ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១២,១៧ក.១៩ខ-២១

កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង គឺយើង​ទេ​តើដែល​នឹង​តប​ទៅ​គេ” ។ ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​ឱ្យ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​ឱ្យ​ទឹក​គេ​ផឹក​ផង ធ្វើដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”»។ មិន​ត្រូវ​ចាញ់​ការ​អាក្រក់​ឡើយ គឺ​ត្រូវ​ឈ្នះ​ការ​អាក្រក់ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

បន្ទរ៖ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!។
—ព្រះអង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិតស្ថេរ​អស់​កល្បជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមការលើកលែងទោសពីព្រះអង្គសម្រាប់អំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្តកាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅ​ពេល​អនាគតផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរ​សប្បាយ ដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែង​តរៀងទៅ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១យហ ៣,១៦

យើងស្គាល់សេចក្តីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។

បន្ទរ៖ ចូរ​អរព្រះគុណព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​មានព្រះ‌ហឫទ័យ​សប្បុរស។
—ព្រះ‌ហឫទ័យ​ស្រឡាញ់របស់​ព្រះ‌អង្គ​ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់នៅលើឈើឆ្កាង ដូចជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀង​ទៅ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១យហ ៤,៩-១១

ព្រះជាម្ចាស់​បាន​សម្ដែង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បុត្រាតែ​មួយ​គត់​របស់​ព្រះ‌អង្គ​ឱ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឱ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។ សេចក្ដីស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឱ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឱ្យ​រួច​ពី​បាប​ផង។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កម្រិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​យើង​ខ្ញុំ។
—សូម​ព្រះ‌អង្គ​ព្រះ​សន្ដោស​ទត​មក​ព្រះរាជា ដែល​ព្រះអង្គ​បាន​ចាក់ប្រេង​អភិសេក!។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបានសង្គ្រោះចោរដែលកែប្រែចិត្តគំនិតនៅលើឈើឆ្កាង ចេញពីការរងទុក្ខទៅកាន់អំណរសប្បាយក្នុងព្រះរាជ្យរបស់ព្រះអង្គ។
បពិត្រព្រះអម្ចាស់ ! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលទទួលសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!


Theme: Overlay by Kaira