ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ដន ៦,២៧ខ-២៨ក
ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។ ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក ព្រះអង្គសម្ដែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍នៅលើមេឃ និងនៅលើផែនដី។
—យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល។
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានតេជានុភាពសព្វប្រការ! សូមព្រះអង្គចាក់បង្ហូរពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តរបស់ព្រះអង្គ ដើម្បីការពារយើងខ្ញុំឱ្យរួចផុតពីខ្មាំងសត្រូវទាំងឡាយ និងឱ្យយើងខ្ញុំមានអំណរសប្បាយក្នុងការច្រៀងកោតសរសើរព្រះអង្គផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) រ៉ូម ១៥,៥-៧
សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឱ្យចេះស៊ូទ្រាំ ប្រោសប្រទានឱ្យបងប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រីស្តយេស៊ូ ដើម្បីឱ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង។
—ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាប ដោយសង្គ្រោះពួកគេ។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏រីករាយនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ភីល ៤,៨.៩ខ
បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឱ្យស្រឡាញ់ គួរឱ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឱ្យកោតសរសើរ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត នឹងគង់ជាមួយបងប្អូនមិនខាន។
—ទូលបង្គំសូមសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!។
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!