ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) មីក ៥,៣-៤ក
ស្តេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្ដារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្តេចនោះមានអំណាចឧត្តុង្គឧត្ដម រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្តេចនោះហើយដែលផ្តល់សេចក្ដីសុខសាន្ត!
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ហក ២,៦.៩
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «បន្តិចទៀត យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីព្រមទាំងសមុទ្រ និងដីគោក កក្រើក។ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះ នឹងថ្កុំថ្កើងជាងសិរីរុងរឿងរបស់ដំណាក់កាលពីជំនាន់មុនទៅទៀត។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ នៅកន្លែងនេះ យើងនឹងផ្តល់ឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) មគ ៣,២០
រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមកដូចព្រះអាទិត្យរះលើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នាបានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។