ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ១០,២៤.៣១

កុំ​ឱ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ។ ដូច្នេះ ទោះ​បី​បង‌ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង‌ប្អូន​ធ្វើការ​អ្វីក៏​ដោយ ត្រូវ​ធ្វើទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះជាម្ចាស់។

បន្ទរ៖ ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់។
—សរសើរ​តម្កើង​ព្រះ‌អង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គជាសេចក្តីពិត ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា ដើម្បីនាំសេចក្តីស្រឡាញ់ទៅដល់អស់អ្នកបាបដែលបានឃ្លាតឆ្ងាយពីព្រះអង្គ ឱ្យមករួមគ្នាជាធ្លុងតែមួយវិញ។ សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ ដើម្បីរួមគ្នាកសាងសន្តិភាពក្នុងពិភពលោកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កូឡ ៣,១៧

ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្តី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះអង្គផង។

បន្ទរ៖ ទូលបង្គំសូម​ថ្វាយ​យញ្ញ‌បូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។
—ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃ​លែង! នៅពេលថ្ងៃត្រង់នេះ ជាពេលវេលាដែលព្រះអង្គប្រទានឱ្យយើងខ្ញុំ បានឈប់​សម្រាក។ សូមព្រះអង្គប្រទានពរដល់កិច្ចការដែលយើងខ្ញុំធ្វើ ឱ្យបង្កើតបានផលផ្លែល្អ ហើយឱ្យយើងខ្ញុំបញ្ចប់កិច្ចការទាំងនេះ ដោយគាប់ព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,២៣-២៤

គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ ចូរ​ធ្វើឱ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើសម្រាប់​មនុស្ស​លោក​ទេ ដោយ​ដឹង​ថា បង‌ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​ព្រះ‌គ្រីស្ត ចូរ​បម្រើ​ព្រះ‌អង្គ​ទៅ។

បន្ទរ៖ ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូល‌បង្គំគ្មាន​ចំណែក​មត៌ក​អ្វីទេ ព្រះ‌អង្គប្រទានអ្វីៗ​ទាំង​អស់ដែល​ទូល‌បង្គំត្រូវ​ការ។
—អនាគត​របស់​ទូល‌បង្គំ​ស្ថិត​នៅ​លើ​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ដើម្បីសង្រ្គោះមនុស្សទាំងអស់ ព្រះអង្គបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានគាប់ព្រះហឫទ័យព្រះអង្គ និងបានប្រកាសពីការសង្រ្គោះរបស់ព្រះអង្គទៅដល់ពិភពលោកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!


Theme: Overlay by Kaira