ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១យហ ៣,១៧-១៨

ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត‌អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឱ្យ​សេចក្ដីស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!។ កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដីប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដីពិតវិញ។

បន្ទរ៖ អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ។
—គេ​នឹង​រំឭក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។
ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត ហេតុនេះ សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់នេះ ឱ្យយាងមកសណ្ឋិតលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គនៅចំពោះមុខអ្នកដទៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ៣០,១១.១៤

បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយដែរ។ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីឱ្យអ្នកប្រតិបត្តិតាម។

បន្ទរ៖ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា​ចង្កៀង​បំភ្លឺជំហានទូល‌បង្គំ
—និង​ជា​ពន្លឺបំភ្លឺផ្លូវ​របស់​ទូល‌បង្គំ។
ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គបានបង្ហាញឱ្យលោកសិលាស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួលការសង្គ្រោះ។ សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំធ្វើ បានលើកតម្កើងព្រះអង្គ និងនាំយកគម្រោងការនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គដល់មនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អស ៥៥,១០-១១

ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មកស្រោច‌ស្រព​ផែន‌ដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឱ្យ​ដំណាំ​ដុះ​ឡើងបង្កើត​ភោគ‌ផល ផ្តល់​ពូជ​សម្រាប់​អ្នក​សាប‌ព្រោះ និង​ផ្តល់​អាហារ​ឱ្យ​គេ​បរិភោគ។ រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើងនឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេចតាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ច‌ការ​ដែល​យើង​ចាត់​ឱ្យ​មក​ធ្វើរួច​រាល់​សព្វ​គ្រប់។

បន្ទរ៖ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែន‌ដី
—ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្សព្វ‌ផ្សាយទៅ​យ៉ាង​រហ័ស។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គបានចាត់ទេវទូតឱ្យទៅជួបលោកគ័រនេល្យូស ដើម្បីបង្ហាញផ្លូវទៅកាន់ការសង្រ្គោះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះដល់ពិភពលោក ដូច្នេះ ព្រះសហគមន៍អាចនាំយើងខ្ញុំ និងមនុស្សទាំងអស់ចូលទៅចំពោះព្រះភក្រ្តព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


Theme: Overlay by Kaira