១. បុណ្យព្រះយេស៊ូប្រសូត
ទោះបីក្នុងគម្ពីរគ្មានកំណត់ថ្ងៃព្រះយេស៊ូប្រសូតក៏ដោយ ក៏ព្រះសហគមន៍សន្មតយកថ្ងៃទី២៥ ខែធ្នូ ធ្វើជាថ្ងៃខួបនៃកំណើតព្រះអង្គ ពីព្រោះនៅផ្នែកខាងជើងនៃផែនដី ចាប់ពីថ្ងៃ២៥ ធ្នូទៅ ពេលថ្ងៃកាន់តែមានរយៈពេលវែងបន្តិចម្តងៗ។ អ្នកស្រុកនៅមជ្ឈិមបូពា៌ និងអឺរ៉ុបពីដើម យកថ្ងៃនោះធ្វើបុណ្យយ៉ាងឱឡារិកខាងសាសនារបស់ពួកគេ ដើម្បីគោរពព្រះអាទិត្យដែលចាប់ពីថ្ងៃ២៥ ខែមិថុនា បំភ្លឺខ្លីទៅៗដូចស្លាប់ និងថារស់ឡើងវិញពីថ្ងៃទី២៥ ខែធ្នូ។ គ្រីស្តបរិស័ទក៏លើកថ្ងៃនោះមកគោរពព្រះគ្រីស្តទុកជាពន្លឺនៃពិភពលោក ដូចជាថ្ងៃរះឡើងដែរ។ គ្រីស្តបរិស័ទនាំគ្នាប្រកាសជំនឿថា ព្រះជាម្ចាស់ចាត់ព្រះបុត្រាមកប្រសូតជាមនុស្សដូចយើង ដើម្បីរួមសាមគ្គី និងរួមវាសនាជាមួយមនុស្សយើង។
១.១ រដូវអបអរសាទរព្រះអម្ចាស់យេស៊ូយាងមក ឬរដូវរង់ចាំ
អស់រយៈពេល៤ អាទិត្យមុនបុណ្យព្រះយេស៊ូប្រសូត ព្រះសហគមន៍មានចាត់ចែង «រដូវអបអរសាទរព្រះគ្រីស្តយាងមក» ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យទទួលព្រះគ្រីស្ត ដែលកំពុងយាងមកសព្វថ្ងៃ។
អាទិត្យទី១ នៃរដូវនេះ គឺត្រូវនឹងថ្ងៃអាទិត្យទី២៩ វិច្ឆិកា ឆ្នាំ ២០២០ ដែលជាថ្ងៃចូលឆ្នាំថ្មីនៃគ្រីស្តសករាជ។
១.២ បុណ្យព្រះយេស៊ូប្រសូត
ឆ្នាំនេះ បុណ្យព្រះយេស៊ូប្រសូតត្រូវនឹងថ្ងៃសុក្រទី ២៥ ខែធ្នូ ឆ្នាំ២០២០។
១.៣ រដូវបុណ្យព្រះយេស៊ូប្រសូត
ពីថ្ងៃទី២៦ ខែធ្នូទៅ ចាប់ផ្តើមរដូវបុណ្យព្រះយេស៊ូប្រសូត ដែលមានរយៈពេលពីរ ឬបីអាទិត្យ។ ក្នុងរយៈពេលនេះ មានប្រារព្ធ «បុណ្យលើកតម្កើងព្រះរាជវង្ស» «បុណ្យព្រះយេស៊ូសម្តែងឋានៈព្រះអង្គ» និងបុណ្យ «ព្រះយេស៊ូទទួលពិធីជ្រមុជទឹក»។
ឆ្នាំនេះ រដូវបុណ្យព្រះយេស៊ូប្រសូតបន្តរហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។
២. រដូវធម្មតា
ក្រៅពីរដូវពិសេស “រដូវអបអរសាទរ-រដូវបុណ្យព្រះយេស៊ូប្រសូត-រដូវសែសិបថ្ងៃ-រដូវបុណ្យចម្លង” ទាំងនេះចេញ មានរដូវធម្មតាប្រចាំឆ្នាំ ដែលមានរយៈពេល៣៤ អាទិត្យ។ រដូវធម្មតាចែកចេញជា២ ភាគ៖
១-ក្រោយបុណ្យព្រះយេស៊ូទទួលពិធីជ្រមុជទឹក រហូតដល់រដូវសែសិបថ្ងៃ (មានពី ៤ ដល់ ៩ អាទិត្យ)
២-ក្រោយបុណ្យព្រះវិញ្ញាណយាងមក រហូតដល់រដូវអបអរសាទរព្រះគ្រីស្តយាងមក (មានពី ២៥ ដល់ ៣០ អាទិត្យ)
៣. បុណ្យចម្លង
ជាបុណ្យលើកតម្កើងព្រះជាម្ចាស់ ដែលព្រះអង្គប្រោសលោកយេស៊ូឱ្យទទួលជីវិតថ្មីដ៏រុងរឿងជាព្រះជន្មផ្ទាល់របស់ព្រះអង្គ និងតែងតាំងលោកជាព្រះគ្រីស្ត និងជាព្រះអម្ចាស់។ បុណ្យចម្លងជាបុណ្យកំពូលលើបុណ្យនានាទាំងអស់នៃគ្រីស្តសាសនា។ ព្រះសហគមន៍កំណត់ថ្ងៃប្រារព្ធបុណ្យ ចម្លងតាមប្រពៃណីជនជាតិអ៊ីស្រាអែល គឺចាប់ពីពេលថ្ងៃ និងយប់ស្មើគ្នាក្នុងរដូវប្រាំង ត្រូវនឹងថ្ងៃអាទិត្យទីមួយក្រោយថ្ងៃព្រះចន្ទពេញបូណ៌មី គឺចន្លោះថ្ងៃទី ២៣ មីនា ដល់ថ្ងៃទី ២៥ មេសា។
៣.១ រដូវសែសិបថ្ងៃ
មុនបុណ្យចម្លង ព្រះសហគមន៍ចាត់ឱ្យគ្រីស្តបរិស័ទទទួលការអប់រំពិសេសអស់រយៈពេល៤០ថ្ងៃ ដែលហៅថា «រដូវសែសិបថ្ងៃ»។ ក្នុងរដូវនេះ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល និងពង្រឹងជំនឿរបស់ខ្លួន។ យើងក៏យកចិត្តទុកដាក់អធិដ្ឋាន និងចែកទានដល់អ្នកក្រីក្រដែរ។
រដូវសែសិបថ្ងៃនៅឆ្នាំនេះមាន៦អាទិត្យកន្លះ ចាប់ពីថ្ងៃពុធទី ១៧ ខែកុម្ភៈ (បុណ្យរោយផេះ) រហូតដល់ថ្ងៃសៅរ៍ពិសិដ្ឋទី៣ ខែមេសា ឆ្នាំ២០២១។
៣.២ បុណ្យចម្លង
បុណ្យចម្លងឆ្នាំនេះត្រូវនឹងថ្ងៃអាទិត្យទី០៤ ខែមេសា ឆ្នាំ២០២១។
៣.៣ រដូវបុណ្យចម្លង
ក្រោយបុណ្យចម្លង ព្រះសហគមន៍ទុកពេលយ៉ាងយូរគឺ៥០ ថ្ងៃដែលយើងហៅថា «រដូវបុណ្យចម្លង» ដើម្បីឱ្យគ្រីស្តបរិស័ទនឹករំពឹងអត្ថន័យព្រះជន្មថ្មីដ៏រុងរឿង(រស់ឡើងវិញ) ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ព្រះយេស៊ូ។ រយៈពេលនោះ គ្រីស្តបរិស័ទយើងនាំគ្នានឹកសញ្ជឹងអំពីព្រះគ្រីស្តដែលគង់នៅជាមួយយើង តាមរបៀបប្លែកពីមុន ហើយដែលណែនាំព្រះសហគមន៍តាមព្រះវិញ្ញាណព្រះអង្គ។ ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក គឺជាថ្ងៃចុងក្រោយនៃ «រដូវបុណ្យចម្លង»។
រដូវបុណ្យចម្លងឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី០៥ ខែមេសា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
៣.៤ ថ្ងៃអាទិត្យ
រៀងរាល់ថ្ងៃអាទិត្យ គ្រីស្តបរិស័ទប្រជុំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ដែលបានប្រោសព្រះ យេស៊ូឱ្យទទួលព្រះជន្មថ្មី។ យើងចូលរួមជាមួយព្រះយេស៊ូ ដែលអរព្រះគុណព្រះបិតា និងថ្វាយព្រះអង្គផ្ទាល់ទុកជាសក្ការបូជា ដែលគាប់ព្រះហឫទ័យព្រះបិតា។ ដោយព្រះយេស៊ូសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គពិតជាប្រភពនៃជីវិតសម្រាប់អ្នកជឿ។ យើងជាគ្រីស្តបរិស័ទត្រូវតែចូលរួមអភិបូជាជាមួយគ្រីស្តបរិស័ទឯទៀតៗជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីរួមគ្នាជាព្រះកាយព្រះគ្រីស្ត។
គ្រីស្តបរិស័ទជាអ្នកដែលរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ និងដើរតាមព្រះយេស៊ូដោយធ្វើជាសាក្សីព្រះអង្គក្នុងលោកនេះ គឺនៅគ្រប់ទីកន្លែងដែលខ្លួនរស់នៅ។
៤. ពិធីបុណ្យផ្សេងៗប្រចាំឆ្នាំ
ក្នុងពិធីបុណ្យទាំងអស់ គ្រីស្តបរិស័ទយើងអបអរសាទរ លើកតម្កើងព្រះយេស៊ូគ្រីស្ត ដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង(រស់ឡើងវិញ) ហើយគង់នៅជាមួយយើង។ ព្រះយេស៊ូក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គមកណែនាំអ្នកជឿឱ្យប្រាស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយព្រះបិតាដែរ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាគ្រឹះនៃជំនឿក្នុងគ្រីស្តសាសនាយើង។
៤.១ ពិធីគោរពសន្តបុគ្គល
«ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះអង្គជាម្ចាស់នៃពិភពទាំងមូល...»
«ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេជាព្រះដ៏វិសុទ្ធ!...»
ព្រះជាម្ចាស់ខុសប្លែកពីសត្វលោកទាំងឡាយ ព្រះអង្គជាប្រភពនៃជីវិតគ្រប់យ៉ាង ព្រះអង្គជាពន្លឺ គ្មានភាពងងឹតក្នុងព្រះអង្គឡើយ ព្រះអង្គគ្មានសៅហ្មងទាល់តែសោះ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង ហួសពីការស្មានរបស់មនុស្ស។ ដោយមនុស្សយើង យកអ្វីក្នុងលោកនេះមកប្រៀបផ្ទឹមនឹងព្រះជាម្ចាស់ពុំបាន ហេតុដូច្នេះហើយ ទើបក្នុងព្រះគម្ពីរមានចែងថា “ព្រះអង្គជាព្រះដ៏វិសុទ្ធ” ឬ “ព្រះអង្គជាព្រះវិញ្ញាណ” ឬ “ព្រះអង្គគង់នៅស្ថានបរមសុខ”ជាដើម។ល។
អ្វីៗដែលជាប់ទាក់ទងជាមួយ “ព្រះដ៏វិសុទ្ធ” នោះ ក៏ត្រឡប់ទៅជាវិសុទ្ធដែរ។ ឧបមាថា យើងជា “ប្រជារាស្ត្រដ៏វិសុទ្ធ” មានន័យថា ជាប្រជារាស្ត្ររបស់ព្រះអង្គ។ “ព្រះសហគមន៍ដ៏វិសុទ្ធ” ជាក្រុមអស់អ្នកបាបដែលព្រះជាម្ចាស់ត្រាស់ហៅ។ល។ គ្រីស្តទូតប៉ូលធ្លាប់ហៅគ្រីស្តបរិស័ទថា “ជនដ៏វិសុទ្ធ” ព្រោះព្រះគ្រីស្តបានប្រោសគេឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។
តាំងពីដើមរៀងមក ព្រះសហគមន៍តែងតែគោរព “មរណសាក្សី” គឺគ្រីស្តបរិស័ទដែលសុខចិត្តបូជាជីវិតជាជាងលះបង់ជំនឿរបស់ខ្លួន។ គ្រីស្តបរិស័ទធ្លាប់ធ្វើពិធីនឹករឭកដល់មរណសាក្សីនៅថ្ងៃខួប ដែលគេបានបូជាជីវិត ហើយយើងធ្លាប់ហៅថ្ងៃនោះថា “ថ្ងៃកំណើត” របស់គេ គឺថ្ងៃដែលពួកគេ ចូលក្នុងជីវិតដ៏ពេញលេញរួមជាមួយព្រះជាម្ចាស់។ យូរៗទៅព្រះសហគមន៍ក៏នាំគ្នាគោរពវិញ្ញាណក្ខន្ធគ្រីស្តបរិស័ទ ដែលព្រះសហគមន៍យល់ឃើញថា នៅរួមរស់យ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ឯស្ថានបរមសុខដែរ។ យើងសន្មតហៅគ្រីស្តបរិស័ទទាំងនោះថា “សន្តបុគ្គល” ឬ “សន្តៈ” ឬ “សន្តី” គឺអ្នកដែលរួមរស់ជាមួយព្រះជាម្ចាស់ “ដ៏វិសុទ្ធ”។
«បពិត្រព្រះជាម្ចាស់! ពេលយើងខ្ញុំគោរពសន្តបុគ្គល គឺយើងខ្ញុំលើកតម្កើងព្រះអំណោយទានរបស់ ព្រះអង្គ!» ពិតមែនហើយ យើងជាគ្រីស្តបរិស័ទ ជឿសង្ឃឹមលើព្រះជាម្ចាស់តែមួយព្រះអង្គគត់ដែលសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ក្រៅពីព្រះយេស៊ូគ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិត“នៅក្រោមមេឃ ព្រះជាម្ចាស់មិនបានប្រទាននាមណាមួយ ផ្សេងទៀតមក ដើម្បីសង្គ្រោះយើងឡើយ” (កក ៤,១២)។
សន្តបុគ្គលជាអ្នកដែលបានផ្ញើជីវិតទាំងស្រុងលើព្រះគ្រីស្ត ហើយរស់នៅតាមជីវិតថ្មី ដែលព្រះគ្រីស្ត ប្រទានឱ្យ។ គាត់ខិតខំរួមរស់ជាមួយព្រះគ្រីស្ត និងយកតម្រាប់តាមព្រះអង្គយ៉ាងល្អអស្ចារ្យ។ ឧបមាថា សន្តស្ទេផានអត់ទោសឱ្យពួកអ្នកប្រហារជីវិតលោកដូចព្រះយេស៊ូដែរ។ ដូច្នេះ ព្រះសហគមន៍ លើកសន្តបុគ្គលនោះធ្វើជាគំរូ សម្រាប់គ្រីស្តបរិស័ទជំនាន់ក្រោយៗ ដើម្បីឱ្យគេយកតម្រាប់តាម។ សន្តបុគ្គល មិនមែនជាវីរបុរសទេ សន្តបុគ្គលគ្រាន់តែបណ្តោយឱ្យឫទ្ធានុភាពរបស់ព្រះគ្រីស្តបង្កើតផលល្អក្នុងខ្លួនគាត់ដូចសន្តប៉ូលចែងថា៖ “មិនមែនខ្ញុំទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងខ្ញុំ” (កាឡ ២, ២០)។ ក្នុងចំណោមសន្តបុគ្គល ដែលព្រះសហគមន៍ទទួលស្គាល់នោះ មានចាស់ មានក្មេង មានបុរស មានស្ត្រី មានអ្នកមាន មានអ្នកក្រ មានគ្រីស្តបរិស័ទធម្មតា មានគ្រីស្តបរិស័ទបំពេញមុខងារពិសេសក្នុងព្រះសហគមន៍ មានអ្នកចេះដឹង មានមនុស្សល្ងង់ មានព្រះមហាក្សត្រ មារាស្ត្រសាមញ្ញធម្មតា មានអ្នកមានគ្រួសារ មានបព្វជិត។ល។ តែសន្តបុគ្គលទាំងនោះបានរួមរស់ជាមួយព្រះគ្រីស្ត។
គ្រីស្តបរិស័ទកាតូលិកជឿថា ព្រះសហគមន៍ជាមហាគ្រួសារដ៏ធំមួយ ដែលមានសមាជិកកំពុងរស់នៅក្នុងលោកនេះនៅឡើយ ហើយក៏មានសមាជិករស់នៅជាមួយព្រះគ្រីស្តឯស្ថានបរមសុខដែរ។ បងប្អូនទាំងនេះ ក៏អាចជួយគ្នាទៅវិញទៅមកបាន។ សន្តបុគ្គលប្រៀបបាននឹងបងៗ ដែលបានដល់ត្រើយរួចហើយ គាត់នៅរួមជាមួយព្រះគ្រីស្ត អង្វរព្រះបិតាឱ្យយើង។ ក្នុងធម៌ប្រកាសជំនឿ យើងតែងប្រកាសថា “ខ្ញុំជឿសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” គឺថា គ្រីស្តបរិស័ទទាំងនៅលើផែនដី ទាំងនៅស្ថានបរមសុខអាចជួយអង្វរព្រះជាម្ចាស់ឱ្យគ្នាទៅវិញទៅមក។
៤.២ ក្បួនពិធីគោរពសន្តបុគ្គលទាំងនោះមាន៖
- «បុណ្យឱឡារិក Solemnity»៖ គឺបុណ្យដែលព្រះសហគមន៍ចាត់ចែងដោយខានពុំបាន សូម្បី ថ្ងៃប្រារព្ធពិធីនោះចំថ្ងៃអាទិត្យក៏ដោយ គឺបុណ្យគោរពព្រះយេស៊ូ បុណ្យគោរពព្រះនាងម៉ារី បុណ្យគោរពសន្តយ៉ូហានបាទីស្ត គោរពសន្តសិលា និងសន្តប៉ូល។ យើងសរសេរ“ក្រហមក្រាស់”។
- «បុណ្យគោរព Feast»៖ គឺជាថ្ងៃគោរពសន្តបុគ្គល ដែលមានសារៈសំខាន់ក្នុងព្រះសហគមន៍ ដូចជាបុណ្យគោរពគ្រីស្តទូត បុណ្យគោរពអ្នកនិពន្ធគម្ពីរជាដើម។ តាមធម្មតា ត្រូវអានអត្ថបទ ព្រះគម្ពីរពិសេស ដែលបញ្ជាក់អត្ថន័យនៃជីវិតសន្តបុគ្គលនោះ។ យើងសរសេរ“ខ្មៅក្រាស់”។
- «បុណ្យរម្លឹកដោយចាំបាច់ Obligatory Memorial»៖ គឺជាថ្ងៃរម្លឹកដល់សន្តបុគ្គលចាំបាច់។ យើងសរសេរ “ខ្មៅត្រង់”។ ក្នុងអភិបូជាគ្រីស្តបរិស័ទនឹកដល់សន្តបុគ្គលនោះ ដោយអានជីវប្រវត្តិយ៉ាងខ្លីរបស់គាត់ ឬសេចក្តីដែលគាត់បាននិពន្ធ និងយើងអង្វរព្រះជាម្ចាស់រួមជាមួយគាត់ដែរ។
- «បុណ្យរម្លឹកតាមជម្រើស Optional Memorial»៖ គឺជាថ្ងៃរម្លឹកដល់សន្តបុគ្គលដោយមិនបង្ខំ ឬអាចធ្វើតាមការជ្រើសរើស។ យើងសរសេរ “ខ្មៅទ្រេត”។ ចំពោះសន្តបុគ្គលខ្លះគ្មានចែងអ្វីសោះ គឺគ្រីស្តបរិស័ទដែលស្រឡាញ់សន្តបុគ្គលនោះ អាចធ្វើពិធីគោរពគាត់ និងអង្វរព្រះជាម្ចាស់តាមរយៈគាត់ដែរ តែគ្មានការបង្គាប់បញ្ជាឱ្យព្រះសហគមន៍ទាំងមូលគោរពទេ។
- ក្រៅពីថ្ងៃបុណ្យគោរពសន្តបុគ្គលទាំងនោះ គឺជាថ្ងៃបុណ្យធម្មតា។
៥. អត្ថបទព្រះគម្ពីរ
រៀងរាល់ឆ្នាំ គ្រីស្តបរិស័ទនឹកអំពីស្នាព្រះហស្តដែលព្រះយេស៊ូបានប្រព្រឹត្តដើម្បីសង្គ្រោះមនុស្សលោក តាំងពីពេលព្រះអង្គប្រសូតរហូតដល់ព្រះអង្គប្រទានព្រះវិញ្ញាណដល់អ្នកជឿ។ ព្រះសហគមន៍មានបំណងអប់រំគ្រីស្តបរិស័ទដោយចាត់ចែងឱ្យគេស្ដាប់អត្ថបទព្រះគម្ពីរ ដែលជាអាហារពិសេសសម្រាប់គេជារៀងរាល់ថ្ងៃ ដោយរៀបចំបញ្ជីអត្ថបទសំខាន់ៗ សម្រាប់អានរាល់ថ្ងៃអាទិត្យចំនួនបីឆ្នាំ គឺឆ្នាំ “ក” ឆ្នាំ“ខ” និងឆ្នាំ“គ”។
នៅឆ្នាំ២០២១នេះ យើងអានអត្ថបទគម្ពីរឆ្នាំ “ខ”។
នៅថ្ងៃធម្មតា ព្រះសហគមន៍រៀបចំអត្ថបទគម្ពីរតាមឆ្នាំ “គូ” ឬឆ្នាំ “សេស”។ បើមានធ្វើបុណ្យឱឡារិក ព្រះសហគមន៍រៀបចំអត្ថបទពិសេស ស្របតាមការរស់នៅរបស់សន្តបុគ្គលនោះ ដូចមានចែងក្នុងសៀវភៅសន្តបុគ្គល។
សម្ពន្ធមេត្រីចាស់
១. គម្ពីរវិន័យ ៥ (បញ្ចកណ្ឌ)
- កំណើត (កណ)
- សេរីភាព (សរ)
- លេវីវិន័យ (លវ)
- ជំរឿនប្រជាជន (ជរ)
- ទុតិយកថា (ទក)
២. គម្ពីរប្រវត្តិសាស្រ្ត ១៦
- យ៉ូស៊ូអា (យអ)
- វិរបុរស (វរ)
- នាងរូថ (នរ)
- ១សាម៉ូអែល (១សម)
- ២សាម៉ូអែល (១សម)
- ១ពង្សាវតារក្សត្រ (១ពង្ស)
- ២ពង្សាវតារក្សត្រ (១ពង្ស)
- ១របាក្សត្រ (១របា)
- ២របាក្សត្រ (២របា)
- អែសរ៉ា (អរ)
- នេហេមី (នហ)
- អែសធែរ (អធ)
- យ៉ូឌីត (យឌ)
- តូប៊ីត (តប)
- ១ម៉ាកាបាយ (១មបា)
- ២ម៉ាកាបាយ (២មបា)
៣. គម្ពីរប្រាជ្ញាញាណ ៧
- ទំនុកតម្កើង (ទន)
- យ៉ូប (យប)
- សុភាសិត (សភ)
- បទចម្រៀង (បច)
- សាស្តា (សស)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
- បេនស៊ីរ៉ាក់ (បសរ)
៤. គម្ពីរព្យាការី ១៨
- អេសាយ (អស)
- យេរេមី (យរ)
- អេសេគីអែល (អគ)
- ហូសេ (ហស)
- យ៉ូអែល (យអ)
- អម៉ូស (អម)
- អូបាឌី (អឌ)
- យ៉ូណាស (យណ)
- មីកា (មីក)
- ណាហ៊ូម (ណហ)
- ហាបាគូក (ហគ)
- សេផានី (សផ)
- ហាកាយ (ហក)
- សាការី (សក)
- ម៉ាឡាគី (មគ)
- សំណោក (សណ)
- ដានីអែល (ដន)
- បារូក (បារ)
សម្ពន្ធមេត្រីថ្មី
១. គម្ពីរដំណឹងល្អ ៤
- ម៉ាថាយ (មថ)
- ម៉ាកុស (មក)
- លូកា (លក)
- យ៉ូហាន (យហ)
២. គម្ពីរប្រវត្តិសាស្រ្ត ១
- កិច្ចការ (កក)
៣. លិខិតគ្រីស្តទូតប៉ូល ១៣
- រ៉ូម (រម)
- ១កូរិនថូស (១ករ)
- ២កូរិនថូស (២ករ)
- កាឡាទី (កាឡ)
- អេភេសូ (អភ)
- ភីលីព (ភីល)
- កូឡូស (កូឡ)
- ១ថេស្សាឡូនិក (១ថស)
- ២ថេស្សាឡូនិក (២ថស)
- ១ធីម៉ូថេ (១ធម)
- ២ធីម៉ូថេ (២ធម)
- ទីតុស (ទត)
- ភីលេម៉ូន (ភល)
៤. លិខិតសកល ៥
- ហេប្រឺ (ហប)
- យ៉ាកុប (យក)
- ១សិលា (១សល)
- ២សិលា (២សល)
- យូដាស (យដ)
៥. សំណេរគ្រីស្តទូតយ៉ូហាន ៤
- ១យ៉ូហាន (១យហ)
- ២យ៉ូហាន (២យហ)
- ៣យ៉ូហាន (៣យហ)
- វិវរណៈ (វវ)
- ខែមករា ២០២២
- ខែកុម្ភៈ ២០២២
- ខែមិនា ២០២២
- ខែមេសា ២០២២
- ខែឧសភា ២០២២
- ខែមិថុនា ២០២២
- ខែកក្កដា ២០២២
- ខែសីហា ២០២២
- ខែកញ្ញា ២០២២
- ខែតុលា ២០២២
- ខែវិច្ឆិកា ២០២២-២០២៣
- ខែធ្នូ ២០២២-២០២៣