៉ុណ្ណោះទេ។
១៤៣-អ្នកធ្វើពិធីអត្ថាធិប្បាយគម្ពីរស្របតាមវប្បធម៌ប្រឈមមុខនឹងការពិបាក គឺត្រូវបញ្ជូនបន្តសំយោគនៃដំណឹង ល្អមិនត្រូវបញ្ជូនបន្តយោបល់ ឬសេចក្តីដែលមិនភ្ជាប់គ្នាទេ។ សំយោគរបស់អ្នកស្ថិតនៅកន្លែងណាចិត្តគំនិត របស់អ្នកក៏ស្ថិតនៅកន្លែងនោះដែរ។ អ្នកដែលខិតខំបំភ្លឺសំយោគរបស់ខ្លួន ប្លែកពីអ្នកដែលចាំងពន្លឺលើយោបល់ ផ្សេងៗ ដែលមិនភ្ជាប់គ្នាក៏ដូចការធុញទ្រាន់ប្លែកពីចិត្តកក់ក្តៅ។ លោកដែលសម្តែងធម្មទេសនាមានបេសកកម្ម ដ៏ល្អប្រសើរផងនិងពិបាកផង គឺត្រូវបង្រួមចិត្តគំនិតរបស់អ្នកដែលស្រឡាញ់គ្នា។ គឺថាលោកបង្រួមព្រះហឫ ទ័យស្រឡាញ់របស់ព្រះអម្ចាស់ឲ្យភ្ជាប់រួម និងចិត្តរបស់ប្រជារាស្រ្ត។ ការសន្ទនារវាងព្រះជាម្ចាស់និងប្រជារាស្រ្ត ពង្រឹងសម្ពន្ធមេត្រីជាមួយគ្នា ហើយក៏រឹតចំណងនៃសេចក្តីស្រឡាញ់គ្នាដែរ។ ក្នុងធម្មទេសនាចិត្តរបស់អស់អ្នកជឿនៅស្ងៀម គេបណ្តោយឲ្យព្រះអម្ចាស់មានព្រះបន្ទូលមកគេ។ ធម្មតាព្រះអង្គ និងប្រជារាស្រ្តតែងសន្ទនាជាមួយគ្នាតាមរបៀបជាច្រើនអនេក ដោយគ្មាននរណាធ្វើជាស្ពានមេត្រី។ ប៉ុន្តែក្នុងធម្មទេសនាគេចង់ឲ្យមានម្នាក់ជួយបញ្ចេញមនោសញ្ចេតនារបស់ពួកគេ។ ក្រោយមកម្នាក់ៗ អាចជ្រើសរើសរបៀបបន្តការសន្ទនាតទៅទៀត។ ពាក្យសម្តីជាស្ពានមេត្រី ហើយទាមទារឲ្យមិនគ្រាន់តែមានពីរនាក់សន្ទនាប៉ុណ្ណោះទេ តែត្រូវការឲ្យមានអ្នកសម្តែង ធម្មទេសនា ដែលជូនព្រះបន្ទូលទុកជាពាក្សរបស់អ្នកសន្ទនាសាជាថ្មី ដោយជឿជាក់ថា “យើងមិនប្រកាសអំពី ខ្លួនយើងទេ តែយើងប្រកាសអំពីព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់។ យើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះ យេស៊ូនេះហើយ”។ (២ករ ៤,៥)
១៤៤-អ្នកនិយាយពាក្យដែលចេញពីជម្រៅចិត្តត្រូវរក្សាចិត្តកក់ក្តៅនេះជានិច្ច ហើយគេក៏ត្រូវភ្ជាប់នឹងសេចក្តីទាំង ប៉ុន្មាន ដែលព្រះជាម្ចាស់បានសម្តែងមកបំភ្លឺចិត្តគំនិតគេដែរ។ គេក៏ត្រូវភ្ជាប់ចិត្តនឹងដំណើររបស់ព្រះបន្ទូលនោះក្នុងព្រះសហគមន៍ និងក្នុងចំណោមប្រជាជនគ្រីស្តបរិស័ទតាមដំណើរនៃប្រវត្តិសាស្រ្តដែរ។ លក្ខណៈជា គ្រីស្តបរិស័ទមានដូចតទៅ៖ “គឺព្រះបិតាបានឱបយើង នៅពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹក។ លក្ខណៈនេះ ជំរុញឲ្យយើងសង្វាតចង់ឲ្យព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្តាករុណាឱបយើងម្តងទៀត ដូចកូន ពៅដែលវង្វេងបាត់ត្រូវឪពុកឱបនោះ។ ព្រះបិតារង់ចាំឱបយើងក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ អ្នកសម្តែងធម្ម ទេសនាមានភារកិច្ចដ៏ពិបាក តែជាភារកិច្ចដ៏ល្អប្រសើរដែរ គឺនាំឲ្យប្រជាជនរបស់យើងយល់ឃើញថា គេដូច នៅចន្លោះនៃពេលព្រះអង្គឱបគេទាំងពីរដងនោះ”។
៣) ការរៀបចំធម្មទេសនា
១៤៥-ការរៀបចំធម្មទេសនាជាភារកិច្ចមួយដ៏សំខាន់ ហេតុនេះហើយបានជាត្រូវប្រើពេលវេលាយ៉ាងយូរ ដើម្បីសិក្សា អធិដ្ឋាន ស្មឹងស្មាធិ៍ រិះគិត និងបង្កើតតំនិតថ្មីតាមការណែនាំ។ ខ្ញុំសូមជូនយោបល់ដោយចិត្តស្រឡាញ់ យ៉ាងខ្លាំងសូមជួយបង្ហាញមាគ៌ាមួយ ដើម្បីរៀបចំធម្មទេសនានោះ។ ប្រហែលលោកខ្លះយល់ឃើញថា មិនបាច់ រៀបរាប់យោបល់ទាំងនោះទេ ព្រោះគេដឹងគ្រប់គ្នាស្រាប់ហើយ។ ប៉ុន្តែខ្ញុំយល់ឃើញថា គួរតែរំឭកថា ត្រូវប្រើ ពេលវេលា ដែលត្រូវការសម្រាប់ពន្យល់អំពីមុខងារបម្រើដ៏ប្រសើរនេះ។ លោកខ្លះដែលទទួលខុសត្រូវលើសហ គមន៍គ្រីស្តបរិស័ទតែងតែនិយាយថា គេប្រើពេលវេលាយូរមិនកើតទេ ព្រោះអស់លោកមានកិច្ចការជាច្រើនណាស់ដែលត្រូវបំពេញ។ ប៉ុន្តែខ្ញុំហ៊ានសុំឲ្យលោកម្នាក់ៗ និងរួមគ្នាជាក្រុមប្រើពេលវេលាយ៉ាងយូរគ្រាន់សម្រាប់ មុខងាដ៏ប្រសើរនៃការសម្តែងធម្មទេសនានេះ។ ទោះបីកិច្ចការផ្សេងឯទៀតមានសារៈសំខាន់ក្តី ក៏ត្រូវប្រីពេល វេលាតិចជាងពេលរៀបចំធម្មទេសនាដែរ។ យើងត្រូវទុកចិត្តលើព្រះវិញ្ញាណ ដែលមានសកម្មភាពក្នុងធម្ម ទេសនាដោយបណ្តោយឲ្យព្រះអង្គបំពេញអ្វីទាំងអស់ទេ តែត្រូវខិតខំបំពេញកិច្ចការយ៉ាងសកម្ម និងបង្កើត សេចក្តីថ្មីៗវិញ។ ត្រូវប្តេជ្ញាចិត្តថ្វាយគ្រប់សមត្ថភាពរបស់ខ្លួនទុកជាគ្រឿង ដែលព្រះជាម្ចាស់អាចប្រើប្រាស់ (រម ១២,១)។ អ្នកដែលមិនរៀបចំធម្មទេសនា មិនមែនជាអ្នករស់នៅតាមព្រះវិញ្ញាណទេ តែជាជនទុច្ចរិត ហើយក៏ មិនទទួលខុសត្រូវ ចំពោះព្រះអំណោយទាន ដែលខ្លួនបានទទួលនោះដែរ។
ត្រូវគោរពសេចក្តីពិត
១៤៦-ក្រោយពីបានអង្វរព្រះវិញ្ញាណ ត្រូវយកចិត្តទុកដាក់ជាខ្លាំងនឹងអត្ថបទគម្ពីរ ដែលត្រូវជាគ្រឹះនៃធម្មទេសនា។ នេះជាជំហ៊ានដំបូង។ ពេលយើងខិតខំយល់អត្ថន័យអត្ថបទគម្ពីរណាមួយ យើងពិតជាគោរពសេចក្តីពិត។ ត្រូវ មានចិត្តសុភាពរាបសា និងទទួលស្គាល់ថា ព្រះបន្ទូលហួសពីគំនិតមនុស្សយើងជានិច្ច យើងក៏មិនមែនជាគ្រូ ឬក៏មិនមែនជាម្ចាស់របស់ព្រះបន្ទូលទេ តែព្រះជាម្ចាស់បានផ្ញើទុកព្រះបន្ទូលមកយើង យើងគ្រាន់តែជាអ្នកប្រកាស និងជាអ្នកបម្រើព្រះបន្ទូលប៉ុណ្ណោះ។ ប្រសិនបើយើងប្រើពេលវេលាយ៉ាងយូរមកសិក្សាព្រះបន្ទូល ដោយយក ចិត្តទុកដាក់ ទាំងខ្លាចប្រើព្រះបន្ទូលតាមគោលបំណងរបស់យើង នៅពេលនោះ យើងពិតជាគោរពព្រះបន្ទូល ដោយចិត្តសុភាពរាបសា និងដោយស្ងើចសរសើរមែន។ អ្នកចង់បកស្រាយអត្ថន័យអត្ថបទគម្ពីរណាមួយ ត្រូវមានចិត្តតស៊ូព្យាយាមលែងភ័យខ្លាចត្រូវប្រើពេលវេលាយ៉ាងយូរ និងយកចិត្តទុកដាក់ហើយត្រូវមានសទ្ធាជ្រះ ថ្លា បម្រើព្រះបន្ទូលដោយមិនចង់បានផលប្រយោជន៍ភ្លាមៗទេ។ ត្រូវលះបង់កង្វល់ចោលនិងតាំងចិត្តចង់ចាប់អារម្មណ៍។ អ្នកចង់បានលទ្ធផលភ្លាមៗយ៉ាងស្រួលមិនបានទុកពេលអានគម្ពីរទេ។ ហេតុនេះហើយបានជាអ្នក រៀបចំធម្មទេសនា ត្រូវការចិត្តស្រឡាញ់។ តាមធម្មតាយើងទុកពេលវេលាដោយមិនចង់បានប្រយោជន៍ផ្ទាល់ ខ្លួនដោយគ្មានការប្រញាប់តែចំពោះវត្ថុ ឬចំពោះអ្នកដែលយើងស្រឡាញ់ប៉ុណ្ណោះ។ រីឯក្នុងករណីនេះ យើងត្រូវ តែស្រឡាញ់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យមានព្រះបន្ទូលមកយើង។ ប្រសិនបើយើងមានសេចក្តីស្រឡាញ់ ចំពោះព្រះអង្គបែបនេះ យើងអាចប្រើគ្រប់ពេលវេលាដែលត្រូវការ ដោយមានឥរិយាបថជាសាវ័កគឺថា៖ “បពិត្រ ព្រះអម្ចាស់! សូមព្រះអង្គមានព្រះបន្ទូលមកអ្នកបម្រើរបស់ព្រះអង្គប្រុងត្រចៀកស្តាប់ហើយ”។ (១ សម ៣,៩)
១៤៧-ជាពិសេសយើងត្រូវជឿជាក់ថា យើងបានយល់អត្ថន័យយ៉ាងសមគួរនៃពាក្យទាំងប៉ុន្មាន ដែលយើងសូត្រ។ ខ្ញុំសូមគូសសង្កត់អំពីសេចក្តីមួយដ៏ជាក់ច្បាស់ ហើយដែលគេមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ គឺថាយើងសិក្សា អត្ថបទគម្ពីរ ដែលមានចែងពីរបីពាន់ឆ្នាំកន្លងមក។ របៀបនិយាយរបស់អ្នកនិពន្ធខុសប្លែកពីរបៀបយើងនិយាយ នាបច្ចុប្បន្នកាល។ ទោះបីយើងស្មានថា យើងយល់អត្ថន័យពាក្យប្រែជាភាសារបស់យើងក្តី ក៏គ្មានន័យថា យើង យល់សេចក្តី ដែលអ្នកនិពន្ធមានបំណងចង់និយាយនោះទេ។ យើងស្គាល់មធ្យោបាយនានាសម្រាប់វិភាគ អត្ថបទមួយ គឺត្រូវចាប់អារម្មណ៍នឹងពាក្យដែលមានចែងច្រើនដង ឬដែលអ្នកនិពន្ធគូសសង្កត់យើងត្រូវស្វែង រករចនាសម្ពន្ធ និងថាមពលផ្ទាល់នៃអត្ថបទ ត្រូវពិនិត្យមើលតួនាទីរបស់តួម្នាក់ៗក្នុងអត្ថបទ។ល។ យើងមិន មានគោលបំណង ចង់យល់អត្ថន័យរបស់ចំណុចតូចៗទាំងអស់ក្នុងអត្ថបទទេ តែត្រូវខិតខំរកសេចក្តីដ៏សំខាន់ គឺអត្ថន័យដែលធ្វើឲ្យអត្ថបទនោះមានរចនាសម្ពន្ធ និងភ្ជាប់ទៅជាអត្ថបទមួយ។ ប្រសិនបើអ្នកសម្តែងធម្ម ទេសនាមិនខិតខំបែបនេះទេ ធម្មទេសនារបស់គេមិនភ្ជាប់ជាមួយគ្នាទេ ហើយក៏គ្មានលំដាប់លំដោយដែរ អ្នកសម្តែងធម្មទេសនានោះ គ្រាន់តែនិយាយយោបល់ផ្សេងៗជាច្រើន ដែលមិនភ្ជាប់គ្នាប៉ុណ្ណោះ តែមិនអាចដាស់តឿនអ្នកស្តាប់បានសោះ។ សេចក្តីសំខាន់ជាងគេគឺសេចក្តីដែលអ្នកនិពន្ធចង់បញ្ជូនបន្តមក។ ហេតុនេះយើង មិនត្រូវទទួលស្គាល់គំនិតអ្នកនិពន្ធប៉ុណ្ណោះទេ តែត្រូវរកលទ្ធផលដែលអ្នកនិពន្ធនោះចង់បង្កើតថែមទៀត។ ប្រសិនបើអ្នកនិពន្ធចែងអត្ថបទមួយ សម្រាប់សម្រាលទុក្ខគេ មិនត្រូវយកអត្ថបទនោះមកកែសម្រួលអ្នកដែល វង្វេងទេ ប្រសិនបើអ្នកនិពន្ធចែងអត្ថបទមួយសម្រាប់ដាស់តឿនគេ មិនត្រូវយកអត្ថបទនោះ មកបង្រៀនគេទេ ប្រសិនបើអ្នកនិពន្ធចែងអត្ថបទមួយសម្រាប់បង្រៀនសេចក្តីមួយ អំពីព្រះជាម្ចាស់មិនត្រូវយកអត្ថបទនោះ មក ពន្យល់យោបល់ផ្សេងៗតាមទេវវិទ្យាទេ ប្រសិនបើអ្នកនិពន្ធចែងអត្ថបទមួយដើម្បីលើកតម្កើងព្រះជាម្ចាស់ ឬ ដាស់តឿនគេឲ្យទៅជាសាសនទូត មិនត្រូវយកអត្ថបទនោះមកផ្តល់ព័ត៌មានថ្មីៗឲ្យគេទេ។
១៤៨-អ្នកចង់យល់សេចក្តីសំខាន់ក្នុងអត្ថបទមួយឲ្យបានត្រឹមត្រូវ ត្រូវនឹកគិតដល់ការបង្រៀនទំាងមូល ចែងក្នុង ព្រះគម្ពីរតាមព្រះសហគមន៍បញ្ជូនបន្តមក។ នេះជាគោលមួយដ៏សំខាន់ក្នុងការបកស្រាយគម្ពីរ។ ព្រះវិញ្ញាណ ដ៏វិសុទ្ធ មិនគ្រាន់បានបំភ្លឺអ្នកនិពន្ធឲ្យសរសេរគម្ពីរតែមួយផ្នែកប៉ុណ្ណោះទេ តែព្រះអង្គបានបំភ្លឺអ្នកនិពន្ធឲ្យសរសេរគម្ពីរទាំងមូលវិញ។ ចំពោះបញ្ហាខ្លះ ប្រជាជនបានយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បន្តិចម្តងៗ ឲ្យកាន់ តែច្បាស់ឡើងៗ តាមបទពិសោធន៍របស់ខ្លួន។ ធ្វើដូច្នេះយើងមុខជាចៀសវាងបកស្រាយអត្ថន័យតាមរបៀប ខុស ឬតែមួយផ្នែកដែលខុសប្លែកពីសេចក្តីបង្រៀនឯទៀតៗនៃគម្ពីរដដែលនោះ។ ក៏ប៉ុន្តែសេចក្តីនេះគ្មានន័យ ថាយើងបន្ថយអត្ថន័យពិសេសនៃអត្ថបទ ដែលយើងយកមកសម្តែងធម្មទេសនាទេ។ ធម្មទេសនាធុញទ្រាន់ ហើយមិនបានផល មកពីយើងមិនបញ្ជូនបន្តកម្លាំងនៃអត្ថបទដែលយើងប្រកាសនោះ។
ត្រូវឲ្យព្រះបន្ទូលចាក់គ្រឹះក្នុងខ្លួន
១៤៩-អ្នកសម្តែងធម្មទេសនា “ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គាត់មិន គ្រាន់តែត្រូវស្គាល់លក្ខណៈខាងភាសា ឬតាមរបៀបវិភាគប៉ុណ្ណោះទេ ទោះការទាំងនោះមានសារៈសំខាន់ ហើយ គេត្រូវការជាចាំបាច់ក្តី។ គាត់ក៏ត្រូវទទួលព្រះបន្ទូលដោយចិត្តមិនរឹងរូស និងដោយស្មឹងស្មាធិ៍ដើម្បីឲ្យព្រះ បន្ទូលនេះ ជ្រួតជ្រាបក្នុងជម្រៅចិត្តគំនិតជ្រួតជ្រាបក្នុងមនោសញ្ចេតនា ហើយបង្កើតវិញ្ញាណថ្មីទៀត”។ ប្រសិន បើយើងមានចិត្តកក់ក្តៅ ខ្នះខ្នែងជាថ្មីជារៀងរាល់ថ្ងៃ និងរៀងរាល់អាទិត្យដោយរៀបចំធម្មទេសនា ប្រសិនបើ យើងពិនិត្យមើលថា យើងមានចិត្តស្រឡាញ់កាន់តែខ្លាំងឡើងៗ នូវព្រះបន្ទូលដែលយើងប្រកាសនោះ យើង មុខជានឹងបានទទួលផលល្អពុំខាន។ យើងក៏មិនត្រូវបំភ្លេចថា “ប្រសិនបើអ្នកសម្តែងធម្មទេសនាមានចិត្តវិសុទ្ធយ៉ាងពិតប្រាកដ ឬមិនប្រាកដពិតជាមានឥទ្ធិពលលើរបៀបគាត់ប្រកាសព្រះបន្ទូល”។ គ្រីស្តទូតប៉ូលបញ្ជាក់ថា៖ “យើងពន្យល់គម្ពីរ មិនមែនដើម្បីផ្គាប់ចិត្តមនុស្សទេ តែដើម្បីឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដែលបន្សុទ្ធចិត្តយើងនោះវិញ” (១ថស ២,៤)។ ប្រសិនបើយើងមានបំណងយ៉ាងខ្លាំងមុនគេ ចង់ស្តាប់ព្រះបន្ទូលដែលយើងត្រូវយកមកបកស្រាយនោះ ព្រះបន្ទូលនោះមុខជាទៅដល់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ តាមរបៀប ណាមួយពុំខាន ដ្បិត “មាត់របស់មនុស្សតែងតែស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុង ដួងចិត្តរបស់ខ្លួន” (មក ១២,៣៤)។ ប្រសិនបើអត្ថបទដែលយើងស្តាប់ជារៀងរាល់ថ្ងៃអាទិត្យ លាន់ឮឡើងក្នុង ចិត្តគង្វាលមុនគេ អត្ថបទនោះមុខជានឹងលាន់ឮឡើងយ៉ាងរំពងក្នុងចិត្តប្រជាជនពុំខានដែរ។
១៥០-ព្រះយេស៊ូមួម៉ៅ ដោយឃើញគ្រូអាចារ្យក្លែងក្លាយ ដែលបង្គាប់ឲ្យអ្នកដទៃកាន់តាមធម្មវិន័យយ៉ាងតឹងរ៉ឹង គេតែងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនបណ្តោយឲ្យព្រះបន្ទូលនោះបំភ្លឺចិត្តគំនិតខ្លួនគេទេ។ “អ្នក ទាំងនោះ បានបង្កើតវិន័យយ៉ាងតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយមិនជួយសម្រាលបន្ទុកនោះសោះ សូម្បី តែបន្តិចបន្តួចក៏មិនជួយផង”(មថ ២៣,៤)។ គ្រីស្តទូតយ៉ាកុបតែងដាស់តឿនថា៖“បងប្អូនកុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹងរ៉ឹងជាងគេ”(យក ៣,១)។ អ្នកណាចង់សម្តែងធម្មទេសនា ត្រូវសុខចិត្តបណ្តោយខ្លួនឲ្យព្រះបន្ទូលប្រែចិត្តគំនិត និងធ្វើឲ្យព្រះ បន្ទូលនេះ កើតជារូបរាងក្នុងការរស់នៅរបស់ខ្លួនជារៀងរាល់ថ្ងៃ។ អ្នកសម្តែងធម្មទេសនា និងមានសកម្មភាពយ៉ាងខ្លំាងដែលបង្កើតផលពុំខាន គឺអ្នកនោះ៖“បញ្ចូនបន្តដល់អ្នកដទៃ នូវអ្វីៗដែលយើងបានស្មឹងស្មាធិ៍ជាមុន សិន”។ ហេតុនេះហើយ បានជាមុននឹងរៀបចំសេចក្តីដែលយើងត្រូវនិយាយក្នុងធម្មទេសនា យើងត្រូវសុខចិត្ត ឲ្យព្រះបន្ទូលវាយយើងឲ្យរបួសមុនគេ ទើបព្រះបន្ទូលអាចវាយអ្នកដទៃឲ្យរបួសតាមក្រោយបាន ដ្បិតព្រះបន្ទូល មានជីវិត និងមាមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ “ព្រះបន្ទូលនេះ ចាក់ទម្លុះចូលទៅកាត់ជីវិត និង វិញ្ញាណឲ្យដាច់ចេញពីគ្នាកាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងឲ្យចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុង ជម្រៅចិត្តមនុស្ស” (ហប ៤,១២)។ សេចក្តីនេះមានសារសំខាន់ក្នុងការណែនាំ។ នាបច្ចុប្បន្នកាលមនុស្សចូលចិត្តស្តាប់សាក្សី “គេចូលចិត្តសេចក្តីដែលស្របនឹងការរស់នៅរបស់អ្នកនាំដំណឹងល្អ។ មនុស្សលោកទាមទារឲ្យអ្នកនាំដំណឹងល្អនិយាយអំពីព្រះដែលគេស្គាល់ និងអំពីព្រះដែលគេធ្លាប់ទាក់ទងយ៉ាងជិតស្និទ្ធ ហាក់ដូចជាគេមើលឃើញអ្វីៗដែលភ្នែកមនុស្ស មើលពុំឃើញ”។
១៥១-ព្រះជាម្ចាស់មិនសូមឲ្យយើងបាននិមលឥតសៅហ្មងទេ តែព្រះអង្គសូមឲ្យយើងចម្រើនឡើងជានិច្ច ឲ្យ យើងមានបំណងពីជម្រៅក្នុងចិត្ត ចង់ដើរតាមមាគ៌ានៃដំណឹងល្អឲ្យកាន់តែប្រសើរឡើងៗ ព្រះអង្គក៏សូមកុំឲ្យយើងអស់សង្ឃឹមឡើយ។ អ្នកសម្តែងធម្មទេសនាត្រូវជឿជាក់ថា ព្រះជាម្ចាស់ស្រឡាញ់គេជឿជាក់ថា ព្រះ យេស៊ូបានសង្គ្រោះគេរួចហើយ និងជឿជាក់ថា ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមុខជាមានជ័យជម្នះជានិច្ចពុំខាន។ ដោយអ្នកនោះឃើញសោភ័ណភាពដ៏ត្រចះត្រចង់នេះ គាត់ក៏មុខជាដឹងខ្លួនជាច្រើនដងថា គាត់មិនលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គយ៉ាងពេញលេញ នៅគ្រប់ពេលក្នុងការរស់នៅរបស់គាត់ទេ។ គាត់ក៏មុខ ជាមានបំណងយ៉ាងស្មោះ ចង់តបឆ្លើយយ៉ាងប្រសើរជាងពីមុននឹងព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបែបនោះដែរ។ ក៏ប៉ុន្តែប្រសិនបើគាត់មិនឈរធ្វើការងារ មកស្តាប់ព្រះបន្ទូលដោយបើកចិត្តស្មោះទេនោះ ប្រសិនបើគាត់ឃាត់ព្រះបន្ទូលមិនឲ្យចូលជ្រួតជ្រាបក្នុងការរស់នៅរបស់គាត់ទេ មិនឲ្យប្រែរបៀបរស់នៅរបស់គាត់ មិនដាស់តឿន គាត់ទេ មិនធ្វើឲ្យគាត់រំភើបចិត្ត ប្រសិនបើគាត់មិនប្រើពេលវេលាយកព្រះបន្ទូលមកស្មឹងស្មាធិ៍ទេ គាត់មុខជានឹង ក្លាយទៅជាព្យាការីក្លែងក្លាយជាអ្នកបោកប្រាស់ និងជាអ្នកបញ្ឆោតគេដែលគ្មានតម្លៃអ្វីឡើយ។ ទោះជាយ៉ាង ណាក៏ដោយ ប្រសិនបើគាត់ទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួន ហើយមានបំណងប្តេជ្ញាចិត្តកាន់តែខ្លាំង ឡើងៗ គាត់ក៏អាចប្រគល់ព្រះយេស៊ូគ្រីស្តឲ្យអ្នកដទៃបាន ដោយមានប្រសាសន៍ដូចគ្រីស្តទូតសិលាថា៖ “ខ្ញុំ គ្មានប្រាក់គ្មានមាសទេ តែអ្វីៗដែលខ្ញុំមានខ្ញុំសូមជូនអ្នក” (កក៣,៦)។ ព្រះអម្ចាស់សព្វព្រះហឫទ័យប្រើយើងទុកជាមនុស្សលោកដែលមានជីវិត ដែលមានសេរីភាព ហើយដែលចេះបង្កើតអ្វីជាថ្មីបាន និងដែលបណ្តោយ ឲ្យព្រះបន្ទូលរបស់ព្រះអង្គជ្រួតជ្រាបក្នុងចិត្តគេ មុនបញ្ជូនបន្តព្រះបន្ទូលនេះដល់អ្នកដទៃ។ ព្រះបន្ទូលរបស់ ព្រះអង្គត្រូវឆ្លងកាត់យ៉ាងពិតប្រាកដ តាមខ្លួនរបស់អ្នកសម្តែងធម្មទេសនា គឺមិនគ្រាន់តែកាត់ឆ្លងតាមប្រាជ្ញា របស់គេប៉ុណ្ណោះទេ តែធ្វើជាម្ចាស់របស់គេទាំងមូល។ ព្រះវិញ្ញាណដ៏វិសុទ្ធដែលបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធគម្ពីរ ក៏ជាព្រះវិញ្ញាណដែល “បំពេញសកម្មភាពសព្វថ្ងៃនេះ ក៏ដូចកាលពីជំនាន់ដើមដំបូងនៃព្រះសហគមន៍ដែរ។ ព្រះ អង្គមានសកម្មភាពក្នុងអ្នកនាំដំណឹងល្អទាំងអស់ ដែលសុខចិត្តបណ្តោយខ្លួនឲ្យព្រះអង្គធ្វើជាម្ចាស់គេ និង ណែនាំគេ។ ព្រះអង្គក៏ដាក់ពាក្យក្នុងមាត់គេ ជាពាក្យដែលមានតែព្រះអង្គអាចរកបាន”។
ការអានគម្ពីរតាមព្រះវិញ្ញាណ
១៥២-មានរបៀបមួយយ៉ាងជាក់ស្តែងដែលជួយស្តាប់សេចក្តី ដែលព្រះអម្ចាស់សព្វព្រះហឫទ័យមានព្រះបន្ទូលមកយើង គឺវិធីមួយដែលជួយយើងឲ្យបណ្តោយខ្លួនតាមព្រះវិញ្ញាណព្រះអង្គប្រែចិត្តគំនិត។ យើងតែងហៅវិធី នោះថា “ការអានគម្ពីរតាមព្រះវិញ្ញាណ” (lectio Divina)។ យើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេល អធិដ្ឋានដើម្បីបណ្តោយឲ្យព្រះបន្ទូលនេះបំភ្លឺចិត្តគំនិតយើងពីខាងក្នុង និងប្រែចិត្តគំនិតយើងឲ្យបានជាថ្មី។ ការ អានគម្ពីរតាមរបៀបអធិដ្ឋាននេះ មិនដាច់ដោយឡែកពីការសិក្សាដែលអ្នកសម្តែងធម្មទេសនាធ្លាប់ធ្វើ ដើម្បីឲ្យ បញ្ជាក់សេចក្តីសំខាន់ចែងក្នុងអត្ថបទទេ។ ផ្ទុយទៅវិញគាត់ត្រូវចាប់ផ្តើមពីការសិក្សានេះ ដើម្បីឲ្យដឹងថាតើ អត្ថបទនេះ សម្តែងអ្វីសម្រាប់ការរស់នៅរបស់ខ្លួន។ អ្នកអានគម្ពីរតាមវិញ្ញាណត្រូវអះអាងលើអត្ថន័យដើម។ បើ ពុំនោះទេ អ្នកអានយល់អត្ថន័យអត្ថបទតាមតែអំពើចិត្ត គឺយកអត្ថបទនោះមកគាំទ្រសេចក្តីដែលខ្លួនបាន សម្រេចរួចហើយ និងយល់អត្ថបទនោះតាមរបៀបដែលគេធ្លាប់រិះគិត។ អ្នកធ្វើដូច្នេះ ប្រើគម្ពីរដ៏សក្ការៈមករកប្រយោជន៍ផ្ទាល់ខ្លួន និងបញ្ជូនបន្តការភាន់ច្រឡំនេះ ដល់ប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ យើងមិនត្រូវបំភ្លេច ថាជួនកាល “មារសាតាំងផ្ទាល់ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ” (២ករ ១១,១៤)។
១៥៣-ត្រូវអានអត្ថបទគម្ពីរយ៉ាងស្រគត់ស្រគំ ហើយសួរនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ឧបមាថា៖ “បពិត្រព្រះអម្ចាស់ តើព្រះអង្គសព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំយ៉ាងណា តាមរយៈអត្ថបទនេះ? តើព្រះអង្គសព្វ ព្រះហឫទ័យឲ្យខ្ញុំផ្លាស់ប្តូរអ្វីខ្លះ ក្នុងការរស់នៅរបស់ខ្ញុំ? តើអត្ថបទនេះបណ្តាលឲ្យខ្ញុំពិបាកចិត្តត្រង់ណា? ហេតុ អ្វីខ្ញុំមិនចាប់អារម្មណ៍នឹងអត្ថបទនេះ? “ឬត្រូវសួរថា” តើខ្ញុចូលចិត្តព្រះបន្ទូលនេះត្រង់ណា? តើព្រះបន្ទូលនេះដាស់តឿនខ្ញុំត្រង់ណា? តើព្រះបន្ទូលនេះទាក់ទាញចិត្តខ្ញុំត្រង់ណា? ហេតុអ្វីព្រះបន្ទូលនេះទាក់ទាញចិត្តខ្ញុំ ដូច្នេះ?”។ តាមធម្មតាពេលយើងខិតខំស្តាប់ព្រះអម្ចាស់មានព្រះបន្ទូល យើងធ្លាប់មានការល្បួង។ មានការល្បួង ម៉្យាង គឺយើងមិនស្រួលក្នុងចិត្តយើងតឹងទ្រូងហើយប្រែទៅគិតតែពីខ្លួនឯង។ មានការល្បួងមួយទៀតជាការល្បួងទូទៅគឺយើងចាប់ផ្តើមនឹកគិតថា តើអត្ថបទនេះមានអត្ថន័យយ៉ាងណាសម្រាប់អ្នកដទៃ? ដូច្នេះហើយយើង ចៀសវាងមិនឲ្យនឹកគិត នឹងយកអត្ថបទនេះ មកអនុវត្តតាមការរស់នៅរបស់ខ្លួន។ ជួនកាលយើងចាប់ផ្តើមរកដោះសារខ្លួន ដើម្បីបន្ធូរកម្លាំងពិសេសនៃអត្ថបទនោះ។ នៅពេលខ្លះយើងនឹកគិតថា ព្រះជាម្ចាស់ទាមទារឲ្យយើងសម្រេចសេចក្តីដែលមានសារៈសំខាន់ខ្លាំងពេក យើងមិនទាន់អាចសម្រេចបានទេ។ មូលហេតុទាំង នោះ បណ្តាលឲ្យមនុស្សជាច្រើនបាត់អំណរសប្បាយ ដោយបានជួបនឹងព្រះបន្ទូល។ ប្រសិនបើពិតដូច្នេះ បាន សេចក្តីថាយើងបំភ្លេចថាគ្មាននរណាមានចិត្តអត់ធ្មត់ខន្តីខ្លាំងជាងព្រះជាម្ចាស់ ជាព្រះបិតាឡើយ គ្មាននរណាអាចយល់ចិត្តគំនិតមនុស្សដូចព្រះអង្គទេ គ្មាននរណាស៊ូទ្រាំរង់ចាំមនុស្សតបឆ្លើយដូចព្រះអង្គទេ។ ព្រះអង្គនៅ តែអញ្ជើញយើងឲ្យបោះជំហានមួយទៀត ប៉ុន្តែប្រសិនបើយើងមិនទាន់ដល់ដំណាក់កាល តាមមាគ៌ាឲ្យយើង អាចតបឆ្លើយបាន ព្រះអង្គមិនបង្ខំឲ្យយើងតបឆ្លើយបានសព្វគ្រប់ទេ។ ព្រះអង្គគ្រាន់តែសព្វព្រះហឫទ័យឲ្យយើងពិនិត្យមើលការស់នៅរបស់ខ្លួន ដោយចិត្តស្មោះ និងថ្វាយការរស់នៅនេះទៅព្រះអង្គ ដោយគ្មានពុតត្បុត។ ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងសុខចិត្តចម្រើនឡើងតទៅមុខទៀត។ យើងក៏ត្រូវសូមព្រះអង្គប្រោសប្រទាននូវអ្វីៗដែលយើងមិនទាន់អាចធ្វើបាន។
ត្រូវស្តាប់ប្រជាជន
១៥៤-អ្នកសម្តែងធម្មទេសនាក៏ត្រូវស្តាប់ប្រជាជនដែរ ក្នុងគោលបំណងចង់ដឹងថា តើគ្រីស្តបរិស័ទត្រូវការស្តាប់សេចក្តីណាខ្លះ។ អ្នកសម្តែងធម្មទេសនាជាអ្នកស្មឹងស្មាធិ៍ ស្ងើចសរសើរព្រះបន្ទូល ហើយក៏ស្មឹងស្មាធិ៍ស្ងើច សរសើរប្រជាជនដែរ។ តាមរបៀបនេះគាត់អាចទទួលស្គាល់ “សេចក្តីប៉ងប្រាថ្នាកម្លាំងចិត្ត និងភាពទន់ខ្សោយ របស់គេរបៀបគេអធិដ្ឋាន របៀបគេស្រឡាញ់គ្នា របៀបគេរិះគិតអំពីការរស់នៅ និងអំពីពិភពលោកតាមលក្ខណៈ ពិសេសរបស់ក្រុមមនុស្សនីមួយៗ។ អ្នកសម្តែងធម្មទេសនាត្រូវនឹកគិតថា ប្រជាជននីមួយៗធ្លាប់ប្រើសញ្ញា សម្គាល់ និងនិមិត្តរូបផ្សេងៗមកដោះស្រាយបញ្ហារបស់គេ។ យើងត្រូវភ្ជាប់សេចក្តីក្នុងគម្ពីរ និងសភាពការណ៍ ជាក់ច្បាស់មួយរបស់ក្រុមមនុស្សនោះ គឺភ្ជាប់ព្រះបន្ទូលនិងការរស់នៅរបស់គេ ហើយភ្ជាប់នឹងបទពិសោធន៍របស់ គេដែលត្រូវការពន្លឺនៃព្រះបន្ទូលមកបំភ្លឺ។ ការខ្វល់ខ្វាយបែបនេះ ពុំមែនមកពីយើងចង់ស្របតាមមតិទូទៅដូច អ្នកតែងតែឆ្លៀតឱកាសទេឬដូចអ្នកការទូតដែរ តែពិតជារបៀបប្រព្រឹត្តយ៉ាងជ្រៅតាមបែបអ្នកកាន់សាសនា និង អ្នកបំពេញមុខងារណែនាំ។ យើងត្រូវមានចិត្តគំនិតតាមវិញ្ញាណ ដើម្បីយល់អត្ថន័យរបស់ព្រះបន្ទូលព្រះជាម្ចាស់ ក្នុងព្រឹត្តិការណ៍ទាំងប៉ុន្មានដែលកើតឡើង។ ចិត្តគំនិតបែបនេះសំខាន់ជាងរកសេចក្តីដែលមានខ្លឹមសារ និង ដែលយើងត្រូវនិយាយទៅគេ។ យើងស្វែងរកសេចក្តីដែលព្រះអម្ចាស់សព្វព្រះហឫទ័យមានព្រះបន្ទូល ក្នុង សភាពការណ៍ជាក់ច្បាស់នេះ។ ហេតុនេះការរៀបចំធម្មទេសនាក្លាយទៅជាការរិះគិតពិចារណ តាមដំណឹងល្អ គឺយើងស្វែងរក និងទួលស្គាល់ក្រោមពន្លឺរបស់ព្រះវិញ្ញាណនូវព្រះបន្ទូលត្រាស់ហៅរបស់ព្រះជាម្ចាស់ ដែល លាន់ឮឡើងក្នុងសភាពការណ៍ជាប្រវត្តិសាស្រ្តនេះ។ ដូច្នេះព្រះជាម្ចាស់ត្រាស់ហៅអ្នកជឿក្នុង និងតាមរយៈ សភាពការណ៍នោះ។
១៥៥-អ្នកសម្តែងធម្មទេសនាអាចប្រើបទពិសោធន៍ខ្លះ ជាធម្មតារបស់មនុស្សដូចជាអំណរសប្បាយ ដោយបាន ជួបមនុស្សថ្មី ការខកចិត្តការខ្លាចរស់នៅម្នាក់ឯងឯកោ ចិត្តមេត្តាករុណាចំពោះអ្នកកើតទុក្ខកង្វល់ក្នុងចិត្តអំពី អនាគតមិនទៀងទាត់ ការខ្វល់ខ្វាយអំពីម្នាក់ដែលគេស្រឡាញ់។ល។ ក៏ប៉ុន្តែត្រូវចាប់អារម្មណ៍យ៉ាងខ្លាំងជាង ចំពោះអ្វីៗ ដែលពាក់ព័ន្ធនឹងការរស់នៅយ៉ាងជាក់ច្បាស់របស់គេ។ យើងត្រូវនឹករឭកថា មិនបាច់តបឆ្លើយនឹង សំណួរដែលគ្មាននរណាសួរទេ។ យើងក៏មិនសមនឹងរៀបរាប់ព្រឹត្តិការណ៍ដែលកើតថ្មីៗដែរ ដើម្បីឲ្យគេចាប់ អារម្មណ៍។ ទូរទស្សន៍មានកម្មវិធីរៀបរាប់ព្រឹត្តិការណ៍ទាំងនោះស្រាប់។ ប៉ុន្តែជួនកាលយើងអាចលើកព្រឹត្តិ ការណ៍ណាមួយ ដើម្បីឲ្យព្រះបន្ទូលលាន់ឮឡើងរំពង និងអញ្ជើញគេឲ្យប្រែចិត្តគំនិតឲ្យនមស្ការថ្វាយបង្គំព្រះ បិតាឲ្យគេមានចិត្តមេត្តាករុណាចំពោះអ្នកដទៃ ហើយឲ្យបម្រើអ្នកដទៃទៀតផង។ល។ មានអ្នកខ្លះចូលចិត្តស្តាប់ អ្នកសម្តែងធម្មទេសនាផ្តល់យោបល់ អំពីព្រឹត្តិការណ៍ដែលកើតឡើង តែគេមិនបណ្តោយខ្លួនឲ្យព្រះជាម្ចាស់ត្រាស់ហៅគេតាមរយៈព្រឹត្តិការណទាំងនោះទេ។
ប្រដាប់ប្រដាគរុកោសល្យ
១៥៦-មានអ្នកខ្លះនឹកស្មានថា គេជាអ្នកសម្តែងធម្មទេសនាយ៉ាងល្អ ព្រោះគេដឹងច្បាស់នូវសេចក្តីដែលគេត្រូវ និយាយតែគេមិនសូវចាប់អារម្មណ៍អំពីរបៀបសម្តែងធម្មទេសនានោះវិញ។ គេមួម៉ៅខឹង ព្រោះអ្នកដទៃមិនព្រម ស្តាប់ឬមិនចូលចិត្តគេទេ។ ប្រហែលអស់លោកមិនបានយកចិត្តទុកដាក់ស្វែងរករបៀបដ៏សមគួរ សម្រាប់សម្តែង សេចក្តីដែលគេមានបំណងនិយាយប្រាប់នោះទេ។ យើងសូមរំឭកគេថា៖ “ទោះបីសេចក្តីដែលយើងចង់សម្តែង នៅពេលយើងនាំដំណឹងល្អមានសារសំខាន់ក្តី ក៏មិនត្រូវបំភ្លេចផ្លូវ និងរបៀបនាំដំណឹងល្អនោះទេ”។ ពេល យើងចាប់អារម្មណ៍នឹងរបៀបសម្តែងធម្មទេសនា យើងពិតជាមានឥរិយាបថយ៉ាងជ្រៅខាងវិញ្ញាណ គឺនៅពេល នោះ យើងមានបំណងចង់ឆ្លើយតបនឹងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដោយខិតខំអស់ពីសមត្ថភាព ដោយចិត្តគំនិតចង់បង្កើតអ្វីជាថ្មី បូជាខ្លួនចំពោះបេសកកម្ម ដែលព្រះអង្គបានផ្ញើទុកមកយើង។ ពេលយើងខិត ខំរកមធ្យោបាយសម្តែងធម្មទេសនាយ៉ាងល្អ យើងក៏សម្តែងសេចក្តីស្រឡាញ់ចំពោះអ្នកដទៃដែរ ដ្បិតយើងមិន ចង់ផ្តល់អ្វីដែលមានគុណភាពមិនល្អជូនគេទេ។ ឧបមាថា ក្នុងគម្ពីរមានចែងពាក្យទូន្មានឲ្យរៀបចំធម្មទេសនាឲ្យវែងល្មម៖ “កុំនិយាយវែងពេក គឺត្រូវនិយាយយ៉ាងសង្ខេបប្រើពាក្យតិចតួចបានហើយ” (បស ៣២,៨)។
១៥៧-សូមរំឭកថាមធ្យោបាយខ្លះ ដែលអាចជួយប្រែរបៀបសម្តែងធម្មទេសនាឲ្យបានល្អជាង និងតាមរបៀប ដែលអាចទាក់ទាញចិត្បាន។ យើងត្រូវខិតខំរៀនប្រើនិមិត្តរូប និងការប្រៀបធៀបជាចាំបាច់។ ជួនកាលយើង ប្រើឧទាហរណ៍ខ្លះមកពន្យល់សេចក្តីមួយឲ្យគេយល់យ៉ាងច្បាស់ តែឧទាហរណ៍ទាំងនោះ គ្រាន់តែពាក់ព័ន្ធនឹង ប្រាជ្ញាគេប៉ុណ្ណោះ។ ផ្ទុយទៅវិញនិមិត្តរូប និងការប្រៀបធៀបជួយឲ្យគេចូលចិត្ត និងទទួលសេចក្តីដែលយើង ចង់ពន្យល់នោះ។ និមិត្តរូប និងការប្រៀបធៀបដែលទាក់ទាញចិត្តធ្វើឲ្យអ្នកស្តាប់យល់ឃើញថា គេដូចជា ធ្លាប់ឮសេចក្តីដែលយើងពន្យល់នោះ គេធ្លាប់ស្គាល់ហើយសេចក្តីនេះក៏នៅក្បែរគេ ហើយគេអាចធ្វើបានទាំង ភ្ជាប់និងការរស់នៅរបស់គេទៀត។ និមិត្តរូប និងការប្រៀបធៀបដ៏សមគួរ អាចណែនាំគេឲ្យក្រេបជញ្ជក់នឹង សេចក្តីដែលយើងចង់ប្រាប់គេ ហើយដាស់តឿនឲ្យគេមានបំណងចង់ដើរតម្រង់ទៅកាន់ដំណឹងល្អ។ គ្រូបាធ្យាយ ពីបុរាណរបស់ខ្ញុំតែងតែនិយាយមកខ្ញុំថា៖“ក្នុងធម្មទេសនាដ៏ល្អប្រសើរជាងគេ ត្រូវពន្យល់យោបល់តែមួយគត់ និងសម្តែងមនោសញ្ចេតនាតែមួយ ហើយក៏ប្រើនិមិត្តរូបតែមួយដែរ”។
១៥៨-សម្តេចប៉ាបប៉ូលទី ៦ តែងមានប្រសាសន៍ថា៖ “គ្រីស្តបរិស័ទសង្វាតចង់ទទួលផលជាច្រើនពីធម្មទេសនា។ តាមពិតគេទទួលផលជាច្រើន លុះត្រាតែធម្មទេសនានោះស្រួលស្តាប់ ច្បាស់ ចំៗ ហើយស្របតាមចិត្តគំនិត អ្នកស្តាប់”។ ធម្មទេសនាស្រួលស្តាប់មកពីរបៀបនិយាយ គឺត្រូវប្រើពាក្យសម្តីដែលអ្នកកំពុងស្តាប់អាចយល់បាន ភ្លាម ក្រែងយើងនិយាយតែគ្មាននរណាស្តាប់បាន។ ជាញឹកញាប់អ្នកសម្តែងធម្មទេសនាធ្លាប់ប្រើពាក្យដែលគេបានរៀននៅពេលសិក្សាក្នុងទេវវិទ្យាល័យ ឬពាក្យដែលគេធ្លាប់និយាយក្នុងវណ្ណៈរបស់ខ្លួនក្នុងសង្គម តែមិនមែន ជាពាក្យទូទៅ ដែលអ្នកស្តាប់ធ្លាប់និយាយនោះទេ។ អ្នកសម្តែងធម្មទេសនាធ្លាប់និយាយតាមពាក្យពិសេសដែល គេធ្លាប់ប្រើក្នុងទេវវិទ្យា ឬក្នុងការអប់រំជំនឿ តែគ្រីស្តបរិស័ទភាគច្រើនមិនយល់អត្ថន័យពាក្យទាំងនោះទេ។ អ្នក សម្តែងធម្មទេសនាត្រូវប្រយ័ត្នយ៉ាងខ្លាំង កុំឲ្យធ្លាប់ប្រើពាក្យដែលខ្លួនផ្ទាល់និយាយនោះ ដោយស្មានថា អ្នកដទៃ ទាំងអស់តែងប្រើពាក្យទាំងនោះ និងស្តាប់បានអត្ថន័យភ្លាមដែរ។ អ្នកដែលចង់សម្របតាមរបៀបនិយាយរបស់ អ្នកដទៃ ដើម្បីឲ្យព្រះបន្ទូលទៅដល់គេ ត្រូវស្តាប់ប្រជាជនយ៉ាងយូរ ត្រូវចែកចាយការរស់នៅរបស់មនុស្ស និង យកចិត្តទុកដាក់ចាប់អាម្មណ៍ ចំពោះការរស់នៅរបស់គេនោះ។ ធម្មទេសនាស្រួលស្តាប់ និងធម្មទេសនាជាក់ ច្បាស់ប្លែកពីគ្នា ជួនកាលធម្មទេសនាស្រួលស្តាប់តែស្មុគ្រស្មាញ។ ជួនកាលគេស្តាប់មិនបាន ព្រោះធម្មទេសនា គ្មានរបៀបរៀបរយ គ្មានលំដាប់លំដោយ ឬមកពីធម្មទេសនាចែងអំពីប្រធានបទផ្សេងៗលាយឡំគ្នា។ ហេតុនេះ ហើយបានជាអ្នកសម្តែងធម្មទេសនា ត្រូវខិតខំឲ្យធម្មទេសនាមានប្រធានបទតែមួយ ជាចាំបាច់មានរបៀបរៀប រយយ៉ាងច្បាស់ និងឲ្យឃ្លាប្រយោគភ្ជាប់ជាមួយគ្នា។ ធ្វើដូច្នេះទើបអ្នកស្តាប់អាចស្តាប់ទាន់អ្នកសម្តែងធម្មទេសនាបាន និងទទួលសេចក្តីដែលគាត់និយាយតាមលំដាប់លំដោយ។
១៥៩-ធម្មទេសនាក៏ត្រូវមានលក្ខណៈពិសេសមួយទៀត គឺត្រូវនិយាយដោយលើកទឹកចិត្តគេ។ អ្នកសម្តែងធម្មទេសនាមិនត្រូវនិយាយតែអំពីអ្វីៗដែលមិនត្រូវប្រព្រឹត្តនោះទេ តែត្រូវផ្តល់យោបល់អំពីអ្វីដែលយើងអាចប្រព្រឹត្ត បានយ៉ាងល្អជាងពីមុន។ ក្នុងគ្រប់ករណី សូម្បីតែនៅពេលគាត់ត្រូវប្រៀនប្រដៅឲ្យចៀសវាងមិនធ្វើអំពើអាក្រក់ ណាមួយក្តី ក៏គាត់ត្រូវសម្តែងអ្វីដ៏ល្អដែលអាចទាក់ទាញចិត្តគេបាន សូមកុំនៅតែត្អូញត្អែររហូត កុំនៅតែរិះគន់កុំនៅតែមានវិប្បដិសារីប៉ុណ្ណោះទេ។ ម៉្យាងទៀតធម្មទេសនា ដែលលើកទឹកចិត្តគេ នាំឲ្យគេមានសេចក្តីសង្ឃឹម ហើយតម្រង់គេទៅរកអនាគត និងរំដោះខ្លួនឲ្យរួចពីសេចក្តីអាក្រក់ដែរ។ សូមឲ្យលោកគង្វាលលោកឧបដ្ឋាក និងគ្រីស្តបរិស័ទធម្មតាជួបជុំគ្នាតាមពេលកំណត់ ដើម្បីស្វែងរកនូវរបៀបធ្វើឲ្យធម្មទេសនា កាន់តែទាក់ទាញ ចិត្តគេនោះពិតជាការល្អ។
៤) ការជម្រាបជូនដំណឹងល្អ ដែលយល់សេចក្តីប្រកាសដើមដំបូងកាន់តែជ្រៅ
១៦០-ព្រះអម្ចាស់ចាត់ក្រុមគ្រីស្តទូតក្នុងគោលបំណងធ្វើឲ្យជំនឿចម្រើនឡើង។ ព្រះអង្គមានព្រះបន្ទូលថា៖ “ត្រូវ បង្រៀនគេឲ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា” (មថ ២៨,២០)។ ព្រះបន្ទូលនេះ សឲ្យដឹងច្បាស់ថា ការជម្រាបជូនដំណឹងល្អដើមដំបូងក៏ជាផ្លូវអប់រំគេ ក្នុងគោលបំណងនាំឲ្យជំនឿចម្រើនឡើង ជាលំដាប់។ ហេតុនេះត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបុគ្គលម្នាក់ៗ ព្រមទាំងយកចិត្តទុកដាក់នឹងគម្រោង ការរបស់ព្រះអម្ចាស់លើម្នាក់ៗដែរ។ បុគ្គលម្នាក់ៗត្រូវការព្រះគ្រីស្តកាន់តែខ្លាំងឡើងៗ។ អ្នកជម្រាបជូនដំណឹង ល្អ ដូចជាមិនត្រូវទទួលម្នាក់ដែលស្កប់ចិត្តនឹងអ្វីដ៏តិចតួចទេ ផ្ទុយទៅវិញត្រូវឲ្យអ្នកទទួលដំណឹងល្អអាចនិយាយ យ៉ាងពេញលេញថា៖ “មិនមែនខ្ញុំទេដែលរស់ទៀតនោះ គឺព្រះគ្រីស្តទេតើដែលរស់នៅក្នុងរូបខ្ញុំ” (កាឡ ២, ២០)។
១៦១-ព្រះយេស៊ូត្រាស់ហៅឲ្យជំនឿចម្រើនឡើង មិនគ្រាន់តែមានន័យថា ត្រូវបង្រៀនតែលទ្ធិគ្រីស្តសាសនាទុកជាការសំខាន់ជាងគេ ឬទុកជាអាទិភាពប៉ុណ្ណោះទេ តែត្រូវយល់វិញថាត្រូវអប់រំគេឲ្យ “ប្រតិបត្តិតាម” សេចក្តីដែលព្រះអម្ចាស់បានបង្ហាត់បង្រៀននោះ។ ការប្រតិបត្តិតាមនេះ ជាចម្លើយរបស់មនុស្សចំពោះព្រះហឫទ័យ ស្រឡាញ់របស់ព្រះអង្គមាន ជាពិសេសវិន័យថ្មី ជាវិន័យទីមួយដ៏ប្រសើរជាងគេ គឺថា៖ “វិន័យរបស់ខ្ញុំមានដូច តទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ” (យហ ១៥,១២)។អ្នកប្រតិបត្តិតាមវិន័យនេះបញ្ជាក់ថា ខ្លួនពិតជាសាវ័ករបស់ព្រះយេស៊ូមែន។ គុណធម៌ទាំងប៉ុន្មានក៏ហូរចេញមកពីវិន័យនោះដែរ។ នៅពេលអ្នកនិពន្ធគម្ពីរសម្ពន្ធមេត្រីថ្មីចង់ធ្វើជាសំយោគចុងក្រោយ អំពីសីលធម៌របស់ គ្រីស្តសាសនា គឺបញ្ជាក់សេចក្តីដ៏សំខាន់ជាងគេ អស់លោកនិយាយអំពីសេចក្តីដែលខានមិនបានថា៖ “អ្នកណាស្រឡាញ់អ្នកដទៃអ្នកនោះ ប្រតិបត្តិតាមធម្មវិន័យសព្វគ្រប់ហើយ... សេចក្ដីស្រឡាញ់នាំឲ្យប្រតិបត្តិតាម ធម្មវិន័យបានពេញលក្ខណៈ” (រម ១៣, ៨.១០)។ ចំពោះគ្រីស្តទូតប៉ូលវិន័យអំពីសេចក្តីស្រឡាញ់ មិនគ្រាន់តែសរុបធម្មវិន័យប៉ុណ្ណោះទេ តែវិន័យនេះជាស្នូលនិងជាគ្រឹះនៃជីវិតមនុស្ស៖“ធម្មវិន័យទាំងមូលសរុបមកត្រឹម តែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» (កឡ៥,១៤)”។ លោកណែនាំសហគមន៍ទាំងប៉ុន្មានរបស់លោកឲ្យដឹងថា ការរស់នៅជាគ្រីស្តបរិស័ទជាមាគ៌ាមួយ នាំឲ្យសេចក្តីស្រឡាញ់ចម្រើនឡើង៖ “សូមព្រះអម្ចាស់ប្រទានឲ្យបងប្អូន បានពោរពេញដោយសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់កាន់តែខ្លាំងឡើងៗ ជាអនេកដែរ”(ថស៣,១២)។ ហេតុនេះគ្រីស្ត ទូតយ៉ាកុបដាស់តឿនគ្រីស្តបរិស័ទឲ្យ “ប្រតិបត្តិតាមវិន័យរបស់ព្រះរាជ្យស្របតាមគម្ពីរពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ប្រសិនបើបងប្អូនប្រព្រឹត្តដូច្នេះ បងប្អូនពិតជាបានសម្រេច កិច្ចការមួយដ៏ប្រសើរហើយ” (យក ២,៨)។ ដូច្នេះគេមិនប្រព្រឹត្តល្មើសនឹងវិន័យណាមួយឡើយ។
១៦២-ម៉្យាងទៀតមុនព្រះអម្ចាស់បង្គាប់ឲ្យដើរតាមមាគ៌ានោះ ដើម្បីតបឆ្លើយនឹងព្រះអង្គ និងអាចចម្រើនឡើង បាន ព្រះអង្គប្រទានព្រះអំណោយទានគឺព្រះអង្គមានព្រះបន្ទូលជាមុនថាត្រូវ “ធ្វើពិធីជ្រមុជទឹកឲ្យគេមានទំនាក់ ទំនងជាមួយព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” (មថ ២៨,១៩)។ ព្រះបិតាប្រណីសន្តោសគេ ដោយ ព្រះអង្គសព្វព្រះហឫទ័យជាមុន ព្រះអង្គប្រោសទទួលគេទុកជាបុត្រធីតា ដោយមិនឈ្វេងយល់ដល់កុសល ផលបុណ្យរបស់គេទេ(អភ ២,៨-៩; ១ក រ៧)។ ដោយគេជាបុត្រធីតាដូច្នេះ គេក៏បានវិសុទ្ធជាអចិន្ត្រៃ គេគាប់ ព្រះហឫទ័យព្រះអង្គ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គផង។ គេត្រូវបណ្តោយខ្លួនឲ្យប្រែចិត្តគំនិត ក្នុងអង្គព្រះគ្រីស្តដោយរស់នៅឲ្យកាន់តែប្រសើរឡើងៗ“ស្របតាមព្រះវិញ្ញាណ”(រម៨,៥)។
ការអប់រំជំនឿអំពី សេចក្តីប្រកាសដើមដំបូង និងតាមអគ្គសញ្ញា
១៦៣-ការអប់រំជាទូទៅ និងការអប់រំជំនឿពិតជាជួយបម្រើឲ្យជីវិតនោះចម្រើនឡើង។ សន្តៈអាសនៈ និងក្រុម អភិបាលប្រទេសនានាបានសរសេរជូនឯកសារ និងសម្ភារៈជាច្រើន សម្រាប់ជួយណែនាំការអប់រំជំនឿ។ ខ្ញុំសូម រំឭកសេចក្តីដាស់តឿនរបស់សម្តេចប៉ាបក្រោមចំណងជើងថា “អំពីការបញ្ជូនបន្តការអប់រំជំនឿ” (១៩៧៩) និង “ក្បួនទូទៅសម្រាប់អប់រំជំនឿ” (១៩៩៧) ព្រមទាំងឯកសារជាច្រើនទៀត ដែលមិនបាច់រៀបរាប់នូវសេចក្តី កត់ទុកក្នុងឯកសារទាំងនោះនៅពេលនេះទេ។ ខ្ញុំគ្រាន់តែសូមផ្តល់យោបល់ដែលខ្ញុំយល់ឃើញថា មានសារៈ សំខាន់ប៉ុណ្ណោះ។
១៦៤-នាបច្ចុប្បន្នកាលយើងបានរកឃើញឡើងវិញថា ការប្រកាសដំណឹងល្អដើមដំបូងពិតជាមានសារៈសំខាន់ទុកជាគ្រឹះក្នុងការអប់រំជំនឿ គឺត្រូវជាស្នូលនៃកិច្ចនាំដំណឹងល្អ និងត្រូវទៅជាគោលនៃការប្រែទម្រង់របស់ព្រះសហគមន៍ឲ្យបានជាថ្មី។ សេចក្តីប្រកាសដើមដំបូងនេះ មានលក្ខណៈភ្ជាប់នឹងព្រះត្រៃឯក។ ព្រះវិញ្ញាណប្រទាន ព្រះអង្គផ្ទាល់តាមទ្រង់ទ្រាយជាអណ្តាតភ្លើង និងប្រោសឲ្យយើងផ្ញើជីវិតលើព្រះយេស៊ូគ្រីស្ត។ ដោយព្រះយេស៊ូគ្រីស្តសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ដ៏ឥតព្រំដែនរបស់ ព្រះបិតាឲ្យយើងស្គាល់ ហើយក៏ចែកចាយព្រះហឫទ័យមេត្តាករុណានោះឲ្យយើងដែរ។ អ្នកអប់រំជំនឿត្រូវនិយាយ តាមសេចក្តីប្រកាសដើមដំបូងនេះថា “ព្រះយេស៊ូគ្រីស្តស្រឡាញ់អ្នកព្រះអង្គបានបូជាព្រះជន្មដើម្បីឲ្យអ្នកអាចរស់ នៅរួមរស់ជាមួយព្រះបិតា។ ឥឡូវព្រះអង្គមានព្រះជន្មគង់នៅទ្រង់គង់នៅក្បែរអ្នកជារៀងរាល់ថ្ងៃ ព្រះអង្គបំភ្លឺ ចិត្តគំនិតអ្នក ព្រះអង្គពង្រឹងកម្លាំងរបស់អ្នកព្រះអង្គរំដោះអ្នកឲ្យមានសេរីភាព។ យើងនិយាយថាសេចក្តីប្រកាស នេះ ជាសេចក្តីប្រកាសដើមដំបូងគ្មានន័យថា គ្រាន់តែជាសេចក្តីប្រកាសមុនគេប៉ុណ្ណោះទេ ហើយក្រោយមក យើងអាចបំភ្លេចចោលបាន ឬមានសេចក្តីប្រកាសផ្សេងទៀតដ៏ប្រសើរជាង។ សេចក្តីប្រកាសនេះនៅ “ខាងដើម ដំបូង” មានន័យថា ជាសេចក្តីសំខាន់ជាងគេ យើងក៏ត្រូវស្តាប់សេចក្តីនេះសាជាថ្មី តាមរបៀបផ្សេងៗជានិច្ច។ យើងក៏ត្រូវប្រកាសសេចក្តីនេះ សាជាថ្មីជានិច្ចតាមរបៀបណាក៏ដោយក្នុងគ្រប់ដំណាក់កាល និងក្នុងគ្រប់ពេលវេលានៃការអប់រំជំនឿ។ ហេតុនេះហើយបានជា “ទាំងលោកគង្វាលទាំងព្រះសហគមន៍ត្រូវដឹងខ្លួនកាន់តែច្បាស់ ថា ខ្លួនត្រូវការទទួលដំណឹងល្អជាអចិន្ត្រៃយ៍”។
១៦៥-យើងមិនត្រូវគិតថា នៅពេលអប់រំជំនឿត្រូវលះបង់ចោលសេចក្តីប្រកាសដើមដំបូងនេះទេ ហើយបែរទៅ បង្រៀនសេចក្តីដែលគេអួតអាងថា មាំមួនជាងទៅវិញ។ ទេ!គ្មានសេចក្តីណារឹងមាំជាង ជ្រៅជាង ប្រាកដជាង រឹងប៉ឹងជាង ហើយប្រកបដោយប្រាជ្ញាជាងសេចក្តីប្រកាសដើមដំបូងនេះទេ។ ការអប់រំគ្រប់យ៉ាងខាងគ្រីស្ត សាសនា ណែនាំយើងឲ្យយល់អត្ថន័យរបស់សេចក្តីប្រកាសដើមដំបូងនេះកាន់តែជ្រៅទៅៗ។ សេចក្តីនេះក៏ កើតជារូបរាង និងជាសាច់ជាឈាមកាន់តែប្រសើឡើងៗ។ សេចក្តីប្រកាសដើមដំបូងនេះ បំភ្លឺការប្តេជ្ញាចិត្តរបស់ អ្នកអប់រំជំនឿ និងណែនាំឲ្យយល់កាន់តែសមគួរនូវអត្ថន័យប្រធានបទទាំងប៉ុន្មាន ដែលយើងលាតត្រដាងតាមការអប់រំជំនឿនៅពេលក្រោយ។ សេចក្តីប្រកាសដើមដំបូងនេះ ពាក់ព័ន្ធនឹងការស្រេកឃ្លានរបស់មនុស្សគ្រប់ៗ រូប ដែលចង់បានសេចក្តីសុខដ៏ប្រសើរបំផុតដែលគ្មានព្រំដែន។ សេចក្តីប្រកាសដើមដំបូងនេះ ដែលជាស្នូលនៃជំនឿទាមទារលក្ខណៈខ្លះ ដែលត្រូវការជាចាំបាច់ក្នុងការប្រកាសដំណឹងល្អ នាបច្ចុប្បន្នកាលនៅគ្រប់ទីកន្លែង គឺសេចក្តីប្រកាសដើមដំបូងនេះ សម្តែងអំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យឲ្យ មនុស្សលោករួបរួមជាមួយព្រះអង្គ។ ព្រះហឫទ័យស្រឡាញ់នេះ មានសារៈសំខាន់ជាងភារកិច្ចប្រព្រឹត្តតាម សីលធម៌ ឬកាន់តាមសាសនាណាទៅទៀត។ សេចក្តីប្រកាសដើមដំបូងនេះមិនបង្ខំឲ្យគេទទួលសេចក្តីពិទេ។ សេចក្តីប្រកាសដើមដំបូងនេះ ត្រាស់ហៅមនុស្សឲ្យឆ្លើយតបដោយសេរីភាពវិញ។ សេចក្តីប្រកាសដើមដំបូងនេះ បង្កើតអំណរសប្បាយខ្លះ លើកទឹកចិត្តគេប្រោសឲ្យគេមានជីវិតរស់រវើក ព្រមទាំងធ្វើសំយោគនៃលទ្ធិជំនឿ យ៉ាងសុខដុមរមនា។ សេចក្តីប្រកាសដើមដំបូងនេះ ធ្វើឲ្យធម្មទេសនាមិនគ្រាន់តែស្តីអំពីគោលលទ្ធិខ្លះៗ ដែល ច្រើនជាលទ្ធិតាមទស្សនាវិទ្យាជាជាងសេចក្តីមកពីដំណឹងល្អ។ ហេតុនេះអ្នកជម្រាបជូនដំណឹងល្អ ត្រូវមានសម្បទាដែលជួយឲ្យគេទួលដំណឹងល្អនេះ គឺត្រូវរស់នៅជិតស្និទ្ធជាមួយគេ ចូលចិត្តនិយាយសន្ទនា ជាមួយគេ មានចិត្តអត់ធ្មត់ខន្តី ទទួលគេរាក់ទាក់យ៉ាងកក់ក្តៅដោយមិនដាក់ទោសគេទេ។
១៦៦-ប៉ុន្មានឆ្នាំកន្លងមក ការអប់រំជំនឿតាមរយៈការបញ្ចូលក្នុងព្រះសហគមន៍បានចម្រើនឡើង។ ការអប់រំជំនឿ តាមរយៈអគ្គសញ្ញានេះមានអត្ថន័យពីរយ៉ាង គឺម៉្យាងឲ្យសហគមន៍គ្រីស្តបរិស័ទទាំងមូលមានការពិសោធថា ត្រូវ អប់រំជំនឿអ្នកចំណូលតាមលំដាប់ឲ្យកាន់តែប្រសើរឡើងៗ។ ម៉្យាងទៀត ព្រះសហគមន៍ត្រូវលើកតម្កើងសញ្ញា សម្គាល់នៃពិធីទាំងប៉ុន្មាននៃការបញ្ចូលក្នុងព្រះសហគមន៍។ អ្នកនិពន្ធសៀវភៅជាក្បួន និងកម្មវិធីអប់រំជំនឿច្រើននាក់មិនទាន់បានចាប់អារម្មណ៍នៅឡើយថា ត្រូវកែសម្រួលការអប់រំជំនឿតាមរយៈអគ្គសញ្ញាឲ្យបានជាថ្មីជាចាំបាច់។ ការអប់រំជំនឿតាមរយៈអគ្គសញ្ញាអាចមានរបៀបផ្សេងៗ ស្របតាមសហគមន៍របស់អ្នកអប់រំជំនឿ នីមួយៗ រួមជាមួយគ្នារិះគិតពិចារណា។ ក្នុងការប្រជុំអប់រំជំនឿម្តងៗ អ្នកអប់រំតែងតែប្រកាសព្រះបន្ទូល ហើយ យកព្រះបន្ទូលជាស្នូលដ៏សំខាន់។ ក៏ប៉ុន្តែការប្រជុំអប់រំជំនឿនេះ ត្រូវការបរិស្ថានយ៉ាងសមស្របនឹងសភាពការណ៍ នឹងត្រូវទាក់ទាញចិត្តអ្នកទទួលការអប់រំ ហើយក៏ត្រូវការនិមិត្តរូប និងកាយវិការដែលគេអាចយល់អត្ថន័យយ៉ាង ច្បាស់ភ្លាម។ ត្រូវលើកយកគ្រប់វិស័យរបស់បុគ្គលម្នាក់ៗ ដែលទទួលការអប់រំជំនឿនេះ ឲ្យចូលក្នុងដំណើរនៃជំនឿ របស់ព្រះសហគមន៍ ដែលតែងតែចម្រើនឡើង និងស្របតាមវប្បធម៌ប្រជាជន ជាដំណើរដែលមានលក្ខណៈរួម របស់អ្នកស្តាប់និងតបឆ្លើយ។
១៦៧-នៅពេលប្រជុំអប់រំជំនឿម្តងៗ គួរឲ្យអ្នកអប់រំចាប់អារម្មណ៍យ៉ាងពិសេសនឹងសេចក្តីដ៏ល្អប្រណិត។ អ្នកនាំ ដំណឹងអំពីព្រះគ្រីស្តត្រូវបង្ហាញឲ្យគេដឹងថា អ្នកផ្ញើជីវិតលើព្រះគ្រីស្ត និងដើរតាមព្រះអង្គមិនគ្រាន់តែទទួលសេចក្តីពិតនិងសេចក្តីដ៏ត្រឹមត្រូវប៉ុណ្ណោះទេ តែគេទទួលអ្វីមួយដ៏ល្អប្រណិត ដែលអាចបំពេញចិត្តគំនិតគេថែមទៀត គេទទួលអ្វីដែលធ្វើឲ្យជីវិតគេប្រសើរតាមរបៀបថ្មី ទោះបីនៅពេលគេជួបប្រទះការលំបាកយ៉ាងណាក៏ដោយ អ្វីដែលគេទទួលនោះផ្តល់ឲ្យគេមានអំណរក្នុងជម្រៅចិត្ត។ បើយើងយល់ឃើញដូច្នេះ យើងមុខជាអាច ទទួលស្គាល់អ្វីៗទាំងអស់ ដែលសម្តែងសោភ័ណភាពដ៏ល្អប្រណិត យ៉ាងពិតប្រាកដទុកជាមាគ៌ាមួយដែលអាច ជួយណែនាំគេ ឲ្យទៅជួបព្រះអម្ចាស់យេស៊ូបានដែរ។ ប៉ុន្តែយើងមិនត្រូវលើកទឹកចិត្តអ្នកដែលតែងនឹកគិត ថា អ្វីៗក៏ល្អដូចគ្នាទាំងអស់ដែរ។ គំនិតនេះ មុខជាបណ្តាលឲ្យពិបាកយល់អំពីចំណង ដែលភ្ជាប់សេចក្តីពិត សេចក្តី សប្បុរស និងសោភ័ណភាពដែលផ្តាច់ពីគ្នាមិនបាន។ ផ្ទុយទៅវិញយើងត្រូវលើកទឹកចិត្តអ្នកស្រឡាញ់សោភ័ណ ភាពទុកជាផ្លូវចូលដល់ជម្រៅចិត្តរបស់មនុស្ស និងដែលបណ្តោយឲ្យសេចក្តីពិត និងព្រះហឫទ័យសប្បុរសរបស់ ព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿងចាំងពន្លឺក្នុងជម្រៅចិត្តគេដែរ។ សន្តៈអូហ្គូស្តាំងមានប្រសាសន៍បញ្ជាក់ថា មនុស្យយើងតែងតែចូលចិត្តតែអ្វីៗដ៏ល្អប្រណិត។ បើពិតដូច្នេះមែន គួរឲ្យស្រឡាញ់ព្រះយេស៊ូជាបុត្រមនុស្សយ៉ាងខ្លាំងហួសហេតុ ព្រោះព្រះអង្គសម្តែងសោភ័ណភាពរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ទាក់ទាញ ចិត្តយើង ដោយចំណងនៃសេចក្តីស្រឡាញ់។ ហេតុនេះហើយបានជាត្រូវអប់រំអ្នកណែនាំឲ្យស្គាល់មាគ៌ានៃ សេចក្តីល្អប្រណិតជាចាំបាច់ត្រូវបញ្ចូលមាគ៌ានេះ ក្នុងការបញ្ជូនបន្តជំនឿ។ គួរឲ្យព្រះសហគមន៍ក្នុងភូមិភាគ នីមួយៗលើកស្ទួយសិល្បៈក្នុងកិច្ចការប្រកាសដំណឹងល្អរបស់ខ្លួន ទាំងបន្តបេតិកភណ្ឌដ៏ប្រសើរពីបុរាណមក និងយករបៀបសម្តែងនានានៃសម័យបច្ចុប្បន្នទៀតផង ក្នុងគោលបំណងបញ្ជូនបន្តជំនឿ “តាមរបៀបនិយាយ បែបថ្មីប្រៀបធៀប។ យើងត្រូវមានចិត្តក្លាហានស្វែងរកសញ្ញាសម្គាល់ថ្មី និងនិមិត្តរូបថ្មីហើយរកសាច់ឈាមថ្មី ដើម្បីបញ្ជូនបន្តព្រះបន្ទូល។ ត្រូវស្វែងរកសោភ័ណភាពតាមបែបផ្សេងៗ ដែលលេចមកក្នុងក្រុមដែលមានវប្ប ធម៌ប្លែកៗពីគ្នា សូម្បីតែរបៀបសម្តែងសិល្បៈប្លែកពីប្រពៃណីនៃសោភ័ណភាពក្ដី ដែលអ្នកនាំដំណឹងល្អប្រហែល យល់ឃើញថា គ្មានអត្ថន័យតែទាក់ទាញចិត្តអ្នកឯទៀតៗវិញ។
១៦៨- ចំពោះការអប់រំអំពីសីលធម៌វិញ ត្រូវអប់រំឲ្យគេមានចិត្តចង់រស់នៅតាមរបៀប ស្របនឹងដំណឹងល្អឲ្យបានស្មោះកាន់តែខ្លាំងឡើងៗ។ ត្រូវតែបង្ហាញអ្វីដ៏ល្អដែលគេសង្វាតចង់បានជានិច្ច គឺបង្ហាញអំពីជីវិត អំពីការ ចម្រើនទៅជាមនុស្សពេញវ័យ ឲ្យបុគ្គលិកលក្ខណៈរបស់គេម្នាក់ៗបានល្អប្រសើរ ឲ្យគេអាចបង្កើតផលបាន។ ល។ ត្រូវបង្ហាញសេចក្តីទាំងនោះតាមពន្លឺនៃដំណឹងល្អ ដែលជំទាស់នឹងសេចក្តីអាក្រក់ដែលតែងតែចង់បង្អាប់ ពន្លឺនោះ។ គួរឲ្យគេចាត់ទុកយើងជាអ្នកនាំសារប្រកបដោយអំណរសប្បាយ គឺជាអ្នកនាំយោបល់ដ៏ខ្ពង់ខ្ពស់ ជា អ្នកចង់រក្សាការល្អ និងសោភ័ណភាពជាអ្នកចាំងពន្លឺតាមការរស់នៅរបស់ខ្លួនយ៉ាងស្មោះ ស្របតាមដំណឹងល្អ កុំឲ្យគេចាត់យើងទុកជាអ្នកជំនាញការក្នុងការរកឃើញអ្វីៗដ៏មិន ល្អអ្វីៗដែលអាចបណ្តាលគ្រោះកាច ឬនាំឲ្យវង្វេងឡើយ។ កុំឲ្យគេចាត់យើងទុកជាអ្នកទស្សន៍ទាយអំពីការវិនាសអន្តរាយនៃពិភពលោក ឬទុកជាអ្នកចេះ តែអំពីវិនិច្ឆ័យទោសអំពីការណ៍លាក់កំបាំងរបស់ព្រះណាមួយទៀត។
ការជួយដំណើរបុគ្គលម្នាក់ៗក្នុងការចម្រើនឡើង
១៦៩-អរិយធម៌នៃទីក្រុង ត្រូវរបួសដោយមនុស្សមិនស្គាល់គ្នា តែនៅពេលជាមួយគ្នានេះ ចេះតែចង់ដឹងអំពីការ រស់នៅរបស់អ្នកដទៃយ៉ាងល្អិតល្អន់ និងចង់ស្គាល់រឿងគេហួសហេតុដោយមិនសមរម្យ។ ព្រះសហគមន៍ត្រូវរស់នៅក្បែរមនុស្ស គឺត្រូវសម្លឹងមើលគេទាំងស្ងើចសរសើរ ទាំងរំភើបចិត្ត និងឈប់នៅចំពោះមនុស្សម្នាក់ៗ នៅគ្រប់ពេលដែលត្រូវឈប់។ អ្នកដែលទទួលអគ្គសញ្ញាតែងតាំងឲ្យបំពេញមុខងារក្នុងព្រះសហគមន៍ ហើយ អ្នកទទួលមុខងារណែនាំឯទៀតៗ សុទ្ធតែមានសមត្ថភាពអាចនាំក្លិនក្រអូបរបស់ព្រះយេស៊ូ ដែលមានវត្តមាន នៅក្បែរគេ និងដែលទតមើលគេម្នាក់ៗ។ ព្រះសហគមន៍ត្រូវអប់រំបុគ្គលិករបស់ខ្លួន គឺទាំងលោកគង្វាលទាំង អ្នកដែលញែកខ្លួនថ្វាយព្រះអម្ចាស់ទាំងគ្រីស្តបរិស័ទធម្មតា ឲ្យស្ទាត់ជំនាញក្នុងការណែនាំគេ។ សូមឲ្យបុគ្គលិក ទាំងនេះចេះដោះស្បែកជើងរបស់ខ្លួនជានិច្ច នៅចំពោះទឹកដីដ៏សក្ការរបស់អ្នកដទៃ ដូចលោកម៉ូសេពីដើម (ដណ ៣,៥)។ យើងត្រូវដើរនៅក្បែរអ្នកដទៃជានិច្ចដើម្បីសង្គ្រោះគេ។ យើងសម្លឹងមើលគេដោយគោរពទាំងមានចិត្តពោរពេញដោយមេត្តាករុណា។ របៀបណែនាំគេបែបនេះអាចព្យាបាលគេឲ្យបានជាសះស្បើយ និង អាចរំដោះគេឲ្យមានសេរីភាព ហើយអាចលើកទឹកចិត្តគេឲ្យចម្រើនឡើងក្នុងការរស់នៅជាគ្រីស្តបរិស័ទ។
១៧០- អ្នកណែនាំបុគ្គលម្នាក់ៗតាមព្រះវិញ្ញាណច្បាស់ ត្រូវស្ថិតនៅក្បែរព្រះជាម្ចាស់ឲ្យកាន់ជិតឡើងៗជានិច្ច ព្រោះមនុស្សយើងបានសេរីភាពដ៏ពិតប្រាកដ តែដោយរួមរស់ក្នុងព្រះអង្គប៉ុណ្ណោះ។ អ្នកខ្លះស្មានថាគេមាន សេរីភាពតែតាមពិតគេដើរឆ្ងាយពីព្រះអម្ចាស់។ គេមិនដឹងខ្លួនថា គេរស់នៅយ៉ាងកំព្រា និងដោយគ្មានទីជម្រកគេក៏គ្មានទីលំនៅជាកន្លែងគេអាចត្រឡប់មកវិញជានិច្ច។ គេលែងជាបូជានីយេសក៍តទៅទៀត និងក្លាយទៅ ជាអ្នកវង្វេងដើរវិលវល់ជុំវិញខ្លួនឯងជានិច្ច មិនអាចទៅដល់ទិសដៅណាបានឡើយ។ ប្រសិនបើអ្នកណែនាំ អ្នកទាំងនោះ គ្រាន់តែព្យាបាលចិត្តគំនិតគេប៉ុណ្ណោះទេ ពិតជាអ្នកនោះមិនអាចបង្កើតផលបានទេ ព្រោះអ្នក ជូនដំណើរគេនោះ មុខជាពង្រឹងគេឲ្យគិតតែពីខ្លួនឯងក្នុងលោកនេះប៉ុណ្ណោះ គេលែងធ្វើបូជនីយកិច្ចរួមជាមួយ ព្រះគ្រីស្តទៅកាន់ព្រះបិតាទៀត។
១៧១- យើងត្រូវការមនុស្សទាំងបុរសទាំងស្រ្តី ដែលមានបទពិសោធជាអ្នកជូនដំណើរអ្នកដទៃតាមវិញ្ញាណ។ អ្នកទាំងនោះតែងស្គាល់របៀបជូនដំណើរ គឺចេះប្រុងប្រយ័ត្នមានសមត្ថភាពអាចយល់ចិត្តគេ ជាអ្នកជំនាញការ ក្នុងការរង់ចាំ ហើយតែងធ្វើតាមបង្គាប់នៃព្រះវិញ្ញាញទៀតផង។ យើងត្រូវការមនុស្សបែបនេះជាចាំបាច់ជាងនៅសម័យមុនៗទៅទៀតៗ ដើម្បីរួមគ្នាការពារចៀមដែលបានផ្ញើជីវិតមកយើងឲ្យរួចផុតពីចចក ដែលខិតខំ កម្ចាត់កម្ចាយហ្វូង។ យើងត្រូវហាត់ខ្លួនឲ្យបានស្ទាត់ជំនាញក្នុងការស្តាប់គេ មិនគ្រាន់តែឲ្យឮសេចក្តីដែលគេ និយាយប៉ុណ្ណោះទេ។ ពេលយើងមានទំនាក់ទំនងជាមួយគេ ត្រូវយកចិត្តទុកដាក់ធ្វើឲ្យពីរនាក់មានចិត្តថ្លើម តែមួយ។ ប្រសិនគ្មានចិត្តបែបនេះទេ គ្មានការជួបគ្នាតាមព្រះវិញ្ញាណយ៉ាងពិតប្រាកដទេ។ នេះពិតជាការ សំខាន់ជាងគេ។ ពេលយើងស្តាប់គេយ៉ាងពិតប្រាកដ យើងអាចរកឃើញកាយវិការ និងពាក្យសម្តីដ៏ត្រឹមត្រូវ ដែលយើងត្រូវធ្វើ ឬត្រូវនិយាយនោះ។ យើងលែងជាទស្សនិកជនដែលគ្រាន់តែមើលខាងក្រៅ តែមិនរំភើប ចិត្តសោះ។ ប្រសិនបើយើងស្តាប់គេដោយគោរពហើយចែករំលែកទុក្ខគេ ទើបយើងអាចរកឃើញផ្លូវណែនាំគេ ឲ្យចម្រើនឡើងយ៉ាងពិតប្រាកដបាន យើងអាចដាស់តឿនគេ ឲ្យមានបំណងចង់ធ្វើតាមឧត្តមគតិនៃគ្រីស្ត បរិស័ទបាន និងឲ្យគេមានចិត្តប្រញាប់ប្រញាល់តបឆ្លើយយ៉ាងពេញលេញនឹងព្រះជាម្ចាស់ ដែលស្រឡាញ់គេ។ ពេលនោះគេស្រេកឃ្លានពង្រីកអ្វីៗដ៏ល្អជាងគេ ដែលព្រះអង្គបានសាបព្រោះក្នុងការរស់នៅរបស់គេ ឲ្យចម្រើន ឡើង។ ប៉ុន្តែត្រូវមានចិត្តអត់ធ្មត់ខន្តីតាមការប្រៀនប្រដៅរបស់សន្តៈថូម៉ាសនៅអាឃីណូថា ប្រហែលព្រះជា ម្ចាស់បានប្រណីសន្តោសមនុស្សម្នាក់ឲ្យគាប់ព្រះហឫទ័យព្រះអង្គ និងឲ្យមានសេចក្តីស្រឡាញ់ក្នុងខ្លួន។ តែ គេមិនប្រព្រឹត្តតាមគុណធម៌ទាំងពីរនោះទេ “ព្រោះគេនៅតែមានលម្អៀងអាក្រក់ខ្លះ ផ្ទុយនឹងគុណធម៌ទាំងពីរ នោះកប់ក្នុងចិត្តនៅឡើយ”។ បើនិយាយតាមរបៀបផ្សេង គុណធម៌តែងតែកើតមកដោយទម្លាប់របស់ខ្លួនជា និច្ច។ តែគេពិបាករស់នៅតាមទម្លាប់នៃគុណធម៌ទាំងពីរនោះ ព្រោះមានសភាពការណ៍ខាងក្រៅបានសូន្យចិត្តគេស្រាប់ហើយរារាំងគេមិនឲ្យប្រព្រឹត្តតាមគុណធម៌ទាំងពីរនោះបាន។ ហេតុនេះហើយ “ត្រូវណែនាំគេតាម គរុកោសល្យ ដែលអប់រំអ្នកទាំងនោះឲ្យទទួលយកគម្រោងការរបស់ព្រះជាម្ចាស់ ធ្វើជាសម្បត្តិរបស់ខ្លួនបន្តិច ម្តងៗ”។ “ត្រូវការពេលវេលាយ៉ាងយូរ និងចិត្តអត់ធ្មត់យ៉ាងទូលំទូលាយ ដើម្បីឲ្យគេអាចទៅជាមនុស្សពេញ វ័យ គឺឲ្យគេមានសេរីភាពដ៏ពិតប្រាកដអាចសម្រេចសេចក្តីទាំងទទួលខុសត្រូវទៀតផង។ សន្តៈសិលា Fabre តែងមានប្រសាសន៍ថា៖ “ពេលវេលាជាអ្នកនាំសាររបស់ព្រះជាម្ចាស់”។ អ្នកដែលជូនដំណើរគេតាមវិញ្ញាណ តែងធ្លាប់ទទួលស្គាល់សភាពការណ៍របស់មនុស្សម្នាក់ៗ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងការរស់នៅតាម ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ ការទាំងពីរជាការអាថ៌កំបាំង ដែលគ្មាននរណាអាចស្គាល់យ៉ាង ពេញលេញដោយមើលពីខាងក្រៅបានទេ។ ដំណឹងល្អផ្តល់យោបល់ថា ត្រូវប្រៀនប្រដៅគេឲ្យកែកិរិយា និងត្រូវ ជួយគេឲ្យចម្រើនឡើង ដោយទទួលស្គាល់លក្ខណៈអាក្រក់នៃអំពើរបស់គេ (មថ ១៨,១៥) ប៉ុន្តែអ្នកជូន ដំណើរគេ មិនត្រូវវិនិច្ឆ័យអំពីទំនួលខុសត្រូវនិងអំពីទោសរបស់គេទេ (មក៧,១; លក ៦,៣៧)។ ក្នុងគ្រប់ករណី អ្នកជូនដំណើរយ៉ាងល្អ តាមវិញ្ញាណមិនបណ្តោយខ្លួនឲ្យគិតថា សេចក្តីអាក្រក់ក្នុងចិត្តគេនោះជាកម្មរបស់គេ មិនអាចកែបានទេ។ អ្នកជូនដំណើរគេយ៉ាងល្អតាមវិញ្ញាណ តែងអញ្ជើញគេឲ្យគេចង់ព្យាបាលខ្លួនជានិច្ចឲ្យចង់ ងើបឈរឡើង ឲ្យឱបឈើឆ្កាងរបស់ព្រះគ្រីស្តឲ្យលះបង់អ្វីៗទាំងអស់ ឲ្យចាកចេញទៅប្រកាសដំណឹងល្អសាជា ថ្មីជានិច្ច។ យើងមានបទពិសោធន៍ផ្ទាល់ខ្លួនថា ដោយមានគេជូនដំណើរយើងតាមវិញ្ញាណ គេព្យាបាលយើង គេបានជួយយើងឲ្យនិយាយអំពីការរស់នៅរបស់ខ្លួនយ៉ាងស្មោះ នៅចំពោះគេនោះ។ ដូច្នេះយើងបានរៀនឲ្យ មានចិត្តអត់ធ្មត់ និងឲ្យចេះយោគយល់ដល់គេ។ យើងក៏អាចរកឃើញរបៀបធ្វើឲ្យទុកចិត្តលើខ្លួនឯង និងឲ្យ បើកចិត្តគំនិតយ៉ាងទូលាយ ហើយឲ្យគេសុខចិត្តចម្រើនឡើងជាលំដាប់។
១៧៣-អ្នកជូនដំណើតាមវិញ្ញាណយ៉ាងពិតប្រាកដចាប់ផ្តើម និងចម្រើនឡើងដោយមានបំណងចង់បម្រើបេសក កម្មជម្រាបជូនដំណឹងល្អជានិច្ច។ គ្រីស្តទូតប៉ូល និងលោកធីម៉ូថេធ្លាប់មានទំនាក់ទំនងជាមួយគ្នា។ ទំនាក់ទំនង នេះជាគំរូអំពីការជូនដំណើរតាមវិញ្ញាណ និងអំពីការអប់រំខ្លួនក្នុងពេលបំពេញកិច្ចការជាសាសនទូត។ គ្រីស្តទូត ប៉ូលផ្តាំផ្ញើឲ្យលោកធីម៉ូថេស្ថិតនៅមួយរយៈក្នុងគ្រប់ទីក្រុង “ដើម្បីបង្ហើយការចាត់ចែងព្រះសហគមន៍” (ទត ១,៥ ;១ធម ១,៣-៥)។ លោកក៏ផ្តល់លក្ខណៈសម្រាប់ការរស់នៅផ្ទាល់របស់គាត់ និងសម្រាប់កិច្ចណែនាំព្រះសហគមន៍ដែរ។ ពាក្យផ្តែផ្តាំទាំងនោះខុសប្លែកពីរបៀបជូនដំណើរយ៉ាងស្និទ្ធស្នាល ឬរបស់អ្នកមានបំណងចង់ ឲ្យគេចម្រើនឡើងតែខ្លួនឯងដាច់ដោយឡែកពីគេ។ សាវ័កសាសនទូតជូនដំណើរសាវ័កសាសនទូតឯទៀតៗតាមវិញ្ញាណ។
អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់
១៧៤-ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនគ្រាន់តែផ្តល់ឲ្យធម្មទេសនាមានជីវិតរស់រវើកប៉ុណ្ណោះទេតែគ្រប់កិច្ចការ ជម្រាបជូនដំណឹងល្អ ក៏ចាក់គ្រឹះលើព្រះបន្ទូលដែរ គឺយើងស្តាប់ព្រះបន្ទូល នឹកសញ្ជឹងគិតព្រះបន្ទូលរស់នៅតាមព្រះបន្ទូល និងលើកតម្កើងព្រះបន្ទូល ព្រមទាំងធ្វើសាក្សីអំពីព្រះបន្ទូល។ ព្រះបន្ទូលពិតជាប្រភពនៃការ ប្រកាសដំណឹងល្អ។ ហេតុនេះហើយបានជាយើងត្រូវទទួលការអប់រំតទៅទៀត ឲ្យចេះស្តាប់ព្រះបន្ទូល។ ប្រសិន បើព្រះសហគមន៍មិនបណ្តោយខ្លួនឲ្យស្តាប់ព្រះបន្ទូលជានិច្ចនោះ ព្រះសហគមន៍មិននាំដំណឹងល្អទេ។ ត្រូវឲ្យព្រះបន្ទូល “ទៅជាស្នូលនៃកិច្ចការទាំងអស់របស់ព្រះសហគមន៍ឲ្យកាន់តែខ្លាំងឡើងៗជានិច្ច”។ នេះជាការសំខាន់ដែលអាក់ខានមិនបាន។ យើងស្តាប់ព្រះបន្ទូលលើកតម្កើងព្រះបន្ទូលជាពិសេសក្នុងអភិបូជា។ នៅពេល នោះព្រះបន្ទូលចិញ្ចឹម និងពង្រឹងគ្រីស្តបរិស័ទពីខាងក្នុង និងប្រោសឲ្យគេអាចធ្វើជាសាក្សីអំពីដំណឹងល្អតាម រយៈការរស់នៅប្រចាំថ្ងៃ។ ឥឡូវយើងលែងគិតថា ព្រះបន្ទូលនិងអគ្គសញ្ញាមិនត្រូវគ្នាទៀតហើយ។ យើងប្រកាស ព្រះបន្ទូលដែលមានជីវិតរស់រវើក និងដែលបង្កើតផលព្រះបន្ទូលសក្តិសិទ្ធិរៀបចំចិត្តគំនិតអ្នកជឿ ឲ្យទទួលអគ្គ សញ្ញាព្រះបន្ទូលក៏ទទួលផលយ៉ាងពេញលេញក្នុងអគ្គញសញ្ញាដែរ។
១៧៥-ត្រូវបើកឲ្យគ្រីស្តបរិស័ទទាំងអស់អាចសិក្សាព្រះគម្ពីរបាន។ ព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្តែងឲ្យ មនុស្សលោកស្គាល់ពិតជាគ្រឹះផ្តល់ឲ្យការអប់រំជំនឿ និងឲ្យគ្រប់កិច្ចការបញ្ជូនបន្តជំនឿអាចបង្កើតផលបាន។អ្នកនាំដំណឹងល្អត្រូវស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្បាស់។ ហេតុនេះគ្រប់ភូមិភាគ គ្រប់សហគមន៍ និងគ្រប់ចលនាកាតូលិកត្រូវផ្តល់លទ្ធភាព ឲ្យគេរៀនព្រះគម្ពីរយ៉ាងប្រាកដប្រជាដោយព្យាយាម។ ត្រូវលើកស្ទួយ ឲ្យគ្រីស្តបរិស័ទម្នាក់ៗ និងគ្រីស្តបរិស័ទរួមគ្នាអានគម្ពីរទាំងស្មឹងស្មាធិ៍តាម។ យើងមិនស្វែងរកព្រះជាម្ចាស់ក្នុងភាពងងឹតដោយស្ទាបស្ទង់ទៀតទេ ក៏ប៉ុន្តែយើងមិនត្រូវរង់ចាំថា ព្រះជាម្ចាស់នឹងមានព្រះបន្ទូលមកយើងផ្ទាល់ ដែរដ្បិត “ព្រះអង្គមានព្រះបន្ទូលយ៉ាងពិតប្រាកដរួចមកហើយ ព្រះអង្គបានសម្តែងព្រះអង្គផ្ទាល់យើងក៏ស្គាល់ ព្រះអង្គបានខ្លះៗហើយ។ យើងត្រូវតែទទួលព្រះបន្ទូល ដែលព្រះអង្គបានសម្តែងទុកជាសម្បត្តិដ៏ថ្លៃប្រសើរ បំផុត។
ជំពូក ៤
ការប្រកាសដំណឹងល្អមានលក្ខណៈសង្គម
***
១៧៦-អ្នកប្រកាសដំណឹងល្អ ធ្វើឲ្យព្រះជាម្ចាស់គ្រងរាជ្យក្នុងលោកនេះ គឺធ្វើឲ្យព្រះអង្គមានវត្តមានក្នុងលោកនេះ។ តែមិនមានពាក្យណាមួយដែលអាចពន្យល់បរិយាយអំពីការប្រកាសដំណឹងល្អឲ្យបានសព្វគ្រប់ទេ ព្រោះ ការប្រកាសដំណឹងល្អនេះ ជាកិច្ចការមួយដ៏មានអត្ថន័យច្រើន ដែលសុទ្ធតែមានថាមពលអាចបង្កើតផលបាន។ អ្នកមានបំណងចង់ពន្យល់អំពីព្រះជាម្ចាស់គ្រងរាជ្យយ៉ាងខ្លី មុខជាបណ្តាលឲ្យការប្រកាសដំណឹងល្អបាត់អត្ថន័យ និងបាត់ខ្លឹមសារថែមទៀត។ ខ្ញុំសូមចែករំលែកកង្វល់របស់ខ្ញុំអំពីលក្ខណៈសង្គម នៃការប្រកាសដំណឹងល្អ ព្រោះថា ប្រសិនបើខ្ញុំមិនបញ្ជាក់អំពីលក្ខណៈសង្គមនេះយ៉ាងត្រឹមត្រូវ គ្រីស្តបរិស័ទមុខជាអាចបង្ខូចអត្ថន័យដ៏ពិតប្រាកដទាំងស្រុង នៃបេសកកម្មរបស់យើងក្នុងការប្រកាសដំណឹងល្អនេះ។
១) ការប្រកាសដំណឹងល្អដើមដំបូងពាក់ព័ន្ធនឹងសហគមន៍និងសង្គម
១៧៧-ការប្រកាសដំណឹងល្អដើមដំបូងច្បាស់ជាពាក់ព័ន្ធនឹងសង្គម។ សេចក្តីនេះចៀសមិនផុតឡើយ។ ការរស់ នៅរួមគ្នា និងការប្តេជ្ញាចិត្តចំពោះអ្នកដទៃជាស្នូលនៃដំណឹងល្អ។ ការប្រកាសដំណឹងល្អដើមដំបូងតែពាក់ព័ន្ធ នឹងសីលធម៌ ព្រោះសីលធម៌មានសេចក្តីស្រឡាញ់ជាគោលដ៏សំខាន់បំផុត។
ការប្រកាសជំនឿនិងការប្តេជ្ញាចិត្តប្រែសង្គម
១៧៨-អ្នកប្រកាសថា មានព្រះបិតាមួយព្រះអង្គដែលស្រឡាញ់មនុស្សគ្រប់ៗរូបហួសពីការស្មាន អ្នកនោះមុខជាយល់ឃើញថា “ព្រះអង្គប្រទានឲ្យមនុស្សម្នាក់ៗមានកិត្តិយសហួសពីការស្មានដែរ”។ អ្នកប្រកាសថា ព្រះ បុត្រារបស់ព្រះជាម្ចាស់បានប្រសូតជាមនុស្សដូចយើងបេះបិទក៏ប្រកាសដែរថាព្រះអង្គបានលើកមនុស្សម្នាក់ៗទៅដល់ព្រះបេះដូងរបស់ព្រះជាម្ចាស់។អ្នកប្រកាសថាព្រះយេស៊ូបានបូជាព្រះជន្មសម្រាប់យើង យើងក៏មិនអាចមានមន្ទិលសង្ស័យចំពោះព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គបានដែរ គឺត្រូវជឿថាព្រះអង្គបានផ្តល់កិត្តិយសហួសពីការស្មានដល់មនុស្សគ្រប់ៗរូប។ ព្រះអង្គរំដោះមនុស្សលោក ក៏ពិតជាមានអត្ថន័យខាងសង្គម ដែរដ្បិត “ព្រះជាម្ចាស់មិនគ្រាន់តែបានរំដោះបុគ្គលម្នាក់ៗក្នុងអង្គព្រះគ្រីស្តប៉ុណ្ណោះទេ តែព្រះអង្គក៏បានរំដោះ ទំនាក់ទំនងរវាងមនុស្ស និងមនុស្សក្នុងសង្គមថែមទៀត”។ អ្នកប្រកាសថា ព្រះវិញ្ញាណមានសកម្មភាពក្នុង មនុស្សទាំងអស់មុខជាត្រូវទទួលស្គាល់ទៀតថា ព្រះអង្គសព្វព្រះហឫទ័យជ្រួតជ្រាបក្នុងគ្រប់សភាពការណ៍របស់ មនុស្សលោក ហើយក្នុងគ្រប់ចំណងនៃទំនាក់ទំនងក្នុងសង្គមដែរ។ “ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះប្រាជ្ញាញាណ ហួសពីការស្មាន ព្រះអង្គអាចដោះស្រាយបញ្ហាស្មុគ្រស្មាញជាងគេក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិបាន។ អ្នក ប្រកាសដំណឹងល្អតែងតែខិតខំរួមសហការជាមួយព្រះវិញ្ញាណ ដែលកំពុងរំដោះមនុស្សលោកសព្វថ្ងៃ។ ការ អាថ៌កំបាំងដ៏អស្ចារ្យ នៃព្រះត្រៃឯករំឭកយើងឲ្យជឿថា ព្រះជាម្ចាស់បានប្រតិស្ឋានមនុស្សយើងឲ្យបានដូចព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ ដែលព្រះអង្គរួបរួមជាព្រះជាម្ចាស់តែមួយព្រះអង្គ។ ដូច្នេះយើងមិនអាចទៅ ជាមនុស្សពេញលក្ខណៈ និងមិនអាចសង្គ្រោះខ្លួនយើង ដោយយើងនៅឯកឯងបានឡើយ។ ដោយនឹកគិតដល់ ខ្លឹមសារនៃដំណឹងល្អ យើងទទួលស្គាល់ថា ការប្រកាសដំណឹងល្អភ្ជាប់ជាមួយនិងការលើកស្ទួយកិត្តិយសរបស់ មនុស្សយ៉ាងជិតស្និទ្ធបំផុត។ គ្រប់កិច្ចការដើម្បីប្រកាសដំណឹងល្អ ត្រូវតែបង្ហាញនិងពង្រឹងកិត្តិយសនេះ។ អ្នក សុខចិត្តទទួលសេចក្តីប្រកាសដើមដំបូង ដែលអញ្ជើញឲ្យគេបណ្តោយខ្លួនឲ្យព្រះជាម្ចាស់ស្រឡាញ់គេ និង ស្រឡញ់ព្រះអង្គទៅវិញ ដោយមានសេចក្តីស្រឡាញ់ហូរមកពីព្រះអង្គចែកចាយនោះ។ ដោយគេសុខចិត្តទទួល សេចក្តីប្រកាសដើមដំបូងនោះ គេមានបំណងចង់ និងយកចិត្តទុកដាក់ស្វែងរកប្រយោជន៍អ្នកដទៃ។ នេះជាលទ្ធផលដើមដំបូងជាគ្រឹះក្នុងការរស់នៅ និងក្នុងកិច្ចការរបស់អ្នកដែលទទួលសេចក្តីប្រកាសដើមដំបូងនោះ។
១៧៩-ការទទួលសេចក្តីប្រកាសដំណឹងល្អ អំពីការសង្គ្រោះភ្ជាប់ជាមួយនឹងសេចក្តីស្រឡាញ់យ៉ាងសកម្ម ចំពោះ អ្នកដទៃទុកដូចបងប្អូន។ ដំណឹងល្អនិងការស្រឡាញ់អ្នកដទៃភ្ជាប់គ្នាដោយចំណង ដែលស្រាយមិនបាន។ គួរឲ្យនឹកគិតដល់អត្ថបទគម្ពីរខ្លះ ដែលបញ្ជាក់សេចក្តីនេះ។ ត្រូវនឹកសញ្ជឹងគិតស្មឹងស្មាធិ៍អំពីអត្ថបទទាំងនោះ ដោយយកចិត្តទុកដាក់ដើម្បីយោងគំនិតអំពីអ្វីៗទាំងអស់ ដែលយើងត្រូវប្រព្រឹត្ត។ យើងធ្លាប់ស្តាប់សេចក្តីនេះជាញឹកញាប់ តែមិនសូវចាប់អារម្មណ៍ ដោយយើងមិននឹកគិតថា សេចក្តីក្នុងអត្ថបទទាំងនោះមានឥទ្ធិពលយ៉ាង ពិតប្រាកដក្នុងការរស់នៅរបស់ខ្លួនផ្ទាល់ និងក្នុងសហគមន៍របស់យើងដែរ។ ទម្លាប់នេះបណ្តាលឲ្យយើងលែងស្ងើចសរសើរគម្ពីរគម្ពីរលែងទាក់ទាញចិត្តយើង ហើយយើងក៏លែងមានចិត្តខ្នះខ្នែង ចង់រស់ស្របតាមដំណឹង ល្អ ដែលទូន្មានយើងអំពីយុត្តិធម៌និងអំពីភាតរភាព។ ទម្លាប់ពិតជាបណ្តាលឲ្យកើតគ្រោះកាចដ៏ចង្រៃ។ ព្រះ បន្ទូលរបស់ព្រះជាម្ចាស់បង្រៀនយើងថា ពេលណាយើងឃើញមនុស្សម្នាក់ យើងក៏ឃើញគម្រោងការដ៏អស្ចារ្យ របស់ព្រះជាម្ចាស់ ដែលប្រសូតជាមនុស្សសម្រាប់យើងគ្រប់ៗរូប។ គម្រោងការនេះនៅតែបន្តតទៅទៀតក្នុងបង ប្អូនយើងជានិច្ចគឺ “គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពីណាមួយ ចំពោះអ្នកតូចតាចជាងគេបំផុត ម្នាក់ដែល ជាបងប្អូនរបស់ខ្ញុំនោះ ក៏ដូចជាអ្នករាល់គ្នាបានប្រព្រឹត្តចំពោះខ្ញុំដែរ” (មថ ២៥,៤០)។ អ្វីៗដែលយើងប្រព្រឹត្ត ចំពោះអ្នកដទៃមានលក្ខណៈហួសពីលោកីយ៍នេះ គឺថា “ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នាតាម រង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ” (មថ ៧,២)។ ព្រះបន្ទូលនេះក៏ស៊ីជ្រៅនឹងព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្តា ករុណាចំពោះយើង៖ “ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាមានព្រះហឫទ័យមេត្តាករុណា។ កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្តន្ទាទោសអ្នកដទៃឲ្យ សោះនោះ ព្រះជាម្ចាស់ក៏មិនផ្តន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹង លើកលែងទោសឲ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទាន អំណោយដល់អ្នក រាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាស់ឲ្យអ្នកតាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ” (លក៣៦-៣៨)។ អត្ថបទទាំងនោះបង្ហាញបញ្ជាក់នូវអាទិភាពលើសគេថា “ត្រូវឈប់រកប្រយោជន៍ ផ្ទាល់ខ្លួន និងចេញទៅរកអ្នកដទៃ”។ ពេលយើងពិចារណាអំពីការចម្រើននៃជីវិតខាងវិញ្ញាណ គឺអំពីការតបឆ្លើយ របស់មនុស្សម្នាក់ និងអំពីព្រះអំណោយទានរបស់ព្រះបិតា ដែលមិនសុំអ្វីមកសងគុណវិញសោះ យើងត្រូវនឹក ជានិច្ចដល់វិន័យមួយក្នុងចំណោមវិន័យទាំងពីរដ៏សំខាន់ជាងគេ ដែលជាគ្រឹះនៃក្បួនសីលធម៌ និងដែលជា សញ្ញាសម្គាល់ច្បាស់ជាងគេអំពីការចម្រើននោះដែរ។ ហេតុនេះហើយបានជា “ការបម្រើអ្នកដទៃដោយសេចក្តី ស្រឡាញ់ ពិតជាលក្ខណៈមួយដែលបង្កើតបេសកកម្មរបស់ព្រះសហគមន៍ ហើយក៏បញ្ជាក់ខ្លឹមសារនៃព្រះ សហគមន៍ដែរ។ ព្រះសហគមន៍កើតមកដោយមានលក្ខណៈជាសាសនទូត។ ហេតុនេះហើយបានជាសេចក្តីស្រឡាញ់យ៉ាងសកម្ម ចំពោះអ្នកដទៃហូរមកពីលក្ខណៈបែបនេះ គឺគ្រីស្តបរិស័ទសម្តែងមេត្តាករុណា យល់ចិត្ត គំនិតគេ គាំទ្រគេ និងលើកស្ទួយគេទៀតផង។
ព្រះជាម្ចាស់គ្រងរាជ្យ ព្រះអង្គត្រាស់ហៅយើង
១៨០-ពេលយើងអានគម្ពីរ យើងឃើញយ៉ាងច្បាស់ថា ដំណឹងល្អមិនគ្រាន់តែសម្តែងអំពីទំនាក់ទំនងជាមួយព្រះ ជាម្ចាស់ប៉ុណ្ណោះទេ។ យើងតបឆ្លើយនឹងព្រះអង្គដោយចិត្តស្រឡាញ់មិនគ្រាន់តែដោយធ្វើអំពើល្អតូចៗ ដើម្បី ជួយមនុស្សណាម្នាក់ដែលត្រូវការទេ។ បើធ្វើដូច្នេះ យើងមានចិត្តស្រឡាញ់តាមតែចិត្តយើងចង់ គឺគ្រាន់តែជា “អំពើល្អដែលយើងធ្វើដើម្បីឲ្យបានធូរចិត្ត”។ តែយើងប្រកាសដំណឹងអំពីព្រះជាម្ចាស់គ្រងរាជ្យ (លក ៤,៤៣) បានសេចក្តីថា យើងត្រូវស្រឡាញ់ព្រះជាម្ចាស់ ដែលគ្រងរាជ្យក្នុងពិភពលោកយើងសព្វថ្ងៃ។ ប្រសិនបើព្រះអង្គគ្រងរាជ្យក្នុងចំណោមយើងពិតមែន ការរស់នៅរបស់មនុស្សទាំងអស់ក្នុងសង្គម ក៏ពិតជានឹងផ្លាស់ប្រែឲ្យបាន ប្រកបដោយភាតរភាពដោយយុត្តិធម៌ និងដោយសន្តិភាព ហើយមនុស្សមានកិត្តិយសទាំងអស់គ្នា។ ហេតុនេះហើយបានជាទាំងការប្រកាសដំណឹងល្អ ទាំងបទពិសោធក្នុងឋានៈជាគ្រីស្តបរិស័ទ ក៏សុទ្ធតែដាស់តឿនយើង ឲ្យបង្កើតផលក្នុងសង្គម។ យើងត្រូវស្វះសែ្វងរករបៀបព្រះអង្គគ្រងរាជ្យ៖ “ចូរយកចិត្តទុកដាក់ឲ្យព្រះជាម្ចាស់គ្រងរាជ្យ និងខិតខំធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានអ្វីៗទាំងអស់មកអ្នករាល់ គ្នាថែមទៀត” (មថ ៦,៣៣)។ ព្រះយេស៊ូមានគម្រោងការធ្វើឲ្យព្រះបិតាគ្រងរាជ្យ ព្រះអង្គក៏មានព្រះបន្ទូល មកក្រុមសាវ័កថា “ចូរប្រកាសថា ព្រះដ៏ខ្ពង់ខ្ពស់បំផុត ជិតយាងមកគ្រងរាជ្យហើយ” (មថ ១០,៧)។
១៨១-ព្រះជាម្ចាស់គ្រងរាជ្យលើយើង មុនយើងស្គាល់ព្រះអង្គ ហើយព្រះអង្គគ្រងរាជ្យយ៉ាងកាន់តែចម្រើនឡើងៗ ក្នុងចំណោមយើងដែរ។ ព្រះអង្គត្រូវគ្រងរាជ្យលើអ្វីៗទាំងអស់។ សម្តេចប៉ាបប៉ូលទី ៦ បានរំឭកនូវគោលការណ៍ មួយសម្រាប់ជួយណែនាំក្នុងការរិះគិតពិចារណា អំពីការអភិវឌ្ឍដ៏ពិតប្រាកដគឺថា៖ “ត្រូវអភិវឌ្ឍមនុស្សទាំងអស់ ផងនិងអភិវឌ្ឍមនុស្សម្នាក់ៗទាំងស្រុងផងដែរ”។ “ពេលយើងប្រកាសដំណឹងល្អយើងត្រូវនឹកគិតថា ដំណឹងល្អពាក់ព័ន្ធនឹងការរស់នៅផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងរបៀបយើងរស់នៅក្នុងសង្គម ពាក់ព័ន្ធនឹងការរស់នៅរបស់មនុស្សទូទៅ។ ប្រសិនបើមិនគិតដូច្នេះទេ ការប្រកាសរបស់យើងនោះមិនគ្រប់គ្រាន់នៅឡើយ”។ លក្ខណៈអភិវឌ្ឍន៍ ទូទៅបែបនេះ ក៏ជាលក្ខណៈនៃថាមពលរបស់ដំណឹងល្អដែរ ព្រោះព្រះបិតាសព្វព្រះហឫទ័យសង្គ្រោះមនុស្ស ទាំងអស់ គឺព្រះអង្គមានគម្រោងការចង់ប្រមូលអ្វីៗទាំងអស់ ទាំងអ្វីនៅលើមេឃ ទាំងអ្វីនៅលើផែនដី ឲ្យស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រីស្តជាព្រះអម្ចាស់តែមួយព្រះអង្គ (តាម អភ១,១០)។ ព្រះយេស៊ូបញ្ជាក់ថា៖ “ចូរនាំគ្នាចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់សត្វលោកទាំងអស់ទៅ” (មក ១៦,១៥) ដ្បិត “អ្វីៗសព្វសារពើដែលព្រះអង្គប្រតិស្ឋានមក កំពុងតែអន្ទះអន្ទែងទន្ទឹងរង់ចាំ ពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្រធីតារបស់ព្រះអង្គ” (រម ៨,៩)។ “អ្វីៗសព្វសារពើដែលព្រះអង្គប្រតិស្ឋានមក” នោះក៏ មានន័យថា ជាតិមនុស្សយើងក្នុងគ្រប់វិស័យដែរ។ ហេតុនេះហើយបានជា ព្រះសហគមន៍ទទួលបេសកកម្ម ប្រកាសដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ត នៅពាសពេញក្នុងពិភពលោក។ វិន័យអំពីសេចក្តីស្រឡាញ់តាមព្រះ បញ្ជារបស់ព្រះអង្គពាក់ព័ន្ធនឹងគ្រប់វិស័យនៃការរស់នៅរបស់មនុស្ស ពាក់ព័ន្ធនឹងមនុស្សគ្រប់ៗរូប ហើយពាក់ ព័ន្ធនឹងគ្រប់វិស័យនៃការរស់ក្នុងសង្គម ព្រមទាំងពាក់ព័ន្ធនឹងប្រជាជនទាំងឡាយដែរ។ សេចក្តីសង្ឃឹមយ៉ាង ពិតប្រាកដរបស់គ្រីស្តបរិស័ទ ដែលរង់ចាំព្រះជាម្ចាស់គ្រងរាជ្យនៅពេលចុងក្រោយបំផុត ជាស្ថាពរនៅតែបង្កើត ប្រវត្តិសាស្រ្តជានិច្ច។
សេចក្តីបង្រៀនរបស់ព្រះសហគមន៍អំពីការរស់នៅក្នុងសង្គម
១៨២-ការបង្រៀនរបស់ព្រះសហគមន៍អំពីសភាពការណ៍ ដែលតែងតែប្រែប្រួលជានិច្ចមានកាន់តែសំខាន់ឡើងៗ និងកាន់តែថ្មីផង គ្រីស្តបរិស័ទក៏អាចនិយាយជជែកគ្នាអំពីការបង្រៀនទាំងនោះបានដែរ។ ក៏ប៉ុន្តែ ទោះបីយើងមិនចង់ពន្យល់យ៉ាងពិស្តាក្តី ក៏យើងត្រូវតែនិយាយយ៉ាងជាក់ច្បាស់ដែរ។ ខ្ញុំមានបំណងដូច្នេះ កុំឲ្យគោលការណ៍ដ៏សំខាន់ៗនៃព្រះសហគមន៍ អំពីសង្គមគ្រាន់តែនៅជាយោបល់ទូទៅប៉ុណ្ណោះទេ តែមិនដាស់តឿនដល់ នរណាសោះ។ ផ្ទុយទៅវិញយើងក៏ត្រូវយោងហេតុផលពីគោលកាណ៍ទាំងនោះ ដើម្បីប្រតិបត្តិតាមយ៉ាងជាក់ ស្តែង “ដើម្បីឲ្យគោលការណ៍ទាំងនោះ មានឥទ្ធិពលយ៉ាងសកម្មទៅលើសភាពការណ៍ដ៏ស្មុគ្រស្មាញនៃពិភពលោកនាបច្ចុប្បនកាល”។ អស់លោកគង្វាលអាចទទួលស្គាល់សេចក្តីបង្រៀនរបស់វិទ្យាផ្សេងៗបាន ហើយ មានសិទ្ធិបញ្ចេញយោបល់អំពីអ្វីៗទាំងអស់ ដែលពាក់ព័ន្ធនឹងការរស់នៅរបស់បុគ្គលម្នាក់ៗ។ ក៏ប៉ុន្តែអស់លោក មានភារកិច្ចប្រកាសដំណឹងល្អ ដែលជាប់ពាក់ព័ន្ធនឹងការលើកស្ទួយកិត្តិយសបុគ្គលម្នាក់ៗទាំងស្រុង។ ការ ប្រកាសដំណឹងល្អទាមទារឲ្យយើងធ្វើដូច្នេះ។ កុំឲ្យមាននរណាហ៊ាននិយាយទៀតថា សាសនាពាក់ព័ន្ធតែនឹង វិស័យឯកជន ហើយក៏មានប្រយោជន៍សម្រាប់តែរៀបចំមនុស្សឲ្យគិតគូរដល់លោកខាងមុខប៉ុណ្ណោះទៀតដែរ។ យើងដឹងច្បាស់ថា ទោះបីព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ ឲ្យទទួលព្រះជន្មដ៏ពេញលក្ខណៈរបស់ព្រះអង្គផ្ទាល់នៅលោកខាងមុខក្ដី ក៏ព្រះអង្គសព្វព្រះហឫទ័យឲ្យបុត្រធីតារបស់ព្រះអង្គបានប្រកបដោយសេចក្តី សុខសាន្តនៅលើផែនដីនេះដែរ។ ព្រះអង្គបានប្រតិស្ឋានអ្វីៗទាំងអស់ ដើម្បីឲ្យយើងប្រើប្រាស់ (១ ធម ៦,១៧និងឲ្យមនុស្សទាំងអស់អាចប្រើប្រាស់បានដែរ។ ហេតុនេះហើយបានជាអស់អ្នកដែលប្រែចិត្តគំនិតទៅជាគ្រីស្ត បរិស័ទត្រូវតែរិះគិតសាជាថ្មី “ជាពិសេសអំពីអ្វីៗទាំងអស់ដែលពាក់ព័ន្ធនិងរបៀបរៀបរយក្នុងសង្គម និងអំពី ការបង្កើតប្រយោជន៍រួមដែរ”។
១៨៣-ហេតុនេះហើយបានជាគ្មាននរណាម្នាក់ អាចបង្ខំឲ្យយើងយកសាសនាដាក់ដោយឡែក គឺក្នុងជម្រៅចិត្ត របស់បុគ្គលម្នាក់ៗទេ។ កុំគិតទៀតថាសាសនាគ្មានឥទ្ធិពលទៅលើការរស់នៅក្នុងសង្គម និងទៅលើការរស់នៅ របស់ជាតិទេ ឬគិតថាសាសនាមិនរវីរវល់នឹងសុខភាពរបស់ស្ថាប័ននៃសង្គមស៊ីវិល ហើយក៏គ្មានសិទ្ធបញ្ចេញយោបល់អំពីព្រឹត្តិការណ៍ ដែលប្រជាពលរដ្ឋចាប់អារម្មណ៍។ តើនរណាហ៊ានយកសាររបស់សន្តៈ្រហ្វង់ស៊ីស្កូនៅ អាស៊ីស៊ី និងសាររបស់សន្តីថេរេសានៅកាល់គូតា មកដាក់ដោយឡែកទុកក្នុងព្រះវិហារមួយដូចជាប់ឃុំឃាំង បានដើម្បីឲ្យគេនៅស្ងៀមបាន? អ្នកទាំងពីរមិនសុខចិត្តឃុំឃាំងសារទាំងនោះបានជាដាច់ខាត។ អ្នកដែលផ្ញើជីវិតយ៉ាងពិតប្រាកដលើព្រះជាម្ចាស់មិនដែលស្រួលទេ ហើយគេក៏មិនមានជំនឿដើម្បីជាប្រយោជន៍ដល់គេ តែ ម្នាក់ឯងដែរ។ អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ត្រូវមានបំណងយ៉ាងខ្លាំងចង់ប្រែពិភពលោក និងចង់បញ្ជូនបន្តនូវ អ្វីៗដែលខ្លួនយល់ឃើញថាមានតម្លៃ ទុកអ្វីដ៏ល្អប្រសើរធ្វើជាកេរដំណែលក្រោយពីខ្លួនបានដើរឆ្លងផុតពីផែនដីនេះទៅដល់ត្រើយ។ យើងស្រឡាញ់ផែនដីដ៏ល្អប្រណិតនេះ ជាកន្លែងព្រះជាម្ចាស់ដាក់យើងឲ្យរស់នៅ។ ទោះបីមនុស្សតែងតែកាត់ឆ្លងវិនាសកម្មក្តី ទោះបីយើងតែងតែណាយចិត្តក្តី ក៏យើងនៅតែស្រឡាញ់មនុស្សលោក ដែលរស់នៅលើផែនដីនេះដែរ។ យើងស្រឡាញ់មនុស្សលោកដែលនៅតែសង្វាតស្វែងរកសេចក្តីសុខ មនុស្ស ដែលមានសេចក្តីសង្ឃឹម យើងក៏ស្រឡាញ់មនុស្សដែលមានតម្លៃដ៏ថ្លៃប្រសើរ និងដែលមានភាពទន់ខ្សោយ ដែរ។ ផែនដីជាផ្ទះរួមរបស់មនុស្សយើង យើងទាំងអស់គា្នក៏ជាបងប្អូនដែរ។ ទោះបីរបៀបរៀបរយក្នុងសង្គម និងក្នុងរដ្ឋនីមួយៗជាភារកិច្ចចម្បងនៃអំណាចខាងនយោបាយក្តី ក៏ “ព្រះសហគមន៍មិនអាចស្ថិតនៅ ដោយឡែកពីការតស៊ូរបស់មនុស្សដែលស្វែងរកយុត្តិធម៌ដែរ”។ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទទាំងអស់ និង អស់លោកគង្វាល ឲ្យយកចិត្តទុកដាក់សាងសង់ពិភពលោកឲ្យកាន់តែល្អប្រសើរជាងសព្វថ្ងៃ។ លទ្ធិនៃព្រះ សហគមន៍ អំពីសង្គមតែងតែផ្តល់យោបល់សម្រាប់សាងសង់ និងតម្រង់មនុស្សឲ្យប្រែពិភពលោកនេះ។ ដូច្នេះលទ្ធិនេះនៅតែជាសញ្ញាសម្គាល់អំពីសេចក្តីសង្ឃឹមដែលផុសឡើងពីចិត្តមនុស្ស ដែលពោរពេញដោយសេចក្តីស្រឡាញ់ហូរមកពីព្រះយេស៊ូគ្រីស្ត។ នៅពេលជាមួយគ្នានេះ លទ្ធិនេះណែនាំគ្រីស្តបរិស័ទឲ្យរួបរួមជាមួយអស់អ្នកដែលខិតខំខ្នះខ្នែងក្នុងវិស័យសង្គម និងជាមួយព្រះសហគមន៍ឯទៀតៗ ព្រមទាំងជាមួយក្រុមជំនុំនានា គឺ សហការក្នុងការរិះគិតរួមគ្នាត្រង់លទ្ធិក្តី ទាំងក្នុងការអនុវត្តក្តី។
១៨៤-នៅពេលនេះ ខ្ញុំមិនចង់ពន្យល់យ៉ាងពិស្តារអំពីបញ្ហាសំខាន់ៗទាំងប៉ុន្មាន ក្នុងសង្គមនៅលើពិភពលោក បច្ចុប្បន្ននេះទេ។ ខ្ញុំបានបកស្រាយបញ្ហាខ្លះនៅជំពូកទីពីររួចមកហើយ។ លិខិតនេះក៏ពុំមែនជាឯកសារពន្យល់ លទ្ធិខាងសង្គមដែរ។ យើងមានសៀវភៅមួយជាគ្រឿងឧបករណ៍ជួយរិះគិតអំពីប្រធានបទនានាក្នុងសង្គម គឺ“សេចក្តីសង្ខេបនៃលទ្ធិព្រះសហគមន៍ត្រង់សង្គម”។ ខ្ញុំសូមផ្តែផ្តាំយ៉ាងកក់ក្តៅឲ្យគ្រីស្តបរិស័ទសិក្សា និងប្រើ សៀវភៅនោះ។ ម៉្យាងទៀតកុំស្មានថា មានតែអភិបាលព្រះសហគមន៍ក្រុងរ៉ូម ឬព្រះសហគមន៍ប៉ុណ្ណោះទេ ដែលអាចរកអត្ថន័យនៃសភាពការណ៍ក្នុងសង្គម ឬដែលអាចផ្តល់យោបល់ ដើម្បីរកដោះស្រាយបញ្ហាទាំង ប៉ុន្មានដែលចោទឡើង ក្នុងពិភពលោកនាបច្ចុប្បន្នកាល។ ខ្ញុំអាចនិយាយឡើងវិញ នូវសេចក្តីដែលសម្តេចប៉ាប ប៉ូលទី ៦ បានប្រាប់យ៉ាងឈ្លាសវៃថា៖ “នៅចំពោះសភាពការណ៍ប្លែកៗពីគ្នាជាច្រើន យើងពិបាកនិយាយសេចក្តីតែមួយ យើងក៏មិនអាចផ្តល់យោបល់តែមួយសម្រាប់ដោះស្រាយបញ្ហាតាមរបៀបជាសកលបានដែរ។ យើងគ្មានបំណងនេះទេ ហើយក៏មិនមែនជាបេសកកម្មរបស់យើងដែរ។ សហគមន៍គ្រីស្តបរិស័ទនានាត្រូវតែ វិភាគសភាពការណ៍ប្រទេសរបស់ខ្លួនផ្ទាល់យ៉ាងត្រឹមត្រូវ”។
១៨៥-នៅខាងក្រោយនេះ ខ្ញុំនឹងខិតខំបកស្រាយតែបញ្ហាពីរយ៉ាងដែលខ្ញុំយល់ឃើញថា ជាបញ្ហាគ្រឹះនាសម័យ បច្ចុប្បន្នក្នុងប្រវត្តិសាស្រ្តពិភពលោក។ ខ្ញុំបកស្រាយយ៉ាងវែងបន្តិច ព្រោះខ្ញុំយល់ឃើញថាដំណោះស្រាយ បញ្ហាទាំងពីរនោះ មានសារៈសំខាន់ចំពោះអនាគតរបស់មនុស្សជាតិ។ បញ្ហាទីមួយ គឺត្រូវនាំឲ្យជនក្រីក្រចូល រួមក្នុងសង្គម។ បញ្ហាទីពីរ គឺសន្តិភាពនិងការសន្ទនាក្នុងសង្គម។
២) ការនាំជនក្រីក្រឲ្យចូលរួមក្នុងសង្គម
១៨៦-យើងផ្ញើជីវិតលើព្រះគ្រីស្តដែលដាក់ខ្លួនជាអ្នកក្រីក្រ ព្រះអង្គគង់នៅតែក្បែរអ្នកក្រីក្រ និងនៅក្បែរអស់អ្នកដែលត្រូវគេដាក់ដោយឡែកពីសង្គមជានិច្ច។ ដោយយើងមានជំនឿបែបនេះ យើងនៅតែបារម្ភចំពោះការអភិវឌ្ឍទាំងស្រុងរបស់អស់អ្នកដែលសង្គមមិនរវីរវល់។
យើងរួមជាមួយព្រះជាម្ចាស់ ស្តាប់សូរសម្រែកអ្នកក្រ
១៨៧-ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទម្នាក់ៗ និងត្រាស់ហៅសហគមន៍នីមួយៗឲ្យទៅជាគ្រឿងឧបករណ៍ របស់ព្រះអង្គដើម្បីរំដោះ និងលើកស្ទួយជនក្រីក្រ។ ធ្វើដូច្នេះ អ្នកក្រីក្រអាចចូលរួមយ៉ាងពេញលេញក្នុងសង្គម បាន។ យើងត្រូវតែយកចិត្តទុកដាក់ស្តាប់សូរសម្រែករបស់ជនក្រីក្រ ហើយសង្គ្រោះគេទៀតផង។ បើយើងបើកគម្ពីរមកអាន ទើបយើងឃើញថា ព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា ទ្រង់សព្វព្រះហឫទ័យស្តាប់សូរសម្រែករបស់ជនកម្សត់ទុគ៌ត។ “យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់គេហើយ។ ដូច្នេះយើងចុះមករំដោះគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ឥឡូវនេះយើងចាត់អ្នកឲ្យទៅ” (ដស ៣,៧.៨.១០)។ ព្រះអង្គយកព្រះហឫទ័យទុកដាក់នឹង “ជនជាតិអ៊ីស្រាអែលដែលស្រែកអង្វរ ព្រះអង្គក៏ចាត់អ្នកសង្គ្រោះម្នាក់ មកសង្គ្រោះគេ”(វរ ៣,១៥)។ ប្រសិនបើយើងធ្វើមិនដឹងមិនឮ ទោះយើងជាគ្រឿងឧបករណ៍របស់ព្រះជាម្ចាស់ ដើម្បីស្តាប់សូរសម្រែករបស់ជនក្រីក្រក៏ដោយ ក៏យើងពិតជាស្ថិតនៅខាងក្រៅគម្រោងការ ប្រកបដោយព្រះ ហឫទ័យសប្បុរសរបស់ព្រះអង្គដែរ ដ្បិត “ប្រសិនបើអ្នកក្រីក្រចោទប្រកាន់អ្នកនៅចំពោះព្រះភ័ក្ត្ររបស់ព្រះ អម្ចាស់ អ្នកមុខជាត្រូវទទួលទោសមិនខាន” (ទត ១៥,៩)។ អ្នកគ្មានសាមគ្គីចំពោះអ្នកក្រដែលខ្វះខាត នោះ អ្នកក៏មិនអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែរ “ប្រសិនបើមនុស្សម្នាក់ដាក់បណ្តាសាកូន ក្នុងពេលគេពិបាកចិត្ត ព្រះអម្ចាស់ដែលបានប្រតិស្ឋានគេ មុខជាទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់គេពុំខាន” (បស ៤,៦)។ មានសំណូមពរបុរាណនៅតែចោទជានិច្ចថា “ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូន របស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!”(១ យហ ៣,១៧)។ យើងត្រូវនឹកដល់គ្រីស្តទូតយ៉ាកុប ដែលលើកយកនិមិត្តរូប អំពីសូរសម្រែករបស់អ្នកដែលត្រូវគេជិះជាន់ មកស្តីបន្ទោសយ៉ាងខ្លាំងថា “អ្នករាល់គ្នាមិនបានបើកប្រាក់ឈ្នួល ឲ្យក្រុមកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នា។ មើល៍! សម្រែកអ្នកច្រូតទាំងនោះបានលាន់ឮទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូលហើយ” (យក ៥,៤)។
១៨៨- ព្រះសហគមន៍បានទទួលស្គាល់ថា គ្រីស្តបរិស័ទត្រូវតែស្តាប់សូរសម្រែករបស់អ្នកក្រខ្សត់ទុកជាភារកិច្ច ដែលមានសារៈសំខាន់ គឺជាភារកិច្ចមកពីព្រះជាម្ចាស់ដែលបានប្រណីសន្តោសរំដោះយើងម្នាក់ៗពីខាងក្នុង។ហេតុនេះហើយបានជាភារកិច្ចនេះ មិនមែនជាបេសកកម្មរបស់មួយក្រុមតូចដោយឡែកពីគេប៉ុណ្ណោះទេ គឺជាភារកិច្ចរបស់ព្រះសហគមន៍ទាំងមូល។ “ដំណឹងល្អស្តីអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ និង សេចក្តីស្រឡាញ់ចំពោះមនុស្សលោកណែនាំព្រះសហគមន៍ឲ្យស្តាប់សូរសម្រែករបស់មនុស្ស ដែលចង់បាន យុត្តិធម៌។ ព្រះសហគមន៍ក៏ចង់តបឆ្លើយនឹងសូរសម្រែកនោះឲ្យអស់ពីសមត្ថភាពដែរ”។ ដោយនឹកគិតអំពី សេចក្តីទាំងនេះ យើងអាចយល់អត្ថន័យព្រះបន្ទូលរបស់ព្រះយេស៊ូមកក្រុមសាវ័កថា៖ “ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!”(មក៦,៣៧) គឺគ្រីស្តបរិស័ទត្រូវរួមសហការគ្នាដើម្បីរកដំណោះស្រាយ មូលហេតុ កប់ទុកក្នុងរចនាសម្ពន្ធសេដ្ឋកិច្ច ដែលបណ្តាយឲ្យមានមនុស្សមួយចំនួនធ្លាក់ខ្លួនជាអ្នកក្រ។ គ្រីស្តបរិស័ទក៏ ត្រូវរួមសហការអភិវឌ្ឍទាំងស្រុងរបស់អស់អ្នកក្រ។ យើងជាគ្រីស្តបរិស័ទក៏ត្រូវបង្ហាញសាមគ្គី ដោយធ្វើកាយ វិការធម្មតាប្រចាំថ្ងៃ ដើម្បីជួយជនកម្សត់ទុគ៌តដែលយើងជួបប្រទះផងដែរ។ មនុស្សតែងតែប្រើពាក្យ “សាមគ្គី” ច្រើនពេកដូចជាពាក្យសាបទៅវិញ និងគ្មានអត្ថន័យទៀត ជួនកាលគេក៏យល់ច្រឡំពាក្យនេះដែរ តែពាក្យនេះមានអត្ថន័យជ្រៅជាងការធ្វើបុណ្យម្តងម្កាល ដោយចិត្តសទ្ធាជ្រះថ្លាថែមទៀត។ តាមពិតពាក្យ “សាមគី្គ” នេះ បង្ខំយើងឲ្យបង្កើតមតិទូទៅថ្មី ដែលគិតអំពីសហគមន៍មុនពេលគិតគូអំពីបុគ្គល។ ត្រូវគិតគូរដល់ការរស់នៅ របស់មនុស្សទាំងអស់ ប្រសើរជាងនាំឲ្យមនុស្សមួយក្តាប់តូចរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ សម្រាប់តែខ្លួន ឯងប៉ុណ្ណោះ។
១៨៩-អ្នកដែលទទួលស្គាល់ថាកម្មសិទ្ធិមានមុខងារក្នុងសង្គម គឺទទួលស្គាល់ថាទ្រព្យសម្បត្តិទាំងអស់មានទិសដៅឲ្យមនុស្សទាំងអស់ប្រើប្រាស់បានគ្រប់គ្នា អ្នកនោះមុខជានឹងប្រព្រឹត្តតាមសាមគ្គីភ្លាមដោយខ្លួនឯង។ មុខងារ និងទិសដៅនៃទ្រព្យសម្បត្តិសម្រាប់ឲ្យមនុស្សទាំងអស់ប្រើប្រាស់ មានសារៈសំខាន់មុនកម្មសិទ្ធិឯកជន ទៅទៀត។ មនុស្សមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនបាន ដើម្បីថែរក្សា និងពង្រឹងចំនួនទ្រព្យសម្បត្តិទាំងនោះ ក្នុងគោលដៅបម្រើប្រយោជន៍រួម។ ហេតុនេះហើយបានជាត្រូវយល់ថាអ្នកសាមគ្គីជាមួយអ្នកក្រីក្រ មុខជាសម្រេចចិត្តយកសម្បត្តិរបស់ខ្លួនមកសងអ្នកក្រីក្រ ទុកជាចំណែកនៃកម្មសិទ្ធិផ្ទាល់របស់ ខ្លួន។ ពេលណាមនុស្សយល់យ៉ាងជាក់ច្បាស់អំពីសាមគី្គ និងប្រព្រឹត្តតាម គឺពេលនោះសាមគ្គីកើតជារូបរាងហើយនៅពេលនោះ ក៏មានផ្លូវនាំឲ្យផ្លាស់ប្រែរចនាសម្ពន្ធក្នុងសង្គមតទៅទៀតបានផង។ នៅពេលនោះគង់តែការផ្លាស់ប្រែក៏អាចកើតឡើងបានដែរ។ ផ្ទុយទៅវិញ ប្រសិនបើគ្រាន់តែមានការផ្លាស់ប្រែរចនាសម្ពន្ធសង្គម ប៉ុណ្ណោះ គឺប្រសិនបើការផ្លាស់ប្រែនេះមិនបង្កើតមតិ និងឥរិយបថក្នុងសង្គមតាមជំនឿយ៉ាងជាក់ច្បាស់ថ្មីៗ នោះ មិនយូរមិនឆាប់រចនាសម្ព័ន្ធថ្មីទាំងនោះ មុខជាពុករលួយសង្កត់សង្កិនប្រជាជន ហើយមិនសក្តិសិទ្ធិផង។
១៩០-ជួនកាលយើងគ្រាន់តែត្រូវស្តាប់សូរសម្រែករបស់ប្រជាជាតិទំាងមូល គឺសូរសម្រែករបស់ប្រជាជននានាដែលក្រជាងគេនៅលើផែនដី ដ្បិត “សន្តិភាពមិនគ្រាន់តែយកការគោរពសិទ្ធិមនុស្សមកសំអាងជាគ្រឹះប៉ុណ្ណោះ ទេ តែសំអាងលើសិទ្ធិរបស់ប្រជាជននានាដែរ”។ គួរឲ្យស្តាយដោយមានគេយកសិទ្ធិមនុស្សដដែលនោះមក សំអាង ដើម្បីការពារសិទ្ធិបុគ្គលម្នាក់ៗយ៉ាងហួសហេតុ ឬក៏យកមកការពារសិទ្ធិប្រជាជនដែលមានធនធាន ច្រើនជាងគេក្នុងពិភពលោក។ យើងត្រូវគោរពឯករាជ្យ និងវប្បធម៌ប្រជាជាតិនីមួយៗ ក៏ប៉ុន្តែត្រូវរំឭកជានិច្ចថា ផែនដីទាំងមូលជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងមូល និងសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងមូលដែរ។ មនុស្សដែលកើតក្នុងស្រុកដែលមានធនធានតិចជាង ឬមានការអភិវឌ្ឍតិចជាងមិនមែនមានន័យថា មនុស្ស ទាំងនោះត្រូវរស់នៅដោយមានកិត្តិយសតិចជាងទេ។ យើងត្រូវរំឭកថា “អ្នកមានច្រើនជាងគេត្រូវសុខចិត្តលះបង់សិទ្ធិរបស់ខ្លួនខ្លះ ដើម្បីចែកទ្រព្យសម្បត្តិរបស់ខ្លួនមកបម្រើមនុស្សឯទៀតៗ ដោយចិត្តសទ្ធាជ្រះថ្លាច្រើន ជាង។ ពេលយើងចង់និយាយអំពីសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ យើងត្រូវតែមើលឲ្យឆ្ងាយបន្តិច និងបើកត្រចៀក ស្តាប់សូរសម្រែករបស់ប្រជាជនឯទៀតៗ ដែលរស់នៅក្នុងភូមិភាគប្លែកពីប្រទេសយើង។ យើងត្រូវធ្វើឲ្យ សាមគ្គីរបស់យើងរីកចម្រើនឡើង ជាសាមគ្គីដែលហុចឲ្យប្រជាជននានាអាចកសាងអនាគតរបស់ខ្លួន ដោយ ខ្លួនឯងបាន”។យ៉ាងណាមិញ“ព្រះជាម្ចាស់ត្រាស់ហៅមនុស្សម្នាក់ៗឲ្យអភិវឌ្ឍឡើង” ដែរ។
១៩១-អស់លោកគង្វាល ត្រូវលើកទឹកចិត្តគ្រីស្តបរិស័ទឲ្យស្តាប់សូរសម្រែករបស់ជនក្រីក្រនៅគ្រប់ទីកន្លែង និង នៅគ្រប់ពេលវេលា ដូចអស់លោកអភិបាលនៅប្រទេសប្រេស៊ីលបានបញ្ជាក់យ៉ាងច្បាស់ថា៖ “រៀងរាល់ថ្ងៃយើង ចង់រួមអំណរសប្បាយ និងសេចក្តីសង្ឃឹមរួមទុក្ខព្រួយ និងកង្វល់របស់ប្រជាជននៅប្រទសប្រេស៊ីលយើងនេះ ជាពិសេសរបស់ប្រជាជនដែលរស់នៅខាងជាយទីក្រុង និងតាមជនបទជាជនដែលត្រូវបានអ្នកមានដកយក សិទ្ធិរបស់ខ្លួន។ អ្នកទាំងនោះគ្មានស្រែចម្ការ គ្មានផ្ទះនៅ គ្មានអាហារបរិភោគ សន្តិភាពគេមិនល្អ។ យើងឃើញភាពកម្សត់ទុគ៌តរបស់គេ យើងស្តាប់សូរសម្រែករបស់គេតែនៅពេលជាមួយគ្នានេះ យើងទាស់ចិត្តដោយដឹង ច្បាស់ថា មានអាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្សទាំងអស់។ គេឃ្លានបាយកើតទុរភិក្សបណ្តាលមកពី មានចែកចាយទ្រព្យសម្បត្តិ និងផលទុនមិនត្រឹមត្រូវ។ សភាពការណ៍នេះកាន់តែធ្ងន់ធ្ងរ ដោយគេខ្ជះខ្ជាយភោគ ផលជាទូទៅ។
១៩២-ប៉ុន្តែយើងមានបំណងលើសពីនេះទៅទៀត យើងក៏បន់ស្រន់ហួសពីនេះទៅទៀតដែរ។ យើងមិនគ្រាន់ តែនិយាយថា មនុស្សទាំងអស់ត្រូវមានអាហារបរិភាគគ្រប់គ្រាន់ ឬរស់នៅយ៉ាងសមគួរប៉ុណ្ណោះទេ តែយើងចង់ឲ្យមនុស្សទាំងអស់ស្គាល់ភាពសម្បូរណ៍ក្នុងគ្រប់វិស័យ គឺឲ្យគេមានលទ្ធភាពអាចអប់រំកូនចៅរបស់គេបាន ឲ្យ គេអាចព្យាបាលខ្លួនបាន ហើយជាពិសេសឲ្យគេមានការងារធ្វើ។ យើងដឹងថា មនុស្សបញ្ជាក់កិត្តិយសនៃជីវិត របស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដោយខ្លួនបំពេញការងារមួយដោយសេរីភាព ជាការងារដែលនាំឲ្យបង្កើតអ្វីៗជាថ្មីនាំឲ្យគេចូលរួមជាមួយអ្នកដឹកនាំ និងឲ្យរួមសាមគ្គីជាមួយអ្នកដទៃ។ ប្រសិនបើគេមានប្រាក់បៀវត្សត្រឹម ត្រូវតាមយុត្តិធម៌ គេក៏មានលទ្ធភាពចូលទៅកាន់ទ្រព្យសម្បត្តិឯទៀតៗ ដែលមនុស្សទូទៅត្រូវតែប្រើប្រាស់បានដែរ។
យើងត្រូវស្មោះត្រង់នឹងដំណឹងល្អ កុំឲ្យខិតខំយ៉ាងឥតប្រយោជន៍
១៩៣-ពេលយើងរំភើបចិត្តយ៉ាងជ្រៅ ដោយឃើញអ្នកដទៃរងទុក្ខ យើងពិតជាយល់ឃើញយ៉ាងច្បាស់ថា ត្រូវស្តាប់សូរសម្រែករបស់អ្នកក្រីក្រជាកំហិត។ សូមអានការប្រៀនប្រដៅ ដែលមានចែងក្នុងព្រះបន្ទូលរបស់ព្រះ ជាម្ចាស់ស្តីអំពីមេត្តាករុណា សូមបណ្តោយឲ្យព្រះបន្ទូលទាំងនោះលាន់ឮឡើងយ៉ាងខ្លាំងរំពង ក្នុងការរស់នៅ របស់ព្រះសហគមន៍។ ក្នុងគម្ពីរដំណឹងល្អមានប្រកាសថា៖ “អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះនៅតាមផ្លូវទៅកាន់សេចក្តីសុខសាន្តបាន ដ្បិតព្រះជាម្ចាស់នឹងមេត្តាករុណាដល់គេដែរ!” (មថ ៥,៧)។ គ្រីស្តទូតយ៉ាកុប បង្រៀនថា អ្នកមានចិត្តមេត្តាករុណាចំពោះអ្នកដទៃ ក៏អាចរួចខ្លួននៅពេលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្ស លោក៖ “បងប្អូនត្រូវនិយាយនិងប្រព្រឹត្តឲ្យស្របតាមវិន័យដែលផ្តល់សេរីភាព គឺមានតែវិន័យនោះហើយដែល នឹងវិនិច្ឆ័យបងប្អូន។ អ្នកគ្មានមេត្តាករុណាព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសគេ ដោយឥតមេត្តាករុណាដែរ។ អ្នកមានមេត្តាករុណាមិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ”។ (យក ២,១២-១៣)។ ក្នុងអត្ថបទនេះគ្រីស្តទូតយ៉ាកុបថ្លែងតាមគំនិតដ៏ប្រសើរបំផុតខាងព្រះវិញ្ញាណរបស់ជនជាតិយូដា ក្រោយពេលគេវិលត្រឡប់មកពីជាប់ ជាឈើ្លយសង្គ្រាមវិញ។ នៅសម័យនោះគេយល់ឃើញថា ធម៌មេត្តាករុណាអាចសង្គ្រោះមនុស្សលោកយ៉ាង ពិសេសដូចមានចែងថា៖ “ចូរប្រព្រឹត្តអំពើសុចរិត ដើម្បីឲ្យបានរួចពីបាប ចូរសម្តែងមេត្តាករុណាដល់អ្នកក្រីក្រ ទៅ ដើម្បីឲ្យបានរួចពីបទល្មើសនិងបានអាយុវែង”(ដន ៤,២៤)។ អ្នកនិពន្ធសំណេរស្តីអំពីព្រះប្រាជ្ញាញាណក៏មានគំនិតដដែលនោះ ហើយចែងអំពីទានទុកជាកិច្ចដ៏ជាក់លាក់ សម្ដែងមេត្តាករុណាចំពោះអស់អ្នកដែលខ្វះខាតថា៖ “ការចែកទានរំដោះមនុស្សឲ្យរួចពីសេចក្តីស្លាប់ ហើយជម្រះគេឲ្យរួចពីអំពើបាបគ្រប់យ៉ាង។ អ្នកធ្វើទានរមែងមានអាយុវែង” (តប ១២,៩)។ លោនបែនស៊ីរ៉ាក់ បញ្ចេញយោបល់ដដែល ដោយប្រើនិមិត្តរូប ដូចតទៅ៖“ទឹកពន្លត់ភើ្លងដែលឆេះសន្ធោសន្ធៅយ៉ាងណា ការដាក់ទានក៏លុបលាងបាបយ៉ាងនោះដែរ” (បស ៣,៣០)។ ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីក៏មានចែងសេចក្តីដដែលនោះថា៖ “ជាបឋមត្រូវមានចិត្តស្រឡាញ់គ្នាទៅ វិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់” (១ សល ៤,៨)។ សេចក្តី ពិតនេះ បានជ្រួតជ្រាបគំនិតរបស់គ្រូបាធ្យាយរបស់ព្រះសហគមន៍ និងណែនាំឲ្យគ្រីស្តបរិស័ទតែងតស៊ូប្រឆាំង នឹងមតិសាសន៍ដទៃ ដែលរកតែសប្បាយម្នាក់ឯង គឺគ្រីស្តបរិស័ទបានបង្កើតវប្បធម៌ថ្មី ដោយយកចិត្តទុកដាក់ នឹងអ្នកក្រីក្រ។ ខ្ញុំសូមរំឭកឧទាហរណ៍តែមួយគឺ “ពេលកើតអគ្គីភ័យយើងតែងតែរកទឹកមកពន្លត់ភ្លើង។ ប្រសិន បើមានអណ្តាតភ្លើងនៃអំពើបាបផុសចេញពីចំបើងរបស់យើង យើងមុខជាជ្រួលច្របល់ក្នុងចិត្ត។ ប៉ុន្តែប្រសិន បើយើងមានឱកាសសម្តែងមេត្តាករុណាដល់គេ យើងត្រូវសប្បាយរីករាយ ដោយយើងអាចធ្វើអំពីល្អនេះ ហាក់ ដូចជាព្រះជាម្ចាស់ប្រទានប្រភពទឹកដើម្បីពន្លត់ភ្លើង ដោយសារអំពើល្អនោះ។
១៩៤-ការប្រៀនប្រដៅនេះច្បាស់ណាស់ហើយចំៗ និងស្រួលស្តាប់ទៀត។ អ្នកបកស្រាយលទ្ធិជំនឿនៃគ្រីស្ត សាសនាគ្មានសិទ្ធិនិយាយថាសេចក្តីនេះមិនសំខាន់ទេ។ ពេលព្រះសហគមន៍រិះគិតអំពីអត្ថបទទាំងនោះ មិន ត្រូវធ្វើឲ្យអត្ថន័យអត្ថបទទាំងនោះក្លាយទៅជាខ្សោយ ហាក់ដូចជាមិនដាស់តឿនគ្រីស្តបរិស័ទឡើយ។ ផ្ទុយ ទៅវិញអត្ថបទទាំងនេះដាស់តឿនយើងមែន។ ម្យ៉ាងទៀតត្រូវជួយគ្រីស្តបរិស័ទឲ្យទទួលយកការប្រៀនប្រដៅនេះ ដោយសេចក្តីក្លាហាន និងដោយមានចិត្តខ្នះខ្នែងចង់ប្រតិបត្តិតាម។ សេចក្តីនេះស្រួល សូមកុំធ្វើឲ្យស្មុគ្រស្មាញឡើយ។ របៀបរិះគិតអំពីជំនឿមានទិសដៅតែមួយ គឺជួយអ្នករិះគិតឲ្យភ្ជាប់នឹងអ្វីដែលមានយ៉ាងពិត ប្រាកដដែលយើងចង់ពន្យល់។ មិនត្រូវឲ្យការរិះគិតនោះនាំឲ្យថយឆ្ងាយពីអ្វី ដែលមានយ៉ាងពិតប្រាកដក្នុងលោកទេ។ សេចក្តីនេះ ជាពិសេសចំនឹងការប្រៀនប្រដៅក្នុងគម្ពីរដែលអញ្ជើញយើងយ៉ាងខ្លាំងឲ្យស្រឡាញ់ គ្នាទៅវិញទៅមក ដូចបងប្អូនឲ្យបម្រើអ្នកដទៃដោយចិត្តសុភាពរាបសា និងដោយចិត្តសទ្ធាជ្រះថ្លាឲ្យប្រព្រឹត្ត តាមយុត្តិធម៌ និងឲ្យមានចិត្តមេត្តាករុណាចំពោះជនក្រីក្រ។ ព្រះយេស៊ូមានព្រះបន្ទូល និងបានប្រព្រឹត្តកិច្ចការ ផ្សេងៗ ដើម្បីបង្រៀនអំពីមាគ៌ាដែលណែនាំយើងឲ្យទទួលស្គាល់អ្នកដទៃ។ អ្វីៗដែលភ្លឺច្បាស់ហើយយើងមិនត្រូវធ្វើឲ្យស្រអាប់ឡើយ។ កុំបារម្ភតែអំពីការវង្វេងឆ្ងាយពីលិទ្ធិជំនឿប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ដើរតាម មាគ៌ាដ៏ភ្លឺថ្លាដែលនាំយើងទៅកាន់ជីវិត និងទៅកាន់ប្រាជ្ញា។ ជួនកាលគេស្តីបន្ទោសអ្នកដែលចង់ការពារសេចក្តីពិតនៃលទ្ធិជំនឿថា អ្នកទាំងនោះនៅស្ងៀមមិនធ្វើអ្វីអ្នកទាំងនោះ អនុគ្រោះយោគយល់ដល់សភាពការណ៍ អយុត្តិធម៌ដែលទ្រាំមិនបាន ហើយក៏អនុគ្រោះយោគយល់ដល់របបនយោបាយដែលបង្កើត និងបន្តសភាព ការណ៍ទាំងនោះ។
១៩៥-ពេលគ្រីស្តទូតប៉ូលទៅរកក្រុមគ្រីស្តទូតនៅឯក្រុងយេរូសាឡឹម ដើម្បីកុំឲ្យកិច្ចការដែលលោកកំពុងតែធ្វើ ឬ បានធ្វើរួចមកហើយត្រឡប់ទៅជាអសារឥតការវិញ (កឡា ២,២) ក្រុមគ្រីស្តទូតបានបង្ហាញលក្ខណៈសំខាន់ជាគ្រីស្តទូតដ៏ពិតប្រាកដ គឺគ្រីស្តទូតមិនត្រូវបំភ្លេចអ្នកក្រីក្រឡើយ (កឡា ២,១០)។ សហគមន៍របស់គ្រីស្ត ទូតប៉ូលត្រូវរស់នៅតាមលក្ខណៈដ៏ប្រសើរនេះ កុំបណ្តោយខ្លួនឲ្យរស់នៅបែបសាសន៍ដទៃ ដែលគិតតែពីខ្លួន ឯងប៉ុណ្ណោះ។ លក្ខណៈនេះ តែងមានសារៈសំខាន់ជាខ្លាំងចំពោះយើងនាសម័យបច្ចុប្បន្ន ដែលមនុស្សទូទៅ នៅតែគិតដល់ប្រយោជន៍របស់ខ្លួនតាមសាសន៍ដទៃដែរ។ យើងមិនអាចសម្តែងសោភ័ណភាពនៃដំណឹងល្អយ៉ាងត្រឹមត្រូវគ្រប់ពេលវេលាបានទេ ប៉ុន្តែយើងត្រូវបង្ហាញសញ្ញាសម្គាល់នេះជានិច្ចថា យើងជ្រើសរើសការបម្រើ អ្នកដែលតូចទាបជាងគេ និងបម្រើអស់អ្នកដែលសង្គមទាត់ចោល និងដាក់ដោយឡែកដែរ។
១៩៦-ជួនកាលយើងមានចិត្តគំនិតរឹងរូសកាចសហាវ យើងភ្លេចខ្លួនចង់លេងសប្បាយ យើងស្ងើចសរសើរចំពោះ សម្បត្តិហូរហៀរដែលយើងអាចប្រើប្រាស់បាន និងស្ងើចសរសើរចំពោះការសប្បាយ ដែលសង្គមហុចឲ្យយើងនាបច្ចុប្បន្នកាល។ ហេតុនេះយើងទាំងអស់គ្នាហាក់ដូចជាវង្វេង ព្រោះថានៅពេលសង្គមណាមួយចាត់ចែង របៀបរៀបរយ ចាត់ចែងការផលិតទ្រពសម្បត្តិ ចាត់ចែងការប្រើប្រាស់សម្បត្តិទ្រព្យទាំងនោះ បណ្តាលឲ្យសមា ជិកកសាងសាមគ្គីភាពវាងគ្នានិងគ្នាកាន់តែពិបាកឡើងៗ សង្គមនេះពិតជាវង្វងហើយ”។
អ្នកក្រីក្រមានកន្លែងពិសេសក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់
១៩៧-ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់អ្នកក្រីក្រយ៉ាងពិសេស រហូតដល់ព្រះអង្គ “ដាក់ខ្លួនជាអ្នកក្រ” (២ករ ៨,៩)។ មានអ្នកក្រីក្រមានឥទ្ធិពលយ៉ាងខ្លាំង តាមប្រវត្តិសាសន៍នៃការសង្គ្រោះរបស់យើងជានិច្ច។ ការ សង្គ្រោះនេះមកដល់យើង ដោយមាននាងម៉ារីសុខចិត្តទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នាងជាស្រ្តីដ៏ទន់ ទាបម្នាក់ រស់នៅក្នុងភូមិដាច់ស្រយាលនៅជាយមហាចក្រភព។ នាងរាប់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់យើងដែលទើបកើតដាក់ក្នុងស្នូកសត្វ ហើយមានសត្វនៅជុំវិញដូចកូនអ្នកក្រជាងគេ ធ្លាប់កើតនៅសម័យនោះ។ លោកយ៉ូសែបយកលលកមួយគូមកថ្វាយក្នុងព្រះវិហារ ដើម្បីលោះព្រះឱរស គឺលោកយកតង្វាយរបស់អ្នកក្រ មកថ្វាយ ព្រោះអ្នកក្រគ្មានលទ្ធភាពទិញកូនចៀមបានទេ (លក ២,២៤; លវ៥,៧)។ ព្រះយេស៊ូចម្រើនវ័យ ឡើងក្នុងផ្ទះពលករម្នាក់ និងបានធ្វើការចិញ្ចឹមជីវិតដោយផ្ទាល់ព្រះអង្គ។ ពេលព្រះអង្គចាប់ផ្តើមប្រកាសដំណឹងល្អអំពីព្រះជាម្ចាស់យាងមកគ្រងរាជ្យ មានមហាជនអ្នកក្រីក្រដើរតាមព្រះអង្គ ហើយទ្រង់សម្តែងសេចក្តីដែលព្រះអង្គមានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គថា៖ “ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រះអង្គបានចាក់ ប្រេងអភិសេកខ្ញុំឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ”។ (លក ៤,១៨)។ ព្រះអង្គក៏បញ្ជាក់ថា ព្រះជាម្ចាស់មាន ព្រះហឫទ័យមេត្តាករុណាចំពោះអ្នកដែលកើតទុក្ខវេទនា និងជនក្រីក្រ៖ “អ្នករាល់គ្នាជាជនក្រខ្សត់អើយ! អ្នក នៅតាមផ្លូវទៅកាន់សេចក្តីសុខសាន្តបាន ដ្បិតព្រះជាម្ចាស់នឹងគ្រងរាជ្យលើអ្នករាល់គ្នាហើយ (លក ៦,២០)។ ព្រះអង្គបានរួមរស់ជាមួយគេ៖ “កាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ” (មថ ២៥,៣៥)។ ព្រះអង្គតែងប្រៀនប្រដៅថា ចិត្តមេត្តាករុណាចំពោះអ្នកក្រីក្រ ពិតជាកូនសោដែលបើកទ្វារនៃស្ថានបរមសុខ។ ដោយព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សក្រីក្រលើសគេ ដូច្នេះព្រះអង្គត្រាស់ហៅយើងជា គ្រីស្តបរិស័ទទាំងអស់ឲ្យមានចិត្តគំនិតដូចព្រះគ្រីស្តដែរ (ភល ២,៥)។ ព្រះសហគមន៍បានជ្រើសរើសបម្រើ អ្នកក្រីក្រលើសគេទាំងអស់ ស្របតាមព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់នោះ គឺ “ជម្រើសបម្រើអ្នកក្រីក្រ ជាអាទិភាពពិសេសម៉្យាង ក្នុងការប្រព្រឹត្តតាមសេចក្តីស្រឡាញ់របស់គ្រីស្តបរិស័ទ។ ការបង្រៀនបញ្ជូនបន្តរបស់ ព្រះសហគមន៍ទាំងមូលក៏បញ្ជាក់អាទិភាពនោះដែរ”។ សម្តេចប៉ាបបេណេឌិកតូទី ១៦ តែងបង្រៀនថា ជម្រើស បម្រើអ្នកក្រីក្រ “ជាប់ពាក់ព័ន្ធនឹងជំនឿចំពោះព្រះគ្រីស្ត ជាព្រះដែលដាក់ខ្លួនជាអ្នកក្រដើម្បីជាប្រយោជន៍ដល់យើង គឺដើម្បីឲ្យយើងមានសម្បត្តិសួគ៌ជាច្រើន ដោយភាពក្រីក្ររបស់ព្រះអង្គ”។ ហេតុនេះហើយបានជាខ្ញុំចង់ឲ្យព្រះសហគមន៍រស់នៅបែបអ្នកក្រដើម្បីបម្រើអ្នកក្រ។ អ្នកក្រអាចបង្រៀនសេចក្តីជាច្រើនមកយើង។ គេមាន គំនិតទូទៅអំពីជំនឿដូចគ្រីស្តបរិស័ទឯទៀតៗ។ លើសពីនេះទៅទៀត គេស្គាល់ព្រះគ្រីស្តដែលរងទុក្ខលំបាកថែមទៀត ព្រោះគេរងទុក្ខលំបាកដូចព្រះអង្គដែរ។ យើងទាំងអស់ត្រូវបណ្តោយខ្លួនឲ្យអ្នកក្រនាំដំណឹងល្អមកយើងជាចាំបាច់។ ការប្រកាសដំណឹងល្អបែបថ្មីដាស់តឿនយើងឲ្យទទួលស្គាល់ថា ការរស់នៅរបស់គេពិតជា កម្លាំងដែលសង្គ្រោះមនុស្សលោកយើង ត្រូវយកគេមកដាក់នៅកណ្តាលដំណើរនៃព្រះសហគមន៍។ ព្រះជា ម្ចាស់ត្រាស់ហៅយើងឲ្យទទួលស្គាល់ព្រះគ្រីស្តក្នុងរូបគេ ឲ្យយើងជួយតវ៉ាការពារគេ និងឲ្យទៅជាមិត្តសម្លាញ់ របស់គេ ឲ្យស្តាប់គេនិយាយឲ្យយល់ចិត្តគំនិតរបស់គេ និងឲ្យទទួលព្រះប្រាជ្ញាញាណដ៏អាថ៌កំបាំងដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចែកចាយឲ្យយើងតាមរយៈគេដែរ។
១៩៨-យើងមិនគ្រាន់តែប្តេជ្ញាចិត្តធ្វើកិច្ចការ និងកម្មវិធីក្នុងគោលបំណងលើកស្ទួយកិត្តិយសរបស់គេ និងជួយ គេប៉ុណ្ណោះទេ ព្រះវិញ្ញាណក៏មិនជំរុញយើងឲ្យធ្វើកិច្ចការជាច្រើនហួសហេតុដែរ តែព្រះអង្គជំរុញឲ្យយើងចាប់អារម្មណ៍នឹងអ្នកដទៃ ដែលព្រះអង្គចាត់ទុកថា “រួបរួមជាមួយព្រះអង្គ”។ អ្នកដែលចាប់អារម្មណ៍នឹងអ្នកក្រីក្រ ចាប់ផ្តើមយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះគេ។ ប្រសិនបើខ្ញុំយកចិត្តទុកដាក់នឹងគេ ខ្ញុំក៏ចង់រកប្រយោជន៍ សម្រាប់គេយ៉ាងសកម្ម។ ហេតុនះហើយបានជាត្រូវលើកតម្កើងសេចក្តីដ៏សប្បុរសផ្ទាល់របស់អ្នកក្រ ត្រូវលើក តម្កើងរបៀបរស់នៅរបស់គេ និងលើកតម្កើងវប្បធម៌របស់គេ ព្រមទាំងលើកតម្កើងរបៀបគេរស់នៅតាមជំនឿ ដែរ។ អ្នកមានចិត្តស្រឡាញ់យ៉ាងពិតប្រាកដត្រូវតែនឹកស្មឹងស្មាធិ៍ ស្ងើចសរសើរអ្នកដែលខ្លួនស្រឡាញ់នោះ។ ដូច្នេះយើងមិនបម្រើគេដោយយើងត្រូវការបម្រើគេទេ ឬដោយចង់អួតខ្លួនដែរតែយើងបម្រើគេ ព្រោះគេល្អហួស ពីអការៈខាងក្រៅដែលមនុស្សមើលឃើញ។ “យើងផ្តល់អំណោយដល់មនុស្សម្នាក់ មកពីយើងស្រឡាញ់គេ”។ ពេលយើងស្រឡាញ់អ្នកក្រ យើងដូចជាវាយតម្លៃគេយ៉ាងខ្ពស់ណាស់។ សេចក្តីស្រឡាញ់បែបនេះ នាំឲ្យយើងជ្រើសរើសបម្រើអ្នកក្រលើសគេទាំងអស់ យ៉ាងពិតប្រាកដតាមរបៀបប្លែកពីអ្នកកាន់តាមមនោគមវិជ្ជាណាមួយ ទោះជាមនោគមវិជ្ជាណាក៏ដោយ យើងក៏ប្លែកពីអ្នកទាំងអស់ ដែលមានបំណងប្រើអ្នកក្រីក្រដើម្បីបម្រើផល ប្រយោជន៍របស់ខ្លួនគេផ្ទាល់ ឬដើម្បីបម្រើផលប្រយោជន៍នយោបាយវិញ។ យើងអាចជួយជូនដំណើរអ្នកក្រ យ៉ាងត្រឹមត្រូវ តាមផ្លូវណែនាំឲ្យរំដោះខ្លួនគេបាន លុះត្រាតែយើងរស់នៅក្បែរគេយ៉ាងពិតប្រាកដ និងដោយ យើងមានចិត្តស្រឡាញ់។ ប្រសិនបើដូច្នេះអស់អ្នកក្រីក្រនឹងយល់ឃើញថា ក្នុងគ្រប់សហគមន៍គ្រីស្តបរិស័ទក៏ ដូចជាគេនៅក្នុងផ្ទះរបស់គេដែរ។ របៀបរស់នៅបែបនេះ ប្រហែលបង្ហាញដំណឹងល្អស្តីអំពីព្រះជាម្ចាស់គ្រងរាជ្យ យ៉ាងច្បាស់ជាងគេ និងស័ក្ដិសិទ្ធិជាងគេ។ ប្រសិនបើព្រះសហគមន៍មិនជ្រើសរើសបម្រើ អ្នកក្រីក្រលើសគេ ទាំងអស់ ប្រហែលមនុស្សលោកមិនយល់ការប្រកាសដំណឹងល្អទេ ឬដំណឹងល្អគ្រាន់តែក្លាយទៅជាពាក្យសម្តី ដែលហូរហែរតាមរបៀបសង្គមនាបច្ចប្បុន្ន តែងតែប្រាប់យើងជារៀងរាល់ថ្ងៃប៉ុណ្ណោះ។ រីឯការប្រកាសដំណឹង ល្អនេះសម្ដែងសេចក្តីស្រឡាញ់លើសអ្វីៗទាំងអស់។
២០០-ខ្ញុំសូមផ្ញើពាក្យដាស់តឿននេះ ជូនមកសមាជិកនៃព្រះសហគមន៍កាតូលិក។ ហេតុនេះខ្ញុំសូមនិយាយទាំង ព្រួយថា អ្នកក្រីក្រកើតទុក្ខដោយយើងប្រកាន់គេ បណ្តាលមកពីយើងមិនចាប់អារម្មណ៍នឹងគេខាងវិញ្ញាណ។ អ្នកក្រីក្រភាគច្រើនយកចិត្តទុកដាក់យ៉ាងពិសេសអំពីជំនឿ គេត្រូវការព្រះជាម្ចាស់យ៉ាងខ្លាំង។ យើងមិនអាច ធ្វេសប្រហែសជូនព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះគេ ធ្វេសប្រហែសនាំពររបស់ព្រះអង្គដល់គេ ធ្វេស ប្រហែសនាំព្រះបន្ទូលដល់គេ ធ្វេសប្រហែសធ្វើអគ្គសញ្ញាជូនគេ ព្រមទាំងធ្វេសប្រហែសផ្តល់យោបល់អំពីផ្លូវដែលនាំឲ្យជំនឿរបស់គេចម្រើនឡើងយ៉ាងល្អប្រសើរ។ ជម្រើសបម្រើសជនក្រីក្រលើសគេទាំងអស់ នាំឲ្យយើង ចាប់អារម្មណ៍នឹងគេខាងផ្លូវសាសនានាទុកជាអាទិភាពយ៉ាងពិសេស។
២០១-កុំឲ្យមាននរណាប្រាប់ថា ខ្លួនស្ថិតនៅឆ្ងាយពីអ្នកក្រីក្រ ព្រោះខ្លួនបានជ្រើសរើសរស់នៅតាមរបៀបម៉្យាង នាំឲ្យខ្លួនត្រូវចាប់អារម្មណ៍នឹងកិច្ចការផ្សេងទៀត។ អ្នកបង្រៀននៅសកលវិទ្យាល័យ អ្នកណែនាំសហគ្រាស ឬអ្នកមានអាជីវកម្មផ្សេងៗ សូម្បីតែខាងព្រះសហគមន៍ដែរ ក៏តែងដោះសារខ្លួនដូច្នេះដែរ។ ទោះបីយើងអាចនិយាយជាទូទៅថា ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតាទាំងប៉ុន្មានឲ្យបំពេញបេសកកម្មផ្ទាល់ គឺឲ្យប្រែ ពិភពលោកនេះ ដើម្បីដំណឹងល្អប្រែសកម្មភាពទាំងប៉ុន្មានរបស់មនុស្សក្តី ក៏ប៉ុន្តែគ្មាននរណាអាចចាត់ខ្លួនថា មិនត្រូវរវីរវល់នឹងអ្នកក្រីក្រទេ ហើយក៏មិនត្រូវចាប់អារម្មណ៍នឹងកសាងយុត្តិធម៌ក្នុងសង្គមដែរ។ “គ្រីស្តបរិស័ទ ទាំងអស់ ត្រូវប្រែចិត្តគំនិតតាមព្រះវិញ្ញាណ ត្រូវមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ និងចំពោះ មនុស្សឯទៀតៗត្រូវខ្នះខ្នែរកយុត្តធម៌និងសន្តិភាព ហើយក៏ត្រូវរាប់អានអ្នកក្រតាមដំណឹងល្អ និងត្រូវរស់នៅ បែបក្រីក្រទៀត។ ព្រះជាម្ចាស់សុំឲ្យគ្រីស្តបរិស័ទទាំងអស់ប្រព្រឹត្តដូច្នេះជាចាំបាច់។ ខ្ញុំខ្លាចថាពាក្យទាំងនោះ គ្រាន់តែនាំឲ្យគេបរិយាយប៉ុណ្ណោះ តែមិននាំឲ្យប្រព្រឹត្តកិច្ចការយ៉ាងជាក់ស្តែងទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែមានសេចក្តីសង្ឃឹម ទៅលើចិត្តគំនិតទូលំទូលាយរបស់គ្រីស្តបរិស័ទដែលសុខចិត្តធ្វើតាម។ ខ្ញុំសូមបង ប្អូនរួមគ្នារកផ្លូវថ្មី ដើម្បីទទួលយោបល់នេះដែលខ្ញុំជូនមកសារជាថ្មីនេះ។
សេដ្ឋកិច្ចនិងការចែកចាយផលទុន
២០២-យើងមិនត្រូវពន្យារពេលរកដំណោះស្រាយមូលហេតុ ក្នុងរចនាសម្ពន្ធនៃសង្គមដែលបណ្តាលឲ្យមានអ្នក ក្រីក្រជាដាច់ខាត់។ យើងមិនត្រូវពន្យារពេលមិនគ្រាន់តែមកពីយើងចង់បានលទ្ធផល និងឲ្យមានរបៀបរៀប រយក្នុងសង្គមប៉ុណ្ណោះទេ តែមកពីយើងត្រូវព្យាបាលសង្គមដែលមានជំងឺម្យ៉ាង បណ្តាលឲ្យសង្គមទន់ខ្សោយ និងមិនសម។ ប្រសិនបើយើងមិនប្រែ និងព្យាបាលសង្គមទេ គង់តែនឹងកើតវិបត្តិថ្មីៗតទៅទៀតពុំខាន។ ត្រូវ យល់គិតថា កម្មវិធីជួយសង្គ្រោះដោះស្រាយបញ្ហាជាបន្ទាន់ គ្រាន់តែជាការតបឆ្លើយបណ្តោះអាសន្នប៉ុណ្ណោះទេ។ ទាល់តែគ្មានដោះស្រាយបញ្ហារបស់អ្នកក្រីក្រដល់ឫស គឺត្រូវឲ្យផ្សារអន្តរជាតិលះបង់ស្វយ័តភាពលើសអ្វីៗ ទាំងអស់ ត្រូវឲ្យអ្នកមានដើមទុនកេងប្រវ័ញ្ចឈប់ចង់បានផលទុនច្រើនឥតព្រំដែនជាមុនសិន ហើយក៏ត្រូវខិត ខំបំបាត់មូលហេតុបណ្តាលមកពីរចនាសម្ពន្ធនៃសង្គម ដែលបង្កើតឲ្យមានវណ្ណៈប្លែកពីគ្នាទៀតដែរ។ ប្រសិន បើបញ្ហាទាំងនោះមិនបានដោះស្រាយទេ បញ្ហានៃពិភពលោកមិនអាចដោះស្រាយបានឡើយ។ បើនិយាយឲ្យ ត្រង់ក៏គ្មានបានដោះស្រាយបញ្ហាណាយ៉ាងពិតប្រាកដសោះ។ ការមានវណ្ណៈប្លែកពីគ្នាក្នុងសង្គម ជាឫសគល់ បណ្តាលមកពីសេចក្តីអាក្រក់គ្រប់យ៉ាងក្នុងសង្គម។
២០៣- ត្រូវតែលើកយកកិត្តិយសរបស់បុគ្គលម្នាក់ៗ និងប្រយោជន៍រួមធ្វើជាគោលតែងតាំងរចនាសម្ពន្ធនៃនយោ បាយសេដ្ឋកិច្ចទាំងមូល។ ប៉ុន្តែជួនកាលកិត្តិយសរបស់បុគ្គលម្នាក់ៗ និងប្រយោជន៍រួមនោះ គ្រាន់តែជាផ្នែកដ៏ មិនសំខាន់ ដែលគេយកមកបន្ថែមលើពាក្យឃោសនាខាងនយោបាយរបស់គេប៉ុណ្ណោះ ជាពាក្យឃោសនា ដែលគ្មានទិសដៅ និងគ្មានកម្មវិធីអភិវឌ្ឍន៍បុគ្គលទាំងស្រុងយ៉ាងពិតប្រាកដ។ ពាក្យសម្តីជាច្រើនរបស់យើង រំខានដល់រចនាសម្ពន្ធបែបនេះ។ ប្រសិនបើយើងនិយាយអំពីសីលធម៌យើងរំខានគេ ប្រសិនបើយើងនិយាយ អំពីសាមគ្គីក្នុងពិភពលោកយើងរំខានគេ ប្រសិនបើយើងប្រាប់ឲ្យគេយកភោគទ្រព្យមកចែកចាយដល់អ្នកដទៃយើងរំខានគេ ប្រសិនបើយើងប្រាប់ឲ្យគេការពារការងារអ្នកដទៃធ្វើយើងរំខានគេ ប្រសិនបើយើងនិយាយអំពី កិត្តិយសរបស់មនុស្សទន់ខ្សាយយើងរំខានគេ ប្រសិនបើយើងនិយាយអំពីព្រះមួយអង្គដែលទាមទារឲ្យមនុស្ស ប្តេជ្ញាចិត្តរកយុត្តិធម៌ក្នុងសង្គម យើងក៏រំខានគេដែរ។ ជួនកាលគេយកពាក្យទាំងនោះមកប្រើតាមគោលដៅ ផ្ទាល់របស់គេ។ គេបំបាត់កិត្តិយសរបស់ខ្លួនដោយប្រើពាក្យទាំងនោះបែបនេះ។ តាមធម្មតាយើងរស់នៅយ៉ាង ស្រួលមិនអើពើនឹងបញ្ហាទាំងនោះទេ បណ្តាលឲ្យការរស់នៅរបស់យើង និងពាក្យសម្តីរបស់យើងបាត់អត្ថន័យ ទាល់តែសោះ។ អ្នកដែលមានឧបនិស្ស័យបង្កើតសហគ្រាសពិតជាការងារដ៏ប្រសើរណាស់ ប៉ុន្តែក្នុងការណែនាំ សហគ្រាសនោះ ត្រូវរិះគិតជានិច្ចអំពីអត្ថន័យនៃជីវិតមនុស្សដែលប្រសើរ ធំទូលំទូលាយជាងសហគ្រាសរបស់ខ្លួនទៅទៀត។ បើគិតដូច្នេះគេអាចបម្រើប្រយោជន៍រួមពិតមែន គឺគេខិតខំធ្វើឲ្យសម្បត្តិទ្រព្យចម្រើនចំនួនឡើង និងធ្វើឲ្យមនុស្សទាំងអស់អាចទិញសម្បត្តិទ្រព្យទាំងនោះ ប្រើប្រាស់កាន់តែស្រួលបានដែរ។
២០៤-យើងមិនអាចទុកចិត្តលើកម្លាំងលាក់កំបាំងនៃផ្សារអន្តរជាតិទៀតបានទេ ព្រោះផ្សារអន្តរជាតិនោះប្រៀបដូចជាមនុស្សខ្វាក់ភ្នែកមើលអ្វីៗមិនឃើញ។ បើយើងចង់ឲ្យមនុស្សមានតាមកម្រិតដែលខ្លួនអាចទទួលបាន ត្រូវ ឲ្យសេដ្ឋកិច្ចចម្រើនឡើង តែត្រូវខិតខំរកអ្វីមួយលើសពីការអភិវឌ្ឍនៃសេដ្ឋកិច្ចនោះទៅទៀត គឺត្រូវមានការ សម្រេចផ្សេងៗ ត្រូវមានកម្មវិធីផ្សេងៗ ត្រូវការមានរចនាសម្ពន្ធ និងរបៀបពិសេសតម្រង់ទៅចែកចាយផលទុនតម្រង់ទៅបង្កើតការងារធ្វើថ្មីតម្រង់ទៅលើកស្ទួយជនក្រីក្រទាំងស្រុង។ ការលើកស្ទួយជនក្រីក្របែបនេះហួស ពីការជួយគេទៅទៀត។ ខ្ញុំមិនចង់និយាយដូចអ្នកដែលតែងតែនិយាយថា ត្រូវយកលុយពីអ្នកមានមកចែកឲ្យអ្នកក្រទេ។ ខ្ញុំមិនចង់និយាយដូច្នេះទេ គឺដូចអ្នកបញ្ឆោតប្រជាជនជាអ្នកមិនទទួលខុសត្រូវទេ តែខ្ញុំចង់និយាយថា សេដ្ឋកិច្ចមិនអាចប្រើឱសថដែលមានពឹសពុលថ្មីទៀតបានទេ ដូចអ្នកដែលអះអាងថា គេអាចរកបានកម្រៃកាន់តែច្រើនឡើង ដោយបន្ថយចំនួនកម្មករ។ ធ្វើដូច្នេះគេមុខជាបង្កើនចំនួនមនុស្សដែលត្រូវគេដេញចេញពី សង្គមចោលពុំខាន។
២០៥-ខ្ញុំអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រោសឲ្យចំនួនអស់លោកអ្នកនយោបាយ ដែលមានសមត្ថភាពអាចនិយាយសន្ទនាគ្នាយ៉ាងពិតប្រាកដ តម្រង់យ៉ាងសកម្មទៅព្យាបាលឫសដ៏ជ្រៅនៃអយុត្តិធម៌ក្នុងពិភពលោក នាបច្ចុប្បន្នកាល គឺមិនគ្រាន់តែព្យាបាលអាការៈខាងក្រៅប៉ុណ្ណោះទេ។ មនុស្សនាបច្ចុប្បន្នកាល តែងតែមើលងាយ នយោបាយដោយចោទថានយោបោក ក៏ប៉ុន្តែនយោបាយពិតជាការងារមួយដ៏ប្រសើរបំផុត គឺជារបៀបសម្តែងសេចក្តីស្រឡាញ់ដ៏មានតម្លៃជាងគេចំពោះប្រជាជន ព្រោះនយោបាយតម្រង់មនុស្សទៅស្វែងរកប្រយោជន៍រួម។ យើងត្រូវដឹងយ៉ាងជាក់ច្បាស់ថា សេចក្តីស្រឡាញ់ “ជាគោលការណ៍ណែនាំយើងក្នុងកិច្ចការតូចៗ ដែលយើង តែងធ្វើនោះ គឺមិនគ្រាន់តែណែនាំយើងឲ្យមានទំនាក់ទំនងជាមួយមិត្តសម្លាញ់ក្នុងក្រុមគ្រួសារ ក្នុងក្រុមតូចៗ ប៉ុណ្ណោះទេ តែសេចក្តីស្រឡាញ់ក៏ជាគោលការណ៍ណែនាំមនុស្សក្នុងកិច្ចការដ៏សំខាន់ៗដែរ គឺណែនាំឲ្យមាន ទំនាក់ទំនងក្នុងសង្គម ឲ្យមានទំនាក់ទំនងខាងសេដ្ឋកិច្ច ឲ្យមានទំនាក់ទំនងខាងនយោបាយថែមទៀត”។ ខ្ញុំ អង្វរព្រះអម្ចាស់ សូមព្រះអង្គប្រោសប្រទានឲ្យមានអ្នកនយោបាយកាន់តែច្រើនឡើងៗ ដែលយកចិត្តទុកដាក់យ៉ាងពិតប្រាកដនឹងសង្គមនឹងប្រជាជនហើយនឹងការរស់នៅរបស់អ្នកក្រីក្រ។ អ្នកដឹកនាំប្រទេស និងអ្នកកាន់ អំណាចខាងហិរញ្ញវត្ថុត្រូវយកចិត្តទុកដាក់ជាចំបាច់ និងមានគំនិតទូលំទូលាយសូមរកមធ្យោបាយឲ្យប្រជាពល រដ្ឋទាំងអស់មានការងារធ្វើយ៉ាងគួរសម ឲ្យគេអាចទទួលការអប់រំ និងឲ្យគេអាចព្យាបាលខ្លួនបានផង។ ហេតុអ្វី យើងមិនអង្វរព្រះជាម្ចាស់ សូមព្រះអង្គជួយបំភ្លឺចិត្តគំនិតអស់លោកអ្នកនយោបាយ នៅពេលអស់លោកអ្នក ធ្វើគម្រោងការ? ខ្ញុំជឿជាក់ថាប្រសិនបើមនុស្សសុខចិត្តទទួលព្រះជាម្ចាស់ ដែលស្ថិតនៅលើអ្វីៗទាំងអស់មុខ ជានឹងកើតមានទស្សនៈនយោបាយ និងទស្សនៈសេដ្ឋកិច្ចបែបថ្មីដែលអាចជួយឲ្យសេដ្ឋកិច្ច និងប្រយោជន៍រួម ឈប់បែកគ្នា តែរកផ្លូវដើរជាមួយគ្នាបាន។
២០៦-តាមភាសាក្រិកពាក្យ “សេដ្ឋកិច្ច” មានន័យថាការត្រួតត្រា គឺជាបចេ្ចកទេសម្យ៉ាងក្នុងការត្រួតត្រាពិភព លោកទាំងមូល ដែលជាផ្ទះរួមរបស់មនុស្សលោក។ កិច្ចការណាខាងសេដ្ឋកិច្ចដ៏ធំម៉្យាងនៅផ្នែកណាមួយនៃ ផែនដី សុទ្ធតែមានឥទ្ធិពលលើពិភពលោកទាំងមូល។ ហេតុនេះហើយបានជាគ្មានរដ្ឋាភិបាលណាមួយអាច ធ្វើកិច្ចកា ដោយមនុស្សទាំងអស់មិនទទួលការខុសត្រូវទេ។ តាមពិត ប្រទេសមួយកាន់តែពិបាករកដំណោះស្រាយបញ្ហាតាមកម្រិតរបស់ខ្លួន ព្រោះក្នុងពិភពលោកមានការខ្វែងគំនិតគ្នារួមដ៏ធំសម្បើម។ ហេតុនេះនយោ បាយក្នុងប្រទេសមួយ ជួបប្រទះបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។ ក្នុងដំណាក់កាលជាប្រវត្តិសាស្រ្តបច្ចុប្បន្ន កាលនេះ ប្រសិនបើយើងពិតជាចង់ទៅដល់សេដ្ឋកិច្ចពិភពលោកដ៏ត្រឹមត្រូវ ត្រូវរករបៀបឲ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍យ៉ាងស័ក្ដិសិទ្ធ ដែលធានាសេចក្តីសុខសាន្តខាងសេដ្ឋកិច្ច សម្រាប់គ្រប់ប្រទេសមិនគ្រាន់តែសម្រាប់ តែប្រទេសមួយចំនួនប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រទេសនីមួយៗត្រូវរក្សាទុកម្ចាស់ការរៀងៗខ្លួនដែរ។
២០៧-ទោះបីព្រះសហគមន៍និយាយអំពីប្រធានបទខាងសង្គមក្តី ឬរិះគន់រដ្ឋាភិបាលនានាក្តី ប្រសិនបើព្រះ សហគមន៍ទាំងមូលនៅស្ងៀម មិនយកចិត្តទុកដាក់បង្កើតគំនិតនិងកិច្ចការថ្មី ហើយក៏មិនរួមសហការជាមួយ មនុស្សឯទៀតៗយ៉ាងស័ក្តិសិទ្ធិ ដើម្បីឲ្យអ្នកក្រីក្ររស់នៅស្របតាមកិត្តិយសជាមនុស្ស និងដើម្បីឲ្យមនុស្សទាំង អស់ចូលរួមគ្នាព្រះសហគមន៍មុខជាត្រូវរលាយពុំខាន។ មុខជាគំនិតលោកីយ៍ខាងវិញ្ញាណមានប្រៀបលើព្រះ សហគមន៍ពុំខាន។ គំនិតលោកីយ៍ខាងវិញ្ញាណតែងលាក់ខ្លួនដោយគ្រីស្តបរិស័ទធ្វើពិធីបុណ្យ និងប្រជុំគ្នាយ៉ាង ឥតបានផល ឬដោយពោលពាក្យសម្តីដែលគ្មានអត្ថន័យ។
២០៨-ប្រសិនបើពាក្យរបស់ខ្ញុំនេះ បណ្តាលឲ្យគ្រីស្តបរិស័ទម្នាក់យល់ថាខ្លួនត្រូវរបួសចិត្តនោះ ខ្ញុំសូមនិយាយប្រាប់ គេថា ខ្ញុំនិយាយពាក្យទាំងនេះដោយចិត្តស្រឡាញ់ និងដោយមានគោលបំណងល្អទៀងត្រង់ ខ្ញុំមិនរកប្រយោជន៍ ផ្ទាល់ខ្លួនណាមួយទេ ខ្ញុំក៏មិនកាន់តាមមនោគមវិជ្ជានយោបាយណាមួយដែរ។ ខ្ញុំមិនមែននិយាយក្នុងឋានៈជា ខ្មាំង ឬជាអ្នកប្រឆាំងទេ។ ខ្ញុំគ្រាន់តែយកចិត្តទុកដាក់ធ្វើឲ្យអស់អ្នក ដែលនៅតែជាទាសករនៃគំនិតបុគ្គលនិយម ឬជាទាសករនៃមតិមិនចង់រវីរវល់និងអ្នកដទៃ ឬជាទាសករនៃមតិអត្តទត្ថបុគ្គលនិយម អាចរំដោះខ្លួនចេញពី ចំណងដ៏ថោកទាបទាំងនោះ។ សូមឲ្យគេរស់នៅ និងរិះគិតបែបសមជាមនុស្សតាមរបៀបថ្លៃថ្នូរតាមរបៀបដែល បង្កើតផល ហើយឲ្យដំណើរឆ្លងកាត់របស់គេនៅលើផែនដីនេះ បានកិត្តិយសដែរ។
ត្រូវយកចិត្តទុកដាក់ថែរក្សាមនុស្សមិនរឹងប៉ឹង
២០៩-ព្រះយេស៊ូជាអ្នកនាំដំណឹងល្អដ៏ប្រសើរជាងគេទាំងអស់ គឺព្រះអង្គផ្ទាល់ជាដំណឹងល្អនោះឯង។ ព្រះអង្គ តែងរួបរួមជាមួយអ្នកតូចតាច (មថ ២៥,៤០)។ ការនេះរំឭកយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់នឹងអ្នកទន់ខ្សោយនៅលើផែនដី។ ប៉ុន្តែនាបច្ចុប្បន្នកាលមនុស្សតែងតែយក “ជោគជ័យ” និង “សិទ្ធិឯកជន” មក “ធ្វើជាគោលការណ៍”។ ហេតុនេះអ្នកដែលប្តេជ្ញាចិត្តជួយអស់នាក់ដើរតាមក្រោយ ឬយកចិត្តទុកដាក់នឹងមនុស្សទន់ខ្សោយ និងអ្នកមិនសូវមានធនធានមនុស្សទូទៅតែងយល់ថា ជីវិតគេគ្មានអត្ថន័យគេមិនអាចចម្រើន ឡើងក្នុងការរស់នៅបានឡើយ។
២១០-យើងត្រូវយកចិត្តទុកដាក់ជាចំាបាច់នឹងភាពក្រីក្រ និងមនុស្សទន់ខ្សោយរបៀបថ្មី។ ទោះបីយើងមិនបាន ផលប្រយោជន៍ភ្លាមៗយ៉ាងច្បាស់ តាមអាការៈខាងក្រៅក្តី ក៏ព្រះគ្រីស្តត្រាស់ហៅយើងឲ្យទទួលស្គាល់ព្រះអង្គ កំពុងរងទុក្ខក្នុងអ្នកទាំងនោះ គឺអ្នកគ្មានផ្ទះនៅ អ្នកដែលវក់នឹងគ្រឿងញៀន ជនភៀសខ្លួន និងជនភាគតិច ដែលរស់នៅក្នុងស្រុកតាំងពីបរមបុរាណរៀងមក ព្រមទាំងមនុស្សចាស់ជរា ដែលរស់នៅឯកាឯកោដោយគ្មាននរណាគិតគូឲ្យ។ល។ និង។ល។ ខ្ញុំបារម្ភយ៉ាងខ្លាំង ពិសេសចំពោះអ្នកដែលចេញពីប្រទេសមួយទៅរស់នៅ ក្នុងប្រទេសមួយផ្សេងទៀត ព្រោះខ្ញុំជាគង្វាលរបស់ព្រះសហគមន៍មួយដ៏ឥតព្រំដែន ហើយដែលចាត់ខ្លួនថា ជាម្តាយរបស់មនុស្សទាំងអស់។ ហេតុនេះហើយបានជាខ្ញុំសូមអំពាវនាវប្រទេសនានា ឲ្យបើកទ្វារទទួលគេតាមសទ្ធាជ្រះថ្លា។ កុំខ្លាចបាត់អត្តសញ្ញាណជាតិរបស់ខ្លួនឡើយ! សូមខិតខំបង្កើតសំយោគវប្បធម៌ថ្មីឡើង។ ទី ក្រុងណាដែលមានមនុស្សប្លែកៗចម្រុះគ្នារស់នៅ ទាំងមិនខ្លាចគ្នាទាំងទុកចិត្តគ្នាទៅវិញទៅមក ដែលបណ្តោយ ឲ្យមនុស្សជាតិប្លែកពីគ្នារួមរស់ជាមួយគ្នា ពិតជាទីក្រុងល្អប្រសើរណាស់។ ការរស់នៅរួមជាមួយគ្នាក៏ជួយអភិវឌ្ឍ ប្រទេសនោះតាមរបៀបថ្មីដែរ។ ទោះបីក្នុងរបៀបស្ថាបនាក្តី ក៏មានកន្លែងសម្រាប់ឲ្យប្រជាជននានាអាចជួបជុំគ្នា បានបង្កើតទំនាក់ទំនងជាមួយគ្នាជួយឲ្យមនុស្សទទួលស្គាល់គ្នា។ ក្រុងទាំងប៉ុន្មានបែបនោះល្អប្រសើរ ណាស់!
២១១-តាំងពីយូរមកហើយសភាពការណ៍របស់អស់អ្នកដែលរងគ្រោះ ដោយការជំនួញមនុស្សគ្រប់យ៉ាង បណ្តាល ឲ្យខ្ញុំព្រួយចិត្តយ៉ាងខ្លាំង។ ខ្ញុំចង់ឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ស្តាប់សូរសម្រែករបស់ព្រះជាម្ចាស់ ដែលសួរយើងទាំងអស់គ្នា “តើប្អូនរបស់អ្នកនោះឯណា?” (កណ៤,៩)។ តើបងប្អូនទាសករនៅឯណាដែរ? តើ ឯណាមនុស្សដែលអ្នកឯងកំពុងតែសម្លាប់ជារៀងរាល់ថ្ងៃ ដោយប្រើគេក្នុងរោងចក្រតូចខុសច្បាប់? បងប្អូន ដែលជាប់ក្នុងខ្សែបណ្តាញពេស្យាកម្ម ប្អូនៗដែលគេប្រើដើម្បីសុំទាន អ្នកដែលត្រូវលាក់ខ្លួនព្រោះគេធ្វើការទាំង គ្មានក្រដាសស្នាម។ យើងកុំធ្វើគថ្លង់មិនដឹងមិនឮ។ មានមនុស្សជាច្រើនស៊ុំគ្រលំជាមួយអ្នកទាំងប៉ុន្មាន ដែល ប្រព្រឹត្តការទាំងនេះ។ នរណាក៏ត្រូវសួរសំណួរនេះដែរ។ ក្នុងក្រុងយើងរស់នៅមានបនអ្នកប្រព្រឹត្តអំពើឧក្រិដ្ឋ ទាំងនេះ មនុស្សជាច្រើនមានដៃប្រឡាក់ឈាមដោយនៅស្ងៀមស្ងាត់ស៊ុំគ្រលំជាមួយគេយ៉ាងសុខសាន្ត។
២១២-ស្រី្តៗដែលរស់នៅដាច់ដោយឡែកពីគេក៏ជាអ្នកក្រីក្រមួយជាទ្វេ។ នាងរងទុក្ខដោយគេធ្វើបាបដោយត្រូវ ហិង្សា ដ្បិតនាងមិនសូវមានលទ្ធភាពទាមទារសិទ្ធិរបស់ខ្លួន។ ប៉ុន្តែមានស្ត្រីខ្លះៗប្រព្រឹត្តកិច្ចទុកជាវីរៈនារីក្នុងការ រស់នៅប្រចាំថ្ងៃរបស់គេ ដោយយកចិត្តទុកដាក់ការពារ និងថែរក្សាក្រុមគ្រួសារដ៏ទន់ខ្សោយរបស់ខ្លួន។
២១៣-ក្នុងចំណោមជនទន់ខ្សោយទាំងនោះ មានកូនដែលនៅក្នុងពោះម្តាយ ដែលគ្មានអ្វីការពារគ្នាគ្មានទោស។ព្រះសហគមន៍ចង់ថែរក្សាពួកគេ ដោយចិត្តស្រឡាញ់ខ្លាំងជាងគេ។ នាបច្ចុប្បន្នកាលមានមនុស្សខ្លះបដិសេធ មិនឲ្យកូនទាំងនោះស្គាល់កិត្តិយសជាមនុស្ស គេមានបំណងចង់ប្រើវាតាមអំពើចិត្តគេទាំងដកជីវិតវាចេញ។ គេ លើកស្ទួយឲ្យបង្កើតច្បាប់ពន្លូតកូន បណ្តាលឲ្យគ្មាននរណាអាចឃាត់អំពើទាំងនោះបានឡើយ។ ជាញឹកគេ តែងតែមើលងាយព្រះសហគមន៍ដែលការពារជីវិតកូនៗនៅក្នុងពោះម្តាយ ទាំងនិយាយថាសេចក្តីបង្រៀនរបស់ ព្រះសហគមន៍ហូរមកពីមនោគមវិជ្ជារបស់ជនល្ងង់ខ្លៅ គិតតែពីរក្សាទុកសេចក្តីពីបុរាណប៉ុណ្ណោះ។ ក៏ប៉ុន្តែការការពារជីវិតដែលកើតនោះភ្ជាប់នឹងសិទ្ធិទាំងប៉ុន្មានរបស់មនុស្ស។ ព្រះសហគមន៍ជឿជាក់ថា ទោះជានៅសភាព ការណ៍ណាក្តី និងក្នុងគ្រប់ដំណាក់កាលនៃការចម្រើនក្តី ក៏មនុស្សមានកិត្តិយសដ៏សក្ការៈដែលមិនអាចរំលោភបានដែរ។ ត្រូវកាន់ជំនឿជាក់ច្បាស់នេះ មិនត្រូវប្រើជំនឿនេះដើម្បីដោះស្រាយការពិបាកឯទៀតៗឡើយ។ ប្រសិនបើគ្រីស្តបរិស័ទបាត់ជំនឿជាក់ច្បាស់នេះ គ្មានគ្រឹះយ៉ាងមាំមួននឹងនៅស្ថិតស្ថេរ ដែលអាចការពារសិទ្ធិ មនុស្សបានទេ សិទ្ធិមនុស្សទាំងនោះក៏មុខជានឹងប្រែប្រួលតាមអ្នកកាន់អំណាចពេញចិត្ត និងសេចក្តីត្រូវការនៃ សម័យណាមួយ។ មនុស្សដែលមានប្រាជ្ញាគ្រប់គ្រាន់តាមធម្មជាតិ ហើយក៏អាចទទួលស្គាល់កិត្តិយសនៃជីវិត ដែលមិនអាចរំលោភបាន។ ប៉ុន្តែប្រសិនបើយើងគិតតាមជំនឿវិញ “អ្នករំលោភកិត្តិយសរបស់មនុស្សម្នាក់ក៏ ត្រូវទទួលទោសពីព្រះជាម្ចាស់ ហើយក៏បែរទៅប្រព្រឹត្តបទល្មើសចំពោះព្រះដែលប្រតិស្ឋានមនុស្សដែរ”។
២១៤-ព្រះសហគមន៍មិនអាចកែប្រែការបង្រៀនរបស់ខ្លួន អំពីសេចក្តីនេះបានទេ ព្រោះសេចក្តីនេះស៊ីជ្រៅពីខាង ក្នុងនឹងសេចក្តីដែលយើងប្រកាសអំពីកិត្តិយសរបស់មនុស្ស។ ខ្ញុំចង់និយាយតាមត្រង់អំពីរឿងនេះ កុំស្មានថាព្រះ សហគមន៍កែប្រែអំពីសេចក្តីនេះឡើយ។ លទ្ធិនេះមិនអាចកែទម្រង់បាន ឬក៏មិនអាចប្រែដើម្បីឲ្យបានស្រប តាមមតិ “ទំនើប” ណាមួយដូចអ្នកខ្លះស្មាននោះដែរ។ ការកម្ទេចបំផ្លាញជីវិតមនុស្សម្នាក់មិនមែនជាការចម្រើន ឡើង ដើម្បីរកដំណោះស្រាយបញ្ហាឯទៀតៗទេ។ តាមពិតត្រូវទទួលស្គាល់ថា ព្រះសហគម៍យើងមិនសូវបានជួយស្ត្រី ដែលបានជួបប្រទះសភាពការណ៍ដ៏សែនពិបាកតាមយើងមានភារកិច្ចជួយនោះទេ។ ហេតុនេះ មាន ស្ត្រីខ្លះយល់ឃើញថា មានតែការពន្លូតកូនដែលអាចដោះស្រាយយ៉ាងលឿន នូវការតប់ប្រមល់ដ៏ជ្រៅរបស់នាង ជាពិសេសនៅពេលនាងមានផ្ទៃ ដោយគេរំលោភលើរូបកាយនាង ឬដែលនាងរស់នៅក្នុងភាពក្រីក្របំផុត។ នរណាក៏អាចយល់សភាពការណ៍ដ៏សែនព្រួយនោះបានដែរ។
២១៥-មានមនុស្សទន់ខ្សោយមួយប្រភេទផ្សេងទៀត ដែលគ្មានរណាជួយការពារដែរ គឺមនុស្សដែលគេប្រើដើម្បី ជាប្រយោជន៍សេដ្ឋកិច្ច ឬដែលគេប្រើដោយមិនរិះគិតពិចារណា។ ខ្ញុំនឹកគិតដល់សត្វលោកទាំងអស់ដែលព្រះជាម្ចាស់ប្រតិស្ឋានមក។ ក្នុងឋានៈយើងជាមនុស្សយើងមិនគ្រាន់តែទទួលជីវិតប៉ុណ្ណោះទេ តែយើងត្រូវរក្សាសត្វលោកឯទៀតៗថែមទៀត។ ដោយយើងមានរូបកាយ ព្រះជាម្ចាស់បានភ្ជាប់យើងយ៉ាងជិតស្និទ្ធជាមួយ ពិភពលោកដែលនៅជុំវិញយើង។ យើងម្នាក់ៗត្រូវយល់ឃើញថា ដីក្លាយទៅជារហោឋានដូចជាជំងឺម្យ៉ាងរបស់ យើងម្នាក់ៗដែរ។ យើងក៏អាចត្អូញត្អែរដោយមានពូជមួយវិនាសអន្តរាយបាត់សូន្យទៅ ហាក់ដូចជាគេកាត់អវៈយវៈរបស់ខ្លួន។ យើងត្រូវប្រយ័ត្នកុំឲ្យដំណើររបស់យើងនៅលើផែនដីនេះ ទុកចោលសញ្ញាសម្គាល់នៃការវិនាស អន្តរាយ និងសញ្ញានៃសេចក្តីស្លាប់បណ្តាលសេចក្តីអាក្រក់ដល់ការរស់នៅរបស់យើង និងកូនចៅរបស់យើង នៅ នៅពេលអនាគតតរៀងទៅ។ ហេតុនេះខ្ញុំទទួលពាក្យដ៏សែនព្រួយរបស់ក្រុមអភិបាលនៃប្រទេសហ្វីលីពីន ថ្លែងជាយូរឆ្នាំមកហើយ ដូចជាពាក្យទំនាយថា៖ “កាលពីមុនមានសត្វល្អិតប្លែកៗពីគ្នាជាច្រើនអនេក រស់នៅ ក្នុងព្រៃឈើ។ វាមានការងាររៀងៗខ្លួនជាច្រើន មានបក្សាបក្សីតែងហោះនៅលើមេឃ និងមានស្លាបចម្រុះពណ៌យំយ៉ាងពិរោះ។ វាតែងតែបន្ថែមសោភ័ណភាពនៃព្រៃព្រឹក្សា។ ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រតិស្ឋានផែនដីសម្រាប់យើងជាសត្វលោកពិសេសរបស់ព្រះអង្គ មិនមែនដើម្បីឲ្យយើងបំផ្លាញផែនដីទេ ឬធ្វើឲ្យផែនដីក្លាយ ទៅជាវាលរហោស្ថានដែរ។ បើគ្រាន់តែភ្លៀងអស់មួយយប់ប៉ុណ្ណោះ សូមមើលទឹកទន្លេមានពណ៌ស្លឹកត្នោត ចាស់។ ចូរនឹកថាទន្លេទាំងនោះដឹកយកឈាមដ៏រស់រវើករបស់ដីតម្រង់ទៅរកសមុទ្រ។ តើត្រីអាចហែលក្នុងទឹក ដ៏កខ្វក់នេះដូចម្តចបាន? តើនរណាបានធ្វើឲ្យសមុទ្រដ៏ភ្លឺថ្លាក្លាយទៅជាទីស្មសានដូច្នេះ?”។
២១៦- យើងទាំងអស់គ្នាជាគ្រីស្តបរិស័ទ យើងជាអ្នកតូចតាច តែមានកម្លាំងដោយព្រះហឫទ័យមេត្តាករុណា របស់ព្រះជាម្ចាស់ ព្រះអង្គត្រាស់ហៅយើងទាំងអស់គ្នាឲ្យយកចិត្តទុកដាក់នឹងភាពទន់ខ្សោយរបស់ប្រជាជន និង របស់ពិភពលោកជាកន្លែងយើងរស់នៅដូចសន្តៈ្រហ្វង់ស៊ីស្កូនៅអាស៊ីស៊ីដែរ។
៣) ប្រយោជន៍រួម និងសន្តិភាពក្នុងសង្គម
២១៧-យើងបាននិយាយជាច្រើនអំពីអំណរសប្បាយ និងអំពីសេចក្តីស្រឡាញ់តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ ចែងអំពីសន្តិភាពដែរ(កាឡ៥,២២)។
២១៨-យើងមិនត្រូវយល់អំពីសន្តិភាពក្នុងសង្គមទុកដូចជាការប្រឆាំងគា្ន ឬទុកដូចជាគ្មានប្រើហិង្សាទេ ឬក៏ទុក ជាសន្តិភាពដែលកើតឡើង ដោយមនុស្សមួយក្រុមបង្ក្រាបក្រុមឯទៀតៗទាំងប៉ុន្មាន។ សន្តិភាពបែបទាំងនោះ សុទ្ធតែជាសន្តិភាពក្លែងក្លាយ សម្រាប់តែឲ្យមនុស្សមួយក្រុមយកលេសមកដោះសាររចនាសម្ពន្ធសង្គម ដែល បង្ក្រាបអ្នកក្រីក្រឲ្យនៅស្ងៀម ឬឲ្យស្ងប់ចិត្តប៉ុណ្ណោះ។ ដូច្នេះអ្នកសម្បូរបែបយ៉ាងខ្លាំងអាចរក្សាទុកនូវរបៀបរស់ នៅរបស់ខ្លួនដោយគ្មាននរណាជំទាស់។ រីឯអ្នកឯទៀតៗខិតខំទប់ទល់នឹងជីវភាពទាំងពិបាក។ គ្មាននរណា មានសិទ្ធិបង្ក្រាបអ្វីដែលមនុស្សទាមទារក្នុងសង្គមនោះ គឺអ្វីៗដែលពាក់ព័ន្ធនឹងការចែកចាយផលទុន ឬអ្វីដែលពាក់ព័ន្ធនឹងអ្នកក្រីក្រចូលរួមក្នុងសង្គម ហើយអ្វីដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដោយយកលេសចង់រួមគំនិតគ្នាជាឯកភាពក្នុងការិយាល័យ ឬដោយមានបំណងចង់កសាងសន្តិភាពដែលមិនអាចស្ថិតស្ថេរនៅបាន ដើម្បីជា ប្រយោជន៍ដល់មនុស្សមួយក្រុមតូចដែលរស់នៅយ៉ាងសប្បាយ។ កិតិ្តយសរបស់មនុស្ស និងប្រយោជន៍រួមស្ថិតនៅហួសពីសេចក្តីសុខសាន្តរបស់មនុស្សមួយក្រុមតូច ដែលមិនព្រមលះបង់ឯកសិទ្ធិរបស់ខ្លួនចោលទេ។ ពេល ណាមានមួយក្រុមតូចមើលងាយកិត្តិយសមនុស្ស និងប្រយោជន៍រួមត្រូវឲ្យមានសំឡេងព្យាការីម្នាក់បន្លឺឡើងជា ចំាបាច់។
២១៩-សន្តិភាព “មិនគ្រាន់មានន័យថាគ្មានសង្គ្រាមទេ ឬសន្តិភាពដែលបណ្តាលមកពីកម្លាំងអាវុធបច្ចាមិត្តស្មើគ្នា។ សន្តិភាពបែបនេះមិនស្ថិតស្ថេររហូតទេ។ មនុស្សត្រូវកសាងសន្តិភាពពីមួយថ្ងៃទៅមួយថ្ងៃទៀត ដោយខិត ខំស្វែងរកសាងសង់របៀបរៀបរយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺដោយមានយុត្តិធម៌កាន់តែប្រសើរ ឡើងៗ”។សរុបសេចក្តីមកសន្តិភាពមកពីការអភិវឌ្ឍន៍ទាំងស្រុងរបស់មនុស្សទាំងអស់ទើបសន្តិភាពនោះមានអនាគតអាចស្ថិតស្ថេរបាន។ បើពុំដូច្នេះទេសន្តិភាពបែបនោះនៅតែបង្កើតជម្លោះថ្មីជានិច្ច និងបង្កើតហិង្សាតាម របៀបផ្សេងៗពុំខាន។
២២០-នៅគ្រប់ប្រទេស មនុស្សតែងតែធ្វើឲ្យការរស់នៅរបស់គេមានលក្ខណៈជាសង្គមកាន់តែប្រសើរឡើងៗ ជាលំដាប់ដោយតាំងខ្លួនទៅជាប្រជាពលរដ្ឋ ដែលទទួលខុសត្រូវក្នុងចំណោមប្រជាជនមួយដែលមិនមែនជាហ្វូង ទាសករចុះចូលក្រោមអំណាចត្រួតត្រាគេទេ។ យើងត្រូវនឹកថា “ការរស់នៅជាប្រជាពលរដ្ដដ៏ស្មោះត្រង់ពិតជា គុណធម៌ម្យ៉ាង។ ប្រជាពលរដ្ឋម្នាក់ៗក៏មានភារកិច្ចបែបសីលធម៌ និងរួមចំណែកក្នុងនយោបាយដែរ”។ ក៏ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋទាំងអស់ចង់ទៅជាប្រជាជាតិមួយ ត្រូវធ្វើការលើសពីនេះទៅទៀត គឺត្រូវបណ្តោយខ្លួន ឲ្យនាំចូលរួបរួមក្នុងសង្គម គឺរៀនឲ្យចូលរួបរួមរហូតដល់បង្កើតវប្បធម៌រួមមួយនៃការជួបជុំគ្នា ដោយសុខដុមរមនា ដែលមានរបៀបប្លែកៗពីគ្នា។ ការនេះពិតជាកិច្ចចម្រើនមួយដ៏យឺតៗ និងដ៏ពិបាកហើយគ្រប់តំណត្រូវប្តេជ្ញាចិត្ត ធ្វើដំណើរបែបនេះ ជាអចិន្ត្រៃយ៍ផង។
២២១-មានគោលការណ៍បួន ដែលអាចណែនាំយើងឲ្យកសាងប្រជាជនមួយប្រកបដោយសន្តិភាព ដោយយុត្តិ ធម៌ និងដោយភាតរភាព។ គោលការណ៍ទាំងបួននោះតែងភ្ជាប់នឹងកម្លាំងពីរយ៉ាង ដែលទាស់ទែងគ្នាក្នុងគ្រប់ ករណីក្នុងសង្គម។ គោលការណ៍ទាំងនោះយោងពីលទ្ធិព្រះសហគមន៍ អំពីសង្គមដែលជា “គ្រឹះដ៏សំខាន់ដើម្បី រិះគិតនិងវាយតម្លៃអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតក្នុងសង្គម”។ ដោយយោងតាមលិទ្ធិនេះ ខ្ញុំចង់លើក គោលការណ៍ទាំងបួននោះជូន ដើម្បីកំណត់ទិសឲ្យក្រុមផ្សេងៗអាចរួមរស់នៅជាមួយគ្នាក្នុងសង្គម និងសាងសង់គ្នាជាប្រជាជនមួយបាន។ ក្នុងប្រជាជននោះក្រុមប្លែកៗពីគ្នារួមគ្នាយ៉ាងសុខដុមរមនា ដោយខិតខំបំពេញគម្រោងការរួមមួយ។ ខ្ញុំជឿជាក់ថា ប្រសិនបីគេអនុវត្តតាមគោលការណ៍ទាំងនោះ គេអាចបើកផ្លូវមួយដ៏ពិត ប្រាកដទៅកាន់សន្តិភាពក្នុងប្រទេសនីមួយៗ និងក្នុងពិភពលោកទាំងមូល។
ពេលវេលាប្រសើរជាងទីកន្លែង
២២២-ប្រជាពលរដ្ឋម្នាក់ៗតែងតែមានចិត្តប្រទាញប្រទង់គ្នា គឺណាមួយខ្លួនចង់បានអ្វីទាំងអស់ ណាមួយទៀត គេស្គាល់ព្រំដែនរបស់ខ្លួនដែលមិនអាចរកបានទាំងអស់។ យ៉ាងណាមិញបើនិយាយយ៉ាងទូលំទូលាយ “ពេល វេលា” សំដៅលើអ្វីៗទាំងអស់យ៉ាងពេញលេញ ដែលមនុស្សចង់បាននៅពេលខាងមុខ។ រីឯ “ពេលកំណត់” ជា ព្រំដែនរបស់មនុស្សដែលរស់នៅក្នុងកន្លែងមួយកំណត់យ៉ាងជាក់ច្បាស់។ ប្រជាពលរដ្ឋមានចិត្តប្រទាញប្រទង់គ្នាដូច្នេះដែរ គឺម៉្យាងគេរស់នៅក្នុងសភាពការណ៍មួយតាមពេលកំណត់មួយ។ ម៉្យាងទៀតគេនឹកគិតដល់អនាគត កាល គឺដល់ពេលវេលាដែលមានព្រំដែនយ៉ាងវែងឆ្ងាយ និងនឹកស្រមៃឃើញគោលដៅចុងក្រោយដែលតែង ទាក់ទាញចិត្តមនុស្ស។ ហេតុនេះខ្ញុំសូមប្រកាសគោលការណ៍ទីមួយដែលអាចជួយសាងសង់ប្រជាជនមួយ គឺ មានដូចតទៅ៖ ពេលវេលាប្រសើរជាងទីកន្លែង។
២២៣-គោលការណ៍នេះជួយយើងឲ្យធ្វើការ ដោយនឹកគិតដល់អនាគតកាលដ៏វែងឆ្ងាយ ដោយមិនគ្រាន់តែគិត ពីចង់បានលទ្ធផលភ្លាមៗនោះទេ។ គោលការណ៍នេះក៏ជួយយើងឲ្យមានចិត្តអត់ធ្មត់ខន្តី ចេះស៊ូទ្រាំនឹងសភាព ការណ៍ដ៏ពិបាក និងអ្វីដែលប្រឆាំងនឹងយើង ចេះស៊ូទ្រាំនឹងការផ្លាស់ប្តូរនៃផែនការនានា ស្របតាមថាមពលនៃព្រឹត្តិការណ៍ដែលកើតឡើង។ គោលការណ៍នេះអញ្ជើញយើងឲ្យយកពេលវេលាធ្វើជាអាទិភាព។ ដូច្នេះយើង អាចទទួលស្គាល់បំណងរបស់យើង ដែលចង់បានអ្វីៗទាំងអស់យ៉ាងពេញលេញផង និងទទួលស្គាល់ព្រំដែន នៃបំណងរបស់យើងនេះផង។ ជួនកាលអ្នកបំពេញសកម្មភាពខាងសង្គម និងនយោបាយលើកយកទីកន្លែងកំណត់ដែលគេកាន់អំណាចនោះ ធ្វើជាអាទិភាពជាងលើកយកពេលវេលាវិញ គឺជាងគិតគូរដល់រយៈពេល សម្រាប់ឲ្យសកម្មភាពអាចចម្រើនឡើងបាន។ អ្នកយកទីកន្លែងកំណត់ធ្វើជាអាទិភាព ប្រៀបដូចមនុស្សឆ្កួត ម្នាក់ដែលចង់សម្រេចអ្វីៗទាំងអស់ភ្លាមៗ នៅពេលកំណត់នាបច្ចុប្បន្ន។ ដូច្នេះគេខិតខំចង់កាន់កាប់អំណាច ទាំងអស់និងចង់បញ្ជាក់ខ្លួនឯងថាគេពិតជាម្ចាស់។ អ្នកគិតដូច្នេះ បញ្ឈប់ការចម្រើននៃគម្រោងការនានាទាំង ស្មានថា គេអាចកាន់កាប់ការចម្រើនទាំងនោះបាន។ ផ្ទុយទៅវិញអ្នកដែលយកពេលវេលាធ្វើជាអាទិភាព តែងតែយកចិត្តទុកដាក់ចាប់ផ្តើមការចម្រើនឡើង ជាជាងកាន់កាប់ទីកន្លែង និងកាន់អំណាចទាំងអស់។ ពេលវេលា ចាត់ចែងទីកន្លែងកំណត់ទាំងប៉ុន្មាន ឲ្យជាប់ជាមួយគ្នាដោយមានរបៀបរៀបរយ និងបំភ្លឺអត្ថន័យទីកន្លែងកំណត់ ទាំងនោះ គឺពេលកំណត់ទាំងនោះប្រៀបដូចជាកងទាំងឡាយក្នុងច្រវាក់មួយដ៏វែង ដែលនៅតែចម្រើនឡើង ជានិច្ចឥតឈប់ឈរមិនត្រឡប់មកវិញបានសោះ។ អ្នកនោះយកចិត្តទុកដាក់នឹងកិច្ចការដែលបង្កើតថាមពល ថ្មីក្នុងសង្គម និងដែលនាំឲ្យមនុស្ស និងក្រុមផ្សេងៗជាច្រើនចូលរួមគ្នា។ ដូច្នេះកិច្ចការទាំងនោះនឹងចម្រើនឡើង ជាលំដាប់ រហូតដល់ក្លាយទៅជាព្រឹត្តិការណ៍មួយដ៏សំខាន់តាមប្រវត្តិសាស្រ្ត។ អ្នកនោះគ្មានកង្វល់ក្នុងចិត្តទេ តែមានជំនឿជាក់ច្បាស់និងមានចិត្តតស៊ូវិញ។
២២៤-ជួនកាលខ្ញុំនឹកគិតថា ក្នុងពិភពលោកនាបច្ចុប្បន្នកាល តើនរណាយកចិត្តទុកដាក់យ៉ាងពិតប្រាកដនឹង បង្កើតការចម្រើនឡើង ដែលកសាងប្រជាជន? មានគ្នាជាច្រើនគិតតែពីចង់បានលទ្ធផលភ្លាមៗ នាំឲ្យគេបានផលប្រយោជន៍ខាងនយោបាយភ្លាមៗយ៉ាងស្រួល តែលទ្ធផលទាំងនោះមិនស្ថិតស្ថេរទេ។ អ្នកទាំងនោះមិននាំឲ្យមនុស្សរួបរួមគ្នាយ៉ាងពេញលេញជាមនុស្សជាតិទេ។ ប្រហែលប្រវត្តិសាស្រ្តនឹងវាយតម្លៃគេតាមលក្ខណៈដែលលោករ៉ូមាណូការឌីនី (Romano Guardini) ចែងថា៖ “ត្រូវយកខ្នាតតែមួយគត់វាយតម្លៃសម័យមួយឲ្យ បានត្រឹមត្រូវ គឺត្រូវរិះគិតអំពីរបៀបមនុស្សសម័យនោះ បានរួបរួមគ្នាយ៉ាងពេញលក្ខណៈស្របតាមលក្ខណៈ ពិសេសនិងលទ្ធភាពនៃសម័យនោះ”។
២២៥-យើងត្រូវគិតគូរអំពីលក្ខណៈនេះ ក្នុងការប្រកាសដំណឹងល្អដែរ គឺត្រូវនឹកគិតដល់ទិសដៅដ៏វែងឆ្ងាយ និង ធ្វើឲ្យការចម្រើនបានស្របតាមអ្វីៗ ដែលយើងអាចធ្វើបានផងនិងតាមផ្លូវទូលាយផង។ ពេលព្រះអម្ចាស់រស់ នៅក្នុងលោកនេះ ព្រះអង្គបានពន្យល់ឲ្យក្រុមសាវ័កជាច្រើនដងថា ពួកគេមិនអាចយល់សេចក្តីខ្លះនៅពេលនេះ ទេ តែត្រូវរង់ចាំព្រះវិញ្ញាណដ៏វិសុទ្ធយាងមក (យហ ១៦,១២-១៣) ទើបគេអាចយល់បាន។ ក្នុងពាក្យប្រស្នាស្តី អំពីពូជល្អ និងស្រងែព្រះអង្គពន្យល់លក្ខណៈមួយដ៏សំខាន់នៃការប្រកាសដំណឹងល្អ គឺថាមារអាចចូលកន្លែងកំណត់នៃព្រះរាជ្យ និងបង្ខូចស្រូវល្អជាមួយស្រងែបាន តែវាត្រូវចាញ់ដោយសារគ្រាប់ពូជល្អដែលបង្ហាញខ្លួននៅពេលកំណត់របស់វា។
ការរួបរួមគ្នា ប្រសើរជាងទំនាស់
២២៦-គង់តែមានជម្លោះក្នុងសង្គម។ យើងមិនត្រូវលាក់ទំនាស់ ឬបិទភ្នែក និងនិយាយថាគ្មានទំនាស់សោះ។ ផ្ទុយទៅវិញ យើងត្រូវទទួលស្គាល់ទំនាស់។ ប៉ុន្តែប្រសិនបើយើងនៅតែភ្ជាប់ចិត្តនឹងទំនាស់មួយ យើងហាក់ដូច ជាជាប់ឃុំឃាំងក្នុងទំនាស់នោះ ហើយមុខជាបំភ្លេចទិសដៅនៃសង្គម យើងលែងឃើញវែងឆ្ងាយ យើងក៏យល់ តែម្ខាងក្នុងព្រឹត្តិការណ៍ដែលកើតនោះ។ ពេលណាយើងនៅជាប់នឹងសភាពការណ៍ទាស់ទែងគ្នា យើងលែងយល់ថាអ្វីៗដែលកើតឡើងគឺមូលហេតុទាំងសងខាងរួបរួមគ្នាយ៉ាងជិតស្និទ្ធិក្នុងព្រឹត្តិការណ៍តែមួយនោះ។
២២៧-ពេលណាមានការទាស់ទែងគ្នា មានអ្នកខ្លះគ្រាន់តែមើលទំនាស់នោះ ហើយធ្វើមិនអើពី គេលាងដៃដោះ សាខ្លួនដូចលោកពីឡាតពីដើម ដើម្បីអាចបន្តដំណើរជីវិតគេទៅមុខទៀតបាន។ មានអ្នកខ្លះទៀតចូលរួមក្នុង ទំនាស់យ៉ាងជ្រៅ តែគេដូចជានៅជាប់ឃុំឃាំងក្នុងទំនាស់នោះគេមើលមិនវែងឆ្ងាយទេ។ គេយកគំនិតច្របូក ច្របល់ និងការមិនពេញចិត្តរបស់ខ្លួនមកចាំងជះទៅលើស្ថាប័ន និងរចនាសម្ពន្ធនានា។ ដូច្នេះគូបដិបក្ខមិនអាច ផ្សះផ្សាគ្នាវិញបានទេ។ មានផ្លូវទីបីសមជាងគេ គឺត្រូវទទួលស្គាល់ទំនាស់នោះទាំងសុខចិត្តស៊ូទ្រាំ និងខិតខំរក ដំណោះស្រាយ។ ពេលនោះយើងប្រែទំនាស់នោះឲ្យក្លាយទៅជាកងមួយតូច ក្នុងច្រវាក់នៃការចម្រើនមួយថ្មី។ “អ្នកកសាងសន្តិភាពពិតជានៅតាមផ្លូវតម្រង់ទៅកាន់សេចក្តីសុខសាន្ត” (មថ ៥,៩)។
២២៨-ធ្វើដូច្នេះទោះបីមនុស្សប្លែកពីគ្នាក្តី គេក៏អាចរួបរួមគ្នាបានដែរ។ មានតែអ្នកមានឧត្តមគតិខ្ពស់ និងមាន សេចក្តីក្លាហានដែលអាចជួយគេឲ្យរួបរួមគ្នាបាន។ អ្នកទាំងនោះយល់ឃើញទំនាស់នោះ ហួសពីអាការៈខាង ក្រៅ ព្រោះគេមើលអ្នកទាស់គ្នាទាំងនោះ ទុកជាបុគ្គលដែលមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។ ហេតុនេះហើយបាន ជាខ្ញុំសូមបញ្ចេញគោលការណ៍មួយទៀតដែលខានមិនបាន ដើម្បីកសាងសេចក្តីស្រឡាញ់ក្នុងសង្គម គឺថាការ រួបរួមគ្នាជាធ្លុងតែមួយប្រសើរជាងទំនាស់។ យើងត្រូវយល់ពាក្យ “សាមគ្គី” តាមអត្ថន័យជ្រៅជាងគេ គឺជាការប្រឈមមុខនឹងសភាពការណ៍ដ៏ពិបាក។ ប្រសិនបានយើងយល់ដូច្នេះ សាមគ្គីពិតជាក្លាយទៅជាមធ្យោបាយ បង្កើតប្រវត្តិសាស្ត្រ គឺដូចជាកន្លែងដ៏មានជីវិតរស់រវើកជួយឲ្យអ្នកទាស់គ្នាមិនព្រមព្រៀងគ្នាប្រឆាំងគ្នា អាចរួប រួមគ្នាជាធ្លុងតែមួយបាន។ ទោះបីមនុស្សប្លែកៗគ្នាក្តីគេអាចរួបរួមគ្នាបាន និងបង្កើតជីវិតថ្មីម៉្យាងដែរ។ មិនត្រូវមានបំណងចង់ធ្វើឲ្យអ្វីៗលាយឡំគ្នាទេ ឬឲ្យមានក្រុមមួយលេបក្រុមមួយទៀតដែរ។ តែត្រូវរកដំណោះស្រាយ ទំនាស់ដោយយល់ដល់កម្រិតខ្ពស់ គឺរក្សាទុកនូវលទ្ធភាពដែលមានតម្លៃរបស់ក្រុមដែលទាស់ទែងគ្នា ឲ្យរួបរួមនោះ។
២២៩-គោលការណ៍តាមដំណឹងល្អនេះរំឭកយើងឲ្យដឹងថា ព្រះគ្រីស្តបានបង្រួបបង្រួមអ្វីៗទាំងអស់ ឲ្យរួបរួមគ្នា ក្នុងព្រះអង្គគឺបង្រួបបង្រួមមេឃនិងដី ព្រះជាម្ចាស់និងមនុស្សលោក ពេលវេលានិងភាពអស់កល្បជានិច្ច សាច់ឈាមនិងវិញ្ញាណ បុគ្គលនិងសង្គម។ សេចក្តីសុខសាន្តជាសញ្ញាសម្គាល់បញ្ជាក់យ៉ាងជាក់ច្បាស់ថា ព្រះអង្គ បានបង្រួបបង្រួម និងបានសម្រុះសម្រួលអ្វីទាំងអស់ក្នុងព្រះអង្គបែបនេះ។ ព្រះគ្រីស្តជា “សេចក្តីសុខសាន្ត របស់យើង” (អភ ២,១៤)។ អ្នកនាំដំណឹងល្អត្រូវចាប់ផ្តើមជានិច្ច ដោយជូនពរឲ្យគេបានសេចក្តីសុខសាន្ត។ នៅគ្រប់ឱកាស សេចក្តីសុខសាន្តនេះជាកំពូលនៃទំនាក់ទំនងក្នុងក្រុមសាវ័ក។ សេចក្តីសុខសាន្តក៏ធ្វើឲ្យក្រុមសាវ័ករួបរួមគ្នាជាធ្លុងតែមួយដែរ។ យើងជឿថាសេចក្តីសុខសាន្តអាចកើតមានឡើងបាន ព្រោះព្រះអម្ចាស់ យេស៊ូបានឈ្នះលោកីយ៍ដែលនៅតែមានជម្លោះ និងសង្គ្រាមជានិច្ចគឺ “ព្រះអង្គបានធ្វើឲ្យមានសន្តិភាពដោយ បង្ហូរព្រះលោហិតនៅលើឈើឆ្កាង (កូឡ ១,២០)។ ប្រសិនបើយើងស្រាវជ្រាវអំពីអត្ថន័យដ៏ជ្រៅនៃអត្ថបទ ក្នុងគម្ពីរយើងមុខជានឹងរកឃើញថា យើងត្រូវរកសេចក្តីសុខសាន្ត គឺក្នុងជម្រៅចិត្តដែលតែងតែមានគំនិត ប្រទាញប្រទង់គ្នា។ យើងត្រូវខ្លាចជានិច្ចថា ការរស់នៅរបស់យើងបែកខ្ញែកគ្នា ដោយមានគំនិតប្រទាញប្រទង់ គ្នាដូច្នេះ។ ប្រសិនបើចិត្តយើងបាក់បែកជាច្រើនបំណែក យើងពិបាកបង្កើតសេចក្តីសុខសាន្តដ៏ពិតប្រាកដក្នុងសង្គមបាន។
២៣០-ការនាំដំណឹងអំពីសេចក្តីសុខសាន្ត មិនមែនជាសន្តិភាពដែលកើតមកពីការចរចាគ្នាទេ តែកើតមកពីយើង ជឿជាក់ថា ព្រះវិញ្ញាណសម្រុះសម្រួលអ្វីៗដែលប្លែកៗពីគ្នាឲ្យរួបរួមគ្នាយ៉ាងសុខដុមរមនា។ សេចក្តីសុខសាន្តហួសពីទំនាស់ទាំងប៉ុន្មាន គឺធ្វើសំយោគថ្មីដែលយើងសង្ឃឹមថានឹងអាចបង្កើតផលបាន។ មនុស្សប្លែកៗពីគ្នា ពិតជាការល្អណាស់ លុះត្រាតែមនុស្សសុខចិត្តចូលរួមក្នុងដំណើរសម្រុះសម្រួលគ្នាជានិច្ច រហូតដល់បង្កើតការ ព្រមព្រៀងគ្នាខាងវប្បធម៌ដែលធ្វើឲ្យ “សេចក្តីប្លែកៗពីគ្នាបានស្រុះស្រួលគ្នា”។ ក្រុមអភិបាលនៅប្រទេសកុង ហ្គោបានបង្រៀនដូច្នេះថា៖ “ក្នុងប្រទេសយើងមានពូជសាសន៍ប្លែកៗពីគ្នា។ ប្រទេសយើងបានសម្បត្តិវប្បធម៌ជាច្រើនតាមពូជសាសន៍ទាំងនោះ។ ប្រសិនបីយើងរួបរួមគ្នាជាធ្លុងតែមួយដោយប្រែចិត្តគំនិត និងសម្រុះសម្រួល គ្នាវិញយើងមុខជាអាចធ្វើឲ្យប្រទេសយើងលូតលាស់ឡើងបាន”។
អ្វីដែលមានយ៉ាងជាក់លាក់ ប្រសើរជាងគំនិតទៅទៀត
២៣១-គំនិត និងអ្វីដែលមានយ៉ាងជាក់លាក់ក៏ទាស់ទែងគ្នាដែរ។ អ្វីដែលមានយ៉ាងជាក់លាក់ គឺមានតែម្តងយើង ក៏អាចឃើញបានដែរ។ រីឯគំនិតវិញត្រូវតែមនុស្សរិះគិតទើបអាចកើតឡើងបាន។ យើងត្រូវខិតខំធ្វើឲ្យគំនិត និងអ្វីដែលមានយ៉ាងជាក់លាក់ទាក់ទងគ្នាជានិច្ច ដោយប្រយ័ត្នថា កុំឲ្យយូរៗទៅគំនិតដាច់ពីអ្វីដែលមានយ៉ាងជាក់លាក់។ ប្រសិនបើយើងរស់នៅដោយគ្រាន់តែពោលពាក្យសម្តី ប្រើតែនិមិត្តរូប ហើយតែងតែរិះគិតបំភាន់ ប៉ុណ្ណោះ យើងមុខជានឹងកើតអន្តរាយពុំខាន។ ហេតុនេះហើយបានជាខ្ញុំសូមប្រកាសគោលការណ៍មួយទៀត ជាគោលការណ៍ទីបីថា អ្វីដែលមានយ៉ាងជាក់លាក់ប្រសើរជាងគំនិតទៅទៀត។ យើងត្រូវចៀសវាងរបៀប ផ្សេងៗដែលបំបាត់អ្វីដែលមានយ៉ាងជាក់លាក់ចោល។ ឧបមាថាមានមនុស្សខ្លះមានគំនិតចង់ឲ្យមនុស្សបាន បរិសុទ្ធដូចទេវតា មនុស្សខ្លះមានគំនិតគិតថាអ្វីៗក៏ដូចអ្វីៗទាំងអស់ មនុស្សខ្លះមានគំនិតប្រកាសថា អ្វីៗកើតតាមតែពាក្យគេពោល មនុស្សខ្លះធ្វើគម្រោងការដែលគេគិតគូរ តែគេមិនដែលប្រព្រឹត្តតាម មានមនុស្សខ្លះមានគំនិតគិតតែពីលទ្ធិតឹងរ៉ឹងឲ្យបានដូចពីបុរាណ តែខុសនឹងប្រវត្តិសាស្រ្ត មានមនុស្សខ្លះមានគំនិតអំពីសីលធម៌តែគ្មានមេត្តា មានមនុស្សខ្លះចេះតែរិះគិតជាច្រើនតែគ្មានប្រាជ្ញាសោះ។ល។
២៣២-គំនិត គឺយោបល់ដែលគេបង្កើតដោយការរិះគិត សុទ្ធតែមកពីវិញ្ញាណចេះដឹង មកពីការយល់ឃើញ និង មកពីការណែនាំអ្វីដែលមានយ៉ាងជាក់លាក់។ គំនិតដែលមិនភ្ជាប់នឹងអ្វីដែលមានយ៉ាងជាក់លាក់ បង្កើតទ្រឹស្តី ដែលប្រកាន់ថា អ្វីៗគ្រាន់តែកើតមកក្នុងការស្រមៃយឃើញរបស់មនុស្ស (idéalisme) និងគ្រាន់តែកើតមកដូចយើងនិយាយប្រាប់ប៉ុណ្ណោះ (nominalisme) ទើបអ្វីនោះកើតមក។ ទ្រឹស្តីទាំងពីរនេះមិនស័ក្ដិសិទ្ធទេ ហើយក៏ មិនអាចបង្កើតផលបានដែរ គឺគ្រាន់តែជួយចាត់ចែងអ្វីៗជាថ្នាក់ និងបញ្ជាក់ឋានៈប៉ុណ្ណោះ តែមិនជំរុញមនុស្ស ឲ្យប្តេជ្ញាចិត្តបំពេញកិច្ចការណាមួយទេ។ មានតែអ្វីដែលមានយ៉ាងជាក់លាក់ ទាំងមានប្រាជ្ញារិះគិតពិចារណា ប៉ុណ្ណោះទេ ដែលជំរុញមនុស្សឲ្យប្តេជ្ញាចិត្តបំពេញកិច្ចការមួយបាន។ យើងត្រូវឆ្លងកាត់ពីពាក្យសម្តីទៅដល់អ្វី ដែលមានយ៉ាងជាក់លាក់ ទើបមានសុខដុមរមនាមែន។ បើពុំនោះទេយើងពិតជាបញ្ឆោតគេហាក់ ដូចជាយក ការលាបថ្នាំថែមុខជំនួសការហាត់ប្រាណ។ មានលោកអ្នកនយោបាយខ្លះ ហើយក៏មានលោកណែនាំសាសនា ខ្លះដែរនាំគ្នានឹកឆ្ងល់ថា ទោះបើអស់លោកផ្តល់យោបល់ច្បាស់លាស់ និងតាមតក្កវិជ្ជាក្តីក៏ប្រជាជនស្តាប់អស់ លោកមិនយល់ ឬមិនប្រព្រឹត្តតាមសេចក្តីដែលអស់លោកនិយាយនោះ។ ប្រហែលការណ៍នេះបណ្តាលមកពី អស់លោកនៅតែគិតគូរខ្ពស់ពេក និងធ្វើឲ្យនយោបាយ និងសាសនាក្លាយទៅជារបៀបថ្លែងសុន្ទរកថាយ៉ាងពិរោះ ប៉ុណ្ណោះ។ មានលោកខ្លះបំភ្លេចនិយាយយ៉ាងងាយស្រួលស្តាប់ ឬនិយាយតាមរបៀបរិះគិតរបស់ជនជាតិបរទេស ដែលអ្នកស្រុកចាប់មិនបាន។
២៣៣-អ្វីដែលមានយ៉ាងជាក់លាក់ប្រសើរជាងគំនិត។ លក្ខណៈនេះភ្ជាប់នឹងគម្រោងការដ៏អស្ចារ្យរបស់ព្រះបន្ទូល ដែលប្រសូតជាមនុស្ស និងភ្ជាប់នឹងការអនុវត្តតាម៖ “បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅ ត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា ព្រះយេស៊ូគ្រីស្តបានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន” (១យហ៤,២)។ ពាក្យសម្តីដែលកើតជាមនុស្សរួចហើយ និងដែលខិតខំឲ្យកើតជា មនុស្សតៗទៅទៀតជានិច្ចនោះ ពិតជាលក្ខណៈដែលមានសារៈសំខាន់សម្រាប់ការប្រកាសដំណឹងល្អ។ ម្យ៉ាង លក្ខណៈនេះ នាំឲ្យយើងលើកតម្លៃនៃប្រវត្តិសាស្រ្តព្រះសហគមន៍ ទុកជាប្រវតិ្តសាស្រ្តនៃការសង្គ្រោះ គឺយើង នឹករឭកដល់សន្តបុគ្គល ដែលបានធ្វើឲ្យដំណឹងល្អជ្រួតជ្រាបក្នុងការរស់នៅរបស់ប្រជាជននានារបស់យើង។ យើងក៏ទទួលកេរមត៌ក និងការបញ្ជូនបន្តរបស់ព្រះសហគមន៍ ដែលមានប្រវត្តិសាស្រ្តពីរពាន់ឆ្នាំមកហើយ។ យើងមិនអាចអះអាងថា យើងអាចបង្កើតគំនិតមួយដែលមិនភ្ជាប់នឹងសម្បត្តិវប្បធម៌ដ៏ប្រសើរនេះទេ ហាក់ដូច ជាយើងចង់បង្កើតគម្ពីរដំណឹងល្អសាជាថ្មីម្តងទៀត។ ម៉្យាងទៀតលក្ខណៈនេះជំរុញយើងឲ្យប្រតិបត្តិតាមដំណឹង ល្អ និងប្រព្រឹត្តកិច្ចការតាមសេចក្តីសុចរិត និងតាមសេចក្តីស្រឡាញ់ ទើបព្រះបន្ទូលបង្កើតផល។ អ្នកមិនប្រតិ បត្តិតាមដំណឹងល្អ គឺអ្នកមិនយកព្រះបន្ទូលឲ្យភ្ជាប់នឹងអ្វីដែលមានយ៉ាងជាក់លាក់នោះ ដូចជាសង់ផ្ទះនៅលើ ដីខ្សាច់ និងរស់នៅស្ថិតស្ថេរនៅក្នុងគំនិតសុទ្ធសាធ គឺគេគិតដល់តែខ្លួនឯងប៉ុណ្ណោះ។ គេទៅជាអ្នកចំណេះ និយមដែលមិនបង្កើតផលហើយបំបាត់ថាមពលនៃដំណឹងល្អទៀតផង។
អ្វីទាំងមូលប្រសើរជាងមួយចំណែក
២៣៤-ការរួបរួមក្នុងពិភពលោកទាំងមូល និងការរស់នៅក្នុងទីកន្លែងកំណត់ក៏ទាស់ទែងគ្នាដែរ។ យើងត្រូវចាប់ អារម្មណ៍នឹងពិភពលោកទាំងមូល កុំឲ្យធ្លាក់ខ្លួនទៅគិតតែអំពីរឿងតូចតាចប្រចាំថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅពេល ជាមួយគ្នានោះ ក៏ត្រូវនឹកគិតដល់អ្វីដែលមាននៅកន្លែងកំណត់នោះ ដែលនាំឲ្យយើងចាប់អារម្មណ៍នឹងអ្វីដែល មានយ៉ាងជាក់លាក់នៅលើផែនដីនេះ។ ប្រសិនបើយើងភ្ជាប់គំនិតនឹកគិតតែដល់ពិភពលោកទាំងមូល និងគំនិត នឹកដល់កន្លែងកំណត់របស់យើងនោះ យើងមុខជាចៀសវាងការគិតហួស គឺម៉្យាងយើងចៀសវាងមិននាំឲ្យប្រជា ពលរដ្ឋរស់នៅដោយស្រមៃដល់ពិភពអរូបី ដែលបង្រួបបង្រួមអ្វីៗទាំងអស់យ៉ាងស្រួល។ គេប្រៀបដូចជាអ្នក ធ្វើដំណើរតាមរទេះភ្លើងអង្គុយនៅក្នុងទូក្រោយគេបង្អស់ គេស្ងើចសរសើរដោយឃើញពិភពលោកបាញ់កាំជ្រួច គឺអ្នកដទៃបាញ់នោះក៏បើកមាត់ និងជួយទះដៃតាមពេលកំណត់ជាមុនដែរ។ ម៉្យាងទៀតយើងចៀសវាងការ គិតហួសផ្សេងទៀត គឺឲ្យខ្លួនក្លាយទៅជាសារមន្ទីររបស់ពួកតាបសឥសី ដែលរស់នៅដោយឡែកពីគេដែលត្រូវ តែនិយាយសេចក្តីដដែលៗជានិច្ច។ អ្នកទាំងនោះមិនអាចបណ្តោយខ្លួនឲ្យអ្វីៗ ដែលប្លែកពីគេប្រែចិត្តគំនិត របស់គេបានទេ គេក៏មិនចូលចិត្តសោភ័ណភាពដែលព្រះជាម្ចាស់ចាក់បង្ហូរនៅខាងក្រៅព្រំដែន នៃគំនិតរបស់ គេ។
២៣៥- អ្វីទាំងមូលប្រសើរជាងមួយចំណែក ហើយក៏ប្រសើរជាងចំណែកទាំងអស់ដែលបូកគ្នាទៅទៀតដែរ។ ហេតុ នេះមិនត្រូវខ្វល់ខ្វាយហួសហេតុអំពីបញ្ហាតូចៗ ដែលមានកំណត់និងអំពីបញ្ហាបុគ្គល។ ត្រូវរិះគិតឲ្យវែងឆ្ងាយ ជានិច្ច និងទទួលស្គាល់អ្វីដ៏ល្អដែលធំជាង និងដែលមានប្រយោជន៍ដល់មនុស្សទាំងអស់។ ក៏ប៉ុន្តែត្រូវគិតដូច្នេះ ដោយមិនរត់ឆ្ងាយពីអ្វីដែលមានយ៉ាងជាក់លាក់ដែរ ខ្លាចក្រែងដកឫសរលំខ្លួនឡើយ។ ត្រូវចាក់ឫសយ៉ាងជ្រៅ ជាចាំបាច់ក្នុងប្រវត្តិសាស្រ្តនៃកន្លែងកំណត់ ដែលយើងរស់នៅ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ យើងត្រូវធ្វើការនៅលើអ្វីដ៏តូច និងជាមួយអ្នកដែលនៅក្បែរយើងតែត្រូវមានគំនិតទូលំទូលាយដែរ។ យ៉ាងណា មិញ ទោះបីមនុស្សម្នាក់រក្សាទុកលក្ខណៈពិសេសរបស់ខ្លួន ហើយមិនលាក់អត្តសញ្ញាណរបស់ខ្លួននៅពេលគេ ចូលរួមក្នុងសហគមន៍មួយដោយចិត្តស្មោះ គេមិនបាត់អត្តសញ្ញាណរបស់ខ្លួនទេ តែមានកត្តាថ្មីៗលើកស្ទួយ អត្តសញ្ញាណរបស់គេនោះឲ្យចម្រើនឡើង។ គេមិនចូលរួបរួមក្នុងអ្វីដ៏ធំទូលាយដែលបំផ្លាញគេ ហើយ គេក៏មិន រស់នៅឯកាឯកោដាច់ឡែកពីគេដែរ ដែលសុទ្ធតែជារបៀបមិនបង្កើតផលទេ។
២៣៦- យើងមិនអាចយកភូគោលលើកធ្វើជានិមិត្តរូបបានទេ ព្រោះភូគោលទាំងមូលមិនប្រសើរជាងចំណែក នីមួយៗទេ គឺចំណុចនីមួយៗនៅឆ្ងាយស្មើពីមជ្ឈមណ្ឌល ចំណុចមួយក៏ដូចចំណុចមួយទៀតដែរ។ យើងសូមយកប្រសព្វជ្រុងច្រើនលើកធ្វើជានិមិត្តរូបវិញ ព្រោះក្នុងប្រសព្វជ្រុងច្រើនកថានីមួយៗ ដែលប្លែកៗពីគ្នាតម្រង់ទៅរួមគ្នាធ្វើជាប្រសព្វតែមួយ តែកថានីមួយៗនៅតែប្លែកៗពីគ្នាដដែល។ អ្នកបំពេញកិច្ចការខាងនយោបាយក៏ដូចអ្នកបំពេញមុខងារណែនាំគ្រីស្តបរិស័ទដែរ ត្រូវខិតខំប្រមូលអ្វីៗដ៏ល្អជាងគេ ដែលស្ថិតនៅក្នុងមនុស្សម្នាក់ៗឲ្យចូលក្នុងប្រសព្វជ្រុងច្រើននោះ។ ជនក្រីក្រទាំងប៉ុន្មានអាចចូលរួមបានទាំងនាំវប្បធម៌ផ្ទាល់របស់គេ ទាំង គម្រោងការរបស់គេ និងលទ្ធភាពរបស់គេដែរ។ សូម្បីតែអស់អ្នកដែលត្រូវគេរិះគន់ទាំងចោទថា គេវង្វេងនោះ ក៏អាចយកអ្វីមួយជាមួយដែរ កុំឲ្យបាត់បង់អ្វីនោះឡើយ។ ប្រជាជនទាំងប៉ុន្មានចូលរួមគ្នាក្នុងរចនាសម្ពន្ធនៃ ពិភពលោកទំាងមូល តែត្រូវរក្សាទុកនូវលក្ខណៈពិសេសរបស់ខ្លួន។ ក្នុងសង្គមមួយដែលស្វែងរកប្រយោជន៍ រួមក៏ដូច្នេះដែរ គឺសង្គមនាំបុគ្គលម្នាក់ៗឲ្យចូលរួមជាមួយគ្នាទាំងអស់តាមសេចក្តីពិត។
២៣៧-ចំពោះយើងជាគ្រីស្តបរិស័ទគោលការណ៍ “អ្វីទាំងមូលប្រសើរជាងមួយចំណែក” ក៏ចែងអំពីដំណឹងល្អ ទាំងមូល និងទាំងស្រុងដែរជាគម្ពីរ ដែលព្រះសហគមន៍បានបញ្ជូននបន្តមកយើង ហើយដែលចាត់យើងឲ្យ ចេញទៅប្រកាស។ តម្លៃថ្លៃថ្នូរដ៏ពេញលេញនៃដំណឹងល្អ ប្រមូលទាំងអ្នកប្រាជ្ញដែលបង្រៀនក្នុងសកលវិទ្យា ល័យទាំងកម្មករ ទាំងថៅកែ ទាំងវិចិត្រសិល្បករ គឺប្រមូលមនុស្សទាំងអស់។ អ្នកកាន់សាសនាតាមប្រជាប្រិយ ក៏ទទួលដំណឹងល្អទាំងមូលតាមរបៀបរបស់គេដែរ គេធ្វើឲ្យដំណឹងល្អនោះកើតជាមនុស្សតាមការអធិដ្ឋាន តាម ភាតរភាព តាមការតស៊ូ តាមពិធីយ៉ាងសប្បាយ។ល។ ដំណឹងល្អជាអំណររបស់ព្រះបិតា ដែលមិនសព្វព្រះ ហឫទ័យឲ្យអ្នកតូចតាចណាម្នាក់វិនាសឡើយ។ ដូច្នេះគង្វាលដ៏សម្បុរស ដែលរកឃើញចៀមវង្វេងបាត់ទៅ នោះបានអំណរសប្បាយ គាត់បញ្ចូលចៀមនោះក្នុងហ្វូងរបស់ខ្លួនវិញ។ ដំណឹងល្អប្រៀបដូចជាមេក្នុងម្សៅដែល ធ្វើឲ្យម្សៅទាំងមូលដោរឡើង។ ដំណឹងល្អក៏ប្រៀបដូចទីក្រុងសាងសង់នៅលើភ្នំយ៉ាងខ្ពស់ដែលចាំងពន្លឺបំភ្លឺ ប្រជាជននានា។ ដំណឹងល្អមានលក្ខណៈទូទៅភ្ជាប់ជាមួយស្រាប់ គឺនៅជាដំណឹងល្អជានិច្ច លុះត្រាតែគេ ប្រកាសដល់មនុស្សទាំងអស់ ហើយលុះត្រាតែបង្កើតផលព្យាបាលមនុស្សក្នុងគ្រប់វិស័យ ព្រមទាំងប្រមូលមនុស្ស ទាំងអស់ឲ្យចូលរួមតុក្នុងពិធីជប់លៀងរបស់ព្រះជាម្ចាស់ដែលគ្រងរាជ្យ។ អ្វីទាំងមូលប្រសើរជាងមួយចំណែកពិតមែនហើយ។
៤) ការសន្ទនាក្នុងសង្គមជួយកសាងសន្តិភាព
២៣៨-ការប្រកាសដំណឹងល្អក៏ជាផ្លូវនាំឲ្យមនុស្សសន្ទនាគ្នា។ ជាពិសេសចំពោះព្រះសហគមន៍ត្រូវសន្ទនានៅក្នុង វិស័យបីយ៉ាង ដើម្បីបំពេញមុខងារបម្រើការអភិវឌ្ឍបុគ្គលនីមួយៗ និងជូនប្រយោជន៍រួមគឺព្រះសហគមន៍ត្រូវ និយាយសន្ទនាជាមួយរដ្ឋាភិបាលនានាជាមួយសង្គម (គឺជាមួយវប្បធម៌និងមុខវិទ្យាសាស្រ្តនានា) ហើយជា មួយអ្នកកាន់សាសនាឯទៀតៗដែលមិនចូលព្រះសហគមន៍កាតូលិកយើង។ក្នុងគ្រប់ករណី “ព្រះសហគមន៍មានប្រសាសន៍ដោយសំអាងលើពន្លឺមកពីជំនឿ”។ ព្រះសហគមន៍នាំមកនូវបទពិសោធរបស់ខ្លួន ចាប់តាំងពី ពីរពាន់ឆ្នាំកន្លងមកហើយ និងនៅតែនឹកចងចាំការរស់នៅ និងទុក្ខវេទនារបស់មនុស្សជាតិជានិច្ច។ ការនេះ ហួស ពីប្រាជ្ញារបស់មនុស្សអាចរិះគិត តែមានអត្ថន័យដែលអាចជួយអ្នកដែលគ្មានជំនឿតាមគ្រីស្តសាសនាដែរ។ សេចក្តីនេះក៏អញ្ជើញមនុស្សឲ្យពង្រីកការរិះគិតតាមប្រាជ្ញារបស់ខ្លួនឲ្យវែងឆ្ងាយដែរ។
២៣៩-ព្រះសហគមន៍ប្រកាស “ដំណឹងល្អស្តីអំពីសន្តិភាព” (អភ ៦,១៥) ហើយសុខចិត្តសហប្រតិបត្តិជាមួយរដ្ឋ អំណាចជាតិនិងអន្តរជាតិទាំងប៉ុន្មាន ដើម្បីថែរក្សាសន្តិភាពជាសម្បត្តិទូទៅដ៏មហាប្រសើរ។ អ្នកនាំដំណឹងល្អ បែបថ្មីជូនដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ត ដែលជាសន្តិភាពរបស់យើង (អភ ២,១៤)។ អ្នកទទួលអគ្គសញ្ញា ជ្រមុជទឹកម្នាក់ៗ ត្រូវប្តេជ្ញាចិត្តកសាងសន្តិភាព ហើយក៏ប្តេជ្ញាចិត្តទៅជាសាក្សីគួរឲ្យជឿអំពីមនុស្សជាតិស្រុះស្រួលគ្នាហើយ។ ក្នុងវប្បធម៌ដែលយកការសន្ទនាទុកជារបៀបជួបជុំគ្នា តើត្រូវស្វែងរកឲ្យមនុស្សរួមចិត្តគំនិត និងព្រមព្រៀងគ្នាយ៉ាងដូចម្តេចបាន? ប៉ុន្តែត្រូវស្វែងរកឲ្យប្រជាជនព្រមព្រៀងគ្នា ទាំងយកចិត្តទុកដាក់ខិតខំ កសាងសង្គមប្រកបដោយយុត្តិធម៌ និងដែលអាចនឹកចងចាំប្រវត្តិសាស្រ្ត ហើយដែលមិនដេញនរណាចេញឲ្យនៅដោយឡែកទៀតផងដែរ។ ប្រជាជននិងវប្បធម៌របស់គេជាប្រធានដ៏សំខាន់ជាងគេ តាមប្រវត្តិសាស្ត្រដែលធ្វើឲ្យដំណើរនេះចម្រើនឡើងបានមិនមែនវណ្ណៈមួយ ឬក្រុមមួយក្នុងសង្គម ឬអ្នកដ៏ប្រសើរជាងគេធ្វើឲ្យដំណើរ នេះចម្រើនបានទេ។ យើងមិនត្រូវការឲ្យមនុស្សមួយក្តាប់តូចធ្វើគម្រោងការសម្រាប់តែខ្លួនឯងទេ យើងក៏មិនត្រូវការឲ្យមនុស្សមានប្រាជ្ញាមួយចំនួនតូចធ្វើសាក្សី និងយកមនោសញ្ចេតនារួមធ្វើជាកម្មសិទ្ធរបស់ខ្លួនដែរ។យើងត្រូវព្រមព្រៀងជាមួយគ្នាខាងសង្គម និងខាងវប្បធម៌ដើម្បីរស់នៅជាមួយគ្នាបាន។
២៤០-រដ្ឋអំណាចមានភារកិច្ចថែរក្សា និងលើកស្ទួយប្រយោជន៍រួមនៃសង្គម។ រដ្ឋអំណាចត្រូវសំអាងទៅលើគោល ការណ៍នៃសាមគ្គី និងគោលការណ៍មួយទៀត គឺទុកឲ្យអ្នកកាន់អំណាចកម្រិតទាបបំពេញកិច្ចការរបស់គេទាំង ខិតខំសន្ទនាខាងនយោបាយជាខ្លាំង ដើម្បីបង្កើតឲ្យប្រជាជនព្រមព្រៀងគ្នា។ រដ្ឋអំណាចមានតួនាទីជាគ្រឹះក្នុង ការអភិវឌ្ឍទាំងស្រុងរបស់មនុស្សទាំងអស់ជាតួនាទី ដែលមិនអាចផ្ទេរឲ្យនរណាទៀតបានឡើយ។ ក្នុងសភាព ការណ៍នាបច្ចុប្បន្នកាល រដ្ឋអំណាចត្រូវមានចរិយាសុភាពរាបសាយ៉ាងជ្រៅខាងសង្គម។
២៤១-ក្នុងពេលព្រះសហគមន៍សន្ទនាជាមួយរដ្ឋអំណាច និងជាមួយសង្គមព្រះសហគមន៍គ្មានដំណោះស្រាយអំពីបញ្ហានីមួយៗទាំងអស់ទេ តែព្រះសហគមន៍រួមជាមួយកម្លាំងឯទៀតៗក្នុងសង្គម ជួយណែនាំគម្រោងការដែលអាចតបឆ្លើយយ៉ាងល្អជាងគេ និងកិត្តិយសរបស់បុគ្គលម្នាក់ៗហើយនឹងប្រយោជន៍រួម។ ធ្វើដូច្នេះព្រះ សហគមន៍ជូនដំណឹងកាន់តែច្បាស់អំពីតម្លៃដ៏ថ្លៃថ្នូរ ជាគ្រឹះនៃការរស់នៅរបស់មនុស្សជាតិ។ ព្រះសហគមន៍ក៏ បញ្ជូនបន្តសេចក្តីដែលខ្លួនជឿជាក់ ដែលអាចក្លាយទៅជាកិច្ចការខាងនយោបាយនៅពេលក្រោយបាន។
ជំនឿ ប្រាជ្ញា និងវិទ្យាស្រ្តសន្ទនាគ្នា
២៤២-កិច្ចការនាំដំណឹងល្អដែលលើកស្ទួយសន្តិភាពក៏ភ្ជាប់នឹងជំនឿ ហើយនឹងវិទ្យាសាស្រ្ត។ មនុស្សត្រូវប្រើជំនឿ ហើយនិងវិទ្យាសាស្រ្តមករិះគិតជាមួយគ្នាដែរ។ អ្នកដែលអះអាងលើទ្រឹស្តីវិទ្យាសាស្រ្តនិយម និងអ្នកដែលទទួលស្គាល់តែសេចក្តីមកពីអ្វីៗដែលគេមើលឃើញ តែងតែបដិសេធមិនព្រម “ទទួលចំណេះណាមួយ ក្រៅពី ចំណេះដែលមកពីវិទ្យាសាស្រ្ត និងពីអ្វីៗដែលគេមើលឃើញនោះ”។ ព្រះសហគមន៍បង្ហាញមាគ៌ាមួយផ្សេង ទៀត គឺយកវិធីពិសេសនៃបទពិសោធតាមវិទ្យាសាស្រ្ត តាមអ្នកទទួលខុសត្រូវ និងយកចំណេះឯទៀតៗមាន ទស្សនវិទ្យាទេវវិទ្យា និងជំនឿជាដើមមកផ្សាំគ្នាធ្វើជាសំយោគមួយ។ ជំនឿលើកមនុស្សរហូតដល់គម្រោងការ ដ៏អស្ចារ្យដែលនៅហួសពីប្រាជ្ញាមនុស្សលោក។ ជំនឿមិនខ្លាចប្រាជ្ញាមនុស្សទេ ផ្ទុយទៅវិញជំនឿត្រូវការប្រាជ្ញា ហើយទុកចិត្តលើប្រាជ្ញាទៀតផង ព្រោះទាំងពន្លឺប្រាជ្ញា ទាំងពន្លឺនៃជំនឿហូរមកពីព្រះជាម្ចាស់តែមួយព្រះអង្គ។ “ប្រាជ្ញា និងជំនឿមិនអាចបញ្ចេញសេចក្តីផ្ទុយគ្នាបានឡើយ។ អ្នកនាំដំណឹងល្អត្រូវចាប់អារម្មណ៍នឹងវិទ្យាសាស្រ្ត ដែលចម្រើនឡើងដើម្បីឲ្យពន្លឺនៃជំនឿ និងពន្លឺរបស់ធម្មជាតិបំភ្លឺការចម្រើនទាំងនោះ។ ទាំងជំនឿ ទាំងធម្មជាតិ ទាមទារឲ្យការចម្រើននៃវិទ្យាសាស្រ្តចាត់ទុកមនុស្សនៅកណ្តាល នៃការចម្រើនរបស់ខ្លួនជានិច្ច គឺមនុស្សដែល មានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៅគ្រប់ដំណាក់កាលនៃជីវិតរបស់ខ្លួន។ សង្គមទាំងមូលទទួលផលល្អ ដោយការទាក់ទងសន្ទនានេះការទាក់ទងសន្ទនានេះ ក៏អាចជួយបង្ហាញទិសថ្មីឲ្យប្រាជ្ញារិះគិត និងបន្ថែមលទ្ធភាពនៃប្រាជ្ញាមនុស្សដែរ។ ការទាក់ទងសន្ទនានេះក៏ជាផ្លូវទៅកាន់សុខដុមរមនា និងដល់សេចក្តីសុខសាន្តទៀតផង។
២៤៣-ព្រះសហគមន៍មិនអះអាងថា ចង់ឃាត់បញ្ឈប់ការចម្រើនដ៏អស្ចារ្យនៃវិទ្យាសាស្រ្តទេ ផ្ទុយទៅវិញព្រះសហគមន៍មានអំណរដោយឃើញការចម្រើននេះ ថែមទាំងយោងផលប្រយោជន៍ពីការចម្រើននេះទៀត ទាំងទទួលស្គាល់លទ្ធភាពដ៏សម្បើមអស្ចារ្យ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រាជ្ញារបស់មនុស្សលោក។ ពេលការ ចម្រើនឡើងនៃវិទ្យាសាស្រ្ត ស្ថិតនៅក្នុងវិស័យពិសេសរបស់ខ្លួន ទាំងរិះគិតយ៉ាងម៉ឺងម៉ាត់បែបសកលវិទ្យាល័យ រួចបង្ហាញសេចក្តីសន្និដ្ឋានមួយយ៉ាងជាក់ស្តែង ដែលប្រាជ្ញាមនុស្សប្រកែកពុំបាន ជំនឿក៏មិនប្រកែកដែរ។ អ្នក មានជំនឿមិនអាចអះអាងថា ត្រូវជឿដាច់ខាតនូវយោបល់តាមវិទ្យាសាស្រ្ត ដែលគេធ្លាប់ចូលចិត្តតែដែលគ្មានភស្តុតាងតាមវិទ្យាសាស្រ្តមកបញ្ជាក់ទេ។ ក៏ប៉ុន្តែក្នុងករណីខ្លះវិញ អ្នកវិទ្យាសាស្រ្តខ្លះទៅហួសពីវិស័យនៃមុខ វិទ្យារបស់ខ្លួន ហើយប្រកាសសេចក្តីបញ្ជាក់ និងសេចក្តីសន្និដ្ឋាន ហួសពីវិស័យចំៗនៃវិទ្យាសាស្រ្ត។ ក្នុងករណីនោះគេមិនផ្តល់សេចក្តីមកពីប្រាជ្ញាមនុស្សរកឃើញទេ តែគេផ្តល់មនោគមវិទ្យាកំណត់ម៉្យាង ដែលបិទផ្លូវមិន ឲ្យមានការសន្ទនាយ៉ាងពិតប្រាកដ ដោយសន្តិវិធី និងដែលអាចបង្កើតផលបាន។
ក្រុមគ្រីស្តបរិស័ទត្រូវសន្ទនាជាមួយគ្នា
២៤៤- ការប្តេជ្ញាចិត្តបង្រួបបង្រួមគ្រីស្តបរិស័ទតបឆ្លើយនឹងពាក្យផ្តែផ្តាំរបស់ព្រះអម្ចាស់យេស៊ូ ដែលទូលអង្វរព្រះបិតាថា “សូមឲ្យគេទាំងអស់រួបរួមគ្នាជាធ្លុងតែមួយ” (យហ ១៧,២១)។ ប្រសិនបើគ្រីស្តបរិស័ទលែងប្រកាន់ គ្នា និងលែងបាក់បែកគ្នានោះ ហើយប្រសិនបើព្រះសហគមន៍សម្រេច “លក្ខណៈកាតូលិកជាលក្ខណៈរបស់ខ្លួន ផ្ទាល់ឲ្យបានពេញលេញក្នុងអស់កូនចៅរបស់ខ្លួន ដែលទទួលអគ្គសញ្ញាជ្រមុជទឹកតែដែលបែកចេញ ពីការរួប រួមដ៏ពេញលេញទៅហើយ (បង្រួម ៤) មុខជាមនុស្សលោកអាចជឿនូវសេចក្តីដែលព្រះសហគមន៍ប្រកាសនោះ ងាយស្រួលជាង។ យើងត្រូវនឹកគិតជានិច្ចថា យើងទាំងអស់គ្នាកំពុងធ្វើបូជនីយេសនៅលើផែនដីនេះ ហើយ ធ្វើបូជនីយេសរួមជាមួយគ្នាទៀតផង។ ហេតុនេះហើយបានជាយើងត្រូវផ្ញើចិត្តគំនិតទៅលើអ្នកដែលធ្វើដំណើរជាមួយយើងដោយគ្មានមន្ទិលសង្ស័យ។ យើងក៏ត្រូវតម្រង់ទៅរកអ្វី ដែលយើងកំពុងស្វែងរកជាមួយគ្នានោះ ទៀត គឺសេចក្តីសុខសាន្តក្នុងព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់តែមួយព្រះអង្គគត់។ ការទុកចិត្តលើអ្នកដទៃជាកិច្ចរបស់ សិល្បករ។ សេចក្តីសុខសាន្តក៏ជាកិច្ចការរបស់សិល្បករដែរ។ ព្រះយេស៊ូមានព្រះបន្ទូលថា “អ្នកកសាងសន្តិ ភាពពិតជានៅតាមផ្លូវទៅកាន់សេចក្តីសុខសាន្ត” (មថ ៥,៩)។ ប្រសិនបើគ្រីស្តបរិស័ទប្តេជ្ញាចិត្តក្នុងការបង្រួប បង្រួមគ្នាទំនាយរបស់ព្យាការីអេសាយពីដើមថា៖ “មនុស្សនឹងយកដាវរបស់ខ្លួនមកដំធ្វើជាផាលនង្គ័ល” (អស ២,៤) ពិតជានឹងបានកើតជារូបរាងក្នុងចំណោមយើងហើយ។
២៤៥-បើគិតដូច្នេះចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឲ្យរួបរួមគ្នាជាធ្លុងតែមួយ ក៏អាចជួយឲ្យក្រុមគ្រួសារមនុស្សជាតិរួបរួមគ្នាដែរ។ យើងយល់ឃើញថា វត្តមានរបស់លោកអភដបខិបាលដ៏ប្រសើរឧត្តមនៃព្រះសហគមន៍កុងស្តង់ទីណូប្ល និងរបស់លោកអភិបាលនៃព្រះសហគមន៍កាទែរប៊ូរី ក្នុងអង្គប្រជុំសន្និបាតអភិបាលព្រះសហ គមន៍កាតូលិកពិតជាព្រះអំណោយទានរបស់ព្រះជាម្ចាស់និងជាសក្ខីភាពដ៏ប្រសើររបស់គ្រីស្តបរិស័ទ។
២៤៦-គ្រីស្តបរិស័ទដែលបែកបាក់គ្នា ផ្តល់សក្ខីភាពផ្ទុយស្រឡះនឹងព្រះហឫទ័យរបស់ព្រះគ្រីស្ត ជាពិសេសនៅ ទ្វីបអា្រហ្វិកនិងទ្វីបអាស៊ី។ ហេតុនេះហើយ បានជាត្រូវខិតខំរកផ្លូវបង្រួបបង្រួមគ្នាជាធ្លុងតែមួយជាបន្ទាន់។ សាសនទូតនៅទ្វីបទាំងពីរនោះតែងតែរៀបរាប់អំពីអ្នកស្រុកមើលងាយចំអក និងរិះគន់អស់លោកអ្នក ព្រោះគ្រីស្តបរិស័ទបែកបាក់គ្នាដូច្នេះ។ យើងត្រូវគិតអំពីសេចក្តីដែលយើងជឿជាក់ ដែលធ្វើឲ្យយើងរួបរួមគ្នារួចហើយ។ ត្រូវនឹកទៀតថា ប្រការទាំងប៉ុន្មានក្នុងលទ្ធិជំនឿមិនស្មីគ្នាទាំងអស់ទេ។ ប្រសិនបើយើងរិះគិតដូច្នេះ យើងមុខ ជានឹងសម្រេចចិត្តរកពាក្យថ្លែងដំណឹងល្អរួមគ្នា បម្រើមនុស្សរួមគ្នា និងផ្តល់សក្ខីភាពរួមគ្នាដែរ។ យើងមិនអាច ធ្វើមិនអើពើ ដោយឃើញមនុស្សជាច្រើនឥតគណនាដែលមិនទាន់ស្គាល់ព្រះយេស៊ូគ្រីស្ត។ ក៏ប៉ុន្តែកុំនឹកគិត ថា ការប្តេជ្ញាចិត្តទៅរកការរួបរួមគ្នានេះ ដែលបណ្តោយឲ្យសាសន៍ដទៃអាចទទួលព្រះយេស៊ូគ្រីស្តយ៉ាងងាយ ស្រួលជាងមិនគ្រាន់តែជាលេសទេ ឬដូចជាការចរចារបែបអង្គទូត ឬជាការបង្ខំឲ្យបានសម្រេច ព្រោះអាក់ខាន មិនបានដើម្បីទៅជាផ្លូវប្រកាសដំណឹងល្អប៉ុណ្ណោះទេ។ សញ្ញាសម្គាល់បង្ហាញថា គ្រីស្តបរិស័ទបែកបាក់គ្នាក្នុងប្រទេសដែលបាក់បែកគ្នាដោយហិង្សាបន្ថែមមូលហេតុផ្សេងៗទៀត បណ្តាលឲ្យបង្កើតជម្លោះ។ គួរឲ្យខ្មាស ព្រោះគ្រីស្តបរិស័ទមានភារកិច្ចកសាងសន្តិភាពយ៉ាងសកម្មវិញ។ អ្វីៗដែលនាំគ្រីស្តបរិស័ទគ្រប់និកាយរួបរួមគ្នា មានច្រើនណាស់! ប្រសិនបើយើងជឿថា ព្រះវិញ្ញាណពិតជាមានសកម្មភាពដោយសេរី និងយ៉ាងទូលំទូលាយ មែន យើងមុខជានឹងអាចរៀនសេចក្តីជាច្រើនពីគ្នាទៅវិញទៅមក។ យើងមិនគ្រាន់តែត្រូវទទួលពត៌មានអំពី ក្រុមគ្រីស្តបរិស័ទឯទៀតៗ ដើម្បីស្គាល់គេកាន់តែច្បាស់ប៉ុណ្ណោះទេ តែយើងក៏អាចទទួលពីគេនូវអ្វីៗ ដែលព្រះ វិញ្ញាណបានសាបព្រោះក្នុងគេ ទុកជាព្រះអំណោយទានសម្រាប់យើងដែរ។ សូមលើកឧទាហរណ៍តែមួយ គឺនៅ ពេលយើងជាគ្រីស្តបរិស័ទកាតូលិកនិយាយសន្ទនាជាមួយបងប្អូនអ័រតូដូស្ស យើងមានឱកាសរៀនអ្វីមួយអំពីអត្ថន័យក្រុមអភិបាលរួបរួមគ្នា និងអំពីបទពិសោធនៃសន្និបាតណែនាំព្រះសហគមន៍របស់គេ។ ពេលយើងចែក ចាយព្រះអំណោយទានទាំងនោះ ព្រះវិញ្ញាណអាចណែនាំយើងទៅកាន់សេចក្តីពិត និងឲ្យប្រព្រឹត្តអំពើល្អ។
ទំនាក់ទំនងជាមួយសាសនាយូដា
២៤៧-យើងត្រូវចាប់អារម្មណ៍យ៉ាងពិសេសចំពោះប្រជាជនយូដា។ ព្រះជាម្ចាស់មិនដែលបំបាត់សម្ពន្ធមេត្រីជាមួយគេទេ ព្រោះ “កាលព្រះជាម្ចាស់ប្រទានព្រះអំណោយទាន ហើយព្រះអង្គមិនដកហូតវិញទេ ហើយកាលព្រះអង្គត្រាស់ហៅទ្រង់ក៏មិនប្រែប្រួលដែរ” (រម ១១,២៩)។ ព្រះសហគមន៍ និងសាសនាយូដាមានគម្ពីររួម មួយផ្នែកធំ ហើយចាត់ប្រជាជននៃសម្ពន្ធមេត្រី និងជំនឿរបស់គេ ទុកជាឫសដ៏សក្ការៈនៃលក្ខណៈរបស់ខ្លួនជាគ្រីស្តបរិស័ទ (រម ១១,១៦-១៨)។ យើងជាគ្រីស្តបរិស័ទមិនអាចចាត់ទុកថា សាសនាយូដាជាសាសនាដទៃនៅខាងក្រៅទេ ឬចាត់ជនជាតិយូដាទុកជាអ្នកដែលត្រូវលះបង់ការគោរពព្រះក្លែងក្លាយ បែរមករកព្រះដ៏ពិតប្រាកដដែរ (១ ថ១,៩)។ ទាំងគ្រីស្តបរិស័ទទាំងសាសនិកយូដា យើងរួមគ្នាផ្ញើជីវិតទៅលើព្រះជាម្ចាស់តែមួយ ព្រះអង្គ ដែលមានសកម្មភាពតាមប្រវត្តិសាស្រ្ត យើងក៏រួមគ្នាទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្តែងឲ្យ មនុស្សលោកស្គាល់។
២៤៨-ការសន្ទនាជាមួយកូនចៅអ៊ីស្រាអែល និងសេចក្តីស្រឡាញ់រាប់អានគេ ក៏ជាភារកិច្ចរបស់សាវ័កព្រះយេស៊ូ។ ការរាប់អានដែលបានចម្រើនឡើងនាំឲ្យយើងនឹកស្តាយដោយចិត្តស្មោះ និងយ៉ាងជូរចត់ចំពោះការបៀតបៀនដ៏ឃោរឃៅបំផុតចំពោះគេ ជាពិសេសដោយមានគ្រីស្តបរិស័ទខ្លះព្រួតដៃធ្វើបាបគេដែរ។
២៤៩-ព្រះជាម្ចាស់នៅតែបំពេញសកម្មភាពក្នុងប្រជាជននៃសម្ពន្ធមេត្រីទីមួយ និងប្រោសឲ្យគេបង្កើតប្រាជ្ញាដ៏វាង វៃ ដោយគេបានជួបព្រះបន្ទូលរបស់ព្រះអង្គ។ ហេតុនេះព្រះសហគមន៍ក៏ទទួលផលប្រយោជន៍នៅពេលព្រះ សហគមន៍ទទួលព្រះអំណោយទានដ៏ប្រសើរនៃសាសនាយូដា។ ទោះបីគ្រីស្តបរិស័ទជឿសេចក្តីខ្លះ ដែល សាសនិកជនយូដាមិនអាចទទួលបានជាដាច់ខាតក្តី ក៏ព្រះសហគមន៍មិនអាចឈប់ប្រកាសថា ព្រះយេស៊ូពិត ជាព្រះអម្ចាស់ពិតព្រះគ្រីស្តដែរ។ ទោះជាយ៉ាងណាក្ដីក៏សាសនាទាំងពីរអាចជួយគ្នាទៅវិញទៅមកបាន ក្នុងការ ស្រាវជ្រាវព្រះបន្ទូលឲ្យកាន់តែប្រសើរឡើងៗ។ យើងទាំងសងខាងក៏យល់ស្របអំពីប្រការជាច្រើនខាងសីលធម៌ ព្រមទាំងយកចិត្តទុកដាក់ស្វែងរកយុត្តិធម៌ និងការអភិឌ្ឍប្រជាជននានា។
ការសន្ទនាខាងសាសនា
២៥០-ទោះបីមានឧបសគ្គ និងការពិបាកជាច្រើនក្តី ជាពិសេសដោយមានអ្នកជ្រុលនិយមទាំងសងខាងក្តី ក៏ យើងត្រូវបើកចិត្តចំហយ៉ាងពិតប្រាកដ និងដោយសេចក្តីស្រឡាញ់ ទៅសន្ទនាជាមួយអ្នកកាន់សាសនាដទៃ ក្រៅពីគ្រីស្តសាសនាយើង។អ្នកចង់កសាងសន្តិភាពក្នុងពិភពលោកត្រូវការសន្ទនាអន្តរសាសនាជាចំាបាច់។ហេតុនេះហើយ បានជាគ្រីស្តបរិស័ទនិងសហគមន៍សាសនាឯទៀតៗ មានភារកិច្ចសន្ទនាអន្តរសាសនាជា កំហិត។ មុនដំបូងត្រូវសន្ទនាអំពីការរស់នៅប្រចាំថ្ងៃ ជាមនុស្សឬដូចក្រុមអភិបាលប្រទេសឥណ្ឌាផ្តល់យោបល់ ថា “គ្រាន់” តែមានឥរិយបថបើកចិត្តគំនិតចំហចំពោះអ្នកកាន់សាសនាដទៃ ដោយចែករំលែកអំណរសប្បាយ និងទុក្ខវេទនារបស់គេប៉ុណ្ណោះ។ ដូច្នេះយើងហាត់ខ្លួនឲ្យទទួលអ្នកដទៃ ដែលធ្លាប់រស់នៅធ្លាប់រិះគិត និងធ្លាប់ បញ្ចេញយោបល់តាមរបៀបប្លែកពីយើង។ ធ្វើដូច្នេះយើងនឹងមានសមត្ថភាពរួមគ្នា អាចបំពេញភារកិច្ចបម្រើ យុត្តិធម៌ និងសន្តិភាពដែលជាលក្ខណៈគ្រឹះក្នុងការសន្ទនាគ្រប់យ៉ាង។ ប្រសិនបើយើងសន្ទនាជាមួយគ្នារក យុត្តិធម៌ក្នុងសង្គម និងរកយុត្តិធម៌មែននោះ យើងមិនគ្រាន់តែនិយាយអំពីរបៀបដែលត្រូវប្រព្រឹត្តប៉ុណ្ណោះទេ តែនៅពេលនោះ យើងប្តេជ្ញាចិត្តខាងសីលធម៌ដែលបង្កើតសភាពការណ៍ថ្មីក្នុងសង្គម។ ការខិតខំបំពេញប្រធាន បទមួយពិសេស ក៏អាចក្លាយទៅជាដំណើរចម្រើនឡើង គឺភាគីទាំងពីរដែលស្តាប់គ្នាទៅវិញទៅមកជម្រះខ្លួន និងជួយគ្នាទៅវិញទៅមកដែរ។ ហេតុនេះហើយ បានជាការខិតខំទាំងនោះក៏អាចមានអត្ថន័យចំពោះការ ស្រឡាញ់សេចក្តីពិតដែរ។
២៥១-ពេលសន្ទនាគ្នានេះត្រូវរាក់ទាក់គ្នាដោយចិត្តស្មោះ។ មិនត្រូវបំភ្លេចថាការសន្ទនា និងការជូនដំណឹងល្អ ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធិ គឺជំរុញព្រះសហគមន៍ឲ្យនៅតែសន្ទនា និងពង្រឹងទំនាក់ទំនងជាមួយអ្នកដែល មិនកាន់គ្រីស្តសាសនាយើង។ ប្រសិនបើយើងរួមលាយឡំសាសនាគ្នាកុំឲ្យមានជម្លោះ យើងដូចជាប្រើអំណាច ផ្តាច់ការម៉្យាងរបស់អស់អ្នកដែលស្មានថាអាចរួបរួមគ្នាបានដោយមិនគិតគូដល់ជំនឿដ៏ថ្លៃថ្នូរដែលហួសពីគេ ហើយដែលមិនមែនជាកម្មសិទ្ធរបស់គេទេ។ អ្នកបើកចិត្តគំនិតយ៉ាងពិតប្រាកដ ត្រូវតែកាន់តាមសេចក្តីដែល ខ្លួនជឿជាក់យ៉ាងជ្រៅក្នុងចិត្ត ត្រូវទុកអត្តសញ្ញាណយ៉ាងច្បាស់ និងយ៉ាងសប្បាយតែខ្លួន “បើកចិត្តគំនិតចំហ ទទួលសេចក្តីដែលអ្នកដទៃជឿជាក់ដែរ ដើម្បីយល់សេចក្តីទាំងនោះ”។ “ត្រូវដឹងច្បាស់ថា ការសន្ទនាអាចជួយ គ្នាទៅវិញទៅមក”។ អ្នកគ្រាន់តែបើកចិត្តគំនិតដើម្បីឲ្យស្រួលនិយាយគ្នាដូចអង្គទូតប៉ុណ្ណោះ តែងតែយល់ ស្របនឹងអ្វីៗទាំងអស់ ដោយចង់ចៀសវាងមិនឲ្យកើតបញ្ហា។ តែការសន្ទនានោះមិនបានការអ្វីសោះ ព្រោះជា របៀបបញ្ឆោតគេ និងបដិសេធអ្វីៗដ៏ល្អដែលយើងបានទទួលទុកជាអំណោយពីព្រះជាម្ចាស់ ហើយដែលយើង ត្រូវចែកចាយដល់អ្នកដទៃដោយសទ្ធាជ្រះថ្លា។ ការនាំដំណឹងល្អ និងការសន្ទនាអន្តរសាសនាមិនទាស់គ្នាទេ ផ្ទុយទៅវិញការទាំងពីរនោះគាំទ្រគ្នា និងផ្តល់យោបល់គ្នាទៅវិញទៅមក។
២៥២-នាបច្ចុប្បន្នកាល ទំនាក់ទំនងជាមួយបរិស័ទអ៊ីស្លាមមានសារៈសំខាន់យ៉ាងខ្លាំង។ នៅសម័យឥឡូវបរិស័ទ អ៊ីស្លាមរស់នៅក្នុងប្រទេសជាច្រើន ដែលធ្លាប់កាន់តែគ្រីស្តសាសនាកាលពីដើម គេមានសេរីភាពធ្វើពិធីបុណ្យ របស់គេ ហើយចូលរួមរស់នៅក្នុងសង្គម។ យើងមិនត្រូវបំភ្លេចថា “បងប្អូនអ៊ីស្លាមប្រកាសជំនឿរបស់លោក អប្រាហាំ គេក្រាបថ្វាយបង្គំនមស្ការព្រះជាម្ចាស់តែមួយព្រះអង្គគត់ដូចយើង គេជឿថា ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា ជាចៅក្រមដែលនឹងវិនិច្ឆ័យទោសមនុស្សនៅថ្ងៃចុងក្រោយបំផុត” (ពន្លឺ ១៦)។ គម្ពីរ គូរ៉ានរបស់គេចែងទុកនូវការប្រៀនប្រដៅជាច្រើនរបស់គ្រីស្តបរិស័ទ គេគោរពព្រះយេស៊ូគ្រីស្តនិងនាងម៉ារី។ បរិស័ទអ៊ីស្លាម ទាំងចាស់ទាំងក្មេង ទាំងបុរសទាំងស្រ្តី ធ្លាប់អធិដ្ឋានយ៉ាងយូរជារៀងរាល់ថ្ងៃ និងចូលរួមក្នុងពិធី របស់គេដោយចិត្តស្មោះ។ គួរឲ្យស្ងើចសរសើរគេមែន។ នៅពេលជាមួយគ្នានេះក្នុងចំណោមពួកគេមានគ្នាជា ច្រើនជឿជាក់ថា ជីវិតគេទាំងមូលហូរមកពីព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ។ គេទទួលស្គាល់ថា ត្រូវឆ្លើយតប នឹងព្រះជាម្ចាស់ដោយប្តេជ្ញាចិត្តកាន់តាមសីលធម៌ និងមានចិត្តមេត្តាករុណាចំពោះអ្នកក្រជាងគេ។
២៥៣-អ្នកចង់សន្ទនាជាមួយបរិស័ទអ៊ីស្លាម ត្រូវទទួលការអប់រំពិសេសជាចំបាច់បំផុត។ គេត្រូវភ្ជាប់ចិត្តយ៉ាង សប្បាយនឹងអត្តសញ្ញាណនៃជំនឿរបស់ខ្លួន ហើយគេក៏ត្រូវមានលទ្ធភាពទទួលស្គាល់អ្វីដ៏ថ្លៃថ្នូររបស់អ្នកដទៃ អាចយល់កង្វល់កប់ក្នុងចិត្តគេ ដែលនាំឲ្យគេត្អូញត្អែរ និងចេះបញ្ជាក់នូវសេចក្តីដែលយើងទាំងសងខាងជឿ ដូចគ្នា។ យើងជាគ្រីស្តបរិស័ទត្រូវទទួលអន្តោប្រវេសន៍អ៊ីស្លាម ដែលមករស់នៅប្រទេសយើងដូចយើងសង្ឃឹម ថាគេនឹងទទួលយើង និងគោរពយើងនៅក្នុងប្រទេសដែលមានប្រជាជនកាន់តាមប្រពៃណីអ៊ីស្លាមដែរ។ ខ្ញុំអង្វរ ហើយក៏ទទូចអង្វរ ដោយចិត្តសុភាពរាបសាសូមឲ្យប្រទេសអ៊ីស្លាមទាំងនោះ សុខចិត្តបើកសេរីភាពឲ្យគ្រីស្ត បរិស័ទ អាចគោរពប្រណិប័តន៍តាមសាសនារបស់ខ្លួន ដោយយល់ដល់សេរីភាពបរិស័ទអ៊ីស្លាមធ្លាប់មាននៅ ប្រទេសខាងលិច។ ទោះបីមានបរិស័ទអ៊ីស្លាមជ្រុលនិយមដែលនាំឲ្យយើងបារម្ភក្តី ក៏យើងត្រូវមានចិត្តស្រឡាញ់ រាប់អានចំពោះបរិស័ទអ៊ីស្លាមដ៏ពិតប្រាកដ និងចៀសវាងកុំឲ្យស្មានថា បរិស័ទអ៊ីស្លាមសុទ្ធតែជាអ្នកប្រើហិង្សា។ តាមពិតអ៊ីស្លាមដ៏ពិតប្រាកដ និងការបកស្រាយគម្ពីរគូរ៉ានមិនព្រមឲ្យគេប្រើហិង្សាទាល់តែសោះ។
២៥៤- ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយប្រសិនបើអ្នកដែលមិនកាន់គ្រីស្តសាសនារស់នៅយ៉ាងស្មោះ ស្របតាមមនសិការរបស់គេនោះ គេអាចទៅ “ជាមនុស្សសុចរិត ដោយព្រះជាម្ចាស់ប្រោសប្រណីដល់ គេ”។ គេអាច “រួមជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង”។ ប៉ុន្តែព្រះហឫទ័យប្រោស ប្រណីរបស់ព្រះជាម្ចាស់តម្រង់ឲ្យគេបង្កើតសញ្ញាសម្គាល់ពិធីបុណ្យ និងរបៀបបញ្ចេញជំនឿរបស់គេ ដែលនាំឲ្យគេរួបរួមជាមួយអ្នកឯទៀតៗ។ ដូច្នេះគេមានបទពិសោធរួមដោយធ្វើដំណើររួមគ្នាទៅកាន់ព្រះជាម្ចាស់។ ពិធី បុណ្យទាំងនោះគ្មានអត្ថន័យ ហើយក៏មិនស័ក្តសិទ្ធដូចអគ្គសញ្ញាដែលព្រះគ្រីស្តបានតែងតាំងនោះទេ តែពីធី ទាំងនោះ អាចទៅជាផ្លូវដែលព្រះវិញ្ញាណបានបើក ដើម្បីរំដោះអ្នកមិនកាន់គ្រីស្តសាសនាឲ្យរួចពីគំនិតរបស់ អ្នកដែលគិតតែពីលោកនេះ និងមិនជឿថាមានព្រះទាល់តែសោះ។ ពីធីទាំងនោះក៏អាចរំដោះគេឲ្យរួចពីបទពិសោធន៍នៃសាសនាខ្លះ ដែលគោរពព្រះរបស់គេម្នាក់ឯងដាច់ពីគេ។ ព្រះវិញ្ញាណដដែលក៏លើកស្ទួយរបៀប គិតគូរផ្សេងៗ តាមប្រាជ្ញាដែលជួយមនុស្សឲ្យស៊ូទ្រាំ ការខ្វះខាតនាលោកនេះ ព្រមទាំងជួយឲ្យគេរស់នៅប្រកប ដោយសេចក្តីសុខសាន្ត និងសុខដុមរមនា។ យើងជាគ្រីស្តបរិស័ទក៏អាចទទួលផលពីសេចក្តីដ៏ថ្លៃថ្នូរទាំងនោះដែលកាន់តែរឹងប៉ឹងពីយូរសតវត្សមកហើយ ដែលអាចជួយយើងឲ្យរស់នៅតាមជំនឿរបស់យើង ឲ្យកាន់តែប្រសើរ ឡើង។
ការសន្ទនាក្នុងសង្គម ក្នុងបរិបទនៃសេរីភាពសាសនា
២៥៥-អស់លោកអភិបាលដែលជួបជុំគ្នាក្នុងសន្និបាត បានរំឭកអំពីសារៈសំខាន់នៃសេរីភាពសាសនា ដែលជា សិទ្ធិមូលដ្ឋានរបស់មនុស្ស។ សេរីភាពនេះមានន័យថា “ម្នាក់ៗមានសិទ្ធិជ្រើសរើសសាសនាដែលខ្លួនយល់ថា ជាសាសនាដ៏ពិតប្រាកដ និងបង្ហាញជំនឿរបស់ខ្លួនជាសាធារណៈ”។ ប្រសិនបើមានពហុសាសនាក្នុងប្រទេស ណាមួយ គឺរដ្ឋអំណាចគោរពសាសនាប្លែកៗពីគ្នា និងតម្លៃដ៏ថ្លៃថ្នូរនៃសាសនាទាំងនោះមិនមែនមានន័យថា ត្រូវគោរពសាសនាទាំងនោះជាឯកជនទេ ដោយរដ្ឋអំណាចអាចមានគោលដៅបំបិទមាត់សាសនាឲ្យនៅស្ងៀម ទេ ឬបណ្តាលឲ្យចិត្តគំនិតសាសនិកជនងងឹតងងុល ឬឲ្យអ្នកកាន់សាសនាត្រូវរស់នៅដោយឡែកពីសង្គម គិតតែពីធ្វើពិធីបុណ្យក្នុងព្រះវិហារ និងក្នុងធម្មសាលាប៉ុណ្ណោះទេ។ ប្រសិនបើរដ្ឋធ្វើដូច្នេះពិតជារបៀបរើសមុខ សាសនាដែលបង្ហាញអំណាចផ្តាច់ការពុំខាន។ ទោះបីយើងត្រូវគោរពក្រុមភាគតិចដែលនៅតែគ្មានជំនឿក្តី ក៏មិនត្រូវបង្ខំឲ្យគោរពសេរីភាពនោះ តាមរបៀបដែលបំបាត់សិទ្ធិមនុស្សភាគច្រើនដែលជឿសាសនាឲ្យនៅស្ងៀមដែរ ដោយគ្មានសិទ្ធិសម្ដែងជំនឿរបស់ខ្លួន ហើយនាំឲ្យបំភ្លេចប្រពៃណីសាសនាដែលមានតម្លៃដ៏ថ្លៃថ្នូរ។ របៀប នេះគង់តែនឹងបណ្តាលឲ្យអ្នកស្រុកប្រទូសរ៉ាយ មិនបង្កើតការអត់ឱននិងសន្តិភាពទេ។
២៥៦-ឥឡូវខ្ញុំសូមរិះគិតអំពីឥទ្ធិពលសាធារណៈរបស់សាសនា។ ត្រូវបែងចែងរបៀបរស់នៅតាមសាសនា។ ពួក បញ្ញវន្ត និងពួកអ្នកកាសែតតែងតែនិយាយជាទូទៅទាំងមិនសូវច្បាស់អំពីសាសនា គឺមិនមែនតាមបៀបរិះគិតតាមសកលវិទ្យាល័យទេ។ គេតែងរិះគន់អវិជ្ជមានរបស់សាសនានានាតែគេមិនចេះវែកញែកថា សាសនិកជនទាំងអស់ និងអ្នកដឹកនាំសាសនាទាំងអស់មិនដូចគ្នាទេ។ អ្នកនយោបាយខ្លះឆ្លៀតឱកាសយកការលាយឡំបែប នេះ ដើម្បីចាត់វិធានការរើសមុខសាសនា។ ជួនកាលគេបង្អាប់បង្អោនតម្លៃនៃសំណេរខាងសាសនា ដែលអ្នក និពន្ធបានសរសេរនៅបរិបទដែលមនុស្សស្ទើរតែទាំងអស់មានជំនឿលើព្រះជាម្ចាស់។ តែគេបំភ្លេចសំណេរដ៏សំខាន់ៗ ដែលអាចផ្តល់អត្ថន័យមួយជូនដល់មនុស្សនៅគ្រប់សម័យ ហើយដែលអាចជំរុញមនុស្សឲ្យទៅរក ទិសដៅថ្មីជានិច្ច។ សំណេរទាំងនោះលើកស្ទួយការរិះគិតពង្រីកប្រាជ្ញាមនុស្សឲ្យចម្រើនឡើង និងធ្វើឲ្យគេមាន ចិត្តគំនិតយល់អ្នកដទៃកាន់តែល្អឡើងៗ។ អ្នកដែលអះអាងថា មានតែសេចក្តីដែលប្រាជ្ញាមនុស្សអាចយល់បាន ទើបសំខាន់តែងមានចិត្តគំនិតចង្អៀតតែងបន្តុះបង្អាប់សំណេរទាំងនោះ។ តែមនុស្សមានប្រាជ្ញាគួរបោះបង់សំណេរទាំងនោះចោលមកពីអ្នកនិពន្ធបានចែងនៅបរិបទដែលអ្នកស្រុកស្ទើរតែទាំងអស់មានជំនឿទេ?ទោះបីអ្នកនិពន្ធសំណេរទាំងនោះប្រើនិមិត្តរូប និងលទ្ធិសាសនាក្តី ក៏ក្នុងសំណេរទាំងនោះមានចែងអំពីគោល ការណ៍ជាគ្រឹះខាងមនុស្សធម៌យ៉ាងពិតប្រាកដ ហើយមានតម្លៃតាមប្រាជ្ញាដែរ។
២៥៧-ក្នុងឋានៈយើងជាអ្នកជឿលើព្រះជាម្ចាស់ យើងរួមចិត្តគំនិតជាមួយអស់មនុស្សដែលស្វែងរកសេចក្តីពិត សេចក្តីសប្បុរស សោភ័ណភាព ដោយចិត្តស្មោះ ទោះបីអ្នកទាំងនោះមិនជាប់នឹងប្រពៃណីសាសនាណាក្តី។ សេចក្តីទាំងនោះមកពីព្រះជាម្ចាស់ និងបានពេញលក្ខណៈដោយសារព្រះអង្គដែរ។ យើងចាត់ទុកគេជាសម្ពន្ធ មិត្តដ៏ប្រសើរ ក្នុងការប្តេជ្ញាចិត្ត ការរពារកិត្តិយសរបស់មនុស្សក្នុងការសាងសង់សន្តិភាព ដែលមានប្រជាជាតិ នានារស់នៅជាមួយគ្នាដោយសេចក្តីសុខសាន្ត។ គេក៏ជាសម្ពន្ធមិត្តក្នុងការថែរក្សាសត្វលោកទាំងអស់ ដែល ព្រះជាម្ចាស់បានប្រតិស្ឋានមក។ យើងតែងហៅកន្លែងជួបគ្នាថា ជា “ទីលានរបស់សាសន៍ដទៃ” ឬ “ទួលអារេស ថ្មី” ជាកន្លែងអ្នកជឿលើព្រះជាម្ចាស់ និងអ្នកមិនជឿមានលទ្ធភាពអាចនិយាយសន្ទនាគ្នា អំពីប្រធានបទជាគ្រឹះ នៃសីលធម៌នៃសិល្បៈនៃវិទ្យាសាស្រ្ត និងស្វែងរកអ្វីដែលហួសពីលោកនេះ។ ការនេះក៏ជាផ្លូវតម្រង់ទៅរកសេចក្តី សុខសាន្តជូនមនុស្សលោកយើងនេះដែលត្រូវរបួស។
២៥៨-ខ្ញុំខិតខំពន្យល់ម្តងទៀតថា ការជូនដំណឹងល្អនៅតែភ្ជាប់នឹងសង្គមដាច់មិនបាន ដោយយកប្រធានបទខ្លះក្នុងសង្គមដែលមានសារៈសំខាន់សម្រាប់អនាគតនៃមនុស្សជាតិ។ ដូច្នេះខ្ញុំមានបំណងចង់លើកទឹកចិត្តគ្រីស្ត បរិស័ទទាំងអស់ឲ្យសម្តែងដំណឹងល្អនេះជានិច្ច តាមរយៈកិច្ចការដែលគេធ្វើ តាមរយៈពាក្យសម្តីដែលគេនិយាយ តាមឥរិយាបថរបស់គេ និងទង្វើរបស់គេទៀតផង។
ជំពូក ៥
អ្នកប្រកាសដំណឹងល្អរួមជាមួយព្រះវិញ្ញាណ
***
២៥៩-“អ្នកប្រកាសដំណឹងល្អរួមជាមួយព្រះវិញ្ញាណ” គឺជាអ្នកដែលបើកចិត្តគំនិតទទួលស្គាល់ព្រះសកម្មភាព របស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមិនខ្លាចអ្វីឡើយ។ នៅបុណ្យថ្ងៃទី ៥០ ព្រះវិញ្ញាណបានណែនាំឲ្យក្រុមគ្រីស្តទូត ចាកចេញពីខ្លួន។ ព្រះអង្គក៏ប្រែចិត្តគំនិតអស់លោកឲ្យទៅជាអ្នកប្រកាសស្នាព្រះហស្តដ៏អស្ចារ្យ របស់ព្រះជា ម្ចាស់ដែរ។ ជនម្នាក់ដែលស្តាប់អស់លោកក៏ចាប់ផ្តើមស្តាប់អស់លោកនិយាយ អំពីស្នាព្រះហស្តដ៏អស្ចារ្យទាំងនោះតាមភាសារៀងៗខ្លួន។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏ចាក់បង្ហូរកម្លាំងរបស់ព្រះអង្គថែមទៀត ដើម្បីឲ្យអស់លោក អាចប្រកាសសេចក្តីថ្មីដែលមកពីដំណឹងល្អដោយចិត្តក្លាហាន និងដោយបន្លឺសំឡេងយ៉ាងខ្លាំងៗនៅគ្រប់កន្លែង ហើយនៅគ្រប់ពេលវេលាផង ទោះបីសេចក្តីដែលអស់លោកប្រកាសនោះ ខុសនឹងមតិទូទៅរបស់ប្រជាជនក៏ ដោយ។ នៅពេលឥឡូវយើងត្រូវតែអង្វរព្រះវិញ្ញាណ គឺត្រូវសំអាងលើការអធិដ្ឋាន ព្រោះថាប្រសិនបើគ្មានការអធិដ្ឋានទេ កិច្ចការទាំងប៉ុន្មានរបស់យើងទៅជាអសារឥតការ ហើយការប្រកាសដូចជាគ្មានជីវិតរស់រវើកទេ។ ព្រះយេស៊ូសព្វព្រះ ហឫទ័យឲ្យមានអ្នកប្រកាសដំណឹងល្អ មិនគ្រាន់តែដោយប្រើពាក្យសម្តីប៉ុណ្ណោះទេ តែជា ពិសេសដោយគេសម្តែងឲ្យឃើញថា ព្រះជាម្ចាស់មានវត្តមានក្នុងខ្លួនគេ ហើយបានប្រែការរស់នៅរបស់គេ។
២៦០-ក្នុងជំពូកចុងខាងក្រោយនេះ ខ្ញុំមិនធ្វើសំយោគអំពីការរស់នៅតាមព្រះវិញ្ញាណរបស់គ្រីស្តបរិស័ទទេ ខ្ញុំក៏ មិនចង់រៀបរាប់អំពីប្រធានបទដ៏សំខាន់ៗ មានការស្មឹងស្មាធិ៍ ការនមស្ការព្រះកាយ និងការលើកតម្កើងជំនឿជា ដើម។ ការបង្រៀនដ៏មានតម្លៃរបស់ព្រះសហគមន៍ និងអ្នកនិពន្ធដ៏មានឈ្មោះល្បីជាច្រើននាក់ បាននិពន្ធសៀវ ភៅជាច្រើនអំពីប្រធានបទទាំងនោះរួចទៅហើយ។ ខ្ញុំមិនអួតអាងថា ចង់សរសេរអ្វីជំនួស ឬចែងសេចក្តីហួសពី អត្ថបទដ៏មានតម្លៃទាំងនោះទេ។ ខ្ញុំគ្រាន់តែចង់ផ្តល់យោបល់ខ្លះៗ អំពីចិត្តគំនិតរបស់អ្នកប្រកាសដំណឹងល្អបែប ថ្មី។
២៦១- ធម្មតានៅពេលយើងនិយាយថា កិច្ចមួយមាន “វិញ្ញាណ” យើងមានបំណងចង់សំដៅទៅលើគោលបំណង ដែលនៅខាងក្នុង អ្នកបង្កើតកិច្ចនោះដែលជំរុញឲ្យគេប្រព្រឹត្ត និងផ្តល់មូលហេតុឲ្យប្រព្រឹត្តការនោះ ហើយលើក ទឹកចិត្តគេ ព្រមទាំងផ្តល់អត្ថន័យដល់កិច្ចការដែលគេធ្វើម្នាក់ឯងនោះក្តី ឬធ្វើរួមគ្នាក្តី។ ការប្រកាសដំណឹងល្អ ដែលគេប្រព្រឹត្តដោយមានវិញ្ញាណ ជាការប្លែកពីកិច្ចទាំងប៉ុន្មានឯទៀតៗដែលមនុស្សធ្លាប់ប្រព្រឹត្ត ទុកជាកាតព្វ កិច្ចដ៏ធ្ងន់ធ្ងរដែលត្រូវតែបំពេញនោះ។ គេគ្រាន់តែស៊ូទ្រាំនៅពេលគេប្រព្រឹត្តកិច្ចការនោះឬទ្រាំទ្រ ព្រោះកិច្ចការ នេះផ្ទុយពីអ្វីដែលខ្លួនពេញចិត្ត ឬមានបំណងចង់ធ្វើ។ ខ្ញុំមានបំណងចង់រកពាក្យដ៏ល្អៗ ដើម្បីលើកទឹកចិត្តបង ប្អូនក្នុងគ្រានេះ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងល្អដោយមានចិត្តកាន់តែក្លៀវក្លា កាន់តែមានអំណរ មានចិត្តទូលំ ទូលាយ សេចក្តីក្លាហាន និងពោរពេញដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង ហើយមានជីវិតដែលផ្សព្វផ្សាយឆ្លងដល់អ្នកដទៃ។ ប៉ុន្តែខ្ញុំដឹងច្បាស់ថា គ្មានមូលហេតុណាគ្រប់គ្រាន់អាចជំរុញបងប្អូនឲ្យប្រកាសដំណឹងល្អនោះទេ លើកលែងតែមានព្រះវិញ្ញាណ ប្រោសឲ្យបងប្អូនមានចិត្តកក់ក្តៅចង់ជម្រាបជូននោះ។ សរុបសេចក្តីមកអ្នក ប្រកាសដំណឹងល្អដោយវិញ្ញាណ តែងប្រកាសដំណឹងល្អរួមជាមួយព្រះវិញ្ញាណ ព្រោះព្រះអង្គជាជីវិត និងជា កម្លាំងនៃព្រះសហគមន៍ដែលប្រកាសដំណឹងល្អនោះ។ ខ្ញុំសូមអង្វរព្រះវិញ្ញាណម្តងទៀត មុននឹងផ្តល់មូលហេតុ និងយោបល់ខាងព្រះវិញ្ញាណខ្លះ សូមព្រះអង្គយាងមកប្រែព្រះសហគមន៍ អង្រួននិងជំរុញព្រះសហគមន៍ឲ្យ មានសេចក្តីក្លាហាន ហ៊ានចេញទៅខាងក្រៅខ្លួនទៅនាំដំណឹងល្អដល់ប្រជាជននានា។
១) មូលហេតុដែលជំរុញយើងឲ្យជម្រាបជូនដំណឹងល្អបែបថ្មី
២៦២- “អ្នកជម្រាបជូនដំណឹងល្អរួមជាមួយព្រះវិញ្ញាណ” គឺជាអ្នកជម្រាបជូនដំណឹងល្អ ដែលតែងតែអធិដ្ឋាន និងធ្វើការ។ ប្រសិនបើយើងគិតដល់ការប្រកាសដំណឹងល្អ យើងមិនគ្រាន់តែជូនយោបល់ខាងការរួមជាមួយ ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែត្រូវបេ្តជ្ញាចិត្តយ៉ាងខ្លាំងទៅប្រែសង្គម និងធ្វើជាសាសនទូត។ អ្នកជម្រាបជូនដំណឹង ល្អ មិនត្រូវការថ្លែងសេចក្តី និងប្រើទម្លាប់ក្នុងសង្គមនិងតាមការណែនាំទេ តែត្រូវមានជីវិតខាងព្រះវិញ្ញាណជាចាំបាច់ គឺជីវិតខាងព្រះវិញ្ញាណនេះប្រែចិត្តគំនិតគេ។ យោបល់អំពីផ្នែកតែមួយមិនស៊ីជម្រៅទេ តែងទាក់ទាញ ចិត្តតែក្រុមតូចៗប៉ុណ្ណោះ ហើយក៏គ្មានកម្លាំងចូលយ៉ាងជ្រៅ ព្រោះគេមិនប្រកាសដំណឹងល្អទាំងមូលទេ។ យើង ត្រូវរក្សាចិត្តស្ងាត់ស្ងៀម ដែលផ្តល់អត្ថន័យជាគ្រីស្តបរិស័ទដល់ការប្តេជ្ញាចិត្តប្រែសង្គម និងបំពេញសកម្មភាព នានា។ ប្រសិនបើអ្នកប្រកាសដំណឹងល្អមិននមស្ការថ្វាយបង្គំព្រះបិតាយ៉ាងយូរ មិនជួបព្រះអម្ចាស់យេស៊ូតាមព្រះបន្ទូល ទាំងអធិដ្ឋាន ហើយមិនសន្ទនាយ៉ាងស្មោះនឹងព្រះអង្គ កិច្ចការដែលគេធ្លាប់ធ្វើក្នុងការប្រកាសដំណឹង ល្អបាត់បង់អត្ថន័យ។ យើងក៏កាន់តែខ្សោយ កាន់តែអស់កម្លាំងទៅៗ ដោយជួបការពិបាកនិងការនឿយហត់។ យូរៗទៅចិត្តខ្នះខ្នែងប្រកាសដំណឹងល្អរលត់បាត់ទៅ។ ប្រសិនបើព្រះសហគមន៍មិនអធិដ្ឋានទេ ព្រះសហគមន៍ មិនអាចរស់នៅបានឡើយ គេប្រៀបដូចជាមនុស្សដែលគ្មានសួតដូច្នោះដែរ។ ខ្ញុំមានអំណរដោយដឹងថា មាន ក្រុមអធិដ្ឋានកាន់តែច្រើនឡើងៗកើតក្នុងស្ថាប័នព្រះសហគមន៍ មានក្រុមអង្វរព្រះបិតា មានក្រុមអានព្រះបន្ទូល ទាំងអធិដ្ឋាន មានការនមស្ការព្រះកាយព្រះអម្ចាស់ជាអចិន្ត្រៃយ៍។ល។ នៅពេលជាមួយគ្នានោះ មិនត្រូវចាញ់ ការល្បួង ដោយចង់អធិដ្ឋានតាមព្រះវិញ្ញាណគ្រាន់តែជាមនោសញ្ចេតនាម៉្យាង និងសម្រាប់តែខ្លួនឯងប៉ុណ្ណោះ ទេ។ របៀបអធិដ្ឋាន និងរបៀបរស់នៅបែបនោះមិនស្របតាមសេចក្តីស្រឡាញ់ទេ ហើយក៏មិនស្របនឹងគម្រោង ការរបស់ព្រះជាម្ចាស់ដែលប្រសូតជាមនុស្សដែរ។ ត្រូវប្រយ័ត្នកុំយកពេលអធិដ្ឋានធ្វើជាលេស តែតាមពិតខ្លួនគេមិនព្រមចេញទៅជម្រាបជូនដំណឹងល្អ។ របៀបរស់នៅឯកឯងរបស់គ្រីស្តបរិស័ទខ្លះ អាចណែនាំឲ្យគេយកជីវិតខាងវិញ្ញាណមកធ្វើជាលេស។
២៦៣-យើងគួរនឹកចងចាំថា គ្រីស្តបរិស័ទដើមដំបូងនិងតាមប្រវត្តិសាស្រ្ត បងប្អូនគ្រីស្តបរិស័ទជាច្រើនបានពោរពេញដោយអំណរ និងដោយសេចក្តីក្លាហានបានជម្រាបជូនដំណឹងល្អ ដោយមិនខ្លាចនឿយហត់ និងបានតស៊ូ ជាខ្លាំងយ៉ាងសកម្ម។ សព្វថ្ងៃមានអ្នកខ្លះដោះសារខ្លួនដោយប្រាប់ថា នាបច្ចុប្បន្នកាលការប្រកាសដំណឹងល្អ ពិបាកជាងកាលពីមុន។ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា សភាពការណ៍ក្នុងចក្រភពរ៉ូមុំាងមិនសូវស្រួលប៉ុន្មាន ចំពោះការប្រកាសដំណឹងល្អដែរ។ គ្រីស្តបរិស័ទមិនសូវតស៊ូទាមទារយុត្តិធម៌ និងមិនងាយការពារកិត្តិយសរបស់ មនុស្សដែរ។ តាមប្រវត្តិសាស្រ្តនៅគ្រប់សម័យ មនុស្សតែងតែទន់ខ្សោយដូចគ្នាមនុស្សតែងតែរកប្រយោជន៍ ផ្ទាល់ខ្លួនដូចគ្នា ហាក់ដូចជាមានជំងឺម៉្យាង ដូចគ្នាមនុស្សក៏តែងតែគិតពីរស់នៅដោយស្រណុកតែខ្លួនឯងដែរ។ សរុបសេចក្តីមក យើងទាំងអស់គ្នាត្រូវប្រយ័ត្នកុំឲ្យមានចិត្តលោភលន់ឲ្យសោះ។ យើងគង់តែមានចិត្តលោភ លន់ជានិច្ច តាមរបៀបប្លែកៗពីគ្នាដែរ។ ការពិបាកជម្រាបជូនដំណឹងល្អនេះ បណ្តាលមកពីមនុស្សមានភាព ទន់ខ្សោយ មិនគ្រាន់តែបណ្តាលមកពីសភាពការណ៍ប៉ុណ្ណោះទេ។ ហេតុនេះហើយកុំនិយាយថា សម័យឥឡូវ ពិបាកជាងពីសម័យមុនៗឡើយ គឺពិបាកតាមរបៀបប្លែកពីមុនតែម្តង។ យើងត្រូវយកតម្រាប់តាមសន្តបុគ្គលដែលរស់នៅជំនាន់មុនៗ គឺអស់លោកអ្នកបានប្រឈមមុខការពិបាកតាមសម័យរបស់ខ្លួន។ ខ្ញុំសូមផ្តល់យោបល់ ខ្លះឲ្យរកឃើញមូលហេតុផ្សេងៗ ដែលជួយយើងឲ្យយកតម្រាប់ ធ្វើតាមអស់លោកអ្នកនៅសម័យឥឡូវ។
យើងត្រូវជួបជាមួយព្រះយេស៊ូដែលមានព្រះហឫទ័យស្រឡាញ់ដែលសង្គ្រោះយើង
២៦៤-សេចក្តីស្រឡាញ់ដែលយើងបានទទួលពីព្រះយេស៊ូ ជាមូលហេតុទីមួយដែលជំរុញយើងឲ្យប្រកាសដំណឹង ល្អ។ យើងមានបទពិសោធថា ព្រះអង្គបានសង្គ្រោះយើងរួចហើយ។ បទពិសោធនេះជំរុញយើងឲ្យស្រឡាញ់ ព្រះអង្គកាន់តែខ្លាំងឡើងៗ។ ប្រសិនបើយើងស្រឡាញ់ព្រះអង្គមែន យើងចង់និយាយប្រាប់ឲ្យអ្នកដទៃស្គាល់ ព្រះអង្គដែលយើងស្រឡាញ់នោះ និងបង្ហាញព្រះអង្គឲ្យគេស្គាល់ផង។ ប្រសិនបើយើងគ្មានបំណងយ៉ាងខ្លាំងនឹងនាំឲ្យគេស្គាល់ព្រះអង្គនោះ យើងត្រូវអធិដ្ឋានសូមអង្វរព្រះអង្គយ៉ាងយូរ សូមទ្រង់យាងមកទាក់ទាញចិត្ត យើង។ យើងត្រូវទទូចអង្វរព្រះអង្គជារៀងរាល់ថ្ងៃ សូមទ្រង់ព្រះមេត្តាប្រោសប្រណីបន្ទន់ចិត្តគំនិតដ៏រឹងរូសរបស់ យើង សូមព្រះអង្គដាស់តឿនយើងដែលរស់នៅជាធម្មតាទាំងមិនសូវស្រឡាញ់ព្រះអង្គទេ ការរស់នៅរបស់យើង ក៏មិនសូវស៊ីជ្រៅនឹងព្រះអង្គដែរ។ យើងត្រូវបើកចិត្តចំហនៅមុខព្រះភ័ក្ត្រព្រះអង្គ បណ្តោយឲ្យព្រះអង្គទតមើលយើង ទើបយើងទទួលស្គាល់ថា ព្រះអង្គទតមើលយើងដោយព្រះហឫទ័យស្រឡាញ់ ដូចលោកណាថាណា អែល ទទួលស្គាល់ព្រះយេស៊ូនៅថ្ងៃព្រះអង្គយាងមកក្បែរលោក និងមានព្រះបន្ទូលថា៖ “កាលអ្នកនៅក្រោមដើមស្វាយ ខ្ញុំបានឃើញអ្នកហើយ” (យហ ១,៤៨)។ ពេលយើងនៅមុខឈើឆ្កាង ឬកំពុងលុតជង្គង់នៅមុខ ព្រះកាយព្រះគ្រីស្ត យើងពិតជាសប្បាយណាស់។ ពេលព្រះអង្គយាងចូលរួមក្នុងការរស់នៅរបស់យើង ដូចជា ប៉ះការរស់នៅរបស់យើង និងជំរុញយើងឲ្យចែកចាយព្រះជន្មថ្មីរបស់ព្រះអង្គ យើងពិតជាសប្បាយដែរ។ ហេតុនេះហើយបានជាសេចក្តីដែលមានចែងថា “យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និងបាន ឮ” (១ យហ ១,៣) កើតជារូបរាងហើយ។ ការស្មឹងស្មាធិ៍ធ្វើសមាធិដោយសម្លឹងមើលព្រះអង្គ ទាំងមានចិត្ត ស្រឡាញ់ និងការអានគម្ពីរដំណឹងល្អយ៉ាងយូរ ទាំងមានចិត្តស្រឡាញ់ ពិតជាមូលហេតុដ៏ប្រសើរជាងគេដែលជំរុញឲ្យយើងសម្រេចចិត្តចែកចាយដំណឹងល្អឲ្យគេ។ ប្រសិនបើយើងអានគម្ពីរតាមរបៀបនេះ យើងមុខជាឆ្ងល់ ហើយចាប់ចិត្តនឹងជំរុញសោភ័ណភាពនៃដំណឹងល្អ ដែលទាក់ទាញចិត្តយើងគ្រប់ពេលដែលយើងអាននោះ។ ហេតុនេះយើងត្រូវមានវិញ្ញាណដែលធ្លាប់ស្មឹងស្មាធិ៍ធ្វើសមាធិឡើងវិញ ដើម្បីឲ្យយើងទទួលស្គាល់ឡើងវិញ ជា រៀងរាល់ថ្ងៃថា ព្រះជាម្ចាស់បានផ្ញើទ្រព្យសម្បត្តិមួយ ដែលអាចប្រោសឲ្យមនុស្សយើងមានលក្ខណៈជាមនុស្សកាន់តែប្រសើរឡើងៗ។ ដំណឹងល្អនេះ ក៏ជួយយើងឲ្យរស់នៅតាមរបៀបថ្មី។ យើងគ្មានអ្វីដ៏ប្រសើរជាង ដែលយើងត្រូវបញ្ជូនបន្តដល់អ្នកដទៃ។
២៦៥- ជីវប្រវត្តិទាំងមូលរបស់ព្រះយេស៊ូ របៀបព្រះអង្គប្រព្រឹត្តចំពោះអ្នកក្រីក្រ កាយវិការរបស់ព្រះអង្គរបៀប ព្រះបន្ទូល និងព្រះរាជកិច្ចរបស់ព្រះអង្គស៊ីគ្នា ព្រះហឫទ័យទូលំទូលាយជាធម្មតាប្រចាំថ្ងៃរបស់ព្រះអង្គសរុប សេចក្តីមក គឺការស៊ូប្តូរជីវិតទាំងស្រុងរបស់ព្រះអង្គក៏សុទ្ធតែមានតម្លៃដ៏ថ្លៃប្រសើរ និងមានអត្ថន័យសម្រាប់ការ រស់នៅរបស់យើងដែរ។ ពេលមនុស្សម្នាក់ចាប់ផ្តើមស្គាល់ព្រះអង្គគេយល់ច្បាស់ថា ទោះបីអ្នកដទៃមិនព្រម ទទួលស្គាល់ព្រះអង្គក្តី ក៏អ្នកទាំងនោះត្រូវការព្រះអង្គដែរ ដូចគ្រីស្តទូតប៉ូលមានប្រសាសន៍ទៅកាន់ទស្សនវិទូនៅក្រុងអាថែនពីដើមថា៖ “ខ្ញុំនាំដំណឹងមកប្រាប់អស់លោក អំពីព្រះដែលអស់លោកថ្វាយបង្គំទាំងពុំស្គាល់ហ្នឹង ហើយ” (កក ១៧,២៣)។ ជួនកាលយើងលែងមានចិត្តខ្នះខ្នែងចង់ប្រកាសដំណឹងល្អ ព្រោះយើងបំភ្លេចថា ដំណឹងល្អនេះ តបឆ្លើយនឹងសេចក្តីត្រូវការដ៏ជ្រៅជាងគេរបស់មនុស្ស។ យើងដឹងថា ព្រះជាម្ចាស់បានប្រតិស្ឋាន យើងទាំងអស់គ្នា ដើម្បីឲ្យយើងទទួលនូវសេចក្តីដែលដំណឹងល្អជម្រាបជូនមកយើង គឺយើងអាចមានមេត្រី ភាព រាប់អានជាមួយព្រះយេស៊ូបាន និងអាចស្រឡាញ់គ្នាទៅវិញទៅមកបានដែរ។ កាលណាមានគេអាច បញ្ចេញសេចក្តីសំខាន់នៃដំណឹងល្អយ៉ាងត្រឹមត្រូវ និងប្រកបដោយសោភ័ណភាពសារនៃដំណឹងល្អនោះ ពិត ជាតបឆ្លើយនឹងសេចក្តីស្រេកឃ្លានដ៏ជ្រៅជាងគេរបស់មនុស្ស។ “សាសនទូតជឿជាក់ថា ដោយសកម្មភាពនៃព្រះវិញ្ញាណទាំងបុគ្គលម្នាក់ៗ ទាំងប្រជាជននានាតែងតែរង់ចាំទទួលស្គាល់សេចក្តីពិត អំពីព្រះជាម្ចាស់ អំពី មនុស្ស អំពីមាគ៌ាដែលណែនាំឲ្យរួចពីបាបកម្ម និងអំពីសេចក្តីស្លាប់។ ជួនកាលគេមិនដឹងខ្លួនអំពីអ្វីដែលគេរង់ចាំទាំងនោះទេ។ យើងមានចិត្តខ្នះខ្នែងប្រកាស អំពីព្រះគ្រីស្តមកពីយើងជឿជាក់ថា យើងអាចតបឆ្លើយនឹងសេចក្តីរង់ចាំទាំងនោះបាន។ យើងមានទ្រព្យសម្បត្តិដ៏មានតម្លៃ ជាប្រភពនៃជីវិត និងជាប្រភពនៃសេចក្តីស្រឡាញ់ដែលមិនអាចបំភាន់នរណាសោះ គឺជាដំណឹងដែលមិនបញ្ឆោតគេទេ ហើយក៏មិនដែលបណ្តាលឲ្យ គេខកចិត្តដែរ។ មនុស្សតបឆ្លើយនឹងដំណឹងល្អនេះពីជម្រៅចិត្តរបស់គេ។ ចម្លើយនោះអាចគាំទ្រគេ និងលើក ស្ទួយគេឡើងបាន។ សេចក្តីពិតនៃដំណឹងល្អនេះមិនដែលប្រែប្រួលទេ មិនដែលចាស់ទេ ព្រោះសេចក្តីពិតនោះ អាចចូលនៅកន្លែងណាដែលអ្វីៗផ្សេងទៀត មិនអាចចូលបាន ជាកន្លែងដែលអ្វីផ្សេងទៀតមិនអាចកើតឡើង បាន។ មានតែសេចក្តីស្រឡាញ់ដែលគ្មានព្រំដែនរបស់ព្រះបិតាប៉ុណ្ណោះ អាចព្យាបាលទុក្ខដ៏គ្មានព្រំដែនរបស់មនុស្សយើងបាន។
២៦៦-ប៉ុន្តែយើងមានបទពិសោធផ្ទាល់ថា យើងពេញចិត្តនឹងសចក្តីស្រឡាញ់របស់ព្រះអង្គ និងពេញចិត្តនឹងសារ របស់ព្រះអង្គ។ បទពិសោធនេះគាំទ្រសេចក្តីដែលយើងជឿជាក់ ដូចមានចែងនៅខាងលើ។ យើងមានបទ ពិសោធថា យើងបានស្គាល់ព្រះយេស៊ូប្រសើរជាងមិនបានស្គាល់ព្រះអង្គវិញ យើងធ្វើដំណើររួមជាមួយព្រះ យេស៊ូប្រសើរជាងដើរក្នុងភាពងងឹតទាំងស្ទាបៗវិញ យើងអាចស្តាប់ព្រះបន្ទូលព្រះអង្គ ប្រសើរជាងមិនស្គាល់ ព្រះបន្ទូលវិញ យើងអាចសម្លឹងមើលព្រះអង្គដោយស្មឹងស្មាធិ៍ធ្វើសមាធិ អាចនមស្ការក្រាបថ្វាយបង្គំព្រះអង្គ អាចសម្រាកក្នុងព្រះអង្គប្រសើរជាងអត់វិញ។ យើងខិតខំកសាងពិភពលោកដោយយកដំណឹងល្អរបស់ព្រះអង្គ ធ្វើជាពន្លឺប្រសើរជាងកសាងពិភពលោក ដោយសំអាងតែលើប្រាជ្ញារបស់ខ្លួនវិញ។ យើងអាចព្យាយាមប្រកាសដំណឹងល្អយ៉ាងខ្នះខ្នែងបានលុះត្រាតែយើងមានបទពិសោធទាំងនេះ។ យើងដឹងច្បាស់ថា ការរស់នៅជាមួយ ព្រះអង្គបានពេញលេញជាងពីមុន ហើយប្រសិនបើយើងរួមជាមួយព្រះអង្គ យើងរកអត្ថន័យឲ្យអ្វីទាំងអស់ យ៉ាងស្រួល ជាងអ្នកដែលមិនរួមជាមួយព្រះអង្គវិញ។ នេះជាមូលហេតុដែលយើងនាំដំណឹងល្អដល់មនុស្ស លោក។ សាសនទូតដ៏ពិតប្រាកដ នៅតែជាសាវ័កដែលស្តាប់ព្រះអង្គជានិច្ចគាត់ដឹងថា ព្រះយេស៊ូកំពុងធ្វើ ដំណើររួមជាមួយគាត់ ព្រះអង្គនៅតែមានព្រះបន្ទូលមកគាត់ព្រះអង្គដកដង្ហើមជាមួយគាត់ ព្រះអង្គធ្វើការជា មួយគាត់។ សាសនទូតដ៏ពិតប្រាកដនោះដឹងច្បាស់ក្នុងខ្លួនថា ព្រះយេស៊ូមានព្រះជន្មរស់នៅជាមួយគាត់ក្នុង កិច្ចការទាំងប៉ុន្មាន ដែលគាត់ប្រព្រឹត្តក្នុងឋានៈជាសាសនទូតនោះ។ ប្រសិនបើនរណាម្នាក់មិនយល់ឃើញថា ព្រះយេស៊ូគង់នៅក្នុងកិច្ចការជាសាសនទូតនោះទេ គេលែងមានចិត្តខ្នះខ្នែង ហើយមានចិត្តសង្ស័យអំពីសេចក្តី ដែលគាត់បញ្ជូនបន្តមក គាត់ខ្វះកម្លាំង និងខ្វះចិត្តកក់ក្តៅ។ អ្នកណាដែលមិនជឿជាក់ខ្លួនឯង អ្នកនោះគ្មានចិត្ត ខ្នះខ្នែង ហើយនៅតែសង្ស័យ គ្មានចិត្តស្នេហា ស្រឡាញ់ព្រះយេស៊ូមិនអាចនាំឲ្យអ្នកដទៃជឿបានទេ។
២៦៧-ប្រសិនបើយើងរួមជាមួយព្រះយេស៊ូ យើងមុខជាស្វែងរកអ្វីដែលព្រះអង្គស្វែងរកចូលចិត្ត នឹងអ្វីៗដែល ព្រះអង្គចូលចិត្ត។ នៅទីបំផុតយើងស្វែងរកសិរីរុងរឿងរបស់ព្រះបិតាយើងរស់នៅ និងប្រព្រឹត្តអ្វីៗដើម្បី “លើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រោសប្រណីរបស់ព្រះអង្គ” (អភ ១,៦)។ ប្រសិនបើយើងមានបំណងព្យាយាម បូជាជីវិតទាំងស្រុងថ្វាយព្រះគ្រីស្ត យើងត្រូវមានមូលហេតុហួសពីមូលហេតុឯទៀតៗទាំងអស់ ហើយជាមូល ហេតុជ្រៅជាងគេ និងប្រសើរជាងគេឲ្យយើងសម្រេចម្តងជាស្រេច យកធ្វើជាអត្ថន័យចុងក្រោយបង្អស់ របស់ អ្វីៗទាំងអស់ដែលយើងប្រព្រឹត្ត។ អស់មួយជីវិតព្រះយេស៊ូបានស្វែងរកសិរីរុងរឿងរបស់ព្រះបិតាជានិច្ច។ ព្រះអង្គជាព្រះបុត្រាដែលមានអំណរអស់កល្បជានិច្ច ដោយទ្រង់បែរទៅរកព្រះបិតា និងមានព្រះជន្មរួមជាមួយព្រះ បិតា (យហ ១,១.១៨)។ យើងជាសាសនទូត មកពីព្រះយេស៊ូមានព្រះបន្ទូលមកយើងថា៖ “ព្រះបិតារបស់ខ្ញុំ សម្ដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន” (យហ ១៥,៨)។ ទោះបីយើងពេញចិត្ត ឬមិន ពេញចិត្តក្តី ទោះបីយើងចាប់អារម្មណ៍ ឬមិនចាប់អាម្មណ៍ក្តី ទោះបីមានប្រយោជន៍ផ្ទាល់ខ្លួន ឬគ្មានប្រយោជន៍ ដល់យើងក្តី យើងជម្រាបជូនដំណឹងល្អដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតា ដែលស្រឡាញ់យើង ដែល ហួសពីបំណងរបស់មនុស្សទន់ខ្សោយ និងហួសពីការយល់ឃើញរបស់យើង ហើយក៏ហួសពីមូលហេតុដែល ជំរុញយើងឲ្យប្រកាសដំណឹងល្អនោះផង។
យើងមានអំណរសប្បាយដោយបានចូលរួមជាប្រជាជនមួយ
២៦៨-ព្រះបន្ទូលរបស់ព្រះជាម្ចាស់អញ្ជើញយើងឲ្យទទួលស្គាល់ថា យើងជាប្រជាជនមួយ៖ “ពីដើមបងប្អូនមិន មែនជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះបងប្អូនជាប្រជារាស្ត្ររបស់ព្រះអង្គហើយ” (១ សល ២, ១០)។ អ្នកមានបំណងចង់នាំដំណឹងល្អយ៉ាងពិតប្រាកដ ត្រូវពង្រឹងចំណូលចិត្តខាងវិញ្ញាណ ចង់រស់នៅរួមជា មួយអ្នកស្រុករហូតដល់ទទួលស្គាល់ថា របៀបរស់នៅបែបនោះផ្តល់អំណរដ៏ខ្ពង់ខ្ពស់។ អ្នកបំពេញបេសកកម្ម ប្រកាសដំណឹងល្អ ត្រូវមានចិត្តស្រឡាញ់ព្រះយេស៊ូយ៉ាងកក់ក្តៅខ្លាំងជាទីបំផុត ហើយក៏ត្រូវស្រឡាញ់ប្រជា រាស្រ្តរបស់ព្រះអង្គដែរ។ នៅពេលយើងសម្រាកទាំងសម្លឹងមើលព្រះយេស៊ូដែលត្រូវគេឆ្កាងនោះ យើងទទួល ស្គាល់ព្រះហឫទ័យស្រឡាញ់ហួសហេតុរបស់ព្រះអង្គ ដែលប្រោសឲ្យយើងមានកិត្តិយស។ ព្រះហឫទ័យ ស្រឡាញ់នោះក៏គាំទ្រយើងដែរ។ តែនៅពេលដដែលនោះ ប្រសិនបើយើងចេះមើលឃើញ គឺយើងមិនមែនជា អ្នកខ្វាក់ភ្នែកទេ យើងចាប់ផ្តើមយល់ថាព្រះយេស៊ូពង្រីកនិងតម្រង់ព្រះនេត្រ ប្រកបដោយព្រះហឫទ័យស្រឡាញ់ យ៉ាងកក់ក្តៅ ទៅទតមើលប្រជារាស្រ្តទាំងមូលរបស់ព្រះអង្គដែរ។ ដូច្នេះយើងទទួលស្គាល់សាជាថ្មីថា ព្រះអង្គ សព្វព្រះហឫទ័យ ប្រើយើងធ្វើឲ្យព្រះអង្គស្ថិតនៅក្បែរប្រជារាស្រ្តដែលព្រះអង្គស្រឡាញ់នោះ កាន់តែជិត ឡើងៗ។ ព្រះអង្គលើកយកយើងពីកណ្តាលចំណោមប្រជាជន ហើយក៏ចាត់យើងទៅរកប្រជារាស្រ្តរបស់ព្រះអង្គដែរ។ ហេតុនេះហើយបានជាយើងអាចយល់អត្តសញ្ញាណរបស់យើងបាន លុះត្រាតែយើងភ្ជាប់នឹងព្រះគ្រីស្តប៉ុណ្ណោះ។
២៦៩-ព្រះយេស៊ូជាគំរូរបស់អ្នកដែលសម្រេចចិត្តរស់នៅស្របតាមដំណឹងល្អ។ ជម្រើសនេះនាំឲ្យយើងចូលនៅក្នុងចំណោមប្រជារាស្រ្តរបស់ព្រះអង្គ។ ពេលយើងឃើញព្រះអង្គគង់នៅក្បែរយើង យើងសប្បាយចិត្តណាស់។ កាលពីដើមនៅពេលព្រះយេស៊ូមានព្រះបន្ទូលមកកាន់មនុស្សម្នាក់ ព្រះអង្គតែងតែទតមើលគេចំនឹងភ្នែកដោយ ចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងពោរពេញដោយសេចក្តីសឡាញ់ គឺថា “ព្រះយេស៊ូទតមើលទៅគាត់ ហើយមាន ព្រះហឫទ័យស្រឡាញ់គាត់” (មក ១០,២០)។ យើងឃើញថា ព្រះអង្គសព្វព្រះហឫទ័យឲ្យគេមកទាក់ទង នឹងព្រះអង្គ នៅពេលព្រះអង្គយាងមកក្បែរមនុស្សខ្វាក់នៅឯភូមិយេរីខូ (មក ១០,៤៦-៥២) នៅពេលព្រះអង្គ រួមតុបរិភោគជាមួយអ្នកបាប (មក ២,១៦) ទាំងមិនរវីរវល់ដោយគេចោទថាលោក “គិតតែពីស៊ីផឹក ហើយសេព គប់ជាមួយពួកទារពន្ធ និងមនុស្សបាប” ឡើយ (មថ ១១,៩)។ យើងឃើញថា ព្រះអង្គសព្វព្រះហឫទ័យឲ្យគេមកទាក់ទងជាមួយព្រះអង្គ នៅពេលព្រះអង្គបណ្តោយឲ្យស្រ្តីពេស្យា យកប្រេងមកលាបព្រះបាទាព្រះអង្គ (លក ៧,៣៦-៥០) នៅពេលព្រះអង្គទទួលលោកនីកូដេមទាំងយប់ (យហ ៣,១-១៥)។ល។ ពេលព្រះយេស៊ូបូជាព្រះជន្មនៅលើឈើឆ្កាង ពិតជាកំពូលនៃរបៀបព្រះអង្គបានរស់នៅអស់មួយជីវិត។ ដោយយើងចាប់ចិត្ត នឹងរបៀបព្រះអង្គរស់នៅធ្វើជាគំរូ យើងចង់ចូលរួមយ៉ាងជ្រៅក្នុងសង្គម យើងចង់ចែករំលែកការរស់នៅរបស់ មនុស្សទាំងអស់ ចង់ស្តាប់គេនិយាយពីកង្វល់របស់គេ ចង់សហការជាមួយគេក្នុងសេចក្តីត្រូវការរបស់គេ ទាំង ខាងផ្លូវសម្ភារៈ ទាំងខាងផ្លូវវិញ្ញាណ។ យើងរួមសប្បាយជាមួយអ្នកដែលសប្បាយ រួមយំសោកជាមួយអ្នកដែល យំសោកប្តេជ្ញាចិត្តនឹងកសាងពិភពលោកថ្មី ទាំងរួបរួមយ៉ាងជិតស្និទ្ធជាមួយអ្នកដទៃ។ ប៉ុន្តែយើងរួមរស់ជាមួយ គេបែបនេះ មិនមែនទុកជាភារកិច្ចដែលយើងត្រូវតែបំពេញប៉ុណ្ណោះទេ ឬទុកជាទម្ងន់បណ្តាលឲ្យយើងអស់ កម្លាំងទេ តែទុកជាជម្រើសរបស់យើងផ្ទាល់ដែលនាំឲ្យយើងពោរពេញដោយអំណរ និងផ្តល់ឲ្យយើងមានអត្ត សញ្ញាណ។
២៧០-ជួនកាលយើងមានការល្បួងទៅជាគ្រីស្តបរិស័ទ ដែលស្ថិតនៅឆ្ងាយពីស្នាមរបួសរបស់ព្រះអម្ចាស់។ ប៉ុន្តែ ព្រះយេស៊ូសព្វព្រះហឫទ័យឲ្យយើងយកចិត្តទុកដាក់នឹងទុក្ខវេទនារបស់មនុស្សលោក គឺដូចជាប៉ះសាច់ឈាម របស់គេដែលកំពុងតែរងទុក្ខ។ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យយើងរកទីជម្រកមកពួន ទោះជាជម្រកផ្ទាល់ខ្លួន ក្តី ឬជាជម្រកសហគមន៍ក្តី ដើម្បីឲ្យយើងឃ្លាតឆ្ងាយពីទុក្ខវេទនារបស់មនុស្សលោក។ ព្រះអង្គសព្វព្រះហឫទ័យ ឲ្យយើងចូលរួមយ៉ាងពិតប្រាកដ ក្នុងការរស់នៅយ៉ាងជាក់ច្បាស់របស់អ្នកដទៃ និងស្គាល់កម្លាំងនៃសេចក្តីថ្នាក់ ថ្នម។ ពេលយើងធ្វើដូច្នេះ ការរស់នៅរបស់យើងកាន់តែប្រសើរឡើងៗ យើងមានបទពិសោធយ៉ាងច្បាស់ថា យើងពិតជាចូលរួមក្នុងប្រជាជនមួយ គឺជាសមាជិកនៃប្រជាជននោះ។
២៧១-នៅពេលយើងទាក់ទងជាមួយមនុស្សលោក ព្រះជាម្ចាស់អញ្ជើញយើងឲ្យប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់យើងជានិច្ច ប៉ុន្តែយើងតបឆ្លើយនឹងគេ មិនមែនដូចជាសត្រូវ របស់គេដែលចោទប្រកាន់ដាក់ទោសគេទេ។ គ្រីស្តទូតសិលាបានប្រៀនប្រដៅយ៉ាងច្បាស់ថា ត្រូវឆ្លើយតបនឹង គេ “ដោយភាពទន់ភ្លន់និងដោយគោរព” (១ សល ៣,១៦) ហើយគ្រីស្តទូតប៉ូលប្រៀនប្រដៅថា “ផ្នែកឯខាង បងប្អូន ប្រសិនបើស្រេចតែលើបងប្អូន ត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅ”(រមណ១២,១៨)។ លោកក៏អញ្ជើញយើងឲ្យ “ឈ្នះការអាក្រក់ដោយប្រព្រឹត្តអំពើល្អ” (រម ១២,២១) ទាំង “មិននឿយណាយ នឹងប្រព្រឹត្តអំពីល្អ” (កាឡ ៦,៩) ហើយមិនអួតថា យើងប្រសើរជាងគេទេតែត្រូវ “ចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន” (ភល ២,៣)។ តាមពិត “ប្រជាជនទាំងមូលគោរពរាប់អាន” ក្រុមគ្រីស្តទូតទាំងអស់គ្នា (កក ២,៤២; ៤,២១។ ៣៣;៥,១៣)។ ព្រះយេស៊ូគ្រីស្តច្បាស់ជាមិនសព្វព្រះហឫទ័យឲ្យយើងរស់នៅដូចអង្គម្ចាស់ នៃលោកនេះ ដែលតែងតែមើលងាយប្រជាជនទេ តែទ្រង់សព្វព្រះហឫទ័យឲ្យយើងទៅជាបុរស និងស្រ្តីរស់នៅ ក្នុងប្រជាជនវិញ។ យោបល់នេះពុំមែនជាយោបល់របស់សម្តេចប៉ាបម្នាក់ឯងទេ ក៏មិនមែនជាជម្រើសមួយក្នុងជម្រើសឯទៀត ដែលយើងអាចជ្រើសរើសបានទេ តែពិតជាសេចក្តីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញយ៉ាងច្បាស់ និងចំៗនរណាក៏ប្រកែក និងសេចក្តីនេះមិនបាន។ មិនបាច់បកស្រាយសេចក្តីនោះទេ ក្រែងវាបាត់បង់កម្លាំងសម្រាប់ដាស់តឿនយើង។ យើងត្រូវរស់នៅតាមសេចក្តីនេះ ដោយមិនបាច់បកស្រាយទេ។ ដូច្នេះ យើងនឹងបានបទពិសោធអំពីអំណររបស់សាសនទូត ដែលចែកចាយការរស់នៅរបស់ប្រជាជន ដែលផ្ញើជីវិត យ៉ាងស្មោះនឹងព្រះជាម្ចាស់ទាំងខិតខំបង្កាត់ភ្លើងនៅកណ្តាលពិភពលោក។
២៧២- សេចក្តីស្រឡាញ់ចំពោះមនុស្សលោកពិតជាកម្លាំងខាងវិញ្ញាណ ដែលនាំឲ្យយើងអាចជួបព្រះជាម្ចាស់យ៉ាងពេញលេញបាន។ ហេតុនេះអ្នកមិនស្រឡាញ់បងប្អូន “រស់ក្នុងសេចក្ដីងងឹត” (១ យហ ២,១១) “អ្នកនោះ ក៏ស្ថិតនៅក្នុងសេចក្ដីស្លាប់ដែរ” (១ យហ ៣,១៤) ហើយ “មិនបានស្គាល់ព្រះជាម្ចាស់ទេ” (១ យហ ៤,៨)។ សម្តេចប៉ាបបេណេឌិកតូទី១៦ មានប្រសាសន៍ថា “អ្នកបិទភ្នែកមិនព្រមរកមើលបងប្អូនក៏ធ្វើឲ្យខ្លួនទៅជាមនុស្ស ខ្វាក់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរ។ “សេចក្តីស្រឡាញ់ជាប្រភពនៃពន្លឺតែមួយគត់ដែរ” បំភ្លឺមនុស្សលោក សាជាថ្មីជានិច្ច គឺមនុស្សលោកដែលស្ថិតនៅក្នុងភាពងងឹតអន្ធការ។ ពន្លឺនោះក៏ផ្តល់ឲ្យយើងមានសេចក្តីក្លាហាន អាចរស់នៅ និងអាចប្រព្រឹត្តកិច្ចការបាន”។ ដូច្នេះពេលណាយើងមានគំនិតចង់មកជិតអ្នកដទៃ ដើម្បីស្វែងរក ប្រយោជន៍របស់គេ ពេលនោះយើងពង្រីកចិត្តគំនិតរបស់យើង និងទទួលព្រះអំណោយទានដ៏ប្រសើរជាងគេ បំផុតពីព្រះអម្ចាស់។ គ្រប់ពេលយើងជួបមនុស្សម្នាក់ទាំងមានចិត្តស្រឡាញ់ យើងដាក់ខ្លួនតាមរបៀបដែលនាំឲ្យយើងយល់ឃើញលក្ខណៈថ្មីមួយរបស់ព្រះជាម្ចាស់។ គ្រប់ពេលដែលយើងបើកភ្នែកទទួលស្គាល់បងប្អូនណា ម្នាក់ជំនឿរបស់យើងកាន់តែភ្លឺឡើង យើងក៏ទទួលស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ដែរ។ ហេតុនេះប្រសិនបើ យើងចង់ឲ្យជីវិតខាងព្រះវិញ្ញាណរបស់យើងចម្រើនឡើង យើងមិនអាចឈប់ធ្វើជាសាសនទូតបានឡើយ។ កិច្ចនាំដំណឹងល្អធ្វើឲ្យទាំងវិញ្ញាណទាំងចិត្តយើងចម្រើនឡើង និងបង្ហាញទិសដៅថ្មីខាងព្រះវិញ្ញាណ ហើយក៏ ប្រោសឲ្យយើងកាន់តែចាប់អារម្មណ៍ ទទួលស្គាល់ព្រះសកម្មភាពនៃព្រះវិញ្ញាណដែរ។ កិច្ចនាំដំណឹងល្អណែ នាំយើងឲ្យចេញពីរបៀបរស់នៅខាងវិញ្ញាណ ដែលកំណត់ម្តងជាស្រេច។ នៅពេលជាមួយគ្នានោះសាសនទូត ណាដែលបូជាកម្លាំងចិត្តកម្លាំងកាយទាំងស្រុង ក្នុងកិច្ចការរបស់ខ្លួនគង់តែមានបទពិសោធ និងសប្បាយដោយ ខ្លួនក្លាយទៅជាប្រភពហូរហៀរ និងផ្តល់ភាពត្រជាក់ត្រជុំដល់អ្នកដទៃ។ មានតែអ្នកដែលយកចិត្តទុកដាក់ស្វែង រកប្រយោជន៍ដល់អ្នកដទៃ និងចង់ឲ្យគេបានសប្បាយប៉ុណ្ណោះទេ ដែលអាចទៅជាសាសនទូតបាន។ របៀបបើកចិត្តគំនិតបែបនេះ ពិតជាប្រភពនៃសេចក្តីសុខសាន្ត ដ្បិត “បើអ្នកឲ្យអ្វីដល់គេបានសុភមង្គលច្រើនជាង ទទួលពីគេ” (កក ២០,៣៥)។ អ្នករត់ឆ្ងាយពីគេទាំងលាក់ខ្លួន មិនព្រមចែករំលែកទុក្ខគេ មិនព្រមចែកចាយអ្វីៗ ដល់គេ ដូចជាឃុំឃាំងខ្លួនដោយរស់នៅសម្បូរណ៍បែប។ អ្នករស់បែបនោះមិនស្រួលទេ គឺដូចជាធ្វើអត្តឃាតខ្លួនឯងយ៉ាងយឺតៗដូច្នោះដែរ។
២៧៣-ខ្ញុំទទួលបេសកកម្មប្រកាសដំណឹងល្អ នៅកណ្តាលចំណោមប្រជាជន។ បេសកកកម្មនេះមិនមែនជាផ្នែក តែមួយនៃជីវិតរបស់ខ្ញុំទេ ឬមិនមែនជាគ្រឿងអលង្ការដែលខ្ញុំអាចលះបង់ចោលបានទេ ហើយក៏មិនមែនជា សេចក្តីមិនសំខាន់ ឬដែលខ្ញុំត្រូវបំពេញគ្រាន់តែក្នុងរយៈពេលមួយប៉ុណ្ណោះ ក្នុងការរស់នៅរបស់ខ្ញុំដែរ។ បេសក កម្មនេះ ហាក់ដូចជាផ្នែកមួយដែលខ្ញុំមិនអាចដកហូតចេញពីខ្លួនខ្ញុំបានទេ ប្រសិនបើខ្ញុំដកបេសកកម្មហូតចេញ ពីខ្ញុំនោះ ខ្ញុំមុខជាបំផ្លាញរូបខ្ញុំផ្ទាល់តែម្តង។ ខ្ញុំជាបេសកកម្មមួយនៅលើផែនដីនេះ គឺខ្ញុំកើតមកក្នុងលោកនេះ ដើម្បីបំពេញបេសកកម្មនេះឯង។ ខ្ញុំត្រូវទទួលស្គាល់ថា បេសកកកម្មនេះដៅចំណាំខ្ញុំ ដូចជាដៅចំណាំដោយ ស្នាមធ្វើពីភ្លើង ដើម្បីឲ្យខ្ញុំបំភ្លឺមនុស្សលោកជូនពរគេ ផ្តល់ជីវិតឲ្យគេ សម្រាលទុក្ខគេ ព្យាបាលគេ និងរំដោះគេទៀតផង។ អស់អ្នកដែលសម្រេចចិត្តថានឹងរស់នៅជាមួយអ្នកដទៃ និងសម្រាប់អ្នកដទៃពិតជាកើតមកដើម្បី ទៅជាគ្រូពេទ្យ ជាសាស្រ្តាចារ្យ ជាអ្នកនយោបាយ។ ផ្ទុយទៅវិញអ្នកបំបែកភារកិច្ចរបស់ខ្លួនឲ្យដាច់ពីការរស់នៅ របស់ខ្លួនមុខជាអ្វីៗទាំងអស់ ក្នុងការរស់នៅរបស់គេមិនសូវសប្បាយទេ អ្នកនោះក៏មុខជានឹងរស់នៅដោយចង់ បានកិត្តិយស និងតែងតែខិតខំការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដោយឥតឈប់ឈរពុំខាន។ អ្នកនោះលែងជា សមាជិកនៃប្រជាជនហើយ។
២៧៤-ប្រសិនបើយើងចង់រស់នៅរួមជាមួយប្រជាជន និងបូជាកម្លាំងកាយកម្លាំងចិត្តដោយសទ្ធាជ្រះថ្លា យើង ត្រូវទទួលស្គាល់ថា យើងគួរសុខចិត្តបូជាកម្លាំងកាយកម្លាំងចិត្តសម្រាប់បុគ្គលម្នាក់ៗ។ យើងចាប់អារម្មណ៍ នឹងគេមិនមែនមកពីយើងមើលអាការៈខាងក្រៅនៃរូបកាយរបស់គេទេ មិនមែនមកពីគេមានសមត្ថភាពខ្ពង់ខ្ពស់ ទេមិនមែនមកពីគេមានពាក្យសម្តីពិរោះទេ មិនមែនមកពីគេមានចិត្តគំនិតល្អទេ ហើយក៏មិនមែនមកពីគេធ្វើឲ្យ យើងសប្បាយចិត្តដែរ។ តែយើងចាប់អារម្មណ៍នឹងគេ មកពីគេជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះអង្គបាន ប្រតិស្ឋានគេជារូបតំណាងរបស់ព្រះអង្គគេ ចាំងរស្មីមួយនៃសិរីរុងរឿងរបស់ព្រះអង្គ។ ព្រះអម្ចាស់មានព្រះហឫ ទ័យស្រឡាញ់ថ្នាក់ថ្នមមនុស្សម្នាក់ៗហួសពីការស្មាន ព្រះអង្គគង់នៅក្នុងការរស់នៅរបស់គេ។ ព្រះគ្រីស្តបាន បង្ហូរព្រះលោហិត ដ៏ថ្លៃវិសេសនៅលើឈើឆ្កាងសម្រាប់អ្នកនោះ។ បុគ្គលម្នាក់ៗមានលក្ខណៈដ៏សក្ការៈបំផុត ដែលយើងមើលមិនឃើញតាមអាការៈខាងក្រៅទេ។ យើងគួរស្រឡាញ់ និងបូជាកម្លាំងកាយកម្លាំងចិត្តសម្រាប់ គេ។ ហេតុនេះហើយបានជា ប្រសិនបើខ្ញុំជួយមនុស្សតែម្នាក់ឲ្យរស់នៅយ៉ាងប្រសើរជាងមុន ខ្ញុំមិនបូជាជីវិត ដោយឥតបានការទេ យើងជាសមាជិកនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ពិតជាការអស្ចារ្យមែន។ យើងជាមនុស្ស ដ៏ពេញលក្ខណៈ នៅពេលយើងរំលំរបងដែលញែកមនុស្សចេញពីគ្នាចោល។ ពេលនោះចិត្តនឹកគិតដល់មុខ និងឈ្មោះមនុស្សជាច្រើន។
សកម្មភាពយ៉ាងអាថ៌កំបាំងរបស់ព្រះយេស៊ូដែលមានព្រះជន្មថ្មីដ៏រុងរឿង
២៧៥-ក្នុងជំពូកទី ២ យើងបានរិះគិតអំពីមនុស្សដែលខ្វះជីវិតខាងវិញ្ញាណយ៉ាងជ្រៅ។ អ្នកទាំងនោះឃើញតែ ការអាក្រក់ក្នុងលោកនេះ គេស្មានថាអ្វីៗកើតតាមព្រហ្មលិខិតទាំងអស់ និងមានចិត្តសង្ស័យរហូត។ មនុស្សខ្លះ មិនព្រមបូជាកម្លាំងកាយ កម្លាំងចិត្តទៅជម្រាបជូនដំណឹងល្អទេ មកពីគេស្មានថា អ្វីៗមិនអាចប្រែបានសោះ ហេតុនេះគេមិនបាច់ខិតខំធ្វើអ្វីបានឡើយ។ គេនឹកគិតថា៖“បើខ្ញុំមិនឃើញលទ្ធផលសំខាន់ៗដូច្នេះ ខ្ញុំត្រូវលះ បង់ការរស់នៅយ៉ាងស្រណុក និងយ៉ាងសប្បាយធ្វើអ្វី?” អ្នកមានគំនិតបែបនេះមិនអាចទៅជាសាសនទូតបាន ទេ។ ឥរិយាបថនេះដោះសាខ្លួនបែបខុសស្រឡះ គឺខ្លួនគេជាប់នឹងការរស់នៅយ៉ាងស្រណុក នៅតែខ្ជិលច្រអូសនៅតែព្រួយចិត្តដោយមិនស្កប់ចិត្តនឹងអ្វីសោះចិត្តគេនៅទទេ ព្រោះគេគិតតែពីខ្លួនឯងប៉ុណ្ណោះ។ របៀបរិះគិត នេះ ដូចជាបំផ្លាញខ្លួនគេ ដ្បិត “ប្រសិនបើមនុស្សគ្មានសេចក្តីសង្ឃឹមទេ គេមិនអាចរស់នៅបានទេ ការរស់នៅ របស់គេ គ្មានអត្ថន័យគេក៏ស៊ូទ្រាំការរស់នៅតទៅទៀតមិនកើតដែរ។ “នៅពេលយើងយល់ថា សភាពការណ៍ មិនអាចផ្លាស់ប្តូរបានទេ យើងត្រូវនឹកថា ព្រះយេស៊ូគ្រីស្តបានឈ្នះអំណាចនៃបាបកម្ម និងអំណាចនៃសេចក្តី ស្លាប់ ព្រះអង្គពិតជាប្រកបដោយឫទ្ធានុភាពយ៉ាងពេញលេញ។ ព្រះយេស៊ូគ្រីស្តមានព្រះជន្មគង់នៅពិតប្រាកដមែន។បើមិនដូច្នោះទេ “ប្រសិនបើព្រះគ្រីស្តមិនទទួលព្រះជន្មថ្មីដ៏រុងរឿងទេ សេចក្ដីដែលយើងប្រកាសគ្មាន ន័យអ្វីសោះ (១ ករ ១៥, ១៤)។ ក្នុងគម្ពីរដំណឹងល្អមានរៀបរាប់ថា ក្រុមសាវ័កដើមដំបូងចេញទៅនេសាទត្រី៖ “ព្រះអម្ចាស់ធ្វើការរួមជាមួយគេទាំងបញ្ជាក់ព្រះបន្ទូល” (មក ១៦,២០)។ ការណ៍នេះក៏កើតសព្វថ្ងៃដែរ ព្រះអង្គ អញ្ជើញយើងឲ្យទទួលស្គាល់វត្តមានរបស់ព្រះអង្គ និងឲ្យរស់នៅជាមួយព្រះអង្គ។ ព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿងជាប្រភពដ៏ជ្រៅ នៃសេចក្តីសង្ឃឹមរបស់យើងព្រះអង្គ នឹងជួយយើងឲ្យបំពេញបេសកកម្មដែលព្រះ អង្គបានផ្ញើមកយើងមិនខាន។
២៧៦-ព្រះគ្រីស្តមានព្រះជន្មថ្មីដ៏រុងរឿងមិនគ្រាន់តែកាលពីមុនទេ តែព្រះជន្មថ្មីដ៏រុងរឿងនេះពិតជាឫទ្ធានុភាពដែលបានចូលជ្រួតជ្រាបក្នុងពិភពលោកសព្វថ្ងៃនេះដែរ។ នៅពេលយើងស្មានថាអ្វីៗទាំងអស់ស្លាប់ហើយ នៅពេលនោះមានពន្លកប៉ិចឡើង បង្ហាញព្រះជន្មថ្មីដែលលេចឡើងនៅគ្រប់ទីកន្លែង។ យើងមិនអាចយកអ្វីមក ប្រៀបធៀបនឹងកម្លាំងនោះបានទេ។ តាមពិតជារឿយៗយើងដូចជាយល់ឃើញថា គ្មានព្រះជាម្ចាស់ទេ គឺមានអយុត្តិធម៌ក្នុងលោកនេះ មនុស្សមានចិត្តអាក្រក់មិនអើពើនឹងអ្នកដទៃមានចិត្តឃោរឃៅ។ សេចក្តីអាក្រក់ទាំង នេះមិនអន់ថយទេ។ ក៏ប៉ុន្តែក្នុងភាពងងឹតអន្ធការ ក៏មានអ្វីថ្មីប៉ិចឡើងជានិច្ចយ៉ាងជាក់ច្បាស់។ មិនយូរមិនឆាប់ អ្វីៗនោះនឹងបង្កើតផលផ្លែជាមិនខាន។ ក្នុងស្រែដែលភ្ជួររាស់យ៉ាងស្រួល គង់តែជីវិតនឹងលេចឡើងពុំខាន។ ជីវិតនេះក៏តែងតែព្យាយាមខន្តីដែរ គ្មានអ្វីឈ្នះជីវិតនេះបានឡើយ។ ទោះបីនៅតែមានសេចក្តីអាក្រក់រហូតក្តីក៏សេចក្តីអាក្រក់ទាំងនោះ មិនអាចឃាត់ការល្អឲ្យរីកសុះសាយ និងឲ្យផ្សព្វផ្សាយនៅគ្រប់កន្លែងជានិច្ចដែរ។ រៀងរាល់ថ្ងៃសោភ័ណភាពកើតជាថ្មីក្នុងពិភពលោក ព្រឹត្តិការណ៍ដ៏អាក្រក់ដែលកើតតាមប្រវត្តិសាស្រ្ត ក៏ប្រែជាមានសោភ័ណភាពដែលកាន់តែល្អឡើងៗ។ អ្វីៗដែលមានតម្លៃនៅតែលេចឡើងសាជាថ្មីតាមរបៀបថ្មី។ តាម ពិតមនុស្សកើតឡើងវិញជាញឹក ដោយរួចចេញពីសភាពការណ៍ដែលគេស្មានថា មិនអាចប្រែបានសោះ។ នេះ ជាឫទ្ធានុភាពរបស់ព្រះយេស៊ូ ដែលមានព្រះជន្មថ្មីដ៏រុងរឿងអ្នកជម្រាបជូនដំណឹងល្អទាំងអស់ សុទ្ធតែជាគ្រឿង ផ្សព្វផ្សាយថាមពលនោះ។
២៧៧-ការពិបាកនៅតែលេចមកជានិច្ចតៗគ្នាដែរ យើងមានបទពិសោធអំពីបរាជ័យ និងអំពីសេចក្តីថោកទាប របស់មនុស្ស។ បទពិសោធបែបនោះតែងតែធ្វើឲ្យយើងរបួសចិត្តយ៉ាងខ្លាំង។ តាមបទពិសោធន៍យើងទាំងអស់ គ្នាដឹងច្បាស់ថា ជួនកាលយើងធ្វើការម៉្យាងទាំងនឿយហត់ តែការនេះមិនបាននាំឲ្យសប្បាយតាមសេចក្តីសង្ឃឹម របស់យើងទេ។ ជួនកាលបានផលផ្លែតិចពេកហើយការផ្លាស់ប្តូរតែងតែយឺតៗ។ ប្រហែលយើងធ្លាក់ទឹកចិត្តអស់ កម្លាំង។ ប៉ុន្តប្រសិនបើម្នាក់នឿយហត់ខ្លាំងពេក និងធ្លាក់ទឹកចិត្តមួយភ្លែតគេមិនមែនធ្លាក់ទឹកចិត្តរហូតទេ ដូច មនុស្សដែលមិនចេះស្កប់ចិត្តនឹងអ្វីសោះ។ គេដូចជាមនុស្សខ្ជិលច្រអូស គេបាត់កម្លាំងចិត្ត ចិត្តគេរីងស្ងួតដូចដីស្រែនៅរដូវប្រាំង។ ជួនកាលយើងលែងតស៊ូ ដ្បិតយើងនៅតែរកប្រយោជន៍ផ្ទាល់ខ្លួន ខិតខំរកមុខងារក្នុងសង្គម ទាំងស្រេកឃ្លាន ចង់ឲ្យមនុស្សទទួលស្គាល់យើងទុកជាអ្នកធំ ចង់ឲ្យគេទះដៃសរសើរយើង ចង់បានរង្វាន់ និង ចង់បានមុខតំណែងខ្ពង់ខ្ពស់។ នៅពេលនោះយើងមិនអស់សង្ឃឹម តែយើងលែងមានចិត្តក្លាហាន គ្មានកម្លាំង ចិត្ត គឺយើងខ្វះជីវិតថ្មីដ៏រុងរឿងក្នុងខ្លួន។ ហេតុនេះហើយ បានជាយើងមិនប្រកាសដំណឹងល្អដែលជាសារដ៏ ប្រសើរជាងគេក្នុងពិភពលោកដោយយើងលើកយកមូលហេតុជាច្រើនមកដោះសាខ្លួន។
២៧៨-ជំនឿមានអត្ថន័យថាការផ្ញើជីវិតលើព្រះបិតា គឺជឿថាព្រះអង្គស្រឡាញ់យើងយ៉ាងពិតប្រាកដ ព្រះអង្គមាន ព្រះជន្មគង់នៅ ព្រះអង្គអាចធ្វើអន្តរាគមន៍យ៉ាងអាថ៌កំបាំងបាន ព្រះអង្គមិនលះបង់យើងចោលទេ ព្រះអង្គ អាចបង្កើតផលល្អចេញពីសេចក្តីអាក្រក់បាន ដោយឫទ្ធានុភាពឥតព្រំដែនរបស់ព្រះអង្គ ទ្រង់ក៏អាចប្រតិស្ឋានអ្វីៗទាំងអស់បានដែរ។ យើងជឿថាព្រះអង្គធ្វើដំណើរតាមប្រវត្តិសាស្រ្តទាំងមានជ័យជម្នះ រួមជាមួយអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ គឺរួមជាមួយ “អស់អ្នកដែលទ្រង់បានត្រាស់ហៅនិងបានជ្រើសរើស ហើយដែលមាន ជំនឿដ៏ស្មោះ” (វវ ១៧,១៤)។ យើងជឿដំណឹងល្អដែលចែងថា ព្រះជាម្ចាស់ចាប់ផ្តើមគ្រងរាជ្យលើពិភពលោក ហើយ ហើយព្រះរាជ្យនោះចម្រើនឡើងនៅគ្រប់កន្លែង តាមរបៀបផ្សេងៗដូចគ្រាប់ពូជដ៏តូច ដែលអាចដុះឡើង ទៅជាដើមឈើមួយដ៏ធំ (មថ១៣,៣១-៣២)ដូចមេម្សៅមួយក្តាប់តូចដែលធ្វើឲ្យម្សៅទាំងមូលដោរឡើង (មថ ១៣,៣៣) និងដូចគ្រាប់ពូជដ៏ល្អដែលដុះឡើងនៅកណ្តាលស្រងែ(មថ ១៣,២៤-៣០)។ ព្រះរាជ្យនោះអាចនាំ ឲ្យយើងឆ្ងល់ផង សប្បាយផង។ ព្រះអង្គគង់នៅជាមួយយើងជានិច្ច ទ្រង់យាងមកសាជាថ្មីព្រះអង្គតយុទ្ធដូចផ្កាដែលដុះ និងរីកឡើងវិញ។ ព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿងបង្កើតពូជនៃពិភពលោកថ្មីនោះ នៅគ្រប់ កន្លែង។ ប្រសិនគេកាត់មែកចោល មែកគង់តែដុះឡើងវិញពុំខាន ដ្បិតព្រះអម្ចាស់ដែលមានព្រះជន្មថ្មីដ៏រុងរឿង បានចូលក្នុងដំណើរដ៏លាក់កំបាំងនៃប្រវត្តិសាស្រ្តមនុស្សលោកហើយ។ ព្រះអម្ចាស់យេស៊ូមានព្រះជន្មថ្មីដ៏រុងរឿងមិនមែនឥតបានការទេ។ យើងមិនត្រូវនៅខាងជាយនៃផ្លូវដែលផ្តល់សេចក្តីសង្ឃឹមដ៏រស់រវើកនេះ។
២៧៩-តែយើងមិនទាន់ឃើញក្រពុំទាំងនោះប៉ិចនៅឡើយទេ យើងត្រូវតែជឿជាក់ក្នុងចិត្តថា ទោះបីយើងដូចជា ត្រូវបរាជ័យក្តី ក៏ព្រះជាម្ចាស់អាចប្រព្រឹត្តព្រះរាជកិច្ចនៅគ្រប់កាលៈទេសៈបាន ដ្បិតយើង “ប្រៀបបីដូចជាឆ្នាំងដី ដែលមានកំណប់មាសនៅខាងក្នុង” (២ ករ ៤,៧)។ គ្រីស្តបរិស័ទពីបុរាណតែងហៅជំនឿដ៏ជាក់លាក់នោះថា “ការយល់ឃើញ ការអាថ៌កំបាំង” គឺយើងដឹងយ៉ាងជាក់ច្បាស់ថា អ្នកថ្វាយខ្លួននិងផ្ញើជីវិតលើព្រះជាម្ចាស់ទាំងមានចិត្តស្រឡាញ់ មុខជានឹងបង្កើតផលជាពុំខាន (យហ ១៥,៥)។ យើងបង្កើតផលដែលមនុស្សមើល មិនឃើញ និងចាប់មិនបាន ជាផលដែលមិនអាចរាប់បានឡើយ។ យើងម្នាក់ៗដឹងច្បាស់ថា ជីវិតយើងមុខជា នឹងបង្កើតផលតែយើងមិនត្រូវអួតខ្លួនថា បង្កើតផលណាតាមរបៀបណាឬនៅពេលណាទេ។ គ្រីស្តបរិស័ទតែង ជឿជាក់ថា កិច្ចការទាំងប៉ុន្មានដែលយើងធ្វើទាំងមានចិត្តស្រឡាញ់មិនត្រូវបាត់បង់ឡើយ។ ប្រសិនបើយើង មានកង្វល់យ៉ាងស្មោះចំពោះអ្នកដទៃ ប្រសិនបើយើងប្រព្រឹត្តកិច្ចការទាំងមានចិត្តស្រឡាញ់ចំពោះព្រះជាម្ចាស់ ប្រសិនបើយើងនឿយហត់សម្រាប់អ្នកដទៃ ប្រសិនបើយើងព្យាយាមខន្តីទាំងវេទនា យើងមិនត្រូវបាត់បង់ផល ផ្លែឡើយ។ កិច្ចទាំងនោះប្រព្រឹត្តដោយសេចក្តីស្រឡាញ់ចូលលុកលុយក្នុងពិភពលោកទាំងមូល ដូចជាកម្លាំង ម៉្យាងដែលផ្តល់ជីវិត។ ជួនកាលយើងស្មានថា ការខិតខំរបស់យើងមិនបានផល។ ប៉ុន្តែនៅពេលនោះយើងត្រូវ នឹកគិតថា ការនាំដំណឹងល្អមិនប្រៀបដូចពាណិជ្ជកម្មទេ មិនមែនប្រៀបដូចគម្រោងការបង្កើតសហគ្រាសទេ មិនមែនដូចជាគម្រោងការនៃអង្គការមនុស្សធម៌ទេ ហើយក៏មិនមែនជាល្ខោនដើម្បីរៀបរាប់ថា មានមនុស្ស ប៉ុន្មាននាក់ប្តេជ្ញាចិត្ត ដោយពាក្យឃោសនារបស់យើងដែរ។ ការនាំដំណឹងល្អជ្រៅជាងការទាំងនោះ គឺមិនអាច វាស់បានទេ។ ប្រហែលព្រះអម្ចាស់ឆ្លៀតយកការប្តេជ្ញាចិត្តរបស់យើង ដើម្បីប្រទានពរនៅកន្លែងមួយក្នុងពិភពលោកដែលយើងនឹងមិនទៅទេ។ ព្រះវិញ្ញាណមានសកម្មភាពតាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ នៅ ពេលណាដែលព្រះអង្គសព្វព្រះហឫទ័យ និងនៅកន្លែងណាដែលព្រះអង្គសព្វព្រះហឫទ័យដែរ។ ប៉ុន្តែយើង ត្រូវសុខចិត្តបូជាកម្លាំងដោយមិនអួតអាងថា យើងនឹងឃើញលទ្ធផលឡើយ។ យើងគ្រាន់តែដឹងថា យើងត្រូវការបូជាកម្លាំងកាយកម្លាំងចិត្ត ពិតជាការដ៏ចាំបាច់បំផុត។ នៅពេលយើងបូជាកម្លាំងកាយកម្លាំងចិត្តទាំងខិត ខំបង្កើតអ្វីដោយចិត្តសទ្ធាជ្រះថ្លា យើងត្រូវរៀនឲ្យសម្រាកក្នុងព្រះហឫទ័យថ្នាក់ថ្នមរបស់ព្រះបិតា។ យើងត្រូវតែដើរទៅមុខយើងប្តេជ្ញាចិត្តទាំងស្រុង តែយើងត្រូវបណ្តោយខ្លួនទុកឲ្យព្រះជាម្ចាស់ប្រោស ឲ្យកិច្ចការរបស់យើង បានផលផ្លែស្រេចតែព្រះហឫទ័យព្រះអង្គចុះ។
២៨០-យើងត្រូវទុកចិត្តយ៉ាងរឹងមាំទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឲ្យយើងនៅតែខ្នះខ្នែងធ្វើជាសាសនទូត ដ្បិត ព្រះអង្គយាងមកជួយយើងជាមនុស្សទន់ខ្សោយ (រម ៨,២៦)។ ប៉ុន្តត្រូវចិញ្ចឹមការទុកចិត្តដោយសទ្ធាជ្រះថ្លានេះ។ ហេតុនេះបានជាយើងត្រូវអង្វរព្រះអង្គជានិច្ច។ ព្រះអង្គអាចព្យាបាលនូវអ្វីៗដែលបណ្តោយឲ្យការប្តេជ្ញា ចិត្តជាសាសនទូតរបស់យើងអន់ថយ។ តាមពិតការទុកចិត្តលើព្រះវិញ្ញាណ ដែលយើងមើលមិនឃើញនោះ អាចបង្កើតឲ្យវិលវល់ក្នុងចិត្ត ហាក់ដូចជាយើងលោតមុជពន្លិចក្នុងទឹកសមុទ្រ ជាកន្លែងដែលយើងមិនដឹងថាយើងនឹងជួបប្រទះអ្វីទេ។ ខ្ញុំផ្ទាល់មានបទពិសោធបែបនេះជាច្រើនដងហើយ។ ក៏ប៉ុន្តែគ្មានសេរីភាពណាខ្លាំង ជាងសេរីភាពដែលហូរមកពីការបណ្តោយខ្លួនឲ្យព្រះវិញ្ញាណណែនាំនោះទេ ទាំងលះបង់គំនិតចង់រាប់ ឬចង់ ត្រួតត្រាអ្វីៗទាំងអស់។ យើងបណ្តោយខ្លួនឲ្យព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើង ណែនាំយើងតម្រង់ផ្លូវយើង និង ណែនាំយើងទៅកាន់កន្លែងដែលព្រះអង្គសព្វព្រះហឫទ័យ។ ព្រះអង្គជ្រាបនូវអ្វីៗដែលយើងត្រូវការ នៅគ្រប់ សម័យនិងនៅគ្រប់វិនាទី។ គេតែងរាប់របៀបរស់នៅបែបនេះថា ជាការបង្កើតផលជាច្រើនតាមគម្រោងការ របស់ព្រះជាម្ចាស់។
ការអង្វរជាកម្លាំងនៃសាសនទូត
២៨១-មានពាក្យអង្វរជារបៀបអធិដ្ឋាន ដែលលើកស្ទួយយើងយ៉ាងពិសេសឲ្យបូជាកម្លាំងកាយកម្លាំងចិត្ត ដើម្បីនាំដំណឹងល្អនិងដែលជំរុញយើងឲ្យរកប្រយោជន៍ដល់អ្នកដទៃ។ យើងសូមពិនិត្យមើលគ្រីស្តទូតប៉ូល ដែលជាអ្នកនាំដំណឹងល្អដ៏ប្រសើរជាងគេ ទើបយើងយល់អំពីរបៀបដែលលោកតែងអធិដ្ឋាន។ ពេលលោកអធិដ្ឋាន លោកតែងតែនឹកចាំមុខមនុស្សពេញក្នុងចិត្តគំនិត ឧប. “គ្រប់ពេលខ្ញុំអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់ គ្នា...ចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច” (ភល ១,៤.៧)។ យើងទទួលស្គាល់ថា ការអង្វរបែបនេះមិននាំ ឲ្យយើងរត់ឆ្ងាយពីការស្មឹងស្មាធិ៍ធ្វើសមាធិដ៏ពិតប្រាកដទេ ព្រោះពេលយើងស្មឹងស្មាធិ៍ធ្វើសមាធិ យើងមិនអាច បំភ្លេចអ្នកដទៃបានឡើយ។ អ្នកបំភ្លេចអ្នកដទៃនៅពេលខ្លួនស្មឹងស្មាធិ៍ធ្វើសមាធិ នោះជាមនុស្សកុហក។
២៨២-ឥរិយាបថគិតដល់អ្នកដទៃបែបនេះ ក៏ក្លាយទៅជាពាក្យអរព្រះគុណព្រះជាម្ចាស់ ព្រោះតែអ្នកដទៃ៖ “ជា បឋមខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រីស្ត ព្រោះតែបងប្អូនទាំងអស់គ្នា”(រម១,៨)។ លោកតែងតែអរព្រះគុណជានិច្ច៖ “ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោស ដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រីស្តយេស៊ូ។ ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច” (ភល ១,៣)។ លោកមើលគេមិនមែនដូចមនុស្សដែលគ្មានជំនឿលើព្រះគ្រីស្តទេឬដូចអ្នកចង់រិះគន់គេ ឬដូចអ្នកដែលគ្មានសេចក្តីសង្ឃឹមទេ ផ្ទុយទៅវិញលោកមើលគេតាមព្រះវិញ្ញាណទាំងមានជំនឿយ៉ាងជ្រៅ គឺលោកទទួលស្គាល់កិច្ចការដែលព្រះជាម្ចាស់ប្រព្រឹត្តក្នុងរូបគេដោយផ្ទាល់ព្រះអង្គ។ នៅ ពេលជាមួយគ្នានោះ លោកអរព្រះគុណមកពីលោកចាប់អារម្មណ៍យ៉ាងពិតប្រាកដនឹងអ្នកដទៃ។ ហេតុនេះ ពេលអ្នកនាំដំណឹងល្អចេញពីការអធិដ្ឋាន គេមានចិត្តសទ្ធាជ្រះថ្លាជាងពីមុន គេបានរួចពីការរស់នៅឯកាឯកោ គេចង់ធ្វើអំពើល្អ និងចែកចាយជីវិតរបស់ខ្លួនជា មួយអ្នកដទៃ។
២៨៣-មនុស្សដ៏ប្រសើរដែលបានបម្រើព្រះជាម្ចាស់ ទាំងបុរសទាំងស្រ្តី សុទ្ធតែជាអ្នកតែងអង្វរព្រះអង្គជាច្រើន។ ការអង្វរប្រៀបដូច“មេ” ក្នុងព្រះត្រៃឯកគឺពាក្យអង្វរនាំឲ្យយើងចូលក្នុងព្រះបិតា ដើម្បីរកឃើញទិសថ្មីដែលបំភ្លឺសភាពការណ៍យ៉ាងជាក់ច្បាស់ដែលតែងតែប្រែប្រួល។ យើងអាចនិយាយថា ពាក្យអង្វរនាំឲ្យព្រះជាម្ចាស់រំភើប ព្រះហឫទ័យ តែតាមពិតព្រះអង្គនៅខាងមុខយើងជានិច្ច។ អ្វីៗដែលយើងអាចទទួលពីព្រះអង្គដោយពាក្យ អង្វរនោះបាន គឺសម្តែងយ៉ាងជាក់ច្បាស់ថា ព្រះអង្គមានឫទ្ធានុភាពមានព្រះហឫទ័យស្រឡាញ់ និងមានព្រះ ហឫទ័យភក្តីនៅកណ្តាលចំណោមប្រជារាស្រ្តរបស់ព្រះអង្គ។
២) ព្រះនាងម៉ារីជាមាតារបស់អ្នកនាំដំណឹងល្អ
២៨៤-ព្រះវិញ្ញាណគង់នៅរួមជាមួយនាងម៉ារី នៅកណ្តាលប្រជាជនរបស់ព្រះអង្គ។ នាងនៅជាមួយក្រុមសាវ័ក អង្វរព្រះវិញ្ញាណ (កក ១,១៤)។ ដូច្នេះនាងបានធ្វើឲ្យក្រុមសាវ័កទៅជាសាសនទូតនៅបុណ្យថ្ងៃទី ៥០ បាន។ នាងជាមាតារបស់ព្រះសហគមន៍ដែលនាំដំណឹងល្អ។ មានតែនាងទេដែលអាចជួយយើងឲ្យយល់យ៉ាងពេញ លេញអំពីខ្លឹមសារនៃការប្រកាសដំណឹងល្អបែបថ្មីបាន។
នាងម៉ារីបានប្រទានព្រះយេស៊ូឲ្យប្រជារាស្រ្តរបស់ព្រះអង្គ
២៨៥-នៅលើឈើឆ្កាង គឺនៅពេលព្រះគ្រីស្តរងទុក្ខលំបាក គឺនៅពេលព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតាជួបអំពើបាបរបស់មនុស្សលោក ព្រះអង្គទតឃើញព្រះមាតាឈរនៅក្បែរព្រះអង្គ និងឃើញមិត្តសម្លាញ់កំពុង សម្រាលទុក្ខព្រះអង្គ។ នៅពេលនោះមុននឹងប្រកាសថា ព្រះអង្គបានសម្រេចព្រះរាជកិច្ចដែលព្រះបិតាបានផ្ញើទុកឲ្យបំពេញនោះព្រះយេស៊ូមានព្រះបន្ទូលទៅកាន់នាងម៉ារីថា៖ “អ្នកអើយ! នេះហើយកូនរបស់អ្នក”។ រួចព្រះ អង្គមានព្រះបន្ទូលទៅកាន់មិត្តសម្លាញ់ថា “នេះហើយម្តាយរបស់អ្នក” (យហ១៩,២៦-២៧)។ ព្រះយេស៊ូមាន ព្រះបន្ទូលទាំងនោះ នៅពេលព្រះអង្គហៀបនឹងចូលទិវង្គត គឺព្រះអង្គមិនសម្តែងការខ្វល់ខ្វាយចំពោះមាតាទាំង អាណិតប៉ុណ្ណោះទេ តែព្រះអង្គសម្តែងអំពីការអាថ៌កំបាំងនៃបេសកកម្មពិសេសរបស់នាង ក្នុងការសង្គ្រោះមនុស្ស លោក។ ព្រះយេស៊ូបានទុកឲ្យមាតារបស់ព្រះអង្គធ្វើជាមាតារបស់យើង។ ក្រោយពីបានប្រគល់ព្រះមាតា ដូច្នេះ ព្រះយេស៊ូដឹងក្នុងខ្លួនថា ព្រះអង្គបានសម្រេចអ្វីៗសព្វគ្រប់អស់ហើយ! (យហ ១៩,២៨)។ នៅជើងឈើឆ្កាង គឺក្នុងពេលដ៏ប្រសើរដែលព្រះគ្រីស្តប្រតិស្ឋានពិភពលោកជាថ្មី ព្រះអង្គណែនាំយើងទៅកាន់នាងម៉ារី ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យឲ្យយើងដើរដោយឥតមានម្តាយទេ។ ប្រជាជនយល់គម្រោងការដ៏អស្ចារ្យទាំងប៉ុន្មាន នៃដំណឹងល្អបានតាមរយៈនាងម៉ារីក្នុងឋានៈជាម្តាយនេះ។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យឲ្យព្រះសហគមន៍ ខ្វះនិមិត្តរូបអំពីស្ត្រី។ នាងម៉ារីបានបង្កើតព្រះយេស៊ូដោយមានជំនឿយ៉ាងខ្លាំង នាងក៏ជូនដំណើរ “កូនចៅរបស់ នាងដែលនៅសល់ គឺកូនចៅដែលប្រតិបត្តិតាមវិន័យរបស់ព្រះជាម្ចាស់ និងអស់អ្នកដែលបានជឿសក្ខីភាពរបស់ ព្រះយេស៊ូ” (វវ ១២,១៧)។ នាងម៉ារី និងព្រះសហគមន៍ព្រមទាំងគ្រីស្តបរិស័ទម្នាក់ៗជាប់ជាមួយគ្នាយ៉ាងជិត ស្និទ្ធ ព្រោះម្នាក់ៗបង្កើតព្រះគ្រីស្តតាមរបៀបផ្សេងពីគ្នារៀងៗខ្លួន ដូចសន្តអ៊ីសាកនៃតារាបានថ្លែងយ៉ាងពីរោះ ថា៖ “ក្នុងគម្ពីរដែលព្រះជាម្ចាស់បានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ អ្វីៗដែលមានចែងជាទូទៅ អំពីព្រះសហគមន៍ ដែលមានលក្ខណៈជាព្រហ្មចារីនិងជាមាតា យើងក៏ត្រូវយល់យ៉ាងពិសេស ទុកជាបានចែងអំពីព្រះនាងព្រហ្មចារីនីម៉ារីដែរ...។ យើងក៏អាចនិយាយសេចក្តីដដែលថា គ្រីស្តបរិស័ទម្នាក់ៗក៏ជាភរិយានៃព្រះ បន្ទូលរបស់ព្រះ ជាម្ចាស់ជាមាតារបស់ព្រះគ្រីស្តជាកូនស្រី និងប្អូនស្រីជាព្រហ្មចារី និងជាម្តាយដែលបង្កើតកូន។ ព្រះគ្រីស្តស្ថិត នៅក្នុងផ្ទៃនាងម៉ារីអស់ប្រាំបួនខែ ហើយព្រះអង្គក៏នឹងគង់នៅក្នុងព្រះពន្លា នៃជំនឿរបស់ព្រះសហគមន៍រហូតដល់ អវសានកាលនៃពិភពលោក។ ព្រះអង្គក៏គង់នៅក្នុងចំណេះ និងក្នុងសេចក្តីស្រឡាញ់របស់គ្រីស្តបរិស័ទរហូត តរៀងទៅ”។
២៨៦-នាងម៉ារីចេះប្រែរូងថ្មជាកន្លែងសត្វរស់នៅ ធ្វើជាព្រះដំណាក់សម្រាប់ព្រះយេស៊ូ ដោយនាងយកក្រណាត់ដ៏រហែករយ៉ៃមករុំ និងយកសេចក្តីថ្នាក់ថ្នមប៉ុនភ្នំព្រះសុមេរុមកឱប។ នាងជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះបិតា នាងក៏ត្រេកអរទាំងលើកតម្កើងព្រះអង្គផង។ នាងជាមិត្តសម្លាញ់ដែលយកចិត្តទុកដាក់នឹងមនុស្សជានិច្ច កុំឲ្យ យើងខ្វះស្រាក្នុងពេលយើងធ្វើដំណើរនាលោកនេះ។ នាងម៉ារីត្រូវលំពែងចាក់ទម្លុះបេះដូង។ ហេតុនេះនាង យល់ដល់ទុក្ខលំបាកទាំងប៉ុន្មានរបស់មនុស្សយើង។ នាងម៉ារីក្នុងឋានៈជាមាតារបស់មនុស្សទាំងអស់ ក៏ជាសញ្ញា សម្គាល់អំពីសេចក្តីសង្ឃឹមរបស់ប្រជាជននានាកំពុងរងទុក្ខ រហូតដល់យុត្តិធម៌កើតឡើង ដូចស្រ្តីរងទុក្ខនៅ ពេលសម្រាលកូន។ នាងម៉ារីជាសាសនទូតដែលរស់នៅក្បែរយើង ដោយមានចិត្តស្រឡាញ់ដូចម្តាយជួយណែនាំយើង ក្នុងពេលយើងរស់នៅទាំងបើកចិត្តគំនិតយើងឲ្យអាចទទួលជំនឿបាន។ ដោយនាងជាម្តាយ នាងធ្វើ ដំណើររួមជាមួយយើងដូចម្តាយដ៏ពិតប្រាកដ នាងតស៊ូជាមួយយើង ហើយក៏ផ្សព្វផ្សាយព្រះហឫទ័យស្រឡាញ់ របស់ព្រះជាម្ចាស់នៅក្បែរយើងដែរ។ នាងចូលរួមក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជននានា ដែលបានទទួលជំនឿហើយតាមរយៈពាក្យអង្វររបស់នាង ដែលតែងតែភ្ជាប់នឹងទីសក្ការៈនានា។ ដូច្នេះនាងម៉ារីចូលជាចំណែកមួយក្នុងអត្តសញ្ញាណតាមប្រវត្តិស្រ្តប្រជាជនទាំងនោះ។ ឪពុកម្តាយជាច្រើនសូមឲ្យកូនៗទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងទីសក្ការៈគោរពនាងម៉ារី។ ធ្វើដូច្នេះគាត់សម្តែងជំនឿរបស់ខ្លួនទៅលើសកម្មភាពរបស់នាងម៉ារី ក្នុងឋានៈ ជាម្តាយដែលបង្កើតកូនៗថ្មីរបស់ព្រះជាម្ចាស់។ ក្នុងទីសក្ការៈទាំងនោះ យើងអាចឃើញរបៀបនាងម៉ារីប្រមូលកូនចៅដែលកំពុងខិតខំធ្វើដំណើរនៅនាលោកនេះ គឺគេមានបំណងចង់ឃើញនាងម៉ារី និងបណ្តោយឲ្យនាង មើលគេឃើញគេដែរ។ នៅទីសក្ការៈទាំងនោះ គេទទួលកម្លាំងពីព្រះជាម្ចាស់ដើម្បីស៊ូទ្រាំទុក្ខវេទនា និងការ ហត់នឿយរបស់គេក្នុងដំណើរជីវិត។ នាងម៉ារីដូចជាថ្នាក់ថ្នមសម្រាលទុក្ខគេ និងនិយាយខ្សឹបៗប្រាប់គេថា៖ “កុំឲ្យរន្ធត់ចិត្តឲ្យសោះ យើងជាម្តាយកូន ម្តាយនៅទីនេះហើយ”។
នាងម៉ារីជាតារានៃការប្រកាសដំណឹងល្អថ្មី
២៨៧-យើងសូមព្រះមាតារបស់ព្រះយេស៊ូ ព្រះអង្គជាដំណឹងល្អដែលមានជីវិតរស់រវើក សូមនាងអង្វរព្រះបិតា ប្រោសឲ្យព្រះសហគមន៍ទាំងមូលទទួលសេចក្តីអញ្ជើញ នឹងប្រកាសដំណឹងល្អបែបថ្មី ជាដំណាក់កាលថ្មីក្នុង ប្រវត្តិសាស្រ្ត។ នាងមានជំនឿនិងរស់នៅហើយដើរតាមជំនឿ។ “ព្រះសហគមន៍ត្រូវនឹកគិតជានិច្ចដល់នាងម៉ារី ទុកជាគោល គឺនាងដែលបានធ្វើដំណើរទៅរកជំនឿយ៉ាងអស្ចារ្យ។ នាងបណ្តោយឲ្យព្រះវិញ្ញាណណែនាំដំណើរ តាមមាគ៌ានៃជំនឿនាំឲ្យនាងបម្រើនិងបង្កើតផល។ ឥឡូវយើងទាំងអស់គ្នាសម្លឹងមើលនាង សូមនាងជួយឲ្យយើងប្រកាសសារនៃការសង្គ្រោះដល់មនុស្សទាំងអស់ សូមឲ្យក្រុមសាវ័កដែលទទួលជំនឿថ្មីៗ ក្លាយទៅជាអ្នក ប្រកាសដំណឹងល្អ។ ក្នុងដំណើររបស់យើងក្នុងលោកនេះ យើងជម្រាបជូនដំណឹងល្អ គង់តែនឹងមានពេលខ្លះយើងមិនបានលទ្ធផលអ្វីសោះ ជួនកាលយើងរស់នៅស្ងៀមស្ងាត់ យើងដូចជាកប់ទុកក្នុងប្រជាជន ដោយគ្មាន សម្តី ជួនកាលយើងក៏ត្រូវនឿយហត់ដែរ។ ការណ៍ទាំងនោះកើតឡើងដល់យើង ដូចមានកើតដល់នាងម៉ារី អស់រយៈពេលព្រះកុមារយេស៊ូចម្រើនធំធាត់ឡើង។ “នៅពេលនោះដំណឹងល្អចាប់ផ្តើម ហើយជាដំណឹងនាំឲ្យ សប្បាយ។ ក៏ប៉ុន្តែនៅពេលចាប់ផ្តើមនេះ យើងអាចមើលឃើញថានាងម៉ារីពិបាកក្នុងចិត្តខ្លះ ហើយជំនឿដូចជា គ្មានពន្លឺ គឺដូចជានាងរស់នៅពេលយប់ខាងជំនឿ តាមសន្តៈយ៉ូហាននៃឈើឆ្កាងធ្លាប់និយានោះ”។ នៅពេលនោះហាក់ដូចជាមាន “វាំងនន” បាំងព្រះអង្គ។ យើងត្រូវខិតខំទៅដល់ក្បែរព្រះដែលមនុស្សលោកមើលមិនឃើញតាមវាំងនននោះ ហើយក៏ត្រូវរស់នៅក្នុងការអាថ៌កំបាំងនោះដែរ។ នាងម៉ារីអស់រយៈជាច្រើនឆ្នាំក៏បាន រស់នៅបែបនោះដែរ គឺស្ថិតនៅក្នុងការអាថ៌កំបាំងនៃបុត្របស់នាង ហើយបានធ្វើដំណើរតាមជំនឿ។
២៨៨-ព្រះសហគមន៍បំពេញកិច្ចការប្រកាសដំណឹងល្អ តាមបែបបទរបស់នាងម៉ារីដែរ។ គ្រប់ពេលយើងសម្លឹង មើលនាងម៉ារី យើងបែរជាជឿថាចិត្តថ្នាក់ថ្នម និងសេចក្តីស្រឡាញ់ពិតជាមានកម្លាំង អាចប្រែពិភពលោកបាន។ យើងអាចយល់ឃើញថា នាងម៉ារីមានចិត្តសុភាពរាបសារនិងមានចិត្តថ្នាក់ថ្នម។ ចិត្តស្រឡាញ់និងថ្នាក់ថ្នមនេះ មិនមែនជាគុណធម៌របស់មនុស្សទន់ខ្សោយទេ តែជាគុណធម៌របស់អ្នកមានកម្លាំងវិញ គឺជាកម្លាំងរបស់អ្នក ដែលមិនត្រូវការជិះជាន់អ្នកដទៃដើម្បីឲ្យគេដឹងខ្លួនថា គេជាមនុស្សដ៏សំខាន់។ ពេលយើងសម្លឹងមើលនាងម៉ារី យើងទទួលស្គាល់ថា នាងលើកតម្កើងព្រះជាម្ចាស់ “ដែលបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង” ហើយដែល “បណ្តេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដោយដៃទទេ” (លក ១,៥២.៥៣) តែនៅពេលដដែលនេះ នាងក៏ជា ម្តាយដែលជួយផ្តល់ឲ្យយើងមានចិត្តកក់ក្តៅក្នុងពេលខិតខំស្វែងរកយុត្តិធម៌។ នាងម៉ារីក៏ “ចងចាំហេតុការណ៍ ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង” (លក ២,១៩)។ នាងម៉ារីចេះទទួលស្គាល់ស្នាម នៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទាំងក្នុងព្រឹត្តការណ៍ដ៏សំខាន់ៗ ទាំងក្នុងព្រឹត្តការណ៍ដែលមនុស្សលោកមើលមិនឃើញ។ នាងម៉ារីស្មឹងស្មាធិ៍ធ្វើសមាធិសញ្ជឹងគិត អំពីគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងពិភពលោក និងក្នុងប្រវត្តិសាស្រ្ត ព្រមទាំងក្នុងការរស់នៅធម្មតាប្រចាំថ្ងៃរបស់យើងម្នាក់ៗ និងក្នុងការរស់នៅរបស់ មនុស្សទាំងអស់ដែរ។ នាងម៉ារីជាស្រ្តីដែលតែងតែអង្វរព្រះជាម្ចាស់ផង និងធ្វើការនៅភូមិណាសារ៉ែតផង ជាស្រ្តីដែលមានចិត្តប្រញាប់ប្រញាល់ចេញទៅ គឺនាងប្រញាប់ប្រញាល់ធ្វើដំណើរទៅជួយអ្នកដទៃ (លក ១,៣៩-៤៥)។ ដោយនាងម៉ារីមានកម្លាំងដ៏ស្វាហាប់ខិតខំរកយុត្តិធម៌ មានចិត្តថ្នាក់ថ្នមតែងតែស្មឹងស្មាធិ៍ធ្វើសមាធិ និង ចេញដំណើរទៅកាន់អ្នកដទៃ នាងពិតជាគំរូសម្រាប់ព្រះសហគមន៍ក្នុងការប្រកាសដំណឹងល្អ។ យើងទទូចសូម នាងជួយអង្វរក្នុងឋានៈជាមាតា សូមព្រះជាម្ចាស់ប្រោសឲ្យព្រះសហគមន៍បែរទៅជាដំណាក់ សម្រាប់មនុស្សទាំងអស់ និងជាម្តាយរបស់ប្រជាជននានា ដើម្បីឲ្យពិភពលោកថ្មីអាចកើតឡើងបាន។ ព្រះយេស៊ូដែលមាន ព្រះជន្មថ្មីដ៏រុងរឿងប្រោសឲ្យយើងទុកចិត្តយ៉ាងខ្លាំង និងមានសេចក្តីសង្ឃឹមយ៉ាងមាំមួន ដោយព្រះអង្គមានព្រះ បន្ទូលថា៖ “មើល៍! យើងធ្វើឲ្យអ្វីៗសុទ្ធតែថ្មីទាំងអស់” (វវ ២១,៥)។ យើងនាំគ្នាធ្វើដំណើររួមជាមួយនាងម៉ារី ដោយទុកចិត្តលើពាក្យសន្យានេះ ហើយពោលទៅកាន់នាងថា ៖
បពិត្រនាងម៉ារី ជាព្រហ្មចារិនីនិងជាមាតា
ព្រះវិញ្ញាណបានណែនាំនាង ទើបនាងបានទទួលព្រះបន្ទូលនៃជីវិត។ ដោយជំនឿដ៏ជ្រាលជ្រៅរបស់នាង នាង បានផ្ញើជីវិតទាំងស្រុងទៅព្រះ ដែលមានព្រះជន្មអស់កល្បជានិច្ច។ សូមនាងជួយឲ្យយើងខ្ញុំសុខចិត្តប្រកាស ដំណឹងល្អអំពីព្រះយេស៊ូឲ្យលាន់ឮដល់មនុស្សលោក ព្រោះនៅសម័យឥឡូវការប្រកាសដំណឹងល្អនេះ បន្ទាន់ ជាងនៅសម័យណាទាំងអស់។
នាងពោរពេញដោយវត្តមានរបស់ព្រះគ្រីស្ត
បាននាំអំណរជូនលោកយ៉ូហានបាទីស្ត និងធ្វើឲ្យគាត់ត្រេកអរក្នុងពោះម្តាយ។ នាងក៏ត្រេកអរដែរ និងលើក តម្កើងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអម្ចាស់។ នាងមានចិត្តនឹងធឹងនៅក្បែរឈើឆ្កាងទាំងមានជំនឿដែលមិនចេះរង្គើឡើយ។ នៅពេលក្រោយ នាងបានទទួលដំណឹងដែលសម្រាលទុក្ខនាងថា បុត្របានទទួលព្រះជន្មថ្មីដ៏រុងរឿង។ នាងបានប្រមូលក្រុមសាវ័កហើយបានរង់ចាំព្រះវិញ្ញាណយាងមក ដើម្បីឲ្យព្រះសហគមន៍កើតឡើង និងប្រកាសដំណឹងល្អ។ សូមនាងជួយអង្វរព្រះបិតា សូមព្រះអង្គប្រោសឲ្យយើងមានចិត្តខ្នះខ្នែងបែបថ្មី ទុកជាអ្នកដែលទទួលជីវិតថ្មីរួមជាមួយបុត្ររបស់នាង ដើម្បីនាំដំណឹងល្អស្តីអំពីជីវិតដែលឈ្នះសេចក្តីស្លាប់។ សូមប្រោសឲ្យយើងមានចិត្តក្លាហានខិតខំស្វែងរកផ្លូវថ្មី ដើម្បីឲ្យព្រះអំណោយទាននៃសោភ័ណភាព ដែលមិនចេះ ស្រពោន មកដល់មនុស្សទាំងអស់។
នាងព្រហ្មចារិនី ជាអ្នកយកចិត្តទុកដាក់ស្តាប់និងស្មឹងស្មាធិ៍ធ្វើសមាធិ
ជាមាតាដែលស្រឡាញ់យ៉ាងល្អបំផុត ជាភរិយានៃអាពាហ៍ពិពាហ៍អស់កល្បជានិច្ច សូមជួយអង្វរព្រះបិតា សម្រាប់ព្រះសហគមន៍។ នាងជារូបតំណាងដ៏និមលបំផុតនៃព្រះសហគមន៍នោះ។ សូមព្រះសហគមន៍មិនគិត តែពីខ្លួនឯងប៉ុណ្ណោះទេ សូមកុំឲ្យព្រះសហគមន៍ព្យាយាមគិតតែអំពីប្រយោជន៍កូនចៅរបស់ខ្លួនប៉ុណ្ណោះ សូម ឲ្យព្រះសហគមន៍មានចិត្កកក់ក្តៅឧស្សាហ៍ណែនាំព្រះរាជ្យ។
នាងម៉ារីជាតារានៃការប្រកាសដំណឹងល្អបែបថ្មី
សូមជួយឲ្យយើងចាំងពន្លឺនៃសក្ខីភាពរបស់យើង ដែលរួបរួមគ្នាជាធ្លុងតែមួយ ដែលបម្រើអ្នកដទៃ ដែលសម្តែងជំនឿយ៉ាងក្លៀវក្លានិងសទ្ធាជ្រះថ្លា។ សូមប្រោសឲ្យយើងទៅជាសាក្សីដែលខិតខំស្វែងរកយុត្តិធម៌ និងស្រឡាញ់ អ្នកក្រីក្រ ដើម្បីឲ្យអំណរសប្បាយនៃដំណឹងល្អទៅដល់ទីដាច់ស្រយាល នៃផែនដីកុំឲ្យមានជាយណាខ្វះពន្លឺនៃដំណឹងល្អនោះឡើយ។ នាងម៉ារីជាមាតារបស់ព្រះយេស៊ូ ដែលជាដំណឹងល្អដ៏មានជីវិតរស់រវើក ជាប្រភពនៃ អំណររបស់អ្នកតូចតាច សូមជួយអង្វរព្រះបិតាឲ្យយើងផង។ អាម៉ែន។ អាលេលូយ៉ា។
ធ្វើនៅទីក្រុងរ៉ូមក្បែរគ្រីស្តទូតសិលានៅពេលបញ្ចប់ឆ្នាំនៃជំនឿគឺនៅថ្ងៃទី ២៤ វិច្ឆិកា ២០១៣
ត្រូវនឹងបុណ្យឱឡារិកលើកតម្កើងព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្សត្រនៃពិភពលោកទាំងមូល
នៅឆ្នាំទី ១ នៃមុខងារ របស់ខ្ញុំជាសម្តេចប៉ាប
